Author: ធឿន មករា

  • ទង្វើ5យ៉ាង ពិសោធ​ស្នេហា​របស់ ​គូស្នេហ៍​ក្រោយពេល​រៀបការ

    ទង្វើ5យ៉ាង ពិសោធ​ស្នេហា​របស់ ​គូស្នេហ៍​ក្រោយពេល​រៀបការ

    ក្រោយពី​ប្តូរ​ស្ថានភាព​ពី​គូសង្សារ​មក​ជាគូ​ជីវិត​ ឬជាគូ​ស្វាមីភរិយា​ហើយ​នោះ​ ក្រៅពី​ធ្វើ​ឱ្យ​ការរស់នៅ​របស់​អ្នកប្រែ​ប្រួល​ហើយ​អាច​នឹង​ហុច​ផល​ឱ្យ​សេចក្ដីស្នេហា​ប្រែប្រួល​ទៅតាម​នោះ​ផង​ដែរ​។ ការប្រែប្រួល​ទាំងនោះ​អាច​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​នា​រីៗ​យើង​ជាច្រើន​កើតក្តី​សង្ស័យ​ថា​ តើ​ពេលនេះ​គូស្នេហ៍​(ដែល​ឥឡូវ​ក្លាយ​មក​ជា​ស្វាមី​)របស់​ខ្លួន​នៅតែ​មាន​អារម្មណ៍​ស្រឡាញ់​យើង​ដូច​កាលពីមុន​ ឬក៏​អត់​? តែ​ក៏​មិនសូវ​ជា​ហ៊ាន​សួរ​ប៉ុន្មាន​ដែរ​ ព្រោះ​ខ្លាច​ថា​ សំណួរ​មួយ​នេះ​នឹង​នាំ​ឆ្ពោះទៅ​រក​ការ​ឈ្លោះ​ទាស់ទែងគ្នា​។ ដូច្នេះហើយ​ទើប​ថ្ងៃនេះ​ ឡា​រ៉ែ​ន ចង់ឱ្យ​នា​រីៗ​យើង​ទាំងអស់​បាន​យល់ដឹង​ពីចិត្ត​គូស្នេហ៍​របស់​ខ្លួន​កាន់តែ​ច្បាស់​ឡើង​ដើម្បី​មាន​ភាព​ជឿជាក់​លើ​សេចក្តី​ស្នេហា​ដែល​ស្វាមី​របស់​អ្នកនាង​មាន​ចំពោះ​អ្នកនាង​ឱ្យ​កាន់តែ​ច្រើនឡើង​ តាម​រយ:ទង្វើ​ 5យ៉ាង​ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា​ គេ​(ស្វាមី​)នៅតែ​ស្រឡាញ់​អ្នកនាង​ដដែល​ ដូចតទៅ​ ៖

    1. នៅតែ​និយាយ​ថា​ “ស្រឡាញ់​អូន​” ជាប់​ជានិច្ច​…
    បើ​គេ​(ស្វាមី​)នៅតែ​ប្រាប់​ថា​ ស្រ​ឡាញ់​អូន​ៗ ជាប់​ជាប្រចាំ​ ដែល​ទោះជា​អ្នកមើល​ឃើញ​ ឬមើល​មិនឃើញ​ពី​ភាព​សំខាន់​របស់​ការ​និយាយ​ថា​“ស្រឡាញ់​អូន​” របស់​គេ​នោះ​ក៏ដោយ​ តែ​គ្រាន់តែ​គេ​បាន​និយាយ​ថា​ គេ​ស្រឡាញ់​អ្នក​ប៉ុណ្ណឹង​ ក៏អាច​ធ្វើ​ឱ្យ​គេ​ញញឹម​បាន​ដែរ​នោះ​ សូមអ្នក​ជឿជាក់​ចុះ​ថា​ គេ​ពិតជា​គិត​ដូច​សម្ដី​ដែល​អ្នក​បានឮ​នោះ​មែន​ហើយ​ ហើយ​គេ​ពិតជា​នៅតែ​មាន​អារម្មណ៍​បែប​នោះ​ជានិច្ច​ ទោះជា​អាពាហ៍​ពិពាហ៍​កន្លង​ផុត​ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ​ ហើ​នៅតែ​ស្រឡាញ់​អ្នក​បែប​នោះ​ជានិច្ច​ ដរាបណា​គេ​នៅតែ​មាន​ដង្ហើម​(វ៉ា​វ!)។

    2. បង្ហាញ​ច្បាស់​ក្នុង​គ្រប់​ទង្វើ​…
    មិនថា​អ្នក​រៀបការ​ជាមួយ​គេ​មក​យូរ​ប៉ុនណា​ហើយក៏​ដោយ​ តែ​គេ​នៅតែ​ជា​មនុស្សម្នាក់​ដែល​ដូច​ពីមុន​ដដែល​ និង​បញ្ជាក់​ច្បាស់​រាល់​ទង្វើ​ដែលគេ​បាន​ធ្វើ​ចំពោះ​អ្នកជា​និច្ច​ វា​គឺជា​ការ​បញ្ជាក់​ពី​បេះដូង​ និង​ដួងចិត្ត​របស់​គេ​ ម្បី​កុំឱ្យ​អ្នក​នៅ​នឹក​សង្ស័យ​ ស្រពេចស្រពឹល​ក្នុងចិត្ត​ ឬមាន​កង្វល់​ណា​មួយ​លើ​រូបគេ​ឱ្យ​សោះ​ ហើយក៏​ជា​ការ​បង្ហាញ​នូវ​ក្តី​ស្នេហា​ដែលគេ​មាន​ចំពោះ​អ្នក​ឥតងាករេ​ ដើម្បី​ឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​ចំពោះ​រូបគេ​ជានិច្ច​ មិនថា​តែ​ការ​ឱប​ កាន់ដៃ​ កៀក​ស្មា​ ឬទង្វើ​អ្វី​ផ្សេង​ទៀត​ក៏ដោយ​ វា​ប្រៀប​ហាក់ដូចជា​ រាល់​ៗថ្ងៃនេះ​ជា​ថ្ងៃ​ដែលគេ​បាន​ជួប​អ្នក​គ្រាដំបូង​ដូច្នោះ​ដែរ​។

    3. សេចក្តី​សុខ​របស់​អ្នក​ គឺ​សេចក្តី​សុខ​របស់​គេ​…
    បើ​អ្នក​ឃើញថា​ គេ​សប្បាយចិត្ត​ពេល​ដែល​ឃើញ​អ្នកមាន​សេចក្តី​សុខ​ ហើយ​គេ​ព្យាយាម​គ្រប់​វិធី​ដើម្បី​ធ្វើ​ឱ្យ​អ្នកមាន​សេចក្តី​សុខ​នោះ​ ចូរ​ជឿជាក់​ក្នុងចិត្ត​ចុះ​ថា​ ពាក្យ​ថា​ “ស្រឡាញ់​អូន​” របស់​គេ​នោះ​នៅតែ​ជា​ការពិត​ជានិច្ច​ ព្រោះ​បើសិនជា​គេ​មិន​មាន​អារម្មណ៍​បែប​នោះ​ទេ​ គេ​ច្បាស់ជា​មិន​អាច​កុហក​ ឬធ្វើបែប​នោះ​បាន​យូរអង្វែង​ឡើយ​ ហើយ​អ្នកគ្រូ​ ឆវី​ ក៏​ជឿ​ថា​ នា​រីៗ​គ្រប់រូប​ក៏អាច​ដឹងពី​អារម្មណ៍​ទាំងនោះ​បាន​តាម​រយ:សញ្ជាតិ​ញាណ​របស់​ខ្លួនឯង​ស្រាប់​ទៅ​ហើយ​ដែរ​។

    4. គេ​ព្រួយ​ និង​មាន​កង្វល់​នៅពេល​មានរឿង​រ៉ាវ​មិនល្អ​កើតឡើង​ចំពោះ​អ្នក​…
    អ្នក​អាច​ពិសោធ​បាន​តាមរយៈ​អាកប្ប​កិរិយា​របស់​គេ​នៅពេល​កើតរឿង​រ៉ាវ​មិនល្អ​ណាមួយ​ឡើង​ចំពោះ​រូប​អ្នក​ ដូចជា​ គេ​មាន​អារម្មណ៍​ខឹង​នៅ​ពេល​មាន​អ្នកណា​ធ្វើ​ឱ្យ​អ្នក​ភ័យ​កង្វល់​ ឬគេ​មាន​អារម្មណ៍​ឈឺចាប់​នៅពេល​ឃើញ​អ្នក​ឈឺថ្កាត់​… បើ​អាច​ជ្រើសរើស​បាន​ គេ​ប្រាកដជា​ប្រមូល​យក​អារម្មណ៍​ទុក្ខ​លំបាក​ទាំងអស់​នោះ​មក​ទុក​ក្នុង​ខ្លួន​គេ​ជំនួស​វិញ​មិនខាន​។ គ្រាន់តែ​ប៉ុណ្ណឹង​ក៏​បញ្ជាក់​ឱ្យ​ឃើញច្បាស់​ទៅ​ហើយ​ថា​ គេ​នៅតែ​ស្រឡាញ់​ និង​បារម្ភ​ពី​អ្នកជា​និច្ច​ មិនថា​រស់នៅ​ជាមួយគ្នា​មក​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ​។

    5. អ្នក​ គឺជា​ផ្នែក​សំខាន់​បំផុត​របស់​ជីវិត​គេ​…
    សញ្ញា​មួយទៀត​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា​ គេ​នៅតែ​ស្រឡាញ់​អ្នកជា​និច្ច​នោះ​ គឺ​ការ​ដែលគេ​គិតថា​ អ្នក​គឺជា​ចំណែក​សំខាន់​មួយ​របស់​ជីវិត​គេ​ និង​មិន​អាច​នឹង​មានជីវិត​រស់នៅ​តទៅទៀត​បាន​ឡើយ​បើសិនជា​គេ​គ្មាន​រូប​អ្នក​។ អ្នក​អាច​ពិសោធ​រក​ការពិត​លើ​ចំណុច​នេះ​បាន​ តាម​រយ:ការ​ដែលគេ​តែង​នឹកឃើញ​រូប​អ្នក​មុនគេ​បង្អស់​ នៅ​ពេលណា​ដែល​កើតមាន​រឿងរ៉ាវ​អាក្រក់​ ឬល្អ​អ្វី​មួយ​កើតឡើង​ ហើយ​មិនថា​គេ​ចង់​រៀប​ផែនការ​ធ្វើ​អ្វីមួយ​ក៏ដោយ​ គឺ​តែងតែមាន​រូប​អ្នក​នៅក្នុង​អនាគត​របស់​គេ​នោះ​ជានិច្ច​ និង​តែង​ផ្តល់​នូវ​ភាព​សំខាន់​ចំពោះ​រូប​អ្នក​យ៉ាង​ខ្លាំង​ជាប់​ជានិច្ច​… ទាំងអស់​នេះ​ដោយសារតែ​គេ​គិតថា​ អនាគត​របស់​គេ​ គឺ​អនាគត​របស់​អ្នក​ហ្នឹងឯង​។
    ក្រៅពី​នេះ​ ជួនកាល​ទោះជា​គេ​មិនបាន​សម្តែង​នូវ​សេចក្តី​ស្រឡាញ់​របស់​គេ​ឱ្យ​អ្នក​បានឃើញ​យ៉ាង​ជាក់ច្បាស់​តាម​រយ:ពាក្យសម្ដី​ ឬទង្វើ​ ឬអ្វី​ៗដែល​ផ្សេង​ពី​សញ្ញា​ទាំង​ 5 ខាងលើ​នេះ​ក៏ដោយ​ ក៏​សូម​ឱ្យ​អ្នក​កុំអាល​យល់​ខុស​ថា​ គេ​អស់​សេចក្តី​ស្នេហា​មក​លើ​រូប​អ្នក​ឱ្យ​សោះ​ ព្រោះ​គេ​អាច​ជា​មនុស្ស​ដែល​មិនសូវ​ចេះ​បង្ហាញ​ពី​អារម្មណ៍​ ឬទង្វើ​ផ្សេង​ៗក៏អាច​ថា​បាន​ដែរ​ ដូច្នេះ​អ្នក​មិន​គួរ​សម្រេច​សេចក្តី​គេ​តែ​លើ​សម្បក​ក្រៅ​ឡើយ​ តែ​ត្រូវ​មើល​ឱ្យ​ជ្រៅ​ទៅដល់​ចរិត​និស្ស័យ​របស់​គេ​ ដើម្បីនឹង​បាន​រស់នៅ​ជាគូ​គ្រង​នឹងគ្នា​ប្រកបដោយ​សេចក្តី​សុខ​រហូតដល់​ដង្ហើម​ចុង​ក្រោយ​រៀង​ៗខ្លួន​៕

  • ហេតុផលល្អៗ10 យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ហេតុផលល្អៗ10 យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ការអប់រំ​កូន​ និង​បង្ហាត់បង្រៀន​កូន​ឱ្យ​ធំឡើង​ក្លាយជា​មនុស្ស​មាន​សីលធម៌​ល្អ​ មាន​សុជីវធម៌​ ចេះ​ជួយ​យកអាសា​អ្នកដទៃ​ និង​ចេះ​បែងចែក​រំលែក​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ អាណាព្យាបាល​ ឬឪពុកម្ដាយ​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការ​អាន​សៀវភៅរឿង​ព្រេង​ ឬរឿងនិទាន​អប់រំ​ឱ្យ​កូន​ស្ដាប់​ និង​ដឹង​ ដែ​លប​ច្ចុ​ប្ប​ន្្ន​នេះ​មាន​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​រឿងនិទាន​បែប​អប់រំ​របស់​បរទេស​ និង​របស់​ខ្មែរយើង​។ ខាងក្រោម​នេះ​គឺ​ ហេតុ​ផលល្អៗ​ 10យ៉ាងដែល​ក្មេង​ត្រូវតែ​ស្តាប់​ និង​អាន​រឿងព្រេង​និទាន​ ៖

    1. រឿងនិទាន​ជា​ថ្នាល​បណ្តុះ​សីលធម៌​នៅ​ក្នុង​ជីវិត​​ ក្នុង​គ្រប់​ជាតិសាសន៍​ គ្រប់​ភាសា​ ដូចជា​របស់​បរទេស​ ក៏​មានរឿង​និទាន​ អុី​សុប​(Aesop’s​ Fables​ រឿងនិទាន​បែប​អប់រំ​ប្រៀនប្រដៅ​) ដែល​កើតមានឡើង​ជាង​ 3ពាន់​ឆ្នាំ​មក​ហើយ​ ឯរបស់​ខ្មែរយើង​ក៏​មានរឿង​ព្រេង​និ​ទាន​ចាស់​ៗល្អ​ៗជាច្រើន​ផង​ដែរ​ ដូចជា​រឿង​ មា​យើង​ មហាសេដ្ឋី​ និង​អ្នកស្រែ​-ល- ដែល​សុទ្ធតែ​ប្រៀនប្រដៅ​ពី​សីល​ធម៌​ល្អ​ៗ និង​ការ​ចេះ​ជួយគ្នា​ទាំងអស់​។

    2. រឿងនិទាន​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ មិនមែន​ជា​ការ​បង្រៀន​ ដូចជា​រឿង​ រាជសីហ៍​ និង​សត្វ​កណ្តុរ​ ជាដើម​ គឺជា​ឧទាហរណ៍​យ៉ាង​ច្បាស់លាស់​ក្នុង​ការរស់នៅ​ ដែល​យើង​តែងតែ​ប្រដៅ​ក្មេង​ៗថា​ មនុស្ស​មាឌធំ​ត្រូវ​ចេះ​ជួយ​មនុស្ស​មាឌតូច​ អ្នកមាន​ត្រូវ​ចេះ​ជួយ​អ្នកក្រ​។ តែ​រឿង​នេះ​ក៏បាន​ប្រៀនប្រដៅ​ថា​ មនុស្ស​មាឌតូច​ក៏​ត្រូវ​ចេះ​ជួយ​យឹតយោង​មនុស្ស​មាឌធំ​ក្នុង​លក្ខខណ្ឌ​ដែល​អាច​ជួយ​បាន​ផង​ដែរ​។

    3. រឿងនិទាន​ គឺ​ជា​អ្វី​ៗច្រើនយ៉ាង​នៅ​ក្នុង​ជីវិត​ មិនមែន​គ្រាន់តែ​ជា​ការ​ស្រមៃ​មិនមែន​គ្រាន់តែ​ជា​ការ​នឹកឃើញ​ឡើយ​ តែ​ជា​រឿង​ពិត​ផ្ទាល់​របស់​ជីវិត​។ រឿងនិទាន​ គឺជា​ស្ពាន​មួយ​សំខាន់ណាស់​ និង​ល្អប្រពៃ​ណាស់​ ដែល​មនុស្ស​ធំ​តភ្ជាប់​ទៅដល់​កុមារ​ ធ្វើ​ឱ្យ​មនុស្ស​ធំ​អាច​ចូល​ទៅ​នៅក្នុង​ដួងចិត្ត​របស់​កុមារ​បាន​យ៉ាង​ប៉ិនប្រសប់​។

    4. រឿងនិទាន​បង្រៀន​ពិ​សីលធម៌​រស់នៅ​ រឿងនិទាន​ជាច្រើន​ បាន​និយាយ​អំពី​ភាពជា​មនុស្ស​ថា​ ត្រូវតែ​ធ្វើជា​មនុស្ស​រឹងប៉ឹង​ ត្រូវ​ធ្វើជា​អ្នកនាំ​មុខ​ក្នុង​ការដឹកនាំ​ជីវិត​ខ្លួនឯង​ និង​អ្នកឯទៀត​ឆ្ពោះទៅ​រក​ជីវិត​ដែល​ល្អ​ប្រសើរ​ឡើង​។ ដូចជា​រឿង​ “ខ្លាឃ្មុំ​ឈឺធ្មេញ​” បាន​បង្រៀន​យើង​ឱ្យ​ដឹង​ថាបើ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៏​នឹង​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ ឬដូចជា​រឿង​ “កូន​ដំរី​ចិត្តល្អ​” បាន​បង្រៀន​កុមារ​ៗឱ្យ​ដឹង​ថា​ បើ​យើង​ជា​ក្មេង​ខូចខិល​អាក្រក់​យើង​នឹង​គ្មាន​មិត្តភក្តិ​ឡើយ​។ សរុបទៅ​ រឿងនិទាន​ទាំងអស់​សុទ្ធតែ​បង្រៀន​អំពី​ សីលធម៌​ និង​ចរិយា​ធម៌​ទាំងអស់​។

    5. រឿងនិទាន​ខ្លះ​និយាយ​ពី​រឿង​វប្បធម៌​ និង​ការរស់នៅ​​ ជា​ការ​បើកចំហ​ពិភពលោក​នៃ​ការ​រៀន​យល់ដឹង​ដល់​កុមារ​ ធ្វើ​ឱ្យ​កុមារ​ដឹង​ថា​ នៅ​ទីណា​ មាន​វប្បធម៌​រស់នៅ​របៀប​ម៉េច​ជាដើម​។

    6. រឿងនិទាន​បង្រៀន​ពការ​រស់នៅ​ក្នុង​សង្គម​ ដូចជា​ឧទាហរណ៍​ក្នុង​រឿង​ “ទន្សាយ​ផ្អើល​ផ្លែ​ព្នៅ​” ជាដើម​៖ សង្គម​បច្ចុប្បន្ន​ ជា​សង្គម​ផ្អើល​ផ្លែ​ព្នៅ​ មិនបាន​ទៅ​មើល​ចំណុច​កើតហេតុ​ដោយ​ផ្ទាល់​ថា​ តើ​វា​មានរឿង​អ្វី​កើត​ឡើង​នោះ​ទេ​ តែ​រត់​តាម​គេ​តាម​ឯង​សិន​ផ្អើល​ទៅ​សិន​ រងគ្រោះ​ថ្នាក់​ទៅ​សិន​ រួច​បាន​មក​ប្រាប់​គ្នា​ជា​ក្រោយ​។ល។ រឿង​នេះ​វា​ស្ថិតនៅ​លើ​ថា​ តើ​អាណាព្យាបាល​អាចយ​កឧត្តមគតិ​របស់​រឿង​មក​ប្រៀន​ប្រដៅ​ក្មេង​ៗបាន​ឬក៏​អត់​?។

    7. រឿងនិទាន​សាង​សម្ព័ន្ធភាព​ក្នុង​ក្រុម​គ្រួសារ​​ ទោះជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​សាង​នូវ​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​ឪពុកម្ដាយ​ និង​កូន​ ឬបង​និង​ប្អូន​បាន​មួយ​កម្រិត​ហើយ​មែន​ក៏ដោយ​ តែ​បើ​យើ់ង​មានសាច់​រឿង​ដែល​ស្តាប់​ទៅ​ហើយ​មាន​អារម្មណ៍​រីករាយ​ មាន​ពាក្យសម្ដី​ពី​រោះ​ៗ នោះ​វា​នឹង​រឹតតែ​អូសទាញ​ចិ​ត្ត​កុមារ​ៗក្នុង​ការ​ស្តាប់​កាន់​តែ​ខ្លាំង​ឡើង​ទៀត​។

    8. ឧបមា​ថា​ អ្នកម្តាយ​ម្នាក់​មានរឿង​និ​ទាន​អុី​សុប​(Aesop’s​ Fables​)នៅក្នុង​ចិត្ត​ គាត់​នឹង​បង្រៀន​កូន​បាន​គ្រប់​រឿង​ថា​ នឹង​ត្រូវ​រស់នៅ​យ៉ាងម៉េច​? ត្រូវ​ធ្វើខ្លួន​យ៉ាងម៉េច​ឱ្យ​មាន​វិន័យ​? គឺ​អាច​និយាយ​រឿងនិទាន​បាន​ជា​រឿយ​ៗ មិន​ចាំបាច់​អង្គុយ​ប្រដៅ​ម្តង​មួយ​ដំណាក់កាល​ ឬម្ដង​មួយ​រឿង​ឡើយ​។

    9. ពេល​និយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់​ កូន​នឹង​នៅ​នែបនិត្យ​ជាមួយ​អ្នកម្តាយ​ មុន​ពេល​គេង​ គឺជា​អំឡុង​ពេល​ដ៏​អស្ចារ្យ​ណាស់​ ព្រោះ​ជា​ពេល​វេ​លា​សប្បាយ​ៗ អ្នកម្តាយ​បាន​និយាយ​ជាមួយ​កូន​ បាន​និទានរឿង​ បាន​ចាប់ដៃ​កូន​ អោប​កូន​ខណៈ​ពេល​និទានរឿង​ ហើយ​កូន​ក៏​នឹង​បានដឹង​ពី​សេចក្តី​ស្រឡាញ់​ដែល​ម្តាយ​ផ្តល់​ឱ្យ​នោះ​ទៀតផង​។

    10. ការ​និយាយ​រឿងនិទាន​ គឺជា​ការ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុម​គ្រួសារ​ ជា​ការ​ចំណាយ​ដើមទុន​តិច​បំផុត​ តែ​បាន​ទទួលផល​ប្រយោជន៍​ខាង​បញ្ញា​ច្រើន​បំផុត​ ដូច្នេះ​លោកឪពុក​ អ្នកម្តាយ​គួរ​ចំណាយពេល​និទានរឿង​ឱ្យ​កូន​ស្តាប់​ ព្រោះ​អ្វី​ដែល​ទទួល​បាន​នោះ​វា​ច្រើនលើស​លប់​អស្ចារ្យ​ណាស់​ (អ្នកគ្រូ​ ឆវី​ ក៏​ជឿ​ថា​ អុីចឹង​ដែរ​…)៕

  • ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កម្ពុជា​…

    ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កម្ពុជា​…

    ការ​បណ្តុះបណ្តាល​បច្ចេកទេស​និង​ជំនាញ​វិជ្ជាជីវៈ​ កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​ការរៀបចំ​ធនធានមនុស្ស​នៅ​កម្ពុជា​ ព្រោះ​យើង​កំពុង​ខ្វះ​ធនធាន​ផ្នែក​បច្ចេកទេស​ជាច្រើន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៃ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។

    នៅ​ថ្ងៃទី15​-16​ ខែមិថុនា​ខាង​មុខ​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រោង​នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​ day​) លើក​ទី2​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​ ដោយ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ 3ម៉ឺន​នាក់​ក្រោម​ប្រធានបទ​ “TVET​ អាច​ធ្វើ​បាន​”។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋ​លេខា​ធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​កម្មវិធី​ TVET​ Day​ នេះ​ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ដែល​ក្រសួង​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​ និង​រំពឹង​ទុក​ថា​អាច​ផ្តល់​ផលប្រយោជន៍​ជា​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ សិស្ស​-និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​យុវជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​សិក្សា​នៅ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​បើក​ឱ្យ​ចូលរួម​ដោយ​ឥតគិតថ្លៃ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​បាន​ចូលរួម​ និង​ស្វែងយល់​ពី​ការ​ជ្រើសរើស​អាជីព​វិជ្ជាជីវៈ​ និង​បច្ចេកទេស​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “សាធារណជន​ និង​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​កម្មវិធី​ TVET​ Day​ នឹង​ទទួល​បាន​ព័ត៌មាន​សំ​ខាន់​ៗស្តី​ពី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ព្រម​ទាំង​ទទួល​បាន​ព័ត៌មាន​ពី​អាហារូបករណ៍​នៅ​តាម​គ្រឹះ​-ស្ថាន​នានា​ទូទាំង​ប្រទេស​។ លើស​ពីនេះ​ទៅទៀត​ ក៏​នឹង​ទទួល​បាន​ព័ត៌មាន​ស្តី​ពីទី​ផ្សារ​ការងារ​ក្នុង​វិស័យ​នេះ​យ៉ាងច្រើន​ផង​ដែរ​”។

    ឯកឧត្ដម​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ កម្ពុជា​កំពុង​ព្យាយាម​យ៉ាង​យកចិត្ត​ទុកដាក់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រជាជន​ខ្មែរ​ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ខ្លាំង​ពីសា​រៈសំ​ខាន់​នៃ​ជំនាញ​បច្ចេកទេស​ជាច្រើន​ដែល​កម្ពុជា​កំពុង​ត្រូវការ​។ លក្ខណៈ​ពិសេស​របស់​កម្ពុជា​ គឺ​យើង​មាន​ធនធានមនុស្ស​វ័យក្មេង​ច្រើនតែ​យើង​នៅ​មានក​ត្តា​ប្រឈម​មួយចំនួន​គឺ​បញ្ហា​ជំនាញ​របស់​ពួកគេ​។ ហេតុនេះ​ប្រសិនបើ​យើង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​យើង​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ នោះ​យើង​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

    យោង​តាម​ការ​បញ្ជាក់​ពី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា​ កម្មវិធី​ TVET​ Day​ នៅ​ឆ្នាំនេះ​ នឹង​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ តាមរយៈ​កាត់បន្ថយ​ភាព​ក្រីក្រ​ដោយ​ការប្រើ​ប្រាស់​ជំនាញ​វិជ្ជាជីវៈ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ដល់​ប្រជាជន​ ព្រោះ​បើ​ប្រៀបធៀប​អ្នក​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ ហើយ​មាន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ច្បាស់លាស់​ ពួកគេ​មាន​ប្រាក់ឈ្នួល​ខ្ពស់​ជាង​អ្នកជំនាញ​។ ក្រៅពី​នេះ​ កម្មវិធី​នេះ​ក៏អាច​លើកស្ទួយ​គោលនយោបាយ​ និង​ចក្ខុវិស័យ​ជាតិ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​ ព្រោះ​ការ​អភិវឌ្ឍ​ និង​ការ​ផ្សព្វផ្សាយ​វិស័យ​ TVET​ ជា​ឧបករណ៍​សំខាន់​ក្នុង​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​កម្ពុជា​ ដែល​បាន​កំណត់​ទិសដៅ​ថា​ នៅ​ឆ្នាំ2030​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ និង​នៅ​ឆ្នាំ2050​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ ម្យ៉ាង​វិញ​ទៀត​វិស័យ​ TVET​ ក៏​ចូលរួម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​ គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ទម្រង់​ជា​អតិពលកម្ម​ទៅជា​កម្លាំង​ដែល​មាន​ជំនាញ​។

    កត្តា​សំខាន់​មួយផ្សេងទៀត​គឺ​ ដោយសារតែ​បច្ចុប្បន្ន​នេះ​បដិវត្តន៍​ឧស្សាហកម្ម​ទី4បាន​ចូល​មក​ដល់​ហេតុនេះ​ វិស័យ​ TVET​ ជាផ្នែក​យ៉ាង​សំខាន់​ដែល​ជួយ​កម្ពុជា​ឱ្យ​វិវឌ្ឍ​ខ្លួន​ឱ្យ​ទាន់​បដិវត្តន៍​សកល​ថ្មីនេះ​។ វិស័យ​នេះ​នឹង​ចូលរួម​ចំណែក​តាមរយៈ​ការជំរុញ​ឱ្យ​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​ប្រើ​បញ្ញា​សិប្បនិម្មិត​ (AI​ Technology​) មនុស្សយន្ត​ (Tobot​) និង​សម្ភារ​បរិក្ខារ​ដ៏​ទៃ​ផ្សេងទៀត​ដែល​កម្ពុជា​ត្រូវការ​។ ប្រសិន​បើ​មិន​ពង្រឹង​វិស័យ​ TVET​ ទេ​ កម្លាំង​ពលកម្ម​កម្ពុជា​ប្រមាណ​ជាង​ 50​% នឹង​ត្រូវ​ជួប​បញ្ហា​បាត់បង់​ការងារ​ក្នុង​រយៈពេល​ 20ឆ្នាំខាងមុខ​នេះ​៕

  • អាការ 5យ៉ាង​ ពេល​កូន​ឈឺ ដែល​ឪពុកម្ដាយ​ត្រូវ​ឧស្សាហ៍​សង្កេតមើល

    អាការ 5យ៉ាង​ ពេល​កូន​ឈឺ ដែល​ឪពុកម្ដាយ​ត្រូវ​ឧស្សាហ៍​សង្កេតមើល

    ខណៈ​ពេល​កូន​នៅជា​ទារក​ មានរឿង​មួយ​ដែល​ឪពុក​-ម្តាយ​មិន​ចង់ឱ្យ​កើតឡើង​ចំពោះ​កូន​សោះ​នោះ​គឺ​ ការ​ឈឺថ្កាត់​ ព្រោះ​ក្រៅពី​ធ្វើ​ឱ្យ​កូនតូច​យំ​រករឿង​ច្រើន​ ព្រោះ​មិន​ស្រួល​នៅក្នុង​ខ្លួន​ហើយ​នោះ​ កូន​ថែមទាំង​មិន​អាច​និយាយប្រាប់​ពី​អាការ​របស់​គេ​ឱ្យ​ឪពុក​-ម្ដាយ​ដឹង​ថា​ ឈឺចាប់​នៅត្រង់​ណា​ ឬមាន​អារម្មណ៍​ពិបាក​យ៉ាងណា​បាន​ឡើយ​ ដូច្នេះ​មាន​វិធី​តែមួយគត់​ដែល​ឪពុកម្ដាយ​អាច​ដឹង​បាន​ គឺ​ការ​សង្កេតមើល​ហ្នឹងឯង​។

    1. ញ៉ាំ​តិច​ ឬមឹ​មទឹ​កដោះ​តិច​ជាង​មុន​
    ធ្លាប់តែ​ពូកែ​ញ៉ាំ​ មឹម​បាន​ច្រើន​ ស្រាប់​តែ​ញ៉ាំ​បាន​តិច​ ឬស្ទើរតែ​មិន​ញ៉ាំ​សោះ​ទៅវិញ​ នេះ​គឺជា​អាការ​ចាប់ផ្តើម​របស់​ការ​ឈឺថ្កាត់​ហើយ​… ចូរ​ព្យាយាម​បញ្ចុក​ទឹកដោះ​ ឬទឹក​ឱ្យ​កូន​មឹម​ឱ្យ​បាន​ញឹកញាប់​ (ចង់​ឱ្យ​ចឹប​ៗពី​ស្លាបព្រា​ ឬបឺត​ពី​ដប​ក៏បាន​)។ ការ​ឱ្យ​មឹ​មទឹ​កដោះ​ និង​ទឹក​ញឹកញាប់​នេះ​នឹង​ជួយ​ឱ្យ​រាងកាយ​របស់​កូន​មិន​បាត់បង់​ជាតិទឹក​។

    សង្កេតមើល​បន្ថែម​
    គួរ​សង្កេតមើល​ផង​ថា​ តើ​នៅ​ខាងក្នុង​មាត់​កូន​មាន​អ្វី​ខុសប្រក្រតី​ឬទេ​? ដូចជា​ តើមាន​ដំបៅ​លើ​អណ្តាត​ ឬសាច់​ថ្ពាល់​ខាងក្នុង​ ឬក៏​អត់​? ព្រោះ​ការ​មាន​ដំបៅ​ ឬពងបែក​នៅក្នុង​មាត់​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​កូន​មិនព្រម​បៅ​ទឹកដោះ​ ឬញ៉ាំ​អាហារ​ដែរ​ តែបើ​មិន​ប្រាកដ​ក្នុងចិត្ត​ចំពោះ​បញ្ហា​ដែល​កើតឡើង​នេះ​ទេ​ គួរ​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​រកមើល​មូលហេតុ​ និង​រក្សា​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​ជា​បន្ត​។

    2. ក្តៅ​ខ្លួ
    សីតុណ្ហភាព​ក្នុង​រាងកាយ​លើស​ 37​អង្សាC​ គឺជា​សញ្ញា​ដាស់តឿន​ថា​ រាងកាយ​កំពុង​ឈឺថ្កាត់​ហើយ​។ រាងកាយ​របស់​កូន​ផ្ទាល់​ក៏​មាន​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ ដែល​មាន​តួនាទី​ប្រឆាំង​មេរោគ​នៅក្នុង​គ្រប់​ផ្នែក​នៃ​រាងកាយ​ និង​បណ្តេញ​សារធាតុ​មិនល្អ​ ឬជាតិពុល​របស់​មេរោគ​ឱ្យ​ចេញពី​រាងកាយ​យ៉ាង​ឆាប់រហ័ស​ដែរ​ ដូច្នេះ​នៅពេល​អវយវៈ​គ្រប់​ផ្នែក​របស់​រាងកាយ​របស់​កូន​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង​ នោះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្តៅ​ខ្លួន​ហ្នឹងឯង​។

    សង្កេតមើល​បន្ថែម​
    បើ​កម្ដៅ​ខ្លួន​ឡើង​ខ្ពស់​(លើស​ 38អង្សាC​)ជាប់​ៗគ្នា​រយៈពេល​ 24ម៉ោង​ អាច​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ចំពោះ​ក្មេង​តូច​ខ្លះ​អាច​នឹង​ប្រកាច់​បាន​ ជាពិសេស​ចំពោះ​ឪពុក​-ម្តាយ​ណា​ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រកាច់​កាលពី​នៅ​តូច​ៗ អាការ​នោះ​អាច​នឹង​កើត​ចំពោះ​កូនតូច​របស់​អ្នក​បាន​។ ដូច្នេះ​ពេល​កូន​ចាប់ផ្តើម​ក្តៅ​ខ្លួន​ ចូរ​បញ្ចុះ​កម្ដៅ​ដោយ​ការ​ឧស្សាហ៍​ជូត​ខ្លួន​ឱ្យ​កូន​ដោយ​កន្សែង​ត្រជាក់​ និង​កត់ត្រា​សីតុណ្ហភាព​ចំណាំទុក​ផង​។ បើ​កម្ដៅ​មិន​ថយ​ចុះ​ ឬកាន់តែ​ខ្ពស់​ឡើង​ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។

    3. មាន​ស្លេស្ម៍​
    គឺជា​អាការ​ដែល​កើតឡើង​នៅពេល​ដែល​រាងកាយ​ឆ្លង​មេរោគ​ខាង​ប្រព័ន្ធ​ដកដង្ហើម​ រហូត​មានការ​ជំរុញ​ឱ្យ​សាច់​ភ្នាស​ក្នុង​ប្រព័ន្ធ​ដង្ហើម​សាង​ស្លេស្ម៍​ឡើង​ ហើយនឹង​បាត់​ទៅ​វិញ​បន្តិច​ម្តង​ៗ ដោយ​អាច​កើតឡើង​បាន​ទាំង​ក្មេង​តូច​ រហូតដល់​ក្មេង​ធំ​។ ស្លេស្ម៍​ ឬសេម្ហៈ​នេះ​មិនមែន​ជាដើម​ហេតុ​របស់​ការ​កើតជំងឺ​ទេ​។ បើ​កើត​ក្នុងរយៈពេល2​ – 3ថ្ងៃ​ ហើយ​អាការ​ល្អ​ឡើងវិញ​ជា​បណ្តើរ​ៗនោះ​ ក៏អាច​ទុកចិត្ត​បាន​ថា​កូនតូច​គ្រាន់តែ​ផ្តាសាយ​ធម្មតា​ទេ​ មិនបាន​ឈឺ​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។

    សង្កេតមើល​បន្ថែម​
    បើ​កូនតូច​មាន​ស្លេស្ម៍​ព្រម​ជាមួយ​អាការ​ផ្សេងទៀត​ដែរ​នោះ​ វា​អាច​ជា​កត្តា​បញ្ជាក់​ថា​ នឹង​មាន​ជំងឺ​ដូចជា​ ដកដង្ហើម​ញាប់​ ឆ្អឹងជំនី​ ឬដើមទ្រូង​ប៉ោង​ឡើង​ពេល​ដកដង្ហើម​ បាត់​មាត់​បាត់​ក លែង​សើចញញឹម​ស្រស់ស្រាយ​ដូចមុន​ ស្រែកយំ​ រករឿង​មិនព្រម​បៅ​ទឹកដោះ​ ឬមាន​ក្អួត​ទៀតផង​នោះ​ អ្នកម្តាយ​អាច​សន្និដ្ឋាន​ក្នុងរយៈ​ដំបូង​បាន​ថា​ កូន​អាច​មិនមែន​គ្រុនផ្តាសាយ​ធម្មតា​ទេ​ ដូច្នេះ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ជាបន្ទាន់​។

    4. ក្អក
    អាការ​ក្អក​ គឺជា​ការ​កម្ចាត់​មេរោគ​ និង​វត្ថុ​ចម្លែក​ចេញពី​រាងកាយ​។ អាច​ជួបប្រទះ​នៅ​លើ​កូនតូច​ ដោយសារតែ​ភាពស៊ាំ​នឹង​ជំងឺ​ដែល​បាន​មក​ពី​ម្តាយ​ថយ​ចុះ​ ធ្វើ​ឱ្យ​កូន​មានឱកាស​ទទួល​មេរោគ​កាន់តែ​ងាយ​ឡើង​។ បើ​មាន​អាការ​ក្អក​ជាប់​ៗគ្នា​ច្រើនជាង​ 2 សប្តាហ៍​ អាច​ក្លាយជា​ជំងឺ​ក្អក​រ៉ាំរ៉ៃ​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កូនតូច​ក្តៅ​ខ្លួន​បាន​។

    សង្កេតមើល​បន្ថែម​
    នៅក្នុង​វ័យ​ 1ខួប​ដំបូង​ រយៈពេល​មាន​ក្អក​ដំបូង​មិន​គួរ​ប្រើ​ថ្នាំ​បំបាត់​អាការ​ក្អក​ទេ​ តែ​គួរ​ឱ្យ​កូន​ញ៉ាំទឹក​ក្តៅ​ឧណ្ហ​ៗឱ្យ​បាន​ញឹកញាប់​ វា​នឹង​ជួយ​ឱ្យ​ស្លេស្ម៍​មិន​ស្អិត​ ហើយ​បើ​កូន​ក្អក​ ហើយ​ក្អែ​ស្លេស្ម៍​ចេញ​មក​ដែរ​នោះ​ អាការ​កូន​នឹង​បាន​ធូរ​ស្រាល​ឡើង​ តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​គួរ​ឱ្យ​កូន​តូច​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ស្លៀកពាក់​ខោអាវ​ណា​ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​រាងកាយ​ផង​។

    5. សំឡេង​ដង្ហើម​
    ការដែល​កូន​គេង​ដកដង្ហើម​ឮសូរ​ខ្លាំង​ មូលហេតុ​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ការ​វិវឌ្ឍ​របស់​អវយវៈ​ក្នុង​ប្រព័ន្ធ​ដកដង្ហើម​ ដូចជា​បំពង់ខ្យល់​នៅ​មិនទាន់​វិវឌ្ឍ​បាន​ពេញលេញ​ពេល​កូន​គេង​ផ្ងារ​ ឬក្មេង​ខ្លះ​ដែល​សន្ទះ​សាច់​ខ្ចី​នៅ​ផ្នែក​ខាងមុខ​របស់​ផ្លូវដង្ហើម​នៅ​មិនទាន់​រឹងមាំ​ រួម​ទាំង​ក្រពេញ​ទឹករងៃ​មួយ​ប្រភេទ​ឈ្មោះថា​ “ក្រពេញ​ Adenoid​” ដែល​នៅក្នុង​បរិវេណ​នោះ​ធ្លាក់ចុះ​ទៅ​បាំង​ផ្លូវដង្ហើម​ ទើប​ធ្វើ​ឱ្យ​កូន​ដកដង្ហើម​ហើយ​ឮសូរ​ខ្លាំង​ តែ​នៅពេល​សន្ទះ​សាច់​ខាងមុខ​បំពង់ខ្យល់​រឹងមាំ​ឡើង​ រួម​នឹង​ក្រពេញ​ Adenoid​ក៏​រួម​តូច​ដែរ​នោះ​ សំឡេង​ដកដង្ហើម​នោះ​ក៏​នឹង​បាត់​ទៅវិញ​ដែរ​។

    សង្កេតមើល​បន្ថែម​
    ក្នុងករណី​ដែល​មាន​ភាព​ខុសប្រក្រតី​ ដូចជា​ ដកដង្ហើម​ឮសូរ​ខ្លាំង​ មាន​បបូរមាត់​ពណ៌ខៀវ​ជាំ​ ក្រចក​ឡើងពណ៌​ស្វាយ​ នោះ​បញ្ជាក់​ឱ្យ​ដឹង​ថា​ កូន​អាច​មាន​បញ្ហា​រឿង​ការដកដង្ហើម​មិន​ស្រួល​ ឬអាច​មាន​អ្វីមួយ​មក​ជាប់​ ឬឃាំងផ្លូវ​ដង្ហើម​ អ្នកម្តាយ​គួរ​ពិនិត្យមើល​បំពង់ក​ និង​ច្រមុះ​ ហើយ​បើ​មិនឃើញ​មាន​អ្វី​ខុសប្រក្រតី​ តែ​នៅតែ​មាន​អាការ​នោះ​ដដែល​ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ​ ។អ្វី​ដែល​អាច​ការពារ​មិន​ឱ្យ​បញ្ហា​រឿង​សុខភាព​របស់​កូន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ ក្លាយជា​បញ្ហា​ធំ​បាន​នោះ​គឺ​ការដែល​អ្នកម្តាយ​ចេះ​សង្កេតមើល​ហ្នឹងឯង​៕

  • 3មាន… 4មិន….គន្លឹះក្នុងការចិញ្ចឹមកូនប្រុស-ស្រីឱ្យត្រូវភេទ

    3មាន… 4មិន….គន្លឹះក្នុងការចិញ្ចឹមកូនប្រុស-ស្រីឱ្យត្រូវភេទ

    ទោះជា​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​ដែល​បើកទូលាយ​ក្នុង​ការ​ទទួលយក​មនុស្ស​ភេទ​ទី3​ ក៏ដោយ​ តែ​បេះដូង​របស់​មនុស្ស​ដែល​ជា​ឪពុក​ និង​ម្តាយ​ក៏​នៅតែ​មិន​ចង់ឱ្យ​កូន​ក្លាយទៅជា​មនុស្ស​ភេទ​បែប​នោះ​ដែរ​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចំណុច​ប្រតិបត្តិ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​មក​ជម្រាប​ជូន​លោកឪពុក​ និង​អ្នកម្តាយ​ គឺ​ 3មាន​ និង​ 4មិន​ ដែល​ជា​គន្លឹះ​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​ត្រឹមត្រូវ​តាម​ភេទ​របស់​គេ​។

    3មាន​… តើ​អ្នកម្តាយ​មាន​ឬទេ​?
    1. ការយល់​ដឹង​ដ៏​ប្រពៃ​
    មនុស្ស​ដែល​ជា​ឪពុក​-ម្តាយ​ មាន​ចំណែក​ធំធេង​ណាស់​ក្នុង​ការកំណត់​លក្ខណៈ​ខាង​ភេទ​ដល់​កូនប្រុស​ កូនស្រី​របស់​ខ្លួន​។ ឪពុក​ និង​ម្តាយ​ និង​មនុស្ស​ជុំវិញ​ខ្លួន​គួរ​មានការ​យល់ដឹង​ក្នុង​រឿង​ភេទ​របស់​កូន​។ ពេល​ចង់​ជជែក​និយាយ​ ចង់​លេងសើច​ ឬចង់​ធ្វើ​កិច្ចការ​ងារ​ណាមួយ​ជាមួយ​កូន​ ត្រូវតែ​គិតដល់​បែបបទ​ខាង​ភេទ​របស់​កូន​ជាមុន​ជានិច្ច​ ដើម្បី​ឱ្យ​បាន​ប្រតិបត្តិ​ខ្លួន​ចំពោះ​កូន​យ៉ាង​ត្រឹមត្រូវ​ និង​ស័ក្តិសម​។
    2. ការ​សម្តែង​ចេញ​ដ៏​ប្រពៃ​
    ឪពុក​ និង​ម្តាយ​គួរ​មានការ​សម្តែង​ចេញ​ចំពោះ​កូន​យ៉ាង​ស័ក្តិសម​តាម​ភេទ​ ដោយ​ប្រតិបត្តិ​ជាមួយ​កូនប្រុស​ កូនស្រី​ឱ្យ​ខុសពី​គ្នា​។ បើ​កូន​ជា​ក្មេងប្រុស​ ពេល​ប្រឡែង​លេង​ជាមួយ​កូន​ មាន​ដូចជា​ហក់លោត​ តោង​ទាញ​ ឬសូម្បីតែ​ឱ្យ​កូន​រុញ​-អូស​វត្ថុ​ធ្ងន់​ៗ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ​ ចំណែក​កូនស្រី​ក៏​លេង​មួយ​បែប​ផ្សេង​ទៀត​ គឺ​លេង​ជាមួយ​កូន​យ៉ាង​ទន់ភ្លន់​ ថ្នម​ៗ ដូចជា​ឱ្យ​កូន​លេង​តុក្កតា​ លេង​ដេរ​ប៉ាក់​ ឬលេង​ដាំ​ស្ល​បាយឡុកបាយឡ​ជាដើម​។
    3. មាន​អ្វី​ៗជុំវិញ​ខ្លួន​ដែល​ប្រពៃ
    ​ឪពុក​-ម្តាយ​គួរ​រៀបចំ​ស្ថានភាព​ជុំវិញ​ខ្លួន​ឱ្យ​ស័ក្តិសម​នឹង​ភេទ​របស់​កូន​ ដូចជា​ ពណ៌​សម្លៀកបំពាក់​ជាដើមៈ​ កូនប្រុស​ ចូរ​ឱ្យ​ប្រើប្រាស់​ពណ៌​ផ្ទៃមេឃ​ កូនស្រី​ឱ្យ​ជ្រើសរើស​យក​ពណ៌​ផ្កាឈូក​ ឬកូនប្រុស​ត្រូវ​ឱ្យ​ស្លៀកខោ​ និង​កូនស្រី​ឱ្យ​ស្លៀក​សំពត់​។ របស់​លេង​កូនប្រុស​ គឺ​តុក្កតា​មនុស្សយន្ត​ កាំភ្លើង​ ឬឡាន​ ឯរបស់​លេង​កូនស្រី​គឺ​ តុក្កតា​កូនក្រមុំ​ ខ្សែក​គ្រាប់អង្កាំ​ ឬចិញ្ចៀន​ជាដើម​ ឯរបស់​តុបតែង​បន្ទប់​វិញ​ កូនប្រុស​ គឺ​រូបភាព​ រថក្រោះ​ ឡាន​ប្រណាំង​ រូប​ទាហាន​ ដែល​បង្ហាញ​ពី​ភាពជា​កូនប្រុស​ ឯបន្ទប់​កូនស្រី​គួរ​មាន​រូបភាព​ នាងទេពអប្សរ​ ផ្កា​កុលាប​ ដែល​បង្ហាញ​ពី​ភាព​ជា​សុភាពនារី​។

    4មិន​… តើ​អ្នកម្តាយ​មានបាន​ធ្វើ​ទេ​?
    1. មិនបាន​បង្រៀន​កូន​រឿង​ភេទ​
    កូន​ក្នុង​វ័យ​នេះ​អាច​រៀន​យល់ដឹង​បាន​ហើយ​ថា​ ខ្លួនឯង​ជា​ភេទ​អ្វី​ តាមរយៈ​ការដែល​ឪពុក​-ម្តាយ​ហៅ​ និង​កំណត់​បែបបទ​ឱ្យ​ត្រូវ​តាម​ភេទ​របស់​កូន​ ទាំង​ការ​តុបតែង​ខ្លួន​ ការ​លេង​របស់​លេង​ ការ​ហៅឈ្មោះ​ ឬការ​ហៅឈ្មោះ​លេង​ ជាដើម​ តែ​ការ​មិនបាន​បង្រៀន​កូន​ថា​ កូន​ជា​ស្រី​ត្រូវតែ​សុភាព​រាបសា​ មិនមែន​មក​លោត​ហក់​បែបនេះ​ទេ​ ឬជា​កូនប្រុស​ត្រូវតែ​ម៉ឺងម៉ាត់​ រឹងមាំ​ មក​យំ​បែបនេះ​មិនល្អ​ទេ​ណា៎​ និង​មិនបាន​បង្រៀន​ឱ្យ​កូន​ដឹង​ថា​ កូន​ជា​ស្រី​ ឬជា​កូនប្រុស​តាំងពី​តូច​ៗមក​នោះ​ ក៏អាច​នឹង​ធ្វើ​ឱ្យ​កូន​មិនកើត​មាន​ភាព​យល់ដឹង​ដែល​ច្បាស់លាស់​ក្នុង​ភេទ​ខ្លួនឯង​បាន​ដូចគ្នា​។
    2. មិន​ធ្វើជា​គំរូ​ដ៏​ល្អ​
    ឪពុក​-ម្តាយ​ប្រតិបត្តិ​ខ្លួន​មិន​ស័ក្តិសម​នឹង​ភេទ​របស់​ខ្លួនឯង​ ដូចជា​ម៉ាក់​ជួសជុលផ្ទះ​ លាប​ជញ្ជាំង​ផ្ទះ​ ប៉ា​ដេរប៉ះ​ខោអាវ​ រៀបចំ​ផ្កា​ដាក់​ក្នុង​ថូ​ ឪពុក​គ្មាន​ភាពជា​អ្នកដឹកនាំ​ ធ្វើ​ខ្លួន​ម្ញិ​កម្ញ៉​ក់​ តែ​ម្តាយ​បែរជា​កាច​ម៉ឺងម៉ាត់​ហ្មត់ចត់​ ជា​អ្នកដឹកនាំ​គ្រួសារ​។ ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​កូន​មានការ​វិលវល់​យល់​ច្រឡំ​ក្នុង​បែបបទ​ខាង​ភេទ​បាន​។
    3. មិន​និយាយ​ស្ដី​ខុសភេទ​
    និយាយ​ជាមួយ​កូន​មិន​ត្រឹមត្រូវ​ ដូចជា​និយាយ​ “បាទ​” ជាមួយ​កូនស្រី​ ឬនិយាយ​ “ចាស​” ជាមួយ​កូនប្រុស​ ឬមិន​បាន​បង្ហាត់​ឱ្យ​កូនស្រី​ឆ្លើយ​ “ចាស​” និង​កូនប្រុស​ឆ្លើយ​ “បាទ​” និង​រួម​ទាំង​ពេល​កូនប្រុស​ចេះ​ជួយ​យកអាសា​ក្មេងស្រី​ ក៏​មិន​បាន​និយាយ​សរសើរ​កូន​ថា​ ពូកែ​មែន​! សុភាព​បុរស​គេ​ត្រូវ​ធ្វើ​អុីចឹង​…ជាដើម​។
    4. មិន​ជិតស្និទ្ធ​ជាមួយ​កូន​
    ឪពុក​មិន​ចូល​មកលេង​ជិតស្និទ្ធ​ជាមួយ​កូន​ប្រុស​ ម្តាយ​មិន​ចូល​មកលេង​ជិតស្និទ្ធ​ជាមួយ​កូន​ស្រី​ ធ្វើ​ឱ្យ​កូន​មិន​អាច​ចម្លង​យកបែប​បទ​ប្រចាំ​ភេទ​របស់​ខ្លួន​បាន​ ព្រោះ​ការដែល​ឪពុក​-ម្តាយ​ចូល​មកលេង​ជិតដិត​ស្និទ្ធស្នាល​ជាមួយ​កូនប្រុស​-កូនស្រី​នេះ​ គឺជា​ការ​ជួយ​ឱ្យ​កូន​បាន​ស្គាល់​ពី​បែបបទ​ភេទ​របស់​ខ្លួនឯង​បាន​យ៉ាង​ច្បាស់​៕

  • វិធីបង្កើនក្តីសុខដល់ អ្នកម្តាយមានគភ៌

    វិធីបង្កើនក្តីសុខដល់ អ្នកម្តាយមានគភ៌

    រឹតតែ​អាយុ​គភ៌​កើនឡើង​ច្រើន​ប៉ុនណា​ ភាព​ប្រែប្រួល​ទាំងឡាយ​នៅក្នុង​ខ្លួន​របស់​អ្នកម្តាយ​ក៏​រឹតតែ​មាន​ច្រើនឡើង​ប៉ុន​នោះ​ដែរ​ ដែល​មើលឃើញ​បាន​ច្បាស់​ៗនោះ​គឺ​ រូបរាង​ដែល​កាន់តែ​ធាត់​ឡើង​ ជាពិសេស​ផ្នែក​ពោះ​ដែល​ប៉ោង​ធំឡើង​ ដោយសារតែ​កូន​ក្នុង​ផ្ទៃ​កាន់តែ​ធំធាត់​ឡើង​ហ្នឹងឯង​។ក្រៅពី​រាងកាយ​ហើយ​ ផ្លូវចិត្ត​របស់​អ្នកម្តាយ​មានគភ៌​ ក៏​ជាផ្នែក​មួយទៀត​ដែល​ត្រូវ​ប្រឈម​នឹង​ការប្រែប្រួល​ច្រើន​ដូចគ្នា​ដែរ​ គ្រាន់តែ​ជា​ការប្រែប្រួល​ដែល​បង្កប់​ជ្រៅ​នៅ​ខាងក្នុង​ គ្មាន​រណា​អាច​ដឹង​ ឬប៉ះពាល់​បាន​ឡើយ​។

    កម្លាំងចិត្ត​ពី​ប៉ា​សាង​សេចក្តី​សុខ​ដល់​ម៉ាក់​ និង​កូន​
    អ្នកម្តាយ​នឹង​មាន​អារម្មណ៍​សប្បាយរីករាយ​ក្នុងចិត្ត​ មាន​សេចក្តី​សុខ​ និង​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​នា​ពេល​អនាគត​ ទើប​អារម្មណ៍​របស់​អ្នក​វឹល​វិល​ឡូកឡំ​ចូលគ្នា​អស់​ នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​ផ្ទៃពោះ​ភាគច្រើន​មាន​អារម្មណ៍​ទន់ជ្រាយ​ មួម៉ៅ​ និង​ឆាប់​តូចចិត្ត​ជាង​ប្រក្រតី​។
    អ្វី​ដែល​អ្នកម្តាយ​ត្រូវការ​ជាទីបំផុត​ ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​ទាំង​ខាង​រាងកាយ​ ទាំង​ខាង​អារម្មណ៍​នោះ​ គឺ​ ការ​ឃុំគ្រង​ការពារ​ ការ​ផ្តល់​កម្លាំង​ចិត្ត​ ការ​មើលថែ​ទាំ​យកចិត្ត​ទុកដាក់​ជាពិសេស​ពី​មនុស្ស​ដែល​មាន​ភាព​សំខាន់​បំផុត​នោះ​ គឺ​ស្វាមី​របស់​ខ្លួន​ហ្នឹងឯង​។
    មិន​ពិបាក​ទេ​ គ្រាន់តែ​នៅ​ជិត​ដឹត​ក្បែរ​ មើលថែ​នាំជជែក​លេង​ និង​បញ្ជូន​សេចក្តី​ស្រឡាញ់​តាមរយៈ​ដៃ​ទាំងពីរ​ ដោយ​ការ​គក់ច្របាច់​ធ្វើ​ម៉ាស្សា​ឱ្យ​ភរិយា​ ឱប​ត្រកង​កូនតូច​តាមរយៈ​អ្នកម្តាយ​ ដោយ​ក្តី​ស្រឡាញ់​តែ​ម្យ៉ាង​គត់​។
    ការ​គក់ច្របាច់​ធ្វើ​ម៉ាស្សា​ដោយ​ក្តី​ស្រឡាញ់​យ៉ាង​ថ្នាក់ថ្នម​នេះ​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នកម្តាយ​មាន​គភ៌​ពោរពេញ​ដោយ​សេចក្តី​សុខ​ទាំង​កាយ​ទាំង​ចិត្ត​នោះ​ទេ​ តែ​វា​ថែមទាំង​ជា​ការ​បញ្ជូន​អារម្មណ៍​ដ៏​សែន​ល្អ​ប្រសើរ​បំផុត​មួយ​ឱ្យ​ជ្រួតជ្រាប​ឆ្លង​ចូល​ទៅ​រក​កូនតូច​ដែល​នៅក្នុង​គភ៌​ទៀតផង​។

    វិធី​បង្កើន​សេចក្តី​សុខ​ដល់​អ្នកម្តាយ​មានគភ៌​
    បើ​នៅ​មិនទាន់​ដឹង​ថា​ នឹង​ចាប់ផ្តើម​យ៉ាងណា​នោះ​ ឡា​រ៉ែ​ន មាន​វិធី7យ៉ាង​ក្នុង​ការ​បង្កើន​សេចក្តី​សុខ​ដល់​អ្នកម្តាយ​មានគភ៌​ ដោយ​បាតដៃ​ទាំងពីរ​របស់​លោកប៉ា​មក​ជម្រាប​ជូន​។
    1.​ ឱ្យ​អ្នកម្តាយ​យកដៃ​ច្រាន​ជញ្ជាំង​ក្នុង​ឥរិយាបទ​ឈរ​ ទប់ខ្លួន​ឱ្យ​នឹង​ បន្ទាប់ពី​នោះ​មក​ឱ្យ​លោកប៉ា​ប្រើ​បាតដៃ​សង្កត់​លើ​បរិវេណ​ចង្កេះ​ រហូត​មកដល់​ទួល​ត្រគាក​ទាំងសងខាង​។ ការ​ធ្វើបែប​នេះ​នឹង​ជួយ​បន្ធូរ​ភាព​តានតឹង​នៅ​ម្តុំ​ត្រគាក​បាន​យ៉ាង​ល្អ​ ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នកម្តាយ​មាន​អារម្មណ៍​ថា​ស្រាលខ្លួន​សប្បាយ​ទៀតផង​។
    2. កា​រម៉ាស្សាលុ​ញនៅ​បរិវេណ​ខ្នង​ស្មា​របស់​អ្នកម្តាយ​ ក្រៅពី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​របស់​សាច់ដុំ​ហើយ​នោះ​ការ​ប៉ះពាល់​ពី​លោកប៉ា​នៅ​បាន​ជួយ​បន្ធូរ​ក្តី​កង្វល់​ និង​ភាព​ភ័យខ្លាច​ក្នុងចិត្ត​អ្នកម្តាយ​បាន​ទៀតផង​។
    3. ប្រើ​ចុង​ម្រាម​ចង្អុលដៃ​ទាំងពីរ​របស់​លោក​ប៉ា​សង្កត់​ធ្វើ​ម៉ាស្សា​យឺត​ៗត្រង់​គល់​ច្រមុះ​ចន្លោះ​ភ្នែក​ទាំងពីរ​របស់​អ្នក​ម្តាយ​ថ្នម​ៗ នឹង​ជួយ​ឱ្យ​ផ្លូវ​ចេញចូល​របស់​ខ្យល់​ដង្ហើម​ស្រឡះ​ស្រួល​ មិន​តឹងណែន​។
    4​. ការ​ត្រាំ​ជើង​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ច្របាច់​ធ្វើ​ម៉ាស្សា​ប្រអប់ជើង​ដែល​ជា​បណ្តុំ​រួម​របស់​សរសៃប្រសាទ​ជាច្រើន​នោះ​ នឹង​ជួយ​ឱ្យ​អ្នកម្តាយ​កើតមាន​អារម្មណ៍​ស្រួល​សប្បាយខ្លួន​សាយភាយ​ពេញទាំង​រាងកាយ​ តែ​ក្នុង​ពេល​មានគភ៌​ បើ​ឱ្យ​អ្នកម្តាយ​ច្របាច់​ម៉ាស្សា​ប្រអប់ជើង​ខ្លួនឯង​ ប្រហែលជា​មិនសូវ​ពេញដៃ​ប៉ុន្មាន​ទេ​ ដូច្នេះ​ត្រូវ​ពឹង​លើ​ដៃ​ទាំងពីរ​របស់​លោកប៉ា​ហ្នឹងឯង​។
    5.​ ត្រឹមតែ​លោកប៉ា​ឱប​ប្រគង​អ្នកម្តាយ​ពី​ផ្នែក​ខាងក្រោយ​ ក៏អាច​ជំរុញ​ថាមពល​ដ៏​រឹងមាំ​ក្នុង​រាងកាយ​អ្នកម្តាយ​នៅ​ថ្ងៃ​ដែល​មាន​អារម្មណ៍​ថា​ភ័យខ្លាច​ ឱ្យ​ត្រៀមខ្លួន​ជាស្រេច​គ្រប់​ស្ថានការណ៍​បាន​ទៅ​ហើយ​។
    6. បន្ទាប់មក​ ប្រើ​បាតដៃ​ទាំងសងខាង​របស់​លោកប៉ា​ សង្កត់​ថ្នម​ៗលើ​ពោះ​អ្នកម្តាយ​ លោក​ប៉ា​អាច​ប៉ះពាល់​ និង​បញ្ជូន​ថាមពល​នៃ​ក្តី​ស្រឡាញ់​ទៅ​ឱ្យ​ទាំង​អ្នកម្តាយ​ ទាំង​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​ ដោយ​កូនតូច​នឹង​បានដឹង​ពី​ការ​ប៉ះពាល់​ដ៏​កក់ក្តៅ​នៃ​រង្វង់​ដៃ​ឱប​របស់​ប៉ាតា​មរ​យៈ​ពោះ​ម៉ាក់​។
    7. ការ​ធ្វើ​ម៉ាស្សា​ម្រាមដៃ​ និង​បរិវេណ​បាតដៃ​ ក្រៅពី​នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​បរិវេណ​ក្បាល​ និង​ខ្នង​ហើយ​ នៅ​បាន​ជួយ​ឱ្យ​កើត​ភាព​ស្រស់ស្រាយ​ ស្វាហាប់​ទៀតផង​។មិន​គួរ​ឱ្យ​ជឿ​សោះ​មែនទេ​ថា​ ការ​ប៉ះពាល់​ គក់​ច្របាច់​ធ្វើ​ម៉ាស្សា​ដោយដៃ​ទាំងពីរ​របស់​លោកប៉ា​តែ​ប៉ុណ្ណឹង​ អាច​ផ្តល់​នូវ​អារម្មណ៍​ដ៏​កក់ក្តៅ​ និង​កម្លាំង​ចិត្ត​ដល់​អ្នកម្តាយ​និង​កូនតូច​បាន​។ បើ​មិន​ជឿ​ សូម​សាកល្បង​ធ្វើ​លមើល​ទៅ​មើល៍​៕

  • អាការៈ​បន្តិច​ឈឺ​នេះ បន្តិច​ឈឺ​នោះ គួរឱ្យ​ធុញទ្រាន់​ក្នុងអំឡុងពេល​មានគភ៌

    អាការៈ​បន្តិច​ឈឺ​នេះ បន្តិច​ឈឺ​នោះ គួរឱ្យ​ធុញទ្រាន់​ក្នុងអំឡុងពេល​មានគភ៌

    មាន​មិត្តភក្តិ​របស់​នាងខ្ញុំ​(អ្នកគ្រូ​ ឆវី​)ម្នាក់​តែងតែ​រអ៊ូ​ឱ្យ​នាងខ្ញុំ​បានឮ​ជា​ញឹកញាប់​ថា​ គាត់ទើប​តែ​ចាប់ផ្តើម​ពពោះ​ទេ​ តែ​ហេតុ​អី​បាន​ជា​ចេះតែឈឺ​ក្បាល​ ឈឺខ្នង​ ឈឺ​ស្មា​ ឆ្អល់ពោះ​ អាហារ​មិនសូវ​រំលាយ​- ល – មិនឈប់ឈរ​សោះ​ដូច្នេះ​? ពេល​បានឮ​ហើយ​ ធ្វើ​ឱ្យ​នឹក​អា​ណឹ​តអ្នកមាន​ផ្ទៃពោះ​មែនទែន​ព្រោះ​ទម្រាំតែ​ឆ្លងផុត​រយៈពេល​ 9ខែ​នៃ​ការ​ពពោះ​កូន​ជាទីស្រឡាញ់​មួយ​នេះ​បាន​ អ្នកម្តាយ​គ្រប់រូប​សុទ្ធ​តែ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ និង​រៀន​យល់ដឹង​ពី​វិធី​បន្ធូរបន្ថយ​ និង​សម្រាល​អាការ​ដែល​កើតឡើង​នេះ​ឱ្យ​បាន​សឹងតែ​គ្រប់គ្នា​ទាំងអស់​ ដូច្នេះ​មិនមែន​ត្រឹមតែ​ជា​ការ​មើលថែ​ទាំ​រាងកាយ​ និង​សុខភាព​ឱ្យ​រឹងមាំ​ប៉ុណ្ណោះទេ​ តែ​ត្រូវ​មើលថែ​ទាំ​ផ្លូវចិត្ត​ឱ្យ​រឹងប៉ឹង​ផង​ដែរ​។
    លេខ​នេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន នឹង​ជម្រាប​ស្ត្រី​មានគភ៌​ទាំងឡាយ​អំពី​វិធី​បន្ធូរបន្ថយ​ និង​សម្រាល​អាការ​ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ និង​រំខានចិត្ត​ដែល​កើតឡើង​ក្នុងអំឡុងពេល​មានគភ៌​នេះ​ ដើម្បី​ឱ្យ​ទាំងអស់​គ្នា​បាន​សប្បាយចិត្ត​ក្នុង​ការ​ពពោះ​រយ:ពេល40សប្តាហ៍​ចាប់ពី​ពេលនេះ​ទៅ​។

    អាការៈរំខានចិត្ត​របស់​ស្ត្រី​មានផ្ទៃពោះ​
    អាការ​ក្អួតចង្អោរ​ : អាច​កើតឡើង​ដោយសារតែ​កម្រិត​អ័រម៉ូន​ផ្សេង​ៗដែល​កើនឡើង​ខ្ពស់​ក្នុង​អំឡុង​ពេល​មានគភ៌​ ដូចជា​ អ័រម៉ូន​ hCG​ និង​អ័រម៉ូន​ អេស​ត្រូ​ជេន​ ជាដើម​ ដោយ​អ័រម៉ូន​ទាំងនេះ​មានផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ការ​ដឹង​ក្លឹន​ ធ្វើ​ឱ្យ​ស្ត្រី​មាន​គភ៌​ធំុ​ក្លិន​អ្វី​ក៏​មិនបាន​ ច្រើនតែ​មាន​អាការ​ក្អួតចង្អោរ​វិលមុខ​ក្នុងអំឡុងពេល​ពពោះ​ដំបូង​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : ស្ត្រី​មានគភ៌​គួរ​ចៀសវាង​ពី​អ្វី​ដែល​ជំរុញ​ដល់​ប្រព័ន្ធ​ប្រសាទ​ការ​ដឹង​ក្លិន​ដូចជា​ក្លិន​អាហារ​ជាដើម​ ។ អ្នកជំនាញ​ការ​ខាង​ភោជនាហារ​បាន​រក​ឃើញថា​ ក្លិន​របស់​ក្រូចឆ្មារ​ អាច​ជួយ​បន្ធូរបន្ថយ​អាការ​ក្អួតចង្អោរ​នេះ​បាន​យ៉ាង​ឆាប់រហ័ស​ ដូច្នេះ​បើស្ត្រី​មានគភ៌​កើត​អាការ​ក្អួតចង្អោរ​នោះ​ មិន​គួរ​ទទួលទាន​ថ្នាំ​ផ្តេស​ផ្តាស់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​ឡើយ​ ។
    អា​កា​រៈថប់ៗ​ដង្ហើម​ ដកដង្ហើម​មិន​ស្រួល​ និង​វិលមុខ​ : ស្ត្រី​មានគភ៌​តែង​មាន​ចង្វាក់​នៃ​ការដកដង្ហើម​លឿន​ ហើយ​វែង​ ខណៈ​ពេល​ជាមួយគ្នា​ ស្បូន​ដែល​ពង្រីក​ខ្លួន​តាម​ការ​រីកចម្រើន​ធំធាត់​របស់​ទារក​ក៏​នឹង​ខឹ​តចូល​ទៅ​បៀត​សួត​ និង​ក្បាំង​ខ្យល់​របស់​អ្នក​មានផ្ទៃពោះ​ ធ្វើ​ឱ្យ​ទីកន្លែង​ដែល​ទទួល​ផ្ទុក​ខ្យល់​អុក​ស៊ី​ហែ៊្ស​ននៅ​សល់​តិច​ ធ្វើ​ឱ្យ​ពេលខ្លះ​អ្នកមាន​គភ៌​មាន​អារម្មណ៍​ថា​ ដកដង្ហើម​មិន​ស្រួល​បាន​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : នៅពេល​មាន​អារម្មណ៍​ថា​ ដកដង្ហើម​មិន​ស្រួល​ ចូរ​អង្គុយ​សម្រាក​ ហើយ​ដកដង្ហើម​ចេញ​ចូ​លយឺ​តៗ​ មួយ​។ បើ​មាន​អារម្មណ៍​ថា​រកកល់​ងងឹតមុខ​ ហាក់ដូចជា​ចង់​ខ្យល់គ​ ចូរ​អង្គុយ​ចុះ​ ហើយ​ឱនក្បាល​ចុះ​នៅត្រង់​ចន្លោះ​ក្បាលជង្គង់​ទាំងសងខាង​ ដើម្បី​ជួយ​ឱ្យ​ឈាម​ហូរ​ឡើង​មក​ចិញ្ចឹម​ខួរក្បាល​ឱ្យ​បាន​កាន់តែ​លឿន​ឡើង​ នឹង​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ស្រួល​ឡើងវិញ​។ អាការ​នេះ​កើតឡើង​ដោយសារតែ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ថយ​ចុះ​ ដូច្នេះ​ពេល​មានផ្ទៃពោះ​ចូរ​ឧស្សាហ៍​ទទួលទាន​អាហារ​បង្អែម​ ចម្អាប​ឱ្យ​បាន​ញឹកញាប់​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។
    អាការ​តឹង​ឆ្អល់​ក្នុង​ពោះ​ : អ័រម៉ូន​ដែល​រាងកាយ​បញ្ចេញ​មក​ក្នុងអំឡុងពេល​មានគភ៌​ ហុច​ផល​ឱ្យ​សាច់ដុំ​បន្ទះ​បង្រួញ​ខ្លួន​ ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​យឺត​ ជាហេតុ​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ងាយ​នឹង​កើត​អាការ​ឆ្អល់​ណែន​ក្នុង​ពោះ​ រួម​ជាមួយ​មូល​ហេតុ​ផ្សេងទៀត​ក្នុង​ការ​ទទួលទាន​អាហារ​ផង​ដែរ​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : អ្នកមាន​ផ្ទៃពោះ​គួរ​ទទួលទាន​អាហារ​ដែល​មាន​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ ដូចជា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​ រួម​ទាំង​គ្រាប់​ធញ្ញជាតិ​ផង​ដែរ​។ ពិសា​ទឹក​ឱ្យ​បាន​ច្រើន​ ហើយ​បើសិនជា​អាការ​ណែន​ឆ្អល់ពោះ​នោះ​មានកម្រិត​ខ្លាំង​ ស្ត្រី​មានគភ៌​គួរតែ​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ​ដែល​ពិនិត្យ​គភ៌​ ព្រោះ​គ្រូពេទ្យ​នឹង​ផ្តល់​នូវ​ពាក្យណែនាំ​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​អាការ​នេះ​។
    អាការ​ប្រគ្រីវកាច់​ជើង​ : អាច​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​កាល់ស្យូម​ និង​បញ្ហា​នៃ​លំហូរ​វិល​របស់​ឈាម​។
    ការ​មើលថែ​ទាំ​ខ្លួនឯង​ : ក្នុង​ខណ:កើត​អាការ​ប្រគ្រីវកាច់​នោះ​ ចូរ​ចាប់​ក្តោប​ចុងជើង​ឱ្យ​ជាប់​ ហើយ​ទាញ​វា​មករ​កស្មងជើង​ឱ្យ​ខ្លាំង​ ដើម្បី​ជួយ​យឹត​សាច់​ដុំ​បរិវេណ​កំភួនជើង​ឱ្យ​ត្រង់​ឡើងវិញ​។ មិន​គួរ​សណ្តូកជើង​ នៅពេល​ម្រាមជើង​ចង្អុល​ត្រង់​ទៅ​ខាងមុខ​ឡើយ​ ព្រោះ​នឹង​រឺត​តែ​ធ្វើ​ឱ្យ​សាច់ដុំកំភួន​ជើង​កើត​អាការ​រឹង​ខ្លាំង​ឡើង​ និង​កើត​ប្រគ្រីវកាច់​កាន់តែ​ខ្លាំង​ឡើង​ដែរ​ ហើយ​នៅពេល​គេង​ពេល​យប់​ អ្នកមាន​ផ្ទៃពោះ​គួរតែ​ពាក់​ស្រោមជើង​ ដើម្បី​ឱ្យ​ចុងជើង​កក់ក្តៅ​ វា​អាច​ជួយ​កាត់បន្ថយ​អាការ​ប្រគ្រីវកាច់​បាន​។
    អាការ​ឈឺខ្នង​ : ស្ត្រី​ភាគច្រើន​តែងតែមាន​អាការ​ឈឺខ្នង​កើតឡើង​ក្នុងអំឡុងពេល​តាំង​គភ៌​។ ទាំងអស់​នេះ​ មាន​មួយ​ចំណែក​បណ្តាល​មក​ពី​ទំហំ​របស់​គភ៌​ដែល​ចេះតែ​រីកធំឡើង​ និង​ទម្ងន់​ខ្លួន​របស់​ទារក​នៅក្នុង​គភ៌​ដែល​ទៅ​បង្កើន​កម្លាំង​សង្កត់​លើ​ឆ្អឹងកង​ខ្នង​ ហុច​ផល​ឱ្យ​រាងកាយ​មិនកើត​មាន​តុល្យភាព​ខាង​ទម្ងន់​។
    ការ​មើលថែ​ខ្លួនឯង​ : ដើម្បី​ឱ្យ​អ្នកមាន​ផ្ទៃពោះ​មាន​អារម្មណ៍​កាន់តែ​សប្បាយ​ស្រួលខ្លួន​ រួចផុត​ពី​ការ​ឈឺខ្នង​នេះ​ ពេល​អង្គុយ​ គួរតែ​មាន​ខ្នើយ​មួយ​កល់​នៅត្រង់​ចង្កេះ​ផ្នែក​ខាងក្រោម​ លើកជើង​ដាក់​លើ​កូន​កៅអី​សម្រាប់​ទ្រជើង​ ជាដើម​។ ពេល​ឈរ​ គួរ​ដាក់​ជើងម្ខាង​នៅ​លើ​កូន​កៅ​អី​ទាប​ៗមួយ​ និង​ឧស្សាហ៍​ផ្លាស់​ជើង​ ម្តង​ខាងឆ្វេង​ ម្តង​ខាងស្តាំ​ផង​ វា​នឹង​ជួយ​ឱ្យ​អាការ​ឈឺខ្នង​បាន​ធូរស្រាល​ឡើង​៕

  • តើ​ឡេ​ការពារ​កម្ដៅថ្ងៃ​ Sunstop​ មានគុណ​សម្បត្តិ​ដូចម្តេច​ខ្លះ​?

    តើ​ឡេ​ការពារ​កម្ដៅថ្ងៃ​ Sunstop​ មានគុណ​សម្បត្តិ​ដូចម្តេច​ខ្លះ​?

    Sunstop​ គឺ​ជា​ឡេ​ការពារ​កម្ដៅថ្ងៃ​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ជួយការ​ពារ​ស្បែក​ពី​ផល​ប៉ះពាល់​នៃ​ពន្លឺ​ព្រះអាទិត្យ​ដែល​រួមមាន​កាំរស្មី​ UVA​ និង​ UVB​។ ព្រម​ជាមួយនឹង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ដូចជា​៖
    • វាប​ង្កើត​ជា​ខែល​ច្រើន​ជាន់​ដើម្បី​ការពារ​គ្រប់​ប្រភេទ​ស្បែក​ ទោះ​ក្នុង​លក្ខខណ្ឌ​ពិ​បា​កៗ​ក៏ដោយ​
    • វា​ធន់​នឹង​ញើស​ និង​ទឹក​
    • វា​មិន​មាន​ជាតិ​ប្រេង​ និង​ជាតិ​ខ្លាញ់​
    • វា​ផ្តល់​នូវ​សំណើម​ ដែល​ធ្វើ​ឱ្យ​ស្បែក​ទន់​ និង​ការពារ​ស្បែក​ស្ងួត​
    • ប្រើ​ត្រូវ​គ្រប់​ប្រភេទ​ស្បែក​
    • អាច​ប្រើលើ​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ ដោយ​មិន​បណ្តាល​ឱ្យ​មានការ​រលាក​
    • ទារក​ ក្មេង​ និង​មនុស្ស​ពេញវ័យ​ សុទ្ធតែ​អាច​ប្រើ​បាន​
    • សាន់​ស្តុ​បផលិត​នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​ឆ្នាំ1985​
    • ជា​ផលិត​ផល​ដែល​ទទូល​ស្គាល់​ដោយ​ក្រសួងសុខាភិបាល​ប្រទេស​អូស្ត្រាលី​ តាំងពី​ឆ្នាំ1985​ និង​ជា​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​លើ​ពិភព​លោ​។

    តើ​ឡេ​ការពារ​កម្តៅថ្ងៃ​ធ្វើការ​យ៉ាងដូច​ម្តេច​?
    ឡេ​ការពារ​កម្តៅថ្ងៃ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ស្បែក​របស់​អ្នក​ ដែល​បណ្តាល​មក​ពី​ពន្លឺ​ព្រះអាទិត្យ​។ ឡេ​ការពារ​កម្តៅថ្ងៃ​មាន​ពីរ​ផ្នែក​សំ​ខាន់​ៗគឺ​ធាតុផ្សំ​សកម្ម​ និង​សារធាតុរាវ​។ ធាតុផ្សំ​សកម្ម​ មាន​តូ​នាទី​ការពារ​ស្បែក​របស់​អ្នក​ ហើយ​ត្រូវ​បាន​ចែក​ជា2ផ្នែក​គឺ​ ទី1​ ការ​ស្រូប​យក​កាំរស្មី​ UV​ ដោយ​បំ​លែង​កាំរស្មី​យូ​វី​ឱ្យទៅ​ជា​កម្ដៅ​ទាប​បំផុត​ ហើយ​ស្រូប​យក​វា​មុន​ពេល​វា​ចូល​ទៅ​ក្នុង​ស្បែក​របស់​អ្នក​ និង​ទី2​ ការ​ការពារ​កាំរស្មី​ UV​ ដោយ​បង្កើត​ជារ​បាំង​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​។ ការ​ការពារ​នេះ​ ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ពី​អុកស៊ីត​ ដូចជា​ស័ង្កសី​អុក​ស៊ី​ដជាដើម​។ នៅ​ក្នុង​ឡេ​ការពារ​កម្ដៅ​ព្រះអាទិត្យ​ភាគច្រើន​ជាទូទៅ​មាន​ធាតុផ្សំ​សកម្ម​ពី1ទៅ6​ ដើម្បី​ការពារ​ពន្លឺ​ព្រះអាទិត្យ​។

    យើង​សូម​ណែនាំ​អ្នក​ឱ្យ​ប្រើ​ Sunstop​ SPF30​ + ព្រោះ​វា​ផ្ទុក​ដោយ​គ្រឿងផ្សំ​សកម្ម​ចំនួន7​។ តើ​ SPF​ ជា​អ្វី​? SPF​ មានន័យថា​ គឺជា​កត្តា​ការពារ​ពន្លឺ​ព្រះអាទិត្យ​ ហើយ​វា​វាស់​កម្រិត​នៃ​ការ​ការពារ​ប្រឆាំង​នឹង​កាំរស្មី​ UVB​។ កាំរស្មី​ UVB​ គឺជា​ប្រភេទ​នៃ​កាំរស្មី​ព្រះអាទិត្យ​ដែល​ធ្វើ​ឱ្យ​រលាក​ស្បែក​ និង​បណ្តាល​ឱ្យ​មាន​ជំងឺមហារីក​ស្បែក​។ SPF​ មាន​ 15​ 30​ និង50​។ SPF15​ អាច​ការពារ​បាន93​% ពី​កាំរស្មី​ UVB​ SPF30​ អាច​ការពារ​បាន97​% ពី​កាំរស្មី​ UVB​ ឡេ​ការពារ​កម្ដៅថ្ងៃ​ សាន់​ស្តុ​ប SPF30​+ វា​មានប្រសិទ្ធភាព​បំផុត​ដែល​អាច​ការពារ​កម្ដៅ​ថ្ងែ​បាន​ 99.99​% បើ​ប្រៀបធៀប​ទៅ​នឹង​ឡេ​ការពារ​កម្ដៅ​ថ្ងែ​ធម្មតា​មានត្រឹមតែ97​%។ ឡេ​ការពារ​កម្ដៅថ្ងៃ​ សាន់​ស្តុ​ប ផ្តល់​ការ​ការពារ​កម្ដៅថ្ងៃ​ 99.99​% ច្រើន​ជាង​ឡេ​ការពារ​កម្ដៅ​ថ្ងែ​ធម្មតា​ នោះ​ក៏​ព្រោះតែ​ច្បាប់​ប្រទេស​អូស្ត្រាលី​។

    តាម​គោលការណ៍​ណែនាំ​របស់ក្រ​សួង​សុខាភិបាល​អូស្រ្តាលី​ កម្រិត​អតិបរមា​របស់​ SPF​ គឺ​អាច​ 50​+។ នេះ​គឺ​ដើម្បី​មិន​ឱ្យ​មានការ​យល់​ច្រលំ​ថា​ ផលិតផល​គួរតែ​ដាក់​ SPF100​+ ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​យល់​ច្រលំ​ថា​ វា​នឹង​មានប្រយោជន៍​ជាង​ SPF30​+ ឬ SPF50​+។ ប៉ុន្តែ​ជា​មួយ​ឡេ​ការពារ​កម្ដៅថ្ងៃ​ សាន់​ស្តុ​ប SPF30​+ វា​បាន​ផ្តល់​ការ​ការពារ​កម្ដៅថ្ងៃ​ច្រើនជាង​នេះ​ទៅ​ហើយ​។ គុណសម្បត្តិ​នៃ​សារធាតុ​ស័ង្កសី​អុក​ស៊ី​ដ តើ​អ្នក​ជ្រើស​រើស​ឡេ​ការពារ​កម្តៅថ្ងៃ​ដែល​ល្អ​យ៉ាងដូច​ម្តេច​សម្រាប់​ស្បែក​របស់​អ្នក​? អ្នក​គួរតែ​ប្រាកដ​ថា​ ឡេ​ការពារ​កម្តៅថ្ងៃ​របស់​អ្នកមាន​សារធាតុ​ស័ង្កសី​អុក​ស៊ី​ដ។ វា​គឺជា​ផ្នែក​មួយ​នៃ​ធាតុផ្សំ​សកម្ម​សំ​ខាន់​ៗដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ឡេ​ការពារ​កម្តៅថ្ងៃ​ និង​ទប់ស្កាត់​កាំរស្មី​ UVA​ និង​កាំរស្មី​ UVB​ ដោយ​ផ្តល់​នូវ​ការ​ការពារ​យ៉ាង​សំខាន់​។

    អ្វី​ដែល​ជា​រឿង​ដែរ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ មិនមែន​គ្រប់​ឡេ​ការពារ​កម្តៅថ្ងៃ​ទាំងអស់​សុទ្ធតែ​ផ្តល់​នូវ​កម្រិត​នៃ​ការ​ការពារ​នេះនោះ​ទេ​។ ស័ង្កសី​អុក​ស៊ី​ដមិន​មានផល​ប៉ះពាល់​ដល់​ស្បែក​ទេ​ ព្រោះថា​បំណែ​កតូច​ៗរបស់​វា​នឹង​មិន​ត្រូវ​បាន​ស្រូប​ចូលក្នុង​ស្បែក​របស់​អ្នកនោះ​ទេ​។ គុណសម្បត្តិ​ដទៃទៀត​រួមមាន​ វា​មាន​ប្រសិទ្ធ​ភា​ពភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​យូរ​ អាច​ប្រើ​បាន​គ្រប់​ប្រភេទ​ស្បែក​ និង​ជួយការ​ពារ​ស្បែក​ ដោយ​មិន​ធ្វើ​ឱ្យ​រមាស់​ ចំណែក​ស្បែក​ងាយ​ប្រតិកម្ម​ក៏អាច​ប្រើ​បាន​ដែរ​។ ត្រូវ​ប្រាកដ​ថា​ អ្នកការពារ​ស្បែក​របស់​អ្នក​ឱ្យ​ល្អ​ពី​ពន្លឺ​ព្រះអាទិត្យ​ ហើយ​ធានា​ថា​ ឡេ​ការពារ​កម្តៅថ្ងៃ​របស់​អ្នកមាន​ផ្ទុក​សារធាតុ​ស័ង្កសី​អុក​ស៊ី​ដ ប្រសិនបើ​អ្នក​ចង់បាន​នូវ​អត្ថ​ប្រយោជន៍​ទាំងអស់​នៃ​ឡេ​ការពារ​កម្តៅថ្ងៃ​ដូច​រៀបរាប់​ខាងលើ​ សូម​ប្រើ​ Sunstop​ SPF30​ +។

    វា​ជា​ផលិតផល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តាល​ឱសថស្ថាន​ ម៉ាត​ និង​ផ្សារ​ទំនើប​នានា​ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • វិធីបង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និង ផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    វិធីបង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និង ផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តី​ស្រឡាញ់​ និង​សម្ព័ន្ធ​ទាក់ទង​រវាង​ម្តាយ​ និង​កូន​…ចាប់ផ្តើម​ឡើង​តាំងពី​អ្នកម្តាយ​មានគភ៌​ថ្មី​ៗ ភ្លាម​ៗម៉្លេះ​ អ្វី​ៗគ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកម្តាយ​សុទ្ធតែ​ហុច​ផល​ទៅដល់​កូនតូច​ក្នុង​គភ៌​ជានិច្ច​ ទាំង​ខាង​រូបកាយ​ អារម្មណ៍​ និង​ផ្លូវចិត្ត​។ បើសិនជា​ស្ត្រី​មានគភ៌​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ កូន​តូច​ដែល​នៅក្នុង​គភ៌​ក៏​មានការ​វិវឌ្ឍ​ល្អ​ដែរ​ តែ​ផ្ទុយ​ទៅវិញ​… បើស្ត្រី​មានគភ៌​ស្ថិត​ក្នុង​សភាវ​ផ្លូវចិត្ត​ដែល​មាន​ភាព​តឹងតែង​ធុញថប់​ ឆាប់​ខឹង​ ឬឆាប់​ភ័យ​បារម្ភ​ជាប់​ជាប្រចាំ​ ដែល​មួយ​ចំណែក​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅក្នុង​រាងកាយ​មានការ​ប្រែប្រួល​ និង​មួយចំណែកទៀត​មក​ពី​អារម្មណ៍​ដែល​ចេះតែ​គិតថា​ ខ្លួនឯង​នឹង​ចុះ​អន់ថយ​ទាំង​ខាង​រូបរាងកាយ​ មុខមាត់​ និង​ការ​ចងចាំ​នៅពេល​តាំង​គភ៌​នោះ​ កូនតូច​នៅក្នុង​គភ៌​ក៏​នឹង​បាន​ទទួល​ផល​ប៉ះពាល់​មិនល្អ​ រហូតដល់​មានការ​វិវឌ្ឍ​យឺត​យ៉ាវ​ទៅតាម​នោះ​ដែរ​។
    ដូច្នេះហើយ​ទើប​ការ​ត្រៀមខ្លួន​ធ្វើជា​អ្នកម្តាយ​ដ៏​ល្អ​ គឺជា​រឿង​មួយ​សំខាន់​បំផុត​ និង​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ៗដូច​ខាងក្រោម​នេះ​៖

    ១.​ ធ្វើ​ចលនា​រាងកាយ
    ​ជួយ​អភិវឌ្ឍ​ខួរក្បាល​កូន​… ការ​ធ្វើ​ចលនា​នៅ​ទីនេះ​មានន័យថា​ ធ្វើ​ចលនា​រាងកាយ​យ៉ាង​សម​ល្មម​ដែល​នឹង​ហុច​ផល​ល្អ​ដល់​ទឹកភ្លោះ​នៅក្នុង​ស្បូន​ និង​សភាព​ជុំវិញ​ខ្លួន​កូនតូច​នៅក្នុង​គភ៌​ ធ្វើ​ឱ្យ​កូនតូច​មាន​អារម្មណ៍​ដូច​បាន​ទទួលការ​ប៉ះពាល់​ដោយដៃ​របស់​អ្នកម្តាយ​ផ្ទាល់​ ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​សរសៃប្រសាទ​ទទួលដឹង​ និង​អារម្មណ៍​ ហើយ​ថែមទាំង​មានការ​ពត់ពេន​ខ្លួនប្រាណ​ទៅ​តាម​ចង្វាក់​ការ​ធ្វើ​ចលនា​របស់​ម្តាយ​ទៀតផង​។ តែ​ចំណុច​គួរ​ប្រយ័ត្ន​ គឺ​កុំ​ធ្វើ​ចល​នា​ខ្លាំង​ៗ និង​ច្រើន​ ឬយូរ​ជ្រុល​ពេក​ ព្រោះ​នឹង​ធ្វើ​ឱ្យ​កូនតូច​មិនបាន​សម្រាក​ និង​ហត់​តាម​ម្ដាយ​ដែរ​ ហើយ​ទារក​នៅក្នុង​គភ៌​អាច​នឹង​បញ្ចេញ​អាការ​ធាក់​ ឬរើ​យ៉ាង​ធុញថប់​ជាដើម​។

    ២. សំឡេង​
    ជួយ​អភិវឌ្ឍ​អារម្មណ៍​របស់​កូន​… ដោយសារ​ប្រព័ន្ធ​សរសៃប្រសាទ​ខាង​ការ​ស្តាប់​របស់​កូនតូច​ក្នុង​គភ៌​ចាប់ផ្តើម​ធ្វើការ​ពេល​អាយុ​បាន​ 18សប្តាហ៍​ និង​ការបាន​ឮនឹង​វិវត្ត​បន្ត​ទៅទៀត​ជា​រឿយ​ៗតាមលំដាប់​នោះ​ រលក​សំឡេង​ដែល​មាន​គ្រោង​សាង​ដ៏​ស័ក្តិសម​ល្អ​នឹង​ជួយ​ជំរុញ​បណ្តាញ​សរសៃប្រសាទ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការបាន​ឮឱ្យ​អភិវឌ្ឍ​ប្រព័ន្ធ​ការងារ​បាន​កាន់តែ​លឿន​ឡើង​។ នៅពេល​កូនតូច​ប្រសូត​ចេញ​មក​ហើយនឹង​ធ្វើ​ឱ្យ​សមត្ថភាព​ក្នុង​ការ​រៀង​លំដាប់​ការ​គិត​នៅក្នុង​ខួរក្បាល​ មាន​អារម្មណ៍​ធូរស្រាល​ និង​អាច​ចងចាំ​រឿង​រ៉ាវ​ផ្សេង​ៗបាន​យ៉ាង​ល្អ​។
    ទារក​នឹង​មានការ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​ទទួលដឹង​ពាក់ព័ន្ធ​នឹង​ចង្វាក់​របស់​សំឡេង​តាំងពី​នៅក្នុង​គភ៌​ម្ដាយ​ អាច​ឆ្លើយតប​នឹង​សំឡេង​ដែល​មាន​ចង្វាក់​លឿន​ និង​យឺត​បាន​។ ចេះ​បែងចែក​សំឡេង​ដែល​ធ្លាប់ស្គាល់​តាំងពី​នៅក្នុង​គភ៌​ម្ដាយ​ ដូចជា​សំឡេង​ម៉ាក់​ សំ​ឡេង​ប៉ា​ ដែល​បើ​សិន​ជា​សំឡេង​ដែ​លល្អៗ​ផង​នោះ​ ទារក​នឹង​កើតក្តី​សប្បាយចិត្ត​ និង​មាន​អារម្មណ៍ល្អ​។ ការ​ដែល​ស្ត្រី​មានគភ៌​ឧស្សាហ៍​និយាយ​ជាមួយ​កូន​តូច​ក្នុង​ផ្ទៃ​ រួម​ទាំង​ការ​បើក​បទ​ភ្លេង​បំពេ​រផង​នោះ​នឹង​ជួយ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​ម្តាយ​ និង​ទារក​បាន​។

    ៣. អាហារ
    ជួយ​បង្កើន​ការ​អភិវឌ្ឍ​របស់​កូន​… អាហារ​ដែល​អ្នកម្តាយ​ទទួលទាន​ចូល​ទៅ​ នៅ​មិនទាន់​បញ្ជូន​ទៅដល់​ទារ​កភ្លាម​ៗទេ​ តែ​សារជាតិ​អាហារ​ផ្សេង​ៗទាំងនោះ​នឹង​ស្ថិតនៅ​ក្នុង​ខ្លួន​អ្នកម្តាយ​ ព្រោះ​លំហូរ​វិល​នៃ​ឈាម​របស់​អ្នកម្តាយ​ និង​កូន​នៅ​ផ្សេង​ពីគ្នា​ តែ​មាន​ចំណុច​តភ្ជាប់​គ្នា​តាម​រយ:ទងសុក​ ហើយ​សារធាតុ​អាហារ​ដែ​លល្អៗ​នឹង​ត្រូវ​បឺត​ជញ្ជក់​ទៅ​ឱ្យ​កូន​តាម​រយ:ទងសុក​នេះឯង​។ ដូច្នេះ​បើ​អ្នកម្តាយ​ចង់ឱ្យ​កូន​បាន​ទទួល​សារធាតុ​អាហារ​ដែល​ល្អ​ មានផល​ល្អ​ដល់​ការ​វិវត្ត​របស់​ទារក​នោះ​ គួរតែ​ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម​ ដើម្បី​ឱ្យ​កូនតូច​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​។
    ការដែល​ទារក​អាច​បឺត​ជញ្ជក់​យក​សារធាតុ​អាហារ​បាន​ល្អ​ ឬមិន​ល្អ​នោះ​ វា​អាស្រ័យ​នៅ​លើ​ទងសុក​ដែរ​ បើ​ទងសុក​មាន​ទំហំ​តូច​ ការ​បឺត​ជញ្ជក់​អាហារ​នឹង​បាន​តិច​ជាងទង​សុក​ដែល​មាន​ទំហំ​ធំ​ តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ អ្នកម្តាយ​ត្រូវ​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ឱ្យ​បាន​ច្រើន​បំផុត​ ដើម្បី​មានផល​ល្អ​ដល់​ការ​វិវត្ត​របស់​ទារក​នៅក្នុង​គភ៌​។
    ទារក​នៅក្នុង​គភ៌​… គឺជា​វ័យ​នៃ​ការពឹងពាក់​លើ​អ្នកម្តាយ​ មិនទាន់​អាច​ជួយ​ ឬឆ្លើយតប​នឹង​តម្រូវការ​របស់​ខ្លួនឯង​បានទេ​ ដូច្នេះ​បើ​អ្នកម្តាយ​ចិញ្ចឹម​ និង​ថែទាំ​យ៉ាង​ត្រឹមត្រូវ​នោះ​ វា​នឹង​ហុច​ផល​ឱ្យ​កូនតូច​កើតមាន​អារម្មណ៍​កក់ក្តៅ​ ជឿជាក់​លើ​សុវត្ថិភាព​ រហូតដល់​មានការ​វិវឌ្ឍ​ដ៏​ល្អ​ឡើង​តាមលំដាប់​ជាមិនខាន​៕

  • តើស្រ្តីមានផ្ទៃពោះជិះយន្តហោះបានដែរ ឬទេ?

    តើស្រ្តីមានផ្ទៃពោះជិះយន្តហោះបានដែរ ឬទេ?

    យើង​ប្រហែលជា​ធ្លាប់​បានឮ​ពី​ជំនឿ​កាលពី​បុរាណ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ហាមប្រាម​មិន​ឱ្យ​ស្រ្តី​ធ្វើ​ក្នុងអំឡុងពេល​មានគភ៌​។ វា​ជា​ការ​ហាមប្រាម​ធម្ម​តាៗ​ និង​រឿង​ជាច្រើន​ទៀត​ តាំង​ពី​ហាម​កាន់​កន្ត្រៃ​ រហូត​ទៅដល់​ហាម​លាប​ពណ៌​សក់​ជាដើម​ ហើយ​លោកអ្នក​ក៏​ប្រហែលជា​ធ្លាប់​បានឮ​ដែរ​ហើយ​ថា​ ស្ត្រី​មានគភ៌​ត្រូវ​បាន​ហាម​មិន​ឱ្យ​ជិះ​យន្តហោះ​ឡើយ​ តើ​ជា​រឿង​ពិត​ឬ ដែលគេ​និយាយ​ថា​ ការ​ធ្វើដំណើរ​ដោយ​យន្តហោះ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​? ដូច្នេះ​សរុប​ថា​តើ​ស្រ្តី​មានផ្ទៃពោះ​ជិះ​យន្តហោះ​បាន​ដែរ​ឬទេ​? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ​…។

    អ្នកជំនាញ​ការ​ផ្នែក​សុខភាព​ស្រ្តី​ បាន​រៀបរាប់​ផ្ទុយពី​ចំណុច​ហាម​ប្រាម​ចាស់​ៗដែល​លោកអ្នក​ធ្លាប់​បានឮ​មក​នោះ​ថា​ នៅក្នុង​ផ្នែក​ជំនួញ​ ការ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ មិន​មាន​ភាព​ប្រថុយប្រថាន​ជាពិសេស​ណាមួយ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​មាន​សុខភាព​រឹងមាំ​ល្អ​ ឬសូម្បីតែ​ទារក​នៅក្នុង​ផ្ទៃ​នោះ​ឡើយ​ តែ​ហេតុផល​ធំ​ចម្បង​នោះ​គឺ​ ជា​ក្តី​កង្វល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ទៅ​វិញ​ទេ​ ព្រោះ​មាន​ភាព​អាច​ទៅរួច​ច្រើន​ដែល​ស្រ្តី​មានគភ៌​នឹង​ប្រសូត​បុត្រ​នៅក្នុង​យន្តហោះ​ដែល​កំពុង​ហោះហើរ​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ត្រូវ​ចេញថ្លៃ​ចាយវាយ​បន្ថែម​តាមច្បាប់​កំណត់​និង​ថែមទាំង​ជា​ការ​រុក​គួ​នរំ​ខាន​អ្នកដំណើរ​ដទៃទៀត​ផង​ដែរ​។

    គន្លឹះ​សំ​ខាន់​ៗសម្រាប់​អ្នកម្តាយ​មានគភ៌​ខណៈ​ជិះ​យន្តហោះ​
    1. ក្រោក​ឡើង​ដើរ​រយៈ​ចម្ងាយ​ខ្លី​ៗតាមផ្លូវ​ដើរ​នៅក្នុង​យន្តហោះ​រៀងរាល់30នាទី​ម្តង​ បើសិន​ជា​មាន​សុវត្ថិ​ក្នុង​ការ​ធ្វើ​។
    2. សណ្តូកជើង​ឱ្យ​ត្រង់​ និង​ធ្វើ​ចលនា​ជើង​បែប​ អៃ​ហ្សូ​មេ​ធ្រិ​ក(Isometric​)។
    3. ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​។
    4. ជ្រើសរើស​កន្លែង​អង្គុយ​ដែល​នៅ​ក្បែរ​បន្ទប់ទឹក​។
    5. គួរ​បំពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​ទាប​ ម្តុំ​ជុំវិញ​ឆ្អឹងត្រគាក​រហូត​ក្នុង​ការ​ធ្វើដំណើរ​។
    6. ចៀសវាង​អាហារ​ដែល​ធ្វើ​ឱ្យ​កើតមាន​ហ្កាស​ និង​អាហារ​ដែល​បម្រើ​នៅក្នុង​យន្តហោះ​ ព្យាយាម​យក​អាហារ​របស់​ខ្លួនឯង​ទៅ​ទុក​ទទួលទាន​។
    ការ​ធ្វើដំណើរ​ក្នុងរយៈ​ដំបូង​នៃ​ការ​មានគភ៌​មាន​សុវត្ថិភាព​ តែ​អ្វី​ដែល​គួរ​ប្រុងប្រយ័ត្ន​នោះ​គឺ​ អាការ​ពាក់ព័ន្ធ​នឹង​ការ​មានគភ៌​ ដូចជា​ អាការ​ចាញ់កូន​ដែល​អាច​កាន់តែ​យ៉ាប់​ឡើង​ ដូច្នេះ​អ្នក​គួរ​មាន​ថង់​សម្រាប់​ក្អួត​នៅ​ជិត​ខ្លួន2​-3ជាស្រេច​។
    មាន​ស្រ្តីជា​ច្រើន​មាន​អារម្មណ៍​ថា​ សប្បាយ​និង​ស្រួលខ្លួន​ល្អ​ឡើងវិញ​នៅក្នុង​អំឡុង​ត្រីមាស​ទី2នៃ​ការ​មានគភ៌​ អាការ​ចាញ់កូន​របស់​អ្នក​បាត់​ទៅវិញ​ហើយ​ នៅក្នុង​ត្រីមាស​នេះ​មាន​ភាព​ប្រថុយប្រថាន​តិច​បំផុត​ក្នុង​ការ​ប្រសូត​មុន​កំណត់​ ទើប​មិន​មែន​ជា​រឿង​ប្លែក​ឡើយ​ដែល​ស្រ្តីជា​ច្រើន​ឆ្លៀតឱកាស​នេះ​ធ្វើដំណើរ​ទៅ​កម្សាន្ត​ទី​ឆ្ងាយ​ តែ​យ៉ាងណា​ក៏ដោយ​អ្នក​គួរ​ប្រយ័ត្ន​រឿង​ប្រព័ន្ធ​ឈាម​រត់​ផង​ យើង​មាន​ពាក្យណែនាំ​ដើម្បី​ជួយ​ឱ្យ​លំហូរ​វិល​របស់​ឈាម​ដំណើរការ​ទៅ​យ៉ាង​ប្រក្រតី​ដូច​ខាងក្រោម​ ៖
    – ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ធូររលុង​សប្បាយ​ស្រួលខ្លួន​។
    – ពាក់​ស្រោម​បារ​ដែល​មាន​ភាព​រឹប​ ដើម្បី​ជួយ​បង្កើន​ការ​ហូរ​វិល​របស់​ឈាម​ពីក​ជើង​ទៅ​រក​បេះដូង​ និង​សួត​របស់​អ្នក​។
    – ចៀសវាង​ការ​អង្គុយ​គង​អន្ទាក់ខ្លា​។
    – ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ភាព​ស្រស់បស់​នៅក្នុង​រាងកាយ​។រឿង​មួយ​ដែល​ជួយ​រក្សា​លំហូរ​វិល​របស់​ឈាម​បាន​ច្រើន​នោះ​ គឺ​ ការ​ធ្វើ​ចលនា​រាងកាយ​ ដោយ​ការ​ក្រោក​ឡើង​ដើរ​នៅ​តាមផ្លូវ​ដើរ​ក្នុង​យន្តហោះ​ សណ្តូកជើង​ និង​ពង្រឹង​សាច់ដុំ​ជើង​រៀងរាល់​កន្លះ​ម៉ោង​ម្តង​ បង្វិល​កជើង​ទៅមក​ និង​កម្រើក​ម្រាមជើង​ អ្វី​ទាំងអស់​នេះ​គឺជា​ឧទាហរណ៍​តូច​ៗដែល​អ្នក​អាច​ធ្វើ​បាន​នៅនឹង​កន្លែង​ដែល​អ្នក​អង្គុយ​ ដោយ​មិន​រំខាន​អ្នក​ដែល​អង្គុយ​នៅ​ក្បែរ​ខ្លួន​ឡើយ​៕