Author: ធឿន មករា

  • Messi ចង់ទៅ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​អាមេរិក ហើយ​ថា ក្លិប Barcelona ឆ្កួត!

    Messi ចង់ទៅ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​អាមេរិក ហើយ​ថា ក្លិប Barcelona ឆ្កួត!

    កាលពីពេលថ្មីៗនេះ កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi របស់ FC Barcelona បាន​បង្ហើប​ពី​គោលដៅ​អនាគត​របស់ខ្លួន​ថា រូបគេ​មាន​គោលបំណង​មួយ គឺ​ទៅ​ប្រកប​អាជីព​បាល់ទាត់ នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក (Major Soccer League – MSL)។

    កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​បង្ហាញថា គេ​នឹង​ចាក​ចេញពី​ក្លិប FC Barcelona ក្រោយពី​បញ្ចប់​រដូវ​កាល​នេះ តែ​មិនទាន់​ច្បាស់​ថា នឹង​ទៅកាន់​ក្លិប​ថ្មី​ណាមួយ​នៅឡើយ​ទេ។ គេ​ក៏បាន​បញ្ជាក់ដែរថា គម្រោង​ទៅលេង​នៅ​អាមេរិក​នេះ គេ​នឹង​សម្រេច​ឱ្យខាងតែបាន តែ​មិនមែន​ក្រោយ​ពេលដែល​គេ​ចេញពី Barcelona នេះឡើយ។

    Messi បាន​ហៅ​ការចាកចេញ​របស់ Suarez ថា ជា​រឿង​ឆ្កួត​បំផុត ដែល​ក្លិប Barcelona បានធ្វើ​ចំពោះ​កីឡាករ​របស់ខ្លួន។ ការ​បណ្ដោយឱ្យ​ខ្សែប្រយុទ្ធ​ដែល​ធ្លាប់ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន​ជាច្រើន ចាកចេញ​ដោយ​របៀបនេះ គឺ​មិន​ស័ក្ដិសម​នោះទេ។ Suarez មិនគួរ​ទទួល​បានកា​រ​ចាកចេញ​បែបនេះ​ឡើយ ព្រោះ​រូបគេ​បាន​ជួយ​ដល់​ក្លិប​មួយ​នេះ​ច្រើនណាស់៕

  • Oppo ចេញលក់​ផ្លូវការ ម៉ូ​ដែល Reno 5 Pro មាន 5G តម្លៃ​ខ្ទង់ 600ដុល្លារ

    Oppo ចេញលក់​ផ្លូវការ ម៉ូ​ដែល Reno 5 Pro មាន 5G តម្លៃ​ខ្ទង់ 600ដុល្លារ

    បន្ទាប់ពី​ប្រកាស​ចេញ​ម៉ូ​ដែល Reno 5 និង Reno 5 Pro កាលពី​ប៉ុន្មាន​ខែ​មុន​រួចមក ថ្មីៗនេះ ស្រាប់តែ​ក្រុមហ៊ុន Oppo បានប្រកាស​បញ្ចេញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មួយ​ម៉ូ​ដែល​ទៀត គឺ Oppo Reno 5 Pro+ មាន 5G ក្នុង​ទីផ្សារ​ចិន ដែល​បើក​ឱ្យ​ក​ម្ម៉​ង់​ទិញ ចាប់ពី​ខែមករា ឆ្នាំ2021 និង​ដាក់លក់​នៅ​ពាក់កណ្ដាល​ខែមករា។

    ស្មា​ត​ហ្វូ​ន​ប្រភេទ flagship នេះ​មានតម្លៃ​ខ្ទង់ 610ដុល្លារ(3999យន់) ជម្រើស  RAM 8GB/128GB មេម៉ូរី។ សម្រាប់​ជម្រើស RAM 12GB/256GB តម្លៃ 690ដុល្លារ(4499យន់)។ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ មាន​ជម្រើស​ព​ណ័​តែ2 ប៉ុណ្ណោះ​គឺ ខ្មៅ និង​ស។

    ការ​ឌី​ហ្សា​ញ​រូបរាង មាន​ភាព​ទាក់ទាញ​ជាមួយនឹង​អេក្រង់​កោង ស្ទើរតែ​គ្មាន​គែម ទំហំ 6.55អ៊ី​ញ ប្រភេទ AMOLED display  កម្រិត 90Hz refresh rate និង​កម្រិត​បង្ហាញ​រូបភាព 1080×2400 px។ មាន​កាមេរ៉ា​មុខ 1គ្រាប់ បង្កប់​ក្នុង​អេក្រង់​តែម្ដង មាន​ទំហំ 32MP មាន Apeture f/2.4 សម្រាប់​ថតរូប Selfie និង​បង្កប់​កាមេរ៉ា​ស្គែ​ន​ដៃ ក្រោម​អេក្រង់​នោះ​តែម្ដង។

    ផ្នែក​ខាងក្រោយ Oppo បំពាក់​កាមេរ៉ា ដល់​ទៅ 3គ្រាប់ ដែល​សេន​ស័​រលេ​នស៍ សហការ​ជាមួយ​ក្រុមហ៊ុន SONY គឺ​សេន​ស័​រ​ថ្មី  IMX766 ទំហំ 50MP ។ លេន​ស៍ទាំង3 នោះ មាន 13MP Telephoto មាន​Apeture f/2.4 មិនមាន​លេន​ស៍ Zoom ទេ តែ​អាច​ពង្រីក​ធម្មតា​បាន 3x លេន​ស៍​16MP Ultra-wide និង 2MP Macros មាន​តួនាទី​ផ្សេងគ្នា។

    លក្ខណសម្បត្តិ​ខ្លាំង ផ្នែក​ខាងក្នុង​របស់​វា គឺ​បំពាក់​បន្ទះ​ឈី​ប Snapdragon 865 SoC គាំទ្រ​បច្ចេកវិទ្យា​ផ្ទុក​ទិន្នន័យ​លឿន UFS 3.1 នៃ RAM 8GB/128GB ឬ 256GB មេម៉ូរី  ថាមពល​ថ្ម 4500Amh បច្ចេកវិទ្យា​សាក​ភ្លើង​ល្បឿន គឺ OPPO SuperVOOC 2.0 កម្លាំង​បញ្ជូន 65W ដំណើការ​ដោយ Android 11 និង​ស្បែក ColorOS 11 ចេញពី​ប្រអប់។

    លើសពីនេះ​ទៀត​ម៉ូ​ដែល Limited Editions មួយទៀត​របស់ OPPO ដែល​បាន​សហការ​ជាមួយនឹង Joshua Vides អាច​នឹង​ដាក់លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែលគ្នា​នេះដែរ ជាមួយនឹង​ជម្រើស RAM 12GB/256GB មេម៉ូរី៕

  • Galaxy S21 Ultra នឹងមាន​បំពាក់​ដោយ​បច្ចេកវិទ្យា Wi-Fi 6E ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត

    Galaxy S21 Ultra នឹងមាន​បំពាក់​ដោយ​បច្ចេកវិទ្យា Wi-Fi 6E ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត

    បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​មួយ​គឺ Wi-Fi 6E ដែលជា​បច្ចេកវិទ្យា Wi-Fi ជំនាន់​ថ្មី ល្បឿន​លឿន​ជាង​មុន អាច​នឹង​ត្រូវបាន​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ Samsung គឺ Galaxy S21 Ultra។

    ទាក់ទង​នឹង Wi-Fi 6E នេះដែរ បើ​ផ្អែក​តាម​ឯកសារ​របស់​គណៈកម្មកា​រ​សហព័ន្ធ​ទំនាក់ទំនង របស់​អាមេរិក ឬ​ហៅ​កាត់ FCC បានឱ្យដឹងថា Galaxy S21 Ultra នឹងមាន​បំពាក់​ដោយ​បច្ចេកវិទ្យា Wi-Fi 6E ជា​ស្មា​ត​ហ្វូ​នដំបូងៗគេ ដែលមាន​បំពាក់​បច្ចេកវិទ្យា​នេះ។

    ចំណុច​សំខាន់​មួយទៀត​នៃ Galaxy S21 Ultra ដែលមាន​នៅក្នុង​ឯកសារ​របស់ FCC គឺមាន​បញ្ជាក់ អំពី​ការគាំទ្រ​ការប្រើប្រាស់​ប៊ិច S Pen តែ​គេ​នៅតែ​សន្និដ្ឋានថា ប៊ិច S Pen នេះ នឹងមាន​លក់ដាច់​ដោយឡែក មិន​មានមក​ជាមួយ​ស្មា​ត​ហ្វូ​ន​ឡើយ។

    ក្រៅពី​បញ្ជាក់​អំពី​មុខងារ Wi-Fi 6E ហើយ ក៏មាន​ការបញ្ជាក់​អំពី​មុខងារ UWB, NFC និង​អាច​សាក​ថ្ម​ឱ្យ​ឧបករណ៍​ផ្សេង ដោយ​មិន​ប្រើ​ខ្សែ​បាន​ផងដែរ។ អ្នកវិភាគ​ដ៏​ជំនាញ របស់​ស្ថាប័ន Barclays បានឱ្យដឹងថា iPhone ដែល​ត្រៀម​ប្រកាស​ចេញ នា​ឆ្នាំ​ក្រោយនេះ ត្រូវបាន​គេ​រំពឹងថា នឹង​បំពាក់​បច្ចេកវិទ្យា​ខាងលើនេះ​ដូចគ្នា៕

  • អស្ចារ្យ​មែន! កាដូ​ភ្ញាក់ផ្អើល​ពី​ realme ទិញ១ ថែម៥ រហូតដល់​ថ្ងៃទី១០ ខែមករា!

    អស្ចារ្យ​មែន! កាដូ​ភ្ញាក់ផ្អើល​ពី​ realme ទិញ១ ថែម៥ រហូតដល់​ថ្ងៃទី១០ ខែមករា!

    ជិត​ដាច់​ឆ្នាំ២០២០ហើយ realme ក៏​ចូលមកក្នុង​ទីផ្សារ​កម្ពុ​ជាជាង១ឆ្នាំ​ហើយ​ដែរ។ ១ឆ្នាំ​កន្លងមកនេះ realme ទទួលបាន​លទ្ធផលល្អៗជាច្រើន​នៅក្នុង​កម្ពុជា​និង​ទីផ្សារ​ដទៃ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក សម្រេចបាន​នូវ​ចំនួន​លក់​លំដាប់​កំពូល​ទី3នៅក្នុង​ទីផ្សារ​ជាច្រើន និង​នៅក្នុង​ទីផ្សារ​ខ្លះទៀត​ទទួលបាន​ចំណាត់ថ្នាក់​ទី១ទៀតផង។

    ដើម្បី​ទុកជា​ការ​អរគុណ​ដល់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​ realme កន្លងមក realme បាន​នាំយក​នូវ​ភាព​ភ្ញាក់ផ្អើល​ចុងក្រោយ​មួយ​សម្រាប់​ឆ្នាំ២០២០ ៖ប្រូ​ម៉ូ​សិន​ចុងឆ្នាំ​ពី ​realme ទិញ១ថែម៥

    នៅ​ចុងឆ្នាំ មាន​ម៉ាក​ស្មា​ត​ហ្វូ​ន​ជាច្រើន​បាន​មាន​ដាក់​ធ្វើការ​ប្រូ​ម៉ូ​សិន ហើយ​លើក​នេះ​ផងដែរ realme ក៏មាន​ប្រូ​ម៉ូ​សិន​ដ៏​ធំ​មួយ​ផងដែរ​ជាមួយ​ការ​ថែម​ជូន​ដ៏​ច្រើន៖ កាស ដប​ទឹក ដប​ទឹក​រក្សា​កំដៅ ទម្រ​ជើង​ទូរស័ព្ទ ម៉ា​សុ​ី​ន​ចំហាយ​ទឹក និង​កា​តាប​ស្ពាយ​ចំហៀង​ជាដើម អាច​និយាយបានថា​ពិតជា​សម្បូរបែប​មែនទែន។

    អ្វីដែល​គួរអោយភ្ញាក់ផ្អើល​នោះ​គឺ នៅក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ក្រៅពី​ម៉ូ​ឌែ​ល​Number series ក៏មាន ​realme C15ដែល​កំពុង​ពេញនិយម​ក្នុង​ទីផ្សារ​ផងដែរ បង្ហាញអោយឃើញថា​នេះ​ជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ធំ​មួយ​ផងដែរ។

    កម្មវិធី​នេះ​រហូតដល់​ថ្ងៃទី១០ខែមករា​ឆ្នាំ២០២១ សម្រាប់​ព័ត៌មាន​លំអិត សូម​ចូលទៅ​កាន់https://bit.ly/2KHXTSo

     

     

  • ទង្វើដ៏សែនងាយៗ 12យ៉ាង ដើម្បីសុខភាពចិត្ត-កាយដ៏ល្អ (តចប់)

    ទង្វើដ៏សែនងាយៗ 12យ៉ាង ដើម្បីសុខភាពចិត្ត-កាយដ៏ល្អ (តចប់)

    7.កុំភ្លេចញ៉ាំសាច់ត្រីផងណា!

    សាច់ត្រី គឺជាសាច់សត្វដែលមានគុណប្រយោជន៍ បើលោកអ្នកមានអាការស្ងួតភ្នែក ចូរសាកល្បងពិសាសាច់ត្រីសាល់ម៉ុន ឬត្រីម៉ាកខឺរេល ដែលមានសារធាតុអូមេហ្កា-3 ដែលរាងកាយប្រើប្រាស់សម្រាប់ផលិតទឹកភ្នែក។

    8.ហិតក្លិនផ្កាឡាវេនឌើរ៍

    ឡាវេនឌើរ៍ គឺជាក្លិនផ្កាដ៏មានថាមពល ជួយបន្ធូរបន្ថយភាពតានតឹងក្នុងអារម្មណ៍ និងធ្វើឱ្យគេងលក់ស្រួល និងថែមទាំងមានគុណសម្បត្តិក្នុងការសម្លាប់មេរោគ កាត់បន្ថយអាការផ្សាក្រហាយរបស់ស្បែក ព្រោះមានឬទ្ធិប្រឆាំងនឹងការរលាក។ ពេលបានហិតស្រូបក្លិនហើយ ឡាវេនឌើរ៍នឹងជួយកាត់បន្ថយអាការឈឺ-ក និងរលាកបំពង់ខ្យល់បាន។

    9.ជជែកលេងជាមួយមិត្តភ័ក្តិខ្លះផង

    ការនិយាយជជែកលេងជាមួយមិត្តភ័ក្តិ លេងហ្គេម ចោទសួរប្រស្នាគ្នាលេង ត្រឹមតែ 1ថ្ងៃ 10នាទី នឹងជួយ​ថែ​​រក្សាប្រព័ន្ធចងចាំឱ្យនៅល្អបាន។

    10.កុំចង់ឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមអី

    ការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែម ចាប់ផ្តើមទទួលបានការពេញនិយមនៅក្នុងចំណោមក្រមុំៗ កំលោះៗមួយចំនួនហើយ ព្រោះពួកគេមានជំនឿថា ការមានសម្បុរខ្មៅស្រអែម គឺជាមន្តស្នេហ៍ម៉្យាងដែរ តែការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រ​អែមដោយ Sun Bed គឺជារឿងមួយដែលមិនគួរធ្វើឡើយ ព្រោះអំពូលភ្លើងនឹងធ្វើឱ្យកើតកាំរស្មី UVA ដែលមានផលធ្វើឱ្យស្បែកឆាប់ចុះទ្រុឌទ្រោម ចាស់មុនអាយុ កើតស្នាមយារជ្រួញលើផ្ទៃមុខ ឬអាចឈានទៅដល់កើតរោគមហារីកស្បែកទៀត​ផង។

    11.បា៎យបា៎យ សូដា

    ការញ៉ាំទឹកសូដាជាប្រចាំយ៉ាងហោចណាស់ 1ថ្ងៃ 2 កែវនោះ នឹងហុចផលឱ្យក្រលៀនឆាប់ចុះខ្សោយជាងអ្នកដែលមិនបានញ៉ាំដល់ទៅ 3ដងឯណោះ នោះគឺមានន័យថា អាចនឹងមានភាពប្រថុយក្នុងការកើតអាការក្រលៀនលែងធ្វើការ(គាំង) ហើយអ្នកដែលញ៉ាំសូដារាល់ថ្ងៃ​ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតរោគសរសៃឈាមក្នុងខួរក្បាលណែនស្ទះ និងជំងឺបេះដូង ដែលជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងជាងអ្នកមិនញ៉ាំសូដា ដល់ទៅ 43%​ ឯណោះ។ ដូច្នេះបើអាចកាត់បន្ថយបាន ក៏គួរតែកាត់បន្ថយ និងបើចៀសវាងបាននោះ រឹតតែល្អទៅទៀត។

    12.ញ៉ាំទឹកម្តងបន្តិច តែញ៉ាំពេញ 1ថ្ងៃ        

    ការញ៉ាំទឹកក្នុងបរិមាណច្រើនៗក្នុងពេលតែមួយ មិនមែនជាវិធីញ៉ាំទឹកដែលត្រឹមត្រូវឡើយ តែគួរញ៉ាំទឹកម្តងបន្តិចៗ តែឱ្យបានញឹកញាប់ពេញ 1ថ្ងៃ​ ដើម្បីឱ្យរាងកាយមានពេលវេលាក្នុងការបឺតជ្រាបវិញទើបជាការប្រសើរ៕

  • ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។

    អំឡុងអាយុ 1ដល់ 2ខែ

    ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។

    អំឡុងអាយុ 4-5ខែ

    ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។

    អំឡុងអាយុ 6ខែ

    ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃ-ជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។

    អំឡុងអាយុ 9ខែ

    ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។

    អំឡុងអាយុ 12ខែ

    ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។

    ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

  • នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង(តចប់)

    នៅពេលរាងកាយខ្វះ “វីតាមីន” នឹងហុចផលអាក្រក់ដល់សុខភាពរបស់យើង(តចប់)

    វីតាមីន និងសារធាតុរ៉ែ ជាសារធាតុអាហារដែលចាំបាច់ខ្លាំងណាស់ចំពោះការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយមនុស្សយើង ហើយបើទោះជារាងកាយនឹងត្រូវការវីតាមីន និងសារធាតុរ៉ែត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏នៅតែមិនអាចខ្វះបានជាដាច់ខាត ព្រោះបើសិនរាងកាយរបស់អ្នកមិនបានទទួលវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់នោះ វាអាចធ្វើឱ្យរូបអ្នកឈឺថ្កាត់បានភ្លាមៗតែម្ដង ហើយខាងក្រោមនេះ គឺអាការដែលបង្ហាញថា រាងកាយរបស់អ្នកខ្វះវីតាមីនហើយ…។

    1. ជំងឺដំបៅចង្វែកមាត់

    រោគដំបៅចង្វែកមាត់ ជារោគដែលអាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និងអាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលដ៏ខ្លី តែក៏មានឱកាសអាចកើតឡើងម្ដងទៀតដដែលៗបានដែរ។ អ្នកដែលកើតជំងឺនេះ នឹងមានស្នាមរយះនៅត្រងចង្វែកមាត់ទាំងសងខាង បើមិនប្រញាប់ព្យាបាលទេ អាចក្លាយជាឧបសគ្គដល់ការនិយាយស្ដី ឬញ៉ាំអាហារបាន ហើយមូលហេតុរបស់រោគដំបៅចង្វែកមាត់នេះ ក៏កើតពីការដែលរាងកាយស្ថិតក្នុងសភាពទន់ខ្សោយ មានប្រព័ន្ធប្រឆាំងជំងឺទាប ឬសភាវខ្វះវីតាមីនB​ ជាពិសេសវីតាមីនB2 វីតាមីនB3 និងវីតាមីនB12 រួមទាំងការខ្វះសារធាតុរ៉ែស័ង្កសី និងសារធាតុដែក។

    1. ឈឺស្ពឹកនៅត្រង់ចុងដៃ និងចុងជើង

    នៅពេលរាងកាយខ្វះវីតាមីន B​1 វីតាមីនB​6 និងវីតាមីនB12 ច្រើនតែធ្វើឱ្យកើតអាការឈឺស្ពឹកនៅលើចុងដៃ ចុងជើង ដោយវីតាមីន B​1 និងវីតាមីន B​6 មានចំណែកពាក់ព័ន្ធនឹងការសាងប្រព័ន្ធទំនាក់ទំនងប្រសាទ និងការបញ្ជូនសញ្ញាប្រសាទ។ ចំណែកឯវីតាមីនB12 វិញ ពាក់ព័ន្ធនឹងការផលិតសាច់ភ្នាស ម៉ៃអ៊ិលិន ដែលមានតួនាទីជួយបញ្ជូនសញ្ញាក្រសែប្រសាទ។ ដូច្នេះហើយទើបការខ្វះវីតាមីនទាំងអស់នេះ នឹងធ្វើឱ្យរាងកាយកើតមានអាការខុសប្រក្រតី ឈឺ ឬស្ពឹកនៅលើសរសៃប្រសាទរង្វង់ក្រៅ ឬចុងដៃ ចុងជើងហ្នឹងឯង។

    1. ក្រចកដៃ-ជើងផុយស្រួយ

    នៅពេលរាងកាយរបស់អ្នកមានសារធាតុដែកទាប រាងកាយផ្នែកខ្លះនឹងចាប់ផ្ដើមបង្ហាញភាពទន់ជ្រាយចេញមកក្នុងរូបបែបរបស់ក្រចកដៃជើងដែលផុយស្រួយ ឬសាច់ភ្នាសភ្នែកឡើងស្លេក។ ស្ត្រីដែលមានវដ្តរដូវមកច្រើន នឹងប្រថុយប្រថាននឹងការខ្វះសារធាតុដែកកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្នកដែលទទួលទានមំសៈអាហារ(តមអាហារដែលមានសាច់)រយៈពេលយូរដែរ។ ដោយសារតែរាងកាយអាចបឺតជ្រាបសារធាតុដែកបានល្អបំផុតពីសាច់សត្វ ដូច្នេះអ្នកដែលទទួលទានមំសៈអាហារគួរផ្ដល់ភាពសំខាន់ទៅលើការទទួលបន្លែដែលសម្បូរដោយសាធាតុដែក ដូចជា ស្លឹកផ្ទី ឬគ្រាប់សណ្ដែក រួមទាំងអាហារដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើនការបឺតជ្រាបសារធាតុដែកចូលទៅក្នុងរាងកាយ។

    1. ឆ្អឹងស្រួយ ងាយប្រេះ បាក់

    ភាពប្រថុយប្រថានក្នុងការកើតរោគឆ្អឹងស្ដើង សភាវឆ្អឹងផុយមិនរឹងមាំ និងឆ្អឹងងាយបាក់ ដោយសារតែបណ្ដុំឆ្អឹងថយចុះនេះ បណ្ដាលមកពីរាងកាយខ្វះកាល់ស្យូម ព្រោះឆ្អឹងរបស់មនុស្សយើង នឹងរឹងមាំខ្លាំងក្លាបំផុតនៅពេលមានអាយុប្រមាណជា 30ឆ្នាំ មុននឹងបាត់បង់កាល់ស្យូមជាបណ្ដើរៗទៅវិញ។ ការទទួលទានកាល់ស្យូមក្នុងកម្រិតដែលសមរម្យជាប់ជាប្រចាំ គឺជារឿងសំខាន់ណាស់ ជាពិសេស ស្ត្រីក្នុងវ័យអស់វដ្តរដូវ ដែលមានភាពប្រថុយប្រថានជាមួយសភាវឆ្អឹងផុយមិនរឹងមាំខ្ពស់៕

  • និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន (តចប់)

    និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន (តចប់)

    6.ខ្ទប់មាត់ និងលាងដៃពេលកណ្តាស់រួច

    មានមេរោគច្រើនប្រភេទណាស់នៅក្នុងទឹកមាត់ពេលយើងក្អក ឬកណ្តាស់ចេញមក ដូចជា មេរោគផ្តាសាយ មេរោគកញ្រ្ចឹលជាដើម។ល។​ បង្ហាត់ឱ្យក្មេងៗចេះលើកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រួចហើយលាងដៃនឹងសាប៊ូឱ្យ​បានស្អាតដើម្បីការពារការចម្លងរោគទៅគ្នាទៅវិញទៅមក។

    7.ខំប្រឹង និងព្យាយាម ដើម្បីធ្វើឱ្យបានល្អបំផុត មិនមែនដើម្បីឱ្យក្លាយជាមនុស្សពូកែបំផុតនោះទេ

    នៅក្នុងពិភពនៃការប្រកួតប្រជែង និងសម្ពាធដែលគ្មានហេតុផល គ្មាននរណាម្នាក់ទទួលបានគ្រប់យ៉ាងដែលខ្លួន​​​​ចង់បាននោះឡើយ។ ចូរបង្រៀនឱ្យកូនបានដឹងថា គេបានប្រើប្រាស់ភាពជំនាញរបស់គេយ៉ាងអស់ពីសមត្ថភាពហើយ នោះគឺជា​មោទ​នភាពរបស់ខ្លួនយើង មិនមែនស្ថិតនៅលើការសម្រេចរបស់អ្នកដទៃនោះទេ។ បង្រៀនឱ្យគេយល់ថា កុំរីករាយនឹងរង្វាន់ខ្លាំងជ្រុលពេក តែចូរផ្តល់ភាពសំខាន់ទៅលើការអភិវឌ្ឍ និងលទ្ធផលនៃការព្យាយាមរបស់ខ្លួនយើងវិញ ទើបប្រសើរជាង។

    8.ចេះបរិភោគអាហារដែលមានគុណប្រយោជន៍

    កុំឱ្យកុមារញៀនអាហារដែលមិនសូវមានប្រយោជន៍រហូតក្លាយជានិស្ស័យ ដែលនាំឱ្យកើតរោគធាត់ និងប្រថុយនឹង​ការ​​កើត​​ជំងឺទឹកនោមផ្អែមនៅពេលធំឡើង។ ចូរបង្ហាត់ឲ្យចេះបរិភោគបន្លែ និងផ្លែឈើដែលមានគុណប្រយោជន៍ឱ្យបានញឹកញាប់។

    9.ចូលបន្ទប់ទឹករៀងរាល់ពេលព្រឹក

    កុមារគួរតែត្រូវបានបង្ហាត់ឱ្យយល់ដឹងពីការបន្ទោរបង់ប្រចាំថ្ងៃ​។ គ្រូពេទ្យបានបញ្ជាក់ថា អាការដាស់តឿនទាក់ទិននឹងប្រព័ន្ធបន្ទោរបង់របស់រាងកាយតែងកើតឡើងច្រើនបំផុត គឺក្នុងអំឡុងពេលក្រោយអាហារពេលព្រឹក ហើយក្មេងៗគួរតែមានពេលចូលបន្ទប់ទឹកនៅពេលនោះ។

    10.ចេះគ្រប់គ្រងកំហឹង

    មិនថាតែអាការក្រេវក្រោធ ឬការបញ្ចេញទឹកមុខបង្ហាញពីអារម្មណ៍ជំនួសឱ្យការទម្លាយវាចេញមកក៏ដោយ អាណាព្យាបាលគួរបង្ហាត់ឱ្យកូនៗចេះទប់ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងចេះសម្របសម្រួលក្នុងគ្រប់ស្ថានការណ៍ ដោយប្រាប់កូនៗថា អារម្មណ៍ទាំងនោះ។ ត្រូវចេះពិចារណាក្នុងកម្រិតណាមួយសិន មុននឹងបង្ហាញវាចេញមក ឬក៏បោះបង់់វាចោល មិន​បាច់​នឹកដល់វាតែម្តង រឹតតែប្រសើរទៅទៀត។

    រឿងការមើលថែទាំកុមារ ប្រៀបដូចជាការដាំដើមឈើដែរ បើសិនជាមនុស្សធំយកចិត្តទុកដាក់ ឧស្សាហ៍រៀបចំតុបតែង និងផ្តល់ឱ្យនូវអ្វីដែលស័ក្តិសមនោះ ដើមឈើជាទីស្រឡាញ់របស់យើងនឹងរីកលូតលាស់ធំធាត់យ៉ាងល្អស្អាត និងរឹងមាំមិនខាន៕

  • បន្លែ ផ្លែឈើ គួរញ៉ាំឱ្យបានគ្រប់ពណ៌ដើម្បីសុខភាពល្អ

    បន្លែ ផ្លែឈើ គួរញ៉ាំឱ្យបានគ្រប់ពណ៌ដើម្បីសុខភាពល្អ

    បន្លែ និងផ្លែឈើដែលមានពណ៌ផ្សេងៗពីគ្នានីមួយៗ សុទ្ធតែមានគុណប្រយោជន៍ខាងសារធាតុអាហារខុសប្លែកពីគ្នា ដូច្នេះបើចង់ទទួលទានអាហារឱ្យក្លាយជាថ្នាំ ត្រឹមតែ 5ប្រភេទក្រុម មិនគ្រប់គ្រាន់ទេ ត្រូវឱ្យគ្រប់ទាំង 5ពណ៌ទៀតផង។

    ទី1.បន្លែ និងផ្លែឈើពណ៌ក្រហម

    • មុខម្ហូបសុខភាព៖ ទឹកជ្រលក់ប៉េងប៉ោះដុត និងឆាប៉េងប៉ោះ។
    • មានអ្វីល្អខ្លះ?៖ ឡៃខូពីន ឃែរ៉ូធីណយដ៍ ដែលឱ្យពណ៌ក្រហមដល់ផ្លែប៉េងប៉ោះទុំ និងផ្លែឪឡឹក គឺជាសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីមួយដ៏ល្អបំផុត កាត់បន្ថយការត្រូវបានបំផ្លាញរបស់ប្រូតេអ៊ីន កាត់បន្ថយភាពប្រថុយនឹងការ​កើតជំងឺបេះដូង និងការពារមហារីក បានយ៉ាងល្អទៀតផង។

    Tip​​​​​​​​​​​​​​​​៖​ ឡៃខូពីន នឹងបញ្ចេញឥទ្ធិពលបានពេញទំហឹង នៅពេលឆ្លងកាត់ការចម្អិនដោយប្រើកម្ដៅ។

    ទី2.បន្លែ និងផ្លែឈើពណ៌ស្វាយ

    • មុខម្ហូបសុខភាព៖ ត្រប់វែងពណ៌ស្វាយជ្រលក់ពងមាន់ចៀន និងស្ងោរស៊ុបស្ពៃក្តោបពណ៌ស្វាយ។
    • មានអ្វីល្អខ្លះ?៖ ពណ៌ស្វាយដែលយើងឃើញនោះ កើតឡើងពីការរួមគ្នារបស់សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ក្រុមអ៊ែនថូសាយ៉ានីន មានឥទ្ធិពលក្នុងការពន្យារការកើតរោគជាតិខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាម និងរោគសរសៃ​ឈាមបេះដូងឡើងរឹង និងថែមទាំងជួយបង្កើនលំហូរវិលនៅក្នុងសរសៃឈាមតូចៗ និងជួយពន្យារការចុះខ្សោយរបស់កែវភ្នែក។ បន្លែ ផ្លែឈើក្នុងក្រុមពណ៌ស្វាយនេះ មានដូចជា ផ្លែស្រកានាគសាច់ពណ៌ស្វាយ ស្ពៃក្តោបពណ៌ស្វាយ ដំឡូងពណ៌ស្វាយ ផ្លែទំពាំងបាយជូរ បាយតំណើបខ្មៅ ផ្លែពោតពណ៌​ស្វាយជាដើម។

    Note៖​ ក្លិន​ និងពណ៌ អាចខុសពីផ្លែត្រប់វែង ឬស្ពៃក្តោបធម្មតា តែរសជាតិឆ្ងាញ់មិនខុសគ្នាទេ។

    ទី3.បន្លែ និងផ្លែឈើពណ៌ស

    • មុខម្ហូបសុខភាព៖ ញាំផ្សេងៗ(មានមើមខ្ទឹម-សស្រស់)ដែលមានដាក់ខ្ទឹមបារាំង។
    • មានអ្វីល្អខ្លះ?៖ សារធាតុសំខាន់នៅក្នុងបន្លែ ផ្លែឈើពណ៌ស គឺអាល់លិស៊ីន ដែលជួយគ្រប់គ្រងបរិ​មាណជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយកូលេស្តេរ៉ូល និងអឹលឌីអឹល(ជាតិខ្លាញ់អាក្រក់)។ មាននៅក្នុងមើមខ្ទឹម-ស និងមើមខ្ទឹមបារាំង ក្រៅពីនេះនៅមានពណ៌របស់ផេកធីន ដែលជាជាតិកាកសរសៃរលាយក្នុងទឹក (ឃើញមាននៅក្នុងសាច់ផ្លែប៉ោម ផ្លែត្របែក និងផ្លែស្រកានាគសាច់ពណ៌ស)ដែលជួយធ្វើឱ្យបរិមាណជាតិស្ករនៅក្នុងឈាមនៅនឹងស្មើ កាត់បន្ថយភាពឃ្លានអាហារ ល្អសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់ខ្លួន។

    ទី4.បន្លែ និងផ្លែឈើពណ៌បៃតង

    • មុខម្ហូបសុខភាព៖ ឆាត្រកួនប្រេងខ្យង ឆាបន្លែប្រូខូលីជាមួយបង្គា ស្ងោរស្លឹកបាស់សាច់ជ្រូកចិញ្ច្រាំ។
    • មានអ្វីល្អខ្លះ?៖ បន្លែពណ៌បៃតង សម្បូរទៅដោយ លូធីន និងស៊ីស៊ែនធីន ដែលជួយបញ្ចុះអត្រាការចុះខ្សោយរបស់ផ្ទាំងអេក្រង់សរសៃប្រសាទភ្នែក ដែលជាមូលហេតុសំខាន់អាចធ្វើឱ្យភ្នែកខ្វាក់នៅពេលអាយុច្រើនឡើង។

    Tip៖ បើធ្វើម្ហូបអាហារបរិភោគខ្លួនឯង គួរប្រើពេលវេលាកុំឱ្យលើស 5នាទីក្នុងការចម្អិនបន្លែពណ៌បៃតង

    មិនដូច្នោះទេ សារធាតុអាហារល្អៗ នឹងបាត់បង់អស់ដោយសារកម្ដៅ ដែលអាចសង្កេតឃើញបានតាមរយ:បន្លែដែលចាប់ផ្តើមប្តូរទៅជាពណ៌​លឿង លែងបៃតងស្រស់ដូចមុន។

    ទី5 .បន្លែ និងផ្លែឈើពណ៌លឿង/ទឹកក្រូច

    • មុខម្ហូបសុខភាព៖ ល្ពៅឆាសាច់ជ្រូកចិញ្រ្ចាំ ញាំការ៉ុត។
    • មានអ្វីល្អខ្លះ?៖ បន្លែ​ផ្លែឈើដែលមានពណ៌លឿង និងពណ៌លឿងទុំ ដូចជា ផ្លែល្ពៅ មើមការ៉ុត ផ្លែត្រសក់ស្រូវ និងល្ហុងទុំ ដែលសម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជាពិសេសប៉ផុត អាល់ហ្វា និងបេតាឃែរ៉ូធីន ដែល​ជួយបំប៉នខ្សែភ្នែក ឆ្អឹង និងប្រព័ន្ធការពារជំងឺរឹងមាំ និងជួយជំរុញការកំចាត់កោសិកាមហារីករបស់រាងកាយបានទៀតផង៕
  • វិធីរក្សាទុកផ្លែត្រឡាចដែលនៅសល់ពីស្ល

    វិធីរក្សាទុកផ្លែត្រឡាចដែលនៅសល់ពីស្ល

    ត្រឡាច គឺជាបន្លែដែលខ្មែរយើងនិយមបរិភោគណាស់ ស្ងោរក៏បាន ឆាក៏បាន និងស្លម្ជូរក៏បាន តែ ពេលយើងទិញ 1ផ្លែមកធ្វើម្ហូប ហើយធ្វើមិនអស់ នៅសល់មួយកំណាត់ ដោយសារតែផ្លែត្រឡាចនោះធំពេក ហើយនៅពេលយើងចង់រក្សាទុកវា​ឱ្យបានយូរ​ដើម្បី​ទុកធ្វើម្ហូបនៅ​ពេលក្រោយទៀតដែរ ភាគច្រើនត្រឡាចមួយកំណាត់នោះពេលទុកយូរទៅ ច្រើនតែឡើងរលួយស្អុយខូចអស់ និងទុកមិនសូវបានយូរឡើយ។

    បញ្ហានេះសូមបងៗស្ត្រីមេផ្ទះទាំងឡាយកុំបារម្ភអី គ្រាន់តែបងៗ​យកកំបោរពណ៌ក្រហមដែលយាយៗ​គាត់ពិសា​ជាមួយម្លូ​នោះ មកលាបនៅត្រង់កន្លែងស្នាមពុះនៅលើផ្លែត្រឡាចនោះ ហើយយកទៅរក្សាទុកនៅក្នុងទូទឹកកកក្នុងប្រអប់តាមធម្មតា ផ្លែ​ត្រឡាចនោះនឹង​នៅស្រស់ល្អបានជាច្រើនថ្ងៃ ​មិនរលួយស្អុយឡើយ ៕