Author: ធឿន មករា

  • រ៉ូបូ​តនឹង​ដណ្តើម​ការងារ​មនុស្ស​ប្រមាណ​ជា​ 20​លាន​កន្លែងនៅ​ឆ្នាំ2030​

    រ៉ូបូ​តនឹង​ដណ្តើម​ការងារ​មនុស្ស​ប្រមាណ​ជា​ 20​លាន​កន្លែងនៅ​ឆ្នាំ2030​

    បច្ចុប្បន្ន​នេះ​ នៅក្នុង​ចង្វាក់​ផលិតកម្ម​សំ​ខាន់​ៗបាន​ចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ឬrobot​ ជំនួស​មនុស្ស​ហើយ​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ ចំណាយ​តិច​ មិន​បារម្ភ​ពី​គ្រោះថ្នាក់​ មិន​ចេះ​រអ៊ូរទាំ​ និង​ធ្វើការងារ​បាន​ពេញ​ 24ម៉ោង​ រាល់ថ្ងៃ​ដោយ​គ្មាន​ការសម្រាក​។ បន្ថែម​ពីលើ​នេះ​ដោយសារតែ​វត្តមាន​នៃ​បញ្ញា​សិប្បនិម្មិត​ ឬAI​ បាន​ធ្វើ​ឱ្យ​គ្រឿងយន្ត​កាន់តែ​មាន​ភាព​ឆ្លាតវៃ​ ហើយ​មាន​សមត្ថភាព​អាច​ធ្វើការងារ​ជាច្រើន​ផ្សេងទៀត​ក្រៅពី​ការងារ​ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​នៅក្នុង​ពិភពលោក​។

    យោង​តាម​ការ​សិក្សា​ថ្មី​ៗនេះ​ដោយ​អ្នកសេដ្ឋកិច្ច​បាន​លើកឡើង​ថា​ នៅ​ឆ្នាំ2030​ គ្រឿងយន្ត​នឹង​ទាញ​យក​ការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​ប្រមាណ​ជាង​ 20លាន​ការងារ​។ តាម​ការ​សិក្សា​ថ្មី​ៗនេះ​ពី​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Oxford​ បានឱ្យ​ដឹង​ថា​ នៅ​រយៈពេល​ 11ឆ្នាំ​ទៀត​ គ្រាន់តែ​នៅ​ប្រទេស​ចិន​តែមួយ​ អាច​នឹង​ប្រើប្រាស់​ចំ​នួន​រ៉ូបូ​តដល់ទៅ​ជាង​14លាន​គ្រឿង​ ដើម្បី​ធ្វើការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​នានា​។ ក្រុម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ទាំងអស់​នោះ​បាន​បង្ហាញ​ពី​ចរន្ត​នៃ​ថ្ងៃ​អនាគត​ផង​ដែរ​ថា​ ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្មការ​ងារ​លើ​ពិភពលោក​នឹង​កើនឡើង​ 3ដង​ ហើយនឹង​បន្ត​កើនឡើង​បន្តបន្ទាប់​ទៀត​ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស​។

    ជា​លទ្ធផល​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ វា​នឹង​ធ្វើ​ឱ្យ​សក្តា​នុ​ពល​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ខ្លាំង​ ព្រោះ​ប្រសិទ្ធភាព​នៃ​ការផលិត​កើនឡើង​ តែ​ទន្ទឹម​នឹង​នេះ​ ប្រទេស​ក្រីក្រ​ដែល​មាន​ប្រជាជន​មាន​ចំណេះដឹង​ទាប​អាច​នឹង​ប៉ះពាល់​។ កម្មករ​ជំនាញ​តិច​នឹង​អស់​ការងារ​ ហើយ​ជំនួស​មកវិញ​នូវ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​ទាមទារ​ឱ្យ​មនុស្ស​ត្រូវ​បោះបង់​ការងារ​នោះ​ព្រោះ​អ្នក​វិនិយោគ​នឹង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ម៉ា​សុីន​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ចង្វាក់​ផលិតកម្ម​ដទៃ​បាន​លើ​ពិភពលោក​។ ការងារ​ដែល​ធ្វើ​ដដែល​ៗនឹង​ត្រូវ​បាត់បង់​ ព្រោះ​ការងារ​ទាំងអស់​នោះ​ត្រូវ​បាន​គេ​ចម្លង​ទៅជា​ប្រព័ន្ធ​មួយ​ដែល​ម៉ាស៊ីន​អាច​ធ្វើ​បាន​ដូចគ្នា​។

    ទោះជា​យ៉ាងនេះ​ក្តី​ ទន្ទឹម​នឹង​ក្តី​ព្រួយបារម្ភ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ដែល​អាច​នឹង​កើតមានឡើង​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​នេះ​ អ្នកជំនាញ​សំ​ខាន់​ៗក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ស្រប​ពេល​ដែល​អា​ជីព​ចាស់​ៗត្រូវ​បាត់បង់​អា​ជីព​ថ្មី​ៗក៏​នឹង​កើតឡើង​ដែរ​។ អ្វី​ដែល​រដ្ឋាភិបាល​ និង​ប្រជាជន​ត្រូវ​ធ្វើ​ គឺ​ផ្លាស់​ប្តូរ​ការអប់រំ​ បច្ចេកវិទ្យា​ និង​អភិវឌ្ឍន៍​សមត្ថភាព​ឱ្យ​ស្រប​ទៅ​នឹង​របត់​ទីផ្សារ​ជំនាន់​ថ្មី​។ទន្ទឹម​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ត្រូវ​បាន​គេ​អនុវត្ត​ ពិភពលោក​ក៏បាន​បង្កើត​ប្រព័ន្ធ​អប់រំ​ 4.0​ ដើម្បី​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ដើម្បី​ត្រៀមខ្លួន​ទុកជាមុន​ផង​ដែរ​។

    ប្រសិនបើ​ប្រទេស​ណា​អាច​បត់បែន​បាន​ជាមួយ​នឹង​ចរន្ត​ថ្មីនេះ​ នោះ​មានន័យថា​ គេ​នឹង​នៅតែ​មានឱកាស​ក្នុង​ការប្រកួត​ប្រជែង​កាន់តែ​ទូលំទូលាយ​ ហើយ​រក្សា​បាន​នូវ​លំនឹង​សម្រាប់​ទីផ្សារ​ការងារ​។ ស្ថានភាព​វិជ្ជមាន​នឹង​នៅតែ​កើតមានឡើង​ក្នុង​ទីផ្សារ​ការងារ​ គ្រាន់តែ​ទាមទារ​ឱ្យ​មនុស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ឱ្យ​បាន​កាន់តែ​ខ្លាំង​ឡើងលើ​ការ​អភិវឌ្ឍ​សមត្ថភាព​ ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ និង​ភាព​ជាក់លាក់​ខ្លាំង​ជាង​មុន​។ ប្រជាជន​គួរ​ចាប់​ផ្តើម​ផ្សាំុ​ខ្លួន​ និង​ចេះ​ទាញ​យក​ផលប្រយោជន៍​វិជ្ជមាន​ពី​បច្ចេកវិទ្យា​ដើម្បី​ទប់ស្កាត់​ជាមួយនឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​គ្រប់គ្រង​បាន​ ហើយ​អាច​គ្រប់គ្រង​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​។ អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​គិតពិចារណា​ ភាពជា​អ្នកដឹកនាំ​ ការបង្កើត​ថ្មី​ និង​ការដឹកនាំ​ការងារ​ជា​ក្រុម​ជាដើម​ ដើម្បី​ក្លាយជា​មនុស្ស​ដែល​ពិភពលោក​នៅតែ​ត្រូវការ​ ព្រោះ​ចំណេះដឹង​ទាំងអស់​នេះ​ម៉ាស៊ីន​មិន​អាច​ជំនួស​មនុស្ស​បាន​នោះ​ទេ​៕

  • Leaderland​ English​ Academy​ ជម្រើស​ថ្មី​ក្នុង​ការសិក្សា​ដែល​ផ្តល់​ជំនាញ​សំ​ខាន់​ៗ 4មុខ​ក្នុង​ពេល​តែមួយ​

    Leaderland​ English​ Academy​ ជម្រើស​ថ្មី​ក្នុង​ការសិក្សា​ដែល​ផ្តល់​ជំនាញ​សំ​ខាន់​ៗ 4មុខ​ក្នុង​ពេល​តែមួយ​

    ការ​ជ្រើសរើស​សាលា​សិក្សា​ផ្នែក​ភាសា​ ជា​រឿង​ចម្បង​មួយ​ដែល​អាណាព្យាបាល​ជាច្រើន​កំពុង​ពិចារណា​ ព្រោះ​គោលបំណង​សំខាន់​របស់​គាត់​ គឺ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​ថ្មី​ៗដែល​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​។ សាលារៀន​ Leaderland​ English​ Academy​ ជា​សាលាបង្រៀន​ភាសា​ដែល​ឆ្លើយតប​បាន​យ៉ាង​ល្អជា​មួយ​នឹង​តម្រូវការ​ និង​ក្តី​ប្រាថ្នា​របស់​អាណាព្យាបាល​គ្រប់រូប​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ ក្នុងចំណោម​សាលា​ភា​សា​ល្អ​ៗទាំងអស់​នៅ​កម្ពុជា​ Leaderland​ English​ Academy​ អាច​ជា​ជម្រើស​ថ្មី​មួយ​ដែល​អាច​ផ្តល់​ឱ្យ​នូវ​ចំណេះដឹង​សំ​ខាន់​ៗចំនួន​ 4មុខ​ ក្នុង​ពេល​តែមួយ​ គឺ​ចំណេះដឹង​ផ្នែក​ភាសា​ច្បាស់លាស់​ ចំណេះដឹង​ផ្នែក​សហគ្រិនភាព​ ចំណេះដឹង​ភាពជា​អ្នកដឹកនាំ​ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​។ ការ​បញ្ចូល​គ្នា​នូវ​កញ្ចប់​បណ្តុះបណ្តាល​ទាំងអស់​នេះ​ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ភ្ជាប់​ការ​បណ្តុះបណ្តាល​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​ផង​ និង​អនុវត្ត​ផង​ជាមួយគ្នា​ ដើម្បី​បង្កើត​ជា​ប្រភេទ​នៃ​ការអប់រំ​ថ្មី​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​ចេះ​ទាំង​ភាសា​ មាន​ជំនាញ​ជា​សហគ្រិនភាព​ មាន​ភាពជា​អ្នកដឹកនាំ​ និង​មាន​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ពេល​តែមួយ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖“យើង​ផ្តល់​ជូន​កម្មវិធី​ទាំងអស់​នេះ​ ដោយសារតែ​យើង​មើល​ឃើញថា​ ការសិក្សា​តែ​ផ្នែក​ភាសា​ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សិស្ស​ក្លាយជា​មនុស្ស​ខ្លាំង​ និង​មាន​សមត្ថភាព​ខ្ពស់​ម្នាក់​។ ហេតុនេះ​ការ​ផ្តល់​ជម្រើស​ថ្មីនេះ​ អាច​ជា​គំនិតល្អ​មួយ​សម្រាប់​អាណាព្យាបាល​ក្នុង​ការពិចារណា​ ដើម្បី​ជួ​យកូនៗ​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​ពិតប្រាកដ​ទាំង​ចំណេះដឹង​ អាកប្ប​កិរិយា​ អត្តចរិត​ និង​ផ្នត់គំនិត​សម្រាប់​សតវត្សរ៍​ទី21នេះ​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ យើង​នឹង​ធ្វើការ​អប់រំ​សិស្សរបស់​យើង​ដោយ​គ្រូ​ល្អ​ៗខាង​ផ្នែក​ភាសា​ដែល​មាន​បទ​ពិសោធ​ច្បាស់លាស់​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​បាន​សិក្សា​ផ្ទាល់​ជាមួយ​គ្រូ​ជនជាតិ​ដើម​ និង​ជាមួយ​កម្មវិធី​សិក្សា​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​។ ក្រៅពី​នេះ​ សាលា​ក៏​មាន​វគ្គ​សិក្សា​ផ្នែក​សហគ្រិនភាព​ ដោយមាន​នៅក្នុង​កម្មវិធី​សិក្សា​ផង​ និង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​បុគ្គល​សំ​ខាន់​ៗនៅក្នុង​សាលសន្និសីទ​របស់​សាលា​ផ្ទាល់​ផង​។ លោក​បន្ថែម​ថា​ មាន​អ្នក​ជំនួញ​ធំៗ​ ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​ រួម​ទាំង​ស្ថាបនិក​ផលិតផល​ប្រកប​ដោយ​គុណ​តម្លៃ​ជាច្រើន​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យមក​ចែករំលែក​ និង​ជួប​ជាមួយ​សិស្ស​ផ្ទាល់​ដើម្បី​ឱ្យ​សិស្ស​កាន់​យល់ដឹង​ពី​សហគ្រិនភាព​ ដោយ​ជួប​ជាមួយ​អ្នក​អនុ​វត្ត​ផ្ទាល់​ៗតែម្តង​។ ក្រៅពី​នេះ​ យើង​ក៏​មាន​រៀបចំ​កម្មសិក្សា​ទៅកាន់​ស្ថាប័ន​ធំៗ​នៅក្នុង​ប្រទេស​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស​បាន​ស្វែងយល់​ពី​វិធីសាស្ត្រ​ធ្វើ​ការងារ​ រួម​ទាំង​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​អាជីវកម្ម​បែប​ស្តង់​ដា​ទាំងអស់​នោះ​ផង​ដែរ​។

    បន្ថែម​ពីលើ​នេះ​ លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​លើកឡើង​ថា​ ចំពោះ​ជំនាញ​ភាពជា​អ្នកដឹកនាំ​វិញ​ យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​តាមរយៈ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7យ៉ាង​របស់​បុគ្គល​មានប្រសិទ្ធភាព​ខ្ពស់​ រួម​ទាំង​កម្ម​វិ​ធី​ល្បី​ៗជាច្រើន​ផ្សេង​ទៀត​។ លើស​ពីនេះ​ទៅទៀត​ សិស្ស​ក៏​មាន​លំហាត់​ និង​មេរៀន​ជាច្រើន​ដែល​ទាមទារ​ឱ្យធ្វើ​ការងារ​ជា​ក្រុម​ ធ្វើ​បទ​បង្ហាញ​ និង​ដឹកនាំ​សកម្មភាព​មួយចំនួន​ដើម្បី​ផ្សាំុ​ខ្លួន​ បណ្តុះ​ភាពជា​អ្នកដឹកនាំ​ឱ្យ​បាន​រួចរាល់​ មុន​ពេល​ចាប់ផ្តើម​អាជីព​ការងារ​ពិតប្រាកដ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​។ ចំណែក​ឯបច្ចេកវិទ្យា​វិញ​ ក៏​ជាផ្នែក​ពិសេស​មួយ​ដែរ​ដែល​សាលា​ផ្តល់​ជូន​ ព្រោះ​លោក​មើល​ឃើញថា​ អនាគត​ទៅ​ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ នេះ​ បច្ចេកវិទ្យា​ ជាផ្នែក​សំខាន់​ដែល​សិស្ស​ចាំបាច់​ត្រូវតែ​ចេះ​ដើម្បី​ទាញ​យក​ការងារ​ និង​អាច​ប្រកួតប្រជែង​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ ហេតុនេះ​ហើយ​ទើប​សាលា​បំពាក់​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗដូចជា​កុំព្យូទ័រ​ ទូរទស្សន៍​ឆ្លាតវៃ​ ក្តារខៀន​ឆ្លាតវៃ​ រួម​ទាំង​ការ​ប្រើប្រាស់​កម្ម​វី​ធី​ Virtual​ Reality​ (VR​) និង​ AR​ (Argument​ Reality​) ដើម្បី​ឱ្យ​សិស្ស​ស្គាល់​ និង​សិក្សា​ដោយ​ផ្ទាល់​ជាមួយ​បច្ចេក​វិទ្យា​ទំនើប​ៗទាំងអស់​នេះ​។

    សាលា​ភាសាអង់គ្លេស​ Leaderland​ English​ Academy​ គឺជា​សាលារៀន​ដែល​ទំនើប​ឈានមុខ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​នាំ​យក​មក​នូវ​ការ​បង្រៀន​ បែប​បច្ចេកវិទ្យា​សម័យ​ទំនើប​ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​បំពាក់​លើ​ភ្នែក​ ដែល​មានឈ្មោះ​ថា​ Virtual​ Reality​ (VR​) ជាច្រើន​គ្រឿង​ ពី​ក្រុមហ៊ុន​ SilV​Rgrow​ TECHNOLOGY​ PTE​ LTD​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ អប់រំ​ឈានមុខ​គេ​ ដែល​មាន​ឧបករណ៍​សម្រាប់​បច្ចេកវិទ្យា​ VR​ និង​ AR​។ ដោយមាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី​ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ការសិក្សា​ថ្មី​ ដល់​សាលារៀន​កម្រិត​បឋម​ និង​មធ្យមសិក្សា​នៅ​អាស៊ី​អាគ្នេយ៍​ ហើយ​បច្ចុប្បន្ន​នេះ​ មាន​ប្រទេស​ជឿនលឿន​ និង​កំពុង​អភិវឌ្ឍន៍​ជាច្រើន​នៅ​លើ​ពិភពលោក​ កំពុងតែ​ដាក់​ដំណើរការ​បច្ចេកវិទ្យា​ VR​ មួយ​នេះ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ គឺ​នៅ​សាលា​ភាសាអង់គ្លេស​ លី​ដឺ​លែន​ នេះ​ផ្ទាល់​តែម្តង​។

    សាលា​ភាសា​ លី​ដឺ​លែន​ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ និង​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ9​ ផ្លូវ​លេខ362​ ភូមិ​ដើម​ម៉ា​ក់​ក្លឿ​ សង្កាត់​ច្បារអំពៅ1​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ វគ្គ​សិក្សា​ថ្មី​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី1​ ខែសីហា​ ឆ្នាំ2019​។កម្មវិធី​បង្រៀន​ភាសាអង់គ្លេស​ របស់​សាលា​ភាសា​ លី​ដឺ​លែន​ រួមមាន​៖ 1៖ General​ English​ Program​ 2៖ English​ for​ Academic​ Purposes​ 3៖ English​ for​ Business​ និង​ 4៖ TOEFL​ / IELTS​ Preparation​៕

  • តោះលេងម៉ូដសក់រួញមានមន្តស្នេហ៍ម្តងមើល៎

    តោះលេងម៉ូដសក់រួញមានមន្តស្នេហ៍ម្តងមើល៎

    នៅក្នុង​ទំព័រ​ម៉ូដ​សក់​របស់​ទស្សនាវដ្តី​ ឡា​រ៉ែ​ន លេខ​នេះ​សូម​យកចិត្ត​នា​រីៗ​យើង​ដែល​ស្រឡាញ់​ និង​ចូលចិត្ត​ម៉ូដ​សក់អ៊ុត​រួញ​ ឬការ​លេង​ម៉ូដ​សក់​រួញ​ម្តង​។ សូម​ក្រឡេក​មើល​ម៉ូដ​សក់រួញ​នៅក្នុង​ទំព័រ​នេះ​ ពិតជា​ស្រស់​ស្អាត​ និង​ជួយ​ឱ្យ​អ្នកទទួល​បាន​នូវ​មន្ត​ស្នេហ៍​មិន​តិច​ទេ​ មើលចុះ​សក់​រួមមាន​ទៅ​អន់​អី​ អាច​លេង​ម៉ូដ​សក់​បាន​ជាច្រើន​ម៉ូដ​ ចង​ក៏បាន​ ទម្លាក់​ពាក់កណ្តាល​ក៏បាន​ ទម្លាក់​រំសាយ​ក៏បាន​ ផ្លុំ​ម៉ូដ​បន្ថែម​ក៏បាន​ គឺ​ពិតជា​ស្អាត​ខ្លាំង​ណាស់​ អាច​លេង​ម៉ូដ​សម្រាប់​ដំណើរ​កម្សាន្ត​ក៏បាន​ ទៅ​ធ្វើការ​តាមធម្មតា​ក៏បាន​ ឬក៏​ទៅ​ចូល​រួម​នៅក្នុង​កម្មវិធី​តូច​ធំ​ផ្សេង​ៗក៏បាន​ គឺ​ស្អាត​ពេញចិត្ត​តែម្តង​ ហើយ​បើ​នា​រីៗ​ដែល​មាន​ទម្រង់​មុខ​ពងក្រពើ​ ឬរាង​តូច​វិញ​គឺ​កាន់តែ​ស្អាត​ និង​សមនឹង​មុខ​របស់​អ្នក​តែម្តង​។ សក់​រួច​ស្អា​តៗ​! ស្អាត​ពេញចិត្ត​គ្រប់គ្នា​៕

  • សមាគម​ធនាគារ​នៅ​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​ Visa’s​ EMV​® Chip​ Standards​ ដើម្បី​ធានា​សុវត្ថិភាព​ នៃ​ប្រតិបត្តិ​ការ​ក្នុង​ស្រុក​

    សមាគម​ធនាគារ​នៅ​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​ Visa’s​ EMV​® Chip​ Standards​ ដើម្បី​ធានា​សុវត្ថិភាព​ នៃ​ប្រតិបត្តិ​ការ​ក្នុង​ស្រុក​

    រាជធានីភ្នំពេញ, ថ្ងៃទីពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ – សមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេ នៅក្នុងពិភពលោក​ និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip[1] ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។

    កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា អាចប្រើប្រាស់ជាមួយនឹងស្តង់ដារបន្ទះឈីបសុវត្ថិភាព Visa’s EMV® និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារអេស៊ីលីដា សម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុក កាតម៉ាស៊ីនអេធីអឹម និងនៅកន្លែងលក់ដូរផ្សេងៗ ដើម្បីធានាបានថាពួកគេនឹងទទួលបាននូវស្តង់ដារឈីបដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា “នៅពេលបញ្ចប់ការផ្លាស់ប្តូរ  ធនាគារ និងធុរកិច្ចក្នុងស្រុកនឹងទទួលបានការការពារយ៉ាងខ្ពស់ប្រឆាំងនឹងការក្លែងបន្លំ ហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពានទិន្នន័យតទៅទៀតដែរ។ តាមរយៈការទទួលយក  Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់   សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ។”

    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “អ្នកកាន់តែមានជំនឿចិត្តនូវគ្រប់ប្រតិបត្តិការទាំងអស់។ ដោយសារការទូទាត់តាមរយៈឌីជីថលមានការរីកចម្រើននៅក្នុងប្រទេស យើងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជន     កម្ពុជា នៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដាក់ឲ្យមានការប្រើប្រាស់ Visa’s EMV chip standards  សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើការរួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពអោយខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។”

    ចំពោះកាត EMV មានបង្កប់នូវ microprocessor ដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ ដំណោះស្រាយឈានមុខនៃការប្រឆាំងនឹងការក្លែងបន្លំនេះ  ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាត magnetic stripe ពីមុនមិនមាន។

    លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ នៃធនាគារជាតិនៃកម្ពុជា

    លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១នៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ”យើងសូមសរសើរដល់ ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការសហការរបស់ពួកគេក្នុងការពង្រឹងសន្តិសុខក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជាដែលឈរលើហេដ្ឋារចនាសម្ពន្ធ័ទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះគឺជាជំហានសំខាន់ក្នុងការសម្រេចនូវចក្ខុវិស័យនេះ”។

    ប្រទេសកម្ពុជាបន្តទទួលបានកំណើនយ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថល ហើយក៏មានការកើនឡើងនូវចំណង់ចំណូលចិត្តក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ ដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត ឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាពកើនឡើង ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ[2] ខាងមុខនេះ។

    លើសពីនេះទៀតដើម្បីជួយដល់ធនាគារក្នុងស្រុកជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែងតែបន្តការអភិវឌ្ឍយុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃប្រឌិត។ ក្នុងនោះផងដែរ វាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជនពីការគំរាមកំហែង ហើយភាពជាដៃគូនេះហើយដែលអនុញ្ញាតឱ្យក្រុមហ៊ុន វីសា បង្កើតនូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានណែនាំដោយបច្ចេកវិទ្យាច្នៃប្រឌិត ដូចជា  EMV chip នេះ។

    ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាណិជ្ជកម្មរបស់ខ្លួនបានវិនិយោគជាប្រចាំនៅលើការរីកចម្រើនលើការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ហើយនេះបានរួមបញ្ចូលទាំងផលិតនិងការប្រើប្រាស់កាតបន្ថែម ការអប់រំដល់អ្នកប្រើប្រាស់និងអាជីវកលើអត្ថប្រយោជន៍នៃការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងការណែនាំអំពីការ ច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជាការទូទាត់តាមរយៈការស្កេន QR កូដជាដើម។

    បន្ទះឈីបស្តង់ដារ EMV ជាស្តង់ដារឧស្សាហកម្មជាសកលសម្រាប់ប្រតិបត្តិការទូទាត់ដ៏មានសុវត្ថិភាពត្រូវបានបង្កើតឡើងដោយ EMVCo ដែលជាកម្មសិទ្ធិរួមគ្នារបស់ American Express, Discover, JCB, MasterCard, UnionPay និង Visa ។

    ###

    អំពីសមាគមធនាគារនៅកម្ពុជា(ABC)

    សមាគមធនាគារនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ ABC ត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី។ ABC បានក្លាយជាសមាជិកទី៨ នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ១៩៩៩។ ABC ត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹងមាត្រា នានាដែលត្រូវបានអនុម័តនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០០១ ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែតុលាឆ្នាំ ២០០១។ ទីបំផុតនៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១២ ABC បានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។

    សមាគម មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ។ អេប៊ីស៊ី បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ ដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាព និងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

    បច្ចុប្បន្ន ABC មានសមាជិកចំនួន ៦៥ រួមមានធនាគារពាណិជ្ជកម្មចំនួន ៤៥ ធនាគារឯកទេសចំនួន ១៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១ (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។

    អំពីក្រុមហ៊ុនVisa
    Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

    ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ usa.visa.com/aboutvisa, visacorporate.tumblr.com​ និង @VisaNews.

    អំពីធនាគារអេស៊ីលីដាភីអិលស៊ី

    សព្វថ្ងៃធនាគារអេស៊ីលីដាភីអិលស៊ី កំពុងផ្តល់ជូនសេវាកម្មធនាគារអេឡិចត្រូនិក ឥណទាន ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ ការប្តូរប្រាក់ និងសេវាកម្មធនាគារជាច្រើនទៀត។ លើសពីនេះទៅទៀតធនាគារមានអេស៊ីលីដាយូនីធី ទាន់ចិត្ត ដែលជាកម្មវិធី FinTech ដំណើរការលើស្មាតហ្វូន អាចឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ស្ទើរតែគ្រប់ប្រភេទទាំងអស់នៃទូរស័ព្ទដៃឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធ iOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្ត។ អ្នកអាចប្រើប្រាស់លើទូរស័ព្ទចល័តគ្រប់ប្រភេទ សម្រាប់ការផ្ទេរប្រាក់តាមរយៈសេវាកម្មនេះ ។

    ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ ដែលត្រូវបានគេស្គាល់ថាអេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ធនាគារអេស៊ីលីដាឡាវ អិលធីឌី និងអេស៊ីលីដា អឹមអេហ្វអាយ ខូអិលធីឌីដែលមានការិយាល័យតំណាងនៅប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ធនាគារអេស៊ីលីដាភីអិលស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៦,០៨ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៧០ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,១៥ ប៊ីលានដុល្លារ។

    សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖ www.acledabank.com.kh

    ព័ត៌មានបន្ថែម សូមទាក់ទងមក:

    For further media information, please contact:

    ABC:

    Sochinda CHAN (Ms.), Head of Regional Relationships

    Email: [email protected]

    Mobile:                +855 93 807 338

    Desk Phone:       +855 23 230 611

    ACLEDA Bank Plc.:

    Mr. Phal Sokchamreoun,

    VP & Deputy Head of Marketing Division

    E-mail: [email protected]

    Mobile: +855 15 800 903

     

    Visa

    Trang Nguyen

    Visa Worldwide Pte. Limited

    Phone: +84 28 3520 7439

    Email: [email protected]

     

     

    Sovannary Kry

    Red Dot, on behalf of Visa Inc.

    Phone: +855 11 733 368

    Email: [email protected]

    [1] EMV® is a registered trademark or trademark of EMVCo LLC in the United States and other countries

    [2] The Visa Consumer Payment Attitudes Study 2018 was conducted by Intuit Research on behalf of Visa in August 2018. The research was conducted amongst 4,000 consumers in Indonesia, Malaysia, Philippines, Singapore, Thailand, Vietnam, Myanmar, and Cambodia.

    លោក Chris Clark ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន វីសា
    ប៊ុន យីន អនុប្រធានសមាគមធនាគារនៅម្ពុជា
  • គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    ការ​ផ្លាស់​ប្តូរ​ប្រែប្រួល​របស់​ស្រ្តី​មានគភ៌​ថ្មោងថ្មី​ដែល​មើលឃើញ​ច្បាស់​នោះ​គឺ​ រូបរាង​ដែល​ចេះតែ​រីក​ធំឡើង​ជា​រៀងរាល់​ខែ​ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ទើបតែ​តាំង​គភ៌​ជាលើកដំបូង​លែង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ រួម​ទាំង​ផ្ទៃមុខ​ សាច់​ស្បែក​របស់​ខ្លួន​ក៏អាច​នឹង​ប្រែប្រួល​ទៅតាម​នោះ​ដែរ​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ អ្នកមាន​គភ៌​លើកដំបូង​អាច​មិនសូវ​មានទំនុក​ចិត្ត​លើ​ផលិតផល​គ្រឿងសម្អាង​ដែល​កំពុង​ប្រើ​នោះ​ថា​ តើ​វា​មាន​សុវត្ថិភាព​ចំពោះ​កូនសម្លាញ់​ដែល​នៅក្នុង​ផ្ទៃ​ ឬក៏​អត់​? ​ដូច្នេះ​ថ្ងៃនេះ​យើង​នាំគ្នា​មក​មើល​ទាំងអស់គ្នា​ថា​ តើ​ផលិតផល​ថែរក្សា​សម្ផស្ស​ណាខ្លះ​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ខណៈ​មានគភ៌​។

    1. គ្រី​មថែបំប៉ន​ស្បែក​មិន​គួរ​ប្រើ​គ្រឿងសម្អាង​ដែល​ស្ថិត​ក្នុង​ក្រុម​ Whitening​ និង​ផលិតផល​បំបាត់​មុន​ ស្នាម​អុច​ ស្នាម​ជាំ​ខ្មៅ​ផ្សេង​ៗ និង​ដែល​មាន​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ Retinol​ ឬអាស៊ីត​វីតាមីន​ A ដោយសារតែ​វា​អាច​ជ្រាបចូល​ទៅ​ក្នុង​ក្រសែ​ឈាម​ និង​អាច​បណ្តាល​ឱ្យ​ទារក​នៅក្នុង​គភ៌​រលូត​ ឬពិការ​បាន​ តែ​ពពួក​គ្រី​មកា​រពារ​កម្តៅថ្ងៃ​អាច​នៅ​ប្រើ​បាន​។

    2. ថ្នាំ​ព្យាបាល​មុន​ព្រោះ​ការ​ព្យាបាល​មុននឹង​មាន​សារធាតុ​ Roaccutane​ ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ខ្ពស់​ ទើប​ចាំបាច់​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ពេទ្យ​យ៉ាង​តឹង​រឹង​ និង​ហាម​ប្រើប្រាស់​នៅ​លើ​ស្ត្រី​មានគភ៌​ ដោយសារតែ​ថ្នាំ​មួយ​នេះ​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​គភ៌​ និង​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ប្រមាណ​ជា​ 1-2 ខែ​ជាមុន​សិន​ ទើប​អាច​មានគភ៌​បាន​។

    3. ការ​ជ្រលក់​ពណ៌​សក់​ លាប​ពណ៌​សក់​ ពន្យឺត​សក់​ ឬអ៊ុតសក់​អ្វី​ទាំងអស់​នេះ​ មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​នឹង​ធ្វើ​ឱ្យ​យើង​កើត​អាការ​ប្រតិកម្ម​ចាញ់​បាន​ ដូចជា​ថា​ បើ​យើង​កើត​ប្រតិកម្ម​ចាញ់​ និង​មានស្នាម​របួស​ ឬដំបៅ​នៅ​លើ​ស្បែក​ក្បាល​ វា​អាច​នឹង​ធ្វើ​ឱ្យ​កើតការ​ឆ្លង​មេរោគ​រាលដាល​កាន់តែ​លឿន​ឡើង​ ស្រួលមិនស្រួល​អាច​នឹង​ហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​គភ៌​ទៀតផង​ ដូច្នេះ​ទើប​យើង​មិន​ណែនាំ​ឱ្យ​ស្រ្តី​មានគភ៌​ទៅ​ធ្វើ​ពណ៌​សក់​ក្នុងអំឡុងពេល​នោះ​ឡើយ​។

    4. ខាត់ស្បែក​មុខ​ និង​ស្បែក​ដងខ្លួន​ជាពិសេស​ការ​ខាត់ស្បែក​ដោយសារ​ធាតុគីមី​ អាច​ធ្វើ​ឱ្យ​កើត​ប្រតិកម្ម​ចាញ់​ និង​ឡើង​កន្ទួល​ ឬជួនកាល​អាច​នឹង​ឆ្លង​មេរោគ​បាន​ដោយ​ងាយ​បើស្ត្រី​មានគភ៌​មានរបួស​ ឬដំបៅ​នៅ​តាម​រាងកាយ​ផង​នោះ​។ ដូច្នេះ​យើង​សូម​ណែនាំ​ថា​ បើ​អ្នក​មានគភ៌​ចង់​ខាត់​ ឬធ្វើ​ម៉ាស្សា​ដងខ្លួន​នោះ​ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ ព្រោះ​សារធាតុ​មួយចំនួន​នៅក្នុង​ផលិតផល​ទាំងនោះ​អាច​នឹង​ធ្វើ​ឱ្យ​រលាក​ក្រហាយ​ និង​មានផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​យ៉ាង​ងាយ​។

    5. ធ្វើ​ម៉ាស្សា​មុខ​ដោយ​ឧបករណ៍​ដែល​មាន​ទាំង​ អាល់​ត្រា​សូ​និក​ បេ​ប៊ី​ហ្វេ​ស ភ្លើងពណ៌​ផ្សេង​ៗ ព្រោះ​តារាង​ដែក​ឆក់​អគ្គិសនី​ នឹង​ហុច​ផល​ធ្វើ​ឱ្យ​គភ៌​រលូត​បាន​។ ទាំងអស់​នេះ​រួម​ទាំង​គ្រឿង​ប្រើប្រាស់​អគ្គិ​សនី​ផ្សេង​ៗទៀតផង​ ដូចជា​ ប្រដាប់​ផ្លុំ​សក់​ ប្រដាប់​បឺត​ធូលី​ដី​ ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​ និង​អ្វីក៏ដោយ​ដែល​មាន​ម៉ូទ័រ​ ឬឌី​ណា​ម៉ូ​ភ្លើង​ អ្នកមាន​គភ៌​គួរតែ​នៅ​ឱ្យ​ឆ្ងាយ​ៗពី​របស់​ទាំងអស់​នោះ​។

    6. លាប​ពណ៌​ក្រចកសារធាតុគីមី​នៅក្នុង​ថ្នាំលាប​ក្រចក​នឹង​មានផល​ប៉ះពាល់​ដល់​វិវឌ្ឍនាការ​របស់​ទារក​នៅក្នុង​ផ្ទៃ​ និង​សូម្បីតែ​កូនង៉ា​ដែល​ទើបនឹង​កើត​ក៏ដោយ​។

    7. ចាក់​ Botox​ការ​ចាក់​សារធាតុ​នេះ​ចូល​ទៅ​ក្នុង​ស្បែក​ នឹង​ធ្វើ​ឱ្យ​សាច់ដុំ​ពិការ​ លែង​ធ្វើការ​ ជា​រឿង​ដែល​ត្រូវ​បាន​ហាម​ជាដាច់ខាត​ សម្រាប់​ស្រ្តី​មានគភ៌​ទាំងឡាយ​។

    8. ស្ពង់​ចំហាយទឹក​ និង​សោ​ណា​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកមាន​ផ្ទៃពោះ​បាត់បង់​ជាតិទឹក​ក្នុងអំឡុងពេល​នោះ​ ទើប​មិន​គួរ​ធ្វើ​សោ​ណា​ក្នុងអំឡុងពេល​មានគភ៌​ឡើយ​ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​កើត​ខ្យល់គ​ វិលមុខ​បាន​យ៉ាង​ងាយ​បំផុត​។ ក្រៅពី​នេះ​នៅ​មានការ​សិក្សា​ស្រាវជ្រាវ​មួយទៀត​បាន​ប្រាប់​ថា​ ក្រោយពី​ចំហុយ​សោ​ណា​បាន​ប្រមាណ​ជា​ 1-2 ម៉ោង​មក​ នឹង​ធ្វើ​ឱ្យ​ IQ​ របស់​យើង​ធ្លាក់ចុះ​ទៀតផង​ ដោយសារតែ​ការបាត់បង់​ជាតិទឹក​ក្នុង​រាងកាយ​ហ្នឹងឯង​។

    មូល​ហេ​តុ​ផ្សេង​ៗទាំងអស់​នេះ​អាច​ធ្វើ​ឱ្យ​អ្នកមាន​ផ្ទៃពោះ​មើលថែ​ទាំ​កូន​នៅក្នុង​ផ្ទៃ​បាន​យ៉ាង​មាន​សុវត្ថិភាព​ តែ​យ៉ាងណាក៏ដោយ​ ក៏​ស្រ្តី​មានគភ៌​ត្រូវតែ​ស៊ូទ្រាំ​ដែរ​ ដើម្បី​ឱ្យ​ជីវិត​ដ៏​តូច​មួយ​ដែល​នៅក្នុង​ខ្លួន​របស់​អ្នកមាន​សុខភាព​ល្អ​ នៅពេល​បើកភ្នែក​មើល​ពិភពលោក​នេះ​៕

  • អ្នកជំនាញ​ចែករំលែក​វិធីសាស្ត្រ​ជោគជ័យ​ ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​កម្ពុជា​

    អ្នកជំនាញ​ចែករំលែក​វិធីសាស្ត្រ​ជោគជ័យ​ ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​កម្ពុជា​

    ការ​ចាប់ផ្តើម​ជីវិត​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​ មិនមែន​ជា​រឿង​ងាយស្រួល​ពេក​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​វិស័យ​នេះ​។ជា​ការពិត​មាន​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​ច្រើនណាស់​នៅ​កម្ពុជា​ តែ​បុគ្គល​ទទួល​បាន​ជោគជ័យ​ដែល​យើង​បានឃើញ​ មាន​តិចតួច​ណាស់​ ព្រោះ​ងាយស្រួល​ចាប់ផ្តើម​ តែ​ពិបាកធ្វើ​ឱ្យ​ជោគជ័យ​ ដោយសារតែ​ឧបសគ្គ​មួយចំនួន​ធំ​ គឺ​កើត​ចេញពី​សហគ្រិន​ខ្លួនឯង​តែម្តង​។

    ក៏ប៉ុន្តែ​ “តាម​ការ​ស្វែងយល់​ពី​បច្ចុប្បន្នភាព​នៃ​វិស័យ​អចលនទ្រព្យ​អ្នកមាន​ភាគច្រើន​នៅ​ស្រុកខ្មែរ​ គឺ​មាន​ដោយសារ​វិស័យ​អចលនទ្រព្យ​ ហើយ​នៅ​លើ​លោក​នេះ​មាន4​%នៃ​អ្នកមាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដល់ទៅ90​%ក្នុង​ពិភពលោក​ ជាពិសេស​អ្នកមាន​ទាំង​នេះ​ គឺ​មាន​ដោយសារ​វិស័យ​អចលនទ្រព្យ​។

    នោះ​គឺជា​ជោគជ័យ​ក្នុង​វិស័យ​នេះ​ ដែល​មាននៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​។ បច្ចុប្បន្នភាព​ប្រកួតប្រជែង​ ដើម្បី​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ការ​ជឿ​ទុកចិត្ត​ គាំទ្រ​ពីអ​តិថិ​ជន​ ហើយ​ក្រៅពីនោះ​គេ​មិនដែល​បានឃើញ​ និង​កម្រ​ឃើញ​ អ្នកធ្វើ​ជំនួញ​ជោគជ័យ​ណាមួយ​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ជោគជ័យ​របស់​ខ្លួន​ដែល​ខ្លួន​បាន​ទទួលជោគជ័យ​នោះ​ដែរ​។

    លោក​សន​ សៀ​បនា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ឃី​ (KEY​ REA​ ESTATE​ CO​.,LTD​) បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ខ្ញុំ​ពុំ​បាន​គិតថា​ ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ ឬយុទ្ធសាស្ត្រ​ជោគជ័យ​ក្នុង​ វិស័យ​អចលនទ្រព្យ​មាន​ទំហំ​ប៉ុនណា​នោះ​ទេ​។ព្រោះ​ដោយសារ​ថា​វិស័យ​អចលនទ្រព្យ​មាន​ភាព​ទូលំទូលាយ​ណាស់​ វា​មានក​ត្តា​ចូលរួម​ជាច្រើន​ ទើប​អាច​សម្រេច​ជោគជ័យ​បាន​”។

    លោក​ នាយក​ប្រតិបត្តិ​បាន​បញ្ជាក់​ថា​៖“ខ្ញុំ​គិតថា​យើង​មិន​ត្រូវ​ចាប់អារម្មណ៍​ទៅលើ​អ្វី​ច្រើនពេក​ទេ​។ ការ​ឆ្លងកាត់​ការងារ​ជាច្រើន​មក​ គឺ​យើង​បាន​ផ្តោត​លើ​ការងារ​ ហើយ​ផ្តោត​លើ​ផែនការ​ដែល​យើង​បាន​រៀប​ចំ​ ទាំង​ផែនការ​រយៈពេល​វែង​ រយៈពេល​ខ្លី​របស់​យើង​។ផែនការ​នោះ​គឺ​យើង​បាន​កំណត់​ថា​យើង​ត្រូវ​ធ្វើអ្វី​ខ្លះ​ដើម្បី​ទទួល​បាន​លទ្ធផល​មកវិញ​។ផែនការ​នោះ​មាន​ចំណូល​ ចំណាយ​ ធ្វើការ​ពង្រឹង​ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​យើង​ រួម​ទាំង​តំបន់​ ដែល​ជា​ទិសដៅ​ត្រូវ​វិនិយោគ​។

    លោក​សន​ សៀ​បបាន​បញ្ជាក់​ថា​៖“នៅក្នុង​ការ​ធ្វើ​ផែនការ​ ក៏​យើង​មាន​គម្រោង​ប្លង់​គោល​ដែល​បាន​មក​ពី​ការស្រាវជ្រាវ​ និង​សិក្សា​ពី​គម្រោង​ប្លង់​ដែល​ត្រូវ​អភិវឌ្ឍ​ ដែល​គោលដៅ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​ ព្រោះ​បើ​យើង​មិន​យក​ព័ត៌មាន​សំ​ខាន់​ៗ មក​ដាក់​ក្នុង​គម្រោង​ផែនការ​ទេ​ គឺ​យើង​នឹង​មានការ​អនុវត្ត​ទៅ​ខុស​។ព្រោះ​ការវិភាគ​ការ​តាមដាន​ និង​សិក្សា​ស្វែងយល់​ពីរ​បត់​នៃ​ទីផ្សារ​អចលនទ្រព្យ​ពេល​កន្លងមក​ និង​បច្ចុប្បន្ន​បាន​ល្អិតល្អន់​ អាច​ជួយ​អ្នក​បាន​ ។

    លោក​សន​ សៀ​បបាន​បញ្ជាក់​ទៀត​ថា​៖“ខ្ញុំ​ពុំ​មាន​ទ្រឹ​ស្តី​ ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​អ្វី​ច្រើន​ទេ​ គឺ​ធ្វើ​និង​គិត​ តាម​ការ​មាន​បទ​ពិសោធ​ តាម​ចំណេះដឹង​ តាម​ការ​មាន​ព័ត៌មាន​ពី​ការស្រាវជ្រាវ​ ជាមួយ​ដៃគូ​ខាងក្រៅ​ និង​ក្រុមការងារ​ ខាងក្នុង​ក្រុមហ៊ុន​។យើង​គិតតែ​ខំប្រឹង​ធ្វើតាម​ទិសដៅ​ការងារ​របស់​យើង​ៗខំប្រឹង​ធ្វើ​ តែ​មានការ​វាយតម្លៃ​ក្នុង1ឆ្នាំ​ម្តង​ដើម្បី​ស្វែងយល់​ពី​លទ្ធផល​ដែល​យើង​ទទួល​បាន​ និង​ចាប់ផ្តើម​គិត​ពី​ការងារ​សម្រាប់​ឆ្នាំខាងមុខ​ទៀត​។

    ដោយឡែក​សហគ្រិន​ ក្នុង​វិស័យ​ផ្គត់ផ្គង់​សម្ភារ​សំ​ណង់​ម្នាក់​ ក៏បាន​ចែករំលែក​បទ​ពិសោធ​យុទ្ធ​សា​ស្ត​្រក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​ និង​គន្លឹះ​សំ​ខាន់​ៗមួយចំនួន​ដល់​អ្នកធ្វើ​ជំនួញ​ ឬម្ចាស់​អាជីវកម្ម​វ័យក្មេង​ដទៃទៀត​ ក៏ដូចជា​ដៃគូ​របស់​ខ្លួន​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ធ្វើអាជីវកម្ម​របស់​ពួកគេ​ បើកទ្វារ​រកស៊ី​បាន​យូរអង្វែង​ និង​ទទួល​បាន​ជោគជ័យ​។

    លោក​ហួត​ ជា​ បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់​ដ៏​ធំ​មួយ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើង​ថា​ ការ​បើក​អាជីវកម្ម​មាន​ភាព​ងាយស្រួល​ តែ​ការ​រក្សា​គ្រប់គ្រង​អាជីវកម្ម​ឱ្យ​មាន​និរន្តរភាព​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ​ នៅពេល​ដែល​អាជីវកម្ម​ចាប់ផ្តើម​បើក​ភ្លាម​ បញ្ហា​ជាច្រើន​បាន​ក្លាយ​ជា​លំហាត់​ មករ​កម្ចាស់​អាជីវកម្ម​ឱ្យធ្វើ​ការ​ដោះស្រាយ​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ គ្មាន​សមត្ថភាព​ដោះស្រាយ​នោះ​ទេ​ អាជីវកម្ម​នោះ​នឹង​ត្រូវ​បិទទ្វារ​ជាក់ជា​មិនខាន​ឡើយ​។

    លោក​ហួត​ ជា​ បាន​មានប្រសាសន៍​ថា​៖“សម្រាប់​ខ្ញុំ​ៗទី1ឆន្ទៈ​ ទី2គំនិត​ នៅពេល​ដែល​មាន​ឆន្ទៈ​ និង​គំនិត​ហើយ​គឺ​បន្ទាប់មក​យើង​អនុវត្ត​នូវ​អ្វី​ដែល​ជា​ឆន្ទៈ​និង​គំនិត​របស់​យើង​។ដូច្នេះ​សូម​បងប្អូន​យុវវ័យ​ កុំ​គិតថា​ដល់តែ​មាន​ទុន​គ្រប់គ្រាន់​ ឬដល់​មាន​លុយ​គ្រប់គ្រាន់​ សំខាន់​គឺ​ គំនិត​យើង​ទេ​ ដែល​ជួយ​យើង​ឱ្យ​មាន​ទិសដៅ​។បន្ទាប់មក​គឺ​ភាព​ស្មោះត្រង់​ជា​ទុន​របស់​យើង​មួយ​ផង​ដែរ​”។

    លោក​បាន​បញ្ជាក់​ដែរ​ថា​៖“ការ​ក្លាយជា​អ្នកជំនួញ​បាន​ នោះ​គឺ​យើង​ត្រូវ​មាន​ចំណុច3ជា​សំ​ខាន់់​គឺ​ទី1​-សុខភាព​ ទី2​-មានគុណ​ធម៌​ ទី3​-គឺ​មានគំនិត​បាន​មក​ពី​ការអប់រំ​ ក្លាយជា​ចំណេះដឹង​ ទើប​យើង​អាច​ក្លាយ​ជា​អ្នកជំនួញ​មួយ​ល្អ​ ជាង​អ្នកជំនួញ​ដទៃទៀត​ ដែលគេ​អាច​មាន​ចំណុច​ខ្វះខាត​”។

    លោក​ហួត​ ជា​បាន​បញ្ជាក់​ទៀត​ថា​៖“ដើម្បី​ក្លាយ​ខ្លួន​ ជា​អ្នកជំនួញ​ដ៏​រឹងមាំ​បាន​ ទាល់តែ​អ្នក​ត្រូវតែ​មាន​គំនិត​ ”ចក្ខុវិស័យ​“ កំណត់​គោលដៅ​ច្បាស់លាស់​ សម្រាប់​អនាគត​នៃ​គម្រោង​វិនិយោគ​របស់​អ្នក​។ចេះ​ប៉ាន់ប្រមាណ​ ទៅលើ​តម្លៃ​នៃ​ប្រតិ​បតិ្តករ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ ក្តាប់​ឱកាស​ទទួលយក​ព័ត៌មាន​ជាក់លាក់​ វិភាគ​ពី​ភាព​អាច​ទៅរួច​ និង​ពង្រីក​យន្តការ​អា​ជី​វក​ម្ម្ មាន​ចក្ខុវិស័យ​ត្រឹមត្រូវ​ នឹង​ដើរទៅ​តាម​ផែនការ​អនាគត​ក្នុង​ទិសដៅ​តែមួយ​”។

    ជាស​រុ​បទៅ​ការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គឺ​ពិតជា​ត្រូវ​ទាមទារ​ឱ្យ​វិនិយោគិន​ខ្លួនឯង​ថ្លឹងថ្លែង​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​។ ក្នុងនាម​ជា​បុគ្គល​ជោគជ័យ​ មិនថា​ផ្នែក​ណាក៏ដោយ​ ជាពិសេស​ផ្នែក​អចលនទ្រព្យ​ ត្រូវតែ​មាន​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ​ ប្រចាំខែ​ប្រចាំឆ្នាំ​។ ជាពិសេស​ក្រុមការងារ​ ត្រូវ​បែងចែក​ទៅតាម​ជំនាញ​ ទើប​ទទួល​បាន​ជោគជ័យ​លើ​បេសកកម្ម​របស់​ខ្លួន​។ សម្រាប់​វិនិយោគ​ថ្មីថ្មោង​ អ្នក​ពិតជា​មិន​អាច​ធ្វើ​ការសម្រេច​ចិត្ត​ ដោយ​ខ្វះ​ការ​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​បានទេ​៕

  • កម្ពុជា​ការនាំចេញ​កើនឡើង​ 15​% ក្នុងរយៈពេល5​ ខែ​ដំបូង​នៃ​ឆ្នាំ2019​

    កម្ពុជា​ការនាំចេញ​កើនឡើង​ 15​% ក្នុងរយៈពេល5​ ខែ​ដំបូង​នៃ​ឆ្នាំ2019​

    យោង​តាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​ក្នុងរយៈពេល​ 5 ខែ​ដំបូង​នៃ​ឆ្នាំ2019នេះ​ បាន​កើនឡើង​ជាង​ 15​ % រហូតដល់​ 5,3​ ពាន់​ លាន​ដុល្លារ​។ក្នុងអំឡុងពេល​ដូចគ្នា​តម្លៃ​នៃ​ការនាំចូល​បាន​កើន​ឡើង​ដល់​ 8,2​ ពាន់​លាន​ដុល្លារ​ដែល​កើនឡើង​ 21.5​ %បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​បានឱ្យ​ដឹង​ថា​ កំណើន​នាំចេញ​ត្រូវ​បាន​គាំទ្រ​ដោយ​តម្រូវការ​ខ្ពស់​នៅ​អាមេរិក​ដោយមាន​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​។របាយការណ៍​បានឱ្យ​ដឹង​ថា​ការនាំចេញ​ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ សហភាព​អឺរ៉ុប​បច្ចុប្បន្ន​នេះ​មាន​ 34​%នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

    របាយការណ៍​នេះ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​៖“ការ​ពន្លឿន​គំរូ​អាជីវកម្ម​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ការពង្រីក​ទីផ្សារ​គោលដៅ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាចប​ង្កើត​កំណើន​ និង​កាត់បន្ថយ​សម្ពាធ​ពី​ហានិភ័យ​ខាងក្រៅ​។នេះ​នឹង​ធានា​ថា​ប្រទេស​នេះ​អាច​ទ្រទ្រង់​កំណើន​នេះ​នា​ពេល​អនាគត​”។

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ កាលពី​ឆ្នាំមុន​ កម្ពុជា​គឺជា​អ្នកផ្គត់ផ្គង់​ទំនិញ​ ធំ​បំផុត​ទី​ 57​ របស់​សហរដ្ឋអាមេរិក​។ ការនាំចូល​ទំនិញ​ពី​កម្ពុជា​មាន​ចំនួន​សរុប​ 3,8​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2018​ ដែល​កើនឡើង​ 24.8​ %ពីឆ្នាំ1ទៅ1ឆ្នាំ​។

    ចំណែក​សហរដ្ឋអាមេរិក​ ភាគច្រើន​នាំចូល​សម្លៀកបំពាក់​ត្បាញ​ និង​ ផលិតផល​ត្បាញ​អំពី​ស្បែក​ ផលិតផល​ស្បែកជើង​ស្បែក​ និង​ផលិតផល​កសិកម្ម​។

    ចាប់តាំងពី​ឆ្នាំ​ 2016​ ប្រទេស​កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ ដោយ​មិន​គិត​ពន្ធ​ លើ​ការនាំចេញ​ទំនិញ​ ដូចជា​សម្លៀកបំពាក់​ កាបូបស្ពាយ​ និង​កាបូប​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​គម្រោង​ GS​។ ក្រសួង​ពាណិជ្ជកម្ម​ បាន​ដាក់​ញត្តិ​ទៅ​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រីក​គ្រោងការ​ នាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​។

    លោក​ឧកញ៉ា​លឹម​ ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នថា​ការងារ​ជាច្រើន​ទៀត​គឺ​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ប្រកួតប្រជែង​ពិតប្រាកដ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។

    លោក​ឧកញ៉ា​បាន​កត់សម្គាល់​ថា​ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​គឺជា​គន្លឹះ​ដើម្បី​ជំរុញ​ការនាំចេញ​ របស់​ប្រទេស​។ភាគច្រើន​នៃ​ការនាំចេញ​របស់​យើង​ នៅតែ​បន្ត​នៅក្នុង​វិស័យ​កាត់ដេរ​ និង​កសិកម្ម​។ លោក​ឧកញ៉ា​ លឹម​ ហេង​បាន​ថ្លែង​ថា​៖“ យើង​រំពឹង​ថា​ តួលេខ​នៃ​ការនាំចេញ​នឹង​បន្ត​កើនឡើង​ខណៈ​ដែល​សេដ្ឋកិច្ច​ បន្ត​ពង្រីក​។ យើង​ត្រូវតែ​ពង្រឹង​ខ្លួន​យើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ហើយ​ទាក់ទាញ​ ការ​វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​”។

    ផលិតផល​នាំចេញ​សំ​ខាន់​ៗរួមមាន​ សម្លៀកបំពាក់​ និង​ស្បែកជើង​ កង់​ កៅស៊ូ​ អង្ករ​ ដំឡូងមី​ ម្រេច​ ប្រេងដូង​ និង​គ្រាប់ស្វាយ​ចន្ទី​ជាដើម​។ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2018មាន​ចំនួន11,2​ ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 4 %លើស​ការនាំចេញ​កាល​-ពីឆ្នាំ​ 2017​ ។តួលេខ​នៃ​ការនាំចេញ​ នេះ​ មានការ​កើន​ឡើង​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2017មាន​ត្រឹម​តែ10,777​ លាន​ដុល្លារ​។ដោយ​ឡែ​សម្រាប់​ការនាំចូល​របស់​កម្ពុជា​វិញ​ ក៏​មាន​ចំនួន​ច្រើន​ផង​ដែរ​ ដោយ​មាន​ ចំនួន13,771លាន​ដុល្លារ​ កើនឡើង​ជាង​ឆ្នាំ​2017​ ដែល​មានត្រឹមតែ13,019លាន​ដុល្លារ​។

    ជាមួយគ្នា​នេះ​ការនាំចេញ​តាមរយៈ​ប្រទេស​អាស៊ាន​ ដែល​កម្ពុជា​ជាស​មា​ជិ​កមួយ​ដែរ​ ក៏​មានការ​នាំចេញ​គួរ​ឱ្យ​កត់សម្គាល់​។ យោង​តាម​តួលេខ​ ដែល​បាន​ចេញផ្សាយ​ដោយ​ទីក្រុង​ប៉េកាំង​ កាលពីដើម​ខែ​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​បណ្តា​ប្រទេស​អាស៊ាន​ មាន​ទំហំ​ទឹកប្រាក់291,8ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ 6 ខែ​ដំបូង​ នៃ​ឆ្នាំ2019​ កើនឡើង​ 4% ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ប្លុក​អាស៊ាន​ដែល​មាន​សមាជិក10ប្រទេស​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី2​ របស់​ចិន​នៅ​ ក្នុងរយៈពេល​នេះ​ បន្ទាប់ពី​សហភាព​អឺរ៉ុប​។ ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញផ្សាយ​ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ រៀបចំ​ធ្វើ​កិច្ចចរចា​ជុំ​ចុងក្រោយ​បំផុត​ នៃ​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នៅ​ក្នុង​ទីក្រុង​ Zhengzhou​ ដែល​ជារ​ដ្ឋ​ធានី​នៃ​ខេត្ត​ Henan​ ប្រទេស​ចិន​៕

  • ធនាគារជាតិនៃកម្ពុជា​ សាកល្បង​កម្មវិធី​បង់ប្រាក់​ចល័ត​ថ្មី​

    ធនាគារជាតិនៃកម្ពុជា​ សាកល្បង​កម្មវិធី​បង់ប្រាក់​ចល័ត​ថ្មី​

    ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ កំពុង​ធ្វើ​តេ​ស្ត​ប្រព័ន្ធ​កម្មវិធី​បង់ប្រាក់​ចល័ត​ដែលគេ​ឱ្យឈ្មោះ​ថា​“ប្រព័ន្ធ​បាគង​” (Bakong​) ដោយ​យោង​តាម​ធនាគារ​កណ្តាល​ ប្រព័ន្ធ​ថ្មីនេះ​នឹង​ជួយ​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​ និង​ការ​បង់ប្រាក់​(នៅ​ទូទាំង​ប្រទេស​) ស្រប​ពេល​ដែល​មានការ​បង្កើន​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​។

    ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖“គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​សេវា​ធនាគារ​ទៅដល់​តំបន់​ដែល​មិន​មាន​ធនាគារ​ ជាពិសេស​នៅ​តំបន់ជនបទ​”។ ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ទៀត​ថា​៖ “ប្រព័ន្ធ​នេះ​មាន​សុវត្ថិភាព​ងាយស្រួល​ ឆាប់រហ័ស​ និង​មិន​គិតថ្លៃ​ ដោយ​បាន​កត់សម្គាល់​ថា​ ប្រព័ន្ធ​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិនៃកម្ពុជា​ផ្ទាល់​។ ”ប្រព័ន្ធ​ Bakong​» គឺជា​សេវា​ផ្ទេរ​ប្រាក់​តាម​ម៉ាស៊ីន​ដែល​មានស្រាប់​ និង​អាច​រកបាន​សម្រាប់​អតិថិជន​លក់រាយ​របស់​ធនាគារ​ដែល​ចូលរួម​នៅក្នុង​ប្រទេស​កម្ពុជា​”។

    “ប្រព័ន្ធ​បាគង​”ជា​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ Download​ យក​ពី​ក្នុង​ទូរស័ព្ទ​ Smart​ Phone​ មក​ប្រើប្រាស់​ដោយ​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​កម្មវិធី​។ បន្ទាប់ពី​បង្កើត​រួចរាល់​យើង​ទៅ​រក​ធនាគារ​ដែល​ជា​ដៃគូ​ជាមួយនឹង​ប្រព័ន្ធ​បាគង​នេះ​ ដោយ​ប្រាប់​ភ្នាក់ងារ​ធនាគារ​ថា​ ចង់​ដាក់បញ្ចូល​លុយ​ក្នុង​ប្រព័ន្ធ​បាគង​ នោះ​ខាង​ធនាគារ​ជា​ដៃគូ​នឹង​ដាក់​បញ្ចូល​ប្រាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បាគង​ ដោយ​ប្រើប្រាស់​បាន​ទៅតាម​ប្រព័ន្ធ​ QR​ Code​ ទៅតាម​ទីកន្លែង​ណា​ដែល​បញ្ជាក់​ថា​ មាន​ប្រើប្រាស់​ប្រព័ន្ធ​បាគង​។

    សូមជម្រាប​ថា​ លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​ទូទាត់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​តំណាង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​បាគង​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ធនាគារជាតិនៃកម្ពុជា​ពាក់ព័ន្ធ​នឹង​ករណី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​សម្រាប់​ប្រតិបត្តិ​ការ​ទូទាត់​អន្តរ​ធនាគារ​។ជាក់ស្តែង​ ការ​លេចចេញ​ជារូបរាង​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​កម្មវិធី​“ប្រព័ន្ធ​បាគង​” NBC​ បាន​សហការ​ជាមួយ​ធនាគារ​ជា​ដៃគូ​ចំនួន​ 4ដំបូង​គេ​រួមមាន​ធនាគារ​អេ​ស៊ី​លីដា​ ធនាគារ​ FTB​ ធនាគារ​វឌ្ឍន​: និង​ធនាគារ​ឯក​ទេ​សវីង​។

    នៅក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ “ប្រព័ន្ធ​បាគង​” ត្រូវ​បាន​គូសបញ្ជាក់​ថា​ គឺជា​ដំណើរ​វឌ្ឍនភាព​ក្នុង​យុគសម័យ​ថ្មី​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ធនាគារជាតិនៃកម្ពុជា​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ដាក់​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Blockchain​ ដ៏​ទំនើប​ចុងក្រោយ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការ​ធ្វើ​ និង​ជំ​រុ​ញប​រិយា​ប័ន្នហិរញ្ញវត្ថុ​សំដៅ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។

    ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់​រៀល​ ឬដុល្លារ​អាមេរិក​“អ្នកប្រើ​លែង​ត្រូវការ​ស្គាល់​តួលេខ​ច្រើន​នៃ​គណនី​ធនាគារ​របស់​អ្នកទទួល​ទៀតហើយ​ ដោយ​ឥឡូវនេះ​ពួកគេ​អាច​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​លេខទូរស័ព្ទ​របស់​ពួកគេ​ ឬស្គែ​នកូដ​ QR​ តាមរយៈ​កម្មវិធី​ ប្រព័ន្ធ​បាគង​ ឬតាម​រយៈ​សេវាកម្ម​ធនាគារ​ផ្សេងទៀត​ ដែល​ផ្តល់​ដោយ​ធនាគារ​សមាជិក​។ វា​ឥតគិតថ្លៃ​ និង​អាច​ប្រើ​បាន​ 24​/7ក្នុងរយៈពេល​ 365​ ថ្ងៃ​”។

    លោកស្រី​ សូ​ផន​ ណា​រី​ នាយិកា​រង​ប្រតិបត្តិ​របស់​ធនាគារ​អេ​ស៊ី​លីដា​ បាន​ប្រាប់​ថា​ ប្រព័ន្ធ​ថ្មីនេះ​ស្រដៀង​ទៅ​នឹង​កាបូប​ឌីជីថល​របស់​ធនាគារ​អេ​ស៊ី​លីដា​។លោកស្រី​បាន​និយាយ​ថា​ កម្មវិធី​ Toan​ Chet​ របស់​អេ​ស៊ី​លីដា​មាន​ឈ្មួញ​ប្រហែល​ 20​%ដោយមាន​អតិថិជន​ជាង​ 980.000​ នាក់​ ទទួលយក​ការ​ទូទាត់​តាម​រយៈ​កម្មវិធី​។ ពោល​ជាមធ្យម​មាន​ 69,671ប្រតិបត្តិ​ការ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​រៀងរាល់ថ្ងៃ​ជាមធ្យម​ 17,740,211ដុល្លារ​ក្នុង​ 1ថ្ងៃ​។

    លោកស្រី​បាន​មានប្រសាសន៍​ថា​៖“យើង​នឹង​ភ្ជាប់​ប្រព័ន្ធ​របស់​យើង​ គឺ​អេ​ស៊ី​លីដា​ទាន់ចិត្ត​ Toan​ Chet​ ទៅ​នឹង​ ”ប្រព័ន្ធ​បាគង​” ដែល​កម្មវិធី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​យើង​ផ្ទេរ​ប្រាក់​តាមរយៈ​ប្រព័ន្ធ​បាគង​។ វា​មិនមែន​ជា​កម្មវិធី​នៃ​ការប្រកួត​ប្រជែង​នោះ​ទេ​ គឺ​បាគង​បាន​នាំ​ធនាគារ​ទាំងអស់​មក​ជាមួយគ្នា​ ដោយ​និយាយ​អំពី​ការ​តភ្ជាប់​គ្នា​ និង​ធ្វើការ​ជាមួយគ្នា​”។

    កាលពី​ខែកុម្ភៈ​ ធនាគារ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ និង​ថៃ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ (MOU​) ដើម្បី​បង្កើត​ប្រព័ន្ធ​ទូទាត់​ដែល​មាន​មូលដ្ឋាន​លើ​កូដ​ QR​ ។ យោង​តាម​ តំណាង​ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ទូទាត់​នា​ពេល​ខាងមុខ​មានបំណង​សម្រួលការ​ផ្លាស់​ប្តូរ​ឆ្លងកាត់​ព្រំដែន​ក្នុង​រូបិយប័ណ្ណ​ក្នុង​ស្រុក​។

    កាលពី​ខែមិថុនា​ ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ ធនាគារ​ក្នុង​ស្រុក​ចំនួន2​ និង​ធនាគារ​ ថៃ​មួយ​បាន​ចូលរួម​ជាមួយ​ប្រព័ន្ធ​ទូទាត់ប្រាក់​តាម​ QR​ ដែល​ធនាគារ​កណ្តាល​កំពុង​អភិវឌ្ឍ​ជាមួយ​ ប្រទេស​ថៃ​។ ធនាគារ​នេះ​បានឱ្យ​ដឹង​ថា​ ធនាគារ​ FTB​ ធនាគារ​អេ​ស៊ី​លីដា​ និង​ធនាគារពាណិជ្ជ​ Siam​ Com​ mercial​ Bank​(SCB​) នឹង​ក្លាយជា​ធនាគារ​ឧបត្ថម្ភ​ក្នុង​គម្រោង​នេះ​៕

  • អង្គរថាយហ្គើរ ត្រៀមជួលកីឡដ្ឋានថ្មីមួយ មកធ្វើជាទឹកដីរបស់ខ្លួន នៅរដូវកាលក្រោយ

    អង្គរថាយហ្គើរ ត្រៀមជួលកីឡដ្ឋានថ្មីមួយ មកធ្វើជាទឹកដីរបស់ខ្លួន នៅរដូវកាលក្រោយ

    កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ “គិរីដងរែក” ដែលជាក្លិបពាក់កណ្តាលអាជីពនៅខេត្តសៀមរាបបានប្រកាសថា ខ្លួនជិតបញ្ចប់ការសាងសង់កីឡដ្ឋានដ៏ស្រស់ស្អាតថ្មីមួយរបស់ក្លិបហើយ។

    បើតាមការគ្រោងទុកកីឡដ្ឋាននេះ និងបញ្ចប់ការសាងសង់រួចរាល់នៅដើមឆ្នាំ2020 ហើយកីឡដ្ឋាននេះអាចនឹងផ្ទុកអ្នកទស្សនាបានខ្ទង់ 5ពាន់នាក់ ដែលបានចំណាយលុយក្នុងការសាងសង់អស់ប្រមាណជា 50ម៉ឺនដុល្លារ។ដោយសារតែក្លិបមួយនេះមិនទាន់មានគម្រោងចូលរួមក្នុងលីកកំពូលកម្ពុជានៅឡើយនោះ ទើបក្លិបមានគម្រោងនឹងដាក់កីឡដ្ឋានមួយនេះនៅក្នុងការចរចាជួលឱ្យអង្គរថាយហ្គើរ ដែលជាក្លិបបាល់ទាត់ដែលលេងនៅក្នុងលីកកំពូលរបស់កម្ពុជា និងមានមូលដ្ឋាននៅខេត្តសៀមរាបនេះស្រាប់ដើម្បីយកមកធ្វើជាទឹកដីរបស់ពួកគេ៕