Author: ធឿន មករា

  • កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion បាបន្តប្រារព្ធធ្វើឡើងយ៉ាងជោគជ័យនៅភោជនីយដ្ឋាន Friend House

    កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion បាបន្តប្រារព្ធធ្វើឡើងយ៉ាងជោគជ័យនៅភោជនីយដ្ឋាន Friend House

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នៅភោជនីយដ្ឋាន Friend House ដោយបានទទួលការចូលរួមពីសំណាក់មិត្តយុវវ័យយ៉ាងច្រើនកុះករ។

    កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion បានចាប់ផ្តើមតាំងពីប្រហែលជាម៉ោង ៧​ យប់រហូតដល់ម៉ោង១១យប់ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដួង វីរៈសិទ្ធិ និងពិធីការិនីដ៏ស្រស់ស្អាត កញ្ញា សុខ សុមាវត្តី។ បេក្ខនារីទាំងដប់រូបក្នុងសម្លៀកបំពាក់ដែលឆ្នៃម៉ូតដោយយុន រតនៈ ហើយជាបេក្ខនារី ដែលកំពុងតែប្រលងដើម្បីដណ្តើមជ័យលាភីក្នុងកម្មវិធីប្រកួតបង្ហាញម៉ូត ABC Lions of Fashion បានដើរបង្ហាញម៉ូតជាមួយក្រុមបង្ហាញម៉ូតដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។

    កម្មវិធីពិសេសនេះរៀបចំក្នុងគោលបំណងដើម្បីឱទ្ទេសនាមបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតចំនួន 10 នាក់ ជាពិសេសអំពាវអំនាវឲ្យអតិថិជន និងសាធារណជនចូលរួមបោះឆ្នោត ឬ Vote គាំទ្របេក្ខជនបេក្ខនារីដែលពួកគេពេញចិត្តតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ៖https://www.facebook.com/ABC.ExtraStoutCambodia/ ។

    កម្មវិធី ABC Lions of Fashion គឺជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើង ដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជាគឺទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា និង Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ។

    កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំងផ្សេងៗនៅក្នុងទីក្រុងរហូតដល់ខែតុលា។

    រាល់សន្លឹកឆ្នោតដែលបានប្រមូលក្នុងអំឡុងពេលកម្មវិធីពិសេសនេះនឹងត្រូវបានយកមកបូកសរុប ហើយបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតដែលទទួលបានការគាំទ្រច្រើនគេនឹងឈ្នះជ័យលាភី។

    សូមចូលរួមឲ្យបានច្រើនកុះករដើម្បីគាំទ្របេក្ខជនបេក្ខនារីរបស់យើងក្នុងកម្មវិធី ABC Lions of Fashion!!!
    ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។

  • CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

    CVEA​ បង្ហាញ​កំណត់សម្គាល់​ និង​បទ​ពិសោធ​ដែល​បាន​ពី​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​

    ចំណុច​សំ​ខាន់​ៗមួយចំនួន​ដែល​ជា​ប្រធានបទ​ទាក់ទិន​នឹង​អចលនទ្រព្យ​ ត្រូវ​បាន​ក្លាយជា​ បទ​បង្ហាញ​របស់​ប្រតិភូ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA​)ដែល​បាន​លើកយក​មក​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​អញ្ជើញ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ នៅ​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​)បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ខ្ញុំ​បាន​ត្រៀម​ធ្វើ​បទ​បង្ហាញ​ផ្ដោត​លើ​ប្រទេស​កម្ពុជា​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​យល់ថា​ ហេតុអ្វី​កម្ពុជា​ត្រូវការ​ការ​វិនិយោគ​ និង​ក៏​ដើម្បី​បាន​ចាត់ទុកថា​ ការចូលរួម​នេះ​ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដែល​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ ពិសេស​ម្ចាស់ផ្ទះ​ជប៉ុន​។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​”។

    លោក​បាន​បន្ត​ទៀត​ថា​ តាម​ការចូលរួម​នៅក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅក្នុង​ប្រទេស​ជប៉ុន​នោះ​ អ្វី​ដែល​យើង​ទទួល​បាន​មកវិញ​គឺ​៖ ទី1​-បទ​ពិសោធ​នៃ​បណ្តា​ប្រទេស​ទាំង8​ នៃ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ការចែក​រំលែក​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ជាពិសេស​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ផ្សេង​ៗទៀត​។ ទី2​-បរិបទ​ និង​បែបផែន​នៅក្នុង​ការ​វិនិយោគ​ពី​ប្រទេស​យើង​ទៅកាន់​ប្រទេស​គេ​ និង​ពី​ប្រទេស​គេ​មកកាន់​ប្រទេស​កម្ពុជា​យើង​វិញ​ដែរ​ ដើម្បី​ណែនាំ​ការ​វិនិយោគ​ ដែល​នេះ​ គឺ​ជា​សក្តា​នុ​ពល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​។ ទី3​-ពាក់ព័ន្ធ​នឹង​ទំនាក់​-ទំនងជា​មួយ​អ្ន​កិ​វិនិយោគ​ថា​ តើ​អ្នក​វិនិយោគ​នាំមក​នូវ​ម៉ូដែល​ និង​បច្ចេកវិទ្យា​សំ​ខាន់​ៗមក​ក្នុង​ប្រទេស​យើង​ជាមួយ​នឹង​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​បែប​ណា​នៅក្នុង​ប្រទេស​របស់​យើង​។

    តាម​ការ​បញ្ជាក់​របស់​លោក​សុ​ខនីម​ បានឱ្យ​ដឹង​ថា​ ៖“ការចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ ក្រុម​ប្រតិភូ​ CVEA​ បាន​ទទួល​នូវ​អ្វី​ជា​សំខាន់​នោះ​ គឺ​ការ​រៀន​ពី​ម៉ូដែល​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ ប្រទេស​នី​មួយ​ៗដែល​បាន​ចូលរួម​។ តាមរយៈ​ការ​ធ្វើទស្សនកិច្ច​តំបន់​អចលនទ្រព្យ​ប្រទេស​ជប៉ុន​ ដែល​មាន​អគារ​កម្ពស់​ 70​-80ជាន់​ដែល​បំពាក់​ឧបករណ៍​ការពារ​ការ​រញ្ជួយ​ផែនដី​ផង​ តែ​ក៏​គេ​នៅតែ​អាច​ដឹកនាំ​ការ​កសាង​បាន​”។

    លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​៖“បើ​យើង​ប្រៀបធៀប​សេដ្ឋកិច្ច​ក្នុង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​យើង​ដើរ​នៅ​ក្រោយគេ​ឆ្ងាយណាស់​ បើ​ប្រៀបធៀប​ជា​ឆ្នាំ​ ប្រហែលជា​ក្រោយ​ប្រទេស​ជប៉ុន​ប្រមាណ​ 25​ឆ្នាំមុន​។ គឺ​យើង​នៅ​ឆ្ងាយ​ពី​គេ​នៅឡើយ​ ព្រោះ​គេ​មាន​ការ​អភិវឌ្ឍ​ច្រើនជាង​យើង​ មាន​បទ​ពិសោធ​ខ្លាំង​ និង​ល្អ​ជាង​យើង​។ វិស័យ​អចលនទ្រព្យ​គេ​មានការ​-គិតគូរ​បាន​ល្អ​ និង​ការរៀបចំ​បាន​ល្អ​”។

    ប៉ុន្តែ​លោក​ប្រធាន​សមាគម​ CVEA​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​មិន​អន់​នោះ​ទេ​ យើង​ដើរលឿន​ ទោះជា​យើង​អភិវឌ្ឍ​ក្រោយគេ​មែន​តែ​យើង​ដើរលឿន​សម្រាប់​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នេះ​។ ព្រោះ​បើ​តាម​ការ​ព្យាករ​ ក្នុងរយៈពេល​ប្រហែលជា​ 15ឆ្នាំ​ ទៅមុខ​ទៀត​ កម្ពុជា​អាច​នឹង​ឈាន​បាន​ប្រហាក់​ប្រហែល​នឹង​ប្រទេស​គេ​បាន​ហើយ​ ទោះបី​មិនដល់​គេ​ ព្រោះ​ពេលនោះ​គេ​អាច​កែប្រែ​បន្ថែម​ តែ​ក្នុង​ចន្លោះ15ឆ្នាំ​ យើង​នឹង​ឃើញ​អគារ​ខ្ពស់​ៗច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​តំបន់​ប៉ូល​អភិវឌ្ឍន៍​សំ​ខាន់​ៗមួយចំនួន​”។

    សូម​បញ្ជាក់​ថា​ ការចូលរួម​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំឆ្នាំ2019​ (International​ Real​ Estate​Conference​ 2019​) IREC​ នៅ​ប្រទេស​ជប៉ុន​ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាពិសេស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ និង​ដើម្បី​ស្វែងយល់​ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទីផ្សារ​អចលនទ្រព្យ​ និង​កៀងគរ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យ​ចូលមកធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

    លោកស្រី​ តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​នេះ​ដែរ​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការចូលរួម​ក្នុង​សន្និសីទ​នេះ​យើង​បាន​ទទួល​បទ​ពិសោធ​ច្រើន​ដែរ​សម្រាប់​យក​មក​អនុវត្ត​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​យើង​។ ពោល​គឺ​យើង​បាន​រៀនសូត្រ​នូវ​អ្វី​ល្អ​ៗពី​គេ​ យើង​មាន​ណេត​វើក​ (Network​) និង​ការ​ផ្លាស់​ប្តូរ​យោបល់​ គំនិត​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​កម្រិត​ពិភពលោក​”។

    លោកស្រី​នាយិកា​បាន​បញ្ជាក់​ដែរ​ថា​ យើង​ក៏​បាន​ពិភាក្សា​ដេញដោល​គ្នា​ពី​បញ្ហា​ភ្នាក់ងារ​លក់​ទិញ​អចលនទ្រព្យ​ ដោយ​លើក​ហេតុផល​ពី​ប្រទេស​នី​មួយ​ៗថា​ យើង​ជួបប្រទះ​បញ្ហា​អ្វីខ្លះ​? កង្វះខាត​អ្វី​ខ្លះ​ដែល​យើង​មាន​? ព្រោះ​គោលការណ៍​ និង​ច្បាប់​លក់ដូរ​ វា​ខុស​ៗគ្នា​ទៅតាម​ប្រទេស​នី​មួយ​ៗ ហើយ​យើង​អាចយ​កចំណុច​សំ​ខាន់​ៗមក​អនុវត្ត​ដោយ​ព្យាយាម​កែប្រែ​ និង​បំពេញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​មាន​ ដើម្បី​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​យើង​ឱ្យ​ជឿនលឿន​ដូច​គេ​ដែរ​។

    លោកស្រី​ តាំង​ ហួរ​ ក៏បាន​បញ្ជាក់​ទៀត​ថា​៖“យើង​ក៏​ទទួល​បាន​នូវ​ការ​ធ្វើ​ Network​ យើង​អាច​ដឹងពី​ព័ត៌មាន​នៃ​ការលក់ដូរ​។ ដូចជា​នៅ​ប្រទេស​មួយ​ចំនួន​ដោយសារ​ដី​ថ្លៃ​ គេ​ច្រើនតែ​លក់​ខុន​ដូ​វិញ​ ព្រោះ​វា​មិនសូវ​ស្មុគស្មាញ​ តែ​សម្រាប់​យើង​តម្លៃ​ដី​នៅ​ថោក​ បើ​ប្រៀប​នឹង​ប្រទេស​គេ​ ដូច្នេះ​យើង​អាច​លក់​ទាំង​ដី​ ទាំង​លំនៅឋាន​ ខុន​ដូ​ និង​សំណង់​អគារ​ផ្សេង​។ល។ ហើយ​សម្រាប់​ប្រទេស​យើង​ អចលនទ្រព្យ​ស្រុក​យើង​ មាន​អ្នក​វិនិយោគ​បរទេស​គេ​ល្បី​ណាស់​ ដោយសារ​យើង​មាន​សក្តា​នុ​ពល​វិស័យ​នេះ​។ តែ​ទោះបី​យើង​មាន​សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​នេះ​ក៏​ដោយ​ ក៏​យើង​ត្រូវតែ​ខំប្រឹង​រៀនសូត្រ​ពី​គេ​ ដើម្បី​ការ​វិវឌ្ឍ​ទៅមុខ​ បើ​យើង​មិន​រៀនសូត្រ​ យើង​មិន​អាច​មាន​ការ​រីកចម្រើន​បានទេ​”៕

  • សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​រដ្ឋ​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A​ ច្រើនជាង​គេ​បំផុត​

    សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​រដ្ឋ​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A​ ច្រើនជាង​គេ​បំផុត​

    ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ ជាពិសេស​ការ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ គំនិត​ផ្តួចផ្តើម​បង្កើត​សាលា​ជំនាន់​ថ្មី​បាន​ក្លាយជា​គំនិត​ប្រកបដោយ​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​ និង​មាន​បរិក្ខារ​គ្រប់យ៉ាង​មិនចាញ់​សាលា​ឯកជន​នោះ​ទេ​។

    នៅ​ឆ្នាំ​សិក្សា​ 2018​-2019​ នេះ​ សាលារៀន​ជំនាន់​ថ្មី​ ដែល​ជា​គ្រឹះស្ថានសិក្សា​រដ្ឋ​ ចាប់ផ្តើម​បើក​សាកល្បង​កាលពី​ឆ្នាំ2016​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សាលា​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ជាងគេ​បំផុត​ក្នុង​ចំណោម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ​រដ្ឋ​ និង​ឯកជន​។ បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ សម្យ​ កំសាន្ត​ នាយករង​វិទ្យាល័យ​ស៊ីសុវត្ថិ​ ទទួលបន្ទុក​សាលា​ជំនាន់​ថ្មី​ បាន​បញ្ជាក់​ថា​ សិស្ស​ដែល​ចេញពី​សាលា​ជំនាន់​ថ្មី​នៅ​ឆ្នាំនេះ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​រហូតដល់​ទៅ​ 94ភាគរយ​ ខណៈ​អ្នក​ដែល​ទទួល​បាន​និទ្ទេស A​ ក៏​មាន​ចំនួន​ច្រើនជាង​គេ​ផង​ដែរ​នៅ​ទូទាំង​ប្រទេស​។

    លោក​ សម្យ​ កំសាន្ត​ បាន​លើកឡើង​ថា​ នេះ​ជា​ឆ្នាំ​ទី5​ ហើយដែល​គម្រោង​សាលារៀន​ជំនាន់​ថ្មី​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ គោលដៅ​សំខាន់​នៃ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មីនេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព​អប់រំ​ ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​។

    សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​ដែល​បាន​បន្ថែម​នូវ​កម្មវិធី​សិក្សា​ថ្មី​ដោយ​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​វិធីសាស្ត្រ​បង្រៀន​ដែល​មាន​លក្ខណៈ​ស្តង់​ដា​ខ្ពស់​មិន​ចាញ់​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​នោះ​ទេ​ ព្រោះ​យើង​ចង់ឱ្យ​សិស្សានុសិស្ស​របស់​យើង​មានគុណ​ភាព​ខ្លាំង​សម្រាប់​ការប្រកួត​ប្រជែង​។ ជា​លទ្ធផល​ សិស្ស​នៃ​សាលា​ជំនាន់​ថ្មី​បាន​ចូលរួម​ប្រកួតប្រជែង​ទាំង​កម្រិត​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរជាតិ​ ដោយ​ពួកគេ​អាចយ​កជ័យជម្នះ​លើ​ការប្រឡងប្រជែង​ជាច្រើន​ ដោយ​ក្នុង​នោះ​មាន​ទាំង​មេដាយមាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំរិទ្ធ​ជា​រៀងរាល់​ឆ្នាំ​។

    លោក​ សម្យ​ កំសាន្ត​ បាន​និយាយ​ថា​៖ “សាលារៀន​ជំនាន់​ថ្មី​ គឺជា​សាលា​រដ្ឋ​ តែ​នៅក្នុង​ការអនុវត្ត​គម្រោង​នេះ​ ក្រសួង​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​បង្រៀន​ស៊ីជម្រៅ​ជាង​សាលា​រដ្ឋ​ធម្មតា​ មានន័យថា​ បើ​ការ​បង្រៀន​ត្រូវ​ពិសោធ​ សិស្ស​ត្រូវតែ​ទៅ​ធ្វើការ​ពិសោធ​ជាក់ស្តែង​តែម្តង​។ សិស្ស​នៃ​សាលា​ជំនាន់​ថ្មី​មានការ​សិក្សា​ផង​ អនុវត្ត​ផ្ទាល់​ផង​ និង​មាន​កិច្ចការ​ស្រាវជ្រាវ​ច្រើនជាង​សិស្ស​ទូទៅ​”។

    សាលារៀន​ជំនាន់​ថ្មី​ ជា​សាលា​ដែល​បំពាក់​នូវ​បរិក្ខារ​ពិសោធន៍​ និង​បច្ចេកវិទ្យា​គ្រប់យ៉ាង​ ដោយ​ក្នុង​នោះ​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ដូចជា​កម្មវិធី​បណ្តុះបណ្តាល​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដូចជា​ការ​សរសេរ​កូដ​ និង​កម្ម​វិ​ធី​ឌីហ្សាញ​ជាដើម​។ បន្ថែម​ពីលើ​នេះ​ សាលារៀន​ជំនាន់​ថ្មី​ក៏​ជា​សាលា​ដែល​បញ្ចូល​នូវ​គំនិត​សហគ្រិនភាព​ និង​ជំនាញ​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​ផង​ដែរ​ដល់​សិស្សានុសិស្ស​គ្រប់គ្នា​ឱ្យ​បាន​សិក្សា​កាន់តែ​ស៊ីជម្រៅ​។ គំរូ​នៃ​សាលា​ជំនាន់​ថ្មីនេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​អនាគត​។

    គួរ​បញ្ជាក់​ថា​ មកដល់​បច្ចុប្បន្ន​នេះ​ សាលារៀន​ជំនាន់​ថ្មី​មានកម្រិត​បឋមសិក្សា​ចំនួន​ 4សាលា​ និង​កម្រិតមធ្យម​សិក្សា​ចំនួន​ 6សាលា​។ ក្នុង​នោះ​កម្រិត​មធ្យមសិក្សា​មាន​ដូចជា​វិទ្យាល័យ​ស៊ីសុវត្ថិ​ វិទ្យាល័យ​ហ៊ុន​សែន​កំពង់ចាម​ វិទ្យាល័យ​ព្រែកលៀប​ វិទ្យាល័យ​សម្តេច​ជា​ស៊ី​មព្រែកអញ្ចាញ​ វិទ្យាល័យ​ហ៊ុន​សែន​ពាមជីកង​ និង​អនុវិទ្យាល័យ​គោកព្រីង​៕

  • ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

    ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

    មនុស្សជា​ច្រើន​ដែល​ស្រឡាញ់​សុខភាព​ និង​មើលថែ​ទាំ​ខ្លួនឯង​ជាប់​ជានិច្ច​នោះ​ អាច​គិតថា​ បើ​បាន​ហាត់ប្រាណ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ និង​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​មានប្រយោជន៍​ ប្រហែលជា​មាន​សុខភាព​ល្អ​មិនខាន​។ មេ​រោ​គផ្សេង​ៗដែល​ជា​មូលហេតុ​ធំ​របស់​ជំងឺ​ទាំងឡាយ​ ច្បាស់ជា​គ្មាន​ផ្លូវ​អាច​ធ្វើអ្វី​រូបគេ​បាន​ឡើយ​។តែ​ការពិត​ទៅ​ ទង្វើ​មួយចំនួន​ដែល​យើង​នាំគ្នា​ធ្វើជា​ប្រក្រតី​រៀង​រាល់​ថ្ងៃនេះ​ឯង​ ដែល​ជា​តួឯក​សំខាន់​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​យើង​រង​ការ​ប៉ះពាល់​ និង​ធ្លាក់ចុះ​ដុនដាប​យ៉ាប់យ៉ឺន​នោះ​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន បាន​ទៅ​ស្រាវជ្រាវ​រករឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​ប្រចាំថ្ងៃ​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដែល​ជា​សុភាពបុរស​ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោម​…។

    1. ប្រើ​សា​ប៊ូ​ជេ​លលា​ងសម្អាត​ដៃ​ញឹក​ញាប់​ជ្រុល​ពេក​
    បើ​អ្នក​ គឺជា​មនុស្សម្នាក់​ដែល​ស្ថិត​ក្នុង​ប្រភេទ​ដែល​ត្រូវតែ​លាងដៃ​ ឬប្រើ​ក្រដាសអនាម័យ​ជូត​សម្អាត​ដៃ​យ៉ាង​ហ្មត់ចត់​រៀងរាល់​ក្រោយពេល​ចាប់​ឃីបត​កុំព្យូទ័រ​ ចាប់​បង្កាន់ដៃ​ជណ្តើរ​ ចាប់ដៃ​ទ្វារ​បន្ទប់​បង្គន់​ហើយ​ ប្រភេទ​មិន​ទុក​ឱកាស​ឱ្យ​មេរោគ​កខ្វក់​ណាម​កតោង​ជាប់ដៃ​បាន​យូរ​នោះ​ វា​គឺជា​រឿង​ល្អ​មួយ​ហើយដែល​អ្នក​ស្រឡាញ់​ភាព​ស្អាតបាត​មាន​អនាម័យ​បែប​នោះ​ តែ​ការពិត​វិញ​ សា​ប៊ូ​ជេល​ និង​ក្រដាសជូតដៃ​ប្រភេទ​សើម​នេះ​ហើយដែល​ជា​មេ​ក្លោង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទៅជា​ស្ងួត​ខ្លាំង​នោះ​ ព្រោះ​ឧបករណ៍​លាង​សម្អាត​ដៃ​ទាំងអស់​នោះ​ មាន​ចំណែក​ផ្សំ​របស់​ត្រៃ​ខ្លូ​សាន​ (Triclosan​)ជា​សារធាតុ​មួយ​មានគុណ​សម្បត្តិ​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​បាក់តេរី​រួម​ជាមួយ​ដែរ​ ដោយ​ស្បែក​នឹង​បឺត​យក​សារធាតុ​នេះ​ចូល​ទៅ​បាន​យ៉ាង​ងាយស្រួល​ ហើយ​លទ្ធផល​ដែលតា​មមក​ គឺ​ស្បែក​នឹង​ឡើង​ស្ងួត​ក្រៀម​ហ្នឹងឯង​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ចូលបន្ទប់​ទឹក​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ និង​ទឹក​ស្អាត​ធម្មតា​ប្រសើរ​ជាង​។

    2. ញ៉ាំទឹក​បរិសុទ្ធ​ពី​ក្នុង​ដប​ (មិនដែល​ចាក់​ចូល​កែវ​ញ៉ាំ​)
    យើង​ជឿ​ថា​ បុរស​ភាគច្រើន​សុទ្ធតែ​ជ្រើសរើស​ញ៉ាំទឹក​ដោយ​វិធី​នេះ​ទាំងអស់​ ព្រោះ​វា​ងាយស្រួល​ រហ័ស​ ហើយ​ថែម​ទាំង​មិនបាច់​ខាតពេល​លាង​សម្អាត​កែវ​ទៀត​ផង​ តែ​អ្នកដឹង​ទេ​ថា​ កម្មវិធី​ផលិត​ទឹក​ពិសា​នៅក្នុង​ដប​ប្លាស្ទិក​ផ្សេង​ៗនេះ​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​សំ​ខាន់​ៗនៅក្នុង​ទឹក​បាត់បង់​អស់​ ហើយ​វា​នឹង​ចូល​ទៅ​រាំងស្ទះ​ប្រព័ន្ធ​ការ​ធ្វើការងារ​ក្នុង​ផ្នែក​សាង​កម្លាំងថាមពល​ និង​ប្រព័ន្ធ​ការ​ជួសជុល​សាច់ដុំ​ឱ្យធ្វើ​ការ​មិនបាន​ពេញសមត្ថភាព​ទៀតផង​។

    3. ឈប់​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​ ហើយ​បែរ​ទៅ​ហាត់ប្រាណ​លើក​ទម្ងន់​វិញ​
    អ្នកណា​ដែល​ប្រាប់​ថា​ វិធី​ហាត់​ប្រាណ​បែ​បការ៍​ឌី​យោ​ មិនបាន​ជួយ​បញ្ចុះទម្ងន់​ស្មើនឹង​ការ​បញ្ចេញ​កម្លាំង​លើក​ទម្ងន់​(ដុំដែក​)នោះ​ ប្រហែលជា​ត្រូវ​គិត​ឡើងវិញ​ជាថ្មី​ហើយ​ ព្រោះ​ទោះជា​ការ​លើក​ទម្ងន់​វា​ជួយ​ផ្លាស់​ប្តូរ​ដុំ​ខ្លាញ់​ជ្រាយ​ៗឱ្យ​ក្លាយទៅជា​សាច់ដុំ​បាន​មែន​ តែបើ​មិន​ធ្វើលំ​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​រួម​ជាមួយ​ផង​ទេ​នោះ​ លទ្ធផល​ដែល​ទទួល​បាន​ ប្រហែលជា​មិនសូវ​មើលឃើញ​ច្បាស់លាស់​ប៉ុន្មាន​ទេ​។ ដូច្នេះ​ចូរ​សាកល្បង​បែងចែក​ពេលវេលា​មក​រត់​ មក​ហែលទឹក​ ឬក៏​ធាក់កង់​រួម​ជាមួយ​ផង​ ធានា​ថា​ ទម្ងន់​ខ្លួន​ដែល​លើស​នោះ​ នឹង​រលាយ​បាត់​ជា​សន្សឹម​ៗនៅទីបំផុត​។

    4. ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗក្រោយពេល​បាយ​រួច
    ​មនុស្ស​ភាគច្រើន​ ច្រើនតែ​ធ្វើតាម​ការណែនាំ​ក្នុង​រឿង​ការ​សម្អាត​ធ្មេញ​ថា​ ត្រូវតែ​ដុស​សម្អាត​ធ្មេញ​ 2ដង​ គឺ​ពេលព្រឹក​ និង​មុន​ចូលគេង​រៀងរាល់ថ្ងៃ​ ក្នុង​ខណ:ដែល​អ្នកខ្លះ​ខ្លាច​ធុំក្លិន​មាត់​ ឬខ្លាច​មាន​កម្ទេច​អាហារ​នៅ​ជាប់​តាម​ជើងធ្មេញ​នោះ​ ក៏​សម្រេចចិត្ត​ដុស​សម្អាត​ធ្មេញ​ និង​មា​ត់​ភ្លាម​ៗតែម្តង​ក្រោយពេល​ញ៉ាំ​បាយ​ហើយ​រួចរាល់​។ តែ​អ្នកដឹង​ទេ​ថា​ ទង្វើ​នេះ​វា​ហុច​នូវ​ផល​អាក្រក់​ដល់​សុខភាព​ធ្មេញ​របស់​អ្នក​លើស​មុន​ទៅទៀត​ ដោយសារតែ​អាស៊ីត​ខ្លាញ់​ដែល​នៅ​សេសសល់​ជាប់​នៅ​លើ​ធ្មេញ​ និង​ក្នុង​ប្រអប់មាត់​ វា​នឹង​ទៅ​បំផ្លាញ​ស្រទាប់​ស្រោប​ខាងក្រៅ​របស់​ធ្មេញ​ ហើយ​បើសិនជា​ធ្វើបែប​នោះ​ញឹកញាប់​ទៅ​ ស្រទាប់​ក្រៅ​របស់​ធ្មេញ​នឹង​ត្រូវ​បំផ្លាញ​ជានិរន្តរ៍​បាន​យ៉ាង​ងាយ​ ក្រៅពី​នេះ​នៅ​មាន​អាការ​ស្រៀវធ្មេញ​តាម​មក​ទៀតផង​។ តែបើ​សិន​ជា​ទ្រាំមិនបាន​ ចង់តែ​ដុស​សម្អាត​ធ្មេញ​មែន​នោះ​ ឡា​រ៉ែ​ន សុំ​ណែនាំ​ឱ្យ​រង់ចាំ​យ៉ាងតិច​ណាស់​ 1ម៉ោង​ក្រោយ​ សឹម​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ចុះ​។

    5. ពាក់​ស្បែកជើងផ្ទាត់​ដើរ​ពេញ​ 1ថ្ងៃ​
    សូម​ទទួលស្គាល់​ថា​ ស្បែកជើង​ផ្ទាត់​ គឺជា​ស្បែកជើង​ដែល​ពាក់​ស្រួល​និង​សប្បាយ​ស្រួល​ជើង​ជាទីបំផុត​តែ​មាន​នរណា​ដឹង​ខ្លះ​ទេ​ថា​ ការ​ពាក់​ស្បែកជើង​ផ្ទាត់​ចេញពីផ្ទះ​ ដើរទៅ​នេះ​ ដើរទៅ​នោះ​ពេញ​ 1ថ្ងៃ​នោះ​ បែរជា​ហុច​ផល​អាក្រក់​ដល់​សុខភាព​ជើង​យ៉ាង​ខ្លាំង​ទៅវិញ​(ជាពិសេស​បរិវេណ​បាត​ជើង​) ដូច្នេះ​បើសិនជា​អាច​ទៅរួច​ ឡា​រ៉ែ​ន ចង់​ណែនាំ​ឱ្យ​ងាក​ទៅ​ពាក់​ស្បែកជើង​បែប​ផ្សេង​ខ្លះ​ ដូចជា​ស្បែកជើងបាតា​ជាដើម​ ទោះជា​វា​មិនសូវ​សប្បាយ​ជើង​ដូច​ស្បែកជើងផ្ទាត់​មែន​ តែ​យ៉ាងហោចណាស់​ក៏​វា​មិន​បំផ្លាញ​សុខភាព​ជើងខ្លាំង​ពេក​ដែរ​៕

  • កុំ​បារម្ភ​ថា​អត់​ការងារ​ធ្វើ​ តែ​អ្វី​ដែល​សិស្ស​ត្រូវ​គិត​ គឺ​ចាប់​ឱកាស​ការងារ​ដោយ​វិធី​ណា​?

    កុំ​បារម្ភ​ថា​អត់​ការងារ​ធ្វើ​ តែ​អ្វី​ដែល​សិស្ស​ត្រូវ​គិត​ គឺ​ចាប់​ឱកាស​ការងារ​ដោយ​វិធី​ណា​?

    សិស្សានុសិស្ស​ជាច្រើន​ ជាពិសេស​អ្នក​រស់នៅ​តាម​បណ្តា​ខេត្ត​តែងតែ​បារម្ភ​ពី​បញ្ហា​គ្មាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​។ ដោយ​មូលហេតុ​នេះ​ ធ្វើ​ឱ្យ​សិស្ស​មួយចំនួន​មិន​ហ៊ាន​សម្រេចចិត្ត​បន្ត​ការសិក្សា​នៅ​ឧត្តម​សិក្សា​ ហើយ​ចាប់​អាជីព​ការងារ​នៅ​ក្បែរ​ផ្ទះ​ដែល​ងាយស្រួល​ និង​ចំណាយ​តិច​ទៅវិញ​។

    តាមពិត​ទៅ​ ជីវិត​ការងារ​ជាក់ស្តែង​ មិន​គួរ​ឱ្យ​បារម្ភ​ដូច​អ្វី​ដែល​យុវជន​គិត​នោះ​ទេ​ ព្រោះ​កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​ច្រើនណាស់​ដែល​រអ៊ូរទាំ​ពី​កង្វះ​បុគ្គលិក​សម្រាប់​ធ្វើការងារ​ ស្រប​ពេល​ដែល​សិស្ស​ជា​ច្រើន​បែរជា​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​ទៅវិញ​។ តាម​ពិត​ទៅ​ ប្រសិនបើ​សិស្ស​ និស្សិត​មាន​ចំណុច​ទាំងប៉ុន្មាន​ខាងក្រោម​នេះ​ នោះ​ពួកគេ​នឹង​មិនបាច់​បារម្ភ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​ក្រោយពេល​បញ្ចប់​ការសិក្សា​នោះ​ទេ​។

    1. ចំណេះដឹង​វិជ្ជាជីវៈ​
    ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ​ គឺជា​ការសិក្សា​ដែល​ផ្តោត​សំខាន់​លើ​ចំណេះដឹង​សម្រាប់​ធ្វើការងារ​ តែ​នៅក្នុង​ជំនាញ​គោល​រយៈពេល4ឆ្នាំនេះ​ មានមុខ​វិជ្ជា​ជាច្រើន​ផ្សេងគ្នា​ដែល​អាច​បំបែក​បាន​ជា​អាជីព​ការងារ​ជាច្រើន​ផង​ដែរ​។ ហេតុនេះ​និស្សិត​ត្រូវតែ​ដឹង​ថា​ អាជីព​ជាក់លាក់​ណាមួយ​លើ​វិស័យ​ដែល​ខ្លួន​កំពុង​សិក្សា​ជា​អាជីព​ដែល​ខ្លួន​ពេញចិត្ត​ពិតប្រាកដ​។

    ឧទាហរណ៍​ ប្រសិនបើ​គាត់​កំពុង​សិក្សា​លើ​មុខវិជ្ជា​នីតិសាស្ត្រ​ និស្សិត​គួរ​កំណត់​ឱ្យ​ច្បាស់​ថា​អនាគត​ទៅ​ចង់​ក្លាយជា​មេធាវី​ឯកទេស​រដ្ឋប្បវេណី​ មេធាវី​ខ្លាំង​ខាង​ព្រហ្មទណ្ឌ​ អ្នកធ្វើការ​ងារ​ក្នុង​ក្រសួង​-ស្ថាប័នរដ្ឋ​ មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ក្នុង​ក្រុមហ៊ុន​ឯកជន​ ឬចង់​ធ្វើការងារ​នៅក្នុង​តុលាការ​ជាដើម​។ ក្រោយពេល​កំណត់​ច្បាស់​ហើយ​ និស្សិត​អាច​ចាប់​យកមុខ​វិជ្ជា​ពាក់ព័ន្ធ​ទាំងអស់​នោះ​ដើម្បី​ធ្វើការ​សម្រួច​ឱ្យ​ខ្លាំង​ដើម្បី​ធានា​ថា​យើង​អាច​ចេះចាំ​ច្បាស់​ និង​អាច​ធ្វើការងារ​បាន​។

    2. បទ​ពិសោធ​
    នៅក្នុង​ការ​ដាក់ពាក្យ​ធ្វើការងារ​ ជាពិសេស​អ្នកធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន​ ភាគច្រើន​ជ្រើសរើស​បុគ្គលិក​ដែល​មានបទពិសោធន៍​ការងារ​ស្រាប់​។ មាន​និស្សិត​ជាច្រើន​មិន​ហ៊ាន​ដាក់ពាក្យ​ធ្វើការងារ​ដោយសារ​មិន​មាន​បទ​ពិសោធ​គ្រប់គ្រាន់​តាម​ការកំណត់​របស់​ស្ថាប័ន​ នៅពេល​ដែល​ពួកគេ​ទើបនឹង​ចេញពី​សាកល​វិទ្យាល័យ​។ត្រង់​ចំណុច​នេះ​ និស្សិត​គួរ​ចាប់ផ្តើម​ស្វែងរក​ការងារ​ស្ម័គ្រចិត្ត​ ឬធ្វើការងារ​ហាត់​ការ​នៅក្នុង​ស្ថាប័ន​ណា​ដែល​ត្រូវ​នឹង​អាជីព​របស់​ខ្លួន​។ បើ​ទោះ​បី​ជា​ការងារ​នោះ​មិនធំ​ដុំ​ ឬមិន​សូវ​សំខាន់​ក្នុង​ស្ថាប័ន​ តែ​វា​ក៏​ត្រូវ​បាន​គេ​រាប់បញ្ចូល​ទៅ​ក្នុងរយៈពេល​ដែល​យើង​ធ្វើការងារ​ក្នុង​វិស័យ​ដែល​យើង​កំពុង​សិក្សា​នោះ​ដែរ​។ ប្រសិនបើ​និស្សិត​បាន​ប្រឡូក​ជាមួយ​ការងារ​ជាក់ស្តែង​នៅ​ឆ្នាំទី2​ នោះ​មានន័យថា​ គ្រាន់តែ​ចប់​សាកល​វិទ្យាល័យ​ភ្លាម​ គាត់​មាន​បទ​ពិសោធ​ជាង​ 2ឆ្នាំ​រួច​បាត់​ទៅ​ហើយ​។

    3. អត្តចរិត​ និង​អាកប្ប​ករិយា​
    ចំណុច​នេះ​ ជា​ចំណុច​សំខាន់​ដែល​និយោជក​ភាគច្រើន​ត្រូវការ​ ព្រោះ​ចំណេះ​ជំនាញ​អាច​បណ្តុះបណ្តាល​បាន​ តែ​អត្តចរិត​លំបាក​ណាស់​ក្នុង​ការ​តម្រង់​។ ការ​បណ្តុះ​អត្តចរិត​ល្អ​ដែល​ស្ថាប័ន​នានា​ចង់​បាន​ គឺ​សមត្ថភាព​ធ្វើការងារ​ជា​ក្រុម​ ភាពជា​អ្នកដឹកនាំ​ ភាព​បត់បែន​ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។ អត្តចរិត​ និង​អាកប្ប​កិរិយា​ល្អ​នេះ​ ជា​មេរៀន​ដែល​ត្រូវ​រៀន​នៅ​ក្រៅ​សាលា​ ហើយ​វា​កើតឡើង​ពី​ការ​សន្សំ​។ ហេតុនេះ​ការ​ធ្វើ​សូមកុំ​មើល​រំលង​ពីអ​ត្ថ​ន័យ​នៃ​ការ​ងា​រតូចៗ​ដែល​យើង​កំពុង​ធ្វើ​។ ការងារ​ជា​ក្រុម​ដែល​សាស្ត្រា​ចារ្យ​ដាក់​ឱ្យ​ រួម​ទាំង​ការងារ​ដែល​ប្រធាន​ស្ថាប័ន​ដាក់​ឱ្យ​យើង​ធ្វើ​សុទ្ធតែ​បង្កប់​នូវ​មេរៀន​សំខាន់​ក្នុង​ការ​ហ្វឹកហាត់​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ដែលគេ​ចង់​បាន​។ ការ​ធ្វើការងារ​សាលា​សូម​យកចិត្ត​ទុកដាក់​ ហើយ​គិតថា​វា​ជា​ការងារ​សំខាន់​សម្រាប់​អាជីព​ ហើយ​ការ​ធ្វើការងារ​ហាត់​ការ​ក៏​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ល្អ​ និង​ពេលខ្លះ​បើ​អាច​ខិតខំ​ធ្វើ​រហូត​មាន​សមត្ថភាព​ល្អ​ជាង​បុគ្គ​លិ​កពេញ​សិ​ទិ្ធ​ក៏​កាន់តែ​ប្រសើរ​។ នៅពេល​នោះ​ កុំថាឡើយ​ចេញពី​សាលា​មិន​លំបាក​ដាក់ពាក្យ​ធ្វើការងារ​ សូម្បីតែ​ប្រធាន​ស្ថាប័ន​ដែល​យើង​កំពុង​ហាត់​ការ​នេះ​ ក៏អាច​នឹង​ទាញ​យើង​ឱ្យ​ចូល​ធ្វើការងារ​ទាំង​មិនទាន់​រៀនចប់​ផង​ក៏​មាន​៕

  • ម៉ូដសក់ស្អាតៗ សម្រាប់អនាគតកូនក្រមុំទាន់សម័យ

    ម៉ូដសក់ស្អាតៗ សម្រាប់អនាគតកូនក្រមុំទាន់សម័យ

    សម្រាប់​ម៉ូដ​សក់​កូនក្រមុំ​នា​សម័យថ្មី​នេះ​ គឺ​មិន​ត្រូវការ​ភាពស៊ាំ​ញ៉ាំ​ដូចជា​សម័យមុន​នោះ​ទេ​ ម៉ូដ​សក់​ទាំងនេះ​មិន​ត្រឹមតែ​ស្អាត​ ទាន់សម័យ​នោះ​ទេ​ ថែមទាំង​ងាយស្រួល​ប្តូរ​ម៉ូដ​សក់​ថ្មី​ មិន​ឈឺក្បាល​ ហើយ​មិន​ខូច​សក់​ថែមទៀត​ផង​។ មើល​ចុះ​ម៉ូដ​សក់​ទាំងនេះ​ពិតជា​ស្រស់​ស្អាត​ និង​ពេញ​ចិត្ត​អនាគត​កូនក្រមុំ​សម័យថ្មី​នេះ​មិន​តិច​ទេ​ ដូច្នេះ​តោះ​ចឹង​សូម​ជ្រើសរើស​ម៉ូដ​សក់​ស្អា​តៗ​ ងាយ​ៗសម្រាប់​ថ្ងៃ​ដ៏​សំខាន់​របស់​អ្នក​ដូចតទៅ​៕

  • បើ​មិនអាច​បំភ្លេច​គេ​បានទេ គ្រាន់តែ​ចាំ​ថា គេ​ឈប់​ស្រឡាញ់​យើង​ទៅបាន​ហើយ

    បើ​មិនអាច​បំភ្លេច​គេ​បានទេ គ្រាន់តែ​ចាំ​ថា គេ​ឈប់​ស្រឡាញ់​យើង​ទៅបាន​ហើយ

    គឺជា​រឿង​ធម្មតា​របស់​ “សេចក្ដីស្នេហា​” ដែល​ត្រូវតែ​ប្រសព្វ​ជួបនឹង​ “ក្តី​សមបំណង​” និង​ “ក្តី​ខកបំណង​” … “សេចក្តី​សុខ​” និង​ “ក្តី​ទុក្ខសោក​” តែបើ​បាន​ជួបនឹង​សេចក្ដីស្នេហា​ដែ​លល្អៗ​ នោះ​គឺ​បានន័យ​ថា​ អ្នក​សំណាងល្អ​ណាស់​…ចុះបើ​ជួបនឹង​ស្នេហា​ដែល​ខកបំណង​ ដែល​ចង់​ “បំភ្លេច​” និង​ទោះជា​ខំប្រឹង​បំភ្លេច​យ៉ាងណា​ ក៏​មិន​អាច​បំភ្លេច​បាន​ ព្រោះ​វា​នៅតែ​ដក់​ដិតជាប់​នៅក្នុង​បេះដូង​វិញ​នោះ​ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​? តើ​អ្នក​ធ្លាប់​ដាក់​សំណួរ​បែបនេះ​ចំពោះខ្លួន​ឯង​ដែរ​ឬទេ​?

    ពិតហើយ​ ដែល​ការ​ចងចាំ​របស់​មនុស្សយើង​ម្នា​ក់ៗ​វា​ខុសគ្នា​ អ្នកខ្លះ​ឆាប់​ភ្លេច​ អ្នកខ្លះ​ក្រ​ភ្លេច​និង​អ្នកខ្លះ​មិន​ងាយ​ភ្លេច​ ទោះជា​ខំព្យាយាម​បំភ្លេច​យ៉ាងណា​ ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​… នៅ​ក្នុង​ខួរក្បាល​នៅតែ​វិលវល់​ នឹកឃើញ​តែ​រូបភាព​ចាស់​ៗ រឿងរ៉ាវ​កាលពី​អតីត​ អា​រម្ម​ណ៍​ចាស់​ៗពីមុន​ដែល​រូប​អ្នក​ ឬគេ​ធ្លាប់​បាន​ប្រគល់​ឱ្យ​គ្នា​ទៅវិញទៅមក​ ទីកន្លែង​ដែល​ធ្លាប់​ដើរ​ដឹកដៃ​គ្នា​កាល​គ្រាដំបូង​ ហាង​ដែល​យើង​ធ្លាប់​ញ៉ាំបាយ​ជាមួយគ្នា​ជាប្រចាំ​ កុន​រឿង​នោះ​ដែលគេ​ ឬនាង​ចូលចិត្ត​មើល​។ល។

    ពិតមែនហើយ​ថា​ “ពេលវេលា​មិន​អាច​ធ្វើ​ឱ្យ​នរណា​ភ្លេច​នរណា​បាន​ឡើយ​” តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ បើ​នៅតែ​មិន​អាច​បំភ្លេច​គេ​បាន​ក៏​គ្រាន់តែ​ចាំ​ថា​ គេ​លែង​ស្រឡាញ់​យើង​ទៅ​បាន​ហើយ​ និង​សួរ​ខ្លួនឯង​ថា​ តើ​ហេតុអ្វីបានជា​យើង​មិនព្រម​ប្រមូល​ការ​ចង​ចាំ​ចាស់​ៗ អនុស្សាវរីយ៍​ចាស់​ៗដែល​យើង​ និង​គេ​ធ្លាប់ធ្វើ​រួមគ្នា​ទាំងនោះ​ដាក់​ចូល​ទៅ​ក្នុង​ទីជម្រៅ​នៃ​បេះដូង​ រួច​ចាក់សោ​បិទ​វា​ឱ្យ​ជិត​ ឈប់​រំឭក​ ឈប់​នឹកឃើញ​នោះ​ឱ្យ​អស់​ទៅ​? រួចហើយ​រង់ចាំ​ដល់​ថ្ងៃណាមួយ​ដែល​អ្នកមាន​អារម្មណ៍​ថា​ ត្រៀមខ្លួន​រួចរាល់​ជាថ្មី​ម្តង​ទៀត​ និង​ស្នាមរបួស​ដែល​ធ្លាប់​មាន​នោះ​ វា​ជា​សះ​ស្រួលបួល​ហើយ​ សឹម​បើកទ្វារ​បេះដូង​ជាថ្មី​ម្តង​ទៀត​ ទទួលយក​អ្នកថ្មី​ ក៏​វា​មិនមែន​ជា​រឿង​អី​ប្លែក​ដែរ​។

    ចូរ​សាកល្បង​សួរ​បេះដូង​ខ្លួនឯង​ទៅ​មើល​ថា​ តើ​ចង់​មាន​សេចក្តី​សុខ​ជាមួយ​បច្ចុប្បន្ន​ ឬចង់​មាន​សេចក្តី​សុខ​ជាមួយនឹង​អតីតកាល​ដែល​កន្លង​ហួសទៅហើយ​ ដែល​វា​មិន​អាច​នឹង​វិល​ត្រឡប់​មក​ឱ្យ​យើង​កែកុន​ជាថ្មី​ទៀត​បាន​នោះ​?ចូរ​កុំ​ភ្លេច​ថា​ ជីវិត​ត្រូវតែ​ឈានទៅមុខ​ជានិច្ច​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​… ការ​ចងចាំ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ក្នុង​ជីវិត​ប៉ុណ្ណោះ​ មិនមែន​ក្នុង​ជីវិត​ទាំងមូល​របស់​យើង​ឡើយ​៕

  • ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈពេលមានគភ៌

    ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈពេលមានគភ៌

    ការ​មាន​សុខភាព​ល្អ​ ពិតជា​រឿង​មួយ​ចាំបាច់​ណាស់​សម្រាប់​ស្រ្តី​មានគភ៌​ទាំងឡាយ​ ព្រោះ​វា​មានន័យថា​ នៅពេល​ដែល​អ្នកមាន​សុខភាព​ល្អ​រឹងមាំ​ពេញលេញ​ហើយ​នោះ​ ជីវិត​ដ៏​តូច​មួយ​ដែល​នៅក្នុង​ពោះ​អ្នក​ក៏​នឹង​មាន​វិវឌ្ឍនាការ​រីកចម្រើន​ធំធាត់​តាម​អាយុ​គភ៌​ដ៏​ល្អ​នោះ​ដែរ​ ដូច្នេះ​គេ​អាច​មើលឃើញ​បាន​ថា​ គ្រូពេទ្យ​នឹង​ណែនាំ​អនាគត​អ្នកម្តាយ​ដែល​កំពុង​តាំង​គភ៌​ទាំងឡាយ​ឱ្យ​ឧស្សាហ៍​មើលថែ​ទាំ​ខ្លួន​ ទាំង​រឿង​សុខភាព​រាងកាយ​ រួម​ទាំង​សុខភាព​ផ្លូវចិត្ត​ផង​ដែរ​។ ឥឡូវ​យើង​មក​មើល​ថា​ តើ​ជម្រើស​ឆ្ពោះទៅ​រក​ការ​មាន​សុខភាព​ដ៏​ល្អ​នោះ​ យើង​អាច​ធ្វើ​យ៉ាងដូច​ម្តេច​បាន​ខ្លះ​?

    1- ស្ត្រី​មានគភ៌​គួរ​ទទួលទាន​បន្លែ​ផ្លែឈើ​ អាហារ​ Cereal​ បាយ​អង្ករ​ស្រូវសាលី​ គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​មាន​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ ដើម្បី​ចៀសវាង​អាការ​ទល់លាមក​ ព្រោះ​អ័រម៉ូន​ដែល​ប្រែប្រួល​នឹង​មានផល​ប៉ះពាល់​ដល់​ពោះវៀនធំ​របស់​ស្ត្រី​មានគភ៌​ ហើយ​អាហារ​ដែល​មាន​កាក​សរសៃ​អាច​ជួយ​បាន​ច្រើន​។2- ស្ត្រី​មានគភ៌​ត្រូវ​បាន​ទទួល​សារធាតុ​ដែក​ពី​សាច់សត្វ​ យ៉ាងហោចណាស់​ 1សប្តាហ៍​ 3ដង​ ដែល​មិន​ចាំបាច់​ញ៉ាំ​ច្រើន​ទេ​ តែ​ឱ្យ​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​រាងកាយ​ ហើយនិង​សារធាតុ​ដែក​ដែល​មាននៅ​ក្នុង​បន្លែ​ ជា​ប្រភេទ​ដែល​មិនមែន​ ហេ​ម៉ូ​គ្លោ​ប៊ី​ន ធ្វើ​ឱ្យ​រាងកាយ​ពិបាក​ក្នុង​ការ​បឺត​ជ្រាប​នោះ​ទេ​។3- ដើម្បី​ជួយ​បង្កើន​ និង​ពង្រឹង​ខួរក្បាល​ដល់​កូនតូច​ ស្រ្តី​មានគភ៌​ត្រូវ​ទទួលទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3​ តែ​ចូរ​ចៀសវាង​សត្វ​ក្នុងទឹក​ដែល​មាន​សម្បក​រឹង​ ប្រភេទ​គ្រំ​ ងាវ​ និង​ លៀស​ជាដើម​ ព្រោះ​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ទាំង​ម្តាយ​ និង​ទារក​ក្នុង​គភ៌​ដែល​នឹងអាច​ឆ្លង​មេរោគ​បាក់តេរី​លិ​ស្តេ​រី​បាន​។4- បើស្ត្រី​មានគភ៌​ពិបាក​ជាមួយនឹង​អាការ​ក្អួតចង្អោរ​ ចូរ​ទទួលទាន​មើម​ខ្ញី​ ព្រោះ​វា​អាច​ព្យាបាល​អាការ​ក្អួតចង្អោរ​បាន​ល្អ​ ដោយ​គ្រាន់​តែ​ហាន់​មើម​ខ្ញី​ស្រស់​ជា​ចំ​ណិ​តស្ដើង​ៗ ដាក់​ក្នុងទឹក​ក្តៅ​ឧណ្ហ​ៗខ្លាំង​ ហើយ​ក្រេប​ម្តង​បន្តិច​ៗឱ្យ​បាន​ញឹកញាប់​។
    5- ស្ត្រី​មានគភ៌​ត្រូវ​បាន​ទទួល​បរិមាណ​ Fluoride​ ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​វា​សំខាន់​ដល់​ការ​សាង​ធ្មេញ​របស់​កូនតូច​ក្នុង​ផ្ទៃ​៕

  • ចម្ការ​ម្នាស់​ទឹកឃ្មុំ​ កំពុង​ជួយ​ជំរុញ​ទីផ្សារ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​របស់​សិប្បកម្ម​ក្នុង​ស្រុក​

    ចម្ការ​ម្នាស់​ទឹកឃ្មុំ​ កំពុង​ជួយ​ជំរុញ​ទីផ្សារ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​របស់​សិប្បកម្ម​ក្នុង​ស្រុក​

    ដំណាំ​ម្នាស់​ ពិសេស​ម្នាស់​ទឹកឃ្មុំ​ ដោយសារតែ​វា​អាច​រស់​បាន​នៅក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី​ 26​ ទៅ​ 28អង្សា​សេ​ ធ្វើ​ឱ្យ​ម្នាស់​ក្លាយជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ ដែល​បច្ចុប្បន្ន​ ខ្មែរយើង​មាន​បច្ចេកទេស​ដាំ​ម្នាស់​តែ​ក្នុងរយៈពេល​ 6ខែ​ ទៅ​ 7ខែ​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ផល​ ហើយ​ដំណាំ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ដាំ​នៅ​គ្រប់​ខេត្ត​-ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ត្រូវការ​ច្រើន​ផង​ដែរ​។

    កសិករ​ដាំ​ម្នាស់​ទឹកឃ្មុំ​ នៅ​ភូមិ​អូរឫស្សី​កណ្តាល​ ឃុំ​អូរឫស្សី​កណ្តាល​ ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​ លោក​ សាយ​ ពន្លឺ​ករុណា​ បាន​ផ្តល់​បទ​សម្ភាស​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “គ្រួសារ​ខ្ញុំ​ ចាប់ផ្តើម​ប្រកបរបរ​ដាំ​ម្នាស់​អស់​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដោយ​បាន​ដាំដុះ​នៅ​លើ​ផ្ទៃដី​ចំនួន​ 15ហិ​កតា​ ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់​តែ​ 2ហិ​កតា​ប៉ុណ្ណោះ​ ដោយសារ​ខ្ញុំ​បាន​បង្វិលទុន​ធ្វើ​សិប្បកម្ម​ ផលិត​ភេសជ្ជៈ​ទឹក​ផ្លែ​ម្នាស់​វិញ​”។

    ថ្វី​ដ្បិតតែ​កសិករ​ដាំ​ម្នាស់​រូប​នេះ​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ការងារ​សិប្បកម្ម​ផលិត​ទឹក​ផ្លែ​ម្នាស់​ក៏ដោយ​ ក៏​លោក​នៅតែ​អាច​ប្រាប់​ពី​បច្ចេកទេស​ដាំដុះ​ម្នាស់​ ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​បង្គួរ​ពី​ដំណាំ​ផ្លែឈើ​មួយ​នេះ​ដែរ​។ លោក​ថា​៖“ម្នាស់​ 1ហិ​កតា​ ខ្ញុំ​អាច​ដាំ​បាន​ចន្លោះ​ពី​ 36,000កូន​ ទៅ50,000កូន​ តែ​បច្ចុប្បន្ន​ខ្ញុំ​ដាំ​បាន​ត្រឹមតែ​ 40.000កូន​ប៉ុណ្ណោះ​ (នៅ​តំបន់​ខ្លះ​មាន​ដង់ស៊ីតេ​ដាំ​ប្រមាណ​ជា​ 55,000កូន​ក្នុង​ 1ហិ​កតា​)ដោយ​លើក​ជា​រង​ចន្លោះ​ពី​ 1.2ម៉ែត្រ​ ទៅ1.5ម៉ែត្រ​ពីគ្នា​ ហើយ​ដាំ​ឃ្លាត​គ្នា​ពី​ 1ដើម​ទៅ​ 1ដើម​ចម្ងាយ​ពី​ 2.5តឹក​ទៅ​ 3តឹក​។

    ក្នុង​ម្នាស់​មួយ​ដើម​ផ្តល់​ផល​តែ​ 1ផ្លែ​ប៉ុណ្ណោះ​ដែល​មាន​ទម្ងន់​ចាប់ពី​ 1គីឡូ​ ទៅដល់3គីឡូក្រាម​ ទៅ​តាម​ផ្លែ​តូច​ ឬផ្លែ​ធំ​ ហើយ​លក់​ក្នុង​តម្លៃ​បោះ​ដុំ​បាន​ 3,500រៀល​ តែ​អ្នក​ប្រមូល​ទិញ​អាចយ​កទៅ​លក់​នៅក្នុង​ទីផ្សារ​បាន​ 5,000រៀល​ទៅ​ 6,000ក្នុង​ 1គីឡូក្រាម​។

    លោក​ ករុណា​ បាន​មានប្រសាសន៍​ថា​៖“ដើម​ម្នាស់​គេ​អាច​បណ្តុះ​ដោយ​គ្រាប់​(គ្រាប់​ម្នាស់​នៅក្នុង​ភ្នែកម្នាស់​) រួច​យកកូន​ទៅ​ដាក់ដាំ​ ឬអាច​ដាំ​ដោយ​ដើម​ម្នាស់​ដែល​នៅ​ខាងចុង​ផ្លែ​ ឬខ្នែង​ដែល​នៅ​លើ​ដើម​ម្នាស់​ក៏បាន​។ បច្ចេកទេស​ដាំ​ម្នាស់​បច្ចុប្បន្ន​ គេ​ប្រើ​រយៈពេល​តែ​ 6ខែ​ទៅ​ 7ខែ​ប៉ុណ្ណោះ​ គឺ​អាច​ឱ្យ​វា​ចេញ​ផ្លែ​(ក្ដិ​ប)បាន​ហើយ​ និង​បន្ត​ពីនោះ​ត្រឹមតែ​ 2-3ខែ​ទៀត​ផ្លែ​ម្នាស់​នឹង​ទុំ​ និង​អាច​ប្រមូល​ផល​បាន​ហើយ​។ ខុសពី​មុន​ដែល​ចាប់ពី​ពេល​ដាក់ដាំ​លើកដំបូង​រហូតដល់​ពេល​ប្រមូល​ផល​ត្រូវ​ចំណាយពេល​ 12ខែ​”។

    លោក​ថា​ កន្លងមក​ទីផ្សារ​លក់​ចេញ​ គឺ​ម្នាស់​មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​លោក​បាន​ដាក់​លក់​ឱ្យ​អ្នកទេសចរ​ ដែល​ធ្វើដំណើរ​ទៅលេង​ខេត្ត​រតនគីរី​ និង​ខេត្ត​ស្ទឹងត្រែង​ ក៏អាច​លក់​អស់​ប្រមាណ​ជា​ 70​% ទៅ​ 80​%ដែរ​ និង​មួយចំនួន​ទៀត​ យើង​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​បន្លែ​ធម្មជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

    ដំណាំ​ម្នាស់​គេ​អាច​ដាំ​បាន​គ្រប់​រដូវ​ មិនថា​រដូវវស្សា​ ឬរដូវប្រាំង​នោះ​ទេ​ សំខាន់​ឱ្យ​តែ​មាន​ទឹក​ស្រោច​ប៉ុន្តែ​កសិករ​ខាងលើ​បាន​អះអាង​ថា​ ដើម្បី​ឱ្យ​ដើម​ម្នាស់​លូតលាស់​បាន​ល្អ​ គេ​ច្រើន​ដាំ​នៅ​រដូវប្រាំង​ ហើយ​ស្រោចទឹក​ជាប់​ជាប្រចាំ​ ព្រោះ​ដើម​នឹង​លូតលាស់​បាន​ល្អ​ជាង​ដាំ​នៅ​រដូវវស្សា​ ព្រោះថា​ រដូវវស្សា​ភ្លៀង​ធ្លាក់​ច្រើនពេក​ ម្នាស់​មិនសូវ​លូតលាស់​ល្អ​ទេ​ ដូច្នេះ​ធ្វើ​ឱ្យ​ដំណាំ​នេះ​ក៏​មិនសូវ​ជា​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ទើប​អាច​ដាំ​បាន​ផល​ល្អ​ និង​អាស្រ័យ​លើ​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​ទៀតផង​។ នេះ​បើ​តាម​អ្នកមាន​បទ​ពិសោធ​រូប​នេះ​បាន​បញ្ជាក់​។

    លោក​ ករុណា​ បានឱ្យ​ដឹង​ទៀត​ថា​ លោក​នៅ​សល់​ចម្ការ​ម្នាស់​ទឹកឃ្មុំ​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 2ហិ​កតា​(1ហិ​កតា​ស្មើនឹង​ជាង​ 40,000ដើម​) ឬសរុប​ទៅ​ ប្រមាណ​ជាជាង​ 80,000ដើម​ ដែល​បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ម្នាស់​របស់​លោក​ប៉ុនហ្នឹង​ មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​សិប្បកម្ម​របស់​លោក​ទេ​ ព្រោះ​សិប្ប​កម​របស់​លោក​ត្រូវការ​ម្នាស់​ប្រមាណ​ជា​ 3តោន​ទៅ​ 5តោន​ក្នុង​ 1ថ្ងៃ​។

    ដោយឡែក​រឿង​តម្លៃ​ទឹក​ផ្លែ​ម្នាស់​នៅ​លើ​ទីផ្សារ​វិញ​ លោក​ករុណា​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “សិប្បកម្ម​ទឹក​ផ្លែ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​ អាច​ទទួល​ផលិត​បាន​ 2,500លីត្រ​ក្នុង​ 1ថ្ងៃ​ ហើយ​ក្នុង​ 1ខែ​សិប្បកម្ម​ខ្ញុំ​ផលិត​បាន​ចំនួន​ 150,000ដប​។ ឯតម្លៃ​លក់​បោះ​ដុំ​ គឺ​ក្នុង1ដប​ 4,000រៀល​ ឯអ្នកលក់​រាយ​អាច​លក់​បាន​តម្លៃ​ 5,000​ – 6,000រៀល​ក្នុង1ដប​”។

    លោក​ សាយ​ ពន្លឺ​ករុណា​ បាន​បញ្ជាក់​ទៀត​ថា​៖“សិប្បកម្ម​ទឹក​ផ្លែ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​កំពុង​ដំណើរការ​ចុះបញ្ជី​ហើយ​ ដោយមាន​ការជំរុញ​គាំទ្រ​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ និង​ក្រ​សួង​ឧស្ស​ហក​ម្ម​ និង​សិប្បកម្ម​ ព្រោះ​ការផលិត​របស់ខ្ញុំ​ ធ្វើឡើង​តាម​បច្ចេកទេស​មាន​ស្តង់​ដា​សុវត្ថិភាព​ ហើយ​ផ្លែ​ម្នាស់​ជា​វត្ថុធាតុដើម​ដែល​យក​មក​ប្រើ​ ក៏​ត្រូវ​ចម្រាញ់​ និង​ជា​ផ្លែ​ម្នាស់​ដែល​ដាំ​តាម​បច្ចេកទេស​ដែរ​ ទើប​មានការ​ទទួលស្គាល់​ពី​ក្រសួង​មន្ទីរ​”។

    លោក​ ករុណា​ បាន​បញ្ជាក់​ទៀត​ថា​៖ “បច្ចុប្បន្ន​ភេសជ្ជៈ​ម្នាស់​ទឹកឃ្មុំ​របស់ខ្ញុំ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​នៅ​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មាន​ដូចជា​ សៀមរាប​ បន្ទាយមានជ័យ​ និង​ប៉ោយប៉ែត​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​ ទើប​យើង​ត្រូវការ​ផលិត​បន្ថែម​ ព្រោះ​យើង​ក៏​លក់​តាម​អន​ឡាញ​ដែរ​ ហើយក៏​មាន​អ្នកបញ្ជា​ទិញ​ និង​និយម​ចូលចិត្ត​ទទួលទាន​ច្រើន​ហើយ​ដែរ​”។

    លោក​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“ខ្ញុំ​ ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ជាពិសេស​ម្នាស់​ទឹកឃ្មុំ​នេះ​តែម្ដង​ ដើម្បី​ផ្គត់ផ្គង់​ដល់​សិប្បកម្ម​ភេសជ្ជៈ​របស់ខ្ញុំ​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ពង្រីក​ការ​ដាំដំណាំ​ម្នាស់​ទឹកឃ្មុំ​នេះ​ឱ្យ​បាន​ 5ហិ​កតា​បន្ថែម​ទៀត​ ដែល​វា​នឹង​ហុច​ផល​នៅពេល​ខាងមុខ​”៕