Author: ធឿន មករា

កាសែតឡារ៉ែន ពាណិជ្ជ លេខ 192
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/11/LRPN_192-Final-For-Web.pdf” force_dl=”1″] 
សណ្តែកបណ្តុះ បន្លែស្រស់ដែលមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព
សណ្តែកបណ្តុះ ជាបន្លែស្រស់ដែលយើងធ្លាប់ស្គាល់ និងធ្លាប់បានបរិភោគមកជាយូរហើយតែ… អ្នកដឹងទេថា តើសណ្តែកបណ្តុះមានគុណប្រយោជន៌យ៉ាងណាខ្លះចំពោះសុខភាពមនុស្សយើង?
ជនជាតិចិនបុរាណចូលចិត្តបរិភោគសណ្តែកបណ្តុះដែលបណ្ដុះពីគ្រាប់សណ្ដែកសៀង ជាប្រភពនៃវីតាមីនC នៅក្នុងរដូវរងា ដែលនៅពេលនោះបន្លែផ្លែឈើផ្សេងៗពិបាកនឹងរកបាន ជាពិសេសពួកអ្នកដើរទូកនេសាទតែងបណ្តុះសណ្តែកទុកបរិភោគនៅលើទូកដើម្បីការពារ និងព្យាបាលរោគខ្វះវីតាមីនC ដោយសាតែពួកគេបានដឹងច្បាស់ថា សណ្តែកសៀងបណ្តុះមានវីតាមីនC ចំណែកឯគ្រាប់សណ្តែកសៀងឆៅ និងតៅហ៊ូដែលផលិតពីសណ្តែកសៀងក៏មិនមែនគ្មានវីតាមីនC ដែរ។
នៅពេលយកគ្រាប់សណ្តែកសៀងមកបណ្តុះធ្វើជាសណ្តែកបណ្តុះនឹងមានវីតាមីនC ខ្ពស់ (សណ្តែកបណ្តុះ 100ក្រាមមានវីតាមីនC 5មីល្លីក្រាម) ចំណែកប្រូតេអុីននៅក្នុងសណ្តែកបណ្តុះវិញមានច្រើនជាងសណ្តែកធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ។ ក្រៅពីនោះការបណ្តុះឱ្យវាលាស់ឡើងនៅបានធ្វើឱ្យកើតមានវីតាមីនB12 ដែលចាំបាច់សម្រាប់ការរីកធំធាត់ និងជួសជុលប៉ះប៉ូវកោសិកាទៀតផង។

សណ្តែកបណ្តុះមានសារធាតុដែកដែលរាងកាយអាចរំលាយបានងាយជាងបន្លែដទៃទៀត មានវីតាមីនB17 និងសារធាតុលេស៊ីធីន(Lecithin) ជួយបំប៉នប្រព័ន្ធប្រសាទ និងការធ្វើការងាររបស់ខួរក្បាល ហើយអ្វីដែលសំខាន់ និងគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់មនុស្សវ័យកំលោះ ក្រមុំដែលមិនចង់ឆាប់ចាស់នោះ គឺសណ្តែកបណ្តុះស្រស់ៗមានថាមពលជីវិតដែលនឹងធ្វើឱ្យរាងកាយនៅស្រស់ថ្លា មិនងាយចាស់ ព្រោះនៅក្នុងសណ្តែកបណ្តុះមានសារធាតុប្រឆាំងភាពចាស់ជរាមួយឈ្មោះថា អុកស៊ីណុន(Auxinon)មានគុណសម្បត្តិជួយឱ្យរាងកាយនៅកំលោះក្រមុំបានយូរ និងមិនចាស់មុនអាយុ។
សណ្តែកបណ្តុះជាប្រភពនៃវីតាមីនដ៏ច្រើនផ្នែកវេជ្ជសាស្ត្ររបស់ចិនបានណែនាំឱ្យយកសណ្តែកបណ្តុះក្បាលធំ(បណ្ដុះពីគ្រាប់សណ្ដែកសៀង)ទៅស្ងោរបរិភោគ វានឹងជួយបណ្តេញស្លេស្ម៍ ធ្វើឱ្យសួតធូរស្រឡះ និងជួយបណ្តេញកាកសំណល់មិនល្អតាមទឹកនោម ទាំងអស់នេះ គឺដោយសារតែម៉ូលេគុលរបស់សារធាតុអាហារនៅក្នុងគ្រាប់របស់សណ្តែកដែលបណ្តុះបាននោះ វាប្រែប្រួលនៅក្នុងរូបលក្ខណៈមួយដែលរាងកាយអាចរំលាយបានយ៉ាងងាយហ្នឹងឯង។ ប្រូតេអុីនត្រូវបានរំលាយទៅជាអាស៊ីតអាមីណូ ម្សៅទៅជាខាបូហាយដ្រេតធម្មតា ឬគ្លុយខូស និងជាតិខ្លាញ់ក្លាយទៅជាអាស៊ីតខ្លាញ់ ដូច្នេះហើយទើបសណ្តែកបណ្តុះក្លាយជាអាហារមួយដែលងាយរំលាយជាខ្លាំង ពេលយើងបានបរិភោគហើយវា ស្មើនឹងជួយសន្សំសំចៃការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយកាកសំណល់ទៀតផង៕

ហេតុផល4យ៉ាង ដែលអ្នកគួរដឹងមុននឹងខាត់ស្បែក
មនុស្សស្រីយើង រឿងស្បែកស្អាតគឺជារឿងធំសម្បើមណាស់ បើអ្នកមានផ្ទៃមុខស្រអាប់ខ្មៅផងនោះ រឹតតែធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់លើខ្លួនឯងទៅទៀត ការខាត់ស្បែកគឺជាវិធីមួយដែលជួយឱ្យស្បែករបស់អ្នកឡើងសភ្លឺថ្លាបាន។ ការមើលថែទាំស្បែករបស់នារីដោយការខាត់ស្បែក (Scrub) គឺជាការមើលថែស្បែកដ៏ល្អមួយ ហើយនារីៗទាំងឡាយច្រើនតែនិយមវិធីនេះទៀតផង ដូច្នេះទំព័រសុខភាពសម្រស់លេខនេះ យើងមានរឿងរ៉ាវដែលនារីៗគួរយល់ដឹងមុននឹងធ្វើការខាត់ស្បែកមកជម្រាបជូនដូចខាងក្រោម ៖
– ខាត់ស្បែក 1សប្តាហ៍ 1ដង
ភាពញឹកញាប់ក្នុងការខាត់ស្បែកដែលសមល្មមបំផុតនោះ គឺ 2 សប្តាហ៍ 1ដងនៅពេលល្ងាច សម្រាប់ស្បែកធម្មតា ចំណែកស្បែកមានជាតិខ្លាញ់វិញអាចធ្វើបានញឹកញាប់ជាងគឺ 1សប្តាហ៍ 1ដង និងសម្រាប់ស្បែកស្ងួត អាចធ្វើបាន 2-3 សប្តាហ៍1ដង។មនុស្សយើងតែងជម្រុះកោសិកាស្បែកដែលងាប់ហើយរៀងរាល់ 28ថ្ងៃ ដូច្នេះការខាត់ស្បែកដែលសមល្មម នឹងជួយបើកស្បែកថ្មីដែលស្អាតគួរឱ្យគយគន់បាន។
– ជ្រើសរើសប្រើសាច់ឡេខាត់ស្បែកបែបធម្មជាតិ
សាច់ឡេខាត់ស្បែកបែបគ្រើមអាចធ្វើឱ្យស្បែករបកបាន ដូច្នេះវិធីដែលល្អនោះគឺ គួរជ្រើសរើសសាច់ឡេបែបម៉ដ្ឋដែលផលិតពីធម្មជាតិដូចជា កន្ទក់ សារធាតុចម្រាញ់ពីគ្រាប់អម្ពិល ស្ករ សម្បកផ្លែក្រូចសើចអម្ពិលទុំ ស្លឹកគ្រៃ -ល- ដែលអាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ចេញបានយ៉ាងទន់ភ្លន់ និងជួយបង្កើនគុណភាពស្បែកទៀតផង។– ជ្រើសរើសឱសថបុរាណឱ្យស័ក្តិសមនឹងស្បែក
ព្រោះសារធាតុចម្រាញ់ដែលផ្សំនៅក្នុងសាច់ឡេមានភាពខុសប្លែកពីគ្នា ឱសថបុរាណប្រភេទខ្លះល្អចំពោះអ្នកដែលមានស្បែកស្ងួត ដូចជា ទឹកឃ្មុំផ្លែត្រសក់ ប្រទាលកន្ទុយក្រពើ ចំណែកស្បែកមានជាតិខ្លាញ់ និងស្បែកមានមុនវិញ គួរជ្រើសរើសប្រើសាច់ឡេដែលផ្សំពីផ្លែឈើដែលមានរសជាតិជូរ ដូចជា ផ្លែកន្ទួត ផ្លែស្ពឺ ក្រូចសើច និងផ្លែអម្ពិលជាដើម ដើម្បីឱ្យឱសថបុរាណបានសម្អាត និងថែទាំស្បែករបស់អ្នកបានយ៉ាងត្រឹមត្រូវ។
– នៅពេលប្រុងចេញទៅខាងក្រៅ
ពេលត្រៀមចេញទៅដើរលេងនៅសមុទ្រ គួរផ្អាកការខាត់ស្បែកមុននឹងចេញទៅប៉ះពន្លឺថ្ងៃប្រមាណជា 2 ថ្ងៃ ដើម្បីការពារកុំឱ្យស្បែកត្រូវពន្លឺថ្ងៃបំផ្លាញខ្លាំងពេក និងជ្រើសរើសប្រើផលិតផលការពារកម្តៅថ្ងៃរៀងរាល់ 4ម៉ោងម្តង រួមទាំងការបាញ់ស្បៃយ៍ស្បែកឱ្យមានសំណើមជាប់ជានិច្ចផង។ខាត់ស្បែកលើកក្រោយ កញ្ញាៗទាំងអស់សាកល្បងធ្វើតាមចំណុចខាងលើ-លមើល៍ ដើម្បីឱ្យស្បែកសស្អាតរៀងរាល់ថ្ងៃ៕

កាសែតឡារ៉ែន ពាណិជ្ជ លេខ 191
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/11/LRPN_191-Final-For-Web.pdf” force_dl=”1″] 
WHO ផ្តល់កញ្ចប់ថវិកាអភិវឌ្ឍន៍ដើម្បីផ្តល់ការងារដល់ធនធានមនុស្សផ្នែកសុខាភិបាលនៅកម្ពុជា
ស្របពេលដែលកំណើនប្រជាជនលើពិភពលោកមានការកើនឡើងយ៉ាងលឿន តម្រូវការផ្នែកសុខាភិបាលក៏កាន់តែមានតម្រូវការច្រើនឡើងផងដែរនៅតាមប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។
ថ្មីៗនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសេវាសុខភិបាល និងការងារនៅប្រទេសកម្ពុជា គីហ្គីស្ថាន នេប៉ាល់ និងស្រីលង្ការ អង្គការសុខភាពពិភពលោក ឬ WHO បានផ្តល់កញ្ចប់ថវិកាប្រមាណ 3លានដុល្លារ ដើម្បីអនុវត្តគម្រោងមួយឈ្មោះថា «The Working for Health Program» ដែលមានរយៈពេល 3ឆ្នាំ។ គម្រោងនេះបានផ្តើមចាប់ពីខែមិថុនា ឆ្នាំ2018 និងបញ្ចប់ទៅវិញនៅខែឧសភា ឆ្នាំ2021។
លោក John Ritchotte មន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិប្រចាំទីក្រុងបាងកកនៃអង្គការសុខភាពពិភពលោកបានលើកឡើងថា គម្រោង «The Working for Health Program» នេះនឹងជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការពង្រីកសេវាសុខាភិបាលទៅដល់ប្រជាជនដែលកំពុងត្រូវការសេវាសុខភិបាលកាន់តែច្រើនឡើងពី 1ថ្ងៃទៅ 1ថ្ងៃនៅកម្ពុជា។ តាមរយៈការពង្រីកសេវាសុខាភិបាលនៃគម្រោងនេះ កម្ពុជានឹងទទួលបានឱកាសការងារយ៉ាងច្រើនសម្រាប់ធនធានមនុស្សដែលកំពុងសិក្សាផ្នែកសុកភិបាល និងវេជ្ជសាស្ត្រ ព្រោះគម្រោងនឹងត្រូវការបុគ្គលិកជាច្រើនដើម្បីបម្រើការក្នុងការផ្តល់សេវាសុខាភិបាលនៅគ្រប់ទីកន្លែងក្នុងប្រទេស។ វាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់វិស័យការងារកម្ពុជា និងក៏ដូចជាជួយដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យទៅតាមគោលដៅ និងឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050។
លោក John Richotte បាននិយាយថា៖ “សម្រាប់កម្ពុជា ដៃគូសំខាន់ក្នុងការអនុវត្តគម្រោង The Working for Health Program នេះ គឺអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីលើនេះ ក៏មានការចូលរួមផងដែរពីអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ OECD រួមទាំងដៃគូនិយោជក និងសហជីពមួយចំនួនទៀតដែរ”។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាកំពុងត្រូវការធនធានមនុស្សជាច្រើនផ្នែកសុខាភិបាល ដើម្បីជួយជំរុញឱ្យវិស័យសុខាភិបាលអភិវឌ្ឍទៅបានកាន់តែទូលំទូលាយនៅគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទ៕

អ្នកជំនាញៈ តម្លៃដីធ្លី ផ្ទះសំបែង វីឡា ខុនដូ នៅតែមានទីផ្សារខ្ពស់
ក្នុងវេទិការៀបចំដោយក្លិបអ្នកកាសែតកម្ពុជាស្តីពីស្ថានភាពអចលនវត្ថុនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត កាលពីថ្ងៃទី19 ខែកញ្ញា ឆ្នាំ2019 អ្នកជំនាញខាងអចលនទ្រព្យបានព្យាករថា តម្លៃដីធ្លីផ្ទះសំបែង វីឡា ខុនដូ នៅតែមានទីផ្សារខ្ពស់ក្នុងរយៈពេល 3ទៅ 5ឆ្នាំខាងមុខទៀត ទោះបីមានភាពរអាក់រអួល និងការរំខានមួយចំនួនតូចក៏ដោយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា“ដោយឈរលើកត្តាជាច្រើន ក្នុងនោះមានដូចជាប្រទេសមានសន្តិភាព ហើយតម្រូវការរស់នៅតាមខុនដូកាន់តែច្រើន និន្នាការនៃការរស់នៅបែកគ្រួសារមានសមាជិកច្រើននៃមនុស្សសម័យថ្មី ការកើនឡើងនៃចំណូលក្នុងស្រុកសរុប ឥទ្ធិពលនៃការចូលរួមវិនិយោគរបស់ក្រុមហ៊ុនធំៗមកពីក្រៅប្រទេសនោះ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានភាពរឹងមាំ”។
លោកបានបន្តថា បច្ចុប្បន្ននៅក្នុងខេត្តចំនួន5 មានខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តកំពត បានចូលរួមយ៉ាងសកម្មជាទិសដៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកក៏បានបង្ហាញគោលការណ៍ 2ចំណុចដើម្បីវិនិយោគដីឡូត៍ឱ្យបានជោគជ័យដោយ ទី1-ត្រូវមើលពីចំនួនប្រជាជនតិច ឬច្រើននៅតំបន់ដែលត្រូវវិនិយោគ។ ទី2-មើលតំបន់នោះ តើមានការអភិវឌ្ឍ ដូចជាមានផ្សារ រោងចក្រសហគ្រាស និងអគារពាណិជ្ជកម្មផ្សេងៗឬទេ?។
លោកបានបន្ដថា កាលពីជំនាន់មុនឱ្យតែពេលបោះឆ្នោតម្ដងៗ ប្រជាជនចាប់ផ្ដើមលក់ដីធ្លីរបស់ខ្លួន ដោយសារពួកគាត់មានការភ័យបារម្ភច្រើន នេះបើជាទស្សនៈរបស់ប្រជាជនកាលពី 15ឆ្នាំមុន។ ប៉ុន្ដែឥឡូវកម្រិតយល់ដឹងរបស់ប្រជាជន នៅពេលបច្ចុប្បន្ននេះ មានការចេះដឹងច្រើន ដូច្នេះពួកគាត់មានការគិតពិចារណាច្រើនដោយមិនសូវជាជឿលើពាក្យឃោសនាប៉ុន្មានឡើយ។ បើតាមលោកច្រឹក សុខនីម សម្រាប់ជំហានទី2 នៅថ្ងៃអនាគត អចលនទ្រព្យនឹងមានទីផ្សារខ្ពស់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។បន្ទាប់ពីបង្ហាញពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅរយៈពេល5ឆ្នាំខាងមុខហើយ លោក ច្រឹក សុខនីម ក៏បានបង្ហាញពីវិស័យដីឡូត៍ ដែលបច្ចុប្បន្ននេះកំពុងមានសម្ទុះខ្លាំង ដោយមានការពុះដីលក់យ៉ាងសស្រោកសស្រាំផងដែរ។
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញពីប្រធានបទ “ស្ថានភាពវិស័យដីឡូត៍” ដោយលោកបានបង្ហាញពីសញ្ញាវិជ្ជាមានថា វិស័យដីឡូត៍នៅតែមានលក្ខណៈល្អប្រសើរដែលអ្នកមានចំណូលទាប និងមធ្យមអាចវិនិយោគទៅលើដីឡូត៍តូចៗនេះបាន។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា សន្សំលុយនៅក្នុងដីឡូត៍ ប្រសើរជាងសន្សំលុយនៅក្នុងធនាគារ។ ការទិញដីធ្លីត្រឹមត្រូវដោយមានការដឹងឮពិតប្រាកដពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ថា ជាដីស្របច្បាប់សម្រាប់ទុកលក់បន្ត នៅតែមានសក្តានុពលខ្ពស់នាពេលបច្ចុប្បន្ននេះ។លោកច័ន្ទឌី ក៏បានក្រើនរំឭកដល់អ្នកចង់រកស៊ីវិស័យដីធ្លីនេះថា“មុនវិនិយោគត្រូវពិនិត្យមើលការិយាល័យរបស់គេឱ្យបានច្បាស់លាស់ ប្លង់ដីឱ្យបានច្បាស់លាស់ កិច្ចសន្យាគួរឱ្យជឿជាក់បានកម្រិតណា? មិនមែនកិច្ចសន្យាគ្រាន់តែក្រដាសបន្តិចក៏ជឿជាក់ដែរនោះទេ”។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTRUST APPRAISAL បានឱ្យដឹងថា តម្រូវការផ្ទះសំបែងរស់នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺស្ថិតក្នុងកម្រិតខ្ពស់ ដោយក្នុង 1ឆ្នាំមានចំនួន 2ម៉ឺនខ្នង(ផ្ទះផ្ទាល់ដី និងផ្ទះក្នុងបុរីជាដើម)។ ដោយឡែកខុនដូមានចំនួន 1ម៉ឺនខ្នង ចំពោះចំនួនអគារដែលបានសាងសង់ចប់ និងកំពុងសាងសង់មានចំនួន 6ម៉ឺនខ្នង ហើយចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ បើបូកសរុបនឹងអគារគ្រប់ប្រភេទទាំងអស់ផង អាចឈានដល់ 5សែនខ្នងក្នុងឆ្នាំ2030 ប៉ុន្តែតម្រូវការនៅពេលនោះអាចឈានដល់ 81ម៉ឺនខ្នង។នាយកផ្នែកស្រាវជ្រាវរូបនេះបានបញ្ជាក់ថា៖“ការផ្គត់ផ្គងនេះមិនទាន់គ្រប់គ្រាន់ទេ យើងផ្គត់ផ្គង់បានតែជាង 5សែនខ្នងទេនៅឆ្នាំ2030 មានន័យថា កម្លាំងនៃការស្រូបទាញខ្លាំងមែនទែន នេះផ្នែកមួយនៃការទស្សន៍ទាយរបស់យើង”។
សូមបញ្ជាក់ផងដែរថា វេទិកាស្តីពីអចលនវត្ថុនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគតរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីលោក ពុយគា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTRUST លោក ពឹង សេរី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក ម៉ាន់ ច័ន្ទឌីអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៕

សៀង ចន្ធា ត្រូវបានសហព័ន្ធបញ្ចូលជាបេក្ខភាពប្រជែងពាន AFC Annual Award 2019
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា កីឡាករ សៀង ចន្ធា ដែលតំណាងឱ្យកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពមួយរូបដើម្បីប្រកួតប្រជែងយកពានរង្វាន់កីឡាករយុវជនល្អបំផុតប្រចាំទ្វីបអាស៊ីប្រចាំឆ្នាំ2019 ក្នុងកម្មវិធី AFC Annual Award 2019។

គួរបញ្ជាក់ដែរថា ពានរង្វាន់មួយនេះបានចម្រាញ់យកយុវជនល្អៗបំផុតប្រចាំប្រទេសនីមួយៗមកជ្រើសរើស ដោយក្នុង 1ឆ្នាំៗមានកីឡាករមិនដល់ 10រូបឡើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីដាក់ចូលក្នុងបញ្ចីឈ្មោះសម្រាប់ប្រជែងចុងក្រោយ ហើយនេះគឺជាលើកទី1 ហើយដែលកម្ពុជាបានជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយនៃការប្រកួតប្រជែងពានរង្វាន់មួយនេះ។

កម្មវិធី AFC Annual Award 2019 នេះ មានពានរង្វាន់ជាច្រើនដូចជា កីឡាករល្អ កីឡាការិនីល្អ កីឡាករយុវជនល្អ ក្រុមជម្រើសជាតិល្អ ក្លិបល្អ គ្រូបង្វឹកល្អ និងសហព័ន្ធល្អជាដើម ដើម្បីលើកទឹកចិត្ដ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីឱ្យកាន់តែរីកចម្រើន៕

ហ្វីលីពីនសម្រេចលើកពេលចាប់ពូលបាល់ទាត់ស៊ីហ្គេមទៅកន្លះខែក្រោយវិញ
កាលពីម្សិលមិញនេះហ្វីលីពីនដែលជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ2019 នេះ បានប្រកាសអំពីការផ្លាស់ប្តូរកាលបរិច្ឆេទចាប់ពូល កីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយមិនបានបញ្ជាក់ពីមូលហេតុអ្វីទាល់តែសោះ។

ការប្រកាសលើកពេល គឺចំថ្ងៃចាប់ពូលនេះតែម្តង និងត្រូវបានប្រទេសម្ចាស់ផ្ទះស៊ីហ្គេមមួយនេះ សម្រេចលើកពេលទៅ 13ថ្ងៃក្រោយ ពោលគឺនឹងធ្វើនៅថ្ងៃទី15 ខែតុលា ឆ្នាំ2019 វិញ ហើយថែមទាំងមិនបានបញ្ជាក់ពីទីតាំង និងពេលវេលាជាក់លាក់ទៀតផង។

គួររំឭកដែរថា កាលពីដំបូង ហ្វីលីពីនបានប្រកាសយកថ្ងៃទី3 ខែតុលា ឆ្នាំ2019 កន្លងទៅនេះ ជាថ្ងៃចាប់ឆ្នោតចែកពូលវិញ្ញាសាបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានប្រទេសទាំងអស់នៃតំបន់អាស៊ានចំនួន 11ប្រទេសចូលរួមក្នុងវិញ្ញាសារមួយនេះ៕

គ្រូបង្វឹកជម្រើសជាតិ អ៊ីរ៉ង់ ដឹកនាំក្រុមមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេ និងទើបរបូតតែ 1គ្រាប់គត់
លោក Marc Wilmots គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ង់ តែងតាំងជាគ្រូបង្គោលឈុតធំនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ឺរ៉ង់ ដោយទទួលបានប្រាក់ឈ្នួល 1.5លានដុល្លាក្នុង 1ឆ្នាំ។

ទើបតែចូលដឹកនាំក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលគិតមកទល់់ពេលនេះ លោកបានដឹកនាំក្រុមអ៊ឺរ៉ង់មិនដែលជួបពាក្យថា ចាញ់នៅឡើយទេ ដោយបានដឹកនាំទាំងអស់ 3ប្រកួតហើយក្នុងឆ្នាំនេះ តែនៅមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ដោយប្រកួតដំបូងឈ្នះស៊ីរី 5-0 ប្រកួតទី2 ស្មើកូរ៉េខាងត្បូង 1-1 និងប្រកួតចុងក្រោយឈ្នះក្រុមហុងកុង 2-0។
គួរបញ្ជាក់ដែរថា ក្នុងវគ្គជម្រុះ WORLD CUP ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវស្ថិតនៅក្នុងពូលជាមួយ បារ៉ែន ហុងកុង និងកម្ពុជា ដោយការប្រកួតដំបូងអ៊ីរ៉ង់បានយកឈ្នះហុងកុង ដោយលទ្ធផល 2ទល់នឹង0 ហើយការប្រកួតបន្ទាប់ក្រុមមួយនេះនឹងត្រូវជួបកម្ពុជានៅថ្ងៃទី10 ខែតុលាខាងមុខនេះនៅលើទឹកដីខ្លួនឯង៕

