តោះកូនកំលោះសម័យថ្មី សូមគ្រងសម្លៀកបំពាក់របស់អ្នកយ៉ាងស្រស់សង្ហាជាមួយនឹងម៉ូដសម្លៀកបំពាក់ដ៏ទាន់សម័យទាំងនេះ ដើម្បីទទួលបាននូវភាពស្រស់ស្អាត និងទាន់សម័យដូចបំណង ប្រៀបដូចជាព្រះរាជបុត្រដ៏ស្រស់សង្ហាញនៅក្នុងថ្ងៃដ៏ពិសេសរបស់អ្នក ព្រមទាំងអាចទាក់ទាញ់ចិត្តនារីនៅក្នុងកម្មវិធី និងចិត្តស្នេហារបស់កូនក្រមុំរបស់អ្នកឱ្យស្រឡាញ់ និងចងចាំពីមន្តស្នេហ៍របស់អ្នករហូតទៅ។ តោះចឹង សូមជ្រើសរើសម៉ូដសម្លៀកបំពាក់កូនកំលោះរបស់អ្នកពីទំព័រម៉ូដសម្លៀកបំពាក់ ឡារ៉ែន ទាំងអស់គ្នា៕

Author: ធឿន មករា

ម៉ូដសម្លៀកបំពាក់កូនកំលោះសម័យថ្មី

បច្ចេកវិទ្យាជាឱកាសសំខាន់ដែលនាំឱ្យកម្ពុជាអាចប្រកួតឈ្នះប្រទេសដទៃ
បច្ចេកវិទ្យា ជាផ្នែកដ៏មានសារៈសំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត ព្រោះក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាត្រូវបានគេមើលឃើញថា កំពុងមានការប្រកួតប្រជែង និងមានតម្រូវការខ្ពស់លើគ្រប់ផ្នែកទាំងអស់។
លោក ធុល រិទ្ធី ស្ថាបនិក Koompi បានលើកឡើងថា បច្ចេកវិទ្យាជាច្រកដ៏សំខាន់ និងជាក្តីសង្ឃឹមមួយដែលអាចធ្វើឱ្យប្រជាជនខ្មែរប្រកួតឈ្នះបណ្តាប្រទេសនានាក្នុងតំបន់ ព្រោះបច្ចុប្បន្ននេះ បើមើលលើចរន្តនៃការសិក្សាបច្ចេកវិទ្យា គ្រប់គ្នាសុទ្ធតែអាចសិក្សាបានដូចគ្នា។ មានន័យថា យើងមានឧបករណ៍ជាមូលដ្ឋានដូចគ្នា បច្ចេកវិទ្យាគេមានអ្វី យើងក៏មានហ្នឹងដូចគ្នា ហេតុនេះអ្វីដែលយើងអាចផ្តោតការយកចិត្តទុកដាក់បានគឺ យើងប្រើប្រាស់ឧបករណ៍ទាំងអស់នោះដើម្បីអប់រំមនុស្សបានល្អប៉ុនណាតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ភាគច្រើនគេសិក្សាចំណេះជំនាញ ហើយបន្ថែមភាសាបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង ឬភាសាចិនជាដើម ដើម្បីទទួលបានការងារល្អធ្វើ តែបន្តិចទៀត គ្រប់គ្នានឹងចាំបាច់ត្រូវចេះភាសាកូដ ព្រោះកូដនឹងក្លាយជាភាសាសកលលោកដែលគ្រប់គ្នាចាំបាច់ត្រូវតែដឹង។
លោក ធុល រិទ្ធី បាននិយាយថា៖ “ចរន្តនៃបច្ចេកវិទ្យាអនាគតនឹងចូលមកដល់ មិនអាចគេចផុតបានទេ ហេតុនេះប្រសិនបើប្រជាជនខ្មែរចាប់អារម្មណ៍ឱ្យកូនសិក្សាពីការសរសេរកូដ និងពីបច្ចេកវិទ្យាឱ្យបានទូលំទូលាយពីពេលបច្ចុប្បន្នទៅ នោះអនាគតយើងនឹងអាចមានឱកាសឈ្នះគេទាំងការធ្វើការងារ និងការធ្វើអាជីវកម្មនាពេលអនាគត”។
អ្នកជំនាញបច្ចេកវិទ្យាខាងលើ បានលើកឡើងផងដែរថា របកគំហើញថ្មីៗនៃបច្ចេកវិទ្យាមានតម្លៃខ្លាំងណាស់សម្រាប់អនាគត ព្រោះបច្ចុប្បន្ននេះយើងមើលឃើញថា អ្នកណាមានលុយច្រើនជាង មានធនធានច្រើនអាចបង្កើតអាជីវកម្ម អ្នកនោះនឹងមានថាមពល ឬមានឥទ្ធិពលធំជាង តែពេលអនាគត មិនប្រាកដថា វាស្ថិតក្នុងស្ថានភាពដដែលបែបនេះទេ។ អ្នកដែលមានឥទ្ធិពល និងមានសក្តានុពលខ្លាំង គឺភាគច្រើនជាអ្នកដែលមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាខ្លាំង។ បច្ចេកវិទ្យា នឹងផ្លាស់ប្តូរការរស់នៅរបស់មនុស្សឱ្យកាន់តែឆ្លាតវៃ ហើយវាក៏ធ្វើឱ្យយើងប្រើប្រាស់អស់ពីសក្តានុពលនៃរបស់របរដែលយើងកំពុងប្រើបច្ចុប្បន្នផងដែរ។ ជាក់ស្តែង យើងឃើញហើយថា យើងគ្រប់គ្នាមានទូរស័ព្ទ មានកុំព្យូទ័រ ហើយមានឧបករណ៍ផ្ទុកទិន្នន័យធំៗ និងបច្ចេកវិទ្យាខ្ពស់ៗ តែយើងខ្ជះខ្ជាយរបស់ទាំងអស់នោះ។ ប្រសិនបើយើងមានចំណេះដឹងផ្នែកបច្ចេកវិទ្យាច្បាស់ នោះយើងអាចប្រើប្រាស់វាអស់ពីលទ្ធភាព ហើយនៅពេលនោះយើងនឹងឃើញថា អ្វីក៏អាចធ្វើឱ្យយើងទទួលចំណូលបានដែរ។ សូម្បីតែទំហំ Hard disk ដែលយើងប្រើមិនអស់ ក៏យើងអាចលក់បានដែរ នៅថ្ងៃខាងមុខ។
កញ្ញា ហេង សុវណ្ណមុនីនុត អ្នកជំនាញបច្ចេកវិទ្យា និងជាសហស្ថាបនិកបង្កើតកង្ហារឆ្លាតវៃដែលជាប់ពានរង្វាន់អន្តរជាតិជាច្រើន បានបញ្ជាក់ថា តាមពិតទៅកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសមិទ្ធផលបច្ចេកវិទ្យាជាមួយបណ្តាប្រទេសដទៃ គ្រាន់តែយើងត្រូវការផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពរបស់យុវជន។ បច្ចុប្បន្ននេះ ដោយសារតែប្រជាជនយើងមួយចំនួន ជាពិសេសគ្រួសាររបស់និស្សិតមិនយល់ពីបច្ចេកវិទ្យា ទើបមុខវិជ្ជានេះមិនសូវត្រូវបានអាណាព្យាបាលណែនាំឱ្យសិក្សា ឬចាប់ជាអាជីពនោះទេ។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនយល់ឃើញថា ទោះបីជាយើងបង្កើតផលិតផលនានាបានហើយ ក៏យើងគ្មានសមត្ថភាពបង្កើតជារោងចក្រផលិតបានដែរ ហេតុនេះយើងនៅតែមិនអាចប្រកួតប្រជែងជាមួយគេបាន បើទោះបីជាខ្លាំងប៉ុនណាក៏ដោយ។ ការគិតបែបនេះ មិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះបច្ចេកវិទ្យាទូលំទូលាយណាស់ តាមពិតឱ្យតែមានចំណេះដឹង និងគំនិតច្នៃប្រឌិត យើងអាចមានមធ្យោបាយច្រើនណាស់ដើម្បីធ្វើវាឱ្យជោគជ័យ។
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖“ខ្ញុំលើកទឹកចិត្តឱ្យយុវជន ជាពិសេសស្ត្រី ហ៊ានចាប់យកឱកាស ប្រសិនបើយើងពិតជាស្រឡាញ់បច្ចេកវិទ្យាមែន ព្រោះវាជាផ្នែកដែលអាចអភិវឌ្ឍបានលឿន។ជាមួយនឹងបច្ចេកវិទ្យា យើងអាចខ្លាំងជាងយុវជនមកពីបណ្តាប្រទេសដទៃ ប្រសិនបើយើងមានភាពឆ្លាតវៃក្នុងការបំបែក ឬរិះរកវិធីបង្កើតថ្មីនានាដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនយើង”។
កញ្ញា សុវណ្ណមុនីនុត បានបន្ថែមទៀតថា ប្រសិនបើយើងមានធនធានកាន់តែច្រើនផ្នែកបច្ចេកវិទ្យា ហើយមានស្ថាប័នច្រើនគាំទ្រដល់ស្នាដៃបច្ចេកវិទ្យារបស់យុវជនតាមរយៈការផ្តល់ការប្រកួតប្រជែង ឬការផ្តល់ឱកាសសម្រាប់អាហារូបករណ៍ជាដើម នោះយើងនឹងមើលឃើញកាន់តែច្បាស់ថា យុវជនរបស់យើងមានសមត្ថភាពខ្ពស់ច្រើន។ វាក៏អាចជាគំរូបន្តបន្ទាប់ដើម្បីទាក់ទាញ យុវជនជំនាន់ក្រោយៗទៀតដើម្បីចាប់យកមុខវិជ្ជាពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីសិក្សាផងដែរ៕

ប្រាសាក់ ក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធទូទាត់បាគង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានក្លាយជាសមាជិកថ្មីនៃប្រព័ន្ធបាគង ដែលជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួលនៅកម្ពុជា។
ផ្ដួចផ្ដើមឡើងនិងចាត់ចែងដោយធនាគារជាតិនៃកម្ពុជា គម្រោងប្រព័ន្ធបាគងនេះ មានគោលបំណងជំរុញប្រព័ន្ធទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលនឹងពាំនាំរាល់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។
លោកបន្ថែមថា «បាគង ជាសេវាទូទាត់ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។ លោកក៏បានលើកឡើងផងដែរថា បាគង គឺជាកម្មវិធីទូរស័ព្ទតែមួយគត់ ដែលរួមបញ្ចូលគ្នានូវសេវាកាបូបលុយអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទចល័ត ការធ្វើសេវាធនាគារតាមអនឡាញ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ដែលមានមុខងារងាយស្រួលប្រើជាងគេ ដំបូងគេ និងមានធនាគារជាដៃគូច្រើនជាងគេបង្អស់នៅកម្ពុជា។លោក សាយ សូនី ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីទូទាត់ដ៏អស្ចារ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជាយានក្នុងការអូសទាញកំណើនយ៉ាងរឹងមាំនៅក្នុងយុគសម័យឌីជីថលនេះ។
លោកក៏បានបញ្ជាក់ទៀតថា គម្រោងបាគងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងនានាដែលប្រាសាក់បានសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការធ្វើឱ្យការទូទាត់កាន់តែមានប្រសិទ្ធភាព ដូចជាសេវាទូទាត់រហ័ស និងខេមបូឌាន ស៊ែរ ស្វ៊ីច ជាដើម។
សូមដោនឡូដយកកម្មវិធី បាគង ឥឡូវនេះពីក្នុង
App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ
Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong)
និងរីករាយជាមួយមធ្យោបាយថ្មីនៃការទូទាត់ និងផ្ទេរប្រាក់ នៃយុគសម័យថ្មីដោយភាពងាយស្រួល និងសុវត្ថិភាព។
វេទិកាសេដ្ឋកិច្ចពិភពលោកថា វិធីផ្លាស់ប្តូរគំនិតរបស់ជប៉ុនអាចធ្វើឱ្យមនុស្សជោគជ័យ
វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា វិធីសាស្ត្រអប់រំរបស់ជប៉ុនដែលគេហៅថា Kaizen មានន័យថា ការផ្លាស់ប្តូរដ៏ល្អ (good change) អាចនាំឱ្យមនុស្សទូទៅទទួលបានជោគជ័យក្នុងជីវិត ជាពិសេសការបណ្តុះបណ្តាលក្មេងតូច។
ការអប់រំតាមបែបជប៉ុន ត្រូវបានគេមើលឃើញថាវាជាការអប់រំឱ្យមានការអភិវឌ្ឍម្តងបន្តិចៗតែជាទៀងទាត់។ ដំណើរការនេះត្រូវបានគេមើលឃើញថា អាចបង្កើតបានជាការផ្លាស់ប្តូរដ៏ធំមួយ នៅពេលដែលយើងធ្វើឱ្យមានការអភិវឌ្ឍកាន់តែកើនច្រើនឡើងៗជាលំដាប់ជារៀងរាល់ថ្ងៃ។ លុះកន្លងទៅយូរថ្ងៃ យើងនឹងមើលឃើញពីភាពប្រែប្រួលជាវិជ្ជមាន ដោយមិនបាច់ខំប្រឹងយ៉ាងគំហុក ដែលមិនទទួលបានលទ្ធផលល្អ ឬមិនអាចដោះស្រាយបញ្ហាបាននោះឡើយ។ ការខិតខំបែបគំហុកពេក វានឹងធ្វើឱ្យយើងមានភាពនឿយហត់ ហើយអាចបោះបង់ចោលយ៉ាងងាយនូវការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅណាមួយ។ ម្យ៉ាងវិញទៀត ទម្លាប់ដែលខិតខំប្រឹងប្រែងនៅពេលដំណាក់កាលទឹកដល់ច្រមុះ ហើយទុកការងារចោលនៅពេលការងារមិនទាន់បង្ខំ នឹងធ្វើឱ្យដំណើរនៃការអភិវឌ្ឍរបស់យើងឡើងចុះមិនទៀងទាត់ ហើយយើងម្នាក់ៗត្រូវធ្លាក់ក្នុងស្ថានភាពខ្ជីខ្ជាដដែលៗឥតឈប់ឈរ។
តាមការអប់រំបែបជប៉ុន មានការកើនឡើង 1% ជារៀងរាល់ថ្ងៃ គឺជាសញ្ញាណល្អបំផុតដែលអាចធ្វើឱ្យយើងទទួលបានការរីកចម្រើនជាង 300% នៅក្នុង 1ឆ្នាំ។ ដើម្បីសម្រេចបាននូវផ្នត់គំនិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព មនុស្សមិនអាចធ្វើតាមចិត្តចង់ ដែលត្រូវលោតផ្លោះលឿនពេក បន្ទាប់មកក៏ឈប់ធ្វើនៅពេលនឿយហត់ និងបាត់ចំណង់នោះទេ តែវាត្រូវការភាពអំណត់ និងសង្កេតដោយយកចិត្តទុកដាក់ពីការសន្សំទម្លាប់ល្អបន្តិចម្តងៗជារៀងរាល់ថ្ងៃ។
ផ្នត់គំនិតអប់រំ Kaizen បានអប់រំឱ្យមនុស្សចាប់ផ្តើមធ្វើកំណត់សម្គាល់ និងយកចិត្តទុកដាក់ពីរបស់តូចៗដើម្បីយកវាទៅអភិវឌ្ឍ ប្រៀបដូចជាការរើសគ្រាប់ធញ្ញជាតិថ្មី ទៅបណ្តុះឱ្យធំបន្តិចម្តងៗរហូតទទួលបានផ្លែផ្កាដូច្នោះដែរ។ ការចាប់ផ្តើមពីចំណុចតូចៗ នឹងធ្វើឱ្យយើងក្លាយជាមនុស្សហ្មត់ចត់ និងមិនមើលរំលង ឬមើលងាយស្ថានការណ៍គ្រប់យ៉ាងក្នុងជីវិតឡើយ។ យើងនឹងយល់ថា របស់ធំទាំងអស់កើតចេញពីរបស់តូចៗផ្គុំបញ្ចូលគ្នា ហើយការអភិវឌ្ឍពីមួយជំហានតូចៗ យូរទៅនឹងក្លាយជាធំជាក់ជាមិនខាន។
ហេតុនេះហើយ ទើបយើងមើលឃើញថា ក្រុមហ៊ុន ឬស្ថាប័នរបស់ជប៉ុនភាគច្រើនមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាមួយនឹងអាយុកាលរាប់រយឆ្នាំ។
ស្ថាប័នទាំងអស់នោះអាចដោះស្រាយបញ្ហាបានយ៉ាងរលូន បើទោះបីជាពិភពលោកមានរឿងអ្វីក៏ដោយ ព្រោះគេស្គាល់ច្បាស់ពីគ្រប់ស្ថានការណ៍ល្អិតល្អន់នៅជុំវិញខ្លួនគេ ហើយបន្តដោះស្រាយ និងអភិវឌ្ឍបន្តិចម្តងៗ រហូតអភិវឌ្ឍបានខ្លាំងក្លាដូចពេលបច្ចុប្បន្ន។ គំនិតសំខាន់ម្យ៉ាងទៀតនៃការអប់រំបែបជប៉ុន (Kaizen) គឺយកចិត្តទុកដាក់ខ្ពស់បំផុតពីពេលវេលា។
ជាធម្មតា មនុស្សតែងតែបណ្តោយឱ្យខ្លួនឯងខាតបង់ពេលវេលាច្រើនជាមួយនឹងការកម្សាន្ត ឬភាពខ្ជះខ្ជាយដែលកើតចេញពីកង្វះការគ្រប់គ្រង។ ហេតុនេះអ្វីដែលពួកគេអប់រំ គឺត្រូវរកឱ្យឃើញពីមូលហេតុដែលនាំឱ្យខ្ជះខ្ជាយពេលវេលា បន្ទាប់មកដោះស្រាយវាឱ្យបាន ដើម្បីទុកពេលសម្រាប់អភិវឌ្ឍ ព្រោះការអភិវឌ្ឍដែលជប៉ុនអប់រំមនុស្ស គឺធ្វើឡើងបន្តិចម្តងៗទៅតាមពេលវេលា កាលណាគេមានពេលវេលាកាន់តែច្រើន ការអភិវឌ្ឍនឹងកាន់តែប្រសើរដូចគ្នា។
ការអប់រំបែបជប៉ុន(Kaizen) ក៏ជំរុញផងដែរឱ្យមនុស្សពិចារណាក្នុងការសាកល្បង ឬស្វែងរកវិធីសាស្ត្រកាន់តែប្រសើរឡើង ដោយការមើលឡើងវិញពីការងារដែលបានធ្វើហើយ ថាតើវិធីសាស្ត្រណាខ្លះគួរបន្តធ្វើ ឬអនុវត្តបានល្អ ហើយវិធីសាស្ត្រណាខ្លះដែលគួរបោះបង់ចោល។ មនុស្សគ្រប់គ្នាគួរចំណាយពេលវេលាប្រចាំសប្តាហ៍ ឬយ៉ាងហោចណាស់ 1សប្តាហ៍ម្តងដើម្បីពិនិត្យមើលឡើងវិញលើអ្វីដែលខ្លួនបានធ្វើ ដើម្បីជួសជុលចំណុចខ្វះខាត ហើយអភិវឌ្ឍផ្នែកខ្លាំងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងទៀត។
វេទិកាសេដ្ឋកិច្ចពិភពលោក បានរកឃើញទៀតថា ដោយសារតែការបណ្តុះបណ្តាលរបស់ Kaizan នេះហើយ ដែលធ្វើឱ្យឧស្សាហកម្មគ្រឿងយន្តរបស់ជប៉ុនមានភាពល្បីល្បាញផ្នែកប្រសិទ្ធភាពខ្ពស់ និងអភិវឌ្ឍជាលំដាប់ ព្រោះអ្នកធ្វើការងារទាំងអស់ត្រូវបានគេជំរុញឱ្យចាប់ផ្តើមអភិវឌ្ឍពីចំណុចតូចៗតាមដំណើរឥតឈប់ឈរ។ ក្រៅពីនេះ ផ្នត់គំនិតនេះ ក៏បានជួយដល់ផ្នែកដទៃជាច្រើនទៀតក្នុងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងស្ថាប័នដែរ៕

សាលារៀនវ៉េស្ទឡាញន៍អភិវឌ្ឍខ្លួនជាសាលារៀនសតវត្សរ៍ទី21…
នៅក្នុងសតវត្សរ៍ទី21 នេះ ស្ថាប័នអប់រំទាំងអស់លើពិភពលោកចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងរបៀបនៃការអប់រំរបស់ខ្លួន ដើម្បីឆ្លើយតបជាមួយនឹងទីផ្សារការងារជាក់ស្តែង និងលក្ខណសម្បត្តិដែលពិភពលោកត្រូវការ។
នៅកម្ពុជា ដើម្បីឆ្លើយតបជាមួយនឹងរបត់ថ្មីរបស់ពិភពលោកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតឡើងនូវកម្មវិធីដ៏មានសារៈសំខាន់មួយដើម្បីផ្តល់ជូននូវការអប់រំឱ្យស្របតាមតម្រូវការរបស់ពិភពលោកក្នុងសតវត្សរ៍ទី21 ឬក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 តាមរយៈការបង្កើតសាលាជំនាន់ថ្មីដោយបញ្ចូលនូវប្រព័ន្ធអប់រំ និងវិធីសាស្ត្របង្រៀនថ្មីៗជាច្រើន។ ងាកមកវិស័យឯកជនវិញ សាលារៀនដែលជាបណ្តាញនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏បានផ្តល់នូវជម្រើសប្លែកថ្មីមួយទៀតដែលឆ្លើយតបផងដែរជាមួយនឹងបរិបទពិភពលោកនាយុគសម័យថ្មីនេះ ដោយបញ្ចូលកម្មវិធីសំខាន់ៗជាច្រើនលើកម្មវិធីគោលរបស់ក្រសួងអប់រំ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា បណ្តាញសាលា-រៀនរបស់យើងព្យាយាមគ្រប់លទ្ធភាពក្នុងការធ្វើបច្ចុប្បន្នភាពលើការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍសិស្សានុសិស្សទាំងអស់ឱ្យមានសមត្ថភាពឆ្លើយតបជាមួយនឹងរបត់ចំណេះដឹងរបស់ពិភពលោកបច្ចុប្បន្ន។
ក្រៅពីការបណ្តុះបណ្តាលដោយយកចិត្តទុកដាក់លើកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា យើងបានបញ្ចូលនូវកម្មវិធី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាមួយគ្រូប្រកបដោយសមត្ថភាព និងមានបន្ទប់ពិសោធន៍សម្បូរបែបដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សរបស់យើងបានពិសោធ និងយល់កាន់តែស៊ីជម្រៅពីមេរៀននីមួយៗ សំដៅជំរុញនវានុវត្តន៍ និងភាពច្បាស់លាស់លើផ្នែកវិទ្យាសាស្ត្រ។ បន្ថែមពីលើនេះ យើងក៏បានដាក់ឱ្យដំណើរការកម្មវិធីបច្ចេកវិទ្យាសំខាន់ៗដើម្បីជំរុញឱ្យសិស្សរបស់យើងទទួលបាននូវចំណេះដឹងជាមូលដ្ឋានគ្រឹះសំខាន់ៗដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែមានសក្តានុពលនៅថ្ងៃអនាគត។ ក្រៅពីការបង្រៀនពីកម្មវិធីកុំព្យូទូ័រជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ យើងបានបង្កើតនូវក្លិបអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលផ្តល់នូវមជ្ឈមណ្ឌលសិក្សាកុំព្យូទ័រ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលឱ្យសិស្សចេះសរសេរកូដជាមួយនឹងអ្នកជំនាញ។ បន្ថែមពីលើនេះ យើងក៏ទំនុកបម្រុងសិស្សរបស់យើងផងដែរ ប្រសិនបើពួកគេបង្កើតបាននូវសមិទ្ធផលវិទ្យាសាស្ត្រ ឬបច្ចេកវិទ្យាថ្មីៗសម្រាប់ជាប្រយោជន៍ដល់សង្គម។
លោក ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ “លើសពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តាញសាលារៀនរបស់យើង បានដាក់បញ្ចូលនូវកម្មវិធីអប់រំហិរញ្ញវត្ថុពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Money Tree ដើម្បីឱ្យសិស្សានុសិស្សបានយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាព ស្របជាមួយនឹងគោលដៅសំខាន់ដែលក្រសួងអប់រំ និងធនាគារជាតិ ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាលសិស្សឱ្យមានគំនិតសន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុដូច្នោះដែរ។ កម្មវិធីដែលយើងទិញយកមកនេះ ជាកម្មវិធីដែលត្រូវបានគេប្រើប្រើប្រាស់នៅសាលារៀនជាច្រើននៅបរទេស”។
ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារតែពិភពលោកមានការវិវឌ្ឍលឿន យើងបានបន្ថែមនូវកម្មវិធីល្អៗជាច្រើនផ្សេងទៀតដើម្បីផ្តល់ឱ្យសិស្សរបស់យើងនូវជម្រើសប្លែកថ្មីមួយក្នុងការអប់រំ ដូចជាសេវាប្រឹក្សាយោបល់អប់រំ រួមទាំងកម្មវិធីទម្លាប់ល្អទាំង 7 យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាពខ្ពស់ដែលយើងបានទិញសិទ្ធពីអាមេរិកដើម្បីបណ្តុះបណ្តាលអត្តចរិត និងផ្នត់គំនិតសិស្សរបស់យើងឱ្យមានជំនាញសម្រាប់សតវត្សរ៍ទី21 ដែលសង្គមកំពុងត្រូវការនៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0នេះ។ ជាមួយគ្នានេះដែរ ថ្មីៗនេះយើងបានដាក់ឱ្យប្រើប្រាស់កម្មវិធី VR (virtual reality) និងកម្មវិធី AR (argument reality) ដើម្បីឱ្យសិស្សានុសិស្សរបស់យើងទទួលបានបទពិសោធបច្ចេកវិទ្យាចុងក្រោយបំផុតដូចស្ថាប័នអប់រំធំៗលើពិភពលោក។
យើងខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីផ្តល់នូវជម្រើសថ្មីមួយក្នុងការអប់រំសម្រាប់អាណាព្យាបាល និងសិស្សានុសិស្សដែលជាអនាគតធនធានមនុស្សដ៏សំខាន់ក្នុងសង្គមឱ្យក្លាយជាមនុស្សខ្លាំង និងមានសមត្ថភាពសម្រាប់ប្រកួតប្រជែងទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ៕

ចំណុច ខុសឆ្គង 5យ៉ាង ក្នុងការជ្រើសរើសគូស្នេហ៍សម្រាប់យុវវ័យ
យុវវ័យ ឬកំលោះក្រមុំភាគច្រើននៅក្នុងសម័យនេះ ច្រើនតែសម្លឹងរកមើល “ស្នេហា” នៅលើមុខមាត់ រូបរាង និងឋាន:… បើរស់នៅជាមួយគ្នាបាន ក៏អូខេ តែ!… បើមានបញ្ហា ឈ្លោះទាស់ទែង ឬត្រូវលែងលះគ្នាញឹកញាប់ផងនោះ ក៏ប្រហែលរាងយ៉ាប់បន្តិចហើយ។ មានកំលោះក្រមុំជាច្រើនដែលច្រើនតែខកចិត្តជាមួយនឹងស្នេហាក្នុងស្ថានភាពបែបនេះ ដូច្នេះសួរថា តើមិត្តយុវវ័យយើងដឹងទេថា តើមូលហេតុវាមកពីអ្វី? បើប្អូនៗយុវវ័យចង់ដឹង អ្នកគ្រូ ឆវី នឹងជម្រាបប្រាប់ប្អូនៗតាមរយៈអត្ថបទខាងក្រោមនេះ៖
1. មុខមាត់ រូបរាង? : ប៉ុន្មានលើក ប៉ុន្មានដងហើយដែលប្អូនៗស្ទើរតែរលាយបេះដូងព្រោះតែបុរសរូបសង្ហា មុខស្អាតៗនោះមែនទេ? សួរថា តើហេតុអ្វីបានជាប្អូនៗស្រីៗលង់ស្នេហ៍ពួកគេម្តងហើយម្តងទៀត? ហេតុអីបានជាប្អូនៗដាក់រឿងរ៉ាវស្នេហារបស់ប្អូនៗសំខាន់ទៅលើមុខមាត់ រូបរាងទៅវិញ? អ្នកគ្រូប្រាកដនៅក្នុងចិត្តណាស់ថា អ្វីដែលប្អូនៗត្រូវការពីគូស្នេហ៍នោះ វាច្រើនជាងមុខមាត់ស្អាតៗរបស់គេនោះទៅទៀត ព្រោះបើពួកគេមិនមែនជាតារាល្បីៗទេនោះ រូបរាងមុខមាត់របស់គេវាមិនបានជួយឱ្យប្អូនៗមានលុយមានកាក់ច្រើន ឬមានសេចក្តីសុខខ្លាំងបានដែរ ដូច្នេះរឿងមុខមាត់ និងរូបរាងនេះ វាមិនមែនជារឿងសំខាន់ដែលមិនអាចអត់បាននោះទេ(សូមប្អូនៗគិត!)។

2. កម្ពស់? : អ្នកគ្រូយល់ថា នារីៗយើងចូលចិត្តបុរសដែលមានរាងខ្ពស់ស្រឡះ ព្រោះមានអារម្មណ៍ថា ហាក់ទទួលបានការការពារឃុំគ្រងអំពីរូបគេម្នាក់នោះ តែយ៉ាងណាក៏ដោយ កម្ពស់មិនមែនជាចំណុចដែលនឹងបញ្ជាក់ថា គេនឹងប្រតិបត្តិចំពោះប្អូនៗបែបណានោះទេ។ ប្អូនច្បាស់ជានឹកសង្ឃឹមថា នឹងទទួលបានអ្វីល្អៗពីបុរសរូបរាងខ្ពស់សង្ហាដែលបុរសរាងកន្តឿៗមិនអាចមានឱ្យប្អូនបានមែនទេ? អ្នកគ្រូសូមប្រាប់ប្អូនៗតាមរយ:បទពិសោធកន្លងមករបស់អ្នកគ្រូថា រូបរាងខ្ពស់សង្ហារបស់ប្រុសៗ មិនមែនជាគ្រឿងវាស់ ឬកំណត់ពីបេះដូងរបស់ពួកគេនោះទេ គឺបេះដូងទៅវិញទេដែលនឹងបញ្ជាក់ប្រាប់ថា បុរសម្នាក់នេះជាមនុស្សល្អប៉ុនណា និងថា តើគេនឹងប្រត្តិបត្តិខ្លួនចំពោះប្អូនបានល្អប៉ុនណា?

3. សក្តានុពល? : កុំយល់ច្រឡំឱ្យសោះ! មនុស្សដែលមានសក្តានុពលនៅក្នុងខ្លួនពេញទំហឹង គឺជារឿងល្អមួយ តែរឿងដែលយើងកំពុងនិយាយគ្នានេះ គឺប្អូនៗមិនគួរជ្រើសរើសយកបុរសណាម្នាក់ដោយសារតែឃើញគេនោះមានសក្តានុពលតែម្យ៉ាងនោះទេ។ សក្តានុពល គ្រាន់តែជាគុណសម្បត្តិមួយរបស់មនុស្សយើងតែប៉ុណ្ណោះ ហើយក៏មិនបានន័យថា ពួកគេនោះជាមនុស្សល្អដែរ។ ប្អូនចាំបាច់ត្រូវតែបែងចែកឱ្យដាច់ថា តើគេនោះមានគុណសម្បត្តិអ្វីផ្សេងខ្លះទេ? វាគឺជារឿងមួយសំខាន់ខ្លាំងណាស់ដែលប្អូនចេះបែងចែកថា តើបុរសម្នាក់នោះត្រូវនឹងអ្វីដែលប្អូនៗចង់បាន ឬក៏អត់? ព្រោះបើប្អូនមិនដឹងពីអ្វីដែលប្អូនចង់បានទេនោះ ប្អូននឹងមានបញ្ហាធំមិនខាន…។

4. មានអារម្មណ៍កំប្លុកកំប្លែង? : ការមានមនុស្សដែលមានអារម្មណ៍កំប្លុកកំប្លែង និងសប្បាយរីករាយនៅក្បែរខ្លួន នឹងធ្វើឱ្យជីវិតរបស់ប្អូនមើលទៅហាក់ដូចងាយស្រួល និងកាន់តែសប្បាយឡើង។ ការសើចសប្បាយ គឺជាការបង្វែរខ្លួនឯងចេញពីក្ដីកង្វល់ ទុក្ខសោក និងបញ្ហាទាំងឡាយបាន តែយ៉ាងណាក៏ដោយ នៅពេលដែលគូស្នេហ៍របស់ប្អូនកំប្លុកកំប្លែងជ្រុលពេក និងអាចដូចជាមិនសូវច្បាស់លាស់ ឬពិតប្រាកដចំពោះរឿងអ្វីៗទាំងឡាយក្នុងជីវិតគូផងនោះ វាក៏អាចនឹងក្លាយជាបញ្ហាមួយដែលប្អូនៗច្បាស់ជាមិនត្រូវការយ៉ាងពិតប្រាកដ។ ការបញ្ចេញពីគុណសម្បត្តិក្នុងរឿងនេះ(កំប្លុកកំប្លែងលេង)ខ្លាំងជ្រុលពេក ក៏អាចធ្វើឱ្យប្អូនៗនារីៗឈឺក្បាលវិលមុខ ហើយវាអាចនឹងនាំប្អូនឆ្ពោះទៅរកជីវិតដែលពោរពេញដោយបញ្ហាបាន។

5. ភាពរំភើបញាប់ញ័រ? : មិនមែនជារឿងដែលគួរឱ្យចម្លែកចិត្តទេ ដែលប្អូនត្រូវបានទាក់ទាញឱ្យចូលទៅរកមនុស្សដែលមើលទៅគួរឱ្យរំភើបញាប់ញ័រ សប្បាយរីករាយ និងមានជីវិតស្ថិតនៅលើភាពប្រថុយប្រថាន ភាពពុះកញ្ជ្រោលដែលប្អូនមានអារម្មណ៍ដឹងនៅពេលដែលប្អូននៅជាមួយពួកគេ។ គឺជាអារម្មណ៍មួយដែលពិសេស… តែសួរថា តើប្អូនៗអាចរស់នៅក្នុងជីវិតដែលពោពេញទៅដោយភាពរំភើបញាប់ញ័របែបនោះបានយូរប៉ុនណាទៅ? ការស្វែងរកមនុស្សដែលផ្តល់នូវភាពរំភើបញាប់ញ័រដល់ប្អូនរៀងរាល់ថ្ងៃនោះ អាចនឹងនាំប្អូនឆ្ពោះទៅរកជីវិតមួយដែលគ្មានភាពទទួលខុសត្រូវ៕


គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!
ភ្នំពេញថ្ងទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើងតែងតែនិយាយ និងដឹងគ្រប់គ្នាថា “លុយមិនសូវសំខាន់ទេ…សុខភាពទើបសំខាន់ជាង” ខណៈដែលមនុស្សមួយចំនួនធំត្រូវលះបង់សុខភាពដើម្បីតែលុយក្នុងការចំណាយសម្រាប់ជីវិតប្រចាំថ្ងៃ! កង្វល់ទាំងអស់នេះនឹងត្រូវដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុតជាមួយនឹងម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជាម៉ូឌែលចុងក្រោយក្នុងការធ្វើឱ្យជីវិតរបស់លោកអ្នកមានផាសុកភាព និងសុភមង្គលយ៉ាងពិតប្រាកដ!!

ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិនគ្រាន់តែជួយសន្សំសំចៃថវិកាក្នុងការចំណាយរបស់លោកអ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ផាសុកភាពជូនលោកអ្នកបានយ៉ាងល្អឥតខ្ចោះថែមទៀតផង! លោកអ្នកទទួលបានទាំងការសន្សំសំចៃខ្ពស់, អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អក្នុងការរស់នៅព្រមគ្នាតែម្តង!
ថ្ងៃនេះខ្ញុំសូមលើកបង្ហាញចំណុចពិសេសៗតែ ៤ ប៉ុណ្ណោះពីម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការជួយសន្សំសំចៃខ្ពស់ និងមានសុខភាពល្អផងដែរ៖

1. ឆាប់ត្រជាក់លឿនជាងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា 43%
ជាមួយនឹងបច្ចេកវិទ្យា Fast Cooling Mode មិនថាលោកអ្នកទើបតែមកដល់គេហដ្ឋាន ឬការិយាល័យពេលណា ឬអាកាសធាតុខាងក្រៅក្តៅប៉ុណ្ណានោះទេក៏លោកអ្នកនៅតែទទួលបានភាពត្រជាក់ស្រួលខ្លួនបែបធម្មជាតិភ្លាមៗតែម្តង!
2. ជួយសន្សំសំចៃថាមពលរហូតដល់ 72%
ព្រោះ ម៉ាស៊ីនត្រជាក់ Samsung Wind-Free បំពាក់បច្ចេកវិទ្យា Digital Inverter 8 Pole ដំបូងគេក្នុងការធ្វើឱ្យមានភាពត្រជាក់បានលឿនជួយសន្សំសំចៃបានខ្ពស់បំផុត។ អ្វីដែលពិសេសបំផុតនោះគឺគ្មានសំឡេងរំខានដល់ដំណេក ឬការផ្ចង់អារម្មណ៍បំពេញការងាររបស់លោកអ្នកឡើយ!3. សាយភាពខ្យល់ត្រជាក់បានយ៉ាងល្អឥតខ្ចោះ
ជាមួយនឹងរន្ធចំនួន 21000 រន្ធជួយឱ្យភាពត្រជាក់សាយភាយពេញបន្ទប់ គេហដ្ឋាន ឬការិយាល័យបានល្អ និងមិនធ្វើឱ្យខ្យល់ត្រជាក់បាញ់ចំមុខ ឬដងខ្លួនតែម្នាក់ ឬ មួយជ្រុងនោះទេ!
4. បំពាក់បច្ចេកវិទ្យា Easy Filter Plus filter
ជាច្ចេកវិទ្យាដែលបំពាក់មកលើ ម៉ាស៊ីនត្រជាក់ Samsung Wind-Free ជួយកម្ចាត់មេរោគ, ច្រោះយកបាក់តេរីធូលីដី, កំទេចកំទីតូចៗដែលមានក្នុងបរិយាកាសនៃបន្ទប់គេង, ក្នុងគេហដ្ឋាន, ឬការិយាល័យរបស់អ្នកបានយ៉ាងល្អបំផុតរហូតដល់ 99%!! ដូច្នេះលោកអ្នកនឹងមានផាសុកភាពក្នុងការដកដង្ហើមបានយ៉ាងរីករាយ!ដូច្នេះគ្រាន់តែប៉ុន្មានចំណុចនេះគ្មានរឿងអ្វីដែលលោកអ្នកត្រូវខ្វាយខ្វល់ទៀតឡើយព្រោះម៉ាស៊ីនត្រជាក់ Samsung Wind-Free ជួយសន្សំសំចៃ, ថែទាំ, និងគិតគូពីផាសុកភាពជូនលោកអ្នកជានិច្ច! សម្រាប់ព័ត៌មានបន្ថែមសូមមកទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 !

ម៉េចបានពិបាកមានកូនម្ល៉េះ? ម៉េចបានមិនមានកូនសោះ? នាំគ្នាមករកមូលហេតុពិបាកមានកូន និងមកព្យាបាលសភាវពិបាកមានកូន…
មូលហេតុពិបាកមានកូន
កំពុងជួបបញ្ហា មែនទេ? កំពុងតែមានអារម្មណ៍តានតឹង មែនទេ? ហេតុអីបានមិនមានកូនសោះអុីចឹង ទាំងរៀបការមកយូរហើយ ជីវិតសិចក៏ទៀងទាត់ល្អ និងមិនបានពន្យារកំណើតទៀត តែក៏នៅតែមិនព្រមមានគភ៌សោះ…នេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងសភាវពិបាកមានបុត្រហើយ។ តើហេតុអីបានពិបាកមានបុត្រ? ថ្ងៃនេះ ឡារ៉ែន នឹងជួយគូស្វាមីភរិយាគ្រប់រូបមកស្វែងរកពីមូលហេតុនេះ ដើម្បីបើកចំហបញ្ហាពិបាកមានបុត្រនេះដូចតទៅ…។ពិបាកមានបុត្រដោយសារនរណា? នរណាជាមូលហេតុនៃការពិបាកមានបុត្រ?
– មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងស្រី : បណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រពេញអន្តោមញ្ច័ន ដូចជា ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាល ក្រពេញថៃរ៉យដ៍ ;រួមទាំងសាច់ភ្នាសប្រអប់ស្បូនរីកធំធាត់ខុសកន្លែង ដុះសាច់ក្នុងស្បូន បំពង់បញ្ជូនស៊ុតណែនស្ទះ មានបញ្ហាក្នុងការទម្លាក់ស៊ុត ធ្លាប់ឆ្លងកាត់ការវះកាត់ពន្យារកំណើតពីមុន រួមទាំងការជក់បារី ញៀនគ្រឿងញៀន សេពសុរាជាប្រចាំ ឬរោគធាត់ក៏អាចធ្វើឱ្យពិបាកមានបុត្រដែរ។
– មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងប្រុស : ដោយសារតែភាពខុសប្រក្រតីរបស់ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាលធ្វើឱ្យមិនអាចសាងអ័រម៉ូនកូណាដូថ្រូពីន រីលីហ្ស៊ីងដែលគ្រប់គ្រងការធ្វើការរបស់ប្រព័ន្ធបន្តពូជក្នុងមនុស្សបាន។ ក្រៅពីនេះ ការឆ្លងរោគខ្ទុះខាងក្នុងបំពង់បញ្ជូនមេជីវិត ធ្វើឱ្យកើតការណែនស្ទះមិនអាចបញ្ជូនទឹកមេជីវិតបាន ឬឆ្លងមេរោគនៅបរិវេណសរសៃឈាមខ្មៅក្នុងពងស្វាស អាចហុចផលប៉ះពាល់ដល់ការផលិតទឹកមេជីវិត និងការដែលមេជីវិតមានរូបរាងខុសប្លែកពីប្រក្រតី ធ្វើចលនាយឺតយ៉ាវ មេជីវិតមានចំនួនតិច អវយវៈភេទមិនឡើងរឹង ជក់បារីច្រើនហួសហេតុ សេពសុរាជាប្រចាំ ញៀនគ្រឿងញៀនក៏ជាមូលហេតុធ្វើឱ្យពិបាកមានបុត្របានដែរ។
ចង់កែខៃមូលហេតុពិបាកមានបុត្រត្រូវធ្វើយ៉ាងណា?
ដំបូងបង្អស់ ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃការពិបាកមានបុត្រពិតប្រាកដ។ដឹងពីមូលហេតុពិបាកមានបុត្រហើយ បើចង់មានបុត្រ ត្រូវប្រើវិធីណា?
នៅពេលដឹងពីមូលហេតុហើយថា ខ្លួនពិបាកក្នុងការមានបុត្រដោយសារអ្វី គ្រូពេទ្យជំនាញនឹងផ្ដល់ការប្រឹក្សាក្នុងការរៀបផែនការដើម្បីមានបុត្រ។ ជ្រើសរើសវិធីដែលស័ក្តិសម ដែលបច្ចុប្បន្នតិចណូឡូជីជួយបង្កើនពូជបានចូលមកមានតួនាទីខ្លាំងជាមួយអ្នកដែលពិបាកមានបុត្រ និងមានវិធីជាច្រើនដូចជា :
.ចាក់បញ្ចូលមេជីវិតផ្សំ
.ធ្វើ GIFT
.ធ្វើវិធីចិញ្ចឹមទារកក្នុងប្រអប់កែវ
.ធ្វើ ICSI
.ធ្វើ ZIFT
.ស្វែងរកអ្នកពពោះជំនួសដោយត្រឹមត្រូវតាមច្បាប់
មូលហេតុពិបាកមានបុត្រអាចកើតចំពោះទាំងស្ត្រី និងបុរស ការព្យាបាលត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាពិសេស ដើម្បីជ្រើសរើសវិធីដែលស័ក្តិសម។ វិធីខ្លះត្រូវប្រើការរៀបចំផែនការរយៈពេលយូរ តាំងពីការត្រៀមសភាពរាងកាយ ថ្លៃចាយវាយក៏អាចខ្ពស់ខុសប្លែកគ្នាតាមវិធី និងទីកន្លែង តែបើចង់មានបុត្រពិតប្រាកដ អាចនិយាយបានថា ជាការវិនិយោគដែលមានតម្លៃបំផុត…
ឡារ៉ែន សូមជួយជាកម្លាំងចិត្តគ្រប់គូស្វាមីភរិយា៕

វិធីសង្កេតអាការ “ត្រចៀកថ្លង់” ដោយខ្លួនឯង
ធ្លាក់ហៅមិត្តភក្ដិខ្លាំងយ៉ាងណាក៏ដោយ ក៏មិត្តអ្នកមិនបានឮសំឡេងរបស់អ្នកនិយាយ ហើយបែរជាងាកមកសួរអ្នកម្ដងហើយម្ដងទៀតទេ? យើងតែងតែបង្អាប់ចំអន់គ្នាលេងថា “ថ្លង់ មិនទាន់កាយអាចម៍ត្រចៀកចេញទេដឹង!” ជាដើម។ ក៏ប៉ុន្ដែ យោងតាមការស្រាវជ្រាវថ្មីបានបង្ហាញថា សំឡេងទាំងនេះបានបង្កការរំខានច្រើន ដែលអាចធ្វើឱ្យមនុស្សជាច្រើននាក់ប្រែទៅជា “ថ្លង់” និងបង្កើនហានិភ័យនៃជំងឺផ្សេងៗ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការសុខភាពពិភពលោក ក៏បានអះអាងឱ្យដឹងដែរថា ការបំពុលដោយសំឡេង ជាផ្នែកមួយដែលគំរាមកំហែងខ្លាំងបំផុតចំពោះសុខភាពសាធារណៈ បន្ទាប់មកគឺការបំពុលខ្យល់ ចំណែកលក្ខខណ្ឌនៃការធុញថប់ និងបញ្ហាតំណេក គឺជាបញ្ហាមួយនាំឱ្យកើតជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយថែមទាំងធ្វើឱ្យទៅជាធាត់តែម្ដង។
មូលហេតុដែលបណ្ដាលឱ្យថ្លង់
ថ្លង់ពីកំណើត : ទារកអាចថ្លង់ពីកំណើត ប្រសិនបើម្ដាយជួបប្រទះបញ្ហាមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជា៖
– ម្តាយមានការបង្ករោគដូចជា ជំងឺស្វាយ ឬស្អូចជាដើម។
– ខ្វះអុកស៊ីហ្សែ៊នពេលសម្រាលកូន។
– ការប្រើថ្នាំមិនត្រឹមត្រូវ។
– កើតជំងឺខាន់លឿនពេលមានផ្ទៃពោះជាដើម។
ថ្លង់ដោយសារវ័យ និងបញ្ហាសុខភាព : ចំពោះករណីផ្សេងដែលមិនមែនជាការថ្លង់ពីកំណើត តែអាចធ្វើឱ្យមនុស្សគ្រប់គ្នាប្រឈមនឹងការថ្លង់នៅថ្ងៃអនាគត គឺនៅពេលដែលអ្នកឈានចូលដល់វ័យកាន់តែចាស់ ឬបញ្ហាសុខភាពមួយចំនួន រួមមាន៖
– បម្រែបម្រួលរចនាសម្ពន្ធត្រចៀកផ្នែកខាងក្នុងតាមវ័យ។
– មានជំងឺរលាកស្រោមខួរក្បាល កញ្ច្រិល និងស្រឡទែន។
– មានការបង្ករោគនៅក្នុងត្រចៀករ៉ាំរ៉ៃ។
– ការប្រើថ្នាំព្យាបាលគ្រុនចាញ់ ឬមហារីកអង់ទីប៊ីយ៉ូទិក មួយចំនួន និងពពួកថ្នាំជំនួយផ្លូវភេទ។
– មានរបួសនៅក្បាល ឬនៅត្រចៀក។
– ធ្វើការ ឬនៅកន្លែងប្រឈមនឹងសំឡេងខ្លាំងជាប្រចាំ។
– តំណពូជ ឬកត្តាហ្សែ៊នរបស់អ្នកអាចធ្វើឱ្យមានផលប៉ះពាល់ដល់ត្រចៀក។
វិធីសង្កេតរោគសញ្ញាអាការ “ថ្លង់” ដោយខ្លួនឯង
ព្យាយាមស្តាប់ការនិយាយខ្សឹបដែលមានប្រវែង10សង់ទីម៉ែត្រ ឬលើកដៃរបស់អ្នកឡើងជិតនឹងត្រចៀកប្រហែល1អុីញ។ ប្រើចង្អុលដៃ និងមេដៃរបស់អ្នកត្រដុសគ្នាថ្នមៗ រហូតទាល់តែសំឡេងស្រាលៗកើតឡើង។ កម្រិតសំឡេងនេះគឺប្រហែល30ដេស៊ីបែល មានន័យថា ត្រចៀករបស់អ្នកនៅសភាពធម្មតា។ ប៉ុន្តែប្រសិនបើអ្នកមិនស្តាប់ឮសំឡេងស្រាលនោះទេ យើងអាចសង្កេតបានថា ត្រចៀករបស់អ្នកកំពុងប្រឈមនឹងអាការថ្លង់។ ប្រសិនបើនរណាម្នាក់មិនប្រាកដថា ខ្លួនមានអាការថ្លង់ ឬអត់នោះ ឬក៏មានរោគសញ្ញាមិនប្រក្រតីដែលរំខានដល់ជីវិតប្រចាំថ្ងៃដោយសំឡេងណាមួយ អ្នកគួរតែប្រញាប់ទៅពិនិត្យសុខភាពត្រចៀក ជាមួយគ្រូពេទ្យឯកទេសខាងបំពង់ក ត្រចៀក និងច្រមុះ។
វិធីកាត់បន្ថយហានិភ័យបញ្ហាថ្លង់
– ការពារត្រចៀករបស់អ្នក ដោយកំណត់រយៈពេលសមស្របក្នុងការប៉ះផ្ទាល់នឹងសំឡេងខ្លាំង ឬបន្ថយសំឡេង។
– ករណីអ្នកធ្វើការងារនៅកន្លែងដែលមានសំឡេងខ្លាំង អ្នកអាចប្រើប្រាស់ផ្លាស្ទិកបិតរន្ធត្រចៀក ឬប្រើឧបករណ៍ការពារត្រចៀកជាដើម។
– គួរធ្វើតេស្តការស្តាប់ជាប្រចាំ បើអ្នកធ្វើការដែលប្រឈមនឹងសំឡេងខ្លាំងៗជាអចិន្ត្រៃយ៍។
– ចំពោះស្ត្រីមានផ្ទៃពោះត្រូវពិនិត្យគភ៌ ថែរក្សាសុខភាព និងប្រឹក្សាជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំណាមួយ។ប្រសិនបើអ្នកបាត់បង់សមត្ថភាពក្នុងការស្តាប់ ឬស្តាប់លែងឮភ្លាមៗ ទោះត្រឹមម្ខាងក៏ដោយ អ្នកត្រូវប្រញាប់ជួបជាមួយគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ជំនួយក្នុងការស្តាប់នឹងត្រូវបានណែនាំពីគ្រូពេទ្យ បើសិនជាការធ្វើរោគវិនិច្ឆ័យឃើញថា “អ្នកថ្លង់”៕
ត្រឡាចជាដំណាំងាយដាំ បានផលច្រើន និងមានតម្រូវការខ្ពស់រាល់ថ្ងៃ
ដំណាំត្រឡាច គឺជាប្រភេទដំណាំវារលើដីក៏បាន ឡើងទ្រើងក៏បាន ដែលកសិករខ្មែរនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែស្លស្លុក។ នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែត្រឡាច វាមានភាពងាយស្រួលក្នុងការដាំដុះ លូតលាស់លឿន ធន់ទ្រាំនឹងសីតុណ្ហភាព ព្រមទាំងងាយស្រួលក្នុងថែទាំ ហុចផលក្នុងរយៈពេលខ្លីតែពី 30ទៅ 45ថ្ងៃប៉ុណ្ណោះដែលបច្ចុប្បន្ន ដំណាំនេះមានតម្រូវការនៅលើទីផ្សារជាប្រចាំ និងអាចលក់បានដោយងាយស្រួល។
សហគមន៍កសិករនៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អ្នកស្រី ស៊ុន ស្រីពៅ ជាប្រធានសហគមន៍ បានផ្តល់បទសម្ភាសដល់កាសែត ឡារ៉ែន ពាណិជ្ជ អំពីការដាំដំណាំត្រឡាចថា៖ “គ្រួសារខ្ញុំ និងកសិករក្នុងសហគមន៍បានចាប់ផ្តើមប្រកបរបរដាំត្រឡាចរយៈពេល 10ឆ្នាំមកហើយ ដែលមានទាំងអស់ 18ក្រុម ស្មើនឹង 93គ្រួសារ ដាំដុះលើផ្ទៃដីប្រមាណ 8ហិកតាដែលមានដំណាំរួមផ្សំផ្សេងទៀត ដូចជាត្រសក់ សណ្តែកកួរ។ល។ ដោយឡែកសម្រាប់ដំណាំត្រឡាច យើងមានផ្ទៃដីដាំដុះចំនួន 3ហិកតា”។
អ្នកស្រីបញ្ជាក់ថា សម្រាប់បចេ្ចកទេសដាំដុះ គេអាចដាំត្រឡាចបានគ្រប់រដូវ តែការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់។ ដោយសារតែការដាំដុះនៅរដូវក្តៅ វាមានបញ្ហាច្រើន ដែលប្រឈម ដូចជាកត្តាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត ជាដើម។ រដូវកាលសមស្រប សម្រាប់ដំណាំត្រឡាច គឺរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមករា និងកុម្ភៈ នៅតំបន់ទំនាប។ រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា នៅតំបន់ខ្ពង់រាប។
អ្នកស្រីបន្តថា សម្រាប់ការដាំដំណាំត្រឡាចនេះមុននឹងដាំគែត្រូវភ្ជួរដីជាមុន ដោយត្រូវធ្វើ 2 ទៅ 3ដង ហើយការភ្ជួរលើកទី1 មុននឹងភ្ជួរ គេត្រូវបាញ់ថ្នាំកម្ចាត់ស្មៅ និងបន្ទាប់ពីភ្ជួរហើយ គេទុកដីចោលហាលថ្ងៃរយៈពេលពី 3 ទៅ 7ថ្ងៃ ដើម្បីឱ្យស្មៅងាប់។
ឯការភ្ជួរលើកទី2 បន្ទាប់ពីភ្ជួររួច គេត្រូវរាស់ដីឱ្យរាបស្មើ បន្ទាប់មកកាប់រណ្ដៅ ទំហំ 4តឹក 4ជ្រុង និងជម្រៅពី 2តឹកទៅ 3តឹក គម្លាតពី 1គុម្ព ទៅ 1គុម្ពប្រវែង1ម៉ែត្រ។ បើយើងដាំនៅខែប្រាំង ត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើ នៅខែវស្សាត្រូវបាចកំបោរសក្នុងរណ្តៅមុនពេលដាំ។
ចំពោះការរៀបចំគ្រាប់ពូជសម្រាប់ដាំ គឺគេត្រូវជ្រើសរើសពូជណាល្អ ដែលគ្មានជំងឺដើម្បីធ្វើការដាំដុះដោយត្រូវយកគ្រាប់ត្រឡាចទៅត្រាំក្នុងទឹក ពី6 ទៅ 12ម៉ោង បន្ទាប់មកយកគ្រាប់ដែលត្រាំទឹកហើយនោះទៅដាក់ដាំ ក្នុងកន្ទោងបណ្ដុះកូនជាមុនសិន ចាំដល់ពេលវាលាស់ចេញស្លឹកខ្លះ ទើបគេយកវាទៅដាក់ដាំក្នុងរណ្ដៅ។ ក្រោយពីដាំរួច យើងត្រូវអនុវត្តដំណាក់កាល 3ជំហាន៖+ ជំហានទី 1 ពេលកូនត្រឡាចដុះលូតលាស់បាន 7សន្លឹក យើងត្រូវក្ដិចត្រួយវាចេញម្តង ក្រោយមកយើងនឹងបានទទួលបានពន្លកត្រួយថ្មីចំនួន 3បន្ថែមទៀត។
+ជំហានទី 2 ត្រួយដែលបែកចេញនោះ នៅពេលវាលូតលាស់បានស្លឹក 7សន្លឹកយើងបន្តអនុវត្តដូចជំហានទី1 ទៀត ពេលនោះយើងនឹងបានពន្លកត្រួយថ្មីចំនួន 7បន្ថែមទៀត។
+ជំហានទី 3 យើងនៅតែបន្តអនុវត្តដូចជំហានទី1និងទី2 ដដែល ហើយពេលនោះ យើងនឹងបាន ពន្លកត្រួយថ្មីដល់ទៅ 30 ទៅ 35ខ្នែង។ ដូច្នេះ ពេលនេះវាជាដំណាក់កាល ដែលយើងត្រូវបន្ថែមជីធម្មជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់វា។
ការដាក់ជីនេះ យើងត្រូវដាក់នៅសងខាងចេញពីរណ្តៅត្រឡាចចម្ងាយប្រមាណ 30 ទៅ 50 សង់ទីម៉ែត្រ មានដូចជាជីកំប៉ុស លាមកសត្វ និងកម្ទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះត្រឡាចនឹងលូតលាស់បានល្អ មានរយៈពេលយូររហូតដល់ជាង 2ខែ ដែលអាចឱ្យវាផ្លែបានច្រើន និងយូរ និងច្រើន។ ក្រោយពីដាំបានរយៈពេល 30ទៅ 45ថ្ងៃ អាចប្រមូលផលបានហើយ។
អ្នកស្រី ពៅ បានឱ្យដឹងទៀតថា៖“ចម្ការត្រឡាច ដែលសហគមន៍ខ្ញុំមាននៅលើផ្ទៃដី 3ហិកតានេះ គឺដាំក្នុងលក្ខណៈវិលជុំ ធ្វើឱ្យទទួលបានផលជាប្រចាំជាមធ្យមពី 500-800គីឡូក្រាម ក្នុង1ថ្ងៃដែលពេលខ្លះអាចដល់ជាង 1តោនក៏មាន។ពីព្រោះបើគិតតាមបច្ចេកទេសដំណាំត្រឡាចដែលដាំក្នុង1ហិកតានឹងទទួលផលពី 10ទៅ15តោន។ ប៉ុន្តែត្រឡាចរបស់សហគមន៍ខ្ញុំដាំក្នុងលក្ខណៈជាបន្លែសុវត្ថិភាពកំណត់ទម្ងន់ត្រឹមតែ 6ខាំប៉ុណ្ណោះក្នុង 1ផ្លែ”។
អ្នកស្រីបញ្ជាក់ថា សម្រាប់ការរកទីផ្សារលក់ចេញ គឺផ្លែត្រឡាចរបស់សហគមន៍អ្នកស្រីមិនមានការលំបាកនោះទេ ដោយបច្ចុប្បន្នសហគមន៍អ្នកស្រីបានធ្វើកិច្ចសន្យាជាមួយវិស័យឯកជនមួយចំនួនដូចជាក្រុមហ៊ុន KOC និង REMIX ដែលបានប្រមូលទិញ និងចែកចាយទៅទីផ្សារ។ដោយឡែករឿងតម្លៃនៅលើទីផ្សារវិញ អ្នកស្រីប្រធាន បានប្រាប់កាសែត ឡារ៉ែន ពាណិជ្ជថា៖“ ត្រឡាចរបស់ខ្ញុំ អាចលក់បានតម្លៃ 1,700រៀល ទៅ2,000រៀលក្នុង 1គីឡូក្រាម(បើគិតតម្លៃសរុប2000X500=1,000,000រៀល)។
អ្នកស្រី ពៅ បានបញ្ជាក់ទៀតថា៖“បច្ចុប្បន្នត្រឡាចរបស់សហគមន៍ខ្ញុំ ត្រូវបានផ្គត់ផ្គង់ទៅឱ្យ KOC ស៊ីដាក ទីផ្សារនៅភ្នំពេញ និងទីផ្សារឧដុង្គ និងដោយសារតែវាមានតម្រូវការច្រើន ទើបយើងត្រូវការផលិតបន្ថែម ព្រោះយើងក៏មានអ្នកទទួលស្គាល់គុណភាពច្រើនដែរ ហើយផ្លែត្រឡាចរបស់យើងមានលក្ខណៈពិសេស ត្រង់មានទម្ងន់មិនលើសពី 6ខាំឡើយក្នុង 1ផ្លែ។ ជាបន្លែសុវត្ថិភាព ធ្វើឱ្យមានការបញ្ជាទិញបន្ថែមច្រើន តែសហគមន៍ខ្ញុំមិនទាន់អាចផលិតទាន់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឡើយ”។
អ្នកស្រីបានប្រាប់កាសែត ឡារ៉ែន ពាណិជ្ជ ទៀតថា៖“ខ្ញុំក៏មានគោលបំណងពង្រីកការដាំដុះបន្ថែមទៀតដែរ ដើម្បីផ្គត់ផ្គង់តាមរយៈនៃការអនុវត្តកិច្ចសន្យាជាមួយដៃគូ ព្រោះសហគមន៍ទទួលបានព័ត៌មានអំពីតម្រូវការទីផ្សារជាក់លាក់ និងបានរៀបចំផែនការដាំដុះច្បាស់លាស់តាមការបញ្ជាទិញ។
សហគមន៍គ្រោងនឹងពង្រីកសក្តានុពលដាំដុះបន្ថែមទៀត ព្រោះយើងអាចផ្ទេរផ្ទៃដីដំណាំផ្សេងមកបង្កើនការដាំដំណាំត្រឡាចនេះវិញ ព្រោះសមាជិកសហគមន៍ កំពុងទទួលបានផលប្រយោជន៍ពិត ពីការដាំបន្លែ ធ្វើឱ្យជីវភាពយើងមានភាពប្រសើរឡើង”៕