Author: ធឿន មករា

  • ស្គម​ តែ​ដុះ​ក្បាលពោះ​…អាច​កែ​បាន​ដោយ​ទង្វើ​ខាងក្រោម​

    ស្គម​ តែ​ដុះ​ក្បាលពោះ​…អាច​កែ​បាន​ដោយ​ទង្វើ​ខាងក្រោម​

    តើ​អ្នកណា​មាន​សភាវ​រាងកាយ​បែបហ្នឹង​ខ្លះ​? ​ពេល​ថ្លឹង​ អាច​នឹង​មាន​ទម្ងន់​ខ្លួន​ទាប​ជាង​កម្រិត​ស្តង់ដារ​ តែ​ហេតុ​អី​បាន​មាន​ក្បាលពោះ​? ការពិត​ទៅ​ ​អ្នក​អាច​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​មនុស្ស​ “Skinny​ ​Fat​” គឺ​មនុស្ស​មាន​ទម្ងន់​ខ្លួន​តិច​ ឬប្រក្រតី​ តែ​បែរជា​មានសាច់​ដុំ​តិច​ ខ្លាញ់​ច្រើន​ មើលរូប​រាង​ខាងក្រៅ​ទៅ​ មិនមែន​ជា​មនុស្ស​ធាត់​ទេ​ តែ​មាន​ដុះ​ក្បាលពោះ​?

    មូលហេតុ​របស់​ការ​ស្គម​ តែ​មាន​ក្បាលពោះ​ បណ្ដាល​ពី​បច្ច័យ​ជាច្រើន​ ដូចជា​ ៖

    1. ការអត់អាហារ​ ឬការ​ទទួលទាន​អាហារ​តិច​ជ្រុល​ពេក​
    ដោយសារតែ​ការ​ទទួលទាន​អាហារ​តិច​ជ្រុល​ពេក​ នឹង​ធ្វើ​ឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ ​ទើប​បឺត​យកជាតិ​ខ្លាញ់​មក​ប្រើ​ តែ​នៅពេល​ដល់កំណត់​ រាងកាយ​ក៏​នឹង​ប្ដូរ​ទៅ​ទាញ​សាច់ដុំ​មក​ប្រើ​ជំនួស​វិញ​ ហើយ​នៅពេល​សាច់ដុំ​ថយ​ចុះ​ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ដុត​បំផ្លាញ​ធ្លាក់ចុះ​ទាប​ទៅតាម​នោះ​ដែរ​។

    វិធី​កែ​គឺ​ ទទួលទាន​អាហារ​ឱ្យ​ច្រើនឡើង​ ជាពិសេស​អាហារ​ដែល​ផ្ដល់​កម្លាំងថាមពល​ និង​ត្រូវ​ហាត់ប្រាណ​រួម​ជាមួយ​ផង​ ដើម្បី​បន្ថយ​ខ្លាញ់​ដែល​ប្រមូល​សន្សំ​ច្រើន​។

    2. ហាត់ប្រាណ​ខុស​វិធី​ ឬហាត់ប្រាណ​បែប​ Cardio​ ច្រើនជ្រុល​ពេក​
    ទោះជា​ការហាត់ប្រាណ​បែប​ Cardio​ ដូចជា​ ​ការ​រត់​ ធាក់កង់​ វាយ​បុក​ រាំ​អ៊ែ​រ៉ូប៊ិ​ក ការ​រាំ​-ល-មានផល​ល្អ​ចំពោះ​រាងកាយ​ក៏​ពិតមែន​ តែបើ​ធ្វើ​ច្រើន​រហូត​ជ្រុល​ពេក​ ក៏អាច​កើត​ផល​អាក្រក់​ដល់​រាងកាយ​បាន​ដែរ​ ព្រោះ​ការហាត់ប្រាណ​បែប​ ​Cardio ច្រើនជ្រុល​ពេក​នឹង​ក្លាយជា​ការ​បង្ខំ​ដុត​បំផ្លាញ​កម្លាំងថាមពល​ ហើយ​បើ​យើង​ទទួល​ទាន​អាហារ​តិច​ទៀតផង​នោះ​ នឹង​ធ្វើ​ឱ្យ​រាង​កាយ​នាំ​សាច់ដុំ​ទៅ​ប្រើជា​កម្លាំងថាមពល​ជំនួស​វិញ​ និង​នៅពេល​រាងកាយ​បាត់បង់​បណ្ដុំ​សាច់​ដុំ​ ប្រព័ន្ធ​ដុត​បំផ្លាញ​ក៏​នឹង​ថយ​ចុះ​ ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កាន់តែ​ប្រមូល​សន្សំ​ច្រើនឡើង​ ហេតុនេះ​ទើប​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​រូបរាង​ស្គម​ តែ​ទៅ​ជា​មាន​ក្បាលពោះ​នោះ​។

    វិធី​កែ​គឺ​ ចូរ​ងាក​មក​ហាត់ប្រាណ​ដោយ​ការ​លេង​ Weight​ Training​, Body​ Weight​ ​ឬការហាត់ប្រាណ​បែប​ HIIT​ (High​ Intensive​ ​Interval​ Training​) គួបផ្សំ​ទៅជាមួយ​ផង​ ព្រោះ​ការហាត់ប្រាណ​ដោយ​វិធី​នេះ​ នឹង​ទៅ​ជួយ​បង្កើន​បណ្ដុំ​សាច់ដុំ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ដុត​បំផ្លាញ​ធ្វើការ​ខ្លាំង​ឡើង​ ហើយ​ខ្លាញ់​ដែល​ប្រមូល​សន្សំ​នោះ​ ក៏​នឹង​ថយ​ចុះទៅ​តាម​នោះ​ដែរ​។

    3. ញ៉ាំ​ស្រា​ក៏​មាន​ចំណែក​រួម​ដែរ​
    មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​រក​ឃើញថា​ គ្រឿង​ភេសជ្ជៈ​អាល់កុល​ ដូចជា​ ​ស្រា​បៀរ​ ស្រា​វី​ស្គី​ វ៉ុ​ដកា​ ខក់​ថេល​ ឬវ៉ា​ញ សុទ្ធ​តែ​ហុច​ផល​ឱ្យ​មាន​ជាតិ​ខ្លាញ់​ប្រមូល​សន្សំ​នៅ​ត្រង់​ប្រអប់​ពោះ​ច្រើន​ជាពិសេស​ទាំងអស់​។ រឹត​តែ​យើង​ញ៉ាំ​ច្រើន​ប៉ុនណា​ ឱកាស​ដែល​ខ្លាញ់​នឹង​ចូល​ទៅ​ប្រមូលផ្ដុំ​នៅត្រង់​បរិវេណ​ចង្កេះ​ ក៏​រឹតតែ​មាន​ច្រើនឡើង​ដូចគ្នា​ដែរ​។

    4. ញ៉ាំ​អាហារ​គ្មាន​ប្រយោជន៍​ជាប្រចាំ
    ​ទោះជា​យើង​គ្រប់គ្រង់​លើ​ការ​ហូប​អាហារ​ហើយ​ក្ដី​ តែ​ការដែល​យើង​នៅតែ​ចូលចិត្ត​ញ៉ាំ​នំ​ ឬបង្អែម​ ឬអាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ឧទាហរណ៍​ដូចជា​ នំ​ឃុក​គី​ នំ​ខេ​ក ដូណាត់​ ភី​ហ្សា​ ​ការ៉េម​-ល- ក៏​ធ្វើ​ឱ្យ​ដុះ​ក្បាលពោះ​បាន​ដែរ​ ​ព្រោះ​អាហារ​ទាំងអស់​នេះ​ច្រើនតែ​មាន​ខ្លាញ់​្រថាន​ស៍​(Trans​) ច្រើនណាស់​ ហើយ​ជាតិ​ខ្លាញ់​មួយ​នេះឯង​ដែល​ហុច​ផល​ឱ្យ​ក្បាលពោះ​វា​មិន​បាត់ទៅណា​នោះ​។
    មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ ការ​ទទួលទាន​ខ្លាញ់​ត្រាន​ស៍​ជាប្រចាំ​ នឹង​ហុច​ផល​ឱ្យ​ជាតិ​ខ្លាញ់​ប្រមូល​សន្សំ​នៅត្រង់​ក្បាលពោះ​ច្រើនឡើង​ ទោះជា​បរិមាណ​កាឡូរី​ជា​រួម​ មិនបាន​ខ្ពស់​ក៏ដោយ​។

    វិធី​បញ្ចុះ​ក្បាលពោះ​
    – ផ្លាស់ប្ដូរ​ទង្វើ​ការ​ហូបចុក​ ចៀសវាង​ការ​ទទួលទាន​អាហារ​ផ្អែម​ អាហារ​ហ្វា​សត៍​ហ្វូ៊​ដ ​ដោយ​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់​ ​តែ​ផ្ដល់​កម្លាំងថាមពល​ទាប​។ សង្កត់ធ្ងន់​លើ​អាហារ​ដែល​មាន​ប្រូ​តេ​អុីន​ជាចម្បង​ ដើម្បី​ជួយ​បង្កើន​សាច់ដុំ​។ ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ ​បន្ថយ​បរិមាណ​ខា​បូ​ហាយ​ដ្រេ​តចុះ​ពាក់កណ្ដាល​ ​ដោយ​បែរមក​ជ្រើសរើស​ទទួលទាន​ បាយ​អង្ករ​សម្រូប​ ឬនំប៉័ង​ហូល​វីត​ ជាដើម​ និង​ទទួលទាន​ខ្លាញ់​ល្អ​ ដូចជា​ ប្រេង​ម្កាក់​ អា​វ៉ូ​ខា​ដូ​ សណ្ដែក​ ​ត្រី​សាល់​ម៉ុន​ជាដើម​ ក្នុង​ចំណែក​ដែល​សមរម្យ​ដែល​រាងកាយ​គួរ​បាន​ទទួល​រៀងរាល់ថ្ងៃ​។

    – បង្កើន​ការ​សាង​សាច់ដុំ​ ដោយ​ការហាត់​ប្រាណ​ ដូចជា​ ការ​លេង​ Weight​ Training​,Body​ Weight​ ​ឬការហាត់ប្រាណ​បែប​ HIIT​ (High​ Intensive​ Interval​ Training​) ព្រោះ​វា​នឹង​ជួយ​ឱ្យ​រាងកាយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើនឡើង​៕

  • ធ្លាប់​ដឹង​ទេ​ផ្លែ​ល្ពៅ​ពិតជា​ជួយការ​ពារ​ជំងឺមហារីក​ស្បែក​?

    ធ្លាប់​ដឹង​ទេ​ផ្លែ​ល្ពៅ​ពិតជា​ជួយការ​ពារ​ជំងឺមហារីក​ស្បែក​?

    ជាទូទៅ​គេ​ស្គាល់​ថា​ ល្ពៅ​ គឺជា​រុក្ខជាតិ​បន្លែ​ដែល​យើង​អាចយ​កម​កទទួលទាន​ តាមរយៈ​ការ​ចម្អិន​ជា​ម្ហូបអាហារ​គ្រប់រូប​បែប​ចាប់តាំងពី​ត្រួយ​របស់​វា​ឡើង​។ ជាមួយគ្នា​នេះ​ដែរ​ សាច់​ពណ៌លឿង​របស់​ល្ពៅ​ សម្បូរទៅដោយ​សារជាតិ​ បេតា​ខា​រ៉ូ​ទីន​ ដែល​រាងកាយ​យើង​យក​ទៅ​បំ​លែង​ជា​វីតាមីន​ A ហើយ​សារធាតុ​មួយ​នេះ​ក៏បាន​ជួយ​បន្ថយ​ឱកាស​នៃ​ការ​កើតរោគ​មហារីក​បាន​យ៉ាង​ល្អ​ទៀតផង​។ ផ្លែ​ល្ពៅ​ ក៏​សម្បូរទៅដោយ​ប្រភេទ​វីតាមីន​ជាច្រើន​ទៀត​ដូចជា​ កាល់ស្យូម​ ផូស្វ័រ​ ជាតិ​ដែក​ វីតាមីន​ B1​ B2​ និង​វីតាមីន​ C រួម​ទាំង​កាក​សរសៃ​អាហារ​ដ៏​មានប្រយោជន៍​ចំពោះ​សុខភាព​ទៀតផង​។

    ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ស្បែក​របស់​អ្នក​បាន​ប៉ះពាល់​ជាមួយនឹង​ពន្លឺ​ព្រះអាទិត្យ​ ធូលី​ដី​ និង​សារជាតិ​ពុល​ជាប្រចាំ​ដែល​អាច​បណ្តាល​ឱ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​បាន​។ប៉ុន្តែ​ គ្រាប់​ និង​សាច់​របស់​ផ្លែ​ល្ពៅ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ អាច​ជួយការ​ពារ​ស្បែក​របស់​អ្នក​បាន​ ដោយ​ការ​ទទួលទាន​ផ្លែ​ល្ពៅ​ទាំង​ឆៅ​ក៏បាន​។ បើ​យោង​តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​ គ្រាប់​ និង​សាច់​ល្ពៅ​មាន​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​ឆ្អែត​អូ​មេ​ហ្កា​ 3 ដែល​អាច​ជួយការ​ពារ​ និង​ជួសជុល​កោសិកា​ ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង​។ មិន​តែប៉ុណ្ណោះ​ទេ​ វា​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​បង្ក្រាប​រាល់​បញ្ហា​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

    យ៉ាងណាមិញ​ ផ្លែ​ល្ពៅ​ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​អាហារ​ប្រភេទ​ខ្លាញ់​ឆ្អែត​ល្អ​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ ទប់ទល់​នឹង​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ការបំផ្លាញ​ ឬធ្វើ​ឱ្យ​មាន​ការខូចខាត​ដល់​ម៉ូលេគុល​នៅក្នុង​កោសិកា​ ក៏​ដូច​ជា​រួមចំណែក​ក្នុង​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​ ជាពិសេស​ជំងឺមហារីក​ស្បែក​។ សារធាតុ​ខ្លាញ់​នេះ​គឺ​វា​មានប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​ ឬការ​រីក​លូតលាស់​នៃ​កោសិកា​ដ៏​រឹងមាំ​។

    មួយវិញទៀត​ ផ្លែ​ល្ពៅ​ក៏​មាន​នូវ​បណ្ដុំ​នៃ​វីតាមីន​ C អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​ផ្តាសាយ​ទូទៅ​ ក៏ដូចជា​ធ្វើ​ឱ្យ​ស្បែក​ភ្លឺរលោង​ផង​ដែរ​។ ស្ត្រី​ដែល​ទទួលទាន​អាហារ​សម្បូរទៅដោយ​វីតាមីន​ C ត្រូវ​បាន​គេ​អះអាង​ថា​ អាច​ជួយការ​ពារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ល្អ​ប្រសើរ​។ អ្នក​ដែល​បរិភោគ​អាហារ​មានកម្រិត​វីតាមីន​ C មាន​អនុភាព​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហា​រីក​ស្បែក​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៀតផង​។ ដោយសារតែ​ផ្លែ​ល្ពៅ​មាន​អត្ថ​ប្រ​យោជន៍​ដ៏​អស្ចារ្យ​យ៉ាងនេះ​ហើយ​ ទើប​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឱ្យ​គ្រប់គ្នា​ព្យាយាម​ទទួលទាន​ផ្លែ​ល្ពៅ​ ជារបប​អាហារ​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​បរិបូរ​ចំពោះ​សុខភាព​រាងកាយ​ និង​ការពារ​ជំងឺ​អាក្រក់​ផ្សេង​ៗ៕

  • រដ្ឋមន្ត្រី​ការងារ​៖ យុវជន​កម្ពុជា​ត្រូវតែ​វិវឌ្ឍ​ខ្លួន​ឱ្យ​ទាន់​ការ​វិវឌ្ឍ​បច្ចេកវិទ្យា​ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​

    រដ្ឋមន្ត្រី​ការងារ​៖ យុវជន​កម្ពុជា​ត្រូវតែ​វិវឌ្ឍ​ខ្លួន​ឱ្យ​ទាន់​ការ​វិវឌ្ឍ​បច្ចេកវិទ្យា​ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​

    រដ្ឋ​មន្ដ្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ដើម្បី​ឱ្យ​កម្លាំង​ពលកម្ម​ រីកចម្រើន​ កម្លាំង​ពលកម្ម​ទាំងអស់​ ជាពិសេស​យុវជន​ចាំបាច់​ណាស់​ត្រូវតែ​ទទួល​បានការ​អប់រំ​ខាង​ចំណេះដឹង​ទូទៅ​ ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​បន្ថែម​ទៀត​ និង​ការសិក្សា​ពេញ​មួយ​ជីវិត​ ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​។

    ថ្លែង​ក្នុង​កិច្ច​សន្ទនា​ជាន់ខ្ពស់​ថ្នាក់​ជាតិ​ ស្តី​ពីអ​នាគ​តនៃ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​លើកឡើង​ថា​៖ “ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ មាន​អត្រា​ប្រជាជន​អាយុ​ក្រោម25ឆ្នាំ​ ចំនួន​ 49.5​%នៃ​ចំនួន​ប្រជាជន​សរុប​ ហើយ​មាន​អត្រា​យុវជន​អាយុ​15​ ដល់​ 24ឆ្នាំ​ចំនួន​ 28.9​% នៃ​ចំនួន​ប្រជាជន​ដែល​ស្ថិត​ក្នុង​វ័យ​ធ្វើការ​(អាយុ15​ ដល់64ឆ្នាំ​) ដែល​អត្រា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ​វ័យក្មេង​បែបនេះ​ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ កំពុង​ទទួល​ផល​ចំណេញ​ពី​ភាគលាភ​ប្រជាសាស្ត្រ​ ដែល​ជា​កាលានុវត្ត​ភាព​ សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ សង្គម​-សេដ្ឋកិច្ច​។ ប៉ុន្តែ​ផល​ចំណេញ​នេះ​ នឹង​មិន​អាច​បានសម្រេច​នោះ​ទេ​ ប្រសិនបើ​ប្រជាជន​វ័យ​ ក្មេង​ទាំងនោះ​មិន​ទទួល​បានការ​ងារ​សមរម្យ​ប្រកបដោយ​ផលិតភាព​។

    ឯកឧត្តម​រដ្ឋ​មន្ដ្រី​បាន​បន្ដ​ថា​៖ “ក្នុង​ន័យ​នេះ​ គោលបំណង​សំខាន់​នៃ​ការរៀបចំ​កិច្ច​សន្ទនា​នេះ​ គឺ​ដើម្បី​បង្កើត​ជា​វេទិកា​មួយ​សម្រាប់​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ចពិភាក្សា​រវាង​អ្នក​រៀបចំ​គោលនយោបាយ​ តំណាង​កម្មករ​និយោជិត​ តំណាង​និយោជក​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ក្នុង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ឆ្លើយតបទៅនឹង​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់​ប្តូរ​”។

    លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ការសិក្សា​មួយ​របស់​អង្គការ​ ILO​ ក្នុង​ឆ្នាំ2016​ ស្តី​ពីអ​នាគ​តនៃ​ការងារ​ដែល​ប្រឈម​នឹង​ហានិភ័យ​ស្វ័យប្រវត្តិ​កម្ម​បាន​បង្ហាញថា​ 56​%នៃ​ការងារ​សរុប​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន5​ នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ជាមួយ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​ក្នុងរយៈពេល2ទសវត្សរ៍​ខាងមុខ​នេះ​ រួមមាន​ប្រទេស​វៀតណាម​ ដោយ​ 70​% នៃ​កម្លាំង​ពលកម្ម​កំពុង​ប្រឈម​នឹង​ការបាត់បង់​ការងារ​ ដែល​បន្ទាប់មក​ គឺ​ប្រទេស​កម្ពុជា​មាន​ 57​% ឥណ្ឌូ​នេ​ស៊ី​ 56​% ហ្វីលីពីន​មាន​ 49​% និង​ថៃ​មាន​ 44​%។

    យោង​តាម​របាយការណ៍​ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​ការអង្កេត​អនាគត​នៃ​ការងារ​ នៅ​ឆ្នាំ​2018​ បានឱ្យ​ដឹង​ថា​ មកទល់​ពេល​បច្ចុប្បន្ន​ ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នេះ​ មិនទាន់​បណ្តាល​ឱ្យ​មានការ​កាត់បន្ថយ​ការងារ​ជា​ទូ​ទៅ​នៅ​ទ្បើយ​ទេ​ ខណៈ​ការ​ផ្លាស់​ប្តូរ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​វិស័យ​មួយចំនួន​ ប៉ុន្តែ​វា​ក៏បាន​បង្កើត​ជា​ការ​ងា​រថ្មីៗ​ជា​ច្រើន​ដោយ​ផ្ទាល់​ និង​ដោយប្រយោល​នៅក្នុង​វិស័យ​ និង​មុខរ​បរ​ផ្សេង​ៗផង​ដែរ​។

    ជាក់ស្តែង​ កម្ពុជា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ភាព​មិន​ស៊ីគ្នា​នៃ​ជំនាញ​ និង​ការ​ផ្គត់ផ្គង់​ជំនាញ​ មិន​គ្រប់គ្រាន់​ដោយសារតែ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​នៅ​មាន​កម្រិត​ និង​មិនទាន់​អាច​ឆ្លើយតបទៅនឹង​ តម្រូវការ​កម្លាំង​ពលកម្ម​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ទៀត​ថា​៖“ ការ​វិវឌ្ឍ​បច្ចេកវិទ្យា​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នឹង​បង្កើត​ឱ្យ​មាន​ប្រភេទ​ការ​ងា​រថ្មីៗ​ ហើយក៏​នឹង​បណ្តាល​ឱ្យ​បាត់បង់​ការងារ​របស់​យុវជន​ផង​ដែរ​ ប្រសិនបើ​ពួកគេ​មិន​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ទ្បើង​វិញ​និង​បង្កើន​សមត្ថភាព​ជំនាញ​ឱ្យ​ស៊ីចង្វាក់​ជាមួយ​តម្រូវការ​ទីផ្សារ​ទេ​នោះ​”។

    ដោយ​បាន​មើលឃើញ​អំពី​បញ្ហា​ប្រឈម​ខាង​លើ​ និង​សក្តា​នុ​ពល​ផ្នែក​ប្រជាសាស្ត្រ​របស់​កម្ពុជា​ រាជរដ្ឋាភិបាល​នីតិកាល​ទី6​ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ សំដៅ​ធានា​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការ​ទាញ​យក​ប្រយោជន៍​ពី​កាលានុវត្ត​ភាព​ នៅក្នុង​តំបន់​ចាប់​យក​បច្ចេក​វិទ្យា​ថ្មី​ៗ និង​ចាប់​យក​ឱកាស​ ក៏ដូចជា​ជម្នះ​រាល់​ភាព​អវិជ្ជមាន​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ព្រមទាំង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ក្នុង​គោលដៅ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ2050​។ ចំណុច​នេះ​រាជរដ្ឋាភិបាល​បាន​ផ្តោត​ជាពិសេស​លើ​អាទិភាព​ដូច​ខាងក្រោម​៖

    *ការ​អភិវឌ្ឍ​ធនធានមនុស្ស​រួមមាន​៖ ការ​ពង្រឹង​គុណភាព​វិស័យ​អប់រំ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ការ​លើកកម្ពស់​សេវា​សុខភាព​សាធារណៈ​ និង​អាហារូបត្ថម្ភ​ និង​ការ​ពង្រឹង​សមភាព​យេនឌ័រ​ និង​ការ​គាំពារ​សង្គម​។

    *ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ រួមមាន​៖ ការ​កែ​លម្អ​ប្រព័ន្ធ​ទ្បូ​ជី​ស្ទីក​ ការ​លើកកម្ពស់​ការ​តភ្ជាប់​ផ្នែក​ដឹកជញ្ជូន​ ថាមពល​ និង​ឌីជីថល​ ការ​អភិវឌ្ឍ​ប្រភព​កំណើន​សេដ្ឋកិច្ច​គន្លឹះ​ និង​ថ្មី​ៗ ការរៀបចំ​ខ្លួន​សម្រាប់​ សេដ្ឋកិច្ច​ឌីជីថល​ និង​ការ​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​និង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​បន្ថែម​ទៀត​ថា​៖“យើង​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​បង្កើន​សមត្ថភាព​ជំនាញ​ដល់​កម្លាំង​ពលកម្ម​ បង្កើន​ផលិតភាព​ បង្រួម​គម្លាត​ភាព​មិនស៊ីគ្នា​នៃ​ជំនាញ​ ពង្រឹង​សេវា​ព័ត៌មាន​ទីផ្សារ​ការងារ​និង​សេវា​រក​ការងារ​ឱ្យធ្វើ​ បង្កើន​គុណភាព​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ទិសដៅ​ ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ជា​អតិបរមា​ និង​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជំនាញ​នា​ពេល​អនាគត​ឱ្យ​បាន​”៕

  • 4ខែ​ដំបូង​ឆ្នាំនេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ចំណូល​ជាង​ 82លាន​ដុល្លារ​

    4ខែ​ដំបូង​ឆ្នាំនេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ចំណូល​ជាង​ 82លាន​ដុល្លារ​

    គិត​ត្រឹម​រយៈពេល​ 4ខែ​ដើមឆ្នាំ2019នេះ​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន​ប្រមាណ​ជាង​ 6ម៉ឺន​តោន​កើនឡើង​ប្រមាណ​ 23​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដោយ​ទទួល​បាន​ចំណូល​ជាង​ 82លាន​ដុល្លារ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​របស់​កម្ពុជា​។

    របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ2019​នេះ​ អគ្គនាយក​ដ្ឋាន​កៅស៊ូ​បាន​អនុវត្ត​ការ​ងារ​ចម្បង​ៗក្នុងស្មារតី​ទទួលខុសត្រូវ​ទាំង​ការងារ​បន្ត​ ការងារ​អនុវត្ត​គម្រោង​តាមកម្ម​វិធី​ ការ​ដាំដុះ​ថែទាំ​កូន​កៅស៊ូ​ថ្មី​ ការងារ​អាជីវកម្ម​ ផលិតកម្ម​ និង​ធុរកិច្ច​សំ​ខាន់​ៗដែល​សម្រេច​បាន​។

    របាយការណ៍​បាន​បញ្ជាក់​ថា​ “បរិមាណ​បញ្ចេញ​លក់​សរុប​ គិត​ពី​ខែមករា​ មកដល់​ខែមេសា2019​ នេះ​ កម្ពុជា​បាន​ធ្វើការ​នាំចេញ​បាន​ចំនួន​ 63,453តោន​ កើនឡើង​ចំនួន11,930តោន​ ស្មើនឹង23​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ហើយ​តម្លៃ​លក់​មធ្យម​ក្នុង​ខែមេសា​ ឆ្នាំ2019​ គឺ​ 1,366ដុល្លារ​ក្នុង​ 1តោន​ កើនឡើង​ 5ដុល្លារ​ក្នុង​ 1តោន​ ស្មើនឹង0.36​% ធៀប​នឹង​ខែមុន​ និង​ធ្លាក់ចុះ​ 49ដុល្លារ​អាមេរិក​ក្នុង​ 1តោន​ ស្មើនឹង​ 3% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។

    បច្ចុប្បន្ន​កម្ពុជា​មានផ្ទៃ​ដី​ដាំ​កៅស៊ូ​ជាង​ 45ម៉ឺន​ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ជាង​ 20ម៉ឺន​ហិ​កតា​ ស្មើនឹង​ 46​% និង​ផ្ទៃដី​ថែទាំ​មាន​ជាង​ 23ម៉ឺន​ហិ​កតា​ ស្មើនឹង​ 54​%។ បើ​ទោះបីជា​ការនាំចេញ​ជ័រកៅស៊ូ​នៅ​រយៈពេល​ 4ខែ​ដើមឆ្នាំ2019​ មាន​កើនឡើង​ក្ដី​ តែបើ​ក្រឡេក​ទៅ​មើល​និន្នាការ​ដាំដុះ​កៅស៊ូ​ក្នុង​ស្រុក​វិញ​ គេ​សង្កេតឃើញ​មានការ​ដាំដុះ​កើនឡើង​តិចតួច​ និង​តម្លៃ​ជ័រកៅស៊ូ​នៅ​លើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​។

    របាយការណ៍​បន្ដ​ថា​ សម្រាប់​តម្លៃ​ជាមធ្យម​របស់​ជ័រកៅស៊ូ​នៅ​រយៈពេល​ 4ខែ​ដំបូង​នេះ​ មានតម្លៃ​ 1,300ដុល្លារ​ក្នុង​ 1តោន​ ធ្លាក់ចុះ​ 10​%។ ដូច្នេះ​បើ​គិត​ជា​ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​ 4ខែ​នេះ​ គឺ​មាន​ជាង​ 82លាន​ដុល្លារ​។

    តម្លៃ​ជ័រកៅស៊ូ​នា​ពេល​បច្ចុប្បន្ន​មិនទាន់​អាច​ឱ្យ​ឧស្សាហកម្ម​មួយ​នេះ​មានផល​ចំណេញ​បាន​នៅ​ឡើយ​ ដោយសារតែ​តម្លៃ​ធ្លាក់ចុះ​ច្រើន​។ តម្លៃ​ជ័រកៅស៊ូ​ គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ​ ខណៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​បញ្ហា​។ បើ​តម្លៃ​ជ័រកៅស៊ូ​នៅតែ​បន្ត​ធ្លាក់ចុះ​នោះ​ នឹង​ផ្តល់​វិបាក​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​ និង​កសិករ​ ខណៈ​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​។

    ឯកឧត្តម​ ប៉ុល​ សុ​ផា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​“មកដល់​សព្វថ្ងៃ​នេះ​ និន្នាការ​នៃ​ការ​ដាំ​កៅស៊ូ​របស់​កម្ពុជា​មានការ​កើនឡើង​តិចតួច​ប៉ុណ្ណោះ​ ព្រោះ​ដោយសារ​ ទី1​-ជិត​អស់​ផ្ទៃដី​ដែល​កប​នឹង​ដំណាំ​កៅស៊ូ​ (b)និង​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់ចុះ​ខ្លាំង​ ទី2​-ការ​ដាំ​កៅស៊ូ​ចំណាយ​ទុន​ច្រើន​ រយៈពេល​ពី6​ ទៅ7ឆ្នាំ​ ខ្វះ​កម្លាំង​ពលកម្ម​ ពិបាក​ក្នុង​ការថែទាំ​ និង​ចៀរ​ជ័រ​ជាដើម​”។

    សូម​រំឭក​ថា​ កន្លងមក​មាន​ក្រុមហ៊ុន​របស់​ចិន​មួយ​ឈ្មោះថា​ Beijing​ Fushide​ Investment​ Management​ Ltd​ and​ East​ Consulting​ Management​ Ltd​ បាន​អះអាង​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​ មានបំណង​ចង់​វិនិយោគ​លើ​វិស័យ​ដាំ​ដើម​ឈើ​នៅ​កម្ពុជា​ដើម្បី​នាំចូល​ទៅ​ទីផ្សារ​ប្រទេស​ចិន​ ជាពិសេស​ គឺ​ក្រុមហ៊ុន​ចិន​ខាងលើ​ បាន​ថ្លែងប្រាប់​ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ កាលពី​ខែមេសា​ ឆ្នាំ2019​ នៅ​ឯទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ថា​ ក្រុមហ៊ុន​ក៏​មានការ​ចាប់អារម្មណ៍​លើ​ការ​ដាំ​ដើមកៅស៊ូ​ផង​ដែរ​ ដោយចង់​ធ្វើការ​កែច្នៃ​ជា​សំបក​កង់​រថយន្ត​សម្រាប់​នាំចេញ​។

    ជា​ការ​ឆ្លើយតប​ ឯកឧត្តម​ វេង​ សា​ខុន​ បាន​ស្វាគមន៍​គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ព្រមទាំង​បាន​បញ្ជាក់​ទៅវិញ​ថា​ នៅ​កម្ពុជា​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ ជាពិសេស​ការ​វិនិយោគ​លើ​ការ​ដាំ​ឈើ​ឡើងវិញ​ ការកែច្នៃ​ផលិតផល​កសិកម្ម​ ការ​ដាំដុះ​មុខ​ដំ​ណាំ​ផ្សេង​ៗ និង​ការ​ចិញ្ចឹមសត្វ​ឬ ចិញ្ចឹម​ត្រី​ ជាដើម​ ដែល​ទាំងអស់​នេះ​ គឺ​មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ដែល​អាច​ធ្វើការ​នាំចេញ​ទៅ​ប្រទេស​ចិន​ ឬទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន​ ក៏ដូចជា​ទីផ្សារ​អឺរ៉ុប​ និង​អាមេរិក​ ផង​ដែរ​។

    ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ចិន​ដែល​ចង់​វិនិយោគ​លើ​ការ​ដាំ​ដើមកៅស៊ូ​នេះ​ ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​ថា​ ផ្ទៃដី​ដាំដុះ​ដើមកៅស៊ូ​នៅ​កម្ពុជា​មាន​ប្រមាណ​ 45ម៉ឺន​ហិ​កតា​ “តែ​តម្លៃ​កៅស៊ូ​បច្ចុប្បន្ន​មានតម្លៃ​ទាប​ និង​មាន​បញ្ហា​ច្រើន​ ដូច្នេះ​ឯកឧត្ដម​ស្នើ​ឱ្យ​ក្រុមហ៊ុន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​សិន​ ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​វិនិយោគ​”។

    សូម​បញ្ជាក់​ថា​ រយៈពេល​ពេញ​ 1ឆ្នាំ2018​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន​ជាង​ 21ម៉ឺន​តោន​ ទទួល​បាន​ចំណូល​ជិត​ 300លាន​ដុល្លារ​អាមេរិក​។ ជ័រកៅស៊ូ​កម្ពុជា​ បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ វៀតណាម​ សិង្ហបុរី​ និង​ម៉ាឡេស៊ី​៕

  • ការ​ដកចេញ​ពន្ធ​អប្បបរមា​ 1% បាន​ចូលជាធរមាន​ហើយ​ មិន​ចាំបាច់​រង់ចាំ​រហូតដល់​ចុងឆ្នាំ2019​ ឡើយ​

    ការ​ដកចេញ​ពន្ធ​អប្បបរមា​ 1% បាន​ចូលជាធរមាន​ហើយ​ មិន​ចាំបាច់​រង់ចាំ​រហូតដល់​ចុងឆ្នាំ2019​ ឡើយ​

    ចាប់ពី​ពេលនេះ​តទៅ​ រាជរដ្ឋាភិបាល​បានសម្រេច​ដកចេញ​នូវ​ការ​យកពន្ធ​អប្បបរមា​ 1% ចំពោះ​គ្រប់​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ ដែល​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ​ ក្នុង​គោលបំណង​ទាក់ទាញ​ និង​លើកទឹកចិត្ត​វិនិយោគិន​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។

    ការអនុវត្ត​គោលការណ៍​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ​ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ពីទី​ក្រុង​តូក្យូ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “ការ​វិនិយោគ​នៅ​កម្ពុជា​”កាលពី​ថ្ងៃ​ 29​ ខែឧសភា​ ឆ្នាំ2019​ នេះ​ ឱ្យ​សម្រេច​លុបចោល​ពន្ធ​អប្បបរមា​ 1% ដើម្បី​សម្រួល​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​បន្ទាប់ពី​គោលការណ៍​សំខាន់​ជាច្រើន​ផ្សេងទៀត​។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​លើកឡើង​ថា​ ការអនុវត្ត​ពន្ធ​កាត់​ទុក​ (ពន្ធ​អប្ប​រមា​) នេះ​មិន​គួរ​បន្ត​នោះ​ទេ​ ព្រោះ​វា​ហាក់ដូចជា​បំណុល​រដ្ឋ​ផង​ និង​មិន​យុត្តិធម៌​សម្រាប់​អ្នករក​ស៊ី​ ព្រោះ​ពន្ធ​នេះ​ត្រូវ​អនុវត្ត​ចំពោះ​គ្រប់​ក្រុមហ៊ុន​ បើ​ទោះបីជា​ក្រុមហ៊ុន​នោះ​ចំណេញ​ ឬខាត​ក៏ដោយ​។ សម្តេច​បញ្ជាក់​ផង​ដែរ​ថា​ ប្រសិនបើ​ក្រុមហ៊ុន​នោះ​ចំណេញ​ វា​នឹង​មិន​មាន​បញ្ហា​នោះ​ទេ​ តែ​ប្រសិនបើ​ក្រុមហ៊ុន​នោះ​ខាត​ គាត់​ត្រូវ​អស់​ 1% នឹង​គេ​ដែរ​។ ហេតុនេះ​ការ​មិន​យកពន្ធ​អប្បបរមា1​% នេះ​ក៏អាច​ជួយ​សម្រួល​ដល់​រោងចក្រ​កាត់ដេរ​ និង​ស្បែកជើង​ ផ្នែក​វាយនភណ្ឌ​ឱ្យ​មានលទ្ធភាព​កាន់តែ​ប្រសើរ​ដើម្បី​ដំឡើង​ប្រាក់ខែ​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​បាន​។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​៖ “ក្រោយពី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អំពី​ការសម្រេច​ដកចេញ​នូវ​ពន្ធ​កាត់​ទុក​ 1% (ពន្ធ​អប្បបរមា​) គឺ​បាន​ចូលជាធរមាន​នៅ​ថ្ងៃនេះ​(29​ឧសភា​) ដោយ​មិនបាច់​រង់ចាំ​រហូតដល់​ចុងឆ្នាំ2019​ ទេ​ ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ជាតិ​ និង​បរទេស​ទាំងអស់​ ឱ្យ​ទទួល​បានផល​ចំណេញ​កាន់តែ​ច្រើន​”។

    ភ្លាម​ៗបន្ទាប់ពី​ការប្រកាស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ចេញពី​ទីក្រុង​តូក្យូ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ឱ្យ​បានដឹង​ពី​ការលើកលែង​ពន្ធ​អប្បបរមា1​% នេះ​ ដោយ​គ្រប់​សហគ្រាស​ត្រូវ​អនុវត្ត​តាម​វិធាន​ និង​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ប្រកាស​លេខ​ 638​សហវ.ប្រក​ ចុះ​ថ្ងៃទី4​ ខែកក្កដា​ ឆ្នាំ2017​ របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ធ្វើ​លក្ខណ​វិនិច្ឆ័យ​នៃ​ការ​កាន់កាប់​បញ្ជិកា​គណនេយ្យ​មិន​ត្រឹមត្រូវ​ និង​នីតិវិធី​នៃ​ការ​បង់ពន្ធ​អប្បបរមា​។

    ក្រៅពី​ការសម្រេច​លើកលែង​ពន្ធ​មួយ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ពី​នីតិវិធី​ចំនួន​ 5ចំណុច​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម​ និង​កាត់បន្ថយ​ចំណាយ​ធុរកិច្ច​ដែល​មាន​ដូចជា​៖
    ទី1​. ប្រទេស​កម្ពុជា​នឹង​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ដោយ​រក្សា​ទុ​កតែ​ភ្នា​កងារ​គយ​ប៉ុណ្ណោះ​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ច្រក​ទ្វា​អន្តរជាតិ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-នាំចូល​ផ្សេងទៀត​។

    ទី2​. កម្ពុជា​នឹង​លុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរណ៍​ ហៅ​កាត់​ថា​កាំសាប​។

    ទី3​. ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ឧស្ស​ហក​ម្ម​កម្ពុជា​ ឆ្នាំ2015​-2025​ រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​បញ្ចុះតម្លៃ​អគ្គិសនី​ជំហាន​ដំបូង​ចំនួន​ 2សេន​ ក្នុង​ 1គីឡូវ៉ាត់​ម៉ោង​សម្រាប់​អ្នកប្រើ​ប្រាស់​ប្រភេទ​ឧស្សាហកម្ម​ ចាប់ពី​ឆ្នាំ2019​ នេះ​តទៅ​ និង​សិក្សា​លទ្ធភាព​បញ្ចុះ​ថ្លៃ​ជាបន្តបន្ទាប់​ទៀត​។កន្លងទៅ​នេះ​ កម្ពុជា​មានការ​សោកស្ដាយ​ចំពោះ​ការរអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​បរិមាណ​ និង​គុណភាព​មិន​គ្រប់គ្រាន់​ដោយសារ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ធ្វើ​ឱ្យ​ថាមពល​ដែល​មាន​ប្រភព​វារីអគ្គិសនី​ផលិត​ក្រោម​កម្រិត​ធម្មតា​។ នៅ​ឆ្នាំ​ខាង​មុខ​នេះ​ កម្ពុជា​នឹង​បន្ថែម​ការ​ផ្គត់ផ្គង់​បរិមាណ​ 500​មេ​ហ្គា​វ៉ាត់​ ពី​ប្រភព​នានា​ រួម​ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផង​។

    ទី4​. កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​បុណ្យ​ និង​ទិវា​ពី​ 28ថ្ងៃ​ មក​ត្រឹម​ 21ថ្ងៃ​ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីឆ្នាំ​ 2020តទៅ​។

    ទី5​. បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត​ និង​ការ​មិន​តម្រូ​វឱ្យ​ស្គែ​នកុង​តឺន័​ររបស់​ក្រុមហ៊ុន​ដែល​មាន​អនុលោម​ភាពល្អ​ (best​ trader​)។

    គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​(កម្ពុជា​-ជប៉ុន​)បាន​កើនឡើង​ដល់​ជាង​ 2ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រទេស​ជប៉ុន​នាំចូល​ទំនិញ​ពីទី​ផ្សារ​កម្ពុជា​ មានតម្លៃ​ជាង​ 1,600លាន​ដុល្លារ​ ហើយ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​វិញ​មានតែ​900លាន​ដុល្លារ​ប៉ុណ្ណោះ​។ នៅក្នុង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នៅ​ជប៉ុន​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ដល់​ភាគី​ជប៉ុន​បន្ថែម​ទៀត​ឱ្យ​នាំចូល​ផលិតផល​កសិផល​របស់​កម្ពុជា​ ជាពិសេស​វត្ថុធាតុដើម​កែច្នៃ​៕

  • គុណប្រយោជន៍​ស្ករត្នោត​ចំពោះ​សម្រស់​

    គុណប្រយោជន៍​ស្ករត្នោត​ចំពោះ​សម្រស់​

    ស្ករត្នោត​ដែល​ធ្លាប់តែ​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ដាក់​ក្នុង​អាហារ​ ​;និង​បង្អែម​នោះ​ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ថែរក្សា​សម្រស់​ផ្ទៃមុខ​ផង​ដែរ​។ វិធី​ផ្សំ​ផលិតផល​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​នេះ​ អ្នក​គ្រាន់តែ​យក​ស្ករត្នោត​ មួយ​ស្លាបព្រាបាយ​ដាក់​ក្នុង​កូនចាន​តូច​មួយ​ ហើយ​បន្ថែម​ទឹក​បន្តិច​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ​ រួច​យក​មក​លាប​លើ​ផ្ទៃមុខ​ និង​ម៉ាស្សា​ក្នុង​ចលនា​ជា​រង្វង់​ថ្នម​ៗ ហើយ​លាង​ជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗជា​ការ​ស្រេច​។ អ្នកចាំ​បាច់​ត្រូវ​ម៉ាស្សា​ ដើម្បី​ជម្រុះ​កោសិកា​ស្បែក​ដែ​លងាប់ៗ​ចេញ​ ព្រោះ​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្រអាប់​។ ហើយ​អ្នក​ក៏អាច​ប្រើប្រាស់​ស្ករត្នោត​ដើម្បី​ធ្វើ​ជាស្ក្រាប់​បាន​ផង​ដែរ​។

    1. ស្ក្រាប់​បបូរមាត់​ ដើម្បី​ឱ្យ​បបូរមាត់​ទន់​រលោង​
    ស្ក្រាប់​លាប​បបូរមាត់​ ដែល​ផ្សំ​ពី​ស្ករ​ត្នោត​នេះ​ អាច​ជួយ​ឱ្យ​បបូរមាត់​មាន​សំណើម​ រលោង​ និង​មាន​ពណ៌​បែប​ធម្មជាតិ​។
    គ្រឿងផ្សំ​
    – ស្ករត្នោត​ចំនួន​ 4ស្លាបព្រាបាយ​
    – ប្រេងដូង​ ទឹកឃ្មុំ​ និង​ម្សៅ​សម្បកឈើ​អែម​1ស្លាបព្រាបាយ​
    វិធី​ធ្វើ​
    – ជាមួយនឹង​វិធី​នេះ​ អ្នក​ត្រូវ​យក​ស្ករត្នោត​ចំនួន​ 4ស្លាបព្រាបាយ​ ប្រេងដូង​ ទឹកឃ្មុំ​ និង​ម្សៅ​សម្បកឈើ​អែម​ (រក​ទិញ​នៅ​តាម​ផ្សារ​ទំនើប​) ចំនួន​ 1ស្លាបព្រាបាយ​ស្មើគ្នា​ ដោយ​ចាក់​លាយ​គ្រឿងផ្សំ​ទាំងបួន​មុខ​នេះ​ចូលគ្នា​ឱ្យ​សព្វ​ល្អ​។
    – បន្ទាប់មក​យក​វា​មក​ត្រ​ដុស​ថ្នម​ៗនៅ​លើ​បបូរមាត់​របស់​អ្នកមួយ​សន្ទុះ​ រួចហើយ​លាង​សម្អាត​បបូរមាត់​ចេញ​ជា​ធម្មតា​។ ចំណែក​ឯល្បាយ​ដែល​នៅសល់​ អ្នក​អាច​រក្សាទុក​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ក្រឡ​បិទ​ជិត​ ហើយ​ទុក​នៅក្នុង​ទូទឹកកក​ ដើម្បី​ទុក​ប្រើប្រាស់​នៅពេល​ក្រោយ​ទៀត​។

    2. ស្ក្រាប់​ស្បែក​មុខ​ ជួយ​ឱ្យ​ស្បែក​ទន់​ និង​មាន​សំណើម​

    វិធី​នេះ​អាច​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​មាន​ភាព​ទន់​រលោង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​បាន​យ៉ាង​ល្អ​ប្រសើរ​។
    គ្រឿងផ្សំ​
    -ចេកទុំ​ 1ផ្លែ​
    -ស្ករត្នោត​ 2ស្លាបព្រាបាយ​
    វិធី​ធ្វើ​
    – វិធី​នេះ​ ជំហាន​ដំបូង​អ្នក​ត្រូវ​យក​ផ្លែ​ចេក​
    – ទុំ​កិន​វា​ឱ្យ​ម៉ដ្ឋ​ល្អ​ (ចេកទុំ​មួយ​ផ្លែ​) រួច​យក​ស្ករ​
    – ត្នោត​ចំនួន​ 2ស្លាបព្រាបាយ​ចាក់​លាយ​ចូលគ្នា​រហូតដល់​សព្វ​ល្អ​ ដើម្បី​ចៀសវាង​នៅ​ដុំ​ៗ។
    – បន្ទាប់មក​លាប​ល្បាយ​នេះ​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​ រួច​ទុក​ប្រហែល5នាទី​ ទើប​លាង​សម្អាត​ចេញ​ជាមួយនឹង​ទឹក​ធម្មតា​ និង​ជូត​ឱ្យ​ស្ងួត​ជាការស្រេច​។
    គួរ​បញ្ជាក់​ផង​ដែរ​ថា​ វិធី​ទី2នេះ​មាន​ប្រសិទ្ធ​ភាព​ជួយ​ឱ្យ​ស្បែក​មុខ​មាន​ភាព​ទន់​រលោង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​។

    3. ស្ក្រាប់​ដុស​មុខ​ កម្ចាត់​ស្លាកស្នាម​ និង​បន្តឹង​ស្បែក​មុខ​
    ចំណែក​វិធី​មួយ​នេះ​វិញ​មិន​ត្រឹមតែ​អាច​កម្ចាត់​ស្នាម​ប្រហោង​នៅ​លើ​ផ្ទៃមុខ​ ដែល​បណ្តាល​មក​ពី​ការ​កើតមុន​ប៉ុណ្ណោះទេ​ វា​ថែមទាំង​អាច​បន្តឹង​ស្បែក​មុខ​ឱ្យ​តឹងណែន​ស្អាត​ទៀតផង​។
    គ្រឿងផ្សំ​
    – ស្ករត្នោត​ចំនួន​ 2ស្លាបព្រាបាយ​
    – យ៉ា​អួ​ 1កំប៉ុង​
    វិធី​ធ្វើ​
    – ជាដំបូង​អ្នក​ត្រូវ​យក​ស្ករត្នោត​ចំនួន​ 2ស្លាបព្រាបាយ​ លាយ​ជាមួយនឹង​យ៉ា​អួ​ កន្លះ​ពែង​ កូរ​ចូលគ្នា​ឱ្យ​សព្វ​ល្អ​។
    – បន្ទាប់មក​យក​វា​មក​លាប​នៅ​លើ​ផ្ទៃមុខ​ ដោយ​ដុស​រាង​ជា​រង្វង់​ថ្នម​ៗប្រហែល​ 5នាទី​ ទើប​លាង​សម្អាត​ចេញ​ជាមួយនឹង​ទឹក​ធម្មតា​ រួច​ជូត​មុខ​ឱ្យ​ស្ងួត​ជាការស្រេច​

    4. ស្ក្រាប់​ដុស​ប្រអប់ជើង​ ឬប្រអប់ដៃ​ ឱ្យ​ទន់​រលោង​ បំបាត់​អាការ​រលាក​
    ចំពោះ​វិធី​នេះ​ វា​អាច​ជួយ​សម្អាត​ស្បែក​របស់​អ្នក​បាន​ស្អាត​ល្អ​ និង​ជួយ​ព្យាបាល​ស្បែក​ពី​ការ​រលាក​ ឱ្យ​ឆាប់​ជាសះស្បើយ​។
    គ្រឿងផ្សំ​
    – ស្ករត្នោត​ 1ពែង​
    – ប្រេង​អូ​លីវ​ ឬប្រេងដូង​ 1/4ពែង​ – ស្ករស​ 1/4ពែង​
    វិធី​ធ្វើ​
    – ជាដំបូង​ អ្នក​ត្រូវ​យក​ស្ករត្នោត​ 1ពែង​លាយ​ជាមួយនឹង​ស្ករស​ 1/4ពែង​ និង​ប្រេង​អូ​លីវ​ ឬប្រេងដូង​ 1/4ពែង​ ដោយ​កូរ​វា​ឱ្យ​រលាយ​ចូលគ្នា​បាន​សព្វ​ល្អ​ ទើប​យក​ល្បាយ​នោះ​មក​លាប​នៅ​លើ​ប្រអប់ជើង​ ឬប្រអប់ដៃ​ ហើយ​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ ប្រហែល5​ ទៅ10នាទី​ ទើប​លាង​សម្អាត​ចេញ​ជាការស្រេច​។
    – ប្រសិនបើ​ល្បាយ​នេះ​នៅសល់​ អ្នក​អាច​រក្សាទុក​នៅក្នុង​ក្រឡ​បិទ​ជិត​ល្អ​ ដោយ​ដាក់​នៅក្នុង​ទូទឹកកក​ ដើម្បី​រក្សា​បាន​យូរ​សម្រាប់​ប្រើប្រាស់​នៅពេល​ក្រោយ​ក៏បាន​៕

  • ពេល​មាន​របួសគួរ​ធ្វើ​ដូចម្តេចទើប​មិនមាន​ស្លាកស្នាម?

    ពេល​មាន​របួសគួរ​ធ្វើ​ដូចម្តេចទើប​មិនមាន​ស្លាកស្នាម?

    មិនថា​អ្នកជា​មនុស្ស​ដែល​មានការ​យកចិត្ត​ទុកដាក់​ពី​ស្នាម​ដែល​អាច​នឹង​កើតមាន​នៅ​លើ​ស្បែក​បន្ទាប់ពី​មានរបួស​ មុត​ មុន​ ឬការវះកាត់​តិច​តួច​ ឬអត់​ក្តី​ ក៏​ការ​ខិតខំ​បង្ការ​កុំឱ្យ​វា​កើតមាន​បន្ទាប់​ពីរ​បួស​ជាសះស្បើយ​នៅតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​។ មិន​ចាំបាច់​ត្រូវ​ប្រុងប្រៀប​អី​ច្រើន​ ហើយក៏​មិន​ពិបាក​រហូតដល់​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ដែរ​។ សូម​ព្យាយាម​ចងចាំ​សកម្មភាព​ខាង​ក្រោម​នេះ​ ដើម្បី​គ្រប់ពេល​នៃ​ការ​មានរបួស​នឹង​បន្សល់ទុក​ស្នាម​តិចតួច​បំផុត​។

    សម្អាត​មុខរបួស​ចេញ​ពេល​មាន​របួស​ថ្មី​ៗ:
    បន្ទាប់ពី​មាន​របួស​ភ្លាម​ៗ សូម​យក​ទឹក​ត្រជាក់​មក​លាង​សម្អាត​បរិវេណ​របួស​នោះ​ឱ្យ​បាន​ស្អាត​បន្ទាប់មក​សឹម​ចាប់​ឆ្កឹះ​ ឬលាង​កម្ទេច​ដី​ចេញ​ឱ្យ​អស់​ ជាមួយនឹង​ទឹក​អាល់កុល​។

    គ្រប​របួស​ឱ្យ​ស្អាត​ជាប់​ជានិច្ច​: ការ​គ្រប​ស្នាម​របួស​ឱ្យ​ជិត​គឺជា​ការ​ជួយ​រារាំង​មេរោគ​ ធូលី​ដី​អាការ​រមាស់​ផ្សេង​ៗពី​ខាងក្រៅ​កុំឱ្យ​ជ្រាបចូល​មក​ក្នុង​របួស​ ហើយក៏​ជា​ការ​ជួយ​របួស​ឱ្យ​មាន​ជាតិ​សំណើម​ ដើម្បី​ជួយ​ពន្លឿន​ការ​ព្យាបាល​ក្នុងរយៈ​ពេល2​-3ថ្ងៃ​ដំបូង​ផង​ដែរ​។ អ្នក​អាច​ប្រើ​ក្រែម​ដែល​មាន​ជាតិ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ឬប្រេង​លាប​ស្បែក​ ដើម្បី​រក្សា​សំណើម​ និង​អនាម័យ​ដល់​មុខរបួស​ក៏បាន​។រឿង​សំខាន់​មួយទៀត​ការដែល​អ្នក​គ្រប​ ឬបិទមុខ​របួស​ឱ្យ​ជិត​បែបនេះ​គឺជា​ការ​ជួយ​កាត់បន្ថយ​ការ​កើត​មាន​សន្លា​កបន្ទាប់ពី​របួស​ជាសះស្បើយ​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​។

    កុំ​ឆ្កឹះ​របួស​: បន្ទាប់ពី​មានរបួស​ ឬសូម្បីតែ​មុន​នៅ​លើ​ស្បែក​មុខ​ក៏ដោយ​ ក៏​អ្នក​មិន​ត្រូវ​ឆ្កឹះ​វា​ដែរ​ព្រោះថា​ពេលវេលា​នេះ​រាងកាយ​របស់​អ្នក​កំពុង​ធ្វើការ​យ៉ាងសកម្ម​ក្នុង​ការ​ព្យាបាល​មុខរបួស​។ កោសិកា​ឈាមស​កំពុង​រារាំង​ការលុកលុយ​របស់​មេរោគ​ ចំណែក​ឯកោ​សិកា​ឈាមក្រហម​សុទ្ធតែ​កំពុង​ធ្វើ​ឱ្យ​ឈាម​នៅមុខ​របួស​កក​កុំឱ្យ​ហូរ​មក​ទៀត​ ដូច្នេះ​បើ​អ្នក​កេះ​ ឬឆ្កឹះ​វា​មិនឈប់​នោះ​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មេរោគ​មានឱកាស​ជ្រាបចូល​ទៅ​ក្នុង​មុខរបួស​ទេ​ តែ​វា​ក៏អាច​ធ្វើ​ឱ្យ​របួស​ស្នាម​កាន់​តែ​ធំឡើង​ទៀតផង​។

    ដូច្នេះ​អ្នក​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​នូវ​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ នោះ​ឱកាស​នៃ​ការ​កើតមាន​ស្នាម​ក្រោយ​របួស​នឹង​មាន​កាន់តែ​តិច​សម្រាប់​អ្នក​។តែបើ​ស្លាកស្នាម​បាន​កើតមាន​ទៅ​ហើយ​នោះ​មានតែ​ស្វែងរក​ថ្នាំ​បំបាត់​សន្លា​កស្នាម​មក​លាប​ទេ​ទើប​ជា​វិធី​ដ៏​ល្អ​ និង​មានប្រសិទ្ធភាព​បំផុត​៕

  • សក់​មិន​ស្អាត មិនមែនជា​បញ្ហា​ទៀត​ទេ!

    សក់​មិន​ស្អាត មិនមែនជា​បញ្ហា​ទៀត​ទេ!

    បញ្ហា​ដែល​នាំ​ឱ្យ​សក់​ខូច​អាច​កើត​បាន​គ្រប់ពេលវេលា​ ប្រសិនបើ​អ្នក​ធ្វេសប្រហែស​ ហើយ​ភាគច្រើន​នៃ​បញ្ហា​ដែល​យើង​ជួបប្រទះ​មាន​ដូចជា​ អង្គែ​ រមាស់​ស្បែក​ក្បាល​ សក់​បែក​ចុង​ សក់​ស្ងួត​គ្មាន​ជាតិ​ប្រេង​ សក់​មិន​រលោង​សក់​ងាយ​ដាច់​ជ្រុះ​ និង​សក់​មានការ​លូតលាស់​យឺត​ជាដើម​។ រាល់​បញ្ហា​អស់​ទាំងនេះ​បាន​ក្លាយជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​អ្នក​បាត់បង់​ទំនុកចិត្ត​ ប៉ុន្តែ​ចាប់​ពី​ពេលនេះ​ទៅ​ សូមអ្នក​ដែល​មាន​បញ្ហា​ផ្នែក​សក់​ទាំងអស់​កុំ​លង់ខ្លួន​ អាក់​អន់ចិត្ត​ជាមួយនឹង​បញ្ហា​ទាំងនេះ​តទៅទៀត​អី​ សូម​ងើបមុខ​ឡើង​ ហើយ​តទល់​នឹង​បញ្ហា​ទាំងអស់​នោះ​ជាមួយនឹង​ដំណោះស្រាយ​មួយចំនួន​ដែល​ ឡា​រ៉ែ​នផ្តល់​ជូន​ដូច​ខាងក្រោម​៖

    – រាល់ពេល​សម្អាត​សក់​ត្រូវ​ប្រាកដ​ថា​ វា​ពិតជា​ស្អាត​គ្រប់ពេល​ ហើយ​អ្នក​ពិតជា​បាន​លាង​សម្អាត​សក់​របស់​អ្នក​បាន​យ៉ាង​ស្អាត​ បន្ទាប់ពី​កក់សក់​ ឬអប់​សក់​រួច​។
    – ការ​កក់សក់​គួរតែ​ធ្វើឡើង​នៅពេល​ព្រឹក​ ឬនៅ​ពេលថ្ងៃ​ មិន​គួរ​ធ្វើ​នៅពេល​យប់​មុន​ចូលគេង​នោះ​ទេ​ ព្រោះ​ពេលយប់​សក់​នឹង​សើម​កាន់តែ​យូរ​ដែល​ជា​ការ​បើកឱកាស​ឱ្យ​អង្គែ​ចូល​មក​ជ្រៀតជ្រែក​បាន​កាន់តែ​ងាយ​។
    – អ្នក​គួរតែ​ឆ្លៀតពេល​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​ខ្លះ​ ដូចជា​ ការ​កក់សក់​បន្ថែម​ភាព​ភ្លឺរលោង​ដោយ​ខ្ទះ​ដូង​ ឬការ​កម្ចាត់​អង្គែ​ដោយ​ទឹកក្រូច​សើច​ក្នុង​មួយ​អាទិត្យ​ម្តង​ ឬពីរ​ដង​ជាដើម​។
    – ពាក់មួក​ការពារ​សក់​របស់​អ្នក​គ្រប់ពេល​ដែល​អ្នក​ចេញទៅ​ខាងក្រៅ​ ដើម្បី​ការពារ​សក់​របស់​អ្នក​ពី​កម្តៅថ្ងៃ​ និង​ពី​ធូលី​ដី​ដែល​មាននៅ​ក្នុង​បរិ​យា​កាស​ ព្រោះ​វា​អាច​បំផ្លាញ​សោភ័ណភាព​សក់​របស់​អ្នក​បាន​។
    – កាត់បន្ថយ​ការ​កិប​ គាប​ ឬអ៊ុតសក់​ខ្លះ​ បើ​អាច​ទៅរួច​។
    – ស្វែងរក​ការ​ព្យា​បាល​ផ្សេង​ៗ នៅពេល​ដែល​អ្នក​សង្កេតឃើញ​ថា​ សក់​របស់​អ្នក​ហាក់​កំពុង​ធ្លាក់​ក្នុង​សភា​ពយាប់​យ៉ឺន​។
    – សាកសួរ​អ្នកជំនាញ​អំពី​របៀប​នៃ​ការ​ថែរក្សា​សក់​ បើ​អ្នកជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​លេង​ម៉ូដ​សក់​ ឬលេង​ពណ៌​សក់​៕

  • វិធី​ការពារ​បញ្ហា​ជ្រុះ​សក់​តាមបែប​ធម្មជាតិ

    វិធី​ការពារ​បញ្ហា​ជ្រុះ​សក់​តាមបែប​ធម្មជាតិ

    មនុស្ស​ភាគច្រើន​គិតទៅ​ដល់​ការ​ការពារ​សក់​ជ្រុះ​ នៅពេល​ដែល​ពួកគេ​បាន​ប្រឈម​នឹង​បញ្ហា​ជ្រុះសក់​រួច​ទៅ​ហើយ​ ប៉ុន្តែ​ប្រសិនបើ​អ្នកចាប់​ផ្តើម​ថែរក្សា​ និង​ការពារ​បាន​ឆាប់​ជាង​នេះនោះ​ ធានា​ថា​អ្វី​ៗគ្រប់យ៉ាង​នឹង​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។ អនុវត្ត​តាមបែបបទ​នៃ​ជីវិត​ដែល​ពេញដោយ​ផាសុកភាព​ មើលថែ​សក់​ ចៀសវាង​សកម្មភាព​ ឬប្រើ​ផលិតផល​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សក់​ និង​សម្រប​ខ្លួន​ជាមួយនឹង​ការ​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​ គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ឱ្យ​សក់​របស់​អ្នក​ស្គាល់​តែ​ភាពរឹងមាំ​ មិន​ជ្រុះ​ដោយ​ងាយ​ឡើយ​។ សូម​អនុវត្ត​តាមបែបបទ​នៃ​ជីវិត​ដែល​ពេញដោយ​ផាសុកភាព​ នោះ​ធានា​ថា​ សក់​របស់​អ្នក​នឹង​មិន​ជ្រុះ​ឡើយ​។

    សក់​ក៏​មិន​ខុស​អី​ពី​ស្បែក​ និង​ក្រចក​ដែរ​ គឺ​វា​ត្រូវការ​ការ​ថែរក្សា​ដែល​ប្រកបដោយ​ផាសុកភាព​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បរិបូរ​នោះ​ សក់​របស់​អ្នក​ក៏​មើលទៅ​ស្រស់​ស្អាត​ដែរ​។ បើ​សក់​ជ្រុះ​អាច​ជា​បញ្ហា​ដែល​បណ្តាល​មក​ពី​សុខភាព​របស់​អ្នក​។ ដូច្នេះ​សូម​ចាំ​ថា​ សក់​មាន​សុខភាព​ល្អ​ មិន​ជ្រុះចេញ​ទៅណា​បានទេ​ បើ​សុខភាព​រាងកាយ​ទាំងមូល​របស់​អ្នកដំណើរ​ការ​ទៅ​យ៉ាង​ល្អ​បំផុត​នោះ​។ វីតាមីន​ B ជាតិ​ដែក​ កាល់ស្យូម​ ស័ង្កសី​ ប្រូ​តេ​អីុន​ និង​ទឹក​ គឺជា​ជំនួយការ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​សក់​មាន​សុខភាព​ល្អ​។

    របៀប​មើលថែ​សក់​
    សក់ក​ខ្វក់​ គ្មាន​អនាម័យ​ ជាផ្នែក​មួយ​ដែល​នាំ​ឱ្យ​សក់​ជ្រុះ​ ដូច្នេះ​រឿង​មួយទៀត​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​ រក្សា​ភាព​ស្អាត​ឱ្យ​សក់​ជាប់​ជានិច្ច​។ ប្រើ​សាប៊ូកក់​សក់​ និង​ផលិតផល​ថែរក្សា​សក់​ដែល​មានគុណ​ភាពល្អ​។ កាត់តម្រឹម​សក់​ក៏​ជាផ្នែក​ដែល​នាំ​ឱ្យ​សក់​មើលទៅ​មាន​ផាសុកភាព​ និង​កាត់បន្ថយ​សភាព​បែក​ចុង​ដែរ​។

    ចៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សក់​
    វា​ជា​រឿង​ដែល​អ្ន​កណាៗ​ក៏​ដឹង​ រហូតដល់​ថ្នាក់​មិន​ចាំបាច់​ត្រូវ​ប្រាប់​ ប៉ុន្តែ​យ៉ាងណា​ក៏​វា​នៅតែ​ជា​ចំណុច​ដែល​អ្នក​ត្រូវតែ​សង្កត់ធ្ងន់​ ព្រោះថា​សម័យ​នេះ​ស្ត្រី​ភាគច្រើន​តែងតែ​ភ្លេចខ្លួន​តាមរយៈ​ការ​អនុវត្ត​វិធី​ខុសឆ្គង​មួយចំនួន​ដូចជា​ ទាញ​ ឬចងសក់​តឹង​ពេក​ អ៊ុត​ត្រង់​ មូរ​រួញ​ និង​ការ​សិតសក់​ទាំង​វា​នៅ​សើម​ជាដើម​។

    សម្រប​ខ្លួន​ជាមួយនឹង​ការ​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​
    សំដៅ​ដល់​ការ​ថែរក្សា​សក់​តាមវិធី​ធម្មជាតិ​ ដូចជា​ ការ​ជំនួយ​ដោយ​ប្រេង​ពី​ធម្មជាតិ​ និង​ម៉ាស​អប់​សក់​ធម្មជាតិ​ជាដើម​។“ការពារ​ប្រសើរ​ជាង​ព្យាបាល​” សូម​ចាំ​ឱ្យ​ច្បាស់​ប្រយោគ​មួយ​នេះ​ ព្រោះ​វា​ជា​កម្លាំងចិត្ត​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ឆាប់​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​បញ្ហា​សក់​ជ្រុះ​៕

  • គួរ​ធ្វើ​ដូចម្តេច​ទើប​មិន​ចាញ់​គ្រឿងសម្អាង?

    គួរ​ធ្វើ​ដូចម្តេច​ទើប​មិន​ចាញ់​គ្រឿងសម្អាង?

    ស្ត្រី​ភាគច្រើន​អាច​នឹង​មានសំណាង​ល្អ​ ដែល​អាច​គេច​ផុត​ពី​ការ​ប្រតិកម្ម​ចាញ់​ផលិតផល​គ្រឿងសម្អាង​ដែល​ខ្លួន​បាន​ប្រើប្រាស់​ ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់រូប​សុទ្ធតែ​មានឱកាស​អាច​គេច​ផុត​ពី​អាការ​ប្រតិកម្ម​ចាញ់​បែបនេះ​នោះ​ទេ​។ ធ្វើ​ដូចម្តេច​ដើម្បី​ឱ្យ​គេច​ផុត​ពី​ការ​ប្រតិកម្ម​ជាមួយ​នឹង​ផលិតផល​គ្រឿងសម្អាង​អស់ទាំង​នេះ​? អត្ថបទ​ខាងក្រោម​គឺជា​ជំនួយការ​ដ៏​ល្អ​របស់​អ្នក​ដែល​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​ប្រតិកម្ម​ចាញ់​គ្រឿងសម្អាង​។

    – រក​ផលិតផល​ណា​ដែល​មាន​ធាតុផ្សំ​តិច​បំផុត​ ព្រោះ​បើកាលណា​សារធាតុ​ផ្សំ​កាន់តែ​តិច​ឱកាស​នៃ​ការ​កើតមាន​ប្រតិកម្ម​ចាញ់​ក៏​មាន​កាន់​តែ​តិច​ដូចគ្នា​។

    – សាកល្បង​ផលិតផល​នោះ​សិន​មុននឹង​យក​វា​មក​ប្រើលើ​ស្បែក​របស់​អ្នក​ ជា​ពិ​សេ​ស្បែក​មុខ​របស់​អ្នក​ ដោយ​ការ​យក​គ្រឿងសម្អាង​នោះ​បន្តិចមក​សាក​លើ​-កដៃ​ រួច​រង់ចាំ48ទៅ72ម៉ោង​។ ប្រសិនបើ​កើតមាន​អាការ​រោល​ ហើម​ ឡើងក្រហម​ ឬរមាស់​ កើតឡើង​នោះ​ គួរ​កុំ​ប្រើ​ផលិតផល​នោះ​អី​។

    – គួរ​បាញ់​ទឹកអប់​នៅ​លើ​សម្លៀកបំពាក់​ មិនមែន​នៅ​លើ​ស្បែក​របស់​អ្នកនោះ​ទេ​។ ការ​ធ្វើបែប​នេះ​ជា​ការ​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​មាន​ប្រតិកម្ម​ចាញ់​នៅ​លើ​ស្បែក​របស់​អ្នក​។

    – បើ​ទោះជា​មានការ​អះអាង​នៅ​លើ​ផលិតផល​ថា​ បាន​ធ្វើការ​សាកល្បង​រួចហើយ​ ហើយ​វា​នឹង​មិន​ធ្វើ​ឱ្យ​រមាស់​ រលាក​ ឬហើម​នៅ​លើ​ស្បែក​ក្តី​ ក៏​កុំអាល​ជឿជាក់​ទាំងស្រុង​ដែរ​ ព្រោះ​ការសាកល្បង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​ស្បែក​របស់​អ្នក​ផ្សេង​ មិនមែន​ជា​ស្បែក​របស់​អ្នកនោះ​ទេ​ ព្រោះ​ស្បែក​មនុស្ស​គឺ​មិន​ដូចគ្នា​នោះ​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​ស្គាល់​ពី​ប្រវត្តិ​របស់​ផលិតផល​ ឬបាន​សាកល្បង​នៅ​លើ​ស្បែក​របស់​អ្នកជា​មុន​សិន​។

    សូម​ចងចាំ​ថា​ ប្រសិនបើ​ឃើញថា​ ស្បែក​របស់​អ្នកមាន​ប្រតិកម្ម​ជាមួយ​ផលិតផល​នោះ​ សូម​បញ្ឈប់​ការប្រើ​ប្រាស់​ភ្លាម​ៗ ដើម្បី​កុំឱ្យ​ស្ថានភាព​នៃ​ប្រតិកម្ម​ចាញ់​នេះ​កាន់តែ​យ៉ាប់​ឡើង​ថែមទៀត​៕