Author: ធឿន មករា

  • ប្រាសាក់ ចូលរួមឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019

    ប្រាសាក់ ចូលរួមឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019

    ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019 ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី 2 ខែតុលា ឆ្នាំ 2019 នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងទីក្រុងភ្នំពេញ។គោលបំណងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះគឺដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្ដូរព័ត៌មានគ្នាអំពីនិន្នាការទីផ្សារ និងការវិវឌ្ឍរីកចម្រើននៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបទប្បញ្ញត្តិដែលទាក់ទិននឹងសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
    កម្មវិធីនេះមានអ្នកចូលរួមប្រមាណ 500 នាក់ ដែលជាតំណាងពីមន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ និយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មជ្ឈដ្ឋានបណ្ឌិតបញ្ញវន្ត ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។

    សូមបញ្ជាក់ថា FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុជាកម្មវិធីកុំព្យូទ័រ កម្មវិធីតាមទូរស័ព្ទ (app) ឬដំណោះស្រាយផ្នែកបច្ចេកវិទ្យានានា ដែលត្រូវបានប្រើប្រាស់ ដើម្បីជាជំនួយ ឬផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ។
    លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019 ។ នេះជាព្រឹត្តិការណ៍ដ៏ឧត្ដុង្គឧត្ដមមួយដែលបានប្រមូលផ្ដុំប្រតិបត្តិករក៏ដូចជានិយ័តករនៅក្នុងវិស័យហិរញ្ញវត្ថុដើម្បីជួបពិភាក្សាអំពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងការកំណត់ទិសដៅនៃប្រព័ន្ធហិរញ្ញវត្ថុនៃយុគសម័យសេដ្ឋកិច្ចថ្មី និងដើម្បីស្វែងយល់ឱ្យទាន់ពេលវេលានូវក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗ កត្តាប្រឈម កាលានុវត្តភាព និងការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។

    លោកបន្តថា «ចំពោះប្រាសាក់ យើងទទួលស្គាល់យ៉ាងខ្លាំងពីគុណសម្បត្តិនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនចំនួនប្រជាជនដែលទទួលបានសេវាហិរញ្ញវត្ថុ។ តាមន័យនេះហើយ បានជាយើងបានធ្វើការវិនិយោគយ៉ាងច្រើនទាំងពេលវេលា និងថវិកាដើម្បីចាប់យកអត្ថប្រយោជន៍នៃនិវានុវត្តន៍ថ្មីនេះ។ ហេតុនេះ ប្រាសាក់បានខិតខំធ្វើទំនើបកម្មរាល់ប្រតិបត្តិការរបស់ខ្លួនដោយបំពាក់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាអេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងការប្រើលេខ QR កូដជាដើម។
    លោក សាយ សូនី បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះ បានជួយបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាពនៃសេវាហិរញ្ញវត្ថុ ដោយបានកាត់បន្ថយចំណាយ និងបង្កើនលទ្ធភាពកាន់តែច្រើនឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុ។
    លោក សូនី បន្ថែមទៀតថា «បច្ចុប្បន្ននេះ យើងមានអតិថិជនជាង 410 ពាន់នាក់ ដែលពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់ ដែលរួមមានសេវា ឥណទាន បញ្ញើសន្សំ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ប្តូរប្រាក់ តាមរយៈការិយាល័យទាំង១៨០សាខា អេធីអឹម និងសេវាធនាគារចល័តយ៉ាងងាយស្រួល»។
    អំពីប្រាសាក់
    ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក បណ្តាញការិយាល័យនិងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស សេវាហិរញ្ញវត្ថុឌីជីថលដែលស្របតាមតម្រូវការអតិថិជន និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។
    ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។
    ប្រាសាក់ រីកចម្រើនជាមួយគ្នា!

  • ជម្រើសជាតិកម្ពុជា ហ្វឹកហាត់លើទីលាន2 ដើម្បីត្រៀមប៉ះអ៊ីរាក់

    ជម្រើសជាតិកម្ពុជា ហ្វឹកហាត់លើទីលាន2 ដើម្បីត្រៀមប៉ះអ៊ីរាក់

    ចាប់តាំងពីថ្ងៃទី1 ខែតុលា ឆ្នាំ2019 មក ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី10 ខែតុលា ឆ្នាំ2019 នៅលើទីលានស្មៅសិប្បនិម្មិត មុននឹងហោះមកទទួលក្រុមជម្រើសជាតិ អ៊ីរ៉ាក់ នៅ 5ថ្ងៃបន្ទាប់វិញម្ដង។

    ដោយក្នុងនោះលោក Felix Dalmas បានដាក់កាលវិភាគហ្វឹកហាត់នៅកីឡដ្ឋានចំនួន គឺកីឡដ្ឋាន ស្មាត RSN ដែលមានស្មៅធម្មជាតិ និងពហុកីឡដ្ឋានជាតិដែលមានស្មៅសិប្បនិម្មិត ដោយធ្វើការហ្វឹកហាត់ឆ្លាស់គ្នា 1ថ្ងៃម្តង ពោលគឺថ្ងៃទី1-3-5 និង7 ហ្វឹកហាត់នៅលើទីលានស្មៅធម្មជាតិ ហើយនៅថ្ងៃទី2-4 និង6 ហ្វឹកហាត់នៅលើទីលានសិប្បនិម្មិត។

    គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន 26រូបសម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គជម្រុះ FIFA WORLD CUP ជាមួយនឹងអ៊ីរ៉ាក់ ដែលត្រៀមនឹងជម្រុះចេញ 3រូបមុននឹង ហោះទៅអ៊ីរ៉ង់៕

  • ចង់​ចាកចេញ​ពី​ភាព​ក្រីក្រ​ លុះត្រាតែ​ប្រជាជន​បង្កើន​ផលិតភាព​ការងារ​

    ចង់​ចាកចេញ​ពី​ភាព​ក្រីក្រ​ លុះត្រាតែ​ប្រជាជន​បង្កើន​ផលិតភាព​ការងារ​

    កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​មួយ​ក្នុង​តំបន់​អាស៊ាន​លើ​ការ​វិនិយោគ​ ព្រោះ​ប្រទេស​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​អាស៊ាន​ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​យុវជន​ តែក​ត្តា​ប្រឈម​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ គឺ​បញ្ហា​ផលិតភាព​ការងារ​។ ថ្វី​ដ្បិត​តែ​យើង​សម្បូរទៅដោយ​យុវជន​ដែល​ជា​ប្រជាជន​សកម្ម​ច្រើន​មែន​ តែ​កម្រិត​នៃ​ផលិតភាព​ការងារ​នៅ​មានកម្រិត​តិចតួច​នៅឡើយ​ ហើយ​ធនធានមនុស្ស​ជំនាញ​ក៏​មិនទាន់​មាន​ច្រើន​ សម្រាប់​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​នានា​នៅឡើយ​ដែរ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ កម្ពុជា​បាន​ដាក់​គោលដៅ​ចាកចេញ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ទៅជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ2050​ តែ​អ្វី​ដែល​ជា​កត្តា​ប្រឈម​ គឺ​បើ​មើល​ពីក​ត្តា​ផលិតភាព​ការងារ​នៅ​កម្ពុជា​ គឺ​នៅ​មានកម្រិត​នៅឡើយ​។ បញ្ហា​នេះ​អាច​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ និង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ឱ្យ​បាន​ចំនួន​ 7%ថេរ​ ព្រោះ​កាលណា​តម្លៃ​ពលកម្ម​កាន់តែ​កើនឡើង​ តែ​ផលិតភាព​ការងារ​មិន​កើនឡើង​ នោះ​យើង​នឹង​បាត់បង់​ឧត្តមភាព​នៃ​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អាច​ពិចារណា​លើ​តំបន់​ដទៃ​ជំនួស​វិញ​។ ជាឧទាហរណ៍​ជាក់ស្តែង​ ប្រសិនបើ​យើង​ធ្វើ​នៅក្នុង​រោងចក្រ​ យើង​ផលិត​បាន​ 35ផលិតផល​ក្នុង​ 1ថ្ងៃ​ ប្រទេសជិតខាង​គេ​ផលិត​បាន​ដល់ទៅ​ 70​ ហើយ​នៅ​ពេល​កសិករ​យើង​ធ្វើស្រែ​បាន​ទិន្នផល​ត្រឹមតែ​ 2 ឬ 3តោន​ក្នុង​ 1ឆ្នាំ​ តែ​ប្រទេសជិតខាង​ គេ​ផលិត​បាន​ដល់ទៅ​5 ឬ10តោន​ នោះ​យើង​នឹង​ជួប​បញ្ហា​ ព្រោះ​អ្នក​វិនិយោគ​គេ​ចង់​បណ្តាក់​ទុន​រកស៊ី​ដើម្បី​ទទួល​បានផល​ចំណេញ​។ហើយ​ប្រសិនបើ​គេ​ចាយ​ច្រើន​ ហើយ​បានផល​តិច​នោះ​ គេ​អាច​នឹង​ពិចារណា​លើ​ជម្រើស​ផ្សេង​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖“កត្តា​ផលិតភាព​ការងារ​នេះ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គម​ ព្រោះ​កាលណា​បុគ្គលិក​យើង​ធ្វើ​បាន​ត្រឹមតែ​ 5 ខណៈ​ដែលគេ​ធ្វើ​បាន​ដល់ទៅ20​ តើ​យើង​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ដោយ​វិធី​ណា​?” ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា​ ពីមុន​កម្ពុជា​យើង​ទើបនឹង​ចេញពី​សង្គ្រាម​ ជា​ប្រទេស​ក្រីក្រ​ ហើយ​មិន​ងាយ​ទេ​ ទើប​ខិតខំ​ប្រឹងប្រែង​ឈានជើង​មកដល់​ពេល​នេះ​។ ការដែល​អាច​ឈានជើង​មក​ដូច​បច្ចុប្បន្ន​នេះ​ គឺ​ដោយសារតែ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មានការ​អប់រំ​នៅ​គ្រប់​ទីកន្លែង​ និង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​មានការ​ងារ​ធ្វើ​ ហើយ​ចំណូល​មានការ​កើនឡើង​ដែល​អាច​កាត់បន្ថយ​ភាព​ក្រីក្រ​ តែ​យើង​នៅតែ​មានក​ត្តា​ប្រឈម​ដោយសារតែ​ប្រជាជន​យើង​មួយចំនួន​មិនទាន់​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សក្តា​នុ​ពល​ ឬមិន​ទាន់​មាន​ផលិតភាព​ខ្ពស់​ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ​។

    ឯកឧត្តម​ថា​ កត្តា​ផលិតភាព​នេះ​ហើយដែល​ជា​កត្តា​ធ្វើ​ឱ្យ​យើង​នៅតែ​ក្រ​ ដើម្បី​សម្រេច​គោលដៅ​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ លុះត្រាតែ​យើង​ធ្វើ​ឱ្យ​មាន​កំណើន​ផលិតភាព​។ សម្រាប់​បុគ្គលិក​នៅ​ប្រទេស​យើង​នៅ​ពេល​ដែលគេ​និយាយ​ពី​បញ្ហា​ផលិតភាព​ គាត់​យល់ថា​ គេ​កំពុង​បង្ខំ​ឱ្យ​គាត់​ធ្វើការងារ​កាន់តែ​ច្រើន​ ឬកាន់តែ​ធ្ងន់ធ្ងរ​។ ការ​គិត​បែបនេះ​ គឺជា​ការយល់​ច្រឡំ​ ព្រោះ​ផលិតភាព​ការងារ​មិន​ផ្តោត​លើ​ការ​ធ្វើការងារ​ច្រើន​ម៉ោងជាង​មុន​ ឬលំបាក​ជាង​មុន​នោះ​ទេ​ (Hard​ Work​) តែ​ផ្តោត​សំខាន់​លើ​ការ​ធ្វើការងារ​ដោយ​ភាព​ឆ្លាតវៃ​ជាង​មុន​ (Smart​ Work​)។ ដូច្នេះ​ទាំង​មន្ត្រី​រាជការ​ បុគ្គលិក​ឯកជន​ និង​អ្ន​កផ្សេង​ៗទៀត​ គួរ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​របស់​ខ្លួន​ ហើយ​ងាក​មក​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ផលិតភាព​ខ្ពស់​វិញ​។

    ឯកឧត្តម​បាន​លើកឡើង​នូវ​ឧទាហរណ៍​ជាក់ស្តែង​មួយ​ថា​ នៅពេល​ឯកឧត្តម​ទៅ​បើក​ការដ្ឋាន​មួយ​កន្លែង​ អ្វី​ដែល​បានឃើញ​ គឺ​គេដាក់​កាមេរ៉ា​សុវត្ថិភាព​លើ​អេក្រង់​ 2ផ្សេងគ្នា​ ដោយ​ក្នុង​នោះ​អេក្រង់​ទី1​ គឺ​ក្រុមការងារ​របស់​ប្រជាជន​ខ្មែរ​ ហើយ​អេក្រង់​ទី2​ គឺ​ក្រុមការងារ​ដែល​ធ្វើការងារ​ដោយ​ជនបរទេស​។ ផ្នែក​ដែល​កម្មករ​ខ្មែរ​ធ្វើ​ គឺ​ឃើញ​មានកម្ម​ករ​កំពុង​បើក​ទូរស័ព្ទ​ជជែកគ្នា​ និង​អ្នកខ្លះ​ទៀត​មើល​ Facebook​ ជាដើម​។ ភ្លាម​ៗស្រាប់តែ​ឮថា​ មេការ​មក​ ទើប​ប្រញាប់​ប្រញាល់​ធ្វើការ​។ ផ្ទុយ​មកវិញ​ពេល​មើល​អេក្រង់​ទី2​ វិញ​ គឺ​ខុសគ្នា​ទាំងស្រុង​ គេ​មិន​មាន​សភាព​ដូច​កម្មករ​យើង​នោះ​ទេ​។ បុគ្គលិក​ម្នា​ក់ៗ​គេ​ធ្វើការងារ​ទៅតាម​តួ​នា​ទី​រៀង​ៗខ្លួន​ ដោយ​គ្មាន​ការ​រំខាន​ និង​គ្មាន​ស្ថានភាព​ដែល​ចាំ​ទាល់តែ​មេការ​មក​ ចាំ​ធ្វើ​នោះ​ទេ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “ថ្ងៃនេះ​សូម​និយាយ​ពាក្យ​មិន​ពីរោះ​ តែ​វា​ជា​ការពិត​ ហើយ​បើ​មិន​និយាយ​ការពិត​ទេ​ យើង​នឹង​មិន​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​នោះ​ទេ​។ គំនិត​ដែល​ចាំតែ​គេ​ទៅ​បញ្ជា​រនេះ​ គឺ​គំនិត​ខ្ញុំគេ​ ព្រោះ​ទាល់តែ​មាន​ចៅហ្វាយនាយ​ទៅ​មើល​ ទើប​ធ្វើ​ មិនមែន​ធ្វើ​ដោយ​ឆន្ទៈ​ និង​ការ​តាំងចិត្ត​សម្រាប់​ដឹកនាំ​ការងារ​នោះ​ទេ​”។

    ឯកឧត្តម​បាន​សំណូមពរ​ផង​ដែរ​ថា​ សូម​បុគ្គលិក​ និង​អ្នកធ្វើការ​ងារ​នៅក្នុង​ប្រទេស​យើង​ទាំងអស់​ គួរ​តាំងចិត្ត​ថា​ យើង​ជា​អ្នកដឹកនាំ​ គឺ​ដឹកនាំ​ការងារ​ និង​ការទទួលខុសត្រូវ​លើ​ការងារ​ចំពោះមុខ​របស់​យើង​ឱ្យ​បាន​ល្អ​ ព្រោះ​អ្វី​ៗជា​របស់​យើង​ កុំ​ចាំ​គេ​បញ្ជា​ ចាំ​ធ្វើ​នោះ​។ ប្រទេស​យើង​ បើ​ប្រជាជន​មិនព្រម​ប្តូរ​ផ្នត់គំនិត​ទេ​ នោះ​នឹង​មាន​បញ្ហា​។ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ហើយ​ តែ​ប្រសិនបើ​ប្រជាជន​មិនព្រម​ប្តូរ​ផ្នត់គំនិត​ ឥរិយាបថ​ និង​ទម្លាប់​ទេ​ នោះ​យើង​នឹង​ក្លាយជា​បន្ទុក​សម្រាប់​ទាំងអស់គ្នា​។ បច្ចុប្បន្ន​នេះ​ យើង​មិន​ដែល​គិត​នោះ​ទេ​ថា​ យើង​ខ្លួនឯង​ជា​ចំណែក​នៃ​បញ្ហា​ ព្រោះ​រាល់ពេល​ដែល​ចង់ឱ្យ​ស្ថានការណ៍​ប្រសើរ​ឡើង​ យើង​តែងតែ​ចង់ឱ្យ​ប្តូរ​មេ​ ចង់ឱ្យ​ប្តូរ​អ្នកនេះ​ អ្នកនោះ​ តែ​យើង​មិនដែល​គិតថា​ យើង​ត្រូវ​ប្តូរ​ខ្លួនឯង​នោះ​ទេ​។ គ្រប់គ្នា​ចង់​ប្តូរ​ពីក្រៅ​មក​ក្នុង​ តែ​មិនព្រម​ផ្លាស់​ប្តូរ​ខ្លួនឯង​ពី​ក្នុង​ចេញ​មក​ក្រៅ​ឱ្យ​មាន​វិន័យ​ និង​ឱ្យ​មានទម្លាប់​ល្អ​នោះ​ទេ​។

    ជា​ដំណោះស្រាយ​ក្នុង​ការជំរុញ​ផលិតភាព​ឱ្យ​កាន់តែ​ប្រសើរ​ ឯកឧត្តម​បាន​លើកឡើង​នូវ​ចំណុច​សំ​ខាន់​ៗចំនួន​ 3ចំណុច​ គឺទី1​ ស្ថាប័ន​ ក្រុមហ៊ុន​ សហគ្រាស​ ចាំបាច់​ត្រូវលើ​កទឹកចិត្ត​ដល់​បុគ្គលិក​ (Employee​ Motivation​) ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ និង​ធ្វើ​យ៉ាងណា​ឱ្យ​បុគ្គលិក​គិតថា​ កន្លែង​ការងារ​ជា​ផ្ទះ​ទី2​ ដែល​សម្រេចវាសនា​ជីវិត​ និង​អភិវឌ្ឍ​ខ្លួនឯង​បាន​ល្អ​នៅ​ទីនេះ​។ សព្វថ្ងៃ​នេះ​ នៅ​រោងចក្រ​ដែល​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ ភាគច្រើន​ជា​កន្លែង​ដែល​មាន​ផលិតភាព​ការងារ​ល្អ​ជាងគេ​។ ចំណុច​ទី2​ គឺ​ការចូលរួម​របស់​អ្នកគ្រប់គ្រង​ ដែល​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​សកម្ម​ (Proactive​) ដើម្បី​ដោះស្រាយ​បញ្ហា​ជំរុញ​ឱ្យ​មានការ​ដឹកនាំ​ បណ្តុះបណ្តាល​បុគ្គលិក​ឱ្យធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ចំណែក​ឯចំណុច​ទី3​ គឺ​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​កាន់តែ​ឆ្លាតវៃ​ ព្រោះ​ផលិតភាព​ គឺ​ការជំរុញ​ឱ្យ​ការងារ​កាន់តែ​ឆ្លាតវៃ​ជាង​មុន​ មិនមែន​ជំរុញ​ឱ្យធ្វើ​ច្រើន​ តែ​បាន​លទ្ធផល​តិច​នោះ​ទេ​៕

  • ការទិញ​-លក់​អចលនទ្រព្យ​ហាក់​រអាក់រអួល​តិចតួច​ តែ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​បន្ត​កំណើន​

    ការទិញ​-លក់​អចលនទ្រព្យ​ហាក់​រអាក់រអួល​តិចតួច​ តែ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​បន្ត​កំណើន​

    អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​មួយចំនួន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការប្រែប្រួល​នូវ​គោលនយោបាយ​មួយចំនួន​ដូចជា​ ការ​រឹត​បន្តឹង​ច្បាប់​សំណង់​ និង​ការ​បិទ​ល្បែង​អន​ឡាញ​ ជាមួយនឹង​ផល​ប៉ះពាល់​ដែល​ជា​ការសម្រេច​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​រឹតត្បិត​លំហូរ​ចេញ​មូលធន​ខ្នាត​ធំ​ដែល​កំពុង​មាននៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​ក្លាយជា​ផល​ប៉ះពាល់​របស់​វិនិយោគិន​ចិន​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

    យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បានឱ្យ​ដឹង​ថា​ ដោយមាន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ប្រហែល​ 40​%នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មក​ពី​ប្រទេស​ចិន​ ដែល​ធ្វើ​ឱ្យ​កំណើន​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក​ត្រូវ​បាន​ប៉ះពាល់​ដោយ​គោលនយោបាយ​ថ្មី​របស់​ប្រទេស​ចិន​។

    កាលពី​ 2ឆ្នាំមុន​ ប្រទេស​ចិន​បាន​អនុវត្ត​គោលនយោបាយ​មួយចំនួន​ដែល​បាន​ដាក់កម្រិត​បន្ថែម​លើ​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​។ គោលបំណង​ គឺ​ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​អំពី​លំហូរ​មូលធន​ទ្រង់ទ្រាយ​ធំ​ និង​កាត់បន្ថយ​ហានិភ័យ​ដែល​បាន​មើលឃើញ​ចំពោះ​លំហូរ​ដ៏​លឿន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​លើ​ការ​វិនិយោគ​ក្រៅប្រទេស​។លោក​ គីម​ ហ៊ា​ង នាយក​ប្រតិ​បតិ្តប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន​ Keller​ Williams​ Cambodia​ បាន​ថ្លែង​ថា​៖“តម្លៃ​ដីធ្លី​កំពុង​កើនឡើង​មួយ​ផ្នែក​ដោយសារ​លំហូរ​ចូល​នៃ​វិនិយោគិន​ចិន​ចូល​មក​ក្នុង​ប្រទេស​។

    ការ​លក់​ខុន​ដូ​មានការ​ធ្លាក់ចុះ​ អាច​ជា​លទ្ធផល​នៃ​គោលនយោបាយ​វិនិយោគ​នៅ​ក្រៅប្រទេស​របស់​ប្រទេស​ចិន​ផង​ដែរ​”។ តែ​ទោះ​យ៉ាងណា​លោក​អះអាង​ថា​ ការ​រឹត​បន្តឹង​លំហូរ​ចេញ​មូលធន​របស់​ប្រទេស​ចិន​អាច​ជា​រឿង​ល្អ​ ព្រោះ​ពួកគេ​អាច​ដើរតួ​នាទី​ក្នុង​ស្ថិរភាព​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ស្រុក​ ដោយធ្វើ​ឱ្យ​វា​មិន​ពឹងផ្អែក​លើ​វិនិយោគិន​ពី​ប្រទេស​មួយ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​មាន​ប្រសាសន៍​ថា​៖“ខ្ញុំ​គិតថា​ យើង​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ យើង​ជួប​ឧបសគ្គ​នេះ​ មិនមែន​ជា​រឿង​ដុំកំភួន​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ឡើយ​ ផល​ប៉ះពាល់​មួយចំនួន​គ្រាន់តែ​រយៈពេល​ខ្លី​មួយ​ ហើយ​វិស័យ​អចលនទ្រព្យ​យើង​មិនមែន​មានតែ​រឿង​ពាក់ព័ន្ធ​ប៉ុណ្ណឹង​ទេ​ វា​មានការ​អភិវឌ្ឍ​ ការសាងសង់​អគារ​ខុន​ដូ​ និង​ការសាងសង់​លំនៅឋាន​ រោងចក្រ​ជាច្រើន​ទៀត​។ មិនមែន​ពឹងផ្អែក​តែ​លើ​កាស៊ីណូ​ទេ​។ កាស៊ីណូ​គ្រាន់តែ​ជា​មធ្យោបាយ​ចំណុច​មួយ​នៃ​ការជួល​ក្នុង​មួយរយៈពេល​ប៉ុណ្ណោះ​”។

    លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​៖“ដូច្នេះ​ការ​ប៉ះពាល់​មាន​ខ្លះ​ តែ​ក្នុងរយៈពេល​យូរ​ វា​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​យើង​ប្រកបដោយ​ស្ថិរភាព​។ ដោយឡែក​មួយវិញទៀត​ យើង​មើលឃើញ​ប្រទេស​កម្ពុជា​ទាក់ទង​ការ​វិនិយោគ​ដែល​មាន​វិនិយោគិន​ចិន​ចំនួន​តិច​នៅឡើយ​ទេ​ យើង​គួរណាស់តែ​ខិតខំ​ប្រឹងប្រែង​ ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​ត្រូវ​ទាក់ទង​វិនិយោគិន​បរទេស​បន្ថែម​ទៀត​ឱ្យមក​ចូលរួម​វិនិយោគ​ប្រទេស​យើង​ ព្រោះ​បើ​យើង​មើលទៅ​ប្រទេស​ថៃ​ អូស្ត្រាលី​ អាមេរិក​ជាដើម​ អ្នក​វិនិយោគ​ដែល​ចូល​ទៅ​វិនិយោគ​នៅ​បណ្តា​ប្រទេស​ជឿនលឿន​ទាំងនោះ​មាន​ចំនួន​ច្រើនជាង​យើង​ឆ្ងាយណាស់​។ ដូច្នេះ​គេ​អាច​មានការ​ងារ​ធ្វើ​ច្រើនជាង​យើង​”។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​បន្ថែម​ថា​៖“បើ​តាម​ទស្សនៈ​របស់ខ្ញុំ​ គឺ​យើង​ស្ថិតនៅ​ឆ្ងាយណាស់​ចំណែក​ Game​ online​ Casino​ យើង​មាន​បទ​ពិសោធ​កាលពី​ឆ្នាំ2013​ គឺ​រដ្ឋ​ធ្លាប់​បិទ​ម្តង​ហើយ​ គឺ​ដើម្បី​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ នោះ​វា​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ និង​សង្គម​ទូទៅ​។ រី​ឯវិនិយោគិន​ជាតិចិន​ប៉ុណ្ណឹង​ ជា​ចំនួន​តិច​នៅឡើយ​ ដែល​យើង​គួរតែ​កុំ​បារម្ភ​ពេក​ ហើយ​ចេះតែ​រំកិល​ទៅលើ​អ្វី​ដែល​ព្យាករ​ថា​ អចលនទ្រព្យ​ធ្លាក់ចុះ​ តែ​ការ​ធ្លាក់​នេះ​អាច​ជា​ការជួល​តិចតួច​ទេ​ យើង​ត្រូវ​ចូលរួម​ទៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិត​ទៅ​ នោះ​បាន​វា​រឹងមាំ​ ហើយ​ការ​វិនិយោគ​នឹង​បន្ត​ទៅមុខ​ទៀត​”។

    យោង​តាម​តួលេខ​ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​ក្រៅប្រទេស​របស់​ប្រទេស​ចិន​ អូ​ឌី​អាយ​(ODI​) បាន​ធ្លាក់ចុះ​ 9.6​% ស្មើនឹង​ 143,04​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2018​។ ទោះបីជា​មានការ​ធ្លាក់ចុះ​ក៏ដោយ​ តែ​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅក្នុង​ទុន​វិនិយោគ​ក្រៅប្រទេស​ FDI​ នៅតែ​បន្ត​ពង្រីក​។ ប្រទេស​ចិន​នៅតែ​ជា​វិនិយោគិន​បរទេស​ធំ​លំដាប់​ទី2​ លើ​ពិភពលោក​ (លំដាប់​ទី2​ បន្ទាប់ពី​ជប៉ុន​) ខណៈ​ដែល​ FDI​ សកល​ធ្លាក់ចុះ​ 29​%។ ភាគហ៊ុន​របស់​អូ​ឌី​អាយ​ឈាន​ដល់​ 1.98សែន​កោដិ​ដុល្លារ​ក្នុង​ឆ្នាំ2018​ ដែល​ឈរ​នៅ​លំដាប់​ទី3​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​ហូ​ឡង់​។

    ទោះ​យ៉ាងណា​អ្នកទិញ​ជនជាតិ​ចិន​នៅតែ​មាន​ចេតនា​ខ្លាំងក្លា​ក្នុង​ការ​វិនិយោគ​នៅក្នុង​តំបន់​អាស៊ី​មួយ​ផ្នែក​ដោយសារតែ​ឱកាស​ក្នុង​ការទិញ​ទ្រព្យសម្បត្តិ​នៅក្នុង​វិស័យ​ដែល​រំពឹង​ថា​ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ដែល​កំពុងតែ​រីកចម្រើន​ដូចជា​ប្រទេស​ថៃ​ កម្ពុជា​ និង​វៀតណាម​ជាដើម​។

    យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​លើកដំបូង​របស់​ខ្លួន​ ធនាគារជាតិនៃកម្ពុជា​(NBC​)បង្ហាញថា​ វិស័យ​អចលនទ្រព្យ​មានការ​បន្ត​ការ​ផ្គត់ផ្គង់​ដែល​គាំទ្រ​ដោយ​មូលនិធិ​ខាងក្រៅ​ និង​ឥណទាន​ក្នុង​ស្រុក​។

    ទោះ​យ៉ាងណា​ បើ​តម្រូវការ​ពី​ខាងក្រៅ​ និង​សេដ្ឋកិច្ច​ក្នុង​ស្រុក​ចុះ​ខ្សោយ​នោះ​ វា​អាច​បណ្តាល​ឱ្យ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ​។ នេះ​ជា​ករណី​ពិសេស​ប្រសិនបើ​តម្រូវការ​ពី​ខាងក្រៅ​ និង​ក្នុង​ស្រុក​ចុះ​ខ្សោយ​នោះ​ ជា​លទ្ធផល​ ការ​លក់​ ការជួល​ និង​អត្រា​ការជួល​ នៅ​ទូទាំង​ទីផ្សារ​អាច​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៅ​ឆ្នាំ2019នេះ​។

    ប៉ុន្តែ​នៅក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​៖“នៅ​ចុងឆ្នាំ2019​ ការ​ផ្គត់ផ្គង់​យូនី​តខុន​ដូ​នៅ​គ្រប់​ផ្នែក​ទាំងអស់​ កន្លែង​លក់រាយ​ និង​ការិយាល័យ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​”។

    ប៉ុន្តែ​បើ​គេ​ក្រឡេក​មើល​ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​វិញ​ បាន​កើនឡើង​ដល់​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ 6ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​លើ​គម្រោង​វិនិយោគ​ថ្មី​ប្រមាណ​ជាង​ 3ពាន់​គម្រោង​ ដែល​មានផ្ទៃ​ក្រឡា​ប្រមាណ​ជាង​ 12.2លាន​ម៉ែត្រការ៉េ​។តាម​របាយការណ៍​បង្ហាញ​ដោយ​នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បង្ហាញ​ឱ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ គិត​មកដល់​ត្រឹម​ខែសីហា​ ឆ្នាំ2019នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុញ្ញាត​លើ​ការ​ស្នើសុំ​សាងសង់​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ 3,175គម្រោង​ ក្នុង​នោះ​មានតម្លៃ​នៃ​ទំហំ​វិនិយោគ​នៅ​លើ​វិស័យ​នេះ​ សរុប​ 5,986លាន​ដុល្លារ​អាមេរិក​ ដោយ​វិនិយោគ​នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង12.2លាន​ម៉ែត្រការ៉េ​។

    គម្រោង​វិនិយោគ​ទាំងនេះ​ត្រូវ​បាន​បែងចែក​តាម​សំណើសុំ​សាងសង់​តាម​ប្រភេទ​នី​មួយ​ៗ រួមមាន​សំណង់​សាធារណៈ​មាន​ប្រមាណ​ 56គម្រោង​ ការប្រើ​ប្រាស់​ថវិកា​រដ្ឋាភិបាល​មាន​ 18គម្រោង​ សំណង់​ឧស្សាហកម្ម​ 138គម្រោង​ សំណង់​ពាណិជ្ជកម្ម​ 176​គម្រោង​ សំណង់​ទេសចរណ៍​ 82គម្រោងថវិកា​វិស័យ​ឯកជន​ 36គម្រោង​ ការសាងសង់​លំនៅឋាន​ និង​ភូមិគ្រឹះ​ជាង​ 2ពាន់​គម្រោង​ និង​សំ​ណង់​ផ្សេង​ៗទៀត​មាន​ចំនួន​ 18គម្រោង​ផង​ដែរ​។ ចំណែក​ផ្ទៃក្រឡា​ពាក់ព័ន្ធ​នឹង​សំណង់​ទាំងអស់​ដែល​ផ្តល់​ការ​អនុម័ត​ដោយ​មន្ទីរ​ មាន​ចំនួន​ជាង​ 1លាន​ 7សែន​ម៉ែត្រការ៉េ​ និង​ការ​ផ្តល់​ដោយ​ក្រសួង​មាន​ចំនួន​ជាង​ 10លាន​ម៉ែត្រការ៉េ​។

    តាម​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2020​ វិស័យ​សំណង់​ត្រូវ​បាន​ព្យាករ​ថា​ នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​អត្រា​រង្វង់​ 17.5​%នៅក្នុង​ឆ្នាំ2019​ និង16.1​% នៅក្នុង​ឆ្នាំ2020​ ក្នុង​នោះ​មាន​ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង​អគារ​លំនៅឋាន​ដែល​មានតម្លៃ​ទាប​ និង​មធ្យម​ ព្រមទាំង​សំណង់​អគារ​ពាណិជ្ជកម្ម​ជំនួស​ឱ្យ​កំណើន​យឺត​នៃ​សំណង់​អគារ​លំនៅឋាន​ដែល​មានតម្លៃ​ខ្ពស់​៕

  • តម្រេក​តណ្ហា​ចេញ​មក​ពីណា​?

    តម្រេក​តណ្ហា​ចេញ​មក​ពីណា​?

    គេ​ច្រើនតែ​និយាយ​ថា​ ចំណុច​ G គឺជា​កន្លែង​សំខាន់​បំផុត​នៅក្នុង​ប្រតិបត្តិ​ការ​សិច​ ឬតណ្ហា​ផ្លូវភេទ​សម្រាប់​នា​រីៗ​ នោះ​គឺ​ឆ្តេញ​ (clitoris​)។ ប៉ុន្តែ​ តើ​របស់​នោះ​នៅឯណា​? ហេតុអ្វីបានជា​អ្នកស្រាវជ្រាវ​ឱ្យ​តម្លៃ​ខ្ពស់​ម៉្លេះ​ ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​មិនបាន​យល់ដឹង​ច្បាស់​ពី​វា​ផង​នោះ​? តាមពិត​ទៅ​ចំណុច​ G ឬឆ្ដេញ​នេះ​វា​ស្ថិតនៅ​ក្រោម​ឆ្អឹងថ្ងាស់​នៃ​យោនី​ ប៉ុន្តែ​បើស​ម្លឹង​មើល​ពីក្រៅ​វា​ដូចជា​ឡេវអាវ​មួយ​រាង​ពើត​ឡើង​បន្តិច​។ នៅក្នុង​នោះ​មាន​ផ្ទុក​នូវ​ចុង​សរសៃប្រសាទ​ដ៏​ច្រើន​ដែល​អាច​ឡើង​រឹង​ ហើយ​តម្លើង​ទំហំផ្ទៃ​ដល់ទៅ​ទ្វេដង​។

    តាម​ការពិសោធន៍​ ឆ្តេញ​ (clitoris​) ថ្វីបើ​វា​តូច​ហើយ​កប់​ចូលក្នុង​ជ្រៅ​ក៏ដោយ​ តែ​វា​ត្រូវ​បាន​ធ្វើការ​ស្រាវជ្រាវ​វិភាគ​យ៉ាងច្រើន​ពី​សមត្ថភាព​ដែល​នាំមក​នូវ​តម្រេក​តណ្ហា​កំពូល​របស់​នា​រីៗ​។ លោក​វេជ្ជបណ្ឌិត​ និង​ជា​អ្នក​តណ្ហា​វិទ្យា​ សញ្ជាតិ​បារាំង​Gerard​ Leleu​ បាន​សរសេរ​សៀវភៅ​ដ៏​ល្បី​ៗជាច្រើន​ពី​តណ្ហា​វិទ្យា​ រហូតដល់​ថ្នាក់​គេ​ហៅ​គាត់​ថា​ជា​អ្នកនាំពាក្យ​របស់​ក្តី​ទន្ទឹងរង់ចាំ​របស់​ស្ត្រី​ទាំងឡាយ​ ខណៈ​ដែល​លោក​បាន​ចំណាយពេល​វេលា​សិក្សា​យ៉ាង​ល្អិតល្អន់​អំ​ពី​ឆ្តេញ​។ នៅក្នុង​និក្ខេបបទ​ស្រាវជ្រាវ​នោះ​ លោក​បាន​សន្និដ្ឋាន​ថា​ ឆ្តេញ​ គឺជា​ផ្នែក​ដ៏​អស្ចារ្យ​មួយ​ ដែល​មិន​ត្រឹមតែ​នាំមក​នូវ​អារម្មណ៍​ត្រេកត្រអាល​មួយភ្លែត​ប៉ុណ្ណោះ​ទេ​ តែ​វា​បាន​ស្រោចស្រព​ទៅលើ​ផ្លូវភេទ​ស្ត្រី​ឱ្យ​មាំមួន​ទៀតផង​។ ដូច្នេះ​ លោក​មិន​ស្តី​បន្ទោស​ទៅលើ​ការ​ “ស្វ័យ​សម្រេច​កាម​” របស់​នា​រីៗ​នោះ​ទេ​ ថែមទាំង​ចាត់ទុកថា​នេះ​ជា​ទង្វើ​ស្វែងយល់​ពី​ខ្លួនឯង​ រាវរក​ឃើញ​នូវ​ចំណុច​ត្រេកត្រអាល​ដែល​ត្រូវ​បាន​លាក់កំបាំង​។ ជាក់ស្តែង​ មាន​កំ​ណត់​ត្រា​ថា​ មាន​ស្ត្រី​ប្រមាណ95​% អាច​ឡើង​ដល់​ចំណុចកំពូល​ក្នុងរង្វង់​តែ​ប៉ុន្មាន​នាទី​ក្រោយ​ពី​ត្រូវ​បាន​រំញោច​ដោយខ្លួនឯង​។ នេះឯង​ក៏​ជាស​មា​មាត្រ​ក្នុង​ការ​រួមភេទ​ជាមួយ​ដៃគូ​ ប្រសិនបើ​ដៃគូ​អនុវត្ត​បាន​នូវ​ការ​បើកឆាក​ត្រឹមត្រូវ​តាម​បទដ្ឋាន​ “រំញោច​” នោះ​។ ប្រការ​គួរ​ឱ្យ​សោក​ស្តាយ​គឺ​បុរស​ដើមទ្រូង5ហត្ថ​ជាច្រើន​មិន​អាច​យល់​នូវ​កាតព្វកិច្ច​សំខាន់​មួយ​នេះនោះ​ទេ​។

    បើ​តាម​លោក​វេជ្ជបណ្ឌិត​ Gerard​ Leleu​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ស្ត្រី​គ្រប់រូប​សុទ្ធសឹង​មាន​ “ពហុ​កំពូល​” ពីទី​តាំង​បញ្ចេញ​នូវ​អារម្មណ៍​ត្រេក​ត្រ​អាល​។ ស្ត្រី​ពុំ​ត្រឹមតែ​មាន​អារម្មណ៍​ត្រេកត្រអាល​នៅត្រង់​ចំ​ណុច​ឆ្តេញ​ (Clitoris​) ប៉ុណ្ណោះទេ​ តែ​វា​នៅ​រួម​ទាំង​ទ្វារមាស​ផង​ដែរ​។ ទំនាក់ទំនង​រវាង​ចំណុច​ត្រេកត្រអាល​ទាំង2នេះ​មាន​ភាព​ស្អិត​រមួត​ណាស់​។ ប្រសិន​បើ​ឆ្តេញ​ដើរតួ​នាទី​ដាស់​ “ទេពអប្សរ​ក្នុង​ព្រៃ​ឱ្យ​ភ្ញាក់​” នោះ​ទ្វារមាស​គឺជា​ដំណើរ​ឈាន​ទៅកាន់​តម្រេក​កំពូល​។ ប្រសិនបើ​អ្នក​ចង់​ទទួល​បានផល​ត្រេកត្រអាល​ទាំង2នេះ​ វា​តម្រូវ​ឱ្យ​មានការ​ចែករំលែក​ និង​ស្វែងយល់​ពីគ្នា​។ ការសិក្សា​ស្រាវជ្រាវ​របស់​បណ្ឌិត​ Leleu​ គឺជា​សារ​មួយ​ផ្ញើ​ដល់​គូស្នេហ៍​ទាំងឡាយ​ថា​ ការ​នៅ​ស្ងៀម​ ឬអៀនខ្មាស​ គឺជា​ទង្វើ​ខុសឆ្គង​ ហើយ​វា​ក៏​ជា​ការ​គ្រវាត់​ចោល​ដោយខ្លួនឯង​នូវ​សិទ្ធិ​ទទួល​បាន​សុភមង្គល​ក្នុង​តម្រេក​តណ្ហា​នៃ​អាពាហ៍​ពិពាហ៍​៕

  • 3វិធីសាស្ត្រ​ជួយ​ជំរុញ​អារម្មណ៍​ផ្លូវភេទ​ឱ្យ​បាន​ល្អ​

    3វិធីសាស្ត្រ​ជួយ​ជំរុញ​អារម្មណ៍​ផ្លូវភេទ​ឱ្យ​បាន​ល្អ​

    ដើម្បី​ឱ្យ​ប្រតិបត្តិ​ការ​លើ​គ្រែ​របស់​អ្នក​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រំភើប​ និង​ដំណើរការ​បាន​ល្អ​នោះ​ អ្នក​ត្រូវ​មាន​វិធី​សា​ស្រ្តល្អ​ៗជា​ជំនួយ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ជំរុញ​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​ឱ្យ​ដំណើរការ​បាន​ល្អ​។

    1. ធ្វើលំ​ហាត់ប្រាណ​ ៖ ការហាត់ប្រាណ​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ រាងកាយ​មាំមួន​។ ភាព​មាំមួន​នៃ​រាងកាយ​ អាច​ជួយ​បង្កើន​នូវ​លំហូរ​ឈាម​ ក្នុង​រាងកាយ​របស់​អ្នក​។ វា​អាច​ធ្វើ​ឱ្យ​អារម្មណ៍​រួមភេទ​កាន់តែ​ស្រើប​ស្រាល​ និង​ត្រេកត្រអាល​ខ្លាំង​ឡើង​ នៅពេល​ចំណង់​ផ្លូវភេទ​នៃ​ដៃគូ​បុរស​ស្ដ្រី​មាន​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​នូវ​លំហូរ​ឈាម​ទៅកាន់​បរិវេណ​ប្រដាប់​ភេទ​របស់​ពួកគេ​។ សភាព​នោះ​អាច​ធ្វើ​ឱ្យ​បុរស​ស្ដ្រី​កើនឡើង​នូវ​ភាព​ត្រេក​ត្រ​អាល​ផ្លូវភេទ​ដោយខ្លួនឯង​។ ប្រសិនបើ​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​នៅ​បរិវេណ​ប្រដាប់​ភេទ​ធ្វើ​ឱ្យ​បុរស​ស្ដ្រី​មាន​អារម្មណ៍​ស្រើបស្រាល​កាន់​តែ​ខ្លាំង​ ពួកគេ​ក៏​កាន់តែ​ចង់​រួមភេទ​ទៀត​ដែរ​។

    2. ទទួលទាន​អាហារ​មានប្រយោជន៍​ចំពោះ​សុខភាព​ ៖ លោក​វេជ្ជបណ្ឌិត​ Michael​Krychman​ នាយក​ប្រតិ​បត្ដិ​នៃ​មជ្ឈ​មណ្ឌល​សុខភាព​ផ្លូវភេទ​រដ្ឋ​កា​លី​ហ្វូ​ញ៉ាប៉ែ​កខាង​ត្បូង​បាន​មានប្រសាសន៍​ថា​ ការ​ធាត់​ពេក​ក៏​បង្ក​ភាព​ស្មុគស្មាញ​ដល់​ដំណើរការ​អ័រម៉ូន​របស់​អ្នក​ដែរ​។ ភាពធាត់​លើស​ទម្ងន់​អាច​ផ្លាស់ប្ដូរ​នូវ​តុល្យ​ភាព​រវាង​ estrogen​ និង​អ័រម៉ូន​ testosterone​ ហើយ​អ័រម៉ូន​ testosterone​ កម្រិតទាប​ អាច​ធ្វើ​ឱ្យ​កម្លាំង​ផ្លូវភេទ​របស់​អ្នក​ថយ​ចុះ​។ សរសៃឈាម​ក្រហម​ដែល​កកស្ទះ​ ដោយ​ជាតិ​ខ្លាញ់​ឆ្អែត​មិន​អាច​បញ្ជូន​ឈាម​បាន​ច្រើន​ទៅកាន់​បរិវេណ​ប្រដាប់​ភេទ​ ដើម្បី​ឱ្យ​មាន​អារម្មណ៍​ស្រើបស្រាល​បានទេ​ ដោយសារ​ភាព​មិន​ប្រក្រតី​នៃ​អន្ដរ​ទំនាក់​ទំនង​រវាង​ជំងឺបេះដូង​ និង​ដំណើរ​ការ​ច្របូក​ច្រ​បល់​នៃ​ភាព​រឹង​របស់​លិង្គ​។

    3. គ្រប់គ្រង​បាន​ភាព​តានតឹង​ និង​ស្ត្រេស​ ៖ លោក​វេជ្ជបណ្ឌិត​ Irwin​ Goldstein​ នាយក​គ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​ឱសថ​ផ្លូវភេទ​ និង​ជា​និពន្ធ​នាយក​នៃ​ទស្សនាវដ្ដី​ ឱសថ​ផ្លូវភេទ​ នាទី​ក្រុង​ San​ Dieg​ សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា​ មនុស្ស​ធ្វើការ​ច្រើនហួស​កម្លាំង​ និង​ប្រកបដោយ​ភាព​តានតឹង​ នោះ​ពួកគេ​តែង​មាន​អារម្មណ៍​ធុញថប់​ ភ្លេច​បញ្ហា​ផ្លូវភេទ​ ហើយក៏​មិន​មាន​សុខភាព​ល្អ​ក្នុង​ការ​រួមភេទ​ដែរ​៕

  • ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា​

    ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា​

    ស្រប​ពេល​ដែល​ពិភពលោក​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​របត់​បច្ចេកវិទ្យា​ថ្មី​ ការប្រកួត​ប្រជែង​ផ្នែក​អាជីវកម្ម​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ដែរ​។ ក្រុមហ៊ុន​ទាំង​កម្រិត​សហគ្រាស​ខ្នាត​ធំ​ រហូតដល់​សហគ្រាស​ខ្នាត​មធ្យម​ និង​តូច​ រួម​ទាំង​អ្នកលក់​រាយ​ផង​ ចាំបាច់​ត្រូវតែ​យល់ដឹង​ ហើយ​បត់បែន​ទៅ​រក​របត់​ថ្មី​នៃ​បច្ចេកវិទ្យា​ដើម្បី​ទប់​លំនឹង​ និង​រក្សា​ជំហរ​បាន​ក្នុង​ទីផ្សារ​។

    លោក​បណ្ឌិត​ គា​ បូរ៉ា​ អ្នកជំនាញ​គណនេយ្យ​ និង​ទីផ្សារ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​ដោយសារតែ​ការ​វិវឌ្ឍ​របស់​បច្ចេកវិទ្យា​ក្រុមហ៊ុន​ទាំង​ធំ​ ទាំង​តូច​ ចាំបាច់​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ស្រប​នឹង​របស់​ថ្មី​របស់​បច្ចេកវិទ្យា​ទើប​អាច​រក្សា​ជំហរ​ និង​ការប្រកួត​ប្រជែង​បាន​។ ជាក់ស្តែង​យើង​មើលឃើញ​ហើយ​ថា​ ពីមុន​ក្រុមហ៊ុន​នានា​ចូលចិត្ត​ប្រើប្រាស់​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​ទាក់ទាញ​អតិថិជន​ដោយ​ឱ្យ​បុគ្គលិក​ទូរស័ព្ទ​ម្តង​ម្នា​ក់ៗ​ដើម្បី​ផ្តល់​ព័ត៌មាន​។ បច្ចុប្បន្ន​នេះ​ ប្រសិនបើ​យើង​នៅតែ​ធ្វើបែប​នេះ​ទៀត​ យើង​នឹង​ចាញ់​គេ​ជាក់ជា​មិនខាន​ ព្រោះ​ទម្រាំ​ទាក់ទង​បាន​1លាន​នាក់​ យើង​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ ខណៈ​បច្ចេក​វិទ្យា​ផ្សេង​ៗមាន​ដូចជា​ Facebook​, Telegram​ ឬ Wechat​ ជាដើម​ចំណាយពេល​ខ្លី​ តែ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​បាន​រាប់​ម៉ឺន​ រាប់​លាន​នាក់​។ នេះ​ជារ​បត់​មួយ​ដែល​យើង​មើលឃើញ​ជាក់ស្តែង​ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវតែ​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ដើម្បី​ធានា​ពី​ការ​ផ្តល់​ និង​ទទួល​បាន​ព័ត៌មាន​ពីអ​តិថិ​ជន​ឱ្យ​បាន​ល្អ​ និង​ទាន់សម័យ​កាល​។

    លោក​បណ្ឌិត​ គា​ បូរ៉ា​ បាន​និយាយ​ថា​៖ “ម្ចាស់​អាជីវកម្ម​ទាំងអស់​ចាំបាច់​ត្រូវតែ​ពិចារណា​លើ​ចំណុច​មូលដ្ឋាន​មួយចំនួន​ដើម្បី​រក្សា​លំនឹង​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ​ ប្រសិនបើ​គាត់​មិនទាន់​មាន​សមត្ថភាព​ក្នុង​ចាប់​យក​បច្ចេក​វិទ្យា​ធំៗ​ទៅ​ប្រើប្រាស់​”។

    អ្នកជំនាញ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ម្ចាស់​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាងហោចណាស់​ក៏​គួរ​មាន​ Email​ ផ្លូវការ​មួយ​របស់​ខ្លួនឯង​ និង​មាន​វេ​បសាយ​ ដែល​មាន​ផ្ទុក​ព័ត៌មាន​សេវាកម្ម​ ឬផលិតផល​ទាំងអស់​នៅ​លើ​នោះ​ដើម្បី​បង្ហាញ​ឱ្យ​អតិថិជន​បានដឹង​។ ម្យ៉ាងវិញទៀត​ វេ​បសាយ​នោះ​ ក៏​គួរតែ​ត្រូវ​បាន​រចនា​ឱ្យ​ស្របតាម​សម័យកាល​ និង​ទម្រង់​ច្បាស់លាស់​ផង​ដែរ​ ព្រោះ​ពេលវេលា​ចេះតែ​ទៅមុខ​ ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា​លើ​វេ​បសាយ​កាន់តែ​ត្រូវការ​ មិន​អាចប​ង្កើត​តែ​វេ​បសាយ​ចោល​ បន្ទាប់មក​ទុកចោល​រាប់​ឆ្នាំ​ដោយ​មិន​រវីរវល់​នោះ​ទេ​។ នៅពេល​នេះ​ មា​នវេប​សាយ​ខ្លះ​ក៏​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ដាក់​ឱ្យ​អតិថិជន​អាច​សួរ​ និង​ឆ្លើយឆ្លង​បា​នភ្លាមៗ​ផង​ដែរ​ ដើម្បី​ទាក់ទាញ​ឱ្យ​បុគ្គលិក​ និង​អតិថិជន​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ឡើង​។ បន្ថែម​ពីលើ​នេះ​ សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ចង់​ប្រើប្រាស់​កម្ម​វិ​ធី​ធំៗ​សម្រាប់​គ្រប់គ្រង​អាជីវកម្ម​វិញ​ ក៏​ចាំបាច់​ត្រូវ​សិក្សា​ និង​មើល​ឱ្យ​ច្បាស់​ពី​សមត្ថភាព​របស់​ស្ថាប័ន​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សមត្ថភាព​នៃ​ធនធានមនុស្ស​ និង​កម្មវិធី​បច្ចេកវិទ្យា​មាន​ភាព​ស៊ីគ្នា​ ហើយ​អនុវត្ត​បាន​ដោយ​រលូន​។ កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​គិតគូរ​ច្រើន​ហួស​តម្រូវការ​ជាក់ស្តែង​ ដោយចង់​ឱ្យ​បច្ចេកវិទ្យា​ផ្លាស់​ប្តូរ​របត់​នៃ​ក្រុមហ៊ុន​នេះ​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុគ្គលិក​មិនទាន់​មាន​សមត្ថភាព​ល្អ​ក្នុង​ការប្រើ​ប្រាស់​នៅឡើយ​ ដែល​ធ្វើ​ឱ្យ​គាត់​ដាក់​បច្ចេកវិទ្យា​ចូល​ទៅ​ហើយក៏​នៅតែ​បរាជ័យ​ដដែល​។

    បង្ហាញ​ពី​ចំណុច​នេះ​ដែរ​ លោក​ ទេព​ វណ្ណី​ នាយក​ក្រុមហ៊ុន​ Borkor​ Technology​ បាន​លើកឡើង​ថា​ របត់​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ពិភពលោក​ផ្លាស់​ប្តូរ​ ហើយ​ស្ថានភាព​នៃ​ការប្រែប្រួល​នេះ​នឹង​ចូល​មកដល់​សង្គម​យើង​ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ទាំងអស់​ត្រូវតែ​ផ្លាស់​ប្តូរ​ដូចគ្នា​ គ្រាន់តែ​យូរ​ ហើយនិង​ឆាប់​តែប៉ុណ្ណោះ​។ ជាក់ស្តែង​ យើង​ឃើញ​ហើយ​ថា​ របរ​ប្រពៃណី​មួយចំនួន​ដែល​បាន​ចាក់គ្រឹះ​រឹងមាំ​ក្នុង​សង្គម​ ហើយ​មាន​តម្រូវការ​ខ្ពស់​ខ្លាំង​ តែ​អាច​ស្លាប់​ទៅ​បាន​ដោយ​គ្រាន់តែ​មាន​បច្ចេកវិទ្យា​ថ្មី​មួយ​ចូល​មកដល់​។ ឧទាហរណ៍​ របរ​ដឹកជញ្ជូន​ជាដើម​ ពីរ​បរ​ដែល​មាន​តម្រូវការ​ខ្ពស់​ហើយ​គ្រប់គ្នា​មិនដែល​គិតថា​ វា​នឹង​មាន​អ្វី​មក​ប៉ះពាល់​នោះ​ គ្រាន់តែ​មាន​បច្ចេកវិទ្យា​ហៅ​តាក់ស៊ី​ជិះ​តាមរយៈ​ App​ ចូល​មក​ភ្លាម​ ម៉ូតូឌុប​ រ៉ឺម៉ក​កង់3​ ស្ទើរតែ​អស់ផ្លូវ​ដើរ​ ហើយ​ត្រូវតែ​ភ្ជាប់​បច្ចេកវិទ្យា​ដើម្បី​បន្ត​មុខរបរ​នេះ​។

    លោក​ ទេព​ វណ្ណី​ បាន​និយាយ​ថា​៖ “មាន​អាជីវកម្ម​ខ្លះ​ប្រកួតប្រជែង​តែ​ជាមួយគ្នា​ឯង​ក្នុង​ស្រុក​ ខ្លាំង​ទៅវិញទៅមក​លើ​គ្រប់​វិធី​ តែ​ភ្លេច​គិត​ពី​បច្ចេកវិទ្យា​ ចុងក្រោយ​មាន​គេ​នាំចូល​បច្ចេកវិទ្យា​ ឬក្រុមហ៊ុន​បច្ចេកវិទ្យា​ក្រៅ​ស្រុក​តូច​មួយ​ចូល​មក​ភ្លាម​ ធ្វើ​ឱ្យ​អាច​ឈ្នះ​គេ​ទាំងអស់​ក្នុង​ប្រទេស​ក៏មានដែរ​”។

    លោក​ ទេព​ វណ្ណី​ បាន​លើកឡើង​ថា​ ហេតុនេះ​ហើយ​ទើប​យើង​ទាំងអស់គ្នា​គួរ​ពិចារណា​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅកាន់​បច្ចេកវិទ្យា​បន្តិច​ម្តង​ៗ ដើម្បី​ត្រៀមខ្លួន​ឱ្យ​ដើរ​ទាន់​ការប្រកួត​ប្រជែង​ដែល​កាន់តែ​ទូលំទូលាយ​ឡើងជា​រៀងរាល់ថ្ងៃ​។ ក្នុង​នោះ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ការ​ធ្វើ​ទីផ្សារ​ និង​របៀប​គ្រប់គ្រង​អាជីវកម្ម​ក៏​គួរតែ​បញ្ចូល​បច្ចេកវិទ្យា​ផង​ដែរ​ ដើម្បី​ធ្វើការងារ​ឱ្យ​បាន​លឿន​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ ការ​រកស៊ី​ គឺ​ប្រៀប​ដូចជា​ការ​ជិះកង់​ដូច្នោះ​ដែរ​ បើ​យើង​មិនទៅ​មុខ​ គឺ​យើង​នឹង​ដួល​ ហើយ​ប្រសិនបើ​យើង​ជិះ​តាមដំណើរ​ គេ​ខំប្រឹង​ជិះ​ខ្លាំង​ជាង​ គេ​នឹង​ទៅមុខ​លឿន​ជាង​យើង​ ដែល​នឹង​ធ្វើ​ឱ្យ​យើង​នៅ​ក្រោយគេ​។ ហេតុនេះ​សម្រាប់​ការ​ធ្វើអាជីវកម្ម​ បើ​ទោះបីជា​យើង​មិន​ធ្វើអ្វី​សោះ​ក៏ដោយ​ ក៏​បញ្ហា​រត់​មករ​កយើង​ដែរ​ ឬគេ​អាច​និយាយ​បាន​ថា​ បច្ចេកវិទ្យា​នឹង​មក​រំខាន​ការ​រកស៊ី​របស់​យើង​ដែរ​ ប្រសិនបើ​យើង​បត់​មិនទាន់​បច្ចេកវិទ្យា​៕

  • សួនច្បារ​ក្នុង​ផើង​ជម្រើស​របស់​អ្នក​ដែល​មាន​ទីធ្លា​តិច​ឬអ្នក​ស្នាក់នៅ​ផ្ទះល្វែង​ជាន់លើ​

    សួនច្បារ​ក្នុង​ផើង​ជម្រើស​របស់​អ្នក​ដែល​មាន​ទីធ្លា​តិច​ឬអ្នក​ស្នាក់នៅ​ផ្ទះល្វែង​ជាន់លើ​

    បើ​លោកអ្នក​ជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​ដែល​រស់នៅ​ក្នុង​ផ្ទះល្វែង​ជាន់លើ​ដែល​មាន​ទីធ្លា​តូច​ តែ​ចិត្តធំ​ ចង់​បែងចែក​ទីកន្លែង​ដ៏​មានកំណត់​នៅក្នុង​ផ្ទះ​(ល្វែង​)របស់​ខ្លួន​ឱ្យ​មាន​ពណ៌ខៀវខ្ចី​​​ ​ស្រស់ស្រាយ​របស់​រុក្ខជាតិ​ ឬចង់​ទាញ​យក​ធម្មជាតិ​ចូល​មក​ធ្វើជា​ផ្នែក​មួយ​របស់​ជីវិត​ តែ​ទាស់​ត្រង់​ទីធ្លា​(មុខ​)ផ្ទះ​វា​មាន​តូច​ពេក​ គិត​ចង់​ធ្វើ​អី​ថែម​(សួនច្បារ​) ក៏​វា​មិនបាន​ដូច​ចិត្ត​ប្រាថ្នា​នោះ​… សូម​ប្រាប់​ថា​ ពេលនេះ​មិន​ចាំ​បាច់​បារម្ភ​ទៀត​ទេ​ ព្រោះ​យើង​មាន​អៃ​ឌៀ​ល្អ​ៗមក​ជម្រាប​ជូន​អ្នក​ដែល​មាន​ “ទីធ្លា​តូច​” តែ​ចិត្តធំ​ទាំងឡាយ​ឱ្យ​បាន​សប្បាយ​ចិត្ត​ដូចតទៅ​៖

    សួនច្បារ​ក្នុង​ផើង​ ជម្រើស​របស់​អ្នក​ដែល​ផ្ទះ​មាន​ទីធ្លា​តូច​ ឬអ្នក​រស់នៅ​ក្នុង​ផ្ទះល្វែង​ជាន់លើ​
    សួនច្បារ​ក្នុង​ផើង​ គឺជា​ចម្លើយ​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អ្នក​ដែល​ស្នាក់អាស្រ័យ​នៅក្នុង​ទី​កន្លែង​ដែល​មានកំណត់​ ដូចជា​ នៅក្នុង​ខុន​ដូ​ ឬផ្ទះល្វែង​ក្នុង​ទីក្រុង​ជាដើម​ព្រោះ​…៖
    1. ផើងផ្កា​ងាយស្រួល​ទុកដាក់​ រៀបចំ​ និង​ក្នុង​ទីធ្លា​តូច​ចង្អៀត​ក៏អាច​នៅ​បាន​។
    2. ផើងផ្កា​ មិន​ប្រកាន់​ទីកន្លែង​ អាច​លើក​ទៅ​នេះ​ទៅ​នោះ​បាន​ មិន​ចេះ​ខឹង​ និង​សុខចិត្ត​ទៅតាម​ចិត្ត​យើង​ជានិច្ច​។
    3. ផើងផ្កា​ អាច​រៀបចំ​តុបតែង​ឱ្យ​ស្អាត​បាន​ច្រើនបែប​ ច្រើនយ៉ាង​ និង​យ៉ាង​សមសួន​ គ្រាន់តែ​តុបតែង​ផើង​ ទីកន្លែង​បន្តិចបន្តួច​ប៉ុណ្ណោះ​ និង​មិន​ចាំបាច់​ចំណាយ​ដើមទុន​ និង​កម្លាំង​កំហែង​ច្រើន​ទៀតផង​។

    ការរៀបចំ​សួនច្បារ​ក្នុង​ផើង​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ ដោយ​គ្រាន់តែ​លោកអ្នក​ជ្រើសរើស​ដើមផ្កា​ណា​ដែល​លោកអ្នក​ស្រឡាញ់​ចូលចិត្ត​ ដាក់ដាំ​នៅក្នុង​ផើង​ដែល​មាន​រូបរាង​ និង​ក្បាច់​ក្បូរ​ស្អា​តៗ​ ដាក់​តម្រៀប​គ្នា​យ៉ាង​មាន​ស្ទីល​ តែ​ប៉ុណ្ណឹង​លោកអ្នក​នឹង​បាន​សួនច្បារ​ដ៏​តូច​ស្អាត​មួយ​នៅក្នុង​ផ្ទះ​ដូច​ក្តី​ប្រាថ្នា​បាត់​ទៅ​ហើយ​។

    ចំណុច​ដែល​គួរ​ដឹង​ សម្រាប់​ការរៀបចំ​សួន​ច្បារ​ក្នុង​ផើង​អ្នក​ដែល​អាច​រស់នៅ​ជាមួយនឹង​ដើមផ្កា​នៅ​ក្នុង​ផើង​បាន​គួរតែ​ដឹង​បន្តិច​ដែរ​ថា​ ដើមផ្កា​ដែល​ដាំ​នៅក្នុង​ផើង​ ត្រូវតែ​ឧស្សាហ៍​មើលថែ​ទាំ​ឱ្យ​បាន​ញឹកញាប់​ជាង​ដើមផ្កា​ដែល​ដាំ​នៅ​លើ​ដី​ ជា​ពិសេស​រឿង​ទឹក​ ដី​ និង​ពន្លឺថ្ងៃ​ ត្រូវតែ​យកចិត្ត​ទុកដាក់​ជាពិសេស​ ដោយសារតែ​ដើមផ្កា​ដែល​ដាំ​នៅក្នុង​ផើង​មាន​ដី​តិច​ជាង​ និង​អាច​ខ្វះខាត​សារធាតុ​ចិញ្ចឹម​ ងាយ​ខ្វះ​សំណើម​ជាង​ដើមផ្កា​ដែល​ដាំ​នៅ​លើ​ដី​ហ្នឹងឯង​៕

  • ប្រាសាក់ ផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងថែរក្សាបរិស្ថាន

    ប្រាសាក់ ផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងថែរក្សាបរិស្ថាន

    ប្រាសាក់ គឺជាគ្រឹះស្ថានហិញ្ញវត្ថុធំជាងគេ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ពិសេសកំពុងផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងចូលរួមក្នុងការថែរក្សាសង្គមនិងបរិស្ថាន។

    ឥណទានបៃតងរបស់ប្រាសាក់ បានបង្កើតឡើងដើម្បីចូលរួមក្នុងការកាត់បន្ថយការសន្សំសំចៃការប្រើប្រាស់ថាមពលឱ្យបានយ៉ាងហោចណាស់ 20% ដែលអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពក្នុងការបង្កើនផលិតភាពការងារ និងចំណូលតាមគ្រួសារផងដែរ។ ឥណទានបៃតងដែលប្រាសាក់ផ្តល់ជូនមាន ឥណទានសាងសង់ឡជីវឧស្ម័ន ឥណទានត្រាក់ទ័រនិងគោយន្តដែលសន្សំថាមពល។

    លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ បានចូលរួមជាមួយនឹងកម្មវិធីឡជីវឧស្ម័នជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាំងពីឆ្នាំ 2007 មកម្ល៉េះ ក្នុងការផ្តល់កម្ចីសម្រាប់សាងសង់ឡជីវឧស្ម័ន និងផ្តល់កម្ចីសម្រាប់ជាវត្រាក់ទ័រនិងគោយន្តដែលសន្សំថាមពលចាប់តាំងពីឆ្នាំ 2016 មក។ ការផ្តល់ឥណទានបៃតង ក្នុងគោលបំណងចូលរួមបង្កើនចំណូលគ្រួសារ និងចូលរួមថែរក្សាបរិស្ថាន។លោក សូនី បានបន្ថែមថា ប្រាសាក់ផ្តល់កម្ចីនេះក្នុងការអត្រាការទាប រយៈពេលវែង ងាយស្រួល និងបត់បែនក្នុងការសងត្រលប់ ដែលសម្រួលដល់ការប្រើប្រាស់កម្ចីរបស់អតិថិជន។ ប្រាសាក់នៅតែបន្តពង្រីកវិសាលភាព និងផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ឥណទានបៃតងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

    សូមបញ្ជាក់ផងដែរថា ប្រាសាក់មិនត្រឹមតែផ្តល់ឥណទានបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឥណទានសម្រាប់អាជីវកម្ម កសិកម្ម ទិញសម្ភារៈប្រើប្រាស់ និងមុខរបរផ្សេងៗទៀតជាច្រើន។
    ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យនិងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាម បណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។
    ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។ ប្រាសាក់ រីកចម្រើនជាមួយគ្នា!

  • អង់គ្លេស​ប្រកាស​សន្យា​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​នាំចូល​របស់​កម្ពុជា​

    អង់គ្លេស​ប្រកាស​សន្យា​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​នាំចូល​របស់​កម្ពុជា​

    រដ្ឋាភិបាល​អង់គ្លេស​តាមរយៈ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​បាន​ប្រកាស​ថា​ អង់គ្លេស​នឹង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា​តាម​គំរូ​សហភាព​អឺរ៉ុប​ដែរ​ បន្ទាប់ពី​ខ្លួន​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នា​ពេល​ខាងមុខ​។ ប៉ុន្តែ​ជា​ថ្នូរ​នឹង​ការ​ធ្វើបែប​នេះ​ អង់គ្លេស​ក៏​មាន​លក្ខខណ្ឌ​មួយ​សម្រាប់​កម្ពុជា​ដែរ​ គឺ​សុំ​ឱ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ធ្វើជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​នៅពេល​ដែល​ខ្លួន​លែង​ជាស​មា​ជិ​កសហភាព​អឺរ៉ុប​ទៀត​នោះ​។

    ការប្រកាស​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទំនិញ​នាំចូល​ពី​កម្ពុជា​របស់​អង់គ្លេស​នេះ​ បាន​ធ្វើឡើង​ដោយ​លោកស្រី​ Heather​ Wheeler​ អនុរដ្ឋ​លេខាធិការ​សភា​ និង​ជារ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការបរទេស​អង់គ្លេស​នៅក្នុង​ជំនួប​ជាមួយ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី17​ ខែកញ្ញា​ ឆ្នាំ2019​។

    លោកស្រី​ Heather​ Wheeler​ បាន​ប្រាប់​ប្រមុខ​ការទូត​កម្ពុជា​ថា​ អង់គ្លេស​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នា​ពេល​ខាងមុខនេះ​ ប៉ុន្តែ​អង់គ្លេស​នៅតែ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ព្រមទាំង​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ចំនួន​ 47ប្រទេស​ទៀត​។ នេះ​បើ​តាម​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក​ មាស​ គឹ​មហេង​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ក្រោយ​កិច្ចប្រជុំ​នោះ​។

    លោក​ មាស​ គឹ​មហេង​ ក៏បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា​ ជាមួយនឹង​ការសន្យា​បែបនេះ​ លោកស្រី​ Heather​ Wheeler​ ក៏បាន​ស្នើសុំ​ និង​រំពឹង​ថា​ កម្ពុជា​នឹង​គាំទ្រ​ខ្លួន​ក្នុង​ការ​ធ្វើជា​ដៃគូ​សន្ទនា​ជាមួយនឹង​អាស៊ាន​នៅពេល​ណា​ដែល​អង់គ្លេស​ចេញផុត​ពី​សហភាព​អឺរ៉ុប​។ ជា​ការ​ឆ្លើយតប​វិញ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​សន្យា​ទៅវិញ​ថា​ កម្ពុជា​នឹង​គាំទ្រ​បេក្ខភាព​អង់គ្លេស​ក្នុង​រឿង​នេះ​។

    “ប្រសិនបើ​គាត់​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​យើង​នោះ​ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ ដោយសារ​ប្រទេស​អង់គ្លេស​បច្ចុប្បន្ន​នេះ​នៅក្នុង​សហគមន៍​អឺរ៉ុប​ បន្ទាប់​ពី​អាល្លឺ​ម៉ង​មក​ គឺ​អង់គ្លេស​ជា​ប្រទេស​ទី2​ ហើយ​ ដែល​យើង​នាំចេញ​ទៅ​អឺរ៉ុប​គឺ​អាល្លឺម៉ង់​ហ្នឹង​ ជាង​ 1ពាន់​លាន​ដុល្លារ​ ទៅ​អង់គ្លេស​ហ្នឹង​ ក៏​ជាង​ 1ពាន់​លាន​ដុល្លារ​ដូចគ្នា​ដែរ​”។ ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​នឹង​ក្លាយជា​ការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ ហើយ​កម្ពុជា​នឹង​ទទួល​បានផល​ប្រយោជន៍​បន្ថែម​ទៀត​កាន់តែ​ច្រើនឡើង​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ មាស​ គឹ​មហេង​។

    សូម​កត់សម្គាល់​ថា​ ការប្រកាស​ពី​ជំហរ​របស់​អង់គ្លេស​នេះ​ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រឈមមុខនឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ពី​សហភាព​អឺរ៉ុប​ ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ក៏ប៉ុន្តែ​នៅពេល​នេះ​កម្ពុជា​កំពុង​មាន​សុទិដ្ឋិនិយម​ឡើងវិញ​ ក្រោយ​ការប្រកាស​របស់​អង់គ្លេស​បែបនេះ​។ លោក​ មាស​ គឹ​មហេង​ បាន​គូសបញ្ជាក់​ថា​ សម្រាប់​កម្ពុជា​ នេះ​គឺជា​ចំណុច​វិជ្ជមាន​។ វិជ្ជមាន​ដោយហេតុថា​ អង់គ្លេស​ គឺជា​ទីផ្សារ​ធំ​ទី2​ ហើយ​បន្ទាប់ពី​អាល្លឺម៉ង់​ដែល​បាន​ទិញទំនិញ​ពី​កម្ពុជា​តាម​ច្រក​ទីផ្សារ​សហភាព​អឺរ៉ុប​។

    យោង​តាម​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ មាន​សម្ទុះ​រីកចម្រើន​ពី1ឆ្នាំទៅ​ 1ឆ្នាំ​។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អង់គ្លេស​មាន​ទំហំ​ 465​លាន​ដុល្លារ​ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ2019នេះ​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ នៅ​ឆមាស​ទី1​ ឆ្នាំ2019នេះ​ កម្ពុជា​បាន​នាំចេញ​ទៅ​អង់គ្លេស​ចំនួន​ 450លាន​ដុល្លារ​ ចំណែក​អង់គ្លេស​បាន​នាំចូល​មក​កម្ពុជា​មាន​ចំនួន​ 15លាន​ដុល្លារ​។

    កាលពី​ឆ្នាំ2018​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង2​ មាន​ចំនួន​ 1ពាន់​ 83លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំទៅ​អង់គ្លេស​មាន​ចំនួន​ 1ពាន់​ 18លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​ មានតែ​ 65លាន​ដុល្លារ​។

    នៅ​ឆ្នាំ2017​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​ទឹកប្រាក់​ 1ពាន់​ 44លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​អង់គ្លេស​ចំនួន​ 1ពាន់​ 14លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំចូល​មក​កម្ពុជា​វិញ​ ចំនួន​ 30លាន​ដុល្លារ​។

    គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ ផលិតផល​របស់​កម្ពុជា​ដែល​អង់គ្លេស​បញ្ជាទិញ​ភាគច្រើន​ គឺ​សម្លៀកបំពាក់​ ផលិតផល​ស្បែកជើង​ និង​កង់​។ ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​រួមមាន​ សម្លៀកបំពាក់​ ស្បែកជើង​ កង់​ជិះ​ អង្ករ​ និង​ផលិត​កសិកម្ម​ផ្សេងទៀត​។

    ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​ ត្រូវ​បាន​គេ​ពណ៌នា​ថា​ នឹង​រួមចំណែក​ជួយ​អភិវឌ្ឍ​កម្ពុជា​ ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​បន្ថែម​ទៀត​កាន់តែ​ច្រើនឡើង​។ ចក្រភព​អង់គ្លេស​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ផង​ដែរ​សម្រាប់​កម្ពុជា​ក្នុង​តំបន់​អឺរ៉ុប​ ហើយ​ប្រទេស​អង់គ្លេស​ គឺជា​ទីផ្សារ​ទី3​ ក្នុង​តំបន់​អឺរ៉ុប​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាង​គេ​៕