បុរសៗសម័យថ្មី ម៉ូដសម្លៀកបំពាក់គឺត្រូវតែទាន់សម័យ ទោះបីជានៅក្នុង ដំណើរកម្សន្តក៏ត្រូវតែទាន់សម័យ និងស្រស់សង្ហាដែរ មែនទេ! បុរសៗ? សូមក្រឡេកមើលទៅម៉ូដសម្លៀកបំពាក់នៅក្នុងទំព័រនេះបន្តិចមើល៎ គឺពិតជា ស្រស់ស្អាត និងពេញនិយមខ្លាំងណាស់។ ដូច្នេះបុរសៗទាំងអស់ សូមរីករាយជាមួយនឹងការលេងស្តាយល៍សម្លៀកបំពាក់សម្រាប់ដំណើរកម្សាន្តក្នុងដំណើរកម្សាន្តក្រោយរៀបអាពាហ៍ពាហ៍របស់អ្នកឱ្យអស់ដៃម្តងមើល៍!

Author: ធឿន មករា

ម៉ូដសម្លៀកបំពាក់ដើរកម្សាន្តបែបងាយៗ ស្រស់សង្ហាសម្រាប់បុរសសម័យថ្មី

មន្ត្រីសេដ្ឋកិច្ចជាតិ៖ សេដ្ឋកិច្ចឌីជីថល គឺជាគំនាស់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច
កិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ “ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា៖ ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា” ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស (ODI) និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CDRI) នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ កាលពីដើមខែវិច្ឆិកា ឆ្នាំ2019 បានក្លាយជាព្រឹត្តិការណ៍ថ្មីមួយទៀតនៃការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា បន្ទាប់ពីក្រុមការងារសេដ្ឋកិច្ចជាតិបានធ្វើទស្សនកិច្ចសិក្សាទៅតំបន់ស៊ីលីខុន វ៉ាលលេ និងការរៀបចំកិច្ចប្រជុំតុមូលជាមួយធនាគារពិភពលោក ឬ WB នៅសហរដ្ឋអាមេរិកកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីបន្តផ្តល់នូវវេទិកាសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរគំនិតទស្សនៈក្នុងគោលដៅកំណត់ឱ្យបាននូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងរយៈពេលវែង។
ឯកឧត្តមបន្តថា បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តន៍បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឬហៅថា បដិវត្តន៍ឧស្សាហកម្មទី4 (IR 4) ដែលមានបច្ច័យយ៉ាងធំធេងមកលើការអភិវឌ្ឍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព។
បដិវត្តន៍ឧស្សាហកម្មទី4 នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើការបង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស ការបង្តើនផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង។
ក៏ប៉ុន្តែបដិវត្តន៍ឧស្សាហកម្មទី4 នេះក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗបន្ថែមពីលើបញ្ហាប្រឈមនានាដែលមានស្រាប់ផងដែរ។ ក្នុងបរិបទនេះ កម្ពុជាចាំបាច់ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់ខ្លួន ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន និងធន់រឹងមាំ ពិសេសការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាដូចជា៖ 1-ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)។ 2-ការបង្កើត និងដាក់ឱ្យដំណើរការ-មជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មីតេជោ។ 3-ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព(EPC)។ 4-ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។
ជាលទ្ធផលជាក់ស្តែង ការរៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មី និងសហគ្រិនភាព កំពុងតែមានវឌ្ឍនភាពទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ វប្បធម៌សហគ្រិនភាពកាន់តែត្រូវបានលើកកម្ពស់ ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមជំរុញនវានុវត្តន៍ និងធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយក៏មានគ្រឹះស្ថាន បណ្តុះបណ្តាល និងសាកលវិទ្យាល័យខ្លះបានដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញ និងសហគ្រិនភាពនេះជាបណ្តើរៗផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានស្នើដល់អង្គប្រជុំ ធ្វើការពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើអាទិភាព និងយុទ្ធសាស្ត្រចំនួន5 សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជាដែលរួមមាន៖
1-ការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងការផ្តល់សេវាសា ធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាគំនាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ។2-ការជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាខ្សែកាប្លិ៍អុបទិក ខ្សែកាប្លិ៍អុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញសេវាកម្មដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអុីនធើណិតកាន់តែមានល្បឿនលឿន ហើយតម្លៃកាន់តែថោកជាងមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេស។
3-ការបង្កើនសមត្ថភាព និងអក្ខរកម្មឌីជីថលពិសេសជូនដល់ស្រទាប់យុវជន ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងពីទីផ្សារឌីជីថលតាមរយៈការបង្កើនគុណភាពអប់រំ ការលើកកម្ពស់ការបណ្តុះបណ្តាលSTEAM និងការអភិវឌ្ឍជំនាញឌីជីថលព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)។
4-ការបង្កើតក្របខ័ណ្ឌគោលនយោបាយ ច្បាប់ បទប្បញ្ញតិ្ត និងបទដ្ឋានស្តង់ដា ក្នុងគោលដៅធានា សន្តិសុខផ្នែកឌីជីថល ដូចជាការពង្រឹងការគ្រប់គ្រងទិន្នន័យ ការការពារទិន្នន័យឯកជន និងការទប់ ស្តាត់បទល្មើសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានជាដើម។ល។ 5-ការជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសម្រាប់លើកស្ទួយសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី(Startup) ក្នុងវិស័យឌីជីថល។
ប៉ុន្តែ ទាំងអស់នេះ វាក៏អាចមានបច្ច័យអវិជ្ជមានដល់ទីផ្សារការងារបច្ចុប្បន្នផងដែរ ដោយសារតែនវានុវត្តន៍ថ្មីៗ អាចនឹងជំនួសឱ្យការងារដែលប្រើប្រាស់កម្លាំងពលកម្មរូបវន្ត។ ដូច្នេះ កម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីធានាឱ្យកម្លាំងពលកម្មរបស់ខ្លួនអាចសម្របខ្លួន និងទទួលយកនូវការធ្វើឌីជីថលភាវូបនីយកម្មនេះឱ្យបានជាប្រព័ន្ធ និងប្រកបដោយភាពរស់រវើក ក៏ដូចជាការអប់រំផ្នែកទស្សនៈ និងផ្នត់គំនិតដែរ។
ជាមួយគ្នានេះ កម្ពុជាត្រូវតែផ្តល់ការបណ្តុះបណ្តាលនូវជំនាញពាក់ព័ន្ធសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគតជូនដល់កម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗដែលជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្ម។
ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ផងដែរថា៖“សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាគំនាស់ថ្មី (New leverage) នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 របស់រាជរដ្ឋាភិបាលកម្ពុជា”៕

សក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មកែច្នៃជំរុញគោលដៅកសិករវ័យឆ្លាត
សក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា នៅមានទំហំធំធេងណាស់ ដោយក្នុង1ឆ្នាំៗវិស័យនេះអាចផលិតបាននូវទិន្នផលក្នុងតម្លៃចន្លោះចាប់ពី 15ពាន់លានដុល្លារ ដល់ 18ពាន់លានដុល្លារលើផ្ទៃដីកសិកម្មដែលកំពុងមានស្រាប់នាពេលបច្ចុប្បន្ន។ នេះបើតាមការថ្លែងបញ្ជាក់របស់លោកអគ្គនាយកក្រុមហ៊ុនវិនិយោគ កុល វាសនា នៅឯវេទិកាស្តីពីវិស័យកសិកម្ម និងឧស្សាហកម្មសតវត្សរ៍ទី21 លើប្រធានបទ៖ “កសិករវ័យឆ្លាត និងអនាគតកម្ពុជា”។
លោក នង វាសនា អគ្គនាយកក្រុមហ៊ុនវិនិយោគ កុល វាសនា ក្នុងនាមជាក្រុមហ៊ុនវិនិយោគដ៏ធំមួយក្នុងវិស័យកសិកម្ម និងវិស័យឧស្សាហកម្មកែច្នៃ លោកបានថ្លែងថា៖ “នៅកម្ពុជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃ ផលិតបានយ៉ាងតិចក្នុងតម្លៃចន្លោះពី15 ទៅ 18ពាន់លានដុល្លារក្នុង1ឆ្នាំ នៅលើផ្ទៃដីកសិកម្មដែលដាំដុះបច្ចុប្បន្ន ដោយមិនបាច់កាប់ទន្ទ្រានព្រៃយកដីថ្មីបន្ថែមនោះទេ ដោយគ្រាន់តែប្រើប្រាស់នូវបច្ចេកទេស និងការដាំដុះឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ”។
លោក វាសនា បានបញ្ជាក់បន្ថែមថា៖ “ការធ្វើកសិកម្មទាល់តែយើងប្រើបច្ចេកទេសត្រឹមត្រូវ ហើយមានភាពវៃឆ្លាត ដោយត្រូវធ្វើអ្វីដែលមានភាពច្បាស់លាស់ ចេះឱ្យច្បាស់ បើថាដាំដូង ត្រូវដាំឱ្យច្បាស់ជាដូង ដាំទុរេនដាំឱ្យច្បាស់ជាទុរេន នោះយើងនឹងជោគជ័យហើយ”។
លោកបានបន្តថា៖ “ប្រសិនជាយើងចង់ធ្វើជាកសិករជោគជ័យនោះ ប្រសិនបើប្រទេសជិតខាងយើងធ្វើបាន យើងខំប្រឹងធ្វើឱ្យបានប្រហាក់ប្រហែលគេ ឬក៏ពូកែជាងគេ ទើបយើងអាចជោគជ័យបាន ព្រោះថា ការជួញដូរពាណិជ្ជកម្ម ទោះបីជាក្នុងវិស័យកសិកម្មក៏ការប្រកួតប្រជែងមានលក្ខណៈតានតឹងដូចពាណិជ្ជកម្មផ្សេងៗទៀតដែរនៅលើទីផ្សារអន្តរជាតិ។ មានតែយើងខ្លាំងទេ ទើបយើងអាចផលិតនូវផលិតផលល្អៗបានលឿន បានច្រើន និងមានតម្លៃថោក គុណភាពខ្ពស់ នោះយើងអាចទទួលជោគជ័យបាន ទោះតម្លៃទីផ្សារបែបណា ក៏យើងនៅតែអាចទៅរួចដែរ”។
ស្របទៅនឹងការចង្អុលបង្ហាញនេះ នាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងនៅក្នុងវេទិកា“ការផ្គូផ្គងអាជីវកម្មអាហារ និងកសិ-ឧស្សាហកម្មឆ្នាំ2019” ថា ផលិតផលកសិកម្មរបស់យើងកាលពីមុនមក គឺធ្វើគ្រាន់តែផ្គត់ផ្គង់ជីវភាព និងការនាំចេញ គឺមានតិចតួច ហើយបើមកដល់ពេលបច្ចុប្បន្ននេះវិញ គឺមានការនាំចេញច្រើនដែលអាចឈានចូលដល់ក្នុងទីផ្សារអន្តរជាតិបាន។
ដូចនេះយើងទាំងអស់គ្នាត្រូវតែនាំគ្នាធ្វើអ្វីដែលយើងនៅមានការខ្វះចន្លោះ គឺបញ្ហាកែច្នៃ ដែលយើងនៅមានការខ្វះចន្លោះច្រើន ហើយបើតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងគោលការណ៍អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ2015 -2025 ធ្វើយ៉ាងណាឱ្យមានការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញឱ្យបាន12%”។ជាមួយគ្នានេះដែរ កាលពីខែសីហាកន្លងទៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅមជ្ឈមណ្ឌលកោះពេជ្រ សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានធ្វើជាដៃគូរៀបចំពិធីជួបជុំដ៏ធំ និងសំខាន់មួយសម្រាប់ឧស្សាហកម្មចំណីអាហារ និងកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា ហើយក៏ជាវេទិកាមួយដើម្បីស្វែងរកដំណោះស្រាយលើបច្ចេកទេសថ្មីៗសម្រាប់កែលម្អសមត្ថភាពដំណើរការគុណភាព និងការប្រកួតប្រជែងផលិតផលក្នុងស្រុកផងដែរ។
អ្នកចូលរួមមានឱកាសពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងសិក្សាអំពីបទប្បញ្ញត្តិគ្រប់គ្រងឧស្សាហកម្មម្ហូបអាហារ និងកសិ-ឧស្សាហកម្មកែច្នៃ។ សម្រាប់អ្នកកែច្នៃក្នុងស្រុក មានឱកាសពិនិត្យមើលការតាំងបង្ហាញផ្សេងៗពីវត្ថុធាតុដើម ការវេចខ្ចប់ គ្រឿងផ្សំ និងម៉ាស៊ីនសម្រាប់កែច្នៃអាហារ និងផលិតផលកសិកម្ម។
ឧបករណ៍ទាំងនេះទំនងជានឹងរួមបញ្ចូលទាំងម៉ាស៊ីនសម្រាប់កែច្នៃអង្ករ បន្លែ ដំឡូងមី កៅស៊ូ ពោត គ្រាប់ស្វាយចន្ទី ស្វាយ ចេក និងម្រេច ដែលជាផលិតផលកសិកម្មសំខាន់របស់ប្រទេសកម្ពុជា ដែលវេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម2019 បានធ្វើឡើងក្នុងគោលបំណងចម្បង គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលនៅកម្ពុជាដែលជាវិស័យសំខាន់ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មក្រៅពីវិស័យកាត់ដេរ ដែលបានកំណត់គោលដៅជំរុញ “ការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន12%នៃបរិមាណនាំចេញសរុបនៅឆ្នាំ2025”។
យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេងសាខុន បានឱ្យដឹងថា រយៈពេល 8ខែ នៃឆ្នាំ2019នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិជិត 3លានតោន។ ឯទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ ឥណ្ឌា កូរ៉េ អូស្ត្រាលី អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសមួយចំនួនទៀត។
របាយការណ៍បានបង្ហាញថា រយៈពេលជាង 8ខែមកនេះកម្ពុជា បាននាំចេញអង្ករជាង 35ម៉ឺនតោន ដំឡូងមីក្រៀមជិត 1លានតោន ដំឡូងមីស្រស់ជិត 90ម៉ឺនតោន ម្សៅដំឡូងមីជាង 4ម៉ឺនតោន គ្រាប់ស្វាយចន្ទីជាង 16ម៉ឺនតោន គ្រាប់ពោតជាង 11ម៉ឺនតោន សណ្តែកសៀងជាង 8ពាន់តោន ចេក ជាង 9ម៉ឺនតោន ផ្លែស្វាយជាង 3ម៉ឺនតោន ម្រេចជាង 3ពាន់តោន បន្លែជាង 100តោន និងកសិផលផ្សេងៗទៀតជិត 20ម៉ឺនតោន។
លោក នង វាសនា បានបញ្ជាក់បន្ថែមថា៖ “ទីផ្សារវិស័យកសិកម្មមានតម្រូវការខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក ដោយក្នុង 1ឆ្នាំៗកម្ពុជានាំចូលបន្លែ ត្រីសាច់ និងផ្លែឈើក្នុងតម្លៃខ្ទង់ពាន់លានដុល្លារ ដូច្នេះហើយការផលិតផលិតផលកសិកម្ម គឺជាការចាំបាច់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជំនួសការនាំចូលដែលអាចធានាបាននូវគុណភាពដល់ប្រជាជនកម្ពុជាផងដែរ ហើយក្រៅពីផលិតសម្រាប់តម្រូវការក្នុងស្រុក នៅមានប្រជាជនរាប់ពាន់លាននាក់ទៀតនៅក្រៅស្រុកដែលមានតម្រូវការផលិតផលកសិកម្ម ហើយការនាំចេញនេះនឹងធ្វើឱ្យជីវភាពរបស់ប្រជាជនយើងរីកចម្រើន”។
ជារួម កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ដោយផ្តោតទៅលើការធ្វើពិពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រផលិតកម្មកសិកម្មទំនើបកម្មនៅក្នុងប្រព័ន្ធខ្សែចង្វាក់ផលិតកម្មប្រកបដោយភាពប្រកួតប្រជែង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការពង្រឹងសមត្ថភាពនៃសេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការលើកកម្ពស់ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងគោលដៅបង្កើនសហគ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងអាជីវកម្មកសិកម្ម៕

7 វិធីពិនិត្យមើលខ្លួនឯងថាតើអ្នកត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ មនុស្សជាច្រើនគិតថា យើងត្រូវតែប្រញាប់មានកូន(ឱ្យដូចអ្នកឯទៀត) តែ… តើអ្នកមានបានសួរខ្លួនឯងហើយឬនៅថា ពេលនេះអ្នកចង់បានបុត្រ តើអ្នកមានបានត្រៀមខ្លួនរួចរាល់ហើយឬ? ជួនកាលការមានបុត្រ អាចមិនមែនជាអ្វីដែលអ្នកចង់បាននៅពេលនេះក៏អាចថាបានដែរ ព្រោះវាមានបច្ច័យសំខាន់ផ្សេងៗទៀតជា-ច្រើន ដែលអ្នកគួរតែគិតដល់ មុនពេលអ្នកចង់មានបុត្រ…។ខាងក្រោមនេះគឺ 7វិធីក្នុងការពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?
1. រឿងលុយកាក់
រឿងលុយកាក់ជាបច្ច័យសំខាន់មួយសម្រាប់អ្នកដែលគិតចង់មានបុត្រ ព្រោះការចិញ្ចឹមកូន មានន័យថា អ្នកត្រូវមានការចំណាយកើនឡើងទៀតជាច្រើន មិនថាតែថ្លៃមើលថែទាំខ្លួនពេលមានគភ៌ ថ្លៃប្រសូត្រ ថ្លៃចិញ្ចឹមមើលថែទាំកូនតូច រហូតទៅដល់ថ្លៃរៀនសូត្ររបស់កូន ថ្លៃហូបចុក ថ្លៃរបស់របរប្រើប្រាស់ និងថែមទាំងត្រូវមានថ្លៃថែទាំព្យាបាលជំងឺដង្កាត់ផ្សេងៗទៀតផង។ បែបនេះ បើសិនជាមិនបានត្រៀមខ្លួនឱ្យបានសព្វគ្រប់ទេនោះ ប្រហែលជាមិនអាចចិញ្ចឹមមើលថែកូនបានយ៉ាងល្អប្រសើរនោះឡើយ។ ដូច្នេះគួររង់ចាំឱ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកមានភាពស្ថិតស្ថេររឹងមាំជាមុនសិន ដើម្បីអនាគតដ៏ល្អរបស់កូនទៅថ្ងៃមុខ។2. ភាពស៊ូទ្រាំ
បើអ្នកនៅក្មេងសេចក្តី នៅមិនទាន់ស្គាល់ភាពស៊ូទ្រាំ លះបង់ទេនោះ ប្រហែលជាមិនទាន់អាចមានបុត្រនៅពេលនោះបានទេ ព្រោះការចិញ្ចឹមមើលថែបុត្រ វាពិតជាលំបាកខ្លាំងណាស់ ណាមួយត្រូវពពោះដ៏ធ្ងន់ដល់ទៅ 9ខែ ហើយនៅត្រូវភ្ញាក់មកបំបៅដោះកូននៅពេលយប់ ហើយថែមទាំងពេលកូនធំឡើងនៅត្រូវអត់ទ្រាំនឹងនិស្ស័យប្រកែកតវ៉ារបស់កូននោះទៀត ដូច្នេះហើយទើបការមានបុត្រ គួរតែទទួលយកនៅពេលដែលអ្នកមានភាពចាស់ទុំ ល្មមអាចនឹងស៊ូទ្រាំជាមួយនឹងរឿងទាំងអស់នោះបានជាមុនសិន ទើបជាការល្អ។3. វ័យ
ក្រៅពីចិត្តគំនិតដែលត្រូវតែចាស់ទុំហើយនោះ រឿងរបស់អាយុ ឬវ័យក៏ពាក់ព័ន្ធដែរ ព្រោះបើស្ថិតនៅក្នុងវ័យជំទង់ ហើយមានបុត្រទាំងមិនទាន់មានការមានងារធ្វើដើម្បីចិញ្ចឹមកូន និងគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែត្រូវនៅរៀនសូត្រផងនោះ ការចិញ្ចឹមមើលថែទាំកូនប្រហែលជានឹងរឹតតែលំបាកឡើងទៀតទ្វេដងមិនខាន ដូច្នេះហើយចូរជ្រើសរើសមានបុត្រនៅក្នុងវ័យកណ្តាល ឬនៅអំឡុងវ័យជាង20ឆ្នាំក្រាស់ ទើបជាការប្រសើរបំផុត។4. តើគេ(គូស្នេហ៍ ឬស្វាមី) គឺពិតជាមនុស្សដែលអ្នកត្រូវការមែនឬ?
រវាងការនៅជាគូស្នេហ៍ ជាមួយនឹងការក្លាយជាស្វាមី-ភរិយានឹងគ្នា វាជារឿងមួយដាច់ដោយឡែក និងផ្សេងពីគ្នា ព្រោះជួនកាលតឱ្យអ្នកទាំង2 សេពគប់គ្នាយ៉ាងល្អប្រពៃ និងផ្អែមល្ហែមប៉ុនណាក៏ដោយ តែដល់ពេលមករួមរស់នៅជាមួយគ្នាមែនទែននោះ អាចនឹងមិនសូវជាចុះសម្រុងនឹងគ្នាប៉ុន្មានក៏អាចថាបានដែរ។ ព្រោះថា មនុស្សយើងនឹងបានមើលឃើញពីអត្តចរិត និស្ស័យពិតរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក៏នៅពេលដែលបានមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាហ្នឹងឯង…។ ដូច្នេះពេលនោះ បើសិនជាអ្នកមានបុត្រជាមួយគ្នា វាអាចនឹងធ្វើឱ្យការលែងលះគ្នាមានភាពពិបាកខ្លាំងឡើង ឬអាចនឹងធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហាទៅថ្ងៃមុខបាន។5. នៅមិនទាន់បានប្រើប្រាស់ជីវិតរបស់ខ្លួនឯងឱ្យអស់ដៃនៅឡើយ
ពេលមានបុត្រហើយ អ្នកត្រូវលះបង់ពេលវេលា រួមទាំងលុយកាក់ប្រាក់កាសដល់កូនៗ រហូតស្ទើរតែលែងបានធ្វើអ្វីសម្រាប់ខ្លួនឯងសោះតែម្ដងក៏អាចថាបានដែរ។ ដូច្នេះហើយ ពេលដែលមិនបានធ្វើអ្វីៗដែលខ្លួនធ្លាប់បាននឹកស្រមៃថា ចង់ធ្វើកាលពីមុនមកនោះ អ្នកអាចនឹងត្រូវសោកស្តាយនៅពេលក្រោយ ហើយបើរង់ចាំឱ្យកូនធំៗអស់សិន សឹមធ្វើរឿងដែលអ្នកចង់ធ្វើនោះ ពេលនោះអ្នកអាចនឹងមានអាយុច្រើន រាងកាយចុះទន់ខ្សោយ និងលែងអាចធ្វើបានទៀតហើយក៏អាចថាបានដែរ…។ ដល់ពេលនោះអ្នកប្រហែលជានឹកស្តាយក្រោយខ្លាំងណាស់មែនទេ?6. មុខតំណែង តួនាទីការងារ
រឿងមួយនេះ គឺជារឿងល្អិតល្អន់មួយដែលអ្នកត្រូវប្រើពេលវេលាគិតគូរឱ្យបានយូរបន្តិច ដោយសារតែការងារខ្លះ ពេលមានបុត្រហើយអ្នកប្រហែលជាមិនអាចធ្វើបានតទៅទៀតទេ។ ដូច្នេះអ្នកគួរសួរខ្លួនឯងមុននឹងសម្រេចចិត្តយកបុត្រជាមុនសិនថា តើអ្នកគិតចង់ធ្វើអ្វីតទៅទៀត? សុំឈប់ធ្វើការមកធ្វើជាមេផ្ទះដើម្បីចិញ្ចឹមមើលថែកូន? ឬក៏ធ្វើការផង ចិញ្ចឹមកូនផង?7. ផ្ទះសំបែងក៏ត្រូវត្រៀមទុកជាមុនឱ្យរួចជាស្រេចដែរ
សាកល្បងពិនិត្យមើលថា តើពេលនេះផ្ទះ ឬកន្លែងរស់នៅរបស់អ្នក មានទីកន្លែងច្រើនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមថែទាំកូនហើយឬនៅ? បើមានត្រឹមតែបន្ទប់គេងធំតែមួយសម្រាប់អ្នក និងស្វាមី(ឬភរិយា)នោះ ក៏សូមកុំអាលគិតចង់បានកូនអីល្អជាង… ព្រោះថា ពេលកូននៅតូច កូនអាចគេងក្នុងបន្ទប់ជាមួយគ្នាបាន តែដល់ពេលគេធំឡើងបន្តិច យ៉ាងណាៗកូនៗក៏ត្រូវតែចង់បានបន្ទប់ផ្ទាល់ខ្លួនរបស់គេ ដើម្បីបំពេញធុរៈ ឬរៀនសូត្រតែឯងស្ងាត់ៗដែរ… ដល់ពេលនោះ តើអ្នកគិតយ៉ាងម៉េច?
លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?
ការមានផ្ទៃពោះ ឬការតាំងគភ៌ គឺជារឿងដែលគួរឱ្យរីករាយសោមនស្សខ្លាំងណាស់… តែសម្រាប់មនុស្សមួយចំនួនដែលលេបថ្នាំពន្យារកំណើតមករហូត តែបែរជាមានផ្ទៃពោះវិញនោះ អាចក្លាយជារឿងដែលត្រូវនឹកព្រួយកង្វល់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះទម្រាំតែដឹងថាខ្លួនឯងមានផ្ទៃពោះ អាយុគភ៌ក៏ឈានចូល 1ខែ ឬ2ខែបាត់ទៅហើយ ហើយអា 1ខែ 2ខែដែលថាហ្នឹង សាមីខ្លួនក៏លេបថ្នាំពន្យារកំណើតមករហូតទៀត… តើកូននឹងកើតអ្វីដែរឬទេ? មានផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ?
យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា…លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ តើកូននឹងពិការដែរឬទេ?
ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះនេះ នៅមិនទាន់មានការអះអាងពីរបាយការណ៍ណាមួយថា នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការឬយ៉ាងណានៅឡើយទេ តែបើសិនជាដឹងខ្លួនថា មានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាមតែម្ដង។
លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យរលូតកូនមែនឬ?
ថ្នាំពន្យារកំណើតជាថ្នាំដែលធ្វើឱ្យស្បូនមានរំអិល(ស្លែ)ច្រើនឡើង ជញ្ជាំងស្បូនមានភាពស្ដើង រារាំងបង្អាក់ការបំផ្លាស់ទីរបស់មេជីវិតដែលនឹងហែលចូលទៅរកស៊ុតញី ហើយបើសិនជាហែលចូលទៅចាប់បដិសន្ធិជាមួយស៊ុតញីបានក៏ដោយ តែក៏មិនអាចបង្កប់ខ្លួននៅនឹងស្បូនបានដែរ ព្រោះស្បូនមានជញ្ជាំងដែលស្ដើង ហើយបើសិនច្រឡំលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ឬមានផ្ទៃពោះទៅហើយក្ដី ក៏គ្មានផលប៉ះពាល់ដល់កូនតូចដែរ មិនធ្វើឱ្យរលូតកូនដូចដែលគេនិយាយនោះទេចា៎ស…។លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យប្រសូតបុត្រមុនកំណត់មែនឬ?
តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានអះអាងថា ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចប្រថុយប្រថាននឹងការប្រសូតបុត្រមុនកំណត់ ឬទារកកើតមកមានទម្ងន់ខ្លួនតិច-ល- តែនៅមិនទាន់មានភ័ស្តុតាងដែលបញ្ជាក់ច្បាស់ប្រាកដនៅឡើយទេ។ ខាងគ្រូពេទ្យតែងតែប្រាប់ជានិច្ចថា បើដឹងថា ខ្លួនមានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាម។
លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ប្រថុយនឹងការមានកូនក្រៅស្បូនមែនឬ?
ចំណុចនេះសូមឆ្លើយថា មែន!… ព្រោះមានរបាយការណ៍អំពីការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនតែឯង និងថ្នាំពន្យារកំណើតបន្ទាន់ថា បើសិនលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចបង្កើនឱកាសធ្វើឱ្យកើតការមានគភ៌កូនក្រៅស្បូនបាន។ប្រហែលជាបាត់ឆ្ងល់ បាត់សង្ស័យ និងលែងមានការព្រួយកង្វល់ហើយមែនទេ?… ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ មិនមែនជារឿងគួរឱ្យភ័យខ្លាចដូចការគិតនោះទេ ប៉ុន្តែដើម្បីក្ដីសប្បាយចិត្តរបស់ស្ត្រីមានគភ៌ខ្លួនឯង និងដើម្បីសុខភាពរបស់កូនក្នុងផ្ទៃ បើសង្ស័យថា ខ្លួនឯងប្រហែលជាតាំងគភ៌ ឬដឹងថាកំពុងតែតាំងគភ៌ហើយនោះ ត្រូវប្រញាប់បោះថ្នាំពន្យារកំណើតចោលទៅ ហើយងាកមកថែបំប៉នសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ ដោយភោជនាហារ អាហារការហូបចុកដែលល្អ និងគ្រប់គ្រាន់សម្បូរបែបវិញប្រសើរជាង ណាចា៎ស៕

សុខភាពស្រស់ថ្លា… ដោយសារផ្កាស្រស់
បុប្ផាស្រស់ៗជាវត្ថុជាទីស្រឡាញ់របស់មនុស្សជាច្រើន ក្រៅពីភាពស្រស់ស្អាតហើយ ផ្កាស្រស់នៅអាចជួយធ្វើឱ្យសុខភាពអ្នកកាន់តែល្អប្រសើរឡើងបានទៀតផង… តើមានផ្កាអ្វីខ្លះ និងពណ៌អ្វីខ្លះដែលជួយដល់សុខភាពទាំងកាយ និងចិត្តរបស់មនុស្សខ្លះ? សូមប្រិយមិត្តអ្នកអានតាមដានជាមួយនឹងអត្តបទខាងក្រោមនេះទាំងអស់គ្នាដូចតទៅ ៖
ផ្កាពណ៌ក្រហម ស ផ្កាឈូក… ផ្កាកុលាប
ទោះជាមានបន្លាមុតស្រួចមែន តែកុលាបក៏មានពណ៌ស្រស់ស្អាតជាច្រើនដែរ ទាំងពណ៌ក្រហម ស ផ្កាឈូក និងពណ៍លឿងទៀតផង ដែលផ្កាកុលាបពណ៌នីមួយៗសុទ្ធតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយមិនចេះធុញទ្រាន់ទាំងអស់ ក្រៅពីនេះ ក្លិនរបស់កុលាបនៅអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនភេទស្រីបានទៀតផង ព្រោះក្លិនរបស់ផ្កាកុលាបមានចំណែកពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជរបស់មនុស្សស្រី រួមទាំងជាចំណែកផ្សំមួយនៅក្នុងគ្រឿងសម្អាង ដែលច្រើនឃើញមាននៅក្នុងគ្រីមថែបំប៉នស្បែក លុបបំបាត់ស្លាកស្នាម ជួយឱ្យស្បែកឡើងតឹង និងធ្វើឱ្យសរសៃឈាមរឹងមាំទៀតផង។
ផ្កាពណ៌ស… ផ្កាម្លិះ
ផ្កាពណ៌សបរិសុទ្ធ ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ សប្បាយចិត្ត ក្លិនក្រអូបត្រជាក់ ជួយប្រឆាំងអាការសោកសៅ ធ្វើឱ្យផ្លូវចិត្តរីករាយស្រស់ស្រាយ។ ក្រៅពីនេះ ផ្កាម្លិះនៅត្រូវបានគេប្រើប្រាស់ក្នុងការផលិតជាទឹកអប់ដែលប្រកបដោយក្លិនក្រអូបរំ-ជួលចិត្ត និងត្រូវបានគេនិយមប្រើប្រាស់ក្នុងរូបភាពជាផលិតផលបង្កើនសម្រស់សម្រាប់មនុស្សស្បែកស្ងួតទៀតផង។
ផ្កាពណ៌ក្រហម ផ្កាឈូក… ផ្កាជើរ៉ានៀម (Geranium)
ពណ៌ក្រហម ពណ៌ផ្កាឈូក ជួយបង្កើនបរិយាកាសឱ្យស្រស់ថ្លា និងគួរឱ្យថ្នាក់ថ្នម។ ទឹកប្រេងក្រអូបហើរតាមខ្យល់ ដែលចម្រាញ់ចេញពីក្លិនផ្កា ជើរ៉ានៀមនេះ មានគុណសម្បត្តិជួយធ្វើឱ្យមនុស្សយើងមានអារម្មណ៍នឹងនរ ត្រជាក់ និងជាចំណែកផ្សំសំខាន់មួយដែលគេតែងឃើញនៅក្នុងសាប៊ូ ឡេ គ្រីម និងទឹកអប់ទៀតផង។ ផលិតផលរបស់ផ្កាជើរ៉ានៀមនេះ ត្រូវនឹងស្បែកមនុស្សស្រីគ្រប់ប្រភេទ។
ផ្កាពណ៌ស្វាយ… ផ្កាឡាវេនឌើរ៍ (Lavender)
គឺជាពណ៌ស្វាយមួយដែលមើលទៅមិនសៅហ្មង តែបែរជាផ្តល់នូវអារម្មណ៍សប្បាយៗ និងរ៉ូមែនទិកបន្តិចៗទៀតផង។ ក្លិនក្រអូបរបស់ផ្កា ឡាវេនឌើរ៍ ជួយធ្វើឱ្យផ្លូវចិត្តនឹងនរ ស្ងប់ត្រជាក់ មានគុណសម្បត្តិជួយកាត់បន្ថយភាពធុញថប់តានតឹងក្នុងអារម្មណ៍ និងបន្ធូរអាការឈឺក្បាល ជួយឱ្យគេងលក់ស្រួល និងត្រូវបានគេនិយមយកទៅប្រើនៅក្នុងផលិតផលរក្សាសម្ផស្ស ជួយឱ្យស្បែកនៅក្មេងសខ្ចី និងថែមទាំងប្រើក្នុងការព្យាបាលជំងឺរលាកស្បែក និងជាថ្នាំព្យាបាលមុនបានទៀតផង។
ផ្កាពណ៌លឿងទឹកមាស… ផ្កាស្បៃរឿង
ពណ៌លឿងច្រាល សម្លឹងឃើញហើយធ្វើឱ្យភាពធុញថប់តានតឹងក្នុងអារម្មណ៍ថយចុះភ្លាមតែម្ដង។ សារធាតុដែលចម្រាញ់បានពីផ្កាស្បៃរឿង (សារធាតុ ខាលេនឌូឡា Calendula) ជួយកែបញ្ហាស្បែក ដូចជា ជំងឺរលាកស្បែក ស្លាកស្នាម និងស្បែកស្ងួតប្រេះ ជាដើម។ ស្រទាប់ផ្កាស្បៃរឿងអាចប្រើប្រាស់ធ្វើជាថ្នាំលាងភ្នែក ហើយក្លិនក្រអូបឈួលរបស់វាធ្វើឱ្យបរិយាកាសក្នុងផ្ទះស្រស់ថ្លា ប្រឆាំងនឹងថាមពលដែលចេញពីកុំព្យូទ័រ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងរាងកាយបានទៀតផង ។
ផ្កាពណ៌លឿងស្រាល… ផ្កាក្តាំងងា
ស្រទាប់ផ្កាមើលទៅទន់ម៉ដ្ឋខៃ គួរឱ្យស្រឡាញ់ មានពណ៌លឿងស្រាលគួរឱ្យគយគន់។ ក្លិនរបស់វាជួយធ្វើឱ្យរាងកាយផលិតសារធាតុ សេរ៉ូថូនិន (Serotonin) ដែលជាសារធាតុគីមីក្នុងខួរក្បាលដ៏សំខាន់បំផុត ធ្វើឱ្យមានសេចក្តីសុខ អារម្មណ៍ស្ងប់ស្ងាត់ មិនវិលវល់ បន្ធូរភាពនឿយល្វើយ ជួយឱ្យខួរក្បាលធ្វើការបានល្អ ការពាររោគម៉ៃក្រេន និងរោគធុញថប់បាន។គ្រាន់តែចេះជ្រើសរើសប្រើពណ៌ស្អាតៗ និងក្លិនក្រអូបៗរបស់ផ្កាស្រស់ ក៏អាចជួយឱ្យអ្នកនាងកញ្ញាទាំងឡាយបានធូរស្រាលអារម្មណ៍ និងមានសុខភាពល្អទាំងកាយ និងចិត្តបានដែរ។
…ទាំងស្អាត ទាំងល្អបែបនេះ តើឱ្យទប់ចិត្តមិនលង់ស្នេហ៍បុប្ផាទាំងនោះម្ដេចនឹងបានទៅ…មែនទេមិត្តអ្នកអាន?

លេងម៉ូដក្រចកយ៉ាងស្រស់ស្អាត និងរីករាយជាមួយនឹងដំណើរកម្សាន្តនាចុងឆ្នាំនេះ!
ទៅដើរលេងកម្សាន្តទាំងមូល រឿងអីមិនលេងម៉ូដក្រចកឱ្យត្រូវជាមួយនឹងឱកាសដ៏រីករាយនេះនោះ! ទោះជាដំណើរកម្សាន្តបែបក្រេបចន្ទទឹកឃ្មុំ ឬដំណើរកម្សាន្តនាចុងឆ្នាំនេះក៏ដោយ អ្នកគួរតែលេងម៉ូដពណ៌ក្រចករបស់អ្នកឱ្យស្រស់ឆើតឆាយ ត្រជាក់ភ្នែក ត្រជាក់ចិត្តតែម្តង ដើម្បីផ្តល់នូវអារម្មណ៍សម្រាកលំហែកាយឱ្យបានពេញទំហឹង និងស្រស់ស្អាតគ្រប់កាលៈទេសៈ។ ដូច្នេះ តោះ! សូមក្រឡេកមកមើលមួយជុំទៅមើលម៉ូដក្រចកមួយណាដែរ ដែលអ្នកស្រឡាញ់ពេញចិត្ត និងត្រូវជាមួយនឹងស្តាយល៍របស់អ្នកសម្រាប់ដំណើរកម្សាន្តលើកនេះ?


ម៉ូដសម្លៀកបំពាក់សម្រាប់ដំណើរកម្សាន្តបែបសប្បាយៗ និងស្រស់ស្រាយ
ចុងឆ្នាំនេះ តើអ្នកមានគម្រោងទៅដើរលេងនៅកន្លែងណាដែរ? តើអ្នកបានត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តនាចុងឆ្នាំនេះហើយឬនៅ? តោះសូមត្រៀមសម្លៀកបំពាក់ស្អាតៗ បែបសប្បាយៗ ងាយៗ និងស្រស់ស្រាយ សម្រាប់ដំណើរកម្សាន្តនាចុងឆ្នាំនេះជាមួយនឹងទំព័រម៉ូដសម្លៀកបំពាក់ ឡារ៉ែន ទាំងអស់គ្នា។ សូមពិនិត្យមើលបន្តិចមើល៍ តើម៉ូដមួយណាដែលត្រូវចិត្តរបស់អ្នក?


ស្រាបៀរ ABC, HEINEKEN, TIGER នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងរៀបចំការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ MYTV ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ហ្សូណូ កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន ៣ រង្វាន់ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅហូលីវូតទីក្រុងឡូសអាន់ជ័រលេសរបស់ស្រាបៀរ HEINEKEN ចំនួន ២ រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ 1500 ដុល្លារអាមេរិករបស់ស្រាបៀរ TIGER ចំនួន ៦ រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
អបអរពិធីអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។
ពិសាដោយការទទួលខុសត្រូវ៕

តើគួរធ្វើយ៉ាងណា បើរៀបការហើយស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?
ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយាខ្លះស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹងការជិតមានសមាជិកថ្មីម្នាក់នៅក្នុងផ្ទះ។
ថ្ងៃនេះ ឡារ៉ែន មានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖
– តាំងស្មារតី
អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្ត ដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុតគឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុងផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។
– ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត
កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្សក្នុងគ្រួសារក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យាយាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។– ទៅពិនិត្យរាងកាយភ្លាម
នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថា តើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។
– ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ
ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេងៗ និងបានទទួលការពិនិត្យគភ៌ជាដំណាក់កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹងអាចជួយកែបញ្ហាបានទាន់ពេលវេលា។
– រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់
កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែន ជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕