Author: ធឿន មករា

  • សម្រេចក្តីស្រមៃនៃដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅប្រទេសស្វីស ជាមួយ ABC Extra Stout

    សម្រេចក្តីស្រមៃនៃដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅប្រទេសស្វីស ជាមួយ ABC Extra Stout

    ការជាវ ABC អិចស្ត្រាស្តោតសម្រាប់ពិធីអាពាហ៍ពិពាហ៍ លោកអ្នកនឹងមានឱកាសសម្រចក្ដី​ស្រមៃ​របស់​​អ្នកជាមួយនឹង​ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅប្រទេសស្វីស។  សម្រាប់រដូវកាលថ្មីចាប់ពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០២០  ABC អិចស្ត្រាស្តោត មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនគូស្វាមីភរិយាថ្មោងថ្មីឲ្យបាន​ជ្រាប​ថា លោកអ្នក​អាចមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅប្រទេសស្វីស។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីគម្រោងប្រូម៉ូសិនថ្មីរបស់យើងដូចខាងក្រោម៖

      • ជាវ ចាប់ពី 25 ដល់ 49 កេស  ថែមជូនសៀវភៅកត់ចំណងដៃ 2 ក្បាល  ABC អិចស្ត្រាស្តោត (កំប៉ុង ឬដប) 1 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។
      • ជាវ ចាប់ពី 50 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃ 2 ក្បាល  ABC អិចស្ត្រាស្តោត (កំប៉ុង ឬដប) 2 កេស និងប័ណ្ណផ្សងសំណាង 5 សន្លឹក។
      • ជាពិសេសជាវ ABC អិចស្ត្រាស្តោតចំនួន 25 កេស និងស្រាបៀរអាន់ឆ័រចំនួន 50 កេស ថែមជូនសៀវភៅកត់ចំណងដៃ 4 ក្បាល   ABC អិចស្ត្រាស្តោតកំប៉ុង 2 កេស និងស្រាបៀរអាន់ឆ័រកំប៉ុង 2 កេស និងប័ណ្ណផ្សងសំណាង 5 សន្លឹក។

    ចំពោះព័ត៌មានបន្ថែម ទាក់ទងទូរស័ព្ទលេខ៖ 011 222 400  ដើម្បីកុម៉្មង់ទិញសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។រីករាយទទួលទាន ABC អិចស្ត្រាស្តោតដោយការទទួលខុសត្រូវ។

  • គន្លឹះ​ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​

    គន្លឹះ​ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​

    កែវភ្នែក​ គឺជា​មាត់​បង្អួច​របស់​បេះដូង​ កែវភ្នែក​ជា​អវយវៈ​ដែល​ជួយ​ក្នុង​ការ​មើលឃើញ​ និង​ទទួលដឹង​ព័ត៌មាន​ផ្សេង​ៗ ដូច្នេះ​យើង​គួរតែ​ថែរក្សា​ និង​ថ្នាក់ថ្នម​កែវភ្នែក​ ដើម្បី​ឱ្យ​ប្រើការ​បាន​យូរ​។ លេខ​នេះ​ ទំព័រ​សុខភាព​នៃ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន មាន​គន្លឹះ​ល្អ​ៗ ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ដើម្បី​សុខភាព​កែវភ្នែក​ដ៏​ល្អ​មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដូចតទៅ​៖

    . គួរ​សម្រាក​ខ្សែភ្នែក​ ដោយ​ការ​សម្លឹង​មើល​វត្ថុ​ដែល​នៅ​ឆ្ងាយ​ៗ រៀងរាល់​ 40​ – 50នាទី​ម្តង​ ក្រោយពី​អាន​សៀវភៅ​ មើល​វី​ឌី​អូ​ ឬទូរ​ទស្សន៍​យូរ​ៗរួចមក​។
    . គួរ​ជ្រើសរើស​អាន​សៀវភៅ​ណា​ដែល​ធ្វើ​ពី​ក្រដាស​ដែល​ចាំង​ពន្លឺ​តិច​បំផុត​ ឬអាន​សៀវភៅ​ណា​ដែល​ក្រដាស​មើល​ហើយ​ស្រួល​ភ្នែក​។. មិន​គួរ​សម្លឹង​ ឬសម្លក់​ពន្លឺ​ព្រះ​អា​ទិ​ត្យ​ចំៗ​ក្នុងរយៈពេល​យូរ​ឡើយ​។
    . ខណៈ​ពេល​ចេញទៅ​នៅ​ក្រោម​ពន្លឺថ្ងៃ​ ឬខណៈ​ពេល​បើកបរ​ម៉ូតូ​ គួរ​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ការពារ​កែវភ្នែក​។
    . មិន​គួរ​ចុច​ សង្កត់​ ឬញី​កែវភ្នែក​ ដើម្បី​ឱ្យ​បាត់ឈឺ​ដោយ​មិន​ចាំបាច់​ឡើយ​។
    . ការ​មើល​ទូរទស្សន៍​ គួរ​អង្គុយ​ឱ្យ​ឆ្ងាយ​ពី​អេក្រង់​ទូរទស្សន៍​ប្រមាណ​ជា​ 4 – 5ដង​នៃ​ទំហំ​ទទឹង​របស់​អេក្រង់​ទូរទស្សន៍​ និង​គួរ​ចៀសវាង​ពី​អេក្រង់​ ទូរទស្សន៍​ណា​ដែល​តូច​ជ្រុល​ពេក​ ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​ទៅ​អង្គុយ​មើល​ជិត​ និង​ខំប្រឹង​សម្លឹង​មើល​រហូត​អាច​ធ្វើ​ឱ្យ​ខូចភ្នែក​បាន​។
    . មិន​គួរ​លេង​កីឡា​ ឬហាត់ប្រាណ​ក្នុង​ឥរិយាបថ​ណា​ដែល​ត្រូវ​គ្រវីក្បាល​ ឬឱនក្បាល​ទាប​ញឹកញាប់​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កែវភ្នែក​ទទួលរង​នូវ​ការ​ប៉ះពាល់​បាន​។. ក្នុង​ខណៈ​ចុះ​លេង​ទឹក​ ឬហែលទឹក​ គួរ​ពាក់​វ៉ែនតាការពារ​ទឹក​គ្រប់ពេល​ ដើម្បី​កុំឱ្យ​សារ​ធា​តុ​ក្ល​រីន​ ឬកម្ទេច​ដី​ដែល​នៅក្នុង​ទឹក​ចូលក្នុង​ភ្នែក​បាន​។
    . មិន​គួរ​ទុកសក់វែង​បាំងមុខ​ឡើយ​ ព្រោះ​សក់​នឹង​មក​បាំង​ភ្នែក​ដែល​ នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ខំប្រឹង​សម្លឹង​មើល​ឡើង​។
    . គេង​សម្រាក​បិទ​ភ្នែក​ និង​គេងលក់​ឱ្យ​បាន​គ្រប់គ្រាន់​។
    . មិន​គួរ​អាន​សៀវភៅ​ពេល​ជិះ​នៅក្នុង​រថយន្ត​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ កែវភ្នែក​ខំ​រេ​តាម​តួអក្សរ​ជានិច្ច​។
    . គួរ​អាន​សៀវភៅ​នៅក្នុង​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​ មិន​ងងឹត​ពេក​ និង​ក៏​មិន​ភ្លឺ​ជ្រុល​ពេក​ដែរ​។
    . ពិនិត្យ​សុខភាព​កែវភ្នែក​ និង​វាស់​ខ្សែភ្នែក​ យ៉ាងតិច​បំផុត​ 1ឆ្នាំ​ឱ្យ​បាន​ 1ដង​។
    . គួរ​ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់​ 5ប្រភេទ​ក្រុម​ ជាពិសេស​សារជាតិ​ អាហារ​ និង​វីតាមីន​ដែល​ចាំបាច់​ចំពោះ​កែវភ្នែក​។

    អាហារ​បំប៉ន​កែវភ្នែក​
    អាហារ​ដែល​បំប៉ន​កែវភ្នែក​ គឺ​អាហារ​ដែល​មាន​វីតាមីន​ A ដូចជា​ ផលិតផល​ធ្វើ​ពី​សាច់សត្វ​ ថ្លើម​សត្វ​ ទឹកដោះ​ ខ្លាញ់​ដែល​ចម្រាញ់​ចេញពី​ ថ្លើម​ត្រី​ ឬធញ្ញជាតិ​ដែល​មាន​សារធាតុ​ពណ៌បៃតង​ខ្លាំង​ ពណ៌លឿងទុំ​ ដូចជា​ ត្រកួន​ ស្លឹកបាស​ ប្រូ​ខូ​លី​ ល្ហុង​ទុំ​ ល្ពៅ​ មើម​ការ៉ុត​ និង​បន្លែ​ផ្សេងទៀត​ជាច្រើន​។

    តម្រូវការ​សារជាតិ​អាហារ​បំប៉ន​កែវភ្នែក​ក្នុង​ 1ថ្ងៃ​
    មិនថា​តែ​កុមារ​ ឬមនុស្ស​ធំ​ឡើយ​ សុទ្ធតែ​ត្រូវការ​វីតាមីន​ A ដែល​នឹង​ ទទួល​បាន​ពី​អា​ហារ​ផ្សេង​ៗដូច​ខាងក្រោម​នេះ​ ៖
    កុមារ​ : ត្រូវការ​អាហារ​ដែល​ជួយ​បំប៉ន​ភ្នែក​ ដូចជា​ ថ្លើម​មាន់​ ថ្លើម​ជ្រូក​ មើម​ការ៉ុត​ ល្ពៅ​ ស៊ុត​ក្រហម​ ស្លឹកបាស​ ផ្ទី​ ក្តាម​សមុទ្រ​ ខាត់ណា​ និង​ប៊័រ​។
    មនុស្ស​ធំ​ : តម្រូវការ​អាហារ​ដែល​ជួយ​ថែបំប៉ន​កែវភ្នែក​មនុស្ស​ធំ​មាន​ ដូចជា​ ស្លឹក​ញ ថ្លើម​មាន់​ ថ្លើម​គោ​ ស្លឹក​ជី​នាងវង​ ស្លឹកត្រចៀក​ក្រាញ់​ ស្លឹក​ស្អំ​ ត្រកួន​ ស្វាយទុំ​ ល្ហុង​ និង​គួរ​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង​ 5ប្រភេទ​ក្រុម​ ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 196

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 196

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/11/LRPN_196-Final-For-Web.pdf” force_dl=”1″]

  • ADB​ អនុម័ត​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប្រកប​ដោយ​បរិ​យា​ប័ន្ន

    ADB​ អនុម័ត​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប្រកប​ដោយ​បរិ​យា​ប័ន្ន

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឬAsian​ Development​ Bank​ ហៅ​កាត់​ថា​ ADB​ បាន​អនុម័ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ ឬCountry​ Partnership​ Strategy​ ឬCPS​ ថ្មី​មួយ​មាន​រយៈពេល​ 5ឆ្នាំ​ ដែល​មានកំណត់​ចែង​អំពី​កិច្ច​គាំទ្រ​របស់​ស្ថាប័ន​នេះ​ចំពោះ​គោលដៅ​របស់​កម្ពុជា​ ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ត្រឹម​ឆ្នាំ2030​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ចេញផ្សាយ​កាលពី​ថ្ងៃទី25​ ខែតុលា​ ឆ្នាំ2019​ នេះ​។

    ក្នុង​សេចក្ដីប្រកាស​ បាន​បញ្ជាក់​ថា​ ស្ថិត​ក្រោម​យុទ្ធសាស្ត្រ​ឆ្នាំ2019​-2023​ ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​នឹង​ផ្តល់​ថវិកា​ចំនួន​ 1.45ពាន់​លាន​ដុល្លារ​ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន​ ហិរញ្ញប្បទាន​ឥត​ សំណង​ និង​ជំនួយ​បច្ចេកទេស​សម្រាប់​វិស័យ​កសិកម្ម​ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ កែ​លម្អ​លក្ខខណ្ឌ​ជីវភាពរស់នៅ​ក្នុង​តំបន់​ទីក្រុង​ និង​តំបន់ជនបទ​ ហេដ្ឋារចនាសម្ព័ន្ធ​ ថាមពល​កកើត​ឡើងវិញ​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ និង​ជំនាញ​។

    គំនិត​ផ្តួចផ្តើម​ទាំងនេះ​មាន​គោលបំណង​កែ​លម្អ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ និង​គុណភាព​នៃ​សេវាកម្ម​សម្រាប់​ប្រជាជន​កម្ពុជា​ ក៏ដូចជា​បរិយាកាស​អាជីវកម្ម​ និង​ធុរកិច្ច​ផង​ដែរ​ ដែល​ការ​គាំទ្រ​ដល់​កំណែទម្រង់​វិស័យ​សាធារណៈ​ និង​ការ​កែ​លម្អ​សមត្ថភាព​ស្ថាប័ន​នឹង​នៅតែ​មានការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជាចម្បង​ និង​នៅតែ​ជា​កត្តា​ស្នូល​នៃ​កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។

    លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖ “យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង​នឹង​គាំទ្រ​ដល់​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​ភាព​ប្រកួតប្រជែង​ និង​ពិពិធ​កម្ម​ប្រភព​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ការជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន ការ​កសាង​ឱ្យ​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ និង​ការ​ពន្លឿន​កំណែទម្រង់​អភិបាលកិច្ច​”។

    លោកស្រី​បាន​បន្ថែម​ទៀត​ថា​ យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​កម្ពុជា​នេះ​នឹង​ជួយ​បង្កើត​ឱ្យ​មាន​កាលានុវត្ត​ភាព​ការងារ​កាន់តែ​ប្រសើរ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ តាមរយៈ​ការ​វិនិយោគ​ទៅលើ​ការអប់រំ​ជំនាញ​ និង​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​។ ដោយសារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​ ដូច្នេះ​ការពង្រីក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ទាញ​យក​ប្រយោជន៍​ពី​នវានុវត្តន៍​នានា​ គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​យើង​។

    លោកស្រី​បាន​លើកឡើង​ថា​ ជាមធ្យម​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​ 8.0​% ពីឆ្នាំ1999​-2018​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​នានា​ដែល​មានការ​រីក​ ចម្រើន​រហ័ស​បំផុត​នៅក្នុង​ពិភពលោក​។ ប្រាក់ចំណូល​ដុល​ជាតិ​ក្នុង​ 1នាក់​បាន​កើនឡើង​ពី​ 290​ ដុល្លារ​ក្នុង​ឆ្នាំ1998​ រហូតដល់​ 1.380ដុល្លារ​ក្នុង​ឆ្នាំ2018​។

    ទោះជា​ដូច្នេះ​ក្តី​ ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដោយ​រាប់បញ្ចូល​ទាំង​ភាព​ក្រីក្រ​ក្នុង​ ចំណោម​ស្ត្រីជា​មេ​គ្រួសារ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ជាពិសេស​ជាមួយនឹង​ការងារ​គ្មាន​សុវត្ថិភាព​។ លទ្ធភាព​ទទួល​បាន​បរិក្ខារ​អនាម័យ​នៅ​ស្ថិត​ក្រោម​កម្រិត​មធ្យមភាគ​នៅឡើយ​សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​។ កិច្ច​គាំពារ​សង្គម​នៅ​មានកម្រិត​ ហើយ​ភាព​រីកចម្រើន​ខាង​ផ្នែក​សុខភាព​ អប់រំ​ និង​ទិដ្ឋភាព​ដទៃទៀត​នៃ​ការ​អភិវឌ្ឍ​មនុស្ស​នៅតែ​បន្ត​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​។

    ជាមួយគ្នា​នេះ​ កម្ពុជា​ក៏​ជួបប្រទះ​បរិយាកាស​ពាណិជ្ជកម្ម​សកល​ដែល​គ្មាន​ភាព​ប្រាកដប្រជា​ ព្រមទាំង​កំណើន​នៃ​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ផង​ដែរ​។ ក្រៅពី​នេះ​កិច្ច​ខិតខំ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​វិស័យ​សេវាកម្ម​ និង​កម្មន្តសាល​ បាន​និង​កំពុង​រង​ការ​រាំងស្ទះ​ដោយសារ​កង្វះ​កម្មករ​ជំនាញ​ ភាព​ចន្លោះប្រហោង​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ និង​ឡូ​ជី​ស្ទិ​ក ព្រមទាំង​ដំណើរការ​ធុរកិច្ច​ខ្វះ​តម្លាភាព​។

    លោកស្រី​ Sunniya​ Durrani​-Jamal​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “ការ​លើក​កម្ពស់​សក្តា​នុ​ពល​ និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ ជាពិសេស​នៅក្នុង​វិស័យ​សាធារណៈ​ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​កម្ពុជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​ប្រទេស​”។

    លោកស្រី​បាន​អះអាង​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្តេជ្ញា​នាំមក​នូវ​វិបុលភាព​ បរិ​យា​ប័ន្ន ភាព​ធន់​ និង​និរន្តរភាព​សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ច​ខិតខំ​របស់​ខ្លួន​ក្នុង​ការ​លុបបំបាត់​ភាព​ទីទ័លក្រ​ផង​ដែរ​។

    សូម​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ2018​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សន្យា​ផ្តល់​ឥណទាន​សម្បទាន​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ដែល​មាន​ចំនួន​ទឹកប្រាក់​ 21.6ពាន់​លាន​ដុល្លារ​៕

  • 9ខែ​ឆ្នាំនេះ​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ខណៈ​ដំណាំ​កៅស៊ូ​ប្រទេសជិតខាង​កំពុង​រង​ជំងឺ​

    9ខែ​ឆ្នាំនេះ​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ខណៈ​ដំណាំ​កៅស៊ូ​ប្រទេសជិតខាង​កំពុង​រង​ជំងឺ​

    យោង​តាម​របាយការណ៍​ផ្លូវការ​ចុងក្រោយ​ បាន​ឱ្យ​ដឹង​ថា​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​ កើន​ឡើង​ 23.35​% ក្នុងរយៈពេល​ 9ខែ​នៃ​ឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ចាប់​គិត​ពី​ខែមករា​ ដល់​ខែកញ្ញា​ កម្ពុជា​ផលិត​កៅស៊ូ​បាន​ចំនួន​ 173,072តោន​ ដែល​ធ្វើ​ឱ្យ​រកចំណូល​បាន​ប្រមាណ​ 231លាន​ដុល្លារ​ ដោយ​ផលិតផល​ទាំងអស់​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​បរទេស​។ នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​។

    អគ្គនាយក​ដ្ឋាន​កៅស៊ូ​បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​ថា​ តម្លៃ​កៅស៊ូ​ជាមធ្យម​ក្នុងរយៈពេល​នោះ​បាន​ធ្លាក់ចុះ​ 2% ដោយ​លក់​បាន​ក្នុង​តម្លៃ​ប្រហែល​ 1,335ដុល្លារ​ក្នុង​ 1តោន​។

    លោក​ ឃួន​ ផល្លា​ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ និង​នីតិកម្ម​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ក្នុងអំឡុងពេល​នេះ​សម្រេច​បាន​ 173,072តោន​ កើនឡើង23.35​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ប្រមាណ​ 140,303តោន​។

    លោក​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ក្នុងរយៈពេល​នេះ​ការនាំចេញ​កៅស៊ូ​មានតម្លៃ​ 231លាន​ដុល្លារ​។ លោក​ថ្លែង​ថា​៖ “ការនាំចេញ​កៅស៊ូ​កម្ពុជា​ ភាគច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ តែ​ខ្ញុំ​គិតថា​ បើ​មើល​តាម​ការ​វិវឌ្ឍ​ តម្រូវការ​របស់​ទីផ្សារ​ពិភពលោក​ ការប្រើ​ប្រាស់​កៅស៊ូ​វិញ​ យើង​ឃើញថា​តម្លៃ​វា​នៅ​ថេរ​ ឬកើនឡើង​តិចតួច​ រយៈពេល​ 2-3ឆ្នាំទៅ​មុខ​ទៀត​”។

    យោង​តាម​ក្រុមហ៊ុន​វិនិយោគ​ដែល​ជា​ក្រុមហ៊ុន​ដាំដុះ​ និង​នាំចេញ​កៅស៊ូ​បានឱ្យ​ដឹង​ថា​ កំណើន​នៃ​ការនាំចេញ​កៅស៊ូ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ដោយសារ​កំណើន​នៃ​ដើមកៅស៊ូ​ពេញវ័យ​ត្រូវ​ប្រមូល​ផល​បាន​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។ សម្រាប់​ការនាំចេញ​របស់​ក្រុមហ៊ុន​មួយចំនួន​ មានការ​ធ្លាក់ចុះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​ការ​ថយ​ចុះ​នេះ​គឺ​ដោយសារ​មូលហេតុ​ខ្វះ​កម្លាំង​ចៀរ​ជ័រ​”។

    គិត​ចាប់តាំងពី​ដើម​ត្រីមាស​ទី3​ ឆ្នាំនេះ​ កៅស៊ូ​មាន​តម្លៃ​ចន្លោះ​ពី​ 1,333ដុល្លារ​ ទៅ​ 1,350​ ដុល្លារ​ក្នុង​ 1តោន​ ជា​តម្លៃ​ធ្លាក់ចុះ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​មានតម្លៃ​ប្រហែល​ 1,400ដុល្លារ​ ក្នុង1តោន​។ តម្លៃ​របស់​វា​ធ្លាក់ចុះ​នេះ​ គឺ​មក​ពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ រួម​ទាំង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច2​ គឺ​ចិន​ និង​អាមេរិក​ ហើយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថយ​ចុះ​ ធ្វើ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ថយ​ចុះ​ដែរ​។

    តម្លៃ​កៅស៊ូ​អាច​នឹង​បន្ត​ប្រឈម​ទៀត​ ចាប់ពី​ពេលនេះ​រហូតដល់​ដាច់ឆ្នាំ2019​ នេះ​ ព្រោះ​ប្រទេស​អ្នកបញ្ជា​ទិញ​មួយចំនួន​កំពុង​ងាក​ទៅ​រក​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ដែល​មានតម្លៃ​កៅស៊ូ​ទាប​ជាង​ប្រទេស​នៅ​តំបន់​អាស៊ី​ ហើយក៏​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

    ជាទូទៅ​ ប្រទេស​ក្នុង​តំបន់​អាស៊ី​យើង​ ជាផ្នែក​មួយ​ដែល​បាន​ផ្គត់ផ្គង់​ជ័រកៅស៊ូ​ លើ​ពិភពលោក​ប្រហែល​ប្រមាណ​ជា​ 80​% ប៉ុន្តែ​ថ្មី​ៗនេះ​នៅ​ខាង​ប៉ែក​អាហ្វ្រិក​ គេ​ដាំ​ដើមកៅស៊ូ​បាន​ច្រើន​ គេ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​តម្លៃថោក​ ដោយសារ​ថ្លៃដើម​ផលិត​របស់​គាត់​ទាប​ ដូច្នេះ​ធ្វើ​ឱ្យ​ទីផ្សារ​ងាក​ទៅ​ខាង​អាហ្វ្រិក​វិញ​។

    បើ​តាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ គិត​មកដល់ពេលនេះ​ ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ 434,552​ហិ​កតា​ ក្នុង​នោះ​កៅស៊ូ​ប្រមូល​ផល​មាន​ជាង​ 230,000​ហិ​កតា​ និង​បើ​តាម​របាយការណ៍​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​បង្ហាញថា​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កាលពី​ឆ្នាំ2018​ មានតម្លៃ​ប្រមាណ300​លាន​ដុល្លារ​ ដែល​មាន​បរិមាណ​ 210,000តោន​។

    បន្ថែម​លើ​បញ្ហា​ខាងលើ​នេះ​ វា​ផ្ទុយពី​ស្ថានភាព​នៅក្នុង​ប្រទេស​ផលិត​ផ្សេងទៀត​នៅក្នុង​តំបន់​ ដំណាំ​កៅស៊ូ​បាន​លេចចេញ​នូវ​ជំងឺផ្សិត​ម្យ៉ាង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​កៅស៊ូ​។ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម​ ចម្ការកៅស៊ូ​ត្រូវ​បាន​វាយប្រហារ​ដោយ​សត្វល្អិត​ចង្រៃ​ដែល​ជា​ប្រភេទ​ផ្សិត​។ ជា​លទ្ធផល​ ធ្វើ​ឱ្យ​ការនាំចេញ​របស់​ពួកគេ​ត្រូវ​បាន​វាយតម្លៃ​ថា​ នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​។

    ឯកឧត្តម​ ប៉ុល​ សុ​ផា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ថា​ រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុជា​មិនទាន់​រងគ្រោះ​ដោយសារ​ជំងឺ​នេះ​នៅឡើយ​ទេ​ ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ត្រៀម​រៀបចំ​ទុក​ជាមុន​ហើយ​ក្នុងករណី​មានការ​ផ្ទុះ​ជំងឺ​នេះ​ឡើង​នៅ​ទីនេះ​។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ ក្រុមហ៊ុន​ផលិត​កៅស៊ូ​ក្នុង​តំបន់​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពីដើម​ខែ​នេះ​ យើង​ក៏បាន​ពិភាក្សា​អំពី​វិធី​បង្ការ​ជំងឺ​នេះ​ដែរ​។

    កាលពី​ខែសីហា​ សមាគម​កៅស៊ូ​អន្តរជាតិ​បាន​រាយការណ៍​ថា​ ចម្ការកៅស៊ូ​ធម្មជាតិ​ចំនួន​ 382,000​ហិ​កតា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​។ លោក​ Krissada​ Sangsing​ នាយក​អាជ្ញាធរ​កៅស៊ូ​ថៃ​បាន​មានប្រសាសន៍​ថា​ សត្វ​ចង្រៃ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ និង​កាត់បន្ថយ​ទិន្នផល​នៅ​តាម​តំបន់​ដែល​រងគ្រោះ​នៅក្នុង​ប្រទេស​រហូតដល់​ 50​% បើ​គិត​ត្រឹម​សប្តាហ៍​មុន​ ជំងឺ​នេះ​បាន​បំផ្លាញ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​ប្រមាណ​ 16,000ហិ​កតា​ហើយ​នៅក្នុង​ប្រទេស​ថៃ​។

    ឯកឧត្តម​ ប៉ុល​ សុ​ផា​ បាន​មានប្រសាសន៍​ថា​៖“ មិន​មាន​សញ្ញា​អ្វី​ដែល​បង្ហាញថា​ជំងឺ​នេះ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​យើង​កំពុងតែ​ពិនិត្យមើល​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​នៅ​ទីនេះ​យ៉ាង​ហ្មត់ចត់​ និង​តាមដាន​ស្ថានការណ៍​”។ ចំណែក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ គឺជា​ប្រទេស​ដំបូង​គេ​ដែល​រងគ្រោះ​ដោយសារ​ជំងឺផ្សិត​នេះ​ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម​៕

  • ជួបជាមួយកំពូលតារាល្បីៗក្នុងកម្មវិធីបុណ្យអុំទូក របស់ស្រាបៀរអាន់ឆ័រ នៅកោះពេជ្រ

    ជួបជាមួយកំពូលតារាល្បីៗក្នុងកម្មវិធីបុណ្យអុំទូក របស់ស្រាបៀរអាន់ឆ័រ នៅកោះពេជ្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីពិសេសមួយដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ។កម្មវិធីពិសេសនេះនឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeer.CambodiaBreweryLimited/ ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីប្រចាំ
    ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា លោក ខេមរៈសេរីមន្ត លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក Step លោក ដួង វីរៈសិទ្ធិ កញ្ញា វីឌីណែត អ្នកនាង សុគន្ធនីសា លោក នីកូ កញ្ញា សួស វីសា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុខ ស្រីនាង តារាចម្រៀង K-POP លោក BOBO កញ្ញាMINAជាពិសេសជួបជាមួយនឹងតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េជាច្រើនរូបដូចជាកញ្ញា MISO ក្រុមតារាចម្រៀងស្រី Rose Finger និងក្រុមតារាចម្រៀងប្រុស Alpha Bat និងតារាល្បីៗជាច្រើនរូបទៀត។

    មកទទួលយកភាពសប្បាយរីករាយជាមួយស្រាបៀរអាន់ឆ័រនៅកោះពេជ្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ជួបផ្ទាល់ជាមួយនឹងតារាចម្រៀងល្បីៗ ទស្សនីយភាពប្លែកៗ ក្បាច់រាំដ៏អស្ចារ្យ ការពញ្ញាក់អារម្មណ៍ និងសកម្មភាពកម្សាន្តសប្បាយជាច្រើនទៀត និងកម្មវិធីប្រម៉ូសិនពិសេសរបស់ស្រាបៀរអាន់ឆ័រ។
    សូមចូលរួមទស្សនា និងកម្សាន្តសប្បាយទាំងអស់គ្នា!!!
    ពិសាដោយការទទួលខុសត្រូវ!!!

  • មនុស្ស​គ្រប់គ្នា​គួរ​គិត​ពី​បញ្ហា​ផ្លូវចិត្ត​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​

    មនុស្ស​គ្រប់គ្នា​គួរ​គិត​ពី​បញ្ហា​ផ្លូវចិត្ត​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​

    មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ សុខភាព​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ តែ​នៅពេល​និយាយ​ពី​សុខភាព​ យើង​តែងតែ​នឹកដល់​សុខភាព​ផ្លូវកាយ​ និង​មិនសូវ​ជា​ចាប់អារម្មណ៍​ពី​សុខភាព​ផ្លូវចិត្ត​ប៉ុន្មាន​ឡើយ​។ កត្តា​ទាំងអស់​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​មើល​រំលង​ពី​ធាតុ​ចូល​យ៉ាង​សំខាន់​មួយ​ដែល​ជាផ្នែក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​លើ​ការរស់នៅ​។

    លោក​ អៀង​ សុធា​រ៉ា​ ប្រធាន​សមាគមពាណិជ្ជ​កម្ម​ និង​វិនិយោគ​កម្ពុជា​-ជប៉ុន​ បាន​លើកឡើង​ថា​ បញ្ហា​ផ្លូវចិត្ត​ជាផ្នែក​យ៉ាង​សំខាន់​សម្រាប់​ជីវិត​របស់​យើង​ម្នា​ក់ៗ​ ព្រោះ​ប្រសិនបើ​យើង​មិនបាន​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ល្អ​ទេ​នោះ​ យើង​នឹងអាច​មាន​បញ្ហា​ក្នុង​ការរស់នៅ​។ បញ្ហា​ជំងឺផ្លូវចិត្ត​អាច​ធ្វើ​ឱ្យ​យើង​ម្នា​ក់ៗ​ក្លាយជា​មនុស្ស​ឯកោ​ មាន​វិបត្តិ​ជាប់​ជាប្រចាំ​ មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ ឬរហូតដល់​មាន​អ្នកខ្លះ​សម្រេចចិត្ត​ធ្វើ​អត្ថ​ឃាត​ទៀតផង​។ លើស​ពីនេះ​ទៀត​ បញ្ហា​ផ្លូវចិត្ត​នេះ​ក៏អាច​ប៉ះពាល់​ផង​ដែរ​ដល់​អាជីវកម្ម​ ក៏ដូចជា​សេវាកម្ម​របស់​ម្ចាស់​អាជីវកម្ម​នានា​។ ប្រសិនបើ​នៅក្នុង​ស្ថាប័ន​មួយ​មាន​បុគ្គលិក​ដែល​ស្តែង​ចេញពី​បញ្ហា​ផ្លូវចិត្ត​ច្រើន​ ដូចជា​ទឹកមុខ​ក្រញូវ​ ខឹង​ច្រើន​ អារម្មណ៍​មិន​ស្ងប់​ ភ្លេចភ្លាំង​ច្រើន​ជាដើម​ ស្ថាប័ន​នោះ​នឹង​ប្រឈម​ទៅ​នឹង​ការបាត់បង់​អតិថិជន​ជាក់ជា​មិនខាន​។

    លើស​ពីនេះ​ទៅទៀត​ ប្រសិនបើ​យើង​ជា​អ្នកដឹកនាំ​វិញ​ កាន់តែ​ត្រូវការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ទៅទៀត​ ព្រោះ​កាលណា​អ្នកដឹកនាំ​មាន​វិបត្តិ​ផ្លូវចិត្ត​ ហើយ​សម្រេចចិត្ត​ខុស​ នោះ​អ្នក​នៅ​ក្រោម​បង្គាប់​ និង​ស្ថាប័ន​ទាំងមូល​ក៏​នឹង​មាន​បញ្ហា​ដែរ​។

    លោក​ អៀង​ សុធា​រ៉ា​ បាន​មានប្រសាសន៍​ថា​៖ “យើង​គ្រប់គ្នា​តែងតែ​ពិនិត្យ​សុខភាព​ផ្លូវកាយ​ជា​រៀងរាល់​ឆ្នាំ​ តែ​មិនដែល​បាន​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​នោះ​ទេ​។ ហើយ​ជាក់ស្ដែង​ចំពោះ​កុមារ​វិញ​ យើង​ឃើញ​ថា​ គ្រាន់តែ​ពួកគេ​កើតមក​ភ្លាម​ អាណាព្យាបាល​បាន​យក​គេ​ទៅ​ចាក់​វ៉ាក់សាំង​ភ្លាម​ ដើម្បី​ការពារ​ជំងឺ​ផ្លូវកាយ​ តែ​យើង​មិនដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវចិត្ត​ទេ​។ ហេតុនេះ​ហើយ​ទើប​យើង​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត​ជាច្រើន​”។

    សហគ្រិន​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​ផ្លូវចិត្ត​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​បានការ​ពារ​ និង​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​ការរស់នៅ​ ឬធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្សម្នាក់​ដែល​មនុស្ស​គ្រប់គ្នា​ចង់​រាប់រក​ និង​នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​។ កាលណា​ យើង​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ ការ​និយាយ​ស្តី​ ឬសកម្មភាព​របស់​យើង​នឹង​នាំមក​នូវ​ភាព​វិជ្ជមាន​ ដែល​ជា​ឥទ្ធិពល​វិជ្ជមាន​នាំមក​នូវ​សេចក្តី​សុខ​សម្រាប់​ខ្លួនឯង​ មនុស្ស​ជុំវិញ​ខ្លួន​ និង​សង្គម​របស់​យើង​ទាំងអស់គ្នា​។

    បញ្ហា​ជំងឺផ្លូវចិត្ត​ ឬភាព​តានតឹង​ផ្នែក​អារម្មណ៍​នេះ​ជា​បញ្ហា​សកល​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ព្រោះ​វា​ធ្វើ​ឱ្យ​មនុស្ស​សម្លាប់​ខ្លួន​ជាច្រើន​ជា​រៀងរាល់​ឆ្នាំ​។ មាន​ប្រទេស​ខ្លះ​បាន​ចាប់ផ្តើម​បង្កើត​ស្ថាប័នជាតិ​ដើម្បី​គាំពារ​ និង​ទប់ស្កាត់​នូវ​បញ្ហា​ផ្លូវចិត្ត​នេះ​ ខណៈ​ប្រទេស​មួយចំនួន​ផ្សេងទៀត​បាន​បញ្ចូល​ការអប់រំ​ចិត្តសាស្ត្រ​នានា​ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ ដូចជា​ការ​ដាក់បញ្ចូល​កម្មវិធី​ធ្វើស​មា​ធិ​ និង​កម្មវិធី​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​ជាដើម​នៅក្នុង​សាលារៀន​។

    លោក​វេជ្ជបណ្ឌិត​ យឹម​ សុ​បុត្រា​ ឯកទេស​ខាង​វិកល​វិទ្យា​ នាយក​ផ្នែក​ជំងឺផ្លូវចិត្ត​ និង​ការបំពាន​គ្រឿងញៀន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ​;បាន​លើក​ឡើង​ថា​ បញ្ហា​ផ្លូវចិត្ត​ជា​បញ្ហា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជនទូទៅ​ ព្រោះ​ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ដែល​ងាយ​មើល​ ឬព្យាបាល​ប៉ុន្មាន​នោះ​ទេ​។ ជាក់ស្តែង​ប្រសិនបើ​យើង​មាន​ជំងឺ​ផ្នែក​ផ្លូវកាយ​ យើង​អាច​អេកូ​មើលឃើញ​ ហើយ​ដោះស្រាយ​វា​បាន​ភ្លាម​។ ប្រសិន​យើង​មាន​ជំងឺរាក​រូស​ យើង​អាច​ព្យាបាល​វា​បាន​ភ្លាម​ ប្រសិនបើ​យើង​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ ក៏​ពេទ្យ​អាច​វះកាត់​យកចេញ​បា​នភ្លាមៗ​ដែរ​ តែ​ប្រសិនបើ​យើង​មាន​ជំងឺផ្លូវចិត្ត​វិញ​ មកទល់​បច្ចុប្បន្ន​នេះ​ គ្មាន​ម៉ាស៊ីន​ណា​អាច​អេកូ​ ឬពិនិត្យមើល​ឃើញ​នោះ​ទេ​។

    ហេតុនេះ​វា​ទាមទារ​ឱ្យ​មានការ​សង្កេត​ តាមដាន​ និង​វាយតម្លៃ​ដោយ​យកចិត្ត​ទុកដាក់​ ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ល្អ​ ព្រោះ​វា​កើតឡើង​ពីក​ត្តា​សង្គម​ និង​កត្តា​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។

    លោក​វេជ្ជបណ្ឌិត​ យឹម​ សុ​បុត្រា​ បាន​និយាយ​ថា​៖ “បញ្ហា​ផ្លូវចិត្ត​នេះ​អាច​កើតមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ ព្រោះ​វា​កើតឡើង​ដោយសារ​សម្ពាធ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ព្យាបាល​ដើម្បី​កុំឱ្យ​វា​រាលដាល​ទៅជា​បញ្ហា​ផ្សេង​ៗទៀត​”។

    អ្នកជំនាញ​ផ្នែក​ជំងឺផ្លូវចិត្ត​ខាងលើ​បាន​លើក​ឡើង​ផង​ដែរ​ថា​ បញ្ហា​ផ្លូវចិត្ត​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្មារតី​របស់​យើង​មាន​បញ្ហា​ប៉ុណ្ណោះទេ​ តែ​វា​ថែមទាំង​បង្កើត​បញ្ហា​ដល់​ផ្នែក​ផ្លូវកាយ​ទៀតផង​។ មាន​អ្នកជំងឺ​ខ្លះ​គាត់​មាន​បញ្ហា​ឈឺក្រពះ​មិន​បាត់​ ឬមាន​បញ្ហា​នានា​ផ្សេង​ៗទៀត​ ហើយ​ព្យាបាល​មិនជា​ ដែល​កត្តា​នេះ​អាច​បណ្តាល​មក​ពី​បញ្ហា​ផ្លូវចិត្ត​។ ជំងឺ​ដែល​កើតឡើង​ដោយ​បញ្ហា​ផ្លូវចិត្ត​ ត្រូវការ​ដោះស្រាយ​ដោយ​វិធី​សាស្រ្ត​ផ្លូវចិត្ត​ បើមិនដូច្នោះទេ​ ទោះ​ដាក់ថ្នាំ​យ៉ាងណា​ក៏​មិន​បាត់​ដែរ​។ ហេតុនេះ​ប្រជាជន​គ្រប់គ្នា​គួរ​យកចិត្ត​ទុកដាក់​ និង​ព្យាយាម​រក្សា​ឱ្យ​បាន​នូវ​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​ ដើម្បី​ចៀសវាង​បញ្ហា​នានា​ដែល​កើតឡើង​ ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​៕

  • ប្រាសាក់ ទទួលបានពាក្យបម្រើការងារជាច្រើន ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ 2019

    ប្រាសាក់ ទទួលបានពាក្យបម្រើការងារជាច្រើន ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ 2019

    ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ និងជានិយោជកនៃជម្រើស បានផ្តល់ឱកាសការងារជាច្រើនមុខតំណែងដល់សិស្សនិស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ 2019 នៅកោះពេជ្រ កាលពីថ្ងៃទី 2 ទី 3 ខែវិច្ឆិកា កន្លងមកនេះ។ក៏ដូចជាបណ្ដាឆ្នាំមុនៗដែរ សម្រាប់ឆ្នាំនេះ មាននិស្សិតនិងបេក្ខជនជាច្រើនកុះករបានមកទស្សនាស្ដង់ និងដាក់ពាក្យបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលនេះបង្ហាញឱ្យឃើញថា ប្រាសាក់ គឺជាស្ថាប័នដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកស្វែងរកការងារធ្វើ។លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ជាគ្រឹះស្ថានដ៏ល្អសម្រាប់ចាប់ផ្តើមអាជីពការងារ និងរីកចម្រើនជាមួយគ្នា។ ប្រាសាក់ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ អភិវឌ្ឍនិងបង្កើនសមត្ថភាពបុគ្គលិក និងផ្តល់និរន្តរភាពការងារយូរអង្វែង។លោក ហុន្នី បានបន្ថែមទៀតថា ប្រាសាក់ ផ្តល់ជូនប្រាក់បៀវត្ស រង្វាន់លើកទឹកចិត្តនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមមាន ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឯកសណ្ឋាន ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន កន្លែងស្នាក់នៅ ឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ឈប់សម្រាកលំហែមាតុភាពនិងបិតុភាព ឈប់សម្រាកពេលមានជំងឺ ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ និងអត្ថប្រយោជន៍ផ្សេងទៀតៗ។
    អ្វីដែលពិសេសនាថ្ងៃពិព័រណ៍ការងារនោះ ប្រាសាក់ បានផ្តល់ការប្រឹក្សាលើការងារដោយក្តីរាក់ទាក់ រីករាយ ស្និទ្ធិស្នាល និងផ្តល់ជាវិធីសាស្ត្រក្នុងការជួយដល់បងប្អូនសិស្សនិស្សិតឱ្យទទួលបានអាជីពការងារជោគជ័យសម្រាប់ទិសដៅការងារនាពេលអនាគតរបស់ខ្លួន។គិតត្រឹមត្រីមាសទី 3 ឆ្នាំ 2019 នេះ ប្រាសាក់ មានបុគ្គលិកសរុបប្រមាណជា 9,000 នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា។
    សម្រាប់បងប្អូនដែលខកខាន មិនបានចូលរួមក្នុងពិព៌ណការងារនេះ បងប្អូនក៏នៅតែមានឱកាសទទួលបានការងារពីប្រាសាក់ ដោយគ្រាន់តែផ្ញើប្រវត្តិរូបសង្ខេប (ឬ CV) មកកាន់អ៊ីម៉ែល [email protected]

  • បណ្ដុំ​កសិករ​ស្រុក​រលាប្អៀរ​ ងាក​មក​ដាំ​បន្លែ​គ្រប់មុខ​បង្កើន​ចំណូល​គ្រួសារ​

    បណ្ដុំ​កសិករ​ស្រុក​រលាប្អៀរ​ ងាក​មក​ដាំ​បន្លែ​គ្រប់មុខ​បង្កើន​ចំណូល​គ្រួសារ​

    ដំណាំ​ខ្ទឹមស្លឹក​ ភ្លៅកង្កែប​ និង​ជីរ​គ្រប់មុខ​ ជា​បន្លែ​មួយ​ប្រភេទ​ដែល​កសិករ​កម្ពុជា​និយម​ដាំ​ និង​បរិភោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ដោយសារតែ​បន្លែ​ទាំងនេះ​មាន​ក្លិនក្រអូប​ឈ្ងុយ​ និង​អាច​ច្នៃ​ធ្វើជា​អាហារ​បាន​ច្រើនយ៉ាង​ ដូចជា​ញ៉ាំ​ជា​អន្លក់​ ហូប​ឆៅ​ ជ្រក់​ និង​ឆា​ឬស្ល​ក៏បាន​។ លើស​ពីនេះ​ វា​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​ ដែល​ជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​ទៀតផង​។

    ដោយ​មើលឃើញ​គុណប្រយោជន៍​ និង​តម្រូវការ​ច្រើន​ និង​រៀងរាល់ថ្ងៃ​នៅ​លើ​ទីផ្សារ​ ទើប​សហគមន៍​កសិកម្ម​ដែល​ជា​បណ្តុំ​កសិករ​ផលិត​បន្លែ​ និង​ពហុ​ដំណាំ​នៅ​ភូមិ​ត្រពាំង​ក្រពើ​ ឃុំ​ទឹកហូត​ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា​ដាំដំណាំ​បន្លែ​ ខ្ទឹមស្លឹក​ ភ្លៅកង្កែប​ និង​ជីរ​គ្រប់មុខ​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ជាង​ 10ហិ​កតា​ រួម​ជាមួយនឹង​ដំណាំរួមផ្សំ​ផ្សេងទៀត​ដូចជា​ ស្ពៃក្រញាញ់​ ត្រសក់​ សណ្តែក​កួរ​ ននោង​ ម្រះ​ ត្រឡាច​ ត្រប់​ ត្រកួន​ និង​សណ្តែក​ដី​ ជាដើម​។

    អ្នកស្រី​ រិទ្ធ​ ចន្ថា​ ប្រធាន​បណ្តុំ​កសិករ​ផលិត​បន្លែ​ សហគមន៍​កសិដ្ឋាន​ពហុ​ដំណាំ​ (សហគមន៍​ទឹក​ហូត​មានជ័យ​ក្តី​សង្ឃឹម​) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក70គ្រួសារ​ដោយ​ទទួល​បានការ​បណ្តុះបណ្តាល​បច្ចេកទេស​តាម​រយ:គម្រោង​ ASPIRE​ របស់ក្រ​សួង​កសិកម្ម​ និង​តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ កសិករ​តំបន់​នេះ​បាន​ប្តូរ​ពី​ដាំដំណាំ​ស្រូវ​ មក​ដាំដំណាំ​បន្លែ​ចម្រុះ​ពេញ​ 1ឆ្នាំ​វិញ​ម្ដង​”។

    អ្នក​ស្រី​ចន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​ដំណាំ​បន្លែ​ចម្រុះ​ ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 15​ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បាន​ផល​ជាប្រចាំ​ជាមធ្យម​ ដូចជា​បន្លែ​ខ្ទឹមស្លឹក​ 1តោន​កន្លះ​ ទៅ​ 2តោន​ ក្នុង1ថ្ងៃ​។ ភ្លៅកង្កែប​ទទួល​បាន​ជាមធ្យម​ 300​-400គីឡូក្រាម​ ក្នុង1ថ្ងៃ​។ចំណែក​ឯជីរ​គ្រប់មុខ​វិញ​ យើង​ទទួល​បានផល​ជាប្រចាំ​ជាមធ្យម​ពី​ 50ទៅ​ 100គីឡូក្រាម​ក្នុង1ថ្ងៃ​។ ប៉ុន្តែ​បន្លែ​របស់​សហគមន៍​ខ្ញុំ​ យើង​ដាំ​មាន​លក្ខណៈ​ខុសពី​បន្លែ​នៅ​លើ​ទីផ្សារ​បន្តិច​ត្រង់ថា​ ខ្ញុំ​មិន​ប្រើ​ជីគីមី​ទេ​ ជា​បន្លែ​សុវត្ថិភាព​ ដាំ​តាម​ធម្មជាតិ​ និង​តាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​”។

    អ្នកស្រី​ ក៏បាន​ប្រាប់​ អំពី​វិធីសាស្ត្រ​ដាំដុះ​ដែរ​ថា​ខ្ទឹមស្លឹក​ជាដំណាំ​មួយ​ប្រភេទ​ដែល​មិន​ពិបាក​ថែទាំ​ណាស់ណា​ទេ​ ដោយ​គ្រាន់តែ​ត្រូវ​ស្រោចទឹក​ច្រើន​បន្តិច​។ មុននឹង​ដាំ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ 2ទៅ​ 3ដង​ដើម្បី​ឱ្យ​ដី​ឆ្អិន​ល្អ​ បើ​ដី​មិន​ឆ្អិន​ល្អ​ ក៏​ដាំ​មិនសូវ​បានផល​ដែរ​។ ក្រោយពី​ហាល​ដី​រួច​ ត្រូវ​យក​ជីកំប៉ុស​ ឬជីលា​មក​គោ​ទៅ​បាច​ហើយ​ភ្ជួរ​លុប​ រួច​ទើប​លើក​ជាង​រង​។

    បន្ទាប់មក​យក​ពូជ​ទៅ​ដាក់ដាំ​ ដោយ​ត្រូវ​គ្រប​ចំបើង​ពីលើ​ និង​ស្រោចទឹក​ក្នុង​ 1ថ្ងៃ​ 2ដង​ ព្រឹក​-ល្ងាច​ជាប្រចាំ​ ព្រមទាំង​មើលថែ​ទាំ​ដកស្មៅ​ ហើយនិង​ដាក់​ជី​ ព្រមទាំង​ពិនិត្យមើល​សត្វល្អិត​ បើសិនជា​មាន​ត្រូវ​តែ​បាញ់ថ្នាំ​សម្លាប់​។ ចាប់តាំងពី​ដាំ​រហូតដល់​ដក​លក់​ គឺ​ត្រូវ​ប្រើ​រយៈពេល​ពី​ 1ខែ​ 5ថ្ងៃ​ ទៅ1ខែ​ 10ថ្ងៃ​ ហើយ​ក្នុង​ 1ហិ​កតា​ យើង​អាច​ទទួល​បាន​ទិន្នផល​ពី​ជាង​ 5ទៅ​ 6តោន​។

    អ្នកស្រី​ ចន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​ ចំណែក​ដំណាំ​ភ្លៅកង្កែប​វិញ​ ក៏​មិន​ពិបាក​ដាំ​ដែរ​។ យើង​ដាំ​ដោយ​ស្ទូង​ដូច​ដំណាំស្រូវ​ដែរ​ ក្នុងរយៈពេល​ 1ខែ​ទៅ​ 1ខែ​កន្លះ​ កសិករ​អាច​ប្រមូល​ផល​បាន​ហើយ​ គឺ​យើង​អាច​ច្រូត​ ឬដក​វិល​ជុំ​រាល់ថ្ងៃ​ក៏បាន​។ដំណាំ​ជី​ភ្លៅកង្កែប​នេះ​ វា​ត្រូវការ​ទឹក​ជប់​ ឬទឹក​ចេញពី​ក្រោម​ដី​ច្រើន​ បើ​ដាំ​លើ​ដីខ្មៅ​ វា​នឹង​ឱ្យ​ផល​ច្រើនជាង​ដាំ​លើ​ដីល្បាយខ្សាច់​ ឬដីក្រហម​។ ដំណាំ​ភ្លៅកង្កែប​ត្រូវការ​ជីធម្មជាតិ​ ជីលា​មក​គោ​តិចតួច​ដែរ​ ដើម្បី​ជួយ​ដើម​ និង​ស្លឹក​ឱ្យ​កាន់តែ​ថ្លោស​។ ដំណាំ​មួយ​នេះ​ អាច​ប្រឈម​នឹង​ដង្កូវ​ សត្វល្អិត​ ចៃ​ និង​បើ​អាកាសធាតុ​ប្រែប្រួល​រហ័ស​ពេក​ ក៏​វា​អាច​រលួយ​ខូច​អស់​ផង​ដែរ​។ តែ​ប្រភេទ​ដង្កូវ​ សត្វល្អិត​ ឬចៃ​នេះ​ កសិករ​អាច​កម្ចាត់​បាន​ដោយ​ប្រើ​ថ្នាំពុល​ធម្មជាតិ​បាញ់សម្លាប់​វា​។

    អ្នកស្រី​ប្រធាន​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ ចំពោះ​រឿង​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​វិញ​ បន្លែ​របស់ខ្ញុំ​អាច​លក់​បាន​ គឺ​ខ្ទឹមស្លឹក​តម្លៃ​ 4,800រៀល​ក្នុង​1គីឡូ​(ខ្ទឹមស្លឹក​ 2,000kg​ x 4,800​៛= 9,600,000​៛/ថ្ងៃ​) ភ្លៅកង្កែប​តម្លៃ​ 4,500រៀល​ក្នុង​ 1គីឡូក្រាម​(ភ្លៅកង្កែប​ 400kg​ x 4,500​៛ = 2,160,000​៛/ថ្ងៃ​) និង​ជីរ​គ្រប់មុខ​តម្លៃ​ 1គីឡូក្រាម​ តម្លៃ​ 4,000រៀល​(ជីរ​គ្រប់មុខ​ 100kg​ x 4000​៛= 400,000​៛/ថ្ងៃ​)។ ដូចនេះ​ក្នុង​ 1ថ្ងៃ​ សហគមន៍​ខ្ញុំ​ អាច​រកចំណូល​សរុប​បាន​ប្រមាណ​ជា​ 12,160,000រៀល​ដែរ​។

    អ្នកស្រី​បាន​បញ្ជាក់​ថា​ បន្លែ​ដែល​ពួកគាត់​ដាំ​បាន​ គឺ​មិន​ភ័យ​បារម្ភ​រឿង​ទីផ្សារ​នោះ​ទេ​ មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ​ ហើយ​មាន​គេ​មក​ប្រមូល​ទិញ​ដល់​រង​បន្លែ​តែម្តង​ ដោយ​ពួកគាត់​គ្រាន់តែ​កាត់​រួច​ច្រក​ថង់​ទុក​ តាម​ការ​កុម្ម៉ង់​ទិញ​របស់​ម៉ូយ​ជាការស្រេច​ ចំណែក​តម្លៃ​ខាងលើ​ហ្នឹង​ ក៏​ល្អ​គួរសម​ អាច​ទទួលយក​បាន​។អ្នក​ស្រី​ចន្ថា​បាន​បញ្ជាក់​ថា​៖“ការ​រក​ទីផ្សារ​លក់​ចេញ​របស់ខ្ញុំ​គឺ​ មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​ខ្ញុំ​ បាន​លក់​ឱ្យ​ឈ្មួញ​ ដោយធ្វើ​កិច្ចសន្យា​ជាមួយ​ឈ្មួញ​កណ្តាល​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ទៅតាម​ទីផ្សារ​ និង​បាន​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​តាម​បណ្តា​ខេត្ត​ មាន​ខេត្តពោធិ៍សាត់​ និង​បាត់ដំបង​ជាដើម​ទៀតផង​”។

    អ្នកស្រី​ ចន្ថា​ បាន​សម្តែង​ទឹកចិត្ត​សោមនស្ស​ដោយ​បាន​បញ្ជាក់​ថា​ សហគមន៍​របស់​អ្នកស្រី​ មាន​បំណង​ចង់​ពង្រីក​ផលិតកម្ម​បន្លែ​បន្ថែម​តាម​លទ្ធភាព​ ដោយសារ​ទីផ្សារ​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ហើយ​តាម​រយ​: ការពង្រីក​ផលិតកម្ម​នេះ​ អ្នកស្រី​ក៏​សង្ឃឹម​ថា​ ចំណូល​គ្រួសារ​របស់​សមាជិក​សហគមន៍​នឹង​កើន​ដល់​ 5,000ដុល្លារ​/ឆ្នាំ​ ដែល​គ្រួសារ​មួយចំនួន​ទទួល​បាន​ប្រមាណ​ជា​ 2-3ពាន់​ដុល្លារ​/ឆ្នាំ​ រួចហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

    អ្នកស្រី​ រិទ្ធ​ ចន្ថា​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ទៀត​ថា​៖“សហគមន៍​ខ្ញុំ​ បាន​ដាំដំណាំ​ទាំង​នេះ​ក្នុង​លក្ខណៈ​វិល​ជុំ​ ដែល​អាច​ឱ្យ​សហគមន៍​យើង​ប្រមូល​ផល​បាន​ជាប្រចាំ​ ហើយ​នៅ​លើ​ផ្ទៃដី​ដំណាំ​ដែល​យើង​មាន​នេះ​ ក៏​យើង​អាច​ដាំ​រួមផ្សំ​ជាមួយ​បន្លែ​ដទៃទៀត​ ដែល​យើង​អាច​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​បាន​ដែរ​ ដោយ​យើង​លក់​រួម​ជាមួយនឹង​សហគមន៍​ផ្សេងទៀត​ដែលគេ​មាន​ដាំដំណាំ​បន្លែ​នេះ​ដែរ​ តែ​បច្ចុប្បន្ន​នេះ​ តម្រូវការ​មាន​កាន់តែ​ច្រើនឡើង​ ទើប​យើង​ចង់​ពង្រីក​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”។

    ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ ក្រសួង​កសិកម្ម​ក៏​ធ្លាប់​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ក្រុម​បណ្តុំ​កសិករ​ដាំ​បន្លែ​ និង​កសិដ្ឋាន​ពហុ​ដំណាំ​សហគមន៍​ទឹកហូត​មានជ័យ​ក្តី​សង្ឃឹម​នេះ​ផង​ដែរ​ និង​ចូលរួម​បាន​អបអរ​ចំពោះ​សមិទ្ធផល​ដែល​ប្រជាកសិករ​ទទួល​បាន​នា​ពេលនេះ​ ដោយ​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ផលដំណាំ​ គឺ​ប្រាក់ចំណូល​ និង​ការ​ជួបជុំ​ និង​សុភមង្គល​ក្នុង​គ្រួសារ​។

    ឯកឧត្តម​បាន​បញ្ជាក់​ប្រាប់​បងប្អូន​ប្រជាកសិករ​ថា​ ជាក់ស្តែង​សមិទ្ធផល​ទាំងអស់​នេះ​ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ យកចិត្ត​ទុកដាក់​របស់​បងប្អូន​ផ្ទាល់​ ម្ចាស់​ជំនួយ​ អ្នក​អនុវត្តន៍​គម្រោង​ រួមផ្សំ​ជាមួយ​ការ​យកចិត្ត​ទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​ ងាយស្រួល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុមរមនា​ ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមសត្វ​ ចិញ្ចឹម​ត្រី​ និង​ដាំដំណាំ​តាម​លទ្ធភាព​រៀង​ៗខ្លួន​ដើម្បី​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។

    ដូច្នេះ​ ឯកឧត្តម​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ លើ​ការងារ​បង្កបង្កើនផល​ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផលិត​ ធានា​គុណភាព​ លើកកម្ពស់​សមត្ថភាព​កែច្នៃ​ការ​វេច​ខ្ចប់​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ​ ដើម្បី​កំណើន​ចំណូល​គ្រួសារ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​៕