Author: ធឿន មករា

  • “ក្រុមនិស្សិតមួយក្រុម ធ្វើសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបៃតង”

    “ក្រុមនិស្សិតមួយក្រុម ធ្វើសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបៃតង”

    ក្រុមនិស្សិត និងសាស្ដ្រាចារ្យ  នៅសាកលវិទ្យាល័យមួយ រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ ការ​បម្រែបម្រួល​អាកាសធាតុ​ និង​បរិស្ថាន​បៃតង​ ទៅ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ក្នុងខេត្តកំពង់ធំ ដើម្បីឲ្យពួកគេ​យល់​ដឹង​អំពី​ សារសំខាន់​ នៃ​ធនធានធម្មជាតិ​ ​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​បរិស្ថាន​បៃតង​ និង​ការ​ពារ​ភព​ផែនដី​។

    កាល​​​​​​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​​៧​ ខែ​មីនា​​កន្លង​ទៅនេះ​​ ក្រុម​និស្សិត​ប្រមាណជិត​១០០នាក់​ នៃ​ថ្នាក់​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ជា​ភាសា​បារាំង​ និង​ភាសា​អង់គ្លេស​របស់​​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ និង​រៀបចំ​ធ្វើ​សិក្ខាសាលា​មួយ​​ ក្រោម​ប្រធាន​បទ​ “ការ​បម្រែបម្រួល​អាកាសធាតុ​ និង​បរិស្ថានបៃតង​”​​​ ទៅ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​​​ នៅ​​វិទ្យាល័យ​ជា​ស៊ីម​ កំពង់​​ថ្ម​ ដែល​មាន​ទីតាំង​ស្ថិត​ ​ក្នុង​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​​។

    ក្នុង​ពិធី​ជួប​ជុំ​ជា​មួយ​សិស្ស​វិទ្យាល័យ​ជាស៊ីម​កំពង់ថ្ម​នេះ​ លោក​​ និត​ កុសល​ ជា​តំណាង​ក្រុម​និស្សិត​ថ្នាក់​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ និង​គ្រប់គ្រងជា​ភាសា​បារាំង​ និង​ភាសា​អង់គ្លេសនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​បាន​​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ រឿង​បរិស្ថាន​បាន​ក្លាយជា​ប្រធាន​បទ​មួយ​ដ៏​សំខាន់​ ដែល​គ្រប់​ប្រទេស​ទាំង​អស់​ ​បាន​យក​ចិត្ត​ទុក្ខ​ដាក់គិត​គូ​ ​​ហើយ​ពិភពលោក​ទាំង​មូល​ រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ កំពុង​តែ​សែ្វង​ដំណោះស្រាយ​ផ្សេងៗ​ ដើម្បី​ទប់​ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​ និង​ការ​កើន​កម្តៅ​នៅ​លើ​ភព​ផែនដី​។ លោក​បន្ត​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​កេីត​​ចេញ​ពី​កត្តា​តូច​ៗ​ រហូត​ដល់​កត្តា​ធំ​ៗ​ ដូចជា​ការ​បញ្ចេញ​ផ្សែង​ពុល​ពី​រោងចក្រ​ទៅ​បរិយាកាស​ ឬ​បង្ហូរចូលទឹក​ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំងកញ្ចក់​ហួស​កម្រិត​ ការ​បាត់បង់​ព្រៃ​ឈើ​ ការ​បញ្ចេញ​ឧស្ម័ន​នៅ​យានយន្ត​ ការ​ប្រើប្រាស់​ប្លាស្ទិក​ជាមួយ​។ លោកបន្តថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួន កំពុងព្យាយាមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាស ដូចជាក្រុមហ៊ុនតូយ៉ូតា គាត់វិធានការឈប់បញ្ចេញឧស្ម័នកាបូនិចទៅបរិយាកាសយ៉ាងស្រុងនៅឆ្នាំ២០៥០​។​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​ វា​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ តាម​រយៈ​សកម្មភាព​នៃ​ប្រើ​ប្រាស់​សម្ភារៈ​ប្រចាំ​ថ្ងៃ​ ដូចជា​កាត់​បន្ថយ​ការ​ប្រើប្រាស់ថង់​ប្លាស្ទិក​​ ការ​យក​ដប​ទឹក​ផ្ទាល់​ខ្លួន​មក​ជា​មួយ​ពេល​មក​សាលា​ ការ​ប្រើប្រាស់​ថង់​បរិស្ថាន​ និងយកកន្ត្រាក់​ទៅ​ជា​មួយ​ពេល​ទៅ​ផ្សារ​ជាដើម​។ លោកបាន​​បន្ត​ថា​ ខ្ញុំ​រីករាយ​សប្បាយនឹង​វិធាន​ការ​ មិន​ឲ្យ​ប្រើ​ប្រាស់​កែវ​ប្លាស្ទិក​នៅ​ទី​នេះ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទាំងអស់​គ្នា​នៅ​ទី​នេះ​បន្ត​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ លោក​បន្ថែម​ថា សូម​អ្នក​ទាំង​អស់​គ្នា​ សែ្វង​យល់​ពី​បរិស្ថាន​ឲ្យ​ច្រើន​ ហើយ​បើមាន​ឪកាស​គួរ​តែ​លះបង់​វេលា​ ទៅ​សិក្សា​ស្វែង​យល់​ពី​ព្រៃ​ឡង់ផង​។

    លោក​លឿង​ លីហ្វាន់​ ជា​និស្សិត​ឆ្នាំ​ទី​៤​ នៃ​ថ្នាក់​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ និង​គ្រប់គ្រង​ជា​ភាសា​បារាំង​ បាន​លើក​ឡើង​ថា​ ការប្រើប្រាស់ថង់ប្លាស្ទិចសព្វថ្ងៃមានការកើនឡើង គួរឲ្យកត់សំគាល់ផងដែរ នៅរយៈពេលចុងក្រោយនេះ ដែលហេតុនាំឲ្យមានការបំពុលយ៉ាងខ្លាំងដល់បរិស្ថាន។ ប្លាស្ទិចជាសារធាតុម្យ៉ាង ដែលមិន​ងាយ​រលាយក្នុងដី វា​ត្រូវចំណាយពេលជាមធ្យមប្រហែល ៤០០ ទៅ​ ៥០០​ ឆ្នាំសម្រាប់ការរលាយទៅក្នុងដី។  លោក​បន្ត​ថា​ ​ក្រុងភ្នំពេញ មាន​សំរាម​ជា​ធម្មតា​ ១០០០​ លានតោនដែលត្រូវបានដឹកចេញពីទីក្រុង។​ លោក​បាន​ផ្តល់​ជា​គំនិត​មួយ​ចំនួន​ថា​ ដើម្បី​ទប់ស្កាត់​ និង​កាត់​បន្ថយ​កម្ដៅ​ពិភព​ផែនដី​ សូម​ចូលរួមដាំកូនឈើឡើងវិញ​ ឈប់ប្រើប្រាស់នូវសម្ភារៈដែលផលិតចេញពីឈើ​ ឬ​ប្លាស្ទិក​ បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម​ និង​ប្រើប្រាស់នូវមធ្យោបាយធ្វើដំណើររួមគ្នា​ជាដើម​។

    នាយកវិទ្យាល័យជាស៊ីមកំពង់ថ្ម លោក ទេព សារ៉ន មានប្រសាសន៍ថា​ ដោយ​សារ​តែ​មើល​ឃើញថា​ប្លាស្ទិក​ មាន​​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ ទើប​សាលា​មាន​វិធាន​ការ​ មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កែវ​ប្លាស្ទិក​ទេ​ ហើយ​លោក​បន្ត​ថា​ បច្ចុប្បន្ន​សាលា​កំពុង​ស្វែង​រក​វិធីសាស្ត្រ​ណា​ ដែល​ជួយ​ និង​ទប់​ស្កាត់​​ឲ្យ​កូន​សិស្ស​ឈប់​ប្រើ​ដប​ប្លាស្ទិក​។

    ក្រៅចែកពីចែករំលែកចំណេះ​ដឹង​អំពី​បរិស្ថាន​ និង​ការ​បម្រែបម្រួល​អាកាសធាតុ​  ក្រុមនិស្សិតសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​​ ក៏បានចែករំលែកចំណេះដឹងលើប្រធានបទផ្សេងទៀត ដូចជា ការ​ត្រៀម​ខ្លួន​ចូលថ្នាក់​ឧត្ដម​សិក្សា​ មុខវិជ្ជា​តម្រូវ​ការ​ទីផ្សារ​ការងារ​ បទពិសោធន៍​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ជា​ដើម​​៕


  • បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​នៅ​ខេត្ត​រតនៈ​គីរី​ មានសំណាង​បាន​ឈ្នះ​រង្វាន់​ 100លាន​រៀល​ពី​តែ​បៃតង​ អុី​ឈី​តាន់​

    បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​នៅ​ខេត្ត​រតនៈ​គីរី​ មានសំណាង​បាន​ឈ្នះ​រង្វាន់​ 100លាន​រៀល​ពី​តែ​បៃតង​ អុី​ឈី​តាន់​

    ទឹកប្រាក់​រង្វាន់​ ១០០លាន​រៀល​ ពី​តែ​បៃតង​ អ៊ី​ឈី​តាន់​ រដូវ​កាល​ទី៣​ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ម្នាក់ទៀត​ មានឈ្មោះ​ កើ​ កំ​ម៉ា​រី​ ភេទប្រុស​ អាយុ30ឆ្នាំ​ មានមុខ​របរ​ជា​អ្នកស៊ីឈ្នួល​ធ្វើចំការ​ បច្ចុប្បន្ន​រស់នៅ​ភូ​មិតឹ​ន ឃុំ​តឹន​ ស្រុក​កូនមុំ​ ខេត្ត​រតនៈ​គីរី​។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋាន​ផ្ទាល់​ដែល​មាន​អាស័យ​ដ្ឋាន​ដូច​ខាងលើ​នេះ​ថា​ ៖ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ បន្ទាប់ពី​មក​ពី​ធ្វើចំការ​អោយ​គេ​វិញ​ ហើយ​មាន​អាការៈ​ស្រេកទឹក​ផង​នោះ​ លោក​បាន​ទិញ​តែ​បៃតង​ អ៊ី​ឈី​តាន់​រសជាតិ​ផ្លែ​គូ​លេន​ ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​ផ្សារ​ដើម្បី​ទទួលទាន​។ លុះ​ពេល​មួល​គម្រប​ដប​ ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​ នៅក្នុង​គម្រប​ដប​តែម្ដង​។ គ្រាន់តែ​ឃើញ​ភ្លាម​លោក​ពិតជា​មា​នប​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ហើយក៏​យក​មក​ប្រាប់​បងប្អូន​ រួម​ជាមួយនឹង​ប្រពន្ធ​ ហើយ​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។

    លោក​ កំ​ម៉ា​រី​ បាន​លើកឡើង​ទៀត​ថា​ : ជីវភាព​គ្រួសារ​សព្វថ្ងៃ​គឺ​មាន​ភាព​លំបាក​ខ្លាំង​ ព្រោះ​មិន​អាច​រកចំណូល​អ្វី​ក្រៅ​ពី​សុី​ឈ្នួល​ធ្វើចំការ​អោយ​គេ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ពេលនេះ​ អ៊ី​ឈី​តាន់​ បាន​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​បាន​ទាំងស្រុង​បាន​ហើយ​។

    លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ១០០លាន​រៀល​ ពី​តែ​បៃតង​ អ៊ី​ឈី​តាន់​ លោក​នឹង​យក​ទៅ​ព្យាបាល​ជំ​ងឺ​ម្ត​សយ​ ហើយ​ទុក​មួយចំនួន​សង់ផ្ទះ​ និង​ទិញ​ដី​ធ្វើចំការ​ស្វាយចន្ទី​ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ តែ​បៃតង​ អ៊ី​ឈី​តាន់​ ដែល​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ដ៏​អស្ចារ្យ​ ដែល​អាច​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​ជាង​ពេលមុន​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​រដូវ​កាល​ទី៣​ ឆ្នាំ២០១៩​ នេះ​ ក្រុមហ៊ុន​ តែ​បៃតង​ អ៊ី​ឈី​តាន់​ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ១០០លាន​រៀល​ រហូតដល់​ ៧០រង្វាន់​, ម៉ូតូ​ Scoopy​ i ចំនួន៧០រង្វាន់​ , ទូរស័ព្ទ​ iphone​ Xs​ ចំនួន៧០រង្វាន់​ រួម​ជាមួយនឹង​រង្វាន់​ Free​ តែ​បៃតង​អ៊ី​ឈី​តាន់​ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង​ អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​ អាច​ជា​រូប​អ្នក​៕

  • ក្បែរៗ 1,000ដុល្លារ…តម្លៃ SONY Xperia 1 អេក្រង់ 4K ដំបូងគេបង្អស់

    ក្បែរៗ 1,000ដុល្លារ…តម្លៃ SONY Xperia 1 អេក្រង់ 4K ដំបូងគេបង្អស់

    ក្រុមហ៊ុន Sony បាន​ដាក់បង្ហាញ​ស្មាតហ្វូន​ម៉ូដែល​ថ្មីស៊េរី Xperia 1 ដែលបំពាក់​អេក្រង់ OLED 4K ដំបូង​គេ​បង្អស់​ក្នុងពិភព​លោក ទំហំ 6.5អ៊ិញ ​មាន​មាត្រដ្ឋាន 21:9 ​ជាមួយ​កាមេរ៉ា 3គ្រាប់​នៅខាងក្រោយជា​លើក​ដំបូង​របស់ខ្លួន​ និងបាន​ដាក់​ឱ្យ​កុម្ម៉ង់​ទិញបាន​ហើយ។

    ​អេក្រង់ Xperia 1 ជា​ប្រភេទ​អេក្រង់ CinemaWide ​ទំហំ 6.5អ៊ីញ ​បង្ហាញ​រូបភាព​ក្នុង​កម្រិត 3,840 x 1,644 ភិកសែល គាំទ្រ​ HDR (BT.2020) អមដោយ​ប្រព័ន្ធ​សំឡេង Dolby Atmos។

    មាន​ថាមពល​ថ្ម 3,330mAh ដោយ​​ខាងមុខ និងខាង​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 ​មានក្រោះ​ការពារ និងការពារ​ទឹក​ស្តង់ដា IP68 ខណៈ​ប្រព័ន្ធ​ស្គែន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power។

    មានកាមេរ៉ា​ 3គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​1 ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​2 ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​3 ​ជា Ultra-Wide Lens។ ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855  មាន​ RAM ទំហំ 6GB អមដោយ​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card បានដល់ 512GB។

    SONY Xperia 1 នឹងមាន​តម្លៃ​ចាប់​ពី 999ដុល្លារ(តម្លៃ​ក្រៅ​ប្រទេស) នៅ​លើ​វេបសាយ Amazon៕

  • ដឹងពីមូលហេតុដែល Facebook គាំង អ្នកប្រើបើកមិនចេញហើយ…

    ដឹងពីមូលហេតុដែល Facebook គាំង អ្នកប្រើបើកមិនចេញហើយ…

    នៅ​លើ​គណនី​ twitter ផ្លូវការ​របស់​ ​Facebook បាន​ប្រកាស​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​គាំង​បើក​មិន​ចេញ​តាំង​ពី​ល្ងាច​​ថ្ងៃ​ទី13 រហូត​ដល់​ព្រឹក​ថ្ងៃ​ទី14(ព្រឹកមិញនេះ) ថា  បណ្ដាល​មក​ពីការ​បិទ Server ដើម្បី​ជួស​ជុល​បញ្ហា​មួយចំនួន​។

    មិន​ត្រឹម​តែ Facebook ប៉ុណ្ណោះ​ទេ ​សូម្បី​តែ WhatApp និង Instagram ក៏​មិន​អាច​បើក​បាន​ដូច​គ្នា​​ដែរ ដោយ​អ្នក​ខ្លះ​អាច​បើក​បាន ក៏​ប៉ុន្តែមុខងារ​មួយចំនួន ដូច​ជា Page ជាដើម មិន​អាច​​ផូស្ត​​បានទេ។ តែទោះជាយ៉ាង​ណា​ក្តី Facebook បានអះអាងថា មិន​យូរប៉ុន្មាន​ទេវានឹង​ត្រឡប់​មកដំណើរការបានដូចប្រក្រតីឡើង​វិញ​មិនខាន៕

  • តើ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​របស់​កម្ពុជា​ អាច​ប្រកួតប្រជែង​ជា​មួយ​ព្រលា​នយន្តហោះ​ក្នុង​ប្រទេស​អាស៊ាន​បានទេ​?

    តើ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​របស់​កម្ពុជា​ អាច​ប្រកួតប្រជែង​ជា​មួយ​ព្រលា​នយន្តហោះ​ក្នុង​ប្រទេស​អាស៊ាន​បានទេ​?

    អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ នឹង​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​អាកាសយាន​ដ្ឋាន​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​សិង្ហបុរី​ ដែល​អាច​ប្រើប្រាស់​សម្រាប់​ឱ្យ​យន្តហោះ​ធុន​ធំ​ហោះហើរ​ផ្លូវ​ឆ្ងាយ​ រយៈពេល​ពី12ដល់​ 16ម៉ោង​ ដូចជា​ទៅ​បារាំង​ រុស្ស៊ី​ ឬសហរដ្ឋអាមេរិក​ ជាដើម​អាច​ហោះហើរ​ចេញ​ ឬចុះចត​បាន​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​។

    ឯកឧត្តម​ ជា​ អូន​ អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការបង្កើត​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ខ្នាត​ 4F​ លើ​ផ្ទៃដី​ទំហំ​ 2,600ហិ​កតា​ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ គឺ​មាន​ស្តង់ដារ​ប្រហាក់​ប្រហែល​នឹង​អាកាសយាន​ដ្ឋាន2​ នៃ​ប្រទេស​ក្នុង​អាស៊ាន​។ឯកឧត្ដម​ឱ្យ​បានដឹង​ទៀត​ថា​ ការហោះហើរ​ចន្លោះ​ពី15​ ទៅ16ម៉ោង​ ចេញពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ ទោះ​ទៅ​ទិសខាងកើត​ក៏ដោយ​ខាងលិច​ក៏ដោយ​ គឺ​ស្មើ​ពាក់កណ្តាល​ផែនដី​ហើយ​វា​នឹងអាច​ឱ្យ​អ្នកដំណើរ​មកដល់​កម្ពុជា​ដោយ​ផ្ទាល់​ ដោយ​មិនបាច់​ចុះចត​នៅ​ប្រទេស​ណាមួយ​ មុន​មកដល់​កម្ពុជា​ ដែល​ជា​ការ​ខាតពេល​វេលា​នោះ​ទេ​។

    លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល

    ឯកឧត្តម​បញ្ជាក់​ថា​៖ “យើង​អត់​ចាញ់​គេ​ទេ​ អត់​ចាញ់​ព្រលា​នយន្តហោះ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ឬក៏​សិង្ហបុរី​ទេ​ បើ​ធ្វើ​ទំហំ​ 2,600ហិ​កតា​នេះ​ គឺ​សើ្ម​សិង្ហបុរី​ ថៃ​សុវណ្ណភូមិ​ ហើយ​វា​នឹង​ក្លាយទៅជា​ការ​ប្រឡងប្រណាំង​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ គឺ​យើង​ប្រដំប្រសង​នឹងគេ​ហើយ​“។

    ឯកឧត្តម​ ជា​ អូន​ បន្ថែម​ថា​ នៅពេល​អាកាសយាន​ដ្ឋាន​នេះ​ដំណើរការ​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​នឹង​មានការ​ងារ​ធ្វើ​ច្រើន​ នៅពេល​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​ ដែល​ទាំងអស់​នេះ​ ផ្តើម​ចេញពី​ការ​វិនិយោគ​អាកាសយាន​ដ្ឋាន​ថ្មីនេះ​ឯង​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ គម្រោង​សាងសង់​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ទទួល​បាន​លទ្ធផល​ចំនួន​ 9ចំណុច​ដែល​ក្នុង​នោះ​ មាន​ចំណុច2ដែល​សំខាន់​ គឺ​ត្រង់​ចំណុច​ទី2​-ប្រគល់​ភារកិច្ច​ជូន​លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ រៀបចំ​កិច្ច​ព្រមព្រៀង​ដាក់​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​ និង​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ អ៊ែរ​ផត​ អុិ​នវេ​សមិន​ និង​សិក្សា​កំណត់​តំបន់​សុវត្ថិភាព​នៃ​ការហោះហើរ​ និង​ចំណុច​ទី6​-រដ្ឋបាល​ខេត្តកណ្តាល​ រដ្ឋបាល​ខេត្តតាកែវ​ និង​អគ្គនាយក​ដ្ឋាន​សុរិយោដី​ និង​ភូមិសាស្ត្រ​មាន​ភារកិច្ច​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅក្នុង​ទីតាំង​គម្រោង​ឱ្យ​បាន​ច្បាស់លាស់​ ដោយ​ផ្អែក​ទៅតាម​ការ​កាន់កាប់​ជាក់ស្តែង​ និង​ឯកសារ​ពាក់ព័ន្ធ​ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។ ជំហាន​បន្ទាប់​តាម​ការចាំបាច់​ ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ធ្វើ​ចរន្ត​ការ​ដី​ស្ថិត​ក្នុង​ទីតាំង​ដែល​បង្ក​ការ​លំបាក​ និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​។

    ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​

    បើ​តាម​អ្នកជំនាញ​ខាង​វិស័យ​អាកាសចរណ៍​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ ឈ្មោះ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​“ភ្នំពេញថ្មី​” គឺជា​ការ​ដាក់​បណ្តោះអាសន្ន​ទេ​ ថ្ងៃក្រោយ​អាច​នឹង​មានការ​ប្តូរ​ឈ្មោះ​ថ្មី​ យើង​នៅ​មិនទាន់​ដឹង​ទេ​ ព្រោះ​មិនទាន់​មានការ​ណែនាំ​ថ្មី​។ រី​ឯខ្នាត​ 4F​ បើ​គិតទៅ​តាម​លក្ខណៈ​បច្ចេកទេស​ គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​យន្តហោះ​អក្សរF​ វា​សម្គាល់​ប្រភេទ​យន្តហោះ​ធំ​ ដូចជា​ Airbus​ A380​ ជាដើម​។

    អ្នកជំនាញ​ខាងលើ​បាន​ឆ្លើយ​បញ្ជាក់​ចំពោះ​សំណួរ​ដែល​ថា​ បើ​គិត​តាម​ស្តង់ដារ​ តើ​អាកាសយាន​ដ្ឋាន​ថ្មីនេះ​អាច​ស្មើ​នឹង​ព្រលា​នយន្តហោះ​នៅ​ប្រទេស​ថៃ​ ឬសិង្ហបុរី​ឬទេ​? ចម្លើយ​គឺ​ យើង​មិន​អាច​កំណត់​បានទេ​ថា​ វា​អាច​ធំជាង​ ឬប៉ុនគ្នា​? វា​អាស្រ័យ​លើ​ក្រាហ្វិក​ ព្រោះ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ ដំបូង​គេ​ត្រូវ​សិក្សា​ពី​ចំនួន​ក្រាហ្វិក​(ចរាចរណ៍​ចេញ​-ចូល​ផ្លូវអាកាស​)។ ដូច្នេះ​របស់​វា​មាន​ដំណាក់កាល​ទី1​ ទី2និង​ទី3​(រយៈពេល​ខ្លី​ មធ្យម​ និង​វែង​)តែបើ​មាន​តម្រូវការ​ខ្ពស់​ ជា​ផែនការ​យូរអង្វែង​គេ​ត្រូវ​គិតគូរ​ពីអ​នាគ​ត ឬក៏​រយៈពេល​ 50ឆ្នាំទៅ​មុខ​ យើង​ត្រូវ​ធ្វើធំ​តែ​គេ​ក៏អាច​ធំ​ដែរ​ ដោយ​តម្រូវការ​វាស់វែង​តាម​ក្រាហ្វិក​ទើប​អាច​បញ្ជាក់​បាន​ ពីព្រោះ​តាម​ការ​បញ្ជាក់​ថា​ធំ​ឬតូច​នោះ​ អាស្រ័យ​លើ​កំណើន​នៃ​ចរាចរណ៍​។

    អ្នកជំនាញ​បាន​បន្ថែម​ទៀត​ថា​៖ “បើ​គិត​ពី​ការដែល​យើង​ធ្វើ​ក្នុង​ដំណាក់កាល​ដំបូង​ យើង​អាច​ថា​ប្រហាក់​ប្រហែល​នឹងគេ​ដែរ​ នេះ​បើ​គិត​តាម​ផ្ទៃដី​បម្រុង​ដែល​យើង​បាន​គ្រោងទុក​តាម​គម្រោង​។ យើង​ក៏អាច​ហៅថា​ ជា​ការប្រកួត​ប្រជែង​បាន​ដែរ​ បើ​គិត​តាម​ស្តង់ដារ​នៅក្នុង​តំបន់​អាស៊ាន​។ ប៉ុន្តែ​ក្រាហ្វិក​យើង​មិនទាន់​កំណត់​បាន​នៅឡើយ​ឥឡូវ​ តែ​ប្រហែលជា​ឆ្នាំ2030​ យើង​នឹង​កំណត់​ចំនួន​អ្នកធ្វើ​ដំណើរ​បាន​គឺ​ប្រមាណ​ជា​ 12លាន​នាក់​។ ចំពោះ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ប្រទេសជិតខាង​ គេ​មាន​អ្នកដំណើរ​ចេញ​-ចូល​ប្រមាណ​ជិត​ 100លាន​នាក់​ទៅ​ហើយ​ (ថៃ​ 80លាន​នាក់​ និង​សិង្ហបុរី​ 90លាន​នាក់​)អុីចឹ​ងយើង​ឃើញថា​ យើង​ពិបាក​ធំជាង​គេ​ដែរ​តែ​ទំហំដី​ដែល​យើង​បម្រុងទុក​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​ថ្មីនេះ​មាន​ទំហំ​ធំ​”។

    រូបគំនូរបង្ហាញពីអាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី

    អ្នកជំនាញ​ខាង​វិស័យ​អាកាសចរណ៍​រូប​នេះ​ក៏បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ទំហំ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​នេះ​ បើ​ប្រៀបធៀប​នឹង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​របស់​ថៃ​ គឺ​ថៃ​មាន​ប្រមាណ​ត្រឹមតែ​ 1,000ហិ​កតា​ទេ​ តែ​គេ​អាច​ពង្រីក​បាន​តទៅទៀត​ តែ​យើង​ក៏​បម្រុងទុក​សម្រាប់​ការ​អភិវឌ្ឍ​ដែរ​ដោយ​យើង​មានផ្ទៃ​ដីស​រុ​បទាំង​អស់​ដល់ទៅ​ 2,600ហិ​កតា​។

    អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា​ ការ​ធ្វើ​ព្រលា​នយន្តហោះ​(AIRPORT​)មិនមែន​អាច​ធ្វើ​ដោយឡែក​តែឯង​ដោយ​មិន​មាន​សេវា​គាំទ្រ​ផ្សេងទៀត​បានទេ​ ជាពិសេស​ម៉ូដែល​ថ្មី​ យើង​សាង​សង់​ព្រលា​នថ្មី​ផង​យើង​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្សេង​ៗផង​ ដោយ​ត្រូវ​មាន​តំបន់ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​តំបន់​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​សេវាកម្ម​ AIRPORT​។ ចំពោះ​ការសាងសង់​វិញ​ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ការកំណត់​ថា​ ការសាងសង់​ត្រូវ​ចំណាយ​រយៈពេល​យូរ​ប៉ុនណា​នោះ​ យើង​មិន​អាច​បញ្ជាក់​បានទេ​(ជា​បទ​ពិសោធ​ ចាប់តាំងពី​សិក្សា​គម្រោង​ រហូតដល់​បញ្ចប់​ការសាងសង់​ ត្រូវ​ចំណាយពេល​ប្រមាណ​ជា​ 30ឆ្នាំ​) តែ​សម្រាប់​ព្រលា​នយន្តហោះ​ថ្មីនេះ​ យើង​មិនទាន់​កំណត់​ថា​ ត្រូវ​សាងសង់​ក្នុងរយៈពេល​ប៉ុន្មាន​ទេ​ព្រោះ​កំពុងតែ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ និង​សង្គម​៕

  • “អេដស៍​” (AIDS​) និង​ “អេច​ អៃ​ វី​” (HIV​) ខុសគ្នា​ដូចម្ដេច​?

    “អេដស៍​” (AIDS​) និង​ “អេច​ អៃ​ វី​” (HIV​) ខុសគ្នា​ដូចម្ដេច​?

    ឡា​រ៉ែ​ន គិតថា​ វិនាទី​នេះ​ប្រហែលជា​គ្មាន​នរណា​ម្នាក់​មិន​ស្គាល់​ជំងឺអេដស៍​នោះ​ទេ​។ វា​ជា​ជំងឺឆ្លង​តាមរយៈ​ការ​រួមភេទ​ដែល​នៅ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​យ៉ាង​ពិតប្រាកដ​នៅឡើយ​ មានត្រឹមតែ​ថ្នាំ​ដែល​ជួយ​ទប់ទល់​អាការ​របស់​អ្នកជំងឺ​ឱ្យ​អាច​នៅ​មានជីវិត​រស់នៅ​បាន​យ៉ាង​រឹងមាំ​បាន​ជាច្រើន​(សិប​)ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ តែ​អ្នកជំងឺ​ត្រូវ​មាន​វិន័យ​ក្នុង​ការ​ទទួលទាន​ថ្នាំ​ និង​ទៅ​ជួប​គ្រូពេទ្យ​តាមពេលវេលា​កំណត់​។ ក្រៅពី​ឈ្មោះ​ជំងឺ​ថា​ “អេដស៍​” ហើយ​ នៅ​មានឈ្មោះ​ដែល​យើង​ហៅថា​ “អេច​ អៃ​ វី​” មួយទៀត​ដែរ​។ តើ​ពាក្យ2នេះ​ ខុសគ្នា​ដូចម្ដេច​? ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​អធិប្បាយ​ជម្រាប​ជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​។

    អត្ថន័យ​របស់​ “អេច​ អៃ​ វី​”(HIV​)
    មេរោគ​ HIV​ (Human​ Immunodeficiency​ Virus​) គឺ​ មេរោគ​វីរុស​ដែល​នឹង​ចូល​ទៅ​ខាំ​ស៊ី​បំផ្លាញ​កោសិកា​គ្រាប់​ឈាមស​ ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​មិន​សមប្រកប​។អត្ថន័យ​របស់​ “AIDS​”AIDS​ (Acquired​ Immunodeficiency​ Syndrome​) គឺ​ក្រុម​អាការ​របស់​ការ​ឆ្លង​មេរោគ​ជ្រៀត​ជ្រែ​កផ្សេង​ៗនៅពេល​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​របស់​រាងកាយ​ត្រូវ​មេរោគ​ អេច​ អៃ​ វី​ បំផ្លាញ​រហូត​មិន​អាច​តតាំង​មេរោគ​ដែល​ចូល​មក​ក្នុង​រាងកាយ​ទាំងអស់​នោះ​បាន​។

    ឆ្លង​មេរោគ​ អេច​ អៃ​ វី​ =/ ជំងឺអេដស៍​
    បើ​អ្នកជំងឺ​ឆ្លង​មេរោគ​ អេច​ អៃ​ វី​ មិនមែន​សុទ្ធតែ​ត្រូវ​កើតជំងឺ​អេដស៍​ជានិច្ច​នោះ​ទេ​ ព្រោះ​បើសិន​ឆាប់​ពិនិត្យ​រក​ឃើញថា​ ឆ្លង​មេរោគ​តាមរយៈ​ការពិនិត្យ​ឈាម​ភ្លាម​ៗហើយ​ គេ​អាច​ព្យាបាល​បាន​ដោយ​ការ​លេបថ្នាំ​ប្រឆាំង​មេរោគ​វីរុស​។ នៅពេល​ធ្វើការ​ព្យាបាល​ហើយ​ អាច​នឹង​ពិនិត្យ​មិនឃើញ​មាន​មេរោគ​ អេច​ អៃ​ វី​ នៅក្នុង​ឈាម​ទៀត​ទេ​ ហើយ​នៅពេល​ដែល​ពិនិត្យ​មិនឃើញ​មាន​មេរោគ​ នោះ​គឺ​មានន័យថា​ មិន​មាន​មេរោគ​ចម្លង​ទៅ​អ្នកដទៃ​ទេ​។

    ក្រៅពី​នេះ​ បើ​អ្នកជំងឺ​ឆ្លង​មេរោគ​ អេច​ អៃ​ វី​បាន​ធ្វើការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​យ៉ាង​ត្រឹមត្រូវ​ និង​ជាប់លាប់​ នឹង​មាន​សុខភាព​រាងកាយ​រឹងមាំ​ល្អ​ មាន​អាយុ​យ៉ឺន​យូរ​ដូច​អ្នក​ដែល​គ្មាន​មេរោគ​ដូច្នោះ​ដែរ​ និង​អាច​មិន​ចាំបាច់​ត្រូវ​លេបថ្នាំ​ប្រឆាំង​មេរោគ​ជាប់​រហូត​ទៀតផង​ ព្រោះ​បើ​ពិនិត្យ​លែង​ឃើញ​មាន​មេរោគ​ទៀតហើយ​នោះ​ ក៏អាច​ឈប់​ញ៉ាំ​ថ្នាំ​បានតែ​ម្ដង​ តែ​គ្រូពេទ្យ​អាច​នឹង​ណាត់ជួប​ដើម្បី​ពិនិត្យ​រាងកាយ​ជា​ដំ​ណា​ក់ៗ​នៅពេល​ក្រោយ​។

    “អេច​ អៃ​ វី​ ឆាប់​ដឹង​ អាច​ព្យាបាល​ជា​”
    ការ​ចម្លង​របស់​មេរោគ​ អេច​ អៃ​ វី​ ពី​មនុស្ស​ទៅ​មនុស្ស​
    មេរោគ​ អេច​ អៃ​ វី​ អាច​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​តាមរយៈ​ឈាម​របស់​អ្នក​កើតជំងឺ​ដែល​ចូល​ទៅ​ក្នុង​រាងកាយ​មនុស្សម្នាក់​ទៀត​តាមរយៈ​ការប្រើ​ម្ជុលចាក់​ថ្នាំ​រួមគ្នា​ ជ្រៀតចូល​ក្នុង​ស្នាម​របួស​ថ្មី​ៗ ការ​បំបៅ​ដោះ​កូន​ពី​ម្ដាយ​ដែល​មាន​មេរោគ​ទៅ​កូន​ជាដើម​ តែ​ឱកាស​ក្នុង​ការ​ឆ្លង​មេរោគ​ក៏​មិន​ 100​%ជានិច្ច​នោះ​ដែរ​។

    ចំណែក​ឯការ​ឱប​ថើប​(ក្នុងករណី​គ្មាន​ស្នាមរបួស​ ឬដំបៅ​នៅក្នុង​មាត់​ ឬជា​ការ​ថើប​ជញ្ជក់មាត់​ប្ដូរ​ទឹកមាត់​គ្នា​) ញ៉ាំបាយ​រួមគ្នា​ក្នុង​ចាន​តែមួយ​ ប្រើ​សម​ស្លាបព្រា​ កែវ​ទឹក​រួមគ្នា​ ប្រើ​សាប៊ូ​ដុស​ខ្លួន​ សាប៊ូកក់​សក់​ ថ្នាំ​ដុសធ្មេញ​រួមគ្នា​ ឬការ​មាន​ភេទ​សម្ព័ន្ធ​ដោយ​ប្រើ​ស្រោមអនាម័យ​(ដែល​នៅ​ថ្មី​ល្អ​)មិន​ធ្វើ​ឱ្យ​កើតការ​ឆ្លង​មេរោគ​ អេច​ អៃ​ វី​ ឡើយ​។

    វិធីការ​ពារ​ការ​ឆ្លង​មេរោគ​ អេច​ អៃ​ វី​
    1. ពាក់​ស្រោមអនាម័យ​រាល់ពេល​មាន​ភេទ​សម្ព័ន្ធ​។
    2. បើ​ចង់បាន​បុត្រ​ គួរ​មាន​ភេទ​សម្ព័ន្ធ​តែ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​តែម្នាក់​ប៉ុណ្ណោះ​ និង​កុំ​ភ្លេច​ពិនិត្យ​រាងកាយ​ដើម្បី​ការ​រៀប​ផែនការ​គ្រួសារ​ជាមុន​។
    3. មិន​ផ្លាស់ប្ដូរ​ដៃគូ​ដំណេក​ញឹកញាប់​ និង​គួរ​ស្នេហា​ស្មោះស្ម័គ្រ​មួយទល់នឹងមួយ​។
    4. មិន​ប្រើ​ម្ជុលចាក់​ថ្នាំ​រួម​ជាមួយ​អ្នកដទៃ​។
    5. បើសិន​រក​ឃើញថា​ រាងកាយ​ឆ្លង​មេរោគ​ អេច​ អៃ​ វី​ ហើយ​ គួរ​ប្រញាប់​ទៅ​ប្រឹក្សា​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​បាន​លឿន​បំផុត​… រឹតតែ​លឿន​ រឹតតែ​ងាយ​ព្យាបាល​។
    6. បើជា​អ្នក​ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ​ គួរ​ចូល​ទៅ​ទទួលការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​តាំងពី​ក្មេង​ និង​មាន​វិន័យ​ក្នុង​ការ​ព្យាបាល​យ៉ាង​ម៉ឺងម៉ាត់​។
    7. មិន​គួរ​សង្ឃឹម​បាន​ពិនិត្យ​ឈាម​ដោយ​ការ​បរិច្ចាគ​ឈាម​នោះ​ទេ​ ព្រោះ​វា​ជា​ការ​រំខាន​ដល់​ការ​ធ្វើការ​របស់​មន្ត្រី​ទទួល​បរិច្ចាគ​ និង​មិន​មានប្រយោជន៍​ដល់​អ្នក​ដែល​រង់ចាំ​ទទួល​ឈាម​ដើម្បី​ការ​ព្យាបាល​ឡើយ​៕

  • គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ2021​

    គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ2021​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​) បាន​និង​កំពុង​រៀបចំ​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​អាមេរិក​ ដើម្បី​លើកកម្ពស់​ចង្វាក់​តម្លៃ​ឧស្សាហកម្ម​កសិកម្ម​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​)។

    គម្រោង​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​)បាន​កំពុង​រៀបចំ​មានឈ្មោះ​ថា​ គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ 70លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​ថវិកា​ 70លាន​ដុល្លារ​អាមេរិក​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​)នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ 2.17លាន​ដុល្លារ​អាមេរិក​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយឡែក​ 67.83លាន​ដុល្លារ​អាមេរិក​ទៀត​ជា​ឥណទាន​សម្បទាន​។គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ នឹង​ជួយ​កម្ពុជា​បង្កើន​ចង្វាក់​តម្លៃ​កសិកម្ម​ក្នុង​តំបន់​ និង​បង្កើន​គុណភាព​ផលិតផល​ក្នុង​ស្រុក​។ ក្រុមការងារ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​រួមគ្នា​រៀបចំ​កសាង​គម្រោង​នេះ​ឡើង​ ដែល​ផ្តោត​ជា​សំខាន់​ក្នុង​ការ​បំពេញ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតកម្ម​ និង​កសិផល​ដោយ​ចាប់ផ្តើម​ពី​ A ដល់​ Z។

    គម្រោង​នេះ​នឹង​ធ្វើឡើង​នៅ​ខេត្ត​កំពង់ចាម​ កំពង់ធំ​ឧត្តរមានជ័យ​ ព្រះវិហារ​ សៀមរាប​ និង​ត្បូងឃ្មុំ​។

    គោលបំណង​សំខាន់​ គឺ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម​ កាត់បន្ថយ​ឈ្មួញ​កណ្តាល​ពង្រីក​ និង​ពង្រឹង​វិស័យ​កែច្នៃ​ វេច​ខ្ចប់​ ឃ្លាំង​ស្តុក​ ការ​រក្សាទុក​ដាក់​ក្នុង​បន្ទប់​ត្រជាក់​ និង​ការ​ដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​ បច្ចេកទេស​ និង​ការធានា​គុណភាព​ សុ​វត្តិភាព​ អនាម័យ​ និង​ភូតគាម​អនាម័យ​ និង​ជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ ក្នុង​នោះ​មាន​វត្ថុធាតុដើម​ដូចជា​ ដំឡូង​ ស្រូវ​ ស្វាយ​ ស្វាយចន្ទី​។ល។

    លោក​ Takeshi​ Ueda​ អ្នកសេដ្ឋកិច្ច​ផ្នែក​កសិកម្ម​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​)បានឱ្យ​ដឹង​ថា​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ2021​ រហូតដល់​ឆ្នាំ2027​។ លោក​ថា​ ក្រសួង​កសិកម្ម​នឹងជា​អ្នក​អនុវត្ត​គម្រោង​ ដោយឡែក​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចូលរួម​ផង​ដែរ​។

    បើ​យោង​តាម​របាយការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​) កសិកម្ម​នៅតែ​បន្ត​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ជា​វិស័យ​តែមួយ​ដែល​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការកែច្នៃ​ ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​ ផលិតផល​កសិកម្ម​រួមចំណែក​ 33.7ភាគរយ​ ក្នុង​ផលិតផល​សរុប​ក្នុង​ស្រុក​(ផ.ស.ស​)។

    របាយការណ៍​បន្ត​ថា​ ផ.ស.ស​ នៃ​វិស័យ​កសិកម្ម​កើនឡើង​ 4.5ភាគរយ​ក្នុង​មួយឆ្នាំ​ ចាប់តាំងពី​ឆ្នាំ2008​ ដល់​ឆ្នាំ2012​ ដោយសារ​ការពង្រីក​ផ្ទៃដី​ដាំដុះ​ និង​ការ​កើនឡើង​ខ្ពស់​នៃ​តម្លៃ​កសិផល​។ ទោះជាយ៉ាងណា​ ក៏ដោយ​ កំណើន​នៃ​វិស័យ​នេះ​បាន​ថមថយ​មកវិញ​នៅ​ឆ្នាំ2013​ ដល់​ឆ្នាំ2016​ (0.9ភាគរយ​ក្នុង​មួយឆ្នាំ​) ដោយសារតែ​ការបាត់បង់​កត្តា​ជំរុញ​ទាំងនេះ​ ព្រមទាំង​ដោយសារ​ស្ថានភាព​អាកាសធាតុ​អាក្រក់​ខ្លាំង​។ ផលិតផល​កសិកម្ម​ គឺជា​ផលិតផល​នាំចេញ​ធំជាង​គេ​របស់​កម្ពុជា​ បន្ទាប់ពី​ផលិតផល​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​ ស្មើនឹង​ 533លាន​ដុល្លារ​(5.2ភាគរយ​នៃ​ការនាំចេញ​សរុប​) ក្នុង​ឆ្នាំ2016​។

    ទោះជាយ៉ាងណា​ក៏ដោយ​ ភាគច្រើន​នៃ​ផលិតផល​កសិកម្ម​ដែល​នាំចេញ​ គឺជា​វត្ថុធាតុដើម​ ហើយ​ការ​បន្ថែម​តម្លៃ​ដល់​ផលិតផល​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ផ្សេងទៀត​ ដូច្នេះ​ដើម្បី​ច្បាម​យក​ឱកាស​សេដ្ឋកិច្ច​ដែល​បាត់បង់​ទាំងនេះ​ ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ ជា​រឿង​សំខាន់ណាស់​ដែលគេ​ត្រូវ​ពង្រឹង​ចង្វាក់​តម្លៃ​នៃ​ផលិតផល​កសិកម្ម​។

    លោក​ ស្រី​ វុឌ្ឍី​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​ គម្រោង​នេះ​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ដោយ​អ្នក​ប្រឹក្សា​យោបល់​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​) និង​មន្ត្រី​មក​ពី​ក្រសួង​កសិកម្ម​។ លោក​ វុឌ្ឍី​ បន្ត​ថា​៖ “នេះ​ជា​គម្រោង​ដ៏​ធំ​ ដែល​មាន​ភាគី​ជាច្រើន​ចូលរួម​គម្រោង​នេះ​នឹង​ផ្តោត​លើ​ដំ​ណាំ​សក្តា​នុ​ពល​ដែល​មាន​ដូចជា​ ស្វាយចន្ទី​ ដំឡូងមី​ ស្វាយ​ បន្លែ​ និង​ការ​ចិញ្ចឹមសត្វ​”។

    គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី21​ ខែ​កុម្ភ​: ឆ្នាំ2019​ ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ជួបពិភាក្សា​ជាមួយ​លោក​ Takeshi​ Ueda​ អ្នកសេដ្ឋកិច្ច​ផ្នែក​កសិកម្ម​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) អំពី​ការរៀបចំ​ជំនួយ​បច្ចេកទេស​សម្រាប់​កសាង​គម្រោង​ស្តី​ពី​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​។

    លោក​ Takeshi​ Ueda​ បាន​មានប្រសាសន៍​ថា​លទ្ធផល​រំពឹង​ទុក​របស់​គម្រោង​ គឺ​ជំនួយ​លើ​ការងារ​បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល​ និង​ដឹកជញ្ជូន​ ការ​កសាង​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការ​បំពេញ​ខ្សែ​ចង្វាក់​តម្លៃ​ ដូចជា​ការ​កសាង​មន្ទីរពិសោធន៍​ អនាម័យ​ និង​ភូ​តភាម​អនាម័យ​ និង​ការផលិត​ពូជ​ ការ​កសាង​ផ្លូវ​នៅ​តាម​ជនបទ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​កសិផល​ និង​ការ​កសាង​សមត្ថភាព​ និង​ការ​ផ្សារភ្ជាប់​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​៘ គម្រោង​នេះ​ក៏បាន​ផ្តល់​អាទិភាព​ទៅលើ​ដំ​ណាំ​កសិ​ឧស្សាហកម្ម​មាន​ដូចជា​ស្វាយចន្ទី​ ដំឡូងមី​ ស្វាយ​ បន្លែ​ និង​ផលិតកម្ម​សត្វ​មាន់​។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​គាំទ្រ​ និង​ពេញចិត្ត​ចំពោះ​គម្រោង​នេះ​ ហើយ​សន្យា​ថា​ នឹង​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ឱ្យ​គម្រោង​នេះ​សម្រេច​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នា​ពេល​អនាគត​។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ទាញអារម្មណ៍​ ADB​ ឱ្យ​ជួយគិត​គូរ​បញ្ចូល​ដំណាំ​ពោត​ក្នុង​ផែនការ​គម្រោង​ ដោយសារ​ដំណាំ​នេះ​កំពុងតែ​មាន​សក្ដានុពល​ទាំង​លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​បរទេស​។

    ក្រៅពី​នេះ​ ឯកឧត្ដម​បាន​ស្នើ​ឱ្យ​ ADB​ ជួយ​លើកកម្ពស់​ការ​កសាង​សមត្ថភាព​របស់​កសិករ​ សហគមន៍​ និង​វិស័យ​ឯកជន​ ដោយ​ផ្តោត​លើ​ការ​កសាង​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត​ និង​អ្នក​កែច្នៃ​ដោយ​អនុវត្ត​តាម​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ និង​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​។ ដោយឡែក​វិស័យ​ផលិតកម្ម​សត្វ​គោ​ ជាពិសេស​ការ​ប្តូរ​ពូជសត្វ​គោ​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ ក៏​គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​គាំទ្រ​ផង​ដែរ​ ព្រោះ​ផលិតកម្ម​សត្វ​គោ​ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​ និង​ដែល​បាន​ជួយ​កែប្រែ​កម្រិតជីវភាព​របស់​កសិករ​យ៉ាង​ល្អ​ប្រសើរ​៕

  • អាស៊ាន​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​ពិធីសារ​ទី1​ ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (AJCEP​)

    អាស៊ាន​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​ពិធីសារ​ទី1​ ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (AJCEP​)

    ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ បណ្តា​ប្រទេស​អាស៊ាន និងជប៉ុន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP។

    ពិធីសារ​ទី1 ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ថា​រ៉ូ កូ​ណូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន កាលពី​ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2019 នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុនដែលមាន​ដាក់បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង AJCEP ដើម្បី​ធ្វើឱ្យ​ជំពូក​ទាំងអស់​ស្តីពី​ពាណិជ្ជកម្ម សេវាកម្ម​កាន់តែ​មាន​ភា​ព​ទូលំទូលាយ សម្រួល​ដល់​ការ​បំផ្លាស់​ទី​រូបវ័ន្ត​បុគ្គល និង​វិនិយោគ ព្រមទាំង​កំណត់​គោលដៅ​សំខាន់​ក្នុងការ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ជប៉ុន។

    ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP នេះ អាស៊ាន និង​ជប៉ុន​បាន​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃទី2 ខែមីនា ឆ្នាំ2019 កន្លងទៅ ដំណាលគ្នា​នឹង​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី7 ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (7th RCEP ISSL MM) នៅ​ទីក្រុង​សៀមរាប។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា ការដាក់បញ្ចូល​គ្នា​នូវ​ជំពូក​ទាំងអស់នេះ នឹង​បម្រើ​ជា​កាតាលីករ​ដើម្បី​ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ឡើង។

    ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា៖ “ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ សំដៅ​កែប្រែ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន និង​ជប៉ុន ទៅជា​ការលើកកម្ពស់និង​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច នៅក្នុង​តំបន់​អាស៊ី​ភាគ​ខាងកើត”។

    ដោយឡែក លោក Ramon M. Lopez លេខាធិការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ហ្វីលីពីន​បាន​ស្វាគមន៍​ទៅនឹង​ការចុះហត្ថលេខា​លើ​ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP នេះ។ លោក​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រីក​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយរួមមាន​ពាណិជ្ជកម្ម សេវាកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ជប៉ុន។

    លោក Lopez បាន​លើកឡើងថា៖ “តាមរយៈ​ពិធីសារ​ទី1 នៃ​កិច្ចព្រមព្រៀង​នេះ មាន​ចំណុច​ជាច្រើន​ដែល​ត្រូវបាន​ឯកភាព​ជារួម ទី1 ទាក់ទង និង​ពាណិជ្ជកម្ម សេវាកម្ម ទី2 ទាក់ទង​នឹង​ការសម្រួល​ដល់​ការ​បំ​ផ្លាស់​ទី​រូបវ័ន្ត​បុគ្គល សម្រួល​ដល់​ការ​បំ​ផ្លាស់​ទី​ទំនិញ និង​អ្នកផ្គត់ផ្គង់​ក្នុង​តំបន់ និង​ទី3 ការវិនិយោគ ដែល​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច ដែលមាន​ការការពារ សេ​វី​ភាវូបនីយកម្ម ការផ្សព្វផ្សាយ និង​ការសម្រួល​ការវិនិយោគ​ដែល​នឹង​ជួយ​ពង្រឹង​នូវ​ទំនាក់​ទង​សេដ្ឋកិច្ច​រវាង​ភាគី​ជប៉ុន និង​អាស៊ាន​ទៅលើ​ទិដ្ឋភាព​ផ្នែក​វិនិយោគ”។

    លោក Lopez បាន​បន្តទៀតថា ការផ្តួចផ្តើម​រវាង​ជប៉ុន និង​អាស៊ាន​នេះ​នឹង​បន្ត​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ផែនទី​បង្ហាញផ្លូវ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រយៈពេល 10ឆ្នាំ​របស់​ជប៉ុន ដើម្បី​ធានាថា ជប៉ុន​នៅតែ​បន្ត​ជា​គ្រឹះ​យ៉ាងរឹងមាំ​ចំពោះ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ជា​ដៃគូ​យ៉ាងសំខាន់​នៅក្នុង​តំបន់​អាស៊ាន។

    លោក Hiroshige Seko រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន បាន​ថ្លែងថា ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP គឺមាន​សារៈសំខាន់ ដោយ​លោក​លើកឡើងថា អាស៊ាន និង​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​ធំ​មួយ។

    លោក Seko មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យសេវាកម្ម​នៅ​ជប៉ុន​ដូចជា ការវិនិយោគ​វិស័យ​លក់រាយ និង​ចែកចាយ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​តំបន់​អាស៊ាន ដោយ​បង្កើតបាន​នូវ​ការងារ​ដែលមាន​គុណភាព ហើយ​ក្រៅពីនេះ ចង្វាក់​ផលិតកម្ម​នៃ​ការផ្គត់ផ្គង់​រវាង​អាស៊ាន និង​ជប៉ុន​បាន​ចាក់ឫស​យ៉ាងជ្រៅ ខណៈពេលដែល​ក្រុមហ៊ុន​ជប៉ុន​នឹងមាន​ការកើនឡើង​ផងដែរ​នាពេល​អនាគត​នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន។

    លោក Hiroshige Seko មានប្រសាសន៍ថា៖“ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការចូល​ជាធរ​មាននៃ ពិធីសារ​ទី1 ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ឬ​ហៅ​កាត់​ថា AJCEP នេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង និង​បន្ថែម​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ជប៉ុន តាមរយៈសេ​វី​ភាវូបនីយកម្ម ការសម្រួល​ដល់​ពាណិជ្ជកម្ម លើ​សេវាកម្ម ការ​បំ​ផ្លាស់​ទី​នៃ​រូបវ័ន្ត​បុគ្គល និង​ការវិនិយោគ”។

    សូមជម្រាបថា កិច្ចព្រមព្រៀង AJCEP ត្រូវបាន​ចុះហត្ថលេខា​ដោយ​អាស៊ាន និង​ជប៉ុន កាលពី​ថ្ងៃទី14 ខែមេសា ឆ្នាំ2008 ហើយ​ត្រូវបាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី1 ខែធ្នូ នៃ​ឆ្នាំ​ដដែល។

    តាមរយៈ AJCEP នេះ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ជប៉ុន មានការ​កើន​ឡើងជា​លំដាប់។ បច្ចុប្បន្ន ប្រទេស​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី4 របស់​អាស៊ាន និង​ជា​ប្រភព​ដៃគូ​ដ៏​ធំ​បំផុត​ទី2 សម្រាប់​វិនិយោគ​ដោយផ្ទាល់​ពី​ខាងក្រៅ។

    កាលពី​ឆ្នាំ2017 ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ជប៉ុន បាន​កើន​ឡើងដល់ 219.3ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​ស្មើនឹង 8.5%នៃ​ពាណិជ្ជកម្ម​អាស៊ាន​សរុប ខណៈដែល​លំហូរ​វិនិយោគ​ដោយផ្ទាល់​ពី​ជប៉ុន មាន​ប្រមាណ 13.4ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង 9.9% នៃ​លំហូរ​វិនិយោគ​សរុប​ចូលមក​កាន់​ប្រទេស​អាស៊ាន៕

  • កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទបច្ចេកវិទ្យាឌីជីថលធំបំផុតមួយ ឈ្មោះថាសន្និសីទនិងពិព័ណ៍ឌីជីថលកម្ពុជា ២០១៩

    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទបច្ចេកវិទ្យាឌីជីថលធំបំផុតមួយ ឈ្មោះថាសន្និសីទនិងពិព័ណ៍ឌីជីថលកម្ពុជា ២០១៩

    ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលនិងបុគ្គលពាក់ព័ន្ធវិស័យនេះទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) ថ្នាក់ជាតិដំបូងនិងធំបំផុតប្រចាំឆ្នាំ ដែលមានរយៈពេល ០៣ (បី) ថ្ងៃ។

    កម្មវិធីសន្និសីទនិងពិព័ណ៌នេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគម-នាគមន៍និងព័ត៌មាន (វិទ្យាស្ថានជាតិ NIPTICT)។ កម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យានិងឌីជីថលធំបំផុតនៅកម្ពុជា និងជាសមិទ្ធផលនៃការរៀបចំនិងសហការគ្នារវាងថ្នាក់ដឹកនាំនៃវិស័យសាធារណៈនិងវិស័យឯកជន ដែលប្តេជ្ញាក្នុងការបង្កើតនូវគ្រឹះឌីជីថលសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។

    កម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ នឹងមានវត្តមានវាគ្មិនប្រកបដោយជំនាញច្បាស់លាស់ប្រមាណ ១០០ រូប, មានស្តង់តាំងពិព័ណ៍ចំនួនប្រមាណ ១៥០ ស្តង់ និងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ….. រូប។

    ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះដោយមានវិទ្យាស្ថានជាតិ NIPTICT, កម្មវិធីនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងដោយអន្តរក្រសួងចំនួន ០៦ ដែលរួមមាន៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations និងឧបត្ថម្ភធំដោយប្រតិបត្តិករទូរគមនាគមន៍ធំៗចំនួនពីរគឺក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Viettel, និងមានក្រុមហ៊ុន Huawei Technology (Cambodia) និងក្រុមហ៊ុន CFOCN។

    កម្មវិធីនេះក៏ទទួលការឧបត្ថម្ភពីក្រុមហ៊ុន Cellcard, UnionPay, TrueMoney, EZECOM, Oracle, Cisco Systems, Smart City Consortium, PPC Bank, Wing Specialized Bank, PayOn, Mobile C&C, Kilat Events និងដៃគូផ្សេងៗទៀត។

    កម្មវិធីសន្និសីទនិងពិព័ណ៌ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) នេះមានគោលដៅសម្រាប់ការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងការបង្ហាញនូវការរីកចំរើនប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗជាអាទិ៍ ការបង្កើត Platform ថ្នាក់ជាតិបង្ហាញថាកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល, ទី២ ជំរុញអាជីវកម្មបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាឌីជីថល, លើកកម្ពស់សហគ្រិនភាពនិងនវានុវត្តន៍ឌីជីថល, ទី៣ ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាអំពីនិន្នាការនិងបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា និងបញ្ហាផ្សេងៗដែលអាចត្រូវបានដោះស្រាយតាមរយៈបច្ចេកវិទ្យាឌីជីថល និងទី៤) ពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌច្បាប់និងគោលនយោបាយ និងការអប់រំដែលស្របតាមសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា និងទី៥) ផ្តល់ឱ្យសហគ្រិននិងអាជីវកម្មបង្កើតថ្មីក្នុងការអភិវឌ្ឍបណ្តាញទំនាក់ទំនងរបស់ពួកគេ និងជាឱកាសក្នុងការជួបជាមួយក្រុមហ៊ុនផ្តល់មូនិធិប្រកបដោយសកត្តានុពលជាច្រើន។

    ដោយមានការគាំទ្រនិងដឹកនាំច្បាស់លាស់ពីមន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ កម្មវិធី Digital Cambodia 2019 នឹងពិតជាអាចសម្រេចបាននូវគោលបំណងខាងលើ។ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបង្ហាញនូវចក្ខុវិស័យនៃកម្មវិធីនេះ ដោយផ្តោតលើការតម្រង់ទិសកម្ពុជាដើម្បីត្រៀមសម្រាប់បញ្ហាប្រឈមនិងកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល។ ជាងនេះ ឯកឧត្តមបណ្ឌិត មានបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍនិងរីកចម្រើនវិស័យឌីជីថល ដែលឯកឧត្តមយល់ថាកត្តាខាងលើនេះនឹងផ្តល់ផលជាវិជ្ជមានចំពោះសេដ្ឋកិច្ចនិងសង្គម។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលស្គាល់និងគាំទ្រកម្មវិធី Digital Cambodia 2019 នេះតាំងពីដើមរហូតមក ហើយឯកឧត្តមគឺជាថ្នាក់ដឹកនាំកំពូលម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំកំពូលផ្សេងៗទៀតដែលបានប្តេជ្ញានិងជួយជ្រោមជ្រែងក្នុងការដឹកនាំការងារនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យល់យ៉ាងច្បាស់អំពីតម្លៃនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។ បច្ចេកវិទ្យាឌីជីថលគឺជាធាតុផ្សំសំខាន់មួយឆ្ពោះទៅកាន់ភាពជោគជ័យការធ្វើពិពិធកម្មសេដ្ឋកិច្ច ពីព្រោះវានឹងបង្កើតលក្ខខណ្ឌសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច គាំទ្រអនុវិស័យផ្សេងៗ ព្រមទាំងទាក់ទាញអ្នកវិនិយោគ។

    ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំងចំពោះកម្មវិធី Digital Cambodia 2019 នេះ ដោយឯកឧត្តមទទួលស្គាល់ថា អ្នកវិនិយោគនឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងបោះទុនវិនិយោគចំពោះការសន្យាជាសហគ្រិននិងគំនិតរបស់ពួក។ ក្រោមការដឹកនាំរបស់ឯកឧត្តម កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍យ៉ាងច្រើន ដើម្បីធានាថាបច្ចេកវិទ្យាឆ្អឹងខ្នងរបស់ប្រទេសអាចគាំទ្រកំណើនយ៉ាងឆាប់រហ័សនិងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យានិងឌីជីថល។

    ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខិតខំនិងព្យាយាមអស់កម្លាំងកាយចិត្តក្នុងការអនុវត្តផែនការនានា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា
    រួមបញ្ចូលទាំងការពង្រឹងគុណភាពនិងភាពអាចទុកចិត្តបាននៃបណ្តាញនិងសេវាទូរគមនាគមន៍។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត ធានាថាក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងបណ្តាញនិងសេវាទូរគមនាគមន៍ នឹងអនុញ្ញាតឱ្យវិស័យបច្ចេកវិទ្យា
    ឌីជីថលទាក់ទាញ់ទុនវិនិយោគសម្រាប់ឱកាសសម្រាប់ការវិនិយោគ និងការប្រើប្រាស់ទុនវិនិយោគប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។

    សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមចូលមើលគេហទំព័ររបស់យើងនៅ www.digitalcambodia.com.kh ឬតាមទំព័រ Facebook: https://www.facebook.com/OfficialDigitalCambodia/.
    អំពីកម្មវិធីឌីជីថលកម្ពុជា
    កម្មវិធីធឌីជីថលកម្ពុជា 2019 នឹងនាំមកនូវគំនិតប្របកដោយនវានុវត្តន៍និងភ្លឺថ្លាបំផុតក្នុងវិស័យបច្ចេកវិទ្យាឌីជីថលមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលបីថ្ងៃ ដែលពោរពេញទៅដោយភាពជាអ្នកដឹកនាំ ភាពវៃឆ្លាត និងដំណោះស្រាយជាក់ស្តែង។ បណ្តាថ្នាក់ដឹកនាំអន្តរជាតិ អ្នកច្នៃប្រឌិតនិងអ្នកផ្តល់ទស្សនៈវិស័យពីវិស័យឯកជន រដ្ឋាភិបាល និងអ្នកស្រាវជ្រាវ នឹងមកជួបជុំគ្នាដើម្បីពិភាក្សានិងបង្ហាញនូវនិន្នាការនិងការអភិវឌ្ឍថ្មីៗក្នុងវិស័យបច្ចេកវិទ្យាឌីជីថល, ផ្តល់និងចែករំលែកទស្សនៈនិងការយល់ឃើញរបស់ពួកគេអំពីបញ្ហាប្រឈមត្រូវដោះស្រាយសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទាំងក្នុងតំបន់និងសកល។

  • ពិភពលោក​កំពុង​ជួប​បញ្ហា​ ដោយសារតែ​ការ​រាលដាល​នៃ​សភាវ​ឯកា​

    ពិភពលោក​កំពុង​ជួប​បញ្ហា​ ដោយសារតែ​ការ​រាលដាល​នៃ​សភាវ​ឯកា​

    សភាវ​ឯកា​ និង​ជំងឺ​ធុញថប់​អារម្មណ៍​ (Depression​) ជា​បញ្ហា​ប្រឈម​មួយ​ដែល​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ចាប់អារម្មណ៍​ និង​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំឱ្យ​វា​ក្លាយជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​ធនធានមនុស្ស​ និង​សង្គម​ទាំងមូល​។ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ជាពិសេស​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ដែល​មានការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ និង​កម្រិត​នៃ​ការរស់នៅ​របស់​ប្រជាជន​ល្អ​ ដូចជា​ប្រទេស​ជប៉ុន​ជាដើម​ មាន​ករណី​សម្លាប់​ខ្លួន​កើតឡើង​ជាច្រើន​ករណី​បើ​ទោះបីជា​មាន​សកម្មភាព​កាន់តែ​ខ្លាំង​លើ​ការទប់ស្កាត់​បញ្ហា​អវិជ្ជមាន​ទាំងនេះ​ក៏ដោយ​។

    យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​និយាយ​ពី​ហានិភ័យ​ពិភពលោក​សម្រាប់​ឆ្នាំ​ 2019​ (The​ Global​ Risks​ Report​ 2019​) បានឱ្យ​ដឹង​ថា​ នៅ​សហរដ្ឋអាមេរិក​ ចំនួន​ប្រជាជន​ដែល​គ្មាន​មិត្តភក្តិ​ជិតស្និទ្ធ​បាន​កើនឡើង​ 3ដង​ នៅចន្លោះ​ឆ្នាំ1985​ និង​ឆ្នាំ2004​។ ចំនួន​នេះ​ជា​តួលេខ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ខណៈ​ពេល​ដែល​ប្រជាជន​នៃ​ប្រទេស​នេះ​ភាគច្រើន​ជា​មនុស្ស​ដែល​រវល់​ខ្លាំង​ជាមួយ​ការងារ​មាន​ប្រាក់ចំណូល​ខ្ពស់​ តែ​មិន​មាន​ភាព​កក់ក្តៅ​ក្នុង​ការរស់នៅ​ និង​សុភមង្គល​ក្នុង​ជីវិត​។

    លើស​ពីនេះ​ទៅទៀត​ របាយការណ៍​ដដែល​បាន​បង្ហាញថា​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ឯណោះ​វិញ​មាន​ប្រជាជន​ 50​% ដែល​រស់នៅ​តែម្នាក់ឯង​ ហើយ​ទីក្រុង​ Stockholm​ មាន​ប្រជាជន​ 60​% ដែល​រស់នៅ​ក្នុង​សភាព​ឯកា​។

    យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​នៃ​ចក្រភព​អង់គ្លេស​ បាន​បញ្ជាក់​ថា​ ពាក់កណ្តាល​នៃ​ប្រជាជន​ដែល​មាន​អាយុ​ក្រោម​ 75ឆ្នាំ​កំពុង​រស់នៅ​ដោយ​ឯកោ​។ ក្នុង​នោះ​គេ​រក​ឃើញ​ ថា​មាន​មនុស្ស​ខ្លះ​មិនបាន​និយាយ​ជាមួយ​មិត្តភក្តិ​ ឬសាច់ញាតិ​អស់​រយៈពេល​ជាច្រើន​ខែ​ ដោយសារតែ​ផល​ប៉ះពាល់​នៃ​ភាព​ឯកា​នេះ​។ វា​ជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​មានចំណេះ​ដឹង​ច្រើន​ រួម​ទាំង​លក្ខខណ្ឌ​នៃ​ការរស់នៅ​ល្អ​ប្រសើរ​ តែ​បែរជា​ខ្វះ​ភាព​កក់ក្តៅ​ទៅវិញ​។

    តាម​ការ​បង្ហាញ​របស់​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ ដោយសារតែ​ភាព​ធុញថប់​ (Toxic​) នៃ​ភាព​ឯកា​មនុស្សម្នាក់​អាច​ជក់បារី​ដល់ទៅ​ 15ដើម​ក្នុង​ 1ថ្ងៃ​។ ដោយសារតែ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ភាព​ឯកា​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​ពិភពលោក​បែបនេះ​ ទើប​អ្នក​ចិត្តសាស្ត្រ​នៃ​ស្ថាប័ន​ Social​ Pscychiatry​ and​ Pschychiatric​ Epidemiology​ បាន​ស្រាវជ្រាវ​ និង​បែងចែក​ភាព​ឯកា​ជា​ 4ប្រភេទ​សំ​ខាន់​ៗ និង​ព្យាយាម​ស្វែងយល់​ពី​ពួកគេ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​រីក​រាលដាល​ភាព​ឯកា​កុំឱ្យ​កើតមាន​ច្រើន​បន្ត​ទៀត​។

    ប្រភេទ​នៃ​ភាព​ឯកា​ទី1​ គឺ​ Emotional​ Loneliness​ មនុស្ស​ប្រភេទ​នេះ​មាន​មិត្តភក្តិ​ច្រើនតែ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ស្និទ្ធស្នាល​ជាមួយគ្នា​នោះ​ទេ​ ហើយ​តែងតែ​អន់ចិត្ត​នៅពេល​ដែល​មិនសូវ​ទទួល​បានការ​អើពើ​។ ប្រភេទ​ទី2​ គឺ​ Social​ Loneliness​ មនុស្ស​ប្រភេទ​នេះ​អាច​មាន​មិត្ត​ជិតស្និទ្ធ​ 1 ឬ2នាក់​ តែ​គេ​នៅតែ​មាន​អារម្មណ៍​ថា​ មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​រីករាយ​។ ប្រភេ​ទី3​ គឺ​ Social​ and​ Emotional​ Loneliness​ មនុស្ស​ប្រភេទ​នេះ​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​គិតថា​ ខ្លួន​មិន​មាន​ទំនាក់ទំនង​គ្រប់គ្រាន់​ ហើយ​គ្មាន​អ្នកណា​ម្នាក់​យកចិត្ត​ទុកដាក់​ពី​ខ្លួន​។ ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត​ គឺ​ប្រភេទ​ទី4​ LowLoneliness​ ដំណាក់កាល​នេះ​ គឺ​មនុស្ស​មាន​អារម្មណ៍​ថា​ រូបគេ​គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​រឿង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ តែ​ពួកគេ​នៅតែ​មាន​អារម្មណ៍​ថា​ឯកា​។

    អ្នកជំនាញ​បញ្ជាក់​ថា​ ការបង្កើត​ទំនាក់ទំនង​ដែល​មានគុណ​ភាពល្អ​ នឹង​ប្រសើរ​ជាង​ការ​មាន​ទំនាក់ទំនង​ដែល​ច្រើនតែ​បរិមាណ​ តែ​ធ្វើ​ឱ្យ​យើង​នៅតែ​រក​មនុស្ស​ពឹង​មិនបាន​។ ហើយ​សភាវ​អារម្មណ៍​ឯកា​នេះ​ភាគច្រើន​កើត​នៅ​លើ​នារី​ច្រើនជាង​បុរស​៕