Author: ធឿន មករា

  • ធ្វើដំណើរ​លើកដំបូង​ ទីក្រុង​តូក្យូ​ និង​ អូ​សា​កា​មួយ​ណា​ទាក់ទាញ​ជាង​?

    ធ្វើដំណើរ​លើកដំបូង​ ទីក្រុង​តូក្យូ​ និង​ អូ​សា​កា​មួយ​ណា​ទាក់ទាញ​ជាង​?

    មាន​កន្លែង​ទេ​ចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​ពិបាក​សម្រេចចិត្ត​ថាត្រូវ​ទៅ​កម្សាន្ត​នៅ​តំបន់​ណាមួយ​ណាស់​ ជាពិសេស​សម្រាប់​អ្នក​ដែល​មានបំណង​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ជាលើកដំបូង​។ មិនដឹង​ថា​ ត្រូវ​ទៅ​កន្លែងណា​មុនគេ​នោះ​ទេ​ រវាង​ទីក្រុង​តូក្យូ​ និង​ទីក្រុង​អូ​សា​កា​ ក៏ប៉ុន្ដែ​អ្នក​អាច​ធ្វើដំណើរ​រួមគ្នា​នៅក្នុង​ទីក្រុង​ទាំងពីរ​ក៏បាន​ដែរ​។ ទីក្រុង​ទាំងពីរ​មាន​ចំណុច​ទាក់​ទាញ​ខុស​ៗគ្នា​ ហើយ​ប្លែកភ្នែក​មែនទែន​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន នឹង​នាំ​អារម្មណ៍​លោកអ្នក​មក​ធ្វើការ​ប្រៀបធៀប​ពី​ភាព​ខុសគ្នា​នៃ​ទីក្រុង​ទាំងពីរ​ ដើម្បី​ឱ្យ​បានដឹង​កាន់តែ​ច្បាស់​ និង​ងាយស្រួល​សម្រេចចិត្ត​។

    1. ដំ​ណើរ​កម្សាន្ដ​ក្នុង​ទីក្រុង​ទីក្រុង​តូក្យូ​គឺជា​រាជធានី​ធំ​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន​។ ទីក្រុង​តូក្យូ​ គឺជា​ទីក្រុង​មួយ​ដែល​មាន​តំបន់​ទេសចរណ៍​លំដាប់​ពិភពលោក​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ មិនថា​តែ​ Shinjuku​, Ueno​, Shibuya​, Harajuku​, Ginza​, Roppongi​ និង​មាន​ជាច្រើន​កន្លែង​ទៀត​។ ម្យាង​វិញទៀត​ តូក្យូ​ក៏​មាន​ទីកន្លែង​អស្ចារ្យ​ប្រៀប​ដូចជា​និមិត្តរូប​តំណាង​ឱ្យ​ប្រទេស​ជប៉ុន​ដូចជា​ Tokyo​ Tower​, Tokyo​Skytree​, Asakusa​ Temple​, Tokyo​ Disneyland​ដែល​សុទ្ធសឹងតែ​ជាទី​កន្លែង​ដ៏​ពេញនិយម​ ហើយ​គ្រាន់តែ​ធ្វើ​ដំ​ណើរ​កម្សាន្ដ​ទៅកាន់​តំបន់​សំ​ខាន់​ៗទាំងអស់​នោះ​ត្រឹមតែ​រយៈពេល​យ៉ាង​យូរ​ 4-5ថ្ងៃ​ គឺ​គ្រប់គ្រាន់​តែម្ដង​។
    ទីក្រុង​អូ​សា​កា​
    ទោះបីជា​ទីក្រុង​អូ​សា​កា​ គឺ​ជាទី​ក្រុង​ធំ​លំដាប់​ទីបី​នៅក្នុង​ប្រទេស​ជប៉ុន​ក៏​ពិត​មែន​ (ទីក្រុង​ទីពីរ​គឺ​ ទីក្រុង​ Yokohama​ ដែល​នៅ​ជិត​ទីក្រុង​តូក្យូ​) ប៉ុន្តែ​ទីក្រុង​នេះ​មាន​លក្ខណៈ​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ជា​ខ្លាំង​ ដែលគេ​អាច​ចាត់ទុកថា​ ជាទី​ក្រុង​លេចធ្លោ​តិច​ជាង​ទីក្រុង​តូក្យូ​តែ​បន្តិច​ប៉ុណ្ណោះ​។ ជាមួយនឹង​តំបន់​ទេស​ចរណ៍​ដែល​អំណោយផល​ក្នុង​រដូវ​ក្តៅ​ ភ្ញៀវ​ទេសចរ​តែងតែ​និយម​ទៅកាន់​ទីកន្លែង​រមណីដ្ឋាន​ដូចជា​ Umeda​, Namba​, Shinsaibashi​ និង​តំបន់​ជាច្រើន​ផ្សេងទៀត​ដូចជា​ Tennoji​, Nippon​, Bashi​ ដែល​ភាគច្រើន​បានឮ​ល្បី​យូរ​មក​ហើយ​ តែ​មិនទាន់​បាន​ទៅ​ទស្សនា​កម្សាន្ដ​នៅឡើយ​ទេ​។ ចំណុច​សំខាន់​មួយទៀត​គឺ​ប្រាសាទ​អូ​សា​កា​សួន​អនុ​សា​វរីយ៍​ Dotonbori​ និង​ឧទ្យាន​កម្សាន្ត​ស្ទូឌីយោ​សកល​។ ប្រសិនបើ​ធ្វើដំណើរ​ត្រឹមតែ​តំបន់​ខាងលើ​ដែល​បាន​រៀបរាប់​នេះ​ គឺ​ត្រូវ​ចំ​ណាយ​ពេល​ 2-3ថ្ងៃ​យ៉ាងតិច​ ហើយ​ចាយ​ពេល​តិច​ជាង​ការ​ដើរ​នៅ​ទីក្រុង​តូក្យូ​។

    2. ដំ​ណើរ​កម្សាន្ដ​ជុំវិញ​ជាយ​ទីក្រុង​ទីក្រុង​តូក្យូ​
    ភ្នំ​ហ្វូ​ជី​ គឺជា​គោលដៅ​លេខមួយ​នៅក្នុង​តំបន់​ជុំវិញ​ទីក្រុង​តូក្យូ​។ គោលដៅ​ទីពីរ​ដែល​ពេញនិយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ គឺ​បឹង​ Kawaguchiko​ និង​ Hakone​ ដែល​ភាគ​ច្រើន​សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត​ទទួលយក​បទ​ពិសោធន៍​ធម្មជាតិ​ និង​ទស្សនា​ប្រាសាទបុរាណ​។គោលដៅ​ទីបី​ គឺ​តំបន់​ប្រាសាទ​បេតិកភណ្ឌ​ពិភព​លោក​ដ៏​ចំណាស់​នៅ​ទីក្រុង​ Kamakura​ ឬ Nikko​ដែល​ជាទី​ក្រុង​ដែល​មាន​ប្រជាប្រិយ​ភាព​ ទាក់​ទាញ​អ្នកទេសចរ​ជាច្រើន​ឱ្យមក​ទស្សនា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ទីក្រុង​អូ​សា​កា​
    ដូចដែល​បាន​រៀបរាប់​ហើយ​នៅ​ទីក្រុង​អូ​សា​កា​មិន​មាន​កន្លែង​ច្រើន​សម្រាប់​កា​រកម្សាន្ដដូច​ទីក្រុង​ដទៃ​នោះ​ទេ​។ ពិត​ណាស់​យើង​អាច​ចំណាយ​តិច​ជាង​ទីក្រុង​តូក្យូ​ ហើយ​ភ្ញៀវ​ទេសចរ​ភាគច្រើន​តែងតែ​ទៅលេង​ទីក្រុង​ផ្សេង​ៗបន្ថែម​ទៀត​ ជាពិសេស​គេ​នឹង​ឈៀង​ទៅកាន់​តំបន់​ Kansai​ ផង​ដែរ​ ដែល​ជាទី​ក្រុង​ដ៏​ពេញនិយម​បំផុត​ទីពីរ​នៅ​ក្បែរ​ទីក្រុង​អូ​សា​កា​។ បើ​ចាកចេញ​ពីទី​ក្រុង​អូ​សា​កា​ គេ​នឹង​ទៅកាន់​ទីក្រុង​មួយទៀត​គឺ​ ទីក្រុង​ណា​រ៉ា​ នៅ​ទីនោះ​មាន​ហ្វូង​សត្វ​ក្តាន់​ជាច្រើន​ក្បាល​ ងាយស្រួល​ប្រមាញ់​រូបភាព​ ហើយ​ពួកវា​តែងតែ​មក​ធ្វើការ​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរ​ផង​ដែរ​។ មួយវិញទៀត​ នៅ​ទីនោះ​ភ្ញៀវ​ទេសចរ​គ្រាន់តែ​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​ព្រឹក​ វិល​ល្ងាច​ក៏បាន​ដែរ​។

    3. បរិយាកាស​ទូទៅ​ទីក្រុង​តូក្យូ
    ​ត្រូវ​បាន​គេ​ហៅថា​ជា​ ទីក្រុង​បំពាក់​ដោយ​បច្ចេកវិទ្យា​យ៉ាង​ពេញលេញ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ថ្វីបើ​វា​ជាទី​ក្រុង​ធំ​ ហើយ​ទំនើប​ក៏ដោយ​ ក៏​វា​នៅ​មាន​ផ្កាឈើ​រី​ជាច្រើន​ដែរ​ គេ​ឃើញ​មាន​ដាំ​ជាច្រើន​កន្លែង​ណាស់​។ ហើយ​សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ក្នុង​រដូវរងា​ គេ​នៅតែ​មានឱកាស​បានឃើញ​ព្រិល​ធ្លាក់​នៅក្នុង​ទីក្រុង​ ហើយ​អាច​ជិះ​ស្គី​បាន​យ៉ាង​សប្បាយ​ថែមទៀត​ផង​។ ដើម្បី​ចំណេញ​ថវិកា​ យើង​ត្រូវ​ដើរ​ដោយ​ថ្មើ​ជើង​ និង​ជិះ​រថភ្លើង​នៅ​ស្ថានីយ​ Shinkansen​។ វា​ពិត​ងាយស្រួល​ និង​សន្សំសំចៃ​ពេលវេលា​បាន​ច្រើន​។
    ទីក្រុង​អូ​សា​កា​មនុស្សជា​ច្រើន​ប្រហែលជា​បានឮ​ហើយ​ថា​ ប្រជាជន​នៅក្នុង​ទីក្រុង​អូ​សា​កា​មាន​ទំនៀមទម្លាប់​តឹង​រឹង​ខ្លះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ដែល​ខុសពី​ប្រជាជន​នៅ​ទី​ក្រុង​ផ្សេង​ៗក្នុង​ប្រទេស​ជប៉ុន​ ដូចជា​ ការ​ឈរ​នៅ​លើ​ជណ្តើរ​យន្ត​ដោយមាន​របៀបរៀបរយ​។ ប៉ុន្តែ​ប្រជាជន​អូ​សា​កា​ គឺ​ប្រកាន់យក​នូវ​ភាព​ត្រឹមត្រូវ​ ចិត្តទូលាយ​រុះ​រាយ​រាក់ទាក់​ ចូលចិត្ត​រីករាយ​ និង​អរ​សប្បាយ​ជាង​ប្រជាជន​ជប៉ុន​នៅក្នុង​ទីក្រុង​ដទៃទៀត​។ ទីក្រុង​នេះ​ គឺ​មាន​បរិយាកាស​ស្ងប់ស្ងាត់​ សូម្បីតែ​ការ​ធ្វើដំណើរ​ក៏​ស្ងប់ស្ងាត់​ដែរ​។ នៅ​រដូវក្ដៅ​នេះ​ ទីក្រុង​អូ​សា​កា​មាន​កន្លែង​ឱ្យ​មើល​ស្លឹកឈើ​ច្រើនពណ៌​ ចម្រុះ​ពណ៌​គ្នា​ដុះ​នៅក្នុង​ទីក្រុង​។ ប៉ុន្តែ​នៅក្នុង​រដូវរងា​វិញ​មិន​មាន​ធ្លាក់ព្រិល​នោះ​ទេ​ នៅ​ទីក្រុង​អូ​សា​កា​។

    ដូច្នេះ​ លោកអ្នក​អាច​ពិចារណា​បាន​ថា​ គួរ​សម្រេចចិត្ត​ទៅ​កម្សាន្ដ​នៅ​ទីក្រុង​ណាមួយ​ដែរ​?សូម​ឱ្យ​ដំ​ណើរ​កម្សាន្ដ​របស់​លោកអ្នក​ប្រកប​ដោយ​ភាព​សប្បាយរីករាយ​ និង​មាន​សេចក្តី​សុខ​សុវត្ថិភាព​គ្រប់គ្នា​៕

  • ខែ​ថ្មីនេះ​ ប្តូរ​ស្តាយ​ល៍​មកលេង​ម៉ូដ​ពណ៌​ក្រចក​បែបភ្លឺចែងចាំងវិញម្តង

    ខែ​ថ្មីនេះ​ ប្តូរ​ស្តាយ​ល៍​មកលេង​ម៉ូដ​ពណ៌​ក្រចក​បែបភ្លឺចែងចាំងវិញម្តង

    សម្រាប់​ខែ​ថ្មី​ ខែសីហា​នេះ​ ឡា​រ៉ែ​ន សូម​ណែនាំ​នា​រីៗ​ទាំងអស់​ឱ្យ​ប្តូរ​ស្តាយ​ល៍​មកលេង​ម៉ូដ​ពណ៌​ក្រចក​បែប​ពណ៌​ភ្លឺផ្លេក​ ចាំងភ្នែក​អ្នក​នៅ​ជុំវិញ​ម្តង​មើល៎​! សូម​ក្រឡេក​មើល​ពណ៌​ក្រចកដៃ​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ ពិតជា​ស្អាត​ និង​ប្លែក​មិន​អន់​នោះ​ទេ​ ​មើលទៅ​គួរ​ឱ្យ​ចង់​សាក​ខ្លាំង​ណាស់​ មាន​លាយ​ពណ៌​ចម្រុះ​ មាន​ពន្លឺ​ភ្លឺផ្លេក​ប្រដេញ​ពណ៌​តែម្តង​ ហើយ​ជាពិសេស​នោះ​ គឺ​ពណ៌​ក្រចក​បែប​ភ្លឺ​ៗទាំងនេះ​ ថែមទាំង​អាច​ជួយ​លើក​សម្រស់​ក្រចកដៃ​របស់​អ្នក​ឱ្យ​ស្រស់​ស្អាត​ និង​មើលទៅ​រលោង​ស្អាត​បែប​មាន​សម្រស់​ខ្លាំង​ថែមទៀត​ផង​។ តោះ​ចឹង​ចាំ​អង្កាល​ទៀត​ ប្តូរ​ស្តាយ​ល៍​ពណ៌​ក្រចក​របស់​អ្នកជា​មួយ​នឹង​ពណ៌​ក្រចក​បែប​ភ្លឺ​ចែងចាំង​ម្តង​មើល៍​ខែ​ថ្មីនេះ​ ម៉េច​ដែរ​!!

  • វេស​ឡាញ​ យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ​ ដើម្បី​ធានា​គុណភាព​អប់រំ​កាន់តែ​ប្រសើរ​

    វេស​ឡាញ​ យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ​ ដើម្បី​ធានា​គុណភាព​អប់រំ​កាន់តែ​ប្រសើរ​

    គិត​ពី​ការអប់រំ​ ត្រូវ​គិត​ពី​គ្រូបង្រៀន​ ព្រោះ​គ្រូបង្រៀន​ គឺជា​ផ្នែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការជំរុញ​ឱ្យ​ការសិក្សា​របស់​សិស្ស​ទទួល​បាន​ជោគជ័យ​ ក្លាយជា​មនុស្ស​ដែល​មានចំណេះ​ដឹង​ និង​មាន​ផ្នត់គំនិត​ប្រកបដោយ​ភាព​វិជ្ជមាន​។

    ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​របស់​គ្រូបង្រៀន​ ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​តាម​គ្រប់រូប​ភាព​ ដើម្បី​គ្រូ​បាន​បន្ត​ចែករំលែក​ដល់​សិស្ស​នូវ​គុណភាព​អប់រំ​ប្រកបដោយ​ភាព​ច្បាស់លាស់​ និង​ទាន់​តម្រូវការ​ក្នុង​ទីផ្សារ​ការងារ​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

    លោក​ ប៉ិច​ ប៉​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ គ្រូបង្រៀន​ជា​ផ្នែក​សំខាន់​បំផុត​មួយ​ដែល​បណ្តាញ​សាលារៀន​របស់​លោក​យកចិត្ត​ទុកដាក់​ខ្លាំង​ ព្រោះ​ដើម្បី​ឱ្យ​សិស្ស​ក្លាយជា​មនុស្ស​មាន​សក្តា​នុ​ពល​ និង​ពូកែ​បាន​ លុះត្រា​តែ​គ្រូ​ដែល​ជា​អ្នក​ចែករំលែក​ចំណេះដឹង​នេះ​ មានគុណ​ភាព​ខ្ពស់​លើ​គ្រប់​ផ្នែក​ទាំងអស់​។ គ្រូបង្រៀន​ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែល​មានការ​យល់ដឹង​ទូលំទូលាយ​ទាំង​សម្រាប់​មុខវិជ្ជា​បង្រៀន​ ចំណេះដឹង​ទូទៅ​ ភាពជា​អ្នកដឹកនាំ​ ភាពជា​គំរូ​ និង​បច្ចេកទេស​ក្នុង​ការជំរុញ​ឱ្យ​សិស្ស​ក្លាយជា​មនុស្ស​ពូកែ​ទាំង​ចំណេះដឹង​គោល​ និង​ឥរិយាបថ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​មានប្រសាសន៍​ថា​៖ “គ្រូបង្រៀន​នៅក្នុង​សម័យថ្មី​នេះ​ ចាំបាច់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​បាន​សកម្ម​ខ្លាំង​ ព្រោះ​ពិភពលោក​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ពី​ 1ថ្ងៃ​ ទៅ​ 1ថ្ងៃ​ ដែល​តម្រូវ​ឱ្យ​អ្នកអប់រំ​ ក៏​ចាំបាច់​ត្រូវ​មាន​ភាព​បត់បែន​ និង​ព្យាយាម​ស្វែងយល់​ជាប់​ជាប្រចាំ​ ដើម្បី​ធានា​ថា​ ការ​បង្រៀន​របស់​យើង​អាច​ដើរ​ទាន់​ការ​វិវឌ្ឍ​របស់​ពិភពលោក​ ហើយ​ធ្វើ​ឱ្យ​សិស្សរបស់​យើង​រក្សា​បាន​នូវ​ភាព​សំខាន់​ បើ​ទោះបីជា​ពិភពលោក​មានការ​ប្រែប្រួល​ក៏ដោយ​”។

    ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​ការ​បណ្តុះបណ្តាល​ គ្រូ​ក៏​ចាំបាច់​ត្រូវ​មាន​ភាពជា​គំរូ​ល្អ​ផង​ដែរ​ ដើម្បី​ណែនាំ​ផ្លូវ​របស់​សិស្ស​ឱ្យ​ដើរទៅ​ក្នុង​គន្លង​វិជ្ជមាន​មួយ​សម្រាប់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​នៅ​ថ្ងៃ​អនាគត​។ ហេតុនេះ​ហើយ​ទើប​ ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បណ្តុះបណ្តាល​ និង​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​របស់​យើង​នៅ​គ្រប់​បណ្តាញ​សាលារៀន​របស់​យើង​ទាំងអស់​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​។

    ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ យើង​បាន​រៀបចំ​កម្មវិធី​ជាច្រើន​ ជា​ពិសេស​វេទិកា​គ្រូបង្រៀន​ដែល​យើង​បាន​ធ្វើជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ សាស្ត្រា​ចារ្យ​របស់​យើង​ទាំង​ខ្មែរ​ និង​បរទេស​ ចែករំលែក​ចំណេះដឹង​ពី​ការសិក្សា​ស្រាវជ្រាវ​ និង​ការចូលរួម​ក្នុង​កម្ម​វិ​ធី​ធំៗ​ជុំវិញ​ពិភពលោក​ដល់​គ្រូបង្រៀន​ទាំងអស់​របស់​យើង​។ បន្ថែម​ពីលើ​នេះ​ យើង​ក៏បាន​ធ្វើការ​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​ដោយ​អញ្ជើញ​អ្នកជំនាញ​សំ​ខាន់​ៗទាំង​ខ្មែរ​ និង​បរទេស​ដើម្បី​ធ្វើ​បទ​បង្ហាញ​ ដើម្បី​ផ្តល់​ឱ្យ​អ្នកអប់រំ​របស់​យើង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗបំផុត​ សម្រាប់​ពង្រីក​ការយល់ឃើញ​ ឬធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ប្រភព​ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ប្រភព​ព័ត៌មាន​ទាំងអស់​នោះ​ នឹង​ក្លាយជា​ប្រភព​ចំណេះដឹង​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​សមត្ថភាព​ទាំង​ចំណេះដឹង​ជំនាញ​ និង​ចំណេះដឹង​ទូទៅ​ឱ្យ​កាន់តែ​ខ្លាំង​ ដែល​វា​ជា​កត្តា​សំខាន់​ក្នុង​ការ​រុញច្រាន​ការ​បណ្តុះបណ្តាល​ដល់​សិស្ស​ឱ្យ​កាន់តែ​មាន​បញ្ញា​មុត​ស្រួច​ដើម្បី​សម្រេច​គោលដៅ​អនាគត​របស់​ពួកគេ​គ្រប់​ៗគ្នា​។

    បន្ថែម​ពីលើ​នេះ​ ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ក៏​មាន​បន្ថែម​នូវ​វគ្គសិក្សា​សំ​ខាន់​ៗដែល​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ទូទាំង​ពិភពលោក​ ដូចជា​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7យ៉ាង​សម្រាប់​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដល់​គ្រូបង្រៀន​ ដើម្បី​ឱ្យ​គាត់​ប្រើប្រាស់​ចំណេះដឹង​ទាំងអស់​នេះ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ផង​ អភិវឌ្ឍ​អាជីព​ផង​ និង​សម្រាប់​បន្ត​ណែនាំ​ដល់​សិស្ស​ឱ្យ​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់​ផង​។

    សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់​ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃ​ទី1​ ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 186

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 186

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/08/LRPN_186-Final-For-Web.pdf” force_dl=”1″]

  • 10 សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​ថប់បារម្ភ ក្នុង​វ័យ​កាន់តែ​ចាស់

    10 សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​ថប់បារម្ភ ក្នុង​វ័យ​កាន់តែ​ចាស់

    ជំងឺ​ថប់បារម្ភ​ ឬជំងឺ​បាក់ទឹកចិត្ត​ មិនមែន​កើត​តែ​ចំពោះ​មនុស្ស​ពេញវ័យ​ វ័យ​កណ្ដាល​នោះ​ទេ​។ មនុស្ស​វ័យ​ចំណាស់​គឺជា​វ័យ​មួយ​ទៀត​ ដែល​ងាយ​នឹង​ជួបប្រទះ​គ្រោះថ្នាក់​នៃ​ជំងឺ​មួយ​នេះ​មិន​តិច​ឡើយ​។ ជាពិសេស​គេ​អាច​សន្មត់​ថា​ មនុស្ស​វ័យ​ចំណាស់​ គឺ​ងាយ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​ និង​សុខភាព​ផ្លូវចិត្ត​មិនចាញ់​វ័យ​ផ្សេង​ៗដូចគ្នា​។

    តើ​ជំងឺ​ថប់បារម្ភ​នៅក្នុង​វ័យ​ចំណាស់​ កើតឡើង​ដោយសារ​មូលហេតុ​អ្វី​?
    ជំងឺ​ថប់បារម្ភ​នៅក្នុង​វ័យ​ចំណាស់​ ដែល​ភា​សា​បច្ចេកទេស​ពេទ្យ​ហៅថា​ Late​-Life​ Depres​sion​ កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី​អាយុ​ 60ឆ្នាំ​ឡើង​ទៅ​ ឬក្រោម​នេះ​ក៏​មាន​។ ដោយ​ជំងឺ​នេះ​ កើតមាន​ដោយសារ​ភាព​ខុស​ប្រ​ក្រ​តី​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​ ដែល​ធ្វើ​ឱ្យ​សភាវ​ផ្លូវ​អារម្មណ៍​ផ្លាស់ប្ដូរ​។ ហើយ​មានក​ត្តា​ចម្បង​មួយ​ទៀត​ ដែល​បណ្ដាលមកពី​ការផ្លាស់ប្ដូរ​របប​នៃ​ជី​វិ​តផ្សេង​ៗដូចជា​ ៖
    1. វ័យ​ចូល​និវត្ត​ រស់នៅ​តែឯង​ មិនបាន​ចេញ​ទៅ​ជួប​មិត្តភក្តិ​ ឬក្រុម​មនុស្ស​ដូច​ពេល​មុន​ៗ
    2. នៅ​ឆ្ងាយ​ពី​ដៃគូ​ជីវិត​
    3. បាត់បង់​បុគ្គល​ជាទីស្រឡាញ់​ដូចជា​ ឪពុក​ម្ដាយ​ បង​ ប្អូន​ កូន​ ចៅ​ និង​មិត្ត​ជិ​តស្និ​ទបំផុត​
    4. រស់នៅ​តែម្នាក់ឯង​ មិនបាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ ឬញាតិមិត្ត
    ​5. ជាប់បំណុលគេ​ច្រើន​
    6. ទទួលទាន​ជាតិ​ស្រវឹង​ច្រើនពេក​
    7. កង្វះ​វីតាមីន​ B12​ ជាដើម​។

    អាការ​នៃ​ជំងឺ​ថប់បារម្ភ​ក្នុង​វ័យ​ចំណាស់​រោគសញ្ញា​នៃ​ជំងឺ​ថប់បារម្ភ​នេះ​ នៅក្នុង​មនុស្ស​ចាស់​កើតមាន​ចាប់ពី​អាការ​កម្រិត​ស្រាល​ទៅ​កម្រិតមធ្យម​។ វា​អាច​មាន​សញ្ញា​គ្រោះថ្នាក់​ដូច​ខាងក្រោម​៖
    1. ការ​ផ្លាស់​ប្តូរ​អារម្មណ៍​សាមញ្ញ​ដូចជា​ ពី​សភាព​ស្ងប់ស្ងាត់​ ត្រឡប់ទៅ​រក​ភាព​តានតឹង​ កាន់​តែ​ឆាប់​ខឹង​ កាន់តែ​ឆាប់​ធូរស្រាល​ហើយ​រហ័ស​ត្អូញ​ត្អែរ​ថែមទៀត​ និយាយ​ស្ដី​មាន​មូលហេតុ​តិច​ជាង​មុន​ ឬអាច​មាន​អាការ​វីត​ក្ក​កង្វល់​ច្រើនជាង​មុន​។
    2. អស់​ការចាប់អារម្មណ៍​ចំពោះ​វត្ថុ​ដែល​ធ្លាប់​ចូលចិត្ត​កន្លងមក​។
    3. រហ័ស​ធុញ​ ទ្រាន់​មនុស្ស​ក្នុង​គ្រួសារ​ ធុញ​អា​ហារ​ ធុញ​ខ្លួនឯង​ និង​មិន​ចូលរួម​ធ្វើការងារ​ ឬកម្ម​វិ​ធី​ផ្សេង​ៗ។
    4. ចាប់ផ្ដើម​មិន​ចង់​មើលថែ​ទាំ​ខ្លួនឯង​ មិន​ចង់​ទទួលទានបាយ​ មិន​ចង់​ហាត់ប្រាណ​ មិន​ញ៉ាំ​ថ្នាំ​ មិន​ចង់ទៅ​ជួប​គ្រូពេទ្យ​ជាដើម​។
    5. ទម្ងន់​ខ្លួន​ស្រក​ចុះ​ ដោយសារ​ការ​មិន​ទទួលទាន​អាហារ​។
    6. ជួប​បញ្ហា​ច្រើន​ក្នុង​រឿង​ដំណេក​ ដូចជា​គេង​មិន​លក់​ ឆាប់​ក្រោក​ពីព្រលឹម​ពេក​ ចូលគេង​យប់ជ្រៅ​ គេង​ភ្ញាក់​ៗ និង​មិន​គេង​សោះ​ក៏​មាន​។
    7. ប្រព័ន្ធ​ចងចាំ​មិន​ប្រក្រតី​ ងាយ​ភ្លេច​ និង​សម្មា​ធិ​ខ្លី​
    8. ចូលចិត្ត​អន់ចិត្ត​ដោយ​និយាយ​ថា​ ខ្លួនឯង​មិន​មានតម្លៃ​ រស់នៅ​គ្មាន​តម្លៃ​ ចង់​ស្លាប់​ មិន​ចង់​ជួប​មុខ​គ្រួសារ​ ឬកូនចៅ​។
    9. និយាយ​ស្ដី​តិច​ ពេល​ឆ្លើយនឹង​សំណួរ​បាន​ត្រឹមតែ​ញញឹម​ ចូលចិត្ត​លាក់ខ្លួន​ មិន​ចង់និយាយ​ស្ដី​ជាមួយ​អ្នកដទៃ​។
    10​. កម្លាំង​ចុះ​ទន់ខ្សោយ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់លាស់​។

    ការ​ព្យាបាល​ជំងឺ​ថប់បារម្ភ​ចំពោះ​មនុស្សចាស់​ប្រសិនបើ​មាន​មនុស្ស​អាយុ​ច្រើន​ ហើយ​កើត​អាការ​ដូច​ពោល​ខាងលើ​នេះ​ អ្នក​គួរតែ​ចូល​ទៅ​និ​យាយ​ជាមួយ​គាត់​ យកចិត្ត​ទុកដាក់​ចំពោះ​គាត់​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ និង​នាំ​គាត់​ទៅ​ត្រួតពិនិត្យ​សុខភាព​ជា​រៀងរាល់​ខែ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ហើយ​ដាច់ខាត​កុំ​ទុក​គាត់​ចោល​ឱ្យ​នៅតែ​ម្នាក់ឯង​ឱ្យ​សោះ​។

    ទង្វើ​ប្រតិបត្តិ​ចំពោះ​មនុស្សចាស់​ដែល​មាន​ជំងឺ​ថប់បារម្ភ​
    1. បបួល​គាត់​និយាយ​ បបួល​គាត់​ឱ្យធ្វើ​ការងារ​ហត្ថកម្ម​ជា​រឿយ​ៗដូចជា​ ការ​ធ្វើម្ហូប​អាហារ​ ស្ដាប់​ចម្រៀង​ និង​មើលកុន​ជាដើម​។
    2. ប្រមូល​វត្ថុ​មុត​ស្រួច​ អាវុធ​ ឬសារ​ធាតុ​ពុល​នៅក្នុង​ផ្ទះ​ឱ្យ​ផុត​ពី​ដៃ​គាត់​។ កុំ​ដាក់​វត្ថុ​គ្រោះថ្នាក់​ចោល​ ឬនៅ​កន្លែង​ដែល​ងាយ​មើលឃើញ​ឱ្យ​សោះ​។
    3. ជួយ​គាត់​ឱ្យ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ កុំឱ្យ​អ្នកជំងឺ​បន្ថយ​ ឬឈប់​ប្រើ​ថ្នាំ​ដោយខ្លួនឯង​។
    4. ត្រូវ​នាំ​គាត់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ទៀងទាត់​៕

  • មិនថា​លទ្ធផល​បែប​ណាក៏ដោយ​ ការ​ត្រៀម​ទទួលយក​ការពិត​គឺជា​វិធី​ដើម្បី​បន្ថយ​ភាព​ភ័យខ្លាច​

    មិនថា​លទ្ធផល​បែប​ណាក៏ដោយ​ ការ​ត្រៀម​ទទួលយក​ការពិត​គឺជា​វិធី​ដើម្បី​បន្ថយ​ភាព​ភ័យខ្លាច​

    មុន​ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ជាច្រើន​តែងតែ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ជាច្រើន​ដូចជា​បារម្ភ​ពី​លំហាត់​ពិបាក​ បារម្ភ​ខ្លាច​ធ្វើ​មិនបាន​ល្អ​ បារម្ភ​ខ្លាច​លទ្ធផល​ចេញ​មក​មិនដូចចិត្ត​ប៉ង​ និង​បារម្ភ​ធំជាង​គេ​ គឺ​បារម្ភ​ខ្លាច​ធ្លាក់​។

    នៅពេល​សិស្ស​បារម្ភ​ជ្រុល​ ពួកគេ​នឹង​កើតមាន​អារម្មណ៍​ភ័យ​ព្រួយ​ ហើយ​អារម្មណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ផ្លូវចិត្ត​របស់​បេក្ខជន​មាន​ភាព​មិន​នឹងនរ​ មិន​ជឿជាក់​ និង​បាត់​បាត់​ទំនុកចិត្ត​លើ​ខ្លួនឯង​ ដែល​ទាំងអស់​នេះ​ គឺជា​ដើមហេតុ​នៃ​កំហុស​នានា​សម្រាប់​ការ​ប្រឡង​។

    លោក​ ចេង​ បូរិ​ទ្ធ​ គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​ និង​ជា​អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​បាន​លើកឡើង​ថា​ ការ​ប្រឡង​មិនមែន​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ័យ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ​ តែ​សិស្ស​ភាគច្រើន​តែងតែ​បារម្ភ​ទុកមុន​ លើស​ពី​អ្វី​ដែល​កើតមានឡើង​ជាក់ស្តែង​។ មុន​ពេល​ប្រឡង​សិស្ស​ជាច្រើន​បារម្ភ​ខ្លាច​លំហាត់​ចេញ​មក​ពិបាក​ មិន​អាច​ធ្វើ​បាន​ល្អ​ តែ​ស្ថានភាព​ជាក់ស្តែង​វិញ​ នៅ​ពេល​ប្រឡង​ពិតប្រាកដ​ភាគច្រើន​ស្រួល​ជាង​អ្វី​ដែល​ពួកគេ​គិតទៅ​ទៀត​ ព្រោះ​លំហាត់​ប្រឡង​ គេដាក់​សម្រាប់​ឱ្យ​សិស្ស​កម្រិតមធ្យម​អាច​ធ្វើ​បាន​ ហេតុនេះ​ គេ​កំណត់​ត្រឹម​ស្តង់​ដា​មធ្យម​ល្មម​មួយ​ដែល​មិន​លំបាក​ ឬសាំញ៉ាំ​ខ្លាំង​ដូច​លំហាត់​សិស្ស​ពូកែ​នោះ​ទេ​។ ហេតុនេះ​អ្វី​ដែល​សិស្ស​គួរ​គិត​ គឺ​ត្រៀមខ្លួន​ជាមុន​ទទួលយក​ការពិត​ ទោះបី​លំហាត់​ពិបាក​ក៏ដោយ​ ងាយស្រួល​ក៏ដោយ​ វា​ជា​រឿង​សម្រាប់​ទាំងអស់គ្នា​។ ប្រសិនបើ​លំហាត់​នេះ​ពិបាក​ មានន័យថា​ សិស្ស​ទាំងអស់គ្នា​ត្រូវតែ​អនុវត្ត​វា​ដូចគ្នានឹង​យើង​ដែរ​ មិនមែន​លំបាក​តែ​យើង​ម្នាក់ឯង​នោះ​ទេ​។ កុំ​ភ័យ​ទុកមុន​ ព្រោះ​បើ​ភ័យ​ខ្លាំងពេក​ ទោះ​លំហាត់​មិន​ពិបាក​ក៏​យើង​ច្របូកច្របល់​ខ្លួនឯង​ដែរ​។

    លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “ថ្ងៃ​ប្រឡង​ មិន​មែន​ជា​ថ្ងៃ​ដែល​ត្រូវ​ភ័យ​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​ វា​ជា​ថ្ងៃ​ដ៏​រីករាយ​ ព្រោះ​យើង​បាន​បញ្ចេញ​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ឆ្លង​ទៅ​ដំណាក់កាល​ថ្មី​មួយទៀត​សម្រាប់​ជីវិត​។ ប្រសិនបើ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ មាន​ន័យ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​មានប្រយោជន៍​ខ្លាំង​ណាស់​ តែ​ប្រសិនបើ​យើង​មិនទាន់​ទទួល​បាន​លទ្ធផល​ល្អ​ ក៏​មិនមែន​ជា​រឿង​ដែល​ត្រូវ​មក​ដេក​ឈឺ​ក្បាល​ពេក​នោះ​ដែរ​ ព្រោះ​យើង​នៅ​មាន​ជម្រើស​ជាច្រើន​ផ្សេងទៀត​”។

    លោក​ បូរិ​ទ្ធ​ បាន​ណែនាំ​ថា​ ការ​ប្រឡង​ជា​រឿង​មួយ​ដែល​សិស្ស​គ្រប់រូប​មិន​អាច​គេច​ផុត​ឡើយ​ ហេតុ​នេះ​គ្មានអ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំងពេក​នោះ​ទេ​ ទោះ​បារម្ភ​ក៏​ត្រូវតែ​ប្រឡង​ មិន​បារម្ភ​ក៏​ត្រូវតែ​ប្រឡង​ ហើយ​បើ​មិនទៅ​ប្រឡង​ក៏​នឹង​រឹតតែ​បារម្ភ​ខ្លាំង​ទៅទៀត​ ដូច្នេះ​អ្វី​ដែល​សិស្ស​អាច​ធ្វើ​បាន​នោះ​ គឺ​ខិតខំ​ប្រឹងប្រែង​ដើម្បី​រំឭក​មេរៀន​ អនុវត្ត​លំហាត់​ និង​សម្រាក​ឱ្យ​បាន​ល្អ​ ដើម្បី​រក្សា​ថាមពល​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​សម្រាប់​ចូលរួម​ប្រឡង​ដោយ​ទំនុកចិត្ត​ខ្ពស់​។

    ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Start​ Up​ Cambodia​ លោក​ គីម​ ដារ៉ា​ បាន​លើកឡើង​ថា​ សិស្ស​មិន​គួរ​ភ័យ​ព្រួយ​ ឬសោកសៅ​ខ្លាំងពេក​នោះ​ទេ​ចំពោះ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​ ព្រោះ​គ្មាន​ផ្នែក​ណាមួយ​ខាត​នោះ​ទេ​សម្រាប់​បេក្ខជន​ម្នាក់​។ ការ​ប្រឡង​គ្រាន់តែ​ជា​ដំណាក់កាល​ក្នុង​ការ​ធ្វើតេស្ត​សមត្ថភាព​សិស្ស​ក្រោយពេល​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​តែប៉ុណ្ណោះ​ មិនមែន​បង្ហាញ​ពី​ចំណុច​ជោគជ័យ​ ឬបរាជ័យ​នៃ​ជីវិត​ទាំងមូល​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ដំណាក់កាល​មួយ​ក្នុង​ការ​រំឭក​យើង​ឱ្យ​ដឹង​ថា​ តើ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត​នៅពេល​នេះ​ ឬមិន​ទាន់​មាន​សមត្ថភាព​សម្រាប់​បន្ត​ទៅ​កម្រិត​ឧត្តម​សិក្សា​តែ​ប៉ុណ្ណោះ​។ ហេតុនេះ​ហើយ​ សិស្ស​មិន​គួរ​បារម្ភ​ខ្លាំង​ជ្រុល​ពេក​នោះ​ទេ​ មិនថា​លទ្ធផល​ចេញ​មក​បែប​ណា​ ក៏​សុទ្ធតែ​ជា​លទ្ធផល​ដែល​អាច​ទទួលយក​បាន​ទាំងអស់​ ហើយ​បន្ត​ខិតខំ​ប្រឹងប្រែង​តទៅទៀត​។

    លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “លទ្ធផល​បែប​ណាក៏ដោយ​ ក៏​មិន​គួរ​បារម្ភ​ពេក​ដែរ​ អ្វី​ដែល​គួរ​ធ្វើ​ គឺ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ ប្រសិនបើ​យើង​ជាប់​ យើង​អាច​មាន​ជម្រើស​សម្រាប់​បន្ត​ការសិក្សា​ ឬចាប់​យក​វិជ្ជា​ជី​វៈ​ខ្ពស់​ៗបន្ថែម​ទៀត​ តែ​ប្រសិនបើ​យើង​មិន​ជាប់​ យើង​ក៏អាច​សិក្សា​ម្តង​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រឹះ​ឱ្យ​ខ្លាំង​ឡើង​ ឬអាច​ចាប់​យក​វិជ្ជាជីវៈ​ណា​ដែល​ស័ក្តិសម​ជាមួយនឹង​សមត្ថភាព​របស់​យើង​តែម្ដង​ក៏បាន​”។

    អ្នកអប់រំ​ខាងលើ​បាន​បញ្ជាក់​ថា​ មិនថា​បែប​ណា​នោះ​ទេ​ សិស្ស​គួរតែ​ត្រៀម​ចិត្ត​ទទួលយក​ការពិត​ កុំ​ស្លន់ស្លោ​ កុំ​បាក់ទឹកចិត្ត​ ឬកុំ​អស់សង្ឃឹម​ ព្រោះ​ជីវិត​របស់​យើង​នៅ​វែងឆ្ងាយ​ណាស់​។ ភាព​ជោគជ័យ​មិន​កំណត់​ត្រឹម​ជាប់​ ឬធ្លាក់​បាក់ឌុប​នេះ​ទេ​។ អ្នក​ជាប់​បាក់ឌុប​ក៏​ត្រូវ​ចំណាយពេល​យូរ​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា​ និង​អាជីព​ ហើយ​អ្នក​មិន​ជាប់​បាក់ឌុប​ក៏​ត្រូវ​ចំណាយពេល​វេលា​ច្រើន​បន្ថែម​ទៀត​ដូចគ្នា​ គ្រាន់តែ​លើ​ផ្លូវ​ និង​វិធី​ខុសគ្នា​ប៉ុណ្ណោះ​។

    សូម​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ប្រឡង​ ជាជាង​យក​ខួរក្បាល​ទៅ​បារម្ភ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រឡង​ជាក់ស្តែង​…៕

  • មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកមាន​

    មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកមាន​

    ភាពជា​អ្នកមាន​ ខ្ញុំ​បាន​រក​ឃើញថា​ វា​គឺជា​ការបង្កើត​ ឬវា​គ្រាន់តែ​ជាគោល​ដៅ​របស់​មនុស្សយើង​។ ប្រសិនបើ​យើង​មាន​គោលដៅ​ជាក់លាក់​ យើង​ខិតខំ​ធ្វើ​វា​ពិតប្រាកដ​ ថ្ងៃណាមួយ​យើង​នឹង​មាន​សមត្ថភាព​ក្នុង​ការបង្កើត​វា​។ ប្រសិនបើ​យើង​ដេក​រង់ចាំ​សុំ​គេ​វិញ​ គឺ​មិន​ងាយ​ទេ​ ដូច​យើង​រង​ចាំ​ភាពជា​អ្នកមាន​ឱ្យ​ធ្លាក់​មក​ពីលើ​មេឃ​អ៊ីចឹង​។ បើ​យើង​ខ្លាំង​ យើង​នឹង​បង្កើត​វា​បាន​ដោយ​ស្រួល​ តែបើ​យើង​ខ្សោយ​ យើង​នឹង​បង្កើត​វា​បាន​ដោយ​លំបាក​។ ការដែល​យើង​មិន​ចាត់ទុក​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកមាន​ វា​គឺជា​ការប្រមាថ​មនុស្សជាតិ​ ហើយ​អ្នក​ដែល​មិន​ចាត់ទុក​ខ្លួនឯង​អាច​ក្លាយជា​អ្នកមាន​ គឺជា​កូន​អកតញ្ញូ​ ជា​កូន​ប្រមាថ​ឪពុកម្ដាយ​ដែល​ថា​ ឪពុកម្ដាយ​បង្កើត​មក​ហ្នឹង​ គឺ​ចោលម្សៀត​តែម្ដង​។ ដូច្នេះ​ គឺ​ហាម​ដាច់ខាត​ មិន​ត្រូវ​មើលងាយ​ខ្លួនឯង​ទេ​។ ពេល​យើង​ធ្វើអ្វី១​មិនបាន​ មិនមែន​មានន័យថា​ យើង​ធ្វើ​មិនបានទេ​ គឺ​គ្រាន់តែ​យើង​ធ្វើមិនទាន់​បាន​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ គ្មានអ្វី​រៀន​មិន​ចេះ​ ធ្វើ​មិនកើត​ទេ​ គឺ​មាន​តែ​រៀន​មិនទាន់​ចេះ​ និង​ធ្វើមិនទាន់​កើត​។ ការ​ចាត់ទុក​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកមាន​ គឺជា​ការ​ចេះ​គោរព​ឱ្យ​តម្លៃ​មនុស្ស​ ចេះ​អភិវឌ្ឍ​មនុស្ស​ និង​ចេះ​អភិវឌ្ឍ​ខ្លួនឯង​ឥត​ឈប់ឈរ​។ កាលណា​យើង​មាន​ការប្រកួត​ប្រជែង​ពេញលេញ​ នោះ​វា​នឹង​នាំ​ឱ្យ​មាន​សង្គម​រីកចម្រើន​រុងរឿង​គ្មាន​ដែន​កំណត់​។

    តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញថា​ មនុស្ស​មិនសូវ​មាន​បញ្ហា​ជាមួយនឹង​សមត្ថភាព​ដើម្បី​ក្លាយជា​អ្នកមាន​ទេ​ ប៉ុន្តែ​ភាគច្រើន​បំផុត​ គឺ​មាន​បញ្ហា​ចរិត​ជា​អ្នកមាន​ ឬគ្មាន​ចរិត​ជា​អ្នកមាន​។ ភាពជា​អ្នកមាន​ គឺ​ពឹងផ្អែក​លើ​ចរិត​ធំជាង85​% ហើយ​ជំនាញ​ឬសមត្ថភាព​តូចជាង15​%។ ដោយសារតែ​ចរិត​របស់​យើង​ វា​បាន​បំផ្លាញ​យើង​ច្រើនណាស់​ ហើយ​វា​បាន​ធ្វើ​ឱ្យ​យើង​គ្មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ និង​សក្ដានុពល​របស់​ខ្លួន​។ តើ​ចរិត​របស់​យើង​កើតមក​ពីណា​? បើ​តាម​ទ្រឹស្ដី​របស់​លោក​ Lao​ Tzu​កំពូល​អ្នកប្រាជ្ញ​របស់​ចិន​បាន​រក​ឃើញថា​ ចរិត​ គឺ​កើត​មក​ពី​គំនិត​ ហើយ​វា​ដូចគ្នានឹង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ដែល​ថា​ ដោយសារ​គំនិត​របស់​យើង​ យើង​បង្កើត​ពិភពលោក​របស់​យើង​។ គំនិត​បង្កើត​បាន​ជា​ពាក្យ​-សម្ដី​ ពាក្យសម្ដី​បង្កើត​បាន​ជាសកម្ម​ភាព​ សកម្មភាព​បង្កើត​បាន​ជា​ទម្លាប់​ ទម្លាប់​បង្កើត​បាន​ជាច​រិត​ និង​ចុងក្រោយ​ចរិត​បង្កើត​បាន​ជា​វាសនា​របស់​យើង​។ គំនិត​ គឺ​ស្មើនឹង​ចរិត​ ប្រសិនបើ​យើង​ប្តូរ​គំនិត​ គឺ​យើង​នឹង​ប្តូរ​ចរិត​របស់​យើង​។

    តើ​ធ្វើ​ម៉េច​ដើម្បី​មានគំនិត​? ខ្ញុំ​មាន​សៀវភៅ​ភាព​ជា​អ្នកមាន​កំពូល​ គឺជា​សៀវភៅ​កំពូល​គំនិត​របស់​កំពូល​អ្នកមាន​នៅ​លើ​លោក​ចំនួន30រូប​។ មនុស្ស​ទាំង30រូប​នេះ​ គឺ​អាច​គ្រប់គ្រាន់​នៅក្នុង​អាណាចក្រ​ធំៗ​ទាំង6នៅ​លើ​លោក​ ដែល​ប្រជាពលរដ្ឋ​យើង​អាចយ​កទៅ​ធ្វើការ​សិក្សា​រៀនសូត្រ​បាន​។ សៀវភៅ​នេះ​ គឺ​មាន​ទាំង​នៅក្នុង​អាណាចក្រ​អាជីវកម្ម​ អាណាចក្រ​កុំព្យូទ័រ​ អាណា​ចក្រ​អីុន​ធើ​ណិ​ត អាណាចក្រ​ម្ហូបអាហារ​ អាណា​ក្រ​រាជិនី​អាជីវកម្ម​ និង​អាណាចក្រ​អ្នកបង្កើត​ ហើយ​ខ្ញុំ​សូម​លើកយក​តែ​ចរិត​កំពូល​អ្នកមាន៣រូប​ប៉ុណ្ណោះ​។ ទាំងអស់គ្នា​តែងតែ​ស្គាល់​ថា​ អ្នកមាន​ គឺ​ Bill​ Gates​ ប៉ុន្តែ​អ្នក​ដែល​មាន​ជាង​ Bill​ Gates​ គឺ​ Jeff​ Bezos​ ហើយ​អ្នក​ដែល​មាន​ជាង​ Jeff​ Bezos​ គឺ​ Andrew​ Carnegie​។ លោក​ Bill​ Gates​ មកដល់​ថ្ងៃនេះ​ មាន​ប្រាក់​ប្រមាណ​តែ​100ពាន់​លាន​ដុល្លារ​ ហើយ​លោក​ Jeff​ Bezos​ មាន​ប្រាក់​ប្រហែលជា150ពាន់​លាន​ដុល្លារ​ ហើយ​នៅ​ក្នុង​ចុងឆ្នាំ​នេះ​ អាច​នឹង​ឡើង​ដល់200ពាន់​លាន​ដុល្លារ​។ ចំណែក​មនុស្សម្នាក់​ដែល​យើង​ភាគច្រើន​បំផុត​មិន​ស្គាល់​ គឺ​លោក​ Andrew​ Carnegie​។ គាត់​ គឺជា​កំពូល​អ្នកមាន​បំផុត​លើ​លោក​ ដែល​បាន​បង្កើត​វិថី​អ្នកមាន​ដ៏​អស្ចារ្យ​សម្រាប់​ពិភពលោក​។ លោក​ Andrew​ Carnegie​ មាន​ប្រាក់​ដែលគេ​ធ្វើ​សមមូល​នឹង​បច្ចុប្បន្ន​ គឺ​ជាង370ពាន់​លាន​ដុល្លារ​ មានន័យថា​ គាត់​មាន​លើស​លោក​ Bill​ Gates​ និង​លោក​ Jeff​ Bezos​ ទៅទៀត​។

    ចរិត​លោក​ Bill​ Gates​ គឺ​ហាក់បីដូចជា​ស្របគ្នា​មែនទែន​ជាមួយនឹង​លោក​ Jeff​ Bezos​ និង​លោក​ Andrew​ Carnegie​។ លោក​ Bill​ Gates​ តែង​និយាយ​ថា​ ធ្វើការ​អ្វីក៏ដោយ​ គឺ​ដូចជា​ជ្រើសរើស​ប្រពន្ធ​អីចឹង​។ ហេតុអ្វីបានជា​យើង​ជ្រើសរើស​យក​ប្រពន្ធ​តែ1បាន​ តែ​ហេតុអ្វីបានជា​យើង​មិន​អាច​ធ្វើការងារ​តែ1បាន​? គាត់​មាន​ចរិត​៖ ភាព​ស្មោះត្រង់​ ភាព​តស៊ូ​មិន​បោះបង់​ និង​ភាព​ផ្ដោត​លើ​រឿង​តែ១​ហើយ​គាត់​បាន​ក្លាយទៅជា​កំពូល​អ្នកមាន​បំផុត​នៅក្នុង​យុគសម័យ​កុំព្យូទ័រ​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ​ គឺជា​យុគសម័យ​ Internet​ លោក​ Jeff​ Bezos​ ដែល​ជា​ស្ថាបនិក​ Amazon.com​ បាន​ក្លាយ​ទៅ​ជាកំពូល​អ្នកមាន​បំផុត​វិញ​ម្ដង​ គឺ​វា​ស្រប​នឹង​សម័យកាល​។ លោក​ Jeff​ Bezos​ មាន​ចរិត​៖ ខិតខំ​ធ្វើការ​ រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ (Hard​ Work​, Fun​, Make​ History​) ។ លោក​ Andrew​ Carnegie​ មាន​ចរិត​៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ភាព​ផ្ដោត​លើ​រឿង​តែ​។ ភាព​អស្ចារ្យ​ និង​អាថ៌កំបាំង​របស់​កំពូល​អ្នកមាន​បំផុត​លើ​លោក​ គឺជា​អ្វី​ដែល​យើង​ទាំងអស់គ្នា​អាច​រៀនសូត្រ​បាន​។ តើ​យើង​មាន​ភាព​ស្មោះត្រង់​ប៉ុនណា​? តើ​យើង​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ប៉ុនណា​? និង​តើ​យើង​មាន​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ប៉ុនណា​?

    ប្រសិនបើ​យើង​ពិនិត្យមើល​បុគ្គល​ទាំង3រូប​នេះ​ ថ្វីត្បិតតែ​គាត់​កើត​នៅពេល​វេលា​ខុសគ្នា​ ប៉ុន្តែ​ពួកគាត់​មាន​លក្ខណៈ​រួម​ជាច្រើន​ដូចគ្នា​។ លោក​ Bill​ Gates​ ៖ ភាព​ស្មោះត្រង់​ ភាព​តស៊ូ​មិន​បោះបង់​ និង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ចំណែក​ឯលោក​ Andrew​ Carnegie​ ៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ហើយ​លោក​ Jeff​ Bezos​ ៖ខិតខំ​ធ្វើការ​ រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​។ តើមាន​ភាព​ខុសគ្នា​អ្វីខ្លះ​? ភាគច្រើន​បំផុត​ គឺ​ដូចគ្នា​។ ភាព​ឧស្សាហ៍​ព្យាយាម​អាច​ស្មើនឹង​ការ​ខិតខំ​ធ្វើការ​ ការបង្កើត​ប្រវត្តិសាស្ត្រ​អាច​ស្មើនឹង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ភាព​រីករាយ​អាច​ស្មើនឹង​ភាព​ស្មោះត្រង់​។ មនុស្ស​បើ​មិន​មាន​ភាព​ស្មោះត្រង់​ គឺ​មិន​មាន​ភាព​រីករាយ​ទេ​ ហើយ​អ្នក​ដែល​មិន​មាន​ភាព​រីករាយ​ គឺ​ប្រហែល​មក​ពី​មាន​បញ្ហា​មិន​ស្មោះត្រង់​។

    ដូច្នេះ​ ភាពជា​អ្នកមាន​ គឺជា​អ្វី​ដែល​យើង​អាច​រៀនសូត្រ​បាន​ និង​អាចប​ង្កើត​បាន​។ ប្រសិនបើ​យើង​កសាង​ចរិត​ឱ្យ​មាន​៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ឬបូកបន្ថែម​ភាព​រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ គឺ​យើង​មាន​ប្រាក់​ច្រើនណាស់​នៅក្នុង​ខ្លួន​យើង​ ហើយ​ទាំងនេះ​ គឺ​យើង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​៕

  • ពិភពលោក​ចាប់ផ្តើម​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​សង្គ្រោះ​បរិស្ថាន​

    ពិភពលោក​ចាប់ផ្តើម​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​សង្គ្រោះ​បរិស្ថាន​

    បច្ចុប្បន្ន​នេះ​ កំណើន​នៃ​ការ​អភិវឌ្ឍ​បាន​ធ្វើ​ឱ្យ​មាន​សញ្ញាណ​ព្រួយបារម្ភ​ជាច្រើន​ពី​បញ្ហា​បរិស្ថាន​ក្នុង​ពិភពលោក​។ អាកាសធាតុ​ចេះតែ​ឡើង​កម្តៅ​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ខណៈ​ដែល​បា​តុ​ភូ​តិ​ធម្មជាតិ​ដូចជា​ភ្លើង​ឆេះ​ព្រៃ​ជាដើម​បាន​បន្ត​កើតឡើង​ ហើយ​សកម្មភាព​មនុស្ស​ក្នុង​ការបំផ្លាញ​ព្រៃឈើ​ក៏បាន​កើតឡើង​ដំណាលគ្នា​ដែល​ធ្វើ​ឱ្យ​បញ្ហា​បរិស្ថាន​កើនឡើង​កាន់តែ​លឿន​។

    នៅក្នុង​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធំៗ​ ផ្សែង​ពុល​ដែល​ភាយ​ចេញពី​រោងចក្រ​សហគ្រាស​ រួម​ទាំង​ផ្សែង​ក្តៅ​ពី​យានយន្ត​រាប់​លាន​គ្រឿងក្នុង​ 1ថ្ងៃ​ៗបាន​បង្កើត​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុខភាព​មនុស្ស​ និង​បរិស្ថាន​ ព្រោះ​ផ្សែង​ពុល​កាន់តែ​កើន​ តែព្រៃ​ឈើ​ដែល​ជា​អ្នក​ស្រូប​យក​ផ្សែង​ និង​ជាតិពុល​កាន់តែ​ថយ​ចុះ​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ប្រទេស​ធំៗ​នានា​ផ្នែក​ឧស្សាហកម្ម​ បាន​ចេញ​សកម្មភាព​ជាច្រើន​ដើម្បី​ទប់ស្កាត់​ តាមរយៈ​ការទិញ​យក​សារធាតុ​កាបូន​ពី​ការ​ស្រូប​របស់​ដើមឈើ​ពី​ប្រទេស​ដែល​មាន​ដើមឈើ​ច្រើន​ដើម្បី​លើកទឹកចិត្ត​ឱ្យ​រក្សា​ព្រៃ​ និង​ការ​លើកទឹកចិត្ត​ឱ្យ​ដាំ​ឡើងវិញ​។

    នៅ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា​អាមេរិក​ និង​អឺរ៉ុប​ជាដើម​ អ្នក​វិទ្យាសាស្ត្រ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ដើម្បី​បង្កើត​ដ្រូន​ (Drone​) ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន​ច្រើន​ និង​បង្កើន​ចំនួន​ដើមឈើ​ក្នុង​ទីក្រុង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​។ នៅ​អៀ​កឡង់​ ថ្មី​ៗនេះ​បាន​ដាំ​ដើមឈើ​ឡើងវិញ​នៅក្នុង​តំបន់​កោះ​មួយ​ចំនួន​ ដែល​ជា​តំបន់​ធ្លាប់​រង​ការ​បំផ្លិច​បំផ្លាញ​ ដោយ​ចំណាយ​បាន​ថវិកា​យ៉ាងច្រើន​។ របាយការណ៍​ពី​ Icelandic​ Forest​ Service​ បាន​បញ្ជាក់​ថា​ ដំបូង​ឡើយ​តំបន់​កោះ​ទាំងអស់​នោះ​មាន​ព្រៃឈើ​គ្រប់​ដណ្តប់​ច្រើន​ដែល​យ៉ាងហោចណាស់​ក៏​ 1ភាគ​ 3ដែរ​ តែ​ក្រោយ​មក​ទៀត​ដោយសារតែ​កំណើនប្រជាជន​បាន​ធ្វើ​ឱ្យ​ពួកគេ​ត្រូវការ​កាប់​ឈើ​ច្រើន​ឡើង​ៗដើម្បី​ផលិត​ទូក​ លំនៅ​ដ្ឋាន​ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត​។

    រយៈពេល​មិនយូរ​ប៉ុន្មាន​ដើមឈើ​នៅ​ក្នុង​តំន់​ទាំងអស់​នោះ​ត្រូវ​បាន​កាប់​អស់​ប្រមាណ​ 97​% ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​វាល​ដ៏​សោះកក្រោះ​។ ចូល​មកដល់​ពាក់កណ្តាល​សតវត្សរ៍​ទី20​ ប្រទេស​នេះ​នៅសល់​ព្រៃ​ត្រឹម​តែ​ 1% តែប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ជាពិសេស​បញ្ហា​ធម្មជាតិ​ចំពោះ​ប្រជាជន​។

    ដោយ​ត្រូវ​ចំណាយ​ថវិកា​ និង​ឆ្លងកាត់​គ្រោះ​ធម្មជាតិ​ច្រើន​ នៅ​ទសវត្សរ៍​ឆ្នាំ1950​ រដ្ឋាភិបាល​អៀ​កឡើង​ បាន​ចាប់ផ្តើម​រៀបចំ​គោលនយោបាយ​ឱ្យ​មាន​ការ​ដាំ​ដើមឈើ​ឡើងវិញ​។ ដោយសារតែ​ប្រទេស​នេះ​ជា​ប្រទេស​ត្រជាក់​ និង​សម្បូរ​ថ្ម​ ដើមឈើ​ដុះ​លូតលាស់​យឺត​ៗប៉ុណ្ណោះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ប្រទេស​នេះ​នៅ​តែ​តស៊ូ​ដាំ​ឡើងវិញ​ ដែល​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រសើរ​ឡើង​ ហើយ​ជួយ​ឱ្យ​ដើមឈើ​លូត​ច្រើនឡើង​។ រហូត​មកដល់​បច្ចុប្បន្ន​នេះ​ ប្រទេស​អៀ​កឡង់​បាន​ដាក់​ក្តី​សង្ឃឹមថា​ ប្រទេស​នេះ​នឹង​មាន​ព្រៃ​ប្រមាណ​ 12​% លើ​ផ្ទៃ​ប្រទេស​នៅ​ឆ្នាំ2100​។ យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង​ AFP​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ2015​ មក​ ដើមឈើ​ប្រមាណ​ 3 ទៅ4លាន​ដើម​ត្រូវ​បាន​ដាំ​ និង​ដុះ​លើ​ផ្ទៃដី​ដែល​ធ្លាប់តែ​រង​ការ​បំផ្លិច​បំផ្លាញ​នេះ​។

    សកម្មភាព​ស្រ​ងៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​គេ​អនុវត្ត​ផង​ដែរ​នៅ​ប្រទេស​ចិន​ ដោយ​បាន​ដាក់​គម្រោង​ក្នុង​ការ​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​បញ្ហា​ក្នុង​ប្រទេស​ដែល​មាន​គ្រោះ​ធម្មជាតិ​ញឹកញាប់​មួយ​នេះ​។ ចិន​បាន​ជំរុញ​ទឹកចិត្ត​ប្រជាជន​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ តាមរយៈ​ការ​ផ្តល់​ថវិកា​ប្រចាំ​ឆ្នាំ​តាម​ចំនួន​ដើមឈើ​ដែល​ប្រជាជន​បាន​ដាំ​។ សកម្មភាព​ទាំងអស់​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ដោយ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ឱ្យ​ការ​ដាំ​ដើមឈើ​ធ្វើឡើង​ទន្ទឹមគ្នា​នឹង​សកម្មភាព​នានា​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ ដូចជា​ការកាត់បន្ថយ​ថង់​ប្លាស្ទិក​ជាដើម​៕

  • មានគភ៌​ដោយ​មិនមាន​កើតអាការ​នៃ​ការមានគភ៌

    មានគភ៌​ដោយ​មិនមាន​កើតអាការ​នៃ​ការមានគភ៌

    សំណួរ​ ៖ ខ្ញុំ​ចាប់ផ្ដើម​តាំង​គភ៌​ តែ​គ្មាន​កើត​អាការ​របស់​ការ​តាំង​គភ៌​សោះ​ ទើប​ខ្ញុំ​មាន​អារម្មណ៍​នឹក​កង្វល់​ថា​ តើ​វា​ប្រក្រតី​ដែរ​ទេ​? ឬក៏​មានន័យថា​ ខ្ញុំ​អាច​នឹង​កំពុង​រលូត​?ចម្លើយ​៖ នៅពេល​អ្នក​នឹកដល់​ការ​តាំង​គភ៌​ អ្នក​ច្រើនតែ​បានឮ​រឿង​ពាក់ព័ន្ធ​នឹង​អាការ​ក្នុង​អំឡុង​ត្រីមាស​ដំបូង​ ដូចជា​ ចាញ់កូន​នៅពេល​ព្រឹក​ ឈឺ​ក្រហាយ​ក្នុង​ទ្រូង​ អស់កម្លាំង​ល្វើយ​ និង​ឈឺ​ណែន​សុ​ដន​ជាដើម​។ អ្នក​អាច​នឹង​នឹកឃើញ​រូបភាព​ខ្លួនឯង​ដែល​កំពុង​ក្អួតចង្អោរ​នៅក្នុង​បន្ទប់ទឹក​ក្នុង​អំឡុង​ខែ​ដំបូង​ តែ​ទោះជា​ស្ត្រី​អាច​មាន​អាការ​នៃ​ការ​មានគភ៌​មួយចំនួន​មែន​ តែ​ក៏​មាន​អ្នកខ្លះ​អាច​មិនដែល​មាន​អាការ​អ្វី​ប្លែក​ពេញ​មួយរយៈពេល​មានគភ៌​សោះ​ក៏មានដែរ​ ហើយ​នេះ​គឺជា​រឿង​ប្រក្រតី​សម្រាប់​មនុស្ស​ក្រុម​នេះ​។

    តើ​ពេលណា​ទើប​ចាប់ផ្ដើម​កើតមាន​អាការ​នៃ​ការ​តាំង​គភ៌​?អាការ​ភាគច្រើន​ ជាពិសេស​ក្អួតចង្អោរ​ ហើម​ពោះ​ ឬឈឺខ្នង​ ច្រើនតែ​មិនបាន​ចាប់ផ្ដើម​កើត​តាំងពី​ថ្ងៃ​ដំបូង​ក្នុង​អំឡុង​សប្ដាហ៍​ដំ​បូងៗ​នៃ​ការ​តាំង​គភ៌​នោះ​ទេ​។ ក្រោយពី​ការពិនិត្យ​ការ​តាំង​គភ៌​ទទួល​បានផល​វិជ្ជមាន​ ច្រើនតែ​មិន​មាន​អាការ​អ្វី​ប្លែក​ទេ​ រហូត​ទាល់តែ​ឈាន​ចូល​ដល់​សប្ដាហ៍​ទី6​ ឬទី7​ នៃ​ការ​តាំង​គភ៌​។
    ស្ត្រី​មានគភ៌​ម្នាក់​ដែល​ជា​មិត្តភក្តិ​របស់​ស្មេរ​បាន​រៀបរាប់​ថា​ “ខ្ញុំ​គិតថា​ ខ្លួនឯង​នឹង​ចាប់ផ្ដើម​មាន​អាការ​របស់​ការ​តាំង​គភ៌​តាំងពី​ដំបូង​តែម្ដង​ដោយសារ​ខ្ញុំ​ពិនិត្យ​គភ៌​ទទួល​បាន​លទ្ធផល​វិជ្ជមាន​(មាន​បុត្រ​) និង​ដឹង​ថា​ ជីវិត​ចាប់ពី​ពេលនេះ​ទៅ​នឹង​ផ្លាស់ប្ដូរ​ខុសពី​មុន​ស្រឡះ​មិនខាន​… ហើយ​ខ្ញុំ​គិតថា​ ខ្ញុំ​គួរតែ​មាន​អារម្មណ៍​ដឹង​ថា​ វា​នឹង​មានការ​ប្រែប្រួល​អ្វីខ្លះ​កើតឡើង​ជាមួយ​រាងកាយ​របស់ខ្ញុំ​?… តែ​នេះ​ អត់មាន​សោះ​! វា​ធ្វើ​ឱ្យ​ស្ទើរ​តែ​ឆ្កួត​តែម្ដង​។ ខ្ញុំ​សរសេរ​ចម្ងល់​របស់ខ្ញុំ​ផ្ញើ​ទៅ​មន្ទីរសម្ភព​ គេ​ប្រាប់​ថា​ គេ​នឹង​មក​ពិនិត្យមើល​ខ្ញុំ​តែ​បន្ទាប់ពី​នោះ​មក​ សុ​ខៗ​ ពេល​ខ្ញុំ​ភ្ញាក់​ឡើង​នៅ​ពេលព្រឹក​ថ្ងៃមួយ​ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ពោះ​យ៉ាង​ខ្លាំង​ ពេលនោះ​ខ្ញុំ​តាំង​គភ៌​បាន​ជិត​ 8សប្ដាហ៍​ ហើយ​បន្ទាប់ពី​នោះ​ ខ្ញុំ​មិនដែល​មាន​សេចក្ដីសុខ​ជាមួយ​ការ​ក្អួតចង្អោរ​ខ្លាំង​ដល់​ថ្នាក់​នេះ​ពីមុន​មក​សោះ​ក្នុង​មួយ​ជីវិត​នេះ​(អាការ​ចាញ់កូន​ចាប់ផ្ដើម​)។ជួនកាល​ វា​គ្រាន់តែ​ជា​ការ​ព្យាយាម​រក​ការ​អធិប្បាយ​ណាមួយ​ពាក់ព័ន្ធ​នឹង​អាការ​ខាង​រាង​កាយ​ដែល​កំពុង​កើតឡើង​ ដូចជា​មាន​ស្ត្រី​មួយ​ចំនួន​ដែល​កើត​អាការ​របស់​ការ​តាំង​គភ៌​ តែ​បែរជា​គិតថា​ បណ្ដាលមកពី​ហេតុ​ផល​ផ្សេង​ៗ ដូចជា​អាការ​មុន​ពេល​មាន​វដ្ដ​រដូវ​ ឬកើត​គ្រុនផ្ដាសាយ​ធំ​ទៅវិញ​ តែ​ការអធិប្បាយ​ពី​អាការ​របស់​ការ​តាំង​គភ៌​ដោយ​អា​ការ​ផ្សេង​ៗនោះ​ គឺជា​រឿង​ដែល​ប្រក្រតី​ និង​អាច​ធ្វើ​ឱ្យ​កើតក្ដី​កង្វល់​បាន​។
    ស្ត្រី​មានគភ៌​ម្នាក់ទៀត​បាន​និយាយ​ថា​ “ខ្ញុំ​មាន​អារម្មណ៍​នឿយ​ល្វើយ​ខ្លាំង​ណាស់​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិនបាន​ធ្វើការងារ​ធ្ងន់ជាង​ប្រក្រតី​ទេ​ តែ​បែរជា​មាន​អារម្មណ៍​ថា​ ងងុយគេង​ខ្លាំង​ជាង​ប្រក្រតី​។ ពេល​ខ្ញុំ​សួរ​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​ការដែល​ខ្ញុំ​គ្មាន​កើត​អាការ​របស់​ការ​តាំង​គភ៌​សោះ​ ហើយ​យើង​ចាប់ផ្ដើម​ជជែកគ្នា​អំពី​អាការ​ផ្សេង​ៗ ដែល​ខ្ញុំ​កើតមាន​នោះ​ ពេទ្យ​ប្រាប់​ថា​ ស្ត្រី​មានគភ៌​ម្នា​ក់ៗ​តែង​មាន​អាការ​ខុសប្លែក​ពីគ្នា​ និង​មិន​ចាំបាច់​ទៅ​កង្វល់​ច្រើន​ឡើយ​ បើ​ខ្ញុំ​គ្មាន​កើត​អាការ​អ្វី​សោះ​នោះ​”។

    តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ បើសិន​នៅតែ​មាន​អា​រម្ម​ណ៍​កង្វល់​?អ្នក​មិន​ចាំបាច់​ត្រូវ​កង្វល់​ជាមួយនឹង​ការ​ដែល​គ្មាន​កើត​អាការ​របស់​ការ​តាំង​គភ៌​នោះ​ទេ​។ ​;មាន​ស្ត្រី​មានគភ៌​ជាច្រើន​នាក់​ដែល​គ្មាន​ការ​ប្រែប្រួល​កើតឡើង​សោះ​ និង​មាន​អារម្មណ៍​សុខ​សប្បាយ​ល្អ​ធម្មតា​។ ក្នុង​ពេល​ជាមួយគ្នា​ អ្វី​ដែល​អ្នក​គួរ​កង្វល់​នោះ​គឺ​ បើសិនជា​អាការ​ទាំងនោះ​បាត់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ក្នុង​អំឡុង​ត្រីមាស​ទី1​ ដែល​វា​អាច​ជា​ការ​បញ្ជាក់​ប្រាប់​ថា​ មានការ​ថយ​ចុះ​របស់​អ័រម៉ូន​ដែល​បង្ហាញ​អំពី​ភាព​ខុស​ប្រក្រតី​របស់​ការ​តាំង​គភ៌​។ បើ​អ្នកមាន​អាការ​ដាស់តឿន​ខុសប្រក្រតី​អ្វី​ម្យ៉ាង​របស់​ការ​តាំង​គភ៌​ គួរ​ទូរស័ព្ទ​រក​គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​ ឬបើ​មាន​ចំណុច​សង្ស័យ​ អ្វី​ម្យ៉ាង​ គួរ​ទូរស័ព្ទ​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​គ្រប់ពេល​៕

  • យុវជន​ដែល​កំពុង​រក​ការងារ​ធ្វើ​ អាច​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ការងារ​ពីទី​ភ្នាក់ងារ​ជាតិ​ មុខរបរ​ និង​ការងារ​

    យុវជន​ដែល​កំពុង​រក​ការងារ​ធ្វើ​ អាច​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ការងារ​ពីទី​ភ្នាក់ងារ​ជាតិ​ មុខរបរ​ និង​ការងារ​

    ការស្វែងរក​ការងារ​ ជា​ចំណុច​ចាប់ផ្តើម​យ៉ាង​សំខាន់​នៃ​អាជីព​ បន្ទាប់ពី​សិស្ស​ និស្សិត​ បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​ពីសា​កល​វិទ្យាល័យ​ ឬគ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ន​នេះ​ យុវជន​ខ្លះ​សម្បូរ​ការងារ​ខណៈ​យុវជន​ជាច្រើន​ផ្សេងទៀត​មិនទាន់​រក​ការងារ​ធ្វើ​បាន​ដោយសារតែ​មិន​មាន​ប្រភព​ព័ត៌មាន​ ឬមិន​ទាន់​បាន​ស្វែងយល់​ស៊ីជម្រៅ​ពី​ព័ត៌មាន​ស្តី​ពី​ការងារ​។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ បាន​ធ្វើការងារ​ផ្សព្វផ្សាយ​ តាមរយៈ​កម្ម​វិ​ធី​ផ្សេង​ៗដើម្បី​ឱ្យ​យុវជន​ ទទួល​បាន​ប្រភព​ព័ត៌មាន​ ចំណេះដឹង​ជា​មូលដ្ឋាន​ដើម្បី​ជ្រើសរើស​ ឬវិធី​ទទួល​បានការ​ងារ​ និង​វេទិកា​សំ​ខាន់​ៗដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​និយោជក​ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។

    នៅ​ថ្ងៃទី​ 15​ ខែសីហា​ ឆ្នាំ2019​ ខាងមុខនេះ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​រៀបចំ​វេទិកា​ការងារ​ដោយ​ផ្តល់​ឱកាស​ការងារ​ប្រមាណ​ 1,783កន្លែង​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​នៅ​ទូទាំង​ប្រទេស​។ បេក្ខជន​ដែល​មានបំណង​ចង់​ដាក់ពាក្យ​ធ្វើការងារ​អាច​ទៅ​ដាក់ពាក្យ​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ ដើម្បី​សម្ភាសន៍​ធ្វើការងារ​ភ្លាម​។

    លោក​ អាំង​ ភារៈ​ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ វេទិកា​រកា​រងា​រត្រូវ​បាន​រៀបចំឡើង​ជា​រៀងរាល់​ខែ​ ដោយ​ក្នុង​នោះ​យើង​ឃើញ​ថា​វេទិកា​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន​ សហគ្រាស​ គ្រឹះស្ថាន​ និង​រោង​-ចក្រ​នានា​ដែល​កំពុង​មាន​តម្រូវការ​បុគ្គលិក​ និង​កម្លាំង​ពលកម្ម​សម្រាប់​បម្រើការ​ងារ​។ ក្រុមហ៊ុន​នានា​បាន​ទាក់ទង​មក​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​កាន់តែ​ច្រើន​ដើម្បី​ជួយ​ជ្រើសរើស​បុគ្គលិក​សម្រាប់​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​។ សម្រាប់​បេក្ខជន​ដែល​ចង់​មក​ដាក់ពាក្យ​នៅ​វេទិកា​រកា​រងា​រត្រូ​វត្រៀ​មយ​កប្រវត្តិរូប​សង្ខេប​មក​ជាមួយ​ដើម្បី​ជួប​ និង​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​ចំនួន​ 11​ ដែល​កំពុង​ត្រូវការ​បុគ្គលិក​។ ក្រុមហ៊ុន​ដែល​នឹង​ជ្រើសរើស​បុគ្គលិក​នៅក្នុង​វេទិកា​ការងារ​លើក​នេះ​មាន​ដូចជា​ ក្រុមហ៊ុន​ Super​ Duper​, Chip​ Mong​ Group​, Ming​ Wuoy​ Group​, Modern​ Intergrated​ Services​, BS​ Land​ and​ Homg​, MJQ​ Education​, Hattha​ Kasekar​ Limited​, WB​ Finance​ Cambodia​, Asianerial​ Advisory​ Int​ Co​., Ltd​, Noyakong​ Group​, Brown​ Coffee​ and​ Bakery​។

    វេទិកា​ការងារ​ ជា​វេទិកា​ដែល​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ ដែល​ចង់​ជ្រើសរើស​រើស​បុគ្គលិក​ ជួបគ្នា​ជាមួយ​អ្នក​កំពុង​ស្វែងរក​ការងារ​ ដើម្បី​ជ្រើសរើស​នៅនឹង​កន្លែង​។ វេទិកា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញថា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​ជាពិសេស​ភាព​មិនស៊ីគ្នា​រវាង​ទីផ្សារ​ការងារ​ និង​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ កន្លងមក​គេ​តែងតែ​ឃើញ​ម្ចាស់​ស្ថាប័ន​រអ៊ូរទាំ​រឿង​ខ្វះ​បុគ្គលិក​ ឬលំបាក​ស្វែងរក​បុគ្គលិក​ ខណៈ​យុវជន​ជាច្រើន​កំពុង​រអ៊ូរទាំ​ថា​គ្មាន​ការងារ​ធ្វើ​។ បញ្ហា​ដែល​កើតមានឡើង​នេះ​ដោយសារតែ​ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក​មិន​មាន​វិធី​សាស្រ្ត​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​យុវជន​បានដឹង​ ចំណែក​ឯយុវជន​ដែល​កំពុង​ត្រូវការ​ងារ​វិញ​ក៏​មិន​បាន​ស្វះស្វែង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពីទី​ផ្សារ​ការងារ​ ហេតុនេះ​ការដែល​បង្កើត​វេទិកា​នេះ​ឡើង​នឹង​ធ្វើ​ឱ្យ​មានផល​វិជ្ជមាន​ទាំង​ក្រុមហ៊ុន​ និង​ទាំង​យុវជន​ដែល​កំពុង​ត្រូវការ​ការងារ​៕