Author: ធឿន មករា

  • កម្ពុជា​-ឡាវ​-វៀតណាម​ ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​សម្រាប់​ឆ្នាំ2020​-2025​

    កម្ពុជា​-ឡាវ​-វៀតណាម​ ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​សម្រាប់​ឆ្នាំ2020​-2025​

    ប្រទេស​កម្ពុជា​-ឡាវ​-វៀតណាម​ (CLV​-DTA​) បាន​ចាប់ផ្តើម​ដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួមគ្នា​សម្រាប់​ឆ្នាំ2020​-2025​ សំដៅ​ជំរុញ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ លើកកម្ពស់​គុណភាព​សេវាកម្ម​ អភិវឌ្ឍន៍​ធនធានមនុស្ស​ ជំរុញ​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ទេសចរណ៍​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង3​។

    កម្ពុជា​-ឡាវ​-វៀតណាម​ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​មួយ​ឡើង​កាលពី​ដំណាច់ខែ​សីហា​ នៅ​ខេត្ត​ចំប៉ា​សាក់​របស់​ប្រទេស​ឡាវ​ ដោយ​បាន​យកចិត្ត​ទុកដាក់​ពិភាក្សា​លម្អិត​លើ​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ និង​កំណត់​នូវ​យុទ្ធសាស្ត្រ​សំ​ខាន់​ៗក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ឱ្យ​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​។

    សម្រាប់​កម្ពុជា​ រួមមាន​ខេត្តក្រចេះ​ ស្ទឹងត្រែង​ មណ្ឌលគិរី​ និង​រតនគិរី​ បាន​យកចិត្ត​ទុកដាក់​ដាក់​បញ្ចូល​សក្តា​នុ​ពល​របស់​ខ្លួន​ដើម្បី​ភ្ជាប់​ការ​ធ្វើ​ទេសចរណ៍​ឆ្លងខេត្ត​ និង​ឆ្លង​ប្រទេស​ និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ពង្រឹងគុណភាព​សេវាកម្ម​ សុខ​សុវត្ថិភាព​ទេសចរណ៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ជំរុញ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ក្នុង​តំបន់​។

    ក្នុង​នោះ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ក៏​បា​នប​ញ្ជូល​សកម្មភាព​សំ​ខាន់​ៗរបស់​ខេត្ត​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ​ ដូចជា​ការ​ជំ​រុញ​សក្តា​នុ​ពល​សត្វ​ផ្សោត​ទន្លេមេគង្គ​ ការ​ពង្រឹង​សហគមន៍​អេកូ​ទេសចរណ៍​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ការរៀបចំ​អភិវឌ្ឍន៍​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗសំដៅ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រកបដោយ​និរន្តរភាព​ ការទទួលខុសត្រូវ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​ក្នុង​ខេត្ត​។

    លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ PATA​ បាន​ឱ្យ​ដឹង​ថា​៖“ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​របស់​ប្រទេស​ទាំង3​ ជា​តំបន់​ទេសចរណ៍​នេះ​ ពិតជា​ល្អ​បំផុត​ ព្រោះ​ជា​តំបន់​ដែល​មិនសូវ​អ៊ូអរ​បើ​ធៀប​ទៅ​នឹង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​មាន​ភាព​អ៊ូអរ​ជាង​។ គម្រោង​រដ្ឋាភិបាល​ដែល​ចង់​ប្រែក្លាយ​តំបន់ត្រីកោណ​ទៅជា​តំបន់​ទេសចរណ៍​នេះ​មាន​យូរណាស់​មក​ហើយ​ ហើយ​បើ​ពេលនេះ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​គម្រោង​នេះ​ឱ្យ​កើតឡើង​មែន​ គឺ​ពិតជា​រឿង​មួយ​ល្អ​ណាស់​”។

    លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“នៅក្នុង​គម្រោងការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឱ្យ​ជា​តំបន់​ទេសចរណ៍​ មិនមែន​ថា​ តំបន់​នោះ​គ្មានអ្វី​ទាក់ទាញ​នោះ​ទេ​ គឺ​មាន​ គ្រាន់តែ​យើង​ពុំ​ទាន់បាន​តុបតែង​ឱ្យ​វា​មាន​ភាព​ទាក់ទាញ​តែប៉ុណ្ណោះ​។ ពោល​គឺ​តំបន់​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ដែល​ពុំ​ទាន់​តុបតែង​លម្អ​ខ្លួន​អ៊ីចឹង​ដែរ​”។

    លោក​បាន​បន្ត​ថា​ តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​-វៀតណាម​នោះ​ វា​មាន​ទី1​- ភាពជា​ធម្មជាតិ​ និង​អ្វី​ដែល​កើត​ចេញពី​ធម្មជាតិ​។ ទី2​-ត្រូវ​មានការ​កែច្នៃ​ ដើម្បី​ឱ្យ​តំបន់​ហ្នឹង​មាន​ភាព​ទាក់ទាញ​។ នៅពេល​មានការ​កែច្នៃ​ និង​ការ​តុបតែង​ហើយ​នោះ​ យើង​នឹង​មានការ​បន្ត​វិនិយោគ​។ ឧទាហរណ៍​បើ​យើង​រៀបចំ​ដើម្បី​ទាក់ទាញ​ទេសចរ​ នោះ​វិ​ស័យ​ផ្សេង​ៗនឹង​ទៅ​តាម​គ្នា​។ ការ​វិនិយោគ​ បើ​ពុំ​មាន​មនុស្ស​ចាប់អារម្មណ៍​ទៅលេង​ទេ​ ការ​វិនិយោគ​វា​នឹង​មិន​មាន​និរន្តរភាព​ទេ​ព្រោះ​វា​មិន​មាន​ចលករ​ជំរុញ​។

    លោក​បាន​បន្ថែម​ថា​ តែបើ​សិន​ជា​មាន​មនុស្ស​ទៅកាន់​ទីនោះ​ ទីនោះ​វា​នឹង​នាំមក​នូវ​កត្តា3​ ជា​សំខាន់​គឺ​ការ​ដឹកជញ្ជូន​ ការ​ហូបចុក​ទទួលទាន​ និង​ការ​-ស្នាក់នៅ​។ បើ​មានក​ត្តា​ 3នេះ​នាំមុខ​ដើរទៅ​មុន​ ឬមានការ​ផុលផុស​ហើយ​នោះ​ កត្តា​ផ្សេង​ៗទៀត​នឹង​ទៅតាម​ក្រោយ​ និង​អាច​ទាក់ទាញ​ខ្លាំង​ទៀតផង​។ ដូច​ខេត្ត​ព្រះសីហនុ​ពីមុន​អ៊ីចឹង​ អត់​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ អត់មាន​ជើង​យន្តហោះ​ច្រើន​ ពុំសូវ​មាន​ភ្ញៀវ​ទេសចរ​ទេ​ តែ​ឥឡូវ​អ្វី​ៗក៏​មាន​ អ្នកទេសចរ​ និង​អ្នក​ទៅ​អភិវឌ្ឍ​ និង​វិនិយោគ​យ៉ាង​ភ្លូកទឹកភ្លូកដី​។

    លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ តំបន់ត្រីកោណ​នេះ​នឹង​ជួយ​ជំរុញ​ចរន្ត​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ និង​ទៅកាន់​ពិភពលោក​បាន​កាន់តែ​ទូលំទូលាយ​ ក្រៅពី​នេះ​តំបន់ត្រីកោណ​មិនមែន​ត្រឹមតែ​ជាគោល​ដៅ​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​វា​នឹង​ជួយ​ជំរុញ​លើ​វិស័យ​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗទៀតផង​ដែរ​ ដូចជា​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជាដើម​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន​នៃ​ប្រទេស​ទាំង3​ និង​ទៅកាន់​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ទៀតផង​។

    លោក​ វណ្ណ​ឌី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“តំបន់​ត្រីកោណ​នេះ​អាច​ជា​កន្លែង​ដែល​ទាក់ទាញ​ទេសចរ​ខ្លាំង​ ដោយសារ​ប៉ូល​ទេសចរណ៍​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ខាង​អាកាសធាតុ​។ កម្ពុជា​-វៀត​-ណាម​-ឡាវ​ រួម​ទាំង​ថៃ​ផង​ បាន​បង្កើត​តំបន់​មរកត​មួយ​នេះ​ឡើង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ 4ក្នុង​តំបន់​នេះ​ និង​ការ​តភ្ជាប់​ទេសចរណ៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ដូចជា​ពី​កម្ពុជា​ទៅ​វៀតណាម​ ឬពី​វៀតណាម​មក​កម្ពុជា​ ជាដើម​ ដោយ​តភ្ជាប់​ទាំង​ផ្លូវទឹក​ ផ្លូវគោក​ និង​ផ្លូវអាកាស​ តែ​យ៉ាងណាក៏ដោយ​លុះត្រាតែ​ប្រទេស​ទាំងនេះ​មាន​ទំនង​ទំនាក់​ការទូត​ល្អ​ ទើប​អាច​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​មក​ពី​ប្រទស​ផ្សេងទៀត​ឱ្យ​កើនឡើង​បាន​”។

    លោក​ ហូ​ វណ្ណ​ឌី​ បាន​បញ្ជាក់​ទៀត​ថា​៖“ទេសចរណ៍​ជា​អ្នកនាំ​លាភ​ នាំ​សំណាង​ដល់​ប្រទេស​ដែល​ខ្លួន​ទៅ​ទស្សនា​ ដោយ​ក្នុង​នោះ​ពួកគេ​ត្រូវការ​របស់​3យ៉ាង​ជា​សំខាន់​ គឺ​ការ​ធ្វើដំណើរ​ដោយ​សុខ​សុវត្ថិភាព​ ការ​ទទួលទាន​អាហារ​ឆ្ងាញ់​ និង​មាន​អនាម័យ​ និង​ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ និង​សន្តិសុខ​។

    ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​កំពុង​ស្ថិតនៅ​ក្នុង​សមាគម​អាស៊ាន​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ក្នុង​តំបន់​។ ដូច្នេះ​បើ​យើង​ជំរុញ​កត្តា​ទាំង3​ ឱ្យទៅ​មុខ​ដោយ​រលូន​នោះ​ វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ក៏​នឹង​មានការ​កើនឡើង​ព្រមគ្នា​ ហើយ​យើង​សង្ឃឹម​ថា​ វា​នឹង​មានការ​កើនឡើង​ ដោយ​ឡាវ​ វៀតណាម​ និង​ប្រទេស​ដទៃទៀត​ក៏អាច​ចូល​មក​ និង​ឆ្លងកាត់​តំបន់​នេះ​បាន​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ផង​ដែរ​”៕

  • លទ្ធផល​បាក់ឌុប​ជា​ចំណុច​ចាប់ផ្តើម​ មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ដំណើរ​ជីវិត​ទេ​

    លទ្ធផល​បាក់ឌុប​ជា​ចំណុច​ចាប់ផ្តើម​ មិន​មែន​ជា​ចំណុច​បញ្ចប់​នៃ​ដំណើរ​ជីវិត​ទេ​

    សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​ប្រកាស​ជា​ផ្លូវការ​ហើយដោយ​ក្នុង​នោះ​មាន​បេក្ខជន​ខ្លះ​ក៏​ជួប​រឿង​ពេញចិត្ត​ដោយសារតែ​លទ្ធផល​ប្រឡង​ចេញ​មក​វិជ្ជមាន​ ឬទទួល​បាន​លទ្ធផល​ល្អ​ដូច​ការ​រំពឹង​ទុក​ ខណៈ​សិស្ស​ខ្លះទៀត​ប្រហែលជា​នឹង​ជួប​រឿង​មិន​សប្បាយចិត្ត​ ព្រោះតែ​លទ្ធផល​មិន​ដូច​បំណង​ ជាដើម​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ជីវិត​ប៉ុណ្ណោះ​ មិនមែន​ជា​ចំណុច​បញ្ចប់​ដែល​កំណត់​ពី​ភាព​ជោគជ័យ​ ឬបរាជ័យ​ក្នុង​ការរស់នៅ​នោះ​ទេ​។ ហេតុនេះ​ ប្រសិនបើ​វា​ជា​ចំណុច​ចាប់ផ្តើម​ យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​រៀង​ៗខ្លួន​ ដោយ​អ្នក​ជាប់​អាច​បន្ត​ការសិក្សា​ទៅមុខ​ទៀត​ ឬចាប់​ផ្តើម​អាជីព​ការងារ​តាម​សមត្ថភាព​ដែលគេ​ជាប់​ ខណៈ​អ្នក​មិនទាន់​ជាប់​ក៏​មិនមែន​មានន័យថា​ មិន​អាច​ទៅមុខ​ទៀត​បាន​ដែរ​។ សម្រាប់​បេក្ខជន​ដែល​ប្រឡង​មិនទាន់​ជាប់​ អាច​សិក្សា​ម្តង​ទៀត​ ព្រោះ​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​នោះ​ទេ​។ ចំពោះ​អ្នក​ដែល​មានបំណង​ពិតប្រាកដ​ក្នុង​ការ​តស៊ូ​លើ​ជីវិត​ការសិក្សា​ ឬអាច​បន្ត​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ក៏ដូចជា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​បាន​។

    អ្នក​ធ្លាក់​ក៏អាច​មាន​អាជីព​ល្អ​ ឬទទួល​បាន​លទ្ធផល​ល្អ​ដែរ​ប្រសិនបើ​មានការ​តស៊ូ​ពិតប្រាកដ​ក្នុង​ជីវិត​ការងារ​ ព្រោះ​កន្លងមក​ជា​បទ​ពិសោធ​មាន​អ្នករៀន​មិនបាន​ច្រើន​មិន​តិច​នាក់​ទេ​ដែល​តស៊ូ​ស្វះស្វែង​រៀន​ពី​ជីវិត​ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ មាន​សង្ឃដីកា​ថា​៖“បច្ចុប្បន្ន​នេះ​មាន​អ្នកមាន​ អ្នកធំ​ច្រើនណាស់​ដែល​រៀន​មិន​ចប់​ទាំង​បរិញ្ញាបត្រ​ផង​ តែ​គេ​មានគំនិត​ មាន​ប្រាជ្ញា​ប្រឹងរក​ស៊ី​ ឬធ្វើ​រឿង​ប្លែក​ល្អ​ៗ រហូត​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ទទួលស្គាល់​។ និយាយ​នេះ​ មិនមែន​មានន័យថា​ មិន​ឱ្យ​រៀនសូត្រ​នោះ​ទេ​ តែ​គ្រាន់តែ​ចង់​បញ្ជាក់​ថា​ដំណាក់កាល​នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​ ហើយ​មានរឿង​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ស្វែងរក​ការ​អភិវឌ្ឍ​ក្នុង​ជីវិត​”។

    ព្រះ​តេជគុណ​បាន​បន្ថែម​ទៀត​ថា​ បេក្ខជន​ដែល​មិន​សមបំណង​សូមកុំ​យកជីវិត​ទៅ​កំណត់​ត្រឹម​សញ្ញាបត្រ​ ឬក្រដាស​មួយ​សន្លឹក​។ មានន័យថា​ កុំ​សម្លាប់​ខ្លួន​ដោយសារតែ​មិនទាន់​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​ ព្រោះ​កាលណា​យើង​ចេះ​រក្សា​ឱកាស​ ជីវិត​យើង​នៅ​វែងឆ្ងាយ​បន្ត​ទៀត​ដែល​អាច​ឈាន​ចាប់​យក​អ្វី​ដែល​ល្អ​ និង​ខ្ពស់​ជាង​នេះ​ជាច្រើន​ផ្សេង​ទៀត​។ ចំពោះ​អ្នក​ប្រឡងជាប់​ហើយក៏​មិន​គួរ​ភ្លេច​ខ្លួន​ដែរ​ ព្រោះ​ផ្លូវ​ដើរ​នៅសល់​វែងឆ្ងាយ​ទៀត​ ហេតុនេះ​ប្រសិនបើ​រវល់​តែ​មោទនភាព​ជាមួយនឹង​ជោគជ័យ​ពេលនេះ​ជ្រុល​ ហើយ​ភ្លេចខ្លួន​ជ្រើសរើស​ជំនាញ​ ឬជ្រើសរើស​ផ្លូវ​ដើរ​មិនល្អ​ ក៏អាច​ប្រឈម​ជា​មួយ​នឹង​បញ្ហា​ច្រើន​ក្នុង​ដំណើរ​ជីវិត​បាន​ដែរ​។

    ព្រះសង្ឃ​សាស្ត្រា​ចារ្យ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ហេតុនេះ​សម្រាប់​អ្នក​ជាប់​ទន្ទឹម​នឹង​រីករាយ​ជាមួយ​លទ្ធផល​ល្អ​ក៏​គួរ​ស្វែងរក​ពេលវេលា​ពិចារណា​ពី​ការ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​ឱ្យ​ច្បាស់​ថា​ យើង​ស្រឡាញ់​មុខវិជ្ជា​ណា​ឱ្យ​ពិតប្រាកដ​ កុំ​ឱ្យ​ចាំតែ​អាណាព្យាបាល​រើស​ឱ្យ​ បន្ទាប់មក​រៀន​មិន​កើត​ក៏​បោះបង់​វិញ​នោះ​។ ម្យ៉ាងវិញទៀត​ យុវជន​ក៏​មិន​គួរ​រេរា​តាម​គ្នា​ ឬតាម​មិត្តភក្តិ​ដែរ​ អ្វី​ដែល​ត្រូវ​មាន​ គឺ​ភាព​ច្បាស់លាស់​ក្នុងចិត្ត​ ប្រកបដោយ​ភាពរឹងមាំ​ដើម្បី​សម្រេចវាសនា​ខ្លួនឯង​សម្រាប់​ថ្ងៃ​អនាគត​៕

  • ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​នៅ​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​ការ​វិនិយោគ​លំនៅ​ដ្ឋាន​

    ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​នៅ​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​ការ​វិនិយោគ​លំនៅ​ដ្ឋាន​

    ប្រមាណ7​ ខែ​នៃ​ឆ្នាំ2019កន្លងមក​នេះ​ការ​រីក​លូតលាស់​ និង​វត្តមាន​សំ​ណង់​ថ្មី​ៗ មិន​ថមថយ​នោះ​ទេ​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ខេ​ត្ត​សក្តា​នុ​ពល​មួយចំនួន​ទៀត​ ដ្បិតតែ​ការ​លក់​ហាក់​ថមថយ​ ជាង​កាលពី​ឆ្នាំ​កន្លងទៅ​បន្តិច​មែន​។ ការ​ថមថយ​នៃ​វិស័យ​លំនៅឋាន​នា​ពេល​បច្ចុប្បន្ន​នេះ​ មិនមែន​បណ្តាល​មក​ពី​ការ​ទទួលរង​នូវ​ឥទ្ធិពល​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ឬប្រទេស​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​គឺ​បណ្តាល​មក​ពី​សកម្មភាព​អភិវឌ្ឍន៍​ផ្ទាល់​នៅក្នុង​ប្រទេស​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

    លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​សមាគម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​ បាន​ប្រាប់​ឡា​រ៉ែ​ននា​ពេល​ថ្មី​ៗនេះ​ថា​ ភាព​ប្រឈម​នៃ​វិស័យ​អចលនទ្រព្យ​ វា​មាន​វដ្ត​របស់​វា​ តែ​ចំពោះ​លំនៅឋាន​ ដែល​មិនសូវ​មាន​សម្ទុះ​នៃ​ការ​លក់​ គឺ​ប្រភេទ​ផ្ទះ​តម្លៃ​មធ្យម​ ដោយសារតែ​ភាគច្រើន​ត្រូវ​បាន​អ្នកមាន​ធនធាន​ទិញទុក​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ ដែល​វា​មិនមែន​ជា​តម្រូវ​-ការពិត​ប្រាកដ​នោះ​ទេ​។

    ចំណែក​ទីផ្សារ​ នៅតែ​មាន​តម្រូវការ​ ពិសេស​លំនៅឋាន​ Low​ Class​ ពិបាក​រក​អ្នក​វិនិយោគ​ព្រោះ​ធ្វើ​លក់​ពុំ​ទាន់​តម្រូវការ​ទេ​។បានន័យ​ថា​តម្រូវការ​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​ គឺ​ប្រភេទ​លំនៅឋាន​មានតម្លៃ​ត្រឹម3ម៉ឺន​ដុល្លារ​ ទោះបី​រដ្ឋាភិបាល​មាន​គោលនយោបាយ​ក្នុង​ការ​លើកទឹកចិត្ត​ក៏ដោយ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ក៏បាន​លើកឡើង​ថា​ រាល់ថ្ងៃ​នេះ​វិស័យ​សំណង់​គឺ​ទទួល​បានការ​គាំទ្រ​ ហើយ​តាមរយៈ​ការសិក្សា​ ប្រជាជន​មួយចំនួន​គឺ​គាត់​ខ្វះ​លំនៅឋាន​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ដូចនេះ​ហើយ​ ទើប​មាន​អ្នក​អភិវឌ្ឍ​ផ្ទះ​តម្លៃ​មធ្យម​ជាច្រើន​ បាន​សម្រុក​សាងសង់​នៅ​ក្បែរ​ក្រុង​ ដើម្បី​ជា​តម្រូវការ​របស់​អតិថិជន​។ ក៏ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​តម្លៃ​នៃ​អចលនទ្រព្យ​វិញ​ វា​គឺជា​ការប្រកួត​ប្រជែង​គ្នា​ ដែល​ក្នុង​នោះ​គម្រោង​ដែល​មាន​រចនាប័ទ្ម​ល្អ​គឺ​ស្រួល​លក់​ជាង​ បើ​ធៀប​ទៅ​នឹង​គម្រោង​ដែល​ពុំសូវ​មាន​រចនាប័ទ្ម​ល្អ​។

    យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​ទំហំ​កម្ចី​ទិញ​អចលនទ្រព្យ​ (Mortgage​) គិត​មកដល់​ត្រីមាស​ទី2ឆ្នាំ​2019នេះ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ 3,5ពាន់​លាន​ដុល្លារ​ កើនឡើង​ប្រមាណ30​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។

    របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ កម្ចី​អចលនទ្រព្យ​ក្នុង​ត្រីមាស2​ ឆ្នាំនេះ​ មាន​ 47.79​% នៃ​សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំ​ទឹកប្រាក់​ 7.16ប៊ី​លា​នដុ​លា្ល​រអា​មេ​រិក​ដោយ​កើន​ឡើង6.80​% ធៀប​នឹង​ត្រីមាស​ទី​ 1 ឆ្នាំ2019នេះ​។ ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​។

    លោក​ អឿ​ សុធា​រ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ មានប្រសាសន៍​ថា​៖“នៅក្នុង​ត្រីមាស​ទី2នេះ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​មានការ​ធ្លាក់ចុះ​។ ទោះបី​យ៉ាងណា​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ2018​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​បាន​កើន​ឡើង9.03​%ខណៈ​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​ កើនឡើង​ជិត​ទ្វេដង​”។

    លោក​បន្ត​ថា​៖“ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ជាលំដាប់​ ចាប់តាំងពី​ឆ្នាំ2018​ ក្នុង​ចន្លោះ​ពី5​% ទៅ7​%ក្នុង​ត្រីមាស​នីមួយ​។ ខណៈ​ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​កើនឡើង​ ចន្លោះ​ពី6​% ទៅ8​%។ ជា​រួម​អនុបាត​នៃ​ឥណទាន​ មិន​ដំណើរការ​លើស​ពី30ថ្ងៃ​ របស់​ផលិតផល​ឥណទាន​ទាំង3​ នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​កម្រិត​ ទាប1.19​%”។

    លោក​ អឿ​ សុធា​រ័ត្ន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​របាយការណ៍​ថា​ ស្ថានភាព​នេះ​ កើតមាន​ដោយសារ​តែ​តម្រូវការ​ផ្ទះនៅ​កម្ពុជា​មានការ​កើនឡើង​តាមរយៈ​កំណើន​នៃ​ជីវភាព​ប្រជាជន​ បូករួម​នឹង​ភាព​ងាយស្រួល​ក្នុង​ការខ្ចី​ប្រាក់​ ឬបង់​រំលស់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ ជាពិសេស​ កំណើន​នៃ​ការទិញ​ផ្ទះ​ ក៏​កើនឡើង​ស្រប​ពេល​ដែល​ការសាងសង់​ផ្ទះ​សម្រាប់​លក់​ ជា​លក្ខណៈ​បុរី​ ឬផ្ទះល្វែង​មាន​ច្រើន​ផង​ដែរ​។

    ដោយឡែក​នៅក្នុង​របាយការណ៍​របស់ក្រ​សួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៅក្នុង​រយៈពេល​7ខែ​ ឆ្នាំ2019​ នេះ​បាន​បង្ហាញថា​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​សរុប​ចំនួន​ 525​ គម្រោង​ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ 11,73703​, 873ដុល្លារ​។របាយការណ៍​បូកសរុប​ការងារ​ប្រចាំខែ​កក្កដា​ឆ្នាំ2019​ និង​ទិសដៅ​បន្ត​បាន​បង្ហាញថា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែកក្កដា​ឆ្នាំ2018​ វិស័យ​សំណង់​មាន​គម្រោង​ត្រឹមតែ​ 330​ គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​ 843លាន​ដុល្លារ​មានការ​កើនឡើង​ជាង​ 39​%។គម្រោង​សំណង់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ មាន​ចំនួន​សរុប​ចំនួន​ 44​ គម្រោង​ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង1,044​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ2018​ មាន​ចំនួន​តែ​ 41គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ 806​ លាន​ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង29​%។

    ចំណែក​គម្រោង​សំណង់​ស្ថិត​ក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ខេត្ត​វិញ​ មាន​ចំនួន​សរុប​ចំនួន​ 481​ គម្រោង​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ជាង​ 129​ លាន​ដុល្លារ​ ខណៈ​កាលពី​ឆ្នាំ2018មាន​ចំនួន​ 289គម្រោង​ មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ 36ដុល្លារ​ គឺ​មានការ​កើនឡើង​ជាង​ 251​%។

    របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ សម្រាប់​វិស័យ​សំណង់​អគារ​ សំណង់​លំនៅឋាន​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ខែកក្កដា​នេះ​មាន​ចំនួន​សរុប438​គម្រោង​ ដែល​មាន​ទុន​វិយោគ​ ជាង​ 473ដុល្លារ​ ស្មើ​និង​ 801ខ្នង​។

    ដោយឡែក​ គម្រោង​អគា​ខ្ពស់​ៗចាប់ពី​កម្ពស់​5ជាន់ឡើង​ នៅ​ទូទាំង​ប្រទេស​ក្នុង​ខែកក្កដា​ ឆ្នាំ2019​មា​នន​ចំនួន​ 69​ អគារ​ ក្នុង​នោះ​កម្ពស់​ចាប់ពី​ 5ជាន់​ ទៅដល់​កម្ពស់9ជាន់​មាន​ 34អគារ​ ពី​កម្ពស់10ជាន់​ទៅ​កម្ពស់19ជាន់​មាន​ចំនួន24អគារ​ ពី​កម្ពស់​ 30​ជាន់​ទៅ​ 39ជាន់​មាន​ចំនួន​ 7អគារ​ពី​កម្ពស់​ 40ជាន់ឡើង​ទៅ​ មាន​ចំនួន1អគារ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បាន​កំណើន​ល្អ​ប្រសើរ​ហើយ​នយោបាយ​នៅតែ​មាន​ស្ថិរភាព​ ហេតុនេះ​ការ​វិនិយោគ​នៅតែ​បន្ត​កើនឡើង​ ជាក់ស្តែង​យើង​ឃើញ​កម្រិត​ឥណទាន​ក្នុង​វិស័យ​នេះ​នៅតែ​បន្ត​កើនឡើង​។

    ទោះជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​បន្តិចបន្តួច​ក្តី​ ប៉ុន្តែ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ព្រោះ​មាន​អ្នក​វិនិយោគ​ជាច្រើន​ បាន​ចូល​មក​ដូចជា​អ្នក​វិនិយោគ​កូរ៉េ​ អ្នក​វិនិយោគ​ជប៉ុន​កំពុងតែ​ចូល​មក​កាន់​កម្ពុជា​ ដើម្បី​វិនិយោគ​លើ​វិស័យ​នេះ​”៕

  • រដូវភ្លៀង​គួរ​ថែទាំ​សុខភាព​បែប​ណា​កុំឱ្យ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​?

    រដូវភ្លៀង​គួរ​ថែទាំ​សុខភាព​បែប​ណា​កុំឱ្យ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​?

    ក្នុង​រដូវភ្លៀង​ ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់​ និង​មាន​សំណើម​ខ្លាំង​ ធ្វើ​ឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស​ បើសិន​ជា​មាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស​ ហើយ​យើង​ដកដង្ហើម​ស្រូប​ចូល​ទៅ​ក្នុង​សួត​ អាច​នឹង​បង្ក​ឱ្យ​កើតជំងឺ​ខាង​ផ្លូវដង្ហើម​បាន​ជាច្រើន​ ដូចជា​ ជំងឺ​រលាក​ច្រមុះ​ ជំងឺ​ផ្តាសាយ​ គ្រុន​ផ្តាសសាយ​ធំ​ និង​ជំងឺ​រលាក​បំពង់​ដង្ហើម​ (រលាក​បំពង់ក​) ជាដើម​។ តើ​អ្នក​គួរ​ថែរក្សា​សុខភាព​បែប​ណា​នៅក្នុង​អំឡុង​ពេល​នៃ​រដូវភ្លៀង​?

    ការ​ប្រុងប្រយ័ត្ន​ និង​អនាម័យ​
    ចៀសវាង​ការ​ស្ថិតនៅ​ក្នុង​កន្លែង​ដែល​ចង្អៀត​ហប់​ ខ្យល់អាកាស​ពិបាក​ចេញចូល​ និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើតជំងឺ​ទាំងអស់​នោះ​ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​បាន​តាមរយៈ​ការដកដង្ហើម​ ទឹកមាត់​ សំបោរ​ ឬកំហាក​ស្លេស្ម​របស់​អ្នកជំងឺ​ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក​ ច្រមុះ​ និង​មាត់​ ឬតាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ​ ដូចជា​ កន្សែងជូតមុខ​ ស្លាបព្រា​ កែវ​ទឹក​ ការ​ថើប​ ឬការដែល​ដៃ​ទៅ​ប៉ះ​មេរោគ​ ហើយ​យក​ទៅ​ញីភ្នែក​ ឬយក​ទៅកាន់​អ្វី​ញ៉ាំ​ជាដើម​។

    រក្សា​សីតុណ្ហភាព​រាងកាយ​
    ប្រសិនបើ​មាន​អាការ​តឹងច្រមុះ​ ឬហៀរសំបោរ​ អ្នក​គួរ​ចៀសវាង​នៅកន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់​ ជាពិសេស​ម៉ាស៊ីន​ត្រជាក់​ កង្ហារ​ កុំ​ញ៉ាំ​ទឹក​ត្រជាក់​ ឬងូតទឹក​ត្រជាក់​ ហើយ​ប្រសិនបើ​ចង់​បើក​ម៉ាស៊ីន​ត្រជាក់​ ត្រូវ​កម្រិត​សីតុណ្ហភាព​ឱ្យ​ខ្ពស់​ជាង25អង្សា​រ ដើម្បី​កុំឱ្យ​ខ្យល់​ត្រជាក់​ពេក​។ ករណី​ប្រើ​កង្ហារ​ កុំ​បើក​លេខ​ខ្លាំងពេក​ គួរ​គេង​ឆ្ងាយ​ពី​ម៉ាស៊ីន​សម្រូប​ខ្យល់អាកាស​ ឬកង្ហារ​ ព្រោះ​ខ្យល់​ត្រជាក់​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​ទន់ខ្សោយ​ ប្រព័ន្ធ​ការពារ​រាងកាយ​ក៏​ចុះ​ខ្សោយ​ អាច​នាំ​ឱ្យ​អ្នក​កើត​មាន​អាការ​រលាក​ច្រមុះ​ រមាស់​ច្រមុះ​ តឹងច្រមុះ​ កណ្តាស់​ ហៀរសំបោរ​ បំពង់ខ្យល់​រួម​ ឬក្អក​មាន​ស្លេ​សជាដើម​។ គួរ​ឱ្យ​រាងកាយ​បាន​កក់ក្តៅ​ ដោយ​គេង​ដណ្តប់ភួយ​ ពាក់​ស្រោមជើង​ ពាក់​អា​វក្រា​ស់ៗ​ ឬពាក់អាវ2ជាន់​ និង​ខោ​វែង​ផង​។ ករណី​សំបោរ​នៅក្នុង​រន្ធច្រមុះ​ច្រើន​ ឬតឹងច្រមុះ​ គ្រូពេទ្យ​អាច​ណែនាំ​ឱ្យ​ឆ្ពុង​ច្រមុះ​ ដោយ​ចំហាយទឹក​ពុះ​ ដើម្បី​ជួយ​ឱ្យ​អាការ​ធូរស្រាល​បាន​។

    គួរ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​ឆ្លង​រោគ​ផ្លូវដង្ហើម​
    ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ល្អ​ នោះ​នឹង​មិន​ងាយ​ឈឺ​នោះ​ទេ​។ មូល​ហេ​តុ​ផ្សេង​ៗដែល​នាំ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ មាន​ដូចជា​ តប់ប្រមល់​ គេង​មិន​គ្រប់គ្រាន់​ ឬប៉ះ​ជាមួយនឹង​ខ្យល់​ត្រជាក់​ពេក​។

    ការ​ទទួលទាន​អាហារ​មិន​បណ្ដាល​ឱ្យ​រលាក​បំពង់ក​
    ប្រសិនបើ​មាន​អាការ​ឈឺ​-ក ឬក្រហាយ​ផ្សា​ អ្នក​គួរ​ទទួលទាន​អា​ហារ​ទន់​ៗ ដូចជា​ បបរសាមចូក​ បបរ​ក្តៅ​ៗ ចៀសវាង​អាហារ​ហឹរ​ពេក​ ប្រៃ​ពេក​ កុំ​ជក់បារី​ ឬសេព​គ្រឿងស្រវឹង​ ចៀសវាង​ការប្រើ​ប្រាស់​សំឡេង​មួយ​រយៈ​ សម្អាត​មាត់​ឱ្យ​បាន​ញឹកញាប់​ ជាពិសេស​ក្រោយពេល​ទទួលទាន​អាហារ​ ដោយធ្វើ​ការ​ដុះធ្មេញ​ ខ្ពុ​លមា​ត់​ជាមួយ​ទឹកអំបិល​ក្តៅ​ឧណ្ណ​ៗ ឬទឹក​សុទ្ធ​ព្រោះ​ការដែល​មិន​សម្អាត​មាត់​ធ្មេញ​ និង​បំពង់​ ក កាន់តែ​ធ្វើ​ឱ្យ​រលាក​ខ្លាំង​ថែមទៀត​។

    ចៀសវាង​អាហារ​ ឬទឹក​ត្រជាក់​
    បើ​មាន​អាការ​ក្អួត​ គួរ​ចៀសវាង​ភាពត្រជាក់​ ដូចជា​ ខ្យល់​អាការ​ត្រជាក់​ ការ​ទទួលទានទឹក​កក​ ឬងូតទឹក​ត្រជាក់​ ការ​ញ៉ាំ​ការ៉េម​ជាដើម​។ អ្នក​គួរ​ទទួល​ទាន​ ឬងូតទឹក​ក្តៅ​ឧណ្ហ​ៗ គួរ​បិទមាត់​ច្រមុះ​ ពេល​ក្អក​ ឬកណ្តាស់​ដោយ​ក្រណាត់​ស្អាត​។

    ផ្អាក​សកម្មភាព​មួយចំនួន​ដែល​ងាយ​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​តាមផ្លូវ​ដង្ហើម​
    បើ​មាន​អាការ​ស្ងួត​បំពង់​-ក អ្នក​គួរ​កាត់បន្ថយ​ការប្រើ​សំឡេង​ជា​បណ្តោះអាសន្ន​ ហើយ​អ្នក​មិន​គួរ​ស្រែ​កខ្លាំង​ៗនោះ​ទេ​។ អ្នក​គួរ​ឈប់​ជក់បារី​ ឬចៀសវាង​ឱ្យ​ឆ្ងាយ​ពី​ផ្សេង​បារី​ ផ្អាក​ហែលទឹក​ ឬលេង​ជ្រមុជទឹក​ ព្រោះ​អាច​ឆ្លង​រោគ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​បាន​។ អ្នក​ងាក​មក​ថែទាំ​សុខភាព​ឱ្យ​បាន​មាំមួន​ ដោយ​ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​គ្រប់5ប្រភេទ​ក្រុម​ ទាំង​បន្លែ​ផ្លែឈើ​ និង​ចៀសវាង​ស្ថិតនៅ​ក្នុង​បរិយាកាស​កុះករ​ពេក​ មាន​ធូលី​ដី​ហុយ​ ផ្សែង​សារធាតុគីមី​ ជាតិពុល​កខ្វក់​ ឬមានការ​ប្រែប្រួល​សីតុណ្ហភាព​ឆាប់រហ័ស​ពេក​ជាដើម​។ អ្នក​គួរ​នៅកន្លែង​ដែល​មាន​ខ្យល់អាកាស​ចេញចូល​បាន​ល្អ​ ហាត់ប្រាណ​រាល់ថ្ងៃ​ កុំ​អត់​ងងុយ​ ទទួលទានទឹក​ក្តៅ​ឱ្យ​បាន​ញឹកញាប់​ មិនថា​នៅពេល​ណា​ ឬទីកន្លែង​ណាក៏ដោយ​ អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​ផ្លួវ​ដង្ហើម​ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​មេរោគ​ ហើយ​ពេល​បាន​ធូរស្បើយ​ហើយ​ អ្នក​ក៏​គួ​រប្រ​ត្តិ​បត្តិ​តាម​ការណែនាំ​ទាំងនេះ​ យ៉ាងតិច​1សប្តាហ៍​បន្ថែម​ទៀតផង​ ដើម្បី​ឱ្យ​ជំងឺ​របស់​អ្នក​បាន​ជាសះស្បើយ100​%៕

  • ផ្លែ​ឪឡឹក​ក្នុង​ស្រុក​ងាយស្រួល​ដាំ​ ឆាប់​ហុច​ផល​ និង​កំពុង​រក​វិធី​ទប់ស្កាត់​ឪឡឹក​នាំចូល​

    ផ្លែ​ឪឡឹក​ក្នុង​ស្រុក​ងាយស្រួល​ដាំ​ ឆាប់​ហុច​ផល​ និង​កំពុង​រក​វិធី​ទប់ស្កាត់​ឪឡឹក​នាំចូល​

    ឪឡឹក​ជា​ផ្លែឈើ​ដ៏​ពេញនិយម​មួយ​ប្រភេទ​របស់​ប្រជាជន​ខ្មែរ​ ដោយសារតែ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​អាច​កាត់បន្ថយ​ការ​ស្រេកទឹក​បាន​យ៉ាង​ល្អ​ និង​ក្រៅពី​រសជាតិ​ឆ្ងាញ់​ពិសា​ហើយ​ ឪឡឹក​នៅ​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ និង​សម្រស់​ជាច្រើន​ហួសពី​ការស្មាន​ទៅទៀត​។កាលពីមុន​កសិករ​ខ្មែរ​ដាំ​ឪឡឹក​ពិបាក​រក​ទីផ្សារ​លក់​ណាស់​ ព្រោះ​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន​ ប៉ុន្តែ​បច្ចុប្បន្ន​ទោះបី​ដាំ​នៅ​ទីណា​ក៏ដោយ​ ក៏​មាន​ឈ្មួញ​ទៅ​ប្រមូល​ទិញ​ដល់​ចម្ការ​ដែរ​ មិន​តែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​មួយចំនួន​ថែមទាំង​ចូលចិត្ត​ដាំដំណាំ​ឪឡឹក​ទៀតផង​ ព្រោះ​ដំណាំ​នេះ​ប្រើ​រយៈពេល​តែ​ 65ថ្ងៃ​ប៉ុណ្ណោះ​ អាច​ប្រមូល​ផល​បាន​ហើយ​។

    លោក​ ឆេង​ ថុង​ ប្រធាន​សហគមន៍​កសិករ​សំបូរ​មានជ័យ​បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“របៀប​ដាំ​ឪឡឹក​មិន​ពិបាក​ទេ​ ពោល​គឺ​ដី​ដាំ​ឪឡឹក​ត្រូវ​បាន​ភ្ជួរ​រាស់​ដី​ឱ្យ​ម៉ដ្ឋ​ រួច​បាច​កំបោរ​មុន​ពេល​លើក​ជា​រង​។  គេ​អាច​ដាំ​ឪឡឹក​លើ​រង​ទោល​ឬរង​ភ្លាះ​ក៏បាន​ក្នុង​រណ្តៅ​នី​មួយ​ៗ  និង​ដាំ​ឃ្លាតពី​គ្នា​រវាង​រណ្តៅ​នី​មួយ​ៗប្រមាណ​ជា​ 40​ ទៅ​ 50សង់ទីម៉ែត្រ​ និង​ដាំ​ជាជួរ​ដូចគ្នា​។  ក្នុង​ដី​ 1,000ម៉ែត្រការ៉េ​  គេ​តម្រូវ​ឱ្យ​ប្រើ​គ្រាប់ពូជ​ពី​ 40​ ទៅ​ 50ក្រាម​។ ពេល​ដើម​ចេញ​ស្លឹក​ពី​ 4 ទៅ​ 5សន្លឹក​ (ពី​ 8 ទៅ​ 10ថ្ងៃ​បនា្ទប់​ពី​ដាំ​)  គឺ​ត្រូវ​ដក​ដើម​ដែល​មិនល្អ​រណ្តៅ​នី​មួយ​ៗចេញ​ ដោយ​ទុក​តែ​ 1ដើម​ណា​ដែល​មាំមួន​ លូតលាស់​ល្អ​គ្មាន​ដង្កូវ​ ឬជំងឺ​”។

    ការប្រើ​ប្រាស់​ជី​សម្រាប់​ដំណាំ​ឪឡឹក​ គេ​ត្រូវ​លាយ​បរិមាណ​ជី​ឱ្យ​បាន​សមស្រប​។ ចំពោះ​ដី​ដាំ​ឪឡឹក​ 1ហិ​កតា​ ត្រូវ​ប្រើ​ជីលា​មក​សត្វ​ពី​ 20​ ទៅ​  30​តោន​ ជីអ៊ុយរ៉េ​ពី​ 230​ ទៅ​ 250គីឡូក្រាម​ ជី​ប៉ូតាស្យូម​-ក្លរួ​ (kcl​)ប្រមាណ​ 170​ គីឡូក្រាម​ ជី​ស៊ុប​ពែ​រហ្វូ​ស្វាត​ 400​ គីឡូក្រាម​ ជី​ Dap​ 50គីឡូក្រាម​ ជីលា​មក​ប្រចៀវ​ ឬជី​បងា្គ​-ត្រី​ 300គីឡូក្រាម​។

    លោក​បានឱ្យ​ដឹង​ថា​៖ចំពោះ​ពេល​ប្រមូល​ផល​ឪឡឹក​ បនា្ទប់​ពី​ដាំ​បាន​គ្រប់​ចំនួន​ថ្ងៃហើយ​ ពេលនោះ​យើង​នឹង​ឃើញ​សំបក​ផ្លែ​ឪឡឹក​ឡើង​រលោង​ សរសៃ​លេចឡើង​ច្បាស់​កន្លែង​ប៉ះ​នឹង​ដី​នឹង​មាន​សម្បុរ​លឿង​ 80​%  ដើម​នឹង​រាង​ស្វិត​ស្រពោន​ស្លឹក​ ពេល​នោះ​គឺ​អាច​ប្រមូល​ផល​បាន​ហើយ​ ដោយ​គេ​ត្រូវ​កាត់​ទង​ផ្លែ​ឱ្យ​នៅសល់​ប្រវែង​ 2សង់ទីម៉ែត្រ​ រួច​ទុក​ដាក់​ឪឡឹក​នៅកន្លែង​ស្រឡះ​ និង​ក្នុង​ម្លប់​ពី​ 10ទៅ​15ថ្ងៃ​ដើម្បី​ជួយ​ឱ្យ​ផ្លែ​ឪឡឹក​ផ្អែម​ជាង​មុន​ រួច​សឹម​យក​ទៅ​លក់​។

    ដោយសារ​ឪឡឹក​ជាដំណាំ​ងាយ​ហុច​ផល​ឆាប់រហ័ស​ ដូច្នេះហើយ​ទើប​ការ​ដាំ​ឪឡឹក​នេះ​មាន​ 2វិធី​ដាំ​ទៅតាម​តំបន់​ដែលគេ​និយម​ដាំ​។ តំបន់​ខ្លះ​មុននឹង​ដាំ​គេ​ត្រូវ​កាច់​ស្លឹកចេក​ធ្វើជា​កន្ទោង​ ដាក់​ដី​ចូល​ដើម្បី​បណ្តុះ​គ្រាប់​។ លុះ​ដុះ​ចេញ​ស្លឹក​ហើយ​ ទើប​គេ​យក​វា​ទៅ​ដាំ​ ចំណែក​តំបន់​របស់​លោក​នៅ​ខេត្តកំពង់ធំ​វិញ​ គេ​ឆូត​ដី​ជា​រង​ដោយមាន​ទទឹង​ 1.5ម៉ែត្រ​ និង​ទុក​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយទៀត​ប្រមាណ​ជា​ 5តឹក​ ហើយ​ក្នុង​មួយ​គុម្ព​ដាក់ដាំ​ 2គ្រាប់​។ របៀប​នៃ​ការ​ដាំ​ គេ​កប់​គ្រាប់​រួច​ស្រោចទឹក​ដើម្បី​ឱ្យ​វា​ដុះ​ស្មើ​ឡើង​គ្នា​ បើ​កន្លែងណា​ដីសើម​ខ្លាំង​ វា​នឹង​ដុះឡើង​មុនគេ​ ដូច្នេះ​កាលណា​ឪឡឹក​ទុំ​ ក៏​ទុំ​មុនក្រោយ​គ្នា​ដែរ​ មិន​ដូច​ការ​ដាំ​ដាក់​កន្ទោង​ទេ​ ពេល​ទុំ​ គឺ​វា​នឹង​ទុំ​ស្មើគ្នា​ទាំងអស់​ គ្រាន់តែ​ការ​ដាំ​បណ្តុះ​កូន​ បើ​ក្នុងករណី​យើង​ដាំ​ 1ម៉ឺន​គុម្ព​ គេ​ត្រូវ​បណ្តុះ​កូន​រហូតដល់​ 1ម៉ឺន​ 2ពាន់​គុម្ព​ ព្រោះថា​ ត្រូវ​ទុក2ពាន់​គុម្ព​សម្រាប់​ជួស​កូន​ដែល​ងាប់​ ឬរលួយ​ ប៉ុន្តែ​រយៈពេល​នៃ​ការ​ដាំ​គឺ​ 65ថ្ងៃ​ដូចគ្នា​ រាប់​ចាប់តាំងពី​ការ​បណ្តុះ​មក​។ នេះ​បើ​តាម​លោ​កថុង​បាន​បញ្ជាក់​។

    ចំណែក​ការ​ដាំ​ឪឡឹក​របស់​អ្នក​ខេត្តព្រៃវែង​វិញ​ រាង​ខុសប្លែក​ពី​គេ​បន្តិច​ គឺ​កសិករ​នឹង​ចាប់ផ្តើម​ដាំ​បន្ទាប់ពី​ច្រូតស្រូវ​ហើយ​ភ្លាម​ គឺ​ដាំ​ក្នុង​ជ្រាំង​ដើម​ស្រូវ​ ដោយ​ដាក់​ខ្សែ​ទាញ​កាប់​ជា​រណ្តៅ​ដាំ​ជាជួរ​តែម្តង​ ហើយ​ដាក់ជី​អាចម៍គោ​ និង​ជីសរីរាង្គ​។ ពេល​ដើម​ឪឡឹក​ដុះ​ វា​នឹង​វារ​លើ​ជ្រាំង​គល់​ស្រូវ​ ដល់ពេល​ចេញ​ផ្លែ​ ផ្លែ​វា​នឹង​ទើរ​លើ​ជ្រាំង​ស្រូវ​មិន​មាន​ប្រឡាក់​ដី​ទេ​។

    ប្រធាន​សហគមន៍​កសិករ​នៅ​ស្រុកចំការ​លើ​បាន​បញ្ជាក់​ដែរ​ថា​ ឪឡឹក​ក្នុង​ 1ឆ្នាំ​គេ​អាច​ដាំ​បាន2ដង​ ប៉ុន្តែ​បើ​ដល់​ខែ​ដែល​ត្រូវ​ដាំ​ហើយ​ កសិករ​ត្រូវ​ដាំ​ឱ្យ​ទាន់​ពេល​ បើ​ដាំ​ក្រោយ​កន្លះ​ខែ​ ឬ 1ខែ​នឹង​មិន​ទទួល​បាន​ល្អ​ទេ​។

    លោក​បានឱ្យ​ដឹង​ដែរ​ថា​៖“ហេតុនេះ​ហើយ​បាន​ជា​ការ​ដាំ​ឪឡឹក​របស់​កសិករ​យើង​ច្រើនតែ​ដាំ​ខុស​ខែ​គ្នា​ ហើយក៏​មិន​ដាំ​តែ​ឪឡឹក​មួយ​មុខ​ដែរ​ ដូចជា​នៅ​កំពង់ចាម​គេ​ដាំ​ឪឡឹក​ ដោយ​នឹង​ទទួល​បានផល​នៅ​ខែ7​-8 នៅ​ខេត្តកំពង់ធំ​ប្រមូល​ផល​នៅ​ខែ8​-9 ឯនៅ​ខេត្តបាត់ដំបង​គេ​ប្រមូល​ផល​ខែ9​-10​ ធ្វើ​ឱ្យ​ខ្ញុំ​អាច​ប្រមូល​ផល​បាន​ជា​បន្ត​ ឆ្លាស់គ្នា​ពុំ​ដាច់​ទេ​”។

    លោក​ ឆេង​ ថុង​ ដែល​ប្រមូល​ផ្លែ​ឪឡឹក​មក​ដាក់​លក់​នៅ​តាម​ផ្សារ​ទំនើប​ បានឱ្យ​ដឹង​ថា​ ភាគច្រើន​ ឪឡឹក​ដែល​លោក​ប្រមូល​ទិញ​ពី​កសិករ​ គឺ​ចល័ត​ជាច្រើន​កន្លែង​ តែ​ឪឡឹក​ដែល​បម្រើ​ទីផ្សារ​បាន​ច្រើន​ជាងគេ​ ភាគច្រើន​នាំមក​ពី​ខេត្ត​កំពង់ចាម​ មាន​ស្រុក​ចំការលើ​ ស្រុក​មេមត់​ ឯខេត្តកំពង់ធំ​មាន​ស្រុក​ស្ទោង​ ស្រុក​កំពង់ស្វាយ​ ស្រុក​បារាយណ៍​ ហើយ​ខេត្តព្រៃវែង​ មាន​ស្រុក​កញ្ច្រៀច​ ស្រុក​ព្រៃវែង​ និង​ខេត្តកណ្តាល​ មាន​ស្រុក​ស្អាង​ ស្រុក​កោះធំ​ និង​ស្រុកលើ​កដែក​។ លោក​ត្រូវ​ដើរ​ប្រមូល​ទិញ​ឪឡឹក​ពី​ចម្ការ​តាម​បណ្តា​ខេត្ត​ដែល​មាន​ដាំ​ឪឡឹក​ ហើយ​ក្នុង​ការទិញ​នោះ​ ជួនកាល​ទិញម៉ៅ​មួយ​ចម្ការ​តែម្ដង​(ប្រសិនបើ​ផ្លែ​រាង​តូច​) និង​ទិញ​ថ្លឹង​ជា​គីឡូ​(ប្រសិនបើ​ផ្លែ​រាង​ធំ​) ឬទិញ​ជា​តោន​ៗតែម្តង​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​ លោក​ ឆេង​ថុង​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖ “ឪឡឹក​ គឺជា​ផ្លែឈើ​ដែល​មានតម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​យើង​អាច​លក់​បាន​ក្នុង​តម្លៃ​តែ800​ ទៅ​ 1,000​រៀល​ប៉ុណ្ណោះ​ក្នុង​ផ្លែ​ឪឡឹក​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំ​នេះ​យើង​អាច​លក់​បាន​ថ្លៃជាង​មុន​បន្តិច​គឺ​ 1,000​ ទៅ1,200រៀល​ក្នុង​ 1គីឡូក្រាម​”។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“នៅ​លើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​អាច​ប្រមូល​ផល​បាន​តែ​ជាង​ 100ហិ​កតា​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​ប្រមូល​ទិញ​ពី​សហគមន៍​ដទៃទៀត​ ដោយ​បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ​ជាមធ្យម​ 30,000,000លាន​រៀល​(30លាន​រៀល​ថ្លៃដើម​) ស្មើនឹង​ប្រមាណ​ជា​ 2,500តោន​ ដើម្បី​យក​មក​លក់​ឱ្យ​ផ្សារ​ទំនើប​ជា​បន្ត​”។

    លោក​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ កសិករ​បច្ចុប្បន្ន​ចូលចិត្ត​ចែករំលែក​បទ​ពិសោធ​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​មិន​មានការ​លាក់លៀម​ទេ​។ ទោះបីជា​បែប​នេះ​ក្ដី​ ក៏​ឪឡឹក​នៅតែ​មាន​នាំចូល​មក​ពី​ប្រទេស​វៀតណាម​ខ្លះ​ដែរ​ ខណៈ​រដូវ​ដែល​ភ្លៀង​ធ្លាក់​ជោគជាំ​កសិករ​យើង​ដាំ​មិនបាន​ ក្នុង​នោះ​មាន​ខេត្ត​កំពង់ចាម​ដែល​ជា​ដីក្រហម​អាច​ដាំ​បាន​ខ្លះ​ៗដែរ​ តែ​មិន​អាច​បំពេញ​គ្រប់​តម្រូវការ​បានទេ​។ ហេតុនេះ​បើ​គេ​មាន​ម៉ូយ​នៅ​វៀតណាម​ គេ​នឹង​នាំចូល​មក​ តែ​យ៉ាងណា​ក៏​រសជាតិ​មិន​អាច​ប្រៀប​នឹង​ឪឡឹក​របស់​ខ្មែរយើង​បាន​ដែរ​ ព្រោះ​ការ​ដឹក​មក​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​។

    លោក​ ឆេង​ ថុង​ បាន​បញ្ជាក់​ជាចុងក្រោយ​ថា​៖“ក្នុង​ការដែល​កសិករ​ក្នុង​ស្រុក​គាត់​នាំគ្នា​ដាំ​ឪឡឹក​នេះ​ គឺ​គាត់​មិនទាន់​មាន​បណ្តាញ​ទីផ្សារ​ច្រើន​ និង​មិន​ទាន់​ពេញលេញ​នៅឡើយ​ទេ​ ដោយសារតែ​កសិករ​មួយចំនួន​គាត់​មិនទាន់​មាន​បច្ចេកទេស​ដាំដុះ​ក្នុង​រដូវ​ដែល​កម្រ​ ទើប​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម​គេ​អាច​ជ្រៀតចូល​មក​លក់​បាន​ ហេតុនេះ​ហើយ​ទើប​កសិករ​យើង​ខិតខំ​ជំរុញ​ការ​ដាំដុះ​ឪឡឹក​តាម​បច្ចេកទេស​ថ្មី​ក្នុង​រដូវ​ដែល​កម្រ​ ដើម្បី​ទប់ស្កាត់​ការនាំចូល​ឪឡឹក​ពី​ប្រទេសជិតខាង​ ​;និង​បំពេញ​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”៕

  • ម៉ាស្សាប្រេងក្តៅមានអត្ថប្រយោជន៍ចំពោះសក់រួញ

    ម៉ាស្សាប្រេងក្តៅមានអត្ថប្រយោជន៍ចំពោះសក់រួញ

    អ្នក​ប្រហែលជា​ធ្លាប់​បាន​ឮខ្លះ​ៗហើយពី​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​អំពី​សក់​ និង​ប្រេង​។ ប្រេង​គឺជា​សារធាតុ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ជួយ​សម្រួល​សក់​ដែល​មាន​បញ្ហា​ឱ្យមក​ជា​សក់​ដែល​មាន​ភាព​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ពិ​តៗ​។ ជាទូទៅ​សក់រួញ​ឆាប់​មាន​សភាព​ស្ងួត​ជាង​សក់ត្រង់​ ដែល​ជាដើម​ហេតុ​នៃ​បញ្ហា​ ហេតុនេះ​ហើយ​បាន​ជា​គេ​ថា​ការ​ម៉ាស្សា​ប្រេង​ក្តៅ​នៅ​លើ​សក់​ និង​ស្បែក​ក្បាល​គឺជា​រឿង​ល្អ​ដែល​អ្នកមាន​សក់រួញ​គួរតែ​អនុវត្ត​ឱ្យ​បាន​ជាប្រចាំ​។

    ការ​ម៉ាស្សា​ប្រេង​ក្តៅ​មានប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​មាន​សក់រួញ​ ព្រោះថា​អាច​ជួយ​ចិញ្ចឹម​ថែបំប៉ន​សក់​ ជួយ​ឱ្យ​សក់​ភ្លឺរលោង​ លូត​លាស់​បាន​ល្អ​ គ្មាន​អង្កែ​ រឹងមាំ​ បន្ថយ​ការ​ជ្រុះសក់​ និង​បន្ថែម​ភាព​ក្រាស់​ដល់​សក់​។ បន្ថែម​ពីនេះ​ការ​ម៉ាស្សា​ប្រេង​ក្តៅ​នេះ​គឺជា​ការ​បន្ថែម​សំណើម​ និង​ជួយ​គេច​ចេញពី​បញ្ហា​សក់សំពោង​បែក​ចុង​ផង​ដែរ​។ សម្រាប់​ការ​បន្ថែម​ភាព​ស្រស់​ស្អាត​ទៅ​ឱ្យ​សក់​ដោយ​ប្រេង​ក្តៅ​ អ្នក​អាច​ជ្រើសរើស​ប្រេង3ប្រភេទ​គឺ​ ប្រេង​អូ​លីវ​ ប្រេងដូង​ ឬប្រេង​អាល់​ម៉ុ​នក៏​បាន​។ វិធី​នៃ​ការ​ម៉ាស្សា​សក់​ជាមួយ​ប្រេង​ក្តៅ​អាច​ប្រព្រឹត្តទៅ​បាន​តាម​ដំណាក់កាល​ដូចតទៅ​៖
    – ដាក់​កម្តៅ​ប្រេង​(ប្រេង​មួយ​ណា​ក៏បាន​ក្នុង​ចំណោម​ប្រេង​ទាំង3ខាងលើ​)ឱ្យ​ក្តៅ​រយៈពេល​2-4នាទី​។
    – ទុក​ឱ្យ​ប្រេង​នោះ​ត្រជាក់​តាម​សម្រួល​ (ត្រ​ជាក់​ប្រហាក់​ប្រហែល​នឹង​កម្តៅ​នៅក្នុង​បន្ទប់​)។
    – យក​ប្រេង​នោះ​ទៅ​ម៉ាស្សា​ថ្នម​ៗលើ​ស្បែក​ក្បាល​ និង​សក់​ពី​គល់​ដល់​ចុង​សក់​។
    – យក​កន្សែងពោះគោ​ ជ្រលក់​ជាមួយ​ទឹក​ក្តៅ​(ក្តៅ​ល្មម​) រួច​យក​កន្សែង​នោះ​មក​គ្រប់​លើ​សក់​ ទុកចោល​ ប្រហែល45នាទី​ទៅ​មួយ​ម៉ោង​។
    – កក់សក់​ ហើយ​បន្ទន់​សក់​តាមធម្មតា​។សូម​អនុវត្ត​តាមវិធី​នេះ​ឱ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​សក់រួញ​ដ៏​ស្រស់​ស្អាត​ និង​មាន​សំណើម​គួរ​ជាទី​ពេញចិត្ត​មិនខាន​៕

  • នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? ភាគ ០២ ចប់

    នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? ភាគ ០២ ចប់

    ខាងក្រោម​នេះ​ជា​លក្ខណៈ​របស់​នារី​នៅ​លីវ​ 12បែប​ដែល​នឹង​បង្ហាញ​ឱ្យ​អ្នកមើល​ឃើញថា​ តើ​ខ្លួន​អ្នក​ ជានា​រី​នៅ​លីវ​ក្នុង​ស្ទីល​ណាមួយ​?

    7. ជា​កញ្ញា​អ្នក​ពុះពារ​អ្នកជា​មនុស្ស​ស្រឡាញ់​ឥស្សរភាព​ ហើយ​អ្នក​ក៏​ឆ្កួត​នឹង​ការងារ​!​ អ្នកជា​មនុស្ស​ដែល​ត្រូវ​ការ​ស្នេហា​យ៉ាងរំភើប​ស៊ីជម្រៅ​ តែ​ហេតុ​អី​បាន​ជួប​តែ​បុរស​មាន​បុគ្គលិក​លក្ខណៈ​ទន់ជ្រាយ​ ហើយ​ពួកគេ​ច្រើនតែ​មាន​អារម្មណ៍​ថា​អន់ខ្សោយ​ពេល​បានឃើញ​ភាព​ជោគជ័យ​របស់​អ្នក​ ដូច្នេះហើយ​ទើប​អ្នក​តម្រង់​មុខសញ្ញា​ទៅ​រក​ការងារ​ ការងារ​ និង​ការងារ​ តែ​ក៏​មាន​ណាត់​ដើរលេង​ខ្លះ​ដែរ​ក្នុង​ឱកាស​ខ្លះ​។ បើ​មិន​ដូច​អ្វី​ដែល​សង្ឃឹម​ ក៏​មិន​អីដែរ​ ព្រោះ​ពេលនេះ​អ្នក​រៀបការ​ជាមួយ​ការងារ​បាត់​ទៅ​ហើយ​…។ ចូរ​ចាំទុក​ថា​ ជីវិត​ ដំណើរការ​ទៅតាម​ខ្សែ​ផ្លូវ​ដែល​អ្នកគូសវាស​ដោយខ្លួនឯង​ ដូច្នេះ​បើ​អ្នក​ត្រូវការ​ស្នេហា​ អ្នក​ត្រូវ​សាង​វា​ឡើង​…!

    8. ជា​កញ្ញា​កំពូល​រៀប​ផែនការ​ការពិត​ទៅ​ អ្នក​ចង់​មានកូន​ខ្លាំង​ណាស់​ តែ​មិន​ត្រូវការ​មាន​ចំណងស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​ លើកលែងតែ​ថា​ គេ​អាច​ធ្វើជា​មេ​ពូជ​ដ៏​ល្អ​បាន​ និង​មានមុខ​នាទី​ការងារ​ដ៏​ល្អ​អស្ចារ្យ​ ទើប​អ្នក​សម្រេចចិត្ត​មានផ្ទៃពោះ​ជាមួយ​(អុីចឹង​តើ​ បាន​អ្នក​មិន​ជំទាស់​ ឬទាមទារ​ឱ្យ​គេ​ពាក់​ស្រោមអនាម័យ​(ដើម្បី​ពន្យារកំណើត​) ដោយសារតែ​អ្នក​ខ្លួនឯង​ចង់​មានគភ៌​ជាមួយ​គេ​ខ្លាំង​)។ យើង​យល់​… តែបើ​អ្នក​ទៅ​កន្លែង​រក្សាទុក​មេជី​វិត​ ឬរក​មិត្ត​ប្រុស​ណា​ម្នាក់​ដើម្បី​សុំ​ទឹក​មេជី​វិត​របស់​គេ​មក​បង្កាត់ពូជ​ វា​ប្រហែលជា​ស្ដាប់​មើលទៅ​រាង​ឡូយ​ជាង​នេះ​… តែ​ប្រហែលជា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​ បើ​អ្នកដើរ​ទៅ​គេង​ជាមួយ​មនុស្ស​ប្រុស​ទូទៅ​ដោយ​មិនបានការ​ពារ​ខ្លួន​នោះ​។

    9. ជា​កញ្ញា​កំពូល​រញ៉េរញ៉ៃ​អ្នក​មិនដឹង​ថា​ខ្លួនឯង​ត្រូវការ​អ្វី​ ដរាបណា​អ្នក​នៅតែ​ធ្វើខ្លួន​ជា​នាងក្រមុំ​ជប់លៀង​ដែល​ផឹក​បាន​ម៉ា​ទំហឹង​នោះ​។ អ្នកមាន​សេចក្ដីសុខ​ និង​បើ​ចិត្ត​ទទួលយក​នរណា​ឱ្យ​ចូល​មក​ក្នុង​ជីវិត​ក៏បាន​ និង​ញឹកញាប់​ណាស់​ដែល​ស្ថានការណ៍​តែងតែ​បញ្ចប់​ដោយ​ភាព​រញ៉េរញ៉ៃ​… ស្រវឹង​ក្អួត​តាម​ចិញ្ចើមថ្នល់​ ភ្ញាក់​ឡើង​មក​មិនដឹង​នៅក្នុង​ផ្ទះ​អ្នកណា​ ដើរទ្រេតទ្រោត​នៅក្នុង​ផ្ទះ​… តែ​ ក្រែង​ទាំងអស់​ហ្នឹង​ គឺជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​កាលពី​នៅ​វ័យ​ជំទង់​ហ្អី​? ការ​ធ្វើខ្លួន​ឱ្យ​នៅក្មេង​ ជា​រឿង​ល្អ​ តែ​ការរស់នៅ​ពី1ថ្ងៃ​ទៅ1ថ្ងៃជា​មួយ​នឹង​ការ​ស្រវឹង​អួទីនួ​បែប​ហ្នឹង​ វា​មិនល្អ​ឡើយ​។ អូខេ​ តាំងស្មារតី​ឡើង​ ហើយ​ចាប់ផ្ដើម​ជាថ្មី​!

    10​. ជា​កញ្ញា​អ្នក​ប្រណិប័តន៍​អ្នក​មិនបាន​ត្រូវការ​ទៅ​មើល​ភ្លើង​កាំជ្រួច​ដ៏​សែន​ស្រស់​ស្អាត​រហូត​គួរ​ឱ្យ​រំភើប​ពេញចិត្ត​នោះ​ទេ​ តែ​អ្នក​ត្រូវការ​គូជីវិត​ដែល​មាន​ឋានៈ​គង់វង្ស​ និង​អាច​ទុកចិត្ត​បាន​ ​ហើយ​ការស្វែងរក​មនុស្ស​ដែល​ត្រូវចិត្ត​នេះ​ គឺជា​ការងារ​ផា​តថាម​របស់​អ្នក​។ អ្នកជឿ​ថា​ គ្រប់យ៉ាង​កើត​ចេញពី​ការប្រើ​ពេលវេលា​ និង​ក្ដី​ព្យាយាម​ ទើប​អ្នក​កំណត់​មុខសញ្ញា​ និង​ចាប់ផ្ដើម​អនុវត្ត​។ រឹតតែ​ជួប​នឹង​មនុស្ស​ប្រុស​ច្រើន​ប៉ុនណា​ ឱកាស​ក្នុង​ការ​ជួប​បុរស​ដែល​គិតថា​ត្រូវចិត្ត​ ក៏​នឹង​ច្រើន​ទៅតាម​នោះ​ដែរ​។ អ្វី​ដែល​អ្នកធ្វើ​ហ្នឹង​ ត្រឹមត្រូវ​ហើយ​ តែ​កុំ​ភ្លេច​បន្ធូរបន្ថយ​អារម្មណ៍​ខ្លួនឯង​ និង​រក​សេចក្ដីសុខ​ដាក់ខ្លួន​ខ្លះ​ផង​ រួចហើយ​អ្នក​នឹង​ចម្លែក​ចិត្តជា​មួយ​អ្វី​ដែល​កើតឡើង​ ដែល​វា​អាច​ទាំង​ជា​ភាព​គង់វង្ស​ដែល​អ្នក​កំពុង​តាម​រក​ ហើយ​ថែមទាំង​បាន​មើល​ភ្លើង​កាំជ្រួច​ដ៏​សែន​ស្អាត​ទៀតផង​។

    11. ជា​កញ្ញា​អ្នក​ខ្ពង់ខ្ពស់​អ្នកជា​មនុស្ស​ដែល​មានគំនិត​បុរាណ​ ត្រូវការ​បុរស​ដែល​ទឹកចិត្ត​ក្លាហាន​ និង​លើស​អ្វី​ទាំងអស់​ អ្នក​ត្រូវការ​សេចក្ដីស្នេហា​ ការ​យកចិត្ត​ទុកដាក់​ និង​ប្រកាន់​ខ្ជាប់​ជាមួយ​គោលគំនិត​មួយចំនួន​(ដូចជា​រឿង​លុយកាក់​) មិនថា​តែ​ការ​ជូន​ផ្កា​កុលាប​ ការ​នាំទៅ​ដើរលេង​ ឬដើរ​សប​ភីង​នៅ​ថ្ងៃឈប់​សម្រាក​ចុង​សប្ដាហ៍​-ល-។ បុរស​ដែល​ត្រូវចិត្ត​សម្រាប់​អ្នក​ ក៏​គឺ​បុរស​ដែល​ចាប់អារម្មណ៍​តែ​រឿង​របស់​អ្នក​។ មនុស្ស​ស្រឡាញ់​គ្នា​ ត្រូវតែ​យកចិត្ត​ទុកដាក់​គ្នា​ទៅវិញទៅមក​ តែបើ​អ្នក​គិតតែពី​រឿង​លុយ​ ​;អ្នក​ក៏​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ក្លាយជា​នារី​ស្ទីល​អ្នកដើរ​ជីក​រក​មាស​ហើយ​។ ស្រ្តី​មិន​ចូលចិត្ត​ឱ្យ​បុរស​ចាប់អារម្មណ៍​តែ​រឿង​រូបរាង​ខ្លួនប្រាណ​ ដូចគ្នានឹង​បុរស​ក៏​មិន​ចូលចិត្ត​ឱ្យ​ស្រ្តី​ចាប់អារម្មណ៍​តែ​រឿង​តួលេខ​ក្នុង​បញ្ជី​គណនី​ធនាគារ​ដែរ​។

    12.​ ជា​កញ្ញា​អ្នកដឹង​ច្បាស់​ប្រហែលជា​ល្អ​ បើ​មាន​ស្នេហា​ តែ​ការ​នៅ​លីវ​ ក៏​ជា​រឿង​មួយទៀត​ដែល​គួរ​ឱ្យ​ស្ញើច​បាន​ដូចគ្នា​ដែរ​ ព្រោះ​ខណៈ​ដែល​បណ្ដាមិត្ត​ភក្តិ​ស្រី​ៗរបស់​អ្នក​កំពុង​តាំង​អារម្មណ៍​ជាមួយ​ការស្វែងរក​គូ​សង្សា​ថ្មី​ អ្នក​ក៏​កំពុង​មាន​សេចក្ដីសុខ​ជាមួយ​ឥស្សរភាព​ក្នុង​ជីវិត​ដូចគ្នា​។ ប្រើ​ជីវិត​រស់នៅ​របស់​អ្នក​យ៉ាង​ពេញទំហឹង​ រួចហើយ​អ្វី​ដែល​អ្នក​ប្រាថ្នា​ ក៏​នឹង​តាម​មក​ដោយឯកឯង​ បណ្ដោយ​ឱ្យ​វា​ដំណើរការ​ទៅតាម​ធម្មជាតិ​ទៅចុះ​…៕

  • មានចំណេះ​ មាន​ជំនាញ​ និង​មាន​អត្តចរិត​ល្អ​ មិន​ប្រាកដ​ថា​ជោគជ័យ​នោះ​ទេ​ បើ​គ្មាន​គំនិតល្អ​

    មានចំណេះ​ មាន​ជំនាញ​ និង​មាន​អត្តចរិត​ល្អ​ មិន​ប្រាកដ​ថា​ជោគជ័យ​នោះ​ទេ​ បើ​គ្មាន​គំនិតល្អ​

    ដើម្បី​ទទួល​បាន​នូវ​ភាព​រីកចម្រើន​ ឬលទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ជីវិត​ ទាំង​ជីវិត​ការងារ​ ជីវិត​គ្រួសារ​ និង​ជីវិត​អាជីវកម្ម​ជាដើម​ មនុស្ស​ម្នា​ក់ៗ​ត្រូវការ​ធាតុផ្សំ​ជាច្រើន​បញ្ចូល​គ្នា​ដើម្បី​អនុវត្ត​សកម្មភាព​ប្រកប​ដោយសក្តានុពល​ឆ្ពោះទៅ​រក​ចំណុច​អភិវឌ្ឍន៍​ជា​លំដាប់​។

    លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ ជាទូទៅ​យើង​ម្នា​ក់ៗ​តែងតែ​គិតថា​ ធាតុផ្សំ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​ក្លាយជា​មនុស្ស​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ផ្នែកការ​ងារ​ និង​ផ្នែក​អាជីវកម្ម​ គឺ​ចំណេះ​ ជំនាញ​ និង​អត្តចរិត​ល្អ​។ ជា​ការពិត​ណាស់​ វា​ជាផ្នែក​ដែល​អាច​រុញច្រាន​ឱ្យ​មនុស្ស​គ្រប់គ្នា​ទទួល​បាន​លទ្ធផល​ល្អ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែល​មិន​អាច​ខ្វះ​បាន​ និង​ក្តោប​លើ​គុណសម្បត្តិ​ទាំងប៉ុន្មាន​ខាងលើ​នេះ​គឺ​ គំនិត​។ គំនិត​ ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដែល​កំណត់​វាសនា​របស់​មនុស្ស​ ព្រោះ​ប្រសិនបើ​មនុស្ស​ម្នា​ក់ៗ​រៀបចំ​គំនិត​មិន​បាន​ល្អ​ ទោះ​ខំរៀន​ប៉ុនណា​ក៏​មិន​អាច​ឆ្លើយតប​ជាមួយនឹង​ការ​អភិវឌ្ឍ​ជាក់ស្តែង​បាន​ដែរ​ ហើយ​ប្រសិន​បើ​មានតែ​ជំនាញ​ ឬមាន​ចរិតល្អ​ប៉ុនណា​ក៏ដោយ​ បើ​គ្មាន​ការ​គិត​ដែល​ត្រឹមត្រូវ​ទេ​នោះ​ ប្រាកដជា​មិន​អាច​ទាញ​យក​ប្រយោជន៍​ជា​វិជ្ជមាន​ពី​ការងារ​ ឬអាជីវកម្ម​បាន​ដែរ​។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “គំនិត​ដែល​អាច​រុញច្រាន​មនុស្ស​ឱ្យ​ទទួល​បានការ​អភិវឌ្ឍ​ជាប់​ជាប្រចាំ​គឺ​ការ​គិត​បែប​យុទ្ធសាស្ត្រ​។ ការ​គិត​បែប​យុទ្ធសាស្ត្រ​នេះ​ ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់3​។ ទី1​ គឺ​ការ​គិត​បែប​វិភាគ​ស៊ីជម្រៅ​ (critical​ thinking​)។ ទី​2 គឺ​ការ​គិត​បែប​ច្នៃប្រឌិត​ (creative​ thinking​) និង​ទី​3 គឺ​ការ​គិត​បែបជា​ប្រព័ន្ធ​ (ecosystem​ thinking​)”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ មនុស្ស​មួយចំនួន​មាន​ជំនាញ​ពូកែ​ដូចគ្នា​ មាន​ចរិតល្អ​ដូចគ្នា​ តែ​ទទួល​បាន​លទ្ធផល​ខុសគ្នា​ គឺ​ដោយសារ​ពួកគេ​មានគំនិត​ខុសគ្នា​ មានការ​មើលឃើញ​ខុសគ្នា​លើ​រឿងរ៉ាវ​តែមួយ​ដែល​កំពុង​កើតឡើង​។ មាន​មនុស្ស​ខ្លះ​មាន​ឱកាស​ច្រើន​នៅ​ជុំវិញ​ខ្លួន​ តែ​មើល​មិនឃើញ​ថា​នោះ​ជា​ឱកាស​ឡើយ​ ខណៈ​មនុស្ស​ខ្លះទៀត​ចាប់​ឱកាស​ទាំងអស់​នោះ​សឹងតែ​មិនទាន់​។ ហេតុនេះ​ ការ​បណ្តុះ​គំនិត​ ឬរបៀប​គិត​ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ដំណើរ​ជីវិត​ម្នា​ក់ៗ​ឱ្យ​ក្លាយជា​បុគ្គល​ប្រកបដោយ​គុណ​តម្លៃ​ជា​វិជ្ជមាន​សម្រាប់​គ្រប់​ស្ថានការណ៍​ទាំងអស់​។ ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​វិធីសាស្ត្រ​ក្នុង​ការរៀបចំ​គំនិត​នេះ​ហើយ​ ទើប​យើង​នាំ​យក​កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ PRiTS​ ដែ​លជា​កម្មវិធី​សិក្សា​ផ្តោត​លើ​ការបង្កើត​គំនិត​ច្នៃប្រឌិត​ វិភាគ​ស្ថានការណ៍​ អភិ​វឌ្ឈ​ភាព​ឆ្លាតវៃ​ និង​ចំណេះដឹង​ជំ​នាញ​ថ្មី​ៗតាម​បំណិន​ជីវិត​នា​សតវត្សរ៍​ទី21​ មក​ដាក់​បន្ថែម​សម្រាប់​ជា​ជម្រើស​ដល់​អាណាព្យាបាល​ក្នុង​ការជំរុញ​ការ​បណ្តុះបណ្តាល​ដល់​កូន​ៗរបស់​ពួកគាត់​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ PRiTS​ ជា​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​ Genius​ Brain​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​2004​ ហើយ​ចែកចាយ​ទៅតាម​ប្រទេស​មួយចំនួន​ដូចជា​ ប្រទេស​ម៉ាឡេស៊ី​ សិង្ហបុរី​ អូ​មែន​ បារ៉ែន​ ចក្រភព​អង់គ្លេស​ ប្រ៊ុយណេ​ អាហ្វ្រិក​ និង​ប្រទេស​កម្ពុជា​។

    កម្ម​វី​ធី​នេះ​ត្រូវ​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការប្រើ​ប្រាស់​ និង​ចែកចាយ​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ចាប់ពី​ថ្ងៃ​ទី26​ ខែកក្កដា​ ឆ្នាំ2018​ មក​ម្ល៉េះ​។ វា​ជា​កម្មវិធី​ដែល​អាច​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​បន្ថែម​ លើ​ជំនាញ​សហគ្រិនភាព​ គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ការគ្រប់គ្រង​ ការ​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង​ ការ​អភិវឌ្ឍ​សមត្ថភាព​ទំនាក់ទំនង​ និង​បង្កើន​ភាព​ក្លាហាន​ រួម​ទាំង​បណ្តុះ​ភាព​ច្នៃប្រឌិត​ជាដើម​៕

  • Luxury​ Smile​ Beauty​ Group​ Co​., LTD​ ជំរុញ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ដោយ​បង្កើត​ម៉ាក​សញ្ញា​ខ្លួនឯង​សម្រាប់​ប្រកួតប្រជែង​

    Luxury​ Smile​ Beauty​ Group​ Co​., LTD​ ជំរុញ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ដោយ​បង្កើត​ម៉ាក​សញ្ញា​ខ្លួនឯង​សម្រាប់​ប្រកួតប្រជែង​

    ការជំរុញ​ និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅក្នុង​ប្រទេស​ឱ្យ​មាន​ភាពរឹងមាំ​ ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ពង្រឹង​ឯករាជ​ភាព​នៃ​វិស័យ​សេដ្ឋកិច្ច​ ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​សំដៅ​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    ដោយ​មើលឃើញ​ពី​ចំណុច​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ និង​នាំចូល​គ្រឿង​ថែបំប៉ន​សម្ផស្ស​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា​ បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ម៉ាក​សញ្ញា​ខ្លួនឯង​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា​។

    លោក​ឧកញ៉ា​ ចិត្រ​ សិរី​សុ​ភ័ក្ត្រ​ អគ្គនាយក​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ បាន​លើកឡើង​ថា​ ការ​ផ្តល់​ឱកាស​ និង​ជំរុញ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ឱ្យ​មានការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ព្រោះ​កាលណា​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​មានលទ្ធភាព​ពង្រីក​ខ្លួន​បាន​ល្អ​ ពួកគេ​នឹងអាច​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​ ទាញ​យក​ផលប្រយោជន៍​ទីផ្សារ​សម្រាប់​ដោះស្រាយ​បញ្ហា​មនុស្ស​ក្នុង​សង្គម​ និង​ធ្វើ​ឱ្យ​ចរន្ត​លុយ​មាន​សកម្មភាព​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ យើង​ឃើញ​ហើយ​ថា​ នៅក្នុង​ចំណោម​អាជីវកម្ម​ដែល​កំពុង​មាន​សកម្មភាព​រស់រវើក​ទាំងឡាយ​នៅ​កម្ពុជា​ វិស័យ​ថែបំប៉ន​សម្ផស្ស​ជាផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​កំពុង​មាន​សម្ទុះ​ខ្លាំង​ ព្រោះ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បាន​នាំមក​នូវ​ប្រភព​ចំណូល​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​។ ហេតុនេះ​ទាំង​នៅពេល​បច្ចុប្បន្ន​ និង​អនាគត​ មនុស្ស​នឹង​ចាប់ផ្តើម​គិតគូរ​ពី​រូប​សម្រស់​ និង​ការ​ថែរក្សា​សោភណភាព​ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​លើ​វិស័យ​នេះ​អាច​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​ និង​សក្តា​នុ​ពល​ខ្ពស់​ជាប់​ជាប្រចាំ​។

    លោក​ឧកញ៉ា​ ចិត្រ​ សិរី​សុ​ភ័ក្ត្រ​ បាន​មានប្រសាសន៍​ថា​៖ “ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​នៃ​វិស័យ​ថែបំប៉ន​សម្ផស្ស​ និង​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​តាមរយៈ​ការ​លើកស្ទួយ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ក្នុងនាម​យើង​ជា​ក្រុមហ៊ុន​ដែល​មាន​រោងចក្រ​ផលិត​គ្រឿង​ថែបំប៉ន​សម្ផស្ស​ប្រកបដោយ​គុណភាព​ និង​ស្តង់​ដា​ខ្ពស់​នៅ​ប្រទេស​ថៃ​ យើង​បាន​ផ្តល់​ឱកាស​ដល់​អ្នករក​ស៊ី​ទាំងអស់​ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​ និង​បង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​តាមរយៈ​ការ​ជួយ​ផលិត​ និង​ផ្តល់​សិទ្ធិ​សម្រាប់​ការចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​”។

    សហគ្រិន​វ័យក្មេង​ប្រកប​ដោយសក្តានុពល​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ មិន​ត្រឹមតែ​អាច​សម្រេច​ក្តី​ស្រមៃ​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ការ​ទទួល​បាន​ផលិតផល​ដែល​មាន​ម៉ាក​សញ្ញា​របស់​ខ្លួនឯង​ប្រក​ដោយ​គុណភាព​ប៉ុណ្ណោះ​ទេ​ តែ​ក្រុមហ៊ុន​ក៏​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ទាំងអស់​ឱ្យ​យល់ដឹង​ពី​ផ្លូវច្បាប់​យ៉ាង​លម្អិត​តាមរយៈ​ការ​ផ្តល់​សេវា​ពិគ្រោះ​ពិភាក្សា​ផ្តល់​យោបល់​ផ្លូវច្បាប់​ថែមទៀត​ផង​។ ការ​ធ្វើបែប​នេះ​ គឺ​បង្ហាញ​ពី​ការ​គិតគូរ​គ្រប់ជ្រុងជ្រោយ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ទាំងអស់​ ឱ្យ​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​មុខរបរ​ប្រកបដោយ​និរន្តរភាព​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Luxury​ Smile​Beauty​ Group​ Co​., LTD​ ជា​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​អាជីវកម្ម​ដ៏​ធំ​មួយ​ដែល​មាន​រោងចក្រ​ផលិត​គ្រឿងសម្អាង​នៅ​ប្រទេស​ថៃ​ និង​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​ផលល្បីៗ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ហើយក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ទទួល​ផលិត​រាល់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​ ដែល​មាន​បទ​ពិសោធ​ខ្ពស់​ និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​អាជីវករ​ និង​ពាណិជ្ជករ​កម្ពុជា​ និង​ថៃ​ជាច្រើន​ស្ថាប័ន​៕

  • តិចនិក​មើលថែ​ទាំ​ខ្លួន​សម្រាប់​អ្នកមាន​គភ៌​ក្នុង​ខែ​ដំបូង​

    តិចនិក​មើលថែ​ទាំ​ខ្លួន​សម្រាប់​អ្នកមាន​គភ៌​ក្នុង​ខែ​ដំបូង​

    គឺជា​អំឡុង​ពេល​សំខាន់​នៅក្នុង​ជីវិត​របស់​មនុស្ស​ស្រី​ដែល​កំពុង​ជិត​ក្លាយ​ខ្លួន​ជា​ម្តាយ​ ទាំង​ការ​មើលថែ​ទាំ​ ត្រៀមខ្លួន​ និង​ការ​ស្វាគមន៍​សមាជិក​ថ្មី​ម្នាក់​ក្នុង​គ្រួសារ​ដែល​កំពុងតែ​ជិត​ចាប់កំណើត​ឡើង​ក្នុង​រយ:ពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ រយៈ​ដំ​បូងៗ​នៃ​ការ​តាំង​គភ៌​នេះ​ ភាគច្រើន​ស្ត្រី​យើង​តែង​មាន​កង្វល់​ក្នុង​រឿង​ផ្សេង​ៗជាច្រើន​ ទាំង​រឿង​រូបរាង​ សុខភាព​ អារម្មណ៍​ដែល​ប្រែប្រួល​ ដែល​អាការ​ទាំងអស់​នេះ​អាច​មានផល​ប៉ះពាល់​ដោយ​ត្រង់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​បាន​ ដូច្នេះ​ ឡា​រ៉ែ​ន សុំ​នាំ​យក​គន្លឹះ​ល្អ​ៗពាក់ព័ន្ធ​នឹង​ការ​មើលថែ​ទាំ​ខ្លួនឯង​ក្នុងរយៈ​ដំបូង​នៃ​ការ​មានគភ៌​នេះ​ មក​ជម្រាប​ជូន​អនាគត​អ្នកម្តាយ​ថ្មោងថ្មី​ថា​ តើមាន​អ្វីខ្លះ​? សូម​តាមដាន​ដូចតទៅ​ ៖

    1. ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង​ 5 ក្រុម​ ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ដោយ​សង្កត់ធ្ងន់​លើ​សារធាតុ​ ពពួក​ប្រូ​តេ​អុីន​ កាល់ស្យូម​ អាស៊ី​តហ្វូ​លិក​ ដើម្បី​ជួយ​អភិវឌ្ឍ​ខួរក្បាល​ និង​សាច់ដុំ​របស់​ទារក​ឱ្យ​ធំធាត់​បាន​តាម​ប្រក្រតី​ មាន​ជាអាទិ៍​ ញ៉ាំទឹក​ដោះ​គោ​ឱ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​សមុទ្រ​ និង​បន្លែ​ស្លឹក​ពណ៌បៃតង​គ្មាន​សារធាតុគីមី​ជាដើម​។ ក្នុងអំឡុងពេល​មានគភ៌​ ស្ត្រី​ទាំងឡាយ​គួរ​តម​ ឬកាត់បន្ថយ​ការ​ញ៉ាំទឹក​តែ​ កាហ្វេ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ ឬឈប់​ដាច់​តែម្តង​ក៏​ជា​ការ​ប្រសើរ​ដែរ​។

    2. ថែទាំ​សុខភាព​ផ្លូវចិត្ត​ឱ្យ​ស្រស់ស្រាយ​ជាប់​ជានិច្ច​ដូចដែល​បានដឹង​ហើយ​ថា​ បើ​អ្នកម្តាយ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ​ គឺ​ពិតជា​មាន​ផល​ប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​មិនខាន​ ដូច្នេះ​ហើយ​គួរ​លះបង់​ភាព​កង្វល់​ខ្វល់ខ្វាយ​ ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ទាំង​រឿង​ការងារ​ និង​រឿង​ផ្សេង​ៗទៀត​ចោល​ឱ្យ​អស់​ ឬអាច​កែ​បញ្ហា​ទាំងនេះ​បាន​តាមរយៈ​ការ​រក​កិច្ចការ​ធ្វើ​ដើម្បី​បន្ធូរ​អារម្មណ៍​ ដូចជា​ ស្តាប់​ចម្រៀង​ពី​រោះ​ៗ អាន​សៀវភៅ​ ធ្វើការងារ​ច្នៃ​ប្រឌិត​ផ្សេង​ៗជាដើម​។

    3. សម្រាក​ក្នុង​ 1ថ្ងៃ​ៗឱ្យ​បាន​គ្រប់គ្រាន់ដោយសារតែ​ក្នុងអំឡុងពេល​នេះ​ អ្នក​មានគភ៌​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ល្វើយ​ និង​ឆាប់​ហត់​នោះ​ ដូច្នេះ​គួរ​គេង​សម្រាក​ឱ្យ​បាន​ច្រើន​ ឬបន្ថែម​ការសម្រាក​ដោយ​ការ​គេង​ឱ្យ​លក់​ក្នុង​ពេលថ្ងៃ​ប្រមាណ​ជា 1​-2ម៉ោង​ក៏បាន​។

    4. ធ្វើលំ​ហាត់​ប្រា​ណស្រាល​ៗ ដើម្បី​បង្កើន​ភាព​រឹងប៉ឹង​
    ជ្រើសរើស​ហាត់ប្រាណ​ដោយ​ឥរិយា​បថ​ស្រាល​ៗ ដូចជា​ យ៉ូ​ហ្គា​ ដើរលេង​ជុំវិញ​សួនច្បារ​ ឬធ្វើការងារ​ផ្ទះ​បែប​ស្រាល​ៗ ដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធ​ផ្សេង​ៗក្នុង​រាងកាយ​ឱ្យធ្វើ​ការបាន​ល្អ​ ថែមទាំង​ជួយ​ឱ្យ​ប្រសូត​បាន​កាន់តែ​ងាយស្រួល​ឡើង​ទៀតផង​។ គួរ​ចៀសវាង​លំ​ហាត់ប្រាណ​ណា​ដែល​ប្រើ​កម្លាំង​ច្រើន​ និង​មាន​ការ​ងាក​ ឬបែរ​ខ្លួន​ខ្លាំង​។

    5. ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​គភ៌​ និង​រកមើល​អាការ​ខុសប្រក្រតី​ជា​ធម្មតា​អ្នកមាន​គភ៌​ខ្លះ​ ដែល​ទើបតែ​មានគភ៌​ជាលើកដំបូង​អាច​នឹង​មាន​កង្វល់​ក្នុង​រឿង​គ្រោះថ្នាក់​ អាការ​ខុសប្រក្រតី​ដែល​អាច​ហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​ផ្ទៃ​ ដូច្នេះ​បើ​មាន​អាការ​ខុសប្រក្រតី​ ឬអា​កា​រប្លែ​កៗ​ណាមួយ​ ដូចជា​ ចុក​ឆ្អល់​ញឹកញាប់​ ឬចាញ់កូន​ខ្លាំង​ក៏​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ ឬទៅ​ត្រួតពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​ពេទ្យ​ឱ្យ​បាន​ជាប់​ជានិច្ច​។សរុប​មកវិញ​ ឡា​រ៉ែ​ន ចង់​ជម្រាប​ស្ត្រី​មានគភ៌​ទាំងឡាយ​ថា​ ចូរ​ធ្វើ​ចិត្ត​ឱ្យ​សប្បាយ​ៗ កុំ​តានតឹង​អារម្មណ៍​ និង​កង្វល់​ចិត្តខ្លាំង​ពេក​អី​ គួរ​បណ្តោយ​អារម្មណ៍​ឱ្យ​សប្បាយ​ៗ ត្រៀមខ្លួន​ស្វាគមន៍​កូន​តូច​សម្លាញ់​នៅ​ថ្ងៃខាងមុខ​ដោយ​អារម្មណ៍​ស្រស់​ស្រាយ​វិញ​ប្រសើរ​ជាង​៕