Author: ធឿន មករា

  • ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

    ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

    កាលពី​ឆ្នាំមុន​ ហ្វាំងឡង់​បាន​ក្លាយ​ជា​ប្រទេស​ដ៏​ល្បីល្បាញ​មួយ​ផ្នែក​អប់រំ​ ដែល​ពិភពលោក​ស្ងើចសរសើរ​ព្រោះ​ប្រទេស​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ1​ ផ្នែក​អប់រំ​។ នៅ​ឆ្នាំ​ 2019​ នេះ​ប្រទេស​ហ្វាំងឡង់​បាន​បង្កើត​កំណត់ត្រា​ល្អ​បំផុត​ថ្មី​មួយទៀត​របស់​ខ្លួន​ គឺ​បាន​ក្លាយជា​ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តី​សុខ​បំផុត​លើ​ពិភពលោក​។នេះ​បើ​យោង​តាម​របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (WorldHappiness​ Report​ 2019​)។

    ហ្វាំងឡង់​ ហាក់ដូចជា​ប្រទេស​អច្ឆ​រិយៈ​មួយ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អឥតខ្ចោះ​ពី​ប្រទេស​ដែល​មាន​មនុស្ស​ធ្វើ​អត្តឃាត​លំដាប់ថ្នាក់​លេខ2​ លើ​ពិភពលោក​កាលពី​ប្រមាណ​ជាង​ 20ឆ្នាំមុន​ មក​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ភាព​រីករាយ​បំផុត​។ ការ​ប្រែក្លាយ​ស្ថានភាព​បែបនេះ​ មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ តែ​វា​បាន​កើតឡើង​ហើយ​សម្រាប់​ប្រទេស​មួយ​នេះ​។

    មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នេះ​ គឺ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការអប់រំ​មនុស្ស​ ទាំង​ការអប់រំ​ចំណេះ​ជំនាញ​ និង​ការអប់រំ​ពី​វិធីសាស្ត្រ​រស់នៅ​ប្រកបដោយ​ភាព​ស្ងប់​សុខ​។ ការអប់រំ​ដោយ​មិន​ដាក់​សម្ពាធ​ ហើយ​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ៗស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ជីវិត​ និង​សិក្សា​តាម​ក្តី​ស្រឡាញ់​ត្រូវ​បាន​គេដាក់​ឱ្យ​អនុវត្ត​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅក្នុង​ប្រទេស​។ លើស​ពីនេះ​ទៅទៀត​ ស្ថាប័ន​អប់រំ​របស់​ប្រទេស​នេះ​ ក៏បាន​បង្រៀន​មនុស្ស​ឱ្យ​ចាប់​ផ្តើម​ចេះ​សហការ​ល្អ​ និង​កាត់បន្ថយ​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាប់ផ្តើម​មានស្មារតី​ចេះ​ជួយ​គ្នា​កាន់តែ​ច្រើនឡើង​ និង​មិន​ចង់​មាន​ចង់បាន​ហួសហេតុ​ រហូតដល់​កេងប្រវ័ញ្ច​គ្នា​ទៀតផង​។

    បន្ទាប់ពី​ការអប់រំ​ ប្រជាជន​នៅ​ប្រទេស​ហ្វាំងឡង់​ ចាប់ផ្តើម​ចេះ​ស្វែងរក​សេចក្តី​សុខ​ជាមួយ​ធម្មជាតិ​ ហើយ​រីករាយ​ជាមួយនឹង​អាកាសធាតុ​ត្រជាក់​ក្នុង​សហគមន៍​របស់​ពួកគេ​។ ប្រជាជន​ចេះ​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​ថែរក្សា​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​បរិស្ថាន​ជុំវិញ​ខ្លួន​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​ និង​គ្មាន​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ដើម្បី​អភិវឌ្ឍន៍​ឡើយ​ ព្រោះ​ពួកគេ​យល់ថា​ ការ​អភិវឌ្ឍ​ គឺ​ដើម្បី​សេចក្តី​សុខ​ ហេតុនេះ​ប្រសិនបើ​គេ​ស្រឡាញ់​ធម្មជាតិ​ ការ​ថែរក្សា​ទ្រង់ទ្រាយ​ដើម​នៃ​ធម្មជាតិ​ គឺជា​សេចក្តី​សុខ​ដែល​គ្មានអ្វី​មក​ជំនួស​បាន​ឡើយ​។

    ក្រៅពី​នេះ​ អ្វី​ដែល​ប្រទេស​ដ៏​អស្ចារ្យ​នេះ​អាច​ធ្វើ​បាន​ គឺ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​សាធារណៈ​ ដោយ​ការកាត់បន្ថយ​អំពើពុករលួយ​ជា​អតិបរមា​ ហើយ​ផ្តល់​ជូន​នូវ​សេវា​សាធារណៈ​ល្អឥតខ្ចោះ​ដែល​សូម្បីតែ​សេវា​ឯកជន​នៃ​ប្រទេស​មួយចំនួន​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ផង​។ ចាប់ផ្តើម​ពី​ភាព​ប្រសើរ​ឡើង​នៃ​សេវា​សាធារណៈ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​លើ​រដ្ឋបាល​តំបន់​របស់​គេ​ ហើយ​រីករាយ​សហការ​ដើម្បី​ផ្តល់​ពន្ធ​ បើ​ទោះបីជា​ពន្ធ​លើ​ផ្នែក​ខ្លះ​មានតម្លៃ​ថ្លៃ​ក៏ដោយ​ ជាពិសេស​ពន្ធ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​។

    បន្តិច​ម្តង​ៗ ប្រជាជន​នៃ​ប្រទេស​ហ្វាំងឡង់​ចាប់ផ្តើម​ទម្លាប់​រស់នៅ​ដោយ​ភាព​ស្កប់ស្កល់​ និង​ឈានជំហាន​ជាបន្តបន្ទាប់​ទៅ​ជួយ​អ្នកដទៃ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ ប្រជាជន​មិនសូវ​ខ្វល់​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ តែ​គេ​មានទម្លាប់​ជួយគ្នា​ និង​ថែរក្សា​សម្បត្តិ​សាធារណៈ​បាន​ល្អ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (World​ Happiness​ Report​2019​) បាន​វាយតម្លៃ​ប្រទេស​នី​មួយ​ៗលើ​ពិភពលោក​ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ ប្រាក់ចំណូល​របស់​ប្រជាជន​ សេរីភាព​ ការ​ជឿ​ទុកចិត្ត​ សុខភាព​ និង​អាយុ​សង្ឃឹម​រស់​ (life​ expectancy​) ការ​គាំទ្រ​ពីសង្គម​ និង​សមភាព​យេនឌ័រ​ក្នុង​សង្គម​។

    នៅក្នុង​តារាង​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​លើ​ពិភពលោក​នៅ​ឆ្នាំនេះ​ គឺ​ប្រទេស​ហ្វាំងឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1​។ ប្រទេស​ដាណឺម៉ាក​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2​ ន័​រវេ​យ៍​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3​ អៀ​កឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ4​ ប្រទេស​ហូ​ឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ5​ ប្រទេស​ស្វ៊ី​សស្ថិ​តនៅ​លំដាប់ថ្នាក់​លេខ6​ និង​ប្រទេស​ស៊ុយអែត​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ7​៕

  • វិធី​ធ្វើឱ្យ​ទារក​ទើបនឹង​កើត​ ឆាប់​ចំណាំ​មុខ​ឪពុកម្តាយ

    វិធី​ធ្វើឱ្យ​ទារក​ទើបនឹង​កើត​ ឆាប់​ចំណាំ​មុខ​ឪពុកម្តាយ

    តើ​ប្រិយមិត្ត​អ្នកអាន​ និង​ប្អូន​ៗដែល​ជា​អ្នកម្ដាយ​ថ្មោងថ្មី​ធ្លាប់​នឹក​ឆ្ងល់​ដែរ​ទេ​ថា​ តើ​ទារក​ដែល​ទើបនឹង​កើត​អាច​សម្លឹង​មើល​បាន​ឆ្ងាយ​ប៉ុនណា​? និង​តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ជាពិសេស​ដែរ​ឬទេ​? លេខ​នេះ​អ្នកគ្រូ​ ឆវី​ មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​ដែល​នឹង​បកស្រាយ​បញ្ជាក់​ប្រាប់​យើង​អំពី​ចម្ងល់​ទាំងអស់​ខាងលើ​នេះ​បាន​ដូចតទៅ​ ៖

    បន្ទាប់ពី​ទារក​បាន​ប្រសូត​ចេញ​មក​ហើយ​ ជាប្រក្រតី​ទារក​អាច​សម្លឹងឃើញ​វត្ថុ​ផ្សេង​ៗបាន​ក្នុង​ចម្ងាយ​ 1ហ៊្វុ​ត(ប្រមាណ​ជា​កន្លះ​ម៉ែត្រ​) និង​អាច​សម្លឹង​មើល​មួយ​កន្លែង​បាន​យូរ​ប្រមាណ​ជា​ 4–10វិនាទី​ ហើយ​ការ​វិវឌ្ឍ​ទៅមុខ​នៃ​ការ​មើលឃើញ​របស់​ទារក​នោះ​អាច​រៀបរៀង​ជា​ដំណាក់កាល​បាន​ដូចតទៅ​ ៖ទារក​ទើបនឹង​កើត​អាច​ចំណាំ​មុខ​ឪពុក​ម្តាយ​បាន​ក្រោយពេល​កើត​ 4ថ្ងៃ​។លុះ​អាយុ​បាន1ខែ​ ទារក​អាច​មើលឃើញ​របស់​របរ​ផ្សេង​ៗបាន​ក្នុង​ចម្ងាយ​ 15អុីញ​(ប្រមាណ​ជិត​ 4តឹក​) ហើយ​ដៃ​ចាប់ផ្តើម​ឈោង​ទៅ​ប៉ះ​វត្ថុ​ដែល​ខ្លួន​មើលឃើញ​នោះ​។ពេល​ទារក​អាយុ​បាន3ខែ​ ចាប់ផ្តើម​ចេះ​បែងចែក​រយៈ​ចម្ងាយ​ ឆ្ងាយ​-ជិត​បាន​ ហើយ​ពេល​អាយុ4ខែ​ ទារក​អាច​សម្រួលការ​មើលឃើញ​របស់​ខ្លួន​បាន​យ៉ាង​ពេញលេញ​។

    សំនួរ​ដែល​ជួបប្រទះ​ញឹកញាប់​ : តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ខ្លាំង​បំផុត​?
    មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​របស់​ Dr​. Robert​ Fantz​ អ្នកស្រាវជ្រាវ​ផ្នែកការ​ប្រព្រឹត្ត​របស់​ទារក​ដែល​បាន​សិក្សា​អំពី​រឿង​ថា​ តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ និង​បាន​ធ្វើការ​សាកល្បង​រហូត​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូចតទៅ​ ៖
    1. ទារក​ ចូលចិត្ត​សម្លឹង​ផ្ទៃមុខ​របស់​ឪពុក​ម្តាយ​ដែល​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ ភាព​ទន់ភ្លន់​ ព្រោះ​ពេល​ដែល​ទារក​សម្លឹង​មើល​នោះ​ ទារក​នឹង​សម្លឹង​ត្រង់​ចំ​កែវភ្នែក​របស់​ឪពុក​ និង​ម្តាយ​ ព្រោះ​ស្នាមញញឹម​ និង​ខ្សែភ្នែក​ដ៏​ស្រទន់​របស់​ឪពុក​ម្តាយ​បាន​បង្កើត​នូវ​ភាព​កក់ក្តៅ​ដល់​ទារក​។
    2. ទារក​ចូលចិត្ត​សម្លឹង​មើល​វត្ថុ​ដែល​មាន​ចលនា​ច្រើនជាង​វត្ថុ​ដែល​នៅ​ស្ងៀម​មួយ​កន្លែង​។
    3. ទារក​ចូលចិត្ត​សម្លឹង​មើល​វត្ថុ​ដែល​មាន​ពណ៌​ផ្ទុយគ្នា​យ៉ាង​ច្បាស់​ៗ ដូចជា​ ពណ៌ស​ផ្ទុយគ្នា​នឹង​ពណ៌ខ្មៅ​ ជាដើម​។

    តើ​យើង​អាច​ជួយ​ជំរុញ​ការ​វិវឌ្ឍ​ប្រព័ន្ធ​ការ​មើលឃើញ​របស់​កូនតូច​បាន​តាមរបៀប​ណា​?
    តិច​និ​កងាយ​ៗដែល​ឪពុក​ម្តាយ​អាច​ជួយ​ជំរុញ​ការ​វិវឌ្ឍ​ការ​មើលឃើញ​របស់​កូន​បាន​ មាន​ដូច​ខាងក្រោម​ ៖
    1. ព្យាយាម​មើល​មុខ​កូន​ឱ្យ​បាន​ញឹកញាប់​ ព្រោះ​កែវភ្នែក​របស់​មនុស្ស​មាន​រាង​មូល​ និង​មាន​ភាព​ផ្ទុយគ្នា​យ៉ាង​ច្បាស់​រវាង​ភ្នែក​ពណ៌ស​ និង​ប្រស្រីភ្នែក​ពណ៌ខ្មៅ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ កែវភ្នែក​អាច​រំកិល​ទៅ​ឆ្វេង​ ស្តាំ​ លើ​ក្រោម​បាន​ទៀតផង​។
    2. ផ្លាស់ប្ដូរ​ឥរិយាបថ​ដំណេក​របស់​កូន​ ដើម្បី​ឱ្យ​ទារក​បាន​មើលឃើញ​សភាព​ជុំវិញ​ខ្លួន​ដែល​មានការ​ប្រែប្រួល​។
    3. រក​រូបថត​មុខ​ឪពុក​ម្តាយ​មក​ដា​ក់​ក្បែរ​ៗកន្លែង​គេង​របស់​កូន​ ដើម្បី​ឱ្យ​កូន​បាន​មើលឃើញ​និង​ចំណាំ​មុខ​បាន​កាន់តែ​ឆាប់ឡើង​។
    4. ព្យួរ​របស់​ផ្សេង​ៗដូចជា​ រូប​បក្សី​ក្រដាស​ជាដើម​ នៅក្នុង​ទីតាំង​ដែល​ទារក​អាច​មើលឃើញ​និង​លូកដៃ​ចាប់​ប៉ះ​បាន​។
    5. ព្យាយាម​លេង​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ដូចជា​ឱ្យ​កូន​មើលរូប​ខ្លួនឯង​នៅក្នុង​កញ្ចក់​ ព្រមទាំង​និយាយលេង​ជាមួយ​កូន​ផង​។ហ្វឹកហាត់​ការ​មើលឃើញ​ដល់​កូន​តាំងពី​កំណើត​បែបនេះ​ ដល់ពេល​ធំឡើង​កូន​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​ខ្សែភ្នែក​មុត​ស្រួច​មិនខាន​។ ដោយ​បំណង​ និង​ក្តី​ប្រាថ្នា​ដ៏​ល្អ​ ពី​អ្នកគ្រូ​ ឆវី​ និង​ទស្សនាវដ្តី​ ឡា​រ៉ែ​ន៕

  • អ្នកជំនាញ​កសិកម្ម​ចង់ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​តាម​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខភាព​ខ្លួនឯង​

    អ្នកជំនាញ​កសិកម្ម​ចង់ឱ្យ​ពលរដ្ឋ​ដាំ​បន្លែ​តាម​ផ្ទះ​ដើម្បី​លើកកម្ពស់​សុខភាព​ខ្លួនឯង​

    ដោយ​ជាប់​បំពេញការងារ​នៅ​តាម​ការិយាល័យ​ ការងារ​ជួញដូរ​ ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​ប្រកបរបរ​ចិញ្ចឹម​ជីវិ​តផ្សេង​ៗ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឃ្លាត​ចេញពី​ការងារ​កសិកម្ម​កាន់តែ​ច្រើន​ឡើង​ៗពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដោយ​មិនដឹង​ខ្លួន​ នេះ​បើ​តាម​ការ​លើកឡើង​របស់​ស្ថាបនិក​អង្គការ​សេដា​ក។

    លោក​ យ៉ង​ សាំង​កុមារ​ ទីប្រឹក្សា​កសិកម្ម​ និង​ជា​ស្ថាបនិក​អង្គការ​សេដា​កមានប្រសាសន៍​ថា​ និន្នាការ​នៃ​ការ​ចាកចេញ​ពី​ការងារ​កសិកម្ម​កាន់តែ​ច្រើន​នេះ​ មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​ តែ​ជា​និន្នាការ​សកល​នៅ​ទូទាំង​ពិភពលោក​តែម្តង​ ដោយហេតុថា​ការងារ​កសិកម្ម​ កសិករ​មិនសូវ​រក​ប្រាក់កម្រៃ​បាន​ច្រើន​ ខណៈ​ដែល​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ មនុស្ស​ចេះតែ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​ ទៅតាម​ការិយាល័យ​ ការងារ​សំណង់​ ក៍​ដូចជា​ការ​ប្រកបរបរ​ជួញ​ដូរ​ផ្សេង​ៗទៀត​។

    ទោះជា​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​ក៏ដោយ​ ប៉ុន្តែ​ពលរដ្ឋ​គួរ​ចំណាយពេល​រៀបចំ​សួន​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​ ឱ្យ​បាន​គ្រប់​គ្នា​ៗ បើសិនជា​មាន​ដី​សេសសល់​ឬអាច​រៀបចំ​សួន​ដាំ​លើដំបូល​ផ្ទះ​ក៏បាន​។ ការ​ដាំ​បន្លែ​នៅ​តាម​ផ្ទះ​ វា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​គ្រួសារ​នី​មួយ​ៗ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​។ អត្ថ​ប្រយោជន៍​នៅ​ត្រង់ថា​ នៅពេល​គាត់​ឆ្លៀតពេល​មួយ​ម៉ោង​ ក្រោយ​ពេល​ចេញពី​ធ្វើការ​ឬមុន​ពេល​ទៅ​ធ្វើការ​ មក​រៀបចំ​សួន​នៅ​តាម​ផ្ទះ​សម្រាប់​ដាំ​បន្លែ​ គឺ​យើង​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ បញ្ចេញ​ញើស​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ ប្រៀប​ដូច​ការ​ធ្វើលំ​ហាត់ប្រាណ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ផង​ដែរ​ ហើយ​ចំណាយពេល​មួយថ្ងៃ​កន្លះម៉ោង​ ឬមួយ​ម៉ោង​សម្រាប់​ធ្វើការ​ថែទាំ​ដាក់ជី​ស្រោចទឹក​រៀងរាល់ថ្ងៃ​ ភ្លេច​ៗខ្លួន​យើង​ទទួល​បាន​បន្លែ​ហូប​នៅផ្ទះ​ខ្លួនឯង​ មិនបាច់​ចំណាយ​លុយ​ទិញ​នៅ​ផ្សារ​ អស់​លុយ​ហើយ​ចង់​មិន​ចង់​ ទិញ​ចំ​បន្លែ​មិន​មាន​សុវត្ថិភាព​ ឬទិញ​មិនបាន​បន្លែ​សរីរាង្គ​មក​ទទួលទាន​ អស់​លុយ​ហើយ​បន្លែ​មិន​ឆ្ងាញ់​ ឬប៉ះ​ចំ​បន្លែ​គីមី​ប៉ះពាល់​សុខភាព​ទៀតផង​។

    ប្រាកដ​ណាស់​ បើសិនជា​ទិញ​បន្លែ​តាម​ផ្សារ​ខាង​ក្រៅ​នានា​ ក្នុង​ក្រុងភ្នំពេញ​ ភាគច្រើន​ជា​បន្លែ​មាន​សារធាតុគីមី​ បន្លែ​មិន​មាន​សុវត្ថិភាព​ នាំចូល​មក​ពីទី​ផ្សារ​ក្រៅប្រទេស​ ជាពិសេស​នាំចូល​ពី​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ជាដើម​ ឬជា​បន្លែ​ផលិត​ក្នុង​ស្រុក​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​។ បន្លែ​សុវត្ថិភាព​ឬបន្លែ​សរីរាង្គ​ ត្រូវ​គេ​រក​ទិញ​បាន​នៅ​តាមតែ​ផ្សារ​បន្លែ​សរីរាង្គ​ ឬផ្សារ​ទំនើប​មួយចំនួន​ប៉ុណ្ណោះ​នៅក្នុង​ក្រុងភ្នំពេញ​។ លោក​ថា​ដើម្បី​ចៀសវាង​ការ​ចំណាយ​ប្រាក់​ទិញ​បន្លែ​នៅ​ខាងក្រៅ​ ប្រជាពលរដ្ឋ​គួរ​លៃលក​ដី​នៅសល់​ក្បែរ​ផ្ទះ​ រៀបចំ​សួន​បន្លែ​ ហើយ​រក​ល្បាយ​ដី​ពីជ​នប​ទមក​ដាំ​នៅ​លើដំបូល​ផ្ទះ​ដោយខ្លួនឯង​ក៏បាន​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​គ្រួសារ​ ទទួល​បានផល​ចំណេញ​ច្រើន​នឹកស្មាន​មិនដល់​។ អត្ថ​ប្រយោជន៍​គ្រួសារ​ដូចជា​ មិន​ចំណាយ​ប្រាក់​ទិញ​ បន្លែ​នៅ​ផ្សារ​ ហើយ​ទទួល​បាន​បន្លែ​ឆ្ងាញ់​បន្លែ​ធម្មជាតិ​ពិ​តៗ​ ជួយ​ឱ្យ​សុខភាព​យើង​ល្អ​ប្រសើរ​ឡើង​ទៀតផង​។

    ដោយ​មើលឃើញ​តម្រូវការ​បន្លែ​ធម្មជាតិ​ ទទួលទាន​សម្រាប់​សុខភាព​ល្អ​ ស្ថាបនិក​អង្គការ​សេដា​កខាងលើ​ បាន​រៀបចំ​ដី​កសិកម្ម​ចំនួន45ហិ​កតា​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ដើម្បី​ពុះ​ឡូត៍​លក់​ទៅ​ឱ្យ​អតិថិជន​ នៅក្នុង​ក្រុងភ្នំពេញ​។ ពុះ​ឡូត៍​នោះ​មិនមែន​សម្រាប់​សាងសង់​ផ្ទះ​រស់នៅ​ដូច​ដី​ឡូត៍​ នៅ​ជាយក្រុង​នោះ​ទេ​ ការ​ពុះ​ឡូត៍​នោះ​មាន​ទំហំ​ 20×40ម៉ែត្រ​ បង់​រំលស់​មួយ​ខែ120ទៅដល់150ដុល្លារ​ សម្រាប់​រៀបចំ​សួន​ដាំ​បន្លែ​ ដោយមាន​អ្នកថែទាំ​នៅ​ទីនោះ​ស្រាប់​។គ្រាន់តែ​ទិញ​ដី​ពុះ​ឡូត៍​នោះ​ អតិថិជន​ចំណាយ​ប្រាក់​បង់​ប្រចាំខែ​ប្រហែល​មួយឆ្នាំ​ប៉ុណ្ណោះ​ នឹង​បានផល​ជា​បន្លែ​ត្រឡប់មកវិញ​ ពោល​គឺ​បន្ទាប់ពី​មួយឆ្នាំ​ក្រោយ​មក​ បន្លែ​នឹង​ចាប់ផ្តើម​ឱ្យ​ផល​ អាច​បេះ​យក​មក​ទទួលទាន​គ្រួសារ​ផ្ទាល់ខ្លួន​ផង​ ប្រមូល​ផល​យក​មក​លក់​បន្ត​ឱ្យ​អ្នកជិតខាង​យើង​បាន​ផង​។

    ក្នុង​បរិមាណ​ដី​ទំហំ20ម៉ែត្រ​គុណ​នឹង40ម៉ែត្រ​នោះ​ អតិថិជន​អាច​ជ្រើសរើស​បន្លែ​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ដាំ​ តិច​បំផុត​ឱ្យ​បាន​ចាប់ពី10មុខ​ឡើង​ទៅ​ ដោយ​នៅ​តាម​រង​សងខាង​ភាគច្រើន​គេ​ដាំ​ស្តៅ​ និង​ម្រុំ​ ល្ហុង​ ចេក​ ស្រកានាគ​ ត្រសក់​ សណ្តែក​កួរ​ ដើម​ពោត​បារាំង​ឬហៅ​ថា​ដើម​អូ​ក្រា​ ស្លឹកគ្រៃ​ រំដេង​ រមៀត​ ខ្ញី​ ខ្ទឹម​ជាដើម​។ល។ ក្រោយពី​ដំណាំ​ទាំងនេះ​ទទួល​បានផល​ហើយ​ លោក​បាន​រៀបចំ​រថយន្ត​ដឹក​យក​មក​ដាក់​ ទុក​នៅ​ផ្សារ​សេដា​ក ក្នុង​ខណ្ឌទួលគោក​ក្រុងភ្នំពេញ​ជា​រៀងរាល់​សប្តាហ៍​ ដើម្បី​ឱ្យ​ម្ចាស់​សួន​បន្លែ​នី​មួយ​ៗទៅ​យក​មក​ទទួលទាន​ ឬសម្រាប់​លក់​បន្ត​ទៅ​ឱ្យ​អ្នកជិតខាង​ ឬលក់​នៅ​តាម​ផ្សារ​បន្លែ​សរីរាង្គ​ផ្សេង​ៗក៏បាន​។

    ហើយ​លើស​ពីនេះ​ លោក​តែង​រៀបចំ​ដំណើរ​កម្សាន្ត​កសិ​ទេសចរណ៍​ ជាមួយ​សមាជិក​សហគមន៍​ជា​រៀងរាល់​ខែ​ ដោយ​ជួល​រថយន្តក្រុង​ ដឹក​សមាជិក​ទាំងអស់​ទៅលេង​ចម្ការ​ បេះ​បន្លែ​ផ្លែឈើ​ ស្ទូចត្រី​ធ្វើម្ហូប​អាហារ​ទទួលទាន​លក្ខណៈ​ជា​ក្រុម​ ជា​រៀងរាល់​ខែ​ទៀតផង​។ ព្រោះថា​បរិមាណ​ដី​ទំ​ហុំ45​ហិ​កតា​នេះ​ លោក​កាត់​យក​ពាក់កណ្តាល​ប៉ុណ្ណោះ​សម្រាប់​ពុះ​ឡូត៍​ លក់​ជូន​អតិថិជន​សម្រាប់​ធ្វើ​ដំណាំ​កសិកម្ម​នេះ​ នៅសល់​ពាក់កណ្តាល​ លោក​ទុក​សម្រាប់​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ មាន​ទាំង​ត្រី​ធម្មជាតិ​ មាន​ទាំង​ត្រី​ផ្តល់​ចំណី​ធម្មជាតិ​ថែមទៀត​ ដែល​សមាជិក​អាច​ទៅ​ស្ទូច​យក​មក​ធ្វើម្ហូប​បាន​ ដោយ​មិន​គិតលុយ​ ហើយ​សម្រាប់​អ្នក​មិនមែន​ជាស​មា​ជិ​កក៏​ទៅ​ស្ទូច​បាន​ដែរ​ តែ​ត្រូវ​បង់លុយ​ខ្លះ​ឱ្យ​ថ្លៃ​ពលកម្ម​អ្នក​ថែទាំ​ទីនោះ​។ នៅសល់​ពី​ការ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​ លោក​ទុក​ដី​ដាំ​ព្រៃឈើ​បន្ថែម​ពី​ព្រៃ​ធម្មជាតិ​ ធ្វើ​ផ្លូវកាត់​ព្រៃ​នី​មួយ​ៗឱ្យ​ស្អាត​ សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ ដោយ​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ​ ផ្លូវ​ខ្លះ​ដាំ​ដើម​ក្ងោក​សុទ្ធ​ ផ្លូវ​ខ្លះ​ដាំ​ដើម​អង្គា​បុស្ស​សុទ្ឋ​ ដើម​រំដួល​ដើម​លឿង​រាជ​ ដើមក​កោះ​ បេង​ ក្រញូង​ និង​ដើម​ឈើ​រផ្សេង​ៗទៀត​។

    គួរ​បញ្ជាក់​ថា​ សម្រាប់​គម្រោង​នេះ​បាន​ចាប់ផ្តើម​ប្រមាណ​ជា2ទៅ3ខែ​ប៉ុណ្ណោះ​ មាន​អតិថិជន​គ្រាំ​ទ្រ​ទិញ​អស់​ប្រមាណ​ជា​ 100ឡូត៍​រួច​ទៅ​ហើយ​ ហើយ​នៅសល់​ប្រមាណ​ជា50ឡូត៍​ទៀត​ប៉ុណ្ណោះ​។ ដើម្បី​ឱ្យ​គ្រួសារ​មាន​សុខភាព​ល្អ​ ពលរដ្ឋ​គួរ​ទិញ​សួន​បន្លែ​នេះ​ ទុក​ដាំដំណាំ​ ព្រោះថា​យើង​ចំណាយ​ប្រាក់​តែមួយ​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ​ ចាប់ពី​ឆ្នាំទី2យើង​ អាច​បាន​បន្លែ​ទទួលទាន​ខ្លួនឯង​ ហើយ​លក់​បាន​ប្រាក់កម្រៃ​ សម្រាប់​បង់ថ្លៃ​ដី​ប្រចាំខែ​វិញ​ហើយ​៕

  • វិនិយោគិន​បរទេស​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ សំណង់​ និង​ទីផ្សារ​ស្ថាបត្យកម្ម​

    វិនិយោគិន​បរទេស​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ សំណង់​ និង​ទីផ្សារ​ស្ថាបត្យកម្ម​

    ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​អភិវឌ្ឍ​យ៉ាង​លោត​ផ្លោះ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិនិយោគិន​ដែល​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​កំពុង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ រួម​ទាំង​រួមចំណែក​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​ចលករ​ជួយ​ជំរុញ​ការ​វិនិយោគ​លើ​គម្រោង​នានា​ឱ្យ​នៅតែ​បន្ត​ធ្វើ​ឱ្យ​ការពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​លើ​វិស័យ​នេះ​ (Investment​ Fund​) កាន់តែ​មាន​ភាពរឹងមាំ​ខ្លាំង​ឡើង​។

    ជាមួយគ្នា​នេះ​ដែរ​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2019​ នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​សិក្សា​ និង​រក​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ ដែល​ក្នុង​នោះ​មាន​ ដូចជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ជាដើម​ ដែល​គេ​រំពឹង​ថា​ នឹង​មាន​វត្តមាន​ក្រុមហ៊ុន​បរ​ទេស​ថ្មី​ៗចូល​មក​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​កាន់តែ​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​មានការ​អភិវឌ្ឍ​កាន់​ខ្លាំងក្លា​។

    របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2018​ មាន​ចំនួន​ 2,420គម្រោង​ មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ 4,682,565ម៉ែត្រការ៉េ​ មាន​ទុន​វិនិយោគ​ 1,835,416,912ដុល្លារ​ ស្មើនឹង18,471ខ្នង​ផ្ទះ​ ចំណែក​គម្រោង​អគារ​ខ្ពស់​ៗចាប់ពី5ជាន់ឡើង​ទៅ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018​ មាន​ចំនួន​ 110​អគារ​ និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018​ ចំនួន​ 28ទីតាំង​។

    ឯកឧត្តម​ ឡៅ​ ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ ឱ្យ​ដឹង​ថា​ ការ​ផ្តល់​ទស្សនទាន​ថ្មី​លើ​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​អគារ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យ​មាន​សំណង់​អគារ​ទំនើប​ខ្ពស់​ៗនៅ​លើ​ទីតាំង​នានា​ដែល​សមស្រប​ ដូចជា​នៅ​ភ្នំពេញ​អគារ​ខ្ពស់​ៗដែល​មាន​កម្ពស់​ចាប់ពី​ 5ជាន់ឡើង​ទៅ​មាន​ចំនួន​ 1,241អគារ​ ការ​បើកទូលាយ​នៃ​ផ្ទៃដី​រាជធានី​ភ្នំពេញ​ជាង​ 678គីឡូម៉ែត្រ​ការ៉េ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​ និង​បុរី​លំនៅឋាន​ ឬបណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ចំនួន​ 257ទីតាំង​ ដើម្បី​បន្ថែម​កន្លែង​រស់នៅ​ កន្លែង​ធ្វើការងារ​ និង​ការ​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ ទីក្រុង​ និង​ជនបទ​ឱ្យ​ក្លាយជា​ទីក្រុង​ទំនើប​។

    ឯកឧត្តម​លើកឡើង​ថា​ ការ​តាំង​បង្ហាញ​ផលិតផល​សេវាកម្ម​ និង​បច្ចេក​វិទ្យា​ថ្មី​ៗពាក់ព័ន្ធ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ទីផ្សារ​ថ្មី​នៃ​សំណង់​ ហើយក៏​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

    កត្តា​នេះ​បាន​ផ្តល់​កាលានុវត្ត​ភាព​ និង​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ថែមទៀត​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ និង​ជា​សញ្ញា​មួយ​នៃ​ការ​ទាក់ទាញ​ កៀរគរ​អ្នកវិនិយោគទុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មក​ធ្វើការ​បណ្តាក់​ទុន​លើ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​។

    ឯកឧត្តម​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា​ នៅក្នុង​ឆ្នាំនេះ​ យើង​សង្កេតឃើញ​មាន​គម្រោង​វិនិយោគ​ថ្មី​ៗពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​។ ឯកឧត្តម​បាន​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ2019នេះ​ អាច​មាន​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​មួយចំនួន​ ក៏ដូចជា​គម្រោង​អគារ​ផ្សារ​ទំនើប​ផង​ដែរ​នឹង​បញ្ចប់​គម្រោង​របស់​ខ្លួន​ ដែល​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​វិស័យ​នេះ​មាន​ការ​កើនឡើង​ជាលំដាប់​។

    ជាមួយគ្នា​នេះ​ដែរ​ ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ទាក់ទាញ​ឱ្យ​មាន​ក្រុមហ៊ុន​ផ្នែក​ស្ថាបត្យកម្ម​ និង​រចនា​ទាំង​ក្នុង​ស្រុក​ និង​បរទេស​លេចឡើង​យ៉ាងច្រើន​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ​។

    លោក​ ស៊ិន​ សុ​ជាតិ​ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចំនួន​ក្រុមហ៊ុន​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាងច្រើន​នា​ពេល​បច្ចុប្បន្ន​ ដែល​កំណើន​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​។ លោក​លើកឡើង​ថា​ គ្រប់​ការងារ​ទាំងអស់​សូម្បីតែ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ក៏​មាន​ទំនាក់ទំនង​ជាមួយនឹង​ការងារ​ស្ថាបត្យកម្ម​ដែរ​។ លោក​ថ្លែង​ថា​៖“វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​កំពុង​មានដំណើរ​ការ​ល្អជា​លំដាប់​ តែ​ការ​រីកចម្រើន​នេះ​ក៏​ត្រូវការ​រួមចំណែក​ពី​បច្ចេកវិទ្យា​ផង​ដែរ​”។

    លោក​ ថង​ លិន​ថោង​ ប្រធាន​ក្រុមហ៊ុន​សិក្សា​ប្លង់​ស្ថាបត្យកម្ម​ និង​សាងសង់​ A-SmileArt​ Architecture​​ &​ Construction​ បាន​លើកឡើង​ថា​ ទីផ្សារ​ស្ថាបត្យកម្ម​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប្រហែល​ 10ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រជាជន​កម្ពុជា​យល់​កាន់តែ​ច្រើន​ពីសា​រៈ​ប្រយោជន៍​ប្លង់​ដែល​រចនា​ឡើង​ដោយ​អ្នកជំនាញ​។

    លោក​បន្ត​ថា​ ការងារ​ស្ថាបត្យកម្ម​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​លើកកម្ពស់​មុខមាត់​សំណង់​របស់​ប្រទេស​ ហើយ​ការរចនា​ដែល​ត្រឹមត្រូវ​ល្អ​ក៏​នឹង​ជួយ​ធ្វើ​ឱ្យ​កាត់បន្ថយ​ថវិកា​សម្រាប់​ចំណាយ​លើ​ការសាងសង់​ផង​ដែរ​។

    លោក​ថ្លែង​ថា​៖ “ពីមុន​មក​ការងារ​ស្ថាបត្យកម្ម​មិន​សូវ​មាន​គេ​ឱ្យ​តម្លៃ​ប៉ុន្មាន​ទេ​ រហូតដល់​មាន​អ្នកខ្លះ​គិតថា​ ជា​ការងារ​របស់​វិស្វករ​ទៀតផង​ តែ​នៅពេល​នេះ​មាន​ម្ចាស់​សំណង់​ជាច្រើន​បាន​មករ​កស្ថាបត្យករ​ឱ្យ​ជួយ​ ទោះជា​ត្រូវ​ចំណាយ​លុយ​ច្រើន​ក៏ដោយ​។ ទីផ្សារ​ការងារ​ស្ថាបត្យកម្ម​កំពុង​មានដំណើរ​ការ​ល្អ​”។

    ទោះ​យ៉ាងណា​ លោក​ លិន​ថោង​ ក៏បាន​លើក​ឡើង​ដែរ​ថា​ ភាព​រីកចម្រើន​នា​ពេលនេះ​ ក៏បាន​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចូល​មករ​កស៊ី​នៅ​កម្ពុជា​ផង​ដែរ​ ដែល​ការណ៍​នេះ​ទាមទារ​ឱ្យ​ស្ថាបត្យករ​ក្នុង​ស្រុក​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​៕

  • តិច​និក​ ក្នុងការ​ស្ងោរ​ម្ហូបអាហារ​ សម្រាប់​បងៗស្ត្រី​មេផ្ទះ

    តិច​និក​ ក្នុងការ​ស្ងោរ​ម្ហូបអាហារ​ សម្រាប់​បងៗស្ត្រី​មេផ្ទះ

    ឡា​រ៉ែ​ន ជឿ​ថា​ បងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់​ចម្អិនម្ហូប​អាហារ​បែប​ស្ងោរ​មក​ជាច្រើន​ដង​ហើយ​ ដែល​ជួនកាល​ក៏​ឆ្ងាញ់​ និង​ជួនកាល​ទៀត​ក៏ដូចជា​មិនសូវ​ត្រូវ​មាត់​សមាជិក​ក្នុង​ផ្ទះ​ ជាពិសេស​លោក​ប្ដី​ប៉ុន្មាន​ឡើយ​ ដូច្នេះ​ខាងក្រោម​នេះ​ គឺជា​តិចនិក​ល្អ​ៗក្នុង​ធ្វើម្ហូប​ ឬចម្អិន​អាហារ​បែប​ស្ងោរ​ដែល​ ឡា​រ៉ែ​ន យក​មក​ជម្រាប​ជូន​ដូចតទៅ​ ៖

    តិចនិក​ស្ងោរ​បន្លែ​ផ្សេង​ៗឱ្យ​ឆ្ងាញ់​ពិសា​1. ព្យាយាម​ប្រើ​ទឹក​ឱ្យ​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ស្ងោរ​បន្លែ​។
    2. មុននឹង​យក​បន្លែ​មក​ដាក់​ស្ងោរ​ គួរ​រង់ចាំ​ឱ្យ​ទឹកពុះ​ជាមុន​សិន​ សឹម​ដាក់​បន្លែ​ចូល​ទៅ​ មិន​គួរ​ដាក់​ត្រាំ​ស្ងោរ​នៅក្នុង​ឆ្នាំង​តាំងពី​ដំបូង​ទី​ឡើយ​។
    3.បន្លែ​ពណ៌បៃតង​គួរ​ធ្វើ​ឱ្យ​ឆ្អិន​ដោយ​វិធី​ស្រុស​ ឬដាក់​ចូល​ទៅ​ក្នុងទឹក​ពុះ​ ហើយ​ពេល​ទឹក​ពុះ​ម្តង​ទៀត​ចូរ​លើក​ចុះ​ភ្លាម​តែម្ដង​។
    4. បន្លែ​មើម​ ដូចជា​ មើម​ស្ពៃ​ មើម​ឆៃថាវ​ មើម​ការ៉ុត​ គួរ​ស្ងោរ​នៅក្នុង​ទឹក​ពុះ​តិច​ៗ និង​គួរ​ស្ងោរ​ទាំងមូល​ វា​នឹង​ជួយ​រក្សា​គុណប្រយោជន៍​ខាង​អាហារ​បាន​ច្រើនជាង​ការ​ហាន់​ជា​ដុំ​ៗរួច​ដាក់​ស្ងោរ​។
    5. រាល់ពេល​ស្ងោរ​បន្លែ​ គួរ​បិទ​គម្របឆ្នាំង​ ដើម្បី​ឱ្យ​ទឹក​ឆាប់​ពុះ​ និង​បន្លែ​កាន់តែ​ឆាប់​ឆ្អិន​ព្រោះ​បន្លែ​កាន់តែ​នៅក្នុង​ទឹក​ក្តៅ​យូរ​ គុណប្រយោជន៍​ខាង​អាហារ​កាន់តែ​ថយ​ចុះ​។ធ្វើតាម​តិចនិក​ដ៏​ងាយ​ៗខាងលើ​នេះ​ ក្រៅ​ពី​បងៗ​ទទួល​បាន​បន្លែ​ស្ងោរ​ដែល​ឆ្ងាញ់​ជាង​អ្នកដទៃ​ហើយ​ នៅ​បាន​ទទួលគុណ​ប្រយោជន៍​ខាង​អាហារ​យ៉ាង​ពេញ​បរិបូរណ៍​ទៀតផង​។

    វិធី​ស្ងោរត្រី​មិន​ឱ្យ​ធំុ​ក្លិនឆ្អាប​វិ​ធី​ងាយ​ៗក្នុង​ការ​ស្ងោរត្រី​មិន​ឱ្យ​មាន​ក្លិនឆ្អាប​ក្នុងទឹក​ស្ងោរ​នោះ​គឺ​ ចូរ​ដាក់​ស្លឹក​តែ​ចិន​ចូល​ទៅ​ក្នុង​ឆ្នាំង​ស្ងោរ​ប្រមាណ6​-7សន្លឹក​ ហើយ​បើ​បាន​ដំ​មើម​ខ្ទឹមក្រហម​ 2-3 មើម​ឱ្យ​បែក​ រួច​ដាក់​ចូល​ទៅ​ផង​នោះ​ នឹង​រឹតតែ​បង្កើន​រសជាតិ​សម្ល​ស្ងោរត្រី​របស់​បងៗ​ឱ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​ បាត់​អស់​ក្លិនឆ្អាប​ និង​ទទួលទាន​កាន់តែ​ស្និទ្ធ​ទៀតផង​។

    ទិច​និក​ស្ងោរ​ផ្លែ​ពោត​ឱ្យ​ទន់​ ផ្អែម​ ឆ្ងាញ់​ផ្លែ​ពោត​គឺជា​បន្លែ​ផ្លែឈើ​ដែល​ងាយ​ឆ្អិន​ជាទីបំផុត​ ដូច្នេះ​យើង​មិន​គួរ​ប្រើ​ពេលវេលា​ក្នុង​ការ​ស្ងោរ​យូរ​ពេក​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​សាច់​គ្រាប់់​ផ្លែ​ពោត​ឡើង​ស្វិត​ជ្រួញ​ញ៉ាំ​លែង​ឆ្ងាញ់​។តិចនិក​ក្នុង​ការ​ស្ងោរ​ពោត​ឱ្យ​ញ៉ាំ​ឆ្ងាញ់​គឺ​ ៖
    – ចូរ​ដាក់​ទឹកដោះគោឆៅ​ 1កូនចាន​ទឹកជ្រលក់​ទៅ​ក្នុងទឹក​ស្ងោរ​ពោត​។
    – ដាក់​ស្ករស​ចូល​ទៅ​ 1ស្លាបព្រា​កាហ្វេ​។
    – ដាំទឹក​ឱ្យ​ពុះ​ដោយ​ប្រើ​ភ្លើង​ខ្លាំង​។
    – រង់ចាំ​ឱ្យ​ទឹក​នៅក្នុង​ឆ្នាំង​ពុះ​ខ្លាំង​ជាមុន​សិន​ សឹម​យក​ផ្លែ​ពោត​ដាក់​ចូល​ទៅ​ដោយ​តម្រៀប​គ្នា​នៅក្នុង​ឆ្នាំង​ស្ងោរ​នោះ​។
    – បន្ទាប់មក​ស្ងោរ​បន្ត​ទៀត​រយៈពេល​ 3នាទី​ទៀត​។
    – ពេលនោះ​ផ្លែ​ពោត​នឹង​ឆ្អិន​ល្អ​។
    – ចូរ​ស្រង់​ផ្លែ​ពោត​ឡើង​មក​ ហើយ​យក​អំបិល​-សម​កលាប​ពីលើ​បន្តិច​។ តែ​ប៉ុណ្ណឹង​ អ្នក​នឹង​បាន​ផ្លែ​ពោត​ស្ងោរ​ដែល​ទន់​ផ្អែម​ ឈ្ងុយឆ្ងាញ់​សម្រាប់​ទទួលទាន​ហើយ​។

    វិធី​ស្ងោរ​ស៊ុត​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​តាម​សម្បក​ដែល​ប្រេះ​បែក​សម្បក​ស៊ុត​ប្រេះ​បែក​ក្នុងអំឡុងពេល​ស្ងោរ​ក៏​ជា​បញ្ហា​មួយ​ដែរ​ ជាពិសេស​ពេល​ស្ងោរ​ស៊ុត​ម្តង​ៗច្រើន​គ្រាប់​ដើម្បី​បក​ដាក់​ក្នុង​ខសាច់​ជ្រូក​ជាដើម​ ដែល​ធ្វើ​ឱ្យ​ស៊ុតស្ងោរ​ចេញ​មក​មាន​រូបរាង​មិន​ស្អាត​។ យើង​មាន​វិ​ធី​ល្អ​ៗដើម្បី​ការពារ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​តាម​សម្បក​ស៊ុត​ដែល​ប្រេះ​បែក​នោះ​មក​ជម្រាប​ជូន​ ៖
    ដំបូង​បង្អស់​បងៗ​ស្ត្រី​មេផ្ទះ​ត្រូវ​ជ្រើសរើស​យក​ស៊ុត​ណា​ដែល​ថ្មី​ សម្បក​គ្មាន​ស្នាមប្រេះ​ និង​ស្អាត​។ ពេល​ស្ងោរ​ចូរ​ដាក់​ទឹក​ឱ្យ​លិច​ស៊ុត​ទាំងអស់​តាំងពី​ដំបូង​ ឯតិចនិក​សំខាន់​ គឺ​ស្ថិតនៅ​លើ​ការ​ដាក់​ទឹកក្រូច​ឆ្មារ​បន្តិច​ចូល​ទៅ​ក្នុងទឹក​ស្ងោរ​នោះ​ ដោយ​ទឹកក្រូច​ឆ្មារ​នេះ​វា​នឹង​ជួយ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញពី​សម្បក​ ឬក៏​ដាក់​អំបិល​ចូល​ទៅ​ក្នុងទឹក​ស្ងោរ​នោះ​ប្រហែល​ 1ស្លាបព្រាបាយ​ក៏បាន​ដូចគ្នា​ ព្រោះ​អំបិល​វា​នឹង​ជួយការ​ពារ​មិន​ឱ្យ​សាច់​ស៊ុត​ហៀរ​ចេញ​មក​តាម​ស្នាមប្រេះ​នៅ​លើ​សម្បក​ហ្នឹងឯង​។
    តិចនិក​ទាំងអស់​ខាងលើ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន មិន​មាន​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ទេ​ ហេតុ​នេះ​បងៗ​ស្ត្រី​មេផ្ទះ​អាច​ចែក​រំ​លែ​កតៗ​គ្នា​បាន​សូម​អរគុណ​៕

  • 5ហេតុផល ដែល​នារី​ខ្លះ​មិន​រៀបការ

    5ហេតុផល ដែល​នារី​ខ្លះ​មិន​រៀបការ

    មិនមែន​មនុស្ស​ស្រី​គ្រប់គ្នា​សុទ្ធតែ​ត្រូវការ​ ឬប្រាថ្នា​ក្នុង​ការ​និយាយ​ថា​ “ចាស​ យល់ព្រម​” នោះ​ទេ​… តើ​ព្រោះ​ហេតុ​អី​ទៅ​?

    1. ព្រោះ​ការ​មិន​រៀបការ​ មិនមែន​បានន័យ​ថា​ អ្នក​នឹង​ត្រូវ​នៅ​ម្នាក់ឯង​នោះ​ទេ​
    នៅពេល​រៀបការ​ យ៉ាងហោចណាស់​ក៏​អ្នក​នឹង​មាន​មនុស្សម្នាក់​នៅ​ក្បែរ​កាយ​ជានិច្ច​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ តឱ្យ​មិនបាន​រៀបការ​ ក៏​អ្នក​នៅតែ​មាន​មនុស្សម្នាក់​នៅ​ក្បែរ​កាយ​បាន​ដែរ​ មាន​មនុស្ស​ឱ្យ​ស្រឡាញ់​… ឱ្យ​ជឿ​ទុកចិត្ត​… ឱ្យ​សើច​ជាមួយគ្នា​… ឱ្យ​ឈ្លោះ​គ្នា​… ឱ្យ​នឹក​គ្នា​… រួម​ទាំង​ពឹងពាក់​គ្នា​ទៅវិញទៅមក​ទៀតផង​។ ដោយសារតែ​ការ​មិន​រៀបការ​មិនបាន​មានន័យថា​ អ្នក​ត្រូវតែ​នៅ​ម្នាក់ឯង​នោះ​ទេ​ តែ​អ្នក​នៅ​មាន​ពួកម៉ាក​ មិត្តភក្តិ​ មាន​មនុស្ស​ស្រឡាញ់​ បងប្អូន​ អ្នកជិតខាង​ និង​មិត្ត​រួមការ​ងារ​ គ្រាន់តែ​អ្នក​មិនបាន​នៅជា​មួយគូ​គ្រង​ប៉ុណ្ណោះ​ឯង​។ ជួនកាល​អ្នក​អាច​កំពុង​សេពគប់​មើលចិត្ត​មើល​ថ្លើម​គ្នា​ 2ឆ្នាំ​ ឬ5ឆ្នាំ​ ក៏​តាម​ហ្នឹង​ទៅ​ ឬអ្នក​អាច​មិនបាន​ត្រូវការ​គូស្នេហ៍​ អ្នក​និយម​ចូលចិត្ត​ក្នុង​ការ​សប្បាយរីករាយ​ជាមួយ​បណ្ដា​ពួក​មិត្តភក្តិ​ច្រើនជាង​ ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ និង​ជួប​មនុស្សម្នា​ថ្មី​ប្លែក​ៗ និង​ចូលចិត្ត​ធ្វើការងារ​ដើម្បី​ជួយ​សង្គម​ជាដើម​… ដូច្នេះ​ឃើញ​ហើយ​ឬនៅ​ថា​ អ្នក​មិន​ចាំបាច់​ត្រូវ​រៀបការ​ ក៏បាន​ដែរ​…។

    2. ព្រោះ​ស្នេហា​ គឺជា​ប្រស្នា​ដ៏​អាថ៌កំបាំង​មួយ​
    ការ​រៀបការ​ គឺជា​កិច្ចសន្យា​ដែល​មាន​ចំណង​រវាង​គ្នា​។ មាន​អត្ថ​ន័យ​សាមញ្ញ​ៗ ងាយ​ៗ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវការ​និយមន័យ​ស្នេហា​ក្នុង​ន័យ​របស់​ធុរកិច្ច​ ឬច្បាប់​ទម្លាប់​អ្វី​ៗទាំងអស់​។ ភាព​ស្រស់​ស្អាត​របស់​ស្នេហា​គ្មាន​និយមន័យ​មួយ​ដោយឡែក​តែឯង​នោះ​ទេ​ ហើយ​តែងតែ​ប្រែប្រួល​ជានិច្ច​ទៀតផង​។

    3. ព្រោះ​ភាព​ស្ថិតស្ថេរ​គង់វង្ស​ដ៏​ពិតប្រាកដ​ចេញ​មក​ពី​ការ​ដឹង​ថា​ ខ្លួនឯង​ជា​អ្នកណា​ និង​ត្រូវការ​អ្វី​?
    នៅពេល​អ្នកមាន​អារម្មណ៍​ខកបំណង​ជាមួយនឹង​រឿងរ៉ាវ​ផ្សេង​ៗដែល​កើតឡើង​នៅក្នុង​ជីវិត​ ចូរ​កុំ​គិតថា​ ការ​រៀបការ​នឹងអាច​បញ្ឈប់​អ្វី​ៗទាំងអស់​នោះ​បានឱ្យ​សោះ​។ ការ​មាន​មនុស្ស​ដែល​ស្រឡាញ់​ និង​បារម្ភ​អំពី​យើង​ ដូចជា​ ឪពុកម្ដាយ​ បងប្អូន​ សាច់​ញាត់​ មិត្ត​រួមការ​ងារ​ និង​មិត្តភក្តិ​ជិតស្និទ្ធ​ទៅវិញ​ទេ​ ដែល​ជា​ភាព​ស្ថិតស្ថេរ​គង់វង្ស​ដ៏​ធំធេង​បំផុត​លើស​អ្វី​ៗទាំងអស់​ ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​បាន​មក​ពី​គូ​អាពាហ៍​ពិពាហ៍​នោះ​ឡើយ​។

    4. ព្រោះ​អ្នក​អាច​លែងលះ​វិញ​បាន​…
    នាងខ្ញុំ​ និង​គូស្នេហ៍​ សេពគប់​គ្នា​មក10ឆ្នាំ​ហើយ​ ហើយ​នៅពេល​ណា​យើង​មាន​បញ្ហា​នឹងគ្នា​ (មិន​ខុសពី​គូស្នេហ៍​ដទៃ​ទេ​) យើង​ក៏​មាន​សេរីភាព​ក្នុង​ការ​បញ្ចប់​សម្ពន្ធភាព​បាន​គ្រប់ពេលវេលា​។ ក្នុងអំឡុងពេល​ដែល​អស់សង្ឃឹម​ និង​សោកសៅ​បំផុត​នោះ​ នាងខ្ញុំ​បែរជា​មាន​អារម្មណ៍​សប្បាយចិត្ត​ ដោយសារតែ​នាងខ្ញុំ​អាច​សម្រេចចិត្ត​គ្រប់យ៉ាង​ដើម្បី​ខ្លួនឯង​បាន​យ៉ាង​ពេញលេញ​។

    5. ព្រោះ​អ្នក​អាច​រៀបការ​នៅពេល​ណា​ក៏បាន​ មិន​ចាំបាច់​ត្រូវ​ប្រញាប់​ទេ​…
    នាងខ្ញុំ​មិនមែន​ជា​មនុស្ស​ពពួក​ប្រឆាំង​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ទេ​ ហើយរឿង​ហ្នឹង​ក៏​មិនមែន​ជា​បញ្ហា​ដែរ​… វា​គ្រាន់តែ​ជា​កម្មវិធី​មួយ​ប៉ុណ្ណោះ​។ ចំណុច​សំខាន់​គឺ​ យើង​នៅតែ​បើកចំហ​ទាំង​ក្នុង​រឿង​ការ​រៀបការ​ និង​សម្ពន្ធភាព​។ យើង​ត្រៀម​រួចរាល់​ជានិច្ច​ក្នុង​ការ​បើក​ទទួលយក​ផ្នត់គំនិត​ អារម្មណ៍​ និង​បទ​ពិ​សោ​ធផ្សេង​ៗ ទាំង​របស់​យើង​ និង​របស់​អ្នកដទៃ​។ មិន​សំខាន់​ថា​ អ្នក​ស្ថិតនៅ​ក្នុង​សម្ពន្ធភាព​រយៈពេល​វែង​ ឬសម្ពន្ធភាព​បញ្ចប់​បែប​ឈឺចាប់​ ឬទើប​ចាប់ផ្ដើម​ស្នេហា​ជាថ្មី​ ឬពេញចិត្ត​ក្នុង​ការ​នៅតែ​ម្នាក់ឯង​នោះ​ទេ​ គ្មាន​អ្នកណា​ដឹង​ឡើយ​ថា​ អា​នាគ​តនឹង​ទៅជា​យ៉ាងណា​? ដូច្នេះ​ ទុក​ឱ្យ​វា​ក្លាយជា​ការសម្រេច​ចិត្ត​របស់​យើង​ផ្ទាល់​ក្នុង​ការ​ឈានទៅមុខ​ឆ្ពោះទៅ​រក​ការផ្សងព្រេង​ជាថ្មី​ទៀត​៕

  • បង្ហាត់ជំនាញ ចាំបាច់ខ្លះដល់កូន មុនចូលរៀន…

    បង្ហាត់ជំនាញ ចាំបាច់ខ្លះដល់កូន មុនចូលរៀន…

    បន្ទាប់ពី​កូនតូច​បាន​រៀន​យល់​ដឹង​ខ្លះ​ៗជាបន្តបន្ទាប់​ក្នុងអំឡុងពេល1ឆ្នាំ​ដំបូង​ហើយ​ ពេល​ឆ្លង​ចូល​ដល់​ឆ្នាំទី2​-3 យើង​អាច​និយាយ​បាន​ថា​ ជា​អំឡុង​ពេល​នៃ​ការ​សន្សំ​ចំណេះ​-ដឹង​ផ្សេង​ៗ និង​រំលាយ​ចំណេះដឹង​ទាំងនោះ​ឱ្យ​ចូល​ជាមួយ​នឹង​សមត្ថភាព​របស់​កុមារ​ និង​បង្ក​ឱ្យ​កើតជា​ជំ​នាញ​ផ្សេង​ៗដែល​ចាំបាច់​ត្រូវ​ប្រើ​ពេល​ចូល​សាលារៀន​លើកដំបូង​បំផុត​ក្នុង​ជីវិត​របស់​គេ​។

    នៅក្នុង​វ័យ​នេះ​ គឺជា​អំឡុង​ពេល​មួយ​សំខាន់ណាស់​ដែល​អ្នកម្តាយ​ត្រូវ​បង្ហាត់បង្រៀន​រឿង​ជាច្រើន​ដល់​កូន​ ជាពិសេស​បំផុត​ជំ​នាញ​ផ្សេង​ៗដែល​ត្រូវ​ប្រើ​ពេល​នៅក្នុង​សាលា​… តើមាន​អ្វីខ្លះ​នោះ​? សូម​តាមដាន​ដូចតទៅ​ ៖
    – ការចែក​រំលែក​ : ដើម្បី​ឱ្យ​កូន​បាន​ស្គាល់​ពី​ភាព​មាន​ទឹកចិត្ត​ និង​ចេះ​ចែករំលែក​ការ​លេង​ជាមួយ​មិត្តភក្តិ​យ៉ាង​មាន​សេចក្តី​សុខ​ និង​ប្រកបដោយ​សុវត្ថិភាព​។
    – ការ​ចេះ​ជួយ​ខ្លួនឯង​ : ដូចជា​ការ​ចេះ​ស្លៀកពាក់​ខោអាវ​ ពាក់​ស្រោមជើង​ ពាក់​ស្បែកជើង​ដោយខ្លួនឯង​ ជាដើម​។
    – ការ​ធ្វើ​បាន​តាម​បញ្ជា​ស្រួល​ៗរបស់​អ្នកគ្រូ​ : ដូចជា​យក​សៀវភៅ​ទៅ​ដាក់លើ​តុ​ ប្រមូល​សៀវភៅ​ដាក់​ចូល​កាបូប​-ល-។
    – ការហាត់​ឆ្លើយតប​ : ពេល​មាន​សិស្ស​ដទៃ​មក​និយាយ​ជាមួយ​។
    – បង្ហាត់​ឱ្យ​ចេះ​ស្តាប់​គ្រូ​ និង​ឆ្លើយតប​។
    – អាច​នៅជា​មួយ​សាច់ញាតិ​ ឬអ្នកមើល​ថែ​បាន​ដោយ​មិន​ស្រែកយំ​ ក្នុងអំឡុងពេល​ដែល​ម្តាយ​មិន​នៅ​។
    – ចេះ​ថែទាំ​ និង​សម្អាត​រាងកាយ​បាន​ដោយខ្លួនឯង​។
    – ចេះ​ប្រាប់​ ពេល​ចង់​ចូលបន្ទប់​ទឹក​ ឬចង់​បត់ជើងធំ​។
    – ចេះ​ប្រាប់​ឈ្មោះ​ពិត​ និង​ឈ្មោះ​លេង​របស់​ខ្លួនឯង​បាន​ រួម​ទាំង​ស្គាល់ឈ្មោះ​របស់​ឪពុក​ម្តាយ​ទៀតផង​។
    – អាច​អង្គុយ​ធ្វើ​កិច្ចការ​របស់​សាលា​យ៉ាង​ស្ងាត់ស្ងៀម​បាន​ច្រើន​នាទី​។

    ជំនាញ​ទាំងអស់​ខាងលើ​នេះ​ គឺជា​អ្វី​ដែល​អ្នកម្តាយ​ត្រូវ​បង្ហាត់​ឱ្យ​កូន​ចេះ​ និង​ដឹង​តាំងពី​ពេល​នៅផ្ទះ​ឱ្យ​ហើយ​ជាស្រេច​ ដោយ​ត្រូវ​ចាប់ផ្តើម​បង្ហាត់​ម្តង​បន្តិច​ៗ ប្រមាណ​ជា​ 3-4 ខែមុន​ពេល​ដែល​កូន​ត្រូវ​ចូល​សាលារៀន​លើកដំបូង​ ដើម្បី​ពេល​ដល់​ថ្ងៃ​កូន​ចូលរៀន​មែនទែន​ កូន​នឹង​បាន​ដើរចូល​សាលា​យ៉ាង​ពើងទ្រូង​ និង​ជឿជាក់​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​ថា​ ច្បាស់ជា​គ្មាន​បញ្ហា​អ្វី​ទាំងអស់​ ហើយ​អ្នកម្ដាយ​ខ្លួនឯង​ក៏​សប្បាយចិត្ត​ និង​មិន​មានការ​បារម្ភ​៕

  • មិនធម្មតា​ កូនខ្មែរ​វ័យក្មេង​ ៣ រូប​ អតីត​ពលករ​នៅ​កូរ៉េ​ ក្លាយជា​ម្ចាស់​បុរី​ សុក​គា​ស៊ី​ធី​

    មិនធម្មតា​ កូនខ្មែរ​វ័យក្មេង​ ៣ រូប​ អតីត​ពលករ​នៅ​កូរ៉េ​ ក្លាយជា​ម្ចាស់​បុរី​ សុក​គា​ស៊ី​ធី​

    កំពង់ធំ​ ៖ កូនខ្មែរ​វ័យក្មេង​ចំនួន​ ៣រូប​ ដែល​ធ្លាប់​ជា​អតីត​ពលករ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ ពេលនេះ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ម្ចាស់​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ ដែល​ជា​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​កំពុងតែ​មាន​សក្ដានុពល​ និង​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​ខេត្តកំពង់ធំ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

    សមាសភាព​កូនខ្មែរ​ ដែល​បាន​ប្រែក្លាយ​ជីវិត​ពី​ភាពជា​ពលករ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​ រកចំណូល​ដោយ​ការ​ប្ដូរ​កម្លាំងកាយ​ មក​ជា​ម្ចាស់​បុរី​លំនៅ​ដ្ឋាន​បែប​ ទំនើប​ សុក​គា​ ស៊ី​ធី​ ទាំង៣នាក់​ដូច​បាន​លើកឡើង​ខាងលើ​នេះ​ រួមមាន​ ទី១​- លោក​ ស៊ឺន​ សុក​គា​ អាយុ២៦ឆ្នាំ​ បច្ចុប្បន្ន​ជា​ស្ថាបនិក​ និង​ជានា​យក​ក្រុមហ៊ុន​ , ទី២​- លោក​ ចាន់​ ឃីន​ អាយុ២៥ឆ្នាំ​ បច្ចុប្បន្ន​ជា​ស្ថាបនិក​ និង​ជានា​យក​ផ្នែក​ទីផ្សារ​ , ទី៣​- លោក​ ផុន​ សា​មាន​ អាយុ២៦ឆ្នាំ​ បច្ចុប្បន្ន​ជា​ស្ថាបនិក​ និង​ជានា​យក​ផ្នែក​ទីផ្សារ​ ដែល​អ្នក​ទាំង៣បាន​សហការ​គ្នា​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដោយ​ការ​បោះទុន​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ក៏ដូចជា​វិស័យ​ដីធ្លី​ផង​ដែរ​។

    លោក​ សុឺន​ សុក​គា​ ដែល​ជា​ស្ថាបនិក​ និង​មានមុខ​តំណែង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​បុរី​ សុក​គា​ ស៊ី​ធី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​ធ្លាប់ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល២ឆ្នាំ៨ខែ​ ។ លោក​បាន​បញ្ជាក់​ថា​ “ការដែល​ផ្តាច់​ខ្លួន​ពី​ការ​ធ្វើ​បាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ​ មក​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់វា​មិនមែន​ជា​ការ​ងាយ​ទេ​”។ លោក​បន្ត​ទៀត​ថា​ “យើង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ប៉ុន្តែ​យើង​ត្រូវតែ​ជំនះ​ឱ្យ​បាន​ ដូចជា​ កត្តា​គ្រួសារ​ កត្តា​សង្គម​ ភាព​ប្រឈម​ជាមួយ​មនុស្ស​ និង​អ្នកធ្វើ​ជំនួញ​ក្នុង​វិស័យ​តែមួយ​ដែល​កំពុង​ស្ថិតនៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​ជាពិសេស​នោះ​គឺ​ខ្លួនឯង​ផ្ទាល់​តែម្តង​”។

    ស្រដៀងគ្នា​នេះ​ លោក​ ចាន់​ ឃីន​ ដែល​ជា​ស្ថាបនិក​ និង​មានមុខ​តំណែង​ជានា​យក​ផ្នែក​ទីផ្សារ​ បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ លោក​ធ្លាប់​បម្រើការ​ងារ​ជា​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​អស់​រយៈពេល​ ៣ឆ្នាំ៦ខែ​ ។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ “គ្រប់យ៉ាង​គឺ​ស្ថិតនៅ​ក្នុង​ដៃ​របស់​យើង​ បើ​មើលឃើញ​ថា​មានឱកាស​ដែល​ល្អ​ហើយ​ មិន​គួរណា​យើង​បោះបង់​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវតែ​សិក្សា​ឱ្យ​បាន​លម្អិត​ និង​ច្បាស់លាស់​ដើម្បី​អាច​ទាញ​យក​ផល​ចំណេញ​ពី​វា​ឱ្យ​បាន​”។ លោក​បាន​បន្ត​ទៀត​ថា​ “និយាយ​ឱ្យ​ចំ​ទៅ​ ដូចជា​ខ្ញុំ​ផ្ទាល់​ ដែល​ខ្ញុំ​តែងតែ​សម្លឹង​មើល​ពី​ឱកាស​នៅ​ជុំវិញ​ខ្លួនខ្ញុំ​ បើ​ឃើញថា​ល្អ​ហើយ​ មាន​សុវត្ថិភាព​ថែមទៀត​នោះ​ ខ្ញុំ​នឹង​ចាប់​យក​ឱកាស​នោះ​មកកាន់​ក្នុង​ដៃ​តែម្ដង​”។

    ដោយឡែក​ លោក​ ផុន​ សា​មាន​ ដែល​ជា​ស្ថាបនិក​ និង​ជានា​យក​ផ្នែក​ទីផ្សារ​នៃ​បុរី​ សុក​គា​ ស៊ី​ធី​ មួយ​រូប​ដែរ​នោះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​ក៏​ជា​អតីត​ពលករ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​ រយៈពេល​ ២ឆ្នាំ១០ខែ​ ប៉ុន្តែ​ពេលនេះ​ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ​ពី​ភាពជា​ពលករ​ មក​ជា​អ្នកជំនួញ​។ លោក​បាន​បញ្ជាក់​ថា​ “យើង​គួរតែ​ចេះ​ផ្តល់​តម្លៃ​នៃ​ពេលវេលា​ផ្ទាល់ខ្លួន​ និង​ការចាត់ចែង​ចំណូល​ចំណាយ​ឱ្យ​បាន​ល្អ​ បើ​មិន​ដូច្នេះ​ទេ​ រយៈពេល​ដែល​យើង​រស់នៅ​ប្រទេស​កូរ៉េ​អាច​នឹង​មិន​រីក​ចំរើន​ ឬក៏​ត្រលប់​មក​ស្រុកខ្មែរ​វិញ​ដោយ​មិន​សល់​អ្វី​ទាល់តែសោះ​”។ លោក​បាន​បញ្ជាក់​ថា​ “ហេតុនេះ​យើង​គួរតែ​ចាប់ផ្តើម​ក្នុង​ការកំណត់​គោលដៅ​ និង​ពេលវេលា​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​អាច​បង្កើន​លទ្ធភាព​ផ្ទាល់ខ្លួន​ រួម​ជាមួយ​សមិទ្ធផល​នានា​នៅពេល​យើង​ត្រលប់​មក​ប្រទេស​វិញ​”។

    នៅ​ត្រឹម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ការ​ជ្រៀត​ខ្លួន​ចូល​មក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ អតីត​ពលករ​ទាំង៣រូប​ បានសម្រេច​នូវ​សមិទ្ធផល​របស់​ខ្លួន​គួរ​ឱ្យ​ជា​ទី​មោទ​នៈ​។ ជាក់ស្ដែង​ ក្រៅពី​ការ​វិនិយោគ​ទៅលើ​គម្រោង​អភវ​ឌ្ឍ​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ សុក​គា​ ស៊ី​ធី​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ ស្រុក​សន្ទុក​ ខេត្តកំពង់ធំ​ នា​ពេលនេះ​ ពួកគេ​ក៏​ទទួល​បាន​ភាព​ជោគជ័យ​រួចជាស្រេច​ទៅលើ​គម្រោង​ដី​ឡូ​តិ៍​ចំនួន៤​ ហើយក៏​កំពុង​បន្ត​បង្កើត​គម្រោ​ងថ្មី​ៗមួយចំនួន​ទៀតផង​ដែរ​៕

  • ស្វាគមន៍អូនជ្រុយ Huawei nova4 មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃគួរឲ្យភ្ញាក់ផ្អើល!

    ស្វាគមន៍អូនជ្រុយ Huawei nova4 មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃគួរឲ្យភ្ញាក់ផ្អើល!

    ភ្នំពេញ​ ថ្ងៃទី​ 29​ មិថុនា​ ឆ្នាំ​ 201​9 ៖ ស្មា​តហ្វូ​ន Huawei​ nova4​ បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ ជាមួយ​និង​ការប្រកាស​ពី​តម្លៃ​ដ៏​រំជើបរំជួល​ ត្រឹមតែ​ $399​ តែប៉ុណ្ណោះ​។ បើ​យើង​និយាយ​ពី​ ស្មា​តហ្វូ​នប្រ​ភេទ​អេក្រង់​ប្រជ្រុយ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ តម្លៃ​គឺ​ចាប់ពី​ $800​ ទៅ​ជាង​ $900​ ប៉ុន្តែ​ Huawei​ nova4​ វិញ​ មានតម្លៃ​ត្រឹមតែ​ជាង​ $300​ និង​មាន​ចំណុច​ពិ​សេស​ៗជាច្រើន​៖

    1. ការរចនា​អេក្រង់​ប្រជ្រុយ​លាត​កប់​កែម​ជាមួយ​កំរិត​បង្ហាញ​ Fullview​ Display​ ទំហំ​ 4 អ៊ីញ​ ដែល​ការ​ចោះ​ អេក្រង់​សម្រាប់​កាមេរ៉ា​មុខ​មាន​ទំហំ​តូច​ត្រឹមតែ​ 4.5mm​ មិន​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​រំខាន​ដោយសារ​ស្នាម​ចោះ​នេះ​ឡើយ​។
    2. ដំណើរការ​ដោយ​អង្គ​ចងចាំ​ ( RAM​) 8 GB​ និង​អង្គ​ផ្ទុក​ទិ​ន្ន័​យ (ROM​) 128GB​។ បើ​ប្រៀបធៀប​ទៅ​និង​ស្មា​តហ្វូ​នដ​ទៃ​ដែល​មានតម្លៃ​ប្រហាក់​ប្រហែល​ Huawei​ nova4​ មាន​ RAM​ និង​ ROM​ ធំជាង​។
    3. បន្ទះ​ឈីប​ Kirin​ 970​ ដែល​ធ្វើឲ្យ​ស្មា​តហ្វូ​ននេះ​ដំណើរការ​បាន​លឿន​ មិន​រំអា​ករ​អួល​ និង​ជួយ​សន្សំសំចៃ​ថ្ម​ ថែមទាំង​ដំណើរការ​ដោយ​ GPU​ Turbo​ 2.0​ ដែល​ផ្តល់​បទពិសោធន៍​ក្នុង​ការ​លេង​ហ្គេម​បាន​យ៉ាង​រលូន​ និង​ល្អ​ឥត​ ខ្ចោះ​។

    Huawei​ nova4​ បំពាក់​ដោយ​កាមេរ៉ា​មុខ​បែប​ AI​ ទំហំ​ 25MP​ និង​កាមេរ៉ា​ក្រោយ3​ គ្រាប់​ ដែល​កាមេរ៉ា​ទីមួយ​មាន​ទំហំ​ 16MP​ អាច​ថតរូប​បែប​ Ultra​ Wide​ Angle​ កាមេរ៉ា​ទីពីរ​ទំហំ​ 20MP​ ថតរូប​បែប​ Wide​ Angle​ និង​កាមេរ៉ា​ទីបី​ដែល​ថតរូប​ Bokeh​។ Huawei​ nova4​ មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ​ ដែល​មានការ​ថែម​ជូន​ Bluetooth​ Speaker​ និង​ស៊ី​ម Smart​ លេខ​ពិសេស​ជាមួយ​គម្រោង​ Smart​ ThomMong​ 12​ សប្តាហ៍​ឥតគិតថ្លៃ​។ អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ហាង​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​។

    ក្រៅពី​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់​ Huawei​ nova4​ ក្រុមហ៊ុន​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​ ក៏បាន​ប្រកាស​ពី​ស្មា​តហ្វូ​ន P30​ Pro​ ពណ៍​ថ្មី​ Amber​ Sunrise​ ផង​ដែរ​។ ពណ៍​ថ្មីនេះ​ ពិតជា​ស្រស់​ស្អាត​ កា​លីប​ ទាន់សម័យ​ ដែល​ជា​ពណ៍​ថ្មី​ដំបូង​គេ​បង្អស់​នៅក្នុង​ទីផ្សារ​ស្មា​តហ្វូ​ន។ Huawei​ P30​ Pro​ Amber​ Sunrise​ មានតម្លៃ​ $999​ ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​លើ​តែ​ Facebook​ pages​ និង​ Instagram​ រក​អាយ​ដូល​របស់​អ្នក​ អ្នកនាង​ឱក​ សុគន្ធ​កញ្ញា​ និង​លោក​ នី​កូ​ ប៉ុណ្ណោះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​
    Website: https://consumer.huawei.com/kh/
    Facebook: Huawei Mobile (https://bit.ly/2ePDMSq)

  • កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​ជួយ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​សម័យថ្មី​

    កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​ជួយ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​សម័យថ្មី​

    ប្រព័ន្ធ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​-ជីវៈ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ចាប់ផ្តើម​មាន​សម្ទុះ​វិជ្ជមាន​គួរ​ឱ្យ​គាត់​សម្គាល់​បន្ទាប់​ពី​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ ដំណាលគ្នា​ដែល​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​អនុវត្ត​នូវ​គោលនយោបាយ​សំ​ខាន់​ៗដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ប្រសើរ​។

    ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ កម្ពុជា​បាន​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)អស់​រយៈពេល​ជាង​ 50ឆ្នាំ​មក​ហើយ​ ដោយ​ក្នុង​នោះ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​លើ​ការ​អភិវឌ្ឍ​ការងារ​។ទោះជា​យ៉ាងនេះ​ក្តី​ក៏​កម្ពុជា​នៅតែ​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេកទេស​ និង​ថវិកា​ជាច្រើន​បន្ថែម​ទៀត​ពី​ដៃគូ​អភិវឌ្ឍ​សំ​ខាន់​ៗ។

    នៅក្នុង​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​ នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​ស្នើ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា​ ពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​ដើម្បី​ឆ្លើយតប​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (Industry​ Revolution​ 4.0​)។ ក្នុង​នោះ​ឯកឧត្តម​បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​ប្រភេទ​ការងារ​មួយចំនួន​បាន​ និង​កំពុង​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ដំណើរការ​វិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ និង​បដិវត្តន៍​ឧស្សាហកម្ម​4.0​ កម្ពុជា​ជឿជាក់​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ចូលរួម​ជាមួយ​កម្ពុជា​ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ការងារ​នា​ពេល​អនាគត​។|

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “ដើម្បី​សម្រេច​គោលដៅ​ប្រកបដោយ​ចីរភាព​ ជាពិសេស​គោលដៅ​ទី8​ ដែល​និយាយ​ពី​ការងារ​សមរម្យ​ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ប្រទេស​ជាស​មា​ជិ​ក ILO​ ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​ថា​ កម្មករ​និយោជិត​ និង​យុវជន​ទទួល​បាន​ចំណេះដឹង​ទូទៅ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ និង​ឱកាស​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ដែល​អាច​ឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ការងារ​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ក្នុង​ន័យ​នេះ​ប្រទេស​ជាស​មា​ជិ​កអង្គការ​អន្តរជាតិ​ខាង​ការងារ​គប្បី​បផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ សមត្ថភាព​ដល់​កម្លាំង​ពលកម្ម​ ដើម្បី​បង្កើន​ផលិតភាព​ និង​បង្រួម​គម្លាត​នៃ​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​យើង​ក៏​ត្រូវ​ពង្រឹង​សេវា​នៃ​ការ​ផ្តល់​ព័ត៌មាន​ពីទី​ផ្សារ​ការងារ​ និង​សេវា​ស្វែងរក​ការងារ​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ស្រប​ពេល​ដែល​យើង​បង្កើន​គុណភាព​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​។ ចំណុច​ចម្បង​មួយផ្សេងទៀត​គឺ​ យើង​ចាំបាច់​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ​ និង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជំនាញ​។ កម្ពុជា​សង្ឃឹមថា​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅតែ​បន្ត​មាន​តួនាទី​សំខាន់​ និង​ជា​ស្ថាប័ន​ត្រីភាគី​មួយ​ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​នៅក្នុង​បដិ​វដ្ត​ឧស្សា​កម្ម​ ទៅជា​ឱកាស​សម្រាប់​ប្រជាជន​គ្រប់រូប​។

    ជា​ចំណុច​វិជ្ជមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ ILO​-BFC​ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ ផលិតភាព​ ការ​បញ្ជាទិញ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​កម្ពុជា​។

    លោក​ Dan​ Rees​ នាយក​គម្រោងការ​ងារ​ល្អ​ប្រសើរ​ជាស​កល​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ILO​បាន​លើកឡើង​ថា​ អង្គការ​ ILO​ នឹង​បន្ត​កិច្ចសហការ​ជា​មួយ​កម្ពុជា​បន្ត​ទៀត​ ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​បានដឹង​ពី​ភាព​វិជ្ជមាន​នៃ​កិច្ចសហការ​ប្រកបដោយ​និរន្តរភាព​។ លោក​ក៏បាន​វាយតម្លៃ​ជា​វិជ្ជមាន​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សុខ​ដុ​មនី​យក​ម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

    គួរ​បញ្ជាក់​ថា​ ថ្មី​ៗនេះ​កម្ពុជា​ក៏​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ផង​ដែរ​លើ​ការ​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ព្រោះ​យើង​កំពុង​ត្រូវការ​ធនធាន​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​ការងារ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​បរទេស​។ ម្យ៉ាងវិញទៀត​ ការរៀបចំ​ជំរុញ​ការ​បណ្តុះបណ្តាល​នេះ​ ក៏​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ និង​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ 2030​៕