Author: ធឿន មករា

  • ផ្លែឈើសំខាន់ៗ ជំនួយ​ដល់​ស្បែកនៅក្នុង​រដូវក្ដៅ

    ផ្លែឈើសំខាន់ៗ ជំនួយ​ដល់​ស្បែកនៅក្នុង​រដូវក្ដៅ

    នៅក្នុង​រដូវក្ដៅ​ អ្នក​ប្រាកដជា​មានការ​លំបាក​ក្នុង​ការថែទាំ​សុខភាព​ស្បែក​ ប៉ុន្ដែ​អ្នក​មិន​ចាំបាច់​បារម្ភ​នោះ​ទេ​ បន្លែ​ផ្លែឈើ​ខាងក្រោម​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​បាន​ស្រស់ថ្លា​ក្នុង​រដូវក្ដៅ​នេះ​។ រដូវ​ក្ដៅ​ គឺជា​រដូវ​របស់​ផ្លែឈើ​ជាច្រើន​ប្រភេទ​។ ខាង​ក្រោម​នេះ​ គឺជា​ផ្លែឈើ​ទាំង6ប្រភេទ​ ដែល​អាច​ជួយ​ឱ្យ​អ្នក​ពោរពេញ​ដោយ​ថាមពល​ និង​ភាព​ស្រស់​ស្អាត​ដល់​ស្បែក​របស់​អ្នក​នៅក្នុង​រដូវក្ដៅ​នេះ​។

    1. ផ្លែ​ប៉េងប៉ោះ​
    កម្រិត​អាស៊ីត​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​អាច​ជួយ​ធ្វើ​ឱ្យ​កម្រិត​ PH​ របស់​ស្បែក​មាន​តុល្យភាព​។ ប្រសិនបើ​ស្បែក​របស់​អ្នក​ខ្មៅ​ និង​ស្ងួត​ អ្នក​អាច​ប្រើ​ទឹក​ប៉េងប៉ោះ​កៀប​ ដើម្បី​ធ្វើជា​ម៉ាស​បិទមុខ​ ក្នុងរយៈពេល15នាទី​ ក្រោយមក​លាង​ជម្រះ​ឱ្យ​ស្អាត​ជាការស្រេច​។ វិធី​នេះ​អាច​ជួយ​កម្ចាត់​ស្បែ​កងាប់​ៗនៅ​លើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ​។ ផ្លែ​ប៉េងប៉ោះ​ ក៏​ជា​បន្លែ​មួយ​ប្រភេទ​ ដែល​មាន​កម្រិត​វីតាមីន​ C ខ្ពស់​ផង​ដែរ​។ ការ​បិទមុខ​ដោយ​ទឹក​ប៉េងប៉ោះ​កៀប​ លាយ​ជាមួយ​ទឹកឃ្មុំ​ ក្នុងរយៈពេល10នាទី​ជា​រៀងរាល់ថ្ងៃ​ ក្រោយមក​លាង​ជម្រះ​ ដោយ​ទឹក​ធម្មតា​ នឹង​ជួយ​បំបាត់ស្នាម​ជាំ​ខ្មៅ​ និង​ធ្វើ​ឱ្យ​ស្បែក​ស្រស់ថ្លា​ឡើងវិញ​។

    2. ផ្លែ​សេរី
    ​ក្រៅពី​ផ្ទុក​ដោយ​វីតាមីន​ C ផ្លែ​សេរី​ក៏​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ ប្រូ​តេ​អុីន​ បេតា​កា​រ៉ូ​ទីន​ និង​ជាតិ​ដែក​ផង​ដែរ​។ កម្រិត​ជាតិ​ដែក​ នៅក្នុង​ផ្លែ​សេរី​ គឺ​ច្រើនជាង​ផ្លែ​ព័រ​ (pear​) ដល់​ទៅ20​ ទៅ30ដង​ ហើយ​ជាតិ​ដែក​ គឺជា​សារជាតិ​ដ៏​សំខាន់​សម្រាប់​គ្រាប់​ឈាម​ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្ន​កស​-ភ្លឺ​ថ្លា​។ ផ្លែ​សេរី​ ក៏​មាន​សារជាតិ​កា​រ៉ូ​ទីន​ និង​វីតាមីន​ C ដែល​ជួយ​ឱ្យ​ស្បែក​ម៉ដ្ឋ​រលោង​ស្អាត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ផ្លែ​សេរី​ គឺ​ប្រភេទ​ផ្លែឈើ​ ដែល​មានកម្រិត​ជាតិ​ដែក​ និង​បេតា​កា​រ៉ូ​ទី​នខ្ពស់​ នាំមក​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​បំប៉ន​ដល់​តម្រងនោម​ និង​បំប៉ន​គ្រាប់​ឈាម​។ មុន​ពេល​ទទួលទាន​អាហារ​ ចូរ​ទទួលទាន​ផ្លែ​សេរី​ឱ្យ​បាន200ទៅ​ 300ក្រាម​ នឹង​ជួយ​ឱ្យ​ក្រពះ​របស់​អ្នកដំណើរ​ការបាន​ល្អ​។

    3. ផ្លែក្រូច​ពោធិ៍សាត់
    ​ផ្លែក្រូច​មាន​ផ្ទុក​វីតាមីន​ C និង​កាល​ស្យូម​ដ៏​សម្បូរ​បែប​។ នេះ​ក៏​ជា​ប្រភព​វត្ថុធាតុ​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើជា​គ្រឿងសម្អាង​ជាច្រើន​ប្រភេទ​ ដើម្បី​បំប៉ន​ស្បែក​។ អ្នក​អាចយ​កផ្លែក្រូច​លាប​ស្បែក​ ឬបរិភោគ​ទឹក​វា​ក៏បាន​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​បាន​ស្រស់​ស្អាត​។ ប្រសិទ្ធភាព​របស់​ផ្លែក្រូច​ គឺ​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​-ស កម្ចាត់​ស្នាម​ជាំ​ ធ្វើ​ឱ្យ​ស្បែក​ម៉ដ្ឋ​ និង​ទប់ទល់​នឹង​ភាព​ចាស់​។ក្រៅពី​នេះ​ កម្រិត​ BHA​ ដ៏​សម្បូរ​បែប​ ដែល​មាន​នៅក្នុង​ផ្លែក្រូច​អាច​ធ្វើ​ឱ្យ​កោសិកា​ស្បែក​បាន​ស្អាត​ ជួយ​ជម្រុ​ញឱ្យ​ដំណើរ​ផ្លាស់ប្ដូរ​ការលូតលាស់​នៃ​កោសិកា​ស្បែក​បាន​ល្អ​។ អ្នក​អាចយ​កទឹកក្រូច​ 1ស្លាបព្រា​កាហ្វេ​ និង​ទឹកឃ្មុំ​ 1ស្លាបព្រា​កាហ្វេ​ មក​លាយ​បញ្ចូល​គ្នា​ ក្រោយមក​សឹម​យក​មក​លាប​នៅ​លើ​ជង្គង់​ កែងដៃ​ កែងជើង​ និង​ម៉ាស្សា​ក្នុងរយៈពេល10នាទី​ ក្រោយមក​ត្រូវ​លាង​សម្អាត​វិញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ ធ្វើ​យ៉ាងនេះ​ ក្នុងរយៈពេល​វែង​នឹង​ជួយ​ឱ្យ​ស្បែក​ជង្គង់​ កែងដៃ​ និង​កែងជើង​បាន​ស្រស់ថ្លា​ល្អ​។

    4. ក្រូចថ្លុង​
    នៅក្នុង​ផ្លែក្រូច​ថ្លុង100ក្រាម​ គឺ​មាន​ផ្ទុក​នូវ​វីតាមីន​ C ចំនួន123មី​លី​ក្រាម​។ ក្រុម​អ្នកជំនាញ​ការ​ផ្នែក​សម្រស់​បានឱ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​ផ្លែក្រូច​ថ្លុង​លាយ​ជាមួយនឹង​ទឹកឃ្មុំ​ ក្នុងរយៈពេល3ខែ​ អាច​ជួយ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាពល្អ​ប្រសើរ​នៃ​រាងកាយ​ និង​ស្បែក​បាន​។

    5. ផ្លែ​ស្ដ្រូ​ប៊ឺ​រី​
    ជាតិ​ស្ករ​ដែល​មាននៅ​ក្នុង​ផ្លែ​មួយ​ប្រភេទ​នេះ​គឺ​ ពី6​%ទៅ10​% វា​ក៏​មាន​វីតាមីន​និង​ជាតិរ៉ែ​ដ៏​សម្បូរ​បែប​ ដែល​ជួយ​ធ្វើ​ឱ្យ​ស្បែក​តឹងណែន​ រក្សា​ជាតិ​សំណើម​ និង​បង្កើន​ភាព​ស្រស់ថ្លា​ដល់​ស្បែក​។ នៅក្នុង​ផ្លែ​ស្ដ្រូ​ប៊ឺ​រី​ក៏​មាន​ផ្ទុក​នូវ​វីតាមីន​ A និង​ប៉ូតាស្យូម​ដ៏​សម្បូរ​បែប​ ដូច្នេះ​វា​មានគុណ​ប្រយោជន៍​ច្រើន​ផង​ដែរ​សម្រាប់​សុខភាព​។ ការ​ទទួលទាន​ទឹ​កស្ដ្រូ​ប៊ឺ​រី​មួយ​ពែង​ មុន​ពេល​ចូលគេង​នឹង​ធ្វើ​ឱ្យ​អ្នក​បាន​ធូរស្រាល​ក្នុង​អារម្មណ៍​ កម្ចាត់​ភាព​តប់ប្រមល់​។

    6. ផ្លែ​គី​វី
    នៅក្នុង​ផ្លែ​គី​វី​ 1គីឡូក្រាម​ គឺ​មាន​វីតាមីន​ C 95.7មី​លី​ក្រាម​ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​ស្បែក​បាន​ស្រស់​ស្អាត​នោះ​ទេ​ តែ​វា​ក៏​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​អ៊ុ​កស៊ី​តកម្ម​ផង​ដែរ​។ ក្រៅពី​នេះ​ វា​ក៏អាច​ជួយ​កម្ចាត់​ស្នាម​ជាំ​នៅ​លើ​ស្បែក​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 176

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 176

    <center>[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/06/LRPN_176-Final-For-Web.pdf” force_dl=”1″]</center>

  • តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

    តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

    មុន​ថ្ងៃ​កម្មវិធី​ចូល​មកដល់​ កំ​លោះ​ៗក៏​មិន​ត្រូវ​ខកខាន​ក្នុង​ការ​ត្រៀម​ក្នុង​ការចូលរួម​កម្មវិធី​តូច​ធំ​ដែរ​ណា៎​ តែ​រឿង​សំខាន់​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន​ នោះ​គឺ​រឿង​រូប​សម្ផស្ស​ និង​រឿង​សុខភាព​ដែល​ត្រូវតែ​មើលថែ​ទាំ​យ៉ាង​មិន​អាច​បណ្តែតបណ្តោយ​បាន​ឡើយ​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​យកចិត្ត​កំ​លោះ​ៗម្តង​ ដោយ​នាំ​យក​នូវ​តិចនិក​ក្នុង​ការ​មើលថែ​ទាំ​សុខភាព​មុន​ដល់​ថ្ងៃ​កម្មវិធី​ចូល​មកដល់​មក​ជម្រាប​ជូន​ សម្រាប់​បុ​រសៗ​ណា​ដែល​ចង់បាន​សុខភាព​រឹងមាំ​ ដើម្បី​ក្លាយជា​បុរស​រូប​សង្ហា​នៅក្នុង​កម្មវិធី​ពិ​សេស​ៗនោះ​ សូម​តាមដាន​ដូចតទៅ​៖

    1ខែមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- អ្នក​គួរ​ព្យាយាម​កាត់បន្ថយ​អាហារ​បែប​ Junk​ Food​ ឱ្យ​តិច​ជាង​មុន​។
    – បើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​ ឬ ប៊ីយែរ​ ក៏​សូម​ឱ្យ​ព្យាយាម​ទទួលទាន​ឱ្យ​តិច​ជាង​មុន​។

    15ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី
    – សាកល្បង​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​ទិញ​មក​ពីក្រៅ​ផ្ទះ​ បើ​អាច​ទៅរួច​អ្នក​គួរ​ធ្វើ​អាហារ​ទទួលទាន​ដោយខ្លួនឯង​ ឬក៏​ត្រឡប់ទៅ​ទទួលទានបាយ​នៅផ្ទះ​ដែល​ជា​ស្នាដៃ​របស់​អ្នក​ម៉ាក់​វិញ​ប្រសើរ​ជាង​ ព្រោះ​អាហារ​ដែល​ចម្អិន​ដោយខ្លួនឯង​អាច​ទុកចិត្ត​បាន​រឿង​អនាម័យ​ ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នក​នៅសល់​ប្រាក់​ទៀតផង​។
    – អ្នក​គួរ​ហ្វឹកហាត់​ឱ្យ​មានទម្លាប់​ក្នុង​ការ​លាង​មុខ​ឱ្យ​បាន​ស្អាត​ យ៉ាងតិច​បំផុត2ដង​ក្នុង1ថ្ងៃ​។
    – ក្រោយពេល​ងូតទឹក​រួច​ អ្នក​គួរ​លាប​ឡូស្សិន​បំប៉ន​ស្បែក​ នឹង​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់បស់​មាន​សំណើម​ឡើង​។
    – ហើយ​អ្នក​គួរតែ​កោរ​ពុកមាត់​ ពុកចង្កា​ដោយ​កាំបិតកោរ​ ជំនួស​ប្រដាប់​កោរ​ពុកមាត់​អគ្គិសនី​ ព្រោះ​កាំបិតកោរ​នឹង​ធ្វើ​ឱ្យ​អ្នក​កោរ​បាន​ស្អាត​ល្អ​ជាង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ឃើញ​ស្អាត​រលោង​ឡើង​ កុំ​ភ្លេច​ថា​ នា​រីៗ​ភាគ​ច្រើន​មិន​ចូលចិត្ត​បុរស​ដែល​មាន​ពុកមាត់​ស្រមេម​ស្រមូម​ទេ​។

    1អាទិត្យមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- នៅតែ1អាទិត្យ​ទៀត​ទេ​ដល់​ថ្ងៃ​កម្មវិធី​ហើយ​ អ្នក​គួរតែ​កាត់​ ឬតម្រឹម​សក់​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​។
    – ក្នុងអំឡុងពេល​នេះ​អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​។

    1ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- អ្នក​គួរ​កោរ​ពុកមាត់​ ពុកចង្កា​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​ផង​។

    នៅ​ថ្ងៃ​កម្មវិធី​ចូល​មកដល់
    ​- អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ក្រោម​ឡើង​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​យ៉ាង​ជឿជាក់​ក្នុងចិត្ត​៕

  • បន្ថែមភាពជឿជាក់ដល់ខ្លួនឯង មុនចេញទៅចូលរួមកម្មវិធី

    បន្ថែមភាពជឿជាក់ដល់ខ្លួនឯង មុនចេញទៅចូលរួមកម្មវិធី

    ប៊ិក​អុី​វេន​ត៍​ (Big​ Event​) ឬឱកាស​ពិសេស​ផ្សេង​ៗ នឹង​លែង​ជា​បញ្ហា​កង្វល់​ចិត្ត​តទៅទៀត​ហើយ​ បើ​អ្នកមាន​ប៊ី​យូ​ធី​ធិប​ស៍​ (Beauty​ Tips​) ល្អ​ៗ សម្រាប់​ទប់ទល់​នឹង​ហេតុការណ៍​ ឬឱកាស​ពិ​សេស​ៗ ខណៈ​ពេល​ដែល​អ្នកដើរ​ចូល​ទៅ​ក្នុង​បល​រូម​ (Ballroom​) ដែល​ពោរពេញ​ដោយ​នា​រីៗ​ ស្អា​តៗ​ជាច្រើន​នោះ​។ យើង​មាន​គន្លឹះ​ល្អ​ៗ 2ចំណុច​ដែល​អ្នក​គួរ​ដឹងមុន​នឹង​ដល់​ថ្ងៃ​ចូលរួម​កម្មវិធី​ ចំណុច​ទីមួយ​ កុំទៅ​ស្រមៃ​ចង់​ធ្វើ​ឱ្យ​ដូច​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ទស្សនាវដ្តី​ ព្រោះ​វា​មើលទៅ​ស្អាត​ឥត​ខ្ចោះ​លើស​ពី​ការពិត​ រហូត​អាច​ធ្វើ​ឱ្យ​អ្នកឯទៀត​មិន​ហ៊ាន​ចូល​ជិត​ និង​ចំណុច​ទី​ 2 គឺ​សាកល្បង​ធ្វើតាម​វិ​ធី​ល្អ​ៗដូច​ខាងក្រោម​នេះ​ ៖
    1. ខាត់ស្បែក​ដើម្បី​ភាព​ភ្លឺរលោង​ចែងចាំង
    ប្រាកដ​ណាស់​ថា​ រឿង​ដំបូង​ដែល​អ្នកឯទៀត​គេ​ងាក​មកស​ម្លឹង​មើល​អ្នកនោះ​គឺ​ ស្បែក​ដែល​ស្អាត​ស្រស់ថ្លា​ភ្លឺរលោង​ ចូរ​ខាត់ស្បែក​ជា​រាង​រង្វង់​ៗយ៉ាង​ថ្នមដៃ​ទូទាំង​រាងកាយ​មួយ​សប្តាហ៍​ 1-2ដង​ សាកល្បង​ជ្រើសរើស​ប្រើ​ឡេ​ខាត់ស្បែក​ក្លិន​ដែល​អ្នកចូលចិត្ត​ ឬបើ​ចង់បាន​ភាព​ធូរស្រាល​សូម​សាកល្បង​ជ្រើសរើស​យក​ក្លិន​ឡា​វេន​ឌើរ៍​ ក្លិន​ខា​ម៉ូ​ម៉ាយ​ល៍​ ឬក្លិន​មីន​ត៍​ ក៏​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ព្រម​ជាមួយ​នឹង​ការ​ទទួល​បាន​នូវ​ស្បែក​ស្អាត​ស្រស់ថ្លា​ជា​រង្វាន់​ទៀតផង​។
    2. កក់សក់​ 1ថ្ងៃមុន​ដល់​ថ្ងៃ​ចូលរួម​កម្មវិធី​
    តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដឹង​ទេ​ថា​ ពេល​កក់សក់​ហើយ​ថ្មី​ៗ សក់​ច្រើនតែ​ឡើង​សំពោង​ និង​មិនសូវ​ភ្លឺរលោង​រំសាយ​ឡើយ​ ដោយសារតែ​យើង​ទើបតែ​លាង​ជាតិ​ប្រេង​ស្រោប​សរសៃសក់​ចេញ​អស់ហ្នឹង​ឯង​ ដូច្នេះ​ការ​កក់សក់​មួយថ្ងៃ​មុន​ អាច​ជួយ​ឱ្យ​អ្នក​តុបតែង​ម៉ូដ​សក់​បាន​ងាយស្រួល​ និង​ភ្លឺរលោង​ស្អាត​ដូច​ធម្មជាតិ​ តែបើ​សិន​ជា​ភ្លេច​ ឬខកខាន​នោះ​ អាច​ប្រើ​ជំនួយការ​ដូចជា​ប្រេងលាបសក់​ ឬស្រៃ្បយ៍​តែង​ម៉ូដ​សក់​ក៏បាន​។
    3. ធ្វើ​ម៉ាស​បិទ​ក្រោម​ភ្នែក​ដោយ​ផ្លែ​ត្រសក់​ត្រ​ជា​ក់ៗ​
    ដោយសារតែ​ភាព​ប្រញាប់​ប្រញាប់​ ជួនកាល​អ្នក​អាច​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​រង្វង់ភ្នែក​ឡើង​ខ្មៅ​ ស្រអាប់​ និង​ជាំ​ ដូច្នេះ​ចូរ​សាក​-ល្បង​ប្រើ​បន្ទះ​ចំណិត​ត្រសក់​ត្រ​ជា​ក់ៗ​ ឬយក​ត្រសក់​មក​ច្របាច់​យក​ទឹក​ ហើយ​យក​សំឡី​មក​ជ្រលក់​រួច​ត្រាំ​ក្នុងទឹក​កក​ឱ្យ​ត្រជាក់​ មុននឹង​យក​មក​បិទ​ធ្វើជា​ម៉ាស​ពីលើ​កែវភ្នែក​ ជួយ​បន្ធូរបន្ថយ​ភាព​ជាំ​ខ្មៅ​ជុំវិញ​កែវភ្នែក​ ហើយ​ថែមទាំង​ជា​ការសម្រាក​បន្ធូរ​អារម្មណ៍​នឿយហត់​ ដែល​មាន​ពេញមួយថ្ងៃ​មក​ហើយ​នោះ​ទៀតផង​។
    4. លាបម្សៅ​ Primer​ មុន​តែង​មុខ​
    ដូចដែល​យើង​បាន​ប្រាប់​ហើយ​ ការ​តុបតែង​មុខ​សម្រាប់​ទៅ​ចូល​រួម​ពិធី​អ្វីមួយ​ ត្រឹមតែ​ស្បែក​មុ​ខស្រស់​ៗ មិន​គ្រប់គ្រាន់​ទេ​ ព្រោះ​ណាមួយ​កម្តៅ​ ណាមួយ​បរិស្ថាន​ខ្យល់អាកាស​ផង​ បើសិនជា​ចង់ឱ្យ​ផ្ទៃមុខ​ដ៏​ល្អឥតខ្ចោះ​របស់​អ្នក​នៅ​ដិតជាប់​រហូតដល់​ចប់​កម្មវិធី​នោះ​សូម​សាកល្បង​បន្ថែម​ភាព​រាប​ម៉ដ្ឋ​រលោង​ដល់​ផ្ទៃមុខ​ដោយ​ម្សៅ​ Primer​។
    5. ជ្រើសរើស​រវាង​ភ្នែក​ និង​មាត់​
    បញ្ហា​មួយ​របស់​នារី​ដែល​ចូលចិត្ត​តុបតែង​បែប​ពេញទំហឹង​ពេល​ទៅ​ចូលរួម​កម្មវិធី​នោះ​គឺ​ ច្រើនតែ​តុបតែង​ពេញទាំង​ផ្ទៃមុខ​ ភ្នែក​ និង​បបូរមាត់​ ដែល​មើលទៅ​ហើយ​ពេលខ្លះ​ក៏​មិនដឹង​ថាត្រូវ​មើល​ពី​ត្រង់​ណា​មុន​នោះ​ឡើយ​… សូម​សាកល្បង​នឹក​ស្រ​ម៉ៃ​ដល់​នារី​ម្នាក់​ ដែល​លាប​ភ្នែក​ពណ៌ខៀវ​ ហើយ​ពេល​មើលចុះ​មក​ក្រោម​ ក៏​ត្រូវ​ភ្ញាក់ព្រើត​ដែល​បបូរមាត់​ពណ៌ក្រហម​ចែស​!… ឥឡូវ​ លោកអ្នក​ប្រហែលជា​ស្រ​ម៉ៃ​ឃើញ​រូបភាព​ដែល​យើង​ចង់​ប្រាប់​ហើយ​មើលទៅ​ ដូច្នេះ​ សូម​ឱ្យ​កញ្ញា​ៗទាំងឡាយ​ចាំ​ឱ្យ​ច្បាស់​ក្នុងចិត្ត​ថា​ ពេល​អ្នក​ត្រូវការ​ឱ្យ​ខ្លួន​អ្នកមើល​ទៅ​ស្អាត​លេចធ្លោ​នោះ​ ចូរ​ជ្រើសរើស​តែមួយ​ចំណុច​នៅ​លើ​ផ្ទៃមុខ​បាន​ហើយ​ នោះ​អ្នក​នឹង​មើលទៅ​ឃើញ​ស្អាត​បែប​មាន​លំដាប់​ជាក់ជា​មិនខាន​៕

  • ក្រុមហ៊ុន​ CPL​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លក់​គម្រោង​ទីក្រុង​រណប​ដំបូងបង្អស់​នៅ​ខេត្ត​កំពង់ចាម​

    ក្រុមហ៊ុន​ CPL​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លក់​គម្រោង​ទីក្រុង​រណប​ដំបូងបង្អស់​នៅ​ខេត្ត​កំពង់ចាម​

    ក្រុមហ៊ុន​ CPL​ ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​បទ​ពិសោធ​ និង​ឈរជើង​យូរ​ជាងគេ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ យៀ​កថៃ​ ក្នុង​ការ​លក់​គម្រោង​ទីក្រុង​រណប​ដ៏​ធំ​ដំបូង​គេ​បង្អស់​មួយ​នៅ​ខេត្ត​កំពង់ចាម​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ អគ្គនាយក​ក្រុមហ៊ុន​ CPL​ បាន​លើកឡើង​ថា​ យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ ក្រុមហ៊ុន​ យៀ​កថៃ​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​និង​មាន​សក្តា​នុ​ពល​មក​ពី​ប្រទេស​ចិន​ ដែល​មិន​ត្រឹមតែ​មាន​គម្រោង​នៅ​ខេត្ត​កំពង់ចាម​ទេ​ តែ​ក៏​មាន​អគារ​ខ្ពស់​ធំៗ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើក​នេះ​ សម្រាប់​គម្រោង​ទីក្រុង​រណប​នៅ​ខេត្ត​កំពង់ចាម​ គឺ​យើង​មើលឃើញ​ថា​ ខេត្ត​កំពង់ចាម​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សំខាន់​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ ទីក្រុង​រណប​ថ្មីនេះ​ នឹង​ជួយ​អភិវឌ្ឍ​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​ពី​បែប​ធម្មតា​មួយ​មក​ជា​ការរស់នៅ​ក្នុង​ទីក្រុង​បែប​ទំនើប​ និង​ទាន់សម័យ​។ គម្រោង​នេះ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​របែប​ជាច្រើន​ដូចជា​ កន្លែង​ហាត់ប្រាណ​ សួនច្បារ​ សួន​ទឹក​កម្សាន្ត​ ផ្សារ​ទំនើប​ និង​លំនៅឋាន​ប្រកបដោយ​គុណភាព​ល្អជា​មួយ​តម្លៃ​សមរម្យ​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ មាន​ប្រសា​ន៍​ថា​៖ “គម្រោង​ទីក្រុង​រណប​ថ្មី​នៅ​ខេត្ត​កំពង់ចាម​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ជាង​ 50ហិ​កតា​ ដែល​យើង​មាន​ប្លង់​គោល​សម្រាប់​ការ​អភិវឌ្ឍ​រួចហើយ​សម្រាប់​អភិវឌ្ឍ​ទៅតាម​ដំណាក់កាល​”។

    អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ខាងលើ​ បាន​លើកឡើង​ថា​ គម្រោង​នេះ​នឹង​ជួយ​លើក​ស្ទួយ​សក្តា​នុ​ពល​ខេត្ត​កំពង់ចាម​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ ព្រោះ​ខេត្ត​កំពង់ចាម​ជា​ខេត្ត​មួយ​ដែល​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប​ មាន​ទាំង​ទន្លេ​ មាន​ទាំង​ចម្ការ​កសិកម្ម​ និង​ធនធាន​ជាច្រើន​ផ្សេងទៀត​ដែល​ផ្គត់​-ផ្គង់​មកកាន់​រាជធានី​ភ្នំពេញ​។ គម្រោង​ទីក្រុង​រណប​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ យៀ​កថៃ​ និង​ក្រុមហ៊ុន​ CPL​ នេះ​ ជា​គម្រោង​ប្រកបដោយ​ស្តង់​ដា​ល្អ​ដើម្បី​ផ្តល់​ដល់​អតិថិជន​គ្រប់រូប​។ យើង​គិតគូរ​ពី​គុណភាព​នៃ​ការរស់នៅ​ និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន​ ព្រោះ​ប្រជាជន​យើង​មាន​អ្នកខ្លះ​គាត់​អាច​មានលទ្ធភាព​ទិញ​ផ្នះ​តែម្តង​ ឬ2ដង​តែប៉ុណ្ណោះ​ ហេតុនេះ​ប្រសិនបើ​ពួកគាត់​ទិញ​ចំ​គម្រោង​ដែល​មិន​មាន​ស្តង់​ដា​ល្អ​ មិន​មានការ​គិតគូរ​ច្បាស់លាស់​គាត់​នឹង​ប្រឈម​បញ្ហា​ក្នុង​ការរស់នៅ​។

    លោក​ ឌី​ឡា​ វណ្ណ​ដា​ ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន​ យៀ​កថៃ​ បាន​ថ្លែង​ថា​ មូលហេតុ​ដែល​ក្រុមហ៊ុន​ យៀ​កថៃ​ សម្រេចចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន​CPL​ ព្រោះ​យើង​មានទំនុក​ចិត្ត​ខ្ពស់​លើ​ក្រុមហ៊ុន​នេះ​ដែល​មាន​បទ​ពិសោធ​ច្រើន​ និង​មាន​ភ្នាក់ងារ​ច្រើន​ក្នុង​ការ​លក់​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​បាន​បន្ត​ថា​ រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​ យៀ​កថៃ​ បាន​វិនិយោគ​លើ​គម្រោ​ងធំៗ​ចំនួន​ 5 រួច​មក​ហើយ​ ដែល​គម្រោង​នៅ​ខេត្ត​កំពង់ចាម​នេះ​ជា​គម្រោង​មួយ​ដែល​ធ្វើឡើង​ដើម្បី​អភិវឌ្ឍ​ខេត្ត​កំពង់ចាម​ដែល​ជា​ខេត្ត​កសិកម្ម​ដ៏​ធំ​មួយ​ ប្រជាជន​មាន​ជីវភាព​ធូរធារ​ និង​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ទៀតផង​។ វា​ជា​នឹង​ក្លាយជា​គម្រោង​លំនៅឋាន​ដែល​អាច​ទាក​ទាញ​ ឬរំលែក​ប្រជាជន​ពី​រាជធានី​ភ្នំពេញ​ឱ្យទៅ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម​បាន​ផង​ដែរ​ ព្រោះ​អ្នកខ្លះ​គាត់​ចង់​ងាក​ទៅ​ខេត្ត​កំណើត​របស់​គាត់​វិញ​។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់ពី​ខេត្ត​កំពង់ចាម​ ខេត្ត​គោលដៅ​បន្ត​ដែល​យើង​មាន​គម្រោង​ទៅ​អភិវឌ្ឍ​ គឺ​ខេត្តសៀមរាប​៕

  • FAO​-កម្ពុជា​ ចាត់វិធានការ​តឹងរ៉ឹង​ អង្កេត​តាមដាន​ ទប់ស្កាត់​ និង​ការពារ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

    FAO​-កម្ពុជា​ ចាត់វិធានការ​តឹងរ៉ឹង​ អង្កេត​តាមដាន​ ទប់ស្កាត់​ និង​ការពារ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

    បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​ស្ដីពី​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) រាតត្បាត​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ជាប់​ខាង​ប្រទេស​កម្ពុជា​ ប្រទេស​កម្ពុជា​នៅ​តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ ដោយ​ក្រសួង​កសិកម្ម​បាន​បន្ត​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ការនាំចូល​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការនាំចូល​ខុសច្បាប់​នូវ​សត្វ​ជ្រូក​ដែល​អាច​ចម្លងជំងឺ​។

    តាម​សេចក្តី​ថ្លែងការណ៍​ ក្រសួង​កសិកម្ម​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ដ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​នូវ​ការ​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​បង្ហាញថា​ វីរុស​បាន​រីក​រាលដាល​ពី​ភាគ​ខាងជើង​ ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ដែល​មាន​ព្រំដែន​ជាមួយ​ខេ​ត្ដ​តាកែវ​ ព្រៃវែង​ និង​ខេ​ត្ដ​ស្វាយរៀង​របស់​កម្ពុជា​។

    ឯកឧត្ដម​ តាន់​ ផា​ណា​រ៉ា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​ និង​សុខភាព​សត្វ​ បាន​មាន​ប្រសាសន៍​ថា​៖“ព័ត៌មាន​នៃ​ការ​ផ្ទុះ​ឡើង​ថ្មី​ៗនៅក្នុង​ប្រទេស​វៀតណាម​ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​រាលដាល​មក​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ប្រសិនបើ​ការ​ហាមឃាត់​ការនាំចូល​ជ្រូក​ មិនបាន​អនុវត្ត​ត្រឹមត្រូវ​។ ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ​ ក៏​ការនាំចេញ​ខុសច្បាប់​នៃ​ជ្រូក​វៀតណាម​មក​កម្ពុជា​នៅតែ​កំពុង​ស្វែងរក​ផ្លូវចូល​ដដែល​។ទី1​ យើង​កំពុង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ រឹតត្បិត​ចំពោះ​ការ​ហាមឃាត់​នេះ​។ ទី2​ យើង​ចង់ឱ្យ​ប្រជាជន​ ដែល​រស់នៅ​ជិត​ព្រំដែន​ចៀសវាង​ការទិញ​សាច់​ជ្រូក​ ពី​ប្រភព​ដែល​មិន​ស្គាល់​“។

    នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ ឬ FAO​ និង​អង្គការសុខភាព​សត្វ​ពិភពលោក​ ឬ OIE​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឯកឧត្ដម​ វេង​ សា​ខុន​ បាន​ស្នើសុំ​ជំនួយ​ និង​ដំបូន្មាន​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) នៅ​កម្ពុជា​ ដោយ​អ្នកជំនាញ​ការ​របស់​អង្គការ​ FAO​ និង​ OIE​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជូ​យក្នុង​ការពិនិត្យ​ជ្រូក​ក្នុង​ស្រុក​ រកមើល​រោគសញ្ញា​នៃ​វីរុស​ និង​ផ្តល់​យោបល់​ជូន​រដ្ឋាភិបាល​។

    លោក​វេជ្ជបណ្ឌិត​ Alexandre​ Huynh​ តំណាង​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​(FAO​) បាន​បញ្ជាក់​ថា​ តាម​រយ:ការ​អញ្ជើញ​ជា​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួង​កសិកម្ម​ ក្រុមការងារ​ជំនាញ​ផ្នែក​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រុិ​ក ដឹកនាំ​ដោយ​ Dr​. Fillip​ Claes​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយក្រុម​ការងារ​ជំនាញ​អង្គការ​ FAO​ នេះ​នឹង​ធ្វើការ​បង្ហាញ​ដោយសង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​របស់​ជំងឺ​ប៉េស្ត​ ជ្រូក​អា​ហ្វ្រុិ​ក និង​វិធានការ​ការពារ​ និង​ការទប់ស្កាត់​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​នា​ពេល​អនាគត​ផង​ដែរ​។

    ឯកឧត្ដម​រដ្ឋ​មន្ដ្រី​បាន​បន្ថែម​ថា​៖“ជាង​នេះ​ទៀត​ ដោយ​មើលឃើញ​ពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៃ​ជំងឺ​នេះ​ដល់​ឧស្សាហកម្ម​ជ្រូក​ ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​ប្រធានមន្ទីរ​ និង​មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ទាំង7​ ត្រូវ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយ​ត្រូវ​អនុវត្ត​ខ្លឹមសារ​នៃ​សារាចរណែនាំ​លេខ119​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ បើ​ថ្លោះធ្លោយ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​វិធានការ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​។ ដោយឡែក​អ្នក​ចិញ្ចឹម​ជ្រូក​ ម្ចាស់​សត្តឃាតដ្ឋាន​ អាជីវករ​លក់​សាច់​ អ្នកនាំ​ចូល​ជ្រូក​ត្រូវ​ចូលរួម​សហការ​ អនុវត្ត​សារាចរណែនាំ​នេះ​ឱ្យ​មានប្រសិទ្ធភាព​ផង​ដែរ​។

    សូម​បញ្ជាក់​ថា​ កាលពី​ខែមេសា​ ករណី​ជំងឺ​ ASF​ មួយ​ត្រូវ​បាន​រាយការណ៍​នៅក្នុង​ខេត្តរតនគិរី​ដែល​ជាប់​ព្រំដែន​វៀតណាម​។ ក្រសួង​កសិកម្ម​បាន​បង្គាប់​ថា​ សត្វ​ដែល​រង​ផល​ប៉ះពាល់​ ត្រូវ​បាន​លុបបំបាត់​ចោល​ និង​ហាមឃាត់​ការ​ចរាចរ​ជ្រូក​ចេញពី​ខេ​ត្ដមួ​យនោះ​។

    តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីន​ហួរ​ បានឱ្យ​ដឹង​ថា​ កាលពី​ចុងខែ​ឧសភា​ ឆ្នាំ​2019​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) បាន​វាយលុក​បន្ថែម​ទៀត​ទៅកាន់​ខេត្ត​ស្ថិតនៅ​ភាគ​ខាងត្បូង​វៀតណាម​ ខណៈ​ខេត្ត​នៅ​ភាគ​ខាងជើង​មួយចំនួន​បាន​ផ្ទុះ​ករណីនេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ដែល​នាំ​ឱ្យ​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ត្រូវ​បាន​សម្លាប់​ និង​កម្ទេច​ចោល​ ខណៈ​ដែល​ប្រទេស​មួយចំនួន​ បាន​ផ្អាក​ការទិញ​ជ្រូក​ពី​ប្រទេស​វៀតណាម​។

    បើ​តាម​អាជ្ញាធរ​វៀតណាម​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​នេះ​ ជ្រូក​ចំនួន​ 55ក្បាល​នៅក្នុង​ស្រុក​ ម៉ា​យសូយែន​ (May​ Xuyen​) នៃ​ខេត្ត​សុក​ត្រាង​ (Soc​ Trang​) ត្រូវ​បាន​ពេទ្យ​ជំនាញ​រក​ឃើញថា​ មាន​ផ្ទុក​ទៅ​ដោយ​ វីរុស​ ASF​ ដូច្នេះហើយ​ខេត្ត​ភាគ​ខាងត្បូង​មួយ​នេះ​បាន​ក្លាយជា​តំបន់​ចុង​ក្រោយគេ​នៅ​វៀតណាម​ ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។

    គួរ​បញ្ជាក់​ថា​ ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ទើប​ផ្ទុះ​ករ​ណី​ថ្មី​ៗខាងលើ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឱ្យ​សម្លាប់សត្វ​ជ្រូក​ដែល​កើតមាន​ជំងឺ​ចោល​ទាំងអស់​ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។ ដោយឡែក​កាលពី​ចុងខែ​ឧសភា​ដដែល​ ជ្រូក​រាប់​សិប​ក្បាល​នៅក្នុង​ស្រុក​ក្វាង​ប៊ិញ ​(Quang​ Binh​) នៃ​ខេត្ត​ហា​គាំង​ (Ha​ Giang​) ភាគ​ខាង​ជើង​វៀតណាម​ក៏​ត្រូវ​បាន​យក​ទៅ​សម្លាប់​ និង​កម្ទេច​ចោល​ដែរ​ ក្រោយពី​ក្រុម​ជំនាញ​បាន​រក​ឃើញ​ជ្រូក​ទាំងនោះ​មាន​ផ្ទុក​វីរុស​ ASF​ ឬប៉េស្ត​ជ្រូក​អាហ្វ្រិក​។

    អង្គការ​ FAO​ ប្រចាំ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ នឹង​ជួយ​ដល់​កម្ពុជា​ លើ​វិធានការ​អង្កេត​តាមដាន​ ត្រួតពិនិត្យ​ ការពារ​ និង​ទប់ស្កាត់​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រ៊ិ​ក ដែល​បាន​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ណែនាំ​ឱ្យ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ត្រូវ​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ពេញលេញ​ល្អ​ ប្រយោជន៍​ដើម្បី​សុវត្ថិភាព​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រ៊ិ​កក្នុង​វិស័យ​ឧស្សាហកម្ម​ ជ្រូក​នៅ​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ បាន​ទទួលស្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​។ លោក​មានប្រសាសន៍​ថា​ ដោយសារ​ភាព​ជោគជ័យ​របស់ក្រ​សួង​ជា​អ្នក​ដោះស្រាយ​បញ្ហា​ យើង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ និង​អ្នកប្រើ​ប្រាស់​ចង់​សុំ​ឱ្យ​មានការ​គ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ថែមទៀត​ ដើម្បី​ទប់ស្កាត់​ការនាំចូល​សត្វ​រស់​ខុសច្បាប់​ ដើម្បី​បង្ការ​ពី​ការ​ឆ្លង​នូវ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ ដែល​នាំ​ឱ្យ​យើង​ខាតបង់​ច្រើន​៕

  • តើក្រែមលាបមាត់អាចជួយអ្វីខ្លះដល់បបូរមាត់របស់អ្នក?

    តើក្រែមលាបមាត់អាចជួយអ្វីខ្លះដល់បបូរមាត់របស់អ្នក?

    អត្ថ​ប្រយោជន៍​របស់​ក្រែមលាបមាត់
    បបូរមាត់​ក្រហម​ស្អាត​ទាក់ទាញ​ មាន​រាង​សម​ ព្រម​ជាមួយនឹង​ទម្រង់​មុខ​បង្ហាញ​ពី​ភាព​សិច​ស៊ី​ គួរ​ជាទី​ចាប់អារម្មណ៍​ពីសំណាក់​អ្នកផង​ទាំងពួង​គឺជា​បំណងប្រាថ្នា​របស់​នារី​គ្រប់រូប​។ ចង់ឱ្យ​មន្ត​-ស្នេហ៍​របស់​អ្នក​កាន់តែ​កើនឡើង​ អ្នក​ត្រូវតែ​ចេះ​ធ្វើការ​បន្ថែមបន្ថយ​លើ​ចំណុច​ដែល​លើស​ ឬខ្វះ​ ដើម្បី​ទទួល​បាន​ភាព​ស័ក្តិសម​យ៉ាង​ពិតប្រាកដ​។ ដូចដែល​អ្នកដឹង​ហើយ​ថា​ ក្រែមលាបមាត់​អាច​ជួយ​ឱ្យ​បបូរមាត់​របស់​អ្នកមាន​ពណ៌​ស្រស់​ស្អាត​ទៅតាម​ចំណូលចិត្ត​ ជួយ​កាត់បន្ថយ​ និង​បិទបាំង​ស្នាម​ប្រះ​បែក​នៅ​លើ​បបូរមាត់​ ហើយ​ក្រៅ​ពីនេះ​ ការ​លាប​ក្រែម​នៅ​លើ​បបូរមាត់​ក៏អាច​ជួយ​កែ​ទ្រង់ទ្រាយ​របស់​បបូរមាត់​អ្នក​ឱ្យ​មើលទៅ​កាន់តែ​ស្រស់​ស្អាត​ផង​ដែរ​។
    បបូរមាត់​ស្តើង​
    មិត្ត​អ្នកអាន​ដឹង​ទេ​ថា​ ប្រសិនបើ​អ្នកជា​នារី​ម្នាក់​ដែល​មាន​បបូរ​មាត់​ស្តើង​ ហើយ​ចង់​កែ​ឱ្យ​វា​មើលទៅ​ស្អាត​សម​ល្មម​នោះ​ ក្រែម​អាច​ជួយ​អ្នក​បាន​ ដោយ​ការប្រើ​ខ្មៅដៃ​គូស​បបូរមាត់​ គូស​ឱ្យ​លើស​បបូរមាត់​ពិត​បន្តិច​ ហើយ​អ្នក​ត្រូវ​លាប​ក្រែម​ពណ៌​ខ្ចី​ ដូចជា​ ពណ៌​ផ្កាឈូក​ខ្ចី​ ហើយ​ត្រូវ​យក​ក្រែម​ពណ៌​ផ្លែ​ប៉ែ​ស (រាង​ក្រហម​) មក​លាប​ពីលើ​ម្តង​ទៀត​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​បបូរមាត់​របស់​អ្នកមើល​ទៅ​មិន​សូវ​ស្តើង​ ហើយ​មាន​ភាព​ស្រស់​ស្អាត​ថែមទៀត​ផង​។ សូម​ចៀសវាង​លាប​ក្រែម​ពណ៌​ចាស់​ៗ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បបូរមាត់​របស់​អ្នកមើល​ទៅកាន់​តែ​ស្តើង​ជាង​មុន​។
    បបូរមាត់​ក្រាស់
    សម្រាប់​អ្នក​ដែល​មាន​បបូរមាត់​ក្រាស់​វិញ​ក៏អាច​កាត់បន្ថយ​ភាព​ក្រាស់​នេះ​បាន​ ដោយ​ការ​គូស​រឹម​មាត់​ឱ្យ​ជិត​ខ្សែ​ខាងក្នុង​របស់​បបូរមាត់​ពិត​ ដើម្បី​ឱ្យ​មើលទៅ​មិនសូវ​ក្រាស់​ ហើយ​អ្នក​ត្រូវ​លាប​ក្រែម​បបូរមាត់​ផ្នែក​កណ្តាល​ ដោយ​ពណ៌​មិន​ឆើត​ និង​មិន​ចាស់​ពេក​។ អ្នក​គួរ​ចៀសវាង​ការប្រើ​ប្រាស់​ក្រែម​ប្រភេទ​ណា​ដែល​រលោង​ ឬផ្លេក​ៗខ្លាំងពេក​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ក្រាស់​ជាមុន​។
    បបូរមាត់​ធ្លាក់​
    ចំពោះ​បបូរមាត់​ដែល​មាន​សភាព​ធ្លាក់​យារ​ចុះក្រោម​ ត្រូវ​គូស​បបូរមាត់​ខាងក្រោម​ឱ្យ​វែង​ឡើង​ លើស​ពី​រង្វះមាត់​បន្តិច​ រួច​អ្នក​ត្រូវ​គូស​បបូរមាត់​ខាងលើ​ឱ្យ​ចុង​ខ្សែ​ជិត​គ្នា​។ បន្ទាប់ពី​នោះ​ អ្នក​ត្រូវ​លាប​ក្រែម​មួយ​ជាន់​ទៀត​។ បើ​អ្នកជា​នារី​ដែល​មាន​បបូរមាត់​ផ្នែក​ខាងលើ​ជា​ខ្សែ​ត្រង់​ ដូច្នេះ​អ្នក​ត្រូវ​គូស​បបូរមាត់​របស់​អ្នក​ឱ្យ​ចេញ​ជា​រាងកោង​ឡើង​ទៅលើ​ ដោយ​ប្រើ​ខ្មៅដៃ​គូស​ជា​រាង​អក្សរ​ V លើ​បបូរមាត់​ បរិវេណ​ក្រោម​ច្រមុះ​ជាមុន​សិន​ រួច​ទើប​គូស​បបូរមាត់​ និង​លាប​ក្រែម​បបូរមាត់​តាមធម្មតា​។
    បបូរមាត់​ស្លេក​
    ក្នុងករណី​ដែល​បបូរមាត់​របស់​អ្នកមាន​រាង​ស្អាត​ល្មម​ហើយ​ តែ​វា​បែរជា​មាន​ពណ៌​ស្រគាំ​វិញ​នោះ​ អ្នក​គួរ​កែខៃ​ដោយ​ការ​លាបម្សៅ​ហុយ​ឱ្យ​សព្វ​លើ​បបូរមាត់​ មុននឹង​លាប​ក្រែម​បបូរមាត់​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​ក្រែម​លាប​បបូរមាត់​ជាប់​បាន​យូរ​ ព្រមទាំង​មាន​ពណ៌​រំលេច​ស្រស់​ស្អាត​ជានិច្ច​៕

  • វិធី​កាត់បន្ថយការទទួល​ទាន​អាហារដើម្បី​រូបរាង​ស្រ​ឡូ​ន​ស្អាត

    វិធី​កាត់បន្ថយការទទួល​ទាន​អាហារដើម្បី​រូបរាង​ស្រ​ឡូ​ន​ស្អាត

    ជំងឺ​ធាត់​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​ស្ត្រី​ភាគ​ច្រើន​មិន​ចង់​ជួបប្រទះ​ ព្រោះថា​បើសិនជា​កើតមាន​លើ​ខ្លួន​ នោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​រូបរាង​ដ៏​ស្រស់​ស្អាត​ទៅកាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បានឃើញ​ជាក់ជា​មិនខាន​។ ជា​រឿយ​ៗ ឡា​រ៉ែ​ន ធ្លាប់​បាន​ជម្រាប​ជូន​ជាច្រើន​ដង​រួចមក​ហើយ​ថា​ ការ​តម​អាហារ​ដែល​មិន​ត្រឹមត្រូវ​ (មិន​ញ៉ាំ​) មិនបាន​ផ្តល់​លទ្ធផល​ល្អ​នោះ​ទេ​ ផ្ទុយ​មក​វិញ​ប្រសិនបើ​អ្នកចេះ​ពីរ​បៀ​បរ​បបនៃ​ការ​តម​ ក៏​ដូចជា​កាត់បន្ថយ​ការ​ទទួលទាន​វិញ​នោះ​ អ្នក​ពិតជា​បានឃើញ​ពី​លទ្ធផលជាក់​ច្បាស់​គួរ​ជាទី​ពេញចិត្ត​ជាមិនខាន​។ គ្រានេះ​ គឺជា​ពេលវេលា​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​និយាយ​ពាក្យ​ថា​ “លាហើយ​ចំពោះ​សម្លៀកបំពាក់​ធំ​” ដែល​អ្នក​ធ្លាប់​ពាក់​កាលពី​ពេល​កន្លងទៅ​។

    កាត់ចោល​ខ្លះ​​ : អ្នក​ពិតជា​មិន​អាច​កាត់បន្ថយ​បរិមាណ​នៃ​កាឡូរី​ក្នុង​រាងកាយ​បានទេ​ ប្រសិនបើ​អ្នក​មិន​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​សោះ​នោះ​។ ការកាត់បន្ថយ​បរិមាណ​នៃ​ការ​ទទួលទាន​អាហារ​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ខ្លះ​តាមរយៈ​ការ​ថយ​ចុះ​នៃ​ចំនួន​កាឡូរី​។ អ្នក​អាច​មាន​អារម្មណ៍​ថា​ឆាប់​ហេវ​នៅពេល​ដែល​អ្នក​ញ៉ាំ​តិច​ជាង​មុន​ ដូច្នេះ​នៅពេល​អ្នក​ហេវ​អ្នក​ក៏អាច​ញ៉ាំ​ម្តង​ទៀត​បាន​នៅក្នុង​ចន្លោះ​អាហារ​ទាំង3ពេល​របស់​អ្នក​(ម៉ោង​ 9-10ព្រឹក​ និង​ម៉ោង​ 3-4 រសៀល​)។ ផ្លែឈើ​គឺជា​អាហារ​ល្អ​បំផុត​សម្រាប់​បំពេញ​ចំណង់​អាហារ​នៅពេល​អ្នកមាន​អារម្មណ៍​ថា​ហេវ​។

    ចែក​អាហារ​ដែល​នៅសល់​ឱ្យ​តូចជាង​មុន​ : បើ​ដឹងខ្លួន​ថា​ អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​បង្ហើយ​អាហារ​ដែល​នៅសល់​នោះ​ អ្នក​គួរតែ​ឆ្លាតវៃ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​អាហារ​របស់​អ្នកមើល​ទៅ​នៅ​សល់​តិច​ជាង​មុន​។ ខ្ចប់​ដាក់​ថង់​ឬដាក់​ចាន​ផ្សេង​គ្នា​ហើយ​យក​ទៅ​ទុក​កន្លែង​ផ្សេង​ដើម្បី​កុំឱ្យ​ឃើញ​ហើយ​ចេះតែ​នៅ​មិនសុខ​។ បង្ហើយ​តែ​អាហារ​ដែល​នៅក្នុង​ចាន​ដែល​អ្នក​បានឃើញ​ទៅ​បាន​ហើយ​។

    ទម្លាប់​ទទួលទាន​បន្លែ​ : គ្រប់ពេល​អាហារ​ដែល​តែងតែមាន​អវត្តមាន​បន្លែ​ជាប់​ជានិច្ច​គឺជា​រឿង​ល្អ​បំផុត​។ នៅពេល​ដែល​អ្នកទទួល​ទាន​ បន្លែ​បាន​ច្រើន​នោះ​ ការ​ដាក់បញ្ចូល​អាហារ​ដែល​សម្បូរទៅដោយ​ជាតិ​ខ្លាញ់​មួយចំនួន​នឹង​ត្រូវ​បាន​កាត់បន្ថយ​។

    ចេះ​ឃាត់ចិត្ត​ខ្លួនឯង​ : ការ​តាំងចិត្ត​ជា​រឿង​សំខាន់​ នៅពេល​ដែល​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​នៃ​ចំណង់​អាហារ​របស់​អ្នក​បាន​ នោះ​អ្នក​ពិតជា​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន​ជាក់ជា​មិនខាន​។

    កុំ​អាង​មាន​លុយ​ ​: មនុស្ស​មួយចំនួន​មិនដែល​ខ្វល់​ពី​អ្វី​នោះ​ទេ​ ឱ្យ​តែ​នឹក​ឃ្លាន​ អ្វី​ក៏​តម្រង់​ទៅ​រក​ទិញ​ភ្លាម​ព្រោះ​អាង​ថា​ លុយ​មាន​មិន​ខ្វះ​ប៉ុន្តែ​សូម​កុំ​ភ្លេច​ឱ្យ​សោះ​ណា​ថា​ ការដែល​ទទួលទាន​មិន​គិត​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ទម្ងន់​របស់​អ្នក​ឡើង​ស្រឺត​ៗដោយ​មិនដឹង​ខ្លួន​៕