Author: ធឿន មករា

  • កម្ពុជា​ចាប់ផ្តើម​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​

    កម្ពុជា​ចាប់ផ្តើម​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​

    កម្ពុជា​ត្រូវការ​រយៈពេល​ប្រមាណ​ជា​ 10ឆ្នាំ​ទៀត​ ឬអាច​ច្រើនជាង​នេះ​ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​មួយ​ និង​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យទៅ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ដឹកមុខ​ដោយ​បច្ចេកវិទ្យា​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថា្នក់​ជាតិ​ ស្តី​ពី​គោលនយោបាយ​ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​កាលពី​ថ្ងៃពុធ​ថា​ កម្ពុជា​កំពុង​ចាប់ផ្តើម​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​ ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោយ​បរិ​យា​ប័ន្ន ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ នៅក្នុង​ឆ្នាំ2030​ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    ឯកឧត្ដម​បាន​ថ្លែង​បន្ត​ថា​ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​ថែមទៀត​ក្នុង​ការជំរុញ​ធ្វើ​ពិពិធ​កម្ម​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​ ក្នុង​នោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ គឺជា​មុខសញ្ញា​ដ៏​សំខាន់​មួយ​។

    ឯកឧត្ដម​បានឱ្យ​ដឹង​ថា​ ជាក់ស្តែង​នៅ​កម្ពុជា​ សេដ្ឋកិច្ច​ឌីជីថល​កំពុង​លេច​រូបរាង​ជា​បណ្តើរ​ៗ ស្រប​ពេល​ដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​កម្សាន្ត​អន​ឡាញ​ សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ហើយ​ជាមួយគ្នា​នេះ​ផង​ដែរ​ចំនួន​អ្នកប្រើ​ប្រាស់​ក៏​កំពុង​កើនឡើង​ និង​កំពុងតែ​សម្រប​ខ្លួន​ទៅ​នឹង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​។

    ផ្នែក​លើ​បទ​ពិសោធ​អន្តរជាតិ​ ប្រទេស​ដែល​អាច​ក្តាប់​យក​អត្ថ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល​បាន​គឺជា​ប្រទេស​ដែល​មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ហើយ​ចេះ​សម្រប​ខ្លួន​ទៅតាម​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ បាន​ទាន់ពេល​វេលា​។

    ឯកឧត្តម​បន្ត​ឱ្យ​ដឹង​ថា​ បច្ចេក​វិទ្យា​ថ្មី​ៗដើរតួ​ជា​គំនាស់​ថ្មី​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាមរយៈ​ការជំរុញ​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​សេដ្ឋកិច្ច​ និង​ដើម្បី​ចាប់​យក​សក្តា​នុ​ពល​នេះ​សម្រាប់​ពន្លឿន​កិច្ច​អភិវឌ្ឍ​ជា​រួម​។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ប្រកបដោយ​ជវភាព​ក្នុង​ការ​ក្តាប់​យក​កាលានុវត្ត​ភាព​ ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​ សេដ្ឋកិច្ច​ឌីជីថល​ឈរ​លើក​ត្តា​ចំនួន4​ ៖

    ទី1​ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​ចំនួន​នៃ​វត្តមាន​យុវជន​ច្រើន​ ហើយ​មានការ​អប់រំ​ខ្ពស់​ ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឆាប់រហ័ស​។ ទី2​ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ ឧបករណ៍​វៃឆ្លាត​។ ទី3​ ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ផ្នែក​បច្ចេកវិទ្យា​ តាមរយៈ​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ទី4​ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភា​វូ​នី​យក​ម្ម​ដែល​កំពុង​កើតមាន​ក្នុង​គ្រប់​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​ជាតិ​។

    លោកស្រី​ សូ​ ផនណា​រី​ អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លីដា​ បាន​ស្វាគមន៍​ទៅ​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ ដោយ​លោកស្រី​បាន​លើកឡើង​ថា​ ធនាគារ​អេ​ស៊ី​លីដា​បាន​រៀបចំ​នូវ​យុទ្ធ​សាស្រ្ត​ខ្លី​ មធ្យម​ និង​វែង​សម្រាប់​ការ​គាំទ្រ​ដល់​ការ​វិវឌ្ឍ​នៃ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​។ ធនាគារ​អេ​ស៊ី​លីដា​បាន​បង្កើត​ប្រព័ន្ធ​ឌីជីថល​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​លឿន​រហ័ស​សម្រាប់​អតិថិជន​ និង​អ្នកប្រើ​ប្រាស់​ ហើយ​ធនាគារ​អេ​ស៊ី​លីដា​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែប្រែ​សេដ្ឋកិច្ច​កម្ពុជា​ ទៅជា​សេដ្ឋកិច្ច​ឌីជីថល​។

    លោកស្រី​ ផនណា​រី​ មានប្រសាសន៍​ថា​៖“ដោយសារតែ​ធនាគារ​ដើរតួ​នាទី​ក្នុង​ការ​ទូទាត់​ អ៊ីចឹង​សេដ្ឋកិច្ច​ឌីជីថល​សំខាន់ណាស់​ ហើយ​ចំពោះ​ខ្ញុំ​ ខ្ញុំ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ដែល​មាន​គោលនយោបាយ​នេះ​ និង​មានការ​ប្តេជ្ញា​ខ្ពស់​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ ឈាន​ពី​សេដ្ឋកិច្ច​ធម្មតា​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ ពីព្រោះ​វា​លឿន​ រហ័ស​ សុវត្ថិភាព​ អ៊ីចឹង​រដ្ឋាភិបាល​នឹង​គាំទ្រ​ផ្នែក​ច្បាប់​ ហើយ​យើង​ជា​វិស័យ​ឯកជន​ជា​អ្នកធ្វើ​ និង​អនុវត្ត​”។

    សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ជោគជ័យ​ និង​រីកចម្រើន​ដោយសារ​ពឹងផ្អែក​លើ​ការ​បើកចំហ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ការ​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ និង​កម្លាំង​ពលកម្ម​ដែល​មាន​ប្រាក់ឈ្នួល​ទាប​។ នេះ​បើ​តាម​លោកស្រី​ ELLEN​ GOLDSTEIN​ នាយិកា​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​។ លោកស្រី​ថ្លែង​ថា​ ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​រីកចម្រើន​លឿន​ ប៉ុន្តែ​ការ​កើនឡើង​នូវ​ប្រាក់ឈ្នួល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ពិបាក​ប្រកួតប្រជែង​ដោយសារ​កម្ពុជា​ផលិត​សម្ភារ​ ឬផលិតផល​ដែល​មានតម្លៃ​ទាប​ ដូចជា​ស្រូវ​ និង​សម្លៀកបំពាក់​ ផលិតផល​មិនទាន់​កែច្នៃ​ មិន​តែប៉ុណ្ណោះ​កម្ពុជា​ចាប់ផ្តើម​ទទួល​បាន​កាន់តែ​តិច​ទៅៗ​នូវ​ហិរញ្ញប្បទាន​ និង​ជំនួយ​សប្បុរសធម៌​ និង​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​រំពឹង​ថា​ នឹង​បាត់បង់​ជាយថាហេតុ​ ដូច្នេះ​កម្ពុជា​ត្រូវ​ស្វែងរក​មធ្យោបាយ​ថ្មី​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ដោយសារតែ​កម្ពុជា​នឹង​មិន​អាច​ពឹងពាក់​ទាំងស្រុង​លើ​មធ្យោបាយ​ដែល​ធ្លាប់​ជោគជ័យ​កាលពី​អតីតកាល​បានទេ​។

    លោកស្រី​បន្ត​ថា​ បច្ចេកវិទ្យា​ឌីជីថល​នឹង​ក្លាយជា​គ្រឹះ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​នូវ​មធ្យោបាយ​ថ្មី​ដើម្បី​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ ហើយ​នៅពេលអនាគត​ កម្ពុជា​ត្រូវតែ​បង្កើន​ និង​លើកកម្ពស់​សហគ្រិន​ក្នុង​ស្រុក​ និង​ប្រជាជន​ជាមួយនឹង​សមត្ថភាព​ និង​មាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ និង​ឌីជីថល​។

    លោកស្រី​ ELLEN​ GOLDSTEIN​ បញ្ជាក់​ថា​៖“ដើម្បី​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ត្រូវតែ​ដាក់​គោលដៅ​ និង​គោលនយោបាយ​ដើម្បី​ពង្រឹង​ឡើងវិញ​នូវ​មូលដ្ឋាន​គ្រឹះ​ដែល​អាច​សម្រេច​បាន​សេដ្ឋកិច្ច​ឌីជីថល​”។

    លោកស្រី​បាន​លើក​បង្ហាញ​នូវ​អាទិ​ភាព​ធំៗ​ចំនួន2​ ដែល​អាច​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​។ ទី1​ គឺ​បំពេញ​គម្លាត​ឌីជីថល​ដែល​តម្រូវ​ឱ្យ​អនុវត្ត​ និង​ធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​ ការចែក​រំលែក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​បើកចំហ​។ ទាំងអស់​នេះ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ជំនាញ​ឌីជីថល​។

    ទី2​ ដាក់ចេញ​នូវ​បរិយាកាស​អំណោយផល​ផ្នែក​ច្បាប់​ ដែល​រួមមាន​បទប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ ឯកជន​ភាព​ទិន្នន័យ​ សន្តិសុខ​ផ្នែក​បច្ចេកវិទ្យា​ និង​អុីន​ធើ​ណិ​តដើម្បី​បង្កើន​ភាព​ជឿ​ទុកចិត្ត​ពីសំណាក់​ប្រជាជន​ និង​វិស័យ​ឯកជន​ ដើម្បី​មាន​ចរន្ត​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ និង​ទី3​ គឺ​អភិវឌ្ឍ​ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ឌីជីថល​ឱ្យ​មានប្រសិទ្ធភាព​ ដែល​តម្រូវ​ឱ្យ​មានការ​ពង្រឹង​នូវ​ការសម្រប​សម្រួល​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ និង​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ព្រម​ជាមួយនឹង​ការសម្រប​ខ្លួន​ និង​ប្រើប្រាស់​ផ្លេត​ហ្វ​មផ្តល់​សេវា​តែមួយ​ និង​រួមគ្នា​។

    លោកស្រី​បន្ត​ថា​ ធនាគារពិភពលោក​នៅតែ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​គាំទ្រ​ រៀបចំ​ និង​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ តាមរយៈ​ការវិភាគ​ ផ្តល់​ប្រឹក្សា​យោបល់​ ព្រមទាំង​លើកឡើង​ពី​ហិរញ្ញប្បទាន​សម្រាប់​ការ​វិនិយោគ​ជាអាទិភាព​។

    ដោយឡែក​ ឯកឧត្ដម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​ ក៏បាន​គូសបញ្ជាក់​ដែរ​ថា​ បច្ចេកវិទ្យា​ឌីជីថល​ ដែល​ជាផ្នែក​មួយ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ កំពុងតែ​ក្លាយជា​កាតាលីករ​ថ្មី​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​ការចូលរួម​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាព​ការងារ​ ព្រមទាំង​ការ​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​អាច​ភ្ចាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​សកល​ ក៏ដូចជា​ស្វែងរក​ភាព​ច្នៃប្រឌិត​ក្នុង​ផលិតកម្ម​ទំនិញ​ និង​សេវាកម្ម​ផង​ដែរ​។

    ឯកឧត្ដម​បាន​មានប្រសាសន៍​បន្ត​ថា​៖“សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​លូតលាស់​។ កម្ពុជា​អាច​នឹង​ត្រូវការ​រយៈពេល​ 5ឆ្នាំ​ទៀត​ ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​ត្រឹមត្រូវ​គ្រប់ជ្រុងជ្រោយ​មួយ​ ឬ ដើម្បី​ត្រៀមខ្លួន​រួចរាល់​នូវ​ផ្នែក​ឌីជីថល​”។

    ឯកឧត្ដម​បញ្ជាក់​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​ និង​រឹង​ គឺជា​បុរេ​លក្ខខណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ក្របខណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​នានា​ ចាំបាច់​ត្រូវ​បាន​រៀបចំ​ដើម្បី​អាចប​ង្កើត​សេដ្ឋកិច្ច​ឌីជីថល​មួយ​ដែល​មាន​លក្ខណៈ​រឹងមាំ​ និង​ភាព​ចាំបាច់ក្នុង​ការ​ពង្រឹង​សមត្ថភាព​ និង​អក្ខរកម្ម​ឌីជីថល​ ដើម្បី​ទាញ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល​។ឯកឧត្តម​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា​៖“កម្ពុជា​ប្រាកដជា​អាច​សម្រប​ខ្លួន​នឹង​យុគសម័យ​ឌីជីថល​បាន​ ហើយ​ថែមទាំង​អាច​សម្រេច​បាន​យ៉ាង​ល្អ​ទៀតផង​”។

    ឯកឧត្ដម​បន្ត​ថា​ កម្ពុជា​មិន​មាន​គោលដៅ​ប្រែក្លាយ​ខ្លួន​ទៅជា​ ស៊ី​លី​ខុន​ វ៉ាល​ឡេយ៍​ (Silicon​ Valley​) ឬបង្កើត​ក្រុមហ៊ុន​ យូនី​ខន​ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​នោះ​ទេ​។ ផ្ទុយទៅវិញ​ ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ គឺ​បង្កើត​នូវ​បរិយាកាស​ឌីជីថល​មួយ​ប្រកប​ជវភាព​ និង​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ស្រុក​អាច​ភ្ចាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​តម្លៃ​សកល​នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​ និង​អាច​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ហា​និ​ភ័យ​ផ្សេង​ៗបាន​៕

  • ស៊ុយអែត​ផ្តល់ជំនួយ​ជិត $27ម៉ឺន​ដើម្បី​បន្តការងារ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា

    ស៊ុយអែត​ផ្តល់ជំនួយ​ជិត $27ម៉ឺន​ដើម្បី​បន្តការងារ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា

    រដ្ឋាភិបាល​ស៊ុយអែត តាមរយៈ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្តល់​ជំនួយឥតសំណង​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ប្រមាណ 2.5លាន​ក្រូ​អាត ឬ268,000ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ទីផ្សារការងារ​នៅ​កម្ពុជា។

    លោក Samuel Hurtig ប្រធាន​ផ្នែក​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​នៃ​ស្ថានទូត​ស៊ុយអែត​នៅ​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ការអប់រំ និង​ទីផ្សារការងារ​គឺជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ដទៃទៀត​របស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​នៅ​កម្ពុជា។ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌។ ចាប់តាំងពី​ឆ្នាំ 2014 មក​រដ្ឋាភិបាល​ស៊ុយអែត​បានផ្តល់​ថវិកា​គាំទ្រ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដើម្បី​បន្ត​ដោះស្រាយ​វិវាទ​ការងារ និង​លើកកម្ពស់​កិច្ចសន្ទនា​ក្នុង​គោលដៅ​រួមចំណែក​បង្កើត​បរិយាកាស​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា។

    លោក Samuel Hurtig បាន​និយាយថា៖ “ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គឺជា​តួអង្គ​យ៉ាង​មាន​សារៈសំខាន់​ក្នុងការ​រៀបចំ និង​ដោះស្រាយ​ទំនាស់​វិវាទ​ការងារ​នៅ​កម្ពុជា”។

    បើតាម​លោក Samuel Hurtig ការដោះស្រាយ​វិវាទ​ការងារ​ក្នុងសង្គម​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​គ្រប់​ប្រទេស​ទាំងអស់​មិន​ត្រឹមតែ​កម្ពុជា​នោះទេ ព្រោះ​ប្រទេស​ស៊ុយអែត​ក៏បាន​ចំណាយ​ពេលវេលា និង​ថវិកា​ជាច្រើន​ដើម្បី​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​រវាង​និយោជក និង​និយោជិត​មាន​ភាពរលូន សំដៅ​រួមគ្នា​ជំរុញឱ្យមាន​ភាពសុខដុមរមនា និង​សន្តិភាព​ក្នុង​ការធ្វើការងារ។ ប្រសិនបើភាគី​ទាំងអស់​ក្នុង​ទីផ្សារការងារ​មាន​ភាព​ស្រុះស្រួល​គ្នា​ទាំង​និយោជក និយោជិត សហជីព រួមទាំង​ដៃគូ​ពាក់ព័ន្ធ​នានា​ផ្សេងទៀត សេដ្ឋកិច្ច​នឹង​អាច​រីកលូតលាស់​បានល្អ​ប្រសើរ ហេតុនេះ​រដ្ឋាភិបាល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​គោលនយោបាយ​សំដៅ​បង្កើន​ការយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ឱ្យមាន​យន្ត​ការល្អ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ។

    មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ជា​ស្ថាប័ន​ដែល​លើកកម្ពស់​ឱ្យមាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​ការផ្តល់​ជា​វេទិកា​សម្រាប់​កម្មករនិយោជិត និង​និយោជក​នៅ​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​ចំពោះ​វិវាទ​ការងារ​ដែល​កើតមាន។ វិវាទ​ការងារ ត្រូវបាន​ដោះស្រាយ​ដោយផ្ទាល់ និង​ទាន់ពេលវេលា​ប្រកបដោយ​តម្លាភាព តាមរយៈ​ការធ្វើ​សវនាការ និង​ការចេញ​សេចក្តី​បង្គាប់​ដែលមាន​យុត្តិធម៌ តុល្យ​ភាព និងមាន​ហេតុផល យោងតាម​ច្បាប់។

    លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានលើកឡើង​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើរតួនាទី​យ៉ាងសំខាន់ និង​បំពេញ​កិច្ចការ​បានល្អ​ដោយ​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក។ មកដល់​ឆ្នាំ2018 ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានទទួល​សំណុំរឿង​ចុះបញ្ជី​ចំនួន 2,765ករណី ដែលមាន​កម្មករនិយោជិត​ពាក់ព័ន្ធ​ជាង 1លាន​នាក់។ ក្នុងចំណោម​សំណុំរឿង​ទាំងអស់នោះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​ប្រមាណ 73.20%។ ហេតុនេះ​ការផ្តល់​ជំនួយ​របស់​ប្រទេស​ស៊ុយអែត និង​ដៃគូ​ពាក់ព័ន្ធ​នានា​នៅពេលនេះ គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បន្ត​ដោះស្រាយ​វិវាទ​ការងារ​នៅកម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

    លោក ម៉ែន និម្មិត បាន​និយាយថា៖ “ចាប់តាំងពី​ឆ្នាំ 2014 មកដល់​បច្ចុប្បន្ននេះ ប្រទេស​ស៊ុយអែត​បាន​ផ្តល់ជំនួយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ប្រមាណ​ជាង 1.2លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​អភិបាលកិច្ច ទីផ្សារការងារ ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​វិស័យ​ឯកជន និង​ការអភិវឌ្ឍ​សង្គម​តាមរយៈ​ប្រព័ន្ធ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្តាល​ដែល​អាច​ជឿជាក់​បាន”។

    លោកជំទាវ សុវណ្ណ វណ្ណា​រ័តន៍ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ការបន្ត​រក្សា​ឱ្យបាន​នូវ​យន្តការ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​ភាព​សុខដុម គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញការ​អភិវឌ្ឍ ក៏ដូចជា​ការបង្កើន​ផលិតភាព​ក្នុង​សហគ្រាស និង​គ្រឹះស្ថាន​នានា​ឱ្យ​កាន់​តែមាន​ភាពរលូន​ទៅមុខ។ ដូចដែល​បានបញ្ជាក់​ហើយ​ថា​ការបង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បើទោះបីជា​បង្កើត​តាមច្បាប់​ការងារ និង​ជា​ផ្នែក​មួយ​នៃ​រាជរដ្ឋាភិបាល តែ​ស្ថាប័ន​នេះ​នៅតែ​រក្សាបាន​នូវ​ឯករាជភាព​របស់​ខ្លួន ដោយ​ក្នុងនោះ​យើង​បាន​បង្កើតជា​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែលជា​ស្ថាប័ន​ធានា​និរន្តរភាព​នៃ​ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។

    លោកជំទាវ សុវណ្ណ វណ្ណា​រ័តន៍៖ “បើទោះបីជា​​យើង​ឃើញថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជា​ស្ថាប័ន​សំខាន់​ដែល​សម្រេចបាន​នូវ​ភាព​អព្យាក្រឹត តម្លាភាព និង​ប្រសិទ្ធភាព តែ​យើង​ក៏មាន​បញ្ហា​ប្រឈម​ក្នុង​ការបន្ត​និរន្តរភាព​លើ​ការប្រើប្រាស់​មូលនិធិ​ដើម្បី​បន្ត​ដំណើរការ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល”។

    លោកជំទាវ បាន​បន្ថែម​ផងដែរ​ថា យើង​បាន​ជជែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ចូលរួមចំណែក​ជា​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​យ៉ាងសំខាន់​នេះ​ដើម្បី​ធានា​ឯករាជភាព និង​ប្រសិទ្ធភាព។ យើង​ក៏​ធ្លាប់​ទទួល​មតិ​ផងដែរ​ថា រាជរដ្ឋាភិបាល​មិនសូវ​យកចិត្តទុកដាក់​លើ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បន្តការងារ​រប​ស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តែ​ជាក់ស្តែង​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់​ថវិកា​ដល់​ក្រុមប្រឹក្សា​អា​ជ្ញ​កណ្តាល​ដោយមាន​ការឯកភាព​ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​នានា​ក្នុងការ​ទទួលផល​ប្រយោជន៍​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ។ យើង​បើកចំហ​សម្រាប់​ការពិភាក្សា ដើម្បី​រក​វិធី​យ៉ាងណា​ដើម្បី​បន្ត​និរន្តរភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ឱ្យបាន​នូវ​ចំណុច​សំខាន់​គឺ ឯករាជភាព​ក្នុងការ​ដោះស្រាយ​វិវាទ៕

  • Xioami ប្រកាសចេញកាស Bluetooth ស្រដៀងកាស AirPods ដែរ តែតម្លៃ 15$

    Xioami ប្រកាសចេញកាស Bluetooth ស្រដៀងកាស AirPods ដែរ តែតម្លៃ 15$

    Redmi AirDots ជា​ផលិត​ផល​កាស​ឥត​ខ្សែ​ជំនាន់1 របស់​ក្រុមហ៊ុន Xioami ​បាន​ប្រកាស​ចេញលក់​ជា​ផ្លូវការ​ហើយ។

    កាស Bluetooth ​នេះ​មាន​មុខងារ​ និង​អត្ថប្រយោជន៍​ជាច្រើន ​មិន​ចាញ់​កាស AirPods ​របស់ Apple ប៉ុន្មានឡើយ។ ​ជាង​នេះ​ទៀត រូបសណ្ឋាន និងរូប​រាង​ក៏​មានភាព​ស្រដៀង​គ្នា​ខ្លាំង​ផង​ដែរ។

    ​វាមាន​ថាមពល​ថ្ម 300មិល្លីអំពែរ​ម៉ោង អាច​ស្តាប់​ចម្រៀង​បាន 12ម៉ោង ​អាច​សាក​ភ្លើង​ក្នុង​ប្រអប់បាន​ពេញដោយ​ប្រើ​ពេល 2ម៉ោង។

    ចំពោះ​តម្លៃ​កាស Bluetooth ​ដ៏​តូច​ច្រឡឹង​នេះ​ គឺ 99.9យន់ ឬ​ប្រមាណ​ជា 15ដុល្លារ​ប៉ុណ្ណោះ​។ ​លោកអ្នក​អាច​រក​ទិញ​បាន​នៅលើ​វេបសាយ​ផ្លូវ​ការរបស់ Xioami (មាន​តែ​ពណ៌​ខ្មៅ​មួយ​គត់) និង​នៅ​​តាម​វេបសាយ​លក់រាយអនឡាញ​ធំៗ​ដូច​ជា Amazon, Aliexpress, Alibaba បាន​ហើយ៕

  • Black shark 2 ទូរស័ព្ទ Gaming ខ្លាំង ចេញជំនាន់ទី2 តម្លៃខ្ទង់ 500$

    Black shark 2 ទូរស័ព្ទ Gaming ខ្លាំង ចេញជំនាន់ទី2 តម្លៃខ្ទង់ 500$

    ស្មាតហ្វូន Gaming ​ម៉ូដែល Black Shark របស់​ក្រុមហ៊ុន Xioami ដែល​ទទួល​បាន​ជោគជ័យ​តាំង​ពី​ជំនាន់ទី1នោះ ​ពេល​នេះ​បាន​ប្រកាស​ចេញ​ជំនាន់ទី2 មួយ​ទៀត​ដែល​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ជាង​មុនទៅ​ទៀត។

    ស្មាតហ្វូន​ជំនាន់ទី2 នេះ​បំពាក់​ដោយ​អេក្រង់ AMOLED ទំហំ 6.39អ៊ិញ ​ជា​ប្រភេទ Sensative touch(ស្រួល​គ្រវាស​ដៃបញ្ជានៅ​ពេល​លេង​) ​​បំពាក់​ដោយ RAM 12GB ​និង​មេម៉ូរី 128GB។ ​

    Black Shark 2 ​ប្រើ​ឈីប Snapdragon 855 ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cooling 3.0 ​នៅ​ផ្នែក​ខាង​ក្រោយ។

    ឯ​ផ្នែក​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ ​48+ 12 ​មេហ្គាភិកសែល​ប្រភេទ ​AI Camera។ ​ឯ​កាមេរ៉ា​មុខ​ទំហំ 20-megapixel ក្នុង​កម្រិត Apeture f/2.0។ វា​មាន​ថាមពល​ថ្ម 4000មិល្លីអំពែរ។

    ​ចំពោះ​តម្លៃ​ដែលដាក់​លក់​នៅប្រទេស​ចិនក្នុង​ជម្រើស RAM  6GB+ Memory 128GB តម្លៃប្រមាណ 3,200 យន់ ឬ​ប្រមាណ​ជា US$ 475។ ឯ​​ជម្រើស RAM 12GB+ Memory 256GB តម្លៃប្រហែល​ 4,200 ឬUS$ 625៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 166

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 166

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/03/LRPN_166-Final-For-Web.pdf” force_dl=”1″]

  • ការសម្ពោធដាក់លក់ជាផ្លូវការស្បែកជើងម៉ូត YEEZY BOOST 350 V2 HYPERSPACE

    ការសម្ពោធដាក់លក់ជាផ្លូវការស្បែកជើងម៉ូត YEEZY BOOST 350 V2 HYPERSPACE

    ភ្នំពេញ៖ ព្រឹកថ្ងៃទី16 ខែមីនា ឆ្នាំ2019 ក្រុមហ៊ុន Adidas បានធ្វើការដាក់លក់ស្បែកជើងម៉ូត YEEZY BOOST 350 V2 HYPERSPACE ជាផ្លូវការនាវេលាម៉ោង 8ព្រឹក នៅហាង Adidas Store Cambodia សាខាផ្លូវព្រះសីហនុ។

    អតិថិជនដែលជា Fans របស់ Adidas​ – YEEZY BOOST 350 V2 HYPERSPACE  យ៉ាងច្រើនកុះករ បានតម្រង់ជួររងចាំចាប់តាំងពីយប់ថ្ងៃសុក្រ ទី15 ខែមីនា មុនការដាក់លក់ស្បែកជើង ប្រភេទ (HYPERSPACE) ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺស្បែកជើងប្រភេទនេះ មានលក់នៅក្នុងតំបន់មួយចំនូនដូចជា៖​ ទ្វីបអាហ្វ្រិក (Africa) អាស៊ីប៉ាស៊ីហ្វិ​ក (Asia Pacific) មជ្ឈិមបូព៌ា (ទhe Middle East) និងប្រទេសឥណ្ឌា (India)។

    ចំណុចពិសេសរបស់ YEEZY BOOST 350 V2 Hyperspace នេះ គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌ស ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមគ្នាតែមួយ(Monofilament) ដែលមានពណ៌សាច់ស្រាល រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។

    www.adidas.com/YEEZY
    FB – Adidas Cambodia Store
    Instagram – @adidascambodia_store

  • សង្គ្រាម​ពាណិជ្ជកម្ម​ ការប្រកួត​ប្រជែង​ និង​បដិវត្តន៍​ឧស្សាហកម្ម​ ជា​កត្តា​ប្រឈម​របស់​កម្ពុជា​

    សង្គ្រាម​ពាណិជ្ជកម្ម​ ការប្រកួត​ប្រជែង​ និង​បដិវត្តន៍​ឧស្សាហកម្ម​ ជា​កត្តា​ប្រឈម​របស់​កម្ពុជា​

    មួយរយៈពេល​ចុងក្រោយ​នេះ​ ទាំង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធនធានមនុស្ស​ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​កម្ពុជា​នៅ​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សំ​ខាន់​ៗទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​លើកឡើង​ថា​ កត្តា​ប្រឈម​ខាងក្រៅ​របស់​កម្ពុជា​មាន​ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​ ការប្រកួត​ប្រជែង​កាន់តែ​តឹងតែង​ និង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​ទោះជាយ៉ាងណា​ក្តី​ ក៏​កម្ពុជា​នៅ​អាច​មានលទ្ធភាព​ប្រកួតប្រជែង​តាមរយៈ​ការ​ដាក់ចេញ​នូវ​កម្មវិធី​នានា​ រួម​ទាំង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅលើ​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ដែល​មាន​សក្តា​នុ​ពល​ជាច្រើន​ក្នុង​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ និង​វិស័យ​ផ្សេងទៀត​ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ​ ដូចជា​អេឡិចត្រូនិក​ ការកែច្នៃ​ម្ហូបអាហារ​ សំណង់​ និង​អចលនទ្រព្យ​ កសិ​ឧស្សាហកម្ម​ និង​ទេសចរណ៍​ជាដើម​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ដោយ​ផ្អែកលើ​កត្តា​តម្រូវការ​ឧស្សាហកម្ម​ និង​តម្រូវការ​តាម​វិស័យ​ គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​។

    ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​កម្ពុជា​ ថ្មី​ៗនេះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ក៏បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ 87លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ដែល​មានឈ្មោះ​ថា​ ជំនាញ​ដើម្បី​ប្រកួតប្រជែង​ (S4C​) ដែល​មាន​រយៈពេល​ 5ឆ្នាំ​ ដែល​នឹង​អនុម័ត​នៅ​ខែមិថុនា​ និង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នា​ខែតុលា​ ឆ្នាំ2019​ រហូតដល់​ឆ្នាំ2023​។

    ក្រៅពី​គម្រោង​ដ៏​សំខាន់​នេះ​ ADB​ ក៏​កំពុង​សិក្សា​បន្ថែម​នូវ​ផែនការ​សកម្មភាព​ចំនួន​ 5ឆ្នាំ​របស់​ខ្លួន​ដើម្បី​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​ ដូចជា​បន្ត​ពង្រឹង​វិស័យ​បណ្តុះបណ្តាល​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ប្រាក់ឈ្នួល​អប្បបរមា​ សុវត្ថិភាព​ និង​សុខភាព​ការងារ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ទេ​សន្ត​ប្រវេសន៍​ការងារ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ និង​ការ​ធ្វើ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវា​សាធារណៈ​ និង​ស្វែងរក​មូលនិធិ​ជួយ​ធានា​ដល់​និរន្តរភាព​ និង​ឯករាជ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ជាដើម​៕

  • កសិករ​អំបិល​ផ្តើម​ផលិត​អំបិល​ដោយ​ក្តី​សង្ឃឹមថា​ ប្រមូល​ផល​បាន​ល្អ​ឡើងវិញ​ក្នុង​ឆ្នាំនេះ​

    កសិករ​អំបិល​ផ្តើម​ផលិត​អំបិល​ដោយ​ក្តី​សង្ឃឹមថា​ ប្រមូល​ផល​បាន​ល្អ​ឡើងវិញ​ក្នុង​ឆ្នាំនេះ​

    អ្នក​ផលិត​អំបិល​នៅក្នុង​ខេត្តកំពត​ និង​កែប​សង្ឃឹមថា​ នឹង​ប្រមូល​ផល​បាន​យ៉ាងហោចណាស់100,000តោន​នៅ​ឆ្នាំនេះ​ ដោយសារតែ​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​ នឹង​ធ្វើ​ឱ្យ​ការផលិត​អំបិល​អាច​ប្រព្រឹត្តទៅ​បាន​ល្អ​។

    លោក​ ប៊ុ​ន បារាំង​ អនុប្រធាន​សមាគម​អំបិល​ខេត្តកំពត​-កែប​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ កសិករ​អំបិល​បាន​នាំគ្នា​ត្រឡប់​មក​ផលិត​អំបិល​វិញ​ហើយ​ បន្ទាប់ពី​មាន​អាកាសធាតុ​អំណោយផល​ មាន​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់​។ ប្រសិនបើ​អាកាសធាតុ​ល្អ​(មាន​កំ​ដៅ​ថ្ងៃ​ខ្លាំង​)សមាគម​នឹង​ផលិត​អំបិល​បាន​ប្រហែលជា​ 100,000តោន​ក្នុង​ឆ្នាំនេះ​។ លោក​បន្ត​ថា​៖ “បើ​អាកាសធាតុ​ដូចនេះ​ រហូតដល់​ខែឧសភា​ ឬខែមិថុនា​ យើង​រំពឹង​ថា​ នឹង​ផលិត​អំបិល​បាន​ប្រមាណ​ 100,000តោន​”។

    លោក ប៊ុន បារាំង អនុប្រធាន​សមាគម​អំ​បិ​ល​ ខេត្តកំពត-កែប​

    លោក​ បារាំង​ មានប្រសាសន៍​ថា​ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ផ្ទុយគ្នា​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំមុន​នៅពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​កសិករ​ចាកចេញ​ពី​ការងារ​ និង​ជំរុញ​ឱ្យ​សមាគម​អំបិល​យើង​ទៅចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ដើម្បី​នាំចូល​អំបិល​ 30,000តោន​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ ហើយ​អំបិលដែល​ទទួល​បាន​ពី​ប្រទេស​ចិន​ត្រូវ​បាន​ចែកចាយ​ទៅ​ឱ្យ​អ្នកផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​រួចរាល់​អស់ហើយ​។

    លោក​អនុប្រធាន​សមាគម​ បាន​សម្តែង​ការ​សោក​ស្តាយ​ថា​ អំបិល​ចិន​ 1តោន​មានតម្លៃ​ 135​ ដុល្លារ​ ប៉ុន្តែ​យើង​លក់​ឱ្យ​អតិថិជន​ក្នុង​ស្រុក​បាន​ត្រឹមតែ​ 100ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1តោន​ ដូច្នេះ​ទើប​យើង​នាំចូល​អំបិល​ចិន​មក​ត្រឹមតែ​ 1ម៉ឺន​តោន​សិន​ នៅសល់​ 2ម៉ឺន​តោន​ទៀត​ យើង​បាន​ពន្យារពេល​ ដោយសារ​កសិករ​ផលិត​អំបិល​យើង​ចាប់ផ្ដើម​បន្តដំណើរ​ការផលិត​កម្ម​វិញ​ហើយ​។លោក​បាន​ថ្លែង​ថា​៖ “យើង​កំពុង​ព្យួរ​ការនាំចូល​ពី​ប្រទេស​ចិន​មួយរយៈពេល​សិន​ ព្រោះ​ឥឡូវនេះ​យើង​អាច​ផលិត​អំបិល​ឡើងវិញ​ហើយ​។ យើង​នឹង​នាំចូល​អំបិល​ចិន​ 20.000តោន​ដែល​នៅសល់​នោះ​ ប្រសិនបើ​ផលិតកម្ម​ក្នុង​ស្រុក​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​”។

    លោក​បាន​ថ្លែង​បន្ត​ថា​ វិស័យ​នេះ​កំពុង​ដោះស្រាយ​កង្វះខាត​កម្លាំង​ពលកម្ម​ ដោយ​កម្លាំង​ពលកម្ម​តាម​បែប​ប្រពៃណី​បាន​ផ្លាស់​ប្តូរ​ពី​តំបន់ជនបទ​ ទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​ ឬធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​។

    លោក​ បារាំង​ បាន​មានប្រសាសន៍​ថា​៖“សមាគម​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គាំទ្រ​ការ​អភិវឌ្ឍ​វិធីសាស្ត្រ​ផលិត​អំបិល​ថ្មី​ ដូចជា​ការរុករក​រ៉ែ​ដែល​ពាក់ព័ន្ធ​នឹង​អំបិល​ ដោយ​អំពាវនាវ​ឱ្យ​ក្រសួង​បញ្ជូន​អ្នកជំនាញ​ខាង​រ៉ែ​ និង​អំបិល​មក​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ​សមាគម​។ ខ្ញុំ​បាន​ផ្ញើ​សំណើ​ទៅ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​រួចហើយ​លើ​បញ្ហា​នេះ​ តែ​យើង​មិនទាន់​ទទួល​បានការ​ឆ្លើយតប​នៅ​ឡើយ​ទ”។

    ឯកឧត្តម​ អ៊ុំ​ សុ​ថា​ អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ កម្ពុជា​គ្មាន​ផែនការ​អនុវត្ត​វិធីសាស្ត្រ​ផ្សេង​ណា​សម្រាប់​ការផលិត​អំបិល​ទេ​។ លោក​បាន​បន្ត​ថា​ វិធីសាស្ត្រ​បច្ចុប្បន្ន​ដែល​មាន​មូលដ្ឋាន​លើ​ការ​បូមទឹក​ប្រៃ​ទៅ​ដាក់​ក្នុង​វាលស្រែ​ និង​ធ្វើ​ឱ្យ​ទឹក​ហួត​ទៅតាម​លក្ខណៈ​ធម្មជាតិ​ គឺ​វា​មានប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​អំបិល​របស់​យើង​ហើយ​។

    ឯកឧត្តម​ សុ​ថា​ បាន​មានប្រសាសន៍​ថា​៖ “យើង​បាន​ប្រាប់​ពួកគេ​ថា​ វា​សំខាន់ណាស់​ក្នុង​ការ​ពង្រឹង​សមាគម​របស់​ពួកគេ​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ដោយ​ក្រសួង​កំពុង​រៀបចំ​សំណើសុំ​បន្ត​ការលើកលែង​ពន្ធ​លើ​ផលិតកម្ម​អំបិល​។ បច្ចុប្បន្ន​ទីផ្សារ​ក្នុង​ស្រុក​ ទាមទារ​ការផលិត​អំបិល​ឱ្យ​បាន​ពី​ 80.000​ ទៅ​ 100.000​ តោន​ក្នុង​មួយឆ្នាំ​”។

    យោង​តាម​សមាគម​អំបិល​បានឱ្យ​ដឹង​ថា​ អំបិល​ចំនួន​ 50គីឡូក្រាម​ឥឡូវនេះ​មានតម្លៃ18,000រៀល​(4,5ដុល្លារ​)ក្នុង​ទីផ្សារ​ក្នុង​ស្រុក​។ បច្ចុប្បន្ន​មាន​ដី​ទំហំ​ 4,657ហិ​កតា​សម្រាប់​ការ​ប្រមូល​ផល​អំបិល​ក្នុង​ប្រទេស​កម្ពុជា​ និង​មាន​កសិករ​ចំនួន​ 200នាក់​កំពុងធ្វើការ​ងារ​នេះ​។ អំបិល​ត្រូវ​បាន​ផលិត​ភាគច្រើន​នៅ​ខេត្ត​កែប​ និង​កំពត​។

    រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​បង្គាប់​មួយ​កាលពី​ចុងឆ្នាំ2018​ ដោយ​ជំរុញ​ឱ្យ​កសិករ​ដាំ​ និង​ប្រមូល​ផល​ស្រូវ​បានតែ​ម្ដង​ក្នុង​រដូវប្រាំង​នៅ​ឆ្នាំនេះ​ ដោយសារតែ​បញ្ហា​កង្វះ​ទឹក​។

    នៅក្នុង​បទបញ្ជា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ បាតុភូត​អាកាសធាតុ​អែ​លនី​ណូ​ នឹង​ធ្វើ​ឱ្យ​មាន​អាកាសធាតុ​មិន​ប្រក្រតី​នៅ​កម្ពុជា​ ដោយ​សីតុណ្ហភាព​នឹង​ឡើង​ខ្ពស់​រហូតដល់​ 42អង្សា​សេ​ និង​មាន​ភ្លៀង​តិចតួច​ក្នុង​ខែមេសា​ និង​ខែឧសភា​។

    តាមរយៈ​អាកាសធាតុ​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​នេះ​ ជាអំណោយ​ផល​សម្រាប់​កសិករ​ផលិត​អំបិល​កម្ពុជា​។ ក្នុង​ខែមីនា​នេះ​ជារ​ដូវ​ប្រាំង​ រាំងភ្លៀង​ កម្មករ​ស្រែអំបិល​យើង​អាច​ចាប់ផ្ដើម​ធ្វើ​អំបិល​បាន​។ ជា​ឱកាស​ និង​ប្រយោជន៍​ក្នុង​ការផលិត​អំបិល​របស់​យើង​។

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​ បាន​មានប្រសាសន៍​ថា​៖ “សង្ឃឹមថា​ នៅ​ឆ្នាំ2019នេះ​ការផលិត​អំបិល​ខេត្តកំពត​នឹង​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ប្រើប្រាស់​គ្រប់គ្រាន់​ ដោយសារតែ​ការ​ព្យាករ​អាកាសធាតុ​ឆ្នាំនេះ​ មាន​ភ្ញៀវ​ធ្លាក់​តិច​។ ខណៈ​ដែល​កាលពី​ឆ្នាំ2018​ កម្ពុជា​ជួប​បញ្ហា​ខ្វះ​អំបិល​ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ ដូច្នេះ​ឆ្នាំនេះ​ អំបិល​របស់​យើង​ប្រហែលជា​មិន​មាន​បញ្ហា​នោះ​ទេ​ ដោយសារ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ និង​រដូវភ្លៀង​មកដល់​យឺត​ ដូច្នេះ​ការផលិត​អំបិល​របស់​យើង​ដើម្បី​ផ្គត់ផ្គង់​ទូទាំង​ប្រទេស​ គឺ​មិន​មាន​បញ្ហា​នោះ​ទេ​”៕

  • Bencic ទៅវគ្គ 1/2 ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Indian Wells

    Bencic ទៅវគ្គ 1/2 ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Indian Wells

    កីឡា​ការិនី​វាយកូន​បាល់ Belinda Bencic បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយផ្សេង​ទៀត តាម​រយៈ​ការ​ទម្លាក់​កីឡា​ការិនី​ចំណាត់​ថ្នាក់​លេខ​5​ ក្នុង​ពិភព​លោក Karolina Pliskova ក្នុងលទ្ធ​ផល 6-3 4-6 និង​6-3 កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឈាន​ទៅ​​កាន់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​​នៃ​ព្រឹត្តិការណ៍ BNP Paribas Open ក្នុង​ការ​ប្រកួត Indian Wells​។

    កីឡា​ការិនី​សញ្ជាតិ​ស្វ៊ីស​វ័យ​ 22ឆ្នាំ​ដែលធ្លាប់បាន​ទម្លាក់​កីឡា​ការិនីចំណាត់ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក ម្ចាស់​​ការ​ពារ​តំណែង​ជើង Naomi Osaka របស់​ជប៉ុន កាលពីថ្ងៃ​អង្គាររួចមកហើយនោះ បាន​​វាយ​សេវា​យ៉ាងល្អ​ដែល​ធ្វើ​ឱ្យ Pliskova មិន​អាច​វាយ​ត្រឡប់​ទៅវិញបាន ដើម្បី​បំពេញ​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​នៃរដ្ឋ California តែម្តង​។

    Bencic គួរ​តែ​អាច​ជួប​ការ​ប្រកួត​​​ងាយ​ស្រួល​ជាង​នេះ នៅ​ពេល​ជួប​ជាមួយ​នឹងកីឡា​ការិនី​សញ្ជាតិ​ឆែក​រូបនេះ ប៉ុន្តែ​នាងបាន​ខ្ជះ​ខ្ជាយ​ឱកាសល្អ​​ដល់​ 4លើក ក្នុង​ចំណោម​ឱកាសល្អ​នៃការ​រក​ពិន្ទុ​កាត់​សេចក្តី​ចំនួន​ 16​លើក​។

    ប៉ុន្តែ​ កីឡា​​ការិនី​រូបនេះ​បាន​ទប់​ទល់​យ៉ាងល្អ​ទៅ​នឹង​ការ​វាយ​​សេវា​ដ៏ខ្លាំង​របស់​ Pliskova ខណៈ​ដែល​នាង​បាន​កត់ត្រា​ជ័យជម្នះ​ជាលើក​ទី​12 ​របស់​នាង​ បើ​គិត​ចាប់​តាំងពី​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងព្រឹត្តិការណ៍ Dubai Duty Free Tennis Championships កាលពី​ខែមុន​។

    ទាក់​ទង​នឹង​Pliskova ដែល​ជា​មិត្ត​ភ័ក្តិ និង​ជា​ដៃគូ​​ហ្វឹកហាត់​របស់​ខ្លួន​ កីឡា​ការិនី ​Bencic បាន​ឱ្យ​ដឹង​ថា៖ «គាត់​ដឹង​ថា គាត់​អាច​វាយ​សេវា​យ៉ាងខ្លាំង និង​លេង​បាន​យ៉ាងល្អ​។ ពិតណាស់ ផែន​ការ​របស់​ខ្ញុំ​គឺ​ការ​ព្យា​យាម​ធ្វើ​ឱ្យ​គាត់​មានការ​លំបាក​ និង​ព្យា​យាម​ការ​ពារ​ឱ្យ​បាន​ល្អ ក៏ដូច​ជា​ព្យា​យាម​​គ្រប់គ្រង នៅពេល​ដែល​ខ្ញុំ​​មាន​ឱកាស​»​៕

  • Aubameyang សង្គ្រោះ Arsenal ខណៈ Chelsea លត់ Dynamo Kiev យ៉ាងដំណំ

    Aubameyang សង្គ្រោះ Arsenal ខណៈ Chelsea លត់ Dynamo Kiev យ៉ាងដំណំ

    Arsenal បាន​ឈាន​ទៅ​វគ្គ​ 1/4 ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ​អឺ​រ៉ុប តាម​រយៈ​​​ការ​ស្រោច​ស្រង់​ពីការ​ចាញ់​ឡើងវិញក្នុង​ការ​ប្រកួត​ជើង​ទី​​1 3-1 ដើម្បី​ផ្តួល​ក្រុម Rennes ក្នុងលទ្ធផល 3-0 និង​ឈាន​ទៅ​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League នា​កីឡដ្ឋាន Emirates កាលពីថ្ងៃព្រហស្បតិ៍​​។

    ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​ ហើយ​ក៏​បាន​ជួយ​ឱ្យ Ainsley Maitland-Niles រក​បាន​គ្រាប់​បាល់​ផងដែរ ខណៈ​ដែលក្រុម Arsenal បាន​ចូលរួម​ជា​មួយ​នឹងក្រុម Chelsea ក្នុង​ការ​ចាប់​ឆ្នោត​​​នៅ​ថ្ងៃ​សុក្រ​នេះ សម្រាប់​ការ​ប្រកួត​វគ្គ​ 8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League​។

    ជ័យ​ជម្នះនេះ បានកើត​ឡើង ក្រោយពី​ក្រុម Liverpool, Manchester City, Manchester United និងTottenham សុទ្ធ​សឹង​បាន​ឈាន​ទៅដល់​វគ្គ​ 8ក្រុម​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League​​​។

    ការ​ឈ្នះពានក្រប​ខ័ណ្ឌ Europa League នឹង​ជួយ​ឱ្យក្រុម Arsenal មាន​សុវត្ថិ​ភាព​ក្នុង​ការ​ឈ្នះកៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League ប្រសិន​បើ​ពួក​គេ​ខក​ខាន​ក្នុង​ការ​ប្រជែង​ដណ្តើម​លេខ​4 នៅ​លើតារាង Premier League​។

    ប៉ុន្តែ លោក​គ្រូបង្វឹក​នៃក្រុម​កាំភ្លើង​ធំ Unai Emery ដែល​បាន​ឈ្នះពាន Europa League 3លើក​ក្នុង​នាម​ជាគ្រូបង្វឹក Sevillaនោះ ក៏​ចង់​បាន​​ពាន​មួយក្នុង​រដូវកាល​ទី​1 ​របស់​​លោក​ក្នុងនាម​ជាគ្រូបង្វឹក​ផងដែរ​។

    គ្រូបង្វឹក​សញ្ជាតិ​​អេ​ស្ប៉ាញ​​រូបនេះ​បាន​ឱ្យ​ដឹងថា៖ «វា​មិន​មែន​ត្រឹម​តែ​អាច​ជួយ​ឱ្យ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត Champions League ប៉ុណ្ណោះទេ  ប៉ុន្តែវា​ក៏​ជា​ពាន​មួយ​ផងដែរ ហើយ​យើង​អាច​មានអារម្មណ៍​ថា អាច​នឹងឈ្នះ​បានពាន​ 1​ទៀត​»​។

    ស្រប​ពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ ខណៈ​ដែលក្រុម Chelsea បាន​ឈាន​​ទៅ​វគ្គ ​8​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​ 2​ជើង​លើ​ក្រុម Dynamo Kiev ក្នុងលទ្ធផល 8-០​​៕