Author: ធឿន មករា

  • អេរិក ប៉ែនភារុន កូនខ្មែរ សញ្ជាតិអាមេរិកាំង ត្រូវជួបកីឡាករឥណ្ឌូនេស៊ី នៅលើទឹកដីហ្វីលីពីន

    អេរិក ប៉ែនភារុន កូនខ្មែរ សញ្ជាតិអាមេរិកាំង ត្រូវជួបកីឡាករឥណ្ឌូនេស៊ី នៅលើទឹកដីហ្វីលីពីន

    កាលពីការបញ្ជាក់ពីគណនីហ្វេសប៊ុករបស់កីឡាករ អេរិក ប៉ែនភារុន ម្ចាស់ខ្សែក្រវាត់ WBA Asia បានឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្រកួតនាចុងសប្តាហ៍នេះក្នុងប្រភេទទម្ងន់ធ្ងន់មួយនៅប្រទេសហ្វីលីពីន។កីឡាករ​ប្រដាល់​សកលខ្មែរ សញ្ជាតិ​អាមេរិក​ អេរិក ប៉ែនភារុន​ នឹង​ឡើង​ប្រកួត​ជា​លើក​ទី4 ​របស់​គេ​នៅ​ថ្ងៃ​ទី3​ ខែ​សីហា​ ឆ្នាំ​2019​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ជា​មួយ​អ្នក​លេង​កណ្ដាប់​ដៃ​មក​ពី​ឥណ្ឌូនេស៊ី​ David Koswara។គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះ​មានឪពុកម្តាយជាអ្នកខេត្តកំពត ក្រោយមកក៏ទៅរស់នៅសហរដ្ឋអាមេរិក ដែលចុងក្រោយកីឡាកររូបនេះបានមកហាត់ប្រដាល់នៅប្រទេសវៀតណាម ដោយប្រកួតមិនដែលចាញ់ឡើយជាមួយនឹងស្ថិតិការប្រកួត 3លើក ឈ្នះទាំង 3លើក​៕

  • ស៊ីហ្គេមឆ្នាំនេះ ធឿន ធារ៉ា នឹងបង្ហាញមុខនៅហ្វីលីពីនក្នុងវិញ្ញាសាប្រដាល់បុរាណ

    ស៊ីហ្គេមឆ្នាំនេះ ធឿន ធារ៉ា នឹងបង្ហាញមុខនៅហ្វីលីពីនក្នុងវិញ្ញាសាប្រដាល់បុរាណ

    ជើងខ្លាំងប្រដាល់​គុនខ្មែរ​ ធឿន​ ធារ៉ា​ នឹង​ត្រូវ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣30 ឆ្នាំ​2019​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ក្នុងប្រភេទកីឡាប្រដាល់បុរាណ។​ចំពោះកីឡាប្រដាល់បុរាណនេះ កាលពី SEA GAMES ឆ្នាំ2017 កម្ពុជាធ្វើបានយ៉ាងល្អ ដោយប្រកួតក្នុង 5វិញ្ញាសា ទទួលបានមេដាយមាស​ 1គ្រឿង មេដាយប្រាក់ 1គ្រឿង និងមេដាយសំរិទ្ធ 2គ្រឿង។គួរបញ្ជាក់ដែរថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើក​ទី30​ ឆ្នាំ​2019​ នឹងចាប់ផ្តើមនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2019 និង បិទបញ្ចប់ទៅវិញនៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2019៕

  • កាន់តែងាយស្រួល និងមានទំនុកចិត្តជាមួយនឹងបណ្ដាញ ការិយាល័យទូទាំងប្រទេស និងបច្ចេកវិទ្យាទំនើបរបស់ប្រាសាក់

    កាន់តែងាយស្រួល និងមានទំនុកចិត្តជាមួយនឹងបណ្ដាញ ការិយាល័យទូទាំងប្រទេស និងបច្ចេកវិទ្យាទំនើបរបស់ប្រាសាក់

    ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា កំពុងមានសម្ទុះខ្លាំងក្នុងទីផ្សារ ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុប្រកបដោយសក្តានុពលមួយនេះ កំពុងពង្រីកបណ្តាញការិយាល័យរបស់ខ្លួនជាច្រើនសាខាលើផ្ទៃប្រទេស។

    រហូតមកដល់បច្ចុប្បន្ននេះ ប្រាសាក់បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន។

    ក្រៅពីការផ្តល់ការបម្រើសេវានៅតាមសាខា ប្រាសាក់បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមទូរស័ព្ទដៃ និងកុំព្យូទ័របានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងទីកន្លែង។ ជាងនេះទៅទៀត អតិថិជនក៏អាចដកប្រាក់ និងចាត់ចែងសាច់ប្រាក់ជាមួយនឹងម៉ាស៊ីនអេធីអឹមប្រាសាក់បាន 24 ម៉ោងក្នុង 1 ថ្ងៃ 7 ថ្ងៃក្នុង 1 សប្តាហ៍ផងដែរ។

    លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានលើកឡើងថា ការផ្តល់ជម្រើសក្នុងការបម្រើសេវាច្រើនបែបនេះ និងការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលរបស់ប្រាសាក់គឺឆ្លើយតបតាមតម្រូវការអតិថិជន និងទៅឱ្យកាន់តែជិតអតិថិជនថែមទៀត។ ហើយនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រាសាក់ ក្នុងការបម្រើសេវាកម្មជូនអតិថិជនទាំងអស់ឱ្យកាន់តែប្រសើរឡើង និងកាន់តែងាយស្រួលឡើង ទាំងការផ្តល់កម្ចី ផ្តល់សេវាប្រាក់បញ្ញើសន្សំ ចាត់ចែងសាច់ប្រាក់​ ផ្ទេរប្រាក់ និងទូទាត់ផ្សេងៗ។

    លោកសូនីក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនិងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់។

    សូមបញ្ជាក់ថា ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​សេវា​អេ​ធី​អឹម​ ​ម៉ាស៊ីន​ឆូត​កាត​ ​​សេវា​ធនាគារ​ចល័ត និងសេវាបញ្ជាក់សមតុល្យគណនី​ ​ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ ​www.prasac.com.kh

  • ចង់បានសក់ស្រស់ស្អាតគួរធ្វើដូចម្តេចខ្លះ?

    ចង់បានសក់ស្រស់ស្អាតគួរធ្វើដូចម្តេចខ្លះ?

    គ្រប់គ្នា​សុទ្ធតែ​ចង់បាន​សក់​ដែល​មាន​សុខភាព​ល្អ​ វែង​ រលោង​ រលាស់​ស្អាត​ទាំងអស់​ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​ដែល​ភាព​ស្រស់​ស្អាត​នេះ​មិន​អាច​ផ្តល់​ឱ្យ​មនុស្ស​គ្រប់គ្នា​បានទេ​ ព្រោះថា​ បើ​មានត្រឹមតែ​ចិត្ត​ចង់បាន​ ប៉ុន្តែ​មិនព្រម​ព្យាយាម​អនុវត្ត​តាម​ការណែនាំ​ទេ​នោះ​ ក៏​ទុកដូចជា​គ្មានន័យ​អ្វី​ដែរ​។ ទំព័រ​នេះ​ ឡា​រ៉ែ​ន សូមជម្រាប​ថា​ សក់​ស្អាត​ ទន់​រលោង​ មាន​សំណើម​ ព្រមទាំង​រឹងមាំ​ដូច​បំណង​ ប្រសិនបើ​អ្នក​អនុវត្ត​តាម​ការណែនាំ​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖

    ចៀសវាង​របស់​ក្តៅ​ : វា​អាច​នឹង​ពិបាក​បន្តិច​សម្រាប់​អ្នក​ដែល​ត្រូវការ​លេង​ម៉ូដ​សក់​ជាប្រចាំ​ ប៉ុន្តែ​បើ​អាច​អ្នក​គួរតែ​កាត់បន្ថយ​ខ្លះទៅ​។ ប្រើ​ផលិតផល​ជំនួយ​សក់​មុននឹង​ក្រោយពេល​ធ្វើសក់​ ក៏​ជា​រឿង​មួយ​ដែល​អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ដូចគ្នា​ដែរ​។
    តម្រឹម​សក់​ : សក់​លាប​ពណ៌​ងាយ​នឹង​បែក​ចុង​ជាទីបំផុត​ ដូច្នេះ​អ្នក​គួរតែ​តម្រឹម​វា​ជា​រៀងរាល់​ខែ​ (ត្រឹមតែ​កន្លះ​អីុញ​ក៏បាន​ ប្រសិនបើ​អ្នក​បារម្ភ​ខ្លាច​ថា​វា​មិន​ងាយ​វែង​)។
    អប់​សក់​ : បន្ទាប់ពី​កក់សក់​រួច​ អ្នក​គួរតែ​បន្ថែម​ការ​ការពារ​ និង​ថែរក្សា​សក់​ ដោយ​ការ​អប់​សក់​ ព្រោះថា​ការ​អប់​សក់​ត្រូវ​បាន​គេ​ទុក​ថា​ ជា​វិធី​បន្ថែម​សំណើម​ និង​ភាព​ភ្លឺ​រលោង​ដល់​សក់​ និង​ជួយ​កាត់បន្ថយ​សក់​បែក​ចុង​ផង​ដែរ​។
    ប្រដាប់​ចងសក់​ : កុំ​ប្រើ​កៅស៊ូ​ ឬដង្កៀប​គាប​សក់​ដែល​តឹង​ខ្លាំងពេក​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​សក់​បាក់​ ឬដាច់​បាន​យ៉ាង​ងាយ​។
    ក្រាសសិតសក់​ : “ការប្រើ​ក្រាសសិតសក់​ធ្មេញ​រង្វើល​ នៅតែ​ល្អ​ជាង​ក្រាសសិតសក់​ធ្មេញ​ញឹក​ជានិច្ច​” សូម​ចងចាំ​ប្រយោគ​មួយ​ឃ្លា​នេះ​ទុក​ ហើយក៏​ត្រូវ​ធ្វើតាម​ផង​ដែរ​។
    ស្វែងរក​ផលិតផល​ដែល​ត្រូវ​នឹង​ប្រភេទ​សក់​ : មាន​ផលិតផល​ច្រើន​ប្រភេទ​ណាស់​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ ប៉ុន្តែ​មិនមែន​គ្រប់​ផលិតផល​ដែល​អ្នក​យក​មក​ប្រើ​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សក់​របស់​អ្នកនោះ​ទេ​ ដូច្នេះ​សូមកុំ​ភ្លេច​ជ្រើសរើស​ផលិតផល​ណា​ដែល​មានគុណ​ភាពល្អ​ ជាពិសេស​បំផុត​គឺ​វា​ស័ក្តិសម​ជាមួយ​សភាព​សក់​របស់​អ្នក​៕

  • ហេង ស្រី​ពេជ្រ ឡើង​កូដ​ការងារ​សម្តែង តែ​ត្អូញត្អែរ​រឿង​គូ​អនាគត

    ហេង ស្រី​ពេជ្រ ឡើង​កូដ​ការងារ​សម្តែង តែ​ត្អូញត្អែរ​រឿង​គូ​អនាគត

    តារា​សម្តែង​ដែល​លេចមុខ​ស្ទើរគ្រប់​រឿង​ជា​តួអង្គ​បែប​អ្នកមាន​ លោកស្រី​ លោកជំទាវ​ ព្រោះ​មានសាច់​ឈាម​ស័ក្តិសម​ សាច់​ទ្រ​លុត​ទ្រលន់​ ហេង​ ស្រីពេជ្រ​ កាន់តែ​លេចធ្លោ​នឹង​ការងារ​សិល្បៈ​ បន្ទាប់ពី​តារា​ស្រី​រូប​នេះ​ ទទួល​បាន​ឱកាស​សម្តែង​ជាច្រើន​បន្តបន្ទាប់​។ ទោះជាយ៉ាងណា​ នាង​នៅតែ​ប្រកាស​ថា​ មិន​មាន​បុរស​ណា​ម្នាក់​ ដែល​ធ្វើ​ឱ្យ​នាង​បាក់ចិត្ត​ស្រឡាញ់​នៅឡើយ​ទេ​។

    ដូច​ប្រិយមិត្ត​អ្នកអាន​បាន​ស្គាល់​ហើយ​ថា​ តារា​ស្រី​ ហេង​ ស្រីពេជ្រ​ នៅតែ​មានសន្ទុះ​ការងារ​ថ្មី​ៗនៅក្នុង​ទីផ្សារ​សម្តែង​ បើ​ទោះជា​នាង​ហែល​ការងារ​នេះ​យូរឆ្នាំ​បែប​ណា​ ក៏​គេ​នៅតែ​មើលឃើញ​ថា​ បណ្តា​ផលិតករ​តាម​ផលិត​កម្ម​ល្បី​ៗជាច្រើន​នៅតែ​ធ្វើការ​ទំនាក់ទំនង​យក​នាង​មក​ចូលរួម​សម្តែង​។ ជា​ការពិត​ណាស់​ អស់​រយៈពេល​ជាង​7ខែ​មក​ហើយ​នៅក្នុង​ឆ្នាំ2019នេះ​ តារា​បាន​សាច់​ប្រកបដោយ​ដើមទ្រូង​ធំ​ល្អ​ ហេង​ ស្រីពេជ្រ​ បាន​ចុះ​កុងត្រា​ថត​រឿង​ប៉ុន្មាន​រឿង​ដែរ​ ដោយ​នាង​បញ្ជាក់​ថា​ រវល់​ច្រើន​នឹង​ការងារ​សម្តែង​ស្ទើរ​រក​ពេលសម្រាក​គ្មាន​ ប៉ុន្តែ​ក៏​មិន​មាន​សល់​ធនធាន​អ្វី​ច្រើន​ដូច​គេ​ដែរ​ ព្រោះតែ​ត្រូវ​ចំណាយ​គ្រប់សព្វ​ និង​ត្រូវ​រ៉ាប់រង​ជួយ​គ្រួសារ​ផង​ដែរ​។ ស្រីពេជ្រ​ ដែល​តស៊ូ​ការងារ​ដើម្បី​គ្រួសារ​ ហើយក៏​ប្រាថ្នា​តែ​បុរស​ល្អមើល​ថែ​នោះ​បានឱ្យ​ដឹង​ថា​ នាង​ចង់​ងាក​មក​បន្ថែម​អាជីព​ជាពិធី​ការិនី​មួយទៀត​ បន្ទាប់ពី​ធ្វើ​កិច្ចការ​នេះ​បាន​ប៉ុន្មាន​ដង​។

    ទោះបីជា​ការងារ​សម្ដែង​ហាក់​ជោគជ័យ​ខ្លាំង​ក៏​ពិតមែន​ ក៏​តារា​ស្រី​រូប​នេះ​នៅតែ​ត្អូញត្អែរ​ថា​ នៅ​មិន​មាន​ស្នេហា​គ្រាន់​បាន​ផ្អែមល្ហែម​ដូច​គេ​សោះ​។នាង​ទទួលស្គាល់​ថា​ រហូតមកដល់​ពេលនេះ​ក៏​មាន​បុរស​ខ្លះ​ទាក់ទង​មក​ដែរ​ ប៉ុន្តែ​មិន​មាន​បុរស​ណា​ប្រាកដប្រជា​សោះ​ បាន​ត្រឹម​លេប​ខាយ​សម្តី​តែ​ប៉ុណ្ណោះ​។ នាង​ថា​ វ័យ​ក៏​កាន់តែ​ច្រើន​គួរសម​ មិត្ត​ភក្កិ​ គ្រួសារ​ក៏​សួរ​ច្រើន​អំពី​រឿង​គូ​អនាគត​ ប៉ុន្តែ​មិន​ដឹង​ថា​ឆ្លើយ​យ៉ាងម៉េច​ បាន​ត្រឹមតែ​អៀន​។ នាង​ថ្លែង​ថា​ ប្រហែលជា​គ្មាន​បុរស​ណា​ក្លាហាន​ ស្មោះស្ម័គ្រ​ និង​ព្រម​ទទួលយក​នាង​ យក​មក​ធ្វើជា​គូ​អនាគត​ពិតប្រាកដ​ទេ​មើលទៅ​។

    យ៉ាងណាមិញ​តារា​ស្រី​ដែល​ត្រូវប៉ាន់​តួ​ម្ដាយ​និង​តួ​លោកជំទាវ​រូប​នេះ​ បាន​អះអាង​ថា​ មិន​ខុស​អី​ពី​ក្តី​ប្រាថ្នា​របស់​នារី​ទូទៅ​នោះ​ទេ​ គឺ​សុំ​ឱ្យ​គេ​ស្រឡាញ់​នាង​ស្មោះ​ ពិតប្រាកដ​ ស្រឡាញ់​ក្រុម​គ្រួសារ​នាង​ និង​មាន​ចរិត​ថ្លៃថ្នូរ​ ឯទ្រព្យសម្បត្តិ​ ឬអ្វី​ផ្សេងទៀត​នោះ​ គឺជា​រឿង​ក្រោយ​ប៉ុណ្ណោះ​។ នាង​បន្ត​ថា​ មួយទៀត​ដែល​នាង​ចង់បាន​ដែរ​នោះ​ គឺ​សូមកុំ​ប្រកាន់​ថា​នាង​ ជា​អ្នក​សិល្បៈ​ ហើយ​បើក​សិទ្ធិ​សេរីភាព​ឱ្យ​នាង​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ សុំ​តែ​ស្រឡាញ់​នាង​ពិតប្រាកដ​ គឺ​បាន​ហើយ​៕

  • បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង ខណៈ​ការពង្រឹង​ទីផ្សារ​ត្រូវបាន​ជំរុញ

    បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង ខណៈ​ការពង្រឹង​ទីផ្សារ​ត្រូវបាន​ជំរុញ

    រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ចំនួន​បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​កម្ពុជា​ មានការ​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ ដោយមាន​បុព្វលាភ​ធានារ៉ាប់រង​ដុល​សរុប35​% ជាមធ្យម​ក្នុង1ឆ្នាំ​ ហើយ​រយៈពេល​ 5ឆ្នាំ​ចុង​ក្រោយនេះ​ កើនឡើង​ដល់​ 196,4លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​។

    លោកជំទាវ​ ងួន​ សុខា​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បញ្ជាក់​ថា​ បុព្វលាភ​ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​ កើនឡើង​ដល់260លាន​ដុល្លារ​នៅ​ចុងឆ្នាំ​នេះ​។ លោកជំទាវ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ជាមួយ​កំណើន​ទីផ្សារ​ក្នុង​ឆ្នាំ2018នេះ​ គ្រឹះស្ថាន​ធានារ៉ាប់រង​ទាំងអស់​បាន​បង្កើត​ការងារ​ពេញ​ម៉ោង​ 3ពាន់​កន្លែង​ និង​ការងារ​ក្រៅ​ម៉ោង​ 9ពាន់​កន្លែង​។

    ការ​លើកឡើង​បែបនេះ​ របស់​លោកជំទាវ​រដ្ឋលេខាធិការ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកជំទាវ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ “ទិវា​ធានារ៉ាប់រង​លើក​ទី1​” រៀបចំឡើង​កាល​ថ្ងៃទី25​ ខែកក្កដា​ ឆ្នាំ2019​ ក្រោម​ការចូលរួម​ពី​ឯកឧត្តម​អគ្គបណ្ឌិត​-សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជាច្រើន​ទៀត​។

    ឯកឧត្តម​ អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បានឱ្យ​ដឹង​ថា​៖ “ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ ដោយ​បានឃើញ​ថា​ វិស័យ​ធានារ៉ាប់រង​បាន​ និង​កំពុង​បន្ត​រីកចម្រើន​ទៅមុខ​គួរ​ជា​ទី​មោទ​នៈ​ជាមួយនឹង​ការ​បោះជំហាន​ទៅមុខ​ប្រកបដោយ​ភាពរឹងមាំ​។ នេះ​គឺ​ជា​សក្ខីកម្ម​មួយ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ទំនាក់ទំនង​នៃ​ការបែងចែក​ផ្លែផ្កា​នៃ​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​ជាតិ​ជាមួយ​ការ​អភិវឌ្ឍ​នៃ​វិស័យ​ធានារ៉ាប់រង​”។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​បាន​បញ្ជាក់​ថា​៖“វិស័យ​ធានារ៉ាប់រង​កំពុង​ក្លាយជា​សសរ​ស្តម្ភ​មួយ​ទៀត​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ហើយ​វិស័យ​នេះ​កំពុង​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​។ ជាក់ស្តែង​បុព្វលាភ​ធានារ៉ាប់រង​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលនិធិ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ​ ឬអាច​ជា​មូលនិធិ​វិនិយោគ​លើ​ទីផ្សារ​មូលធន​ និង​ការ​វិនិយោគ​ផ្សេងទៀត​ជាដើម​”។

    លោកជំទាវ​ ងួន​ សុខា​ បានឱ្យ​ដឹង​ដែរ​ថា​“ជាមួយ​កំណើន​នៃ​ការ​រីក​ធំធាត់​នៃ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នេះ​ក៏​ឃើញថា​ មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន​31ក្រុមហ៊ុន​ ដោយ​ក្នុង​នោះ​ 13ក្រុមហ៊ុន​ ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ 11ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ និង​ 7ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​។ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ដ​ចំនួន​1 ប្រតិបត្តិ​ករ​សុខភាព​ចំនួន3​ ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​ធានារ៉ាប់រង​ចំនួន3​ ក្រុមហ៊ុន​ជើងសា​ធានារ៉ាប់រង​ចំនួន16​ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ធានារ៉ាប់រង​ចំនួន22​”។

    លោកជំទាវ​បន្ថែម​ថា​ ក្រុមហ៊ុន​ទាំងអស់​មាន​គ្រប់​ប្រភេទ​ ទាំង​ក្រុមហ៊ុន​បរទេស100​% និង​ក្រុមហ៊ុន​ក្នុង​ស្រុក100​% និង​ក្រុមហ៊ុន​ចម្រុះ​។ ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​មានទ្រព្យ​សកម្ម​ 427,3លាន​ដុល្លារ​អាមេរិក​ និង​មូលនិធិ​ភា​គហ៊ុនិ​កចំនួន​ 243.9​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018​។

    លោកជំទាវ​ ងួន​ សុខា​ បញ្ជាក់​ថា​ សម្រាប់​ឆ្នាំ​2018​ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​បាន​ធានា​ហានិភ័យ​ (Sum​ Insured​) ចំនួន​ 218ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន​ 2.7លាន​ប័ណ្ណ​ ក្នុង​នោះ​ប័ណ្ណសន្យា​រ៉ាប់រង​ទូទៅ​ចំនួន​ 132ពាន់​ប័ណ្ណ​ ប័ណ្ណ​-សន្យា​រ៉ាប់រង​អាយុជីវិត​ 383ពាន់​ប័ណ្ណ​ និង​ 2.2លាន​ប័ណ្ណសន្យា​រ៉ាប់រង​ខ្នាត​តូច​។

    ក្នុង​ការធានា​ហានិភ័យ​ទាំងអស់​នេះ​ ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​រៀបចំ​បង្កើត​ផលិតផល​ធានារ៉ាប់រង​គ្រប់​ប្រភេទ​ សម្រាប់​អតិថិជន​មាន​ដូចជា​៖ ផលិតផល​ធានារ៉ាប់រង​លើ​ទ្រព្យសម្បត្តិ​ អគ្គិភ័យ​ ផលិតផល​ ​;ធានារ៉ាប់រង​វិស្វកម្ម​ ផលិតផល​ធានារ៉ាប់រង​ ការ​ដឹកជញ្ជូន​ទំនិញ​ ផលិតផល​ធានារ៉ាប់រង​យានយន្ត​ផលិតផល​ធានារ៉ាប់រង​សុខភាព​ ផលិតផល​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​មានកាល​កំណត់​ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​មួយ​ជីវិត​កាល​ជាដើម​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​បញ្ជាក់​ដែរ​ថា​៖“ទន្ទឹម​នេះ​វិស័យ​ធានារ៉ាប់រង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ភាពស៊ាំ​ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ បណ្តាល​មក​ពី​គ្រោះមហន្តរាយ​ ពិសេស​គ្រោះ​ធម្មជាតិ​ដែល​បណ្តាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ ​;សម្រាប់​តំបន់​ និង​ពិភពលោក​។ ប្រទេស​កម្ពុជា​ជាស​មា​ជិ​កស្ថាបនិក​របស់​គម្រោង​គ្រប់គ្រង​ គ្រោះ​មហ​ន្ដ​រាយ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ ដោយ​ប្រទេស​ជប៉ុន​ និង​ធនាគារពិភពលោក​”។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ថា​៖“ការរៀបចំ​កម្មវិធី​ “ទិវា​ធានារ៉ាប់រង​លើក​ទី1​”នេះ​ គឺជា​ការ​ផ្តួចផ្តើម​ថ្មី​មួយ​ដែល​បណ្តា​ប្រទេស​មួយចំនួន​ក៏​គេ​ធ្លាប់ធ្វើ​ដែរ​ ដើម្បី​ទាក់ទាញ​ទីផ្សារ​ធានារ៉ាប់រង​ ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ យើង​មាន​ធានារ៉ាប់រង​ យើង​មានការ​គ្រប់គ្រង​ច្បាស់លាស់​ និង​ផ្តល់​ទំនុកចិត្ត​ទៅដល់​ទីផ្សារ​ធានារ៉ាប់រង​ ពិសេស​ទៅដល់​ពលរដ្ឋ​ដែល​ចង់​ប្រើ​សេវា​ធានារ៉ាប់រង​”។

    លោក​ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ក្នុង​គោលបំណង​ដ៏​ពិសេស​នោះ​ គឺទី1​-ចង់​បញ្ជាក់​ថា​ ទីផ្សារ​ធានារ៉ាប់រង​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ថែបំប៉ន​។ ទី2​-គឺជា​អត្ថន័យ​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់​រួមគ្នា​ ដើម្បី​ផ្លាស់​ប្តូរ​យោបល់​គ្នា​ដាក់​តាំង​បង្ហាញ​ផលិតផល​ធានារ៉ាប់រង​ដែល​កន្លងមក​ពុំ​ដែល​បាន​ធ្វើ​រួមគ្នា​ទេ​ ដូច្នេះ​គឺ​ធ្វើ​ឱ្យ​ប្រជាជន​យល់​កាន់តែ​ច្បាស់​ដែល​យើង​ចង់​ធ្វើ​ឱ្យ​វិស័យ​ធានា​រ៉ា​បរ​ងនេះ​ត្រូវ​បាន​ទទួល​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​”។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុម​ហ៊ុន​ហ្វ័​រតេ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖“ខ្ញុំ​គិតថា​ក្នុង​ពេល​កន្លងមក​នេះ​ បើ​យើង​ថា​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​សេវា​ធានារ៉ាប់រង​នេះ​ឱ្យ​ទូលំទូលាយ​ពេក​ ក៏​មិន​មែនដែរ​ តែ​ការ​ទទួលយក​សេវា​នេះ​ គឺ​ឃើញថា​មាន​ការ​កើនឡើង​ ដោយសារតែ​ការប្រតិបត្តិ​ការ​កន្លងមក​របស់​វិស័យ​ធានារ៉ាប់រង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពីមុខ​របរ​ធានារ៉ាប់រង​ និង​ទីផ្សារ​របស់​វា​ ដែល​ជា​តឹកតាង​នោះ​ គឺ​យើង​ទទួល​បាន​កំណើន​បុព្វលាភ​ធានារ៉ាប់រង​នៅ​កម្ពុជា​មានការ​រីក​ធំធាត់​រហូតដល់​ជិត​ 200លាន​ដុល្លារ​ និង​បាន​ធ្វើការ​ព្យាករ​ថា​ នៅ​ដំណាច់ឆ្នាំ​ និង​កើន​ដល់​ 260លាន​ដុល្លារ​ ដែល​យើង​ឃើញថា​ ទីផ្សារ​ធានារ៉ាប់រង​យើង​មានការ​-រីកចម្រើន​ខ្លាំង​”៕

  • គយ​រកចំណូល​សរុប​បាន​ប្រមាណ​ជាង​ 5.9​ ទ្រី​លាន​រៀល​ក្នុង​ឆមាស​ទី1​ ឆ្នាំនេះ​

    គយ​រកចំណូល​សរុប​បាន​ប្រមាណ​ជាង​ 5.9​ ទ្រី​លាន​រៀល​ក្នុង​ឆមាស​ទី1​ ឆ្នាំនេះ​

    អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (អ.គ.រ​) មាន​ប្រារព្ធ​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​ប្រចាំឆមាស​ទី1​ ឆ្នាំ2019​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​បាន​បង្ហាញថា​ នៅក្នុង​ឆមាស​ទី1​ ឆ្នាំ2019​ ចំណូល​សរុប​មាន​ប្រមាណ​ជាង​ 5.9ទ្រី​លាន​រៀល​ កើនឡើង​ 25.5​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។

    ក្នុង​របាយការណ៍​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា​ សម្រាប់​ឆមាស​ទី1​ ឆ្នាំ​2019​ ចំណូល​សរុប​មាន​ប្រមាណ​ជាង​ 5.9ទ្រី​លាន​រៀល​(ប្រមាណ​ 1,475​ លាន​ដុល្លារ​អាមេរិក​) កើន​ឡើង​ 25.5​% (ប្រមាណ​ 300លាន​ដុល្លារ​អាមេរិក​)ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។

    លទ្ធផល​ចំណូល​នេះ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ជា​ 65​% នៃ​ផែនការ​ឆ្នាំ​ ដែល​កំណត់ដោយច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ2019​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំ​ខាន់​ៗដែល​ប្រមូល​ដោយ​គយ​ មាន​កំណើន​គួរ​ឱ្យុ​កត់សម្គាល់​ ក្នុង​នោះ​ពន្ធគយ​(ពន្ធ​នាំចូល​)មាន​កំណើន​ជាង​ 33.8​%, អាករ​ពិសេស​កើន​ 31.1​% និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​)កើន​ 28.6​%។

    គួរ​បញ្ជាក់​ថា​ មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗរួមមាន​៖ 1-យានយន្ត​ និង​គ្រឿងចក្រ​គ្រប​ដណ្តប់​ប្រមាណ​ជាង​ 52​%នៃ​ចំណូល​សរុប​។ 2-ប្រេងឥន្ធនៈ​ និង​ថាមពល​ប្រមាណ​ 17.1​% នៃ​ចំណូល​សរុប​ និង​ 3-ទំនិញ​ចម្រុះ​ និង​គ្រឿង​សំណង់​មាន​ប្រមាណ​ 29.5​%នៃ​ចំណូល​សរុប​។

    ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ អ.គ.រ​ ក៏​បានសម្រេច​នូវ​សមិទ្ធផល​នានា​ផ្សេងទៀត​ដូចជា​ការចូលរួម​កសាង​បទ​ប្ប​ញ្ញ្ត​ត្តិ​ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​គយ​ ការ​ធ្វើ​វិចារណ​កម្ម​អត្រាពន្ធគយ​លើ​ទំនិញ​មួយចំនួន​ ការ​ពង្រឹង​ការងារ​បង្ការ​ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ ការចូលរួម​ទប់ស្កាត់​ការ​លាង​សម្អាត​ប្រាក់​ និង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​គយ​ ដូចជា​ការអនុវត្ត​កម្រៃ​ផ្លូវការ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ អ.គ.រ​ ការកាត់បន្ថយ​កម្រៃ​ស្គែន​ និង​បរិមាណ​កុងតឺន័រ​ដែល​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ម៉ា​ស៊ីន​ស្គែន​ ការ​ផ្សព្វផ្សាយ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​(SMEs​) និង​ការជំរុញ​យ៉ាងសកម្ម​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ជរ​តែមួយ​របស់​ជាតិ​ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន​ ហើយ​បាន​ដាក់​ឱ្យ​អនុវត្ត​ជំហាន​ដំបូង​នៃ​ប្រព័ន្ធ​ទាំង​ 2នេះ​ចាប់ពី​ថ្ងៃទី1​ ខែ​កក្កដា​ ឆ្នាំ2019​ ជាដើម​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​នូវ​ចំណុច​សំ​ខាន់​ៗមួយចំនួន​ដែល​ “អគរ​” ត្រូវ​អនុវត្ត​ រួមមាន​៖ 1-ត្រូវ​បន្ត​ជំរុញ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​បន្ត​លើកកម្ពស់​អនុលោម​ភាព​វិស័យ​ឯកជន​។ 2-បន្ត​ពង្រឹង​យន្ដ​ការពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការអនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​។ 3-រៀបចំ​កសាង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ2020​ នៃ​ការងារ​គយ​ និង​រដ្ឋាករ​ ដោយ​ឈរ​លើ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​សម្រាប់​ឆ្នាំ2019​-2023​ ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ2019​។ 4-ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្រោម​ឱវាទ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លើ​យន្តការ​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​ទិន្នន័យ​ស្ថិតិ​ដោយ​ស្វ័យប្រវត្តិ​តាមមធ្យោបាយ​អេឡិចត្រូនិក​៕

  • U15 កម្ពុជា ធ្លាក់ចេញពីពាន U15 អាស៊ាន ក្រោយចាញ់ថៃ 4ទល់នឹង0

    U15 កម្ពុជា ធ្លាក់ចេញពីពាន U15 អាស៊ាន ក្រោយចាញ់ថៃ 4ទល់នឹង0

    កាលពីថ្ងៃទី1 ខែសីហា ឆ្នាំ2019  កម្ពុជាបានបន្តចាញ់ ថៃយ៉ាងដំណំក្នុងលទ្ធផល 0ទល់នឹង4 ក្នុងការប្រកួតពានរង្វាន់ AFF U15 Boy Championship 2019 នៅប្រទេសថៃ។ក្នុងវគ្គទី1 ក្រុមកម្ពុជាធ្វើបានយ៉ាងល្អ ដោយបានការពារទីរបស់ខ្លួនយ៉ាងល្អ តែមកភ្លាត់ស្នៀតនៅចុងវគ្គទី1 ដែលធ្វើឱ្យលទ្ធផលក្នុងវគ្គទី1 នេះ ក្រុមថៃបាននាំមុខ 1ទល់នឹង0។ ចូលមកដល់តង់ទី2 កម្ពុជាហាក់បាត់បង់ម្ចាស់ការនៅចុងម៉ោង ធ្វើឱ្យក្រុមថៃអាចរកគ្រាប់បាល់បានផ្ទួនៗ រហូតដល់ទៅ 3គ្រាប់ និងជាលទ្ធផល ក្រុមកម្ពុជាបានចាញ់ថៃដោយលទ្ធផល 0ទល់នឹង4។ គួររំឭកផងដែរថា កម្ពុជា​បានឆ្លងកាត់ 3ប្រកួត ចាញ់ទាំងអស់ និងលែងមានឳកាសឡើងទៅវគ្គបន្តហើយ តែនៅសល់ 2ប្រកួតទៀតជាមួយនឹងប្រ៊ុយណេ និងឡាវ៕

  • Erocham​ ផ្តល់​អនុសាសន៍​ពី​ការ​វិវឌ្ឍ​នៃ​វិស័យ​អចលនទ្រព្យ​

    Erocham​ ផ្តល់​អនុសាសន៍​ពី​ការ​វិវឌ្ឍ​នៃ​វិស័យ​អចលនទ្រព្យ​

    សភា​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា​ “EuroCham​ កម្ពុជា​” បាន​បញ្ចេញ​សៀវភៅ​ White​ Book​ ដែល​បញ្ជាក់​នូវ​ការ​ស្នើសុំ​បង្កើត​គោល​នយោបាយ​ផ្សេង​ៗ ក្នុង​គោល​ បំណង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទាក់​ ទាញ​ការ​វិនិយោគ​ពី​ទ្វីបអឺរ៉ុប​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

    នៅក្នុង​សៀវភៅ​ White​ Book​ បាន​បញ្ជាក់​ពី​ការ​ស្នើសុំ​មួយចំនួន​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ មានប្រសិទ្ធភាព​បន្ថែម​ទៀត​។ EuroCham​ បាន​ទទួលស្គាល់​ថា​ វិស័យ​អចលនទ្រព្យ​ និង​ការសាងសង់​ “គឺជា​វិស័យ​មួយ​ដែល​មានការ​អភិវឌ្ឍ​លឿន​បំផុត​នៅ​កម្ពុជា​ និង​ជា​ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​”។

    EuroCham​ បាន​និយាយ​ថា​ ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងតែ​មានទ្រព្យ​ធន​កាន់តែ​ច្រើន​ ក៏​នឹង​មាន​តម្រូវការ​យ៉ាងច្រើន​ផង​ដែរ​សម្រាប់​ការសាងសង់​លំនៅឋាន​ និង​អគារ​ពាណិជ្ជ​កម្ម​ថ្មី​ៗ ដែល​នឹង​រួម​វិភាគទាន​ត្រឡប់មកវិញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​វា​នឹង​ត្រូវការ​ “ការ​ត្រួតពិនិត្យ​និយតកម្ម​ និង​ការដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​កម្រិតខ្ពស់​”។

    នៅក្នុង​ការ​បោះពុម្ព​ផ្សាយ​នេះ​ ក៏បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ស្តង់​ដា​នៃ​ការវាស់វែង​ជាស​កល​ សម្រាប់​វិស័យ​អចលនទ្រព្យ​ ខណៈ​ពេល​ដែល​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ស្របតាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​ ដែល​នឹង​ជួយការ​ពារ​អតិថិជន​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុងករណី​ដែល​មាន​គម្រោង​វិបត្តិសេដ្ឋកិច្ច​។

    សៀវភៅ​ក៏បាន​និយាយ​ផង​ដែរ​ថា​ អ្នក​ពិគ្រោះ​យោបល់​ដែល​ជាប់ពាក់ព័ន្ធ​នៅក្នុង​គម្រោង​សាងសង់​នៅក្នុង​ប្រទេស​ គួរតែ​ត្រូវ​បាន​តម្រូវ​ឱ្យ​មានការ​ធានារ៉ាប់រង​ខាង​ការទទួលខុសត្រូវ​ស៊ីវិល​ជាចាំបាច់​ ហើយ​រដ្ឋាភិបាល​គួរតែ​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍន៍​ រៀបចំ​កន្លែង​ចត​រថយន្ត​ក្នុង​ខុន​ដូ​ជាឯក​តាឯក​ជន​ ខណៈ​ពេល​ដែល​អនុញ្ញាត​ឱ្យ​ចេញ​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ឯកជន​សម្រាប់​កន្លែង​ចត​រថយន្ត​។“នៅក្នុង​បរិបទ​នៃ​ការសាងសង់​ ក្រុមហ៊ុន​សំណង់​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​គួរតែ​ត្រូវ​មាន​មន្ត្រី​សុ​វត្តិភាព​របស់​ពួកគេ​ទទួលយក​សុវត្ថិភាព​ការងារ​ និង​ការ​បណ្តុះបណ្តាល​សុខភាព​ មុន​ពេល​ចាប់ផ្តើម​គម្រោង​ថ្មី​ ខណៈ​ពេល​ដែល​កំពុង​អនុវត្ត​បទប្បញ្ញត្តិ​ ដែល​តម្រូវ​ឱ្យ​មាន​សម្ភារ​សាងសង់​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​បានការ​ធ្វើតេស្ត​ធានា​គុណភាព​ឯករាជ្យ​មុន​ពេល​លក់​”។

    លោក​ Arnaud​ Darc​ ប្រធាន​ Eurocham​ បាន​ មានប្រសាសន៍​ថា​៖“កំណែទម្រង់​ទាំងនេះ​នឹង​ជួយ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​កម្ពុជា​ ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ដែល​ជំរុញ​ឱ្យ​មាន​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​កាន់តែ​ច្រើនឡើង​ទៅ​ និង​មក​ពី​អឺរ៉ុប​ និង​តំបន់​ផ្សេង​ៗទៀត​។ ​យើង​ជឿជាក់​ថា​ ការ​អនុម័ត​អនុសាសន៍​របស់​យើង​នឹង​ធានា​នូវ​ការ​ឆ្លើយតប​ដ៏​រឹងមាំ​ និង​ថាមវន្ត​ពី​វិស័យ​ឯកជន​ទៅ​នឹង​តម្រូវការ​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​”។

    ការ​ផ្ដល់​យោបល់​គោលនយោបាយ​សំខាន់​បំផុត​ របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ គឺ​គួរតែ​មានការ​អនុវត្ត​ ការ​ត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​បាន​តឹងរ៉ឹង​ទៅលើ​អ្នក​វិនិយោគ​។ “នៅក្នុង​គោលបំណង​ដើម្បី​ កាត់បន្ថយ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​។ ជាមួយនឹង​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ បណ្តា​ប្រទេស​ជាច្រើន​ត្រូវតែ​មាន​តម្រូវការ​ដើមទុន​ជា​អប្បបរមា​ ដែល​ត្រូវតែ​មានការ​ព្រមព្រៀង​គ្នា​មុន​ពេល​ដែល​លិខិត​អនុញ្ញាត​សាងសង់​ត្រូវ​បាន​ចេញផ្សាយ​សម្រាប់​គម្រោ​ងមួយ​។ អ្នក​វិនិយោគ​ត្រូវតែ​បង្ហាញ​ឱ្យ​ឃើញថា​ ដើមទុន​នេះ​ គឺ​ស្មើនឹង​ភាគរយ​ណាមួយ​ច្បាស់លាស់​នៃ​តម្លៃ​គម្រោង​ពិតប្រាកដ​“គម្រោង​កិច្ចការ​អ្នក​-អភិវឌ្ឍន៍​ដោយមាន​ដើមទុន​ចាប់ផ្តើម​មិន​គ្រប់គ្រាន់​ គឺ​ផ្តល់​ជា​ហានិភ័យ​ខ្ពស់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​បង្ក​ការ​រាលដាល​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​”។

    EuroCham​ បន្ត​ថា​៖“យើង​សូម​ណែនាំ​ដល់​រាជរដ្ឋាភិបាល​(កម្ពុជា​) ក្នុង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ ក្នុង​ការគ្រប់គ្រង​សារពើពន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដើម្បី​ជា​ការកំណត់​លក្ខខណ្ឌ​តម្រូវ​លើ​មូលធន​អប្បបរមា​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ និង​កំណត់​ដំណាក់កាល​មូលនិធិ​ ដែល​នឹងអាច​បញ្ចេញ​ទៅ​ក្នុង​គម្រោង​នីមួយ​”។

    EuroCham​ ចង់ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ភាព​ប្រថុយ​ប្រថាន​ផ្សេង​ៗ នៅ​លើ​វិស័យ​អចលនទ្រព្យ​ ដោយ​អះអាងបន្ថែម​ថា​៖ “យើង​ណែនាំ​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ពិភាក្សា​លើ​មធ្យោបាយ​ដែល​មានប្រសិទ្ធភាព​បំផុត​ក្នុង​ការគ្រប់គ្រង​ ដោយ​ដាក់កំណត់​លើ​រយៈពេល​ដែល​អចលនទ្រព្យ​មួយ​អាច​ត្រូវ​បាន​លក់​បន្ត​ ឬបន្ថែម​ពន្ធ​ទៅលើ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​លក់​បន្ត​ក្នុង​រយៈពេល​កំណត់​ណាមួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការទិញ​អចលន​ទ្រព្យ​តៗ​គ្នា​”។

    EuroCham​ ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​កំណត់​ស្តង់​ដា​ជាស​កល​ជា​ផ្លូវការ​នៃ​ការវាស់វែង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​កត់សម្គាល់​ថា​ ៖ “កង្វះ​នៃ​ស្ដ​ង់​ដា​ក្នុង​ការវាស់វែង​ អាច​បង្កើត​ជា​ការយល់​ច្រឡំ​ និង​ដោយ​ក្នុងករណី​អាក្រក់​បំផុត​ វា​ពិតជា​បង្កើត​ជា​ការអនុវត្ត​ដែល​មាន​ ការយល់​ច្រឡំ​ និង​ខុសឆ្គង​។ នៅ​ចុងក្រោយ​មានតែ​អ្នកទិញ​ទេ​ ដែល​ជា​អ្នក​ដែល​ខាតបង់​ដោយសារ​ភាព​មិន​ច្បាស់លាស់​នេះ​ ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​នៅក្នុង​ទីផ្សារ​នេះ​”។

    EuroCham​ ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ធានា​ឱ្យ​បានការ​អនុម័ត​ឱ្យ​មាន​ស្តង់ដារ​ការសាងសង់​ដោយមាន​សុវត្ថិភាព​ និង​គុណភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ បទដ្ឋាន​ ឬការពិចារណា​ត្រូវ​ធ្វើឡើង​ ដោយ​ប្រៀបធៀប​ទៅលើ​ស្តង់​ដា​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​ ដើម្បី​បង្កើត​ស្តង់ដារ​ថ្មី​សម្រាប់​វិនិយោគិន​ដើម្បី​បង្កើន​ការសម្រប​ខ្លួន​ និង​តម្លៃ​វិញ្ញាបនបត្រ​ ព្រមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទូទៅ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​តាម​ទូរស័ព្ទ​ថា​៖ “ការ​ផ្តល់​អនុសាសន៍​របស់​ EuroCham​ ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ជា​រឿង​ល្អ​មួយ​ វា​ជា​អនុសាសន៍​សម្រាប់​យើង​យក​មក​ពិចារណា​ ក្នុង​វិស័យ​អចលនទ្រព្យ​របស់​យើង​ តែ​ខ្ញុំ​សុំ​មិន​ផ្តល់​មតិ​ទៅលើ​អនុសាសន៍​របស់​គេ​ទេ​”។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖“ពាក់ព័ន្ធ​ក្នុង​រឿង​សំណង់​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ជាមួយ​នឹង​វិធានការ​ផ្លូវច្បាប់​មួយចំនួន​ ខ្ញុំ​គិតថា​ រដ្ឋាភិបាល​យើង​ គាត់​បាន​ធ្វើ​ជា​បណ្តើរ​ៗហើយ​ តាមរយៈ​មន្ត្រី​កាន់ការ​ងារ​ផ្ទាល់​។ ទី1​-យើង​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត​។ ទី2​-គ្រប់គ្រង​ភាព​អនាធិបតេយ្យ​ក្នុង​ការសាងសង់​អគារ​ជា​រឿង​ចាំបាច់​ និង​សំខាន់​។ រាជរដ្ឋាភិបាល​គួរតែ​ពង្រឹង​ និង​ពន្លឿន​ច្បាប់​ហ្នឹង​ឡើង​ ពេល​គេ​ស្នើសុំ​ យើង​ត្រូវតែ​មានការ​ទុក​ឱកាស​ឱ្យ​គាត់​អាច​មាន​ពេល​ ហើយ​ត្រូវ​ពន្លឿន​ពេលវេលា​ ឱ្យ​គាត់​អាច​សាងសង់​ទាន់ពេល​វេលា​ដែរ​។ ទី3​-នៅ​ពេល​ដែល​មានការ​សាងសង់​ គួរតែ​រៀបចំ​ឱ្យ​មាន​ការគ្រប់គ្រង​ហានិភ័យ​ តាមរយៈ​ការទិញ​ធានារ៉ាប់រង​ដើម្បី​នៅពេល​ដែល​ប្រឈម​នឹង​បញ្ហា​ គឺ​អាច​មាន​លទ្ធភាព​សំណង​សង​ទៅដល់​ជនរងគ្រោះ​ សង​ទៅ​ភាគី​អ្នក​ពាក់ព័ន្ធ​ និង​សំណង​ដល់​អ្នកជិតខាង​ផង​ដែរ​ថា​ តើ​ត្រូវ​សង​កម្រិត​បែប​ណា​? ព្រោះ​យើង​មានតែ​នៅក្នុង​ច្បាប់​ តែ​យើង​ចង់ឱ្យ​មានការ​ទទួលខុសត្រូវ​ទៅដល់​បុគ្គល​ដែល​មាន​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​បាន​”៕