Author: ធឿន មករា

  • ធនាគារពិភពលោក​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ 7%

    ធនាគារពិភពលោក​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ 7%

    ធនាគារពិភពលោក​ World​ Bank​ បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ របស់​ខ្លួន​ថា​ នៅ​ឆ្នាំ2019​ នេះ​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ 7% ធ្លាក់ចុះ​ពី​ 7.5​%កាលពី​ឆ្នាំ2018​។ ក្រុមការងារ​ធនាគារពិភពលោក​ (World​ Bank​ Group​) បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​នេះ​ថា​ ការ​ធ្លាក់ចុះ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​ចំណាយ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​ រួម​ជាមួយ​ការ​ព្រួយបារម្ភ​ជុំវិញ​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ​។

    ទស្សនវិស័យ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​យក​លំហូរ​ចូល​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ខណៈ​កំពុង​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​។តម្លៃ​ថាមពល​ និង​ការ​ដឹកជញ្ជូន​ដែល​មានតម្លៃ​ថោក​ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ និង​ការ​ផ្សារភ្ជាប់​គ្នា​រវាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នឹង​មាន​សារៈសំខាន់​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។

    ការ​ថមថយ​អានុភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ ដល់​ឆ្នាំ2021​ ត្រូវ​បាន​ធនាគារពិភពលោក​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ដែល​បាន​ប្រកា​សព្យូរ​ជា​បណ្តោះ​ អាសន្ន​នូវ​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​លើ​គ្រប់មុខ​ទំនិញ​ ឬ Everything​-but​-arms​ EBA​។ របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​៖ “ការបាត់បង់​ចំណូល​ពី​ EBA​ ដែល​បច្ចុប្បន្ន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ការ​មិន​បង់ពន្ធ​នឹង​មិន​មាន​កូតា​ពី​សហភាព​អឺរ៉ុប​អាច​នាំ​ឱ្យ​មាន​កំណើន​នាំចេញ​យឺត​”។ បើ​តាម​ធនាគារពិភពលោក​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​រួមចំណែក​ជាង​ 1ភាគ3​ នៃ​មុខទំនិញ​នាំចេញ​សំ​ខាន់​ៗរបស់​កម្ពុជា​ដែល​មាន​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទោចក្រយាន​យន្ត​។ អាស្រ័យហេតុ​នេះ​ការបាត់បង់​ភាព​អនុគ្រោះ​ EBA​ ទំនងជា​អាច​ធ្វើ​ឱ្យ​កំណើន​នៃ​ការនាំចេញ​ថយ​ល្បឿន​មកវិញ​។

    ម្យ៉ាងទៀត​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ធនាគារពិភពលោក​អះអាង​ថា​ ដោយសារតែ​កម្ពុជា​ពឹងពាក់​ខ្លាំង​លើ​ការ​ហូរ​ចូល​មូលធន​ពី​ប្រទេស​ចិន​ ហើយ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​របស់​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណាមួយ​នឹង​ជះ​ផល​មិនល្អ​មក​លើ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។

    លោក​ លី​ សុ​ដេ​ត (Ly​ Sodeth​) សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​៖“ជា​រួម​យើង​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​នឹង​យឺត​ជាង​ចុងឆ្នាំ​មុន​”។ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​កាលពី​ឆ្នាំមុន​ដល់​ 7.5​% ខ្ពស់​ជាង​ការ​ព្យាករ​ដំបូង​របស់​ធនាគារ7​%”។

    លោក​ លី​ សុ​ដេ​ត បាន​បន្ថែម​ថា​៖“ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ដែល​មាន​ចំនួន​ជាង2ភាគ3នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ខ្ពស់​ក្នុងរយៈពេល​ 4ឆ្នាំ​ គឺ​កើនឡើង​ 17.6​%នៅក្នុង​ឆ្នាំ2018​ កើនឡើង​ពី​កំណើន8.3​% ដែល​បាន​បង្ហាញ​នៅក្នុង​ឆ្នាំ2017​”។ កម្មវិធី​បញ្ជាទិញ​សំខាន់​ដែល​ជា​ការពិត​ ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ទៅ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជាមួយនឹង​ទីផ្សារ​សហរដ្ឋអាមេរិក​ កើនឡើង​លឿន​ជាង​ទីផ្សារ​អឺរ៉ុប​។ នោះ​ជា​កត្តា​សំខាន់​នៅ​ពីក្រោយ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​រំពឹង​ទុក​កាលពី​ឆ្នាំមុន​”។

    លោក​ Andrew​ D.Mason​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​របស់​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ត្រូវតែ​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នេះ​ដើម្បី​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។

    លោក​ Mason​ បាន​មានប្រសាសន៍​ថា​៖“ការ​សម្លឹង​មើលទៅ​មុខ​វា​នឹង​មាន​សារៈសំខាន់​ សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ពិភពលោក​ ដើម្បី​រក្សា​អត្រាកំណើន​ខ្ពស់​ក្នុង​ពេល​អនាគត​។ នេះ​មានន័យថា​ វា​ត្រូវ​ខិតខំ​កាត់បន្ថយ​ចំណាយ​លើ​ការ​ធ្វើជំនួញ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ហើយ​សំខាន់​បំផុត​គឺ​ពង្រឹង​ធនធានមនុស្ស​ និង​ជំនាញ​កម្លាំង​ពលកម្ម​របស់​ខ្លួន​។ ក្នុងរយៈពេល​ខ្លី​ ខ្ញុំ​សូម​និយាយ​ថា​ វា​មិនមែន​ជា​ការ​ព្រួយបារម្ភ​ទេ​ ដែល​យើង​មើលឃើញ​ពី​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៃ​កំណើន​នោះ​ទេ​”។

    នៅចំពោះមុខ​ ការ​ខ្វះ​ភាព​ប្រាកដប្រជា​បែបនេះ​វិធានការ​ចាំបាច់​រួមមាន​ ការ​រក្សា​បញ្ជី​ប្រាក់បៀវត្សរ៍​សាធារណៈ​កុំឱ្យ​រីក​មាឌ​តទៅទៀត​ ពង្រឹង​សមត្ថភាព​ឃ្លាំមើល​ និង​ត្រៀម​ឆ្លើយតប​វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ចាត់វិធានការ​ប្រុងប្រយ័ត្ន​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ថែមទៀត​ ក៏ដូចជា​ការ​ដាក់កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្តល់​កម្ចី​ឲ្យ​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​ជាដើម​។ នេះ​ជា​ការ​លើកឡើង​របស់​ធនាគារពិភពលោក​។

    បើ​តាម​ធនាគារពិភពលោក​ ថ្លៃ​ចំណាយ​នៅក្នុង​ការ​ធ្វើ​ធុរកិច្ច​ក៏​ជា​ឧបសគ្គ​មួយ​ដល់​ការពង្រីក​ការ​វិនិយោគ​ និង​សហគ្រិនភាព​នៅក្នុង​ស្រុក​ផង​ដែរ​ខណៈ​កម្ពុជា​ជាប់លេខ​រៀង​ទី183​ ក្នុងចំណោម190ប្រទេស​នៃ​ការ​វាស់​ស្ទង់​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម​ធុរកិច្ច​។

    លោកស្រី​ វិច​តូ​រី​យ៉ា​ ក្វា​ក្វា​ អនុប្រធាន​ធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ មានប្រសាសន៍​ថា​៖ “កំណើន​សេដ្ឋកិច្ច​មាន​ភាព​ធន់​របស់​តំបន់​នេះ​ គួរតែ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​ធ្លាក់​នៅ​កម្រិតទាប​រួច​ទៅ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ ឱ្យមក​នៅ​កាន់តែ​ទាប​ថែមទៀត​ ។ តាមពិត​ទៅ​ យើង​រំពឹង​ទុក​ថា​ នៅ​ត្រឹម​ឆ្នាំ2021​ ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​នឹង​ធ្លាក់ចុះ​ច្រើន​មក​នៅ​ក្រោម3​%”។

    លោកស្រី​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ “យ៉ាងណាក៏ដោយ​ ស្រប​ពេល​គ្នា​នេះ​ពលរដ្ឋ​ប្រហែល​ 500លាន​នាក់​ក្នុង​តំបន់​នេះ​ នៅតែ​បន្ត​ខ្វះ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​ ហើយ​ប្រឈម​នឹង​ហា​និ​ ភ័យ​ដែល​ងាយ​ធ្លាក់ចុះ​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​ ត្រង់នេះ​ជា​ការ​ក្រើន​រំឭក​សំខាន់​មួយ​អំពី​ទំហំ​នៃ​បញ្ហា​ប្រឈម​ដែល​មាន​ចំពោះ​អ្នកធ្វើ​គោលនយោបាយ​នៅ​តាម​ប្រទេស​នី​មួយ​ៗ”។

    របាយការណ៍​ធ្វើ​ទឡ្ហីករណ៍​ថា​ ប្រពលភាព​របស់​ហានិភ័យ​មួយចំនួន​ក៏​រំលេច​ឱ្យ​ឃើញ​ផង​ ដែរ​នូវ​ភាព​ចាំបាច់ក្នុង​ការ​បន្ត​ធ្វើការ​វិនិយោគ​ទៅលើ​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សង្គមកិច្ច​ និង​កម្មវិធី​ធានា​ រ៉ាប់រង​ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​។ បច្ចុប្បន្ន​នេះ​ តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ដែល​កំពុង​អភិវឌ្ឍន៍​មាន​អត្រា​គ្រប​ដណ្តប់​របស់​ជំនួយ​ផ្នែក​សង្គមកិច្ច​ទាប​ជាងគេ​ក្នុងចំណោម​ពលរដ្ឋ20​%ដែល​ក្រីក្រ​បំផុត​ បើ​ប្រៀប​ទៅ​នឹង​តំបន់​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​៕

  • ដឹងប្រវត្តិត្រួសៗពីកំពូលឌីជេ Diplo ដឹងតែញ័រប្រាណចង់រាំ EDM នៅថ្ងៃ ១០ នេះហ្មង!

    ដឹងប្រវត្តិត្រួសៗពីកំពូលឌីជេ Diplo ដឹងតែញ័រប្រាណចង់រាំ EDM នៅថ្ងៃ ១០ នេះហ្មង!

    សម្រាប់​ចូល​ចិត្ត​តន្ត្រី​​​ប៉ែក​អឺរ៉ុ​ប ពិសេស​ចង្វាក់ EDM ប្រាកដ​ជា​ស្គាល់​កំពូល​ឌីជេ​លំដាប់​ពិភព​លោក Diplo ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ចម្រៀង​ដ៏​កក្រើក​ជា​ច្រើន​របស់​តារា​ល្បីៗ​ទាំង​អឺរ៉ុប និង​អាស៊ី។ ថ្ងៃ១០ ឧសភា ២០១៩ នេះ Diplo នឹង​ធ្វើ​ដំណើរ​មក​​កម្ពុជា​ដើម្បី​ធ្វើ​ការ​សម្ដែង​ជា​លើក​ដំបូង​បំផុត​ តាម​រយៈ​ ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន Sabay ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ប្រវត្តិសាស្ត្រ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​គួរ​រំលង ពិសេស​សម្រាប់​អ្នក​ស្រឡាញ់​វិស័យ​តន្ត្រី។ ហើយ​អ្នក​​នឹង​រឹត​តែ​ទាក់​ចិត្ត​ចង់​ចូលរួម​ទៀត បើ​ដឹង​ពី​ជា​រឿង​រ៉ាវ​​ដ៏​អស្ចារ្យ​មួយ​ចំនួន​ពី​ឌីជេ​ចាស់​វស្សា​រូប​នេះ។

    Diplo បាន​សាង​ស្នាដៃ​ជា​ច្រើន​ក្នុង​ឧស្សាហកម្ម​តន្រ្តី បូក​រួម​ទាំង​ការ​ផលិត​​ភ្លេង​ផ្ទាល់​ខ្លួន ការ​សហការ​ជា​មួយ​កំពូល​តារា​​ចម្រៀង​ល្បីៗ​ និង​អ្នក​តន្រ្តី​ផ្សេងៗ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឌីជេ​ជើង​ចាស់​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​តាម​ប្រភេទ​​តន្រ្តី​​ជា​ច្រើន​ចង្វាក់​ដូចជា EDM, Dancehall, Hip Hop, Trap, Moombahton, Electro house និង Pop។

    ផលិតករ​តន្ត្រី​រូប​នេះ​បាន​បំបែក​កំណត់​ត្រា​លើ​អាជីព​របស់​ខ្លួន​ជា​ច្រើន​លើក ដោយ​លោក​បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ដូចជា MTV European Music Awards, American Music Award for Collaboration of the year ជា​ដើម។ ក្រៅ​ពី​នោះ Diplo ក៏​ជា​ម្ចាស់​ពាន Grammy ដល់​ទៅ ៣​ ហើយ​ក្នុង​នោះ​មាន​ពាន ​Best Dance Recording ដែល​ទទួល​បាន​ពី​បទ “Electricity” ច្រៀង​ដោយ Dua Lipa និង Mark Ronson ទៀត​ផង។

    បទ​ចម្រៀង​ល្បីៗ​មួយ​ជា​ច្រើន​ដែល​កើត​ចេញ​ពី​ទឹក​ដៃ​របស់​លោក បាន​ធ្វើ​ឲ្យ​កក្រើក​ទឹក​ចិត្ត​​អ្នក​ស្រឡាញ់​តន្រ្តី​ពេញ​ពិភព​លោក​ដូចជា “Where Are Ü Now” ច្រៀង​ដោយ​ Justin Bieber, Lean On You ច្រៀង​ដោយ MØ, ”Thunderclouds” ច្រៀងដោយ​ LSD, “Electricity” ច្រៀងដោយ Silk City និង Dua Lipa, Doctor Pepper” ច្រៀងដោយ​ CL, “Close To Me” ដោយ Ellie Goulding, Cold Water ដោយ Justin Bieber និង Bubble Butt ដោយ Bruno Mars, 2 Chainz, Tyga & Mystic ជា​ដើម។

    ក្រៅ​ពី​ជាប់​ក្នុង​តារាង​កំពូល​ឌីជេ​ទាំង ១០ លំដាប់​ពិភព​លោក​ហើយ បុរស​វ័យ​ ៤០ ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ឌីជេ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​​ដោយ​ទស្សនាវដ្ដី Forbes ផង​ដែរ។ មាន​ន័យ​ថា វា​ជា​ឱកាស​ដ៏​កម្រ​បំផុត ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​រាំ​លេង​ជា​មួយ​ស្នាដៃ​របស់​ចាក់​ភ្លេង​ផ្ទាល់ៗ​របស់​លោក។

    កម្មវិធី​ DIPLO Live in Phnom Penh នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ១០ ឧសភា ២០១៩ នៅ​ Sound Club ចាប់​ពី​ម៉ោង​ ១០ យប់​តទៅ។ បើ​ចង់​ចូល​រួម កុំ​ភ្លេច​ចូល​ទៅ​ទិញ​សំបុត្រ​តាម​រយៈ PiPay ជា​មួយ​តម្លៃ​ពិសេសៗ​ដូចជា៖

    – Early Bird = ១៥ ដុល្លារ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៥ ឧសភា ២០១៩)
    – Regular = ១៨ ដុល្លារ (ចាប់ពីថ្ងៃទី៦ ដល់ ១០ ឧសភា ២០១៩)
    – Gate Price = ២០ ដុល្លារ (នៅថ្ងៃកម្មវិធី ប្រសិនបើនៅសល់)

    សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់៖

    – វិបសាយ៖ diplo.sabay.com

    – ទូរសព្ទ​លេខ៖ 070 555 930

    – Facebook៖ [DIPLO Live in Phnom Penh](https://www.facebook.com/events/440865839997170/)

    – អ៊ឺម៉ែល៖ [email protected]

  • កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

    កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

    ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន​ ហ្គ្រីន​ត្រេ​ដដែល​ជា​សេនាធិការ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ COFCO​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី12​ ខែមេសា​ ឆ្នាំ2019​ រួចហើយ​លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា​ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចេញផ្សាយ​ថ្ងៃទី24​ ខែមេសា​ ឆ្នាំ2019​។

    សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) លើ​ពាណិជ្ជកម្ម​អង្ករ​ ប្រមាណ​ 40ម៉ឺន​តោន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី2​ នៅក្នុង​ប្រទេស​ចិន​។

    សេចក្តី​ជូនដំណឹង​ដដែល​បាន​បន្ត​ថា​ ជា​លទ្ធផល​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​លើស​ចេ​ក្តី​ព្រាង​អនុស្សរណៈ​ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​ 2 ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ថ្ងៃទី27​ ខែមេសា​ ឆ្នាំ2019​។

    ចំណុច​សំ​ខាន់​ៗនៅក្នុង​អនុស្សរណៈ​ដែល​ភាគី​ទាំង2​ បាន​ចុះហត្ថលេខា​មាន​ដូចតទៅ​៖
    – ពាណិជ្ជកម្ម​អង្ករ​៖ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ ផ្កាម្លិះ​ អង្ករ​ក្រអូប​ អង្ក​រស​ និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​ 40ម៉ឺន​តោន​ ចាប់ពី​ខែសីហា​ ឆ្នាំ​2019​ រហូតដល់​ចុងខែ​ធ្នូ​ ឆ្នាំ2020​។

    – យន្តការ​អនុវត្តន៍​៖ អនុស្សរណៈ​នេះ​នឹង​ចូលជាធរមាន​ភ្លាម​ បន្ទាប់ពី​គូភាគី​ទាំង2​ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង​ដែល​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃទី11​ ខែមករា​ ឆ្នាំ2018​ ស្តី​ពី​ការ​ចូល​អង្ករ​ចំនួន​ 30ម៉ឺន​តោន​។

    – យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​៖ គូភាគី​ទាំង2​ នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម​ ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​អាច​កើតឡើង​ជាយថាហេតុ​ អំឡុង​ពេល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

    យោង​តាម​របាយការណ៍​ផ្លូវការ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​កើនឡើង59​% នៅ​ត្រីមាស​ទី1​ ឆ្នាំនេះ​ ដោយ​បាន​នាំចេញ​អង្ករ​ចំនួន​ 75,214តោន​ទៅ​ប្រទេស​ចិន​នៅ​ត្រីមាស​ដំបូង​ឆ្នាំ2019​ ដែល​កើនឡើង59​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​សេវា​ច្រកចេញ​ចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​ជា​អ្នកទិញ​ស្រូវ​អង្ករ​ធំជាង​គេ​នៅក្នុង​អំឡុង​ពេល​ពី​ខែមករា​ ដល់​ខែមីនា​ ឆ្នាំនេះ​ដោយ​បាន​បន្ថែម​ថា​ ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ 44​%នៃ​ការ​នាំ​អង្ករ​ចេញ​សរុប​របស់​ប្រទេស​។

    យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​នាំចេញ​អង្ករ​សរុប​ចំនួន170,821តោន​ក្នុងរយៈពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំនេះ​កើនឡើង6​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    តួលេខ​បាន​បង្ហាញថា​ តំបន់​នេះ​បាន​នាំចេញ​អង្ករ​ 51,552តោន​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុងអំឡុងពេល​នេះ​ពោល​គឺ​ ធ្លាក់ចុះ33​% ដោយសារតែ​សហភាព​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​អង្ករ​ពី​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការនាំចូល​អង្ករ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

    រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

    រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ហើយ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​ជា​ជន្ទល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ និង​ប្រកប​ទៅ​ដោយ​និរន្តរភាព​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​(ចុះ​ថ្ងៃទី19​-04​-19​)បានឱ្យ​ដឹង​ថា​ ដោយហេតុថា​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មានកម្រិត​ បើ​ធៀប​នឹង​ប្រទេសជិតខាង​ កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជាចាំបាច់​សំដៅលើ​កកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ជាពិសេស​ទេសចរណ៍​បែប​វប្បធម៌​ និង​ធម្មជាតិ​ដែល​ជា​ផលិតផល​ឈានមុខ​គេ​របស់​កម្ពុជា​។

    សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​អាស៊ាន​ ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ ជា​ការ​គិត​គូ​ថ្មី​ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ចំនួន​ និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​។

    ក្រសួងទេសចរណ៍​បាន​រៀបចំ​វិធានការ​ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ និង​ទេសចរណ៍​វៃឆ្លាត​(Smart​ Tourism​)។

    ជាមួយគ្នា​នេះ​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត​សំដៅ​ដល់​ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​(Digitalization​)ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ការ​ធ្វើដំណើរ​ បដិសណ្ឋារ​កិច្ច​ និង​ឧស្សាហកម្ម​ម្ហូបអាហារ​ជាដើម​។

    វិធានការ​ខាងលើ​ត្រូវ​បាន​គាំទ្រ​ដោយ​អភិក្រម4​ ដែល​ជាគោល​ការណ៍​គ្រឹះ​នៃ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ រួមមាន​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ និង​ការសម្រប​សម្រួលការ​ធ្វើដំណើរ​ និង​ការ​ដឹកជញ្ជូន​ទេសចរណ៍​។

    សូម​បញ្ជាក់​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជាក្រោម​អធិបតីភាព​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ បាន​គាំទ្រ​ចំពោះ​វិធានការ​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​ដែល​បាន​ដាក់ចេញ​នូវ​របៀបវារៈ​ចំនួន3​ ជា​សំខាន់​គឺ​៖ 1-វិធានការ​ចាំបាច់​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​។ 2-ការ​លើកទឹកចិត្ត​ដល់​គោលនយោបាយ​ទេសចរណ៍​ផ្ទះ​សម្រាប់​ទេសចរណ៍​វ័យ​ចំណាស់​ និង3​-ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តរតនគិរី​ឱ្យទៅ​ជាស​មា​ហរ​ណកម្ម​ពិសេស​ និង​ការរៀបចំ​ផែនការមេ​ និង​ផែនការ​សកម្មភាព​ជម្រុ​ញអភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​“តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​” ​;និង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។

    ចំពោះ​វិធានការ​ទី1​ និង​ទី2​ ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​អនុវត្ត​ជា​បណ្តើរ​ៗហើយ​ តែ​ដោយឡែក​ចំពោះ​វិធានការ​ទី3​ ការរៀបចំ​ប្លង់​មេ​ដើម្បី​ដាំ​បន្លែ​ និង​ផ្កា​ ពិសេស​រៀបចំ​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​ការ​ដឹកជញ្ជូន​នោះ​នឹង​មានការ​ពិភាក្សា​បន្ថែម​ទៀត​។

    ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​ ក្នុង​ការដឹកនាំ​មន្ត្រី​ក្រសួង​ជួប​ប្រជុំ​ជាមួយ​ឯកឧត្តម​បណ្ឌិ​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដើម្បី​ពិភាក្សា​ និង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​ខេត្តមណ្ឌលគិរី​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​នោះ​ គឺ​សម្រាប់​ខេត្តមណ្ឌលគិរី​ ជា​ខេត្ត​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ដែល​អាច​ដាំ​បន្លែ​ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ព្រោះ​បច្ចុប្បន្ន​យើង​បាន​នាំចូល​បន្លែ​ និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។

    ឯកឧត្តម​បណ្ឌិត​បន្ត​ថា​៖“នៅក្នុង​ផែនការ​នេះ​ គឺ​រដ្ឋាភិបាល​នឹង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​មួយ​ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ និង​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ បន្លែ​ ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ដទៃទៀត​។ លោក​បន្ត​ថា​ ការសម្រេច​ផែនការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ ដោយ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​លើ​វិស័យ​ទេសចរណ៍​បាន​ច្រើន​”។

    ឯកឧត្តម​ ថោង​ ខុន​ បាន​បន្ត​ថា​ ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុងរយៈពេល​ 6ខែ​ ហើយ​នៅពេល​សិក្សា​ចប់​ រដ្ឋាភិបាល​នឹង​អនុវត្ត​ផែនការ​ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ផ្តល់​ឱកាស​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ​។

    ដោយឡែក​ចំពោះ​វិធានការ​ទី3​ ដដែល​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​និង​កំពុង​រៀបចំ​ខេត្ត​កែប​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ដែល​ការ​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​នេះ​ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង​ឆ្នេរខ្សាច់​ កោះ​ ផ្សារ​ កំពង់ផែ​ទេសចរណ៍​ ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ផង​ដែរ​ ប៉ុន្តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន​ “កាស៊ីណូ​” និង​រោងចក្រ​សហគ្រាស​ឡើយ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ កន្លងមក​រាជរដ្ឋាភិបាល​បាន​គិត​បែបនេះ​ ហើយ​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំផែនការ​មេ​ដើម្បី​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ និង​ជា​តំបន់​ទេសចរណ៍​បៃតង​ ជាពិសេស​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ និង​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ឱ្យ​បាន​កាន់តែ​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

    ឯកឧត្តម​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​៖“ហេតុនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខេត្ត​កែប​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ជា​តំបន់​ទេសចរណ៍​បៃតង​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​សហគ្រាស​ និង​ការ​វិនិយោគ​កាស៊ីណូ​នៅក្នុង​ខេត្ត​នេះ​ទេ​”។

    ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​លំនៅឋាន​ទី2​ សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ ឬចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​ពន្យារពេល​ក្នុង​ការ​ទស្សនា​ និង​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន​។

    បើ​តាម​ឯកឧត្តម​ ថោង​ ខុន​ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​ “ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ​ និង​កសិ​-ទេសចរណ៍​”ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ2020​ ខាងមុខ​ផង​ដែរ​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 171

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 171

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/04/LRPN_171-Final-For-Web.pdf” force_dl=”1″]

  • ឆ្នាំ2050​ មនុស្ស​លើ​ពិភពលោក​ជាង22​% នឹង​ក្លាយជា​មនុស្សចាស់​ តើ​នឹង​មាន​អ្វី​កើតឡើង​?

    ឆ្នាំ2050​ មនុស្ស​លើ​ពិភពលោក​ជាង22​% នឹង​ក្លាយជា​មនុស្សចាស់​ តើ​នឹង​មាន​អ្វី​កើតឡើង​?

    បញ្ហា​អាយុ​របស់​ប្រជាជន​មិនទាន់​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង​នោះ​ទេ​សម្រាប់​កម្ពុជា​ ព្រោះ​ប្រទេស​យើង​មាន​ប្រជាជន​វ័យក្មេង​ច្រើនជាង​គេ​ក្នុង​តំបន់​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគ​ និង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ ខណៈ​ពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​នានា​ដូចជា​ជប៉ុន​ជាដើម​កំពុង​ប្រឈម​នឹង​បញ្ហា​ចំនួន​មនុស្សចាស់​កាន់តែ​ច្រើន​ឡើង​ៗ តែ​ទោះជា​យ៉ាងនេះ​ក្តី​ កំណើនប្រជាជន​នឹង​ចាប់ផ្តើម​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ហើយ​ចំនួន​ប្រជាជន​វ័យក្មេង​ដ៏​ច្រើន​នា​ពេល​បច្ចុប្បន្ន​នឹង​ក្លាយជា​មនុស្សចាស់​នៅ​ប្រមាណ​ជាង​ 30ឆ្នាំទៅ​មុខ​ទៀត​ ដែល​វា​អាច​នឹង​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​យើង​ទាំងអស់គ្នា​ ដែល​ទាមទារ​ឱ្យ​មានការ​គិតគូរ​ និង​ត្រៀមខ្លួន​ដោះស្រាយ​។

    យោង​តាម​ប្រភព​ពី​ធនាគារ​ Deutsche​ Bank​ ដែល​បាន​ដកស្រង់​ការផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក​មាន​មនុស្ស​វ័យ​ច្រើនជាង​ 65ឆ្នាំ​ និង​តិច​ជាង​ 5ឆ្នាំ​កាន់តែ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ចំនួន​នេះ​បាន​បង្កើត​នូវ​ក្តី​ព្រួយបារម្ភ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។ ទន្ទឹម​នឹង​នេះ​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​ក៏បាន​បញ្ជាក់​ដែរ​ថា​ មនុស្ស​ចំនួន22​% នៅ​លើ​ពិភពលោក​នឹង​មាន​អាយុ​ច្រើនជាង​ 60ឆ្នាំ​ ដែល​ជា​អាយុ​ត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ​ 2050ខាងមុខនេះ​។ បញ្ហា​នេះ​បាន​ក្លាយជា​កត្តា​ប្រឈម​ធំ​មួយ​សម្រាប់​វិស័យ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​ នា​ថ្ងៃ​អនាគត​ បើ​ទោះបីជា​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​កំពុង​មានការ​អភិវឌ្ឍ​ និង​ប្រែប្រួល​យ៉ាង​លឿន​ដោយសារ​វត្តមាន​នៃ​បច្ចេកវិទ្យា​យ៉ាងណាក៏ដោយ​។

    ទិន្នន័យ​ដែល​ចេញ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បញ្ជាក់​ថា​ បញ្ហា​ប្រឈម​ដែល​អាច​នឹង​កើតឡើង​ គឺ​ចំនួន​មនុស្សចាស់​ដ៏​ច្រើន​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗត្រូវ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​សុខាភិបាល​ និង​ការថែទាំ​សុខភាព​មនុស្សចាស់​ព្រោះ​មនុស្សចាស់​ត្រូវតែ​ទៅ​មន្ទីរពេទ្យ​ច្រើនជាង​វ័យ​កណ្តាល​។ ក្រៅពី​នេះ​ មនុស្សចាស់​ដែល​ចូលនិវត្តន៍​ និង​ឈប់​ធ្វើការងារ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ចំណូល​របស់​គាត់​ថយ​ចុះ​ ហើយ​ការ​បង់ពន្ធ​លើ​ប្រាក់ចំណូល​ក៏​ត្រូវ​ធ្លាក់ចុះ​ផង​ដែរ​។ កត្តា​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗត្រូវ​បង្កើន​ការ​ចំណាយ​ស្រប​ពេល​ដែល​ចំណូល​មួយ​ផ្នែក​តូច​ត្រូវ​ថយ​ចុះ​។

    ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​ រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដល់​ប្រជាជន​ជំនាន់​ថ្មី​ ជាពិសេស​ប្រជាជន​សកម្ម​ ឱ្យធ្វើ​ការងារ​កាន់តែ​ខ្លាំង​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ខ្ពស់​ដើម្បី​ប្រមូល​ធនធាន​ទប់ទល់​នឹង​ការ​ចំណាយ​។ បញ្ហា​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​នឹង​ក្លាយជា​កត្តា​ប្រឈម​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​សតវត្សរ៍​ទី21នេះ​ ដែល​វា​មិន​ត្រឹមតែ​ទាមទារ​ឱ្យ​យកចិត្ត​ទុកដាក់​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ តែ​យុវជន​ខ្លួនឯង​ក៏​ត្រូវតែ​ដឹង​ និង​ត្រៀមខ្លួន​សម្រាប់​ខិតខំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ផង​ដែរ​។

    ម្យ៉ាងវិញទៀត​ បញ្ហា​ដែល​អាច​នឹង​កើតឡើង​មួយផ្សេងទៀត​គឺ​ មនុស្សចាស់​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ចូលចិត្ត​សន្សំ​ច្រើនជាង​ចំណាយ​លុយ​របស់​គាត់​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត​អាច​មាន​កំណើន​យឺត​។

    ទោះជា​យ៉ាងនេះ​ក្តី​ ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំងអស់​នេះ​ បណ្តា​ប្រទេស​មួយចំនួន​ដែល​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​ទាំងអស់​នេះ​បាន​ចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​រិះរក​វិធីសាស្ត្រ​ដើម្បី​សម្រាល​បន្ទុក​ និង​ប្រែក្លាយ​បញ្ហា​ឱ្យទៅ​ជា​រឿង​ល្អ​សម្រាប់​មនុស្សជាតិ​ទូទៅ​នៅ​ថ្ងៃ​អនាគត​។

    នៅ​ប្រទេស​មួយចំនួន​ គឺ​ចាប់ផ្តើម​រៀបចំ​ និង​បង្កើត​ជំ​នាញ​ថ្មី​ៗជាច្រើន​ដើម្បី​ឱ្យ​មនុស្សចាស់​អាច​មានលទ្ធភាព​ធ្វើការងារ​ដែល​ស្រប​នឹង​វ័យ​របស់​ពួកគាត់​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​មនុស្សចាស់​មានលទ្ធភាព​កាន់តែ​ខ្ពស់​ និង​កាត់បន្ថយ​ភាព​ឯកោ​បាន​ទៀតផង​។ ម្យ៉ាងវិញទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​កើតឡើង​នៅ​ថ្ងៃ​អនាគត​ មនុស្ស​ក៏​ចាប់ផ្តើម​រិះរក​ច្រក​បន្ថែម​ដើម្បី​ទប់ស្កាត់​ និង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​វិស័យ​គាំពារ​មនុស្សចាស់​ដោយ​ចំណាយ​តិចតែ​ទទួល​បាន​ផលិតភាព​ខ្ពស់​។

    ចំពោះ​បច្ចេកវិទ្យា​វិញ​ ដោយសារ​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​ចាប់ផ្តើម​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​នោះ​ វា​ក៏​ជា​ច្រក​សំខាន់​មួយ​ដែល​អាច​ឱ្យ​មនុស្សចាស់​ប្រើប្រាស់​វា​ និង​ទទួលយក​ផលប្រយោជន៍​ពី​វា​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ ជាក់ស្តែង​នៅ​ប្រទេស​ជប៉ុន​ មាន​ហាង​មួយ​បាន​ចាប់ផ្តើម​ឱ្យ​មនុស្ស​ដែល​មាន​ពិការភាព​ ប្រើប្រាស់​មនុស្សយន្ត​ឱ្យធ្វើ​ការ​ជំនួស​ដើម្បី​បង្កើត​ការងារ​ដល់​ពួកគេ​ និង​បង្កើត​ប្រាក់ចំណូល​ ដោយ​ពួកគេ​គ្រាន់តែ​នៅ​បញ្ជា​មនុស្សយន្ត​ពីលើ​គ្រែ​ ឬកន្លែង​រស់នៅ​របស់​ពួកគេ​ប៉ុណ្ណោះ​៕

  • 1ត្រីមាស​ដើមឆ្នាំ​ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ ទៅកាន់​ទីផ្សារ​បរទេស​ជាង​ 1.4លាន​តោន​ និង​បន្លែស្រស់​ជាង​ 50តោន​

    1ត្រីមាស​ដើមឆ្នាំ​ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ ទៅកាន់​ទីផ្សារ​បរទេស​ជាង​ 1.4លាន​តោន​ និង​បន្លែស្រស់​ជាង​ 50តោន​

    បើ​ទោះបីជា​កម្ពុជា​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​ធំៗ​មួយចំនួន​លើ​ការនាំចេញ​ផលិត​ផល​ផ្សេង​ៗក៏ដោយ​ តែ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល​ ជាក់ស្ដែង​ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជា​ផ្លូវការ​ប្រមាណ1.4លាន​តោន​។ ដោយឡែក​ការ​ផ្គត់ផ្គង់​បន្លែស្រស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ប្រមាណ​ជាង​ 50តោន​។ នេះ​បើ​យោង​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​កាលពី​ដំណាច់ខែ​មីនា​ ឆ្នាំ2019​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​បញ្ជាក់​ថា​៖“បូករួម​ទាំង​ផលិតផល​កសិកម្ម​ដទៃទៀត​ មាន​អង្ករ​ និង​ដំឡូងមី​ជាដើម​នោះ​ កម្ពុជា​បាន​នាំចេញ​ទិន្នផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​រហូតដល់​ទៅ​ប្រមាណ​ជា​ 2លាន​តោន​ក្នុង​ពេល​ជិត​ 3ខែ​កន្លងមក​នេះ​។ តាម​ទិន្នន័យ​ដែល​គិត​ត្រឹម​ថ្ងៃទី25​ ខែមីនា​កន្លងទៅ​ក៏​មានការ​បែងចែក​ជា​ 2ផង​ដែរ​ ពោល​គឺ​ការនាំចេញ​ផលិតផល​កសិកម្ម​ជា​ផ្លូវការ​មាន​ជាង​ 1.4លាន​តោន​ និង​ការនាំចេញ​ក្រៅផ្លូវការ​ជាង​ 1លាន​តោន​ទៀត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ សម្រាប់​ផលិតផល​ចេកអំបូង​លឿង​ដែល​កម្ពុជា​ទើបតែ​ទទួល​បាន​កូតា​នាំចេញ​ទៅកាន់​បណ្ដា​ប្រទេស​មួយចំនួន​នោះ​ក៏​ឃើញថា​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ក្នុង​នោះ​នៅ​រយៈពេល​ដូចគ្នា​ដែរ​នេះ​ ការនាំចេញ​ចេកអំបូង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ សម្រេច​បាន​ប្រមាណ​ 1.6ម៉ឺន​តោន​ និង​ផ្លែស្វាយ​បាន​ជិត​ 1.5ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​លើ​ពិភពលោក​ ក្នុង​នោះ​ក៏​មាន​ប្រទេស​រុស្ស៊ី​ ប្រទេស​អាមេរិក​ និង​បណ្ដា​ប្រទេស​អឺរ៉ុប​ផង​ដែរ​។

    ឯកឧត្តម​មន្ត្រី​បន្ត​ថា​ បច្ចុប្បន្ន​ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​សំ​ខាន់​ៗរបស់​កម្ពុជា​ រួមមាន​ប្រទេស​បារាំង​មាន​ប្រមាណ​ 40​% ចិន​មាន​ប្រមាណ​ 40​% រួម​ទាំង​ទីផ្សារ​អឺរ៉ុប​ និង​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។ ដោយឡែក​ការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ដោយ​ផ្ទាល់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​កាលពី​ខែមករា​ ឆ្នាំ2019​ ក្រោយ​កម្ពុជា​ និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធីសារ​មួយ​ដែល​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​ ដោយ​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​-ចេញ​ផ្លែ​ចេក​ 30ម៉ឺន​តោន​ក្នុង​ 1ឆ្នាំ​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “ជំហាន​ថ្មី​មួយទៀត​របស់​កម្ពុជា​នោះ​គឺ​ដោយសារតែ​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ ឆ្នាំ2019​ នេះ​កម្ពុជា​ក៏បាន​នាំចេញ​បន្លែស្រស់​ទៅកាន់​បណ្ដា​ប្រទេស​អឺរ៉ុប​ ដូចជា​ប្រទេស​បារាំង​ និង​អង់គ្លេស​ ដែល​រហូតមកដល់​ពេលនេះ​ កម្ពុជា​បាន​នាំចេញ​បន្លែស្រស់​ទៅកាន់​ប្រទេស​ទាំងនោះ​ជា​ការសាកល្បង​បាន​ប្រមាណ​ជាង​ 50តោន​ហើយ​ នេះ​មិនទាន់​បូក​បញ្ចូល​ការនាំចេញ​ក្រៅផ្លូវការ​ទៅកាន់​ប្រទេសជិតខាង​ ដូចជា​វៀតណាម​ និង​ថៃ​នៅឡើយ​ផង​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ រំពឹង​ថា​ នៅពេល​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​អាកាសយាន​ដ្ឋាន​បាន​ល្អ​ និង​ធំជាង​មុន​នោះ​ វា​នឹង​អនុញ្ញាត​ឱ្យ​យន្ត​ហោះ​ធំៗ​អាច​ចុះចត​បាន​ ហើយក៏​អាច​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែ​ច្រើនឡើង​ដែរ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​បន្ត​ថា​៖ “ ការនាំចេញ​ក្រៅផ្លូវការ​នៃ​កសិផល​របស់​កម្ពុជា​ទៅ​វៀតណាម​ ជាពិសេស​ការនាំចេញ​ស្រូវ​ គិត​ត្រឹម​រយៈ​ជាង​ 2ខែ​ 25ថ្ងៃ​នៃ​ដើមឆ្នាំ2019​ នេះ​ មាន​ចំនួន​ 1លាន​សែន2ម៉ឺន​តោន​ ដែល​ជា​តួលេខ​មិនបាន​កត់ត្រា​ពី​ស្ថាប័ន​គយ​ ”។

    ឯកឧត្តម​បន្ត​ទៀត​ថា​ សម្រាប់​ផលិតផល​កសិកម្ម​ដែល​កម្ពុជា​ផលិត​បាន​ក្នុង​ឆ្នាំ2018​-ដើមឆ្នាំ2019​ នេះ​ សរុប​ប្រមាណ​ 27លាន​តោន​ ហើយ​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ​ជាតិ​សំ​ខាន់​ៗ គេ​ឃើញ​មានការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ចេញទៅ​ក្រៅប្រទេស​ និង​ពី​បណ្ដា​ខេត្ត​មករា​ជធានី​ភ្នំពេញ​ជាដើម​ ។

    ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖“សម្រាប់​ផលិតផល​ស្រូវ​អង្ករ​ដែល​ជា​ផលិតផល​កសិកម្ម​ដ៏​សំខាន់​ គេ​សង្កេតឃើញ​ថា​ ទីផ្សារ​អឺរ៉ុប​នៅតែ​ជាទី​ផ្សារ​សំខាន់​ដោយ​ក្នុង​នោះ​ 30​%នៃ​ការនាំចេញ​អង្ករ​សរុប​បាន​នាំចេញ​ទៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ ហើយ​ក្នុងចំណោម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នោះ​ដែរ​ ប្រទេស​បារាំង​ជា​អ្នកបញ្ជា​ទិញ​ច្រើនជាង​គេ​ ដែល​មាន​រហូតដល់​ទៅ​ 40​%នៃ​ចំនួន​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ទាំងមូល​។ ក្រៅពីនោះ​នៅ​មាន​ទីផ្សារ​ចិន​ និង​បណ្ដា​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ាន​មួយចំនួន​ផង​ដែរ​”។

    ដោយឡែក​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ស្នើ​ដល់​បណ្ដា​វិនិយោគិន​បរទេស​នានា​ឱ្យ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ជាពិសេស​ការកែច្នៃ​កសិផល​ក្នុង​ស្រុក​ ដើម្បី​នាំចេញ​ជាជាង​នាំចេញ​ផលិតផល​មុន​សម្រេច​ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕

  • ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ គ្រុប​ បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ជប៉ុន​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

    ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ គ្រុប​ បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ជប៉ុន​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

    រាជធានី​ភ្នំពេញ​ – ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ ។

    ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃពុធ​ ទី24​ ខែមេសា​ ឆ្នាំ2019​ នៅ​ការិយាល័យ​ កណ្តាល​របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​ Vattanac​ Capital​ ក្នុង​រាជធានី​ភ្នំពេញ​។

    ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ 100​% របស់​ក្រុមហ៊ុន​ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ ហូល​ឌីង​ (“Dai​-ichi​ Life​ Group​”) ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ1902​។ ក្រុមហ៊ុន​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ គ្រុប​ (Dai​-ichi​ Life​ Group​) មាន​ប្រតិបត្តិ​ការធានា​រ៉ាប់រង​នៅក្នុង​ប្រទេស​ចំនួន7​ គឺ​នៅ​ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​ អូស្ត្រាលី​ វៀតណាម​ ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ថៃ​។ ការបង្កើត​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ ​;(ខេម​បូ​ឌា​) ម.ក​ គឺជា​ប្រទេស​ទី8​ ដែល​មាន​ប្រតិបត្តិ​ការធានា​រ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន​ Dai​-ichi​ Life​ Group​។

    ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​បេសកកម្ម​ចូលរួម​ចំណែក​ក្នុង​សង្គម​ និង​សហគមន៍​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​ការធានា​រ៉ាប់រង​អាយុជីវិត​ និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​។ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ (ខេម​បូ​ឌា​) ម.ក​ គឺជា​សមាជិក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ដាយ​ អ៊ិ​ឈិ​ ឡាយ​ហ្វ៍​ គ្រុប​ នឹង​មាន​វត្តមាន​នៅ​ក្បែរ​ប្រជាជន​កម្ពុជា​ និង​មនុស្សជា​ទីស្រឡាញ់​របស់​ពួកគេ​អស់មួយជីវិត​៕

  • គ្រូបង្រៀនម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    គ្រូបង្រៀនម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    ទឹកប្រាក់​ ១០០លាន​រៀល​ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​បុរស​ម្នាក់​ដែល​មានឈ្មោះ​ ថាំ​ ស៊ីនួន​ អាយុ​ ៣៣​ ឆ្នាំ​ បច្ចុប្បន្ន​មានមុខ​របរ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ ស្ទឹងតូច​ក្រោម​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។

    នៅចំពោះមុខ​ក្រុមការងារ​ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ១០០លាន​រៀល​ លោក​ ថាំ​ ស៊ីនួន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ លោក​មានមុខ​របរ​ជា​គ្រូបង្រៀន​នៅ​ឯស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ប៉ុន្តែ​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ លោក​បាន​មកលេង​ស្រុកកំណើត​ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ផ្អាវ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ហើយ​ទិញ​ខា​រ៉ា​បាវ​ពី​ផ្ទះ​អ្នកលក់​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​ទទួលទាន​ លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។ លោក​បាន​បន្ត​ទៀត​ថា​ សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​គួរសម​ ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​មាន​អាជីព​ជា​គ្រូបង្រៀន​តែប៉ុណ្ណោះ​ ហើយក៏​ពិការភាព​ដៃ​ម្ខាងទៀត​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​ការ​ឈ្នះ​រង្វាន់​នេះ​វា​គឺជា​រឿង​ចែ​ដន្យ​បំផុត​ គ្រាន់តែ​ឃើញត្រូវ​រង្វាន់​លោក​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​ជា​ខ្លាំង​ ហើយក៏​ស្រែក​ប្រាប់​អ្នកជិតខាង​ឱ្យ​ជួយ​ពិនិត្យមើល​ និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​។ លោក​ថា​ ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ១០០លាន​រៀល​នេះ​ លោក​នឹង​យក​មួយចំនួន​ទិញ​សង់​បំណុល​គេ​ និង​ទិញ​ដី​សង់ផ្ទះ​ ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ក្រុមហ៊ុន​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ខា​រ៉ា​បាវ​ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ១០០លាន​រៀល​ ចំនួន៦០​ រង្វាន់​ , ម៉ូតូ​ HONDA​ Dream​ ចំនួន៦០​ រង្វាន់​ , ទូរស័ព្ទ​ដៃ​ iPhone​ ចំនួន៦០​ រង្វាន់​ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ រាប់​លាន​កំប៉ុង​ ដោយ​គ្មាន​ការកំណត់​នោះ​ទេ​។ សូម​ចំណាំ​ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ​ គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​៕

  • 3ខែ​ដើមឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​កើន​ប្រមាណ20​%

    3ខែ​ដើមឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​កើន​ប្រមាណ20​%

    ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ 712លាន​ដុល្លារ​ ដែល​ចំណូល​នេះ​បាន​កើនឡើង​ប្រមាណ​ជា20​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ កន្លងមក​។ នេះ​បើ​តាម​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

    ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ 712លាន​ដុល្លារ​ បើ​ប្រៀបធៀប​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ គឺ​តួលេខ​នេះ​មាន​កំណើន​ប្រមាណ20​% ដែល​ជា​កំណើន​មួយ​ល្អ​ប្រសើរ​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​រយៈពេល​ 5ឆ្នាំ​ចុងក្រោយ​ គិត​ចាប់ពី​ឆ្នាំ2013​ ដល់​ឆ្នាំ2018​ យើង​ឃើញថា​ ចំណូល​ឆ្នាំ2013​ ស្មើនឹង​ជិត​ 3ដង​(X 2.5​)ដែល​ជា​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ2018​ គឺ​មានការ​កើនឡើង​ជិត​ 3ដង​ឯណោះ​ដែល​យក​ចំណូល​ពន្ធ​ទាំងនោះ​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​។

    ឯកឧត្ដម​ គុណ​ ញឹម​ បាន​មានប្រសាសន៍​បន្ថែម​ថា​ ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​អនុវត្ដ​នូវ​វិធានការ​កែទម្រង់​ និង​ទំនើបកម្ម​ច្រើន​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​ប្រមូល​ចំណូល​ ការ​បង្ក​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បាន​យ៉ាង​ល្អ​ប្រសើរ​។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​បាន​បន្ថែម​ថា​ សម្រាប់​កិច្ចប្រតិបត្តិ​ការ​របស់​គយ​ដែល​កំពុង​អនុវត្ដ​នា​ពេល​បច្ចុប្បន្ន​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​រៀបចំផែនការ​ប្រតិបត្តិ​ការ​លម្អិត​ប្រចាំឆ្នាំ​បន្ថែម​ទៀត​ដែល​ត្រូវ​ដកស្រង់​ចេញពី​ផែនការ​យុទ្ធ​សា​ស្ដ្រ និង​កម្មវិធី​ការងារ​កំណែទម្រង់​ទំនើបកម្ម​គយ​ផង​ យុទ្ធ​សា​ស្ដ្រកៀរ​គរ​ចំណូល​របស់​រាជរដ្ឋាភិបាល​ផង​ ជាពិសេស​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ប្រចាំឆ្នាំ​ផង​។

    ឯកឧត្តម​បណ្ឌិត​បាន​ពន្យល់​ថា​ សម្រាប់​ឆ្នាំ2018កន្លងមក​នេះ​ ការ​ប្រមូល​ពន្ធអាករ​ និង​ចំណូល​ចូល​ថវិកាជាតិ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​គឺ​បាន​ល្អ​ប្រសើរ​ដែល​ចាត់ទុកថា​ ជា​ឆ្នាំ​ដែល​បាន​ប្រមូល​ពន្ធ​បាន​ខ្ពស់​បំផុត​ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ឆ្នាំ​កន្លងមក​។ កត្ដា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ប្រមូល​ពន្ធ​បាន​ល្អ​ប្រសើរ​ និង​កើនឡើង​នេះ​ ដោយសារតែ​កត្ដា​ស្ថិរភាព​នយោបាយ​ដែល​បង្ក​លក្ខខណ្ឌ​ឱ្យ​កិច្ច​ដំណើរការ​ពាណិជ្ជកម្ម​ក៏ដូចជា​ការ​វិនិយោគ​មានដំណើរ​ការ​ល្អ​ប្រសើរ​។

    ជា​លទ្ធផល​ក្នុង​ឆ្នាំ2018​ ការ​ប្រមូល​ថវិកា​ចូលជាតិ​ គឺ​មាន​ប្រមាណ​ជាង​ 2,500លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ2017​ មាន​កំណើន​ប្រមាណ32​% ដែល​ជា​កំណើន​មួយ​ខ្ពស់​។ ទន្ទឹម​នេះ​ ប្រភេទ​ពន្ធអាករ​សំ​ខាន់​ៗដែល​ប្រមូល​បាន​ដោយ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ គឺ​មាន​ពន្ធគយ​ ឬពន្ធ​នាំចូល​មាន​អាករ​ពិសេស​លើ​ទំនិញ​មួយចំនួន​ និង​អាករ​លើ​តម្លៃបន្ថែម​(VAT​)។ ឯកឧត្តម​បណ្ឌិត​បាន​បន្ដ​ទៀត​ថា​ ក្នុង​ប្រភេទ​ពន្ធ​សំ​ខាន់​ៗទាំង3​ រួមមាន​ពន្ធគយ​កើនឡើង​ប្រមាណ20​% អាករ​ពិសេស​កើនឡើង​រហូតដល់​ប្រមាណ35​% និង​អាករ​លើ​តម្លៃបន្ថែម​គឺ​កើនឡើង​ប្រមាណ​ជាង30​%។

    សូម​បញ្ជាក់​ថា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន​ការគ្រប់គ្រង​ប្រភព​ចំណូល​ដែល​ប្រមូល​បាន​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​បែងចែក​ទំនិញ​ជា​ 3ក្រុម​មុខទំនិញ​ ទី1​-គឺ​យាន​យន្ដ​ និង​គ្រឿងចក្រ​។ ទី2​-មុខទំនិញ​ចម្រុះ​ រួម​ទាំង​គ្រឿងសំណង់​ផង​ដែរ​ និង​ក្រុម​ទំនិញ​ទី3​- គឺ​ផលិតផល​ប្រេងឥន្ធនៈ​ និង​ថាមពល​។

    ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ បាន​អះអាងបន្ថែម​ថា​ បើ​ពិនិត្យមើល​ពី​ប្រភព​ចំណូល​តាម​ក្រុម​ទំនិញ​ទាំង​ 3មុខ​នេះ​យើង​ឃើញថា​ យាន​យន្ដ​បាន​ដើរតួ​នាទី​ក្នុង​លំដាប់​ទី1​ ដែល​ស្រូប​យក​ចំណូល​បាន​ប្រមាណ​ជាង​ 46​%នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ2018​ កន្លងទៅ​។ ដោយឡែក​ទី2​ មុខទំនិញ​ចម្រុះ​ រួម​ទាំង​គ្រឿងសំណង់​ផង​ និង​កម្រៃ​ផ្សេង​ៗនោះ​ បាន​ដើរតួ​នាទី​ប្រមាណ35​% នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ ហើយ​ក្រុម​ទី3​ គឺ​ផលិតផល​ប្រេងឥន្ធនៈ​ និង​ថាមពល​ ដើរតួ​នាទី​ប្រមាណ19​%៕