Author: ធឿន មករា

  • 4វិធី​ឆុង​ទឹកដោះគោ​ឱ្យ​កូន​មឹ​ម ដែល​ត្រឹម- ត្រូវ គ្មាន​ពពុះ ការពារ​ទារក​ពី​អាការ​ហើមពោះ

    4វិធី​ឆុង​ទឹកដោះគោ​ឱ្យ​កូន​មឹ​ម ដែល​ត្រឹម- ត្រូវ គ្មាន​ពពុះ ការពារ​ទារក​ពី​អាការ​ហើមពោះ

    ការ​ឆុង​ទឹកដោះគោ​ ជា​ដំណាក់កាល​គ្រឹះ​ដំបូង​ក្នុង​ការ​ចិញ្ចឹម​កូន​ដែល​អាច​ហៅ​បាន​ថា​ ជា​ចំ​ណេះ​ដឹង​មូលដ្ឋាន​សម្រាប់​ស្ត្រីជា​ម្ដាយ​គ្រប់រូប​ ហើយ​អ្នកម្ដាយ​គ្រប់គ្នា​ក៏​ប្រហែលជា​ដឹងពី​វិធី​ការ​ឆុង​ទឹកដោះគោ​ស្រាប់ហើយ​ តែ​ដឹង​ទេ​ថា​ រឿង​ដែល​យើង​គិតថា​ងាយ​ និង​ធ្វើតាមបែប​ដែល​នរ​ណាៗ​ក៏​គេ​ធ្វើ​ដែរ​នោះ​ អាច​ជា​វិធី​ឆុង​ទឹកដោះគោ​ដែល​ស្ត្រីជា​ម្ដាយ​ទាំងអស់​យល់​ច្រឡំ​មករ​ហូត​ ជាពិសេស​ការ​ឆុង​ទឹកដោះគោ​ឱ្យ​ទារក​អាយុ​ 0-3ខែ​ ដែល​ប្រព័ន្ធ​រំលាយអាហារ​នៅ​មិនទាន់​ល្អ​ពេញលេញ​។ ការ​ឆុង​ទឹកដោះគោ​ដែល​មិន​ត្រឹមត្រូវ​ អាច​ធ្វើ​ឱ្យ​កូន​កើត​អាការ​ហើមពោះ​ មិន​ស្រួល​ពោះ​ បត់​ខ្លួន​ចុះឡើង​ញឹកញាប់​ និង​យំ​រករឿង​មិនឈប់​ក៏​មាន​ ដូច្នេះ​ មុននឹង​ឆុង​ទឹកដោះគោ​ឱ្យ​កូន​ អ្នកម្ដាយ​នាំគ្នា​មក​ពិនិត្យមើល​សិន​ប្រសើរ​ជាង​ថា​ តើ​បាន​ធ្វើ​រឿង​ទាំងអស់​នេះ​ដែរ​ឬទេ​?

    1.ដាក់​ម្សៅ​ទឹកដោះគោ​ចូល​ទៅ​ក្នុង​ដប​មុន​ដាក់​ទឹក​… ការពិត​វិញ​ ត្រូវ​ដាក់​ទឹក​ចូល​សិន​​មុននឹង​ដួស​ម្សៅ​ទឹកដោះគោ​ដាក់​ចូល​ទៅ​ អ្នក​ម្ដាយ​ជាច្រើន​តែង​ស៊ាំ​ធ្លាប់​ជាមួយ​ការ​ដួស​ម្សៅ​ទឹកដោះគោ​ដាក់​ចូល​ដប​ទឹកដោះគោ​ រួចហើយ​ទើប​ដាក់​ទឹក​ចូល​ទៅ​។ ការ​ធ្វើបែប​នេះ​ គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​សោះតែ​ម្ដង​ ព្រោះ​ការដែល​អ្នក​ម្ដាយ​ដាក់​ម្សៅ​ទឹកដោះគោ​ចូល​ទៅ​មុន​ នឹង​ធ្វើ​ឱ្យ​បរិមាណ​របស់​ទឹក​តិច​ជាង​ការពិត​ ធ្វើ​ឱ្យ​កូនតូច​បាន​ទទួល​ទឹកដោះគោ​ក្នុង​បរិមាណ​ដែល​ខាប់​ជ្រុល​ និង​អាច​ធ្វើ​ឱ្យ​កូន​កើត​អាការ​ទល់លាមក​បាន​។

    2.ប្រើ​ទឹក​ក្ដៅ​ឆុង​ទឹកដោះគោ​… ការពិត​ទៅ​ ត្រូវ​ ប្រើ​ទឹក​ដាំ​ឆ្អិន​ដែល​ទុក​រហូត​ទាល់តែ​ត្រ​ជាក់​ស្មើនឹង​សីតុណ្ហភាព​ក្នុង​បន្ទប់​ការដែល​អ្នក​ម្ដាយ​ប្រើ​ទឹក​ក្ដៅ​ឆុង​ទឹកដោះគោ​ឱ្យ​កូន​ គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ​ ព្រោះ​ទឹក​ក្ដៅ​នឹង​ធ្វើ​ឱ្យ​ទឹកដោះគោ​ផ្ដុំ​គ្នា​ជា​ដុំ​ៗ និង​បំផ្លាញ​សារធាតុ​អា​ហារ​មួយចំនួន​ដែល​មាននៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ​។ ទឹក​ដាំ​ឆ្អិន​ដែល​មាន​សុវត្ថិភាព​សម្រាប់​កូន​គួរ​ដាក់​នៅក្នុង​ដប​ស្អាត​ដែល​ធ្វើ​ពី​កែវ​ មិនមែន​ប្លា​ស្ទិ​កដែល​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ក្ដៅ​នោះ​ទេ​។

    3.ក្រឡុក​ឡើង​-ចុះ​ខ្លាំង​ៗរហូត​ទឹកដោះ​បាញ់​ចេញ​ឆ្វាច​ពី​ក្បាល​ដប​… គឺជា​វិធី​ដែល​ខុស​​ ព្រោះ​ការពិត​ទៅ​ គ្រាន់​តែលុ​ញ ឬបង្វិល​ដប​ជុំវិញ​ក៏​គ្រប់គ្រាន់​ហើយ​ ​ការក្រ​ឡុក​ឡើង​-ចុះ​បែប​ខ្លាំង​ គឺជា​វិធី​ប្រក្រតី​ដែល​អ្នកម្ដាយ​ទាំងឡាយ​ចូលចិត្ត​ធ្វើ​ ប៉ុន្តែ​វា​ជា​វិធី​ដែល​ធ្វើ​ឱ្យ​កើត​ពពុះ​ច្រើន​បំផុត​ ហើយ​ការដែល​កូន​ជញ្ជក់​ពពុះ​ខ្យល់​ចូល​ទៅ​ ក៏​នឹង​ធ្វើ​ឱ្យ​កើ​តហ្គា​សនៅ​ក្នុង​ក្រពះ​ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​កូន​ហើមពោះ​ និង​មិន​ស្រួល​ក្នុង​ពោះ​។ វិធី​បន្ថយ​អាការ​ហើមពោះ​របស់​កូន​ គឺ​លើក​កូន​ឡើង​ឱ្យ​ភើ​ក្រោយ​ពេល​មឹម​ឆ្អែត​ និង​មិន​ក្រឡុក​ដប​ទឹកដោះគោ​ឡើង​-ចុះ​ខ្លាំង​ៗ តែ​ចូរ​ប្រើ​វិ​ធី​លុញ​ដប​ឱ្យ​វិល​ជុំវិញ​ដោយ​បាតដៃ​ទាំងសងខាង​វិញ​ នឹង​ធ្វើ​ឱ្យ​ម្សៅ​ទឹកដោះគោ​ និង​ទឹក​ចូលគ្នា​បាន​ដោយ​មិនកើត​មាន​ពពុះ​។

    4.ឆុង​ទឹកដោះគោ​ច្រើនជ្រុល​ រហូត​កូន​បៅ​ មិន​អស់​… ការពិត​ គួរ​ឆុង​ល្មមតែ​កូន​បៅ​អស់​ទើប​ជា​ការ​ប្រសើរ​ឆុង​ទឹកដោះគោ​ល្មមតែ​កូន​បៅ​អស់​ ឬបើ​កូន​បៅ​មិន​អស់​ ទឹកដោះគោ​ដែល​សល់​ អាច​រក្សាទុក​បាន​ក្នុង​សីតុណ្ហភាព​ប្រក្រតី​ តែ​មិន​គួរ​លើស​ពី​ 1ម៉ោង​ឡើយ​។ ក្រៅពី​នេះ​ ការ​ឆុង​ទឹក​ដោះ​គោ​ឱ្យ​កូន​បៅ​ច្រើនជ្រុល​ពេក​ អាច​ធ្វើ​ឱ្យ​កើត​សភាវ​ Overfeeding​ ឬរាងកាយ​បាន​ទទួល​ទឹក​ដោះ​គោ​លើស​ពី​ចាំបាច់​ ដូច្នេះ​ឆុង​ល្មមតែ​កូន​អាច​បៅ​អស់​ ដោយ​អ្នកម្ដាយ​អាច​គណនា​បរិមាណ​ទឹក​ដោះ​គោ​ដែល​កូនតូច​ត្រូវការ​ក្នុង​ 1ពេល​ៗ វា​នឹង​ជួយ​បន្ថយ​អា​កា​រក្អែរ​ទឹកដោះ​ ឬក្អួត​ចេញ​មកវិញ​ចំពោះ​ទារក​អាយុ​ 0-3ខែ​បាន​។ មាន​បច្ច័យ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​អ្នកម្ដាយ​ចាំបាច់​ត្រូវតែ​ឆុង​ទឹក​ដោះ​គោ​ឱ្យ​កូន​បៅ​ មិនថា​តែ​អ្នកម្ដាយ​ដែ​លប្រ​សូត​ដោយ​ការវះកាត់​ មិនសូវ​មាន​ទឹកដោះ​ ឬទឹក​ដោះ​ក្រ​ចេញ​ ឬអ្នកម្ដាយ​ដែល​មាន​បញ្ហា​ខាង​សុខ​ភាព​ក្ដី​ តែ​សូមកុំ​ភ្លេច​ថា​ “ទឹកដោះ​ម្ដាយ​” គឺជា​អា​ហារ​ដ៏​ល្អ​បំផុត​សម្រាប់​កូនតូច​វ័យ​ 0-6ខែ​ ហើយ​ទឹកដោះ​ម្ដាយ​ គឺជា​អាហារ​ចម្បង​ដែល​ល្អ​ចំពោះ​កូន​ខ្លាំង​បំផុត​៕

  • ផ្លែ​ដូងក្រអូប​ខ្មែរ​កំពុង​មាន​ទីផ្សារ​ល្អ​ និង​ត្រៀម​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​

    ផ្លែ​ដូងក្រអូប​ខ្មែរ​កំពុង​មាន​ទីផ្សារ​ល្អ​ និង​ត្រៀម​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​

    ដូងក្រអូប​បាន​ក្លាយជា​ផ្លែឈើ​ពាណិជ្ជកម្ម​មួយ​ក្នុងចំណោម​ផ្លែឈើ​ចំនួន​ 6មុខ​ដែល​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ប្រកាស​ឱ្យ​កសិករ​ម្ចាស់​ចម្ការ​ ម្ចាស់​កសិដ្ឋាន​ ម្ចាស់​សហគ្រាស​ និង​សិប្បកម្ម​កែច្នៃ​ផ្លែឈើ​ដែល​មានបំណង​ចង់​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​ ជាពិសេស​ប្រទេស​ចិន​នោះ​ អាច​ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​។

    យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​ បានឱ្យ​ដឹង​ថា​ ដំណាំ​កសិកម្ម​ហូប​ផ្លែ​ចំនួន​6មុខ​ ដែល​រួមមាន​ផ្លែ​សា្វ​យស្រស់​ ផ្លែ​មៀន​ប៉ៃលិន​ម្រេច​ ផ្លែ​ស្រកានាគ​ ទឹកមាត់​ត្រចៀកកាំ​ និង​ដូង​ក្រអូប​ ត្រូវ​បាន​ជំរុញ​ឱ្យ​មានការ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ឆ្នាំ2020​ ដែល​នេះ​ជា​ដំណឹង​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ម្ចាស់​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ និង​កសិករ​ដែល​ដាំដំណាំ​ហូប​ផ្លែ​ផ្សេង​។នៅក្នុង​សេចក្តី​ប្រកាស​ដដែល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ មុននឹង​អាច​ធ្វើការ​នាំចេញ​បាន​ ប្រទេស​ចិន​បាន​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើតាម​លក្ខខណ្ឌ​អនា​ម័យ​ផ្សេង​ៗឱ្យ​ត្រឹមត្រូវ​។ អាស្រ័យហេតុ​នេះ​ អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​អំពាវនាវ​ដល់​កសិករ​និង​ម្ចាស់​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ ដែល​មានបំណង​ចង់​នាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​នោះ​អាច​ទំនាក់ទំនង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ចាប់ពី​ថ្ងែ​ជូនដំណឹង​នេះ​តទៅ​រៀងរាល់​ម៉ោង​ធ្វើការ​ ដើម្បី​ឱ្យ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ចាត់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ និង​បណ្តុះបណ្តាល​កែតម្រូវ​បច្ចេកទេស​ជូន​តាម​ជាក់ស្តែង​ ដើម្បី​ធានា​នូវ​អនុលោម​ភាព​តាម​លក្ខខណ្ឌ​អនាម័យ​របស់​ប្រទេស​ចិន​។ អាស្រ័យហេតុ​នេះ​ហើយ​ ទើប​កសិករ​អ្នក​ដាំ​ដើមដូង​ក្រអូប​មួយចំនួន​បាន​និង​កំពុង​ពង្រីក​ការ​ដាំ​ដើមដូង​ក្រអូប​របស់​ខ្លួន​បន្ថែម​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។

    លោក​ ពៅ​ ប៊ុ​នថូ​ ជា​ម្ចាស់​កសិដ្ឋាន​ដូងក្រអូប​នៅ​ភូមិ​វាល​ធំ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេ​ត្ព​ព្រះសីហនុ​បាន​រៀបរាប់​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“មូលហេតុ​ដែល​ខ្ញុំ​ និង​កសិករ​ខ្មែរយើង​មួយចំនួន​ចាប់អារម្មណ៍​ងាក​មក​ដាំ​ដើមដូង​ក្រអូប​មួយ​រយៈ​កន្លងមក​នេះ​ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ​ដូងក្រអូប​ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​កសិផល​ផ្សេង​ៗឡើយ​ ព្រោះ​ផ្លែ​ដូងក្រអូប​នេះ​វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ហើយ​រសជាតិ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​សុខភាព​ទៀតផង​”។

    ម្ចាស់​កសិដ្ឋាន​មាន​បទ​ពិសោធ​ខាង​កសិកម្ម​រូប​នេះ​បាន​រៀបរាប់​ថា​៖“កាលពី​ 3-4ឆ្នាំមុន​ នៅ​ស្រុកខ្មែរ​ពុំ​ទាន់​មានការ​បណ្តុះ​ពូជ​ដូងក្រអូប​ទេ​ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ​ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​ដាំ​ ដូចជា​កសិដ្ឋាន​របស់ខ្ញុំ​ក៏​ដាំដូង​ក្រអូប​ពូជ​ពី​ថៃ​ និង​ម៉ាឡេស៊ី​ដែរ​ ដែល​កសិដ្ឋាន​ក្នុង​ស្រុក​យើង​គេ​នាំចូល​មក​លក់​”។

    លោក​ ប៊ុ​នថូ​ បានឱ្យ​ដឹង​ទៀត​ថា​៖“ដើមដូង​ក្រអូប​នេះ​មិន​ពិបាក​ដាំ​ និង​ថែទាំ​ដូចដើម​ឈើ​ហូប​ផ្លែ​ផ្សេង​ៗនោះ​ទេ​ ពោល​គឺ​វា​ត្រូវការ​តែ​ទឹក​ និង​ជី​បំប៉ន​គល់​តែប៉ុណ្ណោះ​ ហើយ​ចម្ការ​របស់ខ្ញុំ​មាន​ទីតាំង​នៅ​ជិត​ដៃ​ព្រែក​តែម្ដង​ រឹតតែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​មើលថែ​ទាំ​ទៅទៀត​”។

    លោក​បានឱ្យ​ដឹង​ថា​ ចំពោះ​វិធី​ដាំ​វិញ​ គេ​ត្រូវ​ជីក​រណ្តៅ​ទំហំ​ 1ម៉ែត្រ​ 4ជ្រុង​ ជម្រៅ​ 1ម៉ែត្រ​ បើ​បាន​ធំ​ និង​ជ្រៅ​ជាង​នេះ​រឹតតែ​ល្អ​ ហើយ​ត្រូវ​លាយ​ដី​ល្អជា​មួយ​ជីកំប៉ុស​ កម្ទេច​ស្លឹកឈើ​ងាប់​ដាក់​ចូល​ឱ្យ​ពេញ​រណ្តៅ​។ ដី​សម្រាប់​ដាំ​ដើមដូង​ក្រអូប​នេះ​ត្រូវ​មាន​ដង្ហើមទឹក​រា​ក់ៗ​ចាប់ពី​ 3ម៉ែត្រ​ទៅ​ 8ម៉ែត្រ​ គិត​ពី​នីវ៉ូទឹក​មក​ដី​ខាងលើ​ ជា​ដី​ដែល​មិន​លិចទឹក​ តែ​ត្រូវ​មាន​សំណើម​ទឹក​ និង​ជា​តំបន់​ដែល​ឧស្សាហ៍​មាន​ភ្លៀង​ធ្លាក់​ទៀតផង​។

    លោក​បាន​បញ្ជាក់​ថា​ គេ​ចាំបាច់​ត្រូវ​រៀប​ប្រព័ន្ធ​បន្តក់​ទឹក​ ឬប្រព័ន្ធ​ទឹក​សាច​ ឬធ្វើ​ប្រឡាយ​ទឹក​ ដែល​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​បន្តិច​ ដោយ​គេ​ត្រូវ​បន្តក់​ទឹក​លើ​រណ្ដៅ​កូន​ដូងក្រអូប​ជា​រៀងរាល់ថ្ងៃ​ នៅ​រដូវ​ក្តៅ​ ឬបើ​ទឹក​ឱ្យ​សាច​ដាក់រៀង​រាល់​ 3ថ្ងៃ​ម្តង​ ព្រោះ​ប្រព័ន្ធ​បន្តក់​ទឹក​នេះ​វា​ជួយ​សម្លាប់សត្វ​ល្អិត​ នៅ​ខាងក្រោម​ឫសដូង​ និង​ជួយ​ឱ្យ​ដើមដូង​លូតលាស់​បាន​ល្អ​ ឆាប់​ចេញ​ផ្លែ​ ផ្លែ​បាន​ច្រើន​ ធំៗ​ល្អ​ និង​ផ្លែ​មាន​ទឹក​ច្រើន​។

    ការថែទាំ​ គេ​ត្រូវ​ថែម​ជីកំប៉ុស​ និង​ជី NPK​ ភ្ជួរ​ជ្រោយ​ដី​ និង​កាត់​ស្មៅ​រៀងរាល់​ឆ្នាំ​ ដាក់​អំបិល​ជុំវិញ​គល់​ដើម្បី​ការពារ​ពី​សត្វល្អិត​ស៊ី​ឫស​ដួង​ និង​បន្សាប​ជាតិ​អាស៊ីត​របស់​ដី​។ ជី​កំ​ប៉ុ​ស្ត៍​វា​នឹង​ជួយ​ដល់​ការលូតលាស់​បាន​ល្អ​ ធ្វើ​ឱ្យ​ទឹកដូង​មាន​រសជាតិ​ឆ្ងាញ់​ក្រអូប​ សាច់​ក្រាស់​ និង​ផ្អែម​ឆ្ងាញ់​ មាន​សារធាតុ​រ៉ែ​និង​វីតាមីន​ច្រើន​ ជាពិសេស​ធ្វើ​ឱ្យ​ដើមដូង​មាន​សុខភាព​រឹងមាំ​ល្អ​។

    លោក​បាន​ប្រាប់​ទៀត​ថា​ កាលពី​ពេល​លោក​យក​ដូងក្រអូប​ពី​ថៃ​មក​ដាំ​ ពេលនោះ​លោក​មិនបាន​រៀន​ពី​បច្ចេកទេស​ដាំដុះ​ទេ​ តែ​លោក​បាន​ស្វែងរក​បទ​ពិសោធ​បច្ចេកទេស​ក្នុង​ការ​ដាំ​ និង​ថែទាំ​ពី​ចម្ការ​របស់​អ្នកស្រុក​ជិតខាង​។ ចំពោះ​ការ​ដាំ​វិញ​ នៅ​ខេត្ត​ព្រះសីហនុ​ និង​កោះកុង​ ក្នុង​ 1ហិ​កតា​គេ​ដាំ​បាន​ 100ដើម​ (គេ​ដាំ​ខុសគ្នា​តាម​តំបន់​) បើ​នៅ​ត្បូងឃ្មុំ​ និង​កំពង់ចាម​វិញ​ គេ​ដាំ​ 1ហិ​កតា​បាន​ 150ដើម​ ទៅតាម​ទម្លាប់​របស់​ពូក​គេ​។

    ជាទូទៅ​ដូងក្រអូប​ឱ្យ​ផល​បាន​ពេញ​ 1ឆ្នាំ​ ប៉ុន្តែ​ការ​ទទួល​បានផល​ពី​ដូង​នេះ​ បាន​ច្រើន​ ឬតិច​ វា​ក៏​អាស្រ័យ​ទៅលើ​ការថែទាំ​ និង​នៅ​តាម​រដូវ​កាល​ផង​ដែរ​។ រដូវវស្សា​ដូង​ឱ្យ​ផល​បាន​ច្រើន​ និង​ល្អ​ តែ​ទិន្នផល​នឹង​ថយ​ចុះ​នៅ​រដូវប្រាំង​ ដោយសារ​អាកាសធាតុ​ក្តៅ​ និង​មាន​ទឹក​មិន​គ្រប់គ្រាន់​។

    លោក​ ប៊ុ​នថូ​ប្រាប់​ថា​៖“ដូងក្រអូប​ 1ដើម​នឹង​ហុច​ផល​ឱ្យ​ក្រោយ​រយៈពេល​ថែទាំ​យ៉ាង​យូរ​ 3 ទៅ​ 4ឆ្នាំ​ ដោយ​នឹង​ទទួល​បាន​ទិន្នផល​ពី​ 180​ ទៅ​ 200ផ្លែ​ ឬលើស​ពីនេះ​ក្នុង​ 1ឆ្នាំ​”។លោក​ ប៊ុ​នថូ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖“ដើមដូង​ក្រអូប​គេ​អាច​ទទួលផល​បាន​រយៈពេល​ 6-7ខែ​ក្នុង​ 1ឆ្នាំ​ គឺ​ចាប់ពី​ខែ12​ ដល់​ខែ6​ ដល់​ខែ7​ ទិន្នផល​នឹង​ចាប់ផ្តើម​ថយ​ចុះ​។ សម្រាប់​ខ្ញុំ​ ការចែកចាយ​លក់​មិន​លំបាក​ទេ​ គឺ​មាន​ម៉ូយ​ស្រាប់​ ព្រោះ​លក់​ជាង​ 10ឆ្នាំ​មក​ហើយ​ និង​មាន​ម៉ូយ​នៅ​គ្រប់​ខេត្ត​ ដូចជា​ខេត្ត​ព្រះសីហនុ​ កោះកុង​ និង​នៅ​ភ្នំពេញ​ក៏​មាន​”។

    លោក​ ប៊ុ​នថូ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ខ្ញុំ​មានផ្ទៃ​ដី​ដាំដុះ​ចំនួន​ 45ហិ​កតា​ ស្មើនឹង​ 4,500ដើម​ ខ្ញុំ​អាច​រកចំណូល​បាន​តាមរយៈ​ចម្ការ​ដូងក្រអូប​នេះ​ ដោយមាន​បុគ្គលិក​ កម្មករ​ មើល​ការខុសត្រូវ​ថែទាំ​ចំនួន​ 30នាក់​។ ខ្ញុំ​ក៏​មានបំណង​ចង់​នាំ​ផ្លែ​ដូងក្រអូប​របស់ខ្ញុំ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដែរ​ ព្រោះថា​ អាច​នឹង​លក់​បាន​ថ្លៃជាង​លក់​ក្នុង​ស្រុក​ និង​ចង់​ដឹង​ថា​ តើ​ផលិតផល​របស់ខ្ញុំ​ត្រូវ​នឹង​ស្តង់​ដា​អនាម័យ​ដែលគេ​កំណត់​ឬទេ​? ម្យ៉ាងទៀត​បច្ចុប្បន្ន​នេះ​ខ្ញុំ​កំពុង​ពង្រីក​ការ​ដាំដូង​ក្រអូប​ចំនួន​ 3,000ដើម​ថែមទៀត​ ព្រោះ​វា​កំពុងតែ​មាន​តម្រូវការ​ទីផ្សារ​ល្អ​ និង​ចង់​ជំរុញ​ការនាំចេញ​ទីផ្សារ​ក្រៅ​ផង​ដែរ​”៕

  • 7វិធី​ការពារ​ខ្លួន​ ពី​អាការ “រោគ​ប្រតិកម្ម​ចាញ់​ អាកាសធាតុ”

    7វិធី​ការពារ​ខ្លួន​ ពី​អាការ “រោគ​ប្រតិកម្ម​ចាញ់​ អាកាសធាតុ”

    រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​នេះ​ អាច​មាន​មនុស្សជា​ច្រើន​គិតថា​ វា​ត្រឹមតែ​ជា​រោគ​ស្រាល​ៗ គ្រាន់តែ​ចៀសវាង​មិន​ឱ្យ​ត្រូវ​លម្អង​ភ្លៀង​ក៏​ប្រហែលជា​មិន​ឈឺ​បាត់​ទៅ​ហើយ​។ តើ​វា​ជា​ការ​ងាយស្រួល​ដល់​ថ្នាក់​ហ្នឹង​មែនទេ​?ប្រសិនបើ​មាន​អាការ​ក្អក​ ហូរ​ទឹកសំបោរ​ រលាក​ច្រមុះ​ រមាស់​បំពង់ក​ និង​ក្អក​ស្ងួត​អស់​រយៈពេល​ពី1​-2ខែ​ នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ដើម្បី​រក​មូលហេតុ​នៃ​ជំងឺ​ពិតប្រាកដ​។

    អាច​ដែល​ទេ​ អ្នក​កំពុងតែ​កើតជំងឺ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​ ? ដើម្បី​ឱ្យ​ជាក់ច្បាស់​អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ មិន​ដូច្នេះ​ទេ​វា​អាច​បណ្ដាល​ឱ្យ​សុខភាព​អ្នក​កាន់តែ​ទ្រុត​ទ្រោម​ ហើយ​ចំណាយ​ថវិកា​ក្នុង​ការ​ព្យាបាល​កាន់តែ​ច្រើន​ថែមទៀត​។ “រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​” បើ​មិន​ព្យាបាល​ ឬព្យាបាល​មិន​បាន​ត្រឹមត្រូវ​ទេ​ ក៏​បណ្ដាល​ឱ្យ​កើតរោគ​ជំងឺ​ផ្សេង​ទៀត​ដូចជា​ ជំងឺ​រលាក​ភ្នាស​រន្ធច្រមុះ​រាំ​រ៉ៃ​ ឬកើតឫស​ដូង​ច្រមុះ​ជាដើម​។ ជំងឺ​ទាំងអស់​នេះ​ចាំបាច់​ត្រូវការ​វះកាត់​ដើម្បី​ព្យាបាល​ និង​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចុក​ចាប់​នៅពេល​ក្រោយ​ផង​ដែរ​។ អ្នក​ក៏​កាន់តែ​ខាតបង់​ពេលវេលា​ និង​ប្រាក់កាស​ក្នុង​ការ​ព្យាបាល​ជំងឺ​ទាំងនោះ​ ប្រសិនបើ​អ្នក​ប្រកាន់​ភ្ជាប់​នូវ​ទង្វើ​ធ្វេសប្រហែស​ចំពោះ​សុខភាព​។ ដូច្នេះ​ហើយ​ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូម​ណែនាំ​អំពី​វិធី​ទាំង7យ៉ាង​ក្នុង​ការ​ការពារ​ខ្លួន​ឱ្យ​រួចផុត​ពី​ជំងឺ​ប្រតិកម្ម​ចាញ់​នេះ​។

    1. ចៀសវាង​វត្ថុ​ងាយ​ប្រតិកម្ម​ការ​ប្រយ័ត្ន​មិន​ប៉ះពាល់​វត្ថុ​ដែល​ធ្វើ​ឱ្យ​ងាយ​ប្រតិកម្ម​ គឺជា​វិធី​ដែល​ល្អ​បំផុត​ និង​ជួយ​ដាស់​ស្មារតី​អ្នក​ឱ្យ​ប្រុងប្រៀប​ខ្លួន​ដូចគ្នា​។ អ្វី​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​រួមមាន​ ធូលី​ វត្ថុ​កខ្វក់​ លម្អង​ទឹកភ្លៀង​ និង​វត្ថុ​នៅក្នុង​ផ្ទះ​ដែល​មាន​ធូលី​កាន់ជាប់​មិនបាន​សម្អាត​។ មួយវិញទៀត​ អ្នក​ត្រូវ​តែ​ធ្វើការ​សម្អាត​ក្នុង​ផ្ទះ​ឱ្យ​បាន​ស្អាត​ដូចជា​ កន្លែង​អង្គុយលេង​ បន្ទប់គេង​ កន្លែង​ទទួលទាន​អាហារ​ បន្ទប់​ចម្អិន​អាហារ​ ឬកន្លែង​ឃ្លាំង​ឥវ៉ាន់​ និង​សម្ភារ​មិន​ប្រើប្រាស់​ជាដើម​។ ចំពោះ​បន្ទប់គេង​ អ្នក​ត្រូវ​បើក​បង្អួច​ឱ្យ​មាន​ពន្លឺ​គ្រប់គ្រាន់​ ជាពិសេស​ធ្វើការ​សម្អាត​ផ្លាស់ប្ដូរ​ស្រោមខ្នើយ​ ភួយ​ និង​ពូក​ 2ដង​ក្នុង​មួយ​សប្ដាហ៍​យ៉ាងហោចណាស់​។

    2. ចៀសវាង​ពី​សារធាតុ​ឈួល​ទឹកអប់​មាន​ក្លិន​ខ្លាំង​ ស្រៃ្បយ៍​បាញ់​ខ្លួន​ ផ្សែង​ធូប​ ផ្សែង​បារី​ និង​ផ្សែង​រថយន្ដ​ជាដើម​ ជា​សារធាតុ​ដែល​មាន​ក្លិនឈួល​ងាយ​ធ្វើ​ឱ្យ​រលា​កភ្នាស់​រន្ធច្រមុះ​។ អ្នក​គួរតែ​ចៀសវាង​យ៉ាង​ដាច់ខាត​ពី​ក្លិន​ផ្សែង​ទាំងអស់​នេះ​ ហើយ​ព្រមទាំង​ចៀសវាង​ពី​កន្លែងណា​ដែល​ងាយ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ដូចជា​ បន្ទប់​ម៉ា​ស៊ី​ត្រជាក់​ ឬបន្ទប់​ស្ទីម​ ដែល​កាន់តែ​ធ្វើ​ឱ្យ​រោគ​ជំងឺ​កម្រើក​ខ្លាំង​ឡើង​។ ប្រសិនបើ​អ្នកដើរ​កាត់​កន្លែង​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ នោះ​អ្នក​គប្បី​រក​កន្លែង​ត្រជាក់​ឈប់​មួយសន្ទុះ​សិន​ ហើយ​ត្រូវ​ប្រើ​ម៉ាស​ខ្ទប់​ច្រមុះ​ ដើម្បី​ការពារ​ការ​ឈួល​កម្ដៅ​ ជាហេតុ​ធ្វើ​ឱ្យ​ជំងឺ​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។

    3. ហាត់ប្រាណ​ការ​ធ្វើលំ​ហាត់ប្រាណ​ គឺ​ដើម្បី​បន្ថយ​ការ​កម្រើក​រោគ​ជំងឺ​ប្រតិកម្ម​ចាញ់​អា​-កាស​ធាតុ​ ព្រោះ​វា​ជា​វិធី​មួយ​ដែល​មានមុខ​ងារ​រំញោច​ការលូតលាស់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​សរីរាង្គ​កាយ​របស់​មនុស្សយើង​។ មិន​តែប៉ុណ្ណោះ​ វា​បាន​ជួយ​ឱ្យ​រាងកាយ​មាន​សុខភាព​រាងកាយ​ល្អ​ បូក​រួម​ទាំង​សុខភាព​ផ្លូវចិត្ត​ល្អ​ផង​ដែរ​។ ការ​ធ្វើលំ​ហាត់ប្រាណ​ត្រឹមត្រូវ​បាន​ទៀងទាត់​ និង​មិន​ច្រើន​ពេក​ មិន​តិច​ពេក​ គឺជា​ការបង្កើត​ភាពស៊ាំ​ដល់​រាងកាយ​បាន​យ៉ាង​ប្រសើរ​។

    4. បរិភោគ​អាហារ​ដែល​មានប្រយោជន៍​អាហារ​ដែល​មានគុណ​ប្រយោជន៍​ ក្រៅ​ពី​ល្អ​សម្រាប់​រាងកាយ​ហើយ​នោះ​ វា​ក៏​បាន​ជួយ​បំពេញបន្ថែម​នូវ​ប្រព័ន្ធ​ស៊ាំ​ការពារ​ជំងឺ​ប្រតិកម្ម​ចាញ់​នេះ​ផង​ដែរ​។ ជាពិសេស​អាហារ​ដូចជា​ ប្រូ​តេ​អុីន​ បន្លែ​ និង​ផ្លែឈើ​ គឺ​សុទ្ធតែ​ធ្វើ​ឱ្យ​សុខភាព​កាន់តែ​រឹងមាំ​។

    5. ការ​គេង​សម្រាក​គ្រប់គ្រាន់​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ គឺជា​ឱសថ​ដែល​មនុស្ស​តែងតែ​មើល​រំលង​។ មនុស្ស​ក្នុង​មួយ​ថ្ងៃ​ៗបាន​ប្រើ​ថាមពល​ក្នុង​ខ្លួន​ដើម្បី​ធ្វើការងារ​ជាច្រើន​ ដូច្នេះ​រាងកាយ​របស់​អ្នក​ក៏​ត្រូវការ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។ប្រសិនបើ​រាងកាយ​ហត់នឿយ​ខ្លាំង​ ខ្វះ​ការសម្រាក​វា​ដូចជា​ការ​បើកឱកាស​ឱ្យ​ជំងឺ​ចូល​មក​វាយលុក​ក្នុង​រាងកាយ​ និង​ខាតបង់​ប្រាក់ចំណូល​។ ដូច្នេះ​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ មិន​តិច​ជាង6​-8 ម៉ោង​ក្នុង​មួយថ្ងៃ​ គឺជា​ឱសថ​ដ៏​មានប្រសិទ្ធភាព​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​។

    6. ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ចំពោះ​អ្នកជំងឺ​ប្រតិកម្ម​ចាញ់​អាកាស​ធាតុ​ សូម​ធ្វើការ​ពិគ្រោះ​ និង​ពិនិត្យ​រោគ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ផ្ដល់​ការប្រើ​ប្រាស់​ថ្នាំ​បាន​យ៉ាង​ត្រឹមត្រូវ​។ ចៀសវាង​ការទិញ​ថ្នាំ​ប្រើប្រាស់​ដោយខ្លួនឯង​ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្នាស​ច្រមុះ​របស់​អ្នក​។ អ្នក​គួរតែ​តម​ដាច់ខាត​ពី​ការប្រើ​ថ្នាំ​ផ្សះ​ ឬប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​។

    7. ត្រូវ​មក​ពិនិត្យ​ និង​ព្យាបាល​តាម​ការណាត់ជួប​របស់​គ្រូពេទ្យ​អ្នកជំងឺ​ដែល​ត្រូវការ​ការ​ព្យាបាល​ដោយ​ការ​ចាក់ថ្នាំ​ ដើម្បី​ជំរុញ​ភាព​ប្រព័ន្ធ​ស៊ាំ​ឡើង​វិញ​ គឺ​តម្រូវ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ និង​សហការ​ជាមួយ​គ្រូពេទ្យ​ អ្នកជំងឺ​ត្រូវ​មក​ទទួល​ការ​ចាក់ថ្នាំ​ឱ្យ​បាន​ទៀងទាត់​តាម​ការណាត់ជួប​របស់​គ្រូពេទ្យ​ នោះ​ទើប​ធ្វើ​ឱ្យ​ការ​ព្យាបាល​មានប្រសិទ្ធភាព​ពិតប្រាកដ​៕

  • ត្រឹម​ឆ្នាំ2030​ ការ​អភិវឌ្ឍ​លំនៅឋាន​នឹង​កើនឡើង​ដល់​ជិត​កន្លះ​លាន​ខ្នង​

    ត្រឹម​ឆ្នាំ2030​ ការ​អភិវឌ្ឍ​លំនៅឋាន​នឹង​កើនឡើង​ដល់​ជិត​កន្លះ​លាន​ខ្នង​

    យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​VTrust​ Appraisal​ ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ នៅក្នុងចំណោម​ខណ្ឌ​ទាំង14​ នៅ​រាជធានី​ភ្នំពេញ​ មាន​ខណ្ឌ​ចំនួន7​ បាន​និង​កំពុង​មាន​សកម្មភាព​មមាញឹក​ក្នុង​ការសាងសង់​សំណង់​លំនៅឋាន​ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ដែល​នឹង​ធ្វើ​ឱ្យ​កើនឡើង​រហូតដល់​ជិត​កន្លះ​លាន​ខ្នង​នៅ​ឆ្នាំ2030​។

    ឯកសារ​ដែល​មាន​ចំណងជើង​ថា​ “ភ្នំពេញ​ឆ្នាំ​2030​” បាន​បង្ហាញថា​ លំនៅឋាន​ដែល​បាន​ និង​កំពុង​សាងសង់​នឹង​កើនឡើង​ 3ដង​ក្នុងរយៈពេល​ 13ឆ្នាំ​ខាងមុខ​។ ក្រុមហ៊ុន​វាយតម្លៃ​ខាងលើ​បាន​អះអាង​ថា​បច្ចុប្បន្ន​ចំនួន​លំនៅឋាន​សរុប​មាន​ចំនួន​ 150,000​ខ្នង​ ប៉ុន្តែ​នឹង​កើនឡើង​ដល់​ 450,000​ នៅ​ឆ្នាំ2030​។

    របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ខណ្ឌ​ទាំង7​ ដែល​បាន​ជាប់​ក្នុង​កំណត់ត្រា​ក្នុង​ការ​ផ្គត់ផ្គង់​លំនៅឋាន​យ៉ាងសកម្ម​ ដែល​ជំរុញ​ឱ្យ​មាន​កំណើន​លំនៅ​ឋាន​ថ្មី​ៗនៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ រួមមាន​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែនសុខ​ ខណ្ឌដង្កោ​ ខណ្ឌឫស្សីកែវ​ ខណ្ឌ​ច្បារអំពៅ​ ខណ្ឌ​មាន​ ជ័យ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ។

    ក្នុងចំណោម​ខណ្ឌ​ទាំងនេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បច្ចុប្បន្ន​មានការ​ផ្គត់ផ្គង់​ធំជាង​គេ​ ដែល​មានផ្ទះ​ជិត​ 50,000ខ្នង​។ ខណ្ឌ​សែនសុខ​ និង​ខណ្ឌដង្កោ​ មាន​ត្រឹមតែ​ប្រមាណ​ជាង​ 2ម៉ឺន​ខ្នង​ប៉ុណ្ណោះ​ តែ​ទោះ​យ៉ាងណាក្ដី​ របាយការណ៍​របស់​ វី​ត្រាស់​ បាន​ព្យាករ​ថា​ មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ខណ្ឌដង្កោ​ ដែល​ការ​ព្យាករ​នេះ​បាន​អះអាង​ថា​ នឹង​មានផ្ទះ​ជិត​ 100,000​ខ្នង​នៅ​ឆ្នាំ2030​។

    របាយការណ៍​របស់​ VTrust​ នេះ​បាន​រំពឹង​ថា​ ជា​មធ្យម​ ការ​ផ្គត់ផ្គង់​លំនៅឋាន​បាន​កើន​ដល់25,000​ខ្នង​ក្នុង​ 1ឆ្នាំ​ និង​មាន​អត្រាកំណើន​ 9%នៃ​ការ​ផ្គត់ផ្គង់​លំនៅឋាន​ ដោយសារ​កំណើន​ប្រជាសាស្ត្រ​ និង​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​។

    លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​របស់​ V-Trust​ Appraisal​ ដែល​ជា​អ្នកនិពន្ធ​របាយការណ៍​ “ភ្នំពេញ​ឆ្នាំ2030​” បាន​លើកឡើង​ថា​ រាជធានី​ភ្នំពេញ​បាន​មើលឃើញ​កំណើនប្រជាជន​ប្រមាណ​ 4%ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ នៅពេល​ដែល​ប្រជាជន​កាន់តែ​ស្វែងរក​ឱកាស​នៅក្នុង​ទីក្រុង​ ហើយ​ប្រជាជន​ទាំងអស់​នេះ​ជា​អ្នកចំណូលថ្មី​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ

    នៅក្នុង​ប្រទេស​ ជាពិសេស​ខេត្ត​នៅ​ជាប់​ភ្នំពេញ​។លោក​បាន​បន្ថែម​ទៀត​ថា​៖“ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​ប្រជាជន​នៅក្នុង​ទីក្រុង​ និង​ការ​កើនឡើង​នៃ​លំហូរ​ជន​អន្តោប្រវេសន៍​ចូល​មក​ថ្មី​ៗ ដែល​មក​ពី​តំបន់​ផ្សេង​ៗនៃ​ប្រទេស​ ដើម្បី​មក​តាំងទី​លំនៅ​ក្នុង​ទីក្រុង​ នឹង​ជំរុញ​តម្រូវការ​ផ្ទះ​កាន់តែ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​”។

    លោក​ សីហា​ បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ទាំងនេះ​ គឺ​តម្រូវ​ឱ្យ​មានការ​ផ្គត់ផ្គង់​លំនៅឋាន​ជាចាំបាច់​ ខណៈ​ដែល​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារឯកជន​ក៏​ កាន់តែ​មាន​លក្ខខណ្ឌ​ងាយស្រួល​ដោយ​ការ​បង់​រំលស់​ ផ្តល់​ឱកាស​ដល់​ប្រជាជន​សម្រាប់​វិស័យ​លំនៅឋាន​ដែល​បាន​ជំរុញ​ឱ្យ​មានលទ្ធភាព​អាច​ទិញ​ផ្ទះ​បាន​ ហើយ​កត្តា​នេះ​បាន​ជំរុញ​កំណើន​ការសាងសង់​ និង​ផ្គត់ផ្គង់​បន្ត​ទៀត​”។

    លោក​ ង៉ែត​ ជូ​ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ Emerging​ Markets​ Consulting​ (EMC​) ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​៖“មានការ​ព្រួយបារម្ភ​នៅក្នុង​ចំណែក​ទីផ្សារ​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​។ព្រោះ​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗសម្រាប់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ បាន​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​”។

    លោ​កជូ​បាន​អះអាង​ថា​ បច្ចុប្បន្ន​តម្លៃ​ដីធ្លី​កំពុង​កើនឡើង​ចន្លោះ​ពី​ 7-10​%ក្នុង​ 1ឆ្នាំ​អាស្រ័យ​លើ​ទីតាំង​។ ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​នឹង​វិបត្តិ​លំនៅឋាន​នា​ពេល​អនាគត​ ជាពិសេស​ក្នុងចំណោម​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​។

    លោក​ ង៉ែត​ ជូ​ បាន​ថ្លែង​ថា​ ៖“ទោះជាយ៉ាងណា​ ការ​ផ្គត់ផ្គង់​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​នា​ពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ មិន​ឆ្លើយតប​នឹង​កម្រិតជីវភាព​របស់​កម្មករ​ទេ​ ព្រោះ​ផ្ទះ​មួយ​ខ្នង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច​ 25,000ដុល្លារ​។ វិបត្តិ​នេះ​បាន​កើតឡើង​រួចហើយ​នៅ​ក្រុង​ហុងកុង​ ដូច្នេះ​កម្ពុជា​គួរតែ​រៀន​ និង​ត្រៀមខ្លួន​ជាមុន​។ បើ​និយាយ​ពីអ​ត្រា​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ នៅតែ​ទាប​បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ផ្សេងទៀត​”។

    លោក​បាន​លើកឡើង​ដោយ​យក​ទិន្នន័យ​របស់​Global​ Property​ Guide​ ដែល​ថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅ​ទីក្រុង​ក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ប្រមាណ​ 2,900ដុល្លារ​ក្នុង​ 1ម៉ែត្រការ៉េ​។ នៅ​ប្រទេស​ថៃ​មាន​តម្លៃ​ 3,90០ដុល្លារ​ នៅ​ប្រទេស​ឥណ្ឌា​មានតម្លៃ​ 10,90០ដុល្លារ​ នៅ​ប្រទេស​ចិន​មានតម្លៃ​ 11,800​ដុល្លារ​ នៅ​សិង្ហបុរី​មានតម្លៃ​ 13,700ដុល្លារ​ និង​នៅ​ក្រុង​ហុងកុង​មានតម្លៃ​ 28,500ដុល្លារ​ក្នុង1ម៉ែត្រការ៉េ​៕

  • ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ នឹង​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល​លែង​ប្រើ​ក្រដាស​ស្នាម​

    ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ នឹង​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល​លែង​ប្រើ​ក្រដាស​ស្នាម​

    រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​ លេខា​កាលពី​2ឆ្នាំមុន​ តាមរយៈ​ការ​ចូល​ជាស​មា​ជិ​កសន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ ស្តី​ពី​ប្រតិបត្តិ​ការ​នេះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៃ​ការបង្កើត​គណៈកម្មាធិការ​ជាតិ​បញ្ជរ​តែមួយ​ និង​ការប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ​រដ្ឋសភា​ជាតិ​ធ្វើការ​អនុម័ត​ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​ថា​៖“សក្តា​នុ​ពល​ និង​សារៈសំខាន់​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​ សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ និង​ការជំរុញ​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​តម្លាភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​នៅ​តាម​ប្រទេស​ក្នុង​តំបន់​ដើម្បី​បង្កើត​ភាព​សុខដុម​នី​យក​ម្ម​សម្រាប់​ពិភពលោក​ក្នុងរយៈពេល​យូរអង្វែង​ និង​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ជាច្រើន​ ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​នីតិវិធី​រដ្ឋបាល​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​”។

    លោកជំទាវ​ រដ្ឋលេខាធិការ​ បាន​ជម្រាប​ជូន​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​ តាមរយៈ​ការ​កែសម្រួល​នីតិវិធី​រដ្ឋបាល​ ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ទិន្នន័យ​គយ​ (ASYCUDA​) ការ​ដាក់ចេញ​នូវ​កំណែ​ ទម្រង់​និង​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ ការ​ធ្វើ​បច្ចុប្បន្នភាព​ និង​ការ​ចងក្រង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ដោយ​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (CTIS​) ឆ្នាំ2019​-2023​។

    លោកជំទាវ​ បាន​មានប្រសាសន៍​ថា​ “Asycuda​ គឺ​ជា​ប្រព័ន្ធ​កំ​ព្យូទ័​រដែ​លត្រូវ​បាន​រចនា​ឡើង​ ដោយ​សន្និសីទ​អង្គការសហប្រជាជាតិ​ ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​ (UNCTAD​) ដើម្បី​គ្រប់គ្រង​ ទំនៀមទម្លាប់​របស់​ប្រទេស​ ដោយ​កម្ពុជា​នឹង​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​សម្រាប់​ច្រកចេញ​-ចូល​តែមួយ​ និង​ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​ឥឡូវនេះ​កំពុង​រង់ចាំ​ការ​អនុម័ត​នៅ​រដ្ឋសភា​។ កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​កំពុង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​ទន្ទឹម​នឹង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ពាណិជ្ជកម្ម​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ ក៏បាន​អំពាវនាវ​ឱ្យដៃ​គូ​អភិវឌ្ឍន៍​ វិស័យ​ឯកជន​ និង​មន្ត្រី​អន្តរក្រសួង​ប្រើប្រាស់​វេទិកា​នេះ​ធ្វើការ​ត្រួតពិនិត្យ​ និង​ពិភាក្សា​ឱ្យ​បាន​ផុសផុល​ទៅលើ​របាយការណ៍​សិក្សា​ចងក្រង​ឡើង​ដោយ​អង្គការ​ UNESCAP​ ស្តី​ពី​សេចក្តី​ព្រាង​សកម្មភាព​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​ប្រើ​ក្រដាស​ស្នាម​នៅ​កម្ពុជា​ ដើម្បី​បង្កើត​ជា​ផែនការ​អាទិភាព​ក្នុងរយៈពេល​ខ្លី​ សំដៅ​កៀរគរ​ប្រភព​ធនធាន​ ជាពិសេស​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ (Aid​-for​-trade​) សម្រាប់​គាំទ្រ​ការអនុវត្ត​នា​ពេល​អនាគត​។

    សូម​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​ការសម្រប​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ត្រូវ​បាន​អនុម័ត​នៅ​ខែឧសភា​ ឆ្នាំ2016​ ដោយ​សមាជិក​ 25​ ប្រទេស​នៃ​សេដ្ឋកិច្ច​ អាស៊ី​-ប៉ាស៊ីហ្វិក​ បន្ទាប់ពី​មានការ​ពិគ្រោះ​យោបល់​ និង​ការចរចា​យ៉ាង​ល្អិតល្អន់​អស់​រយៈពេល​ 4ឆ្នាំ​។ ឥឡូវនេះ​សមាជិក​កើន​ដល់​ចំនួន​ 53ប្រទេស​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (UNESCAP​)។

    នៅក្នុង​សេចក្តី​ថ្លែងការណ៍​នា​ពេល​ថ្មី​ៗនេះ​ UNESCAP​ បាន​បញ្ជាក់​ថា​ ដើម្បី​ឈានទៅមុខ​ លើ​ការ​ធ្វើ​ឌីជីថល​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​ វា​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​មាន​ស្តង់​ដា​បច្ចេកទេស​ និង​ច្បាប់​ ដែល​ត្រូវ​អនុវត្ត​ចំពោះ​ទិន្នន័យ​ និង​ឯកសារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កាត់បន្ថយ​គម្លាត​សមត្ថភាព​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​ និង​បង្កើន​កិច្ចសហការ​ រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ និង​បង្កើត​វេទិកា​អន្តរ​រដ្ឋាភិបាល​ដ៏​រឹងមាំ​មួយ​សម្រាប់​យន្តការ​សម្របសម្រួល​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​។

    សេចក្តី​ថ្លែងការណ៍​ បាន​បញ្ជាក់​ទៀត​ថា​ កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​ ត្រូវ​បាន​ឧទ្ទិស​យ៉ាង​ពេញលេញ​ចំពោះ​ការ​ធ្វើ​ឌីជីថល​នៃ​ដំណើរការ​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​ ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ និង​ការ​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​នូវ​ទិន្នន័យ​ និង​ឯកសារ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ ក្នុង​ទម្រង់​អេឡិចត្រូនិក​ក្នុងចំណោម​ប្រព័ន្ធ​ពាណិជ្ជកម្ម​គ្មាន​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។

    UNESCAP​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ការ​ផ្លាស់​ប្តូរ​ពី​ក្រដាស​ទៅជា​ទិន្នន័យ​អេឡិចត្រូនិក​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ភាព​ងាយស្រួល​ មាន​តម្លាភាព​ និង​កាន់តែ​មានប្រសិទ្ធភាព​ ហើយ​ការ​ដាក់បញ្ចូល​កាន់តែ​ច្រើន​នូវ​ការ​មិន​យកពន្ធ​លើ​បរិស្ថាន​”។

    តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​គ្មាន​ក្រដាស​ស្នាម​ និង​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​ និង​ឯកសារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​គ្មាន​ថ្នេរ​ បណ្តា​ប្រទេស​នានា​អាច​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ពិភពលោក​ និង​បង្កើន​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ពិភពលោក​។

    យោង​តាម​ UNESCAP​ ការ​ធ្វើ​ពាណិជ្ជកម្ម​គ្មាន​ឆ្លងកាត់​ព្រំដែន​ រួម​ជាមួយ​ការអនុវត្ត​ឌីជីថល​ ពេញលេញ​នៃ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ អាច​ កាត់បន្ថយ​ថ្លៃដើម​ពាណិជ្ជកម្ម​ជាង​ 25​% ដោយ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការអន្តរជាតិ​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ប្រមាណ​ 0.6ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ 1ឆ្នាំ​។ ការនាំចេញ​ប្រចាំឆ្នាំ​របស់​តំបន់​អាច​កើនឡើង​ប្រហែល​ 250ពាន់​លាន​ដុល្លារ​។

    គួរ​រំឭក​ដែរ​ថា​ កាលពី​ថ្ងៃទី29​ ខែសីហា​ ឆ្នាំ2017​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ច​ ព្រមព្រៀង​ ស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ព្រមទាំង​ធានា​បាន​នូវ​ការគោរព​បទដ្ឋាន​គតិ​យុត្ត​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​រយៈ​ ពេល​វែង​ដល់​ប្រទេស​ក្នុង​តំបន់​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​ សំដៅ​ទៅលើ​ប្រទេស​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ដែល​មាន​ប្រទេស​ជាច្រើន​ជាស​មា​ជិ​ក ហើយ​យើង​ក៏​ជាស​មា​ជិ​កនៃ​កិច្ច​ព្រមព្រៀង​នេះ​មួយ​ដែរ​ ហើយ​ការ​ដឹកទំនិញ​ឆ្លងកាត់​ពី​ប្រទេស1​ ទៅ​ប្រទេស1​ ដោយ​មិន​ចាំបាច់​ប្រើ​ក្រដាស​ស្នាម​ ដោយ​បើ​ប្រព័ន្ធ​ឌីជីថល​ជំនួស​វិញ​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“ក្នុង​ប្រទេស​យើង​សព្វថ្ងៃ​នេះ​ក៏​មានការ​កាត់បន្ថយ​ក្រដាស​ស្នាម​ខ្លះ​ៗដែរ​ ដូចជា​ការនាំចេញ​តាម​អន​ឡាញ​ និង​ CO​ តាម​អន​ឡាញ​ជាដើម​ ដូចនេះ​រាល់​ឯកសារ​ទាំងអស់​ដែល​គយ​ច្រកព្រំដែន​គាត់​ទទួល​ពី​អ្នកនាំ​ចេញ​នៅ​ក្នុង​ស្រុក​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ពេល​គាត់​ឃើញ​ហើយ​ថា​ ក្រុមហ៊ុននាំចេញ​នេះ​បាន​បំពេញ​សំណុំ​បែបបទ​គ្រប់គ្រាន់​ហើយ​ គេ​អាច​អនុញ្ញាត​ឱ្យ​នាំចេញ​បាន​ មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ទៀត​ទេ​ ហើយ​ឯកសារ​នេះ​ក៏​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ដែល​ទទួល​ទំនិញ​ដែរ​ ដោយមាន​ប្រទេស​មួយចំនួន​ដែល​យើង​កំពុងតែ​ធ្វើការ​ជាមួយ​ មានតែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​គឺ​នៅ​មាន​ចំនួន​តិចតួច​ មិនទាន់​ច្រើន​នៅឡើយ​ទេ​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​៖“ដូចនេះ​កិច្ច​ព្រមព្រៀង​នេះ​បាន​អនុវត្ត​នៅ​ថ្នាក់​តំបន់​ពុំ​ទាន់​បាន​ទូលំទូលាយ​នៅ​កម្រិត​អន្តរជាតិ​ទេ​ តែ​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​គម្រោង​នេះ​ពី​ UNESCAP​ នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ រួម​ទាំង​កម្ពុជា​យើង​ដែរ​ នឹង​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​នេះ​នៅក្នុង​ឆ្នាំ2019នេះ​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ដែរ​ថា​៖“ស្រប​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​ បាន​លើកឡើង​នៅ​វេទិកា​ជាមួយ​វិស័យ​ឯកជន​ ដោយ​ប្រមុខ​រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ និង​បាន​កាត់បន្ថយ​នូវ​ក្រដាស​ស្នាម​ ការ​ដក​កាំកុងត្រូល​ កាំសាប​ ដើម្បី​សម្រួលការ​នាំចេញ​ ដែល​វិស័យ​ឯកជន​ អ្នករក​ស៊ី​ និង​រដ្ឋាភិបាល​ចង់បាន​ក្នុង​ការសម្រួល​ការនាំចេញ​ឱ្យ​បាន​លឿន​។ ព្រោះថា​ វា​ជា​កត្តា​មួយ​សម្រួល​បែបបទ​ផ្ទៃក្នុង​បាន​លឿន​ ដោយ​អនុវត្ត​នូវ​ច្រកចេញ​ចូល​តែមួយ​ដែល​ជា​ចំណែក​មួយ​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ឱ្យ​មាន​កំណើន​”៕

  • ក្រសួង​ពាណិជ្ជកម្ម​ផ្តើម​រៀបចំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

    ក្រសួង​ពាណិជ្ជកម្ម​ផ្តើម​រៀបចំ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

    រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការ​ផ្តល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ គឺជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ថា​៖ “ការ​វិវឌ្ឍ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​ឱ្យ​ច្បាស់លាស់​លើ​ការប្រព្រឹត្ត​ទៅ​នៃ​ការងារ​នានា​ ការពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ ហើយ​ការងារ​ទាំងនេះ​ត្រូវ​បាន​រំលេច​យ៉ាង​ច្បាស់​លាស់​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី6​ ត្រង់​មុំ​ទី3​ ដែល​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​ និង​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​”។

    លោកជំទាវ​បន្ត​ទៀត​ថា​ ជា​កិច្ច​ឆ្លើយតប​ និង​ចូលរួម​វិភាគទាន​ទៅលើ​ការសម្រេច​បាន​នូវ​ គោលដៅ​អាទិភាព​ទាំងនោះ​ ក្រសួង​ពាណិជ្ជកម្ម​បានសម្រេច​ចិត្ត​ធ្វើការ​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

    ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ដែរ​ ក៏​ជា​តម្រូវការ​ដ៏​សំខាន់​ និង​ឆ្លើយតបទៅនឹង​អនុសាសន៍​មួយ​ ចំនួន​ទៀត​នៅក្នុង​ឯកសារ​ និង​យុទ្ធ​សា​ស្ត្រផ្សេង​ៗ ដូចជា​ឯកសារ​ Cambodia​ eTrade​ Readiness​ Assess​ment​ ដែល​បាន​រៀបចំឡើង​ដោយ​អង្គការ​ UNCTAD​ នៅ​ឆ្នាំ2017​ និង​ថ្មី​ៗនេះ​នៅក្នុង​សមា​ ហរ​ណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ 2019​-2023​ ជាពិសេស​ជំពូក​ទី11​ ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ជំពូក​ទី12​ ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការកាត់បន្ថយ​នីតិវិធី​រដ្ឋបាល​ ជួយ​សន្សំ​ថវិកា​ និង​ពេលវេលា​នាំចេញ​-នាំចូល​ ព្រមទាំង​ធានា​បាន​នូវ​តម្លាភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​បាន​កំពុង​ធ្វើ​កំណែទម្រង់​នីតិវិធី​រដ្ឋបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដើម្បី​បង្កើន​ល្បឿន​ និង​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ទំនិញ​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​។ដូច្នេះ​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ​ តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​សំ​ខាន់​ៗជាមួយ​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក​ និង​តភ្ជាប់​ទៅ​កាន់​បញ្ជរ​ជាតិ​តែមួយ​ ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ​បច្ចេកវិទ្យា​ (ITC​ Master​ Plan​) ការ​ដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ Cloud​ និង​ការ​ដាក់បញ្ចូល​ផែនការ​សកម្ម​ភាព​ថ្មី​ៗស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ឆ្នាំ2019​-2023​ ជាដើម​។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​៖“លើស​ពីនោះ​ទៀត​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ដែល​ត្រូវការ​ឯកសារ​មួយ​សម្រាប់​បញ្ជាក់​ជូន​អំពី​ចក្ខុវិស័យ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ដែល​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការ​សំដៅ​ជំរុញ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​”។

    លោកជំទាវ​ តឹក​រ៉េ​ត កំរង​ បាន​បញ្ជាក់​ថា​៖“ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​វេលា​នេះ​ ជា​ការ​មួយ​ដ៏​ត្រឹមត្រូវ​ គាប់​ជួន​ជាមួយនឹង​ការ​ជិត​សម្រេច​បាន​នូវ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ហើយ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​បាន​ឆ្លងផុត​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​រួចហើយ​ បន្ទាប់​ទៀត​នឹង​ត្រូវ​បញ្ជូន​បន្ត​ដើម្បី​ស្នើសុំ​ការ​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​”៕

  • កម្ពុជា​-ជប៉ុន​រំពឹង​ជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​

    កម្ពុជា​-ជប៉ុន​រំពឹង​ជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ចុះ​អនុស្សរណៈ​

    ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ហៅ​កាត់​ថា​ JETRO​ (ជេត្រូ​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU​) ដោយ​រំពឹង​ថា​ នឹងអាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​វិស័យ​សំណង់​ ខណៈ​ដែល​ប្រទេស​ជប៉ុន​ក៏​ជា​អ្នក​វិនិយោគ​ធំ​មួយ​ដែរ​នៅ​កម្ពុជា​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​ អនុស្សរណៈ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ក្នុង​គោលបំណង​បង្កើត​នូវ​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​ JETRO​ ។

    ជាមួយគ្នា​នោះ​ផង​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​នូវ​សកម្មភាព​មួយចំនួន​ដែល​ JETRO​បាន​អនុវត្ត​នៅ​កម្ពុជា​ ដែល​រួមមាន​ការផ្គូផ្គង​ធុរកិច្ច​ ការសិក្សា​វិភាគ​ ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ ការសម្រប​សម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន​ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ និង​វិស័យ​ឯកជន​ និង​ការ​ជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន​។

    ឯកឧត្តម​បាន​បន្ត​ថា​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ពីទី​ផ្សារ​កម្ពុជា​របស់​ JETRO​ បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុនAeon​ មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ ហើយ​ការបង្កើត​ផ្សារ​ទំនើបAeon​ ជាបន្តបន្ទាប់​នេះ​គឺជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​ ដោយក្រុម​ហ៊ុន​ជប៉ុន​បាន​នាំ​យក​មក​ជាមួយ​នូវ​ស្ដ​ង់​ដា​ល្អ​ៗជាច្រើន​ ដូច​ជា​ស្ដ​ង់​ដា​អនាម័យ​មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​។

    លោកស្រី​បណ្ឌិត​ យូ​រី​ សា​តូ​ នាយិកា​រង​នៃ​អង្គការ​ JETRO​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សម្របសម្រួល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចំពោះ​ធុរកិច្ច​ជប៉ុន​។ លោកស្រី​បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ និង​អនុវត្ត​ក្នុង​ការសម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។

    លោកស្រី​បាន​បញ្ជាក់​ថា​ JETRO​ មានការ​ងារ​ថ្មី​មួយ​ដែល​នឹង​អនុវត្ត​ នោះ​គឺ​ការជំរុញ​នវានុវត្តន៍​ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ (Innovation​ and​ Digital​ Technology​ Startup​) ជាមួយ​នឹង​ការផ្គូផ្គង​ធុរកិច្ច​។

    សូម​បញ្ជាក់​ថា​ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះ​នា​ពេលនេះ​ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ និង​អង្គការ​J ETRO​ បាន​ចុះ​កាលពី​ថ្ងៃទី14​ ខែធ្នូ​ ឆ្នាំ2009​។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំង2​ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​ដែល​ក្នុង​ឆ្នាំ2009​ មាន​ចំនួន​តិចតួច​ ហើយ​ក្នុង​ឆ្នាំ2018​ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ​ 1.6​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

    ដោយឡែក​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ចំនួន​14រូប​ ក៏បាន​ជួបពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិនិយោគ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ​ មី​ហ៊្សូហូ​ កាលពី​ថ្ងៃទី27​ ខែកុម្ភៈ​ ឆ្នាំ2017កន្លងទៅ​។

    ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បញ្ជាក់​ថា​៖“នៅក្នុង​ជំនួប​នេះ​ សំដៅ​ជំរុញ​ដល់​ការ​វិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​ និង​លើកកម្ពស់​ភាពជា​ដៃគូ​សហគ្រិន​កម្ពុជា​-ជប៉ុន​ដែល​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​កំពុង​មាន​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​ និង​នៅក្នុង​ប្រទេស​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ប្រធាន​ផ្នែក​តំបន់​អាស៊ី​ និង​អូ​សេ​អា​នី​នៃ​ធនាគារ​ មី​ហ្ស៊ូហូ​ ដែល​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ធំជាង​គេ​ទាំង3​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ទាក់ទិនទៅនឹង​វិស័យ​កសិ​-ឧស្សាហកម្ម​”។

    បច្ចុប្បន្ន​នេះ​ វិស័យ​អាទិភាព​ទាំង5​ ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​ ជាពិសេស​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ និង​កែច្នៃ​ចំណីអាហារ​ សមស្រប​ទៅ​នឹង​បណ្តា​ក្រុមហ៊ុន​របស់​ជប៉ុន​ដែល​មាន​បច្ចេកវិទ្យា​ និង​ជំនាញ​ខ្ពស់​ និង​ច្បាស់លាស់​ ខណៈ​ដែល​កម្ពុជា​មាន​កសិផល​ប្រកបដោយ​គុណភាព​ខ្ពស់​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ការ​ចុះ​ MoU​ នេះ​ មិន​ត្រឹមតែ​ខាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប៉ុណ្ណោះទេ​ សូម្បីតែ​ខាង​ពន្ធដារ​ក៏​មានការ​ចុះ​ MoU​ លើកលែង​ពន្ធ​ត្រួតស៊ីគ្នា​ដែល​ជា​ការ​លើកទឹកចិត្ត​ និង​បើកផ្លូវ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ដែល​មិនទាន់​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​ចូល​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ផង​ដែរ​។លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ទៀត​ថា​៖“ជប៉ុន​ មុន​ពេល​ចូល​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ គឺ​ពួកគេ​បាន​សិក្សា​លម្អិត​ពី​ភាព​ប្រឈម​ និង​ឱកាស​រីកចម្រើន​នៃ​មុខ​ជំនួញ​របស់​ពួកគេ​ ដូច្នេះ​ប្រទេស​ណាមួយ​ដែល​ជប៉ុន​ចូល​វិនិយោគ​ហើយ​ គឺ​បាន​បញ្ជាក់​ច្បាស់​ពី​ភាពរឹងមាំ​នៃ​កត្តា​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​ដែល​អំណោយផល​ដល់​ការ​វិនិយោគ​”។

    លោក​ឧកញ៉ា​បន្ត​ទៀត​ថា​៖“ដូច្នេះ​ជាមួយនឹង​ការ​ចូល​មក​សិក្សា​ និង​ស្វែងយល់​ពី​ឱកាស​ទាំងនេះ​ គឺ​មានការ​បង្ហាញផ្លូវ​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​កាន់តែ​បង្កើន​ទំនុកចិត្ត​ខ្លាំង​ឡើង​សម្រាប់​ពួកគេ​បន្ថែម​ទៀត​”។

    បច្ចុប្បន្ន​នេះ​ ក្រៅពី​មាន​ភាព​ស្អិតល្មួត​លើ​វិស័យ​ការទូត​ហើយ​ ប្រទេស​ជប៉ុន​បាន​ឈរ​នៅ​លំដាប់​ទី2​ ក្នុងនាម​ជា​ប្រទេស​ដែល​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជំនួយ​ស្ដារ​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជាពិសេស​នៅក្នុង​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​។ ដោយឡែក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ ប្រទេស​ជប៉ុន​កំពុង​ឈរ​នៅ​លំដាប់​ទី4​ ខណៈ​ដែល​ប្រទេស​វិនិយោគ​ច្រើនជាង​គេ​ទី1​ នៅ​កម្ពុជា​ គឺ​ប្រទេស​ចិន​ដែល​ឈរ​នៅ​លំដាប់​កំពូល​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ឈរ​នៅ​លំដាប់​ទី2​ ហើយ​សិង្ហបុរី​ ឈរ​នៅ​លំដាប់​ទី3​៕

  • ចង់សម្រកទម្ងន់បានជោគជ័យត្រូវតែតស៊ូ

    ចង់សម្រកទម្ងន់បានជោគជ័យត្រូវតែតស៊ូ

    ធុញទ្រាន់​នឹង​រូបរាង​ដ៏​ទ្រលុកទ្រលន់​មើល​មិនឃើញ​រាង​ស្វែ​លនេះ​ណាស់​មែនទេ​? ប្រាកដ​ណាស់​សម្រាប់​អ្នក​ដែល​តែងតែ​នឹក​គិតដល់​ភាព​ស្រឡូន​ស្អាត​ជាប់​ជានិច្ច​នោះ​ គឺ​ពិតជា​ខិតខំ​ស្វែង​រក​ និង​សាកល្បង​វិ​ធី​ថ្មី​ៗដែល​អ្នក​បានដឹង​។ តាមរយៈ​វិធី​សាស្រ្ត​ទាំង6យ៉ាងដែល​ ឡា​រ៉ែ​ន បាន​ផ្តល់​ឱ្យ​នេះ​ ប្រហែលជា​មានការ​ពិបាក​បន្តិច​ក្នុង​ការអនុវត្ត​តាម​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ស្រក​ទម្ងន់​ឱ្យ​បាន​ជោគជ័យ​អ្នក​ត្រូវតែ​តស៊ូ​​ ហើយ​បើ​អ្នក​អាច​ធ្វើ​បាន​នោះ​ អ្នក​ពិតជា​ទទួល​បានផល​វិជ្ជមាន​ជាក់ជា​មិនខាន​ឡើយ​។

    1. បោះបង់ចោល​ចំ​ណែ​កខ្លះ​ៗ : បើ​អ្នក​ធ្លាប់តែ​ កុ​ម៉្មង់​អាហារ​ស្ទើរគ្រប់​ប្រភេទ​ដែល​អ្នក​ចូល​ចិត្ត​នោះ​ អ្នក​គួរតែ​ប្តូរ​ទម្លាប់​នេះ​ចោល​។ មិន​ចាំ​បាច់​កុ​ម៉្មង់​ Hamburger​ ទៀត​ទេ​ ប្រសិនបើ​អ្នក​បាន​ហៅ​ Pizza​ រួច​ទៅ​ហើយ​នោះ​។2. យក​ទៅ​កន្លែង​ធ្វើការ​ : យក​ផ្លែឈើ​មួយ​មុខ​ បន្តិច​ៗ ដាក់​ក្នុង​ថង់​ ឬក្នុង​ប្រអប់​មួយ​ ហើយ​យក​វា​ទៅ​កន្លែង​ធ្វើការ​ជាមួយ​ផង​ ដើម្បី​ទុកជា​អា​ហារ​កំដរ​មាត់​នៅពេល​អ្នកមាន​អារម្មណ៍​ថា​ ហេវ​ក្នុងអំឡុងពេល​ដែល​អ្នក​កំពុងធ្វើការ​ងារ​។ ទទួល​ទាន​ផ្លែឈើ​ជំនួស​អាហារ​កញ្ចប់​ផ្សេង​ៗ គឺ​មា​នប្រ​យោជន៍​ច្រើន​សម្រាប់​សុខភាព​ និង​សម្រស់​ ជា​ពិ​សេស​គឺ​ការ​ថែរក្សា​រាង​ឱ្យ​ស្រស់​ស្អាត​នេះ​តែម្តង​។
    3. សូកូឡា​មួយ​កែវ​ : នៅពេល​ដែល​អ្នក​កំពុង​ តែ​ព្យាយាម​កាត់បន្ថយ​គីឡូ​ អ្នក​គួរតែ​មាន​ម្សៅ​សូកូឡា​ សម្រាប់​ឆុង​ញ៉ាំ​ជាមួយ​ទឹក​។ បន្ទាប់ពី​ញ៉ាំ​រួច​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​ ដូច្នេះ​អ្នក​នឹង​មិន​ចាំបាច់​រក​អាហារ​ណា​ ដែល​មាន​កាឡូ​រី​ខ្ពស់​មក​ទទួលទាន​ទៀត​ឡើយ​។4. ដាក់កំណត់​ចំពោះ​អាហារ​ : អ្នក​គួរតែ​មាន​ ប្រអប់​មួយ​សម្រាប់​ដាក់​របស់​ដែល​អ្នក​ត្រូវ​ញ៉ាំ​ ហើយ​ធ្វើការ​កំណត់​ថា​ អ្នក​នឹង​ទទួលទាន​វា​ត្រឹមតែ​ចំនួន​ដែល​អ្នក​បាន​រៀបចំ​ទុក​នេះ​តែ​ប៉ុណ្ណោះ​។
    5. ឆាប់​ដុសធ្មេញ​នៅពេល​ល្ងាច​ : អ្នក​ប្រហែល​ជា​ទម្លាប់​ដុសធ្មេញ​ដំណាលគ្នា​នឹង​ពេល​ងូត​ទឹក​មុន​ពេល​ចូលគេង​ ព្រោះ​អ្នកដឹង​ច្បាស់​ថា​ អ្នក​នឹង​មិន​ទទួលទាន​អ្វី​ទៀត​ទេ​បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឆាប់​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ជាង​មុន​នោះ​ ឱកាស​នៃ​ការ​ចង់​ញ៉ាំ​អាហារ​ក៏​ត្រូវ​បាន​កាត់បន្ថយ​កាន់តែ​ច្រើន​តាម​នោះ​ដែរ​។6. ចៀសវាង​ភេសជ្ជៈ​សម្បូរ​កាឡូរី​ : ភេសជ្ជៈ​ ដែល​ផ្ទុក​ទៅ​ដោយ​កាឡូរី​ខ្ពស់​ដូចជា​ ប្រ​ភេទ​ទឹក​ផ្លែឈើ​ ទឹកក្រូច​ឆ្មារ​លាយ​ស្ករ​ ឬភេសជ្ជៈ​ដែល​មាន​រសជាតិ​ផ្អែម​ និង​ស្រាក្រហម​ជាដើម​ ជា​ប្រភេទ​ភេសជ្ជៈ​ដែល​អ្នក​គួរ​កាត់បន្ថយ​ ប្រសិន​បើ​អ្នក​ប្រាថ្នា​ចង់​ឃើញ​រូបរាង​ស្រឡូន​ស្អាត​របស់​អ្នក​លេចចេញ​មក​៕

  • កម្មវិធីដាក់លក់នូវខូឡិកសិនថ្មី Pandora Autumn 2019

    កម្មវិធីដាក់លក់នូវខូឡិកសិនថ្មី Pandora Autumn 2019

    រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២០ ខែកញ្ញានេះក្រុមហ៊ុន Pandora ដែលជាម៉ាកផលិតផលគ្រឿងអលង្ការដ៏ល្បីមកពីប្រទេស ដាណឺម៉ាកតាំងពីឆ្នាំ 1982 បានប្រារព្ធឡើងនូវកម្មវិធីដ៏ពិសេសសម្រាប់អបអរសាទរជាមួយការដាក់លក់នូវខូឡិកសិនថ្មីនារដូវកាលស្លឹកឈើជ្រុះនេះគឺ Pandora O Collection នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដីដែលជាសាខាថ្មីរបស់ខ្លួន ។ក្នុងខូឡិកសិននេះ Pandora បានបង្ហាញពីគំនិតច្នៃប្រឌិតថ្មីមួយទៀតក្នុងគោលបំណងចែករំលែកនូវសេចក្តីស្រលាញ់ជាមួយនឹងមនុស្សទូទាំងពិភពលោក។ ខូឡិកសិននេះបានរចនាឡើងដោយដៃយ៉ាងយកចិត្តទុកដាក់ បាននាំមកជូនលោកអ្នកនូវម៉ូតថ្មី Pandora O Pendant ដែលអាចពាក់បានតាមរបៀបជាច្រើនយ៉ាង និងអាចដាក់លម្អដោយCharmតាមស្ទាយល៏របស់អ្នកផងដែរ។ ម៉ូដនេះបានរចនាឡើងដកស្រង់ចេញពីនិមិត្តសញ្ញារបស់ Pandora តែម្តង គឺអក្សរ O ដែលតំណាងអោយឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃគ្រឿងអលង្ការ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ ដោយមិនត្រឹមតែពាក់វាជាបន្តោងខ្សែកនោះទេ អ្នកក៏អាចដាក់វាជាបន្តោងកាបូប កាបូបក្រវាត់ចង្កេះ ឫក៏ពាក់តាមការច្នៃប្រឌិតបែបថ្មីផ្សេងៗទៀត ដើម្បីបង្ហាញពីស្ទាយល៏ថ្មី ប្លែក ផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ក្នុងឳកាសនេះផងដែរ Pandora ក៏បានផ្តល់ជូននូវកាដូរពិសេសសម្រាប់រាល់ការជាវទំនិញអស់ចាប់ពី $ 388 លោកអ្នកនឹងទទួលបានខ្សែដៃប្រាក់ស្តាលីងមួយខ្សែភ្លាមៗ ដោយចាប់ពីថ្ងៃទី 20 ខែកញ្ញា រហូតដល់ថ្ងៃទី 30 ខែកញ្ញា នៅគ្រប់សាខាទាំង 3ទីតាំងរួមមានសាខាផ្សារទំនើបអូឡាំព្យា សាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងសាខាផ្សារទំនើបអ៊ីអនម៉លសែនសុខ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sandara បានទទួលសិទ្ធនាំយកគ្រឿងអលង្ការដ៏ល្បីម៉ាក Pandora កាលពីខែសីហា ឆ្នាំ 2018 ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីដើមឆ្នាំ 2017 ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៏ប្រណិតភាព ដែលជាជម្រើសដ៏ល្អសម្រាប់សុភាពបុរសនិងនារី។
    ខាងក្រោមនេះជារូបភាពខ្លះនៃការដាក់លក់នូវខូឡិកសិនថ្មី Pandora Autumn 2019

  • ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ចុះបម្រើសេវាកម្ម ដល់អតិថិជនដោយផ្ទាល់ ក្នុងទិវាថ្លែងអំណរគុណអតិថិជន

    ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ចុះបម្រើសេវាកម្ម ដល់អតិថិជនដោយផ្ទាល់ ក្នុងទិវាថ្លែងអំណរគុណអតិថិជន

    ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខាទាំង១៤ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឆ្លើយតបនឹងការបន្តគាំទ្ររបស់អតិថិជន ដែលជំរុញឲ្យធនាគារ មានភាពរីកច្រើនជាលំដាប់ ធនាគារ CIMB បានបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កើតនូវបរិយាកាសរីករាយ ប្លែកខុសពីពេលមុនៗ ដោយមានការតុបតែងក្នុងសាខា និងសម្លៀកបំពាក់របស់បុគ្គលិក បែបប្រពៃណីខ្មែរ ព្រមទាំងការផ្តល់ជំនូនអនុស្សាវរីយ៍ ដល់គ្រប់អតិថិជន ដែលបានអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារផងដែរ។

    ក្នុងឱកាសនេះដែរ ធនាគារ CIMB បានផ្តល់នូវបទពិសោធន៍សេវាកម្មបម្រើអតិថិជនគួរឲ្យចាប់អារម្មណ៍ ដោយមានការបម្រើសេវាកម្មធនាគារ នៅបញ្ជរសាខាដោយផ្ទាល់ ពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) ទៀតផង។ កម្មវិធីនេះមិនត្រឹមតែបង្កើតនូវឱកាស សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជួរមុខរបស់ធនាគារប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវដំណើរការទទួលយកមតិយោបល់អតិថិជនដោយផ្ទាល់ផងដែរ។ តាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងអតិថិជន គណៈគ្រប់គ្រងរបស់ធនាគារអាចយល់ដឹងកាន់តែច្បាស់ អំពីចំណុចខ្វះខាតនានា ដែលអតិថិជនចង់ឲ្យកែតម្រូវ។ ដូច្នេះធនាគារអាចកែលម្អ និងនាំយកសេវាកម្មបម្រើអតិថិជនដ៏ល្អប្រសើរ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

    លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «នៅធនាគារ CIMB អតិថិជនគឺជាអ្វី ដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការបន្តគាំទ្ររបស់អតិថិជន បានរួមចំណែកដល់ភាពរីកចម្រើន ដោយឥតឈប់ឈររបស់ធនាគារ តាំងពីបើកដំណើរការដំបូង។ ហើយកម្មវិធីថ្ងៃនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំធនាគារ និងអតិថិជនដោយផ្ទាល់ ឲ្យកាន់តែជិតស្និទ្ធ និងយល់ដឹង អំពីតម្រូវការរបស់អតិថិជន។ ហើយគោលដៅរបស់ធនាគារ គឺចង់ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ដល់អតិថិជន ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ថ្ងៃណាក៏ជាទិវាថ្លែងអំណរគុណអតិថិជនដែរ។ នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់ និងសម្តែងការថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អតិថិជនយើង ក៏ដូចជាការចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងភាពជួបជុំរីករាយ ទាំងអស់គ្នា»

    លោកវិសាល ដែលជាអតិថិជនមួយរូប របស់ធនាគារ CIMB បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារពិសេសដូច្នេះឡើយ។ ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ CIMB តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ សេវាកម្ម ដែលខ្ញុំតែងតែប្រើប្រាស់ និងពេញចិត្តបំផុតនោះ គឺសេវាកម្មផ្ទេរប្រាក់ ទៅក្រៅប្រទេស។ ដោយសារធនាគារ CIMB មានបណ្តាញសាខាក្នុងតំបន់អាស៊ាន ការផ្ទេរប្រាក់របស់ខ្ញុំ គឺពិតជាងាយស្រួល រហ័ស និងមានសុវត្ថិភាពមែនទែន ហើយបុគ្គលិកខាងធនាគារក៏ផ្តល់សេវាកម្ម និងជួយសម្រួលដល់ខ្ញុំផងដែរ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ ហើយព្រមទាំងមានការប្រារព្ធពិធីថ្លែងអំណរគុណអតិថិជននេះទៀតផង»

    គួរបញ្ជាក់ផងដែរថា មានអតិថិជនរាប់រយនាក់ ដែលបានចូលរួមប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខា របស់ធនាគារ CIMB ទូទាំងប្រទេស អំឡុងពេលមួយថ្ងៃនេះ។ នេះគឺជាលើកទី៣ហើយ ដែលធនាគារ CIMB បានរៀបចំព្រឹត្តិការណ៍រំភើបរីករាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជម្រុញឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការអាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ ក្នុងនាមជាធនាគារ ដែលយកចិត្តទុកដាក់ខ្ពស់ លើអតិថិជន ធនាគារ CIMB នឹងផ្តល់ជូនកម្មវិធីថែរក្សាទំនាក់ទនង ជាមួយនឹងអតិថិជនជាច្រើនទៀត នាពេលខាងមុខផងដែរ។