សម្រាប់រដូវភ្លៀងទោះជាអ្នកក្រឡេកទៅខាងណាក៏ឃើញធម្មជាតិពណ៌ស្រស់បំព្រង និងត្រជាក់ភ្នែកដែរ។ បើដូច្នេះ ការលេងពណ៌ក្រចកនៅក្នុងរដូវកាលនេះ ក៏មិនខុសពីពណ៌របស់ធម្មជាតិនៅជុំវិញខ្លួនយើងដែរ នោះគឺពណ៌ផ្ទៃមេឃ ពណ៌បៃតង ពណ៌ល្បឿង ពណ៌ផ្កាឈូក និងពណ៌បែបស្រស់ៗ ដែលរំលេចពណ៌បែបធម្មជាតិ ដូចជា ពណ៌មេឃ ពណ៌ទឹកសមុទ្រ ពណ៌ស្លឹកឈើ និងពណ៌ផ្កែចម្រុះពណ៌ជាដើម។ គ្រាន់តែក្រឡេកមើលទៅធម្មជាតិ ក៏អាចឱ្យអ្នកនឹកឃើញដល់ពណ៌ដែលអ្នកនឹងត្រូវយកមកលេងជាមួយនឹងម៉ូដក្រចករបស់អ្នកបានដែរ ហើយបើបានបន្ថែមត្បូង អង្កាំ ឬគូសរូបភាពទាក់ទងនឹងតំណក់ទឹកភ្លៀងនៅលើក្រចករបស់អ្នកទៀតនោះគឺល្អឥតខ្ចោះតែម្តង៕


Author: ធឿន មករា

ពណ៌ក្រចកដ៏ស្រស់ស្រាយបែបធម្មជាតិសម្រាប់រំសាយអារម្មណ៍សម្រាប់រំសាយអារម្មណ៍

TK Avenue ទីកន្លែងជួបជុំដ៏រីករាយ បែបទាន់សម័យនៅចំកណ្តាលរាជធានីភ្នំពេញ
ផ្សារធីខេ អ៊ែវ៉ឺន្យូ (TK Avenue) គឺជាបណ្តុំនៃហាងទំនើបៗ ប្រ៊េនដ៍ល្បីៗជាច្រើន ដែលត្រូវបានបង្កើតឡើងចុងខែធ្នូ ឆ្នាំ2013 ដើម្បីផ្ដល់នូវភាពងាយស្រួលដល់ប្រជាជនខ្មែរ និងភ្ញៀវបរទេស ដែលមានបំណងចង់ទិញទំនិញ ទទួលទានអាហារ និងមកកម្សាន្ដសប្បាយ ឬមើលកុនជួបមិត្តភក្តិ បងប្អូន ឬជួបជុំគ្រួសារយ៉ាងរីករាយ។ ផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) ស្ថិតនៅចំកណ្តាលទីប្រជុំជននៅក្នុងរាជធានីភ្នំពេញ និងមានហាងជាច្រើន និងគ្រប់ប្រភេទទាំងហាងផ្តល់សេវាកម្ម ហាងកាហ្វេ ភោជនីយដ្ឋានដែលបម្រើអាហារបែបអាស៊ី និងអឺរ៉ុបហាងលក់សម្ភារ លក់ទំនិញគ្រប់ប្រភេទ ហាងលក់សម្លៀកបំពាក់បុរសនារី និងកុមារ ហាងលក់ស្បែកជើង កាបូបទំនើបទាន់សម័យ និងមានរោងកុននៅខាងក្នុងផ្សារមួយនេះផងដែរ។ដោយសារតែផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) ប្រមូលផ្តុំដោយហាង និងភោជនីយដ្ឋានជាច្រើនសម្បូរបែបខ្លាំង ចំណុចនេះហើយបានជាធ្វើឱ្យផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) ក្លាយទៅជាទីណាត់ជួបគ្នាសម្រាប់ការកម្សាន្ត និងការជួបជុំគ្នាយ៉ាងរីករាយ។
ផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) មានទីតាំងស្ថិតនៅផ្លូវកែង មានផ្លូវធំទូលាយ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ជិតសាលារៀន ធនាគារ និងអគារពាណិជ្ជកម្មផ្សេងៗ ចំណែកបរិយាកាសនៅទីនេះវិញ គឺស្រស់ស្រាយជាមួយនឹងធម្មជាតិ ព្រោះនៅផ្សារ ធីខេ អ៊ែវ៉ឺន្យូ (TK Avenue) សម្បូរទៅដោយដើមឈើ និងរុក្ខជាតិនានា។ លោកអ្នកអាចអង្គុយលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងងាយស្រួលក្នុងការដើរទិញទំនិញ ទទួលទានអាហារ និងមើលកុនជាមួយមនុស្សជាទីស្រឡាញ់យ៉ាងពេញចិត្តផងដែរ។ ផ្សារ ធីខេ អ៊ែវ៉ឺន្យូ មានបណ្ដុំហាងទាំងអស់ចំនួន39ហាង ដូចជា ភោជនីយដ្ឋាន ហាងលក់អាហារសម្រន់ ហាងកាហ្វេ តែគុជ ហាងទំនិញ ហាងលក់សម្លៀកបំពាក់ ស្បែកជើងកាបូប ហាងលក់គ្រឿងសម្អាង ហាងម៉ាស្សាមុខឱសថស្ថាន ហាងលក់សម្ភារអេឡិចត្រូនិកក្នុងផ្ទះ រោងកុន និងហាងសាឡនជាដើម។ ផ្សារធីខេ អ៊ែវ៉ឺន្យូ បើកបម្រើជូនអតិថិជនទាំងអស់ជារៀងរាល់ថ្ងៃ ពីម៉ោង8ព្រឹក ដល់10យប់។ ចំណែកហាងកាហ្វេវិញគឺបើកតាំងពីម៉ោង6ព្រឹកទៅ ដើម្បីបំពេញតាមត្រូវការរបស់អតិថិជន។ ផ្សារធីខេ អ៊ែវ៉ឺន្យូ រៀបចំដេគ័រតាមបែបអាស៊ីលាយបញ្ចូលគ្នាជាមួយរចនាបទរបស់ប្រទេសនៅប៉ែកអឺរ៉ុប ដោយផ្តោតទៅលើផ្នត់គំនិតសួនលំហែកាយបែបធម្មជាតិ ដែលកសាងឡើងដោយសា្ថបត្យករខែ្មរយើងតែម្តង។
March 30, 2014 – Phnom Penh, Cambodia. People shop and visit TK Avenue, a popular mall area. © Nicolas Axelrod / Ruom
ផ្សារ ធីខេ អ៊ែវ៉ឺន្យូ គឺជាផ្សារដែលប្រមូលផ្ដុំទៅដោយហាងយីហោក្នុងស្រុក និងអន្ដរជាតិល្បីៗ ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទយ៉ាងសម្បូរបែបនៅក្នុងទីតាំងតែមួយ៕
តើសារធាតុដែក សំខាន់ចំពោះស្ត្រីមានគភ៌យ៉ាងណាខ្លះ?
សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់ស្ត្រីមានគភ៌ទាំងឡាយព្រោះក្រៅតែពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នកមានផ្ទៃពោះមិនងាយនឹងកើតអាការងងឹតមុខ ឬខ្យល់គដួលបានទៀតផង។
ក្រៅពីនៅក្នុងសភាវប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែក ដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌ ក៏រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនផងដែរ ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេក(រាងកាយស្លេកស្លាំង)ហើយនៅមានផលប៉ះពាល់ដល់កម្មវិធីសាងអវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃម្ដាយទៀតផង។

ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាម ដើម្បីពិនិត្យមើលថា តើរាងកាយ និងសុខភាពរបស់អ្នកមានផ្ទៃពោះនោះមានភាពរឹងប៉ឹងមាំមួនដែរឬទេ? មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា? បើគ្រូពេទ្យរកឃើញថា អ្នកមានផ្ទៃពោះមានសភាវលោហិតស្លេក ឬមានភាពប្រថុយប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែវានឹងជាការល្អបំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាងកាយអាចបឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានយឺត។
Male doctor checking smiling pregnant woman’s blood pressure in hospital * អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កំពឹស បង្គាក្រៀម គ្រំកំភេមជាដើម។
* អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបយឺត ត្រូវអាស្រ័យវីតាមីនC ជាជំនួយការក្នុងការបឺតជ្រាបនោះមានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស ជាដើម។
អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេក(ខ្វះឈាម)ដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។
ចំពោះអ្នកមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា តើខ្លួនឯងស្ថិតក្នុងសភាវលោហិតស្លេក ឬកំពុងមានភាពប្រថុយនឹងការកើតសភាវលោហិតស្លេក ឬក៏អត់? ព្រោះអាការលោហិតស្លេកនេះតែងបង្ហាញឡើងនៅលើរាងកាយ ដូចជា ខ្លួនប្រាណឡើងស្លេកស្លាំង លឿង ដៃស្លាំង បបូរមាត់ស្លេក ឆាប់វិលមុខ និងងងឹតមុខ ខ្យល់គញឹកញាប់ ឆាប់ហត់ស្ពឹកស្រពន់ – ល – បើរកឃើញថា ខ្លួនឯងមានអាការដូចខាងដើមនេះ ទោះជាក្នុងចំណុចណាមួយក៏ដោយ ឡារ៉ែន សូមណែនាំឱ្យប្រញាប់ទៅជួបលោកគ្រូពេទ្យ ដើម្បីទទួលវីតាមីនបំប៉ននិងជួសឈាមរកមើលភាពខុសប្រក្រតីផ្សេងៗទៀតផង៕
រឿងតូចតាច8យ៉ាង ដែលអ្នកគួរធ្វើឱ្យបាន ញឹកញាប់ដើម្បីសុខភាពល្អ
នៅក្នុងក្បួនតម្រាពេទ្យរបស់ចិនបានបង្រៀនថា មានកាយវិការ 8យ៉ាងដែលអ្នកគួរធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឱ្យមានសុខភាពរាងកាយ និងផ្លូវចិត្តល្អ។ កាយវិការទាំងអស់នោះគឺ ៖
1. ធ្វើចលនាកែវភ្នែក : ការផ្ចង់ខ្សែភ្នែកទៅរកចំណុចណាមួយក្នុងរយៈពេលយូរគឺជាការធ្វើបាបកែវភ្នែករបស់ខ្លួនដោយផ្ទាល់។ នៅក្បួនតម្រារបស់ពេទ្យចិនបានប្រាប់ថា យ៉ាងហោចណាស់នៅរៀងរាល់ 1ម៉ោងម្តង មនុស្សម្នាក់ៗគួរធ្វើលំហាត់ប្រាណខ្សែភ្នែក ដោយការបើកភ្នែកសម្លឹងមើលទៅលើពិដាន រួចហើយបង្វិលកែវភ្នែកសន្សឹមៗទៅខាងឆ្វេង រួចចុះទៅក្រោម ហើយរេទៅខាងស្តាំ មុននឹងវិលទៅសម្លឹងមើលខាងលើវិញ។ ធ្វើបែបហ្នឹងឱ្យបានច្រើនដងសាច់ដុំភ្នែកនឹងបានរឹងមាំ។
2. លេបទឹកមាត់ : ការលេបទឹកមាត់ញឹកញាប់ គឺជាការធ្វើលំហាត់ប្រាណសាច់ដុំបំពង់ក ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យធ្វើការតាមប្រក្រតី។
3. សិតសក់ : ទោះជាការសិតសក់ញឹកញាប់មិនបានជួយឱ្យសក់ស្អាតឡើងក៏ដោយ តែវាជាការជួយម៉ាស្សាសរសៃប្រសាទលើខួរក្បាល ធ្វើឱ្យភ្នែកភ្លឺច្បាស់ ឫសសរសៃសក់រឹងមាំល្អឡើង ព្រោះមានលោហិតហូរទៅចិញ្ចឹមស្បែកក្បាលរៀងរាល់ពេលដែលយើងសិតជានិច្ច។
4. ម៉ាស្សាស្លឹកត្រចៀក : នៅនឹងត្រចៀករបស់យើងមានសសៃប្រសាទដែលតភ្ជាប់ជាមួយក្រលៀន ការទាញ ផ្ទាត់ ច្របាច់ ឬត្រដុសស្លឹកត្រចៀកញឹកញាប់ នឹងជួយជំរុញការធ្វើការងាររបស់ក្រលៀនដោយផ្ទាល់ជួយការពារអាការវិលមុខ និងការបានឮអ្វីផ្តេសផ្តាស់។
5. កម្រើកអណ្តាតពេលអង្គុយទំនេរៗ : បើបានយកអណ្តាតរុញក្រអូមមាត់ខាងលើផងនោះ នឹងជួយជំរុញការបញ្ចេញទឹកមាត់ ធ្វើឱ្យប្រអប់មាត់ស្អាត និងបំបាត់ក្លិនមាត់ទៀតផង។
6. ខ្ជឹបរន្ធគូទ : ជាវិធីបំបាត់អាការឆ្អល់ពោះយ៉ាងងាយបំផុត។ ចូរខ្ជឹបរន្ធគូទក្នុង 1ថ្ងៃឱ្យបាន 3ឈុត 1ឈុតចាប់ពី 50-100ដង ព្រោះរាល់ពេលដែលយើងខ្ជឹបរន្ធគូទ ពោះវៀននឹងពង្រឹងខ្លួន កម្ចាត់វត្ថុកខ្វក់មិនល្អដែលនៅសេសសល់មិនឱ្យរាតត្បាតបំផ្លាញរាងកាយរបស់យើង។
7. ខាំធ្មេញ : ការខាំធ្មេញស្រាលៗញឹកញាប់ នឹងជួយធ្វើឱ្យធ្មេញរឹងមាំ និងជួយជំរុញការផលិតទឹករំលាយអាហារ ដូច្នេះអ្នកដែលមានបញ្ហារឿងពោះវៀន ចូរកុំខកខានឱ្យសោះ។
8. ត្រដុសថ្ពាល់ និងផ្ទៃមុខ : ផ្ទៃមុខ គឺជាកន្លែងដែលខ្វះការហាត់ប្រាណខ្លាំងបំផុត។ ការត្រដុសថ្ពាល់ និងផ្ទៃមុខ គឺជាវិធីមួយដ៏សែនងាយបំផុត គ្រាន់តែត្រដុសបាតដៃទាំងសងខាង ហើយយកបាតដៃមកដុសមុខស្រាលៗ នឹងជួយជំរុញលំហូរវិលរបស់លោហិត ធ្វើឱ្យឈាមហូរមកចិញ្ចឹមផែនថ្ពាល់ទាំងសងខាងបានកាន់តែច្រើនឡើង ធ្វើឱ្យផ្ទៃមុខស្អាតស្រស់ថ្លាជាប់ជានិច្ច៕
តុបតែងមុខបែបធម្មជាតិក៏ស្រស់ស្អាតមិនស្ទើដែរ
ការតុបតែងមុខនៅក្នុងរដូវភ្លៀងក៏នៅតែបន្តជាមួយនឹងការតុបតែងបែបស្រាលៗ និងបែបធម្មជាតិ ដើម្បីឱ្យផ្ទៃមុខរបស់អ្នកមានភាពស្រស់ស្អាត មិនស្លេកស្លាំង និងមិនកកម្សៅ មិនប្រតាកពណ៌នៅលើផ្ទៃមុខរបស់អ្នក។ តោះមកផាត់មុខបែបនេះម្តងមើល៎ ដើម្បីឱ្យសម្រស់ដ៏ផូរផង់របស់អ្នកនៅតែរក្សាបាននូវភាពស្រស់បំព្រង និងស្អាតបានគ្រប់កាលៈទេសៈទាំងអស់ ទោះជាភ្លៀងធ្លាក់ក៏មិនមែនជាឧបសគ្គសម្រាប់ភាពស្រស់ស្អាតរបស់អ្នកដែរ។ ដូច្នេះសូមងាកមកតុបតែងមុខបែបស្រាលៗ បែបធម្មជាតិម្តងមើល៎៕


កោះបាលី និង4ទីតាំងស័ក្តិសិទ្ធិពេលបានទៅហើយ មិនគួរខកខាន…
ដំណើរទេសចរណ៍មួយទៀតដែលនៅមិនឆ្ងាយប៉ុន្មានពីកម្ពុជា ប្រហែលជាប្រគល់ទៅឱ្យដំណើរកម្សាន្តនៅកោះ បាលី ដែនដីស័ក្តិសិទ្ធិនៃទ្វីបអាស៊ី កោះស្ថានសួគ៌ដែលនរណាៗក៏ត្រូវបាក់ចិត្តស្រឡាញ់ នៅលើផ្ទៃដីប្រមាណជា 5,634គីឡូម៉ែត្រក្រឡាដែលបានទទួលវប្បធម៌ប្រពៃណីពីឥណ្ឌាជាគោល និងនៅទីនោះមនុស្សភាគច្រើនគោរពសាសនាព្រាហ្មណ៍-ហ៊ិនឌូ។ នៅលើកោះធម្មជាតិនោះ ហាយឡាយទេសចរណ៍ដែលមិនគួរខកខានគឺ ការទៅសុំពរសព្ទសាធុការពីទីតាំងស័ក្តិសិទ្ធិ 4កន្លែងនៅលើកោះបាលី… តើមានអ្វីខ្លះនោះ តោះ យើងទៅទាំងអស់គ្នា!
1. វត្ត អ៊ូឡាន់ ដានូ ប្រាតាន់(Pura Ulun Danu Bratan)
ចាប់ផ្ដើមដើរកម្សាន្តលើកោះ បាលី ត្រូវតែទៅទីកន្លែងស័ក្តិសិទ្ធិ វត្តអ៊ូឡាន់ ដានូ ប្រាតាន់ ជាវត្តល្បីឈ្មោះមួយស្ថិតនៅចំកណ្ដាលកោះ ដែលមានភាពស្រស់ស្អាតនៅកណ្ដាលទឹក មាត់បឹងទន្លេសាបប្រាតាន់។ ឆាកខាងក្រោយស្រស់ស្អាតដោយភ្នំភ្លើង ហាក់ដូចជាស្ថានសួគ៌ា និងមានចំណុចលេចធ្លោស្ថិតនៅលើទេវល័យកម្ពស់ 11ជាន់ សាងឡើងដើម្បីឧទ្ទិសដល់ទេពីដានូ អាទិទេពនៃខ្សែគង្គា អ្នកមើលថែទាំភាពឧត្ដមសម្បូរ។ អ្នកទេសចរអាចមកដើរលេងកម្សាន្តនៅទីនេះបានពេញមួយឆ្នាំ តែល្អបំផុតគឺអំឡុងពីខែមីនា ដល់ខែកក្កដា ព្រោះមិនសូវមានភ្លៀងច្រើន។2. វត្តទឹកស័ក្តិសិទ្ធិ ឬវត្តធីរតា អេមភូល(Tirta Empul)
បើទៅលេងឥណ្ឌូនេស៊ី នៅកោះបាលីជាមួយនឹងកម្រិតនៃភាពសទ្ធាជឿជាក់មោះមុត ត្រូវតែទៅវត្តទឹកស័ក្តិសិទ្ធិ ឬវត្តធីរតា អេមភូល ដែលមានទឹកធម្មជាតិផុសឡើងមកពីក្រោមដី មានអាយុច្រើនជាង 1,000ឆ្នាំ ដោយមនុស្សម្នាភាគច្រើននិយមមកលាងជម្រះរាងកាយនៅក្នុងស្រះទឹកមួយនេះក្រោមជំនឿរបស់ជនជាតិហ៊ិនឌូដែលថា នឹងធ្វើឱ្យរឹងប៉ឹង ជួយបំបាត់រោគា បង្កើនសិរីមង្គលដល់ជីវិត។ អ្នកមកទីនេះត្រូវស្លៀកសារុង និងកំណាត់ដណ្ដប់ពីលើរាងកាយមួយកំណាត់ក្រោម និងហាមការថតរូបភាពអ្នកស្រុកបាលីខណៈ ដែលពួកគេកំពុងងូតទឹកជម្រះកាយ ព្រោះជារឿងដែលត្រូវបានហាមឃាត់។3. វត្តបេសាគីហ៍(Pura Brsakih)
មានព្រះវិហារធំដ៏ទាក់ទាញកែវភ្នែក គឺវត្តបេសាគីហ៍ ជាទីកន្លែងមួយទៀតដែលអ្នកស្រុកបាលីលើកតម្កើងជាវត្តហ្លួងនៃសាសនាហ៊ិនឌូ ដែលនៅទីនោះយើងនឹងបានឃើញអ្នកស្រុកបាលីទូលលីវត្ថុបូជានៅលើក្បាលតាមបែបបុរាណ។ នៅទីនោះមាន ព្រះវិហារបូជាព្រះព្រហ្ម ព្រះនារាយណ៍ និងព្រះសិវៈ អាទិទេពនៃហ៊ិនឌូ ដើម្បីសុំពរដល់គ្រប់ៗគ្នា ហើយវត្តបេសាគីហ៍ ថែមទាំងបានទទួលបានការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូតាំងពីឆ្នាំ1995 ទៀតផង។ សូមណែនាំថា មុននឹងចូលវត្ត កុំភ្លេចស្លៀកសារុង និងកំណាត់ដណ្ដប់ជើង ដើម្បីភាពសុភាពរាបសា។4. វត្តថាម៉ាន់ អាយុន ថេមផល(Taman Ayun Temple)
ឆ្អែតពេញដោយបុណ្យកុសលជាបន្តជាមួយនឹងទីកន្លែងដ៏គួរឱ្យរំភើបចិត្ត គឺវត្តថាម៉ាន់ អាយុន ដែលជាអតីតព្រះរាជវាំងរបស់រាជវង្ស ម៉េងវី ដែលបច្ចុប្បន្នបានបើកឱ្យសាធារណជនចូលទៅទស្សនាហើយ។ វត្តថាម៉ាន់ អាយុន នេះសាងឡើង ដើម្បីចម្លងចក្រវាលតាមជំនឿរបស់សាសនាហ៊ិនឌូ ដូចជាចេតិយខ្ពស់ គឺភ្នំព្រះសុមេរុ និងស្រះទឹកព័ទ្ធជុំវិញ គឺមហាសមុទ្រ ដែលជាកំពែងនៃភាពនៅលើផុតកាលវេលាហ្នឹងឯង។បើនរណាមានឱកាសបានទៅទស្សនាកោះបាលី សូមប្រាប់ទៅចុះថា ត្រូវកុំខកខានការទៅសុំព្រះពរពីទីកន្លែងស័ក្តិសិទ្ធិទាំង4 ដែល ឡារ៉ែន បានរៀបរាប់ខាងលើនោះឱ្យសោះ។ ទៅទស្សនាចរណ៍មណ្ឌលទេសចរណ៍សំខាន់ៗ គឺជាការបើកពិភពលោកថ្មីមួយ ព្រមជាមួយការបានប៉ះពាល់ផ្ទាល់ជាមួយវប្បធម៌ប្រពៃណីរបស់ប្រទេសក្នុងតំបន់អាស៊ានដូចគ្នា ធានាថា នឹងបានដើរលេងកម្សាន្តយ៉ាងជក់ចិត្តរហូតមិនចង់ឱ្យអស់ថ្ងៃឈប់សម្រាកឡើយ៕

តើស្ត្រីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?
យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្ត្រីៗយើងក៏ប្រហែលជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្ត្រីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡារ៉ែន មានចម្លើយសម្រាប់សំណូរនេះ…។
អ្នកជំនាញការផ្នែកសុខភាពស្ត្រី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះមានភាពអាចទៅរួចច្រើនដែលស្ត្រីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្ត្រីមានគភ៌ខណៈជិះយន្តហោះ ៖

1 . ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។
2 . សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។
3 . ញ៉ាំទឹកឱ្យបានច្រើន។
4 . ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។
5 . គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។
6 . ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។
ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺអាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។មានស្ត្រីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ ទើបមិនមែនជារឿងប្លែកឡើយដែលស្ត្រីជាច្រើនឆ្លៀតឱកាសនេះធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ តែយ៉ាងណាក៏ដោយអ្នកគួរប្រយ័ត្នរឿងប្រព័ន្ធឈាមរត់ផង។ យើងមានពាក្យណែនាំដើម្បីជួយឱ្យលំហូរវិលរបស់លោហិតរបស់ស្ត្រីមានគភ៌ដំណើរការយ៉ាងប្រក្រតី ដូចខាងក្រោម ៖
. គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងសប្បាយស្រួលខ្លួន។
. គួរពាក់ស្រោមជើងបារ៍ដែលមានភាពរឹប ដើម្បីជួយបង្កើនការហូរវិលរបស់ឈាមពីកជើងទៅរកបេះដូង និងសួតរបស់អ្នក។
. ចៀសវាងការអង្គុយគងអន្ទាក់ខ្លា។
. ញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាភាពស្រស់ថ្លាក្នុងរាងកាយ។
រឿងមួយទៀតដែលជួយរក្សាលំហូរវិលរបស់លោហិតបានច្រើននោះ គឺការធ្វើចលនារាងកាយដោយការក្រោកឡើងដើរនៅតាមផ្លូវដើរក្នុងយន្តហោះ សណ្តូកជើង និងពង្រឹងសាច់ដុំជើងរៀងរាល់កន្លះម៉ោងម្ដង បង្វិលកជើងទៅមក និងកម្រើកម្រាមជើង។ អ្វីទាំងអស់នេះ គឺជាឧទាហរណ៍តូចៗដែលស្ត្រីមានគភ៌អាចធ្វើបាននៅនឹងកន្លែងដែលខ្លួនអង្គុយដោយមិនរំខានអ្នកធ្វើដំណើរដែលអង្គុយក្បែរឡើយ៕

“វិលមុខ” ញឹកញាប់ កើតឡើងដោយសារអ្វី?
មិនថាតែពេលក្រោកចេញពីលើគ្រែហើយវិលមុខ ងើយ ឬឱនមុខយូរៗហើយវិលមុខ ឬនៅសុខៗក៏ស្រាប់តែមានអារម្មណ៍ដូចជាផ្ទះកំពុងវិលខ្ញាល់ជាដើម… អាការវិលមុខទាំងនេះសុទ្ធតែជាសញ្ញាគ្រោះថ្នាក់ ដែលអាចសាងបញ្ហាខាងសុខភាពដល់មនុស្សនៅពេលក្រោយ និងថែមទាំងជាគ្រោះថ្នាក់សម្រាប់មនុស្សចាស់ ដែលអាចនឹងកើតឧប្បត្តិហេតុដួលទាំងជំហរពេលក្រោកពីអង្គុយ ឬដួលនៅក្នុងបន្ទប់ទឹក ឬនៅត្រង់ជណ្ដើរ រហូតរងរបួសដល់ថ្នាក់ធ្វើឱ្យពិការបានទាំងអស់។
មូលហេតុនៃអាការវិលមុខ
វេជ្ជបណ្ឌិតជំនាញផ្នែក សោតឃានកណ្ឋរោគសាស្ត្រ បានបញ្ជាក់ថា អាការវិលមុខរបស់មនុស្សយើងកើតឡើងដោយសារតែប្រព័ន្ធទប់លំនឹងខ្លួនក្នុងរាងកាយបាត់បង់តុល្យភាព ដែលប្រព័ន្ធគ្រប់គ្រងការទប់លំនឹងខ្លួនរបស់រាងកាយនេះប្រកបដោយប្រព័ន្ធ 4 ដូចជា ប្រព័ន្ធការទប់លំនឹងខ្លួនរបស់ត្រចៀកស្រទាប់ខាងក្នុង ប្រព័ន្ធខ្សែភ្នែក ប្រព័ន្ធប្រសាទ និងសាច់ដុំសន្លាក់ រហូតដល់ប្រព័ន្ធដែលសំខាន់បំផុតគឺខួរក្បាល ដែលត្រូវធ្វើការស៊ីចង្វាក់គ្នា។បើសិនប្រព័ន្ធណាមួយបាត់បង់តុល្យភាព នឹងធ្វើឱ្យយើងកើតអាការវិលមុខភ្លាមឡើងតែម្ដង។ក្រៅពីនេះនៅមានមូលហេតុផ្សេងទៀត ដូចជា ៖
. គេងសម្រាកមិនគ្រប់គ្រាន់។
. ខ្វះការហាត់ប្រាណយ៉ាងជាប់លាប់ទៀងទាត់។
. កើតរោគលោហិតស្លេក។
. មានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង ជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ ដែលគេប្រទះឃើញច្រើននៅលើមនុស្សចាស់។
. ជំងឺដុះសាច់របស់ប្រព័ន្ធប្រសាទការទប់លំនឹងខ្លួន ឬសរសៃប្រសាទការស្ដាប់ឮ អាចមានអាការវិលមុខ ព្រមទាំងមានសំឡេងរំខាននៅក្នុងត្រចៀក។
. រលាកស្រទាប់ត្រចៀកខាងក្នុង នឹងមានអាការវិលច្រើនថ្ងៃ បើមានអាការធ្ងន់ធ្ងរអាចនឹងបាត់បង់ការបានឮតែម្ដង។
. ឈាមហូរទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់។វិធីកាត់បន្ថយអាការវិលមុខ
1. គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់។
2. ហាត់ប្រាណឱ្យបានទៀងទាត់ និងជាប់លាប់។
3. ផ្លាស់ប្ដូរឥរិយាបថយឺតៗ និងមិនបង្វិលខ្លួនឬក្រោកពីកៅអី ឬក្រោកពីដំណេក ឬបែរមុខ ឬបែរខ្លួនលឿនៗឡើយ។
4. បន្ថយការជក់បារី និងបន្ថយការញ៉ាំគ្រឿងស្រវឹង រួមទាំងកាហ្វេផង។
5. ញ៉ាំទឹកឱ្យបានច្រើន។
6. ព្យាយាមបន្ថយអាការតានតឹងធុញថប់ក្នុងអារម្មណ៍ ឬវិតក្កកង្វល់ឱ្យបានច្រើន។
7. ក្នុងអំឡុងពេលដែលមានអាការវិលមុខញឹកញាប់ គួរចៀសវាងពីទង្វើ ឬទីកន្លែងដែលអាចបង្កគ្រោះថ្នាក់ ដូចជា បើកបររថយន្ត ឬឡើងទៅលើទីខ្ពស់ជាដើម។បើសិនជាកើតអាការវិលមុខញឹកញាប់ និងមិនដឹងពីមូលហេតុច្បាស់លាស់ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងលម្អិត៕
រៀបចំសក់ឱ្យមានរបៀបគឺស្រស់ស្អាតបំផុតសម្រាប់រដូវភ្លៀង
រដូវភ្លៀងមែនទេ? មានអ្វីដែលត្រូវព្រួយបារម្ភនោះ សូមលេងម៉ូដសក់បែបសុភាពៗ និងមានរបៀបរៀបរយជាកាស្រេច។ ជាធម្មតានៅក្នុងរដូវភ្លៀង អាកាសធាតុប្រែប្រួលច្រើន អាចនឹងមានភ្លៀងធ្លាក់ផង ខ្យល់ផង និងអាចមានអាកាសធាតុក្តៅក៏មានដែរ។ ដូច្នេះ ម៉ូដសក់ដែលចង់ណែនាំដល់មិត្តនារីៗទាំងអស់នៅក្នុងខែនេះគឺ ការតុបតែងសក់បែបសាមញ្ញ និងមានរបៀប ដើម្បីងាយស្រួលក្នុងការថែរក្សា និងទទួលបាននូវភាពស្រស់ស្អាតតាមបែបធម្មជាតិ ដែលមើលយ៉ាងណាក៏មិនស៊ាំភ្នែក និងស៊ាំចិត្តដែរ៕




