Author: ធឿន មករា

  • “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ​​ ចំពោះរឿងនេះ ឡារ៉ែនមានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូន​ដូចខាងក្រោម។

    នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល

    កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ព័ន្ធភាពរវាងលោកអ្នក និង​កូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់​អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់​ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូន​ស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេត​មើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។

    សុំអានខ្លួនឯងម្តង

    ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន កូនចាំអានតាមណា៎” និងក្នុងខណៈពេលដែលកូនអាន អ្នកអាចចង្អុលពាក្យនៅក្នុងសៀវភៅនោះផងក៏បានដែរ។ ក្រៅពីនេះ ចូរសង្កេតមើលឱ្យច្បាស់ អ្នកនឹងឃើញថា កូនតូចព្យាយាមអានដដែលៗ ដោយអាស្រ័យការចងចាំ ហើយបើសិនជាអ្នកអានសៀវភៅណាដែលធ្លាប់បានអានឱ្យគេស្តាប់កាលពីមុនហើយនោះ អ្នកនឹងបានជួបហេតុការណ៍បែបនេះ ដូចជា បើអ្នកអានសៀវភៅដែលគេចូលចិត្តនោះខុសឃ្លា នឹងបានឮសំឡេងគេតវ៉ាថា “មិនមែនទេ មិនមែនទេ…ត្រូវតែ…”​ មិនខាន។ នេះ គឺដោយសារតែការរៀនយល់ដឹង និងចងចាំពាក្យពីសៀវភៅរឿងនិទាននោះឯង។

    សៀវភៅដែលត្រូវចិត្តកុមារវ័យរៀនមត្តេយ្យ

    • រឿងនិទានដែលមានពាក្យចុងជួនគ្នាៈ មានសាច់រឿងងាយយល់ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ដូចជា ងូតទឹក ញ៉ាំបាយ តែងខ្លួន រឿងរ៉ាវនៅសាលារៀន ឬពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាដើម។
    • សៀវភៅដែលលេងបានៈ ក្នុងអំឡុងអាយុ 3ឆ្នាំ ក្មេងមួយចំនួននៅតែចូលចិត្តសៀវភៅដែលចាប់ ឬច្របាច់លេងបាន​ រួមទាំ​ងសៀវភៅដែលមានរូបគំនូរប្រភេទ ប៉ប់អាប់ (សៀវភៅដែលមានរូបគំនូរឈរឡើង ឬពេលបើកឡើង រូបភាពងើបឡើងមកដែរ)ផងដែរ។
    • មានគម្របដែលទាក់ទាញគួរឱ្យចង់អានៈ កូនតូចនៅតែចាប់អារម្មណ៍លើគម្របសៀវភៅណាដែលទាក់ទាញ មិនថាតែពណ៌ស្អាតៗ ឬរូបភាពល្អៗក៏ដោយ។ ចំណែកខាងក្នុងវិញមានរូបភាពច្បាស់ៗ មានទំហំធំ មិនរញេរញ៉ៃជ្រុលពេក។

    ចំណែកការអភិវឌ្ឍខាងផ្នែកភាសា និងការអានវិញនោះ ការដែលលោកឪពុកអ្នកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលកូន​ចូលចិត្តឱ្យគេស្តាប់តទៅទៀតនោះ គឺពិតជាមានផលល្អដល់កូនមិនខាន ព្រោះកូនក្នុងវ័យនេះ នៅត្រូវការស្គាល់វាក្យស័ព្ទ និងអត្ថន័យ​របស់​ពាក្យឱ្យបានច្រើនឡើង ដើម្បីបង្កើនជំនាញខាងភាសា និងការឆ្លើយឆ្លងរបស់ខ្លួនគេហ្នឹងឯង៕

  • វិធីថែទាំខួរក្បាល ឱ្យនៅភ្លឺថ្លាជានិច្ច

    វិធីថែទាំខួរក្បាល ឱ្យនៅភ្លឺថ្លាជានិច្ច

    តិចណូឡូជីក្នុងពេលបច្ចុប្បន្ននេះបានឈានទៅមុខឆ្ងាយណាស់ វិវឌ្ឍនាការថ្មីៗចូលមកមានចំណែកជួយឱ្យកើតមានភាពងាយស្រួលកាន់តែច្រើនឡើង តែ ការដែលមនុស្សយើងស្រួលខ្លាំងពេក ក៏នឹងធ្វើឱ្យមិនសូវមានឱកាសបានប្រើខួរក្បាល និងពឹងផ្អែកតែលើតិចណូឡូជីច្រើនឡើង។ តែសម្រាប់ខួរក្បាលវិញ ប្រៀបដូចជាផ្លែកាំបិតអ៊ីចឹង រឹតតែសំលៀង រឹតតែមុត រឹតតែមិនបានប្រើ រឹតតែរឹលមុខ ដូច្នេះទើប ឡា រ៉ែនមានវិធីមើលថែទាំខួរក្បាលរបស់យើងឱ្យអភិវឌ្ឍទៅមុខគ្រប់ពេលវេលា មកជម្រាបជូនដូចតទៅ ៈ

    -ញ៉ាំដើម្បីឱ្យខួរក្បាលល្អ

    មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮពាក្យថា “ញ៉ាំបែបណា រាងកាយនឹងបានបែបនោះ” មកខ្លះហើយ តែទោះជាដឹងបែបនេះហើយក៏ដោយ ក៏មនុស្សភាគច្រើននៅតែមិនសូវរវីរវល់នឹងអាហារពេលព្រឹកដដែល ដោយសារតែភាពប្រញាប់ប្រញាល់ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃហ្នឹងឯង។ ការញ៉ាំអាហារពេលព្រឹកនឹងធ្វើឱ្យរាងកាយដុតបំផ្លាញកម្លាំងថាមពលកាន់តែច្រើនឡើង និងថែមទាំងជួយក្នុងរឿងសភាវជាតិស្ករនៅក្នុងឈាមទាបទៀតផង ដោយសារតែយើងអត់អាហារមកពេញ 1យប់ហើយ។ បើនរណាញ៉ាំអាហារពេលព្រឹកជាប់ជាប្រចាំនោះ នឹងធ្វើឱ្យការចងចាំល្អប្រសើរឡើង តែយ៉ាងណាក៏ដោយ ក៏គួរតែជ្រើសរើសញ៉ាំតែអាហារណាដែលល្អ មានគុណប្រយោជន៍ និងមានអនាម័យផង។

    -គិតដើម្បីឱ្យខួរក្បាលល្អ

    សាកល្បងសង្កេតមើលថា ថ្ងៃណាដែលយើងភ្ញាក់នៅពេលព្រឹកឡើង ហើយដឹងថា មានអារម្មណ៍ល្អនោះ ថ្ងៃនោះពេញ 1ថ្ងៃ យើងនឹងមានអារម្មណ៍ល្អរហូត តែបើថ្ងៃណាយើងមានអារម្មណ៍ថា រាងធុញៗ ឬជួបនឹងរឿងមិនល្អតាំងពីព្រឹកនោះ អារម្មណ៍នោះនឹងនៅដ​ក់ជាប់ក្នុងចិត្តពេញ 1ថ្ងៃ ធ្វើអ្វីក៏នឹងរអាក់រអួលទាំងអស់។ ដូច្នេះ បើចង់ឱ្យមានតែរឿងល្អៗកើតឡើង និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្រឡះល្អ គិតអ្វីក៏ចេញដែរនោះ ត្រូវគិត ឬនឹកតែរឿងល្អៗ ចំណែកឯរឿងអាក្រក់ៗនោះ ក៏បំភ្លេចវាចោលទៅ។

    -សម្រាក និងងាកទៅរកខ្យល់អាកាសបរិសុទ្ធ

    ការសម្រាកលម្ហែកាយឱ្យសប្បាយចិត្ត ក្រោយពីធ្វើការយ៉ាងធ្ងន់ធ្ងររួចហើយ គឺជារឿងសំខាន់ណាស់ ព្រោះខួរក្បាលនឹងបានសម្រាកពីរឿងសំខាន់ និងរឿងរ៉ាវដែលគួរឱ្យធុញទ្រាន់ផ្សេងៗដែលបានជួបជាប្រចាំនោះ។ ក្នុង 1ឆ្នាំអាចនឹងមាន 2-3ថ្ងៃ ដែលអ្នកគួរជ្រើសរើសក្នុងការធ្វើដំណើរទៅតាមខេត្ត ដើម្បីរកកន្លែងសម្រាកលម្ហែកាយបែបសប្បាយៗ ស្ងប់ស្ងាត់ ឱ្យខួរក្បាលបានសម្រាក រួមទាំងស្វែងរកខ្យល់អាកាសដែលប្រាសចាកជាតិពុល ដើម្បីបន្ថែមថាមពលដល់ខួរក្បាល។

    -រៀនយល់ដឹងរឿងថ្មីៗ

    ការអភិវឌ្ឍខួរក្បាលឱ្យបានផលល្អម្យ៉ាងទៀតនោះគឺ ព្យាយាមរៀនយល់ដឹងពីរឿងថ្មីៗគ្រប់ពេលវេលា ដូចជា តិចណូឡូជីថ្មីៗ រឿងរ៉ាវវេជ្ជសាស្រ្តថ្មីៗ ឬសូម្បីតែមុខម្ហូបឆ្ងាញ់ៗដែលអ្នកមិនធ្លាប់បានភ្លក្សក៏ដោយ ក៏អាចនិយាយបានថា ជាការធ្វើឱ្យខួរក្បាលបានអភិវឌ្ឍដូចគ្នាដែរ។ ការលេងហ្គេមពាក្យខ្វែង ក៏អាចធ្វើឱ្យការចងចាំបានល្អឡើងដល់ទៅ 40%ឯណោះ។

    -សរសេរអក្សរដោយដៃដែលមិនថ្នឹក

    ការសរសេរ ក៏ជាការអភិវឌ្ឍខួរក្បាលដូចគ្នាដែរ ព្រោះខួរក្បាលផ្នែកឆ្វេងរបស់យើងនោះ គឺជាផ្នែកដែលបញ្ជាលើការសរសេរ បើអ្នកណាថ្នឹកដៃខាងណាមួយហើយ ចូរសាកល្បងហាត់ប្រើដៃម្ខាងទៀតសរសេរអក្សរ ឬគូររូបម្ដងមើល ដើម្បីឱ្យខួរក្បាលបានរៀនយល់ដឹងនូវអ្វីដែលថ្មីបន្ថែម និងនៅមានចំណែកជួយឱ្យគំនិតខាងច្នៃបង្កើតកើនឡើងទៀតផង។

    -ញញឹមជានិច្ច ទោះជាផែនដីជិតផ្ទុះក៏ដោយ ក៏នៅតែញញឹមដែរ

    ពេលដែលយើងធ្វើអ្វីក៏ដោយ បើយើងញញឹម មនុស្សជុំវិញយើងនឹងបានដឹងពីអារម្មណ៍ល្អៗរបស់យើង តែគួរញញឹមចេញមកពីខាងក្នុង កុំប្រឹង ឬបង្ខំចិត្ត។ បើអ្នកចេះញញឹម នឹងធ្វើឱ្យខួរក្បាលមានតែរឿងល្អៗ មានសេចក្តីសុខ។ ការញញឹមជាប្រចាំ និងបន្តបន្ទាប់ រាងកាយនឹងបញ្ចេញអេនដូហ្វ៊ីន ជាសារធាតុដែលនឹងទៅបញ្ចេញឫទ្ធិធ្វើឱ្យកែវភ្នែកមានពន្លឺភ្លឺថ្លា។

    -ដកដង្ហើមជួយឱ្យខួរក្បាលភ្លឺថ្លា

    ការដកដង្ហើមយ៉ាងត្រូវវិធី មានចំណែកជួយអភិវឌ្ឍខួរក្បាលឱ្យបានផលល្អច្រើនណាស់ ព្រោះខួរក្បាលរបស់យើងប្រើអុកស៊ីហ្ស៊ែនច្រើនដល់ទៅ 20 – 25% របស់អុកស៊ីហ្ស៊ែនទាំងអស់ដែលចូលទៅក្នុងរាងកាយ ដូច្នេះបើយើងចេះដកដង្ហើម ចូល – ចេញ យឺតៗ វែងៗ ត្រឹមតែ 1ថ្ងៃ 15នាទីនោះ នឹងធ្វើឱ្យខួរក្បាលបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងមិនខាន។

    -ចូលគេងពីក្បាលព្រលប់

    ខាងក្នុងរាងកាយមនុស្សយើងមាននាឡិកាសរីរាង្គ ដូច្នេះបើយើងចូលគេងក្នុងអំឡុងពេលដែលរាងកាយបញ្ចេញសារធាតុ មេឡាថូនីននោះ នឹងធ្វើឱ្យរាងកាយ និងខួរក្បាលបានទទួលការសម្រាកយ៉ាងពេញទំហឹង៕

  • រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ? ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក ដែលឡារ៉ែនសូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។

    -ម៉ែយំជាប់ជានិច្ច…ព្រោះកូន

    ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបា​នរូប​កូន​មក​នៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។

    -ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច

    ទោះជារបស់ញ៉ាំនោះមានតែ​1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាច​បដិសេធ​ថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។

    -ម៉ែឈឺ

    កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូន​យូរដល់ទៅ 9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា?

    -ម៉ែភ័យ

    តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា​ មានសុវត្ថិភាពបំផុត។ ពេលដែលកូនរៀនដើរបាន 1ជំហានដំបូង បេះដូងម៉ែស្ទើរតែឈប់ដើរ ព្រោះតែភ័យ។ ម៉ែនឹងភ្ញាក់ពេញមួយយប់ ដើម្បី​ឱ្យដឹងថា កូននៅតែកំពុងគេងលក់យ៉ាងមានសុវត្ថិភាព។ ពេលកូនឈឺ ម៉ែគឺជាមនុស្សដំបូងគេបំផុតដែល​​ជួយកូន ហើយពេល​កូន​មិន​ស្រួលខ្លួន ម៉ែនឹងនៅផ្ទះ ចាំមើលថែទាំជិតកូនជានិច្ច ដើម្បីឱ្យដឹងថា កូនមិនអីទេ។ ម៉ែតែងនៅចាំឃុំគ្រង​ការពារកូនឱ្យមាន​សុវត្ថិភាព​បំផុតជានិច្ច។

    -ម៉ែដឹងខ្លួនថា ម៉ែមិនបានល្អឥតខ្ចោះឡើយ

    គ្រប់ពេលវេលា ម៉ែចង់ធ្វើជាម្តាយដែលល្អឥតខ្ចោះសម្រាប់កូនជានិច្ច ដោយមិនធ្វើអ្វីឱ្យខុសឆ្គងឡើយ តែបើមានរឿងអ្វីមួយមិនល្អកើតឡើង ម៉ែនឹងបន្ទោសខ្លួនឯងជានិច្ច។ ម៉ែសង្ឃឹមថា នឹងត្រឡប់ពេលវេលាទៅក្រោយវិញ ដើម្បីទៅកែកុនរឿងដែលមិនល្អនោះ ឱ្យល្អ​ឡើង​វិញ តែម៉ែមិនអាចធ្វើបានឡើយ ដូច្នេះចូរប្រព្រឹត្តខ្លួនឱ្យល្អៗជាមួយម៉ែ និងឱ្យម៉ែដឹងថា ម៉ែគឺជាមនុស្សល្អឥតខ្ចោះបំផុតហើយ។

    -ម៉ែតែងសម្លឹងមើល ពេលកូនគេងលក់

    ជួនកាល ម៉ែភ្ញាក់ឡើងកណ្តាលយប់ ម៉ែក៏មកអង្គុយសម្លឹងមុខកូនសម្លាញ់របស់ម៉ែពេលគេងលក់ បើកូនគេងមិនលក់ ម៉ែនឹង​ច្រៀងបំពេ ទោះជាម៉ែងងុយគេងប៉ុនណា ក៏សុំឱ្យអ្នកបានគេងលក់មុន ហើយពេលអ្នកគេងលក់ហើយ ក៏ម៉ែមិនទាន់ទៅណាភ្លាម​ដែរ ម៉ែនៅចាំមើលថែអ្នកពេលគេងលក់បន្តទៀត។

    -ម៉ែបីកូនគ្រប់ពេលវេលា

    ម៉ែនឹងរៀនយល់ដឹងពីវិធីបីកូនក្នុងអំឡុងពេលធ្វើការងារផ្ទះផ្សេងៗ និងក្នុងពេលធ្វើម្ហូប។ ដោយសារតែម៉ែត្រូវបីរូបកូនគ្រប់​ពេលវេលា សូម្បីតែពេលដែលកូនគេងលក់ក៏ដោយ ទើបធ្វើឱ្យដៃរបស់ម៉ែឈឺ និងថែមទាំងចុករួយតាមរាងកាយទៀតផង តែពេលម៉ែ​ដឹង​​​ថា កូនបានកើតមកលើលោកនេះហើយ ម៉ែសុខចិត្តធ្វើគ្រប់យ៉ាង ទោះជាឈឺចាប់ក៏ដោយ ព្រោះម៉ែឈឺចាប់យ៉ាងមានសេចក្តីសុខ។

    -ម៉ែពិបាកចិត្តពេលអ្នកយំ

    គ្មានអ្វីដែលធ្វើឱ្យម៉ែពិបាកចិត្តខ្លាំងស្មើនឹងពេលដែលកូនយំឡើយ និងគ្មានអ្វីដែលធ្វើឱ្យម៉ែឈឺចាប់បានស្មើនឹងការឃើញទឹកភ្នែកហូរចេញមកពីភ្នែករបស់កូននោះទេ។ ម៉ែនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានសេចក្តីសុខឡើងវិញ ហើយបើម៉ែធ្វើមិនបានសម្រេចនោះ វានឹងធ្វើឱ្យម៉ែឈឺចាប់ម្តងទៀត។

    -កូន គឺទី1 សម្រាប់ម៉ែជានិច្ច

    ម៉ែមិនបានញ៉ាំបាយពេញ 1ថ្ងៃ ម៉ែមិនបានងូតទឹក ម៉ែគេងសម្រាកមិនបានគ្រប់គ្រាន់ជាប់ៗគ្នាជាច្រើនថ្ងៃ ព្រោះតែម៉ែគិតពីកូនមុនអ្នកណាៗទាំងអស់ជានិច្ច។ ពេលកូនត្រឡប់មកពីកន្លែងធ្វើការ និងមានអារម្មណ៍ថា ចង់គេងសម្រាក ម៉ែនឹងមើលថែអ្នកមុនគេ ដើម្បីឱ្យអ្នកបានគេងលក់ស្រួល។ បើអ្នកឃ្លាន ម៉ែនឹងធ្វើម្ហូបអាហារឱ្យញ៉ាំមុនគេ ពេលអ្នកសោកសៅពិបាកចិត្ត ម៉ែនឹងនៅចាំជជែក​និយាយលួងលោមអ្នក។ ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនមានសេចក្តីសុខ ទោះជាម៉ែមិនបានធ្វើអ្វីឱ្យខ្លួនឯងសោះក៏ដោយ ព្រោះកូនជាមនុស្សទី1 សម្រាប់ម៉ែជានិច្ច។

    – ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនតទៅទៀត

    ការធ្វើជាម្តាយគេ អាចហៅបានថា ជាការងារដែលពិបាកបំផុតនៅលើពិភពលោកនេះ ពេលកូនយំ ឬអស់សង្ឃឹម ម៉ែក៏ឈឺចាប់ តែពេលកូនមានសេចក្តីសុខ ម៉ែក៏សុខជាមួយដែរ ហើយទោះជាម៉ែត្រូវមិនបានគេង មិនបានសម្រាក ឬនៅចាំមើលថែទាំអ្នកទាំងយប់ទាំងថ្ងៃក៏ដោយ ក៏ម៉ែគ្មានបញ្ហាអ្វីទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង គឺដើម្បីកូន។

    អានហើយស្រក់ទឹកភ្នែកអស់ប៉ុន្មានដែរ? ប្រាប់ហើយថា គ្មាននរណាស្រឡាញ់រូបយើងស្មើនឹងម៉ែឡើយ ហើយសេចក្តី​ស្រឡាញ់របស់យើងដែលមានចំពោះម៉ែ ក៏នៅមិនអាចប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះយើងបានឡើយ ដូច្នេះ…ថ្ងៃនេះចូរប្រញាប់ទៅជម្រាបម៉ែថា “ម៉ែ កូនស្រឡាញ់ម៉ែណាស់!”

  • គន្លឹះល្អៗ 4យ៉ាង ដើម្បីមានសុខភាពល្អ

    គន្លឹះល្អៗ 4យ៉ាង ដើម្បីមានសុខភាពល្អ

    មនុស្សជាច្រើនអាចនឹងរៀបផែនការនៅក្នុងឆ្នាំថ្មី2020នេះ ឱ្យក្លាយជាឆ្នាំនៃការចាប់ផ្តើមនូវរឿងថ្មីៗចំពោះខ្លួនឯង ឬតាំងគោលបំណងដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង ជាដើម។ បើលោកអ្នកនឹកចង់ក្រោកឡើងមកផ្លាស់ប្តូរខ្លួនឯងជាថ្មី ដើម្បីចាប់ផ្តើមឆ្នាំថ្មី(ដែលមិនទាន់ហួសពេលនៅឡើយ)បែបរស់រវើកនោះ ក្រៅពីសាងភាពសប្បាយរីករាយឱ្យខ្លួនឯងហើយ នៅបានធ្វើឱ្យអ្នកនៅជុំវិញខ្លួនយើងសប្បាយរីករាយជាមួយដែរទៀតផង។ ខាងក្រោមនេះជាគន្លឹះល្អៗ 4យ៉ាងក្នុងការធ្វើឱ្យមានសុខភាពល្អ ដែលយើងអាចធ្វើបានដោយខ្លួនឯង ដើម្បីជីវិតកាន់តែប្រសើរឡើង។

    1-ដកដង្ហើមវែងៗដើម្បីសុខភាពល្អ

    សាកល្បងសង្កេតមើលខ្លួនឯងថា តើលក្ខណៈការដកដង្ហើមរបស់លោកអ្នកយ៉ាងម៉េចដែរ ដកដង្ហើមខ្លីៗញាប់ៗ ដកដង្ហើមវែងៗ ឬយឺតៗ? ការហ្វឹកហាត់ដកដង្ហើមឱ្យបានវែងៗចូល-ចេញយ៉ាងយឺតៗ មិនត្រឹមតែនឹងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ ព្រោះតែរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងពេញទំហឹងប៉ុណ្ណោះទេ តែថែមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយបានទៀតផង ហើយនៅជួយកាត់បន្ថយអាការមួម៉ៅ ឆាប់ខឹងបានទៀតផង។ សាកល្បងហ្វឹកហាត់ដកដង្ហើម 5 – 10នាទីក្នុង 1ថ្ងៃសិនក៏បាន ដោយធ្វើក្នុង 1ថ្ងៃម្តង ធានាថាលោកអ្នកនឹងមានអារម្មណ៍សប្បាយទាំងកាយ និងចិត្តច្រើនឡើងមិនខាន។

    2-ចាប់ផ្តើមថាមពលជីវិតដោយ បន្លែផ្លែឈើសរីរាង្គ

    ការជ្រើសរើសញ៉ាំបន្លែផ្លែឈើសរីរាង្គ ឬអ័រហ្កានិក ឬគ្មានសារធាតុគីមីឱ្យបានយ៉ាងតិច 5ពេលក្នុង 1សប្តាហ៍ លោកអ្នកនឹងប្រាកដក្នុងចិត្តបានតែម្តងថា រាងកាយបានទទួលសារជាតិអាហារដែលបរិសុទ្ធកាន់តែច្រើនឡើង ហើយរាងកាយក៏នឹងបានទទួលវីតាមីន និងសារធាតុរ៉ែច្រើនឡើងដែរ ឯភាពប្រថុយប្រថានក្នុងការកើតរោគផ្សេងៗ ក៏ថយចុះទៅតាមនោះដែរ។

     

    3-បែងពេលវេលាឱ្យខ្លួនឯង

    នារីៗទាំងឡាយ គួរតែបែងចែកពេលវេលាដើម្បីសាងសេចក្តីសុខដល់ខ្លួនឯងខ្លះផង ដែលវិធីការអង្គុយតាំងសមាធិ ឬនៅស្ងៀមៗ ប្រមាណជា 15 – 20នាទី គឺជាវិធីមួយទៀតដែលអាចសាកថ្មឱ្យថាមពលជីវិត និងសាងភាពស្ងប់ស្ងាត់ទាំងខាងកាយ ឬផ្លូវចិត្តបាន។ ទាំងអស់នេះ ក្នុងអំឡុងពេលដែលលោកអ្នកកំពុងសាងភាពស្ងប់ស្ងាត់ដល់ខ្លួនឯងនោះ សូមសាកល្បងអុជទៀនក្រអូបដែលមានក្លិនស្រាលៗ ប្រហើរៗ ដើម្បីជួយសាងបរិយាកាសឱ្យកាន់តែមានភាពធូរស្រាល និងបិទភ្នែកចុះយ៉ាងមានសេចក្ដីសុខក្នុងចិត្តបានកាន់តែខ្លាំងឡើង ធ្វើឱ្យរាងកាយបានចូលដល់ការសម្រាកបានយ៉ាងពេញទំហឹង។

    4-ធ្វើខ្លួនឱ្យសប្បាយៗ(កុំកើតទុក្ខច្រើន)

    សាកល្បងរិះរកវិធីកែសម្រួលខ្លួន ដូចជា កែសម្រួលការតុបតែងខ្លួន​ ឱ្យមានអារម្មណ៍ថា កាន់តែជឿជាក់ និងសប្បាយៗឡើង ដើម្បីស្វាគមន៍ការងារថ្មីៗក្នុងឆ្នាំថ្មីនេះ ដោយការរកមើលសម្លៀកបំពាក់ឈុតក្រណាត់កប្បាស់កូតុង ឬអាវយឺតសាច់កូតុងមកពាក់ទៅធ្វើការ វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយ ទាន់សម័យ និងរហ័សរហួនបានកាន់តែខ្លាំងឡើង ឬបើលោកអ្នកមានផែនការចង់ទៅជប់លៀងកម្សាន្តជាមួយមិត្តភក្តិនៅពេលល្ងាចនៃថ្ងៃធ្វើការ ការស្លៀកសម្លៀកបំពាក់បំពេញការងារ ឬសម្លៀកបំពាក់ផ្លូវការ ទៅជប់លៀងនោះ ប្រហែលមិនសូវជាល្អមើលប៉ុន្មានទេ ដូច្នេះគួររកមើលអាវសាច់ក្រណាត់កូតុង ពាក់បែបសប្បាយៗ ពណ៌ស្អាតៗ ជាមួយខោខូវប៊យឡូយៗចេញពីផ្ទះទៅ ប្រសើរជាង។

    តែ ចុងក្រោយនេះ បន្ទាប់ពីត្រឡប់ពីការងារមកដល់ផ្ទះវិញហើយ រឿងដំបូងដែលគួរធ្វើនោះ គឺការផ្លាស់សម្លៀកបំពាក់ដែលស្លៀកពេញ 1ថ្ងៃនោះចេញ ហើយស្លៀកឈុតសប្បាយៗជំនួសវិញ ដើម្បីឱ្យរាងកាយបានសម្រាក និងធូរស្រាលអារម្មណ៍៕

  • ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង

    ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង

    ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។

    1. កម្ចាត់ក្លិនសំរាម : កម្ចាត់ក្លិនស្អុយៗក្នុងធុងសំរាម ដោយការពុះផ្លែក្រូចឆ្មារជា 4ចំណែក ហើយបោះចូលទៅក្នុងធុងសំរាម ព្រមជាមួយទឹកសូដា 1ស្លាបព្រាកាហ្វេ ដើម្បីជួយបង្អាក់កុំឱ្យមានក្លិនសំរាមស្អុយពេញក្នុងផ្ទះ ទម្រាំនឹងដល់ពេលត្រូវយកទៅចោលនៅពេលឡានសំរាមមកដល់។
    2. បន្ថែមភាពស្រស់ស្រាយឱ្យទឹកថ្នាំជូតសម្អាត : បន្ថែមទឹកក្រូចឆ្មារ 2 – 3ស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកថ្នាំជូតសម្អាតវត្ថុផ្សេងៗ ដើម្បីជួយសាងក្លិនក្រអូបស្រស់ស្រាយតាមធម្មជាតិក្នុងពេលប្រើប្រាស់។
    3. កម្ចាត់ស្នាមប្រឡាក់លើកម្រាលតុ : បើមានស្នាមខ្លាញ់ៗរបស់ម្ហូបអាហារជាប់នៅលើក្រណាត់កម្រាលតុ ចូរយកចំណិតផ្លែក្រូចឆ្មារមកដុសនៅលើស្នាមប្រឡាក់នោះ រួចហើយយកទៅហាលថ្ងៃចោល 2 – 3ម៉ោង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់តាមប្រក្រតី។
    4. ការពារសាច់ផ្លែប៉ាមដូរពណ៌ : យកចំណិតផ្លែប៉ោមដែលចិតហើយ ទៅដាក់ត្រាំក្នុងទឹកស្អាតដែលមានលាយទឹកក្រូចឆ្មារ ដើម្បីបង្អាក់មិនឱ្យសាច់ផ្លែប៉ោមប្តូរពណ៌ទៅជាពណ៌ស្ករ(ដោយសារជ័រ) និងដើម្បីឱ្យពណ៌របស់វានៅតែស្រស់គួរឱ្យចង់ញ៉ាំដដែល។
    5. សម្អាតជ្រញ់ហាន់ម្ហូបអាហារ : កម្ចាត់ស្នាម និងក្លិននៅលើជ្រញ់ ដោយការដុសសម្អាតនឹងចំណិតក្រូចឆ្មារឱ្យសព្វលើជ្រញ់ បន្ទាប់មក លាងឱ្យស្អាត និងយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។
    6. ដេញស្រមោច និងសត្វល្អិត : បន្តក់ទឹកក្រូចឆ្មារ ដើម្បីស្ទាក់ផ្លូវដើររបស់ហ្វូងស្រមោច មិនថានៅលើកម្រាលឥដ្ឋ ឬស្នាមប្រេះបែកផ្សេងៗនោះទេ ព្រោះក្លិនឆួលរបស់ទឹកក្រូចឆ្មារ នឹងធ្វើឱ្យសត្វស្រមោចលែងហ៊ានមករញេរញ៉ៃនៅម្តុំនោះទៀត ក្រៅពីនេះនៅអាចប្រើចំណិតផ្លែក្រូចឆ្មារដេញសត្វពីងពាង ឬកន្លាតបានទៀតផង។
    7. ធ្វើឱ្យកែវ និងកញ្ចក់ឡើងភ្លឺថ្លា : បន្តក់ទឹកក្រូចឆ្មារទៅក្នុងទឹកសាប៊ូលាងចាន ដើម្បីលាងកែវឱ្យស្អាតភ្លឺថ្លាដូចទើបតែទិញមកថ្មី ឬលាយជាមួយទឹកដើម្បីជូតកញ្ចក់ឱ្យស្អាតភ្លឺឆ្លុះ ក៏បានដូចគ្នា។
    8. ធ្វើឱ្យឧបករណ៍ផ្ទះបាយដែលធ្វើពីដែកអុីណុកឡើងភ្លឺចាំងរលោង : កម្ចាត់ស្នាមកំណកទឹកដែលតោងជាប់ស្អិតនៅលើឧបករណ៍ដែលធ្វើពីដែកអុីណុក ដោយការយកចំណិតផ្លែក្រូចឆ្មារមកដុសលើឧបករណ៍ទាំងនោះតែម្តង មិនចាំបាច់ប្រើផលិតផលលាងសម្អាតណាបន្ថែមឡើយ តែប៉ុណ្ណឹងក៏ភ្លឺចាំងដូចថ្មីទៅហើយ។
    9. ការពារបាយជាប់ឆ្នាំង : បន្តក់ទឹកក្រូចឆ្មារចូលទៅក្នុងឆ្នាំង ឬខ្ទះពេលចង់ចម្អិនអាហារប្រភេទបាយ(ដូចជាដាំបាយ ឆាបាយ ជាដើម) វានឹងជួយមិនឱ្យបាយជាប់ខ្ទះ និងថែមទាំងធ្វើឱ្យគ្រាប់បាយរៀងគ្នាល្អគួរឱ្យចង់ញ៉ាំទៀតផង។
    10. កម្ចាត់ស្នាមប្រឡាក់នៅលើខោអាវ : កម្ចាត់ស្នាមញើស ស្នាមដុះផ្សឹត ខ្លាញ់ ឬស្រា លើខោអាវយ៉ាងងាយៗដោយទឹកក្រូចឆ្មារ ដោយគ្រាន់តែយកចំណិតផ្លែក្រូ​ច​ឆ្មារ​មកដុសជាមួយអំបឹលនៅលើកន្លែងដែលមានស្នាមប្រឡាក់នោះតែម្តង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់សម្អាតតាមធម្មតា។

    (នៅមានត)

  • កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    តើលោកឪពុកអ្នកម្តាយទាំងអស់ដឹងទេថា ទារកដែលបានគេងលក់ញឹកញាប់ នឹងជួយហុចផលល្អដល់ការរៀនយល់ដឹងនៅពេល​ក្រោយ។

    ព្រោះមានលទ្ធផលនៃការស្រាវជ្រាវវិភាគពីមហាវិទ្យាល័យ ឆេហ្វហ្វៀល មួយ ដែលតាមដានសង្កេតមើលទង្វើរបស់ទារកដែលមានអាយុ​មិនលើស 12ខែ ចំនួន 216នាក់ ហើយបានរកឃើញថា ទារកនឹងចងចាំការរៀនយល់ដឹងថ្មីៗមិនបានឡើយ បើមិនបានគេងលក់យូរៗជាបន្តបន្ទាប់គ្រប់គ្រាន់ ហើយពេលវេលាដែលល្អបំផុតក្នុងការរៀនយល់ដឹងរបស់ក្មេងនោះគឺ អំឡុងពេលមុនគេងហ្នឹងឯង ដូច្នេះ​ហើយ​ទើប​ការអានក្នុងអំឡុងពេលមុនគេងលក់ គឺជារឿងសំខាន់។

    ការគេងលក់មានភាពសំខាន់ចំពោះអំឡុងពេលដំបូងរបស់ជីវិតខ្លាំងជាងវ័យផ្សេងទៀត អ្នកស្រាវជ្រាវវិភាគបានសាកល្បងលេងធ្វើតុក្កតាដៃជាមួយទារកវ័យ 6 – 12ខែ ដោយឱ្យទារកចំនួនពាក់កណ្តាលបានគេងលក់ 4ម៉ោងក្រោយការរៀនយល់ដឹង ខណៈដែលចំនួនពាក់កណ្ដាលទៀត មិនបានគេងសម្រាក ឬបានគេងសម្រាកតិចជាង 30នាទី។

    ថ្ងៃបន្ទាប់មក ពេលសាកល្បងជំរុញឱ្យទារកលេងធ្វើតុក្កតាដៃឡើងវិញដូចពីម្សិលនោះ លទ្ធផលនៃការសាកល្បងបាន​បង្ហាញ​ឱ្យឃើញថា ការគេងលក់ គឺជាបច្ច័យសំខាន់មួយក្នុងការរៀនយលដឹង ព្រោះទារកដែលបានគេងលក់គ្រប់គ្រាន់អាចលេងធ្វើតុក្កតាដៃឡើងវិញបាន ជាមធ្យមបាន 1ក្នុង 3នាក់ តែក្មេងដែលមិនបានគេងសម្រាក ឬបានគេងសម្រាកតិច ធ្វើឡើងវិញ​មិនបាន​ឡើយ។

    វេជ្ជបណ្ឌិត ជេន ហ៊ើរ៍ប៊ើដ សាស្ត្រាចារ្យមុខវិជ្ជាចិត្តវិទ្យា នៃមហាវិទ្យាល័យ ឆេហ្វហ្វៀល បានអធិប្បាយបន្ថែមថា ភាពក្លៀវក្លាស្វាហាប់ មិនមែនជារឿងដែលល្អបំផុតសម្រាប់ការរៀនយល់ដឹងនោះទេ តែកិច្ចការងារមុនពេលគេងទៅវិញទេ ដែលសំខាន់បំផុតសម្រាប់កុមារ​។

    សាស្រ្តាចារ្យ ឃើក ចាន់ឌិចក៍ អ្នកវិទ្យាសាស្រ្តផ្នែកការគេងនៃមហាវិទ្យាល័យ ស៊ើរ៍រេយ៍ ប្រាប់ថា យន្តការរបស់​ការចងចាំ​នៅ​ក្នុង​កម្ម​វិធីនៃការគេងលក់ បានបង្ហាញឱ្យឃើញថា មានការទាក់ទិនរវាងខួរក្បាលដែលបង្កខ្លួនឡើងក្នុងអំឡុងពេលគេងលក់ ដូច្នេះ​ទារកគួរ​គេងលក់យ៉ាងគ្រប់គ្រាន់ដើម្បីការរៀនយល់ដឹង។ ទោះជាការរៀនយល់ដឹងក្នុងអំឡុងពេលមុនគេង និងការគេងលក់ក្រោយ​ការ​ហ្វឹកហាត់ជារឿងល្អមែន តែត្រូវមិនមែនជាការគេងលក់ក្នុងអំឡុងពេលហ្វឹកហាត់នោះទេ៕

  • Xiaomi mi 11 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ អាច​វាស់​ចង្វាក់បេះដូង តាមរយៈ​បច្ចេកវិទ្យា​ស្គែ​ន​ដៃ ក្រោម​អេក្រង់

    Xiaomi mi 11 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ អាច​វាស់​ចង្វាក់បេះដូង តាមរយៈ​បច្ចេកវិទ្យា​ស្គែ​ន​ដៃ ក្រោម​អេក្រង់

    ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ត្រូវបាន Xiaomi ដាក់ឈ្មោះថា ជា​ស្មា​ត​ហ្វូ​ន Android ដំបូង​គេ​បង្អស់​ដែលមាន​បំពាក់​បន្ទះ​ឈី​ប លំដាប់​កំពូល​របស់ Qualcomm គឺ Snapdragon 888 ។ Xiaomi mi 11 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដែល​អាច​វាស់​ចង្វាក់បេះដូង តាមរយៈ​បច្ចេកវិទ្យា​ស្គែ​ន​ដៃ​ក្រោម​អេក្រង់​មួយ​ដែរ។

    អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ការ​រចនា​អេក្រង់​រូបរាង​កោង ស្ទើរតែ​គ្មាន​គែម ទំហំ 6.81អ៊ិ​ញ Super AMOLED ជាមួយនឹង QHD+ resolution និង​កម្រិត​អេក្រង់ 120Hz refresh rate ឯណោះ។ មិន​ត្រឹម​តែមាន​កម្រាស់​ស្ដើង​នោះទេ ប៉ុន្តែ​នៅមាន​កំណត់ចំណាំ​មុខងារ​មួយចំនួន ដូចជា​កាមេរ៉ា 108MP ទ្រាំទ្រ HDR10+ និង​ប្រព័ន្ធ​សំឡេង Harman Kardon ដ៏​ល្អ​មួយ នាពេល​បច្ចុប្បន្ន​ទៀតផង។

    សម្រាប់​លក្ខណសម្បត្តិ​ផ្សេងទៀត​ដូចជា ថាមពល​ថ្ម​ទំហំ ៤៦០០ mAh មាន​ជម្រើស​ឆ្នាំង​សាក 55W wired fast-charging មួយទៀត 50W wireless និង​10W reverse charging តែ​មិន​ដាក់​ក្នុង​ប្រអប់​ឱ្យ​នោះទេ ត្រូវ​ទិញ​ថែម​ក្រៅ។

    កាមេរ៉ា​មុខ​ក្រោម​អេក្រង់ ដែល​មើលទៅ​ហាក់ដូច​ប្រជ្រុយ​មួយ​នោះ មាន​ទំហំ​ដល់​ទៅ 20MP selfie ។ ឯ​កាមេរ៉ា​ក្រោយ2 គឺ​ទំហំ 13MP ultrawide angle ថត​បាន​មុំ 123-degree FoV  និង 1ទៀត លេន​ស៍ 5MP macro lens អាច​ថតរូប​នឹង​វីដេអូ​បានល្អ​ប្រសើរ​ដែរ។

    Xiaomi mi 11 ជម្រើស RAM 8GB និង​មេម៉ូរី 128/256GB និង 1ទៀត គឺ RAM 12GB មេម៉ូរី 256GB ដាក់លក់​ក្នុងតម្លៃ​ប្រមាណ​ជា 610ដុល្លារ៕

  • Xiaomi ចេញលក់ Mi 11 មិន​ដាក់​ឆ្នាំង​សាក នៅក្នុង​ប្រអប់ ដូច Apple ដែរ

    Xiaomi ចេញលក់ Mi 11 មិន​ដាក់​ឆ្នាំង​សាក នៅក្នុង​ប្រអប់ ដូច Apple ដែរ

    កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន Xiaomi បានប្រកាស​ចេញ​ទូរស័ព្ទ​វៃឆ្លាត​ជំនាន់​ថ្មី Xiaomi Mi 11 ជា​ផ្លូវការ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន។ Xiaomi Mi 11 នេះ មានតម្លៃ​ស្ថិតនៅ​ខ្ទង់ 610ដុល្លារ។

    Xiaomi Mi 11 បាន​ក្លាយទៅជា​ទូរស័ព្ទ​ដំបូង​គេ ដែលមាន​សមត្ថភាព​អាច​វាស់​ចង្វាក់បេះដូង តាមរយៈ​បច្ចេកវិទ្យា​ស្គែ​ន​ក្រយៅដៃ ក្រោម​អេក្រង់ ហើយ​វា​ជា​ស្មា​ត​ហ្វូ​ន Android លំដាប់​កំពូល​ដំបូង​គេ​ដែល​មិនមាន​ឆ្នាំង​សាក​ភ្ជាប់​មកជា​មួយ​ដែរ។

    បើ​យោងតាម​ការប្រកាស​ដោយ Xiaomi ផ្ទាល់ មូលហេតុ​ដែល Xiaomi មិន​ដាក់​ឆ្នាំង​សាក​នៅក្នុង​ប្រអប់​ទូរស័ព្ទ Xiaomi Mi 11 ក៏​ព្រោះតែ​ពួកគេ​ចង់​ចូលរួមចំណែក​ការពារ​បរិស្ថាន​ពិភពលោក ដូច Apple ដែរ។

    យ៉ាងណាមិញ Xiaomi ក៏បានផ្តល់​ជម្រើស​ចំនួន2 សម្រាប់​អ្នក​ដែល​ចង់​ទិញ​ទូរស័ព្ទ​ឆ្លាត​វៃ ជំនាន់​ថ្មី Mi 11 យកទៅ​ប្រើប្រាស់ ដោយ​ជម្រើស​ទី1 មិនមាន​ឆ្នាំង​សាក​ភ្ជាប់​មកជា​មួយ និង​ជម្រើស​ទី2 ភ្ជាប់​មកជា​មួយ​ឆ្នាំង​សាក ពី​ក្រៅ​បន្ថែម ខុសពី​ក្រុមហ៊ុន Apple។

    សម្រាប់​ជម្រើស​ទី2 ខាងលើនេះ គឺ​ផ្តល់ជូន​តែ​សម្រាប់​ដំណាក់កាល​ដាក់លក់​ដំបូង​តែប៉ុណ្ណោះ។ សម្រាប់​ដំណាក់កាល​ដាក់លក់ក្រោយៗ អ្នក​ត្រូវតែ​ចំណាយលុយ​ទិញ ឆ្នាំង​សាក​ពី​ក្រៅ​បន្ថែមទៀត៕

  • Samsung ម៉ូដែល Galaxy Z Flip3 ឆ្នាំ2021 អាចនឹងមានតម្លៃ ធូរថ្លៃ ជាងស៊េរី Z Flip 2

    Samsung ម៉ូដែល Galaxy Z Flip3 ឆ្នាំ2021 អាចនឹងមានតម្លៃ ធូរថ្លៃ ជាងស៊េរី Z Flip 2

    ថ្មីៗនេះ មាន​ព័ត៌មាន​លេចឮ​មួយ​ចេញពី Galaxy Club បានឱ្យដឹងថា ក្រុមហ៊ុន Samsung គ្រោង​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន ខ្សែស្រឡាយ Galaxy Z Flip3 ជាមួយនឹង​ជម្រើស​បន្ទះ​ឈី​ប​កម្រិត​កណ្ដាល និង​មានតម្លៃ​ធូរ​ថ្លៃ ជាង​ម៉ូ​ដែល  Z Flip 1 និង Z Flip 2 ដែល​ស្ថិតក្នុង​គម្រោង “mid-range foldables” ។

    ស្មា​ត​ហ្វូ​ន​អាច​បត់​បាន ដូច​ប្រអប់​តុបតែង​មុខ​របស់នារីៗនេះ អាច​នឹង​រក្សា​ទំហំ​ប៉ុន​នេះ​ដដែល ប៉ុន្តែ​មាន​លក្ខ​ណស​ម្ប​តិ្តផ្សេងៗខ្លះ អាច​នឹងត្រូវ​កាត់បន្ថយ។ សម្រាប់ Z Flip ជំនា​ន់ទី1 មានតម្លៃ 1,949ដុល្លារ​អាមេរិក នៅ​កូរ៉េខាងត្បូង និង​ជំនា​ន់ទី2  Z Flip 2 មានតម្លៃ 1999ដុល្លារ។

    Z Flip3 អាច​នឹងមាន​ជម្រើស​ដល់​ទៅ3 ឯណោះ គឺ​ធម្មតា 4G  និង 5G ដែល​សុទ្ធតែ​បំពាក់​បន្ទះ​ឈី​ប ស៊េរី Snapdragon 800 ដូចគ្នា។ នេះ​មានន័យថា  Z Flip3 ម៉ូ​ដែល​ធម្មតា ច្បាស់​ជាមាន​តម្លៃ​ធូរ​ថ្លៃ ក្រោម 1,000ដុល្លារ​មិន​ខាន៕

  • លួចស្នេហ៍ប្រុសស្អាត តើធ្វើយ៉ាងម៉េចទៅ ទើបគេដឹងខ្លួន?

    លួចស្នេហ៍ប្រុសស្អាត តើធ្វើយ៉ាងម៉េចទៅ ទើបគេដឹងខ្លួន?

    បើអ្នកនាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសណាម្នាក់នោះ ខាងក្រោមនេះ គឺជាវិធី 2-3យ៉ាងដែលអាចធ្វើឱ្យបុរសម្នាក់​នោះដឹងខ្លួនថា ពេលនេះអ្នកនាងកំពុងលួចស្រឡាញ់គេហើយ ដូច្នេះសូមតាមដានដូចតទៅ៖

    សម្តែងអាកប្បកិរិយាបែបត្រង់ទៅត្រង់មកតែម្តង

    វិធីដែលងាយបំផុតនោះគឺ ចូរដកដង្ហើមចូលឱ្យវែងៗ ហើយបើកបង្ហាញបេះដូងឱ្យគេបានដឹងត្រង់ៗតែម្តង ដោយ​គ្រាន់តែរកមើលពេលវេលាណាមួយ ដែលអ្នកនាង និងគេម្នាក់នោះនៅតែ 2នាក់ស្ងាត់ៗ ហើយប្រាប់អំពីអារម្មណ៍ដ៏ពឹតប្រាកដ​របស់​អ្នក​នាងដែលមានចំពោះគេ និងសួរគេថា តើគេមានអារម្មណ៍ដូចគ្នាដែរឬអត់?។

    ការធ្វើបែបនេះ អាចនឹងធ្វើឱ្យរូបអ្នកនាង ​​​​​​ត្រូវបុរសម្នាក់នោះបដិ​សេធ​​​​ភ្លាមៗ ក៏អាចថាបានដែរ តែនេះជាវិធីមួយដ៏ឆាប់រហ័សបំផុត ដែលអ្នកនាងអាចធ្វើឱ្យខ្លួនឯងបាត់ធុញថប់តានតឹងនៅក្នុងចិត្ត ព្រោះបានទម្លាយអ្វីដែលនៅក្នុងចិត្ត(យូរមកហើយនោះ)ឱ្យគេបានដឹងហើយ តែវិធីនេះ​ត្រូវ​​​​ការភាពជឿជាក់លើខ្លួនឯងខ្លាំងបំផុត ដូច្នេះបើអ្នកនាងមិនមែនជាប្រភេទមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងក្លាពេញពោរហូ​ហៀរ​ទេនោះ ជួនកាលវិធីផ្សេងពីនេះ ដូចជាមិនបង្ហាញមុខឱ្យគេស្គាល់ច្បាស់ៗដល់ថ្នាក់នោះ អាចនឹងប្រសើរជាង ក៏ថាបានដែរ។

    បង្កើនការរាយមន្តស្នហ៍

    វិធីដែលល្អបំផុតក្នុងការធ្វើឱ្យដឹងពីភាពអាចទៅរួច ឬមិនរួច នៃការប្រែក្លាយពីមិត្តភាពទៅជាស្នេហានោះ គឺបង្កើនការរាយមន្តស្នហ៍បន្តិចម្តងៗទៅលើអ្នកកម្លោះ ដែលអ្នកនាងប៉ងប្រាថ្នាម្នាក់នោះឱ្យកាន់តែច្រើនឡើង ដូចជា បន្ថែមស្នាមញញឹមដាក់គេឱ្យកាន់តែច្រើនឡើង លបសម្លឹងកែវភ្នែកគេឱ្យបានញឹកញាប់ឡើង ឬធ្វើជាដើរទៅប៉ះខ្លួនគេនៅពេលដែលគេនៅជិតអ្នកនាង ជាដើម។ ទាំងអស់នេះ គឺដើម្បីឱ្យគេបានដឹងថា អ្នកនាងបាន និងកំពុងចាប់អារម្មណ៍លើរូបគេពិសេសជាងអ្នកដទៃហើយហ្នឹងឯង ។

    គ្មានវិធីណាមួយដែលធានាថា នឹងជោគជ័យទាំងអស់ឡើយ

    ហើយទោះយ៉ាងណា ក៏អ្នកនាងនៅតែចាំបាច់ ត្រូវតែប្រាប់គេពីអារម្មណ៍របស់ខ្លួនឯងចំពោះគេចេញមកដដែល នេះក្នុងករណីបើគេនៅតែមិនដឹងពីអត្ថន័យ និងទង្វើដែលអ្នកនាងបានធ្វើដូចបានរៀបរាប់ខាងលើរួចហើយនោះ។ តែដែលសំខាន់ជាងអ្វីទាំងអស់នោះគឺ ការសង្កេតមើលការឆ្លើយតបរបស់គេ បើ​គេឆ្លើយតបចំពោះពាក្យសរសើររបស់អ្នកនាងដោយក្តីធុញទ្រាន់ ឬរំខាននោះ គឺមានន័យថា គេអាចមិនគិត ដូចអ្នកនាងគិតនោះទេ(មិនចាប់អារម្មណ៍អ្នកនាងទេ) តែបើគេតបស្នងមកវិញ ចំពោះអ្វីដែលអ្នកនាងបានធ្វើទៅលើគេ ដោយស្នាមញញឹមយ៉ាងស្មោះ និងរំភើបបំផុតនោះ ហ្នឹងគឺជាសញ្ញាដ៏ល្អ​មួយ ​​​ដែលបង្ហាញថា គេក៏លួចស្រឡាញ់អ្នកនាងដែរ៕

    ឡារ៉ែន ជូនពរឱ្យអ្នកនាងសមបំណង…៕