Author: ធឿន មករា

  • ទទួលបានភាពស្រស់ស្អាត ដោយវីតាមីន 7ប្រភេទ

    ទទួលបានភាពស្រស់ស្អាត ដោយវីតាមីន 7ប្រភេទ

    ផ្ទៃមុខ​ស្រស់​ស្អាត​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ​ តែ​ស្បែក​ក៏​ត្រូវតែ​ស្អាត​ដូចគ្នា​ដែរ​ ហើយ​មាន​វិធី​ច្រើនណាស់​ ដើម្បី​ឱ្យ​ស្បែក​ស្អាត​ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ថែ​សម្រស់​តាមរយៈ​ការប្រើ​ប្រាស់​ផលិតផល​ ការ​ជំនួយ​ស្បែក​តាម​បែប​ធម្មជាតិ​ដូចជា​ ការ​ខាត់​ ឬការ​ទទួលទាន​ជាដើម​។ លេខ​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ងាក​មក​ថែរក្សា​សម្រស់​តាមរយៈ​ការ​ដាក់បញ្ចូល​វីតាមីន​វិញ​ម្តង​ ហើយ​វីតាមីន​ទាំងនោះ​មាន​ដូចជា​៖

    1. វីតាមីន​ A : និយាយ​ដល់​វីតាមីន​ A ធ្វើ​ឱ្យ​គិតដល់​ភាព​ភ្លឺ​ថ្លា​នៃ​ភ្នែក​ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ក្រៅពី​ភ្នែក​ហើយ​នោះ​វា​ក៏​ជួយ​ថែរក្សា​ស្បែក​ផង​ដែរ​។ បើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នក​ផ្សេងទៀត​ដែល​មាន​ស្បែក​ស្ងួត​នោះ​ វីតាមីន​ A ពិតជា​ក្លាយជា​មិត្ត​ដែល​យល់ចិត្ត​អ្នក​បំផុត​ក្នុង​ការ​ជួយ​កម្ចាត់​សភាព​ស្បែក​ស្ងួត​ ជួយ​ស្តារ​ និង​ជួសជុល​ជាលិកា​ស្បែក​ធ្វើ​ឱ្យ​ស្បែក​រលោង​មាន​សំណើម​ និង​ស្រស់ស្រាយ​។

    2. វីតាមីន​ B Complex​ : មិនថា​វា​ជា​ វីតាមីន​ B1​, B2​, B3​, B5​, B6​, B7​, B9​ ឬជា​ B12​ នោះ​ទេ​គឺ​សុទ្ធតែ​មានគុណ​ប្រយោជន៍​សម្រាប់​សម្រស់​ និង​សុខភាព​របស់​យើង​គ្រប់គ្នា​។ ស្បែក​ សក់​ ក្រចក​ ឈាម​ ភ្នែក​… សុទ្ធតែ​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​វីតាមីន​ទាំងប៉ុន្មាន​ខាងលើ​នេះ​។ អាហារ​ដែល​សម្បូរទៅដោយ​ប្រភព​វីតាមីន​ B ទាំងអស់​នេះ​ ដូចជា​បន្លែ​ស្លឹក​បៃតង​ រុក្ខជាតិ​ពពួក​សណ្តែក​ និង​គ្រាប់​សណ្តែក​ផ្សេង​ៗ សាច់សត្វ​ ត្រី​ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ ធញ្ញជាតិ​ ចេក​ ស៊ុត​ ស្រូវ​ និង​ស្រូវ​អូត​ ហើយ​វីតាមីន​ B ប្រភេទ​ខ្លះ​រាងកាយ​អាច​ផលិត​បាន​ដោយ​ខ្លួនឯង​។

    3. វីតាមីន​ C និង​ E : មាន​បញ្ហា​ស្បែក​ជ្រួញ​ ព្រោះ​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​មែនទេ​? អីុចឹង​ សូម​ជ្រើស​យក​វីតាមីន​ C និង​ E ចុះ​ ព្រោះ​វា​មាន​នាទី​ជួយ​កែ​បញ្ហា​ស្បែក​ជ្រីវជ្រួញ​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​អ្នកចាស់​ជាង​វ័យ​ ជួយការ​ពារ​ស្បែក​ពី​កម្តៅថ្ងៃ​ បន្ថយ​ស្នាមរលាក​រោល​ពី​កាំរស្មី​ UVB​។

    4. វីតាមីន​ K : សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រង្វង់ភ្នែក​ខ្មៅ​ គួរ​ទទួលយក​វីតាមីន​ K មក​ធ្វើជា​គ្រូពេទ្យ​ព្យាបាល​ ព្រោះ​វា​មាន​ចំណែក​ជួយ​ការពារ​កុំឱ្យ​ឈាមកក​ស្ទះ​ ធ្វើ​ឱ្យ​អ្នក​អាច​កាត់បន្ថយ​ស្នាម​ខ្មៅ​ និង​ស្នាម​ជាំ​ ប៉ុន្តែ​មិន​ចាំបាច់​ដាក់បញ្ចូល​ទៅ​ក្នុង​រាងកាយ​ច្រើនពេក​នោះ​ទេ​ ព្រោះ​ការពិត​ទៅ​ពោះវៀនតូច​របស់​អ្នក​ក៏អាច​បង្កើត​វីតាមីន​ K ដោយ​ខ្លួនឯង​បាន​ ដោយ​អ្នក​គ្រាន់តែ​បន្ថែម​ត្រឹមតែ100មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​ តាមរយៈ​អាហារ​ពពួក​បន្លែ​ស្លឹក​បៃតង​ (ជា​ពិ​សេ​សស្ពៃប្រ៊ូ​ខូ​លី​ និង​ផ្ទី​) ប្រេងសណ្តែក​សៀង​ កា​ហេ្វ​ សាច់សត្វ​ ទឹកដោះគោ​ គឺ​ចាត់ទុកថា​គ្រប់គ្រាន់​ទៅ​ហើយ​។

    5. រ៉ែ​ធាតុ​ទង់ដែង​ និង​ស័ង្កសី​ : សម្រាប់​អ្នក​ដែល​ខ្លាច​ភាព​ជ្រីវជ្រួញ​គួរតែ​បាន​ទទួល​រ៉ែ​ធាតុ​ដូចជា​ ទង់ដែង​ និង​ស័ង្កសី​។ វា​មាន​ចំណែក​ជួយ​ឱ្យ​ស្បែក​តឹងណែន​ ដោយសារតែ​រ៉ែ​ធាតុ​ទង់ដែង​មាន​ចំណែក​ជួយ​ក្នុង​ការបង្កើត​សរសៃទឹក​ប្រូ​តេ​អុីន​ ក្នុង​ពេល​ដែល​រ៉ែ​ធាតុ​ស័ង្កសី​ជួយ​ជួសជុល​សរសៃទឹក​ប្រូ​តេ​អីុ​នដែល​សឹក​រេចរិល​ កាត់បន្ថយ​ការផលិត​ជាតិ​ខ្លាញ់​ និង​កាត់បន្ថយ​ការ​កើតមុន​ ជួយ​ពង្រឹង​ការលូតលាស់​របស់​កោសិកា​ និង​ព្យាបាល​មុន​ទៀតផង​។

    6. Q10​ : ជា​ខូ​អង់​ហ្ស៊ីម​ដ៏​សំខាន់​ក្នុង​ការ​ធ្វើជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ ឬជួយការ​ពារ​រ៉ាឌីកាល់​សេរី​ដែល​កើត​ពី​កាំរស្មី​ UV​ ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា​ បង្អង់​ភាព​ចាស់​។ អាហារ​ដែល​ជា​ប្រភពQ10​នេះ​គឺ​ ត្រី​សមុទ្រ​ទឹកជ្រៅ​ ប្រេងសណ្តែក​ ស៊ុត​ ត្រី​សា​ឌីន​ ត្រីស្បៃកា​ សណ្តែកសៀង​ សាច់គោ​ ថ្លើម​ និង​បេះដូង​។

    7. អាស៊ីដ​អាល់ហ្វា​ឡៃ​ប៉ូ​អុី​ក : រាប់ថាជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កម្រិត​កំពូល​តែម្តង​ មិន​តែប៉ុណ្ណោះ​ថែមទាំង​មាន​ចំណែក​ជួយ​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ដំណើរការ​របស់​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេ​រី​ផ្សេង​ៗដូចជា​ វីតាមីន​ C វីតាមីន​ E គ្លុ​យតា​ថៃ​អូន​ ឬ Q10​ ប៉ុន្តែ​គុណ​សម្បតិ្ត​របស់​អាស៊ីដ​អាល់ហ្វា​ប៉ូ​អីុ​កនោះ​អាច​រលាយ​បាន​ទាំង​ក្នុងទឹក​ និង​ខ្លាញ់​ ហើយ​ថែមទាំង​អាច​ជ្រាប​ឆ្លង​កា​ត់​ភ្នាស់​ស្រោម​កោសិកា​ចូល​ទៅ​បាន​ជ្រៅ​ដល់កម្រិត​ ជា​ភាព​ខុសគ្នា​ពី​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេ​រី​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​អាស៊ីដ​អាល់ហ្វា​ឡៃ​ប៉ូ​អីុ​កច្រើនតែ​ត្រូវ​បាន​គេ​នាំ​យក​មក​ប្រើ​ដើម្បី​បំពេញ​ជំនួស​។ ប្រភព​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីដ​អាល់ហ្វា​ឡៃ​ប៉ូ​អីុ​ក មាន​ដូចជា​ សាច់​ក្រហម​ និង​គ្រឿងក្នុង​។ ចំណែក​ក្នុង​បន្លែ​វិញ​មាន​ខ្លះ​ៗដែរ​ ប៉ុន្តែ​មិន​ច្រើនណាស់​ណា​ទេ​ ដូចជា​ ដំឡូងបារាំង​ ការ៉ុត​ និង​ផ្ទី​ជាដើម​។ចាប់ផ្តើម​ងាក​មករ​កវី​តា​មីន​ទាំង7មុខ​នេះ​ពី​ពេលនេះ​តទៅ​ គឺ​មានន័យថា​ ចាប់ផ្តើម​វាយ​ដណ្តើម​យក​ភាព​ស្រស់​ស្អាត​មក​ធ្វើជា​កម្មសិទ្ធិ​របស់​អ្នក​៕

  • ការប្រកួតសប្តាហ៏ទី 16 នេះ កីឡដ្ឋានវិសាខា ស្រូបយកអ្នកទស្សនាបាន 5,500នាក់

    ការប្រកួតសប្តាហ៏ទី 16 នេះ កីឡដ្ឋានវិសាខា ស្រូបយកអ្នកទស្សនាបាន 5,500នាក់

    ការប្រកួតក្នុងសប្តាហ៍ទី16 នៃពានរង្វាន់ជម្រើសជើងឯក មិត្តហ្វូន ខេមបូឌាន ឆ្នាំ2019 នេះ ការប្រកួតរវាងក្លិបបាល់ទាត់ វិសាខា ជាមួយ ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី21 ខែកក្កដា ឆ្នាំ2019 កន្លងទៅនេះ បានក្លាយជាការប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេបង្អស់នៅក្នុងលីកកំពូលរបស់កម្ពុជា ដោយមានវត្តមានរបស់អ្នកគាំទ្រដែលបានទៅចូលរួមទស្សនាផ្ទាល់សរុបចំនួន 5,500នាក់នៅកីឡដ្ឋានវិសាខា។តាមរយៈរបាយការណ៍អំពីការប្រកួតនេះ ក្រុមអ្នកទស្សនាភាគច្រើន គឺជាអ្នកគាំទ្រក្រុមទាំង2 គឺភ្នំពេញក្រោន និងវិសាខា។ ចំពោះលទ្ធផលគឺ ក្រុមម្ចាស់ផ្ទះវិសាខា បានយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផលប្រកៀកប្រកិតគ្នា 4ទល់នឹង3។
    គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមព្រះខ័នរាជស្វាយរៀងកំពុងកាន់កាប់កំពូលតារាងលីកកំពូលកម្ពុជា ខណៈដែលវិសាខាកំពុងឈរនៅលំដាប់ថ្នាក់លេខ4 ឯក្រុមភ្នំពេញក្រោនវិញ កំពុងតែឈរនៅលំដាប់ថ្នាក់ទី6 នៃតារាងពិន្ទុលីកកំពូលកម្ពុជារដូវកាល2019 នេះ៕

  • ទីបំផុត Pacquiao ធ្វើឱ្យ Keith Thurman ភ្លក្សរសជាតិចាញ់លើកដំបូងក្នុងឆាកជីវិត

    ទីបំផុត Pacquiao ធ្វើឱ្យ Keith Thurman ភ្លក្សរសជាតិចាញ់លើកដំបូងក្នុងឆាកជីវិត

    នៅ​ព្រឹក​ថ្ងៃ​ទី21 ខែកក្កដា​ ឆ្នាំ2019 កន្លងទៅ អ្នក​ប្រដាល់​វាយ​មិន​ដែល​ចាញ់ Keith Thurman បានឡើងសង្វៀនដើម្បីវាយ​ការពារ​ខ្សែ​ក្រវាត់ WBA (super) welterweight របស់​ខ្លួន​ជាមួយ​ជើង​ខ្លាំង​របស់​អាស៊ី Manny Pacquiao។​

    ស្ដេច​ប្រដាល់​នៅ​អាស៊ី​ Manny pacquiao​ បើ​ទោះ​ជា​អាយុ​ច្រើន​បន្តិច​ក្ដី​ ប៉ុន្តែ​នៅ​តែ​ល្អ​ដដែល​ ដោយបានយកឈ្នះអ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ Keith Thurman​ ​នេះ និង​ដណ្ដើម​យក​ខ្សែក្រវាត់​ WBA (super) welterweightបានសម្រេចដោយពិន្ទុមិនឯកច្ឆន្ទ(2ទល់នឹង​1)។​
    ជាលទ្ធផលបន្ទាប់ពីការប្រកួតដំណើរការចប់ចុងចប់ដើម 12ទឹកពេញ ស្តេចប្រដាល់ហ្វីលីពីនបានយកឈ្នះកីឡាករអាមេរិកាំងដោយពិន្ទុមិនឯកច្ឆន្ទ ដោយចៅក្រម 1រូបឱ្យកីឡាករអាមេរិកឈ្នះ(114ទល់113) និងចៅក្រម 2រូបទៀតឱ្យអ្នកប្រដាល់ហ្វីលីពីនជាអ្នកឈ្នះ(115ទល់112 ​និង115ទល់112 ដូចគ្នា)៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 182

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 182

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/08/LRPN_182-Final-For-Web.pdf” force_dl=”1″]

  • ពិតជាកក្រើកចំពោះព្រឹត្តិការណ៍នៃការសម្ពោធ vivo S1 កាលពីយប់ម្សិលមិញ

    ពិតជាកក្រើកចំពោះព្រឹត្តិការណ៍នៃការសម្ពោធ vivo S1 កាលពីយប់ម្សិលមិញ

    ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ក្រុមហ៊ុន vivo បានធ្វើកម្មវិធីសម្ពោធជាផ្លូវការទៅលើម៉ូឌែល vivo S1 ដែលជាម៉ូឌែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី vivo S1Concert។ សម្រាប់ព្រឹត្តិការ vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់មហាជន និងជាពិសេសក៏មានការចូលរួមពីតារាតំណាង របស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេព្រោះតែ គាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បានចេញវីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបាន ចូលរួមនិងសូមអបអរសាទរ ដល់ការសម្ពោធម៉ូឌែ vivo S1 ឲ្យមានជោគជ័យក្នុងការលក់ផងដែរ។
    មិនតែប៉ុណ្ណោះក៏បានឃើញមានវត្តមានចូលរូមដោយតារាល្បីមួយចំនួនទៀតចូលរួមផងដែរគឺលោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក នី រតនា ហើយនិងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖លោក ៉ារ៉ូ និងកញ្ញា Daa Dao
    ហើយចំពោះស្មាតហ្វូន vivo S1 នេះដែរត្រូវបានធ្វើការប្រកាសនៅក្នុងថ្ងៃសម្ពោធនេះជាមួយនឹងកញ្ចប់តម្លៃត្រឹម $299 តែប៉ុណ្ណោះ។ វាជាតម្លៃមួយដ៏សាកសមដែលមិនខ្ពស់ពេក ហើយក៏មិនទាបពេកដែរ។ សម្រាប់មិត្តៗយុវវ័យប្រហែលជាមិនមើលរំលងចំពោះម៉ូឌែល vivo S1 នេះទេ។ បើនិយាយពីការរចនាទៅលើ S1 នេះវិញគឺសុទ្ធសឹងតែមានភាពឆ្នៃប្រឌិតខ្ពស់
    ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1

    មានរូបរាងបែប Gradient

    មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទSuper AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9

    ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយFunTouch OS 9

    ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz

    ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G

    មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB

    កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP

    ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ

    មានកម្លាំងថ្ម 4500 mAh
    មានជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ(Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)
    ជាមួយនឹងគ្នានេះដែរ​ ចំពោះស្មាតហ្វូន vivo S1 នេះគឺត្រូវបានបើកឲ្យធ្វើកុម្មង់ចាប់ពីថ្ងៃទី២១ នេះតទៅរហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩
    សម្រាប់កម្មវិធីនៃការ Pre-Order នៅថ្ងៃទី២១ នេះដែរនឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០យប់។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីកមើល Video លើទូរសព្ទ័ដៃ Sim Smartដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩

      ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩លោកអ្នកនឹងមានឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង សន្លឹកដែលមានឱកាសឈ្នះ១០០% រួមមានដូចជា៖

    ទូទឹកកក

    កាស ប្ល៊ូធូ

    ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត…!

    រួសរាន់ឡើងសម្រាប់អតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo ធ្វើការកុម្ម៉ង់ស្មាតហ្វូន vivo S1 ឥឡូវនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី vivo។ ប្រញាប់ឡើងសំណាងនឹងអាចក្លាយជារបស់អ្នក!!

  • ត្រៀមខ្លួន​ធ្លាក់​បាក់ឌុប​ឱ្យ​ហើយ​ទៅ​ បើ​នៅតែ​មិនព្រម​បញ្ឈប់​សកម្មភាព​អសកម្ម​មួយចំនួន​

    ត្រៀមខ្លួន​ធ្លាក់​បាក់ឌុប​ឱ្យ​ហើយ​ទៅ​ បើ​នៅតែ​មិនព្រម​បញ្ឈប់​សកម្មភាព​អសកម្ម​មួយចំនួន​

    ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ គឺជា​ការ​ប្រឡង​ដ៏​សំខាន់​ និង​ជា​ជំហាន​ដំបូង​បំផុត​ដើម្បី​ចាប់ផ្តើម​ជីវិត​អាជីព​ទៅ​ថ្ងៃ​អនាគត​ ហេតុនេះ​សិស្សានុសិស្ស​ទូទាំង​ប្រទេស​កំពុង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​សម្រេច​ជំហាន​ដ៏​តឹងតែង​មួយ​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី​ សិស្សានុសិស្ស​នៅ​កម្ពុជា​ជាច្រើន​ក្នុង​សម័យថ្មី​នេះ​ នៅ​ដិត​-ជាប់​ជាមួយនឹង​អារម្មណ៍​ និង​ទម្លាប់​អវិជ្ជមាន​ជាច្រើន​ដែល​រំខាន​ខ្លាំង​ដល់​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​ការ​ប្រឡង​បាក់ឌុប​។

    ទម្លាប់​អាក្រក់​ទាំងអស់​នោះ​ មាន​ចំណែក​យ៉ាង​សំខាន់​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ទម្លាប់​នៃ​ការរស់នៅ​ និង​ផ្នត់គំនិត​ដែល​ធ្វើ​ឱ្យ​ពួកគេ​លំបាក​គ្រប់គ្រង​ខ្លួនឯង​ ហើយ​ខ្ជះខ្ជាយ​ពេលវេលា​សិក្សា​កាន់តែ​ខ្លាំង​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ស្តាយក្រោយ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​។

    1. ញៀន​បណ្តាញ​សង្គម​
    បច្ចុប្បន្ន​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ធ្វើ​ឱ្យ​តម្លៃ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​កទំនើប​ៗ ដូចជា​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន និងTablet​ ជាដើម​ មាន​តម្លៃ​កាន់តែ​ធូរ​ថ្លៃ​ដែល​អាច​ឱ្យ​សិស្សានុសិស្ស​ស្ទើរ​គ្រប់គ្នា​ទិញ​មក​ប្រើ​ មិនថា​នៅ​ទីក្រុង​ ឬទី​ជនបទ​នោះ​ទេ​។ ការប្រើ​ប្រាស់​ឧប​ករណ៍​ទំនើប​ៗទាំងអស់​នោះ​ មានគុណ​សម្បត្តិ​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​ទទួល​បាន​ព័ត៌មាន​ និង​ប្រភព​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ តែ​អ្វី​ដែល​ជា​ការ​រំខាន​ គឺ​កម្មវិធី​កម្សាន្ត​មាន​ច្រើន​ និង​ទាក់ទាញ​យុវជន​ខ្លាំង​ជាង​កម្មវិធី​អប់រំ​ ហេតុនេះ​ហើយ​ទើប​សិស្សានុសិស្ស​មួយចំនួន​ធំ​បាន​ញៀន​ជាមួយនឹង​ការកម្សាន្ត​ទាំងនោះ​ស្ទើរ​ដកខ្លួន​មិន​រួច​មុន​ពេល​ត្រៀមប្រឡង​។

    កត្តា​នេះ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​របស់​សិស្ស​មិន​ស្ងប់​ ហើយ​ខ្ជះខ្ជាយ​ពេលវេលា​នៅមុខ​បណ្តាញ​សង្គម​ ឬចំណាយពេល​នៅជា​មួយ​វា​ដល់​យប់ជ្រៅ​ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ដុនដាប​ទៅ​។ ហេតុនេះ​បើ​មិន​ចង់​ធ្លាក់​បាក់ឌុប​ទេ​ បេក្ខជន​គួរ​ត្រៀម​ដកខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​អេឡិចត្រូនិក​ឱ្យ​ហើយ​ ប្រសិនបើ​ដឹងខ្លួន​ឯង​ច្បាស់​ថា​ មិន​អាច​គ្រប់គ្រង​វា​បាន​ ដើម្បី​ទុក​ពេល​ស្ងប់ស្ងាត់​សមរម្យ​មួយ​សម្រាប់​សង្ខេប​ និង​រំឭក​មេរៀន​ត្រៀមប្រឡង​។

    2. រក​ចំណុច​ចាប់ផ្តើម​មិនឃើញ​
    សិស្ស​ភាគច្រើន​មានទម្លាប់​ខ្ជះខ្ជាយ​ និង​កុហក​ខ្លួនឯង​ច្រើន​ ដែល​នេះ​កើតមក​ពី​បញ្ហា​នៃ​ការគ្រប់គ្រង​ខ្លួន​ឯង​មិនបាន​ល្អ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ទឹក​ដល់​ច្រមុះ​ច្រើនដង​ពេល​ជិត​ប្រឡង​សំខាន់​ម្តង​ៗ។ កត្តា​នេះ​ធ្វើ​ឱ្យ​សិស្ស​ រក​ចំណុច​ចាប់ផ្តើម​មិនឃើញ​ដើម្បី​រៀបចំ​មេរៀន​ដែល​គរ​ជុំវិញ​ខ្លួន​ ហើយ​រក​ខ្លួន​ឯង​មិនឃើញ​ថា​ តើ​ត្រូវ​ចាប់ផ្តើម​មុខវិជ្ជា​ណា​មុន​? ហើយ​អ្វី​ដែល​ខ្លួនឯង​ខ្លាំង​ និង​អ្វី​ដែល​ត្រូវ​បំពេញបន្ថែម​?។

    ទម្លាប់​នេះ​ រំខាន​ខ្លាំង​ណាស់​ដល់​អារម្មណ៍​របស់​បេក្ខជន​ត្រៀមប្រឡង​ ព្រោះ​គេ​មើលឃើញ​ថា​ ខួរក្បាល​នៅ​ទទេ​ស្អាត​ ហើយ​គ្រប់មុខ​វិជ្ជា​ទាំងអស់​សុទ្ធតែ​ត្រូវ​អនុវត្ត​ និង​ទន្ទេញ​ច្រើន​ស្មើ​ៗគ្នា​។ ស្ថានភាព​បែបនេះ​ ធ្វើ​ឱ្យ​អារម្មណ៍​ភ័យ​ព្រួយ​នៅ​ដក់ជាប់​ក្នុង​ខ្លួន​ជានិច្ច​ ហើយ​រៀន​មុខវិជ្ជា​មួយ​ស្តាយ​មុខវិជ្ជា​មួយ​ ហើយ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ច្របូកច្របល់​ រហូត​មិន​អាច​រំឭក​មេរៀន​គ្រប់​មុខ​ទាំងអស់​បាន​ ដែល​នេះ​ជា​កត្តា​ខ្ពស់​បំផុត​ធ្វើ​ឱ្យ​ទទួលលទ្ធផល​អវិជ្ជមាន​។ ហេតុនេះ​ប្រសិនបើ​មិន​ចង់​ប្រឡងធ្លាក់​ សិស្ស​គួរ​ចាប់ផ្តើម​ស្វែងរក​ពេលវេលា​ស្ងប់ស្ងាត់​សមរម្យ​មួយ​ ដោយ​កុំ​ព្រួយបារម្ភ​ខ្លាំងពេក​ ហើយ​ចាប់ផ្តើម​សង្កេត​ពី​ខ្លួនឯង​ថា​ តើ​មុខវិជ្ជា​ណាខ្លះ​ដែល​ចេះ​ច្រើន​ហើយ​ ហើយ​មុខវិជ្ជា​ណាខ្លះ​នៅ​ខ្សោយ​ខ្លាំង​។ បន្ទាប់មក​បែងចែក​ពេលវេលា​ និង​វិធីសាស្ត្រ​រំឭក​ដោយ​ដាក់​ដាច់ដោយឡែក​ពីគ្នា​រវាង​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​។ សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ គួរ​ចាប់ផ្តើម​អនុវត្ត​លំហាត់​ស្រាល​ៗជាមុន​ ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​ និង​ផ្សាំុ​ជាមួយនឹង​លំហាត់​ឱ្យ​បាន​ល្អ​ មុននឹង​ចាប់ផ្តើម​អនុវត្ត​ជាមួយ​គំរូ​វិញ្ញាសា​ប្រឡង​។ ចំណែក​ឯមុខ​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម​ ក្នុង​ 1មេរៀន​ប្រហែលជា​មានត្រឹមតែ​ 7 ឬ 8ជំពូក​ប៉ុណ្ណោះ​ ហើយ​ក្នុង​ 1ជំពូក​អាច​មាន​មេរៀន3​ ឬ4​ទៅតាម​ជាក់ស្តែង​។ ហេតុនេះ​ប្រសិនបើ​ចាប់​យក​សៀវភៅ​កម្រាស់​ជាង​ 100ទំព័រ​មក​អាន​ទាំងអស់​ប្រាកដជា​ទឹកចូលច្រមុះ​មិនខាន​ ហេតុនេះ​គួរ​សាកល្បង​សង្ខេប​មេរៀន​ជា​សំណួរ​-ចម្លើយ​ ឬសង្ខេប​ជា​ចំណុច​សំ​ខាន់​ខ្លី​ៗជា​ចំ​ណុចៗ​ ឬអាច​គូស​ជា​គំនូស​ចំណាំ​ (Mindmaps​) ដើម្បី​ងាយស្រួល​មើល​ ហើយ​ខ្លី​។ បន្ទាប់ពី​ធ្វើ​បាន​ហើយ​ យើង​អាច​តម្រៀប​វា​ទៅតាម​ជំពូក​ក្នុង​មេរៀន​ ដែល​យ៉ាងច្រើន​សល់​ត្រឹម​ 15ទំព័រ​ទៅ​ 20ទំព័រ​ប៉ុណ្ណោះ​ ហេតុនេះ​យើង​អាច​ចំណាយពេល​ត្រឹមតែ​ 1ម៉ោង​ក្នុង​ 1ថ្ងៃ​ជាប់​ៗគ្នា​ត្រឹមតែ​ជាង1សប្តាហ៍​ នឹងអាច​ចងចាំ​បាន​ច្រើនហួស​ពី​ការស្មាន​។

    3. សេពគប់​មិត្តភក្តិ​ខ្ជីខ្ជា​
    ការសេពគប់​មិត្តភក្តិ​ គឺជា​រឿង​សំខាន់​មួយ​ដែល​អាច​ទាញ​យើង​ឱ្យ​ទទួល​បាន​លទ្ធផល​បរាជ័យ​បាន​។ មិត្តភក្តិ​ខ្ជីខ្ជា​ជាច្រើន​ អាច​នឹង​ក្លាយជា​កម្លាំង​ជំរុញ​ឱ្យ​យើង​មានទំនុក​ចិត្ត​ខុស​រឿង​ ឬស្លន់ស្លោ​ជ្រុល​ ហេតុនេះ​ប្រសិនបើ​ដឹងខ្លួន​ច្បាស់​ថា​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បែបនេះ​ គួរ​ប្រញាប់​ដកខ្លួន​ដើម្បី​ទៅ​ជិត​អ្នក​ដែល​មាន​ទម្លាប់​ល្អ​។ វា​អាច​ជា​រឿង​លំបាក​បន្តិច​ ប្រសិន​បើ​ភ្លាម​ៗយើង​ត្រូវ​ផ្លាស់​ប្តូរ​ការសេពគប់​ ហើយ​ពេលខ្លះ​យើង​បារម្ភ​ថា​ អ្ន​កខ្លាំង​ៗអាច​នឹង​ចៀស​សពី​យើង​ដែល​ធ្លាប់​ខ្ជីខ្ជា​ តែ​ស្ថានភាព​ពិត​ មិន​ប្រាកដ​ថា​បែបនេះ​ទេ​។

    ការសាកល្បង​ចាប់ផ្តើម​សួរ​ និង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ដែល​ហ្មត់ចត់​ មិន​អាក្រក់​ដូច​យើង​គិត​ពេក​នោះ​ទេ​ តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ គឺ​យើង​ខ្លួនឯង​អាច​តាំងចិត្ត​ល្អ​បាន​កម្រិត​ណា​ក្នុង​បញ្ឈប់​ទម្លាប់​អាក្រក់​របស់​ខ្លួនឯង​។ ប្រសិនបើ​យើង​មិន​ចង់​ធ្លាក់​ ហើយ​មាន​ឆន្ទៈ​ចង់​ប្រឡងជាប់​ពិតប្រាកដ​ អាច​សាកល្បង​ចូល​ក្នុងចំណោម​អ្នក​ប្រឹងប្រែង​រៀន​ ដើម្បី​ទទួលយក​របៀប​ល្អ​ៗដែលគេ​ប្រើប្រាស់​សម្រាប់​ទទួល​បាន​លទ្ធផល​ល្អ​ឬយ៉ាងហោចណាស់​ក៏​យើង​បាន​ស្តាប់​ពី​អ្វី​ដែលគេ​ចែករំលែក​ពេល​ជួប​ជុំ​ម្តង​ៗ ដែល​ធ្វើ​ឱ្យ​យើង​កាន់តែ​ឆាប់​ចងចាំ​បាន​ល្អ​នូវ​ចំណុច​សំ​ខាន់​ៗនៃ​មេរៀន​៕

  • រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នឹង​ជំរុញ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នឹង​ជំរុញ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

    សម្បុក​ត្រចៀកកាំ​កំពុងតែ​មាន​សុ​ក្តានុ​ពល​នៅ​ឯទីផ្សារ​ប្រទេស​ចិន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​កំពុង​រៀបចំ​នីតិវិធី​ដើម្បី​ឈាន​ទៅដល់​ការនាំចេញ​ ខណៈ​ពេល​ដែល​អាជីវកម្ម​មួយ​នេះ​កំពុង​រីក​ដុះដាល​ឡើង​ដូច​ផ្សិត​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​ សម្បុក​ត្រចៀកកាំ​មានតម្លៃ​ខ្ពស់​ និង​មាន​គាំទ្រ​ពី​ភាគី​ខាង​ចិន​ ក្រោយពី​បាន​ជួបពិភាក្សា​កាលពី​ពេល​កន្លងមក​។ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ “ក្រោយពី​ជំនួប​ពិភាក្សា​ជាមួយ​ភាគី​ខាង​ចិន​ មន្ត្រី​គយ​ចិន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​សម្បុក​ត្រចៀកកាំ​របស់​ប្រទេស​យើង​ ដូចនេះ​យើង​នឹង​ធ្វើការងារ​ជាមួយ​ភាគី​ចិន​ ចំពោះ​ការកំណត់​នីតិវិធី​សម្រាប់​ការ​នាំ​ចេញ​”។ ឯកឧត្តម​ បន្ត​ថា​ “ការរៀបចំ​នីតិវិធី​នេះ​ នឹង​មិន​ខុសគ្នា​ពី​ការ​ធ្វើ​នីតិវិធី​នៃ​ការនាំចេញ​ចេក​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ទេ​”។

    សម្បុក​ត្រចៀកកាំ​មានតម្លៃ​ខ្ពស់​ និង​ជា​ផលិតផល​សុ​ក្តានុ​ពល​មួយ​ដ៏​ធំ​សម្រាប់​វិស័យ​កសិកម្ម​ ហើយក៏​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។ បើ​អ្នក​វិនិយោគ​ផ្ទះ​អភិរក្ស​សត្វ​ត្រចៀកកាំ​ និង​ក្រុមហ៊ុន​សម្អាត​សម្បុក​ត្រចៀកកាំ​អនុវត្ត​ទៅតាម​ស្តង់ដារ​ និង​ នីតិវិធី​របស់​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​នោះ​ ការនាំចេញ​សម្បុក​ត្រចៀកកាំ​នឹង​កើតឡើង​នា​ពេល​ឆាប់​ៗខាងមុខនេះ​។ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ “វា​នឹង​មិន​ចំណាយ​ពេល​យូរ​ដើម្បី​ឈាន​ទៅដល់​ការសម្រេច​នាំចេញ​សម្បុក​ត្រចៀកកាំ​នោះ​ទេ​ ប្រសិនបើ​យើង​អាច​បំពេញ​ទៅ​លក្ខខណ្ឌ​របស់​ភាគី​ចិន​”។

    បើ​យោង​តាម​លោក​ ណាង​ សុធី​ ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​បានឱ្យ​ដឹង​ថា​ អាជីវកម្ម​សម្បុក​ត្រចៀកកាំ​របស់​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ក្នុងរយៈពេល​ 2ឆ្នាំ​ចុងក្រោយ​នេះ​ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ប្រទេស​ចិន​ មានការ​ឯកភាព​គ្នា​ជា​គោលការណ៍​រួចហើយ​ ដោយ​គ្រាន់តែ​នៅ​មិនទាន់​មាន​នីតិវិធី​ និង​ពិធីសារ​ជាមួយគ្នា​តែប៉ុណ្ណោះ​។ ប្រទេស​ចិន​ គឺជា​ទីផ្សារ​ធំជាង​គេ​សម្រាប់​សម្បុក​-ត្រចៀកកាំ​នៅ​ទូទាំង​ពិភពលោក​ ការនាំចេញ​ផលិតផល​នេះ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ​អាច​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់​។

    លោក​ថ្លែង​ថា​៖ “ខ្ញុំ​ជឿជាក់​ថា​ ការនាំចេញ​សម្បុក​ត្រចៀកកាំ​នឹង​កើត​ឡើង​ឆាប់​ៗ ខណៈ​ពេល​ដែល​សម្បុក​ត្រចៀកកាំ​កម្ពុជា​មានគុណ​ភាព​ខ្ពស់​រួច​ជាស្រេច​ហើយ​”។ បើ​តាម​លោក​ សុធី​ បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​បាន​ស្ទុះឡើង​យ៉ាង​លឿន​នៅ​តាម​បណ្តា​ខេត្ត​តាម​ដងទន្លេ​សាប​និង​ខេត្ត​ជាប់មាត់​សមុទ្រ​ ជាពិសេស​ក្នុង​ខេត្តកោះកុង​ ស្រប​ពេល​ដែល​មាន​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ការ​ចិញ្ចឹម​ដែល​មាន​ភាព​ងាយស្រួល​ជាង​មុន​។

    លោក​បាន​ប៉ាន់ប្រមាណ​ថា​ បច្ចុប្បន្ន​មានផ្ទះ​អភិរក្ស​ត្រចៀកកាំ​ ចន្លោះ​ពី​ 3,000​-5,000​ ផ្ទះ​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​សម្បុក​ត្រចៀកកាំ​កាន់តែ​មាន​ទីផ្សារ​ល្អ​។ បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​ មាន​តម្លៃ​ចន្លោះ​ពី​ 800ដុល្លារ​ ទៅ​ 1,000ដុល្លារ​ ក្នុង1​គីឡូក្រាម​ ចំណែក​សម្បុក​ដែល​សម្អាត​រួច​ មានតម្លៃ​ចន្លោះ​ពី​ 1,500ដុល្លារ​ រហូតដល់​ 3,000ដុល្លារ​ អាស្រ័យ​ទៅលើ​គុណភាព​។

    លោក​បាន​បន្ត​ថា​ “ទីផ្សារ​ត្រចៀកកាំ​នៅតែ​មាន​សក្តា​នុ​ពល​ល្អ​ សម្រាប់​អ្នកវិនិយោគទុន​ក្នុង​ស្រុក​ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ចិន​”។

    តាម​ការ​ប៉ាន់ស្មាន​របស់​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ ក្នុង​ 1ខែ​ កម្ពុជា​អាច​ប្រមូល​ផល​សម្បុក​ត្រចៀកកាំ​ បាន​យ៉ាងតិច​ចន្លោះ​ពី​ 1,500គីឡូក្រាម​ ទៅ​ 2,000គីឡូក្រាម​។លោក​ ទេព​ សុ​ជាតិ​ ម្ចាស់ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ 1កន្លែង​ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ បាន​និយាយ​ថា​ កំណើន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​មានការ​កើនឡើង​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ខណៈ​ដែល​លោក​បាន​បណ្តាក់​ទុន​ក្នុង​អាជីព​នេះ​អស់​រយៈពេល​ 2ឆ្នាំ​មក​ហើយ​។

    លោក​សម្រេច​ចាប់​យក​អាជីវកម្ម​នៃ​ការ​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ ពីព្រោះ​វា​មិនសូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ មានតម្លៃ​ទីផ្សារ​ខ្ពស់​ ហើយ​មានការ​ចំណាយ​ទុន​តែ​ពេល​ដំបូង​សម្រាប់​ការទិញ​ដី​ និង​ការ​កសាង​ផ្ទះ​ ព្រមទាំង​រៀបចំ​បច្ចេកទេស​ផ្ទះ​ឱ្យ​សត្វ​ត្រចៀកកាំ​រស់នៅ​ប៉ុណ្ណោះ​ ហើយ​បច្ចុប្បន្ន​នេះ​លោក​អាច​ប្រមូល​សម្បុក​ត្រចៀកកាំ​បាន​ប្រមាណ​ជា​ 2គីឡូក្រាម​ក្នុង​1ខែ​។

    លោក​បាន​បន្ត​ទៀត​ថា​៖ “ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ ជាមុ​ខរ​បរ​មួយ​ទទួល​បានផល​ច្រើន​ អាច​ថា​ តកូនតចៅ​បាន​ ហើយ​មិន​មានការ​ព្រួយបារម្ភ​ពី​ហិរញ្ញវត្ថុ​នៅ​វ័យ​ជរា​ទៀតផង​”៕

  • ឆមាស​ដើមឆ្នាំ​នេះ​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​កើនឡើង15​%

    ឆមាស​ដើមឆ្នាំ​នេះ​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​កើនឡើង15​%

    មួយ​រយៈ​ចុងក្រោយ​នេះ​ វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ ទទួល​បានការ​ហោះហើរ​ត្រង់​មក​ពី​បណ្តា​ប្រទេស​នានា​ច្រើនជាង​មុន​ ជាពិសេស​ពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ាន​តែម្ដង​ ដូចជា​ប្រទេស​ចិន​ សាំងហ្គាពួរ​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ ថៃ​ វៀតណាម​ ឡាវ​ ជាដើម​ ដែល​ការណ៍​នេះ​កាន់តែ​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ ដែល​ជា​លទ្ធផល​ ក្នុងរយៈពេល​6ខែ​ដើមឆ្នាំ2019នេះ​ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​សរុប​រហូតដល់​ 20,433លើក​ កើនឡើង​ប្រមាណ​ 15​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ឯកឧត្តម​ ស៊ិន​ ចាន់​សិរី​វុត្ថា​ អ្នកនាំពាក្យ​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖“នៅក្នុង​រយៈពេល​ 6ខែ​ដើមឆ្នាំ2019​ កន្លងទៅ​នេះ​ វិស័យ​ដឹកជញ្ជូន​តាមផ្លូវអាកាស​របស់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ដោយ​ចំនួន​ជើង​ហោះហើរ​បាន​កើនឡើង15​% ហើយ​ចំនួន​អ្នកធ្វើ​ដំណើរ​ក៏​មានការ​កើនឡើង​ 25​%ដែរ​”។

    ឯកឧត្តម​បន្ត​ឱ្យ​ដឹង​ថា​៖“ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​នេះ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ មាន​ការហោះហើរ​សរុប​ចំនួន​ 4,589ជើង​ ដោយ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន​ 1,648លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ 2,941លើក​។ ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ មានការ​ហោះហើរ​អន្តរជាតិ​ចំនួន​ 8,189លើក​ និង​ជើងហោះហើរ​ក្នុង​ស្រុក​ 2,776លើក​។ ដោយឡែក​ ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ មានការ​ហោះហើរ​សរុប​ចំនួន​ 4,151លើក​ ក្នុង​នោះ​ការហោះហើរ​អន្តរជាតិ​មាន​ចំនួន​ 2,638លើក​ ហើយ​ក្នុង​ស្រុក​មាន​ចំនួន​ 1,513លើក​ និង​ជើងហោះហើរ​ជា​លក្ខណៈ​ជួល​ (Charter​ Fly​) មាន​ចំនួន​ 728លើក​”។

    ជាមួយនឹង​ការ​កើនឡើង​នៃ​ជើងហោះហើរ​នេះ​ គេ​ក៏​សង្កេតឃើញ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ ក៏​មានការ​កើនឡើង​ផង​ដែរ​ ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន​ជាង​ 1.1លាន​នាក់​ បាន​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​ 5ខែ​ដំបូង​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 40​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​។

    របាយការណ៍​នេះ​បាន​បន្ត​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើនជាង​គេ​នៅ​កម្ពុជា​ ដែល​មាន​ចំនួន​ 38​% នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​មក​កម្ពុជា​ក្នុង​អំឡុង​ខែមករា​ដល់​ខែឧសភា​ឆ្នាំនេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។ លោក​បាន​បន្ត​ថា​៖“យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រហែល​ 2.6លាន​នាក់​ក្នុង​ឆ្នាំ2019​ នេះ​ និង​ចំនួន​ 3លាន​នាក់​នៅ​ឆ្នាំ2020​ ហើយ​ចំនួន​នេះ​នឹង​កើន​ដល់​ 5លាន​នាក់​នៅ​ឆ្នាំ2025​ និង​រហូតដល់​ 8លាន​នាក់​នៅ​ឆ្នាំ2030​”។ យោង​តាម​របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 2.89​លាន​នាក់​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ 5ខែ​ដំបូង​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 11.4​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ 6.2លាន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន​ 2លាន​នាក់​ ហើយ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ 4.35ពាន់​លាន​ដុល្លារ​អាមេរិក​ ពី​វិស័យ​ទេសចរណ៍​ ដោយ​វិស័យ​នេះ​រួមចំណែក​ 12,7​% ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​កម្ពុជា​។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ក់់​។

    លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ “នៅពេល​ដែល​វិស័យ​ហោះហើរ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​កាន់តែ​មានឱកាស​អូសទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​អ្នក​វិនិយោគ​នានា​ឱ្យ​ចូល​មក​ស្វែងយល់​ពី​កម្ពុជា​ ដើម្បី​រក​ឱកាស​វិនិយោគ​”។

    លោកស្រី​បាន​បញ្ជាក់​ថា​៖“ពេលនេះ​កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ហោះហើរ​កាន់តែ​ច្រើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​នៅ​លើស​កល​លោក​ក៏​កំពុងតែ​ពិចារណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ដែរ​។ ខ្ញុំ​ក៏​សូម​បង្ហាញ​ពី​ភាព​សាទរ​ជាមួយនឹង​សមិទ្ធផល​ដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ទទួល​បាន​នៅពេល​នេះ​”។ ស្របគ្នា​នេះ​ដែរ​ កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី50​ (ASEAN​ NTOs​) ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប​ ក៏បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ឱ្យ​ចូលរួម​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ​ឡើង​ ដោយ​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីក​ការហោះហើរ​ត្រង់​បន្ថែម​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​ និង​ទាក់ទាញ​ការ​តភ្ជាប់​ការហោះហើរ​ត្រង់​ពី​បណ្ដា​ប្រទេស​គោលដៅ​នានា​។ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ដោះស្រាយ​រួមគ្នា​ ក្នុង​នោះ​ត្រូវ​ជំរុញ​ការ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ឱ្យ​បាន​ផុសផុល​ឡើង​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​កំណើន​ជាមធ្យម​ 4%ក្នុង​ 1ឆ្នាំ​ និង​ជំរុញ​ឱ្យ​ទេសចរ​ អាច​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​បាន​ដោយខ្លួនឯង​ ពិសេស​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​។

    យោង​តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​បង្ហាញថា​ ពេញ​មួយឆ្នាំ2018​ តំបន់​អាស៊ាន​ទាំងមូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ 135លាន​នាក់​ កើនឡើង​ 7.6​%៕

  • សិចជួយ​សាង​ភាពរឹងមាំ​ដល់​រាងកាយ

    សិចជួយ​សាង​ភាពរឹងមាំ​ដល់​រាងកាយ

    មនុស្ស​គ្រប់រូប​ស្ទើរតែ​គ្មាន​អ្នកណា​ម្នាក់​ហារ​មាត់​និយាយ​ប្រកែក​ដាច់អហង្ការ​មិនព្រម​ទទួលយក​ក្ដី​សុខ​ស្រួល​ពី​ចំ​ណង​មត្រី​ភាព​នៃ​គូ​ស្នេហា​នោះ​ទេ​។ ជាមួយនឹង​ភាព​រីករាយ​ពី​តម្រេក​តណ្ហា​នេះ​ តើ​លោកអ្នក​បាន​ជ្រាប​ពីអ​ត្ថ​ប្រយោជន៍​បន្ថែម​អ្វីខ្លះ​ ដែល​ទទួល​បាន​ពី​សុខភាព​ផ្លូវភេទ​? បើ​ចង់​ដឹង​ សូម​អាន​អត្ថបទ​ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​នៃ​សម្ពន្ធមេត្រី​ភាព​ដូច​ខាងក្រោម​នេះ​។

    1. ជួយ​អ្នក​ឱ្យ​បានដឹង​ពី​សុខភាព​ភ្នែក​ : អ្នកជំនាញ​ការ​ខាង​ផ្នែក​សុខភាព​ផ្លូវ​-ភេទ​ម្នាក់​នៅ​មន្ទីរពេទ្យ​ Spire​ Liverpoo​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​រួមភេទ​អាច​ជួយ​បន្ធូរ​សាច់ដុំ​ និង​ធ្វើ​ឱ្យ​ធូរស្រាល​ភាព​តឹង​សាច់ដុំ​នៅ​ក,ស្មា​ ក៏ដូចជា​សាច់ដុំ​ដទៃទៀត​នៅ​លើស​រី​រាង្គដែល​មាន​ដូចជា​ សាច់ដុំ​នៅ​ភ្នែក​ក៏​ត្រូវការ​បាន​សម្រាក​។ អាស្រ័យហេតុ​នេះ​ ប្រសិនបើ​កម្រិត​មើលឃើញ​របស់​លោកអ្នក​ហាក់​មាន​អាការ​ព្រិល​ ស្រវាំង​ ក្រោយពេល​ធ្វើការ​រួមភេទ​នោះ​ មានន័យថា​ វា​មានតម្លៃ​ប្រហាក់​ប្រហែល​ទៅ​នឹង​មេរៀន​ ឬសញ្ញា​មួយ​ដែល​អាច​ឱ្យ​អ្នក​បានដឹង​ពី​សុខភាព​នៃ​ចក្ខុប្រសាទ​របស់​អ្នក​។

    2. ជួយ​អ្នកប្រឆាំង​តបនឹង​ជំងឺបេះដូង​ : ការ​រួមភេទ​មាន​ឥទ្ធិពល​យ៉ាង​ធំ​មួយ​ចំពោះ​បេះដូង​របស់​លោកអ្នក​។ រឿង​នេះ​ត្រូវ​បាន​គេ​រំឭក​ជា​ញឹក​ញ៉​យនៅក្នុង​បណ្តា​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗពីគ្នា​។ ផ្អែក​តាម​ការស្រាវជ្រាវ​មួយ​របស់​មហាវិទ្យាល័យ​ Gueen​ នៅ​ Belfast​កាលពី​ពេល​កន្លងទៅ​បាន​បង្ហាញថា​ ការ​រួមភេទ​3ដង​ក្នុង​មួយ​សប្តាហ៍​ អាច​ជួយ​កាត់បន្ថយ​ពាក់កណ្តាល​នៃ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការវាយប្រហារ​របស់​ជំងឺបេះដូង​ ឬឈាមកក​នៅ​ក្នុង​ខួរក្បាល​។ ដោយឡែក​ការស្រាវជ្រាវ​មួយ​ផ្សេងទៀត​នៅ​អុី​ស្រា​អែ​លក៏​បានឱ្យ​ដឹង​ដែរ​ថា​ចំពោះ​ស្ត្រី​ប្រសិនបើ​សម្រេច​ដល់​ចំណុចកំពូល2​ដង​ក្នុង​មួយ​សប្តាហ៍​ នោះ​លទ្ធភាព​នៃ​ការ​កើតជំងឺ​បេះដូង​អាច​មាន​តិច​ជាង​ដល់ទៅ30​% ធៀប​នឹង​អ្នក​មិន​ចូលចិត្ត​ការ​រួមភេទ​ ឬមិន​សម្រេច​បាន​ភាព​ស្រណុក​សុខ​ស្រួល​។ ពេល​ស្ត្រី​មាន​អារម្មណ៍​នឿយណាយ​ជាមួយ​សិច​ នោះ​វា​អាច​ប្រឈម​ជាមួយ​គ្រោះថ្នាក់​នៃ​ការ​កើតជំងឺ​បេះដូង​។បើ​តាម​លោក​វេជ្ជបណ្ឌិត​ប្រឹក្សា​ជំនាញ​ផ្នែក​បេះដូង​នៅ​មន្ទីរពេទ្យ​ London​ Bridge​ និង​ជានា​យក​របស់​សមាគម​ប្រឹក្សា​ផ្លូវភេទ​បានឱ្យ​ដឹង​ថា​ ប្រសិនបើ​អ្នកមាន​អាយុ​លើស​ពី50ឆ្នាំ​ និង​លើស​ទម្ងន់​ ភាព​ប្រឈម​ជាមួយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​នឹង​ឈាន​មកដល់​ បើ​ទោះជា​លោកអ្នក​បាន​ចំណាយពេល​ទៅលើ​ការហាត់ប្រាណ​ក៏​ដោយ​។ បណ្តា​បញ្ហា​នានា​ក្រៅ​រង្វង់​អាពាហ៍​ពិពាហ៍​ ក៏អាច​ធ្វើ​ឱ្យ​មាន​កំណើន​គ្រោះថ្នាក់​នៃ​ជំងឺបេះដូង​ផង​ដែរ​។

    3. ជួយ​ឆ្អឹង​របស់​អ្នក​ឱ្យ​រឹងមាំ​ : ផ្អែក​តាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​បាន​ចង្អុលបង្ហាញ​ថា​ ស្ត្រី​នៅ​ដំណាក់កាល​អស់​រដូវ​ ហើយ​តែង​មានការ​រួម​ភេទ​រាល់​សប្តាហ៍​នោះ​ កម្រិត​អ័រម៉ូន​ផ្លូវភេទ​នឹង​ខ្ពស់​ជាង​ទ្វេដង​ធៀប​នឹង​ស្ត្រី​ផ្សេង​ដែល​មិន​ធ្វើ​ដូច្នេះ​ ខណៈ​ដែល​ប្រភេទ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​យ៉ាង​ប្រសើរ​ទៅដល់​ឆ្អឹង​ ជាពិសេស​អាច​បញ្ចៀស​ភាព​គ្រោះថ្នាក់​នៃ​ជំងឺ​ឆ្អឹង​ស្ពោត​។

    4. ធ្វើ​ឱ្យ​មានលទ្ធភាព​ក្នុង​ការបង្កើត​កូន​ : ស្ត្រី​គ្រប់រូប​តែងតែ​សួរ​ថា​ ប្រវែង​របស់​អវយវៈ​ភេទ​របស់​បុរស​មាន​ឥទ្ធិពល​ទៅដល់​លទ្ធភាព​បង្កើតកូន​ឬទេ​? ចម្លើយ​ដ៏​ល្អ​ប្រសើរ​នោះ​គឺ​ “ទេ​”។ វេជ្ជបណ្ឌិត​ Arun​ Ghosh​ បានឱ្យ​ដឹង​ថា​ ផ្ទុយពី​កង្វល់​ខាងលើ​ បរិមាណ​នៃ​ការ​រួមភេទ​ ដែល​លោកអ្នក​មាន​គឺ​សំខាន់ណាស់​។នេះ​មានន័យថា​ ប្រសិនបើ​លោកអ្នក​កាន់តែ​ចូលចិត្ត​ការ​រួមភេទ​ មេជី​វិត​របស់​លោកអ្នក​ក៏​កាន់តែ​ល្អ​ ហើយ​លទ្ធភាព​បង្កើតកូន​របស់​អ្នក​នឹង​កាន់តែ​ល្អ​ឡើង​ដែរ​។

    5. មានលទ្ធភាព​ទប់ស្កាត់​មហារីក​ក្រពេញ​ប្រូ​ស្តាត​ : ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ Nottingham​ បាន​រក​ឃើញថា​ បុរស​មាន​ជីវភាព​ផ្លូវភេទ​ជាប្រចាំ​នៅក្នុង​វ័យ50ឆ្នាំ​ គឺ​មាន​អត្រា​នៃ​ការ​ប្រឈម​នឹង​ការ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តាត​តិច​ជាង​។ ទំនាក់ទំនង​នេះ​ត្រូវ​បាន​លើកឡើង​ក្រោយ​ការ​ស្រាវជ្រាវ​មួយ​ចង្អុលបង្ហាញ​ថា​ អ្នកបួស​តែង​មាន​គ្រោះថ្នាក់​កើតជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ខ្ពស់​ជាង​មនុស្ស​ធម្មតា​។

    6. ជួយ​អ្នក​ញៀន​បារី​ឱ្យ​បោះបង់​បារី​យ៉ាង​ឆាប់រហ័ស​ : អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា​នេះ​ជា​វិធី​ដ៏​សាមញ្ញ​ ដើម្បី​ឱ្យ​វីរៈ​-បុរស​លើ​គ្រែ​របស់​អ្នក​បោះបង់​ទម្លាប់​ជក់បារី​បាន​យ៉ាង​មានប្រសិទ្ធភាព​។ សួរ​ថា​ ម៉េច​បាន​ការ​រួមភេទ​អាច​ជួយ​ឱ្យ​បុរស​ ដែល​និយម​ជក់បារី​បោះបង់​បារី​បាន​លឿន​រហ័ស​ទាន់ចិត្ត​នោះ​ គឺថា​បែបនេះ​ អ្នក​អាច​រំឮក​គេ​ថា​បារី​អាច​ធ្វើ​ឱ្យ​ “អា​ច្រម៉​ក់​” របស់​គេ​កាន់តែ​ស្វិត​ទៅ​ និង​អាច​បង្ក​ជា​ជំងឺ​អសមត្ថភាព​ផ្លូវភេទ​បាន​។ ត្រឹមតែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​ គេ​នឹង​យកចិត្ត​ទុកដាក់​លើ​ការ​បោះបង់​បារី​ទៅ​ហើយ​។ ក្រៅពី​នេះ​ការ​ជក់បារី​ក៏​ត្រូវ​បាន​ចាត់ទុកថា​ ជា​មូលហេតុ​បង្ក​ជា​អាការ​ច្របូកច្របល់​ចំពោះ​ភាព​ឡើង​រឹង​នៃ​អង្គជា​តិ​ ព្រោះ​វា​ធ្វើ​ឱ្យ​ក្រិន​រឹង​សរសៃឈាម​ និង​រារាំង​ចរាចរ​ឈាម​ល្អ​ផង​ដែរ​។ ការស្រាវជ្រាវ​លើ​បុរស​ជនជាតិ​ចិន​ចំនួន7.000នាក់​ ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្តី​រោគរាតត្បាត​អាមេរិក​ ដោយ​បង្ហាញថា​ ប្រសិនបើ​អ្នក​ជក់បារី​ច្រើនលើស​ពី​10​-20ដើម​ក្នុង​មួយថ្ងៃ​ នោះ​គ្រោះថ្នាក់​នៃ​ការ​ខ្វិន​លិង្គ​ (លិង្គ​ងាប់​) នឹង​មាន​អត្រា​ខ្ពស់​បំផុត​៕

  • តាមរយៈ​ពាណិជ្ជកម្ម​ សមាជិក​ WTO​ សន្យា​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

    តាមរយៈ​ពាណិជ្ជកម្ម​ សមាជិក​ WTO​ សន្យា​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

    សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចំនួន​6 បាន​សន្យា​រួមបញ្ចូល​គ្នា​នូវ​ទឹកប្រាក់​ចំនួន​ 13​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​ជា​ហិរញ្ញប្បទាន​ដល់​ក្របខ័ណ្ឌ​ចម្រុះ​ដែល​រួមបញ្ចូល​ Enhanced​ Integrated​ Framework​ឬ EIF​ ដែល​នេះ​ជា​ការ​បង្ហាញ​យ៉ាង​សំខាន់​នូវ​ការ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ជា​ឧបករណ៍​អភិវឌ្ឍន៍​។

    ការសន្យា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ទៅកាន់​ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​នៅ​ឯអង្គការ​ពិគ្រោះ​យោបល់​ពិភពលោក​ សម្រាប់​ជំនួយ​ពាណិជ្ជកម្ម​សកល​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ដែល​សម្តេច​បាន​អំពាវនាវ​ សុំ​ឱ្យ​មានការ​គាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (Less​ Deverlopment​ Country​ ឬ LDC​) នៅពេល​ពួកគេ​ខិតខំ​លុបបំបាត់​ភាព​ក្រីក្រ​ និង​បង្កើន​ទ្រព្យសម្បត្តិ​ជាតិ​។

    យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​ ប្រទេស​អូស្ត្រាលី​ ដាណឺម៉ាក​ ហ្វាំងឡង់​ អាល្លឺម៉ង់​ ជប៉ុន​ និង​ស៊ុយអែត​ បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​ចំពោះ​ EIF​ ក្នុងអំឡុងពេល​ ពិនិត្យ​ឡើងវិញ​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​សកល​។

    លោកស្រី​ Cecilia​ Scharp​ នាយក​នៃ​អង្គការ​អន្តរជាតិ​ និង​ជំនួយ​ផ្នែក​គោលនយោបាយ​ នៅ​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរ​ជា​តិ​ស៊ុយ​អ៊ែ​ត(Sida​)បាន​ប្រកាស​អំពី​ការ​រួមចំណែក​ដល់​ EIF​ ចំនួន​ 5លាន​ 4សែ​នក្រូ​ណា​(ប្រាក់​ស៊ុយអែត​)ឬស្មើនឹង​ 5,4លាន​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​នេះ​នាំមក​នូវ​ចំនួន​សរុប​នៃ​ការ​គាំទ្រ​របស់​ស៊ុយ​អែ​ដដល់ទៅ​ 150លា​នក្រូ​ណា​សម្រាប់​ឆ្នាំ2017​-2022​។

    លោកស្រី​បាន​ថ្លែង​ថា​៖“ទាំងនេះ​ ទាក់ទង​ទៅ​នឹង​គុណភាព​ផលិតផល​ បទដ្ឋាន​ ស្តង់ដារ​ កម្រិត​នៃ​សមត្ថភាព​ប្រកួតប្រជែង​ សមត្ថភាព​ ស្ថាប័ន​ លទ្ធភាព​ចូល​ទីផ្សារ​ យុទ្ធសាស្ត្រ​ និង​គោលនយោបាយ​សមស្រប​។ ប្រទេស​ស៊ុយ​អ៊ែ​តមាន​មោទនភាព​ក្នុងនាម​ជា​ម្ចាស់​ជំនួយ​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ EIF​ ក្នុង​ការ​ជួយ​ដល់​បណ្តា​ប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុង​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​ជា​យន្តការ​សម្រាប់​ការ​អភិវឌ្ឍ​កំណើន​ និង​ការ​លុបបំបាត់​ភាព​ក្រីក្រ​”។

    EIF​ ធ្វើការងារ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ពាណិជ្ជកម្ម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​លទ្ធិប្រជាធិបតេយ្យ​ ស្ថាប័ន​អភិវឌ្ឍន៍​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក៏ដូចជា​គំនិត​ផ្តួចផ្តើម​ជំនួយ​ សម្រាប់​ពាណិជ្ជកម្ម​។ EIF​ ធ្វើការ​ចាប់ពី​តំបន់​អាហ្វ្រិក​ និង​អាមេរិក​ ទៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ដោយ​បាន​ជួយ​ដល់​ប្រទេស​ចំនួន​ 41​ ធ្វើស​មា​ហរ​ណកម្ម​ពាណិជ្ជកម្ម​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ខណៈ​ដែល​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​ជាមធ្យម​ 1,300សហគ្រាស​ និង​ស្ត្រី​ជាង​ 35.000នាក់​។

    ការចូលរួម​ក្នុង​ពាណិជ្ជកម្ម​សកល​ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយមាន​ឧបសគ្គ​ និង​ឧបសគ្គ​មួយចំនួន​ដែល​ត្រូវ​យកឈ្នះ​លើ​បណ្ដា​ប្រទេស​ក្រីក្រ​ដើម្បី​ចូល​ រួម​ប្រកបដោយ​អត្ថន័យ​ និង​សមភាព​នៅក្នុង​ពាណិជ្ជកម្ម​អន្ដរ​ជាតិ​។

    លោក​ Ratnakar​ Adhikari​ នាយក​ប្រតិបត្តិ​របស់​ EIF​ បាន​មានប្រសាសន៍​ថា​៖“ការ​ប្តេជ្ញា​ ចិត្ត​ ដែល​បាន​គ្រោងទុក​ទាំងនេះ​ពី​ម្ចាស់​ជំនួយ​របស់​យើង​នឹង​ជួយ​យ៉ាងច្រើន​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​កំពុងធ្វើការ​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ដ៏​លំបាក​ និង​នៅក្នុង​ការ​វិវឌ្ឍ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​ពិភពលោក​។ រយៈពេល​ 10ឆ្នាំ​ EIF​ បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ LDC​ ហើយ​យើង​បានឃើញ​ ភាព​ជោគជ័យ​ជា​បណ្តើរ​។ ប៉ុន្តែ​យើង​ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ហើយ​យើង​សង្ឃឹមថា​ អ្នកដទៃ​នឹង​ចូលរួម​ជាមួយ​ពួក​យើង​ ក្នុង​ការ​ដាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​កៅអី​អ្នកបើកបរ​សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា​”។

    យោង​តាម​សេចក្តី​ថ្លែងការណ៍​បានឱ្យ​ដឹង​ថា​ ការ​ប្តេជ្ញា​ចិត្ត​ថ្មី​ដែល​បាន​គ្រោងទុក​ គឺ​ដើម្បី​ EIF​ ធ្វើការ​ដោះស្រាយ​ដោយ​ផ្ទាល់​នូវ​កង្វះខាត​ពាណិជ្ជកម្ម​ របស់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ តាមរយៈ​វិធីសាស្ត្រ​រួម​ ដែល​ជា​ការស្រាវជ្រាវ​ផ្អែកលើ​ភ័ស្តុតាង​យុទ្ធសាស្ត្រ​ តាម​វិស័យ​ដែល​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ការសម្រប​សម្រួល​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឱ្យ​មានការ​ងារ​ដោយ​ផ្ទាល់​នៅនឹង​កន្លែង​។

    ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន​ 47​ នៅ​លើ​ពិភព​លោក​ មាន​ប្រជាជន​ច្រើនជាង​ 1,000លាន​នាក់​។ទោះ​យ៉ាងណាក៏ដោយ​ ទំហំ​រួម​របស់​ពួកគេ​នៃ​ពាណិជ្ជកម្ម​សកល​ គឺ​តិច​ជាង​ 1%។ នេះ​បើ​យោង​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ប្រជាជាតិ​ LDC​មាន​ភាព​ងាយ​រងគ្រោះ​ ដោយសារ​វិបត្តិ​ នៅ​ខាងក្រៅ​ដូចជា​ការប្រែប្រួល​តម្លៃ​ទំនិញ​ ខណៈ​ពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ របស់​ប្រជាជន​ម្នា​ក់ៗ​ស្ថិតនៅ​ក្រោម​អត្រា​ដែល​ចាំបាច់​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​ខ្លាំង​។

    សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“រដ្ឋាភិបាល​មានបំណង​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​មុន​នៅ​ឆ្នាំ2030​ និង​ស្រុក​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ជាង​ឆ្នាំ2050​។ ដើម្បី​សម្រេច​បាន​ ខ្ញុំ​សូម​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​បន្ត​គាំទ្រ​ដល់​ពួក​យើង​ និង​បណ្ដា​ប្រជាជាតិ​អភិវឌ្ឍន៍​ដទៃទៀត​ដើម្បី​ជួយ​យើង​បង្កើន​ការប្រកួត​ប្រជែង​របស់​យើង​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ថា​៖“នៅក្នុង​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ប្រទេស​ជាស​មា​ជិ​កគ្រប់​ប្រទេស​តែង​មានការ​ផ្លាស់​ប្តូរ​ទំនិញ​ទៅវិញទៅមក​ដោយ​ ដោយ​ស្មើភាព​ និង​ដោយ​ស្របច្បាប់​។ ទន្ទឹម​នឹង​នេះ​គេ​ក៏​ជួយ​អភិវឌ្ឍ​ដល់​ប្រទេស​ក្រីក្រ​មួយចំនួន​ដែរ​ដែល​ហៅថា​ ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ដូចជា​ប្រទេស​យើង​ ជាដើម​”។

    លោក​ឧកញ៉ា​ បាន​បន្ត​ទៀត​ថា​៖“ដូចជា​ប្រទេស​យើង​ កន្លងមក​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ដែល​ក្នុង​កម្រិត​នេះ​គេ​បាន​អញ្ជើញ​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​បទ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ប្រទេស​ គឺ​គេ​បាន​ទទួលស្គាល់​ថា​ យើង​មានការ​រីក​-ចម្រើន​ ហើយ​ជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ គឺ​គេ​បាន​ផ្តល់​ឱ្យ​ការ​អនុគ្រោះ​ពន្ធ​ ដូចជា​ EBA​ GSP​ ជាដើម​ ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​”។

    ឧកញ៉ា​ លឹម​ហេង​បាន​បញ្ជាក់​ទៀត​ថា​៖“ដូច្នេះ​ប្រទេស​ជាស​មា​ជិ​កត្រូវ​ទទួលផល​ប្រយោជន៍​ពីWTO​ យើង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅឡើយ​ យើង​ក៏បាន​អំពាវនាវ​សុំ​ឱ្យ​មានការ​គាំទ្រ​ ហើយ​សមាជិក​ WTO​ មួយចំនួន​ក៏បាន​សន្យា​ផ្តល់​ជំនួយ​ ដូចដែល​យើង​ឃើញ​ហើយ​ថា​ សហគមន៍​អឺរ៉ុប​ក៏​បាន​ជួយ​យើង​ចំនួន​ 10ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ 5ឆ្នាំទៅ​មុខ​ទៀតផង​ដែរ​៕