Author: ធឿន មករា

  • ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង (តចប់)

    ប្រយោជន៍ 15យ៉ាងរបស់ផ្លែក្រូចឆ្មារក្នុងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះគួរតែដឹង (តចប់)

    ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។ កាលពីលេខមុន ទំព័រចំណេះដឹងស្ត្រីមេផ្ទះ បានជម្រាបមិត្តអ្នកអានរួចហើយ 10ចំណុច ឥឡូវយើងនាំក្នាមកតាមដានជាបន្តទៀត…។

    11-ជួយបន្ធូរកម្លាំងក្នុងការលាងសម្អាតបន្ទប់ទឹក

    ចាក់ទឹកក្រូចឆ្មារចូលទៅក្នុងទឹកសាប៊ូលាងសម្អាតបន្ទប់ទឹក ដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការកំចាត់ស្នាមកំណកក្អែលដែលតោងជាប់ណែននៅតាមឥដ្ឋការ៉ូដោយការចាក់ទឹកសាប៊ូលាយទឹកក្រូចឆ្មារនោះឱ្យសព្វលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក រួចទុកចោល 2ម៉ោង មុននឹងដុសសម្អាតចេញឱ្យស្អាត។

    12-បន្ថែមភាពស្រស់ស្រាយដល់ក្រណាត់ពណ៌ស

    ក្រូចឆ្មារ គឺជាជម្រើសដ៏ល្អបែបគ្មានសារធាតុពុលមួយសម្រាប់ក្រណាត់ពណ៌ស។ គ្រាន់តែបន្ថែមទឹកក្រូចឆ្មារ 1/4 នៃពែងចូលទៅក្នុងម៉ាស៊ីនបោកខោអាវ តែប៉ុណ្ណឹងក៏អាចបន្ថែមថាមពលនៃភាពសភ្លឺស្រស់ស្រាយដល់ក្រណាត់ពណ៌សបានច្រើនឡើងទៅហើយ និងចូរដាក់ហាលជាមួយនឹងពន្លឺថ្ងៃ ជំនួសឱ្យការចំហុយឱ្យស្ងួត។

    13-កម្ចាត់ស្នាមកំណកខ្លោចខ្មៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វ

    ច្របាច់ទឹកក្រូចឆ្មារចូលទៅក្នុងទឹកស្អាត ហើយយកទៅដាក់កម្ដៅនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វរយៈពេល 2 – 3នាទី។ ចំហាយទឹកក្រូចឆ្មារក្នុងម៉ៃក្រូវេហ្វ នឹងជួយរំលាយស្នាមកំណកខ្លោចខ្មៅដែលតោងជាប់នៅខាងក្នុងនោះ ធ្វើឱ្យងាយជូតសម្អាតបានយ៉ាងស្អាតល្អ។

    14-បង្កើនភាពស្រស់បស់នៅក្នុងខ្យល់អាកាស

    បង្កើនភាពស្រស់បស់ឱ្យបន្ទប់គេងក្នុងរដូវរងា ដោយការដាក់ចំណិតផ្លែក្រូចឆ្មារដែលហាន់ស្តើងៗចូលទៅក្នុងទឹកក្តៅឧណ្ហៗ។ ក្លិនក្រូចឆ្មារនឹងបង្កើនភាពស្រស់ស្រាយ និងសំណើម មិនឱ្យប្រថុយប្រថាននឹងបញ្ហាស្បែកស្ងួត និងថែមទាំងជួយឱ្យមានក្លិននៅក្នុងផ្ទះក្រអូបស្រស់ស្រាយបែបធម្មជាតិទៀតផង។

    15-កម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកក

    កម្ចាត់ក្លិនផ្តុសៗនៅក្នុងទូទឹកកកដោយការយកដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយយកទៅដាក់នៅក្នុងទូទឹកកកឱ្យបានច្រើនម៉ោង។ ក្លិនទឹកក្រូចឆ្មារនឹងជួយកម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាព៕

  • តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើអ្នកដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើស្ត្រីមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌ អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងពេលប្រសូតចេញមកហើយ ថែមទាំងចេះត្រៀមខ្លួនជាស្រេច ក្នុងការរៀនយល់ដឹងរឿងផ្សេងៗក្នុងសភាពបរិស្ថានជុំវិញខាងក្រៅបានយ៉ាងល្អទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌ម្តាយ?។

    1-រៀនយល់ដឹងពីការស្តាប់ និងឮ

    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយយ៉ាងច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញខ្លួនម្ដាយរបស់គេ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ ស្ត្រីមានគភ៌អាចសាកល្បងបានយ៉ាងងាយ គឺនៅពេលណាដែលកូនរើខ្លាំងៗ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនយ៉ាងទន់ភ្លន់ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2-ប្រែភាសាបានទៀតផង

    ពិតប្រាកដណាស់ នៅពេលកូនបានឮ កូនក៏នឹងអាចដឹងអំពីភាសា និងអត្ថន័យនៃពាក្យនោះបានដែរ។ ស្ត្រីមានគភ៌អាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ កូននឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ ដែលគេធ្លាប់បានឮញឹកញាប់ ដូច្នេះហើយទើបមានការណែនាំឱ្យស្ត្រីមានផ្ទៃពោះស្តាប់បទភ្លេងដែលបើកតិចៗ ពីរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូន ក៏ស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងភាសាបាន។

    3-អាចមើលឃើញពន្លឺភ្លើងបានហើយ

    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញ ព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ ស្ត្រីមានគភ៌មួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូត អាចនឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4-រៀនយល់ដឹងពីរសជាតិ

    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលម្តាយទទួលទាន ចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិចាប់តាំងពីសប្តាហ៍ទី14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក្សទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនគេទៀតផង។ យើងអាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់ នៅពេលដល់វ័យដែលស័ក្តិសមនឹងញ៉ាំ។

    5-ចាំក្លិនម្តាយបានមុនគេទាំងអស់

    ក្រៅពីចាំរសជាតិអាហារបានហើយ ទារកនៅអាចចាំក្លិនអាហារបានទៀតផង តែអ្វីដែលគេចាំបានល្អបំផុតនោះគឺ ក្លិនរបស់ម្តាយ ដោយយើងអាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីមនុស្សជាម្តាយបានភ្លាមៗតែម្តង ហើយរឹតតែចិញ្ចឹមយូរទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា តើម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះអាចដល់ថ្នាក់យំងង៉ក់រករឿងទៀតផង ពេលមិនបានធុំក្លិនម្តាយនៅជិតខ្លួន។

    6-ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7-ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ

    លទ្ធផលស្រាវជ្រាវបានរកឃើញទៀតថា ទារកដែលមានអាយុនៅក្នុងគភ៌ 20សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ ស្ត្រីមានគភ៌ខ្លះដែលធ្វើអាល់ត្រាសោនដ៍ ថែមទាំងបានឃើញកូនតូចកំពុងជញ្ជក់ម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលទាំងនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីពេលនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅ ក្រោយពេលកើតចេញមកហ្នឹងឯង៕

  • សុខភាពផ្លូវចិត្ត ៈ ខាងក្រោមនេះ គឺអ្វីដែលអ្នកមានសេចក្តីសុខ តែងធ្វើក្នុង 5នាទីដំបូង ពេលភ្ញាក់ពីគេង

    សុខភាពផ្លូវចិត្ត ៈ ខាងក្រោមនេះ គឺអ្វីដែលអ្នកមានសេចក្តីសុខ តែងធ្វើក្នុង 5នាទីដំបូង ពេលភ្ញាក់ពីគេង

    តើសេចក្តីសុខនៅទីណា? អ្នកណាៗក៏ចង់ដឹងដែរ ចុះមិត្តអ្នកអានវិញ គិតថា រាល់ថ្ងៃនេះខ្លួនឯងមានសេចក្តីសុខក្នុងកម្រិតណាដែរ? ឥឡូវនេះ យើងនាំគ្នាមកមើលពីកិច្ចការងារដែលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តប្រាប់ថា បើមិត្តអ្នកអានជាមនុស្សដែលមាន​សេចក្តី​សុខ មិត្តអ្នកអាននឹងធ្វើនូវរឿងខាងក្រោមនេះក្នុងពេល 5 នាទីដំបូងចាប់ពីពេលភ្ញាក់ឡើងនៅពេលព្រឹក។

    -នាឡិការោទ៍មិនឃើញចាំបាច់អីជាមួយជីវិតសោះ (ខ្ញុំអាចភ្ញាក់ដោយខ្លួនឯងបានយ៉ាងស្រួល)

    បើលោកអ្នកចាំបាច់ត្រូវភ្ញាក់ដោយសារនាឡិការោទ៍ដាស់នោះ សូមប្រាប់ទៅចុះថា យ៉ាងណាក៏លោកអ្នកប្រហែលជាមិនមែន​ជាមនុស្ស ដែលមានសេចក្តីសុខយ៉ាងពិតប្រាកដនោះទេ។ ដោយសារតែលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានអះអាង​ហើយថា ការរំកិលម៉ោងរោទ៍ទៅមុខបន្តិច ដើម្បីឱ្យបានគេងបន្តបន្តិចទៀតនោះ រឹតតែធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ទន់ល្វើយខ្លាំងជាងមុន​ទៅ​ទៀត។ ព្រោះថា សភាវក្រោយពេលត្រូវដាស់ដោយសំឡេងនាឡិកាហើយនោះ រាងកាយនឹងត្រូវបានធ្វើឱ្យភ្ញាក់ឡើងដោយខ្លួនឯងជាធម្មជាតិរួចទៅហើយ ដូច្នោះដែលគិតថា បានគេងតបន្តិចទៀតយ៉ាងសប្បាយនោះ ការពិតវិញ វាជាសភាវស្ទើរភ្ញាក់ស្ទើរលក់ ស្រដៀងៗនឹងសភាវអត់ងងុយ ដែលនឹងនាំលោកអ្នកឆ្ពោះទៅរកជំងឺគេងលក់មិនពេញលេញនៅពេលក្រោយទៅវិញទេ។ ប៉ុន្តែ បើលោកអ្នកអាច​ភ្ញាក់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងសំឡេងនាឡិការោទ៍ នោះ គឺមានន័យស្មើនឹងបានគេចផុតពីសភាវសុខភាពនៃការគេងលក់មិនបានពេញលេញ និងជំរុញឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ទៀតផង។

    -នឹកសរសើរខ្លួនឯងតាំងពីព្រឹក (វ៉ាវ! ខ្ញុំនេះពិតជាអស្ចារ្យមែននៅលើប្រឹថពីនេះ!!)

    ចាប់ផ្តើមថ្ងៃថ្មីដោយការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង មិនថាតែការកោតសរសើរខ្លួនឯង ឬសូម្បីតែបានដឹង ឬបានឃើញពីអ្វីដែលល្អៗ វានឹងក្លាយជាថ្ងៃល្អៗមួយ ដែលមានអារម្មណ៍ថា ស្រឡះភ្លឺថ្លា និងត្រៀមជាស្រេចដើម្បីទប់ទល់គ្រប់ស្ថានការណ៍…បើយ៉ាងនេះហើយ តើនរណាទប់មិនញញឹមបាន?។

    -បន្ថែមភាពស្រស់ស្រាយដោយការងូតទឹក (អីយ៉ា! ខ្លួនខ្ញុំក្រអូបប្រហើរតែម្តង…)

    នៅក្នុងផ្នែកចិត្តវិទ្យា ការងូតទឹក គឺជាវិធីធ្វើសមាធិដ៏ល្អមួយ ដែលបើកឱកាសឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយ និងថែមទាំងភ្លេចៗខ្លួន ការស្ថិតនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងនេះ អាចនឹងជួយឱ្យអ្នកនឹកដល់សេចក្តីសុខចាស់ៗពីមុនមកក៏អាចថា​បានដែរ។ យ៉ាងនេះឯង ទើបមិនចាំបាច់ប្រាប់ឡើយថា តើការងូតទឹកនឹងបង្កើនសេចក្តីសុខដល់រូបអ្នកបានយ៉ាងណានោះ?។

    -ព្រឹកនេះ សុំរឿងមួយទៅចុះ គឺកុំអាលប៉ះទូរស័ព្ទបានអត់? Ok!

    បើត្រូវភ្ញាក់ឡើងមក ដើម្បីជួបនឹងអុីមែលរបស់លោកនាយ ឬឃើញផូស្តតវ៉ាផ្ចាញ់ផ្ចាលគ្នា តាមរយៈប្រព័ន្ធបណ្តាញសង្គមនោះ ជីវិតនាពេលព្រឹកនេះ ប្រហែលជាគួរឱ្យអាណឹតមិនស្ទើរទេមើលទៅ… ដូច្នេះហើយ អ្នកដែលចង់មានសេចក្តីសុខនាពេលព្រឹកទាំងឡាយ…សុំតែម្តងទៅចុះថា នៅឱ្យឆ្ងាយពីស្មាតហ្វូនមួយភ្លែតបានអត់?។

    -ឆែកមើលបន្តិចមើល៍ ថាថ្ងៃនេះមានអីដែលត្រូវធ្វើខ្លះ?

    តារាងជីវិតក្នុង​ 1ថ្ងៃៗ គួរតែត្រូវដឹងថា តើមានអ្វីត្រូវធ្វើខ្លះ មិនដូច្នោះទេអាចនឹងត្រូវឈឺក្បាលវិលមុខជាមួយនឹងរឿងរញេ​រញ៉ៃ​ជុំវិញខ្លួន ហើយសេចក្តីសុខកាយសប្បាយចិត្ត ក៏ប្រហែលជាអណ្តែតទៅបាត់ តាមខ្សែវាយោយ៉ាងមិនអាចជួយបានមិនខាន។

    -បញ្ចេញកម្លាំងតាំងពីព្រឹកព្រលឹម (មកពីចង់បង្អួតភាពមាំមួនរបស់រាងកាយហ្នឹងណា៎)

    ការហាត់ប្រាណតាំងពីព្រឹកព្រលឹម មិនមែនត្រឹមតែជួយឱ្យរាងកាយ រឹងប៉ឹងមាំមួនតែមួយមុខនោះទេ ព្រោះមានតែអ្នកដែលហេពភី​ជាមួយ​ជីវិតប៉ុណ្ណោះ ទើបដឹងថា ការក្រោកពីព្រលឹមដើម្បីមកហាត់ប្រាណនេះ អាចជួយកាត់បន្ថយក្តីតានតឹងធុញថប់ក្នុងអារម្មណ៍ បង្កើន​ប្រសិទ្ធ​ភាពការធ្វើការងាររបស់រាងកាយ រួមទាំងដាស់ភាពស្រស់ស្រាយឡើងវិញបានមួយរយភាគរយទៀតផង។

    -អាហារពេលព្រឹកនេះ មិនអាចអត់បានទេ

    អ្នកណាក៏ដឹងដែរថា អាហារពេលព្រឹកមានប្រយោជន៍ខ្លាំងណាស់។ មុនគេបង្អស់គឺ កាពារជំងឺក្រពះ រោគអាល់ហ្សៃមើរ៍ និងដែលសំខាន់នោះ គឺនៅបានជួយដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាលទៀតផង។

    មនុស្សយើងតែងតែសួររកនិយមន័យរបស់សេចក្តីសុខក្នុងជីវិតដោយវិធីការផ្សេងៗ ទាំងការពិតទៅ គ្រាន់តែគ្មានអារម្មណ៍កើតទុក្ខ ក៏ស្មើនឹងមានសេចក្តីសុខយ៉ាងខ្លាំងបាត់ទៅហើយ មិនថា អ៊ីចឹងហ្អីមិត្តអ្នកអាន?៕

  • ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ មានបច្ច័យជាច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗ​ត្រួសៗដូចខាងក្រោម…។

    1. សុវត្ថិភាព : ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណាដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនដុស​ខាត់កម្រាលឥដ្ឋ ឬកាំជណ្តើររលោងជ្រុលពេករហូតអាចបណ្តាលឱ្យក្មេងៗដើររអឹល រួមទាំងការបំពាក់ឧបករណ៍គ្រឿង​អគ្គិសនី និងខ្សែភ្លើងឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។
    2. ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត : រៀបចំឱ្យមានខ្យល់អាកាសបក់ចេញចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាតជាប់ជានិច្ចផង។
    3. ងាយស្រួលក្នុងការប្រើប្រាស់ : ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ ​និងទុកដាក់របស់របរ​ឱ្យត្រូវ​តាម​កន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។
    4. ភាពស្រួល សប្បាយ : រៀបចំផ្ទះឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបញ្ចេញកំដៅ និងឱ្យខ្យល់អាកាសចេញចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះដែលនឹងធ្វើឱ្យសប្បាយរីករាយចិត្តបានផង។
    5. មានរបៀបរៀបរយ និងស្រស់ស្អាត : របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតថយចុះ ហើយជាពិសេសរឿងពណ៌ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗមកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។
    6. សន្សំសំចៃ : ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់​របរដែលនឹងទិញយកមកតុបតែងផងតាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មីឱ្យស្អាតមកដាក់តាំងលម្អឡើងវិញជាដើមផងដែរ៕
  • ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូង នឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន…តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកតាំងគភ៌នេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។

    លទ្ធផលនៃការតាមដានពិនិត្យមើលស្ត្រីមានគភ៌ជាង 850,000នាក់ បានឱ្យដឹងថា ស្រ្តីមានគភ៌ដែលមានអាការ​ចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំកំណត់ពេល ហើយទារកដែលប្រសូតចេញមក ក៏មានសុខភាពរាងកាយរឹងមាំល្អដែរ តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9.5% ច្រើនតែប្រសូតមុនពេលកំណត់ និងទារកខ្លះអាចនឹងស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។

    អាការចាញ់កូនកើតឡើងបានចំពោះអ្នកមានគភ៌គ្រប់រូប កើតឡើងដោយសារតែការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយត្រូវបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន។ បើស្ត្រីមានគភ៌មានអាការចាញ់កូន មិនថាច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។

    បើស្ត្រីមានគភ៌ម្នាក់ណាមានអាការចាញ់កូនខ្លាំង អាចញ៉ាំអាហារខាងក្រោមនេះ ដើម្បីសម្រាលអាការបាន ដូចជា ៈ

    1. ទឹកខ្ញីក្តៅៗ ឬត្រជាក់ ដែលមានរសជាតិផ្អែមតិចៗ។
    2. បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។
    3. រៀបចំនំឃុកគី ឬនំគ្រែកឃើរ៍ ដុំតូចៗទុកយកមកញ៉ាំក្នុងពេលថ្ងៃ។
    4. ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។

    សម្រាប់អាការចាញ់កូន អាចនិយាយបានថា ជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបានបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ ក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អមែនទែន ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

  • តើគួរផ្លាស់ប្តូរ (ចិត្តគំនិត និងចរិត) ខ្លួនឯង ដើម្បីសុភមង្គលក្នុងជីវិតគូឬទេ?

    តើគួរផ្លាស់ប្តូរ (ចិត្តគំនិត និងចរិត) ខ្លួនឯង ដើម្បីសុភមង្គលក្នុងជីវិតគូឬទេ?

    នៅពេលរៀបការហើយមករស់នៅជាមួយគ្នា តើទាំង 2នាក់(ស្វាមី-ភរិយា)គួរផ្លាស់ប្តូរខ្លួនឯង ដើម្បីឱ្យជីវិតគូមានសេចក្តីសុខសុភមង្គលដែរឬទេ? និងតើគួរផ្លាស់ប្តូរច្រើន-តិចប៉ុនណាដែរទៅ?។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលគូស្វាមីភរិយាវ័យក្មេងទាំងឡាយ គួរតែអានដើម្បីទុកជាចំណេះដឹងក្នុងការរស់នៅ​យ៉ាងចុះសម្រុងជាមួយមនុស្សដែលយើងស្រឡាញ់។

    1-ពេលដែលមានស្នេហា អ្នកណាៗក៏តែងតែ(ព្យាយាម)ផ្លាស់ប្តូរខ្លួនឯង និងសម្របសម្រួលខ្លួនឱ្យចូលចុះជាមួយនឹងមនុស្សដែលយើងស្រឡាញ់ដែរ ត្រង់នេះមិនមានអ្វីចម្លែកចិត្តទេ ហើយក៏មិនមែនជាបញ្ហាដែរ ថែមទាំាំងជារឿងដែលគួរឱ្យស្រឡាញ់ទៀតផង។

    ភាគច្រើន យើងច្រើនតែឃើញការផ្លាស់ប្តូររបស់ខាងស្រីច្រើនជាងខាងប្រុស ព្រោះនារីៗភាគច្រើន ពេលស្រឡាញ់អ្នកណាហើយ ច្រើនតែសម្តែងចេញមកត្រង់ៗដូចចិត្តរបស់ខ្លួន ច្រើនជាងបុរស។ មិនសូវវាងបត់បែនវែងឆ្ងាយនាំឱ្យឈឺក្បាលនោះទេ នេះគឺជាចំណុចល្អ(របស់នារី)ដែលគួរឱ្យសរសើរ។ ចំណែកបុរសខ្លះវិញ ក៏មិនមែនថា មិនផ្លាស់ប្តូរសោះនោះទេ គេក៏ផ្លាស់ប្តូរដូចគ្នាដែរ ដូចជា អាចធ្វើខ្លួនសុភាពរាបសាជាងមុន ឈប់ដើរលេងផ្តេសផ្តាស់ និងចាប់ផ្តើមចេះយកចិត្តគេ មកដាក់ចិត្តខ្លួនឯង គឺនៅពេលមានភរិយានេះឯង។

    2-តែការផ្លាស់ប្តូរដែលថានេះ វាមានទាំងធ្វើឱ្យល្អឡើង និងធ្វើឱ្យកាន់តែយ៉ាប់ឡើង ដូច្នេះទើបអាស្រ័យលើថា តើខាងណានឹងដឹងច្បាស់ ឬជ្រើសរើសដើរតាមផ្លូវណាច្រើនជាងគ្នា?

    បើការផ្លាស់ប្តូរ បង្ហាញថា កំពុងដំណើរការទៅក្នុងផ្លូវដែលល្អ ដូចជា ពីមនុស្សស្រី(ឬប្រុស)ម្នាក់ដែលធ្លាប់តែខ្ជឹល តែពេលបានស្វាមី(ឬភរិយា)ជាមនុស្សឧស្សាហ៍ ខំប្រឹងធ្វើការរកស៊ី ខ្លួនឯងក៏មានកម្លាំងជំរុញចិត្ត និងកម្លាំងចិត្ត ចង់ឱ្យជីវិតគូស្ថិតស្ថេរមាំទាំឡើងក៏អាចថាបានដែរ។ ដូច្នេះ ជំនួសឱ្យការដែលគិតតែពីនៅស្ងៀម ចាំតែដេកស៊ីនោះ ក៏បែរមកជួយគ្នាធ្វើការរកស៊ី កម្លាំង2 ប្រណាំងគ្នាតែម្តង ដើម្បីអនាគត។ បើដំណើរការទៅក្នុងទំនងហ្នឹង វានឹងល្អណាស់ មែនទេ? ព្រោះបញ្ជាក់ថា សេចក្តីស្នេហាជួយជំរុញឱ្យនាំគ្នាធ្វើល្អ។

    តែបើរៀបការនឹងគ្នាហើយ បែរជារុញច្រានឱ្យឆ្ពោះចូលទៅរកទីងងឹតរបស់ជីវិតវិញនោះ វាស្មើនឹងម្នាក់ៗនាំគ្នាជួយរុញ ជួយច្រានគ្នា ឱ្យខ្ទេចខ្ទីអស់ទៅវិញ។ ហើយអ៊ីចឹង តើវាល្អឬ? ដូចជា បើម្ខាងចូលចិត្តតែដើរលេង ហើយធ្វើឱ្យម្ខាងទៀតនិយមដើរលេងពេលយប់ដែរនោះ វានឹងធ្វើឱ្យយើងនឹកសង្ស័យមែនទែនថា តើប្ដីប្រពន្ធមួយគូនេះនឹងសាងឋានៈគ្រួសារបាននៅពេលណាទៅហ្ន៎? ដូច្នេះហើយទើបការផ្លាស់ប្តូររបស់មនុស្សដែលជាគូស្វាមីភរិយាថ្មោងថ្មីនេះ កុំផ្លាស់ប្តូរដល់ថ្នាក់គ្មានសតិ គ្មានចេះគិតចេះគូរឱ្យសោះ ត្រូវមានសតិសម្បជញ្ញៈទាំងអស់គ្នា ទើបជីវិតគូមានភាពរឹងមាំស្ថិតស្ថេរយូរអង្វែង។

    3-ព្រោះអ្នកដែលមានភរិយា(ឬស្វាមី) ពេលខ្លះក៏មិនចង់ឱ្យស្វាមី(ឬភរិយា) ផ្លាស់ប្តូរឱ្យដូចគេ 100% ដែរ!

    កុំភ្លេចថា អ្នកខ្លះ ក៏ត្រូវការមានគូជីវិតដែលមានអ្វីខុសប្លែកពីខ្លួនខ្លះដែរ តែបើសិនជាចៃដន្យ គេចូលចិត្តក្នុងការឱ្យគូស្នេហ៍មានអ្វីៗដូចគេដែរនោះ វាក៏មិនអីដែរ ប៉ុន្តែភាគច្រើនមិនដែលឃើញមានអ្នកណាចង់ឱ្យដូចគ្នា 100% នោះឡើយ ព្រោះភាពខុសប្លែកគ្នា គឺជាមន្តស្នេហ៍មួយបែបដែរ។ រឹតតែបានជួបនឹងភាពខុសប្លែកមួយចំនួន ដែលខ្លួនមាន តែគូស្នេហ៍គ្មាន ឬគូស្នេហ៍មាន តែខ្លួនគ្មានវិញនោះ រឹតតែធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីទាំងនោះ បានបើកនូវលោកទស្សនៈថ្មីៗ ឬស្គាល់នូវអ្វីដែលខ្លួនឯងមិនធ្លាប់ដឹងពីមុន ដែលមានប្រយោជន៍ជាង ក៏អាចថាបានដែរ។

    4-តែបើនារីៗយើងចង់ផ្លាស់ប្តូរតាមស្វាមីមែននោះ ចូរឱ្យសេចក្តីស្រឡាញ់ធ្វើជាអ្នកដឹកនាំ ឱ្យស្គាល់ពីការសម្របសម្រួលខ្លួនដោយខ្លួនឯងវិញប្រសើរជាងបើនារីៗចង់ផ្លាស់ប្តូរយ៉ាងពិតប្រាកដមែននោះ ចូរផ្លាស់ប្តូរទៅក្នុងផ្លូវដែលល្អឡើង កុំចេះតែផ្លាស់ប្តូរដោយមិនគិតមុខគិតក្រោយ ព្រោះតែចង់យកចិត្តស្វាមីឱ្យសោះ វាមិនល្អទេ។ ដែលនិយាយនេះ មិនមែនត្រឹមតែផ្នែកការតុបតែងខ្លួនប៉ុណ្ណោះទេ ព្រោះការផ្លាស់ប្តូរខ្លួនឯង ដែលនារីៗយើងមិនគួរធ្វើជាដាច់ខាត ពេលមានគូជីវិតនោះគឺ ៈ

    កុំចំណាយប្រាក់ច្រើន ដើម្បីទៅទិញអ្វីមកបំពេញចិត្តគូជិវិត ឬទៅធ្វើអ្វីមួយដើម្បីឱ្យត្រូវចិត្តគេ ដូចជាទៅវះកាត់បង្កើនដើមទ្រូង ធ្វើបេប៊ីហ្វេស ឬទៅបូមខ្លាញ់ចេញ ដើម្បីចង់ឱ្យនៅតែស្អាតរហូតនោះអី…ត្រូវចាំទុកថា មុននឹងផ្លាស់ប្តូរអ្វីមួយ គួរប្រើសតិបញ្ញា កុំប្រើអារម្មណ៍ ទើបជារឿងល្អ៕

  • សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    សារធាតុអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីមានគភ៌ត្រូវការកម្លាំងថាមពលបន្ថែមឡើងពី 150 – 350កាឡូរីក្នុង 1ថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុង​ 1ថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្រ្តីមានគភ៌ចាំបាច់ត្រូវតែបានទទួល។

    ហ្វូលេត ៈ ស្រ្តីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុហ្វូលេតខ្លាំងណាស់ ដូចជា ការមានគភ៌កូន​ភ្លោះ ការទទួលទានថ្នាំការពារប្រកាច់ ជាដើម ដូច្នេះហើយទើបស្ត្រីមានគភ៌ គួរបានទទួលសារធាតុហ្វូលេតបន្ថែមយ៉ាងតិច 200 – 400មីក្រូក្រាម ហើយហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទទារកដែលមិនបិទ( Neural Tube Defect)ទៀតផង។

    សារធាតុដែក ៈ ស្រ្តីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម។ ឡារ៉ែនសូមណែនាំឱ្យទទួលយក​សារធាតុដែកពីអាហារឱ្យបាន 30 – 60មីល្លីក្រាមក្នុង 1ថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី 300 – 600មីល្លីក្រាមក្នុង 1ថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដា តែងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែ​ស្រ្តីណា​ដែលរកឃើញថា មានជំងឺឈាមស្លេក ដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន ទើបកន្លែងខ្លះមានកម្មវិធីបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្រ្តីវ័យជំទង់ ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។

    វីតាមីនB12 បើមានវីតាមីនក្នុងកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្រ្តីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយ​ប្រថាន ដែលអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។

    កាល់ស្យូម ៈ កាល់ស្យូម មានភាពសំខាន់សម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារក នៅពេលតាំងគភ៌ ស្ត្រីនឹងមានតម្រូវការកាល់ស្យូមកើនឡើង 122 – 167ភាគរយ ឬគួរបានទទួលជាតិកាល់ស្យូមយ៉ាងតិចបំផុត 1ក្រាមក្នុង 1ថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្រ្តីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះសភាវគភ៌មានជាតិពុលបានទៀតផង។

    វីតាមីន A មានសម្ព័ន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌ នឹងក្លាយជាមូល​ហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ 1ថ្ងៃ 5,000IU បើទទួលបានច្រើនជាង 10,000 IU ទារកនៅក្នុងផ្ទៃនឹងប្រថុយប្រថានក្នុងការកើតសភាវពិការ ជាពិសេសនៅលើប្រព័ន្ធបញ្ចេញទឹកមូត្រ។

    ដូច្នេះហើយទើបការជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌គួរស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យដើម្បីទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អប្រសើរ៕

  • ថ្មី​ទៀតហើយ! realme C17 បានដាក់​ប្រកាស​ជា​ផ្លូវការ​ជាមួយនឹង​អេក្រង់ 90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់ និង​ថាមពល​ថ្ម​ធំ 5000mAh

    ថ្មី​ទៀតហើយ! realme C17 បានដាក់​ប្រកាស​ជា​ផ្លូវការ​ជាមួយនឹង​អេក្រង់ 90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់ និង​ថាមពល​ថ្ម​ធំ 5000mAh

    realme ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត​សព្វថ្ងៃនេះ បានដាក់​ប្រកាស​ផ្លូវការ​នូវ realme C17 ដែលមាន​អេក្រង់​រលូន​90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់ ថាមពល​ថ្ម​ធំ 5000mAh កាមេរ៉ា AI 4 គ្រាប់។ វា​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​បង្កើន​បទពិសោធន៍​នៃ​realme C series និង​នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល​ដែល​មិន​ធ្លាប់មាន​ពីមុន​សម្រាប់​យុវវ័យ។

    ជាមួយនឹង​ស្មារតី Dare to leap realme C17 គឺជា​ម៉ូ​ឌែ​ល​ទី១ ដែលមាន​បំពាក់​ជាមួយនឹង​អេក្រង់​រលូន​90Hz នៅក្នុង​ជួរ​តម្លៃ២០៩ដុល្លារ  ដែល​នឹង​ផ្តល់​បទពិសោធន៍​កាន់តែ​រលូន​ជាង​មុន។ លើសពីនេះទៅទៀត realme ក៏មាន​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ“ ហ៊ាន” ខិតខំ​ដើម្បី​ឲ្យ​ជីវិត​ទទួលបាន​ភាពរលូន​រីកចម្រើន​ទៅមុខ ទោះបីជា​ត្រូវ​ជួបប្រទះ​ឧស​គ្គ​យ៉ាងណាក៏ដោយ។ ជាមួយនឹង​ការតស៊ូ​និង​ភាពក្លាហាន ភាពជោគជ័យ​នៅ​កាន់តែ​ជិត​យើង។

    ឆ្ពោះទៅមុខ​ជាមួយនឹង​អេក្រង់​រលូន 90Hz កាមេរ៉ា​ទម្លុះ​អេក្រង់ និង​កាមេរ៉ា AI 4 គ្រាប់

    realme C17 បំពាក់​មកជា​មួយ​អេក្រង់​រលូន 90Hz ទំហំ ៦.៥ អ៊ី​ញ និង​ល្បឿន​ប៉ះ​បញ្ជារ 120Hz ធ្វើ​ឲ្យ​រាល់​ការ​ប៉ះ​បញ្ជារ​ពិតជា​រអិល។ អេក្រង់​90Hz មាន​ល្បឿន​អេក្រង់​លឿន​ជាង​អេក្រង់ 60Hz ធម្មតា​រហូតដល់ 50% ដែល​លទ្ធផល​ធ្វើ​ឲ្យ​មានបទពិសោធន៍​មើលឃើញ​ច្បាស់​និង​រលូន។ ដោយ​បំពាក់​កាមេរ៉ា​ទម្លុះ​អេក្រង់ realme C17 មាន​សមាមាត្រ​អេក្រង់​រហូតដល់ 90% នៃ​តួខ្លួន វា​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការកម្សាន្ត​កាន់តែ​អស្ចារ្យ សម្រាប់​យុវវ័យ។

    realme C17 ថែមទាំង​មាន​បំពាក់​កាមេរ៉ា AI 4គ្រាប់ ដែល​កាមេរ៉ា​គោល​13MP f/2.0 ធ្វើអោយ រូបភាព​កាន់តែ​ភ្លឺ​ច្បាស់។ កាមេរ៉ា​ទី2 ជា​ប្រភេទ​លែ​ន​ថត​ប្លង់​ទូលាយ119° ដែល​អាច​ថត ទេសភាព និង​អាគារធំៗកាន់តែ​ស្អាត។ កាមេរ៉ា​ទី3 ជា​ប្រភេទ​លែ​ន​ថត​ប្លង់​ជិត “ម៉ាក្រូ​លែ​ន”  ដែល​អាច​ថត​បាន​ចំនុច​លម្អិត​ដែល​ជិត​រហូតដល់​4cm និង​កាមេរ៉ា​ទី4 ជា​ប្រភេទ​លែ​ន ស​ខ្មៅ “ B&W Portrait” សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ ដែលមាន គុណភាព​ខ្ពស់។ ដោយមាន​ជំនួយ​ពីមុខ​ងារ​Super Nightscape realme C17 អាច​ថតរូប​ភាព​ពេល​យប់​បាន​យ៉ាង​ស្រស់ស្អាត ។

    សមត្ថភាព​ខ្លាំង ថាមពល​ថ្ម​ធំ

    realme C17 មាន​សមត្ថ​ភាពខ្លាំង អាចបំពេញ​នូវ​តម្រូវការ​ប្រចាំថ្ងៃ​របស់​អ្នក​បាន​យ៉ាង​ល្អ ។ វា​មាន​បំពាក់​នូវ​បន្ទះ​ឈី​ប​Snapdragon 460 និង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បទពិសោធន៍​លេង ហ្គេម យ៉ាង​រលូន ។ វា​ថែមទាំង​អាចដាក់​បាន Sim 2និង​អាច​បន្ថែម​Memory Cardបាន​រហូតដល់​256GB ។ realme C17 រត់​ដោយ realme UI ដែល​ពេញនិយម​បំផុត នាំមក​នូវ​ការកម្សាន្ត​ឥត​ដែន​កំណត់។

    ដោយ​បន្ត​នូវ​គុណសម្បត្តិ​ថាមពល​ថ្ម​ធំ នៃ​C series, realme C17 ក៏មាន​បំពាក់​ថាមពល​ថ្ម​ធំ​5000mAh និង​ការ​សាក​លឿន​18W។ ដូចនេះ វា​អាច​ទុក​Standby បាន34ថ្ងៃ និង​អាច​និយាយ​ទូរស័ព្ទ​បាន 35.7ម៉ោង ហើយ​អាច​សាក​ថ្ម​បាន33%ក្នុង​រយៈពេល30នាទី ។ វា​មាន​មុខងារ​បង្កើន​ប្រសិទ្ធភាព​និង​សន្សំសំចៃ​ថ្ម ។ ដូច្នេះ អ្នក​អាច​ប្រើប្រាស់​ថ្ម​ត្រឹមតែ5% សម្រាប់​ការលេង​WhatsApp ជិត1.2ម៉ោង។

    ការ​រចនា​ដ៏​ពេញនិយម និង​គុណភាព​ខ្ពស់

    ក្នុងនាម​ជា​ក្រុមហ៊ុន​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា realme បាន​យកចិត្តទុកដាក់​ផ្តោតទៅលើ​ការនាំ​ចូល​ថ្មី នៃ​វិស័យ បច្ចេកវិទ្យា ហើយ​ដែល​ខុសគ្នា​ពី C seriesម៉ូ​ឌែ​ល​ដទៃ​នោះ​គឺ realme បាន​បំផុសគំនិត​ដោយ “ភ្នែកឆ្មា” បង្ហាញ​ពី​អារម្មណ៍​អា​ថ៍កំ​បាំង​នៃ​វត្ថុ​មានតម្លៃ ហើយ​អ្នក​នឹងមិន​នឹកស្មាន​នោះទេ​ថា​វា​មានតម្លៃ​ត្រឹម២០៩ដុល្លារ ។

    realme មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​ដែលមាន​ពណ៌​ខៀវ “Navy Blue” និង​ពណ៌​បៃតង “Lake Green” ដែលមាន​ចំណាំងផ្លាត​ពន្លឺ​ជះ​ចេញមក​យ៉ាង​ស្រស់ស្អាត នាំមក​នូវ​អារម្មណ៍​ដ៏​ប្លែក។ វា​ថែមទាំង​មាន​តួរ​ខ្លួន​ស្តើង និង​ទម្ងន់​ស្រាល ត្រឹមតែ​188gនិង8.5mmតែប៉ុណ្ណោះ។

    វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​យុវវ័យ realme C17 គឺ​សក្តិសម​ខ្លាំងណាស់​ដែលមាន​អេក្រង់​រលូន​90Hz ជាមួយ​កាមេរ៉ា​ទម្លុះ​អេក្រង់  មានគុណ​ភាពល្អ​ជាង​ផលិតផល ក្នុង​ជួរ​តម្លៃ​ដូចគ្នា ហើយ​វា​ត្រូវបាន​បំផុសគំនិត​ដោយ “ភ្នែកឆ្មា” និង​មាន​កាមេរ៉ា AI 4គ្រាប់ realme C17 ដាក់លក់​ក្នុងតម្លៃ​ពិសេស​ត្រឹមតែ២០៩ដុល្លារ   និង​មានការ​ដាក់លក់​លើកដំបូង​នៅ ថ្ងៃទី៨ខែមករា​ខាងមុខនេះ៕

  • អាការគេងលក់សង្កៀតធ្មេញ មានគ្រោះថ្នាក់ឬទេ?

    អាការគេងលក់សង្កៀតធ្មេញ មានគ្រោះថ្នាក់ឬទេ?

    តើមិត្តអ្នកអានដែលសង្កេតមើលអ្នកនៅជិតៗយើងខ្លះទេថា ហេតុអីបានជាគេសង្កៀតធ្មេញនៅពេលគេងលក់? មានការ​សិក្សាស្រាវជ្រាវដែលព្យាយាមអធិប្បាយអំពីមូលហេតុរបស់អាការគេងសង្កៀតធ្មេញ និងមានផលប៉ះពាល់ចំពោះសុខភាពយ៉ាងណា និងមានភ័ស្តុតាងអះអាងហើយថា ស្ថានភាពរបស់ផ្លូវចិត្ត និងអារម្មណ៍មានចំណែកពាក់ព័ន្ធជាមួយការគេងសង្កៀតធ្មេញដែលបាន​និយាយមកខាងលើ។ កម្រិតរបស់ការគេងសង្កៀតធ្មេញ នឹងមានភាពខុសប្លែកពីគ្នាខ្លាំងនៅលើមនុស្សម្នាក់ៗ ដោយនឹងមានចំណែក​ពាក់ព័ន្ធជាមួយភាពតានតឹងធុញថប់ សភាវរបស់អារម្មណ៍ និងសភាវអាសន្ន ដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការលែងលះគ្នា ការអត់ការងារធ្វើ ឬក្នុងអំឡុងពេលប្រឡង ជាដើម។

    មានមនុស្សមួយចំនួននិយាយថា អ្នកដែលមានអាការគេងសង្កៀតធ្មេញនេះ ស្ទើរតែគ្មានភាពខុសប្រក្រតីខាងផ្នែកផ្លូវចិត្តឡើយ តែនឹងមានបុគ្គលិកភាពដែលមានសញ្ញាថា នឹងកើត ឬងាយនឹងកើនភាពតានតឹងធុញថប់បាន។ ជាមនុស្សដែលមាន​អារម្មណ៍ច្រងេងច្រងាង និងជាមនុស្សដែលវិតក្កកង្វល់ ឬ Hyperactive បានយ៉ាងងាយ តែ ច្រើនតែមិនឃើញមានភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទចូលមកពាក់ព័ន្ធឡើយ។ អាការគេងសង្កៀតធ្មេញនេះ អាចមានមូលហេតុមកពីថ្នាំដែលទទួលទានក៏អាចថា​បាន​ដែរ តែស្ថិតក្នុងភាគរយតិចបំផុត។ ក្រៅពីនេះនៅមានរបាយការណ៍ដោយឡែកមួយទៀតថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចធ្វើឱ្យកើតអាការគេងសង្កៀតធ្មេញបានដែរ។

    អ្នកគេងសង្កៀតធ្មេញជាច្រើននាក់ មិនបានដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញនោះឡើយ គេសង្កេតឃើញថា មានត្រឹមតែ 10%នៃចំនួនមនុស្សធំ និង 5%នៃចំនួនកុមារដែលគេងសង្កៀតធ្មេញប៉ុណ្ណោះ ដែលដឹងថា ខ្លួនឯងមានអាការគេងសង្កៀត​ធ្មេញ ដោយមនុស្សទាំងនោះច្រើនតែដឹងថា ខ្លួនឯងគេងសង្កៀតធ្មេញ តាមរយៈការឮសូរសំឡេងខាំសង្កៀតធ្មេញរបស់ខ្លួនឯង ពីមិត្ត​ភក្តិ ឬអ្នកដែលគេងក្បែរប្រាប់ឱ្យដឹង។ យ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកដែលមានអាការគេងសង្កៀតធ្មេញទាំងអស់ នឹងមាន​ត្រឹមតែ 20% ប៉ុណ្ណោះ ដែលកើតមានសំឡេងធ្វើឱ្យអាចឮបាន ដូច្នេះការដែលចង់វិនិច្ឆ័យថា ខ្លួនឯងគេងសង្កៀតធ្មេញមែន ឬអត់នោះ ចាំបាច់​ត្រូវអាស្រ័យលើការពិនិត្យយ៉ាងល្អិតល្អន់ពីគ្រូពេទ្យធ្មេញ។ ដោយគ្រូពេទ្យធ្មេញនឹងពិចារណាពីអង្គប្រកបជាច្រើនទៀត ដូចជា លក្ខណៈ​ការ​សឹករបស់ធ្មេញ លក្ខណៈរបស់សាច់ដុំ និងផ្សេងៗទៀត ជាពិសេសអាការឈឺចុករួយនៃសាច់ដុំធ្គាម ពេលភ្ញាក់ពីគេងជាដើម។

    មូលហេតុរបស់ការគេងសង្កៀតធ្មេញ មកពីភាពតានតឹងធុញថប់ និងមូលហេតុមួយទៀត​ មកពីប្រអប់មាត់ដោយផ្ទាល់ ដែលធ្មេញរវាងជួរខាងក្រោមនឹងជួរខាងលើ មានចន្លោះដោយសារការធ្វើធ្មេញ ប៉ះធ្មេញ ឬទៅពត់តម្រង់ធ្មេញជាដើម ទើបធ្វើឱ្យនៅពេលគេងលក់ ធ្មេញព្យាយាមកម្ចាត់ចំណុចទាបខ្ពស់មិនស្មើគ្នានៅត្រង់នោះ។

    ផលអាក្រក់ពីការគេងសង្កៀតធ្មេញ នឹងធ្វើឱ្យធ្មេញសឹករេចរឹលអស់ជារឿយៗ ក្នុងករណីដែលសង្កៀតធ្មេញខ្លាំង ធ្មេញនឹង​សឹកចូលដល់ប្រហោងប្រសាទធ្មេញ ធ្វើឱ្យស្រៀវធ្មេញ ឈឺធ្មេញ រហូតដល់ត្រូវព្យាបាលឫសធ្មេញនៅទីបំផុត។

    វិធីការពារព្យាបាល អាការគេងសង្កៀតធ្មេញ ក្នុងករណីដែលបណ្តាលមកពីភាពតានតឹងធុញថប់ ចូរព្យាយាមបន្ធូរបន្ថយ​អារម្មណ៍ និងឧស្សាហ៍ហាត់ប្រាណ ដើម្បីបញ្ចេញសារធាតុអេនដូហ្វ៊ីន ឱ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ។ អាការគេង​សង្កៀត​ធ្មេញនេះ លោកគ្រូពេទ្យមិនអាចព្យាបាលឱ្យជាដាច់ 100%បានទេ តែជាការជួយសម្រាល មិនឱ្យធ្មេញសឹករេចរឹលខ្លាំងឡើង​ប៉ុណ្ណោះ​។

    លោកគ្រូពេទ្យបានណែនាំថា បើមិនដឹងថា តើខ្លួនឯងគេងសង្កៀតធ្មេញ ឬក៏អត់នោះ ចូសួរអ្នកដែលគេងក្បែរ ឬទៅជួប​គ្រូពេទ្យដើម្បីពិនិត្យមើលថា តើធ្មេញមានសឹក ឬបែកបាក់ដែរឬទេ? និងវិធីមួយទៀតដែលអាចពិនិត្យមើលដោយខ្លួនឯងបាននោះគឺ នៅពេលភ្ញាក់ឡើងមានអារម្មណ៍ឈឺចុករួយធ្គាមដែរឬទេ? ជួនកាលអាចឈឺរាលឡើងទៅដល់ក្បាល ឬមានអារម្មណ៍ថាចុករួយក ដែលអ្នកខ្លះអាចនឹងគិតថា ដោយសារតែគេងធ្លាក់ពីលើខ្នើយ ឬគេងខុសឥរិយាបថ តែមូលហេតុពិតប្រាកដវិញ គឺបណ្តាលមកពីការគេងសង្កៀតធ្មេញខ្លាំងៗហ្នឹងឯង៕

  • ១០ យ៉ាងក្នុងការការពារ និងរៀបចំផ្ទះឱ្យមានរបៀប

    ១០ យ៉ាងក្នុងការការពារ និងរៀបចំផ្ទះឱ្យមានរបៀប

    ផ្ទះណាដែលមានរបស់របរទុកចោលរកេករកាកច្រើនរហូតនឿយហត់ និងធុញទ្រាន់ក្នុងការដើរប្រមូលយកមកទុក​ដាក់ឱ្យមានរបៀបវិញនោះ ថ្ងៃនេះយើងមានវិធីជួយឱ្យលោកអ្នករក្សាបាននូវភាពស្អាតបាតមានរបៀបរៀបរយនៅក្នុងផ្ទះ​ត្រៀមចាំទទួលភ្ញៀវមកលេង ដែលអាចជួយបន្ធូរកម្លាំងបងៗមេផ្ទះបានខ្លះដែរ ។

    1. កុំរៀបចំទុកដាក់របស់របរផ្សេងៗនៅក្នុងផ្ទះក្នុងពេលតែមួយ ព្រោះនឹងធ្វើឱ្យអ្នកអស់កម្លាំងខ្លាំងជាមិនខាន ចូរចាប់ផ្តើមពីកន្លែងតូចៗជាមុន ដូចជា លើតុ ទូថ្នាក់ដាក់របស់ផ្សេងៗ ហើយសឹមពង្រីកទៅរកកន្លែងដែលមានបញ្ហាច្រើន ដូចជា រោងចតឡាន ឬបន្ទប់ដាក់សម្ភារៈជាដើម ។
    2. គន្លឹះសំខាន់ គឺឧស្សាហ៍មើលថែទាំ បើលោកអ្នកឧស្សាហ៍មើលថែបោសជូត និងសម្អាតទីកន្លែងផ្សេងៗឱ្យមាន​របៀបរៀប​​រយគ្រប់ពេលបន្ទាប់ពីប្រើប្រាស់រួចជានិច្ចនោះ លោកអ្នកនឹងមិនជួបបញ្ហារបស់របរទុកចោលអារាត់អារាយឡើយ
    3. ស្រវាយករបស់របរទាំងអស់ចេញមកពីក្នុងទូ និងថតតុ ហើយយកមកដាក់គរួមគ្នា រួចរើសយករបស់ណាដែល​អ្នកលែងត្រូវការប្រើហើយនោះដាក់ចូលក្នុងថង់ទុកបរិច្ចាគ ដើម្បីកុំឱ្យនៅសល់វត្ថុដែលអ្នកឈប់ប្រើហើយនោះ​នៅទើសមុខ​ទើស​មាត់ទៀត ។
    4. រៀងរាល់ឆ្នាំ ចូររកកេសធំៗ៣ មករៀបចាត់ញែកចេញដោយឡែកពីគ្នាថា កេសមួយណាដែលទុកដាក់របស់ទុក​បរិច្ចាគ របស់ដែលត្រូវយកទៅបោះចោល និងរបស់ដែលនៅទុកប្រើបានមួយឆ្នាំទៀតតាមលំដាប់ ។
    5. អ្វីដែលអ្នកមិនប្រាកដក្នុងចិត្តថា តើចាំបាច់ត្រូវទុកឬអត់នោះ កុំស្ទាក់ស្ទើរ បោះចោល ឬបរិច្ចាគតែម្តងទៅល្អ​ជាង ។
    6. កន្លែងដាក់របស់របរនៅលើតុ ព្យាយាមកំណត់ឱ្យមានត្រឹមតែវត្ថុ ៣ មុខបានហើយ ។
    7. កុំព្យាយាមសន្សំរូបលម្អដែលមានដែកឆក់នៅតាមទូទឹកកក ព្រោះកន្លែងនេះហើយដែលធ្វើឱ្យមើលទៅឃើញផ្ទះស៊ុបទ្រុបនោះ ។
    8. រៀបចំគ្រឿងប្រើប្រាស់ការិយាល័យដាក់ក្នុងកញ្រ្ចែង ឬថ្នាក់ដាក់ឯកសារ រួមទាំងប្រអប់ដាក់ប៊ិចខ្មៅដៃឱ្យមាន​របៀប ដើម្បីកុំឱ្យរញេរញ៉ៃលើតុធ្វើការ ។
    9. បែងចែកទីកន្លែងប្រមាណ ១០ ភាគរយនៃផ្ទៃផ្ទះទាំងមូល ទុកសម្រាប់ទុកដាក់របស់របរផ្សេងៗ ។
    10. អាចកែសម្រួលការប្រើប្រាស់គ្រឿងតុទូមួយចំនួនឱ្យកើតប្រយោជន៍បាន ដូចជា យកហឹប ឬថតតុមកដាក់ធ្វើជាកន្លែងទុករបស់របរនៅក្នុងបន្ទប់ទទួលភ្ញៀវ ជាដើម ៕