Author: ធឿន មករា

  • ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ Paradise​ Cosmetic​ ចែកចាយ​ផលិតផល​ផ្តាច់​មុខ​ក្នុង​ទីផ្សារ​

    ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ Paradise​ Cosmetic​ ចែកចាយ​ផលិតផល​ផ្តាច់​មុខ​ក្នុង​ទីផ្សារ​

    ស្រប​ពេល​ដែល​កម្រិតជីវភាព​របស់​ប្រជាជន​មាន​ភាព​ប្រសើរ​ឡើង​ ប្រជាជន​ខ្មែ​ចាប់ផ្តើម​បង្កើន​គុណ​ជីវិត​ដោយ​យកចិត្ត​ទុកដាក់​លើ​ការ​បញ្ហា​សម្រស់​ និង​ភាព​ស្រស់​ស្អាត​កាន់តែ​ខ្លាំង​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​សញ្ញា​ដ៏​ធំ​មួយ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ Paradise​ Cosmetic​ ដើម្បី​ចែកចាយ​ផលិតផល​ Paradise​ Facial​ and​ Body​ Soap​ ផ្តាច់​មុខ​ក្នុង​ទី​ផ្សា​កម្ពុជា​។

    លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​សញ្ញា​ និង​ចែកចាយ​គ្រឿង​ថែរក្សា​សម្ផស្ស​ដ៏​ធំ​ ដែល​មាន​រោងចក្រ​ផលិត​នៅ​ប្រទេស​ថៃ​។ បច្ចុប្បន្ន​នេះ​ ក្រៅពី​ការចូលរួម​ចំណែក​ក្នុង​ការ​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​របស់​អតិថិជន​ខ្មែរ​ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ផ្នែក​គ្រឿង​រក្សា​សម្ផស្ស​តាមរយៈ​ការផលិត​ និង​ចែកចាយ​គ្រឿងសម្អាង​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​កម្ពុជា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ក៏​ចាប់ផ្តើម​ឈាន​មួយ​ជំហាន​ថ្មីទៀត​ដោយ​ជួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាពិសេស​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ឱ្យ​មានលទ្ធភាព​បង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​។

    លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការជំរុញ​ឱ្យ​សហគ្រាស​ទាំងឡាយ​នៅក្នុង​ស្រុក​បង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​ព្រោះ​កាលណា​ពួកគាត់​មាន​សមត្ថភាព​ក្នុង​ការបង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​ គាត់​នឹង​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​។ ក្រៅពី​ការ​ទទួល​ផលិត​នូវ​ផលិតផល​ស្រប​តាម​ស្តង់​ដា​ខ្ពស់​ហើយ​ យើង​ក៏​ជួយ​ដល់​ក្រុម​ហ៊ុន​ថ្មី​ៗទាំងអស់​នេះ​ឱ្យ​យល់​ពី​សេវា​ផ្លូវច្បាប់​ និង​យុទ្ធសាស្ត្រ​សំ​ខាន់​ៗផ្នែក​ទីផ្សារ​ ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​ការ​ធ្វើអាជីវកម្ម​”។

    សហគ្រិន​វ័យក្មេង​ប្រកបដោយ​ភាព​ប៉ិនប្រសប់​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ដល់​សហគ្រាស​ទាំងអស់​ ក្រុមហ៊ុន​បាន​របស់​លោក​បាន​ផ្តល់​សិទ្ធិ​ចែកចាយ​បង្កើត​ម៉ាក​សញ្ញា​ ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ដែល​មានលទ្ធភាព​អភិវឌ្ឍន៍​ពិតប្រាកដ​ ក្នុង​ក្តី​រំពឹង​យ៉ាង​ខ្ពស់​ថា​ ពួកគេ​អាច​បន្ត​ជួយ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​ផ្សេងទៀត​ ជាពិសេស​ស្ត្រី​ឱ្យ​ទទួល​បាន​ភាព​ជឿជាក់​ខ្ពស់​លើ​ខ្លួនឯង​ និង​បង្កើន​ចំណូល​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ​។

    លោក​ គិត​ ស៊ី​ណុច​ តំណាង​ក្រុមហ៊ុន​ Paradise​Cosmetic​ Cambodia​ Co​., Ltd​ បាន​លើក​ឡើង​ថា​ លោក​ពិតជា​មាន​សេចក្តី​រីករាយ​នៅពេល​ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​នូវ​ផលិតផល​ Paradise​ Facial​ and​ Body​ Soap​ ពី​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ថ្មី​ៗនេះ​ត្រូវ​បាន​ផលិត​ និង​គ្រោង​ចែកចាយ​ក្នុង​ទីផ្សារ​រហូតដល់​ទៅ​ 30,000ដុំ​ឯណោះ​។ Paradise​ Facial​ and​ Body​ Soap​ ជា​ផលិតផល​ដែល​បង្កើត​ឡើង​តាម​ស្តង់​ដា​ជប៉ុន​ មានគុណ​ភាព​ខ្ពស់​ និង​ផលិត​ឡើង​ដោយមាន​ការចុះបញ្ជី​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​ ដែល​ធានា​បាន​ពី​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នកប្រើ​ប្រាស់​។

    លោក​ គិត​ ស៊ី​ណុច​ បាន​និយាយ​ថា​៖ “ក្រៅពី​ការ​ផ្តោត​លើ​ផលិតផល​ដែល​មានគុណ​ភាព​ និង​សុវត្ថិភាព​ខ្ពស់​ហើយ​ មូលហេតុ​ដែល​ក្រុមហ៊ុន​របស់​យើង​នាំ​ចូល​នូវ​ផលិតផល​ Paradise​ Facial​ and​ Body​ Soap​នេះ​ គឺ​ដើម្បី​ជួយ​ដល់​បងប្អូន​ស្ត្រី​ទាំងឡាយ​ដែល​ចង់​មាន​អាជីព​ តែ​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម​ ក៏ដូចជា​បញ្ហា​ដើមទុន​ជាដើម​”។

    លោក​ គិត​ ស៊ី​ណុច​ បាន​បន្ថែម​ទៀត​ថា​ កន្លង​មក​ស្ត្រីជា​ច្រើន​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​សហគ្រិន​ តែ​គាត់​នៅ​មាន​បញ្ហា​ព្រួយបារម្ភ​ពី​ភាព​លំបាក​ក្នុង​ការស្វែងរក​ផលិតផល​ល្អ​ពិតប្រាកដ​ដើម្បី​ប្រកប​អាជីវកម្ម​ និង​លំបាក​ស្វែងរក​ក្រុមហ៊ុន​ដែល​ទុកចិត្ត​បាន​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​ អ្វី​ដែល​គាត់​បារម្ភ​ផង​ដែរ​នោះ​គឺ​ គាត់​មិន​មាន​ទុន​ច្រើន​សម្រាប់​ធ្វើជា​ម្ចាស់​អាជីវកម្ម​ម្នាក់​បាន​ ស្រប​ពេល​ដែល​គាត់​មិន​សូវ​មានលទ្ធភាព​ក្នុង​ការគ្រប់គ្រង​ការ​លក់​ឱ្យ​បាន​ទូលំទូលាយ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ​ ទើប​ក្រុមហ៊ុន​ Paradise​ Cosmetic​ បាន​នាំចូល​នូវ​ផលិតផល​ Paradise​ Facial​ and​ Body​Soap​ នេះ​មកកាន់​ទីផ្សារ​ដើម្បី​ផ្តល់​ជូន​នូវ​ជម្រើស​ល្អ​បំផុត​សម្រាប់​សុភាពនារី​ដែល​ចង់​ស្វែងរក​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ និង​មាន​ក្រុមហ៊ុន​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។ ក្រៅពី​នេះ​ ក្រុមហ៊ុន​របស់​លោក​ក៏​ជួយ​សម្រេច​ក្តី​ស្រមៃ​ដល់​ស្ត្រី​ទាំងឡាយ​ដែល​ចង់​ក្លាយជា​ដៃគូ​អាជីវកម្ម​របស់​លោក​ ដោយ​ការ​ជួយ​ជ្រោមជ្រែង​ និង​ផ្តល់​ផលិតផល​ឱ្យ​លក់​ដោយ​ចំណាយ​ដើមទុន​តិច​។ លោក​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ 31​ ខែ​វិច្ឋិ​កា​ ឆ្នាំ2019​ សាធារណជន​ដែល​ចង់​ក្លាយជា​ដៃគូ​អាជីវកម្ម​ ឬធ្លាប់​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងសម្អាង​ទាំងអស់​ អាចម​កចុះ​ឈ្មោះ​ធ្វើជា​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ Paradise​Cosmetic​ បាន​ដើម្បី​ទទួល​បាន​ផលិតផល​យក​ទៅ​លក់​ដោយ​មិន​បង់ថ្លៃ​ជាមុន​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Grop​ Co​., LTD​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​សញ្ញា​ និង​ចែកចាយ​គ្រឿងសម្អាង​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​ និង​មាន​រោងចក្រ​ផលិត​យ៉ាង​ធំ​នៅ​ប្រទេស​ថៃ​ ជា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​សិទ្ធិ​ចែកចាយ​គ្រឿងសម្អាង​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ និង​ទំនុកចិត្ត​ខ្ពស់​ ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​៕

  • មកស្គាល់រថយន្តថ្មីមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំងនៅកម្ពុជាពេលថ្មីៗនេះ!

    មកស្គាល់រថយន្តថ្មីមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំងនៅកម្ពុជាពេលថ្មីៗនេះ!

    កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះទើបនឹងមានដាក់លក់ក្នុងទីផ្សារ កម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។ រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជាមិនបានប៉ុន្មានខែផង តែយើងឃើញមានចំនួនរថយន្តដែលចរាចរណ៍នៅលើផ្លូវមិនតិចនោះទេ។បើតាមឲ្យដឹង រថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូរប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយតឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ 2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង 400 គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសំលេងមួយនេះជាផលិតផលរបស់ក្រុមហ៊ុន Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020។ Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសំរាប់ជួយសំរួលដល់ការបើកបររបស់លោកអ្នករួមមាន៖ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង ,កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ សេនសឺ 8 គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល, មានពោងសុវត្ថិភាពចំនួន 6 និងចង្កូតបូមអេឡិចត្រូវនិច ធូរងាយស្រួលបើកបរជាដើម។
    រថយន្តនេះស័ក្តិសមបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង អ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។ Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 តែប៉ុណ្ណោះ ដូចនេះសម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន ហើយមិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅCheck មើលម៉ាស៊ីន និងជើងក្រោម ហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេ បើរថយន្តថ្មីតម្លៃធូរប៉ិននឹង លក្ខខណ្ឌបង់រំលោះធូរប៉ិននឹងហើយនោះ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង។

  • តើ​អ្នក​ឆ្លងទន្លេ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? តើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ?

    តើ​អ្នក​ឆ្លងទន្លេ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? តើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ?

    នៅតែ​ជា​ចំណុច​មួយ​ដែល​មានការ​ជជែក​តវ៉ា​គ្នា​បាន​ជានិច្ច​ សម្រាប់​ករណី​ “តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​” ដូច្នេះ​នៅ​ថ្ងៃនេះ​ ឡា​រ៉ែ​ន នឹង​មក​បកស្រាយ​ចម្ងល់​ដែល​ថា​ ការពិត​ទៅ​ តើ​ស្រ្តី​មានផ្ទៃពោះ​ដែល​ត្រូវ​ប្រសូត​បុត្រ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? និង​តើ​បែប​ណា​អាច​ធ្វើ​បាន​ ដោយ​មិនទៅ​ទើសទែង​ ឬរំខាន​ការប្រតិបត្តិ​ភារកិច្ច​របស់​គ្រូពេទ្យ​រហូត​មាន​គ្រោះថ្នាក់​ដល់​កូន​ ជូន​ស្រ្តី​មានផ្ទៃពោះ​ដែល​កំពុង​ត្រៀមខ្លួន​ប្រសូត​បុត្រ​ទាំងអស់​ឱ្យ​បាត់​ងឿងឆ្ងល់​ដូច​ខាងក្រោម​…។

    ការ​តុបតែង​មុខមាត់​ចូលបន្ទប់​ប្រសូត​នេះ​ ជា​រឿង​មួយ​ដែល​ស្រ្តី​មានគភ៌​ជាច្រើន​ប្រហែលជា​ធ្លាប់​នឹក​ឆ្ងល់​ខ្លះមក​ហើយ​មិនខាន​ថា​ តើ​ការពិត​ទៅ​ “អាច​បានទេ​?” ​“ហេតុ​អី​ត្រូវ​ហាម​?” និង​“ហេតុ​អី​អ្នកខ្លះ​ធ្វើ​បាន​ ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​មិនបាន​?” ព្រោះ​អំឡុង​ពេល​ដែល​បានឃើញ​មុខ​កូន​ជាលើកដំបូង​ គឺជា​អំឡុង​ពេល​សំខាន់​បំផុត​ក្នុង​ជីវិត​ដែល​នរ​ណាៗ​ក៏​ចង់​រក្សា​រូបភាព​នោះ​ទុកជា​អនុស្សាវរីយ៍​ ដែល​មនុស្សជា​ម្ដាយ​ខ្លួនឯង​ក៏​ចង់​ថតរូប​លើកដំបូង​ជាមួយ​កូន​ក្នុង​បែបនេះ​ដែល​ “មើលទៅ​មិន​ស្លេកស្លាំង​ ឬទ្រុឌ​ទ្រោម​” ដែរ​។ ដូច្នេះ​ ការបាន​ដឹងពី​ការកំណត់​ និង​ច្បាប់​ទម្លាប់​ផ្សេង​ៗ នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​អាច​ប្រតិបត្តិ​ខ្លួន​បាន​យ៉ាង​ត្រឹមត្រូវ​ និង​សមរម្យ​ឡើង​ផង​ដែរ​។

    តើ​ស្រ្តី​មានផ្ទៃពោះ​អាច​តុបតែង​មុខ​ចូលបន្ទប់​ប្រសូត​បានទេ​?
    ភាគច្រើន​ “បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​” តែង​មានច្បាប់​វិន័យ​ក្នុង​ការប្រតិបត្តិ​យ៉ាង​តឹង​រឹង​ដើម្បី​ភាព​ស្អាត​មាន​អនាម័យ​ និង​សុវត្ថិភាព​របស់​អ្នកជំងឺ​ ដូច្នេះហើយ​ទើប​មន្ទីរពេទ្យ​ភាគ​ច្រើន​មិន​អនុញ្ញាត​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​តុបតែង​មុខមាត់​ លាប​ក្រចកដៃ​ ជើង​ចូលបន្ទប់​ប្រសូត​ក្នុង​គ្រប់​ករណី​ទាំងអស់​ លើកលែងតែ​គ្រូពេទ្យ​អនុញ្ញាត​។ តែ​មន្ទីរពេទ្យ​ឯកជន​ខ្លះ​អាច​អនុលោម​ឱ្យ​ស្រ្តី​មានផ្ទៃពោះ​អាច​តុបតែង​មុខមាត់​ពេល​ប្រសូត​បុត្រ​បាន​ តែ​ទាំងអស់​នេះ​ ស្រ្តី​មានផ្ទៃ​ពោះ​គួរតែ​សួរនាំ​គ្រូពេទ្យ​ជាមុន​ថា​ តើ​អាច​តុប​តែង​មុខមាត់​ចូលបន្ទប់​ប្រសូត​បាន​ដែរ​ឬទេ​? ព្រោះ​មិន​ដូច្នោះ​ទេ​ ស្ត្រី​មានគភ៌​អាច​នឹង​ត្រូវ​គ្រូពេទ្យ​បញ្ជា​ឱ្យទៅ​លាងមុខ​ចេញ​មិនខាន​។

    ហេតុផល​ក្នុង​ការ​ហាម​តុបតែង​មុខមាត់​ លាប​ក្រចក​របស់​អ្នកមាន​ផ្ទៃពោះ​ខណៈ​ចូលបន្ទប់​ប្រសូត​
    – ហាម​តុបតែង​មុខមាត់​ : ព្រោះ​ខណៈ​ពេល​ធ្វើការ​ប្រសូត​ រាងកាយ​របស់​ស្ត្រី​មានគភ៌​នឹង​មានការ​ប្រែប្រួល​ស្ថិត​ក្នុង​សភាវ​ផ្សេង​ៗ ដូច្នេះ​ការ​មិន​តុបតែង​លាបមុខ​លាប​មាត់​ គឺ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ ឬអ្នកជំនួយ​ការ​គ្រូពេទ្យ​អាច​សង្កេត​មើល​ទឹកមុខ​ ពណ៌​បបូរមាត់​របស់​ស្រ្តី​មានគភ៌​ថា​ តើមាន​ពណ៌បៃតង​ ស្វាយ​ ស្លេកស្លាំង​ពី​ការ​បាត់​បង់​ឈាម​ ខ្វះ​ខ្យល់​អុក​ស៊ី​ហែ្ស៊ន​ ឬកើត​សភាវ​ពិបាក​ដកដង្ហើម​ ឬអត់​ហ្នឹងឯង​។
    – ហាម​លាប​ក្រចកដៃ​ : ព្រោះ​ពេលខ្លះ​គ្រូពេទ្យ​នឹង​សង្កេតមើល​លើ​ក្រចកដៃ​របស់​ស្រ្តី​មានគភ៌​ថា​ តើមាន​ការបាត់បង់​ឈាម​ បាត់បង់​ជាតិទឹក​អស់​ច្រើន​ដែរ​ឬទេ​? មើល​ Capillary​ refill​ (ចុច​លើ​ក្រចក​ ដើម្បី​សង្កេតមើល​ភាព​ខុសប្រក្រតី​ មើល​ថា​ តើ​ពេល​ចុច​ហើយ​ ក្រចក​នឹង​ត្រឡប់​មក​ជា​ពណ៌​ផ្កាឈូក​វិញ​ឬទេ​?)។

    – បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​ គឺជា​ទីកន្លែង​គ្មាន​មេរោគ​ : ការ​នាំ​យក​វត្ថុ​ប្លែក​ចម្លែក​ពី​ខាងក្រៅ​ចូល​ទៅ​ ភាព​ប្រថុយ​ក្នុង​ការ​ឆ្លង​មេរោគ​ក៏​នឹង​មាន​ច្រើនឡើង​ដែរ​ ព្រោះ​សូម្បីតែ​គ្រូពេទ្យ​ ឬឆ្មប​ក៏​នៅ​ប្ដូរ​សម្លៀកបំពាក់​ថ្មី​ ប្ដូរ​ស្បែកជើង​ថ្មី​គ្រប់ពេល​ដែល​ចូល​ធ្វើការ​ក្នុង​បន្ទប់​នេះ​។ ការ​ដែល​បន្ទប់វះកាត់​ ឬបន្ទប់​ប្រសូត​មានច្បាប់​វិន័យ​ក្នុង​ការប្រតិបត្តិ​ដែល​តឹង​រឹង​ច្រើនបែប​នេះ​ គឺ​ដើម្បី​ភាព​ស្អាត​ មាន​អនាម័យ​ និង​សុវត្ថិភាព​របស់​អ្នកជំងឺ​ទាំងអស់​។

    ចង់​ស្រស់​ស្អាត​ពេល​ចូលបន្ទប់​ប្រសូត​បែប​មិន​ខុស​របៀប​វិន័យ​ ត្រូវ​ធ្វើ​យ៉ាងណា​?
    ក្នុងករណី​ដែល​គ្រូពេទ្យ​អនុញ្ញាត​ ស្ត្រី​មានគភ៌​អាច​តុបតែង​មុខមាត់​ចូលបន្ទប់​ប្រសូត​បាន​ តែ​គួរ​ជា​ការ​តុបតែង​មុខមាត់​បែប​ស្រាល​ៗ ថ្លា​ៗ មិន​តុបតែង​បែប​ពោរពេញ​ហូរហៀរ​ ដិត​ខ្លាំង​ លាបម្សៅ​ទ្រនាប់​បែប​ក្រាស់ឃ្មឹក​នោះ​ទេ​ ព្រោះ​ដូចដែល​បាន​រៀបរាប់​ប្រាប់​ពី​ខាងដើម​រួចមក​ហើយ​ថា​ អាច​នឹង​ធ្វើ​ឱ្យ​ពិបាក​ដល់​ការសង្កេត​មើល​អា​ការ​ផ្សេង​ៗ តែបើ​សិន​ជា​គ្រូពេទ្យ​មិន​អនុញ្ញាត​ទេ​ ស្រ្តី​មានគភ៌​អាច​នឹង​គូស​ចិញ្ចើម​ តរោមភ្នែក​តាំងពី​មុន​ដល់​ថ្ងៃ​ប្រសូត​ និង​ប្រើ​ Application​ តុបតែង​រូបភាព​ ជួយ​ឱ្យ​រូបភាព​ចេញ​មក​ស្រស់​ស្អាត​ជាង​ស្ថានភាព​ពិត​នៅពេល​នោះ​បាន​… អាហ្នឹង​មិនបាន​ខុស​នឹង​បម្រាម​ទេ​៕

  • ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

    ប្រធាន​ CVEA​ ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​ចង់​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​ ជាពិសេស​ជប៉ុន​

    យើង​ឃើញ​ហើយ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ Digital​ ត្រូវ​បាន​ក្លាយទៅជា​ឧបករណ៍​មួយ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​រួមចំណែក​យ៉ាងសកម្ម​ផង​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការទិញ​-លក់​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ឡើង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ​ និង​ជា​ការ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ថ្មី​ក្នុង​សម័យ​បច្ចេកវិទ្យា​ និង​ជំរុញ​ឱ្យ​មាន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​បរទេស​មក​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

    សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ក្រុម​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​វិនិយោគិន​ជនជាតិ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​។ ជាពិសេស​គម្រោង​សំណង់​អគារ​ខ្ពស់​ៗនៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ដែល​មាន​សក្ដានុពល​ធំៗ​មួយចំនួន​ សុទ្ធតែ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​វិនិយោគិន​ចិន​ច្រើនជាង​គេ​ទាំងអស់​។ តែ​យ៉ាងណា​ក្តី​ បើ​និយាយ​ពី​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ធំ​ទី2​ បន្ទាប់ពី​ចិន​ ដូច្នេះ​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ គឺជា​រឿង​ល្អ​ប្រសើរ​ និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬ CVEA​ បាន​មានប្រសាសន៍​ឱ្យ​ដឹងមុន​ពេល​ទៅ​ចូលរួម​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​ថា​៖ “វិនិយោគិន​ជប៉ុន​ គឺជា​អ្នក​វិនិយោគ​ដ៏​ហ្មត់ចត់​ ហើយ​មុននឹង​គេដាក់​ទុន​វិនិយោគ​លើ​អ្វីមួយ​គេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​ពីទី​ផ្សារ​ និង​សក្ដានុពល​នៃ​វិស័យ​ដែលគេ​បម្រុង​នឹង​វិនិយោគ​នោះ​។ កត្តា​ទាំងនេះ​ហើយដែល​ជំរុញ​ឱ្យ​ពួក​យើង​ត្រូវ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ​ឱ្យ​បាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្ដល់​នូវ​ប្រាក់ចំណូល​ដល់​ជាតិ​របស់​យើង​ ក៏ដូចជា​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​”។

    លោក​បាន​មានប្រសាសន៍​បន្ត​ថា​៖ “នៅក្នុង​កិច្ចប្រជុំ​សន្និសីទ​អចលនទ្រព្យ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​លើក​នេះ​ ខ្ញុំ​រំពឹង​ថា​នឹង​ហុច​ផល​ល្អ​មក​កម្ពុជា​ច្រើន​ ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ ហើយ​សមាជិក​របស់​សមាគម​ដែល​នឹង​ចូលរួម​ប្រជុំ​ក្នុង​សន្និសីទ​នេះ​ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​បង្ហាញ​ពី​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដល់​វិនិយោគិន​ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ​ ក្នុង​នោះ​ជប៉ុន​ គឺជា​គោលដៅ​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ពួក​យើង​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ចក​ម្ម​កម្ពុជា​ បាន​មានប្រសាសន៍​អំពី​សក្ដានុពល​របស់​វិស័យ​នេះ​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​បរទេស​ គឺ​នៅ​មានការ​ចាប់អារម្មណ៍​ និង​មាន​សម្ទុះ​ខ្លាំង​ឥត​ស្រកស្រុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ គឺ​មិនមែន​មានតែ​អ្នក​វិនិយោគ​ខ្មែរ​ក្នុង​ស្រុក​តែម្នាក់ឯង​ទេ​ គឺ​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​វិនិយោគិន​បរទេស​ ដែល​ក្នុង​នោះ​យើង​ឃើញ​មាន​ចិន​ ជប៉ុន​ កូរ៉េ​ ថៃ​ ម៉ាឡេស៊ី​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ តែ​ដោយឡែក​នៅ​ប៉ែក​ខាង​អឺរ៉ុប​នៅ​មាន​ចំនួន​តិច​នៅឡើយ​។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “អ្វី​ដែល​ជំរុញ​ឱ្យ​មាន​វិនិយោគិន​បរទេស​មក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ គឺទី1​-កត្តា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​។ ទី2​-ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​ គឺ​ច្បាប់​វិនិយោគ​របស់​យើង​បាន​បើកចំហ​ឱ្យ​គេ​មក​វិនិយោគ​ បើក​ក្រុមហ៊ុន​ និង​មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន100​% និង​ការ​លើកទឹកចិត្ត​ចំពោះ​ពន្ធ​លើ​ប្រាក់ចំណេញ​(មិន​បង់​ពី​ 3ទៅ​ 9ឆ្នាំ​)សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ដែល​នេះ​ជា​កត្តា​ទាក់ទាញ​។ ទី3​-ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ យើង​ជាស​មា​ជិ​ក សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មួយ​ដែរ​ ហើយក៏​ជាស​មា​ជិ​ករបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO​) មួយ​ដែរ​។ ទី4​-ចំពោះ​តម្លៃ​ដី​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​ ដូចជា​ថៃ​ វៀតណាម​ ជាដើម​ គឺ​យើង​នៅ​មានតម្លៃ​ទាប​ជាងគេ​ ដែល​អាច​ឱ្យ​វិនិយោគិន​បរទេស​គេ​មក​វិនិយោគ​វិស័យ​នេះ​បាន​ប្រាក់ចំណេញ​។ កត្តា​ទាំងនេះ​ហើយដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សក្ដានុពល​ និង​នៅតែ​អាច​កៀរគរ​អ្នក​វិនិយោគ​អន្តរជាតិ​បាន​”។

    លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​ “យើង​នឹង​លើកយក​ប្រធានបទ​ថា​ “ហេតុអ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​” មក​ពិភាក្សា​នៅពេល​នោះ​ ដោយ​ក្នុង​នោះ​យើង​បាន​ត្រៀម​ក្នុង​ការ​ពន្យល់​ពួកគេ​ឱ្យ​បាន​យល់​ពី​កម្ពុជា​រួចរាល់​ហើយ​។ បច្ចុប្បន្ន​ កម្ពុជា​មាន​លំហូរ​សាច់ប្រាក់​ល្អ​ ហើយ​ការ​ផ្ដល់​អាទិភាព​ឱ្យ​វិនិយោគិន​បរទេស​នៅ​កម្ពុជា​ក៏​មាន​លក្ខណៈ​ខុស​ពី​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ហើយ​ចំណុច​សំខាន់​ដែល​វិនិយោគិន​បរទេស​គួរតែ​ចូល​មករ​កស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​ជនបរទេស​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ និង​កាន់កាប់​ភាគហ៊ុន100​%។ ទាំងនេះ​ហើយដែល​វិនិយោគិន​បរទេស​គួរតែ​មក​វិនិយោគ​នៅ​កម្ពុជា​”។

    គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​គម្រោង​របស់​ជប៉ុន​ធំៗ​មួយចំនួន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ដូចជា​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ ភ្នំពេញ​ ដែល​រហូតមកដល់​ពេលនេះ​មាន​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉ល​ សែនសុខ​ ក៏បាន​បើក​ដំណើរការ​ហើយ​ដែរ​ និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​លទី3​ ទៀតផង​ដែល​នឹង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ និង​នៅ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​ដែល​ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 190

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 190

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/11/LRPN_190_Final_For_Web.pdf” force_dl=”1″]

  • RDB​ ជំរុញ​ការសាងសង់​រោងម៉ាស៊ីន​កិន​ និង​ឃ្លាំង​ស្តុក​ស្រូវ​ ដើម្បី​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​

    RDB​ ជំរុញ​ការសាងសង់​រោងម៉ាស៊ីន​កិន​ និង​ឃ្លាំង​ស្តុក​ស្រូវ​ ដើម្បី​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​

    រោងម៉ាស៊ីន​កិនស្រូវ​ ដែល​ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ខេត្ត​ចំនួន3​ រួមមាន​ខេត្តបាត់ដំបង​ ខេត្ត​កំពង់ធំ​ និង​ខេត្តព្រៃវែង​ ត្រូវ​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន​ 10លាន​ដុល្លារ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (the​ Asian​ Development​ Bank​ ​;ឬ ADB​) ដើម្បី​សាងសង់​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​។

    គម្រោង​រោងម៉ាស៊ីន​កិនស្រូវ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​(Rural​ Development​ Bank​ ឬ RDB​) និង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ធន់​នឹង​អាកាសធាតុ​ (ស្រូវ​ – អេ​សឌី​ភី​) របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ក្រោម​កិច្ច​ព្រមព្រៀង​នេះ​រោងម៉ាស៊ីន​កិន​ស្រូវ​នឹង​សាងសង់​កន្លែង​ស្តុក​ និង​ឡសម្ងួត​ ដោយ​ប្រើ​ប្រាក់កម្ចី​របស់​ ADB​ និង​ជា​កិច្ច​ព្រមព្រៀង​មាន​សារៈសំខាន់​ក្នុង​ការសម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​ដើម្បី​ឈាន​ដល់​ការនាំចេញ​អង្ករ​ឱ្យ​បាន​1លាន​តោន​ក្នុង​ 1ឆ្នាំ​។

    ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​ ធ្លាប់​ត្រូវ​បាន​សាងសង់​នៅ​ខេត្តបាត់ដំបង​ កំពង់ធំ​ ព្រៃវែង​ និង​តាកែវ​ ដែល​ជាផ្នែក​មួយ​នៃ​មូលនិធិ​បន្ទាន់​របស់​ RDB​ ដែល​ជា​គម្រោង​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​វិស័យ​នេះ​។ មូលនិធិ​បន្ទាន់​របស់​ RDB​ មាន​ទឹកប្រាក់​ចំនួន​ 30លាន​ដុល្លារ​។ ប្រាក់កម្ចី​ក្នុង​គម្រោង​នេះ​ត្រូវតែ​សង​ក្នុងរយៈពេល​ 10ឆ្នាំ​ ជាមួយនឹង​អត្រា​ការប្រាក់5​%។ គំនិត​ផ្តួចផ្តើម​ នេះ​មាន​គោលបំណង​ដើម្បី​បង្កើន​សមត្ថភាព​ផ្ទុក​របស់​រោងម៉ាស៊ីន​កិនស្រូវ​នៅ​រដូវ​ប្រមូល​ផល​ និង​បង្កើន​តម្លៃ​ស្រូវ​សម្រាប់​កសិករ​ផង​។

    អ្នកផ្គត់ផ្គង់​សំ​ខាន់​ៗបាន​លើកឡើង​ថា​ បច្ចុប្បន្ន​ តម្រូវការ​អង្ករ​សរីរាង្គ​នៅ​សហភាព​អឺរ៉ុប​ និង​ទីផ្សារ​សំ​ខាន់​ៗដទៃទៀត​ ដូចជា​សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និង​ចិន​កំពុងតែ​កើនឡើង​ នៅពេល​អ្នកប្រើ​ប្រាស់​មានការ​ផ្តោត​លើ​បរិស្ថាន​ និង​សុខភាព​។

    លោក​ កាន់​ គន្ធី​ អនុប្រធាន​ក្រុមហ៊ុន​ Amru​ Rice​បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​ចុះ​ កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ប្រមាណ​ជា​ 5,000នាក់​(5,000គ្រួសារ​)ហើយ​នៅ​ឆ្នាំនេះ​ ក្រុមហ៊ុន​មាន​បំណង​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 2ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​បរទេស​ដែល​ 80​ ទៅ​ 90​%នឹង​ត្រូវ​បញ្ជូន​ទៅ​សហគមន៍​អឺរ៉ុប​។ យើង​កំពុង​ផ្តល់​អាទិភាព​ដល់​ផលិតកម្មស្រូវ​សរីរាង្គ​ និង​ស្រូវ​ដែល​ផលិត​ ក្រោម​កម្មវិធី​ស្រូវ​និរន្តរភាព​។ ពូជស្រូវ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​អាច​ប្រកួតប្រជែង​បាន​ជាមួយ​បណ្តា​ប្រទេស​ដែល​ផលិត​ស្រូវ​ខ្លាំង​ៗ ដូចជា​ថៃ​ វៀតណាម​ និង​ឥណ្ឌា​ ជាដើម​។

    លោក​ គន្ធី​ បាន​ពន្យល់​ថា​ ការ​កើនឡើង​នៃ​តម្រូវការ​ស្រូវ​សរីរាង្គ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ព្រួយបារម្ភ​លើ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ដាំដុះ​ស្រូវ​ និង​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​សុខភាព​អ្នកប្រើ​ប្រាស់​ដែល​មិន​ចង់​ប្រើប្រាស់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ និង​សារធាតុគីមី​ផ្សេងទៀត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​វិស័យ​កសិកម្ម​។

    ប្រទេស​កម្ពុជា​ ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​លំដាប់​ទី5​ ទៅកាន់​សហភាព​អឺរ៉ុប​ កាលពី​ឆ្នាំមុន​ ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​ជឿជាក់​ថា​ ការ​នាំ​ចេញ​នឹង​បន្ត​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។យោង​តាម​តួលេខ​ពី​សហគមន៍​អឺរ៉ុប​ ដែល​បាន​ចែករំលែក​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 8,467តោន​ទៅ​ប្លុក​អឺរ៉ុប​កាលពី​ឆ្នាំមុន​ ដែល​តំណាង​ឱ្យ​ 3,9​%នៃ​ការនាំចូល​អង្ករ​សរីរាង្គ​របស់​សហភាព​អឺរ៉ុប​។ សហរដ្ឋអាមេរិក​ ក៏​ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​ទៅកាន់​សហភាព​អឺរ៉ុប​ផង​ដែរ​ ដែល​មាន​ចំនួន​ជិត​ 70​%នៃ​ទីផ្សារ​អង្ករ​សរីរាង្គ​។

    អ្នកនាំ​ចេញ​អង្ករ​ក្នុង​ស្រុក​បានឱ្យ​ដឹង​ថា​ បរិមាណ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​ដែល​បាន​ដឹកជញ្ជូន​ទៅកាន់​ប្លុក​អឺរ៉ុប​ បាន​កើនឡើង​ក្នុង​ឆ្នាំនេះ​។ មាន​ប្រហែល​ 90​%នៃ​ការនាំចេញ​អង្ករ​សរីរាង្គ​របស់​កម្ពុជា​ទៅកាន់​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំមុន​។ ដោយ​តម្រូវការ​អង្ករ​សរីរាង្គ​នៅ​សហភាព​អឺរ៉ុប​កើនឡើង​ប្រហែល15​% ជា​រៀងរាល់​ឆ្នាំ​នោះ​ អង្ករ​សរីរាង្គ​របស់​កម្ពុជា​ត្រូវ​បាន​ងាយ​ស្វែងរក​នៅក្នុង​សហគមន៍​អឺរ៉ុប​ ព្រោះ​វា​មាន​គុណភាព​ល្អ​ និង​អាច​តាមដាន​បាន​។ ចំពោះ​អង្ករ​ផ្កាម្លិះ​សរីរាង្គ​ 1តោន​ មានតម្លៃ​ 1,500ដុល្លារ​ ខណៈ​អង្ករ​សស​រី​រាង្គ និង​សរីរាង្គ​វែង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​ 950ដុល្លារ​ក្នុង​ 1តោន​។

    ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​នាំចេញ​អង្ករ​ជាចម្បង​ 3ប្រភេទ​ គឺ​អង្ករ​ក្រអូប​ (493,597តោន​ត្រូវ​បាន​នាំចេញ​ ឬស្មើនឹង​ 78.8​%នៃ​ការនាំចេញ​អង្ករ​សរុប​) អង្ករ​ពណ៌ស​គ្រាប់​វែង​ (105,990តោន​ ឬ16.9​%) និង​ស្រូវ​រដូវ​វែង​ (26,638តោន​ ឬ 4.2​%)។ ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​ គឺ​សហភាព​អឺរ៉ុប​ដែល​បាន​នាំចូល​ជិត​ 270,000តោន​ ស្មើនឹង​ 42.9​%នៃ​ការនាំចេញ​សរុប​។

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ 3.7​%ក្នុងរយៈពេល​ 7ខែ​នៃ​ឆ្នាំនេះ​ ដែល​ឈាន​ដល់​ 308,013តោន​។ ក្រសួង​កសិកម្ម​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ពន្ធគយ​បាន​ដាក់​សម្ពាធ​លើ​តម្លៃ​អង្ករ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ ដែល​ជា​ការរារាំង​យ៉ាង​ខ្លាំង​ដល់​ការប្រកួត​ប្រជែង​របស់​ខ្លួន​។ ក្រសួង​ក៏​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា​ ជាមួយនឹង​ពន្ធគយ​ទាំងនេះ​ វិស័យ​ស្រូវ​អង្ករ​ត្រូវតែ​ផ្តោត​លើ​ការកាត់បន្ថយ​ថ្លៃដើម​ ដើម្បី​ប្រកួតប្រជែង​នៅ​អឺរ៉ុប​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅតែ​បន្ត​ជួយ​លើ​អាជីវកម្ម​ស្រូវ​អង្ករ​ ជាពិសេស​ជួយ​ដល់​ក្រុមហ៊ុន​ទាំងអស់​ក្នុង​ការកាត់បន្ថយ​តម្លៃ​ផលិតកម្ម​កែច្នៃ​ និង​ដឹកជញ្ជូន​ ដើម្បី​ធ្វើ​ឱ្យ​អង្ករ​ក្នុង​ស្រុក​មានតម្លៃ​អាច​ប្រកួតប្រជែង​បាន​៕

  • តុបតែង​មុខ​បែប​នារី​បស្ចិមប្រទេស​វិញ​ម្តង​ខែកញ្ញា​នេះ​

    តុបតែង​មុខ​បែប​នារី​បស្ចិមប្រទេស​វិញ​ម្តង​ខែកញ្ញា​នេះ​

    ខែ​នេះ​តុបតែង​បែប​នារី​ទាន់សម័យ​នៃ​បស្ចិម​ប្រទេស​វិញ​ម្តង​ ដើម្បី​សាកល្បង​មើល​ថា​ មុខ​មាត់​របស់​អ្នក​ត្រូវជា​មួយ​នឹង​ការ​តុបតែង​បែប​ណាមួយ​ដែរ​? តោះ​ចឹង​សាក​តុបតែង​ភ្នែក​បែប​ពណ៌​ក្រ​មៅៗ​ បបូរមាត់​បែប​ពណ៌​ដិ​តៗ​ និង​ពណ៌​ថ្ពាល់​បែប​ស្លេក​ៗម្តង​មើល៎​ ដើម្បី​ឱ្យ​ដឹង​ថា​ នារី​នៅ​ប៉ែក​បស្ចិមប្រទេស​គេ​តុបតែង​មុខមាត់​ដូ​ចមេ្ត៉ច​ដែរ​។ ដូច្នេះ​សូម​សាក​ម្តង​តុបតែង​តាម​នារី​សម័យថ្មី​ទាំងអស់គ្នា​ណា៎​…!

  • កម្ពុជា​-ម៉ាឡេស៊ី​ បង្ហាញ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​

    កម្ពុជា​-ម៉ាឡេស៊ី​ បង្ហាញ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ អប់រំ​ ការងារ​ និង​វប្បធម៌​-ល- និង​ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ ដើម្បី​ផលប្រយោជន៍​ ប្រជាជន​នៃ​ប្រទេស​ទាំង2​ ក្នុង​ការ​រួមចំណែក​ដល់​សន្តិភាព​ ស្ថិរភាព​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​។

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី1​ របស់​ឯកឧត្ដម​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ា​ដ ថា​ទស្សនកិច្ច​ផ្លូវការ​ និង​ជា​ប្រវត្តិសាស្ត្រ​នេះ​ គឺជា​តឹកតាង​បង្ហាញ​អំពី​មិត្តភាព​ សាមគ្គីភាព​ និង​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-ម៉ាឡេស៊ី​។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អបអរសាទរ​យ៉ាង​កក់ក្ដៅ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ប្រទេស​ម៉ាឡេស៊ី​សម្រេច​បាន​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ក្លៀវក្លា​របស់​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ា​ដ។

    សម្ដេច​តេជោ​ជឿជាក់​ថា​ ជាមួយ​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​ និង​គោលដៅ​ទំនើបកម្ម​ ព្រមទាំង​ គោលនយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ប្រទេស​ម៉ាឡេស៊ី​នឹង​សម្រេច​បាន​គោលដៅ​ឈាន​ទៅ​រក​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​ ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ហើយនឹង​ចូលរួម​ដើរតួ​នាទី​កាន់តែ​សកម្ម​ និង​សំខាន់​ថែមទៀត​នៅក្នុង​តំបន់​ និង​នៅ​លើឆាកអន្តរជាតិ​។

    សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ អបអរសាទរ​ចំពោះ​ទិវា​បុណ្យ​ឯករាជ្យជាតិ​លើក​ទី62​ របស់​ប្រទេស​ម៉ាឡេស៊ី​ ក៏ដូចជា​ទិវា​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ ថា​ជា​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​នៅ​ថ្ងៃ​តែមួយ​ គឺ31​ ខែសីហា​ ឆ្នាំ1957​។

    បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​(កម្ពុជា​-ម៉ាឡេស៊ី​)មាន​ លក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​វត្តមាន​ធុរកិច្ច​ម៉ាឡេស៊ី​ជាច្រើន​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ2018​ ទំហំ​ពាណិជ្ជ​ កម្ម​នៃ​ប្រទេស​ទាំង2​ មាន​ចំនួន​ប្រមាណ​ជា​ 500លាន​ដុល្លារ​អាមេរិក​ ហើយ​គ្រាន់តែ​ក្នុង​ឆមាស​ទី1​ ឆ្នាំ2019​ ទំហំ​នេះ​បាន​កើនឡើង​ដល់​ជាង​ 400លាន​ដុល្លារ​អាមេរិក​។ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​-ម៉ាឡេស៊ី​ ខ្ញុំ​ និង​ឯកឧត្ដម​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ាត់​ បាន​ឯកភាព​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ប្រទេស​ទាំង2​ រិះរក​វិធី​ពង្រីក​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​។

    តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ កម្ពុជា​ និង​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ពន្ធ​ត្រួត​គ្នា​ (DTA​) ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា​ និង​ការទប់ស្កាត់​ការ​គេចវេះ​ពន្ធ​លើ​ប្រាក់​ ចំណូល​ និង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​។ ក្រៅពី​នេះ​ ក៏​មាន​អនុស្សរណៈ​យោគយល់​គ្នា​ជាច្រើន​ទៀត​ដែល​កំពុង​រៀបចំ​ និង​ត្រៀម​ចុះ​ហត្ថលេខា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង2​។

    ដោយឡែក​ចំពោះ​វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​ និង​ប្រកប​ដោយសក្តានុពល​ច្រើន​ ហើយ​វិស័យ​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ជា​វិស័យ​អាទិភាព​ដែល​ប្រទេស​ទាំង2​ អាច​ទទួល​បានផល​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​។

    កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6.2លាន​នាក់​ កើន10.7​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​ 20ម៉ឺន​នាក់​កើន12,2​%។ ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​ 2019នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 3,3​លាន​នាក់​ កើនឡើង11.2​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​ មាន​ចំនួន​ជាង​ 9ម៉ឺន​នាក់​ កើន7​%។ ដោយឡែក​ប្រជាជន​កម្ពុជា​ក៏បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ឺន​នាក់​ផង​ដែរ​។

    បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់​ចំនួន​ 58ជើង​ក្នុង​ 1សប្តាហ៍​ ពី​ប្រទេស​ម៉ាឡេស៊ី​មក​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំង3​ របស់​កម្ពុជា​ ក្នុង​នោះ​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ 7ជើង​ក្នុង​ 1សប្តាហ៍​។ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ មាន​ចំនួន​ 11ជើង​ក្នុង​ 1សប្តាហ៍​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​ 40ជើង​ក្នុង​ 1សប្តាហ៍​។

    ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី​ នៅតែ​មាន​គម្លាត​ធំ​ ដោយ​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ក្នុងរយៈពេល​ 4ឆ្នាំ​ចុងក្រោយ​ សម្រេច​បាន​ 571លាន​ដុល្លារ​ ខណៈ​ការនាំចេញ​របស់​ម៉ាឡេស៊ី​មក​កម្ពុជា​មាន​រហូត​ 1.36ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

    របាយការណ៍​ដដែល​បង្ហាញថា​ នៅ​ឆ្នាំ2018​ ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​មានតម្លៃ​ជាង​514លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ជាង​ 129​លាន​ដុល្លារ​ ចំណែក​ការនាំចូល​មានតម្លៃ​ជាង​ 385​លាន​ដុល្លារ​។ រយៈពេល​ 6ខែ​ ឆ្នាំ2019​ ការនាំចេញ​ពី​កម្ពុជា​មានតម្លៃ​ 60.64​ លាន​ដុល្លារ​ ខណៈ​ការ​នាំ​ចូល​មាន​រហូតដល់​ 255លាន​ដុល្លារ​៕

  • ក្រោយ​ដឹង​លទ្ធផល​បាក់ឌុប​ សិស្ស​គួរ​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា​?

    ក្រោយ​ដឹង​លទ្ធផល​បាក់ឌុប​ សិស្ស​គួរ​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា​?

    ក្រោយពី​ទទួល​បាន​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ហើយ​ អ្វី​ដែល​សិស្ស​ត្រូវ​គិត​បន្ត​គឺ​ រៀបចំ​ផ្លូវ​ដើរ​សម្រាប់​ជីវិត​ក្រោយ​មធ្យមសិក្សា​ ដែល​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ចាប់ផ្តើម​ដ៏​សំខាន់​សម្រាប់​រៀបចំ​ជីវិត​ទៅ​ថ្ងៃ​អនាគត​។ លោក​ ប៉ិច​ បូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ទទួលលទ្ធផល​ទាំង​ជាប់​ និង​មិន​ទាន់​ជាប់​ គួរ​កុំ​គិតថា​ លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​នេះ​ជា​ការកំណត់​វាសនា​របស់​យើង​ឱ្យ​សោះ​ តែ​គួរ​គិតថា​ វា​គ្រាន់តែ​ជា​ដំណាក់កាល​នៃ​ការ​វាស់​ស្ទង់​សមត្ថភាព​មុននឹង​បន្តដំណើរ​ទៅមុខ​ទៀត​តែប៉ុណ្ណោះ​។

    នៅក្នុង​ដំណាក់កាល​នេះ​ បេក្ខជន​ទាំងអស់​សុទ្ធតែ​ត្រូវ​បន្តដំណើរ​ទៅមុខ​ដូចគ្នា​ទាំងអស់​ គ្រាន់តែ​អ្នក​ជាប់​គេ​មានផ្លូវ​ផ្សេង​ដើម្បី​បន្តដំណើរ​ ហើយ​អ្នក​មិន​បាន​ជាប់​ត្រូវ​បន្តដំណើរ​ដោយ​វិធី​ផ្សេង​តែប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​មិន​មែន​មើលតែ​លទ្ធផល​ចំពោះមុខ​នោះ​ទេ​ អ្វី​ដែល​សិស្សានុសិស្ស​គួរ​គិត​ គឺ​លទ្ធផល​នៅ​ថ្ងៃ​អនាគត​ថា​ តើ​យើង​នឹងអាច​ក្លាយជា​មនុស្ស​បែប​ណា​? ហើយ​ធ្វើ​ការងារ​នៅ​ទីណា​នៅ​ថ្ងៃខាងមុខ​?។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “សម្រាប់​អ្នក​ដែល​បាន​ប្រឡងជាប់​ អាច​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​ចាប់​យក​អាជីព​នានា​ទៅតាម​សមត្ថភាព​ តែ​អ្នក​មិនទាន់​ជាប់​ក៏​មិនមែន​អស់ផ្លូវ​នោះ​ដែរ​។ ប្អូន​ៗអាច​ត្រឡប់ទៅ​សិក្សា​សាជាថ្មី​ម្តង​ទៀត​ ព្រោះ​មាន​មនុស្ស​ច្រើនណាស់​ដែល​អាច​ត្រឡប់ទៅ​សិក្សា​សាជាថ្មី​ ហើយ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ពួកគេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ តែ​ប្រសិន​បើ​ប្អូន​ៗមិន​ចង់​ត្រឡប់ទៅ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ម្តង​ទៀត​នោះ​ ប្អូន​ៗក៏អាច​ចូល​ទៅ​ក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឬចូល​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ មុននឹង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ ឬបរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម​បាន​”។

    លោក​ បូ​ឡែន​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ទន្ទឹម​នឹង​ប្អូន​ៗគិតគូរ​ពី​ផ្លូវ​ដែល​ត្រូវ​បន្តដំណើរ​នោះ​ ការ​ជ្រើសរើស​អាជីព​ការងារ​ក៏​ជាផ្នែក​មួយ​សំខាន់​ដែរ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ព្រោះ​ការ​ចាប់ផ្តើម​ឈាន​ជើង​ចូលក្នុង​សាកល​វិទ្យាល័យ​ គឺជា​ការ​ចាប់ផ្តើម​ជ្រើសរើស​ផ្លូវ​ដើរ​ដ៏​វែងឆ្ងាយ​សម្រាប់​ជីវិត​។ ប្រសិន​បើ​ប្អូន​ចាប់ផ្តើម​ដើរ​លើ​ផ្លូវខុស​ នោះ​ប្អូន​ៗអាច​នឹង​ខាតពេល​វេលា​ ឬជួប​ឧបសគ្គ​ច្រើន​ដែល​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការរស់នៅ​ និង​ការ​អភិវឌ្ឍ​ ព្រោះ​ការសិក្សា​កម្រិត​ឧត្តម​សិក្សា​មិនមែន​រៀន​ដើម្បី​បាន​ឡើងថ្នាក់​នោះ​ទេ​ តែ​ជា​ការ​រៀន​ដើម្បី​ប្រកបរបរ​វិជ្ជាជីវៈ​ ឬរៀន​ដើម្បី​ក្លាយជា​អ្នកជំនាញ​ដែល​មាន​អាជីព​មួយ​ច្បាស់លាស់​។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ការ​ជ្រើសរើស​អាជីព​ការងារ​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​រើស​យក​ជំនាញ​ណា​ដែល​ត្រូវជា​មួយ​ចំណង់​ចំណូលចិត្ត​ និង​ទីផ្សារ​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ​។ ប្អូន​ៗគួរ​មើល​ពី​បរិបទ​សង្គម​ថា​ តើ​សង្គម​ត្រូវការ​អ្វី​? ហើយ​សង្គម​បត់​ទៅណា​ខ្លះ​? ទាំងអស់​នេះ​ គឺ​ដើម្បី​ធានា​ថា​ ក្រោយពេល​បញ្ចប់​ការសិក្សា​យើង​អាច​ទទួល​បានការ​ងារ​ដ៏​សមរម្យ​មួយ​សម្រាប់​ជីវិត​ខ្លួនឯង​ផង​ និង​ដើម្បី​ចូលរួម​ជា​ធនធាន​មនុស្ស​ប្រកប​ដោយសក្តានុពល​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ផង​។ បច្ចុប្បន្ន​នេះ​ ជំនាញ​ដែល​កម្ពុជា​កំពុង​ត្រូវការ​ គឺ​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ហេតុនេះ​ប្រសិន​បើ​ប្អូន​ៗសិស្សានុសិស្ស​មាន​ទេពកោសល្យ​ ឬស្រឡាញ់​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ប្អូន​ៗអាច​ជ្រើសរើស​អាជីព​ការងារ​ណា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជំនាញ​ទាំងអស់​នេះ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​បរទេស​។

    បច្ចុប្បន្ន​នេះ​ អ្នក​វិនិយោគ​ជាច្រើន​បាន​បណ្តាក់​ទុន​បើក​រោងចក្រ​សហគ្រាស​ និង​ចង្វាក់​ផលិតកម្ម​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ចរន្ត​នេះ​ធ្វើ​ឱ្យ​យើង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ការងារ​។ ក្រៅពី​នេះ​ កម្ពុជា​ក៏​ជា​ប្រទេស​ដែល​កំពុង​មាន​តម្រូវការ​ផង​ដែរ​ផ្នែក​គីមី​ចំណីអាហារ​ និង​កសិកម្ម​ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​គ្រឹះ​សំខាន់​ផ្នែក​កសិកម្ម​ជា​យូរយារណាស់មកហើយ​។ រហូតមកដល់​ពេល​បច្ចុប្បន្ន​ ទន្ទឹម​នឹង​យើង​មាន​ដី​កសិកម្ម​ច្រើន​ យើង​ចង់​ឱ្យ​យុវជន​ជំនាន់​ថ្មី​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក​កសិកម្ម​ ដែល​អាច​ប្រើប្រាស់​បច្ចេក​ទេស​ថ្មី​ៗ ឬវិទ្យាសាស្ត្រ​ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​ ដែល​អាច​ទាញ​ផលប្រយោជន៍​ពី​ធនធាន​ដែល​យើង​មានស្រាប់​បាន​កាន់តែ​ច្រើន​។

    លោក​ ប៉ិច​ បូ​ឡែន​ បាន​និយាយ​ថា​៖ “ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុង​ត្រូវការ​ផង​ដែរ​លើ​ជំនាញ​ហិរញ្ញវត្ថុ​ ហើយ​ជំនាញ​ហិរញ្ញវត្ថុ​ដែល​យើង​ត្រូវការ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​ពិតប្រាកដ​នោះ​គឺ​ជំនាញ​ជាក់លាក់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​ធំ​ទូលាយ​នេះ​ ដូចជា​ជំនាញ​វិភាគ​ហិរញ្ញវត្ថុ​ ឬជំនាញ​ក្នុង​ការប្រើ​-ប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​វិនិយោគ​ដែល​មាន​ភាព​ចម្រុះ​ជាតិសាសន៍​ជាដើម​”។

    សហ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិន​បើ​ប្អូន​ៗសិស្សានុសិស្ស​មាន​ទេពកោសល្យ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ​ ប្អូន​ៗអាច​ពិចារណា​លើ​ជំនាញ​មួយចំនួន​ដែល​កម្ពុជា​កំពុង​ត្រូវការ​ ដូចជា​ជំនាញ​ទេសចរណ៍​ ជាដើម​ ព្រោះ​កម្ពុជា​បច្ចុប្បន្ន​នេះ​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ខាង​ផ្នែក​ទេសចរណ៍​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​ កម្ពុជា​ជា​ប្រទេស​ដែល​អំណោយផល​ច្រើន​ផ្នែក​ទេសចរណ៍​ ទាំង​ទេសចរណ៍​វប្បធម៌​ និង​ទេសចរណ៍​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចូល​មក​កម្ពុជា​។ ចរន្ត​នេះ​ធ្វើ​ឱ្យ​វិស័យ​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន​ ដើម្បី​បំពេញ​ការងារ​ និង​ស្រូប​ទាញ​យក​ផលប្រយោជន៍​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​៕

  • រដូវភ្លៀង​ប្រយ័ត្ន​ជំងឺ​ភ្នែក​ក្រហម​

    រដូវភ្លៀង​ប្រយ័ត្ន​ជំងឺ​ភ្នែក​ក្រហម​

    ជំងឺភ្នែកក្រហម​ ឬហៅ​ថា​ “រោគ​រលាក​ស្បែក​ត្របកភ្នែក​” ជា​ស្ថានភាព​ឆ្លង​មេរោគ​ចូល​ភ្នែក​ ហើយ​ជំ​ងឺ​នេះ​ច្រើនតែ​ជួបប្រទះ​ឆ្លង​មក​ពី​វីរុស​បង្កឡើង​ ឬក៏​បណ្ដាលមកពី​ការ​ប្រតិកម្ម​នឹង​សារធាតុ​អ្វី​ម្យ៉ាង​ ដោយមាន​អាការ​ធ្វើ​ឱ្យ​ភ្នែក​ឡើងក្រហម​។ ជំងឺ​នេះ​ច្រើន​កើតឡើង​ដោយចៃដន្យ​ ដំបូង​កើត​លើ​ភ្នែក​តែ​ម្ខាង​ទេ​ បន្ទាប់មក​ក៏​ឆ្លង​រាលដាល​ទៅ​ភ្នែក​ម្ខាងទៀត​។ ជំងឺភ្នែកក្រហម​នេះ​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​ ហើយក៏​ងាយ​ឆ្លង​រាលដាល​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​ក្នុង​ផ្ទះ​ ឬក្នុង​សហគមន៍​ជាមួយគ្នា​ផង​ដែរ​។ រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​វ៉ាក់សាំង​អាច​ចាក់​បង្ការ​ ហើយក៏​មិនទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជាក់លាក់​នៅឡើយ​ទេ​ ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺភ្នែកក្រហម​ម្ដង​ហើយ​ ក៏អាច​នឹង​ឈឺ​ឡើងវិញ​ទៀត​ដែរ​ ក្រោយពី​ជាសះស្បើយ​បាន3​-4ខែ​។

    ជំងឺ​នេះ​ ធម្មតា​ច្រើន​កើតមាន​ក្នុង​ចុងរដូវ​ក្ដៅ​រហូតដល់​ចុងរដូវ​ភ្លៀង​ ខណៈ​ពេល​អាកាសធាតុ​ប្ដូរផ្លាស់​ពី​ក្ដៅ​ទៅ​ភ្លៀង​ ដែល​មានកម្រិត​សំណើម​ខ្ពស់​។ នេះ​ក៏​ជា​ឱកាស​ដែល​រាងកាយ​មនុស្សយើង​ ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​រាងកាយ​ងាយ​ទទួលអារម្មណ៍​នឹង​អាកាសធាតុ​ ឆាប់​ហេវហត់​ ប្រព័ន្ធ​ធន់​នឹង​ជំងឺ​មាន​ភាព​ទន់ខ្សោយ​ ជាដើម​គឺ​ងាយ​នឹង​កើតជំងឺ​បំផុត​។ អាការរោគ​ច្រើន​ជួប​ប្រទះ​ គឺ​អ្នក​ឈឺ​មាន​អារម្មណ៍​ពិបាក​ទ្រាំ​នៅត្រង់​ភ្នែក​ បន្ទាប់មក​ នោះ​មាន​អា​ការ​គ្រើម​ៗដូច​មាន​គ្រាប់​ខ្សាច់​នៅក្នុង​ភ្នែក​ ចេញ​អាចម៍ភ្នែក​ច្រើន​ ពេល​ព្រឹក​ក្រោកពីដំណេក​ពិបាក​បើកភ្នែក​ ពីព្រោះ​អាចម៍ភ្នែក​នៅ​ជាប់​ភ្នែក​ទាំងពីរ​ ហើយ​អាចម៍ភ្នែក​មាន​ពណ៌បៃតង​ ឬពណ៌លឿង​តាម​សភាព​នៃ​អា​ការ​រោគ​។ ត្របកភ្នែក​ហើម​ ភ្នែក​ក្រហម​ ឈឺ​ ចុក​ចាប់​ឡើង​គ្រើម​ៗចេញពី​ទឹកភ្នែក​។ល។

    ដើម្បី​ការពារ​សុខភាព​ភ្នែក​របស់​អ្នក​មិន​ឱ្យ​កើតជំងឺ​នេះ​ អ្ន​កត្រូវ​ប្រ​ត្តិ​បត្តិ​តាម​វិ​ធី​ល្អ​ៗមួយ​ចំ​នួន​ដូច​ខាងក្រោម​នេះ​៖
    1.កុំ​ញី​ ឬជូត​ភ្នែក​ដោយដៃ​មិន​ស្អាត​ ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​មួយចំនួន​ទៅ​ក្នុង​ភ្នែក​របស់​អ្នក​។ ជា​ការពិត​ទម្លាប់​នេះ​ច្រើន​កើតឡើង​ចំ​ពោះ​ក្មេង​ៗ ដូចនេះ​ មាតាបិតា​គ្រប់រូប​ចាំបាច់​ត្រូវ​ថែ​រក្សា​ក្មេង​ៗឱ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ដក់​ទឹក​។
    2.ប្រសិនបើ​អ្នក​ទទឹក​ខ្លួន​ដោយ​ទឹកភ្លៀង​ក្នុង​ពេល​ធ្វើដំណើរ​ អ្នក​ត្រូវ​ចាំ​ថា​ ពេល​ទៅដល់​ផ្ទះ​ ឬកន្លែងណា​មួយ​ អ្នក​គួរតែ​លាង​ភ្នែក​របស់​អ្នកជា​មួយទឹក​ស្អាត​ និង​ជូត​សម្អាត​ជាមួយ​កន្សែង​ស្ងួត​ជាចាំបាច់​ និង​ឱ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។
    3. ពាក់​វ៉ែនតា​ជាប្រចាំ​នូវ​រាល់ពេល​ចេញទៅ​ខាងក្រៅ​ ព្រោះ​ការ​ពាក់​វ៉ែនតា​មិនមែន​សម្រាប់​តែ​ការពារ​កម្តៅថ្ងៃ​នោះ​ទេ​។ ក្នុងករណី​ដែល​អ្នក​មានទម្លាប់​ ចូលចិត្ត​ពាក់​លែន​ អ្នក​គួរតែ​សម្អាត​វា​ជាប្រចាំ​ និង​ឱ្យ​បាន​ទៀងទាត់​ ដើម្បី​ចៀសវាង​ការ​ងាយ​នឹង​ចម្លង​មេរោគ​។4. បើ​មាន​អ្នក​កើតមាន​បញ្ហា​ភ្នែក​ ត្រូវ​ចៀស​វាង​ការប្រើ​ប្រាស់​របស់​ផ្ទាល់ខ្លួន​ ដូចជា​ កន្សែង​ ឬកន្សែងដៃ​រួមគ្នា​ជាដាច់ខាត​។
    5. បង្កើន​ភាពស៊ាំ​ ការពារ​រាងកាយ​ ដោយ​ចៀសវាង​ការ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ញឹកញាប់​ ហើយ​បែរមក​ទទួលទាន​អាហារ​ដែល​ចម្អិន​ដោយខ្លួនឯង​នៅផ្ទះ​ ជាមួយនឹង​បន្លែ​ស្រស់​ៗបែប​ធម្មជាតិ​ និង​ផ្លែឈើ​តាម​រដូវ​កាល​ជា​កា​រប្រ​សើរ​បំផុត​។
    6. ករណី​មាន​អាការ​រមាស់​ភ្នែក​ ដំបូង​អ្នក​គ្រាន់​តែ​លាង​សម្អាត​ភ្នែក​ជាមួយ​ទឹក​ត្រជាក់​ បើ​មិន​មាន​ការ​ធូរស្រាល​ សូម​ចៀសវាង​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដោយខ្លួនឯង​។ អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ឱ្យ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ត្រឹមត្រូវ​ ក្នុង​ការប្រើ​ប្រាស់​ថ្នាំ​។7. ត្រូវ​លាង​សម្អាត​ដៃ​របស់​អ្នកជា​មួយ​សាប៊ូ​ដុំ​ជាប្រចាំ​ ពិសេស​ក្នុង​រដូវភ្លៀង​ ព្រោះ​វា​អាច​សម្លាប់​មេរោគ​បាន​រហូតដល់99​%។ ក្រៅពី​នេះ​ អ្នក​ក៏​អាច​ប្រើ​អាល់កុល​លាង​បាន​ដូចគ្នា​ ដែល​វា​ផ្តល់​នូវ​ប្រសិទ្ធភាព​បាន​រហ័ស​ ប៉ុន្តែ​គ្រាន់តែ​វា​មិន​មា​នប្រ​សិទ្ធ​ភាព​សម្រាប់​វីរុស​ប៉ុណ្ណោះ​។

    យកល្អ​អ្នកជំងឺ​គប្បី​ការពារ​ភ្នែក​ ដោយ​កុំ​យក​ដៃ​ដែល​មិន​ស្អាត​មក​ប៉ះ​ ឬញីភ្នែក​ ត្រូវ​លាង​សម្អាត​ដៃ​គ្រប់ពេល​មុននឹង​ប៉ះពាល់​ភ្នែក​ មិន​ប្រើប្រាស់​កន្សែងជូតមុខ​ ឬជូត​ខ្លួន​រួម​ជាមួយ​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម​ ហើយ​ចំណុច​សំខាន់​បំផុត​ត្រូវការ​ពារ​មិន​ឱ្យ​ជំងឺឆ្លង​រាលដាល​ពី​ខ្លួនឯង​ទៅ​អ្នក​ដទៃ​។ ជានិច្ចកាល​ ការ​ការពារ​តែងតែ​ប្រសើរ​ជាង​ការ​ព្យាបាល​ ដូចនេះ​ អ្នកចាំ​បាច់​ត្រូវ​ធ្វើតាម​ការ​ណែនាំ​ដូច​ខាងលើ​ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​រក្សា​សម្រស់​ និង​សុខភាព​ភ្នែក​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​៕