Author: ធឿន មករា

  • ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ចុះហត្ថលេខាផ្តល់សិទ្ធិជាផ្លូវការដល់ក្រុមហ៊ុន Secret Lady ចែកចាយផលិតផលផ្តាច់មុខនៅកម្ពុជា

    ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ចុះហត្ថលេខាផ្តល់សិទ្ធិជាផ្លូវការដល់ក្រុមហ៊ុន Secret Lady ចែកចាយផលិតផលផ្តាច់មុខនៅកម្ពុជា

    ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD បានចុះហត្ថលេខាផ្តល់សិទ្ធិជាផ្លូវការដល់ក្រុមហ៊ុន Secret Lady Co., LTD ចែកចាយផ្តាច់មុខនូវផលិតផល Secret Lady Soap និង Secret Lady Love ដោយបានប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធមកាលពីថ្ងៃទី6 ខែកញ្ញា ឆ្នាំ2019 នៅភោជនីយដ្ឋានទន្លេបាសាក់2។លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ជាអ្នកបង្កើតម៉ាកសញ្ញាធំជាងគេនៅកម្ពុជា ដែលមានរោងចក្រធំប្រកបដោយស្តង់ដាខ្ពស់នៅប្រទេសថៃ និងនាំចូល ចែកចាយ រួមទាំងផ្តល់សិទ្ធិចែកចាយគ្រឿងថែរក្សាសម្ផស្សជាច្រើនមុខដល់ក្រុមហ៊ុននានាក្នុងទីផ្សារកម្ពុជា។ វិស័យថែរក្សាសម្ផស្ស ជាវិស័យដែលកំពុងមានសម្ទុះខ្លាំង និងមានសក្តានុពលទាំងពេលបច្ចុប្បន្ន និងអនាគត ព្រោះកាលណាប្រជាជនចាប់ផ្តើមមានជីវភាពធូរធា អ្វីដែលពួកគាត់គិតគូរខ្លាំង គឺគុណភាពជីវិត ឬគុណភាពនៃការរស់នៅឱ្យកាន់តែប្រសើរឡើង ហេតុនេះទើបរូបសម្ផស្ស គឺជាអ្វីដែលមនុស្សគ្រប់គ្នាផ្តោតការយកចិត្តទុកដាក់មុនគេ។ ការជ្រើសរើសធ្វើអាជីវកម្មផ្នែកសម្ផស្ស គឺដូចជាកំពុងរើសបានដុំពេជ្រយ៉ាងធំ ដែលធ្វើឱ្យយើងគ្រប់គ្នារីកចម្រើនយ៉ាងខ្លាំង ដោយសារតែវាជាអ្វីដែលអាចឆ្លើយតបជាមួយនឹងតម្រូវការទីផ្សារបានយ៉ាងល្អ។លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះតទៅ មនុស្សគ្រប់គ្នានឹងចាប់ផ្តើមចំណាយកាន់តែច្រើនលើការថែរក្សាសម្ផស្ស ហើយអ្វីដែលសុភាពបុរស និងសុភាពនារីចង់បាន គឺភាពស្រស់ស្អាតចេញពីខាងក្នុង។ ដោយមើលឃើញពីចំណុចនេះហើយ ទើបយើងបានផលិតនូវផលិតផលប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញភាពស្រស់ស្អាតប្រកបដោយគុណតម្លៃពីខាងក្នុង។ ជាក់ស្តែង ផលិតផល Secret Lady ដែលបានសម្ពោធនៅថ្ងៃនេះ ជាផលិតផលមួយដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងអាចផ្តល់ជូននូវភាពស្រស់ស្អាតពីខាងក្នុងយ៉ាងពិតប្រាកដ»។លោកឧកញ៉ា បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ស្របពេលដែលសម្ទុះនៃការគាំទ្រផលិតផលថែរក្សាសម្ផស្សកាន់តែមានតម្រូវការខ្លាំង ដៃគូសហការជាច្រើនបានផ្តោតទំនុកចិត្តលើក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដើម្បីបង្កើតផលិតផល និងម៉ាកសញ្ញាដើម្បីចូលរួមចំណែកផ្តល់ភាពស្រស់ស្អាតដល់ប្រជាជនកម្ពុជាគ្រប់រូប។ ការសហការជាមួយក្រុមហ៊ុន Luxury Smile Beauty Group Co., LTD នឹងទទួលបាននូវការប្រឹក្សាពីសេវាផ្លូវច្បាប់ យុទ្ធសាស្រ្តទីផ្សារ គុណភាព និងទំនុកចិត្តខ្ពស់លើវិស័យថែរក្សាសម្ផស្ស។
    លោកស្រី កែ ហេងសីហា បានលើកឡើងថា លោកស្រីមានសេចក្តីរំភើប និងរីករាយជាខ្លាំងដែលបានសហការជាមួយក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដាក់សម្ពោធផលិតផល Secret Lady Soap និងផលិតផល Secret Lady Love នៅថ្ងៃនេះ។ ផលិតផលទាំង 2នេះជាផលិតផលដែលបង្កើតឡើងដោយផ្តោតសំខាន់លើតម្លៃសមរម្យ ធានាគុណភាពខ្ពស់ និងសុវត្ថិភាពជាចម្បង។ លោកស្រីបានសង្កត់ធ្ងន់ថា ផលិតផលរបស់ Secret Lady ជាផលិតផលដែលមានគុណភាពស្តង់ដាខ្ពស់ និងមានតម្លៃសមរម្យអាចទទួលយកបានបើប្រើបធៀបលើការចំណាយយ៉ាងខ្ពស់សម្រាប់ការទៅព្យាបាលនៅគ្លីនិក ឬនៅមន្ទីរពេទ្យ។ ផលិតផលរបស់ Secret Lady ជាផលិតផលដែលអាចធានាបាននូវគុណភាពល្អ 100% ព្រោះអ្វីដែលក្រុមហ៊ុនផ្តោតគឺភាពយូរអង្វែងក្នុងការគាំទ្រ ប្រសិនបើផលិតផលមានគុណភាពល្អ និងមានប្រសិទ្ធភាពពិតប្រាកដនោះ សុភាពនារីនឹងបន្តគាំទ្រ ដែលនេះជាគោលដៅសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ លើសពីនេះទៅទៀត លោកស្រីបញ្ជាក់ថា សុវត្ថិភាពក៏ជាចំណុចសំខាន់មិនអាចខ្វះបានផងដែរសម្រាប់ចក្ខុវិស័យជារួមរបស់ក្រុមហ៊ុន ព្រោះអ្វីដែលលោកស្រីចង់ឃើញ គឺអ្នកប្រើប្រាស់ទាំងអស់មានភាពជឿជាក់លើខ្លួនឯង រួមទាំងមានសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាពទាំងពេលកំពុងប្រើ និងមិនផ្តល់ផលប៉ះពាល់ទៅថ្ងៃខាងមុខ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញាគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា និងមានរោងចក្រផលិតយ៉ាងធំនៅប្រទេសថៃ នឹងរៀបចំឱ្យមានកម្មវិធី Asean Successful CEO Award 2019 នៅផ្សារទំនើប AEON Mall សែនសុខ នៅថ្ងៃទី08 ខែវិច្ឆិកា ខាងមុខនេះក្រោយមអធិបតីភាពលោកជំទាវ ឳ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយក្នុងនោះក្រុមហ៊ុន Secret Lady ក៏មានវត្តមានចូលរួមក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីដ៏មានសារៈសំខាន់នេះនឹងមានការចូលរួមពីម្ចាស់អាជីវកម្ម និងអគ្គនាយកស្ថាប័នផ្នែកសម្ផស្ស រួមទាំងពាណិជ្ជករល្បីៗជាច្រើនរូបទៀតនៅកម្ពុជា៕

  • មូលហេតុ​បណ្តាល​ឱ្យ​ស្ត្រី​ជ្រុះសក់​បាត់បង់​សម្រស់​

    មូលហេតុ​បណ្តាល​ឱ្យ​ស្ត្រី​ជ្រុះសក់​បាត់បង់​សម្រស់​

    មិនថា​ស្ត្រី​ស្ថិតនៅ​ក្នុង​វ័យ​ណា​នោះ​ទេ​ តែងតែ​ជួបនឹង​បញ្ហា​ជ្រុះសក់​ ហើយ​ការ​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​យើង​មើលទៅ​ចាស់​ជាង​វ័យ​ និង​បាត់បង់​ភាព​ទាក់ទាញ​របស់​ខ្លួន​។ បញ្ហា​ជ្រុះសក់​ចំពោះ​បុរស​បាន​ក្លាយទៅជា​រឿង​ធម្មតា​ទៅ​ហើយ​ ទោះជា​បុរស​មាន​ក្បាលទំពែក​ក៏​មិន​មាន​បញ្ហា​អ្វី​ចោត​ឡើង​ធំដុំ​ដែរ​ ប៉ុន្តែ​បើ​បញ្ហា​នេះ​កើតមាន​ចំពោះ​ស្ត្រី​វិញ​ វា​គឺជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​អា​ម៉ាស​ និង​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ ពីព្រោះ​ភាព​ស្រស់​ស្អាត​គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​តែង​ប៉ងប្រាថ្នា​ ហើយ​ការ​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​បាត់បង់​នូវ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ រហូតដល់​ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​ចេញទៅ​ជួបនឹង​មនុស្ស​នៅ​ខាងក្រៅ​ក៏បាន​។ ជាក់ស្តែង​ ស្ត្រី​ភាគច្រើន​តែង​ជួប​នូវ​បញ្ហា​ជ្រុះសក់​នេះ​នៅក្នុង​ជីវភាពរស់នៅ​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​ ហើយ​សក់​របស់​ពួកគេ​កាន់តែ​តិច​ និង​ស្តើង​ទៅៗ​នៅពេល​ពួកគេ​ឈាន​ដល់​វ័យ​ចំណាស់​។ បញ្ហា​ជ្រុះសក់​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ទាំងអស់​មានការ​ឈឺចាប់​ជា​ខ្លាំង​។ ដូច្នេះ​សូម​ស្វែងយល់​អំពី​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​ស្ត្រី​ភាគច្រើន​ជួបនឹង​បញ្ហា​ជ្រុះសក់​នេះ​ ដើម្បី​ឱ្យ​អ្នក​អាច​ចាត់វិធានការ​ការពារ​បញ្ហា​ជ្រុះសក់​នេះ​បាន​ទាន់ពេល​វេលា​ និង​យ៉ាងហោចណាស់​ក៏អាច​ទប់ស្កាត់​បញ្ហា​ជ្រុះសក់​ឱ្យ​មាន​តិចតួច​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

    ការ​គេង​មិន​លក់​
    បញ្ហា​គេង​មិន​លក់​ គឺជា​មូលហេតុ​ដ៏​សាម​ញ្មួយ​ ដែល​ធ្វើ​ឱ្យ​សក់​ជ្រុះ​ ហើយ​បញ្ហា​នេះ​កើត​មាន​ទាំង​បុរស​ ទាំង​ស្ត្រី​។ បញ្ហា​គេង​មិន​លក់​នេះ​កើតឡើង​ដោយសារតែ​ពួកគេ​ជួបនឹង​បញ្ហា​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ (ស្ត្រេស​) ដូចជា​ បញ្ហា​ការងារ​ បញ្ហា​ការសិក្សា​ និង​បញ្ហា​មុខ​ជំនួញ​របស់​ពួកគេ​ជាដើម​។ ស្ត្រេស​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អរម៉ូ​ននៅ​ក្នុង​ខ្លួនមនុស្ស​មានការ​ប្រែ​ប្រួល​ ដែល​នាំ​ឱ្យ​អ្នក​ជ្រុះសក់​ដោយ​មិនដឹង​ខ្លួន​។ ការ​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ ដែល​អ្នកប្រើ​ប្រាស់​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ជ្រុះសក់​ផង​ដែរ​។ ស្ត្រេស​បាន​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់​ ហើយ​ការ​គេង​មិន​លក់​ជាច្រើន​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ឫស​សក់​របស់​អ្នក​ចុះ​ខ្សោយ​រហូតដល់​សក់​ជ្រុះ​ជាបន្តបន្ទាប់​ជា​រៀង​រាល់ថ្ងៃ​ក្នុង​បរិមាណ​ច្រើនលើស​ពី​ធម្មតា​។ បញ្ហា​ជ្រុះសក់​ដោយសារ​ការ​គេង​មិន​លក់​នេះ​ កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ មិនថា​ជា​មនុស្ស​វ័យ​ជំទង់​ មនុស្ស​វ័យ​កណ្តាល​ ឬមនុស្ស​វ័យ​ចំណាស់​នោះ​ទេ​។ បញ្ហា​គេង​មិន​លក់​នេះ​អាច​នឹង​បាត់​ទៅវិញ​ ឬអាច​នឹង​កើតឡើងវិញ​ជា​រឿយ​ៗនៅពេល​អ្នក​ជួបនឹង​រឿង​ត្រូវ​គិត​ច្រើន​ ដែល​បង្ក​ទៅជា​អារម្មណ៍​ស្ត្រេស​។

    ដំណ​ពូជ​
    បញ្ហា​ដំណ​ពូជ​នេះ​គឺជា​មូលហេតុ​ដ៏​ចម្បង​ដែល​បង្ក​ឱ្យ​សក់​ជ្រុះ​ស្ទើរ​ទំពែក​អស់ពី​ក្បាល​ ជា​ពិសេស​បញ្ហា​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី​។ បញ្ហា​ដំណ​ពូជ​នេះ​តែង​បន្ត​ពី​ឪពុក​ម្តាយ​មកដល់​កូន​របស់​ពួកគេ​ ហើយ​បើ​ឪពុក​ម្តាយ​មាន​សក់​ស្តើង​ ឬក្បាលទំពែក​ហើយ​នោះ​ កូន​របស់​ពួកគេ​កម្រ​នឹង​គេច​ផុត​ពី​បញ្ហា​ដំណ​ពូជ​នេះ​ណាស់​ ជាពិសេស​កូនប្រុស​របស់​ពួកគេ​នឹង​មាន​សក់​ស្តើង​ ឬក្បាលទំពែក​ដូច​ឪពុក​របស់​ពួកគេ​ដែរ​។ ការ​ជ្រុះសក់​នេះ​បង្ក​ដោយ​ជាតិគីមី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​ DHT​ កើតឡើង​ពី​អរម៉ូ​នរ​បស់​មនុស្ស​ប្រុស​ ដោយហេតុ​នេះ​ហើយ​បាន​ជា​បញ្ហា​នេះ​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ច្រើនជាង​មនុស្ស​ស្រី​។ ចំពោះ​មនុស្ស​ស្រី​បើ​កើតមាន​បញ្ហា​ជ្រុះសក់​ ដោយសារ​ដំណ​ពូជ​នេះ​ ភាគច្រើន​តែង​កើតមាន​នៅពេល​ស្ត្រី​ចាប់ផ្តើម​អស់​រដូវ​។

    ជំងឺទំ​ពែ​ក (សក់​ជ្រុះ​មិន​ដុះ​វិញ​)
    ជំងឺ​នេះ​កើតឡើង​ដោយសារ​កោសិកា​ឈាម​សនៅ​ក្នុង​ខ្លួន​របស់​អ្នកធ្វើ​ឱ្យ​រន្ធ​នៃ​ឫស​សក់រួញ​តូច​រហូត​ធ្វើ​ឱ្យ​សក់​មិន​អាច​ដុះឡើង​វិញ​បាន​ ហើយ​ជាទូទៅ​សក់​អាច​នឹង​មិន​ដុះ​លូតលាស់​ជាច្រើន​ខែ​ ឬជាច្រើន​ឆ្នាំ​ បន្ទាប់មក​ទើប​មាន​សក់​ថ្មី​ដុះឡើង​វិញ​ខ្លះ​។ ជំងឺទំ​ពែ​កនេះ​បាន​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ជ្រុះ​រហូត​ស្ទើរ​អស់ពី​ក្បាល​ ហើយ​ត្រូវ​ប្រើ​រយៈ​ពេល​យូរណាស់​ ដើម្បី​ឱ្យ​សក់​ថ្មី​ដុះឡើង​វិញ​ ឬអាច​នឹង​មិន​ដុះ​សក់​ថ្មី​ឡើងវិញ​ក៏​ថា​បាន​។ ជំងឺ​នេះ​អាច​នឹង​កើតមានឡើង​វិញ​ បន្ទាប់ពី​សក់​ថ្មី​បាន​ដុះ​មក​វិញ​ ហើយ​ជំងឺ​នេះ​ពិបាក​រក​ដំណោះស្រាយ​ និង​វិ​ធាន​ការ​ដើម្បី​ទប់ស្កាត់​ខ្លាំង​ណាស់​។ បញ្ហា​សក់​ជ្រុះ​របស់​មនុស្ស​ស្រី​ និង​មនុស្ស​ប្រុស​មាន​លក្ខណៈ​ខុសគ្នា​ ចំពោះ​មនុស្ស​ប្រុស​អាច​នឹង​មាន​បទ​ពិ​សោ​ធច្រើនជាង​ក្នុង​បញ្ហា​ជ្រុះសក់​រហូត​ទំពែក​អស់ពី​ក្បាល​ ចំណែក​ឯមនុស្ស​ស្រី​វិញ​ គឺ​គ្រាន់តែ​ជ្រុះសក់​ច្រើន​រហូត​ធ្វើ​ឱ្យ​សក់​ស្តើង​អាច​មើល​ឃើញ​លលាដ៏​ក្បាល​ប៉ុណ្ណោះ​។ បញ្ហា​ជ្រុះសក់​នេះ​បើ​កើតមាន​ចំពោះ​មនុស្ស​ប្រុស​គឺ​ពិបាក​នឹង​ធ្វើការ​បិទបាំង​ខ្លាំង​ណាស់​ ប៉ុន្តែ​បើ​មនុស្ស​ស្រី​វិញ​ ពួកគេ​អាច​ទុកសក់​ឱ្យ​វែង​ ដើម្បី​ជួយ​បិទបាំង​មិន​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មើល​ដឹង​ថា​ ពួកគេ​កំពុង​ជួប​នឹង​បញ្ហា​ជ្រុះសក់​ ឬមាន​សក់​ស្តើង​មើលឃើញ​លលាដ៏​ក្បាល​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ​;ការ​បិទបាំង​គឺ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​នៅក្នុង​បញ្ហា​ជ្រុះសក់​នេះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​រក​វិធី​ព្យាបាល​ និង​ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់​នេះ​ឱ្យ​បាន​ទាន់ពេល​វេលា​ ដើម្បី​ការពារ​សក់​របស់​អ្នក​មិន​ឱ្យ​ជ្រុះ​តទៅទៀត​ និង​ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​ឱ្យ​ស្រស់​ផូរផង់​ថែម​ទៀតផង​៕

  • សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​ គឺជា​គម្ពីរ​អ្នកមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​

    សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​ គឺជា​គម្ពីរ​អ្នកមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​

    តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ ជា​សៀវភៅ​អ្វី​? សៀវភៅ​នេះ​ គឺជា​សៀវភៅ​ដែល​បាន​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ ពី​គំនិត​ ពី​ទស្សនៈ​ ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ ពី​ភាពជា​អ្នកដឹកនាំ​ និង​ពី​រូបភាព​ខ្លឹមសារ​សំ​ខាន់​ៗរបស់​កំពូល​អ្នកមាន​លើ​លោក​ចំនួន30រូប​ ថា​តើ​ពួកគេ​ធ្វើ​ម៉េច​ បាន​ក្លាយជា​កំពូល​អ្នកមាន​នៅ​លើ​លោក​យើង​នេះ​? តើ​ពួកគេ​មាន​ប្រភព​មក​ពីណា​ និង​ធ្វើ​យ៉ាងដូច​ម្តេច​ បាន​អាច​ក្លាយជា​អ្នកមាន​កំពូល​ នៅក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង​ ការ​ផ្លាស់​ប្តូរ​ និង​ការ​ប្រឈម​នេះ​? តើ​ពួកគេ​ទាំង30រូប​នេះ​ មានទ្រព្យ​សម្បត្តិ​ និង​ឥទ្ធិពល​ខ្លាំង​យ៉ាងណា​? តើ​ហេតុអ្វីបានជា​ពួកគេ​សឹងតែ​ជា​អ្នកបង្កើត​ឱ្យ​មាន​ពិភពលោក​ ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ​?

    តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ កើតឡើង​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រយៈពេល3ឆ្នាំ​ពេញ​ និង5ឆ្នាំ​មិន​ពេញ​ ពី​ប្រភព​សៀវភៅ​ ពី​អីុន​ធើ​ណិ​ត និង​ពី​ You​ Tube​ជាច្រើន​ ដោយ​ផ្តោត​ទៅលើ​សំណួរ​ថា​ តើ​ពួកគេ​ធ្វើ​យ៉ាងម៉េច​បាន​ក្លាយជា​កំពូល​អ្នកមាន​ ជាពិសេស​តើ​ពួកគេ​មានគំនិត​ មាន​សកម្មភាព​ និង​មាន​ភាពជា​អ្នកដឹកនាំ​យ៉ាងដូច​ម្តេច​? សៀវភៅ​នេះ​ គឺ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​ដែល​មានស្រាប់​ជាច្រើន​ប្រភព​ យក​មក​ពិនិត្យ​ពិចារណា​ យក​មក​ផ្ទៀងផ្ទាត់​ យក​មក​រៀបរៀង​និង​ចងក្រង​មាតិកា​ និង​ធ្វើការ​-កែ​លម្អ​ម្តង​ហើយ​ម្តង​ទៀត​ រហូត​ទាល់​ពេញចិត្ត​ ដោយ​មិន​យក​ពី​សៀវភៅ​ណាមួយ​ ឬធ្វើតាម​គំរូ​សៀវភៅ​ណាមួយ​ឡើយ​។ ចំនួន​មនុស្ស30នាក់​ គឺ​ចេញពី​កំណត់​ដោយខ្លួនឯង​ ការបែងចែក​ជា6​ក្រុម​ និង​ការ​ជ្រើសរើស​លំដាប់​កំពូល​មនុស្ស​ទាំង5​ក្នុង​អាណាចក្រ​នី​មួយ​ៗ គឺ​ធ្វើឡើង​ដោយខ្លួនឯង​។

    ការ​ដាក់​រូបភាព​ ការ​រំលេច​គំនិត​ឬគតិបណ្ឌិត​ ការរចនា​ទំព័រ​នី​មួយ​ៗ គឺជា​គំនិត​ ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​ចូលចិត្ត​អាន​ ងាយ​ចាប់បាន​ចំណុច​ខ្លឹម​សំ​ខាន់​ៗ និង​យល់​ច្បាស់​ពី​ហេតុផល​របស់​កំពូល​អ្នកមាន​ម្នាក់​។

    សៀវភៅ​នេះ​អាច​និយាយ​បាន​ថា​ គឺ​មានតែ១គត់​នៅ​លើ​លោក​ ព្រោះ​វា​កើតឡើង​ពី​ការ​ខិតខំ​ ការ​ច្នៃប្រឌិត​របស់ខ្ញុំ​ និង​ក្រុមការងារ​។

    តើ​ហេតុអ្វីបានជា​យើងខ្ញុំ​អ្នកស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ​ សរសេរ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​?ការដែល​បាន​ក្លាយជា​អ្នកដឹកនាំ​ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​ និង​ដ៏​ធំ​មហិមា​របស់​មនុស្សជាតិ​។ មនុស្ស​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ គឺ​អាច​ចាប់ផ្តើម​ពី​អ្វី​ៗគ្រប់យ៉ាង​ មិនថា​ពួកគេ​នៅ​ទីតាំង​ណា​ទេ​ តែ​ពួកគេ​សុទ្ធតែ​អាច​ចាប់ផ្តើម​ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ពួកគេ​អាច​កំណត់​គោលដៅ​ និង​ជោគវាសនា​របស់​ខ្លួន​ តែ​មនុស្ស​ភាគច្រើន​បំផុត​តែង​និយាយ​ថា​ ខ្លួន​គ្មាន​សិទ្ធិ​ គ្មាន​សេរីភាព​ គ្មាន​ឱកាស​ និង​គ្មាន​អំណាច​ដើម្បី​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ដើម្បី​សម្រេច​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ពោល​គឺ​ ដោយសារតែ​ប្រាក់​។ ប្រាក់​ គឺ​ហាក់បី​ដូចជា​របាំង​ និង​ជារ​នាំង​មួយ​យ៉ាង​ធំ​បំផុត​ ដែល​មនុស្ស​មិន​ងាយ​បំបែក​បាន​ឡើយ​។ ដោយសារតែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​ធ្វើអ្វី​ដែល​ខ្លួន​មិន​ចង់​ និង​ទទួល​បានអ្វី​ដែល​ខ្លួន​មិន​ប្រាថ្នា​។ ដោយសារតែ​ប្រាក់​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រាថ្នា​ផ្សេង​ និង​ធ្វើ​ផ្សឹង​។ ដោយសារ​តែ​ប្រាក់​ បាន​ធ្វើ​ឱ្យ​មនុស្ស​មានតែ​សេចក្តី​ប្រាថ្នា​ តែ​គ្មាន​សកម្មភាព​ និង​រស់​ដោយ​ការឈឺចាប់​។

    មាន​មនុស្ស​ច្រើនណាស់​ បាន​ក្លាយជា​មនុស្ស​គ្មាន​គុណធម៌​ គ្មាន​សច្ចធម៌​ គ្មាន​សីលធម៌​ និង​បាន​ប្រព្រឹត្ត​អំពើថោកទាប​ ឃោរឃៅ​ ព្រៃផ្សៃ​មិន​ស្មើ​សត្វតិរច្ឆាន​ គឺ​ដោយសារតែ​ប្រាក់​។ មានរឿង​រ៉ាវ​ច្រើនណាស់​នៅ​លើ​លោក​យើង​នេះ​ គឺ​ដោយសារតែ​ប្រាក់​ ដូចជា​ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ លែងលះ​គ្នា​ ធ្វើ​ឱ្យ​កូន​រងទុក្ខ​វេទនា​ និរាស​ព្រាត់ប្រាស​ និង​គ្មាន​សុភមង្គល​។

    ប្តី​ប្រពន្ធ​បង្ខំចិត្ត​ចាក​ឆ្ងាយ​ចោល​គ្នា​ ឬចា​កចោល​គ្រួសារ​ ទៅ​ធ្វើការ​នៅ​ទីក្រុង​ ឬនៅ​បរទេស​ ទុក​ឱ្យ​កូន​ក្រុម​គ្រួសារ​ មាន​ភាព​រងា​ឯកា​ ពេល​ឈឺ​ពេល​ជា​គ្មាន​ភាព​កក់ក្តៅ​។ ឪពុក​ម្តាយកូន​បងប្អូន​ឈ្លោះ​គ្នា​ ដណ្តើម​ទ្រព្យសម្បត្តិ​គ្នា​ ទាមទារ​កេរអាករ​គ្នា​ កាត់កាល់​គ្នា​ចោល​ បាត់បង់​អស់​នូវ​ភាពជា​សាច់ឈាម​នឹងគ្នា​។ ឪពុក​ម្តាយ​លក់ខ្លួន​ លក់​ឧត្តមគតិ​ លក់​មនសិការ​ ឬកូន​លក់ខ្លួន​ ដើម្បី​ជីវភាព​គ្រួសារ​ បាត់បង់​អស់​នូវ​អនាគត​ កិត្តិយស​ សីលធម៌​ និង​គុណធម៌​។ បងប្អូន​ឈ្លោះ​គ្នា​ កិបកេង​ប្រវ័ញ្ច​គ្នា​ ក្បត់គ្នា​ កាត់កាល់​គ្នា​ចោល​បាត់បង់​អស់​នូវ​ភាពជា​បងប្អូន​នឹងគ្នា​។ មិត្តភក្តិ​ឈ្លោះ​គ្នា​ កុហក​បោកប្រាស់​គ្នា​ គុំកួន​សងសឹក​គ្នា​បាត់បង់​អស់​នូវ​ចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហការ​ល្អ​យូរអង្វែង​។ មនុស្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​ លួច​ ឆក់​ ប្លន់​ សម្លាប់​គ្នា​ បាត់បង់​អស់​នូវ​ភាពជា​មនុស្ស​ដូចគ្នា​។ល។

    តើ​មនុស្ស​បង្កើត​ប្រាក់​ ឬប្រាក់​បង្កើត​មនុស្ស​? តើ​ហេតុអ្វីបានជា​មនុស្ស​ច្រើនណាស់​មិន​អាច​រស់​ពីលើ​ប្រាក់​បាន​? មនុស្ស​រស់នៅ​មាន​ក្បាល​ជា​អ្នកដឹកនាំ​បញ្ជា​ មានន័យថា​មនុស្ស​មាន​ខួរ​ មាន​វិចារណញ្ញាណ​ មាន​សុភ​វិនិច្ឆ័យ​ ចេះ​គិត​ ចេះ​វិភាគ​ ចេះ​ថ្លឹងថ្លែង​ ចេះ​ពិចារណា​ ចេះដឹង​ល្អអាក្រក់​.. ចុះបើ​មនុស្ស​ត្រូវ​បាន​ដឹកនាំ​បញ្ជា​ដោយ​ប្រាក់​ មានន័យថា​មនុស្ស​គ្មានខួរ​ គ្មាន​វិចារណញ្ញាណ​ គ្មាន​សុភ​វិនិច្ឆ័យ​ មិន​ចេះ​គិត​ មិន​ចេះ​វិភាគ​ មិន​ចេះ​ថ្លឹងថ្លែង​ មិន​ចេះ​ពិចារណា​ មិនដឹង​ល្អអាក្រក់​… តើ​អនិច្ចា​មនុស្សជាតិ​នេះ​នឹង​ទៅជា​យ៉ាងណា​? បើ​មនុស្ស​រស់​ដោយ​ឥត​ចេះ​ពិចារណា​ដូចជា​សត្វ​ មនុស្ស​រស់​ឥត​ចេះ​គិត​ដូចជា​វត្ថុ​ តើ​តម្លៃ​ជីវិត​មនុស្សជាតិ​នេះ​ នឹង​ទៅជា​យ៉ាងដូច​ម្តេច​ទៅ​?

    តើ​សៀវភៅ​ភាពជា​អ្នកមាន​កំពូល​ មាន​គោលដៅ​អ្វី​? សៀវភៅ​នេះ​ មាន​គោលដៅ​ទី1​ – ជា​សៀវភៅ​ឆន្ទៈ​ចូលរួម​ជួយ​ឱ្យ​មនុស្សជាតិ​យើង​រស់​ផុត​ពី​ប្រាក់​ រស់​ផុត​ពី​ភាព​ឥត​ដឹង​អី​ និង​មក​រស់​ក្នុង​វិចារណញ្ញាណ​ជា​មនុស្ស​ រស់​ក្នុង​ភាព​ថ្លៃថ្នូរ​ រស់​ក្នុង​ភាព​កិត្តិយស​ និង​កសាង​ឧត្តមភាព​ខាងក្នុង​ ពោល​គឺ​ភាពជា​អ្នកដឹកនាំ​ ដោយធ្វើ​ការ​ចាប់ផ្តើម​ពី​អ្វី​ដែល​ខ្លួន​មាន​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ ដោយ​គ្មាន​លេស​អ្វី​ដែល​ទាក់ទង​នឹង​ប្រាក់​ទៀត​ឡើយ​។

    ទី2​ – ជា​សៀវភៅ​មហិច្ឆតា​បណ្តុះ​ឆន្ទៈ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​ជំនឿ​ថា​ ពួក​យើង​ក៏អាច​ធ្វើ​បាន​ដូច​កំពូល​អ្នកមាន​លើ​លោក​ទាំង3០រូប​នោះ​ដែរ​។ ភាពជា​អ្នកមាន​កំពូល​ទាំង3០រូប​ខាងលើ​ គឺ​ពួកគេ​បាន​ធ្វើការ​ចាប់ផ្តើម​ពី​គ្រប់​ជ្រុង​នៃ​ជីវិត​។ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ ក៏អាច​ចាប់ផ្តើម​និង​ក្លាយជា​អ្នកមាន​កំពូល​នៅ​លើ​លោក​យើង​នេះ​បាន​ដែរ​។

    ទី3​ – ជា​សៀវភៅ​ចម្លើយ​ដើម្បី​ក្លាយជា​អ្នកមាន​។មនុស្ស​គ្រប់គ្នា​ គឺ​ចង់​ក្លាយជា​អ្នកមាន​ ហើយ​សំណួរ​បន្ទាប់​ តើ​ធ្វើ​ម៉េច​? ដូច្នេះ​សៀវភៅ​នេះ​ គឺជា​សៀវភៅ​ចម្លើយ​។ សៀវភៅ​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​គ្រប់​គ្រួសារ​។ សៀវភៅ​នេះ​ មាន​ចម្លើយ​រហូតដល់3០គំរូ​ឬ3០វិធី​ ដើម្បី​ក្លាយជា​អ្នកមាន​។

    ទី4​ – ជា​សៀវភៅ​សុបិន​ ប្រាថ្នា​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ម្នា​ក់ៗ​ រស់​ខ្ពស់​ជាង​ប្រាក់​។ មនុស្ស​បង្កើត​ប្រាក់​ មិនមែន​ប្រាក់​បង្កើត​មនុស្ស​ទេ​។ មនុស្ស​ថ្លៃជាង​ប្រាក់​ មិនមែន​ប្រាក់​ថ្លៃជាង​មនុស្ស​ទេ​។ មនុស្ស​បង្កើត​មក​ដើម្បី​ស្រឡាញ់​ ប្រាក់​បង្កើត​មក​ដើម្បី​ប្រើប្រាស់​ ដូច្នេះ​ មនុស្ស​មិន​គួរ​ក្លាយជា​ទាសករ​របស់​ប្រាក់​ឡើយ​។

    ទី5​ – ជា​សៀវភៅ​អនុវត្ត​ឬជា​គម្ពីរ​អ្នកមាន​ ដែល​បង្ហាញ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ម្នា​ក់ៗ​ ឱ្យ​រក​ឃើញ​និង​ដឹង​ច្បាស់​ពី​របៀប​ឬផ្លូវ​ ដើម្បី​ក្លាយជា​អ្នកមាន​កំពូល​នៅ​លើ​លោក​យើង​នេះ​។ អាន3០ដង​ ដើម្បី​កសាង​ចរិត​ជា​អ្នកមាន​ និង​ក្លាយជា​អ្នកមាន​ពិតប្រាកដ​៕ដោយ​លោក​ ហោ​ ចាន់​រដ្ឋា​ អ្នកស្រាវជ្រាវ​ភាពជា​អ្នក​ដឹកនាំ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​៕

  • បច្ចេកវិទ្យា​ឌីជីថល​វិស័យ​ទេសចរណ៍​ ក៏​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំ2020​

    បច្ចេកវិទ្យា​ឌីជីថល​វិស័យ​ទេសចរណ៍​ ក៏​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំ2020​

    មន្ត្រី​ក្រសួងទេសចរណ៍​បាន​ចាត់ទុកថា​ ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​បាន​និង​កំពុង​រួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំង​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ ប៉ុន្តែ​វា​ទាមទារ​ជាចាំបាច់​នូវ​ការ​បណ្ដុះបណ្ដាល​បំប៉ន​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។

    ឯកឧត្តម​ ហោ​ មុនី​រ័ត្ន​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ 4.0​” ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​ 10ថ្ងៃ​ដោយ​មាន​ប្រធានបទ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​៖ 1- ការ​ស្វែងយល់​អំពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការបង្កើត​អាជីវកម្ម​ Online​,ECommerce​។ 2- របៀប​នៃ​ការសិក្សា​ និង​វិភាគ​ទីផ្សារ​ ជំរុញ​ការ​-ផ្សព្វផ្សាយ​ផលិតផល​ និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​។ 3- ការកែទម្រង់​នៃ​ការ​ធ្វើ​ធុរកិច្ច​ពី​ Offline​ to Online​ ដែល​កំពុង​មាន​និន្នាការ​កើនឡើង​ ដូច​ករណីOnline​ Travel​ Agent​ (OTA​)។ 4- ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ Internet​ of​ Things​,V Rand​ AR​, GPS​ Technology​។ 5- ការ​ស្វែងយល់​ពីអ​នាគ​តនៃ​វិស័យ​ទេសចរណ៍​ តាមរយៈ​ការ​វិវឌ្ឍ​នៃ​ឧស្សាហកម្ម​ 4.0​ ជាដើម​។

    ឯកឧត្តម​ រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា​ ទាំងអស់​នេះ​សុទ្ធតែ​ជា​បច្ចេក​វិទ្យា​ថ្មី​ៗ ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ហើយ​បាន​ក្លាយទៅជា​កត្តា​ចម្បង​ ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ ប្រកបដោយ​ការប្រកួត​ប្រជែង​ខ្ពស់​។ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សជា​ភារកិច្ច​ចម្បង​ ដែល​មិន​អាច​មើល​រំលង​បាន​ ក្នុង​ការ​ឆ្លើយតប​នឹង​កំណើន​ 2ខ្ទង់​ នៃ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​។

    មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​រូប​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា​ នៅ​ឆ្នាំ2020​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ 7លាន​នាក់​ ដែល​នឹង​នាំមក​នូវ​ចំណូល​ប្រមាណ​ 5ប៊ី​លាន​ដុល្លារ​ បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​ 1លាន​នាក់​ និង​នៅ​ឆ្នាំ2030​ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ 15លាន​នាក់​ហើយនឹង​នាំមក​នូវ​ចំណូល​ប្រមាណ​ 10ប៊ី​លាន​ដុល្លារ​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត​ 2លាន​នាក់​។

    ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ធ្វើ​យ៉ាងណា​ដើរ​ឱ្យ​ទាន់​ការ​រីកចម្រើន​របស់​ពិភពលោក​នា​សម័យ​ទំនើប​នេះ​។

    ស្របតាម​ចក្ខុវិស័យ​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ 2017​-2025​ នៅ​ឆ្នាំ2020​ ក្រសួងទេសចរណ៍​ ត្រូវ​ជំរុញ​ឱ្យ​អ្នកជំនាញ​យ៉ាងតិច​ 50​% ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់​ដា​ជាតិ​ និង​អាស៊ាន​ តាមរយៈ​ការ​បណ្តុះ​ បណ្តាល​ ឬការវាយតម្លៃ​សមត្ថភាព​ ហើយ​នៅ​ឆ្នាំ2025​ ត្រូវ​សម្រេច​ឱ្យ​បាន​យុទ្ធនាការ​ “បុគ្គលិក​ ម្នាក់​ជំនាញ​មួយ​”ពោល​គឺ​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​ បញ្ជាក់​សមត្ថភាព​។

    ឯកឧត្តម​ ហោ​ មុនី​រ័ត្ន​ បាន​លើកឡើង​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​ បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​ ប្រមាណ​ 4,375លាន​ដុល្លារ​ ស្មើនឹង​ 12.7​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង​ 62ម៉ឺន​នាក់​ ស្មើនឹង​ 13​% នៃ​ការងារ​សរុប​។

    ឯកឧត្ដម​ក៏បាន​លើកឡើង​ដែរ​អំពី​សារៈសំខាន់​នៃ​ទីផ្សារ​ប្រទេស​ចិន​ដែល​ចាំបាច់​ត្រូវ​បំពេញ​តាម​តម្រូវការ​ដ៏​ធំធេង​នៃ​ផ្នែក​ផ្សព្វផ្សាយ​ ទីផ្សារ​ រចនាសម្ព័ន្ធ​ និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ក្នុង​វិស័យ​ទេសចរណ៍​។

    កាលពី​ខែកក្កដា​កន្លងទៅ​ កម្ពុជា​ក៏បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ App​ “Kingdom​ of​ Wonder​” ជា​ផ្លូវការ​នៅ​លើ​ទូរស័ព្ទ​ដៃ​ ឬ Mobile​ Application​ ផង​ដែរ​ ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក​ ឱ្យ​កាន់តែ​មាន​សក្កា​នុ​ពល​បន្ថែម​ទៀត​។

    App​ “Kingdom​ of​ Wonder​”ដែល​អាច​ប្រើ​នៅ​លើ​ទូរស័ព្ទ​ដៃ​នេះ​ គឺ​អាច​ឱ្យ​ពលរដ្ឋ​ ពិសេស​ទេសចរ​ជាតិ​-អន្តរជាតិ​ទាញ​យក​ (Download​ ) ដោយ​ឥត​គិត​ថ្លៃ​ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ IOS​ (App​ Store​) និង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ (Play​ Store​) ដែល​ពិធី​ប្រកាស​ឱ្យ​ប្រើប្រាស់App​ នេះ​ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី16​ កក្កដា​ ឆ្នាំ2019​ នៅ​សណ្ឋាគារ​សុខា​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​ លោក​ គុជ​ បញ្ញា​សា​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​។

    បើ​តាម​លោក​ គុជ​ បញ្ញា​សា​ App​ “Kingdom​ of​Wonder​” គឺ​ជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​ រួមមាន​គោលដៅ​ទេសចរណ៍​ ព្រឹត្តិ​ការណ៍​ទេសចរណ៍​ ផែនទី​ទេសចរណ៍​ ជើងហោះហើរ​ អាកាសធាតុ​ ភោជនីយដ្ឋាន​ កន្លែង​ស្នាក់នៅ​ មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ស្រុក​ និង​ព័ត៌មាន​សំ​ខាន់​ៗដទៃ​ទៀត​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​ និង​គ្រប់ជ្រុងជ្រោយ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​មានបំណង​មក​កម្សាន្ត​នៅ​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។

    លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“វិស័យ​ទេសចរណ៍​យើង​ដើរ​មកដល់​យុគសម័យ​នេះ​ហើយ​ យើង​ត្រូវការ​ បច្ចេកវិទ្យា​ Digital​ ជាចាំបាច់​ បើ​យើង​ក្រឡេក​មើលទៅ​ការ​វិវឌ្ឍ​របស់​ពិភពលោក​ ឬប្រទេស​អាស៊ាន​ជាដើម​ គេ​ដើរមុន​យើង​បាត់​ទៅ​ហើយ​ គឺ​គេ​ងាក​ទៅ​រក​បច្ចេកវិទ្យា​ Digital​ គ្រប់កន្លែង​ហើយ​។

    លោកជំទាវ​ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖“ដូច្នេះ​យើង​ត្រូវ​បត់បែន​ខ្លួន​ទៅតាម​គេ​ នេះ​គឺជា​រឿង​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​យើង​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ឆែកមើល​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​កម្ពុជា​ ថា​តើ​គេ​អាច​ទៅលេង​បាន​នៅ​ឯណា​ខ្លះ​? គេ​អាច​មើលឃើញ​ថា​ មាន​អ្វីខ្លះ​? គេ​អាច​ធ្វើ​ផែនការ​ទុកមុន​ គេ​មិន​ចាំបាច់​មកដល់​ទើបបាន​ធ្វើការ​ស្រាវជ្រាវ​នោះ​ទេ​ គេ​រៀប​ផែនការ​ទុកមុន​បាន​ ប្រសិនបើ​មានការ​ជួយ​ពី​បច្ចេកវិទ្យា​ឌីជីថល​នេះ​ គេ​ក៏អាច​ក្តាប់​ព័ត៌មាន​សំ​ខាន់​ៗពី​កន្លែង​ទេសចរណ៍​ដែល​យើង​មានបាន​យ៉ាង​ងាយ​។

    លោកជំទាវ​ ឆាយ​ ស៊ី​វលី​ន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖“ដូច្នេះ​យើង​ពិតជា​ត្រូវការ​នូវ​បច្ចេកវិទ្យា​ Digital​ ដែល​ពិតជា​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​ ហើយ​បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ​។ វា​ក៏​មាន​ភាព​ចាំបាច់​ណាស់​ដែរ​ក្នុង​ការជំរុញ​កំណើន​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​”៕

  • ទទួលទាន​ម្សៅ​ទឹកដោះគោ​ស្រស់​​ Australian​ Dairies​ ដើម្បី​សុខភាព​ល្អ​ អស់​កង្វល់​ចំពោះ​បញ្ហា​ឆ្អឹង​

    ទទួលទាន​ម្សៅ​ទឹកដោះគោ​ស្រស់​​ Australian​ Dairies​ ដើម្បី​សុខភាព​ល្អ​ អស់​កង្វល់​ចំពោះ​បញ្ហា​ឆ្អឹង​

    ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ គឺជា​ម្សៅ​ទឹកដោះគោ​ដ៏​មានគុណ​តម្លៃ​ខ្ពស់​ចំ​ពោះ​សុខភាព​ ដែល​ជា​ផលិតផល​របស់​ប្រទេស​អូស្ត្រាលី​ អាច​ញ៉ាំ​បាន​គ្រប់​វ័យ​ មិនថា​ កុមារ​មនុស្ស​ពេញវ័យ​ អ្នក​វ័យ​កណ្តាល​ ឬមនុស្សចាស់​នោះ​ទេ​ ដោយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ មាន​ 4ជម្រើស​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ម្សៅ​ទឹកដោះគោ​ស្រស់​ Austra​lian​ Dairies​ នាំចូល​ផ្តាច់​មុខ​ដោយក្រុម​ហ៊ុន​ CNE​ Wellness​ ដែល​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​-ផល​ថែរក្សា​សុខភាព​ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ CNE​ Wellness​ បាន​ធ្វើការ​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ នៅ​ស្ទើរតែ​គ្រប់25ខេត្ត​ក្រុង​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដោយ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​គួរ​ជា​ទី​មោទ​នៈ​ផង​ដែរ​។

    ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ មាន4ជម្រើស​ដូចជា​ ៖

    1. High​ Calcium​ + Vitamin​ Dមាន​សារធាតុ​កាល់ស្យូម​ និង​វីតាមីន​ D ខ្ពស់​ ល្អ​បំផុត​សម្រាប់​ការ​ទ្រទ្រង់​ឆ្អឹង​ឱ្យ​មានការ​លូតលាស់​ល្អ​ ជំនួយ​កម្លាំង​ ជួយ​ដល់​ការ​ចងចាំ​បាន​ល្អ​ និង​មាន​ប្រូ​តេ​អុីន​ច្រើន​ ការពារ​ជំងឺ​ពុក​ឆ្អឹង​នៅពេល​ឈាន​ចូល​វ័យ​ចំណាស់​ ជួយ​ជម្រុ​ញកា​រលូត​កម្ពស់​បាន​ល្អ​ ជួយ​ឱ្យ​ឆ្អឹង​ និង​ធ្មេញ​រឹងមាំ​ល្អ​។ ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ប្រភេទ​ទី1នេះ​ ល្អ​បំផុត​សម្រាប់​មនុស្សចាស់​។

    2. Whole​ Milk​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ប្រភេទ​ទី2នេះ​ ល្អ​បំផុត​សម្រាប់​កុមារ​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​វ័យ​កំពុង​លូតលាស់​ ជួយ​ឱ្យ​ញ៉ាំបាយ​បាន​ ជួយ​បង្កើន​ការ​ចង់​ញ៉ាំ​អាហារ​ដល់​កុមារ​ ជួយ​ឱ្យ​ឡើង​គីឡូ​ ជួយ​ឆ្អឹង​ឱ្យ​រឹងមាំ​ និង​ជួយ​ជម្រុ​ញកា​រលូត​កម្ពស់​ ជួយ​ឆ្អឹង​ សាច់ដុំ​ និង​ធ្មេញ​រឹងមាំ​ល្អ​។

    3. Skin​ Milk​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ប្រភេទ​ទី3នេះ​ ល្អ​បំផុត​សម្រាប់​យុវវ័យ​ និង​វ័យ​កណ្តាល​ ជាពិសេស​នា​រីៗ​ ដែល​ចង់​ថែរក្សា​រូបរាង​ឱ្យ​ស្រឡូន​ស្អាត​ និង​សម្រាប់​អ្នក​សម្រក​ទម្ងន់​។ ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ប្រភេទ​ Skin​ Milk​ មាន​ជាតិ​ខ្លាញ់​ទាប​ ល្អ​សម្រាប់​អ្នក​ដែល​ចង់​រក្សា​ទម្ងន់​ ជំនួយ​ដល់​ឆ្អឹង​ ផ្តល់​នូវ​ថាមពល​ខ្ពស់​ បង្កើន​ការ​ចងចាំ​ និង​ជួយ​ដល់​ការរំលាយអាហារ​បាន​យ៉ាង​ល្អ​ប្រសើរ​។

    4. High​ Protein​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ប្រភេទ​ទី4នេះ​ ល្អ​បំផុត​សម្រាប់​បុ​រសៗ​ និង​សម្រាប់​មនុស្ស​ពេញវ័យ​ ដែល​រវល់​ច្រើន​ មិន​មាន​ពេល​ហាត់ប្រាណ​ និង​មិនសូវ​ចូលចិត្ត​ញ៉ាំ​សាច់​។ ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ប្រភេទ​ High​ Protein​ នេះ​ ជា​ប្រភេទ​ម្សៅ​ទឹកដោះគោ​ស្រស់​ ដែល​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ និង​មាន​ប្រូ​តេ​អុីន​ខ្ពស់​ ជួយ​ទ្រទ្រង់​ដល់​សរីរាង្គកាយ​ ដ្តល់​នូវ​កម្លាំងថាមពល​ ជួយ​ដល់​ការលូតលាស់​នៃ​ឆ្អឹង​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​សាច់ដុំ​ រាងកាយ​ និង​សាច់ដុំ​ខួរក្បាល​។

    ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ មាន​លក្ខណៈ​ពិសេស​ ត្រូវ​បាន​ធ្វើការ​វិច​ខ្ចប់​ដោយ​កញ្ចប់​ផ្លា​ស្ទីក​ដ៏​ស្រស់​ស្អាត​ តាម​ស្តង់ដារ​អូស្ត្រាលី​ ដែល​ធានា​ដល់​គុណភាព​ និង​រសជាតិ​នៃ​ម្សៅ​ទឹកដោះគោ​ស្រស់​មួយ​ប្រភេទ​នេះ​យ៉ាង​ល្អ​បំផុត​ ដែល​លោកអ្នក​អាច​កាត់​កញ្ចប់​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ នេះ​ ចាក់​ដាក់​ចូល​ទៅ​ក្នុង​កំប៉ុង​របស់​វា​ ហើយ​លោកអ្នក​អាច​បំពេញ​ម្សៅ​ទឹកដោះគោ​បន្ថែម​នៅពេល​លោកអ្នក​ប្រើ​អស់​ ដែល​នេះ​គឺជា​ការ​ច្នៃប្រឌិត​ថ្មី​ ដោយ​គិត​ពី​ការ​ការពារ​បរិស្ថាន​ និង​ការសន្សំសំចៃ​ខ្ពស់​។

    ចំណែក​របៀប​ឆុង​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ក៏​មាន​ភាព​ងាយស្រួល​ ហើយ​មាន​រស​ជតិ​ឆ្ងាញ់​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ហើយ​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ និង​អ្នកម្តាយ​កំពុង​បំបៅ​ដោះ​កូនតូច​ក៏អាច​ញ៉ាំ​បាន​ដែរ​ ជាពិសេស​សម្រាប់​អ្នក​ដែល​ទើប​ជាសះស្បើយ​ពី​ជំងឺ​ និង​អ្នក​ដែល​មិនសូវ​មាន​កម្លាំងកំហែង​។

    ញ៉ាំ​ម្សៅ​ទឹកដោះគោ​ស្រស់​ Australian​ Dairies​ ដើម្បី​សុខភាព​ល្អ​ទាំងអស់គ្នា​!សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ​ 096​ 888​ 99​ 11​ / 077​ 88​ 99​ 11​ / 066​ 88​ 99​ 11​៕

  • កម្ពុជា​កំពុង​រៀបចំផែនការ​បង្កើន​ធនធានមនុស្ស​ផ្នែក​ TVET​ ឱ្យ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំនេះ​

    កម្ពុជា​កំពុង​រៀបចំផែនការ​បង្កើន​ធនធានមនុស្ស​ផ្នែក​ TVET​ ឱ្យ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំនេះ​

    ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ជាផ្នែក​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ខ្លាំង​ ព្រោះ​ក្នុង​បរិបទ​ថ្មី​នេះ​ យើង​ត្រូវការ​ជាចាំបាច់​នូវ​អ្នកជំនាញ​ដើម្បី​បម្រើការ​ងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ សេវាកម្ម​ និង​ជំរុញ​ឱ្យ​មាន​អាជីវកម្ម​ខ្នាត​តូច​កាន់តែ​ច្រើន​។

    នៅ​ឆ្នាំ​ថ្មីនេះ​ រដ្ឋមន្ត្រី​ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​ប្រកាស​ថា​នឹង​រៀបចំផែនការ​មេ​ (Master​ Plan​) ដើម្បី​រៀបចំ​គ្រឹះ​ ស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ក្នុង​គោលបំណង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ឱ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ និង​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​បញ្ហា​កង្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​កម្ពុជា​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្រសួងការងារ​ និង​បណ្តុះ​ បណ្តាល​វិជ្ជាជីវៈ​ បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ឱ្យ​មាន​គ្រឹះស្ថាន​អប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​ទូទាំង​ប្រទេស​ ស្រប​ពេល​ដែល​ឯកឧត្តម​ផ្ទាល់​ក៏​កំពុង​ចុះ​ជាប់​ជាប្រចាំ​នៅ​តាម​គ្រឹះស្ថាន​ទាំងអស់​នោះ​ផង​ដែរ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖“នៅ​ចុងឆ្នាំ2019​ នេះ​ ក្រសួងការងារ​នឹង​ព្យាយាម​បង្កើត​ផែនការមេ​ (Master​ Plan​) ឱ្យ​បាន​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ទាំងអស់​នៅ​ទូទាំង​ប្រទេស​ដោយ​គិតគូរ​ទៅលើ​អគារសិក្សា​ រោងជាង​ គ្រូ​បណ្តុះបណ្តាល​ ការ​បង្រៀន​ពី​បច្ចេកវិទ្យា​ថ្មី​សម្រាប់​បណ្តុះបណ្តាល​សិស្ស​ជាដើម​។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​ គឺ​ក្នុង​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​ទាំង​បរិមាណ​ និង​គុណភាព​”។

    កន្លងមក​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ជា​វិស័យ​មួយ​ដែល​មិនទាន់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សិស្ស​ និស្សិត​នៅឡើយ​នោះ​ទេ​ បើ​ទោះបីជា​ផ្នែក​នេះ​ជាផ្នែក​ដែល​មាន​ទីផ្សារ​ការងារ​ទូលំទូលាយ​ និង​ទទួល​បាន​ប្រាក់ខែ​ច្រើន​ក៏ដោយ​។

    បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា​ សិស្ស​ និស្សិត​ខ្មែរ​ ភាគច្រើន​ចូលចិត្ត​សិក្សា​ជំ​នាញ​ខ្ពស់​ៗផុត​ពី​កន្លែង​ដែលគេ​ត្រូវការ​។ ជាក់ស្តែង​យើង​មើលឃើញ​ថា​ និស្សិត​វិស្វករ​មាន​ច្រើន​ ខណៈ​សិស្ស​ដែល​កំពុង​សិក្សា​ផ្នែក​ជំនាញ​បច្ចេកទេស​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។ ឯកឧត្តម​បាន​ណែនាំ​ថា​ សិស្ស​-និស្សិត​គួរ​ចាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍ​ជំនាញ​ដោយ​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ មានន័យថា​ ពួកគេ​គួរ​ចាប់ផ្តើម​សិក្សា​ពី​ជំនាញ​បច្ចេកទេស​បន្ទាប់​មក​ធ្វើការងារ​បណ្តើរ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ការងារ​ និង​ប្រាក់ចំណូល​បណ្តើរ​ ស្រប​ពេល​ដែល​ពួកគេ​អាច​ឈានជើង​ទៅ​ចាប់​អាជីព​ជា​វិស្វករ​ប្រកប​ដោយបទ​ពិសោធ​ និង​ចំណេះដឹង​ច្បាស់លាស់​។

    តែ​ទោះជា​យ៉ាងនេះ​ក្តី​ តាមរយៈ​ការរៀបចំ​ឱ្យ​មាន​ផែនការមេ​នេះ​ ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុង​ការជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​កាន់តែ​ច្រើនជាង​មុន​ ដោយសារតែ​ស្ថាប័ន​បណ្តុះបណ្តាល​លើ​ជំនាញ​ទាំងអស់​នេះ​នឹង​ចាប់ផ្តើម​ពង្រឹងគុណភាព​ប្រកប​ដោយ​និរន្តរភាព​ ក្នុង​ការ​បណ្តុះបណ្តាល​ តាម​ផែនការ​ច្បាស់លាស់​មួយ​៕

  • សន្សំប្រាក់​នៅ​ប្រា​សាក់​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​

    សន្សំប្រាក់​នៅ​ប្រា​សាក់​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​

    នៅយុគសម័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech ការប្រើ «គណនីសន្សំ» ពិតជាជម្រើសដ៏ឆ្លាតវៃរបស់ប្រជាជនកម្ពុជា
    ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីគ្រប់គ្រងចរន្តសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាព
    និងភាពងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់លើមុខរបរទទួលទាន ឬអាជីវកម្ម ព្រមទាំងបានចំណូលការប្រាក់បន្ថែមផងដែរ។

    ប្រាសាក់ ជាគ្រឹះស្ថានមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា
    គឺពិតជាដៃគូផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អសម្រាប់អតិថិជន ពិសេសផ្តល់ជូនភាពងាយស្រួលដល់អតិថិជនក្នុងការចាត់ចែងសាច់ប្រាក់របស់ខ្លួ
    នជាមួយនឹងការបើកគណនីសន្សំនៅប្រាសាក់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់
    និងអាចគ្រប់គ្រងចំណូលនិងចំណាយបានយ៉ាងងាយស្រួល ក៏ព្រោះតែអតិថិជនអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយខ្លួនឯងតាមរ
    យៈសេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា
    គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ហើយអាចធ្វើការត្រួតពិនិត្យរបាយការណ៍ប្រើប្រាស់សាច់ប្រាក់បានថែមទៀតផង។

    លោកស្រី ស៊ុយ សុខនាង នាយិកានាយកដ្ឋានសេវាធនាគាររបស់ប្រាសាក់បានលើកឡើងថា៖
    «យើងខ្ញុំសូមស្វាគមន៏សាធារណជនទាំងអស់ដែលមានបំណងចង់បើកគណនីសន្សំនៅប្រាសាក់
    ជាពិសេសអតិថិជនដែលមានគណនីសន្សំនៅប្រាសាក់ នឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត
    ការភ្ជាប់សេវាធនាគារចល័តដែលអតិថិជនអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី
    ពិនិត្យរបាយការណ៍និងសមតុល្យគណនី និងអត្រាប្ដូរប្រាក់ដោយមិនគិតកម្រៃសេវា»។

    សូមបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា
    គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ជាមួយលក្ខខណ្ឌងាយងាយ។

    អំពីប្រាសាក់
    ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក
    សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 177 ទីតាំង
    មាន ម៉ាស៊ីនអេធីអឹម 129 និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40
    នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh។
    សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086
    999 911 ឬ 023 999 911 ឬ 096 9 999 911។

     

  • វេស​ឡាញ​ ជំរុញ​ផ្នែក​វិទ្យាសាស្ត្រ​ដើម្បី​អភិវឌ្ឍ​យុវជន​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​ប្រកួត​ក្នុង​ទីផ្សារ​ការងារ​អនាគត​

    វេស​ឡាញ​ ជំរុញ​ផ្នែក​វិទ្យាសាស្ត្រ​ដើម្បី​អភិវឌ្ឍ​យុវជន​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​ប្រកួត​ក្នុង​ទីផ្សារ​ការងារ​អនាគត​

    បច្ចុប្បន្ន​នេះ​ សមិទ្ធផល​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ និង​លឿន​ជាងគេ​លើ​ពិភពលោក​ គឺ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ព្រោះ​ជា​រៀងរាល់ថ្ងៃ​អ្នក​វិទ្យាសាស្ត្រ​លើ​ពិភពលោក​កំពុង​ប្រកួតប្រជែង​គ្នា​ខ្លាំង​លើ​សមិទ្ធផល​វិទ្យា​សា​ស្ត្រថ្មីៗ​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ និង​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​របស់​មនុស្ស​។

    លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​បដិវត្ត​ន៍​ឧស្ស​ហក​ម្ម​ 4.0​ ដែល​អ្វី​ៗគ្រប់​យ៉ាង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ស្រប​ពេល​ដែល​សមិទ្ធផល​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​បាន​កើត​ឡើង​ដែល​ធ្វើ​ឱ្យ​ការ​ធ្វើអាជីវកម្ម​ និង​ការ​ធ្វើការងារ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​។ ទោះជា​យ៉ាងនេះ​ក្តី​ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ​ ប្រភេទ​ការងារ​សំ​ខាន់​ៗ រួម​ទាំង​ចង្វាក់​ផលិតកម្ម​នានា​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ ហើយ​ឱកាស​ការងារ​មួយចំនួន​ធំ​នឹង​ត្រូវ​បាត់បង់​។ ការងារ​ដែល​នឹង​មាន​ច្រើន​នា​ពេល​អនាគត​ គឺ​ការងារ​ដែល​ម៉ាស៊ីន​ជំនួស​មិនបាន​ ឬជា​ការងារ​សម្រាប់​អ្នកជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ដែល​ទៅ​គ្រប់គ្រង​ម៉ាស៊ីន​ទាំងអស់​នោះ​។ ចំណែក​ឯអ្នក​ដែល​មាន​ជំនាញ​តិច​ ឬអ្នក​បត់បែន​មិន​ទាន់​គេ​ នឹង​ប្រឈម​ជាមួយ​បញ្ហា​ខ្វះ​ការងារ​ធ្វើ​ ឬធ្វើ​ត្រឹមតែ​ការ​ងា​រតូចៗ​ប៉ុណ្ណោះ​។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “ដោយ​មើល​ឃើញថា​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ជា​ជំនាញ​សំខាន់​ សម្រាប់​ការងារ​នៅ​ថ្ងៃ​អនាគត​ ក្នុងនាម​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ យើង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្តល់​នូវ​កម្មវិធី​ជាច្រើន​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិស្សរបស់​យើង​ឱ្យ​មានគុណ​ភាព​កាន់តែ​ប្រសើរ​លើ​ផ្នែក​ដ៏​សំខាន់​នេះ​”។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិស្សរបស់​យើង​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ផ្នែក​វិទ្យាសាស្ត្រ​ យើង​បាន​បណ្តុះបណ្តាល​សិស្ស​ដោយ​យកចិត្ត​ទុកដាក់​តាម​កម្មវិធី​សិក្សា​គោល​របស់ក្រ​សួង​អប់រំ​ ដោយ​បញ្ចូល​នូវ​ការ​ពិសោធ​ជាក់ស្តែង​ដើម្បី​ឱ្យ​សិស្ស​យល់​កាន់តែ​ច្បាស់​ពី​គោលបំណង​នៃ​មេរៀន​។ ក្រៅពី​នេះ​ យើង​បញ្ចូល​បន្ថែម​នូវ​កម្មវិធី​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ផ្តល់​ឱ្យ​ពួកគេ​នូវ​ជំនាញ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ចំណេះដឹង​លើ​ផ្នែក​ដែល​ពិភពលោក​កំពុង​ត្រូវការ​នៅពេល​បច្ចុប្បន្ន​ និង​អនាគត​។ បន្ថែម​ពីលើ​នេះ​ ថ្មី​ៗនេះ​ វេស​ឡាញ​ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ KOOMPI​ បង្កើត​ជា​ក្លិប​អ្នក​វិទ្យ​សាស្ត្រ​វ័យក្មេង​ ដោយ​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​សហ​សិក្សា​ សម្រាប់​សិស្ស​សិក្សា​ផ្នែក​បច្ចេកវិទ្យា​តាមចំណង់​ចំណូលចិត្ត​ ជាមួយនឹង​អ្នកណែនាំ​ផ្ទាល់​ដើម្បី​បង្ហាញផ្លូវ​ឱ្យ​ពួកគេ​កាន់តែ​ខ្លាំង​។ យើង​រំពឹង​ថា​ ក្មេង​ៗជំនាន់​ថ្មី​របស់​កម្ពុជា​ នឹង​មាន​សមត្ថភាព​បង្កើត​ផលិតផល​វិទ្យា​សា​ស្ត្រថ្មីៗ​ ដែល​មានតម្លៃ​សម្រាប់​សង្គម​ និង​ពាណិជ្ជកម្ម​ដូ​ចក្មេងៗ​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ក្នុង​ពេល​ឆាប់​ៗនេះ​។ ហើយ​វេស​ឡាញ​ ក៏​ត្រៀមខ្លួន​ផង​ដែរ​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ទាំង​ការ​លើកទឹកចិត្ត​ជា​ស្មារតី​ និង​ថវិកា​សម្រាប់​ការ​វិនិយោគ​ជាដើម​។

    លោក​បាន​បន្ថែម​ទៀត​ថា​ ក្រៅពី​ការ​ដាក់បញ្ចូល​នូវ​កម្មវិធី​សិក្សា​វេស​ឡាញ​ ក៏បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដល់​សិស្សានុសិស្ស​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​បទ​ពិ​សោ​ធថ្មី​ៗផ្នែក​បច្ចេកវិទ្យា​ ដូចជា​បច្ចេកវិទ្យា​ Argument​ Reality​ (AR​) និង​កម្មវិធី​ Virtual​ Reality​ (VR​) ជាដើម​។

    សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់​ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃទី​1 ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

  • ក្នុង​ពេល​រង់ចាំ​លទ្ធផល​ប្រឡង​ តើ​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួច​ គួរ​ធ្វើអ្វី​ខ្លះ​?

    ក្នុង​ពេល​រង់ចាំ​លទ្ធផល​ប្រឡង​ តើ​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួច​ គួរ​ធ្វើអ្វី​ខ្លះ​?

    ក្រោយពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ហាក់បីដូចជា​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ដែល​រីករាយ​ផង​ និង​ព្រួយបារម្ភ​ផង​។ ពួកគេ​រីករាយ​ព្រោះ​ ពួកគេ​បាន​ឆ្លងផុត​ដំណាក់កាល​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ និង​នឿយហត់​ អស់​រយៈពេល12ឆ្នាំ​រួចមក​ហើយ​ តែ​ពួកគេ​នៅ​មាន​ចំណុច​ព្រួយបារម្ភ​ជាច្រើន​ទៀត​ ដូចជា​ព្រួយបារម្ភ​ពី​លទ្ធផល​នៃ​ការ​ប្រឡង​របស់​ខ្លួន​ និង​ព្រួយបារម្ភ​ពី​ជម្រើស​សម្រាប់​ពេល​អនាគត​ជាដើម​។

    ជា​រៀងរាល់​ឆ្នាំ​ មាន​សិស្ស​មួយចំនួន​ចេះ​ប្រើប្រាស់​ពេលវេលា​ដែល​គ្រប់គ្នា​គ្មាន​អារម្មណ៍​ចង់​ធ្វើអ្វី​សោះ​នេះ​ ដើម្បី​ចាប់​យក​ឱកាស​សំ​ខាន់​ៗដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​ក្រោយពេល​ដឹង​លទ្ធផល​ថា​ គេ​បាន​ប្រឡងជាប់​ជាស្ថាពរ​។

    ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ Start​ Up​ Cambodia​ លោក​ គីម​ ដារ៉ា​ បាន​លើកឡើង​ថា​ ក្រោយ​ប្រឡង​ចប់​ និង​មិនទាន់​ចេញ​លទ្ធផល​ សិស្ស​មិន​គួរ​គ្រាន់តែ​អង្គុយ​រង់ចាំ​ដោយ​គ្មាន​ប្រយោជន៍​ ឬមិនបាន​ធ្វើអ្វី​សោះ​នោះ​ទេ​ តែ​ពួកគេ​គួរ​ប្រើប្រាស់​ពេលវេលា​រង់ចាំ​ជាង​ 20ថ្ងៃនេះ​ដើម្បី​ប្រើប្រាស់​វា​ឱ្យ​មានប្រយោជន៍​។ សិស្ស​ដែល​ទើបតែ​ប្រឡង​ចប់​គួរ​ចំណាយពេល​នេះ​ដើម្បី​ស្វែងយល់​ពី​ជម្រើស​ ឬស្វែងយល់​ពី​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​ ព្រោះ​ទោះបី​ជា​លទ្ធផល​ចេញ​មក​ ជាប់​ ឬធ្លាក់​ក៏ដោយ​ បេក្ខជន​ម្នា​ក់ៗ​សុទ្ធតែ​ត្រូវ​ជ្រើសរើស​ផ្លូវ​មួយ​រៀង​ៗខ្លួន​។ ហេតុនេះ​ការ​ស្វែងយល់​ពី​ជំនាញ​ដែល​ខ្លួន​ចង់​រៀន​បន្ត​ ជា​វិធី​ល្អ​មួយ​ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​ពេល​កាន់តែ​ច្រើន​ក្នុង​ការពិចារណា​ ក៏ដូចជា​សម្រួច​គោលដៅ​ឱ្យ​កាន់តែ​ល្អ​មុន​ពេល​ចូល​ដល់​មហាវិទ្យាល័យ​។

    ក្រៅពី​ពិចារណា​ពី​ជម្រើស​ដែល​ខ្លួន​ចង់​រៀន​ហើយ​ អ្វី​ដែល​ត្រូវ​គិត​បន្ត​ គឺ​សាលា​ដែល​ស័ក្តិសម​នឹង​ខ្លួន​ ព្រោះ​គ្រឹះស្ថាន​អប់រំ​នី​មួយ​ៗមានមុខ​ជំនាញ​ខ្លាំង​រៀង​ៗខ្លួន​។ ប្រសិនបើ​ពួកគេ​ចង់​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ ឬវិស្វករ​គេ​អាច​ស្វែងរក​សាលា​ណា​ដែល​ពូកែ​ ឬល្បីឈ្មោះ​ដើម្បី​ប្រឡង​ចូល​ ហើយ​ប្រសិនបើ​ពួកគេ​ចង់​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ​ ក៏​គួរតែ​ស្វែងយល់​ពីសា​លា​រៀន​ណា​ដែល​មាន​ចំណុចខ្លាំង​លើ​ជំនាញ​ដែល​យើង​ចង់​សិក្សា​ហ្នឹង​ដូចគ្នា​ដែរ​។ សម្រាប់​សិស្ស​នៅ​តាម​បណ្ដា​ខេត្ត​វិញ​ ក៏​គួរ​ពិចារណា​ដែរ​ពី​ជម្រើស​ក្នុង​ការសិក្សា​នៅ​ខេត្ត​ ឬនៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ត្រៀមខ្លួន​ចូលរៀន​។ ដើម្បី​ដឹងពី​ព័ត៌មាន​លម្អិត​ សិស្ស​អាច​សាកល្បង​ស្វែងរក​ប្រភព​ព័ត៌មាន​នានា​ជុំវិញ​គ្រឹះស្ថាន​នី​មួយ​ៗ ឬអាច​ទៅ​មើល​ដោយ​ផ្ទាល់​ដល់​គ្រឹះស្ថានសិក្សា​នោះ​តែម្តង​ ដើម្បី​ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ វា​ជា​ជម្រើស​ល្អ​ ឬយ៉ាងណា​?។ លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “សម្រាប់​អ្នក​ចង់បាន​អាហារូបករណ៍​ ពួកគេ​ក៏អាច​ចំណាយពេល​វេលា​ប៉ុន្មាន​ថ្ងៃនេះ​ ដើម្បី​ស្វែងយល់​ពី​អាហារូបករណ៍​នានា​ ពិសេស​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ជាដើម​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​មាន​ភាព​ទូលំទូលាយ​ សិស្សានុសិស្ស​អាច​ស្វែងរក​ព័ត៌មាន​បាន​យ៉ាង​ងាយ​ ដើម្បី​ដឹងពី​តម្រូវការ​ដែលគេ​ចង់បាន​ និង​លក្ខខណ្ឌ​នានា​ដែល​ត្រូវ​ត្រៀមខ្លួន​ ឬបំពេញ​សម្រាប់​ការប្រកួត​ប្រជែង​យក​អាហារូបករណ៍​។ ក្រៅពី​នេះ​ យើង​អាច​សាកសួរ​ព័ត៌មាន​ពី​បងៗ​ដែល​គាត់​ធ្លាប់​ប្រឡងជាប់​អាហារូបករណ៍​ទាំង​ថ្នាក់​ជាតិ​ និង​ទៅ​ក្រៅប្រទេស​ដើម្បី​ដឹងពី​ចំណុច​គន្លឹះ​សំ​ខាន់​ៗមួយ​ចំនួន​សម្រាប់​ការ​ត្រៀមខ្លួន​ប្រឡង​ឱ្យ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​។ លោក​ថា​ ក្រៅពី​នេះ​ សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ចូល​សិក្សា​មហាវិទ្យាល័យ​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យ​មានការ​ប្រឡង​ចូល​ ដូចជា​សាកល​វិទ្យាល័យ​ពេទ្យ​ ឬវិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ជាដើម​ គួរ​ចំណាយពេល​វេលា​នេះ​ដើម្បី​មក​រៀន​ត្រៀម​ឱ្យ​បាន​យូរ​ដើម្បី​ហ្វឹកហាត់​សមត្ថភាព​សម្រាប់​ប្រកួតប្រជែង​ជាមួយ​សិស្ស​ដទៃទៀត​ដែល​មានបំណង​ចង់​ចូល​សិក្សា​សាលា​ទាំងអស់​នោះ​ដូចគ្នា​ដែរ​។

    បន្ថែម​ពីលើ​នេះ​ លោក​ដារ៉ា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​សិស្ស​មួយចំនួន​ដែល​មានបំណង​ចង់​អភិវឌ្ឍ​ទាំង​សមត្ថភាព​ការងារ​ និង​ការសិក្សា​នោះ​ អាច​ចំណាយពេល​វេលា​នេះ​ដើម្បី​ស្វែងរក​ការងារ​ដែល​ល្អ​ និង​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ច្រើន​ទៀត​។

    ត្រង់នេះ​មានន័យថា​ យើង​គួរ​ស្វែងរក​ការងារ​ណា​ដែល​ត្រូវ​នឹង​ជំនាញ​របស់​យើង​ ហើយ​អាច​ឱ្យ​យើង​អភិវឌ្ឍ​ខ្លួន​ស្របគ្នា​ជាមួយនឹង​ជំនាញ​ដែល​យើង​រៀន​ បើ​ទោះបីជា​ការងារ​នោះ​មិន​ស្ថិត​ក្នុង​តំណែង​សំ​ខាន់​ភ្លាម​ៗក៏ដោយ​ តែ​វា​អាច​ជា​ច្រក​យ៉ាង​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​យើង​ឈានជើង​ទៅ​ចាប់អារម្មណ៍​អ្វី​ដែល​យើង​ស្រឡាញ់​ពេញចិត្ត​នៅ​ថ្ងៃ​អនាគត​។

    លោក​ សោម​ ច័ន្ទ​សុធា​ សហ​គ្រូបង្វឹក​នៃ​កម្មវិធី​ The​ Perspectives​ Cambodia​ បាន​លើកឡើង​ថា​ ដំណាក់កាល​ដែល​មិនទាន់​ចេញ​លទ្ធផល​នេះ​ គឺ​ជា​រយៈពេល​មួយ​ដែល​បេក្ខជន​មានចិត្ត​រារែក​មិន​ចង់​ស្វែងរក​ប្រភព​ព័ត៌មាន​បន្ត​សម្រាប់​សិក្សា​នៅ​មហាវិទ្យាល័យ​ទេ​ ព្រោះ​ខ្លាចក្រែង​ដឹង​លទ្ធផល​ធ្លាក់​ទៅ​ នាំ​តែ​ខកចិត្ត​។ ទោះជា​យ៉ាងនេះ​ក្តី​ បេក្ខជន​ក៏​គួរតែ​ពិចារណា​ដោយ​ស្វែងយល់​ពី​ផ្លូវ​ដែល​អាច​ដើរ​បាន​នៅ​គ្រប់​ស្ថានភាព​ ដូចជា​ការពិចារណា​ថា​ តើ​ក្រោយពេល​ប្រឡងជាប់​ យើង​អាច​មានផ្លូវ​ណាខ្លះ​? ហើយ​ប្រសិន​បើ​មិន​ជាប់​ តើ​យើង​អាច​មាន​វិធី​អ្វីខ្លះ​ដើម្បី​ឱ្យ​ជីវិត​យើង​នៅតែ​អាច​អភិវឌ្ឍ​បាន​?។

    លោក​ សោម​ ច័ន្ទ​សុធា​ និយាយ​ថា​៖ “ក្រៅពី​ការពិចារណា​ពី​ជម្រើស​ និង​ផ្លូវ​ដើរ​ហើយ​ បេក្ខជន​គួរ​ពិចារណា​ផង​ដែរ​ពី​លទ្ធភាព​សម្រាប់​ការ​បន្ត​ការសិក្សា​ ឬសម្រាប់​ដើរទៅ​មុខ​ទៀត​ ថា​តើ​យើង​គួរ​សិក្សា​នៅ​ខេត្ត​ ប្រឡង​យក​វិជ្ជាជីវៈ​ ឬត្រូវ​មក​សិក្សា​នៅ​ភ្នំពេញ​”។

    លោក​សុធា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់ពី​បាន​ស្វែងរក​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ហើយ​ សិស្ស​គួរ​កុំអាល​ទាន់​សម្រេច​ចិ​ត្ត​ភ្លាម​ៗពេក​ ពួកគេ​គួរ​យក​បញ្ហា​ដែល​ជា​ឧបសគ្គ​ទាំងអស់​នោះ​មក​ពិចារណា​សិន​ថា​ តើមាន​វិធី​ណាខ្លះ​ដើម្បី​ដោះស្រាយ​ ហើយ​ខិតខំ​ដោះស្រាយ​ដើម្បី​សម្រេច​គោលដៅ​ឱ្យ​អស់ពី​សមត្ថភាព​?។ ជាក់ស្តែង​ ប្រសិនបើ​ពួកគេ​មាន​បងប្អូន​ ឬអាច​មានលទ្ធភាព​ត្រឹម​ស្នាក់នៅ​ តែ​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សាលា​ ពួកគេ​អាច​ស្វែងរក​អាហារូបករណ៍​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​សិក្សា​បន្ត​ តែ​ប្រសិន​បើ​មានលទ្ធភាព​ត្រឹម​បង់ថ្លៃ​សាលា​ ហើយ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​របស់​ខ្លួន​ ជាដើម​ ពួកគេ​អាច​សាកល្បង​ស្វែងរក​ការងារ​ធ្វើ​បណ្តើរ​ និង​រៀន​បណ្តើរ​ក៏​ជាការល្អ​ប្រសើរ​មួយ​ដែរ​។ ចុងក្រោយ​ ប្រសិនបើ​យើង​មិន​អាច​សម្រេច​បាន​តាមវិធី​សាស្ត្រ​ ឬគោលដៅ​ដែល​យើង​បាន​ត្រៀមខ្លួន​ដោះស្រាយ​ទេ​នោះ​ សឹម​យើង​បន្ធូរបន្ថយ​វា​បន្តិច​ម្តង​ៗឆ្ពោះទៅ​រក​គោលដៅ​បន្តបន្ទាប់​ទៀត​៕