Author: ធឿន មករា

  • វីង និង ធនាគារឈីហ្វ សហការគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជា

    វីង និង ធនាគារឈីហ្វ សហការគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជា

    ភ្នំពេញថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេនៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក ​CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយ មានអាយុកាលជាង​៤១​ឆ្នាំ ជា​មួយ​នឹងអាជីវកម្ម​ហិរញ្ញវត្ថុយ៉ា​ងសម្បូរ​បែប បានប្រកាសភាពជាដៃគូថ្មីមួយដែល​នឹង​​អនុញ្ញាតឱ្យ​អតិថិជន​អាច​សង​ប្រាក់​កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។

    ភាពជាដៃគូនេះផ្តល់សេរីភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថាជា​នៅ​តំបន់​ដាច់​ស្រយាល​ប្រទេស​កម្ពុជា​​ក៏ដោយ អាចសង​ប្រាក់​កម្ចី​​តាម​រយៈភ្នាក់​ងារ​វីង​ ប្រកបដោយភាពងាយស្រួល រហ័ស​និង​មាន​សុវត្ថិភាព។ ​អតិថិជន​​ក៏អាច​សង​ប្រាក់​កម្ចីតាម​រយៈ ​កម្មវិធីស្មាតហ្វូនវីងដ៏មាន​ភាព​ច្នៃប្រ​ឌិ​តដោយ​គ្រាន់​តែចុច​ពីរ​ឬបី​ដង​លើ​ទូរស័ព្ទដៃរ​បស់​ពួក​គាត់តែប៉ុណ្ណោះ។ លើសពីនេះផងដែរ ​​អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ ​ក៏​អាច​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ ប្រព័ន្ធបាគង ទៅ​ប្រព័ន្ធ​អេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងផងដែរ។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា​៖​«ខ្ញុំ​រីក​រាយ​ណាស់​ដែល​បាន​ចូល​រួមជាមួយ​ ធនាគារពាណិជ្ជ ឈីហ្វ ​បន្ត​បេសកកម្ម​របស់យើង​ក្នុង​ការ​ផ្តល់ជូន​អតិថិជន​​នូវ​ដំណោះ​ស្រាយ​ដ៏ងាយ​ស្រួល​។ ​នេះ​គឺជាព្រឹត្តិការណ៍​សំខាន់ ​ដែល​ឆ្លុះបញ្ចាំង​ពីការ​ប្តេជ្ញាចិត្ត​របស់យើង ​ក្នុង​ការ​កែល​ម្អសេវា​កម្មហិរញ្ញវត្ថុ​ឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍របស់យើង។»

    វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែងអស់រយៈពេល​ជាង​១២​ឆ្នាំ​មកហើយ​ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់​ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវការទទួលបានសេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាព រហ័ស ដែលត្រូវបាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើក​កំពស់​​ជីវភាព​​ប្រចាំ​ថ្ងៃ របស់ប្រជាជន។

    ការប្តេជ្ញាចិត្តរបស់វីងក្នុងការផ្តល់សិទ្ធអំណាចផ្នែកបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេអាច មានបណ្តាញភ្នាក់ងារវីងកាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរនៃកម្មវិធីស្មាតហ្វូនវីង។

    ចំណុចសំខាន់នៃភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺ​ជាការចែក​រំលែក​​​ចក្ខុវិស័យ​រួម​គ្នា​មួយ​​ក្នុង​ការប្រើប្រាស់សមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីលើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស។

    លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ បានមានប្រសាសន៍ថា៖ «ភាព​ជាដៃគូ​នេះឆ្លុះ​បញ្ចាំងពី​ការប្តេជ្ញាចិត្តរបស់ធនាគារពាណិជ្ជឈីហ្វ ក្នុង​ការ​ធ្វើឱ្យផលិត​ផលរបស់​យើង​ប្រសើរ​ឡើង ដើម្បីឆ្លើយ​តប​ទៅនឹងតម្រូវ​​ការហិរញ្ញវត្ថុរបស់អ​តិថិជនដែលកំពុងកើនឡើង ដូច្នេះអតិថិជន​អាចផ្តោត​លើកំណើន​អាជីវកម្មរបស់ពួកគេ ។ អតិថិ​ជន​របស់​ធនាគារពាណិជ្ជ​ឈីហ្វ​នឹងរីករាយនូវ​ជម្រើស​ថ្មី ​ដែល​អនុញ្ញាត​ឱ្យពួក​គេបង់​ប្រាក់​កម្ចីរបស់ពួកគេ​ដោយ​មិនចាំ​បាច់​ទៅដល់​ការិយាល័យ​របស់​ធនាគារពាណិជ្ជ​ ឈីហ្វ នោះទេ។»

    ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានសម្លឹង​ឃើញ​ពីការរីកចម្រើន​ជាបន្តបន្ទាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់តាំង​ពីបាន​ចាប់ផ្តើមប្រតិបត្តិការ កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈ​ដែល​បច្ចុប្បន្ន​មានទ្រព្យសកម្មសរុបមានចំនួនជាង ១៤៣លានដុល្លារ​គិត​ត្រឹម​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបុគ្គលិកសរុបជាង ១៤០នាក់។ លោកបណ្ឌិត​ សឿង ម៉ូរ៉ារិទ្ធ ចាត់​ទុក​អតិថិជន​ជាដៃគូ​យូរអង្វែង ដែលអាចធ្វើអោយធនាគារយើង នៅ​តែ​បន្ត​រីក​ចម្រើន​ទៅមុខជាលំដាប់។

    ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្រើប្រាស់គំរូអាជីវកម្ម ធ្វើជាមូលដ្ឋានីយកម្ម និង​អភិវឌ្ឍន៍​ដែល​សក្តិសម​បំផុត​ទៅនឹង​តម្រូវ​ការជាក់ស្តែងរបស់អតិថិជន នៅក្នុងប្រទេសកម្ពុជា។ យើង​មិនត្រឹមតែ​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ធ្វើឱ្យប្រសើរឡើង​ថែម​ទៀតនូ​វផលិតផលដែលមានស្រាប់របស់យើងប៉ុណ្ណោះទេ ព្រមទាំង ណែនាំផលិតផល​និង​សេវា​កម្មថ្មីៗ​ដើម្បីបំពេញ​តាម​តម្រូវ​ការរបស់អតិថិជនដែលកំពុងកើនឡើងជាលំដាប់។

    CHIEF GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង ដែលបាន​ពង្រីក​សក្តានុពល​របស់ខ្លួន​ពីមួយថ្ងៃទៅមួយថ្ងៃ ​ដោយ​ប្រកាន់​ខ្ជាប់នូ​វជំនឿ នៃការអនុវត្តក្រមសីលធម៌ និង​ការ​វិនិយោគ​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង។​ យើង​បានបន្តដំណើរទៅមុខដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យបេសកកម្មគោលដៅ និងទស្សន​វិស័យ​របស់​យើង និង​ផ្តល់​សេវា​ដល់​អតិថិជន​របស់យើង​អោយកាន់តែ​ប្រសើរ​ឡើង​ជាង​មុន​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។ ​ជោគជ័យរបស់យើងត្រូវបានគេសន្មត់ថាជាស្មារតីក្រុមខ្លាំងជាមួយនឹងចក្ខុវិស័យ​ និង​គោល​នយោបាយ​ច្បាស់​លាស់។

    យើងសូមណែនាំឲ្យលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើង www.chiefbank.com.kh និងទាញ​យក​កម្មវិធី​ទូរស័ព្ទចល័ត (CHIEF Mobile App) ឬមកកាន់សាខាណាមួយរបស់ធនាគារពាណិជ្ជ ឈីហ្វ អតិថិជននឹងទទួលបាននូវសេវាកម្មដ៏ល្អពីបុគ្គលិកដែលរងចាំផ្តល់សេវាជូនលោកអ្នក៕

  • មូលហេតុនៃការប្រព្រឹត្ត ស្ថិតនៅលើការចិញ្ចឹមមើលថែ

    មូលហេតុនៃការប្រព្រឹត្ត ស្ថិតនៅលើការចិញ្ចឹមមើលថែ

    ការចិញ្ចឹមមើលថែកូនៗ ឱ្យពេលធំឡើងក្លាយជាមនុស្ស ដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បាននាពេលបច្ចុប្បន្ននេះ ជារឿងមួយ ដែលលំបាក​គួរសម​ដែរ ព្រោះដោយសាតែបច្ច័យខាងសង្គម ចាប់ផ្តើមផ្លាស់ប្តូរ​ ហើយការប្រព្រឹត្តរបស់ក្មេងនាពេលបច្ចុប្ប​ន្ន ក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងដែរ។ ថ្ងៃនេះ ឡារ៉ែន មានបច្ច័យសំខាន់ៗដែលមានផលដល់ការ​ប្រព្រឹត្តរបស់កូនៗ មកជម្រាបជូនដូចខាងក្រោម៖

    ក្រុមគ្រួសារ

    ធ្លាប់បានឮដែរ ឬទេថា ក្រុមគ្រួសារយ៉ាងណា ការប្រព្រឹត្តរបស់កូនតូចភាគច្រើន ក៏មានលក្ខណៈស្រដៀងយ៉ាង​នោះ​ដែរ ដូច្នេះ​បើយើងចង់​ឱ្យ​កូនរបស់យើង មានការប្រព្រឹត្តដែលល្អនោះ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើង ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំ​អប់​រំប្រដែប្រដៅ ឱ្យស្គាល់នូវអ្វីដែលល្អ​ និងមិនល្អ​ មានពេលវេលាជជែកលេងជាមួយកូនឱ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនិតយោបល់របស់កូន តែប៉ុណ្ណឹង​កូននឹងមានអារម្មណ៏កក់ក្តៅ និងមានការប្រព្រឹត្តល្អៗ តបស្នងមកយើងវិញជាមិនខាន។

    ស្ថានភាពជុំវិញខ្លួន និងសង្គម

    យើងមិនអាចជ្រើសរើសឱ្យកូនៗរស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗ តាមដែលចិត្តយើងចង់បាន​នោះឡើយ តែយើង​អាចជ្រើស​រើស​ក្នុងការបង្ហាត់បង្រៀន និងអនុញ្ញាតឱ្យកូនរៀនយល់ដឹង ជាមួយស្ថានភាពសង្គមបាន ដោយមិនកៀបសង្កត់ ឬកម្រិតដែនយល់ដឹងរបស់កូនឡើយ ដោយ​​ត្រូវអធិប្បាយនូវរឿងរ៉ាវ ដែលកូនបានជួប បានឃើញការប្រព្រឹត្តផ្សេងៗទាំងនោះ​ ឱ្យកូន​​បាន​​​​​យល់។ មិនគួរបដិសេធនឹងសំណួររបស់កូនឡើយ តែគួរមាន​ចម្លើយដ៏ល្អៗ ដល់កូនទើបជាការប្រសើរ។

    រឿងភាគក្នុងទូរទស្សន៍

    យើងអាចបង្ហាត់បង្រៀនការប្រព្រឹត្តដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគទូរទស្សន៍ ឬខ្សែភាពយន្តផ្សេងៗ ក៏យើង​អាច​រៀបរាប់ឱ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ។ ក្នុងអំឡុងពេលមើលខ្សែភាពយន្ត ឬរឿងភាគ យើងគួរតែ​អធិប្បាយ​ពន្យល់ពីការប្រព្រឹត្ត​ឱ្យកូន​បាន​យល់ និងដឹងថា អ្វីជារឿងល្អ មិនល្អ អ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីកុំឱ្យកូនយក​តម្រាប់តាមការប្រព្រឹត្តមិនល្អ ដែលកូនដឹង​ និងមើលឃើញនោះ។

    ទោះយ៉ាងណា ស្ថាប័នគ្រួសារ ក៏នៅតែជាបច្ច័យសំខាន់ក្នុងការបង្ហាត់បង្រៀន និងកំណត់ទិសដៅឱ្យកូនរបស់យើង ក្លា​យជាមនុស្សល្អបានដែរ វាស្ថិតនៅលើការជ្រើសរើសអប់រំប្រដៅ ការនិយាយស្តី និងការធ្វើឱ្យកូនបានយល់ដឹងកាន់តែច្រើនឡើង ដើម្បីកុំឱ្យកូនមានអារម្មណ៍ថា គេខ្វះខាត និងឪពុក​ម្តាយមិនយកចិត្តទុកដាក់ ព្រោះរឿងនេះ អាចនឹងក្លាយជាចំណុចអន់មួយរបស់ក្មេង នៅពេលអនាគតបាន៕

  • ចង់ញញឹមស្អាត កុំភ្លេចញ៉ាំរបស់ខាងក្រោមនេះ…

    ចង់ញញឹមស្អាត កុំភ្លេចញ៉ាំរបស់ខាងក្រោមនេះ…

    ប្រាកដណាស់ថា ស្នាមញញឹមរបស់នារីៗ គឺជាមន្តស្នេហ៍មួយ សម្រាប់អ្នកដែលបានឃើញ ដូច្នេះហើយ ទើបយើងត្រូវតែមានវិធីមើលថែ​ទាំធ្មេញរបស់យើងឱ្យស្អាត ស និងរឹងមាំ ដើម្បីត្រៀមជានិច្ចសម្រាប់ការញញឹមយ៉ាងស្រស់ស្រាយ ឱ្យអ្នកដែលនៅជុំវិញខ្លួន ឈ្លក់វង្វេង តែសួរថា តើត្រូវញ៉ាំអ្វីខ្លះដើម្បីឱ្យធ្មេញ ស ស្អាត និងរឹងមាំនោះ សូមតាមដានជាបន្ត…។

    . អាហារពពួក ខាបូហាយដ្រេត

    អាហារពពួកខាបូហាយដ្រេត ដែលមានដូចជា ម្សៅ បាយ នំប៉័ងនោះ ច្រើនតែជាប់នៅតាមប្រឡោះជើងធ្មេញ ឬបរិវេណអញ្ចាញ បន្ទាប់ពីនោះម្សៅនឹងបំបែកខ្លួន ក្លាយជាស្ករ មានមេរោគបាក់តេរី ធ្វើឱ្យកើតស្នាមកំណក និងអាចកើតជំងឺអញ្ចាញធ្មេញបានដែលអាចធ្វើឱ្យធ្មេញពុកបាន។ ដូច្នេះសម្រាប់អាហារប្រភេទខាបូហាយដ្រេតនេះ យើងគួរញ៉ាំចំពោះតែពេលអាហារចម្បងៗ ដូចជា ពេលព្រឹក ថ្ងៃ និងល្ងាចបានហើយ ចៀសវាងញ៉ាំលេង នៅចន្លោះពេលអាហារទាំងនោះ ព្រោះថា នៅក្នុងពេលអាហារចម្បងៗទាំងនោះ យើងនឹងបញ្ចេញទឹកមាត់មកច្រើនណាស់ ទើបកម្ទេចកំណកអាហារទាំងនោះ ត្រូវបានលាងសម្អាតចេញអស់យ៉ាងងាយ។

    . គួរញ៉ាំទឹកតែជាប្រចាំ

    មិនថាតែ តែខ្មៅ ឬតែបៃតងនោះទេ សុទ្ធតែមានសារធាតុ ផូលីហ្វើណូល ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីពីរុក្ខជាតិដែលការពារមិនឱ្យមានកំណកកខ្វក់លឿងៗ មកតោងជាប់នៅលើធ្មេញ ជួយកាត់បន្ថយឱកាសក្នុងការកើតរោគធ្មេញពុក ឬរោគអញ្ចាញឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វានៅអាចកាត់បន្ថយក្លិនមាត់ ដោយមានគុណសម្បត្តិទប់ស្កាត់ការរីកធំធាត់របស់មេរោគបាក់តេរីដែលជាមូល​ហេតុរបស់ក្លិនមាត់ទៀតផង ហើយទឹកតែ ភាគច្រើននៅមាន ភ្លូអូរ៉ាយដ៍ ដែលបានមកពីស្លឹកតែទៀតផង។

    . ញ៉ាំវិតាមីនC ឱ្យបានគ្រប់គ្រាន់

    វីតាមីនC ប្រៀបដូចជាស៊ីម៉ង់ត៍ដែលភ្ជាប់កោសិកាផ្សេងៗ ឱ្យចូលមកជាប់ជាមួយគ្នាវិញ វាចាំបាច់ចំពោះស្បែកដូចគ្នានឹងសាច់​ភ្នាសរបស់អញ្ចាញធ្មេញដែរ។ អ្នកដែលញ៉ាំវីតាមីនC តិចជាង ៦០មីល្លីក្រាមក្នុង ១ថ្ងៃ នឹងមានឱកាសកើតរោគអញ្ចាញធ្មេញខ្ពស់ជាងអ្នកដែលញ៉ាំ ១៨០មីល្លីក្រាម ឬច្រើនជាង ២៥% ដូច្នេះហើយទើបវីតាមីនC ជាចំណែក១សំខាន់ ដែលជួយមើលថែទាំធ្មេញឱ្យ​រឹង​មាំឡើង។

    ត្រឹមតែវិធី ៣យ៉ាងងាយៗនេះ ធានាថា ធ្មេញរបស់អ្នកនឹងស្រស់ស្អាត ស និងរឹងមាំ ត្រៀមជាស្រេចសម្រាប់ការញញឹមដ៍​ស្រស់ស្រាយ និងមានមន្តស្នេហ៍យ៉ាងពិតប្រាកដ៕

  • Real Madrid ទិញខ្សែការពារម្នាក់បន្ថែមទៀត មកពី Bayern Munich

    Real Madrid ទិញខ្សែការពារម្នាក់បន្ថែមទៀត មកពី Bayern Munich

    កីឡាករ​ខ្សែបម្រើ​ការពារ David Alaba បាន​ឈានដល់​ការចុះ​កុងត្រា ដើម្បី​ចូលរួម​ជាមួយនឹង​ក្លិប Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន ក្នុងការ​ដោះដូរ​កីឡាករ ពាក់កណ្តាល​រដូវ​កាល2020-2021 នេះ ក្នុង​កុងត្រា​រយៈពេល 4ឆ្នាំ នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga។ ទោះជា​មិនមាន​តម្លៃ​ខ្លួន​ក៏ពិតមែន ប៉ុន្តែ​រូបគេ​នឹង​ទទួលបាន​ថ្លៃឈ្នួល 14លាន​ដុល្លា ក្នុង 1ឆ្នាំ។

    Alaba នឹងត្រូវ​លេង​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់ រហូតដល់​កុងត្រា​របស់គេ​ចប់ នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ។ បន្ទាប់មកទៀត ទើប​អាច​ផ្ទេរ​មកលេង​នៅ​ក្រុម​អធិរាជ​សបាន។ ខ្សែការពារ​រូបនេះ បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ Real Madrid រយៈពេល 4ឆ្នាំ និង​ទទួលបាន​តម្លៃ​ពលកម្ម 11លាន​អឺរ៉ូ ក្នុង 1ឆ្នាំ​ផងដែរ៕

  • ឡូយ​ណាស់! ព្រះខ័ន​រាជ ចុះ​កុងត្រា យក​អតីត​ខ្សែប្រយុទ្ធ​ក្លិប Huesca

    ឡូយ​ណាស់! ព្រះខ័ន​រាជ ចុះ​កុងត្រា យក​អតីត​ខ្សែប្រយុទ្ធ​ក្លិប Huesca

    ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​កីឡាករ Miguel Ángel Junco Martínez ដោយ​ចុះ​កុងត្រា នាំមក​លេង​ឱ្យ​ក្លិប​លី​គ​កំពូល​កម្ពុ​ជាមួយនេះ នា​រដូវ​កាល2021 នេះ។

    កីឡាករ Miguel Ángel Junco Martínez ត្រូវបាន​គេ​ស្គាល់​ក្នុង​ឈ្មោះថា Mika នោះ បាន​ចាប់​អាជីព​បាល់ទាត់​តាំងពី​ឆ្នាំ2012 រហូតមក ដោយ​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​ជាច្រើន​នៅ​អ៊ឺរ៉ុប ដូចជា​នៅ​ស្វ៊ី​ស អេ​ស្ប៉ា​ញ និង​ហ្វាំ​ង​ឡង់ ជាដើម។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ គេ​ធ្លាប់​លេង​ឱ្យ​ក្លិប Huesca ដែលជា​ក្លិប​លី​គ​កំពូល​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ2016 ទៀតផង។

    សូម​រំឭកថា Miguel Ángel Junco Martínez ឬ Mika ជា​អតីត​កីឡាករ​របស់​ក្លិប Huesca ធ្លាប់​លេង​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ កាល​ឆ្នាំ2015-2016 បើ​គិត​សរុប​ចំនួន​ប្រកួត ឱ្យ​ក្លិប​ទាំងអស់ 6ក្លិប​របស់គេ​នោះ គឺ​ចំនួន 102លើក និង​រកបាន 43គ្រាប់។ ខ្សែប្រយុទ្ធ​រូបនេះ មាន​សញ្ជាតិ​អេ​ស្ប៉ា​ញ មាន​កម្ពស់ ១,៧៥ និង​អាយុ ២៧ឆ្នាំ៕

  • សម្រាប់ស្រីៗយើង ការងូតទឹកត្រូវតាមវិធី ធានាថា សាច់ស្អាត ស្បែកភ្លឺរលោង

    សម្រាប់ស្រីៗយើង ការងូតទឹកត្រូវតាមវិធី ធានាថា សាច់ស្អាត ស្បែកភ្លឺរលោង

    មានសៀវភៅតម្រាមួយ បានណែនាំឱ្យងូតទឹកត្រជាក់ ដែលវាជាការធ្វើឱ្យមនុស្សយើង ស្ថិតក្នុងវ័យកំលោះក្រមុំបានយូរ ព្រោះនៅពេលស្បែក និងសាច់ ប៉ះនឹងភាពត្រជាក់របស់ទឹក ឈាមនឹងនាំគ្នាបាញ់ស្ទុះ មករកស្រទាប់ស្បែក ដើម្បីធ្វើឱ្យរាងកាយបានកក់ក្តៅឡើង និងអាចនិយាយបានថា ជាការបណ្តេញវត្ថុមិនល្អ ចេញពីរាងកាយទៀតផង។

    តែអ្នកខ្លះចូលចិត្តងូតទឹកក្តៅឧណ្ហៗ ដើម្បីកុំឱ្យរងា។ បើក្នុងករណីនេះ សីតុណ្ហភាពរបស់ទឹកក្តៅនោះ មិនគួរក្ដៅខ្លាំងជាងសីតុណ្ហភាពរបស់រាងកាយ លើសពី 2អង្សាហ្វារេនហាយទេ មិនដូច្នោះទេ អាចនឹងធ្វើឱ្យស្បែកស្ងួត កើតអាការរមាស់។

    ការងូតទឹក មិនថាតែទឹកក្តៅ ឬទឹកត្រជាក់ឡើយ ទាំងអស់គ្នាគួរងូត មុនទទួលទានអាហារ រយៈពេល ១ម៉ោង ឬក្រោយពេលបាយរួច យ៉ាងតិច​បំផុត ២-៣ម៉ោង។ ការត្រាំខ្លួននៅក្នុងទឹកក្តៅ មុនពេលចូលគេង នឹងជួយឱ្យគេងលក់បានស្រួល។ តាមរយៈការសាកល្បងនៅលើស្រ្តី​ចំនួន ៩នាក់ ដែលមានបញ្ហារឿងគេងមិនលក់ បានសាកល្បងឱ្យម្នាក់ៗ ងូតទឹកក្តៅ ប្រមាណជា ១ម៉ោងកន្លៈ មុនពេលចូលគេង ជាប់ៗគ្នារយៈពេល ២យប់ក្នុង ១សប្តាហ៍។ តមក ក៏សាកល្បងឱ្យស្រ្តីក្រុមដដែលនេះ សាកល្បងងូតទឹកមិនសូវក្តៅដូចមុន វិញម្តង ដើម្បីពិនិត្យ​មើលលទ្ធផល​ប្រៀប​​​​​ធៀប និងបានសង្កេតឃើញថា ពេលងូតទឹកក្តៅ ក្រុមស្រ្តីទាំងនោះគេងលក់បានស្រួល និងស្កប់ជាងពេលងូតទឹកមិនសូវក្តៅ។

    ចំពោះសុខភាពរូបសម្ផស្សវិញ ការងូតទឹកក្តៅ ការដុសសាប៊ូខ្លាំងៗ នឹងធ្វើឱ្យស្បែករាងកាយឡើងស្ងួត ព្រោះជាតិប្រេងដែលមាននៅលើស្បែកតាមធម្មជាតិនោះ ត្រូវបានកម្ចាត់ចេញអស់ ដូច្នេះបើស្បែករបស់អ្នកឡើងស្ងួតនោះ ចូរលាយប្រេងម្កាក់ប្រភេទថ្លា ១ស្លាបព្រាបាយ នៅក្នុងទឹកសម្រាប់ងូតនោះ ឬក៏លាបលើស្បែកឱ្យសព្វខ្លួន ដោយប្រេងម្កាក់ស្តើងៗ មុនពេលងូតទឹកក្តៅក៏បាន…នៅពេលងូតទឹកហើយ ស្បែករបស់អ្នកនឹងស្រស់ថ្លា មានសំណើម និងថែមទាំងភ្លឺរលោងទៀតផង៕

  • ឯកឧត្តម ជា ចាន់តូ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ

    ឯកឧត្តម ជា ចាន់តូ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2020 បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ ដែលជា​ចម្បង​ដោយសារ ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់។

    ឯកឧត្តម ជា ចាន់តូ បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ ដោយបាន​បញ្ជាក់ថា ទោះយ៉ាងណា កម្ពុជា​នៅតែ​អាច​សម្រេចបាន​នូវ​ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បានគរ​ពូន​ជា​លំដាប់ និង​មាន​កម្រិត​ខ្ពស់ជាង 3ដង នៃ​កម្រិត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន។

    ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-19 វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់ នៃ​វិបត្តិ​មកលើ​អាជីវកម្ម និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

    ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី ក៏​នឹង​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឱ្យទៅជា​សេដ្ឋកិច្ច​ឌីជីថល​ផងដែ។ ក្នុងចំណោម​ប្រព័ន្ធ​ទូទាត់​ដែល​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​កន្លង​មក ប្រព័ន្ធ​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន (Blockchain) ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា ជា​ប្រព័ន្ធ​ទូទាត់​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​នៅលើ​ពិភពលោក និង​កំពុង​ក្លាយជា​ប្រព័ន្ធ​ទូទាត់​ចម្បង​មួយ ដែល​សម្រួល​ដល់​ការផ្ទេរ​ប្រាក់ និង​ទូទាត់​សង​ប្រាក់ភ្លាមៗ រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ៕

  • ការបញ្ចុះកម្ដៅ ពេលកូនក្តៅខ្លួន

    ការបញ្ចុះកម្ដៅ ពេលកូនក្តៅខ្លួន

    នៅពេលកូនតូចគ្រុនក្តៅខ្លួន រឿងដែលសំខាន់បំផុតនោះគឺ ត្រូវប្រញាប់បញ្ចុះកម្ដៅឱ្យកូនជាបន្ទាន់ ព្រោះក្មេងអាច​នឹង​​​ត្រូវប្រកាច់​ដោយសារតែ​កម្ដៅខ្លួនឡើងខ្លាំង ជាពិសេសចំពោះក្មេងដែលធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក។

    ការបញ្ចុះកម្ដៅខ្លួនកូន អាចធ្វើបានដូចតទៅ៖

    1-ឱ្យលេបថ្នាំបញ្ចុះកម្ដៅ តាមចំនួនដែលគ្រូពេទ្យកំណត់ និងឱ្យលេបថែមទៀតបាន ក្នុងរយៈពេលពី 4-6ម៉ោងបន្ទាប់ បើសិនជានៅតែក្តៅ​ខ្លួន។

    2-ជូតខ្លួនឱ្យកូន ដើម្បីបញ្ចុះកម្ដៅ តាមវិធីដែលត្រឹមត្រូវដូចខាងក្រោមនេះ៖

    • បិទកង្ហារ និងម៉ាស៊ីនត្រជាក់ឱ្យអស់ មុននឹងធ្វើការជូតខ្លួនឱ្យក្មេង។
    • យកកន្សែងពោះគោតូចៗ2-3 ទុកប្រើឆ្លាស់គ្នា ដោយជ្រលក់ទឹកស្អាតធម្មតា ហើយពូតទឹកចេញតិចៗ យកមកជូតផ្ទៃមុខ ​ផ្នែកខាងលើ​ជាមុន​សិន រួចសឹមជូតតាមដងខ្លួន ផ្នែកខាងមុខ និងខ្នង បន្ទាប់មកដៃទាំងសងខាង រួចចុះទៅដល់ជើងទាំង 2ខាង រួចជូតត្រឡប់មករកដើមទ្រូង ដើម្បីឱ្យ​ឈាមហូរវិលត្រឡប់មករកបេះដូងវិញបានល្អ។ ជូតបញ្ច្រាស់ប្រហោងរន្ធរោម ដើម្បីជាការបើកចំហរន្ធរោម ឱ្យជួយបំភាយកម្ដៅចេញពីរាងកាយបានល្អ ដោយ​ឱ្យទឹក ជាអ្នកដឹកនាំកម្ដៅចេញពីរាងកាយ។ គួរជូតឱ្យបានញឹកញាប់នៅត្រង់បំពង់ក ក្លៀក គន្លាក់កែងដៃ បាត​ដៃ ​បាតជើង និងជូតចុះឡើងដដែលៗ 2-3ដង ចំណាយពេលវេលាប្រមាណ 10-15នាទី រហូតទាល់តែកម្ដៅ​​ថយចុះ។

    តែ បើក្មេងនៅតែមានកម្ដៅខ្លាំងដដែល ចូរប្រញាប់នាំទៅមន្ទីពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលយ៉ាងត្រឹមត្រូវ ជាបន្ទាន់៕

  • គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់

    គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយ​ក្សត្រ នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ និង​ទីតាំង​ច្បាស់លាស់

    ការបន្ត​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-19 កំពុង​ធ្វើ​ឳ្យ​ការកំណត់​កាលបរិច្ឆេទ​នៃ​ការសាងសង់​ស្ពាន ពី​ភ្នំពេញ ទៅ​តំបន់អរិយ​ក្សត្រ ត្រូវ​អូសបន្លាយ ដោយ​មកដល់ពេលនេះ ក្រុមការងារ​ជំនាញ​របស់​ប្រទេស​ទាំង2 នៅ​មិនទាន់បាន​ជួបគ្នា​នៅឡើយ ទោះបីជា​កម្ពុជា បាន​បង្កើត​ក្រុមការងារ​របស់ខ្លួន រួចហើយ​ក៏ដោយ។

    ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក មូ​ន ជេ​អ៊ី​ន កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ2020 បានប្រកាសថា ប្រទេស​កូរ៉េ​នឹង​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ។

    លោក វ៉ា​ស៊ឹម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី20 ខែមករា ថា បន្ទាប់ពី​ទទួលបាន​ការសន្យា​ពី​ប្រទេស​កូរ៉េខាងត្បូង អំពី​ការផ្ដល់​អំណោយ​ស្ពាន​ឆ្លងទន្លេ ភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយ​ក្សត្រ​ហើយ កម្ពុជា​ក៏បាន​រៀបចំ​ក្រុមការងារ​ជំនាញ​របស់ខ្លួន ដើម្បី​ត្រៀម​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ។ លោក​បន្តថា ប៉ុន្តែ​ដោយសារ​ការឆ្លង​កូ​វីដ-19 នៅលើ​ពិភពលោក មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ដូច្នេះ​មកដល់ពេលនេះ ក្រុមការងារ​នៃ​ប្រទេស​ទាំង2 នៅ​មិនទាន់បាន​ជួបប្រជុំគ្នា​ទេ។

    លោក​បន្ថែមថា ដោយសារតែ​ក្រុមការងារ​ជំនាញ​ប្រទេស​ទាំង2 មិនទាន់​ជួបគ្នា ហេតុនេះ ទើប​គេ​មិនទាន់​អាច​កំណត់​ពី​ការសាងសង់​ស្ពាន​នេះ​ថា នឹងត្រូវ​ធ្វើ​នៅ​កន្លែង​ណា? ពេលណា? និង​មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ។

    លោក​និយាយថា៖ “កម្ពុជា​បាន​បង្កើត​ក្រុមការងារ សម្រាប់​គម្រោង​សាងសង់​ស្ពាន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយ​ក្សត្រ​រួចហើយ ដោយ​យើង​នៅ​រង់ចាំតែ​ការមកដល់​របស់​ភាគី​កូរ៉េ​ប៉ុណ្ណោះ។ លោក​បន្ថែមថា៖ “សម្រាប់​ពេលវេលា​សាងសង់ គឺ​មិនទាន់​អាច​និយាយថា នឹង​ចាប់ផ្ដើម​នៅពេលណា​បានទេ ព្រោះ​គេ​ត្រូវការ​ពេលវេលា​សិក្សា​បច្ចេកទេស​សាងសង់ និង​ថវិកា​បន្ថែមទៀត។

    ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់ថា ព័ត៌មាន​ពី​ការផ្ដល់​ជំនួយ​របស់​កូរ៉េ​សម្រាប់

    សាងសង់​ស្ពាន​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ មិនបាន​ធ្វើ​ឳ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ទេ តែ​សកម្មភាព​នៃ​ការទិញ​លក់ ហាក់​មាន​ច្រើនជាង​មុន។ អរិយ​ក្សត្រ​គឺជា​ទីតាំង​ល្អ​ដែល​អ្នកវិនិយោគ​មិនគួរ​មើលរំលង ព្រោះ​នៅពេល​មាន​ស្ពាន​ត​ភ្ជាប់​មក​ចំណុចកណ្ដាល​ភ្នំពេញ​ហើយ ទីនោះ​នឹងមាន​ការអភិវឌ្ឍ​លឿន​មិន​ខាន។

    លោក​ប្រាប់ថា៖ “ដោយសារ​ព័ត៌មាន​គម្រោង​សាងសង់​ស្ពាន​នេះ បានប្រកាស​ក្នុងអំឡុងពេល​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-19 ហេតុនេះ​តម្លៃ​ដី​នៅ​អរិយ​ក្សត្រ មិនបាន​ហក់​ឡើង​ខ្ពស់​ទេ បើ​ធៀប​នឹង​ដើមឆ្នាំ2020 គ្រាន់តែ​ចលនា​នៃ​ការទិញ​លក់ គឺមាន​ភាព​មមាញឹក​ជាង​មុន។

    លោក​បន្តថា បច្ចុប្បន្ន ដី​នៅ​អរិយ​ក្សត្រ​តំបន់​ល្អ​បំផុត (ជាប់មាត់​ទន្លេ) មានតម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ 1,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ ដីឡូត៍​លំនៅឋាន​មានតម្លៃ​ក្នុង​រង្វង់ 300ដុល្លារ និង​ដី​សម្រាប់​អភិវឌ្ឍន៍ធំៗ មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី 180-250ដុល្លារ។

    ជាមួយគ្នានេះ លោក​អះអាងថា៖ “តម្លៃ​ដី​នៅ​អរិយ​ក្សត្រ នឹង​ស្ទុះ​ឡើង​ខ្ពស់ ពេល​ស្ពាន​ចាប់ផ្ដើម​សាងសង់ ដែល​វា​នឹង​ស្ទុះ​ឡើង​ខ្ពស់ ដូច​នៅ​តំបន់​ជ្រោយចង្វារ​នាពេល​បច្ចុប្បន្ន​នេះដែរ។

    កន្លងមក កម្ពុជា​ធ្លាប់​លើកយក​តំបន់​កំពង់ចម្លង​ស្វាយជ្រុំ-អរិយ​ក្សត្រ​នេះ ធ្វើជា​កន្លែង​មាន​លក្ខណ:អំណោយផល សម្រាប់​ការកសាង​ស្ពាន ប៉ុន្តែ​សម្រាប់​ការងារ​ជាក់ស្ដែង គឺ​គេ​នៅ​មិនទាន់​បានកំណត់​យក​ក​ន្លែ​ង​ណា​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​អ្នកជំនាញការ​របស់​ភា​គី​ទាំង2 សិក្សា​រួមគ្នា​សិន។ នេះ​បើ​យោងតាម​លោក វ៉ា​ស៊ឹម សូរិយា៕

  • កុំខ្ជិលកោររោមក្លៀក បើមិនចង់ជួបរឿងយ៉ាប់ៗបែបនេះ…

    កុំខ្ជិលកោររោមក្លៀក បើមិនចង់ជួបរឿងយ៉ាប់ៗបែបនេះ…

    ទោះមិនមែនជាមនុស្សប្រុស ក៏មនុស្សស្រីយើង មានដុះរោមក្លៀកដែរ ហើយអ្នកខ្លះ ថែមទាំងខ្ជិលកោរចេញទៀតផង ខាងក្រោមនេះគឺរឿងយ៉ាប់ៗមួយចំនួន ដែលនារីៗណា ខ្ជិលកោររោមក្លៀក ច្បាស់ជាត្រូវជួបមិនខាន។

    . អ្នកណាៗ ក៏សម្លឹងមើលមកអ្នកដែរ

    ប្រាកដហើយ…ព្រោះមានស្រីៗឯណា គេទុករោមក្លៀកឱ្យវែង ដល់ថ្នាក់ហ្នឹងនោះ?!។ បើអ្នកចេញទៅខាងក្រៅ បែបមានរោម​ក្លៀកវែងៗបែបនោះ វាមិនមែនជារឿងប្លែកទេ ដែលអ្នកណាៗ ក៏បែរមកសម្លក់សម្លឹងមើលអ្នកដែរនោះ ព្រោះអ្នកដទៃគេនឹងគិតថា អ្នកជា​មនុស្សកខ្វក់ មិនចេះមើលថែទាំខ្លួន ហើយបើនៅជិតផង អាចនឹងមានធំក្លិនមិនល្អ នាំឱ្យចង់វិលមុខខ្យល់គទៀតផង។

    . ជួបនឹងក្លិនខាៗ មិនស្រស់ស្រាយ

    រោមក្លៀកដែលវែង នឹងធ្វើឱ្យការថែទាំសម្អាតកាន់តែពិបាកឡើង ដល់ពេលនោះ នឹងមានក្លិនមិនល្អកើតឡើងយ៉ាងពិត​ប្រាកដ ហើយអាចនឹងគ្មាននរណាចង់ចូលមកក្បែរឡើយ ក៏អាចថាបានដែរ។

    . ត្រូវគិតរាងច្រើន មុននឹងរើសខោអាវមកស្លៀក

    បើខ្ជិល មិនព្រមកោររោមក្លៀកចេញសោះនោះ ប្រហែលជាលែងបានពាក់អាវដៃខ្លី អាវវៀលក្លៀក ឬក៏អាវអត់ដៃស្អាតៗ​ទៀតហើយមើលទៅ ព្រោះប្រហែលជាគ្មានអ្នកណាគេចង់ឃើញ អ្នកដែលស្លៀកពាក់ស្អាតៗហើយ តែពេលលើកដៃឡើង មានសុទ្ធតែរោមក្លៀកវែងៗនោះទេ។ វិធីដែលល្អបំផុត គឺទុកសម្លៀកបំពាក់ទាំងនោះស្លៀក ពេលកោររោមក្លៀកចេញរួចហើយវិញប្រសើរជាង។

    ខ្លួនជាស្រី យ៉ាងណាៗក៏មិនគួរទុករោមក្លៀកដែរ បើអ្នកណាស្រឡាញ់ចូលចិត្តការទុករោមក្លៀកវែងៗ បែបនារីបរទេសនោះ ក៏សូមឱ្យគិតថា វាមិនស័ក្តិសមនឹងមនុស្សស្រីស្រុកយើងទេ ព្រោះធាតុអាកាសក្តៅ វានឹងធ្វើឱ្យមានក្លិនមិនល្អ និងសូមជឿចុះថា គ្មានបុរសណា ​គេចូលចិត្តបែបហ្នឹងទេ៕