Author: ធឿន មករា

  • ជិត​ប្រឡង​បាក់ឌុប​ មិនបាច់​ទៅ​ស្រោចទឹក​ក៏​មាន​សង្ឃឹម​ជាប់​ដែរ​ ឱ្យ​តែ​អនុវត្ត​វិធីសាស្ត្រ​ទាំងអស់​នេះ​…

    ជិត​ប្រឡង​បាក់ឌុប​ មិនបាច់​ទៅ​ស្រោចទឹក​ក៏​មាន​សង្ឃឹម​ជាប់​ដែរ​ ឱ្យ​តែ​អនុវត្ត​វិធីសាស្ត្រ​ទាំងអស់​នេះ​…

    ក្រោយពី​ក្រសួង​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មក​ មាន​សិស្ស​មួយចំនួន​ធំ​បាន​ចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រឡង​ដ៏​សំខាន់​មួយ​នេះ​ ដោយ​ក្នុង​នោះ​ សិស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ ឱ្យ​តែ​ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ម្តង​ៗ នៅ​តាម​ទី​សក្ការៈ​ និង​វត្ត​នានា​ គឺ​ពោរពេញ​ទៅ​ដោយ​សិស្ស​ព្រោងព្រាត​ដែល​ខ្លះទៅ​អុជ​ធូប​បន់ស្រន់​ ខ្លះទៅ​និមន្ត​លោក​ស្រោចទឹក​ឱ្យ​ដើម្បី​ឱ្យ​បាត់​ក្ដី​ភ័យខ្លាច​ និង​បង្កើន​ជំនឿ​ចិត្តជា​ដើម​។

    អតីត​សិស្ស​ទទួល​បាន​និទ្ទេស​ A​ “នៅ​ឆ្នាំ2017​ យុវជន​ ហេង​ គី​មហុង​ បាន​លើកឡើង​ថា​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ជា​ការ​ប្រឡង​សំខាន់​តែ​ក៏​មិន​គួរ​ព្រួយបារម្ភ​ជ្រុល​ពេក​ដែរ​ប្រសិនបើ​យើង​បាន​ត្រៀមខ្លួន​ទុកជាមុន​បាន​ល្អ​។ ប្រសិនបើ​យើង​មិនបាន​ត្រៀមខ្លួន​ទុកជាមុន​ពីដើម​ឆ្នាំ​ទេ​នោះ​ ក៏​មិនទាន់​ហួសពេល​ដែរ​ ប្រសិនបើ​បេក្ខជន​ចាប់ផ្តើម​ត្រៀមខ្លួន​ពីថ្ងៃនេះទៅ​។

    យុវជន ហេង គីម​ហុង អតីត​សិស្ស​ទទួលបាន​និទ្ទេស​ A នៅ​ឆ្នាំ2017

    ជា​ចំណុច​ចាប់ផ្តើម​ បេក្ខជន​ប្រឡង​គួរ​ប្រមូល​ឯកសារ​ទាំងអស់​ដែល​មាននៅ​ក្នុង​ដៃ​ ទុក​ទៅតាម​ផ្នែក​ ដើម្បី​ឱ្យ​ដឹង​ថា​ យើង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ឬនៅ​? ឬនៅ​ខ្វះ​អ្វី​ទៀត​ដើម្បី​ងាយស្រួល​ស្វែងរក​បន្ថែម​។ បន្ទាប់មក​រៀប​វា​តាមលំដាប់​លំដោយ​ ជាពិសេស​វិញ្ញា​សា​ចាស់​ៗដែលគេ​ធ្លាប់​ប្រឡង​ពីមុន​មក​។ នៅពេល​យើង​គ្រប់គ្រង​ឯកសារ​មាន​របៀបរៀបរយ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ រាង​នឹង​ចិត្ត​បន្តិច​ហើយ​ ព្រោះ​យើង​អាច​គ្រប់គ្រង​មេរៀន​បាន​ មិន​រាយប៉ាយ​គរ​លើ​គ្នា​ជិតជុំ​វិញ​ខ្លួន​នោះ​ទេ​។ ក្រោយពេល​រៀបចំ​បាន​ល្អិតល្អន់​ហើយ​ យើង​គួរ​បែងចែក​ពេលវេលា​ទៅ​តាម​ភាព​សំខាន់​នៃ​មុខវិជ្ជា​ ឬក៏​អាច​បែងចែក​ ដោយ​ផ្តល់​ភាព​សំខាន់​លើ​មុខវិជ្ជា​ណា​ដែល​យើង​មិនសូវ​ខ្លាំង​ក៏បាន​។

    យុវជន​ ហេង​ គី​មហុង​ បាន​និយាយ​ថា​៖ “ប្រសិន​បើ​យើង​បែងចែក​ពេលវេលា​បាន​ច្បាស់លាស់​ រួម​ទាំង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ បេក្ខជន​ត្រៀមប្រឡង​គួរ​ផ្អាក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ឬលេង​បណ្តាញ​សង្គម​និង​កាត់បន្ថយ​ការកម្សាន្ត​មួយចំនួន​ដែល​មិន​ចាំបាច់​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ច្រើន​លើ​វិញ្ញា​សា​ចាស់​ៗទាំងអស់​នោះ​ឱ្យ​បាន​ច្រើន​”។

    អតីត​សិស្ស​ពូកែ​និទ្ទេស​ A ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​គណនា​លើ​កម្រង​វិញ្ញាសា​ដែលគេ​ធ្លាប់​ប្រឡង​គួរ​ធ្វើ​ដោយ​ហ្មត់ចត់​ ដោយ​សរសេរ​ ឬគណនា​ដូចជា​ការ​ប្រឡង​ពិតប្រាកដ​ ដើម្បី​ឱ្យ​យើង​ផ្ស៉ាំ​ខ្លួន​បាន​ល្អជា​មួយ​នឹង​ការ​ប្រឡង​។ មាន​អ្នកខ្លះ​មានចំណេះ​ដឹង​គួរសម​ អាច​គណនា​បាន​លឿន​ តែ​គាត់​មិន​យកចិត្ត​ទុកដាក់​ ដោយ​គ្រាន់តែ​គណនា​ឱ្យ​តែ​រួច​ៗ ហើយ​មិន​សរសេរ​ចូល​ទៅ​ក្នុង​វិញ្ញាសា​ប្រឡង​ត្រៀម​នោះ​ឡើយ​ ដែល​ធ្វើ​ឱ្យ​គាត់​ងាយ​ច្រឡំ​ ឬធ្វើ​មិនបាន​ល្អ​នៅពេល​សរសេរ​លើ​ក្រដាស​វិញ្ញាសា​ពិតប្រាកដ​។ ក្រៅពី​នេះ​ យើង​គួរ​សិក្សា​ឱ្យ​បាន​ល្អ​ ខំ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការអនុវត្ត​លំហាត់​ និង​រំឭក​មេរៀន​សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​នៅពេល​នេះ​ ដើម្បី​យើង​បាន​សម្រាក​នៅ​ពេល​កៀក​ការ​ប្រឡង​ខ្លាំង​។ នៅពេល​ជិតដល់​ថ្ងៃ​ប្រឡង​ជាក់ស្តែង​ ប្រសិនបើ​យើង​បាន​ត្រៀម​នៅក្នុង​ដំណាក់កាល​នេះ​ហើយ​ យើង​អាច​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​ពេក​នោះ​ទេ​ គឺ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ យើង​មានចំណេះ​ដឹង​គួរសម​នៅក្នុង​ខ្លួន​ មិន​ទទេ​ស្អាត​ពេក​ទេ​ ហើយ​អាច​សម្រាក​ឱ្យ​មានស្មារតី​ល្អ​នៅមុន​ថ្ងៃ​ប្រឡង​ 1ថ្ងៃ​ ឬ 2ថ្ងៃ​ទៀតផង​។

    អតិត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ផ្នែក​រូបវិទ្យា​ និង​ជា​គ្រូ​ផ្នែក​គណិតវិទ្យា​ លោក​ ចេង​ បូរិ​ទ្ធ​ បាន​លើកឡើង​ថា​ ការ​ត្រៀមប្រឡង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សិស្ស​ ព្រោះ​ទោះបីជា​យើង​ខ្លាំង​ប៉ុនណា​ក៏​ដោយ​ ក៏​ចាំបាច់​ត្រូវតែ​រំឭក​មេរៀន​ឡើងវិញ​ដែរ​។ ហេតុនេះ​ដំណាក់កាល​ការ​រំឭក​មេរៀន​នេះ​ សិស្ស​ចាំបាច់​ត្រូវ​មានការ​រៀបចំ​ឱ្យ​បាន​ល្អ​ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​អារម្មណ៍​ថា​ស្លន់ស្លោ​ ឬបារម្ភ​ខ្លាំង​ជ្រុល​ដោយសារតែ​មេរៀន​គរ​ច្រើនពេក​។ សិស្ស​គួរ​បែងចែក​វិធីសាស្ត្រ​នៃ​ការ​រំឭក​មេរៀន​ទៅតាម​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ឬវិទ្យា​សាស្ត្រ​សង្គម​។ ចំពោះ​វិទ្យាសាស្ត្រ​ពិត​ យើង​គួរ​អនុវត្ត​ឱ្យ​បាន​ច្រើន​ ហើយ​មិនបាច់​បារម្ភ​ខ្លាំងពេក​ទេ​លើ​ការ​ទន្ទេញ​រូបមន្ត​ ព្រោះ​ពេល​យើង​អនុវត្ត​លំហាត់​ យើង​ត្រូវតែ​យក​រូបមន្ត​មក​ប្រើ​ បន្តិច​ម្តង​ៗវា​នឹង​ចាំ​ដោយឯកឯង​។ ចំណែក​ឯថ្នាក់​វិទ្យាសាស្ត្រ​សង្គម​វិញ​ គួរ​យក​មេរៀន​ទាំងអស់​មក​សង្ខេប​ឱ្យ​ខ្លី​ដោយ​ចំណាយពេល​អាន​សាច់រឿង​លម្អិត​បន្ទាប់មក​ដកស្រង់​យក​តែ​ចំណុច​សំខាន់​ដើម្បី​ងាយ​ចងចាំ​។

    លោក ចេង បូរិទ្ធ ជាគ្រូ​ផ្នែកគណិតវិទ្យា

    លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “កុំ​បារម្ភ​ខ្លាំង​ពេក​ពី​ការ​ប្រឡង​ ពេល​រៀន​យើង​រៀន​លំ​ហា​ត់​ធំៗ​ តែ​ពេល​ប្រឡង​ភាគច្រើន​ចេញ​លំហាត់​មិន​ខ្លាំងពេក​ទេ​ ហេតុនេះ​សូម​ធ្វើលំ​ហាត់​ដោយ​ទំនុកចិត្ត​ និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​ចាប់ផ្តើម​។ កាលណា​យើង​ពិនិត្យ​មិន​ច្បាស់លាស់​ នោះ​កត្តា​ច្រឡំ​នឹង​មាន​ខ្ពស់​បំផុត​ ដែល​ធ្វើ​ឱ្យ​យើង​បាត់បង់​ពិន្ទុ​ ឬខាតពេល​”។

    លោក​ បូរិ​ទ្ធ​ បាន​បន្ថែម​ទៀត​ថា​ ក្រៅពី​បញ្ហា​រៀបចំ​រំឭក​មេរៀន​ហើយ​ បញ្ហា​សុខភាព​ក៏​ជា​រឿង​សំខាន់​ដែរ​សម្រាប់​បេក្ខជន​ប្រឡង​ម្នាក់​។ មាន​បេក្ខជន​ខ្លះ​មាន​គោលបំណង​ដណ្តើម​យក​និទ្ទេស​ល្អ​ តែ​ដោយសារ​ការ​ខំ​ខ្លាំងពេក​បែរជា​ធ្វើ​ឱ្យ​គាត់​ឈឺ​ទៅវិញ​ ដែល​ធ្វើ​ឱ្យ​ពេល​ប្រឡង​មិន​អាច​ធ្វើ​បាន​ល្អ​។ ហេតុនេះ​ការ​រក្សាសុខ​ភាព​ក៏​សំខាន់ណាស់​ដែរ​ ទោះជា​យើង​ខំប្រឹង​ប្រែង​រៀន​ ក៏​មិន​គួរ​ខំ​គំហុក​ពេក​ទេ​ យើង​អាច​ធ្វើតាមសម្រួល​ តាម​ការបែងចែក​ពេលវេលា​ច្បាស់លាស់​ដែល​យើង​បាន​កំណត់​។ ចំពោះ​របប​អាហារ​ក៏​គួរ​កុំ​ទទួលទាន​អាហារ​ណា​ដែល​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ឬប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ចំពោះ​អាហារ​នៅពេល​ដែល​ថ្ងៃ​ប្រឡង​ជិត​ចូល​មកដល់​។ ការសម្រាក​ក៏​ដូចគ្នា​ដែរ​ទោះ​ខំរៀន​ ក៏​ត្រូវការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ដែរ​ ព្រោះ​ស្មារតី​សំខាន់ណាស់​ចំពោះ​ការ​ចងចាំ​ ប្រសិនបើ​យើង​សម្រាក​មិន​គ្រប់គ្រាន់​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​មិនឆាប់​ចាំមេរៀន​នោះ​ទេ​ តែ​បណ្តាល​ឱ្យ​យើង​មាន​អារម្មណ៍​មិនល្អ​ថែមទៀត​ផង​៕

  • អ្នកធ្វើការ​ផ្នែក​លោហៈ​ ផលិត​នំ​ កែច្នៃ​បន្លែ​-ផ្លែឈើ​នឹង​មាន​សញ្ញាបត្រ​ផ្លូវការ​

    អ្នកធ្វើការ​ផ្នែក​លោហៈ​ ផលិត​នំ​ កែច្នៃ​បន្លែ​-ផ្លែឈើ​នឹង​មាន​សញ្ញាបត្រ​ផ្លូវការ​

    នៅ​កម្ពុជា​ មានមុខ​របរ​ជាច្រើន​សុទ្ធតែ​ជាមុ​ខរ​បរ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ ខណៈ​អាជីព​ទាំងអស់​នោះ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ និង​អាច​ជា​ប្រភព​ចំណូល​ដ៏​ល្អ​ថែម​ទៀតផង​។ មុខរ​បរ​តូច​ៗមួយចំនួន​នៅ​តាម​សហគមន៍​ រួម​ទាំង​មុខរបរ​ក្នុង​វិស័យ​កសិកម្ម​មួយចំនួន​ទៀត​ សុទ្ធតែ​ជា​ មុខរបរ​ដែល​មាន​លំនឹង​ល្អ​ហើយ​ថែមទាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​បាន​ច្រើន​ទៀតផង​ តែ​គួរ​ឱ្យ​សោក​ស្តាយ​ ដែល​សិស្ស​ និស្សិត​ជាច្រើន​មិនសូវ​ចាប់អារម្មណ៍​បើ​ទោះបីជា​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​បណ្តុះបណ្តាល​យ៉ាងណាក្ដី​។

    កាលពី​ពេល​ថ្មី​ៗនេះ​ ដើម្បី​ជំរុញ​ឱ្យ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កាន់តែ​មាន​សក្តា​នុ​ពល​ខ្លាំង​ឡើង​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ដាក់​ឱ្យ​អនុវត្ត​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខវិជ្ជា​បន្ស៊ី​លោហៈ​ មុខរបរ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​ កម្រិត3​ និង​កម្រិត4​ ដល់​ប្រជាជន​ខ្មែរ​ដែល​ចង់​ចាប់​យក​អាជីព​ទាំងអស់​នេះ​ ឬដើម្បី​ទទួលស្គាល់​ និង​បណ្តុះបណ្តាល​បន្ថែម​ចំពោះ​អ្នក​ដែល​កំពុង​ប្រកបរបរ​នេះ​ស្រាប់​ ដែល​មានបំណង​ចង់​អភិវឌ្ឍ​ខ្លួន​បន្ថែម​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខវិជ្ជា​បន្ស៊ី​លោហៈ​ មុខរបរ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​នេះ​ នឹង​ក្លាយជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​អ្នក​សិក្សា​ និង​ប្រកបមុខរបរ​នេះ​។ សម្រាប់​សាធារណជន​ដែល​ធ្លាប់​សិក្សា​នៅ​សាលា​ចំណេះ​ទូទៅ​ ឬមាន​សមត្ថភាព​ជំ​នាញ​ខ្លះ​ៗ ឬមាន​បទ​ពិសោធ​ការងារ​ប្រតិបត្តិ​ជាក់ស្តែង​នានា​ មិនថា​នៅ​ទីណា​ ឬពេលណាក៏ដោយ​ ពោល​គឺ​ អ្នក​ទាំងអស់​នោះ​អាច​សុំ​ធ្វើតេស្ត​សមត្ថភាព​ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ពី​កម្រិត​សមត្ថភាព​ជាក់ស្តែង​ ឬសុំ​ធ្វើការ​ទទួលស្គាល់​ការសិក្សា​ដែល​ខ្លួន​ធ្លាប់​មាន​ពីមុន​ និង​ការ​ទទួលស្គាល់​សមត្ថភាព​បច្ចុប្បន្ន​ (RPL​/RCC​)។ ក្រៅពី​ទទួល​បានការ​ទទួលស្គាល់​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ឬការងារ​ហើយ​ អ្នក​ទាំងអស់​នោះ​ក៏អាច​ធ្វើការ​ស្នើសុំ​សិក្សា​បន្ថែម​ទៅ​តាម​កម្រិត​សមត្ថ​ភា​ពរៀងៗ​ខ្លួន​ផង​ដែរ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ មានប្រសាសន៍​ថា​៖ “ការ​ដាក់ចេញ​នូវ​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​នេះ​ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សាធារណជន​ ដែល​អាច​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ ឬសញ្ញា​បត្រ​កម្រិតខ្ពស់​ជាង​នេះ​ ដែល​ទទួលស្គាល់​ដោយ​ថ្នាក់​ជាតិ​ តាម​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​ (CQF​) ដើម្បី​បញ្ជាក់​ពី​គុណវុឌ្ឍិ​ការងារ​នៅ​កម្ពុជា​ និង​នៅក្នុង​តំបន់​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​បន្ថែម​ថា​ គម្រោង​ដាក់​ឱ្យ​អនុវត្ត​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខវិជ្ជា​បន្ស៊ី​លោហៈ​ មុខរបរ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​ កម្រិត3​ និង​កម្រិត4​ នេះ​នឹង​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ មុននឹង​ដាក់​ឱ្យ​គណៈកម្មការ​ជាតិ​បណ្តុះបណ្តាល​ (NTB​) អនុម័ត​ និង​សម្រេច​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ​។ គម្រោង​នេះ​អាច​នឹង​ឈាន​ទៅដល់​ទិសដៅ​ល្អ​មួយ​ដែល​សម្រេច​បាន​នូវ​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ការអនុវត្ត​នា​ពេល​អនាគត​ ហើយ​សមាជិក​គ្រប់រូប​ នឹង​ជួយ​អនុវត្ត​សកម្មភាព​នានា​ដើម្បី​គាំទ្រ​បន្ត​ទៀត​។

    ឯកឧត្តម​ ហឹង​ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ការ​ដាក់​ឱ្យ​មាន​គម្រោង​អនុវត្តន៍​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខរបរ​ការ​បន្ស៊ី​លោហៈ​ មុខរបរ​ការ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​នេះ​ គឺ​ដោយសារ​មើលឃើញ​ពី​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ដែល​កំពុង​ប្រែក្លាយ​ពី​ការពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ ទៅជា​ឧស្សាហកម្ម​។ ក្រៅពី​នេះ​យើង​ក៏​មានបំណង​លើកទឹកចិត្ត​ដល់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ទាំងអស់​ឱ្យ​យល់​ពី​ស្តង់​ដា​បណ្តុះបណ្តាល​ទៅលើ​មុខរបរ​ទាំងអស់​នេះ​ ឱ្យ​ស្រប​ទៅតាម​កម្រិត​ជាតិ​ និង​តំបន់​ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ជាក់ស្តែង​៕

  • វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    បន្ទាប់ពី​កន្លង​ផុត​វិនាទី​នៃ​ក្តី​រំភើប​សោមនស្ស​រីករាយ​ ព្រោះ​មាន​សមាជិក​ថ្មី​ដ៏​តូច​ច្រឡឹង​មួយ​រូប​កើត​ថែម​ឡើង​នៅក្នុង​គ្រួសារ​ហើយ​នោះ​ ជឿ​ថា​លោកឪពុក​អ្នកម្តាយ​ថ្មីថ្មោង​ជាច្រើន​នាក់​ច្បាស់ជា​ជួប​នូវ​បញ្ហា​ជាច្រើន​រឿង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​មិនខាន​ ជាពិសេស​រឿង​ការ​ចិញ្ចឹម​ថែទាំ​កូនតូច​ ដែល​ ឡា​រ៉ែ​នជឿ​ថា​ លោកឪពុក​អ្នកម្តាយ​ប្រហែលជា​មាន​កង្វល់​ក្នុងចិត្ត​ បើ​មិន​តិច​ ក៏​ច្រើន​ដែរ​ ព្រោះ​មិនដឹង​ថា​ ត្រូវ​ចាប់ផ្តើម​ចិញ្ចឹម​ថែទាំ​កូនសម្លាញ់​របៀបណា​ និង​យ៉ាងម៉េច​ខ្លះ​? ដូច្នេះ​ ថ្ងៃនេះ​យើង​សូម​នាំ​យក​វិធី​មើលថែ​ទាំ​កូនតូច​ទើបនឹង​កើត​យ៉ាង​ត្រឹមត្រូវ​មក​ជម្រាប​ជូន​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​លោកឪពុក​អ្នកម្តាយ​ថ្មីថ្មោង​គ្រប់គ្នា​ដូច​ខាងក្រោម​ ៖

    ផ្ងូត​ទឹក​ឱ្យ​កូនតូច​ : គួរ​ងូតទឹក​ឱ្យ​កូនតូច​ក្នុង​ 1ថ្ងៃ​ 2ដង​ ព្រឹក​-ល្ងាច​ (ព្រឹក​អាច​នៅពេល​ថ្ងៃ​បន្តិច​ និង​ល្ងាច​មុន​ពេល​ព្រលប់​) ដោយ​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់​ងូតទឹក​ឱ្យ​កូនតូច​ ដូចជា​ សាប៊ូ​ដុស​ខ្លួន​ សាប៊ូកក់​សក់​(សម្រាប់​ទារក​) អេ​ប៉ុង​ដុស​ខ្លួន​ កន្សែងជូតខ្លួន​ និង​ចានដែក​ងូតទឹក​ដែល​មាន​បន្ទះ​ការពារ​រអិល​។ ត្រៀម​ទឹក​នៅក្នុង​ចានដែក​ឱ្យ​មាន​សីតុណ្ហភាព​សម​ល្មម​ មិន​ត្រជាក់​ពេក​ ឬក្តៅ​ពេក​ បន្ទាប់មក​ដៃ​ម្ខាង​ក្បង់​យក​ទឹក​មក​លាប​លើ​ខ្លួន​កូន​ថ្នម​ៗ ដើម្បី​ឱ្យ​កូន​បាន​សម្រួល​ខ្លួន​ជាមុន​សិន​ រួចហើយ​ត្រូវ​កក់សក់​ឱ្យ​កូនតូច​មុនគេ​បង្អស់​។ សម្រាប់​ការ​ផ្ងូត​ទឹក​សម្អាតខ្លួន​ឱ្យ​កូនតូច​នេះ​ ចូរ​សង្កត់ធ្ងន់​លើ​ការ​សម្អាត​តាម​ចំណុច​គន្លាក់​ផ្សេង​ៗ ជាពិសេស​ គល់ភ្លៅ​ គន្លាក់​ជង្គង់​ ក្លៀក​ និង​រន្ធ​គូទ​ជាដើម​។ ចំពោះ​ការ​ផ្ងូត​ទឹក​ឱ្យ​កូនតូច​នេះ​ បើ​អ្នកម្តាយ​ថ្មីថ្មោង​ណា​មិនសូវ​ជឿជាក់​លើ​ខ្លួនឯង​នោះ​ អាច​ប្រើ​វិធី​ងូតទឹក​ដោយ​ការ​ដាក់​កូន​ឱ្យ​គេង​នៅ​លើ​ក្រណាត់​កៅស៊ូ​ ហើយ​យក​អេ​ប៉ុង​សើម​ៗមក​ជូត​សម្អាតខ្លួន​កូនតូច​ក៏បាន​ដែរ​។

    ជូត​សម្អាត​យ៉ាង​ថ្នម​ៗ និង​ទន់ភ្លន់​ : គឺជា​រឿង​ដែល​អ្នកម្តាយ​ត្រូវ​យកចិត្ត​ទុកដាក់​ និង​មើលថែ​យ៉ាង​ហ្មត់ចត់​ ជាពិសេស​ការ​លាង​ និង​ជូត​សម្អាត​ម្តុំ​រន្ធ​ផ្ចិត​ និង​អវយវ:ភេទ​ដែល​ច្រើន​កើតមាន​ភាព​សើម​អាប់​ ដូច្នេះ​គួរ​ធ្វើការ​ជូត​សម្អាត​ដោយ​អាល់កុល​ 70​% រៀងរាល់​លើកក្រោយ​ពេល​ផ្ងូត​ទឹក​រួច​ រហូត​ទាល់តែ​គល់​ផ្ចិត​ជ្រុះ​ និង​រន្ធ​ផ្ចិត​ឡើង​ស្ងួត​។ ហាម​ប្រើ​ម្សៅ​រោយ​ពីលើ​ផ្ចិត​ទារក​ជាដាច់ខាត​ ព្រោះ​អាច​ធ្វើ​ឱ្យ​កើត​ការ​ឆ្លង​មេរោគ​បាន​ ចំណែក​អវយវ:ភេទ​ និង​គូទ​ក៏​មិន​គួរ​មើល​រំលង​ដែរ​ នៅពេល​កូនតូច​បន្ទោបង់​រួចហើយ​ត្រូវ​ប្រញាប់​ជូត​សម្អាត​ភ្លាម​ ដោយ​ប្រើ​សំឡី​ជ្រលក់​ទឹក​ជូត​ស្នាម​លាមក​ និង​ទឹក​មូត្រ​ដែល​ប្រឡាក់​លើ​ខ្លួន​កូន​ចេញ​យ៉ាង​ថ្នមដៃ​ ដោយ​ជូត​ពី​ខាងមុខ​ទៅ​ខាងក្រោយ​ ហើយ​យក​កន្សែងពោះគោ​ជូត​ផ្ដិត​ឱ្យ​ស្ងួត​ល្អ​ បន្ទាប់ពី​នោះ​មក​ទើប​ស្លៀក​ក្រណាត់​កន្ទប​ ឬខោ​ទឹកនោម​ឱ្យ​។

    ខោអាវ​របស់​កូនតូច​ : គួរ​ជា​ឈុត​ដែល​ធ្វើ​ពី​ក្រណាត់​កូ​តុង​កប្បាស​ សាច់​ទន់​ ខ្យល់​ចេញ​-ចូល​បាន​ស្រួល​ មិន​ហប់​ក្ដៅ​អាច​ជា​អាវដៃវែង​ ឬដៃខ្លី​បែប​មាន​ខ្សែចង​ខាងមុខ​ ឬខាងក្រោយ​។ ចំណែក​ខោ​វិញ​ គួរ​ប្រើ​បែប​មាន​ខ្សែ​យឺត​ធូរ​ៗ ឬចងខ្សែ​ ដើម្បី​ឱ្យ​ងាយស្រួល​ស្លៀក​ និង​ដោះ​-ចេញ​។ បើ​ក្នុង​រដូវរងា​ ចូរ​ជ្រើស​យក​ឈុត​ណា​ដែល​រាង​ក្រាស់​បន្តិច​ ដើម្បី​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​រាងកាយ​កូនតូច​។

    រៀន​សង្កេត​ពី​សំឡេង​យំ​ និង​អា​ការ​ផ្សេង​ៗរបស់​កូនតូច​ : ការ​បញ្ចេញ​សំ​ឡេង​ផ្សេង​ៗ ទាំង​ការ​ស្រែក​បែប​ប្រឹង​ស្រែកថ្ងូរ​នៅក្នុង​បំពង់ក​ ការ​ញញឹម​ រួម​ទាំង​ការ​យំ​ផង​ សុទ្ធតែ​ជា​វិធី​ដែល​ទារក​ប្រើ​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នកម្តាយ​ទាំងអស់​ថា​ នៅក្នុង​ខណ:ពេល​ហ្នឹង​កូន​ចង់​បានអ្វី​ អាច​កំពុង​ឃ្លាន​ទឹកដោះ​ មិន​សប្បាយខ្លួន​ដោយសារ​ឈឺថ្កាត់​ជាដើម​ ដូច្នេះ​លោកឪពុក​អ្នកម្តាយ​គួរតែ​ចេះ​ និង​នៅចាំ​សង្កេតមើល​កូន​តូច​ជាប់​ជាប្រចាំ​ថា​ អាការ​ទាំងអស់​នេះ​ តើ​កូន​ចង់​ប្រាប់​ពី​អ្វី​ឱ្យ​យើង​ដឹង​?។

    ទឹកដោះម្តាយ​សំខាន់​បំផុត​ : ដូច​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា​ ទឹកដោះម្តាយ​ គឺជា​ប្រភព​នៃ​សារជាតិ​អា​ហារ​ចម្បង​ៗរបស់​ទារក​ពេញ​រយ:ពេល​ 1ឆ្នាំ​ដំបូង​ ព្រោះ​សារជាតិ​អាហារ​ដែល​មាននៅ​ក្នុងទឹក​ដោះ​ គឺជា​វត្ថុ​ចាំបាច់​ ជា​ភោជនាហារ​ដែល​ល្អ​ចំពោះ​សុខភាព​របស់​ទារក​ ហុច​ផល​ដល់​ការ​ធំធាត់​ និង​ការ​វិវឌ្ឍ​របស់​កូនតូច​ខ្លាំង​ណាស់​ ជាពិសេស​ទារក​ដែល​អាយុ​បាន​ 6សប្តាហ៍​ នឹង​ចាប់ផ្តើម​រីកចម្រើន​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ដែល​អាច​ធ្វើ​ឱ្យ​កូនតូច​ឆាប់​ឃ្លាន​ញឹកញាប់​ជាង​មុន​ ដូច្នេះ​អ្នកម្តាយ​ក៏​គួរតែ​ឱ្យ​កូន​សម្លាញ់​បាន​មឹម​ដោះ​ឱ្យ​បាន​ច្រើនជាង​មុន​ដែរ​។

    ភ្ជាប់​សម្ពន្ធ​នៃ​ក្តី​ស្រឡាញ់​ឱ្យ​ជិតស្និទ្ធ​ : ព្រោះ​តែ​ការ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​កក់ក្តៅ​ និង​បាន​ទទួល​នូវ​ក្តី​ស្រឡាញ់​ គឺជា​ការ​ជួយ​ភ្ជាប់​សម្ពន្ធ​រវាង​ម្តាយ​ និង​កូន​ឱ្យ​កាន់តែ​កើន​ច្រើនឡើង​ មិនថា​តែ​ការ​កម្រើក​ដៃ​ជើង​របស់​កូន​ថ្នម​ៗ ធ្វើ​ម៉ាស្សា​ឱ្យ​ស្រាល​ៗ រួម​ទាំង​ការ​បី​ឱប​កូន​ពេល​បំបៅ​ដោះ​ ឬពេល​បី​បំពេកូន​ គឺ​សុទ្ធតែ​ជា​ការ​ចងភ្ជាប់​សម្ពន្ធភាព​ឱ្យ​បានកូន​ញញឹម​ និង​មាន​សេចក្តី​សុខ​។
    ទោះជា​នៅក្នុង​រយ:ដំ​បូងៗ​ លោកឪពុក​អ្នកម្តាយ​អាច​នឹង​ត្រូវ​សម្របសម្រួល​ខ្លួន​ រៀន​យល់​ដឹង​ និង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​មើលថែ​ទាំ​កូនតូច​ខ្លាំង​ និង​ច្រើន​ជាពិសេស​ រហូតដល់​នឿយហត់​ ធុញថប់​ និង​គ្មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់​ក្ដី​ តែ​ការប្រែប្រួល​របស់​កូន​ដែល​រីកចម្រើន​ធំធាត់​ឡើង​បណ្តើរ​ៗជា​រៀងរាល់ថ្ងៃ​ រួម​ទាំង​ស្នាម​ញញឹម​តូច​ៗដែល​បង្ហាញ​ឡើង​នៅ​លើ​ផ្ទៃមុខ​របស់​កូនសម្លាញ់​នោះ​ សូម​ជឿ​ចុះ​ថា​ វា​ នឹង​ជួយ​លុបបំបាត់​ភាព​នឿយហត់​ទាំងឡាយ​ និង​បន្ថែម​នូវ​សេចក្តី​សុខ​ដល់​ក្រុម​គ្រួសារ​របស់​លោកអ្នក​ជាមិនខាន​៕

  • ចង់បាន​ស្បែក​ស្រស់ស្អាត ត្រូវតែ​ចាប់ផ្តើម​ថែទាំ

    ចង់បាន​ស្បែក​ស្រស់ស្អាត ត្រូវតែ​ចាប់ផ្តើម​ថែទាំ

    គេ​ថា​ភាព​ស្រស់​ស្អាត​មិន​អាច​ស្ថិតនៅ​ជាមួយ​យើង​គ្រប់គ្នា​បាន​រហូតដល់​ចាស់​នោះ​ទេ​ ព្រោះ​មិន​យូរ​មិនឆាប់​វា​នឹង​ត្រូវ​បាត់បង់​ទៅតាម​ពេលវេលា​ គ្រាន់តែ​ថា​វា​អាច​នឹង​បាត់បង់​តិច​ ឬច្រើនតែ​ប៉ុណ្ណោះ​។បើ​និយាយទៅ​ អ្នកណា​ក៏​ដូច​អ្នកណា​ដែល​គឺ​មិន​ចង់​ស្វាគមន៍​សភាព​ស្បែក​ជ្រីវជ្រួញ​យារ​ធ្លាក់​ដែល​បង្ក​ឱ្យ​មើលទៅ​ឃើញថា​ សម្រស់​របស់​អ្នក​កំពុង​ឈាន​ទៅ​រក​ការបាត់បង់​នោះ​ដែរ​។ដោយហេតុនេះ​ហើយ​មនុស្ស​ស្ទើរគ្រប់​គ្នា​ ទាំង​បុរស​ ទាំង​នារី​ ទាំង​យុវវ័យ​ ទាំង​មនុស្ស​វ័យ​កណ្តាល​ និង​មនុស្ស​វ័យ​ចំណាស់​ តែងតែ​ខិតខំ​ថែរក្សា​សម្រស់​របស់​ខ្លួន​យ៉ាង​ល្អ​បំផុត​។ បើ​និយាយ​ពី​វិធីសាស្ត្រ​នៃ​ការ​ថែរក្សា​សម្រស់​វិញ​ គឺ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​លទ្ធផល​អាច​ចេញ​មក​ខុសគ្នា​ អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់​ ថា​តើ​អាច​អនុវត្ត​បាន​ល្អ​ដល់កម្រិត​ណា​? សាកល្បង​វិធី​មួយចំនួន​ដូច​ខាងក្រោម​ ហើយ​បើ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ត្រឹមត្រូវ​នោះ​ អ្នក​ពិត​ជា​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ជាមិនខាន​។

    ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ : បើ​និយាយ​ថា​វា​ជាសកម្ម​ភាព​ដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​នោះ​ អ្នក​ពិតជា​ដឹង​ហើយ​ថា​វា​គឺជា​រឿង​ដ៏​សំខាន់​ ហេតុ​ដូចនេះ​អ្នក​មិន​គួរ​ធ្វើ​វា​ដូចជា​សត្វ​អំពិលអំពែក​ ម្តង​ភ្លឺ​ម្តង​ងងឹត​នោះ​ទេ​។ ទម្លាប់​ផ្សេង​ៗដែល​អ្នក​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ ដើម្បី​ថែរក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​បាន​ល្អ​នោះ​ មាន​ដូចជា​ លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ លាប​ក្រែម​បន្ថែម​សំណើម​ដល់​ស្បែក​ ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ ពាក់​មួក​ការពារ​ និង​ស្លៀក​សម្លៀកបំពាក់​ឱ្យ​ជិត​សាច់​រាល់ពេល​ចេញទៅ​ខាងក្រៅ​ជាដើម​។ តាមរយៈ​ការ​ការពារ​ស្បែក​មួយចំនួន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ចៀស​ផុត​ពី​ការបំផ្លាញ​ពី​ពន្លឺថ្ងៃ​នោះ​ទេ​ តែ​ថែមទាំង​អាច​ធ្វើជា​រនាំង​ការពារ​ស្បែក​របស់​អ្នក​ពី​ធូលី​ដី​ ឬសារ​ធាតុ​កខ្វក់​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ផង​ដែរ​។

    រក្សា​ទម្លាប់​ : ហាត់ប្រាណ​ជា​ការ​កម្ចាត់​នូវ​ជាតិពុល​ចេញពី​រាងកាយ​ ព្រមទាំង​ដណ្តើម​មក​វិញ​នូវ​ភាព​ស្រស់បស់​ដល់​ស្បែក​។ បន្លែ​ផ្លែឈើ​ ក៏​ជា​តម្រូវការ​របស់​ស្បែក​ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ស្រស់​ស្អាត​ដូចគ្នា​ដែរ​។3-4ថ្ងៃ​ម្តង​ : ផ្តល់​ភាព​ស្រស់ថ្លា​ឱ្យ​ស្បែក​របស់​អ្នក​បន្តិច​ តាមរយៈ​ការ​ដុសខាត់​ កម្ចាត់​ស្បែក​ចាស់​ៗ ដែល​មិន​មានប្រយោជន៍​ទាំងឡាយ​ចោល​ឱ្យ​អស់​ ជាមួយនឹង​វិ​ធី​ផ្សេង​ៗដែល​អ្នក​គិតថា​ល្អ​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​។

    រក​ពេលសម្រាក​ខ្លះ​ : ការសម្រាក​ ការ​ធ្វើ​ឱ្យ​ចិត្ត​សប្បាយរីករាយ​ ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​អាច​ជួយ​ឱ្យ​អ្នក​កម្ចាត់​ចោល​នូវ​បញ្ហា​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្រស់​ស្បែក​របស់​អ្នក​ដូច​ជា​ ស្បែក​ជ្រីវជ្រួញ​ ស្បែក​ស្រអាប់​ ឬស្បែក​ស្លេកស្លាំង​ជាដើម​។

    ផ្តល់​ថាមពល​ដល់​រាងកាយ​ : អាហារ​ជា​ប្រភព​នៃ​ថាមពល​ ហើយ​នៅពេល​ដែល​អ្នកមាន​ថាមពល​ពេញលេញ​ នោះ​អ្នក​ក៏​មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​ស្បែក​មើលទៅ​ក្រៀម​ស្វិត​ មិន​មាន​វីតាមីន​ទៀត​នោះ​ដែរ​។

    ពិនិត្យមើល​សភាព​ស្បែក​ឱ្យ​បាន​ល្អ​ : ស្បែក​ស្ងួត​ ឬស្បែក​ឡើង​ប្រេង​ខ្លាំងពេក​មិនមែន​ជា​ការ​ល្អ​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមើល​ទៅ​រងើម​ពេក​ ឬក្រៀម​ពេក​។ចូរ​ស្វែងរក​វិធី​ថែរក្សា​ស្បែក​ឱ្យ​សមស្រប​ទៅ​នឹង​សភាព​ស្បែក​របស់​អ្នក​ ពីព្រោះ​ទង្វើ​នេះ​គែ​ជា​ទង្វើ​ល្អ​បំផុត​ ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ​ និង​ស្រស់​ស្អាត​ដូច​បំណងប្រាថ្នា​៕

  • កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

    កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

    កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីជាលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បី​ផ្សព្វ​ផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារទេសចរណ៍​ពិភព​​លោកឱ្យកាន់តែខ្លាំងក្លាថែមទៀត។

    ការប្រកាសដាក់ឱ្យប្រើប្រាស់Appថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី​ការផ្សព្វ​ផ្សាយ​​​គោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើ​ប្រាស់ជាផ្លូវការនូវកម្ម​វិធីលើទូរស័ព្ទ «Kingdom of wonder» កាលពីព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2019 ​នៅសណ្ឋា​គារ​សុខា ខេត្តសៀមរាប ។

    ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បី​បង្កើនការយល់ដឹង និងចែករំលែកបទពិសោធដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការ​ប្រើ​ប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយសេវាកម្ម​នានា​ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មី​នៃសកលលោកនាយុគសម័យបដិវត្តន៍ឧស្សាហកម្ម4.0។

    ឯកឧត្តមបានបន្តឱ្យដឹងថា ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជាបានរៀបចំឱ្យមាន កម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរ​ជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។

    ដោយហេតុថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលទទួលបានការពេញ​និយម​កាន់​តែ​ច្រើនពីសំណាក់ប្រជាជនក៏ដូចជាអ្នកទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ2018 មានអ្នក​ប្រើ​ប្រាស់រហូតដល់ 4.1ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន 2.32ពាន់​លាន​នាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន 1.8ពាន់លាននាក់។

    ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «King​dom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោល​ដៅ​ទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយ​ដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀតដែលផ្តល់​ភាព​ងាយ​ស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរដែលមានបំណង​មកទស្ស​នាប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

    ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ឱ្យចូលរួមផ្សព្វ​ផ្សាយដល់​បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យក​ឱកាស​​ទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែ​ក្លាយ​សេវាកម្មក្នុងអាជីវកម្មរបស់ខ្លួនឱ្យស្របតាមនិន្នាការថ្មីនៃសកលលោក។

    បើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនោះថា ក្នុងឆ្នាំ2018 កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 6.2លាននាក់ ក្នុងកំណើន10.7% និងនៅក្នុង​ត្រី​មាស​ទី1 ដើមឆ្នាំ2019 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 1,870,000នាក់ កើនឡើង9.7%។

    តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថា ភ្ញៀវទេសចរជាតិ-អន្តរ​ជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់នឹងមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស​​​ចរណ៍ ដើម្បី​សម្រេចបាននូវកំណើនទេសចរអន្តរជាតិ 6.6លាននាក់ក្នុងឆ្នាំ2019 និងជាង 7លាន​នាក់​នៅឆ្នាំ​2020៕

  • រយៈពេល​ 6ខែ​ឆ្នាំនេះ​ ការនាំចេញ​អង្ករ​មានការ​កើនឡើង​ និង​ទីផ្សារ​នាំចេញ​ត្រូវ​បាន​ពង្រីក​

    រយៈពេល​ 6ខែ​ឆ្នាំនេះ​ ការនាំចេញ​អង្ករ​មានការ​កើនឡើង​ និង​ទីផ្សារ​នាំចេញ​ត្រូវ​បាន​ពង្រីក​

    របាយការណ៍​ថ្មី​មួយ​ ពី​ក្រសួង​កសិកម្ម​បង្ហាញថា​ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី1​ឆ្នាំ2019​ ចំនួន​ 281​, 538តោន​ ពោល​គឺ​កើនឡើង3.7​% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ របាយការណ៍​នេះ​ស្របគ្នា​នឹង​របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ​ដែរ​។

    របាយការណ៍​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ មាន​ក្រុមហ៊ុន​អ្នកនាំ​ចេញ​ក្នុង​ស្រុក​ចំនួន​ 75​ បាន​បញ្ជូន​អង្ករ​ទៅកាន់​ 47ប្រទេស​ ដោយ​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​របស់​ស្រូវ​អង្ករ​កម្ពុជា​ ដែល​ស្រូប​យក​បាន​ 118,401តោន​ ឬ 42​% នៃ​ចំនួន​នាំចេញ​សរុប​។ ប្រទេស​បារាំង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ2​ ដោយ​បាន​នាំចូល​ 37,515​តោន​។ បើ​គិត​តាម​តំបន់​សហភាព​អឺរ៉ុប​ គឺជា​អ្នកទិញ​ដ៏​ធំ​បំផុត​ ដែល​បាន​នាំចូល​ចំនួន​ 93,503​ តោន​ ឬស្មើនឹង​ 33.21​ % នៃ​ចំនួន​នាំចេញ​សរុប​។

    របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ប្រទេស​ចំនួន5​ ក្នុង​តំបន់​អាស៊ាន​ក៏បាន​នាំចូល​ អង្ករ​កម្ពុជា​ដែរ​ រួមមាន​ប្រទេស​ម៉ាឡេស៊ី​ ប្រ៊ុយណេ​ វៀតណាម​ សិង្ហបុរី​ និង​ថៃ​ ដោយ​ម៉ាឡេស៊ី​ជា​អ្នកទិញ​ចូល​ធំជាង​គេ​ (13,936​ តោន​ ឬ12.78​%នៃ​ចំនួន​នាំចេញ​សរុប​)។ ក្រុមហ៊ុន​អេម​រុ​ រ៉ា​យស៍​ដែល​ជា​អ្នកនាំ​ចេញ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​បាន​លក់​ចេញ​អង្ករ​បាន​ចំនួន​ 23.529តោន​ក្នុង​អំឡុង​ពេល​ 6ខែ​ដើមឆ្នាំ​។

    លោក​ សុង​ សា​រ៉ន​ អគ្គនាយក​ក្រុមហ៊ុន​អេម​រុ​ រ៉ា​យស៍​ Amru​ Rice​ បាន​មាន​ប្រសាសន៍​ថា​ការនាំចេញ​អង្ករ​កំពុង​កើន​ឡើង​ ហើយ​ក្រុមហ៊ុន​នានា​ក៏​មានបំណង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ពួកគេ​ដើម្បី​ទ្រទ្រង់​កំណើន​នេះ​ដែរ​។ បច្ចុប្បន្ន​យើង​កំពុង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ដោយ​រដ្ឋាភិបាល​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ជំរុញ​លើ​ការផលិត​អង្ក​រល្អៗ​ ដើម្បី​ជំរុញ​ការនាំចេញ​។

    លោក​បន្ត​ថា​៖“ការនាំចេញ​អង្ករ​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​ឆមាស​ទី2​ បើ​បរិមាណ​នៃ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​អាច​សម្រេច​បាន​ទៅតាម​កូតា​ គឺ​ 40​ម៉ឺន​តោន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន​ដូច្នេះ​យើង​ត្រូវ​បង្កើន​ផលិតកម្ម​អង្ករ​ក្រអូប​ព្រោះ​វា​មានគុណ​ភាពល្អ​ ហើយ​តម្រូវការ​វា​នៅ​ប្រទេស​ចិន​ខ្ពស់​។ យើង​មិនសូវ​ផ្តោត​តែ​លើ​បរិមាណ​នៃ​ការនាំចេញ​ច្រើន​ទៀត​ទេ​ តែ​យើង​ផ្តោត​សំខាន់​ទៅលើ​គុណភាព​នៃ​ការនាំចេញ​ ដែល​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​”។

    លោក​ សុង​ សា​រ៉ន​ ឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​Amru​ Rice​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​ទទួល​ការ​វិនិយោគ​ថ្មី​មួយទៀត​ ពីសា​ជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC​) ដែល​ជាស​មា​-ជិ​ករបស់​ធនាគារពិភពលោក​។ តាមរយៈ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដែល​ IFC​ នឹង​បោះទុន​ប្រមាណ​ 10លាន​ដុល្លារ​នេះ​ Amru​ Rice​នឹង​បង្កើន​ការនាំចេញ​ពី​ 1ម៉ឺន​តោន​នា​ពេល​សព្វថ្ងៃ​ ដល់​ 4 ម៉ឺន​តោន​ នៅ​ឆ្នាំ2023​ដែល​ជា​តួលេខ​ប្រហាក់​ប្រហែល​នឹង​ការនាំចេញ​អង្ករ​សរីរាង្គ​ទាំងមូល​របស់​ថៃ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​កា្លយ​ជា​ប្រទេស​នាំមុខ​មួយ​របស់​អាស៊ាន​ក្នុង​ការនាំចេញ​អង្ករ​ទៅកាន់​ពិភពលោក​ដូច្នេះ​ការផលិត​អង្ករ​សរីរាង្គ​របស់​យើង​នឹង​ត្រូវ​បាន​ទទួលស្គាល់​នៅក្នុង​ពិភពលោក​។

    លោក​ សុង​ សា​រ៉ន​ បាន​បញ្ជាក់​ថា​៖“មក​ដល់ពេល​នេះ​ អេម​រុ​ រ៉ា​យ៍​ មាន​ផលិតផល​តែ​ប្រមាណ​ 10,000តោន​ទេ​ តែ​នៅពេល​មាន​ជំនួយ​ពី​ IFC​ យើង​អាច​កើន​ពី​ 20,000​តោន​ ដល់​ 40,000តោន​នៅ​ឆ្នាំ2020​-2023​ គឺ​ស្មើនឹង​ការនាំចេញ​ផលិតផល​អង្ករ​របស់​ប្រទេស​ថៃ​នា​ពេល​បច្ចប្បន្ន​”។លោក​បាន​បញ្ជាក់​ថា​៖“ដោយ​សម្លឹង​ឃើញថា​ ទីផ្សារ​មានការ​កើនឡើង​នូវ​តម្រូវការ​អង្ករ​សរីរាង្គ​ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ទីផ្សារ​ប្រទេស​ចិន​ សហ​-រដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ត្រូវការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ យើង​ត្រូវការ​បណ្តុះបណ្តាល​ពលរដ្ឋ​ជា​កសិករ​ឱ្យ​អាច​ផលិត​បាន​តាម​ស្តង់​ដា​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​”។

    លោក​សុង​ សា​រ៉​នបា​នប​ន្ថែម​ថា​ យើង​មាន​ផែនការ3​ គឺ​៖ ទី1​-កសិករ​ដែល​គាត់​ប្រមូល​ផល​មក​ គាត់​ត្រូវលក់​ យើង​ត្រូវ​ទិញ​ស្រូវ​គាត់​ ព្រោះ​គាត់​អត់មាន​ឃ្លាំង​ស្តុក​។ ទី2​-យើង​នឹង​កសាង​ឃ្លាំង​ស្តុក​បន្ថែម​ ឬពង្រីក​ឃ្លាំង​។ ទី3​-យើង​បង្កើត​ម៉ាស៊ីន​កិនស្រូវ​សេ​រី​រាង្គមួយ​សម្រាប់​ស្តង់​ដា​ សុវត្ថិភាព​ និង​ស្ថិរភាព​ដល់​ការនាំចេញ​កុំ​ ឱ្យ​អាក់ខាន​។ ដោយ​បច្ចុប្បន្ន​យើង​កិន​លាយ​គ្នា​ យើង​ពិបាក​ក្នុង​ការ​សម្អាត​ ដូច្នេះ​យើង​ធ្វើ​ដាច់​តែម្តង​ យើង​អាច​ធានា​បាន​សុវត្ថិភាព​ចំណេញពេលវេលា​ និង​ការ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​លឿន​។

    ក្រៅពីនោះ​ យើង​ចង់​គាំទ្រ​ដល់​បច្ចេក​ទេស​ខ្លះ​ៗ ដើម្បី​ឱ្យ​គាត់​ធ្វើការ​ក្នុង​ការងារ​ដែល​ហៅថា​កសិករ​វៃឆ្លាត​ (Smart​ Farming​) កសិករ​នៅក្នុង​យុគសម័យ​បច្ចេក​វិទ្យា​អុីន​ធើ​ណិ​ត យើង​នឹង​ព្យាយាម​ភ្ជាប់​កម្មវិធី​អប់រំ​ បណ្តុះបណ្តាល​ និង​កម្មវិធី​ដាំដុះ​ស្រូវ​សរីរាង្គ​ ស្តង់​ដា​សុវត្ថិភាព​ នៅក្នុង​ស្តង់​ដា​កសិករ​ខ្នាត​តូច​របស់​យើង​ឱ្យ​រីកចម្រើន​ និង​លេចធ្លោ​នៅក្នុង​ឆាក​អន្តរ​ជាតិ​។ នេះ​បើ​តាម​លោក​ សុង​ សា​រ៉​នបា​នប​ញ្ជា​ក់​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ថា​ ដើម្បី​ជំរុញ​កំណើន​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ដើម្បី​បើក​ទីផ្សារ​ឱ្យ​បាន​កាន់តែ​ច្រើន​ ខណៈ​អាជ្ញាធរ​ក៏បាន​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើបែប​បទ​ជាច្រើន​ផង​ដែរ​។

    ឯកឧត្តម​បាន​ថ្លែង​ថា​៖“ទោះ​យ៉ាង​ណា​បរិមាណ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2019​ នេះ​អាច​សម្រេច​បាន​កំណើន​ប៉ុន្មាន​នោះ​ អាស្រ័យ​ទៅលើ​កិច្ចចរចា​រវាង​ក្រុមហ៊ុននាំចេញ​ និង​ប្រទេស​បញ្ជាទិញ​ផង​ដែរ​ ចំណែក​ការបង្កើត​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​នា​ពេល​កន្លងមក​ សុទ្ធតែ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ទៅដល់​ការនាំចេញ​អង្ករ​ឱ្យ​បាន​កាន់តែ​ច្រើន​ទាំងអស់​”៕

  • អ្នក​ចិញ្ចឹម​ជ្រូក​ លក់​ជ្រូក​ក្នុង​តម្លៃថោក​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​

    អ្នក​ចិញ្ចឹម​ជ្រូក​ លក់​ជ្រូក​ក្នុង​តម្លៃថោក​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​

    ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដែល​កំពុង​រាលដាល​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្កក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុកក្នុង​មួយរយៈពេល​ចុងក្រោយ​ ដែល​ធ្វើ​ឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ និង​ម្ចាស់​កសិដ្ឋាន​ជាច្រើន​បាន​សម្រេចចិត្ត​លក់​ជ្រូក​របស់​ខ្លួន​ក្នុង​តម្លៃថោក​ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ ដែល​នឹង​ធ្វើ​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ បាន​អះអាង​ថា​៖ “ឥឡូវនេះ​កសិករ​ និង​កសិ​កដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្លះ​បាន​នាំគ្នា​សម្រុក​លក់​ជ្រូក​ចេញ​ទាំង​តូច​ ទាំង​ធំ​ បើ​ទោះបីជា​ត្រូវ​ខាតបង់​ខ្លះ​ក៏ដោយ​ ដោយសារ​ខ្លាច​ជ្រូក​របស់​ពួកគាត់​ឆ្លង​ជំងឺ​ និង​តម្រូវការ​បរិភោគ​សាច់​ជ្រូក​ក៏​កំពុង​មាន​និន្នាការ​ធ្លាក់ចុះ​ជា​បណ្តើរ​ៗហើយ​ បន្ទាប់ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ឡើង​”។

    លោក​ប្រធាន​សមាគម​បាន​ថ្លែង​ថា​៖ “តម្លៃ​ជ្រូក​រស់​ដែល​កសិករ​លក់​ចេញ​ពេលនេះ​ គឺ​មានតម្លៃ​ថោក​ ដែល​ក្នុង​ 1គីឡូក្រាម​តម្លៃ​តែ​ពី​ 5,000​ ទៅ​6,000រៀល​ប៉ុណ្ណោះ​ ខណៈ​ដែល​កាលពីមុន​មាន​តម្លៃ​ដល់ទៅ​ជាង​ 8,000​ ទៅ​ 9,000រៀល​ក្នុង​ 1គីឡូក្រាម​។ តែ​យ៉ាងណាក៏ដោយ​ តម្លៃ​ជ្រូក​របស់​កសិដ្ឋាន​ធំៗ​ នៅតែ​មានតម្លៃ​ថ្លៃ​ប្រហែល​ 10,000រៀល​ដដែល​ក្នុង1គីឡូក្រាម​”។

    តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​បន្ត​រាលដាល​ និង​ផ្ទុះឡើង​នៅក្នុង​ខេត្ត​របស់​កម្ពុជា​ 2ទៀតហើយ​ គឺ​ខេត្តស្វាយរៀង​ និង​តាកែវ​។ គិត​មក​ពេលនេះ​ ខេត្ត​របស់​កម្ពុជា​ចំនួន​ 4 ហើយដែល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដ៏​កាច​សាហាវ​មួយ​នេះ​ គឺ​មាន​ខេត្តរតនគិរី​ ត្បូងឃ្មុំ​ ស្វាយរៀង​ និង​តាកែវ​។ ក្រសួង​ក៏​កំពុង​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ និង​ការ​លូច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ បានឱ្យ​ដឹង​ថា​ នៅ​ប្រទេស​វៀតណាម​ ក្នុងករណី​សត្វ​ជ្រូក​ណា​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវតែ​បំផ្លាញ​ចោល​ អ្នក​ចិញ្ចឹម​នឹង​បាន​ទទូល​សំណង​ប្រហែល​ 10ម៉ឺន​ដុង​ក្នុង​សត្វ​ជ្រូក​ 1ក្បាល​ ឬប្រហែល​ 2000រៀល​ ពី​រដ្ឋាភិបាល​វៀតណាម​។

    ចំណែក​នៅ​ប្រទេស​ថៃ​ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង​រហូតដល់​ទៅ​ 200​%នៃ​តម្លៃ​ជ្រូក​ ប្រសិនបើ​សង្ស័យ​ថា​ មាន​ផ្ទុក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ប៉ុន្តែ​ប្រទេស​នេះ​ មិនទាន់​មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ដ៏​សាហាវ​នេះ​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ការ​ផ្តល់​សំណង​បែបនេះ​ ជា​វិធានការ​ការពារ​ដែល​មានប្រសិទ្ធភាព​មួយ​ ក្នុង​ពេល​សង្ស័យ​ថា​ ជ្រូក​របស់​ពួកគាត់​(កសិករ​)មាន​ផ្ទុក​ជំងឺ​ហើយ​នោះ​ គឺ​ពួកគាត់​នឹង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​កម្ទេច​ចោល​ភ្លាម​ៗ ចៀសវាង​ការ​ឆ្លង​រាលដាល​ច្រើន​។ ហើយ​ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​កុំឱ្យ​ពួកគាត់​ខាតបង់​ធ្ងន់ធ្ងរ​ពេក​ ដែល​អាច​នឹង​ឈាន​ទៅ​រក​ការ​ក្ស័យធន​។ ម្យ៉ាងវិញទៀត​ការ​ផ្តល់​សំណង​នេះ​ក៏​ជាផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​ធន​ដល់​អ្នក​ចិញ្ចឹម​ ហើយ​ពួកគេ​នឹង​មិន​លប​លួច​យក​ជ្រូក​ដែល​មាន​ជំងឺ​នោះ​ទៅ​លក់​ទេ​។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ “បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​” កាលពី​ថ្ងៃទី11​ ខែកក្កដា​ កន្លងទៅ​ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ បាន​ថ្លែង​ថា​៖“ចាប់តាំងពី​កម្ពុជា​បាន​ផ្ទុះឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​តាំងពី​ខែមេសា​មក​ មាន​សត្វ​ជ្រូក​ចំនួន​798ក្បាល​ហើយដែល​ត្រូវ​បាន​កម្ទេច​ចោល​ ដែល​ក្នុង​ 1ក្បាល​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ​ 200ដុល្លារ​ ខណៈ​ដែល​សត្វ​ជ្រូក​រាប់​រយ​ក្បាល​ទៀត​បាន​ងាប់​ដោយសារ​ជំងឺ​នេះ​”។

    ឯកឧត្តម​បញ្ជាក់​ថា​៖“ខ្ញុំ​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​ថា​ ស្ថានភាព​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ ឬស្រាល​? ប៉ុន្តែ​មិន​ស្រាល​ទេ​ ព្រោះ​ជំងឺ​នេះ​រាតត្បាត​សាហាវ​ណាស់​ហើយ​ជំងឺ​ដែល​ផ្ទុះឡើង​នៅ​ប្រទេស​យើង​ វា​ជា​ប្រភេទ​វីរុស​មាន​លក្ខណៈ​ស្រួចស្រាល់​ ធ្វើ​ឱ្យ​សត្វ​ងាប់​លឿន​មួយ​រយ​ភាគរយ​ ក្រសួង​នឹង​បន្ត​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​កាន់តែ​ម៉ឹង​ម៉ាត់​បន្ថែម​ទៀត​ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​”។ ឯកឧត្តម​ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​កម្ពុជា​ មិន​មានការ​កំណត់​ពី​ការ​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ទេ​ ខណៈ​ដែល​កម្ពុជា​ ជា​ប្រទេស​ដែល​គោរព​ដំណើរការ​ទីផ្សារសេរី​។

    ឯកឧត្តម​បញ្ជាក់​ថា​៖“ប៉ុន្តែ​ក៏​មិនមែន​មានន័យ​ថា​ ដាច់​ណាត់​មិន​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់​ គឺ​ពុំ​មាន​ទៅ​ជួយ​រំលែក​ក្នុង​ការខូចខាត​នេះ​ទេ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​សត្វ​ជ្រូក​ត្រូវ​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​កសិកម្ម​ និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ទៅកាន់​តំបន់​ផ្សេងទៀត​”។

    យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ដែល​បាន​បង្ហាញ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ បានឱ្យ​ដឹង​ថា​ សត្វ​ជ្រូក​ចំនួន​ 2400ក្បាល​នៅ​ខេត្តរតនគិរី​ត្រូវ​បាន​ងាប់​ និង​សម្លាប់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​។ 43ក្បាល​ងាប់​នៅ​ខេត្ត​ត្បូងឃ្មុំ​ 87ក្បាល​ងាប់​នៅ​ខេត្តស្វាយរៀង​ និង​ 27ក្បាល​ ងាប់​នៅ​ខេត្តតាកែវ​។

    ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​ ឱ្យ​ដឹង​ដែរ​ថា​ ក្នុងរយៈពេល​ជាង​ 6ខែ​ ឆ្នាំ2019​ នេះ​ ក្រុម​អន្តរាគមន៍​របស់​ក្រសួង​ និង​អាជ្ញាធរ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ បាន​បង្ក្រាប​ករណី​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ចំនួន​ 55ករណី​ ដែល​មាន​សត្វ​ជ្រូក​ជិត​ 1500ក្បាល​ ហើយ​ការ​លួច​នាំចូល​ទាំងនោះ​ពុំ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​ ខណៈ​នៅ​ឆ្នាំ2018​ ការ​បង្ក្រាប​មានតែ​ចំនួន18ករណី​ប៉ុណ្ណោះ​។ ចំណែក​ឯលោក​ ស្រ៊ុ​ន ពៅ​ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ លោក​ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ពិចារណា​រៀបចំ​កញ្ចប់​ថវិកា​ ដើម្បី​ផ្តល់​ជា​សំណង​ក្នុង​កម្រិត​ណាមួយ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ ក្នុងករណី​យក​ជ្រូក​គាត់​ទៅ​បំផ្លាញ​ចោល​ ពេល​ដែល​រក​ឃើញ​ ឬសង្ស័យ​ថា​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

    ជាមួយគ្នា​នោះ​ដែរ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានសម្រេច​ដក​ប្រធាន​ការិយាល័យ​បសុព្យាបាល​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រោយពី​មន្ត្រី​រូប​នេះ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញការងារ​បណ្តាល​ឱ្យ​កើតមាន​ការ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ខណៈ​ដែល​ពេល​ថ្មី​ៗនេះ​ ជំងឺ​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ មានការ​ផ្ទុះឡើង​នៅ​ខេត្តកណ្តាល​មួយទៀត​ហើយ​។ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន5​ ហើយ​ក្នុង​ប្រទេស​កម្ពុជា​ គិត​ចាប់​តាំងពី​ខែ​ដើមខែ​មេសា​មក​ ក្នុង​នោះ​មាន​ខេត្តរតនគិរី​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តស្វាយរៀង​ ខេត្តតាកែវ​ និង​កណ្តាល​៕

  • ហេតុអ្វី​បានជា​បុរស​ជា​ជំងឺ​ផ្ដាសាយ​លឿន​ជាង​ស្ត្រី?

    ហេតុអ្វី​បានជា​បុរស​ជា​ជំងឺ​ផ្ដាសាយ​លឿន​ជាង​ស្ត្រី?

    សម្រាប់​អ្នកជំងឺ​គ្រុនផ្ដាសាយ​ធំ​ ភាគច្រើន​មាន​អាការ​ក្អក​រយៈពេល​ 1-2 សប្ដាហ៍​ មាន​ហៀរ​ទឹកសំបោរ​ ឈឺក​ មាន​អាការ​គ្រុនក្ដៅ​ នឿយហត់​អស់កម្លាំង​ ទន់ខ្សោយ​សាច់ដុំ​។ ហើយ​រោគសញ្ញា​ទាំងអស់​នេះ​ នឹង​បណ្ដាល​ឱ្យ​អ្នក​ចុះ​ខ្សោយកម្លាំង​ខ្លាំង​ ដែល​មាន​ខ្លះទៀត​ឈាន​ដល់​អាការ​ធ្ងន់ធ្ងរ​ អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​បាន​ផង​ដែរ​។

    ការ​ស្រាយ​បញ្ជាក់​មូលហេតុ​ជំងឺ​គ្រុនផ្ដាសាយ​ធំ​ មាន​វិធី​សាមញ្ញ​ជាច្រើន​ដែល​អាច​ឱ្យ​យើង​ព្យាបាល​បាន​ដោយខ្លួនឯង​ វា​ជា​ជំងឺ​ដែល​ងាយ​កើតឡើង​ដោយសារ​វី​រ៉ុស​។ មនុស្ស​មួយចំនួន​កើតជំងឺ​គ្រុនផ្តាសាយ​ 2 ទៅ4ដង​ក្នុង1ឆ្នាំ​ ចំ​ណែ​កក្មេង​ៗវិញ​គឺ​ អាច​កើត​បាន​រហូតដល់​ទៅ4​ ទៅ6ដង​ក្នុង1ឆ្នាំ​។ យ៉ាងណាមិញ​ អាការរោគ​ជំងឺ​នេះ​ អាច​ជាសះស្បើយ​វិញ​បាន​យ៉ាង​លឿន​ គឺ​អាស្រ័យ​ទៅលើ​ភេទ​របស់​មនុស្ស​។
    លទ្ធផល​នៃ​ការសិក្សា​របស់​ស្ថាប័ន​ពេទ្យ​ John​ Hopkins​ Bloomberg​ School​ of​ Public​ Health​ បាន​អះអាង​ថា​ ជាទូទៅ​ស្ត្រី​មាន​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ដែល​ជួយ​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​អាការ​គ្រុនផ្ដាសាយ​បាន​លឿន​ជាង​បុរស​ បើ​ទោះ​បី​ជា​ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ការពារ​វី​រ៉ុ​សគ្រុន​ផ្ដាសាយធំ​ ដែល​ស្ថិតនៅ​ក្នុង​កម្រិត​ស្មើគ្នា​យ៉ាងណា​ក៏ដោយ​។ ក៏ប៉ុន្ដែ​ ការ​ស្រាយ​បញ្ជាក់​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុម​វេជ្ជបណ្ឌិត​ខាងលើ​ បាន​រក​ឃើញ​ថ្មី​ ក៏បាន​អះអាងបន្ថែម​ថា​ បើ​ទោះបីជា​ការ​ពិសោធ​ទៅលើ​សត្វ​កណ្ដុរ​ និង​កោសិកាភេទ​ប្រុស​ដែល​មាន​ឆ្លង​វី​រ៉ុ​សគ្រុន​ផ្ដាសាយធំ​ H1N1​ ក្រុម​សម្ពន្ធ​ A ក៏ដោយ​ តែ​លទ្ធផល​សរុប​បាន​បង្ហាញថា​ បុរស​គឺ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​គ្រុនផ្ដាសាយ​ធំ​បាន​លឿន​ជាង​ស្ត្រី​។
    អ្នក​វិទ្យា​សា​ស្ត្រដ​ដែរ​បាន​អះអាង​ថែម​ថា​ សភាព​ដែល​បុរស​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយធំ​លឿន​ជាង​ស្ត្រី​ ក៏​ព្រោះតែ​ភេទប្រុស​អាច​ផលិត​ប្រូ​តេ​អុីន​មួយ​ដែល​ឱ្យឈ្មោះ​ថា​ “Amphiregulin​” ដែល​ជួយ​ហុច​ផល​ដល់​ការ​ព្យាបាល​អាការ​ឈឺចាប់​បាន​ច្រើនជាង​ស្ត្រី​។ ជាពិសេស​គឺ​ជំងឺឆ្លង​ដោយ​វី​រ៉ុស​។

    រោគសញ្ញា​ជំ​ងឺ​ផ្តា​សាយ​ធំ​
    – ក្ដៅខ្លួន​លើស​ពី38អង្សា​រ
    – ហេវហត់​ អស់កម្លាំង​
    – គ្រុនក្ដៅ​រងា​ញ៉ាក់​
    – ឈឺចាប់​តាម​សន្លាក់​
    – ក្អក​

    ការ​ឆ្លង​ដោយ​វី​រ៉ុស​
    ការ​ចម្លងរោគ​អាច​កើតមានឡើង​ក្នុង​កំឡុង​ពេល1​-2សប្ដាហ៍​ បន្ទាប់ពី​កើតមាន​រោគសញ្ញា​ ដែល​មេរោគ​អាច​ឆ្លង​ទៅ​មនុស្សម្នាក់​ផ្សេងទៀត​បាន​តាម​ការ​ក្អក​ កណ្ដាស់​ និង​ការ​ប៉ះពាល់​គ្នា​ជិត​ស្និទ្ធ​។ អ្នកជំងឺ​គួរ​សម្រាក​នៅក្នុង​ផ្ទះ​មិន​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ទេ​ ហើយ​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​។

    ការ​ព្យាបាល​
    – ពាក់​ម៉ាស​ជា​វិធីសាស្ត្រ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​ផ្ដាសាយធំ​ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ការ​លាងដៃ​ឱ្យ​បាន​ស្អាត​។
    – ការ​ព្យាបាល​ដោយ​ការប្រើ​ប្រាស់​ថ្នាំ​ គឺ​ដើម្បី​ទប់ស្កាត់​ និង​កាត់បន្ថយ​កុំឱ្យ​ជំងឺ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។
    – ករណី​មានការ​ឆ្លង​វី​រ៉ុ​សរ​យៈ​ពេល48ម៉ោង​ គឺ​ការប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ គឺ​អាច​មាន​ប្រសិទ្ធ​ភាព​ជាង​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការ​ឆ្លង​រោគ​លើស​ពី48ម៉ោង​ នោះ​ការប្រើ​ថ្នាំ​ប្រភេទ​នេះ​មិន​តម្រូវ​ឱ្យ​ប្រើ​នោះ​ទេ​ ដោយ​គ្រាន់តែ​ធ្វើការ​ព្យាបាល​ទៅតាម​រោគសញ្ញា​ដែល​មាន​ ដូចជា​ថ្នាំបញ្ចុះ​កម្ដៅ​តែប៉ុណ្ណោះ​។
    – ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​ផ្ដាសាយធំ​ គឺ​ដើម្បី​បង្កើត​នៅ​ភាពស៊ាំ​ក្នុង​ការ​ការពារ​ការ​ឆ្លង​ ដោយធ្វើ​ការ​ចាក់​យ៉ាងតិច​ឱ្យ​បាន1ខែ​ មុន​ការ​រាត​ត្បាត​ជំងឺ​ផ្ដាសាយធំ​នៅ​ឆ្នាំ​បន្ទាប់​ ហើយ​វា​មានប្រសិទ្ធភាព​រយៈពេល​មួយឆ្នាំ​៕

  • លំនៅឋាន​ទីក្រុង​រណប​ សិរីមង្គល​ សម្រេច​ក្តី​ស្រមៃ​ធំ​បំផុត​ក្នុង​ជីវិត​គ្រួសារ​កម្ពុជា​

    លំនៅឋាន​ទីក្រុង​រណប​ សិរីមង្គល​ សម្រេច​ក្តី​ស្រមៃ​ធំ​បំផុត​ក្នុង​ជីវិត​គ្រួសារ​កម្ពុជា​

    មាន​លំនៅឋាន​ជា​របស់​ខ្លួនឯង​ គឺជា​ក្តី​ស្រមៃ​ធំ​បំផុត​របស់​គ្រួសារ​ថ្មី​ ឬគ្រួសារ​ដែល​មាន​ចំណូល​មធ្យម​នៅ​កម្ពុជា​ ដែល​កំពុង​ត្រូវការ​ជម្រក​ដ៏​កក់ក្តៅ​ និង​ជា​កន្លែង​ចាប់ផ្តើម​អភិវឌ្ឍ​កម្រិត​នៃ​ការរស់នៅ​ប្រកបដោយ​ភាព​នឹងនរ​។

    លោក​ យក់​ សុ​ធី​រិទ្ធ​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ វើលដ៍ប្រ៊ីដ​ ហូម​ បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ ប្រជាជន​ជាច្រើន​បាន​ចាកចេញ​ពី​ភាព​ក្រីក្រ​ ហើយ​ឈាន​ទៅជា​បុគ្គល​ដែល​មានកម្រិត​ជីវភាព​មធ្យម​ ហេតុនេះ​តម្រូវការ​គេហដ្ឋាន​ ជា​រឿង​សំខាន់​មួយ​ដែល​ប្រជាជន​កំពុង​ចាប់អារម្មណ៍​។ ចាប់ផ្តើម​ពី​ការ​មានផ្ទះ​ដោយខ្លួនឯង​ ប្រជាជន​នឹងអាច​ចាប់ផ្តើម​អភិវឌ្ឍ​ជីវភាព​ដោយ​ភាពរឹងមាំ​ ព្រោះ​គាត់​មាន​លំនៅ​អចិន្ត្រៃយ៍​មួយ​ដែល​អាច​ផ្តល់​នូវ​ភាព​កក់ក្តៅ​ សន្សំសំចៃ​ធនធាន​បាន​ច្រើន​ ព្រោះ​គាត់​មិន​ចាំបាច់​ជួលផ្ទះ​គេ​នៅ​ទៀត​នោះ​ទេ​ និង​ដែល​អាច​ធ្វើ​ឱ្យ​គាត់​អាច​ចាត់ចែង​ប្រើប្រាស់​ធនធាន​ទាំងអស់​នោះ​ទៅ​អភិវឌ្ឍ​ជីវភាព​បាន​យ៉ាង​ប្រសើរ​។ ដោយ​មើលឃើញ​ពី​តម្រូវការ​ និង​ភាព​ចាំបាច់​នេះ​ហើយ​ ទើប​ក្រុមហ៊ុន​ វើលដ៍ប្រ៊ីដ​ ហូម​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ វើលដ៍ប្រ៊ីដ​ គ្រុប​ ដែល​ជា​អ្នក​អភិវឌ្ឍន៍​ ឈានមុខ​គេ​លើ​វិស័យ​អចលនទ្រព្យ​ ដូចជា​ The​ Bridge​, The​ Peak​,The​ Palm​ and​ Sky​ 31​ រៀបចំ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ទីក្រុង​រណប​ សិរីមង្គល​ នេះ​ឡើង​ដើម្បី​ផ្តល់​នៅ​លំនៅឋាន​ដែល​មានគុណ​ភាព​ សុវត្ថិភាព​ តម្លៃ​សមរម្យ​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​។ គម្រោង​នេះ​ គឺ​ត្រូវ​បាន​គាំទ្រ​ជាពិសេស​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

    លោក យក់ សុធី​រិ​ទ្ធ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន វើ​លដ៍​ប្រ៊ី​ដ ហូ​ម

    លោក​ យក់​ សុ​ធី​រិទ្ធ​ បាន​និយាយ​ថា​៖ “គម្រោង​នេះ​ក៏​ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សហគមន៍​លំនៅឋាន​ដែល​មាន​ភាពរឹងមាំ​ មាន​ភាតរភាព​ មាន​សុវត្ថិភាព​ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ ព្រមទាំង​ឱកាស​ការងារ​ និង​អាជីវកម្ម​ផង​ដែរ​”។

    អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​ការ​ជួយ​ដល់​ការរស់នៅ​របស់​ប្រជាជន​ គម្រោង​លំនៅឋាន​ប្រកប​ដោយសក្តានុពល​មួយ​នេះ​ ក៏បាន​ចូលរួម​ផង​ដែរ​ក្នុង​ការ​-អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅឋាន​។ គម្រោង​នេះ​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ទី1​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​មានការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ខ្ពស់​។

    គម្រោង​នេះ​អភិវឌ្ឍ​ជំហាន​ដំបូង​លើ​ផ្ទៃដី​ជាង​23ហិ​កតា​ ដែល​មានផ្ទះ​ចំនួន​ 2,457ខ្នង​ ដែល​មានផ្ទះ​ 3ប្រភេទ​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​ គឺ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ បរិយាកាស​រស់នៅ​បែប​ទំនើប​មាន​ផាសុកភាព​ និង​សុវត្ថិភាព​ដោយ​រួមមាន​ទីធ្លា​បៃតង​ និង​សួនច្បារ​ធំ​ទូលាយ​ជិត​ 30,000​ម៉ែត្រការ៉េ​ មាន​ផ្សារ​ និង​ហាងទំនិញ​ គ្លីនិក​សុខភាព​ និង​មត្តេយ្យសាលា​ជាដើម​។ លើស​ពីនេះ​ទៅ​ទៀត​ គម្រោង​នេះ​មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ដោយ​ផ្លូវ​ក្នុង​គម្រោង​នេះ​ គ្មាន​ផ្លូវទាល់​នោះ​ទេ​។ ចំណែក​ឯការរៀបចំ​ប្លង់​មេ​ រចនាប័ទ្ម​ និង​ការគ្រប់គ្រង​គម្រោង​ គឺ​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ប្រឹក្សា​ប្រទេស​សិង្ហបុរី​ CK​&​;A រួម​នឹង​ក្រុម​វិស្វករ​ជំនាញ​ក្នុង​ស្រុក​ ដោយ​ធានា​បាន​នូវ​គុណភាព​សំណង់​ និង​មានការ​គិតគូរ​វែងឆ្ងាយ​ពី​បរិស្ថាន​រស់នៅ​។គម្រោង​នេះ​ក៏​មាន​ភ្លើងបំភ្លឺ​ផ្លូវ​ ស្លាក​សញ្ញា​ចរាចរណ៍​ និង​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​រន្ទះ​ ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ និង​ប្រព័ន្ធ​សន្តិសុខ​ ជាដើម​។

    ចំពោះ​ទីតាំង​វិញ​ លោក​ យក់​ សុ​ធី​រិទ្ធ​ បាន​បញ្ជាក់​ថា​ គម្រោង​នេះ​ស្ថិត​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ខ្លាំង​ មាន​សក្តា​នុ​ពល​ល្អ​ និង​ងាយស្រួល​ចេញ​-ចូល​ ទៅ​-មក​ក្នុង​ទីក្រុង​ភ្នំពេញ​ តាមរយៈ​ផ្លូវ​ 60ម៉ែត្រ​ និង​ផ្លូវជាតិ​លេខ2​ ក្បែរ​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី3​ ជិ​តព្រលា​នយន្តហោះ​ថ្មី​ និង​ជិត​ទីតាំង​គម្រោង​ចង្កោម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ផ្តល់​ទាំង​ឱកាស​ការងារ​និង​ការ​ប្រកប​អាជីវកម្ម​។ បន្ថែម​ពីនេះ​ គម្រោង​លំនៅឋាន​ទីក្រុង​រណប​សិរីមង្គល​ ស្ថិតនៅ​ក្បែរ​គម្រោង​ផ្សារ​ទំនើប​ AEON​ 3 ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ និង​មានការ​តភ្ជាប់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​មកកាន់​ទីក្រុង​ និង​ប្រហែល​ 7នាទី​ទៅកាន់​ក្រុង​តាខ្មៅ​។ គម្រោង​នេះ​គ្រោង​នឹង​ផ្តល់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅពេល​មានការ​ឯកភាព​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ និង​ប្រព័ន្ធ​រថយន្តក្រុង​ភ្ជាប់​មកកាន់​ក្រុងភ្នំពេញ​ នៅពេល​ខាងមុខ​។

    ជា​ការ​រំពឹង​ទុក​ គម្រោង​នេះ​នឹង​ចូលរួម​លើកកម្ពស់​ការរស់នៅ​បែប​សហគមន៍​ប្រកបដោយ​ផាសុកភាព​ ជាមួយ​គេហដ្ឋាន​ទំនើប​ និង​សំណង់​រឹងមាំ​ មាន​សុ​វតិ្ថភាព​ខ្ពស់​ ងាយស្រួល​ក្នុង​ការរស់នៅ​ និង​ប្រកប​អាជីវកម្ម​។ បន្ថែម​ពីលើ​នេះ​ក៏អាច​ផ្តល់​ជូន​នូវ​បរិបទ​រស់នៅ​បែប​ទំនើប​ ថ្លៃថ្នូរ​ប្រកបដោយ​សុ​ខុ​មាល​ភាព​ និង​សុវត្ថិភាព​ ធ្វើ​ឱ្យ​កម្រិតជីវភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​ប្រសើរ​ឡើង​ដោយមាន​លំនៅឋាន​ជា​របស់​ខ្លួនឯង​ ដោយមាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​។ សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​ ក៏អាច​មានផ្ទះ​របស់​ខ្លួន​ផង​ដែរ​ ដោយក្រុម​ហ៊ុន​នឹង​ផ្តល់​ជូន​នូវ​ការ​បង់​រំលស់​រហូតដល់​ 2ឆ្នាំ​ដោយ​គ្មាន​ការប្រាក់​ និង​មាន​ធនាគារ​ដៃគូ​សហការ​ក្នុង​ការ​ផ្តល់​ឥណទាន​គេហដ្ឋាន​ក្នុងរយៈពេល​យូរ​ និង​អត្រា​ការប្រាក់​ទាប​ទៀតផង​៕

    សូម​អតិថិជន​ទាំងអស់​សូម​អញ្ចើញ​មក​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​ការិយាល័យ​លក់​ដែល​មាន​ទីតាំងនៅ​ការដ្ឋាន​ផ្ទាល់​ ដើម្បី​ប្រឹក្សា​អំពី​ទីតាំង​ស្របតាម​តម្រូវការ​របស់​លោកអ្នក​ ឬអាច​ទស្សនា​អំពី​ដំណើរការ​សាងសង់​តាមរយៈ​គេហទំព័រ​ផ្លូវការ​និង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក Worldbridge​ Homes​។ ការិយាល័យ​លក់​យើងខ្ញុំ​បើកទ្វារ​ស្វាគមន៍​ជា​រៀងរាល់ថ្ងៃ​ ចាប់ពី​ម៉ោង​ 8ព្រឹក​ រហូតដល់​ម៉ោង​ 5រសៀល​៕

  • វិធី​ព្យាបាល​សន្លាក​ក្នុង​រយៈពេល​ខ្លី​បំផុត

    វិធី​ព្យាបាល​សន្លាក​ក្នុង​រយៈពេល​ខ្លី​បំផុត

    មុន​គឺជា​មេ​បញ្ហា​ដែល​នាំមក​តែ​ភាពអាក្រក់​មក​ឱ្យ​ស្បែក​ ធ្វើ​ឱ្យ​ជំនឿ​ចិត្ត​របស់​យើង​ត្រូវ​បាត់បង់​។ មុន​អាច​បន្សល់ទុក​នូវ​ស្នាម​ដែល​ធ្វើ​ឱ្យ​មើលទៅ​មានតែ​ភាព​សោកសៅ​។ វិធី​នៃ​ការ​កម្ចាត់​ចោល​ស្នាម​អស់ទាំង​នោះ​គឺ​នៅ​មាន​ ហើយ​ ឡា​រ៉ែ​ន នឹង​យក​វា​មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ទាំងអស់​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ​។

    កំណត់​ការ​ត្រូវ​កម្តៅថ្ងៃ​ : មួយ​ក្នុងចំណោម​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវតែ​យកចិត្ត​ទុកដាក់​គឺ​ ការ​ប៉ះពាល់​ដោយ​កម្តៅថ្ងៃ​។ នៅពេល​ដែល​ស្បែក​របស់​អ្នកទទួល​រង​ការ​ប៉ះពាល់​ជាមួយ​កម្តៅថ្ងៃ​កាន់តែ​តិច​ ឱកាស​នៃ​ការ​ធ្វើ​ឱ្យ​ស្ថានភាព​ស្បែក​បាន​ល្អ​ប្រសើរ​ឡើង​ក៏​មាន​កាន់តែ​ច្រើន​ ដូច្នេះ​នៅក្នុង​អំឡុង​ពេល​កើតមុន​ និង​ពេល​មុន​ទើបតែ​ជា​ថ្មី​ៗ អ្នក​ត្រូវតែ​ព្យាយាម​នៅក្នុង​ម្លប់​ឱ្យ​បាន​ច្រើន​បំផុត​ ដើម្បី​ឱ្យ​ការ​ព្យាបាល​កាន់​តែ​មានប្រសិទ្ធភាព​។

    ប្រើ​ទឹកក្រូច​ឆ្មារ​ : ដោយសារតែ​ក្រូចឆ្មារ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​ជួយ​ឱ្យ​ស្បែ​កស​ វា​បាន​ក្លាយជា​រឿង​ដែល​ងាយ​យល់​បំផុត​ ថា​ហេតុ​អី​បាន​ជា​មនុស្សជា​ច្រើន​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​វា​ ដើម្បី​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន​។ ទឹកក្រូច​ឆ្មារ​មាន​វីតាមីន​ C ដែល​អាច​ជួយ​បង្កើត​ខូ​ឡា​ជែន​ ដែល​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​សម្រាប់​ស្បែក​របស់​មនុស្សយើង​ឡើងវិញ​។

    ទឹកឃ្មុំ​ : មិនថា​អ្នកជឿ​ ឬមិន​ជឿ​នោះ​ទេ​ ប៉ុន្តែ​ទឹកឃ្មុំ​ពិតជា​មានប្រយោជន៍​ណាស់​ក្នុង​ការ​យក​មក​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន​។ ក្រៅពី​ទឹកឃ្មុំ​ អ្នក​ត្រូវ​បន្ថែម​ទឹក​ និង​ថ្នាំ​អាស្ពេ​រី​នប​និ្តច​ ដើម្បី​បញ្ឈប់​ស្នាម​អស់ទាំង​នោះ​។

    ប្រទាល​កន្ទុយក្រពើ​ : អ្នក​នឹង​បាន​ទទួល​លទ្ធផល​ស្រដៀងគ្នា​ទៅ​នឹង​ទឹកឃ្មុំ​ និង​ក្រូចឆ្មារ​ដែរ​ប្រសិនបើ​អ្នកប្រើ​ប្រទាល​កន្ទុយក្រពើ​។ យើង​សូម​ណែនាំ​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​នេះ​ ព្រោះ​ថា​ វា​ក៏អាច​ផ្តល់​ឱ្យ​អ្នក​នូវ​ស្បែក​ដែល​រលោង​ និង​ជួយ​ព្យាបាល​ស្បែក​ផង​ដែរ​។

    ប្រេង​អូ​លីវ​ : ត្រូវ​និយាយ​ពាក្យ​ថា​អរគុណ​ចំពោះ​ប្រេង​អូ​លីវ​ ទឹក​ក្តៅ​ឧណ្ហ​ៗ និង​កន្សែង​ស្អាត​ហើយដែល​បាន​ជួយ​ ព្រោះ​ដោយសារតែ​វត្ថុ​ទាំងអស់​នេះ​ហើយដែល​ធ្វើ​ឱ្យ​ស្នាម​រលាយ​ទៅបាត់​ដោយ​ជោគជ័យ​។

    ដំឡូងបារាំង​ឆៅ​ : សារធាតុ​ផ្សំ​ដែល​មាននៅ​ក្នុង​ដំឡូងបារាំង​ឆៅ​ គឺជា​សារធាតុ​ផ្សំ​យ៉ាង​ពិសេស​ក្នុង​ការ​ជួយ​កម្ចាត់​ស្នាម​ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​3-4ថ្ងៃ​ប៉ុណ្ណោះ​។ គ្រាន់តែ​យក​មក​ត្រដុស​នៅត្រង់​កន្លែងណា​ដែល​មានស្នាម​ជាការស្រេច​។

    ប៉េងប៉ោះ​ស្រស់​ : ប៉េងប៉ោះ​ស្រស់​ក៏អាច​ជួយ​កម្ចាត់​ស្នាម​បាន​យ៉ាង​ជោគជ័យ​ផង​ដែរ​ ដោយ​យក​សាច់​ប៉េងប៉ោះ​មក​លាប​លើ​ផ្ទៃមុខ​ ហើយ​សម្អាត​ចេញ​វិញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។សាកល្បង​វិធី​អស់ទាំង​នេះ​ លទ្ធផល​នឹង​បង្ហាញ​ចេញ​មក​យ៉ាង​ឆាប់រហ័ស​ មិនដល់​មួយ​សប្តាហ៍​ទេ​ ស្នាម​នឹង​ត្រូវ​បាន​កម្ចាត់​ចោល​ជា​មិនខាន​៕