Author: ធឿន មករា

កាសែតឡារ៉ែន ពាណិជ្ជ លេខ 178
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/07/LRPN_178-Final-For-Web.pdf” force_dl=”1″] 
ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?
នរណាៗក៏ដឹងដែរថា អាការឈឺពោះនេះ នៅពេលដែលវាកើតឡើងហើយ តែងតែសាងនូវក្ដីលំបាកដល់រាងកាយរបស់យើងខ្លាំងណាស់ មិនថាតែឈឺពោះផ្នែកខាងឆ្វេង ឬផ្នែកខាងស្ដាំឡើយ។ បើសិនជាអាការឈឺក្នុងលក្ខណៈនោះកើតឡើងចំពោះយើងញឹកញាប់ នោះវាអាចជាសញ្ញាមួយដែលប្រាប់ឱ្យយើងដឹងអំពីបញ្ហាសុខភាពដែលកំពុងជិតមកដល់ ដូច្នេះសូមឱ្យនឹកឃើញជាប់ជានិច្ចថា ក្នុងរៀងរាល់អាការឈឺពោះ ច្បាស់ជាមានដើមហេតុរបស់វាទាំងអស់។ នៅពេលនេះ យើងនាំគ្នាមកយល់ដឹងអំពីសញ្ញាអាក្រក់ដែលកើតឡើងនៅពេលឈឺពោះផ្នែកខាងស្ដាំ ដែលបើសិនជាវាកើតអាការឈឺញឹកញាប់ជាបន្តបន្ទាប់ក្នុងលក្ខណៈផ្សេងៗនោះ មានន័យថារាងកាយរបស់យើងកំពុងបញ្ជូនសញ្ញាប្រាប់អំពីជំងឺអាក្រក់ណាមួយហើយ…។
អាការឈឺពោះផ្នែកខាងស្ដាំលើ(ម្ដុំៗក្រោមឆ្អឹងជំនីខាងស្ដាំ)
នៅពេលលោកអ្នកកើតមានអាការឈឺពោះផ្នែកខាងស្ដាំលើ ហើយអាការឈឺនោះច្រើនតែកើតឡើងក្រោយពេលទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន នោះអាចមានន័យថា លោកអ្នកកំពុងមានភាពប្រថុយប្រថានក្នុងការកើតជំងឺក្រួសក្នុងថង់ទឹកប្រមាត់ រួមទាំងជំងឺថ្លើមផងដែរ។ ចំណុចសង្កេតសំខាន់ដែលនឹងជួយបញ្ជាក់បានថា អាចជាជំងឺទាំងនោះគឺ ពេលយកដៃទៅចុចសង្កត់លើបរិវេណដែលមានអាការឈឺនោះ អាចនឹងប៉ះនឹងដុំសាច់រឹងៗ ចំណែកអាការដែលតាមមកនោះគឺ មានអាការខ្លួនប្រាណឡើងលឿង និងភ្នែកលឿង។អាការឈឺពោះផ្នែកខាងស្ដាំក្រោម
ពេលកើតមានអាការឈឺពោះផ្នែកខាងស្ដាំក្រោម ចាប់ផ្ដើមតាំងពីម្ដុំជុំវិញរន្ធផ្ចិតរហូតទៅដល់ក្រោមពោះផ្នែកខាងក្រោមស្ដាំ។ ពេលយកដៃទៅស្ទាបលើបរិវេណដែលមានអាការឈឺនោះ នឹងមានប៉ះនឹងដុំសាច់ សង្កត់ពីលើ ហើយមានអាការឈឺ ប្រកបនឹងការឈឺចុកសៀតគ្រប់ពេលវេលា បើមានសភាពបែបនេះ ចូរសន្និដ្ឋានទុកជាបឋមថា អាចជារោគសញ្ញារលាកខ្នែងពោះវៀនហើយ តែបើមានអាការឈឺស្រដៀងមានខ្យល់នៅក្នុងពោះ មានអាការរមូរៗពោះរួមជាមួយផងនោះ អាចបណ្ដាលមកពីការធ្វើការងារខុសប្រក្រតីរបស់ពោះវៀនធំ។អាការឈឺពោះផ្នែកខាងស្ដាំក្រោមបំផុត
អាការឈឺពោះផ្នែកខាងស្ដាំក្រោមបំផុតនេះ នឹងមានអាការឈឺឡើងរឹងកើតឡើងជាដំណាក់ៗ មានអាការឈឺផ្នែកខាងក្រោមពោះបំផុតផ្នែកខាងស្ដាំរាលដាលទៅដល់ដើមភ្លៅ ដែលបង្ហាញឱ្យដឹងថា អាចមានបញ្ហាសុខភាពកើតឡើងនៅម្ដុំតម្រងនោម តែបើសិនមានអាការគ្រុនក្ដៅខ្លាំង មានអារម្មណ៍រងាញាក់ ហើយថែមទាំងមានធ្លាក់ស(ចំពោះស្រ្តី) រួមជាមួយផងនោះ អាការក្នុងលក្ខណៈបែបនេះ គឺជាសញ្ញារបស់ជំងឺរលាកដៃស្បូន ដែលបើសិនជាយើងយកដៃស្ទាបត្រង់កន្លែងដែលឈឺ នឹងប៉ះដុំសាច់ទៀតផង។អាការឈឺពោះផ្នែកខាងស្ដាំក្រោមឆ្អឹងជំនី
ពេលមានអាការឈឺពោះផ្នែកខាងស្ដាំ ឈឺបែបក្រហាយៗនៅក្រោមឆ្អឹងជំនី ដោយចំពោះអ្នកខ្លះអាចមានអាការឈឺចុកសៀត និងចុកពោះរួមជាមួយផង នោះមានន័យថា អាចជាការធ្វើការខុសប្រក្រតីរបស់ពោះវៀនតូច។ មានមូលហេតុមកពីការកើតប្រតិកម្មចាញ់ប្រូតេអុីនគ្លុយតេន ហុចផលប៉ះពាល់ធ្វើឱ្យពោះវៀនមិនអាចបឺតជ្រាបអាហារបានល្អដូចប្រក្រតី ធ្វើឱ្យកើតអាការឈឺពោះ។ បើសិនបណ្ដោយទុកមិនធ្វើការព្យាបាលរយៈពេលយូរ អាការទាំងនេះនឹងប្រមូលសន្សំរហូតកើតជាសភាវរាករូសរ៉ាំរ៉ៃ ហើមពោះ ហើយថែមទាំងអាចវិវឌ្ឍទៅជាជំងឺរលាកពោះវៀនតូចបានទៀតផង។អាការឈឺពោះផ្នែកខាងស្ដាំកណ្ដាល(ចង្កេះខាងស្ដាំ)
បើសិនមានអាការឈឺពោះផ្នែកខាងស្ដាំកណ្ដាល រួមទាំងបន្ទោបង់មកមានឈាម ឬប្រព័ន្ធបន្ទោបង់មានភាពខុសប្រក្រតីនោះ អាចជាសញ្ញាដាស់តឿនថា អ្នកកំពុងជិតកើតជំងឺរលាកពោះវៀនធំហើយ ដែលបើសិនជាពិនិត្យទៅឃើញមានដុំសាច់ផងនោះ ក៏អាចជាការបង្ហាញឱ្យឃើញថា អ្នកអាចនឹងកើតរោគដុះសាច់ក្នុងពោះវៀនធំ។ តែបើសិនជាមានអាការឈឺពោះផ្នែកខាងស្ដាំ ចាប់ផ្ដើមពីចង្កេះរាលដាលទៅដល់គល់ភ្លៅវិញនោះ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតដុំក្រួសនៅក្នុងក្រលៀន ឬបើមានអាការឈឺចង្កេះខាងស្ដាំ ព្រមទាំងមានគ្រុនក្ដៅរងា រួមទាំងមានទឹកមូត្រពណ៌កករល្អក់ផង ក៏អាចជាសញ្ញាមួយប្រាប់ថា អ្នកអាចនឹងកើតជំងឺរលាកបំពង់តម្រងនោម។អាការឈឺពោះខាងស្ដាំពេលមានគភ៌
ត្រូវតែសុំប្រាប់ស្រ្តីដែលកំពុងមានគភ៌នៅពេលនេះថា អាការឈឺពោះខាងស្ដាំដែលកើតឡើងក្នុងខណៈដែលយើងកំពុងជិតមានកូនតូចនោះ មិនមែនជារឿងដែលត្រូវកង្វល់នោះទេ ព្រោះបើមានអាការឈឺពោះ មិនថាតែខាងស្ដាំ ឬខាងឆ្វេងនោះទេ បើសិនជាការឈឺនោះជាការឈឺបែបស្រាលៗ នោះគឺដោយសារតែតួជីវិតចាប់ផ្ដើមបង្កប់ខ្លួនទៅក្នុងស្បូន។ អាការបន្តដែលស្រ្តីមានផ្ទៃពោះនឹងត្រូវជួប គឺអាការឈឺក្នុងស្បូន ព្រោះស្បូននឹងចាប់ផ្ដើមរីកធំឡើងជាបណ្ដើរ ដែលពេលនោះស្រ្តីមានគភ៌នឹងមានអារម្មណ៍ឈឺនៅក្នុងពោះផ្នែកខាងក្រោម(ថ្ងាសក្រោម)ជាពិសេស។
ក្រៅពីនោះ បើសិនស្រ្តីមានគភ៌មានភេទសម្ព័ន្ធញឹកញាប់ ដើរច្រើន ឡើងចុះជណ្ដើរញឹកញាប់ ឬហាត់ប្រាណប្រចាំ ក៏អាចធ្វើឱ្យកើតមានអាការឈឺពោះម្ដុំផ្នែកខាងក្រោមដែរ ដោយសារតែការប្រើសាច់ដុំនៅត្រង់ផ្នែកនោះ។ បើសិនជាមានអារម្មណ៍ថាឈឺពោះផ្នែកខាងស្ដាំខ្លាំងៗរហូតមានអារម្មណ៍ថាទ្រាំលែងបាន យើងសូមណែនាំឱ្យប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបានប្រញាប់ពិនិត្យវិនិច្ឆ័យយ៉ាងលម្អិត និងចាប់ផ្ដើមព្យាបាលតាមអាការរហូតទាល់តែជា គឺជារឿងដែលចាំបាច់ត្រូវធ្វើខ្លាំងបំផុត៕
មូលហេតុធម្មតាៗដែលធ្វើឱ្យក្រពះពិបាករំលាយអាហារ
តើអ្នកធ្លាប់មានបទពិសោធហាក់ដូចជាមានអាការឆ្អល់ តឹងណែន មិនស្រួលពោះ បន្ទាប់ពីទទួលទានអាហាររួចដែរឬទេ? ទាំងនេះគឺអាចបណ្តាលមកពីការរំលាយអាហារដោយពិបាក ដែលជាទូទៅត្រូវបានគេដឹងថា ជាការមិនរំលាយអាហារនេះឯង។ ការមិនរំលាយអាហារស្ទើរតែបានក្លាយជាបញ្ហាទូទៅមួយហើយនាពេលបច្ចុប្បន្ននេះ ហើយវាបានធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ ការយល់ដឹងអំពីមូលហេតុដែលនាំឱ្យកើតមានអាការមិនរំលាយអាហារ អាចជួយអ្នកក្នុងការការពារខ្លួនពីសភាពបែបនេះបាន។ ខាងក្រោមនេះគឺជាមូលហេតុសាមញ្ញមួយចំនួនដែលបណ្តាលឱ្យមានការពិបាកក្នុងការរំលាយអាហារ ៖
ទម្លាប់មិនល្អក្នុងការទទួលទានអាហារ
មានទម្លាប់មិនល្អក្នុងការទទួលទានអាហារមួយចំនួនដែលបណ្តាលឱ្យការរំលាយអាហារមានបញ្ហា ទម្លាប់មិនល្អទាំងនោះមានដូចជា ទទួលទានលឿនពេក ដោយមិនបានទំពាអាហារឱ្យបានម៉ដ្ឋល្អ, ទទួលទានអាហារច្រើនពេក, ទទួលទានអាហារខ្លាញ់ ឬហឹរច្រើនពេក។ ដូច្នេះបើចង់ឱ្យក្រពះអ្នកអាចធ្វើការងារបានល្អនោះ សូមចៀសចេញទម្លាប់មិនល្អខាងលើនេះ។ទទួលទានជាតិអាល់កុល
ជាតិអាល់កុលធ្វើឱ្យកោសិកាបាត់បង់ជាតិទឹក ស្ងួត និងទទួលរងនូវការបំផ្លាញ។ នេះជាកត្តាមួយផ្សេងទៀតដែលនាំទៅរកការពិបាកក្នុងការរំលាយអាហារ ដូច្នេះប្រសិនអ្នកជាមនុស្សម្នាក់ដែលតែងតែទទួលទានស្រាជាញឹកញាប់នោះ អ្នកគួរតែកំណត់ឱ្យស្ថិតក្នុងចំណុះតិចបំផុត ដើម្បីកុំឱ្យក្រពះពិបាកក្នុងការរំលាយអាហារ។បារី
បារីនឹងធ្វើឱ្យចំណង់អាហារធ្លាក់ចុះ ដោយការចូលទៅបំផ្លាញអង់ហ្សីមនៃការរំលាយអាហាររបស់អ្នក ហើយវានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារទទួលរងនូវការបំផ្លាញ ជាមូលហេតុបណ្តាលឱ្យប្រឈមនឹងបញ្ហាមិនរំលាយអាហារ។កាហ្វេអុីន
តែ កាហ្វេ សូកូឡា ភេសជ្ជៈប៉ូវកម្លាំង និងអាហារមួយចំនួនទៀតដែលមានផ្ទុកនូវជាតិកាហ្វេអុីន ក៏អាចបណ្តាលឱ្យមានបញ្ហាក្នុងការរំលាយអាហារ ដោយការធ្វើឱ្យជាតិអាស៊ីតកើនឡើង។ ដូច្នេះដើម្បីជួយសម្រួលដល់ការរំលាយអាហារ អ្នកគួរកំណត់ជាតិកាហ្វេអីុនឱ្យមកនៅត្រឹមតែ1 ឬ2ពែងក្នុងមួយថ្ងៃបានហើយ។ហាត់ប្រាណភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច
វាជារឿងសំខាន់ដែលថាត្រូវទទួលទានអ្វីបន្តិចសិនមុនធ្វើការហាត់ប្រាណបញ្ចេញថាមពលរាងកាយ ប៉ុន្តែអ្នកក៏ត្រូវការពេលវេលាខ្លះដើម្បីសម្រាកឱ្យស្រកពោះសិនដែរ ដូច្នេះចន្លោះនៃការហាត់ប្រាណ បន្ទាប់ពីទទួលទានអាហាររួច អ្នកគួរសម្រាករយៈពេល30ទៅ60នាទីជាមុនសិនចាំចាប់ផ្តើមហាត់ប្រាណ។ បន្ទាប់ពីទទួលទានអាហារ ឈាមធ្វើចលនានៅជុំវិញប្រព័ន្ធរំលាយអាហារ តែប្រសិនបើអ្នកធ្វើការហាត់ប្រាណភ្លាមៗ នោះ ចលនានៃការហាត់ប្រាណនឹងទាញយកឈាមទាំងនោះចេញដែលជាការរំខានដល់ការរំលាយអាហារ។
ដឹងហើយមែនទេថារឿងសាមញ្ញៗ ដែលអ្នកបានធ្វើរាល់ថ្ងៃនេះគឺជាមូលហេតុនាំឱ្យប៉ះពាល់ដល់ការរំលាយអាហារ ដូច្នេះសង្ឃឹមថា ចាប់ពីពេលនេះទៅអ្នកនឹងមិនធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ការរំលាយអាហារទៀតនោះទេ៕
វិធីសម្អាតធ្មេញសម្រាប់អ្នកពត់ធ្មេញ
ធ្មេញស្អាតជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ហេតុនេះហើយបានជាមនុស្សមួយចំនួនដែលមានធ្មេញមិនត្រង់ស្អាតបានចំណាយពេល និងប្រាក់កាស ដើម្បីធ្វើការព្យាបាលធ្មេញឱ្យមកត្រង់ស្អាតវិញ តាមរយៈការពត់ធ្មេញ។ បន្ទាប់ពីបានធ្វើការពត់ធ្មេញ លោកអ្នកប្រាកដជាមានអារម្មណ៍ថា ធ្មេញរបស់អ្នកមានភាពល្អប្រសើរជាងមុន ប៉ុន្តែនៅក្នុងអំឡុងពេលនៃការពុតធ្មេញ យើងក៏ជឿដែរថា មានប្រិយមិត្តមិនតិចទេដែលរអ៊ូរទាំរឿងការពិបាកក្នុងការសម្អាតធ្មេញ។ បានហើយ! ឈប់បារម្ភទៀតទៅ ហើយងាកមកសាកល្បងធ្វើការសម្អាតធ្មេញតាមរយៈការណែនាំមួយចំនួនដូចតទៅនេះ ៖

– ដំបូងត្រូវប្រាកដក្នុងចិត្តថា អ្នកពិតជាបានដុសសម្អាតធ្មេញរាល់ពេលបន្ទាប់ពីទទួលទានអាហាររួច។
– មុនពេលចាប់ផ្តើមដុសធ្មេញ ត្រូវខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ឱ្យបានសព្វ ដើម្បីជួយបន្ធូរកម្ទេចអាហារដែលមាននៅក្នុងមាត់កុំឱ្យតោងជាប់ខ្លាំងពេក។ពេលដុសធ្មេញ : ការដុសធ្មេញសម្រាប់អ្នកដែលកំពុងពត់ធ្មេញត្រូវអនុវត្តតាមការណែនាំដូចតទៅ ៖
1. ធ្មេញមុខ : ចាប់ផ្តើមដុសផ្នែកខាងមុខនៃធ្មេញពីលើចុះមកក្រោម រួចក៏បន្តទៅដុសផ្នែកខាងក្នុងវិញម្តង។
2. ធ្មេញក្រោម : ត្រូវដុសក្នុងទិសដៅពីក្រោមឡើងទៅលើ រួចក៏សំដៅទៅដល់ផ្នែកខាងក្នុងដូចមុនដែរ។– បន្តទៅកន្លែងផ្សេងៗទៀតនៃធ្មេញរបស់អ្នកដូចជា ធ្មេញថ្គាម ទាំងផ្នែកខាងលើ ខាងក្រៅ និងខាងក្នុង ប៉ុន្តែសូមចងចាំថា រាល់ពេលដុសធ្មេញ ជាពិសេសធ្មេញមុខទាំងលើទាំងក្រោម អ្នកត្រូវប្រយ័ត្នកុំឱ្យប៉ះខ្សែពត់ធ្មេញញឹកញាប់ពេក ហើយអ្នកគួរតែប្រើជំនួយពីអណ្តាត ដើម្បីទប់ថ្នាំដុសធ្មេញឱ្យជាប់នឹងធ្មេញ ហើយក៏ដើម្បីការពារការជ្រុះធ្លាក់នៃខ្សែពត់ធ្មេញដែលនៅលើធ្មេញរបស់អ្នកផងដែរ។
– ខ្ពុរសម្អាតមាត់ធ្មេញរបស់អ្នកម្តងទៀតជាមួយទឹកខ្ពុរមាត់ឱ្យបានត្រឹមត្រូវ បន្ទាប់ពីដុសធ្មេញរួច។
– បើទោះជាក្នុងពេលពត់ធ្មេញក៏ដោយ ក៏ការទាក់សម្អាតធ្មេញដោយខ្សែសម្អាតធ្មេញនៅតែមានភាពសំខាន់ក្នុងការជួយឱ្យធ្មេញស្អាតបានយ៉ាងល្អដែរ ដូច្នេះសូមបន្តធ្វើវាទៀតចុះ។អ្នកជំនាញបានធ្វើការណែនាំឱ្យសម្អាតធ្មេញរយៈពេលយ៉ាងតិច2នាទី ប៉ុន្តែសម្រាប់អ្នកដែលកំពុងពត់ធ្មេញ គួរតែចំណាយពេលឱ្យច្រើនជាងនេះបន្តិចក្នុងការដុសធ្មេញ ដើម្បីទទួលបានលទ្ធផលដែលប្រសើរជាងមុន៕
ស៊ីប៉ា ចាប់ផ្តើមរៀបចំបណ្ណាល័យក្នុងពន្ធនាគារដើម្បីអប់រំ និងស្តារនីតិសម្បទាទណ្ឌិត…
អង្គការស៊ីប៉ា ដែលជាអង្គការធ្វើការងារលើគម្រោងជាច្រើនពាក់ព័ន្ធនឹងការអាន បានប្រកាសចាប់ផ្តើមគម្រោងថ្មីមួយរបស់ខ្លួនដើម្បីជួយអប់រំដល់អ្នកជាប់ទោស ឬទណ្ឌិតនៅក្នុងពន្ធនាគារឱ្យមានឱកាសសិក្សាស្វែងយល់ពីការរស់នៅល្អ និងកែប្រែសម្បទាឱ្យក្លាយជាពលរដ្ឋល្អក្រោយពេលចេញពីពន្ធនាគារ។ គម្រោងរបស់អង្គការសុីប៉ានេះមានឈ្មោះថា “គម្រោងបណ្ណាល័យក្នុងពន្ធនាគារ” ដែលមានរយៈពេល 3ឆ្នាំ ដែលគ្រោងចំណាយថវិកាប្រមាណ 53ម៉ឺនដុល្លារ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍមូលនិធិ Pierre Bellon និងថវិកាផ្ទាល់របស់អង្គការស៊ីប៉ា។
នាយកអង្គការស៊ីប៉ា លោក ហុក សិទ្ធិ បានលើកឡើងថា នេះជាដំណាក់កាលទី3 នៃគម្រោងបណ្ណាល័យសម្រាប់ពន្ធនាគារដែលបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារចាប់តាំងពីឆ្នាំ2012 មកម្ល៉េះដើម្បីរៀបចំជាបណ្ណាល័យ និងផ្ដល់សៀវភៅដល់ទណ្ឌិតប្រមាណ 30,000នាក់ ដើម្បីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈមុនពេលពួកគេចេញពីពន្ធនាគារ។ តាមរយៈគម្រោងនេះអ្នកជាប់ឃុំនឹងទទួលបានសេវាអប់រំកាន់តែប្រសើរ ហើយយើងក៏នឹងធ្វើការបណ្តុះបណ្តាលមន្ត្រីដែលបម្រើការងារក្នុងពន្ធធនាគារលើការគ្រប់គ្រងបណ្ណាល័យ និងជំនាញសំខាន់ៗមួយចំនួនផ្សេងទៀត។
ឧត្តមអគ្គានុរក្សថ្នាក់លេខ1 លោក ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា បានបញ្ជាក់ថា គម្រោងនេះផ្តោតសំខាន់លើការគាំទ្របណ្តាញបណ្ណាល័យថ្នាក់ជាតិដើម្បីអប់រំ និងកម្មវិធីសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញ។ គម្រោងបណ្ណាល័យជំហានថ្មីនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល 3ឆ្នាំ គឺនៅដើមឆ្នាំ 2022 ដែលខាងស៊ីប៉ានឹងបញ្ចប់គម្រោងទាំងស្រុងរបស់ខ្លួន។
លោក ព្រុំ ចាន់នី បាននិយាយថា៖ “អង្គការស៊ីប៉ា បានខិតខំសម្រាំងនាំមកនូវសៀវភៅល្អៗសម្រាប់ឱ្យទណ្ឌិតឃុំបានអាន និងខ្ចីយកទៅអានក្នុងបន្ទប់ ដើម្បីសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងផ្ទាល់ខ្លួន និងកែប្រែខ្លួនឱ្យក្លាយជាប្រជាជនល្អដើម្បីកាត់បន្ថយការប្រព្រឹត្តបទល្មើសជាថ្មី”។
លោកប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទាបានបន្ថែមទៀតថា តាមរយៈគម្រោងនេះយើងអាចកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារមួយរយៈពេលខ្លី និងធ្វើឱ្យបរិយាកាស និងការលម្ហែកាយខាងក្រៅបន្ទប់ឃុំឃាំងបានមួយរយៈពេលខ្លីផងដែរ។ ក្រៅពីនេះវាក៏អាចកាត់បន្ថយបាននូវការឡូឡា ឈ្លោះប្រកែកគ្នារវាងទណ្ឌិតនៅក្នុងបន្ទប់ជាមួយគ្នា កាត់បន្ថយអារម្មណ៍ស្មុគស្មាញ ការនឹកដល់ក្រុមគ្រួសារ និងកាត់បន្ថយការគិតពីល្បិចលួចចេញពីពន្ធនាគារផងដែរ។
បន្ថែមពីលើនេះ តាមរយៈការអាន ទណ្ឌិតក៏អាចកាត់បន្ថយបាននូវបញ្ហាជំងឺបាក់ទឹកចិត្តរបស់ពួកគេ ព្រោះវាអាចធ្វើឱ្យអារម្មណ៍ធូរស្រាល និងប្រសើរជាងមុនច្រើនដែលអាចជួយដល់ស្មារតីរបស់ពួកគេ។ វាក៏អាចជួយឱ្យអ្នកជាប់ឃុំទាំងអស់បង្កើនសមត្ថភាពសរសេរបានល្អ ទទួលបានចំណេះដឹងប្រសើរជាងមុន ព្រោះអាចយកចំណេះដឹងពីសៀវភៅដើម្បីប្រើប្រាស់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន។ជាលទ្ធផលរំពឹងទុក នៅដំណាក់កាលថ្មីនៃគម្រោងនេះ អ្នកជាប់ឃុំប្រមាណ 35% ឬស្មើនឹងចំនួន30,000នាក់នឹងទទួលបានសេវាអប់រំល្អជាមុនដើម្បីចូលរួមចំណែកធ្វើឱ្យស្ថានភាពក្នុងពន្ធនាគារកាន់តែប្រសើរ និងធ្វើឱ្យពួកគេអាចធ្វើសមាហរណកម្មបានយ៉ាងល្អនៅពេលត្រឡប់ចូលទៅក្នុងសង្គមជាតិពេលដែលពួកគេមានសេរីភាពវិញ៕

សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF កំពុងបង្ហាត់កុមារកម្ពុជាឱ្យមានលទ្ធភាពខ្ពស់
ប្រជាជនខ្មែរជាច្រើនសុទ្ធតែធ្លាប់ដឹងហើយថា កម្ពុជានិងជប៉ុន គឺជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយគ្នាលើវិស័យជាច្រើន ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ វិស័យពាណិជ្ជកម្ម និងអប់រំជាដើម។ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុន និងមូលនិធិធំៗរបស់ជប៉ុនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជាដើម្បីផ្តល់ឱកាសឱ្យធនធានមនុស្សនៅកម្ពុជាបានបន្តការសិក្សា ផ្លាស់ប្តូរវប្បធម៌ និងអភិវឌ្ឍសមត្ថភាពតាមរយៈការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងអស់នោះមកចូលរួមអភិវឌ្ឍសង្គមជាតិ។
ថ្មីៗនេះតាមរយៈមូលនិធិគាំទ្រការអប់រំកម្ពុជាអន្តរជាតិ (CIEFS-Cambodia International Education Support Foundation)របស់ជប៉ុន បានបង្កើតជាសាលារៀនស្តង់ដាជប៉ុនថ្មីមួយនៅកម្ពុជា ដែលមានឈ្មោះថា សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF (CIEFS-Leaders Academy Kindergarten) ដើម្បីបណ្តុះបណ្តាលកុមារកម្ពុជាដោយឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធសាលាភាពជាអ្នកដឹកនាំ CIESF កាលពីដើមខែមិថុនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា គោលបំណងនៃការបង្កើតសាលានេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសកុមារកម្ពុជាតាមរយៈកម្មវិធីជប៉ុន ដើម្បីឱ្យពួកគេបានរៀនសូត្រទាំងភាសាខ្មែរ និងភាសាជប៉ុន។ សាលានេះក៏ធ្វើការអប់រំកុមារកម្ពុជាពីក្មេង ឱ្យស្គាល់ពីវប្បធម៌របស់ជប៉ុន ដើម្បីធ្វើឱ្យពួកគេបានយល់ដឹង និងមានទម្លាប់ល្អ ក្នុងការទំនាក់ទំនង ហើយអាចចូលធ្វើការងារនៅក្នុងក្រុមហ៊ុនជប៉ុនបាន។
ឯកឧត្តម ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា៖ “គោលដៅរបស់យើង គឺធ្វើយ៉ាងម៉េចដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើនដើម្បីដាក់ទុនវិនិយោគនៅកម្ពុជា”។
ឯកឧត្តមរដ្ឋមន្ត្រី ធ្លាប់បានលើកឡើងផងដែរពីបញ្ហាប្រឈមមួយចំនួនរបស់ធនធានមនុស្សនៅកម្ពុជា ដែលអ្នកវិនិយោគចង់ឱ្យមានការផ្លាស់ប្តូរ។ បញ្ហារបស់ប្រជាជនយើងអាចសិក្សាបានលើជំនាញរឹង ក៏ដូចជាជំនាញសម្រាប់អាជីពបានដោយមិនមានបញ្ហា តែពួកគេមិនសូវមានជំនាញទន់ ដូចជាជំនាញភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា របៀបធ្វើការងារជាក្រុម របៀបធ្វើការងារជាមួយនឹងជនបរទេសដែលមានវប្បធម៌ និងការយល់ឃើញខុសគ្នា និងការអភិវឌ្ឍសមត្ថភាពដើម្បីបង្កើតគំនិតច្នៃប្រឌិតជាដើម។ ជាដំណោះស្រាយក្រសួងអប់រំ ក៏បានរៀបចំបង្កើតកម្មវិធីជាច្រើនដើម្បីបណ្តុះបណ្តាលបន្ថែមទាំងធនធានគ្រូបង្រៀន និងទាំងសិស្ស-និស្សិតឱ្យមានជំនាញទន់កាន់តែច្រើនដើម្បីឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងរបស់អ្នកវិនិយោគ។ ការបង្កើតសាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ អាចជាមធ្យោបាយយ៉ាងសំខាន់ផងដែរ ដើម្បីបណ្តុះបណ្តាលកុមារកម្ពុជាទាំងចំណេះជំនាញ និងឥរិយាបថល្អសម្រាប់ការរស់នៅ។
សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF មានទីតាំងនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសាលានោះបានចាប់ផ្តើមដំណើរការជាផ្លូវការចាប់តាំងពីខែកញ្ញា ឆ្នាំ2016 មកម្ល៉េះ។ សិស្សដែលអាចចូលរៀន គឺជាកុមារដែលមានអាយុចាប់ពី 2ឆ្នាំឡើងទៅ ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ តែអាណាព្យាបាលត្រូវបង់ជាប្រាក់វិភាគទានលើថ្លៃសម្ភារសិក្សា ថ្លៃឯកសណ្ឋានសិស្ស ថ្លៃឯកសណ្ឋានកីឡា មួកសិស្ស កន្សែងជូតដៃ អាហារសម្រន់ ថ្លៃដំណើរកម្សាន្តសិស្ស 2ដងក្នុង1ឆ្នាំ ដែលសរុបជាទឹកប្រាក់ប្រមាណ 420ដុល្លារក្នុង 1ឆ្នាំ ឬ 35ដុល្លារក្នុង 1ខែ។ ដើម្បីបានចូលរៀនសាលានេះបានអាណាព្យាបាលត្រូវឆ្លងកាត់ការសម្ភាស និងបំពេញលក្ខខណ្ឌដែលសាលាបានផ្តល់ជូនជាមុនសិនទើបអាចត្រូវបានសាលាជ្រើសរើសឱ្យចូលរៀនបាន។
ប្រធានមូលនិធិ CIESF លោក Okubo Hideo បានលើកឡើងថា សាលាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ CIESF នេះត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលការអប់រំដែលគិតពីផលប្រយោជន៍ផែនដី ប្រកាន់ខ្ជាប់នូវទឹកចិត្តល្អចំពោះអ្នកដទៃ និងផ្តល់ឱកាសឱ្យកុមារបានរៀនសូត្រដោយខ្លួនឯង ហើយធ្វើការអភិវឌ្ឍខ្លួនដើម្បីបើកផ្លូវទៅកាន់អនាគតខ្លួនឯងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងពិភពលោក។ សាលានេះនឹងប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃអនាគតដើម្បីធ្វើជាសាលាគំរូសម្រាប់ការអប់រំ៕

ម្ទេសក្រៅពីហឹរហើយ នៅមាន20ចំណុចដែលល្អសម្រាប់សុខភាពដែលអ្នកគួរដឹង
អាហារដែលមានរសជាតិហឹរ គឺជាទីពេញនិយមសម្រាប់មនុស្សនាបច្ចុប្បន្ននេះ ពោលគឺ កាន់តែហឹរ នោះកាន់តែមានរសជាតិឆ្ងាញ់ រហូតដល់មនុស្សមួយចំនួន បើទទួលទានអាហារមិនមានម្ទេសគឺមិនបានទេ។ ប្រិយមិត្តអ្នកអានមួយចំនួនបានជ្រាបមកហើយថា ម្ទេស ក្រៅពីមានរសជាតិហឹរហើយ វាក៏មានគុណប្រយោជន៍សម្រាប់សុខភាពផងដែរ។ ជាក់ស្ដែង ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូននូវគុណប្រយោជន៍របស់ផ្លែម្ទេសសម្រាប់សុខភាពអ្នក។

តើម្ទេសមានប្រភពមកពីណា?
ម្ទេស ត្រូវបានរកឃើញដំបូងនៅសហរដ្ឋអាមេរិកភាគកណ្ដាល និងខាងត្បូង តាំងពី7000ឆ្នាំមុន ដោយលោក Christopher Columbus។ បន្ទាប់មក គេក៏បាននាំយកពូជម្ទេសមកដាំ និងបណ្ដុះនៅតាមតំបន់អ៊ឺរ៉ុប រហូតដល់ដុះពាស-ពេញពិភពលោកតែម្ដង។ ពូជរបស់ផ្លែម្ទេសមានប្រមាណជាជាង831ប្រភេទខុសៗគ្នា ដែលគេអាចបែងចែកជា3ក្រុមធំៗគឺ ម្ទេសដៃនាង ម្ទេសអាចម៍ចាប និងម្ទេសផ្លោក។
ម្ទេសដូចជា ម្ទេសប្លោក ម្ទេសខ្មាំង ម្ទេសចង្អុលមេឃ មានសារធាតុ Capsaicin។ ភាពហឹរនៃម្ទេសនេះហើយដែលមានថាមពលនៃ Vegamine យ៉ាងពេញលេញ មានសារធាតុការ៉ូទីណយជិត40ប្រភេទ និងសារធាតុ Polyphenol ដែលជួយការពារកោសិកាផ្សេងៗ ហើយក៏នៅមានវីតាមីនC ប៉ូតាស្យូម និងកាល់ស្យូមយ៉ាងច្រើនផងដែរ។ គុណសម្បត្តិរបស់ម្ទេស គឺការពារអាការឈឺសាច់ដុំ ប្រគ្រីវកាច់ ឈឺធ្មេញ ជួយសម្លាប់បាក់តេរី និងមេរោគផ្សិត រំញោចដល់ការទទួលទានអាហារ និងជួយរំលាយអាហារ និងមានសារធាតុអង់ទីអុកស៊ីដង់យ៉ាងច្រើន។ ភាពហឹរនៃម្ទេសមិនមានគ្រោះថ្នាក់ទៅដល់ក្រពះអាហារនោះទេ ប៉ុន្តែវាជួយឱ្យភ្នាសក្រពះមានកម្លាំងទប់ទល់នឹងជំងឺបាន។
ការវាស់ជាតិហឹររបស់ម្ទេស ត្រូវបានគិតជាខ្នាត Scoville ដែលម្ទេសនៅក្នុងតំបន់អាស៊ីយើង មានកម្រិតជាតិហឹរមួយផ្លែចាប់ពី50,000-100,000 Scoville ច្រើនជាងម្ទេសនៅតំបន់អ៊ឺរ៉ុប និងត្រូវបានកត់ត្រាចូលក្នុងបញ្ជីឯកត្តកម្មពិភពលោកផងដែរ។
ខាងក្រោមនេះ គឺជាគុណប្រយោជន៍ទាំង 8ចំណុចរបស់ផ្លែម្ទេស និងស្លឹកដែលជាជំនួយដល់សុខភាពរបស់អ្នក៖
1. ព្យាបាលជំងឺរលាកឆ្លឹង និងរលាកសន្លាក់: ជំងឺរលាកសន្លាក់ និងឆ្អឹង ភាគច្រើនកើតនៅលើមនុស្សវ័យចំណាស់ ហើយមានអាការដូចជាហើម ឬរឹងនៅក្នុងសន្លាក់ ដែលធ្វើឱ្យពិបាកក្នុងការធ្វើចលនាជាដើម។ ប៉ុន្តែប្រសិនជាអ្នកទទួលទានស្លឹកម្ទេសឱ្យបានទៀងទាត់នោះ អាការរលាកសន្លាក់ឆ្អឹងរបស់អ្នក ប្រាកដជាបានធូរស្រាលជាមិនខាន ដោយសារតែសារធាតុប្រឆាំងនឹងការរលាកដែលមាននៅក្នុងស្លឹកម្ទេស ឬផ្លែម្ទេសនេះឯង។2. ព្យាបាលជំងឺរើម : យើងបានដឹងរួចមកហើយថា ជំងឺរើម ជាជំងឺសើស្បែក ដែលបណ្តាលមកពិវីរុសបាក់តេរីមួយចំនួន។ ការប្រើប្រាស់ផ្លែម្ទេសក្នុងរបបអាហារអាចជួយកាត់បន្ថយ និងព្យាបាលជំងឺមួយនេះបានផងដែរ។
3. បណ្តេញ និងសម្អាតជាតិពុលចេញពីក្នុងរាងកាយ : ម្ទេសមានសមត្ថភាពអាចជួយបណ្តេញ និងសម្អាតជាតិពុលចេញពីរាងកាយបានយ៉ាងល្អ មិនថាជាជាតិពុលនៅក្នុងម្ហូបអាហារដែលមិនស្អាត ឬអាការពុលចំណីអាហារផ្សេងៗនោះទេ សូម្បីតែរោគសើស្បែកដូចជា ជំងឺផ្សិត ស្រែង និងរបួសផ្សេងៗលើស្បែក ក៏ស្លឹកម្ទេសអាចជួយធ្វើឱ្យអ្នកឆាប់ជាសះស្បើយបានដែរ។
4. ជួយដល់ការសម្រកទម្ងន់ : ផ្លែម្ទេសត្រូវបានគេដឹងថា មានជាតិខ្លាញ់ និងកាឡូរីទាប ដែលស័ក្តិសមមានឈ្មោះជាប្រភេទអាហារសុខភាពបំផុត។ អ្នកអាចប្រើប្រាស់ផ្លែម្ទេសជារបបអាហារសម្រាប់សម្រកទម្ងន់បាន ដោយការទទួលទានវាជាទៀងទាត់។ វិធីម្យ៉ាងទៀតសម្រាប់ធ្វើការសម្រកទម្ងន់នោះ គឺ គ្រាន់តែអ្នកយកស្លឹកម្ទេសទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកយកទៅដាំជាមួយទឹកឱ្យពុះជាការស្រេច។ បន្ទាប់មកអ្នកអាចទទួលទានទឹកតែស្លឹកម្ទេសនេះរាល់ពេលព្រឹកព្រលឹម ពេលមិនទាន់ទទួលទានអ្វីសោះ(ពោះទទេ) ដោយអ្នកអាចបន្ថែមទឹកក្រូចឆ្មារ ឬក្រូចឆ្មារសម្បកលឿងបន្ថែមក៏បាន ដើម្បីបង្កើនរសជាតិអាហារ។
5. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ល : កូឡេស្តេរ៉លមិនល្អ ឬកូឡេស្តេរ៉លជាតិខ្លាញ់ឡើងខ្ពស់ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការកើតជំងឺគាំងបេះដូង។ ជាសំណាងល្អ ស្លឹកម្ទេសមានជាតិខ្លាញ់ កាឡូរីទាប និងសារធាតុសំខាន់ៗជាច្រើនមុខ ដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉លមិនល្អនៅក្នុងរាងកាយបាន។
6. ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ : សារធាតុ Phytochemcials និងអាស៊ីត Phenolic(Phenolic acids) នៅក្នុងផ្លែម្ទេស អាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយកាន់តែរឹងមាំ មានលទ្ធភាពការពារអ្នកពីជំងឺផ្សេងៗ និងជំងឺឆ្លង ដូចជា ជំងឺផ្តាសាយជាដើម។
7. មានសារធាតុប្រឆាំងអុកស៊ីតកម្ម : ផ្លែម្ទេសផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចធ្វើការសម្លាប់ និងរារាំងរ៉ាឌីកាល់សេរី ដែលបង្កមេរោគ និងជំងឺផ្សេងៗជាច្រើននៅក្នុងរាងកាយ។ ការទទួលទានផ្លែម្ទេសជាប្រចាំអាចមានលទ្ធភាពទប់ស្កាត់រាងកាយអ្នកពីជំងឺមហារីក ជំងឺភ្នែកឡើងបាយ ជំងឺគាំងបេះដួង ជំងឺដាច់សសៃឈាមបេះដូង និងជំងឺកាចសាហាវជាច្រើនមុខទៀត។
8. ជួយផលិតអាំងស៊ុយលីនសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម : ផ្លែម្ទេស មានសារធាតុសំខាន់ៗជាច្រើន ដែលអាចជួយបង្កើនការផលិតអាំងស៊ុយលីននៅក្នុងរាងកាយ។ ដោយអ័រម៉ូនអាំងស៊ុយលីនមួយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទទី1។ ដូច្នេះអ្នកគួរតែទទួលទានផ្លែម្ទេសជារបបអាហារប្រចាំថ្ងៃ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម ហើយថែមទាំងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉លក្នុងរាងកាយថែមទៀតផង។
9. ជំនួយ និងព្យាបាលប្រព័ន្ធរំលាយអាហារ : អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ឬក្រពះពិបាកនឹងធ្វើការរំលាយអាហារ អ្នកគ្រាន់តែឧស្សាហ៍ទទួលទានស្លឹកម្ទេសជាប្រចាំ ឬអ្នកក៏អាចយកស្លឹកម្ទេសស្រស់ៗទៅដាំនៅក្នុងទឹកឱ្យពុះ រួចទទួលទានវា បន្ទាប់ពីទទួលទានអាហាររួចក៏បាន។
10. ព្យាបាលជំងឺគ្រុនក្តៅ : អ្នកអាចព្យាបាលជំងឺគ្រុនក្តៅ ដោយការទទួលទានស្លឹកម្ទេស ឬធ្វើតាមវិធីបែបបុរាណ ដោយការបុកស្លឹកម្ទេស លាយជាមួយប្រេងសាឡាត់ ហើយបិតនៅលើក្បាលជាការស្រេច។

11. ព្យាបាលមុខរបួស : សម្រាប់អ្នកដែលមានមុខរបួស ស្នាមមុតតូចៗ ឬមានការឈឺចាប់ត្រង់ស្នាមរបួសណាមួយនោះ អ្នកក៏អាចយកស្លឹកម្ទេសមកបុក រួចបិទពីលើស្នាមរបួសនោះផងដែរ ដើម្បីឱ្យមុខរបួសឆាប់ជាសះស្បើយ។
12. សម្បូរដោយអាហារូបត្ថម្ភ : ស្លឹកម្ទេសសម្បូរទៅដោយសារធាតុរ៉ែ និងជាប្រភពនៃវីតាមីនសំខាន់ៗដូចជា វីតាមីន A វីតាមីន Cវីតាមីន B1 B12 ជាតិដែក កាល់ស្យូ៉ម និងប៉ូតាស្យូមដែលអាចជំនួយសុខភាពរាងកាយរបស់អ្នកបានយ៉ាងប្រសើរ។
13. ព្យាបាលបញ្ហាមុខមុន : ស្លឹកម្ទេសអាចជួយកម្ចាត់បញ្ហាមុខមុនដែលកើតឡើងដោយសារតែមេរោគ និងបាក់តេរីផ្សេងៗ។ ដូច្នេះអ្នកអាចព្យាបាលមុខមុនរបស់អ្នកបាន ដោយគ្រាន់តែបុកស្លឹកម្ទេស ហើយយកមកបិតនៅត្រង់ផ្ទៃមុខដែលមានបញ្ហាមុនតែប៉ុណ្ណោះ រួចលាងមុខដោយទឹកស្អាតជាការស្រេច។
14. ជាស្ក្រាប់ដុសសម្អាតរាងកាយ : អ្នកគ្រាន់តែយកស្លឹកម្ទេសស្រស់ៗ មកបុកឬកិនឱ្យម៉ដ្ឋ ហើយយកមកលាប ឬត្រដុសនៅលើដៃ ជើង និងរាងកាយរបស់អ្នកតែប៉ុណ្ណោះជាការស្រេច។ ការធ្វើបែបនេះអាចចិញ្ចឹម និងថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ សាច់ឈាមភ្លឺថ្លា និងបំបាត់ជាតិកខ្វក់បានទៀតផង។
15. ម៉ាសសម្រាប់ផ្ទៃមុខ : អ្នកអាចយក ស្លឹកម្ទេសមកធ្វើជាម៉ាសថែរក្សាផ្ទៃមុខរបស់អ្នកឱ្យស្រស់ស្អាត ភ្លឺរលោង ម៉ដ្ឋខៃបានផងដែរ ដោយវិធីងាយៗ គឺគ្រាន់តែបុកស្លឹកម្ទេសឱ្យម៉ដ្ឋ រួចលាយជាមួយទឹកអង្ករឱ្យក្លាយជាល្បាយល្មម មិនគោកពេក មិនរាវពេក ហើយសឹមយកមកបំពកនៅលើផ្ទៃមុខរបស់អ្នក ទុកចោលប្រមាណជា15នាទី ចាំលាងទឹកចេញជាការស្រេច។
16. ប្រើជាទឹកខ្ពុរមាត់បំបាត់ក្លិនមាត់ : អ្នកអាចបំបាត់បញ្ហាក្លិនមាត់ និងធ្វើឱ្យមាត់ធ្មេញមានសុខភាព រួមជាមួយក្លិនប្រហើរស្រស់ថ្លាដោយវិធីងាយៗបាន ដោយគ្រាន់តែអ្នកយកស្លឹកម្ទេសស្រស់ៗទៅដាំនៅក្នុងទឹកឱ្យពុះ រួចទុកវាឱ្យរាងត្រជាក់បន្តិច ហើយយកទឹកនោះមកធ្វើការខ្ពុរមាត់របស់អ្នកជាប្រចាំ។

17. ព្យាបាលស្នាមកន្ទួលផ្សេងៗនៅលើ ស្បែក : សម្រាប់អ្នកដែលមានស្នាមក្រហម រមាស់ ឬបញ្ហាស្បែកជាច្រើន មិនថាជា សត្វមូស ឬសត្វផ្សេងៗទិច និងខាំនោះទេ ស្លឹកម្ទេសអាចជួយអ្នកបាន។ អ្នកគ្រាន់តែយកស្លឹកម្ទេសមកបុកឱ្យម៉ដ្ឋ រួចលាបវាលើស្នាមរបួសក្រហមៗ ឬស្នាមសត្វទិច ឬខាំនោះជាការស្រច។ គុណប្រយោជន៍របស់ស្លឹកម្ទេសមានជាច្រើនទៀត រាប់មិនអស់នោះទេ។ អ្នកអាចប្រើប្រាស់ស្លឹកម្ទេសបានតាមចិត្តត្រូវការរបស់អ្នកសម្រាប់បញ្ហាស្បែកផ្សេងៗ ជាពិសេសគឺការទទួលទានវាជាមុខម្ហូបប្រចាំថ្ងៃក៏បាន។
18. បង្ការជំងឺដង្កាត់ : ការសិក្សាថ្មីមួយដែលបានធ្វើឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន វេជ្ជសាស្ត្របានបង្ហាញថា អ្នកដែលបានទទួលទានអាហារដែលមានរសជាតិហឹរជារៀងរាល់ថ្ងៃ មានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបាន14% ច្រើនជាងអ្នកដែលបរិភោគអាហារដែលមានរសជាតិហឹរម្តងក្នុងមួយសប្តាហ៍។
19. កាត់បន្ថយបញ្ហាឃ្លានអាហារ : សារធាតុហឹរដែលមាននៅក្នុងអាហារជួយអ្នកឱ្យទទួលទានឆាប់ឆ្អែត និងមិនឆាប់ឃ្លានអាហារទៀត ល្អសម្រាប់អ្នកដែលមានបំណងសម្រកទម្ងន់។
20. ការពារជំងឺគ្រុនផ្ដាសាយ : ម្ទេសគឺជាគ្រឿងហឹរ ដែលជួយសម្រួលផ្លូវដង្ហើម ដោយការបន្ថយអាការតឹងច្រមុះ តែវាក៏ត្រូវបានហាមមិនឱ្យទទួលក្នុងករណីអ្នកជំងឺក្អកផងដែរ។ វាមានគុណប្រយោជន៍សម្រាប់ព្យាបាលជំងឺខាងផ្លូវដង្ហើម និងជំងឺគ្រុនផ្ដាសាយ ដោយអ្នកអាចទទួលទានម្ទេសជាមួយនឹងសម្លរ រួចហុតក្ដៅៗតែម្តង៕

ផ្លែឈើពណ៌ក្រហមជួយបំប៉នសុខភាពផ្លូវភេទ
សម្រាប់បុរស ផ្លែឈើក៏មានប្រយោជន៍មិនតិចដែរ ក្នុងនោះផ្លែឈើពណ៌ក្រហម5យ៉ាងនឹងជួយបំប៉នសុខភាពផ្លូវភេទរបស់បុរសឱ្យរឹងមាំ… ទាំងអស់នេះ ក្រៅពីជ្រើសរើសបរិភោគតែអាហារដែលមានប្រយោជន៍ហើយ គួរតែហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ផង ដើម្បីសុខភាពល្អយូរអង្វែង។
ផ្លែឆឺរី
ផ្លែឈើរសជាតិជូរអែមដែលមានប្រយោជន៍ចំពោះស្បែក តែនៅក្នុងផ្លែឈើប្រភេទនេះមានសារធាតុ ឡៃខូភីន (Lycopene) អាចទប់ស្កាត់ការរីកចម្រើនធំធាត់របស់កោសិកាមហារីកក្រពេញពងស្វាសបានដល់ទៅ20%ឯណោះ។ផ្លែឪឡឹកឪឡឹកសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន មានជាអាទិ៍ ផូស្វ័រ កាល់ស្យូម សារធាតុដែក ប៉ូតាស្យូម និងវីតាមីន A ជាដើម។ឪឡឹក
គឺជាផ្លែឈើដែលប្រៀបដូចជាថ្នាំ វីយ៉ាហ្ក្រា អីចឹង ព្រោះនៅក្នុងផ្លែឪឡឹកមានអាស៊ីតអៈមីណូដែលមានឈ្មោះថា Citruline amino acid (ជាអាស៊ីតអៈមីណូមួយប្រភេទដែលរកលើកដំបូងនៅក្នុងផ្លែឪឡឹក) អាចជួយជំរុញប្រព័ន្ធឈាមរត់ និងអាចបង្កើនសមត្ថភាពផ្លូវភេទបានទៀតផង។ផ្លែស្ត្រប៊ឺរី
អាចរាប់បានថាជាផ្លែឈើដែលមានប្រយោជន៍ចំពោះមនុស្សប្រុសមិនចាញ់គេប៉ុន្មានឡើយ ព្រោះជាប្រភពសារធាតុអាហារដែលសំខាន់ និងជាផ្លែឈើដែលផ្តល់នូវគុណតម្លៃខាងភោជនាហារខ្ពស់ សម្បូទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ វីតាមីន C សារធាតុដែក ផូស្វ័រ-ល- ទាំងអស់នេះនៅមានគុណប្រយោជន៍ជាច្រើនយ៉ាងទៀត តែអ្វីដែលសំខាន់បំផុតនោះគឺ អាចជំរុញអារម្មណ៍ផ្លូវភេទរបស់មនុស្សប្រុសបានទៀតផង។ផ្លែទទឹម
ជាផ្លែឈើមួយប្រភេទដែលមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ព្រោះមានសារធាតុប្រឆាំងអនុមូលឥស្សរៈច្រើនប្រភេទ មានគុណសម្បត្តិជួយបង្កើនថាមពល និងភាពរឹងមាំដល់បុរស។ផ្លែប៉េងប៉ោះ
សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ដូចជា កាល់ស្យូម ផូស្វ័រ សារធាតុដែក វីតាមីន A វីតាមីន B1 វីតាមីន B2 និងវីតាមីន C-ល- ថែមទាំងមានប្រយោជន៍យ៉ាងច្រើនចំពោះបុរសទៀតផង ព្រោះបើទទួលទានជាប្រចាំនោះ នឹងអាចជួយកាត់បន្ថយភាពប្រថុយប្រថានពីជំងឺមហារីកក្រពេញពងស្វាសបានច្រើនរហូតដល់ទៅ45%ឯណោះ៕
មើមខ្ជាយ មានគុណប្រយោជន៍ខ្ពស់ហួសពីការរំពឹងទុក
ខ្ជាយ ជារុក្ខជាតិឱសថបុរាណដែលភាគច្រើនមានដាំតាមផ្ទះ ហើយផ្នែកដែលគេអាចយកទៅប្រើធ្វើជាអាហារ និងឱសថនោះ គឺគល់ និងមើមខ្ជាយដែលកប់ក្នុងដី ព្រោះវាមានគុណសម្បត្តិជាច្រើនប្រភេទ។ គ្រូឱសថបុរាណខ្មែរ ច្រើនយកគល់ និងមើមខ្ជាយទៅធ្វើជាថ្នាំបំបាត់អាការឈឺពោះ កែរោគឆ្អល់ចុកសៀតក្នុងពោះ កែរោគក្រពះ ព្យាបាលដំបៅនៅក្នុងមាត់ ធ្វើជាថ្នាំបង្កើនអាយុ បង្កើនកម្លាំង និងបំបាត់រោគអសមត្ថភាពផ្លូវភេទជាដើម។
1. សម្រាលអាការចុកសៀតណែនក្នុងពោះ : យកមើមខ្ជាយប្រមាណជាកន្លះក្តាប់ទៅស្ងោរឱ្យពុះ រួចញ៉ាំទឹកនោះ។

2. បំបាត់រោគក្រពះ : ញ៉ាំមើមខ្ជាយស្រស់ៗប៉ុនម្រាមកូនដៃដោយមិនបកសម្បក មួយថ្ងៃ 3ពេលមុនពេលបាយ 15នាទីរយៈពេល 2សប្តាហ៍។
3 . ព្យាបាលដំបៅនៅក្នុងមាត់ : កិនមើមខ្ជាយទាំងសម្បកចំនួន 2មើមលាយទឹកស្អាត 1កែវ ថែមអំបិលកន្លះស្លាបព្រាកាហ្វេ រួចហើយត្រងដោយក្រណាត់ស្បៃស្អាតយកកាកចេញ ហើយយកមកខ្ពុរមាត់ មួយថ្ងៃ 3ពេល រហូតទាល់តែដំបៅជាសះដាច់។
4 . ថ្នាំបង្កើនអាយុ : យកម្សៅមើមខ្ជាយដែលកិនហ្មត់ស្ងួតទាំងសម្បកមកលាយជាមួយទឹកឃ្មុំ ពូតជាគ្រាប់ថ្នាំតូចៗ ញ៉ាំ 1ថ្ងៃ 3គ្រាប់ មុនពេលចូលគេង។ មានរបាយការណ៍ថា រូបមន្តនេះថែមទាំងអាចកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានទៀតផង។
5 . ព្យាបាលអាការអសមត្ថភាពផ្លូវភេទ (ប្រដាប់បន្តពូជមិនឡើងរឹង)
វិធីទី 1 : កិនមើមខ្ជាយដែលលាងស្អាតទាំងសម្បកឱ្យបែកល្មមៗ រួចចាក់ចូលដបកែវមាត់ធំបិទគម្របឱ្យជិត រួចយកទៅក្លាស្សេទុកក្នុងទូទឹកកក។ ញ៉ាំមុនពេលបាយ 15នាទីម្តង 1ស្លាបព្រាកាហ្វេ មួយថ្ងៃ 3ពេល ប្រមាណជា7ថ្ងៃ ហើយប្រសិទ្ធភាព នឹងឃើញឱ្យក្រោយពីញ៉ាំបាន 3 – 4ថ្ងៃ។
វិធីទី 2 : យកមើមខ្ជាយដែលហាលស្ងួតហើយទៅបុកឱ្យក្លាយជាម្សៅ រួចដាក់ចូលក្នុងគ្រាប់កាប់ស៊ុល មួយគ្រាប់ 250មីល្លីក្រាម ញ៉ាំមួយថ្ងៃ 1គ្រាប់ មុនពេលបាយព្រឹកក្នុងសប្តាហ៍ដំបូង និងមួយថ្ងៃ 2គ្រាប់ ពេលព្រឹកក្នុងសប្តាហ៍ទី2។ បើនៅតែមិនទាន់ឃើញលទ្ធផល ចូរញ៉ាំ 2គ្រាប់មុនពេលបាយល្ងាចបន្ថែមទៀត និងសូមកុំភ្លេចហាត់ប្រាណឱ្យបានជាប់លាប់ផង ដើម្បីសុខភាពកាន់តែល្អរឹងមាំ៕
ធ្វើម៉េចដើម្បីឱ្យត្រគាកស្រឡូនស្អាត?
ជាតិជាស្ត្រីយើងស្ទើរតែអាចនិយាយថា មិនមានអ្នកណាម្នាក់ដែលថាមិនចង់បានដៃជើង ភ្លៅ ចង្កេះ និងត្រគាកដ៏ស្រស់ស្អាត សិចស៊ីគួរជាទីទាក់ភ្នែកនៃអ្នកផងទាំងពួងនោះទេ។ ចង្កេះ និងត្រគាកស្រឡូនស្អាតកាន់តែជួយឱ្យរាងកាយទាំងមូលរបស់អ្នកមើលទៅសមសួនពោរពេញដោយមន្តស្នេហ៍ទ្វេដង។ ដើម្បីឱ្យមានត្រគាកស្រស់ស្អាតដូចប៉ងប្រាថ្នានោះ អ្នកគួរតែអនុវត្តតាមចំណុចមួយចំនួនដូចខាងក្រោម៖
ម៉ាស្សា : ពេលដែលអ្នកងូតទឹកម្តងៗអ្នកគួរចំណាយពេលបន្តិចធ្វើការម៉ាស្សាត្រង់ចង្កេះ និងត្រគាកឱ្យបានជាប្រចាំ។ ប្រើដៃរបស់អ្នកម៉ាស្សាពីបរិវេណចង្កេះចុះមកត្រគាកទៅមកៗ ព្រោះការធ្វើបែបនេះអាចជួយកាត់បន្ថយសារធាតុខ្លាញ់ដែលផ្ទុកនៅម្តុំនោះចេញបានខ្លះ។
ហាត់ប្រាណ : រាល់ពេលដែលអ្នកហាត់ប្រាណ អ្នកត្រូវចំណាយពេលប្រហែល5ទៅ10នាទីដើម្បីធ្វើចលនាត្រគាក និងភ្លៅ។ គេងផ្អៀង ហើយលើកជើងចុះឡើងៗ (យ៉ាងហោចណាស់15ដងនៃជើងម្ខាង)។ វិធីនេះជួយកាត់បន្ថយខ្លាញ់ និងរឹតបន្តឹងសាច់ដុំភ្លៅ និងត្រគាកឱ្យមានភាពតឹងណែនល្អ។ លំហាត់ប្រាណបែបនេះគួរតែធ្វើឡើងរៀងរាល់ពេលព្រឹក។ ក្រៅពីជួយឱ្យអ្នកទទួលបានការសម្រកខ្លាញ់ក្នុងរាងកាយហើយនោះ ការហាត់ប្រាណឱ្យបានទៀងទាត់ក៏អាចជួយឱ្យអ្នកបញ្ចេញចោលរាល់សារធាតុពុលទាំងឡាយក្នុងរាងកាយចេញមកក្រៅបានយ៉ាងល្អទៀតផង ហើយការបញ្ចេញជាតិពុលអស់ទាំងនេះគឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាព និងសម្រស់របស់អ្នក។ បន្ទាប់ពីការហាត់ប្រាណបញ្ចេញញើសរួចនោះ អ្នកចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនផងដែរ។ បើទោះជាអ្នកមិនចូលចិត្ត ឬមិនចង់អនុវត្តវិធីហាត់ប្រាណតាមបែបខាងលើក៏មិនមានបញ្ហាដែរ ព្រោះការពិតទៅហាត់ប្រាណបែបណាក៏បានប្រយោជន៍ចំពោះសុខភាព និងអាចជួយសម្រកទម្ងន់បានដែរ សូមតែម្យ៉ាងគឺកុំខ្ចិលទៅបានហើយ។

អាហារ : ការហាត់ប្រាណជាផ្នែកមួយដែលធ្វើឱ្យភ្លៅរបស់អ្នកមានភាពស្រឡូនស្អាតជាងមុន ប៉ុន្តែសូមចងចាំចំណុចមួយទៀតគឺ ការហាត់ប្រាណអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើរបបអាហារដែលអ្នកទទួលទានចូលទៅមានភាពមិនសមស្រប។ មានប្រភេទអាហារជាច្រើនដែលអាចកាត់បន្ថយសារធាតុខ្លាញ់តាមបរិវេណចង្កេះ ភ្លៅ និងត្រគាកបាន។ ប្រភេទអាហារទាំងនោះមានដូចជា អង្ករសំរូប ត្រាវ ខ្លាញ់ត្រី និងសណ្កែកជាដើម។ ក្រៅពីទទួលទានអាហារមានប្រយោជន៍ហើយនោះ ឡារ៉ែន ក៏ចង់ឱ្យអ្នកពោលពាក្យលាចំពោះអាហារមួយចំនួនដូចជា ប្រភេទអាហារដែលមានជាតិស្ករខ្ពស់ អាហារមានរសជាតិផ្អែម ប៊័រ កាហ្វេអុីន និងអាហារខ្លាញ់ ចៀនបំពងជាដើម ព្រោះវាជាមូលហេតុធ្វើឱ្យមានខ្លាញ់ផ្ទុកនៅក្នុងរាងកាយរបស់អ្នកកាន់តែច្រើន៕