Author: ធឿន មករា

  • មូលនិធិ​ឌីជីថល​ 5លាន​ដុល្លារ​ប្រចាំឆ្នាំ​ដើម្បី​ជំរុញ​ការ​ចាប់ផ្តើម​បច្ចេកវិទ្យា​

    មូលនិធិ​ឌីជីថល​ 5លាន​ដុល្លារ​ប្រចាំឆ្នាំ​ដើម្បី​ជំរុញ​ការ​ចាប់ផ្តើម​បច្ចេកវិទ្យា​

    ការជំរុញ​ ដើម្បី​ការ​ផ្លាស់​ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ រាជរដ្ឋាភិបាល​នឹង​បង្កើត​មូលនិធិ​ប្រចាំឆ្នាំ​ ចំនួន5​ លាន​ដុល្លារ​ ក្នុង​ការ​ពង្រឹង​ការ​ចាប់ផ្តើម​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​។នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។

    សម្តេច​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​៖ “មូលនិធិ​សហគ្រិនភាព​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​នឹង​ទឹកប្រាក់​ 5 លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ដើម្បី​គាំទ្រ​ដល់​ការ​ចាប់ផ្តើម​អាជីវកម្ម​ហិរញ្ញវត្ថុ​ផ្នែក​ជំនាញ​បច្ចេកទេស​ទីផ្សារ​ការផលិត​ និង​ការ​បណ្តុះបណ្តាល​”។

    សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​អំពី​មូលនិធិ​នេះ​ក្នុង​ឱកាស​បើក​សន្និសីទ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ2019​ ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​“ការ​ផ្លាស់​ប្តូរ​ឌីជីថល​ឆ្ពោះទៅ​រក​ឧស្សាហកម្ម4.0​”។ នៅក្នុង​សុន្ទរកថា​របស់​សម្តេច​បាន​ចង្អុលបង្ហាញ​ថា​ ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដោយ​ផ្លាស់​ប្តូរ​ពី​វិស័យ​កសិកម្ម​ទៅជា​សេដ្ឋកិច្ច​មួយ​ដែល​ពឹងផ្អែក​លើ​ការផលិត​និង​សេវាកម្ម​។

    សម្តេច​បាន​បញ្ជាក់​ថា​ ដើម្បី​ធ្វើ​ឱ្យ​បាន​ច្រើន​បំផុត​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ និង​ក្នុងរយៈពេល​វែង​។ បដិវត្តន៍​ឧស្សាហកម្ម​ទី4​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​។ សម្តេច​មានប្រសាសន៍​ថា​៖“ខ្ញុំ​សង្ឃឹមថា​សន្និសីទ​នេះ​ នឹង​ធ្វើជា​វេទិកា​មួយ​ ដើម្បី​ពិភាក្សា​អំពី​ឱកាស​ប្រឈម​នឹង​បញ្ហា​ជាក់ស្តែង​ដែល​អាច​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ធានា​ថា​ឧស្សាហកម្ម​ 4.0​ នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​របស់​ប្រទេស​”។

    សម្តេច​ហ៊ុន​សែន​បាន​បញ្ជាក់​ថា​ កាលពីដើម​ឆ្នាំនេះ​ សម្តេច​បាន​ណែនាំ​ដល់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ (SNEC​) ឱ្យ​បង្កើត​ក្រុមការងារ​មួយ​ ដែល​នឹង​ផ្តោត​លើ​ការបង្កើត​គោលនយោបាយ​ និង​ការ​កសាង​ក្របខ័ណ្ឌ​ដែល​ត្រូវការ​ដើម្បី​ផ្លាស់​ប្តូរ​ជោគជ័យ​ទៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​។

    ក្រុម​នេះ​នឹង​ផ្តោត​លើ​វិស័យ​ចំនួន3​ គឺ​:1-ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ និង​បណ្ដាញ​ដឹកជញ្ជូន​។ 2-ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ឌីជីថល​ លើកកម្ពស់​ឌីជីថល​ និង​ពង្រឹង​ភាពជា​សហគ្រិន​។ 3-កែ​លម្អ​ អក្ខរកម្ម​ឌីជីថល​ និង​អភិវឌ្ឍ​ទិន្នន័យ​បើកចំហ​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ធ្លាប់​បាន​ថ្លែង​ថា​ បច្ចេកវិទ្យា​ឌីជីថល​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ មានលទ្ធភាព​ឈាន​ចូល​ដំណាក់កាល​ថ្មី​ អភិវឌ្ឍន៍​ចេញពី​ភាពជា​ប្រពៃណី​។ ឯកឧត្តម​បាន​បញ្ជាក់​ថា​ វា​នឹង​ប្រើ​ពេល​យ៉ាងហោចណាស់10ឆ្នាំ​ ដើម្បី​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ ទៅជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​ក្នុង​បរិបទ​ នៃ​សកល​ភាវូបនីយកម្ម​ និង​សមាហរណកម្ម​សកល​ កម្ពុជា​ពិតជា​មិន​អា​ចៀសវាង​ ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​លើ​ការ​ចាប់​យក​ឱកាស​ក៏ដូចជា​គ្រប់គ្រង​ហានិភ័យ​”។

    ឯកឧត្តម​ មានប្រសាសន៍​ថា​៖“សមត្ថភាព​ឌីជីថល​របស់​ប្រទេស​ មាននៅ​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។ ប្រទេស​កម្ពុជា​ប្រហែល​ត្រូវការ​ចំណាយពេល5ឆ្នាំ​ទៀត​ដើម្បី​ កសាង​សសរស្ដម្ភ​ នៃ​សេដ្ឋកិច្ច​ឌីជីថល​ ហើយ​ប្រហែល​នឹង​ចំណាយពេល​ 5 ទៅ10​ ឆ្នាំ​ទៀត​ដើម្បី​រីក​លូតលាស់​សេដ្ឋកិច្ច​តាម​បែប​ឌីជីថល​ និង​ឆ្ពោះទៅ​រក​ទីផ្សារ​ ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​។ក្នុង​ន័យ​នេះ​វា​មានតម្លៃ​បញ្ជាក់​ថា​ កម្ពុជា​គ្មាន​បំណង​បង្កើត​តំបន់Silicon​ Valley​ ឬក្រុមហ៊ុន​ដំបូង​ឡើយ​។ ចក្ខុវិស័យ​របស់​យើង​ គឺ​បង្កើត​បរិយាកាស​ឌីជីថល​ដ៏​រឹងមាំ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធុន​តូច​ និង​ធំ​នៅក្នុង​ប្រទេស​អាច​ភ្ជាប់​ទៅ​នឹង​ខ្សែ​ចង្វាក់​តម្លៃ​សកល​”។

    ដូច្នេះ​រដ្ឋាភិបាល​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​ និង​រឹង​ចាំបាច់​ និង​បរិយាកាស​បទប្បញ្ញត្តិ​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​ និង​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល​អេឡិចត្រូនិក​។ រដ្ឋាភិបាល​ត្រូវតែ​ត្រៀមខ្លួន​ សម្រាប់​យុគសម័យ​ឌីជីថល​ ហើយ​បង្កើត​ប្រព័ន្ធ​អេកូ​ដែល​គាំទ្រ​ និង​អាច​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​។

    ឯកឧត្តម​ បាន​បន្ថែម​ថា​៖“ដើម្បី​សម្រេច​គោលដៅ​នេះ​រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ និង​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដែល​បម្រើ​ជា​មគ្គុទ្ទេសក៍​ និង​ជា​ក្របខ័ណ្ឌ​ទូទៅ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​”។

    ឯកឧត្តម​ វង្ស៊ី​ វិស្សុត​ ប្រធាន​ក្រុមការងារ​ គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ និង​ជារ​ដ្ឋ​លេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ថា​៖“ការ​ជួបជុំគ្នា​នា​ពេល​បច្ចុប្បន្ន​បង្ហាញ​ពី​ឱកាស​ដ៏​គួរ​ឱ្យ​ទុកចិត្ត​មួយ​ ដើម្បី​ផ្លាស់​ប្តូរ​ការពិភាក្សា​ និង​ទស្សនវិស័យ​ស្តី​ពី​បញ្ហា​សំ​ខាន់​ៗមួយចំនួន​ ចែករំលែក​បទ​ពិសោធ​ និង​ប្រមូល​ធនធាន​ ដែល​នឹង​មានប្រយោជន៍​ និង​ពាក់ព័ន្ធ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ឌីជីថល​យូរអង្វែង​ ដើម្បី​ទ្រទ្រង់​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា​”។

    សម្តេច​ស្រី​ Ellen​ Goldstein​ នាយិកា​ធនាគារ​ពិភព​សម្តេច​បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​ប្រទេស​កម្ពុជា​ត្រូវ​ស្វែងរក​កត្តា​ជំរុញ​កំណើន​ថ្មី​ព្រោះ​ប្រទេស​នឹង​មិន​អាច​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ភាពជា​ប្រពៃណី​នា​ពេល​អនាគត​ទេ​។

    សម្តេច​ស្រី​បាន​មានប្រសាសន៍​ថា​៖“បច្ចេកវិទ្យា​ឌីជីថល​នឹង​ក្លាយជា​ចំណុច​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​កំណើន​ ហើយ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​បន្ទាប់​របស់​ប្រទេស​នេះ​នឹង​ពឹងផ្អែក​ទៅលើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​អំណាច​ដល់​សហគ្រិន​ និង​ប្រជាជន​ក្នុង​ស្រុក​ដែល​មាន​សមត្ថភាព​ និង​ឧបករណ៍​សម្រាប់​សេដ្ឋកិច្ច​នៅ​ថ្ងៃស្អែក​”។

    សម្តេច​ស្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖“ឆ្ពោះទៅ​មុខ​ ប្រទេស​នេះ​នឹង​ត្រូវការ​គោលនយោបាយ​គោលដៅ​ដើម្បី​ពង្រឹង​មូលដ្ឋាន​ដែល​សេដ្ឋកិច្ច​ឌីជីថល​អាច​លូតលាស់​បាន​”។ សម្តេច​ស្រី​បាន​បន្ថែម​ថា​ កម្ពុជា​ត្រូវ​ខិតខំ​បិទ​ការបែងចែក​ឌីជីថល​ដោយ​បង្កើត​យុទ្ធសាស្ត្រ​ដ៏​មានប្រសិទ្ធភាព​។

    យោង​តាម​និយតករ​ទូរគមនាគមន៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​ 2018​ ប្រទេស​កម្ពុជា​មាន​អតិថិជន​ទូរស័ព្ទចល័ត​ចំនួន19,5លាន​នាក់​មក​ពី​ប្រតិបត្តិ​ករ6ផ្សេងគ្នា​។ ក្នុងចំណោម​ចំនួន​ទាំងនោះ​ 13,6​ លាន​នាក់​ប្រើ​ប្រាស់​អុិន​ធើ​ណិ​តពី​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ ហើយ​ប្រហែល​ 7លាន​នាក់​ មាន​គណនី​ហ្វេ​សប៊ុ​ក៕

  • រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំផែនការ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​សម្រាប់​ដំណើរការ​ឆ្នាំ2020​-2025​

    រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំផែនការ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​សម្រាប់​ដំណើរការ​ឆ្នាំ2020​-2025​

    រដ្ឋាភិបាល​បាន​និង​កំពុងតែ​រៀបចំផែនការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​សម្រាប់​ដំណើរការ​នៅ​ឆ្នាំ2020​-2025​ ក្នុង​គោលដៅ​ការពារ​កម្រិតខ្ពស់​កុំឱ្យ​មានការ​កើតឡើង​នូវ​ការ​ខ្វះ​ថាមពល​ដូច​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​មន្រ្តី​ជាន់ខ្ពស់​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។

    ឯកឧត្តម​ យឹម​ វិសិដ្ឋ​ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃទី25​ ខែមីនា​នេះ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដឹកនាំ​ដោយ​ ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​ រ៉ែ​ និង​ថាមពល​ ទី​ នរិន្ទ​ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ កែវ​ រតនៈ​ អគ្គនាយក​អគ្គិសនី​កម្ពុជា​ និង​អាជ្ញាធរ​អគ្គិសនី​បាន​ដឹកនាំ​ការប្រជុំ​ជាមួយ​មន្ត្រី​បង្គោល​សំ​ខាន់​ៗក្នុង​វិស័យ​ថាមពល​ មក​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ និង​អគ្គិសនី​កម្ពុជា​ដើម្បី​រៀបចំផែនការ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​សម្រាប់​ដំណើរការ​នៅ​ឆ្នាំ2020​-2025​។

    ឯកឧត្តម​ យឹម​ វិសិដ្ឋ​បាន​បន្ត​ថា​មាន​បញ្ហា2ដែល​ត្រូវ​បាន​ជជែក​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ គឺ​ក្រុមការងារ​ប្រជុំ​បាន​ត្រួតពិនិត្យ​ថាមពល​ដែល​មានស្រាប់​ សម្រាប់​ឆ្លើយតប​នៅ​ឆ្នាំក្រោយ​ និង​លើក​ទិសដៅ​ ពិនិត្យ​ និង​ប្រើប្រាស់​ចាប់ពី​ឆ្នាំ2020ដល់​ 2025​។

    ឯកឧត្តម​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថា​៖“ជាគោល​ការណ៍​យើង​បាន​ធ្វើ​កំណត់ហេតុ​រួមគ្នា​ហើយ​ធ្វើ​សំណើ​ទៅកាន់​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​ដើម្បី​ពិនិត្យ​ បន្ទាប់មក​សំណើ​នេះ​នឹង​ត្រូវ​បញ្ចូន​ទៅកាន់​សម្តេច​នាយក​រដ្ឋមន្រ្តី​ដើម្បី​សុំ​អនុម័ត​សម្រេច​ជាគោល​ការណ៍​រួម​”។

    ឯកឧត្តម​បន្ត​ថា​ រដ្ឋាភិបាល​នឹង​ត្រៀម​ថាមពល​សម្រាប់​ឆ្នាំ​ខាង​មុ​ខៗ​ និង​រក​ប្រភព​ថ្មី​ណា​បន្ថែម​ទៀត​ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ចាប់ពី​ឆ្នាំ2021​ ដល់​ 2025​។ ឯកឧត្តម​បន្ត​ថា​ ប្រភព​ថ្មី​អាចយ​កចេញពី​ធ្យូងថ្ម​ ហ្គាស​ ឬថាមពល​ពី​វារីអគ្គិសនី​ ទាំងអស់​នេះ​ត្រូវ​សុំ​គោលការណ៍​រដ្ឋមន្រ្តី​រ៉ែ​ និង​ថាមពល​។

    ឯកឧត្តម​ថា​ដំណោះស្រាយ​ពេលនេះ​គឺ​ចរ​ចារ​ជាមួយ​តួ​កគី​ក្នុង​ការទិញ​យក​កប៉ាល​អគ្គិសនី​មកកាន់​កម្ពុជា​។ យើង​កំពុងធ្វើការ​រឿង​នេះ​។ សព្វថ្ងៃ​កម្ពុជា​មាន​ 2,600មេ​ហ្គា​វ៉ាត់​ ប៉ុន្តែ​រាំងស្ងួត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វារីអគ្គិសនី​ភាគច្រើន​។

    ឯកឧត្តម​ថា​៖“យើង​បាន​គិតគូរ​ច្បាស់លាស់​លើ​រឿង​នេះ​ ធ្វើ​យ៉ាងម៉េច​ឱ្យ​ឆ្នាំក្រោយ​លែង​មាន​បញ្ហា​ហ្នឹង​កើតឡើង​។ យើង​ប្រើ​ម៉ាស៊ីនភ្លើង​ ដោយ​ប្រើ​ប្រេង​ខ្មៅ​ ឬឧស្ម័ន​ធម្មជាតិ​ (ហ្គាស​) ប៉ុន្តែ​យើង​នឹង​សិក្សា​លម្អិត​លើ​រឿង​នេះ​”។

    ដោយឡែក​ឯកឧត្តម​ ទី​ នរិន្ទ​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ មានប្រសាសន៍​នៅ​ក្នុង​សន្និ​សិ​ទសារ​ព័ត៌មាន​កាលពី​សុក្រ​សប្តាហ៍​មុន​ថា​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំនេះ​បាន​កើនឡើង​ជាង​ការ​រំពឹង​ទុក​ដែល​នាំ​ឱ្យ​មានការ​ផ្គត់​ ផ្គង់​តិច​ជាង​តម្រូវការ​ ដែល​នាំ​ឱ្យ​មានការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​។

    ឯកឧត្តម​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​កំពុងតែ​ស្វែងរក​ប្រភព​ថាម​ពល​ផ្សេង​ៗមក​បំពេញ​ការ​ខ្វះខាត​នេះ​។ រដ្ឋាភិបាល​បាន​អភិវឌ្ឍ​ប្រភព​ថាម​ពល​ផ្សេង​ៗដើម្បី​ផ្តល់​ថាមពល​ដើម្បី​បំពេញ​តម្រូវការ​ឱ្យ​បាន​គ្រប់គ្រាន់​។

    ឯកឧត្តម​មានប្រសាសន៍​ថា​៖“យើង​បាន​ចាប់ដៃ​គូ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការរៀបចំ​ផែនការមេ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ថាមពល​នៅ​កម្ពុជា​”។ កកម្ពុជា​បាន​ប្រើប្រាស់​ថាមពល​ប្រមាណ​ជា​ 9,300លាន​គីឡូវ៉ាត់​ម៉ោង​ នៅ​ឆ្នាំ2018​ ដែល​ជាមធ្យម​ប្រមាណ​ជា​ 25,5លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង1ថ្ងៃ​។

    ឯកឧត្តម​ នរិន្ទ​ មានប្រសាសន៍​ថា​ កាលពី​ខែមករា​ ដល់​ខែកុម្ភៈ​ តម្រូវការ​ថាមពល​ប្រើប្រាស់​មាន​ប្រមាណ​ជា​ 31​ លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយថ្ងៃ​ ដែល​តម្រូវការ​នេះ​ត្រូវ​រក​ប្រភព​ថាម​ពល​ផ្សេង​ៗទៀត​មក​ជំនួស​ រួមមាន​ ម៉ាស៊ីនភ្លើង​ជាដើម​។

    បច្ចុប្បន្ន​នេះ​កម្ពុជា​ មាន​វារីអគ្គិសនី​ដើរ​ដោយ​កម្លាំង​ទឹក​ចំនួន​ 7កន្លែង​ ធ្យូងថ្ម2​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ 2កន្លែង​ និង​ដើរ​ដោយ​ប្រេងកាត​មួយចំនួន​ទៀត​។ ឯកឧត្តម​បាន​អះអាង​ថា​ តាមរយៈ​វត្តមាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ទាំងនេះ​ បើ​មិន​មាន​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ទេ​ គឺ​កម្ពុជា​មិន​មាន​ជួប​បញ្ហា​ខ្វះខាត​ថាមពល​នោះ​ឡើយ​ បើ​ទោះបី​កំណើន​តម្រូវការ​ប្រើប្រាស់​កើនឡើង​ខ្ពស់​ក៏ដោយ​។

    បើ​យោង​តាម​អគ្គិសនី​កម្ពុជា​ក្នុង​គោលដៅ​នៃ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ដល់​ឆ្នាំ​ 2030​ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំផែនការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​រួមមាន​ វារីអគ្គិសនី​ រោងចក្រអគ្គិសនី​ដោយ​ធ្យូងថ្ម​ និង​ប្រភព​ផ្សេង​ៗទៀត​ ដូចជា​ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ផ្គុំ​ជាមួយនឹង​ការនាំចូល​ប្រភព​អគ្គិសនី​ពី​ប្រទេសជិតខាង​ ដោ​បាន​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ជាបន្តបន្ទាប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

    អគ្គិសនី​កម្ពុជា​បាន​ឱដឹង​ថា​ ចាប់ពី​ខែមករា​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​ការ​ខ្វះខាត​ទឹក​ខុសប្រក្រតី​ធ្វើ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ2019កើនឡើង​យ៉ាង​ខ្លាំង​ លើស​ពី​ការ​រំពឹង​ទុក​។ ការ​ខ្វះ​ទឹក​នេះ​ធ្វើ​ ឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញពី​ប្រភព​វារីអគ្គិសនី​ថយ​ចុះ​ មិន​អាច​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ អគ្គិសនី​ពេញលេញ​ទូទាំង​ប្រទេស​ដល់​រដូវប្រាំង​ដូច​សព្វមួយដង​។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អគ្គិសនី​កម្ពុជា​បាន​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ឱ្យ​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ បន្ថែម​កម្ពុជា​។ ជា​លទ្ធផល​ ប្រទេស​ថៃ​បាន​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម​ 80មេ​ហ្គា​វ៉ាត់​ ប្រទេស​ឡាវ​ 10មេ​ហ្គា​វ៉ាត់​ និង​ប្រទេស​វៀតណាម​បាន​ជួយ​រក្សា​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ដដែល​។ ទោះជាយ៉ាងណា​កម្ពុជា​ខ្វះខាត​ថាមពល​ប្រមាណ​ 13ភាគរយ​ ដែល​តម្រូវ​ឱ្យ​អគ្គិសនី​កម្ពុជា​ធ្វើការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ខ្លះ​រហូត​រដូវវស្សា​មកដល់​។

    ការកាត់បន្ថយ​ការ​ផ្គត់ផ្គង់​នេះ​ធ្វើ​នៅពេល​ថ្ងៃ​តាម​កន្លែង​ឆ្លាស់គ្នា​ ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​នៅពេល​យប់​ ដែល​ជា​ពេល​ប្រជាជន​ត្រូវការ​ប្រើប្រាស់​ជា​ចាំ​បាច់​ ជាមួយគ្នា​នេះ​។ រយៈពេល​នៃ​ការ​លំបាក​ 72ថ្ងៃ​ អគ្គិសនី​កម្ពុជា​នឹង​ផ្គត់ផ្គង់​ជា​ធម្មតា​វិញ​។ ប្រសិនជា​មាន​ភ្លៀង​ធ្លាក់​មក​មុន​ក្នុង​ខែឧសភា​ ការ​ផ្គត់ផ្គង់​នឹង​មាន​ជាប្រក្រតី​ឡើងវិញ​។៕

  • ឆ្នាំ2018 កំណើន​ជើងហោះហើរ​របស់​កម្ពុជា​មានការ​កើនឡើង​ជាង16​%

    ឆ្នាំ2018 កំណើន​ជើងហោះហើរ​របស់​កម្ពុជា​មានការ​កើនឡើង​ជាង16​%

    រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​បង្ហាញថា​ ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង10ម៉ឺន​ជើង​ ក្នុង​ឆ្នាំ2018កន្លងទៅ​នេះ​ ដែល​ចំនួន​នេះ​ គឺ​មានការ​កើនឡើង​ 16.2​% ដោយឡែក​ចំពោះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាមផ្លូវអាកាស​វិញ​ ក៏​មានការ​កើនឡើង​ចំនួន21.1​%ផង​ដែរ​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ពេញ​មួយឆ្នាំ2017​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

    ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​ 2018កម្ពុជា​ទទួល​បាន​ជើងហោះហើរ​ចំនួន​ 104803​ ជើង​(ជាង​ 10,4ម៉ឺន​ជើង​) កើនឡើង​ 16.2​% ធៀប​នឹង​ឆ្នាំ2017​។ អ្នកដំណើរ​ជាតិ​ និង​អន្តរជាតិ​តាមផ្លូវអាកាស​មាន​ចំនួន​ 10556​ 547នាក់​ (ជាង10,55លាន​នាក់​) កើនឡើង​ 21.1​% ធៀប​នឹង​ឆ្នាំ2017​។ ទំនិញ​បាន​ចំនួន​ 74​ 655​ តោន​ កើនឡើង15.1​%។ ជើងហោះហើរ​រំលង​បាន​ចំនួន​ 66092​ ជើង​ កើនឡើង13​% និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មាន​ចំនួន​ 47ក្រុមហ៊ុន​កើនឡើង​ 2%។

    សូមជម្រាប​ថា​ ក្រុមហ៊ុន​បារាំង​ SCA​ បាន​និង​កំពុង​រៀបចំ​ចំណតយន្តហោះ​ និង​ពង្រីក​បន្ថែម​ផ្លូវ​រត់​យន្តហោះ​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​ ដើម្បី​ត្រៀម​ទទួល​យន្តហោះ​របស់​គណៈ​-ប្រតិភូ​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពេល​បន្តបន្ទាប់​ និង​ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

    លោក​ ប៊ុ​ន នី​ អនុរដ្ឋ​លេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា​៖“ ឧស្សាហកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​ ដើរតួ​នាទី​សំខាន់​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​។ ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ត្រូវ​បាន​ចាត់ទុកថា​ ជា​កត្តាផលិតកម្ម​យុទ្ធសាស្ត្រ​សំខាន់​មួយ​ផ្នែក​ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​យើង​។ ឧស្សាហកម្ម​នេះ​ មាន​តួនាទី​សំខាន់2គឺ​៖1-ជា​សេវាកម្ម​ពាណិជ្ជកម្ម​ 2-ជា​យាន​សម្រាប់​កិច្ចការ​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​សេវា​កម្ម​ផ្សេង​ៗទៀត​”។

    លោក​បញ្ជាក់​ថា​ វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​មិន​ត្រឹមតែ​ ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​អ្នកធ្វើ​ ដំណើរ​ និង​ទំនិញ​នានា​ក្នុងរយៈពេល​ដ៏​ខ្លី​តាមដែល​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វិស័យ​នេះ​ក៏បាន​ជួយ​ដោយ​ផ្ទាល់​ ដល់​ការ​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ទេសចរណ៍​ ចំណូលជាតិ​ និង​លើកកម្ពស់​ទំនាក់ទំនង​សង្គម​ និង​ផ្តល់​នូវ​ផល​ប្រយោជន៍​ផ្សេង​ៗទៀត​សម្រាប់​ប្រទេសជាតិ​ផង​ដែរ​។

    ការផ្លាស់ប្ដូរ​សំ​ខាន់​ៗជាច្រើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ​ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ដ​តាម​បទ​ប្ប​ញ្ញ​ត្ដិ​ផ្នែក​សុវត្ថិភាព​ សន្ដិ​សុខ​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ ក្នុង​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ជាស​កល​ ហើយ​ជាពិសេស​ ត្រូវ​អនុវត្ដ​តាម​លក្ខខណ្ឌ​តម្រូវការ​នានា​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​(ICAO​)។ នេះ​បើ​តាម​ការ​លើកឡើង​បន្ថែម​ របស់​លោក​អនុរដ្ឋ​លេខាធិការ​។

    ឯកឧត្តម​ ម៉ៅ​ ហា​វណ្ណា​ល់​ (Mao​ Havanall​) រដ្ឋមន្ត្រី​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​មានប្រសាសន៍​ថា​ វិស័យ​អាកាសចរណ៍​ក្នុង​តំបន់​បាន​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​គោលនយោបាយ​បើកចំហ​របស់​រដ្ឋាភិបាល​ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ1999​។

    ឯកឧត្តម​បាន​បន្ថែម​ថា​ដោយសារ​ការ​ធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ការ​កែ​លម្អ​ស្ថានីយ​ព្រលា​នយន្តហោះ​នៅ​ទូទាំង​ប្រទេស​ និង​ការ​ពង្រឹង​បទបញ្ជា​នៅក្នុង​វិស័យ​អ្នកដំណើរ​ និង​ទំនិញ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។

    ឯកឧត្តម​បាន​ចង្អុលបង្ហាញ​ថា​៖“អ្នកដំណើរ​ចំនួន​ 10,4​ លាន​នាក់​ បាន​ប្រើ​ប្រាស់​ព្រលា​នយន្តហោះ​កម្ពុជា​នៅ​ឆ្នាំ​ 2018​ ដែល​ជា​ការ​កើនឡើង​ គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ កាលពី​មួយ​ទសវត្សរ៍​មុន​នៅពេល​នោះ​មាន​មនុស្ស​ត្រឹមតែ​ 620.000​ នាក់​ បាន​ឆ្លង​កា​ត់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ជា​រៀងរាល់​ឆ្នាំ​។ លើស​ពីនេះ​ទៅទៀត​ យើង​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវអាកាស​ជាមួយ​បណ្តា​ប្រទេស​ចំនួន44​ នៅ​ទូទាំង​ពិភពលោក​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន47​ កំពុង​ហោះហើរ​ ចូល​ និង​ចេញពី​ប្រទេស​កម្ពុជា​។សូមជម្រាប​ថា​ កម្ពុជា​កំពុង​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ និង​ទេសចរណ៍​មួយ​ ដែល​ មាន​ភាព​ទាក់ទាញ​ក្នុង​តំបន់​ និង​ពិភពលោក​ដែល​ជាទី​តាំង​ភូមិ​សាស្រ្ត​ល្អ​ប្រកប​ដោយសក្តានុពល​ យ៉ាង​ សម្បូរ​បែប​។ កត្តា​ខាងលើ​នេះ​ គឺ​ដោយសារតែ​កម្ពុជា​ជាទី​ផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍​ ដែល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​នៅតែ​បន្ត​រក្សា​កំណើន​ជាមធ្យម​ក្នុងរង្វង់8.5​%រហូតដល់​ឆ្នាំ2040​៕

  • WhatsApp​ នឹង​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ កំណត់​ថា​ តើ​អ្នកណា​អាច​ចូល​ Group​ Chats​ បាន​

    WhatsApp​ នឹង​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ កំណត់​ថា​ តើ​អ្នកណា​អាច​ចូល​ Group​ Chats​ បាន​

    អ្នកប្រើ​ប្រាស់​ខ្លះ​មាន​ភាព​រីករាយ​ នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ Group​Chat​ ណាមួយ​ ព្រោះ​គេ​គិតថា​ ខ្លួន​គេ​អាច​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​កិច្ច​សន្ទនា​នោះ​ប៉ុន្តែ​សម្រាប់​អ្នកប្រើ​ប្រាស់​ខ្លះទៀត​ គេ​មិន​ត្រឹមតែ​ពុំ​ចូលចិត្ត​នោះ​ទេ​តែ​គេ​ថែមទាំង​មាន​អារម្មណ៍​ធុញទ្រាន់​ទៀតផង​។

    ឥឡូវនេះ​ក្រុមហ៊ុន​ WhatsApp​ បាន​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​មាន​សិទ្ធិ​កំណត់​ថា​តើ​អ្នកណា​អាច​បញ្ចូលរូប​គេ​ទៅ​ក្នុង​ Group​ Chat​ បាន​ដោយធ្វើ​ការ​ជ្រើសរើស​យក​លក្ខខណ្ឌ1​ ក្នុងចំណោម​លក្ខខណ្ឌ3​ “nobody​គ្មាន​អ្នកណា​ម្នាក់​” និង​ “my​ contacts​ អ្នក​នៅក្នុង​បញ្ជី​ទំនាក់ទំនង​” ឬ “everyone​មនុស្ស​គ្រប់គ្នា​”។កម្មវិធី​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរារាំង​ការផ្សាយ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ។

    ប្រសិនបើ​អ្នកណា​ម្នាក់​ព្យាយាម​បញ្ចូល​ឈ្មោះ​លោកអ្នក​ចូល​ទៅ​ក្នុង​ក្រុម​ដែល​ផ្ទុយ​នឹង​លក្ខខណ្ឌ​ដែល​បាន​កំណត់​គេ​នឹង​តម្រូវ​ឱ្យ​ផ្ញើ​សារ​សុំ​ការអនុញ្ញាត​ពី​លោកអ្នក​ជាមុន​សិន​ហើយ​លោកអ្នក​មានឱកាស​ 72ម៉ោង​(3ថ្ងៃ​)ដើម្បី​ឆ្លើយតប​។

    អ្នក​អាច​ប្រើប្រាស់​មុខងារ​កំណត់​ថ្មីនេះ​ដោយ​គ្រាន់តែ​ចូល​ទៅ​ Settings​ >​ Account​ > Privacy​ > Groups​ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​ WhatsApp ​តែងតែ​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​តាម​តំបន់​ ដូចនេះ​សម្រាប់​ប្រទេសខ្មែរ​យើង​ប្រហែលជា​ត្រូវ​រង់ចាំ​យូរ​បន្តិច​ហើយ​មើលទៅ​…៕

  • បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ កំពុង​លក់​បាន​ថ្លៃ​ និង​មាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​

    បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ កំពុង​លក់​បាន​ថ្លៃ​ និង​មាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​

    ខ្ទឹមបារាំង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បន្លែ​មួយ​ប្រភេទ​ ដែល​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ ព្រោះ​ជា​បន្លែ​ដែលគេ​និយម​បរិភោគ​ច្រើន​គួរសម​នា​ពេល​បច្ចុប្បន្ន​។ បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ ត្រូវ​បាន​កសិករ​នាំគ្នា​ដាំដុះ​កាន់តែ​ច្រើន​ បន្ទាប់ពី​មានការ​ប្រកួតប្រជែង​ជាមួយ​វត្តមាន​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​ ដោយ​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​ត្រូវ​បាន​ឃាត់​មិន​ឱ្យ​នាំចូល​ដោយសារ​ថា​បាន​រក​ឃើញ​មាន​ជាតិគីមី​ខ្ពស់​មាន​ក្នុង​បន្លែ​ទាំងនោះ​ ជាហេតុ​ធ្វើ​ឱ្យ​បន្លែ​ខ្ទឹមបារាំង​ក្នុង​ស្រុក​ទទួល​បាន​តម្រូវការ​ខ្ពស់​ ហើយ​តម្លៃ​ក៏បាន​ថ្លៃ​គួរសម​ដែរ​។

    ថ្វី​ដ្បិតតែ​ខ្ទឹមបារាំង​ពិបាក​ក្នុង​ការ​ដាំ​បន្តិច​ តែ​បច្ចុប្បន្ន​ត្រូវ​បាន​កសិករ​កម្ពុជា​យើង​មួយចំនួន​នាំគ្នា​សង្វាត​ងាក​មក​ដាំ​បន្លែ​ប្រភេទ​នេះ​ដាំ​ជា​លក្ខណៈ​អាជីវកម្ម​ជាបន្តបន្ទាប់​ ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​។ ជាក់ស្តែង​ “សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​”ក៏បាន​ដាំ​បន្លែ​ខ្ទឹមបារាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ភូមិ​ពង្រ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សេរី​សោភ័ណ​។

    លោក​ ទួត​ សេង​ហ័ង​ អ្នក​ទីផ្សារ​នៃ​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​បាន​មានប្រសាសន៍​ថា​ សមាគម​យើង​មិនមែន​មាន​ដាំ​តែ​ដំណាំ​ត្រសក់ផ្អែម​តែមួយមុខ​ទេ​ យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ដែល​ក្រៅពី​ដំណាំ​ត្រសក់ផ្អែម​(3ប្រភេទ​)ហើយ​ យើង​នៅ​មាន​ដំណាំ​ប៉េងប៉ោះ​ ឈើ​រី​ ម្ទេស​ធម្មតា​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ត្រសក់​ ននោង​ ម្រះ​ ផ្កា​ខាត់ណា​ ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ប៉េងប៉ោះ​ខ្មែរ​ផង​ដែរ​ ដែល​ដំណាំ​ខ្ទឹមបារាំង​នេះ​ ជា​ប្រភេទ​ដំណាំ​ចម្បង​ទី4​ របស់​សមាគម​យើង​បន្ទាប់ពី​ដំណាំ​ត្រសក់ផ្អែម​ ព្រោះ​ដំណាំ​ខ្ទឹមបារាំង​យើង​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា10ហិ​កតា​។

    លោក​ សេង​ហ័ង​ បានឱ្យ​ដឹង​ថា​ ដើម្បី​ឱ្យ​ខ្ទឹមបារាំង​ផ្តល់​ទិន្នផល​ខ្ពស់​ គេ​អាច​ដាំ​ដោយ​សាប​គ្រាប់​ផ្ទាល់​ ឬស្ទូង​កូន​ក៏បាន​។តែ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ដែល​មានគុណ​ភាព​ និង​សុខភាព​ល្អ​ ព្រមទាំង​មាន​អត្រា​ដុះ​ពី​គ្រាប់​ពី​ 80ទៅ​ 95​%។ ជាទូទៅ​ពូជ​ GRANEX​ F1​ និង​ RED​ CREOL​ ដាំ​បាន​ល្អ​នៅ​ប្រទេសខ្មែរ​យើង​។ បើ​ដាំ​ដោយ​សាប​គ្រាប់​ ផ្ទាល់​ត្រូវ​កប់​គ្រាប់​ជម្រៅ​កន្លះ​តឹក​។ គ្រាប់​ដុះ​ពន្លក​ក្នុងរយៈពេល​ពី14ទៅ21ថ្ងៃ​ បន្ទាប់ពី​ថ្ងៃ​សាប​។

    បើ​បណ្ដុះ​កូន​ក្នុង​ថ្នាល​ ត្រូវ​មាន​រយៈពេល30ទៅ45​ ថ្ងៃ​ បន្ទាប់ពី​ថ្ងៃ​សាប​ គឺ​នៅពេល​ដែល​កូន​ខ្ទឹម​មាន​កម្ពស់​ជិត​ កន្លះ​តឹក​ និង​មាន​ពណ៌បៃតង​ ទើប​អាច​ដក​យក​ទៅ​ដាំ​ក្នុង​រង​បាន​ ចំពោះ​បរិមាណ​គ្រាប់​ ដែល​ត្រូវ​ប្រើ​នៅ​លើ​ផ្ទៃដី10ម៉ែត្រការ៉េ​ ត្រូវ​ប្រើ​ពូជ​អស់5ទៅ10ក្រាម​។ បើ​ស្ទូង​កូន​ត្រូវ​ប្រើ​កូន​អស់​ចំនួន​ 500កូន​។ ការ​ដាំ​ត្រូវលើ​ករង​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​ឆូត​ជា​ចង្អូរ​តូច​ៗ នៅ​ទទឹង​រង​។ ឯចន្លោះ​គុម្ព​ដែល​ត្រូវ​ដាំ​មាន​ពី​ 0.9​ ទៅ1តឹក​ ហើយ​ចន្លោះ​ជួរ​នៅ​លើ​រង​មាន​ពី​ 1.5​ ទៅ2តឹក​។ រង​ដាំ​ត្រូវ​ធ្វើ​យ៉ាងណា​កុំឱ្យ​ជាំទឹក​។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​ ខ្ទឹមបារាំង​ទាមទារ​នូវ​ការ​ដាក់ជី​ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់​។ ការ​ដាក់ជី​មាន​ 3លើក​គឺ​ដាក់ជី​ទ្រាប់​បាត​ដាក់ជី​បំប៉ន​លើក​ទី1​ និង​ដាក់ជី​ពេល​ខ្ទឹម​បង្កើត​មើម​ដំបូង​។

    – ការ​ដាក់ជី​ទ្រាប់​បាត​ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​ប្រព័ន្ធ​ឫស​ ប្រើ​ជីលា​មក​សត្វ​ មាន់ទា​ ឬប្រើ​អាចម៍​ប្រចៀវ​ លាមក​គោ​ ក្របី​ លើ​ទំហំដី10​ ម៉ែត្រការ៉េ​ ប្រើ​ជី20​ ទៅ30គីឡូក្រាម​។

    – ការ​ដាក់ជី​បំប៉ន​លើក​ទី1 ​- នៅពេល​ខ្ទឹម​មាន​អាយុ​ 7ថ្ងៃក្រោយ​ពី​ស្ទូង​កូន​ ត្រូវ​ជ្រុំ​ដី​ដាក់ជី​កែង​ចំនួន3ទៅ​ 4ខាំ​ ជ្រុំ​ដាក់​ចន្លោះ​គុម្ព​នី​មួយ​ៗ ប្រើលើ​ទំហំដី10ម៉ែត្រការ៉េ​។ ការ​ដាក់​នេះ​ ដើម្បី​ជំរុញ​ការលូតលាស់​បាន​រហ័ស​។

    – ការ​ដាក់ជី​លើក​ទី2​ – ដាក់​នៅពេល​បង្កើត​មើម​ដំបូង​ ឱ្យ​ធំ​ថ្លោស​ និង​បាន​ច្រើន​ ។ បរិមាណ​ជី​ដែល​ត្រូវ​ប្រើ​គឺ​ជីអ៊ុយរ៉េ​ ពី1​ ទៅ2ខាំ​ ដោយ​លាយ​ទឹក​ស្រោច​ នៅ​លើ​ទំហំដី10ម៉ែត្រការ៉េ​ យកល្អ​ប្រើ​ជី​ទឹក​ ឬទឹកនោមគោ​។

    លោក​ សេង​ហ័ង​ បាន​បញ្ជាក់​ថា​ ការថែទាំ​ជា​ការងារ​មួយ​ចាំបាច់​បំផុត​ សម្រាប់​ដំណាំ​ខ្ទឹមបារាំង​ ដើម្បី​បង្កើន​ទិន្នផល​ឱ្យ​បាន​ខ្ពស់​ ព្រោះ​ស្មៅ​វា​អាច​ប្រជែង​ដណ្ដើម​ស្រូប​យក​ជីជាតិ​ពី​ដី​។ ការថែទាំ​រួមមាន​ ការ​បោចស្មៅ​សំអាត​ក្នុង​រង​ចម្ការ​ ឬថ្នាល​បណ្ដុះ​គ្រាប់​។ ត្រូវ​បោចស្មៅ​ឱ្យ​បាន2​ ឬ3ដង​ រហូតដល់​ពេល​ប្រមូល​ផល​ ឱ្យ​បាន​សមស្រប​ទៅតាម​សភាព​ជាក់ស្ដែង​នៃ​ចម្ការ​។ក្រោយពី​ធ្វើ​ស្មៅ​ស្អាត​ យើង​អាច​ដាក់ជី​បំប៉ន​ដល់​ការ​ដុះ​លូតលាស់​របស់​ខ្ទឹម​។ចំពោះ​ការ​ស្រោចទឹក​ ត្រូវ​ស្រោច​ឱ្យ​បាន​ទៀងទាត់​ មិន​ឱ្យ​សើម​ពេក​ ឬក៏​ស្ងួត​ពេក​ទេ​។

    ខ្ទឹមបារាំង​អាច​ប្រមូល​ផល​បាន​ នៅពេល​វា​មាន​អាយុ​ពី110ទៅ120ថ្ងៃក្រោយ​ពី​សាប​ និង85​ ទៅ95​ ថ្ងៃក្រោយ​ពី​ស្ទូង​កូន​។ ការ​ប្រមូល​ផល​គឺ​ធ្វើឡើង​ ដោយ​គាស់​យក​មើម​ នៅពេល​ស្លឹក​វា​ចាប់ផ្តើម​ងាប់​សំបក​មើម​ឡើងពណ៌​ក្រហម​ ឬស​ និង​មើម​លេចចេញ​ពី​ដី​។ ពូជ​ខ្លះ​មាន​រយះ​ពេល​លូតលាស់​ពី120ទៅ​ 170ថ្ងៃក្រោយ​ពេល​សាប​។ នៅ​លើ​ទំហំដី10​ ម៉ែត្រការ៉េ​ យើង​អាច​ប្រមូល​ផល​ខ្ទឹមបារាំង​បាន​ 15​ ទៅ​ 25គីឡូក្រាម​។ជាទូទៅ​ខ្ទឹមបារាំង​អាច​ផ្តល់​ផល​ជាមធ្យម​ពី​ 30​ ទៅ70​ តោន​/ហិ​កតា​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​ លោក​ សេង​ហ័ង​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ខ្ទឹមបារាំង​គឺជា​បន្លែ​ ដែល​មានតម្លៃ​ មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយសារតែ​មានការ​ប្រកួតប្រជែង​ជាមួយនឹង​ការនាំចូល​ពី​ប្រទេសជិតខាង​ មាន​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម​។ យើង​អាច​លក់​បាន​តម្លៃ1,500ទៅ2000រៀល​ប៉ុណ្ណោះ​ក្នុង​ខ្ទឹមបារាំង1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​យើង​អាច​លក់​បាន​ដល់ទៅ​តម្លៃ​ 3,500ទៅ4,000រៀល​ឯណោះ​ក្នុង1គីឡូក្រាម​ រួម​ទាំង​ការ​បញ្ជូន​ទៅ​លក់​ក្នុង​ផ្សារ​ទំនើប​ផង​ដែរ​”។

    បើ​តាម​ប្រសាសន៍​របស់​លោក​ សេង​ហ័ង​បានឱ្យ​ដឹង​ថា​៖ “នៅ​លើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​លោក​អាច​ប្រមូល​ផល​ខ្ទឹមបារាំង​ក្នុង​ បាន​ប្រមាណ​ជាង300​ ទៅ400តោន​ ឬក្នុង​ដី​ដាំដុះ10ហិ​កតា​ ដែល​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​ជា1,400,000,000លាន​រៀល​(1.4ប៊ី​លាន​រៀល​) ដែល​លោក​អាច​ប្រមូល​ផល​ក្នុង​មួយ​រដូវ​ដាំដុះ​”។

    លោក​ សេង​ហ័ង​ បានឱ្យ​ដឹង​ដែរ​ថា​៖“ពីមុន​មានការ​នាំចូល​ពី​ប្រទេសជិតខាង​យើង​មានការ​ពិបាក​ សមាគម​ខ្លះ​មានការ​រអែង​ក្នុង​ការ​ដាំដំណាំ​នេះ​ ដើម្បី​នាំចូល​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ តែ​ក្នុង​ពេល​ថ្មី​ៗនេះ​មានការ​ផ្ទុះឡើង​នូវ​បន្លែ​មាន​ជាតិគីមី​ ដែល​នាំចូល​ពី​ប្រទេសជិតខាង​ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​មករ​កបន្លែ​ក្នុង​ស្រុក​ ដែល​យើង​អាច​ជឿ​ទុកចិត្ត​បាន​ ថា​គ្មាន​ជាតិគីមី​ដូច​បន្លែ​នាំចូល​ទេ​។ ទោះបី​ តម្លៃ​បាន​ឡើង​ខ្ពស់​បន្តិច​ ក៏​គាត់​នៅតែ​ប្រើ​បន្លែ​ក្នុង​ស្រុក​ ព្រោះ​ជា​បន្លែ​សរីរាង្គ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ គាត់​នៅ​ស្រពេច​ស្រពិល​ ថា​បន្លែ​ខ្ទឹមបារាំង​នេះ​ជា​បន្លែ​នាំចូល​មិនមែន​ជា​របស់​ខ្មែរទេ​។ តែ​តាមពិត​ ជា​របស់​សហគមន៍​ ឬសមាគម​ប្រជាជន​ក្នុង​ស្រុក​នាំគ្នា​ដាំ​។

    បច្ចុប្បន្ន​ខ្ទឹមបារាំង​របស់​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ នៅ​ភ្នំពេញ​ ខ្មែរ​អហ្កា​និ​កហ្វា​មផ្សារ​រី​មិច​ និង​ផ្សារ​ទំនើប​ឡាក់​គី​ នៅ​ខេត្តសៀមរាប​ដែល​ទទួលយក​ផលិតផល​កសិកម្ម​នេះ​ទៅ​លក់​។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ នា​ថ្មី​ៗនេះ​មានការ​សម្ពោធ​ផ្សារ​ទំនើប​ថ្មី​ៗបន្ថែម​ទៀត​ច្រើន​នៅក្នុង​ខេត្តសៀមរាប​ រួម​ទាំង​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាប​ទៀតផង​ សមាគម​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ផ្សេង​ៗទៀត​ ពិសេស​បន្លែ​ខ្ទឹមបារាំង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ ដែល​កំពុង​មាន​តម្រូវការ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សេង​ហ័ង​។

    ដូច្នេះ​សមាគម​នឹង​បង្កើន​ការ​ដាំដុះ​ដំណាំ​បន្លែ​ធម្មជាតិ​ ឬសរីរាង្គ​ឱ្យ​បាន​សម្បូរ​បែប​ និង​ច្រើនឡើង​ ដើម្បី​បំពេញ​តម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ក៏ដូចជា​តម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា​ លោក​ក៏​មាន​មហិច្ឆតា​ក្នុង​ការពង្រីក​ផលិតកម្ម​ខ្ទឹមបារាំង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា10ហិ​កតា​បន្ថែម​ទៀត​ នា​ពេល​ខាងមុខ​៕

  • Bangkok​ Airways​ រៀបចំ​ព្រឹត្តិ​ការណ៍​ Agent​ &​ Media​ Business​ matching​ នៅ​កោះ​សា​មុយ​

    Bangkok​ Airways​ រៀបចំ​ព្រឹត្តិ​ការណ៍​ Agent​ &​ Media​ Business​ matching​ នៅ​កោះ​សា​មុយ​

    កាលពី​ថ្ងៃទី26​ ដល់​ថ្ងៃទី29​ ខែមីនា​កន្លងទៅ​ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ថៃ​ Bangkok​ Airways​(Asia’s​ Boutique​ Airline​)បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ដោយមាន​ការ​ចូល​ពីសំណាក់​ក្រុមហ៊ុន​ទេស​ចរ​ណ៍​ល្បី​ៗមក​ពី​ 7ប្រទេស​ដែល​មាន​ដូចជា​ ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ ទីក្រុង​ហុងកុង​ ប្រទេស​សាំងហ្គាពួរ​ និង​ម៉ាឡេស៊ី​ និង​ក្រុម​អ្នកសារព័ត៌មាន​មក​ពី​ 3ប្រទេស​ មាន​កម្ពុជា​ ឡាវ​ និង​ប្រទេស​ម៉​យ៉ាន់​ម៉ា​ នៅ​លើ​ដី​កោះ​ទេសចរណ៍​ដ៏​ស្រស់បំព្រង​ និង​ល្បីល្បាញ​បំផុត​ គឺ​កោះ​សា​មុយ​។

    ព្រឹត្តិ​ការណ៍​ជួបជុំ​ដ៏​សប្បាយរីករាយ​នេះ​ គឺជា​ការ​បង្ហាញ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ដ៏​ល្អ​ប្រណីត​នៅ​លើ​កោះ​ទេសចរណ៍​របស់​ប្រទេស​ថៃ​ដ៏​ធំជាង​គេ​មួយ​នេះ​ដែល​រួមមាន​ សណ្ឋាគារ​ប្រណី​តៗ​ រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ ភោជនីយ​ដ្ឋាន​ទំនើប​ៗ ជាមួយនឹង​ម្ហូបអាហារ​ក្នុង​តំបន់​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អឥតខ្ចោះ​ដែល​មាន​ពាក្យស្លោក​ថា​ Asia’s​ Boutique​ Airline​ ឬក្រុមហ៊ុន​ Bangkok​ Airways​ ហ្នឹងឯង​៕

     

     

  • ធនាគារជាតិនៃកម្ពុជា​៖ ប្រាក់បញ្ញើ​ជា​ប្រាក់​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​ ជាមធ្យម​កើន26​% ក្នុង​មួយឆ្នាំ​

    ធនាគារជាតិនៃកម្ពុជា​៖ ប្រាក់បញ្ញើ​ជា​ប្រាក់​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​ ជាមធ្យម​កើន26​% ក្នុង​មួយឆ្នាំ​

    ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ប្រាក់បញ្ញើ​ជា​ប្រាក់​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​ ជាមធ្យម​កើន26​% ក្នុង​មួយឆ្នាំ​ ស្រប​ពេល​ដែល​តម្រូវការ​ប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដោយ​ការ​ធ្វើ​ចរាចរ​ប្រាក់​រៀល​នៅ​កម្ពុជា​កំពុង​កើន​ក្នុង​អត្រា16​% ជាមធ្យម​ក្នុង​មួយឆ្នាំ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​ទិវា​ប្រាក់​រៀល​ខួប​លើក​ទី39នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើងវិញ​ កាលពី​ថ្ងៃទី25​ ខែមីនា​ ឆ្នាំ2019​។

    លោកជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ការប្រើ​ប្រាស់​ប្រាក់​រៀល​កាន់តែ​ទូលំទូលាយ​ក្នុង​សេដ្ឋកិច្ច​ នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​គោលនយោបាយ​រូបិយវត្ថុ​ និង​អត្រា​ប្ដូរប្រាក់​ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ​ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំងមូល​ ព្រមទាំង​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ទៀត​ដល់​សេដ្ឋកិច្ច​”។

    ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ ការប្រើ​ប្រាក់​រៀល​តែមួយ​ អាច​ជួយ​កាត់បន្ថយ​ចំណាយ​ ប្រតិបត្តិ​ ការ​ ដូចជា​ការ​ប្ដូរប្រាក់​សម្រាប់​ដោះដូរ​ក្នុង​ស្រុក​ កាត់បន្ថយ​ហានិភ័យ​ពី​ការបាត់បង់​តម្លៃ​ដោយសារតែ​បម្រែបម្រួល​អត្រា​ប្ដូរប្រាក់​ និង​សម្រួលការ​កំណត់​ថ្លៃ​ទូទាត់​តែមួយ​ ដែល​ធ្វើ​ឱ្យ​ការដោះដូរ​ប្រព្រឹត្ដ​ទៅ​យ៉ាង​ងាយស្រួល​ និង​ឆាប់រហ័ស​។

    លោកជំទាវ​បាន​បញ្ជាក់​ថា​៖“ការប្រើ​ប្រាស់​ប្រាក់​រៀល​ រួមចំណែក​ជំរុញ​ការ​វិនិយោគ​ និង​បង្កើត​ការងារ​ តាមរយៈ​ឥទ្ធិពល​នៃ​គោលនយោបាយ​រូបិយវត្ថុ​លើ​ការ​បន្ទាប​អត្រា​ការប្រាក់​ទីផ្សារ​ដែល​ជា​កត្ដា​កំណត់​និន្នាការ​នៃ​កម្ចី​សម្រាប់​ការ​វិនិយោគ​ និង​ផលិតកម្ម​ និង​ឈាន​ទៅ​ជំរុញ​ឱ្យ​មានការ​បង្កើត​ការងារ​។ លើស​ពីនេះ​ទៀត​ការប្រើ​ប្រាស់​ប្រាក់​រៀល​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​ទទួល​បាន​ប្រាក់ចំណូល​ពី​ការ​បោះពុម្ព​រូបិយវត្ថុ​ និង​អនុញ្ញាត​ឱ្យ​ធនាគារ​ ជាតិ​នៃ​កម្ពុជា​ស្រូប​យក​នូវ​រូបិយប័ណ្ណ​ ដើម្បី​គរ​ពូន​ទុនបម្រុង​អន្ដរ​ជាតិ​សម្រាប់​ពង្រឹង​ជំនឿ​ទុក​ចិត្ដ​របស់​វិនិយោគិន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​”។

    លោកជំទាវ​ទេសាភិបាល​រង​បន្ដ​ថា​ រាជរដ្ឋាភិបាល​អាច​អភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​ចារិក​ជា​ប្រាក់​រៀល​ដ៏​រឹងមាំ​មួយ​ ដើម្បី​គាំទ្រ​ដល់​ការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កាត់បន្ថយ​បំណុល​ពី​បរទេស​តាមរយៈ​ការ​កៀរគរ​មូលនិធិ​ជា​រូបិយវត្ថុ​ក្នុង​ស្រុក​ពីសា​ធារ​ណជន​។

    លោកជំទាវ​បាន​កត់សម្គាល់​ឃើញថា​ តម្លៃ​ប្រាក់​រៀល​ត្រូវ​បាន​រក្សា​ឱ្យ​មាន​ស្ថិរភាព​ល្អ​ ប្រសើរ​ក្នុងរយៈពេល2ទសវត្សរ៍​ចុងក្រោយ​នេះ​ ហើយ​ដើម្បី​បន្ថយ​កម្រិត​ដុល្លា​រូប​នី​យក​ម្ម​ យើង​ត្រូវ​ខិតខំ​ចូលរួម​អនុវត្ដ​ន៍​ទាំងអស់គ្នា​បន្ថែម​ទៀត​ ដោយសារ​បទ​ពិសោធ​អន្ដរ​ជាតិ​ បង្ហាញថា​ ការ​ធ្វើ​បដិដុល្លារូបនីយកម្ម​ជា​ការងារ​ដ៏​លំបាក​ និង​ទាមទារ​នូវ​ពេលវេលា​យូរ​ និង​ចាំបាច់​ត្រូវការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​។

    លោក​ គា​ បូរាណ​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ទិវា​នេះ​ថា​៖“ទោះបីជា​យ៉ាងណាក៏ដោយ​ មាន​គ្រឹះស្ថាន​មួយចំនួន​កំពុង​ជំរុញ​ឱ្យ​ប្រើ​ប្រាក់​ដុល្លារ​នៅ​តំបន់ជនបទ​ ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីអ​ត្រា​ប្តូរ​ប្រាក់​។ លោក​បូរាណ​បាន​និយាយ​ថា​ ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើប្រាស់​ យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់​ទីក្រុង​អ្នកស្រុក​ស្រែ​ជនបទ​រក​ប្រាក់ចំណូល​ជា​ប្រាក់​រៀល​ វា​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ជា​រូបិយប័ណ្ណ​អាមេរិក​”។

    លោក​បាន​មានប្រសាសន៍​ថា​៖“ប្រាក់​រៀល​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយសារ​គោលនយោបាយ​សារពើពន្ធ​របស់​ធនាគារជាតិនៃកម្ពុជា​ (NBC​) ដើម្បី​ជំរុញ​រូបិយប័ណ្ណ​ជាតិ​។ ប៉ុន្តែ​វា​ត្រូវតែ​ធានា​ថា​មានការ​យល់ដឹង​ជា​សាធារណៈ​អំពី​ផលប្រយោជន៍​នៃ​ការប្រើ​ប្រាស់​របស់​វា​។ លោក​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្តល់​នូវ​ភាពស្មើគ្នា​ដោយ​ការ​ទទួល​បាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​ដោះស្រាយ​ជាមួយ​ប្រាក់​រៀល​នៅក្នុង​តំបន់ជនបទ​”។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ច​កទេស​ នៃ​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​៖“មនុស្ស​គួរតែ​មានការ​យល់ដឹង​ពី​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​ នៅពេល​ដែល​ពួកគេ​ផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​ ដុល្លារ​។ ប្រហែលជា​បុគ្គលិក​ធនាគារ​មួយចំនួន​ខ្ជិល​ និង​មិន​ខ្វល់​ពី​ការ​ពន្យល់​ពី​បញ្ហា​នេះ​ ទៅកាន់​អតិថិជន​ និង​វិធី​ងាយស្រួល​ ដោយ​ជំរុញ​ប្រាក់កម្ចី​ជា​ប្រាក់​ដុល្លារ​។ ខ្ញុំ​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងអស់​គួរ​យក​បញ្ហា​នេះ​ដើម្បី​អប់រំ​ និង​ពន្យល់​ដល់​អតិថិជន​ អំពី​ផលប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រាក់​រៀល​”។

    លោក​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារជាតិនៃកម្ពុជា​ក៏បាន​មានប្រសាសន៍​ថា​៖“ ប្រសិនបើ​ក្រដាសប្រាក់​របស់​ធនាគារ​អាមេរិក​មានការ​ខាតបង់​ ឬក​ខ្វក់​បន្តិច​នោះ​វា​ត្រូវ​បាន​ច្រានចោល​ដោយក្រុម​ហ៊ុន​ ហើយ​ដំណើរការ​នៃ​ការ​ផ្លាស់​ប្តូរ​វា​នៅ​ធនាគារ​ ឬស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ភាព​ស្មុគស្មាញ​។ អត្ថ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រាក់​រៀល​គឺថា​វា​អាច​ផ្លាស់​ប្តូរ​បាន​យ៉ាង​ងាយស្រួល​នៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទោះបីជា​ឯកសារ​ត្រូវ​បាន​រហែក​ ឬក​ខ្វក់​ក៏ដោយ​។ វិធី​មួយ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​នៅ​កម្ពុជា​ គឺ​ដើម្បី​លើកកម្ពស់​អត្ថ​ប្រយោជន៍​នេះ​”។

    លោក​ ចាន់​នី​ បាន​កត់សម្គាល់​ថា​៖“ប្រាក់​រៀល​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដោយសារតែ​ភាព​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​នេះ​ដើម្បី​អនុវត្ត​ប្រតិបត្តិ​ការ​ប្រចាំថ្ងៃ​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​។ ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​កំពុង​ទូទាត់​ និង​ទទួលយក​ប្រាក់​រៀល​ តំបន់ជនបទ​ដែល​ប្រាក់ចំណូល​ផ្អែកលើ​រូបិយប័ណ្ណ​ជាតិ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“យើង​បាន​សង្កេតឃើញ​ថា​ការជំរុញ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ10​%មកឃើញ​ថា​ការ​ចរាចរ​ប្រាក់​រៀល​មាន​ភាពល្អ​ប្រសើរ​ដែរ​ តែ​នៅ​មានកម្រិត​។ ដូច្នេះ​ដើម្បី​ចូលរួម​ជំរុញ​បន្ថែម​ទៀត​ យើង​ចង់​ស្នើ​ទៅ​រដ្ឋាភិបាល​ថា​គួរតែ​ចេញ​បញ្ញត្តិ​មួយ​ដែល​តម្រូវ​ឱ្យ​ ឬកម្រិត​ឱ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ប្រាក់​រៀល​ បើ​មិន​ដូច្នេះ​ការ​ចរាចរ​ប្រាក់​រៀល​នៅតែ​មានកម្រិត​។ព្រោះ​ប្រសិនបើ​យើង​កម្រិត​ឱ្យប្រាក់​ដែល​ចរាចរ​ក្រោម40ម៉ឺន​រៀល​ចុះ​ ត្រូវ​ប្រើជា​ប្រាក់​រៀល​នោះ​”។

    លោក​ឧកញ៉ា​បញ្ជាក់​ថា​៖“បើ​យើង​គិតថា​ប្រជាជន​យើង16លាន​នាក់​ បើ​មានតែ10លាន​នាក់​ក្នុង1ខែ​ប្រើ​អស់​តែ40ម៉ឺន​រៀល​វា​ស្មើនឹង1000លាន​ដុល្លារ​ក្នុង1ខែ​ទៅ​ហើយ​(12ខែ​ស្មើ12លាន​ដុល្លារ​។ ដូច្នេះ​វា​ជួយ​សម្រាល​បន្ទុក​ធនាគារពាណិជ្ជ​ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដែល​កម្រិត​ឱ្យ​គាត់​ជួយ​ចរាចរ​ជា​ប្រាក់​រៀល​។វា​ក៏​ជាច​លក​រមួយ​ជួយ​ក្នុង​កំណើន​សេដ្ឋកិច្ច​ក្នុង​ការ​ចាយប្រាក់​រៀល​ដែរ​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បានឱ្យ​ដឹង​ទៀត​ថា​៖“ទាក់ទង​នឹង​ការ​ចាយប្រាក់​រៀល​ក្នុង​វិស័យ​ទេសចរណ៍​វិញ​ យើង​ទទួល​បាន6លាន​នាក់​។ បើ​យើង​គិត​ឱ្យ​គាត់​ចាយ​កម្រិត​ឱ្យប្រាក់​ដែល​ចរាចរ​ក្រោម​ 40ម៉ឺន​រៀល​នោះ​ បើ​ចំនួន6លាន​នាក់​គាត់​ចាយ​ ត្រឹម​ម្នាក់100ដុល្លារ​យើង​ទទួល​បាន600​ លាន​ដុល្លារ​ បើ​គាត់​ចាយ​មិន​អស់​ គាត់​ទុកជា​កាដូ​អនុស្សាវរីយ៍​ ក្នុង​ម្នាក់5ម៉ឺន​រៀល​ក៏​យើង​ទទួល​បាន75លាន​ដុល្លារ​ដែរ​”។

    លោ​កយុន​ សុវណ្ណា​នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ធ្លាប់​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ការ​ ប្រើប្រាស់​ប្រាក់​រៀល​សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏​កំពុងតែ​ជំរុញ​សមាជិកសមាគម​ដែល​យ៉ាងហោចណាស់​ក៏​មាន35​%ដែរ​ដែល​អាច​នឹង​ធ្វើ​បាន​នៅក្នុង​ឆ្នាំ2019នេះ​”។

    លោក​បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​បាន​ធ្វើការ​ជាមួយ​សមាជិកសមាគម​លើ​ការងារ​នេះ​ ព្រោះ​មិនមែន​គ្រប់​គ្រឹះស្ថាន​សុទ្ធតែ​ប្រើប្រាស់​ប្រាក់​រៀល​នៅក្នុង​ប្រតិបត្តិ​ការ​ភាគច្រើន​នោះ​ទេ​ គឺ​មានតែ​មួយចំនួន​ដែល​គាត់​ផ្តល់​ប្រាក់កម្ចី​ និង​សេ​វា​ផ្សេង​ៗជា​ប្រាក់​រៀល​ ដោយ​នៅ​ដំណាច់ឆ្នាំ2019នេះ​ យើង​នឹង​ធ្វើ​ឱ្យ​បាន10​%នៃ​កម្ចី​សរុប​ ដើម្បី​មោទនភាព​ក្នុង​ការប្រើ​រូបិយប័ណ្ណ​ជាតិ​របស់​យើង​”។

    សូម​បញ្ជាក់​ថា​ ទិវា​ប្រាក់​រៀល​នេះ​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​រំឭក​ខួប​នៃ​ការបង្កើត​ប្រាក់​រៀល​ឡើងវិញ​។ ទន្ទឹម​នេះ​ ទិវា​នេះ​ ក៏​រួមចំណែក​បង្កើន​ការយល់​ដឹង​របស់​សាធារណជន​អំពី​សារៈសំខាន់​ និង​វឌ្ឍនភាព​នៃ​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ព្រមទាំង​លើកកម្ពស់​ស្មារតី​ស្រឡាញ់​ប្រាក់​រៀល​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​៕

  • ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ហេតុ​អី​បាន​ជា​ទារក​ចូលចិត្ត​គេង​លើកជើង​?

    ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ហេតុ​អី​បាន​ជា​ទារក​ចូលចិត្ត​គេង​លើកជើង​?

    ហេតុ​អី​បាន​ទារក​ចូលចិត្ត​គេង​លើកជើង​ ហើយ​ការ​លើកជើង​ឡើង​បែបនេះ​បានន័យ​ថាម៉េច​? ឬក៏​កូនតូច​កំពុង​មាន​អារម្មណ៍​ឈឺចាប់​អ្វី​ម្យ៉ាង​ទេ​ដឹង​?… ឥឡូវ​សូមអ្នក​ម្ដាយ​ថ្មោងថ្មី​ទាំងអស់​នាំគ្នា​មក​មើល​ពី​មូលហេតុ​ដែល​កូនតូច​ចូលចិត្ត​គេង​លើកជើង​មកដល់​ទ្រូង​ថា​ តើ​ហេតុ​អី​បានកូន​តូច​សម្លាញ់​របស់​អ្នកលើ​កជើង​?

    1. មូលហេតុ​ដែល​ទារក​ចូលចិត្ត​លើកជើង​ឡើង​មកដល់​ទ្រូង​ ព្រោះថា​…ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​ ទីធ្លា​នៅក្នុង​ផ្ទៃ​មានកំណត់​ ឥរិយាបថ​នេះ​ ជា​ឥរិយាបថ​ដែល​ទារក​ធ្វើ​ញឹកញាប់​បំផុត​ពេល​នៅក្នុង​ពោះ​ម្ដាយ​ ដូច្នេះហើយ​ទើប​កូន​ចូលចិត្ត​លេង​ចាប់​ចុងជើង​ខ្លួនឯង​ និង​លើក​មកដល់​ទ្រូង​ដោយសារ​ការ​ស៊ាំ​ធ្លាប់​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ក្មេង​ខ្លះ​លើកជើង​មក​ហើយ​ ដាក់​ម្រាមជើង​មកដល់​មាត់​ រួច​បឺត​លេង​យ៉ាង​សប្បាយ​អារម្មណ៍​ទៀតផង​។

    2. អាច​បណ្ដាលមកពី​អាការ​ឈឺពោះ​ការ​លើកជើង​របស់​កូនតូច​ អាច​ធ្វើ​ឱ្យ​កូន​បាន​បញ្ចេញ​ខ្យល់​ហ្គាស​ចេញ​មក​តាម​រន្ធ​ទ្វារធំ​ ព្រោះ​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើនពេក​ ដែល​ការ​លើកជើង​ឡើង​នេះ​អាច​ធ្វើ​ឱ្យ​កូន​មាន​អាការ​ធូរស្រាល​ និង​ស្រួលខ្លួន​ឡើង​។ បើ​កូនតូច​លើកជើង​ឡើង​ដោយសារតែ​អាការ​ឈឺពោះ​ព្រោះ​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើន​នោះ​ ចូរ​អ្នកម្ដាយ​សាក​ស្ទាបអង្អែល​ក្បាលពោះ​របស់​កូន​ និង​សង្កត់​ចុះ​តិច​ៗ ថ្នម​ៗ ហើយ​លុញ​ជា​រាង​រង្វង់​មូល​(ដូច​ទ្រនិចនាឡិកា​ដើរ​) ឬចាប់​កូន​ដាក់​ឱ្យ​គេង​ផ្កាប់​ ដើម្បី​បណ្ដេញ​ខ្យល់​ចេញ​ក៏បាន​។ ទង្វើ​ទាំង2​ យ៉ាងនេះ​នឹង​ធ្វើ​ឱ្យ​ខ្យល់​ចេញពី​ក្នុង​ពោះ​កូន​បាន​ស្រួល​ និង​ធ្វើ​ឱ្យ​កូនតូច​បាន​ធូរស្រាល​ពី​អាការ​ឈឺពោះ​បាន​ច្រើន​ទៀតផង​។

    3. អាការ​ឈឺពោះ​បែប​ខ្លាំងក្លា​ដូចជា​ ពោះវៀន​ព័ន្ធ​គ្នា​ ឬមាន​ដំបៅ​នៅក្នុង​ក្រពះ​ ចូរ​សង្កេតមើល​អាការ​ ដូចជា​ ស្រែកយំ​យ៉ាង​ខ្លាំង​ បន្ទោបង់​មក​មាន​ឈាម​ ឬមួល​ គ្រុនក្ដៅ​ខ្លួន​ ក្អួត​ ស្រែកយំ​ខ្លាំង​ឡើង​ជា​រឿយ​ៗ… បើ​ឃើញ​មាន​អាការ​បែបនេះ​ ចូរ​អ្នកម្ដាយ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ​។

    តែ​ភាគច្រើន​ ការដែល​ក្មេង​តូច​ចូលចិត្ត​លើកជើង​ទាំង2ខាង​ឡើង​មកដល់​ទ្រូង​ គឺ​គ្រាន់តែ​ជា​ប្រឡែង​លេង​ជាមួយ​ខ្លួនឯង​ ដើម្បី​សប្បាយរីករាយ​ និង​ជា​ទម្លាប់​ ឬភាព​ស៊ាំ​ធ្លាប់​តាំងពី​ពេល​នៅក្នុង​ពោះ​ម្ដាយ​ប៉ុណ្ណោះ​ឯង​… មាន​ភាគតិច​ណាស់​ដែល​បង្ហាញ​ពី​អាការ​ឈឺពោះ​ ហើយ​លើកជើង​ទាំង2ឡើង​នោះ​៕

  • ដឹង​ទេ​…ម្តាយ​ដែល​បំបៅ​ដោះ​កូន​ ហាម​ញ៉ាំ​អ្វីខ្លះ​?

    ដឹង​ទេ​…ម្តាយ​ដែល​បំបៅ​ដោះ​កូន​ ហាម​ញ៉ាំ​អ្វីខ្លះ​?

    ក្នុងអំឡុងពេល​ដែល​អ្នកម្ដាយ​បំបៅ​ដោះ​កូន​ ការ​ទទួលទាន​អាហារ​របស់​អ្នកម្ដាយ​ជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ព្រោះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ​អាច​បញ្ជូន​បន្ត​ទៅ​ក្នុងទឹក​ដោះ​ម្ដាយ​ដែល​អាច​ធ្វើ​ឱ្យ​ទឹកដោះ​របស់​អ្នកម្ដាយ​មាន​រសជាតិ​ប្រែប្រួល​ ឬអាច​មាន​សារ​ធាតុគីមី​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​របស់​កូន​តូច​បាន​ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​ម្ដាយ​ដែល​បំបៅ​ដោះ​កូន​ គេ​ហាម​ញ៉ាំ​អ្វីខ្លះ​?

    1. ថ្នាំ​ឱសថ​បុរាណ​មួយចំនួន​ ឬថ្នាំចិនសែ​ប្រភេទ​ខ្លះ​ និង​ស្រាថ្នាំ​…
    មិន​គួរ​ទទួលទាន​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូនតូច​ឆ្អល់​ពោះ​ រាក​ យំ​រករឿង​ ឬបន្ទោបង់​ខុសប្រក្រតី​។

    2. ហាម​ទទួលទាន​អាហារ​ជ្រក់​ត្រាំ​ ឬគ្រឿង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​…
    តែបើ​ចាំបាច់​ត្រូវតែ​ទទួលទាន​មិន​អាច​ខាន​បាន​ ដូចជា​ទៅ​ចូលរួម​កម្មវិធី​ក្នុង​សង្គម​ជាដើម​នោះ​ ចូរ​ទទួលទាន​ក្រោយពេល​បំបៅ​កូន​រួចហើយ​ និង​បញ្ឈប់​បំបៅ​ដោះ​កូន​មួយ​ពេល​ដើម្បី​ច្របាច់​ ឬបឺត​បញ្ចេញចោល​មុននឹង​ឱ្យ​កូន​បៅ​លើក​បន្តបន្ទាប់​ទៅទៀត​ ព្រោះ​ជាតិ​អាល់កុល​ហុច​ផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​។

    3. អាហារ​ដែល​មាន​រស​ជា​តិ​ហិ​រខ្លាំង​ គួរ​តម​សិន​…
    ព្រោះ​នឹង​ហុច​ផល​ឱ្យ​កូនតូច​បាន​ទទួល​រសជាតិ​ហិ​រពី​ទឹកដោះ​ម្ដាយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​ឈឺពោះ​បាន​ដូចគ្នា​ តែបើ​សិន​ជា​អាហារ​ដែល​ប្រកប​ដោយ​ឱសថ​បុរាណ​ ដូចជា​ ស្លឹក​ម្រះព្រៅ​ ខ្ញី​ ម្រេច​ ជាដើម​ ម្ដាយ​បំបៅ​ដោះ​កូន​អាច​ទទួលទាន​បាន​ ព្រោះ​ជា​អាហារ​ដែល​មាន​រសជាតិ​ក្ដៅ​ ដែល​ខុស​ពី​រស​ជា​តិ​ហិរ​ ហើយ​អាហារ​ឱសថ​បុរាណ​ដែល​មាន​រសជាតិ​ក្ដៅ​ទាំងនោះ​ថែមទាំង​ជួយ​បំប៉ន​ទឹកដោះ​ម្ដាយ​ទៀតផង​។

    4. បន្លែ​ដែល​មាន​ជា​តិ​ហ្គាស​ច្រើន​…
    ដូចជា​ស្ពៃក្ដោប​ ផ្កា​ខាត់ណា​ ឬបន្លែស្រស់​ប្រភេទ​ខ្លះ​ គួរ​តម​ទទួលទាន​សិន​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូនតូច​កើត​អាការ​ឆ្អល់​ និង​ហើមពោះ​បាន​ ឬបើ​ត្រូវការ​ទទួលទាន​បន្លែ​ទាំងនោះ​ដោយ​ខាន​មិនបាន​ ក៏​គួរ​ទទួលទាន​បន្លែ​ដែល​ចម្អិន​ឆ្អិន​ហើយ​ប្រសើរ​ជាង​។

    5. ថ្នាំ​ប្រភេទ​ខ្លះ​មានផល​ប៉ះពាល់​ដល់​កូន​តាមរយៈ​ទឹកដោះ​…
    ដូច្នេះ​បើ​អ្នកម្ដាយ​កើត​អាការ​ឈឺថ្កាត់​ និង​ត្រូវការ​ប្រើ​ថ្នាំ​ ចូរ​ប្រឹក្សា​ជាមួយ​ឱសថការី​ ឬវេជ្ជបណ្ឌិត​ជាមុន​សិន​គ្រប់ពេល​ ហើយ​បើ​ទិញថ្នាំ​ពី​ឱសថការី​ ត្រូវ​ប្រាប់​ជាមុន​ជានិច្ច​ថា​ កំពុង​ស្ថិត​ក្នុង​អំឡុង​ពេល​បំបៅ​កូន​៕

  • តើ​ស្ត្រី​មានគភ៌​ធ្វើការ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​មាន​គ្រោះថ្នាក់​ដល់​កូន​ឬទេ​?

    តើ​ស្ត្រី​មានគភ៌​ធ្វើការ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​មាន​គ្រោះថ្នាក់​ដល់​កូន​ឬទេ​?

    បច្ចុប្បន្ន​កុំព្យូទ័រ​មាន​តួនាទី​ជាមួយ​ជីវិត​របស់​មនុស្ស​ស្ទើរតែ​គ្រប់​ផ្នែក​ និង​ប្រាកដ​ណាស់​ស្ត្រី​មានគភ៌​ជាច្រើន​នាក់​ត្រូវ​ធ្វើការងារ​ដោយមាន​កុំព្យូទ័រ​ជា​ឧបករណ៍​ប្រើការ​ក្បែរ​កាយ​ និង​ត្រូវ​នៅជា​មួយ​វត្ថុ​មួយ​នេះ​ជាច្រើន​ម៉ោង​ជាប់​ៗគ្នា​ក្នុង​មួយថ្ងៃ​។

    ស្ត្រី​មានគភ៌​មួយចំនួន​ចាប់ផ្ដើម​នឹក​បារម្ភ​ក្នុងចិត្ត​ថា​ តើ​កុំព្យូទ័រ​ដែល​កំពុង​ប្រើការ​នេះ​នឹង​មានផល​អាក្រក់​អ្វី​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ​? ដែល​តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មក​ជា​យូរ​របស់​អ្នក​វិទ្យាសាស្ត្រ​ និង​គ្រូពេទ្យសម្ភព​មក​ពីគ្រប់ទិស​ទី​ក្នុង​ពិភពលោក​បាន​ផ្ដល់​នូវ​ចម្លើយ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងឡាយ​បាន​សប្បាយចិត្ត​ថា​ កុំព្យូទ័រ​មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​កូនតូច​ក្នុង​ផ្ទៃ​ឡើយ​… តែ​ការ​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​រយៈពេល​យូរ​ទៅវិញ​ទេ​ដែល​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ ដែល​រឹតតែ​ត្រូវ​អង្គុយ​ធ្វើការ​យូរ​ប៉ុនណា​ ប្រព័ន្ធ​ឈាម​រត់​នឹង​ហូរ​បញ្ច្រាស់​ត្រឡប់​ឡើង​ទៅ​ផ្នែក​ខាងលើ​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​រាងកាយ​យឺតយ៉ាវ​ ដែល​អាច​ធ្វើ​ឱ្យ​ហើមជើង​ ងាយ​វិលមុខ​ ឆាប់​ហត់​ និង​ឈាម​ដែល​ហូរ​ត្រឡប់​ចូល​បេះដូង​ទៅ​ចិញ្ចឹម​កូនតូច​ក៏​នឹង​ថយ​ចុះ​។

    ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ត្រូវ​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​គួរ​មើលថែ​ទាំ​ខ្លួនឯង​ដូចតទៅ​នេះ​…

    ការ​អង្គុយ​
    ស្ត្រី​មានគភ៌​គួរ​អង្គុយ​ឱ្យ​ត្រូវ​តាមវិធី​ ដោយ​ឥរិយាបទ​អង្គុយ​ដែល​ត្រឹមត្រូវ​បំផុត​ក៏​គឺ​ អង្គុយ​ចូល​ទៅ​ក្នុង​ឱ្យ​ពេញ​កៅអី​ និង​ខ្នង​ពឹង​នឹង​បង្អែក​កៅអី​ ចន្លោះ​រវាង​ភ្លៅ​ និង​កៅអី​គួរ​នៅសល់​ចន្លោះ​ប៉ុន​ម្រាមដៃ​អាច​ស៊ក​ចូល​ទៅ​បាន​ ដើម្បី​កាត់បន្ថយ​សង្កត់​ និង​ឱ្យ​ឈាម​ហូរ​វិល​បាន​ស្រួល​ឡើង​។ បើស្ត្រី​មានគភ៌​ស្ថិត​ក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​ ទំហំ​ក្បាលពោះ​ដែល​ធំ​ខ្លាំង​នោះ​នឹង​ធ្វើ​ឱ្យ​ផ្ទៃពោះ​ហុច​លយ​មក​ខាងមុខ​ ស្ត្រី​មានគភ៌​អាច​ប្រើ​ខ្នើយ​មក​ដាក់​កល់​ខ្នង​ ក៏អាច​ជួយ​កាត់បន្ថយ​ភាព​តឹង​របស់​សាច់ដុំ​បាន​ដែរ​។

    ថែទាំ​កែវភ្នែក​
    ស្ត្រី​មានគភ៌​គួរ​សម្រួល​រយៈ​ចម្ងាយ​ និង​កម្ពស់​របស់​អេក្រង់​កុំព្យូទ័រ​ឱ្យ​ស័ក្តិសម​ល្មម​នឹង​កម្រិត​កម្ពស់​ខ្សែភ្នែក​របស់​អ្នកផង​។ គួរ​ឱ្យ​អេក្រង់​កុំព្យូទ័រ​ស្ថិត​ក្នុង​កម្ពស់​ទាប​ជាង​កម្រិត​ខ្សែភ្នែក​ប្រមាណ​ជា​ 10​ – 20អង្សា​ សម្រួល​ភាព​ភ្លឺ​របស់​អេក្រង់​ឱ្យ​សម​ល្មម​ នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មិន​ឈឺភ្នែក​ អាន​អក្សរ​បាន​កាន់តែ​ងាយស្រួល​ឡើង​។ មិន​គួរ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ក្នុងរយៈពេល​យូរ​ និង​គួរ​សាកល្បង​សម្រាក​ខ្សែភ្នែក​ប្រមាណ​ជា​ 10នាទី​ក្នុងរយៈពេល​ 1ម៉ោង​នៃ​ការ​ធ្វើការ​ នឹង​កាត់បន្ថយ​អាការ​ឈឺ​កែវភ្នែក​របស់​ស្ត្រី​មានគភ៌​បាន​ច្រើន​។

    ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ត្រូវ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​នោះ​ កុំ​ភ្លេច​ផ្លាស់ប្ដូរ​ឥរិយាបថ​ឱ្យ​បាន​ញឹកញាប់​ កុំ​សម្លឹង​អេក្រង់​កុំព្យូទ័រ​យូរ​ៗពេក​ គួរ​ងាក​ ឬបែរ​ទៅ​មើល​អ្វី​ផ្សេង​ខ្លះ​ផង​ និង​មិន​គួរ​អង្គុយ​ក្នុង​ឥរិយាបថ​ដដែល​យូរ​ពេក​ឡើយ​ គួរ​ក្រោក​ដើរទៅ​នេះ​ទៅ​នោះ​ឱ្យ​យឺតសរសៃ​សរ​សូង​រៀងរាល់​ម៉ោង​ខ្លះ​ផង​ទើប​ជា​ការ​ប្រសើរ​បំផុត​៕