Author: ធឿន មករា

  • ទម្ងន់​ខ្លួន​ទារក​ក្នុង​គភ៌​ក្នុង​ត្រីមាស​នី​មួយ​ៗដែល​ម្ដាយ​គួរ​ដឹង​…

    ទម្ងន់​ខ្លួន​ទារក​ក្នុង​គភ៌​ក្នុង​ត្រីមាស​នី​មួយ​ៗដែល​ម្ដាយ​គួរ​ដឹង​…

    ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​ម្ដាយ​ នឹង​បញ្ជាក់​ប្រាប់​ថា​ តើ​កូន​នៅក្នុង​ផ្ទៃ​ម្ដាយ​នោះ​បរិបូរ​ឥត​ខ្ចោះ​ប៉ុនណា​? និង​គួរ​បន្ថែម​ការ​បំប៉ន​គភ៌​យ៉ាងណា​ដើម្បី​ឱ្យ​ទារក​ក្នុង​គភ៌​មាន​ទម្ងន់​ខ្លួន​ដែល​ល្អ​បរិបូរ​ត្រូវ​តាម​ក្បួន​។ ដូច្នេះ​ទើប​រឿង​ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​ គឺជា​រឿង​សំខាន់​មួយ​ដែល​ស្ត្រី​មានគភ៌​ទាំងឡាយ​គួរតែ​ជ្រាប​…។

    ត្រីមាស​ដំបូង
    ​ចាប់ផ្ដើម​តាំងពី​ 8សប្ដាហ៍​ – 12សប្ដាហ៍​ ទម្ងន់​ខ្លួន​ទារក​នឹង​ស្ថិត​ក្នុង​ទម្ងន់​ប្រមាណ​ជា​ 1 – 15ក្រាម​ហើយ​ទម្ងន់​របស់​ទារក​នឹង​ចាប់ផ្ដើម​កើនឡើង​ជា​រឿយ​ៗរហូតដល់​សប្ដាហ៍​ទី16​។

    ត្រីមាស​ទី2​
    ចាប់ពី​អំឡុង​សប្ដាហ៍​ទី17​ – 20​ ទម្ងន់​របស់​ទារក​នឹង​កើន​ឡើង​ម្ដង​ៗ 50ក្រាម​ និង​នៅពេល​ចប់​ត្រីមាស​នេះ​ ទារក​នឹង​មាន​ទម្ងន់​ប្រមាណ​ជា​ 600ក្រាម​។

    ត្រីមាស​ទី3​
    ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​ការ​តាំង​គភ៌​នេះ​ ទម្ងន់​ខ្លួន​របស់​ទារក​នឹង​ចាប់ផ្ដើម​កើនឡើង​ច្រើន​គឺ​ 6ដង​ពី​ត្រីមាស​ទី2​ ដោយ​ទម្ងន់​ខ្លួន​របស់​ទារក​នឹង​កើនឡើង​ក្នុង​មួយ​សប្ដាហ៍​ 200ក្រាម​ និង​កើនឡើង​ជា​រឿយ​ៗរហូតដល់​ប្រមាណ​ជា​ 3,400​ – 3,700ក្រាម​ នៅពេល​គ្រប់​កំណត់​ប្រសូត​។

    ទម្ងន់​ខ្លួន​ទារក​ច្រើន​ ឬតិច​ជ្រុល​ពេក​ អាច​បញ្ជាក់​ប្រាប់​ពី​ភាព​ខុសប្រក្រតី​របស់​ទារក​បាន​ដូច​ខាងក្រោម​នេះ​៖
    ទម្ងន់​ខ្លួន​របស់​ទារក​តិច​ជ្រុល​ពេក​
    អាច​បណ្ដាលមកពី​ភាព​ខុសប្រក្រតី​របស់​ក្រូម៉ូ​ហ្សូម​ ឬទងសុក​មាន​បញ្ហា​ ឬអាច​កើត​ពី​ទារក​ខ្លួនឯង​ អាច​ធ្វើ​ឱ្យ​ការ​បញ្ជូន​អុក​ស៊ី​ហែ្ស៊ន​ឬសារ​ធាតុ​អាហារ​ទៅ​ឱ្យ​ទារក​ខុសប្រក្រតី​ ធ្វើ​ឱ្យ​ទារក​បាន​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​ ជាហេតុ​បណ្ដាល​ឱ្យ​ទារក​មាន​ទំហំ​ខ្លួន​តូច​ ទម្ងន់​តិច​ ដែល​ចំណុច​នេះ​បើ​មិនបាន​ទទួលការ​រក្សា​ព្យាបាល​យ៉ាង​ត្រូវ​វិធី​ទេ​នោះ​ អាច​ធ្វើ​ឱ្យ​ទារក​ស្លាប់​បាត់បង់ជីវិត​បានតែ​បើ​បណ្ដាល​ពី​ខ្លួន​អ្នកម្ដាយ​វិញ​ អាច​ដោយសារតែ​អ្នកម្ដាយ​មាន​អាការ​គភ៌​មាន​ជាតិពុល​ លើសឈាម​ ឬទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​ ជាពិសេស​ប្រូ​តេ​អុីន​។

    ទារក​មាន​ទម្ងន់​ខ្លួន​ច្រើនជ្រុល​ពេក
    ​បញ្ហា​ច្រើនតែ​បណ្ដាលមកពី​ការដែល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើនជ្រុល​ពេក​ ធ្វើ​ឱ្យ​កូន​ក្នុង​គភ៌​មាន​ទម្ងន់​ខ្លួន​ច្រើន​ ហើយ​ស្ត្រី​មានគភ៌​ថែមទាំង​ប្រថុយប្រថាន​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​ខណៈ​ពេល​តាំង​គភ៌​ទៀតផង​។ ក្រៅពី​នេះ​ពេល​ដល់​វេលា​ប្រសូត​អាច​ធ្វើ​ឱ្យ​ពិបាក​ប្រសូត​ អាច​នឹង​ត្រូវ​ប្រើ​ឧបករណ៍​ខាង​វេជ្ជសាស្ត្រ​ជួយ​សម្រាល​ ឬបើ​ទារក​មានខ្លួន​ធំ​ជ្រុល​ពេក​អាច​នឹង​ធ្វើ​ឱ្យ​ស្បូន​រហែក​ ឬអាច​ត្រូវ​ធ្វើការ​វះកាត់​សម្រាល​បុត្រ​។ ក្មេង​ដែល​កើតមក​មាន​ទម្ងន់​ខ្លួន​ច្រើន​តាំងពី​ពេល​ប្រសូត​នឹង​មានឱកាស​កើតរោគ​ធាត់​នា​ពេល​អនាគត​បាន​ ព្រោះ​កោសិកា​ខ្លាញ់​ក្នុង​រាងកាយ​មាន​ខ្នាត​ធំ​តាំងពី​ពេល​ប្រសូត​ដំបូង​ហ្នឹងឯង​៕

  • ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​ដោយ​តិច​និ​កងាយ​ៗតាម​បែប​ចាស់​បុរាណ​

    ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​ដោយ​តិច​និ​កងាយ​ៗតាម​បែប​ចាស់​បុរាណ​

    អ្នកម្ដាយ​សម័យថ្មី​នា​ពេល​បច្ចុប្បន្ន​ បើ​ចង់​ដឹងពី​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​ ក៏អាច​ធ្វើ​បាន​ដោយ​មិន​លំបាក​ឡើយ​ ដោយ​ការប្រើ​តិ​ចណូ​ឡូ​ជី​សម័យថ្មី​ តាមរយៈ​ការ​ឆ្លុះមើល​អេកូ​ ដែល​មិនមែន​ជា​រឿង​លំបាក​ ឬចម្លែក​អ្វី​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ តែ​ក៏​នៅ​មាន​ក្រុម​ស្ត្រី​មានគភ៌​មួយចំនួន​នៅតែ​ចង់​អ៊ុត​មើល​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​របស់​ខ្លួន​រហូតដល់​ថ្ងៃ​ប្រសូត​ដូចគ្នា​។ អ្នកខ្លះ​ទៅ​ឆ្លុះមើល​អេកូ​ជាច្រើន​ដង​ហើយ​ ក៏​នៅតែ​មិនទាន់​ឃើញច្បាស់​ ក៏​ព្យាយាម​ស្វែងរក​វិ​ធី​ផ្សេង​ៗដែល​នឹង​ធ្វើ​ឱ្យ​បានដឹង​ពី​ភេទ​របស់​កូន​នៅក្នុង​ផ្ទៃ​ក៏មានដែរ​ ដូច្នេះ​ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​វិធី​សង្កេតមើល​ពោះ​ និង​អា​ការ​ផ្សេង​ៗតាម​ក្បួន​តម្រា​ចាស់​ៗសម័យ​បុរាណ​មក​ជម្រាប​ជូន​ដូច​ខាងក្រោម​។

    1. ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​តាមរយៈ​ការសង្កេត​មើល​រន្ធ​ផ្ចិត​របស់​ស្ត្រី​តាំង​គភ៌
    ​ជា​ជំនឿ​ពី​បុរាណ​មួយ​តាម​ក្បួនតម្រា​អ្នកមាន​ផ្ទៃពោះ​ ការ​មើល​ពី​លក្ខណៈ​របស់​រន្ធ​ផ្ចិត​របស់​ស្ត្រី​មានគភ៌​ដោយ​ការសង្កេត​ពី​លក្ខណៈ​របស់​ផ្ចិត​ផ្នែក​ខាងលើ​ បើ​លៀនចេញ​មក​ ឬរន្ធ​ផ្ចិត​ផ្កាប់​ និង​ស្ត្រី​តាំង​គភ៌​មានពោះ​ប៉ោង​មូលក្លុំ​ តាម​តម្រា​ចាស់​បុរាណ​ប្រាប់​ថា​ ប្រហែលជា​នឹង​បានកូន​ស្រី​…។

    សម្រាប់​ស្ត្រី​តាំង​គភ៌​ណា​មាន​លក្ខណៈ​ផ្ចិត​ផ្នែក​ខាងក្រោម​លៀនចេញ​មក​ជា​រន្ធ​ផ្ចិត​ផ្ងារ​ឡើង​ និង​មានផ្ទៃពោះ​រាង​ស្រួច​នោះ​ មាន​ភាព​អាច​ទៅរួច​ខ្លាំង​ថា​ ប្រហែលជា​នឹង​បានកូន​ប្រុស​…។

    2. ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​តាមរយៈ​ការ​រើ​របស់​កូន​នៅក្នុង​គភ៌​
    អ្នកម្ដាយ​ភាគច្រើន​នឹង​មាន​អារម្មណ៍​ថា​ កូន​ចាប់ផ្ដើម​រើ​ក្នុង​អំឡុង​សប្ដាហ៍​ទី20​ នៃ​ការ​តាំង​គភ៌​ តែបើ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ថា​ កូន​ឆាប់​រើ​លឿន​ជាង​រយៈពេល​នោះ​ ចាស់​ៗបុរាណ​ជឿ​ថា​ អាច​នឹង​បានកូន​ប្រុស​ និង​បើស្ត្រី​មានគភ៌​មាន​អារម្មណ៍​ថា​ កូន​រើ​ខ្លាំង​ជាង​ប្រក្រតី​ មាន​ញាក់​ៗ ឬធាក់​ក្បាលពោះ​រហូត​មាន​អារម្មណ៍​ថា​ឈឺ​ផង​នោះ​ អាច​នឹង​មាន​ភាព​ទៅរួច​ខ្ពស់​ថា​ នឹង​បានកូន​ប្រុស​ខ្លាំង​ជាង​កូនស្រី​ ព្រោះ​កូនស្រី​ច្រើនតែ​រើ​ញឹកញាប់​ជាង​ និង​រើ​ខ្សោយ​ជាង​។

    តាម​គោលការណ៍​វិទ្យាសាស្ត្រ​ ក្រូម៉ូ​ហ្សូម​ XX​ របស់​ទារក​ភេទ​ស្រី​នឹង​មាន​នឹងនរ​ជាង​ក្រូម៉ូ​ហ្សូម​ XY​ របស់​ភេទប្រុស​ ដូច្នេះ​បើ​កូន​ក្នុង​ផ្ទៃ​រើ​ញាប់​ៗ គឺជា​សញ្ញា​ថា​ នឹង​បានកូន​ស្រី​។

    3. ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​តាមរយៈ​អាការ​ចាញ់កូន​របស់​ស្ត្រី​មានគភ៌
    ​មនុស្ស​សម័យមុន​ច្រើន​នាំគ្នា​ជឿ​ថា​ អ្នកមាន​ផ្ទៃពោះ​ដែល​មាន​អាការ​ចាញ់កូន​ខ្លាំងក្លា​ នឹង​បានកូន​ស្រី​ ឯអ្នក​ដែល​កើត​អាការ​ចាញ់កូន​តែ​បន្តិចបន្តួច​ ឬមិន​មាន​សោះតែ​ម្ដងនោះ​ កូន​ក្នុង​ផ្ទៃ​នឹងជា​កូនប្រុស​។

    4. ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​តាមរយៈ​សញ្ជាតិ​ញាណ​របស់​អ្នកមាន​ផ្ទៃពោះ
    ​ចាស់​ៗសម័យមុន​ប្រាប់​ថា​ សញ្ជាតិ​ញាណ​(ការ​ដឹង​ដោយ​ឯង​)របស់​ស្ត្រី​មានគភ៌​ច្រើនតែ​មាន​ភាព​ទៀងត្រង់​(ឆុត​)ខ្លាំង​ ដោយមាន​ការ​រៀបរាប់​ប្រាប់​តៗ​គ្នា​ថា​ បើ​អ្នកមាន​ផ្ទៃពោះ​មានការ​គិត​ និង​ជឿជាក់​ថា​ ផ្ទៃពោះ​នេះ​បានកូន​ភេទ​អី​ ឱកាស​ក្នុង​ការ​កើតមក​ដូច​ការ​គិត​នោះ​មាន​ភាព​អាច​ទៅរួច​ដល់ទៅ70​%ឯណោះ​។

    5. ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​តាមរយៈ​អាការ​ត្រជាក់​បាតជើង
    ​ចាស់​សម័យ​បុរាណ​បាន​ប្រាប់​តៗ​គ្នា​មក​ថា​ បើ​អ្នកមាន​ផ្ទៃពោះ​ណា​មាន​អាការ​ត្រជាក់​បាតជើង​ នឹង​បានកូន​ប្រុស​ តែបើ​អ្នកណា​មិន​មាន​អាការ​ត្រជាក់​បាតជើង​ទេ​ គឺ​មាន​កម្ដៅ​ធម្មតា​ប្រក្រតី​ ឬក្ដៅ​ឧណ្ហ​ៗនោះ​ បញ្ជាក់​ថា​ នឹង​បានកូន​ស្រី​។ ដែល​ទៅជា​ដូច្នោះ​ ក៏​ព្រោះថា​ ស្ត្រី​ដែល​តាំង​គភ៌​បានកូន​ប្រុស​ នឹង​ធ្វើ​ឱ្យ​ឈាម​នៅក្នុង​រាងកាយ​ហូរ​វិល​មិនសូវ​ល្អ​ ចំណែក​អ្នក​ដែល​តាំង​គភ៌​បានកូន​ស្រី​វិញ​ លំហូរ​វិល​របស់​ឈាម​នឹង​ល្អ​ប្រសើរ​ជាង​ហ្នឹងឯង​។

    សម្រាប់​ជំនឿ​ និង​ការ​ទស្សន៍ទាយ​តាមរយៈ​វិធីការ​សង្កេត​ទាំងអស់​ខាងលើ​នេះ​ អាច​នឹង​មិនសូវ​ជា​ត្រឹមត្រូវ​ដូច​ការ​គិត​ប៉ុន្មាន​ទេ​។ អាច​និយាយ​ថា​ ចេះតែ​ទាយ​ទុ​កលេង​ៗក្នុង​ចន្លោះ​ពេល​រង់ចាំ​កូនតូច​បើកភ្នែក​មើល​ពិភពលោក​តែប៉ុណ្ណោះ​ឯង​ ព្រោះ​ស្ត្រី​មានគភ៌​ម្នា​ក់ៗ​មាន​បច្ច័យ​ផ្សេង​ៗខុសប្លែក​ពីគ្នា​ដូចជា​ជំងឺ​ប្រចាំ​កាយ​ របស់​ស្ត្រី​មានគភ៌​ ភាព​រឹងប៉ឹង​របស់​រាងកាយ​ សភាព​បរិស្ថាន​ជុំវិញ​ខ្លួន​ អាយុ​រួម​ទាំង​ការ​ទទួលទាន​អាហារ​របស់​ស្ត្រី​មានគភ៌​ម្នា​ក់ៗ​ទៀតផង​៕

  • ស្ត្រីមានផ្ទៃពោះ​ ឃ្លាន​ញឹកញាប់​ គួរ​ញ៉ាំ​អ្វី​ក្រៅពី​ពេលបាយ​?

    ស្ត្រីមានផ្ទៃពោះ​ ឃ្លាន​ញឹកញាប់​ គួរ​ញ៉ាំ​អ្វី​ក្រៅពី​ពេលបាយ​?

    អាហារ​ក្រៅពី​ពេលបាយ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ តើ​គួរ​ទទួលទាន​អ្វី​ល្អ​ដើម្បី​ជួយ​បំប៉ន​រាង​-កាយ​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​? ខាងក្រោម​នេះ​គឺ​ អាហារ4យ៉ាងដែល​ស្រ្តី​មានផ្ទៃពោះ​គួរ​ទទួល​ទាន​…។

    1. នំ​ឃុក​គី​ ឬនំ​ក្រេក​គើរ​
    សម្រាប់​ស្ត្រីមានផ្ទៃពោះ​ នំ​ឃុក​គី​ដែល​ចង់​ណែនាំ​គឺ​ នំ​ពពួក​ស្រូវ​អូក​ ឬនំ​ឃុក​គី​ដែល​លាយ​ជាមួយ​ធញ្ញ​ជា​តិ​ផ្សេង​ៗ ដូចជា​ អាល់​ម៉ុន​ ឬគ្រាប់ស្វាយ​ចន្ទី​ ព្រោះស្ត្រីមានផ្ទៃពោះ​នឹង​បាន​ទទួលគុណ​ប្រយោជន៍​ខាង​អាហារ​ពី​ម្សៅ​នៅក្នុង​អង្ករ​ស្រូវ​អូក​ រួម​ទាំង​ប្រូ​តេ​អុី​នពី​គ្រាប់សណ្ដែក​ ឬធញ្ញជាតិ​ប្រភេទ​ផ្សេង​ៗទៀតផង​។

    2. អាហារ​ប្រភេទ​ស៊ី​រៀល​
    ស៊ី​រៀល​ជា​អាហារ​ដែល​ផ្ដល់​កម្លាំងថាមពល​ និង​ហ្វូ​លេ​តខ្ពស់​ មាន​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​ស្ត្រីមានគភ៌​ ជាពិសេស​ក្នុងអំឡុងពេល​ចាញ់កូន​ ញ៉ាំ​អ្វី​មិនសូវ​បាន​។

    3. យ៉ា​អួ​
    ស្ត្រីមានគភ៌​អាច​ជ្រើសរើស​ទទួលទានទឹក​ដោះ​គោ​ជូរ​ ឬយ៉ា​អួ​ក្រៅពី​ពេល​អា​ហារ​ចម្បង​ៗបាន​ ពេល​មាន​អារម្មណ៍​ថា​ខ្លួនឯង​ឃ្លាន​ ដោយសារតែ​នៅក្នុង​យ៉ា​អួ​មាន​កាល់ស្យូម​ដែល​ជាផ្នែក​សំខាន់​ក្នុង​ការ​សាង​ឆ្អឹង​ និង​ធ្មេញ​ឱ្យ​រឹងមាំ​ទាំង​សម្រាប់​កូនតូច​ក្នុង​ផ្ទៃ​ និង​អ្នកម្ដាយ​ខ្លួនឯង​ផង​ ក្រៅពី​នេះ​ យ៉ា​អួ​នៅ​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​ស្រ្តី​មានគភ៌​ធ្វើការ​បាន​ល្អ​ឡើង​ទៀតផង​។

    4. បន្លែ​ និង​ផ្លែឈើ​
    បន្លែ​ និង​ផ្លែឈើ​ គឺជា​អ្វី​ដែល​ស្ត្រីមានផ្ទៃពោះ​គួរ​ទទួលទាន​យ៉ាង​មិន​អាច​ចៀសវាង​បាន​ ជាពិសេស​បំផុត​ផ្លែ​លម៉ើ​ ស្រកានាគ​ ផ្លែ​ល្ហុង​ទុំ​ ផ្លែ​ប៉ោម​ ម្នាស់​ បន្លែ​ពណ៌បៃតង​ចាស់​ ប៉េងប៉ោះ​-ល- ដើម្បី​ឱ្យ​រាងកាយ​បាន​ទទួល​វីតាមីន​ និង​សារធាតុ​រ៉ែ​យ៉ាង​គ្រប់គ្រាន់​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ឱ្យ​រឹងមាំ​ឡើង​៕

  • ព្រឹក​មិន​ចង់​ក្រោក​ ថ្ងៃត្រង់​ងងុយ​មិនឈប់​ ចង់តែ​ទទួលទាន​របស់​ផ្អែម​ៗ សង្ស័យ​តែ​កើតជំងឺ​ “ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​”

    ព្រឹក​មិន​ចង់​ក្រោក​ ថ្ងៃត្រង់​ងងុយ​មិនឈប់​ ចង់តែ​ទទួលទាន​របស់​ផ្អែម​ៗ សង្ស័យ​តែ​កើតជំងឺ​ “ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​”

    ពិនិត្យ​អាការ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​ ជំងឺ​ដ៏​គ្រោះថ្នាក់​លាក់មុខ​នៅក្នុង​វ័យ​កំពុងធ្វើការ​ វា​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​ចុះ​ខ្សោយ​ ហើយ​មាន​អារម្មណ៍​ថា​ ចង់​ទទួលទាន​តែ​អា​ហារ​ផ្អែម​ៗ និង​មាន​អារម្មណ៍​ល្ហិតល្ហៃ​អស់កម្លាំង​ ក៏ប៉ុន្តែ​ពិបាក​គេង​។ ប្រសិនបើ​អំឡុង​ពេលនេះ​ អ្នកមាន​អារម្មណ៍​នឿយហត់​ មិនសូវ​មាន​កម្លាំង​ មិន​ចង់​ភ្ញាក់​ពី​គេង​នៅពេល​ព្រឹក​ ព្រមទាំង​ធ្វើទុក្ខ​កើត​អាការ​ងងុយគេង​រាល់ពេល​ថ្ងៃត្រង់​ តែ​បែរមក​គេង​មិន​លក់​នៅពេល​រាត្រី​វិញ​នោះ​ ទាំងនេះ​អាច​ឱ្យ​អ្នក​កើតការ​សង្ស័យ​នៃ​ការ​កើតជំងឺ​ខាងលើ​នេះ​ហើយ​។ អ្នកខ្លះ​ទៀត​ក៏​មាន​អាការ​ធាត់​ឡើង​គីឡូ​រាល់ថ្ងៃ​ ចូលចិត្ត​ទទួល​តែ​អាហារ​ដែល​មាន​សារធាតុ​ផ្អែម​ ឬអាហារ​ដែល​មាន​រស​ជា​តិ​ប្រៃ​ៗ បើ​ទោះ​ព្យាយាម​កាត់បន្ថយ​ការ​ទទួលទាន​ហើយ​ ក៏​នៅតែ​គីឡូ​មិន​ស្រក​ ហើយ​មិន​មានការ​ហាត់ប្រាណ​ប្រចាំថ្ងៃ​ទៀត​នោះ​ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ស្វែងរក​អាការ​នៃ​ជំងឺ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រងនោម​ ដែល​ភាសា​វេជ្ជសាស្ត្រ​ទំនើប​ហៅថា​ “Adrenal​ Fatigue​”។

    តើ​ជំងឺ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រងនោម​ ឬ Adrenal​ Fatigue​ ជា​អ្វី​?
    សភាវ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រងនោម​ គឺជា​អាការ​ដែល​ខុសប្រក្រតី​នៃ​រាងកាយ​ ដោយមាន​ក្ដី​កង្វល់​ខ្លាំង​នៃ​កត្តា​ប៉ះពាល់​ ដែល​អាច​ចាត់​ចូល​ទៅ​ក្នុង​ក្រុម​ជំងឺ​មិនសូវ​មាន​គេ​យកចិត្ត​ទុកដាក់​ប៉ុន្មាន​ទេ​ តែ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​។ ដោយសារ​ភាគច្រើន​ សភាវៈ​នេះ​មិនសូវ​បាន​ទទួលការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ និង​បាន​ទាន់ពេល​វេលា​នោះ​ទេ​។ ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រងនោម​មាន​តួនាទី​កសាង​អ័រម៉ូន​ច្រើន​ប្រភេទ​ ដូចជា​ អ័រម៉ូន​ភេទ​ និង​អ័រម៉ូន​ថប់បារម្ភ​ ដែល​ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា​ Cortisol​។ ខណៈ​ដែល​រាងកាយ​មាន​សភាព​ធុញថប់​ ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​ក៏​បញ្ចេញ​ការ​កកើត​នៃ​អ័រម៉ូន​ថប់បារម្ភ​នោះ​ឡើង​មក​ និង​កាន់តែ​ធ្វើ​ឱ្យ​រាងកាយ​ចុះ​ទន់ខ្សោយ​ខុសប្រក្រតី​។ គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​ថា​ អ័រម៉ូន​មួយ​ប្រភេទ​នេះ​ មាន​គ្រោះថ្នាក់​ដល់​រាងកាយ​ ខណៈ​ដែល​វា​ធ្វើ​ឱ្យ​រាងកាយ​កាន់តែ​ចុះ​ខ្សោយ​ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិ​របស់​ខួរក្បាល​ថែមទៀត​ផង​ដែរ​។

    មូលហេតុ​អ្វី​បណ្ដាល​ឱ្យ​កើតជំងឺ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​?
    ប្រសិនបើ​និយាយ​ថា​ ជំងឺ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រោ​ងនោម​ កើតមក​ពី​អារម្មណ៍​តានតឹង​ តប់ប្រមល់​ តែ​ម្យ៉ាង​ក៏អាច​ថា​បាន​ ព្រោះ​ដោយសារតែ​រាងកាយ​មាន​ភាព​ខុសប្រក្រតី​នៃ​អារម្មណ៍​ធុញថប់​គ្រប់ពេលវេលា​។ ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​ក៏បាន​បញ្ចេញ​នូវ​អ័រម៉ូន​មក​ប្រឆាំង​ជាមួយ​សភា​វៈ​ធុ​បថប់​ទាំងនោះ​ ក៏​បណ្ដាល​ឱ្យ​រាងកាយ​កាន់តែ​ចុះ​ខ្សោយ​ទៅ​។ កាលណា​ការ​បញ្ចេញ​អ័រម៉ូន​ប្រភេទ​នេះ​នៅក្នុង​រាងកាយ​កាន់តែ​ច្រើនឡើង​ នោះ​រាងកាយ​នឹង​ត្រូវការ​អ័រម៉ូន​ប្រឆាំង​តបត​វិញ​ ដែល​ចាំបាច់​ទាញ​យក​អ័រម៉ូន​ផ្សេង​ៗពី​ផ្នែក​ផ្សេង​ៗនៃ​រាងកាយ​មក​ប្រឆាំង​ទប់ទល់​ ហើយ​ធ្វើ​ឱ្យ​រាងកាយ​មាន​សភាព​ឆាប់​ចាស់​ និង​ស្លេកស្លាំង​។

    ក្រៅពី​រាងកាយ​មាន​អាការ​ថប់បារម្ភ​ ជំងឺ​មួយ​ប្រភេទ​នេះ​ ក៏អាច​កើតឡើង​ពី​អាការ​ផ្លូវចិត្ត​ និង​ការសម្រាក​លើស​ពេលកំណត់​។ ទង្វើ​នៃ​ការ​បង្ក​ជា​ជំងឺ​នេះ​ ខាង​ផ្នែក​វេជ្ជសាស្ត្រ​ពិភពលោក​ហៅថា​ Physical​ Stress​ ជា​ភាព​តានតឹង​នៃ​រាងកាយ​។ វា​កើតឡើង​នៅពេល​ដែល​ ៖ 1. ភាព​តានតឹង​មក​ពី​ការ​ចូលគេង​យប់ជ្រៅ​ ។2. ភាព​តានតឹង​មក​ពី​ការ​មិនបាន​ទទួលទាន​អាហារ​ពេលព្រឹក​។ 3. ភាព​តានតឹង​មក​ពី​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ស្ករ​ក្នុង​កម្រិតខ្ពស់​។ 4. ភាព​តានតឹង​មក​ពី​សភាវៈ​អាកាសធាតុ​ ក្នុងទឹក​ និង​សារធាតុពុល​នៃ​អាហារ​ជាដើម​។

    ជំងឺ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​ មាន​អាការ​គួរ​ឱ្យ​កត់សម្គាល់​ដូចម្ដេច​?
    ទាំងនេះ​គឺជា​អាការ​នៃ​ជំងឺ​ខ្សោយ​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​ មាន​ដូចជា​ ៖
    1. ពិបាក​ក្រោក​ពី​គេង​នា​ពេលព្រឹក​ មាន​អារម្មណ៍​មិន​ចង់​ក្រោក​ បើ​ទោះបីជា​អ្នក​បាន​សម្រាក​គ្រប់គ្រាន់​ហើយ​ក្ដី​ ក៏​នៅតែ​មាន​អារម្មណ៍​អស់កម្លាំង​ខុសប្រក្រតី​។
    2. អស់កម្លាំង​ មាន​អារម្មណ៍​ថា​ ងងុយគេង​ ចេះតែ​ស្ងាប​ពេញមួយថ្ងៃ​ ឬងក់​ៗចង់​ដួល​នៅពេល​ខ្លះ​ផង​ដែរ​។
    3. មាន​អារម្មណ៍​ឈឺក្បាល​ខុសប្រក្រតី​នា​ពេលរសៀល​ជា​រៀងរាល់ថ្ងៃ​។
    4. ចង់​ទទួលទាន​តែ​អា​ហារ​ផ្អែម​ៗ ដើម្បី​មក​បំពេញកម្លាំង​បន្ថែម​។
    5. ងងុយគេង​ តែ​គេង​មិន​លក់​ ឬពិបាក​ក្នុង​ការ​គេង​។
    6. អារម្មណ៍​ខាង​ផ្លូវភេទ​ចុះ​ខ្សោយ​។
    7. មករ​ដូវ​ច្រើនជាង​មុន​ ខុសប្រក្រតី​។
    8. ងាយ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​ញឹកញាប់​។
    9. ណែន​នៅក្នុង​ពោះ​ មិនសូវ​មាន​ចំណង់​ផ្លូវអាហារ​។
    10​. វិលមុខ​ញឹកញាប់​ ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​ដូច​ខ្យល់​រាល់ថ្ងៃ​។
    11​. កើត​អារម្មណ៍​ងាយ​ធុញថប់​ ឆាប់​ខឹង​ ម៉ួ​ម៉ៅ​ ឆេវឆាវ​ ។
    12​. -ស្បែក​ឡើង​ស្ងួត​ -ស្រអាប់​ -មិន​ស្រស់ថ្លា​។
    13​. គីឡូ​កើនឡើង​ជាលំដាប់​ បើ​ទោះជា​មានការ​តម​អាហារ​។
    14​. អារម្មណ៍​ងាយ​ឡើងចុះ​។
    15​. មិនសូវ​មានការ​ចងចាំ​ច្បាស់​ ងាយ​ភ្លេច​ច្រើន​។
    16​. មាន​សភាព​ឈឺចាប់​ផ្នែក​ណាមួយ​នៃ​រាងកាយ​ នា​ពេល​ក្រោកពីដំណេក​ពេលព្រឹក​។17​. នោម​ញឹកញាប់​។

    ប្រសិនបើ​អ្នក​បាន​ពិនិត្យ​ និង​អង្កេត​អាការ​នៃ​រាងកាយ​របស់​អ្នក​ហើយ​ ហើយ​មាន​ក្ដី​សង្ស័យ​នោះ​ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យមើល​ តម្រង់​នោម​ និង​ក្រពេញ​ផ្នែក​ខាងលើ​នៃ​តម្រង់​នោម​របស់​អ្នកជា​បន្ទាន់​។ សូមកុំ​បណ្ដែតបណ្ដោយ​ពេលវេលា​ឱ្យ​សោះ​៕

  • “ប្រតិកម្ម​ចាញ់​អាហារ​” និង​គ្រប់​រឿង​ដែល​អ្នក​អាច​មិនទាន់​ដឹង​ និង​គួរតែ​ដឹង​

    “ប្រតិកម្ម​ចាញ់​អាហារ​” និង​គ្រប់​រឿង​ដែល​អ្នក​អាច​មិនទាន់​ដឹង​ និង​គួរតែ​ដឹង​

    ប្រតិកម្ម​ចាញ់​ចំណីអាហារ​ (Food​ Allergy​) ជាប្រតិកម្ម​ដែល​ខុសប្រក្រតី​របស់​រាងកាយ​ចំពោះ​ចំណីអាហារ​ ដែល​មាន​មូលហេតុ​មក​ពី​ប្រព័ន្ធ​ការពារ​ជំងឺ​របស់​រាងកាយ​ ជា​អាការ​ដែល​ហាក់ដូចជា​ជួបប្រទះ​ញឹកញាប់​ និង​ជា​បន្ត​ទៅ​នេះ​ គឺជា​អត្ថបទ​ដែល​មិត្ត​អ្នកអាន​គួរតែ​ដឹង​ពាក់ព័ន្ធ​នឹង​អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​…។

    មូលហេតុ​របស់​ប្រតិកម្ម​ចាញ់​ចំណីអាហារ​
    ប្រតិកម្ម​ចាញ់​ចំណីអាហារ​កើតឡើង​ដោយសារតែ​រាងកាយ​ឆាប់​មាន​ប្រតិកម្ម​ជាមួយ​គុណភាព​ចំណីអាហារ​ខ្លាំង​ជ្រុល​ពេក​ រហូតដល់​រាងកាយ​សាង​ Antibody​ ដែល​មាន​តួនាទី​ក្នុង​ការ​កែខៃ​ និង​តតាំង​វត្ថុ​ប្លែក​ចម្លែក​ដែល​ចូល​មក​ក្នុង​រាងកាយ​។ នៅក្នុង​កម្មវិធី​នេះ​ រាងកាយ​នឹង​មានការ​បញ្ចេញ​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​ (Histamine​) និង​សារធាតុ​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​កើត​អាការ​ចាញ់​តែ​យ៉ាងណាក៏ដោយ​ កម្មវិធី​ការពិនិត្យ​ចាប់​សារធាតុ​ដែល​រាងកាយ​មិន​ត្រូវការ​នេះ​ មាន​ភាព​ខុសប្លែក​ពីគ្នា​នៅ​លើ​បុគ្គល​ម្នា​ក់ៗ​ ដូច្នេះ​មនុស្ស​ម្នា​ក់ៗ​ក៏​នឹង​មាន​អាការ​ប្រតិកម្ម​ចាញ់​សារ​ធា​តុ​ខុស​ៗគ្នា​ ជា​មូលហេតុ​ដែល​ជួបប្រទះ​ញឹកញាប់​របស់​ជំងឺ​ដែល​កើត​ពី​ចំណីអាហារ​។

    មនុស្សជា​ច្រើន​យល់​ខុស​ថា​ ប្រតិកម្ម​ចាញ់​កើតឡើង​នៅពេល​ដែល​ចំណីអាហារ​នោះ​ជា​ចំណី​អា​ហារ​ចម្លែក​ៗ តែ​ការពិត​គឺថា​ ចំណីអាហារ​ទូទៅ​ក៏អាច​ជា​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​បាន​ដែរ​។

    ការ​កើត​ប្រតិកម្ម​ចាញ់​ចំណីអាហារ​មាន​ភាព​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ជាមួយ​ប្រូ​តេ​អុី​នក្នុង​ទឹកដោះគោ​ ស៊ុត​ គ្រាប់សណ្ដែក​ គ្រាប់ល្ង​ ម្សៅសាលី​សណ្ដែក​គ្រាប់​រឹង​ និង​អាហារ​សមុទ្រ​-ល- ក្រៅពី​នេះ​ ពណ៌​លាយ​ចំណីអាហារ​ សារធាតុ​ការពារ​ផ្អូម​ក្នុង​ចំណីអាហារ​ និង​សារធាតុ​តុបតែង​ចំណីអាហារ​ក្នុងអំឡុងពេល​កែច្នៃ​ចំណីអាហារ​ ក៏​ជា​បច្ច័យ​ដែល​ធ្វើ​ឱ្យ​កើត​អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​បាន​ដែរ​។ប្រតិកម្ម​ចាញ់​ចំណីអាហារ​ អាច​មាន​អាការ​មិន​ធ្ងន់ធ្ងរ​ និង​កើតឡើង​ក្នុងរយៈពេល​ខ្លី​ តែ​ក៏អាច​ធ្វើ​ឱ្យ​កើត​សភាវ​ខាង​សុខភាព​ធ្ងន់ធ្ងរ​ និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ដូចគ្នា​។

    អាការ​របស់​ប្រតិកម្ម​ចាញ់​ចំណីអាហារ​
    អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​អាច​មាន​អាការ​ណាមួយ​ ឬអាការ​ច្រើន​រួមគ្នា​ដូច​ខាងក្រោម​៖ . មាន​ឡើង​កន្ទាលត្រអាក​ និង​រមាស់​. រមាស់​ច្រមុះ​ និង​ភ្នែក​. កណ្ដាស់​ និង​ហៀរសំបោរ​. មាន​អាការ​រមាស់​ និង​ហើម​នៅ​ជុំវិញ​បបូរមាត់​ និង​មាត់​ ជាពិសេស​បំផុត​នៅពេល​ប៉ះពាល់​នឹង​ចំណីអាហារ​ដោយ​ផ្ទាល់​. ក្អួតចង្អោរ​. មាន​អាការ​ហើម​បែបជា​ប៉គ្រីវ​កាច់​. រាក​ និង​ក្អួត​

    អាការ​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ​
    អាការ​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ​ (Anaphylaxis​ is​) ជា​អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​ដែល​ធ្ងន់ធ្ងរ​បំផុត​ និង​អាច​ធ្វើ​ឱ្យ​ស្លាប់​បាត់បង់ជីវិត​បាន​។ បច្ច័យ​ប្រថុយប្រថាន​របស់​អាការ​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ​មាន​ដូចជា​ អ្នកជំងឺ​ហឺត​ ជាពិសេស​បំផុត​នៅ​លើ​អ្នកជំងឺ​ហឺត​ដែល​មិនបាន​ទទួលការ​ព្យាបាល​។ ជា​រឿង​គ្រោះថ្នាក់​ខ្លាំង​ណាស់​ បើសិន​ពិនិត្យ​មិនឃើញ​មាន​អាការ​ប្រតិកម្ម​ចាញ់​ក្នុងរយៈ​ដំ​បូងៗ​ ការ​យឺតយ៉ាវ​ក្នុង​ការប្រើ​ប្រាស់​ថ្នាំ​ ឬការ​មិន​ប្រើប្រាស់​ថ្នាំ​ព្យាបាល​អ្នកជំងឺ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​បន្ទាន់​ឱ្យ​បាន​ទាន់ពេល​វេលា​ ដែល​អាច​ធ្វើ​ឱ្យ​កើត​អាការ​ដែល​ធ្ងន់ធ្ងរ​ឡើង​បាន​។

    បើសិន​រាងកាយ​របស់​លោកអ្នក​កើតមាន​អាការ​ប្រតិកម្ម​ចាញ់​ទាំងអស់​ដូច​ខាងលើ​ ចូរ​ឈប់​ទទួលទាន​អាហារ​ណាមួយ​ដែល​លោកអ្នក​សង្ស័យ​ថា​ ធ្វើ​ឱ្យ​កើត​អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​ ក្រៅពី​នេះ​ លោកអ្នក​គួរ​ពិចារណា​ប្រើ​ថ្នាំ​បំបាត់​អាការ​ប្រតិកម្ម​ចាញ់​(Antihistamines​)។ មិនថា​លោកអ្នក​កើត​អាការ​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ​ ឬមិន​ធ្ងន់ធ្ងរ​ក៏ដោយ​ លោកអ្នក​នៅតែ​ត្រូវតែ​ចូល​ទៅ​ទទួលការ​ព្យាបាល​ ដើម្បី​រក​មូលហេតុ​ និង​ការ​ព្យាបាល​ផង​ដែរ​។

    បច្ច័យ​ច្រើនប្រការ​ដែល​បង្កើន​ភាព​ប្រថុយប្រថាន​ មាន​ដូចជា​៖
    . ការ​បញ្ជូន​បន្ត​ខាង​ពូជ​អម្បូរ​ពី​កំណើត
    ​. អាយុ​ ដោយ​អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​តែង​ជួបប្រទះ​ច្រើន​បំផុត​នៅ​លើ​ក្មេង​តូច
    ​.ជំងឺហឺត
    ​.ដើម្បី​ការពារ​ និង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ប្រតិកម្ម​ចាញ់​ចំណីអាហារ​ លោកអ្នក​ចាំបាច់​ត្រូវ​មានចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ចាញ់​ចំណីអាហារ​ និង​អាការ​ប្រតិកម្ម​ចាញ់​ចំណីអាហារ​។ ចូរ​ព្យាយាម​ចៀសវាង​ពី​អាហារ​ដែល​លោកអ្នក​កើត​ប្រតិកម្ម​ចាញ់​ ក្រៅពី​នេះ​ លោកអ្នក​គួរ​ចៀសវាង​ការ​ប៉ះពាល់​ដែល​មាន​ចំពោះ​ស្បែក​ ឬហិត​ស្រូប​ក្លិន​ចំណីអាហារ​ដែល​លោកអ្នក​មាន​ប្រតិកម្ម​ចាញ់​៕

  • កំណត់​អាទិភាព​សម្រាប់​ការងារ​ ជា​រឿង​សំខាន់​ក្នុង​ការគ្រប់គ្រង​ពេលវេលា​ និង​ប្រសិទ្ធភាព​ការងារ​

    កំណត់​អាទិភាព​សម្រាប់​ការងារ​ ជា​រឿង​សំខាន់​ក្នុង​ការគ្រប់គ្រង​ពេលវេលា​ និង​ប្រសិទ្ធភាព​ការងារ​

    មនុស្ស​ម្នា​ក់ៗ​ថ្វី​ដ្បិតតែ​ទទួល​បានការ​អប់រំ​ជាមួយគ្នា​ រស់នៅ​ក្នុង​បរិស្ថាន​ស្រដៀងគ្នា​ និង​ក្នុង​ប្រទេស​តែមួយ​ជាមួយគ្នា​ តែ​មិន​ប្រាកដ​ថា​ នឹង​ទទួល​បាន​លទ្ធផល​ក្នុង​ជីវិត​ដូចគ្នា​នោះ​ទេ​។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​មនុស្ស​ម្នា​ក់ៗ​មានទម្លាប់​ក្នុង​ការ​គិត​ និង​របៀបរបប​នៃ​ការអនុវត្ត​ខុសគ្នា​ទាំង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ការងារ​ និង​ក្នុង​អាជីវកម្ម​ជាដើម​។

    ការគ្រប់គ្រង​ខ្លួនឯង​ និង​កំណត់​ការងារ​ជាអាទិភាព​ជា​រឿង​សំខាន់​មួយ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មានប្រសិទ្ធភាព​ការងារ​ខ្ពស់​ ព្រោះ​វា​អាច​ជួយ​ឱ្យ​មនុស្ស​ផ្តោត​លើ​ភាព​សំខាន់​នៃ​ការងារ​បាន​ល្អ​។ លោក​ នឹម​ ឈុ​ន្នី​ ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Anakot​ Asia​ Academy​ បាន​លើកឡើង​ថា​ ការរៀបចំ​ និង​កំណត់​អាទិភាព​ការងារ​ពី​រឿង​សំខាន់​ទៅ​រឿង​មិនសូវ​សំខាន់​អាច​ជួយ​ដល់​ការរស់នៅ​ច្រើនណាស់​ ជាពិសេស​សម្រាប់​អ្នកធ្វើការ​ងារ​ ព្រោះ​យើង​ម្នា​ក់ៗ​មានការ​ងារ​ច្រើនណាស់​ដែល​ត្រូវ​បំពេញ​ក្នុង​មួយ​ថ្ងៃ​ៗ ហេតុនេះ​ប្រសិនបើ​គ្មាន​ផែនការ​ច្បាស់លាស់​ យើង​អាច​មានការ​លំបាក​ ហើយ​មិនដឹង​ថាត្រូវ​ចាប់ផ្តើម​មួយ​ណា​មុន​។ ការ​ធ្វើបែប​នេះ​ក៏​ជា​ការកំណត់​ពី​គោលដៅ​សំខាន់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ​ឱ្យ​មានប្រសិទ្ធភាព​ផង​ដែរ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មិន​អាច​ធ្វើ​រឿង​ច្រើនពេក​ក្នុង​មួយថ្ងៃ​នោះ​ទេ​។ ប្រសិនបើ​ចង់ឱ្យ​ការងារ​នោះ​ធ្វើ​ទៅ​បាន​ល្អ​ លុះត្រាតែ​ការងារ​នោះ​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​របៀបរៀបរយ​ ហើយ​មានការ​ផ្តោត​អារម្មណ៍​ទៅលើ​វា​។

    លោក​ នឹម​ ឈុ​ន្នី​ បាន​និយាយ​ថា​៖ “វិធី​សាស្រ្ត​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ការងារ​ឱ្យ​មានប្រសិទ្ធភាព​ គឺ​គួរ​រៀបចំ​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ដឹង​ឱ្យ​ច្បាស់​មុន​ពេល​ចាប់ផ្តើម​ការងារ​ថា​ ថ្ងៃនេះ​យើង​មានការ​ងារ​អ្វីខ្លះ​ដែល​ត្រូវ​បំពេញ​ឱ្យ​ចប់​ ឬជា​ការងារ​អាទិភាព​ ហើយ​ការងារ​ណាខ្លះ​ដែល​ត្រូវ​ធ្វើ​មុន​ និង​ការងារ​ត្រូវ​ធ្វើជា​បន្ទាប់​”។

    លោក​ ឈុ​ន្នី​ បាន​បន្ថែម​ទៀត​ថា​ ការ​ធ្វើបែប​នេះ​អាច​ធ្វើ​ឱ្យ​យើង​គ្រប់គ្រង​ពេលវេលា​បាន​ល្អ​ ព្រោះ​ការងារ​ធ្វើ​ចំ​គោលដៅ​ ហើយ​អាច​សល់​ពេល​សម្រាប់​ធ្វើ​រឿង​ជាច្រើន​ផ្សេងទៀត​ផង​។ នៅ​តាម​ស្ថាប័ន​ខ្លះ​គេ​ព្យាយាម​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​កំណត់​ការងារ​ឱ្យ​មាន​របៀបរៀបរយ​ ដោយ​ការកំណត់​ផែនការ​សកម្មភាព​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ជា​រៀងរាល់ថ្ងៃ​ ឬជា​រៀងរាល់​សប្តាហ៍​។ នៅពេល​ដែល​បុគ្គលិក​ដឹង​ច្បាស់​ពី​ការងារ​អាទិភាព​ដែល​ត្រូវ​ធ្វើ​ហើយ​ ការងារ​ក៏​ចាប់ផ្តើម​មានប្រសិទ្ធភាព​ខ្ពស់​នៅ​គ្រប់​ផ្នែក​ទាំងអស់​ ដោយ​ចំណាយពេល​វេលា​តិច​ តែ​បាន​លទ្ធផល​ការងារ​ច្រើន​។ ក្រៅពី​នេះ​ សម្រាប់​ការរស់នៅ​របស់​យើង​ម្នា​ក់ៗ​ក៏​ដូចគ្នា​ដែរ​ ប្រសិនបើ​យើង​ចេះ​ថ្លឹងថ្លែង​ និង​បែងចែក​ការងារ​ឱ្យ​មាន​របៀប​យើង​នឹងអាច​រស់នៅ​ដោយ​តុល្យភាព​ ហើយ​ធ្វើ​បាន​ល្អ​ទាំងអស់​ ទាំង​ការងារ​នៅក្នុង​ស្ថាប័ន​ និង​តួនាទី​នៅក្នុង​គ្រួសារ​។ ការ​ចេះ​គ្រប់គ្រង​ខ្លួនឯង​បែបនេះ​ អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ភាពល្អ​ប្រសើរ​ទាំង​ក្នុង​ជីវិត​ការងារ​ និង​ក្នុង​គ្រួសារ​។

    លោក​ សយ​ សា​វុធ​ គ្រូ​បណ្តុះបណ្តាល​ ភាពជា​អ្នកដឹកនាំ​ បាន​លើកឡើង​ថា​ ជីវិត​ជា​ជម្រើស​របស់​យើង​ម្នា​ក់ៗ​ ហេតុនេះ​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​គ្រប់​ដំណាក់កាល​ និង​សកម្មភាព​ដែល​នឹង​ធ្វើ​នៅ​គ្រប់ពេលវេលា​។ ប្រសិនបើ​យើង​មិនបាន​កំណត់​ទិសដៅ​ និង​អាទិភាព​ការងារ​របស់​យើង​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ​ យើង​នឹង​ក្លាយជា​មនុស្ស​ដែល​វង្វេងវង្វាន់​ ហើយ​ធ្វើការងារ​មិន​ច្បាស់លាស់​ ដែល​ជា​ប្រភព​នៃ​ភាព​បរាជ័យ​។ ក្រៅពី​នេះ​ ការគ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ​នឹង​ធ្វើ​ឱ្យ​យើង​ខ្ជះខ្ជាយ​ថាមពល​ ព្រោះ​រវល់​តែ​រេចុះរេឡើង​ទៅតាម​ស្ថានការណ៍​ និង​អារម្មណ៍​ដែល​ចំណុច​ទាំងអស់​នេះ​បាន​ផ្តល់​ភាព​អវិជ្ជមាន​ដល់​ខ្លួនឯង​។

    លោក​ សយ​ សា​វុធ​ បាន​និយាយ​ថា​៖ “នៅពេល​ដែល​មនុស្ស​ម្នា​ក់ៗ​មានការ​ត្រៀមខ្លួន​បាន​ល្អ​ ស្គាល់​ខ្លួនឯង​ច្បាស់​ និង​ដឹងពី​ភាព​សំខាន់​នៃ​ការងារ​បាន​ល្អ​ នៅពេល​នោះ​ភាព​រីកចម្រើន​នឹង​ចូល​មករ​កគាត់​បន្តិច​ម្តង​ៗ ដែល​ធ្វើ​ឱ្យ​គាត់​កាន់តែ​មាន​សមត្ថភាព​អាច​ធ្វើ​រឿង​ធំៗ​ជាង​មុន​បាន​”។

    ផ្ទុយ​មកវិញ​ លោក​ សា​វុធ​ បាន​លើកឡើង​ថា​ ប្រសិនបើ​យើង​ជា​មនុស្ស​ដែល​មិនបាន​ត្រៀមខ្លួន​ឱ្យ​ល្អ​ និង​ធ្វើការងារ​តាមតែ​អារម្មណ៍​ និង​ភាព​ភ័យខ្លាច​ យើង​នឹង​ជួប​តែ​រឿង​អវិជ្ជមាន​ក្នុង​ដំណើរ​ជីវិត​ ដែល​នឹង​ធ្វើ​ឱ្យ​យើង​លំបាក​អភិវឌ្ឍ​ខ្លួន​។ មាន​មនុស្ស​ខ្លះមក​ដល់ពេល​នេះ​ហើយ​នៅតែ​មិនទាន់​ច្បាស់​ចំពោះខ្លួន​ឯង​ ហើយ​ពេល​ទៅ​ធ្វើការងារ​ក៏​មិនដឹង​ថា​ ខ្លួនឯង​ត្រូវ​ធ្វើអ្វី​ខ្លះ​ គ្មាន​ការ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ ហើយ​បណ្តែតបណ្តោយ​ឱ្យ​ចប់តែ​មួយ​ថ្ងៃ​ៗតែប៉ុណ្ណោះ​។ សម្រាប់​ជីវិត​មនុស្ស​គ្មាន​ទេពាក្យ​ថា​ ហួសពេល​ ហេតុនេះ​គួរ​ចាប់ផ្តើម​ស្វែងរក​ពេលវេលា​ល្អ​ណាមួយ​ ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ខ្លួនឯង​ និង​ដើម្បី​កំណត់​ឱ្យ​ដឹង​ថា​ យើង​ចង់បាន​អ្វី​ពិតប្រាកដ​ ហើយ​ភាព​រីកចម្រើន​បែប​ណា​ដែល​យើង​ចង់ឱ្យ​វា​ក្លាយជា​ការពិត​សម្រាប់​ជីវិត​ ហើយ​រៀបចំ​សកម្មភាព​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យ​បាន​។ ពេលវេលា​ចេះតែ​ទៅមុខ​ ហេតុនេះ​មនុស្ស​ចាំបាច់​ត្រូវតែ​មានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ ហើយ​ការ​អភិវឌ្ឍ​នោះ​ទៀតសោត​ ត្រូវ​កើត​ចេញពី​យើង​ខ្លួនឯង​ផ្ទាល់​៕

  • ចង់ឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​មានតម្លៃ​លុះត្រាតែ​អនុវត្ត​គោលការណ៍​ 7ចំណុច​ក្នុង​ការរស់នៅ​

    ចង់ឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​មានតម្លៃ​លុះត្រាតែ​អនុវត្ត​គោលការណ៍​ 7ចំណុច​ក្នុង​ការរស់នៅ​

    ការអប់រំ​ចិត្ត​តាម​បែប​ព្រះពុទ្ធ​សាសនា​ជា​ការអប់រំ​ប្រកបដោយ​គុណ​តម្លៃ​សម្រាប់​ការរស់នៅ​របស់​មនុស្ស​គ្រប់​សម័យកាល​ បើ​ទោះបីជា​ទស្សនទាន​ទាំងអស់​នោះ​ត្រូវ​បាន​ចងក្រង​ឡើង​តាំងពី​រាប់ពាន់​ឆ្នាំមុន​ក៏ដោយ​។ តម្លៃ​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​គេ​យក​មក​បង្រៀន​បន្តគ្នា​ដើម្បី​អប់រំ​ចិត្ត​ឱ្យ​មាន​សីលធម៌​ មាន​សេចក្តី​ស្មោះត្រង់​ មានការ​អភិវឌ្ឍ​ក្នុង​ជីវិត​ និង​មាន​សេចក្តី​សុខ​ជាដើម​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​នៅក្នុង​ទស្សនទាន​ព្រះពុទ្ធ​សាសនា​បាន​អប់រំ​ថា​ មនុស្ស​ដែល​ស្គាល់​បុគ្គល​សប្បុរស​ ឬមនុស្ស​ដែល​មានតម្លៃ​មាន​ភាព​ឆ្លាតវៃ​ លុះត្រាតែ​អនុវត្ត​ចំណុច​សំ​ខាន់​ៗចំនួន​ 7 គឺ​ ស្គាល់​ហេតុ​ ស្គាល់​ផល​ ស្គាល់​ខ្លួនឯង​ ស្គាល់​កាលៈទេសៈ​ ស្គាល់​បុគ្គល​ ស្គាល់ប្រមាណ​ និង​ស្គាល់​វប្បធម៌​មនុស្ស​។

    ហេតុផល​សំខាន់​ទី1​ ដែល​ត្រូវ​ស្គាល់​ហេតុ​ ព្រោះ​មនុស្ស​មាន​បញ្ហា​ជម្លោះ​ មានការ​ប្រកាន់ខឹង​ និង​ធ្វើ​ឱ្យ​ខូចការ​ ភាគច្រើន​ជា​មនុស្ស​មិន​ស្គាល់​ហេតុ​។ ការ​ស្គាល់​ហេតុនេះ​គឺ​សំដៅលើ​ការ​ដឹងពី​រឿងរ៉ាវ​ច្បាស់លាស់​ ដោយ​រក​ឱ្យ​ឃើញ​ពី​ប្រភព​នៃ​បញ្ហា​ដែល​បាន​កើតឡើង​មុននឹង​ឆ្លើយតប​ មិនមែន​មើលតែ​សភាព​ខាងក្រៅ​ហើយ​វាយតម្លៃ​នោះ​ទេ​។ ជាឧទាហរណ៍​ ក្នុង​ជីវិត​ប្រចាំថ្ងៃ​ យើង​ឧស្សាហ៍​ជួប​រឿងរ៉ាវ​ប្រកាន់​គ្នា​ ទាំង​មិនបាន​សួរនាំ​ពីដើម​ហេតុ​ដែល​នាំ​ឱ្យ​កើត​បញ្ហា​ឡើង​នោះ​ផង​។ ពេលខ្លះ​ប្រសិនបើ​យើង​ចេះតែ​ប្រកាន់ខឹង​ដោយ​មិនបាន​ដឹងពី​ស្ថានភាព​របស់​បុគ្គល​ម្ខាងទៀត​ច្បាស់​ យើង​នឹងអាច​ស្តាយក្រោយ​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ បាន​មាន​សង្ឃដីកា​ថា​៖“មាន​ព្រះសង្ឃ​មួយ​អង្គទ​ទួល​តួនាទី​ជា​អ្នក​វាយជួង​ដាស់​លោកសង្ឃ​ដទៃទៀត​ជា​រៀងរាល់​ព្រឹក​ តែ​ព្រឹក​មួយ​សង្ឃ​មួយ​វត្តមាន​គ្នា​រាប់​រយ​នាក់​ បែរជា​ព្រះសង្ឃ​អ្នក​ដាស់​នោះ​ គោះ​ចាន​តូច​មួយ​ទៅវិញ​ ដែល​ធ្វើ​ឱ្យ​ព្រះសង្ឃ​ដទៃទៀត​ខក​ម៉ោង​ទាំងអស់​។ ភ្លាម​ៗព្រះសង្ឃ​គ្រប់គ្រង​វត្ត​ក៏​ខឹង​ ហើយ​ចេញ​មក​ស្តី​បន្ទោស​ខ្លាំង​ៗ និង​ភ្លាម​ៗ តែ​ក្រោយមក​មេ​សង្ឃ​នោះ​ក៏​ស្តាយក្រោយ​ទៅវិញ​ ព្រោះ​ក្រោយពេល​ចេញ​មក​ខាងក្រៅ​ទើប​ដឹង​ហេតុផល​ថា​ សង្ឃ​អ្នក​វាយជួង​ដាស់​ បែរមក​វាយ​ចាន​តូច​វិញ​ ដោយសារតែ​ជួង​ធំ​ខាងក្រៅ​ត្រូវ​ចោរលួច​បាត់​ទៅ​ហើយ​”។

    ព្រះ​តេជគុណ​ បាន​បន្ត​ទៀត​ថា​ ហេតុនេះ​ប្រសិនបើ​យើង​ស្គាល់​ពី​ហេតុ​ច្បាស់​ យើង​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​ប្រភព​ព័ត៌មាន​ត្រឹមត្រូវ​មុននឹង​សម្រេចចិត្ត​។ ហើយ​ចំណុច​សំខាន់​ទី2​ គឺ​ ស្គាល់​ផល​ក៏​ជា​រឿង​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ផង​ដែរ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​ចាំបាច់​ត្រូវ​ស្គាល់​ និង​គិត​ឱ្យ​ច្បាស់​ពី​ផល​ដែល​ខ្លួន​ធ្វើ​។ មុននឹង​បន្ទោស​ មុននឹង​និយាយ​ស្តី​ មុននឹង​សម្រេចចិត្ត​លើ​រឿង​អ្វីមួយ​ត្រូវ​គិត​ពី​លទ្ធផល​ចុងក្រោយ​នៃ​ទង្វើ​របស់​ខ្លួន​ជាមុន​សិន​ថា​ តើ​អ្វី​ដែល​យើង​ធ្វើ​នេះ​ផ្តល់​ផល​វិជ្ជមាន​ ឬអវិជ្ជមាន​ដល់​ខ្លួនឯង​ និង​អ្នកដទៃ​។ ជាឧទាហរណ៍​ជាក់ស្តែង​ នៅពេល​ដែល​ប្តី​ប្រពន្ធ​ប្រកាន់យក​ត្រូវ​រៀងខ្លួន​ ហើយ​មិនបាន​គិត​ពី​ផល​នៃ​បញ្ហា​ ហើយ​សម្រេចចិត្ត​លែងលះ​ លទ្ធផល​ចុងក្រោយ​មិនមែន​គ្រោះថ្នាក់​តែ​ 2នាក់​នោះ​ទេ​ អ្នក​ដែល​ទទួលផល​អវិជ្ជមាន​ធំជាង​គេ​គឺ​កូន​ ដែល​បាត់បង់​ភាព​កក់ក្តៅ​ និង​ជួប​រឿង​លំបាក​ក្នុង​ជីវិត​យូរអង្វែង​។

    ចំណុច​សំខាន់​ទី3​ គឺ​ការ​ស្គាល់​ខ្លួនឯង​ ចំណុច​នេះ​ព្រះអង្គ​បាន​ពន្យល់​ថា​ មនុស្ស​ម្នា​ក់ៗ​ត្រូវ​ស្គាល់​ពី​ភាព​ខ្លាំង​ភាព​ខ្សោយ​របស់​ខ្លួនឯង​ជាមុន​សិន​ ទើប​អាច​អភិវឌ្ឍ​ខ្លួនឯង​បាន​ល្អ​។ មនុស្ស​ក៏​ត្រូវតែ​មាន​គោលដៅ​ឱ្យ​បាន​ច្បាស់លាស់​ និង​ដឹងពី​កម្រិត​សមត្ថភាព​ដែល​ខ្លួន​មាន​ កុំ​ធ្វើការងារ​ឱ្យ​ហួសមាឌ​ ហើយក៏​កុំ​បណ្តោយ​ខ្លួន​ឱ្យ​ខ្ជីខ្ជា​ខាតបង់​ពេលវេលា​ឥតប្រយោជន៍​ជាដើម​។ ប្រសិនបើ​យើង​ធ្វើអ្វី​មួយ​ហួសពី​លទ្ធភាព​ខ្លួនឯង​ផ្ទាល់​ យើង​នឹងអាច​ខាតបង់​ បាត់បង់​តម្លៃ​ ហើយ​មាន​វិប្បដិសារី​ជាមិនខាន​។ ចំណែក​ឯចំណុច​ទី4​ ការ​ស្គាល់​កាល​ទេសៈ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ​សម្រាប់​ការ​ធ្វើការងារ​ និង​ការរស់នៅ​។ ចំណុច​ត្រង់នេះ​ គឺ​សំដៅលើ​ការ​ចេះ​ស្គាល់​ពេលវេលា​ដែល​ត្រូវ​និយាយ​ ពេលវេលា​ដែល​ត្រូវ​ស្តាប់​ មិនមែន​អាងតែ​ខ្លួន​មានចំណេះ​ដឹង​ ឬមាន​ឥទ្ធិពល​ធំជាង​គេ​ចេះតែ​និយាយប៉ាត​ណា​ប៉ាត​ណី​នោះ​ទេ​ តែ​ត្រូវ​ចេះ​ស្គាល់​កាល​ ស្គាល់​វេលា​ទើប​អាច​រីកចម្រើន​ទាំងអស់គ្នា​។ សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ មាន​ថេរ​ដីការ​ថា​ប្រសិនបើ​យើង​និយាយ​ នោះ​យើង​គ្រាន់តែ​ប្រាប់​ពី​អ្វី​ដែល​យើង​ចេះ​ស្រាប់ហើយ​ទៅ​គេ​ តែ​ប្រសិនបើ​យើង​ស្តាប់​ យើង​នឹង​បាន​ឱកាស​ដើម្បី​ទទួល​ចំណេះដឹង​ថ្មី​។

    ព្រះសង្ឃ​អ្នកអប់រំ​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​នេះ​ចំណុច​ទី5​ ការ​ស្គាល់​បុគ្គល​ដែល​យើង​ត្រូវ​ទំនាក់ទំនង​ក្នុង​សង្គម​ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ​យកចិត្ត​ទុកដាក់​។ នៅ​លើ​លោក​នេះ​គ្មាន​អ្នកណា​ម្នាក់​មិន​មាន​ទំនាក់ទំនង​នោះ​ទេ​ ហេតុនេះ​ប្រសិនបើ​ចង់ឱ្យ​ការទាក់ទង​ និង​ការ​ធ្វើការងារ​ជាមួយគ្នា​ទទួល​បាន​ជោគជ័យ​ លុះត្រាតែ​យើង​ស្គាល់​ថា​ គេ​ជា​អ្នកណា​ មាន​ចំណង់​ចំណូលចិត្ត​ដូចម្តេច​? និង​ប្រកាន់​ ឬចូលចិត្ត​អ្វីខ្លះ​? ជាដើម​។ ប្រសិនបើ​យើង​ស្គាល់​អ្នកនោះ​ច្បាស់​ហើយ​ យើង​អាច​ធ្វើការងារ​ជាមួយគ្នា​បាន​យ៉ាង​រលូន​ ហើយ​តែងតែ​ចូលចុះ​គ្រប់​កាលៈទេសៈ​ទាំងអស់​ក្នុង​ការរស់នៅ​។ ចំណែក​ឯចំណុច​ទី6​ ការ​ស្គាល់ប្រមាណ​ គឺ​ទាក់ទង​នឹង​សកម្មភាព​នៃ​ការរស់នៅ​ផ្ទាល់ខ្លួន​វិញ​ម្តង​។ មនុស្ស​ម្នា​ក់ៗ​ចាំបាច់​ត្រូវតែ​មានទម្លាប់​នៃ​ការរស់នៅ​ ការ​ហូបចុក​ ការសម្រាក​ និង​ការកម្សាន្ត​ឱ្យ​មាន​តុល្យភាព​ ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើការងារ​សំ​ខាន់​ៗ និង​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ បាន​បន្ថែម​ទៀត​ថា​ ចំណុច​សំខាន់​ចុងក្រោយ​ទី7​ គឺ​ត្រូវ​ស្គាល់​មនុស្ស​ស្គាល់​វប្បធម៌​ប្រពៃណី​។ ការ​ស្វែងយល់​ពី​វប្បធម៌​សង្គម​គឺជា​រឿង​សំខាន់ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ហើយ​កាន់តែ​សំខាន់​ថែមទៀត​នោះ​ គឺ​អ្នករក​ស៊ី​។ ប្រសិនបើ​យើង​ស្គាល់​ពី​វប្បធម៌​សង្គម​ យល់​ពីរ​បៀ​បរ​បបនៃ​ការរស់នៅ​ក្នុង​សង្គម​ច្បាស់​ និង​ដឹងពី​តម្រូវការ​សង្គម​យើង​នឹងអាច​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​ក្លាយជា​បុគ្គល​ដែល​មាន​គេ​ចូលចិត្ត​ច្រើន​ និង​អាច​ឆ្លើយតប​បាន​ជាមួយនឹង​អ្វី​ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​ថែមទៀត​ផង​៕

  • មនុស្ស​ជិត​កន្លះ​លាន​នាក់​ស្លាប់​ដោយសារ​ខ្យល់​កខ្វក់​នៅ​អឺរ៉ុប​ជា​រៀងរាល់​ឆ្នាំ​…

    មនុស្ស​ជិត​កន្លះ​លាន​នាក់​ស្លាប់​ដោយសារ​ខ្យល់​កខ្វក់​នៅ​អឺរ៉ុប​ជា​រៀងរាល់​ឆ្នាំ​…

    នៅ​អឺរ៉ុប​ ខ្យល់ដកដង្ហើម​អាច​ធ្វើ​ឱ្យ​យើង​ស្លាប់​បាន​ ព្រោះ​ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​ជាង​ 400,000នាក់​ត្រូវ​បាន​គេ​រក​ឃើញថា​ បាន​ស្លាប់​ដោយសារតែ​ការ​ពុល​បរិយាកាស​។ ចំនួន​ដ៏​ច្រើន​នេះ​ក៏បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាងច្រើន​ផង​ដែរ​ដល់​ការ​ចំណាយ​របស់​សង្គម​ គឺ​ដល់ទៅ​រាប់​រយ​ពាន់​លាន​អឺ​រ៉ូ​ឯណោះ​នៅ​អឺរ៉ុប​។

    គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​មហាសេដ្ឋី​ផ្នែក​សេដ្ឋ​កិ​ច្ច​ធំៗ​នៅ​អឺរ៉ុប​ទាំងអស់​នេះ​ បាន​បង្កប់​ដោយ​ហានិភ័យ​ខាង​សុខភាព​ជាច្រើន​ ដោយ​ក្នុង​នោះ​បញ្ហា​កើតឡើង​ពី​ប្រភព​ចម្រុះ​នៃ​វិស័យ​ឧស្សាហកម្ម​ រួម​ទាំង​សកម្មភាព​នៃ​ការរស់នៅ​របស់​មនុស្ស​ដែល​បាន​បង្កើត​ជា​ឧស្ម័ន​ពុល​ដោយ​ផ្ទាល់​ និង​ដោយប្រយោល​។ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ច្រើនជ្រុល​ក៏​ជា​ប្រភព​ដ៏​មិនល្អ​មួយ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​ចំពោះ​បរិយាកាស​ និង​បរិស្ថាន​ដែរ​។

    ផែនការ​កំណត់​កម្រិត​ស្តង់ដារ​នៃ​គុណភាព​បរិយាកាស​នៅ​អឺរ៉ុប​ ត្រូវ​បាន​អនុវត្ត​តាំងពី​ជាង​ 20ឆ្នាំមុន​ម៉្លេះ​ តែ​ទោះបីជា​មាន​រយៈពេល​វែង​បែបនេះ​ក៏ដោយ​ ក៏​នៅ​អឺរ៉ុប​មិនទាន់​អាច​ធ្វើ​បាន​នូវ​ប្រព័ន្ធ​ស្តង់​ដា​មួយ​សម្រាប់​ប្រទេស​នានា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្យល់អាកាស​នេះ​នៅឡើយ​។ ប្រទេស​នី​មួយ​ៗបាន​កំណត់​យក​ស្តង់​ដា​នៃ​ភាព​ស្អាត​ក្នុង​បរិយាកាស​ផ្សេង​ៗពីគ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ ជាឧទាហរណ៍​ស្តង់​ដា​ដែលគេ​គិតថា​ ខ្យល់អាកាស​ស្អាត​នៅក្នុង​ទីក្រុង​ Krakow​(ប្រទេស​ Poland​) បែរជា​មិន​អាច​ទទួលយក​បាន​សម្រាប់​ទីក្រុង​ Brussels​(ប្រទេស​ Belgium​)នោះ​ទេ​។

    យោង​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការសុខភាព​ពិភពលោក​ (WHO​) បានឱ្យ​ដឹង​ថា​ មាន​មនុស្ស​ប្រមាណ2លាន​នាក់​បាន​ស្លាប់​ជុំវិញ​ពិភពលោក​ដោយសារតែ​ការ​ពុល​បរិយាកាស​ ហើយ​ស្ថាប័ន​ដ៏​សំខាន់​នេះ​ក៏បាន​ចេញ​សេចក្តី​ណែនាំ​ដែល​អាច​ទទួលយក​បាន​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​ តែ​បញ្ហា​ប្រឈម​នៅតែ​កើតមាន​សម្រាប់​ពិភពលោក​ដែល​កំពុង​មាន​កំណើនប្រជាជន​ និង​តម្រូវការ​យ៉ាងច្រើន​។

    លោក​ Janusz​ Wojciechowski​ សវនករ​ដែល​ដឹកនាំ​ការស្រាវជ្រាវ​ពី​បញ្ហា​បំពុល​បរិយាកាស​ បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការ​បំពុល​បរិយាកាស​ជា​ហានិភ័យ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​សុខភាព​សាធារណៈ​របស់​អឺរ៉ុប​។ បើ​គិតទៅ​ មាន​មនុស្ស​ច្រើនជាង​ 1,000នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ទ្វីបអឺរ៉ុប​ទាំងមូល​ ចំនួន​នេះ​គឺ​ខ្ពស់​ជាង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ដល់ទៅ​ 10ដង​ឯណោះ​។

    លោក​ Janusz​ Wojciechowski​ បាន​បញ្ជាក់​ផង​ដែរ​ថា​ សហភាព​អឺរ៉ុប​បាន​ចំណាយ​ថវិកា​ប្រមាណ​ 3.4ពាន់​លាន​អឺ​រ៉ូ​លើ​ការប្រើ​ប្រាស់​ថាមពល​ដែល​មានការ​បំពុល​ខ្លាំង​ ច្រើនជាង​ចំនួន​សម្រាប់​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​ដែល​មានត្រឹមតែ​ 1.8ពាន់​លាន​អឺ​រ៉ូប៉ុ​ណ្ណោះ​។ យើង​សង្ឃឹមថា​ ការ​បំពុល​បរិយាកាស​នឹង​ក្លាយជា​ចំណុច​អាទិភាព​មួយ​សម្រាប់​អឺរ៉ុប​ក្នុង​ការ​ដោះស្រាយ​។

    តាម​ការស្រាវជ្រាវ​ គុណភាព​ខ្យល់​នៅ​ទី​ក្រុង​ឡុងដ៍​កាលពី​ចុងខែ​មករា​បានឱ្យ​ដឹង​ថា​ មាន​ករណី​លើស​ពី​កម្រិត​ហាមឃាត់​លើ​ការ​បំពុល​បរិយាកាស​ដែល​បាន​កំណត់ទុក​កាលពី​ឆ្នាំ2018​ ចំណែក​ឯនៅ​ជុំវិញ​ទ្វីបអឺរ៉ុប​វិញ​ប្រទេស​នានា​ចាប់ផ្តើម​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​រៀបចំផែនការ​សកម្មភាព​ដោះស្រាយ​បញ្ហា​នេះ​។ នៅ​ទីក្រុង​ Berkeley​ (សហរដ្ឋអាមេរិក​)ដែល​ជា​តំបន់​មួយ​ត្រូវ​បាន​គេ​រាប់បញ្ចូល​ថា​ មានការ​បំពុល​ខ្យល់​ដែរ​នោះ​ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពុល​បរិយាកាស​នេះ​អាជ្ញាធរ​នៅ​ទីនោះ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ជក់បារី​លើស​ពី​ 7ដើមឡើយ​ក្នុង​ 1ថ្ងៃ​។ ចំពោះ​នៅ​ទីក្រុង​ Brussels​ វិញ​បាន​គ្រោង​រៀបចំ​ព្រឹត្តិ​ការណ៍​ “ថ្ងៃ​ដែល​គ្មាន​រថយន្ត​”ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​បំពុល​បរិយាកាស​នេះ​ដែរ​៕

  • បច្ចេកវិទ្យា​ជួយ​សិស្ស​ បាន​ច្រើនជាង​មុន​ តែបើ​គ្រប់គ្រង​វា​មិនបាន​យើង​ នឹង​បាត់បង់​ឱកាស​ខ្លាំង​ជាង​មុន​

    បច្ចេកវិទ្យា​ជួយ​សិស្ស​ បាន​ច្រើនជាង​មុន​ តែបើ​គ្រប់គ្រង​វា​មិនបាន​យើង​ នឹង​បាត់បង់​ឱកាស​ខ្លាំង​ជាង​មុន​

    នៅក្នុង​សម័យ​បច្ចេកវិទ្យា​នេះ​ គ្មាន​ផ្នែក​ណាមួយ​ដែល​អវត្តមាន​មិន​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ​ទេ​ មិនថា​អាជីវកម្ម​ការងារ​ទូទៅ​ និង​ការសិក្សា​ជាដើម​។ បច្ចេកវិទ្យា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​សម្រួល​លើ​ការងារ​ជាច្រើន​ ជាពិសេស​លើ​ការអប់រំ​ ដើម្បី​ឱ្យ​វា​ក្លាយជា​ប្រភព​ចែករំលែក​ចំណេះដឹង​ កាត់បន្ថយ​ចំណាយ​ និង​ចំណេញពេលវេលា​ក្នុង​ការសិក្សា​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ ក៏​មាន​យុវជន​មិន​តិច​ទេ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ស្រដៀងគ្នា​ ពី​ផល​លំបាក​នៃ​ការគ្រប់គ្រង​ខ្លួនឯង​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ផ្លូវ​ដែល​ត្រឹមត្រូវ​ និង​មិន​ប៉ះពាល់​ដល់​ការសិក្សា​។

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុ​នបាន​លើកឡើង​ថា​ យុវវ័យ​បច្ចុប្បន្ន​ រស់នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដែល​គ្រប់គ្នា​មាន​ប្រើប្រាស់​ Smart​ Phone​ ដែល​សុទ្ធតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ទាំងអស់​ តែ​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​នោះ​មានកម្ម​វិធី​ជាច្រើន​ដែល​អូសទាញ​យុវវ័យ​ឱ្យ​ចេញ​ឆ្ងាយ​ពី​ការសិក្សា​។ យុវវ័យ​ជាច្រើន​បាន​ជក់ចិត្ត​ជាមួយ​បណ្តាញ​សង្គម​ ហើយ​លេង​បណ្តាញ​សង្គម​រហូត​ភ្លេច​ការរៀនសូត្រ​ ខណៈ​ខ្លះទៀត​ជក់​ជាមួយ​ការកម្សាន្ត​ច្រើនជាង​ការអប់រំ​ជាដើម​។ ហេតុនេះ​ដើម្បី​ធ្វើ​ឱ្យ​យើង​ចំណេញពេលវេលា​ និង​ទទួល​បានការ​អប់រំ​កាន់តែ​ប្រសើរ​ យុវវ័យ​គួរ​ដឹងខ្លួន​ឱ្យ​ច្បាស់​ថា​ យើង​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការរៀនសូត្រ​ ហើយ​ងាក​មក​ស្វែងរក​ប្រភព​ព័ត៌មាន​ចំណេះដឹង​ឱ្យ​បាន​ច្រើនជាង​ការ​គ្រាន់តែ​កម្សាន្ត​ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​បាន​ល្អ​។

    បច្ចុប្បន្ន​នេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏បាន​បង្កើត​កម្ម​វី​ធី​ចែករំលែក​ចំណេះដឹង​ជាច្រើន​តាម​បែប​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​សិស្ស​បាន​សិក្សា​កាន់តែ​ងាយស្រួល​ មាន​ភាព​ច្បាស់លាស់​ជាង​មុន​ និង​ចំណាយ​តិច​ជាង​មុន​។ កម្ម​វី​ធី​អប់រំ​ និង​បង្រៀន​ជាច្រើន​ត្រូវ​បាន​ចែករំលែក​ក្នុង​បណ្តាញ​សង្គម​ Facebook​, YouTube​ និង​ដាក់បញ្ចូល​ទៅ​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដើម្បី​ជំនួយស្មារតី​ដល់​សិស្ស​ក្នុង​ការសិក្សា​ ទាំង​ទីក្រុង​ និង​ជនបទ​។

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “ជាក់​ស្តែង​ថ្មី​ៗនេះ​ យើង​បាន​បង្កើត​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ តាម​ប្រព័ន្ធ​អុីន​ធើ​ណិ​តដែល​ហៅ​កាត់​ថា​ BEEP​ ដើម្បី​ឱ្យ​សិស្ស​ងាក​ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​មិន​ត្រឹមត្រូវ​ មក​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​ និង​ចំណេះដឹង​តាមរយៈ​បច្ចេកវិទ្យា​វិញ​ម្តង​”។

    រដ្ឋមន្ត្រី​អប់រំ​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​យុវវ័យ​ផង​ដែរ​ឱ្យ​ឆ្លៀតពេល​វេលា​មួយចំនួន​ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​មក​លើកកម្ពស់​វប្បធម៌​អំណាន​ ហើយ​ប្រើប្រាស់​ពេលវេលា​ដើម្បី​អាន​ឱ្យ​បាន​ច្រើន​ដើម្បី​ចូលរួម​អភិវឌ្ឍ​ចំណេះដឹង​សម្រាប់​ប្រកួតប្រជែង​ជាមួយ​យុវជន​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ផង​ដែរ​។

    យុវជន​ ហម​ សុខ​នី​ ជា​និស្សិត​ និង​ជា​សហ​ស្ថាបនិក​បណ្ណាគារ​ SN​ Book​ store​ បានឱ្យ​ដឹង​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ពិតជា​មានផល​ចំណេញ​ច្រើនជាង​មុន​មែន​ ព្រោះ​បច្ចុប្បន្ន​នេះ​ យើង​គ្រប់គ្នា​ស្ទើរតែ​លែង​មានរឿង​ឆ្ងល់​ទៀតហើយ​ ព្រោះ​បច្ចេកវិទ្យា​បាន​ផ្តល់​ចម្លើយ​ស្ទើរគ្រប់​យ៉ាង​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​។ តាមរយៈ​បច្ចេកវិទ្យា​ សៀវភៅ​ និង​ប្រភព​ចំណេះដឹង​គ្រប់យ៉ាង​ក៏​ចាប់ផ្តើម​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​ ដែល​ធ្វើ​ឱ្យ​អ្នក​មិនសូវ​មានលទ្ធភាព​ច្រើន​ក៏អាច​មានឱកាស​ក្នុង​ការ​អាន​បាន​ដែរ​។ លើស​ពីនេះ​ទៅទៀត​ មនុស្ស​ម្នា​ក់ៗ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​យ៉ាង​ងាយ​ តាម​បច្ចេកវិទ្យា​តែ​វា​ទាមទារ​ការគ្រប់គ្រង​ឱ្យ​បាន​ល្អ​ ព្រោះ​ប្រសិនបើ​យើង​គ្រប់គ្រង​បច្ចេកវិទ្យា​មិនបាន​ល្អ​ យើង​នឹង​បាត់បង់​ឱកាស​អភិវឌ្ឍ​ ហើយ​ថែមទាំង​ធ្លាក់​ដល់​ដំណាក់កាល​អាក្រក់​ថែមទៀត​ផង​។

    យុវជន​ ហម​ សុខ​នី​ បាន​និយាយ​ថា​៖ «នៅក្នុង​ទូរស័ព្ទ​ Smart​ phone​ មួយ​មានកម្ម​វិធី​ច្រើនណាស់​ ហើយ​ពេលខ្លះ​យើង​មានកម្ម​វិធី​អប់រំ​ច្រើន​ តែ​យើង​មិនដែល​បើក​វា​ ព្រោះ​ពេលវេលា​នៅជា​មួយ​ឧបករណ៍​ទំនើប​ទាំងអស់​នោះ​លឿន​ខ្លាំង​ណាស់​ គ្រាន់តែ​ចាប់ផ្តើម​បើក​កម្មវិធី​កម្សាន្ត​តែ​បន្តិច​យើង​បាត់បង់​ពេលវេលា​រាប់ម៉ោង​ដោយ​មិនដឹង​ខ្លួន​”។

    យុវជន​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​នេះ​ អារម្មណ៍​របស់​យើង​ងាយ​ទទួលយក​ការកម្សាន្ត​ជាង​ការអប់រំ​ ហេតុនេះ​ហើយ​ទើប​ពេល​កាន់​ទូរ​ស័ព្ទ​ម្តង​ៗ អារម្មណ៍​របស់​យើង​ជក់ចិត្ត​តែ​រឿង​កម្សាន្ត​ច្រើនជាង​ ហើយ​ប្រសិនបើ​យើង​រៀន​វិញ​ក៏អាច​មាន​អារម្មណ៍​មិន​ស្ងប់​ដែរ​ ព្រោះ​ពេលខ្លះ​អារម្មណ៍​របស់​យើង​ចេះតែ​ចង់​ប្រើប្រាស់​វា​។ ក្រៅពី​នេះ​ ប្រសិនបើ​យើង​មិន​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ល្អ​ទេ​នោះ​ យើង​នឹង​ក្លាយជា​មនុស្ស​ពឹងពាក់​ជ្រុល​លើ​ឧបករណ៍​ទំនើប​ជាង​សមត្ថភាព​ខ្លួនឯង​។ ជាឧទាហរណ៍​ នៅ​សាលារៀន​បច្ចុប្បន្ន​នេះ​មួយចំនួន​ តែងតែ​ទុក​ទូរស័ព្ទ​ឱ្យ​ស្តាប់​គ្រូ​ជំនួស​តាមរយៈ​ការ​ថត​សំឡេង​ ហើយ​ចាំ​ទៅ​ស្តាប់​នៅផ្ទះ​ តែ​ស្ថានភាព​ជាក់ស្តែង​ នៅផ្ទះ​មិនសូវ​មាន​អ្នកណា​ស្តាប់​ឡើងវិញ​នោះ​ទេ​ ព្រោះ​រវល់​ខ្លាំងពេក​ជាមួយ​ការកម្សាន្ត​ដ៏​សម្បូរ​បែប​។ ទាំងអស់​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យុវវ័យ​ត្រូវ​ប្រុងប្រយ័ត្ន​ ព្រោះ​ពេលវេលា​មិន​រង់ចាំ​មនុស្ស​ទេ​ ប្រសិនបើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​ យើង​នឹង​ស្តាយក្រោយ​ ព្រោះ​មិន​ទទួល​បាន​ចំណេះដឹង​ពេញលេញ​ ក្រោយ​ចេញពី​សាលា​ដោយសារ​ពឹង​ជ្រុល​ទៅលើ​ឧបករណ៍​ទំនើប​ជាង​សមត្ថភាព​ខ្លួនឯង​ផ្ទាល់​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 168

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 168

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/03/LRPN_168-Final-For-Web.pdf” force_dl=”1″]