Author: ធឿន មករា

  • សុខភាព​ល្អ ដោយ​ការជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ

    សុខភាព​ល្អ ដោយ​ការជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ

    មានឈ្មោះ​ថា​ អាហារ​ មិនថា​តែ​បង្អែម​ ឬចម្អាប​ឡើយ​ ឡា​រ៉ែ​ន ជឿ​ថា​ នរ​ណាៗ​ក៏​ចាប់​អារម្មណ៍​ដែរ​ ប៉ុន្តែ​ តើមាន​ប៉ុន្មាន​អ្នក​ទៅ​ ដែល​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើ​ឱ្យ​អាហារ​ដែល​លោកអ្នក​កំពុង​ទទួលទាន​នោះ​ស័ក្តិសម​ត្រូវ​នឹង​វ័យ​ និង​មានប្រយោជន៍​ មានគុណ​តម្លៃ​ដល់​រាងកាយ​របស់​ខ្លួនឯង​នោះ​? យើង​គួរតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​ត្រូវ​ និង​តាម​អំឡុង​ពេល​របស់​អាយុ​ ឬវ័យ​របស់​យើង​ ព្រោះ​ក្នុងអំឡុងពេល​នៃ​វ័យ​នី​មួយ​ៗ វា​មាន​ភាព​ខុសប្លែក​ពីគ្នា​ខាង​ការ​វិវឌ្ឍ​របស់​រាងកាយ​ និង​លក្ខណៈ​ការរស់នៅ​។

    រឿងរ៉ាវ​របស់​ចំណីអាហារ​ដែល​ពាក់ព័ន្ធ​នឹង​វ័យ​ទាំង​ 4 របស់​មនុស្ស​ មិនមែន​ជា​រឿង​ពិបាក​យល់​នោះ​ឡើយ​ លោកអ្នក​អាច​សាកល្បង​ធ្វើតាម​ដូច​ខាងក្រោម​៖
    ក្នុង​អំឡុង​អាយុ​ចាប់ពី​ 20ឆ្នាំ​ឡើង​ទៅ​ គឺជា​អំឡុង​ពេល​ដែល​រាងកាយ​មានការ​វិវឌ្ឍ​ និង​ចម្រើន​ធំធាត់​ពេញទំហឹង​ មិនថា​តែ​រឿង​ការរៀនសូត្រ​ ឬការ​ធ្វើការងារ​ឡើយ​ ហើយក៏​ជា​វ័យ​ដែល​សកម្ម​ មិន​ចេះ​នឿយហត់​ ហើយ​រឹតតែ​សកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ច្រើន​ប៉ុនណា​ រាងកាយ​ក៏​រឹតតែ​ដុត​បំផ្លាញ​ និង​ប្រើប្រាស់​កម្លាំងថាមពល​ច្រើន​ប៉ុន​នោះ​ដែរ​ ដូច្នេះ​យើង​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​បាន​ស័ក្តិសម​នឹង​តម្រូវការ​របស់​រាងកាយ​ក្នុង​វ័យ​នោះ​។
    ក្នុង​វ័យ​នេះ​ ចូរ​ជ្រើសរើស​ទទួលទាន​ពពួក​សាច់សត្វ​ និង​សណ្តែក​ផ្សេង​ៗ រួម​ទាំង​បាយ​ និង​ម្សៅ​ជា​អាហារ​លំដាប់​ទី1​ តាមដោយ​បន្លែ​-ផ្លែឈើ​ជា​អាហារ​លំដាប់​ទី2​ ចំណែក​ឯទឹកដោះគោ​ និង​អាហារ​ជំនួស​ជាតិ​កាល់ស្យូម​ផ្សេង​ៗដូចជា​ តៅហ៊ូ​ ទឹក​សណ្តែក​លឿង​ ដើម្បី​បង្កើន​កាល់ស្យូម​ជា​អាហារ​លំដាប់​ទី3​ និង​ចូរ​ផ្តល់​ភាព​សំខាន់​ចំពោះ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ជាលំដាប់​ក្រោយ​គេ​បង្អស់​។
    សាច់​ត្រី​ជា​អាហារ​ជំនួយ​ខួរក្បាល​ដែល​ជួយ​រក្សា​ព្យាបាល​ជញ្ជាំង​កោសិកា​ប្រសាទ​ក្នុង​ខួរក្បាល​ឱ្យ​រឹងមាំ​ មិនឆាប់​ភ្លេចភ្លាំង​។ បន្លែ​ពណ៌បៃតង​ដូចជា​ ត្រកួន​ កញ្ឆែត​ ខាត់ណា​ សណ្តែក​គួ​ ជួយ​បំប៉ន​ខ្សែភ្នែក​ សាង​ឆ្អឹង​ និង​ធ្មេញ​ឱ្យ​រឹងមាំ​។

    វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 3
    អាយុ​ឡើង​ដល់​លេខ3​ នាំមុខ​ មនុស្សជា​ច្រើន​ចាប់ផ្តើម​ភ័យ​ ប៉ុន្តែ​ការ​ចេះ​ជ្រើសរើស​ទទួលទាន​អាហារ​ នឹង​ធ្វើ​ឱ្យ​អ្នកឯទៀត​មិន​អាច​ស្មាន​ដឹងពី​អាយុ​របស់​អ្នក​តាមរយៈ​រូបរាង​ ឬមុខមាត់​បាន​ឡើយ​។ ក្នុង​អំឡុង​វ័យ​ចាប់ផ្តើម​ជា​មនុស្សចាស់​នេះ​ តម្រូវការ​ផ្នែក​ថាមពល​នៅតែ​មាន​ ព្រោះ​ជា​ចន្លោះ​ជីវិត​នៃ​ការ​ធ្វើការងារ​ តែ​ត្រូវ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​ក្នុង​រឿង​ជាតិ​ខ្លាញ់​ និង​កូ​លេ​ស្តេ​រ៉ូល​ ដែល​អាច​មានផល​ប៉ះពាល់​ដល់​រូបរាង​ មុខមាត់​សម្បក​ក្រៅ​ដែល​មើលឃើញ​មានការ​ប្រែប្រួល​បាន​យ៉ាង​ច្បាស់​។ ដូច្នេះ​គួរ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ដូចជា​ សាច់​ជ្រូក3ជាន់​ ប៊័រ​ដុំ​ និង​ខ្ទិះ​ជាដើម​។
    លោកអ្នក​អាច​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ ដូចជា​ ត្រី​សមុទ្រ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ពពួក​គ្រាប់​សណ្តែក​ស្ងួត​ ដូចជា​ សណ្តែក​ក្រហម​ សណ្តែក​ខៀវ​ សណ្តែក​លឿង​ ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ពី​ជំងឺបេះដូង​ និង​មាន​ប្រូ​តេ​អុីន​ខ្ពស់​ និង​អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់​ដែល​ជួយ​ឱ្យ​ឆ្អែត​ពោះ​បាន​យូរ​ និង​មាន​ផល​ល្អ​ដល់​ពោះវៀនធំ​ទៀតផង​។

    វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 4
    ដោយសារតែ​សភាព​រាងកាយ​ចាប់ផ្តើម​ប្រែប្រួល​ ជាពិសេស​ចំពោះ​ស្ត្រី​ ឯបុរស​ក្នុង​វ័យ​នេះ​វិញ​ក៏​ចាប់ផ្តើម​មាន​រោ​គា​ផ្សេង​ៗកើតឡើង​ដែរ​ តែ​ទាំងអស់​នេះ​ការ​ពន្យារ​វ័យ​ ឬការ​ការពារ​រោគា​ផ្សេង​ៗដែល​មក​ជាមួយ​វ័យ​ មិនបាន​លំបាកលំបិន​ហួសពី​យើង​អាច​ធ្វើ​បាន​នោះ​ឡើយ​។
    សម្រាប់​ចន្លោះ​វ័យ​នេះ​ តម្រូវការ​ខាង​ថាម​ពល​នឹង​ថយ​ចុះ​ តែ​តម្រូវការ​កាល់ស្យូម​ និង​វី​តា​មីន​ផ្សេង​ៗកើនឡើង​ ដែល​រាងកាយ​អាច​នឹង​ទទួល​បាន​ពី​បន្លែ​ផ្លែឈើ​ដែល​មាន​កាក​សរសៃ​អាហារ​ខ្ពស់​ ហើយ​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ទៀតផង​។ ឯវីតាមីនC​ ពី​ចំណីអាហារ​ដែល​ងាយ​រកទទួលទាន​បាន​នោះ​ មាន​ដូចជា​ ផ្លែក្រូច​ ត្របែក​ ប៉េងប៉ោះ​ ត្រសក់ស្រូវ​ជាដើម​ចំណែក​អាហារ​ដែល​មាន​វីតាមីនE​ គឺ​ប្រេងសណ្តែក​ប៊័រ​សណ្តែក​ សណ្តែក​ដី​ និង​គ្រាប់​អាល់​ម៉ុន​។ ក្រៅ​ពីនេះ​គួរ​ទទួលទាន​តៅហ៊ូ​ ប្រូតេអ៊ីន​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដែល​ផ្តល់​កាល់ស្យូម​ច្រើនជាង​សាច់​សត្វ​ផ្សេង​ៗ និង​គួរ​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ និង​កា​ហ្វេ​អុីន​ផង​។

    វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 5
    ការ​ឈាន​ចូល​ដល់​វ័យ​ 50​ នោះ​ មិនមែន​មាន​ផល​ប៉ះពាល់​ចំពោះ​រាងកាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ​ តែ​នៅ​មានផល​ដល់​សភាព​ផ្លូវចិត្ត​ផង​ដែរ​ ដូច្នេះ​ដើម្បី​ត្រៀមខ្លួន​ទប់ទល់​ជាមួយនឹង​វ័យ​នេះ​លោកអ្នក​គួរ​យល់ដឹង​ពី​ការ​ធ្វើការងារ​របស់​រាងកាយ​ដែល​មានប្រសិទ្ធភាព​ថយ​ចុះ​ ជាពិសេស​ប្រព័ន្ធ​ការ​រំលាយ​ និង​ការ​បឺត​យក​សារធាតុ​អាហារ​ធ្វើ​ឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ​។
    ក្នុង​អំឡុង​វ័យ​នេះ​ លោកអ្នក​អាច​មិនសូវ​មាន​អារម្មណ៍​ស្រេកទឹក​ប៉ុន្មាន​ទេ​ តែ​គួរ​ពិសា​ទឹក​ឱ្យ​បាន​ទៀងទាត់​ យ៉ាងតិច​ 1ថ្ងៃ​ 8 – 12កែវ​ ដើម្បី​ការពារ​ការ​ខ្វះ​ជាតិទឹក​ដោយ​មិនដឹង​ខ្លួន​។ គួរ​ទទួលទាន​ខា​បូ​ហាយ​ដ្រេ​ត(ម្សៅ​ និង​ស្ករ​-ល-)ឱ្យ​តិច​សង្កត់ធ្ងន់​លើ​អាហារ​ពួក​សាច់​ត្រី​ ដើម្បី​កុំឱ្យ​ខ្វះ​ជាតិ​ប្រូ​តេ​អុីន​ និង​ពួក​សាច់សត្វ​ណា​ដែល​ងាយ​រំលាយ​។ គួរ​ទទួល​បាន​កាល់ស្យូម​ឱ្យ​គ្រប់គ្រាន់​ និង​អាហារ​ដែល​មាន​កាល់ស្យូម​ខ្ពស់​ គឺ​នៅក្នុង​ទឹក​ដោះ​គោ​ យ៉ា​អួ​ប្រភេទ​ក្រែម​ និង​ប៊័រ​ដុំ​ជាដើម​។
    រឿង​ដែល​សំខាន់​នោះ​ គឺ​មិនថា​លោកអ្នក​ស្ថិត​នៅក្នុង​វ័យ​ណាក៏ដោយ​ គួរ​យកចិត្ត​ទុកដាក់​រឿង​អាហារ​ការ​ហូបចុក​បាន​គ្រប់ពេល​ ទោះជា​មាន​ជំងឺ​ឬគ្មាន​ក៏ដោយ​ ក្រៅពី​នេះ​គួរ​បង្កើន​ការ​ធ្វើ​ចលនា​(ហាត់ប្រាណ​)ក្នុង​ 1ថ្ងៃ​ៗឱ្យ​បាន​ច្រើន​ និង​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​មាន​សុខភាព​កាន់តែ​ល្អ​ឡើង​ និង​កាត់បន្ថយ​ភាព​ធុញថប់​ តឹងតែង​បាន​ទៀតផង​៕

  • ជំងឺ​ខ្យល់គ រោគ​ដែល​តែង​កើតឡើង​នៅក្នុង​រដូវក្ដៅ

    ជំងឺ​ខ្យល់គ រោគ​ដែល​តែង​កើតឡើង​នៅក្នុង​រដូវក្ដៅ

    បច្ចុប្បន្ន​សភាវ​ពិភពលោក​ឡើង​កម្ដៅ​ជា​បញ្ហា​ដែល​មនុស្ស​គ្រប់រូប​ផ្ដល់​ការ​យកចិត្ត​ទុកដាក់​ ព្រោះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ សីតុណ្ហភាព​ពិភពលោក​មាន​សញ្ញា​ថា​នឹង​កើន​ខ្ពស់​ឡើង​ជា​រឿយ​ៗ សម្រាប់​ប្រទេស​យើង​វិញ​ ខណៈនេះ​សភាព​ធាតុអាកាស​ក្ដៅ​ខ្លាំង​ជាង​រាល់​ឆ្នាំ​ ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ធ្លាក់ខ្លួន​ឈឺថ្កាត់​ដោយ​ជំងឺ​ជាច្រើន​ ដូចជា​ជំងឺ​ខាង​ប្រព័ន្ធ​រំលាយអាហារ​ ដែល​កើត​ពី​ការ​ទទួលទាន​អាហារ​ និង​ទឹកដែល​មាន​មេរោគ​ប្រឡាក់ប្រឡូស​ញឹកញាប់​បំផុត​ តែ​ជំងឺ​ដែល​មានការ​និយាយ​ដល់តិច​បំផុត​ តែ​មាន​អ្នក​កើត​ញឹកញាប់​បំផុត​ក្នុង​រដូវក្ដៅ​នោះ​គឺ​ “ជំងឺ​ ហ៊ី​ត ស្ត្រូ​ក” (Heat​ Stroke​) ឬ “ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​” ហ្នឹងឯង​។

    អាការ​របស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក
    ហ៊ី​ត ស្ត្រូ​ក ជា​ជំងឺ​ដែល​បណ្ដាលមកពី​រាងកាយ​បាន​ទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក​ រហូត​ធ្វើ​ឱ្យ​កម្ដៅ​ក្នុង​រាងកាយ​(Core​ Temperature​)ខ្ពស់​ជាង​ 40អង្សាC​។ អាការ​ជាដំបូង​ មាន​ដូចជា​ អស់​កម្លាំង​ នឿយ​ល្វើយ​ មិន​ឃ្លាន​អាហារ​ ក្អួតចង្អោរ​ វិតក្ក​កង្វល់​ វិលវល់​ សម្ពាធ​ឈាមធ្លាក់​ចុះ​ ងងឹតមុខ​ និង​អាច​មាន​អាការ​បន្ថែម​ទៀត​ ដូចជា​ សភាវ​ខ្វះ​ជាតិ​ទឹក​ ដង្ហក់​ បេះដូង​ដើរខុស​ចង្វាក់​ប្រកាច់​ លែង​ដឹង​ខ្លួន​ ដែល​ទាំងអស់​នេះ​ បើ​មិនបាន​ទទួលការ​ព្យា​បា​លភ្លាមៗ​ទេ​នោះ​ អាច​នឹង​នាំទៅ​ដល់​ការ​ស្លាប់​បាត់បង់ជីវិត​បាន​។

    បុគ្គល​ដែល​មាន​ភាព​ប្រថុយប្រថាន​ថា​នឹង​កើតជំងឺ​ ហ៊ី​ត ស្ត្រូ​ក
    បុគ្គល​ដែល​មាន​ភាព​ប្រថុយប្រថាន​ថា​នឹង​កើតជំងឺ​ ហ៊ី​ត ស្ត្រូ​ក មាន​ដូចជា​ ទាហាន​ដែល​កំពុង​ហ្វឹកហាត់​ដោយ​មិនបាន​ត្រៀម​រាងកាយ​ក្នុង​ការ​ប្រឈម​នឹង​សភាព​ធាតុអាកាស​ក្ដៅ​ រួម​ទាំង​បណ្ដា​អ្នកកីឡា​ស្ម័គ្រចិត្ត​ និង​អ្នក​ដែល​ធ្វើការងារ​ក្នុង​សភាព​ធាតុអាកាស​ដែល​ក្ដៅ​ខ្លាំង​(កម្មករ​សំណង់​) មនុស្សចាស់​ កូនក្មេង​ អ្នក​មិនបាន​គេង​សម្រាក​ អ្នកទទួល​ទាន​ស្រា​ច្រើន​ និង​អ្នក​ដែល​កើតជំងឺ​លើសឈាម​ជាដើម​។

    សញ្ញា​សំ​ខាន់​ៗរបស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក
    សញ្ញា​សំ​ខាន់​ៗរបស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក គឺ​គ្មាន​ចេញ​ញើស​ ខ្លួនប្រាណ​ក្ដៅ​ឡើង​ជា​រឿយ​ៗ មាន​អារម្មណ៍​ស្រេកទឹក​ខ្លាំង​ វិលមុខ​ ងងឹតមុខ​ ភាំង​ៗ ក្អួត​ចង្អោរ​ ដង្ហក់​ ដែល​ទាំងអស់​នេះ​មាន​សភាព​ខុស​ប្លែក​ពី​ការនឿយហត់​ដោយសារ​កម្ដៅថ្ងៃ​ទូទៅ​ដែល​មាន​ញើស​ចេញ​មក​។ បើ​មាន​កើត​អាការ​ដូច​ខាងដើម​ ត្រូវ​ឈប់​ធ្វើការងារ​ភ្លាម​ និង​សម្រាក​ជាបន្ទាន់​។

    បើ​ប្រទះឃើញ​អ្នក​កើតជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​(ហ៊ី​ត ស្ត្រូ​ក) យើង​អាច​ជួយ​បឋម​ព្យាបាល​បាន​តាមរយៈ​ ៖
    – នាំ​អ្នក​ដែល​កើត​អាការ​នោះ​ចូលក្នុង​ម្លប់​ ដាក់​ឱ្យ​គេង​រាប​ លើកជើង​ទាំងសងខាង​ឡើង​ខ្ពស់​ ដោះ​សម្លៀកបំពាក់​ចេញ​។
    – យក​កន្សែង​ជ្រលក់​ទឹក​ត្រជាក់​ ឬទឹកកក​មក​ដាក់​ស្អំ​តាម​ខ្លួនប្រាណ​ ជាពិសេស​នៅត្រង់​បំពង់ក​ក្លៀក​ ត្រគាក​ ក្បាល​ រួម​ជាមួយ​ការ​បើក​កង្ហារ​ឱ្យ​បក់​ជួយ​បំ​ភាយ​កម្ដៅ​ផង​។
    – ចាក់ទឹក​ត្រជាក់​ស្រោច​លើ​ខ្លួនប្រាណ​ ដើម្បី​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ឱ្យ​ធ្លាក់ចុះ​ឱ្យ​បាន​ឆាប់​បំផុត​ ហើយ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​។

    វិធីការ​ពារ​ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​គឺ​៖
    – បើសិន​ដឹងខ្លួន​ថា​ ត្រូវ​ទៅ​ធ្វើការ​នៅ​កណ្ដាល​សភាព​អាកាសធាតុ​ដែល​ក្ដៅ​ គួរតែ​ត្រៀមខ្លួន​ដោយ​ការហាត់ប្រាណ​នៅ​កណ្ដាលវាល​ឱ្យ​បាន​ជាប់លាប់​ យ៉ាងហោចណាស់​ 1សប្ដាហ៍​ 3ដង​ ម្ដង​ៗយ៉ាងតិច​ 30នាទី​ ដើម្បី​ឱ្យ​រាងកាយ​ស៊ាំ​ធ្លាប់​ជាមួយ​សភាព​ធាតុអាកាស​ក្ដៅ​។
    – ញ៉ាំទឹក​ 1-2កែវ​ មុន​ចេញពីផ្ទះ​ក្នុង​ថ្ងៃ​ដែល​មាន​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ហើយ​បើសិន​ត្រូវ​ស្ថិតនៅ​កណ្ដាល​សភាព​ធាតុអាកាស​ក្ដៅ​ ឬហាត់ប្រាណ​កណ្ដាល​សភាព​អាកាសធាតុ​ក្ដៅ​ គួរ​ញ៉ាំទឹក​ឱ្យ​បាន​ 1-ម៉ោង​ 1លីត្រ​។ ទោះជា​មិនសូវ​មាន​អារម្មណ៍​ស្រេកទឹក​ក៏ដោយ​ ហើយ​ទោះជា​ធ្វើការ​នៅ​ក្នុង​ទី​ម្លប់​ក៏ដោយ​ ក៏​គួរតែ​ញ៉ាំទឹក​ឱ្យ​បាន​យ៉ាងតិច​ 1ថ្ងៃ​ 6-8-កែវ​ដែរ​។- ស្លៀក​សម្លៀកបំពាក់​ដែល​មាន​ពណ៌​ស្រាល​ៗមិន​ក្រាស់​ មាន​ទម្ងន់​ស្រាល​ និង​អា​ចបំ​ភាយ​កម្ដៅ​បាន​ល្អ​។
    – មុន​ចេញពីផ្ទះ​ គួរ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​។
    – ចៀសវាង​ពី​ការ​ស្ថិតនៅ​កណ្ដាលវាល​ ក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ក្ដៅ​ខ្លាំង​។
    – ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ប្រតិកម្ម​ចាញ់​ ថ្នាំ​ផ្ដាសាយ​ ជាពិសេស​មុន​ពេល​ហាត់ប្រាណ​ ឬស្ថិត​នៅ​កណ្ដាល​សភាព​ធាតុអាកាស​ក្ដៅ​រយៈពេល​យូរ​។
    – ចៀសវាង​ពី​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ និង​គ្រឿងញៀន​គ្រប់​ប្រភេទ​។
    – ចំពោះ​ក្មេង​តូច​ និង​មនុស្សចាស់​ជរា​ គួរ​បាន​ទទួលការ​មើលថែ​ទាំ​ជាពិសេស​ ត្រូវ​រៀបចំ​ឱ្យ​ស្ថិតនៅ​ក្នុង​បន្ទប់​ដែល​មាន​ខ្យល់អាកាស​ចេញ​ចូល​ល្អ​ និង​កុំ​បណ្ដោយ​ឱ្យ​កូនក្មេង​ និង​ជន​ជរា​ស្ថិត​នៅក្នុង​រថយន្ត​ដែល​បិទ​ជិត​តែម្នាក់ឯង​៕

  • ធនាគារពិភពលោក​ផ្តល់​ប្រាក់​ 60លាន​ដុល្លារ​ ដើម្បី​ជួយ​កសិករ​ក្រីក្រ​

    ធនាគារពិភពលោក​ផ្តល់​ប្រាក់​ 60លាន​ដុល្លារ​ ដើម្បី​ជួយ​កសិករ​ក្រីក្រ​

    ធនាគារពិភពលោក​ World​ Bank​ (WB​)នឹង​ផ្តល់​ថវិកា​ប្រមាណ​ 60លាន​ដុល្លារ​នៅក្នុង​ការ​បន្ត​ផ្តល់​មូលនិធិ​នៃ​គម្រោង​សម្រាប់​ដំណាក់កាល​ទី3​ ដល់​ក្រសួង​កសិកម្ម​ដើម្បី​កែ​លម្អ​ជីវភាព​ការរស់នៅ​របស់​កសិករ​ក្រីក្រ​។ នេះ​បើ​យោង​តាម​អ្នកតំណាង​ WB​ ដែល​បាន​ធ្វើ​សេចក្តី​ប្រកាស​នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។

    លោក​ Nathan​ M. Belete​ នាយក​ផ្នែក​អនុវត្តន៍​កសិកម្ម​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​បាន​ធ្វើ​សេចក្តី​រាយការណ៍​ អំពី​ វឌ្ឍនភាព​ ការបែងចែក​ដី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន2​ Land​ Allocation​ for​ Social​ and​ Economic​ Development​ (LASED​ II​)និង​ស្នើសុំ​អនុសាសន៍​ដើម្បី​ធ្វើការ​កែ​លម្អ​លើ​ចំណុច​ខ្វះខាត​នៃ​ការអនុវត្ត​គម្រោង​នេះ​។

    លោក​ Belete​ បាន​មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​ធនាគារពិភពលោក​កំពុង​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ ក្នុង​ការអនុវត្ត​ដំណាក់កាល​ទី2​ នៃ​គម្រោង​ការ​អភិវឌ្ឍ​ដី​សង្គមកិច្ច​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (LASED​ II​) របស់​ធនាគារ​ចាប់ពី​ឆ្នាំ2017​-2022​”។

    គម្រោង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ខេត្ត​ចំនួន​5 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ រួមមាន​៖ខេត្ត​ត្បូងឃ្មុំ​ ខេត្តក្រចេះ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​កំពង់ធំ​ ហើយ​កំពុង​ផ្តល់​អត្ថ​ប្រយោជន៍​ ដល់​គ្រួសារ​ចំនួន4,441​ តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច​ និង​សេវាកម្ម​គាំទ្រ​បច្ចេកទេស​កសិកម្ម​ជា​មូលដ្ឋាន​ ដើម្បី​កែ​លម្អ​ ជីវភាពរស់នៅ​ដល់​កសិករ​ក្រីក្រ​។ នេះ​បើ​តាម​លោក​ Belete​ បាន​បញ្ជាក់​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​សង្ឃឹម​ និង​ជឿជាក់​ថា​ ធនាគារពិភពលោក​ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ ជាពិសេស​លើ​ការ​ធ្វើ​ប្រពល​វប្បកម្ម​ដំណាំ​បន្លែ​ វារីវប្បកម្ម​ និង​ការ​ចិញ្ចឹមសត្វ​ ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​កសិផល​ ពង្រីក​ និង​ពង្រឹង​ការកែច្នៃ​ វេច​ខ្ចប់​ ឃ្លាំង​ស្តុក​ ឡសម្ងួត​ ការ​រក្សាទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ធានា​គុណភាព​ សុវត្ថិភាព​ទាំង​អនាម័យ​ និង​ភូតគាម​អនាម័យ​ ក្នុង​គោលបំណង​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​ និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។

    នៅក្នុង​ឱកាស​នេះ​ លោក​ Nathan​ M. Belete​ក៏បាន​ឯកភាព​ចំពោះ​ការ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ហើយក៏​បាន​បញ្ជាក់​ថា​ គម្រោង​ថ្មី​ដោយឡែក​រវាង​ធនាគារពិភពលោក​ និង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ គឺ​ពិតជា​បាន​ឆ្លើយតប​ និង​ស្របតាម​ការ​លើកឡើង​ខាងលើ​។ ពាក់ព័ន្ធ​នឹង​គម្រោង​ LASED​ II​ នេះ​វិញ​ លោក​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​ គោលបំណង​ចម្បង​របស់​គម្រោង​នេះ​ គឺ​ជួយ​លើកកម្ពស់​ជីវភាព​របស់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ ដែល​គម្រោង​នេះ​បាន​ជួយ​គាំទ្រ​ដល់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចែក​ដី​ឱ្យ​កសិករ​គ្មាន​ដី​ និង​មាន​ដី​តិចតួច​ដើម្បី​ប្រកបរបរ​កសិកម្ម​ចិញ្ចឹម​គ្រួសារ​តាមរយៈ​ការ​បង្កើន​ប្រាក់ចំណូល​។

    លោក​ Belete​ បាន​កត់សម្គាល់​ថា​ គម្រោង​ LASED​ II​ រយៈពេល​ 5ឆ្នាំ​ មានតម្លៃ​ 25លាន​ដុល្លារ​។លោក​ Belete​ ក៏បាន​និយាយ​បញ្ជាក់​ដែរ​ថា​ ធនាគារ​ពិភពលោក​បាន​ផ្តល់​ថវិកា​ចំនួន​ 60លាន​ដុល្លារ​ ហើយនឹង​ស្វែងរក​ប្រាក់​ចំនួន​ 30លាន​ដុល្លារ​បន្ថែម​ពី​ដៃគូ​ដទៃទៀត​ដើម្បី​អនុវត្ត​គម្រោង​ LASED​ III​ បន្ទាប់ពី​ឆ្នាំ2022​។

    លោក​បាន​មានប្រសាសន៍​ថា​៖“ ខ្ញុំ​សង្ឃឹមថា​ឯកឧត្តម​រដ្ឋមន្ត្រី​ នឹង​បន្ត​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ដើម្បី​អនុវត្ត​គម្រោង​ នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​ដើម្បី​ផលប្រយោជន៍​របស់​កសិករ​ជាពិសេស​កសិករ​ក្រីក្រ​។ វា​នឹង​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ​”។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​សម្តែង​ការ​ដឹងគុណ​ របស់​រដ្ឋាភិបាល​ចំពោះ​ធនាគារពិភពលោក​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ លើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ក្នុង​នោះ​ក៏​មាន​វិស័យ​កសិកម្ម​ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើការ​ផ្លាស់​ប្តូរ​ពី​កសិកម្ម​យថាកម្ម​ ទៅ​ជា​កសិ​-ឧស្សាហកម្ម​ កសិ​-ពាណិជ​កម្ម​ និង​កសិ​-ទេសចរណ៍​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​ ទំនើបកម្ម​កសិកម្ម​ និង​ការផលិត​តាម​លក្ខណៈ​បច្ចេកទេស​សមស្រប​ និង​មាន​ស្តង់ដារ​ក្នុង​ការកែច្នៃ​ ដើម្បី​នាំចេញ​ប្រកបដោយ​គុណភាព​ អនាម័យ​ និង​ភូតគាម​អនាម័យ​ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“គម្រោង​នេះ​នឹង​ជួយ​កែ​លម្អ​ ជីវភាពរស់នៅ​របស់​កសិករ​ ហើយ​ដើរតួ​នាទី​មួយ​ក្នុង​កិច្ចប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ2030​ ហើយ​វា​ក៏​ជួយ​កសិករ​ក្រីក្រ​ឱ្យ​ទទួល​បាន​សម្បទាន​ដី​ និង​បង្រៀន​ពី​បច្ចេកទេស​កសិកម្ម​ទំនើប​”។

    ការ​ធ្វើ​យ៉ាងនេះ​ គឺ​ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ កំណើនប្រជាជន​ ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ ការប្រែប្រួល​អាកាសធាតុ​ និង​ជាពិសេស​ខិតខំ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុងចំណោម​កសិករ​។

    បច្ចុប្បន្ន​ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​ក្រសួង​កសិកម្ម​ គម្រោង​នេះ​បាន​និង​កំពុង​អនុវត្ត​ទៅតាម​កម្មវិធី​ដូច​បាន​គ្រោងទុក​ និង​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទន​ ដោយ​កម្រិតជីវភាព​គ្រួសារ​របស់​សម្បទានិក​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។ ដូចនេះ​លោក​ Nathan​ M. Belete​ សង្ឃឹមថា​ ឯកឧត្តម​រដ្ឋមន្ត្រី​ និង​សហការី​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ល្អ​នេះ​ជា​ប្រយោជន៍​ដល់​អ្នកទទួល​ផល​ពី​គម្រោង​នេះ​ គឺ​ប្រជាកសិករ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​។ ធនាគារពិភពលោក​ក៏បាន​សរសើរ​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ហើយ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ត្រៀមខ្លួន​ដើម្បី​បន្ត​គាំទ្រ​គម្រោង​នេះ​តទៅទៀត​៕

  • កំណើន​ទុន​វិនិយោគ​ ឆ្លុះបញ្ចាំង​សញ្ញា​វិជ្ជមាន​ក្នុង​វិស័យ​អចលនទ្រព្យ​

    កំណើន​ទុន​វិនិយោគ​ ឆ្លុះបញ្ចាំង​សញ្ញា​វិជ្ជមាន​ក្នុង​វិស័យ​អចលនទ្រព្យ​

    គម្រោង​ ដែល​មានតម្លៃ​ជាង​ 2.7​ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ក្នុងអំឡុងពេល​ 4 ខែ​ដំបូង​ នៃ​ឆ្នាំនេះ​ដោយមាន​ការ​កើនឡើង​ 67.3​% ធៀប​នឹង​ឆ្នាំ2018​ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​។

    ឯកឧត្តម​ ឡៅ​ ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​មាន​ប្រសាសន៍​ថា​ កំណើន​នៅក្នុង​វិស័យ​នេះ​ចាប់ពី​ខែ​មករា​ ដល់​ខែមេសា​ ពិតជា​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​ ដោយសារ​ស្ថិរភាព​នយោបាយ​ និង​សង្គម​កំណើន​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​កំណើន​ប្រាក់ចំណូល​ និង​វិស័យ​ការ​វិនិយោគ​ពី​បរទេស​។

    ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា​ ក្នុងអំឡុងពេល​ 4ខែ​នេះ​ គម្រោង​វិនិយោគ​សរុប​ចំនួន​ 1.420​ ត្រូវ​បាន​អនុម័ត​ និង​មានការ​កើនឡើង​ខ្លាំង​ បើ​ប្រៀបធៀប​ទៅ​នឹង​គម្រោង​ចំនួន​ 1.171​ ដែល​បាន​អនុម័ត​(កាលពី​ខែមករា​ ដល់​ខែមេសា​)ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។

    ឯកឧត្តម​បាន​បន្ត​ថា​៖“ស្ថិរភាព​សង្គម​ និង​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ជាច្រើន​ឆ្នាំ​មកនេះ​បាន​ធ្វើ​ឱ្យ​ជួយ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ធ្វើ​ឱ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​ភាព​ទាក់ទាញ​។ បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​មាន​តួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ និង​ការបង្កើត​ការងារ​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“តួនាទី​កាន់តែ​កើន​ឡើង​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​”។

    លោក​ Arnaud​ Darc​ ប្រធាន​ Eurocham​ ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ស្ថិរភាព​នយោបាយ​ កំណើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ក៏ដូចជា​ការ​គាំទ្រ​ពី​វិស័យ​ធនាគារ​បាន​ជំរុញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​”។

    លោក​ Darc​ បាន​ថ្លែង​ថា​៖“ទោះជាយ៉ាងណា​ក៏​ដោយ​ភាព​រំភើប​នៃ​ការអនុវត្ត​ និង​សំឡេង​នៃ​វិស័យ​នេះ​ដែល​យើង​កំពុង​រីកចម្រើន​ យើង​បានឮ​ពី​ 1ឆ្នាំទៅ​1ឆ្នាំ​ នៅក្នុង​វេទិកា​របស់​យើង​ដែល​ថា​ភាពរឹងមាំ​នេះ​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​កាន់តែ​ច្រើន​ និង​សូម្បីតែ​ការពិនិត្យ​ពិច័យ​ទៀតផង​”។លោក​ Darc​ បាន​បន្ថែម​ថា​ ការពិត​នៃ​ការប្រកួត​ប្រជែង​ ភាព​ចាំបាច់​ដើម្បី​លេចធ្លោ​ និង​វិធី​ដើម្បី​ធ្វើ​ដូច្នេះ​ គឺជា​គំនិត​សំខាន់​កាន់តែ​ខ្លាំង​ឡើង​ ក៏ដូចជា​តួនាទី​របស់​និយតករ​ក្នុង​ការ​លើកកម្ពស់​ស្តង់​ដា​ខ្ពស់​នៅក្នុង​អ្វី​ដែល​កំពុង​ក្លាយជា​ទីផ្សារ​ទំនើប​”។

    កាលពី​ 2ឆ្នាំមុន​ ប្រធានបទ​ចម្បង​នៃ​វេទិកា​អចលនទ្រព្យ​ និង​សំណង់​គឺ​ “គ្រប់គ្រង​កំណើន​”ខណៈ​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​ឆ្ងល់​ថា​ តើ​កំណើន​ដ៏​ប្រសើរ​នេះ​អាច​បន្ត​នៅក្នុង​កម្រិត​ដូចគ្នា​ដែរ​ឬយ៉ាងណា​? ជា​ការពិត​ណាស់​ខណៈ​ដែល​វិស័យ​នេះ​ កាន់តែ​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​ៗចូលរួម​ប្រឡូក​ តែ​ពួកគេ​ត្រូវតែ​រិះរក​វិធី​ដើម្បី​ឈរ​លើ​គេ​ ដើម្បី​ឈ្នះ​ការប្រកួត​។

    យោង​តាម​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា​ តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា​ 15​% ជាមធ្យម​រៀងរាល់​ឆ្នាំ​សម្រាប់​រយៈពេល​ពី​ 4 ទៅ​ 5ឆ្នាំ​ចុងក្រោយ​នេះ​។ តម្លៃ​កាលពី​ឆ្នាំមុន​បាន​កើនឡើង​ច្រើនជាង10​%បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ 2017​។ តម្លៃ​ដីធ្លី​បាន​កើនឡើង​ប្រហែល​ 20​% ខណៈ​ពេល​ដែល​តម្លៃ​ផ្ទះ​ និង​អគារ​ពាណិជ្ជកម្ម​កើនឡើង​ប្រហែល​ 10​%។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​ អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ការ​អនុម័ត​ពី​ក្រសួង​គឺជា​ជំហាន​ដំបូង​ ដែល​គ្រាន់តែ​អនុម័ត​ នៅ​មិន​គ្រប់គ្រាន់​ទេ​ យើង​ត្រូវតែ​ពិនិត្យមើល​ថា​តើ​គម្រោង​ទាំងនេះ​ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ពេញលេញ​ឬយ៉ាងណា​? កត្តា​ផ្សេង​ទៀត​អាច​មាន​ឥទ្ធិពល​លើ​ការ​អនុម័ត​របស់​រដ្ឋាភិបាល​។ អ្នក​ចូល​រួម​ថ្មី​ៗជាច្រើន​ដែល​ព្យាយាម​ចូលរួម​ក្នុង​វិស័យ​នេះ​ ប្រហែលជា​មិន​មាន​បទ​ពិសោធ​ចាំបាច់​ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​ការ​អនុម័ត​ទេ​”។

    យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញ​ថា​ 4ខែ​ដើមឆ្នាំ2019នេះ​ គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​នានា​ ដូចជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខុន​ដូ​ អគារ​ការិយាល័យ​ សណ្ឋាគារ​ បុរី​លំនៅឋាន​ និង​សំណង់​រោងចក្រ​ជាដើម​ ត្រូវ​បាន​អនុម័ត​ដោយមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ សរុប​រហូតដល់​ 2,742ដុល្លារ​សហ​អាមេរិក​ក្នុង​នោះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​ទឹកប្រាក់​ 367​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

    របាយការណ៍​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹងផង​ដែរ​ថា​ សម្រាប់​ក្រុមហ៊ុន​សំណង់​កំពុងតែ​ដំណើរ​ ការ​នៅ​កម្ពុជា​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ដូចជា​ ក្រុមហ៊ុន​សំណង់​ចិន​មាន​ចំនួន​ 226ក្រុមហ៊ុន​ វៀតណាម​មាន​ចំនួន​ 26ក្រុមហ៊ុន​ ថៃ​មាន​ចំនួន​ 14ក្រុមហ៊ុន​ ម៉ាឡេស៊ី​មាន​ចំនួន​ 12ក្រុមហ៊ុន​ សិង្ហបុរី​មាន​ចំនួន​ 6ក្រុមហ៊ុន​ ឥណ្ឌូ​នេ​ស៊ី​មាន​ចំនួន2​ និង​ក្រុមហ៊ុន​ហ្វីលីពីន​មាន​ចំនួន1​។

    នៅក្នុងចំណោម​នៃ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​បរទេស​នៅក្នុង​ទំហំ​ទឹកប្រាក់​ខាងលើ​នេះ​ វិនិយោគិន​ចិន​ បាន​ឈានមុខ​គេ​ជាមួយ​ការ​បោះទុន​សរុប​ ប្រមាណ​ 315លាន​ដុល្លារ​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​នានា​នៅក្នុង​តំបន់​អាស៊ាន​ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ត្រឹម​ជាង​ 4លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​៕

  • Charles​ &​ Keith​ ប្រារព្ធ​ខួប​គម្រប់​ 1ឆ្នាំ​ ហាង​ថ្មី​ក្រោយបង្អស់​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ Sen​ Sok​

    Charles​ &​ Keith​ ប្រារព្ធ​ខួប​គម្រប់​ 1ឆ្នាំ​ ហាង​ថ្មី​ក្រោយបង្អស់​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​ AEON​ Mall​ Sen​ Sok​

    ប្រជាជន​ក្នុង​ស្រុក​ប្រហែលជា​បាន​ស្គាល់​រួចមក​ហើយពី​ម៉ាក​ Charles​ &​ Keith​ ជា​ម៉ាក​ដែល​ទទួល​បានការ​ពេញនិយម​បំផុត​ក្នុង​ស្រទាប់​យុវវ័យ​ ហើយ​ជាពិសេស​ Charles​ &​ Keith​ គឺជា​ម៉ាក​តែ​ 1គត់​ដែល​តែងតែ​នាំ​យក​មក​នូវ​ការ​ឌីហ្សា​ញប្លែ​កៗ​ ស្អា​តៗ​ ជាពិសេស​គឺ​ម៉ូដ​ទាន់សម័យ​តាម​តម្រូវការ​អតិថិជន​តែម្តង​។ ចក្ខុវិស័យ​របស់​ Charles​ &​ Keith​ គឺ​ផ្តោត​ទៅលើ​មុខទំនិញ​ដែល​កំពុងពេញនិយម​ និង​ទើបនឹង​មកដល់​ដែល​រួមមាន​ដូចជា​៖ ស្បែកជើង​ កាបូប​ និង​គ្រឿងលម្អ​ ជាច្រើន​ទៀត​ដែល​ជា​តម្រូវការ​របស់​អតិថិជន​ដែល​និយម​ប្រើ​ផលិតផល​ Charles​ &​ Keith​ ហើយ​ម៉ូដ​ទាំងអស់​នោះ​ក៏​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​អតិថិជន​ផង​ដែរ​។

    ហើយ​កាលពី​ថ្ងៃសៅរ៍​ ទី​8 ខែមិថុនា​ ថ្មី​ៗនេះ​ ម៉ាក​ Charles​ &​ Keith​ បាន​ប្រារព្ធ​ពីធី​គម្រប់​ខួប​ 1ឆ្នាំ​របស់​ខ្លួន​ ក្នុង​ការ​បើក​ដំណើរការ​ហាង​ចុងក្រោយ​គេ​បង្អស់​របស់​ខ្លួន​នៅ​ឯផ្សារ​ទំនើប​ AEON​ Mall​ សែនសុខ​ រួម​ជាមួយ​វត្តមាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ តារា​កិត្តិយស​ដ៏​ស្រស់​ស្អាត​ជាច្រើន​រូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ជាពិសេស​ជាង​នេះ​ទៅទៀត​ គឺ​វត្តមាន​តារា​កិត្តិយស​មក​ពី​ប្រទេស​ថៃ​គឺ​ កញ្ញា​ មីន​ ឆា​លីដា​ (Mint​ Chalida​)។

    ការ​បង្ហាញខ្លួន​ដ៏​ស្រស់​ស្អាត​របស់​កញ្ញា​ មីន​ ឆា​លីដា​ (Mint​ Chalida​) រួម​ជាមួយ​កាបូបយួរ​ដៃ​ដ៏​ទាន់សម័យ​ដែល​ឌីហ្សាញ​ឡើង​យ៉ាង​ពិសេស​ដែល​មាន​លក្ខណៈ​ និង​រូបរាង​ជា​ឈើ​ឌីហ្សា​ញនៅ​ត្រង់កន្លែង​ដៃ​យួរ​នៃ​កាបូប​ រួម​ជាមួយនឹង​ម៉ូដ​ស្បែកជើងកែងចោត​សម្រាប់​រដូវ​ក្តៅ​ (Summer​ Collection​ ) ដែល​វា​ជា​ edition​ ថ្មី​ចុងក្រោយ​គេ​បង្អស់​របស់​ Charles​ &​ Keith​ ពិតជា​ធ្វើ​ឱ្យ​កញ្ញា​ មីន​ ឆា​លីដា​ (Mint​ Chalida​) កាន់​ស្រស់​ស្អាត​ឡើង​ថែមទៀត​។

    មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក្នុង​កម្មវិធី​គម្រប់​ខួប​ 1ឆ្នាំ​របស់​ Charles​ &​Keith​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​តារា​កិត្តិយស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​ តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​ កញ្ញា​ រ៉េ​ត ស៊ូ​ហ្សា​ណា​ និង​តារា​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​តាម​បណ្ដាញ​សង្គម​ជាច្រើន​ ដូចជា​កញ្ញា​ ជេស៊ី​ កា​ កញ្ញា​ នេត​ រក្សា​ កញ្ញា​ នង​ ដេមី​ ​កញ្ញា​ ចាន់​ មិនា​ និង​កញ្ញា​ ដា​លី​ណា​។ កម្មវិធី​គម្រប់​ខួប​ 1ឆ្នាំ​របស់​ Charles​ &​ Keith​ ក៏បាន​នាំមក​នូវ​កាដូ​ពិសេស​បន្ថែម​ទៀត​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ ដោយមាន​ការ​ឌីហ្សាញ​ជា​ខ្សែដៃ​ភ្ជាប់​ជាមួយនឹង​ឈ្មោះ​របស់​អតិថិជន​តែម្តង​។

    ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ទាំងអស់​បាន​រីករាយ​ជាមួយនឹង​ការ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​កញ្ញា​ មីន​ ឆា​លីដា​ (Mint​ Chalida​) រួម​ជាមួយនឹង​តារា​កិត្តិយស​ជាច្រើន​រូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ លើស​ពីនោះ​ទៅទៀត​ គឺ​ភ្ញៀវ​បាន​រីករាយ​ជាមួយនឹង​ការ​ទទួលទាន​អាហារសម្រន់​ដ៏​ឆ្ងាញ់​ពិសា​ រួម​ជាមួយនឹង​ការ​ប្រគំ​បទភ្លេង​ពី​ DJ​ អា​ឡិច​ ម៉ាត​ទៀតផង​។

  • ឈឺ-កគួរញ៉ាំអ្វីខ្លះ?

    ឈឺ-កគួរញ៉ាំអ្វីខ្លះ?

    នៅពេល​មិន​ស្រួលខ្លួន​ ឬឈឺថ្កាត់​ យើង​តែង​ភាវនា​សុំ​កុំឱ្យ​ឈឺ​-ក តែ​ភាគច្រើន​ មុននឹង​គ្រុនក្ដៅ​ខ្លួន​ វា​ច្រើនតែ​កើតមាន​អាការ​ឈឺ​-កជា​សញ្ញា​ដាស់តឿន​ដំបូង​គេ​ជានិច្ច​។ មិនថា​អ្ន​កណាៗ​ក៏​មិន​ចង់​ឈឺ​-កដែរ​ ព្រោះ​គ្រប់​ៗគ្នា​បានដឹង​ពី​ភាព​ពិបាក​វេទនា​ដែល​ជួនកាល​ និ​យាយ​ឮៗ​ក៏​មិនបាន​ ពេលខ្លះ​សំឡេង​ផ្លាស់ប្ដូរ​ ញ៉ាំ​អាហារ​មិន​ឆ្ងាញ់​ ហើយដែល​សំខាន់​ គឺ​ខាន​បាន​ញ៉ាំ​អា​ហារ​ឆ្ងាញ់​ៗមួយគំនរ​ទៀត​។

    ព្រោះ​នៅក្នុង​បំពង់ក​មាន​បំពង់អាហារ​ដែល​បញ្ជូន​អាហារ​ពី​មាត់​ចូល​ទៅ​រក​ក្រពះ​ និង​ពោះវៀន​ ដើម្បី​ធ្វើការ​រំលាយ​ ដូច្នេះ​នៅពេល​ណា​ដែល​ឈឺ​-ក រឿង​សំខាន់​គឺ​កុំ​រុក​គួ​នរំ​ខាន​បរិវេណ​ខាងក្នុង​បំពង់ក​ខ្លាំងពេក​ ព្រោះ​បំពង់ក​អាច​នឹង​កំពុង​រលាក​ ទើប​ធ្វើ​ឱ្យ​យើង​ខាន​បាន​ញ៉ាំ​អាហារ​ដែល​ប្រក្រតី​យើង​អាច​ញ៉ាំ​បាន​យ៉ាង​សប្បាយ​ៗ។ ដូច្នេះ​បើ​ចង់ឱ្យ​អាការ​ឈឺ​-កនេះ​ឆាប់​ជា​ ឬធូរ​ស្រាល​ឡើង​នោះ​ ចូរ​នាំគ្នា​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​វិញ​ប្រសើរ​ជាង​៖

    ១.​ ទឹកដោះគោ​
    អំឡុង​ពេល​ឈឺ​-ក អាច​ធ្វើ​ឱ្យ​យើង​មិនសូវ​បាន​ញ៉ាំ​អ្វី​ច្រើន​ទេ​ ដូច្នេះ​ ទឹកដោះគោ​គឺជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​រាវ​ដែល​មានគុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ច្រើន​ ហើយ​ថែមទាំង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ខ្វះ​ជាតិទឹក​ដែល​អ្នក​ឈឺ​-កជាច្រើន​នាក់​អាច​ត្រូវ​ប្រឈម​(មិនសូវ​ចង់​ញ៉ាំ​ទឹក​ ព្រោះ​ឈឺ​-ក)។ ក្រៅពី​បាន​ទទួល​ប្រូ​តេ​អុីន​ពេញ​ៗហើយ​ នៅ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ពោះ​ទៀតផង​។កុំ​ភ្លេច​ ជ្រើសរើស​ញ៉ាំទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​កុំឱ្យ​ឈឺ​ក្រហាយ​សាច់​ភ្នាស​ក្នុង​បំពង់ក​។

    ២. ស៊ុប​មី​គៀវ​
    បើ​នៅ​ប្រទេសក្រៅ​ អាច​នឹង​ជ្រើស​រើ់​សទ​ទួល​ទាន​អាហារ​ប្រភេទ​សរ​សៃៗ​ ទន់​ៗ ដូចជា​ សរសៃ​មី​ផា​ស្តា​ រ៉ា​វី​អូ​លី​ ជាដើម​ តែបើ​នៅ​ស្រុក​យើង​ ស៊ុប​មី​គៀវ​ គឺជា​អាហារ​ដែល​ងាយស្រួល​ទំពា​ ងាយស្រួល​លេប​ ហើយ​ទឹក​ស៊ុប​ក្ដៅ​ៗថែមទាំង​ជួយ​ធ្វើ​ឱ្យ​ស្រឡះ​បំពង់ក​ទៀតផង​។ តែ​សូម​ចៀសវាង​គៀវ​បំពង​ និង​ខ្ទឹម​បំពង​ ព្រោះ​អាច​រឹតតែ​ធ្វើ​ឱ្យ​អាការ​ឈឺ​-កកាន់តែ​យ៉ាប់យ៉ឺន​ឡើង​។

    ៣. បបរសាមចូក​
    គ្មាន​អាហារ​សម្រាប់​អ្នកជំងឺ​ណា​ដែល​ល្អ​ជាង​បបរសាមចូក​ឡើយ​ ព្រោះ​អង្ករ​ជា​ខា​បូ​ហាយ​ដ្រេ​តដ៏​សំខាន់​ដែល​ជួយ​ឱ្យ​កម្លាំងថាមពល​អាច​ទៅជាមួយ​យើង​បាន​ពេញមួយថ្ងៃ​ និង​ថែមទាំង​មិន​ឈឺ​ក្រហាយ​បំពង់ក​ ឬធ្វើ​ឱ្យ​ឈឺ​-កដូច​បាយ​ស្រួយ​ផ្សេង​ៗទៀតផង​។ បើសិនជា​ធុញទ្រាន់​បបរ​ធម្មតា​ ក៏អាច​ប្ដូរ​មក​ជា​បបរសាមចូក​បាន​ ដោយ​ជ្រើសរើស​យក​រសជាតិ​ដែល​មិន​ប្រៃ​ខ្លាំង​ ដាក់​សាច់​ជ្រូក​កិន​ម៉ដ្ឋ​ វា​នឹង​ជួយ​បង្កើន​សារធាតុ​អាហារ​ក្នុង​អាហារ​មួយ​ចាន​នោះ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម​បាន​យ៉ាង​ងាយ​(និង​កុំ​ដាក់​ខ្ទឹម​បំពង​)។

    ៤. ស៊ុតស្រុស​
    ក្នុងអំឡុងពេល​ដែល​រាងកាយ​ត្រូវការ​ប្រូ​តេ​អុី​នដើម្បី​បន្ថយ​អា​-ការ​ឈឺ​-កឱ្យ​បាន​លឿន​នោះ​ ស៊ុត​ក្រឡុក​ចៀន​ ស៊ុត​ចៀន​ជ័រ​ព្នៅ​អាច​មិនមែន​ជា​ជម្រើស​ដែល​ល្អ​បំផុត​នោះ​ទេ​ ឯស៊ុតស្ងោរ​ក៏អាច​នឹង​ស្ងួត​រហូត​ពិបាក​នឹង​លេប​ផង​ដែរ​ តែបើ​សិន​ជា​ស៊ុត​ស្រុស​ដែល​មាន​លក្ខ​ណៈ​ខាប់​ៗទន់​ៗ និង​ងាយ​ស្រួល​លេប​វិញ​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ញ៉ាំ​ស៊ុត​បាន​យ៉ាង​មាន​សេចក្ដីសុខ​ខ្លាំង​ឡើង​។ ក្រៅ​ពីនេះ​ ស៊ុត​ថែមទាំង​ជា​អាហារ​ដែល​ពោរពេញ​ដោយ​គុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ជាច្រើន​ មិន​ថា​តែ​ប្រូ​តេ​អុីន​ វីតាមីនA​, B5​, B2​ ស័ង្កសី​ និង​ជាតិ​ខ្លាញ់​ល្អ​ទៀតផង​។

    ៥. ផ្លែឈើ​ក្រឡុក​
    ជាប្រក្រតី​ យើង​នឹង​ណែនាំ​ឱ្យ​ញ៉ាំ​ផ្លែឈើ​ជា​ចំ​ណិ​តស្រស់​ៗខ្លាំង​ជាង​ តែបើ​សិន​ជា​កំពុង​ឈឺ​-ក ការ​យក​ផ្លែឈើ​ស្រស់​ទៅ​កិន​ក្រឡុក​ឱ្យ​ម៉ដ្ឋ​(ទាំង​កាក​)ក៏​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​លោកអ្នក​បាន​ទទួល​វីតាមីន​ពី​ផ្លែឈើ​កាន់តែ​ងាយស្រួល​ឡើង​ក្នុង​ខណៈ​ដែល​លោកអ្នក​នៅ​មាន​អាការ​ឈឺ​-ក។ តែ​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ ត្រូវ​កិន​ក្រឡុក​ផ្លែឈើ​ជាមួយ​កាក​(ហាម​ដាក់​ទឹកកក​) ហាម​ញែកចេញ​ ឬស្រង់​យក​កាក​ចេញ​ជាដាច់ខាត​ មិន​ដូច្នោះ​ទេ​ លោកអ្នក​នឹង​ទទួល​បាន​ត្រឹមតែ​ជាតិ​ស្ករ​សុទ្ធ​ៗ ដោយ​នឹង​ទទួល​បាន​វីតាមីន​តិច​បំផុត​។

    ៦. ទឹក​ស្ងោរ​ឆ្អឹង​ស៊ុប​
    គ្មាន​ទឹកស៊ុប​ណា​នឹង​ឆ្ងាញ់​ ហុត​ស្រួល​បំពង់ក​ស្មើនឹង​ទឹកស៊ុប​ដែល​ស្ងោរ​រម្ងាស់​ពី​ឆ្អឹង​សត្វ​ឡើយ​។ ក្រៅពី​រសជាតិ​ឈ្ងុយឆ្ងាញ់​តាម​ធម្មជាតិ​ដោយ​មិន​ចាំបាច់​ថែម​គ្រឿង​ហើយ​នោះ​ ការ​ហុត​ទឹកស៊ុប​ក្ដៅ​ឧណ្ហ​ៗនៅ​ជួយ​កាត់បន្ថយ​អាការ​រលាក​ ហើម​នៅក្នុង​បំពង់ក​ ហើយ​ថែមទាំង​ជួយ​កាត់​បន្ថយ​អាការ​ប្រថុយប្រថាន​ក្នុង​ការ​ឆ្លង​មេរោគ​បាន​ទៀតផង​៕

  • ត្រៀមខ្លួន​ថែរក្សា​សុខភាព​បែបណា​ក្នុងពេល​ធ្វើដំណើរ?

    ត្រៀមខ្លួន​ថែរក្សា​សុខភាព​បែបណា​ក្នុងពេល​ធ្វើដំណើរ?

    ក្នុងអំឡុងពេល​នេះ​ ជា​ពេលវេលា​មួយ​នៃ​ការ​ជួបជុំ​ក្រុម​គ្រួសារ​ និង​ធ្វើដំណើរ​កម្សាន្ដ​ទៅ​គ្រប់​ទីកន្លែង​យ៉ាង​រីករាយ​។ តែ​ងាក​មក​សង្កេតមើល​ពី​អាកាសធាតុ​វិញ​ ដូចជា​មិន​អំ​ណោច​ផល​ទាល់តែសោះ​ ជួន​ក្ដៅ​ ជួន​ត្រជាក់​។ ពេលខ្លះ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន​ ឈឺក្បាល​ញឹកញាប់​ ឬកើតមាន​អាការ​ពុល​ឡាន​ និង​ធ្វើ​ឱ្យ​អ្នក​ងាយ​នឿយហត់​ក្នុង​ការ​ធ្វើដំណើរ​ទៀតផង​។ បើ​មាន​អាការ​ឈឺក្បាល​ញឹកញាប់​ក្នុង​ពេល​ធ្វើដំណើរ​នោះ​ តើ​អ្នក​គួរតែ​ថែរក្សា​សុខភាព​បែប​ណា​? សូម​ពិនិត្យ​នូវ​ចំណុច​ខាងក្រោម​នេះ​ ដើម្បី​ប្រតិបត្តិ​តាម​ក្នុង​ការ​ការពារ​ និង​ទុកជា​គន្លឹះ​ត្រៀមខ្លួន​ទុកជាមុន​។

    1. កុំ​ទទួលទាន​កាហ្វេ​ច្រើន​អំឡុង​ពេល​ធ្វើ​ដំណើរ
    អ្នក​គួរតែ​ចាប់អារម្មណ៍​ទៅលើ​ភេ​សជ្ជៈ​ផ្សេង​ៗវិញ​ប្រសើរ​ជាង​ ព្រោះថា​សារធាតុ​កា​ហ្វេ​អុីន​គឺជា​សារធាតុ​មួយ​ជំរុញ​ឱ្យ​មាន​អាការ​ឈឺក្បាល​ដ៏​អា​-ក្រ​ក់​មួយ​ និង​អាច​ធ្វើ​ឱ្យ​អ្នកមាន​អាការ​ធីងធោង​ក្នុង​ពេល​ធ្វើដំណើរ​ទៀតផង​។ ដូច្នេះហើយ​សូម​ងាក​មក​ទទួលទាន​អាហារ​ ឬទឹកតែ​ ឬទឹក​ផ្លែឈើ​វិញ​ ដើម្បី​ជួយ​បំពេញ​ជាតិទឹក​នៅក្នុង​រាងកាយ​របស់​អ្នក​។

    2. ប្រើប្រាស់​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល​
    ទោះជា​មានឈ្មោះ​ថា​ជា​ថ្នាំ​មែន​ តែបើ​ប្រើ​ខុស​ក៏អាច​នឹង​ធ្វើ​ឱ្យ​មានគុណ​វិបត្តិ​បាន​ដែរ​ ដូច្នេះ​ហើយ​ពពួក​ថ្នាំ​បំបាត់​អាការ​ឈឺ​ក្បាល​ផ្សេង​ៗ គួរ​តែ​ទទួលទាន​ឱ្យ​សម​ល្មម​ចំពោះតែ​ពេលណា​ដែល​ឈឺក្បាល​ខ្លាំង​មែនទែន​បាន​ហើយ​។ ហាម​ប្រើ​ក្នុង​បរិមាណ​ច្រើនលើស​ពី​កំណត់សម្គាល់​ដែល​មាន​នៅ​លើ​ប្រអប់​ថ្នាំ​ និង​មិន​គួរ​ទទួលទាន​ញឹកញាប់​ពេក​ទេ​ មិន​ដូច្នោះ​ទេ​នឹង​ធ្វើ​ឱ្យ​កើតមាន​អាការ​ស៊ាំ​នឹង​ថ្នាំ​ ធ្វើ​ឱ្យ​ពេល​ឈឺក្បាល​ឡើង​ ថ្នាំ​ប្រហែលជា​លែង​អាច​ជួយ​បាន​ទៀតហើយ​។

    3. ព្យាយាម​អង្គុយ​ឱ្យ​ត្រង់​ខ្នង​ និង​កុំ​ចុច​ទូរស័ព្ទ​
    បើ​អ្នកដឹងខ្លួន​ថា​ ខ្លួនឯង​ជា​មនុស្ស​ចូលចិត្ត​អង្គុយ​ធ្វើ​ខ្នងកោង​ ឬចុច​ទូរស័ព្ទ​ជាប់​ជានិច្ច​ខណៈ​ពេល​ធ្វើដំណើរ​នោះ​ អ្នក​គួរតែ​កាត់បន្ថយ​ទម្លាប់​នេះ​ទៅ​ ព្រោះ​កាលណា​អ្នក​ព្យាយាម​សម្លឹង​អេក្រង់​ទូរស័ព្ទ​ច្រើន​ អាច​ធ្វើ​ឱ្យ​អ្នក​វិលមុខ​ ហើយ​ការ​អង្គុយ​មិន​ត្រង់​ខ្លួន​កាន់តែ​ធ្វើ​ឱ្យ​សាច់ដុំ​កឡើង​រឹង​ និង​បណ្ដាល​ឱ្យ​កើតមាន​អាការ​ឈឺក្បាល​កើតឡើង​ទៀតផង​។ ខណៈ​ធ្វើដំណើរ​គួរតែ​ត្រៀមខ្លួន​ប្ដូរ​ឥរិយាបថ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ទើប​ត្រឹមត្រូវ​។ អ្នក​គួរតែ​មាន​ខ្នើយ​ពាក់​-កតាម​ខ្លួន​ទើប​ជា​ការ​ប្រសើរ​ជាង​។

    4. បញ្ហា​ភ្នែក​
    ក្នុងអំឡុងពេល​ធ្វើដំណើរ​នៅពេល​ព្រឹក​ អាច​ធ្វើ​ឱ្យ​អ្នក​កើតមាន​អាការ​ដូចជា​ ធីងធោង​ គ្រុន​ក្តៅ​ ជាប់​-ក វិលមុខ​ ភាំង​ស្មារតី​ ស្រវាំង​ភ្នែក​ ពិបាក​និយាយ​ ឬគាំង​ដៃជើង​ និង​ស្ពឹក​រាងកាយ​ជាដើម​វា​អាច​បណ្តាល​មក​ពី​បញ្ហា​ភ្នែក​ បញ្ហា​វ៉ែនតា​ ឬការ​អង្គុយ​ខុស​លក្ខណៈ​។ នៅពេល​អ្នក​ឈឺក្បាល​ពេលព្រឹក​ នៅ​ខាងក្រោយ​ក្បាល​ ឬលើ​លលាដ៏​ក្បាល​ គឺ​អាច​បណ្តាល​មក​ពី​ជំងឺ​សរសៃឈាម​។ ខណៈ​ធ្វើដំណើរ​ ប្រសិនបើ​អ្នកមាន​បញ្ហា​ភ្នែក​ អ្នក​គួរតែ​ដោះ​វ៉ែនតា​ទុក​សិន​ ហើយ​ងាក​មក​ប្រើ​នៅ​ពេល​ចាំបាច់​វិញ​បាន​ហើយ​។ អនុវត្ត​តាមវិធី​នេះ​អាច​ជួយ​ឱ្យ​អ្នក​លែង​មាន​អាការ​ធីងធោង​ វិលមុខ​ឈឺក្បាល​បាន​។

    5. ព្យាយាម​ជួយ​ខ្លួនឯង​
    ប្រសិនបើ​អាច​ សូម​បើក​កញ្ចក់ឡាន​ ដើម្បី​ស្រូប​យក​ខ្យល់​បរិសុទ្ធ​។ នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ ដែល​មាន​អាការ​ពុល​ធីងធោង​ ឬអ្នក​ពុល​ឡាន​។ ការ​ស្តាប់​ឭអ្នកដទៃ​និយាយ​ពី​ការ​ពុល​ឡាន​ ឬមើល​ឃើញ​ពួកគេ​ពុល​ឡាន​ ក៏អាច​ធ្វើ​ឱ្យ​អ្នក​ពុល​ឡាន​បាន​ដូចគ្នា​ដែរ​។ ការ​តាំងស្មារតី​ក៏អាច​ជួយ​កាត់​បន្ថយ​អាការ​ពុល​ឡាន​បាន​ដែរ​ សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ជិត​ ឬអាការ​ពុល​ឡា​នយូរៗ​ម្តង​។ អ្នក​ក៏អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ទិញថ្នាំ​ សម្រាប់​ការ​ធ្វើដំណើរ​ផ្លួវ​ឆ្ងាយ​ ឬក្នុងករណី​ដែល​អាការ​ជំងឺ​របស់​អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​។ សូម​ចងចាំ​ថា​ ការប្រើ​ប្រាស់​ថ្នាំ​ការពារ​ពុល​ឡាន​អាច​បណ្តាល​ឱ្យ​អ្នក​ងងុយគេង​ ឬផ្តល់​ផល​ប៉ះពាល់​លើ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​របស់​អ្នក​។ ដូច្នេះ​ការប្រើ​ប្រាស់​ឱសថ​ គួរតែ​មាន​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​៕

  • គន្លឹះ​ថែទាំ​សុខភាព​ឱ្យ​ល្អ ដើម្បី​អាច​ដើរលេង​យ៉ាង​រីករាយ​ក្នុង​រដូវក្ដៅ

    គន្លឹះ​ថែទាំ​សុខភាព​ឱ្យ​ល្អ ដើម្បី​អាច​ដើរលេង​យ៉ាង​រីករាយ​ក្នុង​រដូវក្ដៅ

    នៅក្នុង​ឆ្នាំនេះ​ មេឃ​អាច​នឹង​ក្តៅ​ខ្លាំង​ អាច​ឡើង​ដល់​លើស40អង្សា​រសេ​ឯណោះ​។ បើ​ក្តៅ​ម្ល៉ឹង​ៗ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​នៅ​ក្រោម​កម្ដៅថ្ងៃ​ពេល​ដើរលេង​ ឬទៅ​ណាម​កណា​ខ្យល់គ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ អ្នកខ្លះ​ប្រហែល​កំពុង​ត្រៀម​រៀបចំ​កាបូប​ធ្វើដំណើរ​ទៅដើរ​លេង​កម្សាន្ដ​នៅ​តាម​ទី​រួម​ខេ​ត្ត​ផ្សេង​ៗហើយ​មែនទេ​? តែ​មុននឹង​ទៅ​ ឡា​រ៉ែ​ន ចង់ឱ្យ​មិត្ត​អ្នកអាន​ត្រៀមខ្លួន​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​បន្តិច​សិន​ ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​ប្រព្រឹត្តទៅ​យ៉ាង​រីករាយ​ មិន​ឈឺថ្កាត់​ក្នុង​ពេល​ធ្វើដំណើរ​ ឬក៏​វេច​រោគ​គ្រុនផ្តាសាយ​ត្រឡប់មកវិញ​ហ្នឹងឯង​។ ខាងក្រោម​នេះ​ គឺជា​ពាក្យណែនាំ​របស់​លោកគ្រូពេទ្យ​ជំនាញ​ ដែល​បាន​ផ្តល់​ដំបូន្មាន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ខាងក្រោម​នេះ​។

    1- ព្យាយាម​នៅក្នុង​កន្លែង​ម្លប់​ឱ្យ​បាន​ច្រើន​
    កំពុង​ស្ថិតនៅ​ក្នុង​ខែ​ក្ដៅ​ខ្លាំង​បែបនេះ​ ហើយ​នៅ​តាម​កន្លែង​ដើរ​លេង​កម្សាន្ដ​គឺ​មិន​មាន​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ​ មានតែ​ខ្យល់​កាស​ត្រជាក់​បក់​មក​តាម​បែប​ធម្មជាតិ​។ បើ​ក្ដៅ​ខ្លាំង​ អ្នក​ត្រូវ​ជ្រកនៅ​ក្នុង​ម្លប់​ឱ្យ​បាន​ច្រើន​ អាច​ជួយការ​ពារ​អ្នក​ពី​ជំ​ងឺ​ផ្សេង​ៗដែល​កើតឡើង​នៅ​ខែ​ក្តៅ​។

    2- ប្រើ​របស់​ត្រ​ជា​ក់ៗ​
    មាន​ផលិតផល​ត្រ​ជា​ក់ៗ​មួយចំនួន​ ដែល​អ្នក​អាច​រកបាន​នៅ​តាម​ទីផ្សារ​ ដូចជា​ កន្សែង​ត្រជាក់​ ម៉ាស​បិទមុខ​ និង​កន្សែង​រុំ​កជា​ដើម​ គឺ​សុទ្ធតែ​អាច​ជួយ​ទប់ទល់​នឹង​កម្ដៅថ្ងៃ​បាន​ទាំងអស់​។

    3- ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​
    ចូល​ដល់​ខែ​ក្តៅ​ បាន​ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​ជា​រឿង​សប្បាយចិត្ត​បំផុត​។ ហើយ​ការដែល​បាន​ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​ អាច​ជួយ​ឱ្យ​អ្នក​អាច​ទប់ទល់​ជាមួយនឹង​កម្ដៅថ្ងៃ​ជា​បណ្ដោះអាសន្ន​បាន​។

    4- ហែលទឹក​
    ទៅដើរ​លេង​នៅកន្លែង​ដែល​មាន​ទឹក​អាច​ហែល​លេង​បាន​ គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​អនុវត្ត​នៅ​ខែ​ក្ដៅ​ តែ​ដើម្បី​ការពារ​សុខភាព​របស់​អ្នក​ អ្នក​មិន​គួរ​ហែលទឹក​នៅ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​នោះ​ទេ​។

    5- ប្រើ​កង្ហា​
    កង្ហា​អ្នក​អាចយ​កវា​តាម​ខ្លួន​បាន​ វា​អាច​ផ្ដល់​នូវ​ភាពត្រជាក់​ដល់​អ្នក​បាន​លឿន​ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ក្ដៅស្អុះ​ស្អាប់​។ ហើយ​យកល្អ​អ្នក​អាចយ​កកង្ហា​សាក​ថ្ម​តាម​ខ្លួន​ក៏បាន​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ និង​មាន​រូបរាង​តូច​ស្រួល​ដាក់​តាម​ខ្លួន​ នៅក្នុង​ដំណើរ​កម្សាន្ត​។

    6- ជ្រើសរើស​ស្លៀក​សម្លៀក​បំពាក់​ស្រាល​ៗ រលុង​ៗ
    សម្រាប់​ខែ​ក្ដៅ​អុីចឹង​ ពេល​ចេញទៅ​ខាងក្រៅ​អ្នក​គួរ​ស្លៀកពាក់​បែ​បរ​លុង​ៗ និង​ជ្រើសរើស​យក​សម្លៀកបំពាក់​ណា​ដែល​មានសាច់​ក្រណាត់​ស្រាល​ៗ ស្តើង​ៗបាន​ហើយ​ អាច​ជួយ​ឱ្យ​ខ្យល់​ចេញចូល​បាន​ល្អ​ ងាយស្រួល​ដកដង្ហើម​។ សម្លៀកបំពាក់​ដែល​ស័ក្តិសម​សម្រាប់​រដូវ​ក្តៅ​ គឺ​ធ្វើឡើង​ពី​កប្បាស​ សាច់​កំណាត់​ និង​សូត្រ​ជាដើម​។ក្នុងករណី​មាន​សំណួរ​ ឬមន្ទិលសង្ស័យ​ជុំវិញ​រឿង​សុខភាព​របស់​អ្នក​ ជម្រើស​ដ៏​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ មុន​ពេល​សម្រេចចិត្ត​ចេញទៅ​ដើរលេង​កម្សាន្ដ​នៅ​ទី​ឆ្ងាយ​៕

  • ទទួលទាន​ប្រេងដូង​ល្អ​ចំពោះ​សុខភាព​ដែរឬទេ?

    ទទួលទាន​ប្រេងដូង​ល្អ​ចំពោះ​សុខភាព​ដែរឬទេ?

    ប្រិយមិត្ត​អ្នកអាន​ប្រហែលជា​បាន​ជ្រាប​ខ្លះ​ហើយ​ថា​ ការ​ទទួលទាន​ប្រេងដូង​ផ្ដល់​នូវ​សុខភាព​ល្អ​ ប៉ុន្តែ​ប្រេងដូង​ជាទូទៅ​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​អ្នកមាន​បញ្ហា​សុខភាព​បេះដូង​នោះ​ទេ​។ សារធាតុ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ គឺជា​តិ​ខ្លាញ់​ឆ្អែត​។ ប្រេងដូង​ 82​% គឺ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ 1 ស្លាបព្រា​ មាន​ខ្លាញ់​ឆ្អែត​ 12ក្រាម​ (14​ ក្រាម​ជាតិ​ខ្លាញ់​សរុប​)។ នៅពេល​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​ អាច​ធ្វើ​ឱ្យ​អ្នកប្រឈម​នឹង​ជំងឺបេះដូង​។ ដើម្បី​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​ដ៏​អាក្រក់​នេះ​ អ្នក​គួរតែ​កំណត់​កម្រិត​នៃ​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ឆ្អែត​ក្នុង​ប្រមាណ​តិច​ជាង​ 6% នៃ​កាឡូរី​ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ ឬអាច​ប្រមាណ​ជា12ក្រាម​នៃជា​តិ​ខ្លាញ់​ឆ្អែត​ក្នុង​មួយថ្ងៃ​ (របប​អាហារ​ 1800កាឡូរី​)។

    ប្រភេទ​ប្រេងសណ្តែកដី
    ប្រភេទ​ប្រេងសណ្តែកដី

    ប្រេងដូង​តាំងពីដើមមក​ ត្រូវ​បាន​ស្ត្រីជា​ច្រើន​និយម​ចូលចិត្ត​ប្រើ​ ទាំង​ក្នុង​ការថែទាំ​សម្ផស្ស​ និង​ចម្អិនម្ហូប​អាហារ​ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗនេះ​ បែរ​ជា​បង្ហាញថា​ ប្រភេទ​ប្រេង​នេះ​មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ​។ អ្នកស្រាវជ្រាវ​របស់​អា​មេ​រិក​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​អំពី​គ្រោះថ្នាក់​របស់​ប្រេងដូង​ចំពោះ​សុខភាព​ជាច្រើន​។ ជាតិ​ខ្លាញ់​ក្នុង​អាហារ​ និង​ជំងឺ​បេះដូង​បាន​វាស់​អត្រា​ជាតិ​ខ្លាញ់​ឆ្អែត​ក្នុង​ពពួក​ប្រេង​។ តាមរយៈ​ការស្រាវជ្រាវ​បង្ហាញថា​ ប្រេងដូង​ធ្វើ​ឱ្យ​កើន​អត្រា​ កូ​ឡេ​ស្តេ​រ៉ូ​លក្នុង​ឈាម​ ។ ជាក់ស្តែង​ ជាតិ​ខ្លាញ់​ឆ្អែត​មាននៅ​ក្នុង​ប្រេងដូង​ 82​% គឺ​ខ្ពស់​ជាង​ បើ​ប្រៀបធៀប​នឹង​ផ្លែ​ប៊័រ​ ដែល​មាន​ខ្លាញ់​ឆ្អែត​ 63​% សាច់គោ​មាន​ខ្លាញ់​ឆ្អែត​ 50​% និង​ខ្លាញ់ជ្រូក​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ 39​%។

    ប្រភេទ​ប្រេងអូលីវ
    ប្រភេទ​ប្រេងអូលីវ

    ប្រេង​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក​ គឺ​ប្រភេទ​ប្រេង​ Monounsaturated​ និង​ប្រេង​ polyunsaturated​ អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​សុទ្ធ​បន្ថែម​ (EVOO​)ក៏បាន​។ ការសិក្សា​មួយចំនួន​លើ​របប​អាហារ​បាន​បង្ហាញ​ពីអ​ត្ថ​ប្រយោជន៍​របស់​ប្រេង​ទាំងពីរ​នេះ​ចំពោះ​សុខភាព​បេះដូង​។ដើម្បី​បង្កើន​តម្លៃ​អាហារូបត្ថម្ភ​ និង​អត្ថ​ប្រយោជន៍​នៃ​វីតាមីន​ចូរ​ចៀសវាង​ការ​ចម្អិន​ប្រេង​នៅក្នុង​សីតុណ្ហភាព​ខ្ពស់​ លើស​ពី​ 375​ អង្សា​សេ​។ ប្រេង​ចម្រាញ់​មាន​ជាច្រើន​ទៀត​ដូចជា​ ប្រេងសណ្តែក​ដី​ និង​ប្រេង​ផ្កាឈូករ័ត្ន​ ក៏អាច​ប្រើ​បាន​ដែរ​ ប្រសិន​បើ​អ្នក​ត្រូវការ​ចម្អិន​ក្នុង​កម្ដៅ​ខ្ពស់​។ ការអនុវត្ត​តាម​គន្លឹះ​ទាំង​ប៉​ន្មា​នខា​ងលើ​នេះ​នឹង​ជួយ​អ្នក​ឱ្យ​ទទួល​បាន​នូវ​សារៈ​ប្រយោជន៍​ពី​ប្រភេទ​ប្រេង​ ដើម្បី​ផ្ដល់​ឱ្យ​បេះដូង​របស់​អ្នកមាន​សុខភាព​ល្អ​៕

    ប្រភេទ​ប្រេង​ផ្កាឈូករ័ត
    ប្រភេទ​ប្រេង​ផ្កាឈូករ័ត
  • គន្លឹះ​ថែទាំ​ស្បែក​ពេលធ្វើ​ដំណើរ​កម្សាន្ត

    គន្លឹះ​ថែទាំ​ស្បែក​ពេលធ្វើ​ដំណើរ​កម្សាន្ត

    ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ខាងក្រៅ​ ស្បែក​របស់​អ្នក​ពិតជា​គេច​មិន​ផុត​ពី​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លាញ​ពី​អាកាសធាតុ​ដែល​ក្តៅ​ផង​ មាន​ខ្យល់​ធ្លាក់​ផង​ បន្ថែម​ដោយ​កាំរស្មី​ពី​ពន្លឺថ្ងៃ​ផង​នោះ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ពីរ​បៀ​បនៃ​ការ​ថែរក្សា​ស្បែក​ឱ្យ​បាន​ល្អ​វិញ​នោះ​ មិនថា​អ្នក​ទៅ​ប៉ះ​នឹង​ទឹកសមុទ្រ​ ប៉ះ​ខ្យល់​ ឬប៉ះ​នឹង​កម្តៅថ្ងៃ​នៅ​លើ​ភ្នំ​ ឬកន្លែងណា​នោះ​ទេ​ គឺ​អ្នក​ពិតជា​មិន​ចាំបាច់​ត្រូវ​គិត​ខ្វាយខ្វល់​ច្រើន​ឡើយ​។ តាមរយៈ​គន្លឹះ​ងាយ​ៗមួយចំនួន​ខាងក្រោម​នេះ​ គឺ​ពិត​ជា​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ជឿជាក់​ជាង​មុន​ជាមិនខាន​នៅក្នុង​ដំណើរ​កម្សាន្ត​នៅ​ចុងឆ្នាំ​នេះ​។

    ប្រើ​ឡេ​ថែរក្សា​ស្បែក​រាល់ថ្ងៃ​ ជាពិសេស​បន្ទាប់​ពី​ងូតទឹក​រួច​។ ក្នុងករណី​ដែល​អ្នក​ទៅលេង​ទឹកសមុទ្រ​អ្នក​គួរតែ​លាប​ឡេ​ថែរក្សា​ស្បែក​ ដើម្បី​បន្ថែម​សំណើម​ និង​ការពារ​ស្បែក​ពី​ខ្យល់​ និង​ទឹកសមុទ្រ​។
    ស្បែក​ដៃ​មាន​សភាព​ស្តើង​ជាង​កន្លែង​ផ្សេង​ៗដូច្នេះ​អ្នក​ត្រូវ​លាប​ក្រែម​ផ្តល់​សំណើម​ឱ្យ​ស្បែក​ដៃ​មុន​ពេល​ចូលគេង​ ហើយក៏​ត្រូវ​ពាក់​ស្រោមដៃ​ផង​ដែរ​ នៅពេល​ដែល​អ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​។
    ការ​ងូតទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ល្អ​នៅពេល​អាកាសធាតុ​រងា​ ប៉ុន្តែ​វា​ក៏​ជា​មូលហេតុ​នៃ​ការបំផ្លាញ​ស្បែក​ដែរ​។ ដើម្បី​ចៀស​ឱ្យ​ផុត​ពី​បញ្ហា​ស្បែក​ស្ងួត​អ្នក​គួរ​ងូតទឹក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ជូត​ខ្លួន​ឱ្យ​ស្ងួត​ដោយ​កន្សែងពោះគោ​ទន់​។
    អ្នក​ពិតជា​មិន​ចង់ឱ្យ​អ្នកទេសចរ​ដូចគ្នា​បាន​ឃើញ​បបូរមាត់​របស់​អ្នក​ប្រេះ​បែក​ក្រហែង​ទេ​មែន​ទេ​? បើដូច្នេះ​អ្នក​គួរ​កុំ​លិ​តប​បូរ​មាត់​ ហើយ​ប្រើ​ក្រែមលាបមាត់​ជាមួយនឹង​ SPF​ 15​ ព្រោះ​វា​អាច​ជួយ​កែ​បញ្ហា​ប្រេះ​បែក​នៃ​បបូរមាត់​បាន​ ព្រមទាំង​អាច​ការពារ​បបូរមាត់​របស់​អ្នក​ពី​ការបំផ្លាញ​នៃ​កម្តៅថ្ងៃ​។
    ដើរលេង​ក្រោម​កម្តៅថ្ងៃ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ វា​ពិតជា​សប្បាយ​ណាស់​ ប៉ុន្តែ​វា​ក៏​បង្កប់​ទៅ​ដោយ​ការបំផ្លាញ​ដល់​ស្បែក​ផង​ដែរ​។ អ្នក​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​ មុន​ពេល​ចេញដំណើរ15នាទី​ អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យ​បាន​ល្អ​។
    មុន​ពេល​កក់សក់​មួយ​ម៉ោង​ ឬមួយ​យប់​ អ្នក​គួរ​ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់​។ ប្រើ​ប្រេង​ជំនួយ​សក់​ក្រោយពេល​ងូតទឹក​រួច​ ដើម្បី​ការពារ​ និង​កាត់បន្ថយ​សភាព​សក់​ដែល​បែក​ចុង​។
    ចាប់ផ្តើម​ចេញដំណើរ​កម្សាន្ត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ភ្លាម​ ត្រូវការ​ពារ​សក់​ឱ្យ​បាន​ល្អ​ ដោយ​ការ​ពាក់មួក​ (តែ​មិន​ត្រូវ​ប្រើ​មួក​ចង្អៀត​ពេក​នោះ​ទេ​)ព្រោះ​វា​អាច​ជួយការ​ពារ​សក់​មិន​ឱ្យ​សំពោង​ ដោយ​សារ​ខ្យល់​ស្ងួត​ និង​កម្តៅថ្ងៃ​៕