Author: ធឿន មករា

  • ក្រសួង​កសិកម្ម​ និង​ក្រុមហ៊ុន​ចិន​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ពូជ​ឈើ​មានតម្លៃ​នៅ​កម្ពុជា

    ក្រសួង​កសិកម្ម​ និង​ក្រុមហ៊ុន​ចិន​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ពូជ​ឈើ​មានតម្លៃ​នៅ​កម្ពុជា

    រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការ​ផ្តល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ គឺជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ថា​៖ “ការ​វិវឌ្ឍ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​ឱ្យ​ច្បាស់លាស់​លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ការពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ ហើយ​ការងារ​ទាំងនេះ​ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់លាស់​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី6​ ត្រង់​មុំ​ទី3​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​”។

    លោកជំទាវ​បន្ត​ទៀត​ថា​ ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​ គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយ​ ចំនួន​ទៀត​នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ឯកសារ​ Cambodia​ eTrade​ Readiness​ Assessment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ2017​ និង​ថ្មី​ៗនេះ​នៅក្នុង​សមា​ ហរ​ណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ 2019​-2023​ ជាពិសេស​ជំពូក​ទី11​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី12​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​រដ្ឋបាល​ ជួយ​សន្សំ​ថវិកា​ និង​ពេលវេលា​នាំចេញ​-នាំចូល​ ព្រមទាំង​ធានា​បាន​នូវ​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​បាន​កំពុង​ធ្វើ​កំណែទម្រង់​នីតិវិធី​រដ្ឋបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដើម្បី​បង្កើន​ល្បឿន​ និង​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ទំនិញ​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​។

    ដូច្នេះ​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ​ តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​សំ​ខាន់​ៗជាមួយ​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក​ និង​តភ្ជាប់​ទៅ​កាន់​បញ្ជរ​ជាតិ​តែមួយ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ​បច្ចេកវិទ្យា​ (ITC​ Master​ Plan​) ការ​ដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ Cloud​ និង​ការ​ដាក់បញ្ចូល​ផែនការ​សកម្ម​ភាព​ថ្មី​ៗស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ឆ្នាំ2019​-2023​ ជាដើម​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​សំដៅ​ជំរុញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​”។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​៖“ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួន​ជាមួយនឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ បន្ទាប់​ទៀត​នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​”៕

  • លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​ដោយ​ជំរុញ​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​ តាមរយៈ​ ពិព័រណ៍​ អន្តរជាតិ​

    លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​ដោយ​ជំរុញ​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​ តាមរយៈ​ ពិព័រណ៍​ អន្តរជាតិ​

    តំណាង​គណៈប្រតិភូ​មក​ពី​ក្រសួងទេសចរណ៍​បាន​លើកកម្ពស់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ក្នុង​អំឡុង​ពិធី​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​លើក​ទី15​ នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី4​ ដល់​ទី7​ ខែកញ្ញា​ ឆ្នាំ2019​ កន្លងទៅ​។ ក្រសួងទេសចរណ៍​កម្ពុជា​ដែល​បាន​ចូលរួម​ដែរ​នោះ​ ក៏បាន​រៀបចំ​ពិធីជប់លៀង​មួយ​ដែល​មានឈ្មោះ​ថា​ “រាត្រី​កម្ពុជា​ឆ្នាំ2019​” យ៉ាង​អធិកអធម​នៅ​កណ្ដាល​ក្រុង​ហូជីមិញ​ ដើម្បី​បង្កើន​នូវ​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ និង​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ និង​ភ្ញៀវ​ទេសចរ​វៀតណាម​ ក៏ដូចជា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

    ថ្លែង​នៅក្នុង​កម្មវិធី​“រាត្រី​កម្ពុជា​ឆ្នាំ2019​”ដែល​ធ្វើឡើង​នៅ​ខាងក្រៅ​ពិព័រណ៍​នេះ​ ឯកឧត្តម​ ថោង​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​ “ក្រសួង​បាន​ព្យាយាម​បង្កើន​ប្រជាប្រិយ​ភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​បរទេស​តាមរយៈ​ការចូលរួម​ពិព័រណ៍​ទេសចរណ៍​ជុំវិញ​ពិភពលោក​។

    យើង​រំពឹង​ថា​ កម្ពុជា​នឹង​ស្វាគមន៍​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ជាពិសេស​ យើង​អាច​រំពឹង​ថា​ នឹង​មាន​ប្រជាជន​មក​ពី​ប្រទេស​វៀតណាម​កាន់តែ​ច្រើន​ ព្រោះ​យើង​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗកំពុង​រង់ចាំ​ពួកគេ​”។

    នៅក្នុង​ពិធី​តាំងពិព័រណ៍​នៅ​ទីក្រុង​ហូជីមិញ​នេះ​ អ្នកចូលរួម​ក្នុង​វិស័យ​ទេសចរណ៍​មក​ពី​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ពិភាក្សា​ និង​ធ្វើការ​ជាមួយគ្នា​ដើម្បី​លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​របស់​ប្រទេស​ទាំង2​។ ពួកគេ​បាន​ពិភាក្សា​លើកស្ទួយ​ប្រទេស​ដែល​ជា​ទិសដៅ​តែមួយ​ក្រោម​ពាក្យស្លោក​“ស្រុក2​ គោលដៅ​តែ1​” នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់ក្រ​សួង​ទេសចរណ៍​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​៖ “ក្រៅ​ពី​សក្តា​នុ​ពល​នៃ​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ដ៏​សម្បូរ​បែប​ហើយ​ កម្ពុជា​មាន​ឆ្នេរសមុទ្រ​ប្រវែង​ 420គីឡូម៉ែត្រ​ និង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក​ដូច​វៀតណាម​ដែរ​ ដែល​ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា​“កម្ពុជា​ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ផ្តល់​ភាព​កក់ក្តៅ​” ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី​អេកូ​ទេសចរណ៍​ដើម្បី​ជំរុញ​វិស័យ​អេកូ​ទេសចរណ៍​ និង​ទេសចរណ៍​សហគមន៍​សំដៅ​ទាក់ទាញ​ទេសចរ​ក្នុង​តំបន់​”។នា​ដើមឆ្នាំ2019​ នេះ​ ចំពោះ​ការ​ធ្វើដំណើរ​ដោយ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន​ (self​-driving​ tour​)ពី​វៀតណាម​មក​កម្ពុជា​ គឺ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​កក់​ ឬធានារ៉ាប់រង​ទេ​ និង​អាច​វិល​ចូល​ទៅ​វៀតណាម​វិញ​តាម​ច្រក​អន្តរជាតិ​របស់​កម្ពុជា​ណាមួយ​ក៏បាន​។

    យោង​តាម​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ច្រករបៀង​ខាងត្បូង​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ កម្ពុជា​មាន​គោលបំណង​ក្នុង​ការបង្កើត​ផ្លូវ​សមុទ្រ​ជាមួយ​វៀតណាម​។ ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​ព្រមព្រៀង​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​សមុទ្រ​នៅពេល​ដែល​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ2021​ ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​មួយ​ដល់​ការអនុវត្ត​សេចក្តី​ប្រកាស​អាស៊ាន​ស្តី​ពី​វិស័យ​ទេសចរណ៍​តាម​នាវា​។

    ទន្ទឹម​នឹង​ការ​ខិតខំ​ជំរុញ​ការ​ផ្សព្វផ្សាយ​ ការ​ពង្រឹង​ និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ ការ​ សម្រួល​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ កម្ពុជា​ក៏​យកចិត្ត​ទុកដាក់​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ស្តង់​ដា​បៃតង​ផង​ដែរ​។ តាមរយៈ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​ សេវាកម្ម​ល្អ​ បដិសណ្ឋារ​កិច្ច​ល្អ​និង​ការ​បណ្តុះបណ្តាល​អប់រំ​វិជ្ជាជីវៈ​“បុគ្គលិក​ម្នាក់​ជំនាញ​មួយ​” និង​“សេវា1​ ស្តង់​ដា1​” ឱ្យ​ស្របតាម​ស្តង់​ដា​អាស៊ាន​។ នេះ​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​បាន​បញ្ជាក់​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ ជាពិសេស​ជនជាតិ​វៀតណាម​ទៅ​វិនិយោគ​ និង​ទស្សនា​នៅ​កម្ពុជា​ ដោយ​ឯកឧត្តម​បាន​អះអាង​ថា​ “កម្ពុជា​នឹង​ទទួល​បាន​វិនិយោគិន​ និង​ទេសចរ​ពីគ្រប់ទិស​ទី​ ពិសេស​ទេសចរ​វៀតណាម​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរ​។ ក្រសួង​ក៏​កំពុង​ខិតខំ​ជំរុញ​ប្រទេស​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​តាមរយៈ​ការចូលរួម​ពិព័រណ៍​អន្តរជាតិ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​”។

    កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង2​ មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​តាមរយៈ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ស្តី​ពី​កិច្ចសហការ​ផ្សព្វផ្សាយ​រួមគ្នា​ “ប្រទេស2​ គោលដៅ​តែ1​” ដែល​ជាផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​សម្រេច​បាន​នូវ​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ឱ្យ​បាន​ចំនួន​ 1លាន​នាក់​មក​កម្ពុជា​ និង​ភ្ញៀវ​ទេសចរ​កម្ពុជា​ 50ម៉ឺន​នាក់​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ2020​។កាលពី​ឆ្នាំ2018​ ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 6.2លាន​នាក់​ កើនឡើង​ 10.7​% ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។ ក្នុងចំណោម​នោះ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ​ 800,000នាក់​ជា​ជនជាតិ​វៀតណាម​។

    ទន្ទឹមគ្នា​នឹង​ការ​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ​ដែរ​ វេទិកា​ស្តី​ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាតវៃ​ (Startup​ Tourism​ Forum​) ក្នុង​ចក្ខុវិស័យ​ពិភពលោក​ក៏​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី4​ ដល់ទី6​ ខែកញ្ញា​ ឆ្នាំ2019​ នាទី​ក្រុង​ហូជីមិញ​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផង​ដែរ​។

    ឯកឧត្តម​ សូ​ វិ​សុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​វេទិកា​ស្តី​ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ទេសចរណ៍​ឆ្លាតវៃ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ (SmartTourism​ Startup​) គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​មួយ​ដែល​ថ្នាក់ដឹកនាំ​ និង​ប្រតិភូ​មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​(CLMTV​) ជួបគ្នា​ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធ​ និង​ព័ត៌មាន​ជាមួយនឹង​អ្នកជំនាញ​ ធុរជន​ និង​វិនិយោគិន​ អំពី​កា​វិវឌ្ឍ​ថ្មី​ៗដ៏​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ “ប្រទេស5​ គោលដៅ​ទេសចរណ៍​តែ1​” សំដៅ​ប្រើប្រាស់​អត្ថ​ប្រយោជន៍​ និង​នវានុវត្តន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​រលូន​ប្រកបដោយ​ភាព​ឆ្នា​តវៃ​ និង​ចីរភាព​ដល់​វិស័យ​ទេសចរណ៍​ និង​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​យុគសម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​បាន​បង្ហាញថា​ សម្រាប់​រយៈពេល​ 7ខែ​នៃ​ឆ្នាំ2019​ នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 3.8​លាន​នាក់​ កើនឡើង​ 11.1​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ដោយតាម​ការ​ព្យាករ​នៅ​ឆ្នាំ2020​កម្ពុជា​នឹងអាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ 7លាន​នាក់​ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជិត​ 1លាន​នាក់​។ ទន្ទឹម​នេះ​ តម្រូវ​ការ​ផ្សេង​ៗក្នុង​ឧស្សាហកម្ម​មួយ​នេះ​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ ដោយ​ក្នុង​នោះ​តម្រូវការ​បន្ទប់​ស្នាក់នៅ​លំ​ដាប់​ស្ដ​ង់​ដា​អាច​នឹង​កើនឡើង​ក្នុងរង្វង់​ប្រមាណ​7,000​ ទៅ​ 16,000បន្ទប់​នៅ​ឆ្នាំ2020​ ខាងមុខនេះ​៕

  • ពណ៌ក្រចកដ៏ស្រស់ស្អាត ម៉ូដក្រចក បែបទាន់សម័យសម្រាប់នារីៗទាន់សម័យ

    ពណ៌ក្រចកដ៏ស្រស់ស្អាត ម៉ូដក្រចក បែបទាន់សម័យសម្រាប់នារីៗទាន់សម័យ

    សម្រាប់​ខែ​ថ្មីនេះ​ នា​រីៗ​យើង​អាច​លេង​ម៉ូដ​ក្រចក​ និង​តុបតែង​ពណ៌​ក្រចក​ឱ្យ​ពេញចិត្ត​សម្រាប់​លម្អ​កាយ​សប្បាយចិត្ត​ និង​អាច​លេង​ម៉ូដ​ក្រចក​បង្អួត​អ្នក​នៅ​ជុំវិញ​ខ្លួន​ថែមទៀត​ផង​។ ម៉ូដ​ក្រចក​ទាំងអស់​នេះ​ក៏អាច​តុបតែង​សម្រាប់​ចូលរួម​នៅក្នុង​កម្មវិធី​តូច​ធំ​ជាច្រើន​ទៀតផង​ដែរ​ គឺ​ស្អា​តៗ​ ត្រូវចិត្ត​គ្រប់គ្នា​។ តោះ​នា​រីៗ​ទាំងអស់​ កុំ​ភ្លេច​ផ្លាស់​ប្តូរ​ពណ៌​ក្រចក​ និង​ម៉ូដ​ក្រចក​ឱ្យ​ស្រស់​ស្អាត​សមចិត្ត​បន្តិច​ណា៎​!!

  • ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ កំពុង​ល្បី​ និង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក​ ដល់​ថ្នាក់​ធ្វើមិនទាន់​

    ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ កំពុង​ល្បី​ និង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក​ ដល់​ថ្នាក់​ធ្វើមិនទាន់​

    ក្នុងចំណោម​ឈ្មួញ​ត្រី​ងៀត​ធំៗ​នៅ​ខេត្ត​កំពង់ចាម​លោក​ សុខ​ ឃីម​ ម្ចាស់​“សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​” ជា​អ្នក​កែច្នៃ​ផលិតផល​ត្រី​ធ្វើជា​ត្រីងៀត​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​។ លោក​ សុខ​ឃីម​ រស់នៅ​ភូមិ​កំ​ប៉ាល​ ឃុំ​សណ្តែក​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ដែល​ធ្លាប់​បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ផលិតផល​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​របស់​លោក​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពីអ​តិថិ​ជន​ក្នុង​ស្រុក​ ក៏ដូចជា​ក្រៅ​ស្រុក​ដែរ​ ដោយមាន​ការ​ជាវ​និង​បញ្ជាទិញ​ជាហូរហែ​មក​នោះ​ ឥឡូវនេះ​ លោក​ក៏​មាន​ងៀត​សាច់គោ​ឆ្ងាញ់​កំពង់ចាម​ ជា​ផលិតផល​ថ្មី​ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​រួចហើយ​។

    ដោយសារ​ថា​ អ្នក​រស់នៅ​ជាប់​ទន្លេមេគង្គ​មាន​ជំនាញ​ខាង​ការកែច្នៃ​ត្រី​ស្រស់​ទៅជា​អាហារ​បម្រុង​ដែល​អាច​រក្សាទុក​បរិភោគ​បាន​យូរ​ មាន​ដូចជា​ ប្រហុក​ ផ្អក​ ត្រីឆ្អើរ​ ត្រីងៀត​ ត្រីប្រឡាក់​ជាដើម​នោះ​ សាច់ងៀត​គោ​ឆ្ងាញ់​កំពង់ចាម​ ក៏​ជា​អាហារ​បម្រុង​ដ៏​ពេញនិយម​មួយ​ដែរ​ ដែល​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ត្រូវ​បាន​អតិថិជន​ចាប់ផ្តើម​បញ្ជាទិញ​ និង​កំពុង​ចាប់អារម្មណ៍​ជាវ​ផលិតផល​របស់​លោក​ក្នុង​ចំនួន​ច្រើនឡើង​ជាលំដាប់​។

    អ្នកស្រី​ ម៉ៃ​យ៉ា​ ជា​ប្រពន្ធ​ លោក​សុខ​ ឃីម​ បាន​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖“ប្រមាណ​ជា​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​ ក្រៅពី​អាជីវកម្ម​ត្រីងៀត​លក្ខណៈ​គ្រួសារ​របស់ខ្ញុំ​ហើយ​ ខ្ញុំ​បាន​ពង្រីក​ខ្លួន​ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុ​ក និងYouTube​ ដោយ​គ្រួសារ​ខ្ញុំ​បាន​ធ្វើសាច់​ងៀត​គោ​ដំណាលគ្នា​នឹង​ការ​ធ្វើត្រី​ងៀត​ផង​ដែរ​ ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ច្រើនឡើង​ ហើយ​ទីផ្សារ​ក៏​មានការ​រីកចម្រើន​ធំជាង​មុន​ដែរ​”។

    អ្នកស្រី​ ម៉ៃ​យ៉ា​ វ័យ​ 26ឆ្នាំ​ ម្ចាស់​សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​ ក៏បាន​រំឭក​ឱ្យ​ដឹងផង​ដែរ​ថា​ យើង​ទើបតែ​ចាប់ផ្តើម​ធ្វើ​ងៀត​សាច់គោ​ក្នុង​ឆ្នាំនេះ​ទេ​។ ការ​ធ្វើសាច់​គោ​ងៀត​ដំបូង​នេះ​ គឺ​មានតែ​ប្រមាណ​ជា​ 20​ – 30គីឡូក្រាម​ប៉ុណ្ណោះ​ ពោល​គឺ​ ធ្វើ​ក្នុង1ថ្ងៃ​តែ​ 3 ទៅ​ 4គីឡូ​ប៉ុណ្ណោះ​។ តែម​កដល់ពេល​បច្ចុប្បន្ន​ ថ្ងៃ​ខ្លះ​យើង​ធ្វើ​លក់​បាន​ក្នុង​ 1ថ្ងៃ​រហូតដល់​ 10គីឡូ​ក៏​មាន​ ហើយ​ 2ខែ​ចុងក្រោយ​នេះ​ យើង​លក់​បាន​ដល់​ជាង​ 50គីឡូ​ឯណោះ​ក្នុង​ 1ខែ​។ ឯសាច់គោ​ដែល​យក​មក​ផលិត​ជា​សាច់ងៀត​វិញ​នោះ​ គឺ​យើង​បាន​នាំ​យក​មក​ពី​បងប្អូន​គាត់​ជា​អ្នក​កាប់​គោ​នៅក្នុង​ខេត្ត​ ហើយ​សាច់ងៀត​ដែល​ត្រូវ​ធ្វើ​នោះ​ គឺ​ធ្វើឡើង​ពី​សាច់​គោ​ស្រស់​ៗ ថ្មី​ៗ និង​សាច់​ល្អ​ៗ។

    អ្នកស្រី​ ម៉ៃ​យ៉ា​ បានឱ្យ​ដឹង​ទៀត​ថា​៖“ការកែច្នៃ​សាច់គោ​ធ្វើជា​សាច់ងៀត​ គឺ​មិន​ចាំបាច់​មាន​រដូវ​កាល​ទេ​ គឺ​អាច​ធ្វើ​បាន​រាល់ថ្ងៃ​ ឱ្យ​តែ​មានសាច់​ល្អ​ ប៉ុន្តែ​ឥឡូវ​ឱ្យ​តែ​មាន​អ្នកបញ្ជា​ទិញ​ គឺ​យើង​ត្រូវ​រៀបចំ​ធ្វើ​ឱ្យ​ម៉ូយ​ជា​បន្ត​បន្ទប់​ ដោយ​សាច់ងៀត​មួយចំនួន​ធំ​ត្រូវលក់​ទៅ​ម៉ូយ​នៅ​ភ្នំពេញ​ ហើយក៏​មាន​មួយចំនួន​ទៀត​ នាំទៅ​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​ គឺ​មាន​នាំចេញ​ទៅ​ស្ទើរគ្រប់​ខេត្ត​ក្រុង​ក្នុង​ស្រុកខ្មែរ​យើង​”។

    អ្នកស្រី​បាន​បញ្ជាក់​ថា​៖“នៅ​ឆ្នាំនេះ​ ខ្ញុំ​ធ្វើសាច់​គោ​ងៀត​បាន​ច្រើនជាង​ការ​រំពឹង​ទុក​ ព្រោះថា​ការ​បញ្ជាទិញ​សាច់គោ​ងៀត​របស់ខ្ញុំ​មិនមែន​មានតែ​អ្នក​នៅក្នុង​ស្រុក​ទេ​ តែ​នៅ​មាន​អ្នក​នៅ​ក្រៅ​ស្រុក​ក៏បាន​បញ្ជាទិញ​ច្រើន​គួរសម​ដែរ​ ដោយ​គាត់​បាន​មក​ផ្ទាល់ខ្លួន​ឯង​ ហើយ​យើង​រៀបចំ​វេច​ខ្ចប់​ជូន​គាត់​។ សម្រាប់​ការ​បញ្ជាទិញ​ពី​អ្នក​នៅ​ក្រៅ​ស្រុក​ គឺ​មាន​អ្នក​-អាណិកជន​ពី​ប្រទេស​អាមេរិក​ កាណាដា​ អូស្ត្រាលី​ អុី​តា​លី​ ជប៉ុន​ និង​កូរ៉េ​ទៀតផង​ ហើយ​វា​ក៏​ជាទី​ផ្សារ​ដែល​អាច​រីកចម្រើន​នៅពេល​ខាងមុខ​បាន​”។

    អ្នកស្រី​បាន​បញ្ជាក់​ថា​៖“សិប្បកម្ម​ខ្ញុំ​មិនមែន​មានតែ​ផលិតផល​ត្រីងៀត​តែមួយមុខ​ទេ​ តែ​ខ្ញុំ​មាន​ផលិតផល​កែច្នៃ​ច្រើនមុខ​ទៀត​ ដូចជា​ងៀត​ត្រីរ៉ស់​ ងៀត​ត្រីឆ្តោ​ ងៀត​ត្រី​កន្ធរ​ ត្រីប្រឡាក់​ ប្រហុក​ ផ្អក​ ត្រីផាត់​ និង​ងៀត​សាច់គោ​នេះ​ ជាដើម​ ហើយ​ងៀត​សាច់គោ​នេះ​ និង​ផលិតផល​កែច្នៃ​ពី​ត្រី​ជាច្រើន​មុខ​ទៀត​ ក៏​ត្រូវ​បាន​គេ​ចាប់ផ្តើម​បញ្ជាទិញ​ច្រើនឡើង​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​យើង​ធ្វើមិនទាន់​ ដោយ​ក្នុង​ ខែ​កក្កដា​ និង​សីហា​ជា​ខែ​ដែល​មាន​គេ​បញ្ជាទិញ​គ្រប់មុខ​ ហើយ​ច្រើន​ៗទៀត​”។

    ពាក់ព័ន្ធ​នឹង​តម្លៃ​លើ​ទីផ្សារ​វិញ​ អ្នកស្រី​ ម៉ៃ​យ៉ា​បាន​និយាយ​បន្ត​ថា​ បន្ទាប់ពី​ច្នៃ​រួច​ សាច់គោ​ងៀត​នឹង​លក់​ចេញ​ក្នុង​តម្លៃ​ 1គីឡូក្រាម​ថ្លៃ​ 11ម៉ឺន​រៀល​(ឬ27​$) សម្រាប់​សាច់​បន្ទះ​សំប៉ែត​ រី​ឯសាច់ងៀត​មូល​តម្លៃ​ 1គីឡូក្រាម​ 10ម៉ឺន​រៀល​(ឬ25​$)។ តម្លៃ​នេះ​បើ​គិត​នៅ​លើ​ទីផ្សារ​ វា​មិនជា​ថ្លៃជាង​សិប្បកម្ម​កែច្នៃ​ដទៃទៀត​ទេ​ ដោយសារតែ​ផលិតផល​របស់​យើង​មាន​អនាម័យ​ និង​មានការ​ទទួលស្គាល់​ពីអ​តិថិ​ជន​ ដែល​ពួកគាត់​អាច​ទទួលយក​បាន​។

    អ្នកស្រី​ ម៉ៃ​យ៉ា​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ការ​-បញ្ជាទិញ​ បើ​គិតជា​មធ្យម​ គឺ​ប្រមាណ​ជា​ 30គីឡូក្រាម​ដែរ​ក្នុង​ 1ខែ​សម្រាប់​សាច់ងៀត​មូល​ ដូច្នេះ​បើ​គិតជា​ប្រាក់​ ក៏​ប្រមាណ​ជា​ 3,000,000រៀល​ដែរ​(30គីឡូ​ x 100.000រៀល​)។

    ចំពោះ​ការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​វិញ​ អ្នកស្រី​ ម៉ៃ​យ៉ា​ បានឱ្យ​ដឹង​ថា​៖“សម្រាប់​ងៀត​សាច់គោ​នេះ​ ខ្ញុំ​ទទួល​បានការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​ច្រើន​គួរសម​ដែរ​ ហើយ​ម្ចាស់​អ្នកទិញ​ គេ​មក​បញ្ជាទិញ​ផ្ទាល់​ ដោយ​យើង​នឹង​លក់​ក្នុង​តម្លៃ​ដូច​អ្នក​មក​ទិញ​ក្នុង​ស្រុក​ដែរ​(25​-27​$)។ យើង​មិន​អាច​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍​ទៅក្រៅ​ប្រទេស​បានទេ​(សម្រាប់​សាច់គោ​ងៀត​)ទាល់តែ​អ្នកទិញ​មក​ទិញ​យក​ទៅ​ដោយខ្លួនឯង​ផ្ទាល់​ មិន​ដូច​ផលិតផល​ត្រី​-ងៀត​ដែល​យើង​អាច​ផ្ញើ​តាម​ប៉ុស្តិ៍​បាន​”។

    អ្នកស្រី​ ម៉ៃ​យ៉ា​ បាន​បញ្ជាក់​ពី​គោលបំណង​អាជីវកម្ម​ទៅ​ថ្ងៃមុខ​របស់​អ្នកស្រី​ថា​៖“ខ្ញុំ​មាន​គម្រោង​ពង្រីក​សិប្បកម្ម​ធ្វើត្រី​ងៀត​ និង​សាច់ងៀត​របស់ខ្ញុំ​ឱ្យ​ធំជាង​នេះ​ តែ​នៅ​ពុំ​ទាន់បាន​សម្រេច​ចេញ​ជារូបរាង​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​ វា​នឹង​ចេញ​ជារូបរាង​នា​ពេល​ឆាប់​ៗនេះ​ ដោយ​យើង​ចង់​ស្វែងរក​ទីតាំង​ណាមួយ​ឱ្យ​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ក៏ដូចជា​ទីផ្សារ​ក្រៅ​ស្រុក​ដែរ​ និង​ដើម្បី​សម្រួល​ដល់​ការ​បញ្ជាទិញ​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗជាលំដាប់​”៕

  • គម្រោង​វិនិយោគ​សាធារណៈ​ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​

    គម្រោង​វិនិយោគ​សាធារណៈ​ឆ្លើយតបទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​

    គណៈរដ្ឋ​មន្ត្រី​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​កម្មវិធី​វិនិយោគ​សាធារណៈ​ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ចំណាយ​ទុន​ 14.4ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ជាង​ 600គម្រោង​ក្នុងរយៈពេល​ 3ឆ្នាំ​ខាង​មុខ​។ ចំនួន​នេះ​ គឺ​ខ្ពស់​ជាង​កម្មវិធី​វិនិយោគ​សាធារណៈ​ចុងក្រោយ​ចំនួន​ 9ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋ​មន្ត្រី​។

    កម្មវិធី​វិនិយោគ​សាធារណៈ​ឆ្នាំ2017​-2019​ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ2016​ មាន​ទឹកប្រាក់​ចំនួន​ 5.23ពាន់​លាន​ដុល្លារ​សម្រាប់​វិនិយោគ​លើ​ 519គម្រោង​។ កម្មវិធី​វិនិយោគ​សាធារណៈ​សម្រាប់​ឆ្នាំ2020​-2022​ ត្រូវ​បាន​អនុម័ត​កាលពី​សប្តាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​ស្ថិត​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​។ឯកឧត្តម​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​មានប្រសាសន៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​ កម្មវិធី​នេះ​នឹង​ធានា​បាន​នូវ​ការ​បន្ត​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ កម្ពុជា​ គឺជា​ប្រទេស​ មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។

    ឯកឧត្តម​មានប្រសាសន៍​ថា​៖“គោលបំណង​របស់​កម្មវិធី​ គឺ​ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​7% ក្នុង​ 1ឆ្នាំ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​។ ថវិកា​ចំនួន​ 53.8​%នឹង​ត្រូវ​ទៅដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​ថវិកា​ដែល​នៅសល់​នឹង​ប្រើ​សម្រាប់​គម្រោង​ផ្នែក​ហិរញ្ញវត្ថុ​សង្គម​ និង​សេវាកម្ម​”។

    ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ចំណាយ​ចំនួន​ 14.4ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​ចំណាយ​ដ៏​ធំ​បំផុត​នេះ​នឹង​មក​ដល់​ដោយ​ត្រូវ​បាន​បែងចែក​នៅ​ឆ្នាំ2020​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​ 4.5ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2021​ ចំនួន​ 5.1ពាន់​លាន​ដុល្លារ​ និង​ 4.8ពាន់​លាន​ដុល្លារ​ត្រូវ​បាន​រក្សាទុក​ដោយឡែក​សម្រាប់​ឆ្នាំ2022​។ ដោយ​មូលនិធិ​នេះ​នឹង​ទៅដល់​ការអនុវត្ត​គម្រោង​វិនិយោគ​ចំនួន​608គម្រោង​ដែល​ក្នុង​នោះ​មាន​ 171គម្រោង​កំពុង​ដំណើរការ​ ហើយ​ត្រូវការ​ថវិកា​បន្ថែម​។នេះ​បើ​តាម​តួលេខ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

    គម្រោង​ទាំងនេះ​រួមមាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដូចជា​ផ្លូវអាកាស​យានដ្ឋាន​ ទំនប់ទឹក​ កំពង់ផែ​ ស្ពាន​ និង​គំនិត​ផ្តួចផ្តើម​ដើម្បី​អភិវឌ្ឍ​វិស័យ​ជលផល​ កសិកម្ម​ សុខភាព​ និង​ថាមពល​របស់​ប្រទេស​កម្ពុជា​។រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​បាន​ប្តេជ្ញា​រួមគ្នា​សម្រាប់​ទឹកប្រាក់​ចំនួន​ 8.4​ពាន់​លាន​ដុល្លារ​ ដោយ​រដ្ឋាភិបាល​កំពុង​ស្វែងរក​ថវិកា​ចំនួន​ 6ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ ចំណាយ​ទៅលើ​កម្មវិធី​ទាំងមូល​ ហើយ​គេ​យល់ថា​ ដៃគូ​អភិវឌ្ឍន៍​ទាំងនេះ​រួមមាន​ប្រទេស​ចិន​ ជប៉ុន​កូរ៉េ​ខាងត្បូង​ និង​សហគមន៍​អឺរ៉ុប​ដែល​ស្ថិត​ក្នុងចំណោម​ប្រភព​វិនិយោគ​ និង​ជំនួយ​អភិវឌ្ឍន៍​ធំជាង​គេ​។

    ទាក់ទង​នឹង​តុល្យភាព​ 6ពាន់​លាន​ដុល្លារ​ រដ្ឋាភិបាល​រំពឹង​ថា​ នឹង​ទាញ​យក​ជំនួយ​មិន​ត្រឹមតែ​ ពី​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​ ឬរដ្ឋាភិបាល​បរទេស​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​វិស័យ​ឯកជន​ទៀតផង​។

    នៅក្នុង​ការ​ថ្លែង​កាលពី​ខែមុន​ លោក​ ចូន​ ចាន់​នាយក​ប្រតិបត្តិ​ក្រុ​មហ៊ុនហ្គោល​វូល​ ខូ​អិល​ធី​ឌី​ ដែល​ជា​អ្នកគ្រប់គ្រង​ការ​វិនិយោគ​ក្នុង​ស្រុក​ បាន​មានប្រសាសន៍​ថា​ ពួកគេ​បាន​ត្រៀមខ្លួន​ជា​ដៃគូ​ ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​គម្រោង​ធំៗ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ថាមពល​។

    សូម​បញ្ជាក់​ថា​ កម្មវិធី​វិនិយោគ​សាធារណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងផែនការ​ដោយ​ផ្អែកលើ​ធាតុ​ចូល​ពី​ក្រសួង​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​។ ជា​សរុប​ បរិមាណ​ទុន​តាម​ឆ្នាំ​ របស់​កម្មវិធី​វិនិយោគ​សាធារណៈ​ 3ឆ្នាំ​រំកិល​ 2020​-202​ រួមមាន​៖ ឆ្នាំ2020​ ចំនួន4,556លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​2021ចំនួន​ 5,104ដុល្លារ​អាមេរិក​ និង​ឆ្នាំ2022​ ចំនួន​ 4,827លាន​ដុល្លារ​អាមេរិក​។

    បរិមាណ​ទុន​សរុប​ចំនួន​ 14,487លាន​ដុល្លារ​អាមេរិក​ រួមបញ្ចូល​នូវ​បរិមាណ​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍​រួចហើយ​មាន​ចំនួន​ 8,597លាន​ដុល្លារ​អាមេរិក​)ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ 529.8លាន​ដុល្លារ​អាមេរិក​ និង​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ 8,067.5​លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន​ 5,889.7លា​នដុ​លា្ល​រអា​មេ​រិក​)។

    យោង​តាម​វិស័យ​ដូច​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​ រួមមាន​៖- 6.5​%នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សង្គមកិច្ច​។

    – 32.7​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេដ្ឋកិច្ច​។

    – 53.8​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​។

    – 7.0​% នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធារណៈ​ សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេវា​ និង​កម្មវិធី​អន្តរ​វិស័យ​។

    ដោយ​ឈរ​លើ​ក្របខ័ណ្ឌ​ទស្សនៈ​រួម​ដែល​កំណត់​ពី​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ការ​វិនិយោគ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ យើង​អាច​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​រួម​បាន​ថា​ ការធានា​ឱ្យ​មាន​នូវ​កម្មវិធី​វិនិយោគ​សាធារណៈ​មួយ​ ដែល​នឹង​ត្រូវ​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ ក៏ដូចជា​ធ្វើជា​ឧបករណ៍​ផ្នែក​គោលនយោបាយ​សម្រាប់​ប្រែក្លាយ​គោលនយោបាយ​អាទិភាព​ជាតិ​ឱ្យទៅ​ជា​ការពិត​ជា​ក់​សែ្តង​ គឺជា​ប្រការ​ចាំបាច់​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​។ ក្នុង​នេះ​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​គោលដៅ​នៃ​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​ជា​រួម​ និង​តាម​វិស័យ​នៅក្នុង​ដំណាក់​ការ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​៕

  • ធារី ចន្ថាប៊ីន កាន់តែSweetខ្លាំងជាមួយប្រពន្ធ និងកូន

    ធារី ចន្ថាប៊ីន កាន់តែSweetខ្លាំងជាមួយប្រពន្ធ និងកូន

    បើតាមការបញ្ជាក់ពីកីឡាករ ធារី ចន្ថាប៊ីន បានបង្ហើបប្រាប់ថា រូបគេបានជាសះស្បើយពីរបួសហើយ ដូច្នេះរូបគេអាចនឹងមានវត្តមានឡើងវិញនៅក្នុងទីលានបាល់ទាត់ក្នុងក្រុមអាជីពរបស់គេ និងក្រុមជម្រើសជាតិផងដែរ ប្រសិនបើមានការកោះហៅ៕

    ទោះបីជាមិនអាចលេងបាននៅលើទីលានមែន តែឆ្លៀតក្នុងពេលវេលាសម្រាកថែមុខរបួសរបស់ខ្លួន កីឡាកររូបនេះតែងតែបានផ្តល់នូវសេចក្តីស្រឡាញ់ដ៏ពេញលេញក្នុងនាមជាឪពុក និងប្តីដ៏ល្អជូនទៅមនុស្សសំខាន់ទាំង2 របស់គេ គឺកូន និង ប្រពន្ធ ក្នុងនោះដែរគេក៏បានបង្ហាញរូបភាពក្នុងដំណើរកម្សាន្តជាមួយនឹងក្រុមគ្រួសារដ៏គួរឱ្យច្រណែនទៀតផង។

    គួរបញ្ជាក់ដែរថា កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបាត់មុខពីទីលានបាល់ទាត់អស់រយៈពេលប្រមាណជា 2ខែមកហើយ ទាំងក្នុងក្រុម Terenganu របស់លីកកំពូលរបស់ម៉ាឡេស៊ី និងក្រុមជម្រើសជាតិកម្ពុជា ដោយសារមានរបួសជង្គង់ចាប់តាំងពីខែកក្កដា ឆ្នាំ2019 មក៕

  • មានហើយ Link ទស្សនាការប្រកួតរបស់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFC U16

    មានហើយ Link ទស្សនាការប្រកួតរបស់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFC U16

    ក្នុងវគ្គជម្រុះពានរង្វាន់ AFC U16 Championship 2020 ដែលនឹងចាប់ផ្តើមពីថ្ងៃទី18 ដល់ទី22 ខែកញ្ញា ឆ្នាំ2019 នេះនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម 16ឆ្នាំកម្ពុជាបានស្ថិតនៅក្នុងពូល J រួមជាមួយនឹងប្រទេសចំនួន3 ផ្សេងទៀត មាន ម៉ាឡេស៊ី ឡាវ និងជប៉ុន។

    ចំពោះការប្រកួត AFC U16 Championship 2020 វគ្គជម្រុះ Group J រវាង ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម 16ឆ្នាំនឹងក្រុមយុវជនគោព្រៃកម្ពុជាអាយុក្រោម 16ឆ្នាំដែរនោះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019 នេះ វេលាម៉ោង 6:30ល្ងាចនៅពហុកីឡដ្ឋានជាតិ KM16។

    លិងក៍សម្រាប់ទស្សនាការប្រកួតគឺ៖ https://mycujoo.tv/video/lao-football-federation?id=73613&fbclid=IwAR3sU4qjVv67BuDPJEHezFs2oZ0tCMn9To4Uk18gcoLI9ow837wv0KZaGf4

  • បន្តិចទៀតពហុកីឡដ្ឋានជាតិនឹងមានកៅអីស៊េរីថ្មីសម្រាប់ក្រុមប្រកួត ហើយកៅអីថ្មីសម្រាប់ទស្សនិកជន

    បន្តិចទៀតពហុកីឡដ្ឋានជាតិនឹងមានកៅអីស៊េរីថ្មីសម្រាប់ក្រុមប្រកួត ហើយកៅអីថ្មីសម្រាប់ទស្សនិកជន

    គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកការប្រជុំជុំវិញផែនការសម្រាប់អភិវឌ្ឍន៍សហព័ន្ធ។ ដោយក្នុងនោះមានការលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

    -ការត្រៀមកែលម្អពហុកីឡដ្ឋានជាតិ ដោយសហព័ន្ធនឹងដាក់សំណើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំកៅអីអង្គុយរបស់ទស្សនិកជន កៅអីបច្ចេកទេសរបស់កីឡាករ អាជ្ញាកណ្ដាល និងកម្រិតពន្លឺនៅទូទាំងពហុកីឡដ្ឋានជាតិ ដើម្បីឱ្យស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA ) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។

    គួរបញ្ជាក់ថា រាល់ការប្រកួតម្តងៗ កម្ពុជាតែងតែជួបបញ្ហាជាមួយនឹងមន្ត្រីដឹកនាំការប្រកួតមកពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោកជាប់ជានិច្ច៕

  • ក្រុមហ៊ុន VIVO ប្រកាសផ្លូវការ ស្មាតហ្វូន “អេក្រង់ទឹកធ្លាក់” កោងខ្លាំងមិនធ្លាប់មាន

    ក្រុមហ៊ុន VIVO ប្រកាសផ្លូវការ ស្មាតហ្វូន “អេក្រង់ទឹកធ្លាក់” កោងខ្លាំងមិនធ្លាប់មាន

    ក្រុមហ៊ុនផលិតទូរស័ព្ទ VIVO បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ចុងក្រោយ 2ម៉ូដែល គឺ NEX 3 និង NEX 3 5G នៅលើទីផ្សារប្រទេសចិន កាលពីថ្ងៃទី17 ខែកញ្ញា កន្លងទៅថ្មីៗនេះ។ងាកមកមើលពីរូបរាងរបស់ស្មាតហ្វូននេះវិញ ទាំង NEX 3 និង NEX 3 5G បំពាក់អេក្រង់ទំហំ 6.8អ៊ិញ FullHD+ ប្រភេទ AMOLED (ដូចស្មាតហ្វូនដទៃដែរ) ប៉ុន្តែរូបរាងវារាងកោងខ្លាំង ដែលក្រុមហ៊ុនឱ្យឈ្មោះថា “Waterfall FullView Display” សូម្បីតែ Samsung ដែលជាជើងខ្លាំងខាងផលិតអេក្រង់ AMOLED នេះក៏ដោយ ក៏មិនធ្លាប់មានយកមកដាក់លើស្មាតហ្វូនរបស់ខ្លួននៅឡើយដែរ (Samsung ធ្លាប់ប្រកាសចេញអេក្រង់ Edge តែមិនកោងដល់ម្លឹងដែរ)។

    ស្មាតហ្វូន VIVO NEX 3 នេះដែរ មានបំពាក់កាមេរ៉ាចំនួន3 នៅផ្នែកខាងក្រោយ ដែលមានកាមេរ៉ាមេ 64MP និងកាមេរ៉ា 2ទៀតមានកម្រិត 13MP ជាប្រភេទ Wide-Angle និង Telephoto។

    ឯកាមេរ៉ាមុខ Selfie ជាប្រភេទ Pop-Up (ហូតឡើងលើ)មានបង្កប់ក្នុងតួខ្លួនដែលមានទំហំ 16 MP មានបំពាក់មុខងារ Portrait Master ហើយវាមានសមត្ថភាពថតរូបភាពប្រភេទ Wide បានទៀតផង។ ប្រើបន្ទះឈីបចុងក្រោយបង្អស់គឺ Snapdragon 855 Plus ថាមពលថ្មទំហំ 4500mAh និងកម្លាំងសាកថ្មល្បឿនលឿនដល់ 44វ៉ាត់។ស្មាតហ្វូនថ្មីសន្លាងទាំង2 នេះរាងថ្លៃបន្តិចហើយ គ្រាន់តែតម្លៃចាប់ផ្តើមនៅចិន (ជម្រើស RAM 8GB/128GB) គឺ 705ដុល្លារ(4,998យន់) ចំណែកម៉ូដែល 5G (ជម្រើស RAM 8GB/256GB) គឺ 805ដុល្លារ(5,698យន់) និងម៉ូដែល 5G (ជម្រើស RAM 12GB/256GB) គឺ 875ដុល្លារ(6,198យន់)៕

    សូមទស្សនាវីដេអូបង្ហាញរូបរាងពេញខាងក្រោមនេះ៖

  • គូប្រជែង PCX ចេញថ្មី មានប្រព័ន្ធហ្វ្រាំង ABS តម្លៃល្មមគិតគូរបាន

    គូប្រជែង PCX ចេញថ្មី មានប្រព័ន្ធហ្វ្រាំង ABS តម្លៃល្មមគិតគូរបាន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yamaha បានប្រកាសចេញម៉ូដែល Nmax ABS ឆ្នាំ2019 ដែលមានជម្រើស 2ពណ៌ថ្មីឱ្យជ្រើសរើស(ប្រផេះលាយខ្មៅ និងសលាយខ្មៅ) ព្រមទាំងប្រកាសឱ្យដឹងពីតម្លៃច្បាស់ៗទៀតផង។

    ចំពោះ Yamaha NMax ស៊េរីថ្មីនេះ មិនមានមានការកែប្រែរូបរាងខាងក្រៅប៉ុម្មានទេ នៅតែមានប្រើកុងទ័រឌីជីថល គួបផ្សំនឹងការបន្ថែមជម្រើសពណ៌ថ្មីតែប៉ុណ្ណោះ។រីឯលក្ខណសម្បត្តិផ្សេងៗលើម៉ូតូនេះ ក៏មិនសូវខុសពីជំនាន់ប៉ុន្មានដែរ មានដូចជា ដំណើរការដោយម៉ាស៊ីនចំណុះ 155CC ជាមួយបច្ចេកវិទ្យាសន្សំសំចៃសាំង Blue Core អាចផលិតកម្លាំងបាន 15សេះ។ ហ្វ្រាំងម៉ូតូជាប្រភេទហ្វ្រាំងថាស ហើយម៉ូដែលនេះក៏មានជម្រើសជាហ្វ្រាំង ABS ផងដែរ។ ប្រើសម្បកកង់គ្មានពោះវៀន និងមានបំពាក់ដោយអំពូលភ្លើង LED ទៀតផង។ វាអាចផ្ទុកប្រេងឥន្ធនៈបាន 6.6លីត្រ និងមានទម្ងន់ 127គីឡូក្រាម។

    ចំពោះតម្លៃចាប់ផ្តើមគឺ 3,200ដុល្លារ៕