Author: ធឿន មករា

  • ផ្លែ​ល្ហុង​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​កសិករ​ពុំ​ទាន់​ផលិត​បាន​គ្រប់​តាម​តម្រូវការ​

    ផ្លែ​ល្ហុង​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​កសិករ​ពុំ​ទាន់​ផលិត​បាន​គ្រប់​តាម​តម្រូវការ​

    ល្ហុង​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារតែ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ តែ​ក៏​មិន​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ល្មម​គួរសម​ ទើប​ដាំ​បានផល​ល្អ​ ដោយ​អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​។ ល្ហុង​ជាដំណាំ​ដែល​មាន​អាយុវែង​គួរសម​ ជាទូទៅ​ដំណាំ​នេះ​មាន​កម្ពស់​ពី​ 1.5​ ទៅ​ 2ម៉ែត្រ​។

    ដំណាំ​ល្ហុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូលចិត្ត​ដាំ​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ ដោយសារតែ​វា​អាច​ដុះឡើង​ និង​រស់​បាន​នៅ​លើ​ដី​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី​ 22​ ទៅ​ 28អង្សា​សេ​។ ដោយឡែក​ដំណាំ​យុទ្ធ​សាស្រ្ត​មួយ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​សំបូរ​មាន​ជ័យ​ដំា​ដុះ​ដើម្បី​យក​ផល​បំពេញ​តម្រូវការ​ទីផ្សារ​។

    លោក​ ប៊ួយ​ ចេង​ អនុប្រធាន​សហគមន៍​ សំបូរ​មានជ័យ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“សហគមន៍​របស់ខ្ញុំ​មិនមែន​មាន​ដាំ​តែ​ដំណាំ​មួយ​មុខ​ទេ​ យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ដូចជា​ប៉េងប៉ោះ​ខ្មែរ​ម្ទេស​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ចេក​ ម្នាស់​ ផ្កា​ខាត់ណា​ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ស្លឹកគ្រៃ​ផង​ដែរ​។ ចំណែក​ដំណាំ​ល្ហុង​នេះ​សហគមន៍​យើង​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 4ហិ​កតា​”។

    លោក​ ចេង​ បាន​មានប្រសាសន៍​ថា​ ចំពោះ​ការ​ដាំដុះ​វិញ​ មុននឹង​យក​ទៅ​ដាក់ដាំ​ក្នុង​ចម្ការ​ គេ​ត្រូវ​យក​គ្រាប់ពូជ​វា​ទៅ​បណ្ដុះ​សិន​។ ត្រូវ​យក​ដី​ដែល​មានជីជាតិ​ល្អ​ច្រកចូល​ក្នុង​ថង់​ប្លាស្ទិក​ខ្មៅ​ដែល​ត្រៀម​រួចជាស្រេច​ បន្ទាប់មក​យក​គ្រាប់ពូជ​ល្ហុង​ទៅ​ត្រាំទឹក​រយៈពេល​ 2ថ្ងៃ​ និង​ផ្អាប់​ទុក​រយៈពេល​ 7ថ្ងៃ​ (ឱ្យ​ដុះ​ពន្លក​សៗ​ឡើង​) ទើប​យក​ទៅ​ដាក់ដាំ​បន្ត​នៅក្នុង​ថង់​ពី​ 3-4គ្រាប់​ ក្នុង1ថង់​។ ក្រោយពី​ដាក់គ្រាប់​បណ្ដុះ​ហើយ​ គេ​ត្រូវ​ស្រោចទឹក​វា​ឱ្យ​ជោក​រៀងរាល់ថ្ងៃ​ ដើម្បី​ឱ្យ​កូន​ល្ហុង​លូតលាស់​បាន​ល្អ​ឡើង​។ ចំពោះ​ថ្នាល​បណ្ដុះ​កូន​វិញ​ គេ​ត្រូវ​ធ្វើ​រោង​ប្រក់​សំណាញ់​ដើម្បី​ជា​ម្លប់​កុំឱ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺថ្ងៃ​ខ្លាំងពេក​។

    ចំណែក​ឯការរៀបចំ​ដី​សម្រាប់​ដាក់ដាំ​វិញ​ គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ចំនួន​ 3-4លើក​ ដោយចន្លោះ​ពី​ 1លើក​ទៅ​ 1លើក​មាន​រយៈពេល​ 10ថ្ងៃ​ ដោយ​ដាក់ជី​លាមក​សត្វ​ផង​ដែរ​។ ក្រោយពី​ភ្ជួរ​ និង​រាស់​ហាល​ដី​រួចហើយ​ គេ​ត្រូវលើ​កជា​រង​ដែល​មាន​ទទឹង​ 1.5ម៉ែត្រ​ បណ្ដោយ​ទៅតាម​ស្ថានភាព​ដី​។ នៅ​លើ​រង​ គេ​ត្រូវ​ជីករណ្ដៅ​ជាជួរ​ ដោយ​រណ្ដៅ​នី​មួយ​ៗទំហំ​ 3តឹក​ 4ជ្រុង​ និង​ជម្រៅ3តឹក​ ដោយ​ទុក​គម្លាត​ពី​រណ្ដៅ​មួយ​ ទៅ​មួយ​ចម្ងាយ​ 2.5ម៉ែត្រ​។ នៅក្នុង​រណ្ដៅ​នី​មួយ​ៗ គេ​ត្រូវ​ដាក់ជី​លាមក​សត្វ​ពុក​ផុយ​ច្របល់​ជាមួយ​ដី​ឱ្យ​សព្វ​។

    នៅពេល​ដើមល្ហុង​នៅ​តូច​ គេ​ត្រូវ​ស្រោចទឹក​ 1ថ្ងៃ​ 1ដង​ ដោយ​ប្រើ​ទុយោ​បាញ់​ទៅលើ​ស្លឹក​ដើម្បី​ឱ្យ​វា​ហូរ​ធ្លាក់​មក​ក្រោម​ រហូតដល់​ដើមល្ហុង​ធំ​ពេញវ័យ​ ចេញផ្កា​ គេ​ត្រូវ​បញ្ចូល​ទឹក​នៅ​តាមចន្លោះ​រង​រៀងរាល់​ 3ថ្ងៃ​ម្តង​លៃ​យ៉ាងណា​កុំឱ្យ​ដី​ស្ងួត​ពេក​ ឬក៏​សើម​ជ្រុល​ពេក​។

    ក្រោយពេល​ដាំ​បាន​រយៈពេល​ 5ខែ​ យើង​អាច​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​ៗលក់​បាន​ហើយ​។ ការ​បេះ​ត្រូវ​បាន​គេ​ធ្វើឡើង​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ 6ខែ​ ទៅ1ឆ្នាំ​។ ក្រោយពី​ប្រមូល​ផល​ឆ្នាំទី1​ និង​ឆ្នាំទី2​ រហូតដល់​ដើមល្ហុង​លែង​សូវ​ចេញ​ផ្លែ​ហើយ​ ទើប​គេ​អាច​កាប់​ដើម​ចាស់​ចោល​ និង​ដាំ​ថ្មី​ឡើងវិញ​។ ជាស​រុ​បនៅ​ពេល​ដើមល្ហុង​ផ្តល់​ផ្លែ​ពេញលេញ​ សហគមន៍​អាច​បេះ​យក​ទៅ​លក់​បាន​ប្រមាណ​ពី​ 2 ទៅ3តោន​ក្នុង1ថ្ងៃ​នៅពេល​ដែល​វា​ចាប់ផ្តើម​ផ្តល់​ផល​។

    លោក​ ប៊ួយ​ ចេង​ បានឱ្យ​ដឹង​ថា​ សហគមន៍​លោក​មាន​ចម្ការ​ល្ហុង​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ 4ហិ​កតា​ ស្មើដើម​ល្ហុង​ចំនួន​ជាង​ 2,000ដើម​ស្ថិត​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​។ បច្ចុប្បន្ន​ចំពោះ​ផ្ទៃដី​ 4ហិ​កតា​ដែល​ដាំ​ដើមល្ហុង​នេះ​ លោក​អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​ជិត​ 2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ 1ឆ្នាំ​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ ប៊ួយ​ ចេង​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “ល្ហុង​ គឺជា​បន្លែ​ដែល​មានតម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​លក់​ចេញ​ក្នុង​ 1គីឡូ​បាន​តម្លៃ​ចន្លោះ​ពី1,000​ ទៅ​ 1,200រៀល​សម្រាប់​ផ្លែ​ល្ហុង​ខ្ចី​(យក​ទៅ​ធ្វើជា​បន្លែ​ស្លស្លុក​) និង​ 1,200រៀល​ ទៅ​ 1,500រៀល​ សម្រាប់​ផ្លែ​ល្ហុង​ទុំ​(យក​ទៅ​ធ្វើជា​បង្អែម​)។ លោក​បាន​បញ្ជាក់​ថា​ នេះ​ជា​តម្លៃ​នា​ពេល​បច្ចុប្បន្ន​ដែល​ឡើងថ្លៃ​បាន​បន្តិចមក​វិញ​ បើ​ពីមុន​វិញ​ យើង​អាច​លក់​បាន​ត្រឹមតែ​ 400រៀល​ប៉ុណ្ណោះ​ ក្នុង​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​យើង​អាច​លក់​បាន​រាង​ថ្លៃ​បន្តិច​វិញ​ហើយ​”។

    លោក​ ប៊ួយ​ ចេង​ បានឱ្យ​ដឹង​ដែរ​ថា​៖“ក្នុង​ពេល​ថ្មី​ៗនេះ​មានការ​ផ្ទុះឡើង​នូវ​បន្លែ​មាន​ជាតិគីមី​ ដែល​នាំចូល​មក​ពី​ប្រទេសជិតខាង​ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​មករ​កបន្លែ​ក្នុង​ស្រុក​ ហើយ​តម្លៃ​ក៏​ចាប់ផ្ដើម​បាន​ឡើង​រាង​ខ្ពស់​បន្តិច​វិញ​ ដោយសារ​បន្លែ​ក្នុង​ស្រុក​ជា​បន្លែ​សរីរាង្គ​ ជា​របស់​សហគមន៍​ក្នុង​ស្រុក​ ដែល​យើង​នាំគ្នា​ដាំ​”។

    បច្ចុប្បន្ន​ផ្លែ​ល្ហុង​របស់​សហគមន៍​សំបូរ​មានជ័យ​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ក្នុង​ខេត្ត​កំពង់ចាម​ នៅ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស​នៅ​ភ្នំពេញ​។លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ សហគមន៍​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ផ្សេង​ៗទៀត​ ពិសេស​បន្លែ​ល្ហុង​នេះ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​គ្រប់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ ព្រោះ​បើ​ទោះជា​មាន​ដំណាំ​ល្ហុង​ 10ហិ​កតា​ទៀត​ ក៏​នៅតែ​មិនទាន់​គ្រប់​តម្រូវការ​ទីផ្សារ​ដែរ​(ទាំង​ទុំ​ ទាំង​ខ្ចី​)។ តែ​ពេលនេះ​ល្ហុង​កំពុង​មាន​ជំងឺរាតត្បាត​ ដែល​មិនទាន់​អាច​ឱ្យ​សហគមន៍​កសិករ​យើង​ចាប់ផ្តើម​ធ្វើការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​នេះ​បាន​នៅឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ជាចុងក្រោយ​របស់​លោក​ ប៊ួយ​ ចេង​៕

  • “ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

    “ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

    ជម្រើស​លំនៅឋាន​ច្រើនជាង​មុន​ និង​ប្លែក​ជាង​មុន​ គឺជា​គោលបំណង​នៃ​ពិព័រណ៍​អចលនទ្រព្យ​នៅពេល​ខាងមុខនេះ​ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​លើឆាកអន្តរជាតិ​នេះ​បើ​តាម​អគ្គនាយក​នៃ​គេហទំព័រ​ realestate.com.kh​ ដែល​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​អំពី​ពិព័រណ៍​ដែលគេ​សង្ឃឹមថា​ ជា​ព្រឹត្តិ​ការណ៍​ដែល​អាច​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ ហើយ​ពួកគេ​ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗពី​ការទិញ​-លក់​អចលនទ្រព្យ​ពី​វាគ្មិន​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

    លោក​ Thomas​ O’Sullivan​ នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​អចលនទ្រព្យ​ realestate.com.kh​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មានប្រសាសន៍​ថា​៖“មាន​វិនិយោគិន​បរទេស​មួយចំនួន​មិនទាន់​បាន​ស្គាល់​ ឬយល់ដឹង​ពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ទេ​។ ហេតុនេះ​កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​នៅក្នុង​ស្រុក​ និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ តាមរយៈ​កម្មវិធី​នេះ​នឹង​ធ្វើ​ឱ្យ​ជនបរទេស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

    លោក​បាន​បន្ថែម​ថា​ កម្មវិធី​នេះ​អាច​និយាយ​បាន​ថា​ ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ស្វែងរក​ទិញ​អចលនទ្រព្យ​ក៏ដូចជា​ការ​វិនិយោគ​ផង​ដែរ​ ពិសេស​យើង​ផ្តោត​ការ​ផ្សព្វផ្សាយ​ទៅលើ​អ្នកមាន​ជីវភាព​មធ្យម​ដែល​នៅ​មាន​តម្រូវការ​លំនៅឋាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា​៖ “កម្មវិធី​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អចលន​ទ្រព្យ​ថ្មី​ៗ ព្រមទាំង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ និង​ដើរតួ​នាទី​សំខាន់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

    លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ ពិព័រណ៍​នេះ​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​អត្ថ​ប្រយោជន៍​ចំនួន​ 4សំ​ខាន់​ៗគឺ​ ទី1​-វេទិកា​នេះ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅឋាន​ មិនថា​ផ្ទះ​ ដី​ ខុន​ដូ​ ឬបុរី​នោះ​ទេ​ និង​មាន​ជម្រើ​សផ្សេង​ៗទៀត​ ដូចជា​ រថយន្ត​ម៉ា​កល្បី​ៗ គ្រឿងសង្ហារិម​ និង​ការ​រចនា​ដេ​គ័រ​។ ទី2​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ស្វែងយល់​អំពី​ភាព​រីកចម្រើន​នៃ​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា​។ ទី3​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​គម្រោង​លំនៅឋាន​ជាច្រើន​ក្នុង​ពេល​តែមួយ​ និង​ទី4​-ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ចូលរួម​ស្វែងយល់​ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធាន​បទ​ល្អ​ៗ ដែល​នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បី​។

    សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​ពិព័រណ៍​នី​មួយ​ៗមានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​អ្នក​វិនិយោគ​ ម្ចាស់​គម្រោង​ អ្នក​អភិវឌ្ឍន៍​ និង​អ្នកចូលរួម​រាប់ពាន់​នាក់​នឹង​បាន​ចូលរួម​នៅក្នុង​វេទិកា​ដ៏​ធំអស្ចារ្យ​មួយ​នេះ​។ ជា​ការពិត​ណាស់​ នៅក្នុង​ពិព័រណ៍​លើក​ទី1​ មានការ​ទិញ​លក់​នៅនឹង​កន្លែង​គិតជា​ទឹកប្រាក់​ជាង​ 3លាន​ដុល្លារ​។ លើក​ទី2​ បាន​ជាង20លាន​ដុល្លារ​ និង​លើក​ទី3​ លក់​បាន​ជាង​ 20លាន​ដុល្លារ​។

    ដូច្នេះ​វា​ជា​វេទិកា​ទិញ​-លក់​អចលនទ្រព្យ​ដ៏​មានប្រសិទ្ធភាព​ និង​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ដោយ​សម្លឹងឃើញ​ពី​សក្តា​នុ​ពល​នៃ​ទីផ្សារ​ និង​តម្រូវការ​អចលនទ្រព្យ​ដ៏​ច្រើន​ពី​អ្នកទិញ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ Realestate.com.kh​ នឹង​នៅតែ​បន្ត​ជំរុញ​ការទិញ​-លក់​លំនៅឋាន​នៅ​កម្ពុជា​ តាមរយៈ​ពិព័រណ៍​ដ៏​ធំ​នេះ​។

    លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ប្រាប់​ថា​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​ កម្មវិធី​នេះ​នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងច្រើន​ពីសំណាក់​អ្នក​វិនិយោគ​បរទេស​។

    លោក​បន្ត​ថ្លែង​ថា​៖ “ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​ច្បាប់​មាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​នោះ​ ដូច្នេះ​តាមរយៈ​ពិព័រណ៍​នេះ​នឹងអាច​ជួយ​ទាក់ទាញ​ជនបរទេស​ឱ្យ​ចូល​មក​ទិញ​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​បាន​ជាច្រើន​ទៀត​”។

    លោក​បាន​បញ្ជាក់​ថា​៖“យោង​តាម​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​ និង​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​៖“តម្រូវការ​លំនៅឋាន​នៅតែ​ខ្ពស់​ គឺ​ការសាងសង់​អត់​ទាន់​គ្រប់​តាម​តម្រូវការ​ទេ​ ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​កំណើន​ការងារ​។ តម្រូវការ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នេះ​នឹង​បន្ត​រីកចម្រើន​លើស​ពី​ 5ឆ្នាំទៅ​មុខ​ទៀត​។ បើ​យើង​គិតទៅ​ 5ឆ្នាំ​ទៀត​ ប្រទេស​យើង​អាច​នៅ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៀត​ ពោល​គឺ​របាយ​នេះ​មិនទាន់​ឆ្អែត​ទេ​ រហូត​ទៅដល់​ឆ្នាំ2030​។ ដូចនេះ​អចលនទ្រព្យ​ គឺ​កំពុងតែ​ចាប់ផ្តើម​បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​យើង​ និង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​”។

    លោក​ សួស​ ចិន្តា​ បាន​បញ្ជាក់​ទៀត​ថា​៖“បញ្ហា​ប្រឈម​ យើង​នៅតែ​មាន​ ដោយ​យើង​ត្រូវតែ​សាងសង់​ប៉ុន្មាន​ដើម្បី​ជា​ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ឱ្យ​គ្រប់គ្រាន់​ដល់​ប្រជាជន​ ហើយ1ឆ្នាំ​យើង​ត្រូវលក់​បាន​ប៉ុន្មាន​ និង​សាងសង់​បាន​ប៉ុន្មាន​? និង​ការ​លក់​ចេញទៅ​នោះ​ថ្លៃ​ប៉ុន្មាន​? ព្រោះ​យើង​ផ្តោត​ទៅលើ​លំនៅឋាន​សមរម្យ​ដែល​ប្រជាជន​យើង​អាច​មានលទ្ធភាព​ទិញ​បាន​។ នេះ​ជា​ការរៀបចំ​មួយ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កំពុងតែ​រៀបចំ​ចងក្រង​ហើយ​ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​ទាក់ទង​ទៅ​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​ និង​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​កម្ចី​ជាដើម​៕

  • យុវជន​គួរ​បង្កើន​ភាព​ប្រាកដនិយម​ និង​មិន​គួរ​ធ្វើអាជីវកម្ម​ដោយ​ពឹង​តែ​លើ​ការ​គាំទ្រ​ពី​អ្នក​ជុំវិញ​ខ្លួន​ទេ​

    យុវជន​គួរ​បង្កើន​ភាព​ប្រាកដនិយម​ និង​មិន​គួរ​ធ្វើអាជីវកម្ម​ដោយ​ពឹង​តែ​លើ​ការ​គាំទ្រ​ពី​អ្នក​ជុំវិញ​ខ្លួន​ទេ​

    បច្ចុប្បន្ន​ ដោយសារតែ​ចរន្ត​នៃ​ការ​អភិវឌ្ឍ​របស់​សង្គម​ និង​កំណើន​នៃ​ការអប់រំ​បាន​ធ្វើ​ឱ្យ​យុវជន​មានឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ពី​សិស្ស​និស្សិត​ក្លាយជា​អ្នកធ្វើការ​ងារ​ និង​ពី​អ្នកជំនាញ​ក្នុង​ការងារ​ទៅជា​ម្ចាស់​អាជីវកម្ម​។ ថ្វី​ដ្បិតតែ​ចរន្ត​វិជ្ជមាន​នេះ​បាន​កើតឡើង​ច្រើន​ និង​ធ្វើ​ឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើន​ទទួល​បាន​ជោគជ័យ​ក្នុង​មុខរបរ​ក៏​ពិតមែន​ តែ​ក៏​មាន​យុវជន​មិន​តិច​ទេ​មានការ​សោក​ស្តាយ​ដោយសារតែ​ការខាតបង់​ទាំង​ពេលវេលា​ ធនធាន​ និង​កិត្តិយស​នៅក្នុង​មុខរបរ​អាជីវកម្ម​ ដោយសារតែ​ខ្វះ​ភាព​ប្រាកដនិយម​ និង​កង្វះ​ការយល់​ដឹង​មួយចំនួន​។

    លោក​ ធុល​ រិទ្ធី​ សហ​ស្ថាបនិក​ Small​ World​ និង​កុំព្យូទ័រ​ Koompi​ បាន​លើកឡើង​ថា​ យុវជន​កម្ពុជា​គួរ​ពឹងផ្អែក​លើ​សមត្ថភាព​ និង​ភាព​ប្រាកដនិយម​ច្រើន​ ជាង​ការ​ធ្វើការងារ​ ឬចេញ​រកស៊ី​ដោយ​ពឹងផ្អែក​តែ​លើ​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ពេលខ្លះ​យើង​ចង់ឱ្យ​គេ​គាំទ្រ​យើង​ តែ​យើង​មិនបាន​បង្កើត​ផលិតផល​ឱ្យ​មានគុណ​ភាព​ខ្ពស់​ និង​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ទូទៅ​ឡើយ​ ដូច្នេះ​វា​ធ្វើ​ឱ្យ​អាជីវកម្ម​នោះ​បើក​បាន​ក្នុងរយៈពេល​ខ្លី​ ក៏​បិទ​ទៅវិញ​។ អ្វី​ដែល​អាច​ធ្វើ​បាន​ គឺ​យុវជន​ ឬអ្នករក​ស៊ី​ថ្មី​ៗគួរ​មើល​ពី​ចរន្ត​ ឬតម្រូវការ​របស់​មនុស្សជា​ទូទៅ​ឱ្យ​បាន​ធំ​ទូលាយ​ កុំ​សម្លឹង​មើលតែ​ទីផ្សារ​ជុំវិញ​ខ្លួន​ ឬធ្វើតាម​គេ​ ព្រោះ​អាជីវកម្ម​ច្រើនណាស់​ដែល​បើក​ដោយ​ពឹង​លើ​ទីផ្សារ​មនុស្ស​ប៉ុន្មាន​នាក់​ជុំវិញ​ខ្លួន​នោះ​ត្រូវ​ដួល​រលំ​ទៅវិញ​ព្រោះ​ អ្នក​ជុំវិញ​ខ្លួន​ ដូចជា​ មិត្តភក្តិ​ ឬបងប្អូន​មិន​ប្រាកដ​ថា​អាច​គាំទ្រ​ផលិតផល​ ឬសេវាកម្ម​របស់​យើង​យូរអង្វែង​នោះ​ទេ​ ប្រសិនបើ​យើង​មិនព្រម​អភិវឌ្ឍ​ និង​ប្រើប្រាស់​ចំណុច​គោល​ច្បាស់លាស់​ណាមួយ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ​ដល់​អតិថិជន​។

    លោក​ ធុល​ រិទ្ធី​ បាន​និយាយ​ថា​“សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ចង់បាន​ការ​គាំទ្រ​ទេ​ តែ​ខ្ញុំ​ចង់ឱ្យ​អតិថិជន​ ឬអ្នកប្រើ​ប្រាស់​ទទួល​បាន​ប្រយោជន៍​ និង​យល់​ច្បាស់​ពី​ផលិតផល​របស់ខ្ញុំ​ ប្រសិនបើ​ពួកគាត់​ទិញ​កុំព្យូទ័រ​ Koompi​ ដើម្បី​តែ​គាំទ្រ​ សូមកុំ​ទិញ​អី​ល្អ​ជាង​ ព្រោះ​វា​មិន​មានតម្លៃ​សម្រាប់​គាត់​នោះ​ទេ​ ហើយ​គាត់​នឹង​បោះបង់​វា​ចោល​ ប្រសិនបើ​គាត់​មិន​ចេះ​ប្រើ​ ឬប្រើ​មិនកើត​ តែ​ប្រសិនបើ​គាត់​ចាប់អារម្មណ៍​ចង់​ប្រើ​ ដើម្បី​ធ្វើការងារ​ និង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ ឬគិតថា​វា​មានប្រយោជន៍​សម្រាប់​គាត់​នោះ​ ចាំ​ទិញ​”។

    សហគ្រិន​ និង​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ មុន​សម្រេចចិត្ត​រកស៊ី​ យុវជន​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់​ និង​គិត​ឱ្យ​ច្បាស់​ពី​ចរន្ត​ដែល​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​អនាគត​ កុំ​រកស៊ី​បើក​តែ​ហាង​កាហ្វេ​តាម​គ្នា​ នោះ​យើង​នឹង​មិន​អាចប​ង្កើត​ផលិតផល​បាន​ល្អ​ ខុសប្លែក​ពី​គេ​បាន​នោះ​ទេ​ យកល្អ​ប្រសិនបើ​មិនទាន់​មាន​បទ​ពិសោធ​ និង​ចំណេះដឹង​គ្រប់គ្រាន់​គួរ​ធ្វើការ​ឱ្យ​គេ​ដើម្បី​រៀនសូត្រ​ពី​ជំនាញ​ វិធី​សាស្រ្ត​ធ្វើអាជីវកម្ម​ និង​ទុក​ឱកាស​សម្រាប់​ការសិក្សា​ពី​តម្រូវការ​ជាក់ស្តែង​របស់​មនុស្សជា​មុន​សិន​ មុននឹង​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ណាមួយ​ដែល​មានតម្លៃ​ មាន​ភាព​ច្បាស់លាស់​ និង​អាច​ជួយ​ដល់​មនុស្ស​ទូទៅ​ ហើយ​ត្រូវ​ចាំ​ឱ្យ​បាន​ច្បាស់​ថា​ កុំ​ពឹង​តែ​លើ​ការ​គាំទ្រ​របស់​គេ​ តែ​ត្រូវ​ច្បាស់​ពី​គុណសម្បត្តិ​របស់​ផលិតផល​ដែល​យើង​ផលិត​ឡើង​ ទើប​យើង​អាច​ឈរជើង​បាន​យូរ​។

    ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ជា​អ្នក​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ ប្រជាជន​ខ្មែរ​ ជាពិសេស​យុវជន​គួរ​បង្កើត​បង្កើត​ភាពរឹងមាំ​ទាំង​ផ្នែក​ចំណេះដឹង​ និង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ខ្លាំង​ជាមុន​សិន​ មុននឹង​ចាប់ផ្តើម​អា​ជី​វម្ម​ ការ​ធ្វើអាជីវកម្ម​មិនមែន​ជា​រឿង​លំបាក​ពេក​ទេ​ តែ​ក៏​មិន​ងាយស្រួល​ពេក​ដែរ​ ព្រោះ​វា​ទាមទារ​ឱ្យ​មាន​បទ​ពិសោធ​ ចំណេះដឹង​ ភាព​ឆ្លាតវៃ​ និង​ភាព​ហ្មត់ចត់​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​នោះ​ដើរទៅ​មុខ​បាន​ដោយ​រលូន​។ ការសិក្សា​ពី​ការ​អាន​ ការ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ និង​ស្វែងយល់​ពី​ព័ត៌មាន​ឱ្យ​បាន​ច្រើន​ ជាផ្នែក​សំខាន់​មួយ​ដែល​យុវជន​គួរ​ធ្វើ​ដើម្បី​អាច​ក្លាយជា​ម្ចាស់​អាជីវកម្ម​ដែល​រឹងមាំ​។

    លោក​ ង៉ែត​ ជូ​ បាន​និយាយ​ថា​ ជា​រឿយ​ៗប្អូន​ៗយុវជន​តែង​ប្រាប់​ខ្ញុំ​ថា​ គាត់​បង្កើត​អាជីវកម្ម​ព្រោះ​ខ្ជិល​ធ្វើការ​ឱ្យ​គេ​ ចង់​ក្លាយជា​អ្នកមាន​ ឬចង់​បង្កើត​ស្នាដៃ​ដោយខ្លួនឯង​ ជាដើម​ ខ្ញុំ​សូម​ផ្តល់​យោបល់​ថា​ គោលបំណង​ទាំងនេះ​ពិបាក​នឹង​ធ្វើ​ឱ្យ​ជោគជ័យ​ណាស់​ ព្រោះ​មិនបាន​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​នោះ​ទេ​។

    អ្នកជំនាញ​ខាងលើ​បាន​ផ្តល់​ដំបូន្មាន​ផង​ដែរ​ថា​ប្រសិនបើ​ចង់ឱ្យ​អាជីវកម្ម​មាន​ភាពរឹងមាំ​ និង​មានដំណើរ​ការ​ល្អ​ លុះត្រាតែ​អាជីវកម្ម​នោះ​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​ពិតប្រាកដ​របស់​មនុស្ស​ក្នុង​សង្គម​ ព្រោះ​បើ​មនុស្ស​មាន​បញ្ហា​ គាត់​នឹង​ស្វែងរក​ដំណោះស្រាយ​ ហេតុនេះ​ប្រសិនបើ​យើង​អាចប​ង្កើត​ដំណោះស្រាយ​ល្អ​ និង​មាន​លក្ខណ​ពិសេស​ខុសពី​គេ​នោះ​ យើង​នឹង​ទទួល​បាន​អតិថិជន​ច្រើន​ ហើយ​ស្ថិតស្ថេរ​យូរអង្វែង​ទៀតផង​ ប្រសិនបើ​យើង​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​បាន​ច្បាស់លាស់​ មាន​អ្នក​ប្រឹក្សា​ល្អ​ ទទួលយក​យោបល់​គេ​ និង​មានការ​សេពគប់​ត្រឹមត្រូវ​ ហើយ​ថែមទាំង​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ធានា​ពី​និរន្តរភាព​នៃ​អាជីវកម្ម​ផង​នោះ​ យើង​នឹងអាច​ក្លាយជា​អ្នក​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​បាន​ល្អ​ នៅពេល​នោះ​ប្រាក់ចំណូល​ និង​ធនធាន​ វា​នឹង​មកតាមក្រោយ​ តែ​ប្រសិនបើ​យើង​មាន​ភាព​មិន​ច្បាស់លាស់​ ហើយ​ចេះតែ​ធ្វើអាជីវកម្ម​តាម​គ្នា​ និង​មានហេតុ​ផល​ដដែល​ៗដូច​មនុស្ស​ទូទៅ​ដែរ​នោះ​ យើង​នឹង​ស្តាយក្រោយ​ម្តង​ហើយ​ម្តង​ទៀត​ ដោយសារតែ​ចង់​ឆាប់​ជោគជ័យ​ខ្លាំងពេក​៕

    ​;

  • ក្រុមហ៊ុន​ Signatures​ of​ Asia​ ចុះ​ MoU​ ជាមួយ​សមាគម​កសិកម្ម​ និង​ក្រុមហ៊ុន​ 6ទៀត​ដើម្បី​ជួយ​វិស័យ​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​

    ក្រុមហ៊ុន​ Signatures​ of​ Asia​ ចុះ​ MoU​ ជាមួយ​សមាគម​កសិកម្ម​ និង​ក្រុមហ៊ុន​ 6ទៀត​ដើម្បី​ជួយ​វិស័យ​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​

    ដើម្បី​លើកកម្ពស់​ជីវភាព​ និង​ប្រាក់ចំណូល​ដល់​កសិករ​ខ្នាត​តូច​ និង​លើកកម្ពស់​ចង្វាក់​តម្លៃ​កសិផល​ប្រកបដោយ​និរន្តរភាព​ ក្រុមហ៊ុន​ Signatures​ of​ Asia​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​ រួម​ទាំង​កសិផល​ជាច្រើន​មុខ​ផ្សេងទៀត​នោះ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU​) ជាមួយ​សមាគម​ និង​ក្រុមហ៊ុន​ចំនួន6​ ផ្សេងទៀត​ ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត​។

    ភាពជា​ដៃគូ​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​ មាន​គោលបំណង​ធ្វើ​ឱ្យ​មាន​អ្នក​ពាក់ព័ន្ធ​កាន់តែ​ច្រើន​ដើម្បី​ចូលរួម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ទាំងមូល​ និង​ជួយ​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​ចំពោះ​កសិករ​ ដូចជា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ បច្ចេកទេស​កសិកម្ម​ ធាតុ​ចូល​កសិកម្ម​ និង​ការ​ទទួល​បាន​ទី​ផ្សា​រថ្មីៗ​ជាដើម​។

    ភាពជា​ដៃគូ​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​នឹង​មានការ​ចូលរួម​ពី​អ្នក​ផ្តត់​ផ្គង់​ធាតុ​ចូល​ អ្នកគាំទ្រ​ បច្ចេកទេស​ បច្ចេកវិទ្យា​កសិកម្ម​ និង​ម៉ាស៊ីន​ ការធានា​រ៉ាប់រង​លើ​ដំណាំ​ អ្នក​កែច្នៃ​ អ្នកនាំ​ចេញ​ អ្នកនាំ​ចូល​ និង​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។

    ម៉ូដែល​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ដែល​មាន​និរន្តរភាព​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយក្រុម​ហ៊ុន​ Signatures​ of​ Asia​ ជាមួយ​សហគមន៍​កសិកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ក្រុមហ៊ុន​ Bayon​ Heritage​ Holding​ Group​ វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កម្ពុជា​ អង្គការ​ទស្សន​ពិភពលោក​ ក្រុមហ៊ុន​កសិកម្ម​ឈ្លាសវៃ​ ក្រុម​ហ៊ុន​ហ្វូ​តតេ​ ក្រុមហ៊ុន​នាំចូល​ផលិតផល​កសិកម្ម​សរីរាង្គ​របស់​ប្រទេស​ហូ​ឡង់​ DOENS​ Foods​ International​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ AMK​។

    លោក​ ចាន់​ សុ​ឃាំង​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Signatures​ of​ Asia​ បានឱ្យ​ដឹង​ថា​ ការ​សហការ​ ប្រមូល​ផ្តុំ​ដៃគូ​ទាំងអស់​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ​ គឹ​ធ្វើ​យ៉ាងណា​ទ្រទ្រង់​វិស័យ​កសិកម្ម​ឱ្យ​មាន​ចីរភាព​ ដែល​នឹង​ផ្សារភ្ជាប់​តាំងពី​ការ​ដាំដុះ​ រហូតដល់​ទីផ្សារ​ ហើយ​ដើម្បី​បង្ហាញ​ឱ្យ​អ្នក​ដែល​បាន​ធ្វើការ​ដាំដុះ​ទាំងអស់​ ឱ្យ​គាត់​បានដឹង​ថា​ តើ​គាត់​គួរ​ដាំដុះ​ដំណាំ​ប្រភេទ​ណា​ ដែល​មានតម្លៃ​ខ្ពស់​ទៀតផង​។

    លោក​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ Signatures​ of​ Asia​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​នេះ​ គឺ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​អភិវឌ្ឍ​ទៅលើ​វិស័យ​កសិកម្ម​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត​ ហើយ​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចុះ​ MoU​ នៅពេល​នេះ​ មាន​សហគមន៍​ខ្លះ​ ធ្វើ​កសិកម្ម​ទាក់ទង​នឹង​ស្រូវ​សរីរាង្គ​ សហគមន៍​ខ្លះ​ធ្វើ​ពាក់ព័ន្ធ​នឹង​ស្ករត្នោត​ និង​សហគមន៍​ខ្លះទៀត​ គឺ​កំពុងតែ​គិតគូរ​លើ​ដំណាំ​សរីរាង្គ​ដូចជា​ សណ្តែក​ខៀវ​ ម្រេច​ និង​ស្វាយចន្ទី​ជាដើម​។

    លោក​ សុ​ឃាំង​ បាន​បន្ត​ថា​ នៅពេល​ដែល​ក្រុមហ៊ុន​បាន​ចាប់ដៃ​គ្នា​ជា​ដៃគូ​ហើយ​ គឺ​យើង​នឹង​មានការ​ទ្រទ្រង់​ច្រើនជាង​អ្វី​ដែល​ធ្លាប់ធ្វើ​ពី​មុន​ៗមក​ ដែល​នៅពេល​នេះ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ AMK​ បាន​ត្រៀម​កញ្ចប់​ថវិកា​ទ្រទ្រង់​រួចហើយ​ សម្រាប់​សហគមន៍​ទាំង15​ ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ដើម្បី​ត្រៀម​ជួយ​ផ្នែក​ហិរញ្ញប្បទាន​ ធ្វើ​យ៉ាងណា​ឱ្យ​គាត់​អាច​មាន​ជា​ទុន​ផលិត​ដំណាំ​ដាំដុះ​បាន​ជាច្រើន​ជាង​មុន​ផង​ដែរ​។

    លោក​ សុ​ឃាំង​ ក៏បាន​ស្នើ​ដល់​សហគមន៍​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការផលិត​កសិផល​សរីរាង្គ​ទាំងឡាយ​អាចម​កទំនាក់ទំនង​នឹង​ក្រុមហ៊ុន​ Signatures​ of​ Asia​ ដើម្បី​ធ្វើការ​ពិភាក្សា​ ស្វែងរក​ផលិតផល​ដែល​មាន​សក្តា​នុ​ពល​អាច​ធ្វើការ​ដាំដុះ​បាន​ ហើយ​ក្រុមហ៊ុន​នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ដែល​សមរម្យ​ និង​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​តែម្តង​។

    លោក​ សុ​ឃាំង​ ថ្លែង​ថា​៖“យើង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ ហើយ​នា​ពេល​ខាងមុខនេះ​ យើង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន15​ ទូទាំង​ប្រទេស​”។

    លោក​បន្ត​ថា​ ជាមួយនឹង​កិច្ចសហការ​ភាពជា​ដៃគូ​នេះ​ នឹង​គាំទ្រ​កសិករ​បាន​ច្រើនជាង​មុន​ ខណៈ​យើង​មានដៃ​គូ​ខាង​មីក្រូហិរញ្ញវត្ថុ​ អេ​ អឹម​ ខេ​ (AMK​) ក្នុង​ការ​ផ្តល់​ជា​ហិរញ្ញប្បទាន​ ព្រម​ជាមួយ​ដៃគូ​បញ្ជាទិញ​ដែល​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​ការ​ផ្តល់​ទំនុកចិត្ត​ដល់​កសិករ​ និង​ធានា​ថា​ កសិករ​មាន​ទីផ្សារ​មួយ​ពិតប្រាកដ​។

    លោក​ សុ​ឃាំង​ បានឱ្យ​ដឹង​ថា​ រហូត​មកទល់​ពេលនេះ​ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​សហគមន៍​កសិកម្ម​ នៅ​ខេត្តព្រះវិហារ​ ខេត្ត​ស្ទឹងត្រែង​ ខេត្ត​កំពង់ស្ពឺ​ ខេត្តកំពង់ធំ​ បន្ទាយមានជ័យ​ កំពង់ឆ្នាំង​ តាកែវ​ ស្វាយរៀង​ និង​កោះកុង​។

    លោក​ Joeri​ Valckenier​ Von​ Geusau​ អ្នកបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ Doens​ Food​ Ingredients​ B.V​. របស់​ប្រទេស​ហូ​ឡង់​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​នឹង​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ដើម្បី​យក​ទៅ​កែច្នៃ​ និង​លក់​នៅ​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដោយក្រុម​ហ៊ុន​របស់​លោក​នឹង​ស្វែង​ដំ​ណាំ​សក្តា​នុ​ពល​នៅ​កម្ពុជា​បន្ថែម​ទៀត​។

    លោក​ Joeri​ ថ្លែង​ថា​ ក្នុងរយៈពេល​ពី3​ ទៅ​ 3ឆ្នាំ​ទៀត​ ក្រុមហ៊ុន​របស់​លោក​នឹង​ស្វែងរក​ការនាំចេញ​ដំណាំ​កសិកម្ម​សរីរាង្គ​ពី​កម្ពុជា​ដែល​មាន​ដូចជា​ អង្ករ​សរីរាង្គ​ ប្រមាណ​ 7,500​ ទៅ​ 10,000តោន​ ស្ករត្នោត​(100​ ទៅ​ 200តោន​) ស្ករអំពៅ​ (2,500តោន​) ស្វាយចន្ទី​ 1,500​ ទៅ​ 2,000តោន​ មើម​រមៀត​ 200​ ទៅ​ 500តោន​ សណ្តែកសៀង​ 2,500​ ទៅ​ 5,000តោន​ និង​ម្រេច​ប្រមាណ​ជា​ 500តោន​។

    លោក​ Joeri​ បាន​បន្ត​ថា​៖“អ្វី​ដែល​យើង​នឹង​ធ្វើ​ គឺ​ធានា​ថា​ រាល់​ផលិតផល​ត្រូវតែ​ស្អាត​ និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​បរិភោគ​ ដូច្នេះ​យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​មុននឹង​ដឹកជញ្ជូន​ឡើងកប៉ាល់​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ផលិតផល​ដែល​បាន​បម្រើ​ដល់​អតិថិជន​របស់​យើង​នឹង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​ ហើយ​វា​ក៏​ជួយ​បង្កើន​ចំណេះដឹង​ដល់​កសិករ​អំពី​តម្រូវការ​របស់​អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ​”៕

  • IMF​ ថា​ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​នឹង​សម្រេច​បាន​កំណើន​ត្រឹម​ 6.8​%

    IMF​ ថា​ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​នឹង​សម្រេច​បាន​កំណើន​ត្រឹម​ 6.8​%

    ថ្វី​ដ្បិតតែ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដោយ​សម្រេច​បាន​ប្រមាណ​ជាង7​% ក្ដី​ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ International​ Monitary​ Fund​ ឬ IMFបាន​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2019​ នឹង​សម្រេច​បាន​កំណើន​ត្រឹមតែ​ 6,8​% ដែល​ជា​ការ​ថយ​ចុះ​មួយ​ ខណៈ​ឆ្នាំ2018​ កន្លងមក​នេះ​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ 7.5​%។

    ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ Jarkko​ Turunen​ អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​ (APD​) ដែល​បាន​មក​ទស្សនកិច្ច​កម្ពុជា​ បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ2019​ និង​ក្នុងរយៈ​កាល​មធ្យម​ ដោយ​ប៉ាន់ស្មាន​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2018​ សម្រេច​បាន​ក្នុង​អត្រា7.5​% និង​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រា6.8​% នៅ​ឆ្នាំ2019​ និង​ក្នុងរង្វង់7​% នៅ​ឆ្នាំ2020​។ ​

    មន្ត្រី​ជំនាញ​ IMF​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ ​;នឹង​បន្ត​មានកម្រិត​ទាប​ក្នុងរង្វង់​ 3% ទាំង​ក្នុងរយៈ​កាល​ខ្លី​ និង​មធ្យម​ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ល្អ​ប្រសើរ​។ ចំណែក​ឯទុនបម្រុង​អន្តរជាតិ​នឹង​បន្ត​រក្សា​បាន​កម្រិត​ប្រមាណ​ 5ខែ​នៃ​ការនាំចេញ​ទំនិញ​ និង​សេវា​នៃ​ឆ្នាំ​បន្ទាប់​។ ទន្ទឹម​នេះ​ វិស័យ​ធនាគារ​នឹង​បន្ត​រក្សា​បាន​វឌ្ឍនភាព​ និង​ស្ថិរភាព​ជាមួយនឹង​និន្នាការ​កំណើន​ឥណទាន​ថយ​ចុះ​សន្សឹម​ៗ ក្នុង​អត្រា​សមស្រប​ទៅ​នឹង​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​។

    ទោះជាយ៉ាងណា​ កាលពី​ពេល​ថ្មី​ៗនេះ​លោកស្រី​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ នេះ​នឹង​សម្រេច​បាន​កំណើន7​%ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ កសិកម្ម​ វាយនភណ្ឌ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ​និង​វិស័យ​សេវាកម្ម​ដែល​កំពុង​មានការ​រីកចម្រើន​នៅ​កម្ពុជា​។

    ជាមួយគ្នា​នេះ​ដែរ​ ក្រុមការងារ​រូបិយវត្ថុ​អន្តរជាតិ​ក៏បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​នៅក្នុង​ជំនួប​ដោយឡែក​មួយផ្សេងទៀត​ថា​ ទោះបី​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​កំណើន​រឹងមាំ​ជាមធ្យម​ប្រមាណ​ត្រឹម​ 6.5​% ទៅ7​% ក្នុង​ 1ឆ្នាំ​សម្រាប់​រយៈពេល​ខ្លី​ និង​មធ្យម​ខាងមុខ​ ស្រប​ទៅ​នឹង​ស្ថានភាព​ល្អ​ប្រសើរ​នៃ​លទ្ធផល​អនុវត្តន៍​ផ្នែក​សារពើពន្ធ​ក្ដី​ តែ​ហានិភ័យ​សម្រាប់​កម្ពុជា​កាន់តែ​មាន​ទំហំ​ធំជាង​មុន​ ដែល​រួមមាន​លទ្ធផល​នៃ​ការ​ដក​ EBA​ ដោយ​សហភាព​អឺរ៉ុប​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ (Brexit​) ជាដើម​។ ដោយហេតុថា​ ជាទូទៅ​ផ្អែកលើ​លទ្ធផល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ជា​រួម​នា​ចុងឆ្នាំ2018​ និង​ដើមឆ្នាំ2019​ នេះ​ កំណើន​សេដ្ឋកិច្ច​សកល​ និង​ក្នុង​តំបន់​មាន​និន្នាការ​ថមថយ​ចុះ​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការសិក្សា​វាយតម្លៃ​បឋម​អំពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ដែល​រៀបចំ​ដោយក្រុម​បេសកកម្ម​ការងារ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(International​ Monetary​ Fund​ Staff​ Visit​ Mission​) នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​បាន​ជម្រាប​ជូន​ក្រុមការងារ​អំពី​ភាព​ខុសគ្នា​នៃ​លទ្ធផល​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2020​ របស់​រាជរដ្ឋាភិបាល​ និង​លទ្ធផល​ព្យាករ​របស់​ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថា​ ដោយសារ​កម្ពុជា​បាន​ដាក់បញ្ចូល​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ដក​ EBA​ ដោយ​សហភាព​អឺរ៉ុប​ទៅ​ក្នុង​ការ​ព្យាករ​សេដ្ឋកិច្ច​តែម្ដង​ ដោយរួមទាំង​មាន​រៀបចំ​ជា​កញ្ចប់​អន្តរាគមន៍​ ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យមក​នៅ​អត្រា​ 6.5​%វិញ​ ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចាត់ទុក​ការ​ដក​ EBA​ ត្រឹមតែ​ជា​ហានិភ័យ​ប៉ុណ្ណោះ​ ពោល​គឺ​មិនបាន​ដាក់បញ្ចូល​ផ្ទាល់​ទៅ​ក្នុង​លទ្ធផល​ព្យាករ​នោះ​ទេ​។

    អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ ចំពោះ​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ពីសំណាក់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ក្នុង​ការ​កសាង​សមត្ថភាព​មន្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​ជំនាញ​ និង​ចំណេះដឹង​ល្អ​ប្រសើរ​ជាង​មុន​ ជាពិសេស​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​លើ​ការ​ចងក្រង​ស្ថិតិ​ជា​រួម​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សារៈសំខាន់​សម្រាប់​ការវិភាគ​ វាយតម្លៃ​ និង​រៀបចំ​គោលនយោបាយ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ជាង​មុន​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 170

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 170

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/04/LRPN_170-Final-For-Web.pdf” force_dl=”1″]

  • មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឱ្យ​កើតមាន​សាលា​ជំនាន់​ថ្មី​នៅ​កម្ពុជា​?

    មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឱ្យ​កើតមាន​សាលា​ជំនាន់​ថ្មី​នៅ​កម្ពុជា​?

    ក្រោយពី​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ការបង្កើត​សាលា​ជំនាន់​ថ្មី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ក្លាយជា​ចំណុច​អាទិភាព​មួយ​ក្នុងចំណោម​ចំណុច​ចម្បង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ និង​ការប្រកួត​ប្រជែង​លើ​វិស័យ​អប់រំ​ក្នុង​តំបន់​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្ពុជា​បង្កើត​សាលា​ជំនាន់​ថ្មី​ឡើង​ដើម្បី​ឆ្លើយតប​នឹង​និន្នាការ​សំខាន់​ចំនួន​ 3 គឺ​ ទី1​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កើត​ចេញពី​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ហើយ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ គឺ​ចង់ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ 2030​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។ ចំណែក​ឯនិន្នាការ​ទី2​ គឺ​ប្រជាជន​កម្ពុជា​ជាង50​% គឺជា​ប្រជាជន​ដែល​មាន​អាយុ​ក្រោម​ 30ឆ្នាំ​ ហេតុនេះ​យុវជន​ត្រូវការ​ជំនាញ​ ត្រូវការ​ចំណេះដឹង​ដើម្បី​ក្លាយ​ខ្លួន​ទៅជា​ពលករ​មួយ​ដែល​មានគុណ​ភាព​ អាច​ចូលរួម​នៅក្នុង​ការ​អភិវឌ្ឍ​សង្គម​បាន​។

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “យើង​ជា​ប្រទេស​ដែល​មាន​ចំនួន​យុវជន​ច្រើន​ ដែល​នេះ​ជា​ចំណុចខ្លាំង​របស់​យើង​ តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើជា​ចម្បង​គឺ​ការកែច្នៃ​ និង​បណ្តុះបណ្តាល​ធនធាន​ជំនាន់​ថ្មី​របស់​យើង​ឱ្យ​មាន​ជំនាញ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​ក្នុង​សង្គម​ និង​បរិបទ​សកល​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​”។

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ផង​ដែរ​ថា​ និន្នាការ​សំខាន់​ទី3​ គឺ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​កំពុង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ហើយ​យើង​ក៏​កំពុង​ស្ថិត​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (Industry​ revolution​ 4.0​) ដែល​ទាមទារ​ឱ្យ​ប្រព័ន្ធ​អប់រំ​ត្រូវតែ​ដើរ​ឱ្យ​ទាន់​សភាពការណ៍​ និង​មាន​ប្រព័ន្ធ​អប់រំ​វៃឆ្លាត​ទៀតផង​។ ហេតុនេះ​ការបង្កើត​សាលា​ជំនាន់​ថ្មីនេះ​ជា​ដំណោះស្រាយ​យ៉ាង​សំខាន់​ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​សំ​ខាន់​ៗ និង​ស្រប​ទៅតាម​បរិបទ​សង្គម​ដែល​កំពុង​ត្រូវការ​ការអប់រំ​បែប​ទំនើប​។

    ក្រៅពី​នេះ​យើង​មើលឃើញ​ហើយ​ថា​ កម្ពុជា​មាន​បញ្ហា​គម្លាត​ជំនាញ​ ហេតុនេះ​ការបង្កើត​សាលា​ជំនាន់​ថ្មី​ជា​ប្រព័ន្ធ​មួយ​ដែល​អាច​កាត់បន្ថយ​គម្លាត​ជំនាញ​ និង​ធ្វើ​ឱ្យ​យុវជន​មាន​ជំនាញ​ មាន​បច្ចេកទេស​គ្រប់គ្រាន់​ដើម្បី​ងាយស្រួល​បន្ត​ទៅ​ថ្នាក់​ឧត្តម​សិក្សា​។ នៅពេល​ដែល​យុវជន​បាន​ត្រៀមខ្លួន​ល្អ​ មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ គាត់​អាច​នឹង​អភិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ទូលំទូលាយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ នៅ​កម្រិត​ឧត្តម​សិក្សា​ ទាំង​ការសិក្សា​ក្នុង​សាលា​ និង​ការស្រាវជ្រាវ​តាម​បណ្តាញ​បច្ចេកវិទ្យា​។

    អគ្គនាយករង​ នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​កម្មវិធី​សាលា​ជំនាន់​ថ្មី​ ឯកឧត្តម​ ឡោ​ ឆវណ្ណា​ បាន​លើកឡើង​ថា​ ដើម្បី​ឱ្យ​ការអប់រំ​កាន់តែ​អភិវឌ្ឍ​បាន​លឿន​ យើង​បាន​ធ្វើ​ទំនើបកម្ម​ដោយ​ការ​បំពាក់​ឧបករណ៍​បង្រៀន​អេឡិចត្រូនិក​ ប្រើ​ LCD​ តុ​ កៅអី​សម្រាប់​រៀន​ស្អាត​ និង​មាន​កន្លែង​ដាក់​សម្ភារ​ជំនួយ​ដល់​ការ​បង្រៀន​ត្រឹមត្រូវ​សម្រាប់​ថ្នាក់រៀន​ទាំងមូល​នៅក្នុង​សាលា​ជំនាន់​ថ្មី​។ ក្រៅពី​នេះ​សាលារៀន​ជំនាន់​ថ្មី​ក៏​ជា​សាលា​ដែល​មាន​បន្ទប់​ពិសោធន៍​វិទ្យាសាស្ត្រ​សម្រាប់​អនុវត្ត​ជាក់ស្តែង​លើ​គ្រប់មុខ​វិជ្ជា​ទាំងអស់​ ដែល​សិស្ស​អាច​ចូល​ទៅ​អនុវត្ត​ក្រោយពេល​រៀន​ទ្រឹ​ស្តី​ចប់​។ ការ​ពិសោធ​នេះ​អាច​ធ្វើ​ឱ្យ​សិស្សរបស់​យើង​មានទម្លាប់​ល្អ​ និង​យល់​មេរៀន​កាន់តែ​ស៊ីជម្រៅ​មុន​ពេល​ពួកគេ​ចូល​ទៅ​ថ្នាក់​ឧត្តម​សិក្សា​។ ក្រៅពី​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ យើង​ក៏បាន​រៀបចំ​ឱ្យ​មាន​បន្ទប់​កុំព្យូទ័រ​ដែល​សិស្ស​អាច​រៀន​បាន​មិន​ត្រឹមតែ​ក្នុង​ប្រព័ន្ធ​អប់រំ​ទេ​ តែ​គាត់​អាច​សិក្សា​ស្រាវជ្រាវ​ពី​ខាងក្រៅ​ដើម្បី​ដាក់បញ្ចូល​ក្នុង​សាលារៀន​ជំនាន់​ថ្មីនេះ​បាន​ទៀតផង​។

    ឯកឧត្តម​ ឡោ​ ឆវណ្ណា​ បាន​មានប្រសាសន៍​ថា​៖ “សាលា​ជំនាន់​ថ្មីនេះ​ក៏​ត្រូវ​រៀបចំ​ឱ្យ​មាន​ស្តង់​ដា​ល្អ​ដោយ​គិតគូរ​ទាំង​សិស្ស​ និង​សាស្ត្រា​ចារ្យ​ ព្រោះ​យើង​ក៏បាន​រៀបចំ​បន្ទប់​សម្រាប់​សាស្ត្រា​ចារ្យ​ ដែល​ក្រោយពី​បង្រៀន​ចប់​ គាត់​អាចម​កសម្រាក​នៅ​បន្ទប់​សាស្ត្រា​ចារ្យ​ ពិភាក្សា​ ដោះស្រាយ​លើ​បញ្ហា​ដែល​គាត់​ជួបប្រទះ​ផង​ដែរ​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​ប្រព័ន្ធ​ថ្មីនេះ​ ក្រៅពី​ការ​គិតគូរ​ពី​បច្ចេកទេស​ និង​ភាព​ងាយស្រួល​ហើយ​ យើង​ក៏បាន​រៀបចំ​ឱ្យ​មាន​បណ្ណាល័យ​ទំនើប​ ដែលគេ​តែង​នាំគ្នា​និយាយ​ថា​ បណ្ណាល័យ​សតវត្សរ៍​ទី21​ ដោយ​យើង​បំពាក់​ដោយ​សៀវភៅ​គ្រប់​ប្រភេទ​ច្រើនមុខ​។ ក្រៅពីនោះ​ក៏​មាន​បំពាក់​ទៅ​ដោយ​ Internet​ ដើម្បី​ឱ្យ​សិស្ស​ស្រាវជ្រាវ​បាន​ ហើយ​យើង​ក៏​មាន​ Tablet​ សម្រាប់​ឱ្យ​សិស្ស​ប្រើប្រាស់​បាន​ទៀតផង​។ លើស​ពីនេះ​ទៅទៀត​យើង​ក៏បាន​រៀបចំ​ឱ្យ​មាន​ក្លិប​សិក្សា​របស់​សិស្ស​ និង​និស្សិត​ ដែល​ចូលរៀន​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី​ ដែល​ក្រោយពី​គាត់​រៀនចប់​ម៉ោង​រៀន​របស់​គាត់​ គាត់​នឹងអាច​ចូល​ទៅ​ក្នុង​ក្លិប​សិក្សា​បាន​។ កន្លងមក​ក្លិប​សិក្សា​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​មាន​ដូចជា​ ក្លិប​ឌីហ្សាញ​ កាត់ត​រូបភាព​ កាត់ត​វីដេអូ​ ក្លិប​អ្នកនិពន្ធ​ ក្លិប​គណិតវិទ្យា​ ក្លិប​គីមីវិទ្យា​ និង​មាន​ក្លិប​ខ្លះ​ឈាន​ទៅដល់​ការបង្កើត​រូ​ប៉ូ​ត (Robot​) ថែមទៀត​ផង​។ ក្រៅពី​នេះ​សាលារៀន​ជំនាន់​ថ្មី​ក៏បាន​រៀបចំ​ឱ្យ​មានការ​ប្រឹក្សា​អាជីព​ដើម្បី​តម្រង់​ទិស​របស់​សិស្ស​ចាប់ពី​ក្មេង​រហូតដល់​ចូល​ឧត្តម​សិក្សា​ផង​ដែរ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​គំរូ​សាកល្បង​ដែល​ក្រសួង​រៀបចំ​នៅក្នុង​សាលា​គំរូ​មួយចំនួន​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​បញ្ចូល​នូវ​ប្រព័ន្ធ​ និង​វិធីសាស្ត្រ​អប់រំ​តាម​បែប​ទំនើប​ ហើយ​ជំហាន​បន្តបន្ទាប់​ក្រសួង​គ្រោង​នឹង​យក​គំរូ​នេះ​ដាក់បញ្ចូល​ទៅ​ក្នុង​សាលារៀន​នានា​នៅក្នុង​ប្រទេស​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​៕

  • តើត្រូវធ្វើដូម្តេច ដើម្បីដំណើរការម៉ាស៊ីនត្រជាក់ តាមរយៈទូរស័ព្ទដៃរបស់អ្នក?

    តើត្រូវធ្វើដូម្តេច ដើម្បីដំណើរការម៉ាស៊ីនត្រជាក់ តាមរយៈទូរស័ព្ទដៃរបស់អ្នក?

    ភ្នំពេញ៖ នៅក្នុងអត្ថបទលើកមុនយើងបាននាំលោកអ្នកមកស្គាល់អ្វីទៅជា LG Smart ThinQ និងប្រយោជន៍របស់វា។ ដូចបានជំរាបពីលើកមុនរួចមកហើយថា ​បច្ចេកវិទ្យាវៃឆ្លាតរបស់ LG Smart ThinQ គឺជាមុខងារមួយ វាជួយសម្រួលដល់អ្នកប្រើប្រាស់ ក្នុងការបញ្ជារ ឬគ្រប់គ្រប់ឧបករណ៍អេឡិចត្រូនិច LG តាមរយៈទូរស័ព្ទស្មាតហ្វូន ឬ Tablet ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាច បិទ-បើកដំណើរការឧបករណ៍អេឡិចត្រូនិចរបស់ LG បានដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ ទូរទស្សន៍ ទូទឹកកកជាដើម ពីគ្រប់ទីកន្លែងត។  កម្មវិធី​វៃឆ្លាត LG Smart ThinQ ជួយឲ្យលោកអ្នកដឹងពីការប្រើប្រាស់ថាមពលអគ្គីសនី ថាតើលោកអ្នកប្រើប្រាស់អស់ប៉ុន្មានគីឡូវ៉ាត់ម៉ោង ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែទៀតផង។ ជាអាចជួយលោកអ្នកដឹងនូវពេលវេលានៃការសំអាត​ Filter សំអាតម៉ាស៊ីត្រជាក់ផងដែរ​ ជាពិសេសទៀតវាមានបូករួមបញ្ចូលគ្នាជាមួយមុខងារ Smart Diagnosis នឹងធ្វើអោយ​លោកអ្នកពិនិត្យដឹងនូវបញ្ហាបច្ចេកទេសដែលកើតមានឡើងនៅលើឧបករណ៍ភ្លាម ដោយមិនចាំបាច់រង់ចាំជាងបច្ចេសមកពិនិត្យនោះឡើយ។ LG Smart ThinQ បានជួយសម្រួលដល់ការរស់នៅ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រនិចនៅក្នុងផ្ទះរបស់លោកអ្នកបានយ៉ាងល្អ មិនថាលោកអ្នកស្ថិតនៅទីណាក៏ដោយ។

    នាពេលនេះ យើងខ្ញុំសូមបង្ហាញពីរបៀបភ្ជាប់កម្មវិធី Smart ThinQ រវាងទូរស័ព្ទស្មាតហ្វូន (Smart Phone) ទៅនឹងម៉ាស៊ីនត្រជាក់ LG Dual Cool ។ លោកអ្នកអាចស្វែងយល់ពីរបៀបភ្ជាប់កម្មវិធីតាមរយៈវីដេអូខាងលើនេះ ឬសំរាយនៅក្នុងអត្ថបទខាងក្រោម៖

    លោកអ្នកគ្រាន់ចូលទៅដោតឡូតកម្មវិធី  LG Smart ThinQ ដោយមិនគិតថ្លៃតាមរយៈ App Store ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ iOS និង ដោតឡូតកម្មវិធីពី Play Store  ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ Android។ បន្ទាប់មកចុះឈ្មោះតាមរយៈ Google Account ឬ Facebook ឬក៏​ LG Account ហើយបន្ទាប់មកលោកអ្នកនឹងបានឃើញផ្ទាំងមួយលេចចេញមក និង តម្រូវអោយលោកអ្នកជ្រើសរើសពាក្យថា Select All  និងបន្ទាប់មកទៀតលោកអ្នកត្រូវបំពេញថ្ងៃខែឆ្នាំកំនើត​ រួចចុចនៅលើពាក្យថា​ OK។

    បន្ទាប់មកលោកអ្នកត្រូវធ្វើការ Register Products នៅក្នុងកម្មវិធីនេះដោយចុចទៅលើសញ្ញាបូក រួចលោកអ្នកធ្វើការជ្រើសរើសយកពាក្យថា OK និងបន្ទាប់មកទៀតវានឹងលោតចេញផ្ទាំងមួយ ដែលតម្រូវអោយជ្រើសរើសឧបករណ៍ប្រើប្រាស់ ប្រសិនបើវាជាប្រភេទម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង យើងត្រូវជ្រើសរើសពាក្យថា Wall – Mounted Type

    បន្ទាប់មកទៀតយើងត្រូវធ្វើតាមជំហ៊ាននីមួយៗ ដូចខាងក្រោមនេះ ៖

    ជំហ៊ានទី 1៖ លោកអ្នកត្រូវធ្វើការចុចប៊ូតុងសម្រាប់ឧបករណ៍បញ្ជារ ដោយរាប់ពីខាងលើមកវាគឺជាប៊ូតុងទី3 ​​ទាំងសងខាង ដែលមានពាក្យថា Energy Ctrl និង Jet Mode ដោយលោកអ្នកចុចប៊ូតុងនេះអោយចជាប់ក្នុងរយៈពេល​ 3វិនាទី​​​​ យើងនឹងបានលឺសំឡេង​ Wi-Fi នៅលើម៉ាស៊ីនត្រជាក់ រួចលោកអ្នកត្រលប់ទៅចុចពាក្យថា YES នៅលើ App ក្នុងទូរស័ព្ទរបស់លោកអ្នកវិញ។

    ជំហ៊ានទី 2៖ ចំណុចនេះយើងខ្ញុំសូមបញ្ជាក់ថា ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ iOS លោកអ្នកត្រូវធ្វើការ Register Network ប៉ុន្តែចំពោះលោកអ្នកដែលប្រើប្រាស់ប្រព័ន្ធ Android គឺមិនមាននោះទេ គឺវានឹងភ្ជាប់ជាលក្ខណៈ​អូតូតែម្តង។

    ជំហ៊ានទី 3៖ គឺលោកអ្នកត្រូវរង់ចាំភ្ជាប់ App ដែលនៅលើទូរស័ព្ទជាមួយនឹងម៉ាស៊ីត្រជាក់របស់លោកអ្នក ហើយនៅពេលដែលវាដំណើរការបានដល់ 100% ពេលនោះលោកអ្នកនឹងបានឃើញព៌តមាន ដែលទាក់ទងទៅនឹងម៉ាស៊ីត្រជាក់របស់លោកអ្នកជាក់ជាមិនខាន។

    សូមបញ្ជាក់ផងដែរថាលោកអ្នកអាចប្រើប្រាស់កម្មវីធីនេះដើម្បីបញ្ជារម៉ាស៊ីនត្រជាក់ LG តាមរយៈទូរស័ព្ទដៃ & Tablet លុះត្រាតែទូរស័ព្ទដៃលោកអ្នកមានភ្ជាប់ Internet ហើយទីតាំងដែលតម្លើង (នៅផ្ទះ ការិយាល័យ​ ជាដើម ) ម៉ាស៊ីនត្រជាក់ក៏មានភ្ជាប់ Wi-Fi ផងដែរ។

  • មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ 3ថ្ងៃ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​

    មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ 3ថ្ងៃ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​

    យោង​តាម​ស្ថិតិ​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ក្នុងរយៈពេល​ 3ថ្ងៃ​ នៃ​ព្រឹត្តិ​ការណ៍​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ពី​ថ្ងៃទី14​ -16​ ខែមេសា​ ឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​ 4.72លាន​នាក់​ កើនឡើង​ 67.02​% បើ​ធៀប​នឹង​ឆ្នាំមុន​។

    របាយការណ៍​បឋម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ និង​តាម​ការវាយតម្លៃ​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ដើរកម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិ​ការណ៍​មហាសង្ក្រាន្ត​នៅ​រាជធានី​ និង​ខេត្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ រយៈពេល​ 3ថ្ងៃ​កន្លងមក​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ 4,726,602នាក់​ កើនឡើង67.02​% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ 4,639,341នាក់​ កើនឡើង​ 66.40​% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ 83,123នាក់​ កើនឡើង​ 98.27​%។

    អ្វី​ដែល​ជា​ការណ៍​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​ តួលេខ​ខាងលើ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​សំ​ខាន់​ៗតែប៉ុណ្ណោះ​ នៅ​មិនទាន់​គិត​ពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូចជា​នៅ​តាម​វត្តអារាម​ សាលារៀន​ ភូមិ​ ឃុំ​ ស្រុក​ និង​ទីប្រជុំជន​នានា​ដែល​មាន​ចំនួន​មិន​តិច​ជាង​ 3លាន​នាក់​បន្ថែម​ទៀត​នោះ​នៅឡើយ​។

    ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ដើរកម្សាន្ត​ច្រើន​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ 3ថ្ងៃ​កន្លងមក​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​អះអាង​ថា​ ប្រជាជន​កម្ពុជា​អាច​ចំណាយ​ប្រាក់​សរុប​ប្រមាណ​ជិត​ 500លាន​ដុល្លារ​អាមេរិក​។

    ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្នុងរយៈពេល​ 3ថ្ងៃនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា​ ពិសេស​បណ្តា​ខេត្ត​រៀបចំ​ពិធី​មហា​សង្ក្រាន​ឆ្នាំ​ថ្មី​ចំនួន​ប្រមាណ​ជា​ 4.7លាន​នាក់​ ប៉ុន្តែ​ចំនួន​នេះ​មិនទាន់​រាប់​នៅ​តាម​វត្តអារាម​ និង​ការកម្សាន្ត​នៅ​តាម​ផ្ទះ​ ឬតាម​រមណីយដ្ឋាន​ ឬក្រោម​ដើមឈើ​នៅ​តាម​តំបន់ជនបទ​នានា​នៅឡើយ​ទេ​។ បើ​គិត​ទាំង​ប្រជាជន​ដែល​ទៅ​កម្សាន្ត​នៅ​តាម​វត្តវ៉ា​-អារាម​ និង​តាម​ផ្ទះ​បងប្អូន​ទូទាំង​ប្រទេស​ផង​នោះ​ គឺ​អាច​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ដល់ទៅ​ 7លាន​នាក់​ឯណោះ​ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​នេះ​។

    ឯកឧត្តម​បន្ត​ថា​៖“បើ​គិតជា​មធ្យម​ ប្រជាជន​ម្នាក់​ចំណាយ​ 100ដុល្លារ​ ដូច្នេះ​ការ​ចំណាយ​សម្រាប់​បុណ្យ​នេះ​គឺ​មាន​ប្រមាណ​ 470លាន​ដុល្លារ​ ហើយ​ចំនួន​នេះ​មិនទាន់​គិត​ពី​ការ​ចំណាយ​របស់​អ្នក​កម្សាន្ត​នៅ​តាម​វត្តអារាម​ និង​តាម​លំនៅ​ដ្ឋាន​នានា​នៅឡើយ​ហើយ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​មាន​លក្ខណ​ពិសេស​បំផុត​ គឺ​នៅ​តាម​បណ្ដា​ខេត្ត​នី​មួយ​ៗមាន​រៀបចំ​តំបន់​ត្រជាក់​ដែល​អាជ្ញាធរ​ខេត្ត​ទាំងនោះ​បាន​រៀបចំ​ជូន​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​ ព្រមទាំង​មានការ​បាញ់​ទឹក​ និង​រាំ​កម្សាន្ត​ទៀតផង​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​៖“ការរៀបចំ​ទីកន្លែង​សម្រាប់​កម្សាន្ត​នេះ​មាន​ភាព​ទាក់ទាញ​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង​បាន​ ហើយ​អ្វី​ដែល​ពិសេស​គឺ​ យុវជន​បាន​ភ្ជាប់​សកម្មភាព​នេះ​ជាមួយ​វប្បធម៌​ “យុវជន​ជាស​សរ​ទ្រូង​” ផង​ដែរ​”។

    ឯកឧត្តម​បាន​បន្ត​ថា​ ប្រជាជន​មាន​ភាព​សប្បាយរីករាយ​ខ្លាំង​ណាស់​ ពួកគេ​ពេញចិត្ត​នឹង​សន្តិភាព​ និង​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ការរៀបចំ​ឆ្នាំនេះ​ អាចយ​កម​កធ្វើជា​មូលដ្ឋាន​សម្រាប់​ឆ្នាំក្រោយ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។

    ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​ អ្វី​ៗវា​បញ្ជាក់​ច្បាស់​នៅពេល​នេះ​ ទោះបី​កន្លងមក​គេ​ធ្លាប់​និយាយ​ថា​ នៅ​ស្រុកខ្មែរ​ហាក់ដូច​មានបុណ្យ​ចូលឆ្នាំ​ច្រើន​ តែ​ពេល​នេះ​គេ​បានឃើញ​ និង​បញ្ជាក់​ច្បាស់​ថា​ ខ្មែរ​ គឺជា​ខ្មែរ​ គឺជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​មានអម្បូរ​ពូជពង្ស​ និង​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្នូរ​រុងរឿង​។ ក្រោមម្លប់​នៃ​សន្តិភាព​ និង​ការ​រីកចម្រើន​ ជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​ ដែល​បាន​ធ្វើ​ឱ្យ​ពួកគាត់​សប្បាយរីករាយ​ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ​ និង​ឆ្លុះបញ្ចាំង​ពីអ​ត្ត​សញ្ញាណ​ខ្មែរ​ពិត​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ 3ថ្ងៃ​កន្លងមក​នេះ​ នៅក្នុង​ខេត្តបាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ដែល​មាន​រហូត​ចំនួន​ 995,219នាក់​ កើនឡើង​ 42.21​%បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 699,213​ នាក់​(តាម​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​) ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ 852នាក់​ កើនឡើង​ 2.77​% ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 829នាក់​។

    បន្ទាប់ពី​ខេត្តបាត់ដំបង​ គឺ​ខេត្តស្វាយរៀង​ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​ 46.75ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង​ 46.74ម៉ឺន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 32នាក់​។ ដោយឡែក​ខេត្តសៀមរាប​ គឺ​ស្ថិតនៅ​លេខ3​ ដែល​ទទួល​បាន​ភ្ញៀវ​ជាង​ 38.66ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ 36ម៉ឺន​នាក់​ និង​អន្តរជាតិ​ជាង​ 2.6ម៉ឺន​នាក់​។

    ក្រៅពី​នេះ​ រាជធានី​-ខេត្ត​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ក្នុង​អំឡុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ 3ថ្ងៃនេះ​រួមមាន​៖
    1-កំពង់ចាម​៖ ជាង​ 33.26ម៉ឺន​នាក់​។ 2-ព្រៃវែង​៖ ជាង​ 31.92ម៉ឺន​នាក់​។ 3-កណ្តាល​៖ ជាង​ 31.62ម៉ឺន​នាក់​។ 4-កំពង់ធំ​៖ ជាង​ 21.75ម៉ឺន​នាក់​។ 5-ភ្នំពេញ​៖ ជាង​ 20.81ម៉ឺន​នាក់​។ 6-ព្រះសីហនុ​៖ ជាង19.14ម៉ឺន​នាក់​។ 7-បន្ទាយមានជ័យ​៖ ជាង​ 16.54ម៉ឺន​នាក់​។ 8-កំពង់ឆ្នាំង​៖ ជាង​ 16.08ម៉ឺន​នាក់​។ 9-កែប​៖ ជាង14.59ម៉ឺន​នាក់​។ 10​-កំពត​៖ ជាង​ 13.71ម៉ឺន​នាក់​។ 11​-ព្រះវិហារ​៖ ជាង​ 13.59ម៉ឺន​នាក់​។ 12​-ក្រចេះ​៖ ជាង​ 12.34ម៉ឺន​នាក់​។ 13​-កំពង់ស្ពឺ​៖ ជាង11.73ម៉ឺន​នាក់​។ 14​-ប៉ៃលិន​៖ ជាង​ 8.2ម៉ឺន​នាក់​។ 15​-រតនគិរី​៖ ជាង​ 7.8ម៉ឺន​នាក់​ និង​ខេត្ត​ក្រៅពីនោះ​មាន​ក្រោម​ 6 ទៅ​ 5ម៉ឺន​នាក់​។

    មួយវិញទៀត​ ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ទៅ​ទស្សនា​នៅ​ឯក្រៅ​ប្រទេស​ក៏​មាន​កំណើន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ បើ​ទោះបីជា​ក្រសួងទេសចរណ៍​មិនទាន់​ចេញ​របាយការណ៍​បញ្ជាក់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅ​ទស្សនា​នៅ​ឯបរទេស​យ៉ាងណាក្ដី​ តែ​ក៏​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​ និង​ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​មួយចំនួន​បាន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ចេញទៅ​កម្សាន្ត​នៅ​បរទេស​ក្នុងអំឡុងពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​ឆ្នាំនេះ​ដែរ​។

    លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ B2B​ និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ក្នុងអំឡុងពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ​ សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​មួយចំនួន​នៅ​ជប៉ុន​ កូរ៉េ​ និង​ប្រទេសជិតខាង​ត្រូវ​បាន​កក់​ពេញដោយ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​។ លោក​បន្ត​ថា​ សូម្បីតែ​គោលដៅ​ទេសចរណ៍​ទៅ​ប្រទេស​សិង្ហបុរី​ និង​ថៃ​ក៏​ពិបាក​កក់​សំបុត្រ​យន្តហោះ​ដែរ​ក្នុងរយៈពេល​ 3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​ថ្មី​ៗនេះ​។

    លោក​ស៊ី​ណាន​ថ្លែង​ថា​៖“កំណើនប្រជាជន​កម្ពុជា​ដើរហើរ​នា​ពេល​បច្ចុប្បន្ន​ មិនថា​ក្នុង​ស្រុក​ទេ​ ក្រៅ​ស្រុក​ក៏​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ដែរ​ កំណើន​នេះ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​។ ដោយឡែក​តាម​ក្រុមហ៊ុនទេសចរណ៍​នី​មួយ​ៗមិនសូវ​ប្រមូល​ភ្ញៀវ​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​កម្សាន្ត​ទៅ​ជុំវិញ​ពិភពលោក​ដោយខ្លួនឯង​ តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ច្រើនជាង​”។

    លោក​បន្ត​ថា​ ប្រព័ន្ធ​ឌីជីថល​ បណ្តាញ​សង្គម​ បាន​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ដើរលេង​របស់​ប្រជាជន​កម្ពុជា​ទៅបរទេស​ នៅពេល​ដែល​ពួកគេ​ឃើញ​មាន​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗនៅ​ក្រៅប្រទេស​ ការ​អភិ​វឌ្ឍ​ថ្មី​ៗ ដូច្នេះ​អ្នក​ដែល​មាន​ធនធាន​គេ​នឹង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ទាំងអស់​នោះ​។ លោក​បាន​បន្ត​ទៀត​ថា​ ប្រព័ន្ធ​សង្គម​ឌីជីថល​នេះ​ហើយដែល​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ចេញដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​។

    លោក​ ស៊ី​ណាន​ បញ្ជាក់​ថា​៖“ក្រុមហ៊ុន​របស់ខ្ញុំ​ផ្ទាល់​បាន​បញ្ជូន​ទេសចរ​ក្នុង​ស្រុក​ទៅក្រៅ​ប្រទេស​ចំនួន​ 4ក្រុម​ ដែល​មាន​ភ្ញៀវ​សរុប​ 180នាក់​ ក្នុង​នោះ​ប្រទេស​វៀតណាម​ 85នាក់​ ថៃ​ 40នាក់​ កោះ​បា​លី​ឥណ្ឌូ​នេ​ស៊ី​ 35នាក់​ តូក្យូ​ជប៉ុន​ 20នាក់​”។

    ដោយឡែក​លោកស្រី​ សុខ​ គន្ធា​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនទេសចរណ៍​ ស្កា​យឃីង​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោកស្រី​បាន​បញ្ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅកាន់​បរទេស​ចំនួន​ 10ក្រុមក្នុង​អំឡុង​ពេល​ 3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មី​ៗនេះ​ ដែល​ក្នុង​នោះ​មាន​ 3ក្រុម​បាន​ទៅ​អឺរ៉ុប​ ក្រៅពី​នេះ​នៅ​តំបន់​អាស៊ី​ និង​ប្រទេសជិតខាង​របស់​កម្ពុជា​។

    លោកស្រី​ គន្ធា​ បាន​បន្ថែម​ថា​៖“យើង​បាន​បញ្ជូន​ទេសចរ​កម្ពុជា​ទៅក្រៅ​ប្រទេស​ជាង​ 10ក្រុម​ ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន​ ចំនួន​មនុស្ស​អត់​កើន​ទេ​ ប៉ុន្តែ​ភ្ញៀវ​ចេញទៅ​ទស្សនា​គោលដៅ​ទេស​ចរ​ណ៍​ឆ្ងាយ​ៗ ដូចជា​នៅ​អឺរ៉ុប​មាន​ច្រើនជាង​មុន​ ហើយ​គាត់​ចាយ​លុយ​ច្រើនជាង​មុន​”៕

  • ADB​៖ គុណភាព​ធនធានមនុស្ស​ ជា​កត្តា​គន្លឹះ​ដើម្បី​ទាក់ទាញ​ និង​រក្សា​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​

    ADB​៖ គុណភាព​ធនធានមនុស្ស​ ជា​កត្តា​គន្លឹះ​ដើម្បី​ទាក់ទាញ​ និង​រក្សា​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​

    ដំណាលគ្នា​នឹង​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​កំណត់​គោលដៅ​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ឆ្នាំ2050​ រួម​ទាំង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ7​% ក្នុង​ 1ឆ្នាំ​ យើង​ក៏​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដូចជា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA​) សង្គ្រាម​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ រួម​ទាំង​បញ្ហា​មួយចំនួន​ផ្សេងទៀត​។

    ស្ថិត​ក្នុង​បរិបទ​បែបនេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ចេញ​សេចក្ដីបញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​ទំនងជា​នឹង​ថមថយ​ចុះ​បន្តិច​ ប៉ុន្តែ​នៅតែ​ជា​កំណើន​ដ៏​រឹងមាំ​។យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ដែល​ចេញផ្សាយ​នា​ពេល​ថ្មី​ៗនេះ​បាន​បញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើនឡើង​ប្រមាណ​ 7%នៅ​ឆ្នាំ2019​ នេះ​ ហើយនឹង​ថយ​ចុះ​មក​ត្រឹម​ 6.8​%នៅ​ឆ្នាំក្រោយ​។ បញ្ហា​នៃ​ការ​ថយ​ចុះ​បន្តិច​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កើត​ចេញពី​ចរន្ត​នៃ​ការ​ថយ​ចុះ​កំណើន​របស់​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​ និង​ប្រទេស​ដែល​ជាទី​ផ្សារ​នាំចេញ​របស់​កម្ពុជា​មានការ​ថយ​ចុះ​ ហើយ​ភ្ញៀវ​ទេសចរ​ក៏​មានការ​ថយ​ចុះ​ខ្លះ​ផង​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី​ ក៏​គេ​សង្កេតឃើញ​ថា​ កម្ពុជា​នៅតែ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​សំ​ខាន់​ៗទាំងអស់​នោះ​បាន​ដែរ​ តាមរយៈ​ការរៀបចំ​ និង​ពង្រឹង​វិស័យ​ធនធានមនុស្ស​។

    លោកស្រី​ Sunniya​ Darrani​-Jamal​ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង​ថា​ ប្រទេស​កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ក្នុងរយៈពេល​ 2ឆ្នាំទៅ​មុខ​ទៀត​ បើ​ទោះបីជា​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក៏ដោយ​។ កត្តា​សំខាន់​ដែល​អាច​ទាក់ទាញ​ និង​រក្សា​ឱ្យ​បាន​នូវ​កំណើន​ក្នុងរយៈពេល​វែង​ គឺ​កត្តា​ធនធានមនុស្ស​របស់​កម្ពុជា​ដែល​រួមបញ្ចូល​ទាំង​ជំនាញ​បច្ចេក​ទេ​ ស និង​ជំនាញ​វិជ្ជាជីវៈ​ដែល​អាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិស័យ​ឯកជន​។

    ទាក់​ទឹង​នឹង​បញ្ហា​ធនធានមនុស្ស​ យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ឆ្នាំ2019​ បាន​បញ្ជាក់​ថា​ វា​ជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ ព្រោះ​កម្ពុជា​នៅ​មាន​បញ្ហា​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយសារ​ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​ជំនាញ​របស់​ប្រជាជន​កម្ពុជា​ និង​ទីផ្សារ​ការងារ​ជាក់ស្តែង​។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ការ​ជ្រើសរើស​ជំនាញ​មិន​ស៊ីចង្វាក់​គ្នា​ជាមួយនឹង​តម្រូវការ​ជាក់ស្តែង​ដែល​កំពុង​ត្រូវការ​ក្នុង​ទីផ្សារ​ជាក់ស្តែង​។

    របាយការណ៍​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ត្រូវការ​គ្រូបង្រៀន​ដែល​មានគុណ​ភាព​ខ្ពស់​ច្រើន​នាក់​បន្ថែម​ទៀត​ និង​ត្រូវការ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ក្រីក្រ​ដែល​រៀន​ពូកែ​ និង​រៀន​ជំនាញ​ដែល​ត្រូវ​នឹង​យុគសម័យ​ឌីជីថល​។

    រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឯកឧត្តម​ អុឹម​ កុច​ បាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ខ្លាំង​ តាមរយៈ​ការ​បណ្តុះបណ្តាល​គ្រូ​បន្ថែម​ និង​ការ​បញ្ចូល​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21​ ដើម្បី​ឱ្យ​សិស្ស​អាច​មាន​ជំនាញ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​ដែល​សង្គម​ត្រូវការ​ជាក់ស្តែង​។ ក្រៅពី​នេះ​នៅ​តាម​សាលារៀន​យើង​ក៏បាន​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​លើកកម្ពស់​មុខវិជ្ជា​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ឱ្យ​សិស្ស​បាន​យល់​ពី​តម្លៃ​សំខាន់​នៃ​មុខវិជ្ជា​ទាំងអស់​នេះ​នៅក្នុង​សង្គម​កម្ពុជា​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម​ប្រភេទ​នេះ​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ខ្លាំង​។

    ឯកឧត្តម​ អុឹម​ កុច​ មានប្រសាសន៍​ថា​៖ “កម្ពុជា​កំពុង​ជំរុញ​ឱ្យ​សិស្ស​ទាំងអស់​ចេះ​ទាំង​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ចិញ្ចឹមជីវិត​ និង​ចេះ​ទាំង​ជំនាញ​ទន់​ដើម្បី​ធ្វើការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ព្រោះ​ជំនាញ​បច្ចេកទេស​ជា​ជំនាញ​ដែល​អាច​ឱ្យ​មនុស្ស​ធ្វើការងារ​បាន​ តែ​មិន​ប្រាកដ​ថា​អាច​ឱ្យ​មនុស្ស​អភិវឌ្ឍ​បាន​លឿន​នោះ​ទេ​ ហេតុនេះ​ការ​ត្រូវការ​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21​ ដើម្បី​បន្ថែម​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ស្វាហាប់​ ចេះ​សហការ​ល្អ​ និង​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់​”។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ជំនាញ​នេះ​ផង​ដែរ​ ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ កម្ពុជា​ពិតជា​ត្រូវការ​អ្នកជំនាញ​បច្ចេកទេស​ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ចរន្ត​របស់​សង្គម​ដែល​កំពុង​មាន​ភាព​រីកចម្រើន​ខ្លាំង​ផ្នែក​សំណង់​ បច្ចេកទេស​អេឡិចត្រូនិក​ ម្ហូបអាហារ​ និង​ផ្នែក​ផ្សេង​ៗទៀត​។ ការ​អភិវឌ្ឍ​នៃ​វិស័យ​ទាំងអស់​នោះ​ បាន​បង្កើត​ឱ្យ​មាន​តម្រូវការ​ធនធានមនុស្ស​ជាច្រើន​នាក់​ ដើម្បី​ចាក់​បញ្ចូល​ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​ក្នុង​ទីផ្សារ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “កម្ពុជា​ត្រូវការ​អ្នកជំនាញ​ ហើយ​បើ​គិត​ឱ្យ​លម្អិត​យើង​មើលឃើញ​ថា​ អ្នកជំនាញ​ដែល​យើង​ត្រូវការ​មិនមែន​មានតែ​កម្រិត​ឧត្តម​សិក្សា​ខ្ពស់​ៗដូចជា​វិស្វករ​ ឬអ្នក​ជំ​នាញ​ខ្ពស់​ៗខ្លាំង​នោះ​ទេ​ តែ​យើង​ក៏​ត្រូវការ​ផង​ដែរ​នូវ​អ្នកជំនាញ​បច្ចេកទេស​ អ្នកបច្ចេកទេស​ជាន់ខ្ពស់​ និង​កម្លាំង​ពលកម្ម​ជំនាញ​ដែល​បច្ចុប្បន្ន​នេះ​យើង​នៅ​ត្រូវការ​ជាច្រើន​បន្ថែម​ទៀត​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ក៏បាន​លើកឡើង​នូវ​កត្តា​ប្រឈម​មួយចំនួន​ផង​ដែរ​ដែល​យើង​កំពុង​ជួបប្រទះ​ និង​ខិតខំ​ដោះស្រាយ​ នោះ​គឺ​កង្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ ធ្វើ​ឱ្យ​យើង​ត្រូវ​ចំណាយធនធាន​ដើម្បី​ជួល​អ្នកជំនាញ​ពី​ខាងក្រៅ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា​ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ហើយ​ ទើប​កម្ពុជា​បាន​ជំរុញ​យ៉ាងសកម្ម​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ដើម្បី​ឱ្យ​យុវជន​កម្ពុជា​អាច​ចាប់​យក​ឱកាស​អភិវឌ្ឍន៍​សមត្ថភាព​ ហើយ​បំពេញ​ក្នុង​ទីផ្សារ​ការងារ​ ព្រោះ​ជំនាញ​ខ្លះ​ប្រជាជន​ខ្មែរយើង​អាច​ធ្វើ​បាន​មិន​ចាំបាច់​ពឹង​កម្លាំង​ពលកម្ម​ពី​ខាងក្រៅ​នោះ​ទេ​ តែ​យុវជន​របស់​យើង​ខ្លះ​រៀន​ផុត​អស់​ ឬទាប​ជាងជំនាញ​ដែល​ត្រូវការ​។ ទោះជា​យ៉ាងនេះ​ក្តី​ យើង​ឃើញថា​ អ្នកជំនាញ​បច្ចេកទេស​របស់​យើង​ក៏​ត្រូវ​បាន​បណ្តុះបណ្តាល​ច្រើន​ផង​ដែរ​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ដើម្បី​សម្រេច​គោលដៅ​យូរអង្វែង​៕