Author: ធឿន មករា

  • រៀន​តាម​ចំណូលចិត្ត​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ដែល​ជំរុញ​ឱ្យ​មានប្រសិទ្ធភាព​ទាំង​ការងារ​ និង​ការ​ធ្វើអាជីវកម្ម​

    រៀន​តាម​ចំណូលចិត្ត​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ដែល​ជំរុញ​ឱ្យ​មានប្រសិទ្ធភាព​ទាំង​ការងារ​ និង​ការ​ធ្វើអាជីវកម្ម​

    មនុស្ស​មួយចំនួន​យល់ឃើញ​ថា​ ការ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ គួរតែ​ជ្រើសរើស​យក​មុខវិជ្ជា​ណា​ដែល​ធ្វើ​ឱ្យ​ខ្លួនឯង​រីករាយ​ ឬស្របតាម​ចំ​-ណង់​ចំណូលចិត្ត​ ព្រោះ​គេ​យល់ឃើញ​ថា​ ការអប់រំ​ គឺ​ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ពេញ​មួយ​ជីវិត​ ខណៈ​មនុស្ស​មួយចំនួន​ទៀត​យល់ថា​ ការ​ចាប់​យក​អាជីព​សម្រាប់​អនាគត​ គួរតែ​ជ្រើសរើស​យក​អាជីព​ណា​ដែលគេ​ពេញនិយម​ ទទួល​បាន​លុយកាក់​ច្រើន​ ឬមានមុខមាត់​ល្បី​ជាដើម​។

    លោក​ អាំង​ ភារៈ​ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ ជា​កត្តា​សំខាន់​ដែល​មនុស្ស​ម្នា​ក់ៗ​គួរ​ពិចារណា​។ ប្រសិនបើ​យើង​ជ្រើសរើស​មុខជំនាញ​ដែល​មិន​ត្រូវ​នឹង​អ្វី​ដែល​យើង​ស្រឡាញ់​ពិតប្រាកដ​ នោះ​ការសិក្សា​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដែរ​ ព្រោះ​យើង​មិន​ចូលចិត្ត​ ហើយ​គិតថា​ វា​ជា​សម្ពាធ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួនឯង​ ហើយ​បើ​ទោះបីជា​ខំ​សិក្សា​ ឬធ្វើ​ការងារ​បាន​ល្អ​ហើយក៏​ដោយ​ ក៏​ពេលខ្លះ​យើង​នៅតែ​មិន​សប្បាយចិត្ត​ដែរ​។ ជាក់ស្តែង​ យើង​ឃើញថា​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​បាន​បោះបង់​អាជីព​ដែល​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ៗ ហើយ​មក​ធ្វើការងារ​ដែល​ខ្លួន​ស្រឡាញ់​វិញ​ បើ​ទោះបីជា​អាជីព​នោះ​មាន​ចំណូល​តិច​ជាង​អាជីព​ចាស់​ក៏ដោយ​។

    លោក​ អាំង​ ភារៈ​ បាន​និយាយ​ថា​៖ «មុន​ចាប់​អាជីព​ការងារ​ គួរ​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ថា​ តើ​យើង​ជា​មនុស្ស​មាន​ទេពកោសល្យ​ផ្នែក​ណាខ្លះ​ មាន​ចំណង់​ចំណូលចិត្ត​អ្វីខ្លះ​ ហើយ​ការងារ​របៀបណា​ខ្លះ​ដែល​ធ្វើ​ឱ្យ​យើង​ធ្វើការងារ​ដោយ​មិន​នឿយហត់​»។

    អ្នកជំនាញ​ផ្នែកការ​ងារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ មាន​មនុស្ស​ខ្លះ​ឆាប់​ដឹងខ្លួន​ឯង​ថា​ ពេល​មិន​សូវ​ស្រឡាញ់​ការងារ​របស់​ខ្លួនឯង​ ក៏អាច​ឆាប់​ងាក​ទៅ​ស្វែងរក​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ តែ​មាន​មនុស្ស​ខ្លះទៀត​ចំណាយពេល​វេលា​ជាច្រើន​ឆ្នាំ​ដើម្បី​មក​វិញ​។ គោលដៅ​នៃ​ការរស់នៅ​របស់​មនុស្ស​ម្នា​ក់ៗ​ ចង់​បាន​សេចក្តី​សុខ​ ហេតុនេះ​ការ​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ពិតប្រាកដ​ អាច​ធ្វើ​ឱ្យ​យើង​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ​ ហើយ​កម្លាំង​ជំរុញ​វិជ្ជមាន​ជាច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ធ្វើ​ឱ្យ​ការងារ​កាន់តែ​ប្រសើរ​ឡើង​ តែ​ប្រសិនបើ​យើង​ធ្វើ​ការងារ​ដែល​មិន​ស្រឡាញ់​វិញ​នោះ​ យើង​នឹង​មាន​អារម្មណ៍​ថា​ ឆាប់​នឿយហត់​ ឬងាយ​បាក់ទឹកចិត្ត​ ទោះ​បី​ជា​មាន​លុយកាក់​ច្រើន​ក៏​មិន​ប្រាកដ​ថា​ សប្បាយចិត្ត​ដែរ​។

    លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ ស្ថាបនិក​ក្រុមហ៊ុន​នា​ឡិ៍​ បាន​លើកឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​ មាន​មនុស្ស​វ័យក្មេង​ជាច្រើន​ដែល​បរាជ័យ​ក្នុង​ការ​រកស៊ី​ជាច្រើនលើក​ច្រើនសា​ ហើយ​នៅតែ​បន្ត​ធ្វើ​មិនបាន​ល្អ​ដដែល​ បើ​ទោះបីជា​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ​។ បញ្ហា​ទាំងអស់​នោះ​កើតមក​ពួកគេ​រក​មិនឃើញ​ពី​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​។ លោក​ថា​ បច្ចុប្បន្ន​នេះ​មនុស្ស​វ័យក្មេង​មួយចំនួន​បាន​មើលឃើញ​ពី​រូបភាព​ខាងក្រៅ​ច្រើនជាង​មើលឃើញ​ពី​ចំណូលចិត្ត​ខាង​ក្នុង​របស់​ខ្លួន​ ដូចជា​ស្វែងរក​មុខរបរ​ដែលគេ​រកលុយ​បាន​ច្រើន​ រកមុខ​របរ​ដែល​អាច​លេចមុខលេចមាត់​ ឬហ៊ឺហា​ជាង​មុខរបរ​ដែល​ពួកគេ​ពេញចិត្ត​នឹង​ធ្វើ​យ៉ាង​អស់ពី​ចិត្ត​។

    លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ បាន​និយាយ​ថា​៖ «សម្រាប់​ខ្ញុំ​ក៏​ដូចគ្នា​ ខ្ញុំ​បាន​ចំណាយពេល​ជា​យូរឆ្នាំ​ដើម្បី​ស្វែងរក​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​ មុននឹង​ខ្ញុំ​សម្រេចចិត្ត​អភិវឌ្ឍ​ចង្វាក់​ផលិតកម្ម​នេះ​ឡើង​ រហូត​មានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​»។

    សហគ្រិន​ខាងលើ​បាន​លើកឡើង​ថា​ ការ​ធ្វើអាជីវកម្ម​មិនមែន​ងាយស្រួល​ដូច​គ្រប់គ្នា​ ជាពិសេស​យុវជន​យល់ឃើញ​នោះ​ទេ​ តែ​វា​មាន​ឧបសគ្គ​ជាច្រើន​ដែល​ទាមទារ​ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​វា​ឱ្យ​បាន​ស្វិតស្វាញ​បំផុត​ ហេតុនេះ​ប្រសិនបើ​យើង​មិន​ស្រឡាញ់​វា​ពិតប្រាកដ​ ឬវា​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​យើង​អាច​នឹង​មាន​ភាព​នឿយណាយ​បន្តិច​ម្តង​ៗរហូត​បោះបង់​វា​ចោល​នៅពេល​រវល់​ខ្លាំង​ជាមួយនឹង​ការ​ដោះស្រាយ​បញ្ហា​ច្រើនពេក​។ លោក​ថា​ ពេលខ្លះ​ចំពោះ​អាជីវកម្ម​ចាប់ផ្តើម​ដំបូង​ ត្រូវ​ដោះស្រាយ​រឿង​ហិរញ្ញវត្ថុ​ និង​បញ្ហា​បុគ្គលិក​ជាដើម​ ដែល​ទាមទារ​ឱ្យ​មាន​ភាព​បត់បែន​ខ្ពស់​ និង​តស៊ូ​រហូតដល់​ចំណុច​វិជ្ជមាន​មួយ​ ហេតុនេះ​ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​វា​ពិតប្រាកដ​ នោះ​មានន័យថា​ វា​ជា​ឱកាស​ដែល​ធ្វើ​ឱ្យ​យើង​បញ្ចេញ​សមត្ថភាព​ដើម្បី​បំពេញ​រឿង​ដ៏​មានន័យ​សម្រាប់​ជីវិត​ មិន​មាន​សម្ពាធ​ខ្លាំងពេក​នោះ​ទេ​។ ការ​ធ្វើបែប​នេះ​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ជំរុញ​វិជ្ជមាន​ជាប់​ជានិច្ច​ ព្រោះ​គោលដៅ​របស់​យើង​គឺ​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​មួយ​ដែល​ចិត្ត​យើង​ចង់​ និង​រីករាយ​ក្នុង​ការ​ធ្វើ​វា​៕

  • ការបង្កើត​ផលិតផល​ទេសចរណ៍​ និង​ម្ហូបអាហារ​ប្រពៃ​ណី​ថ្មី​ៗ ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​

    ការបង្កើត​ផលិតផល​ទេសចរណ៍​ និង​ម្ហូបអាហារ​ប្រពៃ​ណី​ថ្មី​ៗ ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ការពង្រីក​តំបន់​ទេសចរណ៍​ដែល​មានស្រាប់​នៅក្នុង​ខេត្តសៀមរាប​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ខាងត្បូង​ ដែល​ការ​លើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ចំនួន​ 20​% នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​ ដែល​ធ្វើដំណើរ​មក​ខេត្តសៀមរាប​ក្នុង​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ចង្អុលបង្ហាញ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ទៅកាន់​ខេត្តសៀមរាប​កំពុង​ថយ​ចុះ​ ហើយ​ ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់​ធ្វើការ​រួមគ្នា​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ និង​កូរ៉េ​ និង​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ស្នាក់នៅ​បាន​យូរ​ជាង​នេះ​។

    ឯកឧត្តម​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ យើង​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​។ រដ្ឋាភិបាល​កំពុង​សិក្សា​ផែនការមេ​ទេសចរណ៍​សម្រាប់​ខេត្តសៀមរាប​ យើង​បាន​កំណត់​អត្តសញ្ញាណ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ជាពិសេស​នៅ​លើ​ភ្នំ​គូលែន​ តំបន់​ទន្លេសាប​ និង​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​។

    ឯកឧត្តម​ បាន​មានប្រសាសន៍​ថា​៖“ឥឡូវនេះ​ក្រសួង​កំពុង​ជំរុញ​អាជ្ញាធរ​ខេត្តសៀមរាប​ឱ្យ​តុបតែង​ផ្លូវ​ និង​បង្កើត​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ដែល​បម្រើភ្ញៀវ​ទេសចរ​ចិន​ និង​កូរ៉េ​”។ លោក​ក៏បាន​ស្នើ​ឱ្យ​អាជីវករ​ចៀសវាង​ការ​លក់​ផលិតផល​ក្លែងក្លាយ​ឱ្យទៅ​ភ្ញៀវ​ទេសចរ​នៅពេល​ដែល​ពួកគេ​មក​ទស្សនា​ប្រទេស​យើង​នា​ពេល​បច្ចុប្បន្ន​។

    លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ការ​អត្ថា​ធិប្បាយ​របស់​លោក​រដ្ឋមន្ត្រី​ គឺ​ចំ​ពេល​ហើយ​។ យើង​ក៏​លើកទឹកចិត្ត​ផង​ដែរ​ដល់​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗនៅក្នុង​គោលដៅ​ទេស​-ចរណ៍​សំ​ខាន់​ៗ ដូចជា​ខេត្តសៀមរាប​នេះ​”។

    លោកជំទាវ​ បាន​បន្ថែម​ថា​៖“យើង​ចង់ឱ្យ​អ្នកទេសចរ​ ស្នាក់នៅ​បាន​យូរ​ ហើយ​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ជោគជ័យ​ គឺ​តាមរយៈ​ផលិតផល​ និង​ទិសដៅ​ទេសចរណ៍​ថ្មី​។ ភ្ញៀវ​ទេសចរ​ អាច​ទស្សនា​ប្រាសាទបុរាណ​នៅពេល​ថ្ងៃ​ ហើយ​បន្ទាប់មក​ពួកគេ​អាច​រីករាយ​ជាមួយ​កន្លែង​ទេសចរណ៍​ដទៃទៀត​ ដូចជា​គ្រឹះស្ថាន​ទេសចរណ៍​ធម្មជាតិ​ និង​នៅពេល​យប់​ ពួកគេ​អាច​ទស្សនា​ផ្សារ​រាត្រី​ ឬកន្លែង​ថ្មី​ៗផ្សេងទៀត​”។

    ក្នុង​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​អ្នកធ្វើ​វិស្សមកាល​ចំនួន​ 3.3លាន​នាក់​ កើនឡើង​ 11​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទេសចរ​ចិន​បាន​បន្ត​ឈរ​នៅ​លើ​លំដាប់​ទី1​ នៃ​ទីផ្សារ​ទេសចរណ៍​នៅ​កម្ពុជា​។ ប្រជា​-ជន​ចិន​ចំនួន​ 1.2លាន​នាក់​បាន​មក​ធ្វើទស្សនកិច្ច​ប្រទេស​កម្ពុជា​ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​។ កាលពី​ឆ្នាំមុន​មាន​ជនបរទេស​ចំនួន​ 6.2លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ គឺ​កើនឡើង​ 10.7​%ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

    ជាមួយនឹង​ការ​ឆ្លើយតប​ និង​មាន​វិធានការ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ ខណៈ​ដែល​តួលេខ​បាន​បង្ហាញ​ពី​ឱនភាព​នៃ​ចំនួន​ទេសចរ​នៅ​តំបន់​អង្គរ​នៅដើម​ឆ្នាំ​ 2019នេះ​ ក្រសួងទេសចរណ៍​បាន​ជំរុញ​ និង​បង្កើនផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗទៀត​ ដោយ​បាន​សហការ​ជាមួយ​ប្រទេស​ជប៉ុន​ផង​ដែរ​។

    ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ជាមួយនឹង​ការ​ដាក់​វិធាន​កា​រថ្មីៗ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្តម​ ថោង​ ខុន​ បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​បន្ថែម​ទៀត​ ពិសេស​តាមរយៈ​ការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើ​ការបង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ទេសចរ​ចូលនិវត្តន៍​ ក៏ដូចជា​ការ​ជួយ​កសាង​ផ្លូវ​មួយចំនួន​ចូល​ទៅកាន់​សហគមន៍​ទេសចរណ៍​សំខាន់​។

    ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ លោក​ Hidehisa​ HORINOUCHI​ ឯកអគ្គ​រាជ​ ទូត​ជប៉ុន​ ឯកឧត្តម​ ថោង​ ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើង​ពី​ការ​រីកចម្រើន​មួយចំនួន​លើ​វិស័យ​ទេសចរណ៍​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ក៏ដូចជា​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដែរ​។ ក្នុង​នោះ​ កាលពី​ឆ្នាំ​2018​ ក្នុងចំណោម​ 6គម្រោង​វិនិយោគ​របស់​ជប៉ុន​គឺ​មាន​ 2គម្រោង​ បាន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ ដែល​មាន​ទុន​វិនិយោគ​ដល់​ជាង​ 800​ លាន​ដុល្លារ​អាមេរិក​។

    នៅ​ឆ្នាំ2018​ ទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​មាន​ចំនួន​ជាង​ 21ម៉ឺន​នាក់​ ក្នុង​កំណើន​ជាង​ 3.5​% ហើយ​ក្នុងរយៈពេល​ 6ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ជាង​ 10ម៉ឺន​នាក់​ ក្នុង​កំណើន​ 3%។ ព្រម​ជាមួយ​នោះ​កាល​ឆ្នាំ2018​ កន្លងមក​ ក៏​មាន​ទេសចរ​កម្ពុជា​ជាង​ 22,000នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ផង​ដែរ​។ បច្ចប្បន្ន​នៅ​ភ្នំពេញ​ មាន​សណ្ឋាគារ​ដែល​វិនិយោគ​ដោយ​ជនជាតិ​ជប៉ុន​ចំនួន​9 ដែល​មាន​សរុប​ជិត​ 1,000បន្ទប់​ មាន​ភោជនីយ​-ដ្ឋាន​ចំនួន​ 56​ ដែល​មាន​ជាង​ 3,300កៅអី​ផង​ដែរ​។

    ដោយឡែក​នៅក្នុង​សន្និសីទ​អន្ដរ​ជាតិ​លើក​ទី1​ ក្រោម​ប្រធានបទ​“លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី​ និង​បេតិកភណ្ឌ​ ដើម្បី​ការ​អភិវឌ្ឍ​ទេសចរណ៍​ ប្រកបដោយ​ចីរភាព​” បាន​បង្ហាញថា​ ក្នុងចំណោម​ចំនួន​ទេសចរ​សរុប​ ដែល​ចេញ​ទស្សនា​នៅ​ជុំវិញ​ពិភពលោក​ មាន​ 40​%ជា​ប្រភេទ​ទេសចរណ៍​វប្បធម៌​ និង​ម្ហូបអាហារ​ មានន័យថា​ ម្ហូបអាហារ​ក៏​ជា​កត្តា​ដ៏​សំខាន់​ផង​ដែរ​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​គោលដៅ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​។

    លោក​ Xu​ Jing​ នាយក​ UNWTO​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​លើកឡើង​ពី​តួនាទី​របស់​ ផ្នែក​អាហារ​វិទ្យា​ ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក​ ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​កត់សម្គាល់​ពីសា​រៈសំ​ខាន់​របស់​ទេសចរណ៍​ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​។ លោក​បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗឱ្យ​បាន​ច្រើន​ ដើម្បី​រួមចំណែក​ជំរុញ​ចរន្ត​លំហូរ​ទេសចរ​ពិភពលោក​ឱ្យ​កាន់តែ​សកម្ម​ ឧទាហរណ៍​ទេសចរណ៍​ម្ហូបអាហារ​ដែល​កំពុង​ធ្វើសន្និសីទ​នៅពេល​នេះ​ ក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​ចាំបាច់​មួយ​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ផង​ដែរ​”។

    លោក​ XU​ បាន​មានប្រសាសន៍​ថា​៖“ វិស័យ​ទេសចរណ៍​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​។ ការបង្កើត​ការ​ផ្តល់​ជូន​អាហារ​តាមបែបបទ​ពិសោធ​ដោយ​ផ្អែកលើ​ទំនៀមទម្លាប់​ម្ហូបអាហារ​ក្នុង​ស្រុក​ និង​ការ​បញ្ចូល​ពួកវា​ទៅ​ក្នុង​ទេសភាព​ទេសចរណ៍​ជាតិ​ក៏​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែរ​។

    លោក​ Gavin​ Bell​ ប្រធាន​ក្រុម​កម្មវិធី​ពង្រឹង​សមត្ថភាព​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ទេសចរណ៍​ស្បៀង​ គឺជា​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​នៅ​ជុំវិញ​ពិភពលោក​។ ពិភពលោក​កំពុង​បើកចំហ​កាន់តែ​ខ្លាំង​ឡើង​ ហើយ​បាន​ក្លាយជា​សកល​ភាវូបនីយកម្ម​។ អ្នកទេសចរ​ស្វែងរក​បទ​ពិសោធ​ ដោយ​ផ្អែកលើ​អត្តសញ្ញាណ​ និង​វប្បធម៌​ក្នុង​តំបន់​។ វា​ជាផ្នែក​មួយ​ដែល​មាន​ ភាព​ស្វាហាប់​បំផុត​នៅក្នុង​ទីផ្សារ​ទេសចរណ៍​។

    លោក​បាន​កត់សម្គាល់​ថា​ ការ​ស្ទង់​មតិ​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ផ្សងព្រេង​ទេស​ចរ​ណ៍​ត្រេ​ឌីង​ បាន​រក​ឃើញ​ថា​ ថវិកា​ប្រមាណ​ 25​% នៃ​ថវិកា​របស់​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​ចំណាយ​ទៅលើ​ម្ហូបអាហារ​។ ការស្ទង់មតិ​ដដែល​រក​ឃើញថា​ 81​%នៃ​ភ្ញៀវ​ទេសចរ​បាន​រៀន​យល់ដឹង​អំពី​ប្រពៃណី​ធ្វើម្ហូប​ក្នុង​ស្រុក​ នៅពេល​ពួកគេ​ទៅលេង​គោលដៅ​ ខណៈ​ 81​%នៃ​ភ្ញៀវ​ទេសចរ​ទាំងអស់​ជឿ​ថា​ ម្ហូបអាហារ​ និង​ភេសជ្ជៈ​បាន​ជួយ​ក្នុង​ការ​ស្វែងយល់​អំពី​វប្បធម៌​ក្នុង​តំបន់​៕

  • ឧស្សាហ៍​នាំ​កូន​ញ៉ាំបាយ​ល្ងាច​ជុំគ្នា​ ក៏អាច​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​ពូកែ​បាន​ដែរ​

    ឧស្សាហ៍​នាំ​កូន​ញ៉ាំបាយ​ល្ងាច​ជុំគ្នា​ ក៏អាច​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​ពូកែ​បាន​ដែរ​

    មិន​គួរ​ឱ្យ​ជឿ​សោះ​! កូន​នឹង​ក្លាយជា​ក្មេង​រៀន​ពូកែ​ ប្រើប្រាស់​ភាសា​ និង​មានសម្ដី​សំដៅ​ល្អឥតខ្ចោះ​ ជា​អ្នកអាន​ដ៏​ប៉ិនប្រសប់​ ថែមទាំង​ចេះ​សម្រប​ខ្លួន​បាន​គ្រប់​ស្ថានការណ៍​ទៀតផង​…សមត្ថភាព​ទាំងអស់​នេះ​អាច​កើតឡើង​បាន​យ៉ាង​ងាយ​ ដោយ​គ្រាន់តែ​អាណាព្យាបាល​ឧស្សាហ៍​នាំ​កូន​ញ៉ាំបាយ​ពេលល្ងាច​នៅក្នុង​ផ្ទះ​ជុំគ្នា​ជាមួយ​លោកឪពុក​អ្នកម្តាយ​តែប៉ុណ្ណោះ​… តើ​អ្វី​ដែល​រៀបរាប់​មកនេះ​ ជា​រឿង​ពិតមែន​ឬ? ចាស​ គឺជា​រឿង​ពិត​… ព្រោះ​លទ្ធផល​នៃ​ការសិក្សា​វិភាគ​ 5យ៉ាង​នៅក្នុង​សហរដ្ឋអាមេរិក​ បាន​រក​ឃើញថា​ ៖

    1. កុមារ​ដែល​ចេញ​មក​ពី​ក្រុម​គ្រួសារ​ដែល​តែងតែ​ទទួលទានបាយ​ជុំគ្នា​ជា​ញឹកញាប់​នោះ​ នៅពេល​ធំឡើង​ ច្រើនតែ​មិនសូវ​មាន​បញ្ហា​រឿង​ជក់បារី​ ផឹកស្រា​សេព​គ្រឿងញៀន​មាន​សម្ពន្ធភាព​ផ្លូវភេទ​មុន​វ័យ​សមគួរ​ ឬកើតរោគ​ស្រ​ពាប់​ស្រពោន​ គិត​ខ្លី​រហូតដល់​ចង់​ធ្វើ​អត្តឃាត​ដូច​កុមារ​ដែល​មិនដែល​ញ៉ាំបាយ​ជុំគ្នា​ជាមួយ​ឪពុក​ម្តាយ​នោះ​ឡើយ​។

    2. កុមារ​ដែល​បាន​ញ៉ាំបាយ​ជួបជុំគ្នា​ ដោយ​មាន​លោកប៉ា​ជា​អ្នក​អង្គុយ​នៅ​ក្បាល​តុ​ នឹង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាន​ភាព​កក់ក្តៅ​កាន់តែ​ខ្លាំង​ឡើង​ មានការ​និយាយ​ពិគ្រោះគ្នា​ ផ្តល់​នូវ​ការណែនាំ​ពី​ទង្វើ​នៃ​ការ​ហូបចុក​ដែល​ល្អ​ត្រឹម​ត្រូវ​ ធ្វើ​ឱ្យ​មាន​សុជីវធម៌​ក្នុង​ការ​បរិភោគ​។ ពេល​ធំ​ឡើង​កុមារ​ថែមទាំង​មាន​សញ្ញា​ថា​អាច​នឹង​ក្លាយ​ជា​អ្នកអាន​សៀវភៅ​ដ៏​ពូកែ​ម្នាក់ទៀត​ផង​។

    3. កុមារ​ដែល​លោកឪពុក​អ្នកម្តាយ​បាន​ចូលរួម​ទទួលទានបាយ​ជាមួយ​ នឹង​មាន​លទ្ធផល​ការរៀនសូត្រ​ និង​មាន​ជំនាញ​ក្នុង​ការប្រើ​ភាសា​ទំនាក់ទំនង​ ល្អ​ជាង​កុមារ​ដែល​មិនបាន​ញ៉ាំបាយ​រួម​ជាមួយ​ឪពុក​ម្តាយ​ និង​ថែមទាំង​មិនសូវ​មាន​បញ្ហា​រឿង​កើតរោគ​ធាត់​ ដែល​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​ដល់​ការ​វិវឌ្ឍ​ទៀតផង​។

    4. ពេល​ឈាន​ចូល​ទៅ​រក​វ័យ​ត្រៀម​ជំទង់​(ជិត​ស្ទាវ​) កុមារ​នឹង​មិនសូវ​មាន​បញ្ហា​រឿង​សុខភាព​ ឬប្រថុយប្រថាន​នឹង​ទង្វើ​ខុសប្រក្រតី​ខាង​ការ​ហូបចុក​ ដូចជា​ មិន​ញ៉ាំ​អាហារ​ញ៉ាំ​កាន់តែ​តិច​ទៅ​ ឬព្យាយាម​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​(ចំពោះ​កូនស្រី​) ពឹង​លើ​បារី​ដើម្បី​បញ្ចុះទម្ងន់​ឬក្អួត​ក្រោយពេល​ញ៉ាំបាយ​រួច​ជាដើម​ ព្រោះ​ការ​បាន​ទទួលទាន​អាហារ​ជុំគ្នា​នឹង​ធ្វើ​ឱ្យ​កើតមាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​រឿង​បរិភោគ​ អាច​សង្កេតឃើញ​បាន​ឆាប់រហ័ស​ បើ​កូន​មាន​អាការ​ខុសប្រក្រតី​ណា​មួយ​ លោកឪពុក​អ្នកម្តាយ​នឹងអាច​កែ​បញ្ហា​បាន​ទាន់ពេល​វេលា​។

    5. កុមារ​នឹង​ចេះ​សម្រប​ខ្លួន​តាម​ស្ថាន​ភាព​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ​ បានឃើញ​ភាព​ជា​ធ្លុងមួយ​ បាន​នៅជា​ក្រុម​ជុំគ្នា​ កុមារ​នឹង​គិត​បែបនេះ​រហូតដល់​ធំ​ក្លាយជា​មនុស្សចាស់​។ ដូច្នេះហើយ​ទើប​បងប្អូន​ដែល​ធ្លាប់​អង្គុយ​ញ៉ាំបាយ​រួម​តុ​ជាមួយគ្នា​នៅតែ​មាន​ទំនាក់ទំនង​នឹងគ្នា​ និង​មាន​ភាព​ជិតដិត​ ស្និទ្ធស្នាល​នឹងគ្នា​រហូតដល់​ពេល​ធំឡើង​ហ្នឹងឯង​។

    ចុះបើ​មិនបាន​ទទួលទានបាយ​ជុំគ្នា​វិញ​នោះ​..?
    កុមារ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការរស់នៅ​ទាំង​នៅផ្ទះ​ និង​នៅ​សាលារៀន​ អាច​ចេះ​ផឹកស្រា​មុន​អា​យុ​ សេព​គ្រឿងញៀន​ ឬអាច​មាន​ទង្វើ​ខាង​កា​របរិ​ភោគ​ដែល​ខុសពី​ប្រក្រតី​ ។ អ្នកស្រី​ បារ៍​បារ៉ា​ ហ្វ៊ី​សអ្នកវិភាគ​ និង​ជា​សាស្ត្រា​ចារ្យ​នៅ​មហាវិទ្យាល័យ​អុី​លលី​ណយស៍​ បាន​ចង្អុលបង្ហាញ​ថា​ ទោះជា​មិន​មាន​ពេលវេលា​ទទួលទាន​អាហារ​ជុំគ្នា​បាន​រាល់​ថ្ងៃ​ក៏ដោយ​ តែ​យ៉ាងហោចណាស់​គួរ​រៀបចំ​ឱ្យ​បាន​3ដង​ក្នុង​ 1សប្តាហ៍​ដែរ​ សុខភាព​ដ៏​ល្អ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​របស់​កុមារ​ក៏អាច​កើតមានឡើង​បាន​ដែរ​៕

  • នៅ​ស្ថាប័ន​យើង​ មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​

    នៅ​ស្ថាប័ន​យើង​ មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​

    អ្វី​ៗទាំងឡាយ​បង្កើត​ឡើង​ដោយ​មនុស្ស​ វា​មិនកើត​ឡើង​ដោយខ្លួនឯង​ទេ​ គឺ​ត្រូវ​មាន​អ្នកបង្កើត​។ ប្រសិនបើ​យើង​ខ្សោយ​ យើង​បង្កើត​វា​ឡើង​ដោយ​លំបាក​ បង្កើត​មិនបាន​ ឬអាច​នឹង​ស្លាប់​ដោយសារតែ​ការបង្កើត​ទៀតផង​។ តួយ៉ាងដូចជា​ ម្ដាយ​ដែល​ខ្សោយ​ ពេល​បង្កើតកូន​ អាច​គ្រោះថ្នាក់​អ៊ីចឹង​ដែរ​ តែ​ប្រសិនបើ​ម្ដាយ​នោះ​មាន​សុខភាព​ខ្លាំង​ គឺ​បង្កើតកូន​បាន​ដោយ​ស្រួល​។ មនុស្ស​អាចប​ង្កើត​មនុស្ស​បាន​ហេតុអ្វីបានជា​យើង​មិន​អាច​ ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​ក្លាយទៅជា​អ្នកដឹកនាំ​? ហេតុអ្វីបានជា​យើង​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​ដឹកនាំ​ជីវិត​ខ្លួនឯង​ ដោយ​ទុក​ឱ្យ​ពួកគេ​បង្កើត​ភាព​ស្មោកគ្រោក​ ឬបង្កើត​រឿង​លំបាកទៅ​ដល់​អ្នកដទៃ​? ហេតុអ្វីបានជា​យើង​ទុក​ឱ្យ​កូនក្មេង​ដែល​កើតមក​ខុស​ផ្ទៃ​មាតា​មានវាសនា​ខុសគ្នា​ បើ​ពួកគាត់​មិន​មាន​សិទ្ធិ​នៅក្នុង​ការ​ចាប់កំណើត​ផង​?

    តើ​យើង​ធ្វើ​ម៉េច​ អាច​ជួយ​មនុស្ស​ឱ្យ​ក្លាយទៅជា​អ្នកដឹកនាំ​បាន​? ដើម្បី​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ល្អ​ មនុស្ស​អស្ចារ្យ​ និង​មាន​សមត្ថភាព​ដឹកនាំ​ខ្លួនឯង​និង​អ្នកដទៃ​ទៅ​រក​ភាព​ឧត្តុង្គ​ឧត្តម​ខ្ពង់ខ្ពស់​។ មនុស្ស​យើង​មាន​ជម្រើស​តែ2ទេ​ គឺ​នាំ​ខ្លួនឯង​ឡើងឋានសួគ៌​ឬចុះ​ឋាននរក​ តែ​មនុស្ស​ភាគច្រើន​ដឹកនាំ​ខ្លួនឯង​ចុះទៅ​ឋាននរក​វិញ​។ ជាទូទៅ​ ផ្លូវ​ចុះទៅ​ឋាននរក​ មនុស្ស100នាក់​អាច​ចុះ​បាន​ទាំង100នាក់​ តែបើ​ចង់​ឡើងឋានសួគ៌​វិញ​ មនុស្ស100នាក់​គឺ​អាច​ឡើង​បាន​ប្រហែល​តែ1នាក់​ប៉ុណ្ណោះ​។ ផ្លូវ​ដែល​នាំ​មនុស្ស​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ គឺ​ដូចគ្នានឹង​ផ្លូវ​ដែល​នាំ​មនុស្ស​ឱ្យ​ឡើងឋានសួគ៌​ដែរ​។ ដូច្នេះ​ វា​ទាមទារ​ឱ្យ​យើង​មានការ​តាំងចិត្ត​ និង​ប្តេជ្ញា​ខ្ពស់​ណាស់​ ដើម្បី​កសាង​សង្គមភាព​ជា​អ្នកដឹកនាំ​ នៅ​ជំនាន់​ពួក​យើង​។ ដើម្បី​សម្រេចបេសកកម្ម​នេះ​ យើង​មិន​អាច​រស់​ដើម្បី​តែ​ខ្លួនឯង​ទៀត​ទេ​ ហើយ​ យើង​ក៏​មិន​អាច​ធ្វើអ្វី​តែម្នាក់​ឯង​ទៀត​ដែរ​។ យើង​ត្រូវ​ចាប់ផ្តើម​ ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ស្ថាប័ន​យើង​ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​? ខ្ញុំ​យល់ថា​ មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​ បើ​ពួកគេ​មាន3​ចំណុច​៖ ដឹង​ ខ្លួន​ ធ្វើ​។

    ចំណុច​ទី1​ – ដឹង3​៖ យើង​ចង់​អភិវឌ្ឍ​ស្ថាប័ន​របស់​យើង​ឱ្យ​មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ​ មិនថា​ពួកគាត់​ជា​អ្នកដឹកនាំ​ ឬជា​បុគ្គលិក​ គឺ​ត្រូវតែ​ដឹង3​៖ ដឹង​ទី1​ – ដឹង​ថា​ពួកគាត់​មក​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​បង្កើត​ភាព​រុងរឿង​ មាន​-ន័យ​ថាវ​ត្ត​មាន​របស់​ពួកគាត់​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ និង​បង្កើត​ភាព​រុងរឿង​។ ពួកគាត់​មិន​គួរ​មក​ធ្វើការ​ដើម្បី​យក​តែ​ប្រាក់ខែ​ ឬគ្រាន់តែ​មក​រៀន​យក​បទ​ពិសោធ​ប៉ុណ្ណោះទេ​ តែ​ពួកគាត់​មក​ដោះស្រាយ​បញ្ហា​ និង​បង្កើត​ភាព​រុងរឿង​។ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​ម្នា​ក់ៗ​ មក​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​តិច​ជាង10​% និង​បង្កើត​ភាព​រុងរឿង​ឱ្យ​ធំជាង90​%។

    ដឹង​ទី2​ – ដឹង​ថា​ Everything​ is​ because​ of​ me​and​ I am​ the​ source​ of​ everything​ មានន័យថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​។ យើង​ត្រូវ​ធ្វើ​ឱ្យ​ពួកគាត់​ដឹង​ថា​ពេល​ដែល​ពួកគាត់​មក​ធ្វើការ​ គឺ​កុំ​គិតថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​អ្នកដទៃ​ទៀត​។ ប្រសិនបើ​កន្លែង​ធ្វើការ​មាន​បញ្ហា​ គឺ​មក​ពី​ខ្ញុំ​មិន​ចេះ​ដោះស្រាយ​ មិន​ចេះ​ខ្វល់​ មិន​ចេះ​គិត​ និង​មិន​ចេះ​ធ្វើ​ម៉េច​ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ភាពល្អ​ប្រសើរ​។ ប្រសិនបើ​មក​ធ្វើការ​ជួប​មេ​ល្អ​ឬថៅកែ​ល្អ​ គឺ​រៀនសូត្រ​ពី​គាត់​ តែ​ប្រសិនបើ​មក​ធ្វើការ​ជួប​មេ​ឬថៅកែ​មិនល្អ​ គឺ​ត្រូវ​ដឹកនាំ​ជំនួស​គាត់​។ជាទូទៅ​ខ្ញុំ​សង្កេតឃើញ​ថា​ បុគ្គលិក​ភាគច្រើន​ខុស​ធ្ងន់​កន្លែង​ហ្នឹង​។ ពេល​ពួកគាត់​មក​ធ្វើការ​ជួប​មេ​ឬថៅកែ​ល្អ​ គាត់​ថា​វា​ជា​សំណាង​ គាត់​មានឱកាស​ដែល​បាន​ជួប​មេ​ឬថៅកែ​ល្អ​ ប៉ុន្តែ​នៅពេល​ដែល​មក​ជួប​មេ​ឬថៅកែ​មិនល្អ​ ពួកគាត់​នឹង​និយាយដើម​ ត្អូញត្អែរ​ ឬរត់​ចោល​តែម្តង​។ តាមពិត​ឱកាស​ដឹកនាំ​ គឺ​នៅកន្លែង​មេ​ឬថៅកែ​មិនល្អ​ ពីព្រោះ​ប្រសិនបើ​មេ​ឬថៅកែ​ល្អ​ តើ​ងាយ​ឯណា​នឹង​មានឱកាស​ទៅ​ដឹកនាំ​ជំនួស​គាត់​? ប៉ុន្តែ​ប្រសិនបើ​មេ​ឬថៅកែ​មិនល្អ​ មានន័យថា​ មេឬ​ថៅកែ​ឯណា​ចង់​យ៉ាប់​ឬចង់​មាន​បញ្ហា​? មេ​ឬថៅកែ​ណា​ក៏​ចង់​រុងរឿង​ និង​ចង់​មាន​សុភមង្គល​ដែរ​។ អ៊ីចឹង​កាលណា​មេ​ឬថៅកែ​មាន​បញ្ហា​ គឺ​គាត់​កំពុងតែ​ដង្ហោយ​ហៅរក​អ្នកជួយ​គាត់​ ហើយ​ប្រសិនបើ​យើង​អាច​ជួយ​ដោះស្រាយ​បញ្ហា​គាត់​បាន​ យើង​នឹង​ក្លាយទៅជា​អ្នកមានគុណ​របស់​គាត់​។ កាលណា​យើង​ក្លាយ​ទៅ​ជា​អ្នកមានគុណ​របស់​មេ​ គឺ​យើង​មានតម្លៃ​ឬឱកាស​ក្លាយ​មេ​ ឬដឹកនាំ​ជំនួស​មេ​។ ឱកាស​នេះ​ គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​បុគ្គលិក​គ្រប់គ្នា​។ បុគ្គលិក​គ្រប់គ្នា​ គឺ​អាច​ជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ មិនថា​នៅក្នុង​ស្ថាប័ន​ណា​ទេ​ អ្នក​អាច​ចាប់ផ្តើម​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ប្រាថ្នា​ ដោយ​គ្រាន់តែ​អ្នកជា​អ្នក​ចាប់ផ្តើម​មុន​ ពោល​គឺ​កុំ​ចេះតែ​ចង់​ ហើយ​មិន​ធ្វើ​។

    ដឹង​ទី3​ – ដឹង​ថា​ធ្វើអ្វី​ក៏ដោយ​ គឺ​ធ្វើខ្លួន​ជា​គ្រូ​កន្លែង​នោះ​។ បើ​ធ្វើអ្វី1ត្រូវ​ចេះ​ឱ្យ​ច្បាស់​ និង​អាច​បង្រៀន​គេ​បាន​ឬអាច​ក្លាយជា​គ្រូបង្រៀន​ផ្នែក​ហ្នឹង​បាន​។ ខ្ញុំ​សិក្សា​ឃើញ​មនុស្ស​ភាគច្រើន​ តែងតែ​បាត់​ឱកាស​ដោយសារតែ​ចេះ​អ្វី1មិន​ច្បាស់​ ឬចេះ​អ្វី1មិន​ប្រាកដ​។ប្រសិនបើ​យើង​ចេះ​ធ្វើអ្វី1ឱ្យ​ពិតប្រាកដ​ ចេះច្បាស់​អាច​បង្រៀន​គេ​បាន​ ឬក្លាយជា​គ្រូ​ជំនាញ​ឯកទេស​ខាង​ហ្នឹង​ គឺ​ខ្ញុំ​ជឿ​ថា​ យើង​នឹងអាច​មានឱកាស​ក្លាយ​ទៅជា​អ្នកដឹកនាំ​។ គ្រប់​ស្ថាប័ន​ទាំងអស់​ ប្រសិនបើ​យើង​អាច​កសាង​បុគ្គលិក​ឱ្យ​ក្លាយទៅជា​គ្រូ​បាន​ ស្ថាប័ន​នោះ​នឹង​ក្លាយទៅជា​ស្ថាប័ន​អ្នកដឹកនាំ​។ នៅ​លើ​លោក​នេះ​ទោះបី​យើង​មិន​ចេះ​អ្វីក៏ដោយ​ ឱ្យ​តែ​មាន​គ្រូបង្រៀន​គឺ​ចេះ​បាន​ទាំងអស់​។ នៅ​ប្រទេស​ជប៉ុន​គេ​ចាត់ទុក​គ្រូ​ គឺជា​អ្នកដឹកនាំ​។

    ចំណុច​ទី2​ – ខ្លួន3​៖ មិនថា​យើង​ជា​នរណា​ យើង​ត្រូវតែ​ធ្វើខ្លួន​៖ ទី1​ – ជា​មនុស្ស​ស្មោះត្រង់​ ទី2​ – ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ និង​ទី3​ – ជា​មនុស្ស​ទទួលខុសត្រូវ​។សព្វថ្ងៃ​នេះ​ មនុស្ស​ដែល​មាន​លក្ខណៈ​ទាំង3នេះ​មិន​ងាយ​រក​ទេ​។ ឧទាហរណ៍​ដូចជា​អ្នកទទួល​ខុស​ត្រូវ​ យើង​សម្បូរ​អ្នកទទួល​ត្រូវ​ ប៉ុន្តែ​អ្នកទទួល​ទាំង​ខុស​ទទួល​ទាំង​ត្រូវ​ គឺ​មិនសូវ​មាន​ទេ​។ ពាក្យ​ទទួល​ខុសត្រូវ​នេះ​ គឺ​មានន័យ​សំខាន់2គឺ​ 1 – ប្រសិនបើ​ចង់ឱ្យ​អ្វី1កើតឡើង​ គឺ​ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​ហើយ​បើ​គ្មាន​អ្នកទទួល​ខុសត្រូវ​ទេ​ រឿង​នោះ​មិន​អាច​កើតឡើង​បាន​ឡើយ​។ 2- ប្រសិនបើ​មាន​បញ្ហា​អ្វី1​ គឺ​ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ ហើយ​បើ​គ្មាន​អ្នកទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ទេ​ បញ្ហា​នោះ​មិន​អាច​បាត់​ទៅវិញ​ឡើយ​។មាន​បញ្ហា​អ្វីក៏ដោយ​ គេ​តែង​សួររក​អ្នកទទួល​ខុសត្រូវ​។ ជា​រួមមាន​ន័យ​ថា​ ទាំង​ការបង្កើត​ និង​ទាំង​ការ​ដោះស្រាយ​បញ្ហា​ គឺ​ត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​។

    ចំណុច​ទី3​ – ធ្វើ3​៖ 1 – សុ​បិន្ត – Dream​ ៖ ភាព​អស្ចារ្យ​នៃ​មនុស្សជាតិ​ គឺ​កើត​ពី​សុបិន​ មិនមែន​ចំណេះដឹង​ទេ​។ ក្ដី​សុបិន​ឬការ​ស្រមៃ​ ដើរលឿន​ជាង​ចំណេះដឹង​។ បើ​គ្មាន​ក្តី​ស្រមៃ​ គឺ​គ្មានអ្វី​កើតឡើង​ឡើយ​ ហើយ​បើ​គ្មាន​ក្តី​ស្រមៃ​ ចំណេះដឹង​គឺ​ឥតន័យ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ភាព​ខុសគ្នា​នៃ​មនុស្ស​យើង​ គឺ​មិន​ត្រឹមតែ​សុបិន​ទេ​ ទាល់តែ​មាន​កម្លាំង​ទី2​ – ធ្វើសកម្មភាព​ – Drive​ ៖ មានន័យថា​ យើង​ត្រូវតែ​ធ្វើសកម្មភាព​ឆ្ពោះទៅ​រកក្ដី​សុបិន​របស់​យើង​។ ឧទាហរណ៍​យើង​មាន​ក្ដី​សុបិន​ចង់ទៅ​ខេត្ត​ព្រះសីហនុ​ មនុស្ស​ភាគច្រើន​បាន​ត្រឹមតែ​សុបិន​ តែ​មិន​ធ្វើ​សកម្មភាព​ឬធ្វើដំណើរ​ឆ្ពោះទៅ​រក​ក្តី​សុបិន​នោះ​ឡើយ​។ មនុស្ស​ដែល​ខ្លាំង​ គឺ​តែងតែមាន​ក្ដី​សុបិន​ បូក​នឹង​ធ្វើសកម្មភាព​។ បើ​មានតែ​ក្ដី​សុបិន​ ហើយ​គ្មាន​សកម្មភាព​ គឺ​ស្មើនឹង​ទទេ​ (Dream​ without​ drive​ is​ nothing​) តែបើ​មានតែ​សកម្មភាព​ គ្មាន​ក្តី​សុបិន​ គឺ​ស្មើនឹង​ឥតបានការ​។ ដូច្នេះ​បើ​មាន​ទាំង​សុបិន​ និង​មាន​ទាំង​សកម្មភាព​ គឺ​ស្មើ​នឹង​អ្វី​ៗគ្រប់​យ៉ាង​។ មាន​សុបិន​ និង​មាន​សកម្មភាព​ គឺជា​រឿង​ល្អ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​។ កម្លាំង​ទាំង២នេះ​អាច​នឹង​មិន​សម្រេចជោគជ័យ​ បើ​គ្មានកម្លាំង​ទី3​ – វិន័យ​ – Discipline​ ៖ នៅពេល​ដែល​យើង​បើកឡាន​ បើ​យើង​ស្រវឹង​ គ្មាន​វិន័យ​នៅក្នុង​ការ​បើកបរ​ នោះ​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​។ មនុស្ស​ដែល​មិន​អាច​សម្រេច​ក្តី​សុបិន​ភាគច្រើន​ មិនមែន​ពួកគេ​មិន​ធ្វើសកម្មភាព​ទេ​ តែ​ពួកគេ​ខ្វះ​វិន័យ​។ មនុស្ស​ភាគច្រើន​មាន​សុបិន​ដែរ​ តែ​សុបិន​នោះ​មិន​មានតម្លៃ​គ្រប់គ្រាន់​ ដែល​នាំ​ឱ្យ​ពួកគេ​ធ្វើសកម្មភាព​ពិតប្រាកដ​។ ពួកគាត់​ភាគច្រើន​ធ្វើស​កម្ម​ភា​ពលេងៗ​ ហើយ​ចង់បាន​លទ្ធផល​មែនទែន​។ បើ​យើង​មាន​ក្ដី​សុបិន​ខ្សោយ​ សកម្មភាព​មិន​ខ្លាំង​ វិន័យ​មិន​ខ្ពស់​ ទោះបីជា​យើង​ប្រាថ្នា​អ្វីក៏ដោយ​ គឺ​មិន​អាច​សម្រេច​បាន​ឡើយ​៕

  • គម្រោង​ដី​ឡូត៍​ពុះ​លក់​នៅតែ​ពង្រីក​ខ្លួន​ និង​មាន​សក្ដានុពល​ឥត​ឈប់ឈរ​

    គម្រោង​ដី​ឡូត៍​ពុះ​លក់​នៅតែ​ពង្រីក​ខ្លួន​ និង​មាន​សក្ដានុពល​ឥត​ឈប់ឈរ​

    បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ​កំពុង​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​លក់​ និង​ទិញ​ដី​ឡូ​ត៍​តូច​ៗសម្រាប់​សង់​លំនៅឋាន​យ៉ាងសកម្ម​ឥត​ឈប់ឈរ​ ទោះជា​ស្ថិតនៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​ក៏ដោយ​ ក៏​សកម្មភាព​នៃ​ការ​លក់​-ទិញ​នៅតែ​មាន​សកម្មភាព​នៅ​តាម​គម្រោង​របស់​ក្រុមហ៊ុន​មួយចំនួន​ ខណៈ​ដែល​អ្នកទិញ​ភាគ​ច្រើន​យល់ឃើញ​ថា​ ការទិញ​ដី​ឡូត៍​ទុក​លក់​ នៅតែ​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ក្រោយពី​ការ​វិនិយោគ​រួច​។

    ប្រធាន​ផ្នែក​ទីផ្សារ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ Sanny​ Group​ លោក​ វិន​ ឈុន​ហ៊ា​ត ដែល​បាន​និង​កំពុង​ទទួល​គម្រោង​លក់​ដី​ឡូត៍​នៅ​តាម​តំបន់​ផ្លូវជាតិ​មួយចំនួន​ ជាពិសេស​នៅ​តាមផ្លូវ​ជាតិ​លេខ4​ បានឱ្យ​ដឹង​ថា​៖ “ការ​ពុះ​ដី​ឡូត៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4​ ពិតជា​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗក្នុង​មួយ​រយៈ​កន្លងមក​នេះ​ប្រាកដ​មែន​ ខណៈ​ដែល​រដ្ឋាភិបាល​ទទួល​បាន​ជំនួយ​ 110លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ4ឡើងវិញ​”។

    លោក​បាន​បន្ត​ថា​៖“ខណៈ​សកម្មភាព​ពុះ​ដី​ឡូត៍​ កំពុង​មាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ​ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​និង​កំពុង​សម្រុក​ទិញ​ដី​ឡូត៍​កាន់តែ​ច្រើន​ឡើង​ៗដែរ​។ ទន្ទឹមគ្នា​នោះ​ អ្នក​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ និង​កម្មករ​-កម្មការិនី​រោងចក្រ​ភាគច្រើន​ក៏បាន​នាំគ្នា​ទិញទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ជា​របស់​ខ្លួនឯង​ផ្ទាល់​ជាជាង​ជួលផ្ទះ​គេ​នៅ​តទៅទៀត​”។

    លោក​បាន​បញ្ជាក់​ថា​៖ “សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មក​ទិញ​ដី​ឡូត៍​ ភាគច្រើន​គឺ​ទិញទុក​លក់​បន្ត​ ឬទុក​សង់​ជា​ផ្ទះ​សម្រាប់​រស់នៅ​ខ្លួនឯង​ ដោយ​អ្នកខ្លះ​ទិញ1​ ទៅ​ 2ឡូត៍​ ខ្លះទៀត​នាំ​បងប្អូន​មក​ទិញ​ 2 ទៅ​ 6ឡូត៍​ក្នុង​ម្នា​ក់ៗ​ និង​ខ្លះទៀត​ទិញ​រហូត​ដល់​ 12ឡូត៍​ម្នាក់ឯង​ក៏​មាន​ ហើយ​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​លក់​អស់​ នៅសល់​ប្រមាណ​មិនដល់​ 10​%ទេ​ ដោយ​ដី​ឡូត៍​ទាំងនោះ​មាន​ទំហំ​ 5 X 20m​ ក្នុង​តម្លៃ​ប្រមាណ​ជា​ 6,000​-7,000​ ដុល្លារ​ ក្នុង1ឡូត៍​”។

    ជាមួយគ្នា​នេះ​ លោក​ប្រធាន​ផ្នែក​ទីផ្សារ​លក់​ដី​ឡូត៍​ក៏បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់​ និង​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ ចាប់ពី​រង្វង់​មូល​ចោមចៅ​ រហូតដល់​គីឡូម៉ែត្រ​ទី13​ ឬហួសពី​ហ្នឹង​ទៅមុខ​ប្រហែលជា​ 5គីឡូម៉ែត្រ​ទៀត​ កំពុងតែ​មាន​សកម្មភាព​សស្រោកសស្រាំ​ខ្លាំង​ឡើង​ៗ ទន្ទឹម​នឹង​ការ​ជួសជុល​ និង​ស្ថាបនា​ផ្លូវជាតិ​លេខ3​ ឆ្ពោះទៅ​កំពង់ផែ​ទឹកជ្រៅ​ខេត្តកំពត​ដែរ​ ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា​ ក៏​កំពុង​រំ​កឹល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទៅ​រក​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ និង​លេខ4​ នេះ​ដែរ​។

    លោក​ វិន​ ឈុន​ហ៊ា​ត បាន​ទទួលស្គាល់​ថា​៖“បច្ចុប្បន្ន​នេះ​ដោយសារតែ​រដូវភ្លៀង​ ការទិញ​-លក់​ដី​ឡូត៍​មានការ​រយាល​បន្តិច​ តែ​វា​មិន​ថមថយ​ចុះ​ទេ​និង​អាច​បន្ត​ទៅ​បាន​ 2-3ឆ្នាំទៅ​មុខ​ទៀត​ដោយ​មិន​មាន​បញ្ហា​ ដោយ​សកម្មភាព​នេះ​នឹង​មាន​បន្ត​នៅ​តាម​តំបន់​ជាយក្រុង​ តំបន់​ផ្លូវ41​ ផ្លូវ51​ (ផ្លូវថ្នល់​ទទឹង​)នៅ​តែ​មាន​តម្រូវការ​ ដោយសារ​រដ្ឋាភិបាល​មាន​គម្រោង​រើ​ឃ្លាំង​ស្តុក​ទំ​និញ​ធំៗ​ ក្រុមហ៊ុន​ និង​រោងចក្រ​មួយ​ចំនួន​ទៅ​នៅ​ជាយក្រុង​វិញ​។ ដូច្នេះ​ការ​ពុះ​ដី​ឡូត៍​វា​កំពុងតែ​មាន​វិសាលភាព​ និង​បាន​ពង្រីក​ខ្លួន​នៅ​តាម​តំបន់​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​”។

    លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Amatak​ Property​ Service​ បាន​ទទួលស្គាល់​ថា​៖“ការ​ពុះ​ដី​ឡូត៍​លក់​នៅ​តំបន់​ជាយ​-ក្រុង​ ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​មាន​អចលន​-ទ្រព្យ​នៅក្នុង​ដៃ​នឹងគេ​ ដែល​នឹង​អំណោយផល​ដល់​ពួកគាត់​ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ សម្រាប់​បំពេញ​ការ​ងារ​ផ្សេង​ៗ មិន​លំបាក​ជួល​គេ​រស់នៅ​តទៅទៀត​”។

    លោកស្រី​បន្ត​ថា​៖“សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​ អ្នកធ្វើការ​ក្រុមហ៊ុន​ សហគ្រាស​ ឬនៅ​តាម​រោងចក្រ​ ក៏អាច​មានឱកាស​ទិញ​ដី​ឡូត៍​ទុក​សម្រាប់​សាងសង់​ផ្ទះនៅ​ដោយខ្លួនឯង​បាន​ដែរ​។ បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ក្ដី​ ឱ្យ​តែ​មាន​លុយ​ទិញ​ដី​ គឺ​អាចយ​កប្លង់ដី​ទៅ​ដាក់​ធនាគារ​ រួច​យក​លុយ​មក​សង់ផ្ទះ​រស់នៅ​ខ្លួនឯង​បាន​ ទោះជា​អស់​ការប្រាក់​បន្តិច​ក្ដី​ ប៉ុន្តែ​ប្រសើរ​ជាង​ជួលផ្ទះ​គេ​នៅ​ដែរ​ និង​ដោយសារ​បច្ចុប្បន្ន​ការ​ផ្តល់​កម្ចី​ទិញ​ដី​ ឬសង់ផ្ទះ​មាន​ភាព​ងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ឬធ​នា​គារ​ផង​”។

    លោកស្រី​ តាំង​ ហួរ​ បាន​បញ្ជាក់​ថា​៖“ ដោយសារ​មាន​បញ្ហា​ខ្លះ​ ដែល​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​លក់​មួយ​ចំនួន​បាន​ធ្វើកន្លង​មក​ បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ និង​ការ​មិន​អាច​ទទួល​បាន​ប្លង់​រឹង​ភា្លមៗ​ ធ្វើ​ឱ្យ​ការ​ជួញដូរ​ដី​ឡូត៍​ពុះ​លក់​នេះ​ធ្លាក់ចុះ​បន្តិច​ ហើយ​ម្យ៉ាងទៀត​នោះ​ ការ​ពុះ​ដី​ឡូត៍​លក់​កន្លងមក​ ក៏​មាន​ទំ​ហំ​តូច​ៗ គឺ​5 X 20m​ ដូច្នេះ​ក្រុមហ៊ុន​ដែល​មាន​ដី​ធំៗ​ និង​កំពុង​ពុះបំបែក​ជា​ឡូត៍​លក់​នោះ​ គួរតែ​ពុះ​ក្នុង​ទំហំ​ 10​ X 20m​ ឬទំហំ​ 20​ X 30m​ ក្រែង​វា​អាច​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​លំនៅឋាន​ និង​ដី​ឡូត៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ទាំង​អ្នកទិញ​ និង​អ្នកលក់​”។

    តែ​ទោះជាយ៉ាងណា​ លោកស្រី​ តាំង​ ហួរ​ ក៏​មើល​ឃើញ​ដែរ​ថា​ គម្រោង​លក់​ដី​ឡូ​ត៍​តូច​ៗសម្រាប់​សាងសង់​លំនៅឋាន​នៅតែ​មាន​សក្តា​នុ​ពល​នៅក្នុង​តំបន់​អភិវឌ្ឍ​ន៍​ថ្មី​ៗ និង​បាន​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​អ្នកមាន​ចំណូល​ទាប​ និង​ចំណូល​មធ្យម​ដែល​អាច​សន្សំ​បាន​នូវ​ទុន​របស់​ខ្លួន​នា​ពេល​អនាគត​ ដោយសារ​ទីតាំងនៅ​ក្នុង​គម្រោង​ទាំងអស់​នោះ​ សុទ្ធតែ​ជាទី​តាំង​ដែល​កំពុង​មានការ​រីកចម្រើន​និង​កាន់តែ​រីកចម្រើន​ខ្ពស់​ឡើង​នា​ពេល​អនាគត​។

    ជាមួយនឹង​ទីតាំង​ដែល​មានការ​រីកចម្រើន​ទាំងអស់​នោះ​ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​អ្នកទិញ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែរ​ ព្រោះ​នៅពេល​មាន​ទីប្រជុំ​ជន​ធំៗ​ មាន​មនុស្ស​រស់នៅ​ច្រើន​ វា​នឹង​មាន​ផ្សារ​ មាន​សាលារៀន​ មន្ទីរពេទ្យ​ និង​វត្តអារាម​ ពិសេស​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ ប្រព័ន្ធ​អគ្គិសនី​ ប្រព័ន្ធ​លូ​ ប្រកបដោយ​ស្តង់​ដា​យ៉ាង​ពិតប្រាកដ​៕

  • ក្រសួង​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូលរួម​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​

    ក្រសួង​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូលរួម​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​

    ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​អំពាវនាវ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​ ចុះបញ្ជី​នៅក្នុង​ផ្សារហ៊ុន ​ផ.ម.ក ​(ផ្សារ​មូលបត្រ​កម្ពុជា​)ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​មូលនិធិ​ និង​ពង្រីក​ការ​ធ្វើអាជីវកម្ម​។

    ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មានប្រសាសន៍​ថា​៖“ការ​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​មានកម្រិត​ នៅតែ​ជា​បញ្ហា​ប្រឈម​កំពូល​មួយ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ហើយ​ជំរុញ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​។ តាមរយៈ​ការ​ធ្វើ​ដូច្នេះ​ពួក​នឹងអាច​រក្សា​ការប្រកួត​ប្រជែង​បាន​ព្រោះ​ពួកគេ​នឹង​ទទួល​បាន​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​ពង្រីក​។

    ដូច​បាន​ចែង​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ2015​-2025​ គោលដៅ​របស់​ រដ្ឋាភិបាល​ គឺ​ចង់ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​យ៉ាងតិច​ 80​%ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ឆ្នាំ​ 2025​។

    យ៉ាងហោចណាស់​ 50​%នៃ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវតែ​គោរព​តាម​គណនេយ្យ​ និង​គណនេយ្យ​ភាព​ឱ្យ​បាន​ត្រឹមត្រូវ​”។ គោលដៅ​នេះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ប៉ុន្តែ​មាន​សារៈសំខាន់​ណាស់​ព្រោះ​ការចុះបញ្ជី​ត្រឹមត្រូវ​ផ្តល់​នូវ​បង្អួច​មួយ​ទៅ​ក្នុង​ស្ថានភាព​អាជីវកម្ម​និង​ផ្តល់​គណនេយ្យ​ភាព​ដល់​ម្ចាស់ភាគហ៊ុន​។ ក្រុមហ៊ុន​ដែល​រក្សា​សៀវភៅ​គណនេយ្យ​ឱ្យ​ទាន់សម័យ​នឹង​ទទួល​បានការ​គាំទ្រ​ និង​ការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​រួម​ទាំង​ការ​បណ្តុះបណ្តាល​ និង​ជំនួយ​បច្ចេកទេស​។

    ទោះ​យ៉ាងណា​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​ដំបូង​ជា​ផ្លូវការ​ ពួកគេ​ត្រូវ​ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ និង​ធានា​ថា​ពួកគេ​អនុវត្ត​តាម​ស្តង់ដារ​គណនេយ្យ​”។ នេះ​បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​ស្តី​ពី​អាជីវកម្ម​កែច្នៃ​កសិផល​។យោង​តាម​របាយការណ៍​បាន​កត់សម្គាល់​ថា​“ ទីផ្សារ​មូលបត្រ​ អាច​ជួយ​ប្រមូល​ផ្តុំ​ហិរញ្ញប្បទាន​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​”។ សហគ្រាស​ខ្នាត​តូច​គឺជា​អាជីវកម្ម​ដែល​ជួល​បុគ្គលិក​ 10​ នាក់​ឬតិច​ជាង​នេះ​ ខណៈ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ច្រើនជាង​ 11​នាក់​។

    ឯកឧត្តម​ សុខ​គង់​ បាន​មានប្រសាសន៍​ថា​៖“វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការអប់រំ​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាល​។ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រហែល​ 520,000​ ប៉ុន្តែ​មានតែ​ប្រមាណ​ 15​ ម៉ឺន​ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​។ វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ច​។ ប្រសិនបើ​វិស័យ​នេះ​រីកចម្រើន​ ប្រទេស​នឹង​រីកចម្រើន​”។

    លោក​ សុខ​ ដារ៉ា​ អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​មូលធន​ បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ចម្បង​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​អាជីវកម្ម​ចុះបញ្ជី​ជា​សាធារណៈ​។

    លោក​បន្ត​ថា​៖ “ក្រុមហ៊ុន​ធុន​មធ្យម​មួយចំនួន​មានការ​ភាន់ច្រឡំ​នៅពេល​គិត​ពន្ធ​។ ពួកគេ​ខ្លាច​ថា​ប្រសិនបើ​ពួកគេ​ចុះឈ្មោះ​ និង​ចុះបញ្ជី​នៅ​ ផ.ម.ក​ ពួកគេ​នឹង​ត្រូវ​បង់ពន្ធ​ឡើងវិញ​ចាប់ពី​ 10​ ឆ្នាំមុន​។ ភាគច្រើន​កំពុង​ព្យាយាម​ចៀសវាង​ពន្ធ​ ដើម្បី​យក​ឈ្នះ​ការប្រកួត​ប្រជែង​។ ដូចគ្នា​នេះ​ដែរ​សហគ្រាស​ ធុន​តូច​ និង​មធ្យមភាគ​ច្រើន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ហើយ​មិន​ចង់ឱ្យ​អ្នក​ខាងក្រៅ​ធ្វើអន្តរាគមន៍​នោះ​ឡើយ​។រីឯ​ អ្នក​ផ្សេងទៀត​ក៏​មិន​មាន​មហិច្ឆតា​ពង្រីក​ខ្លួន​ទេ​”។

    ទោះ​យ៉ាងណា​ក្តី​ លោក​ ដារ៉ា​ បាន​និយាយ​ថា​ ការ​បង្កើន​ចំនួន​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ ក្រុម​គ្រួសារ​ កំពុង​ទទួល​បានផល​ប្រយោជន៍​ពីអ​ភិបាល​កិច្ច​សាជីវកម្ម​។ លោក​បាន​និយាយ​ថា​ ការប្រកួត​ប្រជែង​ខ្លាំងក្លា​ កំពុង​បង្ខំ​ឱ្យ​អាជីវកម្ម​ទាំងនេះ​ពិចារណា​ឡើងវិញ​ នូវ​យុទ្ធសាស្ត្រ​របស់​ពួកគេ​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។

    សូម​បញ្ជាក់​ថា​ កាលពី​ខែមករា​សម្តេច​នាយក​-រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​ ផ្តល់​ការ​លើកទឹកចិត្ត​ពន្ធ​យ៉ាងច្រើន​ ដល់​ក្រុមហ៊ុន​ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​ក្នុង​ស្រុក​។ ទាំងនេះ​រួមមាន​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ 50​% និង​ការលុបចោល​បំណុល​ពន្ធ​សម្រាប់​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុងរយៈពេល3​ ឆ្នាំខាងមុខ​។

    លោក​ ហុង​ សុ​ហួរ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​បាន​មានប្រសាសន៍​ថា​៖“ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​ការចុះបញ្ជី​នៅ​លើ​ទីផ្សារ​ យើង​បាន​រៀបចំ​វេទិកា​រៀងរាល់​ខែ​ ដើម្បី​អប់រំ​ម្ចាស់​អាជីវកម្ម​អំពី​អត្ថ​ប្រយោជន៍​ក្នុង​ការចូលរួម​ជាមួយ​ផ.ម.ក​”។

    លោក​សុ​ហួរ​បាន​បញ្ជាក់​ថា​នៅក្នុង​វេទិកា​ទាំងនេះ​ដែល​មានឈ្មោះ​ថា​“ប្រតិបត្តិ​” ក្រុមហ៊ុន​អាច​សិក្សា​អំពី​ឯកសារ​ដែល​ត្រូវការ​ ដើម្បី​រៀបចំ​ការ​ផ្តល់​ជូន​ជា​សាធារណៈ​លើកដំបូង​។ លោក​បាន​បន្ថែម​ថា​ការ​យល់ដឹង​អំពី​ព័ត៌មាន​នេះ​អាច​ជួយ​សន្សំសំចៃ​សហគ្រាស​ដែល​ចង់​ចុះបញ្ជី​ជា​សាធារណៈ​បាន​ច្រើន​។

    ក្រុ​មហ៊ន​សហគ្រាស​មួយចំនួន​ក៏បាន​ចាប់អារម្មណ៍​ ហើយ​បាន​គិតថា​ពួកគេ​កំពុង​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​ដើម្បី​ពង្រីក​ផលិតកម្ម​។ ពួកគេ​នឹង​ពិចារណា​ក្នុង​ការចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​ប្រសិនបើ​ក្រុមហ៊ុន​របស់​ពួកគេ​បំពេញ​តាម​តម្រូវការ​ ហើយ​កំពុង​ស្វែងរក​ថវិកា​បន្ថែម​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​៕

  • “ជំងឺ​ស្អប់​សំឡេង​” ពេល​ឮសំឡេង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​វិកល​ រោគ​នេះ​ពិតជា​មាន​មែន​!

    “ជំងឺ​ស្អប់​សំឡេង​” ពេល​ឮសំឡេង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​វិកល​ រោគ​នេះ​ពិតជា​មាន​មែន​!

    អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​មាន​អារម្មណ៍​ភ្ញាក់​ខ្លាច​ៗ នៅពេល​បានឮ​សំឡេង​ស្រែក​ទ្រហឹង​ចុះ​មក​ពីលើ​ពិ​ដាន​ផ្ទះ​ដែរ​ឬទេ​? អាការ​នេះ​អាច​ជា​រោគសញ្ញា​មួយ​ដែលគេ​ហៅថា​ “ជំងឺ​ស្អប់​សំឡេង​” ឬពាក្យ​បច្ចេកទេស​ហៅថា​ Misophonia​។ រោគ​ស្អប់​សំឡេង​ ជាស​ភាវ​ដែល​កើតឡើង​នៅក្នុង​ស្ថានភាព​កន្លែង​មាន​សំឡេង​អ្វី​ម្យ៉ាង​ ដែល​បាន​ធ្វើ​ឱ្យ​មនុស្សយើង​មាន​អារម្មណ៍​ភ័យខ្លាច​ ស្អប់​ ធុញទ្រាន់​ និង​តានតឹង​ក្នុង​អារម្មណ៍​ ហាក់បីដូចជា​មាន​សម្ពាធ​មក​លើ​ខ្លួនឯង​ ដែល​មិន​អាច​ស្រាយចំណង​បាន​ រហូតដល់​អ្នកខ្លះ​ទៀត​មាន​អារម្មណ៍​ថា​ ខ្លួន​កំពុងតែ​ស្ថិតនៅ​ក្នុង​ពិភព​ដាច់ដោយឡែក​មួយផ្សេងទៀត​ ​; ដែល​កំពុងតែ​តទល់​ជាមួយ​សំឡេង​ប្លែក​ ដែល​មនុស្ស​ធម្មតា​ស្ដាប់​មិនឮ​។

    តើ​ជំងឺ​ស្អប់​សំឡេង​មាន​អាការ​យ៉ាងដូចម្ដេច​?
    អាការ​នៃ​ជំងឺ​ស្អប់​សំឡេង​អាច​បណ្ដាលមក​ពីក​ត្តា​មនុស្សយើង​ជាច្រើន​ប្រភេទ​ដូចជា​ សំឡេង​ដែល​មនុស្ស​បង្កើត​ ឬទទួល​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ដែល​បង្ក​សំ​ឡេង​ដដែល​ៗ។ ដូច្នេះហើយ​ បើ​ទោះ​បី​ជា​សំឡេង​តែមួយ​ សំឡេង​ស្ងាប​ សំឡេង​អ៊ូអរ​ រញ៉េរញ៉ៃ​ សំឡេង​ដកដង្ហើម​ក៏ដោយ​ ក៏​សំឡេង​ទាំងអស់​នោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​អាការ​នៃ​ជំងឺ​ស្អប់​សំឡេង​បាន​ដែរ​។

    រោគសញ្ញា​នៃ​ជំងឺ​ស្អប់​សំឡេង​ ក្នុងករណី​មិន​ធ្ងន់ធ្ងរ​ អ្នកជំងឺ​បង្ហាញ​ឱ្យ​ឃើញ​សញ្ញា​មួយចំនួន​ដូចជា​៖
    – កើត​វិតក្ក​កង្វល់
    ​- ធុញ​ធប់​មិន​ស្រណុក​ក្នុងចិត្ត
    ​- ចង់​រត់គេច​ពី​អ្វី​ម្យ៉ាង​
    – កើត​អារម្មណ៍​ទើស​ស្អប់​ច្រើន​

    ក្នុងករណី​ដែល​អ្នកជំងឺ​ធ្ងន់ធ្ងរ​ អាច​មាន​រោគ​សញ្ញា​ដូចជា​៖
    – មាន​អារម្មណ៍​ក្រេវក្រោធ​
    – រហ័សឡើង​កំហឹង​
    – ភ្ញាក់​កន្ត្រាក់​ ឬភ័យខ្លាច​
    – មាន​អារម្មណ៍​តឹងណែន​ច្របូកច្របល់
    ​- សេចក្តី​ប្រាថ្នា​ដំបូង​របស់​អ្នកជំងឺ​ គឺ​តទល់​ជា​មួយ​សំឡេង​
    – កើត​អាការ​រមាស់​នៅ​លើ​ស្បែក​
    – ចង់​សម្លាប់​ខ្លួន​ ដោយ​មិនដឹង​ខ្លួន​

    រោគ​ស្អប់​សំឡេង​ ធ្វើ​ឱ្យ​អ្នកជំងឺ​មិន​មាន​សេច​ក្ដី​សុខ​នៅក្នុង​ជីវិត​បាន​យ៉ាង​ពេញលេញ​នោះ​ទេ​ វា​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ សូម្បីតែ​ការ​ញ៉ាំ​អាហារ​ជុំគ្នា​ គ្មាន​មិត្តភក្ដិ​ និង​គ្រួសារ​ ឬមិន​មានគូស្រករ​ជាដើម​។ នៅ​ពេលខ្លះ​ទៀត​ អ្នកជំងឺ​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​អាក្រក់​ចំពោះ​មនុស្ស​ដែល​ខ្លួន​គិតថា​ បង្កើត​សំឡេង​រំខាន​ មិនថា​តែ​ការ​និយាយ​ស្ដី​ ឬសំឡេង​ពី​ឧបករណ៍​អេឡិចត្រូនិក​នោះ​ទេ​។ ខណៈ​ដែល​រាង​កាយ​ទទួលរង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ហើយ​នោះ​ អា​ការ​អ្នកជំងឺ​នឹង​កាន់តែ​ស្ដែង​ឱ្យ​ឃើញ​ឡើង​នូវ​ភាព​ភ័យខ្លាច​ ហើយ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ក្បែរ​ខ្លួន​។ យើង​អាច​មើលឃើញ​អ្នកជំងឺ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​ នៅពេល​ដែលគេ​កំពុងតែ​ទទួល​ទាន​អារ​ហារ​ នោះ​គេ​ប្រែក្លាយ​ជា​មិន​កំរោលចូល​នោះ​ទេ​។

    មូលហេតុ​នៃ​ការ​កើតរោគ​ស្អប់​សំឡេង​ វេជ្ជបណ្ឌិត​នៅ​មិនទាន់​រក​ឃើញ​មូលហេតុ​នៃ​ជំងឺ​នេះ​នៅឡើយ​ទេ​។ គេ​ជឿ​ថា​វា​អាច​បណ្តាល​មក​ពី​បញ្ហា​ផ្លូវកាយ​ និង​អារម្មណ៍​ ដែល​ពាក់ព័ន្ធ​នឹង​សំឡេង​ប៉ះពាល់​ដល់​ខួរក្បាល​ និង​ធ្វើ​ឱ្យ​រាងកាយ​ឆ្លើយតបទៅនឹង​សំឡេង​រំញោច​ ដែល​គ្រូពេទ្យ​ខ្លះ​គិតថា​ ជំងឺ​ស្អប់​សំឡេង​នេះ​គឺជា​ជំងឺ​ដែល​កំពុង​រីក​រាលដាល​ទៅលើ​យុវវ័យ​ភាគច្រើន​។ រោគ​ស្អប់​សំ​ឡេង​ គឺជា​លក្ខខណ្ឌ​មួយ​ដែល​បាន​កើតឡើង​ពេញ​មួយ​ជីវិត​។ ជំងឺ​នេះ​កើតឡើង​នៅពេល​អ្នក​ជំងឺ​ចូល​វ័យ​ចន្លោះ​ពី9ឆ្នាំ​ ទៅ13ឆ្នាំ​។ ស្ត្រី​ងាយ​នឹង​មាន​ជំងឺ​នេះ​ច្រើនជាង​បុរស​។ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​សំឡេង​ដែលគេ​ស្អប់​គឺជា​បញ្ហា​មួយ​ ហើយ​ក្នុង​ករណី​មួយចំនួន​ទៀត​គ្រូពេទ្យ​អាច​ធ្វើការ​វិនិច្ឆ័យ​រោគ​ខុស​ ហើយ​សន្មត​ថា​ ជា​ជំងឺ​ថប់បារម្ភ​ ឬជំងឺ​ស្រេ្តស​។

    តើ​អ្នកជំងឺ​ស្អប់​សំឡេង​ គួរ​រៀបចំ​ជីវិត​បែប​ណា​ដែរ​?ដំណោះស្រាយ​ក្នុង​ការ​ព្យាបាល​ចំពោះ​អ្នក​ជំងឺ​ស្អប់​សំឡេង​គឺ​ពិបាក​ខ្លាំង​ណាស់​។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ម្យ៉ាង​ដែល​អាច​ជួយ​អ្នកជំងឺ​បាន​ ដោយ​អ្នកជំងឺ​ត្រូវ​ព្យាយាម​ទទួលការ​ព្យាបាល​ដោយ​សំឡេង​៖
    – រួមគ្នា​ជាមួយ​ការ​ផ្តល់​ដំបូន្មាន​ផ្លូវចិត្ត​ គ្រូ​ពេទ្យ​អាច​ប្រើ​សំ​ឡេង​ខ្លះ​ៗដែល​មិន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​អ្នកជំងឺ​។
    – បង្កើត​សកម្មភាព​ណា​ដែល​ប្រឆាំង​នឹង​សំ​ឡេង​អាក្រក់​រំញោច​រោគសញ្ញា​នៃ​ជំងឺ​នោះ​ អ្នក​អាច​ត្រូវការ​ឧបករណ៍​ជំនួយ​ដែល​មើលទៅដូចជា​ឧបករណ៍​ស្តាប់​សំឡេង​។ ឧបករណ៍​នេះ​នឹង​បង្កើត​សំឡេង​ដែល​មិន​រំខាន​អ្នកជំងឺ​។
    – ក្រៅពី​ឧបករណ៍​នេះ​ អាច​ប្រើ​ម៉ាស៊ីន​ចាក់​ MP3​ ឬកាស​ជំនួស​ និង​ការប្រើ​ថ្នាំ​ប្រឆាំង​សំឡេង​ដែល​នាំ​ឱ្យ​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្ត​។
    – រស់នៅ​ជាមួយ​ការថែទាំ​សុខភាព​ដ៏​តឹង​រឹង​ គឺ​ជា​វិធី​មួយទៀត​ដើម្បី​ជួយ​ ដោយ​ប្រើការ​អនុវត្ត​ជា​ទៀងទាត់​ដល់​អ្នកជំងឺ​។
    – អ្នកជំងឺ​ត្រូវ​ទទួល​បានការ​គេង​គ្រប់គ្រាន់​ និង​គ្រប់គ្រង​ភាព​តានតឹង​។លើស​ពីនេះ​ទៀត​ អ្នក​អាច​កំណត់​តំបន់​សុ​វត្ថិ​ភាព​របស់​អ្នកជំងឺ​ ដែល​គ្មាន​នរណា​ម្នាក់​ ឬអ្វី​មួយ​ អាច​រំខាន​ដល់​អ្នកជំងឺ​បាន​៕

  • ត្រឹម5ខែ​ ដើមឆ្នាំ2019នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ បាន​កើនឡើង​ខ្លាំង​

    ត្រឹម5ខែ​ ដើមឆ្នាំ2019នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ បាន​កើនឡើង​ខ្លាំង​

    នៅក្នុង​ឆ្នាំ2019​ នេះ​ រយៈពេល​ត្រឹមតែ​ 5ខែ​ប៉ុណ្ណោះ​ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់​ 1,700លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ចំណែក​ទឹកប្រាក់​ដែល​ជប៉ុន​ បាន​នាំចូល​មក​កម្ពុជា​វិញ​ មាន​ចំនួន​ប្រមាណ​440លាន​ដុល្លារ​ស្រេច​ទៅ​ហើយ​។

    នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅក្នុង​បេសក​កម្មការ​ទូត​របស់​ឯកអគ្គ​រាជទូត​នៃ​ប្រទេស​ទាំង2​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទំនាក់ទំនង​។

    សម្ដេច​អគ្គសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ថា​៖“នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅក្នុង​បេសកកម្ម​ការទូត​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងការ​វិនិយោគ​ ពាណិជ្ជកម្ម​ ក៏​ដូចជា​ទេសចរណ៍​ ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ និង​ដែល​ទទួល​បាន​ពី​ការ​ប្រឹងប្រែង​របស់​ឯកឧត្ដម​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​នៅក្នុង​បញ្ហា​នេះ​”។

    សូម​បញ្ជាក់​ថា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ ឯក​ឧត្តម​ហ៊ី​ដេ​ហ៊ី​សា​អូ​រី​ណូ​អ៊ូ​ជី ​(Hidehisa​ Hironouchi​) ឯកអគ្គ​រាជទូត​ជប៉ុន​ ខណៈ​ពេល​ដែល​ឯកឧត្តម​ ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវ​ទៅ​ទទួល​តួនាទី​ថ្មី​ ជាឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់​។ សម្ដេច​តេជោ​បាន​ថ្លែង​-អំណរគុណ​ឯកឧត្តម​ ហ៊ី​ដេ​ហ៊ី​សា​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង2​ នា​រយៈពេល​កន្លងមក​នេះ​។

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​៖“ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ កាលពី​ឆ្នាំ2018​ ប្រទេស​ជប៉ុន​បាន​នាំចូល​មក​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ 440លាន​ដុល្លារ​ប៉ុណ្ណោះ​ និង​នៅ​ឆ្នាំ2019​ នេះ​ ក្នុងរយៈពេល​ត្រឹមតែ​5ខែ​ប៉ុណ្ណោះ​ ជប៉ុន​បាន​នាំចូល​មក​កម្ពុជា​យើង​ក្នុង​ចំនួន​ទឹកប្រាក់​ 440លាន​ដុល្លារ​ស្រេច​ទៅ​ហើយ​។

    ដោយឡែក​នៅ​ឆ្នាំ2018​ កម្ពុជា​ក៏បាន​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ 1,600​លាន​ដុល្លារ​អាមេរិក​ និង​នៅក្នុង​ឆ្នាំ2019​ នេះ​វិញ​ រយៈពេល​ត្រឹមតែ​ 5ខែ​ប៉ុណ្ណោះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​នាំចេញ​ទៅ​ជប៉ុន​ បាន​កើនឡើង​ដល់​ 1,700លាន​ដុល្លារ​”។

    ឯកឧត្តម​ ហ៊ី​ដេ​ហ៊ី​សា​ អូ​រី​ណូ​អ៊ូ​ជី​ ក៏បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ ដោយ​លោក​បាន​សង្កេតឃើញ​ថា​ ក្នុងរយៈពេល​ 3ឆ្នាំ​នៃ​ការ​បំពេញ​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ សេដ្ឋកិច្ច​កម្ពុជា​បាន​រីកចម្រើន​ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ ក្នុង​នោះ​មាន​កំណើន​យ៉ាង​ខ្លាំង​លើ​វិស័យ​វិនិយោគ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​។ ក្នុង​ន័យ​នេះ​ ឯកឧត្ដម​បាន​សម្ដែង​នូវ​ការគោរព​ និង​កោតសរសើរ​ដល់​វីរភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​។

    ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​សម្រេច​បាន​លើស​ 1ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី1​ នៃ​ឆ្នាំ​2019​ កើនឡើង​ 16.8​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​ របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ Jetro​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ កម្ពុជា​ និង​ជប៉ុន​ បាន​បង្ហាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​សញ្ញា​វិជ្ជមាន​ តាមរយៈ​ការ​ចូល​មក​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ ពិសេស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

    លោក​ឧកញ៉ា​បាន​ថ្លែង​ថា​៖ “ដោយសារ​ជប៉ុន​ជាទី​ផ្សារ​ល្អ​សម្រាប់​ផលិតផល​របស់​កម្ពុជា​ ដូច្នេះ​យើង​គួរតែ​ខិតខំ​បង្កើន​ការនាំចេញ​ឱ្យ​បាន​កាន់តែ​ច្រើន​ កាន់តែ​ល្អ​។ ផលិតផល​ ដែល​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ ភាគច្រើន​ក៏​ត្រូវ​បាន​នាំទៅ​កាន់​ជប៉ុន​ផង​ដែរ​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បន្ត​ថា​៖“ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាន់​ប្រទេស​ជប៉ុន​ រួមមាន​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ គ្រឿង​ផ្គុំ​អេឡិចត្រូនិក​ និង​កង់​ជាដើម​។ ចំណែក​ជប៉ុន​នាំចូល​មក​កម្ពុជា​វិញ​ មាន​ភាគច្រើន​ជា​ផលិតផល​អេឡិចត្រូនិក​ និង​ផលិតផល​សម្រេច​មួយចំនួន​”។

    សហគ្រាស​ លី​លី​ ផលិត​នំ​ស្រួយ​(LY​ LY​ Food​Industry​ Co​., LTD​) ដែល​ទើប​វិនិយោគ​រួមគ្នា​ដើម្បី​ដំណើរការ​រោងចក្រ​ផលិត​នំ​ថ្មីសន្លាង​មួយទៀត​ជាមួយ​វិនិយោគិន​ជប៉ុន​បាន​បង្ហាញថា​ រោងចក្រ​ដែល​គ្រោង​ផលិត​នំ​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​នេះ​នឹង​បង្ហាញ​ពី​សមត្ថភាព​ផលិត​ ហើយនឹង​មានលទ្ធភាព​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​ នៅពេល​ខាងមុខ​ផង​ដែរ​។

    ឯកឧត្តម​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ថ្មីនេះ​នឹង​ជំរុញ​ការនាំចេញ​របស់​ប្រទេស​យើង​ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចាប់ផ្តើម​ប្រើប្រាស់​ផលិតផល​កសិកម្ម​ផ្សេងទៀត​ក្រៅពី​ស្រូវ​ ដែល​យើង​បាន​សម្តែង​នូវ​បំណងប្រាថ្នា​ ចង់​ឃើញ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​មាន​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​នឹង​ជួយ​ប្រទេស​កម្ពុជា​បង្កើន​ចង្វាក់​តម្លៃ​សកល​”។ ឯកឧត្ដម​បាន​បញ្ជាក់​ថា​៖ “ក្រុមហ៊ុន​ជប៉ុន​ភាគច្រើន​មក​វិនិយោគ​នៅ​ទីនេះ​ ពីព្រោះ​ប្រទេស​របស់​យើង​មាន​គោលនយោបាយ​វិនិយោគ​ល្អ​។ ទីផ្សារ​របស់​យើង​បើកចំហ​ 100​% ដល់​វិនិយោគិន​បរទេស​”៕

  • និយាយ​ជាមួយ​កូន​ ពេល​កូន​បៅ​ទឹកដោះ​ ធ្វើ​ឱ្យ​កូន​ស្រឡាញ់​យើង​ខ្លាំង​ឡើង​មែន​ឬ?

    និយាយ​ជាមួយ​កូន​ ពេល​កូន​បៅ​ទឹកដោះ​ ធ្វើ​ឱ្យ​កូន​ស្រឡាញ់​យើង​ខ្លាំង​ឡើង​មែន​ឬ?

    ធ្លាប់​សង្កេត​ដែរ​ឬទេ​ថា​ ពេល​កូន​របស់​យើង​បៅ​ទឹកដោះ​ មិនថា​តែ​បៅ​ពី​ដោះ​ម្ដាយ​ ឬពី​ដក​ទឹកដោះគោ​នោះ​ទេ​ តែង​មាន​ពេល​មួយ​ដែល​កូន​ឈប់​បៅ​ភ្លាម​ៗដោយ​មិនដឹង​មូលហេតុ​ជានិច្ច​ ធ្វើ​ឱ្យ​អ្នកម្ដាយ​ជាច្រើន​នឹក​កង្វល់​ក្នុងចិត្ត​ថា​ កូន​លែង​ចង់​បៅ​ទឹកដោះ​ហើយ​ ទើបត្រូវ​មានការ​អង្រួន​ខ្លួន​កូន​ថ្នម​ៗដើម្បី​ឱ្យ​កូន​បៅ​ទឹកដោះ​ឡើងវិញ​។ តើ​អ្នកម្ដាយ​ដឹង​ឬទេ​ថា​ ក្នុង​ពេល​ដែល​អ្នកម្ដាយ​កំពុង​អង្រួន​ខ្លួន​កូន​នោះ​ គឺជា​អំឡុង​ពេល​សំខាន់​ដែល​អ្នក​ និង​កូន​កំពុង​សាង​ចំណង​សម្ពន្ធភាព​គ្នា​ខ្លាំង​ឡើង​បាន​យ៉ាង​ឆាប់រហ័ស​។

    ចង្វាក់​ការ​បៅ​ទឹកដោះ​របស់​ទារក​យ៉ាងដូចម្ដេច​?
    ជាប្រក្រតី​តាម​ធម្មជាតិ​ ទារក​ដែល​បៅ​ទឹកដោះ​(មិនថា​ពី​ដោះ​ម្ដាយ​ ឬពី​ដប​ទឹកដោះគោ​នោះ​ទេ​) តែង​មាន​ចង្វាក់​នៃ​ការ​បៅ​(ក្នុងអំឡុងពេល​ដំបូង​) មាន​លក្ខណៈ​ដូច​ខាងក្រោម​នេះ​ ៖
    បៅ​ៗ… បន្ទាប់ពី​នោះ​ ពេល​កូន​បាន​បៅ​ទឹកដោះ​អស់​មួយស្របក់​មក​ កូន​នឹង​ចាប់ផ្ដើម​កែសម្រួល​ចង្វាក់​ការ​បៅ​ទៅជា​លក្ខណៈ​បែបនេះ​ ៖
    បៅ​ៗ ឈប់​(ហើយនឹង​ធ្វើ​ដដែល​ៗបែបនេះ​ទៅ​ជា​រឿយ​ៗ)
    ក្នុង​អំឡុង​ចង្វាក់​ដែល​កូន​ឈប់​បៅ​នេះឯង​ អ្នកម្ដាយ​ជា​ច្រើន​នាក់​នឹង​នឹក​កង្វល់​ថា​ កូន​នឹង​ឈប់​បៅ​តទៀតហើយ​(ខ្លាច​កូន​បៅ​មិន​ឆ្អែត​) ទើប​ធ្វើការ​អង្រួន​ខ្លួន​កូន​ថ្នម​ៗ ឬនិយាយ​ព្រម​ជាមួយ​ការ​សម្លឹង​មើល​មុខ​កូន​ ហើយ​អ្វី​ដែល​កើតឡើង​នោះ​ក៏​គឺ​ កូន​នឹង​ឈប់​បៅ​មួយខណៈ​ពេល​ ដើម្បី​ទទួលដឹង​នូវ​អ្វី​ដែល​ម្ដាយ​កំពុង​ធ្វើ​ចំពោះ​គេ​ នោះ​គឺ​ ការ​ស្ដាប់​នូវ​អ្វី​ដែល​ម្ដាយ​កំពុង​និយាយ​ និង​សម្លឹង​មើល​មុខ​ម្ដាយ​ រួច​បន្ទាប់ពី​នោះ​ ទារក​ក៏​នឹង​ត្រឡប់ទៅ​រក​ចង្វាក់​ការ​បៅ​ 3ដង​ និង​ឈប់​ 1ដង​ដូចមុន​ទៀត​។

    ហេតុ​អី​បាន​កូ​នបៅៗ​ឈប់​?
    អាច​រាប់​បាន​ថា​ ជា​រឿង​ប្លែក​ខ្លាំង​ណាស់​ ដោយសារតែ​មានការ​សាកល្បង​ខាង​វេជ្ជ​សាស្រ្ត​រួចមក​ហើយ​ និង​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ស្ងើច​អស្ចារ្យ​ ដោយក្រុម​គ្រូពេទ្យ​បាន​សាកល្បង​ចាប់​រយៈពេល​រវាង​ការ​បំបៅ​ទឹកដោះ​កូន​ ដោយ​បណ្ដោយ​ឱ្យ​ទារក​បាន​បៅ​ទឹកដោះ​តាម​ចង្វាក់​ប្រក្រតី​របស់​គេ​ ហើយ​នៅពេល​ទារក​ឈប់​បៅ​ ក៏​មិនបាច់​អង្រួន​ ឬនិយាយ​ជាមួយ​ទេ​ និង​មួយ​ក្រុម​ទៀត​ ពេល​ទារក​ឈប់​បៅ​ ក៏​ឱ្យ​ម្ដាយ​អង្រួន​ខ្លួន​កូន​ថ្នម​ៗ ព្រម​ជាមួយ​ការ​ញញឹម​ សម្លឹង​មើល​មុខ​ និង​និយាយ​ដាក់​កូន​។

    លទ្ធផល​ការសាកល្បង​ដែល​ទទួល​បាន​ អាច​សរុប​បាន​ដូចតទៅ​ ៖
    1. ត​ឱ្យ​យើង​មិន​អង្រួន​ខ្លួន​កូន​(ចង្វាក់​ដែល​កូន​ឈប់​បៅ​)ក៏​កូន​នឹង​ត្រឡប់​មក​បៅ​វិញ​បាន​ដោយខ្លួនឯង​តាម​ចង្វាក់​វេលា​ដែល​ទៀងទាត់​។
    2. រឹតតែ​យើង​និយាយរក​ សម្លឹង​មើល​មុខ​ និង​អង្រួន​ខ្លួន​កូន​ កូន​នឹង​ពន្យារ​ចង្វាក់​ការ​ឈប់​បៅ​នោះ​កាន់តែ​យូរ​ទៅ​ ព្រោះ​គេ​កំពុង​ទទួលដឹង​ និង​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្វី​ដែលគេ​បានដឹង​មក​(គឺ​ការ​និយាយ​ ការ​អង្រួន​ពី​ម្ដាយ​)។
    3. បរិមាណ​ការ​បៅ​ទឹកដោះ​របស់​ទារក​ទាំង​ 2ក្រុម​ ស្មើគ្នា​(ចង់​អង្រួន​ ឬមិន​អង្រួន​ ក៏​មិនបាន​បៅ​ទឹកដោះ​ច្រើនជាង​គ្នា​ប៉ុន្មាន​ដែរ​)។
    4. ការ​និយាយ​ជាមួយ​កូន​ខណៈ​ពេល​កូន​កំពុង​បៅ​ទឹកដោះ​ផង​(ជាពិសេស​បៅដោះ​ម្ដាយ​)នឹង​ធ្វើ​ឱ្យ​កូន​មិន​គេង​លក់​លើ​ទ្រូង​ម្ដាយ​ច្រើនជាង​បណ្ដោយ​ឱ្យ​បៅ​ទឹក​ដោះ​ស្ងាត់​ៗ។
    5. កូន​នឹងអាច​ចងចាំ​ក្លិន​ និង​សំឡេង​របស់​ម្ដាយ​ខ្លួនឯង​បាន​ក្នុងរយៈពេល​ 4-7ថ្ងៃ​ រាប់​ចាប់ពី​ថ្ងៃកើត​មក​ដំបូង​។
    6. រឹតតែ​លោកអ្នក​និយាយ​ជាមួយ​កូន​ច្រើន​ប៉ុនណា​ពេល​កូន​កំពុង​បៅ​ទឹកដោះ​ កូន​នឹង​រឹតតែ​សម្លឹង​មើល​មុខ​លោកអ្នក​ច្រើនឡើង​ និង​យូរ​ឡើង​។ កូន​នឹង​ទទួលដឹង​ និង​ជ្រួតជ្រាប​ពី​សេចក្ដី​ស្រឡាញ់​ ចំណង​សម្ពន្ធភាព​ដែល​អ្នកមាន​ដល់​កូន​ខ្លាំង​ឡើង​។ ពេល​កើត​ដំបូង​ ទារក​នឹង​មើលឃើញ​តែ​ពណ៌ស​ ខ្មៅ​ ប្រផេះ​ និង​អាច​សម្រួល​ហ្វូ​ខាស់​បាន​ត្រឹមតែ​ 25សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ ហ្នឹងហើយ​ទើប​ធ្វើ​ឱ្យ​គេ​ចងចាំ​ និង​ទទួលដឹង​ថា​ គេ​មាន​អ្នក​ដែល​នៅចាំ​មើលថែ​ទាំ​ និង​ស្រឡាញ់​គេ​ខ្លាំង​ប៉ុនណា​ ទើប​មិនមែន​ជា​រឿង​ប្លែក​ឡើយ​ដែល​កូន​នឹង​ជាប់ចិត្ត​លើ​ម្ដាយ​ខ្លាំង​ជាង​ និង​ឆាប់​ចងចាំ​មុខ​ឪពុកម្ដាយ​បាន​លឿន​។

    ក្រៅពីនោះ​ នៅក្នុង​លទ្ធផល​នៃ​ការសាកល្បង​នោះ​បាន​ធ្វើ​ឱ្យ​យើង​ដឹង​ទៀត​ថា​ ការ​និយាយ​ជាមួយ​កូន​ ការ​អង្រួន​ខ្លួន​កូន​ថ្នម​ៗខ្លះ​ៗខណៈ​ពេល​គេ​កំពុង​បៅ​ទឹកដោះ​នោះ​ ឪពុកម្ដាយ​ខ្លួនឯង​ក៏បាន​ទទួល​នូវ​អារម្មណ៍​ឆ្អែត​ពេញចិត្ត​ សុខ​ និង​រំភើប​ចិត្ត​ដែល​មិន​អាច​រក​ពីទី​ណា​បាន​ទៀត​ឡើយ​ ដូច្នេះហើយ​ ពេល​ដែល​កូន​បៅ​ទឹកដោះ​លើកក្រោយ​ទៀត​ កុំ​ភ្លេច​និយាយលេង​ជាមួយ​កូន​ឱ្យ​បាន​ច្រើន​ៗណា៎​…៕

  • បាក់ឌុប​ឆ្នាំនេះ​ធ្វើឡើង​ដោយ​រលូន​ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ 5លាន​ដុល្លារ​

    បាក់ឌុប​ឆ្នាំនេះ​ធ្វើឡើង​ដោយ​រលូន​ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ 5លាន​ដុល្លារ​

    ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បញ្ជាក់​ថា​បាន​បញ្ចប់​ដោយ​រលូន​ដោយសារតែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​ មាន​ដូចជា​មន្ត្រី​អប់រំ​ ភាគី​ពាក់ព័ន្ធ​ មន្ត្រី​សុខាភិបាល​ និង​ជំនួយការ​អប្បមាទ​ជាដើម​។

    ប្រភព​ពី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បញ្ជាក់​ថា​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ថ្ងៃទី19​ ខែសីហា​ ឆ្នាំ2019​ នេះ​ដំណើរការ​បាន​ល្អ​ និង​រលូន​ ហើយ​គ្មាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​នោះ​ទេ​ ដោយសារតែ​បេក្ខជន​គោរព​តាម​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​ល្អ​។ ក្នុងចំណោម​បេក្ខជន​ប្រឡង​រាប់​ម៉ឺន​នាក់​ មន្ត្រី​អប់រំ​រក​ឃើញថា​ ស្ទើរតែ​ពុំ​មាន​អ្នកនាំ​មក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ​ និង​ឧបករណ៍​ហាមឃាត់​នានា​ ដូចជា​ម៉ាស៊ីនគិតលេខ​ជា​ដើ​មនេាះ​ទេ​។

    ទោះជា​យ៉ាងនេះ​ក្តី​ ក្រសួង​អប់រំ​ បញ្ជាក់​ថា​ ក្នុង​ការ​ប្រឡង​នេះ​ មាន​បេក្ខជន​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​ចំនួន​ 2ករណី​ គឺ​ករណី​ទី1​ ដកហូត​ទូរស័ព្ទ​ដៃ​ និង​ករណី​ទី2យក​សំណៅ​ឯកសារ​ចូលក្នុង​បន្ទប់​ប្រឡង​។ ចំពោះ​បញ្ហា​សុខភាព​ មាន​បេក្ខជន​ចំនួន​ 152នាក់​មាន​បញ្ហា​ តែ​ក្រោយពេល​សង្គ្រោះ​មាន​បេក្ខជន​ 141នាក់​ អាច​បន្តដំណើរ​ការ​ប្រឡង​បាន​ ចំណែក​ឯបេក្ខជន​ចំនួន​ 11​នាក់​ផ្សេងទៀត​ត្រូវ​បញ្ចូន​ទៅ​មន្ទីរពេទ្យ​មិន​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បានទេ​។

    ចំពោះ​ការ​ចំណាយ​លើ​ការ​ប្រឡង​ឆ្នាំនេះ​ ឯកឧត្តម​ រស់​ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើកឡើង​ថា​ ក្រសួង​បាន​រៀបចំ​គ្រោង​ចំណាយ​ប្រមាណ​ 5លាន​ដុល្លារ​ សម្រាប់​ដំណើរការ​ងារ​ប្រឡង​ទាំងមូល​ក្នុង​ឆ្នាំ​ 2019នេះ​។ ខ្ទង់ចំណាយ​ដែល​ក្រសួង​នឹង​ចំណាយ​ គឺ​សម្រាប់​ឧបត្ថម្ភ​ដល់​មន្ត្រី​អប់រំ​ដែល​មាន​ចំនួន​ប្រមាណ​ 20,000នាក់​នៅ​ទូទាំង​ប្រទេស​។

    តាម​លទ្ធផល​ផ្លូវការ​ចុងក្រោយ​បំផុត​ បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ​ 2019នេះ​ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ 117,043នាក់​ ក្នុង​នោះ​មាន​បេក្ខជន​ស្រី​ចំនួន​ 60,427​នាក់​។ ក្នុង​នោះ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បែង​ចែក​ជា​ 202មណ្ឌល​ ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ចំនួន​ 44,690មណ្ឌល​ ស្មើនឹង​ 75មណ្ឌល​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​បេក្ខជន​ចំនួន​ 72,353នាក់​ ស្មើនឹង​ 127មណ្ឌល​។

    ចំពោះ​បុគ្គលិក​អប់រំ​ និង​ភាគី​ពាក់ព័ន្ធ​ ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ សម្រាប់​ការ​ត្រួតពិនិត្យ​មណ្ឌល​ប្រឡង​ និង​បន្ទប់​ប្រឡង​ រួម​ទាំង​ការគ្រប់គ្រង​ទូទៅ​ មាន​ការចូលរួម​ពី​បុគ្គលិក​អប់រំ​ 17,430នាក់​ មាន​ដូចជា​គណៈកម្មការ​កណ្តាល​ចំនួន​ 2,405នាក់​ គណៈកម្មការ​ត្រួតពិនិត្យ​តាម​អគារ​ចំនួន​ 1,181នាក់​ ប្រធាន​មណ្ឌល​ចំនួន​ 202នាក់​ អនុរក្ស​ប្រមាណ​ 10,631នាក់​ អប្បមាទ​ចំនួន​ 606នាក់​ និង​ជំនួយការ​អប្បមាទ​ចំនួន​ 2,405នាក់​៕