Author: ធឿន មករា

  • ដំណោះស្រាយ​ចំពោះ​បញ្ហា​ស្បែក​ស្ងួត​គ្មាន​សំណើម​ ជា​មួយ​នឹង​ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME

    ដំណោះស្រាយ​ចំពោះ​បញ្ហា​ស្បែក​ស្ងួត​គ្មាន​សំណើម​ ជា​មួយ​នឹង​ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME

    មានក​ត្តា​ជាច្រើន​ដែល​បណ្តាល​ឱ្យ​ស្បែក​ឡើង​ស្ងួត​ ដូចជា​ ការប្រែប្រួល​ស្រទាប់​ខ្លាញ់​ ការ​ធ្លាក់ចុះ​នូវ​ជាតិ​សំណើម​ពី​ធម្មជាតិ​របស់​ស្បែក​ វ័យ​កាន់តែ​ចាស់​ និង​តំណរ​ពូជ​ជាដើម​។ ស្បែក​ស្ងួត​ធ្ងន់ធ្ងរ​ អាច​បណ្តាល​ឱ្យ​កើតមាន​អាការ​រមាស់​ និង​រលាក​ស្បែក​។

    វិធីការ​ពារ​មិន​ឱ្យ​ស្បែក​ឡើង​ស្ងួត​គឺ​ត្រូវ​ រក្សាទុក​នូវ​ជាតិទឹក​ឱ្យ​មាននៅ​ក្នុង​ស្បែក​ឱ្យ​បាន​ច្រើន​ វា​នឹង​ធ្វើ​ឱ្យ​ស្បែក​ទន់​ និង​ការពារ​មេរោគ​ ផ្សេង​ៗ។ ស្បែក​ស្ងួត​ត្រូវ​បាន​ចែក​ជា​ពីរ​ គឺ​កត្តា​ខាងក្រៅ​និង​កត្តា​ខាងក្នុង​។ កត្តា​ខាងក្រៅ​រួមមាន​ អាកាសធាតុ​ត្រជាក់​ និង​មាន​សំណើម​តិច​ ជាពិសេស​នៅក្នុង​រដូវរងា​ការ​ដុស​សម្អាត​ស្បែក​ញឹកញាប់​ដោយ​ប្រើ​សាប៊ូ​ និង​ការប្រើ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល​ជាដើម​។ កត្តា​ខាងក្នុង​ មាន​ដូចជា​ បញ្ហា​សុខភាព​ទូទៅ​ អាយុ​ តំណរ​ពូជ​ ប្រវត្តិ​គ្រួសារ​ និង​ប្រវត្តិ​ផ្ទាល់ខ្លួន​ ដែល​ប្រើ​ថ្នាំ​ដូចជា​ ថ្នាំ​ព្យាបាល​ជំងឺហឺត​ អា​លែ​កហ្ស៊ី​ និង​ជំងឺ​សើស្បែក​ ផ្សេង​ៗ។

    តើ​អ្វីខ្លះ​ជា​រោគសញ្ញា​នៃ​ស្បែក​ស្ងួត​?
    រោគសញ្ញា​ចម្បង​របស់​ស្បែក​ស្ងួត​គឺ​អាការ​រមាស់​។ ស្បែក​ស្ងួត​ ជាទូទៅ​វា​នឹង​បណ្តាល​ឱ្យ​ ស្បែក​ឡើង​គ្រើម​ ស្ងួត​ ក្រហម​នៅ​លើ​ស្បែក​ ហើយ​ជា​ញឹកញយ​គឺ​កើតមាន​អាការ​រមាស់​នៅ​ លើ​ស្បែក​។ ស្បែក​ដែល​ងាយ​រង​នូវ​ផល​ប៉ះពាល់​ ជាងគេ​ គឺ​ស្បែក​នៅ​ដៃជើង​ ពោះ​ និង​កន្លែង​ងាយ​ នឹង​កកិត​ ដូចជា​ ស្មងជើង​ និង​ប្រអប់ជើង​។ល។ នៅពេល​ដែល​ស្បែក​ស្ងួត​កាន់តែ​ធ្ងន់ធ្ងរ​ វា​នឹង​ ធ្វើ​ឱ្យ​ស្បែក​ប្រេះ​បែកស្រកា​។

    តើ​ស្បែក​ស្ងួត​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដូចម្តេច​ខ្លះ​?
    ស្បែក​ស្ងួត​អាច​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​បាន​ យ៉ាង​ងាយស្រួល​នៅពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ មើល​រាងកាយ​ និង​ត្រួតពិនិត្យ​មើល​លើ​ស្បែក​។ ស្បែក​ស្ងួត​អាច​កើតមាន​លើ​គ្រប់​ប្រភេទ​នៃ​ស្បែក​ និង​គ្រប់​វ័យ​ គ្រប់​ភេទ​ ដែល​ជា​ញឹកញយ​ ស្បែក​របស់​ពួកគេ​តែង​ប៉ះ​ជាមួយនឹង​ម្សៅ​សាប៊ូ​ ដែល​ធ្វើ​ឱ្យ​ស្បែក​ឡើង​ស្រអាប់​ ហើយ​វិវត្ត​ទៅជា​ ស្បែក​ស្ងួត​។ លើស​ពីនេះ​ទៀត​ប្រវត្តិ​នៃ​ការប្រើ​ប្រាស់​ថ្នាំ​និង​ការពិនិត្យ​មើល​ទម្លាប់​ប្រចាំថ្ងៃ​ក៏​ អាច​ធ្វើការ​កំណត់​ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ស្បែក​ ស្ងួត​បាន​ដែរ​។ ដោយ​ផ្អែកលើ​ប្រវត្តិ​នៃ​ការប្រើ​ប្រាស់​ថ្នាំ​ លក្ខខណ្ឌ​វេជ្ជ​សាស្រ្ត​មួយចំនួន​អាច​ ត្រូវ​បាន​គេ​ច្រានចោល​ ឬពិចារណា​។ ក្នុងករណី​ ពិបាក​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​ នោះ​គេ​នឹង​ ច្រឹប​កោសិកា​ស្បែក​ ដើម្បី​យក​ទៅ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ធ្វើការ​ព្យាបាល​តែម្តង​។

    ដំណោះស្រាយ
    ​ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ មាន​រូបមន្ត​ផ្សំ​ចេញពី​ស្រូវសាលី​ និង​ជាតិ​សំណើម​ពី​ធម្មជាតិ​ ដើម្បី​ព្យាបាល​ និង​ផ្តល់​នូវ​ជាតិទឹក​ដល់​ស្បែក​ ដែល​ស្ងួត​ ការពារ​អាការ​រមាស់​ និង​រលាក​រោល​ លើ​ស្បែក​។ ក្រោយពី​កា​រប្រើដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ នោះ​ស្បែក​អ្នកជំងឺ​នឹង​ប្រែជា​ទន់​ មាន​សំណើម​ និង​មិន​ប្រេះ​បែកស្រកា​ឡើយ​។ ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ មាន​ជាតិ​ សំណើម​ខ្ពស់​ និង​មាន​តុល្យភាព​ pH​ ដើម្បី​ ធានា​ថា​ អាស៊ីត​ធម្មជាតិ​របស់​ស្បែក​ត្រូវ​បាន​ថែរក្សា​ និង​ធានា​ថា​ ស្បែក​ស្ងួត​នឹង​មិនកើត​មាន​ ព្រមទាំង​ការពារ​ស្បែក​ពី​បាក់តេរី​ ឬការ​ឆ្លង​មេ​រោ​គផ្សេង​ៗផង​ដែរ​។ ដោយសារតែ​ផលិតផល​ នេះ​ប្រើ​សម្រាប់​ព្យាបាល​ស្បែក​ស្ងួត​ ដូចនេះ​វា​មិន​មាន​បន្ថែម​ក្លិន​នោះ​ទេ​ ហើយ​ក្លិន​របស់​វា​គឺ​ ជា​ក្លិន​របស់​ស្រូវសាលី​ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ លាប​នៅ​លើ​ស្បែក​ វា​នឹង​លែង​មាន​ក្លិន​ហើយ​។ ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ ជា​ផលិតផល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​មានគុណ​ភាព​ ខ្ពស់​ និង​គួរ​ឱ្យ​ទុកចិត្ត​បំផុត​។

    របៀប​ប្រើប្រាស់
    ​ជាដំបូង​អ្នក​ត្រូវ​ងូតទឹក​ជម្រះ​ខ្លួន​ឱ្យ​ស្អាត​ មុននឹង​លាប​ ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ខ្លួនប្រាណ​របស់​អ្នក​គឺ​ស្អាត​មិន​មាន​មេរោគ​នោះ​ទេ​។ អ្នក​ត្រូវ​លាប​ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ 2ដង​ក្នុង1ថ្ងៃ​គឺ​ពេលព្រឹក​ ក្រោយ​ងូតទឹក​រួច​ និង​នៅពេល​យប់​ មុន​ពេល​ ចូលគេង​ ឬលាប​នៅពេល​ដែល​ចាំបាច់​។ ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ អាច​លាប​បាន​ទាំង​ ផ្ទៃមុខ​ និង​ស្បែក​ដងខ្លួន​ ដោយ​ប្រើ​បាន​គ្រប់​ប្រភេទ​ស្បែក​ និង​គ្រប់​វ័យ​ មិនថា​ ទារក​ ក្មេង​ ឬមនុស្សចាស់​នោះ​ទេ​។ ដឹ​ម៉ា​វ៉ា​យ DRY​ SKIN​ CRÈME​ ត្រូវ​បាន​ធ្វើតេស្ត​ និង​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ ដោយ​សមាគមន៍​រោគ​ សើស្បែក​របស់​ប្រទេស​អូស្ត្រាលី​៕

  • សម័យ​ឌីជីថល​ គ្រូ​ឈប់​ឱ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ហើយ​ តែ​ឱ្យ​ព្យាយាម​យល់​ឱ្យ​ស៊ីជម្រៅ​ដើម្បី​អភិវឌ្ឍ​កាន់តែ​ខ្លាំង​

    សម័យ​ឌីជីថល​ គ្រូ​ឈប់​ឱ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ហើយ​ តែ​ឱ្យ​ព្យាយាម​យល់​ឱ្យ​ស៊ីជម្រៅ​ដើម្បី​អភិវឌ្ឍ​កាន់តែ​ខ្លាំង​

    ដោយសារតែ​របត់​នៃ​ការរស់នៅ​ និង​ការ​ធ្វើការងារ​នៅក្នុង​ពិភពលោក​នា​សម័យ​បច្ចុប្បន្ន​មាន​ភាព​ប្រែប្រួល​ខ្លាំង​ ការអប់រំ​ក៏​ចាំបាច់​ត្រូវតែ​កែទម្រង់​ដើម្បី​ធានា​ថា​ មនុស្ស​នឹង​មានគុណ​ភាព​កាន់តែ​ខ្ពស់​ ដើម្បី​ឆ្លើយតបទៅនឹង​អ្វី​ដែល​មនុស្ស​ត្រូវការ​ក្នុង​ការរស់នៅ​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ បាន​លើកឡើង​ថា​ យើង​ចង់ឱ្យ​សិស្ស​កាន់តែ​មានការ​គិតពិចារណា​ វិភាគ​និង​មានគំនិត​ច្នៃប្រឌិត​ច្រើនជាង​ការ​-ទន្ទេញ​តែ​តាម​ក្បួន​ ឬសៀវភៅ​គ្រប់យ៉ាង​។ចំណេះដឹង​ពី​ការ​ទន្ទេញ​ មិន​អាច​ធ្វើ​ឱ្យ​យើង​បង្កើត​ឡើង​នូវ​ស្នា​ ដៃ​ថ្មី​ ឬសមិទ្ធផល​ច្នៃប្រឌិត​បាន​នោះ​ទេ​ ព្រោះ​សៀវភៅ​មិន​ប្រាកដ​ថាត្រូវ​គ្រប់​ទាំងអស់​នោះ​ទេ​ ហើយ​បើ​យើង​ទន្ទេញ​ចាំ​ តែ​មិន​យល់​ នោះ​យើង​នឹង​មិន​អាចយ​កមេរៀន​នោះ​ទៅ​ធ្វើអ្វី​កើត​បាន​ឡើយ​។ ជាជាង​ ការ​ទន្ទេញ​ យើង​ចង់ឱ្យ​សិស្ស​ព្យាយាម​ស្វែងយល់​ពី​ឫសគល់​នៃ​មេរៀន​ និង​មូលហេតុ​សំ​ខាន់​ៗដែល​ឆ្លើយតប​ជាមួយនឹង​ការរស់នៅ​ជាក់ស្តែង​ ដើម្បី​ពួកគេ​រក​ឃើញ​បញ្ហា​នានា​ដែល​ស៊ី​គ្នា​ជាមួយ​មេរៀន​ ហើយ​ប្រើប្រាស់​វា​ទៅ​បំបែក​ឱ្យ​កើត​ចេញ​ជា​ដំណោះ​ស្រាយ​ថ្មី​ៗសម្រាប់​ការរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “ប្រសិនបើ​យើង​ចេះ​វិភាគ​ ចេះ​ពិចារណា​ និង​បំបែក​មេរៀន​ទាំងអស់​នោះ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ នោះ​យើង​នឹង​រក​ឃើញ​វិធី​ជាច្រើន​ដើម្បី​បង្កើត​សមិទ្ធ​ផល​ថ្មី​ៗ ជាពិសេស​ក្នុង​សម័យ​ឌីជីថល​នេះ​ យុវជន​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​”។

    ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​យើង​មានគំនិត​ ចេះ​វិភាគ​ នោះ​យើង​នឹងអាច​ធ្វើ​រឿង​ធំៗ​បាន​ជាច្រើន​។ គំនិត​ខ្លះ​ យើង​ឃើញ​ថា​ មនុស្ស​កាលពី​បួនដប់​ឆ្នាំមុន​គ្រាន់តែ​ស្រមើស្រមៃ​ប៉ុណ្ណោះ​ តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ វា​បាន​ក្លាយជា​ការពិត​ព្រោះ​មនុស្ស​ព្យាយាម​សិក្សា​ស្វែងយល់​ និង​រក​វិធីសាស្ត្រ​ដើម្បី​ធ្វើ​វា​ឱ្យ​បាន​។ ហេតុនេះ​នៅ​កម្ពុជា​ យើង​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​រៀបចំ​វិធីសាស្ត្រ​រៀន​ និង​បង្រៀន​ដើម្បី​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​កាន់តែ​ខ្លាំង​ និង​ស៊ីជម្រៅ​ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ជាក់ស្តែង​។

    ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ មិន​ត្រឹមតែ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​តែមួយមុខ​គត់​នោះ​ទេ​ តែ​ក្រសួង​ក៏បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ផង​ដែរ​ដើម្បី​ឱ្យ​សិស្ស​កាន់តែ​មានគុណ​ភាព​ ទាំង​សម្រាប់​ការ​ប្រឡង​ និង​សម្រាប់​ការរស់នៅ​នា​ថ្ងៃ​អនាគត​។ ដើម្បី​ឱ្យ​សិស្ស​កាន់តែ​មាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​ វិស្វកម្ម​ និង​គណិតវិទ្យា​ ក្រសួង​អប់រំ​បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ STEM​ ធំៗ​នៅក្នុង​ពិព័រណ៍​ប្រចាំឆ្នាំ​ និង​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​នេះ​កាន់តែ​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​។ ក្រៅពី​នេះ​ ក្រសួង​អប់រំ​ក៏បាន​រៀបចំ​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ​ បំណិន​ជីវិត​ និង​ជំនាញ​ចាំបាច់​នានា​សម្រាប់​សតវត្សរ៍​ទី21ផង​ដែរ​។

    ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ការសិក្សា​របស់​សិស្ស​បច្ចុប្បន្ន​នេះ​ ចាំបាច់​ត្រូវតែ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ព្រោះ​ឥឡូវនេះ​ពេលខ្លះ​មនុស្ស​លែង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ហើយ​ តែ​មនុស្ស​ទំនាក់ទំនង​ជាមួយ​ម៉ាស៊ីន​ (internet​ of​ thing​)។ សិស្សានុសិស្ស​ចាំបាច់​ត្រូវ​សិក្សា​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ គឺ​រៀន​ដើម្បី​ចេះ​រស់នៅ​ និង​រៀន​ដើម្បី​ចេះ​រៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ហេតុនេះ​ការសិក្សា​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បច្ចុប្បន្ន​នេះ​ ប្រភព​ព័ត៌មាន​ និង​ចំណេះដឹង​មាន​គ្រប់​ទីកន្លែង​ បើ​មិន​ច្បាស់​យើង​គ្រាន់តែ​ប្រើ​ស្មា​តហ្វូ​ននៅ​ក្នុង​ទូរស័ព្ទ​ដែ​របស់​យើង​ក៏អាច​ស្រាយ​ចម្ងល់​ទាំងអស់​នោះ​បាន​ដែរ​។

    ឯកឧត្តម​ រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ យកល្អ​ សិស្ស​និស្សិត​គួរ​ព្យាយាម​ស្វែងរក​ឱកាស​អនុវត្ត​ឱ្យ​បាន​ច្រើន​ ស្រប​ពេល​ដែល​យើង​សិក្សា​ពី​សៀវភៅ​ ឬពីសា​លា​។ នៅពេល​យើង​ធ្វើការងារ​ យើង​នឹង​មើលឃើញ​បញ្ហា​ជាច្រើន​ដែល​យើង​មិនទាន់​យល់​ច្បាស់​ពី​អ្វី​ដែល​យើង​ធ្លាប់​រៀន​ ពេលនោះ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការស្រាវជ្រាវ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​ ហើយក៏​អាច​ឱ្យ​យើង​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​សម្រាប់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាន​ នៅពេល​ដែល​យើង​បញ្ចប់​ការសិក្សា​៕

  • ដាំ​ស្លឹកគ្រៃ​ ចំណាយ​តិច​ ចំណូល​ច្រើន​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​មាន​ភាព​ប្រកួតប្រជែង​ច្រើន​

    ដាំ​ស្លឹកគ្រៃ​ ចំណាយ​តិច​ ចំណូល​ច្រើន​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​មាន​ភាព​ប្រកួតប្រជែង​ច្រើន​

    ស្លឹកគ្រៃ​ ជា​ប្រភេទ​ដំណាំ​បន្លែ​ដែល​ងាយស្រួល​ដាំ​ និង​ទទួល​បានផល​ប្រសើរ​ជាង​ដំ​ណាំ​ផ្សេង​ៗទៀត​ ហើយក៏​មាន​តម្រូវការ​ច្រើន​ក្នុង​ការ​ដាំ​ស្ល​ហូបចុក​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរយើង​ផង​ដែរ​។ ដោយសារតែ​ដំណាំ​ប្រភេទ​នេះ​មាន​ទីផ្សារ​ល្អ​ គួបផ្សំ​នឹង​ស្ថានភាព​ដី​ក្នុង​តំបន់​មាន​អំណោយផល​ល្អ​ផង​នោះ​ ទើប​កសិករ​ក្នុង​សហគមន៍​កសិកម្ម​ “សំបូរ​មានជ័យ​” ខេត្ត​កំពង់ចាម​ចាប់អារម្មណ៍​ងាក​មក​ជំរុញ​ការ​ដាំ​ស្លឹកគ្រៃ​វិញ​ម្ដង​ នា​ពេល​បច្ចុប្បន្ន​។

    លោក​ អេង​ ថុង​ ប្រធាន​សហគមន៍​កសិកម្ម​ “សំបូរ​មានជ័យ​” ជា​អ្នក​ប្រកបរបរ​ដាំ​ស្លឹកគ្រៃ​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រស់នៅ​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ឱ្យ​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ដឹង​ថា​ ស្លឹកគ្រៃ​ គឺជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ​ និង​ផ្តល់​ផល​លឿន​ដោយ​វា​នឹង​ផ្តល់​ផល​ក្នុងអំឡុងពេល​ត្រឹមតែ​ 3ខែ​ប៉ុណ្ណោះ​។

    លោក​បាន​ប្រាប់​ទៀត​ថា​ ស្លឹកគ្រៃ​ ភាគច្រើន​គេ​ចាប់ផ្តើម​ដាំ​នារ​ដូវ​ទឹកសម្រក​ គឺ​ក្នុង​អំឡុង​ខែធ្នូ​ ឬដើមខែ​មករា​។ ការ​ដាំ​ស្លឹកគ្រៃ​មិនសូវ​ជា​លំបាក​ក្នុង​ការថែទាំ​ ឬបាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​ដូច​ដំណាំ​ផ្សេងទៀត​ឡើយ​ ដោយ​គេ​គ្រាន់តែ​ដាក់ជី​ និង​ស្រោចទឹក​ក្នុង​ 1សប្តាហ៍​ម្តង​ ដើម​ស្លឹកគ្រៃ​នឹង​លូតលាស់​បាន​ល្អ​ ហើយ​អាច​កាត់​លក់​បាន​នៅ​ត្រឹមតែ​រយៈពេល​ 3ខែ​ប៉ុណ្ណោះ​។ នៅពេល​ស្លឹកគ្រៃ​ចាស់​កាត់​លក់​អស់​ គេ​ចាប់ផ្តើម​ភ្ជួរ​ដី​ និង​ដាំ​ស្លឹកគ្រៃ​ថ្មី​ទៀ​តភ្លាម​ៗតែម្ដង​ ដោយ​មិនបាច់​រង់ចាំ​រដូវវស្សា​ចូល​មកដល់​នោះ​ទេ​ ព្រោះ​ដំណាំ​មួយ​នេះ​ ទោះជា​រដូវ​ណា​ក៏អាច​ដាំដុះ​បាន​ដែរ​ សំខាន់​ឱ្យ​តែ​មាន​ទឹក​ស្រោច​គ្រប់គ្រាន់​។

    លោក​ អេង​ ថុង​ បានឱ្យ​ដឹង​ថា​ មុននឹង​ដាំ​ស្លឹកគ្រៃ​ គេ​ត្រូវ​ជ្រើសរើស​យក​ពូ​ជល្អ​ៗ គល់​ធំៗ​យក​មក​កាត់​ឫស​ចាស់​ចោល​ ហើយ​យក​ទៅ​ផ្សាំ​បណ្តុះ​ឫស​ថ្មី​នៅ​លើ​ដី​ដែល​មាន​ទឹ​កសើម​ៗ ឬស្រោចទឹក​ពីលើ​ជាប្រចាំ​។ នៅពេល​ផ្សាំ​បាន​ចន្លោះ​ពី​ 4ថ្ងៃ​ទៅ​ 1សប្តាហ៍​ ស្លឹកគ្រៃ​ចាប់ផ្តើម​ដុះឫស​ថ្មី​ ហើយ​អាចយ​កទៅ​ដាក់ដាំ​បាន​ ដោយ​គេ​ដាំ​មួយ​គុម្ព​តែ​ 1ដើម​ ឬ 2ដើម​(1គល់​ ឬ 2គល់​) ហើយ​ត្រូវ​ដាំ​ជាជួរ​ឱ្យ​ត្រង់​ស្មើ​ក្នុង​ចន្លោះ​ឆ្ងាយ​ពីគ្នា​ 3 – 4សង់ទីម៉ែត្រ​ អាស្រ័យ​ទៅតាម​សណ្ឋានដី​។

    ក្រោយពី​ដាំ​ គេ​គ្រាន់តែ​មើលថែ​ដាក់ជី​ និង​បាញ់​ទឹក​បង្ហូរ​តាមចន្លោះ​រង​នី​មួយ​ៗក្នុង​ 1សប្តាហ៍​ម្តង​ នោះ​ដើម​ស្លឹកគ្រៃ​នឹង​លូតលាស់​បាន​ល្អ​ និង​មិន​មាន​សត្វល្អិត​ណាម​កយាយី​រំខាន​ដំណាំ​ប្រភេទ​នេះ​ទេ​ ដោយសារ​វា​មាន​ក្លិនឈួល​ និង​រសជាតិ​ហឹរ​ប្រហើរ​ហ្នឹងឯង​។

    លោក​បាន​បន្ត​ថា​ កសិករ​នៅក្នុង​ភូមិ​របស់​លោក​កន្លងមក​ មិន​មានទម្លាប់​ដាំ​ស្លឹកគ្រៃ​ទេ​ ប៉ុន្តែ​សព្វថ្ងៃ​បាន​នាំគ្នា​ជំរុញ​ការ​ដាំ​ស្លឹកគ្រៃ​បន្ថែម​លើ​ការ​ដាំ​ដំ​ណាំ​ផ្សេង​ៗទៀត​ដូចជា​ ល្ហុង​ ពោត​ សណ្តែក​ ចេក​ស្រូវ​ ម្នាស់​ និង​ឪឡឹក​ ជាដើម​ ដោយសារតែ​ស្លឹកគ្រៃ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ទាំង​ស្លឹក​ និង​គល់​ និង​មានការ​បញ្ជាទិញ​ច្រើន​ទៀតផង​។

    លោក​ប្រធាន​សហគមន៍​រូប​នេះ​បាន​អះអាង​ថា​៖“ ដំណាំ​ស្លឹកគ្រៃ​នេះ​ ក្នុង​ 1ឆ្នាំ​យើង​អាច​ដាំ​វា​បាន​ពី3​ ទៅ​ 4ដង​។ ចំណែក​តម្លៃ​របស់​វា​សម្រាប់​ការ​បោះ​ដុំ​ទៅ​ឱ្យ​ម៉ូយ​ដែល​ទៅ​យក​ដល់​ចម្ការ​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ 1,000រៀល​ ទៅ1,200រៀល​ក្នុង​ 1គីឡូក្រាម​។ តែ​យ៉ាងណាក៏ដោយ​ ស្លឹកគ្រៃ​បាន​តម្លៃ​ខ្ពស់​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ​ តែ​នឹង​ធ្លាក់​ថ្លៃ​នៅ​រដូវវស្សា​ដោយសារ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ស្លឹកគ្រៃ​ដុះ​លូតលាស់​ល្អ​ មិន​ចាំបាច់​ចំណាយ​លុយ​ទិញ​ប្រេង​បូមទឹក​ស្រោច​ដូច​រដូវប្រាំង​នោះ​ទេ​(ចំណាយ​ទុន​តិច​)”។ លោក​បាន​បញ្ជាក់​ថា​ បើ​លក់​ក្នុង​តម្លៃ​ខាងលើ​លោក​ទទួល​បាន​កម្រៃ​ប្រមាណ​ 8,400,000រៀល​(8លាន4សែន​រៀល​)ក្នុង​ 1ថ្ងៃ​។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ចំពោះ​ការផលិត​ស្លឹកគ្រៃ​ សហគមន៍​របស់​យើង​ធ្វើឡើង​ដោយ​រៀប​ចំជា​ផែនការ​ ដោយ​ត្រូវ​ផលិត​បន្លែ​ស្លឹកគ្រៃ​ឱ្យ​បាន​ 1000តោន​ក្នុង​ឆ្នាំ2019​ នេះ​ ព្រោះ​កាលពី​ឆ្នាំ2018​កន្លងទៅ​ សហគមន៍​ផលិត​បានតែ​ 470តោន​ប៉ុណ្ណោះ​ដោយមាន​ផ្ទៃដី​ផលិត​ជាង​ 30ហិ​កតា​ ដូច្នេះ​យើង​បាន​ចាប់​ពង្រីក​ផ្ទៃដី​ និង​បង្កើន​បច្ចេកទេស​ការ​ដាំដុះ​ថែមទៀត​ ហើយ​វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល​នៅ​សប្តាហ៍​ក្រោយនេះ​ដែរ​”។

    លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ទីផ្សារ​ត្រូវការ​ស្លឹកគ្រៃ​(ទាំង​គល់​ និង​ស្លឹក​)ប្រមាណ​ជា​ 70តោន​ក្នុង​ 1ថ្ងៃ​តែ​សហគមន៍​ផ្ទាល់​បាន​ផលិត​ស្លឹកគ្រៃ​ យក​ទៅ​លក់​ ក្នុង1ថ្ងៃ​ បាន​ត្រឹមតែ​ 3,50​ – 7តោន​ប៉ុណ្ណោះ​។

    លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖“មាន​សហគមន៍​ជាច្រើន​នៅ​ខេត្តកណ្តាល​ ដូចជា​នៅ​អរិយក្សត្រ​ និង​សហគមន៍​នៅ​ពេជ្រនិល​-គីរី​រម្យ​ក៏​គេ​បាន​ដាំ​ស្លឹកគ្រៃ​ និង​នាំ​យក​មក​លក់​នៅ​ផ្សារដើមគរ​ និង​ផ្សារ​នាគ​មាស​នៅ​ភ្នំពេញ​ដូច​សហគមន៍​យើង​ដែរ​ នេះ​ជា​ការប្រកួត​ប្រជែង​មួយ​ដែរ​។ មិន​តែប៉ុណ្ណោះ​ ខាង​វៀតណាម​ក៏បាន​នាំចូល​ស្លឹកគ្រៃ​មក​លក់​នៅ​ផ្សារ​នាគ​មាស​ និង​ផ្សារដើមគរ​ផង​ដែរ​ ហើយ​តម្លៃ​លក់​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​ ហើយ​ផលិតផល​របស់​វៀតណាម​ធំៗ​ជាង​របស់​ក្នុង​ស្រុក​បន្តិច​ តែ​មិនសូវ​មាន​ក្លិន​ឈ្ងុយ​ដូច​របស់​ខ្មែរយើង​ដាំ​ទេ​”។

    លោក​ អេង​ ថុង​ មានប្រសាសន៍​ថា​ ប្រជាជន​ក្នុង​សហគមន៍​របស់​លោក​មាន​សមាជិក​ចំនួន​ 60គ្រួសារ​ដែល​ប្រកបរបរ​ដាំ​ស្លឹកគ្រៃ​នេះ​។ លោក​បាន​បញ្ជាក់​ថា​ ប្រជាជន​ក្នុង​ភូមិ​បាន​នាំគ្នា​ងាក​មក​ដាំ​ស្លឹកគ្រៃ​មាន​រយៈពេល​ជាង​ 3ឆ្នាំ​មក​ហើយ​។ ការ​ដាំ​ស្លឹកគ្រៃ​ បាន​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ច្រើន​ ខណៈ​ស្លឹកគ្រៃ​ងាយស្រួល​ថែទាំ​ មិនសូវ​ហត់​ និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។ ដោយឡែក​ចំពោះ​មាន​ការ​បញ្ជាទិញ​វិញ​ គឺ​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​បាន​បញ្ជាទិញ​ចំនួន​ 8តោន​ក្នុង​ 1ខែ​ និង​មាន​ផ្សារ​នៅ​ខេត្តសៀមរាប​ រួម​ទាំង​ឈ្មួញ​ជនជាតិ​កូរ៉េ​ក៏បាន​បញ្ជាទិញ​ដែរ​។

    ហេតុ​ដូចនេះ​លោក​នឹង​រៀបចំ​ឱ្យ​ស្រប​ទៅតាម​គម្រោង​ដែល​លោក​មាន​ ដោយ​នឹង​ពង្រីក​ផ្ទៃដី​ផលិត​ឱ្យ​គ្រប់​ 60ហិ​កតា​(គឺ​ត្រូវការ​ផ្ទៃដី​ថែម​ប្រមាណ​ 30​ហិ​កតា​)ទើប​អាច​ទទួល​បរិមាណ​គ្រប់​ចំនួន1,000តោន​ដែល​សហគមន៍​បាន​គ្រោងទុក​។

    ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិ​កម្ពុជា​ស្ដីពី​អត្ថ​ប្រយោជន៍​នៃ​ដំណាំ​ស្លឹកគ្រៃ​ បាន​បង្ហាញថា​ ស្លឹកគ្រៃ​ជា​រុក្ខជាតិ​ដែល​មាន​ស្លឹក​វែង​ៗ ក្លិនប្រហើរ​ឈ្ងុយ​ ដុះ​បែក​ជា​គុម្ព​ ស្លឹក​ និង​គល់​វា​ប្រើជា​គ្រឿងផ្សំ​ក្នុង​អាហារ​ ជួយ​បន្ថែម​ក្លិនក្រអូប​ឱ្យ​ម្ហូប​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ហើយ​ដំណាំ​ស្លឹកគ្រៃ​នេះ​ក៏​ជា​ឱសថ​បុរាណ​ដែល​ជួយ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ​ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ ប៉ូវ​ភ្នែក​ ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ផង​ដែរ​។ លើស​ពីនេះ​ ស្លឹកគ្រៃ​ក៏​មានគុណ​តម្លៃ​ជាច្រើន​ និង​សម្បូរទៅដោយ​សារធាតុ​ដែល​មានប្រយោជន៍​ជាច្រើន​មុខ​ ដូចជា​សារធាតុ​រ៉ែ​ វីតាមីន​ និង​អង់​ហ្ស៊ីម​ រួម​នឹង​ជីវជាតិ​សំ​ខាន់​ៗច្រើន​ទៀត​ដែល​រាងកាយ​មនុស្ស​ត្រូវការ​ជាចាំបាច់​ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​៕

  • បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ​និង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំនេះ​

    បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ​និង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំនេះ​

    កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ កំពុង​អភិវឌ្ឍ​ការសាងសង់​កំពង់ផែ​តាម​ជំ​ហាន​ៗ ដោយ​បាន​ចូលរួម​នៅក្នុង​ការកែទម្រង់​តាមរយៈ​ការ​បញ្ចុះតម្លៃ​ការ​លើកដាក់​ ព្រមទាំង​ថ្លៃBonus​ និង​ការ​មិន​យក​ថ្លៃ​ឈ្នួល​បំផ្លាស់​ទី​ចំណតនាវា​ ជាដើម​ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ថ្លៃ​ឡូ​ជី​ស្ទិ​កមានកម្រិត​ទាប​ជាង​មុន​ និង​ពង្រីក​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំងមូល​ សំដៅ​ទៅ​រក​ការ​កើនឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ទទួល​បាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ2018​។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា​៖ “វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ ដោយ​បរិមាណ​ទំនិញ​ឆ្លងកាត់​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ពោល​គឺ​មាន​កំណើន22.08​% ក្នុង​នោះ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​កំណើន17.70​% ធៀប​នឹង​ឆ្នាំ2017​។ រី​ឯចំណូល​អាជីវកម្ម​សរុប​ សម្រេច​បាន​ប្រមាណ​ 72លាន​ដុល្លារ​អាមេរិក​”។

    ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖“ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នឹង​រំពឹង​ថា​ បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស​ 700,000​ TEUs​ នៅ​ឆ្នាំ2020​ និង​លើស​ 1,000,000​ TEUs​ នៅ​ឆ្នាំ2023​ ដែល​នាំ​ឱ្យ​តម្រូវការ​អភិវឌ្ឍន៍​ និង​សាងសង់​កំពង់ផែ​ ត្រូវ​សម្រេច​ឱ្យ​បាន​ទាន់ពេល​វេលា​ និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ​បញ្ចុះតម្លៃ​សេវា​ឡូ​ជី​ស្ទិ​ក ពង្រឹង​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​កំពង់ផែ​ និង​កតា្ត​ផ្សេង​ៗដើម្បី​ពង្រឹង​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ និង​សកលលោក​”។

    ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​៖“ថ្មី​ៗនេះ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក៏បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុខ​ តាមរយៈ​វិធានការ​បញ្ចុះ​ថ្លៃ​ការ​លើកដាក់​ Lo​-Lo​ ចំនួន10​% បញ្ចុះ​ថ្លៃ​ Bonus​ ពី​ 7,50​ ដុល្លារ​ មក​ 5ដុល្លារ​អាមេរិក​ ក្នុង​មួយ​ Box​ និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​បំផ្លាស់​ទី​នាវា​ (Shifting​)”។ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​ចាត់ទុក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ថា​ជា​អង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ផង​ដែរ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយនឹង​ពិភពលោក​ទាំងមូល​ ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

    កំពង់ផែ​ក្រុង​ព្រះសីហនុ​ក៏​ជា​តួអង្គ​ដែល​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការកែទម្រង់​ខាងលើ​ តាមរយៈ​វិធានការ​នៃ​ការ​រំកិល​កាំកុងត្រូល​ចេញពី​ច្រក​ទ្វារ​ព្រំដែន​ និង​ការរំសាយ​អង្គភាព​កាំសាប​ដែល​នេះ​ជា​ការចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រតិបត្តិ​ការ​របស់​ផែ​មាន​ភាព​រលូន​ជាង​មុន​ និង​ស្របតាម​និយាម​ប្រតិបត្តិ​ការ​នៃ​កំពុង​ផែ​អន្តរជាតិ​ទូទៅ​។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​គូសបញ្ជាក់​ថា​ ជា​ការពិត​ហើយ​ថា​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ពង្រឹង​ និង​កសាង​សមត្ថ​ភាព​ផ្សេង​ៗទៀត​ របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ គឺជា​អាទិភាព​នៅក្នុង​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​លើកកម្ពស់​គុណភាព​សេវាកម្ម​ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់​ និង​សកលលោក​។

    ឯកឧត្តម​បន្ដ​ថា​ ការ​ធ្វើ​ឱ្យ​សេវា​មានតម្លៃ​សមរម្យ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្ត​ពីសំណាក់​អតិថិជន​ដែល​ជា​ក្រុមហ៊ុន​នាវា​ដឹកជញ្ជូន​ ក៏ដូចជា​អ្នកប្រើ​ប្រាស់​សេវា​កំពង់ផែ​ទាំងអស់​ នឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​បង្កើន​ចំណូល​ថវិកាជាតិ​ និង​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ ជូន​ប្រជាពលរដ្ឋ​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

    ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី​បាន​បន្ថែម​ថា​ តាមរយៈ​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជម្រៅ​ទឹក​ 14,5ម៉ែត្រ​បាន​ អនុញ្ញាត​ឱ្យ​នាវា​ដឹកជញ្ជូន​កុងតឺន័រ​ធុន​ធំ​ក្នុង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ ហើយ​ចំពោះ​ជម្រៅ​ទឹក​សម្រាប់​កំពង់ផែ​ត្រូវ​បាន​ដោះស្រាយ​ព្រមទាំង​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ (Ocean​ Freight​Cost​) ក៏​មានតម្លៃ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ផ្សេង​ៗក្នុង​តំបន់​ដែរ​។ ជាមួយគ្នា​នេះ​ គម្រោង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2020​ និង​បញ្ចប់​នៅ​ឆ្នាំ2023​ឬឆ្នាំ2024​ ដែល​មាន​ទឹកប្រាក់​សរុប​ 203លាន​ដុល្លារ​។

    ឯកឧត្តម​ស៊ុន​ ចាន់​ថុល​ បាន​បន្ដ​ទៀត​ថា​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​ JICA​ ចាប់ពី​ឆ្នាំ1999​ ដល់​ឆ្នាំ2019​ ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ស្តារ​ និង​អភិវឌ្ឍន៍​កំពង់ផែ​ព្រះសីហនុ​ប្រមាណ​ 382​ លាន​ដុល្លារ​អាមេរិក​ បន្ថែម​លើ​ថវិកា​វិនិយោគ​ផ្ទាល់​របស់​កំពង់ផែ​ប្រមាណ​ 22លាន​ដុល្លារ​អាមេរិក​ ៕

  • ប្រា​សាក់​ បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់​ 8%

    ប្រា​សាក់​ បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់​ 8%

    ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បន្តផ្ដល់អត្រាការប្រាក់បញ្ញើសន្សំខ្ពស់រហូតដល់ 8% ព្រមជាមួយការផ្ដល់ការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ ​ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទិញកាតទូរស័ព្ទ ដោយមិនគិតកម្រៃសេវា។

    លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានឱ្យដឹងថា ការផ្ដល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់ 8% លើគណនីបញ្ញើមានកាលកំណត់នេះ គឺឆ្លើយតប​តាម​សំណូមពរ​អតិថិជនដែលមានបំណងវិនិយោគជាមួយប្រាសាក់។ ក្រៅពីការផ្តល់អត្រាការប្រាក់បញ្ញើសន្សំខ្ពស់ជាងគេ ប្រាសាក់ផ្តល់ជូនរយៈពេលដាក់សន្សំចាប់ពី 1 ខែរហូតដល់ 60 ខែ តាមលំហូរទឹកប្រាក់របស់អតិថិជន។

    លោកបន្តទៀតថា ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាបញ្ញើសន្សំ អតិថិជនរបស់ប្រាសាក់ទទួលបានបន្ថែមលើការប្រើប្រាស់សេវាផ្សេងៗដោយមិនគិតកម្រៃ លើការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី ពិនិត្យអត្រាប្តូរប្រាក់ ភ្ជាប់សេវាធនាគារចល័ត និងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ហើយអាចឱ្យអតិថិជនធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ទីកន្លែង និងពេលវលា។  ដូច្នេះសូមបើកគណនីនៅប្រាសាក់ដើម្បីទទួលនូវសេវាទាំងនេះដោយរីករាយ។​

    សូមបញ្ជាក់ផងដែរថា ប្រាសាក់ មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ សន្សំប្រាក់នៅប្រាសាក់ សាច់ប្រាក់របស់លោកអ្នកខិតខំប្រឹងប្រែងធ្វើការដើម្បីលោកអ្នក!​ ប្រាសាក់រីកចម្រើនជាមួយគ្នា!

  • កំណើន​សេដ្ឋកិច្ច​ ជំរុញ​ការ​ចាប់ផ្តើម​អនុសញ្ញា​ស្តី​ពី​ការ​ទាមទារ​សំណង​ធានារ៉ាប់រង​

    កំណើន​សេដ្ឋកិច្ច​ ជំរុញ​ការ​ចាប់ផ្តើម​អនុសញ្ញា​ស្តី​ពី​ការ​ទាមទារ​សំណង​ធានារ៉ាប់រង​

    សិក្ខាសាលា​ “អនុសញ្ញា​ទាមទារ​សំណង​នៅ​អាស៊ី​” បាន​ចាប់ផ្តើម​ដើម្បី​ភ្ជាប់​អ្នក​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​ធានារ៉ាប់រង​ ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ និង​លើកកម្ពស់​ការអនុវត្ត​ល្អ​បំផុត​ក្នុង​ការ​ទាមទារ​សំណង​។

    យោង​តាម​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​បញ្ជាក់​ថា​ គឺជា​ព្រឹត្តិ​ការណ៍​ដ៏​ទូលំទូលាយ​មួយ​ដែល​ផ្តល់​នូវ​ឱកាស​ដែល​មិនធ្លាប់​មាន​ ដើម្បី​អភិវឌ្ឍន៍​ និង​បង្កើន​ទំនាក់ទំនង​ និង​ចែករំលែក​ការយល់​ដឹងពី​អ្នកមាន​ជំនាញ​ឈានមុខ​គេ​ពី​វិស័យ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រោម​ប្រធានបទ​ “ការ​ច្នៃប្រឌិត​ និង​ការ​ជឿនលឿន​ខាង​វិទ្យាសាស្ត្រ​នៅក្នុង​ពាក្យ​បណ្តឹង​” ហើយ​បាន​ផ្តោត​លើ​តំបន់​អាស៊ី​ដោយ​អ្នកចូលរួម​ជា​តំណាង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ឈ្មួញ​កណ្តាល​ អ្នកសម្របសម្រួល​ធានារ៉ាប់រង​ ការបាត់បង់​ ទីប្រឹក្សា​អាជីព​ មេធាវី​ អ្នកផ្គត់ផ្គង់​ និង​អ្នក​ផ្តល់​សេវាកម្ម​ជាដើម​។

    ឯកឧត្តម​ ម៉ី​ វ៉ាន់​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​៖“ព្រឹត្តិ​ការណ៍​នេះ​ផ្តល់​ចំណេះដឹង​ផ្នែក​ធានារ៉ាប់រង​ដល់​សាធារណជន​។ វា​នឹង​ជួយ​ឱ្យ​យល់​អំពី​តួនាទី​របស់​អ្នក​សម្របសម្រួល​ដែល​ជួយ​ដោះស្រាយ​ និង​គណនា​អត្រា​នៃ​សំណង​ធានារ៉ាប់រង​នៅពេល​មានការ​ទាមទារ​”។ លោក​បាន​បន្ថែម​ថា​ ព្រឹត្តិ​ការណ៍​នេះ​បង្ហាញថា​ឧស្សាហកម្ម​នេះ​មាន​សមត្ថភាព​ប្រឈម​នឹង​ហានិភ័យ​ដែល​មិន​រំពឹង​ទុក​។

    ឯកឧត្តម​អគ្គនាយក​បាន​ថ្លែង​ថា​ វិស័យ​ធានារ៉ាប់រង​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ ដែល​នេះ​ជា​លទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​។

    យោង​តាម​សមាគម​ធានារ៉ាប់រង​កម្ពុជា​ (IAC​)បានឱ្យ​ដឹង​ថា​ ប្រាក់ចំណូល​សរុប​មាន​ចំនួន​ 196.4​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ ធៀប​នឹង​ឆ្នាំមុន​មួយទៀត​ដែល​មាន​ចំនួន​ 151.6លាន​ដុល្លារ​។ ការ​លក់​បាន​ពី​ការធានា​រ៉ាប់រង​ទូទៅ​បាន​កើនឡើង​ 15​% ដោយ​ការធានា​រ៉ាប់រង​អាយុជីវិត​បាន​កើនឡើង​ជាង​ 50​%។គិត​ត្រឹម​ឆ្នាំ2018​ មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​ចំនួន​ 12​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន​ 8កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​។

    ប្រធាន​សមាគម​ធានារ៉ាប់រង​ លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​បាន​ប្រាប់​ថា​៖“យើង​មាន​សុទិដ្ឋិនិយម​ថា​ ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ យើង​មាន​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​សម្រាប់​កំណើន​ខ្ពស់​ ស្របតាម​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស​របស់​ប្រទេស​។ កំណើន​សេដ្ឋកិច្ច​នេះ​កំពុង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​ដែល​នាំ​ឱ្យ​មាន​តម្រូវការ​ខ្ពស់​ខាង​ការធានា​រ៉ាប់រង​”។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ហ្វ័​រតេ​(Forte​)បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“ជា​ធម្មតា​ការធានា​រ៉ាប់រង​ វា​មាន​អនុសញ្ញា​របស់​វា​ និង​មាន​ទៅតាម​តំបន់​ដោយឡែក​ពីគ្នា​ ព្រោះ​ការធានា​រ៉ាប់រង​វា​មិន​មាន​អ្វី​កំណត់​ជាក់លាក់​ទេ​ដោយសារ​យើង​មានការ​ធានារ៉ាប់រង​តាម​ប្រទេស​រៀង​ៗខ្លួន​ដែល​ត្រូវ​អនុវត្ត​”។

    លោក​បាន​បញ្ជាក់​ទៀត​ថា​ ដូច្នេះ​យើង​ត្រូវការ​ទាមទារ​អនុសញ្ញា​នេះ​ដើម្បី​ឱ្យ​មានការ​កំណត់​ជាក់លាក់​ ឬអនុវត្ត​ជា​និន្នាការ​រួម​ ដូចជា​តំបន់​អាស៊ី​ត្រូវ​មាន​អនុសញ្ញា​មួយ​ និង​តំបន់​អាស៊ាន​ក៏​ត្រូវ​មាន​អនុសញ្ញា​មួយ​សម្រាប់​អនុវត្ត​នូវ​ការធានា​រ៉ាប់រង​នេះ​។ ចំពោះ​ការ​ទាមទារ​សំណង​ធានារ៉ាប់រង​ពីមុន​ការ​ធ្វើ​ប្រតិបត្តិ​ការ​ជា​លិខិត​ ឬក្រដាស​ស្នាម​គឺ​ធ្វើ​ឡើង​ដោយ​សំណេរ​ដៃ​ តែ​បច្ចុប្បន្ន​ដោយសារ​ការ​វិវឌ្ឍ​នៃ​ឌីជីថល​ គឺ​អាច​មានការ​រៀបចំ​លិខិតស្នាម​ទៅជា​ប្រព័ន្ធ​អន​ឡាញ​វិញ​ ដែល​ជា​ការសម្រប​ទៅ​តាម​វិវឌ្ឍនាការ​នេះ​។ ដូច្នេះ​បាន​ជា​យើង​ត្រូវ​សិក្សា​ពី​បញ្ហា​នេះ​ថា​ តើ​ត្រូវ​មាន​អ្វី​ដែល​ជា​ភាព​ប្រឈម​ ការ​លំបាក​ និង​ងាយស្រួល​យ៉ាងណា​?ដើម្បី​ឱ្យ​ការ​ទាមទារ​សំណង​ធានារ៉ាប់រង​ទទួលស្គាល់​ដោយ​ច្បាប់​សម្រាប់​ប្រទេស​យើង​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ បាន​បន្ថែម​ទៀត​ថា​ ចំពោះ​មុខរបរ​ធានារ៉ាប់រង​ វា​វិវឌ្ឍ​ទៅតាម​ពេលវេលា​ និង​កាលៈទេសៈ​ ដូច្នេះ​ចំពោះ​ចំណុច​ខ្វះខាត​ដែល​កើត​មាន​ គេ​តែង​រៀបចំ​សិក្ខាសាលា​ដើម្បី​ស្វែងយល់​។ ដោយឡែក​ធានារ៉ាប់រង​ក្នុង​ប្រទេស​យើង​ មានការ​វិវឌ្ឍ​លឿន​ទៅតាម​ការ​រីកចម្រើន​របស់​វិទ្យាសាស្ត្រ​សង្គម​របស់​យើង​។

    លោក​ ចំរើន​ឬទ្ធិ​ បន្ត​ថា​៖“នៅពេល​ដែល​វិទ្យាសាស្ត្រ​ជឿនលឿន​ មាន​អ្វី​វិវឌ្ឍន៍​ថ្មី​ ធានារ៉ាប់រង​ក៏​ត្រូវ​វិវឌ្ឍ​ទៅតាម​ភាព​ជឿនលឿន​នោះ​ដែរ​ ដូច​សារ​របស់​ពិភពលោក​បាន​គូសបញ្ជាក់​ថា​ នៅក្នុង​ពិភពលោក​យើង​នេះ​ បើសិនជា​គ្មាន​ការធានា​រ៉ាប់រង​ទេ​ពិភពលោក​នឹង​អចល​នា​ គឺ​គ្មានអ្វី​ធ្វើ​ចលនា​ទេ​ ព្រោះ​ថា​ រថយន្ត​នឹង​មិនទៅ​មុខ​រួច​ទេ​ បើ​គ្មាន​ការធានា​រ៉ាប់រង​។ សូម្បីតែ​រថភ្លើង​ ឬយន្តហោះ​ បើ​គ្មាន​ការធានា​រ៉ាប់រង​ គេ​មិន​អាច​ហោះ​ ឬបើកបរ​បាន​ឡើយ​។ ទំ​និញ​ផ្សេង​ៗ បើ​គ្មាន​ការធានា​រ៉ាប់រង​ ក៏​មិន​អាច​បញ្ជូន​ចេញ​បាន​ដែរ​។ វា​មាន​អនុសញ្ញា​ច្រើន​ទៅ​តាម​ប្រភេទ​នី​មួយ​ៗ ដូច្នេះ​វា​មាន​នូវ​ចំណុច​ខ្វះខាត​ច្រើន​ដែល​ត្រូវ​បញ្ចូល​បន្ថែម​ សម្រាប់​ការ​ទាមទារ​សំណង​នៃ​ការធានា​រ៉ាប់រង​នេះ​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ បាន​បញ្ជាក់​ថា​៖“ដោយ​បច្ចុប្បន្ន​កំណើន​សេដ្ឋកិច្ច​បាន​និង​កំពុង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​ដែល​នាំ​ឱ្យ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការធានា​រ៉ាប់រង​ ដូចនេះ​អនុសញ្ញា​ទាមទារ​សំណង​ការធានា​រ៉ាប់រង​នៅ​អាស៊ី​ បាន​ចាប់ផ្តើម​ដើម្បី​ភ្ជាប់​អ្នក​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​ធានារ៉ាប់រង​ឱ្យ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ និង​ជឿជាក់​ថា​ ឧស្សាហកម្ម​នេះ​មាន​សមត្ថភាព​ប្រឈម​នឹង​ហានិភ័យ​បាន​”៕

  • ផុត​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​ចេញ​សេចក្តី​ណែនាំ​ការពារ​ខ្យល់​រន្ទះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​

    ផុត​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​ចេញ​សេចក្តី​ណែនាំ​ការពារ​ខ្យល់​រន្ទះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​

    ផុត​ពីរ​ដូវ​ក្តៅ​ខ្លាំង​មួយរយៈពេល​ចុងក្រោយ​នេះ​មក​ បញ្ហា​គ្រោះ​ធម្មជាតិ​នៅតែ​ជា​កត្តា​ប្រឈម​ និង​ហានិភ័យ​សម្រាប់​ការសិក្សា​របស់​សិស្សានុសិស្ស​ទូទាំង​ប្រទេស​នៅឡើយ​។ ថ្មី​ៗនេះ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​វិធានការ​ការពារ​ខ្លួន​ពី​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​នារ​ដូវ​ភ្លៀង​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ដាក់​ឱ្យ​បុគ្គលិក​សិក្សា​ទាំងអស់​អនុវត្ត​ក្នុង​គោលបំណង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ធម្មជាតិ​ដល់​សិស្សានុសិស្ស​។

    សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ និង​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ខ្លាំង​ដែល​ជាហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ សត្វ​ រុក្ខជាតិ​ជាដើម​។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅ​រដូវភ្លៀង​នេះ​ សូម​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ជួយ​ណែនាំ​ដល់​សិស្ស​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នៅពេល​សង្កេត​ឃើញ​មាន​ដុំ​ពពក​ធំៗ​ និង​កម្ពស់​ខ្ពស់​ឈរ​ត្រង់​ពីលើ​ និង​មាន​ពណ៌ខ្មៅ​ អាច​នឹង​មាន​រន្ទះ​ ភ្លៀង​ ព្រិល​ (កូន​ដុំទឹកកក​)ឬអាច​មាន​គ្រោះ​ថ្នា​ក់​ផ្សេង​ៗទៀត​ជាយថាហេតុ​។

    ក្រសួង​បាន​ធ្វើការ​ណែនាំ​ឱ្យ​សិស្ស​ចៀសវាង​ការ​ជិះ​ម៉ូតូ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​ ឬអង្គុយ​ក្រោម​ដើមឈើ​ ជាដើម​ និង​គួរ​បង្អោនខ្លួន​ដោយ​រក្សា​ចម្ងាយ​4ម៉ែត្រ​ពី​មែកឈើ​។ ក្រៅពី​នេះ​សិស្ស​មិន​គួរ​អង្គុយ​ក្នុង​តង់​នៅពេល​មាន​បាតុភូត​ធម្មជាតិ​បែបនេះ​កើតឡើង​ ហើយ​សិស្ស​គួរ​បង្អោនខ្លួន​ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ដាក់​ជិត​គ្នា​ និង​យកដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង​ដើម្បី​ការពារ​រន្ទះ​។ ប្រសិនបើ​កំពុង​ស្ថិត​ក្នុង​ទីវាល​ត្រូវ​ចេញ​ពី​កន្លែង​ដែល​មាន​ទឹក​ ឬទីវាល​ស្រឡះ​ឱ្យ​ឆ្ងាយ​ ហើយ​ត្រូវ​សម្ងំ​ ឬរត់​ចូលផ្ទះ​ជា​ប្រញាប់​ និង​ប្រសិនបើ​កំពុង​ស្ថិតនៅ​ក្នុង​រថយន្ត​វិញ​ ក៏​ជា​ចំណុច​សុវត្ថិភាព​មួយ​ដែរ​តែ​មិន​ត្រូវ​យកដៃ​ ឬខ្លួនប្រាណ​ទៅ​ប៉ះ​ចង្កូត​ ឬទ្វារ​ឡាន​នោះ​ទេ​។

    ចំពោះ​គ្រឿងអគ្គិសនី​ ឬទូរស័ព្ទ​គួរ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ក្នុង​ចម្ងាយ​ប្រមាណ​ 1ម៉ែត្រ​ពី​ប្រភព​អគ្គិសនី​ និង​មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ និង​ឧបករណ៍​អេឡិចត្រូនិក​នោះ​ទេ​ក្នុង​ពេល​កំពុង​ភ្លៀង​ខ្លាំង​ដែល​អាច​នឹង​មាន​ផ្គរ​រន្ទះ​ខ្លាំង​។ សម្រាប់​គ្រឿងអលង្ការ​ប្រភេទ​លោហៈ​គួរ​កុំ​ពាក់​ ហើយ​ត្រូវ​ពាក់​ទ្រនាប់ជើង​រាល់​ពេល​រត់​លេង​ ឬដើរលេង​ជាដើម​។ ក្រៅពី​នេះ​កុំ​ឈរ​នៅ​ក្បែរ​មាត់​បង្អួច​ ឬបង្គោល​ភ្លើង​ ឬអង់តែន​ជាដើម​។បើ​មានលទ្ធភាព​គួរ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅ​តាម​អគារ​នានា​ និង​ត្រូវ​អប់រំ​សិស្ស​ ឬកុមារ​មិន​ឱ្យ​លេង​ក្រោម​ដើមឈើ​ និង​កុំ​ធ្វើដំណើរ​ក្នុង​ពេល​ភ្លៀង​ខ្លាំង​។

    ក្រសួង​អប់រំ​ ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​វិធី​សង្គ្រោះ​បឋម​ដល់​ជនរងគ្រោះ​ដោយសារ​រន្ទះ​ដោយ​ត្រូវ​ពិនិត្យ​មើល​ចង្វាក់​ដង្ហើម​ និង​បេះដូង​ជនរងគ្រោះ​។ ប្រសិនបើ​ជនរងគ្រោះ​មិន​ដកដង្ហើម​ ត្រូវ​ផ្លុំ​ខ្យល់​ដោយ​ប្រើ​មាត់​នឹង​មាត់​ជាមួយ​ជនរងគ្រោះ​រហូតដល់​ជនរងគ្រោះ​ដក​ដង្ហើម​ឡើងវិញ​។ ប្រសិនបើ​ជនរងគ្រោះ​បាត់​ចង្វាក់​ជីពចរ​ ត្រូវ​ធ្វើ​ចលនា​បេះដូង​ដោយ​យក​បាតដៃ​ទាំង2​សង្កត់​-ដកៗ​លើ​ឆ្អឹង​សន្ទះទ្រូង​រហូត​ទាល់តែ​បេះដូង​របស់​ជនរងគ្រោះ​មាន​ចលនា​ឡើងវិញ​ដោយ​ការ​ស្ទាប​ជីពចរ​។ ម្យ៉ាងវិញទៀត​ត្រូវ​ក្រាលកន្ទេល​ ឬបាវ​ឆ្នូត​ឱ្យ​ជនរងគ្រោះ​ដេក​ពីលើ​ កុំឱ្យ​ជនរងគ្រោះ​ដេក​នៅ​ផ្ទាល់​ដី​ ឬត្រាំទឹក​ និង​កុំឱ្យ​ខ្លួនប្រាណ​ជនរងគ្រោះ​ត្រជាក់​ខ្លាំងពេក​។

    បន្ថែម​ពីលើ​នេះ​ ប្រសិនបើ​ឃើញ​មាន​បាក់ឆ្អឹង​ ឬហូរឈាម​ សូម​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​ខ្លាចក្រែង​បង្ក​គ្រោះថ្នាក់​បន្ថែម​។ ទាំងអស់គ្នា​គួរ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​មូលដ្ឋាន​គ្រឹះស្ថានសិក្សា​ក្នុង​ការទប់ស្កាត់​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ។ ក្នុងករណី​មាន​ជំងឺ​ ឬហានិភ័យ​សុខភាព​ក្នុង​រដូវភ្លៀង​នេះ​ សូម​រាយការណ៍​តាមរយៈ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ជិត​បំផុត​ ឬសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ និង​ទទួល​បានការ​ជួយសង្គ្រោះ​បន្ទាន់​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 173

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 173

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/08/LRPN_173-Final-For-Web.pdf” force_dl=”1″]

  • អ្វីខ្លះ​ជា​ឱកាស និង​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​?…

    អ្វីខ្លះ​ជា​ឱកាស និង​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​?…

    កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ដែល​កំពុង​យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ឌីជីថល​ និង​ផ្នែក​សំ​ខាន់​ៗជាច្រើន​ទៀត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​។ កម្ពុជា​មាន​ចំណុច​ជាច្រើន​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឆ្លើយតប​នឹង​បម្រែបម្រួល​យ៉ាង​ឆាប់រហ័ស​នេះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត​ដើម្បី​ដោះស្រាយ​។

    1. ឱកាស​របស់​កម្ពុជា​
    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ណាត​ ប៊ុនរឿន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ប្រទេស​កម្ពុជា​មាន​ទាំង​កត្តា​កាលានុវត្ត​ភាព​ និង​កត្តា​ប្រឈម​ជាច្រើន​ក្នុង​វិស័យ​ធនធានមនុស្ស​ដែល​យើង​បានដឹង​ច្បាស់​ និង​ត្រៀមខ្លួន​កែប្រែ​កត្តា​ប្រឈម​ទាំងអស់​នោះ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។ បើ​និយាយ​ពី​កាលានុវត្ត​ភាព​ យើង​ឃើញថា​ កម្ពុជា​បាន​ភ្ជាប់​ឱកាស​របស់​ខ្លួន​ជា​ 3កម្រិត​ គឺ​កម្រិត​សកល​ កម្រិត​ជាតិ​ និង​កម្រិត​ក្រសួង​អប់រំ​។ កម្រិត​សកល​ គឺ​យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ល្អ​ និង​អនុវត្ត​ទៅតាម​ចលនា​សំ​ខាន់​ៗទាំង​ថ្នាក់​ពិភពលោក​ និង​ថ្នាក់​តំបន់​។ នៅ​ឆ្នាំ1990​ កម្ពុជា​បាន​ចាប់ផ្តើម​ក្នុង​ចលនា​សកល​មួយ​ស្តី​ពី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ហើយ​នៅ​ឆ្នាំ​ 2015​ មាន​ចលនា​ថ្មី​មួយទៀត​គឺ​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្សរ៍​ 2015​។ បន្ទាប់មក​ទៀត​នា​ពេល​ថ្មី​ៗនេះ​ជា​អន្តរជាតិ​មាន​ចលនា​ថ្មី​មួយទៀត​ហៅថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព2030​ ហេតុនេះ​កម្ពុជា​បាន​ចូលរួម​ និង​តាមទាន់​គ្រប់​ចលនា​សំ​ខាន់​ៗរបស់សកល​លោក​ ដែល​នេះ​ជា​ឱកាស​មួយ​ផង​ដែរ​។

    ឯកឧត្តម​ ណាត​ ប៊ុនរឿន​ មានប្រសាសន៍​ថា​៖ “បើ​មើលតាម​ចរន្ត​ទាំងអស់​នេះ​យើង​ឃើញថា​ កម្ពុជា​នៅ​មិន​ឆ្ងាយ​ពី​ពិភពលោក​ទេ​ ដែល​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការចូលរួម​ និង​ខិតខំ​ប្រឹងប្រែង​ត្រៀមខ្លួន​អភិវឌ្ឍ​ទៅតាម​ចរន្ត​សកល​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ ចំណុច​មួយផ្សេងទៀត​ដែល​ជា​ចំណុច​សំខាន់​របស់​កម្ពុជា​ គឺ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព2030​ គឺ​ស្រប​ទៅ​នឹង​គោលដៅ​របស់​កម្ពុជា​ដែល​ចង់​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ ហើយ​ស្រប​ជាមួយគ្នា​នេះ​កម្ពុជា​ក៏​មាន​គោលដៅ​អភិវឌ្ឍន៍​សំ​ខាន់​ៗរបស់​ខ្លួន​ផង​ដែរ​ដោយ​ផ្តោត​លើ​សមធម៌​ បរិ​យា​ប័ន្ន គុណភាព​អប់រំ​ សិក្សា​ពេញ​មួយ​ជីវិត​ និង​សម្រាប់​ទាំងអស់គ្នា​។ ហេតុនេះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ បើ​និយាយ​ពី​ប្រព័ន្ធ​អប់រំ​ គឺ​គេ​ចាប់ផ្តើម​ផ្តោត​លើ​គុណភាព​ជាចម្បង​។

    ចំពោះ​ឱកាស​នៅ​ថ្នាក់​តំបន់​វិញ​ ឯកឧត្តម​បាន​លើកឡើង​ថា​ ក្រៅពី​ការប្រជុំ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ យើង​ក៏​មានការ​ប្រជុំ​ជា​ទៀងទាត់​រវាង​រដ្ឋមន្ត្រី​អប់រំ​នៅ​អាស៊ាន​ផង​ដែរ​ ដើម្បី​ជជែកគ្នា​ ពិភាក្សា​ និង​ដឹង​ថា​ តើ​យើង​ស្ថិតនៅ​កម្រិត​ណា​? ហើយ​ខ្វះខាត​អ្វីខ្លះ​? និង​ត្រូវ​បន្ត​អភិវឌ្ឍ​អ្វីខ្លះ​បន្ថែម​ទៀត​?។ ចំណែក​ឯកម្រិត​ជាតិ​វិញ​ គឺ​កម្ពុជា​មាន​ចក្ខុវិស័យ2030​ និង2050​ ដែល​ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ឌីជីថល​ ដែល​ក្នុង​នោះ​អ្វី​ដែល​ចាំបាច់​សម្រាប់​យើង​ដើម្បី​សម្រេច​គោលដៅ​គឺ​ការអប់រំ​។ ក្រៅពី​នេះ​ទៀត​កម្ពុជា​ក៏​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ ដែល​យើង​អាច​នឹង​ឈាន​ទៅ​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ចំនួន​ 7%។ ឱកាស​មួយផ្សេងទៀត​គឺ​ចំនួន​ប្រជាជន​បច្ចុប្បន្ន​ ប្រមាណ​ជា​ 15លាន​នាក់​ ឬអាច​កើន​ដល់16លាន​នាក់​ បន្ទាប់ពី​ធ្វើ​ជំរឿន​គេ​បាន​រក​ឃើញថា​ ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ មាន​រហូតដល់​ទៅ​ 117​% ដោយឡែក​អ្នកប្រើ​ប្រាស់​អុីន​ធើ​ណិ​តមាន​ 68​% ដែល​ចំណុច​នេះ​បាន​បង្ហាញថា​ ប្រជាជន​យើង​បាន​សម្រប​ខ្លួន​រួចជាស្រេច​ជាមួយនឹង​បច្ចេកវិទ្យា​។ ចំពោះ​កម្លាំង​ពលកម្ម​វិញ​ យើង​ឃើញថា​ប្រជាជន​កម្ពុជា​ចន្លោះ​ពី​ 15ឆ្នាំ​ ដល់​ 64ឆ្នាំ​ មានដល់​ទៅ​ 8លាន​នាក់​ ក្នុងចំណោម​ប្រជាជន​ចំនួន​ 15លាន​នាក់​ជាង​ ដែល​នេះ​ជា​ចំណុច​អំណោយផល​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។

    ចំពោះ​ឱកាស​ក្នុង​លក្ខខណ្ឌ​ក្រសួង​វិញ​គឺ​ យើង​មាន​ចក្ខុវិស័យ​អប់រំ​របស់​ខ្លួន​ មាន​រចនាសម្ព័ន្ធ​អប់រំ​មានខ្លឹមសារ​អប់រំ​ និង​មាន​លទ្ធផល​អប់រំ​ដែល​ថ្មី​ៗនេះ​បន្ទាប់ពី​បាន​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ ជាពិសេស​ការ​ប្រឡង​បាក់ឌុប​ យើង​មើលឃើញ​ថា​ ប្រជាជន​ និង​សាធារណជន​ និង​អន្តរជាតិ​មានការ​ទទួលស្គាល់​ជា​វិជ្ជមាន​។ លើស​ពីនេះ​ទៅទៀត​ក្រសួង​ក៏បាន​រៀបចំ​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ មានការ​រៀបចំ​ការគ្រប់គ្រង​តាម​សាលារៀន​បែប​ថ្មី​ មាន​រៀបចំ​កម្មវិធី​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) រួម​ទាំង​កម្មវិធី​អប់រំ​បច្ចេកទេស​ និង​ប្រឹក្សា​អាជីព​ជាដើម​។ លើស​ពីនេះ​ទៅទៀត​បច្ចុប្បន្ន​នេះ​សាលា​ចំណេះដឹង​ទូទៅ​នៅ​កម្ពុជា​មាន​សិស្ស​ប្រមាណ​ជាង​ 3លាន​នាក់​ និង​មាន​គ្រូ​រហូតដល់​ទៅ​ 9,2817នាក់​ ស្រប​ពេល​ដែល​យើង​ក៏​មានដៃ​គូ​អភិវឌ្ឍន៍​ជាច្រើន​គាំទ្រ​ និង​ជួយ​ដល់​ក្រសួង​។

    សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ឌីជីថល​ ក្រសួង​អប់​រំ​ យុវជន​ និងកីឡា​ ក៏បាន​រៀបចំ​កម្មវិធី​អន្តរជាតិ​ចំនួន​ 3ដើម្បី​ដាក់​ឱ្យ​និស្សិត​កម្ពុជា​សិក្សា​គឺទី1​ បង្កើត​ឱ្យ​មាន​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ឌីជីថល​ ទី2​ ផ្នែក​វិស្វកម្ម​ទីក្រុង​ឆ្លាត​ (smart​ city​) និង​ទី3គឺ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

    2. កត្តា​ប្រឈម​ក្នុង​បរិបទ​បច្ចេកវិទ្យា​ចំពោះ​កត្តា​ប្រឈម​វិញ​
    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ណាត​ ប៊ុនរឿន​ បាន​បញ្ជាក់​ថា​ ការកែទម្រង់​ ឬអភិវឌ្ឍន៍​វិស័យ​អប់រំ​មិន​អាច​ធ្វើ​បាន​ក្នុងរយៈពេល​មួយ​យប់​នោះ​ទេ​ ហើយក៏​មិន​អាច​ធ្វើ​យូរ​អូស​បន្លាយ​ដូច​រឿង​មួយ​ពាន់​មួយ​យប់​ដែរ​ ហេតុនេះ​យើង​ត្រូវការ​ពេលវេលា​ និង​ដោះស្រាយ​ឧបសគ្គ​ជាច្រើន​។ ការរៀបចំ​ប្រព័ន្ធ​អប់រំ​ត្រូវតែ​ប្រុងប្រយ័ត្ន​ មិន​អាចយ​កមនុស្ស​មួយ​ជំនាន់​ទៅ​សាកល្បង​បានទេ​ ព្រោះ​មនុស្សជា​កុមារ​ ជា​យុវជន​មិនមែន​ជា​សត្វ​កណ្តុរ​ដែល​ត្រូវ​ពិសោធ​នោះ​ទេ​។ ការ​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​អប់រំ​គឺ​ត្រូវ​ចាប់ផ្តើម​ធ្វើជា​ជំ​ហាន​ៗដោយ​ប្រុងប្រយ័ត្ន​បំផុត​ ចាប់ផ្តើម​ពីតូច​បំផុត​តែ​ត្រូវ​កំណត់​ពី​គុណភាព​។

    ឯកឧត្តម​បញ្ជាក់​ផង​ដែរ​ថា​ ដូច​យើង​បាន​មើលឃើញ​ហើយ​ថា​ ឱកាសល្អ​របស់​យើង​ គឺ​យើង​មាន​គ្រឹះស្ថានសិក្សា​រហូតដល់​ទៅ​ 125គ្រឹះស្ថាន​ ទាំង​រដ្ឋ​ និង​ឯកជន​ តែ​ចំនួន​និស្សិត​ដែល​ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​តែ​ 1%ប៉ុណ្ណោះ​ដែល​រៀន​ផ្នែក​វិស្វកម្ម​ និង​បច្ចេកវិទ្យា​ និង​និស្សិត​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​តែ​ 2% ប៉ុណ្ណោះ​។ ហើយ​លើស​ពីនេះ​ទៅទៀត​និស្សិត​ដែល​បញ្ចប់​ថ្នាក់​បណ្ឌិ​តថ្មី​ៗនេះ​ 100​% ជា​អ្នករៀន​វិទ្យាសាស្ត្រ​ពិត​ ដែល​នេះ​ជា​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    ចំពោះ​បញ្ហា​គ្រូបង្រៀន​វិញ​ យើង​ឃើញថា​ យើង​មាន​គ្រូ​ 92,817នាក់​ តែ​ក្នុង​នោះ​មាន​ជាង​ 70,000នាក់​មានគុណ​វុឌ្ឍិ​ទាប​ជាង​បរិញ្ញាបត្រ​។ ចំណែក​ឯសិស្ស​ដែល​សិក្សា​ថ្នាក់​មធ្យមសិក្សា​ចំណេះ​ទូទៅ​វិញ​ មានតែ​ 22​%ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​ការសិក្សា​។ ដោយឡែក​ការ​បារម្ភ​របស់​យើង​មួយទៀត​ គឺ​គ្រូ​ឧត្តម​សិក្សា​ដែល​កំពុង​បង្រៀន​ទាំង​ 125គ្រឹះស្ថាន​ មានកម្រិត​គុណវុឌ្ឍិ​បណ្ឌិត​តែ​ 8.10​%តែ​ប៉ុ​ណោះ​ ក្រៅពីនោះ​គឺ​បញ្ចប់​ត្រឹម​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់​បរិញ្ញាបត្រ​។

    បើ​មើល​ទៅ​លើ់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ពលកម្ម​វិញ​ យើង​ឃើញ​ហើយ​ថា​ កម្លាំង​ពលកម្ម​ដែល​មាន​អាយុ​ចាប់ពី​ 15​-64ឆ្នាំ​ មានដល់​ទៅ​ 8លាន​នាក់​លើ​ 15លាន​នាក់​ តែ​ក្នុង​នោះ​នៅពេល​វិភាគ​ដល់កម្រិត​អប់រំ​វិញ​យើង​ឃើញថា​ ក្នុងចំណោម​ 8លាន​នាក់​នោះ​ មាន​អ្នក​មិនបាន​ចូលរៀន​ ឬចូលរៀន​បាន​តិចតួច​មានត្រឹមតែ​ 13.5​% ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​ផលិតភាព​ការងារ​ផង​ដែរ​ ព្រោះ​ពួកគាត់​ប្រើ​កម្លាំង​សុទ្ធសាធ​ ឬប្រើ​បញ្ញា​តិចតួច​បំផុត​។ ក្រៅពី​នេះ​ អ្នក​ដែល​បាន​ចប់​បឋមសិក្សា​មាន​ចំនួន​ 27​% ហើយ​អ្នក​ដែល​ចប់​អនុវិទ្យាល័យ​មាន​ចំនួន​ 14​% ស្រប​ពេល​ដែល​អ្នក​បញ្ចប់​វិទ្យាល័យ​មានតែ​ 6%ប៉ុណ្ណោះ​។ ក្នុងចំណោម​នោះ​ អ្នក​ដែល​បាន​បញ្ចប់​មហាវិទ្យាល័យ​មាន​ចំនួន​តិច​ជាងគេ​ គឺ​ 5% ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ពាក់ព័ន្ធ​នឹង​ផលិតភាព​ការងារ​។

    បញ្ហា​ប្រឈម​មួយ​ថ្មីទៀត​ គឺ​រឿង​គុណ​តម្លៃ​ប្រពៃណី​ និង​គុណ​តម្លៃសង្គម​ទំនើប​ មានន័យថា​ យើង​មាន​បញ្ហា​គម្លាត​រវាង​មនុស្សចាស់​ និង​ចំណេះដឹង​ថ្មី​។ បច្ចុប្បន្ន​នេះ​ជាស​ម័យ​បច្ចេកវិទ្យា​ ដែល​មនុស្ស​អាច​ផ្តល់​សេវា​ ទទួល​សេវា​ និង​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ តែ​មនុស្សចាស់​នៅ​មិនទាន់​អាច​ប្រើប្រាស់​បាន​នៅឡើយ​ ដែល​នេះ​ជា​បញ្ហា​ប្រឈម​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ​ចំពោះ​មនុស្ស​ថ្មី​ និង​ចំណេះដឹង​ចាស់​វិញ​ មានន័យថា​ នៅពេល​ដែល​បច្ចេកវិទ្យា​ទំនើប​ពេក​ មនុស្ស​ជំនាន់​ថ្មី​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្លាំង​ជ្រុល​ ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ការ​ទំនាក់ទំនង​ លែង​ចេះ​សំពះ​គ្នា​ជាដើម​ ឬគម្លាត​រវាង​គ្រួសារ​កាន់តែ​ឆ្ងាយ​ពីគ្នា​ដែល​នាំ​ឱ្យ​មាន​បញ្ហា​៕

  • យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

    យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

    យុវជន​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការចូលរួម​លើ​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សង្គម​ ដូចជា​បញ្ហា​អប់រំ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ ការ​សម្អាត​បរិស្ថាន​សង្គម​ វប្បធម៌​ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ទៅតាម​ជំនាញ​ និង​ទេពកោសល្យ​របស់​ពួកគេ​។ រឿង​ដែល​ពេញនិយម​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ជុំវិញ​ខ្លួន​របស់​ពួកគេ​ គឺ​ការបង្កើត​ក្រុម​ ហើយ​នាំគ្នា​អប់រំ​ប្រជាជន​ ឬបង្កើត​សកម្ម​ភា​ពប្លែ​កៗ​ដើម្បី​ឱ្យ​មនុស្សជា​ច្រើន​បាន​មើលឃើញ​ និង​បន្តសកម្មភាព​វិជ្ជមាន​ទាំងអស់​នោះ​។ ការ​ធ្វើសកម្មភាព​ទាំងអស់​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​រឿង​គំរូ​ និង​ជា​ចរន្ត​វិជ្ជមាន​សម្រាប់​សង្គម​ តែ​នៅក្នុង​យុគសម័យ​ថ្មីនេះ​ យុវជន​មាន​វិធី​សំខាន់​មួយផ្សេងទៀត​ដែល​ចំណាយ​ប្រាក់​តិច​ សន្សំ​ពេលវេលា​ និង​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ គឺ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​។

    កញ្ញា​ សៀក​ ឡេង​ អ្នកសម្របសម្រួល​កម្មវិធី​ Techno​ Innovation​ Challenge​ បាន​លើកឡើង​ ថា​ យុវជន​កម្ពុជា​គួរ​ព្យាយាម​សិក្សា​ស្វែងយល់​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​ព្រោះ​វា​ជា​វិធី​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ ឆាប់រហ័ស​ ចំណាយធនធាន​តិច​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ជាច្រើន​ដែល​យុវជន​អាច​ចូលរួម​ប្រើប្រាស់​បច្ចេកវិទ្យា​ដោះស្រាយ​ បាន​ ដូចជា​បញ្ហា​បរិស្ថាន​ បញ្ហា​កសិកម្ម​បញ្ហា​ចំណីអាហារ​ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​មិនទាន់​ត្រូវ​បាន​គេ​ដោះស្រាយ​ប្រកបដោយ​និរន្តរភាព​នៅឡើយ​។

    កញ្ញា​ សៀក​ ឡេង​ បាន​និយាយ​ថា​៖ “តាមពិត​យុវជន​យើង​ជាច្រើន​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ ដូចជា​ការបង្កើត​ Apps​ ឬប្រមូល​ផ្តុំគ្នា​បង្កើត​គម្រោង​ឆ្លាតវៃ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ ព្រោះ​ការអប់រំ​បច្ចុប្បន្ន​នេះ​មាន​ភាព​ទូលំទូលាយ​ ហើយ​វត្តមាន​នៃ​អុីន​ធើ​ណិ​តអាច​ធ្វើ​ឱ្យ​សិស្ស​-និស្សិត​សិក្សា​ពី​ចម្ងាយ​ក៏បាន​ដែរ​”។

    កញ្ញា​ សៀក​ ឡេង​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​មិនថា​យើង​នៅ​ទីណា​នោះ​ទេ​ យើង​សុទ្ធតែ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ទាញ​យក​ប្រភព​ព័ត៌មាន​ជាច្រើន​នៅក្នុង​ពិភពលោក​ ឬអាច​ទាញ​យក​មេរៀន​ជាច្រើន​ដើម្បី​សិក្សា​ដោយខ្លួនឯង​ ហើយ​ច្នៃ​បច្ចេកទេស​ទាំងអស់​នោះ​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​សង្គម​។ ក្រៅពី​នេះ​ យុវជន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ផ្នែក​បច្ចេកវិទ្យា​ខ្លះ​ហើយ​ ក៏អាច​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនឯង​បាន​ផង​ដែរ​ តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នានា​ ដែល​ក្នុង​នោះ​មាន​អ្នកជំនាញ​ជាច្រើន​ចាំ​ជួយ​ផ្តល់​ជំនួយ​ដល់​ពួកគាត់​ ដូចជា​កម្មវិធី​ Techno​ Innovation​ ជាដើម​ ដែល​យើង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រកួតប្រជែង​ តែ​ក៏​ផ្តល់​អ្នកជំនាញ​ដើម្បី​ណែនាំ​ពួកគាត់​ដែល​អនុញ្ញាត​ឱ្យ​គាត់​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការបង្កើត​នវានុវត្តន៍​ផង​ដែរ​។ ក្រោយពេល​ពួកគាត់​បាន​ទទួលការ​ណែនាំ​ និង​បណ្តុះបណ្តាល​ហើយ​ គាត់​ក៏អាច​យក​គំរូ​នៃ​គម្រោង​ទាំងអស់​នោះ​ទៅ​បង្កើត​ជា​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ថែមទៀត​ផង​ ព្រោះ​គំនិត​ច្នៃប្រឌិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទាំងអស់​នោះ​សុទ្ធតែ​ផ្តល់​ភាព​ងាយស្រួល​ និង​ជា​ជម្រើស​ឆ្លាតវៃ​សម្រាប់​មនុស្ស​ទូទៅ​។

    លោក​ អ៊ុន​ មាស​សម្បត្តិ​ សហ​ស្ថាបនិក​នៃ​គម្រោង​អាជីវកម្ម​ដែល​មានឈ្មោះ​ថា​ WeChoul​ ​;បាន​លើកឡើង​ថា​ នៅក្នុង​សង្គម​មាន​បញ្ហា​ជាច្រើន​កើតឡើង​ ដោយ​ក្នុង​នោះ​មាន​បញ្ហា​ខ្លះ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ​ គ្រាន់តែ​យើង​មិនទាន់​មាន​វិធីសាស្ត្រ​សម្រួល​ ឬដោះស្រាយ​ឱ្យ​បាន​ងាយស្រួល​ប៉ុណ្ណោះ​។ នៅពេល​បញ្ហា​តូច​ៗទាំងអស់​នោះ​កើត​ឡើង​ដដែល​ៗយូរ​ទៅ​ វា​នឹង​ក្លាយជា​បញ្ហា​រ៉ាំរ៉ៃ​ ហើយ​ប្រសិនបើ​អ្នកណា​អាច​ដោះស្រាយ​វា​បាន​ នោះ​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ការ​ចងចាំ​ ឬក្លាយជា​អ្នក​ដោះស្រាយ​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​ទទួលស្គាល់​។ ក្នុងចំណោម​សកម្មភាព​នានា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​វិធីសាស្ត្រ​ល្អ​ និង​មាន​ភាព​ងាយស្រួល​ជាងគេ​។

    លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “សូមកុំ​ខ្លាច​បញ្ហា​ ឬគិតថា​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជា​រឿង​លំបាក​ខ្លាំងពេក​ដែល​យើង​ធ្វើ​មិនបាន​។ ឱ្យ​តែ​យើង​មើលឃើញ​ពី​បញ្ហា​ ហើយ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ដោះស្រាយ​ នោះ​យើង​នឹង​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​វា​ឱ្យ​បាន​មិនខាន​”។

    អ្នកបង្កើត​សេវាកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដំបូង​ឡើយ​ក្រុម​របស់​លោក​ក៏​មិនសូវ​មាន​អ្នក​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ដែរ​តែ​លោក​បាន​មើលឃើញ​បញ្ហា​រួម​មួយ​របស់​ប្រជាជន​ខ្មែរ​ ឬភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​ខ្វះខាត​ផ្នែក​ជួល​យានជំនិះ​នៅ​តំបន់​កម្សាន្ត​។ បន្ទាប់ពី​កំណត់​បញ្ហា​ហើយ​ លោក​ចាប់ផ្តើម​ស្វែងរក​ជំនួយ​នានា​ និង​ស្រាវជ្រាវ​បន្ថែម​រហូតដល់​បង្កើត​បាន​ជា​សេវាកម្ម​ថ្មី​មួយ​សម្រាប់​ជួល​ម៉ូតូ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។ លោក​បាន​បន្ថែម​ផង​ដែរ​ថា​ មូលហេតុ​សំខាន់​ដែល​លោក​ប្រើប្រាស់​បច្ចេកវិទ្យា​ ព្រោះ​ក្រុម​របស់​លោក​មាន​គ្នា​តិច​មិន​អាច​ជួយ​ភ្ញៀវ​ទេសចរណ៍​ម្តង​ម្នា​ក់ៗ​ឱ្យ​ទទួល​បាន​សេវាកម្ម​ជួល​ម៉ូតូ​បាន​គ្រប់​ៗគ្នា​នោះ​ទេ​ ហើយក៏​មិន​អាច​ជួយ​អាជីវករ​ដែល​ដាក់​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវ​បាន​គ្រប់គ្នា​ដោយ​ការទាក់ទង​ដោយ​ផ្ទាល់​បាន​ដែរ​។ ហេតុនេះ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ជា​ជម្រើស​ឆ្លាតវៃ​ ដែល​អាច​ធ្វើ​ឱ្យ​គ្រប់​ភាគី​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​បាន​ល្អ​ ចំណេញពេលវេលា​ និង​ថវិកា​តិច​៕