Author: ធឿន មករា

  • ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ដល់​កម្ពុជា​

    ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ដល់​កម្ពុជា​

    ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) និង​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ក្នុងទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ ឬប្រមាណ​ជិត​ 33​ លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

    ក្នុងចំណោម​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន​ 29.1លាន​អឺ​រ៉ូ​ ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​ 25លាន​អឺ​រ៉ូ​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ 4.1លាន​អឺ​រ៉ូ​ពី​សហគមន៍​អឺរ៉ុប​។

    គម្រោង​នេះ​នឹង​ដាក់ទិស​ដៅ​ពង្រីក​ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ ដើម្បី​វិវឌ្ឍ​ទៅ​រក​ប្រព័ន្ធ​ឆ្លាតវៃ​ (Smart​ Grid​) ដែល​អាច​សម្រួល​បាន​យ៉ាងច្រើន​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល​ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​។

    កិច្ច​ព្រមព្រៀង​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ អ្នកតំណាង​ជាន់ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​របស់​ភាគី​បារាំង​ ស្រប​ពេល​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តី​ពី​ “ចីរភាព​បំណុល​សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាលពីដើម​ខែ​ឧសភា​ ឆ្នាំ2019​ កន្លងទៅ​។

    គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក៏បាន​ចូលរួម​ពិភាក្សា​អំពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នី​មួយ​ៗ វិធីសាស្ត្រ​ដែល​ប្រទេស​នី​មួយ​ៗយក​ទៅ​អនុវត្ត​ដែល​អាច​ទទួល​បាន​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដែល​ចៀសវាង​បាន​ពី​ការ​ជំពាក់​ច្រើនហួស​ហេតុ​ ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ដោយ​ត្រឹមត្រូវ​ មាន​តម្លាភាព​ និង​ការ​-ទទួលខុសត្រូវ​ ក៏ដូចជា​អាច​ធានា​បាន​នូវ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​ការ​លើកកម្ពស់​ភាពជា​ម្ចាស់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​នី​មួយ​ៗ សំដៅ​ចូលរួម​ចំណែក​ពង្រឹង​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ មានប្រសាសន៍​ថា​ កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ កែទម្រង់​លើ​គ្រប់​វិស័យ​ ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ចាប់​ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទោះបីជា​ហិរញ្ញប្បទាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ក្ដី​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ បាន​មានប្រសាសន៍​បន្ត​ថា​៖“កម្ពុជា​ស្នើ​ឱ្យ​មានការ​ចូលរួម​ និង​គាំទ្រ​បន្ថែម​ទៀត​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាស​កល​សមស្រប​ ដើម្បី​ធានា​បាន​នូវ​គុណភាព​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​រូប​វ័ន្ត​ល្អ​ប្រសើរ​ និង​មាន​ចីរភាព​”។

    បន្ថែម​លើ​កិច្ចពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​ និង​បារាំង​សំដៅលើ​កកម្ពស់​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ និង​បារាំង​នេះ​ គណៈប្រតិភូ​កម្ពុជា​ក៏បាន​ជួប​ជាមួយ​លោកជំទាវ​ Agnes​ PANNIER​RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​ ហើយ​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ក៏បាន​គូសបញ្ជាក់​ពី​មូលដ្ឋាន​តថភាព​ជាក់ស្តែង​ និង​គ្រប់ជ្រុងជ្រោយ​អំពី​ហានិភ័យ​ចំពោះ​ការ​ដក​ជាយថាហេតុ​នៃ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​ (EBA​) ដោយ​សហភាព​អឺរ៉ុប​។

    លោកជំទាវ​ Agnes​ PANNIER​ RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​មានប្រសាសន៍​ថា​ បារាំង​ និង​កម្ពុជា​ គឺជា​មិត្ត​ដ៏​ល្អ​ដែល​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បាន​ ហើយ​បារាំង​នឹង​នៅតែ​បន្ត​ជំរុញ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដោយ​តម្រង់​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​បារាំង​ឱ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា​ជាពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។

    លោកជំទាវ​ Agnes​ PANNIER​ RUNACHER​ មានប្រសាសន៍​ថា​៖“រដ្ឋាភិបាល​បារាំង​បាន​យល់​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ EBA​ ចំពោះ​កម្ពុជា​ និង​បន្ត​បង្ហាញ​ការពិត​របស់​កម្ពុជា​ចំពោះ​បញ្ហា​នេះ​”។

    ដូចគ្នា​ដែរ​ លោក​ Pierre​ Amilhat​ ប្រធាន​នាយកដ្ឋាន​អាស៊ី​នៃ​សហភាព​អឺរ៉ុប​បានឱ្យ​ដឹង​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការកែទម្រង់​អភិវឌ្ឍន៍​ និង​ការ​រីកចម្រើន​ មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​។លោក​ថ្លែង​ថា​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជាមួយ​សហភាព​អឺរ៉ុប​ សហភាព​អឺរ៉ុប​ នៅតែ​តម្រង់​ទិស​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​វិស័យ​អាទិភាព​ រួមមាន​ដូចជា​ វិស័យ​អប់រំ​ កសិកម្ម​ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

    ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ លោក​ Remi​ Rioux​នាយកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) បាន​មានប្រសាសន៍​ថា​ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ថែមទៀត​ឱ្យ​ស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​៕

  • រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្តកំពត​ឱ្យទៅ​ជា​ខេត្ត​គំរូ​ខាង​ផលិតផល​មានគុណ​ភាព​ខ្ពស់​

    រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្តកំពត​ឱ្យទៅ​ជា​ខេត្ត​គំរូ​ខាង​ផលិតផល​មានគុណ​ភាព​ខ្ពស់​

    ក្រសួងទេសចរណ៍​មានបំណង​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​ខេត្តកំពត​ក្លាយជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ សេវាកម្ម​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​គ្មាន​ទំនិញ​អន់​គុណភាព​។

    នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី8​ (ជុំ​ទី2​) កាលពីដើម​ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ នៅ​សាលាខេត្ត​កំពត​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​មានការ​រៀបចំ​ “វិថី​ម្ហូបអាហារ​” ឬភាសាអង់គ្លេស​ហៅថា​ “Food​ Street​” នៅ​ទីតាំង​ណាមួយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ “Food​ Street​” នេះ​ក៏​ចាត់ទុកជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍​មួយ​សម្រាប់​ទីក្រុង​កំពត​ផង​ដែរ​។ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​មាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ច្រើន​សម្បូរ​បែប​ និង​មាន​តំបន់​កសិ​-ទេសចរណ៍​ទៀតផង​។

    ឯកឧត្តម​ ថោង​ ខុន​ មានប្រសាសន៍​បន្ត​ថា​ អាជ្ញាធរ​ត្រូវ​ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​សម្បូរ​បែប​ប្រកបដោយ​គុណភាព​ បើ​អាច​ធ្វើ​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗដែល​ផលិត​ក្នុង​ស្រុក​ ដូចជា​ផលិតផល​ outlet​ ជូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​អន្តរជាតិ​ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​ដ៏​សមរម្យ​មួយ​។

    ឯកឧត្តម​ រដ្ឋមន្ត្រី​ថ្លែង​ថា​៖“នាំគ្នា​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​កំពត​ ក្លាយជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ និង​សេវាកម្ម​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ព្រោះ​វា​នឹង​ជួយ​លើកកម្ពស់​ទំនិញ​ក្នុង​ស្រុក​ ដើម្បី​បង្កើន​ចំណូល​របស់​អ្នក​ផលិត​ និង​កាត់បន្ថយ​ការនាំចូល​”។

    ឯកឧត្តម​ រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ដែល​ខេត្តកំពត​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​ ព្រឹត្តិ​ការណ៍​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​ខេត្តកំពត​ក្លាយជា​ខេត្ត​គំរូ​មួយ​សម្រាប់​ការ​-លក់ទំនិញ​ក្នុង​ស្រុក​ និង​បង្កើន​ម៉ាក​ផលិតផល​ “ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​”។

    ឯកឧត្តម​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​៖“ខេត្ត​នេះ​មាន​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​នៅក្នុង​វិស័យ​ទេសចរណ៍​ ព្រោះ​វា​ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាគោល​ដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​សំខាន់​”។

    លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​នឹង​ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​។ លោកស្រី​មានប្រសាសន៍​ថា​“ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ យើង​ត្រូវ​ជំរុញ​ផលិតផល​ក្នុង​ស្រុក​ដែល​នឹង​អនុញ្ញាត​ឱ្យ​យើង​កាត់បន្ថយ​ការនាំចូល​”។

    ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​-ព័ន្ធ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ ដោយ​បង្កើន​ការ​ធ្វើការ​ និង​បន្ថែមចំនួន​កម្មករ​ជំនាញ​ និង​វិស្វករ​ផង​ដែរ​។

    លោក​ សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា​ ការសាងសង់​កំពង់ផែ​សមុទ្រ​នៅ​ខេត្តកំពត​នឹង​ចប់​តាម​ការ​គ្រោងទុក​។ លោក​ស៊ី​ណុល​ បាន​មានប្រសាសន៍​ថា​ “កំពង់ផែ​នេះ​សម្រេច​បាន​ប្រហែល​ 25ភាគរយ​ហើយ​ យើង​គិតថា​វា​នឹង​ត្រូវ​បាន​បញ្ចប់​ទាន់ពេល​វេលា​ នៅពេល​សាងសង់​ហើយ​ អ្នកទេសចរ​នឹងអាច​ទៅដល់​ខេត្ត​នេះ​តាម​នាវា​”។

    គួរ​បញ្ជាក់​ថា​ តាម​គម្រោង​ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ2021​។ កំពង់ផែ​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ 10លាន​ដុល្លារ​អាមេរិក​ដែល​វា​នឹង​ជួយ​ជំរុញ​ដល់​កំណើន​ទេសចរ​នៅក្នុង​ខេត្តកំពត​ ជាពិសេស​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​ និង​វៀតណាម​។

    គួរ​បញ្ជាក់​ដែរ​ថា​ ក្នុងអំឡុងពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំ2019​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ 467,900នាក់​ដែល​ក្នុង​នោះ​ប្រហែល​ 57,100នាក់​ គឺជា​ជនបរទេស​ដែល​កើនឡើង​ 4.4ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ដោយឡែក​សម្រាប់​ថ្ងៃឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃទី13​ ដល់15​ ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត​ចំនួន​ 104,441នាក់​៕

  • ក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ ជប៉ុន​នាំចូល​ទំនិញ​ពី​កម្ពុជា​ប្រមាណ​ 454លាន​ដុល្លារ​

    ក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ ជប៉ុន​នាំចូល​ទំនិញ​ពី​កម្ពុជា​ប្រមាណ​ 454លាន​ដុល្លារ​

    ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ប្រមាណ​ 16ភាគរយ​នៅ​ត្រីមាស​ទី1​ នៃ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ ។នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro​)។

    របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ បាន​ឡើង​ដល់​ 558លាន​ដុល្លារ​ពី​ខែមករា​ ដល់​ខែមីនា​ ដែល​កើនឡើង​ 16.5ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ​ 454លាន​ដុល្លារ​ទៅ​ទីផ្សារ​ជប៉ុន​កើនឡើង​ 16ភាគរយ​ ខណៈ​ការនាំចេញ​របស់​ជប៉ុន​បាន​កើនឡើង​ 20ភាគរយ​ស្មើនឹង​104លាន​ដុល្លារ​។

    អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ឡុង​ កែម​វិចិត្រ​ បាន​មានប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ គឺជា​លទ្ធផល​នៃ​ទំនាក់ទំនង​ការទូត​ល្អ​ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​ដែរ​។

    លោក​ វិចិត្រ​ បាន​លើកឡើង​ថា​៖“ប្រទេស​កម្ពុជា​និង​ជប៉ុន​មាន​ទំនាក់ទំនង​ល្អ​ និង​លើស​ពីនេះ​ផលិតផល​កម្ពុជា​កំពុង​ទទួល​បានការ​ទទួលស្គាល់​នៅ​បរទេស​” តួលេខ​ពាណិជ្ជកម្ម​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​កើនឡើង​នៃ​ទីផ្សារ​អាស៊ី​ ការ​ធ្វើស​មា​ហរ​ណកម្ម​របស់​ប្រទេស​ក្នុង​តំបន់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​”។

    លោក​បន្ត​ថា​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​ពង្រឹង​ការប្រកួត​ប្រជែង​ គឺជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋាភិបាល​។ លោក​វិចិត្រ​បន្ថែម​ថា​៖ “ជប៉ុន​កំពុង​វិនិយោគ​លើ​វិស័យ​អាទិភាព​ជាច្រើន​ ជាពិសេស​លើ​ឧស្សាហកម្ម​ធុន​ស្រាល​ និង​ឧស្សាហកម្ម​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​។ យើង​សង្ឃឹមថា​ និន្នាការ​ទាំងនេះ​នឹង​បន្ត​ទៅ​អនាគត​”។

    គួរ​កត់សម្គាល់​ដែរ​ថា​ ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ គឺ​សម្លៀកបំពាក់​ ផលិតផល​ស្បែកជើង​ និង​គ្រឿង​អេឡិចត្រូនិក​ ដូចជា​អាគុយ​ទូរស័ព្ទ​ជាដើម​។

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿងម៉ាស៊ីន​ រថយន្ត​និង​គ្រឿង​អេឡិចត្រូនិក​មក​កម្ពុជា​ ក៏ដូចជា​សាច់គោ​ ដែក​ និង​ថ្នាំពេទ្យ​ផង​ដែរ​។យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro​)បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ប្រទេស​ជប៉ុន​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​កើនឡើង​ 27.3ភាគរយ​ ដោយ​ទំនិញ​តម្លៃ​សរុប​ជាង​ 1.6ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កម្ពុជា​បាន​ទិញទំនិញ​ពីជ​ប៉ុន​ចំនួន​ប្រហែល​ 421លាន​ដុល្លារ​ កើនឡើង17.8ភាគរយ​៕

  • កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​ $1,000លាន​បន្ថែម​ពី​ធនាគារពិភពលោក​សម្រាប់​រយៈពេល​ 5ឆ្នាំ​

    កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​ $1,000លាន​បន្ថែម​ពី​ធនាគារពិភពលោក​សម្រាប់​រយៈពេល​ 5ឆ្នាំ​

    គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារពិភពលោក​បាន​បង្ហាញថា​ ក្រុមប្រឹក្សា​នេះ​នឹង​ពិនិត្យ​អនុម័ត​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​រយៈពេល​ 5ឆ្នាំខាងមុខ​ទៀត​ គឺ​ចាប់ពី​ឆ្នាំ2019​ ដល់​ឆ្នាំ2023​ ដោយ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​1,000លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ដល់​កម្ពុជា​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ ទោះបីជា​កិច្ច​សហប្រតិបត្តិ​ការ​ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​ និង​ធនាគារពិភពលោក​ត្រូវ​ជួបប្រទះ​នឹង​ភាព​រអាក់រអួល​មួយ​រយៈ​ក្តី​ តែ​ភាពជា​ដៃគូ​នេះ​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង​រហូតមកដល់​ពេលនេះ​។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ធនាគារពិភពលោក​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​លើ​វិស័យ​សំ​ខាន់​ៗមួយចំនួន​ផង​ដែរ​ ដើម្បី​តម្រង់​ទិស​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​មានប្រសាសន៍​ថា​៖ “ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​ 10ឆ្នាំ​កន្លងមក​យើង​បាន​ធ្វើ​ប្រក្រតី​កម្ម​ និង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ឡើងវិញ​”។

    ឯកឧត្តម​បាន​លើកឡើង​ផង​ដែរ​ថា​ យើង​សង្ឃឹម​ថា​ ធនាគារពិភពលោក​នឹងអាច​ពង្រឹង​សារៈសំខាន់​នៃ​តួនាទី​របស់​ខ្លួន​ឡើងវិញ​ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា​ ហើយនឹង​ក្លាយទៅជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំ​ និង​សំខាន់​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

    ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ប្រឹក្សា​នាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារពិភពលោក​ ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បង្ហាញ​ពី​ចំណុច​សំ​ខាន់​ៗមួយចំនួន​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​ផង​ដែរ​ ដោយ​ក្នុង​នោះ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរង្វង់​ជាមធ្យម7.7​% ក្នុង​ 1ឆ្នាំ​ និង​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតទាប​កាលពី​ឆ្នាំ2015​។ ចំពោះ​ ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នា​ក់ៗ​បាន​កើនឡើង​ 4ដង​ ពី​ប្រមាណ​ 417ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2004​ ដល់​ប្រមាណ​ 1,563​ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018​។ ទន្ទឹម​នឹង​នេះ​ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះពី​ជាង​ 53​%នៅ​ឆ្នាំ2004​ មក​នៅ​ត្រឹម​ប្រមាណ​13.4​% នៅ​ឆ្នាំ2014​ និង​ប្រហែល10​% នៅ​ឆ្នាំ2018​។ចំពោះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​វិញ​ យើង​ឃើញថា​ មាន​កំណើន​ជា​វិជ្ជមាន​ ពី​ចំនួន17,723​ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2013​ ដល់​ប្រមាណ​ 31,638លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។

    បន្ថែម​ពីលើ​នេះ​ កម្ពុជា​ក៏​មាន​ស្ថានភាព​វិជ្ជមាន​ផង​ដែរ​ក្នុង​ការ​ប្រមូល​ពន្ធ​ដែល​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កាន់តែ​មានលទ្ធភាព​ក្នុង​ការ​បង្កើន​ចំណាយ​លើ​វិស័យ​អាទិភាព​ និង​វិស័យ​លើកកម្ពស់​ប្រសិទ្ធភាព​ និង​ផលិតភាព​សេដ្ឋកិច្ច​។ បើ​គិត​ចាប់ពី​ឆ្នាំ2013​ ដល់​ឆ្នាំ2018​ ថវិកា​ចំណាយ​ក្នុង​វិស័យ​អប់រំ​បាន​កើន​ 3.2ដង​ ចំណែក​ឯវិស័យ​សុខាភិបាល​បាន​កើន​ចំនួន​ 2.5ដង​ និង​វិស័យ​កសិកម្ម​បាន​កើនឡើង​ចំនួន​ 3ដង​ ព្រមទាំង​ចំណាយ​វិនិយោគ​សាធារណៈ​ដែល​ហិរញ្ញប្បទាន​ដោយ​ថវិកាជាតិ​បាន​កើន​ 3.5ភាគរយ​ផង​ដែរ​។ ឯកឧត្តម​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​សម្រេច​ទិសដៅ​របស់​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2050​ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ថែមទៀត​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​។ ក្នុង​ទិសដៅ​នេះ​ កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​ជា​រចនាសម្ព័ន្ធ​មួយចំនួន​ រួមមាន​៖ ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​នៅ​តូច​ចង្អៀត​ ភាព​ប្រកួតប្រជែង​នៅ​ទន់ខ្សោយ​ កង្វះ​ពលកម្ម​ជំនាញ​ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​កំណើន​ឆាប់រហ័ស​នៃ​នគរូបនីយកម្ម​ជាដើម​ ដែល​តម្រូវ​ឱ្យ​មានការ​បង្កើន​ការ​វិនិយោគ​បន្ថែម​ដើម្បី​បំពេញ​គម្លាត​ទាំងនេះ​។ ឯកឧត្តម​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​មាន​ចីរភាព​ និង​ហានិភ័យ​កម្រិតទាប​ ខណៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរ​ជា​តិ​ធំៗ​បាន​ចាត់ទុកថា​ ជា​ប្រទេស​គំរូ​ក្នុង​ការគ្រប់គ្រង​បំណុល​សាធារណៈ​នៅក្នុង​តំបន់​។ទោះបី​បច្ចុប្បន្ន​មានដៃ​គូ​ និង​ប្រទេស​កាន់តែ​ច្រើន​ចង់​ឱ្យ​កម្ពុជា​ខ្ចីប្រាក់​ក្តី​ តែ​កម្ពុជា​នឹង​មិនខ្ចី​ឡើយ​ ប្រសិន​បើ​មិន​ចាំបាច់​ និង​មិន​ឆ្លើយតប​នឹង​តម្រូវការ​ និង​អាទិភាព​ទេ​នោះ​។

    គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ (Board​ of​ Directors​) ប្រចាំ​ធនាគារពិភពលោក​ បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​រយៈពេល​ 5ថ្ងៃ​ ចាប់​ពី​ថ្ងៃទី8​ ដល់​ថ្ងៃទី13​ ខែឧសភា​ ឆ្នាំ2019​ ដើម្បី​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព​ ព្រមទាំង​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាស​មា​ជិ​ក និង​ការរៀបចំ​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​នៃ​ប្រតិបត្តិ​ការ​របស់​ធនាគារពិភពលោក​ ដើម្បី​ជួយ​គាំទ្រ​ប្រទេស​ជាស​មា​ជិ​កដោះស្រាយ​ឱ្យ​ចំ​បញ្ហា​ប្រឈម​ទាំងនោះ​។

    នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ គណៈប្រតិភូ​បាន​ផ្លាស់​ប្តូរ​មតិយោបល់​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន​ និង​បញ្ហា​នគរូបនីយកម្ម​នៅ​តាម​ទីក្រុង​ ព្រមទាំង​ការអប់រំ​នៅ​ក្នុង​កម្រិតមធ្យម​សិក្សា​ដែល​បច្ចុប្បន្ន​ទោះបីជា​អត្រា​នៃ​ការ​ចូលរៀន​មានកម្រិត​ខ្ពស់​ក៏ដោយ​ តែ​ការបោះបង់​ចោលការ​សិក្សា​ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។ ទន្ទឹម​នឹង​នេះ​ ការ​បន្ត​លើកកម្ពស់​គុណភាព​ឧត្តម​សិក្សា​ ពិសេស​ការ​គាំទ្រ​ដល់​ការសិក្សា​ និង​ស្រាវជ្រាវ​លើ​មុខជំនាញ​វិទ្យាសាស្ត្រ​ពិត​(STEM​) គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​៕

  • ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កម្ពុជា​កើន​ជា​រៀងរាល់​ឆ្នាំ​

    ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កម្ពុជា​កើន​ជា​រៀងរាល់​ឆ្នាំ​

    ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​បញ្ជាក់​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​នៅតែ​រឹងមាំ​ល្អ​សម្រាប់​ 5ឆ្នាំទៅ​មុខ​ទៀត​ ហើយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​តែ​បន្ត​កើន​ឡើង​ ដែល​គិតជា​មធ្យម​ កើន​ពី10​% ទៅ15​% ជា​រៀងរាល់​ឆ្នាំ​ដោយស្ថាន​ភាព​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​នៅតែ​មាន​ភាពរឹងមាំ​ខ្លាំងក្លា​ ហើយ​វិស័យ​នេះ​វា​អាច​ជា​ក្ដី​រំពឹង​សម្រាប់​អ្នក​ដែល​ត្រូវការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា​៖ ​“មូលហេតុ​ដែល​អចលនទ្រព្យ​បន្ត​ឡើងថ្លៃ​ពី​10​% ទៅ15​% បន្ថែម​នោះ​ គឺ​មានក​ត្តា​ចំនួន3​។ ទី1​- វិស័យ​លំនៅឋាន​ ទី2​- វិស័យ​ដីធ្លី​ និង​ទី3​ វិស័យ​ទិញ​-ជួល​ផ្សេង​ៗ ដែល​កត្តា​ទាំងនេះ​ហើយ​ ដែល​នាំ​ឱ្យ​កម្ពុជា​បន្ត​ការ​ឡើងថ្លៃ​អចលនទ្រព្យ​នៅ​រៀងរាល់​ឆ្នាំ​តទៅមុខ​ទៀត​។ បើ​ធៀប​នឹង​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​អាស៊ាន​នេះ​ សម្រាប់​កម្ពុជា​តម្លៃ​អចលនទ្រព្យ​នៅ​មិនទាន់​ខ្ពស់​នៅឡើយ​ទេ​ បើ​ទោះបី​មានការ​កើនឡើង​ឥត​ឈប់ឈរ​ក្តី​”។

    លោក​បាន​បន្ត​ថា​ សម្រាប់​វិស័យ​លំនៅឋាន​នៅ​កម្ពុជា​ គឺ​ត្រូវការ​បន្ថែម​ទៀត​ ព្រោះថា​ បើ​ធៀប​ចំនួន​ប្រជាជន​ និង​ចំនួន​ខ្នង​ផ្ទះ​ គឺ​មិនទាន់​សមាមាត្រ​គ្នា​នៅឡើយ​ទេ​។ ចំពោះ​ចំនួន​ខ្នង​ផ្ទះនៅ​រាជធានី​ភ្នំពេញ​ មាន​ប្រហែលជា​ 1លាន​ខ្នង​ផ្ទះ​ និង​ចំនួន​ប្រជាជន​ដែល​មាន​ប្រហាក់​ប្រហែលជា​ជាង​ 2លាន​នាក់​ ដូចនេះ​សម្រាប់​កម្រិត​នៃ​ការ​កើនឡើង​ គឺ​នៅតែ​កើនឡើង​បន្ត​ទៀត​ដដែល​។

    លោក​បាន​បន្ថែម​ថា​ មួយវិញទៀត​ចំនួន​ខ្នង​ផ្ទះ​នេះ​ គឺ​ត្រូវការ​បន្ថែម​ទៀត​ ដោយសារតែ​ចំនួន​ប្រជាជន​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ និង​ត្រូវ​រៀបការ​ ហើយ​ត្រូវការ​ផ្ទះ​ថ្មី​សម្រាប់​គ្រួសារ​ថ្មី​ផង​ដែរ​ ទើបត្រូវ​ទាមទារ​ឱ្យ​មានផ្ទះ​បន្ថែម​ទៀត​ ដូចនេះ​លំនៅឋាន​នៅតែ​ជា​កត្តា​សំខាន់​សម្រាប់​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ជាពិសេស​លំនៅឋាន​សាង​សង់​ថ្មី​ៗដូចជា​ បុរី​ផ្ទះល្វែង​ និង​វីឡា​ជាដើម​។

    លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នឹង​នៅតែ​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​ 5ឆ្នាំទៅ​មុខ​ទៀត​ ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​តម្លៃ​សេដ្ឋកិច្ច​ក្នុង​កំណើន​រង្វង់7​% ជាមួយនឹង​មូលដ្ឋាន​នៃ​ការ​គាំពារ​ពី​រាជ​រដ្ឋា​ភិបាល​ ដោយមាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​មូលដ្ឋាន​តម្លៃ​នៃ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ផង​ដែរ​។

    ទន្ទឹម​នេះ​ផង​ដែរ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ IMF​ (International​ Monetary​ Fund​) បាន​កោតសរសើរ​ដល់​ការ​បោះជំហាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​ដែល​មាន​កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ធនាគារ​។ នេះ​បើ​យោង​តាម​ លោកស្រី​ Christine​ Lagarde​ នាយិកា​គ្រប់គ្រង​របស់​ IMF​។

    ទាក់ទង​ទៅ​នឹង​លំនឹង​នៃ​លំហូរ​ទុន​អចលនទ្រព្យ​វិញ​ របាយការណ៍​របស់​ IMF​ ដែល​បាន​ចេញផ្សាយ​ថ្មី​ៗនេះ​បាន​រក​ឃើញថា​ ដើមទុន​បាន​បន្ត​ហូរ​ចូល​ក្នុង​វិស័យ​សំណង់​យ៉ាង​គំហុក​។ ការ​វិនិយោគ​លើ​ផ្នែក​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គិតជា​ទឹក​ប្រាក់​ជាង​ 1.36ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី1​ដើមឆ្នាំ​នេះ​។ ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី7​% ទៅ8​% ត្រឡប់​មក​វិញ​សម្រាប់​ការ​វិនិយោគ​។ របាយការណ៍​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​មានកម្រិត​ជាមធ្យម​ប្រហែល35​% ចាប់តាំងពី​ឆ្នាំ2016​ ដែល​ជំរុញ​ដោយ​ធនាគារ​មួយចំនួន​។

    របាយការណ៍​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្តល់​លក្ខខណ្ឌ​កម្ចី​ងាយស្រួល​សម្រាប់​អ្នកទិញ​ក្នុង​ស្រុក​ ដើម្បី​ឈានជើង​ចូល​ទីផ្សារ​ ហើយ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ចាំបាច់​ត្រូវ​ធ្វើ​នៅពេលអនាគត​។ វិស័យ​ធនាគារ​ ក៏បាន​កើនឡើង​ខ្លាំង​ដោយសារ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ និង​គម្រោង​អភិវឌ្ឍន៍​ គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​សម្រាប់​កំណើន​របស់​ធនាគារ​។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​មានប្រសាសន៍​ថា​៖“កំណើន​នគរូបនីយកម្ម​ និង​សំណង់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជាក់ស្តែង​ចំនួន​ប្រជាជន​នៅក្នុង​រាជធានី​-ក្រុង​ និង​ទីប្រជុំជន​មាន​ចំនួន​ប្រមាណ​ 4.5លាន​នាក់​ និង​នៅ​ឆ្នាំ2030​ នឹង​បន្ត​កើន​ដល់​ 7.92លាន​នាក់​ស្មើនឹង​54​%។ ទិន្នន័យ​នេះ​បង្ហាញថា​ ក្នុងរយៈពេល​ 15ឆ្នាំ​ តម្រូវការ​លំនៅឋាន​ សំណង់​អគារ​ និង​ទីប្រជុំជន​នឹង​មាន​ចំនួន​ប្រមាណ​ 80ម៉ឺន​លំនៅឋាន​ដែល​គិតជា​មធ្យម​ គឺ​ 5ម៉ឺន​លំនៅឋាន​សម្រាប់​ 1ឆ្នាំ​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​បន្ថែម​ថា​ ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​នគរូបនីយកម្ម​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​ ដោយ​បាន​កំណត់​ច្បាស់លាស់​ពី​តំបន់​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​ការ​អភិវឌ្ឍ​ និង​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​ឱ្យ​ឆ្លើយតប​ទៅ​នឹង​កំណើនប្រជាជន​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​មាន​ជាអាទិ៍​ ប៉ូល​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ប៉ូល​អភិវឌ្ឍន៍​សៀមរាប​ ប៉ូល​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ប៉ូល​អភិវឌ្ឍន៍​ក្រុង​ និង​ទីប្រជុំជន​តាម​បណ្តោយ​ព្រំដែន​ តាម​បណ្តោយ​អ័ក្ស​នៃ​ការ​អភិវឌ្ឍ​ ដោយ​បានសម្រេច​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាបន្តបន្ទាប់​នូវ​គោលការណ៍​ប្រើប្រាស់​ដី​តាមលំដាប់​អាទិភាព​។

    ឯកឧត្តម​ ប៉ែន​ សុផល​ បាន​បន្ត​ថា​ ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ​ យើង​ទទួល​បាន​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​យើង​ទទួល​បាន​នូវ​ច្បាប់​នគរូបនីយកម្ម​ ច្បាប់​សំណង់​ថ្មី​ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ភូមិបាល​ អនុក្រឹត្យ​ស្តី​ពី​ការ​ជួសជុល​ និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ និង​ក្របខ័ណ្ឌ​គតិ​យុត្ត​ និង​បទប្បញ្ញត្តិ​ បទដ្ឋាន​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​សង្គម​ វប្បធម៌​ និង​កិច្ចការពារ​បរិស្ថាន​ ក្នុង​បរិបទ​សមាហរណកម្ម​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

    ឯកឧត្តម​ក៏បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​៖“ជា​ផ្លែផ្កា​នៃ​នគរូបនីយកម្ម​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរ​ស្តម្ភ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ជាក់ស្តែង​ទុន​វិនិយោគ​សំណង់​ក្នុង​រយៈពេល​ 10ឆ្នាំ​ គិត​ពីឆ្នាំ2000​ ដល់​ឆ្នាំ2019​ មាន​កំណើន​ 4.3ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ2018​ មាន​5,755លាន​ដុល្លារ​ និង​ក្នុងរយៈពេល​ 4ខែ​ដើមឆ្នាំ​2019​ នេះ​មាន​ 2,742លាន​ដុល្លារ​ គឺ​មាន​កំណើន​67​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។

    ជាមួយគ្នា​នេះ​ក្រសួង​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​ការ​-ផ្តល់​ព័ត៌មាន​ ដោយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ព័ត៌មាន​វិទ្យា​“សំណង់​នៅ​កម្ពុជា​ (Cambodia​ Construction​ App​)” ដើម្បី​លើកកម្ពស់​ព័ត៌មាន​ សាធារណៈ​ ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​សំណង់​អចលន​-ទ្រព្យ​គ្រប់ជ្រុងជ្រោយ​នៅក្នុង APP​ របស់ក្រ​សួង​។

    ឯកឧត្តម​ ប៉ែន​ សុផល​ បាន​បញ្ជាក់​ទៀត​ថា​៖“ការ​រីកចម្រើន​ និង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ កម្ពុជា​បន្ត​ស្ថិតនៅ​លើ​វិថី​ដ៏​ត្រឹមត្រូវ​ មាន​វិបុលភាព​លើ​គ្រប់​វិស័យ​ និង​លើកកម្ពស់​តួនាទី​វិស័យ​ឯកជន​ និង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ប្រដំប្រសង​នឹង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​ដែរ​”៕

  • GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

    GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

    យោង​តាម​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (The​ Garment​ Manufacturers​ Association​ in​ Cambodia​ ឬGMAC​) បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ដែល​ជាស​សរ​ស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​កើន​ឡើ​ងយឺ​តៗ​ ក្នុង​ឆ្នាំ2019​ ធៀប​នឹង​ឆ្នាំ2018​។

    ការ​កើនឡើង​ដ៏​យឺត​នេះ​ ទំនងជា​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការពិនិត្យ​ឡើង​វិញ​នូវ​ស្ថានភាព​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​-but​-arms​ ឬEBA​) របស់​កម្ពុជា​ក៏ដូចជា​ការ​បង្កើន​ប្រាក់ឈ្នួល​អប្បបរមា​របស់​វិស័យ​នេះ​ផង​ដែរ​។

    លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា​ វិ​និ​យោ​គិ​នមួយចំនួន​អាច​ចាប់ផ្តើម​អនុវត្ត​វិធីសាស្ត្រ​តាម​នីតិវិធី​របស់​ខ្លួន​។លោក​បាន​ថ្លែង​ថា​ ឧស្សាហកម្ម​នេះ​នៅតែ​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (foreign​ direct​ investment​ ឬ FDI​) ប៉ុន្តែ​កំណើន​នេះ​បាន​ថយ​ចុះ​។

    លោ​កម៉ូ​នី​កា​មានប្រសាសន៍​ថា​៖“ ជា​ការពិត​យើង​កំពុង​ប្រឈម​នឹង​បញ្ហាផ្ទៃក្នុង​ដ៏​សំខាន់​មួយ​ចំនួន​ ប៉ុន្តែ​មានក​ត្តា​ខាងក្រៅ​មួយចំនួន​ដែល​កំពុង​ជួយ​ប្រទេស​កម្ពុជា​។ ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ គឺជា​ក្តី​ព្រួយបារម្ភ​ទូទាំង​ពិភពលោក​ ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ពេញនិយម​ ដោយសារតែ​រោងចក្រ​ដែល​ត្រូវ​បំផ្លាស់​ប្តូរ​ទី​ចេញពី​ប្រទេស​ចិន​ ដើម្បី​ចៀសវាង​ពី​ការ​បង់​ពន្ធ​”។ លោក​បាន​ថ្លែង​បន្ត​ថា​ កត្តា​ផ្សេងទៀត​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បំផ្លាស់​ទី​ចេញពី​ប្រទេស​ចិន​ គឺ​ការដំឡើង​ប្រាក់ឈ្នួល​ និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​មិន​គ្រប់គ្រាន់​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​មានតម្លៃ​ទាប​ដូចជា​សម្លៀកបំពាក់​ និង​ស្បែកជើង​។ ក្នុងអំឡុងពេល​ 4ខែ​ដំបូង​នៃ​ឆ្នាំនេះ​ រោងចក្រ​ថ្មី​ចំនួន25​ បាន​ចូលរួម​ក្នុង​សមាគម​ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ​ 2018​ ដែល​មាន​ចំនួន​ដល់​ទៅ40​។ ចំនួន​សមាជិក​ដែល​ រួមបញ្ចូល​ទាំង​សហគ្រាស​ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ គឺ​មាន​ជិតដល់​ 600​។ ខណៈ​ពេល​ដែល​វិស័យ​កាត់ដេរ​នៅតែ​ធ្វើ​បាន​ល្អ​ វិស័យ​ស្បែកជើង​ក៏​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​មួយ​នឹង​ការពង្រីក​រោងចក្រ​ក្នុង​ស្រុក​ដែល​មានស្រាប់​ និង​កំពុង​ជ្រើសរើស​ពលករ​បន្ថែម​ទៀត​។

    លោក​បាន​បន្ថែម​ទៀត​ថា​ ការនាំចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ នៅ​ក្រោម​ជំពូក​ 42​ បាន​កើន​ឡើង100​% ក្នុងរយៈពេល​ 2ខែ​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​ ដែល​សរុប​ជា​ទឹកប្រាក់​ មាន​ប្រមាណ​ 111លាន​ដុល្លារ​អាមេរិក​។

    ក្នុងអំឡុងឆ្នាំ2017​ ទំនិញ​ដែល​មានតម្លៃ​ 186​លាន​ដុល្លារ​ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ ខណៈ​នៅ​ឆ្នាំ2018​ តួលេខ​នេះ​បាន​កើនឡើង​ដល់​ 416លាន​ដុល្លារ​។ លោក​ ម៉ូ​នី​កា​ បាន​មានប្រសាសន៍​ថា​ សម្រាប់​ឆ្នាំនេះ​វា​អាច​លើស​ពី​ 600លាន​ដុល្លារ​។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ក្នុង​អំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​នេះ​ថា​ ការ​វិនិយោគ​លើ​ការផលិត​ទំនិញ​សម្ភារ​ធ្វើដំណើរ​នឹង​កើនឡើង​ 2ខ្ទង់​ក្នុង​រយៈពេល​ 2ឆ្នាំខាងមុខ​។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅពេល​ដែល​ការរៀបចំ​គម្រោង​ចម្រុះ​ (The​ Multifibre​ Arrangement​ ឬ MFA​) ត្រូវ​បាន​លុបចោល​ គេ​មានការ​ព្រួយបារម្ភ​ថា​ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​មិន​រួចខ្លួន​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ កាណាដា​ ហុងកុង​ និង​អាមេរិក​ នៅ​តែ​រក្សា​ការទិញ​ពី​កម្ពុជា​ ដោយ​ផ្អែកលើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​របស់​រដ្ឋាភិបាល​ចំពោះ​បទដ្ឋាន​ពលកម្ម​ខ្ពស់​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ការអនុវត្ត​កម្មវិធី​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(Better​ Factories​ Cambodia​ ឬ BFC​)”។

    ជាមួយគ្នា​នេះ​ការងារ​របស់​ក្រុមហ៊ុន​ជាមួយ​អ្នកផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​រួមចំណែក​ដល់​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ 9.5ពាន់​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​។ សព្វថ្ងៃ​នេះ​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ មាន​ចំនួន​ជាង​ 1ភាគ3​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។ វា​តំណាង​ឱ្យ​ពាក់កណ្តាល​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

    បើ​តាម​ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​បញ្ជាក់​ថា​៖“កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ 5 ក្នុង​តំបន់​អាស៊ាន​នៅពេល​មាន​ប្រាក់ខែ​អប្បបរមា​ខ្ពស់​។ នៅក្នុង​ប្រទេស​កម្ពុជា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​បច្ចុប្បន្ន​មានតម្លៃ​ 182ដុល្លារ​ក្នុង​ 1ខែ​”។

    យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ BFC​បាន​បង្ហាញថា​ ចំនួន​កម្មករ​មិនទាន់​គ្រប់​អាយុ​នៅក្នុង​វិស័យ​កាត់ដេរ​បាន​ធ្លាក់ចុះ​ច្រើន​ ពី​ 74ករណី​នៅ​ឆ្នាំ​2014​ ដល់10ករណី​គិត​ត្រឹម​ឆ្នាំមុន​។ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC​) បាន​និយាយ​ថា​វា​នឹង​មិន​អាច​ទៅរួច​ទេ​បើ​គ្មាន​ការចូលរួម​ពី​ក្រសួងការងារ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ក៏ដូចជា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) នោះ​។

    តាម​របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ2018​ កន្លងទៅ​ ការនាំចេញ​សរុប​របស់​កម្ពុជា​ ទៅកាន់​សហភាព​អឺរ៉ុប​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ 4,670លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​សម្លៀកបំពាក់​មាន​ប្រមាណ​ 3,653លាន​ដុល្លារ​អាមេរិក​ ស្បែកជើង​មាន​ប្រមាណ​ 508លាន​ដុល្លារ​អាមេរិក​ អង្ករ​ 177លាន​ដុល្លារ​អាមេរិក​ និង​ទោចក្រយាន​ មាន​ប្រមាណ​ 331លាន​ដុល្លារ​អាមេរិក​។

    គួរ​បញ្ជាក់​ថា​ ការ​ប៉ាន់ស្មាន​របស់​ធនាគារពិភពលោក​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល​ 3ឆ្នាំ​ខាងមុខនេះ​បាន​ព្យាករ​ថា​ កំណើន​នាំចេញ​នឹង​កើន​9%ក្នុង​ឆ្នាំ2019​ កើន​ 8.6​%នៅ​ឆ្នាំ2020​ និង​ 8.1​%នៅ​ឆ្នាំ2021​។ ក្នុង​នោះ​ដែរ​ ធនាគារពិភពលោក​ក៏​បាន​ព្យាករ​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​)រំពឹង​ថា​ នឹង​កើន​ 10.4​%នៅ​ឆ្នាំ2019​ ឆ្នាំ2020រំពឹង​ថា​ កើន​ 9.3​% និង​កើន​ 9.2​% នៅ​ឆ្នាំ2021​៕

  • ការនាំចូល​ប្រេង​ឥន្ធនៈ​កើនឡើង​ 10​% នៅ​ឆ្នាំ2018​

    ការនាំចូល​ប្រេង​ឥន្ធនៈ​កើនឡើង​ 10​% នៅ​ឆ្នាំ2018​

    យោង​តាម​ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំចូល​ផលិតផល​ប្រេង​ចំនួន​ 2.5​ លាន​តោន​នៅ​ឆ្នាំ2018​ ពោល​គឺ​កើនឡើង10​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ឯកឧត្តម​ សុខ​ ខា​វ៉ាន​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​ស្តី​ពី​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​សណ្ឋាគារ​សុខា​ថា​ ប្រេង​ម៉ាស៊ូត​ និង​ប្រេងសាំង​ គឺជា​ផលិតផល​ប្រេង​ដែល​នាំចូល​ច្រើន​បំផុត​មក​ពី​ប្រទេស​សិង្ហបុរី​ ថៃ​ និង​វៀតណាម​។

    ឯកឧត្តម​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ចំនួន​ 15​ ជា​ក្រុមហ៊ុន​នាំចូល​ផលិតផល​ប្រេង​ពី​បរទេស​។ ក្រុមហ៊ុន​ទាំងនេះ​បាន​ចែកចាយ​ផលិតផល​ដល់​អ្នកប្រើ​ប្រាស់​តាមរយៈ​ស្ថានីយ​ប្រេង​សាំង​តូច​ៗចំនួន​ 3,778ទីតាំង​ និង​ស្ថានីយ​ប្រេង​ធំៗ​ចំនួន​ 29ទីតាំងនៅ​ទូទាំង​ប្រទេស​ និង​មាន​ស្ថានីយ​ប្រេងឥន្ធនៈ​ ​;liquefied​ petroleum​ gasLPG​ ចំនួន​ 103ទីតាំង​។

    ឯកឧត្តម​ សុខ​ ខា​វ៉ាន​ បាន​ចង្អុលបង្ហាញ​ថា​៖“រដ្ឋាភិបាល​បាន​បើកចំហ​ទីផ្សារ​ដែល​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ក្នុង​ការ​វិនិយោគ​ ការរុករក​ ការផលិត​ ការ​ចម្រាញ់​ ការនាំចេញ​ ការ​ដឹកជញ្ជូន​ និង​ការចែកចាយ​ប្រេង​ និង​ផលិតផល​ប្រេងកាត​។ ឥឡូវនេះ​សម្រាប់​ខ្សែទឹក​ខាងលើ​ យើង​មាន​ប្លុក​ A ដែល​កំពុង​ស្ថិតនៅ​ក្រោម​ការ​អភិវឌ្ឍ​។ យើង​ក៏​មាន​ប្លុក​ផ្សេងទៀត​ជាច្រើន​ ដែល​ផលិតកម្ម​នឹង​មកដល់​ ដោយ​ស្ថិត​ក្រោម​ការចរចា​ក្នុង​តំបន់​ទាមទារ​ ត្រួតស៊ីគ្នា​”។

    ឯកឧត្តម​ បាន​បន្ថែម​ថា​៖“យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ នៅ​លើ​ឆ្នេរសមុទ្រ​របស់​យើង​ យើង​មាន​ការ​រំពឹង​ទុក​ដ៏​គួរ​ឱ្យ​រំភើប​សម្រាប់​ការស្រាវជ្រាវ​បន្ថែម​។ សកម្មភាព​រុករក​ភាគច្រើន​ គឺ​នៅ​ឈូងសមុទ្រ​ដោយមាន​ជម្រើស​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​មិន​ត្រូវ​បាន​រុករក​”។

    យោង​តាម​ការសិក្សា​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​ និង​អាស៊ី​បូព៌ា​ ឬ ERIA​) (The​ Economic​ Research​ Institute​ for​ Asean​ and​ East​ Asia​) ពីឆ្នាំ2012​ ដល់​ឆ្នាំ2016​ តម្រូវការ​ផលិតផល​ប្រេង​បាន​កើនឡើង​ជាមធ្យម7.2​% ក្នុង​ 1ឆ្នាំ​ ដែល​នេះ​បើ​យោង​តាម​សន្ទស្សន៍​ វា​ជា​អត្រាកំណើន​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ និង​ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក​។

    លោក​ Shigeru​ Kimura​ អ្នក​ផ្តល់​ប្រឹក្សា​របស់​ERIA​ ស្តី​ពី​កិច្ចការ​ថាមពល​បាន​មានប្រសាសន៍​ថា​៖“តម្រូវការ​ប្រេង​នៅ​កម្ពុជា​មាន​ 1.9MTOE​(one​ million​ tonne​ of​ oil​ equivalent​) ​ស្មើនឹង​ 1លាន​តោន​នៅ​ឆ្នាំ2015​ ហើយនឹង​កើនឡើង​ដល់​ 4,8​ MTOE​ នៅ​ត្រឹម​ឆ្នាំ2040​”។លោក​បាន​បន្ត​ថា​ ចាប់ពី​ឆ្នាំ2015​ ដល់​ឆ្នាំ2040​ ឧស្ម័ន​ LPG​ ទំនងជា​ជួបប្រទះ​តម្រូវការ​កើនឡើង​ខ្ពស់​បំផុត​ និង​តាម​ក្រោយ​ដោយ​ប្រេងសាំង​ ប្រេង​ម៉ាស៊ូត​ និង​ប្រេងឥន្ធនៈ​ដទៃទៀត​។

    ប្រទេស​កម្ពុជា​រំពឹង​ថា​ នឹង​កាត់បន្ថយ​ប្រេងឆៅ​ ដំបូង​របស់​ខ្លួន​នៅ​ចុងឆ្នាំ​នេះ​។ ប្រេង​នឹង​ត្រូវ​បាន​គេ​យកចេញ​ពី​អណ្តូង​ប្រេង​អប្សរា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ប្លុក​ A នៃ​អាង​ប្រេង​របស់​ខ្មែរ​នៅ​ឈូងសមុទ្រ​ថៃ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តំបន់​ផលិត​ប្រេង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

    ប៉ុន្តែ​ជា​រឿង​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ ដែល​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេងឆៅ​ តម្លៃ​ 620​ លាន​ដុល្លារ​ត្រូវ​បាន​ពន្យារពេល​។ បើ​តាម​ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា​ ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​កំពុង​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុក​ ខណៈ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ2022​។

    លោក​ កូ​ ស៊ី​ឡា​ អនុប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ប្រេង​ បានឱ្យ​ដឹង​ថា​ ដំណាក់កាល​ដំបូង​នៃ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន​ 365ម៉ែត្រការ៉េ​នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកំពត​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ2019​ នឹង​ត្រូវ​ពន្យារពេល​។

    លោក​បាន​ថ្លែង​ឱ្យ​ដឹង​នៅក្នុង​សន្និសីទ​ស្តី​ពី​វិស័យ​ប្រេង​ និង​ឧស្ម័ន​ថា​ រោងចក្រ​នេះ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ2017​ ដោយដំណើរ​ការ​មាន​ភាពយឺត​យ៉ាវ​។ រោងចក្រ​នេះ​នឹង​ចំណាយ​អស់​ប្រមាណ​ 620លាន​ដុល្លារ​ ហើយនឹង​អាច​ដំណើរការ​ប្រេងឆៅ​បាន​ 3លាន​តោន​ក្នុង​ 1ឆ្នាំ​ ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

    លោក​ស៊ី​ឡា​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“រោងចក្រ​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ប្រេង​ឥន្ទ​នៈ​គីមី​កម្ពុជា​ នឹង​ទំនងជា​ដំណើរការ​ប្រេង​ដែល​បាន​មក​ពី​តំបន់​ប្រេង​អប្សរា​ ដោយ​ត្រូវ​បាន​កំណត់​ថា​ ជា​ទុនបម្រុង​ប្រេង​ដំបូង​គេ​របស់​ប្រទេស​នេះ​។ ប្រសិនបើ​រោងចក្រ​ចម្រាញ់​ប្រេង​មិនទាន់​បញ្ចប់​ នៅពេល​តំបន់​ប្រេង​អប្សរា​ក្លាយជា​ផលិតផល​ដែល​រំពឹង​ថា​ នឹង​កើតឡើង​ក្នុង​ឆ្នាំនេះ​ ប្រេងឆៅ​នឹង​ត្រូវលក់​ចេញទៅ​ក្រៅប្រទេស​។ ប៉ុន្តែ​មិនទាន់​មាន​ផែនការ​នៅឡើយ​ទេ​ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​តភ្ជាប់​តំបន់​អប្សរា​ និង​រោងចក្រ​ចម្រាញ់​ប្រេង​”។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​ជាច្រើន​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ដូចជា​មក​ពី​ប្រទេស​ វៀតណាម​ ប្រទេស​ថៃ​ ប្រទេស​សិង្ហបុរី​ ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​អារ៉ាប់រួម​ សហរដ្ឋអាមេរិក​ ចិន​ កូរ៉េ​ ប្រទេស​អាល្លឺម៉ង់​ ហុងកុង​ ហ្វីលីពីន​ ជប៉ុន​ អូស្ត្រាលី​ អេស្ប៉ាញ​ឥណ្ឌា​ អុី​តា​លី​ ហូ​ឡង់​ តួ​កគី​ ប៉ូឡូញ​ ចក្រភព​អង់គ្លេស​ កាណាដា​ ប្រទេស​អា​រ៉ា​ប៊ី​សា​អូ៊​ឌីត​ និង​ប្រទេស​ប៊ែលហ្ស៊ិ​ក។ ក្នុង​ 1ឆ្នាំ​ កម្ពុជា​នាំចូល​ប្រេង​ឥន្ធនៈ​ប្រមាណ​ជាង​ 2លាន​តោន​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​ 1ពាន់​លាន​ដុល្លារ​អាមេរិក​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 174

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 174

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/05/LRPN_174-Final-For-Web.pdf” force_dl=”1″]

  • ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

    ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

    ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​បំណិន​ជីវិត​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ប្រឹងប្រែង​បណ្តុះបណ្តាល​ចំណេះដឹង​ស្តី​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ចាប់តាំងពី​វ័យ​កុមារ​រហូតដល់​ធំ​ ដើម្បី​ឱ្យ​ពួកគេ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​សង្គម​មានការ​រីកចម្រើន​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ការអប់រំ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ជាពិសេស​កុមារ​ និង​ស្ត្រី​។ ចំពោះ​កុមារ​យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​ពួកគាត់​ឱ្យ​គាត់​មាន​ទម្លាប់​សន្សំ​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ពីក្មេង​ឱ្យ​ហើយ​ នៅពេល​ពួកគាត់​ធំឡើង​ គាត់​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អាច​ចៀស​ផុត​ពី​បញ្ហា​បំណុល​ ឬបញ្ហា​ជាច្រើន​ចំពោះ​ជីវភាព​។ ការអប់រំ​កុមារ​ចាប់ពី​វ័យក្មេង​ មានប្រសិទ្ធភាព​ និង​ពេលវេលា​យូរ​ជាង​មនុស្ស​នៅ​វ័យ​ផ្សេង​ៗទៀត​។ ចំណែក​ឯស្ត្រី​វិញ​ រឹតតែ​សំខាន់​ទៅទៀត​ចំពោះ​ការសិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ព្រោះ​តាមរយៈ​ការសិក្សា​ជាច្រើន​បញ្ជាក់​ថា​ ស្ត្រីជា​អ្នក​ត្រូវការ​ចំណាយ​ច្រើន​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​ ហេតុនេះ​ប្រសិនបើ​ស្ត្រី​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គាត់​នឹងអាច​ជួយ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់​គា​ត់​ឪ្យ​រឹងមាំ​បាន​ ដោយសារ​គាត់​អាច​បែងចែក​ចំណាយ​ និង​ចំណូល​បាន​ល្អ​។

    លោកជំទាវ​ ជា​ សិរី​ មានប្រសាសន៍​ថា​៖ “នៅ​ពេលនេះ​យើង​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី1​ រហូតដល់​ថ្នាក់​ទី12​ ហើយ​យើង​ក៏​សហការ​ជាមួយ​ក្រសួងកិច្ចការនារី​ផង​ដែរ​ ដោយសារ​យើង​គិតថា​បច្ចុប្បន្ន​នេះ​សហគ្រិន​ជា​ស្រ្តី​អាច​មាន​ឧបសគ្គ​មួយចំនួន​ក្នុង​ការ​ទទួល​បាន​សេ​វា​ហិញ្ញវត្ថុ​”។

    គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ 23​ ខែមេសា​ ឆ្នាំ​ 2019​ ធនាគារជាតិនៃកម្ពុជា​ បាន​ប្រារព្ធ​កម្មវិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស​ណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​ យុវជន​និងកីឡា​ និង​ក្រសួងកិច្ចការនារី​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ឱ្យ​ដឹង​ថាតាម​ រយៈ​កិច្ច​ព្រមព្រៀង​នេះ​ក្រសួង​អប់រំ​ នឹង​រៀបចំផែនការ​ដាក់បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​ គេហ​សេដ្ឋកិច្ច​វិទ្យា​ បំណិន​ជីវិត​តាម​មូលដ្ឋាន​ និង​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បង្កើត​ទម្លាប់​សន្សំ​ឱ្យ​បាន​ល្អ​ដល់​សិស្សានុសិស្ស​។

    ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សិស្សានុសិស្ស​ យើង​នឹង​រៀបចំ​ឱ្យ​មាន​លំហាត់​ ចំណោទ​ពី​ការ​គិតលុយ​ ឬនិយាយ​ពី​លុយ​នៅក្នុង​នោះ​។ក្រៅពី​នេះ​នៅក្នុង​អត្ថបទ​អំណាន​ក៏​យើង​នឹង​បង្ហាញ​ឱ្យ​សិស្ស​យល់​ពី​មេរៀន​ និង​ផល​ប៉ះពាល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​លុយ​ ឬខ្ចី​លុយ​គេ​មិន​មាន​ផែនការ​ដែល​នាំ​ឱ្យ​មាន​វិបត្តិ​បំណុល​វណ្ឌ​កផង​ដែរ​។ ជា​រួម​យើង​នឹង​ធ្វើការ​រៀបចំ​កម្មវិធី​អប់រំ​ ដោយ​បង្កប់​អត្ថន័យ​អប់រំ​នៅក្នុង​នោះ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ចេះ​រៀបចំផែនការ​ហិរញ្ញវត្ថុ​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​”។

    ឯកឧត្តម​ អុឹម​ កុច​ បាន​លើកឡើង​ផង​ដែរ​ថា​ក្រសួង​អប់រំ​នឹង​រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បណ្តុះបណ្តាល​ពី​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ច្នៃប្រឌិត​សម្រាប់​កុមា​រតូចៗ​ឱ្យ​ចូលចិត្ត​រៀន​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ម្យ៉ាងវិញទៀត​ នៅពេល​ពួកគេ​ធំឡើង​ គេ​ក៏អាច​នឹង​បង្កើត​ទម្លាប់​ល្អ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មនុស្សជា​ច្រើន​ និង​បន្ត​បន្តា​ប់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​។ នៅពេល​ប្រជាជន​ម្នា​ក់ៗ​មាន​ជីវភាព​ប្រសើរ​ឡើង​ នោះ​សេដ្ឋកិច្ច​សង្គម​ ក៏​នឹង​ល្អ​ទៅតាម​នោះ​ដែរ​។

    លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី​បាន​លើកឡើង​ថា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​ ព្រោះ​បើ​ទោះបី​វា​មិនមែន​ជា​មធ្យោបាយ​តែមួយគត់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ និង​ជីវភាពរស់នៅ​របស់​ស្ត្រី​ក៏ដោយ​ តែ​ជា​ចំណែក​សំខាន់​ ឬជា​ចំណុច​ចម្បង​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទាំង​ផ្នែក​អាជីវកម្ម​ និង​ការរស់នៅ​ប្រចាំថ្ងៃ​។

    លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ បាន​មានប្រសាសន៍​ថា​៖ “ការ​ដាក់បញ្ចូល​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​នេះ​ នឹងអាច​ធ្វើ​ឱ្យ​ស្ត្រី​នៅ​តាម​សហគមន៍​ និង​បណ្តាញ​ស្ត្រី​របស់ក្រ​សួង​កិច្ចការ​នារី​មានការ​យល់ដឹង​កាន់តែ​ច្រើន​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​មាន​មធ្យោបាយ​ល្អ​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការប្រើ​ប្រាស់​ឥណទាន​ត្រឹមត្រូវ​”។

    លោកជំទាវ​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ តាមរយៈ​គម្រោង​នេះ​ស្ត្រី​កម្ពុជា​នឹង​ទទួល​បានការ​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​ព្រោះ​នៅពេល​ដែល​ស្ត្រី​មាន​លទ្ធភាព​ និង​សមត្ថភាព​កាន់​ខ្លាំង​ គាត់​នឹង​កាន់តែ​មាន​ភាព​សកម្ម​ក្នុង​តួនាទី​រក​ប្រាក់ចំណូល​ដែល​នាំ​ឱ្យ​មាន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ ដែល​នាំ​ឱ្យ​គាត់​មាន​ឥទ្ធិពល​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​សុខុមាលភាព​របស់​ពួកគេ​ និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​៕

  • របត់​ចុងក្រោយ​នៃ​អុីន​ធើ​ណិ​តនឹង​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ពិភពលោក​?

    របត់​ចុងក្រោយ​នៃ​អុីន​ធើ​ណិ​តនឹង​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ពិភពលោក​?

    បច្ចុប្បន្ន​នេះ​ មនុស្ស​ចាប់ផ្តើម​ឈាន​មួយ​ជំហាន​ថ្មីទៀត​ពី​ការ​ទំនាក់ទំនង​រវាង​មនុស្ស​ និង​មនុស្ស​ ទៅ​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ និង​ម៉ាស៊ីន​ ព្រោះ​ការងារ​ជាច្រើន​ម៉ាស៊ីន​អាច​ឆ្លើយឆ្លង​ ឬផ្តល់​ព័ត៌មាន​បាន​យ៉ាង​លម្អិត​។

    ថ្វី​ដ្បិតតែ​ការងារ​ខ្លះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​ ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​របស់​មនុស្ស​នៅពេល​ដែល​គ្រប់យ៉ាង​ក្លាយជា​ស្វ័យប្រវត្តិ​ក៏ដោយ​ តែ​ចរន្ត​ថ្មី​នៃ​អុីន​ធើ​ណិ​ត (Internet​ of​ things​) ក៏អាច​ផ្តល់​ផល​វិជ្ជមាន​ និង​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​ការរស់នៅ​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​បង្ហាញ​ថា​ ពិភពលោក​នឹង​មានការ​ប្រែប្រួល​ ហើយ​អុិន​ធើ​ណិ​តនឹង​អភិវឌ្ឍ​ការរស់នៅ​របស់​មនុស្ស​នា​ថ្ងៃ​អនាគត​ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ហួសពី​ការ​រំពឹង​ទុក​។

    1. ទីក្រុង​ឆ្លាតវៃ​
    តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ បាន​ឱ្យ​ដឹង​ថា​ ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ បាន​កើនឡើង​ពី​ចំនួន​ 34​% នៅ​ទសវត្សរ៍​ឆ្នាំ1960​ ទៅជា​ 66​%នា​ពេល​បច្ចុប្បន្ន​។ ទីក្រុង​បាន​ក្លាយជា​កន្លែង​ប្រណីត​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ តែ​វា​ក៏​ជា​កន្លែង​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។ ហេតុនេះ​ហើយ​ទើប​មនុស្ស​ចាំបាច់​ត្រូវ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ផល​ប៉ះពាល់​នៅក្នុង​ទីក្រុង​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ធ្វើ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​។

    ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ គ្រប់​ទីកន្លែង​សុទ្ធតែ​មាន​ប្រព័ន្ធ​អុីន​ធើ​ណិ​ត ហេតុនេះ​ទីក្រុង​នានា​នឹង​ត្រូវ​គេ​ចាប់ផ្តើម​ធ្វើ​វា​ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​។ទីក្រុង​ឆ្លាតវៃ​នេះ​ ជាទី​ក្រុង​ដែលគេ​ដាក់​ឱ្យ​បច្ចេកវិទ្យា​ជា​អ្នកធ្វើការ​ងារ​ជាច្រើន​ឱ្យ​បាន​ឆាប់រហ័ស​ ចំណេញ​ពេលវេលា​ កាត់បន្ថយ​ការ​ចំណាយ​ និង​ធនធាន​ជា​ច្រើន​ផ្សេងទៀត​ ដូចជា​ប្រើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ឆ្លាតវៃ​ ប្រើប្រាស់​អំពូលភ្លើង​ឆ្លាតវៃ​ដើម្បី​សន្សំ​អគ្គិសនី​ ការរៀបចំ​ចំណត​យានយន្ត​ឆ្លាតវៃ​ដើម្បី​កាត់បន្ថយ​ការ​ខ្ជះ​-ខ្ជាយ​ទីធ្លា​ ជាដើម​។ ការកាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​ការ​បំពុល​បរិយាកាស​កាន់តែ​ថយ​ចុះ​ហើយ​គុណភាព​នៃ​ការរស់នៅ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

    2. ជួយ​ឱ្យ​ខ្យល់​ និង​ទឹក​ស្អាត​ជាង​មុន​
    ការប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ​ណិ​តបែប​ថ្មីនេះ ​(Internet​ of​ things​) អាច​ជួយ​អភិវឌ្ឍ​ផ្នែក​សុខភាព​សាធារណៈ​បាន​។ យោង​តាម​ការ​សិក្សា​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ខ្យល់ពុល​ និង​ទឹក​មិន​ស្អាត​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ 9លាន​នាក់​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ2015​។ ទីក្រុង​បច្ចុប្បន្ន​ពោរពេញ​ដោយ​ការ​បំពុល​ ព្រោះ​កំណើន​នៃ​រោងចក្រ​ឧស្សាហកម្ម​ និង​យានយន្ត​ ហេតុនេះ​នៅក្នុង​ទី​ក្រុង​ធំៗ​មួយចំនួន​ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ទាំងអស់​នោះ​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ (sensor​) ដើម្បី​ប្រាប់​ព័ត៌មាន​ដល់កន្លែង​ស្នាក់នៅ​របស់​ប្រជាជន​នៅពេល​កម្រិត​នៃ​ការ​បំពុល​ពី​អាកាសធាតុ​បាន​កើនឡើង​ខ្ពស់​។

    នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ទី​ក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស​ គេ​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​នៅក្នុង​ទូរស័ព្ទ​ស្មា​តហ្វូ​នដើម្បី​បង្ហាញ​ដល់​ប្រជាជន​ឱ្យ​បានដឹង​ពី​បញ្ហា​ជាតិពុល​ក្នុង​បរិយាកាស​។ នេះ​ជា​ចំណុច​ល្អ​មួយ​ដែល​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​មនុស្ស​។

    3.កសិកម្ម​កាន់តែ​ឆ្លាតវៃ
    ​ទោះជា​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ដើរ​ដល់ណា​ក៏ដោយ​ កសិកម្ម​នៅតែ​ជា​ចំណុច​ដែល​ត្រូវ​គិតគូរ​ដដែល​ព្រោះ​មនុស្ស​អាច​មិន​ប្រើប្រាស់​ឧបករណ៍​ទំនើប​បាន​ តែ​មិន​អាច​អត់អាហារ​បាន​នោះ​ទេ​។ ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ ថ្វី​ដ្បិតតែ​អាច​ផ្គត់ផ្គង់​តម្រូវការ​មនុស្ស​បានតែ​វា​ក៏​នៅ​មិនទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​នៅឡើយ​សម្រាប់​មនុស្ស​ ព្រោះ​កសិកម្ម​ប្រពៃណី​មាន​ចំណុច​ខាតបង់​ច្រើន​ដែល​អ្នក​ដាំដុះ​អាច​កាត់បន្ថយ​បាន​។ឭ

    ការ​ដាំដុះ​បែប​ថ្មី​ គឺ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ត្រួតពិនិត្យ​ពី​កម្រិត​នៃ​ការ​ដាំដុះ​ដែល​អាច​ធ្វើ​ឱ្យ​ចំនួន​ខូច​នៃ​គ្រាប់ធញ្ញជាតិ​កាត់បន្ថយ​បាន​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​ចំណេញ​ធនធាន​ផង​ដែរ​ ខណៈ​បរិមាណ​ទឹក​ និង​ជី​ត្រូវ​បាន​គេ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ឱ្យ​មាន​តុល្យភាព​តាមរយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​។ តាមរយៈ​ការប្រើ​ប្រាស់​ Internet​ of​ things​ ទិន្នន័យ​កសិកម្ម​នឹងអាច​ចំណេញ​ច្រើន​ព្រោះ​កសិករ​ធ្វើ​តិច​ តែ​ទទួល​បានផល​ច្រើន​៕