Author: ធឿន មករា

  • ម៉ូដក្រចកកូនក្រមុំ បែបស្អាតៗដូចព្រះនាងម្ចាស់

    ម៉ូដក្រចកកូនក្រមុំ បែបស្អាតៗដូចព្រះនាងម្ចាស់

    នៅក្នុង​ខែតុលា​ ដែល​ជា​ខែ​នៃ​រដូវ​កាល​រៀប​-អាពាហ៍​ពិពាហ៍​បាន​ចូល​មកដល់​ហើយ​ ដូច្នេះ​នា​រីៗ​ ដែល​ត្រៀមខ្លួន​នឹង​ក្លាយជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​នា​ពេល​ខាងមុខនេះ​ សូម​ក្រឡេកមក​មើល​ម៉ូដ​ក្រចក​ដ៏​ស្រស់​ស្អាត​ គួរ​ឱ្យ​ស្រឡាញ់​ លាយឡំ​ដោយ​ម៉ូដ​ត្បូង​ គុជ​ និង​គ្រាប់អង្កាំ​ ដែល​មាន​ពន្លឺ​ភ្លឺ​ស្រស់ថ្លា​ ចែងចាំង​ និង​គួរ​ជាទី​ទាក់ទាញ​ក្រៃលែង​ ដែល​មាននៅ​ក្នុង​ទំព័រ​មួយ​នេះ​ ទុ​កកុ​ម៉្មង់​ជាងជំនាញ​ខាង​ម៉ូដ​ក្រចក​ សម្រាប់​លេង​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​ដូច​ព្រះនាង​ម្ចាស់​នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នកផង​ណា៎​។ កុំឱ្យ​រំលង​ ហើយ​នា​រីៗ​ ដែល​និយម​លេង​ម៉ូដ​ក្រចក​បែប​ស្អា​តៗ​ សម្រាប់​កម្មវិធី​ផ្សេង​ៗក៏អាច​លេង​ម៉ូដ​តាម​ម៉ូដ​ក្រចក​ទាំងនេះ​បាន​ដែរ​៕

  • ម៉ូដរ៉ូបកូនក្រមុំ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍

    ម៉ូដរ៉ូបកូនក្រមុំ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍

    ភ្លេចខ្លួន​តែ​បន្តិច​ រដូវ​កាល​រៀប​អាពាហ៍​ពិពាហ៍​ក៏​ចូល​មកដល់​ទៀតហើយ​ ដូច្នេះ​សូម​មក​ត្រៀមខ្លួន​ជាមួយនឹង​ទំព័រ​ម៉ូដ​សម្លៀកបំពាក់​ ឡា​រ៉ែ​ន នៅក្នុង​ខែតុលា​ ដែល​ផ្តោត​ទៅលើ​អាពាហ៍​ពិពាហ៍​ដូចតទៅ​។ កំលោះក្រមុំ​ទាំងអស់​បាន​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​របស់​ខ្លួន​ហើយ​ឬនៅ​? ក្នុង​ឆ្នាំនេះ​អាច​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ដល់​គូព្រេង​ផង​ក៏​មិនដឹង​ ហើយ​បើ​មិន​ដូច្នេះ​ទេ​ ក៏​គង់តែ​គេច​មិន​ផុត​ពី​ការ​ក្លាយ​ខ្លួន​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គលការ​មិត្តភក្តិ​ ឬសាច់ញាតិ​មិនខាន​។ ដូច្នេះ​ ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​ គឺជា​ថ្ងៃ​ដ៏​ពិសេស​មួយ​ ដែល​កូនក្រមុំ​ទាំងឡាយ​ត្រូវតែ​ស្រស់​ស្អាត​បំផុត​។ ម៉ូដ​សម្លៀកបំពាក់​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​លើក​សម្រស់​ដល់​កូនក្រមុំ​គ្រប់រូប​ដែរ​ ដូច្នេះ​មានន័យថា​ ការ​ជ្រើសរើស​សម្លៀក​បំពាក់​ ដើម្បី​យក​មក​គ្រង​នៅ​លើ​រាងកាយ​ក៏​ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​រើស​យ៉ាង​យកចិត្ត​ទុកដាក់​ដែរ​។ កុំ​បារម្ភ​អី​! សូម​សាកល្បង​មើល​ម៉ូដ​រ៉ូប​កូនក្រមុំ​ទាំងនេះ​ទៅ​មើល៍​ វា​ប្រហែលជា​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​ជ្រើសរើស​ម៉ូដ​រ៉ូប​កូនក្រមុំ​សម្រាប់​ថ្ងៃ​ដ៏​វិសេស​របស់​អ្នក​ ឬញាតិមិត្ត​របស់​អ្នក​បាន​ជាមិនខាន​៕

  • ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ កើនឡើង​ក្នុង​ទំហំ​ 2ប៊ី​លាន​ដុល្លារ​អាមេរិក​

    ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ កើនឡើង​ក្នុង​ទំហំ​ 2ប៊ី​លាន​ដុល្លារ​អាមេរិក​

    រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ក្រោយពី​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​ ទំនាក់ទំនង​ប្រជាជន​នឹង​ប្រជាជន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ចូលរួម​ចំណែក​ដល់​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​។ នេះ​បើ​តាម​ព័ត៌មាន​ក្រោយពី​ជំនួប​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាមួយ​ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

    ឯកឧត្តម​ កេត​ សោ​ផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បានឱ្យ​ដឹង​ថា​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ស្វាគមន៍​ និង​អបអរសាទរ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​កម្ពុជា​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ និង​ជប៉ុន​តាមរយៈ​បទ​ពិសោធ​ការងារ​របស់​ ឯកឧត្តម​ MIKAMI​ Masahiro​ នៅ​កម្ពុជា​។

    ក្នុង​ជំនួប​នេះ​ដែរ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​រំឭក​ថា​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ បាន​ជម្រាប​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ ប្រទេស​ជប៉ុន​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ និង​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ​។

    ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ការស្វែងរក​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​ សេដ្ឋកិច្ច​ និង​នយោបាយ​របស់​កម្ពុជា​។ ឯកឧត្ដម​មាន​ប្រសាសន៍​ថា​៖ “មានតែ​ប្រជាជន​ជប៉ុន​ទេ​ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដូចគ្នា​ ទើបបាន​ដឹងពី​ការ​លំបាក​របស់​កម្ពុជា​”។

    ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ថា​ ពេលនេះ​ប្រជាជន​កម្ពុជា​ទទួល​បាន​សន្តិភាព​យ៉ាង​ពិតប្រាកដ​តាមរយៈ​ការ​បោះឆ្នោត​កាលពី​ឆ្នាំមុន​ ដោយមាន​ប្រជាពលរដ្ឋ​83.02​%បាន​ចេញទៅ​បោះឆ្នោត​ ហើយ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ 77​%បាន​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដឹកនាំ​អំណាច​។

    ឯកឧត្តម​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កំណើន​សេដ្ឋកិច្ច​ទ្វេដង​រវាង​ប្រទេស​ទាំង2ដែល​មាន​ចំនួន​ជាង​ 2ប៊ី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2019​ នេះ​។

    កំណើន​នេះ​បាន​មក​ពី​ការ​តភ្ជាប់​ជើង​ ហោះ​ ហើរ​ត្រង់​ពីជ​ប៉ុន​មក​កម្ពុជា​ ហើយ​វា​មិន​ត្រឹមតែ​កំណើន​ទេសចរ​ប៉ុណ្ណោះទេ​ តែ​នៅ​មាន​កំណើន​ពាណិជ្ជកម្ម​ផង​ដែរ​ ។

    ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​មានប្រសាសន៍​ថា​ ឯកឧត្តម​បាន​មើលឃើញ​ថា​ កាលពី​ 7ឆ្នាំមុន​ និង​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់​ រហ័ស​។ ឯកឧត្តម​បន្ត​ទៀត​ថា​ “ខ្ញុំ​សូម​កោត​សរសើ​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ដែល​បាន​ឆ្លងកាត់​ការ​លំបាក​ ដោយ​បាន​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​នយោបាយ​យ៉ាង​ឆាប់រហ័ស​”។ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​បាន​បញ្ជាក់​ថា​ ជប៉ុន​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។

    ឯកឧត្តម​បន្ត​ថា​៖ “សម្រាប់​វិស័យ​សេដ្ឋកិច្ច​វិញ​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា​ មាន​ការ​កើនឡើង​ជាបន្តបន្ទាប់​។ យើងខ្ញុំ​នឹង​បន្ត​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​កាន់តែ​ច្រើន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​ និង​កម្ពុជា​។

    ទន្ទឹម​នឹង​នេះ​ខ្ញុំ​យល់ឃើញ​ថា​ ការយល់​ដឹង​របស់​ក្រុមហ៊ុន​ជប៉ុន​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ ដូច្នេះហើយ​ ការរៀបចំ​បទ​បង្ហាញ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ អំពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ដល់​វិនិយោគិន​ជប៉ុន​ដោយ​ផ្ទាល់​ អំឡុង​ពេល​ទស្សនកិច្ច​នៅ​ជប៉ុន​កាលពី​ខែឧសភា​កន្លងទៅ​ គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ ហើយ​ក៏​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ចូលរួម​ស្តាប់​”។

    ឯកឧត្តម​បន្ថែម​ថា​៖“ខ្ញុំ​ផ្ទាល់​ក៏​នឹង​ព្យាយាម​ធ្វើការ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ និង​ប្រជាជន​ជប៉ុន​ ស្គាល់​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ ខ្ញុំ​សង្ឃឹមថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ការ​លើកស្ទួយ​ជីវភាព​រស់​-នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​ផ្នែក​ឧស្សាហកម្ម​ ព្រមទាំង​ការ​បង្កើន​ការងារ​ដល់​ប្រជាជន​កម្ពុជា​”។

    ឯកឧត្តម​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​ក្រុមហ៊ុន​ជប៉ុន​ដែល​ជាស​មា​ជិ​ករបស់​សមាគមពាណិជ្ជ​កម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ កើនឡើង​ដល់​ 269ក្រុមហ៊ុន​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ដូចជា​ ផ្សារ​ទំនើប​ អុី​អន​ បាន​នាំ​ឱ្យ​មានការ​ប្រែប្រួល​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​ អាច​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ កម្ពុជា​ គឺ​មិន​ត្រឹមតែ​ការបង្កើត​ការងារ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​សង្គម​ ព្រមទាំង​ការគោរព​ច្បាប់​ផ្សេង​ៗទៀតផង​។

    សូម​បញ្ជាក់​ថា​ ឯកឧត្តម​ MIKAMI​ Masahiro​ កាលពី​ 17ឆ្នាំមុន​ធ្លាប់​បាន​មក​កម្ពុជា​ម្ដង​ ហើយ​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ឆ្នាំ2002​ ហើយ​ឯកឧត្តម​ធ្លាប់​បាន​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ​។ ពេលនេះ​ឯកឧត្តម​ បាន​មក​ធ្វើជា​ឯកអគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​។

    ឯកឧត្តម​ថ្លែង​ថា​៖ “ពេលនេះ​ ទីក្រុង​ភ្នំពេញ​ប្រែក្លាយ​ជាទី​ក្រុង​មួយ​ដ៏​មមាញឹក​ ដែល​មាន​អគារ​ខ្ពស់​ស្កឹមស្កៃ​ និង​ចរាចរណ៍​មមាញឹក​ខ្លាំង​។ ​; ខ្ញុំ​សប្បាយ​រីករាយ​ ដែល​បាន​ជួប​ប្រជាជន​កម្ពុជា​ម្តង​ទៀត​ និង​បានឃើញ​ទឹកមុខ​ញញឹម​របស់​ប្រជាជន​កម្ពុជា​មិន​ប្រែប្រួល​ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo​-pacific​ របស់​ជប៉ុន​ និង​ការ​គាំទ្រ​របស់​កម្ពុជា​នៅក្នុង​វេទិកា​អន្តរ​ជា​តិ​ផ្សេង​ៗទៀតផង​ដែរ​”៕

  • ហេតុផល​ដែល​អ្នក​គួរ​រៀបការ​

    ហេតុផល​ដែល​អ្នក​គួរ​រៀបការ​

    រៀបការ​ ជា​ការ​ធ្វើ​ឱ្យ​ការរស់នៅ​ជាមួយគ្នា​រវាង​មនុស្ស​ពីរ​នាក់​មាន​ភាព​ត្រឹមត្រូវ​ទៅតាម​បែបបទ​ប្រពៃណី​ ឯការ​ចុះសំបុត្រ​អាពាហ៍​ពិពាហ៍​គឺជា​ការ​ធ្វើ​ឱ្យ​ការរស់នៅ​ជាមួយគ្នា​រវាង​មនុស្ស​ពីរ​នាក់​មាន​ភាព​ត្រឹមត្រូវ​ទៅតាមច្បាប់​ ដូច្នេះ​មានន័យថា​ ទាំងពីរ​ចំណុច​នេះ​សុទ្ធតែ​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវតែ​ធ្វើ​ស្របគ្នា​។ ជា​ការពិត​ការរស់នៅ​ជាមួយគ្នា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​។ វា​ជា​ការប្រកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​បានដឹង​ថា​ ពេលនេះ​អ្នកជា​មនុស្សម្នាក់​ដែល​មាន​ម្ចាស់​រួចហើយ​ ហើយ​ម្យ៉ាងទៀត​ក៏​ជា​ការ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​រវាង​គ្នានឹងគ្នា​ផង​ដែរ​។ ក្រៅពី​បាន​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​ ការ​ឱ្យ​តម្លៃ​ និង​ការប្រកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​បានដឹង​ពី​ភាពជា​ប្តី​ប្រពន្ធ​របស់​អ្នក​ហើយ​នោះ​ ការ​រៀប​អាពាហ៍​ពិពាហ៍​ក៏បាន​ផ្តល់​ឱ្យ​អ្នក​នូវ​គុណ​សម្បត្តិ​ផ្សេង​ៗមួយចំនួន​ដូចជា​៖

    1. មានទំនុក​ចិត្ត​ថា​នឹង​មិន​មានការ​បោះបង់​ដោ​យងាយៗ​ : បើស​ម្រេច​ចិត្ត​ថា​រៀប​ការ​នឹងគ្នា​ហើយ​ ប្រាកដជា​មិន​ងាយ​បោះបង់​គ្នា​ចោល​ដោ​យងាយៗ​ទេ​ ដូច្នេះ​ឱកាស​នៃ​ការលែងលះ​ក៏​មិន​ងាយ​នឹង​កើតឡើង​ដែរ​។2. រស់នៅ​ជាមួយគ្នា​ដោយមាន​កិត្តិយស​ : ជា​ការពិត​ណាស់​អ្នក​បាន​រៀបការ​ត្រឹមត្រូវ​ទាំង​តាមផ្លូវ​ច្បាប់​ និង​តាម​ប្រពៃណី​ ហេតុនេះ​ គ្មាន​អ្នកណា​ហ៊ាន​មក​និយាយ​អ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកនោះ​ទេ​។3. លប់​បំបាត់​អតីតកាល​ : ការ​រៀប​ការ​មិនមែន​ធ្វើឡើង​ដើម្បី​បំបាត់​ការ​ឈឺចាប់​ពីអ​តី​តកាលនោះ​ទេ​ ប៉ុន្តែ​ការ​រៀបការ​រស់នៅ​ជាមួយ​មនុស្ស​ថ្មី​ដែល​អ្នក​ស្រឡាញ់​ ក្តី​ស្រឡាញ់​នេះ​នឹងអាច​លប់​ចោល​នូវ​រឿង​ពីអ​តី​តកាលដែល​ធ្លាប់ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​បាន​ដោយឯកឯង​។4. លែង​មាន​អារម្មណ៍​ឯកោ​ទៀតហើយ​ : កាលពី​មិនទាន់​រៀបការ​ អ្នក​ពិតជា​មាន​អារម្មណ៍​ថា​ ឯកោ​ជាមួយនឹង​ការរស់នៅ​ក្នុង​ភាពជា​អ្នក​នៅ​លីវ​អស់​រយៈពេល​ជាយូរមកហើយ​ ប៉ុន្តែ​បន្ទាប់ពី​បាន​រៀបការ​រួច​ ធានា​ថា​ អារម្មណ៍​បែបនេះ​នឹង​លែងកើត​មានត​ទៅទៀត​ហើយ​ គឺ​មានតែ​ភាព​រីករាយ​ជាមួយនឹង​ការរស់នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជា​រៀងរាល់ថ្ងៃ​។5. សុខភាព​រាងកាយ​រឹងមាំ​ល្អ​ : រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សេចក្តី​សុខ​ ​;មាន​អារម្មណ៍ល្អ​ ធ្វើ​ឱ្យ​សុខភាព​ល្អ​ទៅតាម​នោះ​ដែរ​ ហើយរឿង​មួយ​ទៀត​ដែល​អ្នក​អាច​ដឹង​នោះ​គឺ​ អត្ថ​ប្រយោជន៍​ផ្សេង​ៗដែល​បាន​មក​ពី​ការ​រួមភេទ​ ដូចជា​ ធ្វើ​ឱ្យ​ក្មេង​ជាង​វ័យ​ គេច​ផុត​ពី​ជំងឺ​មួយចំនួន​ រួម​ទាំង​កម្ចាត់​អារម្មណ៍​តានតឹង​ជាដើម​៕

  • អ្នកផ្ញើលុយតាមវីង៦នាក់ហើយដែលឈ្នះម៉ូតូស៊េរីថ្មី

    អ្នកផ្ញើលុយតាមវីង៦នាក់ហើយដែលឈ្នះម៉ូតូស៊េរីថ្មី

    មកដល់ពេលនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានផ្តល់រង្វាន់ម៉ូតូស៊េរីថ្មីចំនួន៦គ្រឿងហើយសម្រាប់អតិថិជនដែលបានប្រើប្រាស់សេវាផ្ញើប្រាក់ពីកូរ៉េខាងត្បូង និងថៃ មកកាន់ប្រទេសកម្ពុជា។ ការចាប់រង្វាន់លើកចុងក្រោយត្រូវបានធ្វើឡើងនៅថ្ងៃទី ០៤ តុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

    លោកស្រី ហេង អ៊ឿន ដែលមានទីលំនៅក្នុងខេត្តបាត់ដំបង បានមកទទួលយករង្វាន់ម៉ូតូ១គ្រឿង ជំនួសក្មួយស្រីរបស់គាត់ដែលបានទៅធ្វើការនៅក្រៅប្រទេស។ ក្មួយស្រីរបស់គាត់ បានផ្ញើប្រាក់ពីប្រទេសថៃមកក្រុមគ្រួសារនៅកម្ពុជាតាមរយៈដៃគូសហការរបស់វីង និង ធ្វើការដកប្រាក់តាមភ្នាក់ងារ វីង ជាញឹកញាប់។

    កម្មវិធីប្រូម៉ូសិនភ្ជុំបិណ្ឌឈ្នះម៉ូតូស៊េរីថ្មីនេះគឺជាកម្មវិធីប្រូម៉ូសិន របស់ធនាគារឯកទេស វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់ វីង ជាពិសេសសម្រាប់អតិថិជននៅប្រទេសកូរ៉េខាងត្បូង និងថៃដែលបានផ្ញើប្រាក់មកកម្ពុជាតាមរយៈដៃគូសហការវីងដូចជា៖ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។

    លោក ហោ ប៊ុនថែ អគ្គនាយករងរបស់ វីង បានមានប្រសាសន៍ថា៖ “ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង និងថៃ អាចធ្វើការផ្ទេរប្រាក់កាន់តែងាយស្រួលជាងមុនមកកាន់សាច់ញាតិនៅក្នុងប្រទេសកម្ពុជា តាមរយៈដៃគូសហការរស់ វីង”។

    សម្រាប់នៅក្នុងប្រទេសកម្ពុជាវិញ អតិថិជនអាចដកប្រាក់នៅតាមភ្នាក់ងាររបស់វីងដែលមានជាង ៧០០០ នៅទូទាំងប្រទេស ដែលនៅជិតបំផុត៕

  • សហគ្រាស​ធុន​តូច​ និង​មធ្យម​ ស្វែងរក​ការ​គាំទ្រ​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ទីផ្សារ​

    សហគ្រាស​ធុន​តូច​ និង​មធ្យម​ ស្វែងរក​ការ​គាំទ្រ​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ទីផ្សារ​

    សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (The​ Federation​ of​ Association​ of​ Small​ and​ Medium​ Enterprises​ of​ Cambodia​ ឬ Fasmec​) កំពុង​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ការ​លើកទឹកចិត្ត​លើ​ពន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បង្កើន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​)។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប្រធាន​ FASMAC​ នៅក្នុង​សិក្ខាសាលា​នៅ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​។

    លោក​ឧកញ៉ា​ តែ​ តាំង​ប៉រ​ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (Fasmec​)បាន​ថ្លែង​ថា​ សមាគម​នៅតែ​បន្ត​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ក្នុង​ស្រុក​ រួម​ទាំង​បង្កើន​សមត្ថភាព​របស់​ពួកគេ​។

    លោក​បាន​កត់សម្គាល់​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការប្រកួត​ប្រជែង​នៃ​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស​នៅពេល​ប្រៀបធៀប​នឹង​ផលិតផល​នាំចូល​។ ដោយ​សមាគម​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ អំពី​បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​ និង​ស្នើសុំ​ជំនួយ​ ដើម្បី​កែ​លម្អ​អាជីវកម្ម​ដែល​ធ្វើការ​ជាមួយ​វត្ថុធាតុដើម​កសិកម្ម​។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“យើង​ចង់​ជំរុញ​អាជីវកម្ម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​កសិកម្ម​ ដើម្បី​ផលិត​ផលិតផល​អាហារ​ ដូច្នេះ​យើង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រក​វិធី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ ពេលវេលា​ និង​ការ​ចំណាយ​ដើម្បី​ជំរុញ​ផលិតផល​ក្នុង​ស្រុក​”។

    លោក​បាន​បន្ថែម​ថា​៖“បច្ចុប្បន្ន​ផលិតផល​ក្នុង​ស្រុក​ ពាក់ព័ន្ធ​នឹង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ផលិតផល​សម្រេច​នាំចូល​ ដូច្នេះ​យើង​ព្យាយាម​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រកួត​ប្រជែង​”។

    លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ធនាគារ​ SME​ នឹង​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​។ ធនាគារ​សម្រាប់​សគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​មូលនិធិ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ស្រុក​ដែល​នឹងអាច​រកបាន​នៅ​ចុងឆ្នាំ​នេះ​។

    ក្រៅពី​គយ​ និង​រដ្ឋាករ​ បញ្ហា​ផ្សេងទៀត​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​នោះ​ រួមមាន​ថ្លៃ​អគ្គិសនី​ និង​កម្លាំង​ពលកម្ម​នឹង​ត្រូវលើ​កឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ – ឯកជន​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែក្រោយ​។

    យោង​តាម​ FASMAC​ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ជាង​ 500,000​ សហគ្រាស​ ក្នុង​នោះ​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ 150,000សហគ្រាស​កំពុង​កែច្នៃ​វត្ថុ​ ធាតុ​ដើម​កសិកម្ម​ទៅជា​ផលិតផល​ម្ហូបអាហារ​។ សមាគម​បាន​ឱ្យ​ដឹង​ថា​ តាម​ការ​ប៉ាន់ស្មាន​ មាន​ 10​% នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ 150,000កន្លែង​នោះ​បាន​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ទីផ្សារ​បរទេស​។

    ថ្លែង​នៅក្នុង​សិក្ខាសាលា​ដែល​បាន​ធ្វើឡើង​ ឯកឧត្តម​ គុណ​ ញឹម​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ពិភាក្សា​អំពី​ការ​លើកទឹកចិត្ត​លើ​ពន្ធគយ​ និង​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺជា​ឆ្អឹងខ្នង​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ ហើយ​កំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជា​ប្រការ​សំខាន់ណាស់​ក្នុង​ការជំរុញ​ និង​លើកស្ទួយ​វិស័យSME​។ រដ្ឋាភិបាល​គួរ​ផ្តល់​ការ​លើកទឹកចិត្ត​លើ​ពន្ធ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បង្កើន​ការប្រកួត​ប្រជែង​ទីផ្សារ​របស់​ពួកគេ​។ ជា​ការ​ឆ្លុះបញ្ចាំង​លើ​ការងារ​នេះ​ តំបន់SMEពិសេស​ គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែរ​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖“បញ្ហា​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​កំពុង​ប្រឈម​ រួមមាន​ថ្លៃ​អគ្គិសនី​ និង​កម្លាំង​ពលកម្ម​ នឹង​ត្រូវលើ​កឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋាភិបាល​ – ឯកជន​ស្តី​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាងមុខ​ យើង​សង្ឃឹមថានឹង​ទទួល​បានការ​សម្របសម្រួល​នូវ​ការ​ដោះស្រាយ​បញ្ហា​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ ជាដើម​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ក៏បាន​បញ្ជាក់​បន្ថែម​ទៀតផង​ដែរ​ថា​៖“ប្រសិនបើ​មានការ​គាំពារ​ពីរ​ដ្ឋ​ច្រើន​ សភា​ពាណិជ្ជកម្ម​ក៏​នឹង​ជំរុញ​បញ្ហា​នេះ​ឱ្យ​ដំណើរការ​ ព្រោះ​វា​ដូចជា​ការ​ធ្វើ​ទំនើបកម្ម​ដែរ​ ដោយ​យើង​យក​បច្ចេកវិទ្យា​មក​ផលិត​ ដើម្បី​ឱ្យ​ថ្លៃដើម​ទាប​ ព្រោះ​ការប្រើ​មនុស្ស​ បច្ចុប្បន្ន​ប្រាក់ខែ​គោល​ឡើង​ដល់​ 190​$ហើយ​ ដូច្នេះ​ថ្លៃដើម​ការផលិត​ក៏​ឡើង​តាម​ហ្នឹង​ដែរ​ តែ​នៅ​ថ្ងៃ​អនាគត​សហព័ន្ធ​មួយ​សម្រាប់​ SME​ ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការ​រីកចម្រើន​របស់​វិស័យ​នេះ​ដែរ​”។

    ក្នុង​សិក្ខាសាលា​ ស្តី​ពី​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ កាលពី​ខែសីហា​កន្លងទៅ​ ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​បញ្ជាក់​ដែរ​ថា​៖“តាម​វេទិកា​រាជរដ្ឋាភិបាល​ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ជា​វិស័យ​អាទិភាព​ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​ជួយ​វិស័យ​នេះ​ អាច​ធ្វើ​ទំនើបកម្ម​ នឹង​ដើរ​ឱ្យ​ទាន់​ចង្វាក់​ផលិតកម្ម​ពិភពលោក​ ព្រោះ​វិស័យ​ SME​ គឺ​ជាផ្នែក​មួយ​ជួយ​ដល់​ផលិតផល​សរុប​ ក្នុង​ស្រុក​មាន​កំណើន​ល្អ​ ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង32.8​% នៅ​ឆ្នាំ2018​ ពោល​គឺ​លឿន​ជាង​ផែនការ​រហូតដល់​ទៅ​ 5ឆ្នាំ​។

    ដូច្នេះ​រាជរដ្ឋាភិបាល​បាន​រៀបចំ​វិធាន​ និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្ត​ តាមដាន​វឌ្ឍនភាព​ និង​វាយតម្លៃ​ប្រសិទ្ធភាព​ នៃ​ការអនុវត្ត​ និង​រៀបចំ​ស្នើ​នូវ​វិធានការ​បន្ថែម​ក្នុងករណី​ចាំបាច់​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​”។

    ឯកឧត្តម​ ហេង​ សុខ​គង់​ បញ្ជាក់​ថា​៖“ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ ក៏ដូចជា​វិស័យ​ឌីជីថល​ ស្រប​ទៅ​នឹង​ការ​រីកចម្រើន​របស់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ កម្ពុជា​ក៏​គ្រោង​ប្រើប្រាស់​ផ្កាយរណប​ដោយខ្លួនឯង​នៅក្នុង​អំឡុង​ឆ្នាំ2022​ ហើយក៏​គ្រោង​នឹង​ប្រើប្រាស់​ឌីជីថល​ ខេម​បូ​ឌា​ នៅក្នុង​អំឡុង​ឆ្នាំ2023​ ខាងមុខនេះ​ផង​ដែរ​”៕

  • ឆ្ពោះទៅរកទីក្រុងដ៏ត្រជាក់ដូចទឹកកក ជាមួយនឹងស្រាបៀរថៃហ្គ័រ គ្រីស្តាល់

    ឆ្ពោះទៅរកទីក្រុងដ៏ត្រជាក់ដូចទឹកកក ជាមួយនឹងស្រាបៀរថៃហ្គ័រ គ្រីស្តាល់

    ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ រាជធានីភ្នំពេញ៖ បន្ទាប់ពីស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានត្រលប់មកវិញនៅក្នុងខែសីហា ឆ្នាំនេះ ដោយក្រុមហ៊ុនថៃហ្គ័រ នឹងផ្ដល់ជូននូវស្រាបៀរពេញនិយមប្រភេទថ្មី ដោយផ្ដល់ជូននូវភាពត្រជាក់ដូចទឹកកកនៅពាសពេញទីក្រុងទាំងមូល។ ស្រាបៀរដែលផ្សំឡើងពីវត្ថុធាតុដើមយ៉ាងពិសេសនេះត្រូវបានផលិត និងចំរោះនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងកម្រិត -១ អង្សារ នៅក្នុងរោងចក្រផលិតស្រាបៀរដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប។ លទ្ធផលនៃការរៀបចំផលិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមក្បួនខ្នាត និងបច្ចេកវិទ្យាទំនើប នេះ គឺទទួលបាននូវផលិតផលមួយដែលយុវជនជំនាន់ថ្មី និងអ្នកនិយមពិសារស្រាបៀរសម័យទំនើបចូលចិត្តជាទីបំផុត ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារទូទាំងប្រទេស។

    សំរាប់អ្នកដំបូង ស្រាបៀរថៃហ្គ័រគ្រីស្តាល់ថ្មីនេះផ្ដល់ជូននូវគុណភាពដ៏ល្អប្រណីត សម្រាប់អតិថិជនដែលមិនទាន់បានដឹងអំពីប្រវត្តិស្រាបៀរនេះ ក៏សូមជម្រាបជូនថា ស្រាបៀរថៃហ្គ័រ មានដើមកំណើតពីរោងចក្រផលិតស្រាបៀរនៅតាមដងផ្លូវមួយនៅក្នុងដែនដីនៃទីក្រុងសិង្ហបុរី។ ចាប់តាំងពីពេលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣២ មក ស្រាបៀរថៃហ្គ័រ បានចាប់ផ្ដើមមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញយ៉ាងខ្លាំងនៅជាង ៥០ ប្រទេសនៅក្នុងពិភពលោក ព្រមទាំងឈ្នះពានរង្វាន់អន្តរជាតិជាង ៤០ ពានរង្វាន់ថែមទៀតផង។

    ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ត្រូវបានផលិតតាមវិធីសាស្រ្តគួរជាទីមោទនៈ និងល្អបំផុត។ ស្រាបៀរនេះ
    ផលិតឡើងដោយការលាយផ្សំគ្នាទាំងពេលវេលា និងបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាបានថា
    ស្រាបៀរនេះអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងជាមួយនឹងផលិតផលស្រាបៀរដទៃទៀតនៅក្នុងកម្រិតពិភពលោក នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែងទាំងអស់។ ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានកសាង ចំណងសម្ព័ន្ធភាពពិសេសជាមួយនឹងអ្នកនិយមពិសារស្រាបៀរនៅក្នុងស្រុក ដើម្បីចូលរួមនៅក្នុងកម្មវិធីជប់លៀង ឬកម្មវិធីផ្សេងទៀតៗ។

    ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បាននាំអ្នកចូលរួមកម្មវិធីជប់លៀងទាំងអស់ទៅកាន់ពិភពត្រជាក់ព្រិលទឹកកកមួយកន្លែងនៅក្នុងក្លឹបកម្សាន្តសោន Sound នៅក្នុងកម្មវិធីមួយដែលមានចំណងជើងថា “Own The Place” កាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ សម្រាប់ជាកម្មវិធីបង្ហាញផលិតផលថ្មីនៅទីនោះ ពោលគឺនៅក្នុងក្លឹបកម្សាន្តដែលពេញនិយមជាងគេសម្រាប់អតិថិជននៅក្នុងរាជធានីភ្នំពេញ និងត្រូវបានចូលរួមដោយពិធីករ វី យ៉ារ៉ូ ធ្វើឱ្យទស្សនិកជនរំភើបជាមួយនឹងការសម្តែងវីយូឡុងដ៏ ពិសេសពី Grace Tan ពេញមួយយប់។

    សកម្មភាពចូលរួមនៅក្នុងពិភពត្រជាក់ព្រិលទឹកកកនេះ ចាប់ផ្ដើមឡើងដោយមានការសម្ដែង
    ក្រឡុកស្រា ដែលអ្នកក្រឡុកស្រាត្រូវបង្ហាញអំពីជំនាញរបស់ខ្លួនក្នុងយប់នោះ ហើយអ្នកលាយស្រា អញ្ជើញអ្នកចូលរួមទាំងអស់មកលាយស្រា ខកថេល ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

    បន្ទាប់ពីការសម្ដែងរបស់បុគ្គលិកផ្នែកក្រឡុកស្រារួច គឺកម្មវិធីបង្ហាញរបស់ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដែលភ្ញៀវកិត្តិយសទាំងអស់ត្រូវបំបែកទឹកកកត្រជាក់ខ្លាំងកម្រិត -១ អង្សារ ទៅយកស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដប/កំប៉ុងដែលក្លាស្សេនៅក្នុងធុង។ បន្ទាប់មកកម្មវិធីក្បួនដង្ហែរ ស្រាខកថេល ដែលបុគ្គលិកដែលពាក់អាវរងាពណ៌សបានរៀបចំ និងចែកជូនភ្ញៀវកិត្តិយសនូវកាតស្រាខកថេលក្នុងទឹកកកស្ងួត។ អ្នកពិសាម្នាក់បាននិយាយនៅក្នុងកម្មវិធីនោះថា “ពេលនេះ យើងបានស្គាល់រសជាតិស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដ៏ត្រជាក់ដូចទឹកកកនេះហើយ”។

    នៅក្នុងក្លឹបកម្សាន្តសោន ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ចាប់ផ្ដើមបង្ហាញនូវគុណភាពដ៏ល្អប្រណីតរបស់ខ្លួន និងចាប់ផ្ដើមបង្ហាញវត្តមានរបស់ខ្លួនសារជាថ្មីដើម្បីប្រកួតប្រជែងជាមួយម៉ាកស្រាបៀរល្បីៗនៅក្នុងទីផ្សារ។ កម្មវិធីណែនាំនូវផលិតផលនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកនិយមពិសារស្រាបៀរ និងយុវវ័យជាច្រើនរូបដែលមកពីតំបន់ផ្សេងៗនៃទីក្រុង ដែលនឹងនាំយកផលិតផលដ៏ត្រជាក់ដូចព្រិលទឹកកកនេះទៅពិសារនៅគ្រប់ទីកន្លែងក្នុងទីក្រុង ហើយផលិតផលនេះ នឹងមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ។

    កំណត់ប្រតិទិនចំនាំថ្ងៃពិសេសនេះ! យប់នេះមិនបញ្ចប់ទៅឆាប់នោះទេ! នៅតែនាំមកនូវអ្វីដែលថ្មី កាន់តែត្រជាក់ដើម្បីបំពេញភាពស្រស់ស្រាយរបស់អ្នក នៅភោជនីយដ្ឋាន The Storm ពីថ្ងៃទី ១០ – ១២ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ៧ ដល់ ១២យប់។ ភោជនីយដ្ឋាន The Storm នឹងក្លាយទៅជាតំបន់ទឹកកកដ៏ត្រជាក់ជាមួយនឹងការសម្តែងភ្លែកៗពី អ្នក Beat Box, ប្រុសឡា, ក្មេងខ្មែរ, អ្នកក្រឡុកស្រា និងក្រុមជំនាញជាច្រើនដែលកំពុងរង់ចាំអ្នក។

    មកចូលរួមទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់អ្នកមកចូលរួមលេងកំសាន្តសកម្មភាពសប្បាយ និងទទួលបានភាពស្រស់ស្រាយដែលមិននឹកស្មានដល់នៅពេលយប់ដែលមិនធ្លាប់មាននៅក្នុងតំបន់ត្រជាក់ជាមួយTiger Crystalទាំងអស់គ្នា។

  • ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​? បើ​មិនទៅ​ពិនិត្យ​គភ៌​ តើមាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណា​?

    ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​? បើ​មិនទៅ​ពិនិត្យ​គភ៌​ តើមាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណា​?

    អនាគត​អ្នកម្ដាយ​ថ្មីថ្មោង​តែង​មានការ​នឹកសង្ស័យ​ថា​ ពេល​មានផ្ទៃពោះ​ តើ​ចាំបាច់​ប៉ុនណា​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ និង​បើ​មិនទៅ​ពិនិត្យ​ផ្ទៃពោះ​បាន​ឬទេ​? ទិញថ្នាំ​បំប៉ន​មក​ញ៉ាំ​ដោយខ្លួនឯង​បានទេ​? ព្រោះ​ពេលខ្លះ​មិន​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ និង​ស្ត្រី​មានគភ៌​ខ្លះ​អាង​ហេតុផល​ថា​ ពិបាក​ក្នុង​ការ​សុំច្បាប់​ឈប់​ពី​ការងារ​ជាដើម​។ល។ តែ​ស្ត្រី​មានគភ៌​ទាំងឡាយ​ដឹង​ទេ​ថា​ បើ​មិនបាន​ទៅ​ពិនិត្យ​គភ៌​ នឹង​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ខ្លាំង​ណាស់​… សេចក្ដី​លម្អិត​មាន​ដូច​ខាងក្រោម​នេះ​៖

    4ហេតុ​ផលល្អៗ​ថា​ ហេតុ​អី​ត្រូវ​ទៅ​ពិនិត្យ​គភ៌​?
    1. ពេល​អនាគត​អ្នកម្ដាយ​ទៅ​ពិនិត្យ​គភ៌​អ្នកម្ដាយ​នឹង​បានដឹង​ពី​ព័ត៌មាន​ និង​ការណែនាំ​ក្នុង​ការប្រតិបត្តិ​ខ្លួន​ក្នុង​អំឡុង​ពេល​មានគភ៌​ រហូតដល់​រយៈពេល​ក្រោយ​ការ​ប្រសូត​ ដោយសារតែ​ក្នុងអំឡុងពេល​តាំង​គភ៌​ សរីរៈ​ និង​រាងកាយ​របស់​ស្ត្រី​មានគភ៌​មាន​ការប្រែប្រួល​ច្រើន​។ ស្ត្រី​មានគភ៌​លើកដំបូង​មួយ​ចំនួន​អាច​នឹង​មិន​យល់​ និង​កើតក្ដី​កង្វល់​ជាមួយ​នឹង​ការប្រែប្រួល​ទាំងនោះ​ ដូច្នេះ​គ្រូពេទ្យ​អ្នក​ពិនិត្យ​គភ៌​នឹង​ផ្ដល់​ការណែនាំ​ក្នុង​រឿង​ផ្សេង​ៗទាំងនោះ​បាន​យ៉ាង​ល្អ​។

    2. នៅក្នុង​ការពិនិត្យ​គភ៌​ ស្ត្រី​មានផ្ទៃពោះ​នឹង​បាន​ទទួលការ​វាយតម្លៃ​យ៉ាង​លម្អិត​អំពី​ឱកាស​កើត​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ​ផ្សេង​ក្នុង​ខណៈ​តាំង​គភ៌​ ហើយ​ក្នុងករណី​ដែល​ស្ត្រី​មានគភ៌​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក្នុង​ការ​កើតមាន​សភាវ​ជ្រៀតជ្រែក​នេះ​ គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​នឹង​អធិប្បាយ​ និង​ណែនាំ​វិធី​ក្នុង​ការ​ការពារ​សភាវ​ផ្សេង​ៗទាំងនោះ​ទៀតផង​។

    3. សម្រាប់​ស្ត្រី​ដែល​មាន​រោគ​ ឬសភាវ​ជ្រៀតជ្រែក​ពី​ជំ​ងឺ​ផ្សេង​ៗកើតឡើង​ក្នុង​ខណៈ​មានផ្ទៃពោះ​ ការពិនិត្យ​គភ៌​គឺជា​រឿង​សំខាន់​ និង​ចាំបាច់​បំផុត​។ តើ​ស្ត្រី​ទាំងឡាយ​ជ្រាប​ដែរ​ឬទេ​ថា​ មាន​ជំងឺ​មួយចំនួន​ដែល​ភាព​ធ្ងន់ធ្ងរ​របស់​វា​នឹង​កើន​ខ្លាំង​ឡើង​ក្នុង​ខណៈ​ដែល​អ្នកមាន​ផ្ទៃពោះ​ ដែល​វា​នឹង​ហុច​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ម្ដាយ​ និង​កូនតូច​ក្នុង​ផ្ទៃ​ ដូច្នេះ​ក្នុង​ការពិនិត្យ​គភ៌​ គ្រូពេទ្យ​នឹង​មើលថែ​ទាំ​ និង​ផ្ដល់​ការ​រក្សា​ព្យា​បាល​ផ្សេង​ៗដែល​កើតឡើង​ពេញ​មួយរយៈពេល​នៃ​ការ​មានផ្ទៃពោះ​របស់​អ្នក​។

    4. ហេតុផល​ចុងក្រោយ​ដែល​ស្ត្រី​មានផ្ទៃ​ពោះ​គួរតែ​ទៅ​ពិនិត្យ​គភ៌​នោះ​គឺ​ ដើម្បី​ឱ្យ​ទាំង​ម្ដាយ​(ខ្លួនឯង​) និង​កូនតូច​ក្នុង​ផ្ទៃ​មាន​សុខភាព​រឹងមាំ​ឥត​ខ្ចោះ​ ប្រាសចាក​រោគ​ភ័យ​ និង​សភាវ​ជ្រៀត​ជ្រែ​កអ្វី​ៗទាំងអស់​ហ្នឹងឯង​។

    អនាគត​ស្ត្រីជា​ម្ដាយ​មួយចំនួន​អាច​នឹង​មាន​អារម្មណ៍​កង្វល់​អំពី​រឿង​ការពិនិត្យ​ផ្ទៃពោះ​នេះ​ មិនដឹង​ថា​នឹង​ទៅ​ពិនិត្យ​នៅ​ទីណា​? ទៅ​ហើយ​ ត្រូវ​ធ្វើអ្វី​ខ្លះ​? គ្រូពេទ្យ​ និង​អ្នកជំនួយ​ការ​គ្រូពេទ្យ​នឹង​ស្ដីបន្ទោស​ឬអត់​? ត្រូវ​ជោះ​ឈាម​យក​ទៅ​ពិនិត្យ​ច្រើនដង​អត់​?-ល- ដូច្នេះ​ពេលនេះ​ ឡា​រ៉ែ​នសូម​ប្រាប់​ទៅចុះ​ថា​ កុំទៅ​ព្រួយ​កង្វល់​ធ្វើ​អី​ ចូរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ ដើម្បី​កូន​ជាទីស្រឡាញ់​របស់​អ្នក​…៕

  • ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ជា​បច្ច័យ​ដែល​ធ្វើ​ឱ្យ​សិស្ស​ភាគច្រើន​បាន​និទ្ទេស A​

    ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ជា​បច្ច័យ​ដែល​ធ្វើ​ឱ្យ​សិស្ស​ភាគច្រើន​បាន​និទ្ទេស A​

    ទទួល​បាន​និទ្ទេស A​ គឺជា​មោទកភាព​ដ៏​ធំ​មួយ​សម្រាប់​សិស្សានុសិស្ស​ដែល​បាន​ខិតខំ​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​កម្រិតមធ្យម​សិក្សា​។ ហើយ​វា​ជា​ចំណុច​ដ៏​សំខាន់​ដែល​បង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ដ៏​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ជាមួយនឹង​ឱកាស​យ៉ាងច្រើន​សម្រាប់​អនាគត​។

    ដើម្បី​ទទួល​បាន​និទ្ទេស A​ សិស្ស​ឆ្នើម​ជាច្រើន​បាន​បង្ហាញ​វិធី​សា​ស្ត្រប្លែ​កៗ​ពីគ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការរស់នៅ​ ទេពកោសល្យ​ផ្ទាល់ខ្លួន​ និង​បរិស្ថាន​នៃ​ការអប់រំ​។ នៅក្នុងចំណោម​វិធីសាស្ត្រ​ល្អ​ៗជាច្រើន​ដែល​សិស្ស​និទ្ទេសA​ បាន​លើកឡើង​ មាន​ចំណុចរួម​មួយ​ដែល​ពួកគេ​សុទ្ធតែ​មាននៅ​ក្នុង​ខ្លួន​ គឺ​ការ​តាំងចិត្ត​ និង​ការគ្រប់គ្រង​ខ្លួនឯង​បាន​។

    យុវ​សិស្ស​ ហុង​ រស្មី​មរកត​ សិស្ស​ឆ្នើម​និទ្ទេស A​ ឆ្នាំ​សិក្សា​ 2018​-2019​ មក​ពីសា​លា​រៀ​នវេស្ទ​ឡា​ញន៍​ បាន​លើកឡើង​ថា​ ប្រសិនបើ​ចង់​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បេក្ខជន​ទាំងអស់​ចាំបាច់​ត្រូវ​ដឹងខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ និទ្ទេស​អ្វី​ដែល​យើង​ចង់​ឃើញ​នៅក្នុង​ពេល​ប្រកាស​លទ្ធផល​។ គ្រាន់តែ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ចូល​ថ្នាក់​ទី12​ ភ្លាម​ យើង​ត្រូវ​តាំងចិត្ត​ឱ្យ​បាន​មុតមាំ​ភ្លាម​ថា​ យើង​ត្រូវតែ​យក​និទ្ទេស​ល្អ​ឱ្យ​បាន​។ កន្លងមក​មាន​សិស្ស​ជាច្រើន​មិន​ហ៊ាន​ដាក់​គោលដៅ​យក​និទ្ទេស​ A នោះ​ទេ​ ព្រោះ​ពួកគេ​យល់ឃើញ​ថា​ វា​ជា​រឿង​ធំ​ខ្លាំងពេក​សម្រាប់​ទៅ​ឱ្យ​ដល់​ តែ​តាមពិត​ទៅ​ ប្រសិនបើ​យើង​ខិតខំ​ប្រឹងប្រែង​ពេញ​ 1ឆ្នាំ​ យើង​អាចយ​កបាន​…។

    យុវតី​ ហុង​ រស្មី​មរកត​ បាន​និយាយ​ថា​៖ “ការ​តាំងចិត្ត​ជា​រឿង​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មាននៅ​ក្នុង​ជីវិត​។ ប្រសិនបើ​ចង់បាន​និទ្ទេស A​ វា​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​នោះ​ទេ​ តែ​វា​ក៏​មិន​លំបាក​ខ្លាំង​រហូតដល់​យក​មិនបាន​ដែរ​ ឱ្យ​តែ​មានការ​តស៊ូ​ និង​មាន​វិន័យ​ច្បាស់លាស់​ នោះ​យើង​នឹងអាច​ជម្នះ​ឧបសគ្គ​នានា​ដើម្បី​សម្រេច​បាន​នូវ​និទ្ទេស​ដែល​យើង​ប្រាថ្នា​មិនខាន​”។

    សិស្ស​ឆ្នើម​និទ្ទេស A​ ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ នៅពេល​ដែល​យើង​មានការ​តាំងចិត្ត​ខ្ពស់​ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធំ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​។

    ឆន្ទៈ​ និង​ក្តី​ស្រមៃ​នេះ​ហើយដែល​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ឈ្នះ​ការ​អូសទាញ​នៃ​ភាព​ខ្ជីខ្ជា​ និង​ភាព​ខ្ជិលច្រអូស​ ដែល​នេះ​ជា​បច្ច័យ​ដ៏​សំខាន់​នាំ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​។ យុវតី​ រស្មី​មរកត​ បាន​បន្ថែម​ទៀត​ថា​ ដើម្បី​រក្សា​ឱ្យ​គំនិត​ស្រឡះ​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ដោយ​ភាព​រីករាយ​ សិស្សានុសិស្ស​គួរ​កុំ​ដាក់​សម្ពាធ​ខ្លាំងពេក​ក្នុង​ការសិក្សា​។ សិស្ស​គួរ​កុំ​ផ្តោត​តែ​លើ​ការ​ប្រឡង​បាក់ឌុប​ ហើយ​គិតថា​ វា​លំបាក​ខ្លាំង​ និង​ងប់ងុល​ជាមួយនឹង​ការ​បង្ខំខ្លួន​ឯង​ឱ្យ​ខំរៀន​ជ្រុល​ហួសហេតុ​ពេក​។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​ព្យ​យាម​កាត់​បន្ថយ​ស្ត្រេស​ និង​តាមដាន​អារម្មណ៍​របស់​ខ្លួនឯង​ផង​ដែរ​។ នៅពេល​យើង​ធ្វើលំ​ហាត់​លំបាក​ខ្លាំង​ ឬនៅ​ពេល​ស្ត្រេស​ពេក​ យើង​មិន​គួរ​បង្ខំខ្លួន​ឯង​ឱ្យ​ខំ​ហួសពី​សមត្ថភាព​នោះ​ទេ​ អ្វី​ដែល​គួរ​ធ្វើ​ គឺ​កត់​លំហាត់​ដែល​ពិបាក​នោះ​ទុក​យក​ទៅ​សួរ​គ្រូ​ ឬស្រាវជ្រាវ​នៅពេល​ក្រោយ​ ហើយ​អាច​បង្វែរ​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេង​ដែល​ចិត្ត​យើង​ចង់​ធ្វើវិញ​ប្រសើរ​ជាង​។ ប្រសិនបើ​យើង​ចង់​មើលកុន​ ឬចង់​ចេញទៅ​ក្រៅ​ យើង​អាច​បណ្តោយ​ឱ្យ​អារម្មណ៍​រីករាយ​ខ្លះ​បាន​ ព្រោះ​ជោគជ័យ​ដែល​កើត​ចេញពី​សម្ពាធ​ខ្លាំងពេក​មិនល្អ​ប៉ុន្មាន​នោះ​ទេ​សម្រាប់​ជីវិត​ តែ​ត្រូវ​ចាំ​ផង​ដែរ​ថា​ យើង​ក៏​មិន​អាច​បណ្តែតបណ្តោយ​ខ្លាំងពេក​បាន​ដែរ​ ព្រោះ​បើ​យើង​ធូររលុង​ខ្លាំងពេក​ យើង​អាច​នឹង​បរាជ័យ​ក្នុង​ការសិក្សា​ក៏អាច​ថា​បាន​ដែរ​។

    យុវជន​ តៅ​ វិល្លៀម​ សិស្ស​ពូកែ​និទ្ទេស​ A ក្នុង​ឆ្នាំ​សិក្សា​ដូចគ្នា​នេះ​ដែរ​បាន​លើកឡើង​ថា​ គាត់​ធ្លាប់​ជា​សិស្ស​ខ្ជិល​ ហើយ​ញៀន​ជាមួយ​ការ​លេង​ទូរស័ព្ទ​ និង​ហ្គេម​ម្នាក់​ មុននឹង​ក្លាយជា​សិស្ស​និទ្ទេស​ A។ ដោយសារតែ​ការ​តាំងចិត្ត​ និង​មហិច្ឆតា​ដែល​បាន​កំណត់​សម្រាប់​ខ្លួនឯង​ យុវ​សិស្ស​រូប​នេះ​អាច​អូសទាញ​ខ្លួន​ឯង​បន្តិច​ម្តង​ៗពី​ភាព​ញៀន​លេង​ទូរស័ព្ទ​ មកស​ម្រេច​ក្តី​ស្រមៃ​បាន​ ព្រោះ​ខ្លួន​បាន​ដាក់​គោលដៅ​ថា​ ចង់បាន​និទ្ទេសA​ ឬ B។ ដំបូង​ឡើយ​ ការកំណត់​គោលដៅ​យក​និទ្ទេសA​ នេះ​ បាន​បង្កើត​ជា​សម្ពាធ​ដ៏​ច្រើន​ ព្រោះ​គ្រប់​គ្នា​គិតថា​ វា​ជា​រឿង​ធំ​ពេក​ តែ​ទោះជាយ៉ាងណា​ក្តី​ សិស្ស​ឆ្នើម​រូប​នេះ​នៅតែ​គិតថា​ គាត់​អាច​ទៅរួច​!។

    សិស្ស​ឆ្នើម​ តៅ​ វិល្លៀម​ និយាយ​ថា​៖ “មនុស្ស​ខ្លះ​គិតថា​ និទ្ទេស A​ មិន​សំខាន់​ពេក​ទេ​សម្រាប់​ថ្នាក់​សាកល​វិទ្យាល័យ​ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មើលឃើញ​ថា​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​ចាត់ទុកថា​ វា​ជា​សមិទ្ធផល​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​តាំងពី​តូច​របស់ខ្ញុំ​ ហើយ​ការ​ទទួល​បាន​និទ្ទេស​ A ក៏​ជា​មោទកភាព​មួយ​ផង​ដែរ​ចំពោះខ្លួន​ខ្ញុំ​ផ្ទាល់​ គ្រួសារ​ សាលា​ និង​សង្គម​”។

    សិស្ស​ឆ្នើម​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ក្រោយ​ពេលកំណត់​គោលដៅ​ច្បាស់លាស់​ហើយ​ រូបគេ​បាន​ប្រើប្រាស់​ឆន្ទៈ​នៃ​គោលដៅ​នោះ​ធ្វើជា​វិធី​ដើម្បី​ជម្នះ​ខ្លួនឯង​។ គាត់​ដឹង​ច្បាស់​ថា​ ប្រសិនបើ​នៅតែ​ជក់​ជាមួយនឹង​ទូរស័ព្ទ​ខ្លាំង​ទៀត​ ក្តី​ស្រមៃ​របស់​គេ​នឹង​មិន​អាច​ក្លាយជា​ការពិត​បាន​ឡើយ​ ហេតុនេះ​រូបគេ​ក៏​បង្កើត​វិន័យ​លើ​ខ្លួនឯង​ឡើង​ ដោយ​នឹង​មិន​ប៉ះ​ទូរស័ព្ទ​ឡើយ​ រហូត​ទាល់តែ​ធ្វើលំ​ហាត់​ ឬមើល​មេរៀន​ចប់​គ្រប់​ចំនួន​តាមដែល​ខ្លួន​គេ​បាន​កំណត់​។ ម្យ៉ាង​វិញទៀត​ នៅពេល​ខ្ជិល​ម្តង​ៗ យុវ​សិស្ស​ខាងលើ​បាន​ប្រើប្រាស់​អារម្មណ៍​នឹកដល់​ទឹកចិត្ត​គ្រូ​ដែល​ខំ​ចំណាយ​កម្លាំង​ងើប​មក​បង្រៀន​តាំងពី​ព្រលឹម​ ដើម្បី​ដុសខាត់​សមត្ថភាព​សិស្ស​មុន​ពេល​ប្រឡង​ ហេតុនេះ​ខ្លួន​គេ​ត្រូវតែ​ខំ​ដើម្បី​ឱ្យ​ស្មើនឹង​អ្វី​ដែល​ជា​តម្លៃ​នៃ​ការ​លះបង់​ និង​ខិតខំ​របស់​គ្រូ​របស់​ខ្លួន​ដែរ​។ បន្ថែម​ពី​លើ​នេះ​ យុវ​សិស្ស​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​អភិវឌ្ឍ​សមត្ថភាព​បាន​ហើយ​ អ្វី​ដែល​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ គឺ​កុំ​ក្អេងក្អាង​ និង​មើលងាយ​ស្ថានការណ៍​ឱ្យ​សោះ​។ ហើយ​អ្វី​ដែល​គួរ​ពិចារណា​ផង​ដែរ​នោះ​គឺ​ មុន​ប្រឡង1ថ្ងៃ​ ចូរ​កុំឱ្យ​មាន​អ្វី​ជ្រុះ​ កុំឱ្យ​មាន​អ្វី​បាក់​ ឬកុំឱ្យ​មាន​បែក​របស់របរ​អ្វី​ឱ្យ​សោះ​ ព្រោះ​ពេល​ខ្លះ​ជំនឿ​ក៏អាច​នាំ​ឱ្យ​យើង​មាន​ជំនឿ​ចិត្ត​ និង​សំណាង​ល្អ​បាន​ដូចគ្នា​ដែរ​៕

  • ប្រទេស​ហូ​ឡង់​ ចូលរួម​ជំរុញ​កម្មវិធី​ផលិត​កម្ម​ស្រូវ​សរីរាង្គ​ RiceTechCambodia​

    ប្រទេស​ហូ​ឡង់​ ចូលរួម​ជំរុញ​កម្មវិធី​ផលិត​កម្ម​ស្រូវ​សរីរាង្គ​ RiceTechCambodia​

    គម្រោង​ឈ្មោះថា​“រ៉ៃ​ស៍​ថេ​កខេម​បូ​ឌា​” (RiceTechCambodia​) ជា​គម្រោង​ដែល​មាន​រយៈពេល​5ឆ្នាំ​ ដែល​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ចិញ្ចឹមជីវិត​របស់​កសិករ​ខ្នាត​តូច​ ដោយ​ជួយ​ពួកគេ​ឱ្យ​ទទួល​បាន​វិញ្ញាបនបត្រ​ស្រូវ​សរីរាង្គ​បង្កើន​ផលិតភាព​ ពង្រឹង​ទិន្នផល​ស្រូវ​ និង​ធានា​ឱ្យ​បាន​តម្លៃ​ស្រូវ​ខ្ពស់​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប​។

    លោក​ កាន់​ គន្ធី​ អគ្គនាយករង​ក្រុមហ៊ុន​ AmruRice​ បានឱ្យ​ដឹង​ថា​ គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់​ផ្ដល់​មូលនិធិ​ប្រមាណ​ 5លាន​ដុល្លារ​និង​ត្រូវ​វិនិយោគ​ទឹកប្រាក់​មួយចំនួន​ទៀត​ពី​ AmruRice​ តាម​ភាព​ជាក់ស្ដែង​។ គម្រោង​នេះ​នឹង​ផ្ដោត​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ពង្រឹង​បច្ចេកទេស​ដល់​កសិករ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ឃ្លាំង​ស្តុក​ឡសម្ងួត​ ម៉ាស៊ីន​កិនស្រូវ​នៅ​ស្រុក​កោះញែក​ ខេត្តមណ្ឌលគិរី​ ជា​គោលដៅ​សម្រាប់​អនុវត្ត​គម្រោង​។ ក្រៅពី​សហគមន៍​កសិករ​ ដៃគូ​គម្រោង​ផ្សេងទៀត​រួមមាន​ ក្រុមហ៊ុន​បញ្ជា​ទិញ​ Sanorice​ ក្រុមហ៊ុននាំចេញ​អង្ករ​ AmruRice​ អង្គការ​ Oxfam​ អង្គការ​ Larive​ International​ អង្គការ​អភិវឌ្ឍន៍​ និង​ភាពជា​ដៃគូ​ក្នុង​សង្គហភាព​។

    លោក​ កាន់​ គន្ធី​ បាន​បញ្ជាក់​ថា​៖“គម្រោង​នេះ​មាន​គោលដៅ​គ្របដណ្ដប់​កសិករ​ខ្នាត​តូច​ ដោយ​ក្នុង​នោះ​ រំពឹង​ថា​ស្រូវ​សរីរាង្គ​ប្រមាណ​ 2ម៉ឺន​តោន​ នឹង​ត្រូវ​បាន​ផលិត​ក្នុង​ 1ឆ្នាំ​ចេញពី​តំបន់​នៃ​គម្រោង​នេះ​។

    ទាក់ទិន​នឹង​ស្រូវ​សរីរាង្គ​នេះ​ លោក​បញ្ជាក់​ថា​ កន្លងមក​ក្រុមហ៊ុន​ AmruRice​ អាច​ប្រមូល​បាន​ស្រូវ​សរីរាង្គ​ប្រមាណ​ 2ម៉ឺន​តោន​ពី​ខេត្តព្រះវិហារ​ ដោយ​ក្នុង​ 1ឆ្នាំ​ក្រុមហ៊ុននាំចេញ​បាន​ជិត​ 1ម៉ឺន​តោន​អង្ករ​ ដែល​ស្មើនឹង​ជាង80​%នៃ​ការនាំចេញ​អង្ករ​សរីរាង្គ​សរុប​របស់​កម្ពុជា​ ហើយ​ការផលិត​ស្រូវ​ទាំងនេះ​ គឺ​ធ្វើជា​ម៉ូដែល​កសិកម្ម​តាម​កិច្ចសន្យា​”។ ​

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​គម្រោង​ រ៉ៃ​ស៍​ថេ​ក នេះ​ បាន​ថ្លែង​ថា​ នេះ​ជា​ការ​បោះជំហាន​មួយ​កម្រិត​ទៀត​ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​ និង​ការកែច្នៃ​ផលិតផល​ស្រូវ​សរីរាង្គ​ ជា​ផលិតផល​សម្រេច​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ឱ្យ​ដឹង​ថា​៖“គម្រោង​ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ស្រុក​កោះញែក​ គោលបំណង​គឺ​ដើម្បី​ឈាន​ដល់​កសិករ​ធ្វើ​ស្រូវ​ខ្នាត​តូច​ចំនួន​ 2,400គ្រួសារ​។ កសិករ​ចំនួន​ 1,300នាក់​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ​លើ​កសិកម្ម​សរីរាង្គ​ និង​ការអនុវត្ត​កសិកម្ម​ល្អ​ ខណៈ​ពេល​ដែល​ទទួល​បាន​កន្លែង​សម្ងួត​ស្តុក​ និង​រោងម៉ាស៊ីន​កិន​ដើម្បី​បង្កើន​គុណភាព​ផលិតផល​ស្រូវ​។ គម្រោង​ RiceTechCambodia​ នឹង​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​ និង​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​នៅ​បរទេស​ក្នុងនាម​ជា​អ្នក​ផលិត​អង្ករ​សរីរាង្គ​”។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ​យ៉ាង​ដូច្នេះ​ថា​៖“បច្ចុប្បន្ន​ ការប្រកួត​ប្រជែង​អង្ក​រស​ធម្មតា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ភាព​តឹងតែង​ ពោល​គឺ​កម្ពុជា​ពិបាក​ដណ្ដើម​ទីផ្សារ​ជាមួយ​វៀតណាម​ ព្រោះ​ថ្លៃដើម​ផលិត​ និង​នាំចេញ​របស់​យើង​ថ្លៃជាង​គេ​ ដូច្នេះ​មានតែ​ការផលិត​ស្រូវ​អង្ករ​ក្រអូប​ និង​អង្ករ​គុណភាព​ខ្ពស់​ដូចជា​ អង្ករ​សរីរាង្គ​ និង​អង្ក​រស្ដង់​ដា​ Standard​ Rice​ Product​ SRP​ ប៉ុណ្ណោះ​ដែល​ជួយ​ឱ្យ​អង្ករ​កម្ពុជា​ល្បីឈ្មោះ​លើ​ទីផ្សារ​អន្តរជាតិ​”។

    លោក​ Robert​ Vreeman​ ប្រធាន​ក្រុមហ៊ុន​ SanoRice​ មានប្រសាសន៍​ដូច្នេះ​ថា​៖“យើង​ជំរុញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដោយ​អនុវត្ត​វិញ្ញាបនបត្រ​ស្រូវ​សរីរាង្គ​ និង​វិធីសាស្ត្រ​តាមដាន​ត្រួតពិនិត្យ​តាម​បែប​ទំនើប​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដូចជា​ ប្លុក​ឆេន​ជាដើម​។ ការចូលរួម​ពី​SanoRice​ ក្នុង​គម្រោង​នេះ​ គឺ​ការធានា​ទំហំ​ស្រូវ​នាំចេញ​ និង​តម្លៃ​ខ្ពស់​ដល់​កសិករ​”។

    លោកស្រី​ លឹម​ សូ​លីន​ នាយិកា​អង្គការ​អុក​ស្វា​ម ដែល​ជា​ដៃគូ​ក្នុង​គម្រោង​នេះ​ដែរ​នោះ​ បាន​ជឿជាក់​ថា​ គម្រោង​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​កសិករ​។ លោកស្រី​ថ្លែង​បែបនេះ​ថា​៖“អង្គការ​អុក​ស្វា​មជឿជាក់​ថា​ កសិករ​ខ្នាត​តូច​សមនឹង​ទទួល​បានផល​ចំណេញ​សមរម្យ​ទៅ​នឹង​តម្លៃបន្ថែម​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​ស្រូវ​ ហើយ​ទាំងនេះ​អាច​សម្រេច​បាន​តាមរយៈ​ខ្សែ​សង្វាក់​ផលិតកម្ម​ប្រកបដោយ​បរិ​យា​ប័ន្នដែល​ជំរុញ​ដោយដៃ​គូ​ទាំងអស់​”។

    សូម​បញ្ជាក់​ថា​ RiceTechCambodia​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ និង​ទុន​ 5លាន​ដុល្លារ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ប្រទេស​ហូ​ឡង់​នេះ​ត្រូវ​បាន​អនុម័ត​តាំងពី​ខែមិថុនា​ដោយ​ភាពជា​ដៃគូ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ Sustainable​ Development​ Goals​ (SDG​) ដែល​ចាត់ចែង​ដោយ​ក្រសួង​ការ​បរ​ទេ​សហូ​ឡង់​។

    លោក​ Thomas​ van​ Leeuwen​ ឯកអគ្គ​រដ្ឋទូត​រង​នៃ​ប្រទេស​ហូ​ឡង់​ប្រចាំ​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ទាំងអស់​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​ឱ្យ​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា​ និង​ការ​ខិតខំ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អង្ករ​សរីរាង្គ​របស់​ប្រទេស​។ “តាមរយៈ​ការ​ធ្វើ​ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាច​ធានា​បាន​នូវ​ទីផ្សារ​អង្ករ​អន្តរជាតិ​។ យើង​រំពឹង​ថា​ គំនិត​ផ្តួចផ្តើម​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​កសិករ​ខ្នាត​តូច​”។

    ប្រទេស​កម្ពុជា​ធ្លាប់​ជា​ប្រទេស​នាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​ទី​ 5 ទៅកាន់​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន​។ យោង​តាម​តួលេខ​ពី​សហគមន៍​អឺរ៉ុប​ដែល​បាន​ចែករំលែក​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​នាំចេញ​អង្ករ​សរីរាង្គ​ចំនួន​ 8,467តោន​ទៅ​ប្លុក​មួយ​នេះ​កាលពី​ឆ្នាំមុន​ដែល​តំណាង​ឱ្យ​ 3.9​%នៃ​ការ​នាំចូល​អង្ករ​សរីរាង្គ​របស់​សហភាព​អឺរ៉ុប​។

    លោក​ឧកញ៉ា​ សុង​ សា​រ៉ន​ នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ AmruRice​ បាន​លើកឡើង​ថា​៖“តួនាទី​របស់​កម្មវិធី​ក្នុង​ការ​លើកកម្ពស់​អង្ករ​កម្ពុជា​នៅ​បរទេស​ និង​ក្នុង​ការ​ជួយ​សហគមន៍​កសិកម្ម​ក្នុង​ស្រុក​។ វា​ក៏​នឹង​ជះ​ឥទិ្ធ​ពល​ខ្លាំង​ដល់​ជីវិត​កសិករ​ដែល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​ការ​ប្រែក្លាយ​កសិករ​ទៅជា​អ្នក​ដាំដុះ​ដ៏​មាន​បទ​ពិសោធ​ក្នុង​ដំណាំ​អង្ករ​សរីរាង្គ​។ គោលបំណង​គឺ​អនុវត្ត​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​ប្រកបដោយ​ការទទួលខុសត្រូវ​ប្រកបដោយ​ចីរភាព​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​តម្រូវការ​ផ្គត់ផ្គង់​ជាមួយ​កសិករ​តូចតាច​ដែល​ជា​អ្នក​ពាក់ព័ន្ធ​ស្នូល​”៕