Author: ធឿន មករា

  • 3​ វិធីដុសសម្អាតធ្មេញដែលលោកអ្នកយល់ខុសមករហូត

    3​ វិធីដុសសម្អាតធ្មេញដែលលោកអ្នកយល់ខុសមករហូត

    ទន្តពេទ្យ​ជំនាញ​បាន​បង្ហើប​ឱ្យ​ដឹងពី​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ពាក់ព័ន្ធ​នឹង​ការ​ថែរក្សា​សុខភាព​ប្រអប់មាត់​ និង​ធ្មេញ​ ដូច្នេះ​ចូរ​សាកល្បង​ពិនិត្យមើល​ទៅ​មើល៍​ថា​ តើ​រាល់ថ្ងៃ​នេះ​ យើង​បាន​ដុស​សម្អាត​ធ្មេញ​ត្រឹមត្រូវ​តាមវិធី​ដែល​ទន្តពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ឬទេ​?

    1. ឈប់​យក​ច្រាស​ដុសធ្មេញ​ដែល​ច្របាច់​ថ្នាំ​ដុសធ្មេញ​ដាក់ពីលើ​ហើយ​ទៅ​ជ្រលក់​ក្នុងទឹក​ ឬឆ្លង​កាត់ទឹក​មុន​យក​មក​ដុសធ្មេញ​..មនុស្សជា​ច្រើន​នឹង​ខ្ពុរមាត់​ ហើយ​យក​ច្រាស​ដុសធ្មេញ​ទៅ​ជ្រលក់​ទឹក​មុននឹង​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​ ធ្វើ​ដូច្នេះ​ នៅពេល​ច្រាស​ទទឹក​ទឹក​ នឹង​ធ្វើ​ឱ្យ​មាន​ទឹក​នៅក្នុង​មាត់ច្រើន​ ថ្នាំ​ដុសធ្មេញ​ក៏​នឹង​រលាយ​យ៉ាង​ឆាប់រហ័ស​ ក្លាយជា​ពពុះ​ពេញ​ក្នុង​មាត់​។ បន្ទាប់ពី​នោះ​ ក៏​នឹង​ហូរ​កក្លាក់​ចុះ​មក​តាម​កដៃ​មកដល់​កែងដៃ​ រួច​ក៏​ត្រូវ​ប្រញាប់​ដុសធ្មេញ​ និង​ខ្ពុរមាត់​ចេញ​យ៉ាង​លឿន​ រហូត​ដល់​ចប់​ការ​ដុសធ្មេញ​ទាំង​មិនដល់2នាទី​ផង​។
    ដូច្នេះ​ មុន​ច្របាច់​ថ្នាំ​ដុសធ្មេញ​ដាក់​ច្រាស​ អាច​ធ្វើការ​សម្អាត​ច្រាស​ដុសធ្មេញ​ដោយ​ទឹក​ស្អាត​ ហើយ​គោះ​ទឹក​ចេញ​ឱ្យ​អស់​ ឬស្ងួត​ល្មម​ មុននឹង​ដុស​សម្អាត​ធ្មេញ​។ ចូរ​ធ្វើការ​សម្អាត​ប្រអប់​មា​ត់​ត្រួស​ៗ(ដោយ​ការ​ខ្ពុរមាត់​នឹង​ទឹក​) ដើម្បី​យក​កម្ទេច​អាហារ​ដែល​ជាប់​នៅ​តាម​កន្លុក​-កន្លៀត​ជើងធ្មេញ​ចេញ​ឱ្យ​អស់​ជាមុន​សិន​។

    2. ឈប់​ខ្ពុរមាត់​បន្ទាប់ពី​ដុសធ្មេញ​ហើយ​ភ្លាម​(គ្រាន់តែ​ស្ដោះ​ពពុះ​ថ្នាំ​ដុសធ្មេញ​ចេញ​ឱ្យ​អស់​ ឬខ្ពុរមាត់​ត្រឹមតែ​ 1ដង​ក្រោយពេល​ដុសធ្មេញ​)។ បរិមាណ​ថ្នាំ​ដុសធ្មេញ​ដែល​នៅសល់​បន្តិចបន្តួច​(បន្ទាប់ពី​ស្ដោះ​ចេញ​ ឬខ្ពុរចេញ​ 1ដង​)ដែល​អាច​នឹង​ត្រូវ​លេប​ចូល​ទៅ​ក្នុង​ពោះ​នោះ​ មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ​។
    មានការ​សិក្សា​ស្រាវជ្រាវ​រឿង​មួយ​ដែល​ល្បីល្បាញ​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ1992​ នៅ​ទីក្រុង​ ណត់​ទិង​ហ៊ែ​ម ប្រទេស​អង់គ្លេស​បាន​រក​ឃើញថា​ កុមារ​ដែល​ដុសធ្មេញ​ហើយ​ខ្ពុរមាត់​ដោយ​យក​មាត់​ទៅ​ហា​ត្រង់​ទឹក​ចេញពី​ក្បាល​រ៉ូប៊ី​ណេ​(ហើយ​ខ្ពុរ​មា​ត់​ឃ្លុក​ៗ)មាន​ធ្មេញ​ពុក​តិច​ជាង​កុមារ​ដែល​ខ្ពុរមាត់​ដោយ​ទឹក​ក្នុង​កែវ​។ បន្ទាប់ពី​នោះ​ ក៏​មានការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗទៀត​តាម​មក​ជាច្រើន​ដើម្បី​ពិនិត្យមើល​ និង​បាន​អះអាង​ចំពោះ​រឿង​នោះ​ដូច​ៗគ្នា​​ រហូតដល់​ខាង​សមាគម​ទន្តពេទ្យ​នៃ​ប្រទេស​អង់គ្លេស​សរុប​ចេញ​មក​ជា​ការណែនាំ​ថា​ “មិន​ត្រូវ​ខ្ពុរមាត់​ ក្រោយ​ដុស​ធ្មេញ​ហើយ​ភ្លាម​ទេ​”។

    3. កុំអាល​ញ៉ាំ​អាហារ​ ឬញ៉ាំទឹក​អ្វី​(រួម​ទាំង​ទឹក​សុទ្ធ​ផង​)យ៉ាងហោចណាស់​កន្លះម៉ោង​បន្ទាប់ពី​ដុសធ្មេញ​ គឺ​ដើម្បី​ឱ្យ​ ហ្វ្ល័រ​អូ​រ៉ា​យ បាន​បញ្ចេញ​ ឫទ្ធិ​ការពារ​ធ្មេញ​ពុក​យ៉ាង​ពេញទំហឹង​៕

  • កម្ពុជា​ត្រូវការ​សាលា​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​បន្ថែម​ដើម្បី​ឆ្លើយតប​របត់​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ​ការងារ​…

    កម្ពុជា​ត្រូវការ​សាលា​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​បន្ថែម​ដើម្បី​ឆ្លើយតប​របត់​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ​ការងារ​…

    បច្ចុប្បន្ន​នេះ​ កង្វះ​ពលកម្ម​ជំនាញ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ មិនមែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ ការ​វិនិយោគ​ និង​ការសាងសង់​ជាដើម​ បាន​ស្រូប​ទាញ​ធនធានមនុស្ស​កាន់តែ​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​ទាំងអស់​នោះ​។

    នៅ​កម្ពុជា​ យើង​ឃើញ​ហើយ​ថា​ យើង​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ជា​ពិសេស​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដល់​ការ​វិនិយោគ​ ដូចជា​សំណង់​អគារ​ រោងចក្រ​សហគ្រាស​ និង​វិស័យ​ផ្សេង​ៗជាច្រើន​ទៀត​។ ហើយ​ទន្ទឹម​ នឹង​នេះ​ ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​មានការ​ចំណាកស្រុក​ដើម្បី​ធ្វើការងារ​ក្នុង​ទីផ្សារ​ពលកម្ម​ក្នុង​ប្រទេស​នានា​ ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​មាន​បញ្ហា​កង្វះខាត​ ហេតុនេះ​ដើម្បី​ឆ្លើយតប​ជាមួយ​បញ្ហា​នេះ​យើង​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ជាច្រើន​ផ្សេងទៀត​ដើម្បី​បំពេញ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ កម្ពុជា​បច្ចុប្បន្ន​កំ​ពុង​ជូ​បនូ​វក​ង្វះ​ខាត​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​បច្ចេកទេស​វិជ្ជា​ និង​វិជ្ជាជីវៈ​ ដោយសារតែ​ការ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​ និង​លំហូរ​នៃ​ការ​-វិនិយោគ​ពី​បរទេស​កាន់តែ​ច្រើន​។ ជា​ដំណោះស្រាយ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ការងារ​ កម្ពុជា​បាន​បង្កើត​គោលនយោបាយ​កម្មវិធី​អភិវឌ្ឍន៍​ និង​យន្តការ​ដោះស្រាយ​ បង្កើត​សាលា​បណ្តុះបណ្តាល​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជាច្រើន​ ដើម្បី​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​។ ហើយ​ដើម្បី​ឱ្យ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) កាន់តែ​ជោគជ័យ​ រាជរដ្ឋាភិបាល​ត្រូវការ​ការចូលរួម​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ ដៃគូ​វិនិយោគ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ព្រមទាំង​ផ្នែក​ឯកជន​នានា​ចូលរួម​ដើម្បី​បង្កើត​សាលា​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​ច្រើន​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ យើង​ត្រូវការ​ធនធាន​ និង​បច្ចេកទេស​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​សក្តា​នុ​ពល​ទូលំទូលាយ​។ អ្វី​ដែល​យើង​ធ្វើ​គឺ​ទាក់ទាញ​ឱ្យ​ប្រជាជន​បាន​យល់​ពី​តម្លៃ​នៃ​ជំនាញ​ទាំងអស់​នេះ​ ដែល​អាច​ជា​ប្រភព​សំខាន់​ក្នុង​ការស្វែងរក​ចំណូល​ខ្ពស់​ រួម​ទាំង​អាច​ធ្វើ​ឱ្យ​ពួកគាត់​បំពេញ​បាន​នូវ​តម្រូវការ​នៅក្នុង​ស្រុក​ដែល​អ្នក​វិនិយោគ​កំពុង​ត្រូវការ​ថែមទៀត​ផង​។ ការងារ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ពេលខ្លះ​ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​ការងារ​នានា​ព្រោះ​ជំនាញ​នេះ​កំពុង​មាន​តម្រូវការ​ខ្លាំង​ ហើយ​មាន​មនុស្ស​តិច​ដែល​ចាប់​ឱកាស​នេះ​បាន​។ ហេតុនេះ​ប្រសិនបើ​យើង​មាន​អ្នកជំនាញ​បច្ចេកទេស​ច្រើន​ នោះ​យើង​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ផង​ដែរ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​-រយៈ​កម្ម​វី​ធី​ថ្នាក់​ជាតិ​ជាច្រើន​ដើម្បី​ឱ្យ​ប្រជាជន​ចាប់​អារម្មណ៍​ និង​ងាក​មក​សិក្សា​ផ្នែក​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ តែ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ត្រូវការ​បង្កើត​សាលា​បណ្តុះបណ្តាល​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀតផង​ដែរ​ដើម្បី​ងាយស្រួល​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ឱ្យ​បាន​កាន់តែ​ច្រើន​ និង​ទូលំទូលាយ​។

    អ្នកជំនាញ​ខាង​ការងារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​កម្មករ​ ឬប្រជាជន​មិន​មាន​ជំនាញ​ អាច​មាន​ស្ថាប័ន​បណ្តុះបណ្តាល​នៅ​ជិត​ ហើយ​ងាក​មក​ចាប់​ជំនាញ​បច្ចេកទេស​ នោះ​ពួកគាត់​នឹង​អាច​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ ដែល​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅក្នុង​សហគមន៍​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ​ បច្ចុប្បន្ន​ រោងចក្រ​សហគ្រាស​ និង​ការ​តភ្ជាប់​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ដល់ទី​ជនបទ​ ដែល​ធ្វើ​ឱ្យ​ចង្វាក់​ផលិតកម្ម​នានា​ក៏​ចាប់ផ្តើម​ទៅ​ដល់​ផង​ដែរ​ ហេតុនេះ​ប្រសិនបើ​ប្រជាជន​អាច​ចាប់​ឱកាស​នេះ​បាន​ នោះ​ពួកគាត់​នឹង​ទទួល​បាន​នូវ​ចំណូល​កាន់តែ​ច្រើន​៕

  • មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​៖ បញ្ហា​បច្ចេកទេស​ឆ្នាំមុន​ គឺ​មេរៀន​ និង​លែង​មាន​បញ្ហា​ការ​បូក​ស្រង់​ពិន្ទុ​

    មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​៖ បញ្ហា​បច្ចេកទេស​ឆ្នាំមុន​ គឺ​មេរៀន​ និង​លែង​មាន​បញ្ហា​ការ​បូក​ស្រង់​ពិន្ទុ​

    ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬយើង​ហៅ​កាត់​ថា​ ការ​ប្រឡង​បាក់ឌុប​ នឹង​ចូល​មកដល់​នៅ​ថ្ងៃទី19​-20​ ខែ​សី​ហា​ឆាប់​ៗខាងមុខនេះ​ហើយ​ ដែល​ការ​ប្រឡង​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ព្រឹត្តិ​ការណ៍​សំខាន់​បំផុត​មួយ​ សម្រាប់​សង្គម​ សម្រាប់​អាណាព្យាបាល​សិស្ស​ និង​សម្រាប់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ផ្ទាល់​តែម្តង​។ជា​រៀងរាល់​ឆ្នាំ​ យើង​ឃើញថា​ ក្រោយពេល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​រៀបចំ​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​មក​ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​ក្រសួង​អប់រំ​ខ្លួនឯង​ បាន​រៀបចំ​ឱ្យ​ភាព​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​លទ្ធផល​ល្អ​សម្រាប់​អ្នក​ប្រឡង​ តែ​ទោះជា​មានការ​ខិតខំ​យ៉ាងនេះ​ក្តី​ ក៏​ឆ្នាំ​មុន​ គេ​សង្កេតឃើញ​ថា​ មាន​បញ្ហា​មួយចំនួន​នៅតែ​ប៉ះពាល់​ដល់​ការ​ចេញ​លទ្ធផល​ប្រឡង​របស់​សិស្ស​ដដែល​ នោះ​គឺ​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​បណ្ឌិត​ ឌី​ ខាំ​បូ​លី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើក​ឡើង​ថា​ យើង​យក​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​ពីឆ្នាំ​មុន​ជា​មេរៀន​ ហើយ​ក្រសួង​បាន​បញ្ជាក់​ពី​គោលជំហរ​ច្បាស់លាស់​កាលពី​ឆ្នាំមុន​ដែល​មាន​បញ្ហា​កុំព្យូទ័រ​ និង​សូមអភ័យទោស​ដល់​សាធារណជន​ ជាពិសេស​ គឺ​បេក្ខជន​ទាំងអស់​។ ជា​ការ​ឆ្លើយតប​ក្រសួង​ក៏បាន​ទទួលយក​សំណើ​បេក្ខជន​ ដើម្បី​ពិនិត្យមើល​ និង​ដោះស្រាយ​បញ្ហា​នេះ​ឡើងវិញ​ ដើម្បី​ធានា​នូវ​គោលការណ៍​សំខាន់​ក្នុងចំណោម​គោលការណ៍​ទាំង​ 4 (ប្រសិទ្ធភាព​ ភាព​យុត្តិធម៌​ តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​) គឺ​ភាព​ទទួលយក​បាន​។

    បណ្ឌិត​ ឌី​ ខាំ​បូ​លី​ បាន​មានប្រសាសន៍​ថា​៖ “នៅ​ឆ្នាំនេះ​យើង​បាន​ពិនិត្យមើល​ឡើងវិញ​ទាំង​បញ្ហា​កុំព្យូទ័រ​លើ​ការ​បូក​ស្រង់​ពិន្ទុ​ ដោយ​យើង​មើល​ទាំង​ផ្នែក​កម្មវិធី​ (Software​) និង​បរិក្ខារ​កុំព្យូទ័រ​ (Hardware​) ដើម្បី​ធានា​ថា​ ឆ្នាំនេះ​នឹង​មិន​មាន​បញ្ហា​កំហុស​បច្ចេកទេស​កុំព្យូទ័រ​នេះ​ទៀត​ទេ​”។

    មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​បញ្ជាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​ធនធានមនុស្ស​ក្នុង​ការ​បូក​ពិន្ទុ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​វិញ​ ក្រសួង​បាន​ជ្រើសរើស​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​នីតិវិធី​នៃ​ការ​ជ្រើសរើស​ គឺ​ដំបូង​ឡើយ​ជ្រើសរើស​មន្ត្រី​ដែល​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ចេញពី​អង្គភាព​ បន្ទាប់មក​ទៀត​គណៈកម្មការ​ជ្រើសរើស​នឹង​ចម្រាញ់​ម្តង​ទៀត​ដោយ​ពិនិត្យ​មើល​ពី​ប្រវត្តិរូប​សង្ខេប​ មុននឹង​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​។ ក្រោយពេល​បណ្តុះបណ្តាល​ បេក្ខជន​ទាំងអស់​នឹង​ត្រូវ​ប្រឡង​ ក្រោយពេល​ប្រឡងជាប់​ ទើប​អាច​ចូល​ទៅ​បូក​បញ្ចូល​ពិន្ទុ​បាន​។

    ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​បូក​ពិន្ទុ​តាម​កុំព្យូទ័រ​នេះ​ លោក​បាន​បញ្ជាក់​ថា​ ការ​ប្រឡង​នេះ​មិន​ត្រឹមតែ​ធ្វើឡើង​ដើម្បី​តែ​ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះទេ​ តែ​ជ្រើសរើស​យក​មន្ត្រី​ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ មាន​ភាព​ហ្មត់ចត់​ក្នុង​ការ​បូក​ពិន្ទុ​ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ធានា​នូវ​ភាព​សុក្រឹតភាព​ និង​យុត្តិធម៌​ក្នុង​ការ​បូក​ស្រង់​ពិន្ទុ​ទើប​ឱ្យ​ជាប់​បាន​។

    លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ រហូតមកដល់​ពេល​នេះ​ក្រសួង​បាន​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​ប្រឡង​ទាំងមូល​ផ្នែក​បច្ចេកវិទ្យា​។ ក្នុង​នោះ​លោក​បាន​បង្ហាញ​ផង​ដែរ​ថា​ សមាសភាព​ចូលរួម​ក្នុង​ដំណាក់កាល​កំណែ​ និង​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ គឺ​មាន​សមាសភាព​ដូចជា​ គណៈកម្មការ​អប្បមាទ​ ប្រធាន​អនុប្រធាន​មណ្ឌល​កំណែ​ គណៈកម្មការ​កំណែ​ គណៈកម្មការ​តាម​មុខវិជ្ជា​ និង​អ្នកទទួល​បន្ទុក​ផ្នែក​បច្ចេកវិទ្យា​។ គណៈកម្មការ​ទាំងអស់​នេះ​ នឹង​ធ្វើការងារ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​ពី​ប្រក្រតី​ភាព​ ប្រសិទ្ធភាព​ ភាព​យុត្តិធម៌​ តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​៕

  • វេស​ឡាញ​ យក​កម្មវិធី​សិក្សា​រដ្ឋ​ជាគោល​ បន្ថែម​កម្មវិធី​លំដាប់​ពិភពលោក​ដើម្បី​ជួយ​សិស្ស​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​

    វេស​ឡាញ​ យក​កម្មវិធី​សិក្សា​រដ្ឋ​ជាគោល​ បន្ថែម​កម្មវិធី​លំដាប់​ពិភពលោក​ដើម្បី​ជួយ​សិស្ស​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​

    ការអប់រំ​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការកំណត់​ពី​វាសនា​អនាគត​របស់​មនុស្ស​ម្នា​ក់ៗ​ និង​សង្គម​ទាំងមូល​ ព្រោះ​ប្រសិនបើ​កុមារ​ និង​យុវជន​នា​ពេល​បច្ចុប្បន្ន​ទទួល​បានការ​អប់រំ​ល្អ​ នោះ​ប្រមាណ​ជាង​ 10ឆ្នាំ​ទៀត​ ពួកគេ​នឹង​ក្លាយជា​អ្នកជំនាញ​លើ​គ្រប់​វិស័យ​ដែល​អាច​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​ នៅ​ថ្ងៃក្រោយ​សង្គម​នឹង​សម្បូរទៅដោយ​ធនធានមនុស្ស​ប្រកបដោយ​សក្តា​នុ​ពល​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ ដើម្បី​ជំរុញ​ឱ្យ​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​របស់​យើង​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ និង​ស្រប​ជាមួយនឹង​ទីផ្សារ​ការងារ​សម្រាប់​អនាគត​ យើង​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការអប់រំ​ ដោយ​ផ្តោត​លើ​កម្មវិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ជាគោល​ ហើយ​បន្ថែម​នូវ​កម្ម​វិ​ធី​ល្អ​ៗជាច្រើន​ផ្សេងទៀត​ដើម្បី​បំពេញបន្ថែម​។ កម្មវិធី​ដែល​យើង​បាន​ដាក់បញ្ចូល​ឱ្យ​សិស្សរបស់​យើង​សិក្សា​បន្ថែម​ ភាគច្រើន​ជា​កម្មវិធី​ដែល​ពិភពលោក​កំពុង​ត្រូវការ​ដូច​កម្មវិធី​វិទ្យាសាស្ត្រ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​កម្មវិធី​អប់រំ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) រួម​ទាំង​ប្រភព​ចំណេះដឹង​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​អនុវត្ត​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុង​ត្រូវការ​ជំនាញ​ STEM​ ហើយក៏​កំពុង​វិវឌ្ឍ​បន្ថែម​ទៀត​ទៅជា​ STEAM​ ព្រោះ​គេ​រក​ឃើញថា​ ក្រៅពី​ចំណេះ​ជំនាញ​ផ្នែក​រឹង​ហើយ​ មនុស្ស​ក៏​ត្រូវការ​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ទន់​មួយទៀត​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​មាន​ជំនាញ​ផ្នែក​នេះ​ច្រើន​ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ពូកែ​ទាំង​ខាង​សមត្ថភាព​ការងារ​ និង​ការ​ចេះ​ដំណើរការ​ក្នុង​ជីវិត​ប្រកបដោយ​សេចក្តី​សុខ​ និង​រីកចម្រើន​ទៅជាមួយ​គ្នា​។ សម្រាប់​ វេស​ឡាញ​ យើង​បាន​បញ្ចូល​រួចជាស្រេច​នូវ​ជំនាញ​ទាំងអស់​នេះ​ ដែល​វា​ជា​ជំហាន​ដ៏​ល្អ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​សិស្ស​”។

    ស្ថាបនិក​គ្រឹះស្ថានសិក្សា​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ដើម្បី​បណ្តុះបណ្តាល​សិស្សរបស់​យើង​នូវ​ជំនាញ​ផ្នែក​ទន់​សំ​ខាន់​ៗ យើង​បាន​ផ្តល់​ជូន​ពួកគេ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ​ Money​ Tree​ ដែល​ធ្វើ​ឱ្យ​សិស្ស​កាន់តែ​មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការគ្រប់គ្រង​លុយកាក់​នា​ថ្ងៃ​អនាគត​។ យើង​ក៏បាន​ទិញ​សិទ្ធិ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​សិស្សរបស់​យើង​អាច​រៀបចំ​ផ្នត់​គំនិត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ មាន​ភាព​ជា​ម្ចាស់ការ​ ចេះ​រៀបចំ​ ឬបែងចែក​ផែនការ​ការងារ​អាទិភាព​ និង​ចេះ​សហការ​គ្នា​ជា​ក្រុម​បាន​ល្អជា​ដើម​។ ការ​ដាក់បញ្ចូល​នូវ​កម្មវិធី​ទាំងអស់​នេះ​ នឹងអាច​ជួយ​ឱ្យ​ពួកគេ​ក្លាយជា​ធនធាន​ដែល​មាន​សមត្ថភាព​ខ្ពស់​ និង​កាន់តែ​មាន​សក្តា​នុ​ពល​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​នៅ​ថ្ងៃខាងមុខ​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏​មើលឃើញ​ផង​ដែរ​ពី​ការប្រែប្រួល​នៃ​ពិភពលោក​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ​ ហេតុនេះ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ តាមរយៈ​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​សម្រាប់​ការអប់រំ​ ដោយ​បំពាក់​នូវ​កុំព្យូទ័រ​ទំនើប​ៗ រួម​ទាំង​បច្ចេកវិទ្យា​ VR​ (Virtual​ Reality​) និង​បច្ចេកវិទ្យា​ AR​ (Argument​ Reality​) ដើម្បី​ឱ្យ​សិស្ស​បាន​ផ្សាំុ​ខ្លួន​ និង​យល់​កាន់តែ​ច្បាស់​ពី​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់​ពិភពលោក​។

    ចំពោះ​បញ្ហា​គុណភាព​គ្រូបង្រៀន​ លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​លើកឡើង​ថា​ វេស​ឡា​ញយ​កចិត្ត​ទុកដាក់​ខ្លាំង​លើ​គ្រូបង្រៀន​ ព្រោះ​លោក​យល់ឃើញ​ថា​ គ្រូ​ជា​អ្នក​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ ហេតុនេះ​ទន្ទឹម​នឹង​សិស្ស​ខិតខំ​រៀនសូត្រ​ហើយ​ គ្រូ​ក៏​ចាំបាច់​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ជាប្រចាំ​ផង​ដែរ​ ដើម្បី​ធានា​ថា​ ការអប់រំ​អាច​ឆ្លើយតប​ និង​ប្រើប្រាស់​បាន​ល្អ​សម្រាប់​អនាគត​របស់​សិស្ស​។ វេស​ឡាញ​ តែងតែ​រៀបចំ​នូវ​កម្មវិធី​វេទិកា​គ្រូ​បង្រៀន​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​លោកគ្រូ​ អ្នកគ្រូ​ ទទួល​បាន​គំ​និ​តថ្មី​ៗបន្ថែម​ពី​អ្នកជំនាញ​ និង​ធ្វើការ​ផ្លាស់​ប្តូរ​មតិ​គ្នា​ ក្នុង​គោលបំណង​ពង្រឹង​ចំណេះ​ដឹង​ថ្មី​ៗសម្រាប់​ចែករំលែក​ទៅកាន់​សិស្ស​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។

    សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃ​ទី1​ ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

  • ខែ​នេះ​សាក​តុបតែង​មុខ​បែប​នារី​កូរ៉េ​បែប​ Cute​ គួរ​ឱ្យ​ស្រឡាញ់​

    ខែ​នេះ​សាក​តុបតែង​មុខ​បែប​នារី​កូរ៉េ​បែប​ Cute​ គួរ​ឱ្យ​ស្រឡាញ់​

    តោះ​ចឹង​មក​តុបតែង​មុខ​បែប​ស្អា​តៗ​ Cute​ តាម​ស្តាយ​ល៍​នារី​កូរ៉េ​វិញ​ម្តង​ណា៎​។ បើ​និយាយ​ពី​ភាព​ស្រស់​ស្អាត​ និង​ម្ញ៉ិកម្ញ៉ក់​គួរ​ឱ្យ​ខ្នាញ់​ គឺ​ត្រូវ​ប្រ​គល់​ទៅ​ឱ្យ​នា​រីៗ​កូរ៉េ​ហើយ​ ទាំង​ភាព​ស្រស់​ស្អាត​ គួរ​ឱ្យ​ស្រឡាញ់​បែប​ Cute​ ទោះជា​ការ​ផាត់មុខ​មើលទៅ​ធម្មជាតិ​មិន​ក្រាស់​ទេ​ តែ​ក៏​នៅតែ​ស្អាត​ត្រូវចិត្ត​ មិន​ស៊ាំ​ភ្នែក​ទេ​ ហើយ​ថែមទាំង​មើលទៅ​រាង​ក្មេង​ជាង​វ័យ​ទៀតផង​។ បើ​ចឹង​ចាំ​អង្កាល​ទៀត​ តោះ​! តុបតែង​មុខ​បែប​គួរ​ឱ្យ​ស្រឡាញ់​តាម​នារី​កូរ៉េ​ទាំងអស់គ្នា​ណា៎​៕

  • កសិករ​បង្កើន​ការ​ដាំដំណាំ​បន្លែ​សរីរាង្គ​ បន្លែ​សុវត្ថិភាព​ ដើម្បី​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​

    កសិករ​បង្កើន​ការ​ដាំដំណាំ​បន្លែ​សរីរាង្គ​ បន្លែ​សុវត្ថិភាព​ ដើម្បី​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​

    ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​ជ្រើសរើស​បន្លែ​សរីរាង្គ​ច្រើនជាង​បន្លែ​នាំចូល​ ដូច្នេះហើយ​ទើប​អាជ្ញាធរ​មូលដ្ឋាន​បាន​ជំរុញ​ឱ្យ​កសិករ​ពង្រីក​ផ្ទៃដី​បន្ថែម​ និង​បង្កើន​ការ​ដាំដុះ​តាម​បច្ចេកទេស​ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​។ បន្លែ​ទាំងនេះ​ ជា​បន្លែ​សរីរាង្គ​ និង​បន្លែ​សុវត្ថិភាព​ដែល​បងប្អូន​ប្រជាកសិករ​នៅ​មូលដ្ឋាន​ចូលចិត្ត​ដាំ​ សម្រាប់​ផ្គត់ផ្គង់​ជា​លក្ខណៈ​គ្រួសារ​ និង​បេះ​យក​មក​លក់​លើ​ទីផ្សារ​តាម​បណ្តា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផង​ និង​ទប់ស្កាត់​ការនាំចូល​បន្លែ​មិនល្អ​ពី​ប្រទេសជិតខាង​ផង​ដែរ​។

    តប​តាម​តម្រូវការ​លើ​ទីផ្សារ​ក្នុង​មូលដ្ឋាន​ កសិករ​នៅ​ឃុំ​សាមឃួយ​ ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង​ ជិត​700គ្រួសារ​បាន​នាំគ្នា​ដាំ​បន្លែ​សរីរាង្គ​ដោយ​ផ្ទាល់ដៃ​ដើម្បី​ទ្រទ្រង់នូវ​សុខភាព​ដល់​អ្នកទទួល​ទាន​ និង​ទប់ស្កាត់​ការ​ហូរ​ចូល​បន្លែ​ពីក្រៅ​ប្រទេស​ផង​ដែរ​។ បន្លែ​ដែល​ប្រជាកសិករ​ដាំដុះ​ទាំងនោះ​ រួមមាន​ដូចជា​សាលាដ​ ត្រសក់​ ននោង​ ស្ពៃ​ ត្រប់​ ប៉េង​បោះ​ ត្រកួន​ ត្រឡាច​ និង​ខាត់ណា​ជាដើម​។

    មេឃុំ​សាមឃួយ​ លោក​ ខាវ​ ខាំ​អន​ បានដឹង​ថា​៖“កសិ​កនៅក្នុង​ឃុំ​ទាំងមូល​ ភាគច្រើន​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​លើ​បច្ចេកទេស​ដាំដុះ​ដំណាំ​សុវត្ថិភាព​ និង​បន្លែ​សរីរាង្គ​ ព្រោះ​ពួកគេ​ចាប់ផ្តើម​មាន​ការ​កត់សម្គាល់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ដែល​អាច​ឱ្យ​ពលរដ្ឋ​បង្កើន​ចំណូល​ ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​ចូលរួម​ទប់ស្កាត់​ការនាំចូល​បន្លែ​ដែល​មាន​ជាតិគីមី​”។

    ដោយឡែក​លោក​ អ៊ុ​ក សំណាង​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តព្រៃវែង​បាន​មានប្រសាសន៍​ឱ្យ​ដឹងពី​ចំនួន​ប្រជាកសិករ​បច្ចុប្បន្ន​ដែល​ប្រកបមុខរបរ​ដាំ​បន្លែ​សុវត្ថិភាព​នៅក្នុង​ ស្រុក​កញ្ច្រៀច​ ខេត្តព្រៃវែង​ បាន​កើនឡើង​ច្រើន​ ហើយ​ផ្ទៃដី​ដាំដុះ​ក៏បាន​កើនឡើង​រហូតដល់​ទៅ50​%ដែរ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​ ដោយសារតែ​បន្លែ​ដែល​ពួកគាត់​ដាំ​បាន​មាន​តម្រូវការ​ទីផ្សារ​ល្អ​ ព្រមទាំង​មានការ​ជួយ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ ទាំង​បច្ចេកទេស​ដាំដុះ​ និង​រក​ទីផ្សារ​បន្លែ​ឱ្យ​ផង​ដែរ​។

    លោក​ បាន​បន្ត​ទៀត​ថា​ ប្រជាកសិករ​ដែល​ប្រកបមុខរបរ​ដាំ​បន្លែ​សុវត្ថិភាព​នេះ​មាន​ចំនួន​ 3ភូមិ​ គឺ​ភូមិ​អ្នកតា​ជ័យ​ ភូមិ​ត្រ​ពាំង​ប្រស្រែ​លិច​ និង​ភូមិ​ត្រពាំង​ប្រស្រែកើ​ត ក្នុង​ឃុំ​គោកគង់លិច​ ស្រុក​កញ្ច្រៀច​ ខេត្ត​ព្រៃវែង​ នៅ​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជា​ 30ហិ​កតា​ ខណៈ​ឆ្នាំមុន​មានត្រឹមតែ​ 15ហិ​កតា​ប៉ុណ្ណោះ​។ បន្លែ​សុវត្ថិភាព​ដែល​ពួកគាត់​ដាំ​មាន​ដូចជា​ ស្ពៃចង្កឹះ​ ស្ពៃ​តឿ​ខាត់ណា​ ស្ពៃក្រញាញ់​ ស្ពៃស​ ឆៃថាវ​ ម្រះ​ ត្រសក់​-ល- ដែល​បន្លែ​ទាំងនេះ​ ពុំ​ប្រើប្រាស់​ថ្នាំ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​នោះ​ទេ​។

    ឯប្រជាកសិករ​នៅ​កោះ​ពាមរាំង​វិញ​ បាន​បញ្ជាក់​ថា​ ក្រៅពី​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​មក​បង្រៀន​បច្ចេកទេស​កសិកម្ម​ និង​ផ្តល់​ពាងទឹក​ហើយ​ ក៏​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ បាន​ចុះ​មក​ជួយ​ជា​សម្ភារ​ និង​បច្ចេកទេស​ផង​ដែរ​ ជាហេតុ​ធ្វើ​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​អាច​ពង្រីក​ផ្ទៃដី​ដាំដុះ​ និង​ផលិត​បន្លែ​នាំចេញទៅ​លក់​លើ​ទីផ្សារ​បាន​ក្នុង​ 1ថ្ងៃ​ប្រមាណ​ពី​ 1តោន​ ទៅ​ 2តោន​ឯណោះ​ ហើយ​ឆ្នាំ​ក្រោយ​ៗទៀត​ ពួកគាត់​រំពឹង​ថា​ នឹងអាច​ផលិត​បាន​លើស​នេះ​ទ្វេដង​ទៀតផង​។ កោះ​ពាមរាំង​ មាន​ពលរដ្ឋ​ជាង​ 300គ្រួសារ​មានផ្ទៃ​ដី​ដាំដុះ​រាប់ពាន់​ហិ​កតា​។

    ប្រជាកសិករ​ទាំងនេះ​បាន​បញ្ជាក់​ថា​ បន្លែ​ដែល​ពួកគាត់​ដាំ​បាន​ គឺ​មិន​ភ័យ​បារម្ភ​រឿង​ទីផ្សារ​នោះ​ទេ​ មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ​ ហើយ​មាន​គេ​មក​ប្រមូល​ទិញ​ដល់​រង​បន្លែ​តែម្តង​ ដោយ​ពួកគាត់​គ្រាន់តែ​កាត់​រួច​ច្រក​ថង់​ទុក​ តាម​ការ​កុម្ម៉ង់​ទិញ​របស់​ម៉ូយ​ជា​ការ​-ស្រេច​ ចំណែក​តម្លៃ​ក៏​ល្អ​គួរសម​អាច​ទទួលយក​បាន​ផង​ដែរ​។

    មុខរបរ​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​ពួកគាត់​ បាន​ធូរធារ​ច្រើនណាស់​ គឹ​ដោះស្រាយ​រួច​ទាំង​ជីវភាព​ប្រចាំថ្ងៃ​ ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​ៗនិង​សល់​ប្រាក់​សម្រាប់​សន្សំ​នៅក្នុង​គ្រួសារ​ថែមទៀត​ផង​ និយាយរួម​ គឹ​ពួកគាត់​អាច​រស់​យ៉ាង​ស្រួល​ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ ទៅ​រក​ការងារ​ធ្វើ​នៅកន្លែង​ឆ្ងាយ​ដូចមុន​នោះ​ទេ​។

    លោក​ឧកញ៉ា​ សុង​ សា​រ៉ន​ អគ្គនាយក​ក្រុមហ៊ុន​អេម​រុ​ រា​យស៍​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ជាតិគីមី​ អេម​រុ​ រ៉ា​យស៍​គាំទ្រ​ ហើយ​កម្ពុជា​ត្រូវ​ដើរ​លើ​ទិសដៅ​នេះ​។ ជាក់ស្តែង​ស្ថាប័ន​របស់​លោក​បាន​ធ្វើ​លើ​កិច្ចការ​នេះ​អស់​រយៈពេល​ 4ឆ្នាំ​មក​ហើយ​ ដោយ​បាន​គាំំ​ទ្រ​កសិកម្ម​បែប​បៃតង​ ឬបែប​ចីរភាព​ តាមរយៈ​ការ​ធ្វើការ​ជាមួយ​សហគមន៍​កសិករ​ចំនួន60​ និង​មាន​កសិករ​កើនឡើង​ដល់​ 1ម៉ឺន​នាក់​មកដល់​ឆ្នាំ2019​ នេះ​។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“សហគមន៍​ទាំង​នេះ​មាននៅ​ខេត្តព្រះវិហារ​ បាត់ដំបង​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ តាកែវ​ កំពង់ចាម​ និង​ព្រៃវែង​ ដែល​មានផ្ទៃ​ដី​ធ្វើ​កសិកម្ម​តាម​បែប​កិច្ចសន្យា​នេះ​ជាង​ 2ម៉ឺន​ហិ​កតា​ដែល​ប្រមូល​ផល​បាន​ប្រមាណ​ 10ម៉ឺន​តោន​ក្នុង​ 1ឆ្នាំ​។ ក្នុង​ទិសដៅ​នេះ​ បើសិន​យើង​ធ្វើ​កសិកម្ម​បែប​បៃតង​នេះ​បាន​ យើង​នឹង​ក្លាយជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​នូវ​ចំណីអាហារ​មាន​សុវត្ថិភាព​ហើយ​ប្រទេស​ណា​ដែលគេ​ចង់​ហូប​អាហារ​បែបនេះ​ គេ​នឹង​មក​ទិញ​របស់​យើង​”។

    លោក​ឧកញ៉ា​ សុង​ សា​រ៉ន​ លើកឡើង​ថា​ “ដើម្បី​ធ្វើ​កសិកម្ម​បែប​បៃតង​នេះ​ឱ្យ​បាន​ដល់​គោលដៅ​ វា​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ និង​រដ្ឋ​ត្រូវ​ដើរ​ឱ្យ​ស្របគ្នា​គ្រប់ជ្រុងជ្រោយ​ ទើប​ទៅដល់​ទិសដៅ​។ បើ​មិន​ធ្វើ​បែបនេះ​ទេ​ យើង​ដើរ​មិន​ងាយ​ទៅដល់​គោលដៅ​ឡើយ​។ កិច្ច​សា​ហការ​គ្នា​នេះ​ អាច​ឱ្យ​យើង​មើល​ឃើញ​លទ្ធផល​ក្នុងរយៈពេល​ខ្លី​បាន​ថា​ អាច​ដើរទៅ​មុខ​រួច​។ ការជំរុញ​ ការ​លើកទឹកចិត្ត​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ​នេះ​ វា​ជា​រឿង​មួយ​ដ៏​ល្អ​ ប៉ុន្តែ​វា​នៅ​មានកម្រិត​នៅឡើយ​”។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ដាក់បញ្ចូល​ផលិតផល​បន្លែ​សរីរាង្គ​ ជាផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​(AIMS​)គឺ​ដើម្បី​ថែរក្សា​ស្នាមញញឹម​ និង​ បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​នៅ​តាម​សហគមន៍​ជនបទ​ សំដៅ​កាត់បន្ថយ​ភាព​ក្រីក្រ​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បានឱ្យ​ដឹង​ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផលិតផល​បន្លែ​សរីរាង្គ​ ដែល​ដាំដុះ​ដោយ​ប្រជាកសិករ​មក​ពី​ស្រុក​ចំនួន5​ គឺ​ស្រុក​ពួក​ បាគង​ សូត្រ​និគម​ បន្ទាយស្រី​ និង​អង្គរជុំ​ នៅក្នុង​បរិវេណ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-ឥណ្ឌូ​នេ​ស៊ី​ ឆ្នាំ2019​។

    នៅក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ជម្រាប​ជូន​ប្រជាកសិករ​ថា​“ការផលិត​បន្លែ​សរីរាង្គ​នេះ​ ក្រៅពី​ផ្តល់​ប្រាក់ចំណូល​ជូន​បងប្អូន​ហើយ​ ក៏​ជួយ​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​ ព្រោះ​យើង​ដាំដុះ​ដោយខ្លួនឯង​ ចំណែក​ឯប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​បរិភោគ​ ក៏​ទទួល​បាន​សុខភាព​ល្អ​ដូចគ្នា​។យើង​(ក្រសួង​ពាណិជ្ជកម្ម​) ចង់​ឃើញ​បងប្អូន​ទាំងអស់​ ប្រែក្លាយ​ពី​កសិករ​ឆ្នើម​ទៅជា​ពាណិជ្ជករ​ជោគជ័យ​ រកស៊ី​កាន់តែ​ចំណេញ​ មាន​ប្រាក់​កាន់តែ​ច្រើន​! នោះ​ហើយ​គឺជា​គោលបំណង​ធំ​ នៃ​គម្រោង​ អែម​ស៍​ (AIMS​) របស់​យើង​”៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 185

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 185

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/08/LRPN_185-Final-For-Web.pdf” force_dl=”1″]

  • ក្អក កណ្ដាស់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​រលាក​ទាំង3នេះ

    ក្អក កណ្ដាស់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​រលាក​ទាំង3នេះ

    មនុស្ស​ភាគច្រើន​យល់ថា​អាការ​កណ្ដាស់​ តឹងច្រមុះ​ និង​ដក​ដង្ហើម​ខ្លី​ៗ ជា​អាការ​នៃ​ជំងឺ​ផ្ដាសាយ​ធម្មតា​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ប្រភព​នៃ​រោគសញ្ញា​ ឬអាការ​ទាំងនេះ​ គឺ​អាច​ជា​ការ​អា​ឡែក​ស៊ី​ ឬប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង​។ មនុស្សយើង​មាន​សរសៃឈាម​តូចឆ្មារ​ជាច្រើន​នៅក្នុង​ច្រមុះ​ ហើយ​នៅពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ធូលី​ ក៏​កើតការ​ប៉ះ​លើ​សរសៃឈាម​តូចឆ្មារ​នៅក្នុង​ស្បែក​ស្ដើង​នៃ​ច្រមុះ​ ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការដកដង្ហើម​ និង​តឹងច្រមុះ​។ តើក​ត្តា​រោគ​រលាក​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ ក្អក​ កណ្ដាស់​ញឹកញាប់​? វា​មាន​ហានិភ័យ​ដល់​រាងកាយ​ និង​សុខភាព​ឬទេ​? តោះ​មក​ពិចារណា​ចំណុច​ខាងក្រោម​នេះ​ដូចតទៅ​៖

    1.រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​
    ក្នុងករណី​ដែល​មិនមែន​ជា​ជំងឺ​ផ្តាសាយ​ គឺ​មិន​បាន​កណ្តាស់​ និង​មាន​ទឹកសំបោរ​ខាប់​ស្អិត​ រួម​ទាំង​មិន​មាន​អាការ​ឈឺក្បាល​ឡើយ​ ដូច្នេះ​វា​អាច​ទៅរួច​ថា​ អាការ​កណ្តាស់​ញឹកញាប់​របស់​អ្នកនេះ​ អាច​បណ្តាល​មក​ពី​សភាព​របស់​រោគ​ប្រតិកម្ម​ចាញ់​ធាតុ​អាកាស​ រឹតតែ​នៅ​លើ​មនុស្ស​ដែល​មាន​អាការ​កណ្តាស់​ញឹក​ញាប់​ជាប់​ៗគ្នា​ ឬមាន​អាការ​រមាស់​ក្នុង​ភ្នែក​ ហៀរ​ទឹកភ្នែក​រួម​ជាមួយ​ផង​នោះ​ ក៏​រឹតតែ​សង្ស័យ​ថា​ អាច​នឹង​កើតរោគ​ប្រតិកម្ម​ចាញ់​អាកាស​ធាតុ​ ឬជំងឺ​ច្រមុះ​បាន​ដែរ​ ព្រោះ​រោគ​នេះ​ជា​អាការ​ដែល​កើតឡើង​នៅ​លើ​សាច់​ភ្នាស​ក្នុង​ច្រមុះ​ ដែល​សាច់​ភ្នាស​ក្នុង​ច្រមុះ​របស់​អ្នក​កើតរោគ​នេះ​នឹង​ឆាប់រហ័ស​មាន​ប្រតិកម្ម​ជាមួយនឹង​កត្តា​ជំរុញ​ជា​ច្រើន​ដូចជា​ សភាព​អាកាសធាតុ​ ធូលី​ដី​ លំអង​ទឹក​ភ្លៀង​ កេសរ​របស់​ផ្កា​ មេរោគ​ផ្សិត​ រោមសត្វ​ ឬសូម្បី​តែ​ក្លិន​ និង​វត្ថុ​ដែល​ធ្វើ​ឱ្យ​រលាក​ក្រ​ហាយ​ផ្សេង​ៗរហូត​បង្ក​ឱ្យ​កើតជា​អាការ​កណ្តាស់​។

    2. អាការ​រលាក​ច្រមុះ​
    ពេលខ្លះ​មិន​ប្រាកដ​ថា​ ក្អក​ស្ងួត​ ហៀរសំបោរ​ កណ្ដាស់​ ឈឺក្បាល​ សុទ្ធតែ​ជា​ជំងឺ​ផ្ដាសាយ​ទេ​។ វា​អាច​ជា​អាការ​របស់​អាការ​រលាក​ច្រមុះ​ ដែល​អ្នក​កំពុង​ប្រឈម​ និង​នឹកស្មាន​មិនដល់​។ វា​កើតឡើង​នៅពេល​ប្រហោងច្រមុះ​ហើម​ និង​រលាក​ ដោយសារ​ការ​ឆ្លង​វី​រ៉ុស​។ ហើយ​វា​បង្ក​ឱ្យ​ធ្ងន់ធ្ងរ​ ឬស្រាល​ រយៈ​ពេល​យូរ​ និង​ខ្លី​ តាម​ប្រភេទ​មេរោគ​ ហើយ​វា​កើត​ឡើង​យូរ​បំផុត​គឺ​រយៈពេល​ 6 ទៅ​ 8សប្ដាហ៍​។ ប្រ​សិន​បើ​មិន​ព្យាបាល​ទេ​ វា​អាច​ធ្វើ​ឱ្យ​ខូច​ប្រហោង​ច្រមុះ​ ឆ្លង​ដល់​ត្រចៀក​ និង​ភ្នែក​ ឬអាច​ឈាន​ដល់​ជំងឺរលាកស្រោមខួរ​ក៏​ថា​បាន​ដែរ​។ យ៉ាងណាមិញ​ជាទូទៅ​ការ​ព្យាបាល​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​តែ​មិនដឹង​អំពី​អាការ​របស់​វា​ និង​ស្មានថា​វា​គឺ​ជា​ជំងឺ​ផ្ដាសាយ​។អ្នក​អាច​ធ្វើ​កំណត់សម្គាល់​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ច្រមុះ​ ហើយ​ដឹង​ថា​វា​មិនមែន​ជា​ជំ​ងឺ​ផ្ដាសាយ​ដូចជា​៖
    . ឈឺចាប់​នៅ​លើ​ផ្ទៃមុខ​ ឬមាន​សម្ពាធ​នៅ​លើ​ផ្ទៃមុខ​
    . ហៀរសំបោរ​ពណ៌ខៀវ​ ឬពណ៌លឿង​
    . ក្អក​មាន​ស្លេ​ស
    . តឹងច្រមុះ​យូរ
    ​. ឈឺក្បាល​
    . ដកដង្ហើម​មក​មាន​ក្លិនអាក្រក់​
    . ឈឺធ្មេញ​ ដោយសារ​សម្ពាធ​ប្រហោង​ឆ្អឹង​ច្រមុះ​
    . និង​ហឹងត្រចៀក​… ជាដើម​។

    3. ជំងឺ​រលាក​សួត​
    មនុស្ស​មួយចំនួន​ងាយ​នឹង​មាន​ហានិភ័យ​ជា​មួយ​នឹង​ជំងឺ​រលាក​សួត​ ជាពិសេស​ចំពោះ​កុមារ​ដែល​មិនទាន់​មានការ​លូតលាស់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ និង​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី65ឆ្នាំ​ ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​។ លើស​ពីនេះ​ទៅទៀត​ ជំងឺ​រលាក​សួត​វា​មាន​ហា​និ​ភ័យ​ទៅលើ​អ្នក​ជក់បារី​ អ្នក​ដែល​មាន​ជំងឺហឺត​ និង​អ្នកជំងឺ​សរសៃឈាម​បេះដូង​ ឬជំងឺមហារីក​ក៏​ងាយ​នឹង​មាន​ហានិភ័យ​ផង​ដែរ​។ មួយវិញទៀត​ ជំងឺ​នេះ​អាច​ឆ្លងតាម​រយៈ​ការ​ក្អក​ កណ្តាស់​ និង​ការចែក​អា​ហារ​បរិភោគ​ជាមួយគ្នា​ជាដើម​។ ម្យ៉ាងទៀត​ចំពោះ​បុគ្គល​ដែល​រស់នៅ​ជិតស្និទ្ធ​ជាមួយគ្នា​ ឬរស់នៅ​ផ្ទះ​តែមួយ​ សិស្ស​ និស្សិត​ ឬបងប្អូន​បង្កើត​ជាដើម​ ក៏​ងាយ​នឹង​ឆ្លង​ដែរ​។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សួត​មាន​ដូ​ជា​ ៖
    – ក្អក​ (ក្អក​មាន​ស្លេ​ស ក្អក​គ្មាន​ស្លេ​ស ឬមាន​សំបោរ​ពណ៌លឿង​)
    – កណ្ដាស់​ញឹកញាប់​ហើយ​អស់កម្លាំង​
    – ហើយ​ថែមទាំង​គ្រុនក្តៅ​ញ័រញាក់​
    – ចង្អោរ​រក​កល​ចង់​ក្អួត​ ឬក្អួត​តែម្តង​
    – ចង្វាក់​បេះដូង​ដើរលឿន​
    – មិន​ស្រួល​ក្នុង​ខ្លួន​បែកញើស​
    – មាន​ដង្ហើម​ខ្លី​
    – មានការ​ឈឺចាប់​នៅដើម​ទ្រូង​ និង​មាន​ដង្ហើម​ដង្ហក់​ ឬដង្ហើម​ជ្រៅ​ ហើយ​ក្អក​ទៀតផង​
    – ពិបាក​ដកដង្ហើម​ ហើយ​មាន​សូរ​សំឡេង​ក្រេត​ក្រ​តៗ​ផង​ដែរ​៕

  • នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? ភាគ ០១

    នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? ភាគ ០១

    ខាងក្រោម​នេះ​ជា​លក្ខណៈ​របស់​នារី​នៅ​លីវ​ 12បែប​ដែល​នឹង​បង្ហាញ​ឱ្យ​អ្នកមើល​ឃើញថា​ តើ​ខ្លួន​អ្នក​ ជានា​រី​នៅ​លីវ​ក្នុង​ស្ទីល​ណាមួយ​?

    1 ជា​កញ្ញា​រ៉ូមែ​នទិ​កអ្នក​នឹង​មិន​ខកខាន​ទស្សនា​ខ្សែភាពយន្ត​ប្រភេ​ទរ៉ូ​មែន​ទិ​កខំ​មេ​ឌី​មួយ​រឿង​ណា​ឡើយ​ ហើយ​ពេលនេះ​ក៏​កំពុង​តាម​រក​ស្នេហា​ពិត​ ដូចជា​គូ​របស់​ អ៊ែ​លលី​ និង​ណូ​អាហ៍​ក្នុង​ខ្សែភាពយន្ត​រឿង​ The​ Notebook​ ដែរ​។ អ្នក​នឹង​បានដឹង​ភ្លាម​តែម្ដង​ថា​ គេ​ម្នាក់​នោះ​គឺជា​បុរស​ក្នុង​ក្ដី​សុបិន​របស់​អ្នក​ បើ​គេ​ប្រគល់​ក្ដី​ស្នេហ៍​ ការ​យកចិត្ត​ទុកដាក់​ និង​វត្ថុ​អនុស្សាវរីយ៍​ជូន​អ្នក​យ៉ាង​សន្ធឹក​សន្ធាប់​ ខណៈ​ពេល​កំ​ពុង​ខ្សិប​ពាក្យពេចន៍​ដ៏​ពីរោះ​នៅ​ក្បែរ​ត្រចៀក​ក្នុងអំឡុងពេល​ដែល​អ្នក​ទាំងគូ​កំពុង​ញ៉ាំ​អាហារ​ពេលល្ងាច​នៅ​ពីមុខ​ផ្ទាំង​ទឹកជ្រោះ​ធ្លាក់​ដែលគេ​រៀបចំ​ទុកជាមុន​ ព្រម​ជាមួយ​វង់តន្ត្រី​ដែល​អ្នកជួល​មក​កំពុង​ប្រគំ​បទភ្លេង​សំណព្វចិត្ត​របស់​អ្នក​។ អូ​…ពិតជា​វិសេស​មែន​! មិន​ចម្លែក​ឡើយ​ដែល​អ្នក​នឹង​ស្រមើស្រមៃ​រក​ភា​ពរ៉ូ​មែន​ទិ​កពី​មនុស្ស​ប្រុស​ណា​ម្នាក់​ តែ​កុំ​ភ្លេច​ថា​ មនុស្ស​ប្រុស​នៅក្នុង​ជីវិត​ពិត​ គ្មាន​ផ្លូវ​ដូច​ រ៉ៃ​អាន់​ ហ្ក​ស្ល៊ី​ង ក្នុង​ខ្សែភាពយន្ត​ឡើយ​។

    2 ជា​កញ្ញា​ប៉ិន​សង្ស័យ​ និង​ប្រយ័ត្ន​អ្នក​មិនមែន​ជា​មនុស្ស​ល្ងង់​ អ្នកជា​មនុស្ស​ដែល​មាន​បទ​ពិសោធ​ជោកជាំ​ ហើយ​ម៉ាស៊ីន​ចាប់កំហុស​របស់​អ្នក​ក៏​ច្បាស់​ដូច​ថ្ងៃ​ទៀត​!(ប្រហែលជា​ត្រូវ​បាន​សាង​ឡើង​ដោយ​អង្គការ​ណា​សា​)…។ នៅពេល​អ្នក​ជួប​មនុស្ស​ប្រុស​ អ្នក​នឹង​មិន​បង្ហាញ​អាកប្ប​កិរិយា​អ្វី​ចេញ​មក​ភ្លាម​ៗនោះ​ទេ​ តែ​នឹង​សន្និដ្ឋាន​ទុកជាមុន​ថា​ គេ​ម្នាក់​នោះ​គឺ​ អា​ល្ងង់​ម្នាក់​ រួចហើយ​សឹម​ស្វែងរក​ចំណុច​មក​ពិសោធ​តាម​ក្រោយ​ថា​ មិនមែនទេ​។ អ្នក​ធ្លាប់​ខក​ស្នេហ៍​ និង​គ្មាន​ថ្ងៃ​បណ្ដោយ​ឱ្យ​វា​កើតឡើង​ម្ដងទៀត​ឡើយ​។ ពិតហើយ​ដែល​យើង​ត្រូវតែ​ពិសោធ​ថា​តើ​បុរស​ម្នាក់​នោះ​មានតម្លៃ​គ្រប់​គ្រាន់​ឬទេ​?មុននឹង​បណ្ដោយ​ឱ្យ​គេ​ដើរចូល​មក​ក្នុង​ជីវិត​…តែ​ការ​ខ្លាច​ ឬប្រយ័ត្ន​ខ្លាំង​ជ្រុល​ពេក​ អាច​ក្លាយជា​ការរារាំង​ ឬកាត់បន្ថយ​ឱកាស​របស់​ខ្លួនឯង​… ដូច្នេះ​ចូរ​បើក​ចិត្ត​ឱ្យ​ទូលាយ​ និង​ប្រើ​ឱកាស​នោះ​ឱ្យ​បាន​ល្អ​បំផុត​។

    3 ជា​កញ្ញា​មហា​រើស​អ្នក​ប្រៀប​ដូចជា​គ្រាប់បែក​ដ៏​ក្ដៅ​គគុក​ និង​មាន​មន្ត​ស្នេហ៍​ ដែល​ប្រាកដ​ណាស់​ថា​ អ្នក​ច្បាស់ជា​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​កំ​លោះ​ៗជាច្រើន​… តែបើ​គេ​មិន​ធ្វើតាម​អ្វី​ដែល​អ្នក​ទាមទារ​ ដែល​វា​កាន់តែ​ច្រើនឡើង​ជា​រឿយ​ៗនោះ​ ធានា​ថា​ អ្នក​ត្រៀម​កៀរ​គេ​ទម្លាក់​ចោល​មិនខាន​។ មិត្តភក្តិ​របស់​អ្នក​ធ្លាប់​ប្រាប់​ថា​ អ្នក​រឿង​ច្រើនណាស់​ តែ​អ្នក​បដិសេធ​យ៉ាង​ដាច់អហង្ការ​ អ្នក​អះអាង​ថា​ អ្នកមាន​ស្តង់​ដា​របស់​អ្នក​(ក្នុង​ការ​រើស​មនុស្ស​ប្រុស​មក​ធ្វើជា​គូ​)។ ចូរ​ចាំទុក​ថា​ ស្នេហា​គឺជា​ការផ្សងព្រេង​ មិន​អាច​ស្មាន​អ្វី​ទុកមុន​បាន​ឡើយ​ ដូច្នេះ​ពេល​មាន​នរណា​ម្នាក់​ដើរចូល​មក​ តែ​មិនបាន​ដូច​នឹង​អ្វី​ដែល​អ្នក​នឹក​រំពឹង​ទុក​ទាំងអស់​នោះ​ ចូរ​ហែក​ស្តង់​ដា​របស់​អ្នក​ចោល​សិន​ទៅ​ ហើយ​ពិ​ចារ​ណា​ពី​បុរស​ម្នាក់​នោះ​ជា​ចំ​ណុចៗ​ទៅ​ប្រសើរ​ជាង​ មិន​ដូច្នោះ​ទេ​ អ្នក​អាច​នឹង​ខកខាន​បទ​ពិសោធ​អ្វី​ម្យ៉ាង​ដែល​គួរ​ឱ្យ​ស្ងើច​រួម​ទាំង​គេ​ម្នាក់​នោះ​អាច​ជា​បុរស​ ក្នុង​ក្ដី​សុបិន​របស់​អ្នកផង​ក៏អាច​ថា​បាន​ដែរ​។

    4 ជា​កញ្ញា​អ្នក​ស្នេហា​មិនរើសមុខ​អ៊ូយ​ស្លាប់​ហើយ​! នេះ​វា​មិនមែន​ជា​រឿង​ការស្វែងរក​បុរស​ក្នុង​ក្ដី​សុបិន​មិនឃើញ​ទេ​ណា​! តែ​ជា​រឿង​ដែល​អ្នកចូលចិត្ត​គ្រប់តែ​បុរស​ទាំងអស់​តែម្ដង​។ បុរស​ម្នាក់​នេះ​គួរ​ឱ្យ​ធុញទ្រាន់​ តែ​យ៉ាងហោចណាស់​ ក៏​គេ​សង្ហា​ដែរ​ណា៎​ ឬបុរស​ម្នាក់​នោះ​ គ្មាន​កើតជា​ការ​អីទាំងអស់​ តែ​យ៉ាង​ហោចណាស់ក៏​ស្រួល​និយាយ​គ្នា​។ មិត្តភក្តិ​របស់​អ្នក​គិតថា​ អ្នកជា​មនុស្ស​ចម្លែក​ដែល​គ្មាន​កំណត់​លក្ខណ​សម្បត្តិ​របស់​មនុស្ស​ប្រុស​ និង​ប្រាប់​ថា​ អ្នក​គ្មាន​ស្តង់ដារ​ តែ​អ្នក​គ្មាន​ខ្វល់​អ្វី​បន្តិច​សោះ​ឡើយ​ ថែមទាំង​គិតថា​ មិត្តភក្តិ​គេ​ច្រណែន​នឹង​អ្នក​ទៀតផង​…។ ការ​បើក​ចិត្ត​ គឺជា​រឿង​ល្អ​ តែ​ការ​បើក​ធំ​ទូលាយ​ធំ​ជ្រុល​ពេក​ ក៏​មិនកើត​ដែរ​ អ្នក​គួរ​ផ្ដល់​ពេលវេលា​ឱ្យ​ខ្លួនឯង​ចំពោះ​ការសេពគប់​នឹងនរ​ណា​ម្នាក់​ ដើម្បី​សង្កេតមើល​ថា​ ការពិត​ទៅ​ តើ​អ្នក​ត្រូវការ​អ្វី​ពិតប្រាកដ​? ហើយ​ជឿ​ចុះ​ តែ​បន្តិច​ទៅ​ អ្នក​នឹង​ក្លាយ​ខ្លួន​ជា​នាងកញ្ញា​មហា​រើស​ជាមិនខាន​។

    5 ជា​កញ្ញា​មហា​ខ្លាច​អ្នក​ក៏​ស្រ​ដៀង​ៗនឹង​កញ្ញា​អ្នក​ស្នេហា​មិនរើសមុខ​ដែរ​ គឺ​ជជែក​ ឬសេពគប់​ជាមួយ​អ្នកណា​ក៏បាន​ តែ​ហេតុផល​របស់​អ្នក​នឹង​ខុស​ប្លែក​ពី​គេ​។ អ្នក​ធុញទ្រាន់​ក្នុង​ការ​ទៅដើរ​លេង​ជាមួយ​មនុស្ស​ប្រុស​ តែ​ក៏​ខ្លាច​ថា​នឹង​ត្រូវ​នៅ​(លីវ​) ម្នាក់ឯង​ដែរ​។ អ្នក​ត្រូវតែ​មាន​នរណា​ម្នាក់​នៅជា​មួយ​ជាប់​រហូត​ មិន​ដូច្នោះ​ទេ​ អ្នក​ក៏​ត្រូវ​គេង​មើល​រឿង​ភាគ​ស្នេហា​អន់​ៗយ៉ាង​កណ្ដោចកណ្ដែង​ព្រម​ជាមួយ​នំ1កញ្ចប់​ធំ​… ដំណោះស្រាយ​ដែល​អ្នកធ្វើ​ ក៏​គឺ​ខំព្យាយាម​យ៉ាង​ខ្លាំងក្លា​ក្នុង​ការស្វែងរក​នរណា​ម្នាក់​មក​កំដរ​កាយ​…។អ្នក​ត្រូវតែ​បោះចោល​ការ​គិត​ពាក់ព័ន្ធ​នឹង​ការស្វែងរក​គូ​ដើរលេង​កម្សាន្ត​ និង​រឿង​មនុស្ស​ប្រុស​ចេញពី​ខួរក្បាល​មួយ​រយៈ​ ហើយ​រស់នៅ​ឱ្យ​សប្បាយរីករាយ​ ឈប់​បង្ខំខ្លួន​ឯង​ និង​ថយ​មក​ក្រោយ​វិញ​ 1ជំហាន​ គ្រវាត់​សម្ពាធ​ផ្លូវចិត្ត​ចោល​ ហើយ​ចេញទៅ​ដើរលេង​ជាមួយ​បុរស​ណា​ម្នាក់​ដែល​អ្នក​គិតថា​អូខេ​ នោះ​អ្នក​នឹង​ត្រឡប់​មក​រីករាយ​ជាថ្មី​ម្ដងទៀត​មិនខាន​។

    6 ជា​កញ្ញា​ដែល​ជឿ​លើ​ជោគជតា​អ្នក​គ្រប់គ្រាន់​ហើយ​ជាមួយ​ខ្សែភាពយន្ត​ស្នេហា​រ៉ូមែ​នទិ​ក ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​មួម៉ៅ​ ព្រោះ​អ្នក​បានដឹង​ហើយ​ថា​ ស្នេហា​វា​ហេងស៊យ​ប៉ុនណា​… អ្នក​សាកល្បង​ហើយ​ តែ​វា​មិនបាន​ជោគជ័យ​ ចុងក្រោយ​អ្នក​បាន​ត្រឹមតែ​ប្រើ​វិ​ធី​ងាយ​ៗសប្បាយ​ៗនៅក្នុង​បន្ទប់គេង​របស់​ខ្លួនឯង​ និង​បណ្ដោយ​ខ្លួន​តាម​សប្បាយ​។ អ្នក​គិតថា​ ពួក​មនុស្ស​ទាំងអស់​នោះ​ស្រឡាញ់​គ្នា​ តែ​ឆាក​ចុងក្រោយ​ បន្តិច​ទៅ​ក៏​គង់តែ​ត្រូវ​លែងលះ​គ្នា​… យើង​គ្រាន់តែ​មិន​ត្រូវការ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​លំបាក​វេទនា​ជាមួយ​ស្នេហា​ខ្លាំង​ជាង​ហ្នឹង​ទៀត​តែប៉ុណ្ណោះ​។

    ការ​ត្រូវ​គេ​បដិសេធ​ ការ​ខក​ស្នេហ៍​ អ្វី​ៗទាំងឡាយ​ទាំងពួង​នោះ​ គឺជា​រឿង​ពិបាក​ លទ្ធផល​តបស្នង​អាច​នឹង​មិន​សមនឹង​តម្លៃ​ តែ​វា​មិនមែន​មាន​ន័យ​ថា​ ឱ្យ​អ្នក​ចុះចាញ់​នោះ​ទេ​។ អ្នក​មិនដឹង​ថា​ដោយសារតែ​អ្នក​នៅ​មិន​ទាន់​ជួប​មនុស្ស​ដែល​ត្រូវការ​ឬយ៉ាងណា​នោះ​ទេ​​ តែ​ពេលថ្ងៃ​មួយ​នោះ​មកដល់​ អ្នក​នឹង​បាន​យល់ថា​ ហេតុ​អី​បាន​វា​សមនឹង​តម្លៃ​? ដូច្នេះ​ឈប់​ឆ្កួត​ឡប់​! ហើយ​ត្រឡប់​មក​តស៊ូ​ជាថ្មី​ម្ដងទៀត​។(នៅ​មានត​)

  • មោទនភាព​ជាតិខ្មែរ​ លោក​ អុិ​ត សុធា​ ទទួល​បាន​ពាន​ បុរសឯក​ពិភពលោក​ និង​ពាន​ NABBA​ WFF​ ប្រចាំឆ្នាំ2019​

    មោទនភាព​ជាតិខ្មែរ​ លោក​ អុិ​ត សុធា​ ទទួល​បាន​ពាន​ បុរសឯក​ពិភពលោក​ និង​ពាន​ NABBA​ WFF​ ប្រចាំឆ្នាំ2019​

    ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​យុវជន​ខ្មែរយើង​គឺ​ លោក​ អុិ​ត សុធា​ (Mr​. ITH​ Sothea​) បាន​ទទួលការ​អញ្ជើញ​ពីសំណាក់​ម្ចាស់​កម្មវិធី​ PGIN​ Asia​ ដែល​ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​លំដាប់​ពិភពលោក​ Mister​ United​ World​ បន្ទាប់ពី​ខាង​ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្វើការ​តាមដាន​សកម្មភាព​ សិក្សា​ពី​ប្រវត្តិរូប​ អត្ត​ចរិ​ក និង​តាម​បណ្តាញ​សង្គម​របស់​លោក​អស់​រយៈពេល6ខែ​ ក្រុមហ៊ុន​ក៏បាន​ទាក់ទង​មក​រូបលោក​ដោយ​ផ្ទាល់​ ដើម្បី​អញ្ជើញ​រូបលោក​ឱ្យទៅ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ Mister​ United​ World​ ឆ្នាំ2019​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។ នេះ​គឺជា​លើកទីមួយ​ហើយ​ ដែល​បេក្ខជន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​ទទួល​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​នៅ​លើឆាកអន្តរជាតិ​បែបនេះ​។
    បន្ទាប់ពី​ការប្រកួត​ប្រព្រឹត្តទៅ​នៅ​ឯប្រទេស​ថៃ​អស់​រយៈពេល1សប្តាហ៍​ពេញ​ ដែល​តម្រូវ​ឱ្យ​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ឡើង​សម្តែង​ពី​ទេស​កោសល្យ​របស់​ខ្លួន​ បង្ហាញ​ពី​រូប​សម្រស់​ និង​សាច់​ដុំ​ធំៗ​ ដែល​បញ្ជាក់​ពី​ភាព​ហ្វឹកហាត់​សាច់ដុំ​បាន​ល្អ​ ភាពរឹងមាំ​នៃ​សុខភាព​ ​និង​តំហែទាំ​រូបរាងកាយ​បាន​ល្អ​ ព្រម​ជាមួយនឹង​សមត្ថភាព​ពិសេស​ខាង​ភាសា​ និង​ការ​សម្តែង​ជំនាញ​ពិសេស​របស់​ខ្លួន​ជាដើម​ ហើយ​ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅក្នុង​កម្មវិធី​ Mister​ ​United​ World​ ប្រចាំឆ្នាំ2019​ លោក​ អុិ​ត សុធា​ ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទ​នៈ​ក្រៃលែង​ ដោយ​លោក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ (4th​ Runner​-up​) ព្រមទាំង​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ទៀត​ ហើយ​លោក​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ Peagent​ Asia​ ជ្រើសតាំង​ជាឯក​អគ្គរាជទូត​ ជា​ប្រធាន​ និង​ជា​គ្រូបង្វឹក​ផ្ទាល់​នៅក្នុង​កម្មវិធី​ Mister​United​ World​ Cambodia​ ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​ មុននឹង​ឡើង​ទៅ​ប្រកួត​ Mister​ United​ World​ លំដាប់ថ្នាក់​ពិភព​លោក​ ដែល​ប្រព្រឹត្តិ​ទៅជា​រៀងរាល់​ឆ្នាំ​ នៅ​តាម​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​ជុំវិញ​ពិភពលោក​។

    នៅក្នុង​ឆ្នាំ2019​ ដដែល​នេះ​ លោក​ អុិ​ត សុធា​ ក៏បាន​ទៅ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​មួយទៀត​ គឺ​កម្មវិធី​ NABBA​ WFF​ ឆ្នាំ2019​(NABBA​ World​ Fitness​ Model​ Federation​ 2019​) ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ រយៈពេល3ថ្ងៃ​ ហើយ​លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ5​ នៅក្នុងចំណោម​បេក្ខជន​ពី​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ប្រមាណ​ជាង​270នាក់​។ សរុប​មក​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​អុិ​ត សុធា​ ទទួល​បាន​ពានរង្វាន់​សរុប​ចំនួន​10ពាន​ ដែល​មិន​មាន​អ្នកណា​ម្នាក់​ទទួល​បាន​ពានរង្វាន់​ច្រើន​ដូចជា​រូបលោក​នោះ​ឡើយ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ2019នេះ​ ទោះជា​បេក្ខជន​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ1ប្រចាំឆ្នាំ2019នេះ​ក៏ដោយ​។

    ក្រោម​បទពិសោធន៍​ជាង11ឆ្នាំ​លើ​វិស័យ​កាយសម្បទា​សាច់ដុំ​នេះ​ លោក​ អុិ​ត សុធា​ នឹង​បើក​ជា​ក្លឹប​ហាត់ប្រាណ​លំដាប់​អន្តរជាតិ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខនេះ​ ដោយ​ក្លឹប​ហាត់ប្រាណ​របស់​លោក​នឹង​បំពាក់​ដោយ​គ្រឿងឧបករណ៍​ហាត់ប្រាណ​គ្រប់សព្វ​បែបយ៉ាង​ ដែល​សុទ្ធសឹងតែ​ជា​ឧបករណ៍​មានគុណ​ភាព​ខ្ពស់​ ត្រូវ​តាម​ស្តង់ដារ​ ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់​សុខភាព​ខ្លួនឯង​ ចេះ​គ្រប់គ្រង​ទម្ងន់​ និង​ចេះ​គ្រប់គ្រង​របប​អាហារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាំងពី​វ័យ12ឆ្នាំ​ឡើង​ទៅ​ ដើម្បី​មានឱកាស​បាន​ចូលរួម​ប្រកួត​បើក​មុខមាត់​ជូន​មាតុប្រទេស​នៅ​លើឆាកអន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ​ ដោយ​លោក​នឹង​ ផ្តល់​ឯកសិទ្ធិ​យ៉ាង​ពិសេស​ជូន​យុវវ័យ​កម្ពុជា​ ដែល​មាន​អាយុ​ចាប់ពី12ឆ្នាំ​ដល់18ឆ្នាំ​ ដើម្បី​ចូលរួម​ហ្វឹកហាត់​ និង​មក​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅក្នុង​ក្លឹប​របស់​លោក​ ដោយ​ឥតគិតថ្លៃ​ ព្រម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​គ្រូបង្វឹក​ដែល​មានបទពិសោធន៍​ត្រឹមត្រូវ​ ដើម្បី​បង្វឹក​ពួកគេ​ដោយ​ផ្ទាល់​ផង​ដែរ​។ ហើយ​ចំពោះ​បេក្ខជន​ ដែល​មានបំណង​ចង់​ដាក់ពាក្យ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ Mister​ United​ World​ Cambodia​ គឺ​ត្រូវ​មាន​កាយសម្បទា​រឹងមាំ​ មាន​កម្ពស់​ចាប់ពី1.70ម៉ែត្រ​ ដល់1.82ម៉ែត្រ​ និង​មាន​អាយុ​ចាប់ពី19ឆ្នាំ​ដល់32ឆ្នាំ​ ដោយ​លោកអ្នក​អាច​ទំនាក់ទំនង​ និង​សាក​សួរ​ព័ត៌​មាន​លម្អិត​តាមរយៈ​គេហទំព័រ​ MNST​ ទាំង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​សបុ​ក និង​តាមរយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន​ MNST​ ដែល​ជា​ក្រុម​-ហ៊ុន​របស់​លោក​ អុិ​ត សុធា​ ដោយ​ផ្ទាល់​ ហើយ​រាល់​ព័ត៌មាន​ផ្សេង​ៗនឹង​មាន​បង្ហាញ​ជូន​នៅក្នុង​គេហទំព័រ​ MNST​ នេះ​ជាបន្តបន្ទាប់​។

    បើ​ងាក​មក​មើល​ពី​ការងារ​នៅក្នុង​វិស័យ​សិល្បៈ​វិញ​ នា​ពេល​ខាងមុខនេះ​ លោក​ អុិ​តសុធា​ នឹង​ត្រូវ​ចេញទៅ​ថត​ឱ្យ​ទស្សនាវដ្តី​សុខភាព​របស់​ប្រទេស​សាំងហ្គាពួរ​ ព្រម​ទាំង​ត្រូវ​ទៅ​ចូលរួម​ថតកុន​ខ្នាត​អន្តរជាតិ​មួយ​រឿង​នៅ​ឯប្រទេស​ថៃ​ ដែល​មានការ​ចូលរួម​សម្តែង​ពី​បណ្តា​តា​រា​ល្បី​ៗដែល​មក​ពី​បណ្តា​ប្រទេស​នានា​ជាច្រើន​រូប​ទៀត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​ក្លឹប​ហាត់ប្រាណ​ លោក​ អុិ​ត សុធា​ ក៏​ជា​អ្នកជំនួញ​ដ៏​ឆ្នើម​នៅក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ដោយ​លោក​មាន​លក់​គម្រោង​បុ​រី​ផ្សេង​ៗដូចជា​ បុរី​ រុក្ខ​គីរី​ ដែល​ស្ថិតនៅ​ស្រុក​រុក្ខ​គីរី​ ខេត្តបាត់ដំបង​។ ហើយ​ លោក​ អុិ​ត សុធា​ ក៏​មាន​ក្រុមហ៊ុន​នាំចូល​ផលិតផល​ថែរក្សា​សុខភាព​ និង​សម្រស់​ពី​ប្រទេស​អា​ឡឺម៉​ង់​ផង​ដែរ​ គឺ​ក្រុមហ៊ុន​ MNST​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​មក​កាន់​បណ្តាញ​សង្គម​ហ្វេ​សបុ​ក MNST​ ឬលេខ​ ទូរស័ព្ទ​ 096​ 400​ 8596​៕

    សូម​ចៀសឆ្ងាយ​ពី​គ្រឿងញៀន​ ហើយ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ថែរក្សា​សុខ​ភព​រាងកាយ​ដោយ​ការហាត់ប្រាណ​ ដើម្បី​សុខភាព​រឹងមាំ​ទាំងអស់គ្នា​!