Author: ធឿន មករា

  • “វាល​ផ្កា​ ថេ​មបូ​ ឈិ​គិ​សៃ​ណូ​ អូ​កៈ​” ផ្ទាំង​ទស្សនីយភាព​ដែល​លាតសន្ធឹង​ពេញ​កោះ​ហុក​កៃ​ដូ​

    “វាល​ផ្កា​ ថេ​មបូ​ ឈិ​គិ​សៃ​ណូ​ អូ​កៈ​” ផ្ទាំង​ទស្សនីយភាព​ដែល​លាតសន្ធឹង​ពេញ​កោះ​ហុក​កៃ​ដូ​

    ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​រដូវ​កាល​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទស្សនា​មន្ត​ស្នេហ៍​របស់​ ​; “វាល​ផ្កា​ ថេ​មបូ​ឈិ​គិ​សៃ​ណូ​ អូ​កៈ​” ផ្ទាំង​ទស្សនីយភាព​ដែល​លាត​សន្ធឹង​ទូទាំង​តំបន់​ ប៊ិ​អេយ៍​ កោះ​ហុក​កៃ​ដូ​។ ក្នុង​រដូវក្ដៅ​ បណ្ដា​បុប្ផា​ចម្រុះ​ពណ៌​នឹង​រីក​ស្គុះស្គាយ​ឡើង​ បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ពេញ​កែវភ្នែក​ ដែល​ជះ​ពន្លឺ​ពណ៌​ឥន្ធនូ​ ធ្វើ​ឱ្យ​បេះដូង​របស់​អ្នកទេសចរ​ញាប់ញ័រ​រញ្ជួយ​យ៉ាង​ពិតប្រាកដ​…។

    “វាល​ផ្កា​ ថេ​មបូ​ ឈិ​គិ​សៃ​ណូ​ អូ​កៈ​” ស្ថិតនៅ​ក្នុង​តំបន់​ប៊ិ​អេយ៍​ ស្រុក​ខាមិ​ខា​វៈ​ ខេត្ត​ហុក​កៃ​ដូ​។ក្នុង​អំឡុង​ “ហ្គ្រីន​ ស៊ី​ហ្សិន​” តាំងពី​ចុងខែ​មេសា​ ដល់​ខែតុលា​ នឹង​មាន​វាល​ផ្កា​ ធី​វលី​ប ប៉ប់​ពី​ឈូករ័ត្ន​ ខូ​ស្ម​ស់​ និង​ផ្សេង​ៗទៀត​រួម​ជាង​ 30​ប្រភេទ​ គ្របដណ្ដប់​ទូទាំង​ជួរភ្នំ​ ប្រៀប​ដូចជា​កម្រាលព្រំ​ចម្រុះ​ពណ៌​ដូច្នោះ​ដែរ​។

    អំឡុង​ពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​ទៅ​ទស្សនា​ “វាល​ផ្កា​ ថេ​មបូ​ ឈិ​គិ​សៃ​ណូ​ អូ​កៈ​” គឺ​…
    …ខែកក្កដា​ ដល់​ខែកញ្ញា​។ ទីកន្លែង​ដែល​មាន​រូប​សម្ផស្ស2​ ក្នុង​រដូវ​កាល​ហ្គ្រីន​ ស៊ី​ហ្សិន​ មួយ​នេះ​ អាច​មើលឃើញ​ផ្ទាំង​ទស្សនីយភាព​ដែល​ខុសប្លែក​ពីគ្នា​ក្នុងអំឡុងពេល​នី​មួយ​ៗនៃ​ឆ្នាំ​ តែ​អំឡុង​ពេល​ដែល​ភ្ញៀវ​ទេសចរ​មក​លម្ហែ​នៅ​ទីនេះ​ច្រើន​បំផុត​ គឺ​អំឡុង​ពេល​ប្រមាណ​ជា​ 3ខែ​ គឺ​ខែកក្កដា​ សីហា​ និង​កញ្ញា​ដែល​ជារ​ដូវ​ក្ដៅ​(នៅ​ប្រទេស​ជប៉ុន​)។ ក្នុងអំឡុងពេល​នេះ​ ជួរភ្នំ​ដ៏​ធំ​ទូលាយ​នឹង​ត្រូវ​គ្របដណ្ដប់​ដោយ​បុប្ផា​ជាច្រើន​ពណ៌​ រហូត​ក្លាយជា​វាល​ផ្កា​ពណ៌​ឥន្ធនូ​។

    អំឡុង​ពេលនោះ​ ខែកក្កដា​នឹង​មាន​ទាំង​ផ្កា​ឡា​វេន​ឌើរ​ បុប្ផា​ពណ៌ស្វាយ​ស្រស់​ស្អាត​មើល​ទៅ​ត្រជាក់​ភ្នែក​ ផ្កាឈូករ័ត្ន​ដែល​បើក​ស្រទាប់​រីក​ស្គុះស្គាយ​បង្អួត​ពន្លឺ​ពី​ដួង​ព្រះអាទិត្យ​ និង​ផ្កា​ស្បៃ​រឿង​ពណ៌លឿង​ស្រស់​មូល​ៗគួរ​ឱ្យ​ស្រឡាញ់​ និង​នៅ​មាន​ផ្កា​ជាច្រើន​ប្រភេទ​ទៀត​រង់ចាំ​ស្វា​គមន៍​លោកអ្នក​។

    ទស្សនីយភាព​ដែល​ត្រូវ​តុបតែង​បន្ថែម​ពណ៌​ដោយ​បុប្ផា​ដ៏​ច្រើន​ រហូត​ហាក់ដូចជា​ពិធីបុណ្យ​តផ្ទាំង​ក្រណាត់​ចម្រុះ​ពណ៌​ជា​ខ្សែ​វែង​នេះ​ គឺជា​ភាព​ស្រស់​ស្អាត​ដែល​ធ្វើ​ឱ្យ​លោកអ្នក​ចង់តែ​លើក​កាមេរ៉ា​ឡើង​ផ្ដិត​យក​រូបភាព​ទាំងនោះ​ដោយ​មិន​ចាំបាច់​គិត​អ្វី​ច្រើន​ឡើយ​ និង​ថែមទាំង​ជា​ផ្ទាំង​ទស្សនីយភាព​ដែល​ទោះជា​លោកអ្នក​ទៅ​ថត​ពី​ត្រង់ណា​ ក៏​នៅតែ​ចេញ​មក​ដូចជា​រូប​គំនូរ​ដែរ​ ទើប​ធ្វើ​ឱ្យ​អ្នកទេសចរ​ចំនួន​ដ៏​ច្រើន​បាន​មក​ទស្សនា​ទីនេះ​រៀងរាល់​ឆ្នាំ​។

    ដើមផ្កា​ទាំងអស់​នោះ​ត្រូវ​បាន​ដាំ​ដោយ​ភាព​ចំណាន​ដើម្បី​ឱ្យ​វារី​កឡើង​ដំ​ណាលៗ​គ្នា​រហូត​កើត​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​ ដែល​ទោះជា​ស្ថិត​ក្នុងអំឡុងពេល​ចុងរដូវ​ក្ដៅ​ក៏ដោយ​ តែ​ក៏​យើង​នៅតែ​អាច​បាន​ទស្សនា​វាល​ផ្កា​ដ៏​ស្រស់​ស្អាត​ទាំងនោះ​បាន​ដែរ​។ ក្រោយពី​ផុត​ខែកក្កដា​ដែល​តុបតែង​ដោយ​បុប្ផា​ចម្រុះ​ពណ៌​ហើយ​ ចាប់ពី​ខែកញ្ញា​ដែល​កំពុង​ជិត​ត្រឡប់​ចូល​ទៅដល់​រដូវ​ស្លឹកឈើ​ជ្រុះ​នោះ​ ក៏​នឹង​មាន​ផ្កា​ អា​ណេ​ម៉ូ​ណេ​ជប៉ុន​ និង​ផ្កា​ខា​លី​ហ្វ័​រនៀ​ប៉ុប​ពី​ឱ្យ​យើង​បាន​ទស្សនា​វិញ​ម្ដង​ ហើយ​ជួរភ្នំ​ទាំងនោះ​ក៏​នឹង​ត្រូវ​ជ្រលក់​ដោយ​បុប្ផា​ពណ៌​ចម្រុះ​ដែល​ចូលគ្នា​យ៉ាង​គួរ​ឱ្យ​ស្ងើចសរសើរ​។

    នៅក្នុង​តំបន់​ប៊ិ​អេយ៍​ ហុក​កៃ​ដូ​នេះ​ក៏​នៅ​មាន​មណ្ឌល​ទេស​ចរ​ណ៍​ផ្សេង​ៗទៀត​ ដូចជា​ “បឹង​ពណ៌ផ្ទៃមេឃ​” ដែល​មាន​ទឹក​ពណ៌ផ្ទៃមេឃ​ហាក់​ដូចជា​ទិដ្ឋភាព​បន្លំ​ភ្នែក​ និង​ “កសិដ្ឋាន​ថូ​មិតៈ​” ដែល​ជា​វាល​ផ្កា​ឡា​វេន​ឌើ​រដែ​លមាន​ឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ផង​ដែរ​។ នៅក្នុង​ឆ្នាំ2019 នេះ​ ហ្គ្រីន​ ស៊ី​ហ្សឹ​ននឹង​ចាប់ផ្ដើម​តាំងពី​ខែមិថុនា​ រហូត​ដល់​ខែកញ្ញា​ ចំណែក​ឯតម្លៃ​ចូល​ទស្សនា​វិញ​ភាគច្រើន​ គឺ​មិន​មាន​បង់ថ្លៃ​ទេ​ តែ​មានការ​បរិច្ចាគ​តាម​សទ្ធា​ ដើម្បី​ទុកជា​ការ​មើលថែ​ទាំ​ និង​ថែ​រក្សា​វាល​បុប្ផា​ដ៏​សែន​ស្អាត​នេះ​ និង​ថ្លៃ​សេវា​យាន​ជំនិះ​ដែល​ដឹក​អ្នកទេសចរ​ដើរ​ទស្សនា​កម្សាន្ត​បន្តិចបន្តួច​ប៉ុណ្ណោះ​៕

  • កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​លើ​វិស័យ​កសិកម្ម​ដើម្បី​នាំចេញ​

    កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​លើ​វិស័យ​កសិកម្ម​ដើម្បី​នាំចេញ​

    កសិកម្ម​ ជា​វិស័យ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​ ឧស្សាហកម្ម​ និង​សេវាកម្ម​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក​ប្រភព​ចំណូល​ច្រើន​សម្រាប់​ថវិកាជាតិ​ជា​រៀងរាល់​ឆ្នាំ​ក៏ដោយ​។

    ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​នៅតែ​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ ថ្មី​ៗនេះ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ដៃគូ​សំ​ខាន់​ៗលើ​ការកែច្នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

    នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ អម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ កម្ពុជា​ចង់​បានការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​ លើ​ឧស្សាហកម្ម​កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដោយសារ​កម្ពុជា​មាន​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ​ច្រើន​ ដូចជា​ផ្លែស្វាយ​កំពង់ស្ពឺ​ ផ្លែ​មៀន​ប៉ៃលិន​ និង​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​ផ្សេងទៀត​។ ឯកឧត្តម​បន្ថែម​ថា​ ក្រសួង​ពាណិជ្ជកម្ម​កំពុង​ជំរុញ​ឱ្យ​មានការ​នាំចេញ​ផលិតផល​ទៅកាន់​តែ​ទីផ្សារ​ចិន​ តាមរយៈ​ការចូលរួម​ព្រឹត្តិ​ការណ៍​នានា​ និង​ការ​បង្ហាញ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ប្រទេស​ចិន​។

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​ខ្មែរ​ និង​ជួយ​កៀងគរ​ក្រុមហ៊ុន​ចិន​ ដែល​មាន​ឯកទេស​ច្បាស់លាស់​មក​វិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទ្វេភាគី​។ លើស​ពីនេះ​ទៅទៀត​ ក្រសួង​នឹង​បន្ត​សហការ​ជាមួយគ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (e-commerce​) ដើម្បី​ជំរុញ​ការ​លក់​ និង​នាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ប្រសើរ​ឡើង​។

    ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ថ្មី​ៗនេះ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​បេ​ឡា​រុស​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​លើ​ការកែច្នៃ​ និង​នាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅបរទេស​ផង​ដែរ​។

    ក្នុង​នោះ​ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា​ ប្រទេស​បេ​ឡា​រុ​សជា​ប្រទេស​ដែល​បាន​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​មក​ប្រជាពលរដ្ឋ​កម្ពុជា​ ហេតុនេះ​យើង​ចង់ឱ្យ​ប្រទេស​នេះ​ពិនិត្យ​លទ្ធភាព​បន្ថែម​ដើម្បី​វិនិយោគ​ឱ្យ​កាន់តែ​ធំ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ថា​៖ “កម្ពុជា​បាន​វិវឌ្ឍ​ពី​ការប្រើ​ប្រាស់​កម្លាំង​អូសទាញ​ដោយ​គោក្របី​ មក​ការប្រើ​ប្រាស់​គ្រឿងយន្ត​បាន​ជាង​ 97​%ទៅ​ហើយ​ នេះ​គឺជា​យន្តការ​អាទិភាព​ ក្នុង​ការ​លើកកម្ពស់​ទំនើបកម្ម​កសិកម្ម​ និង​យន្តការ​ពាណិជ្ជកម្ម​-កសិកម្ម​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់ក្រ​សួង​”។

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ ចង់​ជំរុញ​ឱ្យ​ប្រទេស​បេ​ឡា​រុស​ បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម​នូវ​គ្រឿង​យន្ត​ទំនើប​ៗផ្នែក​កសិកម្ម​ដើម្បី​ធ្វើការ​ប្រមូល​ផល​ និង​ជំរុញ​ឱ្យ​ការ​ធ្វើ​កសិកម្ម​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឆ្លើយតប​ជាមួយ​តម្រូវការ​សម្រាប់​ការនាំចេញ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​យោង​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​កាលពី​ដំណាច់ខែ​មីនា​ ឆ្នាំ2019​ បាន​បង្ហាញថា​ រយៈពេល​ 3ខែ​ដើមឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជា​ផ្លូវការ​ប្រមាណ1.4លាន​តោន​។ ដោយឡែក​ការ​ផ្គត់ផ្គង់​បន្លែស្រស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ប្រមាណ​ជាង​ 50តោន​។ បច្ចុប្បន្ន​ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​សំ​ខាន់​ៗរបស់​កម្ពុជា​ រួមមាន​ប្រទេស​បារាំង​មាន​ប្រមាណ​ 40​% ចិន​មាន​ប្រមាណ​ 40​% រួម​ទាំង​ទីផ្សារ​អឺរ៉ុប​ និង​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។ ចំណែក​ឯការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​កាលពី​ខែមករា​ ឆ្នាំ2019​ ក្រោយ​កម្ពុជា​ និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធីសារ​មួយ​ដែល​ធ្វើ​ឱ្យ​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​ ដោយ​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ផ្លែ​ចេក​ 30ម៉ឺន​តោន​ក្នុង​ 1ឆ្នាំ​៕

  • ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ផ្ដល់​គោរម​ងា​ «ឧកញ៉ា​» ដល់​លោក​ នួន​ អក​

    ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ផ្ដល់​គោរម​ងា​ «ឧកញ៉ា​» ដល់​លោក​ នួន​ អក​

    ភ្នំពេញ​)៖ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ ផ្ដល់​គោម​ងារ​ដល់​លោក​ នួន​ អក​ ជា​ «ឧកញ៉ា​»។ នេះ​បើ​តាម​ព្រះរាជ​ក្រឹត្យ​ ដែល​បណ្ដាញ​ព័ត៌មាន​ Fresh​ News​ ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៩នេះ​។

    លោក​ នួន​ អក​ ដែល​ជា​សហគ្រិន​វ័យក្មេង​មួយ​រូប​ ហើយក៏​ជា​គ្រូ​បណ្ដុះបណ្ដាល​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​ និង​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើជំនួញ​។

    លោក​ឧកញ៉ា​វ័យក្មេង​ នួន​ អក​ ក៏​ជា​ឪពុកធម៌​ និង​កំពុង​ជួយឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដែល​មានឈ្មោះ​ថា​ «នួន​អក​ ព្រៃ​ជុំ​» សម្រាប់​រយះ​ពេល២០ឆ្នាំ​ ដែល​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ក្មេង​ៗកំព្រា​ចំនួន៥០នាក់​។ លើស​ពីនេះ​ទៅទៀត​ លោក​ក៏បាន​នឹង​កំពុង​រួម​សហការ​ជាមួយ​លោកស្រី​ ហ៊ុន​ ស៊ី​ណាត​ក្នុង​ការ​ជួយឧបត្ថម្ភ​ ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​ ខេត្តសៀមរាប​ផង​ដែរ​៕

  • ស្រប​ពេល​ច្បាប់​អនុម័ត​ក្រុមហ៊ុន​ក្នុង​ស្រុក​វិនិយោគ​លើ​ដំណាំ​ឫស្សី​ នឹងអាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​

    ស្រប​ពេល​ច្បាប់​អនុម័ត​ក្រុមហ៊ុន​ក្នុង​ស្រុក​វិនិយោគ​លើ​ដំណាំ​ឫស្សី​ នឹងអាច​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​

    ដោយសារ​នៅក្នុង​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ដើម​ឫស្សី​ និង​បច្ចុប្បន្ន​កសិករ​បាន​នាំគ្នា​ដាំ​ដើម​ឫស្សី​ជា​លក្ខណៈ​អាជីវកម្ម​ច្រើន​នោះ​ កាលពី​ខែ​ឧសភា​ ឆ្នាំ2019​ ឯកឧត្តម​ វេង​ សា​ខុន​ បាន​ជួប​ជាមួយ​លោកស្រី​ Jiang​ Zehui​ សហប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​អន្តរជាតិ​ឫស្សី​ និង​ផ្តៅ​ ដើម្បី​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការចូលរួម​ជាស​មា​ជិ​កនៃ​អង្គការ​មួយ​នេះ​។

    អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្ដៅ​ បាន​បង្កើត​ឡើង​ឆ្នាំ1999​ ដោយមាន​សន្ធិសញ្ញា​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។អង្គការ​ឬស្សី​ និង​ផ្តៅ​អន្តរជាតិ​ ហៅ​កាត់​ថា​ អុី​នបារ​INBAR​ ឬ International​ Network​ for​ Bamboo​ and​ Rattan​) ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​ចិន​ គឺជា​អង្គការ​អភិវឌ្ឍន៍​ពហុភាគី​មួយ​ដែល​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បរិស្ថាន​ដោយ​ប្រើប្រាស់​ដើម​ឫស្សី​ និង​ផ្តៅ​។

    យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ INBAR​ បាន​ឱ្យ​ដឹង​ថា​ ការ​ជួញដូរ​ឬស្សី​ និង​ផ្តៅ​ទៅ​អន្តរជាតិ​ មាន​តម្លៃ​ជិត​ 2ពាន់​លាន​ដុល្លារ​ក្នុង​ 1ឆ្នាំ​។ INBAR​ បានឱ្យ​ដឹង​ទៀត​ថា​ ឫស្សី​ និង​ផ្តៅ​ ជា​ផលិតផល​ព្រៃ​ មិនមែន​ជា​ឈើ​ មានតម្លៃ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ជា​សក្តា​នុ​ពល​តែមួយគត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ព្រមទាំង​បញ្ហា​ប្រឈម​នៃ​បាត់បង់​ធនធាន​ធម្មជាតិ​ និង​ផ្តល់​ភាព​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​ដល់​ប្រជាជន​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

    ឯកឧត្តម​ វេង​ សុ​ខុន​រដ្ឋមន្ត្រី​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​ ចំពោះ​ការ​ចូល​ជាស​មា​ជិ​កនៃ​អង្គការ​បណ្តាញ​អន្ដរ​ជាតិ​ ឫស្សី​ និង​ផ្ដៅ​ កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​។

    ទី1​- ​បាន​ស្វែងយល់​អំពី​ដំណើរការ​វិវឌ្ឍ​នៃ​ការ​ដាំដុះ​ដើម​ឫស្សី​ថា​ តើមាន​អត្ថ​ប្រយោជន៍​បែប​ណា​ទៅដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ ឬក៏​ឆ្លើយតប​ទៅតាម​ទីផ្សារ​ពិភពលោក​។ ​;ទី2​-ការ​កសាង​សមត្ថភាព​របស់​មន្ដ្រី​របស់​យើង​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាំដុះ​ឫស្សី​ ជាពិសេស​រដ្ឋបាល​ព្រៃឈើ​។ ​;ទី3​-ការ​ដាំដុះ​ឫស្សី​នេះ​ ទាញ​អត្ថ​ប្រយោជន៍​សំខាន់​ទៅ​ដល់​ការថែទាំ​បរិស្ថាន​បៃតង​របស់​កម្ពុជា​ដែល​មាន​និ​រន្ដរ​ភាពល្អ​ប្រសើរ​។

    បន្ទាប់ពី​ជំនួប​រវាង​ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រក្ខា​ ប្រមាញ់​ និង​នេសាទ​ ជាមួយ​អង្គការ​ឬស្សី​ និង​ផ្តៅ​អន្តរជាតិ​ រួចមក​ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ប្រកាស​ថា​ ខ្លួន​គ្រោង​នឹង​ពង្រីក​ការ​ដាំ​ឫស្សី​លើ​ផ្ទៃដី​ 1ម៉ឺន​ហិ​កតា​ នៅ​ឃុំ​ប្រធាតុ​ ស្រុក​អូរ​រាំង​ឱ ខេត្ត​ត្បូងឃ្មុំ​ ហើយនឹង​បង្កើត​រោងចក្រ​កែច្នៃ​ ដោយ​ប្រើ​វត្ថុធាតុដើម​ពីដើម​ឫស្សី​ និង​ផ្តៅ​ ដើម្បី​ផលិត​ជា​សម្ភារ​ និង​គ្រឿងសង្ហារិម​ សម្រាប់​ផ្គត់ផ្គង់​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ផង​ដែរ​។

    ក្រុមហ៊ុន​ អាន​ ម៉ា​ឌី​ គ្រុប​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​អំពី​គម្រោងការ​ដែល​ក្រុមហ៊ុន​មាន​ ដែល​ប្រកាស​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ បន្ទាប់ពី​ព្រឹទ្ធសភា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បង្កើត​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្តៅ​ក្រោយពី​បាន​អនុម័ត​ច្បាប់​ដែល​បាន​បញ្ជូន​មក​ពីរ​ដ្ឋ​សភាជាតិ​។

    លោក​ឧកញ៉ា​ អាន​ ម៉ា​ឌី​ ប្រធាន​ក្រុមប្រឹក្សានាយក​ បាន​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ដំបូង​ឡើយ​ បាន​ធ្វើការ​ដាំដុះ​លើ​ផ្ទៃដី​តែ​ 25ហិ​កតា​ប៉ុណ្ណោះ​។ លោក​បាន​បន្ថែម​ថា​ ដីចម្ការ​នេះ​នឹង​ពង្រីក​រហូតដល់​ 1ម៉ឺន​ហិ​កតា​ដើម្បី​ដាំ​ឫស្សី​ និង​ផ្តៅ​ ព្រោះ​ទិន្នផល​វា​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​ជាស​កល​”។

    “ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​មួយ​ ដើម្បី​ផលិត​សម្ភារ​តុបតែង​ និង​គ្រឿងសង្ហារិម​ផង​ដែរ​”។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ឧកញ៉ា​ អាន​ ម៉ា​ឌី​ ដែល​បាន​បញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ចម្ការ​ឫស្សី​របស់​ក្រុមហ៊ុន​។លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ក្រុមហ៊ុន​អាន​ ម៉ា​ឌី​ បាន​បញ្ជាក់​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ការ​ដាំដុះ​ដើម​ឫស្សី​ គឺ​យើង​ប្រមូល​ផល​រហូត​។ នៅ​ពេល​ដែល​យើង​ដាំដុះ​បាន​រយៈពេល​ 4ឆ្នាំ​យើង​នឹង​ទទួល​បានផល​(ដើម​ឬស្សី​ចាប់ផ្តើម​ចាស់​ដែល​អាចយ​កទៅ​ប្រើការ​បាន​)ជា​បន្ដ​បន្ទាប់​”។

    លោក​ឧកញ៉ា​បាន​បន្ថែម​ថា​៖“បច្ចុប្បន្ន​នេះ​ ដើម​ឫស្សី​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ជា​សម្ភារ​ និង​គ្រឿង​សង្ហារិម​ ។ ឫស្សី​ភាគច្រើន​ គឺ​ដុះ​នៅក្នុង​តំបន់​សើម​ ហើយ​វា​ក៏​មានលទ្ធភាព​ដុះ​នៅ​តំបន់​ដែល​ដី​មាន​សំណើម​ និង​នៅ​ជើងភ្នំ​។ ក្រុមហ៊ុន​ខ្ញុំ​ បាន​នាំចេញ​គំរូ​ដើម​ឬស្សី​សម្រាប់​កែច្នៃ​ទៅ​ប្រទេស​ម៉ាឡេស៊ី​រួចហើយ​ ដោយក្រុម​ហ៊ុន​ខ្ញុំ​មាន​ចម្ការ​ឬស្សី​នៅ​ខេត្ត​រតនគីរី​ 2-3ពាន់​ហិ​កតា​ដែរ​ សម្រាប់​ការនាំចេញ​នេះ​ និង​បាន​ធ្វើការ​ដាំ​ឬស្សី​នៅ​តាម​ខេត្ត​ផ្សេងទៀត​ជាច្រើន​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“ចំពោះ​គុណភាព​ដើម​ឬស្សី​របស់​ខ្មែរយើង​នេះ​ ក្រុមហ៊ុន​គ្រឿងសង្ហារិម​លំដាប់​ពិភពលោក​ បាន​ទទួលស្គាល់​នូវ​គុណភាព​ថា​ មានសាច់​ក្រាស់​ ស្វិត​ល្អ​ អាច​ទទួលយក​បាន​ក្នុង​ការកែច្នៃ​ជា​គ្រឿងសង្ហារិម​ ព្រោះ​ជា​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ឈើ​ ដើម្បី​កុំឱ្យ​មាន​បទល្មើស​ព្រៃឈើ​ ដោយ​ងាក​មក​ប្រើប្រាស់​ដើម​ឬស្សី​វិញ​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ដោយសារ​យើង​ពុំ​ទាន់​មាន​តួលេខ​ក្នុង​ស្រុក​យើង​អំពី​ចំនួន​នៃ​ការប្រើ​ប្រាស់​ដើម​ឬស្សី​ទេ​ និង​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​។ បើ​យើង​មាន​ផលិតផល​ យើង​លក់​ជាក់ស្តែង​ទើប​អាច​ប៉ាន់ស្មាន​បាន​ ព្រោះ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ឬស្សី​ និង​ផ្តៅ​នេះ​ មិនទាន់​មាន​ស្ថិរភាព​ទេ​ ព្រោះ​មាននៅ​ពលរដ្ឋ​ និង​សហគមន៍​ខ្លះ​ តួលេខ​នៅ​រាយប៉ាយ​ យើង​មិនទាន់​មាន​របាយការណ៍​ច្បាស់លាស់​នៅឡើយ​។ តែ​ខ្ញុំ​សង្ឃឹមថា​ ប្រសិនបើ​មាន​ដំណើរការ​ នៅ​ថ្ងៃខាងមុខ​ការ​ផ្គត់ផ្គង់​ឬស្សី​ នឹង​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​”។ជា​រួម​គម្រោង​វិនិយោគ​នេះ​ គឺ​កំពុង​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​ 2019​-2023​ និង​ជាពិសេស​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​ច្បាប់​ស្តី​ពី​ ​;“ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្តៅ​”។ ម្យ៉ាងវិញទៀត​គម្រោង​នេះ​ នឹង​ចូលរួម​អភិវឌ្ឍ​ធនធាន​ឫស្សី​ ប្រកបដោយ​និរន្តរភាព​ ទាញ​ប្រយោជន៍​ សម្រាប់​សង្គម​ សេដ្ឋកិច្ច​ បរិស្ថាន​បៃតង​ និង​បង្កើត​គម្រប​ព្រៃឈើ​ផង​ដែរ​៕

    ចំណែក​លោក​ សុវណ្ណ​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​សមាគម​ផ្ដៅ​កម្ពុជា​ បានឱ្យ​ដឹង​ថាស​មា​គម​លោក​មាន​សមាជិក​ និង​បណ្ដាញ​ ទាំង​សិប្បកម្ម​កែច្នៃ​ សហ​-គមន៍​តាម​មូលដ្ឋាន​ និង​ដៃគូ​សហការ​ជា​អង្គការ​អន្តរជាតិ​ជាដើម​។ លោក​ប្រាប់​ថា​ ពីមុន​សមាគម​នេះ​គ្រប​ដណ្ដាប់6ខេត្ត​ តែ​ដោយសារ​ខ្វះ​ថវិកា​សមាគម​នេះ​បាន​ចងក្រង​សហគមន៍​តែ​នៅ​ខេត្ត​ចំនួន3​ប៉ុណ្ណោះ​ ដែល​រួមមាន​ខេត្តកោះកុង​ ព្រះសីហនុ​ និង​ខេត្តកំពត​។

    លោក​ សុវណ្ណ​ ពិសិដ្ឋ​ អះអាង​ថា​ សមាគម​មាន​បច្ចេកទេស​ យក​ផល​ពី​អនុផល​ឫស្សី​ ផ្ដៅ​ ដើម្បី​ធានា​និរន្តរភាព​របស់​វា​មិន​ឱ្យ​បាត់បង់​។ បណ្ដាញ​សហគមន៍​ក្នុង3ខេត្ត​នេះ​ មាន​វិសាលភាព​លើ​ផ្ទៃដី​ជាង​8ពាន់​ហិ​កតា​ ដែល​អាច​ទទួលផល​ឫស្សី​ ផ្ដៅ​ ប្រមាណ​ជាង3000តោន​ក្នុង1ឆ្នាំ​ តែ​សមាគម​ទើបតែ​អាច​ទាញ​ផល​បាន​ 300តោន​ក្នុង1ឆ្នាំ​ប៉ុណ្ណោះ​។ សូមជម្រាប​ដែរ​ថា​ យោង​តាម​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ ដី​ប្រហែល4ម៉ឺន​ហិ​កតា​នឹង​ត្រូវ​ផ្តល់​ជូន​ដើម្បី​លើកទឹកចិត្ត​កសិករ​ឱ្យ​ដាំ​ និង​កែច្នៃ​ឫស្សី​ និង​ផ្តៅ​ ហើយនឹង​បង្កើត​បណ្តាញ​ទីផ្សារ​អន្ដរ​ជាតិ​មួយ​ សម្រាប់​លក់​ផលិតផល​របស់​ពួកគេ​។

    សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​បាន​និយាយ​ថា​ ការ​ផ្ដួចផ្ដើម​នេះ​គឺ​សំដៅ​ផ្សព្វផ្សាយ​ឱ្យ​មានការ​ដាំដុះ​ឫស្សី​ និង​ផ្តៅ​ និង​ការកែច្នៃ​នៅ​កម្ពុជា​ហើយ​រដ្ឋាភិបាល​នឹង​សហការ​ជាមួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​។សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ដីសម្បទាន​ និង​យន្តការ​ទីផ្សារ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កសិករ​ និង​ជួយ​អភិរក្ស​ដើមឈើ​ និង​ព្រៃឈើ​៕

  • អ្នកជំនាញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ឱ្យ​ទទួល​បាន​ប្រាក់ចំណេញ​មិនមែន​ជា​រឿង​ងាយស្រួល​

    អ្នកជំនាញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ឱ្យ​ទទួល​បាន​ប្រាក់ចំណេញ​មិនមែន​ជា​រឿង​ងាយស្រួល​

    អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​រួមគ្នា​ចែករំលែក​បទ​ពិសោធ​អំពី​ប្រធានបទ​“ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​” ដែល​ការចែក​រំលែក​បទ​ពិសោធ​អំពី​អ្នកជំនាញ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​អ្នកចូលរួម​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ យល់​ថា​ ការ​វិនិយោគ​លើ​អចលនទ្រព្យ​មិនមែន​ជា​ការ​ងាយ​ទេ​ដើម្បី​ត្រូវការ​ទទួល​បាន​នូវ​ជោគជ័យ​នោះ​។

    លោក​ ម៉ាន់​ ច័ន្ទ​ឌី​ អគ្គនាយក​ក្រុមហ៊ុន​ Premium​ Housing​ Co​., Ltd​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ របៀប​ប្រើប្រាស់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ​ ដោយ​លោក​បាន​លើក​បង្ហាញ​ពីក​ត្តា​មួយចំនួន​ ដែល​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​គួរ​ធ្វើ​ ដោយ​ត្រូវ​ប្រើប្រាស់​ទុន​បែប​ណា​ដើម្បី​ឱ្យ​ទទួល​បានផល​ចំណេញ​ និង​ធ្វើការ​រកស៊ី​បាន​យូរអង្វែង​។

    លោក​បាន​បន្ដ​ថា​៖“ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​ ឱ្យ​ទទួល​បាន​ប្រាក់ចំណេញ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​។ គឺ​ត្រូវ​បែងចែក​ប្រភេទ​វិនិយោគ​រួមមាន​៖ ការ​ផ្ដោត​ការ​វិនិយោគ​ជាចម្បង​លើ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​ដែល​ជា​អចលនទ្រព្យ​មាន​តម្រូវការ​កើនឡើង​គ្រប់ពេល​។ អាច​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​បាន​ច្រើន​ និង​ការប្រាក់​ទាប​ ហើយ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​នេះ​ អាច​ឱ្យ​យើង​រក​កម្រៃ​បាន​ពី​ការជួល​បន្ថែម​ជាដើម​”។

    លោក​បាន​បញ្ជាក់​ថា​ ដោយ​ចាប់ផ្ដើម​ពី​ទុន​វិនិយោគ​បន្ដិចបន្ដួច​សិន​មុននឹង​បន្ថែម​ដើមទុន​ឱ្យ​កើនឡើង​ ជា​វិធី​ល្អ​មួយ​ដែល​អាច​ឱ្យ​យើង​ដក​ស្រង​បទ​ពិសោធ​ពី​កំហុសឆ្គង​ក្នុង​ការ​វិនិយោគ​លើក​ក្រោយ​ៗទៀត​។ ការ​ជ្រើសរើស​ផ្ទះ​ដែល​មាន​អ្នកជិតខាង​ល្អ​ ប្រសើរ​ជា​ផ្ទះ​ដែល​មាន​ទីតាំង​ល្អ​ វា​នឹង​ជួយ​ឱ្យ​ផ្ទះ​មានតម្លៃ​ល្អ​ទៅ​ថ្ងៃក្រោយ​។ ជ្រើសរើស​អចលនទ្រព្យ​ដែល​មនុស្ស​ភាគច្រើន​ចង់​រស់នៅ​ និង​មាន​តម្រូវការ​ជួល​ច្រើន​។

    លោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​៖ “យើង​ត្រូវ​ទិញ​អចលនទ្រព្យ​ឱ្យ​បាន​ក្នុង​តម្លៃ​ទាប​ ដែល​អាច​ជា​ផ្ទះ​ចាស់​ឬម្ចាស់​អចលនទ្រព្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ដោយ​ព្យាយាម​ចរចា​តម្លៃ​ឱ្យ​បាន​ទាប​ជាង​ទីផ្សារ​ដើម្បី​ឱ្យ​យើង​បាន​ចំណេញ​តាំងពី​យើង​ចាប់ផ្តើម​ទិញ​ និង​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​ដែល​នៅ​ជិត​យើង​ ព្រោះ​គឺជា​ទីតាំង​យើង​ស្គាល់​ ហើយ​វា​ងាយស្រួល​ស្រាវជ្រាវ​តម្លៃ​ទិញ​-លក់​នៅកន្លែង​នោះ​បាន​ច្បាស់​”។ ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ មុននឹង​សម្រេចចិត្ត​ទិញ​ ត្រូវ​អង្កេត​តាមដាន​អចលនទ្រព្យ​គោលដៅ​គ្រប់ពេលវេលា​ ដើម្បី​ឱ្យ​ដឹងពី​អ្វី​ដែល​បាន​កើនឡើង​ក្នុង​កន្លែង​នោះ​ ឬតំបន់​នោះ​ថា​តើ​ នឹង​មាន​ហាង​លក់ដូរ​កំពុង​សង់​ ឬក៏​មាន​គម្រោង​សាងសង់​អគារ​ខ្ពស់​ដែរ​ឬទេ​? ហើយ​ត្រូវ​ធ្វើ​ផែនការ​គ្រប់យ៉ាង​ឱ្យ​បាន​ហ្មត់ចត់​ និង​ដំណើរការ​តាម​ជំ​ហាន​មួយ​ៗច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​ ដោយ​គិត​តាម​ក្បួនខ្នាត​ឱ្យ​បាន​ល្អិតល្អន់​ជាមុន​។ យើង​ត្រូវ​គិតថា​ទិញ​យក​មក​ធ្វើអ្វី​? បានផល​តបស្នង​ត្រឡប់មកវិញ​ប៉ុន្មាន​? សម្រាប់​តម្លៃ​អចលនទ្រព្យ​ទាំងនោះ​ ដើម្បី​ឱ្យ​មាន​លំហូរ​សាច់ប្រាក់​វិជ្ជមាន​”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ម៉ាន់​ ច័ន្ទ​ឌី​។

    លោក​ សន​ សៀប​ អគ្គនាយក​ក្រុមហ៊ុន​ Key​ Real​ Estate​ Co.Ltd​ ក៏បាន​បង្ហាញ​ពី​ការវាយតម្លៃ​អចលនទ្រព្យ​មុន​ពេល​វិនិយោគ​ដែរ​ ដោយ​លោក​បាន​លើកឡើង​ថា​៖ “មុន​ពេល​វិនិយោគ​គួរ​មើល​ពី​ទីតាំង​ ទំហំ​ ជម្រៅ​ ក្បាលដី​ និង​រូបរាង​ដី​ជាដើម​ ដើម្បី​ឱ្យ​ការ​វិនិយោគ​មានដំណើរ​ការ​ល្អ​ប្រសើរ​ ដោយ​ផ្តោត​ទៅលើ​ចំណុច2​ គឺ​៖ ទី1​-រូបមន្ត​ប្រៀបធៀប​ ទី2​-រូបមន្ត​វិនិយោគ​។ គឺ​យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ ដើម្បី​ឱ្យ​ដឹងពី​ទីផ្សារ​ ដោយ​ពិចារណា​ទៅលើ​តម្លៃ​ណាមួយ​ដែល​សមស្រប​សម្រាប់​យើង​អាច​ធ្វើការ​វិនិយោគ​បាន​។ ពោល​គឺ​យើង​យក​មក​វិភាគ​តាម​ទិន្នន័យ​ទីផ្សារ​ បន្ទាប់មក​គឺ​យើង​បាន​តម្លៃ​ទីផ្សារ​ដែល​យើង​ត្រូវ​យក​មក​ធ្វើការ​វិនិយោគ​”។ លោក​ សន​ សៀប​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“កត្តា​ដែល​យើង​គួរ​វាយតម្លៃ​មុន​វិនិយោគ​ គឺ​ ដើម្បី​ឱ្យ​ដឹងពី​កត្តា​នៃ​ការ​លក់​ត្រឡប់ទៅវិញ​ ដោយ​បាន​មក​ពី​ការ​លក់​ ឬជួល​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ផល​ចំណេញ​ថា​ តើ​យើង​ត្រូវ​ធ្វើការ​វិនិយោគ​លំនៅ​ដ្ឋាន​ ខុន​ដូ​ អា​ផា​តមិន​ ឬក៏​ផ្ទះល្វែង​ ដែល​ការពិចារណា​ គឺ​ស្ថិតនៅ​លើ​អ្នក​វិនិយោគ​ខ្លួនឯង​ដែល​បាន​វិភាគ​ទៅតាម​ទិន្នន័យ​ទីផ្សារ​ដែល​បាន​ប្រមូល​មក​”។

    លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​បង្ហាញ​ពី​ការ​កសាង​ទំនុកចិត្ត​ រវាង​ភ្នាក់ងារ​អចលនទ្រព្យ​ និង​វិនិយោគិន​ ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​វិ​និ​យោ​គម្រោង​ធំ​។ គឺ​ការ​កសាង​ទំនុកចិត្ត​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ត្រូវ​មានការ​ធ្វើការងារ​ជា​ក្រុម​ដើម្បី​បន្ថែម​នូវ​ទំនុកចិត្ត​សម្រាប់​ដៃគូ​ម្ខាងទៀត​ ការគោរព​ពេលវេលា​ ការ​បង្ហាញ​ពី​ទឹកដម​នៃ​ការ​ទំនាក់ទំនង​រវាង​គ្នា​ និង​ការគោរព​ចំពោះ​ដៃគូ​ម្ខាងទៀត​ជាដើម​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ផង​ដែរ​ ដោយ​លោក​លើកឡើង​ថា​៖ “ដើម្បី​វិនិយោគ​លើ​អចលនទ្រព្យ​ ទទួល​បាន​ប្រាក់ចំណេញ​ត្រូវ​វិនិយោគ​ដោយ​មើលទៅ​លើ​ស្ថានភាព​ផ្លូវ​ និង​ទីតាំង​ឱ្យ​សមស្រប​នឹង​តម្រូវការ​ជាក់ស្ដែង​។

    ដោយឡែក​ សម្រាប់​ទិញ​ដើម្បី​រស់នៅ​ ត្រូវ​មើល​ពី​ភាព​ចូលចិត្ត​នៃ​ការរស់នៅ​ មានន័យថា​ អ្នកខ្លះ​ចូលចិត្ត​រស់នៅ​តាម​ដងទន្លេ​ ចំណែក​អ្នកខ្លះ​ទៀត​ចូលចិត្ត​រស់នៅ​តាម​តំបន់​ស៊ី​វី​ល័យ​ ដូច្នេះ​ក្នុងនាម​យើង​ជា​អ្នកលក់​ គួរតែ​ណែនាំ​បង្ហាញ​ពី​ផលប្រយោជន៍​ក្នុង​តំបន់​ផ្សេងគ្នា​ទាំងនេះ​។ ដូច្នេះ​ក្នុងនាម​ជា​អ្នកជំនាញ​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​ស្ថានភាព​ និង​តម្រូវការ​របស់​អតិថិជន​ច្បាស់លាស់​ ទើប​អាច​ឱ្យ​ដំណើរការ​នៃ​ការ​លក់​ទទួល​បានផល​ល្អ​ និង​ចំណេញ​ថវិកា​”។

    អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ខាងលើ​ក៏បាន​ថ្លែង​ពី​សកម្មភាព​មួយចំនួន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ដោយ​លើកឡើង​ពី​នៅ​ការវាយតម្លៃ​ខុសពី​ការពិត​ដែល​ផ្ទុយពី​វិជ្ជាជីវៈ​ ដែល​ទង្វើ​បែបនេះ​អាច​កើតមាន​ចំពោះ​ក្រុម​មួយចំនួន​តូច​ដែល​បង្ក​កើតឡើង​ដោយ​មិន​ស្របច្បាប់​ ឬមិន​បាន​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​ជា​អ្នក​អាជីព​ដែល​ករណី​វាយតម្លៃ​អចលនវត្ថុ​ខ្ពស់​ជាង​តម្លៃ​ក្នុង​ទីផ្សារ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ទាំងសងខាង​នេះ​ មិនមែន​មានតែ​ក្នុង​ប្រទេស​យើង​នោះ​ទេ​ នៅ​តាម​បណ្តា​ប្រទេស​នានា​លើស​កល​លោក​ក៏​ធ្លាប់​កើតមាន​ដែរ​ រហូត​មាន​ស្ថាប័ន​ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ក្នុង​វិស័យ​នេះ​បាន​ចងក្រង​ជា​ក្រមសីលធម៌​ និង​តម្រូវ​ឱ្យ​គោរព​អនុវត្ត​ទាំងអស់គ្នា​។

    បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​ មិនទាន់​មានច្បាប់​កំណត់​ពី​កម្រិត​នៃ​ការ​ទទួលទោស​ពី​ការវាយតម្លៃ​អចលនទ្រព្យ​ខុស​នោះ​ទេ​ គឺ​មានតែ​ការបង្កើត​ជា​ច្បាប់​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ដែល​បង្កើត​ឡើង​ដោយ​សមាគម​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្រោម​ការ​រួមគ្នា​បង្កើត​តែប៉ុណ្ណោះ​។ ជា​ដំណោះស្រាយ​ និង​អាច​គេច​ផុត​ពី​ករណី​ទាំងអស់​នេះ​ ទាំង​ម្ចាស់​ក៏ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ (ធនាគារ​ម្ចាស់បំណុល​) ដែល​ពាក់ព័ន្ធ​ គួរតែ​ស្វែងរក​ក្រុមហ៊ុន​ជំនាញ​ ឬភ្នាក់ងារ​វាយតម្លៃ​ស្របច្បាប់​ធ្វើជា​ដៃគូ​ ចៀសវាង​ការខាតបង់​ផលប្រយោជន៍​៕

  • វិធី​ 7យ៉ាង​ សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

    វិធី​ 7យ៉ាង​ សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

    វិធី​មើលថែ​ទាំ​ខ្លួន​ក្នុងអំឡុងពេល​មានគភ៌​របស់​អ្នកម្តាយ​ហុច​ផល​ដល់​ភាព​ឆ្លាត​វាងវៃ​ខាង​សតិបញ្ញា​របស់​កូនតូច​នៅក្នុង​គភ៌​។ ខាងក្រោម​នេះ​គឺ​វិធី​ 7យ៉ាង​ក្នុង​ការ​សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តូច​ដែល​នៅក្នុង​ផ្ទៃ​…តើមាន​អ្វីខ្លះ​នោះ​សូម​តាម​-ដាន​ដូចតទៅ​។

    1.ធ្វើ​អារម្មណ៍​ឱ្យ​ល្អ​ស្រស់ស្រាយ​ជានិច្ច​ : ដើម្បី​ឱ្យ​រាងកាយ​បាន​បញ្ចេញ​សារធាតុ​នៃ​សេច​ក្តីសុខ​ចេញ​មក​ និង​បញ្ជូន​បន្ត​ទៅដល់​កូន​ ធ្វើ​ឱ្យ​កូន​មានការ​វិវឌ្ឍ​ដែល​ល្អ​ទាំង​ខួរក្បាល​(IQ​) និង​អារម្មណ៍​(EQ​) តែបើ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ធុញថប់​ច្រើន​វិញ​នោះ​រាងកាយ​នឹង​បញ្ចេញ​សារធាតុ​ អា​ឌ្រី​ណា​លីន​ ជំនួស​វិញ​ ដែល​នឹង​ហុច​ផល​ដល់​កូន​នៅពេល​កើតមក​ ក្លាយជា​ក្មេង​ងង៉ក់​យំ​រករឿង​ច្រើន​ ពិបាក​ចិញ្ចឹម​ និង​មាន​វិវឌ្ឍនាការ​យឺត​។

    2. ទទួលទាន​អាហារ​ឱ្យ​បាន​សមរម្យ​ : ជា​ពិ​សេស​អាហារ​ដែល​សម្បូរទៅដោយ​អាស៊ីត​ខ្លាញ់​មិន​កក​ ដូចជា​ DHA​ , AA​ ​និងARA​ ដែល​មាន​ច្រើន​នៅក្នុង​សាច់​ត្រី​សមុទ្រ​ផ្សេង​ៗ ដែល​ជា​អង្គ​ប្រកប​សំខាន់​មួយ​របស់​សាច់​ខួរក្បាល​របស់​កូន​ដល់ទៅ​ 60​%។

    3. ហាត់ប្រាណ​ : ពេល​ស្ត្រី​មានគភ៌​ហាត់​ប្រាណ​ កូន​នៅក្នុង​ផ្ទៃ​ក៏​នឹង​ធ្វើ​ចលនា​តាម​ចង្វាក់​ការហាត់ប្រាណ​របស់​អ្នកម្តាយ​ដែរ​ ដែល​ការ​ធ្វើ​ចលនា​នេះ​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​កូន​ឱ្យ​វិវឌ្ឍ​បាន​ល្អ​ឡើង​។

    4 . អង្អែល​ក្បាលពោះ​ : នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​សរសៃប្រសាទ​ និង​ខួរក្បាល​ផ្នែក​ទទួលដឹង​ពី​អារម្មណ៍​របស់​កូន​ឱ្យ​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​។ ដោយ​ទិច​និ​កងាយ​ៗ គឺ​ចូរ​អង្អែល​ក្បាល​ពោះ​ខ្លួនឯង​ជា​រាង​រង្វង់​មូល​ ទៅមក​ពី​ខាងណា​មុន​ក៏បាន​ដែរ​។

    5 . និយាយលេង​ជាមួយ​កូន​ក្នុង​គភ៌​ឱ្យ​បាន​ញឹកញាប់​ : ប្រព័ន្ធ​ប្រសាទ​ការ​ស្តាប់​របស់​កូន​នឹង​ចាប់ផ្តើម​ធ្វើការ​នៅពេល​ដែល​គភ៌​របស់​អ្នកមាន​អាយុ​បាន​ប្រមាណ​ជា​ 5ខែ​។ ការ​និយាយ​លេង​ជាមួយ​កូន​ដោយ​សំឡេង​ដ៏​ទន់ភ្លន់​ប្រយោគ​ដដែល​ៗនឹង​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ និង​ខួរ​ក្បាល​ដែល​គ្រប់គ្រង​ការ​ឮ នឹង​វិវឌ្ឍ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ឮក្រោយ​ពេល​ប្រ​សូត​ចេញ​មក​ហើយ​។

    6. ស្តាប់​បទ​ភ្លេង​សប្បាយ​ៗ : មិនថា​ស្ត្រី​មាន​គភ៌​ស្តាប់​បទភ្លេង​អ្វីក៏ដោយ​ កូនតូច​ក៏​នឹង​បាន​ស្តាប់​តាម​នោះ​ដែរ​ បើ​រឹតតែ​ជា​បទភ្លេង​បែប​សប្បាយ​ៗ ឬបទ​ភ្លេង​ក្លាស់​ស៊ិ​កផង​នោះ​ នឹង​រឹតតែ​ជួយ​ជំរុញ​ឱ្យ​បណ្តាញ​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ស្តាប់​ឮរបស់​កូនតូច​ វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ ហើយ​នៅពេល​ដែល​កូន​ប្រសូត​ចេញ​មក​នឹង​មាន​សមត្ថភាព​ខាង​ការ​រៀង​លំដាប់​ការ​គិត​នៅក្នុង​ខួរក្បាល​មាន​អារម្មណ៍​ធូរស្រាល​ និង​ចង​ចាំ​រឿង​រ៉ាវ​ផ្សេង​ៗបាន​ល្អ​ទៀតផង​។

    7. បញ្ចាំង​ភ្លើង​ចំក្បាល​ពោះ​ : នៅពេល​ដែល​គភ៌​មាន​អាយុ​បាន​ 7ខែ​ កូនតូច​អាច​ប្រិច​ភ្នែក​បាន​ហើយ​។ ការ​បញ្ចាំង​ភ្លើង​ចំក្បាល​ពោះ​ខ្លួន​ឯង​ នឹង​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​ និង​សរ​សៃ​ប្រ​សាទ​ផ្នែក​ទទួល​រូបភាព​ និង​ការ​មើលឃើញ​របស់​កូនតូច​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​មើលឃើញ​ក្រោយពេល​កើត​ចេញ​មក​៕

  • មន្ត្រី​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រាក់កម្ចី​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​

    មន្ត្រី​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រាក់កម្ចី​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​

    និន្នាការ​កើនឡើង​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មន្ត្រី​ពី​ធនាគារ​កណ្តាល​របស់​ប្រទេស​កម្ពុជា​ ធ្វើ​ឱ្យ​មន្ត្រី​ដឹកនាំ​នៅ​ទីនោះ​ បាន​ជំរុញ​ឱ្យ​អ្នកទិញ​ត្រូវ​ប្រុងប្រយ័ត្ន​ និង​ពិចារណា​ពីអ​ត្រា​ការប្រាក់​មុន​ពេល​ពួកគេ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​តម្រូវការ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ដោយសារ​ថា​ គូ​ស្វាមីភរិយា​វ័យក្មេង​កាន់តែ​ច្រើន​កំពុងតែ​ស្វែងរក​កម្ចី​សម្រាប់​ទិញ​ផ្ទះ​ផ្ទាល់​របស់​ខ្លួន​”។

    លោកជំទាវ​បាន​ជំរុញ​ឱ្យ​អ្នកទិញ​អចលនទ្រព្យ​ធ្វើការ​ស្រាវជ្រាវ​ដោយខ្លួនឯង​មុន​ពេល​ដាក់​ប្រាក់​បញ្ញើ​។ ព្រោះ​ការ​យក​ប្រាក់កម្ចី​ដាក់បញ្ចាំ​ដោយ​ផ្ទាល់​ពី​អ្នក​អភិវឌ្ឍន៍​ ជា​ធម្មតា​នឹង​មក​ជាមួយ​អត្រា​ការប្រាក់​ដែល​ខ្ពស់​ជាង​ធនាគារ​។

    លោកជំទាវ​បាន​លើក​ឧទាហរណ៍​ពី​ផ្ទះល្វែង​សម្រាប់​ជួល​នៅ​តំបន់​បឹងកេងកង2​ ដែល​តម្លៃ​នៃ​ការជួល​មានតម្លៃ​ 450ដុល្លារ​ក្នុង​ 1ខែ​។ ជា​អគារ​ដែល​មាន​គ្រឿងសង្ហារិម​ពេញលេញ​នេះ​មាន​ទាំង​ផ្ទះ​មួយ​ និង​មាន​បន្ទប់2​ ជា​កន្លែង​ដែល​មាន​ផាសុកភាព​ ដោយ​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​ត្រូវ​បាន​ដាក់បញ្ចូល​។ ក្នុងករណី​ខ្លះ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កំពុង​ទាក់ទាញ​អតិថិជន​ឱ្យ​ដាក់បញ្ចាំ​ ឬបង់ប្រាក់​ជាមុន​សម្រាប់​ការទិញ​គេហដ្ឋាន​ ដោយ​លើកលែង​ការ​បង់ប្រាក់​ទាប​ ឬការ​ចែង​ដំណឹងផ្សេង​ទៀត​។

    លោកជំទាវ​បាន​មានប្រសាសន៍​ថា​៖ “អ្នក​អភិវឌ្ឍន៍​គម្រោង​មួយចំនួន​មិន​ចង់​ជួយ​សម្រួល​ដល់​ប្រាក់កម្ចី​របស់​ធនាគារ​ទេ​ ពីព្រោះ​ពួកគេ​ចង់ឱ្យ​អ្នកទិញ​ខ្ចី​ពី​ពួកគេ​។ មាន​ករណី​ខ្លះ​ អ្នក​អភិវឌ្ឍន៍​មាន​គោលបំណង​ពន្យារពេល​ប្រាក់កម្ចី​ធនាគារ​ ឬមិន​សហការ​ជាមួយ​អ្នកទិញ​ដែល​ខ្ចីប្រាក់​ពី​ធនាគារ​។

    អ្នក​អភិវឌ្ឍន៍​ខ្លះ​គ្រាន់តែ​ចង់ឱ្យ​អ្នកទិញ​ចិញ្ចឹម​ពួកគេ​ដោយ​ប្រើ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ 18​% ក្នុង​ 1ឆ្នាំ​”។ដោយសារ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ស្ថិតនៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ធនាគារជាតិនៃកម្ពុជា​មិនដែល​រាប់បញ្ចូល​ប្រាក់កម្ចី​ទិញ​ផ្ទះ​របស់​អ្នក​អភិវឌ្ឍន៍​នៅក្នុង​ទិន្នន័យ​ផ្តល់​ប្រាក់កម្ចី​ផ្លូវការ​នោះ​ទេ​។

    ប្រជាប្រិយ​ភាព​នៃ​ប្រាក់កម្ចី​ហ៊ី​ប៉ូ​តែក​(ប្រាក់កម្ចី​បញ្ចាំ​)ដែល​ចេញ​ដោយ​អ្នក​អភិវឌ្ឍន៍​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​-ក្រោយនេះ​។ ជា​ធម្មតា​ទាំងអស់​នេះ​ គឺជា​កិច្ចសន្យា​រយៈពេល​ 30ឆ្នាំ​ ហើយ​កម្រ​តម្រូវ​ឱ្យ​មានការ​បង់​រំលស់​ណាស់​។ ទោះបី​ប្រាក់កម្ចី​ហ៊ី​ប៉ូ​តែក​ទាំងនេះ​ ដំបូង​មើលទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នកទិញ​ក៏ដោយ​ តែ​ក៏​អត្រា​ការប្រាក់​ជា​រឿយ​ៗ នឹង​កើនឡើង​ទ្វេដង​ ឬ 3ដង​នៃ​តម្លៃ​បិទ​ស្លាក​ផ្ទះ​។

    ទន្ទឹម​នឹង​នេះ​ដែរ​ ធនាគារ​របស់​ប្រទេស​កម្ពុជា​ជា​ធម្មតា​តម្រូវ​ឱ្យ​មានការ​បង់​រំលស់​យ៉ាងតិច​ 30​%និង​មានការ​ត្រួតពិនិត្យ​រយៈពេល​វែង​លើ​ប្រវត្តិ​ឥណទាន​ និង​សមត្ថភាព​ក្នុង​ការ​បង់​។ ទោះ​យ៉ាងណា​អត្រា​ការប្រាក់​សម្រាប់​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ទាំងនេះ​ ជា​ធម្មតា​មាន​រយៈពេល​ប្រហែល​ 7% ទៅ12​%។

    យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ក្រេ​ឌីត​ខេម​បូ​ឌា​ (KBB​) ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ពី​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ទូទាំង​ប្រទេស​មាន​ចំនួន​ 3,2​ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​មីនា​។ នេះ​បង្ហាញ​ពី​ការ​កើនឡើង​ 34​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ការអនុវត្ត​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ គឺ​ពិតជា​ល្អ​ប្រសើរ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ និន្នាការ​នេះ​កំពុង​កើនឡើង​ក្នុង​ល្បឿន​ដូច​ឆ្នាំមុន​ ហើយ​ស្រប​នឹង​កំណើន​ឧស្សាហកម្ម​ទូទៅ​។

    អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​និយាយ​ថា​ គូ​ស្វាមីភរិយា​វណ្ណៈ​កណ្តាល​វ័យក្មេង​កំពុងតែ​ជំរុញ​តម្រូវការ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ក្នុង​ប្រទេស​។ ពួកគេ​និយាយ​ថា​ មាន​មនុស្ស​កាន់តែ​ច្រើន​ចង់​រស់នៅ​ដាច់ដោយឡែក​ពី​ឪពុក​ម្តាយ​នៅ​ពេល​ពួកគេ​ធំ​ពេញវ័យ​។

    ដូច្នេះ​ធនាគារ​គួរ​ពិចារណា​បន្ថែម​អំពី​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​រចនា​ឡើង​ ដើម្បី​រក​ប្រាក់ចំណូល​ ឬប្រាក់ចំណេញ​ពី​ការ​លក់​ ឬការជួល​អចលនទ្រព្យ​នោះ​។ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ច្រើន​នៅពេល​ធ្វើការ​ជាមួយ​គម្រោង​អភិ​ឌ្ឍ​ន៍​អចលនទ្រព្យ​។ ដោយ​ធនាគារ​មាន​កាតព្វកិច្ច​មួយ​ចំពោះ​ភាគ​ទុ​និក​ (អតិថិជន​ដែល​តម្កល់​ប្រាក់​) ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​ ដើម្បី​ធានា​ថា​ ពួកគេ​អាច​ការពារ​ពី​ការខាតបង់​ហិរញ្ញវត្ថុ​ អាច​រក្សា​ប្រាក់​តម្កល់​របស់​អតិថិជន​ដោយ​សុវត្ថិភាព​ ធានា​លើ​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​បង្កើត​ប្រាក់ចំណេញ​។ ដូច្នេះ​ពួកគេ​អាចយ​កប្រាក់​នោះ​ទៅ​វិនិយោគ​ និង​ផ្តល់​ជា​ភាគលាភ​ដល់​ភា​គហ៊ុនិ​ក និង​បង្កើន​តម្លៃ​ភាគហ៊ុន​បន្ថែម​ទៀត​។

    ទាក់ទង​នឹង​ហានិភ័យ​ឥណទាន​ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ក៏បាន​លើកឡើង​ដែរ​ថា​ គ្រប់​សំណើ​កម្ចី​ឥណទាន​ត្រូវ​បាន​សិក្សា​ និង​ត្រួតពិនិត្យ​ដោយក្រុម​អ្នកវិភាគ​ដោយធ្វើ​ការវិភាគ​វាយតម្លៃ​លើ​កម្រិត​នៃ​ហានិភ័យ​នៃ​គម្រោង​នីមួយ​។ នៅពេល​ធនាគារ​អនុម័ត​លើ​ប្រាក់កម្ចី​ដល់​អ្នក​អភិវឌ្ឍន៍​ ពួកគេ​គិត​អំពី​ “ហានិភ័យ​”។ ចំណែក​អ្នក​អភិវឌ្ឍន៍​វិញ​ ប្រហែលជា​មិន​គិត​ច្រើន​អំពី​ហានិភ័យ​នោះ​ទេ​។ អ្នក​អភិវឌ្ឍន៍​ជា​ធម្មតា​គិត​អំពី​ប្រាក់ចំណេញ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ កេរ្តិ៍ឈ្មោះ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ និង​គម្រោង​ និង​រូបភាព​ ឬចំ​ណុ​ចល្អៗ​នៃ​គម្រោង​ និង​អ្នកសាង​សង់​តែប៉ុណ្ណោះ​៕

  • ធនាគារជាតិ​៖ ផ្នែក​មីក្រូហិរញ្ញវត្ថុ​រក្សា​បាន​នូវ​កំណើន​ខ្ពស់​

    ធនាគារជាតិ​៖ ផ្នែក​មីក្រូហិរញ្ញវត្ថុ​រក្សា​បាន​នូវ​កំណើន​ខ្ពស់​

    ធនាគារជាតិនៃកម្ពុជា​ (NBC​) បាន​រាយការណ៍​ពី​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​ ដោយ​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា​ ប្រាក់កម្ចី​ និង​កំណើន​ប្រាក់បញ្ញើ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​មានកម្រិត​ខ្ពស់​ក្នុង​ឆមាស​ទី​ 1នៃ​ឆ្នាំនេះ​ ដែល​ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​។

    របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ប្រាក់កម្ចី​ក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ប្រហែល​ 22.4​%នៅក្នុង​ឆមាស​ទី1​ កើនឡើង​ 27,7ពាន់​លាន​ដុល្លារ​។ តម្លៃ​នៃ​ប្រាក់កម្ចី​បាន​កើនឡើង​ដល់​ 21,5ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ធនាគារ​ និង​ 6,2ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​។

    ឥណទាន​សរុប​របស់​ធនាគារ​មាន​ជាង​ 21ប៊ី​លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ទៅកាន់​វិស័យ​ សេដ្ឋកិច្ច​សំខាន់​ដូចជា​ការ​ជួញដូរ​រាយ​ 16​% ការ​ជួញដូរ​ដុំ11​%ការខ្ចី​ទិញ​លំនៅឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់​ ខ្លួន​ 10​% កសិកម្ម​ 9% សំណង់10​% តម្រូវការ​ផ្ទាល់ខ្លួន​ 8% ការ​-ជួញដូរ​អចលនទ្រព្យ​ 7% និង​កម្មន្ត​ សាល​កម្ម​ 5%។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​សរុប​មាន​ទឹកប្រាក់​ 6,2​ ប៊ី​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ក្រុម​គ្រួសារ​ 36​% វិស័យ​កសិកម្ម20​% វិស័យ​ពាណិជ្ជកម្ម18​% សេវា13​% និង​សំណង់​ 3%។

    ឯកឧត្តម​ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពូ​ជា​បាន​មានប្រសាសន៍​ថា​ វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ និង​សកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​។ ការ​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​បន្ត​ពង្រីក​នៅក្នុង​ប្រទេស​ បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ និង​ជនបទ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​។

    ឯកឧត្តម​មានប្រសាសន៍​ថា​៖“ ដោយសារ​កំណើន​នេះ​ បទប្បញ្ញត្តិ​នៃ​វិស័យ​នេះ​ចាំបាច់​ត្រូវ​ពង្រឹង​រួម​ជាមួយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ កត្តា​ម៉ាក្រូ​ និង​មីក្រូ​សេដ្ឋកិច្ច​ទាំងអស់​ត្រូវតែ​មាន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​”។

    វិស័យ​ធនាគារ​បាន​ចូលរួម​ចំណែក​ និង​គាំទ្រ​ដល់​ការ​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​។ ឧទាហរណ៍​នេះ​គឺ​ជា​ក្របខ័ណ្ឌ​អាស៊ាន​ និង​អាស៊ាន​បូក3​ (ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​) ដែល​មាន​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ បានឱ្យ​ដឹង​ថា​ អេ​ស៊ី​លីដា​កំពុង​ផ្តោត​លើ​ការ​ជួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ឱ្យ​រីកចម្រើន​។

    “ធនាគារ​អេ​ស៊ី​លីដា​បាន​ និង​កំពុង​រីកចម្រើន​ដោយសារ​សកម្មភាព​ផ្តល់​ប្រាក់កម្ចី​ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។ យើង​មិន​ខ្វល់​អំពី​ប្រាក់កម្ចី​ធំ​ទេ​។ យើង​ចង់​ជួយ​អតិថិជន​សហគ្រាស​ធុន​តូច​ និង​មធ្យម​របស់​យើង​ឱ្យ​រីកចម្រើន​។ ឥឡូវនេះ​យើង​កំពុង​ផ្តល់​ប្រាក់កម្ចី​ប្រហែល​ 6ពាន់​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ហើយ​យើង​នឹង​បន្ត​ដើរ​លើ​ផ្លូវ​នេះ​”។

    ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ ប្រាក់បញ្ញើ​នៅ​អេ​ស៊ី​លីដា​ឈាន​ដល់​ជាង4​ ពាន់​លាន​ដុល្លារ​ ខណៈ​ប្រាក់កម្ចី​មាន​ចំនួន​លើស​ពី​ 3,5ពាន់​លាន​ដុល្លារ​។ ប្រាក់ចំណេញ​របស់​ធនាគារ​បន្ទាប់ពី​បង់ពន្ធ​ប្រហែល​60លាន​ដុល្លារ​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​កត់សម្គាល់​ថា​ ការ​រីកចម្រើន​នេះ​គឺជា​លទ្ធផល​នៃ​ការ​សង្កត់ធ្ងន់​ថ្មី​របស់​ធនាគារ​ទៅលើ​ឌីជីថល​ និង​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​-អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឬហិរញ្ញវត្ថុ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​កែ​លម្អ​សេវាកម្ម​។

    លោក​បាន​មានប្រសាសន៍​ថា​៖“ធនាគារ​ ពិតជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ ដែល​អាច​ជួយ​ឱ្យ​មាន​កំណើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ កាលពី​ឆ្នាំមុន​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​កើនឡើង7.5​ % ហើយ​នៅ​ឆ្នាំនេះ​រដ្ឋាភិបាល​បាន​ព្យាករ​ថា​ នឹង​មាន​អត្រាកំណើន​ 7.1​% ដូច្នេះ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​នឹង​បន្ត​កើនឡើង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​”។

    យោង​តាម​ធនាគារជាតិនៃកម្ពុជា​ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ត​រីកចម្រើន​ទាំង​ទំហំ​ និង​វិសាលភាព​ដោយ​បច្ចុប្បន្ន​វិស័យ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​រួមមាន​៖ធនាគារពាណិជ្ជ44​ ធនាគារ​ឯកទេស15​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ពីសា​ធារ​ណជន7​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ មិន​ទទួល​ប្រាក់បញ្ញើ74​ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន254​ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ15​ អ្នកដំណើរ​ការ​តតិយ​ភាគី4​ និង​គ្រឹះស្ថាន​សេវា​ទូទាត់16​។

    ចំណែក​ទ្រព្យសកម្ម​សរុប​នៅក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង19.2​% ឈាន​ដល់​ 180ទ្រី​លាន​រៀល​ ឬស្មើ​ 44.8ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​គាំទ្រ​ដោយ​កំណើន​ដើម​ ទុន20​% កំណើន​មូលនិធិ​កម្ចី17​% និង​កំណើន​ប្រាក់បញ្ញើ​អតិថិជន22​%។ បច្ចុប្បន្ន​មាន​ការិយាល័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​ 2,367​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​ម៉ាស៊ីន​អេ​ធី​អឹ​មចំនួន​ 2,228​ គ្រឿង​។

    លោក​ ចូវ​ សោភ័ណ្ឌ នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​មានប្រសាសន៍​ថា​ គិត​ត្រឹម​ឆមាស​ទី1​ ដើមឆ្នាំ2019​ នេះ​ការ​ផ្តល់​ឥណទាន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ជា​រួម​ មាន​ទឹកប្រាក់​ជាង​ 6ពាន់​លាន​ដុល្លារ​អាមេរិក​ មាន​កំណើន​ប្រមាណ16​%។ អ្នកប្រើ​ប្រាស់​សេវា​ឥណទាន​មាន​ជាង​ 2,1​ លាន​នាក់​ហើយ​ប្រាក់បញ្ញើ​សន្សំ​ទទួល​ពីអ​តិថិ​ជន​មាន​ប្រមាណ​2,543លាន​ដុល្លារ​ មាន​កំណើន​ជាង​ 20​%, អ្នកប្រើ​ប្រាស់​សេវា​ប្រាក់បញ្ញើ​សន្សំ​មាន​ជាង​ 2,5លាន​នាក់​។

    កាលពី​ឆ្នាំ2018​ ឆមាស​ទី1​ ដូចគ្នា​ការ​ផ្តល់​ឥណទាន​មាន​កំណើន​ប្រមាណ​ 12​% ហើយ​ប្រាក់បញ្ញើ​សន្សំ​មាន​កំណើន​ប្រមាណ​ 12.83​%។ ឥណទាន​មិន​ដំណើរការ​ជាមធ្យម​មាន​អត្រា​ប្រមាណ​ជា​ 1% មានន័យថា​ អតិថិជន​មានលទ្ធភាព​សង​ត្រឡប់​បាន​ល្អ​ និង​ទៀងទាត់​៕

  • ការបង្កើត​ភូតគាម​អនាម័យ​អេឡិចត្រូនិក​ (E-Phyto​ Sysytem​) កំពុង​ត្រូវ​បាន​ធ្វើ​នៅ​កម្ពុជា​

    ការបង្កើត​ភូតគាម​អនាម័យ​អេឡិចត្រូនិក​ (E-Phyto​ Sysytem​) កំពុង​ត្រូវ​បាន​ធ្វើ​នៅ​កម្ពុជា​

    ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​រៀបចំ​បង្កើត​ ប្រព័ន្ធ​ភូតគាម​អនាម័យ​អេឡិចត្រូនិក​ (E-Phyto​ Sysytem​)ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកនាំ​ចេញ​ដែល​ត្រូវការ​នាំចេញ​ផលិតផល​កសិកម្ម​។

    វិញ្ញាបនបត្រ​អនាម័យ​ និង​ភូតគាម​អនាម័យ​ (E-Phyto​) ជាឯក​សារ​ចាំបាច់​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ ដូចជា​ផ្លែឈើ​ស្រស់​ បន្លែស្រស់​ រុក្ខជាតិ​ស្រស់​ ត្រី​ សត្វ​រស់​ និង​ផលិតផល​កសិកម្ម​ដទៃផ្សេង​ទៀត​ដែល​តម្រូវ​ដោយ​ប្រទេស​នាំចូល​។

    វិញ្ញាបនបត្រ​នេះ​បញ្ជាក់​ថា​ ផលិតផល​នាំចេញ​ទាំងនោះ​គ្មាន​ផ្ទុក​សត្វល្អិត​បង្ក​ជំងឺ​ ឬសត្វ​ល្អិត​ចង្រៃ​ដែល​អាច​បំផ្លាញ​ផលដំណាំ​។ អ្នក​នាំចូល​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​ទៅតាម​លក្ខខណ្ឌ​អនាម័យ​និង​ភូតគាម​អនាម័យ​។

    ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​ អនាម័យ​ និង​ភូតគាម​អនាម័យ​ នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“នៅពេល​នេះ​សម្រាប់​ការ​ស្នើសុំ​ការ​ធ្វើ​វិញ្ញាបនបត្រ​អនាម័យ​ និង​ភូតគាម​អនាម័យ​ អាច​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ​ តាម​ច្រក​បញ្ជរ​ជាតិ​តែមួយ​បាន​។ កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ភូតគាម​អនាម័យ​ អេឡិចត្រូនិក​(E-Phyto​)នេះ​ ដោយ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ប្រឹងប្រែង​សាកល្បង​ធ្វើការងារ​នេះ​ 2-3ឆ្នាំ​មក​ហើយដោយ​សម្រេច​បាន​មួយ​ជំហាន​ ស្ថិត​ក្នុង​គម្រោង​បញ្ជរ​ជាតិ​តែមួយ​ ដែល​ដឹកនាំ​អនុវត្តន៍​ដោយ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​”។

    លោក​បណ្ឌិត​ កែ​ មុន្ធី​វុធ​ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​ អនាម័យ​ និង​ភូតគាម​អនាម័យ​ បាន​បញ្ជាក់​ទៀត​ថា​៖ “ដើម្បី​ធ្វើ​ឱ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ E-Phyto​ ពេញលេញ​យើង​ត្រូវការ​រៀប​ប្រព័ន្ធ​ការងារ​បច្ចេកទេស​និង​ធនធានមនុស្ស​។ បច្ចុប្បន្ន​នេះ​យើង​អាច​ធ្វើការងារ​រដ្ឋបាល​ ដោយ​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​អនាម័យ​ និង​ភូតគាម​អនាម័យ​តាម​ប្រព័ន្ធ​អន​ឡាញ​ដូច្នេះ​យើង​កំពុងតែ​ស្វែងរក​ដៃគូ​ ដើម្បី​ប្រមូល​ធនធាន​បន្ត​ធ្វើការងារ​នេះ​ដែល​ចាំបាច់​ត្រូវ​មានដៃ​គូ​ ហើយ​ដៃគូ​ដែល​បាន​ជួយ​យើង​មាន​អង្គការ​ CAVAC​ និង​ FAO​”។

    លោក​ប្រធាន​នាយកដ្ឋាន​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​៖ ​“យើង​ចង់ឱ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​E-Phyto​ នៅ​ 2ឆ្នាំ​ទៀត​យ៉ាង​យូរ​ ដើម្បី​ឱ្យ​ទាន់​សភាពការណ៍​ និង​សម្រួល​ពាណិជ្ជកម្ម​”។

    យ៉ាងណាក៏ដោយ​លោក​ មុន្ធី​វុធ​ បាន​លើកឡើង​ដែរ​ថា​ បើ​ទោះបីជា​កម្ពុជា​មាន​ E-Phyto​ ក៏​មិន​ប្រាកដ​ថា​ អាច​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ពេញលេញ​នោះ​បាន​ដែរ​ ដរាបណា​ប្រទេស​ដែល​កម្ពុ​ជា​ធ្វើ​ពា​-ណិ​ជ្ជ​កម្ម​ជាមួយ​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ E-Phyto​ នេះ​ដូចគ្នា​ ហើយ​ចំពោះ​ប្រទេស​ដែល​មិនទាន់​មាន​ប្រព័ន្ធ​នេះ​ គឺ​នៅតែ​ប្រើប្រាស់​ក្រដាស​ធម្មតា​ក្នុង​ការ​បំពេញ​ទម្រង់​នាំចេញ​នាំចូល​នោះ​។បើ​តាម​លោក​ កែ​ មុន្ធី​វុធ​ នៅក្នុង​តំបន់​អាស៊ាន​ មានតែ​ 2ប្រទេស​ប៉ុណ្ណោះ​ ដែល​ឈានមុខ​ មាន​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ E-Phyto​ គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី​។

    លោក​ កែ​ មុន្ធី​វុធ​ បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ E-Phyto​ នេះ​នឹង​ជួយ​រួមចំណែក​ដល់​ការ​លុបបំបាត់​នូវ​ការ​បន្លំ​ឯកសារ​ដែល​ផ្តល់​នូវ​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ ក្នុង​ការកាត់បន្ថយ​ពេលវេលា​រត់​ឯកសារ​ និង​កាត់បន្ថយ​បញ្ហា​មួយចំនួន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។

    ដោយឡែក​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នេះ​ សម្រាប់​ផលិតផល​ក្នុង​ស្រុក​ក៏​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ដែរ​ ដោយមាន​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ពិនិត្យ​គុណភាព​ និង​ចែកចាយ​បន្លែ​មួយ​ថ្មី​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ខេត្តកណ្តាល​ ដែល​មជ្ឈមណ្ឌល​នេះ​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មានតម្លៃ​ជាង​ 10ម៉ឺន​ដុល្លារ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា​ និង​អ្នកបច្ចេកទេស​ ជាបន្តបន្ទាប់​ចំពោះ​កម្ពុជា​ លើ​គ្រប់​វិស័យ​ជាប្រចាំ​ និង​គ្រប់​កាលៈទេសៈ​ ដែល​សក្ខីភាព​ជាក់ស្តែង​ បាន​ផ្តល់​ឱកាស​ ដល់​ប្រជាកសិករ​យើង​កែប្រែ​ទម្លាប់​ពី​ការផលិត​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ជា​ការ​ផលិត​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ និង​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ ពោល​គឺ​ពី​“កសិករ​ ទៅ​ជា​កសិ​ពាណិជ្ជករ​”។

    ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ការប្រែប្រួល​នេះ​ក៏បាន​ប្រែក្លាយ​សហគមន៍​កសិកម្ម​ទៅជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​ ដែល​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅក្នុង​សេដ្ឋកិច្ច​សង្គម​ជនបទ​កម្ពុជា​ផង​ដែរ​។ មួយវិញទៀត​ប្រជាជន​កម្ពុជា​ក៏បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​បរិភោគ​ចំណីអាហារ​ ដែល​មាន​ស្តង់​ដា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ខ្ពស់​ ជាពិសេស​ផលិតផល​បន្លែ​ និង​ផ្លែឈើ​ជាដើម​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​ទៀត​ថា​៖“មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ត្រួតពិនិត្យ​គុណភាព​ និង​ចែកចាយ​បន្លែ​នេះ​ គឺ​មាន​សារៈសំខាន់​ និង​ចាំបាច់​បំផុត​ទាំង​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​សម្រាប់​ពេល​អនាគត​សំដៅ​ធានា​បាន​នូវ​គុណភាព​ សុវត្ថិភាព​ផលិតផល​ ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ ធានា​សុខុមាលភាព​សាធារណៈ​ និង​ភាតរ​បរិស្ថាន​ និង​ពិតជា​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់ក្រ​សួង​ក្នុង​ការជំរុញ​ផលិតភាព​ គុណភាព​ និង​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​៕

  • រយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត​ 3លាន​នាក់​

    រយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត​ 3លាន​នាក់​

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ រយៈពេល​ 5ខែ​ ឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 2,888,461​នាក់​ កើនឡើង​ 11.4​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ មានការ​ធ្លាក់ចុះ​ខ្លះ​។

    ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ទាំងនោះ​ រួមមាន​៖1- ចូល​តាមផ្លូវអាកាស​ចំនួន​ 2,018,935នាក់​កើនឡើង​ 16.9​% ក្នុង​នោះ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ​ចំនួន​ 923,771នាក់​ កើនឡើង17.6​%។ តាម​ច្រក​ទ្វារ​អន្តរជាតិ​សៀមរាប​ចំនួន​ 846,267នាក់​ ថយ​ចុះ​ 4.5​% និង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន​ 248,897នាក់​ កើនឡើង​ 344.9​%។2-ចូល​តាមផ្លូវគោក​ចំនួន​ 785,774នាក់​ ថយ​ចុះ​ 1.1​%។3-ចូល​តាមផ្លូវទឹក​ចំនួន​ 83,752នាក់​ កើនឡើង​ 15.4​%។

    គួរ​កត់សម្គាល់​ថា​ ភ្ញៀវ​ដែល​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​កើនឡើង​រហូត​ដល់​ 391.8​% តាម​របាយការណ៍​នោះ​បាន​បង្ហាញថា​ ភ្ញៀវ​ទេសចរ​ចិន​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ1​ បន្ទាប់មក​ភ្ញៀវ​មក​ពី​វៀតណាម​ ឡាវ​ ថៃ​ កូរ៉េ​ អាមេរិក​ ជប៉ុន​ អង់គ្លេស​ បារាំង​ និង​ម៉ាឡេស៊ី​។ តាម​តួលេខ​សម្រាប់​ 5ខែ​ដើមឆ្នាំ2019​ នេះ​ ភ្ញៀវ​ទេសចរ​ចិន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ មាន​ចំនួន​ 1,103,570​ នាក់​ ស្មើនឹង​ 38.2​% នៃ​ចំនួន​សរុប​ កើនឡើង​ប្រមាណ​ 40​% និង​ឈរ​លំដាប់​លេខ1​។ ចំណែក​ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ចំនួន​ 322,756​ នាក់​ ស្មើនឹង​ 11.2​% ថយ​ចុះ០.4​% ឈរ​លំដាប់ថ្នាក់​លេខ2​។

    ទន្ទឹម​នោះ​ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឡាវ​ដែល​ឈរ​លំដាប់ថ្នាក់​លេខ3​ មាន​ចំនួន​ 187,954​ នាក់​ ស្មើនឹង​6.5​% នៃ​ចំនួន​សរុប​ កើនឡើង​ 5.8​% ខណៈ​ដែល​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​ឈរ​លំដាប់ថ្នាក់​លេខ4​ មាន​ចំនួន​ 150,396នាក់​ ស្មើនឹង​ 5.2​% នៃ​ចំនួន​សរុប​ កើន​ឡើង​ 10.8​% ហើយ​ភ្ញៀវ​មក​ពី​កូរ៉េ​ឈរ​លំដាប់ថ្នាក់​លេខ5​ មាន​ចំនួន​ 150,396នាក់​កើនឡើង​ 10.4​%។

    ចំពោះ​តំបន់​ទេសចរណ៍​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ជា​តំបន់​អាទិភាព​សំ​ខាន់​ៗក្នុងរយៈពេល​ 5ខែ​ ដើម​ឆ្នាំ2019​ នេះ​ គឺ​តំបន់​ភ្នំពេញ​ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 1,770,620​ នាក់​កើន​ ឡើង​ 27.6​% ធៀប​នឹង​ឆ្នាំ​2018​។ តំបន់​សៀមរាប​អង្គរ​ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 1,117,841នាក់​ ស្មើនឹង​ 32.6​% ថយ​ចុះ​ 7.3​% ។

    ដោយឡែក​តំបន់ឆ្នេរ​សមុទ្រ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 504,495នាក់​ ស្មើនឹង14.7​% កើនឡើង​ 22​% ខណៈ​ដែល​តំបន់​អេកូ​ទេសចរណ៍​ភូមិ​ភា​គឥ​ឦសាន​ ទទួល​បាន​ 38,432​ នាក់​ កើនឡើង​ជិត​ 11​% ធៀប​នឹង​ឆ្នាំ2018​។ តំបន់​ប្រាសាទព្រះវិហារ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន27,712​នាក់​ ថយ​ចុះ​ 1.3​% ធៀប​នឹង​ឆ្នាំ2018​។

    របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​ចំនួន​អ្នកទេសចរ​កម្ពុជា​ដែល​ចេញទៅ​ក្រៅប្រទេស​ក្នុងរយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ ផង​ដែរ​ គឺ​មាន​ចំនួន​ 842,754នាក់​ កើនឡើង​ជិត​ 4% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់​ថា​៖ “នៅ​ឆ្នាំ2018​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​ តាមផ្លូវ​អាកាស​ប្រមាណ​ 10លាន​នាក់​ជាមួយនឹង​អត្រា​កំណើន​ 23​% បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល​បាន​ជាង​ 1.7លាន​នាក់​ និង​បាន​ចូលរួម​ចំណែក​ក្នុង​ចំណូល​សេដ្ឋកិច្ច​ប្រមាណ​ជា​ 2.7ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ អង្គរ​អ៊ែរ​ បាន​ចូលរួម​ចំណែក​ប្រមាណ​ 10​% នៃ​លទ្ធផល​ដ៏​ល្អ​នេះ​”។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្ដម​ ថោង​ ខុន​បាន​មានប្រសាសន៍​ថា​ យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ ប៉ុន្តែ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ2018​ កន្លងមក​ ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ បាន​និង​កំពុង​សិក្សា​រៀបចំផែនការ​មេនេះ​យ៉ាងសកម្ម​។

    ផែនការមេ​ នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​ (Eco​-City​) ដែល​ត្រូវ​ធ្វើស​មា​ហរ​ណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ បរិស្ថាន​ និង​ស្ថាបត្យកម្ម​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ (TMP​) របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​៕