Author: ធឿន មករា

  • ការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារកទើបនឹងកើត

    ការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារកទើបនឹងកើត

    សម្រាប់អ្នកម្តាយថ្មីថ្មោង​ ការត្រៀមរៀបចំរបស់ប្រើប្រាស់ ទុកសម្រាប់កូនតូចជាទីស្រឡាញ់ ដែលទើបនឹងបើកភ្នែក​មើលពិភព​លោកថ្មីៗ​នោះ គឺ​ជារឿងសំខាន់ខ្លាំងណាស់ តែសូមអ្នកម្តាយក្មេងវ័យ កុំបារម្ភអី ថ្ងៃនេះយើងមានអត្តបទល្អៗ មកជម្រាបជូន ដើម្បីជាជំ​នួយស្មារតី​ដល់អ្នកម្តាយ​ក្នុងការ​មើល​ថែ​ទាំកូនតូចយ៉ាងមានសុវត្ថិភាព…សូមតាមដានដូចតទៅ៖

    1-ខោកន្ទបទឹកនោម យ៉ាងតិចណាស់2ឡូ

    ដោយសាតែទារកដែលទើបនឹងកើត រហូតដល់អាយុ 3ខែ ត្រូវបញ្ចេញទឹកនោមក្នុង 1ថ្ងៃ ពី 12-18ដង(មិនរាប់​ពេល​​យប់)នោះ ដូច្នេះ​ត្រូវមានខោកន្ទបទឹកនោម ទុកសម្រាប់ផ្លាស់ឱ្យកូនតូច ប្រមាណជា 12-20ខោ​ និងត្រូវមានទុកសម្រាប់ បោកប្រើផ្លាស់ប្តូរមួយចំនួនទៀតផង តែ​បើ​មិន​សូវ​មានពេលវេលាបោកទេនោះ គួរមានខោកន្ទបសម្រាប់កូន ប្រមាណជា 3ឡូទើបសមល្មម។

    2-ក្រណាត់កន្ទប (រាង 4ជ្រុង) យ៉ាងតិច 6-12បន្ទះ

    បើមានខោកន្ទបទឹកនោមចំនួនច្រើនហើយ គួរតែមានក្រណាត់កន្ទប រាង 4ជ្រុងទុកប្រើបន្តិចបន្តួចក៏បាន ដើម្បីទុកសម្រាប់ជូតខ្លួនកូនតូច ឬសម្រាប់ក្រាលពីក្រោមខ្លួនកូន។

    3-ដបទឹកដោះគោ ចំនួន 5 (សម្រាប់ទារកដែលបៅដោះម្តាយ) និង 12ដប (សម្រាប់ទារកដែលបៅទឹកដោះគោ)

    -ដបទឹកដោះគោខ្នាតតូច ចំនួន5​ (សម្រាប់ទារកដែលបៅដោះម្តាយ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូន​តូច​បៅ និង​​​ទុក​​សម្រាប់លាង ប្រើផ្លាស់ប្តូរ ។

    -ដបទឹកដោះគោខ្នាតធំ ចំនួន12 (សម្រាប់ទារកដែលបៅទឹកដោះគោ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូន​តូច​បៅ និងទុកសម្រាប់​ឆុងទឹកដោះគោ​ឱ្យកូនតូចបៅ ព្រមទាំងទុកសម្រាប់លាងប្រើផ្លាស់ប្តូរ។

    4-ច្រាសលាងដបទឹកដោះ ចំនួន1

    គួរជ្រើសរើសទិញច្រាស ដែលខាងចុងមានសរសៃច្រាសធ្វើពីប្លាស្ទិក ព្រោះអាចដុសសម្អាតកំណកម្សៅទឹកដោះ​គោបាន​​ស្អាតជាងច្រាស​ដែល​ខាង​ចុងជាអេប៉ុង។

    5-ពូកគេងប្រភេទអេប៉ុង ដែលដាក់ឱ្យកូនតូចគេង ហើយមិនទ្រុឌទៅក្រោមជ្រៅពេក

    ដោយសាតែ បើប្រើពូកដែលទន់ និងទ្រុឌចុះទៅក្រោមខ្លាំងពេក អាចនឹងធ្វើឱ្យសាច់ពូកខ្ទប់មុខ ឬខ្ទប់ច្រមុះកូនតូច​ នៅពេល​ដែលដាក់​កូនតូច​ឱ្យ​គេងផ្អៀង ឬគេងផ្កាប់នោះ តែក៏មិនគួរជ្រើសរើសយកពូកណាដែលរឹងជ្រុលពេកដែរ។

    6-ក្រណាត់កៅស៊ូ សម្រាប់ទ្រាប់ 1បន្ទះ

    ក្រណាត់កៅស៊ូ ទុកសម្រាប់ទ្រាប់ពីក្រោម មិនឱ្យទឹកនោមកូនតូច ហូរជ្រាបទៅដល់ពូក តែគួរយកក្រណាត់កន្ទបរាង 4ជ្រុង​មកដាក់​ទ្រាប់ពី​ក្រោម​ខ្លួនកូនតូចជាមុនសិន ដើម្បីកុំឱ្យក្រណាត់កៅស៊ូ ប៉ះជាប់ផ្ទាល់នឹងខ្លួនកូនតូច ជាហេតុបណ្តាល​ឱ្យកូនតូចក្តៅស្អុះ​ និងបែកញើសបាន។

    7-អាវទារក មានខ្សែចងពីក្រោយ ចំនួន 6-10អាវ

    អាវដែលមានខ្សែចងពីក្រោយ គឺជាអាវដែលល្អសម្រាប់ទារកទើបនឹងកើត ដោយសាតែវាងាយស្រួលពាក់ តែអ្នក​ម្តាយ មិនគួរមានច្រើនពេកទេ ព្រោះទារកទើបកើតថ្មី រហូតដល់អាយុ 1ខែ ឆាប់ធំធាត់ខ្លាំងណាស់។

    8-កន្សែងសម្រាប់រុំខ្លួនទារក ចំនួន​2

    មិនគួរមានច្រើនពេកទេ ដោយសារតែភាគច្រើន អ្នកម្តាយត្រូវប្រើប្រាស់កន្សែងរុំខ្លួនទារកនេះ តែក្នុងអំឡុងពេលដែល​ទារក​ទើបនឹងកើតថ្មី រហូតដល់អាយុបាន 1ខែប៉ុណ្ណោះ។

    9-មួក ស្រោមដៃ ស្រោមជើង

    ចូរជ្រើសរើសយកមួកណា ដែលសមល្មមនឹងក្បាលកូនតូច មិនរលុងខ្លាំងពេក និងគួរមានយ៉ាងតិច2 សម្រាប់ពាក់គេងពេល​យប់។ ស្រោមដៃ​ត្រូវមានយ៉ាងតិច 4-6គូ និងស្រោមជើងយ៉ាងតិច 3គូ ទុកសម្រាប់ពាក់ពេលគេងយប់ និងពេលចេញទៅ​ក្រៅផ្ទះ។

    10-ចានអាងសម្រាប់ផ្ងូតទឹកកូនតូច ចំនួន1

    គួរផ្ងូតទឹកកូនតូច ដោយទឹកក្តៅអ៊ុនៗជានិច្ច

    11-អេប៉ុងប្រភេទទន់ ចំនួន 1ដុំ

    ទុកសម្រាប់ដុសសម្អាតខ្លួនកូន យ៉ាងថ្នមៗ

    12-សំឡី ទុកសម្រាប់ជូតគូទកូនតូច 1កញ្ចប់ និងដុំសំឡី ដែលមានដង 1កញ្ចប់តូច

    សំឡី 1កញ្ចប់ធំ ទុកសម្រាប់ជូតគូទកូនតូច ក្រោយពេលកូនជុះរួច និងទុកជូតអវយវៈផ្សេងៗ ឯដុំសំឡីដែលមានដង ទុកសម្រាប់​ជូតកន្លែង​រន្ធ​ច្រមុះ រន្ធត្រចៀក…ល…របស់កូនតូច។

    13-សាប៊ូដុសខ្លួនសម្រាប់ទារក និងសាប៊ូកក់សក់សម្រាប់ទារក

    ចូរជ្រើសរើសប្រើសាប៊ូទឹកក្នុងដប បែបមានក្បាលសង្កត់ ព្រោះងាយស្រួលក្នុងការប្រើប្រាស់៕

  • ឥណ្ឌា បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា

    ឥណ្ឌា បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា

    ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ  ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែល​ទើប​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​សម្តេច​ពី​គម្រោង​ជំនួយ និង​ការវិនិយោគ​ជាច្រើន របស់​ប្រទេស​ឥណ្ឌា​នៅ​កម្ពុជា។ ពិសេស​លោកជំទាវ បាន​ប្តេជ្ញាចិត្ត​នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ រវាង​ប្រទេស​ទាំង2 ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។

    នៅក្នុង​ជំនួប​សវនាកា​រ នា​ព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​លើកឡើងថា ឥណ្ឌា​មាន​គម្រោង​ចូលរួម​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទព្រះវិហារ ដែលជា​បេតិកភណ្ឌ​ពិភពលោក ចូលរួម​ជំរុញ​លើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត​នៅ​ជនបទ និង​ជួយ​ដល់​វិស័យ​សុខាភិបាល ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ និង​ការកសាង​សមត្ថភាព​សមាជិក-សមាជិកា​នៃ​រដ្ឋសភា និង​មន្ត្រីរាជការ ជាដើម។

    ជាមួយគ្នានេះ លោកជំទាវ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ដល់​អ្នក​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា មក​បណ្ដាក់ទុន​នៅ​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំង2។ លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ដែរ​ថា ឥណ្ឌា​នឹង​លើកកម្ពស់​ការទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន តាមបែប​ឌីជីថល នៅក្នុង​នោះ​មាន ប្រជាជន​កម្ពុជា និង​ប្រជាជន​ឥណ្ឌា ប្រជាជន​ឥណ្ឌា និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ហើយ​ឥណ្ឌា នឹង​កសាង​ផ្លូវ​គមនាគមន៍​ដ៏​ធំ​មកកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

    លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា ផងដែរ​ថា ចំពោះ​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បានស្នើ​ដល់​ប្រទេស​ឥណ្ឌា ជួយផ្តល់​ជំនួយ​មនុស្ស​ធម៌​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ដល់​ប្រទេស​កម្ពុជា​នោះ លោកជំទាវ នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ឥណ្ឌា​បាន​ជ្រាប និង​សម្រេច​នៅក្នុង​កិច្ចការ​នេះ។

    សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​បេសកកម្ម​ការទូត​ថ្មី របស់លោក​ជំទាវ នៅ​កម្ពុជា។ សម្តេច​បាន​លើកឡើងថា បេសកកម្ម​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំង2 ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ ថែម​ឡើង​មួយកម្រិត​ទៀត។

    កម្ពុជា-ឥណ្ឌា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​នេះ ជាមួយគ្នា​ជា​យូរយារ​ណាស់​មកហើយ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ជំនឿ​សាសនា។ សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា ឥណ្ឌា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​មិន​ច្រើន​ទេ ដែល​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅក្រោយ​ថ្ងៃ​រំដោះ ៧មករា ឆ្នាំ១៩៧៩ ខណៈ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​លោកខាងលិច បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា។

    សម្តេច​បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ដោយ​សង្កេតឃើញ​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំង2 កម្ពុជា-ឥណ្ឌា មានការ​រីកចម្រើន​ឥតឈប់ឈរ ទាំង​វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស។

    ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ដែល​រយៈពេល​កន្លងមក​នេះ បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស រយៈពេល​ខ្លី និង​វែង ដល់​និស្សិត និង​មន្ត្រី​កម្ពុជា ជាង 1ពាន់​នាក់ និង​សូម​ស្នើ​ឥណ្ឌា បន្ត​ជួយ​បណ្តុះបណ្តាល​ជំនាញផ្សេងៗបន្ថែមទៀត។ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា​សូម​អបអរសាទរ រដ្ឋាភិបាល​ប្រទេស​ទាំង2 ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ជាមួយគ្នា ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ជាច្រើន និង​បាន​ត្រៀម​ចុះហត្ថលេខា​លើ​ឯកសារសំខាន់ៗជាច្រើន​ទៀត។

    លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ  ខូ​ប្រា​ហ្គា​ដ បាន​ស្នើសុំ​សម្តេច បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំង2 ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត និង​បាន​គោរព​អញ្ជើញសម្តេច​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុ​ជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្រោយពេល​ជំងឺ​កូ​វីដ-១៩ បាន​ធូរស្រាល។

    សម្តេច​ប្រធាន បាន​ទទួលយក​សំណើ​នេះ និង​បាន​គូសបញ្ជាក់ថា  រដ្ឋសភា​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ជាមួយ​រដ្ឋសភា​ឥណ្ឌា នៅក្នុង​ក្របខ័ណ្ឌ​ក្រុម​មិត្តភាព​សភា​ទាំង2 តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​អន្តរ​សភា​នានា  នៅក្នុង​តំបន់ និង​សកលលោក ដែលមាន​ជាអាទិ៍ អន្តរ​សភា​អាស៊ាន និង​សហភាព​អន្តរ​សភា(IPU) ជាដើម៕

  • ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

    ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

    មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹក​ដៃ​កូន​សិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុង​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។

    មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន​(ជាធម្មតា​ជនជាតិ​ជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជា​ឋានៈ​ជីវភាពមាន​ ឬក្រក៏ដោយ ក៏ត្រូវតែ​ដើរទៅសាលា​រៀនចម្ងាយ​ប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសា​លា​រៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើត​ចំណុចល្អៗជាច្រើន ចំពោះ​ជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖

    • ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។
    • កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។​
    • ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ​ដោយការឱ្យ​ក្មេងធំៗ​មើល​​ថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា​។
    • បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ​ រហូតទាល់តែក្មេងនោះចេញមក ​ទើបដើរ​ទៅ​​ជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។
    • បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។
    • ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុម​កូនសិស្សឆ្លង​ថ្នល់​ផងដែរ។

    ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ ឱ្យកូនសិស្សដើរទៅសាលារៀនដោយខ្លួនឯងនោះ នឹងទទួលបានអ្វីល្អៗជា​ច្រើន លើការ​អភិវឌ្ឍរបស់កុមារ បង្កើនភាពទទួលខុសត្រូវ ភាពមានទឹកចិត្ត ចេះអត់ធ្មត់ និងចេះជួយយកអា​សាគ្នាទៅវិញទៅមក រួមទាំង​បង្កើនភាពសាមគ្គី​គ្នាទាំងកូន​សិស្ស ទាំងឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ធ្វើឱ្យ​សង្គមជប៉ុនមានភាពស្រឡាញ់គ្នា ចេះធ្វើការងារជាក្រុម និងកើតមានការសាមគ្គីគ្នា និង​ជួយគ្នាអភិវឌ្ឍប្រទេសជាតិ នៅទីបំផុត៕

  • របស់​សំខាន់ 3យ៉ាង ដែល Samsung បាន​ដក​ចេញពី​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ ជំនាន់​ថ្មី Galaxy S21 Series

    របស់​សំខាន់ 3យ៉ាង ដែល Samsung បាន​ដក​ចេញពី​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ ជំនាន់​ថ្មី Galaxy S21 Series

    Samsung ដែល​ទើបនឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ ជំនាន់​ថ្មី Galaxy S21 Series បាន​ភ្ជាប់​មកជា​មួយ​លក្ខណសម្បត្តិពិសេសៗជាច្រើន ក៏ដូចជា​ការទទួលបាន​មុខងារថ្មីៗ មួយចំនួន​ផ្សេងទៀត ដូចជា​បន្ថែម​ការគាំទ្រ​ប៊ិច S Pen ឱ្យ​ត្រកូល S (Galaxy S21 Ultra) របស់ខ្លួន​ជា​លើកដំបូង ជាដើម តែ​ក្នុងនោះ Samsung ក៏បាន​ដកចេញ​ផងដែរ នូវ​របស់​សំខាន់ 3យ៉ាង មានដូចជា៖ ក្បាល​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 25W, កាស​ខ្សែ AKG និង microSD។

    Samsung បាន​ដក​ចេញពី​ប្រអប់ របស់ Galaxy S21 Series គឺ​ក្បាល​ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 25W ដែលជា វត្ថុ​ដំបូង​គេ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ឯ​របស់​បន្ទាប់​ដែល​ត្រូវ​ដកចេញ​ដែរនោះ គឺ​កាស​ខ្សែ AKG ដែល​ធ្លាប់​ឃើញ​មាននៅ​ក្នុង​ប្រអប់​របស់ Galaxy S10 និង S20 Series កន្លងមក។ មានន័យថា នៅក្នុង​ប្រអប់​របស់ Galaxy S21 Series បាន​ភ្ជាប់​មកជា​មួយ​សៀវភៅ​ណែនាំ, ខ្សែ USB-C និង​ម្ជុលចាក់ SIM មួយ​ប៉ុណ្ណោះ។

    សម្រាប់​មួយ​តួខ្លួន លើ​ស្មា​ត​ហ្វូ​ន​ដែល Samsung បាន​ដក​ចេញពី Galaxy S21 Series ទី3 នោះ​គឺ រន្ធ​បន្ថែម microSD មានន័យថា ម្ចាស់ Galaxy S21 Series ទាំងអស់ មិនចាំបាច់​បារម្ភ រឿង​បន្ថែម​មេម៉ូរី ពី​ខាងក្រៅ​នោះទេ។

    សម្រាប់​ម៉ូ​ដែល​ខ្ពស់​ជាងគេ Galaxy S21 Ultra ក៏​មិនអាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង 45W ដូច​ទៅនឹង S20 Ultra ដែរ។ សរុបមក Samsung យកចិត្ត​ដាក់​ទៅលើ Galaxy S21 Series របស់ខ្លួន​ខ្លាំង​មែនទែន ដោយ​ពួកវា​ទទួលបាន​លក្ខណ​សម្បត្តិថ្មីៗជាច្រើន គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ជាមួយគ្នា​នោះដែរ Samsung ក៏បាន​ដក​លក្ខណសម្បត្តិ​មួយចំនួន ដែល​អ្នកប្រើប្រាស់​មិន​ចង់ឱ្យ​ដកចេញ​ពី Galaxy S21 Series ផងដែរ៕

  • Store របស់ Huawei ឈ្មោះ “App Gallery” ឌីហ្សាញ អាប់ឌែតថ្មី ស្អាតទាក់ទាញជាងមុន

    Store របស់ Huawei ឈ្មោះ “App Gallery” ឌីហ្សាញ អាប់ឌែតថ្មី ស្អាតទាក់ទាញជាងមុន

    ក្រុមហ៊ុន Huawei បានបញ្ចេញនូវ App Gallery ដែលជាបណ្ដុំកម្មវិធីផ្ដាច់មុខ ឬ Huawei Store កាលពីម្សិលមិញនេះ ដោយឌីហ្សាញអាប់ឌែតថ្មី លើផ្ទាំង Interface និងមុខងារផ្សេងៗទៀត។

    មុខងារថ្មីមួយ គឺ Feature Tab អាប់ឌែតរបៀបប្រើប្រាស់ គឺ scroll អូសឡើងលើ, បន្ថែមកម្មវិធីថ្មីបំផុត-ចាស់បំផុត និងកម្មវិធីណាល្បីជាងគេជាមួយនឹង រូបភាព, ការណែនាំ(guide) និងអត្ថបទខ្លីៗទាក់ទងនឹង app នោះ។ វាក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលនឹងអាចមើលឃើញ Card-style feed ផងដែរ។

    មាតិកាថ្មីនេះ ត្រូវបានគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ ដោយ Editor ដើម្បីឱ្យអ្នកប្រើប្រាស់អាចងាយយល់ និងអ្វីដែលពួកគេចង់បានពី កម្មវិធីដែលពួកគេចង់ដោនឡូត។ ជាមួយគ្នានោះ ការអាប់ឌែតថ្មី ក៏មានចំណុចបញ្ចុះតម្លៃ ថែមទៀតដូចជា៖ Cashback discount, Lucky draw និង Challenges with reward សម្រាប់ឱ្យអ្នកប្រើប្រាស់់អាចទិញ ឬសាកល្បងកម្មវិធីថ្មី។ ម្យ៉ាងទៀត វាក៏មានមុខងារដូច Store ដទៃដែរ គឺ reviews និង rating ឱ្យផ្កាយដល់កម្មវិធីដែលអ្នកគិតថា ល្អប្រើ។

    សូមជម្រាបជូនដែរថា App Gallery របស់ Huawei មកទល់ពេលនេះ ទទួលបានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ឡើងដល់ 500លាននាក់ គិតចាប់តាំងការប្រកាសចេញកាលពីឆ្នាំមុន។ បច្ចុប្បន្ន App Gallery បានដាក់ដំណើរការទូទាំងអឺរ៉ុបរួចរាល់ហើយ និងជាពិសេសការអាប់ឌែតថ្មីខាងលើ នឹងបង្ហាញមុខឆាប់ៗនេះនៅលើ Store ប្រទេសអឺរ៉ុបដូចជា៖ ស្វ៊ីស, ន័រវែស, ហ្វាំងឡង់, ដាណឺម៉ាក, រ៉ូម៉ានី, សាធារណរដ្ឋឆែក, ប៉ូឡូញ, ប៊ុលការី, ប៉ូឡូញ, តួរគី, អូទ្រីស, លីទុយអានី, ហុងគ្រី និងអ៊ុយក្រែន ជាដើម៕

  • រឿងតូចតាច 8យ៉ាង ដែលយើងគួរធ្វើឱ្យបានញឹកញាប់

    រឿងតូចតាច 8យ៉ាង ដែលយើងគួរធ្វើឱ្យបានញឹកញាប់

    នៅក្នុងក្បួនតម្រាពេទ្យរបស់ចិនបានបង្រៀនថា មានកាយវិការ 8យ៉ាង ដែលយើងគួរធ្វើនៅក្នុងជីវឹតប្រចាំថ្ងៃ ដើម្បី​​​ឱ្យមានសុខភាពល្អ កាយវិការទាំងអស់នោះគឺ៖

    1.ធ្វើចលនាកែវភ្នែក៖​ ការផ្ចង់ខ្សែភ្នែក ទៅរកចំណុចណាមួយរយៈពេលយូរ គឺជាការធ្វើបាបកែវភ្នែកដោយផ្ទាល់ យ៉ាងហោចណាស់ នៅរៀងរាល់ 1ម៉ោងម្តង មនុស្សម្នាក់ៗគួរធ្វើលំហាត់ប្រាណខ្សែភ្នែក ដោយការបើកភ្នែកសម្លឹងមើលទៅលើពិតាន រួចហើយបង្វិលកែវភ្នែកសន្សឹមៗទៅខាងឆ្វេង រួចចុះទៅក្រោម ហើយរេទៅខាងស្តាំ មុននឹងវិលទៅសម្លឹងមើលខាងលើវិញ។ ធ្វើបែបហ្នឹងឱ្យបានច្រើនដង សាច់ដុំភ្នែក នឹងបានរឹងមាំ។

    2.លេបទឹកមាត់៖ ការលេបទឹកមាត់ញឹកញាប់ គឺជាការធ្វើលំហាត់ប្រាណសាច់ដុំបំពង់ក ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យធ្វើការតាមប្រក្រតី។

    3.សិតសក់៖ ទោះជាការសិតសក់ញឹកញាប់ មិនបានជួយឱ្យសក់ស្អាតឡើងមែន តែវាជាការជួយម៉ាស្សា​សរសៃប្រសាទលើខួរក្បាល ធ្វើឱ្យភ្នែកភ្លឺច្បាស់ ឫសសរសៃសក់រឹងមាំឡើង ព្រោះមានលោហិតហូរទៅចិញ្ចឹមស្បែកក្បាល រៀងរាល់ពេល​ដែលយើងសិតសក់ជានិច្ច។

    4.ធ្វើម៉ាស្សាត្រចៀក៖​​ នៅនឹងត្រចៀករបស់យើង មានសរសៃប្រសាទដែលតភ្ជាប់ជាមួយក្រលៀន។ ការទាញ ផ្ទាត់ ច្របាច់ ឬត្រដុសស្លឹកត្រចៀកញឹកញាប់ នឹងជួយជំរុញការធ្វើការងាររបស់ក្រលៀនដោយផ្ទាល់ ជួយការពារអាការវិលមុខ និងការបានឮអ្វីផ្តេសផ្តាស់។

    5.កម្រើកអណ្តាត ពេលអង្គុយទំនេរៗ៖ បើបានយកអណ្តាតរុញក្រអូមមាត់ខាងលើផងនោះ នឹងជួយជំរុញការបញ្ចេញទឹកមាត់ ធ្វើឱ្យប្រអប់មាត់ស្អាត និងបំបាត់ក្លិនមាត់បានទៀតផង។

    6.ខ្ជឹបរន្ធគូទ៖ ជាវិធីបំបាត់អាការឆ្អល់ពោះដ៏ងាយបំផុត។ ចូរខ្ជឹបរន្ធគូទ ក្នុង 1ថ្ងៃឱ្យបាន 3ឈុត ក្នុង1ឈុតពី 50-100ដង ព្រោះរៀងរាល់ពេល ដែលយើងខ្ជឹបរន្ធគូទ ពោះវៀននឹងពង្រឹងខ្លួន កម្ចា​ត់វត្ថុខូចៗដែលនៅសេសសល់​មិនឱ្យ​រាតត្បាត​បំផ្លាញរាងកាយរបស់យើង។

    7.ខាំធ្មេញ៖ ការខាំធ្មេញស្រាលៗញឹកញាប់ នឹងជួយធ្វើឱ្យធ្មេញរឹងមាំ និងជួយជំរុញការផលឹតទឹករំលាយអា​ហារ។ អ្នកដែលមានបញ្ហារឿងពោះវៀន ចូរកុំខកខានឱ្យសោះ។

    8.ត្រដុសថ្ពាល់ និងផ្ទៃមុខ៖ គឺជាកន្លែងដែលខ្វះការហាត់ប្រាណខ្លាំងបំផុត ទាំងវាជាវិធីមួយដ៏សែនងាយបំផុត ដោយគ្រាន់តែត្រដុសបាតដៃទាំងសងខាង ហើយយកបាតដៃមកដុសមុខស្រាលៗ នឹងជួយជំរុញលំហូរវិលរបស់លោហិត ធ្វើឱ្យឈាមហូរមកចិញ្ចឹមផែនថ្ពាល់ទាំងសងខាងបានកាន់តែច្រើនឡើង ធ្វើឱ្យផ្ទៃមុខស្អាតស្រស់ថ្លា៕

  • Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ

    Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ

    បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021។

    រថយន្ត Ford Territory ត្រូវបាន​បង្កើត និង​ឌី​ហ្សា​ញ​ឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវបាន​ធ្វើការ​តេស្ត​ផ្នែក​សុវត្ថិភាព សមត្ថភាព និង​បច្ចេកវិទ្យាថ្មីៗយ៉ាង​ម៉ត់ចត់​ពី​សំណាក់​វិស្វករ​ជំនាញ​របស់ Ford ដោយ​ធ្វើការ​តេស្ត​បើក​សាកល្បង​នៅលើ​ផ្លូវ​រហូតដល់​ទៅ​ជាង 6.8 លាន​គីឡូម៉ែត្រ​ឯណោះ ទម្រាំ​តែ​ក្រុមហ៊ុន Ford សម្រេចចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​ក្នុង​ទីផ្សារ។ ដូច្នេះហើយ​គ្រប់​ចំណុច​នៃ​រថយន្ត​នេះ​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើសពី​ការរំពឹងទុក​ផងដែរ។

    រូបរាង​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត Ford Territory មើលទៅ​មាន​ភាព​ទាក់ទាញ និង​ស៊ី​វិ​ល័យ​ខ្លាំង​មែនទែន​ដែល​ផ្នែក​ខាងមុខ​បាន​រំលេច​មកជា​មួយ​ប៉ា​ណា​បែប​សំណាញ់​ពណ៍​ខ្មៅ​រលោង អម​ជាមួយនឹង​ការ​រចនា​នូវ​ចង្កៀង​ម៉ូដ​ថ្មី​ដែលមាន​រូបរាង​ប្លែក​ខុសពី​រថយន្ត SUV ដ៏​ទៃ។ ចំណែកឯ​ដំបូល​ខាងលើ​ជា​ប្រភេទ​ដំបូល​កញ្ចក់​ធំ​ពីមុខ​ដល់​ក្រោយ​ដែល​អាច​បើក/បិទ​បាន (Panoramic Moonroof)។ ចំពោះ​ពោង​សុវត្ថិភាព​របស់​រថយន្ត​នេះ​វិញ​គឺមាន​រហូត​ទៅដល់ 6 ឯណោះ​ដែល​នៅ​ចំហៀង​សងខាង​រថយន្ត​ជា​ប្រភេទ​វែង​ពីមុខ​ដល់​ក្រោយ។

    ផ្នែក​ចំហៀង​មើលទៅ​មាន​ទំហំ​សមល្មម​ពេញ​ខ្នាត​ជា​រថយន្ត SUV ខ្នាត​កណ្តាល រួមជាមួយ​នឹង​យ៉ាន់​ស្ព័​រ​អាលុយមីញ៉ូម​ទំហំ 18 អ៊ីង ហើយ​ចំណុច​មួយ​ដែល​គួរអោយកត់សម្គាល់​នោះ​គឺ ផ្នែក​ខាងក្រោយ មើលទៅ​ខ្ពស់ជាង​ផ្នែក​ខាងមុខ​ដែល​មើលទៅ​ដូច​រថយន្ត​ស្ព័​រ រីឯ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ក៏មាន​បំពាក់​ជូន​នូវ​បំពង់​ស៊ី​មាំ​ង​រហូតដល់​ទៅ 2 ដែល​កាន់តែ​លើក​សម្រស់​រថយន្ត​នេះ​ថែម​មួយកម្រិត​ទៀត។ ជុំវិញ​រថយន្ត Ford Territory មាន​បំពាក់​នូវ​សេន​ស័​រ​ជំនួយ​ក្នុង​ការចូល​ចត​រហូតដល់​ទៅ 12 គ្រាប់ និង​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​រថយន្ត​រហូតដល់​ទៅ 4 គ្រាប់​ដែលជា​ប្រភេទ​កាមេរ៉ា 360o  កម្រិត​ខ្ពស់​ដែល​ផ្តល់ជូន​នូវ​រូបភាព​ច្បាស់​ល្អ។

    រថយន្ត Ford Territory 2021 ត្រូវបាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន EcoBoost ជំនាន់​ថ្មី​ទំហំ 1.5L ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូតដល់​ទៅ 143PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 225 N.M ។ ជាមួយនឹង​ប្រអប់លេខ 8 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​ធ្វើអោយ​ការបើកបរ​កាន់តែ​មាន​ភាពរលូន និង​ចូល​លេខ​បានល្អ​ជាង​មុន។មុខងារ​ថ្មី 2 ដែល​រថយន្ត Ford Territory 2021 មាន​នោះ​គឺ​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច និង​ប៊ូ​តុង Sport Mode សម្រាប់​អោយ​លោកអ្នក​បើកបរ​នៅ​ផ្លូវ​ឆ្ងាយ និង​មាន​ល្បឿន​លឿន។ម្យ៉ាងវិញទៀត​លោកអ្នក​ក៏​អាច​ចេញចូល​រថយន្ត​ដោយ​ប្រើ​នូវ​ប្រព័ន្ធ​សោ​ឆ្លាត​វៃ / ចុច​បញ្ឆេះ​រថយន្ត និង​អាច​ចេញចូល​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​នៅលើ​ដៃ​ទ្វា។

    រីឯ​កៅអី​រថយន្ត​មាន​ទម្រង់​ក្តោប​បែប​ស្ព័​រ ពណ៍​ខ្មៅ​បង្កប់​ថ្នេរ​ព​ណ៍ស ដែល​អង្គុយ​ទៅ​ហាប់​ណែន​មាន​ផាសុកភាព អម​ជាមួយនឹង​តាប​ឡូ​ព​ណ៏​ខ្មៅ​បង្កប់​ជាមួយ​ថ្នេរ​ព​ណ៍ស​ដែល​មើលទៅ​ស៊ីគ្នា​មែនទែន លើសពីនេះទៅទៀត​ក៏មាន​បន្ទះ​ឈើប្រណិត​នៅ​ខាងក្រោម​តាប​ឡូ និង​ដៃ​ទ្វា​ទាំងសងខាង​ផងដែរ ដែល​កាន់តែ​ផ្តល់នូវ​ភាព​ទាក់ទាញ និង​ប្រណិត​ភាព​ថែម​មួយកម្រិត​ទៀត។ លើសពីនេះទៅទៀត​រថយន្ត Ford Territory 2021 ក៏មាន​បំពាក់​នូវ​មុខងារ​ក្តៅ ត្រជាក់​នៅលើ​កៅអី​ផ្នែក​ខាងមុខ​ទាំងសងខាង​ដែល​អាចធ្វើ​ការ​សា​រ៉េ​បាន 3 កម្រិត​ផងដែរ។

    ចង្កូតរថយន្ត Ford Territory ជា​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ភាព​ធូរ​ងាយស្រួល​ក្នុងការ​បើកបរ ហើយ​នៅលើ​ចង្កូត​ផ្ទាល់​ក៏មាន​ប៊ូ​តុង​ជាច្រើន ដែល​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) និង​កុង​ទ័​រ​ឌីជីថល​ម៉ូដ​ថ្មីស្រឡាង​ទំហំ 10 អ៊ីង​ដែល​អាច​ប្តូរ​រូបរាង​បាន 3ជម្រើស៖ Sport, Fashion និង Classic Mode។ ហើយ​ខាងក្នុង​រថយន្ត​មាន​ភ្លើង​ព​ណ៏​លំអរ​បាន​រហូតដល់ 7ពណ៍ (Ambient Lighting) ដែល​ផ្តល់នូវ​សោភ័ណភាព​ពេល​លោកអ្នក​ធ្វើដំណើរ​ពេលយប់។

    ចំណុច​ពិសេស​ថ្មី​មួយទៀត​នោះ​គឺ អេក្រង់ Touch Screen ជំនាន់​ថ្មី​រហូត​ទៅដល់ 10 អ៊ីង​បែង​ចែកជា 4 ផ្នែក​អាច​ពង្រីក​បង្រួម​បាន សម្រាប់​បញ្ជា​គ្រប់គ្រង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ វិទ្យុ តន្ត្រី និង​ការកំសាន្តផ្សេងៗ បន្ថែម​ពីលើ​នេះ​លោកអ្នក​ក៏​អាច​ភ្ជាប់​ផ្ទាល់​ជាមួយ Apple CarPlay, Android Auto និង Google Map។ ជាមួយនឹង​អេក្រង់ Touch Screen 10 អ៊ីង​ជំនាន់​ថ្មី​នេះ​លោកអ្នក​អាច​មើល​កាមេរ៉ា 360o បាន​មួយ​ជុំវិញ​រថយន្ត​យ៉ាង​ត្រជាក់​ភ្នែក និង​ផ្តល់នូវ​ទិន្នន័យ​រូបភាព​ច្បាស់​ខ្លាំង​មែនទែន។ រថយន្ត​នេះ​ក៏មាន​រន្ធ USB 2 សម្រាប់​សាក​ថ្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចផ្សេងៗ និង​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) ផងដែរ។

    ចំណុច​ថ្មី​អស្ចារ្យ​មួយទៀត​នោះ​គឺមាន Mouse សម្រាប់​បញ្ជា​ផ្ទាល់​ទៅ​អេក្រង់ Touch Screen 10 អ៊ីង អម​ជាមួយនឹង​ប៊ូ​តុង​សម្រាប់​គ្រប់គ្រង​វិទ្យុ តន្ត្រី និង​ការកំសាន្តផ្សេងៗ ដែល​វា​ជា​មុខងារ​ថ្មី​មួយទៀត​ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់។ រថយន្ត Ford Territory 2021 នេះ​ត្រូវបាន​បំពាក់​មកជា​មួយ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​កម្រិត PM 2.5 (PM 2.5 Fabric Filter) ដែល​ប្រព័ន្ធ​នេះ​ច្រោះ​យកតែ​ខ្យល់​ល្អ​ចូលក្នុង​រថយន្ត​តែប៉ុណ្ណោះ គឺ​ការពារ​វីរុស បាក់តេរីផ្សេងៗមិនអោយ​ជ្រាបចូល​ក្នុង​រថយន្ត​បាន។

    រថយន្ត Ford Territory 2021 បំពាក់​ទៅដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ឈានមុខ​គេ​របស់ Ford ដែលមាន​ឈ្មោះថា Ford Co-Pilot 360TM ដែល​ក្នុងនោះ​រួមមាន​ដូចជា៖

    • ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ (T) និង​អក្សរ (P) (Active Park Assist System)
    • ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360o ដឺ​ក្រេ​កម្រិត​ខ្ពស់ (High Definition 360 Degree Camera)
    • សេន​ស័​រ​ជំនួយ​ចូល​ចត​រហូតដល់​ទៅ 12 គ្រាប់ (12 Sensors)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង (Blind Spot Information System)
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)

     

    • ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)

     

    • ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control)
    • ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (ABS and EBD)
    • ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist)
    • និង​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ជាច្រើន​ទៀត។

    សម្រាប់​តម្លៃ​នៃ​រថយន្ត Ford Territory 2021 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​គឺមាន​តម្លៃ​ពិសេស​ត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយ​ការផ្តល់ជូន​នេះ​មាន​សុពលភាព​មុន​ថ្ងៃ​សម្ពោធ​រថយន្ត​នេះ​ជា​ផ្លូវការ​តែប៉ុណ្ណោះ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​ប្រញាប់​រួសរាន់​ឡើង។ ចង់ដឹងថា​តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា៖

     

     

  • Barcelona គ្រោង​នាំយក Agüero មក La Liga វិញ

    Barcelona គ្រោង​នាំយក Agüero មក La Liga វិញ

    Agüero កីឡាករ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ ប្រហែលជា​នឹង​ចាក​ចេញពី ManCity ក្រោយ​បញ្ចប់​រដូវ​កាល 2021 នេះហើយ និង​ក៏​ប្រហែលជា​នឹងមិន​បន្ត​កុងត្រា​ជាមួយនឹង​ក្លិប ManCity របស់គេ​ទៀតឡើយ។ មូលហេតុ​នេះ នឹងធ្វើ​ឱ្យ​ក្លិប​ថ្មី​ណាមួយ​របស់គេ មិនចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​សូម្បីតែ 1សេន ដើម្បី​ទិញយក​កីឡាករ​ដ៏​ល្អ​មួយ​នេះឡើយ។

    ក្នុងនោះ Barcelona បានដាក់​ការចាប់អារម្មណ៍​លើ​អតីត​កីឡាករ​របស់ Atletico Madrid រូបនេះ ដើម្បី​នាំយកមក​អេ​ស្ប៉ា​ញ​វិញ ។ Aguero កាលពីពេល​មុននេះ បាន​រង់ចាំ​ការផ្ដល់​កុងត្រា​ថ្មី​ពី City ដែលជា​កន្លែង​គេ​លេង​អស់​រយៈពេល​ដល់​ទៅ ៩ឆ្នាំ​ទៅហើយ។

    ការពិតទៅ ManCity ក៏មាន​បំណង​ទុក​កីឡាករ​រូបនេះ​ដែរ ក៏ប៉ុន្តែ​រូបគេ គឺជា​កីឡាករ​ដែល​ស៊ីថ្លៃ​បំផុត នៅក្នុង​ក្រុម ហើយក៏​មាន​វ័យ​ជ្រេ​ណាស់​ទៅហើយ​ដែរ (វ័យ ៣២ឆ្នាំ)។ ដូច្នេះ ប្រសិនបើ​ចង់​បន្ត​កុងត្រា​ថ្មី ក្លិប​ត្រូវ​រ៉ាប់រង​ទៅលើ​ការបន្ថែម​ប្រាក់ខែ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​រូបគេ៕

  • Ronaldo ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក អាចមកពី Barcelona បដិសេធ

    Ronaldo ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក អាចមកពី Barcelona បដិសេធ

    កីឡាករ​ខ្សែប្រយុទ្ធ Christiano Ronaldo ត្រូវបាន​គេ​ដឹងថា បាន​ឡើង​ជើង​ខ្លាំង កាលពី​អំឡុង​ឆ្នាំ2005 ពោលគឺ ក្រោយ​ពេលដែល​គេ​បាន​ផ្លាស់​ទៅ​នៅ Manchester United កាលពី​ឆ្នាំ2003។ ដោយសារតែ​ឱកាស​ដ៏​ល្អ​មួយ បានធ្វើ​ឱ្យគេ​ល្បីល្បាញ​នៅ ManU រហូតដល់​ឡើង​ជើង​ខ្លាំង​នៅ Real Madrid និង​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​ដល់​សព្វថ្ងៃនេះ។

    កាល​គ្រានោះ ក្នុង​ឆ្នាំ2003 ភ្នាក់ងារ​កីឡាករ​របស់ Ronaldo បានដាក់​សំណើសុំ​ទៅលេង​នៅ Barcelona តែ​ត្រូវ​ក្លិប​មួយ​នេះ​បដិសេធ ដែល​វា​បានធ្វើឱ្យ​កីឡាករ​រូបនេះ ប្តូរ​ចិត្ត​ទៅលេង​នៅ ManU វិញ។

    អតីត​ប្រធាន​ក្លិប Barcelona លោក Laporta បាន​បញ្ជាក់ថា៖ “ទោះជា​កាលនោះ ភ្នាក់ងារ​កីឡាករ​មួយ​នោះ មក​ប្រាប់​យើង​ថា គេ​លក់​ឱ្យទៅ ManU ក្នុងតម្លៃ 23លាន​ដុល្លារ តែ​លក់​ឱ្យ​យើង​តែ​ក្នុងតម្លៃ 20លាន​ទេ ក៏​យើង​នៅតែ​មិន​ព្រម​ដែរ ដោយសារតែ​ពេលនោះ យើង​បាន​ទិញយក Ronaldinho រួចទៅហើយ”៕

  • West Ham United នាំយក​អតីត​តារា​សិច មក​ដឹកនាំ​ក្រុម​របស់ខ្លួន

    West Ham United នាំយក​អតីត​តារា​សិច មក​ដឹកនាំ​ក្រុម​របស់ខ្លួន

    West Ham United បានធ្វើការ​តែងតាំង អ្នកស្រី Eve Vorley អតីត​តួ​សម្ដែង​រឿង​អាសអាភាស និង​ជា​អ្នកដឹកនាំ​សម្ដែង​រឿងនេះ​ផ្ទាល់ ធ្វើជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប ដែលមាន​ឋានៈ​ស្មើ អ្នកដឹកនាំ​ក្លិប​ក្នុងថ្ងៃនេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Daily Mail។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ Eve Vorley ត្រូវបាន​គេ​ស្គាល់​ថា ជាតា​រា​សិច ដ៏​ល្បីឈ្មោះ​កាលពី​ជំនាន់​វីដេអូ ស-ខ្មៅ ដោយ​ក្នុងនោះ 2រឿង របស់​នាង គឺ «horny housewives» និង «lesbian nurse» បាន​ក្លាយជា​វីដេអូ​ដែល​លក់​ឌី​ស​ដាច់​ខ្លាំង កាលពី​ជំនាន់​ឆ្នាំ1990។

    គួរឱ្យ​ដឹង​ដែរ​ថា Eve Vorley បាន​ចាក​ចេញពី​វិស័យនេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយមក​បាន​ទាក់ទង​ជាមួយនឹង​លោក David Sullivan ដែលជា​ប្រធាន​ក្លិប Westham United តាំងពី​ឆ្នាំ 2010 មក៕