Author: ធឿន មករា

  • ក្រសួង​កសិកម្ម​ណែនាំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ ប្រភេទ​ពូជស្រូវ​កន្តុល​សុទ្ធ​ Japonica​

    ក្រសួង​កសិកម្ម​ណែនាំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ ប្រភេទ​ពូជស្រូវ​កន្តុល​សុទ្ធ​ Japonica​

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​ណែនាំ​ដល់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ ខេត្តកំពង់ធំ​ ឱ្យ​បន្ត​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​លើ​ការងារ​ស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ ប្រភេទ​ពូជស្រូវ​កន្តុល​ Japonica​ ជូន​ប្រជាកសិករ​ ក្រោយ​ពី​បាន​សាកល្បង​ដាំដុះ​ស្រូវពូជ​នេះ​ប្រកបដោយ​ជោគជ័យ​នៅ​ខេត្តកំពង់ធំ​។

    ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​សាកល្បង​ការ​ដាំដុះ​ពូជស្រូវ​កន្តុល​នៅ​ខេត្ត​កំ​ពង​ធំៗ​នា​ពេល​កន្លងទៅ​ ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ បាន​សារ​ទរ​ចំពោះ​កិច្ចសហការ​ និង​វឌ្ឍនភាព​ របស់​ក្រុមហ៊ុន​ Jiangsu​ Long​ An​ Agricultural​ Co​., Ltd​ សហគមន៍​ និង​សមាគម​នៅ​ខេត្តកំពង់ធំ​ដែល​ សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ដាំដុះ​ប្រភេទ​ពូជស្រូវ​កន្តុល​ Japonica​។

    ឯកឧត្ដម​ក៏បាន​ណែនាំ​ដល់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ខេត្ត​ឱ្យ​បន្ត​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​លើ​ការងារ​ស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ពូជស្រូវ​សុទ្ធ​ប្រភេទ​នេះ​ជូន​ប្រជាកសិករ​ ដើម្បី​ធានា​ដល់​គុណភាព​ ផលិតភាព​ និង​ទីផ្សារ​ និង​ធ្វើ​យ៉ាងណា​ជួយ​ក្រុមហ៊ុន​ សហគមន៍​ និង​សមាគម​សម្រេច​ឱ្យ​បាន​នូវ​ផែនការ​ពង្រីក​ការ​ដាំដុះ​រហូតដល់​ 300ហិ​កតា​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ពូជ​ japonica​ នេះ​នឹង​ត្រូវ​នាំចេញ​ទៅ​ប្រទេស​ចិន​ ដែល​បច្ចុប្បន្ន​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​។

    គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Jiangsu​ Long​ An​ Agricultural​ Co​., Ltd​ បាន​ធ្វើការ​សាកល្បង​ដាំដុះ​ពូជស្រូវ​កន្តុល​ Japonica​ នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ​។បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​កំពង់គរ​ ក្នុង​ការសាកល្បង​ផលិត​ពូជស្រូវ​ប្រភេទ​នេះ​លើ​ផ្ទៃដី​ចំនួន​ 8ហិ​កតា​ ដោយ​ក្នុង​ 1ហិ​កតា​ ទទួល​បានផល​ 6.5តោន​ ហើយ​ចំពោះ​តម្លៃ​វិញ​ គឺ​ទទួល​បាន​ 1,000រៀល​ ក្នុង​ 1គីឡូក្រាម​។ ពូជស្រូវ​ដែល​ក្រុមហ៊ុន​ប្រគល់​ជូន​សហគមន៍​កំពង់គរ​ គឺ​មាន​ភាព​លូតលាស់​ល្អ​ប្រសើរ​ ទិន្នផល​ខ្ពស់​ ធន់​នឹង​អាកាសធាតុ​ និង​ជំងឺ​។

    លោក​ Huang​ Ming​ An​ អ្នកស្រាវជ្រាវ​ពូជស្រូវ​ នៅ​មន្ទីរពិសោធន៍​ លើ​ពូជស្រូវ​ Japonica​ នៃ​ក្រុមហ៊ុន​ Jiangsu​ Long​ An​ បានឱ្យ​ដឹង​ថា​ មន្ទីរ​ពិសោធន៍​របស់​លោក​ឥឡូវ​កំពុងធ្វើការ​ដាំស្រូវ​នៅ​លើ​ផ្ទៃដី​ 8ហិ​កតា​ក្នុង​ខេត្តកំពង់ធំ​ជាផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​។

    ក្រុមហ៊ុន​ Jiangsu​ Long​ An​ ឥឡូវ​បាន​ធ្វើការ​ចរចា​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​ក្នុង​តំបន់​ និង​មាន​ផែនការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ឱ្យ​បាន​ 300ហិ​កតា​នៅក្នុង​ខេត្តកំពង់ធំ​។ លោក​ឱ្យ​ដឹង​ថា​ ការសាកល្បង​លើ​ពូជស្រូវ​កន្តុល​នេះ​ អំពី​ភា​ពសុាំ​នឹង​អាកាសធាតុ​ ដី​ត្រូវ​បាន​ធ្វើតេស្ត​នៅក្នុង​ខេត្ត​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ 2017​ បន្ទាប់ពី​ក្រសួង​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ខែមករា​ជាមួយ​មន្ទីរពិសោធន៍​ចិន2​ គឺ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពូជស្រូវ​ហ៊ូ​ណាន​ និង​ក្រុមហ៊ុនJiangsu​ Long​ An​ ដើម្បី​សិក្សា​ពី​ប្រភេទ​ស្រូវ​រួមគ្នា​។

    លោក​ ចាន់​ ពេជ្រ​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Signatures​ of​ Asia​ បាន​ថ្លែង​ថា​ ក្រុមហ៊ុន​លោក​បាន​សាកល្បង​ពូជស្រូវ​កន្តុល​នេះ​ 2ទៅ​ 3ឆ្នាំ​ដែរ​។ លោក​ថា​ ការផលិត​ពូជស្រូវ​នេះ​ មិន​មាន​ជួប​បញ្ហា​អ្វី​ទេ​ ដោយ​ទទួល​បាន​ទិន្នផល​ 4តោន​ ប៉ុន្តែ​នៅពេល​ លោក​យក​ពូជស្រូវ​កន្តុល​នេះ​ ទៅ​ឱ្យ​កសិករ​ដាំដុះ​ វា​បែរជា​សូវ​មាន​ទិន្នផល​ខ្ពស់ទៅ​វិញ​។ លោក​ពេជ្រ​បាន​បន្ត​ថា​៖“ការ​ដាំស្រូវ​កន្តុល​នេះ​ យក​ទៅ​ធ្វើជា​ពូជ​មិន​មាន​បញ្ហា​ចោទ​ទេ​ ដោយឡែក​នៅពេល​ផ្តល់​ឱ្យ​កសិករ​ដាំ​ គឺ​បរាជ័យ​។ ស្រូវ​កន្តុល​នេះ​ តម្លៃ​ក៏​មិន​ថ្លៃ​ដែរ​ តម្លៃ​វា​លើស​អង្ក​រស​យើង​ប្រមាណ​ 150​ ទៅ​ 250ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1តោន​ ប៉ុន្តែ​តម្លៃ​វា​នៅ​ទាប​ជាង​អង្ករ​ក្រអូប​កម្ពុជា​ទេ​”។ លោក​ពេជ្រ​បន្ត​ទៀត​ថា​ បើ​ទោះបីជា​លោក​ទិញ​ពូជស្រូវ​កន្តុល​នេះ​ពីជ​ប៉ុន​ និង​វៀតណាម​មក​ដាំ​ ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ​ ប្រហែល​ដោយសារតែ​មាន​បញ្ហា​ជាមួយនឹង​បច្ចេកទេស​ដាំដុះ​។

    លោក​ពេជ្រ​បានឱ្យ​ដឹង​ទៀត​ថា​ អ្វី​ដែរ​ត្រូវ​ធ្វើ​ គឺ​អ្នកស្រាវជ្រាវ​ពូជ​ ត្រូវ​ស្រាវជ្រាវ​ពូជ​ប្រភេទ​នេះ​ និង​ផលិត​ពូជ​នេះ​ដោយខ្លួនឯង​ដែល​ធ្វើ​ឱ្យ​មាន​ទិន្នផល​ខ្ពស់​។ ការ​ដាំស្រូវ​ កន្តុល​នៅ​ស្រុកខ្មែរ​ គឺ​ពិបាកធ្វើ​ ពីព្រោះ​មាន​ក្រុមហ៊ុន​ជាច្រើន​សាកល្បង​ តែ​មិនទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ​ ដោយ​បាន​ទិន្នផល​មិនសូវ​ខ្ពស់​។

    លោក​ សុង​ សា​រ៉ន​ អគ្គនាយក​ក្រុមហ៊ុន​ Amru​ Rice​ បាន​មានប្រសាសន៍​ថា​ ពូជស្រូវ​ Japonica​ មាន​សក្តា​នុ​ពល​ខ្លាំង​ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ដាំ​វា​សម្រាប់​គោលបំណង​ពាណិជ្ជ​កម្ម​នោះ​ទេ​។

    លោក​បាន​ថ្លែង​ថា​៖“បន្ទាប់ពី​ការ​ធ្វើតេស្ត​ជាច្រើនលើក​ យើង​បាន​សន្និដ្ឋាន​ថា​ ពូជស្រូវ​ Japonica​ អាច​រីកចម្រើន​យ៉ាង​ល្អ​នៅ​កម្ពុជា​ដោយមាន​ទិន្នផល​ខ្ពស់​”។

    លោក​បន្ត​ថា​ ក្រុមហ៊ុន​របស់​លោក​ក៏​ធ្លាប់​បាន​ធ្វើតេស្ត​លើ​ពូជ​មួយ​នេះ​ដែរ​ ប៉ុន្តែ​លោក​ថា​៖“ ទោះជាយ៉ាងណា​ក៏ដោយ​ ពូជស្រូវ​ប្រភេទ​នេះ​ត្រូវការ​ទឹក​ច្រើន​ ដូច្នេះ​យើង​ត្រូវ​សិក្សា​អំពី​វិធី​កាត់បន្ថយ​បរិមាណ​ទឹកដែល​វា​ត្រូវការ​”។ យោង​តាម​លោក​ សា​រ៉ន​ ពូជ​ស្រូវ​ Japonica​ អាច​លក់​បាន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ តួ​កគី​ និង​ប្រទេស​មួយចំនួន​ទៀត​នៅក្នុង​សហគមន៍​អឺរ៉ុប​។

    លោក​សា​រ៉ន​ថា​ បច្ចុប្បន្ន​នេះ​ការ​ដាំដុះ​ស្រូវពូជ​Japonica​ នៅតែ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សាក​ល្បង​នៅឡើយ​ យើង​ត្រូវការ​យ៉ាងហោចណាស់​ពី​ 3ទៅ​ 4ឆ្នាំ​ទៀត​ដើម្បី​យល់ដឹង​អំពី​ដំណាំស្រូវ​ពូជ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទើប​ចូលក្នុង​ដំណាក់កាល​ពាណិជ្ជកម្ម​។

    គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ 626,225តោន​ ធ្លាក់ចុះ​ 1.5ភាគរយ​ ធៀប​នឹង​ឆ្នាំ​ 2017​។ ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​នាំចេញ​អង្ករ​ 3ប្រភេទ​ គឺ​អង្ករ​ក្រអូប​ (493,597តោន​ ឬ 78.8​% នៃ​ការនាំចេញ​អង្ករ​) អង្ក​រស​គ្រាប់​វែង​ (105,990តោន​ ឬ 16.9​%) និង​អង្ករ​ចំហុយ​គ្រាប់​វែង​ 26,638តោន​ ឬ 4.2​%)។

    ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​នៅតែ​បន្ត​ជាមួយ​សហភាព​អឺរ៉ុប​ដែល​បាន​នាំចូល​ជិត​ 270,000​តោន​ ដែល​ស្មើនឹង​ 42.9​% នៃ​ការនាំចេញ​សរុប​។ បើ​គិត​តាម​ប្រទេស​នី​មួយ​ៗ អ្នកទិញ​ធំ​បំផុត​ គឺ​ចិន​ (170,000តោន​) បន្ទាប់មក​បារាំង​ (90,000តោន​) ម៉ាឡេស៊ី​ (40,000តោន​) ហ្គាបុង​ (30,000តោន​) និង​ហូ​ឡង់​ (26,000តោន​)៕

  • រាជរដ្ឋាភិបាល​៖ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​មាន​គោលនយោបាយ​លើកកម្ពស់​គាំទ្រ​ដល់​ផលិតភាព​

    រាជរដ្ឋាភិបាល​៖ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​មាន​គោលនយោបាយ​លើកកម្ពស់​គាំទ្រ​ដល់​ផលិតភាព​

    រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ដែល​កំពុង​ដំណើរការ​រៀបចំ​បង្កើត​នោះ​ មាន​គោលនយោបាយ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់​សហគ្រាស​ទាំងនោះ​ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ នេះ​បើ​តាម​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​សម្រាប់​ការងារ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការរៀបចំ​ផែនការ​អាជីវកម្ម​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

    ពោល​គឺ​ ដើម្បី​ធានា​ឱ្យ​បាន​ថា​ ធនាគារ​នេះ​នឹងអាច​ដើរតួ​នាទី​ជា​ធនាគារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ជាពិសេស​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ បាន​ស្នើ​ឱ្យ​ក្រុមការងារ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​សិក្សា​អំពី​លទ្ធភាព​ឱ្យ​ធនាគារ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ស្ថិត​ក្នុង​វិស័យ​អាទិភាព​ ដូច​ជា​កសិ​-ឧស្សាហកម្ម​ វិស័យ​ផលិតកម្ម​ វិស័យ​ទេសចរណ៍​ ជាដើម​ ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

    សូម​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នោះ​បាន​ពិភាក្សា​លើ​របៀបវារៈ​សំ​ខាន់​ៗ រួមមាន​ ទី1​-ផែនការ​អា​ជី​កម្ម​ ទី2​-រចនាសម្ព័ន្ធ​គ្រប់គ្រង​ធនាគារ​ និង​ទី3​-កិច្ចការ​ផ្សេង​។ អង្គប្រជុំ​បាន​ឯកភាព​ជាគោល​ការណ៍​លើ​ផែនការអាជីវកម្ម​ ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​ 3ឆ្នាំ​ និង​ការ​ជ្រើសរើស​បេក្ខភាព​ជា​ថ្នាក់​ដឹក​ នាំ​ជាន់ខ្ពស់​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

    ការកំណត់​បេសកកម្ម​របស់​ធនាគារ​នេះ​ក្នុង​ការជំរុញ​ និង​គាំទ្រ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាពិសេស​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បម្រើ​ដល់​ការនាំចេញ​ និង​បង្កើត​ខ្សែ​ចង្វាក់​តម្លៃ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​ជាតិ​។ ទន្ទឹម​នេះ​ អង្គប្រជុំ​ក៏​លើកឡើង​ពី​ការងារ​ចាំបាច់​មួយចំនួន​ទៀត​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការបង្កើត​ និង​ដំណើរការ​ធនាគារ​នេះ​ផង​ដែរ​។

    ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ដើម្បី​ឈាន​ដល់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ត្រូវ​បាន​និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ​។ ជាមួយគ្នា​នេះ​ដែរ​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ដំណើរការ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

    សូម​រំឭក​ថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន៕

  • ខ​គោ​នំប៉័ង ដ៏​ឆ្ងាញ់​ពិសា ពី​ភោជនីយដ្ឋាន សេ​វេន ប្រាយ សាខា​ទួលគោក

    ខ​គោ​នំប៉័ង ដ៏​ឆ្ងាញ់​ពិសា ពី​ភោជនីយដ្ឋាន សេ​វេន ប្រាយ សាខា​ទួលគោក

    សូម​ងាក​មក​ស្វែងយល់​ និង​រៀន​ធ្វើមុខ​ម្ហូប​ដ៏​ពេញនិយម​របស់​ប្រជាជន​អាស៊ី​យើង​ម្តង​នោះ​គឺ​ ខគោ​ ដែល​ត្រូវ​ម៉ាច់​ជាមួយនឹង​នំ​ប៉័ង​ស្រួយ​ៗ បើ​បាន​ទទួលទាន​ពេល​នៅ​ក្តៅ​ៗ ទើប​នឹង​ដួស​ចេញពី​ឆ្នាំង​មក​ទៀត​នោះ​គឺ​កាន់តែ​ឈ្ងុយឆ្ងាញ់​ និង​ពិសេស​តែម្តង​។ តោះ​សូម​មក​ពិនិត្យមើល​គ្រឿងផ្សំ​ និង​រៀន​ធ្វើ​ខគោ​នំប៉័ង​ ក្រោម​ការណែនាំ​ពីសំណាក់​ លោក​ ឈូក​ សាមិ​ត្ត​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះលេខ102​ ផ្លូវ315​ សង្កាត់​បឹងកក់​ទី2​ ខណ្ឌទួលគោក​ ដូច​ខាងក្រោម​នេះ​ ៖

    គ្រឿងផ្សំ​
    – សាច់​សរសៃ​ក្រចក​គោ​ 150g​
    – គុល​ស្លឹកគ្រៃ
    – ស្លឹក​ក្រូចសើច​
    – រំដេង​
    – ម្ទេសប្លោក​
    – ខ្ទឹមបារាំង​
    – ខ្ទឹមស​
    – ខ្ទឹមក្រហម​
    – នំប៉័ង​
    – ជី​ក្រហម​
    – សាលាដ​
    – ក្រូចឆ្មារ
    – ​ទឹកដោះគោខាប់​
    – គ្រឿង​សម្រាប់​ខ
    – គ្រឿងផ្សំ​រសជាតិ​ មាន​ដូចជា​ ប៊ីចេង​ អំបិល​ ស្ករស​
    – ទឹកត្រី​ទឹក​ស្អាត​ 1លីត្រ​

    របៀប​ធ្វើ​
    ដំបូង​ត្រូវ​យក​សាច់​សរសៃ​ក្រចកជើង​គោ​ទៅ​កាប់​ជាដុំ​តូចល្មម​ រួច​យក​ទៅ​លាង​សម្អាត​ជាមួយ​ទឹក​ឱ្យ​បាន​ស្អាត​រៀបរយ​។ ហើយ​សឹម​យក​សាច់​សរសៃ​ក្រចកជើង​គោ​នោះ​ទៅ​ស្រុះ​ ទុក​មួយអន្លើ​សិន​។ រួច​ឆា​គ្រឿង​ខជាមួយ​ម្ទេសប្លោក​ ខ្ទឹមបារាំង​ ខ្ទឹមស​ និង​ខ្ទឹមក្រហម​ឆា​ជាមួយគ្នា​ឱ្យ​ឡើង​ឈ្ងុយ​ ហើយ​សឹម​ដាក់​ស្លឹក​ក្រូចសើច​ គុល​ស្លឹកគ្រៃ​ និង​រំដេង​ ឱ្យ​ឈ្ងុយ​ល្អ​ សឹម​ដាក់​សាច់​សរសៃ​ក្រចកជើង​គោ​ ដែល​ស្រុះ​រួច​នោះ​ចូល​ ឆា​ចូលគ្នា​ឱ្យ​សព្វ​ល្អ​ រួច​ទើប​ដាក់​ទឹក​ចំណុះ1លីត្រ​ ដើម្បី​រំងាស់​សាច់​សរសៃ​ក្រចក​គោ​ឱ្យ​ផុយ​ល្អ​។ ជាចុងក្រោយ​ទើប​ថែម​គ្រឿងផ្សំ​រសជាតិ​ ដូចជា​ ប៊ីចេង​ អំបិល​ ស្ករស​ ទឹកត្រី​ និង​ទឹកដោះគោខាប់​ចូល​ កូរ​ឱ្យ​សព្វ​ រួច​ភ្លក្ស​រសជាតិ​ឱ្យ​ត្រូវជា​មួយ​នឹង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ និង​សមាជិក​ក្នុង​គ្រួសារ​អ្នក​ជាការស្រេច​។ នៅពេល​ដួស​ខគោ​ទទួលទាន​ អ្នក​អាច​បន្ថែម​ជី​ក្រហម​ហាន់​ សាលាដ​ និង​ចំណិត​ខ្ទឹម​បារាំង​ពីលើ​ខគោ​ និង​បន្ថែម​ដោយ​នំប៉័ង​ ដែល​យក​ទៅ​កម្តៅ​ឱ្យ​ស្រួយ​ល្អ​គឺ​កាន់តែ​មានឱជារស​ថែមទៀត​។

    ចំណាំ​ ៖ ចំពោះ​សាច់​សរសៃ​ក្រចក​គោ​ ចំនួន3គីឡូ​ក្រោម​ ត្រូវ​ប្រើ​រយៈពេល2ម៉ោង​ ដើម្បី​រំងាស់​សាច់​ឱ្យ​ផុយ​ល្អ​៕

  • តោះ​រៀន​ធ្វើ​ទឹក​ស៊ី​រ៉ូ​ក្រូចឆ្មារ​សូ​ដា ដែលមាន​រសជាតិ​ជូរអែម​ត្រជាក់ចិត្ត

    តោះ​រៀន​ធ្វើ​ទឹក​ស៊ី​រ៉ូ​ក្រូចឆ្មារ​សូ​ដា ដែលមាន​រសជាតិ​ជូរអែម​ត្រជាក់ចិត្ត

    សូម​បន្តម​ករៀន​ធ្វើ​ស៊ី​រ៉ូ​ក្រូចឆ្មារ​សូ​ដា​ម្តង​ ដែល​មាន​រសជាតិ​ជូរ​ និង​ផ្អែម​មុត​ ដើម្បី​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​បន្ទាប់ពី​ទទួលទាន​អាហារ​ទាំង3ពេល​រួច​។ សូម​តាមដាន​ពី​គ្រឿងផ្សំ​ និង​របៀប​ធ្វើជា​មួយ​នឹង​កញ្ញា​ ឆាន់​ គី​មញ៉ុង​ អ្នកជំនាញ​ផ្នែក​ភេសជ្ជៈ​ និង​កាហ្វេ​ប្រចាំ​ភោជនីយដ្ឋាន​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​ ដូច​ខាងក្រោម​នេះ​ ៖

    គ្រឿងផ្សំ​
    – ទឹក​ស៊ី​រ៉ូ​ 5 ចុច​ (5 Pans​)
    – ទឹកក្រូច​ឆ្មារ​ ½ ស្លាបព្រា​វាល់​ម្សៅ​ ឬតាម​ចំណង់​ចំណូលចិត្ត​
    – ទឹកកក​ 1 កែវ​ទឹកសូដា​ជី​អង្កាម​ចំណិត​ក្រូចឆ្មារ​

    របៀប​ធ្វើ​
    ដំបូង​ត្រូវ​ចាក់ទឹក​ស៊ី​រ៉ូ​ចូល​ រួច​ដាក់​ទឹកក្រូច​ឆ្មារ​ចូល​ ហើយ​សឹម​ដាក់​ទឹកកក​ចូល​ឱ្យ​ពេញ​កែវ​ទើប​ចាក់ទឹក​សូ​ដា​ចូល​ពីលើ​ និង​តុបតែង​នៅ​មាត់​កែវ​ ដោយ​ចំណិត​ក្រូចឆ្មារ​ និង​ជី​អង្កាម​ពីលើ​ជា​ការ​ស្រេច​៕

  • ឥណ្ឌូ​នេ​ស៊ី​-កម្ពុជា​ នឹង​បើក​ជើងហោះហើរ​ត្រង់​នៅ​ខែ​នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ក៏​ត្រូវ​បាន​ជំរុញ​

    ឥណ្ឌូ​នេ​ស៊ី​-កម្ពុជា​ នឹង​បើក​ជើងហោះហើរ​ត្រង់​នៅ​ខែ​នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ក៏​ត្រូវ​បាន​ជំរុញ​

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូ​តឥណ្ឌូ​នេ​ស៊ី​ ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ការហោះហើរ​ទៅមក​ដោយ​ត្រង់​ ដែល​បាន​រង់ចាំ​ជាយូរមកហើយ​ រវាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​នឹង​ត្រូវ​គ្រោង​ធ្វើ​នៅ​ឆ្នាំនេះ​ ដោយក្រុម​ហ៊ុន​ Citilink​ Indonesia​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Garuda​ Indonesia​ ត្រូវ​បាន​គេ​ រំពឹង​ថា​នឹង​បើក​ជើងហោះហើរ​ត្រង់​ជាលើកដំបូង​របស់​ខ្លួន​ ពីរ​ដ្ឋ​ធានី​ហ្សាការតា​មក​ភ្នំពេញ​ នៅ​ខែមិថុនា​នេះ​។

    ឯកអគ្គ​រដ្ឋ​ទូ​តឥណ្ឌូ​នេ​ស៊ី​ ឯកឧត្តម​ Sudirman​ Haseng​ ជឿជាក់​ថា​ ឆ្នាំ2019​ គឺជា​ខួប​លើក​ទី60​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ដូច្នេះ​ការ​ហោះហើរ​ត្រង់នេះ​ នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​។ លើស​ពីនេះ​ទៀត​ការហោះហើរ​លើកដំបូង​របស់​ Citilink​ មក​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមិថុនា​នេះ​ នឹង​មិន​ត្រឹមតែ​ជាស​មិទ្ធ​ផល​ដ៏​ធំធេង​ប៉ុណ្ណោះទេ​ ថែមទាំង​ជាវ​ត្ត​មាន​ដ៏​មានតម្លៃ​សម្រាប់​ខួប2ឆ្នាំ​ផង​ដែរ​។

    យោង​តាម​ការពិភាក្សា​គ្នា​ ប្រទេស​ទាំង2​ បាន​ស្វែងរក​អំពី​លទ្ធភាព​នៃ​ការហោះហើរ​ដោយ​ផ្ទាល់​ ហើយ​មាន​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​កំពុង​សិក្សា​ទីផ្សារ​កម្ពុជា​។ ពីមុន​ការហោះហើរ​ចំណាយពេល​ជាង8​ ម៉ោង​ ដើម្បី​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា​។ ប៉ុន្តែ​ពេលនេះ​ការហោះហើរ​របស់​ Citilink​ នឹង​ចំណាយពេល​ត្រឹមតែ​ 3.5ម៉ោង​ប៉ុណ្ណោះ​។

    សេចក្តី​ប្រកាស​នេះ​បង្ហាញថា​ កត្តា​ទីផ្សារ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ ដើម្បី​ធ្វើ​ឱ្យ​ការហោះហើរ​ដោយ​ត្រង់​អាច​ធ្វើ​ទៅ​បាន​។ ទោះជាយ៉ាងណា​ រដ្ឋាភិបាល​ទាំង2​ បាន​យល់ស្រប​គ្នា​ថា​ ការបង្កើត​ជើងហោះហើរ​ត្រង់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ល្អ​ នៅក្នុង​វិ​ស័យ​ផ្សេង​ៗ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។ការហោះហើរ​ត្រង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជំរុញ​កំណើន​មិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង2​ ទៀតផង​។

    យោង​តាម​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​មានការ​កើនឡើង​បន្តិច​កាលពី​ឆ្នាំមុន​ ដោយ​ឈាន​ដល់​តម្លៃ​ 556លាន​ដុល្លារ​ ដែល​ចំនួន​នេះ​កើនឡើង​ 4%។ តែ​ទោះបីជា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ាន​មួយ​នេះ​នៅតែ​មានកម្រិត​ក៏ដោយ​ ក៏​មន្ត្រី​ពាណិជ្ជកម្ម​មើល​ឃើញ​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​ នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2ដែរ​។

    ឯកឧត្តម​ ឈួន​ ដារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ លោក​រំពឹង​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ឥណ្ឌូ​នេ​ស៊ី​នឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ឆ្នាំខាងមុខ​។ លោក​ថ្លែង​ថា​ “ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ វា​ជា​ពេលវេលា​ ដែល​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ ពង្រីក​អាជីវកម្ម​ និង​ការ​វិនិយោគ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​”។

    ឯកឧត្តម​បាន​ថ្លែង​ថា​៖“ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​សម្បូរ​កោះ​មួយ​នេះ​ បាន​កើនឡើង​33លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 29​%។ ការនាំចេញ​របស់​ឥណ្ឌូ​នេ​ស៊ី​ មកកាន់​កម្ពុជា​មានតម្លៃ​ ប្រមាណ​ 525លាន​ដុល្លារ​ គឺ​បាន​កើនឡើង​តែ​ 2%ប៉ុណ្ណោះ​”។

    ឯកឧត្តម​ ឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​ ផលិត​ផល​ឥណ្ឌូ​នេ​ស៊ី​ ដែល​បាន​ជ្រៀតចូល​ក្នុង​ទីផ្សារ​កម្ពុជា​ រួមមាន​អាហារ​ និង​ភេសជ្ជៈ​ ផលិតផល​ថែរក្សា​ផ្ទះ​ ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ផលិតផល​ឱសថ​ ផលិតផល​គ្រឿងបន្លាស់​ម៉ូតូ​ និង​ផ្លែឈើ​ស្រស់​ៗជាដើម​ ដោយ​ប្រទេស​កម្ពុជា​នាំចេញ​ទៅ​វិញ​ភាគច្រើន​គឺ​ សម្លៀកបំពាក់​ កៅស៊ូ​ និង​ស្បែកជើង​ ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“រាជរដ្ឋាភិបាល​កំពុងធ្វើការ​ងារ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​តូច​នៅឡើយ​ ប៉ុន្តែ​យើង​កំពុងធ្វើការ​យ៉ាងច្រើន​ដើម្បី​បង្កើន​វា​។ ការ​ជួញដូរ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ គឺ​ពិបាក​ជាង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ ដូចជា​ប្រទេស​ថៃ​ ឬវៀតណាម​ និង​ឡាវ​ ព្រោះ​យើង​មិន​មាន​ព្រំដែន​ជាប់គ្នា​”។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ការហោះហើរ​ដោយ​ផ្ទាល់​រវាង​ប្រទេស​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅពេល​នេះ​ ដែល​នឹង​ជួយ​សម្រួល​សកម្មភាព​ប្រជាជន​ និង​ទំនិញ​ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ យើង​សង្ឃឹមថា​ ជើងហោះហើរ​ដោយ​ត្រង់នេះ​ នឹង​បង្កើន​ចំនួន​អ្នកទេសចរ​ និង​វិនិយោគិន​ មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”។

    ឯកឧត្តម​ ក៏បាន​បញ្ជាក់​ដែរ​ថា​ អ្វី​ដែល​យើង​មើល​ឃើញថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​តូច​ គឺ​ដោយសារ​បញ្ហា​មួយចំនួន​៖ “ទី1​-កត្តា​ភូមិសាស្ត្រ​ ដោយ​យើង​មាន​ទីតាំងនៅ​ឆ្ងាយ​ពីគ្នា​ បើ​ប្រៀបធៀប​ជាមួយ​ ប្រទេស​ឡាវ​ ថៃ​ និង​វៀតណាម​គាត់​នៅ​ក្បែរ​ ដូច្នេះ​ការ​ចេញចូល​ទំនិញ​វា​ងាយស្រួល​ជាង​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅ​ឆ្ងាយ​ ហើយ​មុខទំនិញ​ដែល​បាន​ផលិត​ ភាគច្រើន​ប្រហាក់​ប្រហែលគ្នា​ផង​ដែរ​ ដែល​ពិបាក​ក្នុង​ការដោះដូរ​គ្នា​”។

    ឯកឧត្តម​ បាន​បន្ត​ទៀត​ថា​៖“ទី2​-យើង​ធ្លាប់​មាន​ទំនាក់ទំនង​ក្នុង​គោលដៅ​នាំ​អង្ករ​ទៅកាន់​ប្រទេស​នេះ​ដែរ​ បើ​នាំទៅ​បាន​ តួលេខ​នឹង​មានការ​កើនឡើង​(ប្រមាណ​ជា​ 40ម៉ឺន​តោន​) ប៉ុន្តែ​ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​លក់​ ពីព្រោះ​អង្ករ​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ គុណភាព​ល្អ​ តែ​តម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ ទោះជា​យើង​ធ្លាប់​មាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ និង​ MOUជាមួយគ្នា​កន្លងមក​ក៏ដោយ​ ព្រោះ​ការ​នាំ​អង្ករ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ ទាល់តែ​ឆ្លងកាត់​ក្រុមហ៊ុន​រដ្ឋ​សិន​ មិន​អាច​នាំចូល​ទៅកាន់​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ដោយ​ត្រង់​តែម្តង​បានទេ​ គឺ​ចំណុច​នេះ​ហើយដែល​យើង​កំពុងតែ​ឱ្យ​ខាង​គាត់​ជួយ​សម្រួល​”។

    សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ មាន​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ជាង​ 55,700នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជាង​ 8,800​ នាក់​ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​សម្បូរ​កោះ​មួយ​នេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ដ្រី​ក្រសួងទេសចរណ៍​កម្ពុជា​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​ ត្រៀម​នឹង​បើក​ជើងហោះហើរ​ត្រង់​រួមគ្នា​ឡើង​វិញ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ ក្នុង​ន័យ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឱ្យ​កើនឡើង​ទ្វេដង​ ខណៈ​កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ប្រមាណ​ 11​%។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ការ​បើក​ជើងហោះហើរ​ដោយ​ត្រង់នេះ​ កម្ពុជា​រំពឹង​ថា​ នឹងអាច​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ពី​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ច្រើន​ ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ទេស​ចរ​ឥណ្ឌូ​នេ​ស៊ី​ មានត្រឹមតែ​ជាង​ 50,000នាក់​តែប៉ុណ្ណោះ​ក្នុង​ 1ឆ្នាំ​នៃ​ភ្ញៀវ​ទេសចរ​សរុប​ ដែល​កម្ពុជា​ទទួល​បាន​ជាង​ 6.2លាន​នាក់​នោះ​៕

  • ឡាតេក្តៅ ឈ្ងុយពេញចិត្ត ពីភោជនីយដ្ឋាន សេវេន ប្រាយ

    ឡាតេក្តៅ ឈ្ងុយពេញចិត្ត ពីភោជនីយដ្ឋាន សេវេន ប្រាយ

    តោះ​មក​រៀន​ធ្វើ​ឡា​តេ​ក្តៅ​ ដើម្បី​ទទួលទាន​នៅក្នុង​គ្រួសារ​នា​ពេលព្រឹក​ដ៏​ស្រស់ស្រាយ​ជាមួយនឹង​កញ្ញា​ ឆាន់​ គី​មញ៉ុង​ អ្នកជំនាញ​ផ្នែក​ភេសជ្ជៈ​ និង​កាហ្វេ​ប្រចាំ​ភោជនីយដ្ឋាន​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​កាហ្វេ​ ដែល​មាន​រសជាតិ​រាង​ចាស់​បន្តិច​នោះ​គឺ​ពិតជា​ត្រូវចិត្ត​ជាមិនខាន​ ដូច្នេះ​សូម​រៀន​ធ្វើ​ទាំងអស់គ្នា​ដូចតទៅ​៖

    គ្រឿងផ្សំ
    ​- កាហ្វេ​ 1សត​
    – ស្ករ​កញ្ចប់​ តាមចំណង់​ចំណូលចិត្ត​
    – ទឹកដោះគោ​ស្រស់​ តាមចំណង់​ចំណូលចិត្ត​

    របៀប​ធ្វើ​
    ដំ​បូង​ត្រូវ​ស្ទី​មទឹ​កដោះ​គោ​ស្រស់​ឱ្យ​ម៉ដ្ឋ​ល្អ​ ដោ​យស្ទីម​វា​ជាមួយ​ម៉ា​ស៊ីន​ស្ទីម​ ហើយ​បើ​មាន​ឡើងពពុះ​ ចូរ​ដួសពពុះចេញ​ ដើម្បី​ឱ្យ​ទឹកដោះគោ​ឡើង​ម៉ដ្ឋ​ល្អ​។ បន្ទាប់មក​ទើប​ឆុងកាហ្វេ​ចំនួន1សត​ជាមួយ​ម៉ាស៊ីន​ឆុងកាហ្វេ​ រួច​ចាក់​ដាក់​ក្នុង​កែវ​ថ្មី​តូចល្មម​។ ជាចុងក្រោយ​សឹម​ចាក់ទឹក​ដោះ​គោ​ដែល​ស្ទី​មហើយ​នោះ​ពីលើ​ និង​គូស​លម្អរូប​ភាព​ផ្សេង​ៗតាមចំណង់​ចំណូលចិត្ត​ជាការស្រេច​។ នៅពេល​អ្នកទទួល​ទាន​ឡា​តេ​ក្តៅ​នេះ​ អ្នក​អាច​បន្ថែម​ស្ករស​កញ្ចប់​ទៅតាម​រសជាតិ​ផ្អែម​ ដែល​អ្នកចូលចិត្ត​៕

  • ស្តេ​ក​សាច់គោ សុស ​ម្រេច នំប៉័ង

    ស្តេ​ក​សាច់គោ សុស ​ម្រេច នំប៉័ង

    ងាក​មក​រៀន​ចម្អិន​ស្តេ​កសាច់គោ​ ទឹក​សុស​ម្រេច​ហឹរ​ៗ ញ៉ាំ​ជាមួយនឹង​នំប៉័ង​វិញ​ម្តង​ ពិតជា​ប្លែក​មាត់​ជាមិនខាន​ តោះ​តាមដាន​ជាមួយ​គ្រឿងផ្សំ​ និង​របៀប​ចម្អិន​ ដែល​ជា​រូបមន្ត​ដ៏​ពិសេស​របស់​លោក​ ឈូក​ សាមិ​ត្ត​ មេ​ចុងភៅ​ធំ​ ប្រចាំ​ភោជនីយដ្ឋាន​ដ៏​ល្បី​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​ដូច​ខាងក្រោម​នេះ​។

    គ្រឿងផ្សំ
    ​* សាច់​គោ​ហ្វី​ឡេ​ 150g​
    * ដំឡូងបារាំង​កញ្ចប់​
    * ម្រេច​ម៉ដ្ឋ​
    * ទឹកដោះគោឆៅ​
    * គ្រី​ម
    * ប៊័រ​
    * ឈីស​
    * អំបិល​
    * ស្ករស​
    * ក្រូចឆ្មារ​
    * ជី​បារាំង​
    * ម្សៅស៊ុប​

    វិធី​ចម្អិន​
    ដំបូង​ត្រូវ​យក​សាច់​គោ​ហ្វី​ឡេ​នោះ​មក​ដំ​ឱ្យ​រាង​ទួ​កសាច់​បន្តិច​ រួច​យក​ទៅ​ប្រឡាក់​ជាមួយ​ម្សៅស៊ុប​ ម្រេច​ម៉ដ្ឋ​ និង​ជី​បារាំង​ ហើយ​សឹម​យក​ទៅ​ចៀន​រយៈពេល5នាទី​ ឱ្យ​សាច់​ឆ្អិត​កម្រិត​70​%។ បន្ទាប់មក​យក​ដំឡូងបារាំង​ទៅ​បំពង​នៅក្នុង​ខ្លាញ់​ក្តៅ​ខ្លាំង​រយៈពេល5នាទី​ និង​ធ្វើ​ទឹក​សុស​ម្រេច​ម៉ដ្ឋ​ ដោយ​ឆា​ម្រេច​ម៉ដ្ឋ​ជាមួយ​ទឹកដោះគោឆៅ​ឱ្យ​ឈ្ងុយ​ ទើប​យក​មក​កូរ​ជាមួយ​គ្រី​ម ប៊័រ​ និង​ឈីស​ រួច​លាយ​គ្រឿងផ្សំ​រសជាតិ​ចូល​ដែល​មាន​ដូចជា​ អំបិល​ ស្ករស​ទៅតាម​បរិមាណ​ទឹក​សុស​ដែល​អ្នកធ្វើ​។ ជាចុងក្រោយ​រៀប​ស្តេ​កសាច់គោ​នៅក្នុង​ចាន់​ស្អាត​មួយ​ ដោយ​ហាន់សាច់​គោ​ជា​ចំ​ណិ​តៗ​ ដើម្បី​ងាយស្រួល​ទទួលទាន​ក៏បាន​ ហើយ​បន្ថែម​ដោយ​ចំណិត​ដំឡូងបារាំង​បំពង​ រួច​ស្រោចទឹក​សុស​ម្រេច​ម៉ដ្ឋ​ពីលើ​សាច់​ស្តេ​កក៏បាន​ ឬដាក់​ទឹក​សុស​នៅក្នុង​ចាន​តូច​មួយ​ទុក​ជ្រលក់​ពេល​ទទួលទាន​ជា​មួ​យស្តេ​កក៏បាន​ និង​ដាក់​ចំណិត​ក្រូចឆ្មារ​នៅ​ក្បែរ​នោះ​ ដើម្បី​ទុក​បន្ថែម​រសជាតិ​ជាការស្រេច​៕

  • OPPO​ បើក​សម្ពោធ​ទូរ​ស័ព្ទ​ម៉ូ​ឌែល​ស៊េរី​ Reno​ ឯនៅ​សណ្ឋាគារ​ Sofitel​ Phnom​ Penh​ Phokeethra​

    OPPO​ បើក​សម្ពោធ​ទូរ​ស័ព្ទ​ម៉ូ​ឌែល​ស៊េរី​ Reno​ ឯនៅ​សណ្ឋាគារ​ Sofitel​ Phnom​ Penh​ Phokeethra​

    ភ្នំពេញ​៖ ថ្ងៃអង្គារ​ ទី04​ ខែមិថុនា​ ឆ្នាំ2019​ ក្រុមហ៊ុន​ OPPO​ ប្រចាំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើការ​បើក​សម្ពោធ​ទូរ​ស័ព្ទ​ម៉ូ​ឌែល​ចុងក្រោយ​របស់​ខ្លួន​ស៊េរី​ Reno​ នៅ​ឯសណ្ឋាគារ​ Sofitel​ Phnom​ Penh​ Phokeethra​ ដែល​ក្នុង​ពិធី​បើ​កសំ​ម្ពោ​ធផ្លូវការ​នោះ​ មានការ​ចូលរួម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្រ្តី​ ក្រសួងព័ត៌មាន​ និង​មានការ​ចូលរួម​ពីសំណាក់​ក្រុម​អ្នក​ជំនួញ​ធំៗ​ ផង​ដែរ​។ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ឯកឧត្តម​ រដ្ឋមន្រ្តី​ ក្រសួងព័ត៌មាន​ បាន​មានប្រសាសន៍​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ OPPO​ ក្នុង​ការបង្កើត​ និង​រចនា​ទូរ​ស័ព្ទ​ថ្មី​ៗ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឲ្យ​ទាន់​តាមសម័យ​កាល​នី​មួយ​ៗ និង​មានការ​ទទួលស្គាល់​ពីសំណាក់​អ្នកប្រើ​ប្រាស់​ ក្នុងរយៈ​កាល​ចុងក្រោយ​នេះ​ ជាពិសេស​កក្រុមហ៊ុន​ស្មា​តហ្វូ​ន OPPO​ មានគំនិត​បង្កើត​សមាគម​ថតរូប​ដើម្បី​លើកស្ទួយ​វិស័យ​ថតរូប​នៅក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​ទូលំទូលាយ​ ទៅកាន់​អន្តរជាតិ​ផង​ដែរ​ បន្ទាប់មក​ ឯកឧត្តម​រដ្ឋមន្រ្តី​ ក្រសួងព័ត៌មាន​ និង​អ្នកតំណាង​ក្រុមហ៊ុន​ OPPO​ បាន​អញ្ជើញ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​តំណាង​ឲ្យ​សមា​គមន​ថតរូប​ OPPO​ Photography​ Academy​ ចាប់ពី​ថ្ងៃនេះ​តទៅ​ទន្ទឹមគ្នា​នឹង​ការ​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី​ OPPO​ Reno​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

    គួ​រំលឹក​ដែរ​ថា​ក្រោយពី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការចែក​ចា​យម៉ូ​ឌែល​ចុងក្រោយ​ និង​ភាព​វិវឌ្ឍន៍​នៃ​ម៉ូ​ឌែល​ ត្រកូល​ F ដែល​ត្រូវ​បាន​គេដាក់​ឈ្មោះថា​ជា​អ្នក​ជំ​នា​ញស៊ែ​លហ្វី​ (Selfie​ Expert​) ទាំង​នៅ​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ និង​កំពុង​អភិវឌ្ឍន៍​នានា​នៅ​លើស​កល​លោក​រួចមក​ ជាបន្តបន្ទាប់​ក្រុមហ៊ុន​ OPPO​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​ស្រឡាង​មួ​យម៉ូ​ឌែល​ទៀត​ដែល​មានឈ្មោះ​ថា​ OPPO​ Reno​ Series​ ដែល​ជា​ស្មា​តហ្វូ​នកំ​ពុង​តែ​ធ្វើឲ្យ​មាន​ភាព​កក្រើក​ខ្លាំង​ទាំំ​ងនៅ​តំបន់​អាស៊ី​ នៅ​ប្រទេស​ចិន​ និង​ នៅ​តំបន់​អ៊ឺ​រ៉ុប​ ដោ​យម៉ូ​ឌែ​លនេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ 60X​ Digital​ Zoom​ ដែល​កំពុងតែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ ដែល​ក្នុង​នោះ​ OPPO​ Reno​ 10X​ Hybrid​ Zoom​ កំពុងតែ​បាន​ឆក់​យក​បេះដូង​ក្រុម​ជំនាញ​អ្នកថតរូប​ ឬ Professional​ Photographers​ ល្បី​ៗ ជាច្រើន​នៅ​លើ​ពិភពលោក​ មក​ចាប់អារម្មណ៍​លើ​ម៉ូ​ឌែ​លនេះ​ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ដូច​ Camera​ 4K​ បាន​ទាំង​រូប​សន្លឹក​ និង​ រូបភាព​វីដេអូ​ ព្រមទាំង​អាច​មាន​សមត្ថភាព​ផលិត​ឯកសារ​តូច​ធំ​យ៉ាង​ងាយស្រួល​ថែមទៀត​ផង​។ ស្រប​ពេល​ដែល​ OPPO​ Reno​ បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ​ ក្រុមហ៊ុន​ក៏បាន​បង្កើត​នូវ​ក្លឹប​តូច​មួយ​ដែល​មានឈ្មោះ​ថា​ OPPO​ Photography​ Academy​ ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​ របស់​អ្នក​ដែល​តេ​ពកោ​សល្យ​ក្នុង​ការ​ថតរូប​ និង​ស្រលាញ់​ការ​ថតរូប​ធម្មជាតិ​ ប្រាង្គ​ប្រាសាទ​បុរ​ណ បែប​វប្បធម៌​ ប្រពៃណី​ បង្កើត​សិល្បៈ​ថ្មី​ៗ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​មានគុណ​ភាព​ខ្ពស់​ នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ អាច​ទទួល​បាន​ឱកាស​បង្ហាញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ទៅកាន់​សារ​ធា​ណៈ​ជន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​។

    ស្មា​តហ្វូ​ន OPPO​ Reno​ 10X​ Hybrid​ Zoom​ មាន​ 2ពណ៌​គឺ​ Ocean​ Green​, Jet​ Black​ ដែល​មាន​ កាមេរ៉ា​ក្រោយ​ទំហំ​ 48MP​+13MP​, ដែល​មាន​លក្ខណៈ​ដូចជា​បំពាក់​ Len​ កាមេរ៉ា3​ គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​ ដូចជា​បំពាក់​ Len​ នៅ​លើ​កាមេរ៉ា​ទំហំ​ 48MP​ ជា​កាមេរ៉ា​មេ​ + 13MP​ បំពាក់​ Len​ ក្នុង​កាមេរ៉ា​ប្រភេទTelephoto​+8MP​ សម្រាប់​ជំនួយ​លើ​ការ​ថតរូប​ជា​លក្ខណៈ Ultra​-Wide​ Angle​ បន្ថែម​ទៀត​ ហើយ​ចំពោះ​ Len​ ប្រភេទ​ Periscope​ អាច​ធ្វើការ​ Zoom​ បាន​ដល់ទៅ​កម្រិត10ដង​ និង​ 60ដង​ឯនោះ​ ដោយ​វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ OIS​ (Optical​ Image​ Stabilization​) ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​បាន​ផង​ដែរ​ ព្រោះ​វា​អាច​ធ្វើឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ​ ដោយ​កាន់តែ​ Zoom​ កាន់តែ​ច្បាស់​ដូច្នេះ​កាន់តែ​លែង​មាន​បញ្ហា​ទៀតហើយ​លើ​ការ​ Zoom​ លើ​ច្ចេ​កវិទ្យា​ 60X​ Digital​ Zoom​ របស់​ OPPO​ Reno​ 10X​ Hybrid​ Zoom​ នៅពេល​នេះ​ សម្រាប់​កាមេរ៉ា​មុខ​វិញ​រចនា​ឡើង​ជា​រាង​បញ្ឈិ​ត តាម​ទំរង់​ត្របកផ្កា​ឈូក​ Opera​ House​ នៅ​ប្រទេស​អូស្រ្តាលី​ទំហំ​ 16​ MP​, មាន​ថ្ម​ទំហំ4065​ mAh​, Flash​ Charge​ VOOC​ 3.0​, RAM​ ទំហំ​ 8GB​ និង​ ROM​ 256GB​, កម្រិត​អេក្រង់​លាត​ពេញ 93.1​% ហើយ​បច្ចុប្បន្ន​នេះ​ OPPO​ បាន​នឹង​កំពុង​ដំណើរការ​បច្ចេកវិទ្យា​ 5G​ លើ​ស៊េរី​ទូរស័ព្ទ​ Reno​ មាន​ដូច​ Reno​ 5G​, Reno​ 10x​ Hybrid​ Zoom​ និង​ Reno​ Model​ ផង​ដែរ​ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជា​គុណសម្បត្តិ​នៃ​ការ​ វិវឌ្ឍន៍​ខ្លួន​ដ៏​ទំនើប​ និង​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​ ដោយ​ក្នុង​នោះ​ OPPO​ Reno​ ធម្មតា​តម្លៃ​ 529​$ និង​ OPPO​ Reno​ 10X​ Hybrid​ ដែល​មាន​បច្ចេកវិទ្យា​ 60X​ Digital​ Zoom​ តម្លៃ​ផ្លូវការ​ 899​$។ នៅក្នុង​ឆ្នាំ​ 2019នេះ​គឺជា​ឆ្នាំ​ថ្មី​ក្នុង​ការ​ចាប់ផ្តើម​ទសវត្សរ៍​ទី2នៃ​ដំណើរការ​ទូរស័ព្ទចល័ត​របស់​ក្រុមហ៊ុន​ OPPO​ ដោយក្រុម​ហ៊ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​នូវ​ Logo​ ថ្មី​ ដោយLogo​ OPPO​ ពីមុន​មាន​ Font​ អក្សរ​រាង​ស្លី​មបន្តិច​នោះ​ នឹង​ផ្លាស់​ប្តូរ​ទៅជា​ Logo​ OPPO​ ថ្មី​ ដែល​មាន​ Font​ អក្សរ​រាង​មូល​ មាន​លក្ខណៈ​សាមញ្ញ​និង​ងាយស្រួល​ចំណាំ​ ជាពិសេស​ការ​ផ្លាស់​ប្តូរ​ Logo​ ថ្មីនេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​វប្បធម៌​ចម្រុះគ្នា​ ព្រមទាំង​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​មក​ពី​គ្រប់​ជាតិសាសន៍​ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​ក្រុមហ៊ុន​ OPPO​ នឹង​បន្ត​បោះជំហាន​របស់​ខ្លួន​ទៅ​រក​ទីផ្សារ​សកល​ភាវរូប​នី​យក​ម្ម​ឲ្យបាន​កាន់តែ​ឆាប់រហ័ស​ ឲ្យ​កាន់តែ​ទូលំទូលាយ​ និង​បន្ស៊ី​គ្នា​ជាមួយនឹង​ផលិត​ផល​ថ្មី​ៗរបស់​ខ្លួន​ដូចជា​ Reno​ series​ ជាដើម​ ដែល​កំពុង​ត្រៀម​បង្ហាញខ្លួន​រួចជាស្រេច​ទៅ​ក្នុង​ទីផ្សារ​ជាស​កល​ ដូច្នេះ​តទៅ​ថ្ងៃខាងមុខ​គ្រប់​ផលិតផល​ថ្មី​របស់​ OPPO​ ទាំងអស់​ នឹង​មក​ជាមួយនឹង​រូប​ថ្មី​ Logo​ OPPO​ ថ្មី​ ជា​ទម្រង់​បែប​អក្សរមូល​ដូចគ្នា​ទៅ​នឹង​ការបង្កើត​ Brand​ Image​ ដែល​ថ្មី​ និង​ Creative​ ដូច្នោះ​ដែរ​ ពីសំណាក់​ក្រុម​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ទាំងអស់​៕

  • អាថ៌កំបាំង​សិច7យ៉ាង​របស់​ស្ត្រី ដែល​ចង់បាន​ពី​បុរស

    អាថ៌កំបាំង​សិច7យ៉ាង​របស់​ស្ត្រី ដែល​ចង់បាន​ពី​បុរស

    នៅពេល​និយាយ​ដល់​បញ្ហា​សិច​ ស្ត្រី​គឺជា​ដើមចម​ដែ​មត្រូវ​បាន​គេ​ចាត់ទុកថា​មាន​អាថ៌កំបាំង​ច្រើនជាង​បុរស​ និង​មិន​ងាយ​បញ្ចេញ​ឱ្យ​គេ​ឃើញ​នូវ​សញ្ញា​ចំណង់​ផ្លូវភេទ​នោះ​ឡើយ​ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ នាង​គ្មាន​ចំណង់​ភេទ​នោះ​ទេ​។ ផ្ទុយ​មក​វិញ​ អ្វី​ៗទាំងអស់​គឺ​គ្រាន់តែ​ជាច​រិត​ពី​ធម្មជាតិ​ឬជា​ផ្នត់គំនិត​មួយ​ ដែល​គិតថា​ “បុរស​គឺ​ជា​អ្នក​បង្កាត់ភ្លើង​សិច​ ឬជា​អ្នកចាប់​ផ្តើម​មុន​”។ ដោយសារ​បែបនេះ​ហើយ​ ទើប​មាន​ស្ត្រី​មួយចំនួន​តែង​ខកចិត្ត​ចំពោះ​ដៃគូ​របស់​ខ្លួន​។ តើ​ស្ត្រី​ចង់បាន​អ្វីខ្លះ​ទាក់ទង​នឹង​ជីវិត​លើ​គ្រែ​?

    1. ការ​ជជែកគ្នា​យ៉ាង​ផ្អែមល្ហែម​គឺជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ​មួយ​
    ស្ត្រី​ជាច្រើន​តែង​ចង់បាន​បែបនេះ​។ ពួកគេ​យល់ថា​ ការ​ជជែក​សន្ទនា​គ្នា​ នឹង​នាំ​ឱ្យ​មាន​ភាព​រីករាយ​ ជាពិសេស​ផ្នែក​សិច​។ សម្រាប់​ពួកគេ​ ការ​ជជែក​ និង​អារម្មណ៍​ស្រឡាញ់​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​។ កិច្ច​សន្ទនា​យ៉ាង​ផ្អែមល្ហែម​ និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ក្នុង​អំឡុង​ការ​ដើរកម្សាន្ត​ ឬខណៈ​គូស្នេហ៍​/គូ​ស្វាមី​កំពុង​សម្រាក​បន្ធូរ​អារម្មណ៍​ គឺជា​ថ្នាំសម្រើប​ដ៏​អស្ចារ្យ​។ ក្នុង​ឱកាស​នេះ​ បុរស​អាច​ប្រាប់​ទៅ​ស្ត្រីជា​គូស្នេហ៍​ថា​ ខ្លួន​ស្រឡាញ់​នាង​ប៉ុនណា​ សកម្មភាព​លួងលោម​ចិត្ត​មួយ​ណា​ដែល​ខ្លួន​គួរ​ប្រើជា​មួយ​នារី​ជាគូ​ស្នេហ៍​។

    2. ស្ត្រី​ភាគច្រើន​ខ្វល់ខ្វាយ​ពី​សម្រស់​របស់​ខ្លួន​
    សម្រាប់​គូ​ស្វាមី​ដែល​បាន​រស់នៅ​ជាមួយគ្នា​អស់​ពេល​ជា​យូរហើយ​នោះ​ ជួនកាល​វា​ជា​រឿង​ធម្មជាតិ​ដែល​ស្ត្រី​គិតថា​ ស្វាមី​ ឬគូស្នេហ៍​លែង​មាន​ចំណាប់​អារម្មណ៍​ផ្លូវភេទ​លើ​ខ្លួន​។ នេះ​ក៏​ព្រោះតែ​ពួកគេ​ដោះ​សម្លៀកបំពាក់​ឡើង​គ្រែ​ជាមួយ​គូស្នេហ៍​តែ​ក្នុង​ពេល​ងងឹត​ប៉ុណ្ណោះ​។ បុរស​មិន​គួរ​ខ្វល់ខ្វាយ​ត្រង់​ចំណុច​នេះ​ឡើយ​។|

    3. ស្ត្រី​យល់ថា​ សិច​មិន​អាច​កាត់​ផ្តាច់​ពី​ជីវិត​របស់​នាង
    ស្ត្រី​ត្រូវការ​អារម្មណ៍​ និង​បទពិសោធន៍​ល្អ​ៗក្នុងអំឡុងពេល​នាង​កំពុង​សប្បាយ​នឹង​សិច​។ ដូច្នេះ​បើសិនជា​គូស្នេហ៍​សម្ដែង​ចេញ​ឡើង​ដូចជា​ ការប្រើ​ពាក្យ​សម្តី​ទ្រគោះបោះបោក​ ប្រើ​ភាសា​អសុរោះ​ និង​ពាក្យ​សម្តី​រិះគន់​ជាដើម​ គឺ​សុទ្ធតែ​ប៉ះ​ដល់​អារម្មណ៍​របស់​នាង​ក្នុង​ពេល​ឡើង​គ្រែ​។ បុរស​គួរ​ចាំ​ថា​ ស្ត្រី​មិន​អាច​ទទួលយក​បានទេ​នូវ​ទង្វើ​របស់​ខ្លួន​ទាំងអស់​នេះ​ បើ​ពុំ​ដូច្នោះ​ទេ​ អ្នក​មិន​អាច​ផ្តល់​ក្តី​សប្បាយ​ ភាព​រំភើប​រីករាយ​ដល់​នាង​បាន​ឡើយ​។

    4. ការ​ដល់ត្រើយ​មិនមែន​ជា​រឿង​ចាំបាច់​
    បុរស​ជាច្រើន​គិតថា​ ដៃគូ​ល្អ​គឺជា​ដៃគូ​ដែល​អាច​នាំ​ស្រី​ស្នេហ៍​របស់​ខ្លួន​ឈាន​ដល់​ចំណុចកំពូល​។ នេះ​ជា​គំនិតល្អ​មួយ​ហើយ​ តែ​មិន​សំខាន់​ប៉ុន្មាន​ទេ​ក្នុង​កាលៈទេសៈ​នេះ​។ ស្ត្រីជា​ច្រើន​គិតថា​ ខ្លួន​ទទួល​សម្ពាធ​ពី​ដៃគូ​ និង​ពី​ខ្លួនឯង​ផង​ដែរ​ ទាក់ទិន​នឹង​រឿង​ឈាន​ដល់​កាម​តម្រេក​។ មាន​ពេលខ្លះ​ ជំនួស​ឱ្យ​ការ​ដល់ត្រើយ​ ស្ត្រី​ចូលចិត្ត​ត្រឹមតែ​ការ​បបោសអង្អែល​របៀប​ជា​ការ​បញ្ឆេះ​អារម្មណ៍​ប៉ុណ្ណោះ​។

    5. សិច​មិន​ត្រូវការ​សកម្មភាព​ម៉ឺងម៉ាត់​នោះ​ឡើយ​
    ការ​លេង​ប្រលែង​ ផ្តល់​គុណភាព​ដ៏​មហិមា​ចំពោះ​អារម្មណ៍​ស្ត្រី​។ បុរស​ជាច្រើន​មាន​ការ​ផ្តោត​ខ្លាំង​បំផុត​អំពី​សិច​។ ពួកគេ​ភ្លេច​សើច​ ​; ភ្លេច​ទង្វើ​រប៉ិលរប៉ូច​ដែល​សុទ្ធតែ​ជាសកម្ម​ភាព​ស្ត្រី​ចូលចិត្ត​។ ការ​លេង​ប្រលែង​ បង្កើត​ភាព​សប្បាយរីករាយ​ អាច​ធ្វើ​ឱ្យ​បរិយាកាស​កាន់តែ​សប្បាយរីករាយ​ និង​មាន​អារម្មណ៍​កាន់តែ​ធូរស្រាល​។

    6. ការ​ថ្នាក់ថ្នម​ ស្ទាបអង្អែល​ មិន​សំដៅលើ​ការ​រួមភេទ​
    ស្ត្រី​ ជាទូទៅ​ចូលចិត្ត​ការ​លួងលោម​ ការ​ថ្នាក់ថ្នម​ ការប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម​ ការ​បីត្រកង​ និង​ការ​ថើប​។ ប៉ុន្តែ​មួយចំនួន​ធំ​ក្នុងចំណោម​ពួកគេ​តែង​រអ៊ូរទាំ​ថា​ ស្វាមី​/ដៃគូ​ របស់​ខ្លួន​មិន​ដែល​ធ្វើបែប​នេះ​ទេ​ លើកលែងតែ​ពេលមុន​ការ​រួមភេទ​ប៉ុណ្ណោះ​។

    7. ឱប​ថ្នាក់ថ្នម​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ក្រោយ​ការ​រួម​សិច​គឺជា​រឿង​សំខាន់​
    បុរស​ ត្រូវតែ​ដឹង​ថា​ ស្ត្រី​ត្រូវការ​ស្ថិតនៅ​ក្នុងរង្វង់​ទ្រូង​ដ៏​កក់ក្តៅ​របស់​ខ្លួន​បន្ទាប់ពី​សិច​រួច​។ ពួកគេ​មួយចំនួន​តែង​រអ៊ូ​រថា​ ស្វាមី​/ប្រុស​ស្នេហ៍​មិនដែល​អើពើ​នឹង​ខ្លួន​ឡើយ​ ហើយ​តែងតែ​ដេកលក់​ភ្លាម​ក្រោយពី​រួម​សិច​រួច​។ សម្រាប់​បុរស​ ត្រង់​ចំណុច​នេះ​គឺ​ពិតជា​ជួប​ការ​លំបាក​ខ្លះ​ដ្បិត​ការ​ដេកលក់​បន្ទាប់ពី​រួម​សិច​រួច​គឺជា​លក្ខខណ្ឌ​ធម្មជាតិ​របស់​ពួកគេ​។ ក្រោយពី​បញ្ចេញ​ទឹកកាម​រួច​ ខួរក្បាល​របស់​បុរស​បាន​ចុះ​ត្រជាក់​ ស្រប​ពេល​ដែល​អារម្មណ៍​ក៏​ចុះ​ស្ងប់​ ទាំងនេះ​គឺ​ជា​ដំណាក់កាល​ដែល​ប្រព័ន្ធ​បញ្ជា​ទាំងអស់​ក្នុង​រាងកាយ​បន្ថយ​សកម្មភាព​។ ស្ត្រី​ក៏​មាន​ដំណាក់កាល​នេះ​ដែរ​ ប៉ុន្តែ​ខុស​ត្រង់ថា​ មាន​ល្បឿន​យឺត​ជាង​បុរស​៕

  • តិច​និកងាយៗ 4 យ៉ាង​ក្នុង​ការរៀបចំ​បន្ទប់​ខុន​ដូ​ឱ្យ​ស្អាត​គួរឱ្យ​ចង់​ស្នាក់នៅ

    តិច​និកងាយៗ 4 យ៉ាង​ក្នុង​ការរៀបចំ​បន្ទប់​ខុន​ដូ​ឱ្យ​ស្អាត​គួរឱ្យ​ចង់​ស្នាក់នៅ

    បច្ចុប្បន្ន​មាន​អគារ​ស្នាក់នៅ​បែប​ខុន​ដូ​មី​នៀ​មកើ​តឡើងជា​ច្រើន​ទាំង​នៅក្នុង​ និង​បរិវេណ​ជាយ​ទីក្រុង​ ដើម្បី​តបស្នង​តម្រូវការ​ និង​ឡៃ​ហ្វ៍​ស្តាយ​ល៍​ និង​ជួយ​បង្កើន​ភាព​ងាយស្រួល​ សុខសប្បាយ​ដល់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​។ បើ​អ្នកណា​កំពុងតែ​ចាប់អារម្មណ៍​ប្រុង​ទិញ​បន្ទប់​ខុន​ដូ​ដើម្បី​ស្នាក់នៅ​ ហើយ​មាន​កង្វល់​រឿង​ទីធ្លា​ដែល​មានកំណត់​នៅក្នុង​បន្ទប់​តូច​មួយ​ ឬបើ​អ្នកណា​ដែល​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​ខុន​ដូ​ស្រាប់ហើយ​ តែ​ចង់បាន​បន្ទប់​ដែល​មើលទៅ​ឃើញ​រាង​ធំ​ទូលាយ​ឡើង​នោះ​ ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​តិច​និ​កងាយ​ៗ ខ្លី​ៗក្នុង​ការរៀបចំ​បន្ទប់​ខុន​ដូម​កជម្រាប​ជូន​ដូច​ខាងក្រោម​។

    1. រៀបចំ​ទុកដាក់​ និង​ជ្រើសរើស​ប្រើ​ឧបករណ៍​គ្រឿងសង្ហារិម​ដូចជា​ តុ​ ទូ​ កៅអី​ឱ្យ​ស័ក្តិសម​នឹង​ខ្នាត​របស់​បន្ទប់​ ដូចជា​ ការប្រើ​ប្រាស់​ចូលគ្នា​រវាង​ឧបករណ៍​ខ្ពស់​ទាប​ និង​ជ្រើសរើស​ពណ៌​របស់​ឧបករណ៍​ទាំងនោះ​ឱ្យ​ស៊ីគ្នា​នឹង​ពណ៌​បន្ទប់​វា​នឹង​ជួយ​ឱ្យ​បន្ទប់​មើលទៅ​ស្រស់​ស្អាត​មាន​សិល្បៈ​ និង​គួរ​ជ្រើសរើស​ប្រើ​ឧបករណ៍​ណា​ដែល​អាច​ពង្រីក​បង្រួម​ ដោះ​តម្លើង​ ឬបត់​ទុក​វិញ​បាន​ជាដើម​។
    2. រៀបចំ​ទុកដាក់​របស់របរ​តូចតាច​ កំប៉ិកកំប៉ុក​ទុក​នៅក្នុង​កន្លែង​តែមួយ​ ដូចជា​ ប្រមូល​ដាក់​នៅក្នុង​ឡាំង​ រួច​ទុក​នៅក្នុង​ទូ​ឱ្យ​បាន​រៀបរយ​ មិន​គួរ​ទុកដាក់​រាយប៉ាយ​ក្នុង​បន្ទប់​ឡើយ​ ធ្វើ​ដូច្នេះ​ដើម្បី​ឱ្យ​បន្ទប់​មើលទៅ​រាង​ទូលាយ​ និង​ស្រឡះភ្នែក​។
    3. រៀបចំ​បែងចែក​ទីកន្លែង​ជា​ចំ​ណែ​កៗ​តាម​ការប្រើ​ការ​ និង​មាន​កន្លែង​ខ្លះ​អាច​ប្រើប្រាស់​រួមគ្នា​បាន​ច្រើនមុខ​ ដូចជា​ ធ្វើជា​កន្លែង​អង្គុយ​សម្រាក​លេង​ក៏បាន​ កន្លែង​អង្គុយ​ធ្វើការ​ក៏បាន​ និង​កន្លែង​អង្គុយ​ញ៉ាំបាយ​ជាដើម​។

    4. ប្រើ​គ្រឿងប្រដាប់​តុបតែង​បន្ទប់​ណា​ដែល​ជួយ​ឱ្យ​បន្ទប់​មើលទៅ​រាង​ស្រឡះ​ ដូចជា​ បំពាក់​ផ្ទាំង​កញ្ចក់​មួយ​ផ្ទាំង​ធំ​ ប្រើ​ក្រ​ដា​សវ៉ល​ផេ​ភើ​រ៍​ដែល​មាន​រូបភាព​ជា​ផ្លូវ​វែង​ បំពាក់​វាំងនន​ចុះ​មក​ពី​ពិ​ដាន​ជំនួស​ឱ្យ​ការ​បំពាក់​ត្រឹមតែ​មាត់​បង្អួច​ជាដើម​៕