Author: ធឿន មករា

  • ដាំដំណាំ​ត្រប់ស្រួយ​ ចំណេញពេលវេលា​ និង​មាន​តម្រូវការ​រាល់ថ្ងៃ​លើ​ទីផ្សារ​

    ដាំដំណាំ​ត្រប់ស្រួយ​ ចំណេញពេលវេលា​ និង​មាន​តម្រូវការ​រាល់ថ្ងៃ​លើ​ទីផ្សារ​

    រយៈពេល​កន្លងមក​ នៅ​លើ​ទីផ្សារ​គេ​ឃើញ​មាន​លក់​បន្លែ​ និង​ផ្លែឈើ​នាំចូល​ពី​ប្រទេសជិតខាង​ដែល​មិន​ច្បាស់​ថា​មាន​ប្រើ​សារធាតុ​គី​ ឬអត់​នោះ​ទេ​ តែ​នា​ពេល​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​លក់​កសិផល​ក្នុង​ស្រុក​ដែល​ប្រជាកសិករ​យើង​មានការ​យល់ដឹង​ច្រើនជាង​មុន​ និង​មិន​ប្រើជា​តិ​គីមី​ច្រើន​ដូចមុន​ទៀត​ឡើយ​ ដែល​រួមមាន​បន្លែ​ប្រភេទ​ហូប​ស្លឹក​ដូចជា​ ស្ពៃ​ សាលាដ​ ខាត់ណា​ ស្ពៃ​ក្តោប​ ស្ពៃចង្កឹះ​-ល- បន្លែ​ប្រភេទ​ឡើងទ្រើង​ ដូចជា​ ត្រឡាច​ ននោង​ ត្រសក់​ ម្រះ​ និង​បន្លែ​ប្រភេទ​ផ្លែ​ មាន​ ប៉េងប៉ោះ​ ត្រប់​ ម្ទេស​ ជាដើម​ ពិសេស​ដំណាំ​ត្រប់ស្រួយ​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​គួរ​ឱ្យ​កត់សម្គាល់​។

    លោក​ ស៊ុន​ សុ​ខខេង​ ជា​ប្រធាន​សហគមន៍​ដាំ​បន្លែ​ចម្រុះ​ដ៏​ធំ​មួយ​នៅក្នុង​ស្រុកចំការ​លើ​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​ថា​ សហគមន៍​លោក​មានការ​ដាំ​បន្លែ​គ្រប់​ប្រភេទ​ មាន​ដូចជា​ ស្ពៃ​ ត្រសក់​ ឆៃថាវ​ ម្ទេស​គ្រប់​ប្រភេទ​ និង​ជាពិសេស​គឺ​ ដំណាំ​ត្រប់ស្រួយ​នេះ​តែម្តង​ ព្រោះ​វា​មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ​ និង​ការ​ដាំ​មាន​រយៈពេល​ខ្លី​ ឆាប់​បាន​ទទួលផល​ច្រើន​ និង​ចំណេញពេលវេលា​ទៀតផង​។

    លោក​បាន​បន្ត​ថា​ ការ​ដាំ​ត្រប់ស្រួយ​នេះ​ គឺ​ប្រើ​រយៈពេល​ត្រឹមតែ​ 2ខែ​កន្លះ​ប៉ុណ្ណោះ​ ទាំង​សាបព្រោះ​យកកូន​ និង​ដាក់ដាំ​។ ការ​ព្រោះ​គ្រាប់ពូជ​ត្រប់ស្រួយ​ ត្រូវ​បាន​ប្រជាកសិករ​យើង​ជ្រើសរើស​យក​គ្រាប់ពូជ​ណា​ដែល​សុទ្ធ​ល្អ​ ដើម្បី​កុំឱ្យ​មានការ​ក្លាយ​ខូច​រូបរាង​ដើម​របស់​វា​ ដោយ​យក​គ្រាប់​ដែល​ជ្រើសរើស​រួចមក​ដាក់​ត្រាំទឹក​រយៈពេល​ 2ម៉ោង​ ហើយ​ចង​វេច​ខ្ចប់​យក​មក​ត្រាំ​ផ្អាប់​ក្នុងទឹក​ត្រជាក់​ ឬទឹកកក​រយៈពេល3​ ទៅ​ 4ថ្ងៃ​បន្ត​ទៀត​ដែល​ជា​ការសាកល្បង​ដើម្បី​ការពារ​ខ្លាចក្រែង​វា​ពុំ​ដុះ​ និង​ត្រូវ​រង់ចាំ​រហូតដល់​គ្រាប់​វា​ដុះ​ពន្លក​ឡើង​ខ្លះ​ៗជាមុន​សិន​ ទើប​អាចយ​កទៅ​ដាក់ដាំ​បាន​។

    វិធី​ដាំដុះ​តាម​បច្ចេកទេស​ គឺ​ត្រូវ​ធ្វើ​ដី​ឱ្យ​ល្អ​ រួច​ឆូត​ជា​រង​ទាប​ៗមាន​ទទឹង​ជាង​កន្លះ​ម៉ែត្រ​ គ្រប​សំពត់កៅស៊ូ​ដែល​ចោះប្រហោង​ រួច​យកកូន​ត្រប់ស្រួយ​មក​ដាក់ដាំ​ឃ្លាតពី​គ្នា​ប្រវែង​ 1ម៉ែត្រ​ ហើយ​ត្រូវ​ស្រោចទឹក​ និង​ដាក់ជី​អាចម៍​គោ​តិច​ៗពីលើ​។

    រដូវ​ដាំ​ត្រប់ស្រួយ​ គឺ​គេ​ច្រើន​ដាំ​ចាប់ពី​ខែឧសភា​ ដល់​ខែធ្នូ​ ដោយ​ពេញ1រដូវ​ដែល​ជា​អាយុកាល​របស់​វា​ នៅក្នុង​ផ្ទៃដី​ទំហំ​ 20×50ម៉ែត្រ​ គេ​អាច​ប្រមូល​ផល​ផ្លែ​ត្រប់ស្រួយ​បាន​ប្រមាណ​ពី​ 20គីឡូ​ឡើង​ទៅដល់​ 90គីឡូ​រៀងរាល់​ 2ថ្ងៃ​ម្ដង​ ឬ1អាទិត្យ​ 3ដង​ ហើយ​បរិមាណ​នេះ​អាច​នឹង​ថយ​ចុះ​មកវិញ​ នៅពេល​ដែល​ដើម​វា​ចាស់​។

    ចំណែក​កសិករ​ដែល​ដាំ​ត្រប់ស្រួយ​នៅក្នុង​សហគមន៍​បានឱ្យ​ដឹង​ថា​ មន្ត្រី​កសិកម្ម​បាន​ជួយ​ណែនាំ​ពី​បច្ចេកទេស​ក្នុង​ការ​ដាំ​ឱ្យ​ទទួល​បានផល​ល្អ​ និង​មិនសូវ​នឿយហត់​ ហើយ​ដំណាំ​ត្រប់ស្រួយ​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគាត់​បាន​ធូរធារ​ឡើង​គួរសម​។

    លោក​ សុ​ខខេង​ ប្រធាន​សហគមន៍​ខាងលើ​បានឱ្យ​ដឹង​ថា​៖ “សហគមន៍​កសិករ​ក្នុង​ស្រុកចំការ​លើ​របស់​លោក​ ភាគច្រើន​ដែល​មាន​ដីចម្ការ​ទំ​ហំ​តូច​ៗត្រឹមតែ10​-20អា​ បាន​រួមគ្នា​ដាំ​ត្រប់ស្រួយ​ ដែល​សរុបទៅ​បាន​ប្រហែល​ 2ហិ​កតា​ដែរ​នៅក្នុង​មូលដ្ឋាន​របស់​លោក​”។

    លោក​បញ្ជាក់​ថា​៖“បើ​ដាំដុះ​ និង​ថែទាំ​បាន​ល្អ​ក្នុង​ទំហំដី​ 2ហិ​កតា​នេះ​ គឺ​ក្នុង1ថ្ងៃ​យើង​អាច​ទទួលផល​បាន​ពី​ 300​-400គីឡូក្រាម​ដែរ​ ពោល​គឺ​ក្នុង1ខែ​យើង​មាន​ចំណូល​ពី​ការ​លក់​បន្លែ​ត្រប់ស្រួយ​នេះ​ក្នុងទឹក​ប្រាក់​ប្រមាណ​ 7 ទៅ​ 8លាន​រៀល​ដែរ​ ដោយ​លក់​បាន​ក្នុង1គីឡូក្រាម​តម្លៃ​ពី1000ទៅ1,200រៀល​ ហើយ​មាន​ឈ្មួញ​មក​ម៉ៅទិញ​ដល់ទី​តាំងតែ​ម្តង​ ហើយ​ដំណាំ​ត្រប់ស្រួយ​នេះ​ យើង​អាច​ប្រមូល​ផល​បាន​ជាប់​រហូតដល់​ 3ខែ​”។

    លោក​ សុ​ខខេង​ បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ខ្មែរយើង​ងាក​មក​ដាំ​បន្លែ​ត្រប់ស្រួយ​នេះ​វិញ​ ព្រោះ​វាទ​ទួល​បានផល​ល្អ​ប្រសើរ​ និង​ជា​ប្រភេទ​បន្លែ​សម្រាប់​ធ្វើជា​ម្ហូបអាហារ​បាន​ច្រើនយ៉ាង​ និង​ធ្វើជា​អន្លក់​ក៏បាន​ដែរ​ ហើយ​ជា​ប្រភេទ​បន្លែ​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​។

    ម្យ៉ាងទៀត​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ និង​បរិមាណ​ផ្គត់ផ្គង់​ សហគមន៍​លោក​ត្រូវ​បាន​អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ចុះ​មក​ជួយ​រៀបចំ​ជា​សហគមន៍​ផលិត​បន្លែ​ និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ដៃគូ​វិស័យ​ឯកជន​ប្រមូល​ទិញ​កសិផល​ក្នុង​តម្លៃ​សមរម្យ​ និង​ខាង​ក្រសួង​បាន​ចុះ​មក​វាយតម្លៃ​លើ​ស្តង់​ដា​ផលិតផល​ដើម្បី​ផ្តល់​វិញ្ញាបនបត្រ​ GAP​ ដល់​សហគមន៍​របស់​លោក​ដើម្បី​ធានា​ពី​ភាព​ត្រឹមត្រូវ​ខាង​គុណភាព​ និង​សុវត្ថិភាព​ ដើម្បី​បង្កើន​ការ​ជឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ​។

    ចំពោះ​មហិច្ឆតា​ក្នុង​ការ​ធ្វើចម្ការ​ដំណាំ​បន្លែ​ធម្មជាតិ​នេះ​ លោក​ សុ​ខខេង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​៖“សហគមន៍​របស់​លោក​នឹង​ធ្វើ​ពង្រីក​ការ​ដាំដុះ​បន្លែ​ត្រប់ស្រួយ​បន្ថែម​ទៀត​ ដោយ​នឹង​ពង្រីក​ផ្ទៃដី​ប្រមាណ​ជា​ 2ហិ​កតា​ថែមទៀត​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ព្រោះ​ដំណាំ​នេះ​ផ្តល់​ផល​លឿន​ និង​បាន​កម្រៃ​អាច​ទទួលយក​បាន​”។

    យោង​តាម​ឯកសារ​កសិកម្ម​ត្រប់ស្រួយ​ជាដំណាំ​បន្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ ស្គាល់​ និង​ចូលចិត្ត​បរិភោគ​ តែ​មាន​មនុស្ស​តិចណាស់​ដែល​ស្គាល់​ពី​គុណប្រយោជន៍​របស់​វា​។ ត្រប់ស្រួយ​មានគុណ​ប្រយោជន៍​ អាច​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​សរសៃឈាម​ ព្រោះ​ត្រប់​ប្រភេទ​នេះ​ បញ្ចេញ​ប្រសិទ្ធភាព​ស្រ​ដៀង​ៗ និង​ Insulin​ ដែល​ធ្វើ​ឱ្យ​លំពែង​ អាច​គ្រប់គ្រង​ជាតិ​ស្ករ​ ក្នុង​រាងកាយ​ ឱ្យ​ស្ថិត​ក្នុង​កម្រិត​សម​ល្មម​បាន​ ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​ជំងឺ​ខាង​ប្រព័ន្ធ​រំលាយអាហារ​ និង​ការ​បន្ទោបង់​ផង​ដែរ​ ជាង​នេះ​ទៅទៀត​ត្រប់ស្រួយ​អាច​ជួយ​កាត់បន្ថយ​ការ​ច្របាច់​សាច់ដុំ​ ទប់ស្កាត់​មហារីក​ ថែបំប៉ន​បេះដូង​ និង​ជួយ​ដល់​ការ​ធ្វើការងារ​របស់​សរសៃឈាម​ទៀតផង​។ នៅក្នុង​ត្រប់ស្រួយ​ទម្ងន់100ក្រាម​ មាន​ថាមពល​ 39កាឡូរី​ ប្រូ​តេ​អុីន​ 1.6ក្រាម​ ខ្លាញ់​ 0.5ក្រាម​ កាបូន​-អុីដ្រា​ត 7.1ក្រាម​ កាល់ស្យូម​ 7មិល្លីក្រាម​ ផូស្វ័រ​ 10​មិល្លីក្រាម​ ជាតិ​ដែក​ 0.8មិល្លីក្រាម​ ទឹក​ 90.0ក្រាម​ និង​វីតាមីនC​ 24ក្រាម​៕

  • ចាប់​ព្រះច័ន្ទ​ពី​ប៉ារីស​មក​ភ្នំពេញ​ក្នុង​កម្មវិធី​ VIP​ Moon​ Night​ ជាមួយ​ Huawei​ P30​ សេរ៊ី​!

    ចាប់​ព្រះច័ន្ទ​ពី​ប៉ារីស​មក​ភ្នំពេញ​ក្នុង​កម្មវិធី​ VIP​ Moon​ Night​ ជាមួយ​ Huawei​ P30​ សេរ៊ី​!

    ភ្នំពេញ​ ថ្ងៃទី​ 30​ មីនា​ ឆ្នាំ​ 2019​ ៖ ក្រុមហ៊ុន​ Huawei​ បាន​ហ្សូម​ចាប់​ព្រះច័ន្ទ​ពីទី​ក្រុងប៉ារីស​មក​ទីក្រុង​ភ្នំពេញ​ ក្នុង​កម្មវិធី​ VIP​ Moon​ Night​ សម្ពោធ​កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​ កាមេរ៉ា​បួន​គ្រាប់​របស់​ Leica​ ដំបូង​គេ​បំផុត​លើ​ពិភពលោក​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ ដោយមាន​ការចូលរួម​ពី​តំណាង​ចែកចាយ​មក​ពី​ទូទាំង​ប្រទេស​ ដៃគូ​អាជីវកម្ម​ និង​បណ្តា​សារព័ត៌មាន​យ៉ាងច្រើន​កុះករ​ កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​ Sofitel​។

    កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​ មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ ក្នុង​ការ​ថតរូប​ ដែល​បំពាក់​ដោយ​ឡែន​ SuperZoom​ អាច​ហ្សូម​បែប​ Optical​ បាន​ 5ដង​ ហ្សូម​បែប​ Hybrid​ បាន​ 10ដង​ និង​ជាពិសេស​ ហ្សូម​បែប​ Digital​ បាន​រហូតដល់​ 50ដង​ ហ្សូម​បាន​ដល់​ឋាន​ព្រះច័ន្ទ​ដូច​ឃើញច្បាស់​ផ្ទាល់​និង​ភ្នែក​! តិច​ថា​អត់​កប់​ម៉ា​មាត់​ទៅ​! ដូច្នេះហើយ​ បាន​ជា​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ មានឈ្មោះ​ថា​ VIP​ Moon​ Night​។ មិន​តែប៉ុណ្ណោះ​ ស៊ូ​ភើ​កាមេរ៉ា​ Leica​ 4 គ្រាប់​ ខាងក្រោយ​គឺ​មាន​ទំហំ​ ​40MP​ ដែល​បំពាក់​ Super​ Spectrum​ Senor​ កាមេរ៉ា​ទំហំ​ 20MP​ ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប​ Ultra​-Wide​ Angle​ កាមេរ៉ា​ Telephoto​ ទំហំ​ 8MP​ និង​កាមេរ៉ា​ Huawei​ TOF​។

    លើស​ពីនេះ​ទៅទៀត​ កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​ អាច​ផ្តិត​យក​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប​ដូច​ឃើញ​ផ្ទាល់​និង​ភ្នែក​នៅពេល​យប់​ ​ដោយ​កម្រិត​ ISO​ ខ្ពស់​សូម្បីតែ​ក្នុង​ទី​ងងឹត​ ​មិនសូវ​មាន​ពន្លឺ​ ជាមួយ​ស៊ូ​ភើ​កាមេរ៉ា​បច្ចេកវិទ្យា​ Super​ Sensing​ Leica​ បួន​គ្រាប់​ ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់​ ​យក​ផ្ទៃ​ក្រោយ​ព្រាល​ ​ពន្លឺភ្លើង​ Bokeh​ ដែល​ជា​ស្រមោល​ ភ្លើង​ជាប់គ្នា​ ​ឫច្បាស់​កន្លែងណា​មួយ​ក៏បាន​ជាមួយ​កាមេរ៉ា​ TOF​ ចាប់​ប្លង់​វី​ឌី​អូ​ពីរ​ប្លង់​ថត​នៅ​លើ​អេក្រង់​តែមួយ​ដំណាលគ្នា​អាច​ឲ្យ​អ្នក​ឃើញ​ប្លង់​បាន​ពីចំងាយ​និង​មើល​កៀក​។ អស់​ទាស់​ហ្មង់​! P30​ Pro​ ទំលាក់​កំពូល​ស្មា​តហ្វូ​នដ​ទៃ​ ដោយ​ទទួល​បាន​តំណែង​ជើងឯក​កំពូល​ ក្នុង​តារាង​ DxOMark​ ដោយ​ទទួល​បាន​ 112​ ពិន្ទុ​ លើ​កា​រហ្សូ​មនិង​ការ​ថត​បែប​ Bokeh​។

    កាន់តែ​រំជើបរំជួល​ និង​ភ្ញាក់ផ្អើល​ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ស្វាគមន៍​ឯកអគ្គ​រដ្ឋទូត​ថ្មី​ពីរ​រូប​ជា​ផ្លូវការ​ គឺ​ម្ចាស់​បទ​ កា​ម៉ា​ប់ៗ​កំពូល​តារាចម្រៀង​ល្បី​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅ​ប្រទេស​កម្ពុជា​ អ្នកនាង​ ឱក​ សុគន្ធ​កញ្ញា​ និង​កំពូល​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​ គឺ​លោក​ នី​កូ​ ក្នុង​កម្មវិធី​សម្ពោធ​កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​។ ឯកអគ្គ​រដ្ឋទូត​ថ្មី​ទាំងពីរ​រូប​ ពិតជា​សាក​សម​បំផុត​សម្រាប់​ Huawei​ ដោយសារតែ​ក្រុមហ៊ុន​ Huawei​ ជា​ក្រុមហ៊ុន​ស្មា​តហ្វូ​នលំដាប់​លេខ​ពីរ​ និង​ជា​ម៉ាក​ដែល​មាន​ទទួលការ​ទុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភពលោក​ ព្រមទាំង​មាន​បច្ចេកវិទ្យា​និង​ផលិតផល​ឈានមុខ​គេ​បង្អស់​។

    លោក​ Henry​ Hsiao​ នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​ Huawei​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា​ ​យើង​តែងតែ​ផ្តោត​សំខាន់​លើ​ការបង្កើត​ថ្មី​ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​បំផុត​ ចំពោះ​ផលិតផល​របស់​យើង​ ហើយ​ការ​សម្ពោធ​កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​នេះ​ គឺជា​របកគំហើញ​ថ្មី​នៃ​ស៊ូ​ភើ​កាមេរ៉ា​ សមត្ថភាព​ខ្លាំង​អស្ចារ្យ​ លើស​ពី​កំពូល​ស្មា​តហ្វូ​នធម្មតា​នៅក្នុង​ទីផ្សារ​ស្មា​តហ្វូ​ន។ ខ្ញុំ​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ដែល​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ ប្រទេស​កម្ពុជា​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​ និង​ លោក​ នី​កូ​ ក្លាយជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​ប្រទេស​កម្ពុជា​! ស្វាគមន៍​អ្នក​ទាំងពីរ​ជា​ ឯកអគ្គ​រដ្ឋទូត​របស់​ Huawei​។

    អ្នកនាង​ ឱក​ សុគន្ធ​កញ្ញា​ បាន​លើកឡើង​ក្នុង​វី​ឌី​អូ​របស់​កញ្ញា​ថា​ “ នាងខ្ញុំ​ពិតជា​មាន​កិត្តិយស​ និង​រំភើប​យ៉ាង​ខ្លាំង​ដែល​ក្លាយជា​សមាជិក​របស់​ក្រុមហ៊ុន​ Huawei​ ជាឯក​អគ្គរដ្ឋទូត​។ ហ្សូម​ដល់​ឋាន​ព្រះច័ន្ទ​ ជាមួយ​កំពូល​ស្មា​តហ្វូ​ន Huawei​ P30​ សេរ៊ី​។”

    លោក​ នី​កូ​ ក៏បាន​លើកឡើង​ថា​ “ នេះ​ជាលើកដំបូង​ហើយដែល​ខ្ញុំ​បាន​ក្លាយជា​ឯកអគ្គ​រដ្ឋទូត​ សម្រាប់​ម៉ាក​របស់​ក្រុមហ៊ុន​ស្មា​តហ្វូ​ន។ ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន​ Huawei​ ដោយសារ​ Huawei​ ជា​ម៉ាក​ដ៏​ល្បី​ដែល​មានការ​ទទួលស្គាល់​ចំពោះ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ និង​តែងតែមាន​បច្ចេក​វិទ្យា​ថ្មី​ៗ ហើយ​ខ្ញុំ​ពិតជា​ស្រលាញ់​កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​ ខ្លាំង​ណាស់​ជាពិសេស​ស៊ូ​ភើ​កាមេរ៉ា​នេះ​តែម្តង​។”

    ការ​រង់ចាំ​ត្រូវ​បាន​បញ្ចប់​។ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ពី​ការ​កុម្ម៉ង់​ទិញទុក​មុន​សម្រាប់​ កំពូល​ស្មា​តហ្វូ​ន P30​ Pro​ មានតម្លៃ​ $899ថែមទាំង​ទទួល​បាន​ Wireless​ Charger​ និង​នាឡិកា​កា​លី​បសុ​ខភាព​ ​រី​ឯកំ​ពូល​ស្មា​តហ្វូ​ន P30​ តម្លៃ​ $699​ ថែម​ ​Body​ Fat​ Scale​ និង​នាឡិកា​កា​លី​បសុ​ខភាព​ ​ដោយ​អតិថិជន​អាច​ទទួលយក​កំពូល​ស្មា​តហ្វូ​ននេះ​ពី​បណ្តា​ហាង​ដែល​បា​នកុម្ម៉ង​ទុក​ចាប់ពី​ថ្ងៃ​ ​05​-07​ មេសា​ ​2019​។ ​មិន​តែប៉ុណ្ណោះ​ សម្រាប់​មួយ​ម៉ូដែល​ទៀត​ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​គំហុក​ កំពូលស្មា​តហ្វូ​ន P30​ Lite​ តម្លៃ​ត្រឹមតែ​ $339​ ថែម​ Bluetooth​ speaker​ និង​ ស៊ី​មស្មា​តលេខ​ពិសេស​ គម្រោង​ស្មា​តធំ​ហ្មង់​ និង​ព្រមទាំង​មានឱកាស​ឈ្នះ​រថយន្ត​ Mazda​ 2 ផង​ដែរ​។

  • ជំនួប​កូរ៉េ​ខាងត្បូង​-កម្ពុជា​ ជំរុញ​ការ​បើក​ទីផ្សារ​ ទិញ​ផលិតផល​កម្ពុជា​ និង​ផ្តល់​កម្ចី​ 700លាន​ដុល្លារ​

    ជំនួប​កូរ៉េ​ខាងត្បូង​-កម្ពុជា​ ជំរុញ​ការ​បើក​ទីផ្សារ​ ទិញ​ផលិតផល​កម្ពុជា​ និង​ផ្តល់​កម្ចី​ 700លាន​ដុល្លារ​

    រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​ 632លាន​ដុល្លារ​ដល់​កម្ពុជា​ បើ​គិត​ពីឆ្នាំ1996​ មកដល់​ឆ្នាំ2018​ គឺ​ចាប់ពី​ពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ នា​ខែកក្កដា​ ឆ្នាំ1996​ និង​បានសម្រេច​ឱ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ជា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​។ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ​ជា​ 300លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាងត្បូង​។

    នៅក្នុង​ជំនួប​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាងត្បូង​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អះអាង​ដែរ​ថា​៖“ សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តល់​កម្ចី​បន្ថែម​ទៀត​ចំនួន​ 700លាន​ដុល្លារ​ដោយ​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ធនធានទឹក​ និង​សុខុមាលភាព​សាធារណៈ​ វិស័យ​អប់រំ​ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​ មាន​ជាអាទិ៍​ គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អាកាសចរណ៍​ស៊ីវិល​ គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ2​ និង​ផ្លូវជាតិ​លេខ22​ ជាដើម​”។

    ថវិកា​ចំនួន​ 700លាន​ដុល្លារ​នេះ​ សម្រាប់​គម្រោង​ឆ្នាំ2019​ ដល់​ឆ្នាំ2023​ ដោយ​បាន​ធ្វើឡើង​ លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​សម្បទាន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ លោក​ មូន​ ជេ​អុីន​ (Moon​ Jae​-in​) មកកាន់​កម្ពុជា​។ ក្នុង​វេទិកា​នេះ​ដែរ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ និង​អ្នក​វិនិយោគ​កូរ៉េ​ដែល​មិនទាន់​បាន​មក​កម្ពុជា​ សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ នឹង​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ការចរចា​ផ្លូវការ​ និង​ធ្វើ​វេទិកា​ធុរកិច្ច​រួមគ្នា​រវាង​កម្ពុជា​ និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ ដោយ​ការ​ជជែក​ពិភាក្សា​នេះ​ គឺ​“យើង​នឹង​ខិតខំ​បើក​ទីផ្សារ​ ហើយ​យើង​នឹង​ស្នើ​ឱ្យ​កូរ៉េ​ជួយ​ទិញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​”។

    យោង​របាយការណ៍​នៃ​ការនាំចេញ​-នាំចូល​របស់​កម្ពុជា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញថា​ នៅ​ឆ្នាំ2018​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បរទេស​មាន​ចំនួន​សរុប​ 24,985លាន​ដុល្លារ​អាមេរិក​។ ដែល​ក្នុង​នោះ​ នៅ​ឆ្នាំ2018​ ការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​ចំនួន10​% ដែល​កំណើន​នេះ​ទទួល​បាន​ពី​ការ​កើនឡើង​នៃ​វិស័យ​កាត់ដេរ​ និង​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ឧស្សាហកម្ម​ តាមរយៈ​ការ​ខិតខំ​បើក​ច្រក​ទីផ្សារ​ នាំចេញ​ទៅកាន់​ជាង​ 147ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ។

    សារព័ត៌មាន​របស់​កូរ៉េ​ Yonhap​ News​ Agency​ កាលពីដើម​ឆ្នាំ2019​ នេះ​បាន​បញ្ជាក់​ថា​ យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​ធនាគារ​នីហរ័ណ​អាហរ័ណ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជាង​ 900ក្រុមហ៊ុន​កំពុង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ការ​វិនិយោគ​រួម​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ1968​ រហូតដល់​ខែកញ្ញា​ ឆ្នាំ2018​ បាន​ឈាន​ដល់​ 2.67ពាន់​លាន​ដុល្លារ​។ បើ​តាម​សមាគមពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កូរ៉េ​បានឱ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ គឺ​មាន​ ចំនួន​ 890លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​ ធៀប​នឹង​ 750លាន​ដុល្លារ​ក្នុង​ឆ្នាំ2013​។

    ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី14​-16មីនា​ លទ្ធផលជាក់​ស្តែង​ពី​កិច្ច​សហប្រតិបត្តិ​ការ​កំពុង​លេចចេញ​រូបរាង​ឡើង​រវាង​កូរ៉េ​ និង​អាស៊ាន​ ជាក់ស្តែង​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​ធ្វើដំណើរ​រវាង​ប្រទេស​អាស៊ាន​ និង​កូរ៉េ​បាន​កើន​លើស​ 10លាន​នាក់​ ជាលើកដំបូង​កាលពី​ឆ្នាំ2018​។

    ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ “តាមរយៈ​វេទិកា​ធុរកិច្ច​កម្ពុជា​កូរ៉េ​នេះ​ អ្នក​វិនិយោគ​កូរ៉េ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ មាន​ចំណុច​វិជ្ជមាន​ជាច្រើន​ ដែល​កូរ៉េ​កំពុង​សហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​តាមរយៈ​ការ​តភ្ជាប់​ ការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​ ការ​ផ្លាស់​ប្តូរ​ផ្នែក​ព័ត៌មាន​វិទ្យា​ ការ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ ព្រោះថា​ ការ​មក​វិនិយោគ​នៅ​កម្ពុជា​ ប្រទេស​កូរ៉េ​បាន​ផ្អែក​លើ​សក្តា​នុ​ពល​ និង​ធនធាន​កម្ពុជា​ដែល​មានស្រាប់​ ដែល​កម្ពុជា​មិនទាន់​ទាញ​យក​សក្តា​នុ​ពល​មក​ប្រើប្រាស់​អស់​នៅឡើយ​”។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅ​កម្ពុជា​មាន​ចិន​ និង​ជប៉ុន​កំពុង​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ ហេតុនេះ​គាត់​(កូរ៉េ​)មិន​អាច​នៅ​ស្ងៀម​បានទេ​ គាត់​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច​យើង​បានឃើញ​ស្រាប់ហើយ​ រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ច្រើន​ និង​មាន​ផ្តល់​សម្បទាន​ជាច្រើន​ទៀតផង​”។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖ “កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ដូចជា​ ទី1ផ្នែក​ទេសចរណ៍​ យើង​មាន​តំបន់ឆ្នេរ​ និង​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ ទី2ផលិតផល​កសិកម្ម​ ដែល​អ្នក​វិនិយោគ​កូរ៉េ​អាចប​ង្កើត​រោងចក្រ​កែច្នៃ​ដើម្បី​នាំចេញ​បាន​ ទី3​ យើង​មាន​ធនធាន​រ៉ែ​ច្រើន​ដែល​មិនទាន់​កែច្នៃ​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​វិនិយោគ​បាន​ និង​ទី4​ កូរ៉េ​កំពុង​មាន​ទិសដៅ​ឆ្ពោះ​មកកាន់​តំបន់​អាស៊ាន​ ព្រោះ​អាស៊ាន​មាន​ទីផ្សារ​ធំ​ណាស់​ ដែល​កូរ៉េ​ក៏​ជាស​មា​ជិ​កអាស៊ាន​បូក​ផង​ដែរ​”។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ថា​ ចំណែក​វិស័យ​ឯកជន​ ក៏​យើង​បាន​ទទួល​វិនិយោគិន​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ដែល​គាត់​អមដំណើរ​មក​ជាមួយ​ដែរ​ ដើម្បី​សែ្វ​ងយ​ល់​ពី​សក្តា​នុ​ពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​។ ខាង​សភា​ពាណិជ្ជកម្ម​យើង​ក៏​នឹង​ទទួល​បានការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ព្រោះ​ជា​យុទ្ធសាស្ត្រ​របស់​កូរ៉េ​ សំដៅ​មក​ភាគ​ខាងត្បូង​ គឺ​មក​ប្រទេស​អាស៊ាន​ ហើយ​កូរ៉េ​ស្ថិតនៅ​ជាស​មា​ជិ​កអាស៊ាន​បូក​ដែរ​ ដូច្នេះ​កូរ៉េ​គាត់​មានលទ្ធភាព​បណ្តាក់​ទុន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​យើង​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ហេតុនេះ​ យើង​សង្ឃឹមថា​ ក្រោយ​វេទិកា​ធុរកិច្ច​នេះ​គាត់​នឹង​បន្ថែម​អ្នក​វិនិយោគ​ថែមទៀត​ ព្រោះ​ប្រទេស​កូរ៉េ​ជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​មួយ​ដែរ​នៅ​តំបន់​អាស៊ី​យើង​នេះ​ គាត់​មាន​អ្នក​វិនិយោគ​ច្រើន​លំដាប់​ទី2​ នៅ​កម្ពុជា​”។

    សូម​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ក៏បាន​កើនឡើង​ដល់160ពាន់​លាន​ដុល្លារ​ផង​ដែរ​។ រដ្ឋាភិបាល​កូរ៉េ​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ​ឱ្យ​បាន​ដល់​ 200ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ2020​ ព្រោះ​តំបន់​អាស៊ាន​ គឺជា​តំបន់​យុទ្ធសាស្ត្រ​ និង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​សម្រាប់​កូរ៉េ​ខាងត្បូង​។ តំបន់​នេះ​ជា​មជ្ឈមណ្ឌល​នៃ​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ជា​តំបន់​ឆ្លងកាត់​៕

  • កម្ពុជា​ និង​ឥណ្ឌា​ ចុះ​កិច្ច​ព្រមព្រៀង​លើកកម្ពស់​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មាន​

    កម្ពុជា​ និង​ឥណ្ឌា​ ចុះ​កិច្ច​ព្រមព្រៀង​លើកកម្ពស់​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មាន​

    ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​” ព្រម​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយនឹង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-DOT​)ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​មួយ​នៅ​ឥណ្ឌា​។

    អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ក្រសួង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មិន​ត្រឹមតែ​ផ្តោត​លើ​ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​” ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួម​បង្កើត​នូវ​ភូមិ​ឆ្លាតវៃ​ ឬ“ភូមិ​ឌីជីថល​”នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​។

    ដោយឡែក​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយនឹង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-DOT​) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ល្បី​មួយ​នៅ​ឥណ្ឌា​ នឹង​ផ្តោត​ទៅលើ​ការ​ពង្រាយ​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ទំនើប​ និង​ការ​បំពាក់​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​នៅ​តាម​ជនបទ​។

    ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ឯកឧត្តម​រដ្ឋលេខាធិការ​ សុខ​ ពុទ្ធិ​វុធ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ត្រាំ​ អុី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​លោក​ V. Raghunandan​ អគ្គនាយក​ នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ លោក​ សាន្ត​ វី​ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ ព្រម​ជាមួយ​លោក​ Shri​ Vipin​ Tyagi​ នាយក​ប្រតិបត្តិ​ C-DOT​។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​នា​ពេល​កន្លងមក​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ មជ្ឈ​មណ្ឌល​ឧត្តមា​នុ​វត្តន៍​ និង​ការសិក្សា​លើ​ “ភូមិ​ឌីជីថល​។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើកឡើង​ថា​ អនុស្សរណៈ​យោគយល់​គ្នា​ដែល​យើង​បាន​ចុះហត្ថលេខា​នៅពេល​នេះ​ គឺជា​ការ​បោះជំហាន​ថ្មី​មួយទៀត​លើ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​យើង​ទាំង2​ លើ​វិស័យ​ទូរគមនាគមន៍​ បន្ថែម​លើ​កិច្ច​សហប្រតិបត្តិ​ការដែល​យើង​មានស្រាប់​នា​ពេល​កន្លងមក​ដើម្បី​ទាញ​យក​នូវ​សក្តា​នុ​ពល​នៃ​ការ​រីកចម្រើន​ឈានមុខ​គេ​មួយ​លើ​វិស័យ​នេះ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​មាន​សុ​ទិដ្ឋ​និយម​ថា​ កិច្ចសហការ​នេះ​ និង​ជំរុញ​ឱ្យ​មាន​គម្រោង​ជាច្រើន​ទៀត​ក្នុង​ពេល​អនាគត​រវាង​កម្ពុជា​ និង​ឥណ្ឌា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ និង​ឥណ្ឌា​ដើម្បី​លើកកម្ពស់​ឱ្យ​កាន់តែ​ខ្ពស់​ និង​ពង្រឹង​នូវ​សាមគ្គីភាព​រវាង​ប្រជាជាតិ​ទាំង2​”។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ បន្ត​ថា​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ រួម​ទាំង​ការបាន​ចូល​រួម​ក្នូ​ងពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​ ព្រមទាំង​បាន​ធ្វើទស្សនកិច្ច​នៅ​ភូមិ​ឌីជីថល​នៅ​រដ្ឋ​ Karenda​ និង​តំបន់​ប្រវត្តិសាស្ត្រ​ Mewat​ ក្នុង​តំបន់​ Haryana​ នៃ​រដ្ឋ​ Rajasthan​ រួចមក​ យើង​រៀនសូត្រ​បាន​ច្រើន​ពី​ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយ​នេះ​ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍​។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ ថ្លែង​ថា​៖“យើង​ពិតជា​ស្ញប់ស្ញែង​ជាមួយនឹង​វិស័យ​ទូរគមនាគមន៍​ឥណ្ឌា​ ហើយ​ជឿ​ថា​ វា​នឹង​ជួយ​យើង​ឱ្យ​ទទួល​បាន​បន្ថែម​ទៀត​នូវ​សក្តា​នុ​ពល​ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ ហ្នឹង​ គឺជា​ហេតុផល​ដែល​យើង​ត្រូវ​ចុះហត្ថលេខា​ជាមួយ​ឥណ្ឌា​”។

    ឯកឧត្ដម​បន្ត​ថា​៖“រដ្ឋាភិបាល​ឥណ្ឌា​តាមរយៈ​ក្រសួង​ទូរគមនាគមន៍​របស់​គេ​ នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ប្រមាណ​ជា​ 10លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​គាំទ្រ​កម្មវិធី​បង្កើត​ភូមិ​ឌីជីថល​នៅ​កម្ពុជា​”។ ឯកឧត្ដម​បន្ត​ថា​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ​ ដែល​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ចាប់​ឌីជីថល​ដែល​ខ្វះខាត​នៅ​ទី​ជនបទ​ ដូច​ជា​អុីន​ធើ​ណិ​ត សុខាភិបាល​ឌីជីថល​ ការអប់រំ​តាម​អន​ឡាញ​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ រដ្ឋាភិបាល​អេឡិចត្រូនិក​ និង​កសិកម្ម​អេឡិចត្រូនិក​”។

    ឯកឧត្ដម​បន្ត​ទៀត​ថា​ ការ​ជ្រើសរើស​ខេត្តតាកែវ​ដែល​ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​សាកល្បង​នេះ​ គឺ​ដើម្បី​រំឭក​ដល់​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង2​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ទៅ​ទស្សនកិច្ច​អំពី​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​របស់​ឥណ្ឌា​នៅ​ខេត្តសៀមរាប​ គឺ​វិទ្យាស្ថាន​ជាតិ​ NIPTICT​ និង​បាន​ទៅ​ទស្សនកិច្ច​ទីតាំង​សម្រាប់​សិក្សា​លើ​គម្រោង​សាកល្បង​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឌីជីថល​នៅ​ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ផង​ដែរ​៕

  • UNDP​ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ តាមរយៈ​សេវា​ភ័ស្តុភារ​ឆ្លងដែន​ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​)

    UNDP​ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ តាមរយៈ​សេវា​ភ័ស្តុភារ​ឆ្លងដែន​ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​)

    ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​) ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​បង្កើន​ប្រសិទ្ធភាព​ដល់​អតិថិជន​ អ្នកលក់​រាយ​ ទីផ្សារ​ និង​ការ​ទទួល​បាន​ព័ត៌មាន​ពាណិជ្ជកម្ម​។

    ដើម្បី​ជួយ​ឱ្យ​កម្ពុជា​បើកឱកាស​បន្ថែម​ទៀត​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ដើម្បី​ការ​រីកចម្រើន​ និង​ការ​ទទួលស្គាល់​នៅក្នុង​ទីផ្សារ​សកល​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP​) និង​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ Alibaba​ Cainiao​ Group​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ នឹង​កិច្ច​ព្រមព្រៀង​ចែករំលែក​តម្លៃ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​គម្រោង​ភាពជា​ដៃគូ​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន​កាលពី​ពេល​ថ្មី​ៗនេះ​។

    ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ព្រមទាំង​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។

    សក្តា​នុ​ពល​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​សារៈសំខាន់​ និង​មានជោគ​ជ័យ​ព្រោះថា​ អត្ថ​ប្រយោជន៍​របស់​វា​មិន​ត្រឹមតែ​មានកម្រិត​ចំពោះ​ពាណិជ្ជកម្ម​អន្ដរ​ជាតិ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​សំខាន់​សម្រាប់​ការជំរុញ​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។

    លោក​ Yue​ (KEVIN​) Li​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ 4PX​ Express​ មានប្រសាសន៍​ថា​ “សេវា​ភ័ស្តុភារ​ឆ្លងដែន​នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ពី​ចរន្ត​ដ៏​រស់រវើក​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​តំបន់​ ដោយមាន​ការជំរុញ​បន្ថែម​ពី​សមាហរណកម្ម​អាស៊ាន​។ វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​តាមរយៈ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពីសំណាក់​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ដែល​កំពុង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ភ័ស្តុភារ​នៅក្នុង​ប្រទេស​នេះ​”។

    លោក​ Yue​ បាន​ថ្លែង​ថា​៖ “ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពិតជា​មាន​សក្តា​នុ​ពល​យ៉ាង​ធំធេង​នៅក្នុង​ប្រទេស​កម្ពុជា​។ គេ​គួរ​ចាត់ទុក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ថា​ ជា​ឧបករណ៍​កសាង​ឱកាស​ដើម្បី​បើកទ្វារ​បន្ថែម​ទៀត​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ទទួល​បាន​ឱកាស​រីកចម្រើន​ និង​ទទួល​បានការ​ទទួលស្គាល់​នៅ​លើ​ទីផ្សារ​សកល​”។

    លោក​ Nick​ Beresford​ អ្នកតំណាង​ UNDP​ ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ឌីជីថល​ បាន​ និង​កំពុង​ប្រែក្លាយ​កម្ពុជា​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បញ្ជាទិញ​អាហារ​ ទូទាត់​ថ្លៃ​ទំនិញ​ ហៅ​រ៉ឺម៉កម៉ូតូ​កង់3​ កក់​សណ្ឋាគារ​ ឬទិញ​សម្លៀកបំពាក់​ពី​តាម​ហាង​ជាដើម​។

    លោក​បន្ត​ថា​ សេវា​ទាំងនេះ​បាន​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​អតិថិជន​ និង​ការ​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​។ ប្រការ​នេះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ដែល​អាច​រក្សា​បាន​នូវ​ផលិតភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ប្រព័ន្ធ​អេកូ​-ស៊ី​ស្ទឹម​ (Eco​-System​) សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​គោលបំណង​លើក​កម្ពស់​បរិ​យា​ប័ន្ន និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ ក្រោម​ការចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​សំ​ខាន់​ៗចំនួន3​ គឺ​ រាជរដ្ឋាភិបាល​ ធុរកិច្ច​ និង​ឯកត្តជន​ ឬអ្នកប្រើ​ប្រាស់​។

    ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​តាមរយៈ​ការពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ និង​នវានុវត្តន៍​ និង​បើកចំហ​ឱ្យ​មានការ​ជួល​បុគ្គលិក​តាមរបៀប​ថ្មី​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ (startups​) សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ និង​សហគ្រាស​ប្រភេទ​ផ្សេងទៀត​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ និង​បច្ចេកទេស​។

    លោក​ Nick​ Beresford​ បាន​ថ្លែង​ថា​ “ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ (MSME​) របស់​ខ្លួន​ ការ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​នេះ​កាន់តែ​អាច​ច្បាម​យក​សក្តា​នុ​ពល​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​បន្ថែម​ទៀត​”។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភារ​កម្ពុជា​មានប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ និង​ជា​ក្រុមប្រឹក្សា​ភ័ស្ដុភារ​ជាតិ​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ប្រព័ន្ធ​អេកូ​ដែល​មាន​លក្ខណៈ​រួសរាយ​រាក់ទាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​ដឹកជញ្ជូន​ និង​ប្រសិទ្ធភាព​នៃ​លំហូរ​ទំនិញ​ និង​សេវាកម្ម​ និង​សម្រួល​ដល់​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ បន្ត​ការ​បន្ត​ឆ្ពោះទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មណ្ឌល​បង្រួបបង្រួម​ក្នុង​តំបន់​ដើម្បី​បម្រើ​តំបន់​មេគង្គ​ឡាន​ឆាង​។

    ឯកឧត្ដម​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​រវាង​ការ​វិនិយោគ​ និង​គម្រោង​ដឹកជញ្ជូន​ជាតិ​ជាពិសេស​ការ​ដឹកជញ្ជូន​តាម​ទីប្រជុំជន​ និង​ការ​ដឹកជញ្ជូន​ចម្ងាយ​ឆ្ងាយ​។ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ គម្រោង​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ PPPនេះ​អាច​ដោះស្រាយ​ប្រព័ន្ធ​អេកូ​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​ ហើយ​ការ​ដឹកជញ្ជូន​បៃតង​ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដែល​ត្រូវ​បាន​ពិចារណា​រួម​ទាំង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន​ និង​ពាណិជ្ជកម្ម​ឆ្លងដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​។

    ឯកឧត្ដម​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​រំពឹង​ថា​ នឹង​បានឃើញ​ក្រុមហ៊ុន​ Alibaba​ ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​សហគ្រិន​ឱ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អេឡិចត្រូនិក​ឌីជីថល​ និង​បង្កើត​ឡើង​នូវ​គំរូ​អាជីវ​កម្ម​ថ្មី​ៗសម្រាប់​ការ​ធ្វើ​ភ័ស្តុភារ​កម្ម​អេឡិចត្រូនិក​។

    ឯកឧត្ដម​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​៖ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ក៏​មាន​សេចក្តី​សោមនស្ស​រីករាយ​ផង​ដែរ​តាមរយៈ​គម្រោង​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​នេះ​ មានការ​ឧបត្ថម្ភ​គាំទ្រ​មួយចំនួន​ក្នុង​ការ​ជួយ​យើង​កសាង​សមត្ថភាព​សម្រាប់​មជ្ឈមណ្ឌល​ភ័ស្តុភារ​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​របស់​យើង​ដែល​បាន​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗនេះ​”៕

  • រដ្ឋមន្ត្រី​ឧស្សាហកម្ម​កោះ​ប្រជុំ​សហគមន៍​ផលិត​អំបិល​កំពត​-កែប​នៅ​ថ្ងៃនេះ​ទាក់ទង​នឹង​ការ​ស្នើសុំ​រំលាយ​សហគមន៍​

    រដ្ឋមន្ត្រី​ឧស្សាហកម្ម​កោះ​ប្រជុំ​សហគមន៍​ផលិត​អំបិល​កំពត​-កែប​នៅ​ថ្ងៃនេះ​ទាក់ទង​នឹង​ការ​ស្នើសុំ​រំលាយ​សហគមន៍​

    មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​នឹង​ប្រជុំ​ជាមួយនឹង​សហគមន៍​ផលិត​អំបិល​ខេត្តកំពត​-កែប​ ដែល​ជា​អ្នក​ផលិត​ និង​ផ្គត់ផ្គង់​អំបិល​តែមួយគត់​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​(ទី25​)នេះ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ទាប់ពី​សហគមន៍​អ្នក​ផលិត​អំបិល​មួយ​នេះ​បាន​ដាក់​លិខិតស្នើ​សុំ​រំលាយ​សហគមន៍​បន្ទាប់ពី​មិន​មាន​សមាជិក​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​ផលិតកម្ម​របស់​សហគមន៍​។

    អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ លោក​ អ៊ុំ​ សុ​ថា​ បានឱ្យ​ដឹង​ថា​ ក្រសួង​បាន​ទទួលលិខិត​ របស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-កែប​ហើយ​ ដោយឡែក​ក្រសួង​ឧស្សាហកម្ម​នឹង​ធ្វើ​កា​រកោះប្រ​ ជុំ​ជាមួយនឹង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-កែប​ និង​អភិបាលខេត្ត​កំពត​ និង​កែប​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។ លោក​បញ្ជាក់​ថា​ កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី25​ នេះ​។

    លោក​សុ​ថា​ បាន​ថ្លែង​ថា​៖“រឿង​នេះ​មិនទាន់​អាច​អត្ថា​ធិប្បាយ​បានទេ​ ដោយ​រង់ចាំ​ការប្រជុំ​នៅ​ថ្ងៃទី25​ នេះ​សិន​ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​នឹង​ដឹកនាំ​កិច្ចប្រជុំ​នេះ​ ដើម្បី​ត្រួតពិនិត្យ​ដោះស្រាយ​ឡើងវិញ​ថា​ តើ​ត្រូវ​រក​មធ្យោបាយ​ណាមួយ​ ប៉ុន្តែ​យើង​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​”។

    លោក​បន្ត​ថា​ ក្រសួង​នឹង​ស្វែងរក​ជម្រើស​ដែល​សមស្រប​មួយ​។ ជាគោល​គំនិត​ ក្រសួង​គាំទ្រ​ ប៉ុន្តែ​ត្រូវ​រកម​តិ​សមូហភាព​នៅ​ថ្នាក់​មូលដ្ឋាន​ជាមុន​សិន​។ កិច្ចប្រជុំ​នឹង​ស្វែងរក​ជម្រើស​មួយ​ដែល​សមស្រប​ និង​ត្រូវ​នឹង​ ស្ថានភាព​ជាក់ស្តែង​ដែល​សហគមន៍​កំពុង​ជួបប្រទះ​។

    លោក​ ប៊ុ​ន បារាំង​ ​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-កែប​ បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន​ដែល​ឈាន​ដល់​ការ​ដាក់​លិខិត​សុំ​រំលាយ​សហគមន៍​ផលិត​អំបិល​នេះ​ថា​ គឺ​ដោយសារ​ឆ្នាំនេះ​ក្រុម​អ្នក​ផលិត​អំបិល​មិន​អាច​ផលិត​អំបិល​បាន​ ខណៈ​ដែល​អ្នក​ផលិត​មួយចំនួន​មិនបាន​ចុះ​កុងត្រា​ជាថ្មី​ដើម្បី​បន្ត​សមាជិកភាព​របស់​សហគមន៍​ ដែល​មាន​ចំនួន​ប្រមាណ​ជាង​ 30ភាគរយ​។

    លោក​ បារាំង​ បាន​បន្ត​ថា​ ក្នុងចំណោម​អ្នក​ផលិត​អំបិល​ទាំង​ 200ក្រុម​ មាន​ប្រមាណ​ជាង​ 70ភាគរយ​បាន​ព្រមព្រៀង​ចូល​ជាស​មា​ជិ​កក្នុង​អាណត្តិ​ថ្មីនេះ​ប៉ុន្តែ​ 30ភាគរយ​ទៀត​មិនបាន​ចុះឈ្មោះ​ចូល​ជាស​មា​ជិ​កនៅឡើយ​ ដូចនេះ​សហគមន៍​ពិបាក​ក្នុង​ការ​ដំណើរការ​។ លោក​បញ្ជាក់​ថា​ ការផលិត​អំបិល​ត្រូវការ​ចូលរួម​ពី​សមាជិក​ទាំងអស់​ ដោយ​សព្វថ្ងៃ​នេះ​ផ្ទៃដី​ផលិត​អំបិល​មាន​ប្រមាណ​ជា​ 4,800ហិ​កតា​ និង​មាន​សមាជិក​ចំនួន​ 200ក្រុម​។ លោក​បន្ត​ថា​ បើ2ទៅ​ 3ក្រុមក្នុង​ចំណោម​ 200ក្រុម​នោះ​មិនបាន​ចូលរួម​ ការ​ដំណើរការ​នៅក្នុង​សហគមន៍​ក៏​ពិបាក​ដែរ​។

    លោក​ បារាំង​ បាន​បន្ថែម​ថា​ ដោយសារតែ​បញ្ហា​ បាន​ធ្វើ​ឱ្យ​តម្លៃ​អំបិល​ឥឡូវ​មានការ​ធ្លាក់ចុះ​រហូតដល់​ 12,000រៀល​ក្នុង​ 1បាវ​ (50គីឡូក្រាម​) ដោយ​កាលពី​ពេល​មុន​ៗ មានតម្លៃ​ជាង​ 20,000រៀល​ឯណោះ​។ លោក​បញ្ជាក់​ថា​ តម្លៃ​នេះ​នឹង​បន្ត​ធ្លាក់​ទៀត​ ដោយសារតែ​មាន​អ្នក​ផលិត​អំបិលដែល​ស្ថិតនៅ​ក្រៅ​សហគមន៍​ធ្វើ​ឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​តាមអំពើចិត្ត​។

    លោក​ បារាំង​ បាន​បន្ថែម​ទៀត​ថា​៖“មកទល់​ពេលនេះ​ មិន​មាននៅ​សល់​អំបិល​នៅក្នុង​ឃ្លាំង​នោះ​ទេ​ ដោយសារតែ​អ្នក​ផលិត​អំបិល​មួយចំនួន​ផលិត​បាន​ ហើយ​លក់​ចេញ​តែម្តង​ ដោយ​ពួកគាត់​មិនបាន​ស្តុក​ទុក​នោះ​ទេ​។ យើង​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​នៅឡើយ​ ដោយសារតែ​អ្នក​ផលិត​ទាំងនោះ​មិនទាន់​បាន​ចុះបញ្ជី​ចូល​ជាស​មា​ជិ​កក្នុង​សហគមន៍​ជាថ្មី​ ដូច្នេះ​សហគមន៍​មិន​មាន​ទិន្នន័យ​នោះ​ទេ​ ពីមុន​សហគមន៍​ធ្វើការ​ប្រមូល​ទិន្នន័យ​ក្នុងរយៈពេល​ 10ថ្ងៃ​ម្តង​”។

    លោក​បន្ត​ថា​ នៅ​ថ្ងៃទី25​ នេះ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ នឹង​ដឹកនាំ​កិច្ចប្រជុំ​រួម​ជាមួយ​អភិបាលខេត្ត​កំពត​ និង​កែប​ដើម្បី​ពិនិត្យមើល​ស្ថានការណ៍​អំបិល​នេះ​។ លោក​ថ្លែង​ថា​ បើសិនជា​មិន​មាន​សហគមន៍​ក្នុង​ការ​ជួយ​ទ្រទ្រង់​ទេ​នោះ​ អ្នក​ផលិត​អំបិល​នឹង​ពិបាក​ ដូច្នេះ​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន​ ខណៈ​ដែល​ក្រុ​មតូចៗ​បាន​លក់​ដីស្រែ​អំបិល​អស់​មួយចំនួន​ទៅ​ហើយ​។

    លោក​ បារាំង​ បាន​អះអាង​ថា​ ការបង្កើត​សហគមន៍​អ្នក​ផលិត​អំបិល​ គឺ​ដើម្បី​ទ្រទ្រង់​ដល់​អ្នក​ផលិត​ទាំងអស់គ្នា​ តែបើ​កាលណា​ម្នា​ក់ៗ​មិន​ចូលរួម​ វា​នឹង​ធ្វើការ​ឱ្យ​ប្រមូល​ និង​ផលិត​អំបិល​មានការ​លំបាក​ នឹង​បែកបាក់​ រួច​នឹង​ដួល​រលំ​ទាំងអស់គ្នា​។

    លោក​ បារាំង​ និយាយ​ថា​៖“យើង​រង់ចាំ​មើល​កិច្ចប្រជុំ​នេះ​ថា​ តើ​នឹង​មាន​ដំណោះស្រាយ​យ៉ាងណា​ យើង​មិនទាន់​ដឹង​នៅឡើយ​ យើង​ក៏​មាន​សំណូមពរ​ផង​ដែរ​ ដោយសារ​តម្លៃ​ប្រកួតប្រជែង​ខ្លាំង​ កម្លាំង​ពលកម្ម​ឡើងថ្លៃ​ តម្លៃ​អំបិល​ចុះថោក​ និង​បើ​គ្មាន​សហគមន៍​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​មានការ​បោះបង់​”៕

  • វិស័យ​អចលនទ្រព្យ​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ធម្មតា​ និង​កំពុង​ផ្ដោត​ការ​ពង្រឹង​លើ​ផ្លូវច្បាប់​

    វិស័យ​អចលនទ្រព្យ​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ធម្មតា​ និង​កំពុង​ផ្ដោត​ការ​ពង្រឹង​លើ​ផ្លូវច្បាប់​

    ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​ភាព​ទាក់ទាញ​ ហើយ​ស្ថិតនៅ​ក្នុង​តម្រូវការ​ខ្ពស់​ដដែល​ ដោយ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុងតែ​មមាញឹក​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ទាំង​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដែល​កំពុងធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ប្រភេទ​ រួម​មានៈ​ ការ​អភិវឌ្ឍ​ចម្រុះ​ បុរី​លំនៅឋាន​ អា​ផា​តមិន​ សេវាកម្ម​ខុន​ដូ​ ការិយាល័យ​ សណ្ឋាគារ​ និង​នៅ​រមណីយដ្ឋាន​ដែល​មាននៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ដឹងពី​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ រាជធានី​ភ្នំពេញ​នៅតែ​ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​។ គ្រប់​ខណ្ឌភាគ​កណ្តាល​នៃ​រដ្ឋធានី​បច្ចុប្បន្ន​មានការ​អភិវឌ្ឍ​ដែល​យ៉ាងហោចណាស់​ក៏​កំពុង​ត្រូវ​បាន​សាងសង់​ខុន​ដូ​ អា​ផា​តមិន​(Apartment​) និង​អគារ​ខ្ពស់​ធំៗ​ពិសេស​តំបន់​ក្រវាត់ក្រុង​ ដែល​មាន​គម្រោង​ជាច្រើន​កំពុង​ប្រជែង​គ្នា​ ខណៈ​តំបន់​ខាងក្រៅ​ក្រុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សហគមន៍​ដែល​មាន​ជា​បុរី​ផ្ទះល្វែង​ និង​គម្រោង​សាងសង់​លំនៅឋាន​សមរម្យ​ជាដើម​។

    លោក​ឧកញ៉ា​បាន​បង្ហើប​ឱ្យ​ដឹងពី​សម្ទុះ​ក្នុង​វិស័យ​នេះ​ថា​ គម្រោង​អចលនទ្រព្យ​នៅ​តាម​តំបន់​ក្រវាត់ក្រុង​ដែល​បាន​សម្ពោធ​ដោយ​រដ្ឋា​ភិ​បាល​ថ្មី​ៗនេះ​ មិន​បង្ហាញ​នូវ​ការ​កើនឡើង​នៃ​វិស័យ​អចលនទ្រព្យ​បែប​ពុះកញ្ជ្រោល​ខ្លាំង​នោះ​ទេ​ តែ​វា​នៅតែ​អភិវឌ្ឍ​ទៅមុខ​ជា​ធម្មតា​ក្នុង​អំឡុង​ 2ខែ​កន្លងមក​នេះ​។ តែ​ការជួល​ខុន​ដូ​ អា​ផា​តមិន​ដោយ​ជនបរទេស​នៅ​ស្ទើរគ្រប់​ប៉ូល​សេដ្ឋកិច្ច​នៅតែ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​មើលទៅ​លើ​ចំនួន​ប្រជាជន​ចំនួន​ជនបរទេស​ និន្នាការ​រស់នៅ​ ចំនួន​អ្នកទិញ​ផ្គត់ផ្គង់​ និង​តម្រូវការ​ទិញ​-ជួល​ពីមុន​ និង​បច្ចុប្បន្ន​។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​ ពាក់ព័ន្ធ​នឹង​តំបន់​ក្រវាត់ក្រុង​ គេ​ឃើញ​មាន​សកម្មភាព​ផុលផុស​ចាប់ពី​រង្វង់​មូល​កួរស្រូវ​ និង​តំបន់​កំពង់កន្ទួត​ និង​មានការ​-ផ្គត់​ផ្គង់​ថ្មី​ៗនៅ​តំបន់​ស្រុក​មុខកំពូល​ក្នុង​គម្រោង​លំនៅឋាន​សមរម្យ​ ដែល​នៅ​កម្ពុជា​គម្រោង​បែបនេះ​កំពុង​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​សម្លឹងឃើញ​ថា​ ទីផ្សារ​លំនៅឋាន​សមរម្យ​ គឺជា​គោលដៅ​ទាក់ទាញ​បំផុត​ និង​ងាយស្រួល​លក់​ ទើប​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​អភិវឌ្ឍន៍​តែម្ដង​ បាន​បោះទុន​វិនិយោគ​ទៅលើ​វិស័យ​មួយ​នេះ​ច្រើន​ដែរ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​ឱ្យ​ដឹង​នា​ពេល​កន្លងមក​ថា​ អ្នក​វិនិយោគ​តែងតែ​សម្លឹង​មើល​ពី​ឱកាស​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ ដូច្នេះ​នៅពេល​តម្រូវការ​មានការ​កើនឡើង​ខ្លាំង​នូវ​ប្រភេទ​សំណង់​ណាមួយ​ គេ​ត្រូវតែ​ពង្រីក​ការ​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​។ ជាក់ស្តែង​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​ មិនទាន់​មានលទ្ធភាព​អាច​ទិញ​លំនៅឋាន​ប្រណីត​ដែល​មានតម្លៃ​ខ្ពស់​នៅឡើយ​ទេ​ ដូច្នេះ​តម្រូវការ​ទីផ្សារ​សំណង់​ប្រភេទ​ខ្លះ​ ឬលំនៅឋាន​សមរម្យ​ គឺ​នៅតែ​មាន​ ហើយនឹង​យូរអង្វែង​ទៅមុខ​ទៀត​ ព្រោះ​វា​មិន​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ​វិស័យ​សំណង់​បែប​នោះ​ទេ​។ ​

    ប៉ុន្តែ​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ក៏បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​វិស័យ​អចលនទ្រព្យ​នេះ​ យើង​ឃើញថា​ ហាក់ដូចជា​នៅ​ទ្រឹង​បន្តិច​ដោយសារតែ​មានការ​រឹត​បន្តឹង​ប្រព័ន្ធ​ច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​។ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “ពោល​គឺ​មាន​ឧបសគ្គ​អ្វីខ្លះ​ក្នុង​ទីផ្សារ​? បច្ចុប្បន្ន​អចលនទ្រព្យ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​លំ​បា​កខ្លះ​ៗក្នុង​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី​ និង​ច្បាប់​សំណង់​។ បញ្ហា​ប្រឈម​ធំៗ​នៅ​ទូទាំង​ក្រុមប្រឹក្សា​ភិបាល​ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ស្ពាន​អគ្គិសនី​ ការគ្រប់គ្រង​កាកសំណល់​ និង​ទឹក​។ ទោះជាយ៉ាងណា​ក៏ដោយ​ ក៏​រដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ និង​លើកកម្ពស់​បរិយាកាស​វិនិយោគ​”។

    លោកស្រី​ តាំង​ ហួរ​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ជា​នាយិកា​ក្រុមហ៊ុន​ Amatak​ Prorperty​ service​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ ក្នុងរយៈពេល​ 2ខែ​កន្លងមក​នេះ​ វិស័យ​អចលនទ្រព្យ​ ថ្វី​ដ្បិតតែ​ពុំ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្ដី​ តែ​វិស័យ​នេះ​ក៏​នៅតែ​មាន​សកម្មភាព​ផុលផុស​ដដែល​ ឯដីធ្លី​ និង​ដី​ឡូត៍​ក៏​នៅ​មាន​សម្ទុះ​ល្អ​ នៅតែ​បន្តសកម្មភាព​ទៅមុខ​ជា​ធម្មតា​ មាន​សមត្ថភាព​ និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​កសាង​ទំនុកចិត្ត​ជាមួយ​អ្នកទិញ​-អ្នកលក់​ និង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​។លោកស្រី​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​៖ “អ្នក​វិនិយោគ​ គេ​ធ្វើឡើង​តម្រូវ​ទៅតាម​ទីផ្សារ​ និង​អតិថិជន​គោលដៅ​។ ចំពោះ​ទីផ្សារ​សំណង់​ ពិសេស​ការ​ពុះ​ឡូត៍​លក់​ គឺ​នៅ​មាន​ភាព​ទូលាយ​នៅឡើយ​ ដោយសារតែ​ពាក់ព័ន្ធ​ទៅ​នឹង​កម្រិតជីវភាព​របស់​អតិថិជន​”។

    បច្ចុប្បន្ន​សម្ទុះ​នៃ​ការ​វិនិយោគ​លើ​ការ​ពុះ​ឡូត៍​លក់​ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅតែ​មាននៅ​ឡើយ​ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន​ និង​ចាប់ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ទីក្រុង​ ដូច្នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ដែល​អាច​ផ្តល់​ឱកាស​ចំណេញ​ដល់​អ្នក​វិនិយោគ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ អ្នក​វិនិយោគ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ប្រាក់ចំណេញ​ ហើយ​អ្នកទិញ​អាច​មានលទ្ធភាព​ទទួល​បាន​ដី​ដែល​មាន​សុវត្ថិភាព​ពុំ​មាន​បញ្ហា​។

    លោកស្រី​ តាំង​ ហួរ​ បាន​មាន​មតិ​ក្នុង​បញ្ហា​នេះ​ថា​៖“ដូចនេះ​ អ្នករក​ស៊ី​ពុះ​ដី​ឡូត៍​លក់​ត្រូវតែ​សិក្សា​គម្រោង​មេ​ ក្នុង​តំបន់​ដែល​យើង​ធ្វើការ​ជួញដូរ​ ព្រោះ​និន្នាការ​នៃ​ការ​ជួញដូរ​អចលនទ្រព្យ​នេះ​ បើ​យើង​សិក្សា​ទិដ្ឋភាព​ផ្នែក​ច្បាប់​មិនដល់​ វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ដល់​អ្នកទិញ​ ដែល​ជា​ធម្មតា​នៅពេល​ទិញ​-លក់​តែង​មាន​ប្លង់​រឹង​ ឬមាន​លិខិត​បទដ្ឋាន​សម្រាប់​ជា​សំអាង​ក្នុង​ការ​ជួញដូរ​ ដើម្បី​ជា​ភាព​ស្របច្បាប់​”។

    លោកស្រី​បាន​សង្កត់ធ្ងន់​ថា​៖“យើង​ចង់​មិន​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ព័ត៌មាន​ដែល​ថា​ ការ​ពុះ​ឡូត៍​លក់​មិន​មាន​ភាព​ស្របច្បាប់​ អនាធិបតេយ្យ​នោះ​ទេ​ ព្រោះ​អ្នកទិញ​ភាគច្រើន​ជា​អ្នកក្រ​ អ្នក​មធ្យម​ មិនជា​មាន​ប្រាក់​ប៉ុន្មាន​ទេ​ ប្រសិនបើ​គាត់​ទិញ​ទៅកាត់​ប្លង់​រឹង​ជូន​គាត់​មិនបាន​ នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​គម្រោង​ទាំងមូល​”។

    លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖“អ្វី​ដែល​យើង​ចង់បាន​នោះ​ គឺទី1​- កុំឱ្យ​ប៉ះពាល់​ដល់​គម្រោង​ដី​។ ទី2​-ពេល​លក់​ដី​ជូន​អតិថិជន​ យើង​មាន​ ឬអាច​កាត់​ប្លង់​រឹង​បាន​ស្របច្បាប់​ ទី3​-បើ​កាត់​ប្លង់​រឹង​ជូន​អតិថិជន​បាន​ នោះ​ជា​ការអនុវត្ត​ទៅតាមច្បាប់​ដីធ្លី​។ ទាំងនេះ​គឺ​ដើម្បី​សុ​វត្តិភាព​នៃ​ការ​ជួញដូរ​ដីធ្លី​ ឬការ​ពុះ​ឡូត៍​លក់​ ពោល​ការអនុវត្ត​ស្រប​ទៅតាមច្បាប់​ដីធ្លី​ដែល​ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​ និង​មិន​មាន​ហានិភ័យ​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​បន្ថែម​ថា​ ដូច្នេះហើយ​ទើប​យើង​ឃើញថា​ វិស័យ​អចលនទ្រព្យ​សព្វថ្ងៃ​កំពុងតែ​ពង្រឹង​ខ្លួន​ ដោយ​ផ្តោត​ទៅលើ​ការអនុវត្ត​ប្រព័ន្ធ​ច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បី​ឱ្យ​វិស័យ​នេះ​អាច​រីកចម្រើន​ក្នុង​ការជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​របស់​ជាតិ​មាន​លក្ខណៈ​ស្របគ្នា​។ ពោល​គឺ​ សេដ្ឋកិច្ច​មាន​កំណើន​ដោយ​ការ​ទទួល​បាន​ពី​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដោយ​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ ដែល​ចំណុច​នេះ​ហើយ​ទើប​វិនិយោគិន​បរទេស​មាន​ជំនឿ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​ចូលរួម​អភិវឌ្ឍ​កាន់តែ​ច្រើនឡើង​៕

  • ក្រសួង​ពាណិជ្ជកម្ម​ អនុញ្ញាត​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ចេញ​ CO​ Form​ D សម្រាប់​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​

    ក្រសួង​ពាណិជ្ជកម្ម​ អនុញ្ញាត​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ចេញ​ CO​ Form​ D សម្រាប់​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​

    ថ្មី​ៗនេះ​ ខេត្ត​ចំនួន4​ ទៀត​ទទួល​បានការ​អនុញ្ញាត​សិទ្ធិ​ពី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ចាប់ផ្តើម​សេវាកម្ម​អនុវត្ត​ប្រព័ន្ធ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ទម្រង់​ D (CO​ Form​ D សម្រាប់​តែ​កសិផល​) ដែល​ជា​ទម្រង់​បែបបទ​មួយ​ អនុវត្ត​ដោយ​ផ្ទាល់​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។ នៅ​ថ្ងៃខាងមុខ​នឹង​បន្ត​ផ្តល់​ការអនុវត្ត​ប្រព័ន្ធ​ទម្រង់D​ នេះ​ដល់​ខេត្ត​ចំនួន2​ បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍​ថា​ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ D គឺ​ប្រៀប​ដូចជា​ ការ​ប្រគល់​លិខិតឆ្លងដែន​ ដល់​អាជ្ញាធរ​ខេត្ត​ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​(ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​) និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ផែនការ​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​(CLV​ DTA​)។ ជា​រួម​ខេត្ត​ចំនួន4​ ដែល​ទទួល​បានការ​ផ្តល់​សេវា​ការអនុវត្ត​ប្រព័ន្ធ​ទម្រង់D​ នេះ​ មាន​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង​ និង​ខេត្តមណ្ឌលគិរី​។

    សូម​បញ្ជាក់​ថា​ វិញ្ញាបនបត្រ​ប្រភព​ដើម​ទម្រង់​ D (CO​ Form​ D) នេះ​ គឺជា​ឯកសារ​ផ្លូវការ​មួយ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បញ្ជាក់​ថា​ ផលិតផល​នោះ​ត្រូវ​បាន​ផលិត​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាទូទៅ​វា​ជាឯក​សារសំខាន់​ដែល​អ្នកទិញ​ត្រូវការ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័កិ្ត​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ ការអនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខេត្ត​ ចេញ​ទម្រង់​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។

    ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​ “យើង​បានសម្រេច​ចិត្ត​បើក​ដំណើរការ​សេវាកម្ម​នេះ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង​ និង​មណ្ឌលគិរី​ ព្រោះ​ខេត្ត​ទាំងនេះ​ស្ថិតនៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ វៀតណាម​ ព្រោះថា​ ការកាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ និង​អត្រា​ភាព​ក្រីក្រ​គឺជា​ចំណុច​អាទិភាព​”។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័កិ្ត​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ទាំងនេះ​ នឹង​មានការ​ទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ការអនុវត្ត​ប្រព័ន្ធ​ទម្រង់D​(D Form​)នេះ​ដើម្បី​ជួយ​សម្រួល​ដល់​សកម្មភាព​របស់​អ្នកនាំ​ចេញ​ផលិតផល​កសិកម្ម​ និង​ចៀសវាង​ការ​ពន្យារពេល​ និង​ការ​រាំងស្ទះ​”។

    ចាប់តាំងពី​ឆ្នាំ2017​ មក​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​លិខិតបញ្ជាក់​ពី​ប្រភព​ដើម​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​លើក​ហេតុផល​ថា​ វា​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម​ និង​ការនាំចេញ​ និង​ជួយ​សន្សំសំចៃ​ប្រាក់​ និង​ពេលវេលា​ដល់​ក្រុមហ៊ុននាំចេញ​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“វិញ្ញាបនបត្រ​ប្រភព​ដើម​ទម្រង់D​ នេះ​ សម្រាប់​ប្រើ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​នាំ​ផលិតផល​ចេញ​ ឬនាំ​ផលិតផល​ចូល​។ កម្ពុជា​យើង​នាំចេញ​ទៅ​ប្រទេស​អាស៊ាន​ ភាគច្រើន​ជា​កសិផល​ រួមមាន​ពោត​ សណ្តែក​ ដំឡូង​ ទៅកាន់​វៀតណាម​ ថៃ​ ដែល​ជា​ប្រទេស​អ្នកជិតខាង​យើង​ និង​មាន​ទំនិញ​រួមផ្សំ​ដទៃទៀត​ដែរ​ តែ​សំខាន់​ឱ្យ​តែ​ជា​កសិផល​”។

    ឯកឧត្តម​អ្នកនាំពាក្យ​បានឱ្យ​ដឹង​ទៀត​ថា​៖ “វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទម្រង់​ D ធ្វើ​នៅ​ និង​ផ្តល់​នៅ​ក្រសួង​ ពេល​ធ្វើ​ត្រូវ​ដាក់ពាក្យសុំ​នៅ​ក្រសួង​ តែ​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ យើង​គិតថា​កុំឱ្យ​រំខាន​ដល់​អ្នករក​ស៊ី​ យើង​ក៏​ឱ្យ​ដាក់​តាម​អន​ឡាញ​ (Online​) វា​លឿន​ជាង​មុន​ តែ​តាម​អន​ឡា​ញក៏​គាត់​ត្រូវ​យក​ CO​ នៅ​ភ្នំពេញ​ដែរ​ ដូច្នេះ​លោក​រដ្ឋមន្ត្រី​ ក៏​អនុញ្ញាត​រុញ​កិច្ចការ​នេះ​ឱ្យទៅ​ខេត្ត​ កន្លែង​អ្នក​ផលិត​តែម្តង​ ដើម្បី​សម្រួល​ដល់​អ្នកនាំ​ចេញ​ ហេតុនេះបានជា​យើង​ដាក់​នៅ​តាម​ខេត្ត​ ដូចដែល​យើង​បានឃើញ​ពិធី​ប្រគល់​នៅ​ខេត្តក្រចេះ​នោះ​”។

    ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ គម្រោង​នេះ​ក៏​ធ្លាប់​បាន​ផ្តល់​ឱ្យ​ខេត្ត5​ រួចមក​ហើយ​ គឺ​មាន​ខេត្ត​ប៉ៃលិន​ បាត់ដំបង​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ និង​រតនគិរី​ ព្រមទាំង​ខេត្តស្វាយរៀង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន2​ ហើយ​យើង​ក៏​មាន​គម្រោង​ដាក់​ប្រព័ន្ធ​ទម្រង់​ D នេះ​ នៅ​ខេត្ត​មួយចំនួន​ទៀត​ មាន​ខេត្តតាកែវ​ កំពត​ និង​ខេត្ត​ជាប់​ព្រំដែន​ មាន​ខេត្តកោះកុង​ជាដើម​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ បាន​បន្ត​ថា​ ជា​រួម​យើង​បាន​ដាក់​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ជា​ដំ​ណា​ក់​កាល​ៗ ព្រោះ​មុននឹង​ដាក់​ប្រព័ន្ធ​នេះ​យើង​ត្រូវ​បណ្តុះបណ្តាល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ឱ្យ​គាត់​ចេះ​ប្រើ​ប្រព័ន្ធ​ទំនើប​នេះ​ និង​ត្រូវការ​សម្ភារ​ផង​ ត្រូវការ​ធនធានមនុស្ស​ផង​ដែរ​។ ការដែល​យើង​ធ្វើ​នៅ​តាម​ខេ​ត្ត​មុន​ៗ ដូចជា​ប៉ៃលិន​ បាត់ដំបង​ -ល- ដោយសារ​ខេត្ត​ទាំងនោះ​សម្បូរ​កសិផល​ ដូច្នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​ ដោយធ្វើ​ជា​ជំ​ហាន​ៗសម្រាប់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​យើង​។

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​តំបន់​អាស៊ាន​តាមរយៈ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទម្រង់​ D បាន​កើនឡើង​ពី​ 728លាន​ដុល្លារ​ក្នុង​ឆ្នាំ2016​ ដល់​ 1.4​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2018​៕

  • វិស្វករ​កម្ពុជា​នឹង​មានឱកាស​ខ្ពស់​ក្នុង​ការ​ទៅ​បំពេញវិជ្ជា​ជីវៈ​នៅ​បរទេស​ ក្រោយ​ពេលចុះ​​បញ្ជី​ត្រឹមត្រូវ​

    វិស្វករ​កម្ពុជា​នឹង​មានឱកាស​ខ្ពស់​ក្នុង​ការ​ទៅ​បំពេញវិជ្ជា​ជីវៈ​នៅ​បរទេស​ ក្រោយ​ពេលចុះ​​បញ្ជី​ត្រឹមត្រូវ​

    វិស្វកម្ម​ ជា​ជំនាញ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​ ក្នុង​ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ត្រូវការ​ធនធាន​ជំនាញ​ដើម្បី​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ៗសម្ភារ​បរិក្ខារ​ទំនើប​ៗ និង​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម​បម្រើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

    នៅ​កម្ពុជា​បច្ចុប្បន្ន​ ដើម្បី​គាំពារ​អាជីព​ដ៏​មាន​សារៈសំខាន់​នេះ​ រដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​គណៈ​វិស្វករ​កម្ពុជា​ ដែល​មាន​តួនាទី​ប្រមូល​ផ្តុំ​ធនធាន​បញ្ញវន្ត​វិស្វករ​ជាតិ​ និង​ចូលរួម​បណ្តុះបណ្តាល​បន្ត​តាមកម្ម​វិធី​គោលនយោបាយ​ជាតិ​។ ក្នុង​នោះ​វិស្វករ​ជាតិ​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ច្បាស់លាស់​ដើម្បី​ក្លាយជា​សមាជិក​ ពេញ​សិទ្ធិ​នៃ​គណៈ​វិស្វករ​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ក្នុងនាម​ជា​វិស្វករ​នៅ​កម្ពុជា​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ វិស្វករ​ដែល​កំពុង​បម្រើការ​ងារ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​ និង​ឯកជន​ គួរ​មក​ចុះបញ្ជី​វិស្វករ​នៅ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បី​ទទួល​បាន​សិទ្ធិ​ជា​វិស្វករ​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​របស់​រដ្ឋ​ និង​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។ ក្រោយពេល​ចុះបញ្ជី​រួច​ គណៈ​វិស្វករ​កម្ពុជា​ នឹង​ចុះទៅ​វាយតម្លៃ​វិស័យ​ឯកជន​ ដែល​ជា​វិស្វករ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ ដែល​អាច​ឈាន​ទៅដល់​ការ​ផ្តល់​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ​ វិស្វករ​អាស៊ាន​ និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​ ជាដើម​។ ហេតុនេះ​ប្រសិនបើ​វិស្វករ​ជាតិ​ មិនបាន​មក​ចុះបញ្ជី​វិស្វករ​នៅ​គណៈ​វិស្វករ​កម្ពុជា​ទេ​នោះ​ វិស្វករ​នឹង​បាត់បង់​ឱកា​សល្អៗ​ជាច្រើន​ ជាពិសេស​មិន​មានឱកាស​បំផ្លាស់​ទី​ការងារ​ដើម្បី​ប្រកួតប្រជែង​ស្នាដៃ​នៅក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ និង​ពិភពលោក​បាន​ឡើយ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “គណៈ​វិស្វករ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ ដែល​យើង​តែងតែ​បញ្ជូន​បេក្ខភាព​វិស្វករ​ជាតិ​ ក្រោយពី​គណៈកម្មាធិការ​វាយតម្លៃ​សម្បទា​វិជ្ជាជីវៈ​វិស្វកម្ម​ ពិនិត្យ​ និង​សម្រេច​រួច​ដើម្បី​សុំ​ឱ្យ​គេ​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​ជា​វិស្វករ​អាស៊ាន​ និង​វិស្វករ​ឆ្នើម​អាស៊ាន​ ដើម្បី​ប្រកួតប្រជែង​ការងារ​វិស្វកម្ម​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន​ ដែល​កំពុង​បើកចំហ​ឱ្យ​មាន​លំហូរ​ការងារ​ជំនាញ​ទៅវិញទៅមក​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ភារកិច្ច​ចម្បង​របស់​គណៈ​វិស្វករ​កម្ពុជា​ គឺ​ប្រមូល​ផ្តុំ​វិស្វករ​គ្រប់មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម​ ដែល​បាន​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ប្រកបដោយ​បទ​ពិសោធ​ខ្ពស់​ រក្សា​បាន​នូវ​ភាព​ថ្លៃថ្នូរ​រួមចំណែក​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​ចូលរួម​ និង​អភិវឌ្ឍ​សង្គម​ និង​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ពលកម្ម​វិស្វកម្ម​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ទាំង​ក្នុង​ប្រទេស​ ក្នុង​តំបន់​ និង​លើស​កល​លោក​។

    លោក​សាស្ត្រា​ចារ្យ​ សុខ​ ខុម​ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម​ និង​ស្ថាបត្យកម្ម​នៃ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ បាន​លើកឡើង​ថា​ ថ្វី​ដ្បិតតែ​ធនធានមនុស្ស​របស់​យើង​នៅ​មានកម្រិត​ និង​មានក​ត្តា​ប្រឈម​មួយចំនួន​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​វិ​ស្វ​-កម្ម​ក៏ដោយសារតែ​វិស្វករ​យើង​មិន​តិច​ទេ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​នៅ​តំបន់​អាស៊ាន​ ព្រោះ​បច្ចុប្បន្ន​នេះ​ មាន​អ្នកជំនាញ​វិស្វករ​ ក៏ដូចជា​ស្ថាបត្យករ​ខ្មែរ​មិន​តិច​ទេ​ដែល​ទទួល​បានការ​ងារ​ធ្វើ​នៅក្នុង​ក្រុម​ហ៊ុន​ធំៗ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​នានា​ ទាំង​នៅក្នុង​អាស៊ី​ និង​នៅ​អឺរ៉ុប​ថែមទៀត​ផង​។

    លោក​សាស្ត្រា​ចារ្យ​ សុខ​ ខុម​ បាន​និយាយ​ថា​៖“បើ​គិត​ពី​សមត្ថភាព​ ឥឡូវនេះ​អគារ​ធំ​ខ្ពស់​ៗកម្រិត​ណា​ ក៏​វិស្វករ​ខ្មែរយើង​អាច​ធ្វើ​បាន​ដែរ​ ហើយ​នៅ​កម្ពុជា​យើង​ក៏​មាន​អគារ​ធំៗ​មួយចំនួន​សាងសង់​ឡើង​ដោយ​អ្នកជំនាញ​របស់​ខ្មែរយើង​ដែរ​”។

    អ្នកជំនាញ​ផ្នែក​វិស្វកម្ម​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ហេតុនេះ​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ គួរ​ចេះ​ចាប់​យក​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ហើយ​ហ៊ាន​បង្ហាញ​ស្នាដៃ​ និង​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ ព្រោះថា​ បច្ចុប្បន្ន​នេះ​ក៏​ធ្លាប់​មាន​គេ​សរសើរ​ស្នាដៃ​របស់​អ្នកជំនាញ​ខ្មែរយើង​ ដែល​អាច​ធ្វើ​បាន​ល្អ​ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ និង​មានគុណ​ភាពល្អ​ផង​ដែរ​៕

  • តើ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​កែ​បញ្ហា​ការ​រាតត្បាត​នៃ​សភាវ​ឯកា​យ៉ាងណា​ខ្លះ​?

    តើ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​កែ​បញ្ហា​ការ​រាតត្បាត​នៃ​សភាវ​ឯកា​យ៉ាងណា​ខ្លះ​?

    សភាវ​ផ្លូវចិត្ត​ឯកា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ដែល​បាន​បង្ក​ឱ្យ​កើតក្តី​បារម្ភ​ដល់​ប្រទេស​នានា​ ជាពិសេស​ប្រទេស​អភិ​វឌ្ឍ​ធំៗ​ដែល​មានការ​រីកចម្រើន​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​។ ទន្ទឹម​នឹង​មាន​បញ្ហា​ប្រឈម​កើតឡើង​ខ្លាំង​នេះ​ ដំណោះស្រាយ​ក៏បាន​កើតឡើង​ដែរ​តាមរយៈ​ការស្រាវជ្រាវ​ និង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំងអស់​នោះ​។ នៅ​ប្រទេស​អុី​តា​លី​ ដោយសារតែ​មនុស្ស​វ័យ​ចំណាស់​ទទួលរង​សភាវ​ឯកា​ច្រើន​ និស្សិត​ជាច្រើន​ចាប់ផ្តើម​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​កម្មវិធី​កំដរ​មនុស្សចាស់​ដែល​បាន​ចូលនិវត្តន៍​ ព្រោះ​វា​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ពួកគេ​ផង​ដែរ​។ និស្សិត​ទាំងអស់​នោះ​អាច​ធ្វើជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​គាំពារ​មនុស្សចាស់​ទន្ទឹម​នឹង​នោះ​ពួកគេ​ក៏អាច​ទទួល​បាន​បទ​ពិសោធ​ជីវិត​ជាច្រើន​ពី​មនុស្សចាស់​ដែល​ធ្លាប់​ជា​កម្លាំង​ពលកម្ម​ចម្បង​កាលពី​អតីតកាល​។ ការងារ​ដែល​ពួកគេ​អាច​ធ្វើ​បាន​គឺ​ ជួយ​មនុស្សចាស់​ក្នុង​ការ​ធ្វើការងារ​ផ្ទះ​តិចតួច​ ឬធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា​ ទទួល​បានការ​យកចិត្ត​ទុកដាក់​។

    នៅ​ប្រទេស​ស្កុ​តលែន​ ការ​ជួយ​មនុស្សចាស់​ដើម្បី​កាត់បន្ថយ​ភាព​ឯកា​ ត្រូវ​បាន​គេ​ធ្វើឡើង​តាមរយៈ​ការ​នាំ​ពួកគាត់​ជិះ​ស៊ីក្លូ​ដើរមើល​ទីក្រុង​ ឬចេញ​មក​ខាងក្រៅ​ផ្ទះ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​សកម្ម​ឡើងវិញ​ជាមួយ​មនុស្សដទៃ​ផ្សេងទៀត​ ឬមនុស្សចាស់​ដូចគ្នា​។ សកម្មភាព​នេះ​ធ្វើឡើង​ដោយ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ត្រូវ​ជូន​មនុស្សចាស់​ 2នាក់​ដើម្បី​ជិះ​ស៊ីក្លូ​ទៅ​ខាងក្រៅ​ជាមួយ​ក្រុម​របស់​ពួកគេ​ ដើម្បី​កម្សាន្ត​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​ និង​ស្រូប​យកខ្យល់អាកាស​។

    នៅ​កា​លី​ហ្វ័​រនៀ​ មនុស្សចាស់​ដែល​បាន​ចូលនិវត្តន៍​ និង​កំពុង​កើត​ ឬកំពុង​ប្រឈម​នឹង​សភាវ​ឯកា​ត្រូវ​បាន​គេ​ផ្តល់​ការ​ងា​រងា​យៗ​ឱ្យធ្វើ​ ដូចជា​ការងារ​ជិះ​ស្គី​យក​ឥវ៉ាន់​ទៅ​ឱ្យ​ភ្ញៀវ​ដែល​ភ្លេច​នៅ​ផ្សារ​ទំនើប​ ឬការងារ​ផ្ទះ​ងាយ​ៗ ស្រួល​ៗនៅ​តាម​អគារ​របស់​សហគមន៍​ ឬផ្ទះ​របស់​ប្រជាជន​ណា​ដែល​ស្ម័គ្រចិត្ត​ជួល​ពួក​គាត់​ ដើម្បី​ជា​ការចូលរួម​ចំណែក​ជួយ​មនុស្សចាស់​ឱ្យ​ជាសះស្បើយ​សភាវ​ឯកា​។ នៅ​អាមេរិក​ មាន​សហគមន៍​ស្នាក់នៅ​រួមគ្នា​ក្នុង​ផ្ទះ​ប្រមាណ​ជា​ 165ខ្នង​ ហើយ​មាន​ 140ខ្នង​ផ្សេងទៀត​កំពុង​សាងសង់​ ហើយ​ផ្ទះ​ខ្លះ​ គឺ​លាយ​បញ្ចូល​គ្នា​រវាង​មនុស្ស​គ្រប់​វ័យ​ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​កំពុង​ប្រឈម​នឹង​សភាវ​ផ្លូវចិត្ត​ឯកា​ អាច​រស់នៅ​ក្នុង​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើងវិញ​។

    ចំណែក​ឯនៅ​ចក្រភព​អង់គ្លេស​វិញ​ វេជ្ជបណ្ឌិត​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​អ្នកប្រឈម​សភាវ​ឯកា​ទៅ​រាំរែក​ ធ្វើសកម្មភាព​សិល្បៈ​ និង​ថែទាំ​សួនច្បារ​ និង​សកម្មភាព​មួយចំនួន​ផ្សេងទៀត​ ដូចជា​ការ​ច្រៀង​ ការហាត់ប្រាណ​ដោយ​ការ​រាំ​ Aerobic​ Dance​ និង​ការ​ជុំគ្នា​ញ៉ាំ​កាហ្វេ​ពេលព្រឹក​ក៏​ត្រូវ​បាន​ណែនាំ​ និង​រៀបចំ​ឱ្យ​មាន​ឡើង​សម្រាប់​សហគមន៍​ដែល​មាន​មនុស្សចាស់​ផង​ដែរ​។ សកម្មភាព​ទាំងអស់​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​ដែល​កំពុង​ទទួលរង​សភាវ​ឯកា​អាច​ទទួល​បានការ​រាប់អាន​ពី​មនុស្ស​ថ្មី​ៗ និង​មានទម្លាប់​ក្នុង​ការរស់នៅ​វិជ្ជមាន​ឡើងវិញ​។ តាម​ការ​បង្ហាញ​ពី​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​រយៈពេល​ 4ខែ​កន្លងទៅ​ អ្នកជំងឺ​ទាំងអស់​នោះ​ចាប់ផ្តើម​នាំ​មិត្តភក្តិ​មួយចំនួន​ផ្សេងទៀត​ទៅ​ជួប​វេជ្ជបណ្ឌិត​ ហើយ​ក្រោយមក​ទៀត​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ទាំងអស់​នោះ​ក៏​មាន​ភាព​ធូរស្រាល​ច្រើនឡើង​វិញ​៕