Author: ធឿន មករា

  • កម្មករ​សំណង់​ម្នាក់ទៀត​ហើយ​ នៅ​ខេត្ត​ព្រះសីហនុ​ ឈ្នះ​រង្វាន់​ ១០០លាន​រៀល​ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​

    កម្មករ​សំណង់​ម្នាក់ទៀត​ហើយ​ នៅ​ខេត្ត​ព្រះសីហនុ​ ឈ្នះ​រង្វាន់​ ១០០លាន​រៀល​ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​

    ទឹកប្រាក់​ ១០០លាន​រៀល​ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​បុរស​ម្នាក់​ដែល​មានឈ្មោះ​ យិន​ តុល​ អាយុ​ ២៤​ឆ្នាំ​ បច្ចុប្បន្ន​មានមុខ​របរ​ជា​កម្មករ​សំណង់​ ស្នាក់នៅ​ផ្ទះ​ជាមួយ​ម្ដាយមីង​ ដែល​ស្ថិត​ក្នុង​ទីធ្លា​វត្ត​ប្រសិទ្ធី​ ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះសីហនុ​។

    នៅចំពោះមុខ​ក្រុមការងារ​ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ១០០លាន​រៀល​ ដល់កន្លែង​ស្នាក់នៅ​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ លោក​ យិន​ តុល​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​ខ្លាំង​ រហូត​ចាកចេញ​ពី​ស្រុកកំណើត​ដែល​ស្ថិតនៅ​ស្រុក​ឈូក​ ខេត្តកំពត​ មក​ស្នាក់នៅ​ជាមួយ​ម្ដាយមីង​ ធ្វើការ​ជាជាង​សំណង់​ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ជាមួយ​គ្រួសារ​ ដែល​សូម្បីតែ​ផ្ទះ​ស្នាក់នៅ​ផ្ទាល់ខ្លួន​ក៏​មិនទាន់​មាន​ផង​។

    លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ នា​ពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ ព្រោះ​តាំងពី​ដើម​រៀងមក​ លោក​តែង​និយាយលេង​ជាមួយ​គ្រួសារ​ថា​ ថ្ងៃណាមួយ​លោក​នឹង​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ១០០លាន​ពី​ ខា​រ៉ា​បាវ​ ដូច​គេ​មុន​ៗជាមិនខាន​ ប៉ុន្តែ​ពេលនេះ​ការ​គិត​ និង​ការ​និយាយលេង​នោះ​បាន​ក្លាយជា​ការពិត​ហើយ​។ លោក​ថា​៖ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ បន្ទាប់​ពី​សម្រាក់​ពី​ការងារ​ ហើយ​អស់កម្លាំង​ លោក​បាន​ទិញ​ភេសជ្ជ​ ខា​រ៉ា​បាវ​ ពី​អ្នកលក់​ដែល​ស្ថិតនៅ​មុខ​វត្ត​ ក្បែរ​កន្លែង​ធ្វើការ​ និង​ក្បែរ​ផ្ទះ​ស្នាក់នៅ​ផង​ដែរ​នោះ​ ចំនួន​មួយ​កំប៉ុង​ ដើម្បី​ទទួលទាន​។ លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាម​នោះ​ លោក​ក៏បាន​ស្រែក​ប្រាប់​អ្នកលក់​ និង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល​ ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​។ ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ១០០លាន​រៀល​នេះ​ លោក​នឹង​យក​មួយចំនួន​ទិញ​ដី​សង់ផ្ទះ​ ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ក្រុមហ៊ុន​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ១០០លាន​រៀល​ ចំនួន៦០​ រង្វាន់​ , ម៉ូតូ​ HONDA​ Dream​ ចំនួន៦០​ រង្វាន់​ , ទូរស័ព្ទ​ដៃ​ iPhone​ ចំនួន៦០​ រង្វាន់​ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ រាប់​លាន​កំប៉ុង​ ដោយ​គ្មាន​ការកំណត់​នោះ​ទេ​។ សូម​ចំណាំ​ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ​ គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​៕

     

  • ទិញម៉ូតូ ឬកង់បី បានសំាង ជាមួយសេវាបង់រំលស់ អេ អឹម ខេ

    ទិញម៉ូតូ ឬកង់បី បានសំាង ជាមួយសេវាបង់រំលស់ អេ អឹម ខេ

    ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់សេវាបង់រំលស់ម៉ូតូ ឬកង់បីរបស់ខ្លួនជាផ្លូវការ ជាមួយនឹងការផ្តល់ជូនពិសេសដល់អតិថិជនគឺ ទទួលបានសាំង១៥លីត្រភ្លាមៗរាល់ការបង់រំលស់នៅដៃគូលក់ម៉ូតូ ឬកង់បី អេ អឹម ខេ។ ការផ្តល់ជូនពិសេសនេះ គឺសម្រាប់តែអតិថិជន ៣០០នាក់ ដំបូងប៉ុណ្ណោះ​។

    អេ​ អឹម ខេ ទទួលបានវិញ្ញាបនបត្រភតិសន្យាពីធនាគារជាតិនៅខែ តុលា ឆ្នាំ២០១៨។ សេវាបង់រំលស់ អេ អឹម ខេ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងតំាងពីដើម ខែមីនា ឆ្នាំ២០១៩ ដោយមានការគាំទ្រច្រើនពីអតិថិជន ព្រោះ អេ អឹម ខេ ផ្តល់ភាពងាយស្រួល សេវាកម្មរហ័សទាន់ចិត្ត ផ្តល់លក្ខខណ្ឌងាយៗ ជាពិសេសមិនត្រូវការអ្នកធានា និងទ្រព្យបញ្ចាំ និងអត្រាការប្រាក់មានតម្លាភាព។ ដោយមើលឃើញពីការគាំទ្រច្រើនរបស់អតិថិជន ទើប អេ អឹម ខេ ដាក់ឱ្យប្រើប្រាស់សេវាបង់រំលស់នេះជាផ្លូវការចាប់ពីខែ មេសា ឆ្នាំ២០១៩ នេះទៅ។

    លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា “តាមរយៈការដាក់ឱ្យដំណើរការសាកល្បងសេវាបង់រំលស់ អេ អឹម ខេ​ យើងឃើញថា មានការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់យើង ដោយសារតែ អេ អឹម ខេ ផ្តោតសំខាន់ទៅលើសេវាកម្មរហ័សទាន់ចិត្ត លក្ខខណ្ឌងាយៗ។” លោក សួន ពិសី បានបន្ថែមដែរថា “យើងផ្តល់សេវាបង់រំលស់សម្រាប់ការទិញម៉ូតូ ឬកង់បី គឺផ្តោតសំខាន់ចំពោះអតិថិជនដែលមានបំណងយកសម្ភារទំាងនេះទៅបង្កើតប្រាក់ចំណូលក្នុងគ្រួសារ ដូចជាការរត់ម៉ូតូឌុប ឬកង់បី ឬប្រើប្រាស់នៅក្នុងអាជីវកម្មផ្សេងៗទៀត ដែលអាចបង្កើនប្រាក់ចំណូលបាន​។ ដូច្នេះ បានយើងព្យាយាមបង្កើតនូវលក្ខខណ្ឌងាយៗ និងកំណត់អត្រាការប្រាក់សមរម្យនិងមានតម្លាភាព គឺដើម្បីឱ្យអថិជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាកល្បងសេវាបង់រំលស់យើង ក៏ដូចជាជួយជ្រោមជ្រែងផែនការបង្កើនប្រាក់ចំណូលពួកគេផងដែរ។”

    ដើម្បីសម្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាបង់រំលស់ អេ អឹម ខេ​ ក៏មានដៃគូពាណិជ្ជកម្មជាច្រើនកន្លែងដែលអាចឱ្យអតិថិជនជ្រើសរើសម៉ូតូ ឬកង់បី ដែលខ្លួនពេញចិត្តបាន ជាមួយេសវាបង់រំលស់ រហូតដល់ទឹកប្រាក់ចំនួន ៥.០០០ដុល្លារ និងរយៈពេលបង់រំលស់រហូតដល់៣ឆ្នាំ ។

    គួររម្លឹកផងដែរថា អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ខែកុម្ភៈ ឆ្នាំ២០១៩ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៧០ ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជិត ២៦០ លាន​​ដុល្លារ​អា​មេ​រិក  និងប្រាក់​បញ្ញើជាង ១៦៥ លានដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៤៩កន្លែង និង​មានភ្នាក់ងារ​ជិត​​ ៤.០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖  សេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)។

    សម្រាប់ព័ត៌មានបន្ថែម៖

    លោកស្រី ស៊ូសាណា សូរិនច័ន្ទ នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

    អាសយដ្ឋាន៖ អគារ ២៨៥ មហាវិថី យោធពលខេមរៈភូមិន្ទ (២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ

    ប្រអប់សំបុត្រលេខ ៤៨០

    ទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ០៦២/២២៤​​ ៧៦៣

    សារអេឡិចត្រូនិក៖ [email protected]

  • បាត់ដំបង​ផលិត​ពូជ​ដំឡូងមី​ដែល​គ្មាន​ជំងឺ​ និង​សត្វល្អិត​ បាន​ទិន្នផល​រហូតដល់​ 30តោន​ក្នុង​ 1ហិ​កតា​

    បាត់ដំបង​ផលិត​ពូជ​ដំឡូងមី​ដែល​គ្មាន​ជំងឺ​ និង​សត្វល្អិត​ បាន​ទិន្នផល​រហូតដល់​ 30តោន​ក្នុង​ 1ហិ​កតា​

    មជ្ឈមណ្ឌល​បណ្តុះ​ និង​ចែកចាយ​ពូជ​ដំឡូងមី​ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង​ទទួល​បាន​ជោគជ័យ​ក្នុង​ការស្រាវជ្រាវ​ និង​ផលិត​ពូជ​ដំឡូងមី​ដែល​គ្មាន​ជំងឺ​ និង​សត្វល្អិត​ ហើយ​ទិន្នផល​ទទួល​បាន​លើស​ដំឡូងមី​ធម្មតា​រហូតដល់​ 30ភាគរយ​។

    មជ្ឈមណ្ឌល​បណ្តុះ​ និង​ចែកចាយ​ពូជ​ដំឡូងមី​ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង​ស្ថិត​ក្រោម​គម្រោង​អភិវឌ្ឍន៍​ និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ដំឡូងមី​នៅ​ប្រទេស​វៀតណាម​កម្ពុជា​ និង​ថៃ​របស់​ប្រទេស​ជប៉ុន​។ គម្រោង​នេះ​មាន​រយៈពេល​ 5ឆ្នាំ​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ2015​ នឹង​បញ្ចប់​នៅ​ឆ្នាំ2020​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ 5លាន​ដុល្លារ​ ជា​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន​។

    លោក​បណ្ឌិត​ ស្រ៊ា​ន ពៅ​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​កសិកម្ម​ និង​កែច្នៃ​អាហារ​ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង​ និង​ជា​អ្នក​អនុវត្ត​គម្រោង​ផ្ទាល់​បានឱ្យ​ដឹង​ថា​ ដំឡូងមី​ជាដំណាំ​យុទ្ធ​សាស្រ្ត​លំដាប់​ទី2​ បន្ទាប់ពី​ស្រូវ​ ហើយ​បច្ចុប្បន្ន​វា​ក្លាយជា​ដំណាំ​ឧស្សាហកម្ម​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​កម្ពុជា​។

    លោក​បណ្ឌិត​ថ្លែង​ថា​ បច្ចុប្បន្ន​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ដំឡូងមី​ មជ្ឈមណ្ឌល​បាន​និង​កំពុងតែ​ធ្វើការ​អនុវត្ត​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​រឿង4សំ​ខាន់​ៗ។ ទី1​ ការសិក្សា​លើក​ត្តា​សត្វល្អិត​ដែល​មាននៅ​លើ​ដំឡូងមី​។ ទី2​ ផ្តោត​លើ​ជំងឺ​ដែល​បង្កឡើង​ទៅលើ​ដំណាំ​ដំឡូងមី​។ ទី3​ បច្ចេកទេស​ផលិត​ពូជ​ដែល​គ្មាន​ជំងឺ​ ដើម្បី​ក្លាយជា​ពូជ​មួយ​ដែល​ដាំដុះ​លើ​ដី​កសិករ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ និង​ប្រាកដ​ថា​គ្មាន​ជំងឺ​ និង​ទី4​ ផ្តោត​ទៅលើ​បច្ចេកទេស​នៃ​ការ​ផ្សព្វផ្សាយ​បច្ចេកទេស​គ្រប់គ្រង​សត្វល្អិត​លើ​ដំឡូងមី​ថា​ តើ​យើង​គួរ​ផ្សព្វផ្សាយ​ចែករំលែក​នូវ​ចំណេះដឹង​បែប​ណា​ឱ្យ​កសិករ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​?។

    លោក​បណ្ឌិត​បាន​រៀបរាប់​ថា​ មកដល់ពេលនេះ​វា​ជា​ឆ្នាំទី3​ របស់​គម្រោង​ហើយដែល​ផលិត​ពូជ​ដំឡូង​-មី​ដែល​គ្មាន​ជំងឺ​ ដែល​ពូជ​នោះ​យើង​ផលិត​បាន​ 1ឆ្នាំ​មក​ហើយ​។ លោក​បន្ត​ថា​ មជ្ឈមណ្ឌល​មានពូជ​សំ​ខាន់​ៗដែល​កសិករ​និយម​ដាំដុះ​ ដូចជា​ ពូជ​រ៉ា​យ៉ង79​ និង60​ ដែល​ពូជ​ទាំងអស់​នេះ​ មជ្ឈមណ្ឌល​ផលិត​ឡើង​ដោយ​គ្មាន​ជំងឺ​ និង​សត្វល្អិត​។

    លោក​បណ្ឌិត​បាន​បន្ថែម​ថា​៖ “យើង​ចុះ​តាមដាន​រៀងរាល់​ 2សប្តាហ៍​ម្តង​ យើង​ផលិត​ពូជ​មួយ​ដែល​មាន​សុខភាព​ល្អ​ និង​គ្មាន​ជំងឺ​ជា​ប្រភព​ឱ្យ​កសិករ​យក​ទៅ​ដាំដុះ​នៅ​លើ​ដីចម្ការ​របស់​ពួកគាត់​”។

    លោក​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ មជ្ឈមណ្ឌល​បាន​ចែកចាយ​ទៅ​ឱ្យ​កសិករ​ដើម្បី​ដាំដុះ​បន្ត​។ បើ​ប្រៀបធៀប​ជាមួយ​ពូជ​ធម្មតា​ ពូជ​ដែល​មជ្ឈមណ្ឌល​ផលិត​នេះ​ មាន​មើម​ធំ​ល្អ​ មាន​ទិន្នផល​កើនឡើង​ពី​ 20ទៅ​ 30ភាគរយ​ ធៀប​នឹង​ដំឡូងមី​ធម្មតា​។

    លោក​បណ្ឌិត​ ស្រ៊ា​ន ពៅ​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ នៅ​កម្ពុជា​មានពូជ​ដំឡូងមី​ជាង​ 20ពូជ​ ប៉ុន្តែ​ការ​ដាំដុះ​អាស្រ័យ​តាម​តំបន់​ ដែល​ភាគច្រើន​នៅ​ពាយព្យ​ ប្រជាជន​ដាំ​ពូជ​រ៉ា​យ៉ង​ ពី​ប្រទេស​ថៃ​ និង​ភាគ​ខាងត្បូង​ និង​កើត​ ពួកគេ​ភាគច្រើន​យក​ពូជ​មក​ពី​ប្រទេស​វៀតណាម​។

    បើ​តាម​លោក​បណ្ឌិត​ ស្រ៊ា​ន ពៅ​ ដំឡូងមី​មិន​អាច​ដាំដុះ​នៅ​លើ​ដី​ដែល​ជាំទឹក​បានទេ​ ដូច្នេះ​យើង​ឃើញថា​ នៅ​តំបន់​ខ្ពង់រាប​ ការ​ដាំដុះ​ដំឡូងមី​នៅ​លើ​ដី​ដែល​មិន​ជាំទឹក​ និង​មាន​ដីក្រហម​ល្បាយខ្សាច់​ និង​ដីខ្មៅ​ គឺ​ស័ក្តិសម​បំផុត​សម្រាប់​ដំណាំ​ដំឡូងមី​។

    លោក​បន្ត​ថា​ គម្រោង​នេះ​ គឺ​ផ្អែកលើ​ការស្រាវជ្រាវ​ ហើយ​ភាគី​ JICA​ បាន​ជួយ​លើ​ការ​កសាង​សមត្ថភាព​ បង្កើន​សមត្ថភាព​សិក្សា​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ នៅ​សាកល​វិទ្យាល័យ​នានា​នៅ​ប្រទេស​ជប៉ុន​ និង​ឧបត្ថម្ភ​ឧបករណ៍​មួយចំនួន​សម្រាប់​ធ្វើការ​ពិសោធ​ និង​មន្ទីរពិសោធន៍​មួយ​ផង​ដែរ​ ដើម្បី​វិភាគ​ជំងឺ​ដែល​កើតឡើង​លើ​ដំឡូងមី​។

    លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ឆ្នាំនេះ​ មជ្ឈមណ្ឌល​គ្រោង​ឱ្យ​គាត់​ពង្រីក​ការចែកចាយ​ពូជ​បន្ត​ទៀត​គឺ​ធ្វើ​យ៉ាងណា​សហការ​ជាមួយ​កសិករ​ បង្កើន​ការ​ដាំដុះ​ពូជ​ពី​មជ្ឈមណ្ឌល​ឱ្យ​បាន​ 100ហិ​កតា​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ ព្រោះ​ពូជ​ដែល​ផលិត​ដោយ​មជ្ឈមណ្ឌល​អាច​ទទួល​ទិន្នផល​បាន​ប្រមាណ​ 30តោន​ក្នុង​ 1ហិ​កតា​។ លោក​បន្ថែម​ថា​ ក្នុង​ 1ហិ​កតា​ កសិករ​អាច​ដាំ​បាន​ជាង​ 10,000គុម្ព​ ដោយ​កសិករ​នឹង​ចំណាយ​អស់​ជាមធ្យម​ 1,000ដុល្លារ​អាមេរិក​ រាប់ទាំង​ការរៀបចំ​ដី​ ពូជ​ និង​ជី​ផង​។ ដោយឡែក​កសិករ​អាច​រកចំណូល​បាន​មកវិញ​ប្រមាណ​ពី​ 2ទៅ​ 3ពាន់​ដុល្លារ​។

    លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​ 2ឆ្នាំ​ចុងក្រោយ​នេះ​ ទីផ្សារ​ដំឡូងមី​មានតម្លៃ​ខ្ពស់​មែនទែន​។ កសិករ​គាត់​សប្បាយចិត្ត​លើ​តម្លៃ​របស់​ដំឡូងមី​។ សម្រាប់​ប៉ុន្មាន​ឆ្នាំមុន​ តម្លៃ​វា​ធ្លាក់ចុះ​មែន​ ប៉ុន្តែ​ឥឡូវ​ 2ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​ល្អ​ឡើងវិញ​ ប៉ុន្តែ​កសិករ​ប្រឈមមុខនឹង​ជំងឺ​លើ​ដំណាំ​ ដូច្នេះ​កសិករ​មិន​អាច​លក់​បាន​ថ្លៃ​ ហើយ​ទិន្នផល​ក៏​ធ្លាក់ចុះ​។ ខ្ញុំ​គិតថា​ សាកល​វិទ្យាល័យ​បាត់ដំបង​ជាសាកល​វិទ្យាល័យ​ដែល​កំពុង​សិក្សា​លើ​ជំងឺ​ដំឡូងមី​នោះ​មានការ​សប្បាយចិត្ត​ក្នុង​ការ​ផ្តល់​ជំនាញ​ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ដំឡូងមី​។ យើង​មាន​បច្ចេក​ទេស​ថ្មី​ៗទៀត​ដើម្បី​ការពារ​ដី​”។

    គួរ​បញ្ជាក់​ថា​ ដំឡូងមី​ត្រូវ​បាន​ដាំដុះ​នៅ​តំបន់​ត្រូពិក​ និង​អនុ​តំបន់​ត្រូពិក​។ បច្ចុប្បន្ន​ ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ គឺជា​តំបន់​ដាំដុះ​ធំ​ទី2​ បន្ទាប់ពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ ហើយ​ការប្រើ​ប្រាស់​ដំឡូងមី​កំពុង​កើនឡើង​ខ្លាំង​សម្រាប់​ឧស្សាហកម្ម​ចំណីអាហារ​ និង​សម្ភារ​ឧស្សាហ​កម្ម​ផ្សេង​ៗដែល​ប្រើប្រាស់​ម្សៅដំឡូង​មី​ រួមមាន​ដូចជា​ ក្រដាស​ ប្លាស្ទិក​ និង​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ជីវៈ​អេតាណុល​។

    មូលហេតុ​មួយ​នៃ​ការ​កើនឡើង​ចំពោះ​ការ​ដាំដុះ​ដំឡូងមី​ គឺ​ដោយសារ​ការ​កើនឡើង​នូវ​ផលិតកម្ម​ប្រើប្រាស់​ដំឡូងមី​នៅក្នុង​ប្រទេស​ថៃ​ វៀតណាម​ និង​កម្ពុជា​។ដំឡូងមី​ក្នុង​ប្រទេស​ទាំងនេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​កសិករ​ខ្នាត​តូច​តាមរយៈ​ដំណាំ​ដ៏​មានគុណ​តម្លៃ​នេះ​ និង​បាន​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​អាចប​ង្កើត​ការងារ​បាន​ច្រើន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​៕

  • នៅ​ឆ្នាំ2021​ បន្ទប់​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​កើន​ដល់​ជិត​ 1ម៉ឺន​បន្ទប់​

    នៅ​ឆ្នាំ2021​ បន្ទប់​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​កើន​ដល់​ជិត​ 1ម៉ឺន​បន្ទប់​

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ព្យាករ​ថា​ តាម​សន្ទស្សន៍​នៃ​សក្តា​នុ​ពល​ និង​ការ​វិនិយោគ​លើ​ វិស័យ​សេវា​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​នឹង​មាន​បន្ទប់​សណ្ឋាគារ​កើនឡើង​ដល់​ជិត​ 1ម៉ឺន​បន្ទប់​ក្នុង​ឆ្នាំ2021​ ដើម្បី​ឆ្ពោះទៅ​ដល់​ការរៀបចំ​ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ2020​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ (ASEAN​ Summit​) ក្នុង​ឆ្នាំ2022​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖“ការ​វិនិយោគ​លើ​វិស័យ​សេវា​ស្នាក់នៅ​ និង​សណ្ឋាគារ​បាន​កើនឡើង​ជាមធ្យម​ 3.5ពាន់​បន្ទប់​ក្នុង​ 1ឆ្នាំ​ ដែល​បន្ទប់​សណ្ឋាគារ​ អាច​នឹង​កើនឡើង​ដល់​ជិត​ 1ម៉ឺន​បន្ទប់​ក្នុង​ឆ្នាំ2021​ ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​វិស័យ​ទេសចរណ៍​យ៉ាង​លឿន​រហ័ស​ និង​ជាបន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ​”។

    ឯកឧត្តម​បន្ត​ថា​ ខណៈ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​នាំមក​នូវ​ចំណូល​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង​ 4ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2018​ កន្លងមក​នេះ​ យើង​ក៏​ត្រូវ​គិតគូរ​ពី​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ (Econo​ mic​ Leakages​) ក្នុង​វិស័យ​ទេសចរណ៍​ ដោយ​ចំណូល​ទេសចរណ៍​ប្រមាណ​ 25​% ត្រូវ​បាន​ធ្លាយ​ចេញទៅ​វិញ​ ដែល​ភាគច្រើន​កើតឡើង​ដោយសារ​ការនាំចូល​ផលិតផល​ពី​បរទេស​ ដូចជា​ បន្លែ​ផ្លែឈើ​ សាច់​ ស្រា​ គ្រឿងសង្ហារិម​ វត្ថុ​សិប្ប​កម្ម​ផ្សេង​ៗ-ល- ដើម្បី​ទ្រទ្រង់​ដល់​កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

    ជាមួយគ្នា​នេះ​ ឯកឧត្តម​ ថោង​ ខុន​ បាន​ដាក់ទិស​ដៅ​ដោយ​ត្រូវ​ព្យាយាម​កាត់បន្ថយ​អត្រា​នៃ​ការ​ធ្លុះធ្លាយ​ឱ្យ​បាន​យ៉ាងតិច​ 10​%បន្ថែម​ទៀត​(ឱ្យមក​នៅ​ត្រឹម​ 5%ដែល​ជា​កម្រិត​ទូទៅ​របស់​បណ្តា​ប្រទេស​គោលដៅ​ទេសចរណ៍​នានា​)។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​៖“បើ​យើង​អាច​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​បាន​ប្រមាណ​ 10​% បន្ថែម​ទៀត​ គឺ​យើង​អាច​ចំណេញ​បាន​ប្រមាណ​ 400លាន​ដុល្លារ​ពី​ការនាំចូល​របស់​ទាំងនេះ​សម្រាប់​តែ​បម្រើ​ឧស្សាហកម្ម​ទេសចរណ៍​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ទៀត​ថា​ ការជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុកក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នឹង​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ តាមរយៈ​កំណើន​នៃ​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និង​កំណើន​នៃ​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ គឺ​ពិតជា​មាន​សារៈសំខាន់​ជា​យុទ្ធ​សាស្រ្ត​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ទាំង​ផ្នែក​រដ្ឋ​ ផ្នែកឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​។

    ផ្នែកឯកជន​នៅក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បន្ត​គាំ​ទ្រ​ និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​ជា​អតិបរមា​ ខណៈ​ដែល​ផលិតករ​ក្នុង​ស្រុក​បាន​និង​កំពុង​បន្ត​ពង្រឹង​ផលិតកម្ម​ ទាំង​លើ​ទិដ្ឋភាព​បរិមាណ​ និង​គុណភាព​ ប្រកបដោយ​តម្លៃ​ប្រកួតប្រជែង​។ ការរៀបចំ​“អន្តរការី​” ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ដើរតួ​ជា​អ្នក​ផ្គូផ្គង​ភ្ជាប់​ទំនាក់ទំនង​រវាង​ផ្នែក​ផ្គត់ផ្គង់​ និង​ផ្នែក​តម្រូវការ​ ដោយធ្វើ​ជា​អ្នកធានា​សម្រាប់​ភាគី​ទាំង2​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សើ្ន​ឱ្យ​មានការ​ជំរុញ​រៀបចំ​ខ្សែក្រវាត់​បៃតង​នៅ​ជុំវិញ​តំបន់​ គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈ​ការ​ដាំដំណាំ​ ការ​ចិញ្ចឹមសត្វ​ វារីវប្បកម្ម​ ការជំរុញ​សកម្មភាព​សិប្បកម្ម​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ផលិតផល​ក្នុង​ស្រុក​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ ពិសេស​នៅ​តាម​រមណីយដ្ឋាន​ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​នានា​។

    ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋបាល​ខេត្ត​ រដ្ឋបាល​ក្រុង​ មន្ទីរ​ទេសចរណ៍​ ក្រុមការងារ​ទាំង5​ ព្រមទាំង​មន្ទីរ​ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​បន្ត​អនុវត្ត​ភារកិច្ច​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​ជំនាញ​ និង​អនុវត្ត​ច្បាប់​ជាចម្បង​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រសួងទេសចរណ៍​បាន​ និង​កំពុង​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ពង្រឹងគុណភាព​បុគ្គលិក​ជំនាញ​តាមរយៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ជាប្រចាំ​ និង​ជំរុញ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ធ្វើការ​បើក​វគ្គ​ពង្រឹង​សមត្ថភាព​នៅ​មូលដ្ឋាន​ផ្ទាល់​ (In​ house​ training​)។

    សូម​បញ្ជាក់​ថា​ នៅ​ឆ្នាំ2018​ កន្លងមក​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ មក​កម្ពុជា​មាន​ចំនួន​ 6.2លាន​នាក់​កើនឡើង11​% ដោយឡែក​ទេសចរ​អន្តរជាតិ​មក​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ 58ម៉ឺន​នាក់​កើន24​% ដែល​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​ 17ម៉ឺន​នាក់​ ចំណែក​ទេសចរណ៍​បរទេស​ សម្រាប់​ 3ខែ​ដើមឆ្នាំ2019​ នេះ​ មាន​ចំនួន​ 20ម៉ឺន​នាក់​ កើនឡើង25​%។ បច្ចុប្បន្ន​ មូលដ្ឋាន​សេវា​ស្នាក់នៅ​មាន​ចំនួន​ 9,697បន្ទប់​ ក្នុង​នោះ​សណ្ឋាគារ​កម្រិត​ផ្កាយ5​ មាន​ចំនួន​ប្រមាណ​ 2,000បន្ទប់​៕

  • គម្រោង​ទាំងនេះ​នឹង​បញ្ចុះតម្លៃ​ពិសេស​នៅក្នុង​ពិព័រណ៍​លំនៅ​ដ្ឋាន​នៅ​កោះ​ពេជ្រ​

    គម្រោង​ទាំងនេះ​នឹង​បញ្ចុះតម្លៃ​ពិសេស​នៅក្នុង​ពិព័រណ៍​លំនៅ​ដ្ឋាន​នៅ​កោះ​ពេជ្រ​

    អ្នកទិញ និងអ្នកចាប់អារម្មណ័ទិញអចលនទ្រព្យជាច្រើននាក់នឹងចូលរួមនៅក្នុងពិព័រណ៍លំនៅដ្ឋាន ឆ្នាំ២០១៩ នេះ។ ​នៅក្នុងឱកាសដ៏អស្ចារ្យនេះ សម្រាប់អ្នកដែលមានដឹងប្រាកដជាទទួលបាន អត្ថប្រយោជន៍ជាច្រើនពីការបញ្ចុះតម្លៃដ៏ច្រើនគម្រោងលំនៅដ្ឋានធំៗនៅក្នុងប្រទេសកម្ពុជា។

    វេទិកាអចលនទ្រព្យនេះនឹងធ្វើនៅសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង២៧ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច។​

    ក្រៅពីការបញ្ចុះតម្លៃ ប្រសិនបើអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នេះ អ្នកនឹងមានឱកាស ឈ្នះរង្វាន់សំបុត្រយន្តហោះ សម្រា​ប់ធ្វើដំណើរទៅប្រទេសហ្វីលីពីន ឬស្នាក់នៅសណ្ឋាគារ ដោយឥតគិតថ្លៃ។

    លើសពីនេះទៀត ការផ្តល់ជូនដ៏ច្រើនទាំងនេះនឹងមាននៅកន្លែងតែមួយ ក្នុងរយៈពេលពីរថ្ងៃ ដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្ត និងចរចាទៅតាមអ្វីដែលអ្នកចង់បាន។

    ខាងក្រៅមនេះ គឺជាការផ្តល់ជូនពិសេសៗ ដែលនឹងផ្តល់ជូននៅក្នុងពិព័រណ៍ខាងមុខ។

    បញ្ចុះតម្លៃ

    យោងតាម ​​ឌីជេ ណាណា ជាអ្នកតំណាងសម្រាប់ព្រឹត្តិការណ៍នេះ ការបញ្ចុះតម្លៃនេះគឺជាផ្នែកដ៏សំខាន់មួយ នៅក្នុងពិព័រណ៍នេះ។

    ឌីជេណាណា​​ និយាយថា “នៅពេលដែលយើងមើលឃើញពីការបញ្ចុះ ១% ឬ ០.៥% មើលទៅដូចជាមិនច្រើននោះទេ។ ប៉ុន្តែប្រសិនបើអ្នកទិញផ្ទះ ទទួលបានការបញ្ចុះតម្លៃ ១ %នោះ អ្នកអាចសន្សំបានជាង ១,០០០ ដុល្លារឯណោះ។”

    បុរី ផេន សៀរ រេស៊ីឌិននិងផ្តល់ជូនការបញ្ចុះតម្លៃ​៥% ពីគ្រប់យូនីតទាំងអស់។

    ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star Gold ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្អបំផុតនៅប៉ោយប៉ែត នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥ % ចំពោះការបង់រំលស់របស់អ្នក។

    គម្រោង Urban Village ដែលជាលំនៅដ្ឋានដ៏អស្ចារ្យមួយនៅក្នុងទីក្រុងភ្នំពេញ នឹងដាក់លក់យូនីត លំនៅដ្ឋាននៅក្នុងកម្មវិធីនេះ។ ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥៥,០០០ ដុល្លារ សម្រាប់ចំនួន ៥ យូនីតពិសេស។ សូមកុំខកខានឲ្យសោះ!

    បុរីឌឹផ្លរ៉ា ក៏ចូលរួមនៅក្នុងពិព័រណ៍នេះដែរ។ ប្រសិនបើអ្នកទិញយូនីតពីបុរី ឌឹ ផ្លរ៉ា នៅក្នុងកម្មវិធីនេះ អ្នកអាចសន្សំប្រាក់បានរហូតដល់ ៣,០០០ ដុល្លារ។ នេះជាផលចំណេញដ៏ច្រើនរបស់អ្នក!

    ចំណែកលំនៅដ្ឋាន អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍នឹងមានវត្តមាននៅនៅឯពិព័រណ៍នេះដែរ។​ ប្រសិនបើអ្នកទិញផ្ទះពីអារ៉ាតាហ្កាដិននៅក្នុងពិព័រណ៍នេះ អ្នកអាចទទួលការបញ្ចុះតម្លៃពី ៥០០ ដុល្លារ ទៅ ២% ភ្លាមៗ។

    បន្ថែមរង្វាន់

    បន្ថែពីលើរង្វាន់ដែល Realestate.com.kh នឹងត្រូវផ្តល់ជូននៅពេលចុះឈ្មោះ (ចុះឈ្មោះមុន) អ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់រង្វាន់ជាច្រើនដល់អ្នកទិញផងដែរ។

    ខុនដូ Seven Residences ជ្រើសរើសអ្នកទិញដើម្បីចាប់រង្វាន់ ជ្រើសរើសអ្នកឈ្នះ ដែលអ្នក​អាចឈ្នះ រង្វាន់ធំរហូតដល់ ២៧,៧៧៧ ដុល្លារ ឬឈ្នះគ្រឿងបរិក្ខារក្នុងផ្ទះដោយឥតគិតថ្លៃ។

    គម្រោង V House ក៏ផ្តល់ជូនការចាប់រង្វាន់ដល់អតិថិជនផងដែរ។ ទិញយូនីត នៅកម្មវិធីនេះ អ្នកអាចឈ្នះទូរស័ព្ទ iPhone XS ទូរទស្សន៍មួយគ្រឿង និងគ្រឿងបរិក្ខារផ្សេងៗ ឬការផ្តល់ជូនសេវាគ្រប់គ្រងអចលនទ្រព្យរយៈមួយឆ្នាំដោយឥតគិតថ្លៃ។

    ប៉ុន្តែរង្វាន់នៅមានច្រើនជាងនេះទៀត។ Realestate.com.kh នឹងផ្តល់រង្វាន់ជាច្រើន

    នៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកអាចឈ្នះទូរស័ព្ទ Samsung Galaxy A50 មួយគ្រឿង ប័ណ្ណបញ្ចុះតម្លៃ សម្រាប់ការស្នាក់នៅសណ្ឋាគារ Lumiere នៅភ្នំពេញ ឬ ស្ពីកឃ័រ JBL ។

    វិធីបីយ៉ាងដើម្បីចុះឈ្មោះ

    If you are going to buy property you’re almost guaranteed to get some freebies. But even if you

    don’t there will be great prizes to those who register soon. Registering is simple. Here are three

    ways you can do it:

    ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យអ្នកនឹងទទួលបានការធានាលើការផ្តល់ជូនច្រើនបំផុត។ ប៉ុន្តែទោះបីជាអ្នកមិនទិញ អ្នកក៏នៅតែអាចរង្វាន់ដ៏អស្ចារ្យ ដោយគ្រាន់តែចុះឈ្មោះនៅពេលនេះ។ ការចុះឈ្មោះគឺសាមញ្ញ និងមានបីរបៀបដែលអ្នកអាចធ្វើបាន៖

    ១. ចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីចុះឈ្មោះ។

    ២. ជជែកជាមួយ Realestate.com.kh លើហ្វេសប៊ុក ហើយធ្វើតាមការណែនាំដ៏ងាយស្រួល។

    ៣. ទាញយក Realestate.com.kh នៅលើ WeChat​ របស់អ្នក។

    វេទិកាអចលនទ្រព្យលើនេះនឹងធ្វើឲ្យថ្ងៃចុងសប្តាហ៍របស់មានភាពសប្បាយរីករាយ ជាមួយនឹងការស្វែងយល់ពីភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យកម្ពុជា។ សូមអញ្ជើញមកទទួលយកការបញ្ចុះតម្លៃ ការផ្តល់រង្វាន់ និងការស្វែងរកជម្រើសលំនៅដ្ឋាន ពិតប្រកដរបស់អ្នក។

    ស្វែងរកព័ត៌មានថ្មីៗ ឬការផ្តល់ជូនពិសេសពីពិព័រណ៍លំនៅដ្ឋានកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

  • សហគមន៍​អឺរ៉ុប​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ស្ករត្នោត​កំពង់ស្ពឺ​ជា​ផ្លូវការ​

    សហគមន៍​អឺរ៉ុប​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ស្ករត្នោត​កំពង់ស្ពឺ​ជា​ផ្លូវការ​

    សហគមន៍​អឺរ៉ុប​បាន​ចុះបញ្ជី​ការពារ​ និង​ទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ ជា​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ នៅក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប​ជា​ផ្លូវការ​ហើយ​ បន្ទាប់ពី​ប្រើ​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ត្រួតពិនិត្យ​ពាក្យ​ស្នើសុំ​ និង​ដោះស្រាយ​វិវាទ​នានា​។

    ស្ករត្នោត​កំពង់ស្ពឺ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ (PGI​) របស់​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃទី2​ ខែមេសា​ ឆ្នាំ2019​។ វា​មានន័យថា​ គ្រប់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ គឺ​មាន​ប្រភព​ កែច្នៃ​ និង​ផលិត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ស្រុក​ចំនួន3​ រួមមាន​ស្រុក​ សំរោងទង​ ស្រុក​ឧដុង្គ​ និង​ស្រុក​អង្គស្នួល​។

    លោក​ អប់​ រ៉ា​ឌី​ ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ដែល​បាន​ចុះបញ្ជី​ការពារ​នៅ​សហគមន៍​អឺរ៉ុប​នេះ​ គឺជា​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​ទី2ហើយ​ បន្ទាប់ពី​ម្រេច​ខេត្តកំពត​ដែល​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ និង​ការពារ​ជា​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​កាលពី​ខែកុម្ភៈ​ ឆ្នាំ2016​ កន្លងមក​។

    លោក​បាន​បន្ត​ថា​ ការចុះបញ្ជី​ទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​(PGI​) របស់​សហគមន៍​អឺរ៉ុប​នេះ​ នឹង​ជួយ​ឱ្យ​ស្ករត្នោត​របស់​ខ្មែរ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ និង​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ ហើយនឹង​ជួយ​ទប់ស្កាត់​ពី​ការ​ក្លែងបន្លំ​បំពាន​ទៅលើ​ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ផង​ដែរ​។

    លោក​ រ៉ា​ឌី​ ថ្លែង​ថា​៖“សហគមន៍​អឺរ៉ុប​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ​ បើសិនជា​មានការ​ក្លែងបន្លំ​ម៉ាក​ស្ករត្នោត​កំពង់ស្ពឺ​នៅ​សហគមន៍​អឺរ៉ុប​ មួយ​វិញទៀត​វា​ក៏​នឹង​ជួយ​ឱ្យ​ផលិតផល​ស្ករត្នោត​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ផង​ដែរ​”។

    លោក​បន្ត​ថា​ វា​ក៏​នឹង​ជួយ​ឱ្យ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​មាន​លំនឹង​ល្អ​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ ហើយ​បន្ថែម​លើ​នេះ​ វា​នឹង​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាកសិករ​អ្នក​ឡើងត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​។ លោក​បន្ត​ថា​ ការចុះបញ្ជី​ទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ (PGI​) របស់​សហគមន៍​អឺរ៉ុប​នេះ​ ក៏​ជា​មធ្យោបាយ​មួយ​ជួយ​ឱ្យ​មានតម្លៃ​បន្ថែម​ខ្ពស់​ដល់​កសិករ​ដែរ​។

    លោក​បាន​បន្ត​ទៀត​ថា​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ កម្ពុជា​ទើបតែ​មាន​ផលិតផល2ទេ​ ដែល​បាន​ចុះបញ្ជី​នៅ​សហគមន៍​អឺរ៉ុប​។ លោក​បន្ថែម​ថា​ វា​ក៏​ជា​ការជំរុញ​ឱ្យ​កសិករ​ពង្រីក​ និង​ពង្រឹង​ផលិតកម្ម​ស្ករត្នោត​ផង​ដែរ​។ លោក​ រ៉ា​ឌី​ បញ្ជាក់​ថា​៖“ការចុះបញ្ជី​នេះ​នឹង​មាន​សុពលភាព​ 20ថ្ងៃក្រោយ​ បន្ទាប់ពី​ការ​ទទួលស្គាល់​របស់​សហគមន៍​អឺរ៉ុប​”។

    លោក​ ​សំ​ សា​រឿន​ ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ ​(KSPSPA​) បានឱ្យ​ដឹង​ថា​ តម្រូវការ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​មាន​រហូតដល់​ជាង​ 350តោន​ក្នុង​ 1ឆ្នាំ​ៗ ប៉ុន្តែ​លោក​មានការ​បារម្ភ​អំពី​ទិន្នផល​ និង​បរិមាណ​ស្ករត្នោត​ដែល​ផលិត​បាន​នៅក្នុង​ឆ្នាំនេះ​ ស្រប​ពេល​ដែល​ អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ទិន្នផល​ និង​បរិមាណ​ស្ករត្នោត​ធ្លាក់ចុះ​។

    លោក​បន្ត​ថា​ រហូត​មកទល់​ពេលនេះ​ កសិករ​ផលិត​ស្ករត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជាស​មា​ជិ​ករបស់​សមាគម​កំពុង​ផលិត​ស្ករត្នោត​បាន​ប្រមាណ​ជាង​ 60តោន​ហើយ​ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក​ បរិមាណ​ទឹកត្នោត​ថយ​ចុះ​ និង​ធ្វើ​ឱ្យ​ទឹកត្នោត​ឆាប់​ជូរ​។ លោក​បន្ថែម​ទៀត​ថា​ បើ​អាកាសធាតុ​ក្រោម​ 30អង្សា​នោះ​ ទិន្នផល​នឹង​ទទួល​បាន​ខ្ពស់​។ លោក​រំពឹង​ថា​ ឆ្នាំនេះ​យើង​នឹង​ផលិត​បាន​ប្រមាណ​ជា​ 100តោន​។

    លោក​សា​រឿន​បាន​ថ្លែង​ទៀត​ថា​៖“ការ​ទទួល​បានការ​ចុះបញ្ជី​នៅ​អឺរ៉ុប​នេះ​ គឺ​យើង​ទទួល​បាន​ភាព​ជោគជ័យ​មួយ​កម្រិត​ទៀត​ ដោយ​យើង​នឹង​មាន​ទីផ្សារ​ធំ​សម្រាប់​ប្រជាកសិករ​អ្នក​ឡើងត្នោត​ ហើយ​ពេលនេះ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​មានតម្លៃ​ថេរ​នៅឡើយ​ ប៉ុន្តែ​ឆ្នាំក្រោយ​តម្លៃ​អាច​នឹង​ឡើង​បន្តិច​”។

    លោក​សា​រឿន​បាន​ថ្លែង​បន្ត​ថា​ បច្ចុប្បន្ន​នេះ​តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​នានា​ ធ្វើ​ឱ្យ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​មាន​ទីផ្សារ​ល្អ​ដោយ​ក្នុង​ 1គីឡូក្រាម​ស្ករត្នោត​ កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី​ 5,200រៀល​ ដល់​ 6,000រៀល​តាម​តំបន់​ និង​តាម​ក្រុមហ៊ុន​បញ្ជាទិញ​។

    បើ​តាម​លោក​ សា​រឿន​ ក្នុង​ 1គីឡូ​ស្ករត្នោត​ កសិករ​ត្រូវ​ចំណាយ​ថ្លៃដើម​ប្រមាណ​ជា​ 5,050រៀល​ ហើយ​នៅពេល​នេះ​ តម្រូវការ​ស្ករត្នោត​សរីរាង្គ​មាន​ជាង75ភាគរយ​ ដោយហេតុថា​ ការនាំចេញ​ភាគច្រើន​ទៅបរទេស​ ដូច្នេះ​អ្នកបញ្ជា​ទិញ​អត់​ស្គាល់​ស្ករ​ GI​ ដែល​ជា​ផលិតផល​ស្ករត្នោត​សម្គាល់​ភូមិ​សាស្រ្ត​នោះ​ទេ​។ លោក​បន្ត​ថា​ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ លោក​ក៏បាន​បែងចែក​ប្រភេទ​ដើមត្នោត​ដើម្បី​ចាត់ទុកជា​ ត្នោត​សរីរាង្គ​ និង​ GI​។

    លោក​ សា​រឿន​ បន្ត​ថា​ ក្នុង​ឆ្នាំ2009​ ដើមត្នោត​មាន​ជាង​ 1លាន​ដើម​នៅ​ស្រុក​ឧដុង្គ​ សំរោងទង​អង្គស្នួល​ ដោយឡែក​នៅ​ឆ្នាំ2010​ ដើមត្នោត​មានការ​ថយ​ចុះ​ នៅពេល​មាន​សកម្មភាព​ទិញ​ដី​ធ្វើការ​អភិវឌ្ឍ​។

    លោក​ សា​រឿន​ បាន​បន្ត​ទៀត​ថា​៖ “ដើម្បី​ផលិត​បាន​ស្ករ​ 300តោន​យើង​ត្រូវ​មាន​សមាជិក​ជាង​ 200គ្រួសារ​ ទៅ​ 250គ្រួសារ​។ យើង​គ្រោង​ពង្រីក​ថែមទៀត​ ព្រោះ​សមត្ថភាព​របស់​ខេត្ត​កំពង់ស្ពឺ​អាច​ផលិត​បាន​លើស​ 500តោន​ នេះ​បើ​រាប់បញ្ចូល​ទាំង​ការផលិត​តាម​ស្តង់​ដា​ និង​មិន​តាម​ស្តង់​ដា​ ប៉ុន្តែ​សមាគម​ ផ្តោត​តែ​តួលេខ​ផលិត​របស់​កសិករ​ដែល​ស្ថិត​ក្នុង​សមាគម​ប៉ុណ្ណោះ​។គួរ​បញ្ជាក់​ថា​ កាលពី​ខែកុម្ភៈ​ ឆ្នាំ2016​ ម្រេច​កំពត​ក្លាយជា​ផលិតផល​ទី1​ របស់​កម្ពុជា​ដែល​ទទួល​បាន​ វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​ (GI​) ពី​សហគមន៍​អឺរ៉ុប​។ ក្នុង​ន័យ​ថា​ រាល់​ផលិតផល​ដែល​បាន​ដាក់​លក់​នៅ​អឺរ៉ុប​ គឺ​មានឈ្មោះ​ថា​ ម្រេច​កំពត​ ដែល​មាន​ប្រភព​ដើម​នៅ​ខេត្តកំពត​ និង​ខេត្ត​ជាប់គ្នា​ គឺ​ខេត្ត​កែប​៕

  • ក្រុម​បាល់ទះ​នារី​សហរដ្ឋអាមេរិក​ឈ្នះ​ជើងឯក​បាល់​ការប្រកួត​ទះ​ឆ្នេរខ្សាច់​ស្រាបៀ​អាន់​ឆ័​រលើ​កទី២នៅ​ខេត្តបាត់ដំបង​

    ក្រុម​បាល់ទះ​នារី​សហរដ្ឋអាមេរិក​ឈ្នះ​ជើងឯក​បាល់​ការប្រកួត​ទះ​ឆ្នេរខ្សាច់​ស្រាបៀ​អាន់​ឆ័​រលើ​កទី២នៅ​ខេត្តបាត់ដំបង​

    បាត់ដំបង​៖ក្រុម​បាល់ទះ​នារី​មក​ពី​សហរដ្ឋ​អា​មេ​រិក​ ដណ្តើម​មេដាយមាស​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​បាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទី២ផ្នែក​នារី​នៅ​ខេត្តបាត់ដំបង​ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​បាល់ទះ​នារី​មក​ពី​ប្រទេស​ក្រិច​ដោយ​លទ្ធផល២សិត​ទល់០នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃទី​ ៧ ខែមេសា​ ឆ្នាំ២០១៩​ នៅ​បរិវេណ​វាល​បែកចាន​ ទីរួមខេត្ត​បាត់ដំបង​។

    ក្នុង​ឱកាស​ពិធី​ប្រគល់​រង្វាន់​ជូន​ក្រុម​ជយលាភី​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ ស សុខា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​ជា​អនុប្រធាន​ទី១នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ លោក​ ងួន​ រតនៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ Chris​ Liu​ នាយក​ផ្នែក​បច្ចេកទេស​ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​ (FI VB​) លោក​ Moon​ Yoo​ នាយក​ផ្នែក​ទីផ្សារ​ នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ អ្នកនាង​ Justina​ Vincent​ នាយក​ម៉ាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័រ​ និង​លោក​ ហ៊ុយ​ វុទ្ធី​ នាយក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​។
    ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុម​សហរដ្ឋ​អាមេរិក​ ឈ្នះ​មេដាយមាស​ និង​ប្រាក់​រង្វាន់១០០០ដុល្លារ​ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​ប្រទេស​ក្រិច​ទទួល​បាន​មេដាយ​ប្រាក់​ និង​ប្រាក់​រង្វាន់៧០០ដុល្លារ​ និង​ក្រុម​ចំណាត់ថ្នាក់​លេខ៣បាន​ទៅលើ​ក្រុម​ប្រទេស​ជប៉ុន​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ និង​ប្រាក់​រង្វាន់ ៥០០​ដុល្លារ​។ ក្រុម​ទទួល​ជ័យលាភី​ទាំង​បី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ​ FI VB​ World​ Tour​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក២០២០​ ប្រទេស​ជប៉ុន​ ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • ត្រីមាស​ទី1​ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​បាន​ធ្លាក់ចុះ​ប្រមាណ​ 9.3ភាគរយ​

    ត្រីមាស​ទី1​ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​បាន​ធ្លាក់ចុះ​ប្រមាណ​ 9.3ភាគរយ​

    ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​បាន​ធ្លាក់ចុះ​ប្រមាណ​ 9.3ភាគរយ​ក្នុងអំឡុងពេល​ត្រីមាស​ទី1​ ឆ្នាំ2019នេះ​ ដែល​គិតជា​ទឹកប្រាក់​ប្រមាណ​ជា​ជិត​ 36លាន​ដុល្លារ​អាមេរិក​។ តួលេខ​នេះ​បាន​បង្ហាញថា​ នេះ​គឺជា​ការ​ធ្លាក់ចុះ​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​គ្រប់គ្រង​លើ​តម្លៃ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរវត្ត​កាលពី​ឆ្នាំ2016​។

    បើ​យោង​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​ ក្នុង​ត្រីមាស​ទី1​ (មករា​-មីនា​)ឆ្នាំនេះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​មានការ​ធ្លាក់ចុះ​ប្រមាណ​ 8.2ភាគរយ​ ដែល​មាន​ចំនួន​ត្រឹមតែ​ 787.900នាក់​។ ដោយឡែក​នៅ​ខែមីនា​កន្លងទៅ​ ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មានត្រឹមតែ​ 10.8លាន​ដុល្លារ​អាមេរិក​ ថយ​ចុះ​ 10.64ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែមីនា​ ឆ្នាំមុន​ ហើយ​ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​នៅ​ខែមីនា​ មាន​ចំនួន​ជាង​ 24ម៉ឺន​នាក់​ ថយ​ចុះ​ 9.24ភាគរយ​។

    ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) លោកស្រី​ ​ឆាយ​ ស៊ី​វលី​ន បានឱ្យ​ដឹង​ថា​ ការ​ធ្លាក់ចុះ​នៃ​ចំណូល​តំបន់​ទេសចរណ៍​ប្រាសាទអង្គរវត្ត​ គឺ​ដោយសារតែ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​អង្គរវត្ត​មានការ​ធ្លាក់ចុះ​ បើ​ធៀប​ជាមួយ​រយៈ​ពេល​មុន​ៗ មួយវិញទៀត​ទេសចរ​មួយចំនួន​បាន​កាត់បន្ថយ​ចូល​ការ​ទស្សនា​អង្គរវត្ត​ពី​ 2 ទៅ​ 3ថ្ងៃ​មក​នៅ​ត្រឹម​ 1ថ្ងៃ​វិញ​។

    លោកស្រី​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ទៀត​ថា​ ដោយសារ​កម្ពុជា​បាន​ធ្វើការ​ផ្សព្វផ្សាយ​ទិសដៅ​ទេស​ចរ​ណ៍​ផ្សេង​ៗទៀត​ ទើប​ធ្វើ​ឱ្យ​ទេសចរ​បរទេស​មួយចំនួន​ងាក​ទៅ​ទស្សនា​ទី​តាំង​ផ្សេង​ៗក្រៅពី​ប្រាសាទ​អង្គរ​ ដូចជា​ទៅ​ក្បាលស្ពាន​ និង​ភ្នំ​គូលែន​ ជាដើម​។

    លោកស្រី​បន្ត​ថា​៖“យើង​គួរតែ​ពង្រឹងគុណភាព​សេវាកម្ម​ ស្ថាប័ន​សាធារណៈ​ត្រូវ​ចូលរួម​ពង្រឹង​សេវាកម្ម​ និង​ផ្តល់​ការ​សហការ​ជាមួយ​ដៃគូ​ជាឯក​ជន​ បង្កើត​សោភណភាព​តាម​រមណីយដ្ឋាន​វប្បធម៌​មួយចំនួន​ទៅលើ​សម្រស់​បេតិកភណ្ឌ​ យើង​ចង់បាន​ភាព​ស្រស់​ស្អាត​ សួន​បៃតង​ និង​បន្ថែម​រមណីយដ្ឋាន​កែច្នៃ​បន្ថែម​ទៀត​ ក៏ដូចជា​រមណីយដ្ឋាន​ត្រូវ​បង្កើន​ឱ្យ​អស់​សក្តា​នុ​ពល​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​”។

    គួរ​បញ្ជាក់​ថា​ នៅ​ឆ្នាំ2018​ គ្រឹះស្ថាន​អង្គរបាន​ប្រកាស​ពី​តម្លៃ​ថ្មី​សម្រាប់​ជនបរទេស​ចូល​ទស្សនា​អង្គរវត្ត​ ដោយ​បាន​ដំឡើងថ្លៃ​ពី​ 20ដុល្លារ​ ទៅ​ 37ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​ 1ថ្ងៃ​។ ពី​ 40ដុល្លារ​ ទៅ​ 62ដុល្លារ​សម្រាប់​រយៈពេល​ 3ថ្ងៃ​ និង​ 60ដុល្លារ​ ទៅ​ 72ដុល្លារ​សម្រាប់​រយៈពេល​ 7ថ្ងៃ​។ ដោយឡែក​កាល​ ពីឆ្នាំ​មុន​ដដែល​ អង្គរវត្ត​អាច​រកចំណូល​បាន​ជាង​ 116លាន​ដុល្លារ​អាមេរិក​ ដែល​មាន​កំណើន​ 8ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។

    បើ​យោង​តាម​ក្រសួងទេសចរណ៍​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​មក​ទស្សនា​ប្រមាណ​ជា​ 1.2លាន​នាក់​ ក្នុងអំឡុងពេល​ 2ខែ​ឆ្នាំនេះ​ កើន​ប្រមាណ​ជា10ភាគរយ​។ ដោយឡែក​នៅ​ឆ្នាំ2018​ ភ្ញៀវ​បរទេស​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជា​ 6.2លាន​នាក់​ កើនឡើង​ 11ភាគរយ​ ដែល​អាចប​ង្កើត​ប្រាក់ចំណូល​ បាន​ជាង​ 4.3ប៊ី​លាន​ដុល្លារ​អាមេរិក​ចាក់​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ដូចនេះ​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន​ 6.6លាន​នាក់​នៅ​ឆ្នាំនេះ​ និង​ 7លាន​នាក់​នៅ​ឆ្នាំ2020​។

    គួរ​រំឭក​ផង​ដែរ​ថា​ ដោយឡែក​ គម្រោង​ជួសជុល​ស្ពាន​ហាល​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត​ នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ2020ខាងមុខនេះ​ ហើយ​ស្ពាន​ហាល​នេះ​អាច​នឹង​ដាក់​ដំណើរការ​ជូន​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឡើងវិញ​។

    គម្រោ​ងជុស​ជុល​ស្ពាន​ហាល​នៅ​ពីមុខ​ប្រាសាទ​អង្គរ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ហៅ​កាត់​ថា​ JICA​ ក្នុងទឹក​ប្រាក់​ប្រមាណ​ 80ម៉ឺន​ដុល្លារ​អាមេរិក​។ ការ​ជួសជុល​ស្ពាន​ហាល​ គឺ​ធ្វើឡើង​តែ​ម្ខាង​ប៉ុណ្ណោះ​ ដែល​មាន​ប្រវែង​ជាង​ 100ម៉ែត្រ​។

    លោក​ អន​ សុភាព​ ប្រធាន​គម្រោ​ងជុស​ជុល​ស្ពាន​ហាល​ ប្រាសាទអង្គរវត្ត​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​អប្សរា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU​)ជាមួយ​ជប៉ុន​ដើម្បី​ធ្វើការ​ជួសជុល​ស្ពាន​ហាល​ចាប់ពី​ឆ្នាំ2016​ មក​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ2020​។ លោក​ថ្លែង​ថា​ ស្ពាន​ហាល​នេះ​ ចំណាយពេល​ច្រើន​ទៅលើ​ផ្នែក​បុរាណវិទ្យា​ ដើម្បី​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​ខាងក្នុង​ស្ពាន​ វត្ត​ថ្ម​ដី​ ដែល​ការសិក្សា​ស្រាវជ្រាវ​នេះ​ចំណាយពេល​ជិត​ 1ឆ្នាំ​ ដោយឡែក​នៅដើម​ឆ្នាំ2018​ យើង​បាន​ចាប់ផ្តើម​ជួសជុល​ ចាក់​បេតុង​ យើង​នឹង​ប្រឹងប្រែង​បញ្ចប់​ឱ្យ​បាន​នៅ​ឆ្នាំ2020​ តាម​ផែនការ​កំណត់​។

    លោក​បន្ត​ថា​ បើ​តាម​អ្នកជំនាញ​ជប៉ុន​ បេតុង​ដែល​អ្នកជំនាញ​ជប៉ុន​ចាក់​ធ្វើជា​គ្រឹះ​ស្ពាន​នោះ​ អាច​មាន​អាយុកាល​ប្រមាណ​ជា​ 500​ ទៅ​ 600ឆ្នាំ​។

    លោក​សុភាព​ថ្លែង​ថា​៖ “មួយ​ផ្នែក​ធំ​នៃ​ស្ពាន​នេះ​ត្រូវ​បាន​បារាំង​ជួសជុល​នៅ​ឆ្នាំ1960​ ដល់1966​ ខណៈ​ដែល​មួយផ្នែកទៀត​ត្រូវ​បាន​ជួសជុល​ពីឆ្នាំ1996​ ដល់2007​ ហើយ​គម្រោង​នេះ​បាន​សម្រាក​ រហូតដល់2016​ ទើប​ចាប់ផ្តើម​ធ្វើឡើងវិញ​។ លោក​បន្ត​ថា​ ប្រវែង​នៅសល់​ប្រមាណ​ជា​ 110ម៉ែត្រ​ក្នុងចំណោម​ 200ម៉ែត្រ​ ដែល​យើង​បាន​ធ្វើរួចរាល់​ 90ម៉ែត្រ​ហើយ​។ ស្ពាន​ហាល​ អាច​នឹង​ដាក់​ដំណើរការ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឡើងវិញ​”៕

  • វិស័យ​ធនាគារ​ និង​ផ្សារ​មូលបត្រ​ រួមគ្នា​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​ទទួល​បាន​ប្រាក់កម្ចី​ការប្រាក់​ទាប​

    វិស័យ​ធនាគារ​ និង​ផ្សារ​មូលបត្រ​ រួមគ្នា​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​ទទួល​បាន​ប្រាក់កម្ចី​ការប្រាក់​ទាប​

    ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​កម្ពុជា​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ភី​អិ​លស៊ី​ ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ប្រតិ​បត្ដិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​សេវា​ថ្មី​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ. ម. ក) the​ Cambodia​ Securities​ Exchange​ CSX​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​ឱ្យ​ចូលរួម​ជាមួយ​ CSX​ នៅក្នុង​ការ​ដេញថ្លៃ​ ធនាគារ​ក៏​នឹង​ត្រូវ​បាន​ផ្តល់​ប្រាក់កម្ចី​ និង​គណនី​បញ្ញើ​មានកាល​កំណត់​ ជាមួយ​អត្រា​ការប្រាក់​ពិសេស​។ សេវា​ថ្មីនេះ​ ត្រូវ​បាន​ប្រកាស​នៅ​ផ្សារហ៊ុន​កម្ពុជា​។

    ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​ the​ Securities​ and​ ExchangeCommission​ of​ Cambodia​ ​SECC​ បាន​មានប្រសាសន៍​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ថា​៖“ប្រសិនបើ​ ក្រុមហ៊ុន​ចុះបញ្ជី​ចង់​បង្កើន​ដើមទុន​ ពួកគេ​ត្រូវ​បង្កើន​ដើមទុន​តាមរយៈ​ការ​ចេញ​បណ្ណ​ភាគហ៊ុន​ ឬស្នើសុំ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​សម្រាប់​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ពិសេស​”។

    ឯកឧត្តម​បានឱ្យ​ដឹង​ថា​៖“សេវាកម្ម​ថ្មីនេះ​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ជាមួយ​ CSX​ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​ត្រូវតែ​បំពេញ​តាម​តម្រូវការ​ដ៏​តឹងរ៉ឹង​របស់​ SECC​ បើ​មិន​ដូច្នោះ​ទំនងជា​មិន​ទទួល​បាន​ប្រាក់កម្ចី​ទេ​។ ក្រុមហ៊ុន​ចុះបញ្ជី​ត្រូវតែ​បំពេញ​តាម​តម្រូវការ​របស់​ SECC​ ទាក់ទង​នឹង​តម្លាភាព​គណនេយ្យ​ភាព​ អភិបាលកិច្ច​ល្អ​ និង​ការគ្រប់គ្រង​ល្អ​។ ក្រុមហ៊ុន​ទាំងនេះ​ គឺជា​អតិថិជន​ដ៏​ល្អ​សម្រាប់​ធនាគារ​ ដូច្នេះ​វា​សម​ហេតុផល​ដែល​ពួក​-គេ​អាច​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយមាន​លក្ខខណ្ឌ​ពិសេស​”។

    ឯកឧត្តម​ ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មានប្រសាសន៍​ថា​ នៅពេល​ខាងមុខនេះ​យើង​នឹង​មាន​ធនាគារ​ច្រើន​ទៀត​ ដែល​ខ្លះ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ និង​ខ្លះទៀត​មិន​ពាក់ព័ន្ធ​ដែល​នឹង​ឯកភាព​ផ្តល់​ជា​ការ​លើកទឹកចិត្ត​។ ដូចនេះ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការសម្រេច​ចិត្ត​ទទួល​សេវាកម្ម​របស់​ធនាគារ​។ បើ​តាម​ឯកឧត្តម​អគ្គនាយក​ សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នៃ​វិស័យ​ធនាគារ​ និង​វិស័យ​មូលបត្រ​ ដែល​កន្លងមក​តែងតែមាន​ការយល់​ច្រឡំ​ថា​ វិស័យ​ទាំង2​ នេះ​មានការ​ប្រកួតប្រជែង​គ្នា​។

    លោក​ Jong​ Weon​ Han​ អនុប្រធាន​របស់​ CSX​ បានឱ្យ​ដឹង​ថា​ សេវា​ថ្មីនេះ​បង្កើត​ការ​រួម​បញ្ចូលគ្នា​រវាង​វិស័យ​ធនាគារ​ និង​មូលបត្រ​។ លោក​ Weon​ Han​ បាន​ថ្លែង​ថា​៖“ការ​លើកទឹកចិត្ត​បាន​បង្ហាញថា​ វិស័យ​ធនាគារ​ និង​វិស័យ​មូលបត្រ​អាច​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​មិន​ត្រឹមតែ​ទទួល​បានការ​ទុកចិត្ត​ពី​វិ​និ​យោគិ​នប៉ុ​ណ្ណោះ​ទេ​ តែ​ថែមទាំង​ពង្រឹង​ទំនុកចិត្ត​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ទៀតផង​”។

    លោក​ Raymond​ Sai​ Say​ Guan​ អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​ ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ និង​ស្ថិរភាព​អាជីវកម្ម​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​ ដោយ​លោក​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ជាច្រើន​ទំនងជា​នឹង​ចូលរួម​ជាមួយ​ CSX​ នា​ពេល​អនាគត​។

    លោក​ Guan​ បាន​មានប្រសាសន៍​ថា​៖“ធនាគារ​កា​ណា​ឌី​យ៉ា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក៏ដូចជា​ផ្សារហ៊ុន​កម្ពុជា​ដើម្បី​គាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ និង​ ធនាគារ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ និង​ការ​រីកចម្រើន​នៃ​ទីផ្សារ​មូលបត្រ​”។

    លោក​បាន​បន្ថែម​ថា​ ធនាគារ​អេ​ស៊ី​លីដា​ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ផ្តល់​សេវា​ស្រដៀងគ្នា​នេះ​ក្នុង​ពេល​ឆាប់​ៗនេះ​។ លោក​បន្ថែម​ថា​ ធនាគារ​ 2 បន្ថែម​ទៀត​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ឆ្នាំនេះ​ ព្រោះថា​ សេវា​ទាំងនេះ​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ដែល​ស្វែងរក​មូលធន​សម្រាប់​រយៈពេល​ខ្លី​ ឬរយៈពេល​វែង​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ទាប​ជាង​ក្រុមហ៊ុន​មិន​ចុះបញ្ជី​។

    លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បញ្ជាក់​ថា​ “ទីផ្សារ​មូលបត្រ​បង្កើន​នូវ​ទំនុកចិត្ត​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធនាគារ​កាន់តែ​មាន​ភាពរឹងមាំ​។ ទីផ្សារ​ធនាគារ​វិញ​ ប្រសិនបើ​កម្ចី​ថយ​ ការ​ដាក់​ប្រាក់បញ្ញើ​វា​នឹង​ថយ​ដោយខ្លួនឯង​ ដូច្នេះ​ការ​បង្កើន​កម្ចី​ និង​ការ​ដាក់​ប្រាក់បញ្ញើ​ គឺជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ធនាគារ​កាន់តែ​រឹងមាំ​។ ដូចនេះ​ជា​ចំណុច​មួយ​ វា​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ជាមួយ​វិស័យ​មូលបត្រ​”។

    អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​លើកឡើង​ថា​៖“អ្វី​ដែល​ជាគោល​បំណង​របស់​រាជរដ្ឋាភិបាល​ដែល​បង្កើត​ទីផ្សារ​មូលធន​ឡើង​ គឺ​ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ យើង​មិនមែន​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ទេ​។ យើង​បង្កើត​នូវ​ជម្រើស​បន្ថែម​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​អាច​រក​ហិរញ្ញប្បទាន​ពីទី​ផ្សារ​មូលបត្រ​ និង​ពី​យន្តការ​ដែល​មានស្រាប់​”។ លោក​បញ្ជាក់​ថា​៖“នៅ​លើស​កល​លោក​នេះ​មិនដែល​មាន​ទីផ្សារ​តែ​ម្ខាង​នោះ​ទេ​ គឺ​មាន​ទីផ្សារ2​ ហើយ​ខ្ញុំ​ក៏​មិនទាន់​ឃើញ​ទីផ្សារ​មូលបត្រ​រីកចម្រើន​ ហើយ​ទីផ្សារ​ធនាគារ​ដួល​រលំ​ដែរ​។ ខ្ញុំ​ធ្លាប់​ឃើញ​តែ​ទីផ្សារ​មូលបត្រ​កាន់តែ​រឹងមាំ​ ធនាគារ​គឺ​កាន់តែ​ខ្លាំង​”។

    ឯកឧត្តម​ ហុង​ សុ​ហួរ​ បញ្ជាក់​ថា​ “វិស័យ​ធនាគារ​ដែល​រីកចម្រើន​នឹង​នាំ​ឱ្យ​វិស័យ​មូលបត្រ​អាច​រីកចម្រើន​ ពីព្រោះ​គ្រឹះស្ថាន​ធនាគារ​មាន​ប្រាក់ចំណេញ​ច្រើន​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ភាគហ៊ុន​។ បញ្ច្រាស់​មកវិញ​ ពេល​ដែល​វិស័យ​មូលបត្រ​រីកចម្រើន​នោះ​ ធនាគារ​អាច​ផ្តល់​កម្ចី​កាន់តែ​ច្រើនជាង​មុន​ គុណភាព​កម្ចី​កាន់តែ​ល្អ​ជាង​មុន​ ហើយ​ធនាគារ​កាន់តែ​មាន​ជម្រើស​បង្កើត​ចំណូល​បាន​ច្រើនជាង​មុន​”។

    ឯកឧត្តម​បន្ត​ថា​ ការ​ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ពិសេស​នេះ​ គឺជា​អត្ថ​ប្រយោជន៍​មួយ​ក្នុង​អត្ថ​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែល​មាន​ ដូចជា​ការ​អនុគ្រោះ​បំណុល​ពន្ធ​ ការកាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ50​% រយៈពេល​ 3ឆ្នាំ​ ការ​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​មិនមែន​ជា​បំណុល​ ការ​ទទួល​បានការ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង​ សមត្ថភាព​ប្រកួតប្រជែង​ល្អ​ជាង​មុន​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បង្ហាញថា​ មកដល់​បច្ចុប្បន្ន​នេះ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ចំនួន5​ ដែល​មាន​មូលបត្រ​ទីផ្សារ​ប្រមាណ​ជាង​ 2.13ទ្រី​លាន​រៀល​ ឬស្មើ​ប្រមាណ​ 534.34លាន​ដុល្លារ​អាមេរិក​ ប្រៀបធៀប​នឹង​ចុងឆ្នាំ2018​ មូលធន​ទីផ្សារ​មាន​ប្រមាណ​ 1.21ទ្រី​លាន​រៀល​ ស្មើ​ប្រមាណ​ 304.76លាន​ដុល្លារ​អាមេរិក​៕

  • អ្នកជំនាញ​បង្ហាញ​ពី​មូលហេតុ​ និង​ប្រភេទ​សហគ្រាស​ដែល​គួរ​ធ្វើស​វន​កម្ម​នៅ​កម្ពុជា​

    អ្នកជំនាញ​បង្ហាញ​ពី​មូលហេតុ​ និង​ប្រភេទ​សហគ្រាស​ដែល​គួរ​ធ្វើស​វន​កម្ម​នៅ​កម្ពុជា​

    សហគ្រាស​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទំហំ​ ទ្រព្យសកម្ម​ និង​ចំនួន​បុគ្គលិក​ជាដើម​។ ស្ថានភាព​នេះ​តម្រូវ​ឱ្យ​ម្ចាស់​សហគ្រាស​ទាំងនោះ​ចាំបាច់​ត្រូវ​ព្យាយាម​ស្វែងយល់​ឱ្យ​បាន​កាន់តែ​ច្បាស់​ពី​ចំណុច​សំ​ខាន់​ៗ ដែល​គួរ​អនុវត្ត​ដើម្បី​ឱ្យ​សហគ្រាស​របស់​ខ្លួន​ស្រប​ទៅតាម​លក្ខខណ្ឌ​ច្បាប់​គណនេយ្យ​ សវកម្ម​ និង​ពន្ធដារ​ជាដើម​។

    នៅ​ថ្ងៃនេះ​ឡា​រ៉ែ​នពា​ណិ​ជ្ជ​បាន​មក​ជួប​សម្ភាស​ជាមួយ​លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ នាយក​ក្រុមហ៊ុន​ Apollo​ Investment​ & Consulting​ Co​., Ltd​. ដែល​ជា​គណនេយ្យករ​ជំនាញ​ និង​សវនករ​អាជីព​ ដើម្បី​ចែករំលែក​ចំណេះដឹង​លម្អិត​ពី​សវនកម្ម​នៅ​កម្ពុជា​។

    តើ​សវនកម្ម​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
    មែនទែន​ទៅ​ សវនកម្ម​មាន​ច្រើន​ប្រភេទ​។ សវនកម្ម​ មាន​ដូចជា​សវនកម្ម​ទៅលើ​គុណភាព​ សវនកម្ម​ផ្ទៃក្នុង​ សវនកម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​ ជាដើម​ ហើយ​ជាទូទៅ​ម្ចាស់​សហគ្រាស​ធុន​មធ្យម​ និង​ធុន​ធំ​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ជា​ទៀងទាត់​។ សហគ្រាស​ទាំងនោះ​ក៏អាច​នឹង​ត្រូវ​បាន​ធ្វើ​សវកម្ម​ពន្ធដារ​ដោយ​មន្ត្រី​ពន្ធដារ​ផង​ដែរ​។

    តើ​លោក​អាច​ពន្យល់​បានទេ​ថា​ អ្វីទៅ​ជាស​វន​កម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​?
    សវនកម្ម​ហិរញ្ញវត្ថុ​និយាយ​ឱ្យ​សាមញ្ញ​ គឺជា​ការ​ធ្វើការងារ​ទៅលើ​ការពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ ឬអង្គភាព​នោះ​ដើម្បី​ធានា​ដោយ​សមហេតុសមផល​ថា​ របាយការណ៍​នោះ​ត្រឹមត្រូវ​អាចយ​កជា​ការបាន​ដោយ​គ្មាន​កំហុស​ ឬការ​កេងបន្លំ​ជាដើម​។ ការងារ​ដែល​បាន​ធ្វើ​លើ​រឿង​នេះ​ គឺ​មិនមែន​មានន័យថា​ ឱ្យ​តែ​ធ្វើ​ គឺ​ដឹង​តែ​ធានា100​%ថា​ របាយការណ៍​នោះ​ត្រឹមត្រូវ100​%នោះ​ទេ​ដោយសារតែ​ហានិភ័យ​វិជ្ជាជីវៈ​ និង​ការ​លាក់​ព័ត៌មាន​សម្ងាត់​ជាដើម​។ ចំណែក​សវនកម្ម​ពន្ធដារ​ គឺ​ធ្វើឡើង​តាម​ការកំណត់​របស់​មន្ត្រី​ពន្ធដារ​ដើម្បី​ធានា​ថា​ ការ​បង់ពន្ធ​របស់​សហគ្រាស​នោះ​ត្រឹមត្រូវ​ និង​មិន​មានការ​កេងបន្លំ​ពន្ធដារ​ជាដើម​។

    តើ​សហគ្រាស​ប្រភេទ​ណា​ដែលគេ​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​?
    ចំពោះ​សវនកម្ម​ហិរញ្ញវត្ថុ​ សហគ្រាស​នី​មួយ​ៗអាច​ធ្វើ​វា​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ ឬតម្រូវ​ដោយ​ភា​គហ៊ុនិ​កជា​រៀងរាល់​ឆ្នាំ​។ លើស​ពីនេះ​ទៅទៀត​ បើ​តាមច្បាប់​កំណត់​ រាល់​សហគ្រាស​ណា​ដែល​មាន​លក្ខខណ្ឌ2​ ក្នុងចំណោម​លក្ខខណ្ឌ3​ សំ​ខាន់​ៗមួយចំនួន​ ដូចជា​៖
    1. សហគ្រាស​ដែល​មានផល​របរ​ចាប់ពី​ 3.000.000.000រៀល​។
    2. ទ្រព្យសកម្ម​សរុប​ចាប់ពី​ 2.000.000.000រៀល​។
    3. មាន​បុគ្គលិក​ច្រើនជាង​ 100នាក់​ឡើង​ទៅ​។

    សហគ្រាស​នោះ​ចាំបាច់​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​។ ហើយ​គ្រប់​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​ធ្វើស​វន​កម្ម​ទៅលើ​សហគ្រាស​ទាំងនេះ​ ត្រូវ​ទទួលស្គាល់​ដោយ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ និង​សវនករ​ (KICPAA​) និង​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​។

    ចំពោះ​សវនកម្ម​ពន្ធដារ​វិញ​មាន​លក្ខណៈ​សំ​ខាន់​ៗមួយចំនួន​ដូចជា​ សវនកម្ម​ពេញលេញ​ (Comprehensive​ Audit​) សវនកម្ម​មានកម្រិត​ (Limited​ Audit​) ឬសវនកម្ម​នៅនឹង​កន្លែង​ពន្ធដារ​ជាដើម​ (Desk​ Audit​)។ ការ​ធ្វើស​វន​កម្ម​ទាំងនេះ​ គឺជា​សិទ្ធិ​ផ្តាច់​មុខ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​សាខា​ពន្ធដារ​តាម​ខណ្ឌ​ ឬខេត្ត​នី​មួយ​ៗ តែ​សហគ្រាស​នី​មួយ​ៗក៏​មាន​សិទ្ធិ​ស្នើ​ឱ្យ​មានការ​ធ្វើស​វន​កម្ម​ទាំងនេះ​ផង​ដែរ​។

    ក្នុង​នោះ​សវនកម្ម​ពេញលេញ​មានន័យថា​ ជា​ការរៀបចំ​ត្រួតពិនិត្យ​នូវ​គ្រប់​ផ្នែក​ទាំងអស់​របស់​របាយការណ៍​ហិរញ្ញវត្ថុ​។ ហើយ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​ធ្វើការ​ត្រួតពិនិត្យ​ភាគច្រើន​លើ​ប្រភេទ​សវនកម្ម​នេះ​ គឺ​សវនករ​ពន្ធដារ​ដែល​មក​ពីអ​គ្គ​នាយកដ្ឋាន​ពន្ធដារ​ដែល​ធ្វើ​កិច្ចការ​នេះ​។ ចំណែក​ឯស​វន​កម្ម​មានកម្រិត​ និង​សវនកម្ម​នៅនឹង​កន្លែង​ គឺ​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​ដោយ​សវនករ​ពន្ធដារ​នៅ​តាម​ខណ្ឌ​ និង​ខេត្ត​នី​មួយ​ៗ។

    តើ​ការ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​មានប្រយោជន៍​អ្វីខ្លះ​ចំពោះ​សហគ្រាស​?
    ការ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​មានប្រយោជន៍​ច្រើនណាស់​ចំពោះ​សហគ្រាស​ដូចជា​ ទី1​ គឺ​វា​អាច​ជួយ​ពង្រឹង​តម្លាភាព​ហិរញ្ញវត្ថុ​ ព្រោះ​សហគ្រាស​ដែ​លត្រួវ​បាន​គេ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​ច្រើនតែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ ដូច្នេះហើយ​ក្រុមហ៊ុន​អាច​មាន​ភា​គហ៊ុនិ​កច្រើន​ តែ​សមាជិក​ម្នា​ក់ៗ​អាច​មានទំនុក​ចិត្ត​ខ្ពស់​លើ​សហគ្រាស​នោះ​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​កាត់បន្ថយ​ជម្លោះ​ និង​មានការ​អភិវឌ្ឍ​បាន​លឿន​។ ម្យ៉ាងវិញទៀត​សវនករ​អាជីព​អាច​នឹង​ផ្តល់​អនុសាស​ន៍​ល្អ​ៗដើម្បី​ជួយ​កែ​លម្អ​ចំណុច​ខ្វះខាត​ជាដើម​ ដែល​វា​អាច​ធ្វើ​ឱ្យ​យើង​មើលឃើញ​កាន់តែ​ច្បាស់​ពី​ចំណុច​គួរ​កែ​លម្អ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​។ រឿង​ពិសេស​មួយទៀត​គឺ​អាច​គេច​ផុត​ពី​បញ្ហា​បង់ពន្ធ​ខុស​ ឬប្រកាស​ពន្ធ​ខុស​ជាដើម​។

    ចំណុច​សំខាន់​ទី2​ គឺ​អាច​បង្កើន​តម្លៃ​របស់​សហគ្រាស​នោះ​ ព្រោះ​មិនថា​ពេល​ដែល​សហគ្រាស​នោះ​ចង់​ខ្ចី​លុយ​បន្ថែម​ ឬពេល​ដែល​សហគ្រាស​នោះ​ចង់​រក​ទុន​វិនិយោគ​បន្ថែម​នោះ​ សហគ្រាស​ដែល​មាន​របាយការណ៍​សវនកម្ម​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ភាគច្រើន​អាច​ទទួល​បាន​កម្ចី​ដែល​មានការ​ប្រាក់​ទាប​។ អ្នក​វិនិយោគ​ច្រើនតែ​ឱ្យ​តម្លៃ​ដល់​សហគ្រាស​ដែល​មាន​របាយការណ៍​សវនកម្ម​ហិរញ្ញវត្ថុ​ និង​ផ្តល់​តម្លៃ​ខ្ពស់​ជាង​សហគ្រាស​ធម្មតា​ និង​ចំណុច​សំខាន់​ចុងក្រោយ​ គឺ​កសាង​ទំនុកចិត្ត​រវាង​អ្នកគ្រប់គ្រង​ ព្រោះថា​ ប្រសិនជា​របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើស​វន​កម្ម​ និង​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​ និង​គួរ​ឱ្យ​ទុកចិត្ត​បាន​ ម្ចាស់​សហគ្រាស​ និង​អ្នកគ្រប់គ្រង​សហគ្រាស​នោះ​ក៏​នឹង​មានទំនុក​ចិត្ត​ចំពោះ​គ្នា​ផង​ដែរ​ ដែល​វា​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាប់​ជាប្រចាំ​៕