Author: ធឿន មករា

  • អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ “ឆ្កែឆ្កួត​”

    អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ “ឆ្កែឆ្កួត​”

    រហូតមកដល់​ពេល​បច្ចុប្បន្ន​ នៅពេល​អ្នកជំងឺ​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ និង​ចាប់ផ្ដើម​បង្ហាញ​អាការ​ខាង​ប្រព័ន្ធ​ប្រសាទ​ នឹង​មាន​អត្រា​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដល់ទៅ​ 100​%ហើយ​គឺ​ មិនទាន់​ឃើញ​មានការ​ព្យាបាល​ជំងឺឆ្កែឆ្កួត​បាន​ឡើយ​ តែ​សំណាងល្អ​ដែល​ផ្នែក​វេជ្ជសាស្ត្រ​អាច​រក​ឃើញ​វ៉ាក់សាំង​ដែល​ជួយការ​ពារ​មេរោគ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាងកាយ​មនុស្ស​បាន​ តែ​ត្រូវ​ប្រញាប់​ចាក់​ឱ្យ​អ្នក​ដែល​ត្រូវ​សត្វ​ឆ្កែខាំ​ ឬត្រូវ​សត្វ​ឆ្កែ​លិទ្ធ​កន្លែង​ដែល​មាន​ដំបៅ​ ឬស្នាមរបួស​ មុន​ពេល​ដែល​រាងកាយ​អ្នកជំងឺ​ឆ្លង​មេរោគ​ចូល​រហូត​បង្ហាញ​អាការ​ចេញ​មក​។នៅពេល​ដែល​មនុស្សជា​ច្រើន​បានដឹង​រឿង​នេះ​ហើយ​ ទើប​បច្ចុប្បន្ន​ចាប់ផ្ដើម​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ឆ្កែឆ្កួត​ថយ​ចុះ​ រហូត​អាច​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​លែង​បានដឹង​ថា​ អាការ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ឆ្កែឆ្កួត​មែនទែន​នោះ​យ៉ាងណា​ខ្លះ​ និង​អាច​កើតការ​យល់​ច្រឡំ​តាមរយៈ​ព័ត៌មាន​នៅ​ក្នុង​អុីន​ធើ​ណិ​តដែល​បាន​ចែក​រំ​លែ​កតៗ​គ្នា​នោះ​បាន​ទៀតផង​ ដូច្នេះ​ពេលនេះ​យើង​នាំគ្នា​មក​ដឹងពី​អាការ​របស់​អ្នក​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ដែល​ការពិត​ទៅ​មាន​សភាព​យ៉ាងណា​ខ្លះ​ដូចតទៅ​…។

    អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ឆ្កែឆ្កួត​
    រយៈ​ដំបូង​ អ្នកជំងឺ​អាច​មាន​គ្រុន​ក្ដៅ​តិច​ៗ ឈឺក​ មិន​ឃ្លាន​អាហារ​ បន្ទាប់ពី​នោះ​អាច​មាន​អារម្មណ៍​ឈឺផ្សា​ក្ដៅ​នៅត្រង់​កន្លែង​ដែល​ត្រូវ​ឆ្កែ​ខាំ​ ទោះជា​ស្នាមរបួស​ជា​សះ​ហើយក៏​ដោយ​។ តមក​នឹង​ចាប់ផ្ដើម​ពិបាក​ក្នុង​ការ​លេបទឹក​ និង​អា​ហារ​ ដោយសារ​មាន​អាការ​ឈឺ​ដែល​បណ្ដាល​មក​ពី​ការ​ពង្រឹង​ខ្លួន​របស់​សាច់ដុំ​ដែល​ធ្វើការ​លើ​ការ​លេប​។ ចាប់ផ្ដើម​មាន​អាការ​ខ្លាច​ទឹក​ ឡេះ​ឡះ​ឆ្លេឆ្លា​ មិន​ចូលចិត្ត​កន្លែង​ភ្លឺ​ៗ ខ្យល់​ និង​សំ​ឡេង​ឮខ្លាំង​ អាច​មាន​ទឹក​មា​ត់​ស្អិត​ៗ ខាប់​ៗហៀរ​ចេញ​មក​តាម​មាត់​ រហូត​ចុងក្រោយ​លែង​មាន​សតិ​ស្មារតី​ ប្រកាច់​ ស្ពឹក​មួយ​កំណាត់​ខ្លួន​ និង​ស្លាប់​បាត់បង់ជីវិត​នៅទីបំផុត​។

    តើ​ត្រូវ​ធ្វើ​យ៉ាងណា​ពេល​ត្រូវ​ឆ្កែខាំ​ ឬលិទ្ធ​ចំ​កន្លែង​ដំបៅ​ ឬស្នាមរបួស​?
    1. ប្រញាប់​លាង​ស្នាមរបួស​ឱ្យ​បាន​លឿន​បំ​ផុត​ លាង​ដោយ​ទឹក​ស្អាត​ ជាមួយ​សាប៊ូ​ ឬថ្នាំ​សម្លាប់​មេរោគ​ ដូចជា​ថ្នាំ​បេ​តា​ឌីន​ ឬទឹ​កអាល់​កុល70​% និង​ព្យាយាម​លាង​ចូល​ឱ្យ​ជ្រៅ​ទៅដល់​បាត​ស្នាមរបួស​។ ទាំងអស់​នេះ​ បើ​ទំហំ​របស់​ស្នាមរបួស​ និង​ទីតាំង​របស់​ស្នាមរបួស​រឹតតែ​នៅ​ជិត​ខួរក្បាល​ប៉ុនណា​ ក៏​រឹតតែ​ប្រថុយប្រថាន​នឹង​រយៈពេល​សម្ងំ​ពង្រីក​ខ្លួន​របស់​មេរោគ​ដែល​នឹង​ចូល​ទៅដល់​ខួរក្បាល​បាន​លឿន​ប៉ុន​នោះ​ដែរ​។2. ទទួល​សារធាតុ​ប្រឆាំង​ការពារ​ ដើម្បី​ឱ្យ​ចូល​ ទៅ​បំផ្លាញ​មេរោគ​មិន​ឱ្យ​ចូល​ទៅដល់​សរ​សៃ​ប្រសាទ​ ដោយ​នឹង​ផ្ដល់​សារធាតុ​តតាំង​ដំ​ណា​លគ្នា​ការ​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​។ ចាក់​ជុំ​វិញ​ស្នាមរបួស​ដែល​ត្រូវ​សត្វ​ខាំ​ តែបើ​គ្មាន​ស្នាម​របួស​ ដូចជា​ត្រូវ​សត្វ​លិទ្ធ​មាត់​ ឬទឹកមាត់​សត្វ​ខ្ទាត​ចូល​ភ្នែក​អាច​ចាក់ថ្នាំ​តាម​សាច់ដុំ​បាន​។
    3. ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ចាក់​វ៉ាក់សាំង​ ការពារ​ជំងឺឆ្កែឆ្កួត​ ដើម្បី​ឱ្យ​រាងកាយ​មាន​ប្រព័ន្ធ​ប្រឆាំង​ឡើង​មក​បំផ្លាញ​មេរោគ​ដោយ​ខ្លួនឯង​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 195

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 195

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/11/LRPN_195-Final-For-Web.pdf” force_dl=”1″]

  • UNDP​៖ ការ​វិនិយោគ​លើ​ដំណាំ​ដំឡូងមី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​

    UNDP​៖ ការ​វិនិយោគ​លើ​ដំណាំ​ដំឡូងមី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​

    រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP​) បាន​ជំរុញ​ឱ្យ​ប្រជាកសិករ​ដាំដំណាំ​ដំឡូងមី​ ខណៈ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​វិនិយោគ​លើ​ដំឡូងមី​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ និង​ការនាំចេញ​។ ដោយហេតុថា​ ការ​បណ្តាក់​ទុន​ពី​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​លើ​ដំណាំ​ដំឡូងមី​ក្នុងរយៈពេល​ 10ឆ្នាំខាងមុខ​នេះ​ អាច​នឹង​ជួយ​លើកស្ទួយ​សម្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ជា​ទឹកប្រាក់​ប្រមាណ​940លាន​ដុល្លារ​អាមេរិក​ ដែល​ជា​លទ្ធផល​អាច​នឹង​បង្កើត​ឱកាស​ការងារ​ និង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ UNDP​។

    បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ UNDP​ ស្តី​ពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​បាន​រក​ឃើញថា​ ការ​វិនិយោគ​លើ​ដំណាំ​ដំឡូងមី​ដែល​អាច​នឹង​ទទួល​បានផល​ចំណេញ​ពី​ការ​បណ្តាក់​ទុន​លើ​ដំឡូងមី​ក្នុងទឹក​ប្រាក់​ប្រមាណ​ 294លាន​ដុល្លារ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ ពោល​គឺ​ អាច​ទទួល​បានផល​ច្រើនជាង​ការ​វិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​ស្រូវ​ចិញ្ចឹមសត្វ​ និង​ស្បៀងអាហារ​។

    យ៉ាងណាមិញ​ របាយការណ៍​របស់​ UNDP​ ដែល​មាន​ចំណងជើង​ថា​ “Making​ the​ Case​ For​ Investment​ in​ Cassava​” បាន​កត់សម្គាល់​ថា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​ដាំដំឡូង​មីនេះ​ រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ឱ្យ​បាន​ដិតដល់​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការបង្កើត​ធនធាន​នានា​ ដើម្បី​គាំទ្រ​សកម្មភាព​ដាំដុះ​ កែច្នៃ​ និង​សកម្មភាព​ទីផ្សារ​ ជាពិសេស​ការបង្កើត​ឱ្យ​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការបង្កើត​ឱ្យ​មាន​ឧស្សាហកម្ម​កែច្នៃ​ដំឡូងមី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ ជាដើម​។

    លោក​ Nick​ Beresford​ នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​ UNDP​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ថា​៖ “ផល​ចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ រួមមាន​កម្រិត​នៃ​ឱកាស​បង្កើត​ការងារ​ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នឹង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ សម្រាប់​ការ​បណ្តាក់​ទុន​លើ​ដំ​ឡូង​ម‍ី​នេះ​”។

    ឯកឧត្តម​ ម៉ៅ​ ថូ​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​របាយការណ៍​នេះ​ថា​ការរៀបចំ​គោលនយោបាយ​នេះ​ គឺ​ដោយសារ​ដំណាំ​ដំឡូងមី​ គឺជា​ដំណាំ​កសិកម្ម​ធំ​ទី2​ បន្ទាប់ពី​ដំណាំ​ស្រូវ​របស់​កម្ពុជា​។ ទាក់ទង​នឹង​ឯកសារ​គោលនយោបាយ​នេះ​ លោក​ថ្លែង​ថា​៖ “ឯកសារ​យើង​បាន​ដាក់​ទៅកាន់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ហើយ​ ដោយ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ទទួល​ឯកភាព​លើ​ខ្លឹមសារ​ ប៉ុន្តែ​មិនទាន់​ឆ្លង​ទី​ស្តី​ការ​នៅឡើយ​ទេ​ ដោយសារ​ឯកសារ​មិនទាន់​ត្រូវ​តាម​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋាភិបាល​”។

    ឯកឧត្តម​បាន​បង្ហាញ​សុ​ទិដ្ឋ​និយម​ថា​៖“ដំឡូងមី​ផ្តល់​ជា​មធ្យោបាយ​មួយ​ក្នុង​ការពង្រីក​កំណើន​សេដ្ឋកិច្ច​ ដែល​ដើរ​ស្រប​នឹង​ទស្សនវិស័យ​យូរអង្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ក្លាយជា​ប្រទេស​ដែល​នាំចេញ​ និង​ផ្គត់ផ្គង់​ដំឡូងមី​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៅក្នុង​ពិភពលោក‍​។ យើង​មើលឃើញ​ថា​ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ដាំដំឡូង​មី​ដែល​មាន​ជាង​កន្លះ​លាន​គ្រួសារ​។ វា​នឹងអាច​ជួយ​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ដល់​ពួកគាត់​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​សង្កត់ធ្ងន់​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្តេជ្ញា​ខិតខំ​ជំរុញ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ជាអាទិភាព​លើ​វិស័យ​ដាំដំណាំ​ដំឡូងមី​ ឱ្យ​ដូចគ្នានឹង​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ ដូចជា​វិស័យ​ដំណាំស្រូវ​ជាដើម​។

    លោក​ លាង​ រ័ត្ន​ម៉ា​ណា​ ប្រធាន​គម្រោង​របស់​អង្គការ​ UNDP​ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​ការរៀបចំ​ករណី​ការ​វិនិយោគ​សម្រាប់​ដំឡូងមី​របស់​អង្គការ​ UNDP​ ថា​ មាន​និន្នាការ​កើន​ឡើង​នូវ​តម្រូវការ​ដំឡូងមី​ពីទី​ផ្សារ​ពិភពលោក​ និង​ពី​ប្រទេស​ចិន​ ហើយ​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​ដំឡូងមី​។

    លោក​ថ្លែង​ថា​៖ “ចំណុចខ្លាំង​របស់​កម្ពុជា​គឺទី1​ គឺ​ផលិតកម្ម​យើង​ធំ​ ទី2​ យើង​មានលទ្ធភាព​ពង្រីក​ផ្ទៃដី​ដាំដុះ​ ទី3​ ដី​ដែល​យើង​ប្រើប្រាស់​ដាំដំឡូង​មី​នៅ​មាន​គុណភាព​ល្អ​ បើ​ធៀប​ជាមួយ​ថៃ​ និង​ប្រទេស​វៀតណាម​ហើយ​ការ​វិនិយោគ​ណាមួយ​ដែល​អាច​ធ្វើឡើង​ គឺជា​ការ​លើកទឹកចិត្ត​ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​សមស្រប​ក្នុង​ការ​ដាំដំឡូង​មី​ឱ្យ​គាត់​ដាំដុះ​ដំឡូងមី​ ហើយ​យក​រោងចក្រ​សម្រាប់​កែច្នៃ​ទៅ​ដាក់​នៅ​តំបន់​សមស្រប​នោះ​”។

    បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ UNDP​ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី​ កម្ពុជា​ត្រូវការ​កញ្ចប់​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន​ 296លាន​ដុល្លារ​ ខណៈ​ដែល​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ភាគច្រើន​ គឺ​មិនទាន់​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការកែច្នៃ​ក្នុង​ប្រទេស​នៅឡើយ​ទេ​។

    របាយការណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សម្រាប់​វិស័យ​នេះ​ចាំបាច់​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ពី​វិស័យ​សាធារណៈ​តាមរយៈ​ការ​ផ្តល់​ធនធាន​ ដើម្បី​គាំទ្រ​ដល់​ការ​ដាំដុះ​ ការកែច្នៃ​ និង​ស្វែងរក​ទីផ្សារ​ និង​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជាដើម​។

    ដំឡូងមី​ គឺជា​ប្រភេទ​ដំណាំ​កសិកម្ម​ដ៏​ពេញនិយម​មួយ​នៅ​កម្ពុជា​ ដោយ​គេ​ឃើញ​មាន​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​កំពុង​ដាំដំណាំ​នេះ​។

    ក៏ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​ដំឡូងមី​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រមាណ​ 30​% ពី​ 700រៀល​ក្នុង​ 1គីឡូក្រាម​នៅ​ឆ្នាំ2014​ មក​នៅសល់​ត្រឹម​ 450​រៀល​ក្នុង​ 1គីឡូ​នៅ​ឆ្នាំ2017​ ស្រប​ពេល​តម្លៃ​ផលិតផល​ក្នុង​ពិភពលោក​សម្រាប់​ដំណាំ​ដំឡូងមី​បាន​ធ្លាក់ចុះ​ និង​បញ្ហា​ប្រឈម​នៃ​មេរោគ​ឆ្លង​លើ​ដំណាំ​នេះ​។

    តាម​ទិន្នន័យ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ការនាំចេញ​ដំឡូងមី​របស់​កម្ពុជា​មានតម្លៃ​ 17.8លាន​ ដុល្លារ​ក្នុង​ឆ្នាំ2017​ ខណៈ​ការនាំចេញ​នៅ​ឆ្នាំ2018​ បាន​ធ្លាក់​មក​ត្រឹម​ 12.6លាន​ដុល្លារ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ប្រសិនបើ​មានការ​ជួយ​ជាផ្នែក​បច្ចេកទេស​ឱ្យ​ទទួលផល​បាន​ក្នុង​ 1ហិ​កតា​ច្រើន​តោន​ នោះ​គឺ​ជា​រឿង​ល្អ​ កន្លងមក​បញ្ហា​ដំឡូងមី​ជា​រឿង​ពិបាក​និយាយ​ ដោយសារតែ​តម្លៃ​វា​ឡើងចុះ​មិន​អាច​រក​ផល​ចំណេញ​បាន​”។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បន្ត​ថា​៖“តាម​ពិត​ទៅ​ ក្នុងរយៈពេល​កន្លងមក​ យើង​បាន​ធ្វើ​ច្រើន​ហើយ​។ ដូច្នេះ​វា​ជា​រឿង​ល្អ​ បើ​គេ​អាច​ជួយ​បង្កើន​ទិន្នផល​ គឺ​ចាប់ពី​ 30តោន​ឡើង​ទៅ​ក្នុង​ 1ហិ​កតា​ នោះ​ទើប​គេ​អាច​រក​ផល​កម្រៃ​ចំណេញ​បាន​”៕

  • អាការ​ងងុយគេង​ពេលថ្ងៃ​ បញ្ជាក់​ពី​ការ​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​តើ​គួរ​ដោះស្រាយ​បែប​ណា​?

    អាការ​ងងុយគេង​ពេលថ្ងៃ​ បញ្ជាក់​ពី​ការ​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​តើ​គួរ​ដោះស្រាយ​បែប​ណា​?

    អាការ​ងងុយគេង​នៅពេល​ថ្ងៃ​ អាច​បញ្ជាក់​ប្រាប់​យើង​ឱ្យ​ដឹងពី​ការ​គេង​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់​ និង​ការ​បូក​ផ្សំ​ជាមួយ​ភាព​នឿយហត់​អស់កម្លាំង​ក្នុង​រាងកាយ​។ ជាក់ស្ដែង​ អាការ​ងងុយគេង​ខ្លាំង​នៅពេល​ថ្ងៃ​ ក៏​ជា​សញ្ញា​មួយ​នៃ​វិ​បត្ដិ​ដំណេក​ដែល​នាំ​ឱ្យ​ងាយ​កើត​ជំ​ងឺ​ផ្សេង​ៗ ជាពិសេស​ ប្រឈមមុខនឹង​ការ​ចុះ​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​។ យ៉ាងណាមិញ​ វា​ក៏​មានការ​ហុច​ផល​អាក្រក់​ចំពោះ​អារម្មណ៍​រួមមាន​ដូចជា​ អាការ​ធ្លាក់ទឹក​ចិត្ដ​ អាការ​ថប់បារម្ភ​ ស្ដ្រេស​ សភាព​ធុញទ្រាន់​ក៏អាច​បណ្ដាល​ឱ្យ​កើត​ចេញ​នូវ​វិ​បត្ដិ​ដំណេក​នេះ​ផង​ដែរ​។

    អាការ​អត់ងងុយ​ អាច​ជះឥទ្ធិពល​ទៅលើ​ផលិតភាព​ការងារ​របស់​អ្នក​ និង​បង្កក្ដី​រំខាន​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ ដោយសារ​ប្រព័ន្ធ​ខួរ​ក្បាល​ធ្វើការ​ខុសប្រក្រតី​។ ការផ្លាស់ប្ដូរ​របៀប​រស់នៅ​ ការ​ទទួលទាន​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​ការរៀបចំ​កាលវិភាគ​គេង​ឱ្យ​បាន​សមស្រប​ អ្នក​អាច​ប្រឆាំង​នឹង​អាការ​អត់ងងុយ​បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្ដេ​ទោះជាយ៉ាងណា​ សូមអ្នក​ធ្វើការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​សុខ​ភាព​ ប្រសិន​អ្នកចាប់​ផ្ដើម​ប្រើ​ថ្នាំង​ងុយ​គេ​ប្រភេទ​ណាមួយ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ ដោយ​ចៀសវាង​លេបថ្នាំ​ច្រើនលើស​កំណត់​ ដែល​នាំ​រង​របួស​ដល់​ផ្នែក​ខួរក្បាល​។

    អាការ​គេង​មិនបាន​គ្រប់គ្រាន់​នេះ​ និង​អាការ​គេង​មាន​សំឡេង​រំខាន​ គឺជា​ហេតុផល​ពីរ​ដ៏​ចម្បង​នៅ​ពីក្រោយ​ការ​ងងុយគេង​ពេលថ្ងៃ​។ ដូច្នេះ​ ការ​កំណត់កាល​វិភាគ​គេង​ឱ្យ​បាន​សមស្រប​ គឺជា​វិធីសាស្ដ្រ​មួយ​ដ៏​ប្រសើរ​ ដើម្បី​បង្ការ​ភាព​ងងុយ​គេង​ពេលថ្ងៃ​។ ការ​គេង​បាន​ប្រក្រតី​ នឹង​ជួយ​អ្នកការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ថាមពល​រាង​កាយ​ ការ​ស្រុត​ចុះ​កម្លាំង​ ការ​ធ្លាក់ទឹក​ចិត្ដ​ និង​ស្ដ្រេស​។ មនុស្ស​ផ្សេង​ពីគ្នា​ តែង​ត្រូវការ​នូវ​កម្រិត​នៃ​ពេលវេលា​គេង​ខុស​ៗគ្នា​ ដើម្បី​ជួយ​ឱ្យ​រាង​កាយ​បំពេញមុខ​ងារ​បាន​ប្រក្រតី​ ប៉ុន្ដែ​ទោះជាយ៉ាងណា​ ពេលវេលា​នៃ​ការ​គេង​ពី7ទៅ8ម៉ោង​ក្នុង​មួយ​យប់​គឺ​គ្រប់គ្រាន់​ ដើម្បី​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​បំពេញមុខ​ងារ​បាន​ប្រក្រតី​។

    ការ​គេងលក់​ស្រួល​ដោយ​គ្មាន​ការ​រំខាន​នា​ពេលយប់​ ឱ្យ​បាន​ពី7ទៅ8ម៉ោង​ក្នុង​មួយ​យប់​ គឺ​ពិតជា​ល្អប្រពៃ​ណាស់​។ អ្នក​ត្រូវ​ចងចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា​ “ឆាប់​ចូលគេង​ និង​ឆាប់​ភ្ញាក់​ពី​ដំណេក​”។ ពិត​ណាស់​ការ​គេង​ច្រើនពេក​ ក៏​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ ឬការសិក្សា​បន្ថែម​នៅផ្ទះ​របស់​អ្នកផង​ដែរ​ ប៉ុន្ដែ​បើ​អ្នក​អាច​ធ្វើ​វា​បាន​ នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​ត្រូវ​អង្គុយ​ងោក​នៅ​ក្នុង​ថ្នាក់រៀន​ ឬនៅ​ការិយាល័យ​នោះ​ទេ​។ អ្នក​គួរ​តែ​ផ្អាក​ការ​គេង​នៅពេល​ថ្ងៃត្រង់​ ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​គេង​នា​ពេលយប់​ផង​ដែរ​។

    អ្នក​អាច​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នកជា​មួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​ ដោយ​ឱ្យ​រាងកាយ​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ឱ្យ​បាន​រាល់ថ្ងៃ​។ ជាក់ស្ដែង​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជួយ​គ្រប់គ្រង​វដ្ដ​នៃ​ការ​គេង​ និង​ការ​ភ្ញាក់​ពី​គេង​របស់​អ្នក​ ពីព្រោះ​វា​ជួយ​ឱ្យ​ខួរក្បាល​ចងចាំ​ថា​ ពេលណា​ត្រូវ​ភ្ញាក់​ពី​គេង​។ ម្យ៉ាងទៀត​ ពន្លឺ​ព្រះអាទិត្យ​ជួយ​ឱ្យ​រាងកាយ​ផលិត​ចេញ​នូវ​វីតាមីនD​។ ការសិក្សា​ស្រាវជ្រាវ​មួយ​ កាលពី​ឆ្នាំ​2013​ ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​ឱសថ​ជំនួយ​ការ​គេង​បាន​ណែនាំ​ថា​ ភាព​កង្វះ​វីតាមីនD​ អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​គេង​ ជាពិសេស​ភាព​ងងុយគេង​ពេលថ្ងៃ​។

    មួយវិញទៀត​ អ្នក​អាច​ប្រោស​ទឹក​ត្រជាក់​លើ​មុខ​របស់​អ្នក​ឱ្យ​ត្រជាក់​ស្បែក​មុខ​ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ងងុយគេង​ អ្នក​អាច​លុប​មុខនឹង​ទឹក​ត្រជាក់​។ ការផ្លាស់ប្ដូរ​សីតុណ្ហភាព​ភ្លាម​ៗជួយ​បំបាត់​អារម្មណ៍​ងងុយគេង​ និង​លើក​កម្ពស់​កម្រិត​ថាមពល​ ព្រមទាំង​ជួយ​ឱ្យ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ផង​ដែរ​។ ក្រោយពេល​ប្រោស​ទឹក​ត្រជាក់​នៅ​លើ​មុខ​របស់​អ្នក​ ដោយ​ឈរ​បែរ​មុខ​ទៅ​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ធ្វើ​ឱ្យ​ការ​ដាស់​អា​រម្ម​ណ៍​ដោយ​ទឹក​នេះ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ ណាមួយ​បើ​អាច​ អ្នក​ក៏អាច​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក​ ដើម្បី​បំបាត់ចោល​នូវ​ភាព​ងងុយ​គេង​ និង​លើក​កម្ពស់​ចរ​ន្ដ​ឈាម​រត់​ផង​ដែរ​។

    ខាងក្រោម​នេះ​គឺជា​វិធី​ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល​នា​ពេលយប់​៖
    1. រក្សា​កាលវិភាគ​គេង​ ដែល​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ពេលវេលា​គេង​ និង​ពេល​ក្រោក​ពី​គេង​។
    2. រក្សា​បន្ទប់គេង​របស់​អ្នក​កុំឱ្យ​មាន​ពន្លឺ​ ដើម្បី​លើកកម្ពស់​ការ​គេង​យ៉ាង​ស្កប់ស្កល់​។ ប្រសិន​បើ​ចាំបាច់​ សូម​ប្រើ​ក្រណាត់​ ឬវាំងនន​ ដើម្បី​បិទ​កុំឱ្យ​ពន្លឺ​ជះ​ពី​ខាងក្រៅ​ចូល​ទៅ​រំខាន​។
    3. ប្រើ​ពូក​ ដែល​មានគុណ​ភាពល្អ​ កម្រាល​ស្អា​តៗ​ និង​ខ្នើយ​ទន់​ៗ ដើម្បី​លើកកម្ពស់​គុណ​ភាព​ដំណេក​របស់​អ្នក​។
    4. អាន​សៀវភៅ​ ឬធ្វើ​យូ​ហ្កា​ឱ្យ​បាន20នាទី​ មុន​ពេល​ចូលគេង​។
    5. កំណត់​ការ​សំឡឹង​មើល​អេក្រង់​កុំព្យូទ័រ​ ទូរទស្សន៍​ ឬទូរស័ព្ទ​ដៃ​ឱ្យ​បាន​សមស្រប​មុន​ពេល​ចូលគេង​៕

  • រយៈពេល​ 9ខែ​ ឆ្នាំ2019​ ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ពី​កំណើន​ការ​ជួញដូរ​

    រយៈពេល​ 9ខែ​ ឆ្នាំ2019​ ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ពី​កំណើន​ការ​ជួញដូរ​

    ផ្សារហ៊ុន​កម្ពុជា​(ផ្សារ​មូលបត្រ​កម្ពុជា​ ឬ CSX​) បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​នានា​កាន់តែ​ច្រើន​ក្នុង​ការចុះបញ្ជី​ ដែល​ធ្វើ​ឱ្យ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ កាន់តែ​សកម្ម​ឡើង​ ចាប់តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ2012​។

    ការ​ជួញដូរ​នៅក្នុង​រយៈពេល​ 9ខែ​ ឆ្នាំ2019​ បាន​បង្ហាញ​នូវ​កំណើន​ដោយ​មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើនឡើង​ជាង​ 40​% បើ​ធៀប​នឹង​ត្រីមាស​ទី2​ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​បំផុត​ចាប់តាំង​ផ្សារហ៊ុន​បើក​ដំណើរការ​មក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ផ្សារ​មូលបត្រ​កម្ពុជា​។

    ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​បាន​បង្ហាញថា​ នៅក្នុង​រយៈពេល​ 9ខែ​ឆ្នាំ2019​ មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ដល់​ 800​លាន​ដុល្លារ​កើនឡើង​ជាង​ 40​%ពី​ចំនួន​ 570លាន​ដុល្លារ​កាលពី​ត្រីមាស​ទី2​ ឆ្នាំ​ 2019​។ ចំណែក​សន្ទស្សន៍​ផ្សារហ៊ុន​បាន​កើនឡើង​ដល់​ 869​ ពិន្ទុ​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុងរយៈ​កាល​ 6ឆ្នាំ​ចុង​ក្រោយនេះ​។

    យោង​តាម​ការ​គណនា​មូលធនូបនីយកម្ម​ទីផ្សារ​ជា​តម្លៃ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ទាំងអស់​បូក​បញ្ចូល​គ្នា​ គិត​តាម​តម្លៃ​ទីផ្សារ​ដោយ​តម្លៃ​ក្រុមហ៊ុន​នី​មួយ​ៗ គឺ​គេ​យក​ថ្លៃ​ភាគហ៊ុន​ គុណ​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​។ ទិន្នន័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​គណនី​ថ្មី​ដែល​បើក​ក្នុងរយៈពេល​ 9ខែ​មាន​ចំនួន​ 725​ ដោយ​គិត​ត្រឹម​ចុង​ត្រីមាស​ទី3​ គណនី​ជួញដូរ​មាន​ចំនួន​សរុប​ 22,196​។ ការ​ជួញដូរ​ជាមធ្យម​ក្នុងរយៈពេល9ខែ​ គិតជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ​ 27.121ដុល្លារ​ ស្មើនឹង12,539​ ភាគហ៊ុន​ក្នុង​ 1ថ្ងៃ​។ ការ​ជួញដូរ​ដែល​មាន​លក្ខណៈ​វិនិយោគិន​ឯក​ត្ត​បុគ្គល​មាន​ប្រហែល​ 94​%។

    លោកស្រី​ គឹម​ សុ​ផា​នី​តា​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​ការ​ទីផ្សារ​ CSX​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “គោលនយោបាយ​បែងចែក​ភាគលាភ​កាន់តែ​ប្រសើរ​ ការ​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​មក​លើ​ទីផ្សារ​ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ CSX​ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការសម្រួល​បទប្បញ្ញត្តិ​នីតិវិធី​ និង​ការ​ធ្វើសកម្មភាព​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ក៏​ជា​កត្តា​ចម្បង​ក្នុង​ការជំរុញ​ទីផ្សារ​ដែរ​”។

    លោកស្រី​បន្ត​ថា​៖ “ដោយហេតុនេះ​ហើយ​ ទើប​សកម្មភាព​ប្រតិបត្តិ​ការ​របស់​ផ្សារហ៊ុន​កម្ពុជា​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ មាន​ភាពល្អ​ប្រសើរ​យ៉ាង​ខ្លាំង​ចាប់តាំងពី​រយៈពេល​ 6ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​ដំ​-ណើរ​ការ​ផ្សារហ៊ុន​។ ភាពល្អ​ប្រសើរ​ របស់​ផ្សារ​មូលបត្រ​កម្ពុជា​នៅពេល​នេះ​ គឺ​មក​ពីក​ត្តា​សំ​ខាន់​ៗមួយ​ចំនួន​ដូចជា​ ការ​បន្ថែម​ម៉ោង​ជួញដូរ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​កំណើន​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​ផង​ដែរ​”។

    លោកស្រី​បន្ត​ថា​ ជាមួយនឹង​ភាពល្អ​ប្រសើរ​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​គណនី​ជួញដូរ​បច្ចុប្បន្ន​មាន​ចំនួន​ 22,196​ ដោយ​កើនឡើង​ 35​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​រៀបចំខ្លួន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការកាត់បន្ថយ​ពន្ធ​ 50​%លើ​ពន្ធ​ប្រាក់ចំណេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ សុ​ផា​នី​តា​។

    លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ “ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ក៏ដូចជា​វិស័យ​នេះ​ទាំងមូល​។ ខ្ញុំ​រំពឹង​ថា​ ប្រសិនបើ​ក្រុមហ៊ុន​ថ្មី​ដែល​ត្រៀម​ចុះបញ្ជី​អាច​ដំណើរការ​ចប់​រួចរាល់​តាម​ការ​គ្រោងទុក​ ហើយ​ភាគហ៊ុន​ទាំងអស់​នឹង​នៅតែ​បន្ត​ផ្តល់​អត្រា​ចំណេញ​មួយ​ដ៏​ទាក់ទាញ​នោះ​នឹង​មានការ​ចូលរួម​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពីសំណាក់​វិនិយោគិន​”។

    ទិន្នន័យ​ពី​ CSX​ បានឱ្យ​ដឹង​ទៀត​ថា​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​ 5 ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី2​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2018​ គឺ​តម្លៃ​ភាគហ៊ុន​របស់​៖ 1-កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ (PAS​) កើន​ឡើង​ 270​% ពី​ 6400រៀល​ មក​ 23,650​ រៀល​។ 2-កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(PPAP​) កើនឡើង​ជិត​ 100​% ពី​ 6400រៀល​ មក​ 12,780រៀល​។ 3-រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​(PWSA​) កើន​ឡើង​ 93​% ពី​ 3180រៀល​ មក​ 6,160រៀល​។ 4-ហ្គ្រេន​ធ្វីន​ អុីន​ធើ​ណេ​សូ​ណល​(GTI​) កើន​ឡើង​ 44​% ពី​ 3050រៀល​ មក​ 4,400រៀល​។ 5-ភ្នំ​ពេញ​អេស​អុីហ្សេ​ត (PPSP​) បាន​ធ្លាក់ចុះ​ 2% ពី​ 2800រៀល​ មក​ 2,740រៀល​ គិត​ត្រឹម​ត្រីមាស​ទី3​ ឆ្នាំ2019​។

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ RHB​ Indochina​ Securities​ Plc​ ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បាន​ថ្លែងប្រាប់​ថា​៖“ដោយសារ​ទីផ្សារ​របស់​យើង​នៅ​តូច​ ដូច្នេះ​នៅពេល​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នក​វិនិយោគ​ក៏អាច​នឹង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ផ្សារ​កើនឡើង​ដែរ​។ មានន័យថា​ នៅ​ពេល​ដែល​អ្នកលក់​មាន​ចំនួន​តិច​ និង​អ្នក​ចង់​ទិញ​មាន​ច្រើន​ ក៏​វា​ងាយ​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​កើនឡើង​ដែរ​ ហើយ​កំណើន​ដ៏​ខ្ពស់​នៃ​តម្លៃ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​ក្រុងភ្នំពេញ​ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​សម្ទុះ​ខ្លាំង​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019នេះ​”៕

  • ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​អុីន​ធើ​ណិ​ត ត្រូវ​បាន​សភា​អនុម័ត​

    ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​អុីន​ធើ​ណិ​ត ត្រូវ​បាន​សភា​អនុម័ត​

    រដ្ឋសភា​ជាតិ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​អុីន​ធើ​ណិ​តដែល​កំពុង​ទន្ទឹងរង់ចាំ​ និង​ជាផ្នែក​មួយ​នៃ​បទប្បញ្ញត្តិ​ដែល​រំពឹង​ថា​ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សេដ្ឋកិច្ច​កម្ពុជា​សម្រប​ខ្លួន​ទៅ​នឹង​យុគសម័យ​ឌីជីថល​ ហើយនឹង​ផ្តល់​លទ្ធភាព​យ៉ាងច្រើន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​ជាតិ​ថា​៖“ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ក្នុង​ការ​លើកកម្ពស់​សកម្មភាព​អាជីវកម្ម​តាម​អុីន​ធើ​ណិ​តនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​។ វា​នឹង​ជួយ​ប្រទេស​ឱ្យ​ត្រៀមខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ដោយ​ប្រើពាក្យ​ពេញនិយម​សម្រាប់​និន្នាការ​បច្ចុប្បន្ន​ នៃ​ស្វ័យប្រវត្តិ​កម្ម​ និង​ឌីជីថល​ដែល​ត្រូវ​បាន​គេ​មើលឃើញ​នៅក្នុង​អាជីវកម្ម​ និង​ឧស្សាហកម្ម​”។

    សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បន្ទាប់មក​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​មុន​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឈាន​ដល់​ការពិភាក្សា​។ ជំហាន​ចុងក្រោយ​ គឺ​ដើម្បី​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហ​មុនី​ ឡាយ​ព្រះ​ហត្ថលេខា​លើ​ឯកសារ​។

    សេចក្តី​ព្រាងច្បាប់​ដែល​មាន​ 12ជំពូក​ និង​ 67​មាត្រា​នេះ​នឹង​ផ្តល់​នូវ​វិធាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៅក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ខណៈ​វា​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ការ​ត្រៀម​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សេចក្តី​ព្រាងច្បាប់​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖ “ការរៀបចំ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅពេល​នេះ​ គឺ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំខ្លួន​ក្នុង​ការ​ទទួលយក​ការ​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយទៀត​ក្នុង​ការ​បង្កើន​ការគោរព​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា​ដោយសារ​ចំណេះដឹង​ និង​ការអនុវត្ត​ច្បាប់​នៅ​មានកម្រិត​នោះ​ កម្ពុជា​នៅ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការគ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​អន​ឡា​ញនេះ​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បានឱ្យ​ដឹង​ដែរ​ថា​៖ “ការងារ​លើច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ2012​ ដោយមាន​ជំនួយ​បច្ចេកទេស​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហើយ​ ត្រូវ​បាន​ផ្ទៀងផ្ទាត់​ប្រឆាំង​នឹង​ច្បាប់​គំរូ​របស់​អង្គការសហប្រជាជាតិ​”។

    លោក​ ឈា​ ឡាយ​ហ៊ី​ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បានឱ្យ​ដឹង​ថា​ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​បច្ចុប្បន្ន​ពុំ​មាន​ការគ្រប់គ្រង​ច្បាស់លាស់​ ច្បាប់​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អ្នក​វិនិយោគ​ និង​រដ្ឋាភិបាល​។ ព្រោះ​ជា​ច្បាប់​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ជាមួយ​អន្តរជាតិ​នឹង​ផ្តល់​នូវ​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​)នៅ​កម្ពុជា​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​ និង​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ក៏ដូចជា​ជំរុញ​ឱ្យ​មានការ​ច្នៃប្រឌិត​ និង​ការបង្កើត​ទំនិញ​ និង​សេ​វា​ថ្មី​ៗបន្ថែម​ទៀត​។

    លោក​ ឈា​ ឡាយ​ហ៊ី​ ថ្លែង​ថា​៖“តាមរយៈ​ច្បាប់​នេះ​ រដ្ឋាភិបាល​មិន​ត្រឹមតែ​អាច​ទទួល​បាន​កំណើន​ប្រាក់ចំណូល​ពី​ការ​ប្រមូល​ពន្ធ​ប៉ុណ្ណោះទេ​ តែ​ក៏អាច​ធ្វើការ​គ្រប់គ្រង​លើស​កម្ម​ភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ លើកទឹកចិត្ត​ និង​ពង្រឹង​សមត្ថភាព​អ្នក​នៅក្នុង​វិស័យ​ SME​ ផង​ដែរ​”។

    សូម​បញ្ជាក់​ថា​ វិស័យ​ SME​ នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ចម្បង​ៗមួយចំនួន​ដូចជា​ គុណភាព​ផលិតផល​ និង​សេវាកម្ម​ កង្វះខាត​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​ចង្វាក់​ផលិតកម្ម​ ទីផ្សារ​មាន​ភាព​តូច​ចង្អៀត​ និង​កង្វះ​មូលធន​ជាដើម​ ដូច្នេះ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ការជំរុញ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ និង​ពង្រីក​ទីផ្សារ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ និង​ធំ​ទូលាយ​ទៅកាន់​អន្តរជាតិ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​នឹង​ទទួល​បាន​ អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ពី​ច្បាប់​នា​ពេល​ខាងមុខ​ដែល​នឹង​ជួយ​ដល់​បណ្តាញ​ផ្គត់ផ្គង់​ក្នុង​តំបន់​ និង​ពិភពលោក​របស់​ពួកគេ​ក្នុង​តំបន់​។

    លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖“ច្បាប់​នេះ​ក៏​លើកទឹកចិត្ត​ដល់​ការ​ច្នៃប្រឌិត​ផង​ដែរ​ ដោយ​ប្រទេស​កម្ពុជា​មាន​គោលបំណង​ផ្លាស់​ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​លើសលប់​នៅ​ឆ្នាំ2023​”។យោង​តាម​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ជាង​ 50ម៉ឺន​កន្លែង​ ក្នុង​នោះ​សហគ្រាស​ដែល​បាន​មក​ចុះបញ្ជី​ គឺ​មានកម្រិត​តិច​ជាង​ 15​%៕

  • ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និងក្រុមហ៊ុន គីម ហេង សិនធ័រ ប្រកាសជាផ្លូវការបើកកិច្ចប្រតិបត្តិការជាដៃគូ

    ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និងក្រុមហ៊ុន គីម ហេង សិនធ័រ ប្រកាសជាផ្លូវការបើកកិច្ចប្រតិបត្តិការជាដៃគូ

    នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន គីម ហេង សិនធ័រ បានប្រកាសជាផ្លូវការនឹងក្លាយជាតំណាងចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាពីក្រុមហ៊ុនបច្ចេកវិទ្យារ DAHUAដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២នៅលើផ្នែកកាម៉េរាសុវត្ថិភាព A&S នៅក្នុងឆ្នាំ២០១៨ និងជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោក។

    បន្ទាប់ពីចាប់បើកដំណើរការកាលពីអំឡុងឆ្នាំ២០០១ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យា DAHUAមានបុគ្គលិកចំនួន 17 000 នាក់ មានសាខានៅក្រៅប្រទេស ៥៤សាខា ដែលរួមមានផលិតផលដួចជា CCTV Camera, Access Control, Video Intercoms, LED/LCD Display, Video Conferencing to Machine Vision, Drones and so on.
    ដោយឡែក ក្រុមហ៊ុន គីម ហេង បានចាប់ផ្ដើមធ្វើអាជីវកម្មតាំងពីឆ្នាំ១៩៩៥ ដោយលោក លីម គ្រី ដែលជាតំណាងចែកចាយដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះក្រុមហ៊ុន គីម ហេង សិនធ័រ មានតំណាងចែកចាយពីក្រុមហ៊ុន HP, Panasonic, IBM, ICOM, SONY, TP Link and Dahua។
    កិច្ចសហប្រតិបត្តិការជាដៃគូរវាងក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និងក្រុមហ៊ុន គីម ហេង សិនធ័រ គឺដើម្បីសម្រេចនូវចក្ខុវិស័យ “សង្គមមានសុវត្ថិភាព និងការរស់នៅឆ្លាតវៃ” នៅក្នុងប្រទេសកម្ពុជា។

    គោលការណ៍ចម្បងមួយទៀតគឺផ្ដោតសំខាន់ទៅលើអតិថិជន ដែលផ្ដល់ជូននូវគុណភាព និងសេវាដ៏ល្អបំផុតជូនអតិថិជន ដើម្បីបង្កើនគុណតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជនតាមរយៈការខិតខំប្រឹងប្រែង ដើម្បីកសាងសង្គមប្រកបដោយសុវត្ថិភាព ឆ្លាតវៃ ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា៕

  • អ្នកជំនាញ​៖ ពិព័រណ៍​ CTM​-2019​ ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ តែ​ត្រូវ​អភិវឌ្ឍ​ការងារ​មួយចំនួន​បន្ថែម​

    អ្នកជំនាញ​៖ ពិព័រណ៍​ CTM​-2019​ ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ តែ​ត្រូវ​អភិវឌ្ឍ​ការងារ​មួយចំនួន​បន្ថែម​

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ប្រកាស​អំពាវនាវ​ដល់​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​ការ​បើក​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី3​ ឬ CTM​-2019​ កាលពី​ដើមខែ​នេះ​ ឱ្យ​បន្ត​ការចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍​របស់​កម្ពុជា​ដែល​មាន​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ ជាពិសេស​តំបន់​ប្រាសាទ​នានា​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​ UNESCO​ ជា​ផលិតផល​ដ៏​ពិសិដ្ឋ​ ព្រម​ជាមួយ​ធនធាន​ធម្មជាតិ​ដែល​ជា​កាតាលីករ​ទាក់ទាញ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​កាន់តែ​ច្រើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

    តាមរយៈ​ការណ៍​នេះ​ គឺ​យើង​បាន​ផ្តល់​នូវ​ឱកាស​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​ៗរបស់​កម្ពុជា​ រួម​ទាំង​រាជធានី​ភ្នំពេញ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ CTMឆ្នាំនេះ​ផង​ ទៅដល់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ជា​ Buyers​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​ស្គាល់​ ជាពិសេស​ខណៈ​ដែល​ពេល​ថ្មី​ៗនេះ​ ប្រាសាទ​អង្គរ​របស់​កម្ពុជា​បន្ត​ទទួល​ចំណាត់ថ្នាក់​លេខ1​“ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើស​កល​លោក​សម្រាប់​ឆ្នាំ2018​” ដោយក្រុម​ប្រឹក្សា​យោបល់​ TripAdvisor​ ដែល​នេះ​ជា​មោទនភាព​មួយទៀត​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា​ “កម្ពុ​ជាៈ​ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ ប្រកបដោយ​ភាព​កក់ក្តៅ​ (Cambodia​: Kingdom​ of​ Wonder​-Feel​ the​ Warmth​)។

    ថ្វី​ដ្បិតតែ​មាន​ភាព​ប្រឈម​បន្តិច​ក្តី​ តែរ​បាយ​ការណ៍​ផ្លូវការ​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី7​ខែតុលា​ ឆ្នាំ2019​ កន្លងមក​នេះ​បាន​បញ្ជាក់​ថា​ នៅ​រយៈពេល​ 8ខែ​ដើមឆ្នាំ2019​ នេះ​ ប្រទេស​កម្ពុជា​ទាំងមូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចំនួន​ 4,360,397នាក់​ កើនឡើង​ 10.4​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។

    ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ រយៈពេល​ 8ខែ​កន្លងមក​នេះ​ ភ្ញៀវ​ទេសចរ​ចូល​តាមផ្លូវអាកាស​ មាន​ចំនួន​ 3,104,489នាក់​ ស្មើនឹង​ 71.2​% នៃ​ចំនួន​ភ្ញៀវ​សរុប​ដែល​មាន​កំណើន​ 16.6​% ក្នុង​នោះ​ចូល​តាម​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន​ 1,427,487​នាក់​ កើន14.7​%។ តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ 1,188,254នាក់​ ថយ​ចុះ9.1​% និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ ចំនួន​ 488,748នាក់​ កើនឡើង343.5​%។

    ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ 8ខែ​ដើមឆ្នាំ​នេះ​ មាន​ទេសចរ​កម្ពុជា​ចេញទៅ​ ក្រៅប្រទេស​ចំនួន​ 1,347,060នាក់​ កើនឡើង4.7​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2018​។ គួរ​បញ្ជាក់​ ដែរ​ថា​ កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6លាន​នាក់​។

    ជាមួយគ្នា​នេះ​ដែរ​ របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​ទេសចរណ៍​ក៏បាន​បង្ហាញ​ដែរ​ថា​ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ 1.7លាន​នាក់​ក្នុងរយៈពេល​ 8ខែ​នៃ​ឆ្នាំ2019​ ដែល​កើនឡើង​ 33​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​បាន​បង្ហាញថា​ ប្រទេស​ចិន​នៅតែ​ជា​ប្រភព​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ដែល​មាន​ចំនួន​ 39​%នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ពី​ខែមករា​ ដល់​ខែសីហា​ ឆ្នាំនេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ ដែល​យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ 2.6លាន​នាក់​នៅ​ឆ្នាំ2019​ នេះ​ 3លាន​នាក់​នៅ​ឆ្នាំ2020​ 5លាន​នាក់​នៅ​ឆ្នាំ2025​ និង​កើនឡើង​ដល់​ 8លាន​នាក់​នៅ​ឆ្នាំ2030​”។

    យោង​តាម​របាយការណ៍​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​ 4.36លាន​នាក់​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ 8ខែ​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 10,4​%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“បញ្ហា​ដែល​កើតឡើង​ វា​អាស្រ័យ​ទៅលើ​បរិបទ​នៅ​ជុំវិញ​ខ្លួន​យើង​។ ទី1​-គឺ​កត្តា​ផ្ទៃក្នុង​របស់​យើង​ គឺ​ខ្ញុំ​សំដៅ​ទៅលើ​ការងារ​រដ្ឋបាល​ទាំងអស់​ គឺ​តាំងពី​ការកែច្នៃ​ បរិស្ថាន​ ការ​ទទួល​បដិសណ្ឋារ​កិច្ច​ ការ​គាំទ្រ​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ផ្នែក​នី​មួយ​ៗ ដោយ​យើង​ត្រូវការ​ពង្រឹង​ឡើងវិញ​”។

    លោក​បន្ត​ថា​ ទី2​-ការប្រកួត​ប្រជែង​ត្រូវ​មាន​តម្លាភាព​ ដោយ​អ្នក​ប្រកបរបរ​ទេសចរណ៍​សព្វថ្ងៃ​ មួយចំនួន​ពុំ​មាន​បទ​ពិសោធ​ មិន​មានចំណេះ​ដឹង​ ដោយ​ពុំ​ស្គាល់​ពី​គុណ​តម្លៃ​ទេសចរណ៍​ទេ​ ហើយ​ចូល​មក​ប្រឡូក​មុខរបរ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​សុចរិត​ទៀងត្រង់​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្សព្វផ្សាយ​របស់​វិស័យ​ទេសចរណ៍​ វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​វិស័យ​ទេសចរណ៍​ទាំងមូល​ ហើយ​រាជរដ្ឋាភិបាល​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​នេះ​ធំជាង​គេ​ ធ្វើ​ឱ្យ​មិន​អាច​សម្រេច​គោលដៅ​ទេសចរណ៍​បាន​។

    លោក​បាន​បញ្ជាក់​ថា​ ទី3​-ពាក់ព័ន្ធ​នឹង​បរិស្ថាន​ជុំវិញ​យើង​ ដូចជា​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។ ទី4​-ការ​តុបតែង​កែ​លម្អ​ ដូចជា​ជុំវិញ​អង្គរ​ យើង​បាន​តាំង​លម្អ​ និង​ធ្វើការ​ដាំដុះ​ឱ្យ​ទាក់ទាញ​ដល់​ទេសចរណ៍​ នេះ​ហើយ​ជា​ការកែច្នៃ​នោះ​។ ទី5​-បរិបទ​នយោបាយ​របស់​ជាតិ​ គួរតែ​មានការ​លើកលែង​នូវ​ទិដ្ឋាការ​ ដែល​ជា​ការ​ស្នើ​របស់​ផ្នែកឯកជន​តាំងពី​ឆ្នាំ2008មក​ ហើយ​ប្រទេសជិតខាង​យើង​បាន​ធ្វើរួច​ហើយ​ តែ​យើង​មិនបាន​ធ្វើ​នៅឡើយ​ គឺ​ផល​ចំណេញ​យើង​នឹង​ទទួល​បាន​ពី​ភ្ញៀវ​ដែល​មាន​សក្តា​នុ​ពល​។ ម្យ៉ាងវិញទៀត​យើង​ត្រូវតែ​មានការ​លើកទឹកចិត្ត​គ្នា​ អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​នេះ​យូរ​មក​ហើយ​គាត់​មាន​បទ​ពិសោធ​ ដឹងពី​បរិបទ​នយោបាយ​ បរិបទ​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ទេសចរណ៍​ក្រៅ​ស្រុក​ ដែល​ការ​លើកទឹកចិត្ត​អាច​ផ្តល់​បាន​ ដូចជា​ការ​បន្ធូរបន្ថយ​ពន្ធ​ដែល​ស្រុក​គេ​ក៏បាន​អនុវត្ត​ដូច្នេះ​ដែរ​។ ទី6​-បើសិនជា​មិន​មាន​សង្គ្រាម​នយោបាយ​ក្នុង​តំបន់​ក្តី​ ឬក្នុង​ពិភពលោក​ នោះ​នឹង​ធ្វើ​ឱ្យ​អ្វី​ៗមាន​ភាព​ប្រសើរ​ឡើង​។

    លោក​ ហូ​ វណ្ឌី​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កំពុងតែ​រង់ចាំ​មើល​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ដែល​យើង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដូច​ប្រក្រតី​ឡើងវិញ​ ឬមានការ​កើន​ឡើង​(អំឡុង​ពាក់កណ្តាល​ខែ9​) ព្រោះថា​ ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ អាច​ថាម​កពីរ​ដូវ​ខ្សត់​ភ្ញៀវ​ ក៏​ថា​បាន​ ដែល​យើង​សង្ឃឹមថា​ នឹង​មានការ​កើនឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ខ្មែរ​ បើមិនដូច្នោះទេ​ ទាំង​រដ្ឋ​ និង​វិស័យ​ឯកជន​ត្រូវតែ​ខិតខំ​ទ្វេដង​ឡើង​ទៀត​លើ​ភាព​ប្រឈម​ចំពោះមុខ​នេះ​”។

    ឆ្លើយតប​នឹង​ស្ថានភាព​ទេសចរណ៍​បច្ចុប្បន្ន​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​អនុវត្ត​នូវ​ទស្សនវិស័យ​មួយចំនួន​គឺ​៖ ជំរុញ​ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ ពិសេស​តំបន់​សៀមរាប​អង្គរ​ និង​តំបន់​អេកូ​ទេសចរណ៍​។ ដោយ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដូចជា​ទេសចរណ៍​ម្ហូបអាហារ​ វិថី​លក់​ម្ហូបអាហារ​ និង​ផលិតផល​ម្ហូបអាហារ​តាម​ដងផ្លូវ​ ក្រោម​កិច្ចសហការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​-ឯកជន​ ដើម្បី​ទាក់ទាញ​ទេសចរ​ និង​បង្កើន​រយៈពេល​ស្នាក់នៅ​របស់​ពួកគេ​។

    រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​ដ៏​មាន​សារៈសំខាន់​ ដូចជា​ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើស​ពី​អ្វី​ដែល​មានស្រាប់​នៅ​តំបន់​អង្គរ​ ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ការសិក្សា​អំពី​ការរៀបចំ​ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត​ និង​បៃតង​នៅ​ក្រុង​សៀមរាប​ និង​តំបន់​ប្រាសាទ​អង្គរ​ ការរៀបចំ​កែ​លម្អ​ផ្លូវ​ក្នុង​ទីក្រុង​ ការ​សម្អាត​តាម​ដងស្ទឹង​សៀមរាប​ និង​ផ្លូវ​ទៅកាន់​សហគមន៍​នានា​ជាដើម​។

    បន្ថែម​លើ​នេះ​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការគ្រប់គ្រង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ការគ្រប់គ្រង​សំណល់​សំរាម​ និង​បរិស្ថាន​ស្អាត​នៅ​ឆ្នេរ​ និង​ទឹកសមុទ្រ​ ព្រមទាំង​សោភណភាព​របស់​ខេត្ត​ដើម្បី​ផាសុកភាព​របស់​អ្នកទេសចរ​ និង​ប្រជាពលរដ្ឋ​។

    ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្ត​កែប​ និង​មណ្ឌលគិរី​ និង​បាន​ធ្វើ​កំណែទម្រង់​ដ៏​សំខាន់​មួយ​ តាមរយៈ​ការបង្កើត​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ ដោយ​ផ្តល់​តម្លៃ​ដល់​វិស័យ​ឯកជន​ ក្នុង​ការ​បន្ត​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

    ក្នុង​នោះ​ដែរ​ ការ​ផ្សារភ្ជាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម4.0​ ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ឌីជីថលូ​បនី​យក​ម្ម​ក្នុង​ការ​ចាប់​យក​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ កាត់បន្ថយ​កង្វល់​ និង​ធានា​ឱ្យ​បាន​នូវ​ទស្សនទាន​ “បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍​ វិស័យ​ទេសចរណ៍​សម្រាប់​បច្ចេក​-វិទ្យា​ទំនើប​” ឬអាច​ហៅ​បាន​ថា​ “ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ប្រកបដោយ​ភាព​វៃឆ្លាត​”៕

  • មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ ដោយរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន

    មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ ដោយរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន

    ថ្ងៃទី26 ខែតុលា ឆ្នាំ2019 រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការសុខភាពអន្តរជាតិប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។ កម្មវិធីនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ជូនដល់ប្រជាជនកម្ពុជា។

    កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដំបូងរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី
    កម្ពុជា (SGMC) នៅក្នុងប្រទេសកម្ពុជា មានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញអំពីការរកឃើញរោគសញ្ញាទាន់ពេលវេលា ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជាគ្រូពេទ្យប្រចាំគ្រួសារ និងអ្នកជំនាញឯកទេសផ្នែកសុខភាពស្ត្រី។

    កម្មវិធីដែល​រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខមាលភាពដ៏ទំនើប និងទើបតែបើកដំណើរការថ្មីរបស់ខ្លួននៅឯអគារដឹប្រ៊ីដស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ​ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។ កម្មវិធីពិភាក្សា Pink Talk នេះ ក៏នឹងបង្ហាញអំពីការគាំទ្ររបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ចំពោះស្ត្រីដែលមានជំងឺមហារីកសុដន់ទាំងអស់ផងដែរ។ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឱ្យស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់​ និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឱ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី 50 ឆ្នាំឡើងទៅ។

    មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms) ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យ ដើម្បីជួយស្ត្រីកម្ពុជាឱ្យទទួលបានការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវលំដាប់ថ្នាក់ទីបីចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រីដែលមានជំងឺនេះប្រមាណជា 7% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណា អត្រានៃការរស់រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលា តាមរយៈការពិនិត្យសុដន់។លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកត្តាហានិភ័យដែលអាចបង្កើតឱកាសនាំឱ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពិនិត្យជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អផងដែរ។

    លោកស្រីវេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា  “នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះ ជួយយើងទាំងអស់គ្នាឱ្យយល់ដឹងអំពីជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ។”  លោកស្រីបានបន្តទៀតថា “ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឱ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំកម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍ ក៏ដូចជាធានាឱ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្ត​របស់​អ្នកផងដែរ។ដោយផ្អែកទៅលើជំនឿថា មនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដារដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់។ ក្រុមវេជ្ជបណ្ឌិតដ៏មានទេពកោសល្យចម្រុះគ្នា
    គិលានុបដ្ឋាក ឱសថការី និងគ្រូពេទ្យជំនាញថតកាំរស្មីរបស់យើង គឺមកពីប្រទេសសិង្ហបុរី ថៃ និងកម្ពុជា ដែលសុទ្ធតែត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិថាជាអ្នកឯកទេសតាមឯកទេសវេជ្ជសាស្ត្ររៀងៗខ្លួន។

    ដោយសង្កត់ធ្ងន់ទៅលើឱសថ និងការព្យាបាលការពារ និងបង្កើតកោសិកាថ្មី សេវាកម្ម SGMC ត្រូវបាន
    កសាងដើម្បីទទួលបានសុខមាលភាពទៅលើគ្រប់ផ្នែក រៀបចំឡើងដើម្បីផ្ដល់នូវសុខភាព​ល្អសម្រាប់គ្រប់សរីរាង្គទាំងអស់ ដោយមិនគ្រាន់តែព្យាបាលទៅលើរោគសញ្ញាដែលមានលក្ខណៈ​ធ្ងន់ធ្ងរឡើយ។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅនៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
    ក្រុមហ៊ុន Two Way Public Relations ជាន់ទី​ 2 លេខ 5 អគារ Rise ផ្លូវលេខ 282 បឹងកេងកង 1រាជធានីភ្នំពេញ ប្រទេសកម្ពុជា

    [email protected]
    www.twowaypr.com

    ព័ត៌មានអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី
    មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា ដែលជាសមាជិកនៃគ្រួសារ DrMap នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្រ្តប្រកបដោយឧត្តមភាព​របស់ប្រទេសសិង្ហបុរីជូនដល់ប្រជាជនកម្ពុជា។ ដោយផ្អែកទៅលើជំនឿថា មនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដារដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់ យើងធ្វើការព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺ ព្រមទាំងផ្ដល់ជូនអ្នកជំងឺរបស់ខ្លួននូវមធ្យោបាយដើម្បីទទួលបានសុខភាព​ និងសុខុមាលភាពល្អប្រសើរ។

  • ទោះ​ស្ថិត​ក្នុង​ជំនាន់​ឌីជីថល​ក៏ដោយ​ ក៏​យុវជន​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​ឱ្យ​ច្បាស់​ដែរ​

    ទោះ​ស្ថិត​ក្នុង​ជំនាន់​ឌីជីថល​ក៏ដោយ​ ក៏​យុវជន​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​ឱ្យ​ច្បាស់​ដែរ​

    បច្ចុប្បន្ន​នេះ​ជាស​ម័យ​ដែល​សកលលោក​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​ផ្នែក​បច្ចេកវិទ្យា​។ គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​ជំរុញ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​សិក្សា​លើ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទី​ផ្សា​ការងារ​ក្នុង​យុគសម័យ​ឌីជីថល​ រួម​ទាំង​ការប្រកួត​ប្រជែង​ជា​អន្តរជាតិ​ទៀតផង​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​ប្រទេស​នី​មួយ​ៗមិន​ភ្លេច​ដែរ​ ក្នុង​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ និង​រាល់​ចំណុច​សំ​ខាន់​ៗដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រទេស​របស់​ខ្លួន​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ បាន​លើកឡើង​ថា​ យុវជន​គួរ​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិវិទ្យា​ និង​ភាសាខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​ ទោះ​ស្ថិត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ក៏ដោយ​។ បច្ចុប្បន្ន​នេះ​ កម្ពុជា​បាន​រៀបចំ​ប្រព័ន្ធ​អប់រំ​កាន់តែ​ប្រសើរ​ ដែល​ធ្វើ​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​កាន់តែ​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ និង​អក្សរសាស្ត្រ​របស់​ខ្មែរ​។

    ឯកឧត្តម​មានប្រសាសន៍​ថា​ ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​អតីតកាល​ បូករួម​ជាមួយនឹង​ការ​ដឹង​ច្បាស់​ពី​ស្ថានភាព​ជាក់ស្តែង​នា​បច្ចុប្បន្ន​កាលនោះ​ នឹង​ធ្វើ​ឱ្យ​យើង​អាច​រៀបចំផែនការ​បាន​កាន់តែ​ប្រសើរ​សម្រាប់​អនាគតកាល​។ នៅពេល​យើង​ស្គាល់​ខ្លួនឯង​ច្បាស់​ហើយ​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ ក៏​យើង​នៅតែ​អាច​រក្សា​បាន​នូវ​តម្លៃ​ និង​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​របស់​យើង​បាន​យ៉ាង​ល្អ​ប្រសើរ​ដែរ​។

    ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “ប្រវត្តិសាស្ត្រ​ និង​ភាសាខ្មែរ​ មាន​អាយុកាល​យូរ​មុន​ភាសា​នៅ​អឺរ៉ុប​ ហេតុនេះ​ការ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស្គាល់​ច្បាស់​ពី​ភាសាខ្មែរ​ គឺជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​យុវជន​កម្ពុជា​”។

    បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រវត្តិសាស្ត្រ​ជា​មេរៀន​យ៉ាង​សំខាន់​ ឬជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការរស់នៅ​ និង​ការ​ធ្វើការងារ​ជាដើម​។ នៅ​ក្នុង​មេរៀន​ប្រវត្តិវិទ្យា​ គេ​បាន​លើកឡើង​ពី​រឿងរ៉ាវ​យ៉ាង​មាន​សារៈសំខាន់​ជាច្រើន​ដែល​បុគ្គល​សំ​ខាន់​ៗធ្វើការ​ដោះស្រាយ​បញ្ហា​នានា​រហូត​សម្រេច​បាន​ជា​ផ្លែផ្កា​យ៉ាង​សំខាន់​សម្រាប់​សង្គម​ ក៏ដូចជា​សម្រាប់​ការរស់នៅ​របស់​មនុស្សជា​ដើម​។ ហេតុនេះ​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​ ជា​ការសិក្សា​ពី​រឿងរ៉ាវ​ ឬមេរៀន​ជាក់ស្តែង​ពីអ​តី​តកាល​ដើម្បី​ទុកជា​ទុន​នៃ​គំនិត​សម្រាប់​យក​មក​ប្រើប្រាស់​នា​ពេល​អនាគត​។ ទោះជា​យ៉ាងនេះ​ក្តី​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ផង​ដែរ​ឱ្យ​យុវជន​សិក្សា​បន្ថែម​ពី​ភាសាបរទេស​មួយ​ចំនួន​ ដូចជា​ភាសា​បារាំង​ និង​ភាសាអង់គ្លេស​ជាដើម​ ដើម្បី​បន្ត​ស្វែងរក​ឯកសារ​ដែលគេ​បាន​ចងក្រង​ជា​ភាសាបរទេស​ទាំងអស់​នោះ​អំពី​ប្រវត្តិសាស្ត្រ​ និង​អក្សរ​សាស្រ្ត​ខ្មែរ​ បន្ថែម​ពីលើ​អ្វី​ដែល​យើង​មានស្រាប់​។

    បន្ទាប់មក​ទៀត​ យុវជន​ក៏អាច​សិក្សា​បន្ថែម​ផង​ដែរ​ពី​វប្បធម៌​នៃ​សកល​ភាវូបនីយកម្ម​ ដើម្បី​បង្កើន​គំនិត​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្រោយពេល​ស្គាល់​ពី​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួនឯង​រួចហើយ​៕