Author: ធឿន មករា

  • វិធី5យ៉ាង​កែខៃ​បញ្ហា​នៅ​បរិវេណ​រង្វង់​ភ្នែក

    វិធី5យ៉ាង​កែខៃ​បញ្ហា​នៅ​បរិវេណ​រង្វង់​ភ្នែក

    សភាព​ខ្មៅ​ក្រោម​រង្វង់ភ្នែក​ ហើម​ ឬជ្រួញ​ គឺជា​បញ្ហា​ដែល​តែងតែ​កើតឡើង​ជា​រឿយ​ៗចំពោះ​យើង​គ្រប់គ្នា​ តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​ក៏​នៅតែ​ជា​ក្តី​បារម្ភ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ភាព​ស្រស់​ស្អា​តគ្រប់​ៗរូប​។ តើ​អ្នក​ក៏​កំពុងតែ​មានការ​បារម្ភ​ពី​បញ្ហា​ដែល​កើតមាន​នៅ​ជុំវិញ​រង្វង់ភ្នែក​នេះ​ដែរ​ មែនទេ​? សាកល្បង​កម្ចាត់​បញ្ហា​មួយ​នេះ​ ដោយ​វិធី​ធម្មជាតិ​បន្តិច​សិន​មើល៍​ មុននឹង​សម្រេចចិត្ត​ចេញទៅ​ស្វែងរក​នៅ​លើ​ទីផ្សារ​ ប្រសិនបើ​ការសម្រេច​ចិត្ត​របស់​អ្នក​គឺ​ OK​ នោះ​ សូម​បន្ត​ស្វែងរក​ដំណោះស្រាយ​នៅ​បន្ទាត់​ខាងក្រោម​ដូចតទៅ​៖

    1. ផ្លែ​ប៊័រ​ទុំ​ : ប៊័រ​អាច​ជួយ​កាត់បន្ថយ​សភាព​ជ្រីវជ្រួញ​ក្រោម​រង្វង់ភ្នែក​ វា​ប្រៀប​ដូចជា​ម៉ាស​

    ដែល​មាន​ជាតិ​សំណើម​ច្រើន​បំផុត​ ហើយ​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​ស្បែក​។ យក​ផ្លែ​ប៊័រ​ទុំ​នោះ​មក​កិន​ឱ្យ​ម៉ដ្ឋ​ រួច​យក​វា​មក​ធ្វើជា​ម៉ាស​បិទ​ក្រោម​រង្វង់ភ្នែក​។

    2. ស៊ុត​ស : សម្រាប់​ព្យាបាល​សភាព​ស្បែក​ដែល​យារ​ធ្លាក់​ ដែល​តែងតែ​ប្រទះឃើញ​នៅ​បរិវេណ​កន្ទុយភ្នែក​។ ម៉ាស​ថ្លា​បែប​ធម្មជាតិ​ប្រភេទ​នេះ​ មានគុណ​ប្រយោជន៍​ច្រើនណាស់​ចំពោះ​ស្បែក​។ ដូច្នេះ​អ្នក​គួ​តែ​យក​វា​មក​លាប​នៅ​ជុំវិញ​រង្វង់ភ្នែក​ ពិសេស​នៅត្រង់​កន្លែង​ដែល​យារ​ធ្លាក់​នោះ​ឱ្យ​បាន​រាល់ថ្ងៃ​ ដើម្បី​សម្រស់​កែវភ្នែក​ដ៏​ផូរផង់​របស់​អ្នក​។

    3. ទឹកក្រូច​ឆ្មារ​ : ទឹកក្រូច​ឆ្មារ​តែ2​-3ដំណក់​ តែ​មានប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ដែល​ចង់​បំបាត់​សភាព​ខ្មៅ​ក្រោម​រង្វង់ភ្នែក​ ហើយក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​នៅ​ជុំវិញ​រង្វង់ភ្នែក​របស់​អ្នកផង​ដែរ​។

    4. ទឹក​ត្រសក់​ : បន្ថែម​សំណើម​ កាត់បន្ថយ​ស្នាម​ជ្រួញ​ និង​សភាព​ជាំ​ខ្មៅ​នៅ​ក្រោម​រង្វង់ភ្នែក​គឺជា​តួនាទី​របស់​ផ្លែ​ត្រសក់​ ព្រោះ​វា​មាន​វីតាមីន​ C ក៏ដូចជា​អាស៊ីត​ Caffeic​ ដែល​ជួយ​សាងសង់​ខូ​ឡា​ជេន​ និង​ការពារ​ស្បែក​ពី​កាំរស្មី​ UV​។

    5. ទឹក​ម្នាស់​ : ប្រសិនបើ​អ្នកមាន​បំណង​ចង់​កាត់បន្ថយ​សភាព​ខ្មៅ​ យារ​ និង​សភាព​ស្ងួត​នៅ​ក្រោម​រង្វង់ភ្នែក​របស់​អ្នក​ ទឹក​ម្នាស់​អាច​ជួយ​អ្នក​បាន​ ដោយ​គ្រាន់តែ​យក​ទឹក​ម្នាស់​បន្តិចមក​លាប​លើ​កន្លែង​ដែល​មាន​បញ្ហា​ ទុកចោល15​-20នាទី​ សឹម​សម្អាត​ចេញ​។ ទឹក​ម្នាស់​មាន​ជាតិ​អាស៊ីត​ alpha​-hydroxy​ និង​ bromelain​ ព្រម​ទាំង​អង់​ហ្សីម​ដែល​អាច​កម្ចាត់​ស្បែ​កចាស់​ៗចោល​ ធ្វើ​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ជាង​មុន​។ សូម​ប្រញាប់​លាង​សម្អាត​ផ្ទៃមុខ​ចេញ​ ប្រសិនបើ​អ្នក​សង្កេតឃើញ​ថា​ ស្បែក​អ្នក​រមាស់​ខ្លាំង​ ឬផ្សា​ក្រហាយ​ខ្លាំង​នៅពេល​លាប​ទឹក​ម្នាស់​ ព្រោះ​ស្បែក​របស់​អ្នក​អាច​នឹង​ទ្រាំទ្រ​ជាមួយ​អាស៊ីត​ទាំងនេះ​មិនបាន​។
    ការ​ថែរក្សា​រង្វង់ភ្នែក​តាមវិធី​សាស្ត្រ​ទាំង5​នេះ​គឺ​ផ្តល់​នូវ​ភាព​ចំណេញ​ច្រើន​ដល់​អ្នក​ ព្រោះ​ចំណេញ​ទាំង​ពេលវេលា​ និង​ប្រាក់កាក់​ ហើយ​ថែមទាំង​មិន​បារម្ភ​រឿង​ប៉ះពាល់​សុខភាព​ ហើយ​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​កាន់តែ​មាន​ភាព​ស្រស់ស្រាយ​និង​ភ្លឺ​ថ្លា​ជាង​មុន​ថែមទៀត​ផង​៕

  • តើ​អាការ​ហើម​ភ្នែក​បណ្ដាលមកពី​គេង​មិន​គ្រប់​ឬយ៉ាងណា​?

    តើ​អាការ​ហើម​ភ្នែក​បណ្ដាលមកពី​គេង​មិន​គ្រប់​ឬយ៉ាងណា​?

    អាការ​ហើម​ភ្នែក​តែង​កើតឡើង​ជា​រឿយ​ៗចំពោះ​មនុស្ស​គ្រប់​វ័យ​ នៅពេល​ដែល​អ្នក​សម្រាក​មិន​គ្រប់គ្រាន់​ ឬប្រើប្រាស់​ភ្នែកស​ម្លឹង​អេ​ក្រង់​កំ​ព្យូទ័រ​ខ្លាំង​ហួស​កម្រិត​ និង​ច្រើន​ម៉ោង​។ ចំពោះ​ដំណោះស្រាយ​អាការ​ហើម​ភ្នែក​ក៏​មាន​ច្រើនយ៉ាង​ផង​ដែរ​ ដោយ​អ្នក​អាច​ប្រើប្រាស់​កាក​កាហ្វេ​ ស្អំ​ទឹកកក​ ឬស្អំ​ចំណិត​ត្រសក់​ជាដើម​។ តែ​ដោយឡែក​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន នឹង​ជម្រាប​ជូន​អំពី​វិ​ធី​ងាយ​ៗ ដែល​ជួយ​កាត់បន្ថយ​អាការ​ហើម​ភ្នែក​យ៉ាង​មានប្រសិទ្ធភាព។

    ជាដំបូង​អ្នក​ត្រូវ​ស្វែងយល់​ជាមុន​សិន​ថា​ តើ​ត្របកភ្នែក​របស់​អ្នក​ហើម​ដោយសារអ្វី​? បើ​ទោះបីជា​ភាគច្រើន​មានការ​សង្ស័យ​លើ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ ដែល​បណ្តាល​ឱ្យ​ភ្នែក​ទៅជា​ហើម​នៅពេល​ព្រឹក​ឡើង​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា​ ក្រៅពី​គេង​មិន​គ្រប់​ ក៏​មានក​ត្តា​ច្រើន​ទៀត​ ដែល​នាំ​ឱ្យ​ភ្នែក​ហើម​បាន​ផង​ដែរ​។ អ្នក​អាច​ពិនិត្យមើល​នូវ​កត្តា​មួយចំនួន​ដូច​ខាងក្រោម​នេះ​ ៖

    • រលាក​ភ្នែក​
    ការ​ហើម​ភ្នែក​ ក៏អាច​ជា​អាការ​ដ៏​ញឹកញាប់​មួយ​នៃ​អាការ​រលាក​ភ្នែក​ផង​ដែរ​។ រឿង​ផ្សេង​ៗដូចជា​ ការ​គេង​នៅ​លើ​ខ្នើយ​ដែល​មាន​ធូលី​ដី​ច្រើន​ ភួយ​ចាស់​ៗ និង​ដុះផ្សិត​ សុទ្ធតែ​ជា​របស់​ដែល​អាច​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ងាយ​រលាក​-ភ្នែក​ និង​មាន​បញ្ហា​ស្បែក​ ដែល​បង្ក​ជា​ការ​ហើម​ភ្នែក​បាន​ទាំងអស់​។

    • អាកាសធាតុ​ក្តៅហែង​
    ការ​អង្គុយ​នៅក្នុង​បន្ទប់​ ឬកន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​ អាច​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ឡើង​ស្ងួត​ និង​ងាយ​រលាក​ជាង​ធម្មតា​។ នេះ​ដោយ​សារ​តែ​កម្តៅ​អាច​ធ្វើ​ឱ្យ​ភ្នាស​មាន​ទឹករំអិល​ក្នុង​ភ្នែក​ស្ងួត​ ជាពិសេស​នៅ​បរិ​វេញ​ជុំវិញ​ភ្នែក​ ដែល​ជាហេតុ​នាំ​ឱ្យ​ភ្នែក​ទៅជា​រលាក​ និង​ហើម​បាន​។

    • ការ​យំ
    ​រឿង​នេះ​នរណា​ក៏​ដឹង​ដែរ​ថា​ ការ​យំ​បណ្តាល​ឱ្យ​ហើម​ភ្នែក​បាន​។ វា​គឺជា​ការផលិត​ក្រពេញ​ទឹកភ្នែក​នៅក្នុង​ភ្នែក​ ហើយ​កាលណា​ការផលិត​ទឹកភ្នែក​ច្រើនជ្រុល​ពេក​ វា​អាច​បណ្តាល​ឱ្យ​ជាលិកា​ជុំវិញ​ភ្នែក​ទៅជា​ប៉ោង​ហើម​បាន​។

    • ការ​មករ​ដូវ​
    អ្នក​អាច​បន្ទោស​ការ​ហើម​ភ្នែក​នេះ​ ដោយសារតែ​ការ​មករ​ដូវ​បាន​។ ធម្មតា​ភ្នែក​របស់​អ្នក​មាន​បញ្ហា​ដោយសារ​កង្វះ​ជាតិទឹក​នៅក្នុង​រាងកាយ​ ក្នុងអំឡុងពេល​មករ​ដូវ​ប្រចាំខែ​ ភ្នែក​ក៏​ក្លាយទៅជា​ហើម​តែម្តង​ទៅ​ វា​មិន​ខុសគ្នា​នឹង​ការ​ហើមពោះ​ក្នុង​ពេល​មករ​ដូវ​នោះ​ទេ​។ នោះ​ក៏ដោយសារតែ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ហ្នឹងឯង​។

    • កង្វះ​អ័រម៉ូន​ទី​រ៉ូ​អុី​ត
    ការ​ហើម​ភ្នែក​អាច​ជា​ផល​រំខាន​មួយ​នៃ​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អុី​ត។ ប្រសិនជា​អ្នកមាន​ជំងឺ​នេះ​មែន​ អ្នក​ពិតជា​អាច​មើលឃើញ​ភាព​ក្រាស​នៃ​ខ្លាញ់​នៅ​ជុំវិញ​បរិវេណ​ភ្នែក​របស់​អ្នក​ ដែល​វា​ជា​ហេតុ​នាំ​ឱ្យ​ហើម​ភ្នែក​។

    • គ្រឿងស្រវឹង​
    គ្រឿងស្រវឹង​មិនគ្រាន់​តែ​អាច​បង្ក​ឱ្យ​រាងកាយ​ខ្សោះ​ជាតិទឹក​នោះ​ទេ​ តែ​ក៏​បណ្តាល​ឱ្យ​ភ្នែក​ស្ងួត​ និង​ហើម​បាន​ដែរ​។ មនុស្ស​ភាគច្រើន​មាន​និន្នាការ​ទទួលទាន​អាហារ​មាន​រសជាតិ​ប្រៃ​ច្រើន​ជាមួយ​គ្រឿងស្រវឹង​ ដូច្នេះ​វា​អាច​នឹង​ទាញ​យកជាតិ​ទឹក​ចូល​ទៅ​ក្នុង​បរិវេណ​ភ្នែក​បាន​ផង​ដែរ​។
    បើ​ទោះបីជា​ភ្នែក​របស់​អ្នក​ហើម​យ៉ាងណា​ក៏​ដោយ​ តែ​យើង​នៅ​មាន​ដំណោះស្រាយ​ ដែល​អាច​ព្យាបាល​ដោយ​ចំណាយ​ថវិកា​អស់​តិច​ តែ​មាន​ប្រសិទ្ធ​ខ្ពស់​ និង​មិន​ប៉ះពាល់​ដល់​សរសៃ​ភ្នែក​ និង​កែវភ្នែក​។ សូម​សាកល្បង​វិធី​ដូច​ខាងក្រោម​នេះ​ ៖

    1. យក​ផ្លែ​ត្រសក់​មក​ក្លា​ស្សេ​ឱ្យ​ត្រជាក់​ ហើយ​ហាន់​ជា​ចំ​ណិ​តស្តើង​ៗ រួច​យក​វា​មក​ដាក់​នៅ​លើ​ត្របកភ្នែក​ទាំងសងខាង​របស់​អ្នក​ ដោយ​បិទ​ភ្នែក​សម្រាក​ឱ្យ​បាន​ពី10​-20នាទី​។

    2. យក​ថង់​តែ​ដែល​ឆុង​រួច​មក​ក្លា​ស្សេ​ឱ្យ​ត្រជាក់​ រួច​សឹម​យក​មក​ដាក់​ស្អំ​នៅ​លើ​ត្របកភ្នែក​ទាំងសងខាង​ ដោយ​សម្រាក​ឱ្យ​បាន​យូរ​បន្តិច​។

    3. យក​ក្រណាត់​ស្អាត​មក​ជ្រលក់​ទឹក​ត្រជាក់​ រួច​យក​មក​ស្អំ​នៅ​លើ​ភ្នែក​ ដោយ​បិទ​ភ្នែក​គេង​ប្រមាណ10​-20នាទី​ជាការស្រេច​។

    4. ដើម្បី​បន្ថយ​អាការ​ហើម​ភ្នែក​ អ្នក​គ្រាន់តែ​យក​ស្លាបព្រា​ដា​ក់​ក្លា​ស្សេ​ក្នុង​ថត​កក​រឹង​នៃ​ទូទឹកកក​ ទុកចោល​មួយ​យប់​ ពេល​ភ្ញាក់​ឡើង​ ចូរ​យក​ស្លា​ព្រា​ដែល​កំពុង​ត្រជាក់​ខ្លាំង​នោះ​មក​ស្អំ​នៅ​ជុំវិញ​ភ្នែក​ រហូតដល់​ស្លាបព្រា​ចាប់ផ្តើម​ក្តៅ​ឧណ្ហ​ៗវិញ​។ គ្រាន់តែ​អនុវត្ត​វិធី​ដែល​បាន​រៀបរាប់​ពី​ខាងលើ​តែ​ប៉ុណ្ណេះ​ នោះ​ភ្នែក​របស់​អ្នក​នឹង​បាត់​ហើម​ជាមិនខាន​៕

  • សាកល្បង​វិធី​ធម្មជាតិ​ បែប​ងាយ​ៗ កែ​បញ្ហា​ក្លៀក​ខ្មៅ​

    សាកល្បង​វិធី​ធម្មជាតិ​ បែប​ងាយ​ៗ កែ​បញ្ហា​ក្លៀក​ខ្មៅ​

    តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ក្លៀក​ខ្មៅ​ដែរ​ឫទេ​? ការ​ដក​រោមក្លៀក​ អាច​បណ្តាល​ឱ្យ​ដាច់​របួស​ស្បែក​នៅត្រង់​បរិវេណ​ក្លៀក​បាន​ ហើយ​វា​អាច​ក្លាយទៅជា​ដំបៅ​នៅត្រង់​បរិវេណ​ដែល​បាន​ដក​រោមក្លៀក​នោះ​។ ម្យ៉ាងវិញទៀត​ វា​ធ្វើ​ឱ្យ​ស្បែក​ឡើងពណ៌​ខ្មៅ​ ដែល​ស្ត្រី​ភាគច្រើន​តែងតែមាន​ការ​អាក់អន់​ចិត្ត​ចំពោះ​បញ្ហា​នេះ​។

    ដោយឡែក​ ស្ត្រីជន​ជាតិអឺរ៉ុប​មួយចំនួន​ មិន​ប្រើប្រាស់​វិធីដក​រោមក្លៀក​នោះ​ទេ​ ផ្ទុយទៅវិញ​ពួកគេ​ចូលចិត្ត​ទុក​រោមក្លៀក​ ដើម្បី​ឱ្យ​មើលទៅ​សិច​ស៊ី​។ ក៏ប៉ុន្ដែ​ចំពោះ​ស្ត្រី​នៅ​តំបន់​អាស៊ី​ បែរជា​ចូលចិត្ត​កម្ចាត់​រោមក្លៀក​ ដោយ​ការប្រើ​ប្រាស់​ផលិត​ផល​ជម្រុះ​រោមក្លៀក​ ឬការ​ដក​រោមក្លៀក​ជាដើម​។ជាមួយគ្នា​នេះ​ដែរ​ ប្រសិនបើ​អ្នក​ចង់​ដក​រោមក្លៀក​អ្នក​គួរតែ​ជូត​សម្អាត​ដោយ​អាកុល​ជាមុន​សិន​ ហើយ​ទុក​វា​ឱ្យ​ស្ងួត​ ដើម្បី​កុំឱ្យ​ឆ្លង​មេរោគ​នៅពេល​ដក​រោមក្លៀក​ចេញ​។ បន្ទាប់មក​អ្នក​ត្រូវ​យក​ដង្កៀប​ស្អាត​មក​ចាប់​កៀប​រោមក្លៀក​ត្រង់​គល់​រោម​ រួច​ដក​វា​ចេញ​មក​។ ការ​ធ្វើបែប​នេះ​ អាច​បណ្តាល​ឱ្យ​រោ​មក្លៀ​កស​ណ្ត​កម​កដោយ​ងាយស្រួល​ ហើយ​វា​ក៏​មិន​បង្ក​ឱ្យ​ដាច់​ស្បែក​ ដូច​ចាប់ដក​រោម​ត្រង់​កណ្តាល​ ឬចុង​រោម​នោះ​ទេ​។

    ពី​ធម្មជាតិ​សារជាតិ​អាស៊ីត​, សារធាតុ​ប្រឆាំង​និង​បាក់​តេ​រី​ផ្សេង​ៗ ដែល​មាននៅ​ក្នុង​បន្លែ​ និង​ផ្លែឈើ​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺរលោង​តាម​បែប​ធម្មជាតិ​។ ជាមួយគ្នា​នេះ​ដែរ​ ដំឡូងបារាំង​ ត្រសក់​ និង​ក្រូចឆ្មារ​ អាច​កម្ចាត់​ស្នាម​ខ្មៅ​របស់​ក្លៀក​បាន​។

    1. ដំឡូងបារាំង​
    ចិត​ដំឡូងបារាំង​ជា​ចំ​ណិ​តស្តើង​ៗ ហើយ​យក​មក​ដុស​លើ​កន្លែង​ដែល​មានស្នាម​ខ្មៅ​។ មួយវិញទៀត​អ្នក​អាចយ​កវា​ទៅ​កៀប​យក​ទឹក​ រួច​យក​មក​លាប​នៅ​លើ​ក្លៀក​ទុកចោល​រយៈពេល10​នាទី​ ទើប​លាង​ស្អាត​ចេញ​វិញ​ក៏បាន​។

    2. ក្រូចឆ្មារ
    ​យក​ចំណិត​ក្រូចឆ្មារ​មក​ដុស​នៅ​លើ​កន្លែង​ក្លៀក​ខ្មៅ​ វា​នឹង​ជួយ​កម្ចាត់​ស្នាម​ខ្មៅ​ និង​ធ្វើ​ឱ្យ​ស្បែក​សភ្លឺឡើង​វិញ​។ ទុក​វា​ចោល​ចំនួន10នាទី​ រួច​សឹម​លាង​សម្អាត​ចេញ​វិញ​។ ចូរ​កុំ​ភ្លេច​លាប​ឡេ​ ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​ផង​ ពីព្រោះ​ថា​ អាស៊ីត​នៅ​ក្នុង​ក្រូចឆ្មារ​ អាច​នាំ​ឱ្យ​ស្បែក​ស្ងួត​។ ជាមួយគ្នា​នេះ​ដែរ​ អ្នក​ក៏អាច​លាយ​ក្រូចឆ្មារ​ជាមួយនឹង​ម្សៅល្មៀត​មួយ​ភាគ​តូច​ ឬយ៉ា​អួ​សាប​ ឬទឹកឃ្មុំ​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​មាន​សភាព​ទន់​។

    3. ត្រសក់​
    ចូរ​ចិត​ផ្លែ​ត្រ​សក់​ស្តើង​ៗ ឬកៀប​យក​ទឹក​ដូចជា​ ដំឡូងបារាំង​ដែរ​ក៏បាន​។ មួយវិញទៀត​ អ្នក​ក៏​អាច​បន្តក់​ទឹកក្រូច​ឆ្មារ​ 2ឬ​ 3ដំណក់​ និង​ម្សៅល្មៀត​លាយ​ទៅ​ក្នុងទឹក​ត្រសក់​ រួច​លាប​ល្បាយ​នោះ​ នៅ​លើ​ក្លៀក​ត្រង់កន្លែង​ឡើង​ខ្មៅ​ ហើយ​ទុកចោល​រយៈពេល30នាទី​ សឹម​លាង​ជាមួយនឹង​ទឹក​ស្អាត​ចេញ​ជាការស្រេច​។

    4. ស៊ុត​លឿង​
    យក​ស៊ុត​ពណ៌លឿង​មក​ម៉ាស្សា​នៅ​បរិវេណ​ក្លៀក​ខ្មៅ​ រួច​ទុក​វា​ចោល​មួយ​យប់​។ ដោយឡែក​ សារជាតិ​អូ​មេ​ហ្កា3​ ដែល​មាននៅ​ក្នុង​ប្រេង​ស៊ុត​ អាច​ជួយ​ឱ្យ​ភាព​គ្រើម​នៅ​លើ​ក្លៀក​ មាន​សភាព​ទន់​ និង​រលោង​ឡើងវិញ​។ អ្នក​គួរតែ​លាង​ វា​នៅពេល​ភ្ញាក់​ឡើង​ ជាមួយនឹង​សាប៊ូ​ pH​ ជា​ការ​ស្រេច​៕

  • ធ្លាប់​ចាប់អារម្មណ៍​ទេ​! ចូលគេង​យប់​ពេក​ ធ្វើ​ឱ្យ​ទម្ងន់​កាន់តែ​ឡើង​មិនព្រម​ស្រក​សោះ​

    ធ្លាប់​ចាប់អារម្មណ៍​ទេ​! ចូលគេង​យប់​ពេក​ ធ្វើ​ឱ្យ​ទម្ងន់​កាន់តែ​ឡើង​មិនព្រម​ស្រក​សោះ​

    ការ​សម្រក​ទម្ងន់​ដោយ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​មិន​ចូលគេង​យប់ជ្រៅ​ពេក​ គឺជា​កត្តា​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង​។ ការ​មិន​ចូលគេង​យប់ជ្រៅ​ពេក​ នោះ​នឹង​ធ្វើ​ឱ្យ​រាងកាយ​បញ្ចេញ​នូវ​អ័រម៉ូន​លែ​បទី​ន ដែល​ហុច​ផល​ល្អ​ក្នុង​ការ​ដុតរំលាយ​សារធាតុ​ខ្លាញ់​នៅក្នុង​រាងកាយ​ នៅពេល​ដែល​អ្នក​គេងលក់​។ វា​ក៏បាន​ជួយ​គ្រប់គ្រង​ការរំលាយអាហារ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ការ​សម្រក​ទម្ងន់​ មិនមែន​សំដៅលើ​តែ​ការ​តម​អាហារ​នោះ​ទេ​ អ្នក​ត្រូវ​ពិនិត្យមើល​ការសម្រាក​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ផង​ដែរ​ ព្រោះ​ខួរក្បាល​សម្រាក​ទៀងពេល​ នោះ​ការ​បញ្ចេញ​អ័រម៉ូន​ផ្សេង​ៗក៏​ប្រក្រតី​ដូចគ្នា​។

    បើ​អ្នកជំនាញ​បាន​ពន្យល់​អះអាង​ថា​ កាលណា​យើង​គេង​មិនបាន​គ្រប់គ្រាន់​ ប្រព័ន្ធ​ប្រសាទ​របស់​យើង​មិន​មានឱកាស​ក្នុង​ការ​ប្តូរ​ផ្លាស់​ប្រតិបត្តិ​ការ​សារ​ជាថ្មី​នោះ​ទេ​ ហើយ​វា​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​មានដំណើរ​ការ​មិន​ប្រក្រតី​ទៀតផង​។ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ វា​បាន​ធ្វើ​ឱ្យ​សរីរាង្គ​មិន​អាច​ប៉ាន់ប្រមាណ​ពី​សេចក្តី​ត្រូវការ​របស់​ខ្លួន​ ដោយ​វា​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​ និង​ញុំា​មិន​ចេះ​ឆ្អែត​។ មូលហេតុ​ទាំងពីរ​នេះ​ ស្ថិតនៅ​លើ​អ័រម៉ូន​អុី​ប៉ូ​ឡា​តា​ម៉ូស​ ដែល​មាន​តួនាទី​ទទួល​ព័ត៌មាន​ពី​សរីរាង្គ​អំពី​ស្ថានភាព​របស់​ការ​បម្រុង​ និង​ការ​ត្រូវ​ការ​នៃ​ថាមពល​សម្រាប់​ការពារ​សរីរាង្គ​។

    មួយវិញទៀត​ អុី​ប៉ូ​តា​ឡា​ម៉ុស​ អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ខូច​សតិ​ ដូចជា​ ធ្វើ​ឱ្យ​អ្នកមាន​ភាព​តានតឹង​ ធុញថប់​ និង​ហត់នឿយ​។ ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​សរសៃប្រសាទ​មាន​ស្ថិរភាព​ឡើងវិញ​ មានតែ​វិធី​គេង​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​ឱ្យ​អ្នក​ដែល​មាន​រាង​ធាត់​ល្មម​ ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​ ក្នុងអំឡុងពេល​ត្រឹមតែ2ទៅ3សប្តាហ៍​។ ចំណែក​ឯអ្នកមាន​រាង​ធាត់​ខ្លាំង​អាច​សម្រក​ទម្ងន់​បាន​ក្នុងរយៈពេល2ទៅ3ខែ​។ អ្នក​ត្រូវ​គេង​តាម​សេចក្តី​ត្រូវការ​របស់​អ្នក​ និង​ឱ្យ​បាន​គ្រប់គ្រង​ដើម្បី​ឱ្យ​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​បាន​ល្អ​។ ការ​មិន​គេង​យប់ជ្រៅ​ពេក​ អាច​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រាសាទ​របស់​អ្នកមាន​លំនឹង​ឡើងវិញ​។ ដើម្បី​ទទួល​បាន​លទ្ធផល​បែបនេះ​ អ្នក​ត្រូវ​រាប់ម៉ោង​គេង​របស់​អ្នក​ជាមធ្យម​ក្នុង​មួយ​យប់​ សម្រាប់​ថ្ងៃធ្វើការ​ (ដើម​សប្តាហ៍​) សម្រាប់​ថ្ងៃឈប់​សម្រាក​ចុង​សប្តាហ៍​ និង​សម្រាប់​ពេល​វិស្សមកាល​។

    បន្ទាប់មក​អ្នក​ត្រូវ​រាប់​ចំនួន​ម៉ោង​ដែល​បាន​គេង​ នៅពេល​ដែល​អ្នក​ភ្ញាក់​ឡើង​ ប៉ុន្តែ​អ្នក​ក៏អាច​គេង​បន្ត​ទៀត​បាន​ដែរ​ ប្រសិនបើ​អ្នកមាន​ពេលទំនេរ​។ អ្នក​ត្រូវ​បូក​លទ្ធផល​ទាំង4បញ្ចូល​គ្នា​ រួច​ចែក​នឹង4​ ហើយ​បន្ទាប់មក​ ត្រូវ​រៀបចំ​កម្មវិធី​ ពេល​គេង​របស់​អ្នកតា​មកា​រប្រែ​ប្រួល​នៃ​ពេល​ភ្ញាក់​ពី​គេង​ និង​ពេល​ងងុយគេង​របស់​អ្នក​។ យ៉ាងហោចណាស់​ អ្នក​ត្រូវ​បរិភោគ​អាហារ​ពេលយប់​ឱ្យ​បាន​2ម៉ោង​ មុន​ពេល​ចូលគេង​ ដើម្បី​ចៀសវាង​ការ​មាន​ទំនាក់ទំនង​គ្នា​ រវាង​ការរំលាយអាហារ​ និង​ការ​ងងុយគេង​៕

  • ស្រស់​ស្អាត​ ដោយ​ការ​មើលថែ​ទាំ​ខ្លួន​យ៉ាង​ល្អ​

    ស្រស់​ស្អាត​ ដោយ​ការ​មើលថែ​ទាំ​ខ្លួន​យ៉ាង​ល្អ​

    1. លាង​សម្អាត​ និង​ខាត់ស្បែក​មុខ
    ​ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ឱ្យ​បាន​ស្អាត​ហ្មត់ចត់​រាល់​ព្រឹក​ និង​ល្ងាច​ជាប្រចាំ​ ដោយ​ជ្រើសរើស​ប្រើ​ផលិតផល​លាង​សម្អាត​មុខ​ដែល​ត្រូវ​នឹង​សភាព​ស្បែក​របស់​អ្នក​ ក្រៅពី​នេះ​ អ្នក​ត្រូវ​ដុសខាត់​ស្បែក​មុខ​របស់​អ្នក​ ដើម្បី​កម្ចាត់​កោសិកា​ស្បែ​កចាស់​ៗ ដែល​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ខ្មៅ​ស្រអាប់​ចេញ​ ដោយ​ជ្រើសរើស​ប្រើ​ Scrubs​ប្រភេទ​ខ្សោយ​ និង​ធ្វើជា​ប្រចាំ​ មួយ​សប្តាហ៍1​-2ដង​។

    2. ប្រើ​ ថូនើ​រ៍​ (Toner​)
    ដំណាក់កាល​បន្តម​កទៀត​ ដើម្បី​ឱ្យ​ផ្ទៃមុខ​ស្រស់ថ្លា​នោះ​ អ្នក​ត្រូវ​ជូត​សម្អាត​ផ្ទៃមុខ​ ដោយ​ថូនើ​រ៍​បន្ទាប់ពី​បាន​លាង​ និង​ខាត់ស្បែក​មុខ​រួចរាល់​ហើយ​។ ថូនើ​រ៍​ជួយ​សម្រួល​តុល្យភាព​ដល់​ស្បែក​មុខ​ និង​ជួយ​សម្អាត​កំណក​កខ្វក់​ដែល​នៅ​សេសសល់​លើ​ផ្ទៃមុខ​ តែ​ដំណាក់កាល​នេះ​មិនមែន​ជា​ដំណាក់កាល​ “ចាំបាច់​” ក្នុង​ការ​មើលថែ​ទាំ​ស្បែក​មុខ​នោះ​ទេ​ តែបើ​អ្នក​បាន​ធ្វើ​នោះ​ ធានា​ថា​ អ្នក​នឹង​មាន​អារម្មណ៍ល្អ​ជាមួយនឹង​សភាព​ស្បែក​របស់​ខ្លួនឯង​ខ្លាំង​ណាស់​។ មិន​ចាំបាច់​ធ្វើ​វា​រៀងរាល់​លើក​ ក្រោយពេល​លាងមុខ​ហើយ​នោះ​ទេ​ អ្នក​គ្រាន់តែ​ធ្វើបែប​នេះ​នៅពេល​ល្ងាច​គឺ​គ្រប់គ្រាន់​ហើយ​។

    3. លាប​ ម៉​យស្ជើ​រ៉ា​យហ្ស័រ​ (Moisturizer​) បន្ថែម​សំណើម​
    ដំណាក់កាល​នេះ​ ជា​ដំណាក់កាល​ដែល​ខ្វះ​មិនបាន​ជាដាច់ខាត​ក្នុង​ការ​មើលថែ​ទាំ​ស្បែក​មុខ​ មិនថា​អ្នកមាន​សភាព​ស្បែក​បែប​ណាក៏ដោយ​។ ស្បែក​ស្ងួត​រឹតតែ​ត្រូវការ​ម៉​យស្ជើ​រ៉ា​យហ្ស័រ​ច្រើន​ ដើម្បី​រក្សា​តុល្យភាព​របស់​ស្បែក​ ដោយ​នា​រីៗ​គ្រប់គ្នា​គួរ​បំប៉ន​ស្បែក​មុខ​ទាំង​ពេលថ្ងៃ​ និង​ពេលយប់​ ហើយ​ត្រូវ​ជ្រើសរើស​ប្រើ​ម៉​យស្ជើ​រ៉ា​យហ្ស័​រដែ​លស័ក្តិសម​នឹង​ស្បែក​របស់​អ្នកផង​ដែរ​។

    4. តម្រឹម​ចិញ្ចើម​ឱ្យ​មាន​របៀប​ និង​ស្រស់​ស្អាត​
    ការ​កាត់តម្រឹម​រោមចិញ្ចើម​ដែល​ដុះ​វែង​ និង​ក្រាស់​ឱ្យ​មើលទៅ​មាន​រូប​ទម្រង់​ស្អាត​ នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ស្រស់ថ្លា​ឡើង​បាន​ អ្នក​ដែល​មាន​រោមចិញ្ចើម​ក្រាស់​ រឹតតែ​ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះរឿងនេះ​ខ្លាំង​ឡើង​។

    5. ឧស្សាហ៍​បក​មុនខ្សាច់​ចេញ​ផង
    ​មុន​ខ្សាច់​តូច​ៗ និង​ខ្មៅ​ៗនៅ​លើ​ច្រមុះ​ ឃើញ​ហើយ​រំខាន​ភ្នែក​ខ្លាំង​ណាស់​ និង​ស្ទាប​ទៅ​រាង​គ្រើម​ៗ ដែល​យើង​មិន​ចង់បាន​ឡើយ​ ដូច្នេះ​ត្រូវ​ចាត់ការ​មុនខ្សាច់​ទាំងអស់​នេះ​ឱ្យ​អស់​ តែ​មិនមែន​ដោយ​ការ​ញេច​នោះ​ទេ​ គឺ​ធ្វើការ​បក​វា​ចេញ​ដោយ​បន្ទះ​សម្រាប់​បក​មុនខ្សាច់​ តែ​មិន​គួរ​ធ្វើ​ញឹក​-ញាប់​លើស​ពី​មួយ​សប្តាហ៍1ដង​ទេ​ ព្រោះ​វា​អាច​ក្លាយ​ទៅជា​ការបំផ្លាញ​ស្បែក​មុខ​ខ្លួនឯង​ទៅវិញ​ទេ​។

    6. ទទួលទាន​ឱ្យ​ត្រូវ​តាម​ក្បួន​ភោជនាហារ​ និង​ហាត់ប្រាណ​ផង
    ​នា​រីៗ​ទាំងឡាយ​ប្រហែលជា​ធ្លាប់​បានឮ​ពាក្យ​ណែនាំ​នេះ​ឡើង​ធុញ​ហើយ​មើលទៅ​ តែ​វា​មាន​ហេតុ​ផលល្អៗ​ជាច្រើន​បង្កប់​នៅក្នុង​នោះ​។ បើ​ចង់​ស្អាត​យ៉ាង​ជឿជាក់​ក្នុងចិត្ត​ ទាំង​រឿង​ស្បែក​ និង​រូបរាង​នោះ​ នា​រីៗ​ត្រូវតែ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​អាហារ​គ្រប់​ចំនួន​ក្នុង​បរិមាណ​ដែល​សមរម្យ​ និង​ត្រូវ​ហាត់ប្រាណ​គួបផ្សំ​ជាមួយគ្នា​ជាប់​ជាប្រចាំ​ផង​។

    7. ធ្វើអ្វី​គ្រប់យ៉ាង​ឱ្យ​បាន​ទៀងទាត់​ និង​ជាប់​ជានិច្ច
    ​រឿង​សំខាន់​បំផុត​ដែល​ជា​គ្រឿង​វាស់វែង​ថា​ តើ​អ្នក​នឹង​ក្លាយជា​នារី​ដែល​ស្រស់​ស្អាត​មិនបាច់​ពឹង​លើ​ក្រែម​ម្សៅ​បាន​មែន​ឬក៏​អត់​នោះ​ គឺ​ការ​ធ្វើតាម​គ្រប់​ចំណុច​ដែល​បាន​រៀបរាប់​មក​ខាងលើ​យ៉ាង​ជាប់លាប់​ជាប្រចាំ​ ទោះជា​រយ:ដំ​បូងៗ​អាច​ត្រូវ​បង្ខំខ្លួន​ឯង​បន្តិច​ក៏ដោយ​ ហើយ​នៅពេល​ដែល​វេលា​កន្លង​ផុត​ទៅ​ អ្នក​នឹង​ធ្លាប់ខ្លួន​ ក្លាយជា​និស្ស័យ​ រហូតដល់​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​សោះ​បើ​មិនបាន​មើលថែ​ទាំ​ខ្លួនឯង​ដូច​ទម្លាប់​នោះ​។

    ដល់ពេល​ហ្នឹង​ អ្នក​នឹង​ស្រស់​ស្អាត​ ហើយ​ជឿជាក់​លើ​ខ្លួនឯង​គ្រប់ពេលវេលា​ ទោះជា​ត្រូវ​បង្ហាញ​ផ្ទៃមុខ​ដែល​គ្មាន​ក្រែម​ម្សៅ​ក៏ដោយ​ ក៏​មិន​បារម្ភ​ដែរ​៕

  • វិធី​សម្អាត​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក​

    វិធី​សម្អាត​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក​

    វិធី​ធ្វើ​គឺ​ យក​ថង់​ប្លាស្ទិក​តូចល្មម​មួយ​ ដាក់​ទឹក​សាជូរ​កន្លះ​ថង់​ រួចហើយ​យក​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​មក​ដាក់​ត្រាំ​ក្នុង​ថង់​ទឹក​សាជូរ​នោះ​ ចង​មាត់​ថង់​ឱ្យ​ណែន​ រួច​ទុកចោល​មួយ​យប់​។ បន្ទាប់ពី​នោះ​មក​ ចូរ​ស្រាយ​មាត់​ថង់​យក​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ចេញ​មក​លាង​នឹង​ទឹក​ឱ្យ​ស្អាត​ ​តែ​ប៉ុណ្ណឹង​បងៗ​ស្ត្រី​មេផ្ទះ​នឹង​បាន​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​សម្រាប់​ងូតទឹក​ដែល​ស្អាត​ ហើយ​ថែមទាំង​បាញ់​ទឹក​ចេញ​មក​ខ្លាំង​ល្អ​ទៀតផង​។ វិធី​នេះ​ល្អ​សម្រាប់​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ដែល​មិន​អាច​ដោះ​ចេញពី​ទុយោ​បាន​។

    បានដឹង​បែបនេះ​ហើយ​ សូម​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់​សាកល្បង​ធ្វើតាម​វិធី​ទាំងអស់​ខាងលើ​ដើម្បី​ការសន្សំសំចៃ​ និង​ថែទាំ​របស់របរ​ឱ្យ​បាន​ស្អាត​ និង​ប្រើប្រាស់​បាន​យូរ​ផង​ ហើយ​ជាពិសេស​កុំ​ភ្លេច​ប្រាប់​តៗ​គ្នា​ឱ្យ​បានដឹង​ផង​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 175

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 175

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/06/LRPN_175-Final-For-Web.pdf” force_dl=”1″]

  • សេចក្ដី​ស្រឡាញ់​ និង​អត្ថន័យ​ដ៏​ស៊ីជម្រៅ​របស់​ការ​រៀបការ​

    សេចក្ដី​ស្រឡាញ់​ និង​អត្ថន័យ​ដ៏​ស៊ីជម្រៅ​របស់​ការ​រៀបការ​

    អត្ថបទ​ខាងក្រោម​នេះ​បាន​រៀបរាប់​អំពី​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​របស់​ការ​រៀប​អាពាហ៍​ពិពាហ៍​ ក្រោយ​ពី​បុរស​ម្នាក់​បាន​ចូល​ទៅ​សុំ​ការ​ប្រឹក្សា​អំពី​លោកឪពុក​របស់​គេ​ពាក់ព័ន្ធ​នឹង​ក្ដី​ភ័យខ្លាច​ និង​ក្ដី​វិតក្ក​កង្វល់​ចំពោះ​ការសម្រេច​ចិត្ត​ក្នុង​ការ​រៀបការ​ ហើយ​ឪពុក​របស់​គេ​ក៏បាន​ផ្ដល់​ចម្លើយ​ដ៏​ច្បាស់លាស់​ដល់​គេ​ ហើយ​តទៅ​នេះ​គឺជា​រឿងរ៉ាវ​ដែល​កើតឡើង​…។

    “ខ្ញុំ​ជួបនឹង​ភរិយា​លើកដំបូង​ពេល​អាយុ​ 15ឆ្នាំ​ កាលនោះ​យើង​កំពុង​រៀន​នៅ​ថ្នាក់​មធ្យមសិក្សា​។ យើង​ធ្វើជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹងគ្នា​អស់​ជាង​ 10ឆ្នាំ​ មុននឹង​សម្រេចចិត្ត​ថា​ យើង​លែង​ត្រូវការ​ធ្វើ​ត្រឹមតែ​ជា​មិត្តភក្តិ​នឹងគ្នា​តទៅទៀត​ហើយ​…។ យ៉ាងណាក៏ដោយ​ ការ​លង់​ស្នេហ៍​មិត្ត​ជិតស្និទ្ធ​បែបនេះ​មិនបាន​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​អស់​អាការ​ភ័យខ្លាច​ និង​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ឡើយ​។ រឹតតែ​ខ្ញុំ​ និង​ចិន្ដា​ចូល​ជិតដល់​អំឡុង​ពេល​ដែល​ត្រូវ​សម្រេចចិត្ត​រឿង​រៀប​អាពាហ៍​ពិពាហ៍​ខ្លាំង​ប៉ុនណា​ ខ្ញុំ​រឹតតែ​ភ័យខ្លាច​រហូត​លែង​ហ៊ាន​ចង់​ធ្វើអ្វី​ទាំងអស់​ប៉ុន​នោះ​ដែរ​…សួរ​ថា​ តើ​ខ្ញុំ​ត្រៀមខ្លួន​រួចហើយ​ឬនៅ​? សម្រេចចិត្ត​ត្រូវ​ឬទេ​? តើ​ចិន្ដា​ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ត្រូវការ​មែន​ឬ? នាង​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​សេចក្ដីសុខ​ទេ​? សំណួរ​ទាំងអស់​នេះ​តាម​លង​អន្ទោល​ដួងចិត្ត​ខ្ញុំ​ជាប់​ជានិច្ច​។ រហូតដល់​រាត្រី​មួយ​ ខ្ញុំ​ក៏​រៀបរាប់​រឿង​ដែល​ខ្ញុំ​វិតក្ក​កង្វល់​នេះ​ឱ្យ​ប៉ា​របស់ខ្ញុំ​ស្ដាប់​ ហើយ​ប៉ាក៏​តប​មកវិញ​ថា​ នេះ​គឺជា​ហេតុការណ៍​មួយទៀត​ក្នុង​ការសម្រេច​ចិត្ត​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​”។

    “កូន​មិនមែន​រៀបការ​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​សេចក្ដីសុខ​ទេ​ តែ​កូន​រៀបការ​ដើម្បី​ឱ្យ​អ្នកដទៃ​មាន​សេចក្ដីសុខ​ កូន​រៀបការ​ដើម្បី​ក្រុម​គ្រួសារ​ ដើម្បី​សាច់ញាតិ​បងប្អូន​ ដើម្បី​កូនចៅ​នៅ​ថ្ងៃ​ខាង​មុខ​។ កូន​ចង់ឱ្យ​អ្នកណា​ចិញ្ចឹម​មើលថែ​ពួកគេ​? ចង់ឱ្យ​ពួកគេ​បាន​ទទួល​ឥទ្ធិពល​ពី​អ្នកណា​? នេះ​មិនមែន​ជា​ការ​រៀបការ​ដើម្បី​ខ្លួនឯង​ទេ​ តែ​ដើម្បី​សេចក្ដីសុខ​របស់​មនុស្ស​ដែល​កូន​រៀបការ​ជាមួយ​…”

    ពេល​ហ្នឹងហើយ​ដែល​ខ្ញុំ​ដឹង​ថា​ ចិន្ដា​គឺជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ត្រូវការ​ក្នុង​ជីវិត​របស់ខ្ញុំ​ ខ្ញុំ​ចង់​ឱ្យ​នាង​មាន​សេចក្ដីសុខ​ ចង់ឱ្យ​នាង​ញញឹម​ និង​សើច​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ចង់​ក្លាយជា​ចំណែក​មួយ​ក្នុង​ក្រុម​គ្រួសារ​របស់​នាង​ ហើយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ក៏​ចង់ឱ្យ​នាង​ក្លាយជា​ចំណែក​មួយ​របស់​យើង​ដូចគ្នា​ដែរ​។ ពេល​ថយ​ត្រឡប់ទៅ​ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​ឃើញ​នាង​លេង​ជា​មួ​យក្មួយៗ​របស់ខ្ញុំ​ ខ្ញុំ​បានដឹង​ភ្លាម​តែម្ដង​ថា​ គឺ​រូប​នាង​ហ្នឹងហើយ​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​សាង​គ្រួសារ​ជាមួយ​…។

    ពាក្យណែនាំ​របស់​ប៉ា​ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ព្រើត​ និង​ភ្លឺភ្នែក​ឡើង​ភ្លាម​តែម្ដង​។ សូម​ប្រាប់​ទៅចុះ​ថា​ វា​ផ្ទុយគ្នា​នឹង​ពាក្យស្លោក​របស់​ វ៉​លម៉ាល​ នា​ពេល​បច្ចុប្បន្ន​ដែល​និយាយ​ថា​ “បើ​អ្វីក៏ដោយ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​គ្មាន​សេចក្ដីសុខ​ ចូរ​រក​ថ្មី​ទៅ​ប្រសើរ​ជាង​”។ ត្រឹមត្រូវ​ហើយ​… ការ​រៀបការ​ និង​ស្នេហា​ស្មោះ​មិន​ពាក់ព័ន្ធ​នឹង​រូប​អ្នក​ឡើយ​ តែ​វា​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ត្រូវការ​ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ប្រាថ្នា​។ ក្ដី​នឹក​សង្ឃឹម​ ការ​ស្រមៃ​ចង់បាន​ និង​ភាព​អាត្មានិយម​នឹង​សួរ​មក​យើង​ថា​ “ហើយ​ខ្ញុំ​នឹង​បាន​អី​?” ខណៈ​ដែល​សេចក្ដី​ស្រឡាញ់​នឹង​សួរ​ថា​ “តើ​ខ្ញុំ​អាច​ឱ្យ​អ្វីទៅ​ពួកគេ​បាន​ខ្លះ​?”។

    តែ​ ជំនួស​ឱ្យ​ចិន្ដា​នឹង​ធ្វើ​ដូច​ខ្ញុំ​ នាង​បែរជា​ធ្វើ​រឿង​ម្យ៉ាង​ដែល​គួរ​ឱ្យ​ស្ងើច​ខ្លាំង​ជាង​ហ្នឹង​។ នាង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចេញ​មក​យ៉ាង​ពេញ​ហូរហៀរ​ និង​ស្ថិតនៅ​ក្បែរ​កាយ​ខ្ញុំ​ជានិច្ច​ មិនថា​ខ្ញុំ​នឹង​ជួប​សេចក្ដីទុក្ខ​ ឬត្រូវ​ឆ្លងកាត់​ក្ដី​ឈឺចាប់​ខ្លាំង​ប៉ុនណា​ នាង​នឹង​នៅ​ចាប់ក្ដោប​ដៃ​ខ្ញុំ​ជាប់​ ព្រម​ជាមួយ​ការ​លួងលោម​យ៉ាង​ទន់ភ្លន់​ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ និង​រំជួលចិត្ត​រហូតដល់​ស្រក់​ទឹក​ភ្នែក​…។ ខ្ញុំ​សន្យា​ជាមួយ​នាង​ថា​ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​ខ្លាំង​ជាង​នេះ​…។

    សម្រាប់​អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ​ មិន​ថា​រៀបការ​ហើយ​ កំពុង​ជិត​រៀបការ​ ឬនៅ​លីវ​ក៏ដោយ​ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​បានដឹង​ថា​ ការ​រៀបការ​នេះ​ មិនមែន​ដើម្បី​ខ្លួនឯង​នោះ​ទេ​ តែ​ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៅវិញ​ទេ​។ រឹតតែ​អ្នក​ឱ្យ​សេចក្ដី​ស្រឡាញ់​ទៅ​បុគ្គល​ដទៃ​ច្រើន​ប៉ុនណា​ អ្នក​នឹង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ច្រើន​ប៉ុន​នោះ​មកវិញ​ ទាំង​ពី​មនុស្ស​សំខាន់​ ពី​ក្រុម​គ្រួសារ​ ពី​មិត្តភក្តិ​ និង​ពី​មនុស្ស​រាប់ពាន់​នាក់​ទៀត​ដែល​អ្នក​នៅ​មិនទាន់​បាន​ជួប​… កុំ​ភ្លេច​ថា​ សេចក្ដីស្នេហា​ និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ មិនមែន​ជា​រឿង​ដែល​ធ្វើ​ដើម្បី​រូប​អ្នក​ខ្លួនឯង​ឡើយ​ តែ​ធ្វើ​ដើម្បី​អ្នកឯទៀត​ទាំងអស់​…៕

  • ឪពុកម្ដាយ​ 4ប្រភេទ​ ដែល​ធ្វើអោយ​កូន​មាន​ទង្វើ​ល្អ​ ឬច្រងេងច្រងាង​

    ឪពុកម្ដាយ​ 4ប្រភេទ​ ដែល​ធ្វើអោយ​កូន​មាន​ទង្វើ​ល្អ​ ឬច្រងេងច្រងាង​

    ទង្វើ​នៃ​ការ​ចិញ្ចឹម​មើលថែ​កូន​របស់​ឪពុកម្ដាយ​អាច​ហុច​ផល​ឱ្យ​កូន​ក្លាយជា​ក្មេង​ល្អ​ ឬក្មេង​ច្រងេងច្រងាង​បាន​ ព្រោះ​ចរិត​និស្ស័យ​របស់​កូន​អាច​សាង​បាន​ដោយសារ​ឪពុកម្ដាយ​។ តើ​លោកអ្នក​ជា​ឪពុកម្ដាយ​បែប​ណា​ដែរ​ នៅក្នុង​ឪពុកម្ដាយ​ទាំង4ប្រភេទ​ខាងក្រោម​?

    ឪពុកម្ដាយ​ 4ប្រភេទ​ដែល​ហុច​ផល​ដល់​ទង្វើ​ អាកប្ប​កិរិយា​ និង​ចរិត​និស្ស័យ​របស់​កូន​តាំងពី​អំឡុង​វ័យ​នៅ​តូច​រហូតដល់​ធំ​។ តើ​ឪពុកម្ដាយ​បែប​ណា​ដែល​ធ្វើ​ឱ្យ​កូន​បាន​ល្អ​ ឬធ្វើ​ឱ្យ​កូន​ក្លាយ​ជា​ក្មេង​ច្រងេងច្រងាង​ អាត្មានិយម​ រឹងរូស​ មិន​ស្ដាប់បង្គាប់​? រឿង​ទាំងអស់​នេះ​កើត​ចេញពី​ការ​ចិញ្ចឹម​មើលថែ​ទាំ​របស់​ឪពុកម្ដាយ​ ឬអ្នក​នៅ​ជិតដិត​ ដូច្នេះតើ​ឪពុកម្ដាយ​គួរ​ចិញ្ចឹម​មើលថែ​កូន​បែប​ណា​ទើប​កូន​បាន​ល្អ​?

    1. ឪពុកម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ
    ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុកម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ៖
    . ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង
    . មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល
    . កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុកម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច
    . ឪពុកម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក
    . ឪពុកម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន
    . ឪពុកម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន

    តើកូននឹងក្លាយជាមនុស្សយ៉ាងណា?
    1. គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
    2. បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។
    3. ប៉ិនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។
    4. ខ្វះភាពជឿជាក់លើខ្លួនឯង ហើយដោយសារតែមានមោទនភាពលើខ្លួនឯងទាបធ្វើឱ្យមើលមិនឃើញគុណតម្លៃរបស់ខ្លួនឯង។
    5. ខ្វះជំនាញក្នុងការចូលសង្គម មិនមានបដិសម្ព័ន្ធជាមួយអ្នកដទៃ ខ្វះចំណេះដឹងតាម
    វ័យ។
    6. កែបញ្ហាលំបាកលំបិនក្នុងជីវិតមិនបាន ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ ព្រោះកន្លងមកឪពុកម្ដាយចាត់ការឱ្យទាំងអស់។

    2. ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការយកចិត្តទុកដាក់
    ពេលខ្លះគេហៅការចិញ្ចឹមមើលថែកូនបែបនេះថា “ប្រជាធិបតេយ្យ”។ វិធីការនេះគឺ ការដែលឪពុកម្ដាយ និងកូនគ្រប់គ្នាប្រើច្បាប់រួមគ្នា ប្រណិបត្តិដាក់គ្នាដោយក្ដីគោរព និងស្ដាប់ហេតុផលរវាងគ្នាទៅវិញទៅមក មានភាពបត់បែនដោយឪពុកម្ដាយនៅចាំផ្ដល់ការគាំទ្រកូនតាមវ័យរបស់ក្មេង អនុញ្ញាតឱ្យកូនមានឥស្សរភាព តែខណៈជាមួយគ្នាក៏នៅចាំកំណត់ព្រំដែននៃទង្វើរបស់កូនដូចតទៅនេះផងដែរ ៖
    . កំណត់ឱ្យកូនស្ដាប់បង្គាប់ និងប្រតិបត្តិតាមគន្លងផ្លូវដែលឪពុកម្ដាយបានកំណត់ទុកយ៉ាងមានហេតុផល។
    . ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងយកចិត្តទុកដាក់កូនជានិច្ច។
    . បើកឱកាសឱ្យកូនធ្វើជាខ្លួនរបស់ខ្លួនឯង(មិនបង្ខំ)។
    . ស្ដាប់ហេតុផលរបស់កូន។
    . គាំទ្រឱ្យកូនមានចំណែករួមក្នុងការគិត និងសម្រេចចិត្តក្នុងរឿងផ្សេងៗរបស់គ្រួសារ។

    កូននឹងក្លាយជាមនុស្សបែបណា?
    1. កូននឹងមានសេចក្ដីសុខ ហើយធំឡើងជាមនុស្សធំដែលមានសេចក្ដីសុខ។
    2. ជាមនុស្សដែលមានចិត្តគំនិតល្អ សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន ព្រោះមានគ្រឹះអារម្មណ៍ដែលល្អ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
    3. មានជំនាញខាងការចូលសង្គមល្អ ចេះសម្របសម្រួលខ្លួននឹងស្ថានការណ៍ផ្សេងៗបាន។
    4. ជឿជាក់លើខ្លួនឯង ព្រោះដឹងថាខ្លួនឯងមានគុណតម្លៃ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ មានគំនិតចេះច្នៃប្រឌិត។
    5. មានរបៀបវិន័យ មានភាពអត់ធន់ស៊ូទ្រាំ មានភាពទទួលខុសត្រូវ មានការចេះគិតពិចារណាខ្ពស់។

    3. ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការបណ្ដោយតាមចិត្តកូន (Permissive)
    ការចិញ្ចឹមកូនដោយការបណ្ដោយឱ្យកូនធ្វើនូវអ្វីផ្សេងៗតាមសេចក្ដីត្រូវការរបស់កូន ដោយគ្មានការកំណត់ព្រំដែន នឹងធ្វើឱ្យកូនអាចប្រើប្រាស់ឥស្សរៈសេរីភាពបានយ៉ាងពេញទំហឹង បញ្ចេញអារម្មណ៍ និងចេតនាបានយ៉ាងបើកចំហ ដោយឪពុកម្ដាយនឹង…៖
    – ដាក់ទោសកូនតិចបំផុត
    – មិនទាមទារ ឬគ្រប់គ្រងទង្វើរបស់កូនឡើយ
    – ឪពុកម្ដាយនឹងឱ្យដំបូន្មានដោយក្ដីទន់ភ្លន់ និងបន្ទន់តាមចិត្តកូន
    – ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងតបស្នងតម្រូវការរបស់កូនជានិច្ច
    – ចៀសពីការឈ្លោះទាស់ទែង ព្រោះជឿថាក្មេងៗនឹងរៀនយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួនឯង និងព្យាយាមប្រើហេតុផលជាមួយកូនជានិច្ច។

    កូននឹងក្លាយជាមនុស្សបែបណា?
    1. គ្មានវិន័យ គ្មានភាពទទួលខុសត្រូវ ព្រោះមិនដែលត្រូវបង្ហាត់។
    2. យកខ្លួនឯងធ្វើជាចំណុចកណ្ដាលនៃអ្វីៗគ្រប់យ៉ាង។
    3. មិនជឿជាក់លើខ្លួនឯង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានភាពស្ថិតស្ថេរក្នុងជីវិតទៀតផងព្រោះគ្មានគោលការណ៍ ឬរបៀបវិន័យឱ្យប្រកាន់យក ឬប្រតិបត្តិតាម ជាពិសេសពេលដែលមិនបាននៅជាមួយឪពុកម្ដាយ។
    4. ច្រងេងច្រងាង គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន មិនជឿ ឬស្ដាប់បង្គាប់អ្នកដទៃ ខ្វះចំណេះដឹង។
    5. ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេង។
    6. មើលឃើញគុណតម្លៃក្នុងខ្លួនឯងខ្ពស់ មានជំនាញការទំនាក់ទំនងនឹងអ្នកដទៃល្អតែខ្វះជំនាញផ្សេងទៀតដែលត្រូវប្រើក្នុងការរស់នៅរួមគ្នាជាមួយអ្នកដទៃ ដូចជា ការចែករំលែក ការយល់ចិត្តយល់ថ្លើមអ្នកដទៃជាដើម ដោយសារតែត្រូវបណ្ដោយតាមចិត្តរហូតធ្លាប់ខ្លួន។

    4. ឪពុកម្ដាយដែលចិញ្ចឹមកូនយ៉ាង
    បណ្ដែតបណ្ដោយ (Uninvolved) ការចិញ្ចឹមកូនបែបនេះ អាចហៅបានមួយបែបទៀតថា ជាការចិញ្ចឹមកូនបែបបោះចោល អាចដោយសារតែឪពុកម្ដាយបដិសេធមិនចង់បានកូនតាំងពីដំបូង ឬវីវក់លង់តែក្នុងបញ្ហា និងសម្ពាធក្នុងជីវិតប្រចាំថ្ងៃ រហូតដល់គ្មានពេលវេលាមើលថែទាំយកចិត្តទុកដាក់កូន ធ្វើឱ្យកូនមិនបានទទួលការយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយឪពុកម្ដាយប្រភេទនេះនឹងប្រតិបត្តិដាក់កូនដូចខាងក្រោម…៖
    – ផ្ដល់ការមើលថែទាំយកចិត្តទុកដាក់ចំពោះកូនតិចបំផុត ឬព្រងើយកន្តើយនឹងកូន
    – ឪពុកម្ដាយស្ទើរតែមិនផ្ដល់ការចាប់អារម្មណ៍ ឬឆ្លើយតបតម្រូវការរបស់កូនសោះឡើយ
    – មិនទាមទារ ឬដាក់របៀបវិន័យអ្វីៗដល់កូនទាំងអស់
    – ឪពុកម្ដាយនឹងថែទាំកូនត្រឹមតែរឿងរាង-កាយ ការហូបចុក និងតម្រូវការគោលៗប៉ុណ្ណោះ

    កូននឹងក្លាយទៅជាមនុស្សបែបណា?
    1. ចេះរស់ដោយខ្លួនឯង គឺក្មេងនឹងរៀនយល់ដឹងក្នុងការចេះរស់ដោយខ្លួនឯង មិនពឹងអ្នកដទៃ។
    2. ជាមនុស្សសម្លឹងមើលពិភពលោកក្នុងន័យអវិជ្ជមាន និងច្រើនតែតតាំងសង្គម។
    3. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនឃើញគុណតម្លៃរបស់ខ្លួនឯង ខ្វះភាពជឿជាក់លើខ្លួនឯង។
    4. ពិបាកគ្រប់គ្រងអារម្មណ៍។
    5. មិនងាយជឿទុកចិត្តនរណាឡើយ មានអារម្មណ៍មិនជឿជាក់ ឬភ័យខ្លាចនៅពេលត្រូវពឹងពាក់អ្នកដទៃ។
    6. ខ្វះជំនាញចូលសង្គម សាងសម្ព័ន្ធភាពល្អៗជាមួយអ្នកដទៃមិនបាន ឬពិបាកធ្វើបាន។
    7. ធំឡើងនឹងក្លាយជាមនុស្សវ័យជំទង់ដែលច្រើនតែមានទង្វើបែបប្រថុយនឹងកំហុស ដូចជាញៀនគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាដើម។

    ឪពុកម្ដាយដែលមើលថែទាំកូនយ៉ាងល្អដិតដល់ នឹងធ្វើឱ្យកូន(ជាពិសេស)ក្នុងអំឡុងវ័យជំទង់មានទង្វើ និងការសម្របខ្លួនបានល្អ តែផ្ទុយទៅវិញ បើឪពុកម្ដាយបណ្ដោយតាមចិត្តកូន ឬបណ្ដែតបណ្ដោយ មិនខ្វល់ អាចធ្វើឱ្យកូនក្នុងវ័យកុមារ និងវ័យជំទង់ប្រថុយប្រថាននឹងការប្រតិបត្តិខ្លួនដែលមិនល្អ៕

  • ឧកញ៉ា​ ចេង​ ខេង​ បង្ហាញ​គន្លឹះ4យ៉ាង​ដើម្បី​រៀបចំ​ផ្នត់គំនិត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

    ឧកញ៉ា​ ចេង​ ខេង​ បង្ហាញ​គន្លឹះ4យ៉ាង​ដើម្បី​រៀបចំ​ផ្នត់គំនិត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

    ផ្នត់គំនិត​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ក្នុង​ការរៀបចំ​ដំណើរ​ជីវិត​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​ សមិទ្ធផល​ និង​ភាពរឹងមាំ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំង​ ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាដើម​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ អគ្គនាយក​ក្រុមហ៊ុន​ CPL​ បាន​បង្ហាញ​ពី​វិធីសាស្ត្រ​សំ​ខាន់​ៗមួយចំនួន​ដើម្បី​រៀបចំ​ដំណើរ​ជីវិត​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ ជោគជ័យ​ និង​មាន​សុភមង្គល​សម្រាប់​ការរស់នៅ​។ លោក​ឧកញ៉ា​បាន​លើកឡើង​ថា​ ចំណុច​ទី1​ ដែល​គួរ​គិត​គឺ​ការរៀបចំ​ពេលវេលា​។ ពេលវេលា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មាន​ពេលវេលា1ថ្ងៃ​ 24ម៉ោង​ដូចគ្នា​ តែ​មនុស្ស​ខ្លះ​ទទួល​បាន​លទ្ធផល​ល្អ​ធ្វើ​បាន​រឿង​ជាច្រើន​ក្នុង​ 1ថ្ងៃ​ៗ តែ​មនុស្ស​ខ្លះ​ធ្វើសកម្មភាព​បាន​តិច​ ឬធ្វើ​ច្រើនតែ​ទទួល​បាន​លទ្ធផល​តិច​ជាដើម​។ ដើម្បី​ឱ្យ​ការគ្រប់គ្រង​ពេលវេលា​អាច​ធ្វើ​ទៅ​បាន​ល្អ​ យើង​ម្នា​ក់ៗ​ត្រូវ​ចេះ​រៀបចំ​តារាង​ពេលវេលា​ និង​កំណត់​បុគ្គល​គោលដៅ​ដើម្បី​ការ​ប្រាស្រ័យ​ទាក់ទង​។ប្រសិនបើ​យើង​រៀបចំ​ត្រូវ​ យើង​នឹង​ទទួល​បាន​លទ្ធផល​ច្រើនលើស​ពី​ការ​រំពឹង​ទុក​ ហើយពី​ 1ខែ​ទៅ1ខែ​ យើង​នឹង​អភិវឌ្ឍ​ជាប់​រហូត​ តែ​ប្រសិនបើ​យើង​រៀបចំ​មិនបាន​ល្អ​វិញ​ យើង​ទាក់ទង​មនុស្ស​ច្រើន​ក្នុង​ 1ថ្ងៃ​ៗ តែ​ពេលខ្លះ​ក្នុងចំណោម​មនុស្ស​ 20នាក់​ដែល​យើង​ទំនាក់ទំនង​នោះ​ មាន​តិច​បំផុត​ដែល​អាច​ទទួល​បាន​លទ្ធផល​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ បាន​មានប្រសាសន៍​ថា​៖ “សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​ ខ្ញុំ​ឱ្យ​បុគ្គលិក​ជ្រើសរើស​មនុស្ស​ត្រឹមតែ​ 10នាក់​ប៉ុណ្ណោះ​ដើម្បី​ទាក់ទង​ក្នុង​ 1ថ្ងៃ​ តែ​មនុស្ស​ទាំងអស់​នោះ​ត្រូវតែ​ជា​មនុស្ស​ដែល​មានលទ្ធភាព​ ឬមានគុណ​ភាព​សម្រាប់​ការ​ទំនាក់ទំនង​ចំ​គោលដៅ​។ ចំនួន​នេះ​មិន​ច្រើន​ទេ​ តែ​ប្រសិនបើ​យើង​គិតទៅ​ក្នុង​រយៈពេល​ធ្វើការងារ​ 1ខែ​ 24ថ្ងៃ​ យ៉ាងហោចណាស់​យើង​បាន​ទំនាក់ទំនង​មនុស្ស​ 240នាក់​ដែរ​។ ក្នុងចំណោម​ 240នាក់​នោះ​ យ៉ាងហោចណាស់​ក៏​មាន​ 10នាក់​ដែរ​ដែល​ចាប់អារម្មណ៍​ និង​ទទួលយក​សេវាកម្ម​របស់​យើង​ ហេតុនេះ​ហើយ​ទើប​យើង​អាច​អភិវឌ្ឍ​បាន​លឿន​”។

    អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ចំណុច​ទី2​ គឺ​យើង​ត្រូវតែ​ជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ និង​ពិចារណា​ពី​ធនធាន​នៃ​ការ​ធ្វើការងារ​។ ពេលធ្វើការ​ងារ​ យើង​គួរ​ចេះ​សិក្សា​វិភាគ​មើល​ថា​ តើ​យើង​ចំណាយ​សាំង​អស់​ប៉ុន្មាន​? ចំណាយ​លើ​សេ​វា​ផ្សេង​ៗអស់​ប៉ុន្មាន​? ហើយ​អ្វី​ដែល​យើង​ទទួល​បាន​មកវិញ​ តើ​ស័ក្តិសម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​ចំណាយ​នោះ​ដែរ​ឬទេ​?។ ប្រសិនបើ​យើង​គិតគូរ​ពិចារណា​បាន​ច្បាស់លាស់​ យើង​នឹងអាច​រៀបចំ​ដំណើរ​ជីវិត​ប្រកបដោយ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​មិនខាន​។ លើស​ពីនេះ​ទៅទៀត​ សកម្មភាព​របស់​យើង​ក៏អាច​ធ្វើ​ទៅ​បាន​ទទួលជោគជ័យ​ច្រើនជាង​ការខាតបង់​ដែរ​។

    បន្ទាប់ពី​ថ្លឹងថ្លែង​ពី​ចំណុច​ខាងលើ​នេះ​ហើយ​ ចំណុច​ទី3​ គឺ​យើង​ចាំបាច់​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​ផ្នត់គំនិត​ធ្វើការងារ​ដោយមាន​ការ​ផ្តោត​ខ្ពស់​។ ការ​ផ្តោត​ (Focus​) សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​ធ្វើការងារ​បាន​លឿន​ មាន​របៀបរៀបរយ​ និង​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​។ ការងារ​ណាក៏ដោយ​ប្រសិនបើ​យើង​ផ្តោត​បាន​ល្អ​ ច្បាស់​ណាស់​ វា​គ្មានអ្វី​មក​រំខាន​យើង​បាន​នោះ​ទេ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មានការ​គិត​ ឬមានរឿង​ច្រើន​ក្នុង​ 1ថ្ងៃ​ៗដែល​ចូល​មក​ក្នុង​ជីវិត​ឱ្យ​យើង​ងាករេ​ ឬដោះស្រាយ​ តែ​ប្រសិនបើ​យើង​អាច​ជម្រុះ​រឿង​មិន​ចាំបាច់​ចោល​ ហើយ​ផ្តោត​ខ្លាំង​តែ​លើ​គោលដៅ​ យើង​នឹងអាច​ធ្វើការងារ​នោះ​ឱ្យ​មុត​ស្រួច​រហូត​សម្រេច​បាន​ច្បាស់លាស់​ ទើប​លែងដៃ​ទៅ​គិត​រឿង​ផ្សេង​ៗទៀត​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ បាន​និយាយ​ថា​៖ “ការ​ផ្តោត​របស់​យើង​គឺ​ប្រៀបបានទៅ​នឹង​ដំណើរ​កសាង​ជោគជ័យ​របស់​ព្រះពុទ្ធ​ដែល​ចេញទៅ​បួស​ដើម្បី​ជួយ​មនុស្ស​ដូច្នោះ​ដែរ​។ មិនថា​មានរឿង​អ្នក​នៅ​ជុំវិញ​ខ្លួន​ ការ​រំខាន​ពី​ខាងក្រៅ​ ឬពី​ផ្នែក​ណា​នោះ​ទេ​ អ្វី​ដែល​សំខាន់​ គឺ​ផ្តោត​តែ​ម្យ៉ាង​គត់​ គឺ​រក្សាសីល​រហូត​ត្រាស់​ដឹង​។ ហេតុនេះ​ប្រសិនបើ​យើង​ធ្វើការងារ​ដោយ​ឆន្ទៈ​និង​ការ​ផ្តោត​ខ្ពស់​ អ្វី​ក៏​យើង​អាច​ធ្វើ​បាន​ដែរ​”។

    ចំណុច​សំខាន់​ទី4​ ចុងក្រោយ​ គឺ​បន្ទាប់ពី​មានការ​ផ្តោត​ហើយ​ យើង​ចាំបាច់​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ឱ្យ​ការ​តាំងចិត្ត​របស់​យើង​កាន់តែ​មុត​ស្រួច​ និង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​លើ​ផ្លូវ​ទៅកាន់​ភាព​ជោគជ័យ​។ កាលណា​ប្រជាជន​ខ្មែរយើង​មាន​ផ្នត់គំនិត​វិជ្ជមាន​ ជា​មនុស្ស​មានប្រសិទ្ធភាព​ខ្ពស់​ នោះ​យើង​នឹងអាច​ក្លាយជា​មនុស្ស​រីកចម្រើន​ មាន​លុយ​មាន​កាក់​ និង​មាន​សមត្ថភាព​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​។ ពេលនោះ​ សង្គម​របស់​យើង​ក៏​ប្រាកដជា​អាច​អភិវឌ្ឍ​ខ្លាំងក្លា​បាន​ទៅតាម​នោះ​ដែរ​ ព្រោះ​ប្រជាជន​ជា​កោសិកា​យ៉ាង​សំខាន់​សម្រាប់​សង្គមជាតិ​៕