Author: ធឿន មករា

  • ការមើលថែទាំសុខភាពប្រអប់មាត់ សម្រាប់ស្ត្រីមានគភ៌

    ការមើលថែទាំសុខភាពប្រអប់មាត់ សម្រាប់ស្ត្រីមានគភ៌

    ការមានសុខភាព ដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលស្ត្រីគ្រប់រូបចង់បាន…

    ស្ត្រីមានគភ៌ អាចមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អបំផុត តែយ៉ាងណាក៏ដោយ ចូរស្ត្រីមានគភ៌ កុំភ្លេចពីសុខភាពប្រអប់មាត់ឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

    1. ការប្រែប្រួលរបស់អ័រម៉ូន ក្នុងអំឡុងពេលមានគភ៌មានផលប៉ះពាល់ ដល់ការកើតរោគរលាកអញ្ចាញធ្មេញ កាន់តែងាយជាងប្រក្រតី ការមានកំណកកំបោរច្រើន អាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ មានចេញឈាមទៀតផង។
    2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរី ដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត ជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង​ ដោយអ័រម៉ូននេះ​នឹងកើតមាន នៅពេលជិត​គ្រប់កំណត់​ឆ្លងទន្លេ ទើបគេតែងប្រទះឃើញនៅលើមាតា ដែលមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ច្រើនតែឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច។
    3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់ផ្ទៃពោះញឹកញាប់ ធ្វើឱ្យមានអាស៊ីតពីក្រពះអាហារ ចេញបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន។
    4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលធ្វើឱ្យធ្មេញសឹកពុកបានដែរ។
    5. ស្ត្រីមានគភ៌ ច្រើនតែបរិភោគតិចៗ តែច្រើនដង ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យងាយកើតរោគធ្មេញពុក៕
    6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុ នៅក្នុងគភ៌មារតាបាន 4-6សប្តាហ៏។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែ ពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញ ធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

    ការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ

    1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាត ទាំងក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរាល់លើកក្រោយពេលបរិភោគអាហាររួច។
    2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ ផ្លួអូរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញ រយះពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗ នឹងធ្វើឱ្យធ្មេញឆាប់សឹករេចរិលអស់។
    3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
    4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារធ្មេញពុក។
    5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម រលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

    មេរោគបាក់តេរី នៅក្នុងប្រអប់មាត់ម្តាយ អាចបញ្ជូនបន្តទៅដល់កូនបាន ការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

  • Bayern Munich ធ្លាក់​ពី​ពាន DFB-Pokal ត្រឹម​វគ្គ 32ក្រុម​ចុងក្រោយ

    Bayern Munich ធ្លាក់​ពី​ពាន DFB-Pokal ត្រឹម​វគ្គ 32ក្រុម​ចុងក្រោយ

    កាលពី​ព្រឹក​ទៀបភ្លឺ ថ្ងៃ​ព្រហស្បតិ៍ ទី14 ខែមករា ក្លិប​បាល់ទាត់ FC Bayern Munich បាន​ធ្លាក់​ចេញពី​ពានរង្វាន់ DFB-Pokal 2021-2022 ក្រោយពី​ចាញ់​ក្រុម Holstein Kiel ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី។

    ការប្រកួត​រវាង​ក្រុម​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ពានរង្វាន់ DFB-Pokal ឬ​ហៅ​ស្រួល​ស្ដាប់​ថា Cup របស់​អាល្លឺម៉ង់។ ការប្រកួត​នេះ ក្រុម Bayern Munich បាន​នាំ​មុខមុន ដោយ Gnabry នៅ​នាទី​ទី14 មុនពេល Bartels របស់​ក្រុម Holstein តាម​ស្មើ​បាន​វិញ នៅ​នាទី37។ ការប្រកួត​ឈានចូល​តង់​ទី2 Sane បាន​បើក​ការ​នាំមុខ​ជាថ្មី​ម្ដងទៀត ឱ្យ Bayern Munich តែ​យ៉ាងណាមិញ ជិត​ចប់​ការប្រកួត Wahl ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន នៅ​នាទី90+5។

    ដោយសារ​នេះ ជាការ​ប្រកួត​វគ្គ​ជម្រុះ ដូច្នេះ​ការប្រកួត​ត្រូវបាន​ពន្យារពេល ដល់​ការ​ទាត់​ប៉េ​ណា​ល់​ទី។ ការ​ទាត់​ប៉េ​ណា​ល់​ទីនេះ ក្រុម​ទាំង2 ស៊ុត​ចូល​ដូចគ្នា​ដល់​ទៅ 5គ្រាប់។ តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​សម្រាប់ Bayern Munich នោះ​គឺ គ្រាប់​ទី6 កីឡាករ Marc Roca បែរជា​ស៊ុត​មិន​ចូល ធ្វើឱ្យ​ក្រុម​ជើងឯក​ចាស់ Bayern Munich ធ្លាក់​ពី​ពាន​នេះ​ត្រឹម​វគ្គ 32ក្រុម​ចុងក្រោយ ដែល​វា​បាន​ក្លាយជា​កំណត់ត្រា​ដ៏​អាក្រក់​បំផុត​របស់​ក្លិប ដ៏​ខ្លាំងជាងគេ​របស់​អាល្លឺម៉ង់​មួយ​នេះ៕

  • កំពូលអាហារ5យ៉ាង ប្រឆាំងនឹងរោគម៉ៃក្រេន ( រោគប្រកាំង )

    កំពូលអាហារ5យ៉ាង ប្រឆាំងនឹងរោគម៉ៃក្រេន ( រោគប្រកាំង )

    ម៉ៃក្រេន គឺជាអាការរបស់រោគឈឺក្បាលមួយប្រភេទដែលសាងនូវក្តីឈឺពើត និងក្តីរំខានដល់អ្នកជំងឺ ហើយមូល​ហេតុពិតប្រាកដរបស់ការឈឺក្បាលម៉ៃក្រេននេះ មិនទាន់មាននរណាដឹងយ៉ាងពិតប្រាកដនៅឡើយ តែគេជឿថា អាច​បណ្តាល​​​​​​​​មក​ពីអ្នកជំងឺកើតអាការតបស្នងនឹងសភាពបរិស្ថានខាងក្រៅ ដូចជា ធាតុអាកាស ក្លិន សំឡេង ក្តីធុញថប់​ ឬសារជាតិ​ជំរុញពីអា​ហារ​​ ទៅធ្វើឱ្យរលាកសរសៃឈាម និងកើតការពង្រីកខ្លួននាំឱ្យមានអាការឈឺពើតមួយចំហៀងក្បាលជាប្រចាំ។

    ថ្ងៃនេះ យើងសុំណែនាំពីការញ៉ាំវិតាមីន ឬអាហារបំប៉ន ដែលអាចមានចំណែកជួយក្នុងការបំបាត់ ឬកាត់បន្ថយអាការឈឺចាប់របស់រោគម៉ៃក្រេនបាន​ បើមិនច្រើន ក៏តិចដែរ មកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៖

    • គ្រាប់ល្ពៅ និងគ្រាប់អាល់ម៉ុន៖ មានសារធុតុម៉ាញេស្យូមខ្ពស់ ជាសារធាតុដែលមនុស្សកើតរោគម៉ៃក្រេន តែងខ្វះច្រើនគ្នា​ណាស់ ទើបធ្វើឱ្យខួរក្បាលសេនស៊ីធីហ្វ ត្រូវជំរុញដោយអ្វីជុំវិញខ្លួន ដែលខ្លាំងៗបានយ៉ាងងាយបំផុត ជាហេតុធ្វើឱ្យឈឺពើត​​ពេញក្បាលឡើងតែម្តង។
    • ត្រីសាលម៉ុន៖ ដោយសារជាតិអាស៊ីតខ្លាញ់ អូមេហ្កា3 ដែលមាននៅក្នុងសាច់ត្រី ប្រេងម្កាក់ និងសណ្តែកសៀង ជួយការពារអាការឈឺក្បាល កាត់បន្ថយការរលាកក្នុងប្រព័ន្ធឈាមរត់ បំប៉នខួរក្បាលឱ្យកាន់តែឆ្លាតឡើងថែមទៀតផង។
    • ខ្ញី៖ សារធាតុ ប្រូស្តាគ្លែនដីនស៏ ជាសារធាតុដែលជួយរម្ងាប់ការឈឺចាប់ ដែលមាននៅក្នុងមើមខ្ញី ជួយឱ្យអាការឈឺក្បាល​បាន​​​​ធូរស្រាល និងថែមទាំងជួយកាត់បន្ថយអាការក្អួតចង្អោបានទៀតផង។
    • បន្លែប្រូកខូលី៖ មានសារជាតិម៉ាញេស្យូម ជួយបន្ធូរសរសៃឈាមតូចៗ ធ្វើឱ្យឈាមហូរវិលបានល្អ កាត់បន្ថយការបង្រួញខ្លួនឡើងរឹង របស់សាច់ដុំលើគល់ក កាត់ផ្តាច់មូលហេតុនៃការឈឺក្បាលបាន៕
  • PSG គ្រោង​ដាក់ Neymar ចូល​លេង​វិញភ្លាមៗ ក្រោយ​ជា​ពីរ​បួស

    PSG គ្រោង​ដាក់ Neymar ចូល​លេង​វិញភ្លាមៗ ក្រោយ​ជា​ពីរ​បួស

    កីឡាករ​ខ្សែប្រយុទ្ធ Neymar JR របស់​ក្លិប Paris Saint Germain (PSG) ត្រូវបាន​គេ​ប្រទះ​ឃើញថា បានធ្វើការ​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​របស់ខ្លួន​សាជាថ្មី​វិញ​ហើយ កាលពី​ថ្ងៃ​អង្គារ ទី12 ខែមករា ឆ្នាំ2021 កន្លងទៅ។

    ការចូល​ហ្វឹកហាត់​សាជាថ្មី​នេះ ត្រូវបាន​គេ​ដឹងថា Neymar JR បានជា​សះស្បើយ 100% ហើយ។ ខាង​ក្លិប បាន​អះអាងថា Neymar មាន​កម្លាំង​ពេញ និង​អាច​ចូល​លេង​បាន​នៅ​ប្រកួត​ក្រោយនេះ នៅ​ថ្ងៃទី14 ខែមករា ខាងមុខនេះ ដែល PSG ត្រូវ​ជួប​ជាមួយនឹង Marsille ក្នុងការ​ប្រកួត​លី​គ​កំពូល​បារាំង។

    គួរ​រំឭក​ដែរ​ថា Neymar JR បាន​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាង 1ខែ​មកហើយ ដោយ​រងរបួស​កាលពី​ថ្ងៃទី14 ខែធ្នូ ឆ្នាំ​កន្លងទៅ ក្នុងការ​ប្រកួត​លី​គ​កំពូល​បារាំង ទល់នឹង​ក្រុម Lyon៕

  • Ozil នឹង​ទៅលេង​នៅ​លី​គ ប្រទេស​តួរ​គី ឬ​មិន​ទេ​ក៏​អាមេរិក ក្រោយ​ចាក​ចេញពី Arsenal

    Ozil នឹង​ទៅលេង​នៅ​លី​គ ប្រទេស​តួរ​គី ឬ​មិន​ទេ​ក៏​អាមេរិក ក្រោយ​ចាក​ចេញពី Arsenal

    ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ល្បីល្បាញ Mesut Ozil របស់​ក្លិប Arsenal បាន​បង្ហើប​ឱ្យដឹង​អំពី​គម្រោង​ក្រោយ​ការចាកចេញ​ពី Arsenal។ កីឡាករ​អាល្លឺម៉ង់​រូបនេះ បាន​និយាយថា រូបគេ​ចង់ទៅ​លេង​នៅ​លី​គ​កំពូល​អាមេរិក ឬ លី​គ​កំពូល​តួរ​គី។

    Ozil ចង់​ចាក​ចេញពី Arsenal នៅពេលនេះ​តែម្តង។ ចំពោះ​លី​គ​កំពូល​អាមេរិក គេ​មិន​ច្បាស់​ថា នឹង​ទៅ​ក្លិប​មួយណា​នៅឡើយ​ទេ តែ​ប្រសិនបើ​គេ​ផ្លាស់​ទៅកាន់​លី​គ​កំពូល​តួរ​គី​វិញ គេ​នឹង​ទៅលេង​ឱ្យ​ក្លិប Fenerbahce ជា​ក្លិប​ដែល​រូបគេ​តែងតែ​គាំទ្រ​តាំងពី​តូច​មក។

    សូម​ជម្រាប​ផងដែរ​ថា កីឡាករ​វ័យ 32ឆ្នាំ​រូបនេះ ត្រូវបាន​លោក Mikel Arteta ដែលជា​គ្រូ​នៅ Arsenal ដក​ឈ្មោះ​ចេញពី​ក្រុម​កីឡាករ សម្រាប់​ប្រកួត​ក្នុង​គ្រប់​កម្មវិធី​របស់​ក្លិប​តាំងពី​ចុងឆ្នាំ2020 ហេតុនេះហើយ​មាន​ផ្លូវ​តែមួយគត់​សម្រាប់​កីឡាករ​រូបនេះ គឺ​ចាក​ចេញពី​ក្លិប​ក្នុង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​តែប៉ុណ្ណោះ៕

  • កូ​វីដ-19 រាតត្បាត​មែន តែ​ឆ្នាំ2020 Apple នៅតែ​កើប​លុយរាប់​ពាន់​លាន​ដុល្លារ​ពី App Store

    កូ​វីដ-19 រាតត្បាត​មែន តែ​ឆ្នាំ2020 Apple នៅតែ​កើប​លុយរាប់​ពាន់​លាន​ដុល្លារ​ពី App Store

    ថ្មីៗនេះ របាយការណ៍​ពី​អ្នកវិភាគ នៅ​ទីភ្នាក់ងារ​ព័ត៌មាន CNBC បាន​បង្ហាញថា នៅក្នុង ឆ្នាំ2020 Apple រកចំណូលបាន​ច្រើនជាង 64ពាន់​លាន​ដុល្លារ ពី App Store ទីផ្សារ​កម្មវិធី​របស់​ខ្លួន។

    ទោះយ៉ាងណា ចំណូល​ក្នុង ឆ្នាំ2020 ជា​ចំនួន​កើនឡើង ដ៏​សន្ធឹកសន្ធាប់​មួយ ដ្បិត​ក្នុង ឆ្នាំ2018 គឺ​រក​បានតែ 48.5លាន​ដុល្លារ និង​មាន​កំណើន​ត្រឹមតែ 3.1% ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង ឆ្នាំ2019។ ចំណូល​នេះ​មានការ​កើនឡើង​ដល់​ទៅ 28% បើ​ប្រៀបធៀប​ទៅ ឆ្នាំ2019  ដែល​រកបាន​ត្រឹម  50ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    អ្នកវិភាគ​ដដែល​នោះ បាន​បន្ថែមថា ការលក់​កម្មវិធី​នៅលើ App Store មាន​សម្ទុះ​កើនឡើង ខណៈ​មានការ​រាតត្បាត​នៃ ជំងឺ​កូ​វីដ-19 ដោយ​មនុស្ស​ចាប់ផ្ដើម​សម្រាក​នៅផ្ទះ មាន​ពេលវេលា​ច្រើន និង​ចំណាយលុយ​ទៅលើ​កម្មវិធីផ្សេងៗ ដែល​លេចធ្លោ​ជាងគេ​ជា ផលិតផល​ហ្គេម។

    App Store គឺជា​ទីផ្សារ​កម្មវិធីរ​បស់ Apple បង្កើតឡើង​តាំងពី ឆ្នាំ2008 បន្ទាប់ពី iPhone ដំបូង​បានប្រកាស​ចេញ។ នៅ​ឆ្នាំ​នោះ​ផងដែរ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក​ខាងលើ បាន​ចំណាយ​ថវិកា​ប្រមាណ 200ពាន់​លាន​ដុល្លារ ទៅលើ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ដើម្បី​ផលិតកម្ម​វិធី​គាំទ្រ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS របស់ខ្លួន៕

  • Telegram ក្លាយជា​កម្មវិធី ដែលមាន​អ្នក​ទាញយក​ប្រើ ច្រើនជាងគេ​លំដាប់​ទី2 នៅ​សហរដ្ឋអាមេរិក

    Telegram ក្លាយជា​កម្មវិធី ដែលមាន​អ្នក​ទាញយក​ប្រើ ច្រើនជាងគេ​លំដាប់​ទី2 នៅ​សហរដ្ឋអាមេរិក

    បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump ត្រូវបាន​ផ្អាក​ពី​ការប្រើប្រាស់​គណនី Twitter និង Facebook ក្រោយ​ការ​លុកលុយ​វិមាន​កា​ពី​តូ​ល ហ៊ីល​ល៍ ដ៏​សាហាវ​ដោយ​អ្នកគាំទ្រ​របស់លោក ដែល​ប្រដាប់​ដោយ​អាវុធ និង​ហានិភ័យ​នៃ​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា​រួចមក កាលពី​ថ្ងៃ​ចន្ទ ប្រជាជន​ប្រហែល 545,000នាក់​នៅ​សហរដ្ឋអាមេរិក បាន​ទាញយក​កម្មវិធី Telegram នៅ​ចន្លោះ​ថ្ងៃ​ពុធ (ទី6មករា) និង​ថ្ងៃអាទិត្យ(ទី10មករា) ដែលមាន​ចំនួន​ជិត 3ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​សប្តាហ៍​មុន​ហ្នឹង។

    អ្នកប្រើប្រាស់ WhatsApp ជាច្រើន​លាន​នាក់ ក៏បាន​ធ្វើការ​បោះបង់ចោល​កម្មវិធី​ផ្ញើ​សារ​មួយ​នេះ មុន​ការ​អាប់​ឌែ​ត គោលការណ៍​ថ្មី ដែល​បង្ខំ​ឱ្យ​អ្នកប្រើប្រាស់​ចែករំលែក​ព័ត៌មាន របស់​ពួកគេ​ជាមួយ Facebook។ ការ​អាប់​ឌែ​ត​ថ្មី របស់ WhatsApp ដែល​នឹង​មកដល់​នៅ​ថ្ងៃទី8 ខែកុម្ភៈ​ខាងមុខនេះ នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ទាំង​អស់ ដែល​មិនមែន​រស់នៅក្នុង​តំបន់​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ដែល​តំបន់ 2នេះ មានច្បាប់​តឹងរ៉ឹង​ការពារ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់។

    អ្នកប្រើប្រាស់​នៅក្រៅ​ពី​តំបន់​ទាំង 2ខាងលើ នឹង​តម្រូវ​ផ្ដល់​សិទ្ធ​សម្រាប់​ឱ្យ Facebook ចូល​យក​ព័ត៌មាន​របស់​ពួកគេ មាន​រួមបញ្ចូល​លេខ​ទូរស័ព្ទ និង​ព័ត៌មាន​អំពី​ការទំនាក់ទំនង​របស់​ពួកគេ ជាមួយ​អ្នកដទៃ។ ទាល់តែ​ព្រម​ផ្ដល់​សិទ្ធិ ទើប​ពួកគេ​អាច​បន្ត​ប្រើប្រាស់ WhatsApp បាន​តទៅទៀត។ ការទាមទារ​នេះ នឹងត្រូវ​អនុវត្ត​លើ​គ្រប់​អ្នកប្រើប្រាស់​ទាំងអស់ ទោះបីជា​ពួកគេ​មិនមាន​គណនី Facebook ក្ដី។

    ពេល WhatsApp ប្រកាស​អំពី​ផែនការ នៃ​ការផ្លាស់ប្ដូរ​នេះ​ភ្លាម បានធ្វើឱ្យ Telegram មាន​កំណើន​ចំនួន​ទាញយក​ជិត 1.7លាន​ដងភ្លាមៗ ហើយ​កម្មវិធី Signal (ជា​កម្មវិធី​ផ្ញើ​សារ​ដែល​លោក Elon Musk ណែនាំ​ឱ្យប្រើ​ប្រាស់) មាន​កំណើន​ចំនួន​ទាញយក 1.2លាន​ដង។

    ដោយឡែក​ចំនួន​ទាញយក​កម្មវិធី WhatsApp ក្នុង​រយៈពេល 7ថ្ងៃ​ដំបូង នៃ​ឆ្នាំ2021 មានការ​ធ្លាក់ចុះ​ចំនួន 13% មក​នៅត្រឹម 10.3លាន​ដង ប្រសិនបើ​ធៀប​នឹង​អំឡុងពេល 7ថ្ងៃមុន។ ការសម្រេចចិត្ត​របស់ WhatsApp នាពេលនេះ គឺ​ខុសគ្នា​ទាំងស្រុង ប្រៀប​នឹង​ពេលដែល Facebook ទើប​ទិញ WhatsApp ដំបូង​ក្នុង​ឆ្នាំ2014 ក្នុង​ទំហំ​ទឹកប្រាក់ 19ពាន់​លាន​ដុល្លារ។

    ពេលនោះ WhatsApp បាន​ធានាថា ទិន្នន័យ​របស់​អ្នកប្រើប្រាស់ នឹង​បន្ត​នៅ​ជា​ឯកជន ហើយ​មិន​ចែករំលែក​ជាមួយ Facebook នោះទេ។ ការផ្លាស់ប្ដូរ​គោលការណ៍​នេះ បានចាប់ផ្ដើម​លេចចេញ​ដំបូង​កាលពី​ឆ្នាំ2016 ពេលដែល WhatsApp ចាប់ផ្ដើម​ចែករំលែក​ទិន្នន័យ​ជាមួយ Facebook ជា​លក្ខណៈ Default ដែល​ពេលនោះ​អ្នកប្រើប្រាស់ អាចមាន​សិទ្ធ​បិទ​មិនឱ្យ​មានការ​ចែករំលែក​បាន។

    នៅ​ថ្ងៃទី8 ខែកុម្ភៈ​ខាងមុខនេះ អ្នកប្រើប្រាស់ WhatsApp នឹង​មិនមាន​ជម្រើស​អ្វី​ឡើយ គឺ​ត្រូវតែ​ទទួលយក​ការផ្លាស់ប្ដូរ ដែល​តម្រូវឱ្យ​មានការ​ចែករំលែក​ទិន្នន័យ​របស់ខ្លួន​ជាមួយ Facebook ប្រសិនបើ​ពួកគេ​ចង់​ប្រើប្រាស់ WhatsApp ជា​បន្ត៕

  • SONY បង្ហាញ​ផលិតផល​ដំបូងបង្អស់ ជា​ដ្រូ​ន ថត​វីដេអូ (មាន​វីដេអូ)

    SONY បង្ហាញ​ផលិតផល​ដំបូងបង្អស់ ជា​ដ្រូ​ន ថត​វីដេអូ (មាន​វីដេអូ)

    ថ្មីៗនេះ ក្រុមហ៊ុន Sony បានដាក់បង្ហាញឱ្យឃើញ ការឌីហ្សាញផលិតផល Drone ជំនាន់ដំបូងគេស្របពេលដែលដ្រូននោះ មានបំពាក់មកជាមួយនូវម៉ាស៊ីនថតស៊េរី Alpha Series ថែមទៀតផង។

    Drone ជំនាន់ដំបូងគេរបស់ Sony ម៉ូដែលនេះ នៅមិនទាន់មានព័ត័មានច្រើនពីលក្ខណសម្បត្តិ និងតម្លៃរបស់វានៅឡើយទេ តែគេបានដឹងថា វាមានជើងទម្រ អាចបត់ឡើងលើបាន នៅពេលកំពុងហោះហើរ និងបត់ចុះក្រោមវិញ រៀងរាល់ពេលដែលវាចុះចត។ វាជាផលិតផលពិសេសមួយ ដែលធ្វើឡើងសម្រាប់ទីផ្សារអ្នកផលិតវីដេអូ កម្រិតខ្ពស់ ឬកម្រិត Professional ក្នុងវិស័យភាពយន្តជាដើម។

    សូមជម្រាបជូនផងដែរថា ចំពោះគំនិតផលិត Drone ជំនាន់ដំបូងនេះ ក៏ធ្លាប់ត្រូវបាន SONY បង្ហើបឱ្យដឹងម្ដងរួចមកហើយដែរ កាលពីឆ្នាំ2020 តែវាទើបនឹងលេចរូបរាងឡើងនៅឆ្នាំ2021 សម្រាប់ដាក់តាំងក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍បច្ចេកវិទ្យា CES 2021។ ដ្រូនដំបូងគេនេះ មានឈ្មោះថា Sony’s Airpeak ដែលមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងដ្រូន របស់ក្រុមហ៊ុន DJI ដូច្នោះដែរ។

    ខាងក្រោមនេះជាវីដេអូ ដែល Sony បានបង្ហាញ៖

    *វីដេអូទី1 ដាក់បង្ហាញអំពី Drone ផ្ទាល់

    *វីដេអូទី2 យកទៅឱ្យថតរថយន្ដ VISION-S

  • មិនបាច់ទៅណាឆ្ងាយទេ! តាមរយៈវីង អ្នកអាចផ្ញើ ឬដកប្រាក់បានជិត១៩៥ប្រទេស

    មិនបាច់ទៅណាឆ្ងាយទេ! តាមរយៈវីង អ្នកអាចផ្ញើ ឬដកប្រាក់បានជិត១៩៥ប្រទេស

    មិនចាំបាច់ធ្វើដំណើរឆ្ងាយ និងឈរតម្រង់ជួរនាំតែខាតពេលវេលាទៀតទេ ឥឡូវនេះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជាទៅសាច់ញាត្តិរបស់អ្នកជិត១៩៥ប្រទេសតាមរយៈភ្នាក់ងារវីងដែលមានស្លាកសញ្ញា វេស្ទើនយូនៀន (Western Union) ព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។

    ជាមួយកិច្ចសហប្រតិបត្តិការរវាង ធនាគារឯកទេសវីង និង Western Union លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីងដែលមានស្លាកសញ្ញា Western Union ដោយភ្ជាប់ជាមួយនឹងគណនីវីង បន្ទាប់មកបំពេញសំណុំបែបបទផ្ទេរប្រាក់ នោះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជា ទៅជិត១៩៥ប្រទេសបានយ៉ាងងាយស្រួលបំផុត។

    កាន់តែពិសេសទៅទៀតនោះ អ្នកក៏អាចដកប្រាក់បញ្ញើរពីបរទេស តាមរយៈភ្នាក់ងារវីងបានយ៉ាងរហ័សផងដែរ។​ ប្រសិនបើអ្នកមិនចង់ដកសាច់ប្រាក់ទេ លោកអ្នកគ្រាន់តែប្រើ លេខកូដទៅវីង (Code2Wing) ដោយចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកជ្រើសរើស “ផ្ទេរប្រាក់” បន្ទាប់មកទៀតជ្រើសរើស “លេខកូដទៅវីង” និង ជ្រើសរើស Western Union និងបញ្ចូលលេខកូដ១០ខ្ទង់ដែលបានពីអ្នកផ្ញើ នោះទឹកប្រាក់នឹងរត់ចូលទៅក្នុង គណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ។

    គួរបញ្ចាក់ផងដែរថា រាល់ការធ្វើប្រតិបត្តិការ Western Union ជាមួយវីងលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ Airpod ចំនួន៣រង្វាន់ និងនាឡិកា Apple Watch ចំនួន១រង្វាន់ ជារៀងរាល់ខែ រួមទាំងរង្វាន់ធំ iPad Pro ចំនួន១គ្រឿងផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងរាប់ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ខែកុម្ភៈឆ្នាំ២០២១។

    ក្រុមការងារ ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅអ្នកដែលមានសំណាងឈ្នះរង្វាន់ទាំងនេះ៕

  • Lenovo បញ្ចេញ​ផលិតផល​វ៉ែនតា​ឆ្លាត​វៃ 3D និង AR អាច​បង្ហាញ​ម្ដង 5ផ្ទាំង​កម្មវិធី លើ​កុំព្យូទ័រ

    Lenovo បញ្ចេញ​ផលិតផល​វ៉ែនតា​ឆ្លាត​វៃ 3D និង AR អាច​បង្ហាញ​ម្ដង 5ផ្ទាំង​កម្មវិធី លើ​កុំព្យូទ័រ

    ក្នុង​ព្រឹត្តិការណ៍ CES 2021 ជា​ព្រឹត្តិការណ៍​ដាក់តាំង​ពិព័រណ៍​បច្ចេក​វិទ្យា​ដ៏​ធំ នា​ដើមឆ្នាំ2021 នេះ ក្រុមហ៊ុន​ទាំងអស់ ដែលមាន​ឈ្មោះ​ចូលរួម បាន​បញ្ចេញ Prototype (គំរូ) ផលិតផល​របស់ខ្លួន ក៏ដូចជា​ដាក់​បង្ហាញ​ផលិតផល​របស់​ពួកគេ ជាបណ្តើរៗហើយ​ដែរ។

    ជាក់ស្ដែង​ក្រុមហ៊ុន Lenovo ដែល​ល្បីល្បាញ​ខាង​ផលិត​គ្រឿង​អេឡិចត្រូនិក​យូរ​ឆ្នាំ​មកហើយ​នោះ ក៏បាន​បង្ហាញឱ្យឃើញ​ពី វ៉ែនតា​ឆ្លាត​វៃ ThinkReality A3 ដែល​ក្នុងនោះ វា​មាន 2ជម្រើស ទៅតាម​ប្រភេទ​អ្នកប្រើប្រាស់ ដែល​សុទ្ធ​តែមាន​សមត្ថភាព 3D visualizations និង AR-guided ដូចគ្នា។

    Lenovo ក៏បាន​បញ្ជាក់ដែរថា គោលដៅ​នៃ​ការផលិត​វ៉ែនតា​ឆ្លាត​វៃ​ខាងលើនេះ មិនមែន​សម្រាប់​លក់​ឱ្យ​អតិថិជន​ទូទៅ​នោះទេ ផ្ទុយទៅវិញ​គឺ គោលដៅ​សម្រាប់​សហគ្រាស។

    លក្ខណសម្បត្តិ​វ៉ែនតា AR ទាំង ២ម៉ូ​ដែល ស្ទើរតែ​ដូចគ្នា​ទាំងស្រុង គ្រាន់តែ​ថា វា​ទាំង2 ត្រូវបាន​ធ្វើឡើង ដើម្បី​តម្រូវ​ទៅតាម​ករណី នៃ​ការប្រើប្រាស់​ផ្សេងគ្នា។

    សម្រាប់​ម៉ូ​ដែល ThinkReality A3 បំពាក់​មក​ជាមួយនឹង​ឈី​ប Snapdragon XR1 សម្រាប់​វ៉ែនតា​ឆ្លាត​វៃ និង 1ទៀត ម៉ូ​ដែល​ThinkReality A3 PC Edition ដែល​ត្រូវបាន​បង្កើតឡើង សម្រាប់​ឱ្យ​វា​ភ្ជាប់​ជាមួយនឹង PC តែម្ដង ដើម្បី​ធ្វើការ​ប្រើប្រាស់​វា ឱ្យ​អាចធ្វើ​ការបង្ហាញ​កម្មវិធី​នៅលើ Windows បាន5 នៅលើ​ផ្ទៃ​បង្ហាញ​និម្មិត​នៃ​វ៉ែនតា​នោះ។

    ថាមពល​ថ្ម របស់​វា អាស្រ័យទៅលើ​ឧបករណ៍ ដែល​នឹង​ត​ភ្ជាប់​មកជា​មួយ​ប៉ុណ្ណោះ ដោយ​ធ្វើបែបនេះ នឹង​ជួយ​ឱ្យ​វា កាន់តែ​ស្រាល​ងាយស្រួល​ពាក់ ប៉ុន្តែ​អ្នក​ប្រើ​ត្រូវ​ការភ្ជាប់​វា​ដោយ​ប្រើ​ខ្សែ USB-C 3.1 ទៅកាន់​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​នោះ។

    សូម​ជម្រាបជូន​ដែរ​ថា Lenovo មិនទាន់​បញ្ជាក់​ពី​តម្លៃ​របស់ ThinkReality A3 ទាំង 2ម៉ូ​ដែល​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា វ៉ែនតា​ឆ្លាត​វៃ​នោះ នឹង​បង្ហាញខ្លួន នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ2021 ខាងមុខនេះ៕