Author: ធឿន មករា

  • តើ​ត្រូវ​ពិនិត្យមើល​យ៉ាងណាទើប​ដឹងថា មិន​អី​ទេ… នៅពេល​អ្នកមាន​ផ្ទៃពោះ​កើត​ ឧប្បត្តិហេតុ​ដោយ​ចៃដន្យ?

    តើ​ត្រូវ​ពិនិត្យមើល​យ៉ាងណាទើប​ដឹងថា មិន​អី​ទេ… នៅពេល​អ្នកមាន​ផ្ទៃពោះ​កើត​ ឧប្បត្តិហេតុ​ដោយ​ចៃដន្យ?

    ឧប្បត្តិហេតុ​ គឺជា​រឿង​ដែល​មិន​អាច​ស្មាន​ដឹងមុន​ថា​ វា​នឹង​កើតឡើង​នៅពេល​ណា​ ចំពោះ​អ្នកណា​ និង​ដោយ​របៀបណា​នោះ​ឡើយ​ ដូច្នេះ​ស្ត្រី​ដែល​កំពុង​មានគភ៌​ គួរតែ​មើលថែ​ទាំ​ និង​ប្រុងប្រយ័ត្ន​ខ្លួនឯង​ឱ្យ​បាន​ល្អ​បំផុត​ និង​ព្យាយាម​ចៀសវាង​ពី​អ្វី​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ដូចជា​ អ្នកមាន​គភ៌​ច្រើនតែ​រអិលដួល​ក្នុង​បន្ទប់ទឹក​ ជាដើម​ ដូច្នេះ​គួរ​រក​បន្ទះ​ការពារ​ការ​រអិល​យក​មក​ក្រាល​ពីលើ​កម្រាលឥដ្ឋ​ដើម្បី​ការពារ​ទុកជាមុន​ តែបើ​សិន​ជា​មាន​ឧប្បត្តិហេតុ​កើតឡើង​យ៉ាង​នឹកស្មាន​មិនដល់​វិញ​នោះ​ ស្ត្រី​មានគភ៌​ត្រូវ​ពិនិត្យមើល​ខ្លួនឯង​ឱ្យ​ច្បាស់លាស់​ថា​ តើ​រឿង​ដែល​កើតឡើង​នោះ​ វា​មាន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ឬក៏​អត់​?

    វិធី​ 3យ៉ាង​ក្នុង​ការ​ពិនិត្យមើល​រាងកាយ​របស់​អ្នកមាន​គភ៌​ក្រោយពេល​កើតមាន​ឧប្បត្តិហេតុ​ណាមួយ​ ៖
    1. ពិនិត្យមើល​ថា​ តើមាន​អាការ​ឈឺ​គភ៌​ដែរ​ឬទេ​?
    នៅពេល​មាន​ឧប្បត្តិហេតុ​កើតឡើង​ ស្ត្រី​មានគភ៌​ត្រូវ​ពិនិត្យមើល​ថា​ តើ​ផ្ទៃពោះ​មាន​ទៅ​បោក​ប៉ះ​នឹង​អ្វី​ដែរ​ឬទេ​? ហើយ​បើ​មិន​មាន​អាការ​ឈឺចុក​ចាប់​អ្វី​ទេ​នោះ​ គឺ​រាប់ថាជា​សំណាង​ល្អ​របស់​អ្នក​ហើយ​ តែបើ​កើតមាន​អាការ​បន្តិច​ឈឺ​ បន្តិច​បាត់​ទៅវិញ​នោះ​ បញ្ជាក់​ថា​ អាច​នឹង​មាន​ការ​ប្រសូត​មុនពេលកំណត់​ហើយ​ និង​បើសិ​ជា​នឈឺ​បែ​បរឹងៗ​ក្នុង​ពោះ​ជាប់​រហូត​ នោះ​បញ្ជាក់​ថា​ស្បូន​អាច​នឹង​សក​ខ្លួន​មុនពេលកំណត់​។ តែបើ​សិន​ជា​ឈឺពោះ​ខ្លាំង​ និង​មាន​អាការ​ឈឺ​នៅ​លើ​មាត់ស្បូន​ និង​អាច​មានការ​ធ្លាក់ឈាម​ផង​នោះ​ បើសិន​ជួប​អាការ​បែបនេះ​ ចូរ​កុំ​បង្អង់​យូរ​ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។

    2. ពិនិត្យមើល​ថា​ តើមាន​ឈាម​ចេញ​មក​តាម​មាត់ស្បូន​ដែរ​ឬទេ​?
    ព្រោះថា​ បើសិន​មាន​ឈាម​ចេញ​មក​នោះ​ អាច​នឹង​ទៅរួច​ដែល​ថា​ ស្បូន​សក​ខ្លួន​។ បើ​មាន​ឈាម​ចេញ​មក​តិច​ ក៏​មិនសូវ​ជា​គ្រោះថ្នាក់​អី​ប៉ុន្មាន​ទេ​ និង​អាច​ព្យាបាល​បាន​ តែបើ​មាន​ឈាម​ចេញ​មក​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​មានគភ៌​ខ្លួនឯង​នោះ​ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ឱ្យធ្វើ​ការ​ប្រសូត​ភ្លាម​តែម្តង​ ដោយ​មិនបាច់​គិតថា​ គភ៌​មាន​អាយុ​ប៉ុន្មាន​ហើយ​នោះ​ទេ​។

    3. ពិនិត្យមើល​ថា​ តើ​កូន​នៅ​រើ​ល្អ​ និង​ខ្លាំង​ដូចមុន​ដែរ​ឬទេ​?
    បន្ទាប់ពី​អ្នកម្តាយ​មានគភ៌​ទទួលរង​ឧប្បត្តិហេតុ​ហើយ​ បើ​កូន​នៅក្នុង​ផ្ទៃ​នៅតែ​រើ​ ឬធាក់​ដូច​ប្រក្រតី​នោះ​ ប្រហែលជា​គ្មាន​បញ្ហា​អ្វី​ទេ​ តែបើ​កូន​នៅ​ស្ងៀម​ លែង​រើ​ លែង​ធាក់​ ទោះជា​ធ្វើការ​ជំរុញ​ហើយក៏​នៅតែ​មិន​រើ​ដដែល​នោះ​ អ្នកម្តាយ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ហើយ​កុំ​បង្អង់​យូរ​។
    ឧប្បត្តិហេតុ​ គឺជា​រឿង​ដែល​មិន​អាច​ការពារ​ជាមុន​បានទេ​ តែ​អាច​រក​វិធី​ចៀសវាង​បាន​ដោយ​ការ​ប្រុងប្រយ័ត្ន​ និង​ចៀសវាង​ពី​ទង្វើ​ណា​ដែល​ប្រថុយប្រថាន​នឹង​ឧប្បត្តិហេតុ​ តែបើ​សិន​ជា​កើត​មាន​ឧប្បត្តិហេតុ​ដោយចៃដន្យ​ណាមួយ​ឡើង​មែន​នោះ​ ចូរ​អ្នកមាន​គភ៌​ទាំងឡាយ​ចាំទុក​ថា​ មិន​មាន​ឈឺពោះ​ មិន​មាន​ធ្លាក់ឈាម​ និង​កូន​នៅ​រើ​និង​ធាក់​ដូចមុន​ដដែល​… បើ​មាន​អាការ​ 3យ៉ាង​នេះ​ បញ្ជាក់​ថា​ អ្នកម្តាយ​ និង​កូន​ក្នុង​ផ្ទៃ​នៅ​មាន​សុវត្ថិភាព​ល្អ​ដដែល​ទេ​៕

  • ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

    ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

    ដើមទ្រូង​ គឺជា​អវយវៈ​ដ៏​សំខាន់​របស់​នា​រីៗ​យើង​ ឯកា​រយ​កចិត្ត​ទុកដាក់​មើលថែ​ទាំ​វិញ​នោះ​ មិន​ពិបាកធ្វើ​ឡើយ​ ដូច្នេះ​បើ​មិន​ចង់ឱ្យ​ដើមទ្រូង​យារ​ធ្លាក់​មុន​អាយុ​ទេ​នោះ​ អ្នក​គួរ​បញ្ឈប់​ទម្លាប់5យ៉ាងដូច​ខាងក្រោម​នេះ​។

    1. ពាក់អាវ​ទ្រនាប់​ខុសខ្នាត​ ឬមិន​ចូលចិត្ត​ពាក់​តែម្តង​
    អាវទ្រនាប់​គឺជា​គ្រឿង​តុបតែង​កាយ​ដែល​សំខាន់​បំផុត​របស់​នា​រីៗ​ក៏អាច​ថា​បាន​ដែរ​ ទោះជា​គ្មាន​អ្នក​ណា​មើលឃើញ​មែន​ តែបើ​សិន​យើង​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​សមល្មមនឹង​ខ្នាត​នោះ​ ក្រៅពី​ពាក់​ហើយ​សប្បាយខ្លួន​ មិន​ទើសទែង​ធុញថប់​ហើយ​ នៅ​ជួយ​ឱ្យ​ដើមទ្រូង​របស់​យើង​នៅ​ចំកន្លែង​ និង​មិនឆាប់​យារ​ទៀតផង​។ នា​រីៗ​ជាច្រើន​ចូលចិត្ត​ជ្រើសរើស​ពាក់អាវ​ទ្រនាប់​ដែល​មាន​ទំហំ​តូចជាង​បន្តិច​ ព្រោះ​គិតថា​ នឹង​ជួយ​រុញ​ឱ្យ​ដើមទ្រូង​មើលទៅ​ឃើញ​ណែន​ និង​ជិត​គ្នា​ឡើង​ តែ​ហ្នឹង​គឺជា​ការធ្វើបាប​ដើមទ្រូង​ខ្លួនឯង​ទៅវិញ​ទេ​។ អាវទ្រនាប់​មាន​ច្រើនបែប​ច្រើន​ម៉ូដ​ឱ្យ​ជ្រើសរើស​ ដូច្នេះ​ចូរ​ជ្រើសរើស​ឱ្យ​បាន​ស័ក្តិសម​ក្នុង​ការប្រើ​ប្រាស់​ និង​ខ្នាត​ដែល​ត្រឹមត្រូវ​ជាមួយ​ខ្លួន​អ្នក​ប្រសើរ​ជាង​។

    2. ទទួលទានទឹក​តិច​
    ការ​ទទួលទានទឹក​ល្អ​ចំពោះ​សុខភាព​ និង​គួរ​ជា​ទឹក​ធម្មតា​ប៉ុណ្ណោះ​ ទឹកជា​អង្គ​ប្រកប​សំខាន់​ក្នុង​រាងកាយ​ និង​សំខាន់​ចំពោះ​ស្បែក​របស់​យើង​ បើ​ទទួលទានទឹក​តិច​នឹង​ហុច​ផល​ធ្វើ​ឱ្យ​ដើមទ្រូង​មិន​ណែន​មូល​ក្បំ​ ស្បែក​ឆាប់​ជ្រួញ​យារ​ និង​មានស្នាម​មុន​អាយុ​។

    3. មិន​លាប​គ្រី​មកា​រពារ​ពន្លឺថ្ងៃ​លើ​ដើមទ្រូង​
    រដូវ​ក្តៅ​បែបនេះ​ ជួនកាល​ក៏​ពាក់អាវ​វាល​កធំ​ អាវ​អត់​ស្មា​ ឬសូម្បីតែ​ឈុត​ហែល​ទឹ​កផ្សេង​ៗក៏ដោយ​ នៅពេល​ពន្លឺថ្ងៃ​ចាំង​មក​ប៉ះ​ស្បែក​យើង​ដោយ​ត្រង់​នោះ​ វា​ប្រៀប​ដូចជា​យើង​បណ្តោយ​ឱ្យ​ពន្លឺថ្ងៃ​ចូល​មក​បំផ្លាញ​ស្បែក​បរិវេណ​នោះ​ផង​ដែរ​ ហើយ​ដើមទ្រូង​ក៏​ដូចគ្នា​ដែរ​ វា​នឹង​បង្ក​ឱ្យ​កើត​បញ្ហា​ជ្រីវជ្រួញ​មុន​អាយុ​ និង​កាន់តែ​ឆាប់​យារ​ធ្លាក់​ទៀតផង​។

    4. ជក់បារី​
    ការ​ជក់បារី​ហុច​ផល​ជា​រួម​ដល់​រាងកាយ​ ហើយ​រាងកាយ​គ្រប់​ផ្នែក​នឹង​យារ​ធ្លាក់​ទាំងអស់​ មិន​លើកលែង​សូម្បីតែ​ដើមទ្រូង​ក៏ដោយ​ ព្រោះ​បារី​ធ្វើ​ឱ្យ​អុី​ឡា​ស្ទី​នរ​បស់​ស្បែក​ថយ​ចុះ​ ភាព​ក្មេង​វ័យ​ក៏​នឹង​រលាយ​បាត់​អស់​ដែរ​។

    5. ទម្ងន់​ខ្លួន​ឡើង​ចុះ​ៗញឹកញាប់​
    ការ​សម្រក​ទម្ងន់​ធ្វើ​ឱ្យ​កើតមាន​ផល​ប៉ះពាល់​ដូចជា​ ក្នុង​ខណៈ​ដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​ចុះ​ហើយ​នោះ​ រឿង​ដំបូង​គេ​ដែល​ស្រក​ចុះទៅ​ដែរ​នោះ​ គឺ​ទំហំ​របស់​ដើមទ្រូង​ ដែល​ពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ហ្នឹងឯង​ ដូច្នេះហើយ​ទើប​ការ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ទៀងទាត់​ជា​ការ​ប្រសើរ​បំផុត​៕

  • ចុងឆ្នាំ​នេះ​ប្រជាជន​ខ្មែរ​អាច​ប្រើ​ប្រាក់​រៀល​នៅក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ងាយ​តាមរយៈ​ QR​ Code​

    ចុងឆ្នាំ​នេះ​ប្រជាជន​ខ្មែរ​អាច​ប្រើ​ប្រាក់​រៀល​នៅក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ងាយ​តាមរយៈ​ QR​ Code​

    ក្នុង​សម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នេះ​ ពិភពលោក​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​ ដោយ​ក្នុង​នោះ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​)ក៏​កំពុង​ចាប់ផ្តើម​រីក​លូតលាស់​យ៉ាង​លឿន​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ផង​ដែរ​។ នៅ​កម្ពុជា​ បណ្តា​ធនា​គារ​ធំៗ​ជាច្រើន​បាន​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ជាមួយនឹង​ក្រុមហ៊ុន​ ឬដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ស្រុក​។ រហូតមកដល់​ពេល​ថ្មី​ៗនេះ​ក្រោម​ការ​ផ្ចុងផ្តើម​និង​សម្របសម្រួល​ពី​ធនាគារជាតិនៃកម្ពុជា​ និង​ធនាគារ​កណ្តាល​ថៃ​ បាន​ជំរុញ​ឱ្យ​បណ្តាញ​ធនាគារ​ធំៗ​មួយចំនួន​នៅ​កម្ពុជា​ បង្កើត​កិច្ចសហការ​ទូទាត់​សាច់ប្រាក់​ឆ្លង​ប្រទេស​តាមរយៈ​ប្រព័ន្ធ​ QR​ Code​ ដើម្បី​សម្រួល​ដល់​តម្រូវការ​នៃ​ប្រទេស​ទាំង2​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​រៀល​ និង​ប្រាក់​បាត​តាម​ប្រព័ន្ធ​ QR​ Code​ នេះ​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​វា​នឹង​ជំរុញ​ការប្រើ​ប្រាស់​រៀល​កាន់តែ​ប្រសើរ​ឡើង​ ព្រោះ​បច្ចុប្បន្ន​នេះ​ប្រសិនបើ​មិន​ជំរុញ​បែបនេះ​ទេ​ ប្រជាជន​នឹង​នៅតែ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ ឬប្តូរ​ជា​ប្រាក់​បាត​ដើម្បី​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​ដដែល​។ ក្រៅពី​នេះ​ QR​ Code​ អាច​ប្រើប្រាស់​បាន​លុះត្រាតែ​ប្រជាជន​មាន​គណនេយ្យ​ជា​ប្រាក់​រៀល​ជាមុន​សិន​ ទើប​អាច​ទូទាត់​នៅ​ប្រទេស​ថៃ​បាន​។ ក្រៅពី​នេះ​ វា​ក៏​ជួយ​សម្រួល​ផង​ដែរ​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់ប្រាក់​ ព្រោះ​អតិថិជន​អាច​ទូ​ទា​តត់​ដោយ​ងាយ​ស្រួល​ មិន​ចាំបាច់​កាន់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់បង់​នោះ​ទេ​។ លើស​ពីនេះ​ទៅទៀត​ ការ​ធ្វើបែប​នេះ​ក៏​នឹងអាច​កាត់​បន្ថយ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​បាន​ផង​ដែរ​ ព្រោះ​កាល​ណា​ប្តូរ​ប្រាក់​ គឺ​ធ្វើ​ឱ្យ​ខាតបង់​ការ​កាត់ទឹក​នៅពេល​ប្តូរ​ ហើយ​ចាយ​មិន​អស់​ ក៏​ត្រូវ​ខាត​ម្តង​ទៀត​នៅពេល​ប្តូរ​ត្រឡប់មកវិញ​។ ម្យ៉ាងវិញទៀត​ ការប្រើ​ប្រាស់​ QR​ Code​ វិញ​យើង​មិនបាច់​ប្តូរ​ចុះ​ប្តូរ​ឡើង​ទេ​ គឺ​អាច​ចាយ​បាន​ដោយសេរី​។

    លោកជំទាវ​ ជា​ សិរី​ បាន​មានប្រសាសន៍​ថា​៖ “ការ​ទូទាត់​តាមរយៈ​ QR​ Code​ រវាង​កម្ពុជា​ និង​ថៃ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ2019​ នេះ​ ព្រោះ​ការ​ងារ​ធំៗ​យើង​បានសម្រេច​រួច​អស់ទៅហើយ​”។

    លោកជំទាវ​ បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ទូទាត់​សាច់ប្រាក់​ដោយ​ប្រើប្រាស់​ QR​ Code​ នេះ​មិន​តម្រូវ​ឱ្យ​ប្រជាជន​បង់ថ្លៃ​សេវា​ទូទាត់​នោះ​ទេ​ ព្រោះ​យើង​ធ្វើ​តាមរយៈ​ធនាគារ​ នឹង​ធនាគារ​។ ចំណែក​ឯអត្រា​ប្តូរ​ប្រាក់​នៃ​ការ​ទូទាត់​វិញ​ គឺ​ធនាគារ​ នឹង​ធនាគារ​ គេ​នឹង​ប្តូរ​ឱ្យ​នៅពេល​ទូទាត់​នោះ​តែម្តង​ តាម​ប្រព័ន្ធ​ច្បាស់លាស់​ ហេតុនេះ​ប្រជាជន​នៃ​ប្រទេស​ទាំង2​ នឹង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ជាមួយគ្នា​។ ការ​ធ្វើ​បែបនេះ​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ឱ្យ​មានការ​រីក​លូតលាស់​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ព្រោះ​ប្រជាជន​ និង​ប្រជាជន​ អាច​ចរាចរ​សាច់ប្រាក់​របស់​ខ្លួន​ដោយ​ងាយ​ ដែល​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ ឬចាយវាយ​កើនឡើង​។ក្រៅពី​នេះ​ វា​ក៏អាច​ងាយស្រួល​ផង​ដែរ​ចំពោះ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​។

    ធនាគារ​ចំនួន​ 3 នៅ​កម្ពុជា​ដែល​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ទូទាត់ប្រាក់​រវាង​កម្ពុជា​ និង​ថៃ​តាមរយៈ​ QR​Code​ នេះ​ មាន​ដូចជា​ ធនាគារ​អេ​ស៊ី​លីដា​ ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស​ និង​ធនាគារ​កម្ពុជា​ពាណិជ្ជ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ការប្រកួត​ប្រជែង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​) បាន​ជំរុញ​ឱ្យ​ធនាគារ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ជាច្រើន​ចាប់ផ្តើម​បង្កើត​សេវាកម្ម​បន្ថែម​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​ដៃ​ (Mobile​ Apps​) ឬតាមរយៈ​បណ្តាញ​អុិន​ធើ​ណិ​ត ដើម្បី​ទាក់ទាញ​អតិថិជន​ និង​សម្រួល​ដល់​ការ​ទូទាត់​សម្រាប់​អតិថិជន​ដោយ​មិន​ចាំបាច់​កាន់​សាច់ប្រាក់​ផ្ទាល់​នោះ​ទេ​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់​តែ​មាន​ភាព​ងាយស្រួល​ ទូលំទូលាយ​ តែ​ក៏​ជា​កត្តា​ប្រឈម​ផង​ដែរ​សម្រាប់​ប្រជាជន​ ព្រោះថា​ ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ការចាយវាយ​បាន​ល្អ​ទេ​នោះ​ ចរន្តទឹក​ប្រាក់​របស់​យើង​ក្នុង​ 1ខែៗ​នឹង​ហូរចេញ​យ៉ាង​លឿន​ជាមួយ​ភាព​ងាយស្រួល​ និង​ឆាប់រហ័ស​នៃ​ការ​ទូទាត់​នេះ​ផង​ដែរ​៕

  • ទស្សនៈ​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ ក្នុង​ការ​ចូល​មកដល់​របស់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​

    ទស្សនៈ​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ ក្នុង​ការ​ចូល​មកដល់​របស់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​

    មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​រៀបចំ​កម្មវិធី​កិច្ច​សន្ទនា​ដោយមាន​ការពិភាក្សា​រួមគ្នា​ពីសំណាក់​វា​គ្មិន​ល្បី​ៗចំនួន​ 4រូប​ និង​មា​នការចួល​រួម​ពី​វាគ្មិន​មក​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​លើ​ប្រធានបទ​ស្ដីពី​ “កម្ពុជា​ឧស្សាហកម្ម4.0​”។

    កិច្ចពិភាក្សា​ស្ដីពី​ “កម្ពុជា​ឧស្សាហកម្ម4.0​” ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់​ដឹង​ដល់​ប្រជាជន​កម្ពុជា​ ពិសេស​សិស្ស​-និស្សិត​អំពី​ឧស្សាហកម្ម4.0​ និង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​គោលនយោបាយ​ប្រទេស​កម្ពុជា​ ឆ្ពោះទៅ​រក​យុគសម័យ​ថ្មី​នៃ​ភាព​រីកចម្រើន​របស់​បច្ចេកវិទ្យា​។

    សូមជម្រាប​ថា​ បដិវត្តន៍​ឧស្សាហកម្ម​ទី4​ អាច​ឆ្ពោះ​មក​បាន​ ក៏​មានការ​ឆ្លងកាត់​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី1​ ទី2​ និង​ទី3​។ ដោយ​បដិវត្តន៍​ឧស្សាហកម្ម​ទី1​កើតឡើង​រវាង​ឆ្នាំ1760​ និង​ឆ្នាំ1840​ ហើយ​ផលិតកម្ម​មេ​កា​និក​បង្ហាញខ្លួន​លើកដំបូង​ តាមរយៈ​ការបង្កើត​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយទឹក​គួបផ្សំ​ជាមួយនឹង​ការប្រើ​ប្រាស់​ផ្លូវ​រថភ្លើង​។ បដិវត្តន៍​ឧស្សាហកម្ម​ទី2​ បង្ហាញខ្លួន​នៅ​ចុង​សតវត្សរ៍​ទី19​ តាមរយៈ​របក​គំហើញ​ថាមពល​អគ្គិសនី​ និង​ការបង្កើត​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី3​ បាន​កើតឡើង​ផ្អែកលើ​កការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ប្រព័ន្ធ​អ៊ី​នធើ​ណិ​ត ព័ត៌មាន​វិទ្យា​ (IT​) សឺ​មី​កុង​ឌុចទ័រ​ និង​កុំព្យូទ័រ​ភាវូបនីយកម្ម​។

    លោកស្រី​ ចម​ និមល​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​ថា​ ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​និង​កំពុង​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ទទួលយក​នូវ​ឧស្សាហកម្ម4.0នេះ​ ព្រមទាំង​មាន​ទិសដៅ2​ ធំៗ​ ដោយ​ក្នុង​នោះ​ទិសដៅ​ទី1​ បាន​អនុវត្ត​រួចមក​ហើយ​ ហើយ​ទី2​-កំពុង​អនុវត្ត​ក្នុង​ពេល​ឆាប់​ៗនេះ​។

    លោកស្រី​បន្ដ​ថា​៖“ទិសដៅ​ទី1​ ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​នោះ​គឺ​ ការចុះបញ្ជី​អន​ឡាញ​ទាំង​ការចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ ការចុះបញ្ជី​អាជីវកម្ម​ព្រមទាំង​អាជ្ញាប័ណ្ណ​នាំ​ចេញ​ផ្សេង​ៗ ខាង​ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​រៀបចំ​ប្រព័ន្ធ​អន​ឡាញ​ដែល​អាច​ទទួល​បានការ​ឆ្លើយតប​ ការ​ដាក់ពាក្យ​ និង​ការ​ឆ្លើយតប​បែប​រហ័ស​ក្នុងរយៈពេល​ 1-3ថ្ងៃ​នៃ​ថ្ងៃធ្វើការ​”។

    ក្រៅពី​ការសម្រួល​ទាំងនេះ​ ក្រសួង​បាន​រៀបចំ​ប្រតិភូ​កាន់អំណាច​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឱ្យុ​ពួកគាត់​មានលទ្ធភាព​ក្នុង​ការ​ជួយ​ពង្រីក​ការ​បណ្ដុះបណ្ដាល​ពីរ​បៀ​បរ​បបនៃ​ការចុះបញ្ជី​ ដើម្បី​សម្រួល​ដល់​អាជីវកម្ម​ទូទាំង​ប្រទេស​។

    លោកស្រី​បាន​បញ្ជាក់​ថា​៖“ចំណែក​ទិសដៅ​ទី2​ គឺជា​ការរៀបចំ​ប្រព័ន្ធ​អន​ឡា​ញក្នុង​ក្រសួង​តែម្ដង​គឺជា​ប្រព័ន្ធ​មួយ​សម្រាប់​ឆែក​របាយការណ៍​សម្រាប់​ការ​វិវឌ្ឍ​របស់​អង្គភាព​នី​មួយ​ៗ ក្រោម​ស្ថាប័ន​ពាណិជ្ជកម្ម​ទាំងមូល​ ដូចជា​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ នៃ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​ ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ថា​ តើ​ពួកគាត់​បាន​ដំណើរការ​ដល់ណា​ ឬវិវឌ្ឍ​យ៉ាងណា​បន្ថែម​ទៀត​?“។

    លោក​ ជី​ សិលា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សប្បាយ​ ឌីជីថល​ បានឱ្យ​ដឹង​ថា​ ​;“សម្រាប់​គំនិត​ខ្ញុំ​ៗគិតថា​ បដិវត្តន៍​ឧស្សាហកម្ម4.0នេះ​ នឹង​ផ្ដល់​ភាព​ងាយស្រួល​ខ្លាំង​មែនទែន​ ដែល​អាច​និយាយ​បាន​ថា​ មិន​ចាំបាច់​ឱ្យ​មនុស្ស​និយាយ​ទេ​ ត្រឹមតែ​គិត​ក៏អាច​ផ្ដល់​ទៅដល់​បាន​ ប៉ុន្ដែ​សម្រាប់​ភាព​កាន់តែ​ងាយស្រួល​នេះ​ ក៏​មានផល​អវិជ្ជមាន​បន្ដិច​ផង​ដែរ​ គឺ​កាន់តែ​ងាយស្រួល​ តែ​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ខ្ជិល​”។

    លោក​ អ៊ុង​ លុយ​ណា​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ការ​ចូល​មករ​របស់​ឧស្សាហកម្ម4.0​ នេះ​នឹង​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ​ច្រើន​។ ជាក់ស្ដែង​ដូច​ក្នុង​វិស័យ​កសិកម្ម​អាច​ធ្វើ​ឱ្យ​មានឱកាស​ក្នុង​ការ​-បង្កើន​ផលិតភាព​របស់​យើង​ ឧទាហរណ៍​ថា​ ពីមុន​យើង​ធ្វើស្រែ​ចម្ការ​បាន​ទិន្នផល​ទាប​ ប៉ុន្ដែ​ពេល​ឧស្សាហកម្ម4.0ចូល​មក​ នឹង​ធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​ហ្នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ លោក​បន្ដ​ថា​ ចំណែក​ឯការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​វិញ​ ក៏​កាន់តែ​ងាយស្រួល​ផង​ដែរ​ ដោយ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ និង​ការបែងចែក​ធនធាន​ កាន់តែ​មានប្រសិទ្ធភាព​ជាង​មុន​ជាដើម​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ធ្លាប់​បាន​មាន​ប្រសា​ន៍​ថា​៖“សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា​ បច្ចេកវិទ្យា​ថ្មី​ ផ្តល់​ឱកាស​ដល់​ការ​លោត​ទម្លាក់​ដំណាក់កាល​ប្រពៃណី​ នៃ​ការ​អភិវឌ្ឍ​។ ក្នុង​បរិបទ​នៃ​សកល​ភាវូបនីយកម្ម​ និង​សមាហរណកម្ម​សកលលោក​ កម្ពុជា​ពិតជា​មិន​អាច​ចៀសវាង​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ បានទេ​ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​លើ​ការ​ចាប់​យក​ឱកាស​ក៏ដូចជា​គ្រប់គ្រង​ហានិភ័យ​ផង​ដែរ​”៕

  • តើ​ប្រទេស​ដែល​ល្បី​ខាង​ប្រជាជន​មាន​សេចក្តី​សុខ​ ភាគច្រើន​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​?…

    តើ​ប្រទេស​ដែល​ល្បី​ខាង​ប្រជាជន​មាន​សេចក្តី​សុខ​ ភាគច្រើន​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​?…

    មិនមែន​ទ្រព្យសម្បត្តិ​ ឥទ្ធិពល​ ឬភាព​ល្បីល្បាញ​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​សេចក្តី​សុខ​ពិតប្រាកដ​នោះ​ ហេតុនេះ​ហើយ​ទើប​គេ​សង្កេត​ឃើញថា​ ប្រទេស​តូច​ៗមួយចំនួន​បាន​ដណ្តើម​តំណែង​ជា​ប្រទេស​ដែ​លប្រ​-ជា​ជន​មាន​សេចក្តី​សុខ​ក្នុង​សន្ទស្សន៍​ល្អ​ៗពី​ប្រទេស​មហា​អំ​ណាច​ធំៗ​ដែល​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​។ មនុស្ស​ភាគច្រើន​ប្រហែលជា​គិតថា​អាមេរិក​ ចិន​ ឬប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធំៗ​ មាន​ឥទ្ធិពល​ខាងសេដ្ឋកិច្ច​ក្នុង​ពិភពលោក​ ជា​ប្រទេស​ដែល​មាន​ពិន្ទុ​ផ្នែក​ប្រជាជន​មាន​សេចក្តី​សុខ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ហើយ​មើលទៅ​ តែ​តាមពិត​ទៅ​ នៅក្នុង​តារាង​នៃ​ប្រទេស​មាន​សេចក្តី​សុខ​ជាងគេ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ 2019​ (world​ happiness​ report​) បាន​បង្ហាញ​ថា​ អាមេរិក​ស្ថិតនៅ​លើ​ចំណាត់ថ្នាក់​លេខ18​ ចិន​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​លេខ86​ អង់គ្លេស​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ19​ និង​ប្រទេស​ធំៗ​មួយចំនួន​ទៀត​មិនមែន​ស្ថិតនៅ​ចន្លោះ​ចាប់ពី​លេខ1​ ដល់​លេខ10​នោះ​ទេ​។ ផ្ទុយ​មកវិញ​ ប្រទេស​តូច​មួយ​ចំ​នួន​ៗ ដែល​ប្រទេស​ខ្លះ​មិនសូវ​មាន​ GDP​ ខ្ពស់​ផង​ តែ​បែរជា​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​កំ​ពូល​ៗនៃ​តារាង​ទៅវិញ​។

    ប្រទេស​មួយចំនួន​ដែល​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​លំបាក​ និង​គ្មាន​សេចក្តី​សុខ​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​នាំ​ភាព​សុខសាន្ត​ពិតប្រាកដ​មក​ជូន​ប្រជាជន​។ នៅ​ឆ្នាំ1948​ ប្រទេស​ Costa​ Rica​ បាន​កាត់បន្ថយ​ ឬលុបចោល​មិន​ឱ្យ​មាន​កងយោធា​ច្រើន​ ដើម្បី​ទុក​ថវិកា​ឱ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ចំណាយ​ទៅ​លើ​ផ្នែក​អប់រំ​ ដែល​ជា​លទ្ធផល​មកដល់​បច្ចុប្បន្ន​នេះ​ ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​បាន​ល្អ​ប្រសើរ​ឡើង​ខ្លាំង​ជាង​ប្រទេស​អ្នកមាន​មួយចំនួន​ ដូចជា​ចក្រភព​អង់គ្លេស​ និង​អាមេរិក​ជាដើម​។ នៅក្នុង​ឆ្នាំ2017​ ពួកគេ​បាន​វិនិយោគ​ថវិកា​ប្រមាណ​ 7.4​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ទៅលើ​វិស័យ​អប់រំ​។ ការ​ធ្វើ​បែបនេះ​ គឺ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​មានកម្រិត​នៃ​ការយល់​ដឹង​ខ្ពស់​ឡើង​ ហើយ​កាត់បន្ថយ​ស្ថានភាព​អនាធិបតេយ្យ​ និង​អំពើទុច្ចរិត​នៅក្នុង​សង្គម​ និង​នាំមក​នូវ​ការ​កើនឡើង​នូវ​សុចរិត​ភាព​ និង​ប្រសិទ្ធភាព​ការងារ​ដែល​មិនយូរ​មិនឆាប់​ ពួកគេ​អាច​រៀបចំ​ប្រព័ន្ធ​សេវា​សាធារណៈ​បាន​យ៉ាង​ល្អ​ រួម​ទាំង​ទទួល​បាន​ធនធាន​មនុស្ស​ល្អ​ៗយ៉ាងច្រើន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ទៀតផង​។

    ប្រទេស​ប៊ូ​តាន​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​មួយ​ដែល​ស្ងប់ស្ងាត់​ ដែល​មាន​ GDP​ តិច​ តែ​មាន​ភាព​ល្បីល្បាញ​រហូត​ពិភពលោក​ចាត់ទុក​ប្រទេស​មួយ​នេះ​ថា​ ជា​ដែនដី​នៃ​សេចក្តី​សុខ​។ ប៊ូ​តាន​ បាន​បំភ្លេច​ចោល​ GDP​ តែ​ផ្តោត​សំខាន់​លើ​ការ​កសាង​គុណភាព​របស់​មនុស្ស​ ព្រោះ​ពួកគេ​អាច​បណ្តុះ​ផ្នត់គំនិត​មនុស្ស​ឱ្យ​ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ​ និង​ពឹងពាក់​ធម្មជាតិ​ដោយ​ការ​ទាញ​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព​។ ពួកគេ​ចេះ​រស់នៅ​ក្នុង​ជីវភាព​រីករាយ​ជាមួយនឹង​ធនធាន​ដែល​ពួកគេ​ទទួល​បាន​ពី​ធម្មជាតិ​ ហើយ​ចេះ​សោយសុខ​ជាមួយ​ជីវិត​ដែល​រស់នៅ​បែប​សហគមន៍​ និង​ចេះ​ជួយគ្នា​គ្រប់​កាលៈទេសៈ​។ ដោយសារតែ​បែបនេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ប្រទេស​ប៊ូ​តាន​ បាន​ក្លាយជា​តំបន់​ដ៏​ស្មោះត្រង់​ចំពោះ​គ្នា​ ហើយ​ជា​កន្លែង​ដែល​ប្រជាជន​អាច​បង្កបង្កើនផល​ដំណាំ​សុខភាព​ច្រើនជាង​គេ​។ ចំពោះ​បរិស្ថាន​វិញ​ ក៏​ជាប់​លំដាប់ថ្នាក់​ខ្ពស់​បំផុត​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប្រជាជន​មាន​សុខភាព​ល្អ​ និង​មិន​ចំណាយ​ច្រើន​លើ​ការ​ព្យាបាល​ជំងឺ​ និង​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការសិក្សា​ពី​ចំ​ណុ​ចល្អៗ​នៃ​ការរស់នៅ​ ដើម្បី​បន្ត​ភាព​រីកចម្រើន​ដោយ​មិន​អាច​អវត្តមាន​បាន​នូវ​ផ្នត់គំនិត​រក្សា​សេចក្តី​សុខ​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​សង្គម​សួន​រួម​។

    ចំពោះ​ប្រទេស​នូវែ​លសេ​ឡង់​វិញ​ ពួកគេ​បាន​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​សេវា​រក្សាសុខ​ភាព​ផ្លូវចិត្ត​ និង​ចំណាយ​ថវិកា​ច្រើន​ដើម្បី​អភិវឌ្ឍ​ផ្នែក​ដ៏​សំខាន់​នេះ​។ក្នុងចំណោម​ថវិកា​រាប់ពាន់​លាន​ដុល្លារ​នោះ​រដ្ឋាភិបាល​ក៏​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ផង​ដែរ​ លើ​ការ​ជួយ​ស្តារ​គ្រួសារ​ដែល​ទទួលរង​អំពើ​ហិង្សា​ និង​កុមារ​ក្រីក្រ​ ព្រោះ​គេ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​កុមារ​ ដែល​ជា​ធនធាន​សំខាន់​សម្រាប់​អនាគត​សង្គម​។ ការ​ធ្វើបែប​នេះ​ជាគោល​ការណ៍​សំខាន់​មួយ​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​ចង់​វិនិយោគ​យូរអង្វែង​ដើម្បី​ស្វែងរក​សុភមង្គល​សម្រាប់​ប្រជាជន​ ប្រសើរ​ជាង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​តែមួយមុខ​ហើយ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​លំបាកទៅ​វិញ​៕

  • នំបញ្ចុកខ្មែរបង្ហាញខ្លួននៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក

    នំបញ្ចុកខ្មែរបង្ហាញខ្លួននៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​សម្ដែង​នូវ​ការរីករាយ ដែលនំបញ្ចុកខ្មែរបានបង្ហាញខ្លួននៅទី​ស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោ(World Trade Organization-WTO) នៅក្នុងកម្មវិធី​សង្គម​ និងវប្បធម៌ នារាត្រីថ្ងៃទី 03 ខែកក្កដា ឆ្នាំ2019 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ។​នេះ​បើ​តាម​សរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សម្ដេច​តេ​ជោ ហ៊ុន សែន នាថ្ងៃ​ទី 04 ខែកក្កដា ឆ្នាំ2019 ។

    ​សម្ដេច​តេ​ជោបានបញ្ជាក់ថា៖» ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់​ទីស្នាក់​ការ​អង្គ​ការពាណិជ្ជ​កម្ម​ពិភពលោក (WTOកាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និ​ង​វប្បធម៌។ ដូច​យើង​ដឹង​ហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិ​យើង ដែលបង្ហាញ​ពី​សា​មគ្គីភាពស្អិត​រមួត​វេញ​ត្របាញ់​ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែល​មាន​គ្រឿងផ្សំជា​ច្រើន​នាំ​មក​នូវក្លិនដ៏ឈ្ងុយ និងរសជាតិ​ដ៏ឆ្ងាញ់ពិសាដែលនាំមកនូវសុខភាពពិតៗ»។

    សម្ដេចតេជោបានបន្ថែមថា៖» យើងចូល​រួម​ឱ្យ​ត​ម្លៃ​ លើក​តម្កើងម្ហូបអាហារ និងនំចំណី​ខ្មែរ​ឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗតូច ​ធំ ​ទាំងក្នុង និងក្រៅប្រទេស។ សម្ដេច​តេជោ​ក៏សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និង​សំណាងល្អគ្រប់​ទីកន្លែង»។

    គួរបញ្ជាក់ដែរថា ក្នុងខណៈដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​​ក​ល​ លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ2019 » នារាត្រីថ្ងៃទី 03  ខែកក្កដា ឆ្នាំ2019 សម្តេចអគ្គ​    ម​ហា​​សេនា​ប​តី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិប​តី​ដ៏​ខ្ពង់ខ្ពស់ ក្នុ​ង​ពិធីបើកកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ ដែល ប្រារព្វធ្វើឡើងនៅទី​ស្នាក់​ការ​កណ្តាល អ​ង្គ​​ការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

    ក្នុងពីធីនោះ  ក៏មានការអញ្ជើញ​ចូ​​លរួមពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយ​កអង្គការ​ពាណិ​ជ្ជក​ម្មពិភ​ព​លោ​ក ព្រម​ទាំង​វត្ត​មា​ន​ ឯកឧត្តម លោកជំទាវ អនុប្រធា​នាធិបតី និងតំណាង​ប្រទេស​នៃ​សមា​ជិក​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោកជាច្រើនរូប។

    ក្នុង​ព្រឹត្តិការណ៍ដ៏មាន​អត្ថន័យជា​ប្រវត្តិសាស្រ្ត និង​ក្នុងនាម​ជា​ប្រ​ទេ​សម្ចាស់ផ្ទះ ដែលរៀបចំ ព្រឹត្តិ​ការណ៍សង្គម និងវប្បធម៌ សម្តេចអគ្គមហា​សេនា​ប​តី​តេជោ ហ៊ុន សែ​​ន និងថ្នាក់ដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​ស​មា​ជិ​ក​ អង្គការពាណិជ្ជកម្ម​ពិភ​ព​​លោក អញ្ជើញពិសារនំបញ្ចុក និង​បង្អែម​ប្រពៃណី​ជាតិខ្មែរ ដែល​រៀ​ប​​ចំ​ដោយអ្នកចុង​ភៅ​មក​ពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​នៅសហភាពអឺរ៉ុប។

    ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជ​កម្មពិ​ភព​លោ​ក និង​ថ្នាក់​ដឹកនាំនៃប្រ​ទេ​ស​ជា​សមា​ជិក អង្គការពាណិជ្ជកម្មពិភពលោកដែលមានវត្ត​មា​ន​​ក្នុង​ព្រឹត្តិ​ការ​ណ៍​​​ស​ង្គ​​ម និងវប្បធម៌ គឺសុទ្ធតែសម្ដែងនូវការកោតសរសើរចំពោះ​រស់​ជាតិ​ នៃម្ហូបប្រពៃណីជាតិខ្មែរគឺ​«នំបញ្ចុក​»​ដែលមានរស់ជាត់ឈ្ងុយឆ្ងាញ់​ពិសានេះផងដែរ៕

  • ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ASF ត្រូវបានរកឃើញក្នុងទីតាំងថ្មី

    ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក ASF ត្រូវបានរកឃើញក្នុងទីតាំងថ្មី

    រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងឱ្យដឹងថា ក្រសួងរបស់លោកបានសម្រេចកំណត់តំបន់ផ្ទុះ​ជំងឺ​ប៉េស្ត​​ជ្រូក​អាហ្រ្វិក ASF នៅក្នុងភូមិចំនួន2 ក្នុងខេត្តត្បូងឃ្មុំនៅជិតព្រំដែនប្រទេសវៀតណាម ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលទៅដល់តំបន់ដទៃទៀតនៅកម្ពុជា។ នេះបើយោងតាម​ប្រកាស​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះថ្ងៃទី2 ខែកក្កដា ឆ្នាំ2019។

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា ការរកឃើញករណីនេះបាន​ជំរុញ​ឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មស្បៀងត្រូវធ្វើ«សកម្មភាពជាបន្ទាន់» នៅក្នុងភូមិ​កំពង់​សេ​រី​ និង​ភូមិសោយ ​ក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

    ក្នុងសេចក្តីប្រកាស ឯកឧត្តម វេង សាខុន បានបញ្ជាឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះនៅ តំបន់ខាងលើ ក្នុងនោះត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល។

    ជាមួយគ្នានេះ ត្រូវផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និង ផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ និងដាក់តំបន់នេះជា តំបន់ត្រួតពិនិត្យ និងតាមដាន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឱ្យផ្អាកជាបណ្តោះអាសន្នចំពោះការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ នៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះផងដែរ។

    ឯកឧត្តមបានមានប្រសាសន៍ថា៖«ខ្ញុំបានប្រាប់មន្រ្តីក្រសួងដើម្បីកំណត់អត្តសញ្ញាណ​សត្វ ជ្រូកឆ្លង​មេរោគ ត្រូវផ្អាកការជួញដូរសាច់ជ្រូកនៅជុំវិញ​តំបន់​ដែលរងផលប៉ះពាល់ ហើយតំបន់ទាំង​នេះត្រូវតែបង្កើនការត្រួតពិនិត្យ និងត្រូវចាត់វិធានការ​ថែម​ទៀត​ ដើម្បីតាមដាន និងរារាំង​ការដឹក​ជញ្ជូន​ជ្រូកនៅចម្ងាយ 10គីឡូម៉ែត្រពីភូមិទាំង2» ។

    ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ​បាន​លើក​ឡើងថា ដោយសារតែការរីករាលដាលនៃជំងឺនេះក្រុមការងារមួយកំពុងតាមដានព្រំដែនកម្ពុជា -វៀតណាមដើម្បី​ពិនិត្យ​​មើលថា តើសត្វជ្រូកឆ្លងចូលមកក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច?

    ឯកឧត្តមបានកត់សម្គាល់ថា លទ្ធផលបឋមនៃដំណើរការតាមដានបានបង្ហាញថា ការបង្ក​រោគ​​អាចមក​ពីផលិតផលសាច់ជ្រូកដែលត្រូវបានលក់នៅលើម៉ូតូតាមបណ្តោយ​ព្រំដែនជា​មួយវៀត​ណាម។

    សូមជម្រាបជូនថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះមិនឆ្លងទៅមនុស្សទេ យោងតាមក្រសួងបានឱ្យដឹងថា ទោះ​បី​ជាមានវត្តមានរបស់ ASF នៅខេត្តត្បូងឃ្មុំក៏ដោយ​ ក៏ជំងឺ​នេះ​​មិនអាចចម្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឱ្យសត្វជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់100% ដែលបង្កការ​ខាតបង់​យ៉ាង​ធ្ងន់​ធ្ងរដល់អ្នក​ចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ គេបានកត់សម្គាល់ថា ក្រសួងមាន​ការព្រួយបារម្ភខ្លាំង​អំពី​ផល​ប៉ះពាល់ខាងសេដ្ឋកិច្ច។

    បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះ​ឱ្យជាសះ​ស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយទេ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធាន ការ​តែ​មួយគត់ គឺកម្ទេចហ្វូង​ជ្រូកដែលមានមេរោគទាំងនោះចោលតែម្ដង។

    កាលពីខែមេសា ក្រសួងកសិកម្មបានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងជាលើក ដំបូងនៅក្នុងភូមិសោមកានិញ ឃុំ​សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បន្ទាប់ពីមានសត្វជ្រូកប្រហែល 400ក្បាលបានងាប់​កាលពីថ្ងៃទី22 ខែមីនា ឆ្នាំ2019 ខណៈជ្រូក ​193ក្បាល​ផ្សេង​ទៀតត្រូវបានកម្ទេចក្រោយ​រកឃើញ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។​

    ហេតុការណ៍នេះបាន​ជំរុញឱ្យ​មន្ត្រី​កសិ​កម្ម​​នៅតាមខេត្តជាប់​ព្រំ​ដែន​ជាមួយវៀតណាម​បង្កើនការការពារការនាំចូលផលិតផលសាច់ជ្រូក និងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង​កសិ​ដ្ឋានចិញ្ចឹម​ជ្រូកផងដែរដោយភ័យខ្លាចការរីករាលដាលនៃមេរោគ ASF៕

  • Joao Felix ក្លាយជាកីឡាករវ័យក្មេងថ្លៃជាងគេលើលោកទី២ ប​ន្ទាប់ពី Kylian Mbappe

    Joao Felix ក្លាយជាកីឡាករវ័យក្មេងថ្លៃជាងគេលើលោកទី២ ប​ន្ទាប់ពី Kylian Mbappe

    កាលពីពេលថ្មីៗនេះ Joao Felix ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Benfica បានទៅដល់ទឹកដីអេស្ប៉ាញ និងក្លាយជាកីឡាកររបស់ Atletico Madrid ជាផ្លូវការហើយ។

    កីឡាករសញ្ជាតិព័រទុយហ្គាល់ វ័យ១៩ឆ្នាំរូបនេះ បានផ្ទេរទៅកាន់ក្លិបថ្មីក្នុងតម្លៃខ្លួន ១២៦​លានអ៊ឺរ៉ូ ក្លាយជាកីឡាករវ័យក្មេងថ្លៃបំផុតលើលោកបន្ទាប់ពី កីឡាករសញ្ជាតិបារាំង Kylian Mbappe។

    គួរបញ្ជាក់ផងដែរថា Felix ទើប​ជាប់​ឈុត​ធំ​ របស់ក្លិប Benfica ដំបូង​កាល​ពី​ខែ​សីហា​ឆ្នាំ​កន្លទៅ​តែប៉ុណ្ណោះ តែ​ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់ និង​ជួយ​ Benfica ឈ្នះ​ជើងឯក​លីគ​នៅ​រដូវ​កាល​មុន​៕