Author: ធឿន មករា

  • ចង់​ក្លាយជា​អ្នក​ច្នៃ​បង្កើត​របស់​ថ្មី​ៗ ចាំបាច់​ត្រូវ​ចេះ​ស្រឡាញ់​បញ្ហា​

    ចង់​ក្លាយជា​អ្នក​ច្នៃ​បង្កើត​របស់​ថ្មី​ៗ ចាំបាច់​ត្រូវ​ចេះ​ស្រឡាញ់​បញ្ហា​

    ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ មនុស្ស​ក្នុង​ពិភពលោក​កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ទាំង​រឿង​អវិជ្ជមាន​ និង​វិជ្ជមាន​។ ការប្រកួត​ប្រជែង​អវិជ្ជមាន​ គឺ​ការប្រកួត​ប្រជែង​ខាង​ឥទ្ធិពល​ និង​សព្វាវុធ​ជាដើម​ តែ​ការប្រកួត​ប្រជែង​បែប​វិជ្ជមាន​ ភាគច្រើន​ជា​ការប្រកួត​ប្រជែង​ខាង​ស្នាដៃ​ដែល​កើត​ចេញពី​ភាព​ច្នៃប្រឌិត​ របស់​ធនធានមនុស្ស​នៅក្នុង​ប្រទេស​នោះ​ ដើម្បី​បង្កើត​ជា​ផលិតផល​បច្ចេកវិទ្យា​ និង​ផលិតផល​ថ្មី​ ឬនវានុវត្តន៍​ជា​ច្រើន​ផ្សេង​ៗទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​។

    លោក​ ហាវ​ គង់​ងី​ សហ​ស្ថាបនិក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​ បាន​លើកឡើង​ថា​ បញ្ហា​គឺជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ឱ្យ​មាន​ភាព​ច្នៃប្រឌិត​ ហេតុនេះ​មិន​គួរ​មើល​រំលង​ ឬគេច​ចេញពី​បញ្ហា​នោះ​ទេ​ តែ​គួរ​យកចិត្ត​ទុកដាក់​ដោយ​ប្រើប្រាស់​បញ្ហា​ជា​ចំណុច​គោល​ក្នុង​ការ​ដោះស្រាយ​ដោយ​សមត្ថភាព​ដើម្បី​ការ​ច្នៃប្រឌិត​របស់​យើង​ផ្ទាល់​។ លោក​បាន​លើកឡើង​ផង​ដែរ​ថា​ អ្នក​ដែល​មើលឃើញ​ពី​បញ្ហា​ច្រើន​ នោះ​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ព្យាយាម​ស្វែងរក​សមិទ្ធ​ផល​ថ្មី​ៗដែល​មានតម្លៃ​សម្រាប់​មនុស្ស​បាន​ច្រើន​ដែរ​ ព្រោះ​របស់​សំខាន់​ គឺជា​របស់​ដែលគេ​ត្រូវការ​ហេតុនេះ​ស្រប​ពេល​ដែល​មនុស្ស​ត្រូវការ​ដំណោះស្រាយ​ ហើយ​យើង​អាច​ប្រើប្រាស់​ចំណេះដឹង​របស់​យើង​ទៅ​ដោះស្រាយ​បាន​ នោះ​មានន័យថា​ យើង​អាចប​ង្កើត​ស្នាដៃ​ដែល​មានតម្លៃ​បាន​ហើយ​។

    លោក​ ហាវ​ គង់​ងី​ បាន​និយាយ​ថា​៖ “គ្មានអ្វី​ដែល​ថា​ មនុស្ស​ធ្វើ​មិនបាន​នោះ​ទេ​ ហេតុនេះ​យើង​គួរតែ​សាកល្បង​ស្វែងរក​បញ្ហា​នានា​ដែល​កើតឡើង​ក្នុង​សង្គម​ ហើយដែល​មិនទាន់​ត្រូវ​បាន​គេ​ដោះស្រាយ​ ដើម្បី​យក​មក​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ និង​បង្កើត​សមិទ្ធផល​ដើម្បី​ដោះស្រាយ​វា​”។

    លោក​ គង់​ងី​ បាន​លើកឡើង​ផង​ដែរ​ថា​ កុំ​បារម្ភ​ពេក​ថា​ យើង​មើលឃើញ​បញ្ហា​ហើយ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វា​នោះ​ ឱ្យ​តែ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ ហើយ​បន្ត​ស្រាវជ្រាវ​ឱ្យ​កាន់តែ​លម្អិត​ នោះ​យើង​នឹង​រក​ឃើញ​ផ្លូវ​ជាច្រើន​ដើម្បី​ធ្វើ​វា​ហើយ​វិធីសាស្ត្រ​ដោះស្រាយ​ដើម្បី​សម្រេចការ​ងារ​នោះ​នឹង​លេចចេញ​មកតាមក្រោយ​មិនខាន​។ កាលណា​យើង​ចង់​សម្រេច​គោលដៅ​បង្កើត​របស់​ថ្មី​មួយ​ ច្បាស់​ណាស់​ វា​តែងតែមាន​បញ្ហា​តូច​ៗជាច្រើន​ដែល​ទាមទារ​ឱ្យ​យើង​ដោះស្រាយ​ តែ​ប្រសិនបើ​យើង​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​ឈានជើង​បន្តិច​ម្តង​ៗដើម្បី​សម្រេច​បាន​ស្នាដៃ​ថ្មី​ជាមិនខាន​។

    លោក​ ជិម​ មិនា​ សហ​ស្ថាបនិក​ SmartBin​ Cambodia​ បាន​លើកឡើង​ថា​ អ្នក​ដែល​រក​ឃើញ​បញ្ហា​ល្អ​ជាងគេ​ អាច​ជា​អ្នក​ដែល​មានឱកាស​ល្អ​ក្នុង​ការបង្កើត​ស្នាដៃ​ល្អ​ដូចគ្នា​។ ពេលខ្លះ​បញ្ហា​មិន​ចាំបាច់​ធំ​ពេក​នោះ​ទេ​ តែ​វា​ជា​បញ្ហា​ដែល​មនុស្សជា​ច្រើន​មិនសូវ​ចាប់អារម្មណ៍​ ឬដោះស្រាយ​មិនបាន​ក្នុងរយៈពេល​យូរ​មក​ហើយ​ជាដើម​។ មាន​បញ្ហា​ខ្លះ​ជា​រឿង​កំប៉ិកកំប៉ុក​ តែ​វា​អាច​ផ្តល់​ផល​អវិជ្ជមាន​ខ្លាំង​ដល់​សង្គម​ ប្រសិនបើ​មិនបាន​ដោះស្រាយ​ ហេតុនេះ​ប្រសិនបើ​យើង​អាច​ចាប់​ឱកាស​ក្នុង​ការ​ដោះស្រាយ​វា​បាន​ នោះ​យើង​នឹងអាច​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ភ្ញាក់ផ្អើល​ ហើយ​ថែមទាំង​អាច​ជួយ​សង្គម​បាន​ទៀតផង​។

    លោក​ ជិម​ មិនា​ បាន​និយាយ​ថា​៖ “សម្រាប់​ក្រុម​យើងខ្ញុំ​ គឺ​បង្កើត​បច្ចេកវិទ្យា​គ្រប់គ្រង​សំរាម​។ តាមពិត​រឿង​សំរាម​មិនមែន​ជា​រឿង​ថ្មី​ ឬរឿង​ដែល​មនុស្ស​មិនសូវ​ជួប​នោះ​ទេ​ តែ​វា​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ ព្រោះ​បើ​មិន​អាច​ដោះស្រាយ​បានទេ​វា​នឹង​បង្ក​ជា​ឧបសគ្គ​ជាច្រើន​ដល់​ការ​អភិវឌ្ឍ​សង្គម​”។

    អ្នកជំនាញ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​មើលឃើញ​ពី​បញ្ហា​ក្នុង​ការគ្រប់គ្រង​សំរាម​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ពួក​លោក​មាន​មូលដ្ឋាន​ និង​គោលដៅ​មួយ​ច្បាស់លាស់​ ដើម្បី​ប្រមូល​ផ្តុំគ្នា​ដោះស្រាយ​ទៅតាម​ជំនាញ​។ សម្រាប់​អ្នក​បច្ចេកវិទ្យា​គាត់​គិត​បែប​បច្ចេកវិទ្យា​ ហើយ​អ្នកស្រាវជ្រាវ​ គាត់​គិត​តាម​បែប​ស្រាវជ្រាវ​ ហើយ​អ្នក​ទីផ្សារ​គាត់​រៀបចំ​ការ​បង្ហាញ​តាមវិធី​របស់​គាត់​ រហូតដល់​លទ្ធផល​ចុងក្រោយ​ យើង​អាច​រួមគ្នា​បង្កើត​ធុងសំរាម​ឆ្លាតវៃ​មួយ​។ ហេតុនេះ​ប្រសិនបើ​គ្មាន​បញ្ហា​ នោះ​ពួក​យើង​ក៏​មិន​អាចប​ង្កើត​បាន​ជា​ផលិតផល​ថ្មីនេះ​ឡើង​ដែរ​។ នៅពេល​ដែល​យើង​តាំងចិត្ត​ថា​ ចង់​បង្កើត​អ្វីមួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ហើយ​នោះ​ យើង​នឹង​ក្លាយជា​មនុស្ស​ស្រឡាញ់​បញ្ហា​ ហើយ​ចង់​ដោះស្រាយ​វា​ ដោយ​មិន​ខ្លាច​បញ្ហា​នោះ​ឡើយ​៕

  • រើស​ជំនាញ​ត្រូវ​ ជា​កូនសោ​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​សកលលោក​នៅ​ថ្ងៃ​អនាគត​

    រើស​ជំនាញ​ត្រូវ​ ជា​កូនសោ​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​សកលលោក​នៅ​ថ្ងៃ​អនាគត​

    ការ​ជ្រើសរើស​ជំនាញ​សិក្សា​ ជា​កូនសោ​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​បំផុស​សក្តា​នុ​ពល​ដែល​មានស្រាប់​ឱ្យ​កាន់តែ​មាន​ឥទ្ធិពល​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវិត​ និង​សង្គម​នា​ថ្ងៃ​អនាគត​។ បច្ចុប្បន្ន​នេះ​ ការ​ធ្វើការងារ​មិនមែន​ប្រកួតប្រជែង​តែ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ តែ​ធនធានមនុស្ស​ទាំងអស់​ត្រូវ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សកល​ដ៏​ទូលំទូលាយ​ ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​។

    លោក​ អាំង​ ភារៈ​ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​នៃ​ទីភ្នាក់ងារ​ជាតិ​ និង​មុខរបរ​របស់ក្រ​សួង​ការងារ​ និង​បណ្តុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​អាជីព​ គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ​ ជាពិសេស​យុវជន​កម្ពុជា​ដែល​កំពុងតែ​មានការ​រីក​លូតលាស់​យ៉ាង​លឿន​សម្រាប់​ត្រៀមខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​។ នៅ​គ្រប់​ប្រទេស​ទាំងអស់​ មិនថា​ប្រទេស​អភិវឌ្ឍន៍​ ឬកំពុង​អភិវឌ្ឍន៍​នោះ​ទេ​ ការស្វែងរក​ជំនាញ​ដែល​ស្រប​នឹង​ចំណង់​ចំណូលចិត្ត​ និង​ទេពកោសល្យ​របស់​ខ្លួន​ជា​ចំណុច​ដែលគេ​យកចិត្ត​ទុកដាក់​ ព្រោះ​ប្រសិនបើ​ជ្រើសរើស​ជំនាញ​ខុស​ បណ្តាល​ឱ្យ​ខាតបង់​ពេលវេលា​ច្រើន​ដើម្បី​ស្វែងរក​សេចក្តី​សុខ​ពិតប្រាកដ​ក្នុង​ជីវិត​រស់នៅ​។

    លោក​ អាំង​ ភារៈ​ បាន​និយាយ​ថា​៖ “ខ្ញុំ​នៅចាំ​ពី​អ្នកគ្រូ​ខ្ញុំ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​ ដែល​គាត់​ធ្លាប់ធ្វើ​ជា​អ្នកគ្រប់គ្រង​ការងារ​សំខាន់​នៅក្នុង​ក្រុមហ៊ុន​មួយ​ ហើយ​នៅ​ជប៉ុន​មិនមែន​ជា​រឿង​ធម្មតា​ទេ​ដែល​បាន​ឈាន​ដល់​តំណែង​នេះ​ តែ​ចុងក្រោយ​គាត់​នៅតែ​សម្រេចចិត្ត​បោះបង់​ការងារ​នោះ​ចោល​ ហើយ​ងាក​មក​ធ្វើជា​គ្រូបង្រៀន​វិញ​។ នៅពេល​នោះ​គាត់​បាន​ប្រាប់​ថា​ គាត់ទើប​តែ​ស្គាល់​ខ្លួនឯង​នៅ​អាយុ​ជាង​ 40ឆ្នាំនេះ​ទេ​”។

    អ្នកជំនាញ​ផ្នែកការ​ងារ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ នៅពេល​ដែល​យើង​រក​ឃើញ​អ្វី​ដែល​យើង​ស្រឡាញ់​ពិតប្រាកដ​ យើង​នឹងអាច​ធ្វើការងារ​នោះ​ដោយ​មិន​នឿយហត់​ ដែល​ធ្វើ​ឱ្យ​ផលិតភាព​ការងារ​របស់​យើង​ក៏​កើន​ខ្ពស់ទៅ​តាម​នោះ​ដែរ​។ ពេលខ្លះ​មនុស្ស​សុខចិត្ត​បោះបង់​លុយដុំ​ មក​យក​លុយរាយ​វិញ​ ឱ្យ​តែ​សប្បាយចិត្ត​ជាមួយ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ហើយ​រស់​យ៉ាង​មានន័យ​ជាមួយ​អាជីព​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​អស់មួយជីវិត​។ ដើម្បី​កុំឱ្យ​ស្តាយក្រោយ​ យុវវ័យ​ចាំបាច់​ត្រូវ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​ខ្លួនឯង​ និង​ព័ត៌មាន​ជា​មូលដ្ឋាន​ជាច្រើន​ផ្សេងទៀត​ដើម្បី​សម្រេចចិត្ត​ឱ្យ​បាន​ច្បាស់​ពី​ជំនាញ​សម្រាប់​ជា​អាជីព​នៅ​ថ្ងៃ​អនាគត​។

    លោក​ តែ​ ឡាយ​ ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ យុវជន​កាលពី​សម័យមុន​ មិន​មានសំណាង​បាន​ស្វែងយល់​ពី​ការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​បែបនេះ​ទេ​ ការសម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជា​ គឺ​ភាគច្រើន​ដើរ​ដាក់ពាក្យ​តាម​សាកល​វិទ្យាល័យ​នានា​ដែល​ផ្តល់​ឱកាស​ ហើយ​ជ្រើសរើស​រៀន​សាលា​ណា​ដែល​ខ្លួន​ប្រឡងជាប់​។ ការសិក្សា​បែបនេះ​ ពេលខ្លះ​មិនបាន​ឆ្លើយតប​នឹង​ទេពកោសល្យ​ជាក់ស្តែង​របស់​មនុស្ស​ម្នា​ក់ៗ​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ធ្វើការងារ​ខុស​នឹង​ជំនាញ​ដែល​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​។ មាន​អ្នកខ្លះ​ទៀត​ដោយសារតែ​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ គាត់​ក៏​សម្រេចចិត្ត​សិក្សា​តាម​អាណាព្យាបាល​ ឬរៀន​តាម​គ្នា​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ក្នុង​សាកល​វិទ្យាល័យ​ ហើយ​ចេញ​មកវិញ​ក៏​មិន​អាច​ធ្វើការងារ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​បាន​ដែរ​។

    លោក​ តែ​ ឡាយ​ បាន​និយាយ​ថា​៖ “មនុស្ស​ម្នា​ក់ៗ​មាន​ទេពកោសល្យ​ពី​កំណើត​ដែល​អាច​ធ្វើ​ឱ្យ​យើង​ជោគជ័យ​ 50​% តែ​ចំពោះ​គំនិត​អប់រំ​វិញ​ គេ​បញ្ជាក់​ថា​ នៅ​មាន​មុំ​សំ​ខាន់​ៗចំនួន​ 3ទៀត​ គឺ​សាលារៀន​ គ្រួសារ​ និង​សង្គម​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​ពេញលេញ​”។

    លោក​ តែ​ ឡាយ​ បាន​លើកឡើង​ផង​ដែរ​ថា​ ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការ​ជ្រើសរើស​ជំនាញ​ និង​សារៈសំខាន់​នៃ​ភាគី​ពាក់ព័ន្ធ​នានា​ ទើប​សាលារៀន​វេស​ឡា​ញន៍​បាន​រៀបចំ​កម្មវិធី​តម្រង់​ទិស​អាជីព​ការងារ​ ដើម្បី​ជួយ​សិស្ស​ឱ្យ​បាន​យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ត្រូវ​សម្រាប់​សិក្សា​។ ការ​ជ្រើសរើស​ជំនាញ​ត្រូវ​ ធ្វើ​ឱ្យ​សិស្ស​ចំណេញពេលវេលា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ទាំង​អាជីព​ការងារ​ ក៏ដូចជា​អាជីវកម្ម​ដែល​ពួកគេ​នឹង​ចាប់​យក​នៅ​ថ្ងៃ​អនាគត​ដែរ​។

    ទន្ទឹម​នឹង​នោះ​ដែរ​ លោក​ ថុល​ រិទ្ធី​ សហ​ស្ថាបនិក​គម្ពីរ​ បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​ជំនាញ​ត្រូវ​ និង​យល់​ពី​ចរន្ត​របស់​ពិភពលោក​ ជា​វិធី​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​អាច​មានលទ្ធភាព​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ និង​អាច​មានឱកាស​ក្នុង​ការ​ដើរលឿន​ជាងគេ​នៅ​ថ្ងៃ​អនាគត​។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ក្រៅពី​ជំនាញ​គោល​នៅ​មហាវិទ្យាល័យ​ និង​ជំនាញ​ភាសា​នានា​ហើយ​នោះ​ ជំនាញ​បច្ចេកវិទ្យា​ក៏​ជា​ជំនាញ​មួយ​ដែល​យុវជន​ត្រូវ​ចាប់​យក​ ព្រោះ​គ្រប់មុខ​របរ​ទាំងអស់​នៅ​លើ​ពិភពលោក​ចាំបាច់​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​។ ហេតុនេះ​ការសិក្សា​បច្ចេក​វិទ្យា​ថ្មី​ៗស្រប​នឹង​ចរន្ត​របស់​ពិភពលោក​ ដូចជា​កម្មវិធី​ប្រភេទ​ Open​ sources​ ជាដើម​ជា​អ្វី​ដែល​យុវជន​ខ្មែរ​គួរ​ស្វែងយល់​ ព្រោះ​បច្ចុប្បន្ន​នេះ​បណ្តា​ប្រទេស​ជាច្រើន​មិនទាន់​ចាប់អារម្មណ៍​ខ្លាំង​នៅឡើយ​ទេ​ តែ​ខ្មែរយើង​ចាប់ផ្តើម​ផ្សព្វផ្សាយ​ និង​ជំរុញ​ឱ្យ​មានការ​សិក្សា​បន្តិច​ម្តង​ៗហើយ​។ នៅ​ថ្ងៃក្រោយ​ ពេល​ពិភពលោក​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​នេះ​ យុវជន​យើង​បច្ចុប្បន្ន​នេះ​អាច​ប្រើប្រាស់​បាន​រួចស្រេច​ មិន​ចាំបាច់​ខំ​ខ្លាំង​ដូច​បណ្តា​ប្រទេស​ផ្សេងទៀត​នោះ​ទេ​។

    លោក​ ថុល​ រិទ្ធី​ បាន​និយាយ​ថា​៖ “ការសម្រេច​ចិត្ត​ត្រូវ​ ធ្វើ​ឱ្យ​យើង​ចំណេញពេលវេលា​ និង​អភិវឌ្ឍ​សមត្ថភាព​បាន​លឿន​ ហើយ​អាច​រស់នៅ​ប្រកបដោយ​សេរីភាព​ទៀតផង​។ នៅពេល​ដែល​យើង​ជ្រើសរើស​ជំនាញ​ត្រូវ​ យើង​ធ្វើការ​ដោយ​ក្តី​ស្រឡាញ់​ នោះ​យើង​នឹង​មាន​សេរីភាព​ក្នុង​ការបង្កើត​ស្នាដៃ​ប្រកបដោយ​មោទនភាព​ ហើយ​យើង​ក៏អាច​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។ ប្រសិនបើ​យើង​មិន​មាន​សមត្ថភាព​ពិតប្រាកដ​ នោះ​យើង​នឹង​ធ្វើការងារ​ដើម្បី​តែ​បម្រើ​ ឬជា​ទាសករ​របស់​លុយ​តែប៉ុណ្ណោះ​”។

    អ្នកជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ យុវជន​កម្ពុជា​ជំនាន់​ថ្មី​ គួរ​ចាប់ផ្តើម​ស្វែងរក​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ឱ្យ​ឃើញ​ ហើយ​អភិវឌ្ឍ​ចំណុចខ្លាំង​នោះ​ឱ្យ​បាន​ល្អ​ដើម្បី​បន្ត​ចែករំលែក​ចំណេះដឹង​ និង​ដោះស្រាយ​បញ្ហា​សំខាន់​នានា​តាមរយៈ​សមត្ថភាព​ដែល​យើង​មាន​ទាំង​ផ្នែក​បច្ចេកវិទ្យា​ និង​ផ្នែក​ផ្សេង​ៗទៀត​៕

  • កម្មវិធី EDM ជាមួយនិងបទពិសោធន៍តន្រីដ៏អស្ចារ្យជាង ៣ ឆ្នាំក្នុងប្រទេសកម្ពុជា

    កម្មវិធី EDM ជាមួយនិងបទពិសោធន៍តន្រីដ៏អស្ចារ្យជាង ៣ ឆ្នាំក្នុងប្រទេសកម្ពុជា

    ក្នុងនាម​ជាអ្នក​ណែនាំតន្រ្តីអេឡិចត្រូនិចនិងឆាករាំខ្នាតធំ៣ឆ្នាំចុងក្រោយមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្រាបៀរ Heineken នឹង រៀបចំកម្មវិធីដ៏កគ្រើកលើកទី ៩ នៅថ្ងៃសៅរ៍​ ទី៣០​ ខែមិនា នៅ​សណ្ឋាគារកាំបូឌីយ៉ាណា។ ដើម្បីអបអរសាទរព្រឹត្តការណ៍ដ៏អស្ចារ្យនេះ យើងនាំគ្នាក្រឡេកមើលទៅគ្រប់ព្រឹត្តការណ៍ដែលមិនអាចបំភ្លេចបានក្នុងឆ្នាំ 2018។

    (ឌីជេ Dyro ចូលរួមសម្តែងក្នុងកម្មវិធី EDM Raveground 2.0 នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា)

    កម្មវិធី EDM Afterlife. ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី 27 ខែតុលាឆ្នាំ 2018
    Day of the Death គឺជាប្រធានបទនៃកម្មវិធី EDM afterlife ដែលមានការចូលរួមសម្តែងដោយលោក Mike Cervello មកពីទីក្រុង Amsterdam។ កម្មវិធី Afterlife គឺជាពិធីEDM ដែលទទួលបានជោគជ័យបំផុតរហូតមកដល់បច្ចប្បន្ននេះ។ ឌីជេមកពីតំបន់ផ្សេងទៀតរួមមាន Anima Project និងឌីជេដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។​ តោះមកមើលរូភាពមួយចំនួនកាលពីឆ្នាំទៅមិញ។

    កម្មវិធី EDM 3.2.1, ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី 31 ខែធ្នូឆ្នាំ 2018
    យើងបានរៀបចំកម្មវិធីឆ្លងឆ្នាំ 2018 ដោយមានការសម្តែងបាញ់កាំជ្រួចដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីឆ្លងឆ្នាំ EDM 3.2.1 មានការអញ្ជើញចូលរួមសម្តែងពីឌីជេ Pegboard Nerds, KAKU និងឌីជេក្នុងស្រុកផងដែរ។

    Raveground 2.0 នឹងត្រួសត្រាយផ្លូវសម្រាប់រៀបចំប្រារព្ធពិធីកាន់តែធំអស្ចារ្យ និងនាំមកឌីជេនិងសិល្បករលំដាប់ថ្នាក់លេខ១របស់ពិភពលោកមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។

    ឆ្នាំនេះ  ការរៀបចំអបអរកម្មវិធី EDM របស់ស្រាបៀរ Heineken លោកទី 9 នឹងកាន់តែអធិកអធម និងនាំមកនូវបទពិសោធជាច្រើនដែលមិនអាចបំភ្លេចបាន និងភាពភ្ញាក់ផ្អើលដែលនឹងផ្តល់ជូននៅយប់ថ្ងៃទី 30 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ។

    សំបុត្រមានលក់នៅសណ្ឋាគារកាំបូឌីយ៉ាណាសម្រាប់អតិថិជនដែលអញ្ជើញទៅផ្ទាល់ និងអ្នកចូលរួមកម្មវិធី។

     សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ។

     

  • សហគមន៍​ស្វាយទាប​ចំណេញ​ពី​ដំណាំ​បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​ខ្ទង់ម៉ឺន​ដុល្លារ​ក្នុង1ឆ្នាំ​

    សហគមន៍​ស្វាយទាប​ចំណេញ​ពី​ដំណាំ​បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​ខ្ទង់ម៉ឺន​ដុល្លារ​ក្នុង1ឆ្នាំ​

    ដំណាំ​បន្លែ​គ្រប់​ប្រភេទ​ត្រូវ​បាន​កសិករ​កម្ពុជា​នាំគ្នា​ដាំ​ដើម្បី​ស្វែងរក​តម្លៃ​លក់​ក្នុង​ទីផ្សារ​ឱ្យ​បាន​ល្អ​ប្រសើរ​ និង​សម្រាប់​ការ​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​របស់​ខ្លួន​ផង​ដែរ​ ប៉ុន្តែ​ដំណាំ​បន្លែ​ទាំងនោះ​ច្រើនតែ​ផ្តល់​ទៅតាម​រដូវ​កាល​របស់​វា​ ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​មិន​ស្ថិតស្ថេរ​ទៅតាម​នោះ​ដែរ​ ទើប​ធ្វើ​ឱ្យ​បន្លែ​មួយចំនួន​បាន​ទទួលបរាជ័យ​(ជន់​ច្រើន​លើ​ទីផ្សារ​លក់​មិន​ចេញ​) ឬលក់​មិនបាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ ធ្វើ​ឱ្យ​សហគមន៍​កសិករ​មួយចំនួន​តែង​ស្វែងរក​ដំណាំ​បន្លែ​ណា​ដែល​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​ទីផ្សារ​ផង​(លក់​បាន​ថ្លៃ​)និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នក​បរិភោគ​ផង​។

    ហេតុដូច្នេះ​ហើយ​ទើប​គេ​សង្កេតឃើញ​ដំណាំ​បន្លែ​មួយចំនួន​មានការ​ពេញនិយម​ផលិត​ ដូចជា​ស្ពៃ​ក្តោប​ ស្ពៃចង្កឹះ​ សាលាដ​ ខាត់ណា​ ស្ពៃ​តឿ​ ស្ពៃក្រញាញ់​ និង​បន្លែ​ជាច្រើន​មុខ​ទៀត​ដែល​សុទ្ធតែ​ជាដំណាំ​បន្លែ​ដែល​ងាយស្រួល​ដាំ​ត្រូវ​បាន​កសិករ​ជាច្រើន​នាំគ្នា​ដាំដុះ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

    ដោយឡែក​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​ ដែល​ជាដំណាំ​បន្លែ​ក្នុងចំណោម​ដំណាំ​បន្លែ​ជាច្រើន​មុខ​នោះ​ ជាដំណាំ​ប្រភេទ​ងាយស្រួល​ដាំ​ ងាយស្រួល​ថែទាំ​ និង​មាន​រយៈពេល​ខ្លី​ ឆាប់​បាន​ទទួលផល​ មាន​ទីផ្សារ​ និង​ជាទី​ពេញនិយម​ និង​ចូលចិត្ត​ពិសា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។

    ដោយសារតែ​ជា​បន្លែ​ដែល​ងាយស្រួល​ដាំ​ ឆាប់​ទទួល​បានផល​ ទើប​ធ្វើ​ឱ្យ​សហគមន៍​ដាំ​បន្លែ​នៅ​ខេត្ត​កំពង់ចាម​មួយ​ គឺ​សហគមន៍​ស្វាយទាប​បាន​នាំគ្នា​ដាំ​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​នេះ​ពេញ​មួយឆ្នាំ​ទល់​មួយឆ្នាំ​ រួម​នឹង​បន្លែ​គួបផ្សំ​ដទៃទៀត​ ដូចជា​ត្រកួន​ ត្រប់​ប៉េងប៉ោះ​ ត្រសក់​ ត្រឡាច​ ល្ពៅ​ ននោង​ ស្លឹកគ្រៃ​ ស្ពៃ​តឿ​ និង​ខាត់ណា​ ជាដើម​។

    លោក​ ស៊ុន​ សុ​ខខេង​ ប្រធាន​សហគមន៍​ស្វាយទាប​ នៅ​ភូមិ​វ៉ា​រី​ខាងលិច​ ឃុំ​ស្វាយទាប​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ បាន​រៀបរាប់​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“មូលហេតុ​ដែល​កសិករ​ខ្មែរយើង​នៅ​ទីនេះ​ចាប់អារម្មណ៍​ងាក​មក​ដាំដំណាំ​បន្លែ​ទាំង​ 2មុខ​នេះ​ គឺ​ដោយសារ​កឃើញថា​ ជា​បន្លែ​ដែល​ងាយស្រួល​ដាំ​ និង​តម្លៃ​ក្នុង​ទីផ្សារ​ក៏បាន​ថ្លៃ​គួរសម​ដែរ​ ព្រោះថា​ បន្លែ​ប្រភេទ​នេះ​វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ធ្វើ​ឱ្យ​មាន​តម្រូវការ​ឥត​ឈប់ឈរ​ ហើយ​តម្លៃ​វា​ក៏​ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំងពេក​ដូច​ដំ​ណាំ​ផ្សេង​ៗដែរ​ ដូច្នេះហើយ​ទើប​ពួកគាត់​សម្រេចចិត្ត​ដាំ​បន្លែ​ស្ពៃចង្កឹះ​ សាលាដ​ ពេញ​ 1ឆ្នាំ​តែម្តង​”។

    លោក​ប្រធាន​សហគមន៍​រូប​នេះ​បាន​រៀបរាប់​ថា​៖“ទោះបីជា​សហគមន៍​របស់​យើង​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​មានការ​ដាំដុះ​ក្នុង​ទំហំផ្ទៃ​ដី​ធំ​ក៏​ពិតមែន​ ប៉ុន្តែ​សហគមន៍​ដែល​មាន​សមាជិក​ 27គ្រួសារ​ ដែល​ក្នុង​ 1គ្រួសារ​មាន​ដី​ត្រឹមតែ​ 40អា​ ឬ 20អា​ និង​ខ្លះទៀត​មាន​ដី​ត្រឹមតែ10អានេះ​ បាន​ធ្វើចម្ការ​ដាំដុះ​រួមគ្នា​ទៅ​ធ្វើ​ឱ្យ​យើង​មានផ្ទៃ​ដី​ដាំដុះ​បន្លែ​ស្ពៃចង្កឹះ​បាន​ជាង​ 1ហិ​កតា​ និង​សាលាដ​បាន​ជាង​ 1ហិ​កតា​ដូចគ្នា​ដែរ​”។

    លោក​ សុ​ខខេង​ បាន​បញ្ជាក់​ថា​៖“សព្វថ្ងៃ​ពូជ​បន្លែ​ ដែល​សហគមន៍​យើង​នាំមក​ដាំ​មានតែ​ 2ប្រភេទ​ទេ​ដែល​យើង​និយម​ដាំ​ គឺ​ពូជ​បន្លែ​មក​ពី​ប្រទេស​ថៃ​ និង​ពូជ​បន្លែ​មក​ពី​ប្រទេស​វៀតណាម​។ ប្រភេទ​ទាំង2នេះ​យើង​និយម​ដាំ​ពូជ​បន្លែ​មក​ពី​ប្រទេស​ថៃ​ខ្លាំង​ជាង​”។

    លោក​បាន​លើកឡើង​ថា​ សហគមន៍​របស់​លោក​បានសម្រេច​ចិត្ត​ដាំ​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​ គឺ​ដោយសារតែ​ដំណាំ​នេះ​ឆាប់​បាន​ប្រមូល​ផល​ និង​លក់​បាន​ចំណេញ​ជាង​ដំណាំ​ដទៃទៀត​។ លោក​បាន​បញ្ជាក់​ថា​ ដូចជា​បន្លែ​ស្ពៃចង្កឹះ​ យើង​ប្រើ​ពេល​តែ20ថ្ងៃ​ប៉ុណ្ណោះ​(សម្រាប់​កូន​ដក​ដាំ​(ស្ទូង​))យើង​អាច​ប្រមូល​ផល​បាន​ហើយ​ តែ​សម្រាប់​កូន​សាប​ដាំ​វិញ​ យើង​ត្រូវការ​រយៈពេល​ 40ថ្ងៃ​ឯណោះ​ទម្រាំ​ប្រមូល​ផល​បាន​។ ចំណែក​បន្លែ​សាលាដ​ យើង​អាច​ប្រមូល​ផល​បាន​ក្នុងរយៈពេល​ 1ខែ​ ទៅ1ខែ​កន្លះ​ និង​ទទួល​បាន​ប្រាក់​ចំ​ណូ​លភ្លាមៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​សមាជិក​ ដែល​ធ្វើ​ឱ្យ​មុខរបរ​ដាំដុះ​បន្លែ​របស់​សហគមន៍​លោក​កាន់តែ​មាន​ភាព​ធូរធារ​ និង​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ក្នុងរយៈពេល​កន្លងមក​នេះ​ សហគមន៍​របស់​យើង​បាន​លក់​បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​ដែល​ប្រមូល​ផល​ក្នុង​ 1ថ្ងៃ​ បាន​ប្រមាណ​ 300​-400គីឡូក្រាម​ដែរ​ និង​បើ​គិត​ទាំង2មុខ​ គឺ​បាន​ជិត800គីឡូក្រាម​ដែរ​ ដោយ​ក្នុង​ 1គីឡូក្រាម​យើង​លក់​បាន​តម្លៃ​ 2,000រៀល​។ បើ​គិតជា​សរុបទៅ​ យើង​ទទួល​បាន​ប្រាក់កម្រៃ​ ក្នុង1ឆ្នាំ​ ខ្ទង់ម៉ឺន​ដុល្លារ​ដែរ​”។

    លោក​បាន​ប្រាប់​ទៀត​ថា​ ការដែល​សមាជិក​សហគមន៍​របស់​លោក​ងាក​មក​ដាំ​បន្លែ​ពពួក​ស្ពៃ​ទាំងនេះ​ គឺ​ដោយសារ​ទាំងអស់គ្នា​បាន​ទទួលការ​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដាំ​បន្លែ​មក​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ ដោយ​ពុំ​បាន​ប្រាប់​ឱ្យ​ប្រើ​ជីគីមី​ទេ​ គឺ​ឱ្យ​ប្រើ​ជីធម្មជាតិ​ ប៉ុន្តែ​បើ​មានការ​ប្រើ​ថ្នាំ​គីមី​សម្រាប់​សម្លាប់សត្វ​ល្អិត​ ក៏​ត្រូវ​ប្រើ​ក្នុង​កម្រិត​មួយ​ និង​ពេល​ជិត​ប្រមូល​ផល​ ក៏​ត្រូវ​ទុក​ពេល​យ៉ាងហោចណាស់​ 2សប្តាហ៍​ដែរ​ ទើប​អាច​ប្រមូល​ផល​យក​ទៅ​លក់​បាន​ ដើម្បី​ចៀសវាង​អ្នកទិញ​យក​ទៅ​បរិភោគ​មានផល​ប៉ះពាល់​ដល់​សុខភាព​។

    លោក​បញ្ជាក់​ថា​ ដោយ​ទទួល​បានការ​ពន្យល់​ពី​ការ​ដាំដុះ​ និង​ការថែទាំ​ផង​នោះ​ សហគមន៍​របស់​លោក​ក៏បាន​ធ្វើការ​ដាំដុះ​សាកល្បង​ និង​ប្រកបរបរ​ដាំ​បន្លែ​ប្រភេទ​នេះ​រហូត​មក​។ លោក​បន្ត​ថា​ ថ្វី​ដ្បិតតែ​បន្លែ​ប្រភេទ​ស្ពៃ​ងាយស្រួល​ដាំ​មែន​ តែ​នៅពេល​ដែល​យើង​ដាំដុះ​ក្នុងអំឡុងពេល​ដែល​មិនមែន​ជា​ក្នុង​រដូវ​កាល​របស់​វា​នោះ​ បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​នេះ​មិន​ងាយស្រួល​ថែទាំ​ប៉ុន្មាន​ទេ​ ទោះបី​ត្រឹមតែ​រយៈពេល​ខ្លី​ដែល​បន្លែ​នេះ​ឱ្យ​ផល​ក៏ដោយ​ ប៉ុន្តែ​ក្នុងអំឡុងពេល​នោះ​យើង​នឹង​លក់​វា​បាន​ថ្លៃ​។

    លោក​ប្រធាន​សហគមន៍​បាន​ត្អូញត្អែរ​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​គាត់​មាន​លំបាក​ក្នុង​ការ​រក​ទីផ្សារ​បន្លែ​សម្រាប់​សហគមន៍​របស់​គាត់​ ដោយ​សព្វថ្ងៃ​គាត់​មាន​ទីផ្សារ​តែ​នៅក្នុង​ខេត្តកំពង់ធំ​ និង​កំពង់ចាម​ប៉ុណ្ណោះ​ដែល​មាន​ឈ្មួញ​មក​យក​ដល់កន្លែង​តែម្តង​មិន​លំបាក​ទេ​។

    លោក​ សុ​ខខេង​ បាន​បន្ថែម​ថា​៖ “ប្រសិនបើ​មាន​ទីផ្សារ​ច្រើន​ និង​តម្លៃ​មាន​លំនឹង​ល្អ​ សម្រាប់​បន្លែ​ទាំង2មុខ​នេះ​ លោក​មានបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​នេះ​ឱ្យ​បាន​ធំ​ និង​ច្រើនជាង​នេះ​ប្រមាណ​ជា​ 3-4ហិ​កតា​ថែមទៀត​។

    លោក​ប្រធាន​សហគមន៍​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរយើង​ទាំងអស់​ សុំ​ឱ្យ​បន្ត​គាំទ្រ​ដំណាំ​បន្លែ​របស់​ខ្មែរយើង​ ព្រោះថា​ ប្រជាកសិករ​យើង​ឥឡូវ​បាន​ងាក​មក​ចាប់ផ្ដើម​ដាំដំណាំ​បន្លែ​បែប​ធម្មជាតិ​ជាបន្តបន្ទាប់​ហើយ​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​ផង​ និង​កាត់បន្ថយ​ការនាំចូល​ពី​ប្រទេសជិតខាង​ផង​ ដែល​នេះ​គឺជា​ការជំរុញ​ឱ្យ​កសិផល​ និង​បន្លែ​ក្នុង​ស្រុក​យើង​ដែល​ជា​បន្លែ​ធម្មជាតិ​កាន់តែ​មានតម្លៃ​ខ្ពស់​ជាង​កសិផល​នាំចូល​ពី​ប្រទេសជិតខាង​ និង​ទទួល​បានការ​និយម​ទទួលទាន​កាន់តែ​ច្រើន​៕

  • ការនាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក​កើនឡើង​ក្នុង​ឆ្នាំ2018

    ការនាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក​កើនឡើង​ក្នុង​ឆ្នាំ2018

    នៅក្នុង​ឆ្នាំ2018​ បើ​ទោះបីជា​ទំនាក់ទំនង​ការទូត​មានការ​ធ្លាក់ចុះ​ក្ដី​ ក៏​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​បាន​កើនឡើង​ 25​% ដែល​នេះ​ជា​ការ​កើនឡើង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​។

    ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញថា​ ការនាំចេញ​សរុបទៅ​សហរដ្ឋអាមេរិក​មាន​ចំនួន​ 3.82ពាន់​លាន​ដុល្លារ​ គឺ​កើនឡើង​ពី​ 3.06ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017​។

    ការនាំចេញ​របស់​សហរដ្ឋអាមេរិក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចំនួន​ 446.6លាន​ដុល្លារ​នៅ​ឆ្នាំ2018​ ពោល​គឺ​កើនឡើង​ 11​% ធៀប​នឹង​ឆ្នាំ2017​ ដែល​មាន​ចំនួន​ត្រឹមតែ​ 400.2លាន​ដុល្លារ​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ការប្រើ​ប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ (The​ Generalized​ System​ of​ Preferences​ ឬ ​GSP​)សម្រាប់​កម្ពុជា​ ការ​ធ្វើ​ចរាចរទំនិញ​ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​នាំចេញ​ទៅ​អាមេរិក​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ កន្លងមក​ជាច្រើន​ឆ្នាំនេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដោយ​មិន​គិត​ពន្ធ​លើ​ការនាំចេញ​ទំនិញ​ជាច្រើន​ទៅ​សហរដ្ឋអាមេរិក​ក្រោម​គម្រោង​ GSP​ ដូចជា​សម្លៀកបំពាក់​ កាបូបស្ពាយ​ និង​ថ្មី​ៗនេះ​បាន​ផ្តល់​ការ​មិន​គិត​ពន្ធ​លើ​ទំនិញ​កាបូប​ធ្វើដំណើរ​ថែមទៀត​(តែ​ចំនួន​មិន​ច្រើន​ទេ​)។ឯកឧត្តម​ ស៊ាង​ ថៃ​ បាន​បញ្ជាក់​ថា​៖“សិទ្ធិ​ GSP​ របស់​កម្ពុជា​មិនមែន​ថា​ ការនាំចូល​ទំនិញ​ ដោយ​មិន​បង់ពន្ធ​នោះ​ទេ​ គឺ​ត្រូវ​បង់ពន្ធ​ តែ​ដោយសារ​ទំនិញ​ភាគច្រើន​ដែល​នាំទៅ​អាមេរិក​នោះ​បាន​រួច​ពន្ធ​ គ្រាន់តែ​មិនទាំង​ស្រុង​ វា​រាង​ធូរ​ជាងគេ​”។

    ឯកឧត្តម​បន្ត​ថា​ ថ្មី​ៗនេះ​មាន​ព័ត៌មាន​ទាក់ទង​អំពី​ការ​ស្នើ​ឱ្យ​មានការ​កំណត់​សិទ្ធិ​ GSP​ របស់​កម្ពុជា​(ឱ្យ​ដក​ការ​អនុគ្រោះ​ពន្ធ​ GSP​)ដែល​តាមន័យ​នេះ​ ចំពោះ​ផលប្រយោជន៍​សេដ្ឋកិច្ច​ វា​មានការ​បាត់បង់​ខ្លះ​ហើយ​ ព្រោះ​យើង​ធ្លាប់​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ នាំ​ទំនិញ​ទៅ​គេ​ បង់ពន្ធ​តិច​ បើ​គេ​ដក​ GSP​ ចេញ​ យើង​ត្រូវ​បង់ពន្ធ​ច្រើន​ វា​នឹង​បាត់​ថវិកា​ចំណេញ​របស់​យើង​”។

    ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ យើង​សង្ឃឹមថា​សហរដ្ឋអាមេរិក​នឹង​គិត​អំពី​រឿង​នេះ​ ដោយសារ​យើង​មាន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ ពិសេស​អាមេរិក​ក៏បាន​ធ្វើជា​មួយ​គ្នា​ច្រើន​ដែរ​ហើយ​។ ជាមួយគ្នា​នេះ​ដែរ​ សភា​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ធ្វើ​លិខិត​ទៅកាន់​រដ្ឋាភិបាល​របស់​ខ្លួន​ឱ្យ​ជំរុញ​ការ​ជួយ​មក​កម្ពុជា​បន្ត​ទៀត​ ព្រោះ​អាមេរិក​មាន​គោលនយោបាយ​ជួយ​ប្រទេស​ក្រីក្រ​ ដោយ​មិន​ត្រូវ​ដក​ការ​អនុគ្រោះ​ពន្ធ​ទេ​ ព្រោះ​កម្ពុជា​មិនទាន់​ឆ្លងផុត​ពី​ការ​-ត្រូវការ​រក​ជំនួយ​នៅឡើយ​។

    ចំពោះ​ពាណិជ្ជករ​ និង​វិនិយោគិន​អាមេរិក​ជាច្រើន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​ ក៏បាន​យល់​ពី​ស្ថានភាព​របស់​កម្ពុជា​ និង​សប្បាយចិត្ត​ក្នុង​ការ​រកស៊ី​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ដែរ​។ យើង​ក៏​ពុំ​ទាន់​មាន​ដាក់​ញត្តិ​ ឬលិខិត​អ្វីទៅ​កាន់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​ក្នុង​បញ្ហា​ GSP​ នេះ​ ព្រោះ​មិនទាន់​ដល់ពេល​ ឬមិន​ទាន់​មានហេតុ​ផល​ណា​ដែល​ត្រូវ​ដាក់​លិខិត​អ្វី​ដែរ​ ព្រោះថា​ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ មិន​ត្រឹមតែ​មានការ​រីកចម្រើន​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ធ្វើ​ពិពិធ​កម្ម​ទៀតផង​”។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​ ស៊ាង​ ថៃ​។

    ក្នុងរយៈពេល​ 11ខែ​នៃ​ឆ្នាំ2018​ ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ក្រោម​គម្រោង​ GSP​ មានតម្លៃ​ 675លាន​ដុល្លារ​។ ការនាំចេញ​ទំនិញ​ក្រៅពី​ទំនិញ​ធ្វើដំណើរ​ក្រោម​ GSP​ មាន​ចំនួន​ 321លាន​ដុល្លារ​។ ក្នុងអំឡុងពេល​នោះ​ជាមួយនឹង​ការនាំចេញ​ផលិតផល​ប្លាស្ទិក​ដែល​មានតម្លៃ​ 133លាន​ដុល្លារ​ ផលិតផល​ឈើ​មាន​ 78លាន​ដុល្លារ​គ្រឿងសង្ហារិម​ ចំនួន​ 51លាន​ដុល្លារ​ដែក​ និង​ផលិតផល​ដែកថែប​មាន​ចំនួន​ 21លាន​ដុល្លារ​ និង​គ្រឿងបន្លាស់​រថយន្ត​ មាន​ចំនួន​ 14លាន​ដុល្លារ​៕

  • ថ្ងៃបុណ្យ​ និង​ថ្ងៃឈប់​សម្រាក​សាធារណៈ​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​

    ថ្ងៃបុណ្យ​ និង​ថ្ងៃឈប់​សម្រាក​សាធារណៈ​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​

    រាជរដ្ឋាភិបាល​នឹង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​សាធារណៈ​មួយចំនួន​ដើម្បី​ជំរុញ​ និង​លើកកម្ពស់​ផលិតភាព​ និង​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ និង​អាមេរិក​។

    ថ្លែង​ក្នុង​សន្និសីទ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​ពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព​ និង​ភាព​ប្រកួតប្រជែង​នៅ​កម្ពុជា​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​សាធារណៈ​មួយចំនួន​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ សហគ្រាស​ រោងចក្រ​ឧស្សាហកម្ម​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ផលិតភាព​របស់​ខ្លួន​ក្នុង​ការផលិត​ទំនិញ​ផ្គត់ផ្គង់​ឱ្យ​អ្នកនាំ​ចេញ​ និង​ទាន់ពេល​វេលា​នៅ​លើ​ទីផ្សារ​។

    ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖“ថ្មី​ៗនេះ​យើង​មាន​កិច្ចប្រជុំ​មួយ​ក្រោម​ការដឹកនាំ​របស់​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ យើង​ប្រជុំ​ជជែកគ្នា​នូវ​វិធានការ​មួយចំនួន​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​យើង​ថែមទៀត​ ទោះបី​អឺរ៉ុប​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំ​និញ​អ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​ (EBA​)ឬមិន​ដក​ក្ដី​ យើង​អត់​បញ្ហា​ទេ​ កាលណា​យើង​ពង្រឹង​ខ្លួន​យើង​បាន​ អត់​ EBAក៏​យើង​នៅតែ​រស់​ បើ​យើង​ពង្រឹង​ហើយ​ គេ​នៅ​រក្សា​ (EBA​) យើង​កាន់តែ​រឹងមាំ​ និង​កាន់តែ​ខ្លាំង​ជាង​មុន​ ប៉ុន្តែ​បញ្ហា​របស់​យើង​ គឺ​នៅត្រង់​ការ​បង្កើន​ផលិតភាព​”។

    ឯកឧត្តម​ ចម​ ប្រសិទ្ធ​ បន្ថែម​ថា​ ផលិតភាព​នៅ​លើ​វិស័យ​កសិកម្ម​ក៏​សំខាន់​ដែរ​ វិស័យ​កសិកម្ម​កម្ពុជា​មាន​កំណើន​ទាប​ បើ​ប្រៀបធៀប​នឹង​វិស័យ​សំណង់​ សេវាកម្ម​ និង​ឧស្សាហកម្ម​។ លោក​ថា​ ពលកម្ម​នៅក្នុង​វិស័យ​កសិកម្ម​ ចូល​មក​វិស័យ​សេវាកម្ម​ ដូច្នេះ​វិស័យ​កសិកម្ម​ក៏​ត្រូវ​ពង្រឹង​ផលិតភាព​ដែរ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖“ដើម្បី​បង្កើន​ផលិតភាព​ រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​កាត់​ថ្ងៃបុណ្យ​ឈប់សម្រាក​ ប្រមាណ​ពី​ 7 ទៅ​ 8ថ្ងៃ​ ចាំ​មើល​អនុក្រឹត្យ​ចុងក្រោយ​របស់​រដ្ឋាភិបាល​សិន​ ចាំ​មើល​ពី​ថ្ងៃនេះ​រហូត​ដាច់ខែ​នឹង​មាន​ចេញផ្សាយ​ហើយ​ តើ​យើង​អាច​កាត់​ចំនួន​ថ្ងៃបុណ្យ​ទាន​ប៉ុន្មាន​ មិនបាច់​ឱ្យ​កម្មករ​ឈប់​ដើម្បី​ឱ្យ​មាន​ពេលវេលា​ គ្រប់គ្រាន់​ដើម្បី​ផលិត​ឱ្យ​គេ​យក​ទៅ​លក់​”។

    លោក​ កាន់​ គន្ធី​ អគ្គនាយករង​នៃ​ក្រុមហ៊ុន​ AMRU​ RICE​ បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការកាត់បន្ថយ​ថ្ងៃបុណ្យ​ឈប់សម្រាក​សាធារណៈ​ ពីព្រោះ​វា​នឹង​ជួយ​ដល់​អ្នកនាំ​ចេញ​បាន​ច្រើន​។ លោក​បន្ថែម​ថា​ អំឡុង​ពេល​បុណ្យ​ឈប់​សម្រាក​ម្តង​ៗ កំពង់ផែ​ ក្រុមហ៊ុន​ដឹកជញ្ជូន​ និង​មន្ត្រី​រាជការ​ត្រូវ​ឈប់សម្រាក​ដែរ​ខណៈ​ពេល​ដែល​បុគ្គលិក​ កម្មករ​នា​ពេលនេះ​មិន​ចាប់អារម្មណ៍​នឹង​ការ​ធ្វើការ​ថែម​ម៉ោង​ទេ​ ដូច្នេះ​វា​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ដល់​ដំណើរការ​នាំចេញ​-នាំចូល​។

    លោក​ គន្ធី​ ថ្លែង​ថា​៖“ខ្ញុំ​គាំទ្រ​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ខណៈ​វា​នឹង​ជួយ​វិស័យ​ជាច្រើន​ ជាពិសេស​វិ​ស័យ​កសិ​ពាណិជ្ជកម្ម​ដែល​ធ្វើការ​នាំចេញ​ និង​នាំចូល​ និង​វិស័យ​សម្លៀកបំពាក់​ ស្បែកជើង​ នៅក្នុង​ប្រទេស​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ជាង​មុន​។ បច្ចុប្បន្ន​ យើង​មាន​ថ្ងៃឈប់​សម្រាក​ពី​ 27ទៅ​ 28ថ្ងៃ​ក្នុង​មួយឆ្នាំ​ ខណៈ​វៀតណាម​មានតែ​ជាង​ 10ថ្ងៃ​ប៉ុណ្ណោះ​ ម្យ៉ាង​យើង​មើលឃើញ​ថា​ ប្រាក់​ឈ្នូល​កើនឡើង​ជាប្រចាំ​ ដូច្នេះ​វា​បញ្ច្រាស់​គ្នា​”។

    ដោយឡែក​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ​លោក​ កាំង​ ម៉ូ​នី​កា​ បានឱ្យ​ដឹង​ថា​ លោក​ពិតជា​មាន​ភាព​រីករាយ​ទៅលើ​ការពិចារណា​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​នៅពេល​នេះ​ នៅក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​សកល​កាន់តែ​ខ្លាំង​ឡើង​ៗនេះ​។

    លោក​ ម៉ូ​នី​កា​ មានប្រសាសន៍​ថា​៖“នេះ​ជា​អ្វី​ដែល​វិស័យ​ឯកជន​បាន​ស្នើសុំ​យូរ​មក​ហើយ​ ថ្ងៃបុណ្យ​ឈប់សម្រាក​កាន់តែ​តិច​ មានន័យថា​ យើង​មាន​ថ្ងៃ​ផលិត​កាន់តែ​ច្រើន​”។

    លោក​បន្ត​ថា​ ប្រាក់​ឈ្នូល​កម្មករ​កាន់តែ​កើនឡើង​ខណៈ​ថ្ងៃឈប់​សម្រាក​សាធារណៈ​មាន​ច្រើន​ព្រោងព្រាត​ រួម​ទាំង​អំណាច​សហជីព​ខ្លាំង​រួមផ្សំ​ មិនបាន​ធ្វើ​ឱ្យ​មាន​កំណើន​ផលិតភាព​ទេ​ ម្យ៉ាងវិញទៀត​ថ្ងៃឈប់​សម្រាក​នី​មួយ​ៗមាន​រយៈពេល​វែង​ ដែល​ធ្វើ​ឱ្យ​ចង្វាក់​ផលិតកម្ម​មានការ​ថមថយ​ចុះ​។

    ឯកឧត្តម​ ចម​ ប្រសិទ្ធ​បាន​មានប្រសាសន៍​ថា​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំ​នួន​ផ្សេង​ៗទៀត​ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​ខ្លួន​។ ឯកឧត្ដម​បញ្ជាក់​ថា​ បើ​ទោះបីជា​សហគមន៍​អឺរ៉ុប​គំរាម​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ឬទុក​នៅ​ដដែល​ ក៏​កម្ពុជា​នៅតែ​ខ្លាំង​។ វិធានការ​នានា​នឹង​ត្រូវ​បាន​ដាក់ចេញ​ ជាពិសេស​ទាក់ទង​នឹង​ការ​លើកកម្ពស់​ផលិតភាព​។

    គួរ​បញ្ជាក់​ថា​ នៅដើម​ឆ្នាំ2019នេះ​ រដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​វិធានការ​ជាច្រើន​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ផលិតភាព​របស់​វិស័យ​ឯកជន​ ជាក់ស្តែង​រដ្ឋាភិបាល​បាន​លុបចោល​ ស្ថាប័ន​កាំសាប​ ដែល​ជា​ភ្នាក់ងារ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ និង​វិស័យ​ឯកជន​។ មិន​តែប៉ុណ្ណោះ​ រដ្ឋាភិបាល​បាន​ផ្ទេរ​ការ​ឈរជើង​របស់​កាំកុងត្រូល​ ចេញពី​គ្រប់​ច្រកព្រំដែន​ទាំងអស់​ កាត់​បន្ថយ​តម្លៃ​ស្គែ​នកុង​តឺន័​រស​ម្រាប់​ការនាំចេញ​-នាំចូល​ចំនួន​ពាក់កណ្តាល​ ដែល​ការសម្រេច​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែក្រោយ​នេះ​(ខែមេសា​)។

    បន្ថែម​លើ​នេះ​ រដ្ឋាភិបាល​បាន​ព្យួរ​ទុក​នូវ​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​ 5ឆ្នាំ​ចំពោះ​ក្រុមហ៊ុន​ សហគ្រាស​ដែល​ធ្វើការ​ដាំដុះ​ ផលិត​ កែច្នៃ​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា​ អង្ករ​ ពោត​ សណ្តែក​ ម្រេច​ គ្រាប់ស្វាយ​ចន្ទី​ ដំឡូងមី​ និង​កៅស៊ូ​។ មួយវិញទៀត​ អ្នកនាំ​ចេញ​ទាំងអស់​ពុំ​ចាំបាច់​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​លិខិតបញ្ជាក់​ប្រភព​ដើម​ទំនិញ​ទេ​ បើសិនជា​ដៃគូ​បញ្ជាទិញ​ ឬអាជ្ញាធរ​ប្រទេស​គោលដៅ​នាំចេញ​មិនបាន​តម្រូវ​ឱ្យ​មាន​៕

  • យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2023​ ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​

    យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2023​ ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​

    កម្ពុជា​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2020​ ដើម្បី​ចាកចេញ​ពី​បញ្ជី​ប្រផេះ​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​ពី​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ ស្តី​ពី​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

    យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2020​ មាន​គោលបំណង​ផ្តល់​ការយល់​ដឹង​ និង​ការគ្រប់គ្រង​ហានិភ័យ​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ និង​ការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​មុខរបរ​ និង​វិជ្ជាជីវៈ​មិនមែន​ហិរញ្ញវត្ថុ​ និង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ ការ​ពង្រឹង​តម្លាភាព​ស្ថាប័ន​ ការ​ប្រមូល​ ការវិភាគ​ និង​ការ​បញ្ជូន​របាយការណ៍​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ដែល​មានគុណ​ភាព​ ការ​កាត់ទោស​សំអាង​បទល្មើស​ និង​បទ​សម្អាត​ប្រាក់​ប្រាកដ​ដោយ​ប្រសិទ្ធភាព​ ការ​រឹបអូស​ផល​នៃ​សំអាង​បទល្មើស​ និង​បទ​សម្អាត​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ ការស្វែងរក​ និង​ការ​លុបបំបាត់​ចោល​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​នៃ​ការ​រីកសាយ​ភាយ​ អាវុធ​មហា​ប្រល័យ​ និង​ការគ្រប់គ្រង​កម្មវិធី​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ ស.ប.ហ.ភ​។

    រដ្ឋាភិបាល​បាន​កំណត់​គោលបំណង​ទាំងនេះ​ដើម្បី​ការពារប្រទេស​កម្ពុជា​កុំឱ្យ​ទទួលរង​គ្រោះ​ខូចខាត​ដោយសារ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ដើម្បី​កេងយក​ប្រាក់ចំណេញ​។ រដ្ឋាភិបាល​ក៏បាន​កំណត់​គោលបំណង​ទាំងនេះ​ដើម្បី​អនុវត្ត​តាម​កាតព្វកិច្ច​អន្តរជាតិ​ដែល​មាន​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ និង​អនុសាសន៍​ទាំង​ 40របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​ (FATF​)។

    បើ​យោង​តាម​របាយការណ៍​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​ បាន​ចាត់​ថ្នាក់​ហានិភ័យ​សម្អាត​ប្រាក់​នៅ​ប្រទេស​កម្ពុជា​មានកម្រិត​មធ្យម​ខ្ពស់​។ កត្តា​ដែល​មាន​ទម្ងន់​ធ្វើ​ឱ្យ​ហានិភ័យ​សម្អាត​ប្រាក់​កើន​ខ្ពស់​រួមមាន​ សេដ្ឋកិច្ច​ដុល្លា​រូប​នី​យក​ម្ម​ និង​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ច្រើន​ ការប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ច្រើន​ ការ​រីកចម្រើន​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ល្បែងស៊ីសង​ តាម​កាស៊ីណូ​ដែល​មាន​ទំហំ​ធំ​។

    របាយការណ៍​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​បាន​បង្ហាញថា​ បទល្មើស​ដែល​បង្កើត​ឱ្យ​មានផល​នៃ​បទល្មើស​ ច្រើនជាង​គេ​រួមមាន​ បទល្មើស​បោក​បញ្ជោត​ និង​បន្លំ​លួច​ដែល​បង្ក​ដោយ​ជនល្មើស​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ បទល្មើស​ពុករលួយ​ និង​ស៊ីសំណូក​សូកប៉ាន់​ បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​ បទល្មើស​ជួញដូរ​មនុស្ស​ បទល្មើស​ជួញដូរ​គ្រឿងញៀន​ណា​កូ​ទិ​ក និង​សារធាតុ​ញៀន​ បទល្មើស​រត់ពន្ធ​ទំនិញ​ និង​សាច់ប្រាក់​ឆ្លងដែន​។

    បន្ថែម​លើ​នេះ​ បទល្មើស​បោកបញ្ឆោត​ និង​បន្លំ​លួច​ និង​បទល្មើស​ពុករលួយ​ មានការ​គំរាមកំហែង​លើ​ការ​សម្អាត​ប្រាក់​ខ្ពស់​ជាងគេ​ គឺ​មានកម្រិត​ហានិភ័យ​ខ្ពស់​ និង​មធ្យម​ខ្ពស់​តាមលំដាប់​។ របាយការណ៍​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​បាន​កំណត់​វិស័យ​ដែល​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ​ រួមមាន​ វិស័យ​ធនាគារ​ វិស័យ​ផ្ទេរ​ប្រាក់​ វិស័យ​កាស៊ីណូ​ និង​វិស័យ​អចលនទ្រព្យ​។

    គួរ​បញ្ជាក់​ថា​ តាមរយៈ​ការវាយតម្លៃ​អញ្ញមញ្ញភាព​ទៅលើ​គោលនយោបាយ​នៃ​ប្រទេស​កម្ពុជា​លើ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ (គ.ស.ហ​) ឆ្នាំ2017​ ដោយក្រុម​ការងារ​ហិរញ្ញវត្ថុ​ (Financial​ Action​ Task​ Force​) បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​ ដែល​ជា​ប្រទេស​មានការ​លាង​លុយ​ខ្ពស់​ ដោយ​បាន​បង្ហាញថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា​មានអំពើ​ពុករលួយ​ខ្ពស់​ ដែល​ខ្វះ​នូវ​ឆន្ទៈ​ក្នុង​ការស៊ើបអង្កេត​បទល្មើស​ហិរញ្ញវត្ថុ​។ របាយការណ៍​ក៏បាន​បញ្ជាក់​ដែរ​ថា​ គ្មាន​ករណី​លាង​លុយ​ណាមួយ​ត្រូវ​បាន​យក​មក​កាត់ទោស​ទេ​នៅ​កម្ពុជា​។

    យ៉ាងណាក៏ដោយ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ មានប្រសាសន៍​ថា​ ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ2019​-2020ថា​ ការ​ព្យា​ករថ្មីៗ​តាម​ការ​ប៉ាន់ស្មាន​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន​ និង​បទឧក្រិដ្ឋ​បាន​ប៉ាន់ស្មាន​ចំនួន​ទឹកប្រាក់​ដែល​ឧក្រិដ្ឋជន​បាន​សម្អាត​ផល​នៃ​បទល្មើស​មាន​ប្រមាណ​ពី2​ ទៅ​ 5ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់សកល​លោក​ ឬប្រមាណ​ពី​ 800ប៊ី​លាន​ ទៅ​ 3.5ទ្រី​លាន​ដុល្លារ​អាមេរិក​ក្នុង​ 1ឆ្នាំ​ៗ ពោល​គឺ​ប្រមាណ​ 10ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ 1ថ្ងៃ​។

    ឯកឧត្ដម​បន្ត​ថា​ ទិន្នន័យ​នេះ​បង្ហាញ​ពី​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​សង្គម​ និង​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ទាំងឡាយ​ត្រូវ​យកចិត្ត​ទុកដាក់​ ទប់ស្កាត់​ និង​បង្ក្រាប​ឱ្យ​បាន​ទាន់ពេល​វេលា​ តាមរយៈ​ការស្វែងរក​បទល្មើស​ ដើម្បី​បង្កក​ និង​រឹបអូស​ផល​ និង​ឧបករណ៍​នៃ​បទល្មើស​ទាំងនេះ​ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏បាន​និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​ជាបន្តបន្ទាប់​ដើម្បី​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ប្រឆាំង​បទល្មើស​ទាំងនេះ​ រួម​ទាំង​បទល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

    ឯកឧត្តម​បន្ត​ទៀត​ថា​៖“កម្ពុជា​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ក្របខ័ណ្ឌ​គតិ​យុត្ត​ជាបន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ រួម​ទាំង​បទល្មើស​ឆ្លងដែន​ ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​”។

    ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​៖“ក្នុង​បរិបទ​នៃ​បទល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ តែងតែ​វិវឌ្ឍ​ជា​រូប​ភាព​ថ្មី​ៗ និង​កាន់​តែ​សាំ​ញុំា​ និង​បន្ទាប់ពី​ឯកសារ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ2013​-2017ផុត​កាលកំណត់​ ប្រទេស​កម្ពុជា​បាន​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ឯក​សារ​ផ្សេង​ៗទៀត​ដែល​កំពុង​គំរាម​គំ​ហែង​ដល់​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្រិត​ជាតិ​ តំបន់​ និង​សកលលោក​”។

    ឯកឧត្ដម​បញ្ជាក់​ថា​ យុទ្ធសាស្ត្រ​ជាតិនេះ​ កើត​ចេញពី​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចំនួន22​ និង​ការ​គាំទ្រ​បច្ចេកទេស​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ហើយ​គោលបំណង​ជា​យុទ្ធសាស្ត្រ​នេះ​ នឹង​បង្ហាញ​ពី​ផែនការ​សកម្មភាព​ជាអាទិភាព​ និង​ពេលវេលា​ច្បាស់លាស់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ​។

    ឯកឧត្ដម​បន្ត​ថា​ យុទ្ធសាស្ត្រ​ជាតិនេះ​នឹង​ធ្វើ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​មុខរបរ​ និង​វិជ្ជាជីវៈ​មិនមែន​ហិរញ្ញវត្ថុ​ គេច​ផុត​ពី​ការប្រើ​ប្រាស់​ក្នុង​ការ​សម្អាត​ប្រាក់​ និង​ស្វែងរក​ផល​នៃ​បទល្មើស​ និង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ធានា​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ទាំងអស់​រួមគ្នា​ធ្វើការ​ស៊ើបអង្កេត​ ចោទប្រកាន់​ដាក់ទណ្ឌកម្ម​ និង​រឹបអូស​ផល​ និង​ឧបករណ៍​នៃ​សំអាង​បទល្មើស​ និង​បទ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​។

    ឯកឧត្តម​ទេសាភិបាល​បាន​បញ្ជាក់​ជាចុងក្រោយ​ថា​៖“គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាំបាច់​ត្រូវ​បន្ត​សាមគ្គី​អនុវត្ត​ការងារ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​កម្ពុជា​បាន​ចេញពី​បញ្ជី​ប្រផេះ​ក្នុង​ពេលវេលា​ដ៏​ឆាប់​បំផុត​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​”។

    លោក​បណ្ឌិត​ ប៊ុ​ន មុនី​ អគ្គនាយក​ វិថី​ម៉ា​យក្រូ​ហ្វា​យនែន​ ​;មានប្រសាសន៍​ថា​ កម្ពុជា​ស្ថិតនៅ​ក្នុង​បញ្ជី​ប្រផេះ​ ដែល​ពីមុន​ គឺ​ក្នុង​បញ្ជីខ្មៅ​ តែ​កម្ពុជា​ចង់​ក្លាយជា​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ពណ៌ស​ ដូច្នេះ​ដើម្បី​ធ្វើ​ឱ្យទៅ​ជា​ពណ៌ស​បាន​ កម្ពុជា​ត្រូវ​មាន​វិធានការ​ត្រឹមត្រូវ​ដូច​ប្រទេស​គេ​។ លោក​បញ្ជាក់​ថា​ អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ គឺ​នាំ​កម្ពុជា​ចូល​ទៅ​យ៉ាង​ពេញលេញ​ក្នុង​ទីផ្សារ​អន្តរជាតិ​។

    លោក​ មុនី​ ថ្លែង​ថា​៖“យើង​ត្រូវ​ពង្រឹង​ខ្លួនឯង​ និង​បំពេញ​តម្រូវការ​របស់​អន្តរជាតិ​ ព្រោះ​ការ​ប្រឆាំង​សម្អាត​ប្រាក់​ គឺ​ល្អ​សម្រាប់​កម្ពុជា​ ដោយ​យើង​មិន​ចង់ឱ្យ​ការ​ធ្វើ​ហិរញ្ញប្បទាន​ភេរវកម្ម​ចូល​មក​កម្ពុជា​ដើម្បី​ការពារ​ សេដ្ឋ​កិ​ច្ច​កម្ពូ​ជា​។ ពីមុន​ហិរញ្ញវត្ថុ​របស់​យើង​ធ្វើមិនទាន់​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​មានតែ​សម្អាត​សាច់ប្រាក់​មួយ​ទេ​ ដោយឡែក​នៅ​មាន​ច្រើន​ទៀត​ដែល​យើង​មិនទាន់​បំពេញ​បាន​។ ប៉ុន្តែ​ពេលនេះ​យើង​បាន​ធ្វើ​អស់ហើយ​ គេ​រង់ចាំ​តែ​ដាក់​យើង​ក្នុង​បញ្ជី​សប៉ុ​ណ្ណោះ​ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​”។

    លោក​បន្ត​ថា​ គ្រប់​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​ចូលរួម​ប្រឆាំង​ការ​សម្អាត​សាច់ប្រាក់​នៅ​កម្ពុជា​ ដើម្បី​ធានា​ថា​ យើង​ធ្វើការ​អភិវឌ្ឍ​ទៅមុខ​ប្រកបដោយ​ជោគជ័យ​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 167

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 167

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/03/LRPN_167-Final-For-Web.pdf” force_dl=”1″]

  • កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​នៅ​ខែតុលា​ខាងមុខនេះ​

    កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​នៅ​ខែតុលា​ខាងមុខនេះ​

    ក្រុមហ៊ុន​ Hyundai​ Corporation​ Cambodia​ នឹង​នាំ​ផ្លែស្វាយ​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ជាលើកដំបូង​នៅ​ចុងខែ​តុលា​ ឆ្នាំនេះ​ បន្ទាប់ពី​រោងចក្រ​វេច​ខ្ចប់​ និង​កែច្នៃ​ផលិតផល​ផ្លែឈើ​ ព្រម​ជាមួយនឹង​ឡចំហាយទឹក​ក្តៅ​ ​;បាន​សាងសង់​ និង​បាន​ដំឡើង​រួចរាល់​កាលពី​ខែមុន​នេះ​។

    លោក​ Lee​ Chang​-Hoon​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Hyundai​ Corporation​ (Cambodia​) បានឱ្យ​ដឹង​ថា​ នា​ពេលនេះ​កម្ពុជា​មាន​ផ្លែស្វាយ​ដែល​មាន​សុវត្ថិភាព​គ្មាន​សារធាតុពុល​ និង​ប្រកបដោយ​សុវត្ថិភាព​ ដែល​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ និង​អាច​នាំទៅ​កូរ៉េ​ និង​បណ្តា​ប្រទេស​ផ្សេង​ៗបាន​ហើយ​។លោក​ប្រកាស​ថា​ នៅ​ចុងខែ​តុលា​នេះ​ ក្រុមហ៊ុន​លោក​នឹង​ធ្វើការ​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​កូរ៉េ​ជាលើកដំបូង​ ដោយ​លោក​រំពឹង​ថា​ ផ្លែស្វាយ​ប្រមាណ​ប្រមាណ​ 2 ទៅ​ 3ពាន់​តោន​នឹង​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​។

    លោក​ Lee​ បន្ត​ថា​ ឆ្នាំមុន​ កូរ៉េ​នាំចូល​ផ្លែស្វាយ​ស្រស់​ប្រមាណ​ 14,000តោន​ពី​បណ្តា​ប្រទេស​ផ្សេង​ៗក្នុង​នោះ​ 50ភាគរយ​នាំចូល​ពី​ប្រទេស​ថៃ​ ជាង​ 30ភាគរយ​ពី​ហ្វីលីពីន​ និង​ពី​វៀតណាម​ជាង​ 10ភាគរយ​។ ដូច្នេះ​ លោក​នឹង​ទាញ​យក​ចំណែក​ទីផ្សារ​ប្រមាណ​ 20ទៅ​ 30ភាគរយ​ពីទី​ផ្សារ​ទាំង3​ នេះ​ ដើម្បី​ឱ្យ​ផ្លែស្វាយ​កម្ពុជា​អាច​ចូល​ទៅ​ទីផ្សារ​កូរ៉េ​បាន​ ពីព្រោះ​ស្វាយ​កម្ពុជា​ បច្ចុប្បន្ន​បាន​អនុលោម​តាម​និ​តិ​វិធី​បទប្បញ្ញត្តិ​ច្បាប់​ទាក់ទង​នឹង​ភូតគាម​អនាម័យ​ និង​សុវត្ថិភាព​ចំណីអាហារ​របស់​កូរ៉េ​បាន​ហើយ​។លោក​បន្ត​ទៀត​ថា​ រសជាតិ​ស្វាយ​របស់​កម្ពុជា​ឆ្ងាញ់​ និង​ទំហំ​ធំ​ល្អ​ បើ​ប្រៀបធៀប​ជាមួយ​ផ្លែស្វាយ​របស់​ ប្រទេស​ថៃ​ និង​វៀតណាម​។

    លោក​បាន​បន្ត​ទៀត​ថា​ ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​នេះ​ហើយ​ ទើបHyundai​ Corporation​ (Cambodia​) សម្រេចចិត្ត​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ 10លាន​ដុល្លា​អាមេរិក​ក្នុង​ការសាងសង់​រោងចក្រ​វេច​ខ្ចប់​ កែច្នៃ​ផលិតផល​ផ្លែឈើ​ និង​ឡចំហាយទឹក​ក្តៅ​ដែល​បាន​សាងសង់​កាលពី​ខែកុម្ភៈ​ ឆ្នាំ2018​ នៅ​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​។

    លោក​ Lee​ បានឱ្យ​ដឹង​ថា​ នៅពេល​នេះ​ រោងចក្រ​ទើបតែ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ និង​បាន​ចាប់ផ្តើម​ដំណើរការ​ជា​បណ្តើរ​ៗហើយ​ ដោយ​ចង្វាក់​ផលិតកម្ម​រោងចក្រ​របស់​លោក​អាច​ផលិត​ និង​វេច​ខ្ចប់​ផ្លែស្វាយ​បាន​ចំនួន​ 15តោន​ក្នុង​ 1ថ្ងៃ​ ប៉ុន្តែ​តម្រូវការ​វិញ​ គឺ​មាន​ច្រើនលើស​លុប​ ដូច្នេះ​តម្រូវ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅលើ​រោងចក្រ​កែច្នៃ​ និង​ឡចំហាយទឹក​ក្តៅ​។

    លោក​ Lee​ បន្ត​ថា​៖“ឥឡូវ​យើង​មាន​ចម្ការ​ស្វាយ​ប្រមាណ​ 260ហិ​កតា​ ដែល​មាន​ដើម​ស្វាយ​ប្រមាណ​ជាង​ 4ពាន់​ដើម​ ដោយឡែក​ក្នុងចំណោម​ដើម​ស្វាយ​ទាំង​ 4ពាន់​ដើម​នេះ​ វា​អាច​ផ្តល់​ប្រភេទ​ស្វាយ​ល្អ​បំផុត​ដែល​ជា​តម្រូវការ​របស់​ទីផ្សារ​អន្តរជាតិ​ ឬហៅ​ថា​ កម្រិត​ A បាន​ប្រមាណ​ជា​ 800តោន​ ក្រៅពីនោះ​ជា​ប្រភេទ​កម្រិត​ B និង​ C”។

    លោក​ Lee​ បាន​បន្ត​ទៀត​ថា​ លោក​កំពុងតែ​សិក្សា​លើ​ការផលិត​ស្វាយកែវ​រមៀត​ឱ្យ​បាន​ពេញ​ 1ឆ្នាំ​ ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​កូរ៉េ​ និង​ទីផ្សារ​ប្រទេស​ផ្សេងទៀត​ ដោយ​ភាគច្រើន​ប្រភេទ​ស្វាយកែវ​រមៀត​នេះ​ យើង​អាច​ប្រមូល​ផល​បាន​ចាប់ពី​ខែកញ្ញា​ដល់​ខែមិថុនា​ ដូច្នេះ​វា​មិន​អាច​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម​បាន​គ្រប់​ទេ​។ លោក​កំពុងតែ​សិក្សា​ស្វែងរក​បច្ចេកទេស​ក្នុង​ការផលិត​ស្វាយកែវ​រមៀត​បែប​ណា​ឱ្យ​បាន​ពេញ​ 1ឆ្នាំ​។

    លោក​បានឱ្យ​ដឹង​ថា​ អ្នកបញ្ជា​ទិញ​ត្រូវការ​ផលិតផល​រៀងរាល់ថ្ងៃ​ និង​រៀងរាល់​សប្តាហ៍​ ដូច្នេះ​យើង​ត្រូវតែ​ផ្គត់ផ្គង់​ផ្លែស្វាយ​ឱ្យ​បាន​ពេញ​មួយឆ្នាំ​ មិនមែន​តែ​ក្នុង​មួយ​រដូវ​ប្រមូល​ផល​នោះ​ទេ​។ មួយទៀត​យើង​មាន​បច្ចេកទេស​ក្នុង​ការ​ស្តុក​ទុក​ផ្លែស្វាយ​របស់​យើង​រហូតដល់​ទៅ​ 1ខែ​ឯណោះ​។

    លោក​ Lee​ បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ទិសដៅ​របស់​ក្រុមហ៊ុន​ គឺ​ចង់ឱ្យ​ផ្លែស្វាយ​កម្ពុជា​នាំទៅ​កូរ៉េ​ជំនួស​ឱ្យ​ទីផ្សារ​ផ្លែស្វាយ​របស់​ថៃ​ ហ្វីលីពីន​ និង​វៀតណាម​ ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង​នេះ​ គឺ​លោក​ធ្វើការ​នាំចេញ​តែ​ប្រមាណ​ 2ពាន់​តោន​ ទៅ​ 3ពាន់​តោន​សិន​ក៏បាន​។

    លោក​ Lee​ បញ្ជាក់​ថា​ បន្ទាប់ពី​ចាប់ផ្តើម​នាំចេញ​ទៅ​កូរ៉េ​ហើយ​ លោក​នឹង​សម្លឹង​មើល​ទីផ្សារ​ជប៉ុន​ ចិន​ ហុងកុង​ និង​សិង្ហបុរី​ ហើយ​នៅ​ឆ្នាំ2020​-2021​ ខាងមុខ​ លោក​នឹង​បោះទុន​វិនិយោគ​ប្រមាណ​ 6លាន​ដុល្លារ​ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ផលិតផល​ចេញពី​ផ្លែស្វាយ​នៅ​ខេត្ត​កំពង់ស្ពឺ​ថែមទៀត​។

    លោក​ Lee​ បន្ត​ថា​ ក្នុងរយៈពេល​ជាង​ 4ឆ្នាំ​កន្លងមក​នេះ​ លោក​បាន​ដក​បទ​ពិសោធ​ជាច្រើន​ពី​បណ្តា​ប្រទេស​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​កូរ៉េ​ដែល​ប្រទេស​ទាំងអស់​នេះ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​ តែ​ឥឡូវ​កម្ពុជា​មាន​ផ្លែស្វាយ​ដែល​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ស្អាត​ និង​គ្មាន​សារធាតុគីមី​ហើយ​។

    លោក​ ​គង់​ ភាជ​ ​ប្រធាន​នាយក​ដ្ឋាន​កសិ​-ឧស្សាហកម្ម​នៃ​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ផលិតផល​កសិកម្ម​ដែល​កម្ពុជា​នាំចេញ​សព្វថ្ងៃ​មាន​ អង្ករ​ ផ្លែស្វាយ​ ចេក​ ម្រេច​ ស្វាយចន្ទី​ និង​កៅស៊ូ​ ។ល។

    លោក​បានឱ្យ​ដឹង​ថា​ ផលិតផល​កសិផល​របស់​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេសជិតខាង​ និង​ប្រទេស​ទី3ហើយ​ភាគច្រើន​នាំចេញ​ជា​វត្ថុធាតុដើម​ ដោយ​មិនទាន់​កែច្នៃ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​នូវ​តម្លៃបន្ថែម​ដែល​ទាមទារ​ឱ្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ពង្រឹង​ការកែច្នៃ​ដើម្បី​ទាញ​យក​តម្លៃបន្ថែម​ឱ្យ​បាន​ច្រើន​ និង​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​។

    លោក​ ភាជ​ មានប្រសាសន៍​ថា​៖“ការ​វិនិយោគ​បាន​នាំ​យក​មក​ទាំង​បច្ចេកទេស​ បច្ចេកវិទ្យា​ និង​ទីផ្សារ​ដូច្នេះ​ទាមទារ​ឱ្យ​មានការ​វិនិយោគ​ និង​មានការ​ចូលរួម​ទាំងអស់គ្នា​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​”៕

    គួរ​បញ្ជាក់​ដែរ​ថា​ ក្រុមហ៊ុន​ Hyundai​ Corporation​ Group​ បាន​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ រោងចក្រ​វេច​ខ្ចប់​ និង​កែច្នៃ​ផលិតផល​ផ្លែឈើ​ ព្រម​ជាមួយនឹង​ឡចំហាយទឹក​ក្តៅ​ដោយមាន​ទុន​វិនិយោគ​សរុប​ចំនួន​ 10លាន​ដុល្លារ​អាមេរិក​ដែល​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ Mao​ Legacy​ និង​ Seowon​ Distribution​ នៅ​ប្រទេស​កូរ៉េ​។

    បើ​តាម​ក្រុមហ៊ុន​ Hyundai​ Corporation​ Groupមជ្ឈមណ្ឌល​ចែកចាយ​កសិកម្ម​ និង​រោងចក្រ​វេច​-ខ្ចប់​និង​កែច្នៃ​ផលិតផល​ផ្លែឈើ​ ព្រម​ជាមួយគ្នា​នេះ​ ឡចំហាយទឹក​ក្តៅ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ទំនើប​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​បាន​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​៕

  • វិធានការ​រឹត​បន្តឹង​ច្បាប់​នាំចូល​សត្វ​ជ្រូក​មាន​ជំងឺ​ត្រូវ​បាន​អនុវត្ត​?

    វិធានការ​រឹត​បន្តឹង​ច្បាប់​នាំចូល​សត្វ​ជ្រូក​មាន​ជំងឺ​ត្រូវ​បាន​អនុវត្ត​?

    ទោះបីជា​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​អះអាង​ថា​ មិនទាន់​រក​ឃើញ​មាន​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (African​ Swine​ Feverឬ​ AFS​) នៅ​កម្ពុជា​នៅឡើយ​ក៏ដោយ​ និង​ស្រប​ពេល​ដែល​មានការ​រាតត្បាត​របស់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​ចិន​ និង​វៀតណាម​ខាងជើង​នោះ​ ក្រសួង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​សត្វ​ជ្រូក​នៅ​តាម​ព្រំដែន​ និង​បាន​ធ្វើ​លិខិត​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួងមហាផ្ទៃ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ជួយ​ទប់ស្កាត់​ការ​នាំ​-ចូល​សត្វ​ជ្រូក​ខុសច្បាប់​។

    ក្រសួង​កសិកម្ម​ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ដោយ​លើកឡើង​ថា​ ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​ លើកកម្ពស់​គុណភាព​សាច់សត្វ​ និង​ការពារ​សុខុមាលភាព​សាធារណៈ​ប្រកបដោយ​សុវត្ថិភាព​នោះ​ ក្រសួង​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ និង​អាជីវករ​ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​សត្វ​ជ្រូក​ និង​សត្វ​គោ​-ក្របី​ត្រូវ​អនុវត្ត​ពេល​នាំចូល​ និង​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ត្រូវ​គោរព​គោលការណ៍​ស្តង់ដារ​អនាម័យ​ដើម្បី​ឱ្យ​អាជីវកម្ម​នោះ​គ្មាន​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​លើ​ករណីនេះ​ថា​៖“សម្រាប់​ក្រុមហ៊ុន​ ឬអាជីវកម្ម​ដែល​នាំ​សត្វ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ត្រូវ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សត្វ​នៃ​ប្រទេស​នាំចេញ​ជា​ភាសាអង់គ្លេស​ក្នុង​ពេល​ដឹកជញ្ជូន​”។

    ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​មានប្រសាសន៍​ថា​ ការ​ជូនដំណឹង​របស់ក្រ​សួង​ គឺ​សំដៅលើ​ការនាំចូល​ ឬការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ និង​សត្វ​គោ​-ក្របី​ពី​ប្រទេស​ថៃ​ទៅដល់​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ក្រសួង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ ឬអាជីវករ​ដែល​ដឹកជញ្ជូន​សត្វ​ ត្រូវ​មានការ​បញ្ជាក់​វិញ្ញាបនបត្រ​សុខភាព​សត្វ​ពី​ប្រទេស​ដើម​ដែល​នាំចេញ​ ការពារ​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​សត្វ​។

    ឯកឧត្តម​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “មន្ត្រី​របស់​យើង​បាន​តាមដាន​ការងារ​ជាប់​ជាប្រចាំ​ចំពោះ​ក្រុមហ៊ុន​ ឬអាជីវករ​ដែល​ដឹក​សត្វ​ជ្រូក​ និង​សត្វ​គោក្របី​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ហើយ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ យើង​បាន​តាមដាន​នៅ​តាម​ច្រករបៀង​នានា​ដើម្បី​កុំឱ្យ​មានការ​នាំចូល​ ឬឆ្លងកាត់​ប្រទេស​ដោយ​ខុសច្បាប់​”។

    ឯកឧត្តម​បន្ត​ថា​៖ “យើង​មើល​ពី​ស្ថានភាព​សុខភាព​សត្វ​ជាក់ស្ដែង​ដែរ​ មុននឹង​ដឹក​តាមឡាន​មក​កម្ពុជា​ ថា​តើ​សត្វ​ហ្នឹង​ដង្ហក់​ ឬអត់​?(ធម្មតា​ជំងឺ​ហ្នឹង​វា​ក្ដៅ​ ធ្វើ​ឱ្យ​សត្វ​ក្ដៅ​ដង្ហក់​) និង​មាន​រោគសញ្ញា​ពណ៌ស្វាយ​នៅ​លើ​ពោះ​ឬទេ​? បើ​មាន​ គឺ​ត្រូវ​ធ្វើតេស្ដ​ឈាម​លើ​សត្វ​ដែល​ត្រូវ​នាំចូល​ ដោយ​យក​មក​ពិសោធ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយក​ដ្ឋាន​”។

    ឯកឧត្តម​បន្ថែម​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ជា​ជំងឺ​ថ្មី​ដែល​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ ហើយ​វា​ចម្លង​តាមរយៈ​ការ​ហើរ​មក​ទំ​លើ​សម្លៀកបំពាក់​របស់​មនុស្ស​ និង​សាច់សត្វ​ជ្រូក​ ហើយ​ប្រសិនបើ​វា​ឆ្លង​ដល់​កសិដ្ឋាន​ណាមួយ​ហើយ​ ជ្រូក​ក្នុង​កសិដ្ឋាន​នោះ​នឹង​ឆ្លង​ជំងឺ​នោះ​ និង​ងាប់​ស្ទើរតែ​ទាំងអស់​ ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់​អស់​ជាច្រើន​។

    សូម​បញ្ជាក់​ថា​ កាលពី​ខែសីហា​ ឆ្នាំ2018​ កន្លងទៅ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រីក​រាលដាល​ក្នុង​ខេត្ត​ និង​តំបន់​ចំនួន25​ នៅ​ប្រទេស​ចិន​ ដែល​ពេលនោះ​អាជ្ញាធរ​ចិន​បាន​សម្លាប់​ជ្រូក​ចោល​អស់​រាប់​ម៉ឺន​ក្បាល​។

    ក្រោយ​ផ្ទុះ​ជំងឺ​នេះ​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ ហៅ​កាត់​ថា​ FAO​ បាន​ព្រមាន​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កើតឡើង​នៅ​ចិន​នោះ​ អាច​រីក​រាលដាល​មកដល់​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​។ អង្គការ​នេះ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ មេរោគ​នេះ​ធន់​ខ្លាំង​ណាស់​ និង​អាច​រស់នៅ​បាន​យូរ​ទៀតផង​ ពោល​គឺ​វា​អាច​ស៊ាំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​ ត្រជាក់​ខ្លាំង​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ វា​ថែមទាំង​អាច​រស់នៅ​បាន​យូរ​ក្នុង​ផលិតផល​សាច់​ជ្រូក​ក្រៀម​ទៀតផង​។

    ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ បាន​ផ្ទុះ​ខ្លាំង​កាលពី​ទសវត្សរ៍​ឆ្នាំ1960​ នៅ​អឺរ៉ុប​ និង​អាមេរិក​។ ដោយសារតែ​មាន​ប្រវត្តិ​នៃ​ការ​ផ្ទុះ​ និង​ការ​សាយភាយ​នៅ​តំបន់​ផ្សេង​ៗគ្នា​បែបនេះ​ ទើប​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​យល់ថា​ ជំងឺ​នេះ​អាច​រីក​រាលដាល​ដល់​ប្រទេសជិតខាង​ ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ឧបទ្វីប​កូរ៉េ​ ព្រោះ​ប្រទេស​ក្នុង​តំបន់​ទាំងនេះ​មាន​តម្រូវការ​សាច់​ជ្រូក​ខ្ពស់​។

    កាលពី​ចុងខែ​កុម្ភៈ​ លោក​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ធ្លាប់​បាន​លើកឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ហើយក៏​បាន​ជំរុញ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ផ្សេងទៀត​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ និង​ចូលរួម​រាយការណ៍​ពី​ករណីនេះ​ផង​ដែរ​ ប្រសិនជា​សង្ស័យ​ ឬឃើញ​មានការ​ចរាចរ​ជ្រូក​មាន​ជំងឺ​។

    ទីប្រឹក្សា​អ្នកបច្ចេកទេស​សមាគម​អ្នកចិញ្ចឹមសត្វ​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ ​“គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​រឿង​ហ្នឹង​ម្នាក់ឯង​បានទេ​ ​ហើយ​កុំ​ចាំតែ​រដ្ឋាភិបាល​ ​ព្រោះ​សមត្ថកិច្ច​របស់​រដ្ឋ​តិច​ជាង​អ្នក​ដែល​រត់ពន្ធ​ហើយ​ច្រករបៀង​ច្រើនណាស់​។ ទាល់តែ​ទាំងអស់គ្នា​រួមគ្នា​ការពារ​ ​ទើប​អាច​ទប់ស្កាត់​បាន​ ​កុំ​ចាំតែ​បន្ទោស​ ​សូម​ជួយ​ទាំងអស់គ្នា​ ទើបបាន​ទៅរួច​”។

    លោក​ ជេត​ ភិរម្យ​ ទីប្រឹក្សា​អ្នកបច្ចេកទេស​ចិញ្ចឹមសត្វ​បាន​បញ្ជាក់​ថា​ យើង​ឃើញ​មានការ​បិទ​ចរាចរណ៍​នាំចូល​សត្វ​ជ្រូក​ពី​វៀតណាម​ ជា​វិធានការ​របស់ក្រ​សួង​ ហើយក៏​មាន​សិក្ខាសាលា​ណែនាំ​ដល់​កសិដ្ឋាន​ និង​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​ ដោយ​ក្រសួង​បាន​ធ្វើជា​មួយ​ឯកជន​ជាច្រើន​លើ​បញ្ហា​នេះ​ តែ​ក៏​នៅ​មាន​ច្រករបៀង​នាំចូល​ជាច្រើន​ទៀត​ដែល​គួរ​ឱ្យ​មានការ​បារម្ភ​ដែរ​។ ដូច្នេះ​យើង​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​ថែមទៀត​ចំពោះ​ការនាំចូល​ទ្រង់​ទ្រា​យតូចៗ​ ហើយ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ក៏​ត្រូវតែ​ប្រយ័ត្ន​ពី​ការ​នាំ​ជំងឺ​ និង​មេរោគ​ចូល​កសិដ្ឋាន​របស់​ខ្លួន​ដែរ​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​បាន​លើកឡើង​ពី​ក្តី​បារម្ភ​ពី​ការ​លួច​នាំចូល​សត្វ​ជ្រូក​នៅ​តាម​ច្រករបៀង​ ដែល​ពុំ​មានសមត្ថកិច្ច​យាមកាម​តឹងរ៉ឹង​នោះ​ ដោយ​លោក​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“សមាគម​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ដល់​អ្នកចិញ្ចឹមសត្វ​ក្នុង​ស្រុក​រាប់​ខែ​មក​ហើយ​ មិនមែន​ទើបតែ​ឥឡូវ​ទេ​ ​តែ​ដោយសារតែ​ឥឡូវ​មានការ​ផ្ទុះ​នៅ​វៀតណាម​ ដែល​ធ្វើ​ឱ្យ​ពួក​យើង​កាន់តែ​មានការ​បារម្ភ​បន្ថែម​ទៀត​”។ លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​ ជាពិសេស​ពេទ្យសត្វ​ត្រូវ​ចុះ​ធ្វើសកម្មភាព​ឱ្យ​បាន​ខ្លាំងក្លា​ ដើម្បី​ធានា​ថា​ គ្មាន​ជ្រូក​មាន​ជំងឺ​នេះ​ឆ្លង​ចូល​មក​ក្នុង​កម្ពុជា​។

    លោក​ ស្រ៊ុ​ន ពៅ​ បាន​បញ្ជាក់​ថា​៖“យើង​គិត​មើល​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ចិន​ តែ​វា​អាច​ឆ្លង​ដល់​ប្រទេស​វៀតណាម​បាន​ ចុះបើ​ឥឡូវ​វា​កើត​នៅ​ប្រទេស​វៀតណាម​ វា​អាច​ឆ្លង​ដល់​ប្រទេស​យើង​ដែរ​ទេ​? ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ​”។ លោក​បន្ត​ថា​ “តែ​ជំងឺ​នេះ​មិនជា​សាហាវ​ពេក​ទេ​ វា​ឆ្លងតាម​ការ​ប៉ះពាល់​ សូម្បីតែ​នៅ​ប្រទេស​ថៃ​ដែល​មិន​មាន​ផ្ទុះ​នូវ​ជំងឺ​នេះ​មែន​ តែ​ ប្រទេស​ជប៉ុន​បាន​រក​ឃើញ​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​នៅ​លើ​សាច់ក្រក​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ទៅ​”។

    ទោះជាយ៉ាងណា​ បើ​ទោះជា​ជំងឺ​ប៉េស្ត​ជ្រូក​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ក៏ដោយ​ក៏​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោក​ លី​ សូ​វ៉ាន់​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​បរិភោគ​សាច់​ជ្រូក​ ឬសាច់សត្វ​ដែល​ឈឺ​ ឬងាប់​ដោយ​ពុំ​ដឹង​មូលហេតុ​ឡើយ​ ព្រោះ​អាច​នាំ​ឱ្យ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗដូចជា​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ​ជាដើម​។

    លោក​ ពៅ​ បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​យើង​បាន​បិទ​ការនាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​ហើយ​ បើ​មានការ​នាំចូល​ គឺ​ត្រូវ​កម្ទេច​ចោល​តែម្តង​ ក៏ប៉ុន្តែ​យើង​នៅ​បារម្ភ​ពី​ច្រករបៀង​ដែល​មានការ​ដឹកជញ្ជូន​តាម​ម៉ូតូ​ ម្ដង2​-3ក្បាល​ ដែល​ជា​ការ​លួច​នាំចូល​។ ដូច្នេះ​ នរណា​ទៅ​ការពារ​បាន​? ហើយ​នៅ​មាន​ផលិតផល​សម្រេច​ ដូចជា​សាច់ក្រក​ ហត់​ដក​ និង​ប្រហិត​ ទៀត​ជាដើម​។ល។

    លោក​បាន​បន្ថែម​ថា​ ចំពោះ​សមាគម​ គឺ​បាន​ធ្វើ​នៅ​តាម​កសិដ្ឋាន​ មានការ​ចាក់ថ្នាំ​អនាម័យ​សម្លាប់​មេរោគ​ និង​ការពារ​មិន​ឱ្យ​យក​កាកសំណល់​ឆ្លង​ពី​កសិដ្ឋាន​មួយ​ទៅ​កសិដ្ឋាន​មួយ​។ សមាគម​ក៏បាន​ចូលរួម​ធ្វើ​សិក្ខាសាលា​ណែនាំ​ដល់​អាជីវករ​អ្នកលក់​ និង​កសិដ្ឋាន​ចិញ្ចឹម​ ឯក្រសួង​ជា​អ្នកការពារ​តាម​ព្រំដែន​ ទើប​យើង​អាច​ទប់ស្កាត់​ និង​ការពារ​បញ្ហា​នេះ​បាន​។របាយការណ៍​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​ម្នា​ក់ៗ​បាន​បរិភោគ​សាច់សត្វ​ប្រមាណ​ជាជាង​ 17គីឡូក្រាម​ជាមធ្យម​នៅក្នុង1ឆ្នាំ​ ដោយ​ក្នុង​នោះ​បរិភោគ​សាច់​ជ្រូក​ច្រើនជាង​គេ​បំផុត​។

    របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុងចំណោម​នោះ​មនុស្ស​ម្នា​ក់ៗ​បាន​បរិភោគ​សាច់​ជ្រូក​ប្រមាណ​ 9.29គីឡូក្រាម​ សាច់គោ​ ឬក្របី​ប្រមាណ​ 5គីឡូក្រាម​ សាច់​បក្សី​ប្រហែល​ 3.3គី​ឡួ​ក្រាម​ និង​សាច់​សត្វ​ផ្សេង​ៗទៀត​ប្រមាណ​ 0.01គី​ឡួ​ក្រាម​។

    នៅ​ឆ្នាំ2018​ ប្រជាជន​កម្ពុជា​បរិភោគ​សាច់សត្វ​ចំនួន​ប្រមាណ​ 285,000តោន​។ ចំណែក​ផលិតកម្ម​ក្នុង​ស្រុក​មានលទ្ធភាព​អាច​ផ្គត់ផ្គង់​បាន​ត្រឹមតែ​ 231,000តោន​ ឬស្មើនឹង​ 81​%ប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​បំពេញ​ឱ្យ​គ្រប់​តម្រូវការ​ កាលពី​ឆ្នាំ2018​ កម្ពុជា​បាន​នាំចូល​ជ្រូក​ចំនួន​ 630,770ក្បាល​ មាន់​រស់​ចំនួន​ 981,300ក្បាល​ និង​សាច់​ចម្រុះ​ចំនួន​ 2,440តោន​៕