Author: ធឿន មករា

  • ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

    ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

    កាលពី8​-10ឆ្នាំមុន​ អ្នកទេសចរ​និយម​នាំគ្នា​ទៅ​គេង​សំ​ដឹ​លកាយ​នៅ​ឯឆ្នេរសមុទ្រ​ អេ​ឌ្រៀ​ទិ​ក នៅក្នុង​ប្រទេស​ ក្រូអាត​ តែ​ពេលនេះ​ មើលទៅ​ហាក់ដូចជា​អ្នកទេសចរ​ចាប់ផ្តើម​ប្តូរ​គោលដៅ​ហើយ​ ព្រោះ​មួយ​រយៈ​ក្រោយនេះ​ពួកគេ​បាន​នាំគ្នា​ខិតចេញ​ពីទី​ក្រុង​ល្បីឈ្មោះ​ Drobrovnik​ ឆ្លង​ប្រទេស​ទៅ​រក​កន្លែង​សំ​ដឹល​កាយ​ហាលថ្ងៃ​នៅ​ឯប្រទេស​ ម៉ុន​តេនេ​ហ្រ្គោ​ កាន់តែ​ច្រើនឡើង​ម្តង​វិញ​ តែ​ក៏​នៅតែ​ជា​ឆ្នេរ​របស់​សមុទ្រ​ អេ​ឌ្រៀ​ទិ​ក ដដែល​។ តែ​អ្វី​ដែល​ផ្លាស់​ប្តូរ​នោះ​គឺ​ បរិយាកាស​នៃ​ធម្មជាតិ​ ព្រោះ​ម៉ុន​តេនេ​ហ្រ្គោ​ មាន​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ និង​គួរ​ឱ្យ​ស្នាក់នៅ​ល្អ​ជាង​ប្រទេស​ក្រូអាត​ហ្នឹងឯង​។

    ក្រៅពី​នេះ​នៅ​មាន​ទីក្រុង​ ប៊ុ​ដវ៉ា​(Budva​) ដែល​ជា​កន្លែង​ “Hot​ Spot​” សម្រាប់​អ្នក​និយម​ពន្លឺថ្ងៃ​ដ៏​ចែងចាំង​ ព្រោះ​ក្នុង​ទីក្រុង​នេះ​មាន​ឆ្នេរសមុទ្រ​ឱ្យ​ជ្រើសរើស​គេង​សំ​ដឹល​ថ្ងៃ​ដល់ទៅ​ 35​កន្លែង​ឯណោះ​ ដូច្នេះហើយ​ទើប​នៅក្នុង​ឆ្នាំ2019​ នេះ​ ម៉ុន​តេនេ​ហ្រ្គោ​ស្ថិតនៅ​ក្នុង​ចំណុច​ចាប់អារម្មណ៍​របស់​អ្នកទេសចរ​ដែល​គ្មាន​នរណា​ម្នាក់​ចង់​ខកខាន​ឡើយ​។

    កន្លែង​ដ៏​ល្បីល្បាញ​របស់​ ម៉ុន​តេនេ​ហ្រ្គោ​ គឺ​អ្នកទេសចរ​ត្រូវ​ឡើង​កាំជណ្តើរ​ចំនួន​ 1,300កាំ​ដើម្បី​ទៅលេង​ប៉ម​យាម​ការពារ​ទីក្រុង​ Kotor​ និង​ទស្សនា​ទេសភាព​បែប​ ផា​ណូ​រ៉ា​ម៉ា​ ដ៏​ស្រស់​ត្រកាល​ជាប់ចិត្ត​ និង​ចំណុច​មួយទៀត​ដែល​ហាម​ខកខាន​ជាដាច់ខាត​ពេល​ទៅដល់​ ម៉ុន​តេនេ​ហ្រ្គោ​ នោះ​គឺ​ ទីប្រជុំជន​ ស្វេ​ទី​ ស្តេ​ហ្វា​ន (Sveti​ Stefan​) ដែល​កាលពីដើម​ជា​ភូមិ​អ្នកនេសាទ​ តែ​បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​សណ្ឋាគារ​ និង​រី​សត​លំដាប់​ផ្កាយ6​ ដែល​អ្នកទេសចរ​ណា​មួយ​ក៏​និយាយ​ដែរ​ថា​ ទេសភាព​នៅ​ទីកន្លែង​នោះ​វា​ប្រៀប​ដូចជា​និមិត្តសញ្ញា​របស់​ប្រទេស​ ម៉ុន​តេនេ​ហ្រ្គោ​ ទៅ​ហើយ​…៕

  • 10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

    10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

    ឆាក​អាពាហ៍​ពិពាហ៍​អាច​ជា​ឆាក​បញ្ចប់​ដ៏​សែន​មហា​ Happy​ តែ​សម្រាប់​ជីវិត​ពិត​វិញ​ ការ​រៀបការ​ ឬការយល់ព្រម​រួមរស់​នៅជា​មួយ​គ្នា​ជា​ជីវិត​គូ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​សាង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​។ មនុស្សជា​ច្រើន​ ពេល​នៅជា​គូស្នេហ៍​ ស្រឡាញ់​គ្នា​ស្ទើរ​បាត់មុខ​មិនបាន​ តែ​ពេល​រៀបការ​ និង​រស់នៅ​ជាមួយគ្នា​ហើយ​ បែរជា​ជួប​បញ្ហា​ និង​រឿងរ៉ាវ​ដ៏​ច្រើន​ រហូតដល់​ពេលខ្លះ​អាច​ធ្វើ​ឱ្យ​ជីវិត​គូ​បាក់បែក​ដួល​រលំ​ក៏​មាន​។ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​រួបរួម​យក​ចំណុច​គួរ​រិះ​គិ​តល្អ​ៗដែល​មនុស្ស​គ្រប់រូប​អាច​នាំ​យក​ទៅ​ប្រើ​ក្នុង​ជីវិត​ជា​ស្វាមី​-ភរិយា​របស់​ខ្លួន​ ដើម្បី​ឱ្យ​គ្រួសារ​មាន​សេចក្ដីសុខ​សុភមង្គល​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​។

    1. រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​
    នៅពេល​យើង​គិតថា​ នឹង​រស់នៅ​ជា​ជីវិត​គូ​ជា​មួយ​នឹងនរ​ណា​ម្នាក់​ហើយ​ កុំ​នឹក​សង្ឃឹម​ត្រឹមតែ​ឱ្យ​គេ​មក​ស្រឡាញ់​ និង​ធ្វើអ្វី​ដើម្បី​យើង​តែ​ម្យ៉ាង​នោះ​តែ​យើង​គួរ​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​លះបង់​ឱ្យ​គេ​ខ្លះ​ផង​ ធ្វើ​ឱ្យ​គេ​មាន​សេចក្ដីសុខ​ យកចិត្តយកថ្លើម​ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ ផ្លាស់​គ្នា​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​ វា​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ​ទាំងពីរ​នាក់​ មិនមែន​ឱ្យ​នរណា​ម្នាក់​ព្យាយាម​លះបង់​តែ​ម្ខាង​នោះ​ទេ​។

    2. ស្មោះត្រង់​នឹងគ្នា​ និង​ទុកចិត្ត​គ្នា​
    សម្រាប់​ជីវិត​គូ​ ភាព​ស្មោះត្រង់​ គឺជា​រឿង​ធំជាង​គេ​បំផុត​ និង​ក្រៅពី​យើង​ស្មោះត្រង់​ចំពោះ​គ្នា​ហើយ​គួរ​មាន​ភាព​ជឿ​ទុកចិត្ត​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់​ផង​។ បើ​មានការ​មិន​ជឿ​ទុកចិត្ត​ ឬប្រចែប្រចណ្ឌ​ហួងហែង​គ្នា​ខ្លាំង​ជ្រុល​ពេក​ វា​នឹង​ធ្វើ​ឱ្យ​ជីវិត​គូ​មានតែ​បញ្ហា​។

    3. រៀន​យល់ដឹង​ ទទួលស្គាល់​ និង​កែសម្រួល​ពី​ខ្លួនឯង​ជាមុន​
    ទន្ទេញ​ទុក​ជាប់​ជានិច្ច​ថា​ យើង​មិន​អាច​ផ្លាស់ប្ដូរ​អ្នកដទៃ​បានទេ​ តែ​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន​ ដូច្នេះ​កុំ​សង្ឃឹមថា​ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​កែ​សម្រួល​ខ្លួន​គេ​ដើម្បី​យើង​ ឬត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ៗដើម្បី​ឱ្យ​ដូច​តាមចិត្ត​យើង​នោះ​ តែ​ចូរ​យល់ដឹង​ពី​អ្វី​ដែល​ជា​រូបគេ​ និង​បើ​រក​ឃើញ​ភាព​ផ្សេងគ្នា​ដែល​ច្រើន​ជ្រុល​ពេក​នោះ​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ខ្លួន​យើង​ជាមុន​សិន​។ បើ​ទាំងសងខាង​ជួយគ្នា​កែសម្រួល​ខ្លួន​ចូល​រកគ្នា​ទៅវិញទៅមក​ នោះ​ប្រាកដជា​នឹងអាច​រស់នៅ​រួមគ្នា​បាន​យ៉ាង​រលូន​មិនខាន​។

    4. ផ្ដល់​កិត្តិយស​ចំពោះ​គ្នា​ទៅវិញទៅមក​ជានិច្ច
    ​មិនថា​ស្រឡាញ់​គ្នា​ខ្លាំង​ប៉ុនណា​ ឬស្រឡាញ់​គ្នា​មក​យូរ​ប៉ុនណា​ក៏ដោយ​ មនុស្ស​គ្រប់រូប​នៅតែ​ត្រូវការ​ទីតាំង​ផ្ទាល់ខ្លួន​ និង​ចង់បាន​ការ​ផ្ដល់​កិត្តិយស​ជានិច្ច​។ ទោះជា​ស្វាមី​-ភរិយា​នឹងគ្នា​ក៏​ដោយ​ ក៏​គួរតែ​ទុកចន្លោះ​ទំនេរ​មួយ​ឱ្យ​គ្នា​ទៅវិញទៅមក​ដែរ​ កុំ​សង្កត់​ ឬជិះជាន់​មនុស្ស​ដែល​យើង​ស្រឡាញ់​ ទោះជា​គេ​មាន​ឥរិយាបថ​ថា​ ចុះញ៉ម​ហើយក៏​ដោយ​ និង​កុំ​លូកលាន់​កកូរកកាយ​គេ​គ្រប់តែ​រឿង​នោះ​ ព្រោះ​វា​នឹង​នាំមក​នូវ​ភាព​ទើសទាល់​ធុញថប់​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​។

    5. កុំ​ភ្លេច​នឹកដល់​ពាក្យ​ថា​ “ចិត្ត​យើង​ ចិត្ត​គេ​”
    ទោះជា​ចង់​ធ្វើអ្វី​ ឬប្រុង​និយាយ​អ្វី​ចេញទៅ​ក៏​ដោយ​ ចូរ​នឹកគិត​ជាប់​ជានិច្ច​ថា​ បើសិនជា​រូបយើង​វិញ​ នឹង​មាន​អារម្មណ៍​យ៉ាងណា​? នោះ​យើង​នឹង​ដឹង​ភ្លាម​ថា​ តើ​គួរ​ធ្វើបែប​នោះ​ឬទេ​?

    6. នៅ​ក្បែរ​ជានិច្ច​ តែ​មិន​កាន់ជើង​
    គូស្នេហ៍​ដែល​ល្អ​ គឺ​អ្នក​ដែល​នៅ​ក្បែរ​គ្នា​ជានិច្ច​ ទោះជា​ពេល​មាន​បញ្ហា​ក៏ដោយ​ នៅ​ផ្ដល់​កម្លាំងចិត្ត​ មិន​បន្ទោស​បន្ថែម​ តែ​ខណៈ​ពេល​ជាមួយគ្នា​ ក៏​ត្រូវ​ចេះ​ដាស់តឿន​ នៅពេល​មើលឃើញ​ថា​ខុស​ និង​មិន​ត្រឹមត្រូវ​ មិន​សមគួរ​។ មិនមែន​ថា​គេ​ជាគូ​ស្នេហ៍​យើង​ហើយ​ ត្រូវតែ​កាន់ជើង​គេ​គ្រប់​រឿង​ គេ​ធ្វើអ្វី​ក៏​ត្រូវ​ទាំងអស់​នោះ​ទេ​ ហើយ​ការដាស់តឿន​នោះ​ទៀតសោត​ គួរ​ធ្វើឡើង​តែ​ពីរ​នា​ក់​ស្ងាត់​ៗកុំ​បំបាក់មុខ​គូស្នេហ៍​ដោយ​ការ​ស្រែក​ជេរ​បញ្ចោរ​គេ​នៅមុខ​អ្នកដទៃ​ជាដាច់ខាត​។

    7. កុំ​ប្រៀបធៀប​គូស្នេហ៍​របស់​យើង​ជាមួយ​គូស្នេហ៍​អ្នកដទៃ
    ​ប្រាកដ​ណាស់​ថា​ គ្មាន​អ្នកណា​ឥត​ខ្ចោះ​គ្រប់យ៉ាង​នោះ​ទេ​ ខ្លួន​យើង​ក៏​ដូចគ្នា​ដែរ​ ដូច្នេះ​កុំ​យក​គូស្នេហ៍​របស់​យើង​ទៅ​ប្រៀបធៀប​ជាមួយ​គូស្នេហ៍​របស់​អ្នកដទៃ​ កុំ​សរសើរ​ថា​ ប្ដី​(ឬប្រពន្ធ​)របស់​គេ​ម្នាក់​នោះ​ល្អ​អុី​ចេះ​ ល្អ​អុី​ចុះ​ ព្រោះ​វា​នឹង​ក្លាយជា​ការ​បំបាក់​អារម្មណ៍​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ខ្លាំង​ណាស់​។

    8. ពេល​គេ​ជា​ភ្លើង​ ចូរ​យើង​ធ្វើជា​ទឹក​
    ប្រហែលជា​គ្មាន​គូស្នេហ៍​មួយគូ​ណា​ដែល​មិនធ្លាប់​ឈ្លោះ​គ្នា​នោះ​ទេ​ តែ​ធ្វើ​យ៉ាងណា​ កុំឱ្យ​ការ​ឈ្លោះ​នោះ​ក្លាយជា​បញ្ហា​រីកធំឡើង​។ នៅពេល​ឃើញថា​ គេ​កំពុងតែ​ក្ដៅ​ដូច​ភ្លើង​ហើយ​នោះ​ យើង​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ និង​ស្ងប់​នឹង​ជាងគេ​ឱ្យ​បាន​ព្រោះ​បើសិនជា​រឹតតែ​ក្ដៅ​ដាក់គ្នា​ នឹង​រឹតតែ​នាំមក​នូវ​បញ្ហា​ថែម​ឡើង​ប៉ុណ្ណោះ​។

    9. ឧស្សាហ៍​បន្ថែម​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​គូ
    ​នៅពេល​រស់នៅ​ជាមួយ​គ្នា​យូរ​ៗទៅ​ គូ​ខ្លះ​ក៏​ភ្លេច​ភាព​ផ្អែមល្ហែម​ រ៉ូមែ​នទិ​កដែល​ធ្លាប់​មាន​ឱ្យ​គ្នា​កាល​ស្នេហ៍​គ្រាដំបូង​អស់​ ដូច្នេះ​គួរតែ​មាន​ពេលវេលា​ក្នុង​ការ​ទៅ​ធ្វើ​អ្វី​ៗជាមួយគ្នា​ ដូចជា​ ទៅដើរ​លេង​ជាមួយគ្នា​ ឬមាន​កាដូ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ឱកាស​ពិ​សេស​ៗខ្លះ​ផង​។ បបួល​ជជែក​ពី​រឿង​កាល​ដែល​ស្រឡាញ់​គ្នា​ថ្មី​ៗ ឬនាំគ្នា​ទៅ​រំឭក​អនុស្សាវរីយ៍​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗដែល​ធ្លាប់​បាន​ទៅ​ នឹង​ធ្វើ​ឱ្យ​សេចក្ដីស្នេហា​រីក​ស្រស់​ឡើងវិញ​។

    10. បញ្ឈប់​ការ​នឹករំពឹង​ ហើយ​ស្រឡាញ់​គ្នា​យ៉ាង​ល្អ​បំផុត​
    ការ​នឹករំពឹង​ មិនដែល​ធ្វើ​ឱ្យ​ជីវិត​អ្នកណា​មាន​សេចក្ដីសុខ​យ៉ាង​ពិតប្រាកដ​នោះ​ទេ​ សម្រាប់​សេចក្ដី​ស្នេហា​ក៏​ដូចគ្នា​ដែរ​ យើង​មិន​គួរ​នឹករំពឹង​អ្វី​ជាមួយ​គូស្នេហ៍​របស់​យើង​ខ្លាំង​ជ្រុល​ពេក​ទេ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​គេ​ទើសទាល់​ ហើយ​ខ្លួន​យើង​ក៏​នឹង​មានទុក្ខ​បើសិនជា​មិនបាន​ដូច​ការ​នឹករំពឹង​។ “ជីវិត​មនុស្ស​យើង​គ្រប់​ៗគ្នា​សុទ្ធតែ​រាប់​ពេលវេលា​ថយក្រោយ​ដូចគ្នា​រាល់ថ្ងៃ​ ដូច្នេះ​ ចូរ​ស្រឡាញ់​គ្នា​ឱ្យ​បាន​ល្អ​បំផុត​រៀងរាល់ថ្ងៃ​”៕

  • 6តម្រូវការ​ផ្នែក​ផ្លូវចិត្ត​របស់​កូន ដែល​ឪពុកម្ដាយ​ត្រូវតែ​ឱ្យ

    6តម្រូវការ​ផ្នែក​ផ្លូវចិត្ត​របស់​កូន ដែល​ឪពុកម្ដាយ​ត្រូវតែ​ឱ្យ

    សេចក្ដី​ត្រូវការ​ផ្នែក​ផ្លូវចិត្ត​របស់​កុមារ​ មាន​ភាព​ខុសប្លែក​ពី​គ្នា​ខ្លះ​ៗទៅតាម​វ័យ​របស់​ពួកគេ​ តែ​អាច​សរុប​បែ​បត្រួ​សៗ​បាន​ថា​ រឿង​តទៅ​នេះ​មាន​ភាព​ចាំបាច់​ និង​ជា​តម្រូវការ​សម្រាប់​កុមារ​គ្រប់រូប​។

    1. សេចក្ដី​ស្រឡាញ់​ ភាព​កក់ក្ដៅ​
    កុមារ​មាន​អារម្មណ៍​ចង់ឱ្យ​ឪពុកម្ដាយ​ ឬអ្នក​ចិញ្ចឹម​មើលថែ​ស្រឡាញ់​រូបគេ​ មាន​អារម្មណ៍​ថា​ ខ្លួនឯង​គឺជា​សេចក្ដី​ត្រូវការ​ និង​មានតម្លៃ​សម្រាប់​ឪពុកម្ដាយ​ មាន​អារម្មណ៍​ថា​ ខ្លួនឯង​ត្រូវ​បាន​ទទួលស្គាល់​។ អាណាព្យាបាល​មិន​គួរ​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ ឪពុកម្ដាយ​ស្អប់​រូបគេ​ មិន​ចូលចិត្ត​រូបគេ​ ស្រឡាញ់​លម្អៀង​ បដិសេធ​ ឬមិន​ត្រូវការ​ ជា​ចំណែក​ដែល​លើស​ បង្ខំចិត្ត​ចិញ្ចឹម​រូបគេ​ និង​មិន​គួរ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ រូបគេ​មាន​ចំណុចខ្សោយ​ ឬតូចចិត្តតូចថ្លើម​ឡើយ​។ អាកប្ប​កិរិយា​របស់​មនុស្ស​ធំ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ផ្លូវចិត្ត​របស់​កុមារ​ ដូច្នេះ​រឿង​សំខាន់​ដែល​ចង់និយាយ​ដល់​នោះ​គឺ​ កុមារ​ត្រូវការ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស័ក្តិសម​ មិនមែន​ស្រឡាញ់​ខ្លាំង​យ៉ាង​គ្មាន​ព្រំដែន​ ដូចជា​ តាមចិត្ត​គ្រប់បែបយ៉ាង​ដោយ​គ្មាន​ហេតុផល​ រហូត​ធ្វើ​ឱ្យ​ក្លាយជា​មនុស្ស​តាមតែ​ចិត្ត​ខ្លួនឯង​គ្រប់ពេលវេលា​ មិន​អាច​អត់ធន់​ជាមួយ​សភាវ​ដែល​មនុស្ស​ប្រក្រតី​ធម្មតា​អត់ធន់​បាន​ រហូត​ក្លាយជា​ចំណុច​មិនល្អ​ខាង​បុគ្គលភាព​នោះ​ទេ​។

    2. ជំរុញ​វិវឌ្ឍនាការ​យ៉ាង​ស័ក្តិសម
    ​ការជំរុញ​វិវឌ្ឍនាការ​ដែល​ស័ក្តិសម​នេះ​ អាស្រ័យ​លើ​វ័យ​របស់​កុមារ​ ដូចជា​ វ័យ​ទារក​កើត​ដំបូង​ត្រូវ​កា​រកា​រព​ បី​ ការ​ប៉ះពាល់​ ការ​ញញឹម​ ការ​ជជែក​និយាយ​ជាមួយ​ដើម្បី​ឱ្យ​បានឮ​សំឡេង​។ ដល់​ធំឡើង​ក៏​ត្រូវការ​ថែម​ឡើង​ ដូចជា​ ការ​លេង​ ការ​ជជែក​និយាយ​ របស់​លេង​ដែល​ស័ក្តិសម​នឹង​វ័យ​ ក៏​នឹង​ជួយ​ជំរុញ​បាន​ល្អ​ដែរ​។ សម្រាប់​ក្មេង​ក្នុង​ខួប​ 1ឆ្នាំ​ដំបូង​ ដើម្បី​ជំរុញ​ការបាន​ឮ ការប្រើ​ខ្សែភ្នែក​ គួរ​ប្រើ​របស់​លេង​ដែល​មាន​ចលនា​ និង​មាន​ពណ៌​ស្រស់​ៗ និង​មាន​សំឡេង​។ លុះ​ធំឡើង​ទៀត​ កុមារ​នឹង​ត្រូវការ​ការជំរុញ​ ដើម្បី​បង្កើន​ការ​ធ្វើ​ចលនា​ គួរ​ប្រើប្រាស់​សាច់ដុំ​ផ្នែក​ផ្សេង​ៗ ដូចជា​ ការប្រើ​ម្រាមដៃ​ ការប្រើ​ម្រាមជើង​ និង​ផ្សេង​ៗទៀត​។ ការ​ជំ​រុញ​ផ្សេង​ៗនេះ​មាន​លទ្ធផល​ខាង​ផ្លូវចិត្ត​ដែល​ទទួល​បាន​ គឺ​កុមារ​នឹង​មាន​អារម្មណ៍​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ ការចាប់អារម្មណ៍​ និង​ដែល​សំខាន់​គឺ​ បាន​ជំរុញ​អារម្មណ៍​ចង់​ដឹង​ចង់​ឃើញ​ ចាប់អារម្មណ៍​ចំពោះ​បរិស្ថាន​ជុំវិញ​ មាន​អារម្មណ៍​សប្បាយ​ ចង់​ពិសោធ​ ចង់​សាកល្បង​ធ្វើ​ ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​មាន​ភាព​ជឿជាក់​ក្នុងចិត្ត​ ហ៊ាន​សម្ដែង​ចេញ​តាម​នោះ​ដែរ​។

    3. អារម្មណ៍​កក់ក្ដៅ​ និង​សុវត្ថិភាព​
    អារម្មណ៍​កក់ក្ដៅ​ និង​សុវត្ថិភាព​របស់​កុមារ​បាន​មក​ពី​បរិស្ថាន​ជុំវិញ​ខ្លួន​ ជាពិសេស​ឪពុកម្ដាយ​។ បើ​ឪពុកម្ដាយ​មាន​សម្ព័ន្ធ​-ភាពល្អ​ចំពោះ​គ្នា​ គ្រួសារ​មាន​សេចក្ដីសុខ​ស្ងប់ស្ងាត់​ កុមារ​នឹង​មិន​មាន​អារម្មណ៍​ភ័យខ្លាច​ថា​ នឹង​ត្រូវ​បោះបង់ចោល​ឡើយ​។ ជា​ញឹកញាប់​គេ​រក​ឃើញថា​ ក្មេង​មាន​អាការ​ខាង​ផ្លូវកាយ​ ដូចជា​ឈឺក្បាល​ ឈឺពោះ​ដោយ​គ្មាន​ជំងឺ​ខាង​រាងកាយ​ជា​មូលហេតុ​ឡើយ​ តែ​បែរជា​ពាក់ព័ន្ធ​នឹង​ពេល​ដែល​កុមារ​កើតមាន​អារម្មណ៍​ធុញថប់​តានតឹង​ មាន​អារម្មណ៍​ខ្លាច​ពេល​ដែល​ឃើញ​ឪពុកម្ដាយ​ឈ្លោះ​គ្នា​ វាយតប់​គ្នា​ ឬកំពុង​ជិត​លែងលះ​គ្នា​។ ក្រៅពីនោះ​ កុមារ​នៅ​ត្រូវការ​មាន​អារម្មណ៍​ថា​ មនុស្ស​ធំ​អាច​ការពារ​រូបគេ​បាន​ មិន​បណ្ដោយ​ឱ្យ​មាន​គ្រោះថ្នាក់​លើ​រូបគេ​។ កុមារ​គួរតែ​បាន​ទទួលការ​ការពារ​ពី​គ្រោះថ្នាក់​ខាង​រាងកាយ​ ដូចជា​ ឧប្បត្តិ​ហេ​តុ​ផ្សេង​ៗ និង​គួរតែ​បាន​ទទួល​ការ​ការពារ​មិន​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ ដូចជា​ ទិដ្ឋភាព​គ្រោះថ្នាក់​ដែល​គួរ​ឱ្យ​ភ័យរន្ធត់​ខ្លាំង​ ទិដ្ឋភាព​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវភេទ​ដែល​មិន​សមរម្យ​ជាដើម​ និង​គួរ​ត្រៀម​កាយ​ ត្រៀម​ចិត្ត​ដល់​កុមារ​សម្រាប់​ហេតុការណ៍​សំ​ខាន់​ៗ ដូចជា​ ការ​មាន​ប្អូន​ ឬការវះកាត់​ជាដើម​។

    4. ពាក្យណែនាំ​ និង​ការ​គាំទ្រ​
    កុមារ​ត្រូវការ​ពាក្យណែនាំ​ ឬការ​ចង្អុល​បង្ហាញ​អំពី​មនុស្ស​ធំ​ថា​ អ្វី​ជា​អ្វី​ ដូចជា​ តួនាទី​ដែល​ស័ក្តិសម​តាម​ភេទ​របស់​ក្មេងប្រុស​ ឬក្មេងស្រី​ ការប្រតិបត្តិ​ខ្លួន​ក្នុង​សង្គម​ តម្លៃ​នៃ​ការ​និយម​ រហូត​ទៅដល់​វប្បធម៌​ប្រពៃ​ណី​ផ្សេង​ៗ និង​គួរ​ផ្ដល់​ការ​គាំទ្រ​ជួយ​យកអាសា​ក្នុង​រឿង​ផ្សេង​ៗដែល​មើលឃើញ​ថា​សមរម្យ​ ដូចជា​ កិច្ចការ​ងារ​ដែល​កុមារ​ត្រូវការ​បំពេញ​ អាច​ជួយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ ឬជួយ​រក​វត្ថុ​ឧបករណ៍​ជួយ​ក្នុង​និង​ការប្រើ​គំនិត​ជាដើម​។

    5. ភាព​ជាប់លាប់​ជានិរន្តរ៍​ និង​ការ​មាន​ព្រំដែន​
    ទាំង​ 2យ៉ាង​មាន​ភាព​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​កុមារ​រៀន​យល់ដឹង​ថា​ អ្វី​ត្រូវ​ អ្វី​ខុស​ អ្វី​ធ្វើ​បាន​ ឬមិន​បាន​ មិន​ច្របូកច្របល់​ខាង​ការ​គិត​ និង​ការប្រតិបត្តិ​។ ច្បាប់ទម្លាប់​ដែល​ប្រើ​ គួរតែ​មានហេតុ​ផល​ និង​មានការ​ប្រតិបត្តិ​យ៉ាង​ជាប់លាប់​តាំងពី​ដើម​ដល់​ចប់​ ដូចជា​ មិន​ឱ្យ​ពាក់​ស្បែកជើង​ចូលផ្ទះ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ផ្ទះ​កខ្វក់​ជាដើម​ក៏​គួរតែ​ធ្វើបែប​ហ្នឹង​ជា​រៀង​រហូត​ មិនមែន​ពេល​មាន​អ្នកបម្រើ​ក្នុង​ផ្ទះ​ក៏​ពាក់​បាន​ ឬពេល​ម្ដាយ​ជូត​សម្អាតផ្ទះ​ដោយខ្លួនឯង​ ក៏​ពាក់​មិនបាន​ ឬដូច​ជា​ ថ្ងៃមួយ​ មិនព្រម​អនុញ្ញាត​ឱ្យធ្វើ​រឿង​អ្វីមួយ​ តែ​ដល់​ថ្ងៃក្រោយ​មក​ទៀត​ បែរជា​អនុញ្ញាត​ឱ្យធ្វើ​ទៅវិញ​ជាដើម​។

    មនុស្ស​ធំ​មួយចំនួន​មិន​ប្រាកដ​នៅក្នុង​ចិត្ត​ថា​អ្វី​ដែល​គួរ​ហាម​ក្មេង​ អ្វី​មិន​គួរ​ហាម​ ខ្លាច​បណ្ដោយ​តាមចិត្ត​ពេក​ ឬតឹង​រឹង​ខ្លាំង​ជ្រុល​ពេក​ជាដើម​ ដូច្នេះ​ចូរ​ប្រកាន់យក​គោល​កា​រណ៍​ងាយ​ៗ 3យ៉ាង​ដែល​កុមារ​មិន​អាច​ធ្វើ​បាន​យ៉ាង​ពិតប្រាកដ​គឺ​៖
    1 . ការធ្វើបាប​ខ្លួន​(វាយតប់​ខ្លួនឯង​) រួម​ទាំង​ការ​លេង​ដែល​បង្ក​គ្រោះថ្នាក់​ ដូចជា​ លេង​វត្ថុ​មុត​ស្រួច​ជាដើម​។
    2 . ការធ្វើបាប​(វាយតប់​)អ្នកដទៃ​។
    3 . ការបំផ្លាញ​វត្ថុ​របស់របរ​។

    6. ផ្ដល់​ឱកាស​ឱ្យ​ប្រើ​ថាមពល​ក្នុង​ការ​ច្នៃ​បង្កើត​
    វ័យ​កុមារ​ ជា​វ័យ​ដែល​មាន​កម្លាំងថាមពល​ក្នុង​ខ្លួន​ខ្លាំង​ កុមារ​ត្រូវការ​បាន​ទទួល​ឱកាស​ឱ្យ​ប្រើប្រាស់​ថាមពល​ទៅលើ​ការ​ច្នៃ​បង្កើត​ ដូចជា​ការ​លេង​ ការហាត់ប្រាណ​ក្នុង​ការ​លេង​កីឡា​ផ្សេង​ៗ មាន​កិច្ចការ​ងារ​ផ្សេង​ៗដែល​ស័ក្តិសម​។ បើ​មនុស្ស​ធំ​មើល​មិនឃើញ​ភាព​សំខាន់​ពី​ចំណុច​នេះ​ អាច​ត្រូវការ​ឱ្យ​កុមារ​នៅ​យ៉ាង​ស្ងប់ស្ងាត់​រៀបរយ​ជាប់​រហូត​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​កុមារ​ក្លាយជា​ក្មេង​មាន​សម្ពាធ​ក្នុងចិត្ត​ មិន​ហ៊ាន​បង្ហាញ​ចេញ​ស្ពឹក​ស្រពន់​ ខ្ជិលច្រអូស​ មិន​រួសរាយ​ស្រស់ថ្លា​ គ្មាន​គំនិត​ចាប់​ផ្ដើម​ល្អ​ៗក្នុង​ការ​ច្នៃ​បង្កើត​៕

  • សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

    សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

    ឪពុកម្ដាយ​គ្រប់រូប​តែង​ប្រាថ្នា​ចង់ឱ្យ​កូន​ជាទីស្រឡាញ់​របស់​ខ្លួន​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​ មាន​ភាព​ឆ្លាត​វាងវៃ​ រហ័សរហួន​ អារម្មណ៍ល្អ​ អាច​រៀន​យល់ដឹង​បាន​ឆាប់រហ័ស​ និង​អាច​សម្របសម្រួល​ខ្លួន​ចូលក្នុង​សង្គមមនុស្ស​បាន​ តែ​តើ​យើង​នឹង​ធ្វើ​ឱ្យ​ទារក​ដែល​ប្រសូត​ចេញ​មក​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​យ៉ាងម៉េច​បាន​ទៅ​?ដោយ​តិ​ចណូ​ឡូ​ជី​ខាង​វេជ្ជ​សាស្រ្ត​ក្នុង​ពេល​ច្ចុ​ប្ប​ន្ន​នេះ​ ធ្វើ​ឱ្យ​យើង​ដឹង​ថា​ មាន​បច្ច័យ​ចម្បង​ 3យ៉ាងដែល​បើសិនជា​យើង​អាច​ត្រៀម​ឱ្យ​រួចជាស្រេច​មុននឹង​ចាប់តាំង​គភ៌​នោះ​ ទារក​ដែល​ប្រសូត​ចេញ​មក​ក៏​នឹង​មានគុណ​ភាពល្អ​ និង​មានឱកាស​ក្លាយជា​ក្មេង​ពូកែ​អច្ឆ​រិយៈ​ដូចដែល​ឪពុកម្ដាយ​រំពឹង​ប្រាថ្នា​បាន​មិនខាន​។

    1. ពូជ​កំណើត​ពី​ឪពុក​ និង​ម្ដាយ​
    ទារក​កើត​ចេញពី​ការ​រួមបញ្ចូល​គ្នា​រវាង​កោសិកា​របស់​ខាងឪពុក​ និង​ម្ដាយ​ ដោយ​កោសិកា​ប្រកប​ទៅ​ដោយ​ ក្រូម៉ូ​ហ្សូម​ (Chromozome​) ដែល​មាន​លក្ខណៈ​ជា​សរសៃ​ 2. ខ្សែ​ដែល​តម្រៀប​គ្នា​ជា​គូៗ​ តោង​គ្នា​ជាប់​ណែន​ដូចជា​ជណ្ដើរវិល​ ហើយ​នៅ​លើ​សរ​សៃ​ក្រូម៉ូ​ហ្សូម​នឹង​មាន​ហ្សែ៊ន​ ដែល​ហ្សែ៊​ននេះ​បាន​មក​ពី​ការ​ផ្សំ​ចូលគ្នា​រវាង​ខាងឪពុក​ និង​ខាងម្ដាយ​ម្នាក់​ពាក់កណ្ដាល​។ ហ្សែ៊ន​ជា​អង្គភាព​គ្រប់គ្រង​គុណភាព​ និង​លក្ខ​ណៈ​ផ្សេង​ៗរបស់​មនុស្ស​ មិនថា​តែ​មុខមាត់​ រូបរាង​ កម្ពស់​ ពណ៌​សម្បុរ​ ភាព​ឆ្លាត​-ល- ហើយ​ដែល​ហ្សែ៊​ននៅ​ក្នុង​ផ្នែក​របស់​អវយវៈ​ខួរក្បាល​នេះឯង​ដែល​បាន​ទទួល​មក​ពី​ហ្សែ៊​នរ​បស់​ឪពុក​ និង​ម្ដាយ​ម្នាក់​ពាក់កណ្ដាល​ ដែល​មានផល​ធ្វើ​ឱ្យ​ទារក​នៅពេល​ធំធាត់​ឡើង​នឹង​មាន​លក្ខណៈ​ស្រដៀងនឹង​ឪពុក​ និង​ម្ដាយ​។ដូច្នេះហើយ​ទើប​ពូជ​កំណើត​ពី​ឪពុក​ និង​ម្ដាយ​គឺជា​ផ្នែក​មួយ​ដែល​មាន​ភាព​សំខាន់​ចំពោះ​គុណភាព​របស់​ទារក​ ព្រោះថា​ ទារក​នឹង​ឆ្លាត​វាងវៃ​ប៉ុនណា​ ហ្សែ៊​នដែ​លបាន​ទទួល​ពី​ឪពុក​ និង​ម្ដាយ​នោះ​មាន​ចំណែក​ពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង​។ ក្រៅ​ពី​ហ្សែ៊​នដែ​លបាន​ទទួល​ពី​ឪពុក​ និង​ម្ដាយ​ហើយ​ នៅ​មាន​បច្ច័យ​ផ្សេងទៀត​ក៏​មានផល​ចំពោះ​ទារក​ដែរ​។

    2. អាហារ​ការ​ហូបចុក​
    ចំណីអាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​មួយ​ថ្ងៃ​ៗនឹង​ត្រូវ​បំប្លែង​ឱ្យ​ក្លាយជា​សារធាតុ​អាហារ​ ដែល​ក្នុង​ពេល​បច្ចុប្បន្ន​ពិភព​វេជ្ជ​សាស្រ្ត​បាន​ផ្ដល់​នូវ​ការ​ទទួលស្គាល់​ហើយ​ថា​ បើ​ទារក​តាំងពី​នៅក្នុង​គភ៌​បាន​ទទួល​សារធាតុ​អាហារ​ដែល​ល្អ​ និង​សមរម្យ​នោះ​ នឹង​ជួយ​ឱ្យ​រាងកាយ​របស់​ទារក​អាច​អភិវឌ្ឍ​ និង​ធំធាត់​ឡើង​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​បាន​ដូចគ្នា​ ព្រោះ​សារធាតុ​អាហារ​ជាច្រើន​ប្រភេទ​មានផល​ល្អ​ក្នុង​ការ​កសាង​រាងកាយ​របស់​ទារក​តាំងពី​នៅក្នុង​គភ៌​ ដូចជា​ ប្រូ​តេ​អុីន​ជា​សារធាតុ​អាហារ​ដែល​រាងកាយ​ត្រូវ​ប្រើ​ដើម្បី​បង្កើន​ទំហំ​ និង​គុណភាព​របស់​ខួរក្បាល​។ បើ​ទារក​បាន​ទទួល​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ រាងកាយ​របស់​ទារក​ក៏​នឹងអាច​អភិវឌ្ឍ​ខួរក្បាល​បាន​យ៉ាង​ល្អ​ពេញ​-លេញ​។ នៅពេល​ខួរក្បាល​ល្អ​ពេញលេញ​ ការ​ធ្វើ​ការងារ​របស់​ខួរក្បាល​ក៏​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ពេញលេញ​ល្អ​ដូចគ្នា​។ខួរក្បាល​ជា​អវយវៈ​ដែល​សំខាន់​ខ្លាំង​ណាស់​ ហើយ​ខួរក្បាល​ក៏​ប្រកប​ទៅ​ដោយ​កោសិកា​ក្នុង​ចំនួន​ដ៏​ច្រើន​ដូចគ្នា​។ បើស្រ្តី​មានគភ៌​បាន​ទទួល​សារធាតុ​អាហារ​ជា​ប្រូ​តេ​អុីន​តិច​ជ្រុល​ពេក​ កោសិកា​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ​ក៏​នឹង​មាន​ទំហំ​តូច​ និង​ធ្វើ​ឱ្យ​ទារក​ដែល​ប្រសូត​ចេញ​មក​មាន​កម្រិត​សតិបញ្ញា​ទាប​ជាង​ក្មេង​ដទៃទៀត​។ ក្រៅ​ពី​ប្រូ​តេ​អុីន​ហើយ​ នៅ​មាន​សារធាតុ​អាហារ​ផ្សេង​ៗទៀត​ ដូចជា​ ក្រុម​វីតាមីន​ប្រភេទ​ខ្លះ​ក៏​មានផល​ល្អ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ដែរ​ ដូច្នេះហើយ​ទើប​អាហារ​ដែល​ស្រ្តី​មានគភ៌​បាន​ទទួល​ចូល​ទៅ​នោះ​ មានផល​ល្អ​យ៉ាង​ខ្លាំង​ដល់​ទារក​ក្នុង​គភ៌​។

    3. សភាព​បរិស្ថាន​
    សភាព​បរិស្ថាន​នៅក្នុង​ទីនេះ​នឹង​មានផល​ប៉ះពាល់​តាំងពី​ស្រ្តី​ចាប់ផ្ដើម​តាំង​គភ៌​ម្លេះ​។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាង​វេជ្ជ​សាស្រ្ត​បាន​បញ្ជាក់​ថា​ បើស្រ្តី​ដែល​មានគភ៌​ត្រូវ​ទ្រាំទ្រ​នៅជា​មួយ​សភាព​បរិស្ថាន​ដែល​មិនល្អ​ ទាំង​រឿង​សំឡេង​ដែល​ឮខ្លាំង​ហួសហេតុ​ មាន​ក្លិន​ដែល​មិន​គួរ​ឱ្យ​ប៉ងប្រាថ្នា​ ឬធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ ឬធុញថប់​នោះ​ ទារក​ក៏​នឹង​បាន​ទទួលផល​ប៉ះពាល់​ពី​សភាព​បរិស្ថាន​ទាំងនោះ​ដូចគ្នា​ ដូចជា​ នៅពេល​ប្រសូត​ចេញ​មក​ហើយ​ ទម្ងន់​ខ្លួន​នឹង​តិច​ជាង​ប្រក្រតី​ ឬត្រូវ​ប្រសូត​ចេញ​មក​មុន​កំណត់​ ទារក​ងាយ​ភ្ញាក់ផ្អើល​ ពិបាក​ចិញ្ចឹម​ ឬប៉ិន​យំ​ ជាដើម​។

    បើ​ចង់ឱ្យ​ប្រសូត​ទារក​ចេញ​មក​ក្លាយជា​ក្មេង​អច្ឆ​រិយៈ​ តើ​ត្រូវ​ធ្វើ​យ៉ាងណា​?
    យើង​មើលឃើញ​ថា​ ពូជ​កំណើត​ពី​ឪពុក​ និង​ម្ដាយ​គ្រាន់តែ​ជា​ចំណែក​ 1ភាគ3​ នៃ​បច្ច័យ​ប៉ុណ្ណោះ​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​ដែល​មានគុណ​ភាព​ ជា​ក្មេង​អច្ឆ​រិយៈ​ និង​បច្ច័យ​ 2ផ្នែក​ទៀត​ គឺ​រឿង​អាហារ​ការ​ហូបចុក​ និង​សភាព​បរិស្ថាន​ក៏​ជា​រឿង​ដែល​ឪពុកម្ដាយ​គ្រប់រូប​អាច​កំណត់​ និង​កែខៃ​បាន​ដែរ​ ដូច្នេះ​មិន​ចាំបាច់​ទៅ​នឹក​កង្វល់​ថា​ ពូជ​កំណើត​របស់​យើង​មិនល្អ​គ្រប់គ្រាន់​ទេ​។ គោលការណ៍​ក្នុង​ការប្រតិបត្តិ​ខ្លួន​របស់​ស្រ្តី​ក្នុងអំឡុងពេល​មានគភ៌​យ៉ាង​ងាយ​ៗនោះ​គឺ​ ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់​ប្រភេទ​ក្រុម​នៃ​អាហារ​ សង្កត់ធ្ងន់​លើ​អាហារ​ដែល​មាន​ប្រូ​តេ​អុីន​ឱ្យ​ច្រើន​បន្តិច​ អាច​នឹង​ញ៉ាំទឹក​ដោះ​គោ​ក្នុង​មួយថ្ងៃ​ 3-4កែវ​ ស៊ុតមាន់​ 1គ្រាប់​ ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើន​ បន្លែ​ផ្លែឈើ​ រួម​ទាំង​ថ្នាំ​បំប៉ន​ដែល​បាន​ទទួល​ពី​គ្រូពេទ្យ​ដែល​ពិនិត្យ​គភ៌​ រួម​ទាំង​គួរ​រស់នៅ​ក្នុង​ទីកន្លែង​ដែល​គ្មាន​សំ​ឡេង​ខ្លាំង​ៗរំខាន​ មាន​ខ្យល់អាកាស​ចេញចូល​ល្អ​ និង​ថែរក្សា​អារម្មណ៍​របស់​ខ្លួន​ឱ្យ​ស្រស់ថ្លា​ជាប់​ជានិច្ច​…តែ​ប៉ុណ្ណឹង​ ទារក​នៅក្នុង​ផ្ទៃ​ក៏​នឹង​ល្អឥតខ្ចោះ​ រឹងមាំ​ទាំង​រាងកាយ​ និង​ចិត្តគំនិត​ និង​ត្រៀម​ជាស្រេច​ក្នុង​ការ​ធំធាត់​ឡើង​ក្លាយជា​ក្មេង​ដែល​ឆ្លាត​វាងវៃ​ អច្ឆ​រិយៈ​បាន​បាត់​ទៅ​ហើយ​៕

  • ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា ឬច្រើនភាសាត្រូវធ្វើយ៉ាងណា?

    ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា ឬច្រើនភាសាត្រូវធ្វើយ៉ាងណា?

    ឪពុកម្ដាយ​មួយចំនួន​ចង់ឱ្យ​កូន​តូច​ៗពូកែ​ភាសាអង់គ្លេស​(ឬភាសា​ផ្សេងទៀត​)មួយទៀត​ តែ​ក៏​នឹក​ភ័យ​បារម្ភ​(គិតតែខ្លួនឯង​)ថា​ តិច​លោ​និយាយ​អង់គ្លេស​ផង​ និយាយ​ខ្មែរ​ផង​ នឹង​ធ្វើ​ឱ្យ​កូន​វិលវល់​យល់​ច្រឡំ​ និង​ក្លាយជា​ការក្រ​ចេះ​និយាយ​ ឬមិន​យល់​ពី​ភាសា​ជាដើម​-ល- តែ​ ឡា​រ៉ែ​ន សូម​ឱ្យ​លោកឪពុក​អ្នកម្ដាយ​ទាំងអស់​យល់ដឹង​ជាថ្មី​ឡើងវិញ​ថា​ ទារក​ចាប់ពី​ពេល​កើត​ដំបូង​រហូតដល់​អាយុ​ 3ឆ្នាំ​នឹង​មានការ​សាង​កោសិកា​ខួរក្បាល​ និង​វិវឌ្ឍនាការ​ផ្នែក​ខួរក្បាល​ឆាប់​រហ័ស​ណាស់​ ដូច្នេះ​បើ​យើង​ចង់​បង្ហាត់​កូន​ ក៏​ត្រូវតែ​បង្ហាត់​ក្នុងអំឡុងពេល​នេះ​ ព្រោះ​នឹង​ងាយស្រួល​បង្ហាត់​ និង​ឆាប់​មើលឃើញ​លទ្ធផល​បំផុត​។

    តើ​កូនស្រី​ប្រើប្រាស់​ភាសា​បាន​ល្អ​ជាង​កូន​ប្រុស​មែន​ឬ?
    ជាទូទៅ​ ក្មេងស្រី​នឹង​ប្រើប្រាស់​ភាសា​បាន​ល្អ​ និង​ចំណាន​ជាង​ក្មេងប្រុស​(បើ​ប្រៀបធៀប​អាយុ​ប៉ុនគ្នា​) ដោយសារតែ​ថា​ ខួរក្បាល​ផ្នែក​ឆ្វេង​(ដែល​មាន​តួនាទី​គ្រប់គ្រង​លើ​ការប្រើ​ភាសា​)របស់​ក្មេងស្រី​នឹង​ចាប់ផ្ដើម​ធ្វើការ​បាន​លឿន​ជាង​ក្មេងប្រុស​ ធ្វើ​ឱ្យ​កូនស្រី​ច្រើនតែ​និយាយ​បាន​លឿន​ជាង​កូនប្រុស​ តែ​ទាំងអស់​នេះ​មិនមែន​មានន័យថា​ យើង​នឹង​មិន​អាច​ចិញ្ចឹម​កូន​ប្រុស​ឱ្យ​ពូកែ​ 2ភាសា​ ឬច្រើនជាង​ហ្នឹង​បាន​នោះ​ឡើយ​ គ្រាន់តែ​ឪពុកម្ដាយ​ត្រូវ​យល់ដឹង​លើ​ផ្នែក​នេះ​ផង​តែប៉ុណ្ណោះ​។

    ចិញ្ចឹម​កូន​ឱ្យ​ពូកែ​ 2ភាសា​ ឬច្រើនជាង​ហ្នឹង​ ឪពុកម្ដាយ​ត្រូវ​ធ្វើ​យ៉ាងណា​?
    នៅពេល​ឪពុកម្ដាយ​តាំងចិត្ត​ឱ្យ​កូន​ពូកែ​ 2ភាសា​ ឬច្រើនជាង​នោះ​ហើយ​ គួរតែ​ចាប់ផ្ដើម​ភ្លាម​តែម្ដង​ ដោយ​ចាប់ផ្ដើម​តាំងពី​អំឡុង​ពេល​កើត​ដំបូង​រហូតដល់​អាយុ​ 3ឆ្នាំ​ ដោយ​ឪពុក​ និង​ម្ដាយ​គួរតែ​ឯកភាព​គ្នា​ជាមុន​សិន​ថា​ នឹង​ឱ្យ​អ្នកណា​និយាយ​ភាសា​មួយ​ណា​ ដូចជា​ ឪពុក​និយាយ​ភាសាខ្មែរ​ ម្ដាយ​និយាយ​ភាសាអង់គ្លេស​ជាដើម​។ ពេល​ចិញ្ចឹម​កូន​ក៏​គួរតែ​និយាយ​ជាមួយ​កូន​តាម​ភាសា​ដែល​ខ្លួនឯង​បាន​ឯកភាព​គ្នា​រួចហើយ​នោះ​។ បន្ទាប់ពី​នោះ​ គួរ​ត្រៀម​វត្ថុ​ផ្សេង​ៗដែល​បង្ហាញ​ពី​ 2ភាសា​ ដូចជា​ សៀវភៅ​ដែល​នឹង​អាន​ឱ្យ​កូន​ស្ដាប់​ របស់​លេង​ផ្សេង​ៗដែល​មាន​ទាំង​អក្សរខ្មែរ​ និង​អង់គ្លេស​ជាដើម​។ល។ ការរស់នៅ​បច្ចុប្បន្ន​ក៏​នៅតែ​ដំណើ​ការ​ទៅមុខ​ តែ​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​ ការ​ជជែក​និយាយ​ជាមួយ​កូន​ដោយ​ភាសា​ដែល​បាន​ឯកភាព​គ្នា​នោះ​ ឪពុកម្ដាយ​មិន​គួរ​នឹក​កង្វល់​ថា​ តើ​កូន​នឹង​យល់​ពី​អ្វី​ដែល​ខ្លួនឯង​កំពុង​ទំនាក់ទំនង​ជាមួយ​កូន​ឬក៏​អត់​?នោះ​ទេ​ តែ​រឿង​ដែល​គួរ​ផ្ដល់​ភាព​សំខាន់​នោះ​គឺ​ ភាព​ច្បាស់លាស់​របស់​ពាក្យ​ និង​សំនៀង​សូរស័ព្ទ​ដែល​និយាយ​ចេញទៅ​ ព្រោះ​កូន​នឹង​ចងចាំ​ពី​អ្វី​ដែលគេ​បានឮ​នោះ​ឯង​។
    ការ​ចង់​ជំរុញ​ឱ្យ​កូន​មាន​ជំនាញ​ផ្នែក​ភាសា​ មិនមែន​ត្រឹមតែ​ការ​ចាក់​បទចម្រៀង​ ឬខ្សែភាពយន្ត​ភាសាអង់គ្លេស​ឱ្យ​កូន​មើល​នោះ​ទេ​ តែ​អ្វី​ដែល​បានផល​ល្អ​ខ្លាំង​ជាង​គឺ​ ការ​ជជែក​និយាយ​ ការឆ្លើយឆ្លង​ទៅ​មក​ផ្សេង​ៗ ព្រោះ​ជា​ការ​ទំនាក់ទំនង​បែប​ 2ផ្លូវ​។ ក្មេង​នឹងអាច​រៀន​យល់ដឹង​ និង​អភិវឌ្ឍ​ជំនាញ​ផ្នែក​ភាសា​បាន​លឿន​ជាង​ការ​ទំនាក់ទំនង​តែមួយ​ផ្លូវ​(ស្ដាប់​បទចម្រៀង​ មើលកុន​ អាច​រាប់​បាន​ថា​ជា​ការ​ទំនាក់ទំនង​តែមួយ​ផ្លូវ​)។
    ការ​នឹង​ចិញ្ចឹម​កូន​ឱ្យ​ពូកែ​ច្រើន​ភាសា​ ឪពុកម្ដាយ​ត្រូវ​ប្រើ​ភាព​អត់ធន់​ខ្ពស់​បន្តិច​ ព្រោះថា​ បើ​ឪពុកម្ដាយ​មិនមែន​ជា​ម្ចាស់​ភាសា​នោះ​ពិតប្រាកដ​(ជនបរទេស​) ដូចជា​ ឪពុកម្ដាយ​ជា​ជនជាតិ​ខ្មែរ​ទាំងពីរ​នាក់​ តែ​មាន​ម្នាក់​ត្រូវ​និយាយ​ភាសាបរទេស​នោះ​ គឺ​អាច​ជា​រឿង​មួយ​ដែល​ទាមទារ​ឱ្យ​ទាំងពីរ​នាក់​អត់ធន់​គួរសម​ដែរ​៕

  • ត្រៀមខ្លួន​បន្តិច​មុននឹង​មានគភ៌…

    ត្រៀមខ្លួន​បន្តិច​មុននឹង​មានគភ៌…

    ការរៀបចំ​ផែនការ​គ្រួសារ​ គឺ​ការ​ត្រៀមខ្លួន​ទាំង​ស្វាមី​ និង​ភរិយា​ក្នុង​ការរស់នៅ​ជា​ជីវិត​គូ​ជាមួយគ្នា​ ដោយសារតែ​ទាំងពីរ​នាក់​មក​ពី​ក្រុម​គ្រួសារ​ដែល​ផ្សេង​ពីគ្នា​ ការរស់នៅ​ផ្ទាល់ខ្លួន​ក៏​ច្បាស់ជា​មិន​ដូចគ្នា​ដែរ​ ទោះជា​ស្រឡាញ់​គ្នា​ក្នុងអំឡុងពេល​ជាគូ​ស្នេហ៍​ខ្លាំង​ប៉ុនណា​ក៏ដោយ​ តែ​នៅពេល​ដែល​អ្នក​ទាំងពីរ​ត្រូវ​មក​រស់នៅ​រួមគ្នា​ស្ទើរតែ​ពេញ​ 24ម៉ោង​នោះ​ ធ្វើ​ឱ្យ​ទាំងពីរ​នាក់​ត្រូវតែ​មានការ​សម្របសម្រួល​ខ្លួន​ និង​រៀប​ផែនការ​ជីវិត​រួមគ្នា​។ ក្រៅពីនោះ​ បើ​គូ​ស្វាមីភរិយា​ណា​ចង់បាន​បុ​ត្រ​ភ្លាម​ៗក្រោយពេល​រៀបការ​ហើយ​ ការ​រៀប​ផែនការ​គ្រួសារ​រឹតតែ​មាន​ភាព​ចាំបាច់​ និង​មាន​ភាព​សំខាន់​ខ្លាំង​ទៅទៀត​ ហើយ​បើសិនជា​គូស្នេហ៍​ណា​ដែល​មិនទាន់​ត្រៀមខ្លួន​ក្នុង​ការ​មាន​បុត្រ​ ការ​រៀប​ផែនការ​គ្រួសារ​ ក៏អាច​រាប់​បាន​ថា​ ជា​បច្ច័យ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គ្រង​ជីវិត​គូ​អាច​រស់នៅ​រួមគ្នា​យ៉ាង​មាន​សេចក្ដីសុខ​យូរអង្វែង​បាន​ដែរ​។ ថ្ងៃនេះ​អ្នកគ្រូ​ ឆវី​ នឹង​មក​ណែនាំ​ពី​ការរៀបចំ​ផែនការ​គ្រួសារ​លើ​ផ្នែកការ​មាន​បុត្រ​ថា​ តើមាន​ភាព​សំខាន់​យ៉ាងណា​ខ្លះ​ ដូច​ខាងក្រោម​…។ការ​មាន​បុត្រ​នៅពេល​ដែល​អ្វី​ៗត្រូវ​បាន​រៀបចំ​ហើយ​នោះ​ អាច​រាប់​បាន​ថា​ ជា​ការ​ត្រៀមខ្លួន​ដ៏​ល្អ​របស់​គ្រួសារ​។ ការ​ត្រៀមខ្លួន​រៀប​ផែនការ​ក្នុង​ការ​មាន​បុត្រ​ ត្រូវ​ប្រកបដោយ​ 2ចំ​ណុច​ធំៗ​ ៖
    1. ភាព​ត្រៀម​រួចជាស្រេច​លើ​ផ្នែក​រាងកាយ​របស់​ឪពុកម្ដាយ​
    សុខភាព​គួរតែ​រឹងមាំ​ទាំងពីរ​នាក់​ ទាំង​ឪពុក​និង​ម្ដាយ​គួរ​ត្រៀម​រាងកាយ​ឱ្យ​ព្រម​ជាស្រេច​ ក្រៅ​ពីនោះ​ គួរតែ​បាន​ទទួលការ​ពិនិត្យ​ឈាម​ថា​ មិន​មាន​កើតជំងឺ​ ឬរោគា​អ្វី​ដែល​អាច​នឹង​ហុច​ផល​ប៉ះពាល់​បន្ត​ទៅដល់​កូន​។ បើ​អ្នកណា​ម្នាក់​មាន​ជំងឺ​ឬរោគ​អ្វីមួយ​ គួរតែ​ប្រឹក្សា​គ្រូពេទ្យ​មុននឹង​សម្រេច​ចិត្ត​មាន​បុត្រ​ ដើម្បី​ឱ្យ​កូន​កើតមក​មិន​ចាំបាច់​ឈឺ​ថ្កាត់​ព្រោះតែ​ឆ្លង​រោគ​ពី​ឪពុកម្ដាយ​។ រោគ​ដែល​ឪពុកម្ដាយ​សម័យថ្មី​គួរតែ​ត្រូវ​បាន​ពិនិត្យ​មុន​ពេល​ចង់បាន​បុត្រ​នោះ​គឺ​ រោគ​លោហិត​ ប្រភេទ​ ថា​ឡាស់​សេ​មៀរ​ (Thalassemi​ ជា​រោគ​ខាង​លោហិត​ដែល​ឆ្លង​បន្ត​តាម​ពូជ​កំណើត​) រួម​ទាំង​ជំងឺ​ឆ្លង​ខាង​ផ្លូវ​ភេទ​ផ្សេង​ៗទៀត​។
    ក្រៅពីនោះ​ស្ត្រី​មានគភ៌​គួរតែ​បាន​ទទួលទាន​វីតាមីន​ ហ្វូ​លេ​ត ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​ហ្វូ​លេ​តមាន​ចំណែក​ជួយ​ក្នុង​ការ​សាង​ផ្នែក​ប្រព័ន្ធ​ប្រសាទ​របស់​កូន​។ បើ​ខ្វះ​ហ្វូ​លេ​ត ឱកាស​ដែល​កូន​នឹង​កើត​មក​ពិការ​មាន​ខ្ពស់​គួរ​ឱ្យ​ពិចារណា​។ ស្ត្រីជា​ភរិយា​ថ្មីថ្មោង​ដែល​ត្រៀមខ្លួន​មានគភ៌​ គួរតែ​ទទួលទាន​ហ្វូ​លេ​តឱ្យ​បាន​គ្រប់គ្រាន់​មុន​ពេល​តាំង​គភ៌​ ដោយ​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ ដូចជា​ ខាត់ណា​ ប្រូ​ខូ​លី​ រួម​ទាំង​ថ្លើម​សត្វ​ផង​ដែរ​។ បើ​មិន​ប្រាកដ​ក្នុងចិត្ត​ថា​ នឹង​បាន​ទទួល​ហ្វូ​លេ​តគ្រប់​ ឬយ៉ាងណា​នោះ​ គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​។

    2. ភាព​ត្រៀម​រួចជាស្រេច​លើ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ពេលវេលា​
    ការ​មាន​បុត្រ​ 1នាក់​ ត្រូវ​ចំណាយ​ប្រាក់​ និង​ពេលវេលា​ច្រើនឡើង​ក្នុង​ការ​មើលថែ​ទាំ​ ទម្រាំ​នឹង​កូន​ធំធាត់​ឡើង​រហូត​អាច​ពឹងពាក់​លើ​ខ្លួនឯង​បាន​។ ការចាយវាយ​តាំងពី​ចាប់ផ្ដើម​តាំង​គភ៌​ រហូត​ដល់​ក្រោយ​ប្រសូត​ ទាំង​ថ្លៃ​អាហារ​ការ​ហូបចុក​ សម្លៀកបំពាក់​ វត្ថ​ប្រើប្រាស់​ រួម​ទាំង​ប្រាក់​បម្រុង​បន្ទាន់​ដែល​ត្រូវ​ត្រៀម​ទុក​ក្នុងករណី​ឈឺថ្កាត់​ផង​។ អ្វី​ទាំងអស់​នេះ​សូម​ឱ្យ​លោកឪពុក​អ្នកម្ដាយ​ថ្មោងថ្មី​ត្រូវ​គិត​ និង​ត្រៀម​ឱ្យ​រួចជាស្រេច​ ក្រៅពីនោះ​ រឿង​ពេលវេលា​ដែល​យើង​អាច​នឹង​លះបង់​ដល់​កូន​ក្នុង​ការ​មើលថែ​ទាំ​ក៏​ជា​រឿង​មួយ​សំខាន់​ខ្លាំង​ដែរ​។ កំលោះក្រមុំ​ជាច្រើន​គូ​មិនបាន​ត្រៀមខ្លួន​ទុកជាមុន​ ដល់ពេល​មាន​បុត្រ​ ក៏​គ្មាន​ពេលវេលា​ក្នុង​ការ​ចិញ្ចឹម​ថែទាំ​ បណ្ដោយ​ឱ្យ​ក្លាយជា​បន្ទុក​របស់​សាច់ញាតិ​ ឬមេដោះ​មក​ចិញ្ចឹម​មើលថែ​ជំនួស​។ រឿង​ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​កូន​កើតមក​មិនបាន​ទទួល​សេចក្ដី​ស្រឡាញ់​ និង​ភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ​តាមដែល​គួរ​បាន​ទទួល​ រួម​ទាំង​ការ​អភិ​វឌ្ឍ​ផ្សេង​ៗដែល​គួរតែ​បាន​ទទួលការ​ជំរុញ​អំពី​ឪពុកម្ដាយ​ផ្ទាល់​ផង​នោះ​ នឹង​ធ្វើ​ឱ្យ​ក្មេង​មាន​វិវឌ្ឍនាការ​យឺតយ៉ាវ​ និង​មាន​សុខភាព​ផ្លូវចិត្ត​ដែល​យ៉ាប់យ៉ឺន​ជាង​ក្មេង​ដែល​ក្រុម​គ្រួសារ​មាន​ពេលវេលា​ឱ្យ​គ្នា​ទៅវិញទៅមក​។ចំណែក​ឯវិធីការ​មើលថែ​ទាំ​កូន​ពេល​នៅក្នុង​ផ្ទៃ​ ឬក្រោយពេល​ប្រសូត​ ឪពុកម្ដាយ​អាច​សិក្សា​រៀនសូត្រ​ជា​បណ្ដើរ​ៗក្នុងអំឡុងពេល​ដែល​ភរិយា​ចាប់ផ្ដើម​តាំង​គភ៌​បាន​។ “បើ​គូ​ស្វាមីភរិយា​ណា​មានការ​ត្រៀមខ្លួន​ និង​រៀបចំផែនការ​គ្រួសារ​យ៉ាង​ល្អ​ក្នុង​រឿង​ទាំង​ 2ចំណុច​ខាងលើ​នោះ​ហើយ​ ភាគច្រើន​នៅពេល​កូន​កើតមក​ បញ្ហា​ផ្សេង​ៗច្រើនតែ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​”៕

  • អ្នកមាន​ផ្ទៃពោះ​ញ៉ាំ​ប្រៃ​!! តើ​ប្រថុយ​នឹង​សភាវ​គភ៌​មាន​ជាតិពុល​មែន​ឬ?

    អ្នកមាន​ផ្ទៃពោះ​ញ៉ាំ​ប្រៃ​!! តើ​ប្រថុយ​នឹង​សភាវ​គភ៌​មាន​ជាតិពុល​មែន​ឬ?

    ការ​មើលថែ​ទាំ​គភ៌​ឱ្យ​មាន​សុខភាព​ល្អ​ មិនមែន​ជា​រឿង​ងាយ​ឡើយ​ ព្រោះ​ក្នុង​អំឡុង​ដែល​មានផ្ទៃពោះ​នោះ​ ស្រ្តី​ៗយើង​ត្រូវ​ជ្រើសរើស​អាហារ​ដែល​ល្អ​ មានប្រយោជន៍​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ស្រ្តី​មានគភ៌​ខ្លះ​ដល់​ថ្នាក់​ផ្លាស់ប្ដូរ​រសជាតិ​អាហារ​ទៀតផង​ក៏​មាន​។ ប្រាកដ​ណាស់​ យើង​ដឹង​ហើយ​ថា​ ការ​ញ៉ាំ​ផ្អែម​ក្នុង​ចំនួន​ដ៏​ច្រើន​ខណៈ​ពេល​តាំង​គភ៌​ប្រាកដជា​ធ្វើ​ឱ្យ​ប្រថុយប្រថាន​នឹង​ការ​កើតរោគ​ទឹកនោមផ្អែម​ ចុះ​រសជាតិ​ប្រៃ​វិញ​? …តើ​ស្រ្តី​មានគភ៌​ញ៉ាំ​ប្រៃ​បាន​ឬទេ​? ហើយ​បើសិន​ញ៉ាំ​ច្រើន​ជ្រុល​ពេក​នឹង​ហុច​ផល​អាក្រក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ឬទេ​? យើង​នាំគ្នា​ទៅ​មើល​ចម្លើយ​ទាំង​អស់​គ្នា​…។ស្រ្តី​មានផ្ទៃពោះ​ញ៉ាំ​ប្រៃ​នឹង​មាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​គភ៌​ឬទេ​?
    ការពិត​ទៅ​ ស្រ្តី​មានផ្ទៃពោះ​អាច​ញ៉ាំ​ប្រៃ​បាន​ និង​មានប្រយោជន៍​ដល់​ការ​តាំង​គភ៌​ទៀតផង​។ ដែល​ប្រាប់​យ៉ាង​ដូច្នេះ​ ក៏​ព្រោះថា​ “អំបិល​” មាន​ចំណែក​សំខាន់​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​ ប្រព័ន្ធ​ដកដង្ហើម​ ប្រព័ន្ធ​បេះដូង​ និង​សរសៃឈាម​ តែ​ការ​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ខ្លាំង​ហួសហេតុ​ពេក​ ប្រាកដជា​ធ្វើ​ឱ្យ​សូដ្យូម​ក្នុង​រាងកាយ​កើនឡើង​ខ្ពស់​ នៅពេល​សូដ្យូម​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ ប្រាកដជា​ធ្វើ​ឱ្យ​កើត​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ហុច​ផល​អាក្រក់​ដល់​សរសៃឈាម​ក្នុង​អវយ​វៈ​ផ្សេង​ៗ ដូចជា​បេះដូង​ និង​ខួរក្បាល​ កើត​សភាវ​សរសៃឈាម​បេះដូង​ត្បៀត​តូច​ អាច​នឹង​ពិការ​មួយ​កំណាត់​ ឬមួយ​ចំហៀង​ខ្លួន​ ហើយដែល​សំខាន់​ គឺ​ស្រ្តី​មានគភ៌​នឹង​ប្រថុយ​ក្នុង​ការ​កើត​សភាវ​គភ៌​មាន​ជាតិពុល​។

    តើ​ស្រ្តី​មានគភ៌​ ញ៉ាំ​ប្រៃ​ប៉ុនណា​ទើប​មាន​សុវត្ថិភាព​ចំពោះខ្លួន​ឯង​ និង​កូន​?
    ជាប្រក្រតី​ មនុស្ស​ទូទៅ​ ឬស្រ្តី​ដែល​មិន​មានផ្ទៃពោះ​ គួរ​បាន​ទទួល​សូដ្យូម​មិន​លើស​ 2,300មីល្លី​ក្រាម​ក្នុង​មួយថ្ងៃ​ ឬទទួលទាន​អំបិល​មិន​លើស​ 1ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​ ដែល​អាច​គណនា​តាម​តម្រូវការ​របស់​អំឡុង​អាយុ​បាន​តាម​តារាង​មួយ​នេះ​…។

    ស្រ្តី​មានគភ៌​អាច​គណនា​បាន​តាម​អាយុ​ និង​បន្ថែម​បរិមាណ​សូដ្យូម​ 50​ – 200មីល្លី​ក្រាម​។ បើ​ទទួលទាន​ក្នុង​បរិមាណ​ដែល​បាន​បញ្ជាក់​ក្នុង​តារាង​ខាងលើ​ ធានា​ថា​ មាន​សុវត្ថិភាព​ទាំង​ម្ដាយ​ និង​កូន​យ៉ាង​ពិតប្រាកដ​។

    ស្រ្តី​មានគភ៌​ដែល​ញ៉ាំ​ប្រៃ​ ចង់​បន្ថយ​ប្រៃ​ តើ​ត្រូវ​ធ្វើ​យ៉ាងណា​?
    នៅពេល​ស្រ្តី​មានផ្ទៃពោះ​ចង់​បន្ថយ​ប្រៃ​ អាច​ធ្វើ​បាន​យ៉ាង​ងាយ​ៗដូច​ខាងក្រោម​…
    – ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​មិន​ខ្លាំង​ មិន​ប្រៃ​ខ្លាំង​ ដូចជា​ កាពិ​ ស៊ុត​ប្រៃ​ ឬផ្លាស់ប្ដូរ​មក​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​សាប​បន្តិច​វិញ​។
    – ចៀសវាង​ការ​ញ៉ាំ​នំ​ផ្សេង​ៗ ដូចជា​នំបេ​ឃើ​រី​ ចំណី​ជ្រក់​ត្រាំ​ អាហារ​កំប៉ុង​ រួម​ទាំង​អាហារ​សម្រេច​ផ្សេងទៀត​ផង​ដែរ​។
    – ចៀសវាង​ការផ្សំ​រសជាតិ​របស់​ម្ហូបអាហារ​ដែល​ចម្អិន​ស្រេចហើយ​ ដូចជា​ ថែម​អំបិល​ ទឹកត្រី​ ប៊ីចេង​ ឬទឹក​ស៊ី​អុីវ​។ល។
    – ចម្អិនម្ហូប​អាហារ​ទទួលទាន​ដោយខ្លួនឯង​ ព្រោះ​យើង​មិន​អាច​ដឹង​បាន​ថា​ អាហារ​ដែល​ទិញ​មក​នោះ​មានការ​បន្ថែម​អំបិល​ ទឹកត្រី​ ឬគ្រឿង​គ្រៅ​ផ្សេង​ៗច្រើន​ ឬតិច​ប៉ុនណា​ឡើយ​។ ស្រ្តី​មានគភ៌​អាច​ញ៉ាំ​ប្រៃ​បាន​ តែ​គួរ​ញ៉ាំ​ក្នុង​បរិមាណ​ដែល​សមរម្យ​ ដូចដែល​បានដឹង​នៅ​ក្នុង​តារាង​ខាងលើ​ស្រាប់​។ ការ​កែសម្រួល​រសជាតិ​អាហារ​ ការ​បន្ថយ​ប្រៃ​ក្នុង​គ្រានេះ​ នឹង​មាន​ផល​ល្អ​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ រួម​ទាំង​ក្រុម​គ្រួសារ​ក្នុងរយៈពេល​វែង​យ៉ាង​ពិតប្រាកដ​។

  • តើមែនឬដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

    តើមែនឬដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

    បច្ចុប្បន្ន​ ខាង​វេជ្ជ​សាស្រ្ត​បាន​ពិសោធ​ និង​បាន​ទទួលស្គាល់​ហើយ​ថា​ ទារក​នៅក្នុង​ផ្ទៃ​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ដឹង​អ្វី​ៗដែល​នៅ​ជុំវិញ​ខ្លួន​គេ​បាន​តាំងពី​នៅក្នុង​គភ៌​របស់​ម្ដា​យម្លេ៉ះ​ ដោយ​កម្រិត​នៃ​ការបាន​ដឹង​នោះ​ នឹង​អភិវឌ្ឍ​ជា​សន្សឹម​ៗតាម​អាយុ​គភ៌​ ហើយ​ការបាន​ដឹង​ចម្បង​ៗដែល​ទារក​អាច​ទទួល​បាន​នោះ​គឺ​ ពន្លឺ​ សំឡេង​ ការ​ធ្វើ​ចលនា​ និង​ការ​ប៉ះ​ពាល់​ផ្សេង​ៗ។

    ការបាន​ដឹងពី​ពន្លឺ​
    ពេល​ទារក​នៅក្នុង​គភ៌​ដែល​មាន​អាយុ​ 29​សប្ដាហ៍​ ទារក​នឹងអាច​បើកភ្នែក​ និង​មើលឃើញ​ជញ្ជាំង​ស្បូន​ដែល​ឱបក្រសោប​ខ្លួន​គេ​។ តមក​ នៅពេល​អាយុ​គភ៌​ច្រើនឡើង​ជា​រឿយ​ៗ ជញ្ជាំង​ស្បូន​ក៏​នឹង​ស្ដើង​ទៅ​ជា​រឿយ​ៗដែរ​ ពន្លឺ​ពី​ខាងក្រៅ​ក៏អាច​ឆ្លងកាត់​ចូល​មក​ខាងក្នុង​ស្បូន​បាន​។ ពន្លឺ​ដែល​ឆ្លុះ​ភ្លឺ​ចូល​មក​ នឹង​ជំរុញ​ការ​ទទួលដឹង​របស់​ទារក​ ធ្វើ​ឱ្យ​ទារក​បាន​ស្គាល់​ពី​ភាព​ផ្សេង​គ្នា​រវាង​ពេលថ្ងៃ​ និង​ពេលយប់​ ដែល​ព័ត៌មាន​នេះ​កើតឡើង​ពី​ការ​ពិសោធ​ខាង​វេជ្ជ​សាស្រ្ត​ ដោយ​ការសាកល្បង​បញ្ចាំង​ពន្លឺភ្លើង​ចូល​ទៅ​បរិវេណ​ស្បូន​ បន្ទាប់ពី​នោះ​ក៏​ប្រើ​អេកូ​សាស្រ្ត​ឆ្លុះ​ពិសោធ​មើល​ប្រតិកម្ម​របស់​ទារក​នៅក្នុង​គភ៌​ និង​បាន​រក​ឃើញថា​ ពេល​បញ្ចាំង​ពន្លឺ​ចូល​ទៅ​ ទារក​បាន​លើកដៃ​ឡើង​បាំង​ថ្ងាស​ក្នុង​លក្ខណៈ​បាំង​ពន្លឺ​ និង​កម្រិត​ការ​លោត​របស់​បេះដូង​ទារក​ក៏​កើនឡើង​ខ្ពស់​ជាង​ប្រក្រតី​ដែរ​។

    ការបាន​ដឹង​ផ្នែក​សំឡេង​
    ទារក​ដែល​នៅក្នុង​គភ៌​មាន​អាយុ​ 16សប្ដាហ៍​ ចាប់ផ្ដើម​បានឮ​សំ​ឡេង​ផ្សេង​ៗហើយ​ ទាំង​សំឡេង​បេះដូង​លោត​របស់​ម្ដាយ​ សំឡេង​ការ​ហូរ​វិល​របស់​ចរន្តឈាម​រត់​ ឬសូម្បីតែ​សំឡេង​ដែល​លាន់ឮ​មក​ពី​ខាងក្រៅ​ស្បូន​ ដូចជា​ សំឡេង​ជជែកគ្នា​របស់​ឪពុកម្ដាយ​ សំឡេង​ភ្លេង​ ឬសំឡេង​ឮខ្លាំង​ៗពី​ខ្សែភាពយន្ត​ដែល​ម្ដាយ​កំពុង​មើល​ទៀតផង​។ ធ្លាប់​មាន​ឧទាហរណ៍​ពេល​ដែល​ស្រ្តី​មានគភ៌​ទៅ​មើល​ខ្សែភាពយន្ត​ដែល​មាន​ឆាក​ត្រូវ​មាន​សំឡេង​ឮខ្លាំង​ៗ ឬសំឡេង​ស្រែ​កឮៗ​ ទារក​នៅក្នុង​គភ៌​នឹង​រើ​ទធាក់ជើង​ឡើង​ ព្រោះ​ទារក​ក្នុង​គភ៌​បាន​តបស្នង​នឹង​សំឡេង​ដែលគេ​បានឮ​នោះ​ រួម​ទាំង​សំឡេង​និយាយ​របស់​ឪពុកម្ដាយ​ផង​ដែរ​។ មានការ​ពិសោធ​ និង​អះអាង​លទ្ធផល​រួចហើយ​ អំពី​អ្នក​វិទ្យាសាស្រ្ត​ថា​ បើ​ឪពុកម្ដាយ​បាន​និយាយលេង​ជាមួយ​កូន​តាំងពី​នៅក្នុង​គភ៌​យ៉ាង​ជាប់លាប់​ នៅពេល​កូន​ប្រសូត​ចេញ​មក​ ទារក​នឹងអាច​ចងចាំ​សំឡេង​ឪពុក​ និង​ម្ដាយ​បាន​ភ្លាម​តែម្ដង​ និង​អាច​ឆ្លើយតប​ដោយ​ការ​ព្យាយាម​បែរ​ទៅ​រក​ប្រភព​សំឡេង​របស់​ឪពុក​ និង​ម្ដាយ​ ដោយ​ទារក​នឹង​មាន​ប្រតិកម្ម​ និង​ញែក​សំឡេង​របស់​ឪពុកម្ដាយ​ ពី​សំឡេង​របស់​អ្នក​ដទៃ​បា​នភ្លាមៗ​ក្រោយពី​ប្រសូត​ចេញ​មក​ និង​អាច​ចងចាំ​ឪពុកម្ដាយ​បាន​ក្នុងអំឡុងពេល​ 4ថ្ងៃ​បន្ទាប់ពី​ប្រសូត​ចេញ​មក​ ទោះជា​ខ្សែភ្នែក​អាច​មើលឃើញ​ក្នុងរយៈ​ចម្ងាយ​ត្រឹមតែ​ 1អុិ​ញក្ដី​។
    ក្រៅពីនោះ​ បើសិនជា​ក្នុងអំឡុងពេល​ដែល​តាំង​គភ៌​ ស្រ្តីជា​ម្ដាយ​បាន​ចាក់​បទភ្លេង​ដែល​មាន​បរិយាកាស​បែប​កក់ក្ដៅ​ស្រទន់​ មាន​អារម្មណ៍​ត្រជាក់​ ដូចជា​ ភ្លេង​ក្លា​សស៊ិ​ក ព្រម​ជាមួយ​នឹង​ការ​និយាយ​ជាមួយ​កូន​យ៉ាង​ជាប់លាប់​ផង​នោះ​ ពេល​កូន​ប្រសូត​ចេញ​មក​ និង​ស្រែកយំ​ ការ​ចាក​បទភ្លេង​ដដែល​ដែល​ធ្លាប់​បាន​បើក​ឱ្យ​កូន​ស្ដាប់​ បែរជា​មានផល​ធ្វើ​ឱ្យ​ទារក​មាន​អារម្មណ៍​ស្ងប់​ទៅវិញ​បាន​យ៉ាង​គួរ​ឱ្យ​ចម្លែក​ចិត្ត​។ ទាំងអស់​នេះ​ ដោយសារតែ​ទារក​អាច​ចងចាំ​សំឡេង​បទភ្លេង​ដែលគេ​ធ្លាប់​បានឮ​កាលពី​ពេល​នៅក្នុង​គភ៌​ ដែល​សភាវ​នេះ​ ទារក​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ និង​ស្ងប់ស្ងាត់​ទៅវិញ​។

    ការបាន​ដឹងពី​ការ​ប៉ះពាល់​ និង​ការ​ធ្វើ​ចលនា
    ​ដោយសារតែ​ទារក​កាលពី​ពេល​នៅក្នុង​គភ៌​ត្រូវ​អណ្ដែត​ទៅមក​ និង​រឹតតែ​ស្រ្តីជា​ម្ដាយ​ធ្វើ​ចលនា​ផង​នោះ​ រាងកាយ​របស់​ទារក​នៅក្នុង​គភ៌​ក៏​នឹង​មាន​ចលនា​ទៅមក​ដូចគ្នា​ដែរ​។ ការ​មាន​ចលនា​ក្នុង​លក្ខណៈ​អណ្ដែត​ទៅមក​នេះ​ ទារក​នឹង​ប៉ះពាល់​ជាមួយ​ស្រទាប់​ផ្នែក​ខាងក្នុង​របស់​ស្បូន​គ្រប់ពេល​ ដែល​មានផល​ល្អ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​ទទួលអារម្មណ៍​របស់​ទារក​។ ក្រៅ​ពីនេះ​ ទារក​នៅ​បាន​ស្គាល់​ពី​ការសម្រប​ខ្លួន​ និង​ស្គាល់​ពី​ការ​រក្សា​លំនឹង​របស់​រាងកាយ​ទៀតផង​។
    ដូច្នេះ​យើង​ឃើញថា​ ទារក​នៅក្នុង​គភ៌​មាន​សមត្ថភាព​ក្នុង​ការ​ទទួលដឹង​ និង​ចងចាំ​អា​រម្ម​ណ៍​ផ្សេង​ៗពី​សភាព​ជុំវិញ​ខ្លួន​បាន​ ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​គួរ​ប្រយ័ត្ន​ប្រយែង​ឱ្យ​ខ្លាំង​ជាមួយ​សភាព​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ក្នុង​អំឡុង​ពេល​តាំង​គភ៌​ ព្រោះ​រឿង​ទាំងអស់​នោះ​ អាច​ហុច​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌​បាន​។ បើ​យើង​ចេះ​នាំ​យក​រឿង​ទាំងអស់​នេះ​មក​កែច្នៃ​ប្រើ​ ដើម្បី​បង្កើន​ការ​រៀន​យល់ដឹង​របស់​ទារក​ក្នុង​គភ៌​ផង​នោះ​ វា​នឹង​ធ្វើ​ឱ្យ​កើត​ផលល្អៗ​ចំពោះ​កូន​មិនខាន​៕

  • 6វិធី កា​ពារ​ខ្លួនឯង​ពី​ការតាំង​គភ៌​ក្រៅ​ស្បូន

    6វិធី កា​ពារ​ខ្លួនឯង​ពី​ការតាំង​គភ៌​ក្រៅ​ស្បូន

    ការ​តាំង​គភ៌​ក្រៅ​ស្បូន​ ឬមានកូន​ក្រៅ​ស្បូន​មាន​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់​ ហើយ​ឱកាស​ស្លាប់​បាត់បង់ជីវិត​មាន​ខ្ពស់​ ព្រោះ​សភាព​ជុំវិញ​ខ្លួន​នៅក្នុង​ផ្នែក​របស់​ដៃស្បូន​ ឬប្រអប់​ពោះ​មិន​ស័ក្តិសម​សម្រាប់​ទារក​យ៉ាង​ប្រាកដ​។ ភាគច្រើន​ ទារក​មានឱកាស​ស្លាប់​បាត់បង់ជីវិត​តាំងពី​ត្រីមាស​ទី2ម៉្លេះ​ បើ​ម្ដាយ​មិន​យកចិត្ត​ទុកដាក់​ ក៏​នឹង​មិនដឹង​ថា​ ខ្លួនឯង​មានគភ៌​ដែរ​។

    ការ​ការពារ​ និង​ការថែទាំ​ខ្លួន​ពី​សភាវ​តាំង​គភ៌​ក្រៅ​ស្បូន​
    1. មិន​មានដៃ​គូ​រួមភេទ​ច្រើន​ រួម​ទាំង​ការ​មាន​ភេទ​សម្ព័ន្ធ​ដោយ​សុវត្ថិភាព​ដោយ​ការប្រើ​ស្រោមអនាម័យ​ដើម្បី​ជា​ការ​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ឆ្លង​រោគ​តាម​ការ​មាន​ភេទ​សម្ព័ន្ធ​(នៅពេល​មិនបាន​ត្រៀមខ្លួន​ក្នុង​ការ​មាន​បុត្រ​)។
    2. បើ​កើតជំងឺ​រលាក​បំពង់​បញ្ជូន​ស៊ុត​ ឬប្រអប់​ឆ្អឹងត្រគាក​ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ និង​ព្យាបាល​ឱ្យ​ជា​ដាច់​។ មិន​គួរ​ទិញថ្នាំ​មក​ទទួលទាន​ដោយខ្លួនឯង​ទេ​ ព្រោះ​អាច​កើតការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​ និង​ធ្វើ​ឱ្យ​កើត​ស្បែក​ភ្នាស​ស្ដើង​ៗជាច្រើន​នៅក្នុង​ប្រអប់​ឆ្អឹងត្រគាក​។
    3. ពិនិត្យ​សុខភាព​យ៉ាង​ជាប់លាប់​ បើ​រក​ឃើញ​ថា​ មាន​ឆ្លង​មេរោគ​ខាង​ភេទ​សម្ព័ន្ធ​ ចូរ​ប្រញាប់​ព្យា​បា​លភ្លាមៗ​កុំ​បង្អង់​យូរ​។
    4. ហាត់ប្រាណ​ជាប់​ជានិច្ច​ ដើម្បី​ឱ្យ​រាងកាយ​រឹងប៉ឹង​។
    5. មិន​គួរ​ញ៉ាំ​ស្រា​ និង​ជក់បារី​ឡើយ​។
    6. មើលថែ​ទាំ​សុខភាព​ឱ្យ​រឹងប៉ឹង​ជាប់​ជានិច្ច​។

    ការ​ព្យាបាល​នៅពេល​កើតការ​តាំង​គភ៌​ក្រៅ​ស្បូន​ ព្យាបាល​ដោយ​ថ្នាំ​ ដែល​បច្ចុប្បន្ន​ការ​ព្យាបាល​ដោយ​ថ្នាំ​នេះ​បាន​កើនឡើង​ជា​រឿយ​ៗ អាច​ប្រើ​បាន​ក្នុងករណី​ដែល​អ្នកជំងឺ​នៅ​មិនទាន់​មាន​ការ​បែក​របស់​បំពង់​ទម្លាក់​ស៊ុត​ ឬបែក​បន្តិចបន្តួច​ និង​ឈាមធ្លាក់​មក​តិចតួច​ ឬបាត់​ទៅវិញ​ និង​ការ​ព្យាបាល​ដោយ​ការវះកាត់​ គឺជា​វិធី​ព្យាបាល​ដែល​ត្រូវ​ចំ​ចំណុច​បំផុត​។ បើ​អ្នក​ធ្លាប់​តាំង​គភ៌​ក្រៅ​ស្បូន​ហើយ​ បើ​មិន​ធ្វើការ​ព្យាបាល​ដោយ​បកស្បែក​ភ្នាស​ស្ដើង​ៗទាំងនោះ​ចេញ​ ឬព្យាបាល​ដោយ​ការវះកាត់​ទេ​នោះ​ ឱកាស​ប្រថុយ​ក្នុង​ការ​តាំង​គភ៌​ក្រៅ​ស្បូន​ក៏​នឹង​កើតឡើង​ម្ដងទៀត​បាន​៕

  • ADB​ ជួយ​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​

    ADB​ ជួយ​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ឥណទាន​សម្បទាន​ ចំនួន​ 7.64លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើងវិញ​ ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​ និង​បង្កើន​ការប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។

    បន្ថែម​លើ​ឥណទាន​សម្បទានADB​ កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ក៏​មាន​ឥណទាន​សម្បទាន​ចំនួន​ 11លាន​ដុល្លារ​ និង​ជំនួយឥតសំណង​ 3លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​ ជាពិសេស​តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។

    បន្ថែម​លើ​នេះ​ ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន​ 500,000ដុល្លារ​ដែល​ផ្តល់​ដោយ​មូលនិធិ​ e-Asia​ និង​ភាពជា​ដៃគូ​ចំណេះដឹង​នៃ​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា​(EDC​) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​ជា​និយតករ​អគ្គិសនី​ជាតិ​ អំពី​ បច្ចេកវិទ្យា​បំប្លែង​ពន្លឺ​ព្រះអាទិត្យ​ទៅជា​ថាមពល​អគ្គិសនី​ និង​ការរៀបចំ​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​។ ADB​ បាន​រៀបចំ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ប្រទេស​កាណាដា​ និង​សិង្ហបុរី​។

    លោក​ Pradeep​ Tharakan​ ប្រធាន​ក្រុម​អ្នកឯកទេស​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់​ ADB​បាន​មានប្រសាសន៍​ថា​ ការ​ទទួល​បាន​ប្រភព​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​ មាន​និរន្តរភាព​ និង​មាន​តម្លៃ​សមរម្យ​ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ប្រទេស​កម្ពុជា​។

    លោក​ Tharakan​ បន្ត​ថា​៖“ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​ត្រឹមតែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា​ តាមរយៈ​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​នឹង​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ទៀតផង​”។

    រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​នឹង​ក្លាយ​ជាផ្នែក​មួយ​នៃ​ឧទ្យានជាតិ​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ដាក់​ឱ្យ​ដេញថ្លៃ​ទៅ​អ្នក​ផលិត​ថាមពល​ឯករាជ្យ​ជា​ 2ដំណាក់កាល​។ ដំណាក់​កាល​ទី1​ មានបំណង​ផលិត​ថាមពល​ក្នុង​កម្លាំង​ 60​មេ​ហ្គា​វ៉ាត់​។ ការិយាល័យ​ភាពជា​ដៃគូ​សាធារណៈ​រវាង​វិស័យ​ឯកជន​ និង​ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កំពុង​ដើរតួ​នាទី​ជាទី​ប្រឹក្សា​ផ្នែក​ប្រតិបត្តិ​ការ​ដើម្បី​ជួយ​ដល់​ EDC​ ក្នុង​ការរៀបចំ​ និង​រៀបចំ​ដំណើរការ​ដេញថ្លៃ​បើកចំហ​ និង​ប្រកួតប្រជែង​។ បើ​ទោះបីជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ​ថាមពល​នៅ​កម្ពុជា​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ 5លាន​នាក់​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​។

    នៅ​ឆ្នាំ2018​ កម្ពុជា​អាច​ផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្តាញ​ដែល​បាន​ដំឡើង​រួចរាល់​ចំនួន​ជិត​ 2.175​ មេ​ហ្គា​វ៉ាត់​ ដោយ​ក្នុង​នោះ​ថាមពល​បាន​មក​ពី​វារីអគ្គិសនី​មាន​ចំនួន​ 1,330មេ​ហ្គា​វ៉ាត់​ ឬប្រហែល​ 62​ ភាគរយ​ ហើយ​ការផលិត​ថាមពល​អគ្គិសនី​បាន​មក​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​លមាន​ចំនួន​ 780មេ​ហ្គា​វ៉ាត់​ប្រហែល​ 36ភាគរយ​។

    ទោះបីជា​មាន​ពន្លឺ​ព្រះអាទិត្យ​ច្រើន​មែន​ ប៉ុន្តែ​សមត្ថភាព​បង្កើត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មានកម្រិត​តែត្រឹម​ 10មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។ ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្ហាញថា​ ប្រទេស​កម្ពុជា​ អាច​បន្ថែម​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បាន​ប្រហែល​ 200មេ​ហ្គា​វ៉ាត់​ទៅ​បណ្តាញ​ចែកចាយ​នៅ​ត្រឹម​ឆ្នាំ2021​ ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​មិន​រំខាន​ដល់​បណ្តាញ​ចែកចាយ​។

    គម្រោង​ថាមពល​ព្រះអាទិត្យ​ជាតិ​នឹង​ជួយ​ឱ្យ​ EDC​ ដែល​ជា​សេវា​ផ្តត់​ផ្គង់​អគ្គិសនី​ជាតិ​នៃ​កម្ពុជា​ អាច​សាងសង់​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ផ្សេងទៀត​ រួមមាន​ជាអាទិ៍​ផ្លូវ​ចេញ​ចូល​ របង​ និង​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង​។ គម្រោង​នេះ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្កិ​សនី​ ដែល​តភ្ជាប់​បណ្តាញ​ចែកចាយ​ចម្បង​នៅ​ជិត​រាជធានី​ភ្នំពេញ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្តាញ​ចែកចាយ​ជាតិ​បាន​ផង​ដែរ​៕