Author: ធឿន មករា

  • ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ អង់គ្លេស​គ្រោង​ដាំ​ដើមឈើ​ 1លាន​ដើម​ដល់​ឆ្នាំ2022​

    ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ អង់គ្លេស​គ្រោង​ដាំ​ដើមឈើ​ 1លាន​ដើម​ដល់​ឆ្នាំ2022​

    បញ្ហា​ផល​ប៉ះពាល់​បរិស្ថាន​ និង​ការ​បំពុល​បរិយាកាស​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​សម្រាប់​ពិភពលោក​។ ថ្មី​ៗនេះ​ប្រទេស​ធំៗ​ បាន​ប្រជុំ​គ្នា​ក្នុង​ការ​ធ្វើ​យ៉ាងណា​ទម្លាក់​ខ្ទង់ចំណាយ​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​សកល​ ស្រប​ពេល​ដែល​ប្រទេស​នី​មួយ​ៗក៏​កំពុង​ចាប់ផ្តើម​រៀបចំ​ទីក្រុង​ និង​តំបន់​របស់​ខ្លួន​ឱ្យ​ប្រសើរ​ឡើង​តាមរយៈ​យន្តការ​នៃ​ការ​ស្តារ​ឡើងវិញ​ឬប្រើប្រាស់​វិធី​ឆ្លាតវៃ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​។

    ស្រប​ពេល​ជាមួយគ្នា​នេះ​ អង់គ្លេស​គ្រោង​នឹង​ដាំ​ដើមឈើ​ឱ្យ​បាន​ 1លាន​ដើម​ នៅ​តាម​តំបន់​សំ​ខាន់​ៗរហូតដល់​ឆ្នាំ2022​ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ចេញ​ផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។ យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ ការ​ដាំ​ដើមឈើ​នៅក្នុង​ទីក្រុង​ និង​តំបន់​ប្រជុំជន​ អាច​ជួយ​ទប់ស្កាត់​បញ្ហា​បម្រែ​ប្រួល​អាកាសធាតុ​បាន​យ៉ាង​ល្អ​ ព្រោះ​វា​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​ និង​កាត់បន្ថយ​ជាតិ​ពុល​ចេញពី​យានយន្ត​ និង​រោងចក្រ​ឧស្សាហកម្ម​ជាដើម​។ ក្រៅពី​នេះ​ដើមឈើ​ទាំងអស់​នេះ​ក៏អាច​បង្កើត​ភាព​ស្រស់បំព្រង​ដល់​ការរស់នៅ​របស់​ប្រជាជន​នៅ​តាម​តំបន់​ទាំងអស់​នោះ​ផង​ដែរ​។

    បញ្ហា​សំខាន់​មួយផ្សេងទៀត​ដែល​ដើមឈើ​អាច​ដោះស្រាយ​បាន​ គឺ​ការ​បន្ថយ​កម្តៅ​នៅក្នុង​ទីក្រុង​ ព្រោះ​បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ឡើង​កម្តៅ​។ ថ្វី​ដ្បិតតែ​មនុស្ស​ត្រូវ​ធ្វើការងារ​នៅ​ក្នុង​អគារ​មាន​ម៉ាស៊ីន​ត្រជាក់​ក៏ដោយ​ក្តី​ តែ​មនុស្ស​ក៏​មិន​អាច​ថា​មិន​ចេញក្រៅ​បាន​នោះ​ដែរ​។ ហេតុនេះ​ការ​ដាំ​ដើមឈើ​អាច​កាត់បន្ថយ​កម្តៅ​ និង​ការ​ចំណាយ​មិន​ចាំបាច់​នានា​ជុំវិញ​បញ្ហា​កម្តៅ​នៅក្នុង​ទីក្រុង​បាន​។

    ស្រប​ជាមួយគ្នា​នេះ​ដែរ​ ការ​ធ្វើបែប​នេះ​ ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​មនុស្សជា​មួយ​ធម្មជាតិ​បាន​ល្អ​ផង​ដែរ​ ខណៈ​ទីក្រុង​ជាច្រើន​លើ​ពិភពលោក​កំពុងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្កើត​ភាព​បៃតង​ហើយ​ធ្វើ​ឱ្យ​មនុស្ស​អាច​រីករាយ​បាន​ជាមួយនឹង​ធម្មជាតិ​ ជាពិសេស​នៅ​តាម​សួន​សាធារណៈ​។

    សកម្មភាព​បែបនេះ​មិនមែន​ធ្វើ​តែ​នៅ​អង់គ្លេស​ប៉ុណ្ណោះទេ​ តែបើ​តាម​របាយការណ៍​បាន​បង្ហាញថា​ ទីក្រុង​សេអ៊ូល​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​កំពុងតែ​ដាំ​ដើម​ឈើ​បន្ថែម​ប្រមាណ​ 2,000ដើម​ផង​ដែរ​នៅក្នុង​ទីក្រុង​។ ចំណែក​ឯនៅ​ទីក្រុង​ Melbourne​ នៃ​ប្រទេស​អូស្ត្រាលី​វិញ​ ក៏​មាន​គម្រោង​បង្កើន​ចំនួន​ដើមឈើ​ឱ្យ​បាន​ទ្វេដង​នៅក្នុង​ឆ្នាំ2040ផង​ដែរ​។

    គម្រោង​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន1លាន​ដើម​នៅក្នុង​ប្រទេស​អង់គ្លេស​នេះ​ ត្រូវ​បាន​គេ​ជឿជាក់​ថា​អាច​នឹង​សម្រេច​គោលដៅ​កាត់បន្ថយ​កាបូន​អាក្រក់​ឱ្យ​អស់ពី​ប្រទេស​អង់គ្លេស​នៅក្នុង​ឆ្នាំ2050​ ដែល​អាច​ជួយ​ទាំង​ពិភពលោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ និង​ជួយ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ឱ្យ​រួចផុត​ពី​ការ​គំរាមកំហែង​បាន​យ៉ាង​ល្អ​ផង​ដែរ​៕

  • ប្រតិបត្តិ​ករ​បណ្តាញ​ទូរស័ព្ទ​សំ​ខាន់​ៗសាកល្បង​បណ្តាញ​ 5G​ នៅ​ឆ្នាំនេះ​

    ប្រតិបត្តិ​ករ​បណ្តាញ​ទូរស័ព្ទ​សំ​ខាន់​ៗសាកល្បង​បណ្តាញ​ 5G​ នៅ​ឆ្នាំនេះ​

    បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ប្រតិបត្តិ​ករ​បណ្តាញ​ទូរស័ព្ទចល័ត​ធំ​ ៗ ចំនួន3​ មាន​គម្រោង​ដាក់ចេញ​បណ្តាញ​ 5G​ ក្នុង​ការ​-សាកល្បង​នៅ​ឆ្នាំនេះ​។ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Huawei​ កាលពី​ខែមុន​លើ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ 5G​។

    លោក​ អុីម​ វុត្ថា​ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (The​ Telecommunications​ Regulator​ of​ Cambo​ dia​ TRC​) បាន​ថ្លែង​ថា​ ក្រុមហ៊ុន​ Smart​ Axiata​ ក្រុមហ៊ុន​ Cellcard​ និង​ Metfone​ មានបំណង​អនុវត្ត​ការសាកល្បង​ 5G​ នៅ​ឆមាស​ទី2​ នៃ​ឆ្នាំនេះ​។

    ក្រុមហ៊ុន​ Smart​ Axiata​ បាន​ស្នើសុំ​ការអនុញ្ញាត​បើក​ដំណើរការ​បណ្តាញ​សាកល្បង​ 5G​ រួចហើយ​។លោក​បាន​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ Cellcard​ និងMetfone​ ក៏បាន​សម្តែង​នូវ​បំណង​ចង់បើ​កដំ​-ណើរ​ការ​បណ្តាញ​ 5G​ នៅ​ឆមាស​ទី2​ នៃ​ឆ្នាំនេះ​ដែរ​ ដោយ​ការសាកល្បង​នឹង​មាន​រយៈពេល​ប្រហែល​ 6ខែ​”។

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Cellcard​ លោក​ Ian​ Watson​ បាន​និយាយ​ថា​ ក្រុម​ ហ៊ុន​ របស់​លោក​នឹង​បើក​ដំណើរការ​បណ្តាញ​ 5G​ ដំបូង​របស់​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ចុងក្រោយ​ នៃ​ឆ្នាំនេះ​។ នេះ​មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​សែល​កាត​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​ក៏​ជាស​មិទ្ធ​ផល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​អាច​ឈរ​ជា​មោទនភាព​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ ដូចជា​កូរ៉េ​ខាងត្បូង​ ចិន​ និង​សិង្ហបុរី​ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​បច្ចេកវិទ្យា​ 5G​។

    កាលពី​ខែមុន​ក្រុមហ៊ុន​ Huawei​ របស់​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ដែល​បាន​សន្យា​ជួយ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ5G​ ដោយ​រំពឹង​ថា​ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​។

    ឯកឧត្តម​ សុខ​ ពុទ្ធី​វុធ​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​លើកឡើង​ថា​ ដូច​បណ្តា​សេវា​រដ្ឋាភិបាល​ និង​សេវា​ឯកជន​ជាច្រើន​បាន​ប្រើប្រាស់​ការ​ទូទាត់​ការ​ចំណាយ​ និង​ដំណើរការ​ទិន្នន័យ​តាម​អន​ឡាញ​ ប្រទេស​កម្ពុជា​ក៏បាន​ផ្លាស់​ប្តូរ​ជាបន្ទាន់​ទៅ​ក្នុង​ទីផ្សារ​សម្រាប់​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ទី5​ (5G​) ព្រោះ5G​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​ធំ​ទូលាយ​ នៃ​អនាគត​ទីក្រុង​ឆ្លាតវៃ​ ពោរពេញ​ទៅ​ដោយ​លំនៅឋាន​ និង​ការិយាល័យ​ឆ្លាត​-វៃ​ ដែល​ត្រូវ​បាន​តភ្ជាប់​ជាមួយនឹង​ឧប​ករណ៍​អុីន​ធើ​ណិ​ត។

    ការ​ថ្លែង​ខាងលើ​នេះ​ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ “កិច្ចប្រជុំ​ស្តី​ពី​ 5G​ &​; Fintech​ ប្រចាំឆ្នាំ​2019​” សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​កិច្ចប្រជុំ​ស្តី​ពី​ 5G​ &​; Fintech​ ប្រចាំឆ្នាំ2019​។

    លោក​បាន​បន្ត​ទៀត​ថា​ យោង​តាម​ស្មារតី​នេះ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រុមហ៊ុន​ Huawei​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ស្តី​ពី​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​មុនគេ​រួមគ្នា​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី5​ (5G​) នៅ​ពេល​ថ្មី​ៗនេះ​ ហើយ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទី1​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ 5G​ មុនគេ​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ IDG​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ 5G​ &​; Fintech​ ប្រចាំ​ឆ្នាំ2019​ ដោយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី27​-28​ ខែមិថុនា​ ឆ្នាំ2019​ ខាងមុខ​៕

  • រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​កំពុង​ពិភាក្សា​លើ​គម្រោង​ប្លង់​មេ​ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​

    រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​កំពុង​ពិភាក្សា​លើ​គម្រោង​ប្លង់​មេ​ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​

    សេចក្ដីព្រាង​ប្លង់​មេ​ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះ​-សីហនុ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ចូល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ អាច​នឹង​ត្រូវ​ដាក់​ឆ្លង​គណៈរដ្ឋ​មន្ត្រី​ដើម្បី​សម្រេច​នា​ពេល​ឆាប់​ៗខាងមុខនេះ​ ខណៈ​អ្នកជំនាញ​កម្ពុជា​-ចិន​បាន​និង​កំពុង​ពិភាក្សា​លើ​សេចក្ដីព្រាង​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។

    ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ នឹង​ប្រតិភូ​វិទ្យាស្ថាន​គំរូ​ប្លង់​ និង​នគរ​រូប​នី​យក​ម្ម​នៃ​ទីក្រុង​ Shenzhen​ ប្រទេស​ចិន​ ដឹកនាំ​ដោយ​លោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ Sima​) នា​ពេល​ថ្មី​ៗនេះ​ លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​សិប្បកម្ម​មាន​ជំនឿ​ថា​ គំរូ​ប្លង់​មេ​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​នៃ​ទីក្រុង​ Shenzhen​ នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស៊ីវិល័យ​ ការពារ​បាន​នូវ​កម្រិត​បរិស្ថាន​ខ្ពស់​ និង​ជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ និង​តំបន់​ឧស្សាហកម្ម​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​។

    ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី21​ ខែ​ ឧសភា​ ឆ្នាំ​2019​ នេះ​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ មានប្រសាសន៍​ថា​៖ “នៅពេល​ដែល​សេចក្ដីព្រាង​ប្លង់​មេនេះ​លេចចេញ​ជារូបរាង​ហើយ​ យើង​នឹង​យក​មក​ដាក់​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ មុននឹង​ដាក់​ឆ្លង​ទៅ​គណៈរដ្ឋ​មន្ត្រី​សម្រេច​”។

    លោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ Sima​ )ប្រធាន​ប្រតិភូ​វិទ្យាស្ថាន​គំរូ​ប្លង់​ និង​នគរូបនីយកម្ម​នៃ​ទីក្រុង​ Shenzhen​ ប្រទេស​ចិន​បានដឹង​ថា​ ក្រុមការងារ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​របស់​លោក​បាន​មក​សិក្សា​លើក​ទី1​ ម្តង​រួចមក​ហើយ​ កាលពី​ខែមីនា​កន្លងទៅ​ ដោយ​បាន​មើលឃើញ​នូវ​ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​របស់​កម្ពុជា​ គួរ​ជាទី​ចាប់អារម្មណ៍​សម្រាប់​ការ​វិនិយោគ​ និង​បង្កើត​សួន​ឧស្សាហកម្ម​។

    លោក​ ស៊ី​ម៉ា​ បាន​បញ្ជាក់​ថា​៖ “វិទ្យាស្ថាន​របស់​លោក​នឹង​យក​បទ​ពិសោធ​ជោគជ័យ​ និង​ដំណោះ​ស្រាយ​ឈ្នះ​ៗ ដែល​ធ្លាប់​បាន​អភិវឌ្ឍ​នៅ​ទីក្រុង​ Shenzhen​ មក​អភិវឌ្ឍ​នៅ​កម្ពុជា​ ដោយ​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ពីឆ្នាំ2015​ ដល់​ឆ្នាំ2025​”។

    គួរ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ “គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ2015​-2025​” ដើម្បី​ដឹកនាំ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​ផ្តល់​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ និង​ក្របខ័ណ្ឌ​រួម​ដើម្បី​ចាត់វិធានការ​សម្របសម្រួល​ដោយ​ឈរ​លើ​គោលដៅ​រួម​ និង​ការទទួលខុសត្រូវ​ច្បាស់លាស់​។

    គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ មាន​គោលបំណង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជំរុញ​ការប្រកួត​ប្រជែង​ និង​លើកកម្ពស់​ផលិតភាព​ដោយ​ផ្ដោត​លើ​គោលដៅ3​ : ទី1​ បង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ និង​ផលិតកម្ម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​។ ទី2​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​លើស​ពី​សម្លៀកបំពាក់​ និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​ និង​ទី3​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​)។

    ម្យ៉ាងវិញទៀត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ បាន​បង្ហាញ​ទិសដៅ​មួយ​ថា​ ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​កំពង់ផែ​ទឹកជ្រៅ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ផ្លូវ​ហាយ​វេយ៍​ទៅកាន់​ទីក្រុង​ភ្នំពេញ​ និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅជា​ទិសដៅ​សំខាន់​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​វិនិយោគ​អន្តរជាតិ​។

    រដ្ឋាភិបាល​បាន​រៀបចំផែនការ​មេ​សម្រាប់​ការ​-អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ដែល​នឹង​ប្រែក្លាយ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទៅជា​ “តំបន់​សេដ្ឋកិច្ច​ពិសេស​” ដើម្បី​ប្រមូល​ផ្តុំ​ធនធាន​នៃ​ពាណិជ្ជកម្ម​ និង​ការ​វិ​និ​-យោគ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ដើម្បី​ក្លាយជា​បង្គោល​សេដ្ឋកិច្ច​ដ៏​សំខាន់​”៕

  • ក្រសួង​កសិកម្ម​ នឹង​ចុះ​វាយតម្លៃ​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ស្រុក​ចំនួន​ 40កន្លែង​បន្ថែម​ទៀត​សម្រាប់​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​

    ក្រសួង​កសិកម្ម​ នឹង​ចុះ​វាយតម្លៃ​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ស្រុក​ចំនួន​ 40កន្លែង​បន្ថែម​ទៀត​សម្រាប់​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​

    ឆ្លើយតប​តាម​សំណើ​របស់​ភាគី​ចិន​ ក្រសួង​កសិកម្ម​នឹង​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុង​ស្រុក​ នឹង​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​សក្តា​នុ​ពល​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នា​ពេល​ឆាប់​ៗខាងមុខនេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​។

    លោក​ ងិន​ ឆាយ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ចុងខែ​ឧសភា​ថា​ ក្រសួង​កសិកម្ម​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ថ្មី​នៅ​លើ​ក្រុមហ៊ុន​ចំនួន40​ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​អ្នកផ្គត់ផ្គង់​អង្ករ​ទៅកាន់​ប្រទេស​ចិន​នា​ពេល​ខាងមុខនេះ​។

    លោក​ ងិន​ ឆាយ​ បាន​ថ្លែង​ថា​៖“ប្រទេស​ចិន​បាន​ស្នើ​ឱ្យ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ធ្វើការ​វាយតម្លៃ​គុណភាព​លើ​រោងម៉ាស៊ីន​កិនស្រូវ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​អ្នកផ្គត់ផ្គង់​អង្ករ​ដែល​មាន​សក្តា​នុ​ពល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​”។ លោក​បន្ត​ទៀត​ថា​៖“ប្រទេស​ចិន​នឹង​ទទួលយក​តែ​រោងម៉ាស៊ីន​កិនស្រូវ​ និង​អ្នកនាំ​ចេញ​ណា​ ដែល​អាច​នាំចេញ​ក្នុង​បរិមាណ​ធំ​ទៅកាន់​ប្រទេស​ចិន​តែប៉ុណ្ណោះ​”។

    លោក​បន្ថែម​ថា​ មន្ត្រី​ពី​ក្រសួង​កសិកម្ម​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ក្នុង​ពេល​ឆាប់​ៗនេះ​ទៅលើ​រោងម៉ាស៊ីន​ចំនួន40​ ដែល​ក្រសួង​កសិកម្ម​បាន​ផ្ញើ​ទៅ​ចិន​ជា​លើក​ទី2​។ លោក​ថា​ ពេល​នេះ​ក្រសួង​នឹង​ផ្តោត​ទៅលើ​តំបន់​ និង​ទីតាំង​ណា​ដែល​ក្រុមហ៊ុន​អ្នកផ្គត់ផ្គង់​អង្ករ​ និង​អ្នក​កែច្នៃ​អង្ករ​អាច​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ចិន​បានតែ​ប៉ុណ្ណោះ​។

    គួរ​បញ្ជាក់​ដែរ​ថា​ កាលពីដើម​ឆ្នាំ2019​ នេះ​ ប្រទេស​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ប្រមាណ​ 100,000តោន​បន្ថែម​ទៀត​ដែល​សរុប​ទាំង​អស់​ គឺ​កម្ពុជា​អាច​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​ប្រមាណ​ 400,000តោន​ក្នុង​ឆ្នាំនេះ​រហូតដល់​ចុង​ឆ្នាំ2020​។

    បច្ចុប្បន្ន​ ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដែល​នឹង​នាំចេញ​អង្ករ​ពី​កម្ពុជា​ចំនួន​ 26ក្រុមហ៊ុន​ ប៉ុន្តែ​ក្នុង​ចំណោម​ 26ក្រុមហ៊ុន​នេះ​ មាន​ក្រុមហ៊ុន​ 9 មិនទាន់​អាច​បំពេញ​កាតព្វកិច្ច​នាំចេញ​អង្ករ​ទៅ​ចិន​បាន​នៅឡើយ​ទេ​។

    លោក​ ហ៊ុន​ ឡាក់​ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ឆាប់​ៗនេះ​។ លោក​ឡាក់​បាន​មាន​ប្រសាសន៍​ថា​៖“ជាមួយនឹង​ការ​ត្រួតពិនិត្យ​ទាំងនេះ​ យើង​ចង់​ធានា​ថា​ រោងម៉ាស៊ីន​កិនស្រូវ​ដែល​ជាប់​ឈ្មោះ​ទាំងអស់​អាច​បំពេញ​តម្រូវការ​របស់​ទីផ្សារ​ចិន​បាន​។ យើង​មិន​ចង់ឱ្យ​មាន​ក្រុម​ហ៊ុន​តូច​ៗដែល​ជាប់​ហើយ​មិន​អាច​នាំចេញ​អង្ករ​បាន​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អង្ករ​របស់​ខ្មែរយើង​”។

    បើ​យោង​តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ​ ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​បញ្ជី​ដែល​មិនបាន​ឆ្លើយតប​នឹង​តម្រូវការ​ប្រទេស​ចិន​ក្នុង​ការនាំចេញ​នោះ​ គឺ​ដោយសារតែ​ពួកគេ​មាន​បញ្ហា​ប្រឈម​ទៅលើ​ឃ្លាំង​ស្តុក​ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ​ជាដើម​។ លោក​បញ្ជាក់​ថា​ ដើម្បី​បំពេញ​តាម​កូតា​របស់​ប្រទេស​ចិន​ ប្រទេស​កម្ពុជា​ត្រូវការ​ក្រុមហ៊ុននាំចេញ​អង្ករ​យ៉ាងហោចណាស់​ពី​ 40​ ទៅ​ 50ក្រុមហ៊ុន​បន្ថែម​ទៀត​។

    គួរ​បញ្ជាក់​ដែរ​ថា​ នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ​ 75,214តោន​ទៅ​កាន់​ ប្រទេស​ចិន​ដែល​បាន​កើនឡើង​ប្រមាណ​ 59​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

  • សាល​ពិព័រណ៍​អំបិល​នៅ​ខេត្តកំពត​ ហាក់​មិនសូវ​ទាក់ទាញ​អ្នកទេសចរ​ ខណៈ​រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ​ឱ្យ​រៀបចំ​ស្រែអំបិល​ឱ្យ​បាន​ល្អ​

    សាល​ពិព័រណ៍​អំបិល​នៅ​ខេត្តកំពត​ ហាក់​មិនសូវ​ទាក់ទាញ​អ្នកទេសចរ​ ខណៈ​រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ​ឱ្យ​រៀបចំ​ស្រែអំបិល​ឱ្យ​បាន​ល្អ​

    ក្រសួងទេសចរណ៍​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​វាលស្រែ​អំបិល​ឱ្យ​បាន​ល្អ​ សម្រាប់​អ្នកទេសចរ​ស្វែង​-យល់​ និង​ទស្សនា​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ថា​ ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ដែល​រួមមាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​យ៉ាងច្រើន​សម្បូរ​បែប​ និង​មាន​តំបន់​កសិ​-ទេសចរណ៍​ទៀតផង​។

    ឯកឧត្ដម​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​៖“មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ឱ្យ​បាន​ទូលំទូលាយ​ចាប់ពី​ពេលនេះ​ទៅ​ ដូចជា​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ រមណីយ​ដ្ឋាន​កសិ​-ទេសចរណ៍​ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ​ រមណីយដ្ឋាន​ភ្នំបូកគោ​ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង​ ឬហៅ​ថា​ កាឡាក់ស៊ី​ មី​គី​ វេយ៍​ នៅ​លើ​ភ្នំបូកគោ​ និង​ត្រូវ​រៀបចំ​វាលស្រែ​អំបិល​ឱ្យ​បាន​ល្អ​ ទុក​សម្រាប់​អ្នកទេសចរ​ស្វែងយល់​ និង​ទស្សនា​”។

    លោក​ សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ស្រែអំបិល​ និង​ការផលិត​អំបិល​មាន​ច្រើន​ ប៉ុន្តែ​ដោយសារ​វិសាលភាព​នៃ​ស្រែអំបិល​មាន​ទំហំ​ធំ​ ទើប​មន្ទីរ​ទេសចរណ៍​ខេត្ត​មិនបាន​គណនា​ចំនួន​ឱ្យ​បាន​ជាក់លាក់​។ លោក​បន្ត​ថា​ ស្រែអំបិល​មាន​ទំហំ​ជាង​ 4ពាន់​ហិ​កតា​ ដែល​គ្រប​ដណ្តប់​លើ​ខេត្ត​កែប​ និង​កំពត​ម្យ៉ាងទៀត​អ្នកទេសចរ​ភាគច្រើន​ធ្វើដំណើរ​ទៅ​ទស្សនា​ដោយខ្លួនឯង​តាមរយៈ​ការ​ជិះកង់​ និង​ម៉ូតូ​។

    លោក​ ស៊ី​ណុល​ បានឱ្យ​ដឹង​ថា​៖“ជា​ផ្លូវការ​យើង​គណនា​តែ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​សាល​តាំង​បង្ហាញ​ផលិតផល​អំបិល​ និង​សម្ភារ​ផលិត​អំបិល​តែប៉ុណ្ណោះ​ អ៊ីចឹង​យើង​មានការ​កត់ត្រា​ច្បាស់លាស់​ តែបើ​ស្រែអំបិល​ទាំងមូល​យើង​ពិបាក​កត់ត្រា​ណាស់​ ដោយសារ​វិសាលភាព​វា​ធំ​”។

    លោក​បន្ត​ថា​៖”យើង​មាន​សាល​តាំងពិព័រណ៍​ តាំង​សម្ភារ​ និង​ការ​តាំង​លក់​ផ្កាអំបិល​ ដូច្នេះ​យើង​អាច​ដឹង​បាន​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​មើល​សាល​តាំងពិព័រណ៍​ហ្នឹង​ ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​មាន​ប្រមាណ​តែ​ 60​ ទៅ70នាក់​ប៉ុណ្ណោះ​ជាមធ្យម​ក្នុង​1សប្តាហ៍​ ឬអាច​ឈាន​ទៅដល់​ 100នាក់​ក្នុង​ 1សប្តាហ៍​អាស្រ័យ​ទៅតាម​រដូវ​នៃ​ការផលិត​អំបិល​”។

    លោក​ថា​ ភ្ញៀវ​ទេសចរ​ បាន​ទៅ​មើល​ទាំង​សកម្មភាព​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​អំបិល​ នឹង​ទិញ​ផ្កាអំបិល​ទុកជា​អនុស្សាវរីយ៍​។ លោក​ស៊ី​ណុ​លប​ន្ត​ថា​ កំណើន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ជាទូទៅ​ គឺ​មិន​ចំពោះ​តែ​ការ​ទស្សនា​ស្រែអំបិល​នោះ​ទេ​។

    ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​រូប​នេះ​ថ្លែង​ថា​៖“មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ដាក់​ផ្សព្វផ្សាយ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ចំនួន​ 4ប្រភេទ​ សម្រាប់​ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​ ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​នៅ​ខេត្តកំពត​។ លោក​បន្ត​ថា​ ក្នុងចំណោម​ផលិតផល​ដែល​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ទេសចរណ៍​នោះ​ ក៏​មាន​ផលិតផល​ស្រែអំបិល​ផង​ដែរ​”។

    លោក​បន្ត​ថា​ ខេត្ត​មាន​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ចំនួន​ 4ប្រភេទ​ គឺទី1​ គឺ​កញ្ចប់​ទស្សនកិច្ច​ នៅ​តាម​តំបន់ជនបទ​ (ស្រែអំបិល​ សហគមន៍​ត្រពាំងសង្កែ​ ប្រាសាទ​រូងភ្នំ​ កីឡា​ឡើងភ្នំ​ ចម្ការ​ម្រេច​ រូងភ្នំ​កំពង់ត្រាច​ និង​ជម្រក​សត្វ​ក្រៀល​) ទី2​ កញ្ចប់​ទស្សនា​ក្នុង​ក្រុង​ដែល​ផ្តោត​លើ​សំណង់​បេតិកភណ្ឌ​ ទី3​ កញ្ចប់​ទស្សនា​ជីវិត​អ្នកស្រុក​នៅ​តាម​ដងព្រែក​ និង​ទី4​ រមណីយដ្ឋាន​ឧទ្យានជាតិ​បូកគោ​ និង​តំបន់​ជុំវិញ​ភ្នំបូកគោ​។

    លោក​ ស៊ី​ណុល​ បាន​បន្ត​ថា​ ក្នុងរយៈពេល​ 4ខែ​ដើមឆ្នាំ​នេះ​ ខេត្តកំពត​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត​ 80ម៉ឺន​នាក់​។ លោក​បន្ត​ថា​ ក្នុង​ឆ្នាំ2018​ អ្នកទេសចរ​ទៅកាន់​ខេត្តកំពត​មាន​ប្រមាណ​ 1.6លាន​នាក់​ កើនឡើង​ប្រមាណ​ 2ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2017​៕

  • អាហារ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ក​

    អាហារ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ក​

    តើ​អ្វី​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​ជំងឺ​ច្រាល​ទឹក​ក្រពះ​? មូលហេតុ​ចម្បង​ និង​កើតឡើង​ញឹកញាប់​នោះ​គឺជា​ភាព​មិន​ប្រក្រតី​នៃ​ក្រពះ​។ បញ្ហា​នេះ​កើតឡើង​នៅពេល​ដែល​ ផ្នែក​ខាងលើ​នៃ​ក្រពះ​ និង​សន្ទះ​បិទ​បើក​របស់ក្រ​ពះ​លយ​ទៅលើ​សាច់ដុំ​ឌី​យ៉ា​ហ្វ្រាម​ (សាច់​ដុំ​ឌី​យ៉ា​ហ្វ្រាម​ ជា​សាច់ដុំ​ដែល​បែងចែក​ក្រពះ​ របស់​អ្នក​ពី​ទ្រូង​)។ ជា​ធម្មតា​សាច់ដុំ​នោះ​វា​បាន​ជួយ​ទប់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​។ ប៉ុន្តែ​ប្រសិនបើ​ អ្នកមាន​បញ្ហា​ជំងឺ​ច្រាល​ទឹកអាស៊ីត​ក្រពះ​ ទឹកអាស៊ីត​អាច​នឹង​រត់​ ឬច្រាល​ទៅកាន់​បំពង់អាហារ​ ហើយ​វា​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ក្រពះ​។

    តើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិ ងាយៗបានដែរឬទេ?
    វិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះគឺអាចធ្វើបានតាមរយៈការទទួលទានអាហារមួយចំនួនដូចខាងក្រោម ៖

    1. ម្រះព្រៅ
    គឺជាឱសថបែបធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែទំពាស្លឹកម្រះព្រៅស្រស់ចំនួន5ស្លឹកជាការស្រេច។ អ្នកក៏អាចយកស្លឹកម្រះព្រៅទៅឆុងជាតែ រួចសឹមទទួលទានក៏បាន។

    2. ទឹកក្ដៅឧណ្ហៗ
    ការពិសាទឹកក្ដៅឧណ្ហៗ ដែលមានប្រសិទ្ធភាពធ្វើឱ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ គឺទទួលទាននាពេលព្រឹក ហើយដើម្បីឱ្យកាន់តែប្រសើរនោះ ចូរទទួលទាន1ទៅ2កែវ ខណៈពេលពោះទទេ។

    3. ទឹកប្រទាលកន្ទុយក្រពើ
    ទឹកប្រទាលកន្ទុយក្រពើ គឺជាឱសថធម្មជាតិ ដែលជួយព្យាបាលជំងឺក្រពះរ៉ាំរ៉ៃ និងជួយបន្ថយជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ។ វាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពណាស់។ ដើម្បីជួយគ្របបាំងស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក លោកអ្នកអាចយកទឹកប្រទាលកន្ទុយក្រពើយកមកទទួលទាន គឺទទួលទានសុទ្ធ100%កាន់តែល្អ។

    4. ផ្លែចេក
    ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថា ផ្លែចេកមានគុណសម្បត្តិច្រើនយ៉ាងណាសម្រាប់អ្នកជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាតិម្សៅដែលមាននៅក្នុងផ្លែចេកនឹងធ្វើឱ្យអ្នកធូរស្រាលពីអាការនៃជំងឺនេះបានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវប្រាកដថា ចេកដែលអ្នកយកមកទទួលទាន គឺជាចេកទុំល្អ។

    5. ផ្លែប៉ោម
    អ្នកនិយមតមអាហារសម្រកទម្ងន់ មុនចូលគេងត្រូវទទួលទានផ្លែប៉ោម 1ផ្លែសម្រាប់ចម្អែតក្រពះ គឺដើម្បីកាត់បន្ថយការឡើងទឹកអាស៊ីតក្រពះ បើអ្នកមានជំងឺទឹកនោមផ្អែម ឬធាត់ពេក អ្នកត្រូវទទួលទានផ្លែប៉ោមពណ៌បៃតងទើបល្អ។

    វិធីការពារជំងឺ រលាកក្រពះរ៉ាំរ៉ៃ ដំបៅក្រពះ មហារីកក្រពះ និងជំងឺច្រាលទឹកអាស៊ីតក្រពះ
    1. ត្រូវពិនិត្យ និងព្យាបាលឱ្យជាដាច់នូវមេរោគ ដែលជាដើមហេតុដ៏ធំក្នុងការបង្កជំងឺមហារីក ដំបៅក្រពះ ឈាមក្រពះ ឬរលាកក្រពះរ៉ាំរ៉ៃ។
    2. ត្រូវទំពាអាហារឱ្យម៉ដ្ឋល្អ ហើយត្រូវទទួលទានទឹកឱ្យបានមួយកែវផង ដើម្បីឱ្យអាហាររំលាយបានល្អ និងបន្សាបទឹកអាស៊ីតបានល្អ។
    3. ត្រូវទទួលទានឱ្យយឺតៗ ដោយក្នុងមួយពេលត្រូវចំណាយពេលប្រមាណ15នាទី។
    4. ត្រូវទទួលទានអាហារតិចៗ តែច្រើនដង កុំឱ្យទំនេរក្រពះលើសពី3ម៉ោង។
    5. ចៀសវាងការទទួលទានអាហារចៀន បំពង និងឆា កុំបំពងខ្ទឹម ដាក់ខ្ទឹមពេលឆាឆ្អិន ហើយកុំប្រើខ្ទឹមលីងដាក់ក្នុងគុយទាវ បបរ និងសម្លម្ជូរ ឬអាហារជូរផ្អាប់។
    6. កុំផឹកស្រា ឬគ្រឿងស្រាវឹងផ្សេងៗច្រើន ឬញឹកញាប់ពេក។
    7. កុំជក់បារី និងនៅក្បែរអ្នកដែលជក់បារី ឬកុំឱ្យអ្នកជក់បារីនៅក្បែរ។
    8. កាត់បន្ថយការបន្ថែមស្ករត្នោត ស្ករស ស្ករពោត ឬស្ករអំពៅក្នុងម្ហូបអាហារ និងកាត់បន្ថយការទទួលទានបង្អែម។
    9. ចៀសវាងការទទួលទានត្រីខ សាច់ខ អាហារកំប៉ុង និងអាហារកញ្ចប់។
    10. មុនចូលគេងត្រូវចាំឱ្យស្រកពោះសិន ប្រមាណជា1ម៉ោងក្រោយទទួលទានអាហារពេលល្ងាច។
    11. មុនចូលគេង ត្រូវលោតតិចៗ ហើយលើកដៃឡើងលើប្រមាណ1ទៅ2នាទីសិន ដើម្បីឱ្យក្រពះដំណើរការបានល្អ៕

  • ប្រយោជន៍​ល្អ​ៗ 10យ៉ាង​របស់​ “ជី​វ៉ាន់ស៊ុយ​” អុីចឹង​បាន​ជា​ជនជាតិ​ជប៉ុន​ចូល​ចិ​ត្ត​ញ៉ាំម្ល៉េះ​!

    ប្រយោជន៍​ល្អ​ៗ 10យ៉ាង​របស់​ “ជី​វ៉ាន់ស៊ុយ​” អុីចឹង​បាន​ជា​ជនជាតិ​ជប៉ុន​ចូល​ចិ​ត្ត​ញ៉ាំម្ល៉េះ​!

    បច្ចុប្បន្ន​នេះ​នៅ​ឯប្រទេស​ជប៉ុន​ “ជី​វ៉ាន់ស៊ុយ​” បាន​ក្លាយជា​បន្លែ​ដែល​មនុស្សជា​ច្រើន​នាំគ្នា​និយម​ចូលចិត្ត​ទទួលទាន​យ៉ាង​ខ្លាំង​ នាំគ្នា​ញ៉ាំ​ទាំង​ក្ដាប់​ៗ (ទាំង​តម្លៃ​ជី​វ៉ាន់ស៊ុយ​នៅ​ប្រទេស​គេ​មិនមែន​ថោ​កៗ​ដូច​ស្រុក​យើង​ផង​) ដល់​ថ្នាក់​មាន​អ្នក​ចម្រៀង​ប៊​យប៊ែ​នដ៍​របស់​ជប៉ុន​តែង​បទចម្រៀង​ច្រៀង​ដែល​មានឈ្មោះ​ថា​ “ជី​វ៉ាន់ស៊ុយ​ ហេ​វិន​” (ជី​វ៉ាន់ស៊ុយ​ស្ថានសួគ៌​) ដែល​បង្ហាញ​អំពី​ការ​និយម​ចូលចិត្ត​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​ដ៏​ខ្លាំងក្លា​របស់​ជនជាតិ​ជប៉ុន​ទៀតផង​។

    តាមរយៈការចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយដ៏ខ្លាំងក្លានេះ ទើបធ្វើឱ្យនៅប្រទេសជប៉ុនមានភោជនីយដ្ឋានដែលល្បីល្បាញរឿងមុខម្ហូបដែលមានបន្លែជីវ៉ាន់ស៊ុយជាចំណែកផ្សំចម្បង មិនមែនគ្រាន់តែហាន់តូចៗរោយពីលើម្ហូបអាហារដូចនៅស្រុកយើងនោះទេ។ ពួកគេនាំគ្នាញ៉ាំជីវ៉ាន់ស៊ុយទាំងបាច់ៗតែម្ដង ហើយថែមទាំងមានភោជនីយដ្ឋានដែលលក់តែមុខម្ហូបដែលផ្សំតែពីបន្លែជីវ៉ាន់ស៊ុយសុទ្ធទៀតផង។ ក្រៅពីនេះ មុខម្ហូបជីវ៉ាន់ស៊ុយ ថែមទាំងជាមុខម្ហូបប្រចាំឆ្នាំរបស់ប្រទេសជប៉ុន(ឆ្នាំ2016) ដែលបញ្ជាក់ច្បាស់ពីការនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយរបស់ជនជាតិជប៉ុនយ៉ាងច្បាស់ទៀតផង។

    បើនិយាយអំពីរសជាតិ ប្រហែលជារឿងពិសេសដោយឡែកពិតៗមិនខាន ព្រោះអ្នកខ្លះអាចនឹងចូលចិត្ត អ្នកខ្លះទៀតអាចនឹងមិនចូលចិត្ត ដូចគ្នានឹងផ្លែទុរេននៅប្រទេសយើងដែរ ដែលអ្នកណាចូលចិត្ត ក៏ចូលចិត្តខ្លាំង តែអ្នកដែលមិនចូលចិត្ត ក៏ស្អប់តែម្ដង ព្រោះរសជាតិ និងក្លិនរបស់វាដែលខ្លាំងក្លា និងជាឯកលក្ខណៈពិសេសដោយឡែកពិតៗហ្នឹងឯង។ តែបើនិយាយអំពីប្រយោជន៍របស់ជីវ៉ាន់ស៊ុយវិញនោះ សូមជម្រាបថា មានច្រើនណាស់ រហូតដល់មិត្តអ្នកអានអាចនឹងត្រូវងាកមកនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយខ្លាំងដូចជនជាតិជប៉ុនដែរមិនខាន។

    សារធាតុអាហារនៅក្នុងបន្លែជីវ៉ាន់ស៊ុយ
    – វីតាមីន A
    – វីតាមីន B
    – វីតាមីន C
    – សារធាតុដែក
    – បេតាឃែរ៉ូធីន
    – កាល់ស្យូម និងផ្សេងៗទៀតជាច្រើន។

    ប្រយោជន៍ល្អៗរបស់ “ជីវ៉ាន់ស៊ុយ”
    1. ជួយបញ្ចុះជាតិស្ករនៅក្នុងឈាម ត្រូវនឹងអ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងសម្រកទម្ងន់
    2. ការពារជំងឺផ្ដាសាយ
    3. បំបាត់អាការស្រេកទឹក
    4. តតាំង ប្រឆាំងមេរោគផ្សេងៗនៅក្នុងពោះវៀន
    5. ជួយបណ្ដេញខ្យល់នៅក្នុងក្រពះអាហារ
    6. មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីក
    7. ជាឱសថបន្ទន់លាមក ជួយឱ្យបន្ទោបង់ស្រួល
    8. បំបាត់អាការវិលមុខ
    9. ថែបំប៉នភ្នែក
    10. ជួយជំរុញការធ្វើការងាររបស់ឈាម និងសាច់ដុំ

    ទោះជាបន្លែជីវ៉ាន់ស៊ុយមានក្លិនហាក់ដូចជាឈួលខ្លាំង តែក៏មិនចាំបាច់ទៅកង្វល់អ្វីដែរ ព្រោះ
    ក្លិនរបស់បន្លែជីវ៉ាន់ស៊ុយនេះនឹងត្រូវបញ្ចេញចោលមកតាមទឹកមូត្រ ហើយបើមិនទទួលទានក្នុងបរិមាណច្រើនជ្រុលពេកទេនោះ វានឹងមិនធ្វើឱ្យធុំក្លិនខ្លួនដូចដែលមនុស្សជាច្រើនអាចធ្លាប់បានឮនោះទេ តែទោះជាយ៉ាងណាក៏ដោយ ការដែលនាំគ្នាងាកមកទទួលទានបន្លែជីវ៉ាន់ស៊ុយដើម្បីឱ្យទទួលបានប្រយោជន៍ល្អៗដល់រាងកាយនោះ ក៏មិនគួរទទួលទានច្រើនជ្រុលពេកដែរ ព្រោះមិនថាអាហារប្រភេទណាដែលថាល្អៗនោះទេ បើយើងទទួលទានច្រើនជ្រុលពេក ក៏វាហុចគុណវិបត្តិដល់យើងដែរ៕

  • យុវតី​មួយ​រូប​បង្ហាញ​គន្លឹះ​យកឈ្នះ​ឧបសគ្គ​ដើម្បី​ចាប់​យក​ឱកាស​អាហារូបករណ៍​ទៅ​ជប៉ុន​

    យុវតី​មួយ​រូប​បង្ហាញ​គន្លឹះ​យកឈ្នះ​ឧបសគ្គ​ដើម្បី​ចាប់​យក​ឱកាស​អាហារូបករណ៍​ទៅ​ជប៉ុន​

    ការ​ប្រឡងជាប់​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​ គឺជា​ឱកាស​ប្រកប​ដោយសក្តានុពល​ និង​មោទនភាព​មួយ​សម្រាប់​ជីវិត​សិស្ស​និស្សិត​។ ជាទូទៅ​អាហារូបករណ៍​នៅ​កម្ពុជា​ភាគច្រើន​ផ្តល់​ឱកាស​ដល់​និស្សិត​កម្រិត​មហាវិទ្យាល័យ​ តែ​នៅ​ថ្ងៃ​ នេះ​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ សូម​ទាញ​ចំណាប់​អារម្មណ៍​មក​ឈ្វេង​យល់​ពី​ការ​ប្រឡង​អាហារូបករណ៍​កម្រិត​វិទ្យាល័យ​វិញ​ម្តង​។ ដើម្បី​បង្ហាញ​ពី​បទ​ពិសោធ​ និង​ចំណុច​សំ​ខាន់​ៗដើម្បី​ជោគជ័យ​ក្នុង​ការ​ចាប់​យក​ឱកាស​អាហារូបករណ៍​ទៅ​ប្រទេស​ជប៉ុន​ក្នុង​កម្រិត​វិទ្យាល័យ​ កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​យុវតី​ សុខ​ សូ​វី​នាថ​ ជា​សិស្ស​ថ្នាក់​ទី11​ នៃ​សាលារៀន​ វ៉េស​ឡាញ​ ដែល​បាន​ជាប់​អាហារូបករណ៍​ ASIA​ KAKEHASHI​ Scholarship​ 2019​ ទៅ​ប្រទេស​ជប៉ុន​។

    1. តើ​មូលហេតុ​អ្វី​បាន​ជា​ប្អូន​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​ ASIA​ KAKEHASHI​ Scholarship​ នេះ​?
    មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នេះ​ ដោយសារតែ​កន្លងមក​ខ្ញុំ​ឃើញ​ឱកាស​ច្រើន​សម្រាប់​និស្សិត​មហាវិទ្យាល័យ​ ហើយ​មិន​សូវ​មាន​អាហារូបករណ៍​ក្រៅប្រទេស​សម្រាប់​វិទ្យាល័យ​នោះ​ទេ​ ហេតុនេះ​វា​ជា​ឱកាស​ដ៏​កម្រ​មួយ​ដែល​ខ្ញុំ​ត្រូវតែ​ចាប់​យក​។ ក្រៅពី​នេះ​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​ចង់​ប្រឡង​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​តាំងពី​នៅ​ក្មេង​ៗ ព្រោះ​ជីវិត​ជា​អ្នករៀន​មិនមែន​រៀន​តែមួយ​កន្លែង​ចប់​នោះ​ទេ​ តែ​យើង​ត្រូវការ​សិក្សា​បន្ត​រហូត​។

    ម្យ៉ាងវិញទៀត​ខ្ញុំ​ធ្លាប់​ឃើ​ញប៉ា​របស់ខ្ញុំ​ក៏​ធ្លាប់ទៅ​ធ្វើការងារ​នៅ​ជប៉ុន​ដែរ​ ហេតុនេះ​គាត់​បាន​យក​បទ​ពិសោធ​ពីជ​ប៉ុន​នោះ​មក​ប្រាប់​ខ្ញុំ​ តែ​ពីមុន​ខ្ញុំ​គិតថា​ប្រហែលជា​ទាល់តែ​ចប់​ថ្នាក់​ទី12សិន​ទើប​អាច​ទៅ​បាន​ តែ​ពេលនេះ​ឱកាស​គឺ​បាន​មកដល់​មុន​ការ​រំពឹង​ទុក​ ហេតុនេះ​ខ្ញុំ​ត្រូវតែ​ចាប់​យក​។

    2. តើ​កម្មវិធី​នេះ​ត្រូវ​បាន​គេ​រៀបចំ​យ៉ាងដូច​ម្តេច​? ហើយ​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ប៉ុន្មាន​វគ្គ​?
    កម្មវិធី​នេះ​ គឺ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ រវាង​យុវជន​មក​ពី​ទូទាំង​ពិភពលោក​ជាមួយនឹង​ប្រជាជន​នៅ​ប្រទេស​ជប៉ុន​។ នៅ​ទីនោះ​យើង​អាច​មាន2​ ជម្រើស​គឺ​អាច​ស្នាក់នៅ​ជាមួយ​គ្រួសារ​របស់​ជនជាតិ​ជប៉ុន​ ឬស្នាក់នៅ​អន្តេវាសិក​ដ្ឋាន​ក្នុង​សាលា​ ក្នុងរយៈពេល​មួយ​ដើម្បី​ផ្លាស់​ប្តូរ​ និង​ស្វែងយល់​ពី​វប្បធម៌​ ការរស់នៅ​ របៀបរបប​អប់រំ​ និង​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​។ ក្រៅពី​នេះ​ យើង​ក៏​ត្រូវ​ចែករំលែក​ពី​វប្បធម៌​ និង​បទ​ពិសោធ​ផ្សេង​ៗពី​កម្ពុជា​ដល់​ពួកគេ​ផង​ដែរ​។ កម្មវិធី​នេះ​ផ្តល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​ ព្រោះ​មិន​ត្រឹមតែ​ឱ្យ​យើង​អាច​ស្វែងយល់​ពីគ្នា​ទេ​ តែ​វា​ក៏​ជា​ពេល​ដ៏​ល្អ​ក្នុង​ការបង្កើត​ទំនាក់ទំនង​យូរអង្វែង​ ព្រោះ​ពួក​យើង​ជា​សិស្ស​វិទ្យាល័យ​ ហេតុនេះ​យើង​មាន​ពេល​យូរ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ល្អ​។

    ចំពោះ​លក្ខខណ្ឌ​វិញ​ គឺ​បេក្ខជន​ត្រូវតែ​ជា​អ្នក​កើត​នៅចន្លោះ​ឆ្នាំ​ 2001​ ដល់​ឆ្នាំ​ 2003​ ហើយ​ការ​ជម្រុះ​វិញ​គឺ​ ដំបូង​ឡើយ​ត្រូវ​ដាក់ពាក្យ​តាម​អន​ឡាញ​ ហើយ​ក្រោយ​ពេល​ដឹង​លទ្ធផល​គេ​នឹង​ទាក់ទង​ឱ្យទៅ​សម្ភាស​។ ក្រោយពី​សម្ភាស​ជាប់​ យើង​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេងទៀត​គឺ​ត្រូវ​បង្ហាញ​ពី​ពិន្ទុ​ល្អ​ក្នុង​សាលា​ និង​ព័ត៌មាន​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​អត្តចរិត​ ឬជំនាញ​ដែលគេ​ត្រូវការ​ មុននឹង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ជាប់​អាហារូបករណ៍​នេះ​។

    3. តើ​កន្លងមក​ប្អូន​ធ្លាប់​ដាក់ពាក្យ​ទៅ​ប្រឡង​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​ដែរ​ឬទេ​?
    កន្លងមក​ខ្ញុំ​ធ្លាប់​ដាក់ពាក្យ​ប្រឡង​អាហា​រូប​ករណ៍​ខ្លះ​ៗដែរ​ ហើយ​ឆ្នាំមុន​នេះ​ផ្ទាល់​ខ្ញុំ​ក៏​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​ ASIA​ KAKEHASHI​ Scholarship​ នេះ​ដែរ​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ សោក​ស្តាយ​ខ្លាំង​ ព្រោះ​ខ្ញុំ​ធ្លាក់​នៅ​ជុំ​ចុងក្រោយ​។ ពេលនោះ​គឺ​បាន​ឡើង​ដល់កន្លែង​ខ្ពស់​ដែរ​ ហេតុនេះ​ពេល​ធ្លាក់ចុះ​គឺ​វា​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លាំង​ដែរ​ តែ​ខ្ញុំ​នៅតែ​គិត​ត្រឡប់មកវិញ​ថា​ ខ្ញុំ​មាន​បទ​ពិសោធ​ជា​មូលដ្ឋាន​ហើយ​ទើប​អាច​ឈាន​ដល់​ដំណាក់កាល​នេះ​ ហើយ​ខ្ញុំ​ក៏បាន​ខិតខំ​ប្រឹងប្រែង​រហូតដល់​ដំណាក់កាល​ស្ទើរតែ​ជោគជ័យ​ហើយ​ ហេតុនេះ​គ្មាន​ហេតុផល​អ្វី​ដែល​ខ្ញុំ​ត្រូវ​បោះបង់​នោះ​ទេ​។ ដោយ​មូលហេតុ​នេះ​ទើប​នៅ​ឆ្នាំនេះ​ខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​ជាថ្មី​ និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូច​ថ្ងៃនេះ​។

    4. ផ្តើម​ចេញពី​បទ​ពិសោធ​នេះ​ តើ​ប្អូន​មានការ​យល់ឃើញ​ ឬគំនិត​អ្វីខ្លះ​ដើម្បី​ចែករំលែក​ដល់​សិស្ស​ដទៃទៀត​ដែល​មិនទាន់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​?
    សម្រាប់​អ្នកដាក់ពាក្យ​ប្រកួតប្រជែង​យក​អាហារូបករណ៍​ គឺ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពីសា​រៈសំ​ខាន់​នៃ​កម្មវិធី​ដែល​យើង​ដាក់​នេះ​ថា​ តើ​វា​មាន​សារៈសំខាន់​ប៉ុនណា​សម្រាប់​ជីវិត​យើង​។ ប្រសិនបើ​វា​សំខាន់​ខ្លាំង​ យើង​មិន​គួរ​បោះបង់​វា​ដោយ​ងាយស្រួល​នោះ​ទេ​។ ប្រសិនបើ​យើង​ធ្លាក់​ ហើយ​យើង​បិទ​ឱកាស​ខ្លួនឯង​មិន​ឱ្យ​ប្រឹងប្រែង​បន្ត​ នោះ​ការ​ខិតខំ​ប្រឹងប្រែង​កន្លងមក​របស់​យើង​នឹង​ក្លាយជា​អាសាបង់​ ព្រោះ​យើង​ឈានជើង​បាន​ច្រើន​ជំហាន​ហើយ​បែរជា​ឈប់​ទៅវិញ​។

    ម្យ៉ាងវិញទៀត​ ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​ការ​ដាក់​អាហារូបករណ៍​នោះ​ខ្លាំង​ យើង​នឹង​នៅតែ​មាន​ទឹកចិត្ត​រហូត​ដើម្បី​បន្ត​ខិតខំ​។ ប្រសិនបើ​យើង​បោះបង់​មានន័យថា​យើង​អាច​មិន​ស្រឡាញ់​វា​ពិតប្រាកដ​នោះ​ទេ​ ហើយ​យើង​ក៏​មិន​អាច​បំពេញ​ចន្លោះប្រហោង​ដើម្បី​សម្រេច​វា​បាន​ជា​រៀង​រហូត​។

    5. តើ​កន្លងមក​ប្អូន​ធ្លាប់​មានរឿង​ដែល​វាយប្រហារ​ខ្លាំង​ រហូតដល់​អស់សង្ឃឹម​ក្នុង​ការ​ប្រឡង​អាហារូបករណ៍​ដែរ​ទេ​? ពេលនោះ​ប្អូន​ដោះស្រាយ​បែប​ណា​?
    តាមពិត​ទៅ​ខ្ញុំ​ធ្លាប់​ទទួលការ​វាយប្រហារ​ខ្លាំង​ដែរ​ នោះ​គឺ​ការសិក្សា​។ ដោយសារតែ​ថ្នាក់​កាន់តែ​ធំ​ មេរៀន​កាន់តែ​ស្មុគស្មាញ​ ហើយ​កិច្ចការ​ផ្ទះ​កាន់តែ​ច្រើន​ ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ថា​ ស្ត្រេស​ខ្លាំង​ ហើយ​ធ្លាប់​គិត​ចង់​បោះបង់​។ កាលនោះ​ខ្ញុំ​គិតថា​ប្រហែលជា​ត្រូវ​ចាប់​មួយ​មុ​ខៗ​ឱ្យ​ជាប់​ គឺ​ប្រឹងរៀន​នៅក្នុង​សាលា​ឱ្យ​ខ្លាំង​សិន​ទៅ​ ចាំ​ចប់​ថ្នាក់​ទី12​ ចាំ​ប្រឹងប្រែង​យក​អាហារូបករណ៍​ តែ​ក្រោយមក​ខ្ញុំ​ចាប់ផ្តើម​គិតជា​ថ្មី​ថា​ បើ​ខ្ញុំ​ឈប់​ គឺ​ប្រៀប​បីដូច​ជា​បិទ​ឱកាស​ខ្លួនឯង​ដូច្នោះ​ដែរ​។ ហេតុនេះ​ខ្ញុំ​សម្រេចចិត្ត​ប្រាប់​ខ្លួនឯង​ថា​ បើ​ហត់​គួរ​សម្រាក​ខ្លះ​ ហើយ​ពេល​មាន​កម្លាំង​គ្រប់គ្រាន់​ ចាំបន្ត​ការ​ខិតខំ​ប្រឹង​-ប្រែង​បន្ត​ទៀត​ ព្រោះ​បើ​យើង​មិនឈប់​ យើង​នឹង​តែ​អាច​ទៅមុខ​បាន​ជានិច្ច​ គ្រាន់តែ​យឺត​ ឬលឿន​តែប៉ុណ្ណោះ​។

    6. តើ​ប្អូន​អាច​បញ្ជាក់​បានទេ​ថា​ សម្រាប់​សិស្ស​វិទ្យាល័យ​ ដើម្បី​ជាប់​អាហារូបករណ៍​ គួរ​ត្រៀមខ្លួន​អ្វីខ្លះ​?
    សម្រាប់​សិស្ស​វិទ្យាល័យ​ដូច​ខ្ញុំ​ ទី1​ គឺ​ត្រូវ​ប្រឹងប្រែង​រៀន​ឱ្យ​បាន​ពិន្ទុ​ល្អ​នៅក្នុង​ថ្នាក់រៀន​ ព្រោះ​អ្នក​ផ្តល់​អាហារូបករណ៍​ភាគច្រើន​គេ​ចង់​ផ្តល់​ឱ្យ​អ្នកមាន​សមត្ថភាព​។ ក្រៅពី​នេះ​ក៏​ត្រូវ​ចេះ​ភាសាអង់គ្លេស​ផង​ដែរ​ ព្រោះ​កម្មវិធី​នេះ​ គឺ​ចម្រុះ​ជាតិសាសន៍​ ប្រសិនបើ​យើង​មិន​ចេះ​ភាសា​ទេ​ យើង​នឹង​លំបាក​ទំនាក់ទំនង​ជាក់ជា​មិនខាន​។ លើស​ពីនេះ​ទៅទៀត​ យើង​គួរ​ចេះ​ជំនាញ​បន្ទាប់បន្សំ​មួយចំនួន​ ដូចជា​ជំនាញ​ទំនាក់ទំនង​ ដូចជា​អ្នកខ្លះ​គាត់​ចូលចិត្ត​និយាយ​ ឬចូលចិត្ត​ចែករំលែក​ ក៏​រាប់​ថា​ជា​ជំនាញ​ល្អ​មួយ​ផង​ដែរ​ដែលគេ​ត្រូវការ​ ព្រោះ​គេ​ចង់​ឱ្យ​យើង​ឆាប់​ចុះសម្រុង​ជាមួយនឹង​អ្នកដទៃ​ផ្សេងទៀត​។

    7. អ្វី​ជា​សារ​ដែល​ប្អូន​ចង់​បង្ហាញ​ដល់​សិស្ស​វិទ្យាល័យ​ជា​ដទៃទៀត​?
    ខ្ញុំ​ចង់ឱ្យ​សិស្ស​ទាំងអស់គ្នា​ ជឿជាក់​លើ​ខ្លួនឯង​ ហើយ​តស៊ូ​លើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​។ ការ​បរាជ័យ​ម្តង​ មិនមែន​មានន័យថា​ បរាជ័យ​រហូត​នោះ​ទេ​តែ​វា​អាច​ជា​មេរៀន​ដ៏​ល្អ​ដែល​ធ្វើ​ឱ្យ​យើង​សម្រេច​គោលដៅ​។ សម្រាប់​មនុស្ស​ជោគជ័យ​ គេ​គិតថា​ បរាជ័យ​គឺជា​ឱកាស​ តែ​សម្រាប់​មនុស្ស​បរាជ័យ​ គេ​គិតថា​ បរាជ័យ​គឺជា​កំហុស​ ហេតុនេះ​យើង​គួរ​ចេះ​ចាប់​យក​ឱកាស​ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ខ្លាំង​ដើម្បី​សម្រេចជោគជ័យ​។

    សម្រាប់​សិស្ស​ស្រី​វិញ​ គួរ​គិតថា​ សម័យនេះ​យើង​មាន​សិទ្ធិ​ស្មើ​បុរស​ ហើយ​គ្រាន់តែ​ពូកែ​ក្នុង​សាលា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​។ មានរឿង​ច្រើន​ណាស់​ដែល​យើង​អាច​ធ្វើ​បាន​ ហើយ​ពេលខ្លះ​ធ្វើ​បាន​ច្រើនជាង​បុរស​ថែមទៀត​ផង​ ហេតុនេះ​ប្រសិនបើ​យើង​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ចេញទៅ​ខាងក្រៅ​ ហើយ​អភិវឌ្ឍ​សមត្ថភាព​របស់​យើង​បាន​ល្អ​ នោះ​យើង​នឹង​អាច​ធ្វើ​ឱ្យ​យើង​កាន់តែ​ចៀស​ផុត​ពី​គ្រោះថ្នាក់​។ ជាក់ស្តែង​នៅក្នុង​ការរស់នៅ​មាន​បញ្ហា​ជាច្រើន​ ហេតុនេះ​ប្រសិនបើ​យើង​ហ៊ាន​ចេញពី​សាលា​ដោយ​ភាព​វិជ្ជមាន​ ហើយ​ស្គាល់​បញ្ហា​ទាំងអស់​នោះ​ឱ្យ​ច្បាស់​ យើង​នឹងអាច​ការពារ​ខ្លួន​បាន​កាន់តែ​ល្អ​។ ហេតុនេះ​សូមកុំ​បារម្ភ​ ហើយ​កុំ​បិទផ្លូវ​ខ្លួនឯង​ឱ្យ​សោះ​៕

  • ប្រជាជន​គ្មាន​ជំនាញ​ គួរ​ងាក​មក​ចាប់​ជំនាញ​ឱ្យ​បាន1យ៉ាងតិច​ដើម្បី​កែប្រែ​វាសនា​ផ្ទាល់ខ្លួន​ និង​សង្គម​

    ប្រជាជន​គ្មាន​ជំនាញ​ គួរ​ងាក​មក​ចាប់​ជំនាញ​ឱ្យ​បាន1យ៉ាងតិច​ដើម្បី​កែប្រែ​វាសនា​ផ្ទាល់ខ្លួន​ និង​សង្គម​

    បញ្ហា​ធនធានមនុស្ស​នៅ​កម្ពុជា​ ជា​រឿង​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​កំពុង​ត្រូវការ​អ្នកជំនាញ​ដើម្បី​បម្រើការ​ងារ​លើ​គ្រប់​វិស័យ​ទាំងអស់​មិនថា​ កសិកម្ម​ ឧស្ស​ហក​ម្ម​ ឬទេសចរណ៍​នោះ​ទេ​។ វា​ជា​ចំណុច​វិជ្ជមាន​ កម្ពុជា​មាន​យុវជន​ច្រើន​ តែ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​គឺ​ធនធានមនុស្ស​របស់​យើង​ភាគច្រើន​មិនសូវ​មាន​ជំនាញ​ដែល​ធ្វើ​ឱ្យ​យើង​លំបាក​ក្នុង​ការ​អភិវឌ្ឍ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​តម្រូវការ​ផ្នែក​កម្លាំង​ពលកម្ម​ក្នុង​ឧស្សាហកម្ម​ការងារ​មាន​ភាព​ប្រែប្រួល​ ព្រោះ​ពីមុន​គេ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​លើ​វិស័យ​កសិកម្ម​ដូចជា​ដក​ស្ទូង​ ឬច្រូតកាត់​ជាដើម​ តែ​បច្ចុប្បន្ន​នេះ​គឺ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ជំនួស​កម្លាំង​មនុស្ស​ ហេតុនេះ​មនុស្ស​ត្រូវតែ​ចេះ​គ្រប់គ្រង​ និង​ជួសជុល​។ ប្រសិនបើ​ប្រជាជន​មិនព្រម​ចាប់​យក​ជំនាញ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​ទេ​ ពួកគាត់​អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​ការងារ​។ ផ្ទុយទៅវិញ​ប្រសិនបើ​យុវជន​ ដែល​មិនទាន់​មាន​ជំនាញ​ចាប់ផ្តើម​ចូល​សាលា​បណ្តុះបណ្តាល​ ហើយ​មាន​ជំនាញ​ច្បាស់លាស់​ នោះ​យើង​នឹងអាច​ចាប់​យក​ឱកាស​ជាច្រើន​ដែល​អាច​រក​ប្រាក់ចំណូល​ច្រើន​ និង​មាន​ភាព​ងាយស្រួល​ជាង​មុន​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “ប្រជាជន​ដែល​ធ្លាប់​ជា​កម្មករ​គ្មាន​ជំនាញ​កាលពី​មុន​ អាច​ងាក​មក​រៀន​ជំនាញ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​នៅពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​ឥឡូវ​យើង​មាន​សាលា​បណ្តុះបណ្តាល​ច្រើន​ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​អាច​ចូល​មក​សិក្សា​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បាន​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​ជំរុញ​ផង​ដែរ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​គួរ​ព្យាយាម​ប្រឹងប្រែង​បណ្តុះ​ជំនាញ​ និង​សមត្ថភាព​ឱ្យ​គ្រប់គ្រាន់​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​បង្កើត​ភាព​ប្រកួតប្រជែង​ហើយ​អាច​ឆ្លើយតប​បាន​ជាមួយ​តម្រូវការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុម​-ហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​បាន​និយាយ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន​ តែ​អ្វី​ដែល​ជា​កត្តា​ប្រឈម​សម្រាប់​ប្រទេស​យើង​គឺ​យើង​សម្បូរ​ដោយ​ធនធានមនុស្ស​គ្មាន​ជំនាញ​ ឬមាន​ជំនាញ​តិចតួច​។ ហេតុនេះ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ និង​សម្រាប់​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ក្រៅពី​នេះ​ យើង​ក៏​ត្រូវ​ព្យាយាម​អភិវឌ្ឍ​ទាំង​ផ្នែក​រឹង​ និង​ផ្នែក​ទន់​ មានន័យថា​ត្រូវ​អភិវឌ្ឍ​ទាំង​ជំនាញ​វិជ្ជាជីវៈ​ និង​ជំនាញ​ទន់​ដើម្បី​ធានា​ថា​ពួកគេ​អាច​ធ្វើការងារ​ជាមួយគ្នា​បាន​ល្អ​ ជាពិសេស​ការ​ធ្វើការងារ​ជា​ក្រុម​ជាដើម​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​កម្ពុជា​។ កន្លងមក​អ្នក​វិនិយោគ​តែងតែ​លើកឡើង​ស្រដៀងគ្នា​ពី​កង្វះខាត​ជំនាញ​ និង​បញ្ហា​គុណភាព​ធនធានមនុស្ស​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​បន្ថែម​ក្នុង​ការ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​”។

    អ្នកគ្រប់គ្រង​គ្រឹះស្ថាន​អប់រំ​ខាងលើ​ បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​ធនធានមនុស្ស​ក្នុងចំណោម​ប្រជាជន​វ័យក្មេង​ដ៏​ច្រើនលើស​លប់​របស់​យើង​មាន​សមត្ថភាព​វិជ្ជាជីវៈ​កាន់តែ​ច្រើន​ នោះ​សង្គម​របស់​យើង​នឹង​អាច​ទាក់ទាញ​ការ​វិ​នយោ​គបាន​កាន់តែ​ល្អ​ផង​ដែរ​។ ក្រៅពី​នេះ​វា​ក៏​ជា​ការ​ចាប់ផ្តើម​ក្នុង​ការ​ឈាន​ម្តង​មួយ​ជំ​ហាន​ៗ ទៅកាន់​ការប្រកួត​ប្រជែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ដែរ​ គឺ​ឈាន​ពី​មិន​មាន​ជំនាញ​ ទៅ​មាន​ជំនាញ​ និង​ឈាន​ពី​មាន​ជំនាញ​បច្ចេកទេស​ ទៅជា​អ្នក​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ និង​ជំនាញ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ទៀត​ដែល​អាច​ផ្លាស់​ប្តូរ​ទាំង​វាសនា​ផ្ទាល់​ខ្លួន​ និង​អនាគត​របស់​សង្គម​របស់​យើង​៕

  • ឆ្នាំនេះ​ ម្រេច​កំពត​រំពឹង​បាន​ទទួល​ទិន្នផល​រួម​ដល់​ 90តោន​

    ឆ្នាំនេះ​ ម្រេច​កំពត​រំពឹង​បាន​ទទួល​ទិន្នផល​រួម​ដល់​ 90តោន​

    សមាគម​ម្រេច​កំពត​បានឱ្យ​ដឹង​ថា​ ផលិតកម្ម​ម្រេច​ខេត្តកំពត​ដែល​ជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​តែ​ 2គត់​របស់​ប្រទេស​កម្ពុជា​ ដែល​ទទួល​បានការ​ចុះបញ្ជី​ជាស​ញ្ញាណ​បង្ហាញ​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​រំពឹង​ថា​ ទិន្នផល​នឹង​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំនេះ​។

    លោក​ ងួន​ ឡាយ​ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA​)បាន​មានប្រសាសន៍​ឱ្យ​ ដឹង​ថា​៖ “ទោះជា​យ៉ាង​ណាក៏ដោយ​ តួលេខ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ទាប​ជាង​ឆ្នាំ​ 2017​ នៅពេល​ដែល​ឆ្នាំ​នោះ​ ផលិតផល​ជាង​ 100តោន​ត្រូវ​សមាគម​ផលិត​បាន​ បើ​ទោះបី​អាកាសធាតុ​មិន​អំណោយផល​ ក្នុង​រដូវ​ប្រមូល​ផល​ក្ដី​ តែ​យើង​នៅតែ​រំពឹង​ថា​ ទិន្នផល​ម្រេច​កំពត​នៅ​ឆ្នាំនេះ​ នឹងអាច​ប្រមូល​បាន​ចន្លោះ​ពី​ 80​ ឬឈាន​ដល់​ប្រហែលជា​ 90តោន​”។

    លោក​ឡាយ​បាន​ថ្លែង​ថា​ រហូតមកដល់​ពេលនេះ​ ក្នុង​ឆ្នាំនេះ​យើង​ប្រមូល​ផល​បាន​ប្រហែល​ 70​%ហើយ​ ដោយ​គិត​ពី​ពេល​ចាប់ផ្តើម​នៅ​ខែមីនា​ រហូត​ដល់​ចុងខែ​មិថុនា​។

    លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ទៀត​ថា​៖“ មាន​ក្រុមហ៊ុននាំចេញ​ផលិតផល​ម្រេច3​ កំពុង​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ក្នុង​អង្គការ​ដែល​មាន​ក្រុមហ៊ុន​ចំនួន​ 35​ បាន​ចុះឈ្មោះ​ជាស​មា​ជិ​ក។ យើង​សង្ឃឹមថា​ សមាជិក​ថ្មី​ទាំងនេះ​នឹង​ជួយ​យើង​ពង្រីក​ទីផ្សារ​របស់​យើង​”។ លោក​បាន​បញ្ជាក់​ថា​ សមាជិក​សក្តា​នុ​ពល​ទាំងនោះ​បាន​បង្ហាញថា​ ពួកគេ​ម្នា​ក់ៗ​បាន​ដាក់​ការ​បញ្ជាទិញ​ពី​ម្រេច​ពី​ 2 ទៅ​ 10តោន​ក្នុង​ 1រដូវ​កាល​។

    លោក​ ងួន​ ឡាយ​ បាន​ចង្អុលបង្ហាញ​ថា​ ម្រេច​កំពត​ប្រមាណ​ជា50​% ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​សហភាព​អឺរ៉ុប​ ហើយ​ប្រហែល20​% ត្រូវ​បាន​នាំចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ដទៃទៀត​ ដែល​ភាគច្រើន​ គឺ​សហរដ្ឋអាមេរិក​ កាណាដា​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ តៃវ៉ាន់​ ហុងកុង​ និង​ប្រទេស​រុស្ស៊ី​ និង​នៅសល់30​% ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

    ផលិតផល​ម្រេច​កំពត​មាន​ 3ប្រភេទ​ គឺ​ម្រេចខ្មៅ​ដែល​លក់​ក្នុង​តម្លៃ​ប្រហែល​ 15ដុល្លារ​ ម្រេច​ក្រហម​តម្លៃ​ 25ដុល្លារ​ និង​ម្រេចស​តម្លៃ​ 28ដុល្លារ​ក្នុង​ 1គីឡូក្រាម​។ ប្រធាន​សមាគម​ បាន​និយាយ​ថា​តម្លៃ​នេះ​មិនបាន​ផ្លាស់​ប្តូរ​ទេ​ក្នុងរយៈពេល​ 4ឆ្នាំ​ចុងក្រោយ​នេះ​។

    គិត​ត្រឹម​ដើមឆ្នាំ2019​ ផ្ទៃដី​ដាំដុះ​ម្រេច​កំពត​មាន​ចំនួន​ 240ហិ​កតា​ ខណៈ​ផ្ទៃដី​ប្រមូល​ផល​មាន​ជាង​100ហិ​កតា​។ តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន​ រួមមាន​ ស្រុក​កំពង់ត្រាច​ ស្រុក​ដងទង់​ ស្រុក​ទឹកឈូ​ ស្រុក​ឈូក​ និង​ក្រុង​កំពត​ ខេត្តកំពត​ ព្រមទាំង​នៅ​ស្រុក​ដំណាក់ចង្អើរ​ និង​ក្រុងកែប​ ខេត្ត​កែប​ផង​ដែរ​។

    លោក​ ងួន​ ឡាយ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖ “ថ្វី​ដ្បិតតែ​ឆ្នាំនេះ​អាកាសធាតុ​ល្អ​ជាង​ឆ្នាំមុន​មែន​ ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​សំខាន់​របស់​កសិករ​ម្រេច​កំពត​នៅពេល​នេះ​ គឺ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ ដែល​អាច​ធ្វើ​ឱ្យ​ចម្ការ​ធំៗ​មួយចំនួន​ត្រូវ​ធ្លាក់ចុះ​ទិន្នផល​ ព្រោះ​មិន​ទទួល​បានការ​ថែទាំ​ដិតដល់​ គឺ​យើង​មក​ជួប​ហានិភ័យ​ច្រើន​លើ​រឿង​ពលកម្ម​។ ពលកម្ម​ក្មេង​ស្រី​ៗ ភាគច្រើន​ចូល​រោងចក្រ​ ហើយ​ប្រុស​ៗដែល​មាន​កម្លាំង​ ភាគច្រើន​ចុះទូក​ ធ្វើ​សំណង់​ និង​ទៅ​ប្រទេស​ថៃ​ ដែល​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​ថ្លៃ​ខុសពី​មុន​។ យើង​បេះ​ម្រេច​តាំង​ពី​តម្លៃ​ 5ពាន់​ 7ពាន់​ ឬ1ម៉ឺន​រៀល​(ក្នុង​ 1គីឡូក្រាម​)ឥឡូវ​តម្លៃ​ 1ម៉ឺន​ 5ពាន់​ ទៅ​ 1ម៉ឺន​ 7ពាន់​ និង​កន្លែង​ខ្លះ​ 2ម៉ឺន​រៀល​ បាន​គេ​ធ្វើ​”។

    ម្រេច​កំពត​ត្រូវ​បាន​សហគមន៍​ចុងភៅ​នៅ​ប្រទេស​បារាំង​ និង​អឺរ៉ុប​ទទួលស្គាល់​ថា​ ជា​ម្រេច​ដែល​មានគុណ​ភាព​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ គុណភាព​លើសគេ​នេះ​ គឺ​ដោយសារ​ម្រេច​កំពត​ត្រូវ​បាន​ដាំដុះ​តាម​លក្ខណៈ​ធម្មជាតិ​ នៅ​តំបន់​ជិត​មាត់សមុទ្រ​ ជា​កន្លែង​ដែល​មាន​បរិស្ថាន​ និង​អាកាសធាតុ​អំណោយផល​ល្អ​។ ការ​ដាំដុះ​ម្រេច​នៅ​ភូមិសាស្ត្រ​ខេត្តកំពត​នេះ​ធ្វើឡើង​តាម​លក្ខណៈ​ប្រពៃណី​សុទ្ធសាធ​ ដោយ​មិន​ប្រើប្រាស់​ជីគីមី​ ឬថ្នាំ​គីមី​សម្លាប់សត្វ​ល្អិត​ឡើយ​។

    កាលពី​ឆ្នាំ2016​ កន្លងទៅ​ ម្រេច​កំពត​ត្រូវ​បាន​ចុះ​បញ្ជី​ទទួលស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ ភី​ជី​អាយ​ (PGI​) នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​។ ការ​ទទួលស្គាល់​នេះ​ បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​-ក្លែងបន្លំ​ផលិតផល​ និង​ជួយ​បង្កើន​ភាព​លេចធ្លោ​នៃ​ម្រេច​កំពត​នៅ​លើ​ទីផ្សារ​ផលិតផល​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​ទីផ្សារ​ដទៃទៀត​ ដោយសារតែ​ផលិតផល​នេះ​មាន​បិទ​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព​ ភី​ជី​អាយ​។

    បច្ចុប្បន្ន​ សមាគម​បាន​លើកកម្ពស់​ផលិតកម្ម​ម្រេច​កំពត​ ដោយធ្វើ​ការ​ជាមួយ​កសិករ​ចំនួន​ 457គ្រួសារ​ ដោយ​ដាំ​ម្រេច​លើ​ផ្ទៃដី​ប្រមាណ​ជាង​ 200ហិ​កតា​។

    ជាក់ស្តែង​ អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​ស្នើ​ដល់​វិនិយោគិន​ក្នុង​ និង​ក្រៅប្រទេស​ឱ្យមក​បណ្ដាក់ទុន​វិនិយោគ​ខាង​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តកំពត​ ខណៈ​ខេត្ត​មួយ​នេះ​ ជា​ខេត្ត​ដែល​មាន​អំណោយផល​ខ្ពស់​ខាង​ដំណាំ​កសិកម្ម​ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ និង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ពី​អន្តរជាតិ​ផង​ដែរ​ ដូចជា​ម្រេច​កំពត​ ដែល​កំពុង​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ដាក់​ផលិតផល​នេះ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ រួចមក​។

    លោក​ ជាវ​ តាយ​ មានប្រសាសន៍​ថា​ ខេត្តកំពត​ជា​ខេត្ត​មាន​សក្ដានុពល​លើ​ដំណាំ​នាំចេញ​មួយចំនួន​ និង​ទទួល​បានការ​គាំទ្រ​ពីទី​ផ្សារ​ក្នុង​ស្រុក​ និង​បរទេស​ផង​ដែរ​ ដូចជា​ដំណាំ​ម្រេច​កំពត​ជាដើម​ ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ និង​កំពុង​មាន​ទីផ្សារ​ខ្ពស់​ពី​អន្តរជាតិ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កសិករ​ពង្រីក​ការ​ដាំដុះ​កាន់តែ​ច្រើន​៕